ថ្ងៃសុក្រ អាទិត្យទី០៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៦,៥-១៧
សម្តីផ្អែមល្ហែម នាំឱ្យមានមិត្តសម្លាញ់ច្រើន ពាក្យសម្តីរួសរាយ បង្កើនទំនាក់ទំនងល្អ។ សូមឱ្យមានមនុស្សជាច្រើនគោរពរាប់អានកូន ប៉ុន្តែ ក្នុងចំណោមមនុស្សមួយពាន់នាក់ ចូរជ្រើរើសយកតែម្នាក់ធ្វើជាទីប្រឹក្សា! បើកូនចង់យកនរណាម្នាក់ធ្វើជាមិត្តសម្លាញ់ ចូរសង្កេតមើលចិត្តគេជាមុនសិន កុំអាលទុកចិត្តលើគេពេក ព្រោះអ្នកខ្លះធ្វើជាមិត្តសម្លាញ់នៅពេលណាចង់បានផលពីកូន តែក្នុងគ្រាមានអាសន្ន គេរត់ចោលកូន។ មានមិត្តសម្លាញ់ខ្លះ ប្រែក្លាយទៅជាសត្រូវ ដោយនិយាយបរិហារកេរ្តិ៍កូន បណ្តាលឱ្យកូនអាប់កិត្តិយស។ មានមិត្តសម្លាញ់ខ្លះ បរិភោគបាយរបស់កូន ប៉ុន្តែនៅគ្រាកូនមានអាសន្ន គេរត់ចោលកូន។ ក្នុងពេលកូនសម្បូណ៍សប្បាយ គេសុខចិត្តស្លាប់រស់ជាមួយកូន ទាំងហ៊ានត្រួតត្រាលើអ្នកបម្រើរបស់កូនទៀតផង! លុះពេលកូនធ្លាក់ខ្លួនលំបាក គេប្រឆាំងនឹងកូន ហើយគេចមុខចេញពីកូន។ ចូរនៅឱ្យឆ្ងាយពីខ្មាំងសត្រូវ ចូរប្រយ័ត្ននឹងមិត្តសម្លាញ់។ មិត្តសម្លាញ់ស្មោះត្រង់ ប្រៀបដូចជាជំរកដ៏រឹងមាំ។ អ្នករកបានមិត្តសម្លាញ់ដ៏ស្មោះត្រង់ ក៏ដូចជារកបានកំណប់មាសដែរ។ មិត្តសម្លាញ់ស្មោះត្រង់ មានតម្លៃរកអ្វីមកប្រៀបស្មើពុំបាន។ មិត្តសម្លាញ់ស្មោះត្រង់ ប្រៀបបាននឹងឱសថដ៏ស័ក្តិសិទ្ធិ ដែលជួយឱ្យរស់បានយូរ។ អ្នកគោរពកោតខ្លាចព្រះអម្ចាស់ មុខជារកមិត្តសម្លាញ់នោះបាន។ អ្នកគោរពកោតខ្លាចព្រះអម្ចាស់ ចេះជ្រើសរើសមិត្តសម្លាញ់របស់ខ្លួន ដ្បិតគេមានចិត្តយ៉ាងណា មិត្តសម្លាញ់របស់គេក៏មានចិត្តយ៉ាងនោះដែរ។
ទំនុកតម្កើងលេខ ១១៩ (១១៨),១២.១៦.១៨.២៧.៣៤-៣៥ បទពាក្យ ៧
| ១២ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ទូលបង្គំខ្ញុំលើកហត្ថា | |
| តម្កើងព្រះអង្គសូមមេត្តា | បង្រៀនខ្ញុំណាស្គាល់វិន័យ | ។ |
| ១៦ | ទូលបង្គំពេញចិត្តនឹងវិន័យ | ព្រះអម្ចាស់ថ្លៃមិនមានភ្លេច | |
| បន្ទូលព្រះអង្គចាំជានិច្ច | ចាំគ្រប់ពាក្យពេចន៍មិនភ្លេចឡើយ | ។ |
| ១៨ | សូមទ្រង់បើកភ្នែកទូលបង្គំ | ពេលនោះរូបខ្ញុំនឹងឃើញស្នាម | |
| ឃើញភាពថ្លៃថ្នូរគ្មានប្រេះស្រាំ | អស្ចារ្យនៃធម្មវិន័យទ្រង់ | ។ |
| ២៧ | ទាំងប្រោសប្រទានឱ្យខ្ញុំយល់ | សព្វទាំងប្ញសគល់នូវអត្ថន័យ | |
| បញ្ជាព្រះអង្គខ្ញុំរំពៃ | ការអស្ចារ្យក្រៃទ្រង់ទាំងអស់ | ។ |
| ៣៤ | សូមព្រះប្រទាននូវប្រាជ្ញា | ឱ្យខ្ញុំភ្លឺថ្លាសព្វទាំងអស់ | |
| របស់ព្រះអង្គកុំចន្លោះ | កាន់តាមឥតខ្ចោះដោយស្ម័គ្រចិត្ត | ។ |
| ៣៥ | សូមណែនាំខ្ញុំតាមមាគ៌ា | វិន័យធម្មាច្បាប់ក្រមក្រឹត្យ | |
| ដ្បិតខ្ញុំស្រឡាញ់ហើយពេញចិត្ត | វិន័យនោះពិតល្អត្រចង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៤,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើយើងស្ថិតនៅក្នុងសេចក្តីស្រឡាញ់ យើងស្ថិតនៅជាប់នឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១-១២
ព្រះយេស៊ូយាងមកដល់ស្រុកយូដា និងដល់ត្រើយខាងនាយទន្លេយ័រដាន់។ មហាជននាំគ្នាទៅរកព្រះអង្គសាជាថ្មី ព្រះអង្គក៏ចាប់ផ្តើមបង្រៀនគេតាមទម្លាប់របស់ព្រះអង្គ។ មានពួគខាងគណៈផារីស៊ីចូលមកជិត ក្នុងគោលបំណងល្បងលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាឱ្យធ្វើអ្វី?»។ គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាតឱ្យស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេចែងវិន័យនេះឱ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។ ប៉ុន្តែ កាលដើមដំបូង នៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោកព្រះអង្គបង្កើតមនុស្សមក ជាបុរស ជាស្ត្រី។ ហេតុនេះហើយ បានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពេលទៅដល់ផ្ទះ ក្រុមសាវ័កទូលសួរព្រះយេស៊ូអំពីរឿងនេះម្តងទៀត។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្រ្តីនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។
189 Views
Post Views:
198