ថ្ងៃសុក្រ អាទិត្យទី០៣
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២សម ១១,១-១០.១៣-១៧
នៅគ្រាដែលស្តេចនានាមានទម្លាប់ចេញទៅធ្វើសឹក ព្រះបាទដាវីឌចាត់លោកយ៉ូអាប់ព្រមទាំងនាយទាហាន និងកងទ័ពអ៊ីស្រាអែលទាំងមូល ឱ្យចេញទៅច្បាំងនឹងជនជាតិអាំម៉ូន។ ពួកគេបានកំទេចស្រុកនោះ ហើយឡោមព័ទ្ធក្រុងរ៉ាបា។ រីឯព្រះបាទដាវីឌ ទ្រង់គង់នៅក្រុងយេរូសាឡឹម។ មានថ្ងៃមួយ នៅពេលរសៀល ព្រះបាទដាវីឌតើនពីផ្ទំ ហើយទ្រង់យាងកំសាន្តតាមថែវ ដែលនៅជាន់ខាងលើព្រះដំណាក់។ ទ្រង់ទតឃើញស្ត្រីម្នាក់កំពុងមុជទឹក ស្ត្រីនោះមានរូបឆោមល្អណាស់។ ស្តេចក៏ស៊ើបសួរពីស្រ្តីនោះ គេទូលថា៖«នាងឈ្មោះបាតសេបា ជាកូនរបស់លោកអេលីយ៉ាំ ហើយជាប្រពន្ធរបស់លោកអ៊ូរី ជាជនជាតិហេត»។ ព្រះបាទដាវីឌចាត់គេឱ្យទៅនាំនាងមក នាងមកឯដំណាក់ស្តេច ហើយស្តេចក៏រួមដំណេកជាមួយនាង រួចនាងវិលត្រឡប់ទៅផ្ទះវិញ។ នាងបាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឱ្យទៅទូលព្រះបាទដាវីឌថា៖ «ខ្ញុំម្ចាស់មានគភ៌ហើយ»។ ពេលនោះ ព្រះបាទដាវីឌចាត់គេឱ្យទៅប្រាប់លោកយ៉ូអាប់ថា «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេតមកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។ លុះលោកអ៊ូរីមកដល់ព្រះបាទដាវីឌសាកសួរដំណឹងពីលោកយ៉ូអាប់ និងកងទ័ព ព្រមទាំងសភាពការណ៍សឹក។ បន្ទាប់មក ទ្រង់មានរាជឱង្ការថា៖ «ចូរលោកត្រឡប់ទៅផ្ទះ ហើយទៅរួមសុខទុក្ខជាមួយគ្រួសារចុះ»។ លោកអ៊ូរីចាកចេញពីដំណាក់ ហើយស្តេចក៏ឱ្យគេយកអំណោយទៅជូនលោកតាមក្រោយ។ ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ គឺលោកទទួលទានដំណេកជាមួយពួកទាហាននៅខ្លោងទ្វារដំណាក់ស្តេច។ មានគេទូលព្រះបាទដាវីឌថា៖«លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ» ពេលនោះ ស្តេចសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។ ព្រះបាទដាវីឌអញ្ជើញលោកមកជប់លៀងរួមតុព្រមទាំងបង្អកស្រាលោកឱ្យស្រវឹងថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅទទួលទានដំណេកជាមួយនាយទាហានរបស់លោកដដែល គឺលោកពុំបានវិលត្រឡប់ទៅផ្ទះរបស់លោកទេ។ ព្រលឹមឡើង ព្រះបាទដាវីឌសរសេរសំបុត្រមួយផ្ញើទៅលោក យ៉ូអាប់ តាមរយៈលោកអ៊ូរី។ ក្នុងសំបុត្រនោះ ទ្រង់សរសេរថា៖«ចូរដាក់អ៊ូរីឱ្យនៅសមរភូមិមុខ ត្រង់កន្លែងដែលក្តៅបំផុត រួចដកទ័ពថយមកវិញ ដោយទុកឱ្យគាត់នៅតែម្នាក់ឯង ដើម្បីឱ្យបច្ចាមិត្រប្រហារជីវិតគាត់»។ លោកយ៉ូអាប់សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលលោកដឹងថាមានសត្រូវខ្លាំងពូកែ។ កងទ័ពត្រូវចេញមកច្បាំងទល់នឹងកងទ័ពរបស់លោកយ៉ូអាប់។ ពួកគេសម្លាប់ពលទាហានខ្លះក្នុងជួរទ័ពរបស់ព្រះបាទដាវីឌ រីឯលោកអ៊ូរីជាជនជាតិហេតក៏ស្លាប់ដែរ។
ទំនុកតម្កើងលេខ ៥១ (៥០),៣-៧.១០-១១ បទពាក្យ ៧
| ៣. | ឱព្រះជាម្ចាស់ទូលបង្គំ | សូមលើកទោសខ្ញុំហើយមេត្តា | |
| តាមព្រះហប្ញទ័យករុណា | លើសលប់អស្ចារ្យព្រះអង្គផង | ។ |
| សូមលើកទោសឱ្យទូលបង្គំ | ផុតទុក្ខក្រៀមក្រំគ្រានេះម្តង | |
| ព្រះទ័យអាណិតអាសូរផង | ព្រោះតែព្រះអង្គឥតមានខ្ចោះ | ។ |
| ៤. | សូមជួយលុបលាងខ្ញុំឱ្យជ្រះ | ឱ្យស្អាតស្រឡះពីកំហុស | |
| ជួយជម្រះខ្ញុំស្អាតផងចុះ | ឱ្យបរិសុទ្ធអស់អំពើបាប | ។ |
| ៥. | ទូលបង្គំដាក់ខ្លួនសុំទទួល | ឥតមានប្រែប្រួលសុំសារភាព | |
| រូបទូលបង្គំបានសាងបាប | ដិតដល់នៅជាប់ក្នុងអារម្មណ៍ | ។ |
| ៦. | ទូលបង្គំប្រព្រឹត្តអំពើទាស់ | ព្រះហប្ញទ័យស្មោះព្រះនៃខ្ញុំ | |
| ហើយបានប្រព្រឹត្តរឿងមិនសម | ក្បត់ព្រះឧត្តមធ្វើពាលា | ។ |
| ទោះជាព្រះអង្គដាក់ទុក្ខទោស | ទៅតាមកំហុសខ្ញុំយ៉ាងណា | |
| ទ្រង់នៅសុចរិតបរិសុទ្ធថ្លា | ទោះជាម្តេចម្តាទ្រង់គ្មានខុស | ។ |
| ៧. | ខ្ញុំមានកំហុសពីកំណើត | តាំងតែពីកើតមកឯណោះ | |
| បាបខ្ញុំជាប់ប្រាណមិនចេះអស់ | មកទល់ពេលនេះមិនរសាយ | ។ |
| ១០. | សូមប្រាប់ឱ្យទូលបង្គំដឹង | ថាព្រះអង្គហ្នឹងអត់ទោសពៃរ៍ | |
| នោះខ្ញុំនឹងមានអំណរក្រៃ | ចិត្តសោករីងរៃប្រែរីករាយ | ។ |
| ១១. | ព្រះម្ចាស់អើយសូមកុំទតមក | បាបច្រើនគរគោកខ្ញុំនោះឡើយ | |
| សូមលុបកំហុសដែលមានហើយ | ឱ្យបានធូរស្បើយល្អបំផុត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានព្រោះព្រះបន្ទូលព្រះអង្គក្នុងដួងចិត្តយើង។ អ្នកទទួលព្រះបន្ទូលនេះនឹងធ្វើឱ្យព្រះបន្ទូលនេះបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,២៦-៣៤
ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ដែលព្រោះស្រូវពូជនៅក្នុងស្រែរបស់ខ្លួន។ ទោះបីគាត់ដេកក្តី ក្រោកក្តី យប់ក្តី ថ្ងៃក្តី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំដឹងថា គ្រប់ពូជនោះដុះរបៀបណាឡើយ ដ្បិតដីធ្វើឱ្យពូជបង្កើតផលដោយខ្លួនឯង មុនដំបូងមាពន្លកលេចឡើងបន្ទាប់មក ក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ លុះស្រូវទុំ គេយកកណ្តៀវមកច្រូត ដ្បិតដល់រដូវច្រូតហើយ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណាមកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ? ព្រះរាជ្យរបស់ព្រះជាម្ចាស់ ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង។ កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ លុះព្រោះរួចហើយគ្រាប់ពូជនោះក៏ដុះឡើង ធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ អាចឱ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។
ព្រះយេស៊ូតែងប្រកាសព្រះបន្ទូល ដោយប្រើពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។ ព្រះអង្គតែងមានព្រះបន្ទូលទៅគេ សុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅដាច់ឡែកពីបណ្តាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ក្រុមសាវ័ក។
561 Views
Post Views:
563