ថ្ងៃសុក្រ អាទិត្យទី០២
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ២៤,៣-២១
លោកដាវីឌរត់ភៀសខ្លួនព្រោះខ្លាចព្រះបាទសាអ៊ូលប្រហារជីវិត។ ស្តេចសាអ៊ូលក៏ជ្រើសរើសទាហានដ៏ខ្លាំងពូកែចំនួនបីពាន់នាក់ពីក្នុងចំណោមកងទ័ពអ៊ីស្រាអែលទាំងមូលចេញទៅតាមរកលោកដាវីឌ និងពួកលោក នៅទល់មុខថ្មពពែព្រៃ។ ព្រះបាទសាអ៊ូលយាងកាត់តាមក្រោលចៀមមួយដែលនៅជាប់នឹងមាត់ផ្លូវ ទ្រង់ក្រឡេកទៅឃើញមានល្អាងភ្នំមួយ ហើយក៏យាងចូលទោដោះទុក្ខសត្វក្នុងល្អាងនោះ។ លោកដាវីឌ និងពួកលោកពួននៅក្នុងល្អាភ្នំនោះដែរ តែនៅជ្រៅទៅខាងក្នុង។ អស់អ្នកដែលនៅជាមួយលោក ជម្រាបលោកថា៖ «នេះជាថ្ងៃដែលព្រះអម្ចាស់បានសន្យានឹងលោកថា” យើងនឹងប្រគល់បច្ចាមិត្តមកក្នុងកណ្តាប់ដៃរបស់អ្នក”។ សូមប្រព្រឹត្តចំពោះសេ្តច តាមលោកយល់ឃើញទៅចុះ»។ លោកដាវីឌក្រោកឡើង លបចូលទៅកាត់ជាយព្រះភូសារបស់ព្រះបាទសាអ៊ូល។ ប៉ុន្តែ ក្រោយពេលដែលលោកកាត់ជាយព្រះភូសារព្រះបាទសាអ៊ូលដូច្នេះ លោករំភើបចិត្ត ញាប់ញ័រជាខ្លាំង ។ លោកមានប្រសាសន៍ទៅអស់អ្នកដែលនៅជាមួយលោកថា៖ «សូមព្រះអម្ចាស់ឃាត់ខ្ញុំ កុំឱ្យធ្វើអ្វីខុសចំពោះម្ចាស់របស់ខ្ញុំ ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកជាស្តេចនេះឡើយ គឺខ្ញុំមិនត្រូវធ្វើគុតព្រះរាជាដែលព្រះអម្ចាស់បានតែងតាំងជាស្តេចនេះទេ»។ លោកដាវីឌហាមឃាត់ពួកលោកមិនឱ្យធ្វើគុតព្រះបាទសាអ៊ូល។ ព្រះបាទសាអ៊ូលយាងចេញពីល្អាងភ្នំ ហើយបន្តដំណើរទៅមុខទៀត។ លោកដាវីឌចេញពីល្អាងមក ហើយស្រែកពីក្រោយព្រះបាទសាអ៊ូលថា៖ «ព្រះករុណាជាអម្ចាស់នៃទូលបង្គំអើយ! »។ ព្រះបាទសាអ៊ូលក៏ងាកមកទត លោកដាវីឌឱនមុខចុះ ក្រាបដល់ដី ថ្វាយបង្គំ រួចទូលថា៖ «ហេតុអ្វីបានជាព្រះករុណាចេះតែព្រះសណ្តាប់ពាក្យរបស់អស់អ្នកដែលទូលថា ដាវីឌចង់ធ្វើគុតព្រះករុណាដូច្នេះ? ព្រះករុណាទតឃើញស្រាប់ហើយថា ថ្ងៃនេះ ព្រះអម្ចាស់បានប្រគល់ព្រះករុណាមកក្នុងកណ្តាប់ដៃទូលបង្គំ កាលព្រះករុណានៅក្នុងល្អាងភ្នំនេះ។ គេសុំឱ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំមិនធ្វើតាមឡើយ។ ទូលបង្គំពោលថា “ខ្ញុំមិនធ្វើគុតម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេក ឱ្យធ្វើជាស្តេចហើយ។ បពិត្រព្រះបិតា សូមទ្រង់ទតមើលមកជាយព្រះភូសាដែលនៅក្នុងដៃទូលបង្គំនេះ។ ទូលបង្គំគ្រាន់តែកាត់ជាយព្រះភូសា តែទូលបង្គំមិនធ្វើគុតព្រះអង្គទេ។ ដូច្នេះ សូមទ្រង់ជ្រាបថា ទូលបង្គំគ្មានគំនិតអាក្រក់ចង់ធ្វើគុត ឬបះបោរប្រឆាំងនឹងព្រះបិតាឡើយ។ ទូលបង្គំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងព្រះអង្គដែរ គឺមានតែព្រះករុណាទេ ដែលចេះតែតាមប្រហាជីវិតទូលបង្គំ ។ សូមព្រះអម្ចាស់ធ្វើជាចៅក្រមកាត់ក្តីឱ្យយើងទាំងពីរ។ ព្រះអម្ចាស់នឹងរកយុត្តិធម៌ឱ្យទូលបង្គំមិនខាន រីឯទូលបង្គំវិញ ទូលបង្គំមិនប្រព្រឹត្តអ្វីចំពោះព្រះករុណាឡើយ ដូចសុភាសិតពីព្រេងនាយចែងមកថា “មនុស្សអាក្រក់ប្រព្រឹត្តតែអំពើអាក្រក់”។ តែទូលបង្គំពុំបានប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះព្រះករុណាទេ។ តើព្រះមហាក្សត្រអ៊ីស្រាអែលចេញច្បាំងនឹងនរណា? តើព្រះករុណាដេញ តាមនរណា? គឺព្រះករុណាដេញតាមទូលបង្គំដែលប្រៀបដូចជាឆ្កែងាប់ ឬដូចចៃមួយដ៏តូច។ សូមព្រះអម្ចាស់កាត់ក្តីឱ្យយើងទាំងពីរនាក់។ ព្រះអង្គនឹងទតមើលមក ហើយរកយុត្តិធម៌ឱ្យទូលបង្គំ ព្រះអង្គនឹងកាត់ក្តីឱ្យទូលបង្គំ ព្រមទាំងរំដោះទូលបង្គំឱ្យរូចផុតពីកណ្តាប់ដៃព្រះករុណាជាមិនខាន»។
កាលលោកដាវីឌទូលសេចក្តីទាំងនោះចប់សព្វគ្រប់ហើយ ព្រះបាទសាអ៊ូលមានរាជឱង្ការថា៖«ដាវីឌកូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ព្រះបាទសាអ៊ូល ទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។ បន្ទាប់មក ទ្រង់មានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «កូនជាមនុស្សសុចរិតជាងបិតា ព្រោះកូនបានប្រព្រឹត្តល្អចំពោះបិតា តែបិតាបានប្រព្រឹត្តអាក្រក់ចំពោះកូន។ ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើបិតាយ៉ាងជាក់ស្តែង ដ្បិតព្រះអម្ចាស់ប្រគល់បិតាទៅក្នុងកណ្តាប់ដៃកូន តែកូនមិនបានសម្លាប់បិតាទេ។ ធម្មតា កាលណាមនុស្សម្នាក់ជួបប្រទះនឹងបច្ចាមិត្តហើយ គេមិនដែលទុកឱ្យបច្ចាមិត្តនោះបន្តដំណើរទៅមុខទៀតដោយស្រួលៗទេ។ សូមព្រះអម្ចាស់ប្រទានរង្វាន់ដល់កូនចំពោះអំពើល្អដែលកូនបានប្រព្រឹត្តមកលើបិតានៅថ្ងៃនេះ។ បិតាក៏ដឹងច្បាស់ថា ថ្ងៃមួយ កូននឹងឡើងធ្វើជាស្តេច ហើយរាជាណាចក្រអ៊ីស្រាអែលនឹងបានស្ថេតស្ថេរក្រោមការគ្រប់គ្រងរបស់កូន»។
ទំនុកតម្កើងលេខ ៥៧ (៥៦),២-៤.៦.១១ បទកាកគតិ
| ២. | ឱព្រះជាម្ចាស់ | សូមមេត្តាប្រោស | អាណិតមេត្តា | |
| ដ្បិតទូលបង្គំ | ពឹងរាល់វេលា | ជ្រកក្រោមប្ញទ្ធា | |
| | ចេស្តាបារមី | ។ | |
| ៣. | ខ្ញុំស្រែកហៅរក | សូមព្រះយាងមក | ប្រញាប់ឃ្មាតខ្មី | |
| ព្រះខ្ពស់បំផុត | លើភពផែនដី | ប្រទានសព្វអ្វី | |
| | តាមខ្ញុំប្រាថ្នា | ។ | |
| ៤. | សូមទ្រង់ប្រទាន | សង្រ្គោះពីស្ថាន | បរមសុខមកណា | |
| សូមជួយកំចាត់ | សត្រូវប្ញស្សា | សម្តែងមេត្តា | |
| | ករុណាដល់ខ្ញុំ | ។ | |
| ៦. | ឱព្រះម្ចាស់អើយ | កុំគង់កន្តើយ | សម្តែងបារមី | |
| ឧត្តុងឧត្តម | ថ្កុំថ្កើងថ្លាថ្លៃ | ចែងចាំងលើដី | |
| | រស្មីត្រចង់ | ។ | |
| ទៅល់ផ្ទៃមេឃ | ឥតមានកិច្ចកល | បារមីខ្ពស់ដប់ | |
| | វេហាស៍អាកាស | ។ | |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
មើលហ្ន! ព្រះដំណាក់របស់ព្រះជាម្ចាស់ ស្ថិតនៅជាមួយមនុស្សលោក។ មានគ្រឹះដប់ពីរដែលមានចារឹកឈ្មោះគ្រីស្ដទូតទាំងដប់ពីរបស់កូនចៀម។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,១៣-១៩
ព្រះយេស៊ូយាងឡើងទៅលើភ្នំ ព្រះអង្គត្រាស់ហៅអស់អ្នកដែលទ្រង់សព្វព្រះហប្ញទ័យជ្រើសរើស អ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ ព្រះអង្គតែងតាំងដប់ពីរនាក់ឱ្យនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឱ្យទៅប្រកាសដំណឹងល្អ ទាំងមានអំណាចដេញអារក្សថែមទៀតផង។ ព្រះអង្គតែងតាំងអ្នកដប់ពីរអ្នកនេះ គឺស៊ីម៉ូន ដែលទ្រង់ដាក់ឈ្មោះថា “សិលា” យ៉ាកុបជាកូនរបស់លោកសេបេដេ និងយ៉ូហាន ជាប្អូនរបស់គាត់ដែលព្រះយេស៊ូដាក់ឈ្មោះថា “បោណើកែស”(ឈ្មោះនេះមានន័យថា” អ្នកដែលមានចិត្តខ្លាំងដូចផ្គរលាន់”) អន់ដ្រេ ភីលីព បាតូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប ជាកូនអាល់ផាយ ថាដេ ស៊ីម៉ូន ជាអ្នកជាតិនិយម និងយូដាស អ៊ីស្ការីយ៉ុត ជាអ្នកក្បត់ព្រះអង្គ។
1,161 Views
Post Views:
1,155