(បុណ្យរំឭកចាំបាច់)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ ទេវទូត​របស់​ព្រះ‌អម្ចាស់​ថែ‌រក្សា​ការ‌ពារអស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​ពួក​គេ​ឱ្យ​រួច​ពី​គ្រោះ​ថ្នាក់។

(ក)

ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​គ្រប់​ពេល​វេលា
ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ឥត​ឈប់​សោះ​ឡើយ។
ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយសារ​ព្រះអង្គ!
ចូរ​ឱ្យ​មនុស្ស​ទន់ទាប​ត្រងត្រាប់​ស្ដាប់ ហើយ​មាន​អំណរ​សប្បាយ​ឡើង!
សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា ព្រះ‌អម្ចាស់​ថ្កុំ‌ថ្កើង​រុង‌រឿង​ក្រៃ‌លែង!
យើង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា!។
ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​
ឱ្យ​រួច​ពី​ការ​ភ័យ​ខ្លាចទាំង​អម្បាល‌ម៉ាន។
អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះអង្គ អ្នក​នោះ​នឹង​បាន​ពោរពេញ​ទៅ​ដោយ​អំណរ
ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។
មនុស្ស​ទុរគត​ស្រែក​អង្វរ​ព្រះអម្ចាស់ ព្រះ‌អង្គ​ទ្រង់ព្រះ‌សណ្ដាប់​ពាក្យ​គេ
ហើយ​សង្គ្រោះ​គេ​ឱ្យ​រួច​ផុតពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។
ទេវទូត​របស់​ព្រះ‌អម្ចាស់​ថែរក្សា​ការពារអស់​អ្នក​
ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួក​គេ​ឱ្យ​រួច​ពី​គ្រោះ​ថ្នាក់។
ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ ដើម្បី​ឱ្យ​ដឹង​ថា
ព្រះអម្ចាស់មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើសលប់!
អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
១០អ្នក​រាល់​គ្នា​ដែល​ជា​ប្រជារាស្ដ្រ​ព្រះអង្គ​អើយ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គនឹង​មិន​ខ្វះ​អ្វីឡើយ។
១១អ្នក​មានអាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន ខ្វះ​ខាត​ចំណី​បរិភោគ
តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់នឹង​មិន​ខ្វះ​អ្វីសោះ​ឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ទេវទូត​របស់​ព្រះ‌អម្ចាស់​ថែ‌រក្សា​ការ‌ពារអស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​ពួក​គេ​ឱ្យ​រួច​ពី​គ្រោះ​ថ្នាក់។

(ខ)

បន្ទរទី២៖ ព្រះជាម្ចាស់របស់យើង គឺជាព្រះដែលមានព្រះជន្មគង់នៅ ដ្បិតទេវទូតរបស់ព្រះអង្គបានការពារយើងខ្ញុំ។

(បទកាកគតិ)

១២-ឱកូនចៅអើយកុំនៅព្រងើយស្តាប់ខ្ញុំប្រដៅ
ឱ្យចេះគោរពដរាបតទៅកុំធ្វើល្ងង់ខ្លៅ
ត្រូវកោតខ្លាចព្រះ
១៣-តើមាននរណាចង់បានសង្ខារយឺនយូរត្រចះ
មានអ្វីគ្រប់យ៉ាងមិនខ្វះទាល់សោះហើយចង់នៅរស់
សុខសាន្តឬទេ?
១៤-ចូរទប់អណ្តាតកាន់ចិត្តឱ្យស្អាតកុំពោលវៀចវេរ
និយាយកុហកបោកបញ្ឆោតគេឬក៏ដៀលជេរ
នាំឱ្យអាស្រូវ
១៥-ចូរងាកចេញឆ្ងាយអំពើអន្តរាយអាក្រក់ជាផ្លូវ
សាងអំពើល្អខំស្វែងរកទៅសុខសាន្តទុកនៅ
យ៉ាងអស់ពីចិត្ត
១៦-ព្រះម្ចាស់តែងតែរំពៃមើលថែអស់មនុស្សសុចរិត
ទ្រង់យកព្រះទ័យទុកដាក់ពិតៗថែទាំនៅជិត
រាល់ទិនទិវា
១៧-ព្រះជាអម្ចាស់តែងតែប្រកាសប្រឆាំងគ្រប់គ្រា
នឹងមនុស្សអាក្រក់ទុច្ចរិតពាលាកុំមាននរណា
នឹកនាដល់ឡើយ
១៨-ពេលអ្នកទៀងត្រង់ស្រែករកព្រះអង្គទ្រង់មិនកន្តើយ
ព្រះអង្គសណ្តាប់ពាក្យគេរួចហើយរំដោះគេឱ្យ
ផុតគ្រោះទាំងឡាយ
១៩-ព្រះម្ចាស់គង់ស្ថិតក្បែរអ្នកគ្រាំចិត្តមានទុក្ខខ្វល់ខ្វាយ
ព្រះអង្គសង្គ្រោះអស់អ្នកទាំងឡាយបានសុខសប្បាយ
ផុតទុក្ខរីងរៃ
២០-មនុស្សសុចរិតរមែងជួបពិតទុក្ខលំបាកក្រៃ
ប៉ុន្តែព្រះម្ចាស់តែងជួយលកលៃរំដោះផុតភ័យ
បានសុខគ្រប់គ្រា
២១-ព្រះជាអម្ចាស់ទ្រង់សប្បុរសណាស់តាមថែរក្សា
ដល់មនុស្សសុចរិតគ្រប់ៗអាត្មាគ្មានឆ្អឹងមួយណា
ត្រូវបាក់បែកឡើយ
២២-អំពើអាក្រក់ខ្មួលខ្មៅកខ្វក់នាំឱ្យគេព្រួយ
រហូតដល់ស្លាប់មិនមានអ្នកជួយគ្មានអ្នកលើកស្ទួយ
ដល់ក្ស័យជីវិត
អ្នកដែលប្រឆាំងប្រយុទ្ធតតាំងនឹងមនុស្សសុចរិត
តែងតែទទួលទុក្ខទោសពិតៗក្នុងមួយជីវិត
មិនមានខកខាន
២៣-ព្រះម្ចាស់សង្គ្រោះជីវិតទាំងអស់ដល់អ្នកដែលបាន
បម្រើព្រះអង្គពឹងផ្អែកផ្ញើប្រាណតែងទទួលបាន
សុខផុតទុក្ខទោស
សូមកោតសរសើរដល់ព្រះបិតាព្រះរាជបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ៖ ព្រះជាម្ចាស់របស់យើង គឺជាព្រះដែលមានព្រះជន្មគង់នៅ ដ្បិតទេវទូតរបស់ព្រះអង្គបានការពារយើងខ្ញុំ។

បន្ទរទី៣៖ ចូរលើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ ចូរច្រៀងសរសើរតម្កើងព្រះអង្គនៅមុខសត្វលោកទាំងឡាយ ដ្បិតព្រះអង្គបានសម្តែងព្រះហឫទ័យមេត្តាករុណាដ៏លើសលប់មកលើអ្នក។

១៧«បពិត្រ​ព្រះជាអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់
ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​មាន​ព្រះ‌ជន្ម​គង់​នៅ
តាំង​ពី​ដើម​រៀង​មក​ដែរ! យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ព្រោះ​ព្រះអង្គ​បាន​យក​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លារបស់​ព្រះអង្គ
មក​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ឡើង។
១៨ជាតិ​សាសន៍​នានា​បាន​នាំ​គ្នា​ខឹង ហើយ​ពេល​ដែល​ព្រះ‌អង្គ​សម្ដែង​ព្រះពិរោធក៏​មក​ដល់​ដែរ
គឺ​ជា​ពេល​កំណត់​ដែល​ព្រះអង្គ​វិនិច្ឆ័យ​ទោសមនុស្ស​ស្លាប់។
នៅ​ពេល​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់ពួក​ព្យាការី
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដល់​ប្រជាជន​ដ៏‌វិសុទ្ធ
និង​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាចព្រះ‌នាម​ព្រះ‌អង្គ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ
ហើយ​ក៏​ជា​ពេល​ដែល​ព្រះ‌អង្គ​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​បាន​បំផ្លាញ​ផែន‌ដី​ដែរ»។
១០ពេល​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​បន្លឺយ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖
«ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ
ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យព្រះ‌ជាម្ចាស់​របស់​យើង
ព្រម​ទាំង​អំណាច​ព្រះ‌គ្រីស្ដ​របស់​ព្រះ‌អង្គ​ក៏​បាន​មក​ដល់​ដែរ
ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បង‌ប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ
គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បង‌ប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់
នៅ​មុខ​ព្រះភក្ត្រ​នៃ​ព្រះ​របស់​យើង។
១១បង‌ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ព្រះ‌លោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ
ហើយ​បង‌ប្អូន​ទាំង​នោះ​បាន​ស៊ូប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។
១២ហេតុ​នេះ ស្ថាន​បរម‌សុខ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ
ចូរ​មាន​អំណរ​សប្បាយ​ឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ចូរលើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ ចូរច្រៀងសរសើរតម្កើងព្រះអង្គនៅមុខសត្វលោកទាំងឡាយ ដ្បិតព្រះអង្គបានសម្តែងព្រះហឫទ័យមេត្តាករុណាដ៏លើសលប់មកលើអ្នក។

មាន​ទេវទូតមួយ​រូប​ទៀត​មក​ឈរ​នៅ​ជិត​អាសនៈ ទាំង​កាន់​ពាន​មាស​មួយ​ផង។ ទេវទូត​នោះ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន យក​ទៅ​ថ្វាយ ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជាជន​ដ៏‌វិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនៈ​មាស​ដែល​ស្ថិត​នៅ​ខាង​មុខ​បល្ល័ង្ក។ ផ្សែង​គ្រឿង​ក្រអូប​នោះ​ក៏​ហុយ​ចេញ​ពី​ដៃ​ទេវទូត ឡើង​ទៅ​លើ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជាជន​ដ៏‌វិសុទ្ធ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ព្រះអម្ចាស់នឹង​ចាត់​ទេវទូតមួយ​រូប​ឱ្យ​ដើរ​នៅ​មុខ​អ្នក។ បន្ទរឡើងវិញ៖…
-ដើម្បី​ការពារ​អ្នក​នៅ​តាម​ផ្លូវ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ពួកទេវទូតតែងតែឃើញ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌បិតា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ពួកទេវទូតតែងតែឃើញ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌បិតា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។

ពួកទេវទូតធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់។ ចូរយើងអធិដ្ឋានឱ្យខ្លួនរបស់យើងចេះស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ ដោយប្រុងប្រយ័ត្ន និងស្តាប់ឮការត្រាស់ហៅរបស់ទ្រង់ ដោយពោលថា ៖

បន្ទរ៖ រួមជាមួយពួកទេវទូត យើងខ្ញុំសូមច្រៀងលើកតម្កើងសិរីរុងរឿងព្រះអង្គ !

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គបានបង្កើតពួកទេវទូតឱ្យធ្វើជាអ្នកនាំសារអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
—សូមជួយយើងខ្ញុំឱ្យចេះប្រកាសអំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានប្រព្រឹត្ត ចំពោះមនុស្សទាំងអស់ផង។ (បន្ទរ)

ពួកទេវទូតប្រកាសឥតឈប់ឈរថា ព្រះអង្គជាព្រះដ៏វិសុទ្ធ និងត្រូវលើកតម្កើង
—សូមឱ្យប្រជារាស្រ្តរបស់ព្រះអង្គនៅលើផែនដី ចូលរួមច្រៀងចម្រៀងនៃពួកទេវទូត កោតសរសើរព្រះអង្គ។ (បន្ទរ)

ព្រះអង្គបានបញ្ជាពួកទេវទូត ឱ្យមើលថែអ្នកបម្រើរបស់ព្រះអង្គនៅតាមផ្លូវ
—សូមព្រះអង្គណែនាំអ្នកដំណើរ និងនាំពួកគេឱ្យទៅដល់ផ្ទះ ដោយសុវត្ថិភាព ក្នុងអំណរសប្បាយ និងសេចក្តីសុខសាន្តផង។ (បន្ទរ)

ព្រះអង្គបានប្រទានបេសកកម្មឱ្យពួកទេវទូត ប្រកាសដំណឹងអំពីសេចក្តីសុខសាន្តដល់មនុស្សលោក
—សូមព្រះអង្គបំផុសគំនិតនៃសន្តិភាពដល់ថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជាតិសាសន៍ទាំងអស់ផង។ (បន្ទរ)

នៅពេលព្រះអង្គចាត់ពួកទេវទូត ឱ្យមកប្រមូលប្រជារាស្រ្តដែលព្រះអង្គបានជ្រើសរើស ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង
—សូមកុំឱ្យពួកលោកមើលរំលងបុត្រធីតារបស់ព្រះអង្គណាម្នាក់ឡើយ ប៉ុន្តែ សូមនាំពួកគេទាំងអស់គ្នា ចូលទៅក្នុងអំណរសប្បាយដែលគ្មានទីបញ្ចប់ នៅក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គដែលមានឧបការគុណហួសពីការស្មានសព្វព្រះហឫទ័យចាត់ទេវទូតដ៏វិសុទ្ធមកការពារយើងខ្ញុំ។ ពេលព្រះអង្គសណ្តាប់ឮសម្រែកទូលអង្វររបស់យើងខ្ញុំ សូមទ្រង់មេត្តាការពារយើងខ្ញុំគ្រប់ពេលវេលា តាមរយៈទេវទូតរបស់ព្រះអង្គ និងប្រោសឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច រួមជាមួយទេវទូតដ៏វិសុទ្ធទាំងឡាយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

83 Views

Theme: Overlay by Kaira