រដូវធម្មតា
សន្តឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី
(បុណ្យគោរព)
ថ្ងៃអាទិត្យ អាទិត្យទី១៩
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១៖ ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា៖ «សូមគង់នៅខាងស្តាំយើង» អាលេលូយ៉ា! ។
| ១ | ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖ “សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។ |
| ២ | សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖ “ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា៖ «សូមគង់នៅខាងស្តាំយើង» អាលេលូយ៉ា! ។
ទំនុកតម្កើងលេខ ១១១
ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអម្ចាស់
ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់អើយ ! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យស្ញប់ស្ញែងពន់ពេកណាស់ (វវ ១៥,៣)។
បន្ទរទី២៖ ព្រះអម្ចាស់ដែលប្រកបដោយព្រះហឫទ័យអាណិតអាសូរ ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងនឹកដល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ អាលេលូយ៉ា! ។
(បទពាក្យ ៧)
| ១- | ចូរលើកតម្កើងព្រះជាម្ចាស់ | ប្រសើរពេកណាស់លើលោកា | |
| ខ្ញុំថ្កើងព្រះអង្គហួសសិរសា | ក្នុងហ្វូងមនុស្សម្នាដែលទៀងត្រង់ | ។ | |
| ២- | គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ | ប្រសើរពេកណាស់ខ្ពស់ឧត្តុង | |
| អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ | ស្វះស្វែងយល់ផងកុំរារែក | ។ | |
| ៣- | គ្រប់ស្នាព្រះហស្តបានបញ្ចោញ | រស្មីចិញ្ចែងភ្លឺអនេក | |
| សេចក្តីសុចរិតល្អពន់ពេក | មិនប្រេះបាក់បែកនៅរហូត | ។ | |
| ៤- | ព្រះអង្គទ្រង់សព្វព្រះហឫទ័យ | ឱ្យយើងស្រមៃមិនរលត់ | |
| ដល់ការអស្ចារ្យខ្ពស់បំផុត | ហឫទ័យអាណិតចិត្តអាសូរ | ។ | |
| ៥- | ព្រះអង្គប្រទានទាំងអាហារ | ដល់អ្នកវេទនាស្រែកទ្រហោ | |
| អ្នកដែលកោតខ្លាចទ្រង់អាសូរ | សម្ពន្ធមានយូរធ្លាប់មេត្រី | ។ | |
| ៦- | ព្រះអង្គសម្តែងអានុភាព | ឱ្យរាស្ត្រជ្រួតជ្រាបឥតសង្ស័យ | |
| គឺព្រះអង្គបានឱ្យទឹកដី | ប្រជាដទៃមកពួកគេ | ។ | |
| ៧- | គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើ | សុទ្ធតែអំពើល្អឥតរេ | |
| សុចរិតយុត្តិធម៌ឥតប្រួលប្រែ | ដូច្នេះគួរតែជឿទាំងស្រុង | ។ | |
| ៨- | បញ្ហាទាំងនោះឥតចន្លោះ | មិនបាត់មួយសោះស្ថិតគង់វង្ស | |
| សុចរិតល្អល្អះភ្លឺត្រចង់ | ក្តីពិតទៀងត្រង់យ៉ាងប្រពៃ | ។ | |
| ៩- | ព្រះអង្គរំដោះប្រជារាស្ត្រ | ពួកគេទាំងអស់មានសិរី | |
| ទ្រង់បានចងសម្ពន្ធមេត្រី | នឹងរាស្ត្រប្រុសស្រីរហូតទៅ | ។ | |
| ព្រះនាមព្រះអង្គគង់ទីខ្ពស់ | វិសុទ្ធឥតមោះឥតហ្មងសៅ | ||
| បារមីគួរស្ញែងខ្លាចពេកកូវ | រាល់យប់ថ្ងៃត្រូវតែគោរព | ។ | |
| ១០- | អ្នកណាដែលចង់មានប្រាជ្ញា | គួរតែគិតថាមានប្រភព | |
| ប្រាជ្ញានឹងកើតមានសព្វគ្រប់ | បើអ្នកគោរពខ្លាចព្រះម្ចាស់ | ។ | |
| អ្នកដែលធ្វើតាមប្រាជ្ញានេះ | គេអាចត្រិះរិះបានល្អល្អះ | ||
| យើងសូមតម្កើងព្រះអម្ចាស់ | ជាព្រះខ្ពង់ខ្ពស់រហូតទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអម្ចាស់ដែលប្រកបដោយព្រះហឫទ័យអាណិតអាសូរ ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងនឹកដល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ អាលេលូយ៉ា! ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)
វិវាហមង្គលការកូនចៀម
បន្ទរទី៣ ៖ ព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គជាព្រះមហាក្សត្រ។ អាលេលូយ៉ា!
| ១ | អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព |
| ២ | ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវតាមយុត្តិធម៌ អាលេលូយ៉ា! អាលេលូយ៉ា! |
| ៥ | អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង! ។ អាលេលូយ៉ា! អាលេលូយ៉ា! |
| ៦ | ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ |
| ៧ | យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា! អាលេលូយ៉ា! ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ” ។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គជាព្រះមហាក្សត្រ។ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ១,៣-៥)
សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើងឱ្យកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រីស្តឱ្យមានព្រះជន្មរស់ឡើងវិញ ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដូច្នេះ យើងមានសេចក្តីសង្ឃឹមដែលមិនចេះសាបសូន្យ ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បម្រុងទុកមត៌កនេះឱ្យបងប្អូននៅស្ថានបរមសុខ ហើយឫទ្ធានុភាពរបស់ព្រះអង្គថែរក្សាបងប្អូនដោយសារជំនឿ ដើម្បីឱ្យបងប្អូនទទួលការសង្គ្រោះដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសម្តែងនៅគ្រាចុងក្រោយបំផុត។
បន្ទរ៖ លោកទាំងមូល *ថ្លែងពីសិរីរុងរឿងរបស់ព្រះអម្ចាស់។ បន្ទរឡើងវិញ៖…
-សូមលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ «លោកគ្រូ! ក្នុងធម្មវិន័យ តើមានវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឱ្យអស់ពីចិត្តគំនិត” ។
| ៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
| ៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
| ៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
| ៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
| ៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
| ៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
| ៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
| ៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
| ៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
| ៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
| ៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
| កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
| អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
| លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ «លោកគ្រូ! ក្នុងធម្មវិន័យ តើមានវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឱ្យអស់ពីចិត្តគំនិត” ។
ពាក្យអង្វរសកល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោក ហើយការរំដោះបាបរបស់ព្រះអង្គ បានបង្កើតពិភពលោកឡើងវិញ ហើយការបង្កើតថ្មីនេះក៏នៅតែបន្ត ដោយសារសេចក្តីស្រឡាញ់របស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយអំណរសប្បាយថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គបន្តនៅក្នុងយើងខ្ញុំផង។
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានសម្តែងឬទ្ធានុភាពរបស់ព្រះអង្គនៅក្នុងធម្មជាតិ
—ហើយព្រះអង្គក៏បានសម្តែងព្រះឧបការគុណនៅក្នុងប្រវត្តិសាស្ត្រផងដែរ។ (បន្ទរ)
ព្រះបុត្រាព្រះអង្គបានប្រកាសពីការលើកលែងទោស និងជ័យជម្នះរបស់ឈើឆ្កាង
—សូមព្រះអង្គរំដោះយើងខ្ញុំពីភាពភ័យខ្លាច និងភាពអស់សង្ឃឹមផង។ (បន្ទរ)
សូមឱ្យអស់អ្នកដែលស្រេកឃ្លានសេចក្តីស្រឡាញ់ និងស្វែងរកសន្តិភាព
—ធ្វើការរួមគ្នាដោយគ្មានការបោកបញ្ជោត និងកសាងពិភពលោកមួយប្រកបដោយសេចក្តីសុខសាន្តដ៏ពិតប្រាកដផង។ (បន្ទរ)
សូមព្រះអង្គគង់នៅជាមួយអស់អ្នកដែលត្រូវគេសង្កត់សង្កិន សូមរំដោះអស់អ្នកដែលជាប់ជាឈ្លើយ ឱ្យមានសេរីភាពឡើងវិញ សូមលួងលោមអស់អ្នកដែលកំពុងកើតទុក្ខព្រួយ សូមចម្អែតអស់អ្នកដែលស្រេកឃ្លាន សូមប្រទានកម្លាំងដល់អស់អ្នកដែលទន់ខ្សោយ
—និងក្នុងមនុស្សទាំងអស់ដែលបង្ហាញពីជ័យជម្នះឈើឆ្កាងរបស់ព្រះអង្គផង។ (បន្ទរ)
បន្ទាប់ពីព្រះបុត្រាព្រះអង្គបានសោយទិវង្គត និងបានបញ្ចុះក្នុងផ្នូរ ព្រះបិតាបានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញក្នុងសិរីរុងរឿង
—សូមព្រះអង្គប្រទានឱ្យអ្នកជឿលើព្រះអង្គដែលបានទទួលមរណភាពទៅហើយនោះ បានរួមរស់ជាមួយព្រះបុត្រាព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាជាអម្ចាស់! ព្រះអង្គតែងតែប្រទានពន្លឺនៃសេចក្តីពិត ឱ្យអស់អ្នកដែលឃ្លាតឆ្ងាយពីព្រះអង្គ អាចវិលត្រឡប់មករកមាគ៌ារបស់ព្រះអង្គវិញបាន។ សូមព្រះអង្គមេត្តាប្រោសឱ្យគ្រីស្តបរិស័ទទាំងអស់ជ្រួតជ្រាបនូវព្រះបន្ទូលព្រះអង្គ និងលះបង់អ្វីៗដែលមិនសមនឹងឋានៈរបស់ខ្លួនផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។
