ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ ព្រះអង្គយាងឡើងស្ថានបរមសុខ ទៅគង់នៅខាងស្តាំព្រះបិតា អាលេលូយ៉ា!

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះ‌រាជាជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ
ដូច​ត​ទៅ​នេះ៖ «សូម​គង់​នៅ​ខាង​ស្តាំ​យើង
ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។
សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​រាជ្យរបស់​ព្រះ‌ករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!
នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យាដោយ​ឥត​ប្រែ‌ប្រួល​ថា:
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។
ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។
នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះរួច​ហើយ
ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគ‌ជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះអង្គយាងឡើងស្ថានបរមសុខ ទៅគង់នៅខាងស្តាំព្រះបិតា អាលេលូយ៉ា!

បន្ទរទី២៖ ព្រះ‌ជាម្ចាស់​យាង​ឡើង​ទៅ ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ ព្រះ‌អម្ចាស់​យាង​ទៅ​មុខអម​ដោយ​សំឡេង​ត្រែ អាលេលូយ៉ា!

(បទកាកគតិ)

២-ឱជនទាំងឡាយចូរអរសប្បាយទះដៃអបអរ
ច្រៀងលើកតម្កើងព្រះម្ចាស់បវរទទួលអំណរ
ដោយចិត្តរីករាយ
៣-ដ្បិតព្រះអម្ចាស់ព្រះខ្ពង់ខ្ពស់ណាស់គួរស្ញប់ស្ញែងក្រៃ
ព្រោះតែព្រះអង្គជាមហាក្សត្រថ្លៃឧត្តមប្រពៃ
លើដីទាំងអស់
៤-ព្រះអង្គបង្ក្រាបគ្រប់ជាតិឱ្យរាបមកជាចំណុះ
មិនឱ្យរួចខ្លួនជាតិណាមួយសោះស្ម័គ្រចិត្តស្រួលស្រុះ
ក្រោមអំណាចយើង
៥-ព្រះអង្គជ្រើសរើសទឹកដីគ្រប់ទិសជាមរតកថ្កើង
ឱ្យយើងខ្ពស់មុខគ្មានអ្វីកើតឡើងវិសេសរុងរឿង
យ៉ាកុបល្អឯក
៦-ព្រះអម្ចាស់យាងឡើងក្រោមសូរសៀងខ្ញៀវខ្ញារអនេក
ទ្រង់យាងទៅខ្ពស់ឥតមានរារែកអមដោយសម្រែក
ស្នូរត្រែតន្ត្រី
៧-ចូរយើងនាំគ្នារូតរះម្នីម្នាថ្វាយពរសិរី
ព្រះជាអម្ចាស់រុងរឿងពេកក្រៃស្មូតលាយតន្ត្រី
ថ្វាយព្រះនៃយើង
៨-ដ្បិតព្រះអង្គជាព្រះមហាក្សត្រាវិសេសថ្កុំថ្កើង
នៅលើផែនដីជាព្រះនៃយើងចូរនាំគ្នាថ្កើង
ស្មូតកំណាព្យថ្វាយ
៩-ព្រះម្ចាស់គ្រងរាជ្យពេញដោយអំណាចលើជាតិជិតឆ្ងាយ
គង់លើបល្ល័ង្កឥតបីនឿយណាយវិសុទ្ធពេកក្រៃ
រាស្រ្តបានសុខសាន្ត
១០-ពួកមេដឹកនាំមកមីរជួបជុំឥតមានខកខាន
ជាប្រជាជនវិសុទ្ធថ្កើងថ្កានព្រះដ៏ចំណាន
អប្រាហាំថ្លៃ
ដ្បិតមហាក្សត្រម្ចាស់ផែនដីស្ថិតក្រោមម្លប់បារមី
អំណាចព្រះម្ចាស់ខ្លាំងលើសអ្វីៗក្នុងនាលោកីយ៍
គ្មានអ្វីស្មើផង
សូមកោតសរសើរដល់ព្រះបិតាព្រះរាជបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ៖ ព្រះ‌ជាម្ចាស់​យាង​ឡើង​ទៅ ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ ព្រះ‌អម្ចាស់​យាង​ទៅ​មុខអម​ដោយ​សំឡេង​ត្រែ អាលេលូយ៉ា!

បន្ទរទី៣៖ «ឥឡូវ​នេះ បុត្រ​មនុស្ស​បាន​សម្ដែង​សិរី‌រុង​រឿង​ហើយ ហើយ​ព្រះ‌ជាម្ចាស់​ក៏​បាន​សម្ដែង​សិរី‌រុង​រឿង​ក្នុង​បុត្រ​មនុស្ស​ដែរ អាលេលូយ៉ា!

១៧«បពិត្រ​ព្រះជាអម្ចាស់ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់
ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ​នេះ
ហើយ​ក៏​មាន​ព្រះ‌ជន្ម​គង់​នៅតាំង​ពី​ដើម​រៀង​មក​ដែរ!
យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ព្រោះ​ព្រះអង្គ​បាន​យក​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លារបស់​ព្រះ‌អង្គ
មក​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ឡើង។
១៨ជាតិ​សាសន៍​នានា​បាន​នាំ​គ្នា​ខឹង
ហើយ​ពេល​ដែល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ពិរោធក៏​មក​ដល់​ដែរ
គឺ​ជា​ពេល​កំណត់​ដែល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោសមនុស្ស​ស្លាប់។
នៅ​ពេល​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់ពួក​ព្យាការី
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដល់​ប្រជាជន​ដ៏‌វិសុទ្ធ
និង​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាចព្រះ‌នាម​ព្រះ‌អង្គ
ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ហើយ​ក៏​ជា​ពេល​ដែល​ព្រះ‌អង្គ
ត្រូវ​បំផ្លាញអស់​អ្នក​ដែល​បាន​បំផ្លាញ​ផែន‌ដី​ដែរ»។
១០«ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ
ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យព្រះ‌ជាម្ចាស់​របស់​យើង
ព្រម​ទាំង​អំណាច​ព្រះ‌គ្រីស្ដ​របស់​ព្រះ‌អង្គ​ក៏​បាន​មក​ដល់​ដែរ
ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បង‌ប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ
គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បង‌ប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់
នៅ​មុខ​ព្រះ‌ភក្ត្រ​នៃ​ព្រះ​របស់​យើង។
១១បង‌ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ព្រះ‌លោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ
ហើយ​បង‌ប្អូន​ទាំង​នោះ​បាន​ស៊ូប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។
១២ហេតុ​នេះ ស្ថាន​បរម‌សុខ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ
ចូរ​មាន​អំណរ​សប្បាយ​ឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ «ឥឡូវ​នេះ បុត្រ​មនុស្ស​បាន​សម្ដែង​សិរី‌រុង​រឿង​ហើយ ហើយ​ព្រះ‌ជាម្ចាស់​ក៏​បាន​សម្ដែង​សិរី‌រុង​រឿង​ក្នុង​បុត្រ​មនុស្ស​ដែរ អាលេលូយ៉ា!

សូម្បី​តែ​ព្រះ‌គ្រីស្តក៏​ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិតបាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់។ កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើគុត តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។ នេះ​ជា​និមិត្ត‌រូប​នៃ​ពិធី​ជ្រមុជ​ទឹកដែល​សង្គ្រោះ​បង‌ប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជម្រះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជាម្ចាស់ ដោយ​មន‌សិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បង‌ប្អូន ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់ ហើយ​ពួក​ទេវទូត ព្រម​ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ​នានា​ដែល​មាន​អំណាច និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​ព្រះ‌អង្គ​ទាំង​អស់។

បន្ទរ៖ ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ‌បិតា​ខ្ញុំ ដែល​ជា​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ឱព្រះមហាក្សត្រដែលមានជ័យជម្នះ ! ឱព្រះអម្ចាស់ដ៏មានឫទ្ធានុភាព និងអំណាចចេស្តា ! នៅថ្ងៃនេះ ព្រះអង្គបានយាងឡើងស្ថានបរមសុខប្រកបដោយសិរីរុងរឿង។ សូមកុំបោះបង់ចោលយើងខ្ញុំឱ្យនៅកំព្រាឡើយ តែសូមព្រះអង្គផ្ញើព្រះវិញ្ញាណនៃសេចក្តីពិត ដែលជាព្រះអំណោយតាមព្រះបន្ទូលសន្យានៃព្រះបិតាផង អាលេលូយ៉ា!

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ឱព្រះមហាក្សត្រដែលមានជ័យជម្នះ ! ឱព្រះអម្ចាស់ដ៏មានឫទ្ធានុភាព និងអំណាចចេស្តា ! នៅថ្ងៃនេះ ព្រះអង្គបានយាងឡើងស្ថានបរមសុខប្រកបដោយសិរីរុងរឿង។ សូមកុំបោះបង់ចោលយើងខ្ញុំឱ្យនៅកំព្រាឡើយ តែសូមព្រះអង្គផ្ញើព្រះវិញ្ញាណនៃសេចក្តីពិត ដែលជាព្រះអំណោយតាមព្រះបន្ទូលសន្យានៃព្រះបិតាផង អាលេលូយ៉ា!

ចូរយើងប្រកាសអំពីព្រះគ្រីស្ត ដែលគង់នៅខាងស្តាំព្រះបិតា ដោយអំណរសប្បាយខាងវិញ្ញាណថា ៖

បន្ទរ៖ បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គជាព្រះមហាក្សត្រនៃសិរីរុងរឿង !

ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ ! ព្រះអង្គបានទទួលយកភាពទន់ខ្សោយរបស់យើងខ្ញុំ ដើម្បីលើកតម្កើងសិរីរុងរឿងនៅស្ថានបរមសុខ សូមព្រះអង្គដកអំពើបាបចេញពីពិភពលោក
—និងសូមស្តារយើងខ្ញុំនូវភាពគ្មានទោស ដែលជារបស់យើងឡើងវិញ មុនពេលយើងធ្លាក់ក្នុងអំពើបាប។ (បន្ទរ)

ព្រះអង្គបានយាងចុះពីស្ថានបរមសុខ មកធ្វើធម្មយាត្រានៃសេចក្តីស្រឡាញ់
—សូមប្រោសឱ្យយើងខ្ញុំដើរតាមផ្លូវដូចគ្នានឹងព្រះអង្គ ដើម្បីចូលទៅកាន់ព្រះភក្រ្តព្រះអង្គ។ (បន្ទរ)

ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងទាញយកអ្វីៗទាំងអស់មកឯព្រះអង្គ
—សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំណាម្នាក់ ឃ្លាតចេញឆ្ងាយពីព្រះកាយព្រះអង្គឡើយ។ (បន្ទរ)

កន្លែងដែលព្រះអង្គយាងទៅមុនយើងខ្ញុំ ក្នុងសិរីរុងរឿង
—សូមឱ្យយើងខ្ញុំដើរតាមព្រះអង្គអស់ពីចិត្ត និងគំនិត។ (បន្ទរ)

បពិត្រព្រះជាម្ចាស់ ជាព្រះដ៏ពិតប្រាកដ ! យើងខ្ញុំទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអង្គ ប្រៀបដូចជាចៅក្រមរបស់យើង
—សូមឱ្យយើងខ្ញុំមើលឃើញសិរីរុងរឿង និងធម៌មេត្តាករុណារបស់ព្រះអង្គនៅជាមួយមរណបុគ្គលទាំងអស់ផង។ (បន្ទរ)

ឱព្រះអម្ចាស់ជាព្រះបិតា ! ព្រះបុត្រាយាងឡើងស្ថានបរមសុខ នៅពេលក្រុមសាវ័កកំពុងតែសម្លឹងមើល។ សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានកិត្តិយសដ៏ខ្ពស់ ដោយប្រោសឱ្យព្រះយេស៊ូគង់នៅជាមួយយើងខ្ញុំ ក្នុងពេលដែលយើងខ្ញុំរស់នៅលើផែនដីនេះ និងនៅពេលយើងខ្ញុំនៅស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

1 Views

Theme: Overlay by Kaira