សន្តសិលា និងសន្តប៉ូល ជាគ្រីស្តទូត
(បុណ្យឱឡារិក)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៧
បន្ទរទី១៖ «លោកជាព្រះគ្រីស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ ! អ្នកពិតជាមានសុភមង្គលមែន»។
១ | ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ ! ប្រជារាស្ត្រទាំងប៉ុន្មានអើយ ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ! |
២ | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។ សូមសរសើរតម្កើងព្រះអម្ចាស់ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ «លោកជាព្រះគ្រីស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ ! អ្នកពិតជាមានសុភមង្គលមែន»។
ទំនុកតម្កើងលេខ ១៤៧,១២-២០
បន្ទរទី២៖ អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។
(បទព្រហ្មគីតិ)
១២- | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
១៣- | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
ទ្រង់ឱ្យពរដល់រាស្រ្ត | ដែលរស់ពាសពេញទីក្រុង | ។ | |
១៤- | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
សន្តិភាពគ្រប់ជ្រុង | ស្រូវបម្រុងច្រើនមហិមា | ។ | |
១៥- | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
១៦- | ព្រះអង្គឱ្យទឹកកក | ធ្លាក់ចុះមកច្រើនដេរដាស | |
សន្សើមត្រជាក់ណាស់ | ក៏ធ្លាក់ចុះតាមបញ្ជា | ។ | |
១៧- | ព្រះអង្គធ្វើឱ្យព្រឹល | ធ្លាក់មិនខ្ជិលច្រើនមហិមា | |
ឱ្យមានធាតុរងា | តើនរណាអាចទ្រាំបាន? | ។ | |
១៨- | ពេលទ្រង់មានបន្ទូល | ធ្វើឱ្យព្រឹលទាំងប៉ុន្មាន | |
ទឹកកកគ្រប់ទីស្ថាន | រលាយបានជាទឹកអស់ | ។ | |
ធ្វើឱ្យមានទាំងខ្យល់ | បោកវិលវល់មិនឈប់សោះ | ||
បក់យកទឹកទាំងនោះ | ហូរតាមជ្រោះទៅមិនសល់ | ។ | |
១៩- | ទ្រង់សម្តែងឱ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
ក្រឹត្យវិន័យនិមល | ឱ្យអ៊ីស្រាអែលបានដឹង | ។ | |
២០- | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
ឱ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
បន្ទរទី៣៖ ឱគ្រីស្តទូតប៉ូលដ៏មានសុភមង្គលអើយ ! លោកគឺជាវត្ថុដែលព្រះជាម្ចាស់បានជ្រើសរើស។ លោកបង្រៀនសេចក្តីពិតនៅទូទាំងពិភពលោកទាំងមូល។
៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្ដោស ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គ។ |
៨ | ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឱ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។ |
១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ឱគ្រីស្តទូតប៉ូលដ៏មានសុភមង្គលអើយ ! លោកគឺជាវត្ថុដែលព្រះជាម្ចាស់បានជ្រើសរើស។ លោកបង្រៀនសេចក្តីពិតនៅទូទាំងពិភពលោកទាំងមូល។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១,១-៣ក.៧)
ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះគ្រីស្ដយេស៊ូ ព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំ ឱ្យធ្វើជាគ្រីស្ដទូត និងជ្រើសរើសខ្ញុំ ឱ្យប្រកាសដំណឹងល្អរបស់ព្រះអង្គ។ ដំណឹងល្អនេះ ព្រះជាម្ចាស់បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការីរបស់ព្រះអង្គ ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។
បន្ទរ៖ ក្រុមគ្រីស្ដទូតនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ *និងបង្រៀនដោយចិត្តស្មោះត្រង់។ បន្ទរឡើងវិញ៖…
-ពួកគេផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូមានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ តើសិរីរុងរឿងនៃក្រុមគ្រីស្តទូតរបស់ព្រះគ្រីស្តប្រសើរយ៉ាងណាហ្ន៎? នៅពេលពួកគេមានជីវិត ពួកគេស្រឡាញ់គ្នាទៅវិញទៅមក។ នៅពេលគេស្លាប់ គេរីករាយសប្បាយជាមួយគ្នាអស់កល្បជានិច្ច។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ តើសិរីរុងរឿងនៃក្រុមគ្រីស្តទូតរបស់ព្រះគ្រីស្តប្រសើរយ៉ាងណាហ្ន៎? នៅពេលពួកគេមានជីវិត ពួកគេស្រឡាញ់គ្នាទៅវិញទៅមក។ នៅពេលគេស្លាប់ គេរីករាយសប្បាយជាមួយគ្នាអស់កល្បជានិច្ច។
ពាក្យអង្វរសកល
ព្រះអម្ចាស់យេស៊ូបានសាងសង់ប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះអង្គ នៅលើគ្រឹះនៃក្រុមគ្រីស្តទូត និងពួកព្យាការី។ ចូរយើងអធិដ្ឋាន ដោយមានជំនឿថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គយាងមកជួយប្រជារាស្រ្តរបស់ព្រះអង្គ !
បពិត្រព្រះយេស៊ូ ! ព្រះអង្គបានត្រាស់ហៅលោកស៊ីម៉ូន ជាអ្នកនេសាទត្រី ឱ្យនេសាទមនុស្សវិញ
—នៅពេលនេះ សូមព្រះអង្គត្រាស់ហៅកម្មករថ្មីៗ ដែលនឹងនាំសារនៃការសង្រ្គោះ ទៅដល់ប្រជាជនទាំងឡាយផង។ (បន្ទរ)
ព្រះអង្គបានធ្វើឱ្យរលកស្ងប់ ដើម្បីឱ្យអ្នកដើរតាមព្រះអង្គមិនត្រូវលង់ទឹកស្លាប់ឡើយ
—សូមព្រះអង្គការពារ និងថែរក្សាព្រះសហគមន៍ ឱ្យរួចផុតពីអន្តរាយគ្រប់បែបយ៉ាង។ (បន្ទរ)
ព្រះអង្គបានប្រមូលហ្វូងចៀមដែលខ្ចាត់ខ្ចាយ ឱ្យនៅជុំវិញលោកសិលា បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ
—ឱគង្វាលដ៏សប្បុរសអើយ ! សូមនាំប្រជារាស្រ្តរបស់ព្រះអង្គឱ្យរួមគ្នាជាហ្វូងចៀមតែមួយផង។ (បន្ទរ)
ព្រះអង្គបានចាត់សន្តប៉ូលឱ្យធ្វើជាគ្រីស្តទូត ដើម្បីប្រកាសដំណឹងល្អដល់សាសន៍ដទៃ
—សូមឱ្យព្រះបន្ទូលនៃការសង្រ្គោះ បានប្រកាសទៅដល់មនុស្សជាតិទាំងឡាយផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គបានប្រគល់កូនសោរនៃព្រះរាជ្យទៅក្នុងដៃរបស់ព្រះសហគមន៍ដ៏វិសុទ្ធរបស់ព្រះអង្គ
—សូមព្រះអង្គបើកទ្វារនៃស្ថានបរមសុខ ដល់អស់អ្នកដែលជឿទុកចិត្តលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅលើផែនដីនេះ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាអម្ចាស់ជាព្រះបិតា ! ព្រះអង្គប្រទានពរឱ្យសន្តសិលា និងសន្តប៉ូល ជាគ្រីស្តទូត ទៅជាគ្រឹះដ៏រឹងមាំរបស់ព្រះសហគមន៍។ តាមរយៈពាក្យទូលអង្វររបស់លោកទាំងពីរ សូមព្រះអង្គសង្រ្គោះយើងខ្ញុំអស់កល្បជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។