ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១៖ ឱព្រះមហាក្សត្រនៃពួកទេវទូតទាំងឡាយអើយ ! ព្រះអង្គថ្កុំ‌ថ្កើង​រុងរឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។

បពិត្រ​ព្រះអម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ!
ព្រះនាម​របស់​ព្រះអង្គ​ថ្កុំថ្កើង​រុងរឿងពាសពេញ​លើ​ផែនដី​ទាំង​មូល!
ព្រះអង្គ​ថ្កុំ‌ថ្កើង​រុង‌រឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។
ព្រះ‌អង្គ​បាន​ប្រើ​ពាក្យ​សរសើរ​តម្កើង​របស់​ក្មេងៗ និង​ទារក​ដែល​នៅ​បៅ
ធ្វើ​ជា​កម្លាំង​ប្រយុទ្ធ​នឹង​បច្ចា‌មិត្ត​របស់​ព្រះ‌អង្គ
ដើម្បី​បង្ក្រាប​ខ្មាំង​សត្រូវ​ដ៏​កាច​សាហាវឱ្យ​វិនាស​សាប‌សូន្យ​ទៅ។
ពេល​ទូលបង្គំ​សម្លឹង​មើល​ផ្ទៃ​មេឃដែល​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ
ហើយ​សម្លឹង​មើល​ព្រះច័ន្ទ និង​ហ្វូងតារា​ដែល​ព្រះអង្គ​ដាក់​នៅ​លើ​មេឃ​នោះ
ទូលបង្គំសួរ​ខ្លួន​ឯង​ថា តើ​មនុស្ស​មាន​ឋានៈ​អ្វី
បាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ តើ​បុត្រ​មនុស្ស​ជា​អ្វី
បាន​ជា​ព្រះ‌អង្គយកព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ?
ព្រះ‌អង្គ​បាន​ធ្វើ​ឱ្យ​គេ​មាន​ឋានៈ​ទាប​ជាងទេវទូត​តែ​បន្តិច​ប៉ុណ្ណោះ
ព្រះ‌អង្គ​ប្រទាន​សិរី‌រុង​រឿង និង​កិត្តិយស​ដល់​គេទុក​ជា​មកុដរាជ្យ។
ព្រះអង្គ​ប្រទាន​ឱ្យ​គេ​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក
ព្រះ‌អង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ឱ្យ​នៅ​ក្រោម​ជើង​របស់​គេ
គឺ​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន
ព្រម​ទាំង​បក្សា‌បក្សី​នៅ​លើ​មេឃ ត្រី​នៅ​ក្នុង​សមុទ្រ
និង​សត្វ​ទាំង​អស់​ដែល​រស់​នៅ​បាត​សមុទ្រ។
១០បពិត្រ​ព្រះ‌អម្ចាស់ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ
ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ‌ថ្កើង​រុង‌រឿងពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះមហាក្សត្រនៃពួកទេវទូតទាំងឡាយអើយ ! ព្រះអង្គថ្កុំ‌ថ្កើង​រុងរឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។

បន្ទរទី២៖ ទូលបង្គំស្មូត​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ នៅ​ចំពោះ​មុខ​ពពួក​ទេវទូត។

(បទកាកគតិ)

១-ខ្ញុំសូមតម្កើងព្រះម្ចាស់ខ្ពស់ឡើងអស់ពីដួងចិត្ត
នៅមុខទេវតាខ្ញុំស្មូតជាបទតម្កើងថ្វាយថ្វាត់
ដល់ព្រះអង្គថ្លៃ
២-ខ្ញុំក្រាបបែរមុខតម្រង់ទៅរកវិហារប្រពៃ
ខ្ញុំលើកតម្កើងព្រះនាមថ្លាថ្លៃដោយព្រះហឫទ័យ
ស្មោះស្ម័គ្រឥតស្បើយ
៣-នៅថ្ងៃដែលខ្ញុំស្រែកអង្វរសុំព្រះអង្គតបឆ្លើយ
ព្រះអង្គប្រទានឥតមានកន្តើយឱ្យខ្ញុំបានស្បើយ
ក្នុងចិត្តក្លាហាន
៤-ឱ ព្រះម្ចាស់អើយសូមទ្រង់ផ្តល់ឱ្យស្តេចទាំងប៉ុន្មាន
នៅលើផែនដីនាំគ្នាគ្រប់ប្រាណតម្កើងពេលបាន
ឮទ្រង់សន្យា
៥-សូមឱ្យគេនាំគ្នីគ្នាច្រៀងរាំតម្កើងកិច្ចការ
ថា «ព្រះអម្ចាស់រុងរឿងអស្ចារ្យឧត្តមថ្លៃថ្លា
បំផុតគ្មានពីរ»
៦-ទោះបីព្រះម្ចាស់ខ្ពង់ខ្ពស់ខ្លាំងណាស់ក៏ទ្រង់សំភី
គិតមនុស្សលោកគ្រប់វិនាទីជនកាចយាយី
ទ្រង់ស្គាល់ពីឆ្ងាយ
៧-ពេលទូលបង្គំជួបអាសន្នធំទ្រង់ឥតជិនណាយ
ជួយការពារខ្ញុំវាយខ្មាំងខ្ចាត់ខ្ចាយសង្គ្រោះខ្ញុំដោយ
ឫទ្ធីបារមី
៨-បពិត្រព្រះម្ចាស់ការគ្រប់យ៉ាងនេះពិតជាប្រពៃ
ព្រះអង្គប្រកបដោយព្រះហឫទ័យករុណាក្រៃ
ឥតបីបោះបង់
សូមកោតសរសើរដល់ព្រះបិតាព្រះរាជបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ៖ ទូលបង្គំស្មូត​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ នៅ​ចំពោះ​មុខ​ពពួក​ទេវទូត។

បន្ទរទី៣៖ ខ្ញុំ​ឃើញ​កូន​ចៀម​មួយ​ឈរ​នៅ​ចំ​កណ្ដាល​បល្ល័ង្ក ហើយ​ឮ​សូរ​សំឡេង​ទេវទូតយ៉ាង​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក។

១២ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្ត​រីករាយ
ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឱ្យ​បង‌ប្អូន
មាន​សមត្ថ‌ភាព​អាច​ទទួល​ចំណែក​មត៌ក​ រួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធនៅ​ក្នុង​ពន្លឺ។
១៣ព្រះ‌អង្គ​បាន​រំដោះ​យើង​ឱ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដីងងឹត
ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះរាជ្យនៃ​ព្រះបុត្រាដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។
១៤ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះ‌អង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឱ្យ​រួច​ពី​បាប។
១៥ព្រះគ្រីស្ត​ជា​តំណាង​របស់​ព្រះ‌ជាម្ចាស់ដែល​យើង​មើល​ពុំ​ឃើញ
ព្រះ‌អង្គ​ជា​រៀម‌ច្បង​នៃ​អ្វីៗ​ទាំង​អស់ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក
១៦ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​អ្វីៗ​សព្វ​សារពើក្នុង​អង្គ​ព្រះ‌គ្រីស្ត
ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ
ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទាំង​ទេវរាជ
ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់‌គ្រង ទាំង​វត្ថុស័ក្តិ‌សិទ្ធិ និង​អំណាច​នានា
ព្រះ‌ជាម្ចាស់​បាន​បង្កើត​ទាំង​អស់​មកដោយ‌សារ​ព្រះ‌គ្រីស្ត និង​សម្រាប់​ព្រះ‌គ្រីស្ត។
១៧ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់ ហើយ​អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេររួម​គ្នា ដោយ‌សារ​ព្រះអង្គ​ដែរ។
១៨ព្រះអង្គ​ជា​សិរសា​នៃ​ព្រះកាយ​របស់​ព្រះអង្គ គឺ​ព្រះ‌សហគមន៍
ព្រះអង្គ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។
ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ
ដើម្បី​ធ្វើជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់
១៩ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឱ្យគ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះអង្គ ស្ថិត​នៅ​ក្នុង​ព្រះ‌គ្រីស្ត។
២០ព្រះជាម្ចាស់​បាន​សម្រុះ‌សម្រួល​អ្វីៗ​ទាំង​អស់នៅ​លើ​ផែន‌ដី
និង​នៅ​ស្ថាន​បរម‌សុខឱ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ ដោយ‌សារ​ព្រះ‌គ្រីស្ត
និង​សម្រាប់​ព្រះគ្រីស្ត គឺ​ព្រះ‌ជាម្ចាស់​បាន​ធ្វើឱ្យ​មាន​សន្តិ‌ភាព
ដោយ​ព្រះ‌បុត្រា​បង្ហូរ​ព្រះ‌លោហិតនៅ​លើ​ឈើ​ឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ខ្ញុំ​ឃើញ​កូន​ចៀម​មួយ​ឈរ​នៅ​ចំ​កណ្ដាល​បល្ល័ង្ក ហើយ​ឮ​សូរ​សំឡេង​ទេវទូតយ៉ាង​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក។

សូម​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​កំពុង​តែ​យាង​មក មេត្តា​ប្រណីសន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។ សូម​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ​ពីរ ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ និង​ព្រះ‌យេស៊ូ​គ្រីស្ដ ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដីសុខ‌សាន្ត​ដល់​បង‌ប្អូន​ដែរ! ព្រះ‌យេស៊ូជា​បន្ទាល់​ដ៏​ស្មោះ‌ត្រង់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​ព្រះ‌អង្គ​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែន‌ដី។

បន្ទរ៖ ផ្សែង​គ្រឿង​ក្រអូប​នោះ​ក៏​ហុយឡើង *នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់ព្រះជាម្ចាស់។ បន្ទរឡើងវិញ៖…
-ចេញ​ពី​ដៃ​ទេវទូត ឡើង​ទៅ​លើ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ ទេវទូតកាព្រីអែលពោលមកកាន់នាងម៉ារីថា ៖ នាង​នឹង​មាន​គភ៌ សម្រាល​បាន​បុត្រ​មួយ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ។

៤៦«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*
៤៧ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន!
៥០ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
៥១ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ
ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៤៧ខ្ញុំមានចិត្តអំណរសប្បាយអរពន់ពេកណាស់
ព្រោះខ្ញុំបានដឹងច្បាស់ថាព្រះម្ចាស់ទ្រង់សង្គ្រោះ
៤៨ព្រះអង្គទតមកខ្ញុំជាអ្នកបម្រើស្ម័គ្រស្មោះ
តទៅមនុស្សទាំងអស់ថាខ្ញុំនេះសែនសុខក្រៃ
៤៩ព្រះដ៏មានឫទ្ធាខ្លាំងអស្ចារ្យលើលោកីយ៍
សម្ដែងឫទ្ធិបារមីព្រះនាមថ្លៃថ្លាវិសុទ្ធ
៥០ទ្រង់មានព្រះហឫទ័យត្រាប្រណីខ្ពស់បំផុត
ដល់អ្នកគោរពកោតខ្លាចព្រះអង្គរៀងរហូត
៥១ព្រះអង្គសម្ដែងឫទ្ធិអស្ចារ្យពិតមិនរលត់
កម្ចាត់មនុស្សមានពុតឆ្មើងបំផុតឫកខែងរែង
៥២ទ្រង់បានច្រានទម្លាក់អ្នកធំធ្លាក់ពីតំណែង
ឥតមានខ្លាចរអែងហើយទ្រង់តែងលើកអ្នកទាប
៥៣ព្រះអង្គប្រោសប្រទានឱ្យអ្នកឃ្លានឆ្អែតដរាប
អ្នកមានធនធានស្រាប់ដេញត្រឡប់ដៃទទេ
៥៤ព្រះអង្គបានជួយរាស្ត្រទ្រង់ទាំងអស់ឥតប្រួលប្រែ
អ៊ីស្រាអែលនៅក្បែរជាបម្រើដ៏ស្មោះស្ម័គ្រ
៥៥ទ្រង់តែងមានព្រះទ័យករុណាក្រៃមិនថ្នាំងថ្នាក់
លោកអប្រាហាំជាក់និងពូជពង្សលោកជានិច្ច
ដូចទ្រង់បានសន្យានឹងដូនតាឥតមានភ្លេច
ព្រះអង្គចាំជានិច្ចគ្មានកលកិច្ចប្រែប្រួលឡើយ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ ទេវទូតកាព្រីអែលពោលមកកាន់នាងម៉ារីថា ៖ នាង​នឹង​មាន​គភ៌ សម្រាល​បាន​បុត្រ​មួយ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ។

ពួកទេវទូតធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់។ ចូរយើងអធិដ្ឋានឱ្យខ្លួនរបស់យើងចេះស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ ដោយប្រុងប្រយ័ត្ន និងស្តាប់ឮការត្រាស់ហៅរបស់ទ្រង់ ដោយពោលថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! យើងខ្ញុំសូមទូលអង្វរព្រះអង្គ សូមទ្រង់ព្រះសណ្តាប់យើងខ្ញុំផង !

សូមឱ្យពាក្យអធិដ្ឋានរបស់យើងខ្ញុំឡើងដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប
—តាមរយៈដៃនៃពួកទេវទូតរបស់ព្រះអង្គ។ (បន្ទរ)

សូមឱ្យពាក្យអធិដ្ឋានរបស់យើងខ្ញុំបាននាំទៅដល់ទីអាសនៈ នៅស្ថានដ៏ខ្ពស់
—តាមរយៈដៃនៃពួកទេវទូតរបស់ព្រះអង្គ។ (បន្ទរ)

សូមឱ្យយើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត ហើយសូមឱ្យមនុស្សលោកបានប្រកបដោយសេចក្តីសុខសាន្តនៅលើផែនដី
—រួមជាមួយកងពលនៅស្ថានបរមសុខដ៏ច្រើនឥតគណនា។ (បន្ទរ)

សូមឱ្យពួកទេវទូតទទួលយើងខ្ញុំ នៅថ្ងៃចុងបញ្ចប់នៃជីវិតរបស់យើងខ្ញុំ
—ហើយនាំយើងខ្ញុំទៅស្ថានបរមសុខផង។ (បន្ទរ)

សូមទេវទូតមីកាអែលនាំយើងខ្ញុំចូលទៅក្នុងពន្លឺនៃព្រះភក្រ្តព្រះអង្គ
—គឺជាព្រលឹងនៃអស់អ្នកដែលបានលាចាកពីលោកនេះទៅហើយ។ (បន្ទរ)

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គរៀបចំឱ្យទេវទូត និងមនុស្សលោកបំពេញមុខងារបម្រើ ដោយមានរបៀបរៀបរយដ៏អស្ចារ្យ។ សូមព្រះអង្គចាត់អ្នកបម្រើរបស់ព្រះអង្គនៅស្ថានបរមសុខ ឱ្យឃ្លាំមើលយើងខ្ញុំទាំងយប់ទាំងថ្ងៃ ដើម្បីការពារជីវិតយើងខ្ញុំនៅលើផែនដីនេះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

99 Views

Theme: Overlay by Kaira