រដូវបុណ្យចម្លង
ថ្ងៃសៅរ៍ អាទិត្យទី៤
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៦៩-១៧៦
សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គ
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
១៦៩ | ឱព្រះអម្ចាស់អើយ ! សូមឱ្យសូរសម្រែករបស់ទូលបង្គំលាន់ឮទៅដល់ព្រះអង្គ សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណា តាមព្រះបន្ទូលរបស់ព្រះអង្គ។ |
១៧០ | សូមឱ្យពាក្យទទូចអង្វររបស់ទូលបង្គំបានលាន់ឮទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។ |
១៧១ | សូមឱ្យទូលបង្គំពោលពាក្យសរសើរតម្កើងព្រះអង្គឥតឈប់ ដ្បិតព្រះអង្គបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់។ |
១៧២ | ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើងព្រះបន្ទូលសន្យារបស់ព្រះអង្គ ដ្បិតវិន័យទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែសុចរិត។ |
១៧៣ | សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។ |
១៧៤ | បពិត្រព្រះអម្ចាស់ ! ទូលបង្គំប្រាថ្នាសូមឱ្យព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។ |
១៧៥ | សូមឱ្យទូលបង្គំមានជីវិត ដើម្បីសរសើរតម្កើងព្រះអង្គ! សូមឱ្យសេចក្តីដែលព្រះអង្គបានសម្រេច ជួយលើកទឹកចិត្តទូលបង្គំ។ |
១៧៦ | ទូលបង្គំនៅវិលវល់ដូចចៀមវង្វេង សូមយាងមករកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គផង! ដ្បិតទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គឡើយ!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៤៥
ព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះអង្គ
“ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!” (មថ ២៥,៦)។
(ក)
(បទព្រហ្មគីតិ)
២- | ពាក្យខ្ញុំពោលពីរោះ | ដ៏ស្ម័គ្រស្មោះពីដួងចិត្ត | |
តែងបទថ្វាយមហាក្សត្រ | សូមឱ្យបទដូចកវី | ។ | |
៣- | ព្រះអង្គល្អជាងគេ | រកគ្មានទេវោហារស្តី | |
ព្រះប្រទានពរជ័យ | មានសិរីទាំងអំណាច | ។ | |
៤- | វីរបុរសឫទ្ធិ | គន់គាប់ចិត្តសែនអង់អាច | |
សូមពាក់ព្រះខ័ន្តរាជ្យ | ភ្លឺចិញ្ចាចចិញ្ចែងទៅ | ។ | |
៥- | សូមគង់លើរាជរថ | យាងតយុទ្ធនឹងសត្រូវ | |
ការពារពាំងទុកនូវ | រឿងត្រឹមត្រូវនឹងសុចរិត | ។ | |
សូមទ្រង់បានជោគជ័យ | ដ៏ថ្លាថ្លៃអស់ពីចិត្ត | ||
ដោយបារមីមានឫទ្ធិ | ដ៏ប្រណីតនៃព្រះអង្គ | ។ | |
៦- | សូមឱ្យព្រួញដ៏មុត | ស្រួចបំផុតជួយតម្រង់ | |
ឱ្យព្រួញនៃព្រះអង្គ | បាញ់តម្រង់ទ្រូងបច្ចា | ។ | |
សូមគ្រប់ប្រជាជាតិ | កុំបីឃ្លាតឃ្លាទៅណា | ||
ឱ្យធ្លាក់ក្រោមបាទា | ព្រះរាជាដ៏មានឫទ្ធិ | ។ | |
៧- | រាជាដ៏ខ្ពស់ខ្ពង់ | បល្ល័ង្កទ្រង់នៅស្ថេរស្ថិត | |
គ្រងរាជ្យមិនរខិត | គង់នៅពិតដោយយុត្តិធម៌ | ។ | |
៨- | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្តីសុចរិតល្អ | |
អំពើអយុត្តិធម៌ | ទ្រង់មិនគាប់ព្រះហឫទ័យ | ។ | |
ហេតុនេះព្រះជាម្ចាស់ | ដែលជាព្រះដ៏ប្រពៃ | ||
ជ្រើសរើសអង្គក្សត្រថ្លៃ | ពីចំណោមមិត្រព្រះអង្គ | ។ | |
ចាក់ប្រេងអភិសេក | មិនអល់អែកល្អផូរផង់ | ||
ប្រទានឱ្យព្រះអង្គ | មានសព្វទាំងក្តីសប្បាយ | ។ | |
៩- | រាជាគ្រងភូសា | ល្អអស្ចារ្យក្រអូបសាយ | |
តន្ត្រីប្រគុំថ្វាយ | ក្នុងប្រាសាទភ្លុកដំរី | ។ | |
១០- | ស្រីស្នំទាំងប៉ុន្មាន | ស្រស់ភុំផានជាបុត្រី | |
របស់ស្តេចផែនដី | អង្គក្សត្រីយ៍គង់ខាងស្តាំ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
(ខ)
១១ | ព្រះអង្គម្ចាស់ក្សត្រីយ៍អើយ ! សុំត្រង់ត្រាប់ស្តាប់ពាក្យខ្ញុំ ចូរកុំនឹកនាប្រជារាស្ត្រ និងព្រះរាជវង្សរបស់ព្រះនាងទៀតអី ! |
១២ | សូមឱ្យព្រះមហាក្សត្រគាប់ព្រះហឫទ័យនឹងសម្ជស្សរបស់ព្រះនាង ចូរក្រាបថ្វាយបង្គំព្រះរាជាទៅ! ព្រះករុណាជាម្ចាស់របស់ព្រះនាងហើយ។ |
១៣ | ប្រជារាស្ត្រនៅក្រុងទីរ៉ុស និងប្រជារាស្ត្រដែលមានច្រើនជាងគេក្នុងពិភពលោក នឹងនាំតង្វាយមកថ្វាយព្រះនាង គេនាំគ្នាមកផ្គាប់ផ្គុនព្រះនាង។ |
១៤ | ព្រះអង្គម្ចាស់ក្សត្រីគង់នៅក្នុងព្រះបរមរាជវាំង ព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់ ព្រះភូសារបស់ព្រះនាងលម្អទៅដោយមាស។ |
១៥ | គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រ ទាំងគ្រងព្រះភូសាចម្រុះពណ៌ មានពួកភីលៀងហែហមពីក្រោយ ចូលទៅគាល់ព្រះរាជាផង។ |
១៦ | ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជា ដោយមានបណ្តាជនបន្លឺសំឡេងអបអរសាទរយ៉ាងសប្បាយ។ |
១៧ | បពិត្រព្រះរាជា ! សូមឱ្យព្រះរាជ្យបុត្រឡើងគ្រងរាជ្យតពីព្រះអយ្យកោរបស់ព្រះអង្គ។ ព្រះករុណានឹងតែងតាំងព្រះរាជ្យបុត្រាឱ្យគ្រប់គ្រងទូទាំងនគរ។ |
១៨ | ទូលបង្គំនឹងថ្លាថ្លែង រំលឹកពីព្រះនាមរបស់ព្រះករុណារហូតតទៅ ហើយប្រជារាស្ត្រនានា ក៏នឹងនាំគ្នាលើកតម្កើងព្រះករុណាអស់កល្បជាអង្វែងតរៀងទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ៥,១០-១១
បើព្រះជាម្ចាស់សម្រុះសម្រួលយើងឱ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងព្រះអង្គហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើង ដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀតជាពុំខាន។ មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង ដែលព្រះអង្គបានសម្រុះសម្រួលឱ្យយើងជានានឹងព្រះជាម្ចាស់វិញនៅពេលនេះ។
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ករ ១៥,២០-២២
ព្រះគ្រីស្តពិតជាមានព្រះជន្មរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។ បើមនុស្សលោកត្រូវស្លាប់ព្រោះតែមនុស្សម្នាក់ គេក៏នឹងរស់ឡើងវិញដោយសារមនុស្សតែម្នាក់ដែរ។ មនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រីស្តយ៉ាងនោះដែរ។
—ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ករ ៥,១៤-១៥
ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ ព្រះអង្គបានសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឱ្យអស់អ្នកដែលមានជីវិតលែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។
—ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សគ្រប់ជាតិសាសន៍បានស្គាល់ព្រះអង្គ និងទទួលជីវិតអស់កល្បជានិច្ច។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំជាគ្រីស្តបរិស័ទឱ្យមានចិត្តក្លាហានពុះពារឧបសគ្គនានា ដើម្បីនាំព្រះបន្ទូលរបស់ព្រះអង្គដល់មនុស្សសម័យឥឡូវនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !