រដូវបុណ្យចម្លង
ការសួរសុខទុក្ខរបស់ព្រះនាងព្រហ្មចារិនីម៉ារី
(បុណ្យគោរព)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៨១-៨៨
ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
៨១ | ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំរង់ចាំព្រះអង្គមានព្រះបន្ទូល។ |
៨២ | ទូលបង្គំខំប្រឹងរង់ចាំមើលព្រះបន្ទូលសន្យារបស់ព្រះអង្គ ទូលបង្គំពោលថា “តើដល់ពេលណាទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?” ។ |
៨៣ | ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ តែទូលបង្គំមិនបំភ្លេចក្រិត្យវិន័យរបស់ព្រះអង្គឡើយ។ |
៨៤ | តើទូលបង្គំត្រូវរង់ចាំដល់ពេលណាទៀត ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នកដែលបៀតបៀនទូលបង្គំ? |
៨៥ | មនុស្សអួតបំប៉ោងមិនគោរពតាមវិន័យរបស់ព្រះអង្គទេ គេនាំគ្នាជីករណ្តៅ ដើម្បីឱ្យទូលបង្គំធ្លាក់។ |
៨៦ | វិន័យរបស់ព្រះអង្គទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់ សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយគ្មានហេតុផល។ |
៨៧ | នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឱ្យវិនាសសូន្យ ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលច្បាប់របស់ព្រះអង្គឡើយ។ |
៨៨ | សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណា ទូលបង្គំនឹងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មក។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៦១
ពាក្យអធិដ្ឋានរបស់ជនភៀសខ្លួន
ពាក្យអធិដ្ឋានរបស់មនុស្សសុចរិត ដែលផ្ញើសេចក្តីសង្ឃឹមលើអ្វីៗនៅស្ថានបរមសុខ (សន្តហ៊ីលឡារី)។
(បទកាកគតិ)
២- | ឱព្រះម្ចាស់អើយ | កុំគង់ព្រងើយ | សូមព្រះសណ្តាប់ |
យកព្រះទ័យទុក | ដាក់ហើយត្រង់ត្រាប់ | ពាក្យអង្វរគាប់ | |
ទូលបង្គំផង | ។ | ||
៣- | ពេលខ្ញុំនៅឆ្ងាយ | សន្លឹមអន្លាយ | ហាក់អស់កម្លាំង |
ខ្ញុំស្រែកហៅរក | ព្រះនាមព្រះអង្គ | សូមដឹកនាំខ្ញុំ | |
ទៅកាន់ថ្មខ្ពស់ | ។ | ||
៤- | ព្រះអង្គជាទី | ជម្រករមណី | រឹងមាំឥតមោះ |
ជាប៉មមាំមួន | ជាកំពែងខ្ពស់ | ព្រះជាអម្ចាស់ | |
តទល់សត្រូវ | ។ | ||
៥- | ទូលបង្គំចង់ | រស់និត្យនៅក្នុង | ពន្លាពេកកូវ |
របស់ព្រះអង្គ | រហូតតទៅ | ហើយសូមក្រាបនៅ | |
ក្រោមម្លប់ព្រះអង្គ | ។ | ||
៦- | ឱព្រះម្ចាស់អើយ | ព្រះអង្គនេះហើយ | តែងស្តាប់ពាក្យខ្ញុំ |
ព្រះអង្គប្រទាន | មកទូលបង្គំ | មរតកដ៏ធំ | |
បម្រុងទុកឱ្យ | ។ | ||
៧- | សូមទ្រង់ប្រទាន | ព្រះរាជាមាន | ជន្មាមិនថយ |
អាយុយឺនយូរ | សតវត្សទៅក្រោយ | ជាម្លប់ផ្តល់ឱ្យ | |
ប្រជាប្រុសស្រី | ។ | ||
៨- | សូមមហាក្សត្រ | គ្រងរាជ្យរហូត | ក្រោមភក្ត្រម្ចាស់ថ្លៃ |
រហូតតទៅ | ដោយព្រះហឫទ័យ | មេត្តាប្រណី | |
ករុណាស្មោះស្ម័គ្រ | ។ | ||
៩- | ខ្ញុំនឹងតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | រាល់ថ្ងៃឥតអាក់ |
ឥតឈប់ឥតឈរ | ឱ្យសមនឹងពាក្យ | សន្យាលាយល័ក្ខណ៍ | |
ចំពោះព្រះអង្គ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
ទំនុកតម្កើងលេខ ៦៤
ពាក្យអធិដ្ឋានទូលអង្វរប្រឆាំងនឹងខ្មាំងសត្រូវ
ទំនុកតម្កើងនេះ រំឭកជាពិសេសបំផុត ស្តីអំពីទុក្ខលំបាករបស់ព្រះអម្ចាស់នៃយើង (សន្តអូគូស្ទីន)។
២ | ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ទំនួញរបស់ទូលបង្គំ ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។ |
៣ | សូមការពារទូលបង្គំ ឱ្យរួចផុតពីការឃុបឃិតរបស់ជនពាល សូមឱ្យទូលបង្គំរួចផុតពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។ |
៤ | គេប្រើពាក្យសម្តីដូចដាវដ៏មុតស្រួច ពួកគេចោលពាក្យសម្តីដូចគេចោលព្រួញ។ |
៥ | ពួកគេលួចប្រហារមនុស្សទៀងត្រង់ គេប្រហារមិនឱ្យដឹងខ្លួន ដោយមិនខ្លាចក្រែងអ្វីឡើយ។ |
៦ | ពួកគេនិយាយលើកទឹកចិត្តគ្នា ឱ្យប្រព្រឹត្តអំពើអាក្រក់ ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ទាំងពោលថា “គ្មាននរណាឃើញទេ!”។ |
៧ | គេនាំគ្នាបង្កអំពើឧក្រិដ្ឋ ទាំងពោលថា “ឥឡូវនេះ យើងរៀបចំផែនការរបស់យើងយ៉ាងល្អរួចរាល់ហើយ!។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ! |
៨ | ប៉ុន្តែ ព្រះជាម្ចាស់បានប្រហារពួកគេ ដោយមិនឱ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។ |
៩ | ពាក្យសម្តីរបស់ពួកគេបានធ្វើឱ្យពួកគេវិនាស អស់អ្នកដែលឃើញពួកគេនាំគ្នាគ្រវីក្បាល។ |
១០ | មនុស្សលោកទាំងអស់នាំគ្នាកោតស្ញប់ស្ញែង គេប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។ |
១១ | សូមឱ្យមនុស្សសុចរិតមានអំណរសប្បាយ ព្រោះតែព្រះអម្ចាស់ សូមនាំគ្នាមកជ្រកកោននឹងព្រះអង្គ សូមឱ្យអស់អ្នកដែលមានចិត្តទៀងត្រង់លើកតម្កើងព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺចិត្តគំនិតនាងម៉ារីជាព្រះមាតានៃព្រះបុត្រា ព្រះអង្គឱ្យទៅសួរសុខទុក្ខនាងអេលីសាបិត។ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំសុខចិត្តធ្វើតាមការបំភ្លឺរបស់ព្រះវិញ្ញាណ ដោយលើកតម្កើងព្រះអង្គគ្រប់ពេលវេលារួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !