រដូវធម្មតា
ថ្ងៃអាទិត្យ អាទិត្យទី១៦
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ២៣
គង្វាលដ៏សប្បុរស
កូនចៀមដែលគង់នៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្តល់ជីវិត (វវ ៧,១៧)។
បន្ទរទី១ ៖ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាលេលូយ៉ា !
១ | ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ |
២ | ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក។ |
៣ | ព្រះអង្គប្រទានឱ្យខ្ញុំមានកម្លាំងឡើងវិញ ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។ |
៤ | ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ ព្រះអង្គតាមការពារ និងរក្សាទូលបង្គំជានិច្ច។ |
៥ | ព្រះអង្គរៀបចំពិធីជប់លៀងឱ្យទូលបង្គំ នៅមុខបច្ចាមិត្តរបស់ទូលបង្គំ ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ព្រះអង្គបំពេញពែងទូលបង្គំយ៉ាងហូរហៀរ។ |
៦ | ព្រះអង្គនឹងប្រទានសុភមង្គល និងសម្តែងព្រះហឫទ័យប្រណីសន្តោស មកទូលបង្គំយ៉ាងស្មោះស្ម័គ្រ ជារៀងរាល់ថ្ងៃអស់មួយជីវិត។ ដរាបណាខ្ញុំមានជីវិត នោះខ្ញុំនឹងរស់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាលេលូយ៉ា !
ទំនុកតម្កើងលេខ ៧៦
ពាក្យអរព្រះគុណសម្រាប់ជ័យជម្នះ
គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ (ម៉ាថាយ ២៤,៣០)។
បន្ទរទី២ ៖ នៅថ្ងៃព្រះអង្គយាងមក ព្រះអង្គនឹងសម្ដែងឱ្យមនុស្សលោកឃើញព្រះអង្គក្នុងប្រជាជនដ៏វិសុទ្ធ ដែលពោរពេញទៅដោយពន្លឺរស្មីដ៏ភ្លឺចិញ្ចែងចិញ្ចាច ! អាលេលូយ៉ា! ។
(ក)
(បទពាក្យ ៧)
២- | ព្រះម្ចាស់សម្តែងឱ្យគេស្គាល់ | រូបព្រះអង្គផ្ទាល់នៅយូដា | |
ឯអ៊ីស្រាអែលល្បីអស្ចារ្យ | ព្រះនាមនេះណាឮឆ្ងាយក្រៃ | ។ | |
៣- | ព្រះពន្លាជ័យល្អប៉ប្រឹម | យេរូសាឡឹមក្រុងល្បាញល្បី | |
ដំណាក់ព្រះអង្គដ៏ប្រិមប្រិយ៍ | ស្ថិតនៅលើដីក្រុងស៊ីយ៉ូន | ។ | |
៤- | គឺទីនោះហើយទ្រង់សម្រេច | ព្រះអង្គកម្ទេចឱ្យហ្មត់សូន្យ | |
គ្រឿងសស្ត្រាវុធច្រើនរាប់ផ្លូន | ធ្នូដាវមាំមួនកប់ក្នុងដី | ។ | |
៥- | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ព្រះអង្គជិតជុំដោយសិរី | |
រុងរឿងចិញ្ចែងចិញ្ចាចក្រៃ | ពេលត្រឡប់វៃមកពីភ្នំ | ។ | |
៦- | ទ្រង់ដកអាវុធពីអ្នកច្បាំង | គេហេវហត់ខ្លាំងស្ទើររលំ | |
ទាហានពូកែដេកសំងំ | មិនមកជួបជុំលែងប្រយុទ្ធ | ។ | |
៧- | ឱព្រះនៃលោកយ៉ាកុបអើយ | ទ្រង់គំរាមហើយគេតក់ស្លុត | |
រទេះចំបាំងគាំងរហូត | សេះដើរមិនរួចលែងអង់អាច | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ នៅថ្ងៃព្រះអង្គយាងមក ព្រះអង្គនឹងសម្ដែងឱ្យមនុស្សលោកឃើញព្រះអង្គក្នុងប្រជាជនដ៏វិសុទ្ធ ដែលពោរពេញទៅដោយពន្លឺរស្មីដ៏ភ្លឺចិញ្ចែងចិញ្ចាច ! អាលេលូយ៉ា! ។
បន្ទរទី៣ ៖ ចូរលាបំណន់របស់អ្នក ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច ! អាលេលូយ៉ា !
(ខ)
៨ | ព្រះអង្គអើយ ព្រះអង្គគួរជាទីស្ញែងខ្លាចណាស់! ពេលព្រះអង្គព្រះពិរោធ តើនរណាអាចទ្រាំទ្រនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន? |
៩ | ព្រះអង្គមានព្រះបន្ទូលជំនំជំរះពីលើមេឃមក មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ដោយកោតខ្លាច |
១០ | នៅពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យ ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាននៅលើផែនដី។ |
១១ | ព្រះអង្គធ្វើឱ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ អស់អ្នកដែលនៅសេសសល់ពីសង្គ្រាម នឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។ |
១២ | អស់អ្នកដែលនៅជុំវិញព្រះអង្គអើយ! ចូរបន់ស្រន់ចំពោះព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់ផង! ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច! |
១៣ | ព្រះអង្គបំបាក់អំនួតរបស់ស្តេចនានា ព្រះអង្គធ្វើឱ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដីតក់ស្លុត ស្ញែងខ្លាចព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរលាបំណន់របស់អ្នក ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច ! អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ករ ៦,១៩-២០
បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូន ជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងបងប្អូន ជាព្រះវិញ្ញាណដែលបងប្អូនបានទទួលពីព្រះជាម្ចាស់។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ ដ្បិតព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលប់ ដើម្បីលោះបងប្អូន។ ហេតុនេះ ចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
—ទូលបង្គំបន្លឺសំឡេងតម្កើងព្រះដ៏មានព្រះជន្មគង់នៅអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ទក ១០,១២
ឥឡូវនេះ អ៊ីស្រាអែលអើយ ព្រះជាម្ចាស់ជាព្រះរបស់អ្នកសព្វព្រះហឫទ័យឱ្យអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយឱ្យអ្នកស្រឡាញ់ និងគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់អ្នកយ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។
—គឺមានតែមនុស្សឥតសៅហ្មង ដែលប្រព្រឹត្តអំពើសុចរិត ហើយនិយាយតែសេចក្ដីពិត ដែលមាននៅក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) បច ៨,៦ខ-៧ក
ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូចសេចក្ដីស្លាប់ សេចក្ដីស្នេហាប្រៀបដូចស្ថានមនុស្សស្លាប់ សេចក្ដីស្នេហានេះឆាបឆេះដូចភ្លើងរបស់ព្រះអម្ចាស់។ មហាសាគរពុំអាចពន្លត់ភ្លើងនៃសេចក្ដីស្នេហាបានឡើយ រីឯទន្លេទាំងប៉ុន្មានក៏ពុំអាចពន្លិចសេចក្ដីស្នេហាបានដែរ។
—ព្រះអម្ចាស់ជាថ្មដាការពារទូលបង្គំ ជាកម្លាំងដែលសង្គ្រោះទូលបង្គំ។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឱ្យប្រជារាស្រ្តព្រះអង្គមានសុភមង្គលដ៏ពេញលេញ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំមានជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់កាន់តែខ្លាំងឡើងៗផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!