ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ ផ្ទៃ​មេឃ និង​ផែន‌ដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំនិយាយមិន​រលាយ​បាត់​ទេ។

៨១ទូល‌បង្គំទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំរង់‌ចាំ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។
៨២ទូល‌បង្គំខំប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ
ទូលបង្គំពោលថា “តើដល់ពេលណាទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?” ។
៨៣ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ
តែទូលបង្គំមិនបំភ្លេចក្រិត្យវិន័យរបស់ព្រះអង្គឡើយ។
៨៤តើទូលបង្គំត្រូវរង់ចាំដល់ពេលណាទៀត
ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នកដែលបៀតបៀនទូលបង្គំ?
៨៥មនុស្សអួតបំប៉ោងមិនគោរពតាមវិន័យរបស់ព្រះអង្គទេ
គេនាំគ្នាជីករណ្តៅ ដើម្បីឱ្យទូលបង្គំធ្លាក់។
៨៦វិន័យរបស់ព្រះអង្គទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់
សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយគ្មានហេតុផល
៨៧នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឱ្យវិនាសសូន្យ
ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលច្បាប់របស់ព្រះអង្គឡើយ។
៨៨សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណា
ទូលបង្គំនឹងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ផ្ទៃ​មេឃ និង​ផែន‌ដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំនិយាយមិន​រលាយ​បាត់​ទេ។

ពាក្យអធិដ្ឋានរបស់មនុស្សសុចរិត ដែលផ្ញើសេចក្តីសង្ឃឹមលើអ្វីៗនៅស្ថានបរមសុខ
(សន្តហ៊ីលឡារី)។

បន្ទរទី២ ៖ ព្រះអង្គ​ជា​ទី​ជម្រក​របស់​ទូល‌បង្គំ និង​ជា​ប៉ម​មួយ​ដ៏​រឹងមាំ តទល់​នឹង​ខ្មាំង​សត្រូវ។

(បទកាកគតិ)

២-ឱព្រះម្ចាស់អើយកុំគង់ព្រងើយសូមព្រះសណ្តាប់
យកព្រះទ័យទុកដាក់ហើយត្រង់ត្រាប់ពាក្យអង្វរគាប់
ទូលបង្គំផង
៣-ពេលខ្ញុំនៅឆ្ងាយសន្លឹមអន្លាយហាក់អស់កម្លាំង
ខ្ញុំស្រែកហៅរកព្រះនាមព្រះអង្គសូមដឹកនាំខ្ញុំ
ទៅកាន់ថ្មខ្ពស់
៤-ព្រះអង្គជាទីជម្រករមណីរឹងមាំឥតមោះ
ជាប៉មមាំមួនជាកំពែងខ្ពស់ព្រះជាអម្ចាស់
តទល់សត្រូវ
៥-ទូលបង្គំចង់រស់និត្យនៅក្នុងពន្លាពេកកូវ
របស់ព្រះអង្គរហូតតទៅហើយសូមក្រាបនៅ
ក្រោមម្លប់ព្រះអង្គ
៦-ឱព្រះម្ចាស់អើយព្រះអង្គនេះហើយតែងស្តាប់ពាក្យខ្ញុំ
ព្រះអង្គប្រទានមកទូលបង្គំមរតកដ៏ធំ
បម្រុងទុកឱ្យ
៧-សូមទ្រង់ប្រទានព្រះរាជាមានជន្មាមិនថយ
អាយុយឺនយូរសតវត្សទៅក្រោយជាម្លប់ផ្តល់ឱ្យ
ប្រជាប្រុសស្រី
៨-សូមមហាក្សត្រគ្រងរាជ្យរហូតក្រោមភក្ត្រម្ចាស់ថ្លៃ
រហូតតទៅដោយព្រះហឫទ័យមេត្តាប្រណី
ករុណាស្មោះស្ម័គ្រ
៩-ខ្ញុំនឹងតម្កើងព្រះម្ចាស់ខ្ពស់ឡើងរាល់ថ្ងៃឥតអាក់
ឥតឈប់ឥតឈរឱ្យសមនឹងពាក្យសន្យាលាយល័ក្ខណ៍
ចំពោះព្រះអង្គ
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះអង្គ​ជា​ទី​ជម្រក​របស់​ទូល‌បង្គំ និង​ជា​ប៉ម​មួយ​ដ៏​រឹងមាំ តទល់​នឹង​ខ្មាំង​សត្រូវ។

ទំនុកតម្កើងនេះ រំឭកជាពិសេសបំផុត
ស្តីអំពីទុក្ខលំបាករបស់ព្រះអម្ចាស់នៃយើង (សន្តអូគូស្ទីន)។

បន្ទរទី៣ ៖ ឱព្រះជាម្ចាស់អើយ! ទូល‌បង្គំភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់ សូម​ការ‌ពារ​ជីវិត​ទូល‌បង្គំផង!។

ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ទំនួញរបស់ទូលបង្គំ
ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។
សូមការពារទូលបង្គំ ឱ្យរួចផុតពីការឃុបឃិតរបស់ជនពាល
សូមឱ្យទូលបង្គំរួចផុតពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។
គេប្រើពាក្យសម្តីដូចដាវដ៏មុតស្រួច
ពួកគេចោលពាក្យសម្តីដូចគេចោលព្រួញ។
ពួកគេលួចប្រហារមនុស្សទៀងត្រង់
គេប្រហារមិនឱ្យដឹងខ្លួន ដោយមិនខ្លាចក្រែងអ្វីឡើយ។
ពួកគេនិយាយលើកទឹកចិត្តគ្នា ឱ្យប្រព្រឹត្តអំពើអាក្រក់
ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ទាំងពោលថា
“គ្មាននរណាឃើញទេ!”។
គេនាំគ្នាបង្កអំពើឧក្រិដ្ឋ ទាំងពោលថា
“ឥឡូវនេះ យើងរៀបចំផែនការរបស់យើងយ៉ាងល្អរួចរាល់ហើយ!។
គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!
ប៉ុន្តែ ព្រះជាម្ចាស់បានប្រហារពួកគេ ដោយមិនឱ្យដឹងខ្លួនជាមុន
ពួកគេក៏របួសដួល។
ពាក្យសម្តីរបស់ពួកគេបានធ្វើឱ្យពួកគេវិនាស
អស់អ្នកដែលឃើញពួកគេនាំគ្នាគ្រវីក្បាល។
១០មនុស្សលោកទាំងអស់នាំគ្នាកោតស្ញប់ស្ញែង
គេប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ
គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។
១១សូមឱ្យមនុស្សសុចរិតមានអំណរសប្បាយ ព្រោះតែព្រះអម្ចាស់
សូមនាំគ្នាមកជ្រកកោននឹងព្រះអង្គ
សូមឱ្យអស់អ្នកដែលមានចិត្តទៀងត្រង់លើកតម្កើងព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះជាម្ចាស់អើយ! ទូល‌បង្គំភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់ សូម​ការ‌ពារ​ជីវិត​ទូល‌បង្គំផង!។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ទក ៨,៥ខ-៦

ព្រះអម្ចាស់ជា​ព្រះ​របស់​អ្នក បាន​អប់រំ​អ្នក​ដូច​ឪពុក​អប់រំ​កូន។ ចូរ​កាន់តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់ព្រះអង្គ និង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។

បន្ទរ៖ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​អំពើ​មួយល្អ​បរិសុទ្ធ​ណាស់ ហើយស្ថិតស្ថេរ​រហូត​ត​ទៅ។
—ការ​វិនិច្ឆ័យ​របស់​ព្រះ‌អម្ចាស់​សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដ៏មានតេជានុភាពសព្វប្រការ ! សូមព្រះអង្គចាក់បង្ហូរពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើប្រជារាស្រ្តរបស់ព្រះអង្គ ដើម្បីការពារយើងខ្ញុំឱ្យរួចផុតពីខ្មាំងសត្រូវទាំងឡាយ និងឱ្យយើងខ្ញុំមានអំណរសប្បាយក្នុងការច្រៀងកោតសរសើរព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ពង្ស ២,២ខ-៣

ចូរបុត្រមានចិត្តក្លាហាន ឱ្យសមជាមនុស្សពេញលក្ខណៈ! ចូរមានចិត្តស្មោះត្រង់នឹងព្រះអម្ចាស់ជាព្រះរបស់បុត្រ។ ចូរប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ​ជានិច្ច ហើយកាន់តាមក្រិត្យវិន័យ តាមបញ្ជា តាមច្បាប់ និងតាមដំបូន្មានដែលមានចែងទុកក្នុងវិន័យរបស់លោកម៉ូសេ ដើម្បីឱ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទីកន្លែងដែលបុត្រទៅ។

បន្ទរ៖ សូម​នាំ​ទូល‌បង្គំដើរ​តាម​មាគ៌ានៃ​វិន័យ​របស់​ព្រះ‌អង្គ។
—ដ្បិត​ទូល‌បង្គំពេញ​ចិត្ត​នឹង​វិន័យទាំង​នេះ​ណាស់។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបំពេញយើងខ្ញុំជាមួយនឹងពន្លឺដ៏រីករាយនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គអស់កល្បជានិច្ច។ សូមឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ និងស្រឡាញ់បងប្អូនឯទៀតៗផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) យរ ៦,១៦ក

«ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍ ចូរ​រំពឹង​គិត​អំពី​មាគ៌ាជំនាន់​ដើមដើម្បី​ឱ្យ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អ រួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅ ចិត្តរបស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់»។

បន្ទរ៖ ដំបូន្មាន​របស់​ព្រះ‌អង្គ​ជា​កេរមត៌ក​របស់​ទូល‌បង្គំ។
—ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើឱ្យ​ទូលបង្គំមាន​អំណរ​នៅ​ក្នុង​ចិត្ត។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យសន្តិភាពដែលយើងខ្ញុំទូលសូម អាចកើតឡើងយ៉ាងពិតប្រាកដ សូមឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងខ្ញុំ ពោរពេញដោយអំណរសប្បាយ ហើយតាមរយៈពាក្យទូលអង្វររបស់ព្រះនាងព្រហ្មចារិនីម៉ារី សូមឱ្យយើងខ្ញុំអាចចូលក្នុងព្រះរាជ្យរបស់ព្រះអង្គយ៉ាងសុខសាន្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

11 Views

Theme: Overlay by Kaira