(បុណ្យរំឭកចាំបាច់)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។

១៦៩ឱព្រះអម្ចាស់អើយ ! សូមឱ្យសូរសម្រែករបស់ទូលបង្គំលាន់ឮទៅដល់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណា តាមព្រះបន្ទូលរបស់ព្រះអង្គ។
១៧០សូមឱ្យពាក្យទទូចអង្វររបស់ទូលបង្គំបានលាន់ឮទៅដល់ព្រះអង្គ
សូមរំដោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។
១៧១សូមឱ្យទូលបង្គំពោលពាក្យសរសើរតម្កើងព្រះអង្គឥតឈប់
ដ្បិតព្រះអង្គបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់។
១៧២ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើងព្រះបន្ទូលសន្យារបស់ព្រះអង្គ
ដ្បិតវិន័យទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែសុចរិត។
១៧៣សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ
ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។
១៧៤បពិត្រព្រះអម្ចាស់ ! ទូលបង្គំប្រាថ្នាសូមឱ្យព្រះអង្គសង្គ្រោះទូលបង្គំ
ទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។
១៧៥សូមឱ្យទូលបង្គំមានជីវិត ដើម្បីសរសើរតម្កើងព្រះអង្គ!
សូមឱ្យសេចក្តីដែលព្រះអង្គបានសម្រេច ជួយលើកទឹកចិត្តទូលបង្គំ។
១៧៦ទូលបង្គំនៅវិលវល់ដូចចៀមវង្វេង
សូមយាងមករកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គផង!
ដ្បិតទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គឡើយ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។

“ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!” (មថ ២៥,៦)។

បន្ទរទី២ ៖ បពិត្រ​ព្រះជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

(ក)

(បទព្រហ្មគីតិ)

២-ពាក្យខ្ញុំពោលពីរោះដ៏ស្ម័គ្រស្មោះពីដួងចិត្ត
តែងបទថ្វាយមហាក្សត្រសូមឱ្យបទដូចកវី
៣-ព្រះអង្គល្អជាងគេរកគ្មានទេវោហារស្តី
ព្រះប្រទានពរជ័យមានសិរីទាំងអំណាច
៤-វីរបុរសឫទ្ធិគន់គាប់ចិត្តសែនអង់អាច
សូមពាក់ព្រះខ័ន្តរាជ្យភ្លឺចិញ្ចាចចិញ្ចែងទៅ
៥-សូមគង់លើរាជរថយាងតយុទ្ធនឹងសត្រូវ
ការពារពាំងទុកនូវរឿងត្រឹមត្រូវនឹងសុចរិត
សូមទ្រង់បានជោគជ័យដ៏ថ្លាថ្លៃអស់ពីចិត្ត
ដោយបារមីមានឫទ្ធិដ៏ប្រណីតនៃព្រះអង្គ
៦-សូមឱ្យព្រួញដ៏មុតស្រួចបំផុតជួយតម្រង់
ឱ្យព្រួញនៃព្រះអង្គបាញ់តម្រង់ទ្រូងបច្ចា
សូមគ្រប់ប្រជាជាតិកុំបីឃ្លាតឃ្លាទៅណា
ឱ្យធ្លាក់ក្រោមបាទាព្រះរាជាដ៏មានឫទ្ធិ
៧-រាជាដ៏ខ្ពស់ខ្ពង់បល្ល័ង្កទ្រង់នៅស្ថេរស្ថិត
គ្រងរាជ្យមិនរខិតគង់នៅពិតដោយយុត្តិធម៌
៨-ព្រះអង្គសព្វព្រះទ័យនឹងសេចក្តីសុចរិតល្អ
អំពើអយុត្តិធម៌ទ្រង់មិនគាប់ព្រះហឫទ័យ
ហេតុនេះព្រះជាម្ចាស់ដែលជាព្រះដ៏ប្រពៃ
ជ្រើសរើសអង្គក្សត្រថ្លៃពីចំណោមមិត្រព្រះអង្គ
ចាក់ប្រេងអភិសេកមិនអល់អែកល្អផូរផង់
ប្រទានឱ្យព្រះអង្គមានសព្វទាំងក្តីសប្បាយ
៩-រាជាគ្រងភូសាល្អអស្ចារ្យក្រអូបសាយ
តន្ត្រីប្រគុំថ្វាយក្នុងប្រាសាទភ្លុកដំរី
១០-ស្រីស្នំទាំងប៉ុន្មានស្រស់ភុំផានជាបុត្រី
របស់ស្តេចផែនដីអង្គក្សត្រីយ៍គង់ខាងស្តាំ
សិរីរុងរឿងដល់ព្រះបិតាព្រះបុត្រា
និងព្រះវិញ្ញាណផងដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ បពិត្រ​ព្រះជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

បន្ទរទី៣ ៖ ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី តុប‌តែង​ខ្លួន​ទទួល​ស្វាមី។

(ខ)

១១ព្រះអង្គម្ចាស់ក្សត្រីយ៍អើយ ! សុំត្រង់ត្រាប់ស្តាប់ពាក្យខ្ញុំ
ចូរកុំនឹកនាប្រជារាស្ត្រ និងព្រះរាជវង្សរបស់ព្រះនាងទៀតអី !
១២សូមឱ្យព្រះមហាក្សត្រគាប់ព្រះហឫទ័យនឹងសម្ជស្សរបស់ព្រះនាង
ចូរក្រាបថ្វាយបង្គំព្រះរាជាទៅ! ព្រះករុណាជាម្ចាស់របស់ព្រះនាងហើយ។
១៣ប្រជារាស្ត្រនៅក្រុងទីរ៉ុស និងប្រជារាស្ត្រដែលមានច្រើនជាងគេក្នុងពិភពលោក
នឹងនាំតង្វាយមកថ្វាយព្រះនាង គេនាំគ្នាមកផ្គាប់ផ្គុនព្រះនាង។
១៤ព្រះអង្គម្ចាស់ក្សត្រីគង់នៅក្នុងព្រះបរមរាជវាំង
ព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់
ព្រះភូសារបស់ព្រះនាងលម្អទៅដោយមាស។
១៥គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រ ទាំងគ្រងព្រះភូសាចម្រុះពណ៌
មានពួកភីលៀងហែហមពីក្រោយ ចូលទៅគាល់ព្រះរាជាផង។
១៦ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជា
ដោយមានបណ្តាជនបន្លឺសំឡេងអបអរសាទរយ៉ាងសប្បាយ។
១៧បពិត្រព្រះរាជា ! សូមឱ្យព្រះរាជ្យបុត្រឡើងគ្រងរាជ្យតពីព្រះអយ្យកោរបស់ព្រះអង្គ។
ព្រះករុណានឹងតែងតាំងព្រះរាជ្យបុត្រាឱ្យគ្រប់គ្រងទូទាំងនគរ។
១៨ទូលបង្គំនឹងថ្លាថ្លែង រំលឹកពីព្រះនាមរបស់ព្រះករុណារហូតតទៅ
ហើយប្រជារាស្ត្រនានា ក៏នឹងនាំគ្នាលើកតម្កើងព្រះករុណាអស់កល្បជាអង្វែងតរៀងទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី តុប‌តែង​ខ្លួន​ទទួល​ស្វាមី។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ដន ៦,២៧ខ-២៨ក

ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្បជានិច្ច។ ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​មិន​សាប‌សូន្យ​ឡើយ ព្រះ‌អង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។ ព្រះអង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក ព្រះ‌អង្គ​សម្ដែង​ទីសម្គាល់ និង​ឫទ្ធិបាដិហារិយ៍នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី។

បន្ទរ៖ ចូរ​ឈប់​ច្បាំង ចូរ​ដឹង​ថា យើង​នេះ​ហើយ​ជា​ព្រះ‌ជាម្ចាស់។
—យើង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា ហើយ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដ៏មានតេជានុភាពសព្វប្រការ! សូមព្រះអង្គចាក់បង្ហូរពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើប្រជារាស្រ្តរបស់ព្រះអង្គ ដើម្បីការពារយើងខ្ញុំឱ្យរួចផុតពីខ្មាំងសត្រូវទាំងឡាយ និងឱ្យយើងខ្ញុំមានអំណរសប្បាយក្នុងការច្រៀងកោតសរសើរព្រះអង្គផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) រ៉ូម ១៥,៥-៧

សូមព្រះជាម្ចាស់ដែលជួយសម្រាលទុក្ខ និងជួយឱ្យចេះស៊ូទ្រាំ ប្រោសប្រទានឱ្យបងប្អូនរួមគ្នា មានចិត្តគំនិតតែមួយ ស្របតាមព្រះគ្រីស្តយេស៊ូ ដើម្បីឱ្យបងប្អូនមានចិត្តថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង។

បន្ទរ៖ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យនឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
—ព្រះ‌អង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាប ដោយ​សង្គ្រោះ​ពួក​គេ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបំពេញយើងខ្ញុំជាមួយនឹងពន្លឺដ៏រីករាយនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គអស់កល្បជានិច្ច។ សូមឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ និងស្រឡាញ់បងប្អូនឯទៀតៗផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ភីល ៤,៨.៩ខ

បង‌ប្អូន​អើយ សូម​បងប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃ‌ថ្នូរ សុចរិត បរិសុទ្ធ គួរ​ឱ្យ​ស្រឡាញ់ គួរ​ឱ្យ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​ឱ្យ​កោត​សរសើរ។ ធ្វើដូច្នេះ ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​ នឹង​គង់​ជា​មួយ​បង‌ប្អូន​មិន​ខាន។

បន្ទរ៖ ឱ​ព្រះ‌មហា​ក្សត្រ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​សូម​លើក​តម្កើងព្រះ‌អង្គ!។
—ទូល‌បង្គំសូម​សរសើរ​តម្កើង​ព្រះ‌នាមរបស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យសន្តិភាពដែលយើងខ្ញុំទូលសូម អាចកើតឡើងយ៉ាងពិតប្រាកដ សូមឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងខ្ញុំ ពោរពេញដោយអំណរសប្បាយ ហើយតាមរយៈពាក្យទូលអង្វររបស់ព្រះនាងព្រហ្មចារិនីម៉ារី សូមឱ្យយើងខ្ញុំអាចចូលក្នុងព្រះរាជ្យរបស់ព្រះអង្គយ៉ាងសុខសាន្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

16 Views

Theme: Overlay by Kaira