(រំឭកចាំបាច់)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ សូម​សម្រាល​ទុក្ខ​ទូល‌បង្គំ ដោយ‌សារ​ព្រះ‌ហឫទ័យ​ស្មោះស្ម័គ្ររបស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា។

៧៣ព្រះអង្គបានបង្កើតទូលបង្គំមក ហើយប្រទានឱ្យទូលបង្គំបានរឹងប៉ឹងឡើង
សូមប្រទានឱ្យទូលបង្គំមានប្រាជ្ញា ដើម្បីស្វែងយល់វិន័យរបស់ព្រះអង្គ។
៧៤ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គឃើញទូលបង្គំ គេនឹងមានអំណរ
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
៧៥បពិត្រព្រះអម្ចាស់! ទូលបង្គំដឹងថា
ការអ្វីដែលព្រះអង្គបានសម្រេច សុទ្ធតែសុចរិតទាំងអស់
ព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។
៧៦សូមសម្រាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
តាមព្រះបន្ទូលសន្យាជាមួយទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ។
៧៧សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើទូលបង្គំ ដើម្បីឱ្យទូលបង្គំរស់រានមានជីវិតផង
ដ្បិតទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។
៧៨សូមឱ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយមួលបង្កាច់ទូលបង្គំ
រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គ។
៧៩សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ
ដើម្បីឱ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។
៨០សូមជួយទូលបង្គំឱ្យប្រព្រឹត្តតាមក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យបានឥតខ្ចោះ
កុំឱ្យទូលបង្គំត្រូវអាម៉ាស់ឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូម​សម្រាល​ទុក្ខ​ទូល‌បង្គំ ដោយ‌សារ​ព្រះ‌ហឫទ័យ​ស្មោះស្ម័គ្ររបស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា។

ព្រះបន្ទូលនៃការសង្រ្គោះទាំងនេះ បានបង្រៀនយើងពីការលះបង់ ដែលយើងគួរមានទៅព្រះបិតា (Eusebius of Caesarea)។

បន្ទរទី២៖ សូម​ការ‌ពារ​ទូល‌បង្គំ ឱ្យរួច​ពី​កណ្ដាប់​ដៃរបស់​អស់​អ្នកដែលប៉ុនប៉ង​ធ្វើបាប​ទូល‌បង្គំ។

(បទកាកគតិ)

២-ឱព្រះម្ចាស់អើយសូមកុំកន្តើយជួយរំដោះខ្ញុំ
ឱ្យរួចពីខ្មាំងសត្រូវតូចធំវាមានគំនុំ
ចង់ចាប់ធ្វើបាប
៣-សូមជួយរំដោះជីវិតឱ្យរស់ជារៀងដរាប
ផុតពីពួកពាលពីអ្នកសាងបាបអាក្រក់ឆ្អេះឆ្អាប
ពួកមនុស្សស្រេកឈាម
៤-ឱព្រះអម្ចាស់ទោះខ្ញុំពុំខុសក៏គេព្យាយាម
ចាំស្ទាក់ប្រហារជីវិតខ្ញុំភ្លាមពួកគេព្យាយាម
ប្រឆាំងជានិច្ច
៥-ទោះខ្ញុំមិនខុសក៏ពួកទាំងនោះនៅតែមានល្បិច
ពួនចាំស្ទាក់ចាប់រូបខ្ញុំមិនភ្លេចសូមកុំកែគេច
បែរភក្ត្រមើលផង
១០-ទូលបង្គំខំប្រឹងមើលទៅព្រះអង្គមិនឱ្យខានខក
ទ្រង់ជាកម្លាំងកំពែងជម្រកមិនឱ្យខ្មាំងមក
ពាធាបំភ័យ
១១-ព្រះរបស់ខ្ញុំហឫទ័យទូលំទូលាយឥតបី
មេត្តាករុណាសន្តោសប្រណីឱ្យខ្ញុំសប្បាយ
ដោយខ្មាំងចាញ់ដៃ
១៧-រីឯខ្ញុំវិញក្នុងចិត្តពោរពេញសរសើរមិនឈប់
ច្រៀងលើកតម្កើងព្រះម្ចាស់ជាម្លប់ថ្លែងមិនឈរឈប់
ហឫទ័យមេត្តា
ពេលព្រឹកព្រលឹមថ្លែងទាំងញញឹមពីក្តីករុណា
របស់ព្រះអង្គជាកំពែងការជួយខ្ញុំនេះណា
ពេលអាសន្នភ័យ
១៨-បពិត្រព្រះម្ចាស់ព្រះអង្គជាព្រះមានឫទ្ធិបារមី
ទូលបង្គំនឹងស្មូតបទតម្កើងថ្វាយព្រះអង្គនេះហើយ
ជាកំពែងមាំ
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កើនឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ សូម​ការ‌ពារ​ទូល‌បង្គំ ឱ្យរួច​ពី​កណ្ដាប់​ដៃរបស់​អស់​អ្នកដែលប៉ុនប៉ង​ធ្វើបាប​ទូល‌បង្គំ។

“អ្នករាល់គ្នាជួបទុក្ខវេទនាក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង ! ខ្ញុំបានឈ្នះលោកនេះហើយ” (យហ ១៦,៣៣)។

បន្ទរទី៣ ៖ អ្នកណារងទុក្ខលំបាក អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។

ឱព្រះអម្ចាស់អើយ! ព្រះអង្គបោះបង់ចោលយើងខ្ញុំហើយ ព្រះអង្គធ្វើឱ្យយើងខ្ញុំបាក់ទ័ព
ទោះបីជាព្រះអង្គព្រះពិរោធនឹងយើងខ្ញុំក៏ដោយ សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
ព្រះអង្គបានធ្វើឱ្យផែនដីរញ្ជួយ និងប្រេះចេញពីគ្នា
ឥឡូវនេះ សូមព្រះអង្គភ្ជិតដីនេះ ឱ្យបានជិតគ្នាឡើងវិញផង ព្រោះផែនដីកំពុងរង្គើ។
ព្រះអង្គធ្វើឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក
ព្រះអង្គដាក់ទោសយើងខ្ញុំស្ទើរតែវង្វេងស្មារតី។
ព្រះអង្គប្រទានទង់ជ័យជាសញ្ញា ឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ អាចគេចផុតពីបរាជ័យ។
សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមឆ្លើយតបនឹងយើងខ្ញុំផង! ដើម្បីឱ្យប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គបានរួចជីវិត។
ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈរបស់ព្រះអង្គមកថា ៖
“យើងនឹងយកជ័យជម្នះ យើងនឹងបំបែកស្រុកស៊ីគែម
យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកដល់ប្រជារាស្ត្ររបស់យើង។
ស្រុកកាឡាតជាទឹកដីរបស់យើង ហើយស្រុកម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ
ស្រុកអេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយស្រុកយូដាជាដំបងរាជ្យរបស់យើង។
១០ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង
យើងបោះស្បែកជើងយើងនៅទឹកដីអេដុម យកស្រុកនេះធ្វើជាកម្មសិទ្ធិហើយ។
យើងនឹងស្រែកជយោ ក្រោយពីបានឈ្នះស្រុកភីលីស្ទីន!”។
១១តើនរណានាំខ្ញុំចូលទៅក្នុងទីក្រុងដ៏មាំមួនបាន?
តើនរណានាំខ្ញុំចូលទៅស្រុកអេដុម?
១២ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំបាន!
ក៏ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គឈប់យាងទៅជាមួយកងទ័ពយើងខ្ញុំទៀតហើយ។
១៣សូមយាងមកជួយយើងខ្ញុំឱ្យប្រឆាំងតទល់នឹងពួកសត្រូវផង
ដ្បិតការសង្គ្រោះមកពីមនុស្សលោកឥតបានការអ្វីសោះ។
១៤បើព្រះជាម្ចាស់គង់នៅជាមួយយើងខ្ញុំ នោះយើងខ្ញុំនឹងមានជ័យជម្នះ
ព្រះអង្គនឹងបង្ក្រាបបច្ចាមិត្តរបស់យើងខ្ញុំឱ្យរាប។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នកណារងទុក្ខលំបាក អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ទក ១,៣១ខ

តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើដំណើរ​រហូត​មក​ដល់​កន្លែង​នេះ អ្នកឃើញស្រាប់​ហើយ​ថា ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក បី​អ្នក ដូច​ឪពុក​បីកូន។

បន្ទរ៖ សូម​ជួយ​គាំ‌ទ្រ​ទូល‌បង្គំតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ដើម្បីឱ្យ​ទូល‌បង្គំមាន​ជីវិត។
—សូម​កុំ​ឱ្យ​សេចក្ដីសង្ឃឹមរបស់​ទូល‌បង្គំប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅវេលាម៉ោងនេះ ព្រះអង្គត្រូវគេនាំយកទៅឆ្កាងឱ្យសោយទិវង្គតលើឈើឆ្កាង ដើម្បីសង្គ្រោះពិភពលោក។ យើងខ្ញុំសូមការលើកលែងទោសពីព្រះអង្គសម្រាប់អំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្តកាលពីអតីតកាល ហើយសូមព្រះអង្គការពារយើងខ្ញុំពីសេចក្តីអាក្រក់ទាំងឡាយ នៅ​ពេល​អនាគតផង។ សូមនាំយើងខ្ញុំចូលក្នុងព្រះរាជ្យនៃសេចក្តីសុខសាន្ត និងអំណរ​សប្បាយ ដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែង​តរៀងទៅ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) បារ ៤,២៨-២៩

កាលពីមុន កូនមានបំណងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ឥឡូវនេះ កូនប្រែចិត្តគំនិតហើយ! ចូរខិតខំស្វែងរកព្រះអង្គឱ្យខ្លាំងជាងមុនដប់ដង។ ព្រះអង្គដែលដាក់ទោសកូនឱ្យរងទុក្ខវេទនាយ៉ាងនេះ នឹងយាងមកជួយ​សង្គ្រោះកូន ហើយប្រទានអំណរសប្បាយឱ្យកូនជារៀងរហូត។

បន្ទរ៖ ដ្បិត​ព្រះ‌អង្គ​ប្រកប​ដោយព្រះ‌ហឫទ័យ​មេត្តា​ករុណា។
—ហើយ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​រំដោះ​អ្នក​ជា‌និច្ច!។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! នៅពេលថ្ងៃត្រង់នេះ ភាពងងឹតបានគ្របដណ្តប់ពេញផែនដីទាំងមូល ព្រះអង្គបានជាប់នៅលើឈើឆ្កាង ដូច ជាជនរងគ្រោះដែលគ្មានកំហុស ដើម្បីរំដោះយើងខ្ញុំ។ សូមឱ្យពន្លឺរបស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ ដើម្បីណែនាំយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀង​ទៅ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ប្រាញ ១,១៣-១៥

ព្រះ‌ជាម្ចាស់​មិន​បាន​បង្កើត​សេចក្តី​ស្លាប់​ទេ ព្រះ‌អង្គ​ក៏​មិន​សព្វព្រះ‌ហឫទ័យ ឱ្យ​សត្វ​លោក​បាត់​បង់​ដែរ។ ព្រះ‌អង្គ​បង្កើត​អ្វីៗ​ទាំង​អស់​ឱ្យ​នៅ​ស្ថិត​ស្ថេរ។ អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើឱ្យ​មាន​ក្នុង​លោក​នេះ សុទ្ធ​តែ​ផ្តល់​ផល​ប្រយោជន៍​សម្រាប់ជីវិត។ ក្នុង​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ គ្មាន​ជាតិ​ពុល​អ្វី​ដែល​បណ្តាល​ឱ្យ​វិនាស​ឡើយ ហើយ​មច្ចុ‌រាជ​ក៏​គ្មាន​អំណាច​គ្រង​រាជ្យ​លើ​ផែន​ដី​ដែរ។ ដ្បិត​សេចក្តីសុចរិត​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប‌ជានិច្ច។

បន្ទរ៖ ដ្បិត​ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំឱ្យ​រួច​ពី​ស្លាប់។
—ហើយ​ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គបានសង្គ្រោះចោរដែលកែប្រែចិត្តគំនិតនៅលើឈើឆ្កាង ចេញពីការរងទុក្ខទៅកាន់អំណរសប្បាយក្នុងព្រះរាជ្យរបស់ព្រះអង្គ។
បពិត្រព្រះអម្ចាស់! នៅពេលយើងខ្ញុំទទួលមរណភាព សូមឱ្យយើងខ្ញុំដែលបានសារភាពអំពើបាបរបស់ខ្លួនមកឯព្រះអង្គ តាមទ្វារនៃស្ថានបរមសុខ ដើម្បីឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះអម្ចាស់!

13 Views

Theme: Overlay by Kaira