ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ខ្ញុំឱ្យវិន័យ​ថ្មីដល់​អ្នក​រាល់​គ្នា គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ (យហ ១៣,៣៤)។

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

៨៩បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គ ស្ថិតស្ថេររហូតតរៀងទៅនៅស្ថានបរមសុខ។
៩០ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ
ព្រះអង្គតែងតាំងផែនដីឱ្យរឹងមាំ ផែនដីក៏នៅស្ថិតស្ថេរដែរ។
៩១អ្វីៗសព្វសារពើ នៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ តាមការសម្រេចនៃព្រះហឫទ័យរបស់ព្រះអង្គ
ដ្បិតអ្វីៗសព្វសារពើសុទ្ធតែក្រោមអំណាចរបស់ព្រះអង្គ។
៩២ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គទេ
ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។
៩៣ទូលបង្គំនឹងមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ
ដ្បិតដោយសារច្បាប់ទាំងនេះ ព្រះអង្គធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។
៩៤ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង!
ដ្បិតទូលបង្គំយកចិត្តទុកដាក់ស្វែងរកច្បាប់របស់ព្រះអង្គ។
៩៥មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ
តែទូលបង្គំនៅតែចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។
៩៦ទូលបង្គំឃើញថា សូម្បីអ្វីៗដែលល្អឥតខ្ចោះ ក៏នឹងមានទីបញ្ចប់ដែរ
ប៉ុន្តែ វិន័យរបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ចូរ​សប្បាយ​រីក‌រាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន (រ៉ូម ១២,១២)។

(ក)

(បទពាក្យ ៧)​

១-បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រកក្រោមម្លប់ជម្រកនៃព្រះអង្គ
កុំឱ្យរូបខ្ញុំត្រូវបាត់បង់ទាំងកិត្តិយសផងអាប់អាសារ
២-ដោយព្រះអង្គមានព្រះហឫទ័យសុចរិតប្រពៃសូមមេត្តា
ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចាសង្គ្រោះជីវ៉ាឱ្យបានរស់
៣-សូមព្រះអង្គទៅជាថ្មដាលាក់ពួនអាត្មាខ្ញុំផុតគ្រោះ
ទ្រង់សព្វព្រះទ័យប្រណីប្រោសជីវិតខ្ញុំរស់បានសុខសាន្ត
៤-ឱព្រះជាម្ចាស់សូមរំដោះខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន
រួចផុតពីដៃជនសាមាន្យមនុស្សទាំងប៉ុន្មានប៉ងយាយី
៥-បពិត្រព្រះជាអម្ចាស់អើយទូលបង្គំនេះហើយផ្ញើជីវី
ជីវិតលើទ្រង់គ្រប់នាទីសង្ឃឹមតាំងពីនៅក្មេងវ័យ
៦-ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ
ព្រះអង្គតែមួយសព្វព្រះទ័យដុសខាត់កែច្នៃខ្ញុំឥតឈប់
៧-មនុស្សម្នាជាច្រើនចេះតែនឹកឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់
តាមពិតខ្ញុំមានព្រះជាម្លប់ជីវិតខ្ញុំស្ងប់រៀងរហូត
៨-ទូលបង្គំតែងពោលពាក្យសរសើរព្រះគ្មានអ្វីស្មើខ្ពស់បំផុត
តម្កើងសិរីទ្រង់រហូតព្រះតែមួយគត់ទាំងយប់ថ្ងៃ
៩-ឥឡូវនេះខ្ញុំចាស់ជរាទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ
មេត្តាកុំបោះបង់ខ្ញុំឡើយកុំទុកខ្ញុំឱ្យនៅឯកា
១០-ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំគេនៅជួបជុំពោលមុសា
អស់អ្នកដែលឃ្លាំចាំប្រហារគេពិភាក្សាយោបល់គ្នា
១១-គេថាព្រះម្ចាស់លែងអើពើលែងការពារមើលថែគាំពារ
ចូរដេញតាមចាប់គាត់គ្រប់គ្នាព្រោះគ្មាននរណាជួយគាត់បាន
១២-ឱព្រះជាម្ចាស់អើយសូមកុំយាងចាកចោលខ្ញុំចេញចាកស្ថាន
សូមយាងមកជួយកុំបីខានឆាប់ៗនឹងបានខ្ញុំធូរស្បើយ
១៣-សូមឱ្យអស់អ្នកដែលប៉ុនប៉ងប្រហារខ្ញុំបង់ត្រូវអន្តរាយ
សាបសូន្យទាំងឈ្មោះបាត់ទាំងកាយកិត្តិយសប្រែក្លាយបាត់សូន្យឈឹង
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

(ខ)

១៤រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ច
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ហើយសរសើរតម្កើងទៀត!
១៥ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្តីសុចរិតរៀងរាល់ថ្ងៃ
និងការសង្គ្រោះរបស់ព្រះអង្គដែលមានចំនួនដ៏ច្រើនឥតគណនា។
១៦បពិត្រព្រះជាអម្ចាស់! ដោយសារព្រះអង្គជួយ
ទូលបង្គំចូលមកក្នុងព្រះដំណាក់
ទូលបង្គំសូមរំលឹកអំពីសេចក្តីសុចរិតរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។
១៧បពិត្រព្រះជាម្ចាស់! ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ
តាំងពីក្មេងរហូតមកទល់ពេលនេះ
ទូលបង្គំនៅតែប្រកាសអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។
១៨ឱព្រះជាម្ចាស់អើយ! ឥឡូវនេះទូលបង្គំចាស់ជរាទៅហើយ
សូមកុំបោះបង់ចោលទូលបង្គំឡើយ!
ដើម្បីឱ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្តារបស់ព្រះអង្គ
ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ
ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយៗដែរ។
១៩បពិត្រព្រះជាម្ចាស់! ព្រះហឫទ័យសុចរិតរបស់ព្រះអង្គខ្ពស់ពន់ពេកណាស់
ដ្បិតព្រះអង្គបានធ្វើការធំដ៏អស្ចារ្យជាច្រើន
បពិត្រព្រះជាម្ចាស់! គ្មាននរណាដូចព្រះអង្គឡើយ!
២០ព្រះអង្គបានធ្វើឱ្យទូលបង្គំជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើនហើយ
ព្រះអង្គមុខជានឹងប្រទានឱ្យយើងខ្ញុំមានជីវិតសាជាថ្មី
ព្រះអង្គនឹងលើកទូលបង្គំឱ្យឡើងពីរណ្តៅមកវិញ។
២១ព្រះអង្គនឹងប្រទានឱ្យទូលបង្គំមានកិត្តិយសកាន់តែខ្ពស់ឡើង
ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។
២២បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងចាប៉ី
ទូលបង្គំនឹងលើកតម្កើងព្រះហឫទ័យដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។
បពិត្រព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល!
ទូលបង្គំនឹងដេញពិណថ្វាយព្រះអង្គផង!
២៣ទូលបង្គំនឹងដេញភ្លេងថ្វាយព្រះអង្គ
ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ
ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។
២៤ទូលបង្គំនឹងថ្លែងអំពីសេចក្តីសុចរិតរបស់ព្រះអង្គជារៀងរាល់ថ្ងៃ
ដ្បិតអស់អ្នកដែលប៉ងប្រាថ្នាឱ្យទូលបង្គំវេទនា
ត្រូវអាប់អោន និងអាម៉ាស់មុខ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រទានអំណាចនៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំមានចិត្តស្មោះត្រង់ ធ្វើតាមព្រះហឫទ័យព្រះអង្គក្នុងជីវិតប្រចាំថ្ងៃផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

15 Views

Theme: Overlay by Kaira