ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះអង្គនឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។

បន្ទរ៖ នៅថ្ងៃនេះ យើងប្រារព្ធថ្ងៃកំណើតរបស់ព្រះនាងព្រហ្មចារិនីម៉ារី ជីវិតដ៏អស្ចារ្យរបស់ព្រះនាងបានបំភ្លឺព្រះសហគមន៍។

បន្ទរ៖ ព្រះនាងម៉ារីប្រៀបបីដូចជាព្រះអាទិត្យរះនៅពេលថ្ងៃត្រង់ ហើយបានប្រសូតពីគ្រួសាររាជវង្ស។ យើងខ្ញុំទូលសូមជំនួយពីការអធិដ្ឋានរបស់ព្រះនាង ដោយអស់ពីចិត្ត និងគំនិត។

បន្ទរ៖ ចូរយើងច្រៀងកោតសរសើរ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត នៅថ្ងៃបុណ្យដ៏វិសុទ្ធនេះ នៃព្រះនាងព្រហ្មចារិនីជាព្រះមាតារបស់ព្រះជាម្ចាស់។

ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!
សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(ខ)

(បទពាក្យ ៧)

៥-ពេលខ្ញុំមានទុក្ខតប់ប្រមល់                         ខ្ញុំអង្វរដល់ព្រះឥតប្រែ
ព្រះម្ចាស់ក៏តបមកវិញដែរទ្រង់ថ្នមបំពេរខ្ញុំបានសុខ
៦-បើព្រះអម្ចាស់គង់នឹងខ្ញុំបាត់អស់ទុក្ខធំចេញពីមុខ
លែងភ័យខ្លាចលែងកើតទុក្ខតើមនុស្សអាចធ្វើអ្វីខ្ញុំបាន
៧-ព្រះអម្ចាស់គង់នៅជាមួយទ្រង់ការពារជួយខ្ញុំសុខសាន្ត
ឃើញអ្នកប្រឆាំងខ្ញុំប៉ុន្មានរត់ប្រាសចាកស្ថានដូចចិត្តប៉ង
៨-មានសង្ឃឹមជ្រកនិងពឹងពាក់មានជំនឿជាក់និងបំណង
លើព្រះម្ចាស់ប្រសើរកន្លងជាងពឹងផ្អែកនឹងមនុស្សក្បាលខ្មៅ 
៩-មានសង្ឃឹមជ្រកនិងពាក់ពឹងមានជំនឿរឹងមាំទាំទៅ
លើព្រះអម្ចាស់ទើបត្រឹមត្រូវជាងយើងពឹងទៅលើអ្នកធំ
១០-ជនជាតិដទៃអ្នកប្រឆាំងបានឡោមព័ទ្ធពាំងលើរូបខ្ញុំ
តែដោយព្រះម្ចាស់អំណាចធំជួយប្រយុទ្ធខ្ញុំបានឈ្នះគេ
១១-គេបានរោមជិតរឹតឡោមព័ទ្ធចង់ចូលសង្កត់ឱ្យខ្ញុំប្រែ
តែដោយព្រះអម្ចាស់មើលថែជួយប្រយុទ្ធដែរខ្ញុំបានជ័យ
១២-វាមកឡោមព័ទ្ធខ្ញុំជុំជិតដូចជាហ្វូងឃ្មុំច្រើនដាសដី
តែវាត្រូវឆេះដូចភ្លើងព្រៃខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ
១៣-ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំងខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ
រកឱ្យព្រះជួយឆាប់រហ័សពេលនោះព្រះម្ចាស់ទ្រង់យាងមក
១៤-ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក
មានព្រះនាមព្រះផុតទុក្ខសោកព្រះអង្គចេញមកច្បាំងការពារ
១៥-មនុស្សសុចរិតចិត្តអង់អាចមិនចេះកោតខ្លាចស្រែកគ្រប់គ្នា
ច្រៀងថ្វាយព្រះអង្គមានឫទ្ធាសម្តែងចេស្តាអានុភាព
១៦-ព្រះអង្គសម្តែងបារមីខ្ពស់ប្រសើរលើសលស់មិនទន់ទាប
ព្រះអង្គបង្ហាញឱ្យគេជ្រាបឫទ្ធានុភាពអស្ចារ្យក្រៃ
១៧-ខ្ញុំត្រូវនៅរស់មានជីវិតមិនត្រូវស្លាប់ផុតចាកលោកីយ៍
ដើម្បីរៀបរាប់ពីសេចក្តីស្នាព្រះហស្តថ្លៃព្រះអម្ចាស់
១៨-ព្រះអង្គប្រដៅវាយអប់រំទះតប់រូបខ្ញុំប្រាកដណាស់
តែទ្រង់ស្រឡាញ់មិនឱ្យប្រាសមិនឱ្យមានគ្រោះឬត្រូវស្លាប់
១៩-ចូរនាំគ្នាបើកទ្វារឱ្យមនុស្សសុចរិតស្រីប្រុសមកប្រញាប់
ខ្ញុំនឹងចូលទៅឱ្យបានឆាប់នឹងថ្លែងរៀបរាប់អរគុណទ្រង់
២០-ទ្វារនេះជាទ្វារព្រះអម្ចាស់សូមជនស្រីប្រុសដើរតម្រង់
អ្នកសុចរិតអើយកុំបង្អង់ទ្វារបើកបម្រុងនៅចាំអ្នក
២១-ខ្ញុំនឹងតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់
តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់
២២-ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំប្រែជារឹងមាំបែរជាកល់
ជើងសសរផ្ទះមាំឥតខ្វល់ល្បីល្បាញឮដល់សព្វជាតិសាសន៍
២៣-ព្រះអង្គសម្រេចការអស្ចារ្យដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់
អស្ចារ្យពេកក្រៃយើងឃើញច្បាស់គួរស្ញប់ស្ញែងណាស់គួរគោរព
២៤-ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់កំណត់ទុកច្បាស់ឱ្យយើងឈប់
នាំគ្នាសប្បាយកុំនៅជ្រប់គ្រប់ភូមិគ្រប់ស្រុកអរទាំងអស់
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

(គ)

២៥ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ!
ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ!
២៦សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
សូមឱ្យពរអ្នករាល់គ្នា។
២៧មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ
ព្រះអង្គបានប្រទានពន្លឺឱ្យយើង
ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួនរហូតដល់ជ្រុងអាសនៈ
២៨ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ!
២៩ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នៅថ្ងៃនេះ យើងប្រារព្ធថ្ងៃកំណើតរបស់ព្រះនាងព្រហ្មចារិនីម៉ារី ជីវិតដ៏អស្ចារ្យរបស់ព្រះនាងបានបំភ្លឺព្រះសហគមន៍។

បន្ទរ៖ ព្រះនាងម៉ារីប្រៀបបីដូចជាព្រះអាទិត្យរះនៅពេលថ្ងៃត្រង់ ហើយបានប្រសូតពីគ្រួសាររាជវង្ស។ យើងខ្ញុំទូលសូមជំនួយពីការអធិដ្ឋានរបស់ព្រះនាង ដោយអស់ពីចិត្ត និងគំនិត។

បន្ទរ៖ ចូរយើងច្រៀងកោតសរសើរ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត នៅថ្ងៃបុណ្យដ៏វិសុទ្ធនេះ នៃព្រះនាងព្រហ្មចារិនីជាព្រះមាតារបស់ព្រះជាម្ចាស់។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) បច ៦,១០

តើ​ស្ត្រីដែល​មាន​សម្ផស្ស ដូច​ពេល​អរុណរះ មាន​រូប​ឆោម​ល្អ​ដូច​ព្រះច័ន្ទ មាន​ពន្លឺរស្មីដូច​ព្រះ‌អាទិត្យ ហើយ​ដូច​ហ្វូងតារា​គួរ​ឱ្យ​ស្ញប់‌ស្ញែង​នេះជា​នរណា?។

បន្ទរ៖ អ្នកណាស្ដាប់ព្រះ‌បន្ទូលរបស់ព្រះជាម្ចាស់
—ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) យឌ ១៣,១៨ខ-១៩

សូម​លើក​តម្កើង​ព្រះជា​អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី គឺ​ព្រះ‌អង្គ​បាន​នាំ​ផ្លូវ​នាង ទៅ​វាយ​ក្បាល​របស់​មេ​ដឹកនាំ​ខ្មាំង​សត្រូវ​យើង។ មនុស្ស​ជំនាន់​ក្រោយ​នឹង​មិន​ភ្លេច​សេចក្ដីសង្ឃឹម​របស់​នាង​ឡើយ ហើយ​ចង​ចាំ​ស្នា​ព្រះហស្ត​របស់​ព្រះជាម្ចាស់ ប្រកប​ដោយ​តេជានុភាព​អស់កល្បជានិច្ច។

បន្ទរ៖ ព្រះនាងព្រហ្មចារិនីម៉ារីមានសុភមង្គលហើយ
—ដ្បិតព្រះនាងបានបង្កើតព្រះបុត្រានៃព្រះបិតា ដែលគង់នៅអស់កល្បជានិច្ច។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) វវ ២១,៣

ខ្ញុំ​ឮ​សំឡេង​បន្លឺយ៉ាង​ខ្លាំងៗ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល​ហ្ន៎ ព្រះពន្លា​របស់​ព្រះជាម្ចាស់ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក​ហើយ! ព្រះអង្គ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​នឹង​ទៅ​ជា​ប្រជារាស្ដ្រ​របស់​ព្រះអង្គ ហើយ​ព្រះជាម្ចាស់​ផ្ទាល់​នឹង​គង់​ជា​មួយ​ពួក​គេ។

បន្ទរ៖ ព្រះអង្គបានប្រទានពរដល់នាងលើសស្រ្តីទាំងឡាយ
—ហើយទ្រង់ក៏ប្រទានពរដល់បុត្រព្រះនាងដែរ។
ពាក្យអធិដ្ឋាន

ឱព្រះជាអម្ចាស់អើយ ! ព្រះអង្គតែងតែប្រទានព្រះអំណោយទានពីស្ថានបរមសុខមកអ្នកបម្រើព្រះអង្គ សូមឱ្យអស់អ្នកដែលបានទទួលការសង្គ្រោះ តាមរយៈកំណើតបុត្រាព្រះនាងម៉ារី បានប្រកបដោយសេចក្តីសុខសាន្តនៅថ្ងៃបុណ្យកំណើតព្រះនាងផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

90 Views

Theme: Overlay by Kaira