រដូវរង់ចាំ
ថ្ងៃអាទិត្យ សប្ដាហ៍ទី៤
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ២៣
គង្វាលដ៏សប្បុរស
កូនចៀមដែលគង់នៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្តល់ជីវិត (វវ ៧,១៧)។
(៩ ព្រឹក)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
(១២ ថ្ងៃត្រង់)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
(៣ រសៀល)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
១ | ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ |
២ | ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក។ |
៣ | ព្រះអង្គប្រទានឱ្យខ្ញុំមានកម្លាំងឡើងវិញ ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។ |
៤ | ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ ព្រះអង្គតាមការពារ និងរក្សាទូលបង្គំជានិច្ច។ |
៥ | ព្រះអង្គរៀបចំពិធីជប់លៀងឱ្យទូលបង្គំ នៅមុខបច្ចាមិត្តរបស់ទូលបង្គំ ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ព្រះអង្គបំពេញពែងទូលបង្គំយ៉ាងហូរហៀរ។ |
៦ | ព្រះអង្គនឹងប្រទានសុភមង្គល និងសម្តែងព្រះហឫទ័យប្រណីសន្តោស មកទូលបង្គំយ៉ាងស្មោះស្ម័គ្រ ជារៀងរាល់ថ្ងៃអស់មួយជីវិត។ ដរាបណាខ្ញុំមានជីវិត នោះខ្ញុំនឹងរស់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៧៦
ពាក្យអរព្រះគុណសម្រាប់ជ័យជម្នះ
គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ (ម៉ាថាយ ២៤,៣០)។
(ក)
(បទពាក្យ ៧)
២- | ព្រះម្ចាស់សម្តែងឱ្យគេស្គាល់ | រូបព្រះអង្គផ្ទាល់នៅយូដា | |
ឯអ៊ីស្រាអែលល្បីអស្ចារ្យ | ព្រះនាមនេះណាឮឆ្ងាយក្រៃ | ។ | |
៣- | ព្រះពន្លាជ័យល្អប៉ប្រឹម | យេរូសាឡឹមក្រុងល្បាញល្បី | |
ដំណាក់ព្រះអង្គដ៏ប្រិមប្រិយ៍ | ស្ថិតនៅលើដីក្រុងស៊ីយ៉ូន | ។ | |
៤- | គឺទីនោះហើយទ្រង់សម្រេច | ព្រះអង្គកម្ទេចឱ្យហ្មត់សូន្យ | |
គ្រឿងសស្ត្រាវុធច្រើនរាប់ផ្លូន | ធ្នូដាវមាំមួនកប់ក្នុងដី | ។ | |
៥- | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ព្រះអង្គជិតជុំដោយសិរី | |
រុងរឿងចិញ្ចែងចិញ្ចាចក្រៃ | ពេលត្រឡប់វៃមកពីភ្នំ | ។ | |
៦- | ទ្រង់ដកអាវុធពីអ្នកច្បាំង | គេហេវហត់ខ្លាំងស្ទើររលំ | |
ទាហានពូកែដេកសំងំ | មិនមកជួបជុំលែងប្រយុទ្ធ | ។ | |
៧- | ឱព្រះនៃលោកយ៉ាកុបអើយ | ទ្រង់គំរាមហើយគេតក់ស្លុត | |
រទេះចំបាំងគាំងរហូត | សេះដើរមិនរួចលែងអង់អាច | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
៨ | ព្រះអង្គអើយ ព្រះអង្គគួរជាទីស្ញែងខ្លាចណាស់! ពេលព្រះអង្គព្រះពិរោធ តើនរណាអាចទ្រាំទ្រនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន? |
៩ | ព្រះអង្គមានព្រះបន្ទូលជំនំជំរះពីលើមេឃមក មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ដោយកោតខ្លាច |
១០ | នៅពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យ ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាននៅលើផែនដី។ |
១១ | ព្រះអង្គធ្វើឱ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ អស់អ្នកដែលនៅសេសសល់ពីសង្គ្រាម នឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។ |
១២ | អស់អ្នកដែលនៅជុំវិញព្រះអង្គអើយ! ចូរបន់ស្រន់ចំពោះព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់ផង! ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច! |
១៣ | ព្រះអង្គបំបាក់អំនួតរបស់ស្តេចនានា ព្រះអង្គធ្វើឱ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដីតក់ស្លុត ស្ញែងខ្លាចព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
(៩ ព្រឹក)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
(១២ ថ្ងៃត្រង់)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
(៣ រសៀល)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) មីក ៥,៣-៤ក
ស្តេចនោះនឹងក្រោកឡើង ហើយដឹកនាំជនជាតិអ៊ីស្រាអែល ដោយព្រះចេស្ដារបស់ព្រះអម្ចាស់ និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់លោក។ អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត ដ្បិតចាប់ពីពេលនេះទៅ ស្តេចនោះមានអំណាចឧត្តុង្គឧត្ដមរហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្តេចនោះហើយដែលផ្តល់សេចក្ដីសុខសាន្ត!។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ហក ២,៦.៩ក
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «បន្តិចទៀត យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីព្រមទាំងសមុទ្រ និងដីគោក កក្រើក។ សិរីរុងរឿងរបស់ដំណាក់ថ្មីនេះនឹងថ្កុំថ្កើងជាងសិរីរុងរឿងរបស់ដំណាក់កាលពីជំនាន់មុនទៅទៀត។
—ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) មគ ៣,២០
រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមក ដូចព្រះអាទិត្យរះលើអ្នករាល់គ្នា ទាំងប្រោសឲ្យអ្នករាល់គ្នាបានជាសះស្បើយផង។ អ្នករាល់គ្នានឹងមានសេរីភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយ ដូចគោដែលចេញពីក្រោល។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គមិនបណ្តោយឲ្យមនុស្សលោកវិនាស អន្តរាយឡើយ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សមានជីវិត ដោយសារព្រះបុត្រាតែមួយរបស់ព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឲ្យអស់អ្នកដែលជឿសង្ឃឹម និងគោរពថ្វាយបង្គំព្រះបុត្រា បានទទួលការសង្គ្រោះពីព្រះអង្គជានិច្ច។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!