ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច”?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិរិយាមាយាទរបស់ខ្លួនបានល្អត្រឹមត្រូវ?
គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១០ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត
សូមកុំបណ្តោយឱ្យទូលបង្គំ វង្វេងចេញឆ្ងាយពីវិន័យរបស់ព្រះអង្គឡើយ!
១១ទូលបង្គំរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គទុកក្នុងចិត្ត
ដើម្បីកុំឱ្យប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។
១២បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គ!
១៣ទូលបង្គំរៀបរាប់អំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានសម្រេចមក។
១៤ទូលបង្គំមានអំណរដោយបានអនុវត្តតាមដំបូន្មានរបស់ព្រះអង្គ
ប្រៀបដូចជាទូលបង្គំបានទទួលទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភដែរ។
១៥ទូលបង្គំនឹងពិចារណាអំពីច្បាប់របស់ព្រះអង្គ
ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។
១៦ទូលបង្គំពេញចិត្តនឹងក្រិត្យវិន័យរបស់ព្រះអង្គ
ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ…ព្រះអង្គទូលសូមព្រះជាម្ចាស់ដែលអាចសង្គ្រោះព្រះអង្គឱ្យរួចពីស្លាប់ (ហប ៥,៧)។

(ក)

(បទពាក្យ ៧)

២-ឱព្រះអម្ចាស់សូមសណ្តាប់ទូលបង្គំប្រាប់សំណូមពរ
ដ៏ត្រឹមល្អត្រូវស្រស់បវរសូមរកយុត្តិធម៌ឱ្យរូបខ្ញុំ
សូមយកព្រះហឫទ័យវែកញែកនិងសូរសម្រែកទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំដែលអង្វរសុំដោយត្រង់ស្មោះ
៣-សូមរកយុត្តិធម៌ឱ្យខ្ញុំផងកុំបីសៅហ្មងឬបង់បោះ
សូមព្រះអង្គទតឱ្យច្បាស់ចុះអ្វីទៅដែលខុសអ្វីត្រឹមត្រូវ
ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ហើយព្រះអង្គត្រាស់ពិនិត្យនូវ
ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅមិនឃើញអាស្រូវឬឆ្គាំឆ្គង
៤-ទូលបង្គំខំយកចិត្តទុកដាក់តាមបន្ទូលជាក់ព្រះអង្គផង
ហើយប្រព្រឹត្តខ្លួនមិនឱ្យហ្មងដូចមនុស្សយង់ឃ្នងឯទៀតឡើយ
៥-ទូលបង្គំខំដើរតាមមាគ៌ានៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ
ក៏បោះជំហានដើរតាមក្រោយដោយមិនថ្លោះធ្លោយលំអៀងបែរ
៦-ឱព្រះអម្ចាស់នៃខ្ញុំអើយខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ
ហៅរកព្រះម្ចាស់មិនបែកបែរសូមកុំងាករេផ្ទៀងព្រះកាណ៌
៧-ព្រះអង្គតែងតែសង្គ្រោះអ្នកដែលមកជ្រកស្នាក់ដោយមេត្តា
ក្រោមម្លប់បារមីដ៏អស្ចារ្យឱ្យរួចពីការគាបសង្កត់
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

(ខ)

សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក
សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា
សូមកុំឱ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ
កុំឱ្យខ្មាំងសត្រូវមកឡោមព័ទ្ធ ប្រល័យជីវិតទូលបង្គំបានឡើយ។
១០អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ
មាត់គេពោលចេញមកសុទ្ធតែពាក្យអួតព្រហើន
១១ពួកគេដេញតាមទូលបង្គំទាន់ គេឡោមព័ទ្ធទូលបង្គំទៀតផង
គេសម្លក់សម្លឹងមកទូលបង្គំ បម្រុងនឹងប្រហារជីវិតទូលបង្គំ
១២ពួកគេប្រៀបបីដូចជាសិង្ហដែលរង់ចាំតែហែកស៊ី
គេដូចជាសត្វសាហាវដែលពួនចាំចាប់រំពា។
១៣ឱព្រះអម្ចាស់អើយ! សូមតើនឡើង!
សូមយាងទៅប្រឈមមុខនឹងពួកគេ ឱ្យពួកគេបរាជ័យ!
សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះទូលបង្គំ
ឱ្យរួចពីកណ្តាប់ដៃរបស់ជនពាល។
១៤ឱព្រះអម្ចាស់អើយ! សូមព្រះអង្គយកឫទ្ធិបារមីរបស់ព្រះអង្គ
ដេញពួកគេចេញពីចំណោមមនុស្សលោក។
សូមដាក់ទោសពួកគេឱ្យវិនាសអន្តរាយ
សូមឱ្យពួកគេរងទុក្ខវេទនាយ៉ាងខ្លាំង អស់មួយជីវិត តាំងពីកូនរហូតដល់ចៅ។
១៥ចំពោះទូលបង្គំវិញ ទូលបង្គំប្រព្រឹត្តតាមសេចក្តីសុចរិត
ទូលបង្គំនឹងឃើញព្រះភក្ត្រព្រះអង្គ ពេលទូលបង្គំភ្ញាក់ពីដំណេក
ទូលបង្គំនឹងស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច”?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អស ២,១១

ព្រះ‌អង្គ​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើន ព្រះ‌អង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួត‌អាង។
នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេដែល​មនុស្ស​ត្រូវ​លើក​តម្កើង។

បន្ទរ៖ សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះ‌អម្ចាស់។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អស ១២,២

ព្រះជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​ផ្ញើជីវិត​លើ​ព្រះ‌អង្គ ខ្ញុំ​លែង​ភ័យខ្លាច​ទៀត​ហើយ
ដ្បិត​ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ»។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ សូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូល‌បង្គំ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ដន ៩,១៩

ព្រះ‌អម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង! ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទី‌ក្រុង និង​ប្រជារាស្ដ្រ​នេះ ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ”។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ !
ព្រះអង្គត្រាស់ហៅយើងខ្ញុំឲ្យមកជួបជុំគ្នានៅទីនេះ
ដើម្បីរង់ចាំព្រះបុត្រាយាងមក។
សូមព្រះអង្គមេត្តាតម្រង់ចិត្តគំនិតរបស់យើងខ្ញុំឲ្យបានស្អាតបរិសុទ្ធ
ហើយទទួលយើងខ្ញុំឲ្យចូលរួមជាមួយព្រះគ្រីស្តដែលយាងមក។
នៅពេលនោះ សូមព្រះអង្គមេត្តាអាណិតអាសូរយើងខ្ញុំផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់
សូមអរព្រះគុណព្រះជាម្ចាស់ !

103 Views

Theme: Overlay by Kaira