ថ្ងៃអាទិត្យ
Sunday
ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!
ឱ! ព្រះបិតាដ៏ឧត្តមអេីយ
១ | ឱ! ព្រះបិតាដ៏ឧត្តមអើយ | ថ្ងៃជិតលិចហើយសូមទ្រង់មេត្តា | |
ណែនាំយើងខ្ញុំឱ្យខំធ្វើការ | ដល់យប់កាលណានឹងបានធូរស្បើយ | ។ | |
២ | សូមជួយយើងខ្ញុំឱ្យចេះកែខ្លួន | កាន់ចិត្តមាំមួនកុំរលាយឡើយ | |
កុំឱ្យត្អូញត្អែរក្នុងការហត់នឿយ | តែខំបង្ហើយដោយក្តីឧស្សាហ៍ | ។ | |
៣ | សូមជួយយើងខ្ញុំឱ្យមានចិត្តត្រង់ | ជឿតែព្រះអង្គគ្រប់ពេលវេលា | |
បើយើងខ្ញុំភ្លេចមួយដងមួយគ្រា | សូមទ្រង់មេត្តាកុំចាប់ទោសពៃរ៍ | ។ | |
៤ | សូមព្រះបិតាទ្រង់ប្រោសប្រទាន | ឱ្យអ្នកស្រេកឃ្លានបានភោជន៍ចំណី | |
បានឆ្អែតគ្រប់គ្នាជាប្រក្រតី | បានសុខសួស្តីសិរីមង្គល | ។ |
ទំនុកតម្កើងលេខ ៩១ នៅក្រោមម្លប់បារមីព្រះដ៏ខ្ពង់ខ្ពស់បំផុត
ខ្ញុំទុកសេចក្ដីសុខសាន្តឱ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឱ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្តដែលខ្ញុំផ្ដល់ឱ្យនេះ មិនដូចសេចក្ដីសុខសាន្តដែលមនុស្សលោកឱ្យទេ។ ចូរកុំរន្ធត់ចិត្ត កុំភ័យខ្លាចឱ្យសោះ (យហ ១៤,២៧)។
រដូវធម្មតា និងរដូវត្រណម | ព្រះអម្ចាស់នឹងការពារអ្នក ហេីយនៅពេលយប់ អ្នកនឹងមិនភ័យខ្លាចភាពអាសន្នឡេីយ។ |
រដូវរង់ចាំ និងបុណ្យឱឡារិក | ព្រះអង្គជាជំរក និងជាកំពែងការពារទូលបង្គំ។ |
រដូវបុណ្យណូអែល | ចូរពិនិត្យមេីល អ្នកនឹងឃេីញថា អ្នកនឹងទទួលការសង្រេ្គាះ។ |
រដូវបុណ្យចម្លង | អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា! |
១ | អ្នកណារស់នៅក្រោមការគ្រប់គ្រងរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមីរបស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់។ |
២ | ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាជម្រក និងជាកំពែងការពារទូលបង្គំ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះអង្គ! |
៣ | ព្រះអម្ចាស់រំដោះអ្នកឱ្យរួចផុតពីអន្ទាក់ ឱ្យរួចផុតពីជំងឺរាតត្បាតផ្សេងៗ។ |
៤ | ព្រះអង្គនឹងការពារអ្នក អ្នកអាចជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ប្រៀបបីដូចជាខែល និងអាវក្រោះការពារអ្នក។ |
៥ | នៅពេលយប់ អ្នកនឹងមិនភ័យខ្លាចគ្រោះថ្នាក់ដែលគួរឱ្យតក់ស្លុតនោះឡើយ នៅពេលថ្ងៃ អ្នកក៏នឹងមិនភ័យខ្លាចព្រួញដែលគេបាញ់មកដែរ។ |
៦ | អ្នកនឹងមិនភ័យខ្លាចគ្រោះកាចនៅយប់ងងឹត ហើយក៏មិនភ័យខ្លាចមហន្តរាយនៅពេលថ្ងៃត្រង់ដែរ។ |
៧ | ទោះបីមានមនុស្សមួយពាន់នាក់ដួលស្លាប់នៅជិតអ្នក ហើយមានមនុស្សមួយម៉ឺននាក់ស្លាប់នៅខាងស្តាំអ្នកក្តី ក៏គ្មានអ្វីអាចប៉ះពាល់អ្នកឡើយ។ |
៨ | ចូរសម្លឹងមើល អ្នកនឹងឃើញថា តើមនុស្សអាក្រក់ទទួលទោសយ៉ាងណា។ |
៩ | ព្រះអម្ចាស់ជាជម្រករបស់អ្នក អ្នកបានមកជ្រកកោនក្រោមម្លប់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ |
១០ | គ្មានទុក្ខវេទនាណាមួយកើតមានដល់អ្នកឡើយ ហើយក៏គ្មានគ្រោះកាចណាមួយចូលទៅជិតទីលំនៅរបស់អ្នកដែរ |
១១ | ដ្បិតព្រះអម្ចាស់នឹងបញ្ជាឱ្យពួកទេវទូតជួយអ្នក ពួកទេវទូតនឹងការពារអ្នកនៅគ្រប់ទីកន្លែងដែលអ្នកទៅ។ |
១២ | ទេវទូតទាំងនោះនឹងចាំទ្រអ្នក មិនឱ្យជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ។ |
១៣ | អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក អ្នកនឹងជាន់ឈ្លីកូនសិង្ហ និងនាគ។ |
១៤ | ព្រះអម្ចាស់មានព្រះបន្ទូលថា: «ដោយគេស្ថិតនៅជាប់នឹងយើង យើងនឹងជួយរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ថាយើងជាព្រះអម្ចាស់! |
១៥ | គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញនៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។ |
១៦ | យើងនឹងឱ្យគេមានអាយុយឺនយូរ ហើយយើងនឹងឱ្យគេឃើញថា យើងពិតជាព្រះសង្គ្រោះមែន»។ |
សូមកេាតសរសេីរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គគង់នៅតាំងពីដេីមរៀងមក ហេីយជាដរាបតរៀងទៅ។ អាម៉ែន។ |
ទំនុកតម្កើងលេខ ៩១ (៩០) បទកាកគតិ
១ | អ្នកដែលរស់ក្រោម | ការថែគ្រប់គ្រង | របស់ព្រះម្ចាស់ |
ជាព្រះខ្ពង់ខ្ពស់ | វិសុទ្ធពេកណាស់ | មានឫទ្ធិតេជះ | |
បារមីខ្លាំងក្រៃ ។ | |||
២ | ខ្ញុំសូមទូលថាៈ | «ព្រះអម្ចាស់ជា | ជម្រកយប់ថ្ងៃ |
និងជាកំពែង | ជ្រកកោនផុតភ័យ | មិនបង្អង់អី | |
ផ្ញើកាយជីវិត» ។ | |||
៣ | ព្រះម្ចាស់តែងតែ | ជួយមិនគេចកែ | ឱ្យអ្នករួចផុត |
ចេញពីអន្ទាក់ | ពួកជនទុច្ចរិត | ជំងឺរាតត្បាត | |
ចង្រៃឧបទ្រព ។ | |||
៤ | ទ្រង់នឹងការពារ | រូបអ្នកគ្រប់គ្នា | នៅជ្រកក្រោមម្លប់ |
បារមីព្រះអង្គ | ទាំងថ្ងៃទាំងយប់ | ឥតមានឈរឈប់ | |
ម្លប់ដ៏ត្រជាក់ ។ | |||
ព្រះហឫទ័យ | មេត្តាប្រណី | មិនដែលថ្នាំងថ្នាក់ | |
របស់ព្រះអង្គ | ជួយការពារអ្នក | ជាអាវក្រោះពាក់ | |
របស់អ្នកហើយ ។ | |||
៥ | នៅពេលរាត្រី | អ្នកនឹងមិនភ័យ | អំពីអ្វីឡើយ |
អាសន្នគ្រប់យ៉ាង | ចៀសផុតធូរស្បើយ | ពេលថ្ងៃក៏ដោយ | |
ក៏អាចរួចផុត ។ | |||
៦ | អ្នកនឹងមិនអាច | ជួបគ្រោះកំណាច | ក្នុងយប់ងងឹត |
ទាំងមហន្តរាយ | ទោះនៅឆ្ងាយជិត | ថ្ងៃត្រង់ក៏ផុត | |
មិនអាចជួបសោះ ។ | |||
៧ | ទោះបីជាមាន | មនុស្សម៉ឺនពាន់ | ដេកស្លាប់ទាំងអស់ |
ក៏មិនមានអ្វី | មកប៉ះអ្នកសោះ | ផុតអស់ទុក្ខគ្រោះ | |
គ្មានព្រួយភិតភ័យ ។ | |||
៨ | បើអ្នកពិនិត្យ | មើលឱ្យបានជិត | ឃើញច្បាស់ដូចថ្ងៃ |
ពីពួកមនុស្ស | អបលក្ខណ៍អប្រីយ៍ | រងទោសរាល់ថ្ងៃ | |
មិនមានអាក់ខាន ។ | |||
៩ | ព្រះអម្ចាស់ជា | ជម្រកពន្លា | គ្មានអ្វីស្មើបាន |
អ្នកជ្រកក្រោមម្លប់ | ព្រះខ្ពស់ហួសស្មាន | វិសុទ្ធថ្កើងថ្កាន | |
នៅលើលោកីយ៍ ។ | |||
១០ | គ្មានទុក្ខវេទនា | ណាមកពាធា | ធ្វើឱ្យអ្នកភ័យ |
ទោះជាគ្រោះកាច | ឧបសគ្គចង្រៃ | ចូលមិនបានអី | |
ដល់លំនៅអ្នក ។ | |||
១១ | ដ្បិតព្រះអម្ចាស់ | នឹងបញ្ជាច្បាស់ | ទេវទូតគ្រប់ថ្នាក់ |
តាមជួយរក្សា | ការពាររូបអ្នក | គ្រប់ទីសំណាក់ | |
ដែលអ្នកនឹងនៅ ។ | |||
១២ | ទេវទូតយកដៃ | ចាំទ្រថ្នមបី | មិនឱ្យហ្មងសៅ |
លើកអ្នកឱ្យឈរ | រឹងប៉ឹងពេកកូវ | មិនឱ្យជើងត្រូវ | |
ទង្គិចថ្មឡើយ ។ | |||
១៣ | អ្នកនឹងដើរជាន់ | សត្វមានរាប់ពាន់ | នៅជិតបង្កើយ |
សត្វគោកសត្វទឹក | សត្វព្រៃក៏ដោយ | ជាន់សិង្ហពស់ហើយ | |
ទាំងសត្វនាគខ្លា ។ | |||
១៤ | ព្រះអម្ចាស់មាន | ព្រះបន្ទូលថ្កាន | យ៉ាងច្បាស់មកថា |
យើងនឹងចេញមុខ | រំដោះរងការ | ដ្បិតគេស្គាល់ថា | |
យើងជាព្រះគេ ។ | |||
១៥ | បើគេស្រែករក | ហៅយើងឱ្យមក | យើងតបមិនរេ |
ពេលមានអាសន្ន | យើងនៅនឹងគេ | ឥតមានបែកបែរ | |
ទាំងថ្កើងគេផង ។ | |||
១៦ | យើងឱ្យគេបាន | រស់នៅសុខសាន្ត | យូរឆ្នាំកន្លង |
អាយុយឺនយូរ | មិនឱ្យមានហ្មង | ឱ្យគេដឹងផង | |
ថាយើងសង្គ្រោះ ។ | |||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
ដែលគង់ជានិច្ច ។ |
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ២២,៤-៥)
គេនឹងឃើញព្រះភក្ត្រព្រះអង្គ ហើយនៅលើថ្ងាសគេក៏មានដៅព្រះនាមព្រះអង្គដែរ។ នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះអាទិត្យទៀតដែរ ដ្បិតព្រះជាអម្ចាស់ព្រះអង្គជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។
- សូមបែរព្រះភក្រមកទតអ្នកបម្រើរបស់ព្រះអង្គ។
- សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)
រដូវធម្មតា | បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុងដេកលង់លក់ ដូច្នេះយើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។ |
រដូវរង់ចាំ | អ្នកនឹងឃើញព្រះគ្រីស្តជាព្រះសង្គ្រោះរបស់អ្នក មុនពេលអ្នកត្រូវស្លាប់។ |
រដូវបុណ្យណូអែល | ខ្ញុំបានឃើញព្រះសង្គ្រោះដោយផ្ទាល់នឹងភ្នែក ព្រះអង្គជាពន្លឺបំភ្លឺមនុស្សលោក។ |
រដូវត្រណម | បពិត្រព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការ ព្រះអង្គជាព្រះដ៏វិសុទ្ធ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! សូមឱ្យធម៌មេត្តាករុណារបស់ព្រះអង្គស្ថិតនៅជាមួយយើងខ្ញុំ។ |
រដូវបុណ្យចម្លង | ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! ព្រះអង្គប្រទានឱ្យយើងខ្ញុំបានពោរពេញដោយព្រះពន្លឺរបស់ព្រះអង្គ អាលេលូយ៉ា!។ |
២៩ | «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ |
៣០ | ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ |
៣១ | ដែលព្រះអង្គបានប្រទានមកឱ្យ ប្រជាជាតិទាំងអស់ |
៣២ | គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ដ្រព្រះអង្គ»។ |
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។ |
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២ (បទពាក្យ ៧)
២៩ | “បពិត្រព្រះម្ចាស់ជាចៅហ្វាយ | ពេលនេះឯងហើយទ្រង់សម្រេច | |
តាមព្រះបន្ទូលគ្មានកលកិច្ច | សន្យាឥតភ្លេចលុះឥឡូវ | ។ | |
ដូច្នេះសូមឱ្យរូបខ្ញុំជា | បំរើគ្រប់គ្រាផុតហ្មងសៅ | ||
សូមឱ្យខ្ញុំចាកលោកនេះទៅ | ខ្ញុំបានជួបនូវក្តីសុខសាន្ត | ។ | |
៣០ | ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ | ពីការសង្គ្រោះមិនដែលខាន | |
៣១ | ដែលព្រះអង្គទ្រង់ប្រោសប្រទាន | ដល់ប្រជាជនគ្រប់ជាតិសាសន៍ | ។ |
៣២ | គឺជាពន្លឺដែលនាំឱ្យ | គ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់ | |
និងជាសិរីរុងរឿងច្បាស់ | អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះរាជបុត្រា ព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាជាអម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត! ព្រះបន្ទូលដែលជាពន្លឺអស់កល្បជានិច្ចបានបំភ្លឺភ្នែករបស់យើងខ្ញុំ។ យប់នេះ សូមព្រះអង្គរក្សាការពារវិញ្ញាណរបស់យើងខ្ញុំដោយសុខសាន្តផង ហើយនៅពេលដែលជីវិតរបស់ខ្ញុំផុតរលត់ទៅ សូមឱ្យយើងខ្ញុំបានចូលទៅក្នុងស្ថានបរមសុខ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។
សូមព្រះអម្ចាស់ គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធរក្សាការពារ និងប្រទានព្រះពរឱ្យយើងខ្ញុំផង។ អាម៉ែន។