ថ្ងៃសៅរ៍
Saturday
ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!
ពេលសូរិយាលន់លិច
១ | នៅវេលាដែលសូរិយាលន់លិច | យើងខ្ញុំទាំងឡាយរួមគ្នានៅទីនេះ | |
ដើម្បីសូមព្រះជាម្ចាស់យាងមក | រក្សាដោយព្រះហឫទ័យប្រណីមេត្តា | ។ | |
២ | យើងខ្ញុំសូមថ្វាយឆ្ពោះព្រះជាម្ចាស់ | នូវការងារដែលយើងខ្ញុំធ្វើថ្ងៃនេះ | |
បើយើងខ្ញុំប្រព្រឹត្តខុសនឹងព្រះអង្គ | សូមទ្រង់មេត្តាលើកលែងទោសឱ្យយើងខ្ញុំ | ។ | |
៣ | យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ | ដែលបានរក្សាយើងខ្ញុំក្នុងថ្ងៃនេះ | |
សូមការពារយើងខ្ញុំក្នុងរាត្រីនេះ | សូមឱ្យយើងខ្ញុំបានឈ្នះកិច្ចកលអារក្ស | ។ |
ទំនុកតម្កើងលេខ ៤ ព្រះជាម្ចាស់ធ្វើឱ្យខ្ញុំរស់នៅដោយសុខដុមរមនា
«កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានព្រះរាជ្យមកឱ្យអ្នករាល់គ្នាហើយ» (លក ១២,៣២)។
រដូវធម្មតា និងរដូវរង់ចាំ | ឱព្រះអម្ចាស់អើយ! សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង! |
រដូវបុណ្យណូអែល | សូមប្រោសឱ្យយើងខ្ញុំឃើញពន្លឺថ្ងៃតទៅទៀត។ តើនរណានាំសុភមង្គលមកឱ្យយើងខ្ញុំ? |
រដូវត្រណម | ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ សូមព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។ |
រដូវបុណ្យចម្លង | អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា! |
បុណ្យឱឡារិក | ពេលទូលបង្គំចូលដំណេក ទូលបង្គំដេកលក់ដោយសុខសាន្ត។ |
២ | ឱព្រះជាម្ចាស់ដែលរកយុត្តិធម៌ឱ្យទូលបង្គំអើយ! ពេលទូលបង្គំដង្ហោយហៅរកព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង! ពេលទូលបង្គំមានទុក្ខធុរៈ ព្រះអង្គបានធ្វើឱ្យទូលបង្គំធូរស្បើយ។ សូមអាណិតមេត្តាទូលបង្គំ សូមព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំផង។ |
៣ | មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? |
៤ | ត្រូវដឹងថា ព្រះអម្ចាស់តែងតែប្រោសប្រណីមនុស្សស្មោះត្រង់ ពេលណាខ្ញុំស្រែកអង្វររកព្រះអម្ចាស់ ព្រះអង្គព្រះសណ្ដាប់ខ្ញុំជានិច្ច។ |
៥ | បើអ្នករាល់គ្នាច្រឡោតខឹង មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ |
៦ | ចូរថ្វាយយញ្ញបូជាដ៏សុចរិត ហើយពឹងផ្អែកលើព្រះអម្ចាស់ចុះ។ |
៧ | មនុស្សជាច្រើនពោលថា: តើនរណានាំសុភមង្គលមកឱ្យយើងខ្ញុំ? ព្រះអម្ចាស់អើយ សូមទតមកយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសផង! |
៨ | ព្រះអង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។ |
៩ | ពេលទូលបង្គំចូលដំណេក នោះទូលបង្គំនឹងដេកលក់ដោយសុខសាន្តភ្លាម ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ ដែលធ្វើឱ្យទូលបង្គំរស់នៅដោយសុខដុមរមនា។ |
ទំនុកតម្កើងលេខ ៤ (បទពាក្យ ៧)
២ | ឱព្រះអម្ចាស់ថ្លៃបវរ | ដែលរកយុត្តិធម៌ឱ្យយើងខ្ញុំ | |
ពេលទូលបង្គំអង្វរសុំ | សូមតបមកខ្ញុំកុំបង្អង់ | ។ | |
ពេលយើងខ្ញុំមានទុក្ខធុរៈ | ព្រះអង្គថ្នមថ្នាក់មិនឱ្យឆ្គង | ||
យើងបានធូរស្បើយផុតសៅហ្មង | សូមសណ្តាប់ផងដោយមេត្តា | ។ | |
៣ | តើពួកមនុស្សទាំងអស់នោះ | ជាន់ឈ្លីកិត្តិយសខ្ញុំដល់ណា | |
ហើយចូលចិត្តអ្វីមិនបានការ | និយាយមុសាដល់ណាទៀត | ? | |
៤ | ត្រូវដឹងថាព្រះជាអម្ចាស់ | តែងប្រណីប្រោសមិនរវាត | |
ពេលខ្ញុំស្រែករកព្រះអង្គឆ្លៀត | ស្តាប់ខ្ញុំមិនឃ្លាតជាប់ជានិច្ | ។ | |
៥ | ចូរស្អប់អំពើណាអាក្រក់ | ស្មោកគ្រោកកខ្វក់មានកលល្បិច | |
កុំប្រព្រឹត្តបាបទោះច្រើនតិច | ពេលដេកកុំភ្លេចពិចារណា | ។ | |
៦ | ថ្វាយយញ្ញបូជាតាមវិន័យ | ពឹងផ្អែកក្សត្រថ្លៃគ្រងលោកា | |
លះបង់ឱ្យអស់ក្តីមុសា | ថ្វាយ កាយ វាចា ចិត្ត ស្មោះត្រង់ | ។ | |
៧ | មានមនុស្សជាច្រើនតែងពោលថា | តើមាននរណានាំតម្រង់ | |
សុភមង្គលដ៏ត្រចង់ | ឱ្យយើងខ្ញុំផងសូមទតចុះ | ។ | |
៨ | ព្រះអង្គបានដាក់ក្តីអំណរ | សប្បាយអបអរចិត្តស្រស់បស់ | |
ជាងពេលប្រមូលផលទាំងអស់ | និងពេលច្រូតបេះផលផ្លែផ្ | ។ | |
៩ | ពេលទូលបង្គំចូលដំណេក | ទូលបង្គំដេកស្កប់កាយា | |
ព្រះអង្គឱ្យមនុស្សក្នុងលោកា | បានសុខរមនាតទៅអើយ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះរាជបុត្រា ព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ១៣៤ លើកដៃប្រណម្យទៅរកទីសក្ការៈ
នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានពេញមួយយប់ (លក ៦,១២)។
រដូវធម្មតា និងបុណ្យឱឡារិក | អ្នកបម្រើរបស់ព្រះអម្ចាស់អើយ! ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ។ |
រដូវរង់ចាំ | ទោះបីងងឹតយ៉ាងណាក្តី ចំពោះព្រះអង្គក៏នៅតែភ្លឺដដែល។ |
រដូវបុណ្យណូអែល | ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមនុស្សទៀងត្រង់។ |
រដូវត្រណម | ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្រ្គោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ។ |
រដូវបុណ្យចម្លង | អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា! |
១ | អស់អ្នកដែលបម្រើព្រះអម្ចាស់ ហើយស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអង្គនាពេលយប់អើយ ចូរនាំគ្នាមកសរសើរតម្កើងព្រះអម្ចាស់! |
២ | ចូរលើកដៃប្រណម្យទៅរកទីសក្ការៈ ចូរសរសើរតម្កើងព្រះអម្ចាស់! |
៣ | សូមព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ្នកពីក្រុងស៊ីយ៉ូន!។ |
ទំនុកតម្កើងលេខ ១៣៤ (បទពាក្យ ៧)
១ | អស់អ្នកបម្រើព្រះអម្ចាស់ | នៅក្នុងដំណាក់ពេលរាត្រី | |
នាំគ្នាតម្កើងព្រះម្ចាស់ថ្ងៃ | ដ៏ខ្ពង់ខ្ពស់ក្រៃពេកអស្ចារ្យ | ។ | |
២ | ចូរលើកដៃឡើងហើយប្រណម្យ | បែរទៅឱ្យចំទីសក្ការ | |
ចូរច្រៀងសរសើរដោយជ្រះថ្លា | ថ្កើងព្រះចេស្តានៃព្រះអង្គ | ។ | |
៣ | សូមព្រះអម្ចាស់ដែលបង្កើត | មេឃដីល្អឆើតកុំរេរង់ | |
សូមប្រទានពរដល់អ្នកផង | ពីក្រុងស៊ីយ៉ូនមកកុំខាន | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះរាជបុត្រា ព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៦,៤-៧)
អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ ជាព្រះរបស់យើង មួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។ ត្រូវទុកឱ្យព្រះបន្ទូលដែលខ្ញុំប្រគល់ដល់អ្នកនៅថ្ងៃនេះ ដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច។ ចូរបង្រៀនកូនចៅរបស់អ្នកអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយឱ្យវាស្ដាប់ ពេលអ្នកនៅផ្ទះ ពេលធ្វើដំណើរ ពេលចូលដំណេក និងពេលក្រោកពីដំណេក។
បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។
- ព្រះជាម្ចាស់នឹងរក្សាសម្ពន្ធមេត្រីដែលព្រះអង្គចងជាមួយទូលបង្គំ ដោយមិនប្រែប្រួលឡើយ។
- សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)
រដូវធម្មតា | បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុងដេកលង់លក់ ដូច្នេះយើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។ |
រដូវរង់ចាំ | អ្នកនឹងឃើញព្រះគ្រីស្តជាព្រះសង្គ្រោះ របស់អ្នក មុនពេលអ្នកត្រូវស្លាប់។ |
រដូវបុណ្យណូអែល | ខ្ញុំបានឃើញព្រះសង្គ្រោះដោយផ្ទាល់នឹងភ្នែក ព្រះអង្គជាពន្លឺបំភ្លឺមនុស្សលោក។ |
រដូវត្រណម | បពិត្រព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការ ព្រះអង្គជាព្រះដ៏វិសុទ្ធ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! សូមឱ្យធម៌មេត្តាករុណារបស់ព្រះអង្គស្ថិតនៅជាមួយយើងខ្ញុំ។ |
រដូវបុណ្យចម្លង | ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! ព្រះអង្គប្រទានឱ្យយើងខ្ញុំបានពោរពេញដោយព្រះពន្លឺរបស់ព្រះអង្គ អាលេលូយ៉ា!។ |
២៩ | «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ |
៣០ | ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ |
៣១ | ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់ |
៣២ | គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ដ្រព្រះអង្គ»។ |
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។ |
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន លក ២,២៩-៣២ (បទពាក្យ ៧)
២៩ | “បពិត្រព្រះម្ចាស់ជាចៅហ្វាយ | ពេលនេះឯងហើយទ្រង់សម្រេច | |
តាមព្រះបន្ទូលគ្មានកលកិច្ច | សន្យាឥតភ្លេចលុះឥឡូវ | ។ | |
ដូច្នេះសូមឱ្យរូបខ្ញុំជា | បំរើគ្រប់គ្រាផុតហ្មងសៅ | ||
សូមឱ្យខ្ញុំចាកលោកនេះទៅ | ខ្ញុំបានជួបនូវក្តីសុខសាន្ត | ។ | |
៣០ | ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ | ពីការសង្គ្រោះមិនដែលខាន | |
៣១ | ដែលព្រះអង្គទ្រង់ប្រោសប្រទាន | ដល់ប្រជាជនគ្រប់ជាតិសាសន៍ | ។ |
៣២ | គឺជាពន្លឺដែលនាំឱ្យ | គ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់ | |
និងជាសិរីរុងរឿងច្បាស់ | អ៊ីស្រាអែលជារាស្ត្រនៃព្រះអង្គ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះរាជបុត្រា ព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ព្រះគ្រី និងបានរំដោះព្រះអង្គឱ្យរួចពីសេចក្តីស្លាប់។ សូមព្រះអង្គកុំបណ្តោយឱ្យដួងចិត្តរបស់យើងខ្ញុំខ្វល់ខ្វាយឡើយ សូមឱ្យយើងខ្ញុំមានសេចក្តីសង្ឃឹមលើព្រះអង្គ នៅពេលយើងខ្ញុំស្ថិតនៅក្នុងទីងងឹត។ សូមបំពេញបំណងយើងខ្ញុំដោយព្រះហឫទ័យសប្បុរស ហើយសូមឱ្យយើងខ្ញុំរង់ចាំពន្លឺនៃការរស់ឡើងវិញ ដោយភាពស្ងៀមស្ងាត់ និងសេចក្តីសុខសាន្ត។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។
សូមព្រះអម្ចាស់ប្រទានព្រះពរឱ្យយើងខ្ញុំ ហើយសូមឱ្យយើងខ្ញុំបានប្រកបដោយសេចក្តីសុខសាន្តជានិច្ចពីព្រះអង្គផង។ អាម៉ែន។