ការអប់រំជំនឿយុវជន
Youth Catechism

ប្រែសម្រួលជាភាសាខ្មែរដោយ លោក វី សំណាង

វគ្គទី១​
ធម៌ប្រកាសជំនឿ

ភាគទី១៖ ហេតុអ្វីបានជាយើងជឿ? (១-២៤)

ភាគទី១
ហេតុអ្វីបានជាយើងជឿ?

១.តើយើងរស់នៅលើផែនដីនេះដើម្បីអ្វី?

យើងរស់នៅលើផែនដីនេះដើម្បីដឹង និងស្រលាញ់ព្រះជាម្ចាស់ ដើម្បីប្រព្រឹត្តល្អតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងដើម្បីចូលទៅក្នុងស្ថានបរមសុខនៅថ្ងៃណាមួយ។ [1-3,358]

២. ហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតយើងមក?

ព្រះជាម្ចាស់បង្កើតយើងមកដោយសារព្រះអង្គសព្វព្រះហឫទ័យស្រលាញ់យើងដោយស្ម័គ្រចិត្ត និងមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ព្រះអង្គឡើយ។ [1-3]

ជំពូកទី១
មនុស្សអាចស្គាល់ព្រះជាម្ចាស់បាន

៣.ហេតុអ្វីបានជាយើងត្រូវស្វែងរកព្រះជាម្ចាស់?

ព្រះជាម្ចាស់បានដាក់ក្នុងជម្រៅចិត្តរបស់មនុស្សនូវបំណងប្រាថ្នាចង់ស្វែងរក និងស្គាល់ព្រះជាម្ចាស់។ សន្ត អហ្គូស្ទីននិយាយថា ៖ "ព្រះជាម្ចាស់បានបង្កើតយើងមកដើម្បីព្រះអង្គ ហើយចិត្តទូលបង្គំនឹងមិនសម្រាក ដរាបណាបានសម្រាកយ៉ាងសុខសាន្តក្នុងអង្គព្រះជាម្ចាស់។ " បំណងប្រាថ្នាចង់ស្វែងរកព្រះជាម្ចាស់នេះ យើងហៅថា សាសនា​។ [27-30]

៤.តើយើងអាចប្រើវិចារណញាណ ដើម្បីដឹងថាព្រះជាម្ចាស់មានព្រះជន្មគង់នៅ (Existence) បានដែរឬទេ?

យើងអាចប្រើវិចារណញាណរបស់យើង ដើម្បីទទួលស្គាល់ថាព្រះជាម្ចាស់ពិតជាមានព្រះជន្មគង់នៅ (Existence) ពិតមែន។ [31-36,44-47]

៥.ហេតុអ្វីបានជាមានមនុស្សមួយចំនួនមិនទទួលស្គាល់វត្តមាន (Existence) របស់ព្រះជាម្ចាស់ ខណៈពេលដែលវិចារណញាណរបស់មនុស្សអាចដឹងថាព្រះជាម្ចាស់ពិតជាមានព្រះជន្មគង់នៅដូច្នេះ ?

ដើម្បីជឿលើព្រះជាម្ចាស់ដែលភ្នែកមនុស្សមិនអាចមើលឃើញបាននោះ គឺជាបញ្ហាប្រឈមរបស់មនុស្សយើង។ មានមនុស្សមិនតិចទេដែលបានបដិសេធ ឫមានមនុស្សខ្លះមិនចង់ទទួលស្គាល់វត្តមានរបស់ព្រះជាម្ចាស់ ដោយសារពួកគេមិនចង់ផ្លាស់ប្តូរជីវិតខ្លួនឯង។ ចំពោះអស់អ្នកដែលនិយាយថា ការជឿទៅលើព្រះជាម្ចាស់គឺជារឿងឥតប្រយោជន៍ នោះគ្រាន់តែជារបៀបនិយាយដោយខ្វះការពិចារណា ដោយសារពួកគេមិនចង់រវីរវល់អំពីបញ្ហានេះ។ [37-38]

៦.តើយើងអាចយល់ដឹង និងនិយាយអំពីព្រះជាម្ចាស់យ៉ាងជាក់ច្បាស់បានដែរឬទេ?​

ប្រាជ្ញាមនុស្សមានព្រំដែន មិនអាចយល់ដឹងអំពីព្រះជាម្ចាស់ដែលគ្មានព្រំដែនបានទេ ហើយឫទានុភាពរបស់ព្រះជាម្ចាស់ ក៏មិនអាចពណ៍នាសង្ខេបមកត្រឹមបញ្ញត្តិតូចមួយរបស់មនុស្សដែលមានព្រំដែននេះបានដែរ។ ប៉ុន្តែយើងអាចនិយាយត្រឹមត្រូវអំពីព្រះជាម្ចាស់បាន។ [39-43,48]

ជំពូកទី២
ព្រះជាម្ចាស់យាងមករកមនុស្ស

៧.ហេតុអ្វីបានជាព្រះជាម្ចាស់ត្រូវបង្ហាញព្រះអង្គ ដើម្បីឱ្យយើងអាចស្គាល់ព្រះអង្គបានដូច្នេះ?

វិចារណញ្ញាណរបស់មនុស្សអាចទទួលស្គាល់ព្រះជាម្ចាស់ពិតជាមានព្រះជន្មគង់នៅ (Existence) បាន ប៉ុន្តែមិនអាចសន្មត់យ៉ាងជាក់លាក់អំពីព្រះជាម្ចាស់បានទេ។ ព្រះជាម្ចាស់ពិតជាចង់ឱ្យមនុស្សដឹងថាព្រះអង្គជានរណា ដូច្នេះហើយបានជាព្រះអង្គបង្ហាញព្រះអង្គមកឱ្យមនុស្សស្គាល់។ [50-53,68-69]

៨.តើព្រះជាម្ចាស់បានបង្ហាញព្រះអង្គក្នុងសម្ពន្ធមេត្រីចាស់យ៉ាងណា?

ក្នុងសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បង្ហាញព្រះអង្គគឺជាព្រះដែលបានបង្កើតអ្វីៗសព្វសារពើដោយសេចក្តីស្រលាញ់ ហើយព្រះអង្គនៅតែរក្សាភក្តីភាពចំពោះមនុស្ស ទោះបីមនុស្សបានធ្លាក់ទៅប្រព្រឹត្តអំពើបាបឃ្លាតឆ្ងាយពីព្រះអង្គក៏ដោយ។ [54-64,70-72]

៩.តើព្រះជាម្ចាស់បានបង្ហាញអ្វីខ្លះដល់មនុស្ស នៅពេលព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យមករកយើង?

នៅក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់បានបង្ហាញព្រះអង្គដែលប្រកបដោយធម៌មេត្តាករុណា និងសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត។ [65-66,73]

១០.តើព្រះជាម្ចាស់បានបង្ហាញចប់សព្វហើយគ្រប់ឬនៅឬមួយព្រះអង្គនៅតែបន្តបង្ហាញព្រះអង្គក្រោយពេលព្រះយេស៊ូបានយាងឡើងស្ថានបរមសុខ?

ព្រះជាម្ចាស់បានលះបង់អ្វីៗទាំងអស់ដើម្បីយាងមកក្នុងលោកនេះតាមរយៈព្រះយេស៊ូគ្រីស្ត ព្រះជាម្ចាស់មានព្រះបន្ទូលជាលើកចុងក្រោយតាមរយៈព្រះគ្រីស្ត តាមរយៈព្រះបន្ទូលរបស់ព្រះគ្រីស្តមនុស្សគ្រប់ជំនាន់អាចទទួលស្គាល់ថាព្រះជាម្ចាស់ជានរណា​ ហើយមនុស្សដឹងថាខ្លួនត្រូវធ្វើអ្វីដើម្បីទទួលបានការសង្គ្រោះ។ ​[ 66-67]

១១.ហេតុអ្វីបានជាយើងត្រូវតែប្រកាសជំនឿ?

យើងត្រូវតែប្រកាសជំនឿ ដោយសារព្រះយេស៊ូបានមានព្រះបន្ទូលថា៖ ˝ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក [……]˝ (មថ ២៨,១៩)។ [91]

១២.តើត្រូវធ្វើដូចម្តេចទើបយើងដឹងថាជាជំនឿយ៉ាងពិតប្រាកដ?

យើងអាចរកឃើញជំនឿដ៏ពិតប្រាកដនៅក្នុងព្រះគម្ពីរ និងការបញ្ជូនបន្តយ៉ាងរស់រវើករបស់ព្រះសហគមន៍។ [76,80-82,85-87,97,100]

១៣.តើព្រះសហគមន៍អាចមានការខុសឆ្គងស្តីអំពីជំនឿបានដែរឬទេ?

គ្រីស្តបរិស័ទទាំងអស់មិនអាចយល់ច្រលំអំពីជំនឿបានទេ ព្រោះព្រះយេស៊ូបានសន្យាជាមួយក្រុមសាវ័កថា ព្រះអង្គនឹងប្រទានព្រះអង្គមួយទៀត គឺព្រះវិញ្ញាណដែលសម្តែងសេចក្តីពិត​មកគង់នៅជាមួយយើង (​ យហ ១៤,១៧ )។ [80-82,85-87,92,100]

១៤.តើអ្វីៗដែលបានសរសេរនៅក្នុងព្រះគម្ពីរគឺជាសេចក្តីពិតមែនដែរឬទេ?

ព្រះគម្ពីរបង្រៀននូវសេចក្តីពិត ( សច្ចៈភាព) ច្បាស់លាស់ និងមិនអាចខុសឆ្គងបានទេ ដោយសារព្រះគម្ពីរត្រូវបានសរសេរក្រោមការបំភ្លឺរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយព្រះជាម្ចាស់ផ្ទាល់គឺជាអ្នកនិពន្ធ។ ( មហាសន្និបាតវ៉ាទីកង់ទី២ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ លេខ១១ )។ [103-107]

១៥.តើព្រះគម្ពីរអាចជាសេចក្តីពិតដូចម្តេចបាន បើក្នុងគម្ពីរមានសេចក្តីខ្លះមិនច្បាស់លាស់ផងដូច្នេះ ?

ព្រះគម្ពីរមិនមែនជាសៀវភៅប្រវត្តិសាស្រ្តដែលរៀបរាប់ជាក់លាក់ស្តីអំពីព្រឹត្តការណ៍ប្រវត្តិសាស្រ្តណាមួយ ឬរៀបរាប់អំពីពត៌មានណាមួយដែលទាក់ទងនឹងវិទ្យាសាស្រ្តនោះទេ។ អ្វីដែលសំខាន់គឺព្រះជាម្ចាស់ប្រើអ្នកនិពន្ធនាសម័យនោះដើម្បីសរសេរ ពួកគេចែករំលែកគំនិត វប្បធម៌របស់ពួកគេ វាអាចមានបញ្ហាខ្លះក្នុងសម័យកាលនោះ។ ប៉ុន្តែអ្វីដែលមនុស្សស្វែងយល់ចង់ដឹងអំពីព្រះជាម្ចាស់ និងការសង្គ្រោះគឺត្រូវបានរៀបរាប់យ៉ាងច្បាស់លាស់ និងមិនខុសឆ្គងនៅក្នុងព្រះគម្ពីរ។​[106-107,109]

១៦.តើត្រូវអានព្រះគម្ពីរយ៉ាងដូម្តេចឱ្យបានត្រឹមត្រូវ?

ត្រូវអានព្រះគម្ពីរដោយមានស្មារតីអធិដ្ឋាន មានន័យថាយើងសូមព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺយើង ដោយសារព្រះវិញ្ញាណគឺជាបុគ្គលដែលបានបំភ្លឺអ្នកនិពន្ធគម្ពីរទាំងអស់។ ព្រះគម្ពីរគឺពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបង្ហាញរបស់ព្រះជាម្ចាស់ចំពោះយើង។ [109-119,137]

១៧.តើព្រះគម្ពីរសម្ពន្ធមេត្រីចាស់មានអត្ថន័យចំពោះគ្រីស្តបរិស័ទយ៉ាងដូម្តេច?

ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បង្ហាញព្រះអង្គឱ្យយើងស្គាល់តាមរយៈព្រះអង្គជាព្រះដែលបានបង្កើត និងថែរក្សាពិភពលោក ព្រះអង្គគឺជាអ្នកដឹកនាំ និងអប់រំមនុស្សលោក។ សៀវភៅផ្សេងៗក្នុងសម្ពន្ធមេត្រីចាស់ ក៏ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាព្រះគម្ពីរដ៏វិសុទ្ធ។ ប្រសិនបើមិនមានគម្ពីរសម្ពន្ធមេត្រីចាស់ទេ យើងនឹងមិនអាចយល់ពីព្រះគ្រីស្តក្នុងសម្ពន្ធមេត្រីថ្មីបានដែរ។ [121-123.128-130,140]

១៨.តើគម្ពីរសម្ពន្ធមេត្រីថ្មីមានអត្ថន័យចំពោះគ្រីស្តបរិស័ទយ៉ាងដូម្តេច?

ក្នុងសម្ពន្ធមេត្រីថ្មី ការបង្ហាញរបស់ព្រះជាម្ចាស់បានពេញលក្ខណៈ។ គម្ពីរដំណឹងល្អទាំងបួនកណ្ឌរួមមាន ម៉ាថាយ ម៉ាកូស លូកា និងយ៉ូហាន គឺជាចំណុចកណ្តាលនៃព្រះគម្ពីរ និងជាឃ្លាំងកំណប់ដែលមិនអាចកាត់ថ្លៃបានរបស់ព្រះសហគមន៍។ នៅក្នុងនោះព្រះគ្រីស្តបានបង្ហាញព្រះអង្គជានរណា ដែលបានយាងមក  រកមនុស្ស។ ក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូត​ បង្ហាញឱ្យយើងអំពីការចាប់ផ្តើមរបស់ព្រះសហគមន៍ដើមដំបូង និងសកម្មភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងព្រះសហគមន៍។ រីឯនៅក្នុងសារលិខិតរបស់គ្រីស្តទូតទាំងឡាយបានសរសេរទាក់ទងនឹងស្ថានភាពរស់នៅរបស់មនុស្សក្រោមពន្លឺរបស់ព្រះគ្រីស្ត។ ចុងក្រោយគឺកណ្ឌគម្ពីរវិវរណៈ ណែនាំឱ្យយើងមើលឃើញអំពីអវសានកាលនៃពិភពលោក។ [124-127,128-130,140]

១៩.តើព្រះគម្ពីរមានសារសំខាន់យ៉ាងដូម្តេចក្នុងព្រះសហគមន៍​?

ព្រះសហគមន៍ទទួលជីវិត និងកម្លាំងដែលមានប្រភពចេញមកពីព្រះគម្ពីរដ៏វិសុទ្ធ។ [103-104,131-133,141]

ជំពូកទី៣
មនុស្សឆ្លើយតបចំពោះព្រះជាម្ចាស់

២០.តើយើងអាចឆ្លើយតបទៅព្រះជាម្ចាស់បានយ៉ាងដូម្តេច?

យើងអាចឆ្លើយតបចំពោះព្រះជាម្ចាស់នៅពេលដែលយើងជឿទុកចិត្ត និងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ​។ [142-149]

២១.តើជំនឿជាអ្វី?

ជំនឿគឺជាការទទួលស្គាល់និងទុកចិត្តផ្ញើជីវិតទាំងស្រុង។ ជំនឿមានប្រាំពីរលក្ខណៈដូចខាងក្រោម៖

  1. ជំនឿគឺជាការផ្តល់ឱ្យយ៉ាងពិសេសដែលមកពីព្រះជាម្ចាស់ យើងអាចទទួលបាននៅពេលយើងទូលសុំដោយចិត្តក្លៀវក្លា។
  2. ជំនឿគឺជាអត្ថិថាមពល ដែលចាំបាច់សម្រាប់ការសង្គ្រោះ
  3. ជំនឿ គ្មានការបង្ខិតបង្ខំ វាទាមទារឱ្យបុគ្គលនោះយល់ដឹងឱ្យបានច្បាស់លាស់នៅពេលដែល ឆ្លើយតបចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់។
  4. ជំនឿគឺដាច់ខាត ព្រោះព្រះយេស៊ូបានធានាអំពីរឿងនេះ
  5. ជំនឿអាចពេញលក្ខណៈបាន លុះត្រាតែជំនឿត្រូវបានបង្ហាញតាមរយៈកិច្ចការមេត្តាករុណា
  6. ជំនឿរីកចម្រើនតាមរយៈការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការសន្ទនាយ៉ាងរស់រវើករួមជាមួយព្រះអង្គក្នុងការអធិដ្ឋាន។
  7. ជំនឿជួយឱ្យយើងអាចភ្លក់រស់ជាតិនៃអំណរសប្បាយនាស្ថានបរមសុខនាលោកកិយនេះបាន។

២២.តើជឿមានន័យដូចម្តេច?​

អស់អ្នកដែលជឿគឺបានរួមសហភាពជាមួយព្រះជាម្ចាស់ ហើយត្រៀមខ្លួនជាស្រេចក្នុងការទទួលនូវរាល់វិវរណៈ(ការបង្ហាញ)របស់ព្រះជាម្ចាស់ដែលបានបង្ហាញព្រះអង្គផ្ទាល់។ [150-152]

២៣.តើមានអ្វីដែលប្រឆាំងគ្នារវាងជំនឿ និងវិទ្យាសាស្រ្តដែរឬទេ?

គ្មានការប្រឆាំងគ្នារវាងជំនឿ និងវិទ្យាសាស្រ្តណាមួយដែលមិនអាចដោះស្រាយបាននោះទេ ពីព្រោះមិនអាចមានសេចក្តីពិតពីរក្នុងពេលតែមួយបានទេ។ [159]

២៤.តើជំនឿរបស់ខ្ញុំត្រូវមានទំនាក់ទំនងជាមួយព្រះសហគមន៍យ៉ាងដូចម្តេច ?

គ្មាននរណាម្នាក់អាចជឿតែម្នាក់ឯងប៉ុណ្ណោះបានទេ ក៏ដូចជាគ្មាននរណាម្នាក់ដែលរស់នៅតែឯងបានដែរ។ យើងទទួលជំនឿតាមរយៈព្រះសហគមន៍ ហើយប្រតិបត្តិជំនឿនេះដោយភាតរភាពរួមជាមួយអស់បងប្អូនដែលមានជំនឿទៅលើព្រះជាម្ចាស់ដែរ។ [166-169,181]

ភាគទី២៖ គ្រីស្តបរិស័ទប្រកាសជំនឿ (២៥-១៦៥)

ភាគទី២
គ្រីស្តបរិស័ទប្រកាសជំនឿ

២៥.តើហេតុអ្វីបានជាជំនឿត្រូវការនិយមន័យ និងរូបមន្តដូច្នេះ?

ការប្រកាសជំនឿ មិនមែនជាការប្រកាសនូវពាក្យដែលគ្មានន័យ ប៉ុន្តែជាពាក្យដែលបង្ហាញនូវសេចក្តីពិត។ អស់រយៈពេលជាច្រើនសតវត្ស ខ្លឹមសារនៃជំនឿត្រូវបានកំណត់យ៉ាងជាក់លាក់នៅក្នុងធម៌ប្រកាសជំនឿ។ តាមរយៈធម៌ប្រកាសជំនឿ ជួយឱ្យយើងស្មឹងស្មាធិ៍ រិះគិតពិចារណា រៀនសូត្រ ចែករំលែក និងប្រតិបត្តិជំនឿក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ [170-174]

២៦.តើធម៌ប្រកាសជំនឿជាអ្វី?

ធម៌ប្រកាសជំនឿគឺជារូបមន្ត ឬជាសេចក្តីសង្ខេបនៃជំនឿ ដើម្បីឱ្យគ្រីស្តបរិស័ទអាចរួមគ្នាប្រកាសជំនឿតែមួយបាន។ [185-188,192197]

២៧.តើធម៌ប្រកាសជំនឿមានកំណើតតាំងពីពេលណាមក?

ធម៌ប្រកាសជំនឿមានកំណើតតាំងពីសម័យរបស់ព្រះយេស៊ូ ព្រះអង្គបានបង្គាប់ឱ្យក្រុមសាវ័កជ្រមុជទឹកដល់អស់អ្នកដែលជឿ គឺអស់អ្នកនឹងហើយ​ដែលត្រូវប្រកាសជំនឿទៅលើព្រះជាម្ចាស់ដែលជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ( ព្រះត្រៃឯក )។

២៨.តើធម៌ប្រកាសជំនឿរបស់ក្រុមគ្រីស្តទូតនិយាយអំពីអ្វីខ្លះ?

ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ជាព្រះបង្កើតមេឃនិងដី។

ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា ហើយជាព្រះអម្ចាស់យើងខ្ញុំ។ ព្រះអង្គមានកំណើតជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី ព្រះអង្គបានសោយទុក្ខលំបាក នៅជំនាន់លោកប៉ុនពីឡាត។ ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត ហើយព្រះសពព្រះអង្គ ត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។ ព្រះអង្គបានយាងចុះទៅស្ថានក្រោម លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពីចំណោមមនុស្សស្លាប់ ព្រះអង្គបានយាងឡើងស្ថានបរមសុខ ទៅគង់ខាងស្តាំព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ។ ព្រះអង្គនឹងយាងមកវិញ ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ទាំងស្លាប់។

ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ។ ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ។ ខ្ញុំជឿថា មានការលើកលែងទោសមនុស្សឱ្យរួចពីបាប ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ចផង។ អាម៉ែន។

២៩.តើធម៌ប្រកាសជំនឿរបស់មហាសន្និបាតក្រុងនីសេ និងកុងស្តង់ទីណូបនិយាយអំពីអ្វីខ្លះ?

ខ្ញុំជឿលើព្រះជាម្ចាស់តែមួយព្រះអង្គ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ជាព្រះបង្កើតមេឃនិងដី ទាំងអ្វីៗដែលមើលឃើញ និងមើលមិនឃើញ។

ខ្ញុំជឿលើព្រះអម្ចាស់យេស៊ូគ្រីស្តតែមួយ ជាព្រះបុត្រាតែមួយនៃព្រះជាម្ចាស់ ហើយកើតពីព្រះបិតាមុនសម័យកាលទាំងអស់។ ព្រះអង្គជាព្រះជាម្ចាស់ចេញពីព្រះជាម្ចាស់ ជាព្រះពន្លឺចេញពីព្រះពន្លឺ ជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ចេញពីព្រះជាម្ចាស់ដ៏ពិតប្រាកដដែរ។ ព្រះអង្គទទួលព្រះជន្មពីព្រះបិតា ហើយមិនកកើតដូចសត្វលោកឡើយ ព្រះអង្គរួមសភាពជាមួយព្រះបិតា ហើយអ្វីៗសព្វសារពើក៏កើតមក ដោយសារព្រះអង្គដែរ។ ព្រះអង្គយាងមកពីស្ថានបរមសុខដើម្បីមនុស្សយើង និងដើម្បីសង្រ្គោះយើងខ្ញុំ។ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គបានទទួលរូបកាយពីព្រះនាងព្រហ្មចារិនីម៉ារី ហើយព្រះអង្គទៅជាមនុស្ស។ ព្រះអង្គត្រូវគេឆ្កាងនៅជំនាន់លោកប៉ុនពីឡាត ដើម្បីជាប្រយោជន៍ដល់យើងខ្ញុំ។ ព្រះអង្គសោយទិវង្គត ហើយព្រះសពព្រះអង្គត្រូវគេបញ្ចុះ។ លុះដល់ថ្ងៃទីបីព្រះអង្គមានព្រះជន្មរស់ឡើងវិញស្របតាមគម្ពីរ។ ព្រះអង្គយាងឡើងស្ថានបរមសុខ ទៅគង់ខាងស្តាំព្រះបិតា។ ព្រះអង្គនឹងយាងមកវិញយ៉ាងរុងរឿង ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ទាំងស្លាប់ ហើយព្រះរាជ្យព្រះអង្គ នឹងនៅស្ថិតស្ថេរឥតទីបញ្ចប់ឡើយ។

ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះអម្ចាស់ដែលប្រទានជីវិត ព្រះអង្គហូរចេញពីព្រះបិតា និងព្រះបុត្រា។ ព្រះអង្គទទួលការក្រាបថ្វាយបង្គំ និងលើកតម្កើងសិរីរុងរឿងស្មើនឹងព្រះបិតា និងព្រះបុត្រា។ ព្រះអង្គបានថ្លែងព្រះបន្ទូល តាមរយៈអស់លោកព្យាការី។

ខ្ញុំជឿលើព្រះសហគមន៍តែមួយដ៏វិសុទ្ធ និងកាតូលិក ដែលបន្តជំនឿពីក្រុមគ្រីស្តទូត។ ខ្ញុំប្រកាសថា មានអគ្គសញ្ញាជ្រមុជទឹកតែមួយ ដែលលើកលែងទោសឱ្យរួចពីបាប។ ខ្ញុំរង់ចាំពេលដែលមនុស្សស្លាប់នឹងរស់ឡើងវិញ និងជីវិតនៅលោកខាងមុខផង។ អាម៉ែន។

ជំពូកទី១
ខ្ញុំជឿលើព្រះជាម្ចាស់ជាព្រះបិតា

៣០.ហេតុអ្វីបានជាយើងជឿលើព្រះជាម្ចាស់តែមួយ?

យើងជឿលើព្រះជាម្ចាស់តែមួយប៉ុណ្ណោះ តាមរយៈព្រះគម្ពីរបានអះអាងថាមានតែព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ រីឯច្បាប់នៃតក្កវិជ្ជាវិញក៏ដូច្នោះដែរ គឺអាចមានតែព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះដែរ ។ [200-202,228]

៣១.ហេតុអ្វីបានជាព្រះជាម្ចាស់ត្រូវដាក់ព្រះនាមឱ្យខ្លួនឯងដូច្នេះ?

ព្រះជាម្ចាស់ដាក់ព្រះនាមឱ្យខ្លួនឯង ដើម្បីឱ្យមនុស្សលោកយើងស្រួលក្នុងការទូលអង្វរទៅរកព្រះអង្គ។ [203-213,230-231]

៣២.តើមានន័យដូចម្តេចពេលដែលយើងហៅព្រះជាម្ចាស់ថាជាសេចក្តីពិតបែបនេះ?

˝ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្តីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ ˝ (១យហ ១,៥)។ ព្រះបន្ទូលរបស់ព្រះអង្គជាសេចក្តីពិត ( សុភ ៨,៧.២សាម ៧,២៨)។ ព្រះយេស៊ូបានអះអាងអំពីសេចក្តីពិតនៅមុខលោកប៉ុនពីឡាត˝​​​​​​​​​ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះដើម្បីផ្តល់សក្ខីភាពអំពីសេចក្តីពិត ˝(យហ ១៨,៣៧)។ [214-217]

៣៣.តើពេលដែលយើងហៅព្រះជាម្ចាស់ថាជាសេចក្តីស្រលាញ់នោះមានន័យដូចម្តេច?

ប្រសិនបើព្រះជាម្ចាស់ជាសេចក្តីស្រលាញ់ មានន័យថាគ្មានអ្វីដែលព្រះជាម្ចាស់បង្កើតមកដោយព្រះអង្គមិនយកចិត្តទុកដាក់ អោបក្រសោបដោយព្រះហឫទ័យប្រណីមេត្តារបស់ព្រះអង្គឡើយ។ ព្រះជាម្ចាស់មិនត្រឹមតែប្រកាសថាព្រះអង្គជាសេចក្តីស្រលាញ់ឡើយ តែព្រះអង្គបានធ្វើជាសាក្សីអំពីសេចក្តីស្រលាញ់ថែមទៀតផង ˝គ្មាននរណាមានសេចក្តីស្រលាញ់ខ្លាំងជាងអ្នកដែលស៊ូប្តូរជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ ˝ ( យហ ១៥,១៣ )។ [214-217]

៣៤.តើបងប្អូនត្រូវធ្វើអ្វីខ្លះនៅពេលដែលបងប្អូនបានស្គាល់ព្រះជាម្ចាស់?

នៅពេលដែលយើងបានស្គាល់ព្រះជាម្ចាស់ យើងត្រូវតែទុកព្រះជាម្ចាស់ជាអាទិភាពនៅក្នុងជីវិតរបស់យើង ធ្វើដូច្នេះទើបជីវិតរបស់យើងផ្លាស់ប្រែជាថ្មីបាន។​ យើងត្រូវតែធ្វើឱ្យអ្នកដទៃទទួលស្គាល់ថា គ្រីស្តបរិស័ទគឺជាអ្នកដែលពោរពេញទៅដោយសេចក្តីស្រលាញ់ ហើយថែមទាំងស្រលាញ់ខ្មាំងសត្រូវរបស់ខ្លួនទៀតផង។ [222-227,229]

៣៥.តើយើងជឿលើព្រះជាម្ចាស់តែមួយ ឬជឿលើព្រះជាម្ចាស់ទាំងបី?

យើងជឿលើព្រះជាម្ចាស់តែមួយ តែក្នុងព្រះជាម្ចាស់តែមួយនោះមានបីអង្គ (ព្រះត្រៃឯក )។˝ ព្រះជាម្ចាស់មិនតែឯងទេ ប៉ុន្តែព្រះអង្គរួមក្នុងសភាពតែមួយ។ ˝ (សម្តេចប៉ាប បេណេឌិចតូ ទី១៦ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៥)។ [232-236,249-256,261,265-266]

៣៦.តើយើងអាចធ្វើការសន្និដ្ឋានយ៉ាងជាក់លាក់អំពីព្រះជាម្ចាស់ជាព្រះត្រៃឯកបានដែរឬទេ?

មិនអាចបានទេ ព្រោះព្រះត្រៃឯកគឺជាការអាថ៍កំបាំងដែលហួសពីការគិត និងហួសពីប្រាជ្ញារបស់មនុស្ស យើងអាចដឹងបានដោយសារតែព្រះយេស៊ូគ្រីស្តទ្រង់បានបង្រៀនយើង។ [237]

៣៧.ហេតុអ្វីបានជាយើងត្រូវហៅព្រះជាម្ចាស់ជាព្រះបិតា?

យើងគោរពជាព្រះជាម្ចាស់ជាព្រះបិតា​ ដោយសារព្រះអង្គជាព្រះដែលបានបង្កើតអ្វីៗសព្វសារពើ ហើយព្រះអង្គបានថែរក្សាអ្វីៗដែលព្រះអង្គបានបង្កើតមកដោយក្តី​ស្រលាញ់។ ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់បានបង្រៀនយើងអំពីសេចក្តីនេះ។ ជាងនេះទៅទៀតព្រះអង្គបានបង្រៀនយើងឱ្យហៅព្រះបិតារបស់ព្រះអង្គជាព្រះព្រះបិតារបស់យើងដែរ ព្រះអង្គបានបង្រៀនយើងឱ្យទូលទៅកាន់ព្រះជាម្ចាស់ថា ៖ ˝ឱព្រះបិតាយើងខ្ញុំ....... ˝។ [238-240]

៣៨.តើព្រះវិញ្ញាណដ៏វិសុទ្ធជានរណា?

ព្រះវិញ្ញាណដ៏វិសុទ្ធគឺជាអង្គទីបីក្នុងព្រះត្រៃឯក ព្រះអង្គជាព្រះជាម្ចាស់ ដែលមានឫទ្ធានុភាពស្មើនឹងព្រះបិតា​ និងព្រះបុត្រាដែរ។ [243-248,263-264]

៣៩.តើព្រះយេស៊ូជាព្រះជាម្ចាស់? តើព្រះអង្គស្ថិតនៅក្នុងព្រះត្រៃឯកដែរ?

ព្រះយេស៊ូអ្នកភូមិណាសារ៉េតគឺជាអង្គព្រះបុត្រា គឺជាអង្គទីពីរក្នុងព្រះត្រៃឯកដែលយើងហៅព្រះអង្គរៀងរាល់ពេលយើងធ្វើសញ្ញាឈើឆ្កាង៖ ˝ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ˝ (មថ ២៨,១៩)។ [243-260]

៤០.តើព្រះជាម្ចាស់មានឫទា្ធនុភាពសព្វប្រការ ដែលអាចធ្វើអ្វីៗបានទាំងអស់ឬយ៉ាងណា?

ចំពោះព្រះជាម្ចាស់ ˝គ្មានការអ្វីដែលព្រះអង្គធ្វើមិនកើតនោះឡើយ ˝ (លក ១,៣៧)។ ព្រះអង្គប្រកបដោយឫទ្ធានុភាពសព្វប្រការ។ [268-278]

៤១.តើវិទ្យាសាស្រ្តអាចបណ្តាលឱ្យព្រះជាម្ចាស់ដែលជាព្រះបង្កើតបាត់បង់ឫទ្ធានុភាពដែលឬទេ?

មិនអាចបានទេ ពាក្យថា ៖ ព្រះជាម្ចាស់ជាព្រះបង្កើតពិភពទាំងមូល មិនមែនជាពាក្យដែលផ្អែកទៅលើវិទ្យាសាស្ត្រហួសសម័យនោះទេ។ នេះជាពាក្យដែលផ្អែកទៅលើទេវវិជ្ជា មានន័យបញ្ជាក់អំពីភាពដ៏សក្ការៈរបស់ព្រះជាម្ចាស់ ហើយអ្វីៗទាំងអស់មានប្រភពចេញមកពីព្រះអង្គ។ [282-289]

៤២.តើយើងអាចទទួលទ្រឹស្តីអំពីការផ្លាស់ប្តូរ (Evolution) ហើយនៅតែជឿលើព្រះជាម្ចាស់ដែលជាព្រះបង្កើតបានដែរឬទេ?

ប្រាកដជាបាន ទោះបីទាំងពីរនេះមានលក្ខណៈខុសពីគ្នាក្តី។ ជំនឿជាអ្នកបើកផ្លូវឱ្យវិទ្យាសាស្រ្តក្នុងការរុករកនូវសម្មតិកម្មផ្សេងៗ។ [282-289]

៤៣.តើពិភពលោកយើងនេះកើតឡើងដោយចៃដន្យមែនទេ?

ពិភពលោកយើងនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺព្រះជាម្ចាស់ជាប្រភពនៃកំណើតពិភពលោក។ ពិភពលោកមិនមែនជាលទ្ធផលនៃដំណើរការគ្មានគោលដៅនោះទេ ដោយសារតែយើងមើលឃើញពិភពលោកនេះពោរពេញដោយសណ្តាប់ធ្នាប់ និងមានគោលដៅច្បាស់លាស់។  [295-301,317-318,320]

៤៤.តើនរណាជាអ្នកបង្កើតពិភពលោក?

មានតែព្រះជាម្ចាស់តែមួយព្រះអង្គគត់ដែលបានបង្កើត ព្រះអង្គមិនស្ថិតក្រោមពេលវេលា និងទីកន្លែងទេ ព្រះអង្គបានបង្កើតពិភពលោកចេញពីចំណុចសូន្យ ហើយប្រោសឱ្យអ្វីៗទាំងអស់មានអត្ថិភាព(exists) អ្វីៗទាំងអស់ដែលមានអត្ថិភាព(exists)គឺស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ អ្វីទាំងអស់មានអត្ថិភាពដោយសារតែព្រះជាម្ចាស់សព្វព្រះហឫទ័យបែបនេះ។ [290-292,316]

៤៥.តើច្បាប់ធម្មជាតិ និងប្រពន្ធ័ធម្មជាតិក៏ជាផ្នែកមួយដែលព្រះជាម្ចាស់បានបង្កើតឬ?

ប្រាកដណាស់ ច្បាប់ធម្មជាតិ និងប្រពន្ធ័ធម្មជាតិនៃអ្វីៗទាំងអស់ក៏ជាការបង្កើតរបស់ព្រះជាម្ចាស់ដែរ។ [339-346,354]

៤៦.ហេតុអ្វីបានជាកណ្ឌគម្ពីរកំណើតពិភពលោកបានរៀបរាប់ដំណើរនៃការបង្កើតលោករបស់ព្រះជាម្ចាស់ក្នុងរយៈពេលប្រាំមួយថ្ងៃដូច្នេះ?

នេះជារបៀបនិយាយក្នុងគោលបំណងលើកកម្ពស់នូវថ្ងៃទីប្រាំពីរ បន្ទាប់ពីប្រាំមួយថ្ងៃដែលបានធ្វើការ (កណ១,២-៣)។ ជាពិសេសគឺជាការបង្ហាញអំពីការបង្កើតដែលល្អប្រសើរ ស្រស់ស្អាត និងការរៀបចំតាមលំដាប់លំដោយប្រកបដោយប្រាជ្ញាដ៏ឈ្លាសវៃរបស់របស់ព្រះជាម្ចាស់។ [337-342]

៤៧.ហេតុអ្វីបានជាព្រះជាម្ចាស់ត្រូវការសម្រាកនៅថ្ងៃទីប្រាំពីរ?

ព្រះជាម្ចាស់ឈប់សម្រាកនៅថ្ងៃទីប្រាំពីរចង់បង្ហាញអំពីការបង្ហើយកិច្ចការដែលព្រះអង្គបង្កើត គឺចង់បញ្ជាក់ថា កិច្ចការនេះទៅហួសការខិតខំប្រឹងប្រែងរបស់មនុស្ស។ [349]

៤៨.ហេតុអ្វីបានជាព្រះជាម្ចាស់បានបង្កើតពិភពលោក?

ពិភពលោកត្រូវបានព្រះជាម្ចាស់បង្កើតមកដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ ( មហាសន្និបាត វ៉ាទីកង់១ )។ [293-294,319]

ឧបការគុណរបស់ព្រះជាម្ចាស់

 ៤៩.តើព្រះជាម្ចាស់បានណែនាំ និងគ្រប់គ្រងជីវិតរបស់យើងដែលឬយ៉ាងណា?  

ព្រះជាម្ចាស់ណែនាំមនុស្សក្នុងភាពអាថ៍កំបាំងមួយ ព្រះអង្គណែនាំអ្វីៗទាំងអស់នៅលើមាគ៌ារបស់ព្រះអង្គ ដែលមានតែព្រះអង្គតែមួយគត់ទើបជ្រាបអំពីរឿងនេះ។ មិនអាចមានសត្វលោកណាដែលព្រះអង្គបានបង្កើតមកចេញផុតពីព្រះហស្ថរបស់ព្រះអង្គបានឡើយ។ [302-305]

៥០.តើមនុស្សមានមុខងារអ្វីនៅក្នុងឧបការគុណរបស់ព្រះជាម្ចាស់?

ព្រះជាម្ចាស់បានអញ្ចើញមនុស្សឱ្យចូលរួមនៅក្នុងគម្រោងការណ៍នៃការបង្កើតរបស់ព្រះអង្គ។ មនុស្សអាចបដិសេធនូវការត្រាស់ហៅដ៏វិសេសវិសាលនេះបាន ប៉ុន្តែមានសុភមង្គលពន់ពេកណាស់នៅពេលដែលយើងក្លាយទៅជាឧបករណ៍នៃសេចក្តីស្រលាញ់របស់ព្រះអង្គ។ [307-308]

៥១. បើព្រះជាម្ចាស់ជ្រាបនូវអ្វីៗសព្វសារពើ និងមានឫទ្ធានុភាពសព្វប្រការអាចធ្វើអ្វីៗបានទាំងអស់ដូច្នេះ ហេតុអ្វីបានជាមានសេចក្តីអាក្រក់?

ព្រះជាម្ចាស់អាចទាញយកសេចក្តីល្អចេញពីសេចក្តីអាក្រក់បាន ព្រះអង្គអាចធ្វើឱ្យសេចក្តីអាក្រក់នេះបង្កើតផលផ្លែល្អក៏ថាបាន ( សន្ត ថូម៉ាស អាគីណាស )។ [309-314,324]

ព្រះជាម្ចាស់បង្កើតមេឃ និងដី

៥២.តើអ្វីទៅជាមេឃ?

មេឃគឺជាស្ថានដែលព្រះជាម្ចាស់គង់នៅ ជាកន្លែងស្នាក់នៅរបស់ទេវទូត និងសន្តបុគ្គលទាំងឡាយ និងជាទីដៅនៃការបង្កើត។ អំពីពាក្យ មេឃ និងដី មានន័យសំដៅទៅលើអ្វីដែលព្រះជាម្ចាស់បានបង្កើតយ៉ាងជាក់លាក់។ [325-327]

៥៣.តើអ្វីទៅជាស្ថាននរក?

ស្ថាននរក តាមជំនឿរបស់យើងគឺជាស្ថានភាពមួយដែលមនុស្សបានកាត់ផ្តាច់ទំនាក់ទំនងជាមួយព្រះជាម្ចាស់។ នៅពេលមនុស្សបានបដិសេធចំពោះសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ មិនចង់រស់នៅក្នុងសេចក្តីស្រលាញ់នោះ គឺមានន័យថាពួកគេបានជ្រើសរើសស្ថាននរក។ [1033-1036]

៥៤.តើទេវទូតជានរណា?

ទេវទូតគឺជាវិញ្ញាណបរិសុទ្ធដែលព្រះជាម្ចាស់បានបង្កើតមក មានទាំងឆន្ទៈ និងការយល់ដឹងដូចមនុស្សដែរ ប៉ុន្តែទេវទូតមិនមានរូបកាយទេ មិនស្លាប់ និងពិសេសគឺយើងមិនអាចមើលឃើញបានទេ។ ទេវទូតទាំងអស់មានជីវិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់  ហើយជាអ្នកបញ្ជូនឆន្ទៈ និងការការពារពីព្រះជាម្ចាស់មកកាន់មនុស្ស។ [328-333,350-351]

៥៥.តើយើងអាចធ្វើការទំនាក់ទំនងជាមួយទេវទូតបានទេ?​

យើងអាចសុំជំនួយពីសំណាក់ទេវទូតទាំងឡាយដើម្បីជួយអង្វរព្រះជាម្ចាស់ឱ្យយើង។ [334-336,352]

ព្រះជាម្ចាស់បង្កើតមនុស្ស

៥៦.តើមនុស្សមានទីតាំងសំខាន់នៅក្នុងការបង្កើតរបស់ព្រះជាម្ចាស់ដែរឬទេ?

មនុស្សគឺជាកំពូលនៃការបង្កើតរបស់ព្រះជាម្ចាស់ ដោយសារព្រះជាម្ចាស់បង្កើតមនុស្សជារូបតំណាងរបស់ព្រះអង្គ (កណ​១,២៧)។ [343-344,353]

៥៧.តើមនុស្សត្រូវប្រព្រឹត្តចំពោះសត្វលោក និងធម្មជាតិផ្សេងៗដែលព្រះជាម្ចាស់បានបង្កើតយ៉ាងដូចម្តេច?

មនុស្សត្រូវការលើកតម្កើងព្រះជាម្ចាស់ក្នុងធម្មជាតិដែលព្រះអង្គបានបង្កើតមក ហើយត្រូវថែរក្សាដោយការទទួលខុសត្រូវ។ មនុស្ស សត្វ រុក្ខជាតិ សុទ្ធតែជាការបង្កើតរបស់ព្រះជាម្ចាស់  ព្រះអង្គបានបង្កើតអ្វីៗទាំងអស់នេះមកដោយសារសេចក្តីស្រលាញ់  ដូច្នេះហើយការស្រលាញ់សត្វលោកគឺជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់មនុស្ស។ [344-354]

៥៨.តើមានន័យដូចម្តេចដែលថាមនុស្សត្រូវបានបង្កើតមកជារូបតំណាងរបស់ព្រះជាម្ចាស់ ?

មនុស្សមិនមែនជាកម្មវត្ថុ ដូចរុក្ខជាតិ សត្វ ដែលមិនមានវិញ្ញាណ មនុស្សមានវិញ្ញាណ ដែលជាទីកន្លែងសក្ការៈក្នុងការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់ ជាងសត្វលោកផ្សេងៗទៀត។ មានតែមនុស្សប៉ុណ្ណោះដែរមានសមត្ថភាពក្នុងការទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះដែលបានបង្កើត និងជាព្រះដែលស្រលាញ់មនុស្ស។  [355-357,380]

៥៩.ហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតមនុស្ស?

ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើគឺដើម្បីមនុស្ស។ មនុស្សគឺជាការបង្កើតតែមួយគត់នៅលើផែនដីដែលព្រះជាម្ចាស់បានបង្កើតមកដើម្បីជាប្រយោជន៍ដល់មនុស្ស (អំណរ និងសេចក្តីសង្ឃឹម ២៤,៣) ព្រះជាម្ចាស់បង្កើតមនុស្សដើម្បីឱ្យមនុស្សមានសុភមង្គលលុះត្រាតែមនុស្សទទួលស្គាល់ ស្រលាញ់ បម្រើព្រះជាម្ចាស់ និងរស់នៅដោយដឹងគុណចំពោះព្រះអង្គបានបង្កើតខ្លួនមក។ [358]

៦០.ហេតុអ្វីបានជាព្រះយេស៊ូជាគម្រូដ៏អស្ចារ្យនៅលើលោកនេះ ?

ព្រះយេស៊ូគ្រីស្តតែមួយគត់ដែលបានបង្ហាញឱ្យយើងស្គាល់សភាពរបស់ព្រះជាម្ចាស់ និងស្គាល់អំពីគំនិតយ៉ាងពិតប្រាកដរបស់មនុស្ស។ [358-359,381]

៦១.តើអ្វីទៅដែលនាំឱ្យមនុស្សមានសិទ្ធិស្មើគ្នា ?

មនុស្សទាំងអស់មានសិទ្ធិស្មើគ្នា ដោយសារមនុស្សកើតចេញពីប្រភពតែមួយដូចគ្នា ក្នុងសេចក្តីស្រលាញ់នៃការបង្កើតរបស់ព្រះជាម្ចាស់។ មនុស្សទាំងអស់ត្រូវបានទទួលការសង្គ្រោះក្នុងអង្គព្រះយេស៊ូគ្រីស្តតែមួយដូចគ្នា ហើយមនុស្សទាំងអស់អាចឆ្ពោះទៅរកសុភមង្គលអស់កល្បជានិច្ចរបស់ខ្លួនក្នុងអង្គព្រះជាម្ចាស់បានដូចគ្នា។ [306-361]

៦២.តើអ្វីទៅជាព្រលឹង?

ព្រលឹងណែនាំឱ្យបុគ្គលម្នាក់ៗក្លាយជាមនុស្ស។ នេះគឺជាគោលការណ៍នៃជីវិតខាងផ្លូវវិញ្ញាណ  និងមានលក្ខណៈស៊ីជម្រៅក្នុងខ្លួនមនុស្ស។ ព្រលឹងធ្វើឱ្យរូបកាយមនុស្សរស់រវើក ដោយសារព្រលឹងមនុស្សអាចទទួលស្គាល់​ ˝ អត្ត ˝ របស់ខ្លួន ដើម្បីអាចឈរនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ជាបុគ្គលម្នាក់ដែលគ្មានអ្វីអាច    មកជំនួសបាន។ [362-365,382]

៦៣.តើព្រលឹងមនុស្សមកពីណា?

ព្រលឹងមនុស្សត្រូវបានព្រះជាម្ចាស់ជាអ្នកបង្កើតដោយផ្ទាល់ មិនមែនជាផលិតផលដែលកើតចេញមកពីឪពុកម្តាយរបស់ខ្លួននោះទេ។ [366-f368,382]

៦៤.ហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតមនុស្សជាបុរស និងជាស្ត្រី?

ព្រះជាម្ចាស់គឺជាសេចក្តីស្រលាញ់ និងជាលំនាំនៃជីវិតដែលរួបរួមគ្នា។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាបុរស និងជាស្រ្តី ដើម្បីឱ្យគេទាំងពីរនាក់ជារូបតំណាងនៃសភាពរបស់ព្រះអង្គ។ [369-373,383]

៦៥.តើព្រះសហគមន៍គិតយ៉ាងដូចម្តេចចំពោះអស់អ្នកដែលស្រលាញ់ភេទដូចគ្នា?

ព្រះសហគមន៍ជឿថា នៅក្នុងលំដាប់លំដោយនៃការបង្កើតរបស់ព្រះជាម្ចាស់ ព្រះអង្គបង្កើតមនុស្សប្រុស និងស្រីដើម្បីឱ្យពួកគេត្រូវការគ្នា បំពេញគ្នាទៅវិញទៅមក រួបរួមគ្នាដើម្បីបន្តជីវិត បង្កើតកូនចៅ។ នេះជាមូលហេតុដែលព្រះសហគមន៍មិនអាចទទួលយកបាននូវសេចក្តីស្រលាញ់រវាងភេទដូចគ្នា ក៏ប៉ុន្តែគ្រីស្តបរិស័ទទាំងអស់ត្រូវតែគោរព និងស្រលាញ់មនុស្សទាំងអស់ មិនត្រូវវិនិច្ឆ័យទៅលើចំណង់ផ្លូវភេទរបស់ពួកគេនោះទេ ដោយសារមនុស្សទាំងអស់ត្រូវបានព្រះជាម្ចាស់គោរពនិងស្រលាញ់ដូចគ្នា។ [2358-2359]

៦៦.តើក្នុងគម្រោងការណ៍របស់ព្រះជាម្ចាស់ ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សរងទុក្ខលំបាក និងស្លាប់ឬយ៉ាងណា?

ព្រះជាម្ចាស់មិនបានសព្វព្រះហឫទ័យឱ្យមនុស្សរងទុក្ខលំបាក និងស្លាប់នោះទេ។ តាំងពីដើមរៀងមក ព្រះអង្គចង់ឱ្យមនុស្សរស់នៅក្នុងស្ថានបរមសុខ ទទួលជីវិតអស់កល្បជានិច្ច និងរស់នៅក្នុងសេចក្តីសុខសាន្តរវាងព្រះជាម្ចាស់ និងមនុស្ស រួមនឹងបរិស្ថានជុំវិញខ្លួន និងរវាងបុរស និងស្រ្តី។ [374-379,384,400]

មនុស្សក្លាយខ្លួនជាអ្នកបាប

៦៧.តើបាបជាអ្វី?

បាបគឺជាការបដិសេធព្រះជាម្ចាស់ និងមិនព្រមទទួលសេចក្តីស្រលាញ់របស់ព្រះអង្គ និងការមិនគោរព វិន័យរបស់ព្រះជាម្ចាស់ផងដែរ។ [385-390]

៦៨.តើអ្វីទៅជាអំពើបាបដើម? តើអំពើបាបដើមរបស់អដាំ និងនាងអេវ៉ាជះឥទ្ធិពលអ្វីខ្លះដល់យើង?

តាមន័យចង្អៀត បាបគឺជាកំហុសដែលជាប់ពាក់ព័ន្ធទៅនឹងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ។ នៅពេលដែលយើងនិយាយពីអំពើបាបដើម មិនមានន័យថាគឺជាអំពើបាបរបស់បុគ្គលម្នាក់ៗទេ តែចង់សំដៅទៅលើស្ថានភាពខូចខាតមួយដែលមនុស្សគ្រប់រូបត្រូវបានទទួលនៅពេលកើតមក ទោះបីទារកនោះមិនទាន់បានប្រព្រឹត្តអំពើបាបផ្ទាល់ក៏ដោយ ប៉ុន្តែជាការបញ្ជូនបន្តពីឪពុកម្តាយដើម។ [388-389,402-404]

៦៩.តើមនុស្សត្រូវបានបង្ខំឱ្យប្រព្រឹត្តអំពើបាបដោយសារអំពើបាបដើមមែនឬទេ?

ទេមិនមែនទេ ទោះបីមនុស្សត្រូវបានរងរបួសដោយសារអំពើបាបដើមរបស់ឪពុកម្តាយដើម និងផ្អៀងទៅរកការប្រព្រឹត្តអំពើបាបក៏ដោយ ក៏ប៉ុន្តែដោយសារតែព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ មនុស្សអាចមានសមត្ថភាពដើម្បីប្រព្រឹត្តអំពើល្អបាន។ [405]

៧០.តើព្រះជាម្ចាស់នាំមនុស្សយើងចេញពីចរន្តនៃសេចក្តីអាក្រក់ដោយរបៀបណា?

ព្រះជាម្ចាស់មិនអាចនៅស្ងៀមដោយទតឃើញមនុស្សបំផ្លាញខ្លួនឯង និងអ្វីដែលនៅជុំវិញខ្លួនមនុស្សដោយចង្វាក់នៃអំពើបាបពីមួយថ្ងៃទៅមួយថ្ងៃបាននោះទេ។ ព្រះជាម្ចាស់បានចាត់ព្រះយេស៊ូគ្រីស្តដែលជាព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកសង្គ្រោះមនុស្ស ដោយសង្គ្រោះមនុស្សចេញពីអំណាចនៃអំពើបាប។ [410-412,420-421]

ជំពូកទី២
ខ្ញុំជឿលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រាតែមួយនៃព្រះបិតា

៧១.ហេតុអ្វីបានជាសៀវភៅដែលសរសេរអំពីព្រះយេស៊ូត្រូវបានហៅថាជាគម្ពីរដំណឹងល្អ ?

បើគ្មានគម្ពីរដំណឹងល្អទេ យើងមិនអាចយល់ដឹងអំពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ដែលបានស្រលាញ់មនុស្ស រហូតដល់ចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យមកយើង ទោះបីមនុស្សយើងបានប្រព្រឹត្តអំពើបាបក៏ដោយ។ ព្រះបុត្រាបានយាងមកក្នុងលោកនេះ ដើម្បីនាំមនុស្សយើងឱ្យត្រឡប់ទៅរួមរស់ជាមួយព្រះអង្គក្នុងភាតរភាពអស់កល្បជានិច្ច។ [422-429]

៧២.តើឈ្មោះយេស៊ូមានន័យដូចម្តេច?

ក្នុងភាសារហេប្រឺ ឈ្មោះយេស៊ូមានន័យថា សង្គ្រោះ។ [430-435,452]

៧៣.ហេតុអ្វីបានជាយើងហៅព្រះយេស៊ូជាព្រះគ្រីស្ត?

តាមទម្រង់យ៉ាងខ្លីដែលហៅ ព្រះយេស៊ូជាព្រះគ្រីស្ត គឺចង់សំដៅទៅលើស្នូលនៃជំនឿរបស់គ្រីស្តបរិស័ទ។ ព្រះយេស៊ូជាកូនរបស់ជាងឈើនៅភូមិណាសារ៉ែត ជាព្រះមេស្ស៊ីនិងជាព្រះសង្គ្រោះដែលមនុស្សលោកទន្ទឹងរង់ចាំតាំងពីយូរណាស់មកហើយ។ [436-440,453]

៧៤.តើមានអត្ថន័យដូចម្តេចនៅពេលយើងហៅព្រះយេស៊ូជាព្រះបុត្រាតែមួយនៃព្រះជាម្ចាស់?

នៅពេលព្រះយេស៊ូបានប្រកាសខ្លួនថាជាព្រះបុត្រាតែមួយនៃព្រះជាម្ចាស់ (យហ ៣,១៦) ដែលលោកសិលា និងសាវ័កឯទៀតៗបានធ្វើជាសាក្សីអំពីសេចក្តីនេះ គឺចង់បង្ហាញថា ក្នុងចំណោមមនុស្សលោកទាំងអស់ មានតែព្រះយេស៊ូទេដែលលើសមនុស្សទាំងអស់ក្នុងទំនាក់ទំនងជាមួយព្រះជាម្ចាស់ជាព្រះបិតា​របស់ព្រះអង្គ។ [441445,454]

៧៥.ហេតុអ្វីបានជាគ្រីស្តបរិស័ទហៅព្រះយេស៊ូថាជាព្រះអម្ចាស់ ?

˝អ្នករាល់គ្នាហៅខ្ញុំថាព្រះគ្រូ និងព្រះអម្ចាស់ នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ។˝ (យហ ១៣,១៣)។ [446-451,455]

៧៦.ហេតុអ្វីបានជាព្រះជាម្ចាស់ចាប់កំណើតជាមនុស្សក្នុងអង្គព្រះយេស៊ូ?

˝ព្រះអង្គយាងមកពីស្ថានបរមសុខដើម្បីមនុស្សយើង និងដើម្បីសង្រ្គោះយើងខ្ញុំ។ ˝ (ធម៌ប្រកាសជំនឿក្រុងនីសេ)។  ​[456-460]

៧៧.តើមានន័យដូចម្តេចនៅពេលយើងនិយាយថាព្រះយេស៊ូគ្រីស្តជាព្រះជាម្ចាស់យ៉ាងពិតប្រាកដផង និងជាមនុស្សយ៉ាងពិតប្រាកដផងដូច្នេះ?

ក្នុងអង្គព្រះយេស៊ូ ព្រះជាម្ចាស់ទៅជាមនុស្សដូចជាយើងរាល់គ្នា និងជាបងប្អូនរបស់យើង។ ទោះបីជាយ៉ាងនេះក្តី ខណពេលជាមួយគ្នាព្រះយេស៊ូក៏ពិតជាព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងជាព្រះជាម្ចាស់របស់យើងរាល់គ្នា។ មហាសន្និបាត ខាសេដូនឆ្នាំ៤៥១ បានបង្រៀនយើងថា សភាពជាព្រះ និងសភាពជាមនុស្សត្រូវបានរួបរួមក្នុងអង្គព្រះយេស៊ូគ្រីស្ត ˝ដែលមិនអាចបំបែក និងមិនអាចភាន់ច្រឡំបាន ˝។ [464-467,469]

៧៨.ហេតុអ្វីយើងអាចយល់អំពីព្រះយេស៊ូត្រឹមតែអាថ៌កំបាំងប៉ុណ្ណោះ?

ដោយសារព្រះយេស៊ូជាព្រះជាម្ចាស់ដែរ  ដូច្នេះយើងមិនអាចយល់ពីព្រះយេស៊ូពេញលេញបានទេ បើយើងមិនគិតអំពីភាពជាព្រះជាម្ចាស់របស់ព្រះអង្គដែលយើងមិនអាចមើលឃើញ។

៧៩.តើព្រះយេស៊ូមានព្រលឹង ចិត្តគំនិត និងរូបកាយដូចយើងដែរឬទេ?

ព្រះយេស៊ូមានព្រលឹង ចិត្តគំនិត និងរូបកាយដូចមនុស្សយើងដែរ ˝ព្រះបុត្រារបស់ព្រះជាម្ចាស់បានធ្វើការជាមួយដៃរបស់មនុស្ស  បានគិតជាមួយប្រាជ្ញារបស់មនុស្ស បានប្រព្រឹត្តជាមួយបំណងរបស់មនុស្ស បានស្រលាញ់ជាមួយបេះដូងរបស់មនុស្ស......។ ˝ ( អំណរ និងសេចក្តីសង្ឃឹម ២២,២)។ [470-476]

៨០.ហេតុអ្វីបានជាព្រះនាងម៉ារីជាព្រហ្មចារនី?

ព្រះជាម្ចាស់ចង់ឱ្យព្រះយេស៊ូមានមាតាជាមនុស្សយ៉ាងពិតប្រាកដ រីឯបិតាវិញគឺមានតែព្រះជាម្ចាស់ទេដែលជាព្រះបិតាតែមួយគត់របស់ព្រះអង្គ។ ដូច្នេះហើយបានជាព្រះជាម្ចាស់ចង់​ចាប់ផ្តើមបង្កើតថ្មីនៅក្នុងអង្គព្រះយេស៊ូ ដោយឱ្យមនុស្សទាំងអស់ទទួលស្គាល់ថា ការនេះត្រូវបានព្រះជាម្ចាស់ផ្ទាល់ជាអ្នកបង្កើត មិនមែនមកពីការបង្កើតណាមួយក្នុងលោកិយនេះទេ។ [484-504,508-510]

៨១. តើព្រះនាងម៉ារីមានបុត្រណាផ្សេងទៀតក្រៅពីព្រះយេស៊ូទេ?

ព្រះយេស៊ូគឺជាបុត្រតែមួយគត់របស់ព្រះនាងម៉ារី បើពិនិត្យតាមផ្លូវកាយ។ [500-510]

៨២.តើត្រឹមត្រូវឬទេដែលហៅព្រះនាងម៉ារីជាព្រះមាតាព្រះជាម្ចាស់ដូច្នេះ?

អស់អ្នកដែលហៅព្រះនាងម៉ារីជាព្រះមាតាព្រះជាម្ចាស់ គឺពួកគេប្រកាសថាព្រះបុត្រារបស់ព្រះនាងពិតជាព្រះជាម្ចាស់មែន។ [495-509]

៨៣.តើមានន័យដូចម្តេចពេលយើងប្រកាសថាព្រះនាងម៉ារីគ្មានជំពាក់បាបដូច្នេះ?

ព្រះសហគមន៍កាតូលិកជឿថាព្រះនាងព្រហ្មចារិនីម៉ារី តាំងពីពេលចាប់កំណើតក្នុងផ្ទៃម្តាយ ដោយព្រះហឫទ័យប្រណីសន្តោសយ៉ាងពិសេសរបស់ព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងដោយគុណធម៌នៃកិច្ចការរបស់ព្រះយេស៊ូគ្រីស្តជាព្រះសង្គ្រោះ ទើបព្រះនាងម៉ារីត្រូវបានថែរក្សាឱ្យចាកផុតពីអំពើបាបទាំងពួង និងរួចផុតពីអំពើបាបដើម ដូច្នេះហើយបានជាយើងហៅព្រះនាងម៉ារីថាគ្មានជំពាក់បាប។   (DOGMA OF 1854) [487-492,508]

៨៤.តើព្រះនាងម៉ារីជាឧបករណ៍ក្នុងព្រះហស្តព្រះជាម្ចាស់?

ព្រះនាងម៉ារីលើសពីឧបករណ៍ក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ទៅទៀត ព្រោះព្រះនាងបានឆ្លើយតបនឹងការអញ្ចើញរបស់ព្រះជាម្ចាស់ ដើម្បីឱ្យការចាប់កំណើតរបស់ព្រះជាម្ចាស់បានកើតជារូបរាង។ [493-494,508-511]

៨៥.ហេតុអ្វីបានជាព្រះនាងម៉ារីក៏ជាមាតារបស់យើងទាំងអស់គ្នាដូច្នេះ?

ព្រះនាងម៉ារីគឺជាមាតារបស់យើងទាំងអស់គ្នាដែរ ដោយសារនៅលើឈើឆ្កាងព្រះយេស៊ូបានប្រគល់ព្រះនាងឱ្យធ្វើជាមាតារបស់យើងទាំងអស់គ្នា។ [963-966,973]

៨៦.ហេតុអ្វីបានជាព្រះយេស៊ូត្រូវរង់ចាំរហូតដល់ព្រះជន្ម៣០ព្រះវស្សាទើបចេញទៅបំពេញបេសកកម្មជាសាធារណៈ?

ដោយសារព្រះយេស៊ូចង់ចែករំលែកជីវិតសាមញ្ញធម្មតារួមជាមួយមនុស្សយើង ដោយសារហេតុនេះបានជាព្រះអង្គប្រោសឱ្យកិច្ចការងារប្រចាំថ្ងៃរបស់យើងឱ្យបានវិសុទ្ធ។ [531-534,564]

៨៧.ហេតុអ្វីបានជាព្រះយេស៊ូឱ្យលោកយ៉ូហានបាទីស្តធ្វើពីធីជ្រមុជទឹកជូនព្រះអង្គ ខណៈដែលព្រះអង្គមិនជាប់ជំពាក់បាបអ្វីទាល់តែសោះដូច្នេះ?

ព្រះយេស៊ូយល់ព្រមទទួលពិធីជ្រមុជទឹកបែបនេះ គឺព្រះអង្គចង់ចូលរួមក្នុងប្រវិត្តសាស្រ្តនៃអំពើបាបរបស់មនុស្សលោកទាំងអស់។ ដោយហេតុនេះហើយ ព្រះអង្គទ្រង់បានបង្រៀនឱ្យយើងដឹងថា ដើម្បីសង្គ្រោះយើងឱ្យចេញផុតពីអំពើបាប ថ្ងៃណាមួយព្រះអង្គនិងលិចនៅក្នុងសេចក្តីស្លាប់ ដើម្បីអាចរស់ឡើងវិញដោយសារឫទ្ធានុភាពនៃព្រះបិតារបស់ព្រះអង្គ។ [535-537,565]

៨៨.ហេតុអ្វីបានជាព្រះយេស៊ូត្រូវឱ្យមារល្បួងព្រះអង្គ ? តើព្រះអង្គអាចត្រូវបានមារល្បួងឬយ៉ាងណា?

ព្រះយេស៊ូពិតជាមនុស្សយ៉ាងពិតប្រាកដ ដូច្នេះហើយព្រះអង្គត្រូវតែរងការល្បួងដែលមកពីមារ ៖ ˝ដ្បិតយើងមានមហាបូជាចារ្យដែលអាចរួមសុខទុក្ខជាមួយយើង ជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ជំពូកដូចយើងដែរ តែទ្រង់មិនបានប្រព្រឹត្តអំពើបាបសោះឡើយ។ ˝ ( ហប ៤,១៥)។ [538-540,566]

៨៩.តើព្រះយេស៊ូបានសន្យាចំពោះនរណាអំពីព្រះរាជ្យនៃស្ថានបរមសុខ?

˝ព្រះជាម្ចាស់ទ្រង់សព្វព្រះហឫទ័យឱ្យមនុស្សទាំងអស់បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្តីពិតយ៉ាងច្បាស់។ ˝( ១ធម ២,៤)។ ព្រះរាជ្យរបស់ព្រះជាម្ចាស់ចាប់ផ្តើមនៅក្នុងអ្នកណាដែលព្រមអនុញ្ញាតឱ្យសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ផ្លាស់ប្តូរពូកគេ គឺដំបូងបំផុតគឺអស់អ្នកដែលក្រីក្រ តូចតាចបំផុត ដូចព្រះយេស៊ូបានមានបន្ទូលនៅក្នុងសុភមង្គលទាំងប្រាំបីរបស់ព្រះអង្គ។ [541-546,567]

៩០.តើព្រះយេស៊ូពិតជាបានធ្វើការអស្ចារ្យមែនឬយ៉ាងណា ឬគ្រាន់តែជារឿងប្រឌិត?

ព្រះយេស៊ូពិតជាបានធ្វើការអស្ចារ្យ ដែលបានរៀបរាប់នៅក្នុងគម្ពីរដំណឹងល្អអំពីព្រឹត្តិការណ៍ទាំងអស់នោះមែន។ [547-550]

៩១.ហេតុអ្វីបានជាព្រះយេស៊ូធ្វើការអស្ចារ្យទាំងអស់នោះ?

ការអស្ចារ្យទាំងអំបាលម៉ានដែលព្រះយេស៊ូបានប្រព្រឹត្ត គឺជាទីសម្គាល់អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់បានចាប់ផ្តើមហើយ ក៏ដើម្បីបង្ហាញសេចក្តីស្រលាញ់របស់ព្រះអង្គចំពោះមនុស្សលោក និងចង់បញ្ជាក់អំពីបេសកកម្មរបស់ព្រះអង្គផងដែរ។ [547-550]

៩២.តើព្រះយេស៊ូត្រាស់ហៅក្រុមគ្រីស្តទូតដើម្បីអ្វី ?

ព្រះយេស៊ូមានសាវ័កប្រុសស្រីជាច្រើន ក្នុងចំណោមសាវ័កទាំងអស់នោះព្រះអង្គជ្រើសរើសប្រុសៗ១២រូប (លក ៦,១២-១៦) ដើម្បីបង្រៀនពួកគេយ៉ាងម៉ត់ចត់ និងប្រគល់បេសកកម្មដល់ពួកគេ ៖ ˝ព្រះអង្គចាត់គេឱ្យចេញទៅប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជម្ងឺឱ្យបានជា ˝ ( លក ៩,២)។ នៅពេលប្រារព្វពិធីជប់លាង ព្រះអង្គបានគាប់ព្រះហឫទ័យសោយព្រះស្ងោយរួមជាមួយគ្រីស្តទូតទាំង១២រូប ថែមទាំងប្រាប់ពួកគេថា  ˝ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ  ˝( លក ២២,១៩)។ [551-553,567]

៩៣.ហេតុអ្វីបានជាព្រះយេស៊ូបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ(TRANSFIGURED)នៅលើភ្នំ?

នៅពេលដែលព្រះយេស៊ូនៅលើផែនដីនេះនៅឡើយ ព្រះជាម្ចាស់ចង់បង្ហាញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអង្គព្រះយេស៊ូ ដែលជាព្រះបុត្រារបស់ព្រះអង្គ ហើយព្រះយេស៊ូផ្ទាល់ ក៏ព្រះអង្គចង់បង្ហាញសិរីរុងរឿងរបស់ព្រះអង្គដើម្បីជួយឱ្យក្រុមសាវ័កអាចយល់នូវអត្ថន័យអំពីការសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គបាន។ [554-556,567]

៩៤.តើព្រះយេស៊ូជ្រាបទេថាព្រះអង្គនឹងសោយទិវង្គតនៅពេលដែលព្រះអង្គយាងចូលក្រុងយេរូសាឡឹម?

ព្រះយេស៊ូជ្រាបថាព្រះអង្គនឹងសោយទិវង្គត ទើបព្រះអង្គបានប្រកាសទុកជាមុននូវការរងទុក្ខលំបាក និងសោយទិវង្គតរបស់ព្រះអង្គចំនួនបីដង ដោយព្រះអង្គជ្រាបច្បាស់ និងស្ម័គ្រចិត្តដើម្បីទទួលទុក្ខលំបាកនេះ        (លក ៩,៥១)។ [557-560,569-570]

៩៥.ហេតុអ្វីបានជាព្រះយេស៊ូជ្រើសរើសយកថ្ងៃបុណ្យចម្លងរបស់ជនជាតិយូដាដើម្បីរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញដូច្នេះ?

ព្រះយេស៊ូបានជ្រើសរើសយកថ្ងៃបុណ្យចម្លងរបស់ជនជាតិយូដា គឺជានិមត្តិសញ្ញានៃកិច្ចការដែលព្រះអង្គហៀបនឹងបង្ហើយក្នុងការសោយទិវង្គត និងរស់ឡើងវិញរបស់ព្រះអង្គ។ នៅក្នុងប្រវត្តិសាស្រ្ត ព្រះជាម្ចាស់បានរំដោះជនជាតិអ៊ីស្រាអែលបានរួចផុតពីទាសភាពរបស់ជនជាតិអេស៊ីប បច្ចុប្បន្ននេះព្រះយេស៊ូក៏ចង់រំដោះយើងឱ្យរួចផុតពីទាសភាពនៃអំពើបាបនិងសចក្តីស្លាប់ផងដែរ។ [571-573]

៩៦.ហេតុអ្វីបានជាមនុស្សយើងបានសុខសាន្ត រីឯព្រះយេស៊ូវិញត្រូវទទួលទោសសោយទិវង្គតនៅលើឈើឆ្កាងដូច្នេះ?

ព្រះយេស៊ូបានឱ្យមនុស្សនៅសម័យរបស់ព្រះអង្គធ្វើការសម្រេចយ៉ាងដាច់ខាតអំពីសកម្មភាពរបស់ព្រះអង្គ ( ការលើកលែងទោស ការមិនគោរពថ្ងៃសប្ប័ទ .......) ឬគេអាចទទួលស្គាល់នូវឫទ្ធានុភាពរបស់ព្រះអង្គ ឬមួយពួកគេចាត់ទុកព្រះអង្គជាជនបោកប្រាស់ ជនម៉ាក់ងាយព្រះនាមព្រះជាម្ចាស់ បំពានច្បាប់ ដែលត្រូវតែទទួលទោសនៅលើឈើឆ្កាង។ [574-578]

៩៧.តើជនជាតិយូដាត្រូវទទួលខុសត្រូវចំពោះការសោយទិវង្គតរបស់ព្រះយេស៊ូដែរឬយ៉ាងណា?

គ្មាននរណាអាចចោទប្រកាន់ជនជាតិយូដាអំពីការសោយទិវង្គតរបស់ព្រះយេស៊ូបានទេ ផ្ទុយទៅវិញ ព្រះសហគមន៍កាតូលិកប្រកាសយ៉ាងជាក់ច្បាស់ថា គឺអស់អ្នកដែលប្រព្រឹត្តអំពើបាបដដែលៗទាំងអស់សុទ្ធតែជាអ្នកដែលទទួលខុសត្រូវចំពោះការសោយទិវង្គតរបស់ព្រះអង្គ។ [597-598]

៩៨.តើព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យមនុស្សស្លាប់ឬ?

ការសោយទិវង្គតយ៉ាងអាណោចអធមរបស់ព្រះយេស៊ូមិនមែនជាការរៀបចំជាមុននោះទេ ប៉ុន្តែព្រះយេស៊ូផ្ទាល់ជ្រាបស្រាប់ហើយថា៖ ˝ បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះទៅឱ្យពួកជនពាលឥតសាសនាឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គទ្រង់ញាណជាមុន។˝ (កក ២,២៣) ដើម្បីឱ្យយើងដែលជាកូនចៅជាប់ជំពាក់នឹងអំពើបាប និងសេចក្តីស្លាប់ បានទទួលការសង្គ្រោះ ˝រីឯព្រះគ្រីស្តគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើឱ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឱ្យបានសុចរិតរួមជាមួយព្រះគ្រីស្តដែរ។ ˝(២ករ ៥,២១)។ ការលះបង់យ៉ាងធំធេងដែលព្រះបិតាទន្ទឹងរង់ចាំក្នុងព្រះបុត្រា ត្រូវបានព្រះបុត្រាឆ្លើយតបមកវិញដោយការស្តាប់បង្គាប់រហូតដល់សោយទិវង្គត ៖ ˝ ឥឡូវនេះទូលបង្គំរន្ធត់ចិត្តណាស់ មិនដឹងជានឹងទូលថាដូចម្តេចឡើយ ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំឱ្យរួចផុតពីទុក្ខលំបាកនៅពេលកំណត់នេះផង ប៉ុន្តែទូលបង្គំមកដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។˝ (យហ ១២,២៧)។ ទាំងអស់នេះ បញ្ជាក់ឱ្យយើងឃើញថា ទាំងព្រះបិតា និងព្រះបុត្រាបានបញ្ចេញនូវសេចក្តីស្រលាញ់យ៉ាងជ្រៅបំផុតគឺបូជាព្រះជន្មនៅលើឈើឆ្កាង។ [599-609,620]

៩៩.តើមានអ្វីកើតឡើងនៅពេលព្រះយេស៊ូធ្វើពិធីជប់លាងជាមួយក្រុមគ្រីស្តទូត ?

ព្រះយេស៊ូបានបង្ហាញសេចក្តីស្រលាញ់របស់ព្រះអង្គតាមរយៈកិច្ចការទាំង៣គឺ ៖ លាងជើងឱ្យក្រុមគ្រីស្តទូត តែងតាំងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត  បង្កើតក្រុមបូជាចារ្យនៃសម្ពន្ធមេត្រីថ្មី។ [610-611] 

១០០.តើព្រះយេស៊ូពិតជាស្លុតរន្ធត់ចំពោះការរងទុក្ខលំបាកនៅយប់មុនពេលព្រះអង្គរងទុក្ខលំបាកគឺនៅលើភ្នំដើមអូលីវ មែនដែរឬយ៉ាងណា?

ដោយសារព្រះយេស៊ូជាមនុស្សដូចយើង ព្រះអង្គពិតជាស្លុតរន្ធត់ចំពោះការរងទុក្ខលំបាកដែលព្រះអង្គហៀបនឹងទទួលនេះពិតប្រាកដមែន។ [612]

០១.ហេតុអ្វីបានជាព្រះយេស៊ូត្រូវសង្គ្រោះមនុស្សដោយសោយទិវង្គតនៅលើឈើឆ្កាង?

ទោះបីព្រះអង្គគ្មានកំហុសក្តី ព្រះអង្គបានយល់ព្រមជ្រើសរើសយកការសោយទិវង្គតយ៉ាងអាណោចអធមនៅលើឈើឆ្កាងដើម្បីលះបង់ និងបូជាព្រះជន្មព្រះអង្គផ្ទាល់នៅលើឈើឆ្កាង។ ព្រះអង្គបានជ្រើសរើសយកឈើឆ្កាងដើម្បីលីអំពើបាបរបស់ពិភពលោក និងរងទុក្ខរបស់ប្រជាជាតិទាំងមូល ដោយសារសេចក្តីស្រលាញ់ដ៏ឥតខ្ចោះរបស់ព្រះអង្គ បាននាំមនុស្សឱ្យទៅកាន់ព្រះជាម្ចាស់វិញ។ ដូច្នេះហើយ គ្មាននរណាអាចនិយាយថាព្រះជាម្ចាស់មិនអាចឈ្វេងយល់ដឹងនូវរាល់ទុក្ខលំបាករបស់មនុស្សបានឡើយ។ [613-617,622-623]

១០២.ហេតុអ្វីបានជាយើងត្រូវទទួលទុក្ខលំបាកនៅក្នុងជីវិតដោយលីឈើឆ្កាងដើរតាមព្រះយេស៊ូ?

គ្រីស្តបរិស័ទមិនមែនស្វែងរកទុក្ខលំបាកទេ តែត្រូវតែប្រឈមមុខនឹងទុក្ខលំបាកដែលមិនអាចគេចផុតបាន គ្រីស្តបរិស័ទត្រូវតែមានអំណរសប្បាយដោយបានរួមទុក្ខលំបាកជាមួយព្រះយេស៊ូ ˝ដូចព្រះអង្គត្រាស់ហៅបងប្អូនមកឱ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រីស្តក៏បានរងទុក្ខលំបាកសម្រាប់បងប្អូនទុកជាគម្រូឱ្យបងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។˝ (១សល ២,២១)។ [618]

១០៣.តើព្រះយេស៊ូពិតជាបានសោយទិវង្តគ ឬព្រះអង្គគ្រាន់តែសម្តែងប៉ុណ្ណោះដើម្បីអាចមានព្រះជន្មរស់ឡើងវិញ​បាន?

ព្រះយេស៊ូពិតជាបានសោយទិវង្គតនៅលើឈើឆ្កាង រីឯព្រះសពរបស់ព្រះអង្គត្រូវបានគេបញ្ចុះក្នុងផ្នូរ។ រាល់ឯកសារដើមបានកត់ត្រា និងធ្វើជាសាក្សីអំពីសេចក្តីទាំងអស់នេះ។ [627]

១០៤.តើអ្នកអាចក្លាយជាគ្រីស្តបរិស័ទដែលមិនជឿលើការរស់ឡើងវិញរបស់ព្រះយេស៊ូបានឬទេ?

មិនអាចបានទេ សន្តប៉ូលបានថ្លែងថា​៖˝ បើព្រះគ្រីស្តមិនមានព្រះជន្មរស់ឡើងវិញទេ សេចក្តីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូន ក៏គ្មានន័យអ្វីដែរ។˝ (១ករ ១៥,១៤)។ [631,638,651]

១០៥.តើមូលហេតុអ្វីបានជាក្រុមសាវ័កបែរមកជឿថាព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញមែន?

ក្រុមសាវ័កដែលបានបាត់បង់សេចក្តីសង្ឃឹមទាំងស្រុង ហើយបែរមកជឿលើព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញនោះ គឺដោយសារពួកគេបានឃើញព្រះអង្គនៅក្នុងទម្រង់ខុសប្លែក បន្ទាប់ពីព្រះអង្គបានសោយទិវង្គត ពួកគេបាននិយាយជាមួយព្រះអង្គ ហើយមានបទពិសោធន៍ជាមួយព្រះអង្គដូចជាភាវៈដែលមានជីវិត។ [640-644,656]

១០៦.តើមានភស្តុតាងអ្វីដែលបញ្ជាក់អំពីការរស់ឡើងវិញរបស់ព្រះយេស៊ូដែលឬទេ?

គ្មានភស្តុតាងតាមបែបវិទ្យាសាស្រ្តដែលបង្ហាញពីការរស់ឡើងវិញរបស់ព្រះយេស៊ូទេ ប៉ុន្តែមានសាក្សីជាច្រើន ទាំងបុគ្គលផង និងជាក្រុមផង ដែលពួកគេរស់នៅក្នុងសម័យរបស់ព្រះយេស៊ូនៅក្រុងយេរ៉ូសាឡឹមបានអះអាងអំពីហេតុការណ៍នេះ។ [639-644,647,656-657]

១០៧.តើព្រះកាយរបស់ព្រះយេស៊ូក្រោយពីមានព្រះជន្មរស់ឡើងវិញ គឺជាព្រះកាយដដែលដូចនៅពេលដែលព្រះអង្គមានព្រះជន្មនៅលើលោកនេះឬយ៉ាងណា?

ព្រះយេស៊ូបានឱ្យក្រុមសាវ័កពាល់លើព្រះកាយរបស់ព្រះអង្គ ព្រះអង្គបានសោយព្រះស្ងោយជាមួយពួកគេ ថែមទាំងបង្ហាញនូវស្នាមរបួសរបស់ព្រះអង្គផងដែរ។ ព្រះកាយរបស់ព្រះអង្គលែងជាកម្មសិទ្ទិនៅលើផែនដីនេះទៀតហើយ គឺជាកម្មសិទ្ធិនៃព្រះរាជ្យនៃស្ថានបរមសុខរបស់ព្រះបិតាព្រះអង្គវិញ។ [645-646]

១០៨.តើពិភពលោកបានផ្លាស់ប្តូរដែលឬទេក្រោយពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ?

ចាប់ពីពេលនេះតទៅ សេចក្តីស្លាប់មិនមែនជាទីបញ្ចប់នៃអ្វីៗទាំងអស់នោះទេ ជំនួសមកវិញគឺអំណរសប្បាយ និងសេចក្តីសង្ឃឹមបានមកដល់ក្នុងពិភពលោកនេះវិញ។ ˝មច្ចុរាជគ្មានអំណាចលើព្រះយេស៊ូទៀតទេ˝ ( រម ៦,៩) ហើយសេចក្តីស្លាប់ក៏មិនមានអំណាចលើយើងដែលជាអ្នកជឿលើព្រះយេស៊ូទៀតដែរ។ [655,658]

១០៩.តើ ព្រះយស៊ូយាងឡើងស្ថានបរមសុខមានន័យដូចម្តេច?

ការយាងឡើងស្ថានបរមសុខរបស់ព្រះយេស៊ូមានន័យថា ព្រះអង្គគឺជាមនុស្សម្នាក់ក្នុងចំណោមពួកយើងត្រូវត្រលប់ទៅវិញឯព្រះជាម្ចាស់ជាព្រះបិតា ហើយគង់នៅទីនោះអស់កល្បជានិច្ច។ ដោយសារព្រះយេស៊ូ ទើបព្រះជាម្ចាស់គង់នៅជិតមនុស្សលោកយើងតាមរបៀបមនុស្សដូចយើង ដូចក្នុងគម្ពីរដំណឹងល្អតាមសន្តយ៉ូហានបានចែងអំពីព្រះយេស៊ូមានព្រះបន្ទូលថា​៖ ˝កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ។ ˝ (យហ ១២,៣២)។ [659-667]

១១០.ហេតុអ្វីបានជាព្រះយេស៊ូគឺជាព្រះអម្ចាស់នៃសកលលោកទាំងមូល?

ព្រះយេស៊ូគឺជាព្រះអម្ចាស់នៃសកលលោកទាំងមូល និងជាព្រះអម្ចាស់នៃប្រវត្តិសាស្រ្តផងដែរ ព្រោះអ្វីៗទាំងអស់កើតចេញមកដោយសារព្រះអង្គ​។ មនុស្សទាំងអស់បានទទួលការសង្គ្រោះដោយសារព្រះអង្គ និងត្រូវបានកាត់ក្តីដោយសារព្រះអង្គដែរ។ [668-674,680]

១១១.តើអវសានកាលនៃពិភពលោកនឹងទៅជាយ៉ាងណា?

អវសានកាលនៃពិភពលោកគឺព្រះគ្រីស្តនឹងយាងមកវិញ ហើយមនុស្សទាំងអស់នឹងមើលឃើញព្រះអង្គ។ [675-677]

១១២.តើមានន័យដូចម្តេចពេលនិយាយថាព្រះយេស៊ូនឹងយាងមកវិនិច្ឆ័យ និងកាត់ក្តីពិភពលោកទាំងមូលដូច្នេះ?

មានន័យថា ព្រះយេស៊ូមិនអាចជួយនរណាម្នាក់បានឡើយ ប្រសិនបើអ្នកនោះមិនចង់ស្គាល់នូវអ្វីដែលជាសេចក្តីស្រលាញ់ ដូច្នេះខ្លួនពួកគេផ្ទាល់ដែលជាអ្នកនឹងវិនិច្ឆ័យខ្លួនឯងផ្ទាល់។ [678-679,681-682]

ជំពូកទី៣
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ

១១៣.តើមានន័យដូចម្តេចពេលយើងនិយាយថា ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធដូច្នេះ?

ពេលយើងពោលថា ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ មានន័យថាយើងលើកតម្កើងព្រះអង្គជាព្រះជាម្ចាស់ដូចដែលយើងលើកតម្កើងព្រះបិតា និងព្រះបុត្រាដែរ ដោយសារព្រះអង្គគឺជាអង្គមួយក្នុងព្រះត្រៃឯក ព្រះអង្គរួមសភាពជាមួយព្រះបិតា និងព្រះបុត្រា។ ខណៈពេលជាមួយគ្នានេះដែរ ក៏មានន័យថា ព្រះវិញ្ញាណដ៏វិសុទ្ធគឺជាអង្គដែលយាងមកគង់នៅក្នុងដួងចិត្តរបស់យើង ណែនាំយើងឱ្យក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ជាព្រះបិតានៅឯស្ថានបរមសុខ។ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធជួយជម្រុញយើង នាំឱ្យយើងអាចមានសមត្ថភាពផ្លាស់ប្តូរមុខមាត់នៃពិភពលោកបាន។ [683-686]

១១៤.តើព្រះវិញ្ញាណដ៏វិសុទ្ធបំពេញតួនាទីអ្វីនៅក្នុងជីវិតរបស់គ្រីស្តបរិស័ទ?

រាល់កិច្ចការរបស់ព្រះយេស៊ូយើងអាចយល់ដឹងបានលុះត្រាតែមានការបំភ្លឺដែលមកពីព្រះវិញ្ញណដ៏វិសុទ្ធ។ វត្តមានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលជាព្រះជាម្ចាស់នេះ ត្រូវបានបង្ហាញឱ្យយើងឃើញទាំងស្រុងក្នុងឆាកជីវិតរបស់ព្រះយេស៊ូ។ [689-691,702-731]

១១៥.តើព្រះវិញ្ញាណដ៏វិសុទ្ធត្រូវបានស្គាល់ក្រោមទម្រង់ និងឈ្មោះអ្វីខ្លះ?

ព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមកគង់លើព្រះយេស៊ូក្រោមទម្រង់សត្វព្រាប។ គ្រីស្តបរិស័ទដើមដំបូងមានបទពិសោធន៍អំពីព្រះវិញ្ញាណដ៏វិសុទ្ធតាមរយៈប្រេងអ្នកជម្ងឺ ទឹកដែលផ្តល់ជីវិត ខ្យល់បោះបោក និងអណ្តាតភ្លើង។ ព្រះយេស៊ូផ្ទាល់បាននិយាយអំពីព្រះវិញ្ញាណដ៏វិសុទ្ធគឺជាអ្នកប្រឹក្សាយោបល់ ជាអ្នកលួងលោម ជាគ្រូបង្រៀន និងជាវិញ្ញាណនៃសេចក្តីពិត។ នៅក្នុងអគ្គសញ្ញាទាំងអស់របស់ព្រះសហគមន៍ ព្រះវិញ្ញាណត្រូវបានប្រទានមកតាមរយៈការទ្រាបដៃ និងលាបប្រេង។ [691-693]

១១៦. តើមានន័យដូចម្តេចនៅពេលនិយាយថាព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលតាមរយៈព្យាការី ?

នៅក្នុងសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធទៅដល់មនុស្សប្រុសស្រីមួយចំនួនដើម្បីឱ្យគេថ្លែងព្រះបន្ទូលក្នុងនាមព្រះអង្គ និងរៀបចំប្រជាជនក្នុងការទទួលព្រះមេស្ស៊ីដែលនឹងយាងមក។ [683-688,702-720]

១១៧.តើព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើការក្នុងព្រះនាងម៉ារី រួមជាមួយព្រះនាងម៉ារី និងតាមរយៈព្រះនាងម៉ារីយ៉ាងដូចម្តេច?

ព្រះនាងម៉ារីបានឆ្លើយតប និងបើកដួងចិត្តទាំងស្រុងសម្រាប់ការត្រាស់ហៅរបស់ព្រះជាម្ចាស់(លក១,៣៨)។ ដោយសារហេតុនេះហើយ តាមរយៈសកម្មភាពរបស់ព្រះវិញ្ញាណ ព្រះនាងបានក្លាយទៅជាមាតារបស់ព្រះជាម្ចាស់ និងដោយសារព្រះនាងជាព្រះមាតារបស់ព្រះគ្រីស្ត ព្រះនាងក៏ជាមាតារបស់គ្រីស្តបរិស័ទ និងជាមាតារបស់មនុស្សលោកទាំងអស់។ [721-726]

១១៨.តើមានអ្វីកើតឡើងនៅថ្ងៃដែលព្រះវិញ្ញាណដ៏វិសុទ្ធយាងមក?

ហាសិបថ្ងៃក្រោយពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ  ព្រះយេស៊ូបានផ្ញើព្រះវិញ្ញាណដ៏វិសុទ្ធពីស្ថានបរមសុខមកលើក្រុមគ្រីស្តទូត ចាប់ពីពេលនោះមកព្រះសហគមន៍បានចាប់កំណើត។  [731-733]

១១៩.តើព្រះវិញ្ញាណដ៏វិសុទ្ធបំពេញសកម្មភាពក្នុងព្រះសហគមន៍យ៉ាងដូចម្តេច?

ព្រះវិញ្ញាណដ៏វិសុទ្ធកសាងព្រះសហគមន៍ ព្រះអង្គជម្រុញព្រះសហគមន៍ និងរំឭកព្រះសហគមន៍អំពីបេសកកម្មរបស់ខ្លួន។ ព្រះអង្គត្រាស់ហៅមនុស្សជាច្រើនឱ្យបម្រើព្រះសហគមន៍ និងប្រទានឱ្យគេមានអំណោយទានជាច្រើនដែលត្រូវការជាចាំបាច់។ ព្រះអង្គដឹកនាំឱ្យយើងចូលរួមយ៉ាងជ្រៅក្នុងព្រះជាម្ចាស់ជាព្រះត្រៃឯក។ [733-741,747]

១២០.តើព្រះវិញ្ញាណដ៏វិសុទ្ធបំពេញសកម្មភាពយ៉ាងដូចម្តេចនៅក្នុងជីវិតរបស់ខ្ញុំ?

ព្រះវិញ្ញាណដ៏វិសុទ្ធបើកដួងចិត្តខ្ញុំឱ្យទទួលយកព្រះជាម្ចាស់ ព្រះអង្គបង្រៀនខ្ញុំឱ្យចេះអធិដ្ឋាន ជួយឱ្យខ្ញុំចេះប្រព្រឹត្តកិច្ចការមេត្តាករុណាចំពោះបងប្អូនឯទៀតៗ។ [738-741]

ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ

១២១.តើព្រះសហគមន៍មានន័យដូចម្តេច?

˝ ព្រះសហគមន៍ ˝ តាមភាសាក្រិកគឺ ˝Ekklesia ˝ មានន័យថា អស់អ្នកដែលបានត្រាស់ហៅឱ្យមកជួបជុំគ្នា​។ អស់អ្នកដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក និងមានជំនឿលើព្រះជាម្ចាស់ សុទ្ធតែត្រូវបានព្រះជាម្ចាស់ត្រាស់ហៅឱ្យមកជួបជុំគ្នា ដើម្បីរួមគ្នាយើងជាព្រះសហគមន៍។ សន្តប៉ូលបានថ្លែងថា៖ ព្រះគ្រីស្តគឺជាសរិសា រីឯយើងវិញជាសរីរាង្គរបស់ព្រះអង្គ។ [748-757]

១២២.ហេតុអ្វីបានជាព្រះជាម្ចាស់ចង់ឱ្យមានព្រះសហគមន៍?

ព្រះជាម្ចាស់មិនចង់សង្គ្រោះមនុស្សជាបុគ្គលទេ ព្រះអង្គចង់សង្គ្រោះមនុស្សទាំងអស់រួមជាមួយគ្នា។ ព្រះអង្គចង់បង្រួបបង្រួមមនុស្សឱ្យទៅជាប្រជាជាតិតែមួយ នោះគឺព្រះសហគមន៍។ [758-781,802-804]

១២៣.តើអ្វីទៅមុខងាររបស់ព្រះសហគមន៍?  

មុខងាររបស់ព្រះសហគមន៍គឺកសាងព្រះរាជ្យនៃព្រះជាម្ចាស់ ដែលបានចាប់ផ្តើមជាមួយព្រះយេស៊ូ ដូច្នេះព្រះសហគមន៍ត្រូវធ្វើយ៉ាងណាដើម្បីឱ្យគ្រាប់ពូជនេះលូតលាស់ធំឡើងក្នុងប្រជាជាតិទាំងអស់។ [763-769,774-776,780]

១២៤.ហេតុអ្វីបានជាព្រះសហគមន៍ត្រូវទៅហួសលក្ខណៈជាស្ថាប័ន?

ព្រះសហគមន៍ត្រូវទៅហូសលក្ខណជាស្ថាប័ន ដោយសារព្រះសហគមន៍គឺជាគម្រោងការណ៍ដ៏អស្ចារ្យ ដែលក្នុងពេលជាមួយគ្នានោះ ព្រះសហគមន៍ក៏ជាមនុស្សរូបិផង និងជាអរូបិផង។ [770-773,779]

១២៥.តើប្រជារាស្រ្តរបស់ព្រះជាម្ចាស់ត្រូវមានឯកលក្ខណភាពដូចម្តេច?

ប្រជារាស្រ្តរបស់ព្រះជាម្ចាស់មានព្រះបិតាដែលជាអ្នកបង្កើត មានព្រះយេស៊ូគ្រីស្តជាអ្នកដឹកនាំ និងមានព្រះវិញ្ញាណដ៏វិសុទ្ធជាប្រភពនៃកម្លាំង។ អគ្គសញ្ញាជ្រមុជទឹកគឺជាទ្វារនាំយើងឱ្យក្លាយទៅជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយតម្លៃថ្លៃថ្នូររបស់ប្រជារាស្រ្តនេះគឺសេរីភាពនៃបុត្រធីតារបស់ព្រះជាម្ចាស់ រីឯច្បាប់របស់ព្រះជាម្ចាស់គឺសេចក្តីស្រលាញ់។ នៅពេលដែលប្រជារាស្រ្តនេះមានភក្តីភាពចំពោះព្រះអង្គ និងផ្តល់អាទិភាពក្នុងការស្វែងរកព្រះរាជ្យនៃព្រះជាម្ចាស់ ពួកគេអាចផ្លាស់ប្តូរពិភពលោកបាន។ [781-786]

១២៦.តើមានន័យដូចម្តេចនៅពេលយើងនិយាយថា ព្រះសហគមន៍គឺជាព្រះកាយរបស់ព្រះគ្រីស្ត ?

មានន័យថាយើងរួបរួមជាធ្លុងតែមួយរួមជាមួយព្រះគ្រីស្ត ដោយសារអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាព្រះកាយព្រះលោកហិតព្រះគ្រីស្ត យើងមានទំនាក់ទំនងជាមួយព្រះអង្គដែលមិនអាចកាត់ផ្តាច់បាន។ ហើយទំនាក់ទំនងនេះភា្ជប់យ៉ាងល្អដូចក្បាលភ្ជាប់នឹងអវយវៈដទៃទៀតដូច្នេះដែរ។ [787-795]

១២៧.តើមានន័យដូចម្តេចនៅពេលយើងនិយាយថា ព្រះសហគមន៍គឺជាភរិយារបស់ព្រះគ្រីស្ត?

ព្រះគ្រីស្តស្រលាញ់ព្រះសហគមន៍ដូចស្វាមីស្រលាញ់ភរិយារបស់ខ្លួន។ ព្រះអង្គចងភ្ជាប់ជាមួយព្រះសហគមន៍ដោយសម្ពន្ធមេត្រីអស់កល្បជានិច្ច បូជាព្រះជន្មសម្រាប់ព្រះសហគមន៍ និងថែរក្សាព្រះសហគមន៍ជានិច្ចដូចជាព្រះកាយរបស់ព្រះអង្គផ្ទាល់ដែរ។ (អភ ៥,២៩)។ [796]

១២៨.តើមានន័យដូចម្តេចនៅពេលយើងនិយាយថា ព្រះសហគមន៍គឺជាព្រះដំណាក់របស់ព្រះវិញ្ញាណដ៏វិសុទ្ធ?

នៅក្នុងពិភពលោក​ ព្រះសហគមន៍គឺជាទីកន្លែងដែលព្រះវិញ្ញាណដ៏វិសុទ្ធបង្ហាញខ្លួន។ [797-801,809]

ខ្ញុំជឿលើព្រះសហគមន៍មានតែមួយដ៏វិសុទ្ធ កាតូលិក និងបន្តជំនឿពីក្រុមគ្រីស្តទូត

១២៩.ហេតុអ្វីបានជាមានព្រះសហគមន៍មានតែមួយដូច្នេះ?

ព្រះគ្រីស្តមានតែមួយ ព្រះកាយរបស់ព្រះគ្រីស្តត្រូវមានតែមួយ រីឯភរិយារបស់ព្រះគ្រីស្តក៏មានតែមួយ ដូច្នេះហើយបានជាមានព្រះសហគមន៍របស់ព្រះគ្រីស្តមានតែមួយដូចគ្នាដែរ។ ព្រះគ្រីស្តជាសិរសា ព្រះសហគមន៍គឺជាព្រះកាយរបស់ព្រះអង្គ រួមបញ្ចូលគ្នាជាទម្រង់ទាំងមូលរបស់ព្រះគ្រីស្ត ( សន្ត អាហ្គូស្ទីន )។ ដូចជារូបកាយមានអវយវជាច្រើន ប៉ុន្តែវាជារូបកាយតែមួយ ក៏ដូចគ្នាដែរ ព្រះសហគមន៍មានតែមួយគត់ ដែលក្នុងនោះមានព្រះសហគមន៍តាមតំបន់ជាច្រើន (ភូមិភាគ) រួមគ្នាជារូបកាយរបស់ព្រះគ្រីស្ត។ [811-816,866,870]

១៣០.តើបងប្អូនគ្រីស្តបរិស័ទ ក្រៅព្រះសហគមន៍កាតូលិក ជាបងប្អូនយើងដែរ ឬទេ?

អស់អ្នកណាដែលបានទទួលពិធីជ្រមុជទឹកសុទ្ធតែនៅក្នុងព្រះសហគមន៍របស់ព្រះយេស៊ូគ្រីស្ត។ ដូច្នេះហើយអស់អ្នកដែលបានជ្រមុជទឺក ទោះបីពួកគេមិនបានឯកភាពពេញលេញរួមជាមួយព្រះសហគមន៍កាតូលិកក្តី ក៏ពួកគេត្រូវបានហៅថាជាគ្រីស្តបរិស័ទដែរ បើជាគ្រីស្តបរិស័ទហើយ ពួកគេប្រាកដជាបងប្អូនរបស់យើងដែរ។ [817-819]

១៣១.តើយើងត្រូវធ្វើដូចម្តេចដើម្បីឱ្យមានឯកភាពរវាងគ្រីស្តបរិស័ទនិកាយផ្សេងពីគ្នា?

ក្នុងពាក្យសម្តី និងកិច្ចការដែលយើងធ្វើ យើងត្រូវតែធ្វើតាមព្រះបញ្ជាររបស់ព្រះគ្រីស្តដែលព្រះអង្គបានបង្ហាញឱ្យយើងដឹងតាមរយៈពាក្យអង្វររបស់ព្រះអង្គថា៖ ˝សូមឱ្យគេរួមគ្នាជាអង្គតែមួយ  ˝ (យហ ១៧,២១)។ [820-822]

១៣២.ហេតុអ្វីបានជាព្រះសហគមន៍ត្រូវតែវិសុទ្ធ ?

ព្រះសហគមន៍គឺវិសុទ្ធ មិនមែនដោយសារសមាជិកទាំងអស់ក្នុងព្រះសហគមន៍សុទ្ធតែវិសុទ្ធនោះទេ ប៉ុន្តែដោយសារតែព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ ព្រះអង្គជាប្រភពនៃព្រះសហគមន៍ និងជាអ្នកដែលបំពេញសកម្មភាពក្នុងព្រះសហគមន៍។ សមាជិកទាំងអស់នៃព្រះសហគមន៍ត្រូវបានប្រោសឱ្យបានវិសុទ្ធដោយសារអគ្គសញ្ញាជ្រមុជទឹក។ [823-829]

១៣៣.ហេតុអ្វីបានជាយើងហៅព្រះសហគមន៍ជាកាតូលិក ?

កាតូលិក (ភាសាក្រិក Kat’holon ) មានន័យថា ˝សាកល˝ ពោលគឺ ˝ទាំងស្រុង˝។ ព្រះសហគមន៍ជាកាតូលិក ដោយសារព្រះគ្រីស្តអញ្ចើញព្រះសហគមន៍ឱ្យប្រកាសអំពីជំនឿរបស់ខ្លួនទាំងស្រុង  រក្សាទុកនូវអគ្គសញ្ញាទាំងអស់ និងប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់។ ព្រះគ្រីស្តបានចាត់ព្រះសហគមន៍ឱ្យទៅដល់មនុស្សគ្រប់ជាតិសាសន៍ ក្នុងគ្រប់កាលៈទេសៈទាំងអស់។ [830-831,849-856]

១៣៤.តើនរណាជាសមាជិកនៃព្រះសហគមន៍កាតូលិក?

គឺអស់អ្នកដែលរួបរួមក្នុងឯកភាពជាមួយសម្តេចប៉ាប និងអស់លោកអភិបាលរបស់ព្រះសហគមន៍កាតូលិក និងឯកភាពរួមជាមួយព្រះគ្រីស្តតាមរយៈការប្រកាសជំនឿរបស់ព្រះសហគមន៍កាតូលិក ព្រមទាំងទទួលអគ្គសញ្ញាទាំងឡាយ។ [836-838]

១៣៥.តើព្រះសហគមន៍កាតូលិកមានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយជនជាតិយូដា?

ជនជាតិយូដាគឺជារាមច្បងនៃគ្រីស្តបរិស័ទ ដោយសារព្រះជាម្ចាស់បានស្រលាញ់ និងមានព្រះបន្ទូលទៅកាន់ជនជាតិយូដាមុន។ ព្រះយេស៊ូគ្រីស្តបានយកកំណើតជាជនជាតិយូដា  ចំណុចនេះណែនាំឱ្យយើងយល់ស្របគ្នា។ ព្រះសហគមន៍ក៏បានទទួលស្គាល់ថា ព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ដែលចំណុចនេះណែនាំឱ្យយើងនិងជនជាតិយូដាយល់ខុសគ្នា​ ប៉ុន្តែប្រសិនបើនិយាយអំពីការរង់ចាំព្រះមេហ្សីយាងមកវិញនោះគឺយើងកំពុងតែរង់ចាំដូចគ្នា។ [839-840]

១៣៦.តើព្រះសហគមន៍មានចក្ខុវិស័យដូចម្តេចចំពោះសាសនាដទៃ?

ព្រះសហគមន៍គោរពនូវអ្វីៗដែលមានក្នុងសាសនាដទៃគឺល្អ និងពិត  ទោះបីជាព្រះសហគមន៍ទទួលស្គាល់យ៉ាងច្បាស់ថាព្រះយេស៊ូគ្រីស្តជាព្រះសង្គ្រោះតែមួយគត់របស់មនុស្សលោកក្តី ក៏ព្រះសហគមន៍បានឱ្យតម្លៃ និងការពារសិទ្ធិសេរីភាពខាងសាសនាដែលត្រូវបានចាត់ទុកជាសិទ្ធិមូលដ្ឋានរបស់មនុស្ស។ ព្រោះ                  ˝ ព្រះគ្រីស្តជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ˝ (យហ ១៤,៦)។ [841-845,846-848]

១៣៧.ហេតុអ្វីបានជាព្រះសហគមន៍មានក្រុមគ្រីស្តទូតជាគ្រឹះ?

ដោយសារព្រះសហគមន៍ត្រូវបានកសាងនៅលើគ្រឹះរបស់ក្រុមគ្រីស្តទូត។ ព្រះសហគមន៍បានប្រកាន់ភ្ជាប់នូវការបញ្ជូនបន្តដែលមកពីក្រុមគ្រីស្តទូត ហើយព្រះសហគមន៍ត្រូវបានដឹកនាំដោយអស់លោកដែលបន្តមុខងារពីក្រុមគ្រីស្តទូត(សម្តេចប៉ាប)។ [857-860,869,877]

១៣៨.តើព្រះសហគមន៍តែមួយគត់ ដ៏វិសុទ្ធ កាតូលិក និងជាព្រះសហគមន៍នៃក្រុមគ្រីស្តទូតដំណើរការទៅយ៉ាងដូចម្តេច?

នៅក្នុងព្រះសហគមន៍មានទាំងគ្រហស្ថ(Laity) និងអ្នកគង្វាល (Clerics ) ប៉ុន្តែទាំងអស់គ្នាសុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់ និងមានតម្លៃថ្លៃថ្នូរស្មើគ្នា។ ទោះបីក្រុមទាំងពីរនេះមានមុខងារផ្សេងពីគ្នាក្តី ក៏មុខងារនីមួយៗមានតម្លៃស្មើគ្នា។ តួនាទីរបស់គ្រហស្ថគឺណែនាំពិភពលោកទាំងមូលឆ្ពោះទៅកាន់ព្រះរាជ្យនៃព្រះជាម្ចាស់។ រួមដំណើរក្នុងមុខងាររបស់គ្រហស្ថគឺមានការសហការពីសំណាកអស់អ្នកដែលបានទទួលការតែងតាំង (Clerics ) អស់លោកមានតួនាទីដឹកនាំព្រះសហគមន៍ បង្រៀន និងធ្វើឱ្យព្រះសហគមន៍ឆ្ពោះទៅរកភាពដ៏វិសុទ្ធ។ នៅក្នុងជីវិតទាំងពីរបែបដែលបានរៀបរាប់ពីខាងលើ មានគ្រីស្តបរិស័ទមួយចំនួនថ្វាយខ្លួនទៅព្រះជាម្ចាស់តាមរបៀបពិសេសដោយសច្ចារក្សាព្រហ្មចារីភាព ភាពក្រីក្រ និងស្តាប់បង្គាប់ (ក្រុមបព្វជិត)។ [871-876,934,935]

១៣៩.តើការត្រាស់ហៅរបស់គ្រីស្តបរិស័ទដែលជាគ្រហស្ថគឺអ្វី?

ចាប់ផ្តើមចេញពីអគ្គសញ្ញាជ្រមុជទឹក គ្រីស្តបរិស័ទដែលជាគ្រហស្ថត្រូវបានត្រាស់ហៅឱ្យថ្វាយខ្លួនរស់នៅក្នុងសង្គមដើម្បីឱ្យព្រះរាជ្យរបស់ព្រះជាម្ចាស់លូតលាស់យ៉ាងរឹងមាំនៅក្នុងលោកនេះ។ [877-913,940-943]

១៤០.ហេតុអ្វីបានជាព្រះសហគមន៍របស់ព្រះគ្រីស្តមិនមែនជាសា្ថប័ននៃលទ្ធិប្រជាធិបតេយ្យ?

លទ្ធិប្រជាធិបតេយ្យត្រូវបានដឹកនាំដោយគោលការណ៍ និងអំណាចដែលមកពីមនុស្សលោក។ នៅក្នុងព្រះសហគមន៍ អំណាចទាំងអស់គឺមកពីព្រះគ្រីស្ត ដូច្នេះហើយបានជាព្រះសហគមន៍មានរចនាសម្ពន្ធតាមលំដាប់ថ្នាក់ដែលមកពីព្រះគ្រីស្ត។ [874-879]

១៤១.តើមុខងាររបស់សម្តេចប៉ាបគឺអ្វី?

សម្តេចប៉ាបគឺជាអ្នកបន្តមុខងារពីសន្តសិលា និងជាប្រមុខនៃក្រុមលោកអភិបាល ដូច្នេះមុខងាររបស់សម្តេចប៉ាបគឺធ្វើយ៉ាងណាដើម្បីរក្សាឯកភាពក្នុងព្រះសហគមន៍។ សម្តេចប៉ាបមានអំណាចពេញលេញក្នុងការដឹកនាំថែទាំព្រះសហគមន៍ (PASTORAL AUTHORITY ) ក៏ដូចជាមានសិទ្ធិក្នុងការសម្រេចនូវអ្វីៗដែលទាក់ទងទៅនឹងគោលលទ្ធិ ក៏ដូចជា ច្បាប់ក្នុងព្រះសហគមន៍ផងដែរ។ [880-882,936,937]

១៤២.តើលោកអភិបាលអាចធ្វើការបង្រៀនសេចក្តីដែលប្រឆាំងទៅនឹងសម្តេចប៉ាប ឬសម្តេចប៉ាបអាចប្រព្រឹត្តដូច្នេះចំពោះលោកអភិបាលវិញបានដែរឬទេ?

អស់លោកអភិបាលអាចមានសិទ្ធិបង្រៀនសេចក្តីណា ដែលបង្ហាញពីភាពជាធ្លុងតែមួយរួមជាមួយសម្តេចប៉ាប។ រីឯសម្តេចប៉ាបវិញ ក្នុងករណីមួយចំនួនជាក់ស្តែង សម្តេចប៉ាបអាចធ្វើការសម្រេចចិត្តដោយមិនចាំបាច់ទទួលការឯកភាពពីលោកអភិបាលដទៃទៀតបាន។ [880-890]

១៤៣.តើសម្តេចប៉ាបពិតជាមានអំណាចដែលមិនអាចភ័ន្តច្រឡំ(INFALLIBLE)បានមែនឬយ៉ាងណា?

សម្តចប៉ាបមានអំណាចដែលមិនអាចភ័ន្តច្រឡំបាន (INFALLIBLE) នៅពេលសម្តេចប៉ាបធ្វើសេចក្តីប្រកាសអំពីការបង្រៀនរបស់ព្រះសហគមន៍ ឬសីលធម៌ ឬគោលលទ្ធិអំពីជំនឿយ៉ាងឱឡារឹកលើវិមានរបស់សម្តេចប៉ាប (ex cathedra) អំណោយទានដែលមិនអាចភ័ន្តច្រឡំរបស់សម្តេចប៉ាបនេះត្រូវបានប្រព្រឹត្តទៅក្រោយពីការសម្រេចចិត្ត និងឯកភាពរួមគ្នាជាមួយក្រុមលោកអភិបាលនិងសម្តេចប៉ាប ជាពិសេសនៅពេលដែលមានមហាសន្និបាតរវាងសម្តេចប៉ាបនិងក្រុមលោកអភិបាល។ [888-892]

១៤៤.តើមុខងាររបស់លោកអភិបាលគឺអ្វី?

អស់លោកអភិបាលមានមុខងារទទួលខុសត្រូវព្រះសហគមន៍ក្នុងតំបន់របស់ខ្លួន (ភូមិភាគ) និងចែករំលែកការទទួលខុសត្រូវរបស់ព្រះសហគមន៍កាតូលិកសាកល។ លោកអភិបាលប្រតិបត្តិមុខងាររបស់ខ្លួនក្នុងស្មារតីឯកភាពជាធ្លុងតែមួយរួមជាមួយអស់លោកអភិបាលដទៃទៀត ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍ទាំងមូល ក្រោមការដឹកនាំរបស់សម្តេចប៉ាប។ [886-887,893-896,938-939]

១៤៥.ហេតុអ្វីបានជាព្រះយេស៊ូចង់ឱ្យមានគ្រីស្តបរិស័ទមួយចំនួនថ្វាយខ្លួនទាំងស្រុងដើម្បីរស់នៅជីវិតជាអ្នកបួសដោយសច្ចារក្សាព្រហ្មចារីភាព ភាពក្រីក្រ និងស្តាប់បង្គាប់ដូច្នេះ?

ព្រះជាម្ចាស់ជាសេចក្តីស្រលាញ់ ដូច្នេះហើយព្រះអង្គក៏ចង់ឱ្យយើងស្រលាញ់ព្រះអង្គវិញដែរ ដោយការថ្វាយខ្លួនទាំងស្រុង ដើម្បីស្រលាញ់ព្រះជាម្ចាស់ដូចព្រះយេស៊ូ មានន័យថាត្រូវរស់នៅលីវអស់មួយជីវិត ប្រកាន់ភា្ជប់ភាពក្រីក្រ និងស្តាប់បង្គាប់។ អស់អ្នកដែលជ្រើសរើសយកផ្លូវនេះត្រូវមានខួរក្បាល បេះដូង និងដៃទាំងគូរដើម្បីបម្រើព្រះជាម្ចាស់ និងបងប្អូនឯទៀតដោយសេរីភាព។ [914-933,944-945]

ខ្ញុំជឿលើសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ

១៤៦.តើសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយមានន័យដូចម្តេច?

មនុស្សទាំងអស់ មិនថាប្រុសឬស្រីទេ ដែលបានទុកចិត្តផ្ញើជីវិតទាំងស្រុងទៅលើព្រះគ្រីស្ត តាមរយៈអគ្គសញ្ញាជ្រមុជទឹក ទោះបីពួកគេរស់ ឬស្លាប់ក្តី សុទ្ធតែបានចូលរួមក្នុងសហភាពនៃជនដ៏វិសុទ្ធទាំងឡាយ។ ពីព្រោះក្នុងអង្គព្រះគ្រីស្តយើងគឺជារូបកាយតែមួយ ហើយយើងក៏រស់នៅដោយរួបរួមគ្នារវាងនៃផ្ទៃមេឃ និងផែនដឺដែរ។ [946-962]

១៤៧.ហេតុអ្វីបានជាព្រះនាងម៉ារីមានកន្លែងមួយដ៏ល្អប្រសើរនៅក្នុងសហភាពនៃជនដ៏វិសុទ្ធដូច្នេះ?

ព្រះនាងម៉ារីគឺជាមាតានៃព្រះជាម្ចាស់ ព្រះនាងបានរួបរួមយ៉ាងជិតស្និទ្ធរួមជាមួយព្រះយេស៊ូនៅលើផែនដីនេះក៏ដូចជានៅស្ថានបរមសុខដែរ។ ព្រះនាងម៉ារីគឺជាព្រះមហាក្សត្រីនៃស្ថានបរមសុខ ក្នុងភាពជាមាតា ព្រះនាងជិតស្និទ្ធនឹងយើងរាល់គ្នា ព្រះនាងត្រូវបានព្រះជាម្ចាស់ស្វាគមន៍ក្នុងព្រះរាជ្យនៃស្ថានបរមសុខទាំងរូបកាយ និងព្រលឹងវិញ្ញាណ។ [972]

១៤៨.តើព្រះនាងម៉ារីអាចជួយយើងបានដែរឬទេ?

ប្រាកដណាស់ តាំងពីដើមដំបូងនៃព្រះសហគមន៍ ធ្លាប់មានបទពិសោធន៍អំពីការជួយគាំពារដែលមកពីព្រះនាងម៉ារី។ នៅក្នុងប្រវត្តិសាស្រ្តរបស់ព្រះសហគមន៍​ មានគ្រីស្តបរិស័ទរាប់លាននាក់បានធ្វើសាក្សីអំពីការជួយគាំពារដែលមកពីព្រះនាងម៉ារី។ [967-970]

១៤៩.តើយើងអាចថ្វាយបង្គំព្រះនាងម៉ារីបានដែរឬទេ?

មិនបានទេ យើងថ្វាយបង្គំតែព្រះជាម្ចាស់តែមួយព្រះអង្គគត់ ប៉ុន្តែយើងអាចសម្តែងការគោរពចំពោះព្រះនាងម៉ារីតាមរបៀបពិសេសបាន ពីព្រោះព្រះនាងជាព្រះមាតានៃព្រះសង្គ្រោះ។ [971]

ខ្ញុំជឿលើការលើកលែងទោសឱ្យរួចពីបាប

១៥០.តើព្រះសហគមន៍អាចលើកលែងទោសយ៉ាងពិតប្រាកដមែនដែរឬទេ?

ព្រះសហគមន៍អាចលើកលែងទោសបាន។ ព្រះយេស៊ូបានប្រគល់មុខងារនៃការលើកលែងទោសនេះឱ្យព្រះសហគមន៍ ដើម្បីរំដោះមនុស្សចេញពីអំពើបាបរបស់ខ្លួន។ [981-983,986-987]

១៥១.តើព្រះសហគមន៍លើកលែងទោសតាមរបៀបណា?

ការលើកលែងទោសចំបងបង្គស់គឺអគ្គសញ្ញាណជ្រមុជទឹក។ បន្ទាប់មកមានអគ្គសញ្ញានៃការសម្រុះសម្រួល ( ការដឹងខ្លួនខុស ទទួលសារភាព ) ដែលចាំបាច់ក្នុងការលើកលែងទោសអំពើបាបធ្ងន់។​ រីឯអំពើបាបស្រាលវិញអាចធ្វើការសារភាពបាប ប្រព្រឹត្តកិច្ចការដែលបង្ហាញពីការសោកស្តាយកំហុសសមនិងកំហុសដែលខ្លួនបានប្រព្រឹត្ត ដូចជាអានព្រះគម្ពីរ អធិដ្ឋាន តមអាហារ និងកិច្ចការមេត្តាករុណាផ្សេងៗ។ [976-980,984-987]

ខ្ញុំជឿថារូបកាយមនុស្សនឹងមានជីវិតថ្មី

១៥២.ហេតុអ្វីបានជាយើងជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញ?

យើងជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញ ដោយសារព្រះយេស៊ូបានមានព្រះជន្មរស់ឡើងវិញពីក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មអស់កល្បជានិច្ច ហើយព្រះអង្គប្រោសឱ្យយើងចូលរួមក្នុងព្រះជន្មអស់កល្បជានិច្ចនេះរួមជាមួយព្រះអង្គដែរ។ [988-991]

១៥៣.ហេតុអ្វីបានជាយើងជឿថារូបកាយមនុស្សនឹងរស់ឡើងវិញ?

ព្រះគម្ពីរបាននិយាយអំពីរូបកាយ គឺចង់សំដៅទៅលើភាពទន់ខ្សោយរបស់រូបកាយដែលរមែងតែងតែស្លាប់។ ទោះជាយ៉ាងនេះក្តី ព្រះជាម្ចាស់មិនបានមើលងាយរូបកាយមនុស្សទេ។ ក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានទទួលយករូបកាយមនុស្ស ដើម្បីសង្គ្រោះមនុស្ស។ ព្រះជាម្ចាស់មិនសង្គ្រោះត្រឹមតែវិញ្ញាណរបស់មនុស្សទេ តែព្រះអង្គសង្គ្រោះមនុស្សទាំងព្រលឹងវិញ្ញាណនិងរូបកាយផងដែរ។ [988-991,997-1001,1005]

១៥៤.តើនៅពេលយើងស្លាប់មានអ្វីកើតឡើង?

នៅពេលយើងស្លាប់ ព្រលឹងវិញ្ញាណចាកចេញពីរូបកាយ រូបកាយប្រែជាស្អុយរលួយ រីឯព្រលឹងវិញ្ញាណវិញទៅជួបព្រះជាម្ចាស់ ហើយរង់ចាំថ្ងៃដែលអាចរួបរួមគ្នាជាមួយរូបកាយនៅថ្ងៃចុងក្រោយនៃពិភពលោក។ [992-1004,1016-1018]

១៥៥.ប្រសិនបើយើងទុកចិត្តលើព្រះជាម្ចាស់ តើព្រះអង្គនឹងជួយយើងដូចម្តេចនៅពេលយើងស្លាប់ ?

ព្រះយេស៊ូនឹងយាងមកជួបយើង ហើយនាំឱ្យចូលទៅកាន់ជីវិតអស់កល្បជានិច្ច។ សន្តីថេរេសានៃព្រះកុមារយេស៊ូបាននិយាយថា ៖ ˝មិនមែនសេចក្តីស្លាប់ទេដែលមកទទួលខ្ញុំ គឺព្រះជាម្ចាស់ទេតើដែលមកទទួលខ្ញុំ ˝ [1005-1014,1016,1019]

ខ្ញុំជឿថាមានជីវិតអស់កល្បជានិច្ច

១៥៦.តើជីវិតអស់កល្បជានិច្ចមានន័យដូចម្តេច?

ជីវិតអស់កល្បជានិច្ចចាប់ផ្តើមនៅពេលដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹក ហើយជីវិតនេះនៅតែបន្តក្រោយពីស្លាប់និងគ្មានទីបញ្ចប់ឡើយ។ [1020]

១៥៧.តើយើងត្រូវតែទទួលការវិនិច្ឆ័យទោសក្រោយពីស្លាប់ឬ?

ក្រោយពីស្លាប់មនុស្សត្រូវតែទទួលការវិនិច្ឆ័យទោស ការវិនិច្ឆ័យទោសនេះគឺត្រូវបានធ្វើឡើងដោយលក្ខណៈជាបុគ្គល។ រីឯថ្ងៃចុងក្រោយបំផុត និងមានការវិនិច្ឆ័យរួមនៅពេលដែលព្រះគ្រីស្តនឹងយាងមកក្នុងសិរីរុងរឿងរបស់ព្រះអង្គ។

១៥៨.តើស្ថានបរមសុខជាអ្វី?

ស្ថានបរមសុខគឺជាពេលវេលាគ្មានដែនកំណត់នៃសេចក្តីស្រលាញ់ដែលគ្មានអ្វីអាចបំបែកយើងចេញពីព្រះជាម្ចាស់ ដែលយើងបានស្រលាញ់និងស្វែងរកពេញមួយជីវិតរបស់យើង។ ជាពេលដែលយើងបានរួបរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ  ព្រលឹងវិញ្ញាណបានទទួលសុភមង្គលជានិច្ចដោយបាននៅក្បែរព្រះជាម្ចាស់។ [1023-1026,1053]

១៥៩.តើស្ថាជម្រះបាបជាអ្វី?

ស្ថានជម្រះបាបត្រូវបានចាត់ទុកថាជាស្ថានមួយ តាមពិតទៅវាជាស្ថានភាពដែលអស់អ្នកស្លាប់នៅក្នុងព្រះហឫទ័យប្រណៃសន្តោសរបស់ព្រះជាម្ចាស់ ត្រូវបានទទួលការសង្គ្រោះពីព្រះអង្គ ប៉ុន្តែត្រូវឆ្លងកាត់ការលាងជម្រះមុននឹងពួកគេបានទៅជួបព្រះភក្រ្តព្រះជាម្ចាស់ ឬហៅថាស្ថានជម្រះបាប។ [1030-1031]

១៦០.តើយើងអាចជួយអ្វីខ្លះដល់អស់អ្នកដែលកំពុងស្ថិតនៅក្នុងស្ថានជម្រះបាប?

យើងអាចជួយពួកគេបាន ព្រោះអស់អ្នកណាដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកសុទ្ធតែត្រូវបានព្រះគ្រីស្តអញ្ចើញឱ្យចូលរួមក្នុងសហភាពនៃជនដ៏វិសុទ្ធទាំងឡាយ ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។ អស់អ្នកដែលមាននៅរស់អាចជួយវិញ្ញាណក្ខ័ននៃអស់អ្នកជឿដែលបានចែកឋានហើយកំពុងស្ថិតនៅក្នុងស្ថានជម្រះបាប។ [1032]

១៦១.តើស្ថាននរកជាអ្វី?

ស្ថាននរកគឺជាស្ថានភាពមួយដែលឃ្លាតឆ្ងាយពីព្រះជាម្ចាស់អស់កល្បជានិច្ច គឺបាត់បង់សេចក្តីស្រលាញ់ទាំងស្រុង។ [1033-1037]

១៦២.តើមានស្ថាននរកដូចម្តេចបាន បើព្រះជាម្ចាស់ជាសេចក្តីស្រលាញ់ដូច្នេះ?

មិនមែនព្រះជាម្ចាស់ជាអ្នកចោទប្រកាន់ទោសមនុស្សលោក និងឱ្យមនុស្សធ្លាក់ទៅក្នុងស្ថាននរកទេ គឺមកពីមនុស្សខ្លួនឯងទេតើដែលបានចោទប្រកាន់ខ្លួនឯងដោយការបដិសេធសេចក្តីស្រលាញ់ និងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ ពួកគេបានធ្វើឱ្យបាត់បង់ជីវិតអស់កល្បជានិច្ច ដោយសម្រេចចិត្តផ្តាច់ចេញពីព្រះជាម្ចាស់ដោយខ្លួនឯងផ្ទាល់ ។ [1036-1037]

១៦៣.តើការវិនិច្ឆ័យចុងក្រោយបំផុត (ការវិនិច្ឆ័យរួម) ជាអ្វី?

ការវិនិច្ឆ័យចុងក្រោយបំផុតនិងប្រព្រឹត្តទៅនៅពេលអវសានកាលនៃពិភពលោក នៅពេលដែលព្រះគ្រីស្តយាងមកជាលើកទីពីរ។ ˝មនុស្សស្លាប់ទាំងប៉ុន្មាននិងឭព្រះសូរសៀងរបស់ព្រះបុត្រ ហើយចេញពីផ្នូរមក អ្នកដែលបានប្រព្រឹត្តអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់នឹងរស់ឡើងវិញដើម្បីទទួលទោស។˝ (យហ ៥,២៩)។ [1038-1041,1058-1059]

១៦៤.តើថ្ងៃចុងក្រោយនៃពិភពលោកនឹងទៅជាយ៉ាងណា?

នៅពេលចុងក្រោយ ព្រះជាម្ចាស់នឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី។ សេចក្តីអាក្រក់និងមិនមានអំណាចដើម្បីទាក់ទាញទៀតដែរ។ អស់អ្នកដែលបានទទួលការសង្គ្រោះនិងឈរនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ដូចជាមិត្តសម្លាញ់របស់ព្រះអង្គ។ សេចក្តីប្រាថ្នាចង់បានសន្តិភាព យុត្តិធម៌របស់ពួកគេត្រូវបានបំពេញ សុភមង្គលរបស់ពួកគេគឹបានទតឃើញព្រះភក្រ្តរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ដែលជាព្រះត្រៃឯកគង់នៅកណ្តាលពួកគេ ព្រះអង្គនឹងជូតទឹកភ្នែកឱ្យពួកគេ រីឯសេចក្តីស្លាប់ ទុក្ខព្រួយ សំណោក និងបញ្ហានឹងមិនមានទៀតទេ។ [1042-1050,1060]

១៦៥.ហេតុអ្វីបានជាយើងឆ្លើយ អាម៉ែននៅចុងបញ្ចប់នៃធម៌អង្វរនានា?

យើងបញ្ចប់ធម៌ប្រកាសជំនឿដោយឆ្លើយថា​ អាម៉ែន។ ពាក្យអាម៉ែន មានន័យថា យល់ព្រម ដោយសារព្រះជាម្ចាស់អញ្ចើញយើងឱ្យធ្វើជាសាក្សីនៃជំនឿនេះ។ អស់អ្នកណាដែលឆ្លើយអាម៉ែនដោយអំណរសប្បាយ និងសេរីភាព គឺបានចូលរួមសម្រេចនូវគម្រោងការណ៍នៃការបង្កើត និងសង្គ្រោះរបស់ព្រះជាម្ចាស់ដែរ។ អាម៉ែនក៏ជាកាជឿជាក់យ៉ាងម៉ត់មាំ ទុកចិត្ត និងភក្តីភាព។ [1061-1065]

វគ្គទី២​
ការលើកតម្កើងគម្រោងការ​ដ៏អស្ចារ្យនៃគ្រីស្តសាសនា

ភាគទី១៖ ការចាត់ចែងនៃអគ្គសញ្ញា (១៦៦-១៩២)

ភាគទី១
ការចាត់ចែងនៃអគ្គសញ្ញា

១៦៦.ហេតុអ្វីបានជាព្រះសហគមន៍ប្រារព្ធពិធីបុណ្យជាញឹកញាប់?     

ប្រជាជនអ៊ីស្រាអែលបានបង្អាក់ការងាររបស់ខ្លួន​ “ប្រាំពីរដងក្នុងមួយថ្ងៃ” ( ទំន ១១៩,១៦៤ ) ដើម្បីកោតសរសើរព្រះជាម្ចាស់។ ព្រះយេស៊ូបានចូលរួមក្នុងកិច្ចការគោរព និងអធិដ្ឋានរួមជាមួយប្រជារាស្រ្តរបស់ព្រះអង្គ។ ព្រះអង្គបានបង្រៀនសាវ័កឱ្យអធិដ្ឋាន និងប្រជុំគ្នានៅក្នុងបន្ទប់មួយដើម្បីរួមគ្នាប្រារព្ធពិធីបុណ្យដ៏ប្រពៃលើសពីពិធីបុណ្យនានា នោះគឺការបូជារូបកាយរបស់ព្រះអង្គផ្ទាល់ក្នុងពិធីជប់លាងចុងក្រោយ។ ព្រះសហគមន៍អញ្ចើញយើងឱ្យចូលរួមក្នុងពិធីបុណ្យនេះ គឺព្រះសហគមន៍បានធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ ៖ “សូមបងប្អូនធ្វើដូច្នេះដើម្បីនឹករឮកដល់ខ្ញុំ ”( ១ករ ១១,២៤ )។ [1066-1070]

១៦៧.តើពិធីបុណ្យជាអ្វី?

ពិធីបុណ្យគឺជាការគោរពថ្វាយបង្គំព្រះជាម្ចាស់ជាសាធារណៈរបស់ព្រះសហគមន៍។ [1077-1112]

១៦៨.ហេតុអ្វីបានជាពិធីបុណ្យត្រូវតែជាអាទិភាពក្នុងជីវិតរបស់ព្រះសហគមន៍ និងសម្រាប់ជីវិតរបស់យើង?

ដោយសារពិធីបុណ្យគឺជាកិច្ចការកំពូលនៃសកម្មភាពរបស់ព្រះសហគមន៍ ជាមួយគ្នានេះដែរពិធីបុណ្យគឺជាប្រភពនៃជីវិត។​  ( មហាសន្និបាតដ៏វិសុទ្ធ Sacrosanctum Concilium ១០ )

១៦៩.តើមានអ្វីកើតឡើងចំពោះយើង ខណៈពេលយើងប្រារព្ធពិធីបុណ្យ ?

នៅពេលយើងប្រារព្ធពិធីបុណ្យ យើងត្រូវបានចូលរួមក្នុងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ទទួលបានការព្យាបាល និងផ្លាស់ប្តូរ។[1076]

ជំពូកទី១
ព្រះជាម្ចាស់ និងពិធីបុណ្យ

 ១៧០.តើនរណាជាប្រភពនៃពិធីបុណ្យ?

ប្រភពនៃពិធីបុណ្យគឺជាព្រះជាម្ចាស់​ នៅក្នុងព្រះអង្គផ្ទាល់គឹមានពិធីបុណ្យនៃសេចក្តីស្រលាញ់អស់កល្បជានិច្ចនៅស្ថានបរមសុខ ក្នុងនោះមានអំណរបស់ព្រះបិតា​ ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ដោយសារព្រះជាម្ចាស់ជាសេចក្តីស្រលាញ់ ដូច្នេះហើយបានជាព្រះអង្គចង់ឱ្យយើងបានចូលរួមក្នុងពិធីបុណ្យនៃអំណរសប្បាយនេះ និងទទួលព្រះពរដែលមកពីព្រះអង្គផងដែរ។ [1077-1109]

១៧១.តើអ្វីទៅជាសារៈសំខាន់នៃពិធីបុណ្យ?     

ពិធីបុណ្យសំខាន់បំផុតនោះគឺការរួបរួមគ្នា ឬការចូលរួមក្នុងទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយព្រះយេស៊ូ។ ពីធីបុណ្យទាំងអស់មិនគ្រាន់តែជាការប្រារព្ធព្រះកាយព្រះគ្រីស្តប៉ុណ្ណោះទេ តែក៏ជាការប្រារព្ធពិធីបុណ្យចម្លងយ៉ាងសង្ខេប។ ព្រះយេស៊ូប្រារព្ធបុណ្យចម្លងរបស់ព្រះអង្គដោយបានសោយទិវង្គតរហូតដល់ទទួលព្រះជន្មរស់ឡើងវិញ ហើយព្រះអង្គក៏ឱ្យយើងចូលរួមក្នុងបុណ្យចម្លងនេះរួមជាមួយព្រះអង្គដែរ។[1085]

១៧២.តើអគ្គសញ្ញាទាំងអស់មានចំនូនប៉ុន្មាន?អ្វីខ្លះ?

ព្រះសហគមន៍កាតូលិកមានអគ្គសញ្ញាទាំងអស់ចំនួនប្រាំពីរ គឺ៖ អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាព្រះកាយព្រះគ្រីស្ត អគ្គសញ្ញាសម្រុះសម្រួល អគ្គសញ្ញាលាបប្រេងអ្នកជម្ងឺ អគ្គសញ្ញាតែងតាំង និងអគ្គសញ្ញាអាពាហ៍ពិពាហ៍។[1210]

១៧៣.ហេតុអ្វីបានជាយើងត្រូវការអគ្គសញ្ញាទាំងអស់នេះ?

យើងត្រូវការអគ្គសញ្ញាសម្រាប់ជីវិតដ៏ខ្លីរបស់យើងនៅលើលោកិយនេះ ហើយតាមរយៈព្រះយេស៊ូណែនាំឱ្យយើងបានដូចព្រះអង្គ ឱ្យយើងក្លាយទៅជាបុត្រធីតារបស់ព្រះអង្គក្នុងសិរីភាព និងសិរីរុងរឿង។ [1129]

១៧៤.តើជឿលើព្រះយេស៊ូមិនគ្រប់គ្រាន់ទេឬ?ហេតុអ្វីព្រះជាម្ចាស់ត្រូវការប្រទានឱ្យយើងនូវអគ្គសញ្ញាទាំងអស់នេះ?

យើងត្រូវការទៅជួបព្រះជាម្ចាស់មិនត្រឹមតែប្រាជ្ញារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានវិញ្ញាណទាំងប្រាំរបស់យើងចូលរួមដែរ។ ហេតុនេះហើយបានជាព្រះជាម្ចាស់បានប្រគល់ព្រះអង្គផ្ទាល់តាមរយៈសញ្ញាដែលយើងអាចមើលឃើញ ជាពិសេសតាមសញ្ញានំ និងស្រា សូរស័ព្ទ ការលាបប្រេង និងទ្រាបដៃ។ [1084,1146-1152]

១៧៥.ហេតុអ្វីបានជាអគ្គសញ្ញាទាំងអស់ជាកម្មសិទ្ធិរបស់ព្រះសហគមន៍?ហេតុអ្វីបានជាយើងមិនអាចទទួលបានតាមចិត្តដូច្នេះ?

អគ្គសញ្ញាទាំងអស់គឺជាអំណោយរបស់ព្រះគ្រីស្តដែលបានប្រគល់ឱ្យព្រះសហគមន៍ ដូច្នេះព្រះសហគមន៍ត្រូវមានតួនាទីក្នុងការចាត់ចែង និងថែរក្សា ដើម្បីចៀសវាងការរំលោភបំពាន។ [1117-1119,1131]

១៧៦.តើអគ្គសញ្ញាអ្វីខ្លះដែលអាចទទួលបានតែមួយដងក្នុងមួយជីវិត?

មានអគ្គសញ្ញាបី ដែលអាចទទួលបានតែមួយដងក្នុងមួយជីវិតនោះគឺ៖ អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស និងអគ្គសញ្ញាតែងតាំង។ អគ្គសញ្ញាទាំងអស់នេះបានដៅសញ្ញាក្នុងដួងចិត្តអ្នកដែលទទួលដែលមិនអាចលុបបាន។ អគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស គឺប្រោសឱ្យយើងក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ និងឱ្យបានដូចព្រះយេស៊ូ រីឯអគ្គសញ្ញាតែងតាំងវិញក៏ដូច្នោះដែរ គឺស្ថិតនៅ និងមិនអាចលុបបំបាត់បានឡើយ។ [1121]

១៧៧.ហេតុអ្វីត្រូវការមានជំនឿមុននឹងទទួលអគ្គសញ្ញា?

ដោយសារអគ្គសញ្ញាមិនមែនជាវេទមន្ត អគ្គសញ្ញាមានប្រសិទ្ធិភាពលុះត្រាតែអ្នកទទួលមានការយល់ដឹង ហើយទទួលដោយជំនឿ។ អគ្គសញ្ញាទាំងអស់មិនគ្រាន់តែទាមទារជំនឿប៉ុណ្ណោះទេ គឺត្រូវការសកម្មភាពដែលបង្ហាញអំពីជំនឿទៀតផង។ [1122-1126]

១៧៨.តើអគ្គសញ្ញាមានបាត់បង់ប្រសិទ្ធិភាពឬទេ ប្រសិនបើបុគ្គលម្នាក់មានភាពមិនបរិសុទ្ធប្រារព្ធអគ្គសញ្ញានេះ?          

មិនមានការបាត់បងប្រសិទ្ធិភាពទេ អគ្គសញ្ញាទាំងអស់មានប្រសិទ្ធិភាពដោយសារសកម្មភាពត្រូវបានបំពេញគ្រប់លក្ខណៈ មានន័យថាប្រសិទ្ធិភាពនៃអគ្គសញ្ញាមិនអាស្រ័យទៅលើបុគ្គលដែលប្រារព្ធនោះទេ គឺព្រះគ្រីស្តផ្ទាល់ ជាអ្នកដែលមានសកម្មភាពក្នុងពិធីបុណ្យ។ ជាការពិត អគ្គសញ្ញាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រារព្ធមានគោលបំណងប្រារព្ធស្របតាមគោលបំណងនៃព្រះសហគមន៍។ [1127-1128,1131] 

ជំពួកទី២
តើយើងត្រូវប្រារព្ធគម្រោងការណ៌ដ៏អាថ៌កំបាំង
របស់ព្រះគ្រីស្ត
ដោយរបៀបណា?

១៧៩.តើនរណាជាអ្នកប្រារព្ធពិធីបុណ្យ? 

រាល់ពិធីបុណ្យដែលបានប្រារព្ធក្នុងលោកិយនេះ គឺព្រះគ្រីស្តផ្ទាល់ដែលជាអ្នកប្រារព្ធ រួមជាមួយអស់ទេវទូត និងមនុស្សលោក ( នៅមានជីវិត ឬបាត់បង់ជីវិត ) អតីតកាល បច្ចុប្បន្ន និងអនាគត រួមទាំងមេឃនិងដី។ អស់លោកបូជាចារ្យ រួមទាំងគ្រីស្តបរិស័ទចូលរួមតាមរបៀបផ្សេងៗពីគ្នាក្នុងអង្គព្រះគ្រីស្ត។  [1136-1139]

១៨០.ហេតុអ្វីបានជាពិធីបុណ្យត្រូវបានចាត់ទុកថាជាគម្រោងការណ៍របស់ព្រះជាម្ចាស់?                                                                         ព្រះរាជកិច្ចជាចម្បងរបស់ព្រះជាម្ចាស់គឺជាកិច្ចការដែលព្រះអង្គបានធ្វើចំពោះយើង បន្ទាប់មកទើបជាកិច្ចការរបស់យើងដែលត្រូវថ្វាយទៅព្រះអង្គវិញ។ ព្រះជាម្ចាស់បានប្រគល់ព្រះអង្គផ្ទាល់ឱ្យយើងក្រោមទម្រង់នៃសញ្ញាដ៏វិសុទ្ធ ដើម្បីឱ្យយើងអាចប្រព្រឹត្តតាមគម្រូរបស់ព្រះអង្គដែលបានបូជាព្រះអង្គផ្ទាល់សម្រាប់យើងរាល់គ្នា។  [1145-1192]

១៨១.ហេតុអ្វីបានជាមានសញ្ញានិងនិមិត្តរូបជាច្រើននៅក្នុងពិធីបុណ្យ?

ព្រះជាម្ចាស់ជ្រាបថា មនុស្សយើងមិនត្រឹមតែមានវិញ្ញាណតែប៉ុណ្ណោះទេ តែថែមទាំងមានរូបកាយផងដែរ។ ដូច្នេះយើងត្រូវការសញ្ញា និងនិមិត្តរូបផ្សេងៗដើម្បីយល់ដឹង និងបង្ហាញនូវអ្វីដែលជ្រាលជ្រៅនៅខាងក្នុងវិញ្ញាណរបស់យើង។​ [1145-1152]

១៨២.ហេតុអ្វីបានជាសញ្ញាដ៏សក្ការៈទាំងអស់ក្នុងពិធីបុណ្យត្រូវការបញ្ចេញវាចា?

ការប្រារព្ធពិធីបុណ្យមានន័យថា ជាការជួបផ្ទាល់ជាមួយព្រះជាម្ចាស់ គឺអនុញ្ញាតឱ្យព្រះជាម្ចាស់មានសកម្មភាព ស្តាប់ព្រះសូរសៀង និងឆ្លើយតបទៅកាន់ព្រះអង្គវិញ។ ដូចជាការសន្ទនាដែលត្រូវការបង្ហាញចេញដោយវាចា និងកាយវិការអញ្ចឹងដែរ។ [1153-1155,1190]

១៨៣.ហេតុអ្វីក្នុងពិធីបុណ្យត្រូវការមានតន្រ្តី?ហើយប្រភេទតន្ត្រីបែបណាដែលសមរម្យទៅនឹងពិធីបុណ្យ?

ជួនកាលពាក្យសម្តីរបស់យើងមិនអាចព៌ណនានូវការកោតសរសើរព្រះជាម្ចាស់បានទាំងស្រុងនោះទេ ដូច្នេះ តន្រ្តីអាចជាជំនួយសម្រាប់យើងក្នុងការកោតសរសើរព្រះជាម្ចាស់ផងដែរ។ [1156-1158,1191]

១៨៤.តើពិធីបុណ្យប៉ះពាល់យ៉ាងដូម្តេចចំពោះពេលវេលា? 

ក្នុងពេលប្រារព្ធពិធីបុណ្យ ពេលវេលាក្លាយទៅជាវេលារបស់ព្រះជាម្ចាស់។

១៨៥.ហេតុអ្វីបានជាពិធីបុណ្យត្រូវការវិលជុំ និងប្រារព្ធជារៀងរាល់ឆ្នាំដូច្នេះ?

ដូចជាយើងប្រារព្ធពីធីខួបកំណើត ឬខួបអាពាហ៍ពិពាហ៍ជារៀងរាល់ឆ្នាំ រីឯពិធីបុណ្យវិញក៏ប្រារព្ធនូវព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្រ្តនៃការសង្គ្រោះជារៀងរាល់ឆ្នាំដូច្នោះដែរ។ ក៏ប៉ុន្តែអ្វីដែលខុសប្លែកពីគ្នានោះគឺមិនថាសម័យកាលណាក៏ដូចជាសម័យកាលណាដែរ គឺសុទ្ធតែជាពេលវេលារបស់ព្រះជាម្ចាស់។ រាល់ការនឹករឮកពីព្រឹត្តការណ៍នៃជីវិតរបស់ព្រះយេស៊ូ គឺសុទ្ធសឹងតែជាការជួបផ្ទាល់នឹងព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅក្នុងជីវិតរស់នៅរបស់យើង។ [1163-1165,1194-1195]

១៨៦.តើឆ្នាំនៃពិធីបុណ្យជាអ្វី?

ឆ្នាំនៃពិធីបុណ្យ ឬអាចហៅថាជាឆ្នាំនៃព្រះសហគមន៍ ដែលប្រារព្ធនូវគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្ត គឺចាប់ពីការចាប់កំណើតជាមនុស្សរហូតដល់ពេលព្រះគ្រីស្តទ្រង់យាងមកជាលើកទី២ក្នុងសិរីរុងរឿង ក្នុងរយៈពេលមួយឆ្នាំ។ ឆ្នាំនៃពិធីបុណ្យត្រូវបានចាប់ផ្តើមដោយរដូវអបអរសាទរព្រះគ្រីស្តយាងមក ( រដូវរងចាំ) សំណុចសំខាន់ទីមួយ គឺបុណ្យព្រះយេស៊ូប្រសូត រីឯចំណុចសំខាន់ទីពីរដែលសំខាន់ជាងនោះគឺបុណ្យចម្លង ដែលប្រារព្ធពីការរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូ។ រដូវបុណ្យចម្លងត្រូវបានអូសបន្លាយរហូតដល់បុណ្យព្រះវិញ្ញាណយាងមក។ ក្នុងឆ្នាំនៃពិធីបុណ្យក៏មានប្រារព្ធបុណ្យព្រះនាងម៉ារី សន្តបុគ្គលទាំងឡាយ តាមរយៈពិធីបុណ្យទាំងអស់នេះព្រះសហគមន៍កោតសរសើរព្រះជាម្ចាស់ និងណែនាំមនុស្សលោកទៅដល់ការសង្គ្រោះ។ ឆ្នាំនៃពិធីបុណ្យត្រូវបានបញ្ចប់នៅថ្ងៃអាទិត្យបុណ្យព្រះយេស៊ូជាព្រះមហាក្សត្រ។      [1168-1173,1194-1195]

១៨៧.ហេតុអ្វីបានជាថ្ងៃអាទិត្យមានសារៈសំខាន់សម្រាប់គ្រីស្តបរិស័ទ?

ព្រោះថ្ងៃអាទិត្យគឺជាចំណុចកណ្តាលនៃវេលារបស់គ្រីស្តសាសនា។ រៀងរាល់ថ្ងៃអាទិត្យយើងប្រារព្វនិងលើកតម្កើងនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ត ដូច្នេះរៀងរាល់ថ្ងៃអាទិត្យគឺជាបុណ្យចម្លងសង្ខេបមួយ។  [1163-1167,1193]

១៨៨.តើពិធីបុណ្យតាមពេលកំណត់ជាអ្វី?

ពិធីបុណ្យតាមពេលកំណត់គឺជាការអធិដ្ឋានលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាសាធារណៈរបស់ព្រះសហ-គមន៍ ។ រាល់អត្ថបទគម្ពីរដែលសូត្រ ណែនាំអ្នកដែលអធិដ្ឋានចូលយ៉ាងជ្រៅទៅក្នុងអាថ៍កំបាំងនៃជីវិតរបស់ព្រះយេស៊ូគ្រីស្ត។ រៀងរាល់ពេលកំណត់នៃការអធិដ្ឋានគឺជាពេលដែលយើងទូលអង្វរព្រះត្រៃឯកប្រោសប្រទានព្រះអំណោយទានដើម្បីផ្លាស់ប្តូរអ្នកអធិដ្ឋាន និងពិភពលោកទាំងមូល។​ ពិធីបុណ្យតាមពេលកំណត់មិនគ្រាន់តែទុកសម្រាប់អស់លោកបូជាចារ្យ និងបព្វជិតតែប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់គ្រីស្តបរិស័ទមួយចំនួនដែលមានសទ្ធាជ្រះថ្លាក៏បានតាំងចិត្តអធិដ្ឋានរួមជាមួយមនុស្សជាច្រើននៅទូទាំងពិភពលោក រួមគ្នាទូលអង្វរព្រះជាម្ចាស់ផងដែរ។  [1174-1178,1196]

១៨៩.តើការប្រារព្ធពិធីបុណ្យត្រូវទាមទារទីកន្លែងជាក់លាក់ដើម្បីប្រារព្ធដែល ឬទេ? 

ដោយសារព្រះយេស៊ូគ្រីស្តបានយកឈ្នះសេចក្តីស្លាប់ ព្រះអង្គមានវត្តមាននៅគ្រប់ទីកន្លែងនៅលើពិភពលោកទាំងមូល។ ដូច្នេះការគោរពប្រណិប័តន៍ព្រះជាម្ចាស់គឺ “ដោយវិញ្ញាណ និងសេចក្តីពិត ” (យហ ៤,២៤)។ លែងមានការចងភ្ជាប់ទៅនឹងទីកន្លែងដែលត្រូវធ្វើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទៀតហើយ ដោយសារព្រះគ្រីស្តផ្ទាល់គឺជាព្រះវិហារដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់។ ទោះបីព្រះសហគមន៍កាតូលិកមានវិសាលវិហារ និងសក្ការៈដ្ឋានជាច្រើននៅជុំវិញពិភពលោកក្តី ក៏ទាំងអស់នេះចង់បង្ហាញឱ្យឃើញថា យើងទាំងអស់ជាមនុស្ស យើងត្រូវការទីកន្លែងដើម្បីជួបជុំគ្នា ហើយសក្ការៈដ្ឋានទាំងអស់នោះជួយរំលឹកគ្រីស្តបរិស័ទអំពីតថភាពនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់ដោយវិញ្ញាណ និងសេចក្តីពិតវិញ។ ព្រះវិហារនីមួយៗសុទ្ធសឹងតែជានិមិត្តរូបនៃព្រះដំណាក់របស់ព្រះបិតានៅឯស្ថានបរមសុខ ដែលយើងរាល់គ្នាកំពុងធ្វើដំណើរទៅ។

១៩០.តើព្រះវិហារមានអត្ថន័យយ៉ាងដូចម្តេច? 

ជានិមិត្តរូបនៃសហគមន៍ដែលមានទីតាំងជាក់លាក់មួយ  ហើយនេះក៏ជានិមិត្តរូបនៃព្រះដំណាក់របស់ព្រះបិតានៅស្ថានបរមសុខដែលបានរៀបចំជាស្រេចសម្រាប់យើង។ ក្នុងព្រះវិហារ យើងជួបជុំគ្នាដើម្បីអធិដ្ឋានរួមគ្នា ឬរៀងៗខ្លួន និងដើម្បីប្រារព្វអគ្គសញ្ញានានា ជាពិសេសគឺអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត។

១៩១.តើកន្លែងណាខ្លះនៅក្នុងព្រះវិហារដែលមានសារៈសំខាន់?

រួមមាន ៖ តុសក្ការៈរួមទាំងរូបព្រះយេស៊ូរងទុក្ខលំបាកលើឈើឆ្កាង ព្រះបន្លា អាសនៈសម្រាប់លោកបូជាចារ្យអង្គុយ បញ្ឈេរ(អានព្រះគម្ពីរ) អាងជ្រមុជទឹក និងកន្លែងទទួលអគ្គសញ្ញាសម្រុះសម្រួល។

១៩២.តើព្រះសហគមន៍អាចផ្លាស់ប្តូរនិងធ្វើឱ្យពិធីបុណ្យមានលក្ខណៈថ្មីបានដែលឬទេ?

នៅក្នុងពិធីបុណ្យ មានផ្នែកខ្លះដែឡយើងអាចផ្លាស់ប្តូរបាន និងមានផ្នែកខ្លះទៀតដែលយើងមិនអាចធ្វើការផ្លាស់ប្តូរបានទេ។ ផ្នែកដែលមិនអាចធ្វើការផ្លាស់ប្តូរគឺជាផ្នែកដែលមានប្រភពដ៏សក្ការៈ ឧទាហរណ៍ ៖ រាល់ពាក្យដែលព្រះយេស៊ូបានប្រើនៅក្នុងពីធីជប់លាងចុងក្រោយ មិនអាចផ្លាស់ប្តូរបានទេ។ រីឯផ្នែកដែលអាចធ្វើការផ្លាស់ប្តូរបានគឺជាអ្វីដែលព្រះសហគមន៍បានបន្ថែម ព្រោះផ្នែកនេះត្រូវធ្វើការផ្លាស់ប្តូរទៅតាមសម័យកាល ដូច្នេះគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្តអាចប្រកាសប្រារព្ធ និងមានជីវិតរស់រវើកក្នុងគ្រប់កាលៈទេសៈ ហើយពីធីបុណ្យត្រូវតែស្របទៅតាមស្មារតី និងវប្បធម៍របស់ជាតិសាសន៍នីមួយៗ។

ភាគទី២៖ អគ្គសញ្ញាទាំងប្រាំពីររបស់ព្រះសហគមន៍ (១៩៣-២៧៨)

១៩៣.តើមានទំនាក់ទំនងយ៉ាងពិតប្រាកដរវាងអគ្គសញ្ញាទាំងអស់ឫទេ?

អគ្គសញ្ញាទាំងអស់គឺជាការជួបគ្នាផ្ទាល់ជាមួយព្រះគ្រីស្ត គឺព្រះគ្រីស្តនេះហើយជាប្រភពនៃអគ្គសញ្ញាទាំងឡាយ។ យើងមានអគ្គសញ្ញាខ្លះដែលបង្ហាត់ឱ្យក្លាយជាគ្រីស្តបរិស័ទពេញលេញ រួមមាន ៖ អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាព្រះកាយព្រះគ្រីស្ត។ រីឯអគ្គសញ្ញានៃការព្យាបាល រួមមាន៖ អគ្គសញ្ញាសម្រុះសម្រួល អគ្គសញ្ញាលាបប្រេងអ្នកជម្ងឺ។ ចុងក្រោយគឺអគ្គសញ្ញាបម្រើគ្រីស្តបរិស័ទឱ្យរួបរួមគ្នា រួមមាន ៖ អគ្គសញ្ញាអាពាហ៍ពិពាហ៍ និងអគ្គសញ្ញាតែងតាំងអ្នកបម្រើព្រះសហគមន៍។

ជំពូកទី១
អគ្គសញ្ញាបង្ហាត់ឱ្យយើងក្លាយជាគ្រីស្តបរិស័ទពេញលេញ

១.អគ្គសញ្ញាជ្រមុជទឹក

១៩៤.តើអ្វីទៅជាអគ្គសញ្ញាជ្រមុជទឹក? 

អគ្គសញ្ញាជ្រមុជទឹកគឺជាផ្លូវដែលនាំឱ្យយើងចេញផុតពីសេចក្តីស្លាប់ ចូលទៅកាន់ជីវិត ហើយក៏ជាផ្លូវដែលណែនាំយើងឱ្យចូលរួមក្នុងព្រះសហគមន៍ផងដែរ។ អគ្គសញ្ញាជ្រមុជទឹករំដោះយើងឱ្យរួចផុតពីអំណាចនៃអំពើបាប ឱ្យយើងក្លាយជាកោសិការបស់ព្រះ គ្រីស្ត  និងឱ្យយើងបានរួបរួមជាមួយនិងព្រះជាម្ចាស់។

១៩៥.តើអគ្គសញ្ញាជ្រមុជទឹកត្រូវបានប្រព្រឹត្តទៅយ៉ាងដូចម្តេច?

តាមទម្រង់ពីបុរាណៈ អ្នកត្រូវទទួលអគ្គសញ្ញាជ្រមុជទឹកត្រូវជ្រមុជខ្លួនទាំងស្រុងចូលទៅក្នុងទឹកបីដង។ ប៉ុន្តែសព្វថ្ងៃ គ្រាន់តែចាក់ទឹកលើក្បាលអ្នកទទូលចំនូនបីដង រួមទាំងសូត្ររូបមន្តដូចតទៅ៖ ឈ្មោះសន្តឧបការី .................ខ្ញុំសូមជ្រមុជអ្នក ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ

១៩៦.តើអ្នកណាអាចទទួលអគ្គសញ្ញាជ្រមុជទឹកបាន?តើអ្នកទទូលត្រូវរៀបចំអ្វីខ្លះមុននឹងទទួលអគ្គសញ្ញា?

អ្នកដែលអាចទទួលអគ្គសញ្ញាជ្រមុជទឹកបានគឺអស់អ្នកដែលមិនទាន់បានទទួលអគ្គសញ្ញាជ្រមុជទឹក។ ចំណុចដែលសំខាន់ដែលអ្នកទទួលត្រូវមាននោះគឺ ជំនឿ គេត្រូវតែប្រកាសជំនឿនេះជាសាធារណៈនៅពេលដែលគេបានទទួលអគ្គសញ្ញាជ្រមុជទឹក។

១៩៧.ហេតុអ្វីបានជាព្រះសហគមន៍ត្រូធ្វើអគ្គសញ្ញាជ្រមុជទឹកជូនដល់ទារក?

តាំងពីសម័យបុរាណមក ព្រះសហគមន៍បានធ្វើអគ្គសញ្ញាជូនចំពោះទារកដោយសារមូលហេតុថា៖ មុនពេលដែលយើងសម្រេចដើរតាមព្រះជាម្ចាស់ គឺព្រះអង្គបានជ្រើសរើសយើងរួចស្រេចទៅហើយ។ ដូច្នេះព្រះសហគមន៍ចង់បញ្ជាក់ថា អគ្គសញ្ញាជ្រមុជគឺជាព្រះអំណោយទាន ដែលព្រះជម្ចាស់ទទួលយកយើងដោយឥតលក្ខខណ្ឌ។ ឪពុកម្តាយដែលមានជំនឿ គឺជាអ្នកដែលចង់ឱ្យអ្វីៗដែលល្អវិសេសវិសាលសម្រាប់កូនៗរបស់ខ្លួន ហេតុនេះបានឪពុកម្តាយក៏ចង់ឱ្យកូនរបស់ខ្លួនបានទទួលអគ្គសញ្ញាជ្រមុជទឹក ដើម្បីឱ្យពួកគេបានរួចផុតពីអំពើបាបដើម និងអំណាចនៃសេចក្តីស្លាប់។  ​

១៩៨.តើអ្នកណាអាចផ្តល់អគ្គសញ្ញាជ្រមុជទឹកបាន?  

ធម្មតាជាលោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាក។ ក៏ប៉ុន្តែក្នុងករណីដែលមានអាសន្ន គ្រីស្តបរិស័ទគ្រប់រូបអាចមានសិទ្ធិក្នុងការធ្វើពិធីជ្រមុជទឹកបាន ដោយចាក់ទឹកបីដងលើក្បាលរបស់អ្នកទទួល និងសូត្ររូបមន្តដូចតទៅ ៖ ឈ្មោះសន្តឧបការី .................ខ្ញុំសូមជ្រមុជអ្នក ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ

១៩៩.តើមានតែអគ្គសញ្ញាជ្រមុជទឹកតែប៉ុណ្ណោះដែលអាចណែនាំឱ្យមនុស្សអាចទទួលការសង្គ្រោះបាន

ចំពោះអស់អ្នកដែលបានទទួលដំណឹងល្អ និងបានស្តាប់ឮព្រះបន្ទូលរបស់ព្រះយេស៊ូថា៖ ខ្ញុំនេះហើយដែលជាផ្លូវ ជាសេចក្តីពិត និងជាសេចក្តីពិត (យហ ១៤,៦) អគ្គសញ្ញាជ្រមុជទឹកគឺជាផ្លូវតែមួយគត់ដែលណែនាំយើងទៅដល់ព្រះជាម្ចាស់ដើម្បីទទួលបានការសង្គ្រោះ។ ដោយសារព្រះតែព្រះយេស៊ូគ្រីស្តបានបូជាជីវិតលើឈើឆ្កាងសម្រាប់មនុស្សលោកទាំងអស់ ហើយមនុស្សលោកទាំងអស់ត្រូវបានអញ្ចើញមកដើម្បីទទួលការសង្គ្រោះផងដែរ ទោះបីអ្នកនោះមិនមានឱកាសរៀនដើម្បីស្គាល់ព្រះគ្រីស្តដោយជំនឿទេ ក៏ប៉ុន្តែគាត់បានស្វែងរកព្រះជាម្ចាស់និងស់នៅតាមរបៀបសុចរិត នោះគេនឹងអាចទទួលបានការសង្គ្រោះបានដែរ

២០០.តើមានអ្វីកើតឡើងនៅពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹក?

ដោយសារអគ្គសញ្ញាជ្រមុជទឹក យើងក្លាយទៅជាកោសិកាផ្ទាល់របស់អង្គព្រះគ្រីស្ត  ជាបងប្អូនរបស់ព្រះសង្គ្រោះ ជាបុត្រធីតារបស់ព្រះជាម្ចាស់។ រំដោះយើងឱ្យរួចផុតពីអំពើបាប រួចផុតពីសេចក្តីស្លាប់ ហើយឱ្យយើងបានទទូលជីវិតក្នុងអំណរសប្បាយរួមជាមួយព្រះគ្រីស្ត។

២០១.តើនេះមានអត្ថន័យយ៉ាងដូចម្តេច នៅពេលអ្នកទទួលអគ្គសញ្ញាជ្រមុជទឹកទទួលនូវឈ្មោះថ្មីមួយ?

តាមរយៈឈ្មោះថ្មីដែលយើងបានទទួលនៅពេលជ្រមុជទឹក គឺព្រះជាម្ចាស់មានព្រះបន្ទូលមកយើងថា៖ "យើងបានហៅអ្នកចំឈ្មោះ ដើម្បីឱ្យអ្នកធ្វើជាប្រជាជនរបស់យើង "( អស ៤៣,១ )។

២០២.ហេតុអ្វីបានជាគ្រីស្តបរិស័ទជ្រើសរើសយកឈ្មោះសន្តបុគ្គលនៅពេលទទួលអគ្គសញ្ញាជ្រមុជទឹកដូច្នេះ?

ដោយសារគ្មានគំរូ និងការជួយគាំទ្រណាល្អជាងសន្តបុគ្គលនោះទេ  ប្រសិនបើយើងមានសន្តបុគ្គលដែលជាឧបការីរបស់យើង គឺមានន័យថាយើងមានមិត្តភក្កិម្នាក់ដែលនៅក្បែរព្រះជាម្ចាស់ ចាំទូលអង្វរព្រះជាម្ចាស់សម្រាប់យើងផងដែរ។

២.អគ្គសញ្ញាលាបថ្ងាស

២០៣.តើអគ្គសញ្ញាលាបថ្ងាសជាអ្វី?

យើងទទួលអគ្គសញ្ញាលាបថ្ងាស ដើម្បីឱ្យព្រះអំណោយទាននៃអគ្គសញ្ញាជ្រមុជទឹកបានសម្រេចជាស្ថាពរ។ ដោយសារអគ្គសញ្ញាលាបថ្ងាស ព្រះវិញ្ញាណដ៏វិសុទ្ធចាក់បង្ហូរព្រះអំណោយទានមកលើយើង។ សម្រាប់អស់អ្នកដែលបានសម្រេចចិត្តរស់នៅក្នុងឋានៈជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយទូលសូមព្រះអំណោយទានពីព្រះវិញ្ញាណដ៏វិសុទ្ធតាមរយៈការទ្រាបដៃ និងការលាបប្រេង នាំឱ្យយើងទទួលបានកម្លាំងដើម្បីធ្វើជាសាក្សីនៃសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់តាមរយៈពាក្យសម្តី និងកាយវិការ។ អាស្រ័យហេតុនេះហើយ ពួកគេក្លាយទៅជាបុត្រធីតាដែលបានសន្យា និងមានកាតព្វកិច្ចយ៉ាងពេញលេញនៅក្នុងព្រះសហគមន៍កាតូលិក​។

២០៤.តើព្រះគម្ពីរបាននិយាយអ្វីខ្លះអំពីអគ្គសញ្ញាលាបថ្ងាស? 

ក្នុងសម្ព័ន្ធមេត្រីចាស់ គេរង់ចាំព្រះវិញ្ញាណយាងមកគង់សណ្ឋិតលើព្រះមេស្ស៊ី។ ព្រះយេស៊ូបានរស់នៅក្នុងព្រះវិញ្ញាណ និងបានរួបរួមជាមួយព្រះបិតានៅឯស្ថានបរមសុខ។ ព្រះវិញ្ញាណរបស់ព្រះយេស៊ូគឺជាព្រះវិញ្ញាណដែលជនជាតិអ៊ីស្រាអែលកំពុងរង់ចាំ ហើយព្រះវិញ្ញាណនេះក៏ជាព្រះវិញ្ញាណដែលព្រះយេស៊ូបានសន្យាជាមួយសាវ័ករបស់ព្រះអង្គ ហើយព្រះវិញ្ញាណនេះបានយាងមកសណ្ឋិតលើក្រុមគ្រីស្តទូតនៅថ្ងៃបុណ្យទី៥០ ក្រោយបុណ្យចម្លង។ ហើយក៏ជាព្រះវិញ្ញាណនេះដែលយាងមកគង់សណ្ឋិតលើអស់អ្នកដែលបានទទួលអគ្គសញ្ញាលាបថ្ងាស់ដូច្នោះដែរ។

២០៥.តើអ្នកទទួលអគ្គសញ្ញាលាបថ្ងាសបានទទួលផលអ្វីខ្លះ?  

នៅពេលទទួលអគ្គសញ្ញាលាបថ្ងាស អ្នកដែលបានទទូលអគ្គសញ្ញាជ្រមុជទឹកត្រូវបានវាយត្រាជាប់លើថ្ងាសអស់កល្បជានិច្ច ដូច្នេះអាចទទួលបានតែមួយដង ហើយធ្វើឱ្យគេក្លាយជាគ្រីស្តបរិស័ទជានិរន្ត៍។ អំណោយនៃព្រះវិញ្ញាណដ៏វិសុទ្ធដែលជាកម្លាំងមកធ្វើឱ្យអគ្គសញ្ញាជ្រមុជទឹកបានសម្រេច ហើយប្រោសឱ្យអ្នកទទួលក្លាយទៅជាសាក្សីរបស់ព្រះគ្រីស្តក្នុងជីវិតរស់នៅរបស់គេ។

២០៦.តើអ្នកណាអាចទទួលអគ្គសញ្ញាលាបថ្ងាសបាន?តើអ្នកទទូលត្រូវរៀបចំអ្វីខ្លះមុននឹងទទួលអគ្គសញ្ញា?

សម្រាប់គ្រីស្តបរិស័ទទាំងអស់ ( ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកហើយ ) ហើយដែលគេមិនបានជាប់ជំពាក់នូវអំពើបាបដែលបណ្តាលឱ្យស្លាប់ទេនោះ គឺសុទ្ធតែអាចទទួលអគ្គសញ្ញាលាបថ្ងាសបាន។

២០៧.តើនរណាជាអ្នកដែលផ្តល់អគ្គសញ្ញាលាបថ្ងាស់នេះបាន

ជាធម្មតាអ្នកដែលអាចផ្តល់អគ្គសញ្ញាលាបថ្ងាសបានគឺជាលោកអភិបាល ប៉ុន្តែសម្រាប់មូលហេតុចាំបាច់ លោកអភិបាលអាចផ្តល់សិទ្ធិជូនទៅដល់លោកបូជាចារ្យណាមួយដើម្បីផ្តល់អគ្គសញ្ញានេះបាន។ ក្នុងករណីដែលមានអាសន្ន គ្រប់បូជាចារ្យទាំងអស់មានសិទ្ធិក្នុងការផ្តល់អគ្គសញ្ញាលាបថ្ងាសបាន។

៣.អគ្គសញ្ញាព្រះកាយព្រះគ្រីស្ត

២០៨.អគ្គសញ្ញាព្រះកាយព្រះគ្រីស្តជាអ្វី?

គឺជាអគ្គសញ្ញាដែលព្រះយេស៊ូគ្រីស្តបានបូជាព្រះកាយ និងព្រះលោហិតព្រះអង្គសម្រាប់យើង ដើម្បីយើងអាចបូជាខ្លួនយើងទៅព្រះអង្គក្នុងសេចក្តីស្រលាញ់ និងរួបរួមគ្នាជាមួយព្រះអង្គនៅពេលដែលយើងទទួលព្រះកាយព្រះគ្រីស្ត។ ដោយសារការទទួលព្រះកាយព្រះគ្រីស្ត យើងបានរួបរួមក្នុងរូបកាយតែមួយក្នុងអង្គព្រះគ្រីស្ត គឺជាព្រះសហគមន៍កាតូលិក។

២០៩.តើព្រះយេស៊ូបង្កើតអគ្គសញ្ញាព្រះកាយព្រះគ្រីស្តនៅពេលណា?

ព្រះយេស៊ូបានបង្កើតអគ្គសញ្ញានេះឡើងមុនពេលព្រះអង្គរងទុក្ខលំបាក គឺនៅពេលយប់មុនព្រះអង្គត្រូ​វគេចាប់បញ្ជូនទៅឆ្កាង ( ១ករ ១១,២៣ ) ព្រះអង្គបានជួបជុំជាមួយក្រុមសាវ័ក នៅក្នុងបន្ទប់មួយដើម្បីប្រារព្ធពិធីជប់លាង។

២១០.តើព្រះយេស៊ូបង្កើតអគ្គសញ្ញាព្រះកាយព្រះគ្រីស្តឡើងយ៉ាងដូចម្តេច?

សន្ត ប៉ូលបានរៀបរាប់ដូចតទៅ ៖ “រីឯខ្ញុំ ខ្ញុំបានជំរាបបងប្អូននូវសេចក្តីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំបុ័ងមកកាន់ ទ្រង់អរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំបុ័ងនោះ ទាំងមានព្រះបន្ទូលថា នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ដូចធ្វើដូច្នេះដើម្បីនឹករំឭកដល់ខ្ញុំ។ លុះជប់លាងរួចហើយ ព្រះអង្គធ្វើតាមរបៀបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា នេះជាពែងនៃសម្ពន្ធថ្មី ចងឡើងដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះដើម្បីរឭកដល់ខ្ញុំ។

២១១.តើអគ្គសញ្ញាព្រះកាយព្រះគ្រីស្តមានសារៈសំខាន់យ៉ាងដូចម្តេចចំពោះព្រះសហគមន៍?

ការដែលប្រារព្វអគ្គសញ្ញាព្រះកាយព្រះគ្រីស្តគឺជាការបង្ហាញនូវឯកភាពរបស់ព្រះសហគមន៍ទាំងមួល។ ដោយសារអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ទើបព្រះសហគមន៍ពិតជាព្រះសហគមន៍យ៉ាងពិតប្រាកដ។

២១២.តើពិធីជប់លាងរបស់ព្រះយេស៊ូជាមួយយើងត្រូវបានហៅឈ្មោះដូចម្តេចខ្លះ?តើមានអត្ថន័យយ៉ាងដូចម្តេច? 

មានឈ្មោះជាច្រើនដែលត្រូវបានហៅខុសៗគ្នា ក្នុងគោលបំណងបង្ហាញឱ្យយើងយល់អំពីគម្រោងការណ៍ដ៏អស្ចារ្យនេះ ៖ ពិធីអរព្រះគុណ ពិធីជប់លាងរបស់ព្រះអម្ចាស់ ពិធីកាច់នំបុ័ង អង្គប្រជុំអរព្រះគុណ ពិធីរំឭកការរងទុក្ខលំបាកនិងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់ ពិធីបុណ្យដ៏វិសុទ្ធរបស់ព្រះអម្ចាស់ អគ្គសញ្ញាព្រះកាយព្រះគ្រីស្ត និងអភិបូជាដ៏វិសុទ្ធជាដើម។

២១៣.តើផ្នែកសំខាន់របស់អភិបូជាមានអ្វីខ្លះ?

អភិបូជាបែងចែកចេញជាពីរផ្នែកសំខាន់ ៖ ទីមួយគឺពិធីលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់  និងទីពីរគឺពិធីអរព្រះគុណដ៏វិសុទ្ធ។

២១៤.តើរចនាសម្ព័ន្ធនៃអភិបូជាប្រព្រឹត្តទៅយ៉ាងដូចម្តេច?

ផ្នែកទី១៖ អភិបូជាចាប់ផ្តើមដោយការជួបជុំគ្នារបស់គ្រីស្តបរិស័ទដើម្បីទទួលក្បួនដង្ហែររបស់លោកបូជាចារ្យ និងអ្នកបម្រើអាសនៈ។ ក្រោយពាក្យជម្រាបសួររបស់លោកបូជាចារ្យ គឺជាពិធីទទួលសារភាពរួមរបស់គ្រីស្តបរិស័ទ ហើយបញ្ចប់ដោយធម៌សូមព្រះអម្ចាស់អាណិតអាសូរ។ រាល់ថ្ងៃអាទិត្យ ( លើកលែងតែក្នុងរដូវអប់រំពិសេស និងរដូវរងចាំ ) និងរាល់បុណ្យរំឭក ឬបុណ្យឱឡារឹក ត្រូវសូត្រឬច្រៀងធម៌លើកតម្កើងសិរីរុងរឿង។ ពាក្យអធិដ្ឋានប្រចាំថ្ងៃជាកិច្ចចាប់ផ្តើមនៃអត្ថបទ១ឬ២នៃសម្ព័ន្ធមេត្រីចាស់ និងសម្ព័ន្ធមេត្រីថ្មី បន្ទាប់មកគឺពាក្យអបអរសាទរ អាលេលូយ៉ា មុនការប្រកាសអត្ថបទគម្ពីរដំណឹងល្អ។ ថ្ងៃអាទិត្យ និងបុណ្យឱឡារឹក ក្រោយអត្ថបទគម្ពីរដំណឹងល្អគឺមានធម្មទេសនា ជាមួយគ្នានេះដែល ក្រោយធម្មទេសនាគឺគ្រីស្តបរិស័ទរួមគ្នាប្រកាសជំនឿដោយធម៌ប្រកាសជំនឿ រួចមកគឺជាពាក្យអង្វរសកល។

ផ្នែកទី២៖  ត្រូវបានចាប់ផ្តើមដោយការរៀបចំដង្វាយ និងបញ្ចប់ដោយពាក្យអធិដ្ឋានថ្វាយដង្វាយ។ កំពូលនៃអភិបូជាគឺធម៌អរព្រះគុណដ៏វិសុទ្ធ ត្រូវបានចាប់ផ្តើមដោយធម៌.......... និងធម៌ព្រះដ៏វិសុទ្ធ។ ពេលនេះគឺជាពេលដែលនំបុ័ងនិងស្រាប្រែក្លាយទៅជាព្រះកាយនិងព្រះលោហិតរបស់ព្រះគ្រីស្ត។ ធម៌អរព្រះគុណដ៏វិសុទ្ធត្រូវបានបញ្ចប់ដោយធម៌........ហើយឈានទៅដល់ធម៌ឳព្រះបិតា។ បន្ទាប់មកគឺជាពាក្យអធិដ្ឋានសម្រាប់សេ​​ចក្តីសុខសាន្ត ធម៌ឱ!កូនចៀមរបស់ព្រះជាម្ចាស់ រួចកាច់នំបុ័ង រួចចែកព្រះកាយទៅដល់គ្រីស្តបរិស័ទ ជាធម្មតាគ្រីស្តបរិស័ទទទួលតែនំបុ័ងដែលជាព្រះកាយព្រះគ្រីស្តតែប៉ុណ្ណោះ។ អភិបូជាបញ្ចប់ដោយភាពស្ងៀមស្ងាត់ និងអរព្រះគុណ ដោយពាក្យអរព្រះគុណ ក្រោយមកជាការប្រទានពររបស់លោកបូជាចារ្យ។

២១៥.តើនរណាជាប្រធានក្នុងការប្រារព្វពិធីបុណ្យអរព្រះគុណ?

គឺព្រះគ្រីស្តផ្ទាល់ជាព្រះសិរសា ជាតួឯកនៃពិធីអរព្រះគុណ។ លោកអភិបាល ឬលោកបូជាចារ្យ គ្រាន់តែជាតំណាងរបស់ព្រះយេស៊ូតែប៉ុណ្ណោះ អស់លោកគឺជាអ្នកដែលព្រះជាម្ចាស់បានផ្តល់សិទ្ធិតាមរយៈអគ្គសញ្ញាតែងតាំងអ្នកបម្រើ។

២១៦.តើព្រះយេស៊ូមានវត្តមានក្នុងពេលប្រារព្ធពិធីបុណ្យអរព្រះគុណដោយរបៀបណា?

វត្តមានរបស់ព្រះយេស៊ូពិតជាគង់នៅក្នុងពិធីបុណ្យអរព្រះគុណតាមគម្រោងការណ៍ក៏លាក់កំបាំង។ រៀងរាល់ពេលដែលព្រះសហគមន៍ធ្វើតាមព្រះបញ្ជារបស់ព្រះអង្គ “ សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ ” ដោយកាច់នំបុ័ង លើកពែងស្រាឡើង គឺព្រះសហគមន៍បានធ្វើនូវកាយវិការដែលព្រះអម្ចាស់បានធ្វើកាលពីមុនដែរ។ ព្រះយេស៊ូបានបូជាព្រះអង្គផ្ទាល់សម្រាប់យើង ដូច្នេះយើងក៏ពិតជាបានចូលរួមក្នុងការថ្វាយយញ្ញបូជារបស់ព្រះគ្រីស្តម្តងរួចជាស្រេចនៅលើឈើឆ្កាង បច្ចុប្បន្នត្រូវបានថ្វាយនៅលើតុសក្ការៈ គឺជាកិច្ចការដែលព្រះអង្គធ្វើដើម្បីសង្គ្រោះយើង។

២១៧.តើមានអ្វីកើតឡើងចំពោះព្រះសហគមន៍​ខណៈពេលដែលពិធីអរព្រះគុណត្រូវបានប្រារព្ធ?

រៀងរាល់ពេលដែលព្រះសហគមន៍ប្រារព្ធពិធីអរព្រះគុណ គឺព្រះសហគមន៍បានត្រឡប់ទៅកាន់ប្រភពដើមរបស់ខ្លួន និងបន្តផ្លាស់ប្តូរជារៀងរាល់ថ្ងៃឥតឈប់ឈរ។ ដោយសារការទទួលព្រះកាយព្រះគ្រីស្ត ព្រះសហគមន៍ក្លាយទៅជារូបកាយរបស់ព្រះគ្រីស្ត។ នៅក្នុងការបូជាព្រះជន្មរបស់ព្រះគ្រីស្ត ដែលព្រះអង្គបានបូជាព្រះជន្មព្រះអង្គសម្រាប់យើង ទាំងរូបកាយទាំងវិញ្ញាណ គឺទាំងអស់នេះហើយសុទ្ធសឹងតែមានចំណែកសម្រាប់ជីវិតរបស់យើង រាល់សកម្មភាពរបស់យើង ទាំងអំណរសប្បាយ ទុក្ខលំបាក គឺសុទ្ធតែអាចរួបរួមជាមួយព្រះគ្រីស្តបាន។ ប្រសិនបើយើងថ្វាយអ្វីៗទាំងអស់ទៅកាន់ព្រះជាម្ចាស់តាមរបៀបនេះ នោះយើងនឹងអាចផ្លាស់ប្តូរឱ្យគាប់ព្រះហឬទ័យព្រះជាម្ចាស់ និងក្លាយទៅជាអាហារដែលជួយចិញ្ចឹមអស់បងប្អូនបាន។ [1368-1372,1414]

២១៨.តើយើងគួរធ្វើយ៉ាងដូចម្តេចដើម្បីឱ្យការគោរពព្រះវត្តមានព្រះគ្រីស្តដែលគង់ក្នុងរូបសញ្ញានំបុ័ង និងស្រាឱ្យបានសមរម្យ?

ដោយសារព្រះជាម្ចាស់ពិតជាមានវត្តមានគង់ក្នុងរូបសញ្ញានំបុ័ង និងស្រា ដែលបានប្រសិទ្ធព្រះពររួច ដូច្នេះយើងត្រូវរក្សាឥរិយាបទគោរព និងលើកតម្កើងព្រះជាម្ចាស់ដែលជាព្រះសង្គ្រោះរបស់យើងក្រោមអគ្គសញ្ញាដ៏ប្រសើរឧត្តមនេះ។  [1378-1381,1418]

២១៩.តើគ្រីស្តបរិស័ទចាំបាច់ត្រូវចូលរួមអភិបូជាចំនួនប៉ុន្មានដង?

ព្រះសហគមន៍តម្រូវឱ្យគ្រីស្តបរិស័ទចូលរួមអភិបូជារៀងរាល់ថ្ងៃអាទិត្យ និងរាល់ពេលដែលមានពិធីបុណ្យឱឡារឹក។ សម្រាប់អស់អ្នកណាដែលពិតជាស្វែងរកព្រះជាម្ចាស់ និងចង់បង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធិនឹងព្រះយេស៊ូ គឹត្រូវបានឆ្លើយតបចំពោះការអញ្ចើញរបស់ព្រះអង្គក្នុងពិធីជប់លាងដោយចូលរួមអភិបូជាឱ្យបានច្រើនកាន់តែប្រសើរ។ [1389-1417]

២២០.តើខ្ញុំត្រូវរៀបចំយ៉ាងដូចម្តេច ដើម្បីអាចទទួលព្រះកាយព្រះគ្រីស្តបានយ៉ាងសមរម្យ

អស់អ្នកដែលចង់ទទួលព្រះកាយ ត្រូវតែជាគ្រីស្តបរិស័ទកាតូលិក ហើយប្រសិនបើដឹងថាខ្លួនកំពុងមានអំពើបានធ្ងន់ គួរតែទៅទទួលអគ្គសញ្ញាសម្រុះសម្រួលជាមុនសិន។ មុនពេលទៅដល់អាសនៈដើម្បីទទួលព្រះកាយ យើងគួរតែសម្រុះសម្រួលគ្នាជាមួយអ្នកជិតខាងរបស់យើងជាមុនសិន។ [1389-1417]

២២១.តើព្រះកាយព្រះគ្រីស្តផ្លាស់ប្តូរខ្ញុំយ៉ាងដូចម្តេច

រៀងរាល់ពេលដែលយើងទទួលព្រះកាយព្រះគ្រីស្ត គឺធ្វើឱ្យយើងបានរួបរួមយ៉ាងស្និទ្ធស្នាលជាមួយព្រះគ្រីស្ត ធ្វើឱ្យយើងក្លាយទៅជាសរីរាង្គយ៉ាងរស់រវើករបស់ព្រះកាយព្រះគ្រីស្ត ធ្វើឱ្យព្រះអំណោយទានដែលយើងបានទទួលនៅពេលជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស់បានផ្លាស់ប្តូរជាថ្មី និងធ្វើឱ្យយើងមានកម្លាំងដើម្បីប្រឆាំងនឹងអំពើបាបទាំងឡាយ​។ [1391-1397,1416]

២២២.តើយើងអាចជូនព្រះកាយទៅដល់អស់អ្នកដែលមិនមែនជាគ្រីស្តបរិស័ទបានដែលឬទេ

ការទទួលព្រះកាយព្រះគ្រីស្ត គឺជាការបង្ហាញនៃការរួបរួមរវាងខ្លួនយើងនឹងព្រះជាម្ចាស់។ ដើម្បីក្លាយទៅជាផ្នែកមួយនៃព្រះសហគមន៍កាតូលិក យើងត្រូវតែទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងព្រះសហគមន៍កាតូលិក  ចែករំលែកជំនឿ មានជីវិតរស់នៅស្របទៅនឹងការបង្រៀនរបស់ព្រះសហគមន៍។ ដូច្នេះហើយបានជាយើងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ដែលមិនមែនជាគ្រីស្តបរិស័ទកាតូលិក ដែលមិនមានជំនឿ ហើយមិនមានជីវិតរស់នៅរួមជាមួយព្រះសហគមន៍ឱ្យទទួលព្រះកាយព្រះគ្រីស្តនោះទេ។ សេចក្តីនេះអាចធ្វើឱ្យអគ្គសញ្ញាព្រះកាយព្រះគ្រីស្តបាត់បង់តម្លៃនិងលែងជឿជាក់បាន។ [1398-1401]

២២៣.តើការទទួលព្រះកាយព្រះគ្រីស្តណែនាំឱ្យយើងទទួលជីវិតអស់កល្បជានិច្ចបានយ៉ាងដូចម្តេច?

ព្រះយេស៊ូបានសន្យាជាមួយក្រុមសាវ័ក និងជាមួយយើងថា ថ្ងៃណាមួយយើងនឹងបានរួមតុក្នុងពិធីជប់លាងរួមជាមួយព្រះអង្គ។ ​ អភិបូជានីមួយៗ សុទ្ធតែរំឭកអំពីការរងទុក្ខលំបាកយ៉ាងពិសិដ្ឋរបស់ព្រះយេស៊ូ ដូច្នេះដួងចិត្តយើងបានពោរពេញទៅដោយព្រះអំណោយទាន នឹងជាភស្តុតាងអំពីជីវិតអស់កល្បជានិច្ចរបស់យើងរួមជាមួយព្រះអង្គ។ [1402-1405]

ជំពូកទី២
អគ្គសញ្ញានៃការព្យាបាល

៤.អគ្គសញ្ញាលើកលែងទោស និងសម្រុះសម្រួល

២២៤. ហេតុអ្វីបានជាព្រះយេស៊ូប្រោសប្រទានឱ្យយើងនូវអគ្គសញ្ញាសម្រុះសម្រួល និងអគ្គសញ្ញាលាបប្រេងអ្នកជម្ងឺ?
ព្រះយេស៊ូបង្ហាញសេចក្តីស្រលាញ់របស់ព្រះអង្គតាមរយៈការស្វែងរកអស់អ្នកដែលបាត់បង់ និងព្យាបាលអស់អ្នកដែលមានជម្ងឺ។ នេះជាមូលហេតុដែលព្រះអង្គប្រទានឱ្យយើងនូវអគ្គសញ្ញាលើកលែងទោស និងអគ្គសញ្ញាសម្រុះសម្រួល ដើម្បីរំដោះយើងឱ្យរួចផុតពីអំពើបាប រីឯអគ្គសញ្ញាលាបប្រេងអ្នកជម្ងឺវិញ គឺដើម្បីឱ្យយើងមានកម្លាំងទាំងរូបកាយ និងវិញ្ញាណ។ [1420-1421]

២២៥.តើគេអាចហៅអគ្គសញ្ញាសលើកលែងទោស និងសម្រុះសម្រួលនេះបានយ៉ាងដូចម្តេចខ្លះ ?

គេអាចហៅអគ្គសញ្ញានេះថាជាអគ្គសញ្ញានៃការកែប្រែចិត្តគំនិត អគ្គសញ្ញានៃការសោកស្តាយ និងអគ្គសញ្ញានៃការសារភាព។ល។ [1422-1424,1486]

២២៦.តាមរយៈអគ្គសញ្ញាជ្រមុជទឹក ព្រះជាម្ចាស់បានលាងសម្អាតយើងឱ្យបានវិសុទ្ធហើយ។ តើហេតុអ្វីបានជាយើងត្រូវការអគ្គសញ្ញាសម្រុះសម្រួលទៀត ?

អគ្គសញ្ញាជ្រមុជទឹកធ្វើឱ្យយើងចេញផុតពីអំណាចនៃអំពើបាប និងសេចក្តីស្លាប់ ហើយនាំយើងឆ្ពោះទៅកាន់ជីវិតថ្មីជាបុត្រធីតារបស់ព្រះជាម្ចាស់​។ ប៉ុន្តែអគ្គសញ្ញាជ្រមុជទឹកមិនរំដោះយើងឱ្យចេញផុតពីភាពទន់ខ្សោយរបស់មនុស្សដែលរមែងធ្លាក់ទៅក្នុងអំពើបាបនោះទេ ដូច្នេះយើងត្រូវការសម្រុះសម្រួលជាមួយព្រះជាម្ចាស់ជាញឹកញាប់ នេះហើយបានជាយើងត្រូវការអគ្គសញ្ញាសម្រុះសម្រួល។ [1425-1426]

២២៧.តើនរណាជាអ្នកបង្កើតអគ្គសញ្ញាសម្រុះសម្រួល?

ព្រះយេស៊ូផ្ទាល់ជាអ្នកដែលបានបង្កើតអគ្គសញ្ញាសម្រុះសម្រួលនេះឡើង នៅពេលដែលព្រះអង្គបានបង្ហាញព្រះអង្គឱ្យក្រុមសាវ័កឃើញនៅល្ងាចថ្ងៃបុណ្យចម្លង​ ហើយមានព្រះបន្ទូលថា ៖ ចូរទទួលព្រះវិញ្ញាណ! បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឱ្យរួចពីបាប ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឱ្យរួចពីបាបដែរ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន។  ( យហ ២០,២២ ) [1439-1485]

២២៨.តើនរណាមានសិទ្ធិក្នុងការលើកលែងទោស?

មានតែព្រះជាម្ចាស់តែមួយព្រះអង្គដែលមានសិទ្ធិក្នុងការលើកលែងទោសបាន  មានតែព្រះយេស៊ូទេដែលអាចមានព្រះបន្ទូលថា ៖ កូនអើយ ! ខ្ញុំអត់ទោសឱ្យកូនរួចពីបាបហើយ  ( មក ២,៥ ) ដោយសារព្រះអង្គជាព្រះបុត្រាព្រះជាម្ចាស់។ រីឯអស់លោកបូជាចារ្យវិញ អាចលើកលែងទោសបានដោយសារព្រះយេស៊ូបានប្រគល់អំណាចនោះជូនអស់លោក ដើម្បីឱ្យអស់លោកលើកលែងទោសក្នុងព្រះនាមព្រះជាម្ចាស់។ [1441-1442]

២២៩.តើកត្តាអ្វីដែលណែនាំឱ្យមនុស្សកែប្រែចិត្តគំនិត?​ 

នៅពេលដែលមនុស្សទទួលស្គាល់នូវអំពើបាបរបស់ខ្លួន ណែនាំឱ្យគេសោកស្តាយ និងចង់កែខ្លួនឱ្យល្អប្រសើរជាង ទាំងនេះហើយដែលយើងហៅថា ការកែប្រែចិត្តគំនិត។ ការកែប្រែចិត្តគំនិតរបស់យើងដំណើរការទៅបាន លុះត្រាតែយើងទទួលស្គាល់នូវសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ និងទទួលស្គាល់នូវអំពើបាបរបស់យើង ដែលទាស់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងឈឺចិត្តដោយសារយើងបានប្រព្រឹត្តអំពើបាប ហើយយើងប្តេជ្ញាផ្លាស់ប្តូរជីវិត និងទុកចិត្តទាំងស្រុងទៅលើព្រះជាម្ចាស់។ [1430-1433,1490]

២៣០.​តើកិច្ចការដែលបង្ហាញពីការសោកស្តាយបាបគឺអ្វី?

កិច្ចការដែលបង្ហាញពីការសោកស្តាយបាប គឺជាសំណងដែលយើងត្រូវសងចំពោះទោសកំហុសរបស់យើង។ កិច្ចការនេះមិនមែនមានត្រឹមតែក្នុងគំនិតឬធ្វើខាងក្នុងចិត្តយើងតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាសកម្មភាពដែលបង្ហាញចេញតាមរយៈកិច្ចការមេត្តាករុណាចំពោះអ្នកដទៃ។ កិច្ចការនេះក៏អាចជាការអធិដ្ឋាន តមអាហារ ជួយអ្នកក្រីក្រទាំងផ្លូវកាយ និងផ្លូវវិញ្ញាណផងដែរ។ [1434-1439]

២៣១.តើចំណុច២សំខាន់ដែលធ្វើឱ្យគ្រីស្តបរិស័ទម្នាក់ទទួលបាននូវការលើកលែងទោសនោះគឺអ្វី?

ទីមួយគឺគ្រីស្តបរិស័ទត្រូវកែប្រែចិត្តគំនិត ហើយទី២គឺលោកបូជាចារ្យលើកលែងទោសក្នុងព្រះនាមព្រះយេស៊ូ។ [1448]

២៣២.តើខ្ញុំត្រូវធ្វើអ្វីខ្លះមុននឹងទទួលអគ្គសញ្ញាសម្រុះសម្រួល?

រៀងរាល់ពេលទទួលអគ្គសញ្ញាសម្រុះសម្រួល យើងត្រូវ ៖ រិះគិតនូវរាល់ទង្វើរបស់ខ្លួន កែប្រែចិត្តគំនិត ប្តេជ្ញាចិត្ត សារភាពប្រាប់លោកបូជាចា្យ និងធ្វើកិច្ចការដែលបង្ហាញពីការសោកស្តាយនូវទោសកំហុសរបស់ខ្លួន។ [1450-1460;1490-1492;1494]

២៣៣.តើត្រូវសារភាពប្រាប់លោកបូជាចារ្យនូ​វអំពើបាបអ្វីខ្លះ?

ត្រូវសារភាពនូវរាល់អំពើបាបធ្ងន់ដែលយើងចងចាំក្រោយពេលដែលបានស្មឹងសា្មធនិងរិះគិត នៅពេលដែលយើងជម្រាបចេញនោះ នឹងបានទទួលការលើកលែងទោស។ [1457]

២៣៤.តើពេលណាខ្លះដែលគ្រីស្តបរិស័ទត្រូវសារភាពបាបធ្ងន់?

នៅពេលគ្រប់អាយុដឹងក្តី គ្រីស្តបរិស័ទត្រូវសារភាពបាបធ្ងន់ដែលខ្លួនបានប្រព្រឹត្ត។ ព្រះសហគមន៍ដាស់តឿនឱ្យគ្រីស្តបរិស័ទត្រូវសារភាពបាបធ្ងន់របស់ខ្លួនយ៉ាងតិចម្តងក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលដឹងថាខ្លួនបានប្រព្រឹត្តអំពើបាបធ្ងន់ គឺត្រូវទៅទទួលអគ្គសញ្ញាសម្រុះសម្រួល មុននឹងទទួលព្រះកាយព្រះគ្រីស្ត។ [1457]

២៣៥.តើយើងអាចទទួលអគ្គសញ្ញាសម្រុះសម្រួលបានដែលឬទេ?  

ខណៈពេលដែលយើងមិនបានប្រព្រឹត្តអំពើបាបធ្ងន់។ ប្រសិនបើមិនបានប្រព្រឹត្តអំពើបាបធ្ងន់ទេ មិនទាមទារឱ្យទទួលអគ្គសញ្ញាសម្រុះសម្រួលនោះទេ។ ក៏ប៉ុន្តែអគ្គសញ្ញាសម្រុះសម្រួលគឺជាព្រះអំណោយទានយ៉ាងពិសេសដើម្បីទទួលបានការព្យាបាល ហើយម្យ៉ាងវិញទៀតជួយឱ្យយើងកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់​។ [1458]

២៣៦.ហេតុអ្វីបានជាមានតែលោកបូជាចារ្យប៉ុណ្ណោះដែលអាចលើកលែងទោសបាន?

គ្មាននរណាម្នាក់មានសិទ្ធិក្នុងការលើកលែងទោសបានទេ លុះត្រាតែព្រះជាម្ចាស់ប្រទានអំណាចឱ្យ និងកម្លាំងដើម្បីលើកលែងទោសឱ្យអ្នកដទៃក្នុងព្រះនាមព្រះជាម្ចាស់នោះ។ លោកអភិបាលមានសិទ្ធិអាទិភាពក្នុងការលើកលែងទោស រីឯអស់លោកបូជាចារ្យវិញគឺគ្រាន់តែជាសហការីរបស់លោកអភិបាលក្នុងកិច្ចការលើកលែងទោសនេះតែប៉ុណ្ណោះ។ [1461-1466;1495]

២៣៧.តើមានអំពើបាបធ្ងន់ដែលលោកបូជាចារ្យមិនអាចធ្វើការលើកលែងទោសដែលឬទេ?

អំពើបាបដែលមនុស្សខ្លួនឯងសម្រេចចិត្តបដិសេធព្រះជាម្ចាស់ ឬជាអំពើបាបដែលធ្ងន់ជាងគេក្នុងព្រះសហគមន៍ ឬជាអំពើបានធ្ងន់ធ្ងរដែលត្រូវបានបណ្តេញចេញពីព្រះសហគមន៍។ ក្នុងករណីនេះមានតែលោកអភិបាលភូមិភាគដែលមានសិទ្ធិក្នុងការលើកលែងទោស ហើយមានតែសម្តេចប៉ាបប៉ុណ្ណោះដែលអាចលើកលែងទោសចំពោះអំពើបាបដែលត្រូវបានបណ្តេញចេញពីព្រះសហគមន៍។ ក៏ប៉ុន្តែក្នុងករណីអាសន្នដែលឈានដល់ការបាត់បង់ជីវិត ( ដើម្បីជួយសង្គ្រោះវិញ្ញាណ ) បូជាចារ្យគ្រប់រូបអាចមានសិទ្ធិក្នុងការលើកលែងទោសឱ្យបាន សូម្បីតែទោសបណ្តញចេញពីព្រះសហគមន៍ក៏អាចលើកលែងទោសបានដែរ។ [1463]

២៣៨.តើលោកបូជាចារ្យមានសិទ្ធិនិយាយចេញនៅអ្វីដែលខ្លួនបានស្តាប់ឭ នៅពេលផ្តល់អគ្គសញ្ញាសម្រុះសម្រួលបានដែលឬទេ?

លោកបូជាចារ្យមិនមានសិទ្ធិក្នុងការនិយាយចេញបានទេ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ បូជាចារ្យត្រូវហាមឃាត់ជាដាច់ខាត និងត្រូវរក្សាការសម្ងាត់អំពីអំពើបាបដែលអ្នកបាបបានសារភាព។ បើពុំដូច្នេះទេត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ ទោះបីមានការសួរនាំពីសមត្ថកិច្ច នរគបាលក៏ដោយ ក៏លោកបូជាចារ្យមិនមានសិទ្ធិក្នុងការនិយាយឬធ្វើសញ្ញាអ្វីឡើយ។ [1467]

២៣៩.តើផលខាងវិញ្ញាណនៃអគ្គសញ្ញាស​ម្រុះសម្រួលមានអ្វីខ្លះ

អគ្គសញ្ញាសម្រុះសម្រួលធ្វើឱ្យអ្នកបាបជានានឹងព្រះជាម្ចាស់ និងព្រះសហគមន៍ ហើយត្រូវបានទទួលឱ្យត្រលប់មកជាបុត្រធីតាដ៏ជាទីស្រលាញ់របស់ព្រះជាម្ចាស់វិញ។ [1468-1470,1496]

៥.អគ្គសញ្ញាលាបប្រេងឱ្យអ្នកជម្ងឺ

២៤០.តើនៅក្នុងសម្ពន្ធមេត្រីចាស់ ជម្ងឺ ត្រូវបានគេយល់ឃើញយ៉ាងដូម្តេច?

នៅក្នុងសម្ពន្ធមេត្រីចាស់ ជម្ងឺត្រូវបានគេយល់ឃើញថាជាការល្បងលដ៏ធំរបស់ព្រះជាម្ចាស់ចំពោះគេ។ ក៏ប៉ុន្តែតាមរយៈជម្ងឺណែនាំឱ្យគេរកឃើញព្រះហឬទ័យរបស់ព្រះជាម្ចាស់។ អស់លោកព្យាការីបានយល់ឃើញថា ជម្ងឺមិនមែនជាការទទួលបណ្តាសារ ឬជាប់ចំណងនៃអំពើបាបរបស់បុគ្គលនោះទេ។ ដូច្នេះហើយប្រសិនបើយើងទទួលនូវការឈឺចាប់របស់ខ្លួនដោយចិត្តអត់ធ្មត់ នោះយើងអាចជួយអ្នកដទៃឱ្យទទួលការឈឺចាប់ដោយអត់ធ្មត់ដូចយើងដែរ។ [1502]

២៤១.ហេតុអ្វីបានជាព្រះយេស៊ូយកព្រះទ័យទុកដាក់នឹងអ្នកជម្ងឺដូច្នេះ?

ព្រះយេស៊ូបានយាងមកដើម្បីបង្ហាញព្រះហឬទ័យមេត្តាករុណារបស់ព្រះជាម្ចាស់។ ព្រះអង្គមានវត្តមាននៅពេលដែលយើងជួបទុក្ខលំបាក នៅពេលយើងមានជម្ងឺឈឺស្កាត់ ព្រះអង្គយាងមកព្យាបាលរូបកាយ និងប្រលឹងរបស់យើងទាំងស្រុង។ ព្រះអង្គអញ្ចើញយើងឱ្យទុកចិត្ត ហើយពឹងផ្អែកលើព្រះអង្គទាំងស្រុង និងឱ្យយើងទទួលស្គាល់ថាព្រះរាជ្យព្រះជាម្ចាស់មកជិតបង្កើយហើយ។ [1503-1505]

២៤២.ហេតុអ្វីបានជាព្រះសហគមន៍ត្រូវយកចិត្តទុកដាក់ថែរក្សាអ្នកជម្ងឺជាពិសេស?

ព្រះយេស៊ូមានព្រះបន្ទូលថា ៖ ព្រះរាជ្យព្រះជាម្ចាស់រួមទុក្ខលំបាកជាមួយយើងពេលយើងរងទុក្ខលំបាកនៅនាលោកកិយនេះ។ ព្រះជាម្ចាស់ចង់ឱ្យយើងទទួលព្រះអង្គក្នុងចំណោមបងប្អូនដែលតូចតាចបំផុត( មថ ២៥,៤០ )។ នេះជាហេតុផលដែលព្រះអង្គចង់ឱ្យយើងយកចិត្តទុកដាក់ថែរក្សាអ្នកជម្ងឺ អ្នកក្រីក្រ ព្រោះទាំងអស់នេះជាតួនាទីរបស់សាវ័កព្រះយេស៊ូ។ ព្រះយេស៊ូបានផ្តាំថា៖ "ចូរមើលអ្នកជម្ងឺឱ្យបានជា " (មថ ១០,៨) រួចព្រះអង្គក៏បានប្រគល់អំណាចឱ្យទៅក្រុមសាវ័ក ៖ "អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងអស់នេះ គឺគេនឹងដេញអារក្សក្នុងនាមខ្ញុំ " ​( មក ១៦,១៧ )។​

២៤៣.តើនរណាអាចទទួលអគ្គសញ្ញាលាបប្រេងអ្នកជម្ងឺបាន?

គ្រីស្តបរិស័ទគ្រប់រូបដែលចាប់ផ្តើមវ័យចំណាស់ ឬចាស់ជរា ឬមានជម្ងឺធ្ងន់ គួរទទួលអគ្គសញ្ញានេះបាន។ [1514-1515,1528-1529]

២៤៤.តើអគ្គសញ្ញាលាបប្រេងអ្នកជម្ងឺត្រូវបានផ្តល់យ៉ាងដូចម្តេច?

ពីធីសំខាន់នៃអគ្គសញ្ញានេះ គឺការលាបប្រេងលើថ្ងាស និងដៃរបស់អ្នកជម្ងឺ ខណៈពេលនោះលោកបូជាចារ្យត្រូវអង្វរព្រះជាម្ចាស់ដើម្បីផ្តល់ព្រះអំណោយទានពិសេសនៃអគ្គសញ្ញានេះ។ [1517-1519,1531]

២៤៥.តើព្រះអំណោយទានពិសេសនៃអគ្គសញ្ញាលាបប្រេងអ្នកជម្ងឺផ្តល់ផលអ្វីខ្លះ?

អគ្គសញ្ញាលាបប្រេងអ្នកជម្ងឺ ណែនាំឱ្យគេទទួលបានការលួងលោមចិត្ត សេចក្តីសុខសាន្ត សេចក្តីក្លាហាន ដើម្បីស៊ូទ្រាំរួមជាមួយព្រះគ្រីស្តដែលរងទុក្ខលំបាក ។ សម្រាប់អ្នកជម្ងឺមួយចំនួន អគ្គសញ្ញានេះណែនាំឱ្យគេធូរស្បើយពីជម្ងឺ ប៉ុន្តែប្រសិនបើព្រះជាម្ចាស់ត្រាស់ហៅគេឱ្យទៅឯព្រះអង្គ អគ្គសញ្ញានេះផ្តល់ឱ្យគេកម្លាំងដើម្បីជំនៈនូវការល្បួងចុងក្រោយ ជាពិសេសអ្នកជម្ងឺទទួលបានការលើកលែងទោសឱ្យរួចពីបាបផងដែរ។ [1520-1523,1532]

២៤៦.តើនរណាជាអ្នកមានសិទ្ធិក្នុងការផ្តល់អគ្គសញ្ញាលាបប្រេងអ្នកជម្ងឺនេះបាន?

មានតែអស់លោកអភិបាល អស់លោកបូជាចារ្យ ដែលមានសិទ្ធិក្នុងការផ្តល់អគ្គសញ្ញានេះបាន។ ព្រោះព្រះគ្រីស្តបានប្រគល់អំណាចទៅដល់អស់លោកតាមរយៈអគ្គសញ្ញាតែងតាំង។ [1516-1530]

២៤៧.តើព្រះកាយស្បៀងមានអត្ថន័យយ៉ាងដូចម្តេច ?

នៅពេលដែលអ្នកជម្ងឺបានទទួលព្រះកាយព្រះគ្រីស្តជាលើកចុងក្រោយមុនពេលលាចាកលោក។ គ្រីស្តបរិស័ទមានទម្លាប់ហៅថាការទទួលព្រះកាយស្បៀង ដើម្បីរៀបចំខ្លួនធ្វើដំណើរទៅកាន់មាតុភូមិ គឺវិលត្រលប់ទៅរកព្រះជាម្ចាស់វិញ។ [1524-1525]

ជំពូកទី៣
អគ្គសញ្ញាបម្រើគ្រីស្តបរិស័ទឱ្យរួបរួមគ្នា

២៤៨.តើអគ្គសញ្ញាបម្រើគ្រីស្តបរិស័ទឱ្យរួបរួមគ្នាគឺអ្វី?

អស់អ្នកដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញលាបថ្ងាស អាចមានសិទ្ធិទទួលអគ្គសញ្ញាណាមួយក្នុងចំណោមអគ្គសញ្ញាទាំងពីរនេះបាន គឺអគ្គសញ្ញាតែងតាំង និងអគ្គសញ្ញអាពាហ៍ពិពាហ៍ ដើម្បីបំពេញមុខងារដែលព្រះសហគមន៍ចាត់តាំងឱ្យ។ [1533-1535]

៦.អគ្គសញ្ញាតែងតាំងអ្នកបម្រើ

២៤៩.តើអគ្គសញ្ញាតែងតាំងត្រូ​វបានបែងចែកចេញជាប៉ុន្មានថ្នាក់?

អគ្គសញ្ញានេះមានបីថ្នាក់ គឺថ្នាក់ជាអភិបាល ថ្នាក់ជាបូជាចារ្យ និងថ្នាក់ជាឧបដ្ឋាក។ [1554,1593]

២៥០.តើការតែងតាំងលោកអភិបាលមានអត្ថន័យយ៉ាងដូចម្តេច?

ការតែងតាំងលោកអភិបាល គឺជាការផ្តល់អគ្គសញ្ញាតែងតាំងពេញបរិបូរណ៍ទៅដល់លោកបូជាចារ្យ ឱ្យលោកមានមុខងារជាលោកអភិបាល។ លោកអភិបាលគឺជាអ្នកបន្តវេនពីក្រុមគ្រីស្តទូត និងចូលរួមក្នុងក្រុមលោកអភិបាល ដោយរួមជាមួយក្រុមលោកអភិបាល និងសម្តេចប៉ាប ណែនាំឱ្យលោកមានកាតព្វកិច្ចចំពោះព្រះសហគមន៍ទាំងមូល ជាពិសេសក្នុងភូមិភាគរបស់លោក។ ព្រះសហគមន៍ប្រគល់ឱ្យលោកមានសិទ្ធិក្នុងការអប់រំ ណែនាំ និងគ្រប់គ្រងព្រះសហគមន៍។ [1555-1559]

២៥១.តើលោកអភិបាលមានលក្ខណៈសំខាន់យ៉ាងដូចម្តេចចំពោះគ្រីស្តបរិស័ទកាតូលិក?

គ្រីស្តបរិស័ទកាតូលិកត្រូវស្តាប់បង្គាប់លោកអភិបាលរបស់ខ្លួន ដោយសាលោកជារូបតំណាងរបស់ព្រះគ្រីស្ត។ អស់លោកបំពេញមុខងារបម្រើ​រួមជាមួយអស់លោកបូជាចារ្យ និងអស់លោកឧបដ្ឋាក ដែលជាសហការីរបស់លោក។ ទាំងអស់នេះហើយគឺជាគ្រឹះរបស់ព្រះសហគមន៍ក្នុងតំបន់ ( ភូមិភាគ )។  [1560-1561]

២៥២.តើអគ្គសញ្ញាតែងតាំងផ្តល់ផលអ្វីខ្លះ?

អគ្គសញ្ញាតែងតាំងផ្តល់ព្រះអំណោយទានរបស់ព្រះវិញ្ញាណទៅលើអ្នកទទួល មានន័យថាព្រះគ្រីស្តប្រគល់អំណាចពិសិដ្ឋតាមរយៈការទ្រាបដៃរបស់លោកអភិបាល។ [1538]

២៥៣.តើព្រះសហគមន៍យល់យ៉ាងណាចំពោះអគ្គសញ្ញាតែងតាំង?

ក្រុមបូជាចារ្យក្នុងសម្ពន្ធមេត្រីចាស់មានមុខងារជាស្ពានរវាងស្ថានបរមសុខ និងផែនដី រវាងព្រះជាម្ចាស់ និងមនុស្ស។ ដូចព្រះយេស៊ូគ្រីស្ត ព្រះអង្គជាស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់​ និងមនុស្សលោក ( ១ធម ២,៥ )  ព្រះអង្គបានបំពេញចប់សព្វគ្រប់នូវមុខងារជាបូជាចារ្យនេះ។ ក្រៅពីព្រះអង្គ មានតែអស់លោកបូជាចារ្យដែលបានទទួលអគ្គសញ្ញាតែងតាំងក្នុងអង្គព្រះគ្រីស្ត ដែលរួមក្នុងសក្ការៈបូជារបស់ព្រះគ្រីស្តនៅលើឈើឆ្កាង និងតាម      រយៈការត្រាស់ហៅរបស់ព្រះគ្រីស្តក្នុងមុខងារជាសាវ័កព្រះអង្គ។ [1539-1553,1592]

២៥៤.តើការតែងតាំងបូជាចារ្យផ្តល់ផលអ្វី?

នៅពេលប្រគល់អគ្គសញ្ញាតែងតាំងឱ្យបូជាចារ្យ លោកអភិបាលទូលអង្វរសូមកម្លាំងដែលមកពីព្រះជាម្ចាស់មកចាក់បង្ហូរលើអ្នកទទួល។ កម្លាំងនេះដិតជាប់នៅក្នុងវិញ្ញាណ ប្រៀបបីដូចជាត្រាដែលដិតជាប់ជានិរន្ត។ បូជាចារ្យគឺជាសហការីរបស់លោកអភិបាល ជាអ្នកដែលប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាអ្នកប្រារព្ធអគ្គសញ្ញាផ្សេងៗ ជាពិសេសគឺថ្វាយអភិបូជា។ [1562-1568]

២៥៥.តើការតែងតាំងឧបដ្ឋាកផ្តល់ផលអ្វី?             

អ្នកដែលទទួលមុខងារជាឧបដ្ឋាក ត្រូវបានប្រគល់មុខងារមួយក្នុងចំណោមមុខងាររបស់អគ្គសញ្ញាតែងតាំង លោកឧបដ្ឋាកជាតំណាងឱ្យព្រះគ្រីស្តដែលបានយាងមកក្នុងពិភពលោកនេះដើម្បីបម្រើគេ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង ( មថ ២០,២៨ )។ នៅក្នុងពិធីតែងតាំងឧបដ្ឋាកមានពោលថា៖ លោកឧបដ្ឋាកគឺជាសហការីនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ របស់តុសក្ការៈ និងសម្តែងធម៌មេត្តាករុណា ដូច្នេះលោកឧបដ្ឋាកត្រូវជាអ្នកបម្រើរបស់មនុស្សទាំងអស់។ [1562-1568]

២៥៦.តើនរណាខ្លះអាចទទួលអគ្គសញ្ញាតែងតាំងបាន?

មានតែមនុស្សប្រុសប៉ុណ្ណោះ ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងព្រះសហគមន៍កាតូលិក ហើយត្រូវបានព្រះសហគមន៍ត្រាស់ហៅឱ្យទទួលមុខងារជាឧបដ្ឋាក បូជាចារ្យ និងអភិបាល តែប៉ុណ្ណោះ។ [1577-1578]

២៥៧.បើមានតែបុរសប៉ុណ្ណោះដែលអាចទទួលអគ្គសញ្ញាតែងតាំងនេះបាន។ តើនារីមានប្រតិកម្មអ្វីដែរឬទេ?

ក្នុងច្បាប់ព្រះសហគមន៍មានចែងថា ៖ មានតែបុរសទេដែលអាចទទួលមុខងារដ៏ពិសិដ្ឋនេះបាន ប៉ុន្តែនេះមិនមានន័យថាយើងបន្ទាបតម្លៃថ្លៃថ្នូររបស់ស្រ្តីនោះទេ។ ចំពោះព្រះជាម្ចាស់ បុរស និងស្រី្តមានតម្លៃថ្លៃថ្នូរស្មើគ្នា ប៉ុន្តែម្នាក់ៗមានតួនាទី និងព្រះអំណោយទានផ្សេងៗពីគ្នា។ ព្រះសហគមន៍មានប្រពៃណីជ្រើសរើសបុរស ដោយសារព្រះយេស៊ូបានជ្រើសតែបុរសនៅពេលព្រះអង្គបង្កើតអគ្គសញ្ញាតែងតាំងបូជាចារ្យក្នុងពិធីជប់លាងចុងក្រោយ។ ឆ្នាំ១៩៩៤​​ សម្តេចប៉ាប យ៉ូហានប៉ូលទី២ បានប្រកាសថា ៖ ព្រះសហគមន៍មិនមានសិទ្ធិក្នុងការតែងតាំងស្រ្តីឱ្យក្លាយជាបូជាចារ្យនោះទេ ហើយគ្រីស្តបរិស័ទទាំងអស់ត្រូវគោរពតាម

២៥៨.ហេតុអ្វីបានជាព្រះសហគមន៍តម្រូវឱ្យអស់បូជាចារ្យ និង អស់លោកអភិបាលរក្សាភាពនៅលីវ?

ព្រះយេស៊ូបានរក្សាភាពនៅលីវ ក្នុងគោលបំណងបង្ហាញសេចក្តីស្រលាញ់របស់ព្រះអង្គទាំងស្រុងជាមួយព្រះបិតា​តែមួយគត់។ ដើម្បីព្រះរាជ្យរបស់ព្រះជាម្ចាស់ ( មថ​១៩,១២ )  យើងគួរតែរស់នៅតាមរបៀបរបស់ព្រះយេស៊ូ។​ កិច្ចការនេះមានតាំងពីសម័យរបស់ព្រះយេស៊ូមកម្ល៉េះ ដើម្បីបង្ហាញសេចក្តីស្រលាញ់ ការលះបង់ថ្វាយឆ្ពោះទៅព្រះជាម្ចាស់ទាំងស្រុង ក្នុងកិច្ចការស្ម័គ្រចិត្តបម្រើ។ ព្រះសហគមន៍ខាងបស្ចឹមប្រទេស តម្រូវឱ្យអស់លោកបូជាចារ្យ អស់លោកអភិបាលរក្សាភាពនៅលីវ ទន្ទឹមនឹងនោះព្រះសហគមន៍ខាងបូព៌ាប្រទេសតម្រូវតែលោកអភិបាលប៉ុណ្ណោះដែលរក្សាភាពនៅលីវ។ [1579-1583,1599]

២៥៩.តើភាពជាបូជាចារ្យរបស់គ្រីស្តបរិស័ទ និងភាពជាបូជាចារ្យរបស់អ្នកដែលទទួលអគ្គសញ្ញាតែងតាំងខុសគ្នាយ៉ាងដូចម្តេច?

តាមរយៈអគ្គសញ្ញាជ្រមុជទឹក ព្រះយេស៊ូបានប្រោសឱ្យយើងបានចូលរួមក្នុងព្រះរាជ្យរបស់ព្រះអង្គ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ ( វវ ១,៦ )។ តាមរយៈភាពជាបូជាចារ្យរបស់គ្រីស្តបរិស័ទ គ្រប់គ្នាត្រូវបានអញ្ចើញឱ្យបំពេញកិច្ចការក្នុងពិភពលោកដោយនាមព្រះអម្ចាស់  ដោយនាំសេចក្តីសុខសាន្ត និងព្រះពរទៅដល់ពិភពលោកទាំងមូល។ ក្នុងពិធីជប់លាងចុងក្រោយ ខណៈពេលដែលព្រះយេស៊ូផ្តល់អំណាចឱ្យទៅក្រុមគ្រីស្តទូត  ជាពេលដែលព្រះអង្គរៀបចំឱ្យមានមនុស្សមួយចំនួនមានសិទ្ធិក្នុងការប្រារព្ធអគ្គសញ្ញានានាដើម្បីបម្រើបងប្អូន។ អស់លោកបូជាចារ្យដែលបានទទួលអគ្គសញ្ញាតែងតាំង ជាអ្នកដែលបំពេញមុខងារក្នុងអង្គព្រះគ្រីស្ត ប្រៀបបីដូចជាគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន អស់លោកប្រៀបបីដូចជាសិរសារបស់រូបកាយព្រះអម្ចាស់គឺព្រះសហគមន៍។ [1546-1553,1592]

៧.អគ្គសញ្ញាអាពាហ៍ពិពាហ៍

២៦០.ហេតុអ្វីព្រះជាម្ចាស់បង្កើតឱ្យមានបុរសនិងស្រ្តី?​                                   

ព្រះជាម្ចាស់បានបង្កើតមនុស្សជាបុរស និងជាស្រី្តដើម្បីគេរស់នៅជាមួយគ្នា គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ ( មថ ១៩,៦ )។ ដូច្នេះហើយពួកគេត្រូវរស់នៅក្នុងសេចក្តីស្រលាញ់ ត្រូវតែបង្កើតកូន និងក្លាយទៅជាសាក្សីរបស់ព្រះជាម្ចាស់ដែលព្រះអង្គស្រលាញ់យើងដោយសេចក្តីស្រលាញ់គ្មានដែនកំណត់។ [1601-1605]

២៦១.តើអគ្គសញ្ញាអាពាហ៍ពិពាហ៍ត្រូវបានប្រព្រឹត្តទៅយ៉ាងដូចម្តេច?

អគ្គសញ្ញាអាពាហ៍ពិពាហ៍ត្រូវបានប្រព្រឹត្តទៅដោយមនុស្សពីរនាក់គឺ កូនកំលោះ និងកូនក្រមុំធ្វើការសន្យានៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ និងព្រះសហគមន៍។ ព្រះជាម្ចាស់ទទួលស្គាល់ ក៏ដូចជាបោះត្រាចំពោះកិច្ចព្រមព្រៀងរបស់គូរសា្វមីភរិយា ត្រូវបានទទួលស្គាល់ជាស្ថាពរគឺក្លាយជារូបកាយតែមួយ។ អគ្គសញ្ញាអាពាហ៍ពិពាហ៍នេះផ្សារភ្ជាប់អ្នកទាំងពីររហូតដល់ស្លាប់ ដោយសារព្រះជាម្ចាស់ផ្ទាល់ជាអ្នកដែលបានផ្សារភា្ជប់អ្នកទាំងពីរ។  [1625-1631]

២៦២.តើយើងត្រូវការអ្វីខ្លះដើម្បីទទួលអគ្គសញ្ញាអាពាហ៍ពិពាហ៍នេះបាន?

មាន៣ចំណុច៖ ​១. ប្រកាសពាក្យសន្យាដោយសេរីភាព ២.សន្យារស់នៅជាមួយគ្នាអស់មួយជីវិត និងទី៣ គឺយល់ព្រមបន្តពូជ ( ទទួលកូនដែលមកពីព្រះជាម្ចាស់ )។ ម៉្យាងវិញទៀត ចំណុចចម្បងដែលគូរស្វាមីភរិយាត្រូវតែដឹងថា ពូកគេគឺជារូបតំណាងយ៉ាងរស់រវើក ដែលបង្ហាញពីសេចក្តីស្រលាញ់របស់ព្រះគ្រីស្តចំពោះព្រះសហគមន៍របស់ព្រះអង្គ។ [1644-1545ç1664]

២៦៣.ហេតុអ្វីបានជាអាពាហ៍ពិពាហ៍មិនអាចកាត់ផ្តាច់បាន?

អាពាហ៍ពិពាហ៍មិនអាចកាត់ផ្តាច់បានដោយសារមូលហេតុបីយ៉ាងនោះគឺ ៖ ទីមួយគឺការលះបង់ខ្លួនឯងទាំងស្រុងឱ្យគ្នាទៅវិញទៅមក នេះជាសភាពនៃសេចក្តីស្រលាញ់ ទីពីរគឺជាសញ្ញាណអំពីសេចក្តីស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់ចំពោះសត្វលោកទាំងអស់ រីឯទីបីនោះគឺជាការបង្ហាញអំពីសេចក្តីស្រលាញ់របស់ព្រះគ្រីស្តដែលបានបូជាព្រះអង្គនៅលើឈើឆ្កាងសម្រាប់ព្រះសហគមន៍។ [16051612-1617,1661]

២៦៤.តើកត្តាអ្វីដែលជាឧបសគ្គសម្រាប់គូរស្រករ?

កត្តាដែលជាឧបសគ្គសម្រាប់គូរស្រករនោះគឺអំពើបាប ហើយកត្តាដែលជួយផ្សះផ្សាគ្នានោះគឺការលើកលែងទោស។ កត្តាដែលណែនាំឱ្យគូរស្រករមាំមួននោះគឺការអធិដ្ឋាន និងពឹងផ្អែកទុកចិត្តទាំងស្រុងទៅលើព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។ [1606-1608]

២៦៥.តើមនុស្សទាំងអស់ត្រូវបានត្រាស់ហៅឱ្យរស់នៅជីវិតជាគូរស្រករដែលឬយ៉ាងណា?

មិនមែនទាំងអស់គ្នាសុទ្ធតែត្រូវបានត្រាស់ហៅឱ្យរស់នៅជីវិតជាគូរស្រករនោះទេ។ អ្នកដែលរក្សាភាពនៅលីវក៏អាចមានជីវិតរស់នៅក្នុងសេចក្តីសុខសាន្ត និងពោរពេញទៅដោយអំណរសប្បាយដែរ។ ហើយជាពិសេសមានមនុស្សមួយចំនួន ដែលត្រូវបានព្រះជាម្ចាស់ត្រាស់ហៅឱ្យរក្សាភាពនៅលីវរបស់ខ្លួនសម្រាប់ព្រះរាជ្យរបស់ព្រះជាម្ចាស់( មថ ១៩,១២​ )។ [1618-1620]

២៦៦.តើអាពាហ៍ពិពាហ៍គ្រីស្តសាសនាត្រូវបានប្រព្រឹត្តទៅយ៉ាងដូចម្តេច?

តាមច្បាប់ព្រះសហគមន៍ អាពាហ៍ពិពាហ៍ត្រូវប្រារព្ធឡើងជាសាធារណៈ។ លោកបូជាចារ្យ ឬលោកឧបដ្ឋាកសួរទៅកូនកំលោះ និងកូនក្រមុំអំពីការសម្រេចចិត្តក្នុងការរៀបអាពាហ៍ពិពាហ៍ បន្ទាប់មកគូរស្រករនិយាយឆ្លើយឆ្លងគ្នាទៅវិញទៅមកថា ៖ បង/អូន សូមទទួល.......ជាស្វាមី/ភរិយា សូមស​ន្យាថាស្រឡាញ់...............    ។ លោកបូជា​ចារ្យប្រទានព្រះពរទៅលើពាក្យសន្យារបស់គូរស្រករ ជាចុងបញ្ចប់លោកបូជាចារ្យទទួលស្គាល់ថា គូរស្រករនេះបានរៀបអាពាហ៍ពិពាហ៍ពិតមែន និងប្រទានព្រះពរលើពូកគេ។ [1621-1624,1663]

២៦៧.តើត្រូវធ្វើដូចម្តេចប្រសិនបើគ្រីស្តបរិស័ទនិកាយកាតូលិកចង់រៀបការជាមួយគ្រីស្តបរិស័ទនិកាយផ្សេង ?

នេះជាអាពាហ៍ពិពាហ៍លាយបញ្ចូលគ្នា ត្រូវមានការអនុញ្ញាតពីព្រះសហគមន៍។  ព្រះសហគមន៍ទាមទារឱ្យភាគីទាំងសងខាងរក្សាភាពស្មោះស្ម័គ្រចំពោះព្រះគ្រីស្ត ចៀសវាងគំរូមិនល្អក្នុងការបែកបាក់ទាស់ទែងគ្នាក្នុងក្រុមគ្រួសារ និងចៀសវាងការបោះបង់ចោលនូវការប្រតិបត្តិជំនឿ។ [1633-1637]

២៦៨.តើគ្រីស្តបរិស័ទកាតូលិកអាចមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ជាមួយភាគីដែលមានជំនឿផ្សេងពីគ្នាដែរឬទេ?

គ្រីស្តបរិស័ទរៀបអាពាហ៍ពិពាហ៍ជាមួយភាគីដែលមានជំនឿផ្សេងពីគ្នា ( ឧទា. ពុទ្ធបរិស័ទ ) នេះអាចជាកត្តាដែលនាំឱ្យមានការពិបាកចំពោះភាគីកាតូលិក និងជាផលពិបាកសម្រាប់កូនចៅពេលក្រោយ។ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់គ្រីស្តបរិស័ទ ព្រះសហគមន៍បានផ្តល់ការអនុញ្ញាត ឱ្យមានការអនុគ្រោះយ៉ាងច្បាស់លាស់ចំពោះការរៀបអាពាហ៍ពិពាហ៍ជាមួយភាគីដែលកាន់សាសនាផ្សេង ប៉ុន្តែការរៀបអាពាហ៍ពិពាហ៍នេះមិនមែនជាអគ្គសញ្ញាទេ។ [1633-1637]

២៦៩.ប្រសិនបើគូរស្រករមិនមានភាពចុះសម្រុងហើយមិនអាចរស់នៅជាមួយគ្នាទៀតបាន តើគេអាចលែងលះគ្នាបានដែរឬទេ ?

ព្រះសហគមន៍តែងតែគោរពសមត្ថភាពរបស់មនុស្សដែលពួកគេបានធ្វើការសន្យាស្មោះស្ម័គ្ររស់នៅជាមួយគ្នាអស់មួយជីវិត។ ព្រះសហគមន៍ចងចាំនូវពាក្យសន្យាដែលគេបានប្រកាស និងដឹងច្បាស់ថាគ្រប់គូរស្រករទាំងអស់សុទ្ធតែនឹងជួបនៅឧបសគ្គ ដូច្នេះពួកគេត្រូវតែធ្វើការសន្ទនា អធិដ្ឋានជាមួយគ្នា ឬក៏អាចរកជំនួយក្នុងការប្រឹក្សាយោបល់ត្រួសត្រាយផ្លូវ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ត្រូវតែដឹងនិងសង្ឃឹមថាក្នុងអគ្គសញ្ញាអាពាហ៍ពិពាហ៍មានបុគ្គលទីបីដែលចងភ្ជាប់ចំណងនេះ នោះគឺព្រះគ្រីស្ត ព្រះអង្គតែងតែមានវត្តមានក្នុងកិច្ចសន្យារបស់គូរស្រករ។ ទោះបីមានអ្នកខ្លះមិនអាចទ្រាំទ្រក្នុងការរស់នៅជាមួយគ្នាដោយសារអំពើហឹង្សាលើរូបរាងកាយ ឬមួយស្មារតីនោះ ពួកគេអាចផ្តាច់ចេញពីគ្នាបាន ( មិនរស់នៅជាមួយគ្នា ) ក្នុងករណីនេះត្រូវតែជម្រាបជូនព្រះសហគមន៍ឱ្យបានជ្រាប។ ជុំវិញករណីនេះ ទោះបីជីវិតគូរស្រករត្រូវបានកាត់ផ្តាច់ក៏ពិតមែន ប៉ុន្តែអាពាហ៍ពិពាហ៍នៅតែមានសុពលភាពជានិច្ច។  [1629,1649]

២៧០.តើព្រះសហគមន៍មានជំហរយ៉ាងដូម្តេចចំពោះគូរស្រករដែលបានលែងលះគ្នា ហើយចង់រៀបការជាមួយនឹងភាគីផ្សេងមួយទៀត ?

តាមព្រះបន្ទូលរបស់ព្រះយេស៊ូ ដោយសារសេចក្តីស្រលាញ់ ព្រះសហគមន៍ទទួលពួកគេដោយសេចក្តីស្រលាញ់ដែរ។ អស់អ្នកដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងព្រះសហគមន៍ តែក្រោយមកលែងលះគ្នា ហើយទៅរៀបការជាមួយភាគីផ្សេងមួយទៀត គឺធ្វើផ្ទុយពីសេចក្តីត្រូវការរបស់ព្រះយេស៊ូគឺ អាពាហ៍ពិពាហ៍មិនអាច                      

បំបែកបំបាក់បានឡើយ។ ព្រះសហគមន៍មិនអាចលុបបំបាត់សេចក្តីត្រូវការនេះបានទេ ព្រោះពេលលែងលះគ្នា មានន័យថាយើងដកយកភាពស្មោះស្ម័គ្រចេញពីគ្នា ហើយបែរទៅរៀបការជាមួយភាគីមួយផ្សេងទៀត នោះគឺជាទង្វើក្បត់ចំពោះអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដែលជាអគ្គសញ្ញាបង្ហញនូវសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់មិនសាបសូន្យ និងមិនផ្លាស់ប្តូរ។ ដោយសារហេតុនេះហើយ ចំពោះអ្នកណាដែលបានរៀបអាពាហ៍ពិពាហា៍ម្តងទៀត គឺគេបានរស់នៅផ្ទុយពីសេចក្តីស្រលាញ់នេះ ដូច្នេះពួកគេមិនអាចទទួលព្រះកាយព្រះគ្រីស្តបានទេ។ [1665,2384]

២៧១.នៅពេលយើងនិយាយថាគ្រួសារគឺជាព្រះសហគមន៍តូចមួយ តើនេះមានន័យយ៉ាងដូចម្តេច?  

ព្រះសហគមន៍គឺជាទ្រង់ទ្រាយធំ រីឯគ្រូសារគឺជាទ្រង់ទ្រាយតូច ទាំងអស់នេះគឺជារូបភាពដែលចង់បង្ហាញអំពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក។ ជាការពិតណាស់គ្រប់អាពាហ៍ពិពាហ៍ទាំងអស់អាចសម្រេចទៅបានលុះត្រាតែបើកជំហរសម្រាប់អ្នកដទៃ ទទួលស្វាគមន៍កូនៗដែលព្រះជាម្ចាស់ប្រទានឱ្យ ទទួលគ្នាទៅវិញទៅមក ទទួលស្វាគមន៍ភ្ញៀវ និងកិច្ចការបម្រើបងប្អូនឯទៀតៗ។ [1655-1657]

ជំពូកទី៤
ពិធីលើកតម្កើងផ្សេងៗ (អនុសញ្ញាផ្សេងៗ)

២៧២.តើអនុសញ្ញាជាអ្វី?

អនុសញ្ញាគឺជាសញ្ញាសម្គាល់ដ៏សក្ការៈ ឬជាការសម្តែងពិសេសអំពីផលខ្លះខាងផ្លូវវិញ្ញាណតាមរយៈការប្រទានពររបស់ព្រះសហគមន៍។  [1667-1672,1677-1678]

២៧៣.តើព្រះសហគមន៍នៅតែមានពិធីបណ្តេញអារក្ខឬ?

នៅក្នុងពិធីជ្រមុជទឹក ក៏មានពិធីបណ្តេញអារក្ខដែរ គឺជាពាក្យអធិដ្ឋានសម្រាប់អ្នកដែលត្រៀមទទូលអគ្គសញ្ញាជ្រមុជទឹកបានរួចផុតពីអំណាចនៃអារក្ខ ដើម្បីមានកម្លាំងប្រឆាំងនឹងមារកំណា​ច ដែលព្រះយេស៊ូបានកំចាត់បង់។ ពិធីដេញអារក្ខនេះជាពាក្យអធិដ្ឋានដែលព្រះសហគមន៍ប្រើក្នុងគោលបំណងដេញខ្មោច ឬរំដោះអ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹកឱ្យរួចផុតពីមារកំណាច។ ក្រៅពីនេះព្រះសហគមន៍កម្រប្រើពិធីនេះណាស់ ដូច្នេះមុននឹងធ្វើពិធីនេះត្រូវតែដឹងច្បាស់ថា តើករណីនោះមកពីវត្តមានរបស់មារ ឬមកពីជម្ងឺណាមួយ។[1673]

២៧៤.តើពិធីគោរពតាម​បែបប្រជាប្រិយមានសារៈសំខាន់យ៉ាងដូចម្តេច ?

ពិធីគោរពរបស់គ្រីស្តបរិស័ទតាមបែបប្រជាប្រិយ ត្រូវបានធ្វើឡើងតាមរយៈការគោរពអដ្ឋិធាតុ ពិធិដង្ហែរផ្សេងៗ ការធ្វើបូជនីយចរ និងកិច្ចការគោរពផ្សេងៗទៀត  ទាំងអស់នេះចង់បង្ហាញឱ្យយើងដឹងអំពីសារៈសំខាន់អំពីជំនឿដែលបានជ្រាបចូលក្នុងវប្បធម៌នីមួយៗ។ ទាំងអស់នេះជាកិច្ចការល្អប្រសើរ ហើយគ្រាន់តែជាវិធីដែលជួយឱ្យយើងកាន់តែជិតស្និទ្ធនឹងព្រះគ្រីស្តតែប៉ុណ្ណោះ មិនមែនជាវិធីដែលណែនាំឱ្យយើងចូលទៅកាន់ឋានបរមសុខ ដោយមិនទុកចិត្ត និងពឹងផ្អែកទៅលើមេត្តាករុណាដែលព្រះជាម្ចាស់ឡើយ។​ [1674-1676]

២៧៥.តើគ្រីស្តបរិស័ទត្រូវបានអនុញ្ញាតឱ្យគោរពអដ្ឋិធាតុឬទេ?

អដ្ឋិធាតុមានន័យថា ជាធាតុ ឆ្អឹង របស់សន្តបុគ្គល ឬក៏ជាសម្ភារៈប្រើប្រាស់របស់អស់លោក​។ ការគោរពអដ្ឋិធាតុ គឺជាតម្រូវការមូលដ្ឋានរបស់មនុស្ស ជាវិធីដែលយើងបង្ហញចិត្តស្រលាញ់ និងគោរពចំពោះសន្តបុគ្គល ដោយសារអស់លោកបានថ្វាយជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ តាមរយៈនេះក៏ដូចជាយើងគោរព កោតសរសើរព្រះជាម្ចាស់ដូច្នេះដែរ។ [1674]

២៧៦.តើការធ្វើបូជនីយចរមានគោលបំណងអ្វី?

មានមនុស្សមួយចំនួនតូចប្រើការបូជនីយចរនេះដើម្បីអធិដ្ឋានដោយប្រើជើង ដោយគេយល់ឃើញថា ជីវិតរបស់ពួកគេគឺជាដំណើរនៃបូជនីយចរទៅកាន់ស្ថានបរមសុខ។ [1674]

២៧៧.តើដំណើរឈើឆ្កាងមានន័យយ៉ាងដូម្តេច ?

គឺយើងដើរតាមព្រះយេស៊ូដែលបានលីឈើឆ្កាងឆ្ពោះទៅកាន់ភ្នំលលាដ៏ក្បាល ដោយតាមរយៈការនមស្ការដំណាក់កាលទាំង១៤  ដែលជាការអធិដ្ឋានដ៏បុរាណនៅក្នុងព្រះសហគមន៍ ជាពិសេសយើងធ្វើនៅក្នុងរដូវអប់រំពិសេស និងអាទិត្យពិសិដ្ឋ​​។ [1674-1675]

២៧៨.តើការបញ្ចុះសពរបស់គ្រីស្តបរិស័ទមានលក្ខណៈពិសេសអ្វី?

ការបញ្ចុះសពគ្រីស្តបរិស័ទ ត្រូវបានព្រះសហគមន៍ទទួលស្គាល់ដើម្បីអធិដ្ឋានសម្រាប់អ្នកដែលបានចែកឋានបានទទួលព្រះពរពីព្រះជាម្ចាស់។ ពិធីបញ្ចុះសពបង្ហាញអំពីទុក្ខសោករបស់ក្រុមគ្រួសារ។ ទោះជាយ៉ាងណាដ៏ដោយ តាមរយៈពិធីបញ្ចុះសពនេះ ព្រះសហគមន៍ចង់បង្ហាញអំពីការឆ្លងពីសេចក្តីស្លាប់ឆ្ពោះទៅកាន់ការរស់ឡើងវិញរបស់គ្រីស្តបរិស័ទ។ យើងរួមស្លាប់ក្នុងអង្គព្រះគ្រីស្ត ដើម្បីយើងអាចចូលរួមក្នុងការប្រារព្វពិធីបុណ្យចម្លងរួមជាមួយព្រះអង្គ។ [1686-1690]

វគ្គទី៣
ការរស់នៅក្នុងអង្គព្រះគ្រីស្ត

ភាគទី១៖ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សលោកឱ្យរស់នៅក្នុងអង្គព្រះវិញ្ញាណ (២៧៩-៣៤៧)

ភាគទី១
ព្រះជាម្ចាស់ត្រាស់ហៅមនុស្សលោក​ឱ្យរស់នៅក្នុងអង្គព្រះវិញ្ញាណ

 ២៧៩.ហេតុអ្វីបានជាយើងត្រូវការជំនឿ និងអគ្គសញ្ញាដើម្បីរស់នៅជីវិតមួយដ៏ល្អប្រកបដោយសេ​ចក្តីទៀងត្រង់?

ប្រសិនបើយើងពឹងផ្អែកលើខ្លួនឯងដោយកម្លាំងផ្ទាល់ខ្លួនទាំងស្រុង នោះយើងមិនអាចរីកចម្រើនបានទេ ទោះបីយើងខិតខំធ្វើឱ្យវាប្រសើរឡើងយ៉ាងណាក៏ដោយ ​។ ដោយសារជំនឿ យើងក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយព្រះអង្គជួយផ្តល់កម្លាំងឱ្យយើង កម្លាំងដែលមកពីព្រះជាម្ចាស់នេះ យើងហៅថា ព្រះអំណោយទាន។ ជាពិសេសតាមរយៈអគ្គសញ្ញា ព្រះជាម្ចាស់ប្រទានថាមពលដើម្បីជាកម្លាំងជួយយើងក្នុងគ្រប់កិច្ចការល្អដែលយើងបម្រុងនឹងធ្វើ។ [1691-1695]

ជំពូកទី១
ឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស​

 ២៨០. តើមូលដ្ឋាននៃតម្លៃថ្លៃថ្នូររបស់មនុស្សគឺអ្វី? (សម្រាប់គ្រីស្តបរិស័ទ)

សម្រាប់គ្រីស្តបរិស័ទ មនុស្សទាំងអស់មានតម្លៃថ្លៃថ្នូរចាប់ផ្តើមពីវិនាទីដំបូងដែលជីវិតបានចាប់ផ្តើមកកើតឡើងនៅក្នុងផ្ទៃម្តាយ ហើយតម្លៃថ្លៃថ្នូរនេះគ្មាននរណាអាចរំលោភបំពានបានទេ។ ដោយសារតាំងពីដើមរៀងមក ព្រះជាម្ចាស់សព្វព្រះហឫទ័យស្រលាញ់ បង្កើតមនុស្ស សង្គ្រោះមនុស្ស​ និងបានកំណត់ឱ្យមនុស្សលោកបានទទួលសុភមង្គលអស់កល្បជានិច្ច​។ គ្រីស្តបរិស័ទជឿជាក់ថា តម្លៃថ្លៃថ្នូររបស់មនុស្សមានប្រភពចេញមកពីព្រះជាម្ចាស់។ [1699-1715]

២៨១.ហេតុអ្វីបានជាយើងប្រាថ្នាចង់បានសុភមង្គល?   

ព្រះជាម្ចាស់បានដៅក្នុងដួងចិត្តយើងម្នាក់ៗនូវសេចក្តីប្រាថ្នាចង់បានសុភមង្គលអស់កល្បជានិច្ច គឺគ្មានអ្វីធ្វើឱ្យយើងបានស្កប់ស្កល់នោះទេក្រៅពីព្រះជាម្ចាស់។ អ្វីៗទាំងអស់ក្នុងលោកនេះដែលយើងសន្មត់ថាជាភាពស្កប់ស្កល់នោះ គ្រាន់តែជាការភ្លក់រស់ជាតិនៃសុភមង្គលដ៏ពិតប្រាកដនៃជិវិតខាងមុខតែប៉ុណ្ណោះ​។ ដូច្នេះយើងត្រូវតែឆ្លងកាត់ដើម្បីឆ្ពោះទៅកាន់ព្រះជាម្ចាស់។ [1718-1719,1725]

២៨២.តើព្រះគម្ពីរមានប្រាប់់ឱ្យយើងដឹងអំពីផ្លូវដែលនាំឆ្ពោះទៅកាន់សុភមង្គលដ៏ពិតប្រាកដទេ?​ 

យើងនឹងទទួលបានសុភមង្គលដ៏ពិតប្រាកដ លុះត្រាតែយើងជឿលើព្រះបន្ទូលរបស់ព្រះយេស៊ូដែលមានចែងក្នុងសុភមង្គលទាំង៨ប្រការ។ [1716-1717]

២៨៣.តើសុភមង្គលដ៏ពិតប្រាកដទាំង៨ប្រការនោះមានអ្វីខ្លះ? 

  • អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខ
  • អ្នកណាសោកសៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ
  • អ្នកណាមានចិត្តស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក
  • អ្នកណាស្រេកឃ្លានសេចក្តីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានឱ្យគេបានឆ្អែត
  • អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណាដល់ពួកគេវិញ
  • អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ​ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់
  • អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះជាម្ចាស់
  • អ្នកណាត្រូគេបៀតបៀនព្រោះតែធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងព្រះរាជ្យនៃស្ថានបរមសុខ។

ប្រសិនបើមានគេត្មះដៀលបៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ។ ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការីដែលរស់នៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ។ ( មថ ៥.៣-១២ )។

២៨៤.ហេតុអ្វីបានជាសុភមង្គលទាំង៨ប្រការនេះមានសារៈសំខាន់?  

អស់អ្នកដែលស្វែងរកព្រះរាជ្យព្រះជាម្ចាស់ ត្រូវចាត់ទុកប្រការទាំង៨របស់ព្រះយេស៊ូ​គ្រីស្តជាអាទិភាពក្នុងដំណើរស្វែងរកសុភមង្គលដ៏ពិតប្រាកដ។ [1716-1717,1726]

២៨៥.តើសុភមង្គលអស់កល្បជានិច្ចជាអ្វី?

សុភមង្គលអស់កល្បជានិច្ចគឺយើងបានជួបព្រះភក្រ្តព្រះជាម្ចាស់ និងបានចូលរួមក្នុងសុភមង្គលរួមជាមួយនឹងព្រះអង្គ។ [1720-1724,1729]

២៨៦.តើសេរីភាពជាអ្វី?ហេតុអ្វីបានជាយើងមានសេរីភាព?

សេរីភាពគឺជាកម្លាំងដែលព្រះជាម្ចាស់ប្រគល់ឱ្យមនុស្សក្នុងការសម្រេចចិត្តនូវទង្វើដែលខ្លួនធ្វើ។ មនុស្សដែលមានសេរីភាព គឺជាមនុស្សដែលមិនស្ថិតក្រោមអំណាចនៃនរណាម្នាក់។ [1730-1733,1743-1744]

២៨៧.តើខ្ញុំអាចប្រើសេរីភាពរបស់ខ្ញុំដើម្បីជ្រើសរើសសេចក្តីអាក្រក់បានដែរឬទេ

សេចក្តីអាក្រក់គ្រាន់តែធ្វើឱ្យមនុស្សសម្រេចនូវចំណង់ផ្នែកខាងក្រៅតែប៉ុណ្ណោះ រីឯការជ្រើសរើសធ្វើអំពើអាក្រក់នេះគ្រាន់តែជាសេរីភាពផ្នែកខាងក្រៅរបស់មនុស្សដែរ។ សេចក្តីអាក្រក់មិនអាចធ្វើឱ្យយើងមានសុភមង្គលនោះទេ គឺវាឆក់យកសេចក្តីល្អចេញពីខ្លួនយើង វាចងភ្ជាប់យើងទៅនឹងអ្វីដែលឥតបានការ និងចុងក្រោយវាបំផ្លាញសេរីភាពទាំងស្រុងរបស់យើងតែម្តង។ [1730-1733,1743-1744]

២៨៨.តើមនុស្សត្រូវមានទំនួសខុសត្រូវទាំងស្រុងចំពោះទង្វើរបស់ខ្លួនដែរឬយ៉ាងណា?                             

មនុស្សត្រូវមានទំនួសខុសត្រូវនូវរាល់ទង្វើរបស់ខ្លួនប្រកបដោយ​សា្មរតី និងចេតនា​។ [1734-1737,1745-1746]

២៨៩.តើយើងអាចបណ្តោយឱ្យមនុស្សម្នាក់ប្រើប្រាស់សេរីភាពរបស់គាត់ដើម្បីជ្រើសរើសសេចក្តីអាក្រក់បានដែរឬទេ

ការប្រើប្រាស់សិទ្ធិសេរីភាពគឺជាសិទ្ធិមូលដ្ឋានរបស់បុគ្គលម្នាក់ៗ ដែលផ្អែកទៅលើតម្លៃថ្លៃថ្នូររបស់មនុស្ស។ សិទ្ធិសេរីភាពរបស់បុគ្គលអាចត្រូវបានបង្អាក់ ឬបន្ថយ លុះត្រាតែបុគ្គលនោះប្រើប្រាស់សេរីភាពរបស់ខ្លួន ធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៏របស់អ្នកដទៃ។ [1738-1740]

២៩០.តើព្រះជាម្ចាស់ជួយយើងក្នុងការប្រើប្រាស់សេរីភាពយ៉ាងដូចម្តេច?

ព្រះយេស៊ូគ្រីស្តចង់ឱ្យយើង “ មានសេរីភាពដ៏ពិតប្រាកដ ” ( កាឡ ៥,១ ) និងឱ្យយើងមានសមត្ថភាពក្នុងការបង្កើតភាតរភាព។ ដូច្នេះហើយ ព្រះអង្គបានចាត់ព្រះវិញ្ញាណមកដើម្បីឱ្យយើងមានសេរីភាព រំដោះយើងឱ្យរួចផុតពីអំណាចនៃលោកិយនេះ និងផ្តល់កម្លាំងឱ្យយើងដើម្បីរស់នៅក្នុងសេចក្តីស្រលាញ់ប្រកបដោយទំនួសខុសត្រូវ។ [1739-1742,1748]

២៩១.តើបុគ្គលម្នាក់អាចធ្វើការវែកញែកឱ្យដឹងថាទង្វើរបស់ខ្លួនល្អឬអាក្រក់បានដែរឬទេ

បុគ្គលម្នាក់អាចធ្វើការវែកញែកឱ្យដឹងថាទង្វើរបស់ខ្លួនល្អឬអាក្រក់បានដោយសាវិចារណញ្ញាណ និងសម្បជញ្ញៈរបស់ខ្លួន ដែលជួយឱ្យយើងធ្វើការវិនិច្ឆ័យបានយ៉ាងច្បាស់លាស់។ [1749-1754,1757-1758]

២៩២.តើយើងអាចប្រព្រឹត្តអំពើអាក្រក់ដែលអាចបង្កើតផលល្អបានដែរឬទេ?

យើងមិនអាចមានចេតនាក្នុងការប្រព្រឹត្តអំពើអាក្រក់ ដើម្បីសម្រេចបានផលល្អនោះទេ។ ជួនកាលមិនមានដំណោះស្រាយណាផ្សេងក្នុងការជ្រើសរើសប្រព្រឹត្តអំពើអាក្រក់នេះ គួរជៀសវាងការប្រព្រឹត្តអំពើអាក្រក់ធ្ងន់ធ្ងរ មកជំនួសដោយអំពើអាក្រក់ដែលស្រាលជាង។ [1755-1756,1759-1761]

២៩៣.ហេតុអ្វីបានជាព្រះជាម្ចាស់ប្រោសឱ្យយើងមាន“តណ្ហា”ឬ“ការរំជួលចិត្ត?     

តណ្ហាជម្រុញយើងដោយសារការរំជួលចិត្តខ្លាំង និងរអារម្មណ៍ផ្សេងៗ ដើម្បីយើងអាចចាប់ចិត្តទៅនឹងអ្វីដែលត្រឹមត្រូវ អ្វីដែលល្អ និងប្រឆាំងទៅនឹងអ្វីដែលមិនល្អដែលជាសេចក្តីអាក្រក់។[1762-1766,1771-1772]

២៩៤.តើនេះជាអំពើបាបឬទេដែលយើងដឹងថាខ្លួនឯងមានតណ្ហាខ្លាំង?                                                     

មិនអាចទេ តណ្ហាអាចជាអ្វីដែលមានតម្លៃ និងសារៈសំខាន់។ វាអាចនាំឱ្យយើងប្រព្រឹត្តនូវអំពើដែលសម្រេចបាននូវលិទ្ធិផលល្អក៏ថាបាន។ លុះត្រាតែចំណង់តណ្ហារបស់យើងគ្មានសណ្តាប់ធ្នាប់ ទើបវាណែនាំយើងទៅកាន់សេចក្តីទុច្ចរិត។ [1770,1773-1775]

២៩៥.តើអ្វីទៅជាសម្បជញ្ញៈ?

សម្បជញ្ញៈគឺជាសម្លេងខាងក្នុងដួងចិត្តរ​បស់មនុស្ស វាបញ្ជាឱ្យយើងប្រព្រឹត្តអំពើល្អក្នុងគ្រប់កាលៈទេសៈ និងជៀសវាងអំពើអាក្រក់។ ជាមួយគ្នានេះដែរ សម្បជញ្ញៈមានសមត្ថភាពក្នុងការវែកញែកអ្វីដែលល្អ​ និងអ្វីដែលអាក្រក់​។ ព្រះជាម្ចាស់មានព្រះបន្ទូលមកយើងតាមរយៈសម្បជញ្ញៈរបស់យើង។​ [1776-1779]

២៩៦.តើយើងអាចបង្ខិតបង្ខំនរណាម្នាក់ឱ្យប្រព្រឹត្តផ្ទុយពីសម្បជញ្ញៈរបស់គាត់បានដែរឬទេ?

គ្មាននរណាម្នាក់អាចបង្ខិតបង្ខំនរណាមួយឱ្យប្រព្រឹត្តផ្ទុយពីសម្បជញ្ញៈរបស់គេបានឡើយ អោយតែគេមានសកម្មភាពដើម្បីជាប្រយោជន៍រួម។[1780-1782,1798]

២៩៧.តើយើងអាចហ្វឹកហាត់សម្បជញ្ញៈរបស់យើងបានដែរឬទេ?

បាន យើងត្រូវតែធ្វើការហ្វឹកហាត់សម្បជញ្ញៈរបស់យើង។ សម្បជញ្ញៈត្រូវបានព្រះជាម្ចាស់ដាក់យ៉ាងជ្រៅនៅក្នុងមនុស្ស ជាមួយនឹងវិចារណញ្ញាណ។ សម្បជញ្ញៈនេះអាចត្រូវបានបំភាន់ និងអាចបាត់បង់ទៅវិញ ដូច្នេះវាត្រូវការការកែតម្រូវឱ្យប្រព្រឹត្តក្នុងផ្លូវល្អ​ ចេះវិនិច្ឆ័យ ចេះវាយតម្លៃដោយការគួរសម្យ  និងដឹងច្បាស់នូវអ្វីដែលខ្លួនត្រូវធ្វើ។ [1783-1788,1799-1800]

២៩៨.តើបុគ្គលម្នាក់មានបាបចំពោះព្រះភក្រ្តព្រះជាម្ចាស់ដែរឬទេ ប្រសិនបើគេប្រព្រឹត្តអំពើអាក្រក់ប៉ុន្តែសម្បជញ្ញៈរបស់គេទៀងត្រង់?

ទេ។ ប្រសិនបើបុគ្គលនោះបានពិនិត្យ និងធ្វើការវិនិច្ឆ័យយ៉ាងត្រឹមត្រូវ បុគ្គលនោះត្រូវប្រតិបត្តិតាមសម្បជញ្ញៈរបស់ខ្លួន ទោះបីជាគេបានជ្រុលទៅប្រព្រឹត្តអំពើខុសឆ្គងក្តី។ [1790-1794,1801-1802]

២៩៩.តើគុណធម៌មានន័យយ៉ាងដូចម្តេច?

គុណធម៌គឺជាការរៀបចំផ្នែកខាងក្នុងជាទម្លាប់ល្អ ជាចំណង់ដើម្បីប្រព្រឹត្តអំពើល្អ។ [1803,1833]

៣០០.ហេតុអ្វីបានជាយើងត្រូវការហ្វឹកហាត់បុគលិកលក្ខណៈរបស់យើង?

យើងត្រូវខិតខំហ្វឹកហាត់ ដើម្បីយើងអាចប្រព្រឹត្តអំពើល្អបានយ៉ាងស្រួល  សេរីភាព និងមានអំណរសប្បាយ។ ដំបូង ត្រូវមានជំនឿយ៉ាងមុតមាំទៅលើព្រះជាម្ចាស់ ប៉ុន្តែត្រូវតែប្រតិបត្តិនូវរាល់គុណធម៌ដោយសារការខិតខំរបស់យើង រួមជាមួយនឹងជំនួយដែលមកពីព្រះជាម្ចាស់។ សមត្ថភាពនៃវិចារណញ្ញាណ រួមជាមួយនឹងបំណងប្រាថ្នារបស់យើងឆ្ពោះទៅកាន់សេចក្តីសុចរិត  ដោយមិនចុះចាញ់នូវរាល់តណ្ហាដែលនាំឱ្យយើងឆ្ពោះទៅសេចក្តីទុច្ចរិត។ [1804-1805,1810-1811,1834-1839]

៣០១.តើធ្វើដូចម្តេចទើបយើងក្លាយជាអ្នកដែលចេះគិតពិចារណាបានត្រឹមត្រូវ?

យើងអាចក្លាយជាមនុស្សដែលចេះគិតពិចារណាបានត្រឹមត្រូវ លុះត្រាតែយើងចេះបែងចែកនូវអ្វីដែលចាំបាច់ និងអ្វីដែលមិនចាំបាច់។ គួរតែមានគោលដៅល្អ រួចជ្រើសរើសយកមធ្យោបាយដែលល្អប្រសើរដើម្បីសម្រេចបាននូវគោលដៅនោះ។ [1806-1835]

៣០២.តើបុគ្គលដែលប្រកបដោយយុត្តិធម៌គឺជាបុគ្គលបែបណា?                                                    

បុគ្គលដែលតែងតែប្រតិបត្តិយុត្តិធម៌ គឺជាមនុស្សដែលតែងតែប្រគល់ទៅព្រះជាម្ចាស់នូវអ្វីដែលជារបស់ព្រះជាម្ចាស់ និងប្រគល់នូវអ្វីដែលមិនមែនជារបស់ខ្លួនឱ្យទៅម្ចាស់គេវិញ។ [1807-1836]

៣០៣.តើបុគ្គលដែលមានចិត្តក្លាហានគឺជាបុគ្គលបែបណា?

គឺជាមនុស្សដែលទទួលស្គាល់សេចក្តីល្អ ហើយតែងតែក្លាហានក្នុងការការពារសេចក្តីល្អ ទោះបីស៊ូប្តូរជីវិតក្តី ក៏គេមិនរួញរាដែរ។ [1809-1837]

៣០៤.ហេតុអ្វីបានជាការចេះប្រមាណខ្លួនគឺជាគុណធម៌?

ការរស់នៅដែលប្រកបទៅដោយការចេះប្រមាណខ្លួន គឺជាគុណធម៌ ព្រោះការជ្រុលមិនចេះប្រមាណខ្លួនក្នុងគ្រប់កាលៈទេសៈតែងតែនាំទៅរកសេចក្តីវិនាស។ [1809-1838]

៣០៥.តើគុណធម៌ទាំងបីចំពោះព្រះជាម្ចាស់គឺអ្វីខ្លះ?

រួមមាន ៖ ជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រលាញ់។ ទាំងបីនេះត្រូវបានហៅថា “ អធិធម្មជាតិ ” ដោយសារវាមានមូលដ្ឋាននៅក្នុងព្រះជាម្ចាស់ផ្ទាល់ និងបែរទៅរកព្រះជាម្ចាស់ជានិច្ច។ យើងអាចប្រើគុណធម៌ទាំងបីនេះជាមាគ៌ាឆ្ពោះទៅរកព្រះជាម្ចាស់បាន។ [1812-1813,1840]

៣០៦.ហេតុអ្វីបានជាជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រលាញ់គឺជាគុណធម៌?

ដោយសារជាកម្លាំងដ៏ពិតប្រាកដដែលបានមកពីព្រះជាម្ចាស់ និងជាជំនួយដែលមកពីព្រះអង្គដែរ។​ យើងអាចពង្រីក និងពង្រឹងព្រះអំណោយទាននេះដើម្បីទទួលបានជីវិតពេញបរិបូរ។ [1812-1813,1840-1841]

៣០៧.តើអ្វីទៅជាជំនឿ?

គឺជាគុណធម៌ដែលជួយយើងឆ្ពោះទៅដល់ព្រះជាម្ចាស់ ពឹងផ្អែកទៅលើព្រះជាម្ចាស់ ទទួលស្គាល់សេចក្តីពិតដែលមកពីព្រះអង្គ ហើយថ្វាយខ្លូនយើងចំពោះព្រះអង្គ។

៣០៨.តើអ្វីទៅជាសេចក្តីសង្ឃឹម ?

គឺជាគុណធម៌ដែលជួយឱ្យយើងតាំងចិត្តយ៉ាងមុតមាំនូវអ្វីដែលយើងគួរតែធ្វើនៅក្នុងលោកនេះ គឺកោតសរសើរព្រះជាម្ចាស់  បម្រើព្រះអង្គ និងស្វែងរកសុភមង្គលដ៏ពិតប្រាដកនៅក្នុងអង្គព្រះជាម្ចាស់។ ដូច្នេះហើយទីលំនៅចុងក្រោយរបស់យើងគឺនៅរួមជាមួយព្រះជាម្ចាស់។​ [1817-1821,1843]

៣០៩.តើអ្វីទៅជាសេចក្តីស្រលាញ់ ?

គឺជាគុណធម៌ដែលជួយឱ្យយើងក្នុងការថ្វាយខ្លួនទាំងស្រុងដើម្បីអាចរួបរួមជាមួយព្រះជាម្ចាស់ ស្រលាញ់អ្នកដទៃដោយគ្មានលក្ខខណ្ឌនិងស្មោះត្រង់ ដោយសារព្រះជាម្ចាស់បានសេចក្តីស្រលាញ់យើងរួចជាស្រេចទៅហើយ។  [1822-1824,1844]

៣១០.តើព្រះអំណោយទានទាំង៧របស់ព្រះវិញ្ញាណមានអ្វីខ្លះ ?

ព្រះអំណោយទានទាំង៧របស់ព្រះវិញ្ញាណរួមមាន ៖ ប្រាជ្ញា ការឈ្លាសវៃ ការចេះផ្តល់ដំបូន្មាន ចិត្តអង់អាច ការចេះដឹង ការគោរពប្រណិប័តន៍ និងការគោរពកោតខ្លាចព្រះជាម្ចាស់។ ព្រះវិញ្ញាញប្រោសប្រទានព្រះអំណោយទានទាំងនេះ ដើម្បីឱ្យគ្រីស្តបរិស័ទក្លាយទៅជាឧបករណ៍របស់ព្រះជាម្ចាស់នាលោកិយនេះ។ [1830-1831,1845]

៣១១.តើផលផ្លែនៃព្រះវិញ្ញាណមានអ្វីខ្លះ?

ផលផ្លែនៃព្រះវិញ្ញាណរួមមាន ៖ សេចក្តីស្រលាញ់ អំណរ សេចក្តីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសន្តោសមេត្តា ចិត្តសប្បុរស ចិត្តស្លូតបូត ចេះយោគយល់ ភក្តីភាព ចេះបន្ទាបខ្លួន ចេះតមការសប្បាយ ចេះទប់ចិត្ត (កាឡ ៥,២២-២៣ )។ [1832]

៣១២.តើធ្វើដូចម្តេចទើបយើងដឹងថាខ្លួនយើងជាអ្នកបាប ?

យើងដឹងខ្លួនថាយើងជាអ្នកបាប ដោយសារសម្បជញ្ញៈរបស់យើងជំរុញយើងឱ្យសារភាពរាល់អំពើបាបរបស់ខ្លួនដែលបានប្រព្រឹត្តចំពោះព្រះជាម្ចាស់។ [1797-1848]

៣១៣.ហេតុអ្វីបានជាយើងត្រូវតែសូមទទួលការលើកលែងទោសពីព្រះជាម្ចាស់ ?

រាល់អំពើបាបគឺបានបំផ្លាញ បិទបាំង និងបដិសេធអំពើល្អ។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គពោរពេញទៅសោយសេចក្តីល្អ ហើយព្រះអង្គជាអ្នកដែលបង្កើតសេចក្តីល្អទាំងឡាយ។ រាល់អំពើបាប គឺតែងតែប្រឆាំងនិងព្រះជាម្ចាស់ ដូច្នេះហើយបានជាយើងត្រូវតែត្រលប់ទៅរកព្រះជាម្ចាស់វិញដើម្បីចាប់ផ្តើមជីវិតឡើងវិញ។ [1847]

៣១៤.តើធ្វើដូចម្តេចទើបយើងដឹងថាព្រះជាម្ចាស់ប្រកបទៅដោយព្រះហឫទ័យមេត្តាករុណា?

នៅក្នុងព្រះគម្ពីរមានឃ្លាជាច្រើនដែលបានរៀបរាប់អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ ជាពិសេសប្រសា្នអំពីឳពុកសប្បុរស ( លក ១៥ )។ រឿងប្រសា្ននេះបានរៀបរាប់អំពីកាយវិការរបស់ឳពុកដែលបានរត់ទៅទទួលស្វាគមន៍កូនពៅកំហូចដោយគ្មានលក្ខខណ្ឌ ព្រមទាំងធ្វើពិធីជប់លាងយ៉ាងអាធិកអាធម និងផ្តល់ឱកាសឱ្យកូនពៅសម្រុះសម្រួលជាមួយនឹងលោកវិញផងដែរ។ [1852-1861,1874]

៣១៥.​តើអំពើបាបជាអ្វី?

បាបគឺជាចំណង់ ពាក្យសម្តី ទង្វើរ ដែលមនុស្សបានសម្រេចចិត្តប្រព្រឹត្តដោយចេតនា ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃសេចក្តីពិត ដែលឧបការគុណរបស់ព្រះជាម្ចាស់បានស្រលាញ់ហើយបានបង្កើតមក។ [1849-1851,1871-1872]

៣១៦.តើធ្វើដូចម្តេចទើបយើងអាចបែងចែកអំពើបាបធ្ងន់ និងអំពើបាបស្រាលបាន?

បាបធ្ងន់គឺជាអំពើបាបដែលបានកាត់ផ្តាច់ចំណងមេត្រីរវាងព្រះជាម្ចាស់និងមនុស្ស មិនមានសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់នៅក្នុងខ្លួនទៀត ហើយមិនអាចមានសុភមង្គលអស់កល្បជានិច្ចបាន។ រីឯបាបស្រាលវិញ គឺគ្រាន់តែជាអំពើដែលធ្វើឱ្យរបូសនូវទំនាក់ទំនងជាមួយព្រះជាម្ចាស់តែប៉ុណ្ណោះ ប៉ុន្តែសេចក្តីស្រលាញ់របស់ព្រះអង្គនៅតែមាននៅក្នុងខ្លួនយើង។ [1852-1861,1874]

៣១៧.តើធ្វើដូចម្តេចទើបបុគ្គលដែលប្រព្រឹត្តអំពើបាបធ្ងន់អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់វិញ?

ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់វិញ បុគ្គលនោះត្រូវទទួលអគ្គសញ្ញាសម្រុះសម្រួលដើម្បីជានានឹងព្រះជាម្ចាស់វិញ។ [1856]

៣១៨.តើបាបធម៌ជាអ្វី ?

បាបធម៌គឺជាទម្លាប់អវិជ្ជមាន ដែលសម្លាប់ និងធ្វើឱ្យមនសិការរបស់យើងស្ពឹក គ្មានពន្លឺ តម្រង់ឆ្ពោះទៅរកសេចក្តីទុច្ចរិត ហើយមានទម្លាប់ក្នុងការប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង។ [1865-1867]

៣១៩.តើយើងមានទំនួសខុសត្រូវចំពោះអំពើបាបរបស់អ្នកដទៃដែរឬទេ ?

មិនមានទេ ! យើងមិនមានទំនួសខុសត្រូវចំពោះអំពើបាបរបស់អ្នកដទៃទេ លុះត្រាតែយើងជាអ្នកដែលបានដឹកនាំគេទៅរកផ្លូវខុស និងបានញុះញង់គេ អូសទាញគេឱ្យប្រព្រឹត្តអំពើបាប ជាងនេះទៅទៀតគឺយើងបានបណ្តោយឬធ្វើមិនដឹង ឬមិនបានដាស់តឿនគេឱ្យជៀសឆ្ងាយពីអំពើបាប។ [1868]

៣២០.តើមានរចនាសម្ពន្ធនៃអំពើបាបដែរឬទេ?

រចនាសម្ពន្ធនៃអំពើបាបគ្រាន់តែជាការនិយាយបែបប្រៀបធៀបថាជាអំពើបាបសង្គមតែប៉ុណ្ណោះ។ អំពើបាបជានិច្ចជាកាល គឺជាការប្រព្រឹត្តរបស់បុគ្គលម្នាក់បែបឯកជន ដែលសតិ និងឆន្ទៈបានយល់ព្រមក្នុងការប្រព្រឹត្តអំពើបាបនោះ។ [1869]

ជំពូកទី២ ៖ សហគមន៍មនុស្ស​

៣២១.តើគ្រីស្តបរិស័ទម្នាក់អាចរស់នៅដាច់ដោយឡែកពីសង្គមបានដែរឬទេ?

គ្រីស្តបរិស័ទម្នាក់អាចរស់នៅដាច់ដោយឡែកពីសង្គមបានទេ ដោយសារធម្មជាតិរបស់មនុស្សត្រូវបានបង្កើតឡើងដើម្បីរស់នៅរួមជាមួយគ្នាជាសង្គមមួយ។ [1877-1880,1890-1891 ]

៣២២. តើសង្គម និងបុគ្គលភាព មួយណាសំខាន់ជាង?

នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ លក្ខណៈជាបុគ្គលរបស់មនុស្សត្រូវបានរាប់ជាអាទិភាព បន្ទាប់មកទើបជាលក្ខណៈរបស់មនុស្សដែលជាសង្គម។ [1881-1882]

៣២៣.តើបុគ្គលភាពអា​ចមានសេរីភាពក្នុងការអភិវឌ្ឍនៅក្នុងសង្គមបានដោយរបៀបណា?

បុគ្គលម្នាក់អាចមានសេរីភាពក្នុងការអភិវឌ្ឍនៅក្នុងសង្គមបាន លុះត្រាតែបុគ្គលនោះចេះប្រតិបត្តិនូវគោលការណ៍ជំនួស (Principle of subsidiarity )។[1883-1885,1894]

៣២៤.តើសង្គមត្រូវកសាងលើគោលការណ៍អ្វី?

សង្គមនីមួយៗត្រូវកសាងលើលំដាប់នៃតម្លៃ គឺលើមូលដ្ឋានគ្រឹះនៃយុត្តិធម៌ និងសេចក្តីស្រលាញ់។ [1886-1889,1895-1896]

៣២៥.តើអ្វីទៅជាមូលដ្ឋាននៃអំណាចក្នុងសង្គម?

សង្គមនីមួយៗតម្រូវឱ្យមានសណ្តាប់ធ្នាប់ ហើយរាល់ការទំនាក់ទំនងនិងការអភិវឌ្ឍត្រូវធានាថាស្របតាមច្បាប់។ នៅក្នុងធម្មជាតិរបស់មនុស្សដែលព្រះជាម្ចាស់បានបង្កើតមកនោះ គឺមនុស្សគ្រប់រូបត្រូវបន្ទាបខ្លួនចំពោះការដឹកនាំដោយអំណាចនៃច្បាប់។ [1897-1902,1918-1919,1922]

៣២៦.តើពេលណាទើបយើងអាចហៅទង្វើនៃអំណាចថាស្របតាមច្បាប់បាន​?

ទង្វើនៃអំណាចអាចសន្មត់ថាស្របតាមច្បាប់បាន លុះត្រាតែសកម្មភាពទាំងអស់មានគោលដៅទៅរកផលប្រយោជន៍រួម និងអនុវត្តន៍រាល់វិធីដែលប្រកបទៅដោយយុត្តិធម៌ដើម្បីសម្រេចនូវគោលដៅ។ [1903-1904,1921]

៣២៧.តើផលប្រយោជន៍រួមត្រូវបានប្រព្រឹត្តទៅយ៉ាងដូចម្តេច?

ផលប្រយោជន៍រួមត្រូវបានប្រព្រឹត្តទៅ នៅពេលដែលផលប្រយោជន៍មូលដ្ឋានរបស់មនុស្សត្រូវបានឱ្យតម្លៃ និងនៅពេលដែលមនុស្សមានសេរីភាពពេញលេញក្នុងការអភិវឌ្ឍប្រាជ្ញា និងសាសនារបស់ខ្លួន។​ផលប្រយោជន៍រួមទាមទារឱ្យមនុស្សរស់នៅក្នុងសេរីភាព សន្តិភាព និងសេចក្តីសុខសាន្ត។ នៅក្នុងសម័យសកលភាវូបនីយកម្មសព្វថ្ងៃ ផលប្រយោជន៍រួមត្រូវតែគ្របដណ្តប់ទៅលើពិភពលោកទាំងមូល ដើម្បីការពារសិទ្ធិ និងតួនាទីរបស់មនុស្សជាតិ។  [1907-1912,1925,1927]

៣២៨.តើបុគ្គលម្នាក់ៗអាចរួមចំណែកអ្វីខ្លះដើម្បីផលប្រយោជន៍រួម?

បំពេញផលប្រយោជន៍រួម គឺមានន័យថាយើងមានទំនួសខុសត្រូវទៅលើអ្នកដទៃ។ [1913-1917,1926]

៣២៩.តើយើងត្រូវធ្វើដូចម្តេចដើម្បីឱ្យមានយុត្តិធម៌នៅក្នុងសង្គម?

យុត្តិធម៌សង្គមអាចកើតឡើងបានលុះត្រាតែតម្លៃថ្លៃថ្នូររបស់មនុស្សត្រូវបានគោរព មានន័យថាសិទ្ធិរបស់បុគ្គលម្នាក់ៗត្រូវបានទទួលស្គាល់ និងឱ្យតម្លៃ  ហើយបុគ្គលម្នាក់ៗអាចចូលរួមយ៉ាងសកម្មនៅក្នុងសង្គមនយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គម។ [1933,1943-1944]

៣៣០.តើមនុស្សមានសិទ្ធិស្មើគ្នានៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ឬយ៉ាងណា?

មនុស្សទាំងអស់មានសិទ្ធិស្មើគ្នានៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ ដោយសារមនុស្សទាំងអស់ត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយមានលក្ខណៈដូចព្រះអង្គ មានវិញ្ញាណ ចេះរិះគិតពិចារណា ហើយមានព្រះសង្គ្រោះតែមួយ។ [1934-1935,1945]

៣៣១.ហេតុអ្វីបានជាមានអយុត្តិធម៌នៅក្នុងចំណោមមនុស្ស?

មនុស្សទាំងអស់មានតម្លៃស្មើគ្នា ប៉ុន្តែមិនមែនមនុស្សទាំងអស់មានស្ថាភាពជីវិតរស់នៅដូចគ្នាទេ។ រាល់ភាពអយុត្តិធម៌កើតឡើង ដោយសារសង្គមមនុស្ស ដែលសេចក្តីនេះដើរផ្ទុយពីព្រះគម្ពីរ។ ព្រះជាម្ចាស់ប្រទានព្រះអំណោយទាន និងទេពកោសល្យមកឱ្យមនុស្សខុសៗគ្នា ព្រះអង្គអញ្ជើញយើងឱ្យចែករំលែកចំពោះគ្នាទៅវិញទៅមក។ ក្នុងធម៌មេត្តាករុណា មនុស្សត្រូវចែករំលែកអ្វីដែលខ្លួនមានទៅដល់អស់អ្នកដែលខ្វះខាតជាងខ្លួន។ [1936-1938,1946-1947]

៣៣២.តើគ្រីស្តបរិស័ទត្រូវតែបង្ហាញសាមគ្គីភាពចំពោះគ្នានឹងគ្នាយ៉ាងដូចម្តេច?

គ្រីស្តបរិស័ទគឺជាអ្នកដែលស៊ូប្តូរខ្លួនឯងសម្រាប់យុត្តិធម៌សង្គម ដើម្បីជួយឱ្យមនុស្សទាំងអស់អាចទទួលបាននូវប្រយោជន៍ទាំងផ្នែកសម្ភារៈ ក៏ដូចជាបញ្ញា និងស្មារតីរបស់ពិភពលោក។ គ្រីស្តបរិស័ទក៏ត្រូវតែចាប់អារម្មណ៍នូវតម្លៃពលកម្មរបស់មនុស្សដោយត្រូវបានលើកកម្ពស់ មានន័យថាពួកគេត្រូវទទួលបាននូវប្រាក់ឈ្នួលយ៉ាងសមរម្យ។ ការបញ្ជូនបន្តជំនឿក៏ជាសកម្មភាពនៃសាមគ្គីភាពរបស់មនុស្សដែរ។

៣៣៣.តើមានច្បាប់ធម្មជាតិណាដែលមនុស្សទាំងអស់ដឹងដែរឬទេ ?

មនុស្សត្រូវប្រព្រឹត្តអំពើល្អជៀវាងអំពើអាក្រក់ ដោយសារសេចក្តីនេះបានចារយ៉ាងច្បាស់លាស់នៅក្នុងដួងចិត្តរបស់មនុស្សហើយ។ មនុស្សគ្រប់រូបអាចប្រើវិចារណញាណដើម្បីយល់ដឹងនូវច្បាប់សីលធម៌នេះ។ [1960,1975,1978-1979]

៣៣៤.តើច្បាប់ធម្មជាតិ និងវិន័យក្នុងសម្ពន្ធមេត្រីចាស់មានទំនាក់ទំនងជាមួយគ្នាយ៉ាងដូចម្តេចខ្លះ?

វិន័យក្នុងសម្ពន្ធមេត្រីចាស់ បង្ហាញនូវរាល់សេចក្តីពិតដែលវិចារណញាណអាចយល់ដឹងបានដោយឯកឯង ហើយសេចក្តីពិតទាំងអស់នោះត្រូវបានបង្ហាញ និងត្រូវបានទទួលស្គាល់ជាផ្លូវការ ដូចវិន័យរបស់ព្រះជាម្ចាស់ដែរ។ [1961-1963,1981]

៣៣៥.តើវិន័យក្នុងសម្ពន្ធមេត្រីចាស់មានសារៈសំខាន់យ៉ាងណា?

វិន័យក្នុងសម្ពន្ធមេត្រីចាស់ ជាពិសេសវិន័យដប់ប្រការរបស់លោកម៉ូសេ ព្រះជាម្ចាស់បង្ហាញព្រះហឫទ័យរបស់ព្រះអង្គឱ្យប្រជារាស្ត្រអ៊ីស្រាអែលដឹងថា បើគេគោរពប្រតិបត្តិតាមធម្មវិន័យ នោះគេនឹងទទួលបានការសង្គ្រោះ។ គ្រីស្តបរិស័ទដឹងច្បាស់ថាគេត្រូវតែគោរពតាមធម្មវិន័យ ប៉ុន្តែគេក៏ដឹងច្បាស់ដែរថា ធម្មវិន័យនេះមិនអាចនាំគេឱ្យទទួលការសង្គ្រោះបានទេ។ [1965-1972,1977,1983-1985]

៣៣៦.តើព្រះយេស៊ូបានឱ្យតម្លៃធម្មវិន័យក្នុងសម្ពន្ធមេត្រីចាស់យ៉ាងដូចម្តេច​?

ក្នុងធម្មទេសនារបស់ព្រះអង្គនៅលើភ្នំថា៖ “កុំនឹកស្មានថាខ្ញុំមកលុបបំបាត់គម្ពីរវិន័យ ឬគម្ពីរព្យាការីចោលឡើយ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឱ្យគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញ ”។ (មថ ៥,១៧) [1965-1972,1977,1983-1985]

៣៣៧.តើយើងទទួលការសង្គ្រោះដោយរបៀបណា?

គ្មាននរណាម្នាក់អាចសង្គ្រោះខ្លួនឯងបានឡើយ។ ចំពោះយើង សង្គ្រោះមានន័យថាត្រូវបានរំដោះចេញពីអំណាចនៃអំពើបាប ណែនាំយើងចេញពីសេចក្តីស្លាប់ចូលទៅកាន់ជីវិតអស់កល្បជានិច្ច គឺជាជីវិតដែលនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់។ គ្រីស្តបរិស័ទជឿជាក់ថា ពួកគេនឹងទទួលបានការសង្គ្រោះដោយសារព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកក្នុងលោកនេះ ថែមទាំងចាក់បង្ហូរនូវព្រះវិញ្ញាណរបស់ព្រះអង្គលើពួកគេផងដែរ។ [1987-1995,2017-2020]

៣៣៨.តើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជាអ្វី ?

ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ គឺជាសេរីភាពពោរពេញទៅដោយសេចក្តីស្រលាញ់របស់ព្រះអង្គចំពោះមនុស្ស ជាការជួយទំនុកបម្រុង ជាជីវិតដែលមកពីព្រះអង្គ។ តាមរយៈឈើឆ្កាង និងការរស់ឡើងវិញយ៉ាងរុងរឿង ព្រះអង្គបានថ្វាយខ្លួនទាំងស្រុងដោយព្រះហឫទ័យប្រណីសន្តោសចំពោះយើង។ ព្រះហឫទ័យប្រណីសន្តោសគឺជាអ្វីៗដែលព្រះអង្គប្រទានមកយើង ដោយមិនអាស្រ័យទៅលើអ្វីដែលជាគុណសម្បត្តិរបស់យើងឡើយ។ [1996-1998,2005,2021]

៣៣៩.តើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ផ្តល់អ្វីចំពោះយើង ?

ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដឹកនាំយើងឱ្យចូលទៅរស់នៅយ៉ាងជិតស្និទ្ធិក្នុងអង្គព្រះត្រៃឯក ទៅក្នុងសេចក្តីស្រលាញ់រវាងព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះហឫទ័យប្រណីសន្តោសនេះជួយឱ្យយើងរស់នៅក្នុងសេចក្តីស្រលាញ់របស់ព្រះអង្គ និងធ្វើសកម្មភាពដោយសារសេចក្តីស្រលាញ់នេះផងដែរ។ [1990-2000,2003-2004,2023-2024]

៣៤០.តើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់មានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយសេរីភាពរបស់មនុស្ស ?

ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់តែងតែគោរពសិទ្ធិសេរីភាពរបស់មនុស្ស ព្រះអង្គស្វែងរក និងអញ្ជើញយើងឱ្យឆ្លើយតបដោយសេរីភាព។ ព្រះហឫទ័យប្រណីសន្តោសមិនដែលបង្ខិតបង្ខំ សេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចង់ឱ្យមនុស្សទទួលដោយសេរី។ [2001-1002,1022]

៣៤១.តើមនុស្សអាចចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់អាស្រ័យទៅលើអំពើសុចរិតរបស់ខ្លួនដែរឬទេ?

មិនអាចបានទេ​! គ្មាននរណាម្នាក់អាចចូលទៅកាន់ព្រះរាជ្យព្រះជាម្ចាស់ដោយសារកម្លាំងរបស់ខ្លួនតែប៉ុណ្ណោះបាននោះទេ  គឺយើងទទួលបានការសង្គ្រោះក៏ដោយសារតែព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ ប្រាកដណាស់ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ទាមទារឱ្យយើងចូលរួមសហប្រតិបត្តិការដោយសេរីរួមជាមួយព្រះអង្គដែរ។ [2006-2011,2025-2027]

៣៤២.តើយើងទាំងអស់គ្នាអាចក្លាយទៅជាសន្តបុគ្គលបានដែរឬទេ?

ប្រាកដជាបាន ! គោលដៅនៃជីវិតរបស់យើង គឺការរួបរួមជាមួយព្រះជាម្ចាស់ក្នុងសេចក្តីស្រលាញ់ និងរស់នៅតាមព្រះហឫទ័យរបស់ព្រះអង្គទាំងស្រុង។ យើងត្រូវតែឱ្យ “ព្រះជាម្ចាស់រស់នៅខាងក្នុងយើង ” (អ្នកម្តាយ ថេរេសា) នេះជាវិធីដែលណែនាំយើងឱ្យក្លាយទៅជាសន្តបុគ្គល។ [2012-2016,2028-2029]  

ជំពូកទី៣
ព្រះសហគមន៍

៣៤៣.ព្រះសហគមន៍ជួយយើងឱ្យក្លាយជាមនុស្សល្អ។ តើព្រះសហគមន៍មានទំនួសខុសត្រូវដូចម្តេចខ្លះ?

យើងបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងព្រះសហគមន៍ តាមរយៈព្រះសហគមន៍យើងទទួលបានជំនឿដែលព្រះសហគមន៍បានថែរក្សាយ៉ាងខ្ជាប់ខ្ជួនជាច្រើនសតវត្សមក។ ក្នុងព្រះសហគមន៍ យើងបានស្តាប់ព្រះបន្ទូល និងបានរៀនរបៀបរស់នៅយ៉ាងណាឱ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ផងដែរ។ តាមរយៈអគ្គសញ្ញានានា ដែលព្រះយេស៊ូបានប្រគល់ជូនដល់ក្រុមសាវ័ក ព្រះសហគមន៍បានបន្តធ្វើឱ្យរីកចម្រើន ពង្រឹង និងសម្រាលទុក្ខរបស់យើង។

ក្នុងព្រះសហគមន៍ ពន្លឺរបស់សន្តបុគ្គលទាំងឡាយបានជួយបំភ្លឺយើង ។ ក្នុងព្រះសហគមន៍ អភិបូជាត្រូវបានប្រារព្ធឡើង សក្ការៈបូជារបស់ព្រះយេស៊ូត្រូវបានប្រព្រឹត្តឡើង ដើម្បីប្រទានកម្លាំង និងផ្លាស់ប្តូរយើង ឱ្យយើងអាចរួបរួមជាមួយព្រះអង្គ ក្លាយទៅជារូបកាយរបស់ព្រះអង្គ ហើយរស់នៅដោយសារកម្លាំងរបស់ព្រះអង្គ។ ទោះបីព្រះសហគមន៍នៅមានមនុស្សបាបជាច្រើនក៏ដោយ ក៏យើងមិនអាចក្លាយជាគ្រីស្តបរិស័ទដែលរស់នៅក្រៅព្រះសហគមន៍បានឡើយ។ [2030-2031,2047]

៣៤៤.ហេតុអ្វីបានជាព្រះសហគមន៍យកចិត្តទុកដាក់អំពីបញ្ហាសីលធម៍ និងតម្លៃថ្លៃថ្នូររបស់បុគ្គល?

ជំនឿគឺជាមាគ៌ា ដូច្នេះហើយមានតែរស់នៅតាមពាក្យប្រៀនប្រដៅរបស់ដំណឹងល្អទើបយើងអាចស្ថិតនៅលើមាគា៍នេះបាន ឬអាចនិយាយបានដែលថា ការប្រព្រឹត្តតាមយុត្តិធម៌ និងរស់នៅតាមបែបសុចរិត។ កិច្ចការណែនាំរបស់ព្រះសហគមន៍ ( Magisterium ) គឺរឮកយើងអំពីការទាមទារនៃច្បាប់សីលធម៌បែបធម្មជាតិ។ [2032-2040,2049-2051]

៣៤៥.តើវិន័យទាំងប្រាំរបស់ព្រះសហគមន៍មានអ្វីខ្លះ?

  • ទី១. សុំឱ្យគ្រីស្តបរិស័ទចូលរួមអភិបូជាជារៀងរាស់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យដែលព្រះសហគមន៍បានតម្រូវ  ជៀសវាងការធ្វើពលកម្ម និងសកម្មភាពណាមួយដែលប្រឆាំងលក្ខណៈវិសុទ្ធរបស់ថ្ងៃនោះ
  • ទី២. ទទួលអគ្គសញ្ញាសម្រុះសម្រួលយ៉ាងតិចណាស់មួយឆ្នាំម្តង
  • ទី៣. ទទួលព្រះកាយព្រះលោកហិតព្រះគ្រីស្តយ៉ាងតិចម្តងក្នុងរដូវបុណ្យចម្លង
  • ទី៤. តមអាហារ នៅថ្ងៃដែលព្រះសហគមន៍តម្រូវ (ថ្ងៃពុធរោយផេះ និងថ្ងៃសុក្រពិសិដ្ឋ​)
  • ទី៥​. គ្រីស្តបរិស័ទត្រូវតែជួយព្រះសហគមន៍តាមសមត្ថភាពរៀងៗខ្លួន។ [2042-2043]

៣៤៦.តើវិន័យរបស់ព្រះសហគមន៍មានគោលបំណងអ្វី? ហើយតម្រូវឱ្យនរណាជាអ្នកប្រតិបត្តិតាម?

វិន័យទាំងប្រាំរបស់ព្រះសហគមន៍ គឺជាសុំណូមពរអប្បបរិមា ក្នុងគោលបំណងដាស់តឿនគ្រីស្តបរិស័ទថា យើងមិនអាចជាគ្រីស្តបរិស័ទ ប្រសិនបើមិនមានការតស៊ូដោយសមត្ថភាពផ្ទាល់ខ្លួន រស់នៅតាមសីលធម៌ មិនចូលរួមយ៉ាងជាក់ស្តែងក្នុងអគ្គសញ្ញាទាំងឡាយរបស់ព្រះសហគមន៍ ឬមិនមានជីវិតរួមជាធ្លុងតែមួយជាមួយព្រះសហគមន៍នោះទេ។ វិន័យទាំងអស់នេះ ជាសុំណូមពរសម្រាប់គ្រីស្តបរិស័ទទាំងអស់ឱ្យប្រតិបត្តិតាម។ [2041-2048]

៣៤៧.ហេតុអ្វីបានជាគ្រីស្តបរិស័ទត្រូវរស់នៅតាមអ្វីដែលខ្លួនបានប្រកាស?

កិច្ចការជាបឋមនៃការប្រកាសព្រះបន្ទូលព្រះជាម្ចាស់ គឺការរស់នៅតាមព្រះបន្ទូលរបស់ព្រះអង្គ។ ប្រសិនបើយើងមិនរស់នៅតាមអ្វីដែលយើងប្រកាស មានន័យថាយើងលាក់ពុត​ គឺយើងបដិសេធតួនាទីរបស់យើងដែលជាគ្រីស្តបរិស័ទ ដែលជា អំបិល និង ជាពន្លឺសម្រាប់ពិភពលោក។  [2044-2046]

ភាគទី២៖ វិន័យ១០ប្រការ (៣៤៨-៤៦៨)

ភាគទី២
វិន័យ១០ប្រការ

 ៣៤៨. លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច?​    

ព្រះយេស៊ូមានព្រះបន្ទូលថា៖ “បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមវិន័យទៅ” (មថ ១៩,១៧)។ រួចព្រះអង្គមានព្រះបន្ទូលបន្តទៀតថា ៖ “សូមអញ្ចើញមកតាមខ្ញុំ” (មថ ១៩,២១​)។ [2052-2054,2075-2076]

៣៤៩.តើវិន័យ១០ប្រការរួមមានអ្វីខ្លះ?

  1. ស្រលាញ់ និងថ្វាយបង្គំព្រះជាអម្ចាស់តែមួយព្រះអង្គគត់
  2. កុំយកព្រះនាមព្រះជាអម្ចាស់ទៅស្បថបញ្ចោត ឬលេងជាល្បែងឡើយ
  3. ក្នុងមួយអាទិត្យត្រូវឈប់ធ្វើការមួយថ្ងៃ
  4. ត្រូវគោរពមាតាបិតា​
  5. កុំសម្លាប់មនុស្ស
  6. កុំប្រព្រឹត្តអំពើផិតក្បត់
  7. កុំលួចប្លន់គេ
  8. កុំពោលពាក្យកុហក
  9. កុំយកប្តីប្រពន្ធគេ
  10. កុំយកទ្រព្យគេ។

៣៥០.តើវិន័យទាំង១០ប្រការនេះត្រូវបានបង្កើតឡើងដោយចៃដន្យឬយ៉ាងណា?

វិន័យទាំង១០ប្រការនេះ គឺជាបញ្ជីដែលត្រូវបានឯកភាពរវាងប្រការមួយទៅប្រការមួយទៀត ដូច្នេះយើងមិនអាចបំបែកប្រការណាមួយចេញពីគ្នាបានទេ។ អ្នកណាប្រព្រឹត្តខុសនឹងប្រការណាមួយ ក៏ដូចជាបានប្រព្រឹត្តខុសនឹងប្រការផ្សេងៗទៀតក្នុងវិន័យទាំង១០ប្រការនេះដូចគ្នាដែរ។ [2069,2079]

៣៥១.តើវិន័យទាំង១០ប្រការនេះហួសសម័យហើយមែនទេ?

វិន័យទាំង១០ប្រការនេះមិនមែនជាសមិទ្ធផលរបស់សម័យណាមួយឡើយ ប៉ុន្តែវិន័យនេះជាតួនាទីមូលដ្ឋានដែលមិនអាចកែប្រែបានទេចំពោះព្រះជាម្ចាស់នឹងអ្នកជិតខាង ហើយមានតម្លៃក្នុងគ្រប់កាលៈទេសៈទាំងអស់់។ [2070-2072]

ជំពូកទី១
ត្រូវស្រលាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្តគំនិត
អស់ពីស្មារតី
និងអស់ពីកម្លាំងកាយ

ប្រការទី១៖ ត្រូវស្រលាញ់ថ្វាយបង្គំព្រះជាអម្ចាស់តែមួយព្រះអង្គគត់

៣៥២.“យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក” (សរ ២០,២) តើមានន័យយ៉ាងដូចម្តេច?

ព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការបានបង្ហាញព្រះអង្គឱ្យយើងក្នុងឋានៈព្រះអង្គជាព្រះជាម្ចាស់ ដូច្នេះហើយយើងមិនអាចឱ្យតម្លៃទៅលើអ្វីមួយលើសពីព្រះអង្គ ឬចាត់ទុកមនុស្ស វត្ថុអ្វីមួយមានអាទិភាពជាងព្រះអង្គបានឡើយ។ យើងត្រូវទទួលស្គាល់ថាមានតែព្រះអង្គទេដែលជាអាទិភាពលើសអ្វីៗទាំងអស់ក្នុងជីវិតរបស់យើង និងយើងត្រូវតែគោរពប្រណិប័តន៍ព្រះអង្គតែមួយព្រះអង្គគត់។ [2083-2094,2133-2134]

៣៥៣.ហេតុអ្វីបានជាយើងត្រូវគោរពថ្វាយបង្គំព្រះជាម្ចាស់ ?

យើងគោរពថ្វាយបង្គំព្រះជាម្ចាស់ដោយសារព្រះអង្គមានព្រះជន្មគង់នៅ ហើយនៅពេលយើងគោរពថ្វាយបង្គំព្រះអង្គ គឺយើងបានឆ្លើយតបចំពោះវត្តមានរបស់ព្រះអង្គ និងការសម្តែងរបស់ព្រះអង្គចំពោះយើង ៖​​“អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គប៉ុណ្ណោះ ( មថ ៤,១០ )។ [2083-2094,2133-2134]

៣៥៤.តើយើងអាចបង្ខិតបង្ខំនរណាម្នាក់ឱ្យជឿលើព្រះជាម្ចាស់បានដែលឬទេ ?

យើងមិនអាចបង្ខិតបង្ខំនរណាម្នាក់ឱ្យជឿបាននោះទេ សម្បីតែកូនចៅរបស់ខ្លួន ក៏ដូចជាគ្មាននរណាម្នាក់អាចហាមឃាត់នរណាម្នាក់ឱ្យជឿបាននោះដែរ។​ មនុស្សគ្រប់រូបមានសិទ្ធក្នុងការសម្រេចចិត្តជឿដោយសេរីពេញទី ប៉ុន្តែគ្រីស្តបរិស័ទត្រូវមានតួនាទីជួយបងប្អូនឯទៀតៗដោយវាចា និងដោយគម្រូល្អ ដើម្បីឱ្យពួកគាត់អាចស្វែងរកនូវមាគ៌ានៃជំនឿបាន។ [2104-2109,2137]

៣៥៥.“មិនត្រូវគោរពព្រះក្លែងក្លាយណាក្រៅពីយើងជាព្រះអម្ចាស់នោះទេ ”។ តើមានន័យដូម្តេច ?

ប្រការនេះហាមយើងមិនឱ្យ៖​

  • គោរពព្រះដទៃ ព្រះក្លែងក្លាយ​ ឬគោរពកោតខ្លាចព្រះផ្សេងពីព្រះតែមួយព្រះអង្គគត់ (អារក្ខ អ្នកតា លុយកាក់ អំណាច ភាពជោគជ័យ សម្រស់ ភាពវៃក្មេង ..........)
  • ជឿលើអបិយជំនឿ មន្តអាគម វិជ្ជាអាថ៍កំបាំង ទស្សទាយ ហៅព្រលឹង វិញ្ញាណ............
  • ប្រកាន់ព្រះជាម្ចាស់ក្នុងពាក្យសម្តី និងកាយវិការ
  • ប្រព្រឹត្តអំពើមិនគម្បី ប្រមាថភាពដ៏វិសុទ្ធនៃព្រះជាម្ចាស់
  • យកព្រះជាម្ចាស់មកធ្វើជំនួញ ដើម្បីផលប្រយោជន៍បុគ្គល។ [2110-2128,2138-2140]

៣៥៦.តើក្រុមចម្លែកសម្ងាត់ ដូចជាជំនឿញ្ញូអេជ្ជ (New Age) សមស្របនឹងលទ្ធិកាតូលិកឬទេ?

ក្រុមចម្លែកសម្ងាត់ មិនសមស្របនឹងជំនឿកាតូលិកទេ ព្រោះក្រុមនេះមិនយកចិត្តទុកដាក់លើសេចក្តីពិតរបស់ព្រះជាម្ចាស់ឡើយ។​ ព្រះជាម្ចាស់ជាព្រះជាម្ចាស់ឯក (បុគ្គលភាព) ជាសេចក្តីស្រលាញ់ និងជាប្រភពនៃជីវិត ព្រះអង្គមិនមែនត្រឹមជាថាមពលលោកធាតុនោះទេ។ មនុស្សជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយមនុស្សមិនមែនជាព្រះជាម្ចាស់ទេ តាមពិតមនុស្សគឺជាការបង្កើតរបស់ព្រះជាម្ចាស់ ដែលរងទុក្ខនិងស្លាប់ដោយសារអំពើបាបរបស់ពួកគេ ដូច្នេះមនុស្សត្រូវការការសង្គ្រោះ។ គ្រីស្តបរិស័ទជឿថាមានតែព្រះយេស៊ូគ្រីស្ត និងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ទេដែលអាចសង្គ្រោះមនុស្សលោកបាន។ មនុស្សមិនអាចទទួលការសង្គ្រោះដោយថាមពលធម្មជាតិឬព្រះលោកធាតុបានទេ (សូមមើល សព្វទេពនិយម)។ មានតែព្រះជាម្ចាស់ដែលបានបង្កើតមនុស្សទេដែលអាចសង្គ្រោះមនុស្សបាន ផ្ទុយពីក្រុមចម្លែកសម្ងាត់ដែលជឿថាគេអាចសង្គ្រោះខ្លូនឯងបានដោយគ្មានព្រះជាម្ចាស់។ [2110-2128]

៣៥៧.តើលទ្ធិអទេវនិយមគឺជាអំពើបាបប្រឆាំងនឹងប្រការទីមួយឬយ៉ាងណា?

អទេវនិយមមិនមែនជាអំពើបាបនោះទេ ប្រសិនបើបុគ្គលនោះមិនបានរៀនសូត្រនិងដឹងអ្វីពីព្រះជាម្ចាស់នោះ ឬដួងចិត្ត និងមនសិការបានពិនិត្យអំពីអត្ថិភាព (ព្រះជន្មគង់នៅ) របស់ព្រះជាម្ចាស់យ៉ាងយកចិត្តទុកដាក់ ហើយនៅតែមិនអាចជឿបាន។  [2127-2128]

៣៥៨.នៅក្នុងសម្ពន្ធមេត្រីចាស់បានហាមឃាត់មិនឱ្យធ្វើរូបដែលបង្ហាញពីព្រះជាម្ចាស់។ តើហេតុអ្វីបានជាព្រះសហគមន៍កាតូលិកមិនកាន់តាមវិន័យនេះ?

នៅក្នុងសម្ពន្ធមេត្រីចាស់មានប្រការហាមឃាត់បែបនេះ ដោយសារពួកគេចង់ការពារការអាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដើម្បីកុំឱ្យជនជាតិអ៊ីស្រាអែលថ្វាយបង្គំព្រះក្លែងក្លាយ ដូចដែលបានចែងក្នុងធម្មវិន័យរបស់លោកម៉ូសេ ប្រការទី១ ៖ ˝ មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹកក្រោមដីធ្វើជាព្រះឡើយ។ ˝ ( សរ ២០,៤)។ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានយាងមកយកកំណើតជាមនុស្សតាមរយៈព្រះគ្រីស្ត គ្រីស្តសាសនាមិនបានហាមឃាត់ក្នុងការបង្កើតរូបភាពរបស់ព្រះជាម្ចាស់ទេ។ នៅក្នុងព្រះសហគមន៍ខាងកើត រាល់រូបភាពអំពីព្រះជាម្ចាស់ត្រូវបានចាត់ទុកជារូបភាពដ៏វិសុទ្ធ។ [2129-2132,2141]

ប្រការទី២ ៖ មិនត្រូវយកព្រះនាមព្រះអម្ចាស់ទៅប្រើឥតបានការនោះឡើយ

៣៥៩.ហេតុអ្វីបានជាយើងត្រូវគោរពព្រះនាមរបស់ព្រះជាម្ចាស់?

ពេលយើងហៅនរណាម្នាក់ដោយហៅឈ្មោះជាសញ្ញាបញ្ជាក់ថាយើងទុកចិត្តអ្នកនោះ។ ដោយសារព្រះជាម្ចាស់បានសម្តែងព្រះនាមព្រះអង្គមកយើង ព្រះអង្គបានបង្ហាញព្រះអង្គឱ្យយើងស្គាល់ និងឱ្យយើងទៅរកព្រះអង្គតាមរយៈព្រះនាមនេះ។ ព្រះអង្គជាសេចក្តីពិតដាច់ខាត  ដូច្នេះហើយយើងទទួលស្គាល់ថាព្រះនាមព្រះអង្គជាសេចក្តីពិត តែបើយើងយកព្រះនាមនេះមកប្រព្រឹត្តអំពើបោកប្រាស គឺយើងបានប្រព្រឹត្តអំពើបាបធ្ងន់។ [2142-2149,2150-2155,2160-2162,2163-2164]

៣៦០.តើការគូសសញ្ញាឈើឆ្កាងមានន័យយ៉ាងដូចម្តេច?

ដោយសារការគូសសញ្ញាឈើឆ្កាង យើងបានដាក់ខ្លួនយើងទៅក្នុងការថែរក្សារបស់ព្រះជាម្ចាស់ជាព្រះត្រៃឯក។ [2157,2166]

៣៦១.គ្រីស្តបរិស័ទទទួលឈ្មោះសន្ត/សន្តីមួយនៅពេលទទួលអគ្គសញ្ញាជ្រមុជទឹក។ តើនេះមានសារៈសំខាន់យ៉ាងដូចម្តេច?

មុននឹងទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ បេក្ខជនទទួលឈ្មោះសន្ត/សន្តីមួយ ដើម្បីសូមសន្តបុគ្គលនោះជួយគាំពារនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ និងដើម្បីឱ្យយើងយកគម្រូតាមភាពដ៏វិសុទ្ធរបស់អស់លោក។ “កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឱ្យអ្នកធ្វើជាប្រជាជនរបស់យើង ”  ( អស ៤៣,១ )។  [2158]

ប្រការទី​៣៖ គោរពថ្ងៃអាទិត្យ

៣៦២.ហេតុអ្វីបានជាជនជាតិយូដាគោរពថ្ងៃសប្ប័ទ?

សម្រាប់ជនជាតិយូដា ថ្ងៃសប្ប័ទគឺជាទីសម្គាល់មួយដែលណែនាំឱ្យគេនឹកដល់ព្រះជាម្ចាស់ដែលជាព្រះបង្កើតបានរំដោះពួកគេឱ្យផុតពីទាសភាពនៅស្រុកអេស៊ីប។ [2168-2172,2158]

៣៦៣.តើថ្ងៃសប្ប័ទ ចំពោះព្រះយេស៊ូមានន័យយ៉ាងដូចម្តេច?

ព្រះយេស៊ូបានគោរពថ្ងៃសប្ប័ទ ព្រះអង្គទទួលស្គាល់ថាជាថ្ងៃពិសិដ្ឋ ប៉ុន្តែទទ្ទឹមនឹងនេះដែរ ព្រះអង្គមិនសូវតឹងរឹងចំពោះវិន័យនេះទេ ព្រះអង្គយាងមកក្នុងនាមជាអ្នកដែលបំពេញអត្ថន័យដល់ថ្ងៃសប្ប័ទនេះឱ្យបានពេញលេញ ដោយព្រះអង្គមានព្រះបន្ទូលថា៖ “ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទ ដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្សដើម្បីឱ្យបម្រើថ្ងៃសប្ប័ទឡើយ ”។  (មក ២,២៧) [2173]

៣៦៤.ហេតុអ្វីបានជាគ្រីស្តបរិស័ទប្តូរថ្ងៃសប្ប័ទទៅជាថ្ងៃអាទិត្យវិញ ?

ដោយសារព្រះយេស៊ូគ្រីស្តបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញនៅថ្ងៃអាទិត្យ ដូច្នេះហើយបានជាថ្ងៃអាទិត្យគឺជាថ្ងៃរបស់ព្រះអម្ចាស់ ប៉ុន្តែនៅតែរក្សាធាតុរបស់ថ្ងៃសប្ប័ទរបស់ជនជាតិយូដា។ [2174-2176,2100-2191]

៣៦៥.តើគ្រីស្តបរិស័ទគោរពថ្ងៃអាទិត្យ ដែលជាថ្ងៃរបស់ព្រះអម្ចាស់យ៉ាងដូចម្តេច?

គ្រីស្តបរិស័ទចូលរួមអភិបូជានៅល្ងាចមុនថ្ងៃអាទិត្យ ឬនៅថ្ងៃអាទិត្យផ្ទាល់តែម្តង។ គ្រីស្តបរិស័ទក៏តមឬ ជៀសវាងការធ្វើពលកម្មណាដែលរារាំងពួកគេក្នុងការចូលរួមគោរពប្រណិប័តន៍ព្រះជាម្ចាស់ ឬរំខាន អំណរសប្បាយ ការសម្រាក និងជាពិសេសគឺប៉ះពាល់ដល់ថ្ងៃរបស់ព្រះអម្ចាស់។ [2177-2186,2192-2193]

៣៦៦.ហេតុអ្វីបានជាសង្គមស៊ីវិលឱ្យតម្លៃទៅលើថ្ងៃអាទិត្យដូចថ្ងៃសម្រាកបុណ្យជាតិដូច្នេះដែរ?

ថ្ងៃអាទិត្យពិតជាថ្ងៃសម្រាកដ៏ល្អសម្រាប់សង្គមដែរ ដោយសារការឈប់សម្រាក់ថ្ងៃអាទិត្យនេះ មនុស្សមិនស្ថិតនៅក្រោមការធ្វើពលកម្មទេ គឺមនុស្សជាម្ចាស់នៃការងារពលកម្ម។ [2188,2192-2193]

ជំពូកទី២
ត្រូវស្រលាញ់អ្នកដទៃឱ្យបានដូចស្រលាញ់ខ្លួនឯង

ប្រការទី៤៖ ចូរគោរពមាតាបិតា

៣៦៧.តើប្រការទី៤ជាប់ពាក់ព័ន្ធទៅនឹងនរណា? តើយើងត្រូវប្រព្រឹត្តយ៉ាងដូចម្តេចចំពោះប្រការនេះ ?

ប្រការទី៤នេះជាប់ពាក់ព័ន្ធទៅនឹងឪពុកម្តាយខាងរូបកាយ ក៏ដូចជាចំពោះអស់អ្នកណាដែលយើងបានជំពាក់គុណអំពីជីវិត សុខុមាលរភាព សុខសុវត្តិភាព និងជំនឿផងដែរ។ [2196-2200,2247-2248]

៣៦៨.តើគ្រួសារមានសារៈសំខាន់ដូចម្តេចខ្លះនៅក្នុងគម្រោងការណ៍បង្កើតរបស់ព្រះជាម្ចាស់ ?

បុរស និងស្រ្តី នៅពេលដែលរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ដោយរួមជាមួយកូនរបស់ខ្លួន ក្លាយទៅជាគ្រួសារមួយ។ ព្រះជាម្ចាស់ចង់ឱ្យសេចក្តីស្រលាញ់របស់គូរស្រករនេះ អាចបង្កើតកូនបន្តពូជ ហើយកូនទាំងអស់នេះ ព្រះជាម្ចាស់បានប្រគល់ឱ្យឪពុកម្តាយជាអ្នកបីបាច់ថែរក្សា ដើម្បីកូនទាំងអស់នេះបានទទួលតម្លៃថ្លៃថ្នូរជាមនុស្សដូចឪពុកម្តាយរបស់ពួកគេដែរ។ [2201-2206,2249]

៣៦៩.តើមានអ្វីអាចមកជំនួសឱ្យគ្រួសារបានទេ?

កូនៗទាំងអស់ត្រូវបានកើតចេញពីឪពុកម្តាយ ហើយពួកគេប្រាថ្នាចង់ធំដឹងក្តីដោយស្ថិតនៅក្នុងភាពកក់ក្តៅ ថ្នាក់ថ្នម និងថែរក្សាពីក្រុមគ្រួសារដើម្បីទទួលបានសុវត្ថិភាព​ និងសុភមង្គល។ [2207-2208]

៣៧០.ហេតុអ្វីបានជារដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ថែរក្សា និងលើកស្ទួយក្រុមគ្រួសារ?​

ដោយសារសុភមង្គល និងអនាគតរបស់ប្រទេសជាតិអាស្រ័យទៅលើសមាសភាគដ៏តូចគឺក្រុមគ្រួសារ ដើម្បីរស់នៅ និងបន្តអភិវឌ្ឍន៍។ [2209-2213,2250]

៣៧១.តើកូនៗត្រូវគោរពឪពុកម្តាយយ៉ាងដូចម្តេច?

កូនៗទាំងអស់ត្រូវតែគោរពឪពុកម្តាយ និងលើកតម្កើងតម្លៃកត្តិយសរបស់លោកទាំងពីរដោយចិត្តស្រលាញ់ និងដឹងគុណជានិច្ច។ [2214-2270,2251]

៣៧២.តើឪពុកម្តាយត្រូវគោរពចំពោះកូនៗរបស់ខ្លួនយ៉ាងដូចម្តេច?

ព្រះជាម្ចាស់បានប្រគល់កូនៗទាំងអស់នេះជូនទៅដល់ឪពុកម្តាយ ដើម្បីឱ្យលោកទាំងពីរធ្វើជាគម្រូល្អ រឹងមាំ និងត្រឹមត្រូវ។ ឪពុកម្តាយត្រូវចេះគិតគូរ ស្រលាញ់ គោរព ធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យកូនៗរីកចម្រើនទាំងផ្លូវកាយ ក៏ដូចជាស្មារតី។ [2221-2231]

៣៧៣.តើត្រូវធ្វើដូចម្តេចដើម្បីឱ្យគ្រួសារអាចរស់នៅរួមក្នុងជំនឿតែមួយ?  

ក្រុមគ្រួសារគ្រីស្តបរិស័ទគឺជាព្រះសហគមន៍រួមតូចមួយ សមាជិកទាំងអស់ក្នុងគ្រួសារត្រូវបានអញ្ចើញឱ្យជួយគ្នាទៅវិញទៅមកដើម្បីរីកចម្រើនឡើងក្នុងជំនឿ និងស្មោះត្រង់ចំពោះព្រះជាម្ចាស់។ សមាជិកម្នាក់ៗត្រូវតែអធិដ្ឋានឱ្យគ្នាទៅវិញទៅមក ក៏ដូចជាសហការគ្នាក្នុងកិច្ចការមេត្តាករុណាផងដែរ។ [2226-2227]

៣៧៤.ហេតុអ្វីបានជាព្រះជាម្ចាស់មានសារៈសំខាន់ជាងគ្រួសារ?

គ្មាននរណាម្នាក់អាចរស់នៅដោយមិនមានទំនាក់ទំនងជាមួយអ្នកដទៃបានទេ។ ទំនាក់ទំនងដែលសំខាន់ និងជាចម្បងគឺជាការទំនាក់ទំនងជាមួយព្រះជាម្ចាស់ ហើយការទំនាក់ទំនងនេះដើរហួសពីការទំនាក់ទំនងរវាងមនុស្សនិងមនុស្ស និងដើរហួសពីការទំនាក់ទំនងក្នុងគ្រួសារផងដែរ។ [2232-2233]

៣៧៥.តើត្រូវប្រើប្រាស់អំណាចដូចម្តេ​ចឱ្យបានសមស្រប?​

ការប្រើប្រាស់អំណាចឱ្យបានសមស្របគឺជាការប្រព្រឹត្តតាមគម្រូរបស់ព្រះយេស៊ូ ដោយមិនប្រើប្រាស់តាមតែអំពើចិត្តរបស់ខ្លួននោះឡើយ។ [2234-2237,2254]

៣៧៦.តើពលរដ្ឋត្រូវមានទំនួសខុសត្រូវអ្វីខ្លះចំពោះមាតុភូមិ ?

ពលរដ្ឋនីមួយៗត្រូវមានកាតព្វកិច្ចសហការរួមជាមួយអាជ្ញាធរដែនដី និងរួមចំណែកក្នុងផលប្រយោជន៍រួមដោយក្នុងសេចក្តីពិត  យុត្តិធម៌ សេរីភាព និងអន្តរកម្ម។ [2238-2246]

៣៧៧.តើនៅពេលណាដែលយើងត្រូវតែបដិសេធ មិនព្រមធ្វើតាមបញ្ជារបស់រដ្ឋអំណាច?

គ្មាននរណាអាចប្រតិបត្តិតាមច្បាប់នៃរដ្ឋអំណាចបានទេ ខណៈពេលដែលច្បាប់នោះដើរផ្ទុយពីធម្មវិន័យរបស់ព្រះជាម្ចាស់។ [2242-2246,2256-2257]

ប្រការទី៥៖ កុំសម្លាប់មនុស្ស

៣៧៨.ហេតុអ្វីមិនអាចធ្វើអត្តឃាត ឬសម្លាប់មនុស្សបាន?

មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានអំណាចលើជីវិត និងសេចក្តីស្លាប់។ គ្មាននរណាម្នាក់មានសិទ្ធិក្នុងការសម្លាប់មនុស្សបានទេ លើកលែងតែក្នុងកាលៈទេសៈដែលការពារខ្លួនយ៉ាងសមហេតុសមផលពីការប៉ុនប៉ងធ្វើឃាតពីអ្នកដទៃ។ [2258-2262,2318-2320]

៣៧៩.តើប្រការទីប្រាំហាមប្រាមមិនឱ្យរំលោភបំពានទៅលើជីវិតយ៉ាងដូចម្តេច?

ការសម្លាប់មនុស្ស ឬរួមគំនិតក្នុងការសម្លាប់មនុស្សគឺត្រូវបានហាមឃាត់។ ក្នុងសមោរភូមិ ការសម្លាប់មនុស្សដោយគ្មានអាវុធ ក៏ត្រូវបានហាមប្រាម។​ ការពន្លូតកូនក្នុងផ្ទៃត្រូវបានហាមឃាត់ជាដាច់ខាត។ ការធ្វើអត្តឃាត កាត់អាវៈយវៈ ការបំផ្លាញខ្លួនប្រាណសុទ្ធតែហាមឃាត់។ ការជួយឱ្យអ្នកជម្ងឺ អ្នកពិការ និងអ្នកដែលហៀបនឹងស្លាប់ ស្លាប់ភ្លាមៗក៏ត្រូវបានហាមឃាត់ដែរ។ [2268-2283,2322-2325]

៣៨០.ហេតុអ្វីយើងអាចប្រព្រឹត្តឃាតកម្មដើម្បីការពារខ្លួនបាន?

នៅពេលមានមនុស្សដែលកំពុងធ្វើសកម្មភាពដើម្បីបំពានលើអាយុជីវិតរបស់អ្នកដទៃ យើងត្រូវតែហាមឃាត់ និងអន្តរគមន៍ជាកំហិត ទោះបីការអន្តរគមន៍នោះអាចបណ្តាលឱ្យបាត់បង់ជីវិតក្តី។ [2263-2265,2321]

៣៨១.ហេតុអ្វីបានជាព្រះសហគមន៍ប្រឆាំងនឹងច្បាប់ប្រហារជីវិត ?

ដោយសារច្បាប់ប្រហារជីវិត ជាអំពើដ៏ឃោរឃៅ និងមិនមានប្រយោជន៍។ (សម្តេចប៉ាប យ៉ូហាន ប៉ូល ទី​២)  [2266-2267]

៣៨២.តើយើងអាចជួយអ្នកដទៃស្លាប់ទៅយ៉ាងស្រួលបានដែរឬទេ ?

ការធ្វើឱ្យនរណាម្នាក់ស្លាប់គឺជាអំពើប្រឆាំងនឹងធម្មវិន័យ “ កុំសម្លាប់មនុស្ស ” (សរ ២០,១៣)។ តែផ្ទុយទៅវិញ ត្រូវកំដរ និងជួយទុក្ខធុរៈអ្នកដែលហៀបនឹងស្លាប់នោះ ព្រោះនេះជាតួនាទីរបស់យើងជាមនុស្សដែលខានពុំបាន។ [2278-2279]

៣៨៣.ហេតុអ្វីមិនអាចរម្លូតតកូនបាន?

អាយុជីវិតរបស់មនុស្សគឺបានមកពីព្រះជាម្ចាស់ និងជាកម្មសិទ្ធិរបស់ព្រះអង្គ។ ជីវិតនេះមានលក្ខណៈវិសុទ្ធ តាំងពីពេលកកើតជាដុំឈាមដំបូងក្នុងផ្ទៃម្តាយ និងមិនស្ថិតនៅក្រាមការព្យាបាទពីនរណាម្នាក់ទេ។ “ យើងស្គាល់អ្នកតាំងពីមុនពេលដែលយើងបានសូនអ្នក ក្នុងផ្ទៃម្តាយម៉្លេះ យើងក៏បានញែកអ្នកទុកសម្រាប់យើង តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្តាយដែរ។ យើងតែងតាំងអ្នកឱ្យធ្វើជាព្យាការីសម្រាប់ប្រជាជាតិនានា​”។ ( យរ ១,៥ )។ [2270-2274,2322]

៣៨៤.តើយើងអាចរម្លូតទារកដែលពិការបានដែលឬទេ?

យើងមិនអាចរម្លូតកូននេះបានទេ ទោះបីក្នុងគោលបំណងមិនឱ្យក្មេងនេះមានការឈឺចាប់នៅពេលក្រោយក្តី ក៏អំពើនេះជាអំពើបាបធ្ងន់ដែរ។

៣៨៥.តើយើងអាចធ្វើការពិសោធន៍ទៅលើអំព្រីយ៉ុង ឬទៅលើកោសិកាណាមួយបានដែលឬទេ?

មិនអាចបានទេ។ អំព្រីយ៉ុងត្រូវបានចាត់ទុកថាជាមនុស្សម្នាក់ ព្រោះជីវិតមនុស្ស​ចាប់ផ្តើមនៅពេលដែលមេជីវិតឈ្មោលជួបនឹងអូវ៉ុល (មេជីវិតញី) នៅពេលនោះជីវិតបានកើតឡើង។ [2275,2323]

៣៨៦.ហេតុអ្វីបានប្រការទី៥ការពារផ្នែកទាំងស្រុងនៃរូបកាយ និងផ្លូវវិញ្ញាណរបស់មនុស្ស ?

ដោយសារសិទ្ធិ និងតម្លៃថ្លៃថ្នូររបស់មនុស្សគឺតែមួយ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ។ យើងអាចសម្លាប់វិញ្ញាណរបស់មនុស្សម្នាក់ ដោយណែនាំគេចូលក្នុងផ្លូវអាក្រក់ ប្រព្រឹត្តអំពើបាប  នេះអាចចាត់ទុកថាការសម្លាប់មនុស្សបានដែរ។

៣៨៧.តើយើងគួរតែប្រព្រឹត្តចំពោះរូបកាយរបស់យើងយ៉ាងដូចម្តេច?

ប្រការទី៥នេះក៏បានហាមប្រាមមិនឱ្យប្រើអំពើហឹង្សា ឬទណ្ឌកម្មលើរូបរាងកាយរបស់ខ្លួនឯងដែរ ព្រោះព្រះយេស៊ូបានអញ្ចើញយើងទាំងអស់គ្នាឱ្យចេះស្រលាញ់ខ្លួនឯង “ត្រូវស្រលាញ់អ្នកដទៃឱ្យបានដូចស្រលាញ់ខ្លួនឯង ”។ (មថ ២២,៣៩)។

៣៨៨.តើសុខភាពមានសារសំខាន់ដូចម្តេច?

សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ប៉ុន្តែមិនមែនដាច់ខាតនោះទេ។ យើងគួរតែអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានឱ្យយើងមានរូបកាយ ដូច្នេះយើងត្រូវចេះថែរក្សា ប៉ុន្តែមិនមែនដើម្បីគិតតែពីរូបកាយនេះជានិច្ចនោះទេ។ [2288-2290]

៣៨៩.ហេតុអ្វីការប្រើប្រាស់គ្រឿងញៀនជាអំពើបាប?

ការប្រើប្រាស់គ្រឿងញាណគឺជាអំពើបាប ដោយសារវាប៉ះពាល់ដល់សុខភាព និងបំផ្លាញរូបរាងកាយរបស់ខ្លួន ទាំងអស់នេះគឺជាការបំពានទៅលើជីវិតដែលព្រះជាម្ចាស់បានប្រទានមកឱ្យយើងដោយសេចក្តីស្រលាញ់របស់ព្រះអង្គ។ [2290-2291]

៣៩០.តើមានសិទ្ធិក្នុងការធ្វើពិសោធន៍តាមបែបវិទ្យាសាស្ត្រចំពោះមនុស្សដែលកំពុងមានជីវិតបានដែរឬទេ?​

រាល់ការពិសោធន៍ផ្នែកវិជ្ជសាស្រ្ត ចិត្តសាស្ត្រ និងវិទ្យាសាស្ត្រទៅលើមនុស្សដែលកំពុងមានជីវិត អាចប្រព្រឹត្តទៅបានលុះត្រាតែលទ្ធផលនោះនាំមកនូវប្រយោជន៍ចំពោះសុខភាពរបស់មនុស្ស ដោយគ្មានវិធីណាផ្សេងក្រៅពីនេះ។ ទោះជាយ៉ាងណាក្តី ក៏ត្រូវទាមទារសេរីភាព​ និងការអនុញ្ញាត្តពីភាគីដែលត្រូវពិសោធន៍ផងដែរ។ [2292-2295]

៣៩១.ហេតុអ្វីបានជាការបរិច្ចាកសរីរាង្គណាមួយរបស់មនុស្សមានសារៈសំខាន់?

ការបរិច្ចាកសរីរាង្គណាមួយពិតជាមានសារៈសំខាន់ ព្រោះវាអាចបន្លាយពេលវេលា ឬ ពង្រីកគុណភាពនៃជីវិតរបស់មនុស្ស ទាំងនេះគឺជាការបម្រើយ៉ាងពិតប្រាកដចំពោះអ្នកដទៃ ប៉ុន្តែមិនត្រូវបង្ខិតបង្ខំនរណាម្នាក់ឱ្យធ្វើការបរិច្ចាកឡើយ។ [2296]

៣៩២.តើអំពើដែលរំលោភបំពានទៅលើរូបរាងកាយទាំងមូលមានអ្វីខ្លះ?

គឺការប្រើអំពើហឹង្សា ចាប់ជំរិត ចាប់ជាចំណាប់ខ្មាំង ភេរវកម្ម ធ្វើទារុណកម្ម រំលោភខាងផ្លូវភេទ វពា្ឍកម្ម(ការធ្វើឱ្យលែងមានកូន) និងកាត់អវៈយវៈណាមួយ។ [2297-2298]

៣៩៣.តើគ្រីស្តបរិស័ទអាចជួយអ្វីខ្លះដល់អស់អ្នកដែលហៀបនឹងស្លាប់បាន?

គ្រីស្តបរិស័ទមិនអាចទុកឱ្យនរណាម្នាក់ជិតស្លាប់ក្នុងភាពឯកោបានទេ ត្រូវជួយពួកគេឱ្យមានពេលវេលាចុងក្រោយនៃជីវិតដែលពោពេញទៅដោយសេចក្តីសង្ឃឹម​ និងភាពសុខសាន្ត ដោយឱ្យពួកគេទទួលស្គាល់ថាពួកគេពិតជាមានតម្លៃថ្លៃថ្នូរជាមនុស្ស។ ត្រូវអធិដ្ឋានរួមជាមួយពួកគេ និងជួយពួកគេអាចទទួលអគ្គសញ្ញាចុងក្រោយនៃជីវិតផងដែរ។

៣៩៤.តើគ្រីស្តបរិស័ទប្រព្រឹត្តដូចម្តេចចំពោះសពដែលបានចែកឋានទៅហើយ?

គ្រីស្តបរិស័ទគោរព និងស្រលាញ់សពរបស់អ្នកដែលបានចែកឋានទៅហើយនោះ ព្រោះគ្រីស្តបរិស័ទទទួលស្គាល់ថា ព្រះជាម្ចាស់បានត្រាស់ហៅអ្នកនោះឱ្យទទួលជីវិតថ្មី។ [2300-2301]

៣៩៥.តើសន្តិភាពជាអ្វី?

សន្តិភាពគឺជាផលផ្លែនៃយុត្តិធម៌ និងជាសញ្ញានៃសេចក្តីស្រលាញ់ដោយបង្ហាញកិច្ចការមេត្តាករុណា។ ˝ទីណាដែលមានសន្តិភាព  ទីនោះសត្វលោក និងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតនឹងមានសណ្តាប់ធ្នាប់ល្អប្រសើរ។ ˝ (សន្តថូម៉ាស អាហ្វៃណាស)។ សន្តិភាពនៅក្នុងពិភពលោកគឺជារូបភាពនៃសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ត ដែលបានផ្សះផ្សាររវាងផ្ទៃមេឃ និងផែនដី។ [2304-2305]

៣៩៦.តើគ្រីស្តបរិស័ទត្រូវទប់កំហឹងរបស់ខ្លួនដោយរបៀបណា?

សន្តប៉ូលបានបង្រៀនថា៖ ˝ប្រសិនបើបងប្អូនខឹងសូមប្រយ័ត្នកុំប្រព្រឹត្តអំពើបាប កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។ ˝ (អភ ៤,២៦)។ [2302-2304]

៣៩៧.តើព្រះយេស៊ូបានគិតអ្វីអំពីមាគ៌ាអហឹង្សា ?

ព្រះយេស៊ូបានលើកកម្ពស់ និងឱ្យតម្លៃទៅលើមាគ៌ាអហឹង្សា​។ ព្រះអង្គបានបង្រៀនក្រុមសាវ័កថា ៖ ˝កុំតបតនឹងមនុស្សកំណាចឱ្យសោះ បើមានគេទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឱ្យគេទះម្ខាងទៀតទៅ។ ˝ (មថ ៥,៣៩)។ [2311]

៣៩៨.តើគ្រីស្តបរិស័ទត្រូវតែជាអ្នកស្រលាញ់សន្តិភាពឬយ៉ាងណា?

ព្រះសហគមន៍ជាអ្នកខ្នះខ្នែងការពារសន្តិភាព ប៉ុន្តែមិនផ្អៀងទៅរកចលនាសន្តិភាពនិយមនោះទេ។ ប្រាកដណាស់គ្មាននរណាអាចបដិសេធ ឬប្រឆាំងទៅនឹងរដ្ឋអំណាចអំពីសិទ្ធិមូលដ្ឋានក្នុងការប្រើប្រាស់អាវុធដើម្បីការពារជីវិតរបស់ខ្លួនបានទេ។ សង្គ្រាម អាចកើតមានឡើងក្នុងហេតុផលសមស្រប ដែលវិធីសាស្ត្រនេះជាជម្រើសចុងក្រោយបំផុតក្នុងការដោះស្រាយជម្លោះ។ [2308]

៣៩៩.តើពេលណាអាចប្រើប្រាស់កម្លាំងទព័បាន?

ការប្រើប្រាស់កម្លាំងទ័ពគឺនៅពេលដែលត្រូវធ្វើការការពារចាំបាច់ក្នុងគ្រាមានអាសន្ន។ មានហេតុផលខ្លះដែលបង្លាញថាសង្គ្រាមស្របតាមច្បាប់ ៖ ១.ការប្រកាសសង្គ្រាមដែលចេញពីអ្នកកាន់អំណាចរដ្ឋស្របច្បាប់។ ២.ត្រូវមានហេតុផលសមស្របក្នុងការប្រកាសសង្គ្រាម។ ៣.ក្នុងគោលបំណងល្អ។ ៤.សង្គ្រាមគឺជាដំណោះស្រាយចុងក្រោយក្នុងការបញ្ចប់បញ្ហា។ ៥.វិធីសាស្រ្តដែលប្រើត្រូវតែមានតុល្យភាព។ ៦.ត្រូវមានទស្សនវិស័យក្នុងការឈានទៅរកភាពជោគជ័យ។ [2307-2309]

ប្រការទី៦៖ កុំប្រព្រឹត្តអំពើផិតក្បត់

៤០០.ហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតមនុស្សជាបុរស ជាស្ត្រី?

ព្រះជាម្ចាស់បានបង្កើតមនុស្សជាបុរស និងជាស្ត្រី ដើម្បីឱ្យគេចេះជួយគ្នា និងស្រលាញ់គ្នាទៅវិញទៅមក។ ព្រះជាម្ចាស់បានដាក់ចំណង់តញ្ហានៅក្នុងខ្លួនមនុស្ស  និងសមត្ថភាពរាល់ចំណង់សប្បាយខាងរូបកាយ។ ព្រះជាម្ចាស់បានបង្កើតគេដើម្បីបន្តជីវិត ( បន្តពូជ )។ [2331-2333-2335,2392]

៤០១.តើមនុស្សប្រុសលេចថ្លោរជាងមនុស្សស្រីឬយ៉ាងណា?

មិនអាចទេ ព្រោះព្រះជាម្ចាស់ប្រទានឱ្យមនុស្សប្រុសនិងស្រីមានតម្លៃថ្លៃថ្នូរស្មើគ្នា មានសិទ្ធិស្មើគ្នា។ [2331-2335]

៤០២.តើសេចក្តីស្រលាញ់ជាអ្វី?

សេចក្តីស្រលាញ់គឺជាការថ្វាយខ្លួន( ប្រគល់ខ្លួន ) ដោយសេរីភាព និងអស់ពីចិត្តទៅឱ្យអ្នកដទៃ។ [2346]

៤០៣.តើសេចក្តីស្រលាញ់មានទំនាក់ទំនងយ៉ាងដូចម្តេចចំពោះការរួមភេទ?

យើងមិនអាចផ្តាច់ទំនាក់ទំនងរវាងការរួមភេទ និងសេចក្តីស្រលាញ់បានទេ។ ការរួមភេទទាមទារឱ្យមានសេចក្តីស្រលាញ់ដ៏ស្មោះស្ម័គ្រ និងអាចទុកចិត្តបាន។ [2337]

៤០៤. តើសេចក្តីស្រលាញ់ប្រកបដោយព្រហ្មចារីធម៌មានន័យដូចម្តេច? ហេតុអ្វីបានជាគ្រីស្តបរិស័ទត្រូវមានសេចក្តីស្រលាញ់ប្រកបដោយព្រហ្មចារីធម៌?

សេចក្តីស្រលាញ់ប្រកបដោយព្រហ្មចារីធម៌គឺជាសេចក្តីស្រលាញ់ដែលការពារខ្លួនឱ្យចាកផុតពីការល្បួងគ្រប់បែបយ៉ាងផ្នែកខាងក្នុង ដែលខាងក្រៅខ្លួនមនុស្សចង់បំផ្លាញវា។ អ្នកដែលរក្សាព្រហ្មចារីធម៌ គឺជាអ្នកដែលចេះប្រើរបៀបនៃការរួមភេទប្រកបដោយសីលធម៌។ ព្រហ្មចារីធម៌និងទំនាក់ទំនងខាងផ្លូវភេទគឺជារឿងពីរផ្សេងគ្នា ដូច្នេះអស់អ្នកដែលរស់នៅជីវិតជាគូស្វាមីភរិយាក៏ត្រូវរក្សាព្រហ្មចារីភាពដែរ។ អ្នកដែលប្រកបដោយព្រហ្មចារីធម៌គឺជាអ្នកដែលចេះធ្វើម្ចាស់ការលើខ្លួនឯង ដើម្បីបង្ហាញនូវសេចក្តីស្រលាញ់ដ៏ស្មោះស្ម័គ្រ និងអាចទុកចិត្តបាន។ [2238]

៤០៥.តើយើងអាចរស់នៅជីវិតប្រកបដោយព្រហ្មចារីភាពបានយ៉ាងដូចម្តេច?

ព្រហ្មចារីភាពជួយឱ្យយើងរស់នៅដោយសេរីភាពក្នុងការស្រលាញ់ មិនរណបក្រោមឥទ្ធិពលនៃសភាវគតិ និងតណ្ហា។ ព្រហ្មចារីភាពគឺអ្វីៗដែលជួយឱ្យយើងកាន់តែរីកចម្រើនឡើង កាន់តែមានសេរីភាព កាន់តែចេះស្រលាញ់ កាន់តែមានទំនាក់ទំនង និងជួយឱ្យយើងចេះស្រលាញ់ដោយភក្តីភាព។

៤០៦.តើមនុស្សទាំងអស់ត្រូវរស់នៅប្រកបដោយព្រហ្មចារីភាពឬយ៉ាងណា ? តើសូម្បីតែអ្នកដែលរស់នៅជីវិតជាគួរស្វាមីភរិយាត្រូវរក្សាព្រហ្មចារីភាពដែរឬយ៉ាងណា?

គ្រីស្តបរិស័ទទាំងអស់ត្រូវបានអញ្ចើញឱ្យរស់នៅក្នុងសេចក្តីស្រលាញ់ប្រកបដោយព្រហ្មចារីភាព ទោះបីជាមនុស្សចាស់ ឬក្មេងក្តី រស់នៅជីវិតជាគូរស្រករ ឬជីវិតនៅលីវក្តី។ [2348-2349,2394]

៤០៧. ហេតុអ្វីបានជាព្រះសហគមន៍ប្រឆាំងនឹងការរួមភេទមុនរៀបអាពាហ៍ពិពាហ៍?

ដោយសារព្រះសហគមន៍ចង់ថែរក្សាសេចក្តីស្រលាញ់។ គ្មានកាដូណាមួយដែលមានតម្លៃលើសលប់ជាងការប្រគល់ខ្លួនឯងឱ្យទៅអ្នកដទៃឡើយ។ បងស្រលាញ់អូន អូនស្រលាញ់បង មានន័យថា បងចង់បានតែអូន អូនចង់បានតែបង បងចង់បានអ្វីៗទាំងអស់ដែលជារបស់អូន អូនចង់បានអ្វីៗទាំងអស់ដែលជារបស់បង និងបងចង់ប្រគល់រូបកាយបងជូនអូនតែម្នាក់គត់។ ដូច្នេះហើយ យើងមិនអាចនិយាយថា ខ្ញុំសូមស្រលាញ់គ្នាបណ្តោះអាសន្នសិន សាកល្បងស្រលាញ់ និងស្រលាញ់គ្នាត្រឹមតែរូបរាងកាយប៉ុណ្នោះបានទេ។ 2350-2391]

៤០៨. តើយើងអាចរស់នៅជីវិតជាគ្រីស្តបរិស័ទបានដែរឬទេ ខណៈពេលដែលយើងបានមានទំនាក់ទំនងផ្លូវភេទ ឬបានរួមភេទមុនរៀបអាពាហ៍ពិពាហ៍ទៅហើយ?

ព្រះជាម្ចាស់ស្រលាញ់យើងក្នុងគ្រប់កាលៈទេសៈ និងដោយគ្មានលក្ខខណ្ឌ ទោះបីយើងកំពុងស្ថិតនៅក្នុងសភាពដែលពោរពេញទៅដោយអំពើបាបក៏ដោយ។ លើសពីនេះ​ ព្រះអង្គជួយយើងឱ្យរកឃើញសេចក្តីពិតនៃសេចក្តីស្រលាញ់ និងមាគ៌ានាំឆ្ពោះទៅកាន់ការរស់នៅប្រកបដោយសេចក្តីស្រលាញ់ដ៏ត្រឹមត្រូវនិងច្បាស់ លាស់ជាង ពីមួយថ្ងៃទៅមួយថ្ងៃ។

៤០៩.តើការសម្រេចកាមដោយខ្លួនឯងមានផលប៉ះពាល់អ្វីដល់សេចក្តីស្រលាញ់ដែរឬទេ?

ការសម្រេចកាមដោយខ្លួនឯងគឺប្រឆាំងទៅនឹងសេចក្តីស្រលាញ់ ដោយសារវាជាចំណង់នៃការសម្រេចនូវតណ្ហាផ្លូវភេទដោយម្នាក់ឯង ដោយមិនមែនជាការបង្កើនសេចក្តីស្រលាញ់រវាងដៃគូរពីរនាក់នោះទេ នេះជាមូលហេតុដែលការសម្រេចកាមដោយខ្លួនឯងប្រឆាំងទៅនឹងសេចក្តីស្រលាញ់។ [2352]

៤១០.តើកាមគុណជាអ្វី?

កាមគុណគឺជាការរួមសង្វាសក្រៅពីចំណងនៃអាពាហ៍ពិពាហ៍ វាប្រព្រឹត្តទៅរវាងបុរស និងស្ត្រីដែលមិនបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។ បច្ចុប្បន្ននេះអំពើកាមគុណនេះបានបង្ខូច ក៏ដូចជាការរំលោភរំពានទៅលើផ្លូវភេទកុមារផងដែរ។ [2353]

៤១១.ហេតុអ្វីបានជាពេស្យាចារគឺជារូបភាពរបស់កាមគុណ?

ពេស្យាចារបង្ខូចឋានៈដ៏ថ្លៃថ្នូររបស់អ្នកដែលលក់ខ្លួន ដែលហាក់ដូចជាវត្ថុសប្បាយម៉្យាង។ ដូច្នេះហើយបានជាពេស្យាចារធ្វើឱ្យប៉ះពាល់ដល់តម្លៃថ្លៃថ្នូររបស់មនុស្ស វាគឺជាអំពើបាបធ្ងប់ប្រឆាំងទៅនឹងសេចក្តីស្រលាញ់។ [2355]

៤១២.ហេតុអ្វីបានជាការផលិតរូបភាពអាសអាភាសគឺជាអំពើបាបប្រឆាំងទៅនឹងសេចក្តីស្រលាញ់?

ការរំលោភបំពានទាំងឡាយណាដែលប្រឆាំងទៅនឹងសេ​ចក្តីស្រលាញ់ គឺបានបំបែកការរួមបវរណីរបស់គូរស្រករចេញពីសេចក្តីស្រលាញ់របស់អ្នកទាំងពីរ វាធ្វើឱ្យសេចក្តីស្រលាញ់ក្លាយទៅជាទំនិញមួយដើម្បីលក់ដូរតែប៉ុណ្ណឹង អ្វីទាំងអស់នេះសុទ្ធតែជាអំពើបាបធ្ងន់។ សម្រាប់អស់អ្នកដែលបានផលិត លក់ដូរ ប្រើប្រាស់របស់ក្រោមរូបភាពអាសអាភាស សុទ្ធតែបានបំពានទៅលើតម្លៃថ្លៃថ្នូររបស់មនុស្ស​ និងនាំឱ្យអ្នកដទៃប្រព្រឹត្តអំពើបាបផងដែរ។ [2523]

៤១៣. ហេតុអ្វីបានជាការរំលោភលើផ្លូវភេទគឺជាបាបធ្ងន់?

អស់អ្នកដែលរំលោភបំពានលើផ្លូវភេទអ្នកដទៃ គឺជាការបន្ទាបបន្ថោកតម្លៃថ្លៃថ្នូររបស់គេយ៉ាងធ្ងន់ធ្ងរបំផុត។ អ្នកប្រព្រឹត្តបែបនេះគឺបានប្រើអំពើថោកទាប ធ្វើឱ្យអ្នករងគ្រោះរងរបួសយ៉ាងឈឺផ្សារបំផុតក្នុងជម្រៅចិត្តរបស់គេ និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសមត្ថភាពនៃការស្រលាញ់របស់គេផងដែរ។ [2356]

៤១៤. តើព្រះសហគមន៍មានយោបល់យ៉ាងដូចម្តេចចំពោះការប្រើប្រាស់ស្រោមអនាម័យដើម្បីការពារមេរោគអេដស៍?

ព្រះសហគមន៍មិនអនុញ្ញាតឱ្យប្រើប្រាស់ស្រោមអនាម័យ មិនមានន័យថាស្រោមអនាម័យនេះមិនមានសុវត្តិភាពនោះទេ ប៉ុន្តែព្រះសហគមន៍មិនចាត់ទុកការប្រើប្រាស់ស្រោមអនាម័យនេះជាមធ្យោបាយកាពារការឆ្លងមេរោគអេដស៍ផ្តាច់មុខទេ។ ព្រះសហគមន៍ ចង់ដាក់តឿនឱ្យប្រើប្រាស់មធ្យោបាយផ្សេងដែលមានលក្ខណៈប្រកបដោយវប្បធម៌ថ្មីរបស់មនុស្ស និងទំនាក់ទំនងប្រកបដោយស្មារតីខ្ពស់។

៤១៥.តើព្រះសហគមន៍គិតដូចម្តេចចំពោះអ្នកដែលស្រលាញ់ភេទដូចគ្នា ?

ព្រះជាម្ចាស់បាបបង្កើតមនុស្សជាបុរស និងជាស្រ្តី ដែលរូបកាយរបស់គេទាំងពីរអា​ចបំពេញឱ្យគ្នាទៅវិញទៅមក។ ព្រះសហគមន៍ទទួលស្គាល់អស់អ្នកដែលយល់ឃើញថាខ្លួនមានទិសដៅក្នុងការស្រលាញ់ភេទដូចគ្នាដែរ ប៉ុន្តែយើងមិនគួររើសអើង និងប្រឆាំងចំពោះពួកគេឡើយ តែផ្ទុយទៅវិញព្រះសហគមន៍បញ្ជាក់ថា រាល់ការរួមភេទរវាងភេទដូចគ្នាទោះបីក្រោមរូបភាពណាក៏ដោយ សុទ្ធតែទៅផ្ទុយនឹងសណ្តាប់ធ្នាប់នៃការបង្កើត។ [2358-2359]

៤១៦. តើអ្វីទៅជាធាតុចម្បងក្នុងអាពាហ៍ពិពាហ៍របស់គ្រីស្តបរិស័ទ?

  1. រក្សាភក្តីភាព (ប្តីមួយប្រពន្ធមួយ) អាពាហ៍ពិពាហ៍គឺជាសម្ពន្ធមេត្រីដែលទាមទារការឯកភាពរវាងរូបកាយ ស្មារតី និងផ្លូវវិញ្ញាណរបស់គូរស្វាមីភរិយា។
  2. រួមរស់ជាមួយគ្នាអស់មួយជីវិត (មិនអាចបំបែកបំបាក់បាន)។
  3. ទទួលកូនដែលព្រះជាម្ចាស់ប្រទានឱ្យ និងអប់រំកូនៗតាមលទ្ធិរបស់ព្រះសហគមន៍។
  4. ត្រូវសន្យាថានឹងបង្កើតសុខុមាលភាពឱ្យគ្នាទៅវិញទៅមក។ [2360-2361,2397-2398]

៤១៧. តើការរួមភេទក្នុងអាពាហ៍ពិពាហ៍មានន័យដូចម្តេច?

ការរួបរួមខាងផ្លូវកាយរបស់ប្តីប្រពន្ធ (រួមភេទ) ដើម្បីបង្ហាញការរួបរួមយ៉ាងជ្រាលជ្រៅក្នុងសេចក្តីស្រលាញ់រវាងគ្នានឹងគ្នា និងព្រមទទួលកូនដែលកើតចេញមកពីសេចក្តីស្រលាញ់រវាងប្តីនិងប្រពន្ធ ដែលកិច្ចការនេះគាប់ព្រះហឫទ័យព្រះជាម្ចាស់។

៤១៨. តើសារៈសំខាន់របស់កូនៗក្នុងអាពាហ៍ពិពាហ៍មានន័យដូចម្តេច?

កូនៗគឺជាការបង្កើត និងជាព្រះអំណោយទានដែលមកពីព្រះជាម្ចាស់។ ពួកគេបានកើតមកដោយសារសេចក្តីស្រលាញ់របស់ឪពុកម្តាយ។ [2378-2398]

៤១៩.តើឪពុកម្តាយគួរមានកូនប៉ុន្មាននាក់?

ឪពុកម្តាយកាតូលិកទទួលកូនទាំងអស់ដែលព្រះជាម្ចាស់ប្រទានមកឱ្យ និងតាមសមត្ថភាពរបស់ឪពុកម្តាយក្នុងការទទួលខុសត្រូវចំពោះកូនៗទាំងអស់នោះ។ [2373]

៤២០.តើគូរស្វាមីភិយាកាតូលិកអាចកំណត់ចំនួនកូនដែលត្រូវមានដែរឬទេ?

ឪពុកម្តាយកាតូលិកគួរតែ និងត្រូវតែមានទំនួសខុសត្រូវចំពោះការប្រើប្រាស់អំណោយនេះទុកជាអភ័យឯកសិទ្ធក្នុងការបញ្ជូនបន្តជីវិត។ [2368-2369,2399]

៤២១. ហេតុអ្វីបានជាវិធីពន្យាកំណើតក្រោមរូបភាពផ្សេងៗ មិនមានលិទ្ធិផលល្អដូចគ្នាដូច្នេះ?

ព្រះសហគមន៍សំណូមពរឱ្យប្រើវិធីពន្យាកំណើតតាមបែបធម្មជាតិ ដោយមើលទៅលើវដ្តរដូវប្រចាំខែរបស់ស្ត្រី។ វិធីសាស្ត្រនេះបានផ្តល់ការគោរពទៅលើតម្លៃថ្លៃថ្នូររបស់បុរស និងស្រ្តីក្នុងសេចក្តីស្រលាញ់។ ជួយឱ្យគូស្រករចេះគោរពគ្នាទៅវិញទៅមក នេះគឺជាសាលាដែលបង្រៀនអំពីសេចក្តីស្រលាញ់ដល់គូរស្រករ។ [2370-2372,2399]

៤២២. ប្រសិនបើគូស្រករមួយមិនមានកូន តើគេអាចធ្វើអ្វីបាន?

គូស្រករដែលអសមត្ថភាពក្នុងការបង្កើតកូន ពួកគេអាចសុំជំនួយពីខាងផ្នែកវិជ្ជសាស្រ្តបាន ប្រសិនបើវិធីសាស្រ្តនោះមិនបន្ទាបបន្ថោកតម្លៃថ្លៃថ្នូររបស់មនុស្ស មិនប្រឆាំងនឹងសិទ្ធិកុមារនាពេលអនាគត និងមិនប្រឆាំងនឹងភាពវិសុទ្ធនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍។ [2375-2379]

៤២៣.តើព្រះសហគមន៍គិតដូចម្តេចចំពោះការពោរពោះជំនួស និងការបង្កកំណើតបែបសិប្បនិម្មិត?

ព្រះសហគមន៍បានឱ្យដឹងថា ៖ ការស្វែងរកឱសថដើម្បីជួយឱ្យមានកូនគឺស្របច្បាប់ ប៉ុន្តែត្រូវតែបញ្ឈប់រាល់វិធីសាស្រ្តណាដែលជួយឱ្យមានកូនក្រោមរូបភាពដែលមិនអាចទទួលយកបានផ្នែកសីលធម៌ ក៏ដូចជាមានអ្នកទីបីមកជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់ឪពុកម្តាយ ឬកូនក្មេងត្រូវបានកើតមកដោយការបង្កកំណើតបែបសិប្បនិមិត្តដោយគ្មានការរួមបវេណីរវាងបុរសនិងស្រ្តី។ [2374-2377]

៤២៤.តើអ្វីទៅជាអំពើផិតក្បត់ តើការលែងលះគ្នាខុសសីលធម៌ដែរឬទេ?

ការប្រព្រឹត្តអំពើផិតក្បត់គឺជាការប្រព្រឹត្តបទល្មើសរបស់មនុស្សពីរនាក់ក្នុងទំនាក់ទំនងគូស្រករ យ៉ាងតិចពួកគេធ្លាប់មានប្តី ឬប្រពន្ធរួចទៅហើយ។ ការផិតក្បត់គឺការប្រឆាំងទៅនឹងសេចក្តីស្រលាញ់ គឺរំលោភបំពានទៅលើសម្ពន្ធមេត្រីដែលបានសន្យានៅចំពោះព្រះជាម្ចាស់  និងប្រព្រឹត្តអំពើអយុត្តិធម៌ចំពោះអ្នកជិតខាង។ ព្រះយេស៊ូបានសង្កត់ធ្ងន់ទៅលើការលែងលះគ្នារបស់គូស្រករថា ៖ ˝ មនុស្សមិនត្រូវបំបែកបំបាក់គូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ។ ˝ (មក ១០,៩)។ ដោយផ្អែកទៅលើបំណងដំបូងនៃការបង្កើត ព្រះយេស៊ូបានលុបចោលនូវសេចក្តីអត់ឱនចំពោះច្បាប់ដែលអនុញ្ញាតឱ្យលែងលះគ្នានៅក្នុងសម្ពន្ធមេត្រីចាស់ចោល។

៤២៥. តើព្រះសហគមន៍មានគំនិតយ៉ាងដូចម្តេចចំពោះគូស្រករដែលមិនបានប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍?

សម្រាប់គ្រីស្តបរិស័ទបើមិនទាន់ប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ទេ ព្រះសហគមន៍មិនទាន់ចាត់ទុកថាជាអាពាហ៍ពិពាហ៍ទេ ព្រោះតាមរយៈអគ្គសញ្ញាអាពាហ៍ពិពាហ៍ គឺព្រះយេស៊ូផ្ទាល់បានយាងមកគង់ជាមួយគូស្រករ ហើយប្រទានព្រះពរយ៉ាងបរិបូរលើជីវិតរបស់ពួកគេ។ [2390-2391]

ប្រការទី៧៖ កុំលួចប្លន់គេ

 ៤២៦. តើប្រការទីប្រាំពីរនេះបញ្ជារឱ្យប្រតិបត្តិដូចម្តេចខ្លះ?

ប្រការទីប្រាំពីរនេះមិនត្រឹមតែហាមប្រាមមិនឱ្យលួចប្លន់ទ្រព្យសម្បត្តិគេប៉ុណ្ណោះទេ ប៉ុន្តែទាមទារឱ្យយើងចេះគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បត្តិរបស់ពិភពលោកដោយស្មោះត្រង់និង យុត្តិធម៌។

៤២៧. ហេតុអ្វីបានជាកម្មសិទ្ធិឯកជនមិនត្រូវបានចាត់ទុកជាសិទ្ធិដាច់ខាត ( ផ្តាច់មុខ)?

កម្មសិទ្ធិឯកជនមិនមែនជាសិទិ្ធផ្តាច់មុខ និងឥតលក្ខខណ្ឌនោះទេ ពីព្រោះព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើសម្រាប់មនុស្សលោកទាំងអស់។ [2402-2406,2452]

៤២៨. តើការលួចជាអ្វី? តើប្រការទី៧ប្រៀនប្រដៅអំពីអ្វី?

ការលួចគឺជាការប្រព្រឹត្តល្មើសច្បាប់ក្នុងការរំលោភយកទ្រព្យសម្បត្តិអ្នកដទៃមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ [2408-2410]

៤២៩. តើមានច្បាប់ណាដែលទាក់ទងទៅនឹងកម្មសិទ្ធិខាងបញ្ញាដែរឬទេ?

ការរំលោភយកកម្មសិទ្ធិខាងបញ្ញារបស់បុគ្គលណាម្នាក់ ក៏អាចចាត់ទុកជាការលួចផងដែរ។ [2408- 2409]

៤៣០. តើការផ្លាស់ប្តូរយុត្តិធម៍មានន័យដូចម្តេច?

ការផ្លាស់ប្តូរយុត្តិធម៍គឺជាការផ្លាស់ប្តូររវាងបុគ្គលមួយទៅបុគ្គលមួយ ដោយគោរពលើសិទ្ធិរបស់បុគ្គលនីមួយៗ។ ត្រូវប្រាកដថាកម្មសិទ្ធិបុគ្គលត្រូវបានការពារ  បំណុលត្រូវបានសង កិច្ចសន្យាត្រូវបានបំពេញ រាល់អំពើអយុត្តិធម៍ត្រូវបានលុបលាង និងទ្រព្យសម្បត្តិដែលបានលួចត្រូវបានសងមកវិញ។ [2409]

៤៣១.តើយើងអាចមានសិទ្ធិគេចវេសពីការបង់ពន្ធបានឬទេ?

ការមានគំនិតច្នៃប្រឌិតដើម្បីតទល់ទៅនឹងការគ្រប់គ្រងពន្ធមិនប្រក្រតី នេះមិនត្រូវបានចាត់ទុកថាជាអំពើអយុត្តិធម៌នោះទេ។ តែអ្វីដែលអសីលធម៌គឺជាការប្រើប្រាស់គ្រប់វិធីសាស្រ្តដើម្បីគេចពន្ធ បោកប្រាស់ ប្រព្រឹត្តអំពើដែលបិទបាំងមិនស្របច្បាប់ក្នុងការគេងបន្លំដើម្បីកាត់បន្ថយការបង់ពន្ធជាដើម។ [2409]

៤៣២.តើគ្រីស្តបរិស័ទអាចធ្វើការវិនិយោគភាគហ៊ុននៅលើទីផ្សារ (Stock Market) និងនៅលើបណ្តាញទំនាក់ទំនងសង្គម(Internet Stock) បានដែរឬទេ?

គ្រីស្តបរិស័ទអាចមានសិទ្ធិមានភាគហ៊ុននៅលើទីផ្សារ ឬនៅលើបណ្តាញទំនាក់ទំនងសង្គមបាន លុះត្រាតែការវិនិយោគនេះគឺជាការវិនិយោគ រកស៊ីធម្មតាស្របច្បាប់ និងមានសីលធម៌។

៤៣៣. តើត្រូវប្រើប្រាស់យ៉ាងដូចម្តេចចំពោះទ្រព្យសម្បត្តិរួម?

សម្រាប់អស់អ្នកដែលមានចេតនាចង់បំផ្លាញនូវអ្វីដែលជាកម្មសិទិ្ធរួម ឬទ្រព្យសម្បត្តិសាធារណៈ សកម្មភាពទាំងអស់នេះត្រូវបានចាត់ទុកជាការលួចប្លន់ ហើយត្រូវទាមទារសំណង។ [2409]

៤៣៤. តើគ្រីស្តបរិស័ទអាចលេងល្បែងស៊ីសង ឬល្បែងភ្នាល់គ្នាបានដែរឬទេ?

ល្បែងស៊ីសង ឬល្បែងភ្នាល់គ្នា គឺជាសកម្មភាពអសីលធម៍ និងមានគ្រោះថ្នាក់នៅពេលដែលអ្នកលេងប្រថុយនឹងល្បែងទាំងអស់នេះ វានឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ជាពិសេសសម្រាប់អស់អ្នកដែលស្ថិតនៅក្នុងបន្ទុករបស់យើង ( ប្រពន្ធ កូន និងក្រុមគ្រួសារ .......)។

៤៣៥. តើយើងមានសិទ្ធិក្នុងការជួញដូរមនុស្សដែរឬទេ?

មិនមានសិទ្ធជាដាច់ខាតក្នុងការជួញដូរមនុស្ស សូម្បីតែអាវៈយវៈណាមួយរបស់មនុស្ស  ហើយក៏មិនអាចមានសិទ្ធិក្នុងការលក់ដូរខ្លួនឯងដូចជាទំនិញមួយបានដែរ។ មនុស្សយើងគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានប្រទានមកដោយសេរី និងមានតម្លៃថ្លៃថ្នូរ។ បច្ចុប្បន្ននេះ សកម្មភាពជួញដូរមនុស្សបាន នឹងកំពុងកើតឡើង មិនត្រឹមតែក្នុងរឿងផ្លូវភេទប៉ុណ្ណោះទេ។ សកម្មភាពទាំងអស់នេះត្រូវតែដាក់ទោសយ៉ាងធ្ងន់ធ្ងរបំផុត។ [2414]

៤៣៦. តើយើងត្រូវប្រើប្រាស់សម្បត្តិធម្មជាតិដែលព្រះជាម្ចាស់បានបង្កើតមកយ៉ាងដូចម្តេច?

នៅពេលយើងថែរក្សាផែនដីឱ្យបានយូអង្វែង មានន័យថាយើងបានបំពេញតួនាទីរបស់ព្រះជាម្ចាស់ដែលមកបានបង្កើតអ្វីៗសព្វសារពើ។

៤៣៧.តើយើងត្រូវប្រព្រឹត្តដូចម្តេចចំពោះសត្វលោកនានា?

សត្វក៏ដូចជាមនុស្សយើងដែរ គឺជាសត្វលោកដែលព្រះជាម្ចាស់បានបង្កើតមក។ យើងត្រូវតែយកចិត្តទុកដាក់ថែរក្សាវា យើងរីករាយដោយមានវត្តមានរបស់សត្វទាំងអស់នោះ ក៏ដូចជាព្រះជាម្ចាស់សប្បាយព្រះហឫទ័យដែលបានឃើញនូវអ្វីៗដែលព្រះអង្គបានបង្កើតមកនោះដែរ។ [2416-2418,2456-2457]

៤៣៨.ហេតុអ្វីបានជាព្រះសហគមន៍មានលទ្ធិស្តីអំពីសង្គមរបស់ខ្លួនបែបនេះ?

ដោយសារមនុស្សទាំងអស់សុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់ សុទ្ធតែមានតម្លៃស្មើគ្នា ដូច្នេះព្រះសហគមន៍មានលទ្ធិរបស់ខ្លួនដែលស្តីអំពីមនុស្ស​ ដើម្បីឱ្យតម្លៃថ្លៃថ្នូររបស់មនុស្សត្រូវបានគោរព។ ព្រះសហគមន៍គោរពសិទ្ធិ អំណាចរបស់នយោបាយ និងសេដ្ឋកិច្ច  ប៉ុន្តែនៅពេលណាដែលនយោបាយ និងសេដ្ឋកិច្ចរំលោភបំពានទៅលើតម្លៃថ្លៃថ្នូររបស់មនុស្ស នោះព្រះសហគមន៍និងធ្វើការអន្តរាគមន៍ជាដាច់ខាត។ [2419-2420,2422-2423]

 ៤៣៩.តើលទ្ធិព្រះសហគមន៍ស្តីអំពីសង្គមរីកចម្រើនយ៉ាងដូចម្តេច ?

លទ្ធិព្រះសហគមន៍ស្តីអំពីសង្គមបានចាប់ផ្តើមនៅសតវត្សទី១៩ នៅពេលសង្គមឧស្សាហកម្មទំនើបបានចាប់ផ្តើមអភិវឌ្ឍ  និងដើម្បីឆ្លើយតបទៅនឹងបញ្ហារបស់កម្មករ និងម្ចាស់រោងចក្រ ខណៈពេលដែលមនុស្សមួយចំនួនធំធ្លាក់ទៅក្នុងភាពក្រីក្រ ក្នុងឋានៈជាកម្មករដែលគ្មានសិទ្ធិ និងច្បាប់ដើម្បីការពារពួកគេ។ ដោយសារមូលហេតុនេះហើយបានជាលទ្ធិកមុយនីស្ត(Communism) បានចាប់ផ្តើមកើតមានឡើង ដោយលទ្ធិកមុយនីស្ត មិនអាចអនុគ្រោះបានទេ រវាងលំដាប់ឋានៈពីររវាងកម្មករ និងថៅកែ គួរតែមានការតស៊ូដើម្បីដោះស្រាយបញ្ហានេះ។ ផ្ទុយទៅវិញ ព្រះសហគមន៍គាំទ្រជានិច្ចនូវយុត្តិធម៌សង្គម ដើម្បីរកផលប្រយោជន៍រួមសម្រាប់កម្មករផង និងសម្រាប់ថៅកែផង។ [2421]

៤៤០.តើគ្រីស្តបរិស័ទតម្រូវឱ្យមានការឈឺឆ្កាលរឿងនយោបាយ និងសង្គមដែរឬទេ?

នេះគឺជាតួនាទីពិសេសរបស់គ្រីស្តបរិស័ទកាតូលិក គ្រីស្តបរិស័ទឈឺឆ្អាលចំពោះរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ដើម្បីឱ្យស្របទៅតាមស្មារតីនៃដំណឹងល្អ ៖ មេត្តាករុណា សេចក្តីពិត​ និងយុត្តិធម៌ លទ្ធិព្រះសហគមន៍ស្តីអំពីសង្គម បានផ្តល់នូវការណែនាំយ៉ាងច្បាស់អំពីបញ្ហានេះ។ [2442]

៤៤១.តើព្រះសហគមន៍និយាយអ្វីអំពីប្រជាធិបតេយ្យ?

ព្រះសហគមន៍គាំទ្រប្រជាធិបតេយ្យ ព្រោះវាមានប្រព័ន្ធនយោបាយ មានលក្ខខណ្ឌល្អដើម្បីឱ្យប្រជាជនមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ និងមានការធានាចំពោះសិទ្ធិមនុស្ស។ ប៉ុន្តែប្រជាធិបតេយ្យពិតប្រាកដ មិនមែនស្ថិតលើមតិភាគច្រើនដែលគ្រប់គ្រងដោយអ្នកមានអំណាចនោះទេ ប្រជាធិបតេយ្យពិតប្រាកដ លុះត្រាតែរដ្ឋអំណាចទទួលស្គាល់រាល់សិទ្ធិមូលដ្ឋានដែលព្រះជាម្ចាស់បានប្រទានឱ្យដល់មនុស្សគ្រប់រូប ហើយរដ្ឋអំណាចត្រូវតែការពារសិទ្ធិទាំងអស់នោះ ប្រសិនជាចាំបាច់ រដ្ឋអំណាចត្រូវតែប្រឆាំងទៅនឹងការសម្រេចរបស់មតិភាគច្រើនដែលចង់រំលោភបំពានទៅលើសិទ្ធិមូលដ្ឋានទាំងអស់នេះ។ [1922]

៤៤២.តើព្រះសហគមន៍មានជំហរដូចម្តេចចំពោះមូលធននិយម ឬសេដ្ឋកិច្ចទីផ្សារសេរី ?

មូលធននិយមមិនចាក់ឫសទៅក្នុងប្រព័ន្ធច្បាស់លាស់ទេ នោះវាអាចប្រឈមមុខនិងការទាញយកផលប្រយោជន៍បែបបុគ្គល ដែលផ្ទុយទៅនឹងការស្វែងរកផលប្រយោជន៍រួម។ ព្រះសហគមន៍ប្រឆាំងជាដាច់ខាតចំពោះមូលធននិយមនេះ។ ព្រះសហគមន៍គាំទ្រប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ព្រោះវាមានទិសដៅបម្រើមនុស្សទាំងអស់  បង្ការការគ្រប់គ្រងទំនិញផ្តាច់មុខ  និងផ្តល់ឱកាសឱ្យប្រជាជនមានការងារធ្វើ ថែមទាំងផ្គត់ផ្គង់នូវរាល់ទំនិញដែលត្រូវការជាចាំបាច់។ [2426]

៤៤៣.តើទំនួសខុសត្រូវរបស់អ្នកគ្រប់គ្រងសហគ្រិនគឺអ្វី?

ទំនួសខុសត្រូវរបស់អ្នកគ្រប់គ្រងសហគ្រិន គឺក្រៅពីការបង្កើតចំណូលស្របច្បាប់សម្រាប់ខ្លូននិងសហគ្រាសហើយ ពួកគេត្រូវមានការទទួលខុសត្រូវទៅលើការផ្តល់ប្រាក់ខែសមស្របទៅដល់កម្មករ អ្នកផ្គត់ផ្គង់ អតិថិជន និងតម្រូវការរបស់សង្គម និងបរិស្ថានផងដែរ។ [2432]

៤៤៤. តើលទ្ធិព្រះសហគមន៍ទាក់ទងនឹងសង្គមមានគំនិតយ៉ាងដូចម្តេចចំពោះពលកម្ម និងនិកម្មភាព(គ្មានការងារធ្វើ)?

ពលកម្មគឺជាតួនាទីដែលព្រះជាម្ចាស់បានប្រគល់មកឱ្យមនុស្ស ដើម្បីឱ្យមនុស្សបន្តកិច្ចការបង្កើតរបស់ព្រះអង្គក្នុងពិភពលោកនេះ។ “ព្រះជាម្ចាស់បានដាក់មនុស្សនៅក្នុងសួនឧស្យាន ដើម្បីឱ្យមនុស្សថែរក្សា និងធ្វើការ " ( កណ ២,១៥ )។ សម្រាប់មនុស្សទាំងអស់ ពលកម្មគឺជាវិធីមួយដើម្បីចិញ្ចឹមជីវិត និកម្ម គឺជាវិបត្តិមួយយ៉ាងធ្ងន់ធ្ងរដែលត្រូវធ្វើការដោះស្រាយជាបន្ទាន់។

៤៤៥.តើគោលការណ៍ ˝កម្មករត្រូវតែជាអាទិភាពជាងមូលធន ˝ មានន័យដូចម្តេច?

ព្រះសហគមន៍តែងតែបង្រៀនអំពីគោលការណ៍​ កម្មករត្រូវតែជាអាទិភាពជាងមូលធន (សម្តេចប៉ាបយ៉ូហាន​ប៉ូល ទី២ )។ មនុស្សមានទ្រព្យសម្បត្តិ ឬមូលធន ទាំងអស់នេះគ្រាន់តែជាវត្ថុ។ រីឯកម្លាំងពលកម្មមិនអាចបំបែកចេញពីមនុស្សដែលជាម្ចាស់លើពលកម្មនេះបានទេ ដូច្នេះរាល់តម្រូវការមូលដ្ឋានរបស់កម្មករត្រូវតែមានអាទិភាពជាងផលប្រយោជន៍ខាងមូលធន។

៤៤៦.តើព្រះសហគមន៍និយាយអ្វីអំពីសាកលភាវូបនីយកម្ម (Globalization)?

សាកលភាវូបនីយកម្មមិនល្អក៏មិនអាក្រក់ដែរ វាអាស្រ័យទៅលើស្ថានភាពនីមួយៗ។ សាកលភាវូបនីយកម្មចាប់មានឡើងនៅក្នុងបណ្តាប្រទេសកំពុងរីកចម្រើនខាងសេដ្ឋកិច្ច វាទាមទារឱ្យប្រទេសទាំងអស់នេះត្រូវរួមសកម្មភាព។ សាកលភាវូបនីយកម្មគឺជាកម្លាំងជួយនាំជាតិសាសន៍ដែលខ្វះការអភិវឌ្ឍចេញពីភាពក្រីក្រ បើកចំហរឱ្យមានឱកាសក្នុងការរីកចម្រើន។ ទោះជាយ៉ាងនេះក្តី ប្រសិនបើគ្មានសេចក្តីមេត្តាករុណាក្នុងសេចក្តីពិតទេ សាកលភាវូបនីយកម្មនេះនឹងប្រឈមមុខនឹងគ្រោះថ្នាក់ ឬអាចបង្កឱ្យមានការបែកបាក់ថ្មីក្នុងរង្វង់គ្រួសារមនុស្សលោក។ (សម្តេចប៉ាប បេណេឌិចតូទី១៦ មេត្តាករុណាក្នុងសេចក្តីពិត)។​

៤៤៧.តើសាកលភាវូបនីយកម្មមានន័យផ្តាច់មុខតែបញ្ហនយោបាយ និងសេដ្ឋកិច្ចតែប៉ុណ្ណោះឬយ៉ាងណា?

ធម្មតាគេបែងចែកមុខងាររបស់ផ្នែកនីមួយៗដូចជា ៖ សេដ្ឋកិច្ចគិតគូរអំពីការបង្កើនផលិតផល និងរកផល​    ជំនេញ នយោបាយគិតគូរអំពីភាពយុត្តិធម៌។ នៅក្នុងសម័យសាកលភាវូបនីយកម្មគឺផលជំនេញត្រូវបានគិតដល់សាកលលោកទាំងមូល ខណៈពេលនោះនយោបាយនៅមានព្រំដែនត្រឹមប្រទេស។ ដូច្នេះហើយ អ្វីដែលចាំបាច់សម្រាប់បច្ចុប្បន្នគឺមិនមែនតែពង្រឹងស្ថាប័ននយោបាយអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែមានគំនិតផ្តួចផ្តើមអំពីសេដ្ឋកិច្ច ធ្វើយ៉ាងណាកុំគិតតែពីផលជំនេញ ប៉ុន្តែដើម្បីជួយបណ្តាប្រទេសក្រីក្រ ក្នុងស្មារតីទំនាក់ទំនង និងដោយសេចក្តីស្រលាញ់។

៤៤៨. តើភាពក្រីក្រ និងការមិនទាន់បានអភិវឌ្ឍ គឺជាវាសនាដែលមិនអាចជៀសវាងបានឬយ៉ាងណា?

ព្រះជាម្ចាស់បានប្រគល់ពិភពលោកមួយដែលពោរពេញទៅដោយធនធានធម្មជាតិដល់មនុស្ស វាគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់អាចមានម្ហូបអាហារ និងលំនៅឋានរស់នៅបាន។ ទោះបីជាមានតំបន់ខ្លះ ប្រទេសខ្លះ និងទ្វីបខ្លះមិនមានតម្រូវការគ្រប់គ្រាន់ដើម្បីរស់រានមានជីវិត ដោយសារកត្តាមួយចំនួនដូចជា បញ្ហាប្រវត្តិសា្រស្ត សង្គ្រាម ...ដែលមិនអាចធ្វើការផ្លាស់ប្តូរបាន។ ដូច្នេះអស់បណ្តាប្រទេសដែលអភិវឌ្ឍន៍ ត្រូវមានតួនាទីផ្នែកសីលធម៌ក្នុងការចែករំលែក និងជួយបណ្តាប្រទេសដែលក្រីក្រឱ្យចេញផុតពីភាពក្រីក្របាន ដោយសារការជួយទុក្ខធុរៈគ្នាបែបនេះ ណែនាំឱ្យពិភពលោកមានស្ថេរភាពទាំងខាងផ្នែកសេដ្ឋកិច្ចនិងស្ថេរភាពខាងផ្នែកពាណិជ្ជកម្មផងដែរ។

៤៤៩. តើគ្រីស្តបរិស័ទត្រូវបង្ហាញសេចក្តីស្រលាញ់ចំពោះជនក្រីក្រយ៉ាងដូចម្តេចខ្លះ?

សម្រាប់គ្រីស្តបរិស័ទ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាទេ គឺត្រូវស្រលាញ់ជនក្រីក្រជានិច្ច។ ជនក្រីក្រមិនមែនត្រូវការត្រឹមតែការបរិច្ចាកនូវថវិការ សម្ភារៈបន្តិចបន្តួចប៉ុណ្ណោះទេ គឺពួកគេត្រូវការនូវយុត្តិធម៌ផងដែរ។ គ្រីស្តបរិស័ទត្រូវតែចែករំលែកនូវទ្រព្យសម្បត្តិដែលខ្លួនមាន ជូនចំពោះអស់អ្នកដែលខ្វះខាតជាងខ្លួន។ ព្រះយេស៊ូគឺជាគម្រូក្នុងការស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះជនក្រីក្រ។ [2443-2446]

៤៥០. តើកិច្ចការធម៌មេត្តាករុណាតាមផ្លូវកាយមានអ្វីខ្លះ

ឱ្យម្ហូបអាហារដល់អ្នកឃ្លាន ឱ្យទឹកដល់អ្នកស្រេក ឱ្យសម្លៀកបំពាក់ដល់អ្នកអត់ សួរសុខទុក្ខអ្នកជម្ងឺ និងអ្នកជាប់ឃុំឃាំង  ទទួលអ្នកដែលគ្មានទីស្នាក់អាស្រ័យ និងបញ្ចុះសពអ្នកដែលបានចែកឋានទៅហើយ។ [2447]

៤៥១. តើកិច្ចការធម៌មេត្តាករុណាតាមផ្លូវវិញ្ញាណមានអ្វីខ្លះ?

ប្រើពាក្យល្អដើម្បីលើកទឹកចិត្ត អប់រំបើកគំនិតអ្នកល្ងង់ខ្លៅ លើកទឹកចិត្តអ្នកបាក់ទឹកចិត្ត ណែនាំអ្នកបាប លើកលែងទោសអ្នកដែលធ្វើខុសនឹងយើង អត់ធ្មត់នឹងអ្នកធ្វើបាបយើង អធិដ្ឋានសម្រាប់អ្នកមានជីវិតនិងអ្នកដែលបានចែកឋានទៅហើយ។

ប្រការទី៨៖ កុំធ្វើសាក្សីក្លែងក្លាយ

៤៥២. តើប្រការទី៨នេះណែនាំយើងដូចម្តេចខ្លះ?

ប្រការទី៨នេះណែនាំយើងកុំឱ្យនិយាយកុហក។ ការនិយាយកុហកគឺមានចេតនាក្នុងការនិយាយនូវអ្វីដែលផ្ទុយពីសេចក្តីពិត។ អ្នកពោលពាក្យកុហកគឺស្មើនឹងការម៉ាក់ងាយចំពោះខ្លួនឯងផ្ទាល់ និងកុហកអ្នកដទៃដែលដឹងរាល់សេចក្តីពិតរបស់បញ្ហា។ [2464,2467-2468,2483,2485-2486]

៤៥៣. តើមានអ្វីកើតឡើងនៅពេលយើងប្រកាន់សច្ចភាព?

ការគោរពសច្ចភាពមិនត្រឹមតែស្មោះត្រង់ចំពោះខ្លួនឯងប៉ុណ្ណោះទេ ពិសេសជាងនេះទៅទៀតគឹយើងបានរក្សាភាពស្មោះត្រង់នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ ដោយសារព្រះអង្គជាប្រភពនៃសេចក្តីពិតគ្រប់យ៉ាង។ យើងអាចរកឃើញសេចក្តីពិតអំពីព្រះជាម្ចាស់ និងរាល់សច្ចភាពតាមរយៈព្រះយេស៊ូគ្រីស្តបាន ព្រោះព្រះអង្គ "គឺជាផ្លូវ ជាសេចក្តីពិត និងជាជីវិត" (យហ ១៤,៦)។ [[2465-2470,2505]

៤៥៤. តើយើងត្រូវមានទំនួសខុសត្រូវយ៉ាងដូចម្តេចខ្លះក្នុងការធ្វើជាសាក្សីអំពីសេចក្តីពិតនៃជំនឿ?

គ្រីស្តបរិស័ទទាំងអស់ត្រូវធ្វើជាសាក្សីអំពីសេចក្តីពិត តាមគម្រូរបស់ព្រះយេស៊ូ។ នៅចំពោះមុខលោក ប៉ុន ពីឡាត ព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះដើម្បីផ្តល់សក្ខីភាពអំពីសេចក្តីពិត “ ( យហ ១៧,៣៧ )។ [2472-2474]

៤៥៥. តើភាពស្មោះត្រង់ជាអ្វី?

ភាពស្មោះត្រង់គឺជាសកម្មភាព និងពាក្យសម្តីទៀងត្រង់មិនភូតកុហក ជៀសវាងទម្លាប់មុខពីរ លាក់លៀម កាចសាហាវ បោកបញ្ឆោត និងលាក់ពុត។ ទង្វើដែលអាក្រក់បំផុតនៃភាពមិនស្មោះត្រង់នោះគឺសម្បថភូតភរ។ [2468-2476]

៤៥៦. តើអ្នកត្រូវធ្វើដូចម្តេច ខណៈពេលដែលអ្នកបាននិយាយកុហក ភូតភរ និងបានក្បត់នរណាម្នាក់?

អំពើបាបទាំងអស់សុទ្ធសឹងតែប្រឆាំងនឹងសេចក្តីពិត និងយុត្តិធម៌ ទោះបីត្រូវបានលើកលែងទោសនិងអនុគ្រោះហើយក៏ដោយ វានៅតែទាមទារការកែប្រែ និងសំណង។ [2487]

៤៥៧. ហេតុអ្វីយើងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចនៅពេលនិយាយពីសេចក្តីពិត?

ការប្រកាសអំពីសេចក្តីពិតណាមួយ ទាមទារឱ្យយើងត្រូវមានភាពវៃឆ្លាត ក្នុងការរក្សាភាតរភាព។ ពេលខ្លះការនិយាយអំពីសេចក្តីពិតក៏អាចក្លាយទៅជាអាវុធ ដែលធ្វើឱ្យមានការបែកបាក់ច្រើនជាងការស្ថាបនា។ [2488-2489,2491]

៤៥៨. តើរក្សាភាពសម្ងាត់ក្នុងទីស្រាយបាបជាអ្វី ?

ការសម្ងាត់ក្នុងទីស្រាយបាបគឺមានលក្ខណៈដ៏សក្ការៈ ដែលមិនអាចត្រូវបានរំលោភបំពានដោយកត្តាណាមួយបានឡើយ នេះជាបម្រាមសំខាន់។ [2490]

៤៥៩.តើយើងត្រូវប្រើប្រព័ន្ធផ្សព្វផ្សាយព៌តមានសង្គមដោយមានការទទួលខុសត្រូវផ្នែកសីលធម៌យ៉ាងដូចម្តេច?

អ្នកឯកទេសផ្នែកផ្សព្វផ្សាយព៌តមានសង្គមត្រូវមានទំនួសខុសត្រូវចំពោះអតិថិជន។ ដំបូងបង្អស់អ្នកផ្សព្វផ្សាយត្រូវផ្តល់នូវព៌តមានណាដែលផ្អែកលើសេចក្តីពិត  ពួកគេត្រូវគោរពកម្មសិទ្ធិ និងសិទ្ធិមនុស្ស របស់អតិថិជន។ 2493-2499]

៤៦០.តើការផ្សព្វផ្សាយព៌តមានសង្គមមានផ្តល់ផលអវិជ្ជមានយ៉ាងណាដែរ?

មានមនុស្សជាច្រើន ក្នុងនោះក្មេងៗ ដោយពួកគេគិតថាព៌តមានដែលគេបានទទួលទាំងអស់គឺពិត ដូចជាខ្សែរភាពយន្តវាយតប ទទួលបានការសរសើរ ឥរិយាបទប្រឆាំងនឹងសង្គមត្រូវបានទទួលស្គាល់ បញ្ហារំលោភបំពានផ្លូវភេទត្រូវបានគេចាត់ទុកជារឿងធម្មតា ទាំងអស់នេះគឺជាកំហុសរបស់អ្នកផ្សព្វផ្សាយ និងអ្នកត្រួតពិនិត្យត្រូវតែទទួលខុសត្រូវ ព្រោះពួកគេត្រូវតែហាមឃាត់ជាដាច់ខាតក្នុងការផ្សព្វផ្សាយអំពីចំណុចទាំងអស់នេះ។​[2496,2512]

៤៦១. តើសិល្បៈបានដើរតួនាទីអ្វីក្នុងការសំយោគរវាងសោភ័ណភាព និង សេចក្តីពិត?

សោភ័ណភាពនិងសេចក្តីពិតត្រូវដើរទន្ទឹមគ្នា ដោយសារព្រះជាម្ចាស់ជាប្រភព បានបង្កើតសោភ័ណភាព និងសេចក្តីពិតនេះមក។ សិល្បៈលើកកម្ពស់សោភ័ណភាព នេះគឺជាមាគ៌ាដែលនាំឆ្ពោះទៅកាន់ព្រះជាម្ចាស់។ [2500-2503,2513]

ប្រការទី៩៖ កុំចង់បានប្តីប្រពន្ធគេ

៤៦២. ហេតុអ្វីប្រការទី៩ហាមប្រាមយើងកុំឱ្យមានចំណង់តញ្ហាខាងរូបកាយ?

ប្រការទី៩មិនបានហាមប្រាមចំណង់របស់មនុស្សនោះទេ ប៉ុន្តែហាមប្រាមនូវរាល់ចំណង់ដែលឥតសណ្តាប់ធ្នាប់  ព្រះគម្ពីរបានតើនរំឮកយើងឱ្យប្រុងប្រយ័ត្នចំពោះចំណង់តញ្ហាដែលរំខានមកពីអារម្មណ៍។ នៅពេលដែលយើងអនុញ្ញាតឱ្យចំណង់នេះមានអំណាចលើយើងហើយ នោះវានឹងបណ្តាលឱ្យយើងធ្លាក់ទៅក្នុងការប្រព្រឹត្តអំពើបាបបាន។ [2514,2515,2528,2529]

៤៦៣. តើធ្វើដូចម្តេចដើម្បីរក្សាព្រហ្មចារីភាពខាងក្នុងចិត្តបាន?

ដើម្បីរក្សាព្រហ្មចារីភាពសម្រាប់សេចក្តីស្រលាញ់បាន ដំបូងយើងត្រូវតែភ្ជាប់ជានិច្ចជាមួយព្រះជាម្ចាស់ក្នុងការអធិដ្ឋាន។ សូមព្រះអំណោយទានរបស់ព្រះអង្គមកប៉ះយើង នោះយើងនឹងរកឃើញផ្លូវដែលនាំឆ្ពោះទៅកាន់សេចក្តីស្រលាញ់បាន។ ព្រហ្មចារីភាពជួយឱ្យយើងស្រលាញ់ដោយភក្តីភាព និងមិនបំបែក។ [2520-2532]

៤៦៤. តើភាពខ្មាស់អៀនបែបវិជ្ជមានគឺជាអ្វី?

ភាពខ្មាស់អៀនជួយថែរក្សាជីវិតឯកជនរបស់មនុស្ស ការអាថ៌កំបាំងរបស់មនុស្សមានលក្ខណៈដោយលែក និងស្ថិតនៅផ្នែកខាងក្នុងរបស់មនុស្ស វាថែរក្សាតម្លៃថ្លៃថ្នូររបស់មនុស្ស ជាពិសេសគឺការថែរក្សាសមត្ថភាពនៃសេចក្តីស្រលាញ់ដែលស្ម័គ្រចិត្ត។ ភាពខ្មាស់អៀនទាក់ទងជាមួយនឹងអ្វីដែលមានតែសេចក្តីស្រលាញ់ទេដែលអាចមានសិទ្ធិមើលឃើញបាន។ [2521-2525,2533]

ប្រការទី១០៖ កុំចង់បានទ្រព្យសម្បត្តិគេ

៤៦៥. តើគ្រីស្តបរិស័ទត្រូវមានឥរិយាបទបែបណាចំពោះទ្រព្យសម្បត្តិរបស់អ្នកដទៃ?

គ្រីស្តបរិស័ទត្រូវចេះបែងចែកចំណង់អ្វីដែលចាំបាច់ និងចំណង់អ្វីដែលមិនចាំបាច់ ពិសេសត្រូវចេះគោរពទ្រព្យសម្បត្តិរបស់អ្នកដទៃ។ [2534-2537,2552]

៤៦៦. តើការច្រណែនជាអ្វី? តើត្រូវធ្វើដូចម្តេចដើម្បីយកឈ្នះវាបាន ?

ការច្រណែនកើតឡើងនៅពេលដែលឃើញអ្នកដទៃមានបាន និងព្យាយាមចង់យកបាននូវអ្វីដែលជារបស់គេមកសម្រាប់ខ្លួនឯងដោយប្រើគ្រប់មធ្យោបាយទាំងអស់។ គ្រប់ទង្វើអាក្រក់ដែលធ្វើចំពោះអ្នកដទៃគឺជាអំពើបាបធ្ងន់។ ភាពច្រណែននឹងកាត់បន្ថយ លុះត្រាតែយើងខិតខំសប្បាយចិត្តចំពោះសមត្ថភាព និងការមានបានរបស់អ្នកដទៃ។ ប្រសិនបើយើងទុកចិត្តលើឧបការគុណរបស់ព្រះជាម្ចាស់ នោះយើងនឹងផ្ចង់ចិត្តទៅលើទ្រព្យសម្បត្តិដ៏ពិតប្រាកដវិញ គឺការចូលរួមជាមួយព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ [2538-2540,2553-2554]

៤៦៧. ហេតុអ្វីបានជាព្រះយេស៊ូចង់ឱ្យយើងមានស្មារតីជាអ្នកក្រីក្រ?

ដោយសារព្រះអង្គមានសម្បត្តិជាច្រើន "ព្រះអង្គបានដាក់ខ្លួនមកជាអ្នកក្រព្រោះតែបងប្អូន ដើម្បីឱ្យបងប្អូនបានទៅជាអ្នកមានដោយសារភាពក្រីក្ររបស់ព្រះអង្គ "(២ករ ៨,៩)។ [2554-2547,2555-2557]

៤៦៨. តើមនុស្សប្រាថ្នាចង់បានអ្វីខ្លាំងជាងគេ?

សេចក្តីប្រាថ្នាដែលមនុស្សចង់បានបំផុតនៅនាលោកនេះគឺព្រះជាម្ចាស់ផ្ទាល់។ បានឃើញព្រះអង្គដែលជាព្រះបង្កើតខ្លួន ជាព្រះជាម្ចាស់របស់ខ្លួន ជាព្រះសង្គ្រោះ ទាំងអស់នេះជាសុភមង្គលអស់កល្បជានិច្ចរបស់មនុស្ស។ [2548-2550,2552]

វគ្គទី៤
ការអធិដ្ឋានក្នុងការរស់នៅជាគ្រីស្តបរិស័ទ

ភាគទី១៖ ការអធិដ្ឋានក្នុងការរស់នៅជាគ្រីស្តបរិស័ទ (៤៦៩-៥១០)

ធម៌ឱព្រះបិតា​

ភាគទី១
ការអធិដ្ឋានក្នុងការរស់នៅជាគ្រីស្តបរិស័ទ

៤៦៩.តើការអធិដ្ឋានជាអ្វី?          

អធិដ្ឋានគឺជាការលើកចិត្ត(ព្រលឹង)ឡើងឆ្ពោះទៅឯព្រះជាម្ចាស់។ នៅពេលដែលមនុស្សម្នាក់អធិដ្ឋាន គឺជាពេលដែលគេឈានទៅដល់ការរួបរួមយ៉ាងសកម្មជាមួយព្រះជាម្ចាស់នៅនាលោកនេះ ដើម្បីអាចនឹងរួបរួមផ្ទាល់នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់នៅលោកខាងមុខ។ [2558-2565]

ជំពូកទី១
ព្រះជមា្ចស់សម្តែងឱ្យមនុស្សលោកដឹងអំពីការអធិដ្ឋាន

 ៤៧០. តើកត្តាអ្វីដែលជម្រុញឱ្យយើងអធិដ្ឋាន?

យើងអធិដ្ឋាន ដោយសារក្នុងខ្លួនយើងមានបំណងប្រាថ្នាឥតព្រំដែន  និងដោយសារព្រះជាម្ចាស់ ដែលជាព្រះបានបង្កើតយើង ព្រះអង្គអញ្ចើញយើងឱ្យខិតមកជិតព្រះអង្គ ដូចសន្តអហ្គូស្ទីនាបាននិយាយថា៖ ˝ដួងចិត្តរបស់ទូលបង្គំនឹងមិនសម្រាកស្រួល ដរាបណាទួលបង្គំមិនទាន់បានសម្រាកនៅក្នុងអង្គព្រះជាម្ចាស់។ ˝ យើងក៏អធិដ្ឋានដោយសារយើងត្រូវការព្រះជាម្ចាស់ ដូចអ្នកម្តាយថេរេសា កាល់កូតា​បាននិយាយថា៖ ˝ ដោយសារខ្ញុំមិនអាចពឹងលើកម្លាំងខ្លួនឯងបាន ដូច្នេះខ្ញុំត្រូវការពឹងលើព្រះជាម្ចាស់​២៤ម៉ោងក្នុងមួយថ្ងៃ ˝។ [2566-2567,2591]

៤៧១.ហេតុអ្វីបានជាលោកតាអាប្រាហាំជាគម្រូនៃការអធិដ្ឋាន?

លោកតាអាប្រាហាំបានស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែងដែលព្រះអង្គចង់ឱ្យលោកទៅ និងត្រៀមខ្លួនជានិច្ចក្នុងការធ្វើតាមព្រះបញ្ជារបស់ព្រះអង្គ។ ការស្តាប់បង្គាប់ ការត្រៀមខ្លួន និងប្រញាប់ប្រញាល់ចេញដំណើររបស់លោក បានធ្វើឱ្យលោកក្លាយជាគម្រូសម្រាប់យើងក្នុងការអធិដ្ឋាន។

៤៧២.តើលោកម៉ូសេបានអធិដ្ឋានដូចម្តេច?       

ចាប់តាំងពីលោកម៉ូសេ យើងបានដឹងថា ការអធិដ្ឋានគឺជា ˝ការសន្ទនាជាមួយព្រះជាម្ចាស់ ˝។ នៅក្នុងគុម្ពោតដែលឆេះ ព្រះជាម្ចាស់បានសន្ទនាយ៉ាងពិតប្រាកដជាមួយលោកម៉ូសេ ហើយប្រគល់មុខងារជូនលោក។ លោកម៉ូសេបានប្រកែក និងចោទជាសំណួរ ចុងក្រោយព្រះជាម្ចាស់បានបង្ហាញព្រះនាមរបស់ព្រះអង្គឱ្យលោកស្គាល់។ ដូច្នេះហើយលោកម៉ូសេបានទុកចិត្តលើព្រះជាម្ចាស់ បម្រើព្រះអង្គអស់ពីដួងចិត្ត។ រីឯយើងវិញក៏ដូច្នោះដែរ យើងត្រូវតែអធិដ្ឋាន។ [2574-2577]

៤៧៣.តើទំនុកតម្កើងមានសារៈសំខាន់ដូចម្តេចនៅក្នុងការអធិដ្ឋាន?

ទំនុកតម្កើងទាំងអស់ រួមនឹងធម៌ឱព្រះបិតា គឺជាផ្នែកមួយនៃទ្រព្យសម្បត្តិដ៏មានតម្លៃនៃការអធិដ្ឋានរបស់ព្រះសហគមន៍។ ទំនុកតម្កើងគឺជាការលើកតម្កើងព្រះជាម្ចាស់ជារៀងរាល់ថ្ងៃរហូតដល់អស់កល្បជានិច្ច។

៤៧៤.តើព្រះយេស៊ូបានរៀនអធិដ្ឋានយ៉ាងដូចម្តេច?

ព្រះយេស៊ូបានរៀនអធិដ្ឋានក្នុងគ្រួសារនៅភូមិណាសារ៉ែត  និងនៅក្នុងធម្មសាលា។ ប៉ុន្តែព្រះអង្គបានទៅហួសព្រំដែននៃការអធិដ្ឋានតាមប្រពៃណី គឺការអធិដ្ឋានរបស់ព្រះអង្គបានបង្ហាញអំពីទំនាក់ទំនងយ៉ាងជិតសិ្នទ្ធរបស់ព្រះអង្គនិងព្រះបិតាដែលគង់នៅស្ថានបរមសុខ ចំណុចនេះមានតែបុត្រធីតារបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបមាន។ [2598-2599]

៤៧៥.តើព្រះយេស៊ូអធិដ្ឋានតាមរបៀបណា?

ជីវិតទាំងស្រុងរបស់ព្រះយេស៊ូគឺជាការអធិដ្ឋាន។ នៅពេលដែលព្រះអង្គត្រូវការសម្រេចចិត្ត (ត្រូវទទួលការល្បួងនៅវាលរហោស្ថាន មុនពេលជ្រើសរើសក្រុមគ្រីស្តទូត និងនៅលើឈើឆ្កាង.....) ពាក្យអធិដ្ឋានរបស់ព្រះអង្គពិតជាសទ្ធាចំពោះព្រះជាម្ចាស់។ ព្រះអង្គតែងតែរកកន្លែងស្ងាត់ដើម្បីអធិដ្ឋាន ជាពិសេសនៅពេលយប់។ ព្រះអង្គរួបរួមជាមួយព្រះបិតាក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ សេចក្តីនេះគឺជាគោលការណ៍ក្នុងការដឹកនាំពេញមួយជីវិតរបស់ព្រះអង្គនៅក្នុងលោកនេះ។ [2600-2605]

៤៧៦.តើព្រះយេស៊ូអធិដ្ឋានយ៉ាងដូចម្តេចនៅពេលព្រះអង្គប្រឈមមុខនឹងសេចក្តីស្លាប់?

នៅពេលព្រះយេស៊ូប្រឈមមុខនឹងសេចក្តីស្លាប់ ព្រះអង្គបានមានបទពិសោធន៍យ៉ាងជ្រាលជ្រៅអំពីភាពភ័យខ្លាចក្នុងសភាពជាមនុស្ស។ ទោះជាយ៉ាងនេះក្តី​ ក៏ព្រះអង្គបានរកឃើញកម្លាំងក្នុងការទុកចិត្តទាំងស្រុងទៅលើព្រះបិតារបស់ព្រះអង្គដែលគង់នៅស្ថានបរមសុខ ព្រះអង្គមានព្រះបន្ទូលថា ៖ ˝ អ័ប្បា ឳព្រះបិតាអើយ ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះចេញឱ្យឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែសូមកុំតាមបំណងចិត្តទូលបង្គំឡើយ គឺសូមឱ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ។ ˝ (មក ១៤,៣៦)​ [2605-2606,2620]

៤៧៧.តើការរៀនតាមព្រះយេស៊ូក្នុងការអធិដ្ឋានមានន័យដូចម្តេច?

ការរៀនតាមព្រះយេស៊ូក្នុងការអធិដ្ឋាន មានន័យថាយើងឈានទៅដល់ការទុកចិត្តគ្មានដែនកំណត់ទៅលើព្រះជាម្ចាស់ ចូលរួមក្នុងការអធិដ្ឋានជាមួយព្រះយេស៊ូ ដើម្បីឱ្យព្រះអង្គដឹងនាំយើង មួយជំហានម្តងៗឆ្ពោះទៅកាន់ព្រះបិតា។ [2607-2614,2621]

៤៧៨.ហេតុអ្វីបានជាយើងមានទំនុកចិត្តថា ពាក្យអធិដ្ឋានរបស់យើងត្រូវបានព្រះជាម្ចាស់សណ្តាប់ឭ?

នៅសម័យរបស់ព្រះយេស៊ូ មានមនុស្សជាច្រើនបានទូលអង្វរព្រះអង្គដើម្បីទទួលបានព្រះពរជាសះស្បើយ ហើយព្រះអង្គបានឆ្លើយតបនឹងពាក្យទូលអង្វររបស់ពួកគេ។ ព្រះយេស៊ូបានមានព្រះជន្មរស់ឡើងវិញពីសេចក្តីស្លាប់ បច្ចុប្បន្នព្រះអង្គកំពុងមានព្រះជន្មគង់នៅ ព្រះអង្គតែងតែសណ្តាប់រាល់ពាក្យទូលអង្វររបស់យើងដើម្បីថ្វាយទៅកាន់ព្រះបិតា។ [2615-2616-2521]

៤៧៩.តើយើងអាចរៀនពីរបៀបអធិដ្ឋានរបស់ព្រះនាងម៉ារីបានយ៉ាងដូចម្តេច?

រៀនពីការអធិដ្ឋានរបស់ព្រះនាងម៉ារីគឺការប្រើនូវពាក្យអធិដ្ឋានរបស់ព្រះនាង ៖ ˝ សូមឱ្យបានសម្រេចតាមពាក្យរបស់លោកចុះ។ ˝ (លក ១,៣៨)។ ការអធិដ្ឋានគឺជាការថ្វាយខ្លួនទាំងស្រុងដើម្បីឆ្លើយតបទៅនឹងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ប្រសិនបើយើងឆ្លើយថា បាទ/ចាស ដូចព្រះនាងម៉ារី នោះព្រះជាម្ចាស់នឹងមានព្រះជន្មនៅក្នុងជីវិតរបស់យើង។ [2617-2618,2622,2674]

៤៨០.តើអ្វីទៅជាពាក្យអង្វររបស់ព្រះនាងម៉ារី?

បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ សូមនាងមានអំណរសប្បាយ ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្រី្តទាំងឡាយ ហើយទ្រង់ក៏ប្រទានពរដល់ព្រះយេស៊ូជាបុត្រនៃនាងដែរ។

ឱ! សន្តីម៉ារី ជាមាតាព្រះជាម្ចាស់ សូមជួយអង្វរព្រះអង្គឱ្យយើងខ្ញុំជាអ្នកបាប នៅពេលឥលូវនេះ ហើយនៅពេលស្លាប់ផង។ អាម៉ែន។

 ៤៨១.តើការសូត្រផ្គាំមាលាប្រព្រឹត្តទៅយ៉ាងដូចម្តេច?

យើងអាចធ្វើតាមរបៀបដូចខាងក្រោម ៖

  • គូសសញ្ញាឈើឆ្កាង៖ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
  • សូត្រធម៌ប្រកាសជំនឿ៖     

ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ជាព្រះបង្កើតមេឃនិងដី។

        ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា ហើយជាព្រះអម្ចាស់យើងខ្ញុំ។ ព្រះអង្គមានកំណើតជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី ព្រះអង្គបានសោយទុក្ខលំបាក នៅជំនាន់លោកប៉ុនពីឡាត។ ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត ហើយព្រះសពព្រះអង្គ ត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។ ព្រះអង្គបានយាងចុះទៅស្ថានក្រោម លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពីចំណោមមនុស្សស្លាប់ ព្រះអង្គបានយាងឡើងស្ថានបរមសុខ ទៅគង់ខាងស្តាំព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ។ ព្រះអង្គនឹងយាងមកវិញ ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ទាំងស្លាប់។

       ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ។ ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ។ ខ្ញុំជឿថា មានការលើកលែងទោសមនុស្សឱ្យរួចពីបាប ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ចផង។ អាម៉ែន។

  • សូត្រធម៌ ឱ!ព្រះបិតា៖

ឱ!ព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដូចនៅស្ថានបរមសុខដែរ។

សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច។

  • សូត្រធម៌ព្រះនាងម៉ារី៣ដង ៖

         បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ សូមនាងមានអំណរសប្បាយ ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្រី្តទាំងឡាយ ហើយទ្រង់ក៏ប្រទានពរដល់ព្រះយេស៊ូជាបុត្រនៃនាងដែរ។

         ឱ ! សន្តីម៉ារី ជាមាតាព្រះជាម្ចាស់ សូមជួយអង្វរព្រះអង្គឱ្យយើងខ្ញុំជាអ្នកបាប នៅពេលឥលូវនេះ ហើយនៅពេលស្លាប់ផង។ អាម៉ែន។

  • សូត្រ៥ចប់ ៖ ក្នុង១ចប់ មានធម៌ឳព្រះបិតា១ដង ធម៌ព្រះនាងម៉ារី១០ដង និងធម៌សូមកោតសរសើរ១ដង។

ផ្គាំមាលាទាំងមូលរួមមានការសញ្ចឹងគិតអំពីព្រឹត្តិការណ៍ទាំងបួន ដូចជា ៖ ព្រឹត្តិការណ៍នាំឱ្យអរសប្បាយ ព្រឹត្តិការណ៍សម្តែងព្រះពន្លឺ ព្រឹត្តិការណ៍នៃទុក្ខលំបាក ព្រឹត្តិការសម្តែងសិរីរុងរឿង ដែលជាការសង្ខេបប្រវត្តិនៃការសង្គ្រោះរបស់ព្រះយេស៊ូគ្រីស្ត។

  • ព្រឹត្តិការណ៍នាំឱ្យអរសប្បាយ (ថ្ងៃចន្ទ និងថ្ងៃសៅរ៌)
  1. ព្រះជាម្ចាស់ចាត់ទេវទូតមកជូនដំណឹងព្រះនាងម៉ារី
  2. ព្រះនាងម៉ារីទៅជម្រាបសួរនាងអេលីសាបិត
  3. ព្រះយេស៊ូប្រសូតមកក្នុងលោកយើងនេះ
  4. ព្រះនាងម៉ារីបីព្រះឳរសយេស៊ូទៅថ្វាយព្រះជាម្ចាស់
  5. នាងម៉ារី និងលោកយ៉ូសែបរកឃើញព្រះកុមារយេស៊ូក្នុងព្រះវិហារ។
  • ព្រឹត្តិការណ៍សម្តែងព្រះពន្លឺ (ថ្ងៃព្រហស្បត្តិ)
  1. ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
  2. ព្រះយេស៊ូប្រែទឹកឱ្យក្លាយជាស្រា
  3. ព្រះយេស៊ូប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
  4. ព្រះជាម្ចាស់បង្ហាញសិរីរុងរឿងរបស់ព្រះយេស៊ូ
  5. ព្រះយេស៊ូតែងតាំងនំបុ័ងជាព្រះកាយព្រះគ្រីស្ត។
  • ព្រឹត្តិការណ៍នៃទុក្ខលំបាក (ថ្ងៃអង្គារ៍ និងថ្ងៃសុក្រ)
  1. ព្រះយេស៊ូស្លុតរន្ធត់នៅក្នុងសួនកេតសេម៉ានី
  2. ព្រះយេស៊ូត្រូវគេវាយនឹងរំពាត់
  3. គេបំពាក់មកុដបន្លាលើព្រះយេស៊ូ
  4. ព្រះយេស៊ូលីឈើឆ្កាង
  5. ព្រះយេស៊ូសោយទិវង្គត។
  • ព្រឹត្តិការណ៍សម្តែងសិរីរុងរឿង (ថ្ងៃពុធ និងថ្ងៃអាទិត្យ)
  1. ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
  2. ព្រះយេស៊ូយាងឡើងស្ថានបរមសុខ
  3. ព្រះវិញ្ញាណយាងមកសណ្ឋិតលើក្រុមសាវ័ក
  4. ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
  5. ព្រះជាម្ចាស់ប្រទានសិរីរុងរឿងឱ្យនាងម៉ារី។

៤៨២.តើគ្រីស្តបរិស័ទដើមដំបូងបានចាត់ទុកការអធិដ្ឋានជាអ្វី?

គ្រីស្តបរិស័ទដើមដំបូងបានខិតខំអធិដ្ឋានយ៉ាងសទ្ធាបំផុត ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជាអ្នកជម្រុញពួកគេ។ ក្នុងកិច្ចការគ្រីស្តទូតបានរៀបរាប់ថា ៖ ˝សាវ័កទាំងនោះព្យាយាមស្តាប់សេចក្តីបង្រៀនរបស់ក្រុមគ្រីស្តទូត រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និងព្យាយាមអធិដ្ឋាន។˝ (កក ២,៤២)។

៤៨៣.ចូររៀបរាប់អំពីទម្រង់អធិដ្ឋានចម្បងទាំងប្រាំ៖​

  1. ការសូមព្រះជាម្ចាស់ប្រទានពរ
  2. ការថ្វាយបង្គំព្រះជាម្ចាស់
  3. ការទូលអង្វរព្រះជាម្ចាស់សម្រាប់អ្នកដទៃ និងផ្ទាល់ខ្លួន
  4. ការអរព្រះគុណព្រះជាម្ចាស់
  5. ការអធិដ្ឋានដោយសរសើរលើកតម្កើងព្រះជាម្ចាស់ ។

៤៨៤.តើការសូមព្រះជាម្ចាស់ប្រទានពរជាអ្វី?

គឺជាពាក្យអធិដ្ឋានសូមព្រះជាម្ចាស់ប្រទានពរ ដោយសារព្រះពរទាំងឡាយសុទ្ធតែចេញមកពីព្រះអង្គ។ ការប្រទានពរគឺជាការបង្ហាញនូវសេចក្តីល្អ ភាពជិតស្និទ្ធិ និងសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់  ការទូលសូមព្រះពរនេះ គឺជាការកោតសរសើរយ៉ាងខ្លី។ [2626-2627]

៤៨៥.ហេតុអ្វីបានជាយើងត្រូវថ្វាយបង្គំព្រះជាម្ចាស់?

អស់អ្នកណាដែលបានទទួលស្គាល់ខ្លួនឯងជាស្នាព្រះហស្ថដែលកើតចេញមកពីការបង្កើតរបស់ព្រះជាម្ចាស់ សុទ្ធតែបន្ទាបខ្លួន ទទួលស្គាល់ថាព្រះអង្គជាព្រះដ៏មានឫទ្ធានុភាពសព្វប្រការ។ ចំពោះគ្រីស្តបរិស័ទ ការថ្វាយបង្គំព្រះជាម្ចាស់មិនត្រឹមតែទទួលស្គាល់ភាពវិសុទ្ធថ្កុំថ្កើងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ តែក៏ទទួលស្គាល់ព្រះយេស៊ូទាំងក្តីដឹងគុណ ដោយសារព្រះយេស៊ូនេះហើយដែលព្រះជាម្ចាស់បានស្រឡាញ់មនុស្សលោកជាមុន ហើយព្រះអង្គជាព្រះសង្គ្រោះរបស់យើងរាល់គ្នា។

៤៨៦.ហេតុអ្វីបានជាយើងត្រូវការទូលអង្វរព្រះជាម្ចាស់?

ព្រះជាម្ចាស់ជ្រាបនូវអ្វីៗទាំងអស់ ព្រះអង្គឈ្វេងយល់នូវរាល់តម្រូវការរបស់យើង។ ប៉ុន្តែព្រះអង្គចង់ឱ្យយើងទូលសុំនូវអ្វីដែលយើងខ្វះខាតនៅក្នុងជីវិតរបស់យើងប្រាប់ទៅព្រះអង្គ ឱ្យយើងយំទៅ ទទួចសុំព្រះអង្គទៅ ទួញសោកដាក់ព្រះអង្គទៅ ស្រែកហៅព្រះអង្គទៅ លើសពីនេះទៅទៀតយើងអាចបង្ហាញការតស៊ូ ពុះពារ​ របស់យើងជាមួយព្រះអង្គក្នុងការអធិដ្ឋានបាន។ [2629-2633]

៤៨៧.ហេតុអ្វីបានជាយើងត្រូវទូលអង្វរព្រះជាម្ចាស់សម្រាប់អ្នកដទៃ?

ដូចលោកអាប្រាហាំបានអធិដ្ឋានឱ្យអ្នកក្រុងសូដុមកាលពីមុន ហើយព្រះយេស៊ូបានអធិដ្ឋានឱ្យសាវ័ករបស់ព្រះអង្គដែរ ក៏ដូចជាសន្តប៉ូលបានដាស់តឿនគ្រីស្តបរិស័ទនៅទីក្រុងភីលីពថា៖ ˝ក្នុងចំណោមបងប្អូនម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ។ ˝ (ភល ២,៤)។  យើងអធិដ្ឋានឱ្យបងប្អូនញាតិសន្តាន អ្នកដទៃ សម្បីតែសត្រូវរបស់ខ្លួនផងដែរ។ [2634-2636,2647]

៤៨៨.ហេតុអ្វីបានជាយើងត្រូវអរព្រះគុណព្រះជាម្ចាស់?

យើងត្រូវអរព្រះគុណព្រះជាម្ចាស់ ព្រោះអ្វីៗដែលយើងបានទទួល និងអ្វីៗដែលយើងមានសុទ្ធសឹងតែមកពីព្រះជាម្ចាស់ប្រទានមកឱ្យ។ សន្តប៉ូលបានសរសេរថា​ ៖ ˝តើមានអ្វីដែលធ្វើឱ្យអ្នកធ្វើឱ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមានគឺសុទ្ធតែបានទទួលពីព្រះជាម្ចាស់ទេតើ។ ˝ (១ករ ៤,៧)។ ចូរអរព្រះគុណព្រះជាម្ចាស់ ដែលជាព្រះតែងតែប្រទានពរ និងប្រោសឱ្យយើងមានសុភមង្គល។ [2637-2638,2648]

៤៨៩.តើអ្វីទៅជាការសរសើរតម្កើងព្រះជាម្ចាស់?      

ព្រះជាម្ចាស់មិនត្រូវការឱ្យមនុស្សលោកសរសើរតម្កើងព្រះអង្គទេ ប៉ុន្តែយើងត្រូវតែបង្ហាញនូវអំណរសប្បាយដែលមាននៅក្នុងចិត្តរបស់យើងឆ្ពោះទៅកាន់ព្រះជាម្ចាស់។ យើងសរសើរតម្កើងព្រះជាម្ចាស់ដោយសារវត្តមានរបស់ព្រះអង្គ ព្រះអង្គសប្បុរស។ ប្រសិនបើយើងធ្វើដូច្នេះមានន័យថាយើងបានចូលរួមនៅក្នុងការសរសើរតម្កើងព្រះជាម្ចាស់រួមជាមួយអស់ពពួកទេវទូត  អស់សន្តបុគ្គលដែលនៅស្ថានបរមសុខ។ [2639-2642]

ជំពូកទី២
ប្រភពនៃការអធិដ្ឋាន

 ៤៩០.តើយើងអធិដ្ឋាននៅពេលដែលមានអារម្មណ៍ចង់អធិដ្ឋានតែប៉ុណ្ណោះបានដែរឬទេ?

មិនអាចទេ ប្រសិនបើនរណាម្នាក់អធិដ្ឋាននៅពេលដែលគេមានអារម្មណ៍ចង់អធិដ្ឋានតែប៉ុណ្ណោះ មានន័យថាគេមិនបានផ្តល់អាទិភាពដល់ព្រះជាម្ចាស់ទេ ហើយគេអាចបោះបង់ចោលការអធិដ្ឋានបានយ៉ាងងាយ។ ការអធិដ្ឋានត្រូវពឹងផ្អែកទៅលើសេចក្តីស្មោះត្រង់។ [2650-2651]

៤៩១.តើយើងអាចអធិដ្ឋានតាមព្រះគម្ពីរបានដែរឬទេ?

ព្រះគម្ពីរគឺជាប្រភពនៃការអធិដ្ឋាន។ ការអធិដ្ឋានតាមព្រះគម្ពីរ មានន័យថាយើងប្រើពាក្យពេចន៍ ឬព្រឹត្តិការណ៍ដែលមាននៅក្នុងព្រះគម្ពីរជាពាក្យអង្វររបស់យើងទៅព្រះអង្គ។ សន្ត យ៉េរ៉ូមបាននិយាយថា ៖ ˝ការមិនស្គាល់ព្រះគម្ពីរ ដូចជាមិនស្គាល់ព្រះគ្រីស្តដែរ˝។ [2652-2653]

៤៩២.តើពាក្យអធិដ្ឋានផ្ទាល់ខ្លួនរបស់យើង មានទំនាក់ទំនងជាមួយពាក្យអង្វររបស់ព្រះសហគមន៍ទាំងមូលដែរឬទេ?

នៅក្នុងពិធីបុណ្យរបស់ព្រះសហគមន៍ ការអធិដ្ឋានតាមពេលកំណត់ ពិធីបុណ្យអភិបូជា យើងសូត្ររួមនូវពាក្យទូលអង្វរដែលដកស្រង់ចេញពីព្រះគម្ពីរ និងការបញ្ជូនបន្តរបស់ព្រះសហគមន៍ មានការរួបរួមទាំងពាក្យអង្វររបស់បុគ្គលម្នាក់ៗ រួមជាមួយនឹងពាក្យអង្វររបស់ព្រះសហគមន៍ទាំងមូលផងដែរ។ [2655-2658-2662]

៤៩៣.តើអ្វីទៅជាបុគ្គលិកលក្ខណៈនៃការអធិដ្ឋានរបស់គ្រីស្តបរិស័ទ?

គ្រីស្តបរិស័ទអធិដ្ឋានដោយឥរិយាបទនៃជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រលាញ់។ នេះគឺជាស្មារតីនៃការព្យាយាម និងទុកចិត្តលើព្រះហឫទ័យរបស់ព្រះជាម្ចាស់។ [2656-2658,2662]

៤៩៤.តើធ្វើដូចម្តេចដើម្បីឱ្យជីវិតប្រចាំថ្ងៃរបស់ខ្ញុំក្លាយទៅជាការអធិដ្ឋានបាន?

អ្វីៗដែលបានកើតឡើងរាល់ការជួបប្រទះនៅក្នុងជីវិតរបស់យើង ក៏អាចក្លាយជាឳកាសដើម្បីជម្រុញយើងឱ្យអធិដ្ឋានបានដែរ។ នៅពេលដែលយើងរស់នៅដោយផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់ នាំឱ្យយើងយល់កាន់តែច្បាស់នូវពិភពដែលនៅជុំវិញខ្លួនយើង។ [2659-2660]

៤៩៥.តើយើងប្រាកដទេថាការអធិដ្ឋានរបស់យើងត្រូវបានព្រះជាម្ចាស់សណ្តាប់ឭ?

ពាក្យអធិដ្ឋានរបស់យើង ត្រូវបានថ្វាយឡើងក្នុងព្រះនាមព្រះគ្រីស្ត​ ប្រាកដណាស់នឹងទៅដល់ស្ថានដែលព្រះគ្រីស្តគង់នៅ ហើយប្រាដកជាទៅដល់ព្រះជាម្ចាស់ជាព្រះបិតាដែលគង់នៅស្ថានបរមសុខជាមិនខាន។ [2664-2669,2680-2681]

៤៩៦.ហេតុអ្វីបានជាយើងត្រូវការព្រះវិញ្ញាណដ៏វិសុទ្ធនៅពេលយើងអធិដ្ឋាន?

ក្នុងព្រះគម្ពីរមានចែងថា៖ ˝ដ្បិតយើងមិនដឹងអធិដ្ឋានដូចម្តេចដើម្បីឱ្យបានសមនោះឡើយ តែព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់ទ្រង់ទូលអង្វរឱ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។˝ (រម ៨,២៦ )

៤៩៧.ហេតុអ្វីបានជាសន្តបុគ្គលគឺជាអ្នកដែលណែនាំយើងអធិដ្ឋាន?

សន្តបុគ្គលទាំងអស់គឺជាអ្នកដែលពោរពេញទៅដោយភ្លើងនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយអស់លោកបានរក្សាភ្លើងនេះនៅក្នុងព្រះសហគមន៍។ តាំងពីនៅលើផែនដីនេះ អស់លោកសុទ្ធតែជាអ្នកដែលអធិដ្ឋានប្រកបដោយចិត្តសទ្ធាជាទីបំផុត និងចិត្តសទ្ធានេះបានជះឥទ្ធិពលដល់យើង ដូច្នេះហើយ ពេលដែលបាននៅជិតអស់លោកយើងក៏ចង់អធិដ្ឋាន។ ប្រាកដណាស់ យើងមិនថ្វាយបង្គំសន្តបុគ្គលទេ ប៉ុន្តែយើងអាចទូលអង្វរតាមរយៈសន្តបុគ្គល ដើម្បីអស់លោកជួយទូលអង្វរព្រះជាម្ចាស់ឱ្យយើងនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់។ [2683-2684]

៤៩៨.តើយើងអាចអធិដ្ឋាននៅគ្រប់ទីកន្លែងបានដែរឬទេ?

យើងអាចអធិដ្ឋាននៅគ្រប់ទីន្លែងបាន ប៉ុន្តែជាធម្មតាគ្រីស្តបរិស័ទតែងរកកន្លែងមួយដែលមានវត្តមានព្រះជាម្ចាស់បែបពិសេស គឺក្នុងព្រះវិហារ ឬបន្ទប់អធិដ្ឋានមានព្រះពន្លាដែលតម្កល់ព្រះកាយព្រះគ្រីស្តដែលបានប្រសិទ្ធិពរនៅក្នុងពិធីបុណ្យអភិបូជារួច។ [2691-2696]

ជំពូកទី៣
មាគ៌ានៃការអធិដ្ឋាន

 ៤៩៩.តើពេលណាដែលយើងអាចអធិដ្ឋានបាន?

នៅសម័យដើមដំបូងនៃព្រះសហគមន៍ គ្រីស្តបរិស័ទអធិដ្ឋានយ៉ាងតិចគឺនៅពេលព្រឹក មុនពិសារអាហារ​ និងពេលល្ងាច។ សម្រាប់អស់អ្នកដែលមិនស្វះស្វែងអធិដ្ឋានទេនោះ បន្តិចម្តងៗពួកគេនឹងបោះបង់ចោលការអធិដ្ឋានតែម្តង។ [2697-2698,2720]

៥០០.តើការអធិដ្ឋានមានច្រើនរបៀបទេ?

ការអធិដ្ឋានមានច្រើនរបៀប រួមមាន៖  ការអធិដ្ឋានដោយបញ្ចេញវាចា(Vocal prayer) ដោយការសញ្ចឹងគិត(meditation)  និងដោយការស្មឹងស្មាធិ៍(Contemplative prayer)។ ការអធិដ្ឋានទាំងបីរបៀបនេះត្រូវមានការប្រមូលអារម្មណ៍ តាំងចិត្ត ក្នុងភាពស្ងៀមស្ងាត់ ដោយលះបង់នូវអ្វីដែលនាំឱ្យរំខានការអធិដ្ឋាន។ [2699-2721]

៥០១.តើអ្វីទៅជាការអធិដ្ឋានដោយបញ្ចេញវាចា(Vocal prayer)?

ជាកិច្ចដំបូងបង្អស់ ការអធិដ្ឋានគឺជាការលើកចិត្តថ្វាយទៅព្រះជាម្ចាស់ ព្រះយេស៊ូបានបង្រៀនក្រុមសាវ័កឱ្យអធិដ្ឋានដោយធម៌ឱ!ព្រះបិតា ធម៌នេះគឺជាពាក្យអង្វរប្រសើរបំផុតដែលព្រះអង្គបង្រៀនយើងឱ្យចេះអធិដ្ឋាន។ [2700-2704,2722]

៥០២.តើអ្វីទៅជាការអធិដ្ឋានដោយសញ្ចឹងគិត(meditation) ?

ការអធិដ្ឋានដោយសញ្ចឹងគិត (meditation)  គឺការអធិដ្ឋានដោយយកព្រះបន្ទូល ឬរូបភាពដ៏វិសុទ្ធមកអធិដ្ឋាន។ សញ្ចឹងគិតដើម្បីយើងអាចរកឃើញសញ្ញា និងវត្តមានរបស់ព្រះជាម្ចាស់បាន។ [2705-2708]

៥០៣.តើអ្វីទៅការអធិដ្ឋានដោយស្មឹងស្មាធិ៍(Contemplative prayer )?

ការអធិដ្ឋានដោយស្មឹងស្មាធិ៍(Contemplative prayer ) គឺជាការស្រលាញ់ភាពស្ងៀមស្ងាត់ ស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងរស់នៅក្នុងបច្ចុប្បន្នភាពរួមជាមួយព្រះអង្គ។ [2709-2719,2724]

៥០៤.តាមរយៈការអធិដ្ឋានដោយសញ្ចឹងគិត(meditation)  តើគ្រីស្តបរិស័ទទទួលបានអ្វីមកវិញ?

នៅក្នុងការអធិដ្ឋានដោយសញ្ចឹងគិត (meditation)  គ្រីស្តបរិស័ទរកឃើញភាពស្ងប់ស្ងាត់ ដើម្បីមានបទពិសោធន៍អំពីព្រះជាម្ចាស់ដែលនៅជិតខ្លួន និងរកឃើញសេចក្តីសុខសាន្តដោយមានវត្តមានរបស់ព្រះអង្គ។ គ្រីស្តបរិស័ទតែងតែរំពឹងថាមានបទពិសោធមន៍នេះ តែបទពិសោធន៍នៃការជួបវត្តមានព្រះអង្គនេះមិនមែនកើតចេញពីជំនាញ ឬចំណេះដឹងណាមួយនោះទេ ប៉ុន្តែគឺជាព្រះអំណោយទានដែលមកពីព្រះជាម្ចាស់។

៥០៥.ហេតុអ្វីនៅពេលអធិដ្ឋានគឺជាពេលដែលយើងត្រូវប្រយុទ្ធតតាំងដូច្នេះ?

អស់លោកដែលបានឆ្លងកាត់បទពិសោធន៍នៃជិវិតខាងផ្លូវវិញ្ញាណនៅគ្រប់សម័យកាល បានចាត់ទុកការឆ្ពោះទៅក្នុងជំនឿ និងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់នេះដូចជាការប្រយុទ្ធតទល់រវាងជីវិត និងសេចក្តីស្លាប់។ ទីលានប្រយុទ្ធនោះគឺបេះដូងខាងក្នុងខ្លួនមនុស្ស ហើយអាវុធនៃការប្រយុទ្ធគឺការអធិដ្ឋាន។ នៅក្នុងការប្រយុទ្ធនោះយើងអាចបរាជ័យដោយសារការលើកតម្កើងខ្លួន ដោយចាត់ទុកខ្លួនជាកំពូល និងជាមជ្ឈមណ្ឌល ហើយយើងអាចបាត់បង់ខ្លួនឯងនៅក្នុងរឿងឥតប្រយោជន៍ក៏ថាបាន ឬមួយយើងអាចយកជ័យជំនះបានដើម្បីឆ្ពោះទៅរកព្រះជាម្ចាស់។ 2725-2752]

៥០៦.តើការអធិដ្ឋានគឺជាការសន្ទនាជាមួយខ្លួនឯងឬយ៉ាងណា?

លក្ខណៈរបស់ការអធិដ្ឋានគឺចាប់ផ្តើមនិយាយចេញពីខ្ញុំឆ្ពោះទៅកាន់មនុស្សណាមួយផ្សេងទៀត ពីការផ្តោតសំខាន់លើខ្លួនឯង ក្នុងការបើកចំហរចំពោះអ្នកដទៃ។ អ្នកដែលអធិដ្ឋានយ៉ាងពិតប្រាកដមានបទពិសោធន៍ថា អ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលរមែងតែងតែខុសគ្នាជាមួយអ្វីដែលយើងរំពឹងទុក។

៥០៧.តើយើងគួរធ្វើដូចម្តេច នៅពេលយើងមានអារម្មណ៍ថាការអធិដ្ឋានមិនបានជួយអ្វីដល់យើងសោះ?

អធិដ្ឋានមិនមែនដើម្បីបានអ្វីមួយមកវិញនោះទេ  ប៉ុន្តែការអធិដ្ឋានគឺជាពេលដែលយើងស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីយើងបានសិ្នទ្ធិស្នាលជាមួយព្រះអង្គ។ នៅពេលដែលព្រះជាម្ចាស់នៅស្ងៀម មានន័យថាព្រះអង្គចង់ឱ្យយើងឈានទៅមុខបន្ថែមទៀត ដោយទុកចិត្តទាំងស្រុងលើព្រះអង្គ នៅក្នុងការរង់ចាំដោយគ្មានព្រំដែន។ អ្នកដែលអធិដ្ឋានត្រូវតែទុកសេរីភាពឱ្យព្រះជាម្ចាស់មានព្រះបន្ទូលមកយើង សណ្តាប់ពាក្យអង្វររបស់យើង ព្រមទាំងបង្ហាញព្រះអង្គផ្ទាល់ឱ្យយើងឃើញតាមតែព្រះហឫទ័យរបស់ព្រះអង្គ។ [2735-2737]

៥០៨.ប្រសិនបើយើងអធិដ្ឋានដោយគ្មានឃើញផលអ្វីទាល់តែសោះ ឬមានអារម្មណ៍ធុញថប់មិនចង់អធិដ្ឋាន តើយើងត្រូវធ្វើដូចម្តេច?

នៅពេលយើងបែកអារម្មណ៍ក្នុងការអធិដ្ឋាន យើងមានអារម្មណ៍ថាទទេរ ស្ងួត និងមិនចង់អធិដ្ឋាន នោះគឺជាបទពិសោធន៍របស់មនុស្សទាំងអស់នៅពេលដែលអធិដ្ឋាន។ ប៉ុន្តែយើងត្រូវតែព្យាយាម ដោយចិត្តស្មោះ នោះហើយក៏ជាការអធិដ្ឋាន។ [2729-2733]

៥០៩.តើការអធិដ្ឋានគឺជាការគេចវេសចេញពីអ្វីដែលពិតមែនឬទេ?

អ្នកអធិដ្ឋានមិនមែនគេចវេសចេញពីអ្វីដែលពិតនោះទេ តែជាពេលដែលគេបើកភ្នែកមើលសេចក្តីពិតទាំងមូល។ នៅក្នុងព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ យើងទទួលបាននូវថាមពលដើម្បីប្រឈមមុខនិងអ្វីដែលកើតមានពិត។

៥១០.តើយើងអាចអធិដ្ឋានជានិច្ចបានដែរឬទេ?

យើងអាចអធិដ្ឋានជានិច្ចបាន ដោយសារនេះជាតម្រូវការនៃជីវិត។ ក្នុងជីវិតជាគ្រីស្តបរិស័ទ មិនអាចបំបែកខ្លួនចេញពីការអធិដ្ឋានបានទេ។ [2742-2745-2757]

ភាគទី២៖ សេចក្តីអធិដ្ឋានរបស់ព្រះយេស៊ូគ្រីស្ត"ធម៌ឱ!ព្រះបិតា" (៥១១-៥២៧)

ភាគទី២
សេចក្តីអធិដ្ឋានរបស់ព្រះយេស៊ូគ្រីស្ត "ធម៌ឱ!ព្រះបិតា"

 ៥១១.ធម៌ឱ!ព្រះបិតា

 ឱ!ព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ
សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។ អាមែន។

 ៥១២.តើធម៌ឱ!ព្រះបិតាមានប្រភពមកពីណា?

នៅពេលសាវ័ករបស់ព្រះយេស៊ូបានឃើញព្រះអង្គអធិដ្ឋាន ពួកគេចង់ឱ្យព្រះអង្គបង្រៀនឱ្យចេះអធិដ្ឋានដូចព្រះអង្គដែរ។ ដូច្នេះព្រះយេស៊ូបានបង្រៀនក្រុមសាវ័កឱ្យអធិដ្ឋានដោយធម៌ឱ!ព្រះបិតា (លក​ ១១,១៤)។

៥១៣.តើធម៌ឱ!ព្រះបិតាមានប៉ុន្មានផ្នែក?

ធម៌ឱ!ព្រះបិតាមានពាក្យអង្វរប្រាំពីរដែលទូលអង្វរព្រះជាម្ចាស់ដែលពោរពេញដោយធម៌មេត្តាករុណានៅឯស្ថានបរមសុខ និងពាក្យអង្វរបីទៀតដែលទាក់ទងនឹងមនុស្សគោរពប្រណិប័តន៍ព្រះជាម្ចាស់។ ចុងក្រោយគឺពាក្យអង្វរបួន ដែលជាការទូលថ្វាយព្រះជាម្ចាស់នូវតម្រូវការមូលដ្ឋានរបស់មនុស្សទៅព្រះអង្គ។ [2803-2805,2857]

៥១៤.តើធម៌ឱ!ព្រះបិតាមានមុខងារដូចម្តេចនៅក្នុងការអធិដ្ឋាន?

ធម៌ឱ!ព្រះបិតា ˝ជាពាក្យអធិដ្ឋានប្រសើរបំផុត ˝ (សន្តថូម៉ាស អាគីណាស់ ) ˝ ជាសេចក្តីសង្ខេបនៃព្រះគម្ពីរដំណឹងល្អទាំងមូល ˝ (​ Tertullian )។

៥១៥.តើពឹងផ្អែកលើអ្វីដែលយើងហ៊ានហៅព្រះជាម្ចាស់ជាព្រះបិតា?

បានជាយើងហ៊ានហៅព្រះជាម្ចាស់ជាព្រះបិតា ដោយសារព្រះយេស៊ូបានអញ្ចើញយើងឱ្យមករស់នៅយ៉ាងជិតស្និទ្ធិ និងរួបរួមជាមួយព្រះអង្គ និងប្រោសយើងឱ្យក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ នៅពេលដែលយើងរួបរួមជាមួយព្រះយេស៊ូ ˝ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា  ˝  (យហ ១,១៨) ទើបយើងហ៊ានហៅព្រះជាម្ចាស់ថាជាព្រះបិតា។ [2777-2778,2797-2800]

៥១៦.តើធ្វើដូចម្តេចឱ្យក្មេងៗដែលត្រូវឱពុកម្តាយបង្កើតធ្វើបាប បោះបង់ចោល ឬសម្លាប់យ៉ាងព្រៃផ្សៃបំផុតនោះ អាចហៅព្រះជាម្ចាស់ជាព្រះបិតាបាន?

ពេលខ្លះឱពុកម្តាយនៅលើផែនដីនេះបានបង្ខូចរូបភាពព្រះជាម្ចាស់ដែលជាព្រះបិតាដ៏សប្បុរស និងពោរពេញដោយសេចក្តីស្រលាញ់។ ប៉ុន្តែតាមពិត ព្រះបិតារបស់យើងដែលគង់នៅឯស្ថានបរមសុខ មិនដូចឱពុកម្តាយនៅលើផែនដីនេះទេ។ យើងត្រូវធ្វើយ៉ាងណាដើម្បីជម្រះរូបភាពមិនល្អ និងគំនិតមិនសមរម្យអំពីព្រះជាម្ចាស់ចោល ដើម្បីយើងអាចជួបព្រះអង្គដោយជំនឿ និងទុកចិត្តលើព្រះអង្គដោយគ្មានលក្ខខណ្ឌបាន។ [2779]

៥១៧.តើពេលយើងទូលថា ឱ!ព្រះបិតាយើងខ្ញុំ បានជួយគ្រីស្តបរិស័ទផ្លាស់ប្តូរអ្វីខ្លះ?

នៅពេលយើងទូលថា ឱ!ព្រះបិតាយើងខ្ញុំ ជួយឱ្យយើងរកឃើញនូវអំណរសប្បាយ ដោយសារយើងគឺជាបុត្រធីតារបស់ព្រះបិតាតែមួយ យើងត្រូវបានត្រាស់ហៅឱ្យច្រៀងសរសើរតម្កើងព្រះជាម្ចាស់រួមគ្នា និងរស់នៅជាបងប្អូន ដែលមានចិត្តថ្លើមតែមួយ (កក ៤,៣២)។ [2787-2791-2801]

៥១៨.ប្រសិនបើព្រះបិតារបស់យើងគង់នៅស្ថានបរមសុខ តើស្ថានបរមសុខនោះនៅឯណា?

ស្ថានបរមសុខគឺជាទីដែលព្រះជាម្ចាស់គង់នៅ។ ស្ថានបរមសុខមិនសំដៅទៅលើទីកន្លែងទេ តែជាការកំណត់វត្តមានរបស់ព្រះជាម្ចាស់វិញ ព្រោះព្រះអង្គមានវត្តមានហួសកាលលំហរទៅទៀត។ [2794-2796,2802]

៥១៩.តើមានន័យដូចម្តេចពេលយើង " សូមឱ្យព្រះជាម្ចាស់សម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ " ?

មានន័យថាយើងលើកតម្កើងព្រះអង្គលើអ្វីៗទាំងអស់។ [2807-2815,2858]

៥២០.តើ  "សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់  " មានន័យដូចម្តេច ?

នៅពេលយើងអធិដ្ឋាន សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ គឺយើងទូលសូមព្រះគ្រីស្តយាងមកវិញដូចដែលព្រះអង្គបានសន្យា ហើយសូមឱ្យព្រះរាជ្យដែលបានចាប់ផ្តើមនៅនាលោកនេះទទួលបានជ័យជំនះជាស្ថាពរ។ [2816-2821,2859]

៥២១.តើ  "សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ  " មានន័យដូចម្តេច?

នៅពេលយើង សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ គឺយើងសូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រចនៅក្នុងដួងចិត្តមនុស្សគ្រប់ៗរូប ដូចដែលព្រះអង្គបានសម្រេចកិច្ចការនេះនៅក្នុងទេវទូតទាំងឡាយនៅស្ថានបរមសុខដែរ។ [2822-2827,2860]

៥២២.តើ " សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ "  មានន័យដូចម្តេច?

ពាក្យអង្វរសូមអាហារបរិភោគប្រចាំថ្ងៃរំឭកយើងថា យើងដែលជាមនុស្សកំពុងទន្ទឹងរង់ចាំរាល់អ្វីៗទាំងអស់ដែលកើតចេញមកពីព្រះហឫទ័យសប្បុរសរបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ ទាំងសម្ភារៈខាងរូបកាយ និងខាងផ្លូវវិញ្ញាណដែលចាំបាច់សម្រាប់ជីវិតរបស់យើង។ គ្មានគ្រីស្តបរិស័ទណាអាចទូលអង្វរពាក្យនេះ ដោយមិនបាននឹកគិតដល់អស់បងប្អូនដែលខ្វះខាតនូវធនធានមូលដ្ឋានចាំបាច់សម្រាប់ជីវិតរបស់គេឡើយ។ [2828-2834,2861]

៥២៣.តើហេតុអ្វីបានជាមនុស្សមិនអាចរស់នៅដោយគ្រាន់តែបរិភោគអាហារតែប៉ុណ្ណោះ?

˝មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ។ ˝ (មថ ៤,៤ )។ [2835]

៥២៤.តើ "សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ "មានន័យដូចម្តេច?

សេចក្តីមេត្តាករុណា លើកលែងទោស ដែលយើងត្រូវប្រព្រឹត្តចំពោះអ្នកដទៃ ដូចដែលយើងបានទូលសុំព្រះជាម្ចាស់លើកលែងទោសឱ្យយើងនោះដែរ សេចក្តីទាំងពីរនេះត្រូវតែដើរជាមួយគ្នា។ ប្រសិនបើយើងមិនអាណិតអាសូរអ្នកដទៃ មិនលើកលែងទោសឱ្យគេ នោះព្រះហឫទ័យអាណិតអាសូររបស់ព្រះជាម្ចាស់មិនអាចចូលមកក្នុងចិត្តយើងបានដែរ។ [2838-2845,2862]

៥២៥.តើ "សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ " មានន័យដូចម្តេច?

ដោយសារគ្រប់ពេលវេលា យើងកំពុងរស់នៅក្នុងស្ថានភាពដែលងាយនឹងធ្លាក់ទៅក្នុងការប្រព្រឹត្តអំពើបាប ដែលឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ដូច្នេះហើយយើងសូមព្រះអង្គកុំឱ្យយើងភ្លេចខ្លួននៅចំពោះការល្បួងទាំងឡាយដែលមកពីមារកំណាច។ [2846-2849]

៥២៦.តើ "សូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច "មានន័យដូចម្តេច?

មារកំណាច នៅទីនេះមិនចង់សំដៅទៅលើវិញ្ញាណអាក្រក់ ឬកម្លាំងជម្រុញយើងនោះទេ គឺជាសេចក្តីអាក្រក់ដែលមាននៅក្នុងមនុស្សយើង ដែលក្នុងព្រះគម្ពីរបានហៅឈ្មោះថា ជាការល្បួង វាជាមេនៃការនិយាយកុហក សាតាំង ឬបិសាច។ [2850-2854,2864]

៥២៧.ហេតុអ្វីបានជាក្រោយធម៌ឱ!ព្រះបិតាយើងបញ្ចប់ដោយពាក្យ អាម៉ែន ?

ជនជាតិយូដា ក៏ដូចជាគ្រីស្តបរិស័ទតែងតែបញ្ចប់ពាក្យអធិដ្ឋានដោយពាក្យ ˝អាម៉ែន ˝ មានន័យថា ˝សូមឱ្យបានសម្រេច ˝ តាមពាក្យទាំងនោះចុះ​។ [2855-2856,2865]

2,889 Views

Theme: Overlay by Kaira