សារសម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ សម្រាប់
ទិវាពិភពលោកនៃការអធិដ្ឋានដើម្បីការត្រាស់ហៅ ឆ្នាំ២០២៣
ការត្រាស់ហៅ : ព្រះហឫទ័យប្រណីសណ្តោស និងបេសកកម្ម
ជម្រាបសួរបងប្អូន និងយុវជនយុវនារីជាទីស្រឡាញ់!
យើងប្រារព្ធខួបលើកទី៦០ ស្តីអំពីទិវាពិភពលោកនៃការអធិដ្ឋានសម្រាប់ការត្រាស់ហៅ ដែលសន្តប៉ូលទី៦ បានបង្កើតឡើងនៅឆ្នាំ១៩៦៤ ក្នុងអំឡុងពេលនៃអង្គមហាសន្និបាតវ៉ាទីកង់ទី២។ ការផ្តួចផ្តើមគំនិតដ៏វៀងវៃនេះមានគោលបំណងជួយដល់សមាជិកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ទាំងបុគ្គលម្នាក់ៗក្តី ទាំងសហគមន៍ទាំងមូលក្តី ឱ្យឆ្លើយតបទៅនឹងការត្រាស់ហៅ ដែលព្រះអម្ចាស់បានផ្ទុកផ្តាក់ឱ្យយើងម្នាក់ៗនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ចេះចូលរួមទាំងក្នុងការលំបាក និងក្នុងសេចក្តីសង្ឃឹម ទាំងក្នុងការបរាជ័យ និងក្នុងការជោគជ័យនៃពិភពលោកនេះ។
នៅឆ្នាំនេះ ខ្ញុំសូមអញ្ជើញបងប្អូនឱ្យរិះគិត និងអធិដ្ឋានតាមការណែនាំក្រោមប្រធានបទ “ការត្រាស់ហៅ : ព្រះហឫទ័យប្រណីសណ្តោស និងបេសកកម្ម”។ ថ្ងៃនេះ គឺជាឱកាសដ៏មានតម្លៃដើម្បីស្វែងយល់ឡើងវិញអំពីការត្រាស់ហៅដែលជាព្រះអំណោយទានដ៏ថ្ងៃថ្លារបស់ព្រះអម្ចាស់ ហើយក៏ជាឱកាសចូលរួមចាកចេញទៅប្រកាសដំណឹងល្អដល់បងប្អូនឯទៀតៗ។ ព្រះអម្ចាស់ត្រាស់ហៅយើងឱ្យផ្តល់សក្ខីភាពអំពីជំនឿ ដោយឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីព្រះហឫទ័យប្រណីសណ្តោសរបស់ព្រះអង្គនៅក្នុងជីវិតរបស់យើង តាមរយៈបទពិសោធន៍នៃអគ្គសញ្ញានានា ការរួបរួមគ្នាជាធ្លុងតែមួយក្នុងព្រះសហគមន៍ និងការបំពេញបេសកកម្មនៅក្នុងពិភពលោក។ ព្រះវិញ្ញាណដឹកនាំគ្រីស្តបរិស័ទឱ្យចេះប្រឈមមុខនឹងឧបសគ្គនានានៅជុំវិញខ្លួន និងចេះចាប់អារម្មណ៍អំពីវិបត្តិរបស់មនុស្សជាតិ ហើយដឹងខ្លួនច្បាស់ថា បេសកកម្ម គឺជាកិច្ចការរបស់ព្រះជាម្ចាស់។ កិច្ចការនោះមិនអាចបំពេញដោយខ្លួនឯងបានឡើយ លុះត្រាតែមានការរួបរួមគ្នាជាធ្លុងតែមួយក្នុងព្រះសហគមន៍ ការរួបរួមគ្នាជាមួយបងប្អូនឯទៀតៗ ដោយមានការណែនាំពីក្រុមលោកគង្វាល។ ដ្បិតក្តីសុបិនរបស់ព្រះជាម្ចាស់តាំងពីដើមរៀងមក និងជាដរាបតរៀងទៅ គឺយើងរួមរស់ជាមួយព្រះអង្គនៅក្នុងសេចក្តីស្រឡាញ់។
“ព្រះអង្គបានជ្រើសរើសយើងតាំងពីមុនកំណើតពិភពលោកមកម៉្លេះ”
គ្រីស្តទូតប៉ូលបានបង្រៀនឱ្យយើងដឹងជាមុនថា ក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់ជាព្រះបិតា “បានជ្រើសរើសយើងតាំងពីមុនកំណើតពិភពលោកមកម៉្លេះដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ។” (អភ ១,៤-៥)។ ពាក្យទាំងអស់នេះជួយឱ្យយើងយល់អំពីអត្ថន័យដ៏ពិតប្រាកដនៃជីវិតថា ព្រះជាម្ចាស់បានបង្កើតយើងជារូបតំណាង និងមានលក្ខណៈដូចព្រះអង្គ ព្រមទាំងសព្វព្រះហឫទ័យឱ្យយើងទៅជាបុត្រធីតារបស់ព្រះអង្គ។ ព្រះជាម្ចាស់បានបង្កើតយើងដោយសេចក្តីស្រឡាញ់ តាមរយៈសេចក្តីស្រឡាញ់ និងជាមួយសេចក្តីស្រឡាញ់ ហើយព្រះអង្គបង្កើតយើងមកដើម្បីឱ្យចេះស្រឡាញ់។
ក្នុងដំណើរជីវិតរបស់យើង ការត្រាស់ហៅនេះចារឹកនៅក្នុងសភាវៈរបស់យើង ហើយអាថ៌កំបាំងនៃសុភមង្គលរបស់យើងមកពីសកម្មភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសឱ្យជីវិតយើងថ្មីជានិច្ច។ ព្រះវិញ្ញាណបំភ្លឺឱ្យយើងមានប្រាជ្ញា ផ្តល់ឱ្យយើងមានឆន្ទៈ នាំយើងឱ្យភ្ញាក់ផ្អើល និងធ្វើឱ្យយើងមានចិត្តរំភើបរីករាយឡើង។ នៅពេលខ្លះ ព្រះវិញ្ញាណយាងមករកយើងតាមរបៀបដ៏អស្ចារ្យដោយមិនដឹងខ្លួន ដូចជាករណីដែលបានកើតឡើងចំពោះខ្ញុំ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៣ ខណៈពេលដែលខ្ញុំចូលរួមប្រារព្ធពិធីប្រចាំឆ្នាំរបស់សាលារៀន ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវការចូលទៅក្នុងព្រះវិហារដើម្បីសារភាពអំពើបាប។ ជីវិតរបស់ខ្ញុំបានកែប្រែនៅថ្ងៃនោះ ហើយធ្វើឱ្យខ្ញុំនឹកចាំជានិច្ចរហូតដល់សព្វថ្ងៃ។ ប៉ុន្តែ ការត្រាស់ហៅរបស់ព្រះជាម្ចាស់ចំពោះអំណោយទាននៃជីវិតរបស់យើងកើតឡើងជាលំដាប់ តាមរយៈការឆ្លងកាត់បទពិសោធន៍ដូចជា ការជួបប្រទះនឹងស្ថានភាពក្រីក្រ នៅក្នុងពេលអធិដ្ឋាន នៅពេលស្តាប់ឮសក្ខីភាពជាក់ស្តែងអំពីដំណឹងល្អ តាមរយៈការអានអត្ថបទដែលជួយបំភ្លឺចិត្តគំនិតរបស់យើង កាលណាយើងស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ យើងមានអារម្មណ៍ថា ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើង ការស្តាប់យោបល់របស់បងប្រុស ឬបងស្រីដែលជួយណែនាំយើង ក្នុងពេលមានជំងឺកើតឡើង ឬនៅពេលមានទុក្ខជាដើម។ ព្រះជាម្ចាស់ត្រាស់ហៅយើងគ្រប់មធ្យោបាយដែលហួសពីការនឹកស្មានរបស់យើង។
ព្រះតម្រិះរបស់ព្រះជាម្ចាស់ និងព្រះអំណោយទានដ៏ថ្លៃថ្លារបស់ព្រះអង្គរង់ចាំការឆ្លើយតបរបស់យើង។ ការត្រាស់ហៅ “កើតឡើងរវាងជម្រើសរបស់ព្រះជាម្ចាស់ និងសេរីភាពរបស់មនុស្ស”[1] ពោលគឺទំនាក់ទំនងដ៏រស់រវើក និងការរំភើបរីករាយរវាងព្រះជាម្ចាស់ និងដួងចិត្តរបស់មនុស្ស។ ហេតុនេះ ព្រះអំណោយទាននៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ គឺដូចជាគ្រាប់ពូជព្រះជាម្ចាស់ដែលដុះឡើងនៅក្នុងដីនៃជីវិតរបស់យើង។ យើងបើកចំហរចំពោះព្រះអង្គ និងចំពោះបងប្អូនឯទៀតៗ ដើម្បីចែករំលែកជាមួយពួកគេ នូវកំណប់ដែលយើងបានរកឃើញ។ អត្ថន័យដើមនៃការត្រាស់ហៅគឺ ព្រះជាម្ចាស់ត្រាស់ហៅយើងក្នុងសេចក្តីស្រឡាញ់ ហើយយើងឆ្លើយតបចំពោះព្រះអង្គក្នុងសេចក្តីស្រឡាញ់ដោយកតញ្ញូ។ យើងដឹងថា ព្រះបិតាស្រឡាញ់យើងជាបុត្រធីតារបស់ព្រះអង្គ ហើយយើងក៏ដឹងខ្លួនឯងថា ជាបងប្អូនគ្នាទៅវិញទៅមកផងដែរ។ សន្តីថេរេសានៃព្រះកុមារយេស៊ូ នៅទីបំផុតបាន “យល់ឃើញ” អំពីការពិតយ៉ាងច្បាស់ នាងបានពោលឡើងថា «ការត្រាស់ហៅរបស់ខ្ញុំ ទីបញ្ចប់ខ្ញុំបានរកឃើញហើយ! ការត្រាស់ហៅរបស់ខ្ញុំគឺ សេចក្តីស្រឡាញ់! ពិតមែនហើយ ខ្ញុំបានរកឃើញតួនាទីរបស់ខ្ញុំនៅក្នុងព្រះសហគមន៍ហើយ… ក្នុងបេះដូងនៃព្រះសហគមន៍ ព្រះមាតារបស់ខ្ញុំ។ ខ្ញុំនឹងក្លាយទៅជាសេចក្តីស្រឡាញ់[2]។
«ខ្ញុំគឺជាបេសកកម្មមួយនៅក្នុងនៅក្នុងផែនដីនេះ»
ការត្រាស់ហៅរបស់ព្រះជាម្ចាស់រួមបញ្ចូល “ការចាត់ឱ្យទៅ”។ ពុំមានការត្រាស់ណាដែលគ្មានបេសកកម្មនោះឡើយ ហើយក៏ពុំដែលមានសុភមង្គល និងការស្គាល់ខ្លួនឯងឱ្យច្បាស់ដោយគ្មានការថ្វាយខ្លួនចំពោះអ្នកដទៃ នូវជីវិតថ្មីដែលយើងបានរកឃើញនោះដែរ។ ការត្រាស់របស់ព្រះជាម្ចាស់ចំពោះសេចក្តីស្រឡាញ់ គឺជាបទពិសោធន៍មួយដែលមិនអាចលាក់ទុកក្នុងភាពស្ងៀមស្ងាត់បានឡើយ។ គ្រីស្តទូតប៉ូលបានថ្លែងថា៖ «ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អទេ សូមឱ្យខ្ញុំវេទនាទៅចុះ!» (១ករ ៩,១៦)។ នៅខាងដើមនៃលិខិតទី១របស់គ្រីស្តទូតយ៉ូហានមានថ្លែងផងដែរថាៈ ព្រះបន្ទូលដែលយើងបានឮ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់ គឺព្រះបន្ទូលដែលប្រសូតជាមនុស្ស យើងប្រកាសសេចក្ដីទាំងនេះជូនបងប្អូន ដើម្បីឱ្យយើងមានអំណរពេញលក្ខណៈ (១យហ ១,១-៤)។
អស់រយៈពេល៥ឆ្នាំមកហើយ នៅក្នុងពាក្យដាស់តឿនព្រះសហគមន៍ អំណរ និងសេចក្តីរីករាយ (Gaudete et Exsultate) ខ្ញុំបានថ្លែងទៅកាន់អ្នកទទួលអគ្គសញ្ញាជ្រមុជទឹកម្នាក់ៗដូច្នេះថាៈ «បងប្អូនក៏ដូចគ្នាដែរ ចូរបងប្អូនធ្វើឱ្យជីវិតរបស់ខ្លួនទាំងមូលដូចជាបេសកកម្មមួយ» (លេខ ២៣)។ ជាការពិត ពិព្រោះមនុស្សយើងម្នាក់ៗអាចពោលដោយឥតលក្ខខណ្ឌថាៈ «ខ្ញុំគឺជាបេសកកម្មមួយក្នុងផែនដីនេះ ហេតុនេះហើយបានជាខ្ញុំនៅក្នុងពិភពលោកនេះ» (អំណរហូរមកពីដំណឹងល្អ លេខ២៧៣)។
បេសកកម្មរួមសម្រាប់គ្រីស្តបរិស័ទគ្រប់រូប គឺការផ្តល់សក្ខីភាពដោយអំណរ ក្នុងគ្រប់កាលៈទេសៈ ទាំងកាយវិការ ទាំងពាក្យសម្តី ទាំងជីវិតរស់នៅរួមជាមួយព្រះយេស៊ូ និងនៅក្នុងព្រះសហគមន៍របស់ព្រះអង្គ។ បេសកកម្មស្តែងចេញតាមរយៈកិច្ចការសប្បុរសខាងផ្លូវកាយ និងផ្លូវវិញ្ញាណ តាមរយៈការទទួលស្វាគមន៍ ដោយសុភាពរៀបសារ ដោយជិតស្និទ្ធ ដោយសេចក្តីមេត្តាករុណា និងដោយសេចក្តីថ្នាក់ថ្នម ហើយជំទាស់នឹងវប្បធម៌ខ្ជះខ្ជាយ និងភាពខុសប្លែកគ្នា។ ចូរធ្វើឱ្យខ្លួនក្លាយទៅជាអ្នកជិតខាងដូចអ្នកស្រុកសាម៉ារីមានចិត្តសប្បុរស (លក ១០,២៥-៣៧) នាំឱ្យយើងយល់អំពី “បេះដូង” នៃការត្រាស់ហៅរបស់គ្រីស្តបរិស័ទ គឺការត្រាប់តាមព្រះយេស៊ូដែលយាងមកដើម្បីបម្រើគេ ហើយមិនមែនដើម្បីឱ្យគេបម្រើព្រះអង្គនោះទេ (មក ១០,៤៥)។
សកម្មភាពនៃបេសកកម្មនេះមិនមែនកើតឡើងដោយសារសមត្ថភាព ដោយសារការតាំងចិត្ត ឬដោយសារផែនការរបស់យើងនោះទេ ហើយក៏មិនមែនមកពីឆន្ទៈ និងមកពីការខិតខំប្រព្រឹត្តតាមវិន័យរបស់យើងនោះដែរ ប៉ុន្តែ មកពីបទពិសោធន៍ដ៏ជ្រាលជ្រៅនៃការរួមដំណើរជាមួយព្រះយេស៊ូ។ ហេតុនេះ យើងអាចក្លាយទៅជាអ្នកផ្តល់សក្ខីភាពអំពីព្រះមួយអង្គ អំពីជីវិតមួយ ហើយនាំយើងឱ្យក្លាយទៅជា “ទូតរបស់ព្រះគ្រីស្ត”។ ធ្វើដូច្នេះ យើងអាចទទួលស្គាល់ខ្លួនឯងបានថា “បេសកកកម្មនេះដៅចំណាំខ្ញុំ ដូចជាដៅចំណាំដោយស្នាមធ្វើពីភ្លើង ដើម្បីឱ្យខ្ញុំបំភ្លឺមនុស្សលោក ជូនពរគេ ផ្តល់ជីវិតឱ្យគេ សម្រាលទុក្ខគេ ព្យាបាលគេ និងរំដោះគេទៀតផង។” (អំណរហូរមកពីដំណឹងល្អ លេខ២៧៣)។
នៅក្នុងព្រះគម្ពីរដំណឹងល្អ សក្ខីភាពអំពីបទពិសោធន៍ដ៏ជ្រាលជ្រៅជាមួយព្រះយេស៊ូ គឺសាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស។ បន្ទាប់ពី ពួកគាត់បានជួបព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ ពួកគាត់បាននិយាយគ្នាថា «តើយើងគ្មានចិត្តរំភើបយ៉ាងខ្លាំងទេឬ កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើងនៅតាមផ្លូវ ព្រមទាំងបកស្រាយគម្ពីរឱ្យយើងស្ដាប់?» (លក ២៤,៣២)។ នៅក្នុងពួកគាត់ យើងអាចមើលឃើញនូវអ្វីដែលហៅថា “ចិត្តរំភើបយ៉ាងខ្លាំង និងជើងកំពុងតែបោះជំហាន”[3]។ ខ្ញុំមានសេចក្តីសង្ឃឹម សូមឱ្យការរំភើបចិត្តនេះកើតមានឡើងក្នុងឱកាសទិវាយុវជនពិភពលោក នៅទីក្រុងលីស្បោននាពេលខាងមុខ។ ខ្ញុំកំពុងតែទន្ទឹងរង់ចាំដោយអំណរជាមួយនឹងពាក្យស្លោកថា «នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរ» (លក ១,៣៩)។ សូមឱ្យយើងម្នាក់ៗស្តាប់ឮអំពីការត្រាស់ហៅឱ្យក្រោកឡើង ហើយរលះរលាំងចេញដំណើរដោយចិត្តអន្ទះសារ។
ការត្រាស់ហៅរួមជាមួយគ្នា : ការកោះហៅ
ព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុសរៀបរាប់អំពីហេតុការណ៍ ដែលព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កទាំង១២នាក់តាមឈ្មោះរៀងៗខ្លួន។ ព្រះអង្គចាត់តាំងពួកគាត់ឱ្យនៅជាមួយព្រះអង្គ និងដើម្បីចាត់ពួកគាត់ឱ្យទៅប្រកាសព្រះបន្ទូល ព្យាបាលអ្នកជំងឺ និងដេញខ្មោច (មក ៣,១៣-១៥)។ ព្រះអម្ចាស់បានកសាងសហគមន៍ថ្មីរបស់ព្រះអង្គតាមរបៀបនោះ។ ក្រុមសាវ័កទាំង១២នាក់មានដើមកំណើតចេញពីស្ថានភាពសង្គម និងមានអាជីពខុសៗប្លែកពីគ្នា។ ក្នុងចំណោមពួកគាត់គ្មាននរណាម្នាក់មានឥទ្ធិពលខ្លាំងនោះទេ។ ព្រះគម្ពីរដំណឹងល្អបន្តរៀបរាប់អំពីការត្រាស់ហៅផ្សេងទៀត ដូចជាក្រុមសាវ័កទាំង៧២នាក់ ដែលព្រះយេស៊ូចាត់ពីរៗនាក់ឱ្យទៅ (លក ១០,១)។
ព្រះសហគមន៍តាមអត្ថន័យដើមក្នុងភាសាក្រិច គឺពាក្យ អេក្លេស៊ីយ៉ា (Ekklesía) មានន័យថា ការជួបជុំអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ និងកោះហៅ ដើម្បីបង្កើតសហគមន៍ក្រុមសាវ័កជាសាសនទូតរបស់ព្រះយេស៊ូគ្រីស្ត ដែលស្ម័គ្រចិត្តចែករំលែកសេចក្តីស្រឡាញ់របស់ព្រះអង្គក្នុងចំណោមពួកគេផ្ទាល់ (យហ ១៣,៣៤; ១៥,១២) ហើយលាតសន្ធឹងសេចក្តីស្រឡាញ់នេះដល់បងប្អូនឯទៀត ដើម្បីឱ្យព្រះរាជ្យព្រះជាម្ចាស់បានមកដល់។
នៅក្នុងព្រះសហគមន៍ យើងទាំងអស់គ្នា គឺជាអ្នកបម្រើ តាមការត្រាស់ហៅ តាមព្រះអំណោយទាន និងតាមតួនាទីនៃការបម្រើផ្សេងៗគ្នា។ យើងទាំងអស់គ្នាមានការត្រាស់ហៅតាមអំណោយទាននៅក្នុងសេចក្តីស្រឡាញ់រៀងៗខ្លួន ដែលឆ្លុះបញ្ចាំង និងសម្តែងឱ្យឃើញនៅក្នុងជីវិតគ្រីស្តបរិស័ទ ទាំងបុរស ទាំងស្រ្តី ដែលស្ម័គ្រចិត្តកសាងក្រុមគ្រួសារឱ្យក្លាយទៅជា គ្រួសារព្រះសហគមន៍តូច និងធ្វើកិច្ចការក្រោមការបំភ្លឺនៃព្រះបន្ទូលដំណឹងល្អដើម្បីកសាងសង្គមថ្មី។ ការត្រាស់ហៅរបស់អស់អ្នកដែលថ្វាយខ្លួនផ្តល់សក្ខីភាពអំពីការលះបង់ជីវិតទាំងស្រុងថ្វាយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់បងប្អូន ជាសញ្ញានៃព្រះរាជ្យរបស់ព្រះជាម្ចាស់កើតជារូបរាង។ ចំពោះតួនាទីនៃការបម្រើដោយការតែងតាំងដូចជា លោកឧបដ្ឋាក លោកបូជាចារ្យ និងលោកអភិបាល មានមុខងារបម្រើព្រះបន្ទូល អធិដ្ឋាន និងបង្រួបបង្រួមប្រជារាស្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ មានតែនៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃទេ ដែលធ្វើឱ្យការត្រាស់ហៅនៅក្នុងព្រះសហគមន៍មានអត្ថន័យ និងមានតម្លៃដ៏ពិតប្រាកដ។ ហេតុនេះ ព្រះសហគមន៍ គឺជាតូរ្យតន្ត្រីនៃការត្រាស់ហៅមួយ ដែលការត្រាស់ហៅមានមុខងារផ្សេងៗគ្នា តែប្រគំចុះសម្រុងគ្នាយ៉ាងរលូន ហើយចូលរួមគ្នា “ចេញទៅ” ដើម្បីបញ្ចេញឥទ្ធិពលអំពីជីវិតថ្មីនៃព្រះរាជ្យរបស់ព្រះជាម្ចាស់។
ព្រះហឫទ័យប្រណីសណ្តោស និងបេសកកម្ម : អំណោយទាន និងកិច្ចសន្យា
បងប្អូនជាទីស្រឡាញ់ ការត្រាស់ហៅគឺជាអំណោយទាន និងជាកាតព្វកិច្ចមួយ ជាប្រភពនៃជីវិតថ្មី និងជាអំណរដ៏ពិតប្រាកដ។ សូមឱ្យការអធិដ្ឋានប្រកបដោយការច្នៃប្រឌិត និងការណែនាំកម្មវិធីពាក់ព័ន្ធនឹងទិវានៃការត្រាស់ហៅនេះ ពង្រឹងមនសិការនៃការត្រាស់ហៅនៅក្នុងក្រុមគ្រួសារ នៅតាមព្រះសហគមន៍ នៅតាមក្រុមបព្វជិតបព្វជីតា នៅតាមសមាគម និងនៅតាមក្រុមចលនានានារបស់ព្រះសហគមន៍។ សូមព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញកំចាត់ចិត្តព្រងើយកន្តើយរបស់យើង និងប្រទានឱ្យយើងមានចិត្តមុទិតា និងចេះយល់ចិត្តគ្នា ដើម្បីឱ្យយើងចេះរស់នៅក្នុងឋានៈជាបុត្រធីតារបស់ព្រះជាម្ចាស់ ជាសេចក្តីស្រឡាញ់ (១យហ ៤,១៤) និងឱ្យយើងចេះផ្តល់សេចក្តីស្រឡាញ់នេះ ដើម្បីអាចនាំជីវិតទៅគ្រប់ទីកន្លែង ជាពិសេសនៅទីកន្លែងណាដែលមានការជម្លៀស និងការជួញដូរមនុស្ស ទីកន្លែងដែលមានប្រជាជនក្រីក្រ និងមរណភាព។ សូមឱ្យសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់រីករាលដាលឡើង[4] និងសូមព្រះជាម្ចាស់គ្រងរាជ្យជាដរាបនៅក្នុងពិភពលោក។
សូមឱ្យពាក្យអធិដ្ឋានរបស់សន្តប៉ូលទី៦សម្រាប់ថ្ងៃដំបូង នៃទិវាពិភពលោកសម្រាប់ការត្រាស់ហៅ ថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៦៤ រួមដំណើរជាមួយយើង៖
ឱ! ព្រះយេស៊ូគ្រីស្ត ជាព្រះគង្វាលថែរក្សាព្រលឹង ដែលបានត្រាស់ហៅក្រុមគ្រីស្តទូតឱ្យក្លាយទៅជាអ្នកនេសាទមនុស្ស។ សូមព្រះអង្គទាក់ទាញយុវជនយុវនារី ដែលមានស្មារតីមោះមុត និងទឹកចិត្តសប្បុរស ដើម្បីប្រោសឱ្យពួកគេក្លាយទៅជាសាវ័ក និងអ្នកបំពេញមុខងារបម្រើរបស់ព្រះអង្គ។ សូមប្រទានឱ្យពួកគេបានចូលរួមជាមួយព្រះអង្គ ដែលស្រេកចំពោះការលោះមនុស្សលោកឱ្យរួចពីបាប។ សូមឱ្យពួកគេចេះបើកចិត្តគំនិតមើលពិភពលោកទាំងមូល ដើម្បីឱ្យពួកគេចេះឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គ។ សូមឱ្យពួកគេចេះចូលរួមក្នុងបេសកកម្មរបស់ព្រះអង្គនៅក្នុងលោកនេះ ដើម្បីកសាងព្រះកាយដ៏អាថ៌កំបាំង ដែលជាព្រះសហគមន៍របស់ព្រះអង្គ និងក្លាយទៅជា “អំបិល និងពន្លឺនៃពិភពលោក” (មថ ៥,១៣)។
សូមព្រះនាងព្រហ្មចារិនីម៉ារីរួមដំណើរជាមួយបងប្អូន និងថែរក្សាបងប្អូន រួមជាមួយនឹងការប្រទានពររបស់ខ្ញុំផងដែរ។
ទីក្រុងរ៉ូម ព្រះវិសាលវិហារសន្តយ៉ូហាន ឡាត្រង់, ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣
សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ
[1] Document final de la 15ème Assemblée générale ordinaire du Synode des Evêques (2018), Jeunes, foi et discernement vocationnel, n.78.
[2] Manuscrit B, écrit durant sa dernière retraite (septembre 1896): Oeuvres completes, Paris 1992, p. 226.
[3] Cf. Message pour la 97ème Journée Missionnaire Mondiale (6 janvier 2023).
[4] «Dilatentur spatia caritatis»: Saint Augustin, Sermon 69: PL 5, 440.441.