ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

គ្រីស្តបរិស័ទត្រូវរួបរួមគ្នាជាធ្លុងតែមួយ
UNITATIS REDINTEGRATIO

ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលជួបជុំក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឱ្យគេនឹកចងចាំរហូតតរៀងទៅ។

ក្រឹត្យក្រម
អំពីការបង្រួបបង្រួមគ្រីស្តបរិស័ទ
គ្រប់និកាយឱ្យរួបរួមគ្នាជាធ្លុងតែមួយ

១- ក្នុងចំណោមគោលដៅនៃមហាសនិ្នបាតសកលវ៉ាទីកង់ទី២​ដ៏វិសុទ្ធ ការលើកស្ទួយគ្រីស្តបរិស័ទគ្រប់​​​និកាយ​​​ឱ្យរួបរួមគ្នាជាធ្លុងតែមួយពិតជាគោលដៅមួយដ៏សំខាន់។ ព្រះគ្រីស្តជា​​​ព្រះអម្ចាស់​​​​តែងតាំង​​​ព្រះ​​​សហគមន៍​​​តែ​​​មួយគត់។ ក៏ប៉ុន្តែ មានសហគមន៍គ្រីស្តបរិស័ទ​ជាច្រើន​អះ​អាងនៅ​ចំពោះ​មនុស្សលោកថា មានតែគ្នា​​​គេ​​​ទេ​​​​​​ដែល​​​ទទួល​​​មត៌កដ៏ពិតប្រាកដរបស់ព្រះយេស៊ូគ្រីស្ត។ ទោះបីគ្រីស្តបរិស័ទទាំង​អស់ប្រកាសជំនឿថា គេជាសាវ័ក​​​របស់​​​ព្រះ​​​អម្ចាស់ក្តី ក៏គេកាន់ឥរិយាបថ​ផ្សេង​ៗពីគ្នា និងដើរតាម​មាគ៌ាប្លែកៗពីគ្នាដែរ ហាក់ដូចជាព្រះគ្រីស្តបែង​​​ចែកជាច្រើន​​​ភាគ (១ករ ១,១៣)។ ការបែងចែកគ្នាដូច្នេះ ច្បាស់ជាទាស់នឹងព្រះហឫទ័យរបស់ព្រះគ្រីស្តមែន ហើយក៏​បណ្តាល​ឱ្យ​​​មនុស្សលោកឃ្លាត​ឆ្ងាយពីជំនឿ ព្រមទាំងជាឧបសគ្គរារាំងការប្រកាសដំណឹងល្អឱ្យ​មនុស្សគ្រប់ៗគ្នាដែល​​​ជា​​​កិច្ចដ៏​​​វិសុទ្ធបំផុត។

ប៉ុន្តែ ព្រះអម្ចាស់នៃពេលវេលានៅតែសម្រេចគម្រោងការរបស់ព្រះអង្គតាមព្រះ​ហឫទ័យ​ប្រោស​​ប្រណី​ចំពោះយើង​ជាអ្នកបាបដោយព្រះប្រាជ្ញាញាណ និងដោយព្រះហឫទ័យអត់​ធ្មត់ខន្តីដែរ។ នៅសម័យថ្មីៗនេះ ព្រះអង្គចាប់ផ្តើម​​​បំភ្លឺចិត្តគំនិតគ្រីស្តបរិស័ទ ដែលបែង​ចែកគ្នានោះឱ្យមានចំនួនកាន់តែច្រើនឡើងៗនឹកស្តាយដោយបែង​​​ចែក​​​​​​គ្នា​​​ដូច្នេះ ​និង​​​ក៏មានបំណង​​​ប្រាថ្នាចង់រួបរួមគ្នាជា​ធ្លុង​តែមួយដែរ។ នៅគ្រប់ទីកន្លែង ព្រះជាម្ចាស់​​​ប្រណីសន្តោស​​​មនុស្ស​​​ជា​​​ច្រើន ​ហើយមានចលនាមួយកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃកើតឡើងក្រោមការណែនាំរបស់ព្រះវិញ្ញាណ​​​ដ៏​​​វិសុទ្ធ សូម្បីតែក្នុងចំណោមបងប្អូនដែល​​បែកចេញពី​យើងក្តីក៏កើតចលនានោះដែរ ក្នុងគោលបំណង​បង្រួប​បង្រួម​​​គ្រីស្តបរិស័ទ​​​ទាំងអស់​ឱ្យរួបរួមគ្នាជា​ធ្លុងតែមួយ។

គេតែងហៅចលនានោះថា «ចលនាបង្រួប​បង្រួមគ្រីស្តបរិស័ទគ្រប់និកាយឱ្យរួបរួម​គ្នាជាធ្លុងតែ​មួយ»។ អស់​​​អ្នកដែលតែងតែអង្វរព្រះជាម្ចាស់ជាព្រះត្រៃឯក និងដែលប្រកាសថា ព្រះយេស៊ូពិតជាព្រះ​អម្ចាស់ និងពិតជាព្រះ​​​សង្គ្រោះក៏ចូលរួមក្នុងចលនានោះដែរ។ មិនគ្រាន់តែគ្រីស្តបរិស័ទ​ក្នុងឋានៈ​ជាបុគ្គលម្នាក់ៗប៉ុណ្ណោះទេចូល​​​ចលនានោះ តែគ្រីស្តបរិស័ទដែលរួមគ្នាក្នុងឋានៈជាសហគមន៍ក៏ចូលដែរ​​​ គេបានស្តាប់​ដំណឹងល្អក្នុង​សហគមន៍​​​​ទាំងនោះដែលគេហៅថា «ព្រះសហគមន៍របស់គេ» (ឬ “ក្រុមជំនុំរបស់​គេ”) និង «ព្រះសហគមន៍ (ឬ “ក្រុមជំនុំ”) របស់ព្រះជាម្ចាស់»។ ក៏ប៉ុន្តែ គ្រីស្តបរិស័ទស្ទើរតែទាំងអស់នោះមានបំណង​​​សង្វាតចង់​​​ឱ្យមាន​​​ព្រះ​​​សហគមន៍ (ឬ “ក្រុមជំនុំ”) របស់ព្រះជាម្ចាស់តែមួយគត់ដែល​មនុស្សអាច​មើល​ឃើញបាន ជាព្រះសហគមន៍ (ឬ “ក្រុមជំនុំ”) សកលយ៉ាងពិតប្រាកដដែលព្រះជាម្ចាស់ចាត់មកក្នុងពិភពលោកទាំងមូល ដើម្បីឱ្យមនុស្សលោកប្រែ​ចិត្ត​គំនិត​​​ទទួល​​​ដំណឹងល្អ និងទទួលការសង្រោ្គះ ហើយលើកតម្កើង​​​សិរីរុងរឿងរបស់ព្រះជាម្ចាស់។

ហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធមានអំណរសប្បាយដោយឃើញការទាំងនោះ។ ​ក្រោយពី​​​បាន​​​ប្រកាសបញ្ជាក់លទ្ធិអំពីព្រះសហគមន៍រួចហើយ និងដោយមានបំណងចង់បង្រួប​បង្រួមសាវ័កទាំងប៉ុន្មានរបស់​​​ព្រះ​​​គ្រីស្តឱ្យរួបរួមគ្នាឡើងវិញ មហាសន្និបាតក៏សូមផ្តល់ឱ្យគ្រីស្តបរិស័ទ​កាតូលិកទាំងអស់​នូវជំនួយ និងគោល​​​ការណ៍​​ ព្រម​​​ទាំងមធ្យោបាយដែលអាចជួយគេឱ្យតបឆ្លើយនឹងព្រះជាម្ចាស់ដែលត្រាស់ហៅគេឱ្យរួបរួមគ្នា និង​​​តប​​​ឆ្លើយនឹង​​​ព្រះ​​​ហឫទ័យ​​​ប្រណីសន្តោសរបស់ព្រះអង្គផង។

ជំពូក១
គោល​ការណ៍​កាតូលិក​អំពី​ការ​បង្រួប​បង្រួម
​គ្រីស្ត​បរិស័ទ​ទាំង​អស់​ឱ្យរួបរួមជា​ធ្លុងតែ​មួយ

២- ព្រះ​ជាម្ចាស់​បាន​សម្តែង​ព្រះ​ហឫទ័យ​សប្បុរស​ចំពោះ​មនុស្ស​យើង​ដូច​ត​ទៅ៖ គឺព្រះ​បិតា​ចាត់​ព្រះ​បុត្រា​តែ​មួយរបស់ព្រះអង្គឱ្យ​យាង​មក​ក្នុង​ពិភព​លោក។ ដោយ​ព្រះ​បុត្រា​ប្រសូតជា​មនុស្ស​ ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាតិ​​​ទាំង​​​មូលឱ្យ​មាន​ជីវិត​ថ្មីទាំង​រម្ដោះ​គេ និង​បង្រួប​បង្រួម​គេ​ជា​អង្គតែ​មួយដែរ (១យហ ៤,៩; កូឡ ១,១៨-២០; យហ ១១,៥២)។ មុន​ពេល​ព្រះ​បុត្រា​បូជា​ព្រះ​ជន្ម​នៅ​លើ​ឈើ​ឆ្កាង​ទុក​ជា​តង្វាយ​ដ៏​និមល ព្រះ​អង្គ​អង្វរ​ព្រះ​បិតា​ សូមព្រះអង្គប្រណីសន្តោសអស់​អ្នក​ដែល​នឹង​ផ្ញើជីវិតលើ​ព្រះ​អង្គ​នៅពេល​ក្រោយ​ៗទៀតថា៖ «បពិត្រ​ព្រះ​បិតា! សូម​ឱ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង ដូច​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ​អង្គ​ដូច្នោះ​ដែរ ដើម្បី​ឱ្យ​មនុស្ស​លោក​ជឿ​ថា ព្រះ​អង្គពិត​ជា​បានចាត់​ខ្ញុំ​មក​មែន» (យហ ១៧,២១)។ ព្រះអង្គ​ក៏តែងតាំង​អគ្គ​សញ្ញា​ដ៏​ប្រសើរ​ឧត្តម​មួយ​ក្នុង​ព្រះ​សហគមន៍ និងក្នុងក្រុមជំនុំ គឺ​អគ្គ​សញ្ញា​អរ​ព្រះគុណដែលបង្ហាញ​បញ្ជាក់ថា ព្រះ​សហគមន៍​រួបរួម​ជា​ធ្លុង​តែ​មួយ​​​ហើយ និង​ធ្វើ​ឱ្យ​ព្រះ​សហគមន៍រួបរួមគ្នាជា​ធ្លុង​តែ​មួយ​ទៀតដែរ។ ព្រះអង្គក៏ប្រទាន​​​វិន័យ​​​​ថ្មី​ឱ្យ​ក្រុមសាវ័ករបស់​ព្រះអង្គ គឺ​ឱ្យ​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក (យហ ១៣,៣៤)។ ព្រះ​អង្គ​ក៏​សន្យា​ថា នឹង​ចាត់​ព្រះ​វិញ្ញាណ ជា​វិញ្ញាណ​ដែល​ជួយ​​​​ការពារ (យហ ​១៦,៧) ជា​ព្រះ​អម្ចាស់​ដែល​ផ្តល់​ជីវិត​ឱ្យគង់​នៅ​ជា​មួយ​គេជា​ដរាប​ត​រៀង​មក។

ក្រោយ​ពីពេល​គេ​លើក​ព្រះ​អង្គ​នៅលើ​ឈើ​ឆ្កាង និង​ក្រោយពីពេលព្រះ​អង្គ​យាង​ចូល​ក្នុង​សិរី​រុង​រឿង ព្រះ​អម្ចាស់​យេស៊ូ​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​តាម​ព្រះ​បន្ទូល​សន្យា។ ដោយ​ព្រះ​វិញ្ញាណ​នេះ ព្រះ​អង្គ​ក៏​ត្រាស់ហៅ និង​ប្រមែ​ប្រមូល​ព្រះ​សហគមន៍​ (ក្រុមជំនុំ) ដែល​ជា​ប្រជារាស្ត្រនៃ​សម្ពន្ធ​មេ​ត្រីថ្មីឱ្យ​មាន​ជំនឿ​តែ​មួយ មាន​សេចក្តី​សង្ឃឹម​តែ​មួយ និងមាន​ចិត្ត​​​​ស្រឡាញ់​តែ​មួយ​ដែរ​ តាម​សេចក្តី​ដែលគ្រីស្តទូត​ប៉ូល​បង្រៀនថា៖ «ព្រះ​កាយ​មាន​តែ​មួយ ព្រះ​វិញ្ញាណ​មាន​តែ​មួយ សេចក្តី​សង្ឃឹម​មាន​តែ​មួយតាម​ព្រះ​ជាម្ចាស់​ត្រាស់​ហៅបងប្អូន។ ​ព្រះ​អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹក​មាន​តែ​មួយ» (អភ ៤,៤-៥)។ «បង​ប្អូន​ទាំង​អស់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​អង្គព្រះ​គ្រីស្ត រួចបង​ប្អូន​រួបរួមយ៉ាងជិតស្និទ្ធនឹងព្រះ​គ្រីស្ត​ ដូចជាយកព្រះអង្គមក​បំពាក់​លើខ្លួន… គឺ​បង​ប្អូន​រួបរួម​គ្នា​ជា​អង្គ​តែ​មួយ​ក្នុង​ព្រះ​គ្រីស្ត​យេស៊ូ» (កាឡ ​៣,២៧-២៨)។ ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​គង់​សណ្ឋិត​ក្នុង​អ្នក​ជឿ ព្រះអង្គបំពេញ​ព្រះ​សហគមន៍​ទាំង​មូល ហើយ​ត្រួតត្រា​ព្រះ​សហគមន៍​ទៀត​ផង។ ព្រះ​វិញ្ញាណ​ធ្វើ​ឱ្យ​អ្នក​ជឿ​ទាំង​ប៉ុន្មាន​រួបរួម​ចិត្ត​គំនិត​គ្នា​យ៉ាង​អស្ចារ្យ គឺ​ប្រោស​​​ឱ្យ​គេ​រួបរួម​គ្នា​យ៉ាង​ជិតស្និទ្ធ​បំផុត​ក្នុង​អង្គព្រះ​គ្រីស្ត ព្រោះព្រះវិញ្ញាណជា​ដើម​កំណើត​ប្រោស​​​ឱ្យ​ព្រះ​សហគមន៍​​​រួបរួម​គ្នា​​ជា​ធ្លុងតែមួយនោះ។ ព្រះវិញ្ញាណនេះ​ហើយ​ដែលចែកប្រទាន​ព្រះ​អំណោយ​ទានប្លែកៗពីគ្នា និង​​​​មុខ​ងារ​បម្រើផ្សេងៗ (១ករ ១២,៤-១១) ព្រះអង្គក៏ចែកប្រទានតួនាទី​​ផ្សេង​ៗ​ក្នុង​ព្រះ​សហគមន៍​របស់ព្រះ​​​យេស៊ូគ្រីស្តទៀត​ផង ព្រះអង្គ “ចាត់​ចែង​ប្រជា​រាស្រ្ត​ដ៏​វិសុទ្ធ​ដូច្នេះ ឱ្យបំពេញ​មុខងារ​បម្រើ ដើម្បីសាងសង់ព្រះ​កាយ​​​​ព្រះ​គ្រីស្ត” (អភ ៤,១២)។

ក៏​ប៉ុន្តែ ព្រះ​គ្រីស្ត​បាន​ផ្ញើ​មុខ​ងារ​បង្រៀន មុខងារត្រួតត្រា និង​មុខងារនាំមនុស្សឱ្យបាន​វិសុទ្ធទៅនឹង​​​ក្រុម​​​គ្រីស្ត​​​ទូត​​​​​​​ទាំង​ដប់​ពីរ​នាក់ (មថ ២៨,១៨-២០ ភ្ជាប់នឹង យហ ២០,២១-២៣)​ ដើម្បី​តែង​តាំង​ព្រះ​សហគមន៍​ដ៏វិសុទ្ធ​របស់​​​ព្រះ​​​អង្គនៅគ្រប់ទីកន្លែង រហូត​ដល់​អវសានកាល​នៃ​ពិភពលោក។ ក្នុងចំណោម​គ្រីស្តទូត​ទាំង​ដប់​ពីរ​នាក់​នោះ ព្រះ​អង្គ​ជ្រើស​រើស​លោក​សិលា។ ក្រោយ​ពី​លោក​សិលា​នោះបានប្រកាសជំនឿ ព្រះអង្គសម្រេចព្រះហឫទ័យ​សាង​​​ព្រះ​​​សហគមន៍​​​របស់ព្រះអង្គលើលោកសិលានេះទុកជាគ្រឹះ។ ព្រះអង្គមានព្រះបន្ទូល​សន្យាថា​ នឹង​ប្រគល់ “កូន​សោរ​នៃ​ព្រះ​​​រាជ្យ” ទុកមក​លោក (មថ ១៦,១៩ ភ្ជាប់នឹង ១៨,​១៨)។ ក្រោយ​ពី​លោក​ប្រកាស​បញ្ជាក់ថា លោក​ស្រឡាញ់​ព្រះអង្គ​ពិតមែនហើយ​ ព្រះអង្គក៏​ផ្ញើ​ហ្វូង​ចៀម​ព្រះ​អង្គ​ឱ្យលោកពង្រឹង​ជំនឿ​របស់​គេ (លក ២២,៣២) និង​ឃ្វាលណែ​នាំ​គេ​ឱ្យ​រួប​រួម​គ្នា​ជា​ធ្លុង​តែ​មួយយ៉ាងពេញលក្ខណៈ (យហ ២១,១៥-១៧)។ ក៏ប៉ុន្តែ ព្រះយេស៊ូគ្រីស្តនៅតែជា​គ្រឹះ​ដ៏​សំខាន់​បំផុតដែល​នៅស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច (អភ ២,២០) និងជា “គង្វាល​នៃ​ជីវិតរបស់​យើង” (១សល ២,២៥)។

ព្រះ​យេស៊ូ​គ្រីស្ត​សព្វ​ព្រះ​ហឫទ័យ​ឱ្យ​ប្រជារាស្រ្ត​របស់​ព្រះ​អង្គ​ចម្រើនចំនួន​ឡើង ដោយ​គ្រីស្តទូត និងអស់លោកដែលបន្ត​មុខ​ងារ​ពីក្រុមគ្រីស្ត​ទូត ប្រកាស​ដំណឹង​ល្អ​យ៉ាង​ស្មោះត្រឹម​ត្រូវ។ អស់​លោក​អភិបាល​បន្ត​មុខ​ងារ​ពីក្រុមគ្រីស្តទូត​​​រួមជាមួយ​អភិបាល​ព្រះសហគមន៍ក្រុង​រ៉ូម ដែល​បន្ត​មុខ​ងារ​ពីគ្រីស្តទូត​សិលា​មកក្នុង​ឋានៈ​ជា​មេដឹកនាំ។ ព្រះ​​​​​​​យេស៊ូ​គ្រីស្តក៏សព្វ​ព្រះ​ហឫទ័យ​ឱ្យ​ប្រជារាស្រ្ត​របស់​ព្រះ​អង្គ​ចម្រើន​ឡើង ដោយ​អស់លោក​ធ្វើ​អគ្គ​សញ្ញា​ជូន​គ្រីស្ត​បរិស័ទ និង​គ្រប់គ្រងគេ​ដោយ​សេចក្តីស្រឡាញ់ ក្រោម​ការណែនាំនៃ​ព្រះវិញ្ញាណដ៏វិសុទ្ធដែរ។ ព្រះ​អង្គ​ក៏​បង្រួបបង្រួម​ប្រជារាស្រ្ត​​​ព្រះអង្គឱ្យរួប​រួម​គ្នាជាធ្លុងតែមួយ ដោយ​គេប្រកាស​ជំនឿ​តែ​មួយ ដោយរួប​រួម​គ្នាគោរព​បម្រើព្រះ​ជាម្ចាស់ និងដោយគេរួប​រួម​គ្នា​ ទុក​គ្នា​ជា​បង​ប្អូនយ៉ាងសុខ​សាន្តក្នុង​មហា​គ្រួសារ​របស់​ព្រះ​ជា​ម្ចាស់។

ដូច្នេះ ព្រះ​សហគមន៍​ដែលជា​ហ្វូង​ចៀម​តែ​មួយគត់​របស់​ព្រះ​ជា​ម្ចាស់ ប្រៀប​ដូច​​ទង់មួយជាសញ្ញា​លើកឡើង​ឱ្យ​មនុស្ស​​​​គ្រប់​ជាតិ​សាសន៍​ឃើញ (អស ១១,១០-១២) ព្រះ​សហគមន៍​យកដំណឹង​ល្អ​ស្តី​អំពី​សេចក្តីសុខសាន្ត​មក​បម្រើ​មនុស្ស​លោក​ទាំង​មូល (អភ ២,១៧-១៨ ភ្ជាប់នឹង មក ១៦-១៥)។ ព្រះ​សហគមន៍​​​​នៅ​តែ​ធ្វើ​បូជនីយចរណ៍​​​​ទាំង​​​​មាន​សេចក្តី​សង្ឃឹម​ ឆ្ពោះ​ទៅ​កាន់​មាតុ​ភូមិ​នៃលោកខាងមុខជាទិសដៅរបស់ខ្លួន (១សល ១,៣-៩)។

នេះ​ជា​គម្រោងការដ៏​សក្ការៈរបស់ព្រះ​សហគមន៍​ដែលរួប​រួម​គ្នាជា​ធ្លុង​តែ​មួយក្នុង​អង្គ​ព្រះ​គ្រីស្ត ដោយ​សារ​ព្រះ​គ្រីស្ត និងក្រោម​ការ​ណែ​នាំ​នៃព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​ចែកប្រទានមុខ​ងារ​បម្រើប្លែកៗពីគ្នាក្នុង​ព្រះ​សហគមន៍​នោះ។ ព្រះ​ត្រៃឯក គឺ​ព្រះ​បិតា ព្រះបុត្រា និងព្រះ​វិញ្ញាណដែល​រួបរួម​គ្នា​ជា​អង្គ​តែ​មួយ ពិត​ជា​គំរូ​ដ៏​ខ្ពង់ខ្ពស់បំផុត​ និងជាដើម​​​កំណើត​​​នៃគម្រោងការរបស់ព្រះ​សហគមន៍ ​ដែលរួប​រួម​ជា​ធ្លុង​តែ​មួយ​។

៣- ទំនាក់​ទំនង​ជា​មួយ​បង​ប្អូន​ដែល​បែក​ចេញ​ពី​ព្រះសហគមន៍កាតូលិក

តាំង​ពី​ដើម​រៀង​មក ក្នុងព្រះ​សហគមន៍​តែ​មួយ​គត់របស់ព្រះជាម្ចាស់ កើតការ​បែក​បាក់​គ្នាខ្លះ (១​ករ ១១,១៨-១៩​; កាឡ ១,៦-៩; ១យហ ២,១៨-១៩)។ គ្រីស្ត​ទូត​ប៉ូល​ស្តី​បន្ទោស​យ៉ាងខ្លាំងចំពោះអស់អ្នក​ដែលធ្វើ​ឱ្យ​ព្រះ​សហគមន៍​បែក​បាក់​ (១ករ​​​ ១,១១; ១១,២២)។ នៅ​សតវត្ស​រ៍ក្រោយៗ​មក​ទៀត គ្រីស្តបរិស័ទក៏ខ្វែងគំនិតគ្នារឹត​តែ​ធ្ងន់​ធ្ងរឡើង​​ទៀត មាន​សហគមន៍​ធំៗជា​ច្រើន​បែក​ចេញពី​ការ​រួបរួម​គ្នា​យ៉ាង​ពេញលេញ​នៃព្រះ​សហគមន៍​កាតូលិក។ ជួនកាល កំហុស​​​​មកពី​មនុស្ស​ក្នុង​ភាគីទាំង​សង​ខាង។ បង​ប្អូនដែល​កើតសព្វថ្ងៃក្នុង​សហគមន៍​ដែលបែក​​​ចេញ​​​ទាំង​នោះ ហើយ​​​ដែល​​​​​​ផ្ញើ​​​ជីវិត​​​លើព្រះគ្រីស្ត​​​មិន​ត្រូវ​ចោទថា គេមានកំហុសដោយបាក់​បែកនោះ​ទេ។ ព្រះ​សហគមន៍​កាតូលិក​គោរព និងស្រឡាញ់​គេ​ក្នុង​ឋានៈ​ជា​បង​ប្អូន ដ្បិតអស់​អ្នក​ដែល​ផ្ញើជីវិតលើព្រះ​គ្រីស្ត ហើយ​បាន​ទទួល​អគ្គសញ្ញាជ្រមុជ​ទឹក​យ៉ាង​​​​ត្រឹម​ត្រូវ ទោះ​បី​គេ​មិនរួប​រួម​យ៉ាង​​ពេញ​លក្ខណៈជា​មួយ​ព្រះ​សហគមន៍​កាតូលិក​ក្ដី ក៏គេរួបរួម​ម៉្យាងជាមួយ​​​គ្នាដែរ។ តាម​ពិតក្រុម​គេ​ និង​ព្រះ​សហគមន៍​កាតូលិក​ខ្វែង​គំនិតគ្នាអំពី​ប្រការផ្សេងៗត្រង់លទ្ធិ​នៃជំនឿ ជួន​កាល​គេ​​​ខ្វែង​​​គំនិត​​​គ្នាអំពី​វិន័យ ជួន​កាល​គេខ្វែងគំនិតគ្នាអំពី​រចនាសម្ពន្ធនៃព្រះ​សហគមន៍។ ការខ្វែងគំនិតទាំងនោះបង្កើត​​​ឧបសគ្គជា​​​ច្រើន ជួនកាលក្លាយជាឧបសគ្គធ្ងន់ធ្ងរ រារាំង​មិន​ឱ្យ​គ្រីស្ត​បរិស័ទ​រួប​រួម​គ្នា​យ៉ាង​​​ពេញ​​​លេញបាន។ ចលនា​បង្រួប​បង្រួម​គ្រីស្ត​បរិស័ទ​ឱ្យរួបរួម​​​គ្នា​​​ជា​​​ធ្លុង​តែ​មួយ មានគោលដៅពុះ​ពារ​ឧបសគ្គ​ទាំង​នោះ​​​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​ទាំង​នោះពិត​ជា​​មនុស្ស​សុចរិត​ដោយគេផ្ញើជីវិតលើព្រះគ្រីស្ត និងទទួល​អគ្គសញ្ញា​ជ្រមុ​ជ​ទឹក គេ​ចូល​រួម​ក្នុង​ព្រះ​កាយ​ព្រះ​គ្រីស្ត​ ​គេ​ក៏​ពិត​ជា​មាន​ឈ្មោះ​ថា ​ជាគ្រីស្ត​បរិស័ទ​ដែរ។ សមាជិក​នៃ​ព្រះ​សហគមន៍​កាតូលិកទទួល​ស្គាល់​គេ​យ៉ាងត្រឹម​ត្រូវ​ទុក​ជាបង​ប្អូន​ក្នុង​ព្រះ​អម្ចាស់​។

មិន​តែ​ប៉ុណ្ណោះ​សោត ព្រះ​សហគមន៍ (ក្រុម​ជំនុំ) សាងឡើង និង​មានជីវិតរស់​រវើកដោយកត្តា និងគុណធម៌​​​ផ្សេង​​​ៗ​​​ភ្ជាប់គ្នា។ មាន​កត្តា និងគុណសម្បត្តិដ៏​សំខាន់ៗ​បំផុតជា​ច្រើនស្ថិតនៅ​ខាង​ក្រៅ​​ព្រះ​សហគមន៍​កាតូលិក​​​ដែល​​​​​​មនុស្ស​មើល​ឃើញ គឺ​មាន​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ចែង​​ជា​លាយ​លក្ខណ៍​អក្សរ មាន​ជីវិតតាម​ព្រះ​ហឫទ័យ​​ប្រណី​សន្តោសរបស់​ព្រះ​ជា​ម្ចាស់ មាន​ជំនឿ មាន​សេចក្តី​សង្ឃឹម មានសេចក្តី​ស្រឡាញ់ មាន​ព្រះ​អំណោយ​ទាន​ផ្សេងៗ​របស់​​​​ព្រះ​​​​វិញ្ញាណ​​​​នៅ​ក្នុង​ចិត្ត​គេ ព្រម​ទាំង​មាន​កត្តា​ជា​ច្រើន​ផ្សេងៗទៀតដែល​មនុស្ស​​មើល​ឃើញ​បានផង។ គុណ​​​សម្បត្តិ​​​ទាំង​​​​នេះ​សុទ្ធតែមកពី​ព្រះ​គ្រីស្ត និងណែនាំ​ឱ្យទៅ​កាន់​ព្រះ​អង្គ ហើយក៏​ពិត​ជា​គុណសម្បត្តិនៃ​ព្រះ​សហគមន៍​​​​​​​តែ​មួយ​គត់​របស់​ព្រះ​គ្រីស្តត្រឹមត្រូវតាមច្បាប់។

ក្នុង​ចំណោម​បង​ប្អូន​ដែល​បែក​ចេញ​ពី​យើង ​គេ​ក៏តែងតែធ្វើ​ពិធី​ជា​ច្រើន​តាម​គ្រីស្ត​សាសនា។​​​ គេនាំគ្នាធ្វើពិធី​​​ទាំងនោះតាមរបៀបផ្សេងៗស្របតាម​សភាព​ការណ៍​ប្លែកៗរបស់ព្រះសហគមន៍ ឬសហគមន៍ (ក្រុមជំនុំ) នីមួយៗ។ ពិធី​ទាំង​នោះពិតជាអាច​ផ្តល់ជីវិតតាមព្រះ​ហឫទ័យ​​ប្រណី​សន្តោសរបស់​ព្រះ​ជា​ម្ចាស់ដែរ។ យើង​ត្រូវទទួលស្គាល់ថា ពិធីទាំង​នោះ​អាចនាំឱ្យគេ​ចូលរួបរួមក្នុង​ការ​សង្គ្រោះ​ផង​ដែរ។

ហេតុ​នេះ​ហើយ ទោះ​បី​យើង​ជឿ​ថា ព្រះ​សហគមន៍ និង​ក្រុម​ជំនុំ​ទាំង​នោះ​ដែលបាក់​បែក​ចេញ​ពី​យើង​ ខ្វះ​សេចក្តី​ខ្លះ​ក៏​ដោយ ក៏​យើង​ចាត់ទុក​ថា ព្រះ​សហគមន៍ និង​ក្រុម​ជំនុំ​ទាំងនោះមានអត្ថន័យ និងមាន​ប្រយោជន៍​តាម​គម្រោង​ការ​​​​ដ៏អស្ចារ្យនៃការសង្គ្រោះ​​ដែរ។ ព្រះវិញ្ញាណរបស់ព្រះគ្រីស្តសព្វព្រះហឫទ័យប្រើព្រះ​សហគមន៍ និង​ក្រុម​ជំនុំ​​​​ទាំង​នោះ​ទុកជា​មធ្យោបាយនាំការសង្គ្រោះដល់មនុស្សលោក។ អានុភាពនៃ​ការ​សង្គ្រោះនេះហូរ​ចេញ​មក​ពី​ព្រះ​ហឫទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់ និង​សេចក្តី​ពិត​ដ៏​ពេញ​លេញដែល​ព្រះ​គ្រីស្ត​បាន​ផ្ញើ​ទុក​ឱ្យ​ព្រះ​សហគមន៍​កាតូលិក។

ក៏ប៉ុន្តែ បង​ប្អូនដែល​បែក​ចេញពីយើងទាំង​នេះ ទោះម្នាក់ៗក្ដី ទោះជាក្រុម​ជំនុំ ឬ​ព្រះ​សហគមន៍​របស់​គេក្តី ក៏​គេមិន​​​​​​​ប្រកប​ដោយ​ការរួបរួម​ដែល​ព្រះ​គ្រីស្ត​សព្វ​ព្រះ​ហឫទ័យ​ចែកប្រទាន​ឱ្យ​អស់​អ្នក​ដែល​ព្រះអង្គបាន​បង្កើត​ជា​ថ្មី​​​ដែរ​​​។ ព្រះអង្គ​​​​​​​បានផ្តល់​ជីវិតឱ្យគេ ដើម្បីឱ្យគេទៅជា​ព្រះ​កាយ​តែ​មួយ ហើយបម្រុងនឹងបានជីវិត​ថ្មីតាមព្រះគម្ពីរ និងការ​​​បញ្ជូន​​​​បន្ត​​​​​​នៃព្រះ​​​សហគមន៍​​​បញ្ជាក់​​​ស្រាប់។ មនុស្សលោកមានគ្រប់មធ្យោបាយ ​​ដើម្បីទទួលការ​សង្គ្រោះ​​​​ដោយ​​​សារ​តែព្រះ​សហគមន៍​កាតូលិក​របស់​ព្រះ​គ្រីស្ត​មួយគត់ គឺព្រះសហគមន៍ដែល​ជា “មធ្យោបាយ​សកលនៃ​ការ​សង្គ្រោះ​”​​​។ យើង​ជឿ​ថា ព្រះ​អម្ចាស់បាន​ផ្ញើ​ទុកគុណសម្បត្តិដ៏​បរិបូរណ៍​លើស​លប់​នៃសម្ពន្ធមេត្រីថ្មីទៅក្រុម​​​គ្រីស្តទូត​តែ​មួយ​គត់ ដែលមានគ្រីស្តទូតសិលា​ជា​ប្រធាន ដើម្បីតែងតាំងព្រះកាយតែមួយគត់របស់ព្រះ​​​គ្រីស្តនៅ​​​លើផែនដីនេះ។ អស់អ្នក​​​ដែលភ្ជាប់នឹងប្រជារាស្ត្ររបស់ព្រះជាម្ចាស់តាមរបៀបម្យ៉ាងរួចហើយ​​​ ក៏ត្រូវរួប​​​រួម​​​ក្នុង​​​ព្រះ​កាយនេះ​​​យ៉ាង​​​​​​ពេញលេញ​​​ដែរ​​​​​​។ ពេលប្រជារាស្រ្តនេះកំពុងតែធ្វើបូជនីយេសចរនៅ​លើផេនដីនេះ ទោះបី​​​សមាជិក​​​តែងតែប្រព្រឹត្តអំពើបាប​​​ក៏​​​ដោយ ក៏ប្រជារាស្រ្តនៅតែចម្រើនឡើងក្នុង​អង្គ​ព្រះគ្រីស្តដែរ ដោយមានព្រះ​​​ជា​​​ម្ចាស់​​​ណែនាំយ៉ាងទន់ភ្លន់ តាម​ព្រះ​អង្គ​​​​​​គ្រោង​​​ទុក​​​យ៉ាងអាថ៌កំបាំង រហូត​ដល់​ពេលគេទទួល​សិរីរុង​រឿង​យ៉ាង​ពេញ​លេញអស់​កល្ប​ជា​និច្ចនៅ​ក្នុងក្រុង​យេរូ​​​សាឡឹម​​​នៃ​​​លោក​​​ខាងមុខ។

៤​- អំពី​ចលនា​បង្រួប​បង្រួម​គ្រីស្ត​បរិស័ទ​ឱ្យរួបរួមគ្នាជាធ្លុងតែ​មួយ

សព្វ​ថ្ងៃ​ នៅ​ច្រើន​កន្លែង​ក្នុង​ពិភពលោក ដោយ​មាន​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ប្រណីសន្តោស គ្រីស្ត​បរិស័ទ​មួយ​ចំនួន​ធំ​​​ខិត​ខំ​អធិដ្ឋាន និយាយ​សន្ទនា​គ្នា និង​ធ្វើ​ការ​រួមជា​មួយ​គ្នា ដើម្បី​ឱ្យ​រួប​រួម​គ្នា​យ៉ាង​ពេញ​លក្ខណៈ​តាម​ព្រះ​ហឫទ័យ​​​ព្រះ​យេស៊ូ​គ្រីស្ត។ ហេតុ​នេះ​ហើយ​ បាន​ជា​មហាសន្និបាតដាស់​តឿន​គ្រីស្ត​បរិស័ទ​កាតូលិក​ទាំង​អស់​ឱ្យ​ទទួលស្គាល់​​​​​​​សញ្ញា​សម្គាល់​នៃ​កាលៈទេសៈ និងឱ្យ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ខិត​ខំ​បង្រួប​បង្រួម​គ្រីស្ត​បរិស័ទ​ជាធ្លុងតែ​​​មួយ​​​នេះ។

ពេល​យើងនិយាយ​ថា “ចលនា​បង្រួប​បង្រួម” នេះ យើង​យល់​ដល់កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គ្រីស្ត​បរិស័ទ​ចាប់​​​ផ្តើមធ្វើ​ដោយ​មាន​គំនិត​ផ្ទាល់ ឬ​ការ​ដែល​ព្រះ​សហគមន៍ ឬ​ក្រុម​ជំនុំ​នានា​ចាត់​ចែង​ដើម្បី​ជួយ​ឱ្យ​គ្រីស្ត​បរិស័ទ​រួប​រួម​គ្នា​​​​ជា​ធ្លុង​តែ​មួយ ស្របតាម​សេចក្តី​ត្រូវ​ការ​ប្លែកៗ​នៃ​ព្រះ​សហគមន៍ និង​តាម​សភាពការណ៍នៃកាលៈទេសៈ​​​ផង​​​ដែរ​​​។ ដូច្នេះ មុន​ដំបូងត្រូវ​ខិត​ខំ​បំបាត់​ចោលនូវពាក្យ​សម្តី នូវការ​វិនិច្ឆ័យ​ និង​យោបល់ ព្រមទាំង​នូវកិច្ចការដែលមិន​ត្រឹម​ត្រូវ​តាមសភាព​ការណ៍​របស់បង​ប្អូន​ដែល​បែក​បាក់​ទាំង​នោះ គឺមិនស្របតាម​សេចក្តី​ពិត និង​មិនស្របតាម​យុត្តិធម៌ដែរ។ ពាក្យ​សម្តី ការ​វិនិច្ឆ័យ​ និង​យោបល់ កិច្ចការទាំងនោះបណ្តាល​ឱ្យ​ការ​ទាក់​ទង​ជា​មួយ​បង​ប្អូន​រឹតតែ​ពិបាក​។ បន្ទាប់​មក ​នៅពេល​គ្រីស្ត​បរិស័ទ​របស់ព្រះ​សហគមន៍ និងក្រុម​ជំនុំ​នានាចាត់ចែងការប្រជុំតាមគោល​គំនិត​ចង់​គោរព​ព្រះ​ជា​ម្ចាស់ត្រូវ​មាន “អ្នក​ជំនាញ​ការ” ដែល​ស្គាល់​សេចក្តីទាំង​នេះ​យ៉ាង​ល្អិត​ល្អន់ ណែនាំការ​សន្ទនា​គ្នា គឺ​ម្នាក់ៗ​រៀប​រាប់​យ៉ាង​ក្បោះក្បាយនូវលទ្ធិ​សហគមន៍ ឬ​ក្រុម​ជំនុំ​របស់​ខ្លួន ព្រមទាំងបញ្ជាក់​លក្ខណៈផ្ទាល់របស់សហគមន៍ ឬ​ក្រុម​ជំនុំ​​​​របស់​​​ខ្លួននោះ​ទៀតផង។ ដោយ​មាន​ការ​សន្ទនា​បែបនេះ គ្រីស្តបរិស័ទទាំង​អស់​មុខ​ជា​នឹងស្គាល់សេចក្តី​ដែល​​និកាយ​​​​នីមួយៗបង្រៀន និងរបៀបរស់នៅរបស់គេឱ្យបានច្បាស់​​ ព្រមទាំងវាយតម្លៃឱ្យបានត្រឹមត្រូវជាងមុន​​​ទៅ​​​ទៀត។ និកាយនីមួយៗក៏នាំគ្នារួម​សហការ​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​គ្រប់​វិស័យ តាម​មនសិការ​គ្រីស្ត​បរិស័ទ​ទាម​​​ទារដើម្បី​ជា​ប្រយោជន៍​រួម។ ជួនកាលគ្រីស្ត​បរិស័ទ​ក៏​អាច​រួម​គ្នា​អធិដ្ឋានដោយ​មាន​ចិត្ត​ថ្លើមតែ​មួយដែរ។ មិនតែ​​​ប៉ុណ្ណោះ​​​សោត គ្រីស្ត​បរិស័ទ​ទាំង​អស់​ត្រូវ​ពិនិត្យ​ពិច័យ​ខ្លួន​ឯង​អំពី​សេចក្តីស្មោះត្រង់របស់ខ្លួន​​​ចំពោះព្រះហឫទ័យរបស់ព្រះគ្រីស្ត និង​​​ចំពោះព្រះ​សហគមន៍។ គេក៏​ត្រូវ​ខិត​ខំ​កែ​តម្រង់និកាយរបស់ខ្លួនឱ្យ​កាន់​តែ​ប្រសើរ​ឡើងៗដោយ​ឥតឈប់​ឈរតាម​សេចក្តី​ត្រូវ​ការ។

ប្រសិន​បើ​គ្រីស្ត​បរិស័ទ​កាតូលិក​ប្រព្រឹត្តការ​ទាំង​នោះដោយប្រុង​ប្រយ័ត្ន​ និង​ដោយចិត្ត​អត់​ធ្មត់ក្រោម​ការ​ណែ​​​នាំ​​​​របស់​គង្វាល​របស់ខ្លួន គេមុខ​ជា​នឹង​ជួយឱ្យ​យុត្តិធម៌ និង​សេចក្តី​ពិត​ចម្រើន​ឡើង ជួយឱ្យ​គ្រីស្ត​បរិស័ទ​ស្រុះ​ស្រួល​គ្នា​​​ និង​​​​សហ​ការ​គ្នា​ ព្រម​ទាំង​ជួយឱ្យ​គេ​ស្រឡាញ់គ្នា​ទុកជា​បង​ប្អូន និង​រួប​រួម​គ្នា​ទៀតផង​។ បន្តិចម្តងៗដោយ​ប្រព្រឹត្ត​តាម​​​​វិធី​នេះ​ គ្រីស្ត​បរិស័ទនឹង​អាច​ពុះ​ពារឈ្នះ​ឧបសគ្គ​នានា ដែលរារាំង​មិន​ឱ្យ​រួបរួម​គ្នា​យ៉ាង​ពេញ​លេក្ខណៈជា​សហគមន៍​​​​​​​បាន។ ក្រោយ​មក​ គ្រីស្តបរិស័ទទាំងអស់មុខ​ជា​នឹង​រួបរួម​គ្នា​ធ្វើ​ពិធី​អរ​ព្រះ​គុណតែ​មួយគត់ ដោយរួមគ្នា​​​ជា​ព្រះ​សហគមន៍​តែ​មួយគត់​ពុំ​ខាន។ ព្រះ​គ្រីស្ត​បាន​ប្រទាន​ការរួបរួមគ្នា​បែបនេះ​ឱ្យ​ព្រះ​សហគមន៍​របស់​ព្រះ​អង្គតាំង​ពី​ដើម​រៀង​មក។ យើង​ជឿ​ថា ការរួបរួមគ្នានេះ​ស្ថិត​នៅ​ក្នុង​ព្រះ​សហគមន៍​កាតូលិកមិន​អាច​បាត់​បង់​បានឡើយ។ យើង​ក៏សង្ឃឹម​ថា ការរួបរួមគ្នានេះ​មុខជាចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃជាលំដាប់រហូត​ដល់​អវសាន​កាល​នៃ​ពិភពលោក។

ការរៀបចំ និងការសម្រុះសម្រួលបុគ្គលម្នាក់ៗដែលចង់រួបរួមយ៉ាងពេញលេញជាមួយព្រះសហគមន៍កាតូលិក ជាក់ច្បាស់មានលក្ខណៈប្លែកពីចលនាបង្រួប​បង្រួម​និកាយនានាឱ្យរួបរួមគ្នាជាធ្លុងតែមួយ។ ​ប៉ុន្តែ កិច្ចការទាំងពីរនោះមិនទាស់​គ្នាទេ ព្រោះកិច្ចការទាំងពីរមកពីព្រះជាម្ចាស់ចាត់ចែងតាមរបៀបគួរឱ្យសរសើរ។

ក្នុង​កិច្ច​ការបង្រួប​បង្រួម​​គ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយនោះ គ្រីស្ត​បរិស័ទ​នៃ​ព្រះ​សហគមន៍​កាតូលិកត្រូវ​តែ​ស្រឡាញ់​បងប្អូន​ដែល​បែក​បាក់​ទាំង​នោះដោយ​មិនរួញរា​ឡើយ។ ត្រូវ​តែ​អង្វរ​ព្រះ​ជា​ម្ចាស់​ឱ្យ​គេ និយាយ​ជា​មួយ​គេ​អំពី​សេចក្តី​ផ្សេងៗដែល​ពាក់ព័ន្ធនឹង​ព្រះ​សហគមន៍។ ត្រូវ​សុខ​ចិត្ត​ទៅ​រកគេ​ មុន​ពួក​គេ​មករកយើង។ ជា​​​ពិសេស​​​ ត្រូវយកចិត្តទុកដាក់ចាប់​អារម្មណ៍​ដោយ​ចិត្តស្មោះអំពីអ្វីៗ​ទាំង​អស់​ដែល​ត្រូវ​កែតម្រង់​ឱ្យបានថ្មី ក្នុង​មហា​​​គ្រួសារ​​​​កាតូលិក​ផ្ទាល់ ដើម្បី​ឱ្យ​របៀប​រស់​នៅ​របស់​ព្រះសហគមន៍ផ្តល់​សក្ខីភាពកាន់​តែ​ត្រឹម​ត្រូវ និងកាន់​តែ​ច្បាស់​អំ​​​ពី​​​​លទ្ធិ និងអំពីរចនាសម្ព័ន្ធដែល​ព្រះ​គ្រីស្ត​បាន​បញ្ជូនបន្តមកតាម​រយៈ​ក្រុម​គ្រីស្ត​ទូត។

ទោះបីព្រះសហគមន៍កាតូលិកបានទទួលសេចក្តីពិត​ដែល​ព្រះ​ជា​ម្ចាស់បាន​សម្តែង​ឱ្យ​មនុស្ស​លោក​ស្គាល់​ក្ដី ហើយទោះបី​ព្រះ​សហគមន៍​កាតូលិក​បាន​ទទួល​គ្រប់​មធ្យោបាយនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់​ក្ដី ក៏​សមាជិកនៃព្រះសហគមន៍​មិនរស់នៅដោយមាន​ចិត្ត​ស្រឡាញ់ព្រះជាម្ចាស់​យ៉ាង​ខ្លាំងទាំង​អស់​គ្នា ដូច​គេ​ត្រូវ​ស្រឡាញ់​​​​​​នោះ​ទេ។ ហេតុនេះហើយ បានជា​មុខនៃ​ព្រះ​សហគមន៍​មិន​ចាំងពន្លឺ​ឱ្យ​បានច្បាស់​​​នៅលើបង​ប្អូន​ដែល​បែក​បាក់​នោះ និង​នៅលើមនុស្ស​លោក​ទាំង​មូលទេ។ គេ​ក៏រារាំង​ព្រះរាជ្យព្រះ​ជាម្ចាស់​មិន​ឱ្យ​ចម្រើនឡើង​ដែរ។ ហេតុ​នេះ គ្រីស្ត​បរិស័ទ​កាតូលិក​ទាំង​អស់ត្រូវ​ខិត​ខំ​តម្រង់ខ្លួនឱ្យ​​ទៅ​ជា​គ្រីស្ត​បរិស័ទ​​ពេញ​លក្ខណៈ (យក ១,៤; រម ១២,១-២)។ ក្នុងរូប​កាយរបស់ខ្លួន ព្រះសហគមន៍រួម​ជាមួយ​ព្រះ​គ្រីស្ត​ជាមនុស្សសុភាពរាបសាដែល​តែង​តែ​ស្លាប់​​ (២ករ ៤,១០; ភីល ២,៥-៨)។ ហេតុនេះ ម្នាក់ៗ​តាម​កន្លែងរបស់ខ្លួនត្រូវ​ខិត​ខំ​នាំ​ឱ្យព្រះ​សហគមន៍ជម្រះខ្លួន និងប្រែ​ឱ្យ​បានជាថ្មី​ ជា​រៀង​រាល់​ថ្ងៃ​ ទម្រាំដល់​ពេល​ព្រះ​គ្រីស្ត​លើក​ព្រះ​សហគមន៍​នេះប្រកប​ដោយ​សិរីរុង​រឿង​ ឥត​​សៅ​ហ្មង ឥត​ជ្រៀវជ្រួញមក​ថ្វាយ​ព្រះ​អង្គ (អភ ៥,២៧)។

គ្រីស្ត​បរិស័ទ​ទាំង​អស់​ក្នុងព្រះសហគមន៍ត្រូវរក្សាទុកការរួបរួមគ្នាត្រង់សេចក្តីទាំងប៉ុន្មានដ៏ចំាបាច់ គឺម្នាក់ៗ​​​តាម​​​​​​​​​មុខ​​​​​​​ងារ​​​​​​​​​​​​​​​​រៀងៗ​​​​ខ្លួន។ ប៉ុន្តែ គ្រីស្ត​បរិស័ទ​ទាំង​អស់​ក៏ត្រូវរក្សាទុកសិទ្ធិ​សេរីភាពដ៏ត្រឹមត្រូវចំពោះ​របៀបរស់នៅ​​​ប្លែកៗ​​​ពី​​​គ្នា​តាមព្រះ​វិញ្ញាណ​​​ និងតាមក្បួនវិន័យ​របស់គេចំពោះ​របៀប​ធ្វើ​ពិធី​បុណ្យ​ប្លែកៗពីគ្នា សូម្បីតែចំពោះការកសាង​ទេវវិទ្យា​ដោយ​រិះ​គិត​អំពី​សេចក្តី​ពិត​ដែល​ព្រះ​ជា​ម្ចាស់​បាន​សម្តែង​មក​ ក៏ត្រូវទុកសេរីភាពឱ្យគេដែរ។ ប៉ុន្តែ ត្រូវ​មាន​ចិត្ត​ស្រឡាញ់ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។ ធ្វើ​ដូច្នេះ គ្រីស្តបរិស័ទទាំងអស់​នឹង​បង្ហាញ​ឱ្យកាន់​តែ​ច្បាស់​ឡើងៗនូវ​​​លក្ខណៈ​​​​ “កាតូលិក” (គឺ “សកល”) និងស្របតាមជំនឿរបស់ក្រុមគ្រីស្ត​ទូតរបស់​ព្រះ​សហគមន៍​។

ម្យ៉ាង​វិញ​ទៀត គ្រីស្ត​បរិស័ទ​កាតូលិក​ត្រូវ​តែអរ​សប្បាយ​ជាចាំបាច់ដោយ​ទទួល​ស្គាល់ និងរាប់រកសេចក្តី​ដ៏​ល្អត្រឹមត្រូវដែលមានលក្ខណៈគ្រីស្ត​សាសនាហូរមក​ពី​បេតិកភ័ណ្ឌរួម ហើយដែល​បង​ប្អូន​​បែកចេញពីយើងធ្លាប់​កាន់​​​​តាមនោះ​​​។ ត្រូវ​តែ​ទទួល​ស្គាល់គុណសម្បត្តិរបស់ព្រះគ្រីស្ត ​និង​ឫទ្ធានុភាព​របស់​ព្រះ​អង្គ​កំពុង​មាន​សកម្មភាព​ក្នុង​​​​ការ​​​រស់នៅរបស់អស់អ្នកដែលផ្តល់សក្ខីភាព​ថ្វាយ​ព្រះគ្រីស្ត ជួន​កាល​រហូត​ដល់​បូជា​ជីវិត​ទៀតផង​។ ការ​​​ទទួល​​​ស្គាល់​​សេចក្តីទាំងនោះពិតជាត្រឹមត្រូវ ហើយ​នាំការ​សង្គ្រោះទៀតផង ដ្បិតមនុស្ស​ត្រូវតែស្ញប់​ស្ញែង​ចំពោះព្រះ​ជា​ម្ចាស់​ជា​​​​និច្ច គឺត្រូវស្ញប់​ស្ញែង​ព្រះអង្គដោយ​ឃើញ​ស្នាព្រះហស្តរបស់ព្រះ​អង្គ​ដែរ។

យើង​ក៏​មិន​ត្រូវ​បំភ្លេច​ថា អ្វីៗ​ដែល​ព្រះ​វិញ្ញាណដ៏វិសុទ្ធប្រណី​សន្តោសសម្រេចក្នុង​បង​ប្អូនដែល​បែក​ចេញពី​យើង ក៏​អាច​ជួយ​អប់រំ​កសាងយើង​ដែរ។ អ្វីៗ​ដែល​ពិតជា​មាន​លក្ខណៈ​តាមគ្រីស្ត​សាសនាមិន​ដែល​ជំទាស់​នឹង​តម្លៃដ៏​ថ្លៃ​ថ្នូរ​ និងដ៏​ពិតប្រាកដនៃ​ជំនឿទេ ដ្បិត​អ្វីៗ​ទាំង​នោះអាច​ជួយ​ឱ្យយើង​ទៅ​ដល់គម្រោង​​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​គ្រីស្ត និង​​​​របស់​​​​ព្រះ​សហគមន៍​ឱ្យបានកាន់តែពេញលេញ​ឡើង។

ក៏ប៉ុន្តែ ដោយ​គ្រីស្ត​បរិស័ទ​បែក​បាក់​គ្នា​ដូច្នេះ គេ​រារាំង​ព្រះ​សហគមន៍​មិនឱ្យ​មានលក្ខ​​​ណៈ​កាតូលិក ជាលក្ខណៈរ​​​បស់ខ្លួនផ្ទាល់ឱ្យបានពេញលេញក្នុង​អស់អ្នកដែលជាកូនចៅរបស់ខ្លួនដោយសារ​អគ្គសញ្ញា​ជ្រមុជ​ទឹក តែ​​​ដែល​​​​បែក​ចេញ​ពី​ការ​រួបរួម​ដ៏​ពេញ​លេញទៅហើយ។ មិន​តែ​ប៉ុណ្ណោះ​សោត ព្រះ​សហគមន៍​ផ្ទាល់​ក៏​​ពិបាក​បង្ហាញ​គ្រប់​​​វិស័យ​​​នៃលក្ខណៈ​កាតូលិក​របស់​ខ្លួន​យ៉ាងពេញ​លេញបាន ក្នុង​ការ​រស់​នៅ​របស់មនុស្សលោកដែរ។

មហាសន្និបាត​មាន​អំណរ​សប្បាយដោយកត់សម្គាល់ថា មានគ្រីស្ត​បរិស័ទ​កាតូលិក​កាន់តែច្រើនឡើងៗចូលរួម​ក្នុង​ចលនា​បង្រួប​បង្រួម​គ្រីស្ត​បរិស័ទ​ឱ្យរួប​រួមគ្នាជា​ធ្លុងតែមួយ។ មហាសន្និបាតក៏សូមផ្ញើចលនានោះឱ្យអស់លោក​អភិបាល​​នៅ​​​​លើផែនដី​ទាំង​មូល សូមអស់លោកយកចិត្តទុកដាក់​លើកស្ទួយចលនា​នេះ ព្រម​ទាំង​ណែ​នាំ​ចលនានោះ​​​ដោយ​​​​ត្រិះរិះ​ពិចារ​ណា​ផង។

ជំពូក២
ការ​ប្រតិបត្តិតាម​ចលនា​បង្រួប​បង្រួម
​គ្រីស្ត​បរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយ

៥- ព្រះសហគមន៍ទាំងមូល ទាំងគង្វាល ទាំងគ្រីស្តបរិស័ទធម្មតាត្រូវតែយកចិត្ត​ទុក​ដាក់នាំឱ្យគ្រីស្តបរិស័ទ​ទាំង​អស់រួបរួមគ្នាជាធ្លុងតែមួយ ដោយការរស់នៅជារៀងរាល់ថ្ងៃ ឬដោយស្រាវ​ជ្រាវទេវវិទ្យា និងប្រវត្តិសាស្រ្ត គឺ​​​​​​ម្នាក់ៗ​​​​​​តាមសមត្ថភាពរៀងៗខ្លួន។ ការ​យក​ចិត្តទុកដាក់បែបនេះ​​​បង្ហាញចំណងម៉្យាង​​​របស់គ្រីស្តបរិស័ទ​​​ជាបង​​​ប្អូន ​​​​​​ហើយ​​​អាចបណ្តោយឱ្យគេរួបរួមគ្នាយ៉ាងពេញលេញ និងពេញលេក្ខណៈ​តាមព្រះជាម្ចាស់​អាណិតមេត្តា​។

៦- ការកែសម្រួលព្រះសហគមន៍ឱ្យបានជាថ្មី

ព្រះសហគមន៍កែសម្រួលជាថ្មីមានអត្ថន័យជាអាទិ៍ថា ព្រះសហគមន៍ត្រូវតែស្មោះ​នឹង​ព្រះ​ជាម្ចាស់​​​ដែល​​​ត្រាស់ហៅគេ។ កម្លាំងនៃចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយ ​អាស្រ័យ​តែលើ​ការកែ​​​សម្រួល​​​​​​បែបនោះ។ នៅពេលសហគមន៍ធ្វើ​​បូជនីយេសចររបស់ខ្លួននៅលើផែនដីនេះ ព្រះគ្រីស្តត្រាស់ហៅព្រះ​​​សហគមន៍​​​ឱ្យកែសម្រួលជាថ្មីជាអចិន្រៃ្តយ៍ ពីព្រោះព្រះសហគមន៍ជាស្ថាប័ន​ដែលមានលក្ខណៈជា​មនុស្ស​​​លោកីយ៍។ ហេតុ​​​នេះ​​​​​​ហើយ​​​ បានជាតាម​កាលៈទេសៈ ប្រហែល​ព្រះសហគមន៍មិន​​សូវបានប្រយ័ត្នប្រយែង​​​ត្រង់​​​ប្រការ​​​ខ្លះៗអំពី​​​សីលធម៌​​​ អំពី​​​ក្បួនវិន័យក្រុមបូជាចារ្យ ​សូម្បីតែ​អំពី​របៀប​ចែងលទ្ធិ​នៃគ្រីស្តសាសនា (ដែលប្លែកពី​​​បញ្ញើ​​​នៃ​​​ជំនឿ​​​ដែល​​​ព្រះ​​​គ្រីស្តផ្ញើទុកនោះ) ត្រូវកែសម្រួលឱ្យបានល្អក្នុងរយៈពេល​ និងតាមរបៀបដ៏សមរម្យដែរ។

ហេតុនេះ ការកែព្រះសហគមន៍ជាថ្មីនោះពិតជាមានប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតក្នុងចលនាបង្រួប​បង្រួម​គ្រីស្តបរិស័ទ​​​ឱ្យរួបរួមគ្នាជាធ្លុងតែមួយ។ ព្រះសហគមន៍កំពុងតែកែសម្រួលជាថ្មីបែបនេះតាមវិស័យ​ផ្សេង​ៗ​​នៃការរស់​​​នៅ​របស់​​​​ខ្លួន គឺតាមចលនាសិក្សាព្រះគម្ពីរ និងពិធីគោរពប្រណិប័តន៍តាមរបៀបធ្វើពិធីអត្ថាធិប្បាយគម្ពីរ ​តាម​​​របៀប​​​អប់រំជំនឿ តាម​​​របៀប​​​​គ្រីស្តបរិស័ទបំពេញកិច្ចការជាគ្រីស្តទូត តាមរបៀបបព្វជិតបព្វជិតារស់នៅជា​​​ថ្មី​​​ជាច្រើនយ៉ាង តាម​​​របៀប​​​គូស្វាមី​​​ភរិយា​​​​​​​រស់នៅស្របតាមព្រះវិញ្ញាណ តាមលទ្ធិ និង​សកម្មភាពរបស់ព្រះសហគមន៍អំពីសង្គមកិច្ច។ល។ ​ត្រូវ​​​រាប់​​​ការ​​​​​​កែ​​​សម្រួល​​​​​​ទាំងនោះទុក​ជា​សក្ខីភាព និងទុកជាសញ្ញាសម្គាល់ផ្តល់ដំណឹងថា ​ចលនាបង្រួបបង្រួម​​​គ្រីស្តបរិស័ទ​​​មុខ​​​ជា​​​​​​នឹង​​​ចម្រើនឡើង​ជា​លំដាប់លំដោយ​នៅពេលអនាគតពុំខាន។

៧- ត្រូវប្រែចិត្តគំនិត

មានចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយយ៉ាងពិតប្រាកដ លុះត្រាគ្រីស្តបរិស័ទប្រែចិត្ត​​គំនិត។ បំណងប្រាថ្នាចង់ឱ្យគ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយហូរមក និងចម្រើនឡើងពីគ្រីស្តបរិស័ទប្រែចិត្តគំនិត សុខ​​​ចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួន បង្ហាញសេចក្តីស្រឡាញ់ដោយសេរី។ ហេតុនេះ ត្រូវតែអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ សូម​​​​​​​ព្រះអង្គប្រណី​សន្តោសឱ្យយើងលះបង់ខ្លួនឯងយ៉ាងស្មោះ មានចិត្តសុភាពរាបសា បម្រើអ្នកដទៃដោយ​​​ចិត្ត​ស្លូតបូ​​​ត មា​​​នចិត្តទូលំទូលាយចំពោះអ្នកដទៃដូចជាចំពោះបងប្អូន។​​​​​​ គ្រីស្តទូតប៉ូលជា​​​សាសនទូត​​​​​​ដែល​​​បាន​​​ប្រកាស​​​​​​​ដំណឹង​​​ល្អ​ដល់មនុស្សគ្រប់ជាតិសាសន៍ចែងថា៖ “ខ្ញុំដែល​ជាប់​ឃុំឃាំង សូម​ដាស់​តឿន​បងប្អូន​ក្នុង​ព្រះ​​​នាម​ព្រះ​​​អម្ចាស់ថា ដោយ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន ចូរ​រស់​នៅ​ឱ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។ ចូរ​បន្ទាប​ខ្លួន‌​ ចូរមានចិត្ត​ស្លូត​បូត‌​ និង​ចេះ​អត់ធ្មត់ ព្រមទាំង​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្តី​ស្រឡាញ់។ ចូរ​យក​ចិត្ត​​​​ទុក​ដាក់​រក្សា​ការរួបរួមគ្នាដែល​មកពី​ព្រះ​វិញ្ញាណ ដោយ​យក​សេចក្តី​សុខសាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់ទង​គ្នា” (អភ ៤,១-៣)។ ពាក្យដាស់តឿននេះសំដៅយ៉ាងពិសេសចំពោះអស់អ្នកដែល​ទទួល​អគ្គសញ្ញា​តែងតាំង​ជា​​​អ្នក​​​​​​​​​បម្រើ​​​ព្រះសហគមន៍ ដោយមានគោលបំណងបន្តបេសកកម្មរបស់ព្រះគ្រីស្ត គឺរបស់​​​ព្រះអង្គ​ដែលយាង​​​មកក្នុង​​​លោក​​​នេះ “មិន​មែន​ដើម្បី​ឱ្យ​គេ​បម្រើ​លោក​ទេ គឺ​លោកមក​បម្រើ​គេ​វិញ” (មថ ២០,២៨)​។

ពេលយើងគិតពីអំពើបាបនៃការបាក់បែកគ្នា យើងអាចនឹកដល់សក្ខីភាពរបស់គ្រីសទូតយ៉ូហានដែលមាន​​​ប្រសាសន៍​​​ថា៖ “ប្រសិន​​បើ​យើង​​​​ពោល​ថា ​យើង​គ្មាន​បាប​សោះ​នោះ ដូចជា​យើង​ចោទ​ថា ​ព្រះជាម្ចាស់​កុហក​ទៅ​​​វិញ​ ហើយ​ព្រះបន្ទូល​របស់​ព្រះ​​​អង្គមិន​ស្ថិតនៅ​ក្នុង​ខ្លួន​យើង​ទេ” (១យហ ១,១០)។ ហេតុនេះ ​យើងត្រូវទូលអង្វរ​ដោយ​ចិត្ត​​​សុភាពរាបសា សូមព្រះជា​​​ម្ចាស់ និងបងប្អូនដែលបែកចេញពីយើងអត់ទោសឱ្យយើង ដូចយើងអត់​ទោស​ឱ្យអស់អ្នកដែល​​​ប្រព្រឹត្ត​​​ខុស​​​នឹង​​​យើងដូច្នោះដែរ។

សូមគ្រីស្តបរិស័ទទាំងអស់នឹកចាំថា ប្រសិនបើគេយកចិត្តទុកដាក់ខិតខំរស់នៅតាមដំណឹងល្អកាន់​​​តែ​​​បរិសុទ្ធ​​​ឡើងៗ គេមុខជានឹងជួយ ហើយក៏ធ្វើឱ្យ​​​គ្រីស្តបរិស័ទ​​​រួបរួមគ្នាជា​​​ធ្លុងតែ​មួយ។  គេរួបរួម​​​គ្នា​​​ជា​​​មួយព្រះបិតា ជា​​​មួយ​​​ព្រះបន្ទូល និងជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ​​​យ៉ាងជិតស្និទ្ធឡើងយ៉ាងណា គេក៏​​​មុខ​​​ជា​​​នឹងអាច​​​នាំឱ្យ​គ្រីស្តបរិស័ទ​រស់នៅដូចបងប្អូនយ៉ាងជិតស្និទ្ធ និងស្រួលយ៉ាងនោះដែរ។

៨- ត្រូវរួមគ្នាអធិដ្ឋាន

ត្រូវចាត់ទុកថា ការប្រែចិត្តគំនិត និងការរស់នៅបែបវិសុទ្ធយ៉ាងនេះរួមជាមួយពិធីអធិដ្ឋានជា​សាធារណៈ​ និងពាក្យអធិដ្ឋានម្នាក់ៗ ពិតជាដួងព្រលឹងនៃចលនាបង្រួបបង្រួមគ្រីស្តបរិស័ទ​ឱ្យរួប​រួម​គ្នាជាធ្លុង​តែមួយ​មែន។ យើង​​​ក៏អាចហៅការទាំងនោះយ៉ាងត្រឹមត្រូវថា ជាចលនាបង្រួបបង្រួម​គ្រីស្តបរិស័ទ​ខាងព្រះ​វិញ្ញាណ។

គ្រីស្តបរិស័ទ​​​កាតូលិក​​​ចូលចិត្តជួបជុំគ្នាជាញឹកអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសឱ្យ​ព្រះ​សហគមន៍រួបរួម​​​គ្នា​​​​​​ជាធ្លុងតែមួយ គឺអង្វរព្រះអង្គសាជាថ្មីតាមរបៀបព្រះអម្ចាស់ទទូចអង្វរ​ព្រះបិតានៅថ្ងៃមុនចូលទិវង្គតថា “សូម​​​ឱ្យ​​​គេ​​​ទាំង​​​អស់គ្នារួមជាអង្គតែមួយ” (យហ ​១៧,២១)។

ក្នុងសភាពការណ៍ពិសេសខ្លះ ឧប.ក្នុងឱកាសពិធីអធិដ្ឋានចាត់ចែង “សម្រាប់ឱ្យគ្រីស្តបរិស័ទ​រួប​រួម​គ្នា” និង​​​ក្នុងឱកាសអង្គប្រជុំចលនាបង្រួបបង្រួមគ្រីស្តបរិស័ទ គ្រីស្តបរិស័ទកាតូលិកមានសិទិ្ធ ហើយក៏ត្រូវអង្វរ​​​ព្រះ​​​ជាម្ចាស់​​​រួម​​​ជា​​​មួយបងប្អូនដែលបែកចេញទៅ។ ពិធីទទូចអង្វររួមបែបនេះពិតជាមធ្យោបាយ​ដ៏ស័ក្ដិសិទ្ធ សូម​​​ព្រះជាម្ចាស់​​​ប្រណី​​​សន្តោស​​​ឱ្យគ្រីស្តបបរិស័ទរួបរួមគ្នាជាធ្លុងតែមួយមែន។ ម៉្យាងវិញទៀត ពិធីអង្វររួមទាំងនោះបង្ហាញយ៉ាងជាក់​​​ច្បាស់​​​នូវចំណងនានារបស់គ្រីស្តបរិស័ទកាតូលិក ដែលនៅតែ​រួមជា​មួយបង​ប្អូនដែលបែកចេញទៅ “ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​​​​បីនាក់​ជួប​ជុំគ្នា​ក្នុង​នាម​ខ្ញុំ ខ្ញុំក៏​ស្ថិត​នៅទី​នោះ​ជាមួយ​គេ​ដែរ” (មថ ១៨,២០)។

ប៉ុន្តែ គ្រីស្តបរិស័ទកាតូលិកគ្មានសិទ្ធិចាត់​​​ “ការរួបរួមធ្វើពិធីដ៏សក្ការៈជាមួយគ្នា” ទុកជាមធ្យោបាយអាច​​​ប្រើ​​​បាន​​​​​​ដោយគ្មានរិះ​គិត​ពិចារណា ដើម្បីឱ្យគ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយឡើងវិញបានទេ។ មានគោលការណ៍​​​ពីរ​​​​​​យ៉ាង​ណែនាំ​ “ការរួបរួមធ្វើពិធីដ៏សក្ការៈជាមួយគ្នា” នោះ​​​​​​ គឺការរួបរួមធ្វើពិធីនោះត្រូវសម្តែងថា ព្រះសហគមន៍​​​រួប​​​​​​រួម​​​​ជា​​​​​​​ធ្លុង​តែមួយមែន។ គោលការណ៍ទីពីរ គឺណែនាំអ្នកចូលរួមឱ្យទទួលចំណែកនៃមធ្យោបាយ​ព្រះជាម្ចាស់​​​ប្រណី​​​សន្តោស​​​មនុស្សលោក។​ តាមធម្មតា “ការរួបរួមធ្វើពិធីដ៏សក្ការៈជាមួយគ្នា” មិនអាចធ្វើបាន ព្រោះ​ពិធី​នោះមិន​​​បង្ហាញ​​​ការរួបរួមជាធ្លុងតែមួយទេ។ តែជួនកាល បើគិតពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ​ត្រូវ​រួបរួម​​​ធ្វើ​​​ពិធី​​​ដ៏សក្ការៈវិញ។ ចំពោះ​​​របៀប​​​ប្រតិបត្តិ​​​យ៉ាងជាក់ច្បាស់ ត្រូវនឹកគិតដល់សភាពការណ៍របស់ទីកន្លែងនៃកាលៈ​​​ទេសៈ​​​​​​ និង​​​របស់បុគ្គលនានា។ លោក​អភិបាលភូមិភាគត្រូវផ្តល់សេចក្តីណែនាំដោយប្រុងប្រយ័ត្នសម្រាប់​ចាត់ចែង​​​ពិធីនោះ លើកលែងតែក្រុម​​​អភិបាល​​​ក្នុង​​​ប្រទេសចាត់ចែងតាមរបៀប​ផ្សេង ស្របតាមលក្ខន្តិកៈក្រុមនោះផ្ទាល់ ឬតាម​​​សន្តៈ​​​អាសនៈ​​​ចាត់​​​ចែង​​​ដែរ​​​។

៩- គ្រីស្តបរិស័ទគ្រប់និកាយត្រូវស្គាល់គ្នាទៅវិញទៅមក

ត្រូវស្គាល់ចិត្តគំនិតរបស់បងប្អូនដែលបែកចេញពីយើង។ ហេតុនេះ ត្រូវសិក្សាដើម្បីស្គាល់ចិត្តគំនិតគេ ប៉ុន្តែ​​​​​​​​​ ត្រូវសិក្សា​ដោយ​ចិត្ត​​ស្មោះ និងដោយចិត្តមេត្តាករុណា។ គ្រីស្តបរិស័ទកាតូលិកខ្លះត្រូវរៀបចំខ្លួនយ៉ាងសមរម្យ​​​ជា​​​មុ​​​នសិន ទើបសិក្សាឱ្យ​មានចំណេះចេះដឹងកាន់តែច្បាស់អំពីលទ្ធិ និងអំពីប្រវត្តិសាស្រ្តនិកាយនីមួយៗ អំ​​​ពី​​​ការ​​​រស់​​​នៅ​​​តាម​​​​​​ព្រះ​​​វិញ្ញាណ​​​​ និងអំពីវប្បធម៌របស់គេ អំពីមតិខាង​សាសនា និងអំពីវប្បធម៌ផ្ទាល់របស់បងប្អូនទាំងនោះ​​​។ គ្រីស្តបរិស័ទក៏អាចជួយ​ឱ្យមានចំណេះចេះ​ដឹងបែប​នេះដោយចាត់ចែងប្រជុំ​​​ចម្រុះ​​​​គ្នាបានដែរ។ អ្នកចូលរួម​ត្រូវមាន​​​សមត្ថភាព​យ៉ាងពិតប្រាកដ ហើយត្រូវ​​​រិះគិតជាពិសេសអំពីបញ្ហា​ទេវវិទ្យា ដោយភាគី​ទាំង​អស់មានសិទ្ធិស្មើគ្នាក្រោម​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​​របស់​​អភិបាលទាំងឡាយ។ ការសន្ទនាបែបនោះមុខជាបណ្ដោយឱ្យគោលជំហរដ៏​ពិត​ប្រាកដ​របស់​​​ព្រះ​​​សហគមន៍​​​​កាតូលិកលេចធ្លោភ្លឺកាន់តែច្បាស់ឡើងៗ។ តាម​របៀប​នេះ យើងក៏ស្គាល់គោល​គំនិត​បងប្អូន​​​ដែល​​​​បែក​ចេញ​កាន់តែច្បាស់ ហើយយើងក៏អាចបង្ហាញលទ្ធិ​ជំនឿរបស់យើងកាន់តែសម​រម្យដែរ។

១០- ការអប់រំអំពីចលនាបង្រួបបង្រួមគ្រីស្តបរិស័ទ

ត្រូវបង្រៀនទេវវិទ្យា និងវិទ្យាឯទៀតៗ ជាពិសេស ប្រវត្តិសាស្រ្តស្របតាមតាមគំនិត​​​នៃចលនាបង្រួប​​​បង្រួម​​​គ្រីស្តបរិស័ទ ដើម្បីឱ្យតបឆ្លើយយ៉ាងត្រឹមត្រូវស្របតាមសេចក្តីពិត។

អស់លោកដែលត្រៀមខ្លួនទៅជាអភិបាល និងជាបូជាចារ្យ ​ត្រូវយល់ច្បាស់អំពីទេវវិទ្យាដែលបានរិះគិតតាម​បែប​​​នោះជាចាំ​បាច់បំផុត ​ជាពិសេស ត្រូវសិក្សាអំពីបញ្ហាដែលមានពាក់ព័ន្ធនឹងទំនាក់ទំនងរវាងបងប្អូនដែលបែក​​​ចេញជាមួយព្រះសហគមន៍​កាតូលិក។ ប៉ុន្តែត្រូវសិក្សា​ មិន​មែនតាមបែបជជែកដេញដោលគ្នាសោះឡើយ។

គ្រីស្តបរិស័ទធម្មតា និងបព្វជិតបព្វជិតាទទួលការបង្រៀន និងការអប់រំឱ្យរស់នៅតាមព្រះវិញ្ញាណ ពិតជាការ​​​ដ៏​​​ចាំ​បាច់។ តែការបង្រៀន និងអប់រំនោះអាស្រ័យ​យ៉ាង​ពិសេស​ទៅលើការអប់រំរបស់អស់បូជាចារ្យ។

គ្រីស្តបរិស័ទជាសាសនាទូតធ្វើការនៅ​ប្រទេស​ដែលមាន​​​​គ្រីស្តបរិស័ទ​​​និកាយផ្សេងៗ​ធ្វើការដែរ ក៏ត្រូវស្គាល់​បញ្ហា​ចោទឡើងដោយចលនា​បង្រួបបង្រួមក្នុងកិច្ចការរបស់ខ្លួនជាគ្រីស្តទូត ជាពិសេស សព្វថ្ងៃ  និងអំពីលទ្ធផល​​​របស់​​​​​​ចលនា​​​​នោះ​ទៀត​ផងដែរ។

១១- របៀបសម្តែង និងការបរិយាយលទ្ធិនៃជំនឿ

វិធី និងរបៀបរៀបរាប់ល​​​ទ្ធិកាតូលិក មិនត្រូវរារាំងការសន្ទនាជាមួយបងប្អូនទាំងនោះទេ។ ត្រូវរៀប​រាប់​​​លទ្ធិ​​​ទាំងស្រុងយ៉ាងច្បាស់​ដោយមិនលាក់លៀមអ្វីជាដាច់ខាត។ អ្នកលាក់លៀមបញ្ហា​​​ដែលចោទឡើងដើម្បីបាន​​​សេចក្តី​​​សុខសាន្តក្លែង​ក្លាយ​ ពិតជាខុសទាំង​ស្រុង​នឹង​ចលនាបង្រួបបង្រួមគ្រីស្តបរិស័ទ ​ព្រោះរបៀបនោះបង្ខូចលទ្ធិកាតូលិក និង​​​បណ្តាលឱ្យគេមិនអាច​យល់​​អត្ថន័យដ៏​ពិតប្រាកដដែលប្រកែក​មិន​បាន​នៃលទ្ធិនោះ។

នៅពេលជាមួយគ្នានេះ​​​ត្រូវ​​​ពន្យល់​​​លទ្ធិកាតូលិក​ឱ្យកាន់តែជ្រៅទៅៗ និងកាន់តែទៀងត្រង់ ដោយ​យករបៀបនិយាយ និងពាក្យពេចន៍ដែល​​​មនុស្ស​​​ទូទៅធា្លប់ប្រើ សូម្បីតែបងប្អូនដែលបែកចេញនោះ អាច​ស្តាប់បានដែរ។

លើសពីនេះទៅទៀត ទេវវិទូកាតូលិកដែល​​​កាន់តាមលទ្ធិកាតូលិកយ៉ាងស្មោះ នៅពេលអស់​លោក​សន្ទនា​​​ជា​​​​​​មួយបងប្អូនដែលបែកចេញ​ ក៏ត្រូវស្រាវ​ជ្រាវ​អំ​ពី​គម្រោងការ​​​ដ៏អស្ចារ្យរបស់​ព្រះ​ជាម្ចាស់​រួម​ជា​មួយបងប្អូនទាំងនោះ​​​ដែរ។ ប៉ុន្តែ អស់លោកត្រូវរិះគិត​ដោយចិត្តចង់​​​រក​​​សេចក្តីពិត ទាំង​មាន​ចិត្ត​ស្រឡាញ់​ និងចិត្តសុភាព។ ពេលរៀបរាប់​​​លទ្ធិកាតូលិក អស់​លោកត្រូវនឹកចាំថា ប្រការនីមួយៗ​ក្នុង​លទ្ធិកាតូលិកទាំងមូលមិនស្មើទាំងអស់ទេ តែមានសារៈសំខាន់ប្លែកៗគ្នា​តាមលំដាប់លំដោយវិញ គឺស្រេចតាម​ទំនាក់ទំនង​នឹងគ្រឹះនៃលទ្ធិ។ ហេតុនេះហើយ បានជា​មាន​​​មាគ៌ា​​​មួយដាស់តឿនទេវវិទូទាំងអស់ឱ្យ​ប្រណាំង​ប្រជែង​​​រកចំណេះចេះដឹងកាន់តែជ្រៅ​ទៅៗ និងឱ្យ​​​សម្តែង​​​អំពី “ព្រះជន្ម​ដ៏​បរិបូណ៌​បំផុត​របស់​ព្រះ​គ្រីស្ត​ ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​” (អភ ៣,៨) ឱ្យកាន់តែ​​​ច្បាស់​​​ឡើងៗ​​​ដែរ។

១២- អំពីការ​រួម​សហ​ការ​ជា​មួយ​បង​ប្អូន​ដែល​បែកចេញទៅហើយ​

សូម​ឱ្យ​គ្រីស្ត​បរិស័ទ​ទាំង​អស់​នាំ​គ្នាប្រកាស​ជំនឿ​របស់​ខ្លួន​ទៅលើ​ព្រះ​ជា​ម្ចាស់​តែ​មួយ​ព្រះ​អង្គជាព្រះ​ត្រៃ​ឯក ទៅលើព្រះ​បុត្រា​របស់​ព្រះ​ជា​ម្ចាស់​ដែល​ប្រសូត​ជា​មនុស្ស ជាព្រះ​សង្រោ្គះ​ដែល​បានរំដោះ​យើង ​និងជាព្រះអម្ចាស់នៅ​​​ចំពោះមុខ​មនុស្ស​គ្រប់ជាតិសាសន៍ផង។ សូម​ឱ្យ​គ្រីស្ត​បរិស័ទ​ទាំង​អស់​ខិត​ខំ​រួម​គ្នា គោរព​រាប់​អានគ្នា​ទៅ​វិញ​ទៅ​មក នាំ​គ្នា​ផ្តល់​សក្ខីភាព​អំពី​សេចក្តី​សង្ឃឹម​របស់​យើង ជាសេចក្តី​សង្ឃឹម​ដែល​មិន​នាំឱ្យ​ខក​ចិត្ត​ឡើយ។ សព្វ​ថ្ងៃ​​ មនុស្ស​​​​​​​​​នាំ​គ្នា​តែងតែសហ​ការ​គ្នាជា​ទូទៅ​ផ្នែក​សង្គម។ ដូច្នេះ មនុស្ស​ទាំង​អស់​ត្រូវ​តែ​បម្រើ​កិច្ច​រួម​នេះដោយ​គ្មាន​នរ​​​ណា​​​ម្នាក់​អាក់​ខានបាន​ឡើយ ជា​ពិសេស អ្នក​ដែល​ផ្ញើជីវិតលើ​ព្រះ​ជាម្ចាស់ មាន​គ្រីស្ត​បរិស័ទ​ទាំង​អស់​មុន​គេបង្អស់ ព្រោះ​​​​គេ​ពាក់​ឈ្មោះ​របស់​ព្រះ​គ្រីស្តជាកិត្តិយសរបស់​គេ។ គ្រីស្ត​បរិស័ទ​ទាំង​អស់​ដែលសហការគ្នា បង្ហាញ​បញ្ជាក់​​​យ៉ាង​​​​ច្បាស់ថា ព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយខ្លះៗរួចហើយ។ គេក៏សម្តែងព្រះ​ភ័ក្រ្ត​ព្រះ​គ្រីស្ត​ក្នុង​​​ឋានៈ​​​ព្រះអង្គជា​​​​អ្នក​បម្រើឱ្យ​ភ្លឺកាន់​តែ​ច្បាស់​ឡើងៗដែរ។ គ្រីស្ត​បរិស័ទ​សហការ​បែបនេះក្នុង​ប្រទេស​ជា​ច្រើន​រួចហើយ តែ​ត្រូវ​​​​សហការគ្នាឱ្យកាន់​តែ​ខ្លាំ​ង​ឡើងៗទៀតផង ​ជាពិសេស នៅ​ប្រទេស​មានសង្គម​កំពុងលូត​លាស់ ឬ​មានបច្ចេក​ទេស​កំពុង​​​ចម្រើន​ឡើង​។ ក្នុង​ប្រទេស​ទាំង​នោះ គ្រីស្ត​បរិស័ទ​ត្រូវ​សហការ​គ្នាដោយនាំ​ឱ្យ​គេ​គោរព​តម្លៃ​ដ៏​ថ្លៃ​ថ្នូរ​របស់​បុគ្គល​​​​ម្នាក់ៗ ត្រូវសហការ​គ្នាជួយ​កសាង​សន្តិភាព ត្រូវសហការគ្នា​ក្នុងកិច្ចបន្ត​ការ​អនុវត្តន៍​តាមដំណឹង​ល្អ​ផ្នែក​សង្គម​​​។ ត្រូវសហការគ្នាឱ្យ​វិទ្យា​សាស្រ្ត និង​សិល្បៈ​លូត​លាស់​ឡើង​​​​ក្នុង​បរិយាកាស​ស្រប​តាម​គ្រីស្ត​សាសនា។ ​ម្យ៉ាង​វិញ​ទៀត ត្រូវសហការ​គ្នាជួយ​ព្យាបាល​ទុក្ខ​គ្រប់យ៉ាងរបស់មនុស្សលោកនា​សម័យ​បច្ចុប្បន្ន មាន​ទុរ្ភិក្ស មហន្តរាយ ភាព​ល្ងង់​​​​​​​ខ្លៅ ភាព​ក្រីក្រ​ គ្មាន​ផ្ទះ​នៅ ការ​ចែក​ធន​ធាន​មិន​ស្មើ​គ្នាជា​ដើម។ បើ​អស់​អ្នក​ដែល​ផ្ញើជីវិតលើ​ព្រះ​គ្រីស្ត​រួម​សហការ​បែប​នេះ គេ​មុខ​ជា​នឹង​អាចរៀនយ៉ាង​ស្រួលអំពីរបៀបមនុស្ស​អាចស្គាល់​គ្នា​ទៅ​វិញ​ទៅ​មកបាន​ គោរព​រាប់​​​អាន​​​គ្នា និង​រៀប​ចំ​ផ្លូវ​ឱ្យ​គ្រីស្ត​បរិស័ទ​ទាំង​អស់​រួប​រួម​គ្នាជាធ្លុងតែមួយ​ផង។

ជំពូក៣
ព្រះសហគមន៍ និងក្រុមជំនុំ
ដែលបែកចេញពីអាសនៈគ្រីស្តទូតនៅក្រុងរ៉ូម

១៣- ឥឡូវ យើងសូមពិនិត្យមើលការបែកបាក់ដ៏ធំជាងគេដែលបណ្តាលឱ្យអាវវែងឥត​ថ្នេរ​របស់​ព្រះគ្រីស្ត​ត្រូវរហែក​​​។ ព្រះសហគមន៍បែកបាក់មុនគេនៅបូព៌ាប្រទេស គឺមានគ្រីស្តបរិស័ទខ្លះប្រកែកតវ៉ាមិនព្រមទទួល​ស្គាល់​សេចក្តី​បញ្ជាក់​​​លទ្ធិនៃជំនឿនៃមហាសន្និបាតអេភេសូ និងកាលសេដូន។ នៅពេលក្រោយ អភិបាលដ៏​ប្រសើរ​ឧត្តមនៅ​​​បូព៌ា​​​ប្រទេស និងអាសនៈ​​​ក្រុងរ៉ូម ក៏ផ្តាច់ការរួបរួមគ្នាក្នុងព្រះសហគមន៍ដែរ។

ជាងបួនសតវត្សរ៍ក្រោយមកទៀត ព្រះសហគមន៍បែកបាក់ជាច្រើននិកាយនៅបស្ចិមប្រទេស បណ្តាលមក​ពីព្រឹត្តិការណ៍​ដែលគេតែងហៅថា “ការកែទម្រង់”។ មានក្រុមជំនុំជាច្រើនកើតឡើង តាមជាតិ ឬតាមជំនឿរបស់គេ ហើយបែកចេញពីអាសនៈក្រុងរ៉ូម។ ក្នុងចំណោមក្រុមសហគមន៍ ឬក្រុមជំនុំដែលនៅ​តែរក្សា​ប្រពៃណី និងរចនា​​​សម្ព័ន្ធ​កាតូលិកខ្លះ មានសហគមន៍អង់គ្លីកង់ដោយឡែកពីគេ។

ប៉ុន្តែ ការបែកបាក់គ្នាទាំងនោះប្លែកៗពីគ្នាយ៉ាងខ្លាំង គឺមិនគ្រាន់តែប្លែកពីគ្នាដោយកំណើត ឬដោយ​សភាពការណ៍​​​តាមកាលៈទេសៈ និងតាមទីកន្លែងរបស់គេប៉ុណ្ណោះទេ តែប្លែកពីគ្នា ជាពិសេស ដោយ​លក្ខណៈបញ្ហា​​​ដ៏ធ្ងន់​​​ធ្ងរ​​​អំពីលទ្ធិនៃជំនឿ និងអំពីរចនាសម្ព័ន្ធរបស់ព្រះសហគមន៍។

ហេតុនេះហើយ បានជាមហាសន្និបាតយល់ឃើញថា គួរផ្តល់យោបល់ដូចខាងក្រោមនេះ ដើម្បីជួយ​​​បង្រួប​​​​​​បង្រួម​​​គ្រីស្តបរិស័ទដោយរិះគិតពិចារណា។ ប៉ុន្តែ ត្រូវវាយតម្លៃសភាពការណ៍​ប្លែក​ៗ​នៃ​សង្គម​​​គ្រីស្តបរិស័ទ​​​ផ្សេងៗឱ្យ​​​បាន​​​ត្រឹមត្រូវ ​ហើយទោះបីគេបែកបាក់​​​គ្នាឯង​​​ក្តី ក៏ត្រូវបង្ហាញចំណងដែលនៅ​ស្ថិតស្ថេររវាងក្រុម​គ្រីស្តបរិស័ទ​ទាំង​​​នោះ​​​​​​ដែរ។

១- យោបល់អំពីព្រះសហគមន៍នៅបូព៌ាប្រទេស

១៤- មតិ និងប្រវត្តិផ្ទាល់របស់បងប្អូនគ្រីស្តបរិស័ទនៅបូព៌ាប្រទេស

អស់រយៈប៉ុន្មានសតវត្សរ៍ខាងដើមដំបូង ព្រះសហគមន៍នៅបូព៌ាប្រទេស និងព្រះសហគមន៍នៅបស្ចិម​​​ប្រទេសតែង​តែ​ដើរ​តាមមាគ៌ា​រៀងៗខ្លួន តែរួបរួមគ្នាទុកជាបងប្អូនត្រង់លទ្ធិនៃជំនឿ ​និងត្រង់របៀបធ្វើអគ្គសញ្ញា។ នៅ​​​ពេល​​​គេខ្វែងគំនិត​គ្នា​អំ​​​ពី​​​លទ្ធិនៃជំនឿ ឬអំពីក្បួនវិន័យ ព្រះ​​​សហគមន៍​​​ទាំង​​​​​​សង​​​ខាងយល់ព្រមជាមួយ​​​​​​គ្នាឱ្យអាសនៈ​ក្រុងរ៉ូម​ធ្វើអន្តរាគមន៍។ ក្នុង​ចំណោម​សេចក្តីដ៏សំខាន់ៗ មហាសន្និបាត​ចូលចិត្ត​រំឭក​​បងប្អូន​​​ទាំង​​​អស់​​​ថា នៅបូព៌ា​​​ប្រទេស​​​​​​មាន​​​ព្រះសហគមន៍ជាច្រើនដោយឡែក ឬតាមភូមិភាគមានព្រះ​សហគមន៍ដែល​​អភិបាល​​​ដ៏​​​ប្រសើរ​​​​​​ឧត្តម​​​ណែ​​​នាំជាដើម តែងអះអាងថា ក្រុមគ្រីស្តទូត​បាន​តែង​​តាំង​។ ហេតុនេះហើយ​ បាន​ជាក្នុង​​​ចំណោម​​​គ្រីស្ត​​​បរិស័ទ​​​នៅ​​​បូព៌ាប្រទេសពីដើមគេមាន​អាទិភាព (ហើយសព្វថ្ងៃគេក៏នៅតែមានអាទិភាពដដែលដែរ) គឺគេយក​​​ចិត្ត​​​​ទុក​​​​​​ដាក់​​​​​​យ៉ាង​​​ពិសេស ​រក្សា​ទំនាក់ទំនង​ដែល​ត្រូវតែមានរវាងព្រះសហគមន៍ភូមិភាគនីមួយៗទុកជាប្អូន​ស្រី​​​ ដោយ​​​រួ​​​បរួម​​​គ្នា​​​​តាមលទ្ធិនៃ​​​ជំនឿ​​​ និងសេចក្តីស្រឡាញ់។

យើងមិនត្រូវបំភ្លេចទៀតថា ព្រះសហគមន៍នៅបូព៌ាប្រទេសមានគុណសម្បត្តិដ៏ថ្លៃថ្នូរតាំងពីដើមរៀងមក។ ព្រះសហគមន៍នៅបស្ចិមប្រទេសបានយោងកត្តាជាច្រើនពីគុណសម្បត្តិដ៏ថ្លៃថ្នូរនេះ គឺកត្តាខាងពិធីគោរពប្រណិប័តន៍ខាង​​​​​​​របៀប​​​រស់​​​​​​​នៅតាមព្រះវិញ្ញាណ ជាប្រពៃណី​​​បញ្ជូនបន្តមក និងខាងច្បាប់វិន័យ។ យើងក៏ត្រូវដឹងថា មហា​​​សន្និបាត​​​សកល​ជាច្រើនដែលជួបជុំគ្នានៅបូព៌ាប្រទេស បានប្រកាសបញ្ជាក់គោលលទ្ធិសំខាន់ៗ​ជាគ្រឹះនៃលទ្ធិនៃជំនឿគ្រីស្ត​សាសនា គឺគោល​​​លទ្ធិអំពី​​​ព្រះ​​​ត្រៃឯក អំ​ពី​ព្រះ​បន្ទូលរបស់ព្រះជាម្ចាស់ដែលប្រសូតជាមនុស្ស ដោយ​សារព្រះនាង​​​ព្រហ្មចារីនី​​​ម៉ារី។ យើងត្រូវចាត់ទុកថា ព្រឹត្តិការណ៍ទាំងនេះមានតម្លៃដ៏ថ្លៃប្រសើរ។ ព្រះ​​​សហគមន៍​​​​ទាំង​នោះ​ក៏បានរងទុក្ខ​​​វេទនា​​​ជាទម្ងន់ ដើម្បីរក្សាទុកជំនឿរបស់​ខ្លួន ហើយសព្វថ្ងៃ គេក៏នៅតែរង​​​ទុក្ខ​​​វេទនា​​​នៅ​​​ឡើយ​​​ដែរ។

តាំងពីដើមដំបូងនៃព្រះសហគមន៍ គ្រីស្តបរិស័ទទទួល​​​សេចក្តីដែលបញ្ចូនបន្ត​​​ពីក្រុមគ្រីស្តទូតមក ​​​តាម​​​របៀបប្លែកៗពីគ្នា គេក៏ពន្យល់បេតិកភ័ណ្ឌនោះតាមរបៀបប្លែកៗពីគ្នាដែរ ស្របតាមទេពកោសល្យ និងតាម​​​សភាពការណ៍​​​​ជីវភាព​ប្លែកៗពីគ្នា។ ​មូលហេតុទាំងនោះ និងមូលហេតុផ្សេងៗទៀតខាងក្រៅព្រះសហគមន៍ ជាឱកាស​​​បណ្តាល​​​​​​ឱ្យ​ព្រះ​​​សហគមន៍​​​​​​បាក់បែកគ្នា។ ​​​គ្រីស្តបរិស័ទ​​​ទាំងសង​ខាងស្តាប់គ្នាមិនបាន មិនយល់ចិត្តគំនិតគ្នា ហើយក៏ខ្វះសេចក្តី​ស្រឡាញ់​​​​ ពិតជាមូលហេតុបណ្តាលឱ្យបែកបាក់គ្នាថែមទៀត​​​។

ហេតុនេះហើយ បានជាមហាសន្និបាតដាស់តឿនគ្រីស្តបរិស័ទទាំងអស់ ជាពិសេស អស់អ្នកដែល​​​មានបំណង​​ជួយធ្វើឱ្យព្រះសហគមន៍នៅបូព៌ាប្រទេស និងព្រះសហគមន៍នៅបស្ចិមប្រទេសរួបរួមគ្នាយ៉ាងពេញលេញ តាម​​​បំណង​​​ប្រាថ្នាព្រះសហគមន៍ទាំងពីរ សូមរិះគិតពិចារណាយ៉ាងច្បាស់អំពីសភាពការណ៍ពិសេស​របស់ព្រះសហគមន៍នៅ​​​បូព៌ា​​​ប្រទេស អំពីសម័យ​​​ព្រះ​​​សហគមន៍​​​ទាំងនោះកើតនិងចម្រើនឡើង អំពីលក្ខណៈនៃ​ទំនាក់ទំនងព្រះ​​​សហគមន៍​​​ទាំង​​​នោះជាមួយគ្នាផង និងជា​​​មួយ​​​អាសនៈក្រុងរ៉ូមផង មុនពេលព្រះសហគមន៍ទាំងពីរបាក់បែកគ្នា។ សូម​ឱ្យ​​​គ្រីស្ត​​​បរិស័ទ​​​​​​​​​វាយតម្លៃយ៉ាងត្រឹម​​​ត្រូវតាមយុ​​​ត្តិធម៌អំពី​​​សេចក្តីទាំង​​​នោះ។ បើអស់អ្នកកាន់តាមគោលការណ៍​ទាំងនេះ​ឱ្យ​​​បាន​​​ល្អ គោលការណ៍ទាំងនេះមុខជាអាចជួយយ៉ាង​​​ខ្លាំង​​​ក្នុង​​​ការសន្ទនាជាមួយគ្នាតាមគោលបំណងរបស់ខ្លួន។

១៥- ប្រពៃណីខាងពិធីគោរពប្រណិប័តន៍ និងខាងការរស់នៅតាមព្រះវិញ្ញាណ

យើងម្នាក់ៗដឹងច្បាស់ថា គ្រីស្តបរិស័ទនៅបូព៌ាប្រទេសតែងតែធ្វើពិធីគោរពប្រណិប័តន៍ដោយចិត្តស្រឡាញ់យ៉ាងខ្លាំង ជា​​​ពិសេស របៀបគេថ្វាយពិធីអរព្រះគុណ។ ពិធីគោរពប្រណិប័តន៍ទាំងនោះ ពិតជាប្រភពនៃជីវិតសម្រាប់ព្រះសហគមន៍ និងជា​​​ប្រផ្នូលបញ្ចាំចិត្តថា គេនឹងទទួលសិរីរុង​រឿង​នៃលោកខាងមុខទៀតផង។ ដោយពិធីគោរពប្រណិប័តន៍ទាំងនោះ គ្រីស្តបរិស័ទ​​​រួម​​​ជា​​​មួយអភិបាល មាន​​​ផ្លូវ​​​​ទៅកាន់​ព្រះជាម្ចាស់​ជាព្រះបិតា ដោយសារព្រះបុត្រាជាព្រះបន្ទូល​ប្រសូតជាមនុស្ស ដែលសោយ​ទិវង្គត និង​​​មាន​​​ព្រះ​​​ជន្មថ្មីដ៏​រុង​រឿងក្នុងព្រះវិញ្ញាណ ដែលព្រះអង្គចាក់បង្ហូរនោះ។ គេចូលរួបរួមជា​មួយ​​​​ព្រះត្រៃឯកដ៏វិសុទ្ធបំផុត និង “មាន​លក្ខណៈ​ជា​ព្រះ​ជា​ម្ចាស់​” (២សល ១,៤)។ ដូច្នេះ ព្រះសហគមន៍​របស់ព្រះ​​​ជា​​​ម្ចាស់​​​សាងសង់ និង​​​ចម្រើន​​​ឡើងដោយគេថ្វាយពិធីអរ​ព្រះគុណព្រះអម្ចាស់ តាមព្រះសហគមន៍ដោយឡែកពីគ្នា។ ដោយ​​​អស់​​​បូជាចារ្យថ្វាយពិធីអរព្រះគុណ​រួមគ្នា អស់លោកក៏សម្តែងឱ្យឃើញថា ព្រះសហគមន៍​ទាំងនោះ​​​រួបរួម​​​គ្នា​​​ទៀត​​​​​​ដែរ​​​។

ក្នុងពិធីគោរពប្រណិប័តន៍ទាំងនោះ គ្រីស្តបរិស័ទនៅបូព៌ាប្រទេសតែងតែលើកតម្កើងព្រះនាងម៉ារី ព្រហ្មចារិនីជាដរាប ដោយ​​​សូត្របទជាច្រើន​ដ៏សែនពិរោះ។ ​​​មហាសន្និបាតសកលក្រុងអេភេសូបានប្រកាសយ៉ាងឱឡារិកថា ព្រះនាង​​​ម៉ារីជា​ព្រះ​​​​មាតា​​​ដ៏វិសុទ្ធបំផុត​របស់​ព្រះជាម្ចាស់ ដើម្បីឱ្យគ្រីស្តបរិស័ទទទួលស្គាល់ថា ព្រះគ្រីស្ត​​​ពិតជាព្រះបុត្រា​​​របស់​​​ព្រះ​​​​​​​ជា​​​ម្ចាស់ ហើយក៏ពិត​ជាបុត្រមនុស្សផង ស្របតាមព្រះគម្ពីរ។

សន្តបុគ្គលជាច្រើនក៏ទទួល​គារវៈកិច្ច​​​យ៉ាង​​​ខ្លាំង​​​ដូច្នេះដែរ។ ក្នុង​​​ចំណោមសន្តបុគ្គលទាំង​​​នោះ​​​ មាន​​​គ្រូ​​​បាធ្យាយ​​​នៃព្រះសហគមន៍​សកល​មួយចំនួនធំ។

ទោះបីព្រះសហគមន៍ទាំងនោះបែកចេញពីយើងក្ដី ក៏យើងអាចរួបរួមធ្វើពិធីដ៏សក្ការៈខ្លះ​ជាមួយគ្នាបាន តាមសភាពការណ៍អនុគ្រោះ និងដោយអភិបាលព្រះសហគមន៍អនុញ្ញាតឱ្យដែរ។ គ្រីស្តបរិស័ទកាតូលិកមិនគ្រាន់តែអាច​ចូល​​​​​​​​​រួមបានប៉ុណ្ណោះទេ តែត្រូវទូន្មានឱ្យគេចូលរួមថែមទៀតផង ព្រោះថា ​ព្រះសហគមន៍​ទាំងនោះមានអគ្គសញ្ញា​ដ៏​​​ពិត​​​​​​​​​ប្រាកដ ហើយជាពិសេស​ ដោយមានអភិបាលតៗគ្នាតាំង​ពីក្រុម​គ្រីស្តទូតរៀងមក នៅព្រះសហគមន៍ទាំងនោះ​​​មាន​​​​​​មុខ​​​​​​ងារជាបូជាចារ្យ និង​​​ពិធី​​​អរព្រះគុណទៀតផង។ ការណ៍ទាំងនោះធ្វើឱ្យព្រះសហគមន៍ទាំងនោះ​​​រួបរួមយ៉ាង​​​ជិត​​​​​​ស្និទ្ធជាមួយយើង។

នៅបូព៌ាប្រទេសក៏មានប្រពៃណីដ៏ថ្លៃថ្នូរអំពីការរស់នៅតាមព្រះវិញ្ញាណ ដែលចេញមុខ​ជាពិសេស​ដោយមាន​​​ក្រុម​​​លោកសង្ឃជាច្រើន។ នៅតំបន់ទាំងនោះ តាំងពីសម័យដ៏​រុងរឿង​នៃគ្រូបាធ្យាយដ៏វិសុទ្ធមក គោល​គំនិត​​​រស់​​​នៅ​​​តាម​​​ព្រះវិញ្ញាណរីកដុះឡើង និងផ្សព្វផ្សាយនៅបស្ចិម​ប្រទេសតាមក្រោយ ហើយត្រឡប់ដូចជាប្រភព​នៃការ​​​ចាត់​​​ចែងការរស់នៅរបស់បព្វជិតបព្វជិតាឡាតំាង។​ របៀបរស់នៅ​របស់គេ ក៏ផ្តល់ឱ្យការរស់នៅជាបព្វជិតបព្វជិតា​​​ឡាតាំង​​​ទាំង​​​នោះ​​​ទទួលកម្លាំងថ្មីទៀត​ដែរ។ ហេតុនេះ​ហើយ បានជាយើងសូមផ្តែផ្តាំគ្រីស្តបរិស័ទកាតូលិកយ៉ាងខ្លាំង ឱ្យក្រេប​​​ជញ្ជក់​​​​​​នូវគុណសម្បត្តិដ៏ថ្លៃថ្នូរនៃជីវិតតាមព្រះ​វិញ្ញាណរបស់គ្រូ​បាធ្យាយ​បូព៌ាប្រទេស។ គុណសម្បត្តិដ៏ថ្លៃថ្នូរ​​​នៃជីវិត​​​តាម​​​ព្រះ​​​​​​វិញ្ញាណនោះ លើកមនុស្សទាំងស្រុង​ឱ្យបែរ​ខ្លួនទៅស្មឹងស្មាធិ៍អំពីការអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះជាមា្ចស់។

មនុស្សទាំងអស់ត្រូវដឹងថា ត្រូវស្គាល់ គោរព ថែរក្សា និងពង្រីកបេតិកភ័ណ្ឌដ៏ប្រសើរខាង​​ពិធី​បុណ្យ និង​​​ខាង​​​ជីវិតតាមព្រះវិញ្ញាណរបស់ព្រះសហគមន៍នៅបូព៌ាប្រទេស។ ភារកិច្ចនេះពិតជាការដ៏ចាំបាច់បំផុត ដើម្បីរក្សា​​​ប្រពៃណី​​​ទាំង​ស្រុង​​​​នៃ​​​គ្រីស្តសាសនា​យ៉ាងស្មោះ។ ការគោរព ថែរក្សា និងការពង្រីកបេតិកភ័ណ្ឌ​​​នេះ មុខជានឹង​​​សម្រុះ​​​សម្រួល​​​គ្រីស្តបរិស័ទ​​​បូព៌ាប្រទេស​​​ និងគ្រីស្តបរិស័ទបស្ចិមប្រទេស​​​ជាពុំខាន។

១៦- ក្បួនវិន័យរបស់គ្រីស្តបរិស័ទនៅបូព៌ាប្រទេស

លើសពីនេះទៅទៀត តាំងពីដើមរៀងមក ព្រះសហគមន៍នៅបូព៌ាប្រទេសតែងតែអនុវត្តតាមក្បួនវិន័យផ្ទាល់ ​តាមការយល់ស្របរបស់អស់គ្រូបាធ្យាយ និងមហាសន្និបាតនានា។ ជួនកាលមហាសន្និបាតសកលយល់ស្របដែរ​​​។ របៀប​​​គោរព និងប្រពៃណីប្លែកៗពីគ្នាមិនទាស់នឹងព្រះសហគមន៍រួបរួមជា​ធ្លុង​​តែ​មួយ​ទាល់តែសោះ ដូច​​​មាន​​​ចែង​​​ខាង​​​លើ។ ដោយមានប្រពៃណី និងរបៀបរស់នៅបែ្លកពីគ្នាដូច្នេះ ​ព្រះសហគមន៍មុខជាមាន​​​សោ​​​ភ័ណភាព​​​​​​ឆើត​ឆាយ​ថែមទៀត ហើយក៏យកមកធ្វើជាជំនួយដ៏មានតម្លៃសម្រាប់បំពេញបេសកកម្មរបស់ខ្លួនដែរ។ ហេតុនេះ​​​ហើយ​​​ បានជាមហា​​​សន្និបាតសូមប្រកាសថា ព្រះសហគមន៍នៅបូព៌ាប្រទេសដឹងខ្លួនថា ទោះបីព្រះសហគមន៍ទាំងមូល​ត្រូវ​​​រួប​រួមគ្នា​​​ជាធ្លុង​​​តែ​​​មួយជាចាំបាច់ក្តី ក៏ព្រះសហគមន៍ទាំងនោះមានសិទ្ធិសេរីភាព​ត្រួតត្រាខ្លួនឯង តាមក្បួនវិន័យ​​​របស់គេដែរ ព្រោះ​​​ក្បួនវិន័យទាំងនោះ​សមស្របតាមបុគ្គលិកលក្ខណៈគ្រីស្តបរិស័ទរបស់គេ និងអាចជួយលើកស្ទួយ​​​ប្រយោជន៍​​​​​​របស់គេ​​​ខាង​​​​​វិញ្ញាណទៀតផង។ សូមកុំឱ្យ​មាននរណា​មានមន្ទិល​សង្ស័យ​អំពីសេចក្តីនេះឱ្យសោះ។ ត្រូវ​​​អនុវត្ត​​​តាម​​​គោល​​​​​​ការណ៍​​​នេះយ៉ាងពេញលេញ ព្រោះជាគោលការណ៍តាមប្រពៃណីព្រះសហគមន៍។ តាមពិត តាម​​​ប្រវត្តិសាស្រ្តគេមិន​​​បាន​​​គោរពតាមគោលការណ៍នេះរហូតទេ តែគោលការណ៍នេះ​ជាលក្ខ័ណ្ឌដ៏ចាំបាច់បំ​​​ផុតមុនគេ ដើម្បីឱ្យគ្រីស្តបរិស័ទអាច​​​រួប​​​រួម​​​គ្នា​​​វិញបាន។​

១៧- លក្ខណៈពិសេសរបស់គ្រីស្តបរិស័ទនៅបូព៌ាប្រទេសអំពីបញ្ហាលទ្ធិនៃជំនឿ

សេចក្តីចែងនៅខាងលើអំពីពិធីគោរពប្រណិប័តន៍ និងអំពីក្បួនវិន័យដែលប្លែកៗពីគ្នាយ៉ាងត្រឹមត្រូវ ក៏ត្រូវ​​​អនុវត្ត​តាមអំពីរបៀបពន្យល់បញ្ជាក់ទេវវិទ្យានៃលទ្ធិនៃជំនឿដែរ។ តាមពិត ពេលគ្រីស្តបរិស័ទ​​​ខិតខំរិះ​​​គិត​​​ដើម្បី​​​ឱ្យយល់កាន់តែ​ជ្រៅ​ទៅៗ​​​​អំពីសេចក្តីពិត​ ដែល​ព្រះជាម្ចាស់បាន​​សម្តែងមក គ្រីស្តបរិស័ទនៅបូព៌ាប្រទេស​​​ និងនៅ​​​បស្ចិម​​​ប្រទេសបាន​​​ប្រើ​​​​​​​​​វិធី​​​ និង​​​មធ្យោបាយប្លែកៗពីគ្នាដើម្បីរក និងពន្យល់បញ្ជាក់សេចក្តីអំពីព្រះជាម្ចាស់។ ហេតុ​​​នេះ​​​ហើយកុំឆ្ងល់ថា គ្រីស្តបរិស័ទ​​​​ភាគី​​​មួយយល់ និងពន្យល់បញ្ជាចាក់ទិដ្ឋភាព​ខ្លះ​អំពីគម្រោងការ​​​ដ៏អស្ចារ្យ​​​ដែលព្រះ​​​ជា​​​ម្ចាស់​​​បាន​​​​​​សម្តែងមកនោះយ៉ាងច្បាស់ជាង​​​គ្រីស្តបរិស័ទ​ភាគីមួយទៀត។ ដូច្នេះ ត្រូវ​​​រាប់ជាញឹកថា សេចក្តី​​​ពន្យល់​​​​​​បញ្ជាក់​​​​​​ទេវវិទ្យា​​​​​​​​​​​​ប្លែកៗពីគ្នាទាំងនោះ​ហាក់ដូចជាបន្ថែមអត្ថន័យឱ្យគ្នា ជាជាងទាស់ទែងគ្នាវិញ។ រីឯ​ប្រពៃណីដ៏ពិត​​​ប្រាកដ​​​របស់គ្រីស្តបរិស័ទនៅបូព៌ាប្រ​​​ទេស យើងត្រូវទទួលស្គាល់ថា ​បានចាក់ឫស​យ៉ាង​ល្អបំផុត​​​ក្នុង​​​ព្រះគម្ពីរ។ ពីធីគោរព​​​ប្រណិប័តន៍តែងតែបក​​​ស្រាយ និងពន្យល់រៀបរាប់ប្រពៃណីទាំងនោះ ក៏ទទួលជីវិត​ពីការបញ្ជូនបន្តដ៏រស់រវើក​ពីក្រុម​គ្រីស្ត​​​ទូត​​​មក និងពី​​​សំណេរ​​​​​​របស់គ្រូបាធ្យាយនៅបូព៌ាប្រទេស ព្រមទាំង​​​ពីអ្នក​​​និពន្ធ​​​អំ​​​ពី​​​ជីវិតខាងព្រះវិញ្ញាណ​​​ទៀត​​​ផង​​​។​​​ ប្រពៃណី​​​ទាំងនោះក៏​​​ណែនាំឱ្យគ្រីស្តបរិស័ទរស់នៅយ៉ាងត្រឹមត្រូវរហូតដល់​​​ណែ​​​នាំ​​​គេឱ្យសញ្ជឹងគិត​យ៉ាងពេញ​​​លក្ខ​​​ណៈ​​​​​​អំពីសេចក្តីពិត​​​នៃ​​​គ្រីស្តសាស​​​នា ។

មហាសន្និបាតដ៏វិសុទ្ធសូមអរព្រះគុណព្រះជាម្ចាស់ដោយដឹងថា គ្រីស្តបរិស័ទនៅបូព៌ាប្រទេសជាច្រើនដែល​ជា​​​កូន​​​ចៅរបស់ព្រះសហគមន៍កាតូលិក នៅតែថែរក្សាបេតិកភ័ណ្ឌនេះ ហើយមានបំណងចង់រស់នៅ​តាម​បេតិកភ័ណ្ឌ​​​នេះ​​​ឱ្យកាន់តែបរិសុទ្ធ និងកាន់តែពេញលេញ។ គេរស់នៅរួបរួមយ៉ាងពេញលក្ខណៈ​​​ជា​​​មួយ​​​បងប្អូនរបស់គេ ដែល​​​កាន់តាមប្រពៃណីបស្ចិមប្រទេស។ មហាសន្និបាតប្រកាសថា បេតិកភ័ណ្ឌ​ទាំងមូលនេះ ទាំង​​​ខាង​​​ជីវិតតាមព្រះ​​​វិញ្ញាណ ទាំងខាងពិធីគោរពប្រណិប័តន៍ ទាំងខាងក្បួនវិន័យ និង​ខាងទេវវិទ្យា តាមប្រពៃណីផ្សេងៗ​​​តាមការ​​​បញ្ចូនបន្តមក ​ក៏ពិត​​​ជា​​​ចំណែកនៃលក្ខណៈកាតូលិកយ៉ាងពេញ​លេញមែន ហើយក៏ពិតជាមានលក្ខណៈបន្តពី​ក្រុម​​​គ្រីស្តទូតរបស់ព្រះ​​​សហគមន៍​​​ដែរ។

១៨- ពាក្យបញ្ចប់

ក្រោយពីបានពិនិត្យមើលសេចក្តីទាំងនេះយ៉ាងច្បាស់រួចហើយ មហាសន្និបាតសូមប្រកាសសាជាថ្មីនូវ​​​សេចក្តី​​​​​​​​​​ដែល​មហាសន្និបាតពីសម័យមុនៗ និងដែលអភិបាលព្រះសហគមន៍ក្រុងរ៉ូមនានាបានប្រកាសថា “មិន​គួរ​យក​វិន័យណា​ផ្សេង​ទៀត​ដែល​មិន​ចាំបាច់ មក​បង្ខំ​បងប្អូន​ឱ្យ​ប្រតិបត្តិ​តាម​ឡើយ” (កក ១៥,២៨) ដើម្បី​បង្រួប​បង្រួម​​​គ្រីស្តបរិស័ទ​​​​វិញ ឬដើម្បីរក្សាគេឱ្យរួបរួមជាមួយគ្នាជាធ្លុងតែមួយដែរ។ មហាសន្និបាតប្រាថ្នា​ចង់​​យ៉ាងខ្លាំង​ឱ្យ​​​គ្រីស្តបរិស័ទ​​​​​​​​​ទាំ​​​ងអស់ តាំង​ពីពេលនេះតទៅ ខិតខំធ្វើឱ្យព្រះសហគមន៍រួបរួមគ្នាបន្តិចម្តងៗតាមកម្រិតផ្សេងៗ និង​​​តាម​​​​​​របៀបរស់នៅផ្សេងៗរបស់ព្រះសហគមន៍ ជាពិសេស ដោយអធិដ្ឋាន​ និង​សន្ទនា​ជាមួយគ្នាដូចបងប្អូនអំពី​​​លទ្ធិ​​​ជំនឿ និងអំពីតម្រូវការដ៏សំខាន់ៗជាបន្ទាន់ក្នុងមុខងារ​​​ណែនាំនា​សម័យ​​យើង​នេះ។ តាមរបៀបដដែលនេះ មហាសន្និបាត​​​​​​ក៏ផ្តែផ្តាំអស់លោកគង្វាល ​និងគ្រីស្តបរិស័ទ​នៃព្រះសហគមន៍កាតូលិកឱ្យមានទំនាក់ទំនងជាមួយ​​​នឹង​​​គ្រីស្តបរិស័ទ​​​បូព៌ា​​​ប្រទេស ដែលមិនរស់នៅ​បូព៌ា​ទៀតទេ តែទៅរស់នៅឆ្ងាយពីមាតុភូមិរបស់គេ។ ដូច្នេះ គេពិតជា​​​សហការ​​​ជាមួយគ្នាដូចបងប្អូនកាន់តែខ្លាំងឡើងៗ ​គឺគំនិតវិញ្ញាណនៃ​សេចក្តីស្រឡាញ់មុខជានឹងបំបាត់​​​ការប្រកួត​​​ប្រជែង​​​គ្រប់​​​យ៉ាង។ ប្រសិនបើគ្រីស្តបរិស័ទខិតខំ​បំពេញកិច្ចនេះដោយអស់ពីក្នុងចិត្ត មហាសន្និបាតមានសង្ឃឹមថា របង​​​ដែល​ញែកព្រះសហគមន៍នៅបូព៌ាប្រទេស ពីព្រះសហគមន៍នៅបស្ចិមប្រទេសមុខជាត្រូវរលំ ដើម្បីឱ្យមាន​​​ព្រះ​​​ដំណាក់​​​តែ​​​មួយ សាងសង់យ៉ាង​មាំ​លើថ្មគ្រឹះដ៏​សំខាន់ គឺព្រះគ្រីស្តយេស៊ូដែលនឹងបង្រួបបង្រួមព្រះសហគមន៍​​​ទាំងពីរ​​​ឱ្យរួប​​​រួម​​​គ្នា​​​ជាធ្លុងតែ​មួយផង។

២- ព្រះសហគមន៍ និងក្រុមជំនុំនៅបស្ចិមប្រទេសដែលបែកចេញទៅហើយ

១៩- សភាពការណ៍ពិសេសរបស់សហគមន៍ទាំងនោះ

​នៅសម័យកើតវិបតិ្តដ៏ធំធេងដែល​​​​​​​​​ចាប់ផ្តើមនៅបស្ចិមប្រទេសនាចុងយុគកណ្តាល ហើយនៅពេលក្រោយៗ​​ទៀត​​​ មានព្រះសហគមន៍ និងក្រុមជំនុំបែកចេញពីអាសនៈរបស់គ្រីស្តទូតនៅក្រុងរ៉ូម។ សព្វថ្ងៃ​ ព្រះសហគមន៍​ និង​ក្រុមជំនុំទាំងនោះក៏នៅតែរួមជាមួយព្រះសហគមន៍​កាតូលិក ដោយត្រូវរ៉ូវគ្នាយ៉ាង​ពិសេស​​ម៉្យាង និងដោយ​សារ​ទំនាក់ទំនងដ៍យូរអង្វែង មកពីប្រជាជនគ្រីស្តបរិស័ទបានរស់នៅ​រួបរួមគ្នាជា​សហគមន៍​​តែមួយ​ តាមដំណើរ​ដ៏យូរលង់​​​នៃសតវត្សរ៍ពីមុនៗមក។ ព្រះសហគមន៍ និងក្រុមជំនុំទាំងនោះមានលក្ខណៈប្លែកៗពីគ្នា ដោយមានកំណើត​ប្លែកពី​គ្នា មាន​លទ្ធិ​ជំនឿ​ប្លែកពីគ្នា និងមានការរស់នៅតាមព្រះវិញ្ញាណប្លែកពីគ្នាដែរ។ ហេតុនេះហើយ បានជាព្រះសហគមន៍ និង​​​​​​​ក្រុម​ជំនុំទាំងនោះមិនគ្រាន់តែប្លែកពីព្រះសហគមន៍កាតូលិកយើងយ៉ាង​ក្រៃលែង​ប៉ុណ្ណោះទេ តែប្លែកពីគ្នាឯង​ថែម​​​ទៀត​​​ផង។ ហេតុនេះ ពិបាករៀបរាប់បញ្ជាក់អំពីពួកគេយ៉ាងច្បាស់លាស់។ យើងក៏គ្មានបំណងរៀប​រាប់​បញ្ជាក់​​​អំពី​​​ពួកគេ​​​ដូច្នោះដែរ។

ទោះបីចលនាបង្រួបបង្រួមគ្រីស្តបរិស័ទ​​មិនទាន់កើតនៅគ្រប់កន្លែងនៅឡើយក្តី ទោះបីមានព្រះ​​​សហ​​​គមន៍​ និងក្រុមជំនុំខ្លះមិនទាន់មានបំណងចង់រស់នៅជាមួយព្រះសហគមន៍​កាតូលិកដោយសន្តិភាពគ្រប់គ្នាក្តី ក៏​​​យើង​​​​​​នៅតែមានសង្ឃឹមថា គង់តែថ្ងៃណាមួយគេនឹងមាន​គំនិត​​​តាមច​​​លនាបង្រួបបង្រួមគ្នានេះ ហើយ​​​យើងមុខជានឹងគោរពរាប់អានគ្នាទៅវិញទៅមកកាន់​តែ​ខ្លាំង​ឡើងៗទៀត​ផង។

ក៏ប៉ុន្តែ ត្រូវទទួលស្គាល់ថា ព្រះសហគមន៍ និងក្រុមជំនុំទាំងនោះប្លែកពីព្រះសហគមន៍កាតូលិក​យើង​ ជាសន្ធឹក មិនគ្រាន់តែប្លែកពីគ្នាត្រង់ប្រវត្តិសាស្រ្ត សង្គមសាស្រ្ត ចិត្តសាស្រ្ត ​ឬត្រង់វប្បធម៌​ប៉ុណ្ណោះទេ តែជា​​​ពិសេស ប្លែកពីគ្នាត្រង់របៀបបកស្រាយគម្ពីរដែលជាសេចក្តីពិតដែលព្រះជាម្ចាស់បាន​សម្តែង​ឱ្យមនុស្សលោក​​​ស្គាល់​​​។​​​ ទោះ​​​បីព្រះសហគមន៍ និងក្រុមជំនុំទាំងនោះប្លែកពីព្រះសហគមន៍កាតូលិក​ក្តី ក៏យើងចង់គូសសង្កត់​​​សេចក្តី​​​ខ្លះ​​​ដែល​​​អាច​​​ទៅជា និងត្រូវជាមូលដ្ឋាន និងដើមកំណើត ដើម្បីបង្កើត​ការ​សន្ទនា​គ្នា និងនាំឱ្យការសន្ទនានេះកាន់តែ​​​ស្រួល​​​ឡើងៗទៀតដែរ។

២០- អំពីជំនឿផ្ញើជីវិតលើព្រះគ្រីស្ត

យើងនឹកគិតជាពិសេសដល់គ្រីស្តបរិស័ទដែលប្រកាសយ៉ាងជាក់ច្បាស់ថា​​​ ព្រះយេស៊ូគ្រីស្ត​ពិតជាព្រះ​​​ជា​​​ម្ចាស់​​​ និងជា​​​ព្រះអម្ចាស់របស់ខ្លួន ជាស្ពានមេត្រីតែមួយគត់រវាង​ព្រះជាម្ចាស់ និងមនុស្សលោក ដើម្បី​លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់តែមួយព្រះអង្គជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ យើងដឹងច្បាស់ថា ព្រះ​​​សហគមន៍ និងក្រុមជំនុំទាំងនោះ​កាន់ជំនឿប្លែកពីលទ្ធិកាតូលិកយ៉ាងក្រែល សូម្បីតែ​អំពីលទ្ធិព្រះគ្រីស្ត​​ជាព្រះ​​​បន្ទូល​​​​​​​​​ប្រសូត​​​ជាមនុស្ស និងអំពីការសង្គ្រោះ គេក៏ប្លែកពីព្រះសហគមន៍កាតូលិកដែរ ជាហេតុបណ្តាល​​​ឱ្យមាន​​​ជំនឿ​​​ប្លែក​​​ពីគ្នា​​​ត្រង់គម្រោងការដ៏អស្ចារ្យរបស់​​​ព្រះ​​​សហគមន៍ និងអំពីមុខងារបម្រើរបស់ព្រះសហគមន៍ ព្រមទាំងអំពីតួនា​​​ទី​​​របស់​​នាងម៉ារីក្នុងការសង្រ្គោះ​។ ក៏ប៉ុន្តែ ​យើង​​​មានអំណរដោយឃើញបងប្អូនដែលបែកចេញទៅហើយនោះ បែរទៅ​​​រក​​​ព្រះ​​​គ្រីស្តទុកជា​ប្រភព និង​​​បំពេញតួនាទីដ៏សំខាន់​​​ជាងគេក្នុងការរួបរួមគ្នាជាសហគមន៍តែមួយ។ គេមាន​បំណងរួបរួ​​​ម​​​ជាមួយ​​​ព្រះគ្រីស្ត និងស្វែងរកការរួបរួមគ្នា ​ហើយផ្តល់​​​សក្ខីភាព​​​នៃជំនឿរបស់គេនៅ​គ្រប់កន្លែងក្នុងចំណោម​​​ជាតិ​​​សាសន៍​​​ទាំង​​​ឡាយ។

២១- ការសិក្សាព្រះគម្ពីរ

បងប្អូនទាំងនោះតែងស្រឡាញ់ និងគោរព (ហាក់ដូចជានមស្ការថ្វាយបង្គំព្រះគម្ពីរម៉្យាង) ជាមូលហេតុ​ជំរុញ​​​គេឱ្យសិក្សាគម្ពីរដោយឥតឈប់ឈរ និងពិនិត្យពិច័យអក្សរដោយយកចិត្តទុកដាក់ “ព្រោះ​ដំណឹង​ល្អ​ជា​ឫទ្ធានុភាព​​​​​​​របស់​ព្រះជា​ម្ចាស់​សម្រាប់​សង្គ្រោះ​អស់អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់មក​សាសន៍​ក្រិក” (រម ១,១៦)។

គេតែងអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ ហើយស្វែងរកព្រះជាម្ចាស់ក្នុងព្រះគម្ពីរដោយយល់ថា ព្រះអង្គ​ដែល​មានព្រះ​​បន្ទូល​​​​មក​​​គេ​​​ដោយសារព្រះគ្រីស្ត តាមអស់លោកព្យាការីបានថ្លែងទុកជាមុន។ ព្រះអង្គជាព្រះបន្ទូល​របស់ព្រះ​​​ជាម្ចាស់​​​​ប្រសូត​ជា​មនុស្ស ដើម្បីជាប្រយោជន៍ដល់មនុស្សលោក។ គេនឹកសញ្ជឹងគិត​អំពីជីវប្រវត្តិ​ព្រះគ្រីស្ត អំពីការ​​​ប្រៀន​​​ប្រដៅ និងអំពីព្រះរាជកិច្ចរបស់ព្រះបរមគ្រូ ដើម្បីសង្គ្រោះមនុស្សលោក ជាពិសេស ​អំពីគម្រោងការដ៏អស្ចារ្យ​​​របស់​​​ព្រះអង្គ​ដែល​​​សោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង។

ទោះបីគ្រីស្តបរិស័ទដែលបែកចេញពីយើងតែង​​​ប្រកាស​​​ថា គម្ពីរពិតជាមានអំណាច​​​របស់ព្រះ​​​ជាម្ចាស់ ផ្ទាល់​​​​​​ក្ដី ក៏គេមានយោបល់ផ្សេងពីយើង  (គេក៏មានយោបល់ប្លែកពីគ្នាឯងដែរ) អំពីទំនាក់ទំនងរវាងព្រះ​គម្ពីរ និងព្រះសហគមន៍។ តាមលទ្ធិនៃជំនឿកាតូលិក ក្រុមអភិបាល​មានមុខងារបង្រៀនព្រះសហគមន៍​យ៉ាងពិតប្រាកដ មានមុខ​​​ងារ​​​​​​ពិសេស​​​ក្នុងការបកស្រាយ និង​ក្នុងការអត្ថាធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងជា​លាយ​​ល័ក្ខអក្សរ។

ប៉ុន្តែ ជាពិសេស នៅពេលសន្ទនាគ្នា ព្រះបន្ទូលពិតជាឧបករណ៍ដ៏ប្រសើរបំផុត​​​ក្នុងព្រះហស្តរបស់ព្រះ​​​ជា​​​ម្ចាស់​​​ ដើម្បីឱ្យមនុស្សទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ តាមតែព្រះសង្គ្រោះប្រទានឱ្យមនុស្សលោក។

២២- អំពីអគ្គសញ្ញា

គ្រប់ពេលមនុស្សទទួលអគ្គសញ្ញាជ្រមុជទឹកយ៉ាងត្រឹមត្រូវតាមព្រះអម្ចាស់ចាត់ចែងទុកនោះ ​និងទទួលដោយចិត្តគំនិត​​​យ៉ាងសមរម្យតាមតម្រូវការ មនុស្សរួបរួមក្នុងព្រះកាយព្រះគ្រីស្ត ដែលសោយទិវង្គត ​និងមានព្រះជន្មថ្មីដ៏រុងរឿង គេកើតជាថ្មី​ដើម្បីទទួលចំណែកនៃព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់​ តាមគ្រីស្តទូតប៉ូលចែងថា៖ “ដោយ​បងប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក បងប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជាមួយ​ព្រះ​គ្រីស្ត ហើយ​បងប្អូន​ក៏​ទទួល​ជីវិត​ថ្មីរួម​ជាមួយ​ព្រះអង្គ​ដែរ ព្រោះ​​​បងប្អូន​បានជឿលើ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ ដែល​បាន​ប្រោស​ព្រះគ្រីស្ត​ឱ្យ​មាន​ព្រះជន្ម​ថ្មី​ដ៏​រុងរឿង” (កូឡ ២,១២)។‌

ហេតុនេះហើយ បានជាពិធីជ្រមុជទឹកពិតជាចំណងតាមអគ្គសញ្ញា ចងអស់អ្នកដែលកើតជាថ្មីដោយ​​​សា​​​ពិធី​​​នោះ។ ប៉ុន្តែ អគ្គសញ្ញាជ្រមុជទឹកគ្រាន់តែជាដើម និងជាពេលចាប់ផ្តើមដំណើរប៉ុណ្ណោះ ដ្បិតអគ្គសញ្ញា​​​ជ្រមុជទឹកនេះ​តម្រង់មនុស្សទៅទទួលព្រះជន្មរបស់ព្រះគ្រីស្តយ៉ាងពេញបរិបូរណ៍។ ហេតុនេះ អគ្គសញ្ញាជ្រមុជទឹក​​​តម្រង់​​​ទៅ​​​ប្រកាស​​​ជំនឿ​​​យ៉ាងពេញលេញ និងតម្រង់ឱ្យគេចូលរួមទាំងស្រុងក្នុងការចាត់ចែងនៃការសង្គ្រោះ តាម​​​ព្រះគ្រីស្ត​​​សព្វព្រះ​​​ហឫទ័យ​​​​ចាត់ចែង​នោះ។ នៅទីបញ្ចប់ អគ្គសញ្ញាជ្រមុជទឹក​​​ក៏តម្រង់ឱ្យចូលរួមយ៉ាងពេញលេញ​ក្នុងសហគមន៍​​​ដែល​​​អរ​​​​​​ព្រះគុណ។

ទោះបីព្រះសហគមន៍ និងក្រុមជំនុំទាំងនោះ​មិនរួបរួមជាមួយយើងយ៉ាងពេញលក្ខណៈក្តី (អគ្គសញ្ញាជ្រមុជទឹក ជាប្រភពនៃការរួបរួមនោះ) ទោះបីយើងជឿថា គេមិនរក្សាទុកសភាពទាំងស្រុង​ដ៏ពិតប្រាកដនៃគម្រាងការដ៏អស្ចារ្យ​របស់ពិធីអរព្រះគុណក្ដី ជាពិសេស ព្រោះគេគ្មានអគ្គសញ្ញាតែងតាំង ក៏ប៉ុន្តែ ពេលព្រះសហគមន៍​ និង​ក្រុម​ជំនុំដែល​​​បែក​​​​​​ចេញពីយើងទាំងនោះ ធ្វើពិធីជប់លៀងព្រះអម្ចាស់ ជាពិធីរំឭកគេអំពីព្រះអម្ចាស់សោយទិវង្គត និងមានព្រះ​​​ជន្ម​​​ថ្មី​​​ដ៏​​​រុង​​​រឿង ​គេក៏ប្រកាសថា ជីវិតដ៏ពិតប្រាកដមានន័យថា រួមរស់ជាមួយព្រះគ្រីស្ត ហើយគេរង់ចាំ​ព្រះអង្គយា​​​ង​​​មក​​​យ៉ាងរុង​​​រឿងដែរ។ ហេតុនេះ ត្រូវសន្ទនាគ្នាអំពីលទ្ធិស្តីពីពិធី​ជប់លៀងព្រះអម្ចាស់ និងអំពីអគ្គសញ្ញាឯទៀតៗ អំពី​​​ពិធី​​​បុណ្យ​​​នានា និងអំពីមុខងារបម្រើព្រះសហគមន៍។​​​

២៣- ការរស់នៅក្នុងអង្គព្រះគ្រីស្ត

បងប្អូនទាំងនោះរស់នៅតាមឋានៈជាគ្រីស្តបរិស័ទ​ មកពីគេផ្ញើជីវិតលើព្រះគ្រីស្ត។ ព្រះជាម្ចាស់​ក៏ប្រណីសន្តោស​​​គេ ដោយគេទទួលពិធីជ្រមុជទឹក និងដោយគេស្តាប់ព្រះបន្ទូលរបស់ព្រះអង្គផង។ គេបង្ហាញថា ​គេរស់នៅក្នុង​​​​​​ឋានៈជាគ្រីស្តបរិស័ទ​ ដោយម្នាក់ៗអធិដ្ឋាន ដោយនឹកសញ្ជឹងគិតអំពីព្រះគម្ពីរ ​ដោយរស់នៅក្នុងគ្រួសារបែបជាគ្រីស្តបរិស័ទ ដោយសហគមន៍គេតែងតែជួបជុំគ្នាលើកតម្កើងព្រះជាម្ចាស់។ ម៉្យាងវិញទៀត ​ក្នុងពិធី​​​គោរព​​​ប្រណិប័តន៍របស់គេ ជួនកាល គេរក្សាទុកកត្តារួមជាច្រើនគួរឱ្យសរសើរនៃពិធីគោរពបម្រើព្រះជាម្ចាស់ពីបុរាណមក​​​​រួម​​​ជាមួយយើង​​​ដែរ។

ជំនឿលើព្រះគ្រីស្តបង្កើតផល គឺគេលើកតម្កើង និងអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានព្រះ​អំណោយទានដល់គេ។ គេក៏យកចិត្តទុកដាក់យ៉ាងខ្លាំងនឹងយុត្តិធម៌ថែមទៀត និងស្រឡាញ់អ្នកដទៃដោយចិត្តស្មោះ។ ដោយសារជំនឿ​​​ជំរុញគេឱ្យប្រព្រឹត្តអំពើល្អបែបនេះ គេបង្កើតកិច្ចការ និងស្ថាប័នជាច្រើន ដើម្បី​ជួយ​សម្រាលទុក្ខ​​​មនុស្ស​​​លោក​​​ទាំងខាងវិញ្ញាណ ទាំងខាងរូបកាយ ដើម្បីអប់រំយុវជនយុវនារី ដើម្បីជួយ​ស្តា​ជីវភាពក្នុងសង្គម និងដើម្បីតែងតាំង​​​សន្តិភាព​​​ឱ្យនៅស្ថិតស្ថេរនៅគ្រប់ទីកន្លែង។

ទោះបីក្នុងចំណោមគ្រីស្តបរិស័ទទាំងនោះមានគ្នាជាច្រើនមិនយល់អត្ថន័យនៃដំណឹងល្អតាមបែប​កាតូលិក​ក្នុងវិស័យសីលធម៌ក្ដី ហើយក៏មិនយល់ស្របនឹងដំណោះស្រាយក្នុងបញ្ហាដ៏សែនពិបាក​នាសង្គមនៅ​បច្ចុប្បន្នកាលនេះក្ដី ក៏ប៉ុន្តែ គេចង់ភ្ជាប់ចិត្តនឹងព្រះបន្ទូលរបស់ព្រះគ្រីស្តដូចយើងដែរ ទុកជាប្រភពនៃកម្លាំង​របស់​គ្រីស្តបរិស័ទ។​​​ គេ​​​ក៏ចង់ធ្វើតាមបញ្ជារបស់គ្រីស្តទូតប៉ូលថា “ការ​អ្វី​ក៏ដោយដែល​បងប្អូន​ធ្វើ‌​ ទោះជា​ពាក្យ​សម្ដី ឬ​កាយ​វិការ​ក្ដី ត្រូវ​ធ្វើ​ក្នុង​ព្រះនាម​ព្រះ​អម្ចាស់​យេស៊ូ​ទាំងអស់ ទាំង​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់​ជា​ព្រះបិតា តាមរយៈព្រះគ្រីស្តផង” (កូឡ ៣,១៧)។ ការសន្ទនាតាមចលនាបង្រួបបង្រួមគ្នា អំពីការប្រព្រឹត្ត​តាមសីលធម៌ស្របតាមដំណឹង​ល្អអាចចាប់​​​ផ្តើម​​​បាន ​​​ដោយនឹកអំពីព្រះបន្ទូលនោះ។

២៤- ពាក្យបញ្ចប់

ក្រោយពីបានរៀបរាប់យ៉ាងខ្លីអំពីលក្ខខ័ណ្ឌនៃកិច្ចការបង្រួបបង្រួមគ្រីស្តបរិស័ទ ​ឱ្យរួបរួមគ្នាជាធ្លុងតែមួយ​​​រួច​​​ហើយ ក្រោយពីបានបង្ហាញបញ្ជាក់គោលការណ៍ណែនាំកិច្ចការបង្រួបបង្រួមនេះ ​យើងបែរមុខទៅរកអនាគត​​​ទាំង​​​ទុកចិត្តលើ​ព្រះជាម្ចាស់។ មហាសន្និបាតដាស់តឿនគ្រីស្តបរិស័ទឱ្យជៀសវាងប្រព្រឹត្តអំពើ​ដោយមិនគិតជាមុន កុំខ្នះ​​​​​​ខ្នែង​​​ដោយមិនប្រុងប្រយ័ត្ន ដែលសុទ្ធតែ​ជាអំពើអាចបង្ខូចចលនារ​រួបរួម​គ្នាមិនឱ្យចម្រើនបាន។ កិច្ចការ​​​បង្រួប​បង្រួម​​​​របស់គេសុទ្ធតែមានន័យថា “កាតូលិក” យ៉ាងពេញលេញ​ និងដោយ​ចិត្តស្មោះ គឺស្មោះត្រង់នឹងសេចក្តីដ៏​​​ពិតដែល​​យើងទ​​​ទួលពីក្រុមគ្រីស្តទូតនិងពីគ្រូបាធ្យាយមក ហើយក៏ស្របតាម​លទ្ធិ​ជំនឿព្រះសហគមន៍បាន​ប្រកាស​ជា​​​​​​និច្ច​​​តាំង​​​ពី​​​​​​ដើមរៀ​​​ងមក។ កិច្ចការបង្រួបបង្រួមនេះតម្រង់ទៅកាន់សេចក្តី​បរិបូរណ៍ដ៏ពេញលក្ខណៈ គឺព្រះអម្ចាស់​​​សព្វ​​​ព្រះ​​​ហឫទ័យឱ្យព្រះកាយព្រះអង្គចម្រើនឡើងក្នុងសេចក្តីពេញបរិបូរណ៍ដ៏​ពេញលក្ខណៈនេះ តាមដំណើរ​​​នៃសតវត្ស​​​រ៍កន្លង​​​ទៅ។

មហាសន្និបាតប្រាថ្នាយ៉ាងខ្លាំង សូមឱ្យកិច្ចការដែលបុត្រធីតាព្រះសហគមន៍កាតូលិកចាប់ផ្តើមធ្វើបាន​ចម្រើន​​​​​​ឡើង រួមនឹងកិច្ចការរបស់បងប្អូនដែលបែកចេញពីយើង។ សូមកុំយកអ្វីមករារាំងមាគ៌ា​របស់ព្រះអង្គដែល​​​ណែនាំ និងថែរក្សាមនុស្សលោកដោយព្រះហឫទ័យស្រឡាញ់។ កុំស្រមៃឃើញអំពីព្រះវិញ្ញាណនឹងជំរុញ​គ្រីស្តបរិស័ទ​​​យ៉ាង​ណានៅពេលខាងមុខឡើយ។ លើសពីនេះទៅទៀត មហាសន្និបាតដឹងខ្លួន ហើយប្រកាសថា​​​ ការសម្រុះសម្រួល​​​គ្រីស្តបរិស័ទ​​​​​​ទាំង​​​អស់​​​ឱ្យរួបរួមគ្នាក្នុងព្រះសហគមន៍តែមួយគត់​របស់ព្រះគ្រីស្ត ពិតជាគម្រោងការ​​​របស់ព្រះ​​​ជាម្ចាស់​​​មែន គឺហួស​​​ពីកម្លាំង​​​ និងពីសមត្ថភាពរបស់មនុស្ស។ ហេតុនេះហើយ បានជាមហាសន្និបាតស​​​ង្ឃឹម​​​ទាំង​​​ស្រុងទៅលើ​​​ពាក្យ​​​អង្វរ​​​​​​របស់​​​ព្រះគ្រីស្តសម្រាប់ព្រះសហគមន៍ និងសង្ឃឹមទៅលើព្រះហឫទ័យមេត្តាករុណា​​​របស់​​​ព្រះ​​​បិតា​​​ចំពោះ​​​យើង​​​ ព្រម​​​ទាំង​​​សង្ឃឹមទៅលើឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ។ “សេចក្តីសង្ឃឹមមិនធ្វើឱ្យយើង​ខកចិត្តឡើយ‌ ព្រោះព្រះជា​​​ម្ចាស់​​​បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់​ព្រះអង្គមក​ក្នុង​ចិត្ត​យើង ដោយប្រទាន​​​ព្រះ​​​វិញ្ញាណដ៏វិសុទ្ធមកយើង” (រម ៥,៥)។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាតពេញ​ចិត្ត​នឹងក្រឹត្យក្រមទាំងមូលនេះ នឹងគោល​ការណ៍នីមួយៗ​​​ផងដែរ។ រីឯ​យើង​វិញ ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូត​រួម​ជា​មួយ​អស់​លោក​អភិបាល​ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផងក៏​យល់​ព្រម ហើយសម្រេចចេញជា​ក្រឹត្យ​ក្រម​ដែរ។ យើងបង្គាប់​ឱ្យសេចក្តីដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះ ត្រូវ​ផ្សព្វ​ផ្សាយ​ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

 ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តសិលា ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៦៤
ខ្ញុំប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)

572 Views

Theme: Overlay by Kaira