ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

ពាក្យ​ណែនាំ​របស់​អ្នក​បកប្រែ

តាំង​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ១៩៦២ រហូត​ដល់​ថ្ងៃទី៧ ខែ​ធ្នូ ឆ្នាំ​១៩៦៥ អភិបាល​ព្រះ​សហគមន៍​កាតូលិក​ទូទាំង​សាកលលោក៣៥០០​នាក់ បាន​ជួបជុំ​គ្នា​ជា​មហាសន្និបាត​សាកល​លើក​ទី​២១ តាម​ទំនៀមទម្លាប់​ព្រះ​សហគមន៍​ពី​បុរាណ។

អស់​លោក​មាន​គោល​បំណង​រិះគិត​អំពី​របៀប​សម្ដែង​លទ្ធិ​នៃ​ជំនឿ​គ្រីស្ត​សាសនា​​​​ឱ្យ​បាន​ស្រប​តាម​សម័យ​ទំនើប។ អស់​លោក​ចែង​ និង​ប្រកាស​ឯកសារ​១៧​ច្បាប់ ដែល​បញ្ជាក់​លទ្ធិ​នៃ​ជំនឿ​របស់​ព្រះ​សហគមន៍​កាតូលិក​យើង​ជា​ផ្លូវការ​នៅ​សតវត្ស​ទី​២០។ ឯកសារ​ទាំង​នោះ​ចែង​ជា​ភាសា​ឡាតាំង ហើយ​មាន​សារៈសំខាន់​ណាស់​តែ​ពិបាក​ស្ដាប់​បន្តិច។ អស់​លោក​អភិបាល​បាន​ជ្រើសរើស​ពាក្យ​នីមួយៗ​ដោយ​ប្រយ័ត្ន​ប្រយែង​ គឺ​រក​ពាក្យ​ណា​ដែល​ចំ​នឹង​អត្ថន័យ​នៃ​ជំនឿ។ ពេល​យើង​បកប្រែ​មក​ជា​ភាសា​ខ្មែរ​យើង​ក៏​មាន​គោល​បំណង​ដូច​អស់​លោក​ដែរ គឺ​យើង​ខិត​ខំ​រក​ពាក្យ​ដែល​ចំ​នឹង​អត្ថន័យ​ដើម។ ជួនកាល​យើង​យក​ពាក្យ​ដែល​គ្រីស្ត​បរិស័ទ​ខ្មែរ​យើង​មិន​ធ្លាប់​ប្រើ​តែ​ពាក្យ​ដែល​យើង​ប្រើ​នោះ​ចំ​នឹង​អត្ថន័យ​ជាង។ បងប្អូន​អ្នកអាន​ត្រូវ​ចាត់​ពាក្យ​ថ្មី​ទាំង​នោះ ទុក​ជា​ជំនួយ​សម្រាប់​ឱ្យ​បងប្អូន​រិះគិត​អំពី​អត្ថន័យ​ដ៏​ជ្រៅ​នៃ​ជំនឿ​របស់​យើង។ យើង​គ្រាន់តែ​ផ្ដល់​យោបល់​ជូន​បងប្អូន​ប៉ុណ្ណោះ មិនមែន​បង្ខំ​បងប្អូន​ឱ្យ​ប្រើ​ពាក្យ​ទាំង​នោះ​ទេ។

១. Creare, Creator, Creatio៖ ក្នុងគមី្ពរភាសាហេប្រឺមានពាក្យពិសេសមួយគឺ (បារ៉ា) សំដៅ​លើ​ព្រះ​រាជ​កិច្ច​របស់​ព្រះជាម្ចាស់​ដែល​ប្រទាន​ឱ្យ​អ្វីៗ​ទាំងអស់​កើត​ឡើង ដោយ​ព្រះអង្គ​គ្រាន់​តែ​មាន​ព្រះបន្ទូល​ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ​ប៉ុណ្ណោះ។ មាន​ពាក្យ​ផ្សេង​សំដៅ​ទៅលើ​ឪពុកម្ដាយ​ដែល​បន្ត​ជីវិត​ឱ្យ​កូន។ ហេតុនេះ​ហើយ​ បាន​ជា​យើង​សន្មត​ប្រែ​ពាក្យ Creare ថា៖ “ប្រតិស្ឋាន” ដែល​មាន​ន័យ​ថា៖ “ចាត់​ចែង​រៀបចំ​ដោយ​ប្រាជ្ញា”

  • Creator៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “ព្រះអាទិករ” ដែល​មាន​អត្ថន័យ​ថា៖ “អ្នក​ផ្ដើម​ធ្វើ​មុន​ អ្នក​កសាង​លោក”
  • Creatio៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “សត្វលោក​ទាំងឡាយ” ឬ​អ្វីៗ​ដែល​ព្រះជាម្ចាស់​ប្រតិស្ឋាន​មក។

២. Credere, Fides, Fideles, Doctrina: យើង​បាន​សន្មត​ប្រែ​ពាក្យ Credere ថា៖ “ផ្ញើ​ជីវិត​លើ​ព្រះ​គ្រីស្ត” ជា​អត្ថន័យ​សមនឹង​ពាក្យ​ដើម។ ពាក្យ “ជឿ” “ជំនឿ” ដែល​គ្រីស្ត​បរិស័ទ​តែង​ប្រើ​តាំង​ពី​ដើម​រៀង​មក​មាន​អត្ថន័យ​ទូលំទូលាយ​ពេក​មិន​សូវ​ច្បាស់ នាំ​ឱ្យ​ពុទ្ធ​បរិស័ទ​យល់​ឃើញ​ថា គ្រីស្ត​បរិស័ទ​យើង​ជា​មនុស្ស​ល្ងង់ ជឿ​ដោយ​មិន​រិះគិត​ពិចារណា។

  • Fides៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “ជំនឿ”
  • Fideles៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “គ្រីស្ត​បរិស័ទ” គឺ​អ្នក​ផ្ញើ​ជីវិត​លើ​ព្រះ​គ្រីស្ត។
  • Doctrina៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “លទិ្ធ” លទ្ធិ​នៃ​ជំនឿ លទ្ធិ​នៃ​គ្រីស្ត​សាសនា។

៣. Laïcus៖ ក្នុង​ភាសា​ក្រិក​ជា​ភាសា​ដើម​ពាក្យ Laïcos សំដៅ​ទៅ​លើ​សមាជិក​នៃ​ប្រជារាស្រ្ត​របស់​ព្រះ​​​​ជាម្ចាស់។ តាំង​ពី​យូរយារ​មក​ហើយ គ្រីស្ត​បរិស័ទ​ខ្មែរ​តែងតែ​បកប្រែ​ពាក្យ​នេះ​ថា៖ “គ្រហស្ថ” ដែល​សំដៅ​ទៅ​លើ​ពុទ្ធបរិស័ទ​ដែល​មិន​បួស​ជា​ព្រះសង្ឃ។ តែ​ពាក្យ​នេះ​នាំ​ឱ្យ​ច្រឡំ និង​ស្មាន​ថា ក្នុង​ព្រះសហគមន៍​មាន​គ្រីស្តបរិស័ទ​ខ្លះ​ឋានៈ​ទាប​ជាង​លោក​គង្វាល ឬ​ទាប​ជាង​បព្វជិត បព្វជិតា​ដែល​ជា​អ្នក​បុណ្យ។ តាម​ជំនឿ​នៃ​គ្រីស្ត​សាសនា​វិញ គ្រីស្ត​បរិស័ទ​ទាំងអស់​ជា​បងប្អូន​ដែល​មាន​ឋានៈ​ស្មើ​គ្នា​ទាំងអស់​ជា “ក្រុម​បូជាចារ្យ​របស់​ព្រះមហាក្សត្រ” (១សល ២,៨)។ តែ​ក្នុង​ព្រះសហគមន៍មាន​គ្រីស្ត​បរិស័ទ​ខ្លះ​ទទួល​មុខងារ​បម្រើ​ព្រះសហគមន៍ (១ករ ១២,៥)។ អ្នក​បំពេញ​មុខងារ​បម្រើ​ទាំង​នោះ​មិន​មែន​ជា​គ្រីស្តបរិស័ទ​ដ៏​ប្រសើរ​ជាងគេ ឬ​មាន​ឋានៈ​ខ្ពស់​ជាង​គ្រីស្តបរិស័ទ​ឯទៀតៗ​ទេ។ តាម​ព្រះ​សហគមន៍ ដែល​កាន់​តាម​របៀបរបប​ពិធី​ផ្សេងៗ​បូជាចារ្យ​មាន​គ្រួសារ។ រីឯ​បព្វជិតបព្វជិតា​ជា​គ្រីស្ត​បរិស័ទ​ដែល​រស់​នៅ​តាម​របៀប​ប្លែក​ពី​គេ ដោយ​ថ្វាយ​ខ្លួន​ទាំង​ស្រុង​ទៅ​ព្រះជាម្ចាស់ទុកជាសញ្ញាសម្គាល់អំពីព្រះរាជ្យ តែ​គ្មាន​ឋានៈ​ប្រសើរ​ជាង​គ្រីស្ត​បរិស័ទ​ឯទៀតៗ​ទេ។ ហេតុនេះ​ហើយ​ បាន​ជា​យើង​សន្មត​ប្រើ​ពាក្យ Laïcus នេះ​ថា៖ “គ្រីស្ត​បរិស័ទ​ធម្មតា”

៤. Liturgia៖ តាម​ភាសា​ដើម​ពាក្យ​នេះ សំដៅ​ទៅ​លើ​កិច្ចការ​រួម​របស់​ប្រជាជន​ដែល​គោរព​ព្រះ​របស់​ខ្លួន។ តាំង​ពី​ដើម​រៀង​មក​គ្រីស្ត​បរិស័ទ​ខ្មែរ​តែង​បកប្រែ​ថា៖ “ពិធី​បុណ្យ”។ ប៉ុន្តែ​យើង​ជា​គ្រីស្ត​បរិស័ទ​ត្រូវ​ដឹង​ថា យើង​មិន​ពឹង​លើ​កុសល​ផល​បុណ្យ ឬ​លើ​ផល​អានិសង្ស​នៃ​បុណ្យ​ទេ តែ​យើង​ផ្ញើ​ជីវិត​ទាំង​ស្រុង​លើ​ព្រះ​យេស៊ូ​ជា​អម្ចាស់ និង​ជា​ព្រះ​សង្គ្រោះ។ ហេតុនេះ​ហើយ ​បាន​ជា​យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “ពិធី​គោរព​ប្រណិប័តន៍” ដែល​មិន​នាំ​ឱ្យ​នរណា​ច្រឡំ​ឡើយ។

  • Cultum៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “ការ ឬ​ពិធី​គោរព​បម្រើ​ព្រះ​ជាម្ចាស់”
  • Rituum, ceremonia៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “ពិធី”
  • Orientale Ritum៖ ក្នុង​ព្រះ​សហគមន៍​កាតូលិក​យើង​មាន​ក្រុម​គ្រីស្ត​បរិស័ទ​តែងតែ​គោរព​ប្រណិប័តន៍ព្រះ​ជាម្ចាស់​តាម​ពិធី​ប្លែក​ពី​គ្នា គឺ​មាន​របៀប​គោរព​ប្រណិប័តន៍​តាម​ព្រះសហគមន៍​ក្រុង​រ៉ូម មាន​របៀប​គោរព​​​ប្រណិប័តន៍​តាម​ព្រះសហគមន៍​ក្រិក​ កូប្ទ ស្លាវ៉ុង។ល។​ និង ។ល។ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “របៀប​របប​ពិធី”
  • Divinum Officium៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “ពិធី​លើក​តម្តើង​សិរីរុងរឿង​ព្រះជាម្ចាស់​តាម​ពេល​កំណត់”
  • Rituale៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “ក្បួន​ពិធី” “សៀវភៅ​ក្បួន​ពិធី”
  • Predicatio៖ យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “ពិធី​អត្ថាធិប្បាយ​គម្ពីរ” ព្រោះ​ពាក្យ “ធម្ម​ទេសនា” ដែល​យើង​ធ្លាប់​ប្រើ​នោះសំដៅ​តែ​លើ​ការ​ពន្យល់​ធម៌​ប៉ុណ្ណោះ រីឯ​អ្នក​ធ្វើ​ពិធី​អត្ថាធិប្បាយ​គម្ពីរ​យក​ចិត្ត​ទុក​ដាក់​បកស្រាយ​បន្ទូល ធ្វើ​ជា​ពន្លឺ​បំភ្លឺ​ការ​រស់​នៅ​របស់​គ្រីស្ត​បរិស័ទ។ ក្នុង​ឯកសារ “ពិធី​គោរព​ប្រណិប័តន៍” អស់​លោក​ចែង​ថា ការ​អត្ថាធិប្បាយ​គម្ពីរ​ពិត​ជា​ពិធី​មួយ​ក្នុង​អភិបូជា (ពិធី​​​​​​ ៥២)។

៥. Magisterium, Traditio៖ យើង​សន្មត​ប្រែ​ពាក្យ Magisterium នេះ​ថា៖ “ការ​បង្រៀន” (មិន​គ្រាន់​តែ​អភិបាល​ព្រះសហគមន៍​ក្រុង​រ៉ូម​ប៉ុណ្ណោះ)។ Traditio៖ “ការ​បញ្ជូន​បន្ត”

៦. Mysterium៖ អត្ថន័យ​ដើម គឺ​គម្រោងការ​ដ៏​លាក់​កំបាំង ដែល​ព្រះជាម្ចាស់​បាន​សម្តែង​ឱ្យ​មនុស្ស​លោក​ស្គាល់ ដោយសារ​ព្រះគ្រីស្ត (អភ ៣, ៣-៤) តែឥឡូវ​លែង​លាក់​បាំង​ហើយ។ ហេតុនេះ​ហើយ​បាន​ជា​យើង​សន្មត​ប្រែ​ពាក្យ​នេះ​ថា៖ “គម្រោង​ការ​ដ៏​អស្ចារ្យ”។ ជួនកាល​យើង​ប្រែ​ថា៖ “ព្រឹត្តិការណ៍” គឺ​សំដៅ​ទៅ​លើ​ហេតុការណ៍ ដែល​កើត​ក្នុង​ប្រវត្តិ​ជីវិត​ព្រះ​យេស៊ូ (កំណើត​ ការសោយ​ទិវង្គត។ល។)។ ជួនកាល​យើង​ប្រែ​ថា៖ “ការ​អាថ៌កំបាំង”

៧. Ministerium, Munus, officium៖ យើង​សន្មត​ប្រែ​ពាក្យ​ទាំង​បី​នេះ​ថា៖ “មុខងារ​បម្រើ​បន្ទុក​ការ​​​ងារ”​​​

​​​៨. Pontifex​​​ Summus៖ ពាក្យ​នេះ​បញ្ចាក់​អំពី​ឋានន្តរសក្ដិ​របស់​ព្រះចៅ​អធិរាជ​ក្រុង​រ៉ូម ដែល​មានន័យ​ថា៖ “មហា​បូជាចារ្យ” បម្រើព្រះ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​ក្រុង​រ៉ូម។ មហា​សន្និបាត​ចែង​ពាក្យ Pontifex ​​​Summus ច្រើន​ជាង​គេ។ ជួនកាល​មាន​ចែង Romanus Episcopus គឺ “អភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម” (ពន្លឺ ២២)។ ​មាន​ចែង​ពាក្យ Papa (គឺ “លោកតា”) តែពីរឬបីដងទេ។ ក្នុង​ឯកសារ​ទាំង​នោះ​មាន​ចែង​អំពី​អំណាច​របស់​លោក​ដែល​ជា “មេ​ដឹកនាំ” (Caput) ជា “ប្រធាន” (Praesidium) របស់​ក្រុម​អភិបាល គឺ​មាន​បញ្ជាក់​អំពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​នឹង​អភិបាល​ឯទៀតៗ ក្នុង​ឋានៈ​លោក​ជា​អ្នក​បន្ត​មុខងារ​ពី​គ្រីស្ត​ទូត​សិលា​មក រីឯ​អភិបាល​ឯទៀតៗ បន្ត​មុខងារ​ពី​ក្រុម​គ្រីស្ត​ទូត​វិញ។ ហេតុនេះ​ហើយ ​បាន​ជា​យើង​សន្មត​ប្រែ​ពាក្យ​ទាំង​ពីរ​នោះ ដោយ​ពាក្យ​តែ​មួយ​គឺ៖ “អភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម”។ នៅ​ខាង​ដើម​ឯកសារ​ទាំង​ប៉ុន្មាន លោក​ប៉ូល​ទី៦ សរសេរ​ថា “ខ្ញុំ​ប៉ូល​ជា​អភិបាល”។ នៅខា​ងក្រោម​ឯកសារ​នីមួយៗ លោកសរសេរ​ថា៖ “ខ្ញុំ​ប៉ូល​អភិបាល​ព្រះ​សហគមន៍​កាតូលិក រួម​ជាមួយ​អភិបាល​ឯទៀតៗ”។ តាំង​ពី​ដើម​រៀង​មក​គ្រីស្ត​បរិស័ទ​ខ្មែរ​យើង​តែង​ប្រើ​ពាក្យ “សម្តេចប៉ាប” ដោយ​មាន​បំណង​ប្រៀប​ធៀប​អភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម ទៅ​នឹង​សម្ដេច​សង្ឃ តែ​គំនិត​នេះ​ខុស​នឹង​ព្រះបន្ទូល​ផ្ដែផ្ដាំ​របស់​ព្រះ​យេស៊ូ។

៩. Presbyter, Sacerdos៖ ក្នុង​ភាសា​ដើម (ហេប្រឺ-ក្រិក-ឡាតាំង) មាន​ចែង​ពាក្យ Cohen, Iereus, ​​​Sacerdos។ តាំង​ពី​ឆ្នាំ១៩៧០ គ្រីស្ត​បរិស័ទ​ខ្មែរតែង​​បក​ប្រែ​ពាក្យ​នេះ​ថា៖ “បូជាចារ្យ” ជា​ពាក្យ​ចំ​នឹង​អត្ថន័យ​ដើម គឺ​សំដៅ​ទៅ​លើ​អ្នក​ដែល​បូជាយញ្ញ​ដុត​ថ្វាយ​ព្រះជាម្ចាស់​តាម​របៀប​គម្ពីរ​សម្ពន្ធមេត្រី​ចាស់។ ពាក្យ​នេះ​ក៏​ចំ​នឹង​ព្រះ​យេស៊ូ​ជា​មហា​បូជាចារ្យ​របស់​យើង (ហប ៧,១១-២៨) ហើយ​ក៏​ចំ​នឹង​គ្រីស្ត​បរិស័ទ ដែល​យក​អ្វី​ទាំងអស់​ក្នុង​លោក​នេះ​មក​ថ្វាយ​ព្រះ​បិតា (១សល ២,៨)។

ក្នុង​ភាសា​ដើម​ទាំង​បី​នោះ ក៏​មាន​ពាក្យ​មួយ​ទៀត​គឺ Zichn-Presbyteros-Presbyter។ តាំង​ពី​ឆ្នាំ​១៩៧០ គ្រីស្ត​បរិស័ទ​ខ្មែរតែង​តែ​បក​ប្រែ​ពាក្យ​នេះ​ថា៖ “បូជាចារ្យ” ដដែលនោះ តែ​របៀប​បកប្រែ​នេះ​ខុស​នឹង​អត្ថន័យ​ដើម។ ក្នុង​គម្ពីរ​អន្តរ​និកាយ​យើង​បកប្រែ​ថា៖ “ព្រឹទ្ធាចារ្យ” ដែល​ចំ​នឹង​អត្ថន័យ​ដើម។ ប៉ុន្តែ ​តាំង​ពី​ពេល​រដ្ឋាភិបាល​បង្កើត​ព្រឹទ្ធសភា​មក​ យើង​មិន​អាច​ប្រើ​ពាក្យ​នេះ​បាន​ទេ។

ឯកសារ​នៃ​មហា​សន្និបាត​ក្រោមចំណងជើងថា៖ “ពិធី​គោរព​ប្រណិប័តន៍” មាន​ប្រើ​តែ​ពាក្យ Sacerdos ប៉ុណ្ណោះ​​​។ ក្នុង​ឯកសារ “ការ​រស់​នៅ​របស់​លោក​គង្វាល” មាន​ប្រើ​ពាក្យ Sacerdos ប្រហែល​ម្ភៃ​ដង ហើយ​ពាក្យ Presbyter ច្រើន​ជាង។ ក្នុង​ឯកសារ​ឯទៀតៗ​មាន​ចែង​ពាក្យ Sacerdos និង Presbyter លាយឡំ​គ្នា។ ក្នុង​ឯកសារ​ខ្លះ​មាន​ចែង​ពាក្យ Pastor (គង្វាល) សំដៅ​ទៅ​លើ​លោក​អភិបាល ហើយ​ជួនកាល​ទៅ​លើ Presbyter តែ​ម្តង (ពិធី​ ៤២)។

ហេតុនេះ​បាន​ជា​យើង​សន្មត​បកប្រែ​ពាក្យ Presbyter ថា៖ “លោក​គង្វាល” តាម (កក ២០,៣៨) និង​តាម​ទម្លាប់​ប្រទេស​ខ្លះ​ដែល​និយាយ​ភាសា​អង់គ្លេស។ លោក​គង្វាល​នេះ ជា​សហការី​របស់​លោក​អភិបាល​ក្នុង​ឋានៈ​លោក​ជា​គង្វាល ហើយ​ទទួល​ចំណែក​ក្នុង​មុខងារ​ទាំងបី​របស់​លោក គឺ​មុខងារបង្រៀន​​​​មុខងារនាំ​ឱ្យ​គ្រីស្ត​បរិស័ទ​បាន​វិសុទ្ធ និង​មុខងារគ្រប់គ្រង​ព្រះ​សហគមន៍។

Clergé: យើង​បាន​បកប្រែ “ក្រុម​បូជាចារ្យ”“ក្រុម​គង្វាល” តាម​កន្លែង។

១០. Resurrectio៖ ពាក្យ​នេះ​មានន័យ​ថា៖ “ក្រោក​ឈរ​ឡើង”។ ព្រះ​សហគមន៍​យក​ពាក្យ​នេះ មក​សំដៅ​ទៅ​លើ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដែល​កើត​មក​លើ​លោក​យេស៊ូ ក្រោយ​ពី​លោក​ស្លាប់ គឺ​ព្រះ​ជាម្ចាស់​ប្រោស​ឱ្យ​លោក​មាន​ជីវិត​វិញ ព្រះអង្គ​លើក​លោក​ឡើង​តែង​តាំង​ជា​ព្រះ​គ្រីស្តនិង​ជា​ព្រះអម្ចាស់ ហើយ​ប្រទាន​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ឱ្យ​ព្រះ​យេស៊ូ​ចាក់​បង្ហូរ​លើ​ក្រុម​សាវ័ក។ តាម​គម្ពីរ​ដំណឹង​ល្អ​ទាំង​បួន​កណ្ឌ​ការ​ណ៍ទាំង​បី​នោះ ជា​ព្រឹត្តិការណ៍​តែមួយ​គត់។ តែ​លោក​លូកា​ដែល​ចែង​កណ្ឌ​កិច្ចការ​គ្រីស្ត​ទូត​បាន​បំបែក​ព្រឹត្តិការណ៍​តែ​មួយ​នេះ ហាក់​ដូចជា​ព្រឹត្តិការណ៍​បី​វិញ (កក ១,១-២) ក្នុង​គោល​បំណង​លាត​ត្រដាង​អត្ថន័យ​តាម​​ថ្ងៃ​បុណ្យ​របស់​ជនជាតិ​យូដា។ ដូច្នេះ​យើង​សន្មត​បកប្រែ​ពាក្យ​នេះ​ថា៖ “ព្រះ​យេស៊ូ​មាន​ព្រះជន្ម​ថ្មី​ដ៏​រុងរឿង” “មាន​ព្រះជន្ម​ថ្មី”។ យើង​ជៀសវាង​ពាក្យ “ឡើង​វិញ” កុំ​នាំ​ឱ្យ​មាន​នរណា​ច្រឡំដោយ​គិត​ថា ព្រះ​យេស៊ូ​មាន​ព្រះជន្ម​ដូច​ពី​មុន ឬ​ចាប់​ជាតិ​ឡើយ។

១១. Vocatio៖ ធម្មតា​យើង​បកប្រែ​ពាក្យ​នេះ​ថា៖ “ព្រះ​ជាម្ចាស់​ត្រាស់​ហៅ” ជួនកាល “ទិសដៅ​កំណត់” ជួនកាល “ឧប​និស័យ”

ការ​បកប្រែ​នេះ គ្រាន់​តែ​ជា​ការ​ល្បង​លមើល​ប៉ុណ្ណោះ។
អ្នក​មាន​យោបល់​ផ្សេងៗ​ចង់​កែ​សម្រួល
សូម​ផ្ញើ​សេចក្តី​ទាំង​នោះ​ទៅ fponchaud@gmail.com ។

ភ្នំពេញ, ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១២
François PONCHAUD
សូមអរគុណ

302 Views

Theme: Overlay by Kaira