- បេសកកម្មសាសនទូត
Ad Gentes - ក្រុមលោកគង្វាល
Presbyterorum Ordinis - បេសកកម្មគ្រីស្តបរិស័ទធម្មតា
Apostolicam Actuositatem - ការប្រែប្រួលរបស់ព្រះសហគមន៍
Optatam Totius Ecclesiae - សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ
Perfectae Caritatis - ព្រះគ្រីស្តជាអម្ចាស់
Christus Dominus - គ្រីស្តបរិស័ទត្រូវរួបរួមគ្នាជាធ្លុងតែមួយ
Unitatis Redintegratio - ព្រះសហគមន៍នៅបូព៌ាប្រទេស
Orientalium Ecclesiarum - ក្នុងចំណាមការអស្ចារ្យ
Inter Mirifica
មហាសន្និបាតដ៏វិសុទ្ធបំផុត
SACROSANCTUM CONCILIUM
ខ្ញុំ ប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធ សូមប្រកាសសេចក្តីនេះ ដើម្បីគេនឹកចងចាំរហូតតរៀងទៅ។
ធម្មនុញ្ញគោលលទ្ធិ
អំពីពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់
បុព្វកថា
១- មហាសន្និបាតដ៏វិសុទ្ធបំផុត មានគោលដៅដូចតទៅ៖
- ជួយឱ្យជីវិតតាមព្រះវិញ្ញាណរបស់គ្រីស្តបរិស័ទរីកចម្រើនឡើងៗជាលំដាប់ជារៀងរាល់ថ្ងៃ។
- ជួយកែសម្រួលអ្វីៗដែលព្រះសហគមន៍បានចាត់ចែងជាយូរមកហើយ ដែលអាចប្រែប្រួល បានសមស្របតាមតម្រូវការនាសម័យយើងនេះ។
- គាំទ្រអ្វីៗទាំងប៉ុន្មានដែលអាចជួយឱ្យអស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត រួបរួមគ្នាជាធ្លុងតែមួយ។
- ពង្រឹងអ្វីៗទាំងប៉ុន្មានដែលអាចណែនាំមនុស្សលោកទាំងអស់ឱ្យមកជ្រកកោនក្រោមម្លប់នៃព្រះសហគមន៍។
ដោយមានគោលដៅទាំងនោះ មហាសន្និបាតយល់ឃើញថា មានភារកិច្ចពិសេស គឺយកចិត្តទុកដាក់កែសម្រួល និងជួយពង្រីកពង្រឹងពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់។
២- ពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់តាមគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត
ដោយសារពិធីគោរពប្រណិប័តន៍ ជាពិសេស ដោយសារសក្ការបូជាអរព្រះគុណ “ព្រះជាម្ចាស់រំដោះយើង”។ ពិធីទាំងនោះ ក៏ជួយយ៉ាងខ្ពង់ខ្ពស់បំផុតឱ្យគ្រីស្តបរិស័ទប្រកាសជំនឿតាមការរស់នៅរបស់ខ្លួន និងសម្តែងឱ្យអ្នកដទៃស្គាល់គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ព្រមទាំងស្គាល់លក្ខណៈដ៏ពិតប្រាកដរបស់ព្រះសហគមន៍ទៀតផង។ មានតែព្រះសហគមន៍ទេដែលមានលក្ខណៈលោកីយ៍ផង ហើយនៅពេលតែមួយនោះ មានលក្ខណៈរបស់ព្រះជាម្ចាស់ផង។ មនុស្សអាចមើលឃើញព្រះសហគមន៍បានផង ហើយមានអ្វីៗដ៏ប្រសើរជាងដែលមនុស្សមើលមិនឃើញផងដែរ។ ព្រះសហគមន៍ខ្នះខ្នែងប្រព្រឹត្តសកម្មភាពផង ហើយនៅស្ងៀមស្មឹងស្មាធិ៍ផង ព្រះសហគមន៍រស់នៅក្នុងលោកនេះ តែក៏នៅដូចជាជនបរទេសនៅក្នុងលោកនេះដែរ។ ប៉ុន្តែ ព្រះសហគមន៍រស់នៅតាមបែបធ្វើឱ្យអ្វីៗក្នុងខ្លួនដែលមានលក្ខណៈលោកីយ៍ តម្រង់ទៅរកអ្វីៗដែលមានលក្ខណៈជាព្រះជាម្ចាស់ ហើយចុះចូលនឹងលក្ខណៈនោះដែរ ឱ្យអ្វីៗដែលមើលឃើញបានតម្រង់ ហើយចុះចូលនឹងអ្វីៗដែលមើលមិនឃើញ ឱ្យអ្វីៗដែលពាក់ព័ន្ធនឹងសកម្មភាពតម្រង់ ហើយចុះចូលនឹងការស្មឹងស្មាធិ៍ ឱ្យអ្វីៗក្នុងលោកនេះតម្រង់ ហើយចុះចូលនឹងអ្វីៗដែលជាប់នឹងលោកខាងមុខដែលយើងស្វែងរកនោះ (ហប ១៣,១៤)។ ហេតុនេះហើយ បានជាពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់សាងអស់អ្នកនៅខាងក្នុងព្រះសហគមន៍ជារៀងរាល់ថ្ងៃ ឱ្យទៅជាព្រះវិហារដ៏វិសុទ្ធ ដោយរួមក្នុងអង្គព្រះអម្ចាស់ ទៅជាព្រះដំណាក់របស់ព្រះជាម្ចាស់ក្នុងព្រះវិញ្ញាណ (អភ ២,២១-២២) រហូតដល់មានទំហំសមរម្យនឹងព្រះគ្រីស្តដែលបំពេញអ្វីៗទាំងអស់ (អភ ៤,១៤)។ ពិធីគោរពប្រណិប័តន៍ពង្រឹងកម្លាំងចិត្តរបស់គេយ៉ាងអស្ចារ្យ ដើម្បីឱ្យគេអាចប្រកាសព្រះគ្រីស្តបាន។ ពិធីគោរពប្រណិប័តន៍ក៏បង្ហាញព្រះសហគមន៍ឱ្យអ្នកនៅខាងក្រៅឃើញដូចជាទង់មួយ ជាសញ្ញាដែលព្រះជាម្ចាស់លើកឡើងនៅចំពោះមុខប្រជាជាតិទាំងឡាយ (អស ១១,១២)។ បុត្រធីតារបស់ព្រះជាម្ចាស់ដែលខ្ចាត់ខ្ចាយក៏មករួបរួមគ្នាជាអង្គតែមួយ (យហ ១១,៥២) ក្រោមទង់សញ្ញានោះ ទម្រាំដល់ពេលមានហ្វូងចៀមតែមួយ និងមានគង្វាលតែមួយផងដែរ (យហ ១០,១៦)។
៣- ធម្មនុញ្ញ និងរបៀបរបបពិធី
ហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធយល់ឃើញថា ត្រូវរម្លឹកអំពីគោលការណ៍ខាងក្រោមនេះ និងត្រូវតែងតាំងសេចក្តីណែនាំឱ្យអនុវត្តតាម ដើម្បីជួយលើកស្ទួយ និងកែសម្រួលពិធីគោរពប្រណិប័តន៍។
ក្នុងចំណោមគោលការណ៍ និងសេចកី្ដណែនាំទាំងនោះ មានគោលការណ៍ និងសេចក្តីណែនាំខ្លះៗដែលព្រះសហគមន៍កាន់តាមរបៀបរបបពិធីនៃព្រះសហគមន៍ក្រុងរ៉ូម និងព្រះសហគមន៍កាន់តាមរបៀបរបបពិធីផ្សេងៗ អាច (នឹងត្រូវ) អនុវត្តតាមទាំងអស់គ្នា។ ក៏ប៉ុន្តែ ត្រូវយល់ថា មានតែព្រះសហគមន៍កាន់តាមរបៀរបបពិធីនៃព្រះសហគមន៍ក្រុងរ៉ូមប៉ុណ្ណោះទេ ដែលត្រូវអនុវត្តតាមសេចក្តីណែនាំចែងយ៉ាងជាក់ច្បាស់ខាងក្រោមនេះ លើកលែងតែចំពោះសេចក្តីណែនាំណាដែលមានលក្ខណៈជាប់នឹងរបៀបរបបពិធីផ្សេងឯទៀត។
៤- មិនតែប៉ុណ្ណោះសោតមហាសន្និបាតដ៏វិសុទ្ធសូមប្រកាសថា
របៀបរបបពិធីផ្សេងៗដែលព្រះសហគមន៍ជាព្រះមាតាដ៏វិសុទ្ធរបស់យើងតែងតែទទួលស្គាល់យ៉ាងត្រឹមត្រូវតាមច្បាប់ រួចហើយ សុទ្ធតែមានសិទ្ធិ និងមានតម្លៃដ៏ថ្លៃថ្នូរស្មើគ្នា។ នៅពេលអនាគត ព្រះសហគមន៍ក៏មានបំណងចង់រក្សាទុក និងជួយលើកស្ទួយរបៀបរបបពិធីទាំងនោះឱ្យចម្រើនឡើងគ្រប់បែបយ៉ាងទៀតផង។ មហាសន្និបាតបញ្ជាក់ ដូច្នេះ ពិតជាត្រឹមត្រូវតាមការបញ្ជូនបន្តរបស់ព្រះសហគមន៍មែន។ មហាសន្និបាតក៏មានបំណងប្រាថ្នាថា នៅត្រង់កន្លែងណាដែលត្រូវការកែសម្រួលរបៀបរបបពិធីបុណ្យនោះត្រូវកែសម្រួលទាំងស្រុងដោយប្រុងប្រយ័ត្ន និងដោយគិតគូរដល់ការបញ្ជូនបន្តដ៏ត្រឹមត្រូវរបស់ព្រះសហគមន៍។ សូមជួយឱ្យរបៀបរបបពិធីទាំងនោះមានកម្លាំងថ្មី សមស្របតាមកាលៈទេសៈ និងតាមតម្រូវការនាបច្ចុប្បន្នកាល។
ជំពូក ១
គោលការណ៍ទូទៅសម្រាប់កែសម្រួលពិធីគោរពប្រណិប័តន៍
១- លក្ខណៈនៃពិធីគោរពប្រណិប័តន៍ និងសារៈសំខាន់នៃពិធីទាំងនោះក្នុងការរស់នៅរបស់ព្រះសហគមន៍
៥- ព្រះគ្រីស្តសង្គ្រោះមនុស្សលោក
ព្រះជាម្ចាស់ “សព្វព្រះហឫទ័យឱ្យមនុស្សទាំងអស់ទទួលការសង្រ្គោះ និងបានស្គាល់សេចក្តីពិតយ៉ាងច្បាស់“ (១ធម ២,៤)។ “នៅជំនាន់ដើម ព្រះអង្គមានព្រះបន្ទូលមកកាន់បុព្វបុរសយើងជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកព្យាការី” (ហប ១,១)។ លុះដល់ពេលកំណត់ហើយ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមក។ ព្រះបុត្រានេះជាព្រះបន្ទូលដែលប្រសូតជាមនុស្ស។ ព្រះវិញ្ញាណដ៏វិសុទ្ធចាក់ប្រេងអភិសេកព្រះបន្ទូលដែលប្រសូតជាមនុស្សនោះ ដើម្បីនាំដំណឹងល្អមកប្រាប់ជនក្រីក្រ ហើយថែទាំអ្នកដែលបាក់ទឹកចិត្ត (អស ៦១,១; លក ៤,១៨)។ “ព្រះគ្រីស្តហាក់ដូចជាគ្រូពេទ្យទាំងខាងរូបកាយផង ទាំងខាងវិញ្ញាណផង” ព្រះអង្គក៏ជាស្ពានមេត្រីរវាងព្រះជាម្ចាស់ និងមនុស្សលោកដែរ (១ធម ២,៥)។ ដោយព្រះគ្រីស្តជាព្រះបន្ទូលដែលប្រសូតជាមនុស្ស មានសភាពជាព្រះជាម្ចាស់ និងមានសភាពជាមនុស្សភ្ជាប់គ្នាក្នុងបុគ្គលតែមួយ ព្រះអង្គអាចសង្រ្គោះមនុស្សយើងបាន។ ហេតុនេះហើយ បានជាក្នុងអង្គព្រះគ្រីស្ត “តម្លៃលោះដ៏ពេញលក្ខណៈដែលនាំឱ្យយើងបានស្រុះស្រួលជានាជាមួយព្រះបិតា និងការបម្រើរបស់ព្រះជាម្ចាស់យ៉ាងពេញលេញ ក៏ចូលមកដល់យើងហើយ”។
ព្រះគ្រីស្តជាអម្ចាស់បានរំដោះមនុស្សលោកជាស្រេច និងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់យ៉ាងពេញលក្ខណៈ ដោយព្រះអង្គរងទុក្ខលំបាក ក្រោកឈរឡើងពីចំណោមមនុស្សស្លាប់ និងយាងឡើងស្ថានលើយ៉ាងរុងរឿង។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿងក្នុងបុណ្យចម្លង។ ដោយសារព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ព្រះអង្គ “បានកម្ទេចបំផ្លាញអំណាចនៃសេចក្តីស្លាប់របស់មនុស្សយើង ដោយទ្រង់សោយទិវង្គត ហើយទ្រង់ក៏កែតម្រង់ជីវិតឱ្យបានជាថ្មីឡើងវិញ ដោយទ្រង់មានព្រះជន្មថ្មីដ៏រុងរឿង”។ “ព្រះសហគមន៍ទាំងមូលដែលជាអគ្គសញ្ញាដ៏ប្រសើរអស្ចារ្យយ៉ាងក្រៃលែង” ក៏កើតចេញមកពីមុខរបួសត្រង់ចន្លោះឆ្អឹងជំនីររបស់ព្រះអង្គដែលផ្ទុំលក់ឰដ៏ឈើឆ្កាង។ ស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះជាម្ចាស់បានប្រព្រឹត្តក្នុងចំណោមប្រជារាស្រ្តនៃសម្ពន្ធមេត្រីចាស់ ក៏សុទ្ធសឹងតែជាប្រផ្នូលអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ។
៦- ព្រះសហគមន៍បន្តកិច្ចសង្រ្គោះរបស់ព្រះគ្រីស្តដោយធ្វើពិធីគោរពប្រណិប័តន៍
ព្រះបិតាចាត់ព្រះគ្រីស្តឱ្យយាងមកយ៉ាងណា ព្រះគ្រីស្តក៏ចាត់ក្រុមគ្រីស្តទូតរបស់ព្រះអង្គឱ្យទៅយ៉ាងនោះដែរ។ គ្រីស្តទូតទាំងនោះពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យប្រកាសដំណឹងល្អដល់សត្វលោកទាំងអស់ (មក ១៦,១៥) គឺជូនដំណឹងថា ដោយព្រះបុត្រារបស់ព្រះជាម្ចាស់សោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គបានរំដោះយើងឱ្យរួចពីអំណាចរបស់មារសាតាំង (កក ២៦,១៨) និងបានរំដោះយើងឱ្យរួចពីសេចក្តីស្លាប់ ព្រមទាំងចម្លងយើងចូលក្នុងព្រះរាជ្យនៃព្រះបិតារបស់ព្រះអង្គ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះគ្រីស្តចាត់ក្រុមគ្រីស្តទូតឱ្យប្រព្រឹត្តតាមកិច្ចសង្រ្គោះដែលអស់លោកប្រកាសនោះទៀតផងដោយអស់លោកថ្វាយសក្ការបូជាអរព្រះគុណ និងធ្វើអគ្គសញ្ញានានា ដែលជាស្នូលនៃពិធីគោរពប្រណិប័តន៍ទាំងអស់។ ឧបមាថា ដោយអគ្គសញ្ញាជ្រមុជទឹក មនុស្សផ្សាភ្ជាប់នឹងព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿងក្នុងបុណ្យចម្លង គឺគេស្លាប់រួមជាមួយព្រះអង្គ គេចូលក្នុងផ្នូររួមជាមួយព្រះអង្គ ហើយគេក៏មានជីវិតថ្មីដ៏រុងរឿងរួមជាមួយព្រះអង្គដែរ។ គេទទួលព្រះវិញ្ញាណនៃបុត្រធីតា ដែលធ្វើឱ្យយើងបន្លឺសំឡេងឡើងថា “អប្បាប៉ាឪ” (រម ៨,១៥; អភ ២, ៦; កូឡ ៣,១; ២ធម ២,១១)។ គេក៏ក្លាយទៅជាអ្នកថ្វាយបង្គំដ៏ពិតប្រាកដដែលព្រះបិតាសព្វព្រះហឫទ័យចង់បាន (យហ ៤,២៣)។ យ៉ាងណាមិញ រៀងរាល់ពេលគេជួបជុំគ្នាបរិភោគក្នុងពិធីជប់លៀងរបស់ព្រះអម្ចាស់ គេប្រកាសអំពីព្រះអម្ចាស់ សោយទិវង្គត គឺប្រកាសរហូតដល់ព្រះអង្គយាងមក (១ករ ១១,២៦)។ ហេតុនេះហើយ បានជានៅបុណ្យថ្ងៃទីហាសិប ជាថ្ងៃព្រះសហគមន៍លេចចេញមកឱ្យពិភពលោកឃើញ “អស់អ្នកដែលទទួលសេចក្តីដែលលោកសិលាប្រកាស ក៏បានទទួលពិធីជ្រមុជទឹក”។ “សាវ័កទាំងប៉ុន្មានព្យាយាមស្តាប់សេចក្តីបង្រៀនរបស់ក្រុមគ្រីស្តទូត រួមរស់ជាមួយគ្នាទុកជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និងព្យាយាមអធិដ្ឋាន…។ គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា” (កក ២,៤១-៤៧)។ តាំងពីពេលនោះមក ព្រះសហគមន៍តែងតែជួបជុំរួបរួមគ្នាលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ដែលសោយទិវង្គត និងមានព្រះជន្មថី្មដ៏រុងរឿងនៅថ្ងៃបុណ្យចម្លងមិនដែលអាក់ខានឡើយ។ ព្រះសហគមន៍ក៏តែងអានសេចក្តី “ដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល” (លក ២៤,២៧)។ ព្រះសហគមន៍តែងតែថ្វាយសក្ការបូជាអរព្រះគុណ ”ដែលធ្វើឱ្យជ័យជម្នះដ៏ត្រចះត្រចង់របស់ព្រះគ្រីស្តលើសេចក្តីស្លាប់ មានវត្តមានក្នុងចំណោមពួកយើង”។ នៅពេលជាមួយគ្នានោះ ព្រះសហគមន៍ក៏អរព្រះគុណ “ព្រះជាម្ចាស់ចំពោះព្រះអំណោយទានដ៏ប្រសើរបំផុតរបស់ព្រះអង្គដែលរកថ្លែងពុំបាន” (២ករ ៩,១៥) ក្នុងអង្គព្រះគ្រីស្តយេស៊ូ “ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ” (អភ ១,១២) តាមឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ។
៧- វត្តមានរបស់ព្រះគ្រីស្តក្នុងពិធីគោរពប្រណិប័តន៍
ព្រះគ្រីស្តនៅតែមានវត្តមានក្នុងព្រះសហគមន៍ជានិច្ច ជាពិសេស នៅពេលព្រះសហគមន៍ធ្វើពិធីគោរពប្រណិប័តន៍ផ្សេងៗ គឺព្រះអង្គបង្ហើយព្រះរាជកិច្ចដ៏ប្រសើរបំផុតនោះឱ្យបានជាស្ថាពរ។ ព្រះអង្គគង់នៅក្នុងសក្ការបូជានៃអភិបូជា គឺក្នុងរូបបូជាចារ្យជាអ្នកបំពេញមុខងារបម្រើ។ “ព្រះអង្គដែលថ្វាយខ្លួននៅពេលនេះ ដោយសារមុខងារបម្រើរបស់បូជាចារ្យ ក៏ជាព្រះអង្គដែលបានបូជាព្រះជន្មនៅឰដ៏ឈើឆ្កាងដែរ”។ ព្រះអង្គគង់នៅតាមកម្រិតដ៏ខ្ពង់ខ្ពស់បំផុតក្នុងរូបសញ្ញានំ និងស្រាដែលថ្វាយក្នុងអគ្គសញ្ញាអរព្រះគុណ។ ព្រះអង្គក៏គង់នៅតាមអគ្គសញ្ញានានាដោយសារឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ នៅពេលនរណាម្នាក់ធ្វើអគ្គសញ្ញាជ្រមុជទឹកជូនគេ គឺព្រះគ្រីស្តផ្ទាល់ជ្រមុជទឹកជូនគេ។ ព្រះអង្គគង់នៅតាមព្រះបន្ទូលព្រះអង្គ ដ្បិតពេលណាគេអានព្រះគម្ពីរនៅក្នុងព្រះសហគមន៍ ពេលនោះ គឺព្រះអង្គផ្ទាល់មានព្រះបន្ទូល។ ពេលព្រះសហគមន៍ទូលអង្វរ និងស្មូតទំនុកតម្កើង ព្រះអង្គក៏គង់នៅទីនោះដែរ ព្រោះព្រះអង្គមានព្រះបន្ទូលសន្យាថា៖ “នៅទីណាមានពីរឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ” (មថ ១៨,២០)។ ពិតមែនហើយ ព្រះគ្រីស្តរួបរួមជាមួយព្រះសហគមន៍គ្រប់ពេលវេលា ដើម្បីបំពេញព្រះរាជកិច្ចដ៏ប្រសើរបំផុតនេះ គឺនាំឱ្យមនុស្សលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់យ៉ាងពេញលេញ ព្រមទាំងប្រោសឱ្យមនុស្សបានវិសុទ្ធផង។ ព្រះគ្រីស្តរួបរួមជាមួយនឹងព្រះសហគមន៍ ជាព្រះមហេសីដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ព្រះសហគមន៍អង្វរព្រះអម្ចាស់របស់ខ្លួន ហើយគោរពបម្រើថ្វាយបង្គំព្រះបិតាដែលមានព្រះជន្មគង់នៅជានិច្ចនិរន្ត៍ដោយសារព្រះអង្គ។
ហេតុនេះហើយ បានជាត្រូវចាត់ទុកយ៉ាងត្រឹមត្រូវថា ព្រះយេស៊ូគ្រីស្តពិតជាបំពេញមុខងារជាបូជាចារ្យ ដោយសារពិធីគោរពប្រណិប័តន៍។ ដោយព្រះយេស៊ូគ្រីស្តបំពេញមុខងារជាបូជាចារ្យនោះ ព្រះអង្គក៏សម្តែងថា ព្រះអង្គប្រោសឱ្យមនុស្សបានវិសុទ្ធ តាមសញ្ញាសម្គាល់ដែលអាចមើលឃើញ ហើយព្រះអង្គប្រោសឱ្យគេបានវិសុទ្ធតាមរបៀបប្លែកៗពីគ្នា ស្របតាមសញ្ញានីមួយៗទាំងនោះផង។ ដោយព្រះយេស៊ូគ្រីស្តបំពេញមុខងារជាបូជាចារ្យនោះ ព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះយេស៊ូគ្រីស្ត គឺទាំងព្រះសិរសា ទាំងសរីរាង្គនាំគ្នាគោរពបម្រើព្រះជាម្ចាស់យ៉ាងសាធារណៈ និងយ៉ាងពេញលេញ។
ហេតុនេះហើយ បានជាគ្រប់ពិធីគោរពប្រណិប័តន៍ជាព្រះរាជកិច្ចរបស់ព្រះគ្រីស្តជាបូជាចារ្យផង និងជាកិច្ចរបស់ព្រះសហគមន៍ជាព្រះកាយព្រះអង្គផង គឺជាកិច្ចសក្ការៈដ៏ប្រសើរឧត្តុង្គឧត្តមបំផុត គ្មានកិច្ចដ៏សក្ការៈណាមួយផ្សេងទៀតស័ក្តិសិទ្ធិដូច ឬមានកម្រិតដូចបានឡើយ។
៨- ពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់នៅលោកនេះ និងពិធីគោរពប្រណិប័តន៍នៅលោកខាងមុខ
ពេលយើងចូលរួមធ្វើពិធីគោរពប្រណិប័តន៍ក្នុងលោកនេះ យើងក្រេបជញ្ជក់ជាមុននូវរសជាតិនៃពិធីគោរពប្រណិប័តន៍នៅបុរីយេរូសាឡឹមដ៏វិសុទ្ធនៃលោកខាងមុខដែរ។ យើងកំពុងតែជាបូជនីយេសក៍ក្នុងលោកនេះតម្រង់ទៅបុរីនោះ ជាបុរីព្រះគ្រីស្តគង់ខាងស្តាំព្រះបិតាក្នុងឋានៈជាអ្នកបម្រើវិហារដ៏សក្ការៈ និងជាព្រះពន្លាដ៏ពិតប្រាកដ (វវ ២១,២; កូឡ ៣,១; ហប ៨,២)។ យើងក៏ច្រៀងបទលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់រួមជាមួយកងកម្លាំងនៃស្ថានបរមសុខដែរ។ ដោយនឹកគោរពសន្តបុគ្គលទាំងឡាយ យើងសង្ឃឹមថា នឹងបានចូលរួមជាមួយដែរ។ យើងក៏ទន្ទឹងរង់ចាំព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង និងជាព្រះសង្រ្គោះរហូតដល់ពេលព្រះអង្គដែលជាជីវិតរបស់យើងសម្តែងព្រះអង្គមក។ នៅពេលនោះ យើងក៏នឹងលេចឡើងមករួមជាមួយព្រះអង្គប្រកបដោយសិរីរុងរឿងដែរ (ភីល ៣,២០; កូឡ ៣,៤)។
៩- ព្រះសហគមន៍មានសកម្មភាពឯទៀតៗជាច្រើន ក្រៅពីពិធីគោរពប្រណិប័តន៍
ពិធីគោរពប្រណិប័តន៍ពុំមែនជាសកម្មភាពទាំងមូលរបស់ព្រះសហគមន៍ទេ ដ្បិតមុនមនុស្សអាចចូលរួមក្នុងពិធីទាំងនោះបាន លុះត្រាតែព្រះជាម្ចាស់ត្រាស់ហៅគេឱ្យមានជំនឿ និងឱ្យគេប្រែចិត្តគំនិត។ “គេអង្វរព្រះជាម្ចាស់ដូចម្តេចកើត បើគេមិនជឿ? ឱ្យគេជឿលើព្រះអង្គដូចម្តេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឱ្យគេឮដូចម្តេចកើត បើគ្មាននរណាប្រកាស? ឱ្យមានអ្នកប្រកាសដូចម្តេចកើត បើគ្មាននរណាចាត់ឱ្យទៅប្រកាសផងនោះ?” (រម ១០,១៤-១៥)។
ហេតុនេះហើយ បានជាព្រះសហគមន៍ប្រកាសដំណឹងល្អស្តីអំពីការសង្រ្គោះដល់អស់អ្នកដែលគ្មានជំនឿលើព្រះគ្រីស្ត ដើម្បីឱ្យមនុស្សទាំងអស់ស្គាល់ព្រះជាម្ចាស់ ជាព្រះដ៏ពិតប្រាកដតែមួយអង្គគត់ និងស្គាល់ព្រះយេស៊ូគ្រីស្តដែលព្រះជាម្ចាស់ចាត់ឱ្យយាងមកដែរ។ ដូច្នេះ គេប្រែចិត្តគំនិតទាំងនឹកស្តាយដោយបានប្រព្រឹត្តអំពើបាបទៀតផង។ ចំពោះគ្រីស្តបរិស័ទដែលមានជំនឿវិញ ព្រះសហគមន៍ត្រូវតែប្រកាសជំនឿដល់គេជានិច្ច និងនាំឱ្យគេនឹកស្តាយដោយបានប្រព្រឹត្តអំពើបាបដែរ (យហ ១៧,៣; លក ២៤,២៧; កក ២,៣៨)។ ព្រះសហគមន៍ក៏ត្រូវអប់រំគេឱ្យទទួលអគ្គសញ្ញា ត្រូវបង្ហាត់បង្រៀនគេឱ្យប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលព្រះគ្រីស្តបានបង្គាប់ (មថ ២៨,២០) និងដាស់តឿនគេឱ្យប្រព្រឹត្តកិច្ចការដ៏សប្បុរសគ្រប់យ៉ាង ឱ្យគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងធ្វើកិច្ចការជាគ្រីស្តទូតទៀតផង។ គ្រីស្តបរិស័ទធ្វើកិច្ចការទាំងនោះដើម្បីបង្ហាញបញ្ជាក់ថា ទោះគេមិនកើតមកពីលោកីយ៍នេះក្តី គេក៏នៅតែជាពន្លឺបំភ្លឺមនុស្សលោក ហើយគេលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតានៅចំពោះមុខមនុស្សលោកផងដែរ។
១០- ពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់ជាកំពូល និងជាប្រភពនៃជីវិតរបស់ព្រះសហគមន៍
ប៉ុន្តែ សកម្មភាពគ្រប់យ៉ាងរបស់ព្រះសហគមន៍ពិតជាតម្រង់ឆ្ពោះទៅកាន់ពិធីគោរពប្រណិប័តន៍ទុកជាកំពូល។ ពិធីគោរពប្រណិប័តន៍ក៏ជាប្រភពនៃឫទ្ធានុភាពទាំងស្រុងរបស់ព្រះសហគមន៍ដែរ។ អស់អ្នកដែលខិតខំបំពេញកិច្ចការជាគ្រីស្តទូត មានគោលដៅណែនាំឱ្យមនុស្សទាំងអស់ទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ដោយផ្ញើជីវិតលើព្រះគ្រីស្ត និងដោយទទួលអគ្គ សញ្ញាជ្រមុជទឹកទៀតផង។ បន្ទាប់មក ឱ្យគេជួបជុំគ្នា និងលើកតម្កើងព្រះជាម្ចាស់ក្នុងព្រះសហគមន៍ និងឱ្យចូលរួមក្នុងសក្ការបូជានៃអភិបូជា ព្រមទាំងឱ្យបរិភោគរួមក្នុងពិធីជប់លៀងរបស់ព្រះអម្ចាស់។ ម្យ៉ាងទៀត ពិធីគោរពប្រណិប័តន៍ក៏ជំរុញគ្រីស្តបរិស័ទដែលទទួលទាននៃ “អគ្គសញ្ញានៃបុណ្យចម្លង” យ៉ាងឆ្អែតស្កប់ស្កល់ឱ្យរួបរួមគ្នាជា “ធ្លុងតែមួយ”។ ក្នុងពិធីគោរពប្រណិប័តន៍ ព្រះសហគមន៍អង្វរព្រះអង្គ “សូមឱ្យគ្រីស្តបរិស័ទកាន់តាមអ្វីៗដែលគេបានយល់ឃើញដោយសារជំនឿ” តាមការរស់នៅរបស់ខ្លួន។ ក្នុងអភិបូជា ព្រះសហគមន៍ចងសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ជាមួយមនុស្សលោកសាជាថ្មី។ សម្ពន្ធមេត្រីថ្មីនេះក៏ទាក់ទាញចិត្តគ្រីស្តបរិស័ទ ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តក៏ជំរុញចិត្តគេទៀតផងដែរ។ ហេតុនេះហើយបានជាព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ហូរចេញមកពីពិធីគោរពប្រណិប័តន៍ ជាពិសេស ពីអគ្គសញ្ញាអរព្រះគុណ ដែលហាក់បីដូចជា ហូរចេញពីប្រភពតែមួយមកក្នុងយើង។ យើងក៏អាចទទួលព្រះហឫទ័យប្រណីសន្តោសនេះយ៉ាងស័ក្តសិទ្ធបំផុត ដែលប្រោសឱ្យមនុស្សយើងបានវិសុទ្ធក្នុងអង្គព្រះគ្រីស្តដែរ។ សកម្មភាពឯទៀតៗទាំងប៉ុន្មានរបស់ព្រះសហគមន៍មានគោលដៅតែមួយ គឺលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
១១- ចិត្តគំនិតអ្នកចូលរួមក្នុងពិធីគោរពប្រណិប័តន៍
បើគ្រីស្តបរិស័ទចង់ទទួលព្រះហឫទ័យប្រណីសន្តោសនេះតាមរបៀបដែលមានប្រសិទ្ធភាព និងយ៉ាងពេញលេញ គេត្រូវចូលរួមក្នុងពិធីគោរពប្រណិប័តន៍ដោយមានអារម្មណ៍ល្អ គឺមានចិត្តទៀងត្រង់ មានចិត្តគំនិតស្របតាមពាក្យដែលគេពោល។ គេត្រូវរួមសហការជាមួយព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស។ បើមិនដូច្នេះទេ ព្រះហឫទ័យប្រណីសន្តោសដែលគេទទួលនោះ គឺអសារឥតការឡើយ (២ករ ៦,១)។ ហេតុនេះហើយ បានជាអស់អ្នកណែនាំព្រះសហគមន៍ត្រូវយកចិត្តទុកដាក់ធ្វើឱ្យគ្រីស្តបរិស័ទចូលរួមក្នុងពិធីបុណ្យដោយយល់អត្ថន័យ គឺយល់អត្ថន័យនៃពិធីចូលរួមយ៉ាងសកម្ម និងតាមរបៀបដែលអាចបង្កើតផលបានទៀតផង មិនត្រូវគិតគូរឱ្យគ្រាន់តែគោរពតាមច្បាប់ ឬគ្រាន់តែធ្វើពិធីយ៉ាងត្រឹមត្រូវតាមវិន័យប៉ុណ្ណោះទេ។
១២- ពិធីគោរពប្រណិប័តន៍ និងពិធីគោរពតាមប្រពៃណី
ការរស់នៅតាមព្រះវិញ្ញាណ មិនអាស្រ័យតែលើការចូលរួមក្នុងពិធីគោរពប្រណិប័តន៍ប៉ុណ្ណោះទេ។ ទោះជាព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទឱ្យអធិដ្ឋានរួមជាមួយអ្នកឯទៀតៗក្តី ក៏គេត្រូវចូលទៅក្នុងបន្ទប់របស់ខ្លួន ហើយទូលទៅព្រះបិតានៅទីស្ងាត់កំបាំង (មថ ៦,៦)។ លើសពីនេះទៅទៀត គេត្រូវអធិដ្ឋានឥតឈប់ឈរតាមគ្រីស្តទូតប៉ូលប្រៀនប្រដៅ (១ថស ៥,១៧)។ គ្រីស្តទូតប៉ូលដដែលបង្រៀនយើងថា យើងត្រូវផ្ទុកសេចក្តីស្លាប់របស់ព្រះយេស៊ូក្នុងរូបកាយយើងដែលរមែងតែងតែស្លាប់ ដើម្បីឱ្យព្រះជន្មរបស់ព្រះយេស៊ូលេចចេញមកឱ្យគេឃើញនៅក្នុងរូបកាយយើងដែរ (២ករ ៤,១០-១១)។ ហេតុនេះហើយ បានជាក្នុងសក្ការបូជានៃអភិបូជា យើងតែងអង្វរព្រះអម្ចាស់ថា ដោយព្រះអង្គសព្វព្រះហឫទ័យទទួលយញ្ញបូជាខាងវិញ្ញាណនោះទុកជាតង្វាយ សូមព្រះអង្គលើកយើង “ទុកជាតង្វាយដែលស្ថិតនៅអស់កល្បជានិច្ចថ្វាយព្រះអង្គ”។
១៣- គួរទូន្មានយ៉ាងខ្លាំងឱ្យគ្រីស្តបរិស័ទធ្វើពិធីតាមប្រណី
លុះត្រាតែពិធីទាំងនោះស្របតាមច្បាប់ និងតាមសេចក្តីណែនាំរបស់ព្រះសហគមន៍ ជាពិសេស ប្រសិនបើគេនាំគ្នាធ្វើពិធីទាំងនោះ ស្របតាមបទបញ្ជារបស់សន្តអាសនៈ។
ត្រូវចាត់ទុកថា ពិធីតាមប្រពៃណីរបស់ព្រះសហគមន៍ភូមិភាគនីមួយៗមានតម្លៃថ្លៃថ្នូរពិសេស នៅពេលណាប្រជាជននាំគ្នាធ្វើតាមបទបញ្ជារបស់លោកអភិបាល ឬតាមទំនៀមទម្លាប់ ឬតាមក្បួនពិធីដែលបានទទួលការអនុម័តត្រឹមត្រូវតាមច្បាប់។
ប៉ុន្តែ ត្រូវចាត់ចែងពិធីតាមប្រពៃណីទាំងនោះ ដោយគិតគួរដល់ពិធីគោរពប្រណិប័តន៍តាមរដូវប្រចាំឆ្នាំ ដើម្បីឱ្យពិធីតាមប្រពៃណីទាំងនោះសមស្របតាមពិធីគោរពប្រណិប័តន៍តាមរដូវប្រចាំឆ្នាំ ដែលហាក់ដូចជាពិធីតាមប្រពៃណីទាំងនោះហូរចេញមកពីពិធីតាមរដូវប្រចាំឆ្នាំ ព្រមទាំងណែនាំប្រជាជនឱ្យចូលរួមក្នុងពិធីប្រចាំឆ្នាំទៀតផង ពីព្រោះតាមលក្ខណៈនៃពិធី គឺពិធីគោរពប្រណិប័តន៍តាមរដូវប្រចាំឆ្នាំ ប្រសើរជាងពិធីគោរពតាមប្រពៃណីទាំងនោះ។
២- ត្រូវអប់រំគ្រីស្តបរិស័ទខាងពិធីគោរពប្រណិប័តន៍ និងឱ្យចូលរួមយ៉ាងសកម្ម
១៤- ព្រះសហគមន៍ជាមាតា
មានបំណងប្រាថ្នាចង់ណែនាំគ្រីស្តបរិស័ទទាំងអស់ ឱ្យចូលរួមក្នុងពិធីគោរពប្រណិប័តន៍យ៉ាងពេញលេញ ដោយយល់អត្ថន័យ និងចូលរួមយ៉ាងសកម្មទៀតផង។ របៀបចូលរួមក្នុងពិធីបែបនេះ ពិតជាស្របតាមលក្ខណៈផ្ទាល់នៃពិធីគោរពប្រណិប័តន៍ ហើយគ្រីស្តបរិស័ទទាំងអស់ក៏មានសិទិ្ធ និងមានភារកិច្ចចូលរួមក្នុងពិធីតាមបែបនេះដែរ ព្រោះគ្រីស្តបរិស័ទដែលទទួលអគ្គសញ្ញាជ្រមុជទឹកជា “ពូជសាសន៍មួយដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្រ្តដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ” (១សល ២,៩; ២,៤-៥)។
ពេលកែសម្រួល និងលើកស្ទួយពិធីគោរពប្រណិប័តន៍ ត្រូវខិតខំឱ្យអស់ពីសមត្ថភាពតាមគោលដៅតែមួយ គឺណែនាំឱ្យប្រជាជនទាំងមូលចូលរួមយ៉ាងពេញលេញ និងយ៉ាងសកម្មក្នុងពិធីគោរពប្រណិប័តន៍ទាំងនោះ។ ពិធីគោរពប្រណិប័តន៍ពិតជាប្រភពទីមួយ និងដ៏ចាំបាច់ដែលខានមិនបាន ដើម្បីឱ្យគ្រីស្តបរិស័ទមានចិត្តគំនិតជាគ្រីស្តបរិស័ទសុទ្ធសាធ។ ហេតុនេះហើយ បានជាអស់លោកគង្វាលព្រះសហគមន៍ត្រូវខិតខំខ្នះខ្នែងក្នុងគ្រប់កិច្ចការណែនាំរបស់ខ្លួន អប់រំប្រជាជនគ្រីស្តបរិស័ទឱ្យចូលរួមក្នុងពិធីបុណ្យបែបនេះ ដោយប្រើវិធីគរុកោសល្យតាមសេចក្តីត្រូវការ។
ប៉ុន្តែ ប្រសិនបើគោលគំនិត និងកម្លាំងនៃពិធីគោរពប្រណិប័តន៍មិនជ្រួតជ្រាបចិត្តអស់លោកគង្វាលយ៉ាងជ្រៅទេ ហើយប្រសិនបើអស់លោកមិនបានទទួលសមត្ថភាពអាចបង្រៀនអ្នកដទៃជាមុនសិននោះ មហាសន្និបាតគ្មានសង្ឃឹមថា នឹងទៅដល់គោលដៅរបស់ខ្លួនបានឡើយ។ ហេតុនេះហើយ ត្រូវគិតគូរអំពីការអប់រំក្រុមគង្វាល អំពីពិធីគោរពប្រណិប័តន៍ជាមុនសិន។ ការនេះពិតជាចំបាច់បំផុត។
អាស្រ័យហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធបានសម្រេចសេចក្តីដូចតទៅ៖
១៥- ត្រូវអប់រំសាស្រ្តាចារ្យខាងពិធីគោរពប្រណិប័តន៍
សាស្រ្តាចារ្យដែលបង្រៀនអំពីពិធីគោរពប្រណិប័តន៍នៅក្នុងទេវវិទ្យាល័យ នៅក្នុងគេហដ្ឋានអប់រំបព្វជិតបព្វជិតា និងនៅក្នុងមហាវិទ្យាល័យខាងទេវវិទ្យា ត្រូវទទួលការហ្វឹកហ្វឺនអប់រំនៅគ្រឹះស្ថានដែលមានគោលដៅបង្រៀនអំពីពិធីគោរពប្រណិប័តន៍។
១៦- ការអប់រំក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង
ត្រូវរាប់បញ្ចូលការបង្រៀនអំពីពិធីគោរពប្រណិប័តន៍ក្នុងចំណោមមុខវិជ្ជាដ៏សំខាន់ៗ និងដែលត្រូវការជាចាំបាច់ដែលត្រូវតែរៀននៅក្នុងទេវវិទ្យាល័យ និងនៅក្នុងគេហដ្ឋានអប់រំបព្វជិតបព្វជិតា។ នៅមហាវិទ្យាល័យខាងទេវវិទ្យាវិញ ត្រូវរាប់បញ្ចូលការបង្រៀនអំពីពិធីគោរពប្រណិប័តន៍ក្នុងចំណោមមុខវិជ្ជាដ៏សំខាន់ជាងគេ។ ត្រូវបង្រៀនអំពីពិធីគោរពប្រណិប័តន៍ ដោយនឹកគិតដល់ទេវវិទ្យា និងដល់ប្រវត្តិវិទ្យា ព្រមទាំងដល់វិជ្ជានៃជីវិតតាមព្រះវិញ្ញាណ ដល់វិជ្ជាណែនាំគ្រីស្តបរិស័ទ និងដល់ច្បាប់វិន័យទៀតផង។ ម្យ៉ាងទៀត សាស្រ្តាចារ្យដែលបង្រៀនមុខវិជ្ជាផ្សេងៗ ជាពិសេស សាស្រ្តាចារ្យបង្រៀនទេវវិទ្យាលទ្ធិមូលដ្ឋាន បង្រៀនព្រះគម្ពីរ បង្រៀនវិជ្ជានៃជីវិតតាមព្រះវិញ្ញាណ វិជ្ជាណែនាំគ្រីស្តបរិស័ទក៏ត្រូវយកចិត្តទុកដាក់គូសសង្កត់លើគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត និងលើប្រវត្តិសាស្រ្តនៃការសង្គ្រោះ តាមតែមុខវិជ្ជារបស់ខ្លួនអនុញ្ញាតឱ្យ ទើបនិសិ្សតអាចយល់ឃើញយ៉ាងច្បាស់ថា មុខវិជ្ជាទាំងនោះពាក់ព័ន្ធជាមួយពិធីគោរពប្រណិប័តន៍ ព្រមទាំងយល់ឃើញថា ការអប់រំរបស់បូជាចារ្យស៊ីគ្នាពីខាងក្នុងទៀតផង។
១៧- ចំពោះអស់អ្នកដែលនឹងទទួលអគ្គសញ្ញាតែងតាំង
នៅពេលខាងមុខ ហើយកំពុងតែរៀននៅទេវវិទ្យាល័យ និងនៅក្នុងគេហដ្ឋានអប់រំបព្វជិតបព្វជិតា ត្រូវយកពិធីគោរពប្រណិប័តន៍មកអប់រំខ្លួនឱ្យមានជីវិតខាងព្រះវិញ្ញាណ គឺត្រូវណែនាំគេយ៉ាងប្រសើរឱ្យយល់អត្ថន័យពិធីដ៏សក្ការៈ និងឱ្យផ្ចង់ចិត្តយ៉ាងខ្លាំងនឹងពិធីទាំងនោះ។ ត្រូវធ្វើពិធីលើកតម្តើងព្រឹត្តិការណ៍ដ៏វិសុទ្ធ ពោលគឺ ថ្វាយអភិបូជា និងប្រព្រឹត្តកិច្ចគោរពប្រណិប័តន៍ផ្សេងទៀតផង ដោយមានពិធីគោរពប្រណិប័តន៍ជ្រួតជ្រាបចិត្តគេផងដែរ។ គេក៏ត្រូវរៀនឱ្យចេះគោរពក្បួនវិន័យនៃពិធីគោរពប្រណិប័តន៍ដែរ។ ធ្វើដូច្នេះ ទើបការរស់នៅក្នុងទេវវិទ្យាល័យ និងនៅក្នុងគេហដ្ឋានអប់រំបព្វជិតបព្វជិតានឹងជ្រួតជ្រាបដោយគោលគំនិតនៃពិធីគោរពប្រណិប័តន៍ជាពុំខាន។
១៨- ត្រូវជួយលោកគង្វាល
ទាំងភូមិភាគ ទាំងបព្វជិតដែលកំពុងបម្រើព្រះសហគមន៍ ដោយប្រើជំនួយទាំងប៉ុន្មានដែលអស់លោកត្រូវការ ដើម្បីយល់អត្ថន័យពីពិធីដែលអស់លោកធ្វើឱ្យកាន់តែច្បាស់ នៅពេលអស់លោកបំពេញមុខងារដ៏សក្ការៈផ្សេងៗ។ ត្រូវជួយអស់លោកឱ្យរស់នៅតាមពិធីគោរពប្រណិប័តន៍ និងឱ្យអស់លោកអាចចែករំលែកបទពិសោធន៍នោះជាមួយនឹងគ្រីស្តបរិស័ទដែលព្រះសហគមន៍ផ្ញើទុកមកឱ្យអស់លោក។
១៩- ការអប់រំគ្រីស្តបរិស័ទអំពីពិធីគោរពប្រណិប័តន៍
អស់លោកគង្វាលព្រះសហគមន៍ ត្រូវខិតខំខ្នះខ្នែងដោយចិត្តអត់ធ្មត់ បន្តការអប់រំគ្រីស្តបរិស័ទអំពីពិធីគោរពប្រណិប័តន៍ និងណែនាំឱ្យគេចូលរួមក្នុងពិធីទាំងអស់យ៉ាងសកម្ម ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណផង។ ត្រូវអប់រំគេស្របតាមអាយុ តាមសភាពការណ៍ជីវភាព និងតាមកម្រិតវប្បធម៌សាសនារបស់គេទៀតដែរ។ ធ្វើដូច្នេះ ទើបអស់លោកដែលណែនាំព្រះសហគមន៍ មុខជានឹងសម្រេចភារកិច្ចមួយដ៏សំខាន់របស់ខ្លួន ជាអ្នកចាត់ចែងអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់យ៉ាងស្មោះត្រង់។ ក្នុងករណីនេះ អស់លោកមិនត្រូវណែនាំហ្វូងចៀមរបស់ខ្លួនដោយគ្រាន់តែប្រើពាក្យសម្តីប៉ុណ្ណោះទេ តែខ្លួនផ្ទាល់ត្រូវធ្វើជាគំរូដល់គេថែមទៀតផង។
២០- មធ្យោបាយផ្សព្វផ្សាយពិធីគោរពប្រណិប័តន៍
ត្រូវផ្សព្វផ្សាយពិធីគោរពប្រណិប័តន៍ដ៏សក្ការៈ ជាពិសេសអភិបូជា តាមវិទ្យុនិងតាមទូរទស្សន៍ តាមរបៀបដ៏ថ្លៃថ្នូរមិនអធិកអធមពេក ស្ថិតក្រោមការណែនាំនិងធានារ៉ាប់រងរបស់អ្នកស្ទាត់ជំនាញម្នាក់ ដែលលោកអភិបាលចាត់ចែងឱ្យបំពេញមុខងារនេះ។
៣- ការកែសម្រួលពិធីគោរពប្រណិប័តន៍ដ៏សក្ការៈ
២១- ព្រះសហគមន៍ជាព្រះមាតា
គួរឱ្យគោរពមានបំណងយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងកែសម្រួលពិធីគោរពប្រណិប័តន៍ទូទៅឱ្យប្រែជាថ្មី ដើម្បីឱ្យប្រជារាស្រ្តគ្រីស្តបរិស័ទអាចទទួលព្រះអំណោយទានយ៉ាងច្រើនពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដោយសារពិធីគោរពប្រណិប័តន៍ដ៏សក្ការៈទាំងនោះ។ ក្នុងពិធីគោរពប្រណិប័តន៍មានផ្នែកមួយដែលកែសម្រួលមិនបាន គឺអ្វីៗដែលព្រះជាម្ចាស់បានតែងតាំង។ មានផ្នែកផ្សេងៗទៀតដែលអាចប្រែប្រួលតាមដំណើរនៃប្រវត្តិសាស្រ្តបាន។ ប្រសិនបើមានសេចក្ដីខ្លះចូលលាយឡំក្នុងពិធីបុណ្យដោយចៃដន្យ ជាសេចក្តីដែលមិនសូវស៊ីនឹងលក្ខណៈនៃពិធីបុណ្យ ឬមិនសូវសមស្របនឹងសម័យបច្ចុប្បន្ន ក៏សេចក្ដីទាំងនោះអាចកែសម្រួលបាន ហើយក៏ត្រូវតែកែសម្រួលទៀតផង។
ត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍ឱ្យបានជាថ្មីដោយចាត់ចែងអត្ថបទ និងពិធីនានាតាមរបៀបដែលបង្ហាញអត្ថន័យយ៉ាងច្បាស់ថា ពិធីទាំងនោះជាសញ្ញាសម្គាល់អំពីព្រះហឫទ័យប្រណីសន្តោសដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ ដោយកែសម្រួលពិធីគោរពប្រណិប័តន៍ឱ្យបានជាថ្មីដូច្នេះ ទើបប្រជាជនគ្រីស្តបរិស័ទងាយស្រួលយល់អត្ថន័យឱ្យកាន់តែច្បាស់។ ប្រសិនបើអាចធ្វើបាន ប្រជាជនក៏អាចចូលរួមក្នុងពិធីទាំងនោះយ៉ាងពេញលេញ និងយ៉ាងសកម្ម ព្រមទាំងរួមគ្នាជាសហគមន៍ទៀតផង។ ហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធបានតែងតាំងសេចក្តីណែនាំទូទៅដូចតទៅ៖
ក. សេចក្តីណែនាំទូទៅ
២២- អំពីអ្នកទទួលខុសត្រូវពិធីគោរពប្រណិប័តន៍
- ការសម្រេចសេចក្តីអំពីពិធីគោរពប្រណិប័តន៍ដ៏សក្ការៈ អាស្រ័យតែលើអំណាចនៃព្រះសហគមន៍ប៉ុណ្ណោះ គឺថា មានតែសន្តអាសនៈប៉ុណ្ណោះអាចសម្រេចបាន ហើយក៏អាស្រ័យលើលោកអភិបាលសម្រេចតាមក្បួនច្បាប់បានកំណត់ទុក។
- ក្រុមអភិបាលតែងតាំងយ៉ាងត្រឹមត្រូវតាមច្បាប់ ដែលមានសមត្ថកិច្ចក្នុងតំបន់មួយក៏មានអំណាចអាចសម្រេចសេចក្តីអំពីពិធីគោរពប្រណិប័តន៍បាន តាមកម្រិតអំណាចក្រុមអភិបាលទាំងនោះកំណត់តាមច្បាប់រួចហើយ។
- ហេតុនេះហើយ បានជាគ្មាននរណាផ្សេងទៀត សូម្បីតែបូជាចារ្យ (អាចារ្យ) ក្តី មានសិទ្ធិបន្ថែមបន្ថយអ្វី ឬផ្លាស់ប្តូរអ្វីក្នុងពិធីគោរពប្រណិប័តន៍ដោយខ្លួនឯងបានសោះ។
២៣- ការបញ្ជូនបន្ត និងការអភិវឌ្ឍន៍ពិធីគោរពប្រណិប័តន៍
មុននឹងកែសម្រួលផ្នែកនីមួយៗដែលត្រូវការកែសម្រួលនោះ ត្រូវស្រាវជ្រាវយ៉ាងហ្មត់ចត់តាមទេវវិទ្យា តាមប្រវត្តិសាស្រ្ត និងតាមកិច្ចការណែនាំគ្រីស្តបរិស័ទជាមុនសិន ដើម្បីរក្សាទុកការបញ្ជូនបន្តដ៏ត្រឹមត្រូវនៃព្រះសហគមន៍ផង និងដើម្បីឱ្យពិធីគោរពប្រណិប័តន៍អាចអភិវឌ្ឍន៍ឱ្យចម្រើនឡើងផងដែរ។ លើសពីនេះទៅទៀត ក៏ត្រូវគិតគូរដល់ក្បួនវិន័យទូទៅអំពីរចនាសម្ពន្ធ និងអំពីគោលដៅនៃពិធីគោរពប្រណិប័តន៍ ព្រមទាំងគិតគូរដល់បទពិសោធន៍អំពីការកែសម្រួលពិធីគោរពប្រណិប័តន៍តាំងពីប៉ុន្មានឆ្នាំកន្លងមក ហើយក៏ត្រូវនឹកដល់សេចកី្តអនុញ្ញាតតាមតំបន់ផ្សេងៗទៀតផង។ មិនតែប៉ុណ្ណោះ ត្រូវកែសម្រួលពិធីឱ្យបានជាថ្មី លុះត្រាតែមានប្រយោជន៍ដល់ព្រះសហគមន៍យ៉ាងពិតប្រាកដ និងយ៉ាងជាក់ច្បាស់ ហើយក៏ត្រូវធានាអះអាងយ៉ាងច្បាស់ថា របៀបធ្វើពិធីបែបថ្មីៗនោះហូរចេញមកពីរបៀបពិធីដែលធ្លាប់ធ្វើពីមុនមក ហាក់ដូចជាកើតចេញពីពិធីចាស់នោះវិញ។ ប្រសិនបើអាចធ្វើបាន ត្រូវជៀសវាងកុំឱ្យមានពិធីប្លែកៗពីគ្នាខ្លាំងពេកក្នុងតំបន់ដែលនៅក្បែរគ្នា។
២៤- ព្រះគម្ពីរ និងពិធីគោរពប្រណិប័តន៍
ព្រះគម្ពីរមានសារៈសំខាន់យ៉ាងខ្លាំងជាទីបំផុតក្នុងពិធីគោរពប្រណិប័តន៍ ព្រោះអត្ថបទដែលបានប្រកាសក្នុងពិធីទាំងនោះ និងដែលគេពន្យល់តាមពិធីអត្ថាធិប្បាយ ព្រមទាំងទំនុកតម្កើងដែលគេស្មូតសុទ្ធតែដកស្រង់ចេញពីព្រះគម្ពីរមក។ ពាក្យអធិដ្ឋានផ្សេងៗ ពាក្យអង្វរនានា និងបទចម្រៀងក្នុងពិធីគោរពប្រណិប័តន៍ក៏សុទ្ធសឹងតែយោងគំនិត និងកម្លាំងពីព្រះគម្ពីរដែរ។ កាយវិការ និងនិមិត្តរូបផ្សេងៗក៏ទទួលអត្ថន័យពីព្រះគម្ពីរថែមទៀតផង។ ហេតុនេះហើយ បានជាត្រូវតែលើកស្ទួយឱ្យគ្រីស្តបរិស័ទក្រេបជញ្ជក់ឱជារសដ៏ឆ្ងាញ់នៃព្រះគម្ពីរដែលមានជីវិតរស់រវើក តាមការបញ្ជូនបន្តគួរឱ្យគោរពនៃរបៀបរបបពិធីនៅបូព៌ាប្រទេស និងនៅបស្ចិមប្រទេសផ្តល់សក្ខីភាពស្រាប់។ បើធ្វើដូច្នេះ ទើបការកែសម្រួលពិធីគោរពប្រណិប័តន៍ដ៏សក្ការៈបានជាថ្មី នឹងចម្រើនឡើង ហើយសមស្របតាមសម័យ ព្រមទាំងទទួលជ័យជម្នះពុំខាន។
២៥- ត្រូវកែសម្រួលក្បួនពិធីគោរពប្រណិប័តន៍
ត្រូវកែសម្រួលសៀវភៅក្បួនពិធីគោរពប្រណិប័តន៍យ៉ាងប្រញាប់បំផុត ដោយសូមអ្នកជំនាញការជួយផង និងដោយសួរយោបល់របស់អស់លោកអភិបាលតាមតំបន់ផ្សេងៗក្នុងពិភពលោកទាំងមូល។
ខ. សេចក្តីណែនាំមកពីលក្ខណៈពិធីជាកិច្ចការរួមរបស់ប្រជាជន
២៦- ពិធីគោរពប្រណិប័តន៍
មិនមែនជាកិច្ចឯកជនរបស់គ្រីស្តបរិស័ទម្នាក់ៗទេ តែពិតជាកិច្ចលើកតម្កើងរួមរបស់ព្រះសហគមន៍ដែលជា “អគ្គសញ្ញាសម្តែងអំពីការរួបរួមគ្នាជាធ្លុងតែមួយ” ពោលគឺ ជាប្រជារាស្រ្តដ៏វិសុទ្ធដែលជួបជុំគ្នា និងដែលមានរបៀបរៀបរយតាមលំដាប់លំដោយ ក្រោមការណែនាំរបស់ក្រុមអភិបាល។
ហេតុនេះហើយ បានជាពិធីគោរពប្រណិប័តន៍ទាក់ទិននឹងព្រះកាយនៃព្រះសហគមន៍ទាំងមូល និងសម្តែងព្រះកាយនេះឱ្យគេឃើញ ហើយក៏មានឥទ្ធិពលលើព្រះកាយនោះទៀតផងដែរ។ ប៉ុន្តែ ពិធីគោរពប្រណិប័តន៍ទាំងនោះមានទំនាក់ទំនងនឹងសរីរាង្គនីមួយៗតាមរបៀបផ្សេងៗពីគ្នា គឺតាមការតែងតាំងផ្សេងៗ តាមមុខងារផ្សេងៗ និងតាមរបៀបគេចូលរួមក្នុងពិធីទាំងនោះទៀតផង។
២៧- ពិធីរួម
តាមលក្ខណៈពិសេសនៃពិធីនីមួយៗ ពេលណាពិធីនានាអាចប្រព្រឹត្តទៅដោយរួមគ្នាបាន ដោយមានគ្រីស្តបរិស័ទចូលរួមជារឿយៗ និងយ៉ាងសកម្មផង ប្រសិនបើអាចធ្វើបានត្រូវគូសបញ្ជាក់ថា ការធ្វើពិធីរួមប្រសើរជាងធ្វើពិធីម្នាក់ឯង ដែលហាក់ដូចជាពិធីផ្ទាល់ខ្លួនតែម្តង។ សេចក្តីណែនាំនេះបានការ ជាពិសេស សំដៅទៅលើអភិបូជា និងលើអគ្គសញ្ញាផ្សេងៗជូនគ្រីស្តបរិស័ទ។ តាមពិត អភិបូជានៅតែមានលក្ខណៈជាពិធីសាធារណៈ និងមានលក្ខណៈជាពិធីរួមរបស់សង្គមជានិច្ច។
២៨- តម្លៃដ៏ថ្លៃថ្នូរនៃពិធីលើកតម្តើង
ពេលធ្វើពិធីលើកតម្តើងផ្សេងៗ ទាំងលោកដែលមានមុខងារបម្រើ ទាំងគ្រីស្តបរិស័ទក៏ម្នាក់ៗត្រូវតែប្រព្រឹត្តតាមតួនាទីរៀងៗខ្លួន គឺត្រូវបំពេញតួនាទីនេះទាំងមូល ហើយបំពេញតែតួនាទីរបស់ខ្លួនប៉ុណ្ណោះ ស្របតាមលក្ខណៈពិធីនោះ និងស្របតាមសេចក្តីណែនាំពិធីគោរពប្រណិប័តន៍ទៀតផងដែរ។
២៩- អ្នកបម្រើអាសនៈ
អ្នកប្រកាសអត្ថបទគម្ពីរ អ្នកណែនាំកម្មវិធី និងអស់សមាជិកក្រុមអ្នកចច្រៀង គឺសុទ្ធតែបំពេញមុខងារបម្រើពិធីគោរពប្រណិប័តន៍យ៉ាងពិតប្រាកដមែន។ ហេតុនេះហើយ បានជាគេត្រូវបំពេញបន្ទុកនោះដោយចិត្តស្រឡាញ់យ៉ាងស្មោះ និងតាមរបៀបរៀបរយសមស្របតាមមុខងារដ៏ប្រសើរឧត្តមនេះ និងសមស្របតាមប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទាមទារយ៉ាងត្រឹមត្រូវឱ្យគេបម្រើនោះ។
ហេតុនេះហើយ ត្រូវអប់រំអ្នកទាំងនោះឱ្យជ្រួតជ្រាបនូវគោលគំនិតនៃពិធីគោរពប្រណិប័តន៍ តាមតែម្នាក់ៗអាចទទួលបាន ហើយត្រូវហ្វឹកហ្វឺនគេឱ្យបំពេញតួនាទីរបស់ខ្លួនយ៉ាងត្រឹមត្រូវ និងតាមរបៀបរៀបរយទៀតផង។
៣០- គ្រីស្តបរិស័ទត្រូវចូលរួមពិធីគោរពប្រណិប័តន៍យ៉ាងសកម្ម
ត្រូវលើកស្ទួយឱ្យប្រជាជនបន្លឺសំឡេងអបអរសាទរ តបឆ្លើយនឹងបូជាចារ្យ ស្មូតទំនុកតម្កើង អានពាក្យបន្ទរនៃទំនុកតម្កើង និងច្រៀងបទផ្សេងៗ ព្រមទាំងធ្វើកាយវិការ និងមានឥរិយាបថខ្លះ ដើម្បីឱ្យគេចូលរួមក្នុងពិធីគោរពប្រណិប័តន៍យ៉ាងសកម្ម។ ក្នុងពេលធ្វើពិធី ត្រូវទុកឱ្យមានពេលស្ងៀមស្ងាត់ខ្លះសម្រាប់អធិដ្ឋាន។
៣១- នៅពេលកែសម្រួលសៀវភៅ
ជាក្បួនពិធីគោរពប្រណិប័តន៍ត្រូវយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នឱ្យចែងជាពណ៌ក្រហម អំពីអ្វីៗដែលគ្រីស្តបរិស័ទត្រូវធ្វើ។
៣២- ពិធីគោរពប្រណិប័តន៍ និងឋានៈវណ្ណៈក្នុងសង្គម
ក្នុងពិធីគោរពប្រណិប័តន៍ មិនត្រូវរើសអើងនរណាឱ្យសោះ។ ក្រៅពីបន្ទុកផ្សេងៗក្នុងពិធីគោរពប្រណិប័តន៍ និងពីមុខងារជាបូជាចារ្យ ហើយក្រៅពីរដ្ឋអំណាចដែលត្រូវគោរពស្របតាមច្បាប់នៃពិធីគោរពប្រណិប័តន៍មិនត្រូវរើសមុខនរណាឡើយ។ ទោះជាបុគ្គលម្នាក់ៗក្តី ជាអ្នកមានឋានៈវណ្ណៈខ្ពស់យ៉ាងណាក្តី នៅក្នុងពិធីនានាក្តី ឬនៅក្នុងពិធីលើកកិត្តិយសខាងក្រៅពីពិធីបុណ្យក្តីក៏មិនត្រូវរើសអើងនរណាឡើយ។
គ. សេចក្តីណែនាំមកពីលក្ខណៈគរុកោសល្យ និងលក្ខណៈណែនាំនៃពិធីគោរពប្រណិប័តន៍
៣៣- ទោះបីពិធីគោរពប្រណិប័តន៍
មានគោលដៅលើកតម្កើងសិរីរុងរឿងរបស់ព្រះដ៏ឧត្តុងឧត្តមបំផុតជាគោលដៅដ៏សំខាន់ជាងគេក្តី ក៏ពិធីគោរពប្រណិប័តន៍មានប្រយោជន៍ជាខ្លាំងសម្រាប់បង្រៀនប្រជាជនគ្រីស្តបរិស័ទតាមគរុកោសល្យដែរ។ ក្នុងពិធីគោរពប្រណិប័តន៍នោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ប្រជារាស្រ្តព្រះអង្គ ព្រះគ្រីស្តក៏នៅតែប្រកាសដំណឹងល្អដែរ។ រីឯប្រជាជនក៏ឆ្លើយតបដោយបទចម្រៀង និងដោយពោលពាក្យអង្វរទៀតផង។
លើសពីនេះទៅទៀត លោកបូជាចារ្យដែលជាប្រធានអង្គប្រជុំក្នុងឋានៈជាតំណាងព្រះគ្រីស្ត ពោលពាក្យថ្វាយព្រះបិតាក្នុងនាមប្រជាជនដ៏វិសុទ្ធទាំងមូល និងក្នុងនាមអស់អ្នកដែលចូលរួមផង។ ក្នុងពិធីនានា ព្រះគ្រីស្ត ឬព្រះសហគមន៍បានជ្រើសរើសវត្ថុនិងកាយវិការដែលមើលឃើញ ធ្វើជាសញ្ញាសម្គាល់អំពីអ្វីៗដ៏ពិតបា្រកដពាក់ព័ន្ធនឹងព្រះជាម្ចាស់ដែលមើលមិនឃើញ។ ហេតុនេះហើយ បានជាពេលមានអាន “អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង” (រម ១៥,៤) ហើយពេលព្រះសហគមន៍អធិដ្ឋាន ឬច្រៀង ឬធ្វើកិច្ចការផ្សេងៗ សុទ្ធតែជាកិច្ចចិញ្ចឹមជំនឿអ្នកចូលរួម និងលើកចិត្តគេថ្វាយព្រះជាម្ចាស់ដែរ។ គេគោរពថ្វាយបង្គំព្រះអង្គតាមព្រះវិញ្ញាណ ហើយទទួលព្រះអំណោយទានតាមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គឱ្យបរិបូរណ៌ទៀតផង។
ហេតុនេះហើយ បានជានៅពេលកែសម្រួលពិធីគោរពប្រណិប័តន៍ ត្រូវតែអនុម័តតាមសេចក្តីណែនាំដូចតទៅ៖
៣៤- ពិធីនីមួយៗត្រូវភ្ជាប់នឹងពិធីឯទៀតៗយ៉ាងសមរម្យ
ត្រូវឱ្យពិធីនីមួយៗបានថ្លៃថ្នូរ តែងាយស្រួលយល់ដោយពិធីនោះខ្លី និងសម្តែងអត្ថន័យយ៉ាងច្បាស់។ ត្រូវជៀសវាងកុំឱ្យច្រំដែលៗឥតបានការ។ ពិធីទាំងនោះត្រូវស្របតាមសមត្ថភាពគ្រីស្តបរិស័ទអាចស្តាប់បាន។ ជាទូទៅ មិនត្រូវការឱ្យនរណាពន្យល់ពិធីយ៉ាងច្រើន ដើម្បីឱ្យគេអាចយល់អត្ថន័យ គឺត្រូវឱ្យគេអាចយល់ដោយខ្លួនឯងតែម្តង។
៣៥- ព្រះគម្ពីរ ពិធីអត្ថាធិប្បាយព្រះគម្ពីរ និងការអប់រំជំនឿតាមពិធីគោរពប្រណិប័តន៍
ក្នុងគោលបំណងឱ្យឃើញច្បាស់ថា ព្រះគម្ពីរ និងពិធីភ្ជាប់ជាមួយគ្នាយ៉ាងស្អិតរមួតក្នុងពិធីគោរពប្រណិប័តន៍ត្រូវ៖
- ក្នុងពិធីលើកតម្កើងដ៏សក្ការៈផ្សេងៗ ត្រូវកែសម្រួលឱ្យប្រកាសអត្ថបទព្រះគម្ពីរច្រើនជាងពីមុន គឺអត្ថបទខុសប្លែកៗពីគ្នាជាងពីមុន ហើយសមស្របនឹងពិធីគោរពប្រណិប័តន៍ដែលកំពុងតែធ្វើនោះ។
- ពិធីអត្ថាធិប្បាយព្រះគម្ពីរ ពិតជាផ្នែកមួយនៃពិធីគោរពប្រណិប័តន៍។ ហេតុនេះ ប្រសិនបើពិធីគោរពប្រណិប័តន៍អនុញ្ញាតឱ្យមានពិធីអត្ថាធិប្បាយព្រះគម្ពីរ ត្រូវកំណត់ពេលឱ្យបានសមនឹងធ្វើពិធីអត្ថាធិប្បាយនោះកត់ទុកក្នុងក្បួនពិធី។ ត្រូវបំពេញមុខងារអត្ថាធិប្បាយព្រះគម្ពីរនេះដោយចិត្តស្មោះយ៉ាងខ្លាំងជាទីបំផុត និងយ៉ាងត្រឹមត្រូវ។ អ្នកធ្វើពិធីអត្ថាធិប្បាយព្រះគម្ពីរត្រូវយោងសេចក្តីពីព្រះគម្ពីរ និងពីពិធីគោរពប្រណិប័តន៍ទុកជាប្រភព ព្រោះក្នុងពិធីគោរពប្រណិប័តន៍ មានប្រកាសអំពីស្នាព្រះហស្តដ៏អស្ចារ្យទាំងប៉ុន្មានដែលព្រះជាម្ចាស់បានប្រព្រឹត្តតាមប្រវត្តិសា្រស្តនៃការសង្គ្រោះ គឺជាគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្តតែម្តង។ គម្រោងការនេះស្ថិតនៅជានិច្ច ហើយក៏នៅតែមានសកម្មភាពក្នុងកណ្តាលចំណោមយើងដែរ ជាពិសេស នៅពេលយើងធ្វើពិធីគោរពប្រណិប័តន៍នានា។
- លើសពីនេះទៅទៀត ត្រូវប្រើរបៀបគ្រប់យ៉ាងដើម្បីអប់រំជំនឿតាមពិធីគោរពប្រណិប័តន៍។ ប្រសិនបើត្រូវការ ត្រូវរៀបចំពាក្យលំនាំខ្លីៗឱ្យអានក្នុងពិធី។ បូជាចារ្យ ឬអ្នកមានសមត្ថកិច្ចផ្សេងទៀតត្រូវអានពាក្យលំនាំនោះ នៅពេលដ៏សមរម្យ តាមសេចក្តីដែលគេរៀបចំទុកជាមុន ឬដោយពោលពាក្យស្រដៀងនឹងសេចក្តីនោះ។
- ត្រូវយកចិត្តទុកដាក់ធ្វើពិធីលើកតម្កើងព្រះបន្ទូលព្រះជាម្ចាស់ នៅយប់មុនបុណ្យដ៏ឱឡារិកនានា នៅថ្ងៃខ្លះក្នុងរដូវអបអរសាទរព្រះគ្រីស្តយាងមក និងក្នុងរដូវអប់រំពិសេស ព្រមទាំងនៅថ្ងៃអាទិត្យ និងនៅថ្ងៃបុណ្យ។ ជាពិសេស នៅភូមិគ្មានបូជាចារ្យក៏ត្រូវយកចិត្តទុកដាក់ធ្វើពិធីលើកតម្កើងព្រះបន្ទូលព្រះជាម្ចាស់ដែរ។ ក្នុងករណីនេះ ឧបដ្ឋាកម្នាក់ ឬគ្រីស្តបរិស័ទម្នាក់ផ្សេងទៀតជាតំណាងរបស់លោកអភិបាល អាចណែនាំពិធីលើកតម្កើងព្រះបន្ទូលនោះបាន។
៣៦- ភាសាក្នុងពិធីគោរពប្រណិប័តន៍
- ត្រូវតែប្រើភាសាឡាតាំង ក្នុងព្រះសហគមន៍ទាំងប៉ុន្មានដែលកាន់តាមរបៀបរបបពិធីឡាតាំងលើកលែងតែមានច្បាប់ពិសេសដោយឡែក។
- ក៏ប៉ុន្តែ ភាសារបស់ប្រជាជនរស់នៅក្នុងតំបន់ ពិតជាមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាជននោះ ជាពិសេស នៅពេលថ្វាយអភិបូជា ឬនៅពេលធ្វើអគ្គសញ្ញានានាជូនគេ ឬនៅក្នុងផ្នែកផ្សេងៗទៀតនៃពិធីគោរពប្រណិប័តន៍។ ហេតុនេះ គួរអនុញ្ញាតឱ្យប្រើភាសាប្រជាជនតាមតំបន់ ជាពិសេស សម្រាប់ប្រកាសអត្ថបទព្រះគម្ពីរ និងពោលពាក្យណែនាំនៅពេលពោលពាក្យអង្វរមួយចំនួន និងនៅបទចម្រៀងផ្សេងៗតាមសេចក្តីណែនាំទាំងប៉ុន្មានដែលមានចែងទុកក្នុងជំពូកខាងក្រោយសម្រាប់ករណីនីមួយៗ។
- ប្រសិនបើបានអនុវត្តតាមសេចក្តីណែនាំទាំងនោះរួចហើយ ក្រុមអភិបាលដែលមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងក្នុងមាត្រា ២២,២ ខាងលើនេះ (ក្រោយពីបានរិះគិតពិចារណាជាមួយក្រុមអភិបាលនៃតំបន់ជិតខាងដែល និយាយភាសាតែមួយដូចគ្នា) ក៏អាចសម្រេចអំពីការប្រើភាសា និងអំពីរបៀបប្រើភាសានោះ។ ក្រុមអភិបាលត្រូវសូមឱ្យអាសនៈរបស់គ្រីស្តទូតសិលាទទួលស្គាល់ គឺអនុញ្ញាតឱ្យប្រើ។
- ពេលបកប្រែពីភាសាឡាតាំង មកជាភាសាប្រចាំតំបន់រួចហើយ មុននឹងត្រូវប្រើប្រាស់ក្នុងពិធីគោរពប្រណិប័តន៍ ក្រុមអភិបាលដែលមានសមត្ថកិច្ចក្នុងតំបន់ ត្រូវអនុម័តឱ្យប្រើតាមសេចក្តីដែលមានបញ្ជាក់នៅខាងលើនេះ។
ឃ. សេចក្តីណែនាំដើម្បីកែសម្រួលពិធីគោរពប្រណិប័តន៍ឱ្យបានស្របតាមបុគ្គលិកលក្ខណៈ និងតាមសភាពការណ៍ប្រជាជាតិនានា
៣៧- ព្រះសហគមន៍
គ្មានបំណងចង់បង្ខំយ៉ាងតឹងរ៉ឹងឱ្យមានរបៀបតែមួយដដែលទេ ក្នុងវិស័យណាដែលគ្មានពាក់ព័ន្ធ និងជំនឿ ឬមិនពាក់ព័ន្ធនឹងប្រយោជន៍រួមនៃព្រះសហគមន៍ទាំងមូល ទោះបីក្នុងវិស័យនៃពិធីគោរពប្រណិប័តន៍ក្តី ក៏ព្រះសហគមន៍មិនចង់បង្ខំដែរ។ ផ្ទុយទៅវិញ ព្រះសហគមន៍គោរព និងលើកស្ទួយព្រះអំណោយទាន និងទេពកោសល្យនៃប្រជាជាតិនានា ព្រមទាំងមានបំណងចង់ឱ្យព្រះអំណោយទាន និងទេពកោសល្យទាំងនេះចម្រើនឡើងទៀតផង។ ព្រះសហគមន៍ពេញចិត្តនឹងអ្វីៗទាំងអស់ក្នុងរបៀបរស់នៅរបស់ប្រជាជាតិទាំងឡាយ លើកលែងតែអ្វីៗដែលភ្ជាប់នឹងជំនឿអកុសល ឬអ្វីៗដែលវង្វេងឆ្ងាយពីសេចក្តីពិត។ ប្រសិនជាអាចធ្វើបាន ព្រះសហគមន៍ក៏ជួយរក្សាទុកអ្វីៗទាំងនោះឱ្យស្ថិតនៅគង់វង្សឥតខ្ចោះ។ លើសពីនេះទៅទៀត ជួនកាលព្រះសហគមន៍ទទួលអ្វីៗទាំងនោះឱ្យចូលក្នុងពិធីគោរពប្រណិប័តន៍ដែរ លុះត្រាតែអ្វីទាំងនោះស្របតាមគោលការណ៍នៃគំនិតពិធីគោរពប្រណិប័តន៍នោះ។
៣៨- ត្រូវសុខចិត្តឱ្យមានសេចក្តីប្លែកៗពីគ្នាយ៉ាងត្រឹមត្រូវ
ក្នុងពិធីគោរពប្រណិប័តន៍នានា និងត្រូវសុខចិត្តកែសម្រួលពិធីនានាស្របតាមអង្គប្រជុំប្លែកៗពីគ្នា និងតាមតំបន់នីមួយៗ ហើយតាមប្រជាជាតិ ជាពិសេស នៅដែនដីដែលមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត។ សូម្បីតែនៅពេលកែសម្រួលសៀវភៅក្បួនពិធីគោរពប្រណិប័តន៍ក្តី ក៏ត្រូវសុខចិត្តទទួលសេចក្តីប្លែកៗពីគ្នាដូច្នេះដែរ។ ប៉ុន្តែ ត្រូវរក្សាទុកខ្លឹមសារនៃរបៀបរបបពិធីរបស់ព្រះសហគមន៍ក្រុងរ៉ូមឱ្យនៅស្ថិតស្ថេរគង់វង្ស។ ត្រូវនឹកចងចាំគោលការណ៍នេះជានិច្ច នៅពេលកែសម្រួលរចនាសម្ពន្ធនៃពិធីគោរពប្រណិប័តន៍ និងនៅពេលចែងសេចក្តីណែនាំក្នុងក្បួនពិធីផង។
៣៩- តាមព្រំដែនដែលមានបញ្ជាក់ក្នុងសៀភៅជាក្បួនបោះពុម្ពទុកជាគំរូ
ក្រុមអភិបាលដែលមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងនៅមាត្រា ២២,២ មានសិទ្ធិ និងភារកិច្ចបញ្ជាក់ការកែសម្រួលជាពិសេស អំពីការធ្វើអគ្គសញ្ញាជូនគ្រីស្តបរិស័ទ អំពីការធ្វើអនុសញ្ញា អំពីការធ្វើក្បួនហែយ៉ាងឱឡារិក អំពីការប្រើភាសាក្នុងពិធីគោរពប្រណិប័តន៍ អំពីភ្លេងដ៏សក្ការៈ និងអំពីសិល្បៈ។ ប៉ុន្តែ អស់លោកត្រូវគោរពស្របតាមសេចក្តីណែនាំជាគ្រឹះដែលមានចែងទុកក្នុងធម្មនុញ្ញនេះ។
៤០- ក៏ប៉ុន្តែនៅកន្លែងផ្សេងៗ
និងតាមសភាពការណ៍ផ្សេងៗជាច្រើន ត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍យ៉ាងខ្លាំងជាង និងជាបន្ទាន់ ជាមូលហេតុដែលបង្កើតឧបសគ្គរឹតតែពិបាកដោះស្រាយទៅទៀត មានដូចតទៅ៖
- ក. ក្រុមអភិបាលដែលមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងក្នុងមាត្រា ២២,២ ក្នុងករណីនេះ ត្រូវយកចិត្តទុកដាក់រិះគិតពិចារណាដោយប្រយ័ត្នប្រយែងអំពីអ្វីក្នុងប្រពៃណី និងក្នុងបុគ្គលិកលក្ខណៈរបស់ជាតិនីមួយៗ ដែលអស់លោកអាចទទួលឱ្យចូលក្នុងពិធីគោរពបម្រើព្រះជាម្ចាស់បានតាមតម្រូវការ។ ត្រូវផ្ញើសេចក្តីកែសម្រួលដែលអស់លោកយល់ឃើញថា មានប្រយោជន៍ហើយនោះ ទៅសួរយោបល់របស់អាសនៈគ្រីស្តទូតសិលា។ ក្រោយពីសន្តអាសនៈនេះបានយល់ព្រម សូមបញ្ចូលក្នុងពិធីគោរពប្រណិប័តន៍។
- ខ. ប៉ុន្តែ អាសនៈគ្រីស្តទូតសិលាត្រូវផ្តល់លទ្ធភាពឱ្យក្រុមអភិបាល ដែលមានសមត្ថកិច្ចក្នុងតំបន់អនុញ្ញាតឱ្យគេល្បងលមើលជាមុនសិនក្នុងអង្គប្រជុំខ្លះ ដែលអាចល្បងលមើលយ៉ាងសមរម្យបានក្នុងរយៈពេលកំណត់មួយប្រសិនបើត្រូវការ ។ ធ្វើដូច្នេះ ទើបអស់លោកកែសម្រួលពិធីគោរពប្រណិប័តន៍បាន ដោយថ្លឹងថ្លែងតាមតម្រូវការ។
- គ. តាមធម្មតាច្បាប់វិន័យខាងពិធីគោរពប្រណិប័តន៍ បង្កើតឧបសគ្គជាច្រើន ក្នុងករណីកែសម្រួលឱ្យបានស្របតាមជាតិនានា ជាពិសេស នៅដែនដីដែលមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត។ ហេតុនេះ ត្រូវមានអ្នកជំនាញការអំពីការកែសម្រួល នោះមកជួយចែងច្បាប់ទាំងនោះផង។
៤- ការពង្រីក និងពង្រឹងការរស់នៅតាមពិធីគោរពប្រណិប័តន៍ក្នុងភូមិភាគ និងក្នុងព្រះសហគមន៍តាមភូមិនីមួយៗ
៤១- ការរស់នៅក្នុងភូមិភាគតាមពិធីគោរពប្រណិប័តន៍
ត្រូវចាត់លោកអភិបាលទុកជាមហាបូជាចារ្យនៃហ្វូងចៀមរបស់លោក។ ក្នុងភូមិភាគ គ្រីស្តបរិស័ទក៏រួមរស់ក្នុងអង្គព្រះគ្រីស្ត អាស្រ័យលើលោកតាមផ្នែកខ្លះៗផងដែរ។
ហេតុនេះហើយ បានជាគ្រីស្តបរិស័ទទាំងអស់ត្រូវចាត់ទុកការរស់នៅតាមពិធីគោរពប្រណិប័តន៍ក្នុងភូមិភាគរួមជាមួយលោកអភិបាល ជាការដ៏ប្រសើរបំផុត ជាពិសេស នៅវិសាលវិហារ។ គ្រីស្តបរិស័ទត្រូវជឿជាក់ថា ព្រះសហគមន៍សម្តែងខ្លួនយ៉ាងច្បាស់ នៅពេលប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ចូលរួមយ៉ាងពេញលេញ និងយ៉ាងសកម្មក្នុងពិធីគោរពប្រណិប័តន៍នានា ជាពិសេស ក្នុងអភិបូជាតែមួយដូចគ្នា ក្នុងការអធិដ្ឋានតែមួយដូចគ្នា នៅក្បែរតុសក្ការៈតែមួយគត់ ដោយមានលោកអភិបាលធ្វើជាអធិបតី ហើយមានក្រុមបូជាចារ្យ និងអ្នកបំពេញមុខងារបម្រើទាំងអស់រួមគ្នានៅជុំវិញផងដែរ។
៤២- ការរស់នៅតាមពិធីគោរពប្រណិប័តន៍ក្នុងព្រះសហគមន៍តាមភូមិនីមួយៗ
លោកអភិបាលមិនអាចធ្វើជាអធិបតីលើព្រះសហគមន៍របស់លោកគ្រប់ពេលវេលា និងនៅគ្រប់កន្លែងដោយផ្ទាល់ខ្លួនបានទេ ហេតុនេះ លោកត្រូវតែងតាំងក្រុមគ្រីស្តបរិស័ទ។ ក្នុងចំណោមក្រុមទាំងនោះ ព្រះសហគមន៍តាមភូមិជាក្រុមសំខាន់ជាងគេ ចាត់ចែងក្រោមការណែនាំរបស់លោកគង្វាលម្នាក់ ជាតំណាងលោកអភិបាល។ ព្រះសហគមន៍តាមភូមិទាំងនោះ ក៏ជារូបតំណាងម៉្យាងអំពីព្រះសហគមន៍តែងតាំងក្នុងពិភពលោកទាំងមូល ដែលមនុស្សអាចមើលឃើញបាន។
ហេតុនេះហើយ បានជាត្រូវជួយលើកស្ទួយចិត្តគំនិតគ្រីស្តបរិស័ទ និងអស់លោកដែលទទួលអគ្គសញ្ញាតែងតាំងឱ្យប្រតិបត្តិនិងឱ្យរស់នៅតាមពិធីគោរពប្រណិប័តន៍ក្នុងព្រះសហគមន៍តាមភូមិ ព្រមទាំងឱ្យគេមានទំនាក់ទំនងជាមួយលោកអភិបាលផង។ ត្រូវខិតខំឱ្យព្រះសហគមន៍ក្នុងភូមិនីមួយៗនឹកគិតថា គេពិតជាសហគមន៍មួយដែលរួបរួមគ្នាជាធ្លុងតែមួយ ជាពិសេស នៅពេលគេថ្វាយអភិបូជារួមគ្នានៅថ្ងៃអាទិត្យ។
៥-ត្រូវពង្រីក និងពង្រឹងការណែនាំគ្រីស្តបរិស័ទខាងពិធីគោរពប្រណិប័តន៍
៤៣- ព្រះវិញ្ញាណជំរុញព្រះសហគមន៍ឱ្យកែសម្រួលពិធីគោរពប្រណិប័តន៍
ត្រូវរាប់យ៉ាងត្រឹមត្រូវថា ព្រះជាម្ចាស់ដែលថែរក្សាមនុស្សលោក ព្រះអង្គចាត់ចែងឱ្យព្រះសហគមន៍ខំខ្នះខ្នែងលើកស្ទួយ និងកែសម្រួលពិធីគោរពប្រណិប័តន៍ឱ្យបានជាថ្មីនោះទុកជាសញ្ញាសម្គាល់បញ្ជាក់អំពីសកម្មភាពរបស់ព្រះអង្គនាបច្ចុប្បន្នកាលមែន គឺហាក់ដូចជាព្រះវិញ្ញាណដ៏វិសុទ្ធយាងមកឆ្លងកាត់ព្រះសហគមន៍របស់ព្រះអង្គ។ ព្រះវិញ្ញាណប្រទានឱ្យព្រះសហគមន៍មានជីវិតរស់រវើក។ លើសពីនេះទៅទៀត ព្រះអង្គប្រោសឱ្យមនុស្សទូទៅសព្វថ្ងៃយល់ឃើញអំពីសាសនាផ្សេងៗ និងគោរពសាសនាតាមរបៀតាមបប្លែកពីមុន។
ហេតុនេះ ដើម្បីលើកស្ទួយពង្រីក និងពង្រឹងការណែនាំខាងពិធីគោរពប្រណិប័តន៍ឱ្យកាន់តែប្រសើរឡើង មហាសន្និបាតដ៏វិសុទ្ធសម្រេចសេចក្តីដូចតទៅ៖
៤៤- គណៈកម្មាធិការជាតិអំពីពិធីគោរពប្រណិប័តន៍
ក្រុមលោកអភិបាលមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងក្នុងមាត្រា ២២,២ ត្រូវតែងតាំងគណៈកម្មាធិការពិធីគោរពប្រណិប័តន៍មួយ ដែលមានអ្នកជំនាញការខាងវិជ្ជាពិធីគោរពប្រណិប័តន៍ ខាងភ្លេងដ៏សក្ការៈ ខាងសិល្បៈដ៏សក្ការៈ និងខាងការណែនាំ។ ប្រសិនបើអាចធ្វើបាន ត្រូវមានគ្រឹះស្ថានអប់រំខាងពិធីគោរពប្រណិប័តន៍ជួយគណៈកម្មាធិការនោះ។ ក្នុងចំណោមសមាជិកគ្រឹះស្ថានអប់រំខាងពិធីគោរពប្រណិប័តន៍ ប្រសិនបើអស់លោកយល់ឃើញថា មានប្រយោជន៍ អស់លោកអាចទទួលគ្រីស្តបរិស័ទធម្មតាដែលមានចំណេះចេះដឹងយ៉ាងប្រសើរអំពីពិធីគោរពប្រណិប័តន៍។ គណៈកម្មាធិការនោះទទួលខុសត្រូវលើការណែនាំពិធីគោរពប្រណិប័តន៍តាមតំបន់របស់ខ្លួន ក្រោមការណែនាំរបស់ក្រុមលោកអភិបាលមានសមត្ថកិច្ចក្នុងតំបន់ ដូចមានចែងខាងលើ។ គ្រប់ពេលដែលក្រុមអភិបាលត្រូវស្នើសួរយោបល់អាសនៈរបស់គ្រីស្តទូតសិលាអំពីការកែសម្រួលពិធីមួយ គណៈកម្មាធិការនោះក៏ជួយលើកស្ទួយឱ្យគេស្រាវជ្រាវ និងឱ្យគេសាកល្បងលមើលពិធីតាមតម្រូវការ។
៤៥- គណៈកម្មាធិការពិធីគោរពប្រណិប័តន៍ភូមិភាគ
តាមរបៀបដដែល ភូមិភាគនីមួយៗត្រូវមានគណៈកម្មាធិការពិធីគោរពប្រណិប័តន៍ក្រោមការណែនាំរបស់លោកអភិបាល ដើម្បីលើកស្ទួយពង្រីក និងពង្រឹងសកម្មភាពខាងពិធីគោរពប្រណិប័តន៍។ ជួនកាល គួរឱ្យភូមិភាគច្រើនតែងតាំងគណៈកម្មាធិការតែមួយ ឲដែលសហការជាមួយគ្នា ហើយលើកស្ទួយពិធីគោរពប្រណិប័តន៍ផង។
៤៦- គណៈកម្មាធិការផ្សេងៗ
ក្រៅពីគណៈកម្មាធិការពិធីគោរពប្រណិប័តន៍ ប្រសិនបើអាចធ្វើបាន ភូមិភាគនីមួយៗក៏ត្រូវតែងតាំងគណៈកម្មាធិការភ្លេងដ៏សក្ការៈ និងគណៈកម្មាធិការសិល្បៈដ៏សក្ការៈដែរ។
គណៈកម្មាធិការទាំងបីនោះត្រូវធ្វើការដោយរួមកម្លាំងគ្នាជាចំាបាច់។ ជួនកាល ត្រូវឱ្យគណៈកម្មាធិការទាំងបីនោះ ចូលរួមគ្នាជាគណៈកម្មាធិការតែមួយគត់។
ជំពូក ២
ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃអគ្គសញ្ញាអរព្រះគុណ
៤៧-អភិបូជា និងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង
នៅពិធីជប់លៀងចុងក្រោយ គឺនៅពេលយប់ដែលគេបញ្ចូលព្រះយេស៊ូជាព្រះសង្រ្គោះរបស់យើង ព្រះអង្គតែងតាំងសក្ការបូជាអរព្រះគុណ គឺសក្ការបូជានៃព្រះកាយ និងព្រះលោហិតព្រះអង្គ ដើម្បីបន្តសក្ការបូជារបស់ព្រះអង្គឰដ៏ឈើឆ្កាងតរៀងទៅ រហូតដល់ព្រះអង្គយាងមក។ ព្រះអង្គផ្ញើទុកឱ្យព្រះសហគមន៍ជាព្រះមហេសីដ៏ជាទីស្រឡាញ់នឹករឭកអំពីព្រះអង្គសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង គឺព្រះអង្គផ្ញើទុកនូវអគ្គសញ្ញានៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ជាសញ្ញាសម្គាល់អំពីព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយ ជាចំណងនៃសេចក្តីស្រឡាញ់ និងជាពិធីជប់លៀងនៃបុណ្យចម្លង។ ក្នុងពិធីជប់លៀងនៃបុណ្យចម្លងនោះ គ្រីស្តបរិស័ទយើងបរិភោគព្រះគ្រីស្តទុកជាអាហារ យើងទទួលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់យ៉ាងពេញបរិបូរណ៌ ហើយក៏ទទួលព្រះអំណោយទានដើមដំបូងដែលបញ្ចាំចិត្តយើងឱ្យដឹងថា យើងមុខជានឹងទទួលសិរីរុងរឿងនៅពេលអនាគតជាពុំខាន។
៤៨- គ្រីស្តបរិស័ទត្រូវចូលរួមក្នុងអភិបូជាយ៉ាងសកម្ម
ហេតុនេះហើយ បានជាព្រះសហគមន៍យកចិត្តទុកដាក់ណែនាំគ្រីស្តបរិស័ទឱ្យចូលរួមលើកតម្កើងគម្រោងការដ៏អស្ចារ្យនៃជំនឿនេះ ពោលគឺ ថ្វាយអភិបូជា ឱ្យយល់យ៉ាងច្បាស់ទាំងពិធី ទាំងពាក្យអធិដ្ឋានផ្សេងៗ ដើម្បីរួមយ៉ាងសកម្មក្នុងកិច្ចដ៏សក្ការៈនេះដោយដឹងខ្លួន និងដោយចិត្តស្រឡាញ់។ គ្រីស្តបរិស័ទមិនត្រូវចូលអភិបូជាទុកជាទស្សនិកជនដែលនៅខាងក្រៅ ហើយដែលស្ងៀមស្ងាត់ប៉ុណោ្ណះទេ។ ព្រះសហគមន៍ត្រូវយកចិត្តទុកដាក់អប់រំគ្រីស្តបរិស័ទអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឱ្យគេទទួលទានអាហារពីតុនៃព្រះកាយព្រះអម្ចាស់ ហើយនាំគ្នាអរព្រះគុណព្រះជាម្ចាស់ទៀតផង។ មិនគ្រាន់តែលោកបូជាចារ្យថ្វាយយញ្ញដ៏និមលនេះប៉ុណ្ណោះទេ តែគ្រីស្តបរិស័ទទាំងអស់រួមជាមួយលោកថ្វាយយញ្ញនោះដែរ។ ដូច្នេះ គេក៏រៀនថ្វាយខ្លួនពីមួយថ្ងៃទៅមួយថ្ងៃទៀត រហូតដល់គេរួបរួមជាមួយព្រះជាម្ចាស់ និងរួបរួមជាមួយគ្នាដោយសារព្រះគ្រីស្តជាស្ពានមេត្រី ដើម្បីឱ្យព្រះជាម្ចាស់បំពេញអ្វីៗទាំងអស់ ក្នុងមនុស្សទាំងអស់ជាស្ថាពរនៅពេលចុងក្រោយបំផុត។
៤៩- ហេតុនេះហើយបានជាមហាសនិ្នបាតដ៏វិសុទ្ធ
មានបំណងឱ្យសក្ការបូជានៃអភិបូជាបានស័ក្តិសិទ្ធយ៉ាងពេញលេញ ជាពិសេស នៅពេលប្រជាជនគ្រីស្តបរិស័ទចូលរួមថ្វាយអភិបូជានៅថ្ងៃអាទិត្យ និងនៅថ្ងៃបុណ្យដែលគេត្រូវចូលជាកំហិត ទើបមហាសនិ្នបាតបានសម្រេចសេចក្តីដូចតទៅ ៖
៥០- ត្រូវកែសម្រួលក្បួនធម្មតានៃពិធីអភិបូជា
ត្រូវកែសម្រួលក្បួនពិធីអភិបូជា ដើម្បីឱ្យគ្រីស្តបរិស័ទយល់ឃើញកាន់តែច្បាស់ថា ផ្នែកនីមួយៗក្នុងអភិបូជា មានតួនាទីពិសេសផ្ទាល់ និងភ្ជាប់គ្នាទៅវិញទៅមកផង។ ធ្វើដូច្នេះ ទើបគ្រីស្តបរិស័ទងាយស្រួលចូលរួមបានដោយគោរព និងយ៉ាងសកម្ម។
ទោះបីត្រូវរក្សាទុកខ្លឹមសារនៃពិធីនីមួយៗយ៉ាងជាក់លាក់ក្តី ក៏ត្រូវកែសម្រួលពិធីទាំងនោះឱ្យងាយយល់ កុំ
ឱ្យស្មុគស្មាញឡើយ។ ត្រូវលុបចោលអ្វីៗដែលមានចែងពីរដង ឬដែលបន្ថែមតាមដំណើរនៃប្រវត្តិសាស្រ្ត ហើយដែលមិនសូវមានប្រយោជន៍ប៉ុន្មានទេ។ ត្រូវយកសេចក្តីខ្លះដែលបាត់បង់តាមប្រវត្តិសា្រស្តឱ្យមានឡើងវិញ តាមសេចក្តីណែនាំបុរាណរបស់គ្រូបាធ្យាយដ៏វិសុទ្ធ លុះត្រាតែសេចក្តីនោះមានប្រយោជន៍ និងសមរម្យផង។
៥១- ត្រូវអានអត្ថបទព្រះគម្ពីរច្រើនជាងពីមុន
ត្រូវយកព្រះគម្ពីរជាទ្រព្យដ៏ថ្លៃថ្នូរមកជូនគ្រីស្តបរិស័ទទទួលទានពីតុនៃព្រះបន្ទូលឱ្យបានច្រើនជាងពីមុន។ សូមប្រកាសផ្នែកដ៏សំខាន់ៗក្នុងព្រះគម្ពីរឱ្យគ្រីស្តបរិស័ទស្តាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំដែលត្រូវកំណត់ទុកមក។
៥២- ពិធីអត្ថាធិប្បាយព្រះគម្ពីរ
មហាសន្និបាតដាស់តឿនយ៉ាងខ្លាំងឱ្យមានពិធីអត្ថាធិប្បាយព្រះគម្ពីរ ដែលជាផ្នែកមួយដ៏ពិតប្រាកដក្នុងអភិបូជា។ អ្នកអធិប្បាយ ត្រូវពន្យល់អំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនៃជំនឿ និងបង្ហាញសេចក្តីណែនាំសម្រាប់ការរស់នៅក្នុងឋានៈជាគ្រីស្តបរិស័ទ។ ត្រូវយោងសេចក្តីពីព្រះគម្ពីរតាមរដូវនានានៃពិធីគោរពប្រណិប័តន៍ក្នុងមួយឆ្នាំ។ លើសពីនេះទៅទៀត ប្រសិនបើមានប្រជាជនចូលរួមថ្វាយអភិបូជានៅថ្ងៃអាទិត្យ ឬនៅថ្ងៃបុណ្យដែលគេត្រូវចូលជាកំហិត មិនត្រូវចោលពិធីអត្ថាធិប្បាយព្រះគម្ពីរជាដាច់ខាត លើកលែងតែមានមូលហេតុមួយដ៏ធ្ងន់ធ្ងរ។
៥៣- ពាក្យអង្វរសកល
ត្រូវឱ្យមាន “ពាក្យអង្វរសកល” ឬ “ពាក្យអង្វររបស់គ្រីស្តបរិស័ទ” ឡើងវិញ ដូចកាលពីដើម ក្រោយពីពិធីប្រកាសដំណឹងល្អ និងពិធីអត្ថាធិប្បាយព្រះគម្ពីរ ជាពិសេស នៅថ្ងៃអាទិត្យ និងនៅថ្ងៃបុណ្យដែលខានមិនបាន។ សូមឱ្យប្រជាជនចូលរួមអង្វរព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍ដ៏វិសុទ្ធ សម្រាប់អស់លោកអ្នកដែលកាន់រដ្ឋអំណាច សម្រាប់អស់អ្នកដែលគ្រោះកាចគ្របសង្កត់សង្កិន សម្រាប់មនុស្សទាំងអស់ និងសូមឱ្យមនុស្យលោកទាំងមូលទទួលការសង្រ្គោះ (១ធម ២,១-២)។
៥៤- ភាសាឡាតាំង និងភាសាប្រជាជន
ពេលថ្វាយអភិបូជាដោយមានប្រជាជនចូលរួម ត្រូវប្រើភាសាប្រជាជនដែលរស់នៅតាមតំបន់នោះ ជាពិសេស សមនឹងប្រើភាសាប្រជាជនសម្រាប់ប្រកាសអត្ថបទព្រះគម្ពីរ និងសម្រាប់ “ពាក្យអង្វរសកល” ព្រមទាំងនៅក្នុងផ្នែកដែលទាក់ទិននឹងប្រជាជន ស្របតាមសភាពការណ៍នៃកន្លែងនីមួយៗ ហើយក៏ស្របតាមមាត្រា ៣៦ នៃធម្មនុញ្ញនេះដែរ។ ក៏ប៉ុន្តែ ត្រូវយកចិត្តទុកដាក់ឱ្យគ្រីស្តបរិស័ទអាចរួមគ្នាឆ្លើយតបបូជាចារ្យ និងច្រៀងផ្នែកទាំងប៉ុន្មានដែលទាក់ទិននឹងគេ ជាភាសាឡាតាំងបានផង។ នៅកន្លែងណាក្រុមអភិបាលយល់ឃើញថា គួរប្រើភាសាប្រជាជនរស់នៅក្នុងតំបន់ឱ្យបានច្រើនជាងនេះ ត្រូវធ្វើតាមបទបញ្ជានៅមាត្រា ៤០ នៃធម្មនុញ្ញនេះ។
៥៥- ពិធីរួបរួមជាមួយព្រះយេស៊ូដែលបូជាព្រះជន្មតាមរូបសញ្ញាទាំងពីរ
មហាសន្និបាតផ្តែផ្តាំដាស់តឿនយ៉ាងខ្លាំង ឱ្យគ្រីស្តបរិស័ទចូលរួមអភិបូជាតាមរបៀបដ៏ល្អប្រសើរជាងគេ គឺឱ្យទទួលព្រះកាយនិងព្រះលោហិតព្រះអម្ចាស់ ដោយទទួលនំបុ័ងប្រសិទ្ធិក្នុងអភិបូជានោះក្រោយពីបូជាចារ្យបានទទួល។
តាមការយល់ឃើញរបស់ក្រុមអភិបាល ត្រូវអនុញ្ញាតឱ្យអ្នកទទួលអគ្គសញ្ញាតែងតាំង និងបព្វជិតបព្វជិតា ព្រមទាំងគ្រីស្តបរិស័ទធម្មតាអាចរួបរួមជាមួយព្រះយេស៊ូដែលបូជាព្រះជន្ម តាមរូបសញ្ញាទាំងពីរ គឺទទួលព្រះកាយ និងព្រះលោហិត។ (តែត្រូវរក្សាទុកគោលលទ្ធិដែលមហាសន្និបាតត្រែនតូតែងតាំងរួចហើយ)។ អាសនៈគ្រីស្តទូតសិលានឹងបញ្ជាក់តាមក្រោយ នូវពេលគេអាចទទួលព្រះកាយតាមរូបសញ្ញាទាំងពីរដូច្នេះបាន។ ឧបមាថា អស់លោកគង្វាលថ្មី ក្នុងអភិបូជាតែងតាំងខ្លួនជាបូជាចារ្យ បព្វជិតបព្វជិតាក្នុងអភិបូជាថ្វាយនៅថ្ងៃធ្វើពិធីសច្ចាប្រណិធាន ព្រមទាំងពន្លកថ្មីក្នុងអភិបូជាតពីពេលគេទទួលអគ្គសញ្ញាជ្រមុជទឹក។ល។ អាចទទួលព្រះកាយតាមរូបសញ្ញាទាំងពីរដូច្នេះបាន។
៥៦- ផ្នែកអភិបូជាទាំងពីរស៊ីចង្វាក់គ្នា
ពិធីលើកតម្កើងព្រះបន្ទូល និងពិធីអរព្រះគុណរួមគ្នាជាអភិបូជា។ ផ្នែកទាំងពីរភ្ជាប់ជាមួយគ្នាយ៉ាងស្អិតល្មួត រហូតទៅជាកិច្ចគោរពបម្រើតែមួយគត់។ ហេតុនេះហើយ មហាសន្និបាតដ៏វិសុទ្ធក្រើនដាស់តឿនយ៉ាងខ្លាំង ឱ្យអស់គង្វាលបង្រៀនគ្រីស្តបរិស័ទនៅពេលអប់រំជំនឿ ឱ្យចូលរួមក្នុងពិធីអភិបូជាទាំងមូល ជាពិសេស នៅថ្ងៃអាទិត្យ និងថ្ងៃបុណ្យដែលត្រូវចូលជាកំហិត។
៥៧- លោកបូជាចារ្យថ្វាយអភិបូជារួម
១- ពេលក្រុមលោកបូជាចារ្យរួមគ្នាថ្វាយអភិបូជា អស់លោកបង្ហាញយ៉ាងប្រសើរថា អស់លោករួមគ្នាក្នុងមុខងារ ជាបូជាចារ្យតែមួយរបស់ព្រះគ្រីស្តជាមហាបូជាចារ្យ។ ក្នុងព្រះសហគមន៍ទាំងនៅបស្ចិមប្រទេស ទាំងនៅបូព៌ាប្រទេស ក្រុមបូជាចារ្យនៅតែរួមគ្នាថ្វាយអភិបូជារហូតមកដល់សព្វថ្ងៃ។ ហេតុនេះហើយ បានជាមហាសន្និបាតយល់ព្រមពង្រីកសេចក្តីអនុញ្ញាតឱ្យក្រុមលោកគង្វាល រួមថ្វាយអភិបូជាក្នុងករណីដូចតទៅ៖
ក.១- នៅថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ទាំងនៅពេលថ្វាយអភិបូជាប្រសិទ្ធពរលើប្រេង ទាំងនៅអភិបូជាពេលល្ងាច។
ក.២- ពេលមហាសន្និបាត ឬប្រជុំក្រុមអភិបាល ឬសន្និបាតរួមគ្នាថ្វាយអភិបូជា។
ក.៣- ពេលថ្វាយអភិបូជាប្រសិទ្ធិពរដល់លោកជាមេក្រុមគ្រួសារបព្វជិត។
ខ. លើសពីនេះទៅទៀត តាមសេចក្តីអនុញ្ញាតរបស់លោកអភិបាលដែលមានភារកិច្ចថ្លឹងថ្លែងអំពីប្រយោជន៍ថ្វាយអភិបូជារួមគឺ៖
ខ.១- ពេលថ្វាយអភិបូជាក្នុងអារាមបព្វជិតបព្វជិតា។ ប្រសិនមានបូជាចារ្យច្រើនក្នុងភូមិមួយ ហើយប្រសិនបើគ្រីស្តបរិស័ទមិន ត្រូវការឱ្យបូជាចារ្យម្នាក់ថ្វាយអភិបូជាដោយឡែក បូជាចារ្យទាំងអស់ត្រូវថ្វាយអភិបូជារួមក្នុងព្រះវិហារ។
ខ.២- ពេលប្រជុំគ្រប់យ៉ាងរបស់លោកបូជាចារ្យ ទោះជាបូជាចារ្យភូមិភាគក្តី ឬបូជាចារ្យបព្វជិតក្តី។
២-ក. លោកអភិបាលមានភារកិច្ចផ្តល់សេចក្តីណែនាំសម្រាប់ថ្វាយអភិបូជារួមក្នុងភូមិភាគរបស់លោក។
ខ. ត្រូវរក្សាទុកឱ្យបូជាចារ្យម្នាក់ៗមានសិទ្ធិថ្វាយអភិបូជានៅម្នាក់ឯងជានិច្ច ប៉ុន្តែ បូជាចារ្យមិនត្រូវថា្វយអភិបូជាម្នាក់ឯងដូច្នេះ នៅពេលក្រុមលោកគង្វាលកំពុងរួមគ្នាថ្វាយអភិបូជានៅព្រះវិហារដដែល ឬនៅថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ជាថ្ងៃរម្លឹកអំពីព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក។
៥៨- ត្រូវតែងតាំងក្បួនពិធីមួយថ្មី
សម្រាប់ថ្វាយអភិបូជារួម ហើយត្រូវបញ្ចូលក្បួនពិធីនោះក្នុងក្បួនពិធីរបស់អភិបាល និងរបស់ព្រះសហគមន៍ក្រុងរ៉ូមទៀតផង។
ជំពូក ៣
អគ្គសញ្ញាឯទៀតៗ និងអនុសញ្ញា
៥៩- លក្ខណៈអគ្គសញ្ញានានា
អគ្គសញ្ញាមានគោលដៅនាំឱ្យគ្រីស្តបរិស័ទបានវិសុទ្ធ និងកសាងព្រះកាយព្រះគ្រីស្តព្រមទាំងគោរពបម្រើព្រះជាម្ចាស់។ ប៉ុន្តែ ដោយអគ្គសញ្ញាមានលក្ខណៈជាសញ្ញាសម្គាល់ អគ្គសញ្ញានានាក៏ជួយអប់រំជំនឿដែរ។ មានតែអ្នកផ្ញើជីវិតលើព្រះគ្រីស្តទេ ដែលអាចទទួលអគ្គសញ្ញាបាន។ ពេលធ្វើអគ្គសញ្ញាដោយមាននិយាយពាក្យ និងប្រើវត្ថុផ្សេងៗ អគ្គសញ្ញាក៏បំប៉ន និងពង្រឹងជំនឿ ព្រមទាំងបង្ហាញបញ្ជាក់ជំនឿរបស់អ្នកទទួលថែមទៀត។ ហេតុនេះហើយ បានជាយើងធ្លាប់ហៅអគ្គសញ្ញាថា “អគ្គញ្ញានៃជំនឿ”។ ព្រះជាម្ចាស់ប្រណីសន្តោសអ្នកជឿ ដោយសារអគ្គសញ្ញាមែន ប៉ុន្តែ ពិធីធ្វើអគ្គសញ្ញាជូនគ្រីស្តបរិស័ទ ក៏អាចជួយឱ្យគេរៀបចំខ្លួនទទួលព្រះអំណោយទានតាមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ តាមរបៀបដែលអាចបង្កើតផល។ អគ្គសញ្ញានាំឱ្យគេគោរពបម្រើព្រះជាម្ចាស់ ព្រមទាំងឱ្យប្រតិបត្តិតាមសេចក្តីស្រឡាញ់។
ដូច្នេះ ត្រូវឱ្យគ្រីស្តបរិស័ទយល់អត្ថន័យនៃសញ្ញាសម្គាល់ដែលមានប្រើក្នុងអគ្គសញ្ញានានាដោយងាយ។ ការយល់អត្ថន័យដូច្នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ គេក៏ត្រូវព្យាយាមទទួលអគ្គសញ្ញាទាំងនោះដែរ ព្រោះអគ្គសញ្ញាបំប៉នគេឱ្យរស់នៅតាមរបៀបជាគ្រីស្តបរិស័ទ។
៦០- អនុសញ្ញា
ព្រះសហគមន៍ជាមាតាដ៏វិសុទ្ធតែងតាំងអនុសញ្ញាផ្សេងៗ។ អនុសញ្ញាជាសញ្ញាសម្គាល់ដ៏សក្ការៈ ស្រដៀងនឹងអគ្គសញ្ញា សម្តែងអំពីផលខ្លះ ជាពិសេស ផលខាងព្រះវិញ្ញាណដែលគ្រីស្តបរិស័ទទទួលដោយពាក្យអង្វររបស់ព្រះសហគមន៍។ ដោយអនុសញ្ញាទាំងនោះ មនុស្សមានចិត្តចង់ទទួលផលដ៏ប្រសើរនៃអគ្គសញ្ញា ហើយក៏បានវិសុទ្ធតាមសភាពការណ៍ផ្សេងៗប្រចាំការរស់នៅរបស់គេ។
៦១- តម្លៃដ៏ថ្លៃថ្នូរនៃពិធីគោរពប្រណិប័តន៍ និងទំនាក់ទំនងនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង
អគ្គសញ្ញា និងអនុសញ្ញានានា នាំឱ្យស្ទើរតែគ្រប់ព្រឹត្តិការណ៍ប្រចាំការរស់នៅរបស់គ្រីស្តបរិស័ទ ដែលស្វែងរកព្រះជាម្ចាស់ដោយចិត្តទៀងត្រង់បានវិសុទ្ធ ដោយព្រះហឫទ័យប្រណីសន្តោសដែលហូរចេញមកពីព្រះគ្រីស្ត ដែលរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង។ គឺព្រះគ្រីស្តនេះហើយដែលប្រោសឱ្យអគ្គសញ្ញា និងអនុសញ្ញាទាំងប៉ុន្មានមានអនុភាព។ វត្ថុស្ទើតែទាំងអស់ដែលមនុស្សប្រើប្រាស់យ៉ាងត្រឹមត្រូវ (ក្នុងអគ្គសញ្ញា និងអនុសញ្ញា) ក៏អាចតម្រង់ទៅរកគោលដៅតែមួយ គឺធ្វើឱ្យមនុស្សបានវិសុទ្ធ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
៦២- ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញានានា
តាមដំណើរនៃប្រវត្តិសាស្រ្តតរៀងមក មានកត្តាខ្លះក្នុងពិធីធ្វើអគ្គសញ្ញា និងអនុសញ្ញាបណ្តាលឱ្យគ្រីស្តបរិស័ទនៅសម័យឥឡូវ មិនសូវយល់លក្ខណៈ និងគោលដៅនៃអគ្គសញ្ញា ឬអនុសញ្ញាទាំងនោះទេ។ ហេតុនេះហើយ បានជាត្រូវកែសម្រួលសេចក្តីខ្លះៗ ដើម្បីឱ្យបានសមស្របតាមតម្រូវការនៃសម័យឥឡូវ។ ដើម្បីកែសម្រួលពិធីទាំងនោះ មហាសន្និបាតដ៏វិសុទ្ធសម្រេចសេចក្តីដូចតទៅ៖
៦៣- ភាសា
ពេលធ្វើអគ្គសញ្ញា និងអនុសញ្ញាជូនគេ ភាសារបស់ប្រជាជនតាមតំបន់អាចជួយគេយ៉ាងខ្លាំង ហេតុនេះហើយ បានជាត្រូវប្រើភាសាប្រជាជនឱ្យបានច្រើន តាមសេចក្តីណែនាំដូចតទៅ៖
ក. ពេលធ្វើអគ្គសញ្ញា និងអនុសញ្ញាជូនគេ គេអាចប្រើភាសាប្រជាជនក្នុងតំបន់បាន ស្របតាមសេចក្តីណែនាំចែងនៅមាត្រា ៣៦
ខ. ក្រុមអភិបាលជាអំណាចដែលមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងនៅមាត្រា ២២,២ នៃធម្មនុញ្ញនេះ ត្រូវបង្កើតក្បួនពិធីដោយឡែកយ៉ាងឆាប់ៗស្របតាមតម្រូវការនៃតំបន់នីមួយៗ ហើយក៏ត្រូវចាត់ចែងអំពីភាសាដែរ។ ពេលបង្កើតក្បួនពិធីទាំងនោះ ត្រូវស្របតាមសៀវភៅក្បួនពិធីក្រុងរ៉ូមបោះពុម្ពជាថ្មី។ ក្រោយពីអាសនៈគ្រីស្តទូតសិលាកែសម្រួលក្បួនពិធីទាំងនោះរួចហើយ ទើបអាចប្រើក្នុងតំបន់រៀងៗខ្លួន។ ពេលនិពន្ធក្បួនពិធីទាំងនោះ ឬក្បួនផ្សេងៗទៀតដោយឡែក ត្រូវចម្លងសេចក្តីណែនាំដែលមានកត់ត្រាទុកនៅក្នុងសៀវភៅក្បួនពិធីក្រុងរ៉ូម ដាក់នៅខាងមុខពិធីនីមួយៗ ជាសេចក្តីណែនាំទាក់ទងនឹងការណែនាំគ្រីស្តបរិស័ទ និងទាក់ទងនឹងរបៀបធ្វើពិធីនីមួយៗ ហើយដែលមានសារៈសំខាន់ពិសេសដោយនឹកគិតដល់សង្គមដែរ។
៦៤- ការអប់រំមនុស្សពេញវ័យដែលស្តាប់ព្រះបន្ទូលលាន់ឮឡើង
ត្រូវចាត់ចែងការអប់រំជំនឿមនុស្សពេញវ័យដែលស្តាប់ព្រះបន្ទូលលាន់ឮឡើងឱ្យមានដំណាក់កាលជាច្រើន ប្លែកៗពីគ្នា ទើបពេលអ្នកទទួលការអប់រំយ៉ាងសមរម្យបានវិសុទ្ធ គឺដោយសារពិធីដែលគេប្រព្រឹត្តតាមដំណាក់កាលទាំងនោះ។ ត្រូវប្រព្រឹត្តតាមរបៀបនេះតាមការយល់ឃើញរបស់លោកអភិបាលភូមិភាគ។
៦៥- ក្នុងប្រទេសដែលមនុស្សជាច្រើនមិនស្គាល់ព្រះគ្រីស្ត
ប្រជាជនតែងតែធ្វើពិធីបញ្ចូលក្នុងសាសនារបស់គេតាមប្រពៃណីផ្ទាល់ខ្លួន។ មហាសនិ្នបាតអនុញ្ញាតឱ្យយកសេចក្តីខ្លះៗដកស្រង់ពីពិធីតាមប្រពៃណីរបស់គេ មកដាក់ចូលក្នុងក្បួនពិធីបញ្ចូលក្នុងគ្រីស្តសាសនា តាមប្រពៃណីព្រះសហគមន៍យើង។ យើងត្រូវសម្រួលសេចក្តីទាំងនោះឱ្យបានស្របតាមពិធីគ្រីស្តសាសនា ត្រូវតាមសេចក្តីចែងក្នុងមា្រតាលេខ ៣៧-៤០ នៃធម្មនុញ្ញយើងនេះ។
៦៦- ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាជ្រមុជទឹក
ត្រូវកែសម្រួលក្បួនពិធីទាំងពីរនៃអគ្គសញ្ញាជ្រមុជទឹកជូនមនុស្សពេញវ័យគឺ មួយជាក្បួនពិធីធម្មតា និងមួយទៀតជាក្បួនពិធីយ៉ាងឱឡារិក ជាក្បួនដែលគិតគូរដល់ការអប់រំជំនឿរបស់មនុស្សពេញវ័យដែលកែសម្រួលជាថ្មីឡើងវិញរួចហើយ។ ត្រូវបញ្ចូលក្នុងសៀវភៅក្បួនពិធីនៃព្រះសហគមន៍ក្រុងរ៉ូម នូវអភិបូជាដែលហៅថា ”អភិបូជាក្នុងពេលធ្វើអគ្គសញ្ញាជ្រមុជទឹក”។
៦៧- ត្រូវកែសម្រួលពិធីអគ្គសញ្ញាជ្រមុជទឹកជូនទារក
ឱ្យបានសមស្របតាមសភាពការណ៍ដ៏ពិតប្រាកដរបស់ទារក។ ម៉្យាងទៀត ក្នុងពិធីនេះត្រូវបញ្ជាក់ឱ្យបានច្បាស់អំពីតួនាទីឪពុកម្តាយបង្កើត និងតួនាទីរបស់ឪពុកម្តាយធម៌។
៦៨- ត្រូវកែសម្រួលពិធីអគ្គសញ្ញាជ្រមុជទឹក
ក្នុងករណីមានមនុស្សជាច្រើនទទួលអគ្គសញ្ញានោះស្របតាមការយល់ឃើញរបស់លោកអភិបាលនៃភូមិភាគ។ ម៉្យាងទៀត ត្រូវបង្កើតក្បួនពិធីមួយទៀតយ៉ាងខ្លីដែលគេអាចប្រើបានគ្រប់គ្នា ជាពិសេស អ្នកអប់រំជំនឿនៅដែនដីមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត និងជាទូទៅនៅករណីខ្លាចអ្នកនោះស្លាប់ ហើយគ្មានបូជាចារ្យ ឬឧបដ្ឋាកនៅពេលនោះ។
៦៩- ត្រូវចែងក្បួនពិធីមួយថ្មីជំនួសពិធីហៅថា
ការបំពេញពិធីអគ្គសញ្ញាជ្រមុជទឹកយ៉ាងខ្លីបំផុតជូនទារក ដោយបញ្ជាក់យ៉ាងច្បាស់ និងសមរម្យថា ទោះបីទារកនោះទទួលអគ្គសញ្ញាជ្រមុជទឹកតាមពិធីដ៏ខ្លីក្តី ក៏ព្រះសហគមន៍បានទទួលទារកនេះទុកជាសមាជិករួចហើយ។
ត្រូវចែងក្បួនពិធីមួយថ្មីទៀតសម្រាប់អស់អ្នកដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក ដែលយកជាការបានតាមនិកាយផ្សេងៗ ហើយដែលប្រែចិត្តគំនិតមករកសាសនាកាតូលិកយើង ដើម្បីបង្ហាញបញ្ជាក់ថា ព្រះសហគមន៍ទទួលគេឱ្យរួបរួមជាមួយដែរ។
៧០- ក្រៅពីរដូវបុណ្យចម្លង
គេអាចប្រសិទ្ធពរលើទឹក នៅពេលធ្វើពិធីអគ្គសញ្ញាជ្រមុជទឹកជូនគេនោះ តាមរូបមន្តមួយយ៉ាងខ្លីដែលត្រូវទទួលសេចក្តីអនុញ្ញាតជាមុនសិន។
៧១- ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាលាបថ្ងាស
ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាលាបថ្ងាស ក្នុងគោលបំណងបង្ហាញបញ្ជាក់យ៉ាងច្បាស់ថា អគ្គសញ្ញាលាបថ្ងាសភ្ជាប់យ៉ាងស្អិតល្មួតជាមួយនឹងការបញ្ចូលមនុស្សពេញវ័យក្នុងគ្រីស្តសាសនាទាំងស្រុង។ គួរឱ្យកែសម្រួលពាក្យសន្យាមុនទទួលអគ្គសញ្ញាជ្រមុជទឹក។
ប្រសិនបើគួរឱ្យធ្វើ លោកអភិបាលអាចធ្វើអគ្គសញ្ញាលាបថ្ងាសជូននៅពេលថ្វាយអភិបូជា។ ប្រសិនបើមានធ្វើអគ្គសញ្ញាលាបថ្ងាសជូនគេ ក្រៅពីពេលថ្វាយអភិបូជាត្រូវចែងពាក្យពន្យល់មុនពេលចាប់ផ្តើមធ្វើពិធី និងចាត់ពាក្យនេះទុកជាអារម្ភកថា។
៧២- ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាលើកលែងទោស
ត្រូវកែសម្រួលពិធី និងរូបមន្តនៃអគ្គសញ្ញាលើកលែងទោស ដើម្បបញ្ជាក់យ៉ាងច្បាស់អំពីលក្ខណៈ និងអំពីលទ្ធផលនៃអគ្គសញ្ញាលើកលែងទោសនោះ។
៧៣- ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាលាបប្រេងអ្នកជំងឺ
គួរហៅ “អគ្គសញ្ញាលាបប្រេងព្រះបង្ហើយ” ថា “អគ្គសញ្ញាលាបប្រេងអ្នកជំងឺ” វិញទើបប្រសើរជាង ព្រោះអគ្គសញ្ញានោះមិនមែនជាអគ្គសញ្ញាជូនតែអ្នកដែលហៀបនឹងបាត់បង់ជីវិតប៉ុណ្ណោះទេ។ ពេលគ្រីស្តបរិស័ទម្នាក់មានវ័យចំណាស់ ឬចាប់ផ្តើមមានជំងឺជាទម្ងន់ គឺពេលនោះហើយជាពេលសមរម្យទទួលអគ្គសញ្ញាលាបប្រេងអ្នកជំងឺ។
៧៤- ក្រៅពីក្បួនពិធីអគ្គសញ្ញាលាបប្រេងអ្នកជំងឺ
និងពិធីទទួលព្រះកាយពេលហៀបលាចាកលោកនេះដែលជាពិធីដោយឡែកពីគ្នា ត្រូវចែងក្បួនពិធីមួយទៀតដែលមានពិធីតៗគ្នា គឺអគ្គសញ្ញាលាបប្រេង ក្រោយពីបានទទួលអគ្គសញ្ញាលើកលែងទោស ហើយមុននឹងទទួលព្រះកាយនៅពេលហៀបនឹងលាចាកលោកនេះ។
៧៥- ត្រូវកំណត់ចំនួនកន្លែងលាបប្រេងលើរូបកាយអ្នកជំងឺ
ស្របតាមសភាពការណ៍អ្នកជំងឺ។ ត្រូវកែសម្រួលពាក្យអង្វរក្នុងអគ្គសញ្ញាលាបប្រេងអ្នកជំងឺ ឱ្យស្របតាមសភាពកាណ៍របស់អ្នកជំងឺនោះដែរ។
៧៦- ត្រូវកែសម្រួលពិធីនៃអគ្គសញ្ញាតែងតាំង
ក្នុងអគ្គសញ្ញាតែងតាំងត្រូវកែសម្រួលទាំងពិធី ទាំងសេចក្តីដែលលោកអភិបាលសូត្រ។ ពេលលោកថ្លែងពាក្យណែនាំខាងដើមអគ្គសញ្ញាតែងតាំងនីមួយៗ ឬខាងដើមពិធីប្រសិទ្ធិឱ្យទៅជាបូជាចារ្យ លោកអភិបាលអាចនិយាយភាសាតំបន់បាន។
ក្នុងពិធីប្រសិទ្ធិឱ្យទៅជាអភិបាល អស់អភិបាលដែលចូលរួមក្នុងពិធីនោះ មានសិទ្ធិដាក់ដៃតែងតាំងអភិបាលថ្មីនោះ។
៧៧- ត្រូវកែសម្រួលពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍
ត្រូវកែសម្រួលពិធីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលមានកត់ត្រាទុកក្នុងក្បួនពិធីព្រះសហគមន៍ក្រុងរ៉ូម និងត្រូវបន្ថែមសេចក្តីខ្លះ ដើម្បីបង្ហាញបញ្ជាក់អំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់តាមអគ្គសញ្ញានេះ និងត្រូវសង្កត់លើភារកិច្ចរបស់គូស្វាមីភរិយា។
“ប្រសិនបើនៅតំបន់ខ្លះ ព្រះសហគមន៍យកទំនៀមទម្លាប់ និងពិធីផ្សេងៗដែលគួរឱ្យសរសើរមកប្រើក្នុងអគ្គសញ្ញាអាពាហ៍ពិពាហ៍ មហាសន្និបាតដ៏វិសុទ្ធប្រាថ្នាបានចង់យ៉ាងខ្លាំងឱ្យរក្សាទុកទំនៀមទម្លាប់ និងពិធីនោះទាំងស្រុង” (មហាសន្និបាតត្រែនតូ)។
ម្យ៉ាងទៀត ក្រុមអភិបាលជាអំណាចមានសមត្ថកិច្ចក្នុងតំបន់មួយ តាមសេចក្តីចែងក្នុងមាត្រា ២២,២ នៃធម្មនុញ្ញនេះ មានសិទ្ធិបង្កើតពិធីដែលសមស្របតាមប្រពៃណីស្រុក និងប្រជាជនដូចមានចែងក្នុងមាត្រា ៦៣។ ក៏ប៉ុន្តែ ត្រូវឱ្យបូជាចារ្យដែលធ្វើអធិបតីក្នុងអគ្គសញ្ញាអាពាហ៍ពិពាហ៍សុំ ហើយត្រូវទទួលពាក្យយល់ព្រមរបស់សាមីខ្លួនទាំងពីរនាក់ យកគ្នាជាគូស្វាមីភិរិយាជាកំហិត។
៧៨- តាមធម្មតា
ត្រូវធ្វើអគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្នុងពេលថ្វាយអភិបូជាក្រោយពីបានប្រកាសគម្ពីរដំណឹងល្អ ហើយមុនពាក្យអង្វរសកល។ ត្រូវកែសម្រួលពាក្យអង្វរសូមព្រះអង្គប្រទានពរដល់ភរិយាថ្មោងថ្មី ដើម្បីគូសសង្កត់ថា គូស្វាមីភរិយាមានភារកិច្ចស្មើគ្នា នឹងត្រូវស្មោះត្រង់ភក្តីទៅវិញទៅមក។ ពាក្យអង្វរនេះអាចសូត្រជាភាសាស្រុកនោះបាន។
ប៉ុន្តែ ប្រសិនបើមានធ្វើអគ្គសញ្ញាអាពាហ៍ពិពាហ៍ក្រៅពីអភិបូជាត្រូវប្រកាសអត្ថបទដកស្រង់ពីលិខិត និងពីគម្ពីរដំណឹងល្អនៅខាងដើមពិធី ហើយត្រូវប្រទានពរលើគូស្វាមីភរិយាជានិច្ចកុំអាក់ខានឡើយ។
៧៩- ត្រូវកែសម្រួលអនុសញ្ញា
ត្រូវកែសម្រួលអនុសញ្ញា ដោយកាន់តាមគោលការណ៍ដ៏សំខាន់ដូចតទៅ គឺត្រូវមានបំណងចង់ជួយគ្រីស្តបរិស័ទឱ្យយល់អត្ថន័យ និងចូលរួមយ៉ាងសកម្មដោយងាយស្រួល ទាំងយកចិត្តទុកដាក់នឹងតម្រូវការនាបច្ចុប្បន្ន។ ពេលកែសម្រួលអនុសញ្ញា គេក៏អាចបន្ថែមអនុសញ្ញាថ្មីទៀតតាមតម្រូវការ ស្របតាមសេចក្តីណែនាំដែលមានចែងក្នុងមាត្រា ៦៣ ដែរ។
ត្រូវទុកពរដែលមានតែអភិបាលអាចប្រទានបានតែមួយចំនួនតូច។
ត្រូវព្រាងទុកឱ្យគ្រីស្តបរិស័ទធម្មតាដែលមានលក្ខណៈសមរម្យ អាចធ្វើអនុសញ្ញាខ្លះបាន ក្នុងកាលៈទេសៈដែលលោកអភិបាលយល់ឃើញថា គួរឱ្យធ្វើនោះ។
៨០- ពិធីសច្ចាប្រណិធាន
ត្រូវកែសម្រួលពិធីញែកស្រ្តីព្រហ្មចារីយ៍ថ្វាយព្រះជាម្ចាស់ ដែលមានកត់ត្រាទុកក្នុងក្បួនពិធីអភិបាលព្រះសហគមន៍ក្រុងរ៉ូម។
ម្យ៉ាងទៀត ត្រូវបង្កើតពិធីមួយ គឺបព្វជិតាប្រកាសពាក្យសច្ចាប្រណិធាន និងប្រកាសពាក្យសន្យាសាជាថ្មី ដើម្បីឱ្យពិធីទាំងនោះស៊ីសង្វាក់គ្នា មិនស្មុគស្មាញ ហើយថ្លៃថ្នូរទៀតផង។ អស់អ្នកដែលធ្វើពិធីសច្ចាប្រណិធាន ឬធ្វើពិធីប្រកាសពាក្យសន្យាសាជាថ្មី្ម ក្នុងពេលថ្វាយអភិបូជាត្រូវអនុវត្តតាមពិធីថ្មីនោះ លើកលែងតែមានច្បាប់វិន័យផ្សេងដោយឡែក។ បើបព្វជិតាធ្វើពិធីសច្ចាប្រណិធានក្នុងពេលថ្វាយអភិបូជាទើបប្រសើរជាង។
៨១- ត្រូវកែសម្រួលពិធីបញ្ចុះសព
ត្រូវឱ្យពិធីបញ្ចុះសពបញ្ជាក់យ៉ាងច្បាស់ថា គ្រីស្តបរិស័ទដែលចែកស្ថានរួចហើយ បានចូលរួមជាមួយព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង។ ពិធីទាំងនោះ សូម្បីតែពណ៌អាវអ្នកធ្វើពិធីគោរពប្រណិប័តន៍ ក៏ត្រូវសមស្របតាមសភាពការណ៍ និងតាមប្រពៃណីប្រជាជនរស់នៅតាមតំបន់ផ្សេងៗដែរ។
៨២- ត្រូវកែសម្រួល
ពិធីបញ្ចុះសពទារក ហើយត្រូវបង្កើតឱ្យមានអភិបូជាពិសេសសម្រាប់ឱកាសនេះដែរ។
ជំពូក ៤
ពិធីលើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់
៨៣- ពិធីលើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់ជាកិច្ចរបស់ព្រះគ្រីស្ត និងជាកិច្ចរបស់ព្រះសហគមន៍
ព្រះគ្រីស្តយេស៊ូជាមហាបូជាចារ្យនៃសម្ព័ន្ធមេត្រីថ្មីដែលស្ថិតនៅគង់វង្សអស់កល្បជានិច្ច។ ពេលព្រះអង្គប្រសូតជាមនុស្ស ព្រះអង្គក៏យកបទដែលមានច្រៀងអស់កល្បជានិច្ចនៅលោកខាងមុខមកឱ្យយើងច្រៀង នៅពេលយើងនៅនិរទេសក្នុងលោកនេះ។ ព្រះគ្រីស្តប្រោសឱ្យសហគមន៍របស់មនុស្សលោកទាំងអស់រួមជាមួយព្រះអង្គ ច្រៀងបទលើកតម្កើងនេះថ្វាយព្រះជាម្ចាស់។
ព្រះគ្រីស្តយេស៊ូនៅតែបន្តបំពេញមុខងារជាមហាបូជាចារ្យនេះដោយសារព្រះសហគមន៍ គឺមិនគ្រាន់តែដោយព្រះសហគមន៍ថ្វាយអភិបូជាប៉ុណ្ណោះទេ តែដោយរបៀបផ្សេងៗទៀត ជាពិសេស ដោយព្រះសហគមន៍ធ្វើពិធីលើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់។ ព្រះសហគមន៍លើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ឥតឈប់ឈរ ហើយអង្វរព្រះអង្គ សូមសង្គ្រោះមនុស្សលោកទាំងមូលទៀតផង។
៨៤- តាមការបញ្ជូនបន្តរបស់គ្រីស្តបរិស័ទតាំងពីបរមបុរាណមក
មានតែងតាំងពិធីលើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់ ដើម្បីឱ្យមនុស្សលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ និងញែកគ្រប់ពេលវេលាឱ្យបានវិសុទ្ធថ្វាយព្រះអង្គផង។ ពេលអស់លោកបូជាចារ្យ ឬអ្នកផ្សេងៗទៀតដែលព្រះសហគមន៍ចាត់ចែងទុកជាតំណាងឱ្យបំពេញកិច្ចការនេះ នាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមបទដ៏ប្រសើរនេះ ស្របតាមវិន័យដ៏ត្រឹមត្រូវ ឬនៅពេលគ្រីស្តបរិស័ទរួមអធិដ្ឋានជាមួយបូជាចារ្យតាមរបៀបព្រះសហគមន៍យល់ស្របនោះ គឺនៅពេលនោះពិតជាព្រះសហគមន៍ជាព្រះមហេសីបន្លឺសូរសំឡេងឡើងនិយាយសន្ទនាជាមួយព្រះគ្រីស្តជាព្រះស្វាមីមែន ឬបើពោលឱ្យបានល្អជាងនេះទៅទៀត គឺព្រះគ្រីស្តរួមជាមួយព្រះកាយព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះបិតា។
៨៥- ហេតុនេះហើយបានជាអស់អ្នកដែលបំពេញកិច្ចនេះ
ក៏បំពេញការងារដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះសហគមន៍ហើយនៅពេលជាមួយគ្នានោះ ក៏ទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរួមជាមួយព្រះមហេសីរបស់ព្រះគ្រីស្ត។ ពេលគេបំពេញកិច្ចលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ គេឈរនៅខាងមុខបល័្លង្ករបស់ព្រះអង្គក្នុងនាមព្រះសហគមន៍ជាព្រះមាតា។
៨៦- ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់មានប្រយោជន៍ខាងការណែនាំគ្រីស្តបរិស័ទ
បូជាចារ្យទាំងប៉ុន្មានដែលកំពុងបំពេញមុខងារបម្រើជាគង្វាល ត្រូវតែយកចិត្តទុកដាក់លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់តាមពេលកំណត់នោះ ដោយយល់កាន់តែច្បាស់ថា ខ្លួនត្រូវអនុវត្តតាមដំបូន្មានរបស់គ្រីស្តទូតប៉ូលដែលមានប្រសាសន៍ថា “ចូរអធិដ្ឋានឥតឈប់ឈរ” (១ថស ៥,១៧)។ មានតែព្រះអម្ចាស់យេស៊ូមួយព្រះអង្គទេ ដែលអាចប្រោសឱ្យកិច្ចអស់លោកប្រព្រឹត្តជារៀងរាល់ថ្ងៃបានស័ក្តិសិទ្ធ និងអាចចម្រើនឡើងបាន គឺព្រះអង្គមានព្រះបន្ទូលថា “បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតបានឡើយ” (យហ ១៥,៥)។ ហេតុនេះហើយ បានជានៅពេលក្រុមគ្រីស្តទូតតែងតាំងឧបដ្ឋាក អស់លោកមានប្រសាសន៍ថា “រីឯយើងវិញ យើងនឹងគិតតែពីអធិដ្ឋាន ហើយបម្រើព្រះបន្ទូល” (កក ៦,៤)។
៨៧- មហាសន្និបាតដ៏វិសុទ្ធ
នៅតែបន្តការកែសម្រួលដែលអាសនៈគ្រីស្តទូតសិលាចាប់ផ្តើមដោយជោគជ័យ។ មហាសន្និបាតមានបំណងចង់ឱ្យអស់លោកបូជាចារ្យក្តី សមាជិកផ្សេងៗទៀតរបស់ព្រះសហគមន៍ក្តី លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ឱ្យកាន់តែប្រសើរ និងកាន់តែពេញលក្ខណៈឡើងក្នុងសភាពការណ៍នាសម័យឥឡូវ។ ហេតុនេះហើយ បានជាមហាសន្និបាតសម្រេចក្រឹត្យស្តីអំពីពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ស្របតាមក្បួនពិធីគោរពប្រណិប័តន៍ព្រះសហគមន៍ក្រុងរ៉ូម ដូចខាងក្រោមនេះ៖
៨៨- ត្រូវកែសម្រួលលំដាប់លំដោយនៃពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់
ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ មានគោលដៅលើកពេលវេលាពេញមួយថ្ងៃថ្វាយព្រះជាម្ចាស់ឱ្យបានវិសុទ្ធ។ ហេតុនេះ ប្រសិនបើអាចធ្វើបាន ត្រូវកែសម្រួលដំណើរនៃពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់នេះ ដើម្បីឱ្យពេលកំណត់នេះបានត្រូវចំនឹងពេលវេលាដ៏ពិតប្រាកដប្រចាំថ្ងៃ។ ម្យ៉ាងទៀត ត្រូវយកចិត្តទុកដាក់អំពីសភាពការណ៍នៃជីវភាពរបស់មនុស្សនាបច្ចុប្បន្នកាល ជាពិសេស អំពីសភាពការណ៍របស់អស់អ្នកដែលបំពេញកិច្ចការជាគ្រីស្តទូត។
៨៩- ហេតុដូច្នេះហើយ បានជាត្រូវកែសម្រួលពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមសេចក្តីណែនាំដូចតទៅ៖
- ក. តាមប្រពៃណីដ៏ជាទីគោរពនៃព្រះសហគមន៍សកល ពិធីលើកតម្កើងនៅពេលព្រឹក និងពិធីលើកតម្កើងនៅពេលល្ងាច ជាស្នូលដ៏សំខាន់ជាងគេនៃពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់រៀងរាល់ថ្ងៃ។ ហេតុនេះ ត្រូវចាត់ពិធីទាំងពីរនោះទុកជាពេលកំណត់ដ៏ប្រសើរជាងគេ ហើយត្រូវធ្វើពិធីទាំងពីរស្របតាមគោលការណ៍នេះទៀតផង។
- ខ. ត្រូវចាត់ចែងពិធីលើកតម្កើងនៅពេលយប់ ដើម្បីឱ្យបានសមនឹងពេលចុងក្រោយប្រចាំថ្ងៃ។
- គ. ចំពោះពិធីលើកតម្កើងដែលហៅថា ”ពិធីលើកតម្កើងនៅកណ្តាលយប់” ទោះបីនៅក្នុងអារាម ពិធីនេះត្រូវរក្សាទុកលក្ខណៈជាពិធីលើកតម្កើងរួមនៅពេលយប់ ក៏ត្រូវកែសម្រួលពិធីនោះដើម្បីឱ្យគេអាចសូត្រនៅពេលណាក៏បាន។ ត្រូវសូត្រទំនុកតម្កើងចំនួនតិចជាងពីមុន តែត្រូវអានអត្ថបទផ្សេងៗឱ្យបានវែងជាងពីមុនវិញ។
- ឃ. ត្រូវលុបបំបាត់ “ពិធីលើកតម្កើងដើមដំបូងនៅព្រឹកព្រលឹម” ចោល។
- ង. ប្រសិនបើមានធ្វើពិធីលើកតម្កើងរួមគ្នាក្នុងអារាម ទោះបី “ពិធីលើកតម្កើងនៅម៉ោងប្រាំបួនព្រឹក” “ពិធីលើកតម្កើងនៅថ្ងៃត្រង់” “ពិធីលើកតម្កើងនៅម៉ោងបីរសៀល” មិនសូវសំខាន់ក្តីក៏ត្រូវតែធ្វើក្នុងអារាមដែរ។ តែប្រសិនបើមានធ្វើពិធីទាំងបីនោះក្រៅពីអារាមវិញ មានសិទ្ធិជ្រើសរើសពិធីលើកតម្កើងតែមួយបាន គឺពិធីណាស្របតាមពេលវេលាប្រចាំថ្ងៃដែលអាចធ្វើបាន។
៩០- ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ពិតជាប្រភពនៃការគោរពថ្វាយបង្គំព្រះជាម្ចាស់
ដោយពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ជាពិធីលើកតម្កើងជាសាធារណៈរបស់ព្រះសហគមន៍ ពិធីនោះក៏ពិតជាប្រភពនៃការគោរពថ្វាយបង្គំព្រះជាម្ចាស់ និងពិតជាអាហារចិញ្ចឹមពាក្យអធិដ្ឋានផ្ទាល់ខ្លួន។ ហេតុនេះហើយ សូមក្រើនដាស់តឿនក្នុងព្រះនាមព្រះអម្ចាស់ អស់លោកបូជាចារ្យ និងអស់អ្នកដែលចូលរួមក្នុងពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ថា នៅពេលធ្វើពិធីនោះ សូមមានចិត្តគំនិតស្របតាមសំឡេងអស់លោកអ្នកវិញ។ សូមអស់លោកអ្នកខិតខំរៀនឱ្យមានចំណេះកាន់តែជ្រៅអំពីពិធីគោរពប្រណិប័តន៍ និងអំពីព្រះគម្ពីរ ជាពិសេស ស្គាល់អត្ថន័យទំនុកតម្កើង ទើបអស់លោកអ្នកអាចមានចិត្តគំនិតស្របតាមសំឡេងអស់លោកអ្នកបាន។
ពេលកែសម្រួលពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ឱ្យបានជាថ្មីនោះ ត្រូវសម្រួលទ្រព្យដ៏មានតម្លៃគួរឱ្យគោរពនៃក្បួនពិធីនៃព្រះសហគមន៍ក្រុងរ៉ូមតាំងពីយូរយារមក ដើម្បីឱ្យអស់លាកអ្នកដែលទទួលទ្រព្យដ៏មានតម្លៃយ៉ាងខ្ពង់ខ្ពស់នេះទុកជាបញ្ញើ ងាយស្រួលស្តាប់ ហើយយោងប្រយោជន៍កាន់តែច្រើនឡើងៗ។
៩១- អំពីទំនុកតម្កើង
មិនត្រូវចែកទំនុកតម្កើងទាំងអស់ឱ្យសូត្រក្នុងរយៈពេលតែមួយអាទិត្យប៉ុណ្ណោះទេ តែត្រូវចែកទំនុកតម្កើងទាំងអស់ឱ្យសូត្រក្នុងរយៈពេលវែងជាងនោះទៅទៀត។ ធ្វើដូច្នេះ ទើបអស់លោកអ្នកអាចសូត្រតាមពេលកំណត់ តាមសេចក្តីចែងក្នុងមាត្រា ៨៩ យ៉ាងពិតប្រាកដបាន។
ត្រូវបង្ហើយការកែសម្រួលកណ្ឌគម្ពីរទំនុកតម្កើងដែលចាប់ផ្តើមឱ្យបានរួចឆាប់ៗ ដោយគោរពទាំងអក្សរសាស្ត្រភាសាឡាតាំងនៃគ្រីស្តសាសនា ទាំងរបៀបប្រើទំនុកតម្កើងក្នុងពិធីគោរពប្រណិប័តន៍ ព្រមទាំងតាមការបញ្ជូនបន្តទាំងមូលនៃព្រះសហគមន៍ដែលកាន់តាមប្រពៃណីឡាតាំង។
៩២- ការចាត់ចែងអត្ថបទដែលត្រូវអាន
ចំពោះអត្ថបទដែលត្រូវអាន ត្រូវអនុវត្តតាមសេចក្តីណែនាំដូចតទៅ៖
- ក. ត្រូវចាត់ចែងអានអត្ថបទព្រះគម្ពីរ ដើម្បីឱ្យគេអាចចូលយ៉ាងងាយទៅកាន់ទ្រព្យដ៏ថ្លៃថ្នូរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានបរិបូរណ៌ជាងពីមុន។
- ខ. ត្រូវជ្រើសរើសយកអត្ថបទដកស្រង់ចេញពីក្រុមគ្រូបាធ្យាយនៃព្រះសហគមន៍ និងពីក្រុមអស់លោកអ្នកបណ្ឌិត ព្រមទាំងពីអ្នកនិពន្ធផ្សេងៗរបស់ព្រះសហគមន៍ តាមរបៀបល្អជាងពីមុន។
- គ. ត្រូវកែសម្រួលអត្ថបទស្តីអំពីរឿងមរណសាក្សី និងជីវប្រវតិ្តនៃសន្តបុគ្គលឱ្យបានស្របតាមប្រវត្តិសា្រស្តដ៏ពិតប្រាកដ។
៩៣- ត្រូវកែសម្រួលបទលើកតម្កើង
ប្រសិនបើយល់ឃើញថា គួរឱ្យកែសម្រួលបទលើកតម្កើងឱ្យបានស្របតាមរបៀបដើមវិញដោយចោល ឬប្រែសម្រួលសេចក្តីទាំងប៉ុន្មានដែលមានលក្ខណៈជារឿងព្រេង ឬដែលមិនសូវស៊ីសង្វាក់នឹងការគោរពថ្វាយបង្គំតាមគ្រីស្តសាសនា។ ត្រូវទទួលយកបទលើកតម្កើងផ្សេងៗទៀត ដកស្រង់ពីទ្រព្យដ៏ថ្លៃថ្នូរនៃបទលើកតម្កើងនានាតាមតម្រូវការ។
៩៤- ពេលវេលាធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់
ត្រូវធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ចំពេលវេលាដែលមានចែងក្នុងក្បួនពិធី ឬជិតពេលកំណត់នោះ។ ធ្វើដូច្នេះ ទើបពេលវេលាប្រចាំថ្ងៃបានវិសុទ្ធយ៉ាងពិតប្រាកដ ហើយអ្នកធ្វើពិធីក៏បានផលខាងព្រះវិញ្ញាណដែរ។
៩៥- អំពីភារកិច្ចធ្វើពិធីលើកតម្កើងសិរីរុរឿងព្រះជាម្ចាស់តាមពេលកំណត់
ក្រុមបព្វជិតបព្វជិតាដែលមានកាតព្វកិច្ចរួមគ្នាធ្វើពិធីផ្សេងៗក្នុងអារាម ក្រៅពីថ្វាយអភិបូជារួមក្នុងអារាម ក៏មានកាតព្វកិច្ចធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ជារៀងរាល់ថ្ងៃនៅអារាមគឺ៖
- ក. ក្រុមលោកដែលមានឋានៈកិត្តិយសក្នុងវិហារមួយ ក្រុមលោកសង្ឃ និងដូនជីកាតូលិក បព្វជិតបព្វជិតាដែលមានកាតព្វកិច្ចរួមគ្នាធ្វើពិធីផ្សេងៗក្នុងអារាម តាមក្បួនច្បាប់ទូទៅរបស់ព្រះសហគមន៍ ឬតាមធម្មនុញ្ញរបស់ក្រុមគ្រួសាររបស់គេ ត្រូវធ្វើគ្រប់ផ្នែកទាំងអស់នៃពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ជាកំហិត។
- ខ. ក្រុមប្រឹក្សានៃវិសាលវិហារ ឬក្រុមបូជាចារ្យក្នុងវិហារខ្លះ ត្រូវធ្វើតែផ្នែកខ្លះនៃពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ គឺផ្នែកណាដែលត្រូវធ្វើស្របតាមក្បួនច្បាប់ទូទៅ ឬស្របតាមក្បួនច្បាប់របស់ក្រុមអស់លោកដោយឡែក។
- គ. អស់លោកអ្នកជាសមាជិកក្រុមគ្រួសារខាងលើនេះ ទោះបីគេទទួលអគ្គសញ្ញាតែងតាំងក្តី ឬបានធ្វើពិធីសច្ចាប្រណិធានយ៉ាងឱឡារិកក្តី លើកលែងតែបងប្អូនជាអ្នកបម្រើក្នុងអារាម ប្រសិនបើគេមិនធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់រួមគ្នាក្នុងអារាមទេ ក៏ត្រូវសូត្រម្នាក់ឯងតាមម៉ោងពិធីទាំងនោះដែរ។
៩៦- អស់លោកដែលបានទទួលអគ្គសញ្ញាតែងតាំងរួចហើយ
តែគ្មានកាតព្វកិច្ចធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់រួមក្នុងអារាមទេ ក៏មានកាតព្វកិច្ចធ្វើពិធីលើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់ទាំងមូល ជារៀងរាល់ថ្ងៃជាកំហិតដោយរួមគ្នា ឬនៅម្នាក់ឯង ត្រូវស្របតាមសេចក្តីណែនាំចែងក្នុងមាត្រា ៨៩។
៩៧- ប្រសិនគេអាក់ខានធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់
ត្រូវបញ្ជាក់កិច្ចការដែលគេត្រូវធ្វើជំនួស ហើយត្រូវកត់ត្រាទុកជាសេចក្តីណែនាំក្នុងក្បួនពិធី។ ក្នុងករណីពិសេស ហើយប្រសិនបើមានមូលហេតុត្រឹមត្រូវ អស់លោកអភិបាលអាចអនុញ្ញាតឱ្យអស់អ្នកដែលនៅក្រោមអំណាចរបស់លោករួចពីកាតព្វកិច្ចរបស់គេ គឺអនុញ្ញាតឱ្យធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តែមួយផ្នែក ឬអនុញ្ញាតមិនឱ្យធ្វើគ្រប់ផ្នែកក៏បានដែរ។ លោកក៏អាចបញ្ជាក់កិច្ចកាដែលគេត្រូវធ្វើជំនួស។
៩៨- ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់នៅគ្រឹះស្ថានបព្វជិតបព្វជិតា
សមាជិកគ្រឹះស្ថានបព្វជិតបព្វជិតាណាក៏ដោយ ដែលមានគោលដៅរស់នៅតាមរបៀបដ៏ពេញលក្ខណៈល្អឥតខ្ចោះ ហើយដែលមានកាតព្វកិច្ចធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ផ្នែកខ្លះៗ ស្របតាមធម្មនុញ្ញរបស់គ្រឹះស្ថានទាំងនោះ ពិតជាបំពេញពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាសាធារណៈរបស់ព្រះសហគមន៍ហើយ។
ប្រសិនបើគេធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់យ៉ាងខ្លីតាមធម្មនុញ្ញរបស់គេ គេក៏បំពេញពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាសាធារណៈរបស់ព្រះសហគមន៍ពិតមែនដែរ លុះត្រាតែពិធីដ៏ខ្លីនោះមានចាត់ចែងតាមរបៀបពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ និងបានទទួលសេចក្តីអនុញ្ញាតយ៉ាងត្រឹមត្រូវ។
៩៩- ពិធីសូត្ររួម
ពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ជាសូរសំឡេងរបស់ព្រះសហគមន៍ គឺជាសូរសំឡេងរបស់ព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តទាំងមូល ដែលលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាសាធារណៈ។ ហេតុនេះហើយ បានជាមហាសន្និបាតផ្តែផ្តាំដាស់តឿនអស់លោកដែលបានទទួលអគ្គសញ្ញាតែងតាំង ហើយដែលគ្មានកាតព្វកិច្ចធ្វើពិធីរួមក្នុងអារាមទេ ជាពិសេស ផ្តែផ្តាំឱ្យលោកគង្វាលដែលរួមរស់ជាមួយគ្នា ឬដែលជួបជុំគ្នាម្តងម្កាលថា ត្រូវធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ យ៉ាងហោចណាស់មួយផ្នែកដែរ។
អស់អ្នកដែលធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ទោះបីរួមគ្នានៅអារាមក្តី សូត្ររួមគ្នាកន្លែងផ្សេងក្តី ក៏ត្រូវបំពេញភារកិច្ចដែលព្រះសហគមន៍ផ្ញើទុកឱ្យអស់លោកឱ្យបានល្អប្រសើរឥតខ្ចោះ តាមតែគេអាចធ្វើបានដោយគោរពថ្វាយបង្គំនៅខាងក្នុងចិត្តផង និងដោយធ្វើពិធីយ៉ាងល្អប្រសើរនៅខាងក្រៅផងដែរ។
ម៉្យាងទៀត ត្រូវស្មូតទំនុកតម្កើងក្នុងពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់នៅក្នុងអារាម ឬរួមគ្នានៅកន្លែងផ្សេងតាមតែអាចធ្វើទៅបាន។
១០០- គ្រីស្តបរិស័ទត្រូវចូលរួមធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់
អស់លោកគង្វាលត្រូវយកចិត្តទុកដាក់ចាត់ចែងពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់រួមគ្នាក្នុងព្រះវិហារ គឺពិធីនៅម៉ោងសំខាន់ៗ ជាពិសេស ពិធីលើកតម្កើងពេលល្ងាចនៅថ្ងៃអាទិត្យ និងនៅថ្ងៃបុណ្យឱឡារិក។ មហាសន្និបាតផ្តែផ្តាំឱ្យគ្រីស្តបរិស័ទធម្មតា ធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់រួមជាមួយលោកគង្វាលក៏បាន ឬរួមជាមួយគ្នាក៏បាន ឬម្នាក់ឯងក៏បានដែរ។
១០១- ភាសា
- ក. អស់លោកដែលបានទទួលអគ្គសញ្ញាតែងតាំងពេលធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ត្រូវតែប្រើភាសាឡាតាំង ស្របតាមប្រពៃណីក្បួនពិធីជាភាសាឡាតាំងដ៏បរមបុរាណមក។ ក៏ប៉ុន្តែ លោកអភិបាលភូមិភាគមានសិទ្ធិអាចអនុញ្ញាតឱ្យសូត្រតាមក្បួនបកប្រែជាភាសាតំបន់ ស្របតាមសេចក្តីចែងក្នុងមាត្រា ៣៦។ លោកអភិបាលអនុញ្ញាតដូច្នេះ ដើម្បីកុំឱ្យលោកម្នាក់ៗដែលមិនចេះភាសាឡាតាំងជួបឧបសគ្គរារាំងយ៉ាងធ្ងន់ធ្ងរ មិនអាចបំពេញភារកិច្ចធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់យ៉ាងល្អបាន។
- ខ. ចំពោះបព្វជិតា និងសមាជិកគ្រឹះស្ថានដែលមានគោលដៅរស់នៅយ៉ាងល្អឥតខ្ចោះពេញលក្ខណៈទាំងបុរស ទាំងស្ត្រី មេដឹកនាំដែលមានសមត្ថកិច្ចណែនាំគ្រឹះស្ថានទាំងនោះ មានសិទ្ធិអាចអនុញ្ញាតឱ្យសមាជិកក្រុមទាំងនោះសូត្រជាភាសាក្នុងតំបន់បាន នៅពេលធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ សូម្បីតែនៅពេលធ្វើពិធីរួមគ្នាក្នុងអារាមក៏បានដែរ លុះត្រាតែក្បួនពិធីបកប្រែដែលគេសូត្រនោះបានទទួលការអនុម័ត។
- គ. លោកណាដែលបានទទួលអគ្គសញ្ញាតែងតាំង ហើយដែលមានកាតព្វកិច្ចធ្វើពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់តាមពេលកំណត់ ប្រសិនបើលោកធ្វើពិធីនោះជាភាសាក្នុងតំបន់នោះរួមជាមួយក្រុមគ្រីស្តបរិស័ទ ឬជាមួយក្រុមផ្សេងៗដែលមានចែងនៅក្នុងលេខ ២ ខាងលើនេះ ក៏បំពេញកាតព្វកិច្ចរបស់ខ្លួនពិតមែនហើយ លុះត្រាតែក្បួនពិធីបកប្រែដែលគេសូត្រនោះបានទទួលការអនុម័ត។
ជំពូក ៥
ពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ
១០២- អត្ថន័យពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ
ព្រះសហគមន៍ជាមាតាដ៏វិសុទ្ធរបស់យើងយល់ឃើញថា មានភារកិច្ចលើកតម្កើងកិច្ចសង្គ្រោះដែលព្រះគ្រីស្តជាព្រះស្វាមីបានសម្រេច ដោយចាត់ចែងពិធីនឹករឭកដ៏សក្តារៈតាមថ្ងៃកំណត់តៗមកក្នុងអំឡុងពេលពេញមួយឆ្នាំ។ រៀងរាល់ថ្ងៃអាទិត្យ នៅថ្ងៃដែលព្រះសហគមន៍ហៅថា “ថ្ងៃរបស់ព្រះអម្ចាស់” ព្រះសហគមន៍នឹករឭកដល់ព្រះអម្ចាស់មានព្រះជន្មថ្មីដ៏រុងរឿង ដូចព្រះសហគមន៍ធ្លាប់លើកតម្កើងមួយឆ្នាំម្តងៗ ទាំងនឹករឭកដល់ព្រះអង្គរងទុក្ខលំបាកនៅពេលជាមួយគ្នាផង ក្នុងឱកាសបុណ្យចម្លង ជាពិធីយ៉ាងឱឡារិកជាងគេបំផុត។
ក្នុងអំឡុងពេលពេញមួយឆ្នាំ ព្រះសហគមន៍លាតព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះគ្រីស្តបានសម្រេច គឺតាំងពីព្រះយេស៊ូប្រសូតជាមនុស្ស រហូតដល់ព្រះបិតាលើកព្រះអង្គឡើង និងរហូតដល់បុណ្យថ្ងៃទីហាសិប ហើយរហូតដល់ថ្ងៃព្រះអម្ចាស់យាងមកយ៉ាងរុងរឿង តាមសេចក្តីរង់ចាំដ៏សែនសុខសាន្តរបស់យើង។
ដោយលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលរំដោះយើងបែបនេះ ព្រះសហគមន៍ក៏បើកទ្រព្យដ៏មានតម្លៃនៃអនុភាព និងនៃគុណបុណ្យព្រះអម្ចាស់របស់ខ្លួនឱ្យគ្រីស្តបរិស័ទ។ ធ្វើដូច្នេះ ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនោះហាក់ដូចជាមានវត្តមានតាមពេលវេលាជាបន្តបន្ទាប់ ហើយគ្រីស្តបរិស័ទអាចភ្ជាប់នឹងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនោះ និងបានពោរពេញដោយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែលសង្គ្រោះគេ។
១០៣- ដោយព្រះសហគមន៍លើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងប៉ុន្មានរបស់ព្រះគ្រីស្ត
ក្នុងអំឡុងពេលពេញមួយឆ្នាំ ព្រះសហគមន៍ក៏គោរពព្រះនាងម៉ារីជាព្រះមាតារបស់ព្រះអម្ចាស់ ដោយមានសេចក្តីស្រឡាញ់យ៉ាងពិសេសចំពោះព្រះនាង ព្រោះព្រះនាងភ្ជាប់ជាមួយបុត្ររបស់នាងក្នុងកិច្ចសង្រ្គោះរបស់បុត្រនោះ ដោយចំណងដែលមិនអាចស្រាយបាន។ ពេលព្រះសហគមន៍សម្លឹងមើលព្រះនាងម៉ារី ព្រះសហគមន៍សរសើរ និងលើកតម្កើងផលដ៏ប្រសើរជាងគេបំផុតរបស់ព្រះគ្រីស្តដែលរំដោះមនុស្សលោក។ ម្យ៉ាងទៀត ពេលព្រះសហគមន៍សម្លឹងមើលព្រះនាង ព្រះសហគមន៍ក៏នឹករំពឹងគិតដោយអំណរហាក់ដូចជាសម្លឹងមើលក្នុងរូបដ៏និមលបំផុតនោះនូវអ្វីៗដែលខ្លួនប្រាថ្នាចង់បាន ហើយសង្ឃឹមថា នឹងបានទាំងស្រុងដូចព្រះនាងដែរ។
១០៤- ព្រះសហគមន៍បញ្ចូលថ្ងៃនឹករឭកមរណសាក្សី និងសន្តបុគ្គលផ្សេងៗទៀត
ក្នុងចំណោមពិធីគោរពប្រណិប័តន៍ប្រចាំឆ្នាំ។ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោសជាច្រើនយ៉ាង ព្រះអង្គបានលើកសន្តបុគ្គលទាំងនោះឱ្យបានពេញលក្ខណៈ និងឱ្យបានទទួលការសង្រ្គោះអស់កល្បជានិច្ចរួចហើយ។ សន្តបុគ្គលទាំងនោះនាំគា្នច្រៀងបទលើកតម្កើងដ៏ពេញលក្ខណៈថ្វាយព្រះជាម្ចាស់នៅស្ថានបរមសុខ ព្រមទាំងជួយអង្វរព្រះអង្គឱ្យយើង។ ពេលព្រះសហគមន៍ធ្វើពិធីនឹកថ្ងៃខួបនៃកំណើតរបស់សន្តបុគ្គលនៅស្ថានបរមសុខនោះ ព្រះសហគមន៍ក៏ប្រកាសព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង គឺសន្តបុគ្គលទាំងនោះរងទុក្ខលំបាករួមជាមួយព្រះគ្រីស្ត គេក៏បានទទួលសិរីរុងរឿងរួមជាមួយព្រះគ្រីស្តដែរ។ ព្រះសហគមន៍ក៏បង្ហាញសន្តបុគ្គលទុកជាគំរូឱ្យគ្រីស្តបរិស័ទយកតម្រាប់តាម គឺគំរូដែលទាក់ទាញគ្រីស្តបរិស័ទទាំងអស់ទៅរកព្រះបិតាដោយសារព្រះគ្រីស្ត។ អំពើល្អរបស់សន្តបុគ្គលទាំងនោះនៅពេលគាត់រស់នៅ ក៏ធ្វើឱ្យព្រះជាម្ចាស់នឹងប្រទានពរដល់ព្រះសហគមន៍ទៀតផង។
១០៥- ព្រះសហគមន៍អប់រំគ្រីស្តបរិស័ទ
តាមរដូវផ្សេងៗក្នុងអំឡុងពេលពេញមួយឆ្នាំដោយនាំឱ្យគេប្រព្រឹត្តតាមវិន័យបញ្ជូនបន្តពីដើមមក គឺឱ្យគេធ្វើសកម្មភាពផ្សេងៗទាំងខាងវិញ្ញាណផង ទាំងខាងរូបកាយផង។ ព្រះសហគមន៍បង្រៀនគេនាំឱ្យគេអធិដ្ឋាន និងឱ្យគេប្រែចិត្តគំនិត ហើយប្រព្រឹត្តកិច្ចការតាមមេត្តាករុណាទៀតផង។
ហេតុនេះហើយ បានជាមហាសនិ្នបាតដ៏វិសុទ្ធសម្រេចសេចក្តីដូចខាងក្រោមនេះ៖
១០៦- ត្រូវលើកតម្លៃនៃថ្ងៃអាទិត្យ
ព្រះសហគមន៍លើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង រៀងរាល់ថ្ងៃទី ៨ ដែលយើងតែងហៅយ៉ាងត្រឹមត្រូវថា ”ថ្ងៃរបស់ព្រះអម្ចាស់” ព្រោះជាថ្ងៃព្រះគ្រីស្តមានព្រះជន្មថ្មីដ៏រុងរឿង តាមក្រុមគ្រីស្តទូតបានបញ្ជូនបន្តមក។ នៅថ្ងៃអាទិត្យនោះ គ្រីស្តបរិស័ទត្រូវតែជួបជុំគ្នា។ ដោយស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលរួមថ្វាយពិធីអរព្រះគុណ គ្រីស្តបរិស័ទនាំគា្ននឹករឭកដល់ព្រះអម្ចាស់យេស៊ូរងទុក្ខលំបាក និងមានព្រះជន្មថ្មីដ៏រុងរឿង។ គ្រីស្តបរិស័ទក៏អរព្រះគុណព្រះបិតាដែល “បានប្រោសគេឱ្យកើតជាថ្មី ដោយប្រោសឱ្យព្រះយេស៊ូគ្រីស្តមានព្រះជន្មថ្មីដ៏រុងរឿង។ ដូច្នេះ យើងមានសេចក្តីសង្ឃឹមដែលមិនចេះសាបសូន្យឡើយ” (១សល ១,៣)។ ហេតុនេះហើយ បានជាថ្ងៃរបស់ព្រះអម្ចាស់ ជាថ្ងៃធ្វើពិធីគោរពថ្វាយបង្គំដ៏សំខាន់ជាងគេ។ ត្រូវដាស់តឿនឱ្យគ្រីស្តបរិស័ទគោរពថ្ងៃរបស់ព្រះអម្ចាស់ ដើម្បីឱ្យទៅជាថ្ងៃប្រកបដោយអំណរសប្បាយ និងសម្រាកពីការងារ។ បុណ្យឯទៀតៗទាំងអស់គ្មានអាទិភាពលើថ្ងៃអាទិត្យទេ លើកលែងតែបុណ្យយ៉ាងឱឡារិកបំផុត ពីព្រោះថ្ងៃអាទិត្យពិតជាគ្រឹះ និងជាស្នូលនៃពិធីគោរពប្រណិប័តន៍ប្រចាំឆ្នាំទាំងមូល។
១០៧- ត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ
ត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ ដើម្បីរក្សាទុកលក្ខណៈដើម និងចិញ្ចឹមជំនឿរបស់គ្រីស្តបរិស័ទ ហើយណែនាំគេឱ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ ដោយធ្វើពិធីលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលរំដោះមនុស្សលោក ជាពិសេស ដោយលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង។ ត្រូវរក្សាទុក ឬកែសម្រួលទំនៀមទម្លាប់ និងវិន័យតាមការបញ្ជូនបន្តមក ដែលភ្ជាប់នឹងរដូវដ៏សក្ការៈ ទាំងសម្របទៅតាមសភាពការណ៍នាសម័យបច្ចុប្បន្ន។ ប្រសិនបើត្រូវកែសម្រួលពិធីគោរពប្រណិប័តន៍ក្នុងអំឡុងពេលពេញមួយឆ្នាំ ត្រូវកែសម្រួលស្របតាមសភាពការណ៍តំបន់នីមួយៗ តាមសេចក្តីចែងក្នុងមាត្រា ៣៩ និង ៤០។
១០៨- ត្រូវតម្រង់ចិត្តគំនិតរបស់គ្រីស្តបរិស័ទ
ឱ្យចាប់អារម្មណ៍យ៉ាងពិសេសនឹងថ្ងៃបុណ្យដែលលើកតម្កើងព្រះអម្ចាស់ ព្រោះតាមរយៈថ្ងៃបុណ្យទាំងនោះ ព្រះសហគមន៍លើកតម្កើងគម្រោងការណ៍ដ៏អស្ចារ្យនៃការសង្រ្គោះរបស់យើងក្នុងអំឡុងពេលមួយឆ្នាំម្តង។ បន្ទាប់មក ត្រូវនាំគ្រីស្តបរិស័ទឱ្យចាប់អារម្មណ៍នឹងបុណ្យតាមរដូវធម្មតាប្រចាំឆ្នាំ ដែលមានអាទិភាពលើពិធីនឹករឭកដល់សន្តបុគ្គល។ ធ្វើដូច្នេះ ទើបគ្រីស្តបរិស័ទលើកតម្កើងគម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះបានសព្វគ្រប់យ៉ាងសមរម្យក្នុងអំឡុងពេលពេញមួយឆ្នាំ។
១០៩- រដូវអប់រំពិសេស ឬរដូវសែសិបថ្ងៃ
រដូវអប់រំពិសេសមានលក្ខណៈពីរយ៉ាង ទីមួយគឺ ព្រះសហគមន៍អញ្ជើញគ្រីស្តបរិស័ទកាន់តែខ្លាំងឡើងៗឱ្យស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឱ្យព្យាយាមអធិដ្ឋាន ដោយគេនាំគា្ននឹករឭកពេលគេទទួលអគ្គសញ្ញាជ្រមុជទឹក ឬអប់រំចំណូលថ្មីឱ្យត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក។ លក្ខណៈទីពីរគឺ ព្រះសហគមន៍រៀបចំចិត្តគំនិតគ្រីស្តបរិស័ទឱ្យលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង។ ត្រូវយកចិត្តទុកដាក់បង្ហាញលក្ខណៈទាំងពីរនោះឱ្យបានច្បាស់ ទាំងនៅពេលធ្វើពិធីគោរពប្រណិប័តន៍ក្តី ទាំងនៅពេលអប់រំជំនឿតាមពិធីគោរពប្រណិប័តន៍ក្តី។ ហេតុនេះហើយ៖
- ក. ក្នុងពិធីនានានៃរដូវអប់រំពិសេសនោះ ត្រូវយកកត្តាទាក់ទងនឹងអគ្គសញ្ញាជ្រមុជទឹកមកប្រើឱ្យបានច្រើន។ ប្រសិនបើមានប្រយោជន៍ គួរយកកត្តាខ្លះនៃពិធីអគ្គសញ្ញាជ្រមុជទឹកបញ្ជូនបន្តពីបុរាណមកឱ្យមានឡើងវិញ។
- ខ. អំពីការប្រែចិត្តគំនិតក៏ត្រូវគិតតាមរបៀបដដែល។ ចំពោះការអប់រំជំនឿ ត្រូវណែនាំគ្រីស្តបរិស័ទឱ្យនឹកគិតថា អំពើបាបបណ្តាលឱ្យមានផលអាក្រក់ដល់សង្គម។ នៅពេលជាមួយគ្នានេះ ត្រូវនាំឱ្យគេនឹកគិតអំពីលក្ខណៈផ្ទាល់នៃការប្រែចិត្តគំនិត គឺត្រូវស្អប់អំពើបាប ព្រោះជាអំពើខុសនឹងព្រះហឫទ័យព្រះជាម្ចាស់។ សូមកុំបំភ្លេចមុខនាទីរបស់ព្រះសហគមន៍ក្នុងការប្រែចិត្តគំនិត។ ត្រូវគូសសង្កត់លើពាក្យអង្វរព្រះជាម្ចាស់ឱ្យអស់អ្នកបាបផងដែរ។
១១០- គ្រីស្តបរិស័ទប្រែចិត្តគំនិតក្នុងរដូវអប់រំពិសេសមានន័យថា
គេមិនគ្រាន់តែប្រែនៅខាងក្នុងចិត្ត ឬដោយម្នាក់ឯងប៉ុណ្ណោះទេ តែគេក៏ត្រូវប្រែចិត្តគំនិតនៅខាងក្រៅដែរ ហើយនៅខាងរបៀបរស់នៅក្នុងសង្គមទៀត។ អភិបាលដែលកាន់អំណាចក្នុងតំបន់នីមួយៗតាមសេចក្តីចែងនៅមាត្រា ២២ ត្រូវជួយលើកស្ទួយ និងផ្តែផ្តំាឱ្យគ្រីស្តបរិស័ទប្រែចិត្តគំនិតយ៉ាងប្រាកដតាមសមត្ថភាពនៃសម័យយើង និងតាមសមត្ថភាពនៅក្នុងតំបន់នីមួយៗ ព្រមទាំងតាមជីវភាពគ្រីស្តបរិស័ទ។ ទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវតមអាហារក្នុងឱកាសបុណ្យចម្លង ចាត់ទុកជាកិច្ចដ៏សក្ការៈ គឺត្រូវតមអាហារនៅថ្ងៃសុក្រដែលព្រះអម្ចាស់រងទុក្ខលំបាក និងសោយទិវង្គត។ ត្រូវតមអាហារនៅគ្រប់ទីកន្លែងជាកំហិត ហើយប្រសិនគួរឱ្យធ្វើបាន ក៏ត្រូវតមអាហារថ្ងៃសៅរ៍ពិសិដ្ឋដែរ ដើម្បីឱ្យគ្រីស្តបរិស័ទមានចិត្តខ្ពង់ខ្ពស់ និងមានសេរីភាពក្នុងចិត្ត និងទៅដល់ថ្ងៃដែលព្រះអម្ចាស់មានព្រះជន្មថ្មីដ៏រុងរឿងយ៉ាងសែនរីករាយ។
១១១- ថ្ងៃគោរពសន្តបុគ្គល
ព្រះសហគមន៍តែងតែគោរពសន្តបុគ្គល ហើយក៏គោរពធាតុដ៏ពិតប្រាកដ និងរូបរបស់គេថែមទៀតដែរ តាមការបញ្ចូនបន្តពីបុរាណមក។ ថ្ងៃនឹករឭកគោរពសន្តបុគ្គលជាឱកាសប្រកាសអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ដែលព្រះអង្គបានប្រព្រឹត្តក្នុងអ្នកបម្រើរបស់ព្រះអង្គ ហើយក៏ជាឱកាសបង្ហាញគំរូឱ្យគ្រីស្តបរិស័ទយកតម្រាប់ធ្វើតាម។
ព្រះសហគមន៍ភូមិភាគនីមួយៗ ឬព្រះសហគមន៍ក្នុងប្រទេសមួយ ឬក្រុមគ្រួសារបព្វជិតបព្វជិតាដោយឡែក ត្រូវចាត់ចែងថ្ងៃគោរពមួយចំនួនដោយខ្លួនឯង ដើម្បីកុំឱ្យថ្ងៃគោរពសន្តបុគ្គលមានអាទិភាពលើថ្ងៃគោរពលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងប៉ុន្មាននៃការសង្រ្គោះ។ ព្រះសហគមន៍សកលត្រូវនឹករឭកគោរពតែសន្តបុគ្គលណាដែលមានសារៈសំខាន់សម្រាប់ព្រះសហគមន៍សកលប៉ុណ្ណោះ។
ជំពូក ៦
ភ្លេងដ៏សក្ការៈ
១១២- ភ្លេងដ៏សក្ការៈមានតម្លៃថ្លៃថ្នូរ
ព្រះសហគមន៍សកលមានប្រពៃណីដ៏យូរលង់អំពីភ្លេងដ៏សក្ការៈ ហើយបានប្រមូលបទភ្លេងជាច្រើនទុកជាទ្រព្យដ៏មានតម្លៃខ្ពង់ខ្ពស់បំផុត រកអ្វីមកប្រៀបផ្ទឹមពុំបាន ជាទ្រព្យប្រសើរជាងសិល្បៈឯទៀតៗទាំងអស់។ ការណ៍នេះមកពីភ្លេងដ៏សក្ការៈភ្ជាប់នឹងពាក្យសម្តី គឺជាផ្នែកដែលត្រូវការជាចាំបាច់ក្នុងពិធីគោរពប្រណិប័តន៍នានាដ៏ឱឡារិក ហើយក៏ពិតជាផ្នែកមួយក្នុងពិធីគោរពប្រណិប័តន៍ទាំងនោះ។ ពិតមែនហើយ ក្នុងព្រះគម្ពីរមានលើកតម្កើងបទចម្រៀងដ៏សក្ការៈ (អភ ៥,១៩; កូឡ ៣,១៦) គ្រូបាធ្យាយនៃព្រះសហគមន៍ និងអភិបាលព្រះសហគមន៍ក្រុងរ៉ូមជាច្រើននាក់ក៏បានលើកតម្កើងបទចម្រៀងដ៏សក្ការៈដែរ។ នៅសម័យថ្មីៗ អភិបាលព្រះសហគមន៍ក្រុងរ៉ូមបន្តពីសន្តៈពីយ៉ូសទី ១០ ក៏បានពន្យល់បញ្ជាក់យ៉ាងច្បាស់អំពីតួនាទីរបស់ភ្លេងដ៏សក្ការៈក្នុងពីធីគោរពបម្រើព្រះជាម្ចាស់ដែរ។
ហេតុនេះហើយ បានជាភ្លេងដ៏សក្ការៈកាន់តែរួមភ្ជាប់នឹងកិច្ចនៃពិធីគោរពប្រណិប័តន៍យ៉ាងណា ភ្លេងក៏កាន់តែវិសុទ្ធយ៉ាងនោះដែរ គឺភ្លេងនាំឱ្យរំភើបចិត្តក្នុងពេលអធិដ្ឋាន បណ្តោយឱ្យអ្នកចូលពិធីរួមគ្នាប្រមូលអារម្មណ៍ ឬផ្តល់ឱ្យពិធីដ៏សក្ការៈបានឧត្តុង្គឧត្តម។ ប៉ុន្តែព្រះសហគមន៍ទទួលស្គាល់សិល្បៈដ៏ពិតប្រាកដគ្រប់យ៉ាងឯទៀតៗ លុះត្រាតែសិល្បៈទាំងនោះមានគុណសម្បត្តិយ៉ាងសមរម្យ។ បើមានគុណសម្បត្តិដូច្នេះមែន ព្រះសហគមន៍ក៏បញ្ចូលសិល្បៈទាំងនោះក្នុងពិធីបុណ្យដែរ។
ហេតុនេះហើយ ដោយគោរពតាមបទបញ្ជា និងតាមសេចក្តីណែនាំនៃការបញ្ជូនបន្តមក ព្រមទាំងដោយគោរពវិន័យព្រះសហគមន៍ ហើយដោយយល់ឃើញថា ភ្លេងដ៏សក្ការៈមានគោលដៅលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងជួយឱ្យគ្រីស្តបរិស័ទបានវិសុទ្ធ មហាសន្និបាតដ៏វិសុទ្ធសម្រេចសេចក្តីដូចតទៅ៖
១១៣- ពិធីគោរពប្រណិប័តន៍យ៉ាងឱឡារិក
ពិធីគោរពប្រណិប័តន៍បានឱឡារិកឧត្តុង្គឧត្តមលុះត្រាតែមានបទចម្រៀង មានអភិបាល និងលោកគង្វាលធ្វើជាអធិបតី និងមានគ្រីស្តបរិស័ទចូលរួមយ៉ាងសកម្មផង។ ចំពោះភាសាដែលត្រូវប្រើនោះ ត្រូវអនុវត្តតាមបទបញ្ជាក់ចែងនៅមាត្រា ៣៦។ ចំពោះអភិបូជា ត្រូវអនុវត្តតាមបទបញ្ជាចែងនៅមាត្រា ៥៤។ ចំពោះអគ្គសញ្ញានានាត្រូវអនុវត្តតាមបទបញ្ជានៅមាត្រា ៦៣។ ចំពោះពិធីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់តាមពេលកំណត់ ត្រូវអនុវត្តតាមបទបញ្ជាក់ចែងនៅមាត្រា ១០១ វិញ។
១១៤- ត្រូវរក្សាទុកទ្រព្យដ៏មានតម្លៃរបស់ភ្លេងដ៏សក្ការៈ
ទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងថែទាំភ្លេងនោះឱ្យចម្រើនឡើង។ ត្រូវព្យាយាមយកចិត្តទុកដាក់ពង្រីកចំនួនក្រុមអ្នកច្រៀង ជាពិសេស នៅវិសាលវិហារ។ ប៉ុន្តែ លោកអភិបាល និងលោកគង្វាលឯទៀតៗត្រូវខ្នះខ្នែង និងប្រយ័ត្នថា ក្នុងគ្រប់ពិធីគោរពប្រណិប័តន៍ដែលមានបទចម្រៀង ត្រូវឱ្យអង្គប្រជុំរបស់គ្រីស្តបរិស័ទទាំងមូលអាចចូលរួមយ៉ាងសកម្មតាមផ្នែករបស់ខ្លួនផ្ទាល់ ស្របតាមសេចក្តីណែនាំចែងនៅមាត្រា ២៨ និង ៣០។
១១៥- ការអប់រំខាងភ្លេង
ក្នុងទេវវិទ្យាល័យ នៅគេហដ្ឋានអប់រំបព្វជិតបព្វជិតា ក្នុងគេហដ្ឋានសិក្សារបស់គេ និងក្នុងវិទ្យាស្ថានឯទៀតៗ ហើយនៅក្នុងសាលារៀនកាតូលិក ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងបង្ហាត់បង្រៀនភ្លេង ហើយបង្ហាត់ឱ្យចេះប្រើប្រាស់ភ្លេងថែមទៀត។ លោកគ្រូអ្នកគ្រូដែលទទួលបន្ទុកបង្រៀនភ្លេងដ៏សក្ការៈនោះ ត្រូវទទួលការហ្វឹកហ្វឺនដោយយកចិត្តទុកដាក់ជាមុនសិន។
មហាសន្និបាតផ្តែផ្តាំឱ្យបង្កើតវិទ្យាស្ថានដ៏ខ្ពង់ខ្ពស់ បង្រៀនភ្លេងដ៏សក្ការៈនៅកន្លែងណាដែលគួរបង្កើតនោះ។
ត្រូវអប់រំអ្នកនិពន្ធបទភ្លេង និងអ្នកច្រៀង ជាពិសេស ក្មេងៗឱ្យគេស្គាល់ពិធីគោរពប្រណិប័តន៍យ៉ាងត្រឹមត្រូវពិតប្រាកដ។
១១៦- បទភ្លេងតាមសន្តៈគ្រេហ្គ័រ និងពហុសូរស័ព្ទ
ព្រះសហគមន៍ទទួលស្គាល់ថា បទភ្លេងតាមសន្តៈគ្រេហ្គ័រពិតជាភ្លេងពិសេសផ្ទាល់នៃពិធីគោរពប្រណិប័តន៍តាមក្បួនពិធីព្រះសហគមន៍ក្រុងរ៉ូម។ ហេតុនេះហើយ បានជាក្នុងពិធីគោរពប្រណិប័តន៍នានា បទភ្លេងតាមសន្តៈគ្រេហ្គ័រមានអាទិភាពលើបទឯទៀតៗទាំងអស់ ទោះបីបទឯទៀតៗមានតម្លៃស្មើគ្នាក្តី។
ប៉ុន្តែ ត្រូវសុខចិត្តទទួលយកបទភ្លេងដ៏សក្ការៈបែបផ្សេងៗទៀត ជាពិសេស បទពហុសូរស័ព្ទឱ្យប្រើក្នុងពិធីលើកតម្កើងសិរីរុរឿងរបស់ព្រះជាម្ចាស់ លុះត្រាតែបទភ្លេង និងបទពហុសូរស័ព្ទទាំងនោះស៊ីចង្វាក់នឹងខ្លឹមសារនៃពិធីគោរពប្រណិប័តន៍ ស្របតាមមាត្រា ៣០។
១១៧- ការបោះពុម្ពសៀភៅនៃបទភ្លេងតាមសន្តៈគ្រេហ្គ័រ
ត្រូវបង្ហើយការបោះពុម្ពសៀវភៅគំរូនៃបទភ្លេងតាមសន្តៈគ្រេហ្គ័រឱ្យបានរួចរាល់។ លើសពីនេះទៅទៀត ត្រូវកែសម្រួលសៀវភៅទាំងប៉ុន្មានបោះពុម្ពក្រោយពីសន្តៈពីយ៉ូសទី ១០ កែទម្រង់ក្បួនពិធីគោរពប្រណិប័តន៍ រួចសូមបោះពុម្ពសាជាថ្មី។
គួរបោះពុម្ពសៀវភៅមួយផ្សេងទៀត មានបទភ្លេងដែលមានភាពងាយស្រួលជាង ឱ្យគេអាចប្រើនៅព្រះវិហារតូចៗបាន។
១១៨- បទភ្លេងសាសនាជាប្រជាប្រិយ
គួរលើកស្ទួយបទភ្លេងសាសនាជាប្រជាប្រិយ ក្នុងពិធីគោរពប្រណិប័តន៍តាមប្រជាប្រពៃណី និងក្នុងពិធីដ៏សក្ការៈ ហើយក្នុងពិធីគោរពប្រណិប័តន៍ថែមទៀត ស្របតាមសេចក្តីណែនាំ និងបទបញ្ជាក់។ ធ្វើដូច្នេះ ទើបគ្រីស្តបរិស័ទអាចបន្លឺសំឡេងឡើងបាន។
១១៩- ភ្លេងដ៏សក្ការៈក្នុងដែនដីដែលមនុស្សជាច្រើនមិនស្គាល់ព្រះគ្រីស្ត
តាមតំបន់ខ្លះ ជាពិសេស នៅដែនដីដែលមនុស្សជាច្រើនមិនស្គាល់ព្រះគ្រីស្ត ជួនកាលប្រជាជនធ្លាប់មានបទតាមប្រពៃណីភ្លេងផ្ទាល់របស់គេ។ ភ្លេងទាំងនោះក៏មានសារៈសំខាន់ក្នុងសាសនា និងក្នុងសង្គមរបស់គេថែមទៀត។ ហេតុនេះហើយ ត្រូវយកចិត្តទុកដាក់គោរពភ្លេងរបស់គេទុកជាមានតម្លៃ និងយកមកប្រើនៅពេលអប់រំចិត្តគំនិតគេខាងសាសនាផង និងនៅពេលកែសម្រួលពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់ផង ឱ្យបានសម្របទៅតាមទេពកោសល្យជាតិរបស់គេ ស្របតាមគោលគំនិតនៃមាត្រា ៣៩ និង ៤០។
ហេតុនេះ ពេលហ្វឹកហ្វឺនសាសនទូតអំពីភ្លេង ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងឱ្យគេមានលទ្ធភាពអាចគាំទ្រភ្លេងប្រជាប្រិយតាមប្រពៃណីប្រជាជនទាំងនោះទាំងនៅសាលារៀន ទាំងនៅក្នុងពិធីគោរពប្រណិប័តន៍ ប្រសិនបើអាចធ្វើបាន។
១២០- អ័គ្ហ និងគ្រឿងតូរ្យតន្ត្រី
ព្រះសហគមន៍ដែលគោរពបម្រើព្រះជាម្ចាស់ តាមរបៀបរបបឡាតាំងត្រូវគោរពយ៉ាងខ្លាំងនូវអ័គ្ហ ដែលមានបំពង់ទុកជាគ្រឿងតូរ្យតន្រី្តមួយដ៏ប្រសើរជាងគេតាមប្រពៃណីព្រះសហគមន៍នោះ។ សូរសំឡេងអ័គ្ហនោះអាចជួយឱ្យពិធីនានាបានរុងរឿងគួរឱ្យសរសើរ ហើយក៏អាចជួយតម្រង់ចិត្តគំនិតគ្រីស្តបរិស័ទយ៉ាងខ្លាំងទៅកាន់ព្រះជាម្ចាស់ និងទៅកាន់ស្ថានបរមសុខ។ មានសិទ្ធិអនុញ្ញាតឱ្យប្រើគ្រឿងតូរ្យតន្ត្រីឯទៀតៗក្នុងកិច្ចគោរពបម្រើព្រះជាម្ចាស់បាន តាមតែគ្រឿងតូរ្យតន្ត្រីទាំងនោះសមរម្យនឹងពិធី ហើយសមនឹងសេចក្តីថ្លៃថ្នូរនៃព្រះវិហារ។ នៅពេលក្រោយ គ្រឿងតូរ្យតន្ត្រីទាំងនោះមុខជានឹងទៅជាគ្រឿងដ៏សក្ការៈ និងអាចជួយកសាងចិត្តគំនិតគ្រីស្តបរិស័ទបានទៀត។ គ្រឿងតូរ្យតន្ត្រីអាចប្រើបានតាមការយល់ឃើញ និងការអនុញ្ញាតរបស់លោកអភិបាលដែលមានអំណាចក្នុងតំបន់ស្របតាមមាត្រា ២២ ហើយ ៣៧ និង ៤០។
១២១- បេសកកម្មរបស់អ្នកនិពន្ធបទភ្លេង
អ្នកនិពន្ធបទភ្លេងប្រកបដោយគោលគំនិតជាគ្រីស្តបរិស័ទសុទ្ធសាធត្រូវយល់ឃើញថា ព្រះជាម្ចាស់ត្រាស់ហៅគេឱ្យរក្សាភ្លេងដ៏សក្ការៈ និងធ្វើឱ្យទ្រព្យដ៏មានតម្លៃនៃភ្លេងដ៏សក្ការៈនោះចម្រើនឡើង។ អ្នកនិពន្ធទាំងនោះត្រូវតែងសាច់ភ្លេងដែលមានលក្ខណៈជាភ្លេងដ៏សក្ការៈយ៉ាងពិតប្រាកដ។ ត្រូវតែងសាច់ភ្លេងក្នុងគោលបំណងមិនគ្រាន់តែឱ្យក្រុមធំៗអាចច្រៀងបានប៉ុណ្ណោះទេ តែឱ្យក្រុមតូចៗក៏អាចច្រៀងបានដែរ និងជួយអង្គប្រជុំគ្រីស្តបរិស័ទទាំងមូលឱ្យចូលរួមច្រៀងយ៉ាងសកម្ម។
អត្ថន័យបទចម្រៀងត្រូវស្របតាមលទ្ធិកាតូលិក ហើយត្រូវចូលចិត្តជ្រើសរើសយកសេចក្តីចេញពីព្រះគម្ពីរ ឬពីប្រភពនៃពិធីគោរពប្រណិប័តន៍ឯទៀតៗផង។
ជំពូក ៧
សិល្បៈដ៏សក្ការៈ និងសម្ភារៈប្រើប្រាស់ក្នុងកិច្ចគោរពបម្រើព្រះជាម្ចាស់
១២២- កិត្តិយសដ៏ថ្លៃថ្នូរនៃសិល្បៈសក្ការៈ
ក្នុងចំណោមសកម្មភាពដ៏ល្អប្រសើរជាងគេនៃប្រាជ្ញារបស់មនុស្សលោកត្រូវរាប់បញ្ចូលយ៉ាងត្រឹមត្រូវនូវវិចិត្រ សិល្បៈនានា ជាពិសេស សិល្បៈខាងសាសនា។ សិល្បៈដ៏សក្ការៈក៏ជាកំពូលនៃសិល្បៈខាងសាសនាទាំងនោះ។ លក្ខណៈពិសេសនៃសិល្បៈដ៏សក្ការៈនេះ មានគោលដៅសម្តែងនូវសោភ័ណភាពដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់ តាមស្នាដៃរបស់សិល្បៈករ សិល្បការិនី។ សិល្បៈករ សិល្បការិនីដ៏សក្ការៈទាំងនោះ បូជាកម្លាំងកាយកម្លាំងចិត្តលើកតម្កើង កោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ ដោយគេមានគោលបំណងតែមួយ គឺជួយតម្រង់ចិត្តគំនិតរបស់មនុស្សទៅរកព្រះជាម្ចាស់តាមតែគេអាចធ្វើបាន។
ហេតុនេះហើយ បានជាព្រះសហគមន៍ជាព្រះមាតាដ៏ជាទីគោរព បានរាប់អានវិចិត្រសិល្បៈជានិច្ច និងសូមឱ្យវិចិត្រសិល្បៈករសិល្បការិនីជួយបម្រើជានិច្ច ជាពិសេស សូមឱ្យគេឆ្នៃសម្ភារៈទាំងប៉ុន្មានដែលប្រើប្រាស់នៅពេលគោរពបម្រើព្រះជាម្ចាស់ឱ្យបានសមរម្យ ថ្លៃថ្នូរ និងល្អស្អាត ដើម្បីជាសញ្ញា និងជានិមិត្តរូបបង្ហាញអំពីអ្វីៗនៃលោកខាងមុខ។ ព្រះសហគមន៍ក៏មិនដែលឈប់អប់រំហ្វឹកហ្វឺនសិល្បករ សិល្បការិនីតាមបច្ចេកទេសរបស់គេ។ លើសពីនេះទៅទៀត ព្រះសហគមន៍ក៏ចាត់ខ្លួនទុកជាអ្នកមានសិទិ្ធវិនិច្ឆ័យស្នាដៃវិចិត្រសិល្បៈដោយបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមស្នាដៃនៃវិចិត្រសិល្បៈទាំងនោះ ស្នាដៃណាសមស្របតាមជំនឿ និងសមស្របតាមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ហើយសមស្របតាមច្បាប់វិន័យប្រពៃណីនៃសាសនា ដែលអាចប្រើក្នុងពិធីគោរពបម្រើព្រះជាម្ចាស់បាន។
ព្រះសហគមន៍បានយកចិត្តទុកដាក់យ៉ាងពិសេស ឱ្យសម្ភារៈដ៏សក្ការៈបានសមរម្យ និងមានសោភ័ណភាពដើម្បីជួយលើកពិធីគោរពបម្រើព្រះជាម្ចាស់បានរុងរឿងឧត្តុង្គឧត្តម។ ប៉ុន្តែ ព្រះសហគមន៍ក៏ទទួលស្គាល់ថា ទាំងគ្រឿងប្រឌិតសម្ភារៈ ទាំងសម្ភារៈ ទាំងរបៀបសម្អាតតុបតែងផ្ទះចេះតែផ្លាស់ប្តូរជានិច្ច តាមការអភិវឌ្ឍន៍នៃបច្ចេកទេសតាមសម័យនីមួយៗ។
ហេតុនេះហើយ បានជាអស់លោកអភិបាលដែលប្រជុំគ្នាក្នុងមហាសន្និបាត បានសម្រេចសេចក្តីអំពីរឿងទាំងនោះដូចតទៅ៖
១២៣- អំពីរចនាបទសិល្បៈ
ព្រះសហគមន៍មិនដែលចាត់ទុករចនាបទសិល្បៈតែមួយ ជាសិល្បៈរបស់ព្រះសហគមន៍ផ្ទាល់ទេ ផ្ទុយទៅវិញ ព្រះសហគមន៍ទទួលស្គាល់របៀបផ្សេងៗនៃសិល្បៈតាមសម័យនីមួយៗ ត្រូវតាមទេពកោសល្យ និងតាមសភាពការណ៍ប្រជាជននីមួយៗ ព្រមទាំងតាមតម្រូវការនៃរបៀបរបបពិធីគោរពប្រណិប័តន៍ផ្សេងៗទៀត។ ព្រះសហគមន៍រាប់ថា សិល្បករ សិល្បការិនីបានបង្កើតកំណប់សិល្បៈដ៏ថ្លៃថ្នូរតាមដំណើរនៃប្រវត្តិសាស្រ្តតរៀងមក ជាទ្រព្យដ៏មានតម្លៃដែលមនុស្សត្រូវរក្សាទុក ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងជាទីបំផុត។ សូមឱ្យវិចិត្រសិល្បករ សិល្បការិនីនាសម័យយើងនេះ ហើយវិចិត្រសិល្បករ សិល្បការិនីប្រជាជាតិ និងប្រជាជនទាំងឡាយមានសិទ្ធិសេរីភាពអាចប្រើសិល្បៈរបស់ខ្លួនបានក្នុងព្រះសហគមន៍ដែរ។ ក៏ប៉ុន្តែ ត្រូវជួយតុបតែងព្រះវិហារ និងជួយពិធីដ៏សក្ការៈទាំងឡាយដោយសេចក្តីគោរព និងមានកិត្តិយស។ ធ្វើដូច្នេះ វិចិត្រសិល្បៈប្រជាជាតិ និងប្រជាជនទាំងឡាយនៅសម័យឥឡូវ ក៏មុខជាមានលទ្ធភាពអាចចូលរួមសំឡេងក្នុងក្រុមដ៏ប្រសើរឧត្តុង្គឧត្តម ដែលលើកតម្កើងសិរីរុរឿងរបស់ព្រះជាម្ចាស់ រួមជាមួយសិល្បករ សិល្បការរីនីដែលបានលើកតម្កើងជំនឿកាតូលិកតាមសតវត្សរ៍នានាកន្លងមក។
១២៤- អស់លោកអភិបាលភូមិភាគ
ត្រូវយកចិត្តទុកដាក់គាំទ្រ និងលើកស្ទួយសិល្បៈឱ្យទៅជាសក្ការៈយ៉ាងប្រាកដប្រជា។ សូមអស់លោកយល់ដល់សោភ័ណភាពដ៏ថ្លៃថ្នូរ ជាជាងនឹកដល់សេចក្តីអធិកអធមតាមអំនួតលោកីយ៍។ ចំពោះសម្លៀកបំពាក់សម្រាប់ពិធីគោរពបម្រើព្រះជាម្ចាស់ក៏ត្រូវគិតដូច្នេះដែរ។
អស់លោកអភិបាលត្រូវយកចិត្តទុកដាក់យកស្នាដៃសិល្បៈខ្លះចេញពីព្រះវិហារ និងពីកន្លែងដ៏សក្ការៈឯទៀតៗ គឺស្នាដៃសិល្បៈដែលផ្ទុយនឹងជំនឿ ផ្ទុយនឹងសីលធម៌ ផ្ទុយនឹងការគោរពថ្វាយបង្គំព្រះជាម្ចាស់ ស្នាដៃសិល្បៈដែលពិតជាប្រឆាំងនឹងចិត្តគំនិតនៃសាសនា ដោយមានរូបអបាយមុខដ៏ថោកទាបដោយខ្វះទេពកោសល្យ ឬជាស្នាដៃសិល្បៈក្លែងក្លាយ ឬភូតភរកុហក។
ពេលសាងសងព្រះវិហារត្រូវយកចិត្តទុកដាក់យ៉ាងប្រាកដប្រជាឱ្យអគារទាំងនោះស្រួលនឹងធ្វើពិធីគោរពប្រណិប័តន៍នានា និងជួយឱ្យគ្រីស្តបរិស័ទងាយស្រួលចូលរួមយ៉ាងសកម្មក្នុងពិធីទាំងនោះផង។
១២៥- រូបភាពដ៏សក្ការៈ
ត្រូវរក្សាទុកទំនៀមទម្លាប់ដាក់រូបភាព និងរូបដិមាក្នុងព្រះវិហារជូនឱ្យគ្រីស្តបរិស័ទអាចគោរពបាន។ ប៉ុន្តែ ត្រូវតាំងរូបភាពតែចំនួនតិចទេ និងត្រូវចាត់ចែងយ៉ាងសមរម្យកុំឱ្យប្រជាជនគ្រីស្តបរិស័ទនឹកឆ្ងល់ និងបណ្តាលឱ្យគេភ័ន្តច្រឡំគោរពរូបបដិមាតាមរបៀបមិនត្រឹមត្រូវ។
១២៦- អស់លោកអភិបាល
ត្រូវស្តាប់យោបល់គណៈកម្មាធិការសិល្បៈប្រចាំភូមិភាគ ដើម្បីជួយវិនិច្ឆ័យស្នាដៃសិល្បៈ។ ប្រសិនបើត្រូវការ អស់លោកក៏ត្រូវសួរយោបល់អ្នកជំនាញការពិសេស និងសួរយោបល់គណៈកម្មាធិការផ្សេងៗដែលមានចែងទុកនៅមាត្រា ៤៤,៤៥ និង ៤៦ ។ លោកអភិបាលត្រូវយកចិត្តទុកដាក់កុំឱ្យគេលួចប្លន់ ឬបង្ខូចគ្រឿងដ៏សក្ការៈទាំងប៉ុន្មាន និងស្នាដៃសិល្បៈដែលមានតម្លៃ ពីព្រោះជាគ្រឿងតុបតែងសម្អាតព្រះដំណាក់របស់ព្រះជាម្ចាស់។
១២៧- ការអប់រំហ្វឹកហ្វឺនសិល្បករ សិល្បការិនី
លោកអភិបាលត្រូវយកចិត្តទុកដាក់ធ្វើឱ្យខ្លឹមសារនៃសិល្បៈដ៏សក្ការៈ និងខ្លឹមសារនៃពិធីគោរពប្រណិប័តន៍ជ្រួតជ្រាបចិត្តគំនិតរបស់សិល្បករ សិល្បការរិនី។ អស់លោកអភិបាលអាចធ្វើការនេះដោយខ្លួនលោកផ្ទាល់ ឬតាមរយៈបូជាចារ្យ (អាចារ្យ) ដែលមានទេពកោសល្យ មានសមត្ថភាព និងស្រឡាញ់សិល្បៈ។
លើសពីនេះទៅទៀត មហាសន្និបាតផ្តែផ្តាំឱ្យបង្កើតសាលារៀន និងវិទ្យាស្ថានសម្រាប់ហ្វឹកហ្វឺនសិល្បករ សិល្បការិនីអំពីសិល្បៈដ៏សក្ការៈនៅកន្លែងដែលអស់លោកយល់ឃើញថា គួរឱ្យមាន។
សិល្បករ សិល្បការិនីទាំងប៉ុន្មានដែលមានទេពកោសល្យ ហើយដែលមានបំណងប្រាថ្នាបម្រើសិរីរុងរឿងរបស់ព្រះជាម្ចាស់ក្នុងព្រះសហគមន៍ដ៏វិសុទ្ធត្រូវនឹកចងចាំជានិច្ចថា គេត្រូវតែយកតម្រាប់តាមព្រះរាជកិច្ចរបស់ព្រះជាម្ចាស់ដែលប្រតិស្ឋានពិភពលោក គឺគេបង្កើតស្នាដៃសម្រាប់គោរពបម្រើព្រះជាម្ចាស់តាមព្រះសហគមន៍កាតូលិក។ ស្នាដៃទាំងនោះមានគោលដៅជួយកសាងគ្រីស្តបរិស័ទឱ្យចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងអប់រំជំនឿគេ។
១២៨- ត្រូវកែសម្រួលច្បាប់ស្តីអំពីសិល្បៈដ៏សក្ការៈ
ត្រូវកែសម្រួលមាត្រា និងលក្ខន្តិកៈនៃក្បួនច្បាប់ទូទៅរបស់ព្រះសហគមន៍ នៅពេលឆាប់ៗខាងមុខនេះ គឺនៅពេលកែសម្រួលសៀវភៅក្បួនពិធីគោរពប្រណិប័តន៍ស្របតាមមាត្រា ២៥ គឺត្រូវកែសម្រួលច្បាប់វិន័យអំពីអ្វីៗដែលទាក់ទិននឹងការគោរពបម្រើព្រះជាម្ចាស់ ជាពិសេស មានវិន័យច្បាប់អំពី៖
- របៀបសាងសង់ព្រះវិហារយ៉ាងសមរម្យ និងងាយស្រួលធ្វើពិធី
- រូបភាព និងការកសាងតុសក្ការៈ
- រូបភាពនៃព្រះពន្លាដាក់នំប្រសិទ្ធិក្នុងពិធីអរព្រះគុណឱ្យបានថ្កុំថ្កើង និងមានសុវត្តិភាព
- កន្លែងអាងទឹកធ្វើអគ្គសញ្ញាជ្រមុជទឹកឱ្យងាយស្រួល និងថ្លៃថ្នូរ
- កន្លែងដាក់រូបភាព និងរូបបដិមាឱ្យបានសមរម្យ
- ការរចនា និងតុបតែងព្រះវិហារ។
ត្រូវកែច្បាប់វិន័យណាដែលមិនសូវសមនឹងធម្មនុញ្ញស្តីអំពីការកែសម្រួលពិធីគោរពបម្រើព្រះជាម្ចាស់ជាទូទៅ ឬត្រូវលុបចោលតែម្តង។ រីឯច្បាប់វិន័យដែលជួយកែសម្រួលនេះត្រូវរក្សាទុក ឬត្រូវបង្កើតច្បាប់វិន័យថ្មីបន្ថែម។
ក្នុងករណីនេះ ជាពិសេស ក្នុងរឿងច្បាប់វិន័យស្តីអំពីរូបភាព និងវត្ថុធាតុដើមធ្វើគ្រឿងសង្ហារិម និងធ្វើសម្លៀកបំពាក់ដ៏សក្ការៈ ក្រុមអភិបាលតាមតំបន់នីមួយៗ មានសិទ្ធិសេរីភាពកែសម្រួលស្របតាមតម្រូវការ និងតាមទំនៀមទម្លាប់តំបន់តាមសេចក្តីណែនាំក្នុងមាត្រា ២២។
១២៩- ការអប់រំអស់លោកដែលទទួលអគ្គសញ្ញាតែងតាំង
ពេលអស់លោកដែលនឹងទទួលអគ្គសញ្ញាតែងតាំងនៅពេលខាងមុខ ហើយកំពុងរៀនទស្សនវិជ្ជា និងទេវវិជ្ជាក៏ត្រូវរៀនអំពីប្រវត្តិនិងអំពីការអភិវឌ្ឍន៍នៃសិល្បៈសក្ការៈដែរ។ គេក៏ត្រូវរៀនអំពីគោលការណ៍ណែនាំដ៏ត្រឹមត្រូវសម្រាប់បង្កើតស្នាដៃសិល្បៈនោះទៀតផង។ គេត្រូវចេះវាយតម្លៃនៃវិមានគួរឱ្យគោរពរបស់ព្រះសហគមន៍ និងរក្សាទុក ព្រមទាំងឱ្យមានសមត្ថភាពអាចផ្តល់ពាក្យទូន្មានដល់សិល្បករ សិល្បការិនីដែលកំពុងបង្កើតស្នាដៃរបស់ខ្លួន។
១៣០- គ្រឿងឥស្សរយសរបស់អភិបាល
មានតែអស់លោកដែលបានទទួលអគ្គសញ្ញាតែងតាំងជាអភិបាល ឬអ្នកទទួលការគ្រប់គ្រងដោយឡែកក្នុងព្រះសហគមន៍ប៉ុណ្ណោះ ដែលមានសិទ្ធិពាក់គ្រឿងឥស្សរយសជាអភិបាល។
អស់លោកអភិបាលដែលចូលរួមក្នុងមហាសន្និបាតពេញចិត្តនឹងធម្មនុញ្ញទាំងមូលខាងលើនេះ ព្រមទាំងគោលការណ៍នីមួយៗនៃធម្មនុញ្ញគោលលទ្ធិនេះផងដែរ។ រីឯយើងវិញ គឺស្របតាមអំណាចជាគ្រីស្តទូតដែលព្រះគ្រីស្តបានប្រគល់ឱ្យរួមជាមួយអស់លោកអភិបាល ដោយមានព្រះវិញ្ញាណចូលរួមជាមួយផងនោះ យើងក៏យល់ព្រមសម្រេចនឹងចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឱ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តសិលា ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៦៣
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក។
(ហត្ថលេខារបស់លោកអភិបាល)