- បេសកកម្មសាសនទូត
Ad Gentes - ក្រុមលោកគង្វាល
Presbyterorum Ordinis - បេសកកម្មគ្រីស្តបរិស័ទធម្មតា
Apostolicam Actuositatem - ការប្រែប្រួលរបស់ព្រះសហគមន៍
Optatam Totius Ecclesiae - សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ
Perfectae Caritatis - ព្រះគ្រីស្តជាអម្ចាស់
Christus Dominus - គ្រីស្តបរិស័ទត្រូវរួបរួមគ្នាជាធ្លុងតែមួយ
Unitatis Redintegratio - ព្រះសហគមន៍នៅបូព៌ាប្រទេស
Orientalium Ecclesiarum - ក្នុងចំណាមការអស្ចារ្យ
Inter Mirifica
សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ
PERFECTAE CARITATIS
ខ្ញុំ ប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសសេចក្តីនេះ ដើម្បីឱ្យគេនឹកចងចាំរហូតតរៀងទៅ។
សេចក្តីប្រកាស
អំពីការកែសម្រួលការរស់នៅរបស់បព្វជិតបព្វជិតា
តាមរបៀបថ្មីសមស្របតាមសម័យបច្ចុប្បន្ន
១- បុព្វកថា
ក្នុងធម្មនុញ្ញគោលលទ្ធិក្រោមចំណងជើងថា “ព្រះសហគមន៍ជាពន្លឺបំភ្លឺពិភពលោក” មហាសន្និបាតបានបង្ហាញថា ការស្វះស្វែងរកសេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ ដោយប្រព្រឹត្តតាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អហូរចេញមកពីលទ្ធិ និងពីគំរូរបស់ព្រះគ្រីស្តជាព្រះបរមគ្រូ ហើយពិតជាសញ្ញាសម្គាល់ដ៏ប្រសើរសម្តែងយ៉ាងជាក់ច្បាស់អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ ឥឡូវនេះ មហាសន្និបាតមានបំណងចង់ចែងអំពីការរស់នៅ និងអំពីវិន័យរបស់គ្រឹះសា្ថនទាំងប៉ុន្មានដែលមានសមាជិកធ្វើពិធីសច្ចាប្រណិធានថា នឹងរស់នៅជាព្រហ្មចារី ជាអ្នកក្រីក្រ និងជាអ្នកស្តាប់បង្គាប់មេដឹកនាំ។ ធ្វើដូច្នេះ មហាសន្និបាតនឹងជួយផ្គត់ផ្គង់តាមតម្រូវការរបស់គេស្របតាមសម័យបច្ចុប្បន្នទាមទារនោះ។
តាំងពីដើមដំបូងនៃព្រះសហគមន៍រៀងមកមានបុរស និងស្រ្តីខ្លះមានបំណងចង់តាមព្រះគ្រីស្តដោយមានសេរីភាពជាងគ្រីស្តបរិស័ទឯទៀតៗ និងយកតម្រាប់តាមព្រះអង្គយ៉ាងស្ម័គ្រស្មោះជាង ដោយប្រតិបត្តិតាមដំបូន្មានរបស់ព្រះគ្រីស្តដែលចែងក្នុងគម្ពីរដំណឹងល្អ គឺម្នាក់ៗបានញែកខ្លួនថ្វាយព្រះជាម្ចាស់តាមរបៀបរៀងៗខ្លួន។ ក្នុងចំណោមអ្នកទាំងនោះ ដោយព្រះវិញ្ញាណដ៏វិសុទ្ធជំរុញគេ មានគ្រីស្តបរិស័ទមួយចំនួនធំបានរស់នៅម្នាក់ឯង អ្នកខ្លះទៀតបង្កើតក្រុមគ្រួសារបព្វជិតបព្វជិតា។ ព្រះសហគមន៍ទទួលស្គាល់ក្រុមគ្រួសារទាំងនោះដោយរីករាយ និងយកអំណាចរបស់ខ្លួនមកធានារ៉ាប់រងទៀតផង។ តាំងពីពេលនោះមក ចំនួនក្រុមបព្វជិតបព្វជិតាប្លែកៗពីគ្នាមានកាន់តែច្រើនឡើងៗយ៉ាងអស្ចារ្យ តាមព្រះជាម្ចាស់គ្រោងទុកស្រាប់។ ក្រុមបព្វជិតទាំងនោះជួយព្រះសហគមន៍យ៉ាងសកម្ម មិនគ្រាន់តែឱ្យអាចប្រព្រឹត្តអំពើល្អគ្រប់យ៉ាង (២ធម ៣,១៧) និងឱ្យប្រុងប្រៀបបំពេញមុខងារបម្រើរបស់ខ្លួន ដើម្បីកសាងព្រះកាយព្រះគ្រីស្តប៉ុណ្ណោះទេ (អភ ៤,៣២) តែក្រុមទាំងនោះក៏ជួយឱ្យព្រះសហគមន៍បញ្ចេញសោភ័ណភាពតាមព្រះអំណោយទានផ្សេងៗនៃបុត្រធីតាបស់ខ្លួន ដូចព្រះមហេសីដែលតែងខ្លួនថ្វាយព្រះស្វាមី (វវ ២១,២) ថែមទៀតផង។ ដូច្នេះ ព្រះសហគមន៍អាចសម្តែងព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់បាន (អភ ៣,១០)។
អស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យប្រតិបត្តិតាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ និងដែលសច្ចាប្រណិធានកាន់តាមយ៉ាងស្មោះ ក៏សម្តែងព្រះអំណោយទានម្យ៉ាងក្នុងចំណោមព្រះអំណោយទានទាំងនោះ គឺពួកគាត់ថ្វាយខ្លួនទៅព្រះអម្ចាស់យ៉ាងពិសេស សុខចិត្តដើរតាមគំរូព្រះគ្រីស្តដែលរស់នៅជាព្រហ្មចារី និងជាអ្នកក្រីក្រ (មថ ៨,២០; លក ៩,៥៨)។ ព្រះអង្គក៏ធ្វើតាមព្រះបញ្ជាព្រះបិតារហូតដល់បូជាព្រះជន្មនៅលើឈើឆ្កាង (ភីល ២,៨) ទ្រង់បានរំដោះមនុស្សលោក និងប្រោសឱ្យគេបានវិសុទ្ធទៀតផង។ ព្រះវិញ្ញាណដ៏វិសុទ្ធចាក់បង្ហូរសេចក្តីស្រឡាញ់ក្នុងចិត្តគាត់ (រម ៥,៥) ហើយសេចក្តីស្រឡាញ់នោះជំរុញពួកគាត់ឱ្យរស់នៅតាមមាគ៌ានេះ។ គាត់រស់នៅដោយថ្វាយខ្លួនទៅព្រះគ្រីស្តឱ្យកាន់តែខ្លាំងឡើងៗ និងដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍ដែលជាព្រះកាយព្រះអង្គ (កូឡូ ១,២៤)។ ហេតុនេះហើយ បានជាគាត់រួមរស់ជាមួយព្រះគ្រីស្តដោយថ្វាយខ្លួនក្នុងគ្រប់វិស័យនៃការរស់នៅរបស់គេឱ្យកាន់តែជ្រាលជ្រៅឡើងៗយ៉ាងណា ព្រះសហគមន៍ក៏មានជីវិតរស់រវើក ហើយអាចបំពេញបេសកកម្មរបស់ខ្លួនទាំងបង្កើតផលកាន់តែប្រសើរ និងច្រើនឡើងយ៉ាងនោះដែរ។
មហាសន្និបាតចាត់ចែងសេចក្តីដូចខាងក្រោមនេះ ដើម្បីឱ្យព្រះសហគមន៍នាបច្ចុប្បន្នទាញយកផលឱ្យកាន់តែច្រើនពីការរស់នៅដ៏ប្រសើររបស់បព្វជិតបព្វជិតា ដែលសច្ចាប្រណិធានកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អនោះ។ ព្រះសហគមន៍ពិតជាត្រូវការបព្វជិតបព្វជិតា។ សេចក្តីខាងក្រោមនេះគ្រាន់តែជាគោលការណ៍ទូទៅសម្រាប់កែសម្រួលការរស់នៅ និងវិន័យគ្រឹះស្ថានរបស់បព្វជិតបព្វជិតាឱ្យបានជាថ្មីប៉ុណ្ណោះ។ គោលការណ៍ទូទៅទាំងនោះក៏ត្រូវយកមកកែសម្រួលដល់ការរស់នៅរបស់ក្រុមអ្នកដែលរស់នៅជាមួយគ្នាដោយមិនធ្វើពិធីសច្ចាប្រណិធានដែរ ព្រមទាំងរបស់ក្រុមគ្រីស្តបរិស័ទដែលរស់នៅក្នុងសង្គម ស្របតាមលក្ខណៈរបស់ក្រុមនីមួយៗនោះដែរ។ ក្រោយពេលមហាសន្និបាតនេះចប់ទៅហើយ អាជ្ញាធរព្រះសហគមន៍ដែលមានសមត្ថកិច្ចត្រូវចាត់ចែងសេចក្តីណែនាំផ្សេងៗ ដោយឡែក ដើម្បីបព្វជិតបព្វជិតាអនុវត្តតាមគោលការណ៍ទូទៅទាំងនោះយ៉ាងប្រាកដប្រជា។
២- គោលការណ៍ទូទៅសម្រាប់កែសម្រួលឱ្យបានជាថ្មីស្របតាមបច្ចុប្បន្ន
នៅពេលកែសម្រួលការរស់នៅរបស់បព្វជិតបព្វជិតាឱ្យបានជាថ្មី ស្របតាមបច្ចុប្បន្នកាល ម្យ៉ាងត្រូវនឹកគិតជានិច្ចដល់ប្រភពនៃការរស់នៅជាគ្រីស្តបរិស័ទទូទៅ ហើយក៏ត្រូវនឹកគិតដល់គោលគំនិតអ្នកបង្កើតគ្រឹះស្ថានបព្វជិតបព្វជិតាទាំងនោះដែរ។ ម្យ៉ាងទៀត ត្រូវគិតគូរធ្វើឱ្យគ្រឹះស្ថានបព្វជិតបព្វជិតាទាំងនោះបានស្របតាមសភាពការណ៍ថ្មីៗរបស់មនុស្សរស់នៅនាបច្ចុប្បន្នកាល។ ត្រូវកែសម្រួលការរស់នៅជាបព្វជិតបព្វជិតាដោយព្រះវិញ្ញាណដ៏វិសុទ្ធជំរុញឱ្យកែសម្រួលផង និងដោយមានព្រះសហគមន៍ណែនាំផង តាមគោលការណ៍ដូចតទៅ៖
ក- បព្វជិតបព្វជិតាត្រូវកាន់តាមគោលការណ៍តែមួយដ៏សំខាន់បំផុត គឺដើរតាមព្រះគ្រីស្តស្របតាមសេចក្តីបង្រៀនចែងក្នុងគម្ពីរដំណឹងល្អ។ គ្រឹះស្ថានបព្វជិតបព្វជិតាទាំងអស់ត្រូវចាត់គោលការណ៍នេះទុកជាគោលដ៏សំខាន់ជាងគេបំផុត។
ខ- គ្រឹះស្ថានបព្វជិតបព្វជិតាមានលក្ខណៈ និងមានមុខនាទីដោយឡែករៀងៗខ្លួន ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍។ ហេតុនេះហើយ បានជានៅពេលកែសម្រួលត្រូវលាតត្រដាងគោលគំនិតអ្នកបង្កើតគ្រឹះស្ថានឱ្យបានជាក់ច្បាស់ និងត្រូវកាន់តាមគោលគំនិតគាត់ដោយចិត្តស្មោះ ត្រូវយល់អំពីបំណងប្រាថ្នាពិសេសរបស់អ្នកបង្កើតនោះ និងកាន់តាមប្រពៃណីដ៏វិសុទ្ធដែលជាបេតិកភ័ណ្ឌរបស់ក្រុមគ្រួសារនីមួយៗ។
គ- គ្រឹះស្ថានបព្វជិតបព្វជិតាទាំងអស់ត្រូវរួបរួមក្នុងការរស់នៅរបស់ព្រះសហគមន៍យ៉ាងជិតស្និទ្ធ គឺត្រូវយកចិត្តទុកដាក់ទទួលយក និងគាំទ្រគោលបំណង និងសេចក្តីដែលព្រះសហគមន៍សម្រេចនឹងធ្វើដោយអស់ពីសមត្ថភាពក្នុងវិស័យព្រះគម្ពីរ ក្នុងវិស័យគោលលទ្ធិ វិស័យណែនាំគ្រីស្តបរិស័ទ បង្រួបបង្រួមគ្រីស្តបរិស័ទនិកាយផ្សេងៗក្នុងកិច្ចជាសាសនទូត និងសកម្មភាពក្នុងសង្គមតាមលក្ខណៈផ្ទាល់របស់គ្រឹះស្ថានបព្វជិតបព្វជិតាទាំងនោះ ។
ឃ- គ្រឹះស្ថានបព្វជិតបព្វជិតាត្រូវខិតខំណែនាំឱ្យសមាជិករបស់ខ្លួនស្គាល់ជីវភាពមនុស្សនាបច្ចុប្បន្នយ៉ាងគ្រប់គ្រាន់ និងស្គាល់តម្រូវការរបស់ព្រះសហគមន៍ដែរ។ ដូច្នេះ គេអាចវិនិច្ឆ័យដោយប្រាជ្ញាក្រោមពន្លឺនៃជំនឿ អំពីលក្ខណៈពិសេសនៃមនុស្សលោកនាសម័យបច្ចុប្បន្ននេះ។ គេមុខជានឹងមានចិត្តខ្នះខ្នែងយ៉ាងពេញទំហឹងបែបគ្រីស្តទូត និងមានសមត្ថភាពអាចនាំជំនួយដ៏ស័ក្តិសិទិ្ធជាងដល់មនុស្សលោកទៀតផង។
ង- ការរស់នៅរបស់បព្វជិតបព្វជិតាតម្រង់ទៅរកគោលដៅចម្បងតែមួយ គឺនាំឱ្យអស់បព្វជិតបព្វជិតាដើរតាមព្រះគ្រីស្ត និងរួមរស់ជាមួយព្រះជាម្ចាស់ដោយធ្វើពិធីសច្ចាប្រណិធានថា នឹងកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ។ ហេតុនេះ ត្រូវយល់ឃើញយ៉ាងច្បាស់ថា ការកែសម្រួលដ៏ល្អជាងគេបំផុតឱ្យបានស្របតាមតម្រូវការនៃបច្ចុប្បន្នកាល និងបានលទ្ធផលល្អ លុះត្រាតែបព្វជិតបព្វជិតាប្រែចិត្តគំនិតតាមព្រះវិញ្ញាណ។ សូម្បីក្នុងការអភិវឌ្ឍន៍សកម្មភាពខាងក្រៅគ្រឹះស្ថានក៏ការប្រែចិត្តគំនិតតាមព្រះវិញ្ញាណមានសារៈសំខាន់ជាងគេដែរ។
៣- គោលការណ៍សម្រាប់កែសម្រួលគ្រឹះស្ថានតាមតម្រូវការនាបច្ចុប្បន្ន
ត្រូវចាត់ចែងការរស់នៅ ការអធិដ្ឋាន សកម្មភាពផ្សេងៗស្របតាមសុខភាពទាំងខាងរូបកាយ ទាំងខាងផ្លូវចិត្តរបស់បព្វជិតបព្វជិតានាបច្ចុប្បន្ន ព្រមទាំងស្របតាមតម្រូវការនៃកិច្ចជាគ្រីស្តទូត (ប្រសិនបើលក្ខណៈផ្ទាល់របស់គ្រឹះស្ថាននីមួយៗត្រូវការ) សមស្របតាមអរិយធម៌ តាមសភាពការណ៍ក្នុងសង្គម និងតាមសភាពការណ៍សេដ្ឋកិច្ចដែរ។ ត្រូវអនុវត្តដូច្នេះនៅគ្រប់ទីកន្លែង ជាពិសេស នៅប្រទេសណាដែលមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត។
ត្រូវរិះគិតពិចារណាអំពីរបៀបណែនាំគ្រឹះស្ថាននីមួយៗតាមគោលការណ៍ទាំងនោះ។ ហេតុនេះ ត្រូវកែសម្រួលធម្មនុញ្ញ កែសម្រួលក្បួនប្រពៃណី ក្បួនទំនៀមទម្លាប់ សៀវភៅធម៌ ក្បួនពិធី និងសៀវភៅបែបដដែលនេះ។ ក្នុងសៀវភៅទាំងនោះ ត្រូវដកចេញអ្វីៗដែលហួសសម័យដោយគិតឱ្យបានស្របតាមឯកសារទាំងប៉ុន្មាននៃមហាសន្និបាតវិញ។
៤- អ្នកមានមុខនាទីកែសម្រួលឱ្យបានជាថ្មីសមស្របតាមសម័យ
សមាជិកទាំងអស់ក្នុងគ្រឹះស្ថាននីមួយៗត្រូវចូលរួមក្នុងការកែសម្រួលឱ្យបានជាថ្មីសមស្របតាមសម័យ ទើបការកែសម្រួលនោះបានស័ក្តិសិទ្ធិ និងល្អត្រឹមត្រូវ។ ប៉ុន្តែ មានតែអាជ្ញាធម៌ដែលមានសមត្ថកិច្ចទេ ជាពិសេស អង្គប្រជុំទូទៅដែលអាចបញ្ជាក់សេចក្តីណែនាំ តែងតាំងវិន័យ និងច្បាប់ថ្មី ព្រមទាំងមានសិទ្ធិទទួលយកបទពិសោធន៍អស់រយៈពេលវែងល្មម ដែលគេប្រព្រឹត្តដោយប្រុងប្រយ័ត្នទៀតផង។ ប្រសិនបើត្រូវការស្របតាមក្បួនច្បាប់ទូទៅនៃព្រះសហគមន៍ អាជ្ញាធរត្រូវទទួលការអនុញ្ញាតពីសន្តអាសនៈ ឬពីអភិបាលភូមិភាគ។ អំពីករណីពាក់ព័ន្ធនឹងសមាជិកគ្រឹះស្ថានទាំងមូល ក្រុមមេដឹកនាំត្រូវសួរយោបល់របស់សមាជិកគ្រឹះស្ថាននោះយ៉ាងសមរម្យតាមសេចក្តីត្រូវការ ហើយត្រូវស្តាប់តាមយោបល់របស់គេទៀតផង។
ចំពោះការកែសម្រួលការរស់នៅរបស់បព្វជិតាដែលរស់នៅក្នុងអារាម ត្រូវប្រមូលសំណូមពរ និងយោបល់អង្គប្រជុំនៃសហព័ន្ធអារាម និងអង្គប្រជុំឯទៀតៗដែលត្រូវកោះហៅយ៉ាងត្រឹមត្រូវតាមច្បាប់ព្រះសហគមន៍។ ប៉ុន្តែ ត្រូវនឹកចងចាំជានិច្ចថា ត្រូវតែកាន់តាមវិន័យ ឬតាមធម្មនុញ្ញរបស់ខ្លួនដោយចិត្តកាន់តែស្មោះទើបមានសេចក្តីសង្ឃឹមថា និងកែសម្រួលឱ្យបានជាថ្មីយ៉ាងប្រសើរជាង កែសម្រួលដោយបង្កើតច្បាប់ និងវិន័យជាច្រើនទៅវិញ។
៥- កត្តារួមក្នុងរបៀបរស់នៅរបស់បព្វជិតបព្វជិតា
បព្វជិតបព្វជិតាគ្រប់គ្រឹះស្ថានត្រូវនឹកចងចាំជាអាទិ៍ថា នៅពេលគេធ្វើពិធីសច្ចាប្រណិធានកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ គាត់បានតបឆ្លើយនឹងព្រះជាម្ចាស់ដែលត្រាស់ហៅគាត់។ ហេតុនេះហើយ បានជាគាត់មិនគ្រាន់តែលែងជំពាក់ជំពិននឹងអំពើបាបប៉ុណ្ណោះទេ (រម ៦,១១) តែគាត់ក៏លះបង់លោកីយ៍ ហើយរស់នៅដោយញែកខ្លួនថ្វាយព្រះជាម្ចាស់តែមួយព្រះអង្គគត់ថែមទៀតផង។ គាត់បូជាកម្លាំងកាយកម្លាំងចិត្តថ្វាយខ្លួនបម្រើព្រះអង្គ។ ការញែកខ្លួនថ្វាយព្រះអង្គយ៉ាងពិសេសបែបនេះភ្ជាប់យ៉ាងជិតស្និទ្ធនឹងការញែកខ្លួនថ្វាយព្រះអង្គនៅពេលគាត់ទទួលអគ្គសញ្ញាជ្រមុជទឹកដែលជាគ្រឹះ។ នៅពេលធ្វើពិធីសច្ចាប្រណិធាននោះ គាត់បញ្ជាក់ឱ្យបានច្បាស់យ៉ាងពេញលេញថា គាត់ញែកខ្លួនថ្វាយព្រះជាម្ចាស់នៅពេលគាត់ទទួលអគ្គសញ្ញាជ្រមុជទឹកនោះរួចហើយ។
ដោយព្រះសហគមន៍ទទួលស្គាល់ថា គាត់ញែកខ្លួនថ្វាយព្រះជាម្ចាស់ដូច្នេះ បព្វជិតបព្វជិតាត្រូវដឹងថា ខ្លួនក៏ភ្ជាប់នឹងការបម្រើព្រះសហគមន៍ដែរ។
អ្នកបម្រើព្រះជាម្ចាស់បែបនេះ ត្រូវតែប្រតិបត្តិតាមគុណធម៌ ជាពិសេស សុខចិត្តដាក់ខ្លួន សុខចិត្តស្តាប់បង្គាប់មេដឹកនាំ មានកម្លាំងចិត្ត និងរស់នៅជាព្រហ្មចារី។ កិច្ចបម្រើព្រះអង្គបែបនេះក៏ជួយគាំទ្រគាត់ឱ្យមានគុណធម៌ទាំងនោះថែមទៀត។ គុណធម៌ទាំងនោះបណ្តាលឱ្យបព្វជិតបព្វជិតារួមរស់ជាមួយព្រះគ្រីស្តដែលលះបង់ឋានៈរបស់ព្រះអង្គ (ភីល ២,៧-៨) ហើយនៅពេលជាមួយគ្នានេះ ធ្វើឱ្យគេរួមជាមួយព្រះគ្រីស្តដែលមានព្រះជន្មគង់នៅក្នុងព្រះវិញ្ញាណ (រម ៨,១-១៣)។
ហេតុនេះ សូមឱ្យបព្វជិតបព្វជិតាកាន់តាមពិធីសច្ចាប្រណិធានរបស់ខ្លួនយ៉ាងស្មោះត្រង់ គឺសុខចិត្តលះបង់អ្វីៗទាំងអស់ព្រោះតែព្រះគ្រីស្ត (មក ១០,២៨) សុខចិត្តដើរតាមព្រះអង្គទុកជា “អ្វីដែលគាត់ត្រូវការដ៏ចាំបាច់តែមួយនោះ” (លក ១០,៤២; មថ ១៩,២១) ស្តាប់ព្រះបន្ទូលព្រះអង្គ (លក ១០,៣៩) ហើយខ្វល់ខ្វាយតែនឹងអ្វីៗដែលទាក់ទិនតែនឹងព្រះអង្គប៉ុណ្ណោះ (១ករ ៧,៣២)។
ហេតុនេះហើយបានជា សមាជិកគ្រប់គ្រឹះស្ថានត្រូវស្វែងរកព្រះជាម្ចាស់តែមួយព្រះអង្គគត់ គឺស្មឹងស្មាធិ៍ភ្ជាប់ទាំងចិត្តគំនិត ទាំងវិញ្ញាណជាមួយព្រះអង្គ ហើយនៅពេលជាមួយគ្នានោះ មានចិត្តស្រឡាញ់ជំរុញគាត់ឱ្យទៅជាគ្រីស្តទូតផងដែរ។ គាត់ខិតខំរួមជាមួយព្រះគ្រីស្តដែលរំដោះមនុស្សលោក ហើយក៏យកចិត្តទុកដាក់លាតត្រដាងព្រះរាជ្យរបស់ព្រះជាម្ចាស់ដែរ។
៦- ការរស់នៅតាមព្រះវិញ្ញាណមានសារៈសំខាន់ជាងគេបំផុត
សូមឱ្យអស់លោកអ្នកដែលធ្វើពិធីសច្ចាប្រណិធានកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ ស្វះស្វែងរកព្រះជាម្ចាស់ និងស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ គឺស្រឡាញ់ព្រះអង្គដែលស្រឡាញ់យើងជាមុន (១ យហ ៤,១០)។ ក្នុងគ្រប់កាលៈទេសៈ សូមឱ្យគាត់យកចិត្តទុកដាក់រួមរស់ជាមួយព្រះគ្រីស្តដែលមានព្រះជន្មកប់ទុកក្នុងព្រះជាម្ចាស់ (កូឡ ៣,៣)។ សេចក្តីស្រឡាញ់ចំពោះអ្នកដ៏ទៃហូរចេញពីជីវិតកប់ទុកក្នុងព្រះជាម្ចាស់នោះ ហើយជំរុញគាត់ឱ្យសង្រ្គោះមនុស្សលោក និងឱ្យកសាងព្រះសហគមន៍។ សេចក្តីស្រឡាញ់បញ្ជាបព្វជិតបព្វជិតាឱ្យប្រតិបត្តិតាមព្រះដំបូន្មានដែលចែងក្នុងគម្ពីរដំណឹងល្អយ៉ាងសកម្ម និងយ៉ាងរស់រវើកទៀតផង។
ហេតុនេះហើយ បព្វជិតបព្វជិតាត្រូវខិតខំឱ្យមានចិត្តគំនិតព្យាយាម់ចងស្មឹងស្មាធិ៍ជានិច្ច ហើយក៏ស្មឹងស្មាធិ៍ពិតមែនដែរ គឺគាត់ត្រូវយោងជីវិតខាងព្រះវិញ្ញាណបែបគ្រីស្តបរិស័ទពីប្រភពដ៏ពិតប្រាកដនេះ។ មុនដំបូង ជារៀងរាល់ថ្ងៃ គាត់ត្រូវកាន់គម្ពីរដើម្បីស្រង់យកចំណេះ “ដ៏ប្រសើរវិសេសវិសាលបំផុតអំពីព្រះយេស៊ូគ្រីស្ត” (ភីល ៣,៨) ដោយអាន និងនឹកសញ្ជឹងគិតពីព្រះគម្ពីរនោះ។ បព្វជិតបព្វជិតាត្រូវធ្វើពិធីគោរពប្រណិប័តន៍ដ៏វិសុទ្ធរៀងរាល់ថ្ងៃ ជាពិសេស ចូលរួមក្នុងគម្រោងការដ៏អស្ចារ្យនៃអគ្គសញ្ញាអរព្រះគុណដ៏វិសុទ្ធបំផុត ពោលគឺក្នុងអភិបូជា។ គាត់ត្រូវអធិដ្ឋានស្របតាមគោលគំនិតរបស់ព្រះសហគមន៍ដោយចិត្តស្មោះ មិនគ្រាន់តែដោយទន្ទេញចាំសូត្រដោយរត់មាត់ប៉ុណ្ណោះទេ។ គាត់មុខជានឹងទទួលជីវិតតាមព្រះវិញ្ញាណពីប្រភពនេះដែលមិនចេះរីងស្ងួតឡើយ។
ក្រោយពីបព្វជិតបព្វជិតាទទួលទានអាហារពីតុនៃព្រះគម្ពីររបស់ព្រះជាម្ចាស់ផង និងនៃយញ្ញដ៏សក្ការៈផងរួចហើយ កាត់ត្រូវស្រឡាញ់សរីរាង្គរបស់ព្រះគ្រីស្តទុកជាបងប្អូន ត្រូវគោរព និងស្រឡាញ់អស់លោកគង្វាលព្រះសហគមន៍ ដូចជាកូនស្រឡាញ់ឪពុកដូច្នោះដែរ។ គាត់ បព្វជិតបព្វជិតាត្រូវរស់នៅ និងនឹកគិតរួមជាមួយព្រះសហគមន៍កាន់តែជិតស្និទ្ធឡើងៗ និងបូជាកម្លាំងកាយកម្លាំងចិត្តបំពេញបេសកកម្មរបស់ព្រះសហគមន៍ទៀតផង។
៧- គ្រឹះស្ថានដែលមានទិសដៅស្មឹងស្មាធិ៍ធ្វើសមាធិ
គ្រឹះស្ថានណាដែលមានទិសដៅតែស្មឹងស្មាធិ៍ធ្វើសមាធិប៉ុណ្ណោះ ទោះបីមានតម្រូវការដ៏ចាំបាច់ជាបន្ទាន់ឱ្យបំពេញកិច្ចជាគ្រីស្តទូតយ៉ាងសកម្មយ៉ាងណាក្តី ក៏ត្រូវរក្សាទុកមុខងារពិសេសរបស់ខ្លួនក្នុងព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត គឺក្នុងព្រះកាយនោះ “សរីរាង្គគ្មានមុខងារតែមួយដដែលទេ” (រម ១២,៤)។ បព្វជិតបព្វជិតាទាំងនោះគិតតែអំពីកិច្ចរបស់ព្រះជាម្ចាស់ជានិច្ច រស់នៅម្នាក់ឯង និងនៅស្ងៀមស្ងាត់ ព្យាយាមអធិដ្ឋាន និងធ្វើទុក្ខកិរិយាយ៉ាងសប្បាយរីករាយ។ បព្វជិតបព្វជិតាទាំងនេះថ្វាយសក្ការបូជាដ៏ប្រសើរឧត្តម គឺលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។ គាត់ផ្តល់ឈ្មោះល្បីដល់ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដោយបង្ហាញផលផ្លែដ៏វិសុទ្ធជាច្រើន គាត់នាំប្រជារាស្រ្តនោះឱ្យយកតម្រាប់តាម និងធ្វើឱ្យប្រជារាស្រ្តនោះចម្រើនចំនួនឡើង គឺគាត់បង្កើតជីវិតតាមរបៀបដ៏ស្ងាត់កំបាំង។ បព្វជិតបព្វជិតាទាំងនោះពិតជាកិត្តិយសរបស់ព្រះសហគមន៍ និងនាំព្រះជាម្ចាស់ប្រណីសន្តោសព្រះសហគមន៍ជាខ្លាំងផងដែរ។
ប៉ុន្តែ គួរឱ្យកែសម្រួលរបៀបរស់នៅរបស់គាត់តាមគោលការណ៍ និងតាមលក្ខណៈដូចខាងលើឱ្យបានស្របតាមសម័យឥឡូវ។ ក៏ប៉ុន្តែ បព្វជិតបព្វជិតាទាំងនោះត្រូវរស់នៅដោយឡែកពីលោកីយ៍ជាដាច់ខាត និងត្រូវរក្សាទុកកិច្ចគោរពប្រណិប័តន៍ផ្សេងៗផ្ទាល់នៃការរស់នៅជាបព្វជិតបព្វជិតាដែលស្មឹងស្មាធិ៍ធ្វើសមាធិនោះជានិច្ចដែរ។
៨- គ្រឹះស្ថានដែលមានទិសដៅបំពេញកិច្ចជាគ្រីស្តទូត
ក្នុងព្រះសហគមន៍មានគ្រឹះស្ថានជាច្រើនដែលមានសមាជិកជាបូជាចារ្យ (អាចារ្យ) ឬជាគ្រីស្តបរិស័ទធម្មតា ដែលបូជាកម្លាំងកាយកម្លាំងចិត្តបំពេញកិច្ចផ្សេងៗជាគ្រីស្តទូត។ ពួកគេទទួលព្រះអំណោយទានផ្សេងៗពីគ្នាតាមព្រះជាម្ចាស់ប្រណីសន្ដោស គឺឱ្យអ្នកបម្រើចេះបម្រើ ឱ្យអ្នកបង្រៀនចេះបង្រៀន ឱ្យអ្នកដាស់តឿនចេះដាស់តឿន ឱ្យអ្នកចែកអំណោយមានចិត្តទូលាយ ឱ្យអ្នកមានចិត្តមេត្តាចែកទានដោយអំណររីករាយ (រម ១២,៥-៨)។ “មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយដែលបំពេញកិច្ចការទាំងអស់” (១ករ ១២,៤)។ ក្នុងគ្រឹះស្ថានទាំងនោះ កិច្ចការជាគ្រីស្តទូត ឬកិច្ចការបង្ហាញមេត្តាករុណាហាក់ដូចជាមុខងារបម្រើដ៏វិសុទ្ធរបស់គាត់ និងជាកិច្ចការពិសេសនៃមេត្តាករុណាដែលព្រះសហគមន៍បានផ្ញើឱ្យគាត់បំពេញក្នុងនាមរបស់ខ្លួន តាមលក្ខណៈផ្ទាល់នៃការរស់នៅជាបព្វជិតបព្វជិតា។ ហេតុនេះហើយ បានជាចិត្តគំនិតជាគ្រីស្តទូតត្រូវជ្រួតជ្រាបចិត្តគំនិត និងការរស់នៅរបស់បព្វជិតបព្វជិតាជាសមាជិកនៃគ្រឹះស្ថានទាំងនោះ ហើយចិត្តគំនិតជាបព្វជិតបព្វជិតាក៏ត្រូវជ្រួតជ្រាបគ្រប់កិច្ចជាគ្រីស្តទូតរបស់គាត់ថែមទៀតដែរ។ អស់អ្នកដែលមានបំណងប្រាថ្នាចង់តបឆ្លើយនឹងព្រះគ្រីស្តដែលត្រាស់ហៅគេឱ្យដើរតាមព្រះអង្គ និងចង់បម្រើព្រះគ្រីស្តផ្ទាល់ដោយបម្រើសរីរាង្គនៃព្រះកាយព្រះអង្គ ត្រូវធ្វើសកម្មភាពជាគ្រីស្តទូតនោះ ដោយភ្ជាប់ចិត្តយ៉ាងជិតស្និទ្ធជាមួយព្រះគ្រីស្តទុកជាប្រភព។ ប្រសិនបើគាត់រួមរស់យ៉ាងជិតស្និតជាមួយព្រះគ្រីស្តដូច្នេះ គាត់មុខជាស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់អ្នកដទៃកាន់តែខ្លាំងឡើងៗពុំខាន។
ហេតុនេះហើយ បានជាគ្រឹះស្ថានទាំងនោះត្រូវកែសម្រួលវិន័យ និងប្រពៃណីរបស់ខ្លួនដោយសុភវិនិច្ច័យតាមតម្រូវការនៃភារកិច្ចជាគ្រីស្តទូតរបស់គេផ្ទាល់។ ប៉ុន្តែ ដោយបព្វជិតបព្វជិតាបូជាកម្លាំងកាយកម្លាំងចិត្តបំពេញកិច្ចការជាគ្រីស្តទូតតាមបែបច្រើនប្លែកៗពីគ្នា នោះត្រូវកែសម្រួលការរស់នៅជាបព្វជិតបព្វជិតាឱ្យបានស្របតាមបែបផ្សេងៗទាំងនោះដែរ។ ក្នុងគ្រឹះស្ថានទាំងនោះត្រូវចាត់ចែង និងគាំទ្រការរស់នៅរបស់បព្វជិតបព្វជិតាដែលបម្រើព្រះគ្រីស្តដោយប្រើមធ្យោបាយរបស់គាត់ផ្ទាល់ និងស្របតាមរបៀបរស់នៅរបស់គាត់ដែរ។
៩- ត្រូវរក្សាទុកការរស់នៅរបស់បព្វជិតបព្វជិតាឱ្យរស់នៅក្នុងអារាម
សូមរក្សាទុកយ៉ាងស្មោះនូវស្ថាប័នដ៏ប្រសើរគួរគោរពរបស់បព្វជិតបព្វជិតា ដែលមានគុណយ៉ាងលើសលប់លើព្រះសហគមន៍ និងលើសង្គមមនុស្សតាំងពីដើមរៀងមក ទាំងនៅបស្ចិមប្រទេស ទាំងមជ្ឈិមប្រទេសដែរ។ សូមសម្តែងគោលគំនិតដ៏ពិតប្រាកដនៃរបៀបរស់នៅរបស់បព្វជិតបព្វជិតារស់នៅក្នុងអារាម។ អស់លោកអ្នកមានតួនាទីដ៏សំខាន់ជាងគេ គឺមុខងារដ៏សុភាពរាបសានិងឧត្តុង្គឧត្តមបម្រើព្រះជាម្ចាស់ដ៏ថ្កុំថ្កើង នៅក្នុងអារាមរបស់អស់លោកអ្នក ទោះបីអស់លោកអ្នកបូជាកម្លាំងកាយកម្លាំងចិត្តទាំងស្រុងគោរពបម្រើព្រះជាម្ចាស់ដោយស្ងាត់ៗលាក់កំបាំងក្នុងអារាមក្តី ឬទទួលខុសត្រូវយ៉ាងត្រឹមត្រូវលើកិច្ចការជាគ្រីស្តទូតមួយណាក្ដី ឬធ្វើកិច្ចការមេត្តាករុណាមួយក្តី ក៏តួនាទីដ៏សំខាន់ជាងគេរបស់អស់លោកអ្នក គឺបម្រើព្រះជាម្ចាស់ដ៏ថ្កុំថ្កើងដែរ។ ហេតុនេះ បព្វជិតបព្វជិតាត្រូវរក្សាលក្ខណៈផ្ទាល់របស់អស់លោកអ្នក ប៉ុន្តែ ត្រូវកែសម្រួលប្រពៃណីពីបុរាណក្នុងកិច្ចការសម្តែងមេត្តាករុណាឱ្យបានសមស្របតាមតម្រូវការរបស់មនុស្សលោកនាបច្ចុប្បន្ន។ ធ្វើដូច្នេះ អារាមអាចក្លាយទៅជាទីកន្លែងដ៏មានជីវិតរស់រវើក អប់រំណែនាំប្រជាជនគ្រីស្តបរិស័ទបាន។
យ៉ាងណាមិញ មានសហគមន៍បព្វជិតបព្វជិតាខ្លះភ្ជាប់ការរស់នៅជាគ្រីស្តទូតយ៉ាងជិតស្និទ្ធទៅនឹងកិច្ចការលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់រួមគ្នាក្នុងអារាម ហើយក៏ភ្ជាប់នឹងការកាន់តាមក្បួនវិន័យជាសង្ឃកាតូលិកដែរ ស្របតាមធម្មនុញ្ញ ឬតាមស្ថាប័នរបស់គាត់។ សហគមន៍ទាំងនោះត្រូវកែសម្រួលរបៀបរស់នៅរបស់ខ្លួនឱ្យបានស្របតាមតម្រូវការនៃកិច្ចការជាគ្រីស្តទូតយ៉ាងសមរម្យ ទាំងរក្សាទុកនូវរបៀបរស់នៅរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍ផង។
១០- ការរស់នៅរបស់គ្រីស្តបរិស័ទធម្មតាដែលញែកខ្លួនថ្វាយព្រះជាម្ចាស់
គ្រីស្តបរិស័ទធម្មតាខ្លះ ទាំងបុរស ទាំងស្ត្រី ញែកខ្លួនថ្វាយព្រះជាម្ចាស់។ ការរស់នៅរបស់គេមានលក្ខណៈពេញលេញជាអ្នកធ្វើពិធីសច្ចាប្រណិធានកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ។ របៀបរស់នៅបែបនេះមានសារៈសំខាន់ គឺជួយព្រះសហគមន៍ឱ្យបំពេញបន្ទុកណែនាំរបស់ខ្លួនក្នុងការអប់រំយុវជន ព្យាបាលអ្នកជំងឺ និងបំពេញមុខងារផ្សេងៗទៀតផង។ មហាសន្និបាតសូមគោរពរបៀបរស់នៅបែបនេះយ៉ាងខ្លាំង ហើយបញ្ជាក់គាំទ្រសមាជិកក្រុមទាំងនោះឱ្យដឹងថា ព្រះជាម្ចាស់ត្រាស់ហៅគេមែន ព្រមទាំងដាស់តឿនគេឱ្យកែសម្រួលរបៀបរស់នៅរបស់គេឱ្យបានស្របតាមតម្រូវការមនុស្សលោកនាបច្ចុប្បន្ន។
មហាសន្និបាតសូមប្រកាសថា គ្មានអ្វីអាចជំទាស់មិនឱ្យបងប្អូនបព្វជិតខ្លះដែលជាសមាជិកគ្រឹះស្ថានទាំងនោះទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ដើម្បីជួយផ្គត់ផ្គង់តម្រូវការខាងមុខងារបម្រើគ្រឹះស្ថានរបស់គេ។ អង្គប្រជុំទូទៅនៃគ្រឹះស្ថានអាចចាត់ចែងដូច្នេះបាន ក៏ប៉ុន្តែ ត្រូវរក្សាទុកនូវលក្ខណៈជាគ្រីស្តបរិស័ទធម្មតារបស់គ្រឹះស្ថានទាំងនោះជាដាច់ខាត។
១១- ក្រុមគ្រីស្តបរិស័ទរស់នៅក្នុងសង្គម
គ្រឹះស្ថានគ្រីស្តបរិស័ទរស់នៅក្នុងសង្គម ទោះបីមិនមែនជាគ្រឹះស្ថានបព្វជិតបព្វជិតាក្កី ក៏សមាជិកគ្រឹះស្ថានទាំងនោះធ្វើពិធីសច្ចាប្រណិធានយ៉ាងពិតប្រាកដ និងយ៉ាងពេញលេញដែរ។ គេរស់នៅក្នុងសង្គមទាំងកាន់តាមព្រះដំបូន្មានចែងទុកក្នុងគម្ពីរដំណឹងល្អ។ ពិធីសច្ចាប្រណិធាននោះ ញែកទាំងបុរស និងស្រ្តី ទាំងគ្រីស្តបរិស័ទធម្មតា ទាំងបូជាចារ្យ (អាចារ្យ) ដែលរស់នៅក្នុងសង្គមឱ្យថ្វាយខ្លួនទៅព្រះជាម្ចាស់ពិតមែន។ ហេតុនេះ អ្នកទាំងនោះត្រូវយកចិត្តទុកដាក់តម្រង់ខ្លួនទាំងស្រុងថ្វាយព្រះអង្គ ដោយមានចិត្តស្រឡាញ់យ៉ាងពេញលក្ខណៈ ហើយត្រូវរក្សាទុកលក្ខណៈពិសេសនៃគ្រឹះស្ថានរបស់គេជាក្រុមអ្នករស់នៅក្នុងសង្គម។ ដូច្នេះ ពួកគេមានសមត្ថភាពអាចបំពេញមុខងាររបស់ខ្លួនជាគ្រីស្តទូតយ៉ាងស័ក្តិសិទ្ធិនៅគ្រប់កន្លែងក្នុងសង្គមបាន ដូចជានៅក្នុងផ្ទៃនៃសង្គមតាមគោលគំនិតអ្នកបង្កើតគ្រឹះស្ថានរបស់គេ។
សូមសមាជិកគ្រឹះស្ថានទាំងនោះជ្រាបឱ្យបានច្បាស់ថា គេអាចបំពេញបន្ទុករបស់ខ្លួនបានលុះត្រាតែគេទទួលការអប់រំយ៉ាងមាំអំពីទេវវិទ្យា និងអំពីមនុស្សវិទ្យា ដើម្បីឱ្យគេទៅជាមេក្នុងចំណោមមនុស្សដូចមេក្នុងម្សៅ ព្រមទាំងធ្វើឱ្យព្រះកាយព្រះគ្រីស្តចម្រើនឡើង និងមានកម្លាំងកាន់តែមាំមួនឡើងផង។ ហេតុនេះហើយ បានជាសូមមេដឹកនាំគ្រឹះស្ថានទាំងនោះយកចិត្តទុកដាក់យ៉ាងខ្លាំងឱ្យសមាជិកទទួលការអប់រំដ៏មាំនោះ ជាពិសេស ឱ្យរស់នៅតាមព្រះវិញ្ញាណ ព្រមទាំងឱ្យគេទទួលការអប់រំបន្តបន្ទាប់តទៅទៀតផង។
១២- អំពីព្រហ្មចារិយធម៌
បព្វជិតបព្វជិតាធ្វើពិធីសច្ចាប្រណិធានរស់នៅជាព្រហ្មចារី “ដោយយល់ឃើញដល់ព្រះរាជ្យនៃស្ថានបរមសុខ” (មថ ១៩,១២)។ ត្រូវយល់ឃើញថា ការរស់នៅជាព្រហ្មចារីពិតជាព្រះអំណោយទានដ៏ប្រសើររបស់ព្រះជាម្ចាស់ដែលប្រណីសន្តោសដល់គេ។ ការរស់នៅជាព្រហ្មចារីរំដោះមនុស្សឱ្យមានសេរីភាពតាមផ្លូវចិត្តយ៉ាងអស្ចារ្យ (១ករ ៧,៣២-៣៥) ដើម្បីឱ្យគេអាចស្រឡាញ់ព្រះជាម្ចាស់ និងមនុស្សទាំងអស់ដោយអស់ពីសមត្ថភាព។ ហេតុនេះ ព្រហ្មចារិយធម៌ពិតជាសញ្ញាសម្គាល់អំពីសម្បត្តិនៃលោកខាងមុខ និងជាមធ្យោបាយមួយដ៏ស័ក្តិសិទ្ធណាស់ ជួយឱ្យបព្វជិតបព្វជិតាបូជាកម្លាំងកាយកម្លាំងចិត្តទាំងស្រុងបម្រើព្រះជាម្ចាស់ និងបម្រើកិច្ចការនានាជាគ្រីស្តទូត។ គ្រីស្តបរិស័ទទាំងអស់ដែលឃើញបព្វជិតបព្វជិតាអាចនឹកគិតដល់ព្រះសហគមន៍ដែលរួមរស់យ៉ាងអស្ចារ្យជាមួយព្រះគ្រីស្តជាស្វាមីតែមួយគត់តាមព្រះជាម្ចាស់តែងតាំង និងដែលត្រូវលេចធ្លោឡើងយ៉ាងច្បាស់នៅលោកខាងមុខទៀតផង។
ហេតុនេះ សូមឱ្យបព្វជិតបព្វជិតាដែលយកចិត្តទុកដាក់កាន់តាមពាក្យសច្ចាប្រណិធានរបស់ខ្លួនយ៉ាងស្មោះ សូមជឿលើព្រះបន្ទូលរបស់ព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះជាម្ចាស់ដែលអាចជួយខ្លួនបាន។ កុំអួតអាងលើកម្លាំងរបស់ខ្លួនផ្ទាល់ឡើយ សូមធ្វើទុក្ករកិរិយា និងប្រយ័ត្នប្រយែងនឹងវិញ្ញាណទាំងប្រាំ។ កុំធ្វេសប្រហែសនឹងប្រើគ្រប់មធ្យោបាយតាមធម្មជាតិដែលផ្តល់សុខភាពខាងផ្លូវចិត្ត និងខាងផ្លូវកាយ។ ធ្វើដូច្នេះ គេមិនរំជួលចិត្តស្តាប់តាមទ្រឹស្តីក្លែងក្លាយដែលបង្រៀនថា មនុស្សគ្មានសមត្ថភាពរស់នៅជាព្រហ្មចារីយ៉ាងពេញលេញបានទេ ឬថា ព្រហ្មចារិយធម៌រារាំងមនុស្សមិនឱ្យចម្រើនឡើងបានដែរ។ បព្វជិតបព្វជិតាត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលប្រឆាំងនឹងព្រហ្មចារិយធម៌ឱ្យឆ្ងាយពីខ្លួន។ គាត់ត្រូវមានដូចសភាវគតិម៉្យាងខាងព្រះវិញ្ញាណនៅក្នុងខ្លួនដែលជំរុញឱ្យគាត់លះបង់ចោលអ្វីដែលប្រឆាំងនឹងព្រហ្មចារិយធម៌នោះ។ បព្វជិតបព្វជិតាទាំងអស់ ជាពិសេសមេដឹកនាំក្រុមគ្រួសារត្រូវនឹកចងចាំថា ខ្លួនអាចកាន់តាមព្រហ្មចារិយធម៌នេះបានយ៉ាងងាយស្រួល លុះត្រាតែបព្វជិតបព្វជិតាស្រឡាញ់គ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាទុកជាបងប្អូនយ៉ាងពិតប្រាកដ។
ការរស់នៅជាព្រហ្មចារីយ៉ាងពេញលក្ខណៈជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងសភាវគតិដ៏ជ្រៅបំផុតនៃលក្ខណៈរបស់មនុស្សយើង។ហេតុនេះហើយ បានជាបេក្ខជនដែលមានបំណងប្រាថ្នាចង់ធ្វើពិធីសច្ចាប្រណិធានរស់នៅជាព្រហ្មចារី ត្រូវសម្រេចចិត្តរស់តាមបែបនោះ ហើយមេដឹកនាំទទួលគេឱ្យធ្វើពិធីនោះបាន លុះត្រាតែគេត្រូវបានល្បងលមើលឱ្យរស់នៅជាព្រហ្មចារីអស់រយៈពេលជាយូរល្មមជាមុនសិន ហើយលុះត្រាតែគេជាមនុស្សពេញវ័យខាងផ្លូវចិត្ត គឺមានចិត្តធ្ងន់គ្រប់គ្រាន់។ មេដឹកនាំមិនគ្រាន់តែត្រូវជម្រាបគេជាមុនថា ការរស់នៅជាព្រហ្មចារីជាការពិបាកប៉ុណ្ណោះទេ តែត្រូវអប់រំគេឱ្យថ្វាយព្រហ្មចារិយធម៌របស់ខ្លួនទៅព្រះជាម្ចាស់ ទុកជាមធ្យោបាយមួយដែលជួយធ្វើឱ្យបុគ្គលិកលក្ខណៈរបស់ខ្លួនចម្រើនឡើង។
១៣- អំពីការរស់នៅបែបអ្នកក្រីក្រ
បព្វជិតបព្វជិតាស្ម័គ្រចិត្តរស់នៅបែបអ្នកក្រីក្រ ដើម្បីដើរតាមព្រះគ្រីស្ត។ មនុស្សនាបច្ចុបុ្បន្នចូលចិត្តសញ្ញាសម្គាល់ពិសេសនេះយ៉ាងខ្លាំង។ បព្វជិតបព្វជិតាត្រូវយកចិត្តទុកដាក់កាន់តាមពាក្យសច្ចាប្រណិធាននេះយ៉ាងស្មោះ ហើយប្រសិនបើមានតម្រូវការ ក៏ត្រូវរស់នៅក្នុងសភាពជាអ្នកក្រីក្រតាមរបៀបថ្មីដែរ។ បព្វជិតបព្វជិតាដែលស្ម័គ្រចិត្តរស់នៅក្នុងសភាពជាអ្នកក្រីក្រ ពិតជារួបរួមជាមួយព្រះគ្រីស្តដែលមានសម្បត្តិដ៏ច្រើន តែព្រះអង្គដាក់ខ្លួនមកធ្វើជាអ្នកក្រព្រោះតែយើង ដើម្បីឱ្យយើងបានទៅជាអ្នកមាន ដោយភាពក្រីក្ររបស់ព្រះអង្គ (២ករ ៨,៩; មក ៨,២០)។ បព្វជិតបព្វជិតាត្រូវរស់នៅក្នុងសភាពជាអ្នកក្រីក្រយ៉ាងពិតប្រាកដ មិនគ្រាន់តែសំុមេដឹកនាំអនុញ្ញាតឱ្យប្រើប្រាស់ទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែត្រូវដាក់ចិត្តជាអ្នកក្រថែមទៀតដោយនឹកថា ទ្រព្យសម្បត្តិរបស់គាត់នៅស្ថានបរមសុខ (មថ ៦,២០)។ ធ្វើដូច្នេះ បព្វជិតបព្វជិតាពិតជាកាន់តាមពាក្យសច្ចារបស់ខ្លួនមែន។ សូមឱ្យបព្វជិតបព្វជិតាម្នាក់ៗតាមការងាររៀងៗខ្លួនយល់ឃើញថា ខ្លួនត្រូវតែធ្វើការចិញ្ចឹមជីវិតដូចមនុស្សឯទៀតៗទាំងអស់។ គេធ្វើការឱ្យបានអ្វីៗដែលខ្លួនត្រូវការដើម្បីចិញ្ចឹមជីវិត និងដើម្បីប្រព្រឹត្តកិច្ចការរបស់ក្រុមគ្រួសារ។ ប៉ុន្តែ សូមបព្វជិតបព្វជិតាលះបង់ការខ្វល់ខ្វាយចង់បានអ្វីៗហួសហេតុ គឺសូមផ្ញើជីវិតលើព្រះជាម្ចាស់ដែលគង់នៅស្ថានបរមសុខជួយផ្គត់ផ្គង់ឱ្យផង (មថ ៦, ២៥)។
ក្រុមគ្រួសារអាចអនុញ្ញាតតាមធម្មនុញ្ញរបស់ខ្លួន ឱ្យសមាជិករបស់ខ្លួនលះបង់ទ្រព្យសម្បត្តិជាកេរមត៌កដែលគេបានទទួលរួចហើយ ឬដែលគេនឹងត្រូវទទួលនៅពេលអនាគតដែរ។
គ្រឹះស្ថានក៏ត្រូវខិតខំផ្តល់សក្ខីភាព ហាក់ដូចជាសក្ខីភាពរួមអំពីការរស់នៅតាមសភាពជាអ្នកក្រីក្រ ស្របតាមកន្លែងផ្សេងៗដែលគេរស់នៅ។ គ្រឹះស្ថានទាំងនោះត្រូវស្ម័គ្រចិត្តយកទ្រព្យសម្បត្តិរបស់ខ្លួនទៅផ្គត់ផ្គង់តម្រូវការឯទៀតៗរបស់ព្រះសហគមន៍ និងជួយអ្នកក្រីក្រតោកយ៉ាកដែលបព្វជិតបព្វជិតាទាំងអស់ត្រូវស្រឡាញ់ដោយមានចិត្តអាណិតមេត្តា ដូចព្រះគ្រីស្តអាណិតមេត្តាដែរ (មថ ១៩,២១; ២៥,៣៤-៤៦; យក ២,១៥-១៦; ១យហ ៣,១៧)។ ក្រុមគ្រួសារ និងគ្រឹះស្ថានតាមតំបន់នីមួយៗត្រូវចែកទ្រព្យសម្បត្តិជាមួយគ្នា គឺតំបន់មានច្រើនជាងត្រូវជួយតំបន់ដែលខ្វះខាតជាង។
ទោះបីគ្រឹះស្ថាននានាមានសិទ្ធិកាន់កាប់អ្វីៗដែលគេត្រូវការសម្រាប់ប្រើប្រាស់ និងសម្រាប់បំពេញកិច្ចការនៃគ្រឹះស្ថានក្តី (លើកលែងតែធម្មនុញ្ញ និងវិន័យផ្ទៃក្នុងមិនអនុញ្ញាត) ក៏គ្រឹះស្ថាននានាត្រូវជៀសវាងការប្រមែប្រមូល និងសន្សំទ្រព្យសម្បត្តិឱ្យមានហួសហេតុ ជៀសវាងការរស់នៅយ៉ាងស្រណុកសុខស្រួលហួសកម្រិតទៀតដែរ។
១៤- អំពីការស្តាប់តាមបង្គាប់
បព្វជិតបព្វជិតាធ្វើពិធីសច្ចាប្រណិធានស្តាប់តាមបង្គាប់មេដឹកនាំ ដោយលើកយកបំណងប្រាថ្នាផ្ទាល់ខ្លួនទាំងស្រុងបូជាថ្វាយព្រះជាម្ចាស់។ ដោយការស្តាប់បង្គាប់ គាត់រួបរួមយ៉ាងជិតស្និទ្ធ និងយ៉ាងពិតប្រាកដនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលសព្វព្រះហឫទ័យសង្រ្គោះមនុស្សលោក។ បព្វជិតបព្វជិតាយកតម្រាប់តាមព្រះគ្រីស្តដែលយាងមកធ្វើតាមព្រះហឫទ័យព្រះបិតា (យហ ៣,៣៤; ៥,៣០; ហប ១០,៧; ទត ៣៩,៩) ព្រះអង្គយក “សភាពជាទាសករ” (ភីល ២,៧) រៀនធ្វើតាមព្រះបញ្ជាដោយរងទុក្ខលំបាក (ហប ៥,៨)។ តាមជំនឿរបស់ខ្លួន និងក្រោមការណែនាំនៃព្រះវិញ្ញាណ បព្វជិតបព្វជិតាត្រូវចុះចូលនឹងមេដឹកនាំរបស់ខ្លួនដែលគាត់ត្រូវចាត់ទុកជាតំណាងរបស់ព្រះជាម្ចាស់។ គាត់ក៏ត្រូវចាត់ទុកថា មេដឹកនាំមុខជានឹងណែនាំគាត់ឱ្យបម្រើបងប្អូនទាំងអស់ក្នុងអង្គព្រះគ្រីស្ត ដូចព្រះគ្រីស្តផ្ទាល់ដាក់ខ្លួនជាអ្នកបម្រើបងប្អូនឯទៀតៗដោយព្រះអង្គសុខចិត្តចុះចូលនឹងព្រះបិតា ហើយបូជាព្រះជន្មដើម្បីរំដោះមនុស្សទាំងអស់ (មថ ២០,២៨; យហ ១០,១៤-១៨)។ ដូច្នេះ បព្វជិតបព្វជិតាជាប់ចិត្តយ៉ាងជិតស្និទ្ធិបម្រើព្រះសហគមន៍ និងខិតខំឱ្យរីកចម្រើនឡើងទៅជាមនុស្សពេញវ័យ គឺឡើងដល់កំពូលរបស់ព្រះគ្រីស្តដែលបំពេញអ្វីៗទាំងអស់ (អភ ៤,១៣)។
ហេតុនេះ សូមឱ្យបព្វជិតបព្វជិតាចុះចូលនឹងមេដឹកនាំដោយចិត្តគោរព និងដោយចិត្តសុភាពរាបសាតាមក្បួនវិន័យ និងតាមធម្មនុញ្ញរបស់គាត់ ដោយមានចិត្តជឿលើព្រះជាម្ចាស់ និងស្រឡាញ់ព្រះហឫទ័យព្រះអង្គ។ សូមឱ្យបព្វជិតបព្វជិតាយកកម្លាំងប្រាជ្ញា និងកម្លាំងនៃឆន្ទៈរបស់ខ្លួន ព្រមទាំងយកគ្រប់អំណោយទានដែលខ្លួនបានទទួលពីធម្មជាតិ និងពីព្រះជាម្ចាស់ប្រណីសន្តោសដល់គាត់មកបំពេញកិច្ចការតាមបង្គាប់របស់មេដឹកនាំ ហើយសម្រេចកិច្ចការដែលមេដឹកនាំផ្ញើទុកឱ្យធ្វើដោយជឿជាក់ថា ខ្លួនជួយកសាងព្រះកាយព្រះគ្រីស្តតាមគម្រោងការរបស់ព្រះជាម្ចាស់។ ដូច្នេះ បព្វជិតបព្វជិតាដែលធ្វើតាមបង្គាប់មេដឹកនាំ មិនបង្អាប់បង្អោនកិត្តិយសរបស់ខ្លួនជាមនុស្សដ៏មានតម្លៃទេ តែផ្ទុយទៅវិញ នាំខ្លួនឱ្យទៅជាមនុស្សពេញវ័យទាំងបណ្តោយឱ្យសេរីភាពរបស់ខ្លួនក្នុងឋានៈជាបុត្រធីតារបស់ព្រះជាម្ចាស់រីកចម្រើនឡើងទៀតផង។
រីឯមេដឹកនាំវិញ អស់លោកអ្នកទទួលខុសត្រូវលើបព្វជិតបព្វជិតាដែលព្រះជាម្ចាស់ផ្ញើទុកឱ្យថែរក្សា (ហប ១៣,១៧) ក្នុងការបំពេញមុខនាទីរបស់ខ្លួន អស់លោកអ្នកក៏ត្រូវស្តាប់តាមព្រះហឫទ័យព្រះជាម្ចាស់ដែរ។ ត្រូវប្រើអំណាចរបស់ខ្លួនដោយមានបំណងចង់បម្រើបងប្អូន គឺមានបំណងចង់បង្ហាញព្រះហឫទ័យស្រឡាញ់របស់ព្រះអម្ចាស់ចំពោះបងប្អូនទាំងនោះ។ សូមត្រួតត្រាអ្នកដែលចុះចូលក្រោមអំណាចរបស់ខ្លួនទុកដូចជាបុត្រធីតារបស់ព្រះជាម្ចាស់ ដោយគោរពគាត់ទុកជាមនុស្សមានតម្លៃដ៏ថ្លៃថ្នូរ និងដាស់តឿនឱ្យគាត់ស្ម័គ្រចិត្តចង់ចុះចូលទៀតផង។ ត្រូវទុកសេរីភាពដ៏ត្រឹមត្រូវឱ្យគាត់ ជាពិសេស អំពីអគ្គសញ្ញាលើកលែងទោស និងអំពីការណែនាំជីវិតតាមព្រះវិញ្ញាណ។ មេដឹកនាំត្រូវអប់រំបព្វជិតបព្វជិតាឱ្យរួមសហការគ្នា ទាំងចេះស្តាប់បង្គាប់ ដោយទទួលខុសត្រូវយ៉ាងសកម្មនៅពេលបំពេញមុខងាររបស់ខ្លួនផ្ទាល់ផង ហើយនៅពេលគាត់មានគំនិតចង់ចាប់ផ្តើមធ្វើអ្វីមួយផងដែរ។ មេដឹកនាំត្រូវចូលចិត្តស្តាប់គាត់ ដាស់តឿនគាត់ឱ្យខិតខំរួបរួមគ្នា ដើម្បីជាប្រយោជន៍ដល់គ្រឹះស្ថាន និងដល់ព្រះសហគមន៍។ ប៉ុន្តែ មេដឹកនាំក៏ត្រូវតែប្រើអំណាចរបស់ខ្លួននៅពេលត្រូវសម្រេចសេចក្តីមួយ ឬបញ្ជាកិច្ចការណាមួយដែលត្រូវធ្វើពុំខាន។
អង្គប្រជុំ និងក្រុមប្រឹក្សានឹងបំពេញមុខនាទីរបស់ខ្លួនក្នុងការណែនាំគ្រឹះស្ថាន។ សូមឱ្យអង្គភាពទាំងនោះតាមរបៀបរៀងៗខ្លួន ធ្វើឱ្យបព្វជិតបព្វជិតាទាំងអស់រួមបញ្ចេញយោបល់ និងយកចិត្តទុកដាក់នឹងប្រយោជន៍សហគមន៍ទាំងមូលទៀតដែរ។
១៥- អំពីការរស់នៅជាមួយគ្នា
ការរស់នៅជាមួយគ្នានាំឱ្យបព្វជិតបព្វជិតាព្យាយាមអធិដ្ឋាន និងរួបរួមគ្នាមានចិត្តថ្លើមតែមួយ ដោយយកលទ្ធិនៃគម្ពីរដំណឹងល្អ យកពិធីបុណ្យដ៏សក្ការៈ ជាពិសេស យកអគ្គសញ្ញាអរព្រះគុណធ្វើជាអាហារផ្តល់កម្លាំង (កក ២,៤២) ដោយយកព្រះសហគមន៍ដើមដំបូងធ្វើគំរូ គឺមហាជនរបស់អ្នកជឿមានចិត្តថ្លើមតែមួយ មានចិត្តគំនិតតែមួយដែរ (កក ៤,៣២)។ បព្វជិតបព្វជិតាជាសរីរាង្គនៃព្រះកាយព្រះគ្រីស្ត។ ហេតុនេះ ត្រូវគោរពគ្នាទៅវិញទៅមកយ៉ាងស្និទ្ធស្នាល រស់នៅជាមួយគ្នាទុកជាបងប្អូន (រម ១២,១០) ដោយជួយចែករំលែកសុខទុក្ខគ្នានឹងគ្នា (កាឡ ៦,២) ព្រោះព្រះជាម្ចាស់ចាក់បង្ហូរព្រះហឫទ័យស្រឡាញ់ក្នុងចិត្តគេដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ (រម ៥,៥)។ សហគមន៍បព្វជិតបព្វជិតាប្រៀបដូចជាក្រុមគ្រួសារមួយរួមក្នុងនាមព្រះអម្ចាស់ ព្រះអង្គក៏គង់នៅជាមួយសហគមន៍នោះដែរ (មថ ១៨,២០)។ សេចក្តីស្រឡាញ់ដែលធ្វើឱ្យធម្មវិន័យបានពេញលក្ខណៈ (រម ១៣,១០) ក៏ជាចំណងធ្វើឱ្យគុណធម៌គ្រប់យ៉ាងបានពេញលក្ខណៈដែរ (កូឡ ៣,១៤)។ យើងដឹងថា យើងឆ្លងពីសេចក្តីស្លាប់ទៅកាន់ជីវិតដោយសេចក្តីស្រឡាញ់នោះ (១យហ ៣,១៤)។ ម្យ៉ាងទៀត បងប្អូនដែលរួបរួមគ្នាបង្ហាញបញ្ជាក់ថា ព្រះគ្រីស្តយាងមកពិតមែនហើយ (យហ ១៣,៣៥; ១៧,២១)។ ការរួបរួមបែបនេះក៏ផ្តល់កម្លាំងយ៉ាងខ្លាំងអស្ចារ្យ ដើម្បីបំពេញកិច្ចការជាគ្រីស្តទូតថែមទៀតដែរ។
ត្រូវឱ្យអ្នកដែលមានឈ្មោះថា “អ្នកជំនួយ” ឬ “សហការី” ឬអ្នកគេហៅតាមឈ្មោះផ្សេងទៀតក៏បាន រួមរស់ជាប់យ៉ាងជិតស្និទ្ធក្នុងការរស់នៅ និងរួមក្នុងកិច្ចការរបស់សហគមន៍បព្វជិតបព្វជិតា ដើម្បីឱ្យចំណងភាតរភាពរវាងសមាជិកសហគមន៍ទាំងមូលកាន់តែស្និទ្ធស្នាលឡើងៗ។ យូរៗទៅ ក្នុងក្រុមគ្រួសារបព្វជិតាត្រូវខិតខំធ្វើឱ្យមានឋានៈបព្វជិតាតែមួយគត់ លើកលែងតែមានសភាពការណ៍រារាំងយ៉ាងពិតប្រាកដឱ្យប្រព្រឹត្តតាមរបៀបផ្សេងទៀត។ ប្រសិនបើនៅតែមានឋានៈផ្សេងៗ ត្រូវញែកបព្វជិតាចេញពីគ្នាតាមកិច្ចការផ្សេងៗដែលគេត្រូវបំពេញនោះ ស្របតាមព្រះជាម្ចាស់ត្រាស់ហៅគាត់យ៉ាងពិសេស ឬស្របតាមទេពកោសល្យពិសេសរបស់គាត់។
ចំពោះគ្រឹះស្ថាន ឬអារាមរបស់បុរសដែលមិនមែនសុទ្ធតែគ្រីស្តបរិស័ទធម្មតា គ្រឹះស្ថាន និងអារាមទាំងនោះមានសិទ្ធិទទួលបូជាចារ្យ (អាចារ្យ) និងគ្រីស្តបរិស័ទធម្មតាដែរ ស្របតាមលក្ខណៈពិសេសរបស់គេ និងស្របតាមធម្មនុញ្ញត្រូវបញ្ជាក់នៅពេលក្រោយ។ បូជាចារ្យ (អាចារ្យ) និងគ្រីស្តបរិស័ទធម្មតាមានសិទ្ធ និងភារកិច្ចស្មើគ្នា លើកលែងតែអំពីភារកិច្ចដែលហូរចេញមកពីអគ្គសញ្ញាតែងតាំងជាបូជាចារ្យប៉ុណ្ណោះ។
១៦- អំពីរបងឃាត់ឃាំងអ្នកក្រៅមិនឱ្យចូលក្នុងអារាម
ត្រូវរក្សាទុកយ៉ាងតឹងរ៉ឹងនូវវិន័យហាមមិនឱ្យអ្នកក្រៅចូលក្នុងអារាមបព្វជិតាដែលមានមុខនាទីតែស្មឹងស្មាធិ៍ប៉ុណ្ណោះ។ មានតែអភិបាលព្រះសហគមន៍ក្រុងរ៉ូមទេមានសិទ្ធិដាក់ ឬដករបងឃាំងអ្នកក្រៅមិនឱ្យចូលនោះបាន។ ត្រូវកែសម្រួលវិន័យនេះតាមកាលៈទេសៈ និងតាមកន្លែង ដោយលុបបំបាត់អ្វីៗហួសសម័យ ក្រោយពីបានសួរយោបល់របស់បព្វជិតាទាំងនោះរួចហើយ។
រីឯបព្វជិតាឯទៀតៗដែលមានមុខនាទីបំពេញកិច្ចការជាគ្រីស្តទូតនៅខាងក្រៅអារាម មិនត្រូវទុកវិន័យឃាត់ឃាំងអ្នកក្រៅមិនឱ្យចូលបានទេ ដើម្បីឱ្យគាត់អាចបំពេញមុខនាទីដែលព្រះសហគមន៍ផ្ញើទុកឱ្យគាត់យ៉ាងស្រួល។ ប៉ុន្តែ ត្រូវរក្សាវិន័យឃាត់ឃាំងម៉្យាងដូចមានកំណត់ទុកក្នុងធម្មនុញ្ញរបស់គេ។
១៧- អំពីសម្លៀកបំពាក់ជាបព្វជិតបព្វជិតា
សម្លៀកបំពាក់របស់បព្វជិតបព្វជិតាជាសញ្ញាសម្គាល់បង្ហាញបញ្ជាក់ថា មនុស្សម្នាក់ញែកខ្លួនថ្វាយព្រះជាម្ចាស់ហើយ។ ត្រូវពាក់សម្លៀកបំពាក់សាមញ្ញ និងសុភាពរាបសា ជាសម្លៀកបំពាក់របស់អ្នកក្រ ប៉ុន្តែ ត្រូវជាសម្លៀកបំពាក់សមរម្យស្របតាមតម្រូវការសុខភាព និងសមស្របតាមកាលៈទេសៈ និងទីកន្លែង ព្រមទាំងស្របតាមតម្រូវការនៃកិច្ចការជាគ្រីស្តទូត។ ត្រូវកែសម្រួលសម្លៀកបំពាក់បព្វជិត ឬបព្វជិតាដែលមិនត្រូវតាមសេចក្តីណែនាំទាំងនោះ។
១៨- អំពីការអប់រំបព្វជិតបព្វជិតា
គ្រឹះស្ថាននានាអាចកែសម្រួលខ្លួនបាន លុះត្រាតែបព្វជិតបព្វជិតានៃគ្រឹះស្ថានទាំងនោះទទួលការអប់រំ។ ហេតុនេះហើយ បានជាមិនត្រូវចាត់បព្វជិតបព្វជិតាដែលមិនមែនជាបូជាចារ្យ (អាចារ្យ) ឱ្យបំពេញកិច្ចការជាគ្រីស្តទូតភ្លាមៗ ក្រោយពីគាត់បញ្ចប់ការអប់រំជាពន្លកថ្មី។ ត្រូវអប់រំគាត់តទៅទៀតខាងជីវិតតាមព្រះវិញ្ញាណ ខាងកិច្ចការជាគ្រីស្តទូត ខាងលទ្ធិគ្រីស្តសាសនា និងខាងបច្ចេកទេសនៅគេហដ្ឋានដែលមានបច្ចេកទេសខាងមុខវិជ្ជាទាំងនោះ ដោយគិតគូរផ្តល់សញ្ញាបត្រឱ្យគាត់ថែមទៀតផង។ ត្រូវអប់រំបព្វជិតបព្វជិតាតាមសមត្ថភាពរៀនសូត្ររៀងៗខ្លួន និងតាមចរិតលក្ខណៈផ្ទាល់របស់គាត់ ឱ្យគាត់ស្គាល់អំពីរបៀបរស់នៅ របៀបរិះគិត និងយោបល់មនុស្សម្នាក្នុងសង្គមនាបច្ចុប្បន្នយ៉ាងគ្រប់គ្រាន់ ទើបការកែសម្រួលរបៀបរស់នៅរបស់បព្វជិតបព្វជិតាបានស្របតាមតម្រូវការនាសម័យបច្ចុប្បន្ន មិនគ្រាន់តែជាការកែសម្រួលសំបកខាងក្រៅប៉ុណ្ណោះទេ តែត្រូវឱ្យបព្វជិតបព្វជិតាដែលបំពេញកិច្ចការខាងក្រៅអារាមអាចបំពេញមុខនាទីរបស់ខ្លួនបាន។ ត្រូវអប់រំបព្វជិតបព្វជិតាដោយយកកត្តាទាំងនេះមកផ្សំគ្នាយ៉ាងសមរម្យ ទើបគាត់រស់នៅយ៉ាងសុខដុមរមនា។
បព្វជិតបព្វជិតាត្រូវយកចិត្តទុកដាក់ខិតខំបំពេញការអប់រំឱ្យរស់នៅតាមព្រះវិញ្ញាណ ឱ្យស្គាល់លទ្ធិគ្រីស្តសាសនា ឱ្យមានបច្ចេកទេសតទៅទៀតអស់មួយជីវិត។ មេដឹកនាំក៏ត្រូវផ្តល់ឱកាស និងមធ្យោបាយ ព្រមទាំងពេលវេលាដែលគាត់ត្រូវការឱ្យគាត់អាចអប់រំខ្លួនបាន ប្រសិនបើអាចធ្វើបាន។ យ៉ាងណាមិញ មេដឹកនាំមានភារកិច្ចជ្រើសរើសអ្នកណែនាំ គ្រូអប់រំឱ្យរស់នៅតាមព្រះវិញ្ញាណ និងសាស្រ្តាចារ្យដ៏ប្រសើរជាងគេ។ តែអ្នកទាំងនោះត្រូវទទួលការអប់រំយ៉ាងល្អជាមុនសិន។
១៩- ការបង្កើតគ្រឹះស្ថានថ្មី
ត្រូវថ្លឹងថ្លែងឱ្យមែនទែនមុននឹងបង្កើតគ្រឹះស្ថានថ្មីមួយ គឺត្រូវរិះគិតថា តើត្រូវការគ្រឹះស្ថាននោះឬក៏អត់? យ៉ាងហោចណាស់ត្រូវរិះគិតថា តើគ្រឹះស្ថាននោះមានប្រយោជន៍ខ្លាំងអាចចម្រើនឡើងបានឬយ៉ាងណា?។ ត្រូវប្រុងប្រយ័ត្នដូច្នេះក្រែងលោមានសមាគមកើតឡើងដោយឥតបានការ ឬគ្មានកម្លាំងគ្រប់គ្រាន់ដែលត្រូវការឱ្យទៅមុខបាន។ ក្នុងព្រះសហគមន៍ថ្មីៗមានមូលហេតុពិសេសនឹងជួយលើកស្ទួយ ឬពង្រឹងរបៀបរស់នៅជាបព្វជិតបព្វជិតាស្របតាមវប្បធម៌ និងអរិយធម៌ប្រជាជន ហើយត្រូវតាមជីវភាព និងតាមប្រពៃណីស្រុកនោះ។
២០- ការរក្សាទុក ការកែសម្រួល ឬការលះបង់កិច្ចការផ្ទាល់របស់គ្រឹះស្ថាន
គ្រឹះស្ថាននីមួយៗត្រូវរក្សាទុក និងបន្តបំពេញកិច្ចការរបស់ខ្លួនផ្ទាល់យ៉ាងស្មោះដោយនឹកគិតដល់ប្រយោជន៍ព្រះសហគមន៍សកល និងព្រះសហគមន៍ក្នុងភូមិភាគ។ តែត្រូវកែសម្រួលកិច្ចការទាំងនោះស្របតាមតម្រូវការនៃកាលៈទេសៈនៃទីកន្លែង ដោយប្រើមធ្យោបាយដែលសមស្របតាមសភាពការណ៍នោះ ឬបង្កើតមធ្យោបាយថ្មីៗក៏បាន ទាំងបោះបង់ចោលកិច្ចការដែលមិនស្របនឹងគោលគំនិត និងលក្ខណៈដ៏ពិតប្រាកដនៃគ្រឹះស្ថាននោះ។ ជាពិសេស ត្រូវរក្សាទុកគំនិតជាសាសនទូតក្នុងគ្រឹះស្ថានបព្វជិតបព្វជិតាជាចាំបាច់បំផុត និងកែសម្រួលគោលគំនិតស្របតាមលក្ខណៈគ្រឹះស្ថាននីមួយៗ និងស្របតាមសភាពការណ៍បច្ចុប្បន្ន ដើម្បីឱ្យគេប្រកាសដំណឹងល្អយ៉ាងសកម្មក្នុងចំណោមប្រជាជនទាំងឡាយ។
២១- គ្រឹះស្ថាន និងអារាមដែលអន់ថយ
តាមយោបល់អភិបាលភូមិភាគទាំងប៉ុន្មានក្នុងតំបន់ និងតាមការវិនិច្ឆ័យរបស់សន្តអាសនៈ មានគ្រឹះស្ថាន និងអារាមខ្លះគ្មានសង្ឃឹមយ៉ាងពិតប្រាកដថានឹងចម្រើនឡើងទៀតបានសោះ។ ដូច្នេះ ត្រូវហាមមិនឱ្យគេទទួលចំណូលថ្មី។ ប្រសិនបើអាចធ្វើបាន ត្រូវបង្រួមគ្រឹះស្ថាន ឬអារាមទាំងនោះឱ្យរួមជាមួយគ្រឹះស្ថាន និងអារាមមួយផ្សេងទៀតដែលកំពុងលូតលាស់ ហើយដែលមានគោលដៅ និងគោលគំនិតស្រដៀងគ្នាដែរ។
២២- គ្រឹះស្ថាននានាត្រូវរួបរួមគ្នា
ប្រសិនបើគ្រឹះស្ថាន និងអារាមស្វយ័តជាប់នឹងក្រុមគ្រួសារបព្វជិតបព្វជិតាតែមួយដូចគ្នា ត្រូវឱ្យគ្រឹះស្ថាន និងអារាមទាំងនោះរួបរួមគ្នាជាសហព័ន្ធតាមតម្រូវការ និងដោយសន្តអាសនៈយល់ព្រមទៀតផង។ ប្រសិនបើគ្រឹះស្ថាន និងអារាមមានធម្មនុញ្ញ ទំនៀមទម្លាប់ និងគោលគំនិតស្រដៀងគ្នា ជាពិសេស ប្រសិនបើគេខ្សោយពេក ក៏ត្រូវចូលរួបរួមគ្នាតែម្តង។ ប្រសិនបើគេបំពេញកិច្ចការខាងក្រៅអារាមដូចគ្នា ឬស្រដៀងគ្នា គេក៏ត្រូវរួមគ្នាជាសមាគមដែរ។
២៣- ក្រុមមេដឹកនាំដ៏ខ្ពង់ខ្ពស់
ត្រូវជួយលើកស្ទួយគាំទ្រក្រុម ឬក្រុមប្រឹក្សារបស់មេដឹកនាំដ៏ខ្ពង់ខ្ពស់ដែលសន្តអាសនៈបានតែងតាំងមក។ ក្រុមទាំងនោះមានប្រយោជន៍ជាខ្លាំង ដើម្បីឱ្យគ្រឹះស្ថាននីមួយៗមានលទ្ធភាពអាចទៅកាន់គោលដៅរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងឱ្យគ្រឹះស្ថានទាំងនោះសហការគ្នាកាន់តែសកម្ម ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍។ ដូច្នេះ ក្រុមទាំងនោះអាចចាត់ចែងអ្នកប្រកាសដំណឹងល្អក្នុងតំបន់មួយឱ្យបានត្រឹមត្រូវជាង និងមានសមត្ថភាពអាចសម្រេចបញ្ហាទូទៅរបស់បព្វជិតបាន។ ចំពោះកិច្ចការជាគ្រីស្តទូត ត្រូវចាត់ចែងដោយក្រុម ឬក្រុមប្រឹក្សារបស់មេដឹកនាំដ៏ខ្ពង់ខ្ពស់ក៏ត្រូវមានទំនាក់ទំនងជាមួយគ្នា និងសហការយ៉ាងសមរម្យជាមួយនឹងក្រុមអភិបាលក្នុងប្រទេសនីមួយៗដែរ។
ក្រុមគ្រីស្តបរិស័ទធម្មតាដែលថ្វាយខ្លួនចំពោះព្រះជាម្ចាស់ ហើយរស់នៅក្នុងសង្គមក៏អាចតែងតាំងក្រុមបែបនោះដែរ។
២៤- អំពីព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទឱ្យទៅជាបព្វជិតបព្វជិតា
អស់លោកបូជាចារ្យ (អាចារ្យ) និងគ្រីស្តបរិស័ទដែលមានមុខនាទីអប់រំយុវជន ត្រូវយកចិត្តទុកដាក់ខិតខំយ៉ាងខ្លាំងឱ្យមានអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅកាន់តែច្រើនឡើងៗ ស្របតាមតម្រូវការរបស់ព្រះសហគមន៍។ ត្រូវជ្រើសរើសអ្នកទាំងនោះដោយពិនិត្យពិចារណា។ សូម្បីតែក្នុងពេលអត្ថាធិប្បាយគម្ពីរជាធម្មតាក្តី ក៏ត្រូវនិយាយជារឿយៗអំពីព្រះដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ និងអំពីការជ្រើសរើសរស់នៅជាបព្វជិតបព្វជិតាដែរ។ ឪពុកម្តាយក៏ត្រូវយកចិត្តទុកដាក់អប់រំកូនៗតាមគ្រីស្តសាសនា ទាំងប្រាប់ឱ្យកូនៗដឹងថា ព្រះជាម្ចាស់ត្រាស់ហៅកូនៗខ្លះឱ្យទៅជាបព្វជិតបព្វជិតា ហើយក៏ត្រូវថែរក្សាការពារការត្រាស់ហៅនេះក្នុងចិត្តកូនៗផងដែរ។
គ្រឹះស្ថានទាំងឡាយមានសិទិ្ធបង្ហាញខ្លួនឱ្យគ្រីស្តបរិស័ទស្គាល់ ដើម្បីជួយឱ្យមានបេក្ខជនចង់ចូលជាបព្វជិតបព្វជិតាក្នុងគ្រឹះស្ថាននោះតាមព្រះជាម្ចាស់ត្រាស់ហៅ។ ប៉ុន្តែ ត្រូវស្វែងរកបេក្ខជនដោយប្រុងប្រយ័ត្នជាធម្មតា ដោយគោរពសេចក្តីណែនាំរបស់សន្តអាសនៈ និងរបស់អភិបាលភូមិភាគចាត់ចែងទុកមក។ ប៉ុន្តែ បព្វជិតបព្វជិតាត្រូវនឹកចងចាំជានិច្ចថា ប្រសិនបើគាត់រស់នៅតាមបែបធ្វើជាគំរូ គាត់ពិតជាធានាជីវិតគ្រឹះស្ថានរបស់គាត់តាមរបៀបល្អជាងគេ ហើយគាត់ក៏អញ្ជើញគ្រីស្តបរិស័ទយ៉ាងសកម្ម ឱ្យទៅជាបព្វជិតបព្វជិតាដូចគាត់ដែរ។
២៥- ពាក្យបញ្ចប់
គ្រឹះស្ថាននានាត្រូវកែសម្រួលខ្លួនយ៉ាងសមរម្យតាមសេចក្តីណែនាំទាំងនេះ គឺបព្វជិតបព្វជិតាគ្រឹះស្ថានទាំងនោះត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងតបឆ្លើយនឹងព្រះជាម្ចាស់ដែលត្រាស់ហៅគាត់ និងបំពេញមុខនាទីរបស់ខ្លួនក្នុងព្រះសហគមន៍នាបច្ចុប្បន្នកាល។ មហាសន្និបាតដ៏វិសុទ្ធយល់ឃើញថា របៀបរស់នៅជាព្រហ្មចារី ជាអ្នកក្រីក្រ និងជាអ្នកស្តាប់បង្គាប់មេដឹកនាំ ពិតជាមានតម្លៃខ្ពស់ណាស់តាមព្រះគ្រីស្តផ្ទាល់ធ្វើជាគំរូស្រាប់។ មហាសន្និបាតសង្ឃឹមយ៉ាងមាំថា កិច្ចការដែលគ្រឹះស្ថានទាំងនោះនឹងប្រព្រឹត្ត ទោះជាកិច្ចការដ៏ស្ងាត់កំបាំងក្តី ឬជាកិច្ចការដែលមនុស្សលោកស្គាល់គ្រប់គ្នាក្តី មុខជាបានបង្កើតផលល្អពុំខាន។ ហេតុនេះ សូមបព្វជិតបព្វជិតាទាំងអស់ផ្សព្វផ្សាយដំណឹងល្អស្តីអំពីព្រះគ្រីស្តក្នុងពិភពលោកទាំងមូល ដោយកាន់ជំនឿឥតលម្អៀងដោយមានចិត្តស្រឡាញ់ព្រះជាម្ចាស់ និងអ្នកដទៃ ដោយស្រឡាញ់ឈើឆ្កាង និងដោយមានសេចក្តីសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងនៅលោកខាងមុខទៀតផង។ សូមឱ្យមនុស្សទាំងអស់ឃើញសក្ខីភាពរបស់គាត់ ហើយសូមឱ្យគេលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតាដែលគង់ស្ថានបរមសុខ (មថ ៥,១៦)។ ដូច្នេះ ដោយមានព្រះនាងព្រហ្មចារិនីម៉ារីជាមាតាព្រះអម្ចាស់ជួយអង្វរ គឺព្រះនាងដែល “បានរស់នៅទុកជាគំរូណែនំាការរស់នៅរបស់គាត់” សូមឱ្យបព្វជិតបព្វជិតាទាំងអស់រីកចម្រើន និងកើនចំនួនឡើងតៗទៅ និងបង្កើតផលកាន់តែច្រើនឡើងដើម្បីសង្រ្គោះមនុស្សលោក។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាតពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ ព្រមទាំងគោលការណ៍នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឱ្យយើងក្នុងឋានៈជាគ្រីស្តទូតរួមជាមួយអស់លោកអភិបាល ដោយមានព្រះវិញ្ញាណរួមជាមួយផងក៏យល់ព្រម ហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឱ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុមរ៉ូម នៅព្រះវិហារសន្តសិលា ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់អស់លោកអភិបាល)