ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

ព្រះសហគមន៍នៅបូព៌ាប្រទេស
ORIENTALIUM ECCLESIARUM

ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឱ្យគេនឹកចងចាំរហូតតរៀងទៅ។

ក្រឹត្យក្រម
អំពីព្រះសហគមន៍កាតូលិកនៅបូព៌ាប្រទេស

១- បុព្វកថា

ព្រះសហគមន៍កាតូលិកគោរពយ៉ាងខ្លាំងនូវស្ថាប័ន ក្បួនពិធីគោរពប្រណិប័តន៍ និងប្រពៃណីព្រះ​​​សហគមន៍ ហើយវិន័យណែ​​​នាំ​​​ការ​​​រស់​នៅ​តាមគ្រីស្តសាសនារបស់ព្រះសហគមន៍នៅបូព៌ាប្រទេស។ ព្រះសហគមន៍ទាំងនោះ​​​មាន​​​កិត្តិយស​​​ដ៏ខ្ពង់​​​ខ្ពស់បំផុត ​ព្រោះ​ព្រះសហគមន៍ទាំងនោះកើតជាយូរយារណាស់មកហើយ។ ការបញ្ជូនបន្តមកពី​​​ក្រុម​​​គ្រីស្តទូត​​​ដោយ​​​សារគ្រូបាធ្យាយ ​ក៏​លេច​ភ្លឺចិញ្ចាចចិញ្ចែង​ក្នុង​ព្រះសហគមន៍ទាំងនោះដែរ។ ការបញ្ជូនបន្តនេះ ពិតជាបេតិកភ័ណ្ឌ​​​រួមរបស់ព្រះសហគមន៍ទាំងមូល ជាបេតិកភ័ណ្ឌ​​​​​​ដែលបែកគ្នាមិនបាន ដែលព្រះជាម្ចាស់បាន​​​សម្តែង​​​​ឱ្យ​មនុស្ស​​​លោក​​​ស្គាល់​​​​​​។ ​​​ព្រះសហគមន៍ទាំង​នោះ​ពិតជាសាក្សី ដែល​មាន​ជីវិត​អំពីការបញ្ជូនបន្តនោះ។ មហាសន្និបាត​​​​ប្រាថ្នា​​​ចង់​​​​​​ឱ្យ​​​ព្រះ​​​សហគមន៍ទាំងនោះលូតលាស់​ឡើង និងបំពេញ​បេសកកម្ម​របស់ខ្លួន​ដោយមាន​​​កម្លាំងរស់រវើកជាថ្មី។ ហេតុ​​​នេះហើយ បានជាលើសពីសេចក្ដីសម្រេចអំពីព្រះ​សហគមន៍សកល មហាសន្និបាត​សម្រេចតែងតាំង​​​គោល​​​ការណ៍​ដ៏សំខាន់ៗខ្លះ ទាំងផ្ញើបញ្ហាឯទៀតៗឱ្យសន្និបាត​ព្រះសហគមន៍នៅបូព៌ាប្រទេស និង​​​ឱ្យ​​​អាសនៈ​​​គ្រីស្តទូត​​​សិលា​​​សម្រេចដោយ​ប្រុងប្រយ័ត្ន។

ព្រះសហសហគមន៍ដែលកាន់​​​តាមរបៀបរបបពិធីពិសេសដោយឡែក

២- ព្រះសហគមន៍កាតូលិកដ៏វិសុទ្ធជាព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត គឺមានគ្រីស្តបរិស័ទ​​​រួមភ្ជាប់​​​ជាមួយ​​​គ្នា​​​ដូច​​​ជា​​​រូ​​​បកាយមួយក្នុងព្រះវិញ្ញាណ ដោយមានជំនឿតែមួយ អគ្គសញ្ញាដដែលដូចគ្នា និង​​​មាន​​​ការ​​​ណែ​​​នាំ​​​គ្រប់គ្រងតែ​​​មួយ​​​ដូចគ្នា។ គ្រីស្តបរិស័ទក៏តែងតាំងសហគមន៍ផ្សេងៗដែល​មានអំណាចមកពីព្រះជាម្ចាស់តាមលំដាប់លំដោយ បង្រួប​​​​​​បង្រួម​​​គេឱ្យ​​​ភ្ជាប់​​​ជា​​​មួ​​​យគ្នា ពិតជាព្រះសហគមន៍ដោយឡែក ឬជាព្រះសហគមន៍ដែល​​​មាន​​​របៀបរបប​​​ពិធី​​​ផ្ទាល់។ ព្រះសហគមន៍ទាំងនោះរួបរួមគ្នាយ៉ាងល្អគួរឱ្យសរសើរ ដូច្នេះ ទោះបីក្នុងព្រះសហគមន៍តែមួយមានសេចក្ដី​​​ប្លែកៗ​​​ពី​​​គ្នាក៏ដោយ ក៏សេចក្ដីទាំងនោះមិន​បង្ខូច​​ការរួបរួមគ្នាជាធ្លុងតែមួយទេ ផ្ទុយទៅវិញ សេចក្ដី​​​ប្លែកៗ​​​ពី​​​គ្នា​​​​​​ទាំង​​​ប៉ុន្មាន​​​លើកតម្កើងការរួបរួមគ្នានោះ។ ព្រះសហគមន៍​កាតូលិកមានគោលបំណងថែរក្សា​ប្រពៃណីព្រះ​​​សហគមន៍​​​​​​ដោយ​​​ឡែក​​​នីមួយៗ ឬព្រះសហគមន៍ដែលមាន​របៀបរបបពិធីផ្ទាល់ឱ្យនៅគង់វង្សទាំង​ស្រុង។ ព្រះសហគមន៍ក៏​​​មាន​​​បំណងសម្របរបៀបរស់នៅរបស់ខ្លួនតាម​តម្រូវការផ្សេងៗ ​​​គឺតាមកាលៈទេសៈ និង​​​​​​ទី​​​កន្លែង​​​​​​ទៀតផង។

៣- ព្រះសហគមន៍ដោយឡែកទាំងនោះ ទោះជានៅបូព៌ាប្រទេសក្ដី នៅបស្ចិមប្រទេសក្ដី ក៏ប្លែកពីគ្នា​​​ដោយមាន​​​ក្បួនពិធីប្លែកពីគ្នា គឺថា គេគោរពប្រណិប័តន៍ព្រះជាម្ចាស់តាមរបៀបផ្សេងៗគ្នា មានក្បួនវិន័យប្លែក​​​ពីគ្នាសម្រាប់ក្រុម​​​បូជាចារ្យ​​​ (អាចារ្យ) ​ហើយក៏មាន​បេតិកភ័ណ្ឌខាងព្រះវិញ្ញាណប្លែកពីគ្នាដែរ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏​​​ដោយ ក៏​​​​​​ព្រះជាម្ចាស់បានផ្ញើព្រះ​​​សហគមន៍​​​ទាំង​​​នោះទៅលោកអភិបាលព្រះសហគមន៍ក្រុងរ៉ូម​គ្រប់គ្រងណែនាំតាម​​​របៀប​​​​​​ដដែល។ តា​​​មព្រះ​​​ហឫទ័យរបស់ព្រះជាម្ចាស់ អភិបាលព្រះសហគមន៍ក្រុងរ៉ូម​នេះបន្តមុខងារពីគ្រីស្តទូត​​​សិលា​​​មក ក្នុង​​​​​​ឋានៈ​លោកជា​ប្រធានលើព្រះសហគមន៍សកល។ ហេតុនេះ ព្រះសហគមន៍ទាំង​ប៉ុន្មាន​មានកិត្តិយស​​​ដ៏ថ្លៃថ្នូរ​​​ស្មើ​​​គ្នា​​​ទាំង​​​​អស់ គ្មានព្រះសហគមន៍ណាមួយលើសព្រះសហគមន៍ឯទៀតៗ ដោយអះអាងលើ​របៀបរបបពិធីរបស់​​​ខ្លួន​​​ឡើយ។ ​ព្រះសហគមន៍ទាំងនោះមានសិទ្ធិស្មើគ្នា ហើយក៏ត្រូវតែបំពេញកាតព្វកិច្ចដូចគ្នា គឺមាន​​​ភារកិច្ច​​​ប្រកាស​​​ដំណឹង​​​​ល្អ​ក្នុងពិភពលោកទាំងមូល (មក ១៦,១៥) ក្រោមការណែនាំរបស់អភិបាលព្រះសហគមន៍​​​ក្រុង​​​រ៉ូម​​​ដូច​​​គ្នា​​​ដែរ។

៤- ហេតុនេះហើយ បានជាត្រូវផ្គត់ផ្គង់ព្រះសហគមន៍ដោយឡែកទាំងនោះឱ្យនៅស្ថិតស្ថេរ និងឱ្យចម្រើនឡើងទៀត​ផង។ ត្រូវតែងតាំងសហគមន៍គ្រីស្តបរិស័ទ និងអំណាចដ៏សក្ការៈតាមលំដាប់លំដោយនៅ​​​កន្លែង​​​ណា​​​ដែលផល​​​ប្រយោជន៍​​​ខាងព្រះវិញ្ញាណរបស់​គ្រីស្តបរិស័ទទាមទារឱ្យមាន។ ក៏ប៉ុន្តែ អំណាចដ៏សក្ការៈតាមលំដាប់លំដោយ​​​នៃ​​​ព្រះ​​​​​​​​​សហគមន៍​​​ដោយឡែកទាំងនោះ ដែលស្ថិតនៅក្នុង​តំបន់​តែមួយត្រូវយក​ចិត្តទុក​ដាក់ពិគ្រោះគ្នា ដោយចាត់ចែង​​​ការ​​​​​​ប្រជុំតាមពេលកំណត់ ដើម្បីលើកស្ទួយឱ្យមាន​សកម្មភាពរួម និងព្រួត​កម្លាំង​គ្នាគាំទ្រ​កិច្ចការរួម ទើបអស់​​​លោក​​​បណ្តោយឱ្យប្រយោជន៍សាសនាចម្រើនឡើងឱ្យបាន​ស្រួល ហើយក៏ការពារវិន័យរបស់ក្រុមបូជាចារ្យ​យ៉ាង​សកម្មដែរ។ ត្រូវ​​​បង្រៀនអស់អ្នកដែលទទួលអគ្គសញ្ញាតែងតាំង និងបេក្ខជនដែលត្រូវទទួលអគ្គសញ្ញានោះ ឱ្យ​ដឹង​ច្បាស់អំពីរបៀប​​​របប​​​ពិធីគោរពប្រណិប័តន៍ផ្សេងៗ ជាពិសេស ដឹងអំពីសេចក្តីណែនាំក្នុងករណី​​​អន្តររបៀបរបបពិធី។ នៅពេល​​​អប់រំ​​​ជំនឿ គ្រីស្តបរិស័ទ​​​ធម្មតា​​​​ក៏ត្រូវ​​ទទួលការអប់រំ​អំពីរបៀបរបបពិធីផ្សេងៗ និងអំពី​សេចក្តីណែនាំ​ក្នុងករណីអន្តរ​​​របៀប​​​របប​​​ពិធីនោះ​​​ដែរ។ មិន​​​​​​តែ​​​ប៉ុណ្ណោះ​​​សោត គ្រីស្តបរិស័ទម្នាក់ៗ និង​គ្រីស្តបរិស័ទ​ទាំងអស់ ព្រមទាំងអស់អ្នកដែល​​​ទទួល​​​អគ្គ​សញ្ញាជ្រមុជទឹក​​​ក្នុង​​​​​​ព្រះសហគមន៍ ឬក្នុងសហគមន៍មិនមែនកាតូលិក ហើយដែលមករួបរួម​​​យ៉ាង​​​ពេញ​​​លក្ខណៈ​​​ក្នុងព្រះសហគមន៍​​​កាតូលិកយើង ត្រូវតែរក្សាទុករបៀបរបបពិធីរបស់ខ្លួនផ្ទាល់នៅគ្រប់កន្លែង។ គេក៏ត្រូវ​​​ប្រតិបត្តិតាម និង​​​កាន់​​​​​​តាម​​​​​​តែគេអាច​ធ្វើ​បានដែរ។ ក្នុងករណីពិសេស ដែលចោទឡើងអំពីបុគ្គលម្នាក់ៗ អំពី​​​សហគមន៍​​​នានា​​​ ឬអំពី​​​តំបន់ផ្សេងៗ គេមានសិទ្ធិឡើងសណុំរឿង​​​ទៅអាសនៈរបស់គ្រីស្តទូត​សិលា។ អភិបាលព្រះ​​​សហគមន៍​​​​​​ក្រុង​​​រ៉ូម​​​នេះ ក្នុង​​​ឋានៈ​​​លោក​​​​ជា​អាជ្ញាកណ្តាលដ៏ខ្ពង់ខ្ពស់បំផុតក្នុងទំនាក់ទំនងរវាងព្រះ​សហគមន៍នានា លោក​​​នឹងផ្គត់ផ្គង់តាម​​​តម្រូវ​​​ការ​​​របស់គេ ដោយ​មាន​ចិត្តគំនិតចង់បង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយ​​​ផង។​​​ លោកនឹងសម្រេច​​​ដោយ​​​ខ្លួនលោកផ្ទាល់ក៏បាន ​ឬដោយផ្ញើឱ្យអំណាចផ្សេងៗសម្រេចក៏បាន ទាំងផ្តល់​​​សេចក្ដី​​​ណែនាំ ក្រឹត្យ​​​ក្រម និងបញ្ជា​​​តាម​​​សេចក្ដីត្រូវការ។

ត្រូវថែរក្សាបេតិកភ័ណ្ឌនៃព្រះសហគមន៍នាបូព៌ាប្រទេស

៥- ប្រវត្តិសាស្រ្ត ប្រពៃណីនានា និងស្ថាប័នជាច្រើនរបស់ព្រះសហគមន៍​​​តែងបញ្ជាក់យ៉ាងច្បាស់ថា ​ព្រះ​​​សហគមន៍​​​នៅបូព៌ា​​​​ប្រទេសមានគុណជាច្រើនទៅលើព្រះសហគមន៍សកល។ ហេតុនេះហើយ ​បានជាមហាសន្និបាត​​​សូមលើក​​​តម្កើង​​​​ និង​​រាប់​បេតិកភ័ណ្ឌខាងព្រះសហគមន៍ និងខាងការរស់នៅតាមព្រះវិញ្ញាណរបស់គេ។ លើស​ពីនេះ​ទៅ​ទៀត មហាសន្និបាតទទួលស្គាល់យ៉ាងម៉ឺងម៉ាត់ថា បេតិកភ័ណ្ឌនោះពិតជាបេតិកភ័ណ្ឌរបស់ព្រះសហគមន៍ទាំងមូល​របស់​ព្រះ​​​គ្រីស្ត។ ហេតុនេះហើយ បានជាមហាសន្និបាតសូមប្រកាសយ៉ាងឱឡារិកថា ព្រះសហគមន៍នៅបូព៌ាប្រទេស ក៏​ដូច​ព្រះ​សហគមន៍នៅបស្ចិមប្រទេស មានសិទ្ធិ និងភារកិច្ចគ្រប់គ្រងខ្លួនឯង ដោយខ្លួនឯងបានតាមក្បួនវិន័យដោយ​​​ឡែក​​​​​​របស់គេ។ គួរឱ្យគោរព និងប្រតិបត្តិតាមក្បួនវិន័យទាំងនោះ ព្រោះក្បួនវិន័យទាំងនោះមកពីបរមបុរាណ និង​ស្រប​​​តាមទំនៀមទម្លាប់គ្រីស្តបរិស័ទរបស់គេ ហើយក៏ស្រួលនាំផលប្រយោជន៍ដល់គេ។

៦- សូមឱ្យគ្រីស្តបរិស័ទនៅបូព៌ា​ប្រទេស​ទាំងអស់ដឹងយ៉ាងជាក់ច្បាស់ថា គេមានសិទ្ធិអាចនឹងត្រូវរក្សាទុកក្បួនពិធី គោរពប្រណិប័តន៍ដ៏ត្រឹមត្រូវរបស់ខ្លួន និងរក្សាទុកក្បួនវិន័យរបស់គេទៀតផង។ ប្រសិន​ត្រូវកែសម្រួលក្បួនទាំងនោះ ត្រូវ​​​កែ​​​សម្រួល​​​​​​តែក្នុង​គោល​​បំណងធ្វើឱ្យពិធី និងក្បួនវិន័យទាំងនោះចម្រើនឡើង និងត្រូវកែសម្រួលពីផ្ទៃក្នុង​​ព្រះ​សហគមន៍​​​​​​ដោយ​​​​​​ឡែកទាំងនោះទៀត។ គ្រីស្តបរិស័ទនៅបូព៌ាប្រទេសត្រូវកាន់តាមសេចក្ដីទាំងនោះ​​​ដោយចិត្ត​​​ស្មោះ​​​យ៉ា​​​ង​​​ខ្លាំង។ គេត្រូវស្គាល់ពិធី និងក្បួនវិន័យទាំងនោះឱ្យកាន់តែច្បាស់ឡើងៗ និងអនុវត្តតាមឱ្យកាន់តែប្រសើរ​​​ឡើងៗ​​​​​​ដែរ។ ប្រសិនបើមានមូលហេតុបណ្តាលឱ្យគេឃ្លាត​ឆ្ងាយ​​នោះ គឺមកពីសភាពការណ៍ផ្សេងៗតាមកាលៈទេសៈ ឬ​​​​​​មក​​​​​​តែពីបុគ្គលនោះ សូម​​​​​​​​​ឱ្យគេខិតខំត្រឡប់​​​មក​​​រក​​​ប្រពៃណី​​​​ដូនតាគេ​វិញ។ ចំពោះអស់អ្នកដែលធ្លាប់​មាន​ទំនាក់ទំនង​​​ជាញឹកញាប់ជាមួយព្រះ​​​សហគមន៍​​​​​​​នៅបូព៌ា​ប្រទេស ឬជាមួយគ្រីស្តបរិស័ទ​នៅបូព៌ាប្រទេស ​តាមបន្ទុករបស់ខ្លួនផ្ទាល់ ឬតាមមុខងារបម្រើ​​​របស់​​​គេក្នុងឋានៈជាគ្រីស្តទូត សូមរៀនយ៉ាងហ្មត់ចត់ដើម្បីឱ្យស្គាល់ និងឱ្យស្រឡាញ់របៀបរបប​ពិធី​ ក្បួនវិន័យ លទ្ធិនៃជំនឿ និងលក្ខណៈពិសេសរបស់គ្រីស្តបរិស័ទនៅបូព៌ា​ប្រទេស។ មហាសន្និបាតផ្តែផ្តាំ​​​យ៉ាង​​​ផ្តូរ​​​ផ្តាច់ថា សូម​គ្រឹះស្ថាន​​​ និង​​​សហគមន៍ដែលកាន់របៀបរបបពិធីឡាតាំង ហើយដែលធ្វើការនៅ​បូព៌ាប្រទេស ឬជា​​​មួយ​​​​​​គ្រីស្តបរិស័ទ​នៅ​​​បូព៌ា​​​ប្រទេស សូមបង្កើតគេហដ្ឋាន និងតំបន់ក្រុមគ្រួសារបព្វជិតដែលកាន់តាម​​​របៀប​​​របប​​ពិធី​​​បូព៌ា​ប្រទេស ប្រសិន​​​​​​បើអាចធ្វើបាន ដើម្បីឱ្យគេបំពេញកិច្ចការជាគ្រីស្តទូតឱ្យបានប្រសិទ្ធភាព។

អភិបាលដ៏ប្រសើរឧត្តមនៅបូព៌ាប្រទេស

៧- មានតែងតាំងអភិបាលដ៏ប្រសើរឧត្តមក្នុងព្រះសហគមន៍តាំងពីបរមបុរាណមក ហើយមហាសន្និបាតសកលដើម​ដំបូង ក៏តែងតែទទួលស្គាល់អភិបាលដ៏ប្រសើរឧត្តមទាំងនោះដែរ។

“អភិបាលដ៏ប្រសើរឧត្តមនៃព្រះសហគមន៍នៅបូព៌ាប្រទេស” មានន័យថា អភិបាលដែលគ្រប់គ្រង​លើ​អភិបាល​​​​​​​ឯទៀតៗ​ទាំងអស់ សូម្បីតែលើអភិបាលព្រះសហគមន៍នៃក្រុងធំៗក្តី ក៏អស់លោកគ្រប់គ្រងដែរ។ អស់​​​លោក​​​ក៏​​​គ្រប់គ្រងលើក្រុមអ្នកទ​​​ទួល​​​អ​​​គ្គសញ្ញាតែ​​​ងតាំងជាអ្នក​​​បម្រើព្រះសហគមន៍ និងលើគ្រីស្តបរិស័ទដែលរស់នៅក្នុង​តំបន់​​​រ​បស់លោក ឬលើគ្រីស្តបរិស័ទដែលកាន់តាម​របៀបរបបពិធីរបស់លោក។ លោកគ្រប់គ្រង​​​ដូច្នេះ​​​តាមសេចក្តីណែនាំនៃច្បាប់វិន័យ ទាំងទទួលស្គាល់អភិបាលព្រះសហគមន៍ក្រុងរ៉ូមទុកជា​​​ប្រធាន​​​ផង។

នៅគ្រប់កន្លែងដែលគេតែងតាំងអ្នកកាន់អំណាចដ៏សក្ការៈម្នាក់នៃរបៀបរបបពិធីណាមួយ ​ក្រៅពីព្រំដែន​​​តំបន់​​​​​​​​​​​​អភិបាល​​​​​​​​​​​​ដ៏ប្រសើរឧ​​​ត្តមនោះ ក៏អ្នកកាន់អំណាចដ៏សក្ការៈថ្មីនោះ (គឺអំណាចដែលមកពីព្រះជាម្ចាស់) នៅតែ​​​ភ្ជាប់​​​​​​ចំណង​​​​​​ជាមួយក្រុមអភិបាល ដែល​​​មាន​​​អំណាច​​​តាមលំដាប់លំដោយ​​​នៅក្នុង​តំបន់ និងស្ថិតនៅក្រោមការគ្រប់គ្រង​​​របស់​​​អភិបាល​​​ដ៏ប្រសើរឧត្តមនៃរបៀបរបបពិធីនោះ តាមសេចក្តីណែនាំនៃច្បាប់វិន័យដែរ។

៨- អភិបាលដ៏ប្រសើរឧត្តមនៃព្រះសហគមន៍នៅបូព៌ាប្រទេស ទោះបីមានអភិបាលដ៏ប្រសើរឧត្តមខ្លះកើតក្រោយពីអភិបាលដ៏ប្រសើរឧត្តមឯទៀតៗ ក៏អស់លោកមានកិត្តិយសស្មើគ្នាទាំងអស់ ក្នុងឋានៈអស់លោកជាអភិបាល​​​ដ៏ប្រសើរ​​​ឧត្តមដូចគ្នា តែត្រូវរក្សាទុកឋានន្តរស័ក្តិកិត្តិយស ដែលគេតែងតាំងយ៉ាងត្រឹមត្រូវរួចមកហើយ។

៩- តាមប្រពៃណីពីបរមបុរាណនៃព្រះសហគមន៍តរៀងមក ត្រូវគោរពយ៉ាងពិសេស​ចំពោះអភិបាលដ៏ប្រសើរឧត្តម​​​ទាំង​​​ប៉ុន្មាន​​​​​​នៃ​​​ព្រះ​​​​សហគមន៍នៅបូព៌ាប្រទេស ដ្បិតអស់លោកជាប្រធានក្នុងតំបន់រៀងៗខ្លួនក្នុងឋានៈជាឪពុក និងជាមេដឹក​​​នាំ​​​។ ហេតុនេះហើយ បានជាមហាសន្និបាតសម្រេចថា ត្រូវតែងតាំងសិទ្ធិ និងឯកសិទ្ធិរបស់អស់លោកឡើងវិញ ស្រប​​​​​​តាម​ប្រពៃណីពីបុរាណរបស់ព្រះសហគមន៍នីមួយៗ និងស្របតាមក្រឹត្យក្រមនៃមហាសន្និបាត​​​សកល​​​ទាំង​​​ប៉ុន្មាន​​​ពី​​​​​​មុនៗ​​​​​​មក​​​។

ទោះបីត្រូវកែសម្រួលសិទ្ធិ និងឯកសិទ្ធិទាំងនោះបន្តិចឱ្យបានស្របតាមសភាពការណ៍នាបច្ចុប្បន្ន​ក្តី ក៏សិទ្ធិ​​​ និង​​​​​​​​​​ឯកសិទ្ធិទាំងនោះពិតជាសិទ្ធិ និងឯកសិទ្ធិរបស់អស់លោកអភិបាលដ៏ប្រសើរឧត្តមតែងតែមាននៅសម័យ​​​ព្រះ​​​សហគមន៍នៅបូព៌ាប្រទេស និងនៅបស្ចិមប្រទេសរួបរួមគ្នានៅឡើយ។

អស់លោកអភិបាលដ៏ប្រសើរឧត្តម និងសន្និបាតរបស់អស់លោកជាស្ថាប័នដ៏ខ្ពង់ខ្ពស់បំផុតដែលអាច​​​ដោះ​​​​​​​ស្រាយ​បញ្ហា​​​ទាំងប៉ុន្មានក្នុងតំបន់របស់លោកអភិបាលដ៏ប្រសើរឧត្តម។ ស្ថាប័នដ៏ខ្ពង់ខ្ពស់បំផុតនេះ​​​ក៏​​​មាន​​​សិទ្ធិតែង​​​តាំង​​​​​​មេដឹកនាំថ្មី និង​តែង​តាំង​អភិបាលតាមរបៀបរបបពិធីរបស់អស់លោក ក្នុងព្រំដែនតំបន់​​​របស់​​​លោក​​​អភិបាល​​​ដ៏​​​ប្រសើរ​​​ឧត្តមដែរ។ ក៏ប៉ុន្តែ អភិបាលព្រះសហគមន៍ក្រុងរ៉ូម នៅតែមានសិទ្ធិដែលដកមិនបាន អាច​​​ធ្វើ​​​អន្តរាគមន៍ក្នុង​​​ករណី​​​នីមួយៗទាំងនេះបានផងដែរ។

១០- សេចក្ដីចែងអំពីអភិបាលដ៏ប្រសើរឧត្តមទាំងនោះ ក៏ត្រូវរាប់ទុកជាបានការចំពោះអគ្គ​​​អភិបាល​​​ដ៏ប្រសើរដែល​​​ជា​​​មេ​​​ដឹក​​​នាំ​​​ព្រះសហគមន៍ដោយឡែកទាំងមូលមួយ ឬដែលជាមេដឹកនាំ​​​របៀប​​​របប​​​ពីធី​​​មួយស្រប​​​តាម​​​សេចក្តី​​​ណែ​​​នាំ​​​​​​​​​នៃច្បាប់វិន័យដែរ។

១១- អភិបាលដ៏ប្រសើរឧត្តមទាំងប៉ុន្មាន ជាស្ថាប័នគ្រប់គ្រងព្រះសហគមន៍ទាំងប៉ុន្មាននៅបូព៌ាប្រទេស​​​តាម​​​ប្រពៃណី។​​​ ហេតុនេះហើយ បានជាពេលណាត្រូវតែងតាំងតំបន់ថ្មីក្រោមអំណាចអភិបាលដ៏ប្រសើរឧត្តមម្នាក់តាម​​​តម្រូវការ មហាសន្និបាតសកលយើងនេះ ប្រាថ្នាចង់ឱ្យមានតែមហាសន្និបាតសកល ឬ​អភិបាលព្រះ​​​សហគមន៍​​​ក្រុងរ៉ូម​​​ប៉ុណ្ណោះ​​​​​​​​​​​​តែង​​​តាំងតំបន់ថ្មីនោះ។

វិន័យអំពីអគ្គសញ្ញា

១២- មហាសន្និបាតសកលដ៏វិសុទ្ធបញ្ជាក់ និងយល់ស្របតាមក្បួនវិន័យពីបុរាណ អំពីរបៀបធ្វើ​​​អគ្គសញ្ញា​​​ជូន​​​គ្រីស្តបរិស័ទ ដែលព្រះសហគមន៍ទាំងប៉ុន្មាននៅបូព៌ាប្រទេសធ្លាប់អនុវត្តតាម។ ​មហាសន្និបាត​​​ក៏ប្រាថ្នាចង់​​​ឱ្យគេ​​​តែង​​​តាំងរបៀប​បុរាណធ្វើអគ្គសញ្ញាឡើងវិញថែមទៀត ប្រសិនបើត្រូវការ។

១៣- ចំពោះក្បួនវិន័យអំពីអ្នកបម្រើ ប្រេងគ្រីស្មាដ៏វិសុទ្ធដែលគ្រីស្តបរិស័ទនៅបូព៌ាប្រទេស​តែង​អនុវត្ត​តាម​​​តាំងពីបរម​​​បុរាណ​​​​​​មក សូមតែងតាំងឡើងវិញយ៉ាងពេញលេញ។ ហេតុនេះហើយ បានជាអស់លោកគង្វាលមានសិទ្ធិអាចធ្វើអគ្គសញ្ញានេះ​​​ជូនគ្រីស្តបរិស័ទបាន ដោយប្រើប្រេងគ្រីស្មាដែលអភិបាលដ៏ប្រសើរឧត្តម ​ឬអភិបាលបាន​​​ប្រសិទ្ធិពររួចមកហើយ។

១៤- អស់លោកគង្វាលនៃព្រះសហគមន៍បូព៌ាប្រទេសមានសិទ្ធិអាចធ្វើអគ្គសញ្ញាលាបថ្ងាសនេះ ដែល​​​អាច​​​ចាត់ទុក​​​​​​ជាបានការ ទោះជានៅពេលធ្វើអគ្គ​សញ្ញាជ្រមុជទឹក ឬនៅពេលផ្សេងទៀតក្តី ​ទោះជា​​​គ្រីស្ត​​​បរិស័ទ​​​​​​ដែល​​​ទទួលនោះកាន់​​​តាម​​​របៀបរបបពិធីណា​ក៏ដោយ សូម្បីតែគ្រីស្តបរិស័ទកាន់តាម​​​របៀបរបប​​​ពិធី​​​​​​​​​ឡាតាំងកី្ត ក៏​​​លោក​​​គង្វាល​​​មានសិទ្ធិអាចធ្វើអគ្គសញ្ញានេះជូនគេបានដែរ។ ​ប៉ុន្តែអស់​លោកត្រូវកាន់​​​តាម​​​បញ្ជានៃច្បាប់រួម និង​​​​​​តាម​​​បញ្ជា​​​ព្រះ​​​​​​សហគមន៍ដោយឡែក ដើម្បីឱ្យបានត្រឹមត្រូវតាមច្បាប់។​ ចំពោះ​គង្វាល ដែល​​​កាន់​​​​​​តាមរបៀបរបប​​​ពិធី​​​ឡាតាំងក៏មានសិទ្ធិអាចធ្វើអគ្គសញ្ញា​​​នេះ​​​​​​ជូនគ្រីស្តបរិស័ទនៃព្រះ​​​សហគមន៍​​​​បូព៌ា​ប្រទេស​​​បាន​​​ដែរ លុះត្រាតែ​​​លោក​​​មានសិទ្ធិក្នុងការ​​​ធ្វើ​​​អគ្គសញ្ញាលាប​​​ថ្ងាសនេះក្នុងព្រះសហគមន៍​​​របស់ខ្លួន។ ធ្វើដូច្នេះ លោកគង្វាលមិនបង្ខូច​​​ប្រយោជន៍​​​របៀបរបបពិធីផ្ទាល់​​​របស់​​​គ្រីស្តបរិស័ទ​​​ទាំង​​​នោះ​​​។ ប៉ុន្តែ អស់លោកត្រូវ​​​កាន់​​​​តាម​​បញ្ជា​​​នៃ​​​ច្បាប់រួម និង​​តាម​​​​​​បញ្ជាព្រះសហគមន៍ដោយ​ឡែក ដើម្បីឱ្យបាន​​​ត្រឹម​​​ត្រូវតាមច្បាប់។

១៥- គ្រីស្តបរិស័ទមានកាតព្វកិច្ចចូលរួមក្នុងពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់រៀងរាល់ថ្ងៃអាទិត្យ និងនៅ​​​ថ្ងៃបុណ្យ​​​ធំៗ។ ​​​គេក៏​មានកាតព្វកិច្ចចូលរួមក្នុងពិធីលើកតម្កើងព្រះជាម្ចាស់តាមវិន័យ ឬតាមទម្លាប់នៃរបៀប​​​របបពិធីរបស់គេ​​​ផ្ទាល់​​​ដែរ។ ​មានកំណត់ពេលសម្រាប់បំពេញ​កាតព្វកិច្ច​នោះ គឺតាំងពីពិធីលើកតម្កើងព្រះជាម្ចាស់ល្ងាចថ្ងៃសៅរ៍ រហូត​​​ដល់​​​​​​​​​ល្ងាច​​​ថ្ងៃអាទិត្យ ឬល្ងាចថ្ងៃបុណ្យធំៗនោះ។ មានចាត់ចែងដូច្នេះដើម្បីឱ្យគ្រីស្តបរិស័ទស្រួលបំពេញ​​​កាតព្វកិច្ច​​​នោះ​​​។ ​យើង​​​ទូន្មានគ្រីស្តបរិស័ទយ៉ាងខ្លាំងឱ្យទទួលព្រះកាយ​នៅថ្ងៃទាំងនោះ ឬជាញឹកញាប់ជាងរហូតដល់ទទួល​​​រៀង​​​​​​រាល់ថ្ងៃ​​​ក៏​​​បាន​​​​ដែរ។

១៦- គ្រីស្តបរិស័ទនៃព្រះសហគមន៍ទាំងប៉ុន្មានដោយឡែកដែលរស់នៅក្នុងតំបន់ ឬក្នុងភូមិភាគព្រះ​សហគមន៍បូព៌ា​​​តែមួយតែងតែ​​​រស់នៅលាយ​​​ឡំគ្នាជានិច្ច។ ហេតុនេះ មេដឹកនាំដែលកាន់អំណាចដ៏សក្ការៈត្រូវផ្តល់​​​ឱ្យ​​​​​​គង្វាលរបស់​​​ខ្លួន​​​មានសិទ្ធិជាធម្មតា និង​ដោយ​គ្មាន​លក្ខខ័ណ្ឌណារារាំង ធ្វើអគ្គសញ្ញាលើកលែងទោស​​​ជូន​​​គ្រីស្តបរិស័ទ ​ទោះ​​​ជា​​​គង្វាលនេះកាន់របៀបរបបពីធីណា​ក៏​ដោយ។ សិទ្ធិនោះអាច​ប្រើបាននៅ​​​តំបន់​​​ទាំង​​​មូល ដែល​​​ស្ថិតនៅក្រោម​​​អំណាច​​​អភិបាលដែលផ្តល់សិទ្ធិនោះ ​ព្រមទាំងប្រើបាននៅកន្លែងដែល​​​គ្រីស្តបរិស័ទ​​​​​​រស់​​​នៅ និងសម្រាប់គ្រីស្តបរិស័ទ​​​ទាំង​​​អស់​​​ដែលរស់នៅក្នុងតំបន់នោះ ​ទោះបីគេកាន់តាមរបៀប​​​របប​​​ពិធី​​​ណាក៏ដោយ លើកលែងតែ​​​អ្នកកាន់អំណាចដ៏សក្ការៈ​​​ក្នុងតំបន់នោះបានបដិសេធយ៉ាងច្បាស់​ ចំពោះកន្លែង​​​ដែល​​​​​​គ្រីស្តបរិស័ទ​​​កាន់​​​​​​តាម​​​របៀបរបបពិធីរបស់​​​លោករួចហើយ។

១៧- មហាសន្និបាតប្រាថ្នាចង់ឱ្យតែងតាំងឧបដ្ឋាកអចិន្រៃ្តយ៍ឡើងវិញ នៅកន្លែងណាដែលគេលែងមាន ដើម្បីអនុវត្ត​តាម​​​ក្បួនវិន័យបុរាណនៃព្រះសហគមន៍​បូព៌ាប្រទេស អំពីអគ្គសញ្ញាតែងតាំងជាអ្នកបម្រើ។ ​ចំពោះមុខ​ងារ​ជា​អនុ​​ឧបដ្ឋាក និងមុខងារបម្រើតូចជាងគេ ព្រមទាំងអំពីសិទ្ធិ និងកាតព្វកិច្ចភ្ជាប់នឹងមុខ​ងារ​ទាំងនោះ អំណាច​ដែលមានសមត្ថកិច្ច បញ្ចេញច្បាប់វិន័យក្នុងព្រះសហគមន៍ដោយឡែកនីមួយៗត្រូវចាត់វិធានការតាមសេចក្ដីត្រូវការ។

១៨- ចំពោះគ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍​បូព៌ាប្រទេស ដែលរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកដែលទទួល​អគ្គសញ្ញា​ជ្រមុជទឹក តែមិនមែនជាគ្រីស្តបរិស័ទកាតូលិកបូព៌ាទេ មហាសន្និបាតសម្រេចថា ត្រូវតែរៀប​អាពាហ៍​​​ពិពាហ៍​​​​​​តាម​ក្បួនច្បាប់ ដើម្បីឱ្យអាពាហ៍ពិពាហ៍នោះត្រឹមត្រូវតាមច្បាប់ គឺគ្រាន់តែឱ្យមាន​​​វត្តមានរបស់លោក​គង្វាល​​​​​​​​​ម្នាក់ជាចាំបាច់ និង​​​ឱ្យគោរពតាមក្បួនវិន័យឯទៀតៗ​តាមសេចក្តីណែនាំនៃច្បាប់ ទើប​​​អាពាហ៍​​​ពិពា​​​​​​ហ៍​​​​​​​​​នោះ​​​​​​​​​ទុកជាបានការ។ មហាសន្និបាតសម្រេចដូច្នេះ ដើម្បីឱ្យ​​​អាពាហ៍ពិពាហ៍​​​​​​ទាំង​​​នោះ​​​អាច​​​យក​​​ជា​​​ការ​​​បាន និង​​​ដើម្បី​​​ឱ្យគូ​ស្វាមីភរិយានៅជាប់​ស្ថិតស្ថេរ ហើយ​​​បានវិសុទ្ធ ព្រមទាំងរស់នៅជាមួយគ្នា​​​ដោយសេចក្ដីសុខ​​​សាន្តទៀត​​​ផង។

ពិធីគោរពបម្រើព្រះជាម្ចាស់

១៩- តាំងពីពេលនេះតទៅ មានតែមហាសន្និបាតសកល និងសន្តៈអាសនៈនៃគ្រីស្តទូតសិលាប៉ុណ្ណោះទេដែលមានសិទ្ធិផ្លាស់​ប្តូរថ្ងៃបុណ្យរួមរបស់ព្រះសហគមន៍​បូព៌ាប្រទេសទាំងឡាយ ឬលុបបំបាត់ថ្ងៃបុណ្យទាំងនោះបាន។ ចំពោះ​​​ថ្ងៃបុណ្យរបស់ព្រះសហគមន៍​ដោយឡែក សន្និបាតរបស់អភិបាលដ៏ប្រសើរឧត្តម ឬសន្និបាតរបស់អគ្គអភិបាលក៏​​​មាន​​​​​​​​​សិទ្ធិតែងតាំង និងផ្លាស់ប្តូរ ឬលុបបំបាត់ថ្ងៃបុណ្យនានា ដូចអាសនៈ​​​គ្រីស្តទូតសិលាដែរ។ ក៏ប៉ុន្តែ​​​ ត្រូវ​​​នឹក​​​គិត​​​ដល់តំបន់​​​ទាំង​​​មូល និងដល់ព្រះសហគមន៍ដោយឡែកឯទៀតៗដែរ។

២០- មហាសន្និបាតប្រាថ្នាចង់ឱ្យគ្រីស្តបរិស័ទទាំងអស់ព្រមព្រៀងគ្នាធ្វើបុណ្យចម្លងនៅថ្ងៃតែមួយដូចគ្នា។ ​ទម្រាំពេល​នោះ សូមអស់លោកអភិបាលដ៏ប្រសើរឧត្តម និងអ្នកកាន់អំណាចយ៉ាងខ្ពង់ខ្ពស់ក្នុងព្រះសហគមន៍ក្នុងតំបន់ ​រួមមតិ​គា្នធ្វើបុណ្យចម្លងនៅថ្ងៃអាទិត្យដដែលតែមួយដូចគ្នា ដោយព្រមគ្នាជាឯកច្ឆ័ន្ន និងដោយបានពិគ្រោះជាមួយអស់អ្នកដែលពាក់ព័ន្ធនឹងបញ្ហានេះ។ ធ្វើដូច្នេះ មុខជាអស់លោកនឹងជួយឱ្យគ្រីស្តបរិស័ទទាំងអស់ដែលរស់នៅក្នុងតំបន់ ​ឬក្នុង​​​ប្រទេស​តែមួយរួបរួមគ្នាជាធ្លុងតែមួយពុំខាន។

២១- ចំពោះកាលបរិច្ឆេទធ្វើពិធីគោរពប្រណិប័តន៍ គ្រីស្តបរិស័ទទាំងអស់ដែលរស់នៅក្រៅតំបន់ ឬក្រៅកន្លែងដែល​​​គេកាន់​​​តាមរបៀប​​​របបពិធីរបស់ខ្លួន មាន​​​សិទ្ធិ​​​​សម្របខ្លួនទាំងស្រុងតាមវិន័យដែលតែងអនុវត្តនៅកន្លែងគេ​​​រស់​​​នៅ​​​។​​​ ចំពោះ​​​​​​ក្រុមគ្រួសារដែលមានគូស្វាមីភរិយា​ជា​គ្រីស្តបរិស័ទ​កាន់​តាមរបៀប​របបពិធីផ្សេងពីគ្នា គេមាន​​​សិទ្ធិតាមច្បាប់​​​ដដែល​​​​​​នេះ គឺកាន់តាមរបៀបរបបពិធីតែ​មួយ​​គត់​។

២២- ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង និងបព្វជិតបព្វជិតានៃព្រះសហគមន៍នៅបូព៌ាប្រទេស ត្រូវធ្វើពិធីលើកតម្កើង​​​សិរីរុង​រឿង​​​របស់ព្រះជាម្ចាស់តាមវិន័យ និងតាមប្រពៃណីនៃក្បួនច្បាប់ក្រុមគ្រួសាររបស់គេ។ តាំងពីបរមបុរាណមក ព្រះ​​​​​​សហគមន៍នៅបូព៌ាប្រទេស តែងតែពេញចិត្តយ៉ាងខ្លាំង និងធ្លាប់លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដូច្នេះ។ ​គ្រីស្តបរិស័ទ​ក៏ត្រូវធ្វើ​តាមគំរូដូនតារបស់ខ្លួន គឺត្រូវចូលរួមក្នុងពិធីលើកតម្កើងសិរីរុងរឿងរបស់​​​ព្រះជាម្ចាស់​​​នោះដែរ ដោយ​គោរពប្រណិប័តន៍តាមសមត្ថភាពរៀងៗខ្លួន។

២៣- មានតែអភិបាលដ៏ប្រសើរឧត្តមរួមជាមួយសន្និបាតរបស់លោក ឬអ្នកកាន់អំណាចដ៏ខ្ពង់ខ្ពស់ក្នុងព្រះសហគមន៍​នីមួយៗ ដោយមានក្រុមប្រឹក្សាអ្នកកាន់អំណាចដ៏សក្ការៈប៉ុណ្ណោះទេ ដែលមានសិទ្ធិចាត់ចែងឱ្យគេប្រើភាសា​​​ណា​​​មួយ​​​ ក្នុង​ពិធី​​​គោរពប្រណិប័តន៍ព្រះជាម្ចាស់។ ក្រោយពីបានរាយការណ៍ទៅអាសនៈគ្រីស្តទូតសិលាមក អស់លោក​​​ក៏​​​មាន​​​​​​សិទ្ធិយល់​​​ព្រម​​​​​​អនុម័តឱ្យយក​អត្ថបទដែលគេបកប្រែតាមភាសាប្រជាជនរស់នៅ​​​ក្នុងប្រទេសមកប្រើជាផ្លូវការ​​​បាន​​​។

ទំនាក់ទំនងជាមួយបងប្អូនក្នុងព្រះសហគមន៍ដែលបែកចេញពីយើង

២៤- ព្រះសហគមន៍នៅបូព៌ាប្រទេសដែលរួបរួមជាមួយអាសនៈគ្រីស្តទូតសិលានៅក្រុងរ៉ូម មានភារកិច្ចពិសេស លើក​​​ស្ទួយ​​ឱ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ ជាពិសេស គ្រីស្តបរិស័ទនៅបូព៌ាប្រទេសស្របតាមគោលការណ៍​​​​​​មហាសន្និបាត​នេះ ស្តីអំពីការបង្រួបបង្រួមជាធ្លុងតែមួយ។ គេជួយឱ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ មុនដំបូងដោយអធិដ្ឋាន បន្ទាប់មក ដោយធ្វើជាគំរូតាមរបៀបរស់នៅរបស់គេ ​ដោយគោរព​​​ប្រពៃណី​​​បុរាណ​​​នៅ​​​​​​​បូព៌ាប្រទេសយ៉ាងស្មោះបែបសាសនា ដោយស្គាល់គ្នាទៅវិញទៅមក​​​ឱ្យកាន់តែ​​​ច្បាស់ឡើងៗ ​ដោយរួម​​​សហការ​​​​គ្នា និងដោយរាប់អានគ្នាទៅវិញទៅមកទុកជាបង​​​ប្អូន ព្រមទាំងរាប់រកអ្វីទាំងអស់របស់គេទុក​ជាគួរ​​​ឱ្យ​​​ស្រឡាញ់។

២៥- ប្រសិនបើមានគ្រីស្តបរិស័ទនៅបូព៌ាប្រទេសដែលបែកចេញពីយើង ចូលរួបរួមក្នុងព្រះសហគមន៍កាតូលិក​​​តែ​​​មួយ ដោយព្រះហឫទ័យប្រោសប្រណីរបស់ព្រះវិញ្ញាណជួយបំភ្លឺចិត្តគំនិតគេផង កុំទាមទារអ្វីលើសពីសេចក្ដីប្រកាស​​​ជំនឿកាតូលិកឡើយ។ ដោយព្រះសហគមន៍របស់គេបានរក្សាទុកមុខងារជាបូជាចារ្យឱ្យប្រើជា​​​ការ​​​បាន​​​​​​​​​ អស់​​​លោក​​​​​​ដែលទទួលអគ្គសញ្ញាតែងតាំងបម្រើព្រះសហគមន៍នៅបូព៌ាប្រទេស ហើយដែលចូលរួបរួមក្នុងព្រះសហគមន៍​​​កាតូលិកតែមួយនោះ មានសិទ្ធិបំពេញមុខងាររបស់​ខ្លួនផ្ទាល់តទៅទៀតបាន តាមវិន័យដែលអំណាចមាន​​​សមត្ថកិច្ច​​​តែង​​​តាំងរួចហើយ។

២៦- ធម៌វិន័យរបស់ព្រះជាម្ចាស់ហាមមិនឱ្យគ្រីស្តបរិស័ទចូលរួបរួមក្នុងពិធីដ៏សកា្ករៈប្លែកពីពិធីនៃគ្រីស្តសាសនាជាដាច់​​​ខាត​​​។ ការចូលរួបរួមក្នុងពិធីដ៏សកា្ករៈបែបនេះ បណ្តាលឱ្យ​ព្រះសហគមន៍បាក់បែកគ្នា និងនាំឱ្យ​​​ប្រកាស​​​យ៉ាង​​​​​​​​​ជាក់ច្បាស់ថា ខ្លួន​​​​​​ភ្ជាប់ចិត្តជឿសេចក្ដីមិនពិត ឬប្រកាសសេចក្ដីដែលបណ្តាលឱ្យ​វង្វេងជំនឿ និងរារាំងអ្នក​​​ដទៃ​​​មិន​​​​​​ឱ្យជឿ​​​ទៀត​​​។ ​ការចូលរួបរួមក្នុងពិធីដ៏សកា្ករៈបែបនេះក៏បណ្តាល​​​ឱ្យខ្លួន​​​មិន​​​អើពើ​នឹងជំនឿដោយគិតថា សាសនា​​​ណាក៏ដូច​​​សាសនាណាដែ​​​រ។

ប៉ុន្តែ ចំពោះបងប្អូនគ្រីស្តបរិស័ទនៅបូព៌ាប្រទេសវិញ មិនមែនដូច្នោះទេ។ បទពិសោធន៍ក្នុងការឃ្វាល​​​ណែ​​​នាំ​​​បង្ហាញឱ្យឃើញថា នៅពេលណាគ្មានការ​​​ប៉ះពាល់នឹងកា​​​ររួបរួម​​​របស់​​​ព្រះ​​​សហគមន៍ ហើយមិនបណ្តាលឱ្យ​ខ្លាចអ្វី​ដែល​ត្រូវ​​​​​​ជៀសវាងនោះ យើងអាច​​​ (ហើយ​​​​​​ក៏ត្រូវ) ចាប់អារម្មណ៍នឹង​សភាពការណ៍ផ្សេងៗរបស់បុគ្គលម្នាក់ៗ គឺយើង​​​ត្រូវ​​​ចាប់​​​​​​​​​អារម្មណ៍​​​នឹងតម្រូវ​​​ការ​របស់គេដែលត្រូវទទួលការសង្គ្រោះ និង​​ផលប្រយោជន៍ខាង​​​វិញ្ញាណ​​​​​​វិញ។ ហេតុ​​​នេះ​​​ហើយ​​​​​​​​​ បាន​​​ជា​​​កាលពីដើម ហើយសព្វថ្ងៃដែរ ព្រះសហគមន៍កាតូលិក​​​អនុញ្ញាត​​​ឱ្យអនុវត្ត​​​តាម​​​​​​​គោល​​​ការណ៍​​​​​​មិន​​​សូវ​​​តឹង​​​រឹងទេ ដោយយល់ឃើញដល់សភាពការណ៍នៃ​កាលៈ​ទេសៈ នៃទី​កន្លែង និងនៃ​​​បុគ្គល​​​ម្នាក់ៗ។​​​ ព្រះសហគមន៍មាន​​​​​​​​​​​​គោល​​​បំណង​​​ជូនគ្រប់មធ្យោបាយនៃការសង្គ្រោះឱ្យគេ ព្រមទាំងផ្តល់​សក្ខីភាព​អំពី​​​សេចក្ដី​​​ស្រឡាញ់​​​របស់​​​គ្រីស្តបរិស័ទចំពោះ​​​គ្នាទៅវិញទៅមក។ ហេតុនេះហើយ បានជាព្រះ​សហគមន៍កាតូលិក​​​អនុញ្ញាត​​​ឱ្យគ្រីស្តបរិស័ទ​​​ទទួល​​​អគ្គសញ្ញានានា និងចូលរួមក្នុងពិធីឯទៀតៗ និងក្នុងអ្វីៗដ៏សក្ការៈ​​​ដែរ។

មហាសន្និបាត​​​យល់​​​​​​ឃើញដូច្នេះ ”កុំឱ្យយើងទៅជាឧបសគ្គចំពោះអ្នកដែលទទួលការសង្គ្រោះ ដោយ​យើង​ដាក់​​​​​​​ទោសគេធ្ងន់ពេក” ក្នុងគោលបំណងជួយព្រះសហគមន៍នានានៅ​បូព៌ាប្រទេស​ ដែល​បែកចេញ​ពី​យើង​​​ឱ្យរួបរួម​​​ជា​​​មួយយើង ចែងរបៀបប្រព្រឹត្តិដូចតទៅ៖

២៧- ទោះបីត្រូវនឹកគិតដល់គោលការណ៍ចែងនៅខាងលើក៏​ដោយ ក៏យើងអាចធ្វើ​​​អគ្គសញ្ញាលើកលែង​​​ទោស អគ្គសញ្ញា​​​អរព្រះគុណ និងអគ្គសញ្ញាលាបប្រេងអ្នកជំងឺ ជូនគ្រីស្តបរិស័ទនៅបូព៌ាប្រទេសដែលបែកចេញពី​ព្រះ​​​សហគមន៍​​​​កាតូលិកយើងដោយមិនដឹងខ្លួនបាន លុះត្រាតែគេសូមទទួលអគ្គសញ្ញាទាំងនោះដោយខ្លួនគេផ្ទាល់ និង​​​បាន​​​​​​រៀបចំខ្លួនទទួលយ៉ាងសមរម្យ។ លើសពីនេះ​ទៅទៀត គ្រីស្តបរិស័ទកាតូលិកមានសិទ្ធិសូម​​​លោកដែល​​​ទទួល​​​មុខ​​​ងារ​​​បម្រើ​​​ដែលមិនមែនជាគ្រីស្តបរិស័ទ​កាតូលិកធ្វើ​អគ្គសញ្ញាទាំងនោះជូនខ្លួនបាន លុះត្រាតែគេ​​​ទទួល​​​អគ្គសញ្ញា​​​ទាំងនោះក្នុងព្រះសហគមន៍ដែលទទួលស្គាល់ថា អគ្គសញ្ញាទាំងនោះយកជាការ​បាន​។ គ្រីស្តបរិស័ទ​​​កាតូលិក​​​មាន​​​សិទ្ធិ​​​សុំដូ​​ច្នេះគ្រប់ពេលណាគេត្រូវការ ឬគ្រប់ពេលណាគេយល់ឃើញថា មានប្រយោជន៍យ៉ាង​​​ពិត​​​ប្រាកដ​​​ខាង​​​ព្រះ​​​វិញ្ញាណ​​​ ឬប្រសិន​បើគេមាឧបសគ្គខាងផ្លូវកាយ ឬខាងផ្លូវចិត្ត មិនអាចទៅសូម​​​គង្វាលកាតូលិក​​​បាន។

២៨- លើសពីនេះទៅទៀត ទោះបីត្រូវនឹកគិតដល់គោលការណ៍ដូចមានចែងនៅខាងលើក៏​ដោយ ក៏មាន​​​ការ​​​អនុញ្ញាត​​​​​​​​​ឱ្យ​គ្រីស្តបរិស័ទ​កាតូលិក និង​បងប្អូនគ្រីស្តបរិស័ទខាងបូព៌ាប្រទេសដែលបែកចេញពីយើង ចូលរួបរួមធ្វើពិធី​​​ដ៏សក្ការៈ​ជា​​​មួយ​គ្នាបាន ព្រមទាំងចែកចាយអ្វីៗដ៏សក្ការៈក្នុង​ពិធីគោរពប្រណិប័តន៍ និងនៅទីកន្លែងដ៏សក្ការៈដែរ ប៉ុន្តែ ត្រូវមាន​​​មូល​​​ហេតុ​​​​​​​​​​​​​​​ដ៏ត្រឹមត្រូវ។

សេចក្ដីណែ​​​នាំអំពី​​​ការចូលរួបរួ​​​មធ្វើពិធីដ៏សក្ការៈជាមួយបងប្អូននៃព្រះសហគមន៍នៅបូព៌ាប្រទេសដែលបែកចេញ​​​ពីយើង ពិតជាស្រួលជាងគោលការណ៍ចែងនៅខាងលើមែន។ មហាសន្និបាតផ្ញើសេចក្ដីណែនំាទាំងនេះឱ្យអស់​​​លោក​​​កាន់អំណាច​ដ៏សក្ការៈដែលគ្រប់គ្រងតំបន់ទាំងនោះ អនុវត្តតាមដោយ​ប្រុងប្រយ័ត្ន។ សូមអស់​​​លោក​​​ពិគ្រោះ​​​គ្នា ហើយប្រសិនបើត្រូវការ សូមពិគ្រោះ​ជា​មួយ​អស់លោក​ដែលមានអំណាច​ដ៏សក្ការៈ​នៃព្រះសហគមន៍ ដែល​​​បែក​​​ចេញ​​​​​​ពី​​​ព្រះ​​​សហគមន៍កាតូលិក​​​ដែរ រួចត្រូវដោះស្រាយទំនាក់ទំនងរបស់គ្រីស្តបរិស័ទទាំងឡាយតាមសេចក្តី​​​សម្រេច​​​​​​​ និងតាមសេចក្តីណែនាំដ៏ស័ក្តិសិទ្ធិតាមតម្រូវការ។

ពាក្យបញ្ចប់

មហាសន្និបាតមានអំណរសប្បាយរីករាយដោយព្រះសហគមន៍កាតូលិកនៅបូព៌ាប្រទេស និងនៅបស្ចិម​​​ប្រទេសរួមសហការ​គ្នាយ៉ាងសកម្ម។ ការសហការនេះមុខជានឹងបង្កើតផលល្អពុំខាន។ នៅពេលជាមួយគ្នានេះ មហា​​​សន្និ​​​បាត​​​​​​ប្រកាសសេចក្ដីដូចតទៅ៖ មហាសន្និបាតបានចាត់ចែងសេចក្តីខាងច្បាប់ទាំងនោះដោយយល់​ដល់​សភាព​​​ការ​​​ណ៍បច្ចុប្បន្ន ទម្រំាដល់ពេលព្រះសហគមន៍ កាតូលិក និងព្រះសហគមន៍នៅបូព៌ាប្រទេសដែលបែក​​​ចេញ​​​នោះ​​​​​​រួបរួម​​​គ្នា​​​​​​យ៉ាង​​​ពេញលក្ខណៈ។ ទម្រាំពេលនោះមហាសន្និបាតអញ្ជើញគ្រីស្តបរិស័ទទាំងអស់ ទាំងនៅបូព៌ា​​​ប្រទេស​​​ ទាំងនៅ​​​បស្ចិមប្រទេស​​​ឱ្យព្យាយាមទទូចអង្វរ​ព្រះជាម្ចាស់រៀងរាល់ថ្ងៃ សូមឱ្យគ្រីស្តបរិស័ទទាំងអស់​​​រួប​​​រួម​​​​​​គ្នាជាអង្គតែមួយ ដោយព្រះមាតារបស់ព្រះអម្ចាស់ដ៏វិសុទ្ធបំផុតជួយឧបត្ថម្ភផង។ សូម​​​គ្រីស្តបរិស័ទ​​​ទាំង​​​​​​អស់​​​ទូល​​​អង្វរ​​​​​​ព្រះជាម្ចាស់ សូមព្រះអង្គប្រោសប្រណីដល់គ្រីស្តបរិស័ទជាច្រើនអនេកនៃព្រះសហគមន៍នីមួយៗ ​ដែល​​​ប្រកាសព្រះ​​​នាម​​​ព្រះ​​​គ្រីស្តដោយចិត្តក្លាហាន ហើយដែលកំពុងរងទុក្ខលំបាកវេទនាព្រោះតែមូលហេតុនេះ។ ​សូមព្រះវិញ្ញាណដ៏​​​វិសុទ្ធ​​​ប្រោសប្រណីសម្រាលទុក្ខគេ និងលើក​ទឹក​ចិត្តគេយ៉ាងពេញលេញទៀតផង។

«យើងត្រូវស្រឡាញ់​រាប់អាន​​​គ្នាទៅ​​​វិញ​​​ទៅ​​​មក​ទុកដូចជាបងប្អូន។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមក​‌ដោយ​​​ចិត្ត​​​​គោរព» (រម​ ១២,១០)។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាត ពេញ​ចិត្ត​នឹង​ក្រឹត្យក្រមទាំង​​មូលនេះ ព្រមទាំងគោល​ការណ៍នីមួយៗ​​ផង។ រីឯ​យើង​វិញ ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូត រួមជា​មួយ​អស់​លោក​អភិបាល ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផងក៏​យល់​ព្រម ហើយសម្រេចចេញជា​ក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

 ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តសិលា ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៦៤
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍កាតូលិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)

236 Views

Theme: Overlay by Kaira