- បេសកកម្មសាសនទូត
Ad Gentes - ក្រុមលោកគង្វាល
Presbyterorum Ordinis - បេសកកម្មគ្រីស្តបរិស័ទធម្មតា
Apostolicam Actuositatem - ការប្រែប្រួលរបស់ព្រះសហគមន៍
Optatam Totius Ecclesiae - សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ
Perfectae Caritatis - ព្រះគ្រីស្តជាអម្ចាស់
Christus Dominus - គ្រីស្តបរិស័ទត្រូវរួបរួមគ្នាជាធ្លុងតែមួយ
Unitatis Redintegratio - ព្រះសហគមន៍នៅបូព៌ាប្រទេស
Orientalium Ecclesiarum - ក្នុងចំណាមការអស្ចារ្យ
Inter Mirifica
ការប្រែសម្រួលនៃព្រះសហគមន៍តាមសេចក្តីប៉ងប្រាថ្នា
OPTATAM TOTIUS ECCLESIAE RENOVATIONEM
ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឱ្យគេចងចាំរហូតតរៀងទៅ។
ក្រឹត្យក្រម
អំពីការហ្វឹកហ្វឺនឱ្យទៅជាគង្វាល
បុព្វកថា
មហាសន្និបាតដ៏វិសុទ្ធដឹងជាក់ច្បាស់ថា ព្រះសហគមន៍ទាំងមូលនឹងប្រែជាថ្មីបានតាមសំណូមពររបស់គ្រីស្តបរិស័ទទាំងអស់ អាស្រ័យយ៉ាងពិសេសទៅលើរបៀបអស់លោកគង្វាលបំពេញមុខងារបម្រើរបស់ខ្លួន ក្រោមការណែនាំនៃព្រះវិញ្ញាណរបស់ព្រះគ្រីស្ត។ ហេតុនេះហើយ បានជាមហាសន្និបាតសូមប្រកាសបញ្ជាក់ថា ការហ្វឹកហ្វឺនឱ្យទៅជាគង្វាលមានសារៈសំខាន់យ៉ាងខ្លាំងបំផុត។ មហាសន្និបាតក៏សូមប្រកាសគោលការណ៍ខ្លះៗជាគ្រឹះសម្រាប់ណែនាំការហ្វឹកហ្វឺននេះ។ គោលការណ៍ទាំងនោះនឹងបញ្ជាក់វិន័យ ដែលព្រះសហគមន៍យល់ស្របតាមបទពិសោធន៍ជាច្រើនសតវត្សរ៍មកហើយ។ យើងនឹងបញ្ចូលសេចក្ដីថ្មីខ្លះៗ ស្របតាមធម្មនុញ្ញ និងក្រឹត្យក្រមនានាដែលមហាសន្និបាតអនុម័តរួចហើយ ដើម្បីតបឆ្លើយនឹងការប្រែប្រួលនាបច្ចុប្បន្នកាលផង។ ការហ្វឹកហ្វឺនឱ្យទៅជាគង្វាលនេះ មានការចំាបាច់សម្រាប់ក្រុមគង្វាលភូមិភាគផង និងសម្រាប់ក្រុមគង្វាលជាបព្វជិតផង ព្រមទាំងសម្រាប់គ្រប់ព្រះសហគមន៍ដែលកាន់តាមគ្រប់របៀបរបបពិធីគោរពប្រណិប៍តន៍ ព្រោះថា មុខងារជាបូជាចារ្យកាតូលិកមានតែមួយគត់។ ហេតុនេះហើយ បានជាបទបញ្ញត្តិខាងក្រោមនេះសំដៅចំទៅលើក្រុមគង្វាលភូមិភាគ ហើយក្រុមឯទៀតៗក៏ត្រូវអនុវត្តតាមដែរ ទោះបីត្រូវសម្រួលបទបញ្ញត្តិខ្លះៗតាមសេចក្ដីត្រូវការ។
១- អំពីរបៀបអប់រំក្រុមបូជាចារ្យដែលត្រូវតែងតាំងក្នុងគ្រប់ប្រទេស
១- ដោយមានប្រជាជន និងតំបន់ប្លែកពីគ្នាជាច្រើនអនេក មហាសន្និបាតគ្រាន់តែចាត់ចែងវិន័យជាទូទៅប៉ុណ្ណោះ។ ហេតុនេះ ក្នុងប្រជាជាតិនីមួយៗ ឬក្នុងព្រះសហគមន៍ដែលកាន់តាមរបៀបរបបពិធីគោរពនានាត្រូវចាត់ចែង “របៀបហ្វឹកហ្វឺនឱ្យទៅជាបូជាចារ្យ” ដោយឡែកពីគ្នា។ ក្រុមអភិបាលព្រះសហគមន៍ក្នុងប្រទេសនីមួយៗត្រូវចាត់ចែងរបបនោះ ដែលត្រូវកែសម្រួលតាមពេលកំណត់ដោយសន្តអាសនៈនៃគ្រីស្តទូតសិលាយល់ស្របផងដែរ។ ដូច្នេះ ក្បួនច្បាប់វិន័យសកលទូទៅ នឹងសម្របតាមសភាពការណ៍ដោយឡែកតាមទីកន្លែង និងតាមកាលៈទេសៈ ដើម្បីឱ្យការហ្វឹកហ្វឺនឱ្យទៅជាបូជាចារ្យតបឆ្លើយនឹងសេចក្ដីត្រូវការនៃការណែនាំព្រះសហគមន៍តាមតំបន់ ជាកន្លែងអស់លោកបូជាចារ្យនឹងបំពេញមុខងារបម្រើរបស់ខ្លួន។
២- អំពីការថែរក្សាអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យទៅជាបូជាចារ្យ
២- ព្រះសហគមន៍គ្រីស្តបរិស័ទទាំងមូលមានភារកិច្ចលើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យទៅជាគង្វាល។ ព្រះសហគមន៍បំពេញភារកិច្ចនេះ ជាពិសេស ដោយរស់នៅតាមបែបជាគ្រីស្តបរិស័ទយ៉ាងពេញលេញ។ ក្រុមគ្រួសារ និងព្រះសហគមន៍តាមភូមិ ត្រូវរួមសហការគ្នាក្នុងកិច្ចការនេះ គឺក្រុមគ្រួសារត្រូវមានជំនឿ សេចក្ដីស្រឡាញ់ និងការគោរពប្រណិប័តន៍តាមព្រះជាម្ចាស់ណែនាំ ហាក់ដូចជាទេវវិទ្យាល័យដើមដំបូងម៉្យាង។ រីឯព្រះសហគមន៍តាមភូមិវិញ ត្រូវជួយឱ្យកូនជំទង់ទទួលចំណែកនៃជីវិតដែលបង្កើតផលរបស់ខ្លួននោះ។ គ្រូៗ និងអស់អ្នកដែលទទួលខុសត្រូវក្នុងការអប់រំក្មេងៗ និងយុវជន ទោះជាតាមបែបណាក៏ដោយ ជាពិសេស ព្រះសហមគមន៍កាតូលិកត្រូវយកចិត្តទុកដាក់ និងអប់រំកូនជំទង់ដែលមាតាបិតាផ្ញើទុកតាមរបៀបណែនាំឱ្យកូនទាំងនោះអាចយល់ឃើញថា ព្រះជាម្ចាស់ត្រាស់ហៅគេ និងឱ្យគេអាចតបឆ្លើយនឹងព្រះអង្គដោយចិត្តទូលាយ។ អស់គង្វាលត្រូវខ្នះខ្នែងយ៉ាងខ្លាំងជាទីបំផុតក្នុងឋានៈជាគ្រីស្តទូត ដើម្បីលើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅនោះ។ អស់លោកត្រូវទាក់ទាញចិត្តយុវជនឱ្យទៅជាបូជាចារ្យ ដោយគំរូរបស់ខ្លួនរស់នៅបែបសុភាពរាបសា និងដោយឧហ្សាហ៍ធ្វើការទាំងមានចិត្តសប្បាយរីករាយ ហើយដោយមានទំនាក់ទំនងទៅវិញទៅមកប្រកបដោយសេចក្ដីស្រឡាញ់ក្នុងឋានៈជាបូជាចារ្យ និងដោយសហការគ្នាទុកជាបងប្អូន។
អស់លោកអភិបាលមានភារកិច្ចដាស់តឿនក្រុមគ្រីស្តបរិស័ទ លើកស្ទួយឱ្យមានអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ។ អស់លោកត្រូវយកចិត្តទុកដាក់ចំពោះធនធានទាំងអស់ និងការខិតខំទាំងប៉ុន្មានក្នុងភូមិភាគឱ្យរួមសហការគ្នា។ ក្នុងឋានៈអស់លោកជាឪពុកដ៏ពិតប្រាកដ អស់លោកនឹងជួយដោយអស់ពីសមត្ថភាពដល់អស់អ្នកដែលអស់លោកយល់ឃើញថា ព្រះអម្ចាស់ត្រាស់ហៅឱ្យទៅជាចំណែកផ្ទាល់របស់ព្រះអង្គ។
ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទាំងមូលដែលព្រមព្រៀងគ្នាបែបនេះក្នុងគោលបំណងលើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅនោះ ពិតជាតបឆ្លើយនឹងព្រះអង្គដែលថែរក្សាណែនាំមនុស្សលោកដោយព្រះហឫទ័យស្រឡាញ់ គឺព្រះជាម្ចាស់នេះហើយដែលជ្រើសរើសមនុស្សខ្លះឱ្យទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាមហាបូជាចារ្យតាមលំដាប់លំដោយ។ ព្រះអង្គក៏ប្រទានព្រះអំណោយទានដែលគេត្រូវការ និងប្រណីសន្តោសគេទៀតផង។ ព្រះអង្គដែលថែរក្សាមនុស្សលោកដោយព្រះហឫទ័យស្រឡាញ់ ក៏ផ្ញើទុកឱ្យអស់លោកអភិបាលដែលត្រូវបានគេតែងតាំងយ៉ាងត្រឹមត្រូវតាមច្បាប់ មានបេសកកម្មត្រាស់ហៅបេក្ខជនទាំងប៉ុន្មាន និងតែងតាំងជាគង្វាលឱ្យទទួលមុខងារគោរពបម្រើព្រះជាម្ចាស់ផង និងបម្រើព្រះសហគមន៍ផង ទាំងដៅចំណាំគេដោយព្រះវិញ្ញាណ។ អស់លោកអភិបាលត្រូវទទួលស្គាល់ថា បេក្ខជនទាំងនោះមានសមត្ថភាព ហើយអស់លោកត្រូវល្បងលមើលគេជាមុនសិន។ បេក្ខជនទាំងនោះក៏ត្រូវទទួលបន្ទុកដ៏ធំធេងជាគង្វាលនោះ ដោយចិត្តទៀងត្រង់ និងដោយមានសេរីភាពពេញលេញដែរ។
ជាបឋម មហាសន្និបាតផ្តែផ្តាំឱ្យប្រើគ្រប់មធ្យោបាយតាមប្រពៃណីសម្រាប់សហការគ្រប់បែបយ៉ាង គឺទទូចអង្វរព្រះជាម្ចាស់ និងធ្វើតបៈធម៌តាមរបៀបគ្រីស្តសាសនា ហើយអប់រំគ្រីស្តបរិស័ទឱ្យដំណឹងល្អកាន់តែស៊ីជម្រៅជារៀងរាល់ថ្ងៃ។ ត្រូវអប់រំគ្រីស្តបរិស័ទដោយធ្វើពិធីអត្ថាធិប្បាយព្រះគម្ពីរ និងអប់រំជំនឿជាដើម ព្រមទាំងដោយប្រើគ្រប់មធ្យោបាយនៃទូរគមនាគមន៍ក្នុងសង្គមទៀតផង។ ត្រូវបញ្ជាក់អំពីការចាំបាច់ និងអំពីលក្ខណៈ ហើយអំពីតម្លៃដ៏ប្រសើរឧត្តមនៃមុខងារជាបូជាចារ្យតាមព្រះជាម្ចាស់ត្រាស់ហៅនោះ។ លើសពីនេះទៅទៀត មហាសន្និបាតបញ្ជាឱ្យក្រុមទាំងប៉ុន្មាន ដែលទទួលការខុសត្រូវលើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ គឺក្រុមដែលកើតរួចទៅហើយ និងក្រុមដែលត្រូវបង្កើតនៅពេលក្រោយតាមភូមិភាគនីមួយៗ តាមតំបន់ក្ដី និងតាមប្រទេសនីមួយៗក្តីឱ្យចាត់ចែងការណែនាំគ្រប់យ៉ាង ដើម្បីលើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅនោះដោយមានរបៀបរៀបរយ និងជាប់ទាក់ទងគ្នា។ ត្រូវចាត់ចែងកិច្ចការទាំងនោះដោយប្រាជ្ញា និងដោយចិត្តខ្នះខ្នែង។ ត្រូវប្រើមធ្យោយបាយដ៏សមរម្យតាមចិត្តសាស្រ្ត និងសង្គមសាស្រ្តដូចយើងស្គាល់នៅសម័យឥឡូវស្រាប់។
កិច្ចការដែលគេធ្វើសម្រាប់លើកស្ទួយថែទាំអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅនោះត្រូវធ្វើដោយចិត្តទូលាយ គឺហួសពីព្រំដែនភូមិភាគនីមួយៗ និងហួសពីព្រំដែនជាតិ ហើយក៏ហួសពីព្រំដែនក្រុមគ្រួសារបព្វជិត ព្រមទាំងហួសពីព្រំដែនព្រះសហគមន៍ដែលកាន់តាមរបៀបរបបពិធីគោរពប្រណិប៍តន៍ដោយឡែកដែរ។ ទោះបីត្រូវគិតគូរដល់តម្រូវការរបស់ព្រះសហគមន៍សកលក្តី ក៏ត្រូវជួយព្រះសហគមន៍យ៉ាងពិសេសនៅតំបន់ដែលទាមទារកម្មករ ឱ្យធ្វើការក្នុងចម្ការរបស់ព្រះអម្ចាស់យ៉ាងបន្ទាន់ជាងគេ។
៣- អនុទេវវិទ្យាល័យកើតឡើងដើម្បីលើកស្ទួយថែទាំពន្លកក្នុងចិត្តអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ។ ក្នុងអនុទេវវិទ្យាល័យទាំងនោះ ត្រូវអប់រំកូនសិស្សឱ្យដើរតាមព្រះគ្រីស្តជាព្រះសង្គ្រោះដោយចិត្តទូលាយ និងដោយចិត្តបរិសុទ្ធទៀងត្រង់ គឺត្រូវអប់រំគេអំពីគ្រីស្តសាសនាយ៉ាងពិសេស ហើយត្រូវណែនាំគេឱ្យរស់នៅខាងព្រះវិញ្ញាណយ៉ាងសមរម្យដែលជាកិច្ចសំខាន់ជាងគេ។ ត្រូវឱ្យកូនសិស្សរស់នៅឱ្យបានស្របតាមអាយុ ស្របតាមមតិ និងស្របតាមការអភិវឌ្ឍន៍របស់កូនជំទង់ ហើយក៏ស្របយ៉ាងពេញលេញតាមក្បួនតម្រានៃចិត្តសាស្រ្តដ៏ល្អត្រឹមត្រូវ ក្រោមការណែនាំរបស់អស់លោកប្រធានអនុទេវវិទ្យាល័យដែលប្រៀបដូចឪពុករបស់គេ។ អស់លោកក៏ត្រូវសហការជាមួយមាតាបិតាសិស្សដែលជាការដ៏ចាំបាច់បំផុតដែរ។ សូមកំុភ្លេចផ្តល់ឱកាសឱ្យសិស្សមានបទពិសោធន៍យ៉ាងគួរសមអំពីការរស់នៅរបស់មនុស្ស និងឱ្យគេមានទំនាក់ទំនងធម្មតាជាមួយក្រុមគ្រួសាររបស់គេ។ លើសពីនេះទៅទៀត ត្រូវសម្រួលសេចក្ដីបញ្ជាខាងក្រោយនេះស្តីអំពីទេវវិទ្យាល័យ មកអនុវត្តក្នុងអនុទេវវិទ្យាល័យដែរ តាមតែបញ្ជាទាំងនោះបានស្របតាមគោលដៅ និងតាមរបៀបរស់នៅក្នុងអនុទេវវិទ្យាល័យ។ ត្រូវចាត់ចែងការសិក្សា ដើម្បីឱ្យកូនសិស្សដែលចង់ដូររបៀបរស់នៅលែងចង់ទៅជាបូជាចារ្យ អាចបន្តការសិក្សានៅកន្លែងផ្សេងទៀតបាន ដោយមិនជួបឧបសគ្គអ្វីឡើយ។
ប្រសិនបើមានសភាពការណ៍ពិសេសក្នុងតំបន់ ត្រូវថែទាំពន្លកក្នុងចិត្តកូនជំទង់ និងយុវជនដែលព្រះជាម្ចាស់ត្រាស់ហៅ ក្នុងគ្រឹះស្ថានផ្សេងៗដោយឡែក ដែលមានទិសដៅស្រដៀងនឹងអនុទេវវិទ្យាល័យ ដោយយកចិត្តទុកដាក់តាមបែបដដែលនោះ។ ត្រូវយកចិត្តទុកដាក់ថែទាំពន្លកក្នុងចិត្តរបស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ហើយដែលសិក្សានៅសាលារៀន ឬនៅកន្លែងអប់រំផ្សេងទៀត។ ត្រូវយកចិត្តទុកដាក់នឹងស្ថាប័ន ហើយនឹងគេហដ្ឋានសង់ឡើងសម្រាប់អស់អ្នកអាយុចាស់ជាងដែលតបឆ្លើយនឹងព្រះជាម្ចាស់ត្រាស់ហៅដែរ។
៣- ការចាត់ចែងរបស់ទេវវិទ្យាល័យ
៤- ត្រូវការទេវវិទ្យាល័យសម្រាប់ហ្វឹកហ្វឺនគ្រីស្តបរិស័ទឱ្យទៅជាបូជាចារ្យ។ ការហ្វឹកហ្វឺនទាំងមូលក្នុងទេវវិទ្យាល័យមានគោលដៅណែនាំនិសិ្សតឱ្យទៅជាគង្វាលដ៏ពិតប្រាកដរបស់គ្រីស្តបរិស័ទ តាមគំរូរបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង ជាព្រះបរមគ្រូ ជាមហាបូជាចារ្យ និងជាគង្វាល (ពន្លឺ ២៨)។
ហេតុនេះត្រូវរៀបចំនិស្សិតឱ្យ៖
- បំពេញមុខងារបម្រើព្រះបន្ទូល គឺឱ្យយល់ព្រះបន្ទូលកាន់តែច្បាស់ឡើងៗ ជាព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់។ ដោយគេនឹកសញ្ជឹងនិងស្មឹងស្មាធិ៍ព្រះបន្ទូល មុខជាព្រះបន្ទូលនេះនឹងជ្រួតជ្រាបក្នុងចិត្តគេ គេក៏ត្រូវចេះប្រកាសព្រះបន្ទូលដោយពាក្យសម្តីផង និងដោយកិរិយាមារយាទផងដែរ។
- បំពេញមុខងារបម្រើពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងនាំឱ្យគ្រីស្តបរិស័ទបានវិសុទ្ធ។ ដោយអធិដ្ឋាន ដោយធ្វើពិធីដ៏វិសុទ្ធផ្សេងៗ និងដោយថ្វាយសក្ការបូជាអរព្រះគុណ ហើយដោយធ្វើអគ្គសញ្ញាផ្សេងៗជូនគ្រីស្តបរិស័ទ គេនាំការសង្គ្រោះដល់មនុស្សលោក។
- បំពេញមុខងារបម្រើព្រះសហគមន៍ក្នុងឋានៈជាគង្វាល គឺនាំឱ្យមនុស្សលោកដឹងថា ព្រះគ្រីស្តគង់នៅជាមួយគេ គឺព្រះអង្គយាងមកក្នុងពិភពលោកនេះ «មិនមែនដើម្បីឱ្យគេបម្រើលោកឡើយ គឺយាងមកបម្រើគេវិញ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង» (មក ១០,៤៥; យហ ១៣,១២-១៧)។ ដោយគេទៅជាអ្នកបម្រើរបស់មនុស្សទាំងអស់ គេនាំមនុស្សជាច្រើនមកថ្វាយព្រះគ្រីស្ត (១ករ ៩,២២)។
ហេតុនេះហើយ បានជាត្រូវតម្រង់ការហ្វឹកហ្វឺនក្នុងគ្រប់វិស័យទៅរកទិសដៅតែមួយ គឺអប់រំនិសិ្សតឱ្យធ្វើជាគង្វាលណែនាំគ្រីស្តបរិស័ទ គឺទាំងការហ្វឹកហ្វឺនឱ្យរស់នៅតាមព្រះវិញ្ញាណ ទាំងការហ្វឹកហ្វឺនខាងចំណេះដឹង ទាំងការហ្វឹកហ្វឺនឱ្យអនុវត្តតាមក្បួនវិន័យ ត្រូវឱ្យវិស័យទាំងនោះស៊ីសង្វាក់គ្នា គឺអប់រំនិសិ្សតឱ្យធ្វើជាគង្វាលណែនាំគ្រីស្តបរិស័ទ។ អស់លោកដែលទទួលខុសត្រូវលើទេវវិទ្យាល័យ និងសាស្រ្តាចារ្យទាំងអស់ត្រូវយកចិត្តទុកដាក់ទៅកាន់គោលដៅនេះដោយរួមចិត្តគំនិតគ្នា ទាំងសុខចិត្តគោរពបញ្ជារបស់លោកអភិបាលដោយចិត្តស្មោះ។
៥- ការអប់រំនិស្សិតទេវវិទ្យាល័យមិនអាស្រ័យទៅលើវិន័យដ៏ល្អទេ តែអាស្រ័យលើអ្នកអប់រំដ៏មានគុណភាពល្អវិញ។ ហេតុនេះ ត្រូវជ្រើសរើសអស់លោកជាអ្នកណែនាំ និងសាស្ត្រាចារ្យក្នុងចំណោមគង្វាលដ៏ល្អប្រសើរជាងគេ។ លោកទាំងនោះត្រូវរៀបចំខ្លួនដោយរៀនលទ្ធិគ្រីស្តសាសនាយ៉ាងមាំមួន ដោយមានបទពិសោធន៍ក្នុងការឃ្វាលណែនាំគ្រីស្តបរិស័ទយ៉ាងសមរម្យ និងដោយទទួលការអប់រំពិសេសអំពីការរស់នៅតាមព្រះវិញ្ញាណ និងអំពីគរុកោសល្យ។ ត្រូវចាត់ចែងគ្រឹះស្ថានដែលជួយសាស្រ្តាចារ្យឱ្យអាចទទួលការអប់រំបែបនេះបាន យ៉ាងហោចណាស់ត្រូវចាត់ចែងសិក្ខាសាលាតាមសេចក្ដីត្រូវការទាំងនោះ ព្រមទាំងត្រូវឱ្យអស់លោកជាអ្នកណែនាំទេវវិទ្យាល័យជួបជុំគ្នាតាមពេលកំណត់។
អស់លោកជាអ្នកណែនាំ និងសាស្រ្តាចារ្យត្រូវដឹងជាក់ច្បាស់ថា របៀបអស់លោករិះគិត និងប្រតិបត្តិមានសារៈសំខាន់យ៉ាងខ្លាំង លើការហ្វឹកហ្វឺននិសិ្សតទេវវិទ្យាល័យឱ្យបានជោគជ័យ។ អស់លោកនឹងរួបរួមចិត្តគំនិតយ៉ាងជិតស្និទ្ធ ហើយរួបរួមគ្នាប្រតិបត្តិក្រោមការណែនាំរបស់លោកប្រធាន រួមជាមួយនិស្សិតទេវវិទ្យាល័យធ្វើជាក្រុមគ្រួសារមួយ តាមពាក្យអង្វររបស់ព្រះអម្ចាស់ថា៖ «សូមឱ្យគេរួមគ្នាជាអង្គតែមួយ» (យហ ១៧,១១)។ ក្រុមគ្រួសារនេះនឹងបណ្តាលឱ្យនិស្សិតទេវវិទ្យាល័យមានអំណរសប្បាយយ៉ាងស្ថិតស្ថេរ ដោយព្រះជាម្ចាស់ត្រាស់ហៅគេ។ លោកអភិបាលត្រូវមានចិត្តស្រឡាញ់ និងព្យាយាមខន្តី យកចិត្តទុកដាក់ណែនាំអស់លោកដែលធ្វើការនៅទេវវិទ្យាល័យ ព្រមទាំងមានទំនាក់ទំនងជាមួយនិស្សិតទុកដូចជាឪពុកដ៏ពិតប្រាកដក្នុងអង្គព្រះគ្រីស្ត។ មិនតែប៉ុណ្ណោះ អស់បូជាចារ្យត្រូវរាប់ទេវវិទ្យាល័យទុកជាបេះដូងនៃភូមិភាគ ហើយក៏ត្រូវជួយទេវវិទ្យាល័យដោយខ្លួនឯងផ្ទាល់ទៀតផង។
៦- ត្រូវសិក្សាដោយពិនិត្យពិច័យឱ្យមែនទែនដោយគិតគូរដល់អាយុ និងការចម្រើនរបស់គេថា តើបេក្ខជនម្នាក់ៗមានបំណងទៀងត្រង់ និងមានសេរីភាពក្នុងការសម្រេចឬយ៉ាងណា? ត្រូវពិនិត្យពិច័យលទ្ធភាពរបស់គេឱ្យរស់នៅតាមព្រះវិញ្ញាណ និងឱ្យរស់នៅតាមសីលធម៌ តើគេមានបញ្ញាស្មារតីគ្រប់គ្រាន់ឬយ៉ាងណា? ត្រូវពិនិត្យមើលសុខភាព ទាំងខាងផ្លូវកាយ ទាំងខាងផ្លូវចិត្ត តើគេមានសុខភាពគ្រប់គ្រាន់ឬយ៉ាងណា? ត្រូវនឹកគិតដល់សុខភាពរបស់ញាតិសន្តានគេដែរ។ ត្រូវពិនិត្យមើកលទ្ធភាពរបស់គេឱ្យទទួលបន្ទុកជាបូជាចារ្យ និងឱ្យបំពេញភារកិច្ចណែនាំគ្រីស្តបរិស័ទទៀតផង។
ទោះបីយើងស្តាយដោយខ្វះគង្វាលក្តីក៏ត្រូវកាន់ចិត្តរឹងប៉ឹងជានិច្ចចំពោះការជ្រើសរើស និងការល្បងលមើលចិត្តគំនិតនិស្សិតទេវវិទ្យាល័យ។ ប្រសិនបើយើងតែងតាំងតែបេក្ខជនដ៏សមគួរឱ្យទៅជាបូជាចារ្យ ពិតជាមានចំនួនបូជាចារ្យតិច ប៉ុន្តែ យើងជឿជាក់ថា ព្រះជាម្ចាស់គង់តែប្រទានឱ្យព្រះសហគមន៍មានអ្នកបម្រើគ្រប់គ្រាន់ជាពុំខាន។ ត្រូវទូន្មានដូចឪពុកទូន្មានកូន តម្រង់អស់បេក្ខជនណាដែលគ្មានសមត្ថភាពគ្រប់គ្រាន់ឱ្យទៅទទួលខុសត្រូវផ្សេងនៅពេលដ៏សមគួរកំុចាំយូរពេក។ ត្រូវជួយគេឱ្យមានអំណរសប្បាយបំពេញកិច្ចការជាគ្រីស្តទូតរបស់គ្រីសបរិស័ទធម្មតាទាំងដឹងថា ព្រះជាម្ចាស់ត្រាស់ហៅគេឱ្យទៅជាគ្រីស្តបរិស័ទ។
៧- ប្រសិនបើភូមិភាគនីមួយៗគ្មានលទ្ធភាពចាត់ចែងទេវវិទ្យាល័យយ៉ាងសមរម្យដោយផ្ទាល់បានត្រូវតែងតាំង និងទ្រទ្រង់ទេវវិទ្យាល័យរួមសម្រាប់ភូមិភាគជាច្រើន ឬសម្រាប់តំបន់មួយ ឬសម្រាប់ប្រទេសទាំងមូល ដើម្បីហ្វឹកហ្វឺននិស្សិតទេវវិទ្យាល័យយ៉ាងស័ក្តិសិទ្ធិ និងយ៉ាងហ្មត់ចត់។ ក្នុងករណីនេះត្រូវចាត់ការហ្វឹកហ្វឺនដ៏ស័ក្តិសិទ្ធិ និងហ្មត់ចត់នេះទុកជាគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុត។ អស់លោកអភិបាលព្រះសហគមន៍នៃភូមិភាគទាំងនោះ ត្រូវចាត់ចែងក្បួនវិន័យសម្រាប់ទេវវិទ្យាល័យទាំងនោះ ទាំងទេវវិទ្យាល័យតំបន់ ទំាងទេវវិទ្យាល័យជាតិ។ អាសនៈរបស់គ្រីស្តទូតសិលាក៏ត្រូវយល់ព្រមតាមក្បួនវិន័យនោះថែមទៀតផង។
ប្រសិនបើមាននិស្សិតច្រើនពេកក្នុងទេវវិទ្យាល័យមួយ ត្រូវបែងចែកនិស្សិតទាំងនោះជាក្រុមតូចៗជាងយ៉ាងសមរម្យ ដើម្បីឱ្យបុគ្គលិកលក្ខណៈរបស់សិ្សតម្នាក់ៗចម្រើនឡើងបានយ៉ាងល្អ។ ប៉ុន្តែ ត្រូវរក្សាទុកការត្រួតត្រាណែនាំ និងការបង្រៀនរួម។
៤- ការពង្រឹងអប់រំនិស្សិតឱ្យរស់នៅតាមព្រះវិញ្ញាណ
៨- ត្រូវភ្ជាប់ការអប់រំនិស្សិតឱ្យរស់នៅតាមព្រះវិញ្ញាណ នឹងការបង្រៀនលទ្ធិគ្រីស្តសាសនា ទន្ទឹមនឹងការហ្វឹកហ្វឺនឱ្យចេះណែនាំគ្រីស្តបរិស័ទ។ លោកដែលណែនាំជីវិតនិស្សិតម្នាក់ៗតាមព្រះវិញ្ញាណ មានភារកិច្ចសំខាន់ជាងគេក្នុងការអប់រំនោះ។ លោកត្រូវណែនាំគេឱ្យរួមរស់យ៉ាងស្និទ្ធស្នាលជាមួយព្រះបិតាជានិច្ច ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រា ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ។ ពេលនិស្សិតទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ គេនឹងបានដូចព្រះគ្រីស្តជាមហាបូជាចារ្យ។ ដូច្នេះ គេត្រូវតែមានទម្លាប់រួមរស់ជាមួយព្រះអង្គយ៉ាងស្និទ្ធស្នាលជាទីបំផុតគ្រប់ករណីប្រចាំជីវិត ដូចមិត្តសម្លាញ់តែងរួមរស់ជាមួយគ្នាដូច្នោះដែរ។ គេត្រូវរួមរស់ជាមួយព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿងយ៉ាងជិតស្និទ្ធបំផុត ទើបគេអាចណែនាំប្រជាជនដែលព្រះសហគមន៍នឹងផ្ញើឱ្យគេនៅពេលក្រោយ ឱ្យរួបរួមជាមួយព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿងនេះដែរ។ ត្រូវអប់រំគេឱ្យស្វែងរកព្រះគ្រីស្តដោយនឹកសញ្ជឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងស្មោះ ដោយរួបរួមយ៉ាងសកម្មក្នុងពិធីគោរពប្រណិប៍តន៍ដ៏វិសុទ្ធបំផុតទាំងប៉ុន្មាននៃព្រះសហគមន៍ ជាពិសេស ក្នុងអគ្គសញ្ញាអរព្រះគុណ និងពិធីលើកតម្កើងព្រះជាម្ចាស់តាមពេលកំណត់។ គេត្រូវស្វែងរកព្រះគ្រីស្តក្នុងលោកអភិបាលដែលចាត់គេឱ្យទៅ និងក្នុងចំណោមមនុស្សដែលលោកចាត់ឱ្យបម្រើនោះ ជាពិសេស ក្នុងរូបអ្នកក្រីក្រ កូនក្មេង អ្នកជំងឺ អ្នកបាប និងក្នុងរូបអ្នកដែលគ្មានជំនឿ។ គេត្រូវគោរព និងស្រឡាញ់ព្រះនាងព្រហ្មចារិនីម៉ារីដូចកូនតែងស្រឡាញ់ និងផ្ញើជីវិតលើម្តាយដូច្នេះដែរ គឺនាងម៉ារីដែលព្រះយេស៊ូបានប្រគល់ឱ្យសាវ័កយ៉ូហានទុកជាម្តាយ នៅពេលព្រះអង្គហៀបនឹងសោយទិវង្គតនៅលើឈើឆ្កាង។
ត្រូវចាប់អារម្មណ៍យ៉ាងខ្លាំងនឹងការហ្វឹកហ្វឺនផ្សេងៗនាំឱ្យគោរពប្រណិប័តន៍ព្រះជាម្ចាស់ តាមទម្លាប់គួរឱ្យគោរពរបស់ព្រះសហគមន៍ដែលផ្តែផ្តាំឱ្យធ្វើជាយូរសតវត្សរ៍មកហើយ។ ក៏ប៉ុន្តែ ត្រូវប្រយ័ត្នកុំស្មានថា ការអប់រំឱ្យរស់នៅតាមព្រះវិញ្ញាណអាស្រ័យតែនឹងការបំពេញពិធីទាំងនោះប៉ុណ្ណោះទេ និងគ្រាន់តែឱ្យគេរំភើបចិត្តតាមសាសនាប្រជាប្រិយប៉ុណ្ណោះដែរ។ ជាពិសេស និស្សិតត្រូវរៀនរស់នៅស្របតាមរបៀបដំណឹងល្អ គឺឱ្យពង្រឹងជំនឿ ពង្រឹងសេចក្ដីសង្ឃឹម និងពង្រឹងសេចក្តីស្រឡាញ់របស់ខ្លួនឱ្យកាន់តែមាំមួនឡើងៗ។ ដោយប្រតិបត្តិតាមគុណធម៌ទាំងបីនោះ គេនឹងមានចិត្តគំនិតជាអ្នកធ្លាប់អធិដ្ឋាន គេពង្រឹង និងការពារនូវការតបឆ្លើយរបស់ខ្លួនចំពោះព្រះជាម្ចាស់ដែលត្រាស់ហៅគេ។ គេត្រូវប្រតិបត្តិតាមគុណធម៌ទាំងបីនោះ ទើបព្រហ្មវិហារធម៌ឯទៀតៗរឹងប៉ឹងឡើង ហើយគេខ្នះខ្នែងជំរុញខ្លួនឱ្យនាំមនុស្សទាំងអស់ឱ្យទៅជាកម្មសិទ្ធិរបស់ព្រះគ្រីស្ត។
៩- ត្រូវឱ្យចិត្តគំនិតរបស់និស្សិតជ្រួតជ្រាបយ៉ាងជ្រៅបំផុត តាមគម្រោងការដ៏អស្ចារ្យរបស់ព្រះសហគមន៍ តាមមហាសន្និបាតបានពន្យល់យ៉ាងពិស្តាររួចហើយ។ ដូច្នេះ គេផ្ចង់ចិត្ត និងអភិបាលព្រះសហគមន៍ក្រុងរ៉ូមជាតំណាងព្រះគ្រីស្ត ដោយចិត្តសុភាពរាបសាដូចកូនស្រឡាញ់ឪពុកដូច្នោះដែរ។ ពេលគេទៅជាបូជាចារ្យ (អាចារ្យ) រួចហើយ គេក៏នឹងរួមចិត្តគំនិតជាមួយអភិបាលរបស់ខ្លួនក្នុងឋានៈខ្លួនជាសហការីដ៏ស្មោះត្រង់របស់លោក ហើយបំពេញការងាររួមជាមួយបូជាចារ្យ (អាចារ្យ) ឯទៀតៗជាបងប្អូន។ គេក៏នឹងផ្តល់សក្ខីភាពអំពីព្រះសហគមន៍រួបរួមជាធ្លុងតែមួយ ជាមូលហេតុទាក់ទាញចិត្តមនុស្សឱ្យមករកព្រះគ្រីស្ត (ពន្លឺ ២៨)។ សូមឱ្យគេបង្ហាត់ខ្លួនឱ្យចូលរួមក្នុងការរស់នៅរបស់ព្រះសហគមន៍ទាំងមូលដោយចិត្តទូលំទូលាយ តាមពាក្យពេចន៍របស់សន្តៈ អូគូស្តាំងថា “ម្នាក់ៗស្រឡាញ់ព្រះសហគមន៍តាមកម្រិតណា គេក៏ទទួលព្រះវិញ្ញាណតាមកម្រិតនោះដែរ”។ ត្រូវឱ្យគេយល់យ៉ាងជាក់ច្បាស់ថា មុខងារជាបូជាចារ្យដែលគេនឹងទទួលនៅពេលខាងមុខនេះ មិនផ្តល់ឱ្យគេមានអំណាចគ្រប់គ្រងជិះជាន់អ្នកដទៃទេ ហើយក៏មិនផ្តល់ឱ្យគេមានកិត្តិយសដែរ តែផ្ទុយទៅវិញ គេត្រូវបូជាជីវិតទាំងស្រុងក្នុងកិច្ចបម្រើព្រះជាម្ចាស់ និងក្នុងមុខងារបម្រើណែនាំអ្នកឯទៀតៗផង។ អ្នកទទួលខុសត្រូវលើទេវវិទ្យាល័យត្រូវយកចិត្តទុកដាក់អប់រំគេឱ្យត្រូវចេះស្តាប់បង្គាប់ក្នុងឋានៈជាបូជាចារ្យ និងចូលចិត្តរស់នៅតាមរបៀបជាអ្នកក្រីក្រ ព្រមទាំងមានចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួនចោល (ពន្លឺ ៨)។ ដូច្នេះ គេធ្លាប់លះបង់អ្វីៗភ្លាមចោល សូម្បីអ្វីៗដែលគេមានសិទ្ធិកាន់កាប់តែឥតបានការ។ គេក៏សុខចិត្តឱ្យបានដូចព្រះគ្រីស្តដែលត្រូវគេឆ្កាងដែរ។
ត្រូវជម្រាបគេអំពីបន្ទុកដែលគេត្រូវបំពេញនៅពេលក្រោយ ដោយមិនលាក់លៀមនូវការពិបាកក្នុងការរស់នៅជាបូជាចារ្យឡើយ។ ក៏ប៉ុន្តែ កុំឱ្យគេគិតតែពីការពិបាកដែលគេត្រូវជួបប្រទះប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ត្រូវអប់រំគេឱ្យពង្រឹងការរស់នៅតាមព្រះវិញ្ញាណ ដោយសារកិច្ចការណែនាំរបស់ខ្លួន។
១០- ត្រូវអប់រំនិស្សិតទេវវិទ្យាល័យដោយយកចិត្តទុកដាក់យ៉ាងខ្លាំង ឱ្យកាន់តាមព្រហ្មចារិយធម៌ក្នុងឋានៈជាបូជាចារ្យ តាមក្បួនវិន័យនៃរបៀបរបបពិធីគោរពប្រណិប៍តន៍របស់ខ្លួន ដែលជាប្រពៃណីដ៏មាំមួនគួរគោរព។ គេលះបង់ការរួមរស់ជាគូស្វាមីភរិយា មកពីគេយល់ដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ (មថ ១៩,១២)។ គេផ្ចង់ចិត្តនឹងព្រះអម្ចាស់ដោយសេចក្ដីស្រឡាញ់ ដោយមិនរារែកចិត្តស្របតាមសម្ពន្ធមេត្រីថ្មី។ គេផ្តល់សក្ខីភាពអំពីជីវិតថ្មីដ៏រុងរឿងនៃលោកខាងមុខ (លក ២០,៣៦)។ គេក៏យោងកម្លាំងពីព្រហ្មចារិយធម៌នេះទុកជាជំនួយពិសេស ដើម្បីប្រតិបត្តិឥតឈប់ឈរតាមសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈនេះ ដែលបណ្តោយឱ្យគេអាចបម្រើមនុស្សទាំងអស់នៅគ្រប់វិស័យ តាមមុខងារបម្រើរបស់ខ្លួនជាបូជាចារ្យ។ គេត្រូវដឹងក្នុងជម្រៅចិត្តថា គេត្រូវអរព្រះគុណព្រះជាម្ចាស់ចំពោះការរស់នៅជាព្រហ្មចារី មិនគ្រាន់តែមកពីវិន័យមួយនៃព្រះសហគមន៍បញ្ជាប៉ុណ្ណោះទេ តែមកពីការរស់នៅបែបនេះជាព្រះអំណោយទានដ៏ថ្លៃថ្នូររបស់ព្រះជាម្ចាស់។ ត្រូវតែអង្វរព្រះអង្គដោយចិត្តសុភាពរាបសា សូមទ្រង់ប្រទានព្រះអំណោយទាននេះផង។ គេត្រូវប្រញាប់ប្រញាល់តបឆ្លើយនឹងព្រះអំណោយទាននេះដោយសេរី និងដោយចិត្តទូលាយ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធប្រណីសន្តោស និងជួយលើកស្ទួយផង។
ត្រូវឱ្យនិស្សិតទេវវិទ្យាល័យដឹងច្បាស់អំពីភារកិច្ច និងអំពីតម្លៃដ៏ថ្លៃថ្នូរនៃការរស់នៅជាគូស្វាមីភរិយាគ្រីស្តបរិស័ទ ដែលជានិមិត្តរូបអំពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត និងព្រះសហគមន៍ (អភ ៥,៣២) ប៉ុន្តែ ត្រូវឱ្យគេយល់ថា ការរស់នៅជាព្រហ្មចារីថ្វាយព្រះគ្រីស្តប្រសើរជាងទៅទៀត។ ដូច្នេះ គេអាចប្រគល់ខ្លួនទាំងស្រុង ទាំងរូបកាយ ទាំងវិញ្ញាណ ថ្វាយព្រះអម្ចាស់ដោយធ្វើជម្រើសមួយដ៏ល្អប្រសើរ ដែលគេថ្លឹងថ្លែងជ្រើសរើសយកយ៉ាងហ្មត់ចត់។
ត្រូវជម្រាបនិស្សិតទេវវិទ្យាល័យឱ្យស្គាល់អំពីការពិបាកដែលគេមុខជានឹងជួបប្រទះក្នុងការកាន់តាមព្រហ្មចារិយធម៌ ជាពិសេស ក្នុងសង្គមនាបច្ចុប្បន្នកាលនេះ។ ដោយមានជំនួយខាងលោកីយ៍ និងជំនួយរបស់ព្រះជាម្ចាស់យ៉ាងសមរម្យ គេត្រូវហាត់ខ្លួនឱ្យសុខចិត្តលះបង់ការរស់នៅជាគូស្វាមីភរិយាក្នុងជម្រៅចិត្តរបស់គេយ៉ាងស្រគត់ស្រគំ។ ដូច្នេះ ព្រហ្មចារិយធម៌របស់គេមិនបណ្តាលឱ្យគេខូចខាតអ្វីឡើយក្នុងការរស់នៅរបស់ខ្លួន និងក្នុងសកម្មភាពរបស់គេ។ ផ្ទុយទៅវិញ ព្រហ្មចារិយធម៌នេះនឹងបណ្តាលឱ្យគេធ្វើជាម្ចាស់ចិត្តគំនិត និងធ្វើជាម្ចាស់រូបកាយឱ្យកាន់តែប្រសើរឡើងៗ ព្រមទាំងឱ្យទៅជាមនុស្សរម្យទមពេញវ័យកាន់តែពេញលេញឡើង។ គេក៏ទទួលអំណរមកពីដំណឹងល្អកាន់តែពេញលក្ខណៈទៀតផង។
១១- ត្រូវអនុវត្តតាមគោលការណ៍អប់រំបែបជាគ្រីស្តបរិស័ទ ដោយមានចិត្តចង់គោរពសាសនា។ ប៉ុន្តែ ត្រូវបន្ថែមសេចក្ដីដែលអ្នកប្រាជ្ញបានរកឃើញថ្មីៗនេះអំពីចិត្តសាស្រ្ត និងអំពីគរុកោសល្យដ៏ពិតប្រាកដ។ ការហ្វឹកហ្វឺនដែលណែនាំដោយប្រាជ្ញា ត្រូវបណ្តុះបណ្តាលឱ្យនិស្សិតទៅជាមនុស្សរម្យទម ចាស់ចិត្តចាស់គំនិតដែលមនុស្សលោកត្រូវការ។ យើងស្គាល់មនុស្សរម្យទមពេញវ័យដោយគេមានចិត្តនឹងនរយ៉ាងសមរម្យ និងដោយគេអាចសម្រេចកិច្ចការបានក្រោយពីបានរិះគិតជាមុន ព្រមទាំងដោយគេចេះថ្លឹងថ្លែងពីអត្ថន័យព្រឹត្តិការណ៍ដែលកើតឡើង និងការវាយតម្លៃមនុស្សផងដែរ។ និស្សិតទេវវិទ្យាល័យត្រូវហាត់ខ្លួនឱ្យចេះទប់ទល់ចរិតលក្ខណៈរបស់ខ្លួន ត្រូវហាត់ឱ្យមានចិត្តរឹងប៉ឹង និងហាត់ឱ្យរាប់រកគុណធម៌ដែលមនុស្សលោកចូលចិត្តជាខ្លាំងនោះ ហើយដែលនាំគេឱ្យរាប់អានអ្នកបម្រើរបស់ព្រះគ្រីស្ត គឺថា ត្រូវមានចិត្តស្មោះត្រង់នឹកគិតដល់យុត្តិធម៌ជានិច្ច ធ្វើតាមពាក្យសន្យា មានចរិយាចេះគួរសម មានចិត្តរម្យទម មិនវាយឫកពាខ្ពស់ មានចិត្តស្រឡាញ់ក្នុងពេលសន្ទនាជាមួយអ្នកដទៃ។
ពេលនិសិ្សតរស់នៅវិទ្យាល័យ ការរស់នៅតាមវិន័យ មិនគ្រាន់តែជួយយ៉ាងខ្លាំងឱ្យគេរស់នៅជាមួយគ្នាយ៉ាងស្រួល និងឱ្យស្រឡាញ់គ្នាប៉ុណ្ណោះទេ តែត្រូវរាប់ការហ្វឹកហឹ្វនឱ្យរស់នៅតាមវិន័យនេះទុកជាមធ្យោបាយមួយដ៏សំខាន់សម្រាប់អប់រំគេក្នុងគ្រប់វិស័យ គឺថា នាំឱ្យគេចេះទប់ទល់ខ្លួនឯងឱ្យមានចិត្តរម្យទម ឱ្យគេចាស់ចិត្តចាស់គំនិត និងមានលក្ខណៈផ្សេងៗទៀត។ ដូច្នេះ នៅពេលក្រោយ គេអាចបំពេញសកម្មភាពដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍យ៉ាងសមរម្យ និងយ៉ាងស័ក្តិសិទ្ធិ។ ប៉ុន្តែ ត្រូវហ្វឹកហ្វឺនតាមវិន័យទាំងនោះ ដើម្បីអប់រំចិត្តគំនិតរបស់គេឱ្យសុខចិត្តទទួលអំណាចរបស់អស់លោកជាអ្នកណែនាំ ដោយយល់ឃើញខ្លួនឯងថា គេស្តាប់បង្គាប់ដោយមានមនសិការ (រម ១៣,៥) និងដោយនឹកគិតដល់ព្រះជាម្ចាស់។ ត្រូវអនុវត្តតាមក្បួនវិន័យ ស្របតាមអាយុរបស់និស្សិត។ ហេតុនេះ គេហាត់ខ្លួនបន្តិចម្តងៗឱ្យណែនាំខ្លួនដោយខ្លួនឯង ឱ្យធ្លាប់ប្រើសេរីភាពរបស់ខ្លួនដោយប្រាជ្ញា ហើយប្រតិបតិ្តដោយគំនិតរបស់ខ្លួនផ្ទាល់ និងដោយចិត្តខ្នះខ្នែងទៀត ព្រមទាំងឱ្យធ្វើការរួមជាមួយបូជាចារ្យឯទៀតៗជាបងប្អូន និងជាមួយគ្រីស្តបរិស័ទធម្មតាទៀតផង។
ត្រូវឱ្យរបៀបរស់នៅក្នុងទេវវិទ្យាល័យណែនាំឱ្យគេចូលចិត្តគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងចូលចិត្តនៅស្ងៀមស្ងាត់ ហើយឱ្យគេយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ត្រូវចាត់ទុករបៀបរស់នៅក្នុងទេវវិល័យ ទុកជាការហ្វឹកហ្វឺនឱ្យរស់នៅពេលអនាគត នៅពេលដែលគេទទួលអគ្គសញ្ញាតែងតាំងជាគង្វាលរួចហើយ។
១២- អស់លោកអភិបាលមានភារកិច្ចចាត់ចែងការហ្វឹកហ្វឺន ឱ្យរស់នៅតាមព្រះវិញ្ញាណយ៉ាងជ្រៅក្នុងរយៈពេលមួយដ៏សមគួរ។ ដូច្នេះ អស់លោកនឹងពង្រឹងការអប់រំឱ្យរស់នៅតាមព្រះវិញ្ញាណយ៉ាងមាំមួន ហើយនិស្សិតក៏អាចជ្រើសរើស និងតបឆ្លើយនឹងព្រះជាម្ចាស់ដែលត្រាស់ហៅគេ ដោយបានរិះគិតពិចារណាយ៉ាងសមរម្យជាយូរមកហើយ។ អស់លោកអភិបាលក៏មានភារកិច្ចសម្រេចថា តើគួរតែបញ្ឈប់ការសិក្សាមួយរយៈ ឬចាត់ចែងការហ្វឹកហ្វឺនម៉្យាងឱ្យនិស្សិតណែនាំគ្រីស្តបរិស័ទ ដើម្បីល្បងលមើលបេក្ខជនបម្រុងទៅជាបូជាចារ្យឱ្យបានច្បាស់ជាង។ អស់លោកអភិបាលក៏ត្រូវសម្រេចបន្ថយអាយុ ដែលមានកំណត់ទុកក្នុងក្បួនវិន័យរួមទូទៅនៃព្រះសហគមន៍ ឱ្យបានស្របតាមសភាពការណ៍ពិសេសនៃតំបន់នីមួយៗ។ ពេលនិស្សិតបញ្ចប់ការសិក្សានៅទេវវិទ្យា អស់លោកក៏មានភារកិច្ចរិះគិតអំពីការសូមឱ្យនិស្សិតបំពេញមុខងារជាឧបដ្ឋាក អស់មួយរយៈពេលយ៉ាងសមគួរមុនទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ។
៥- អំពីការកែសម្រួលការសិក្សាវិជ្ជាពិសេសនៃព្រះសហគមន៍
១៣- និស្សិតទេវវិទ្យាល័យត្រូវទទួលការអប់រំតាមចំណេះមនុស្សលោកទូទៅ និងរៀនតាមវិទ្យាសាស្រ្តមុនសិក្សាវិទ្យាពិសេសនៃព្រះសហគមន៍។ គេត្រូវរៀនមុខវិជ្ជាទាំងប៉ុន្មានដែលយុវជនរួមជាតិត្រូវរៀន ដើម្បីអាចចូលឧត្តមសិក្សាបាន។ លើសពីនេះទៅទៀត គេត្រូវរៀនភាសាឡាតាំងជាភាសានាំឱ្យគេអាចយល់ និងចេះប្រើប្រាស់ឯកសារជាប្រភពនៃវិជ្ជាជាច្រើនរបស់ព្រះសហគមន៍បាន។ ត្រូវចាត់ចែងរៀនភាសាដែលគេប្រើក្នុងពិធីគោរពប្រណិប៍តន៍នានា តាមរបៀបរបបផ្ទាល់របស់ខ្លួនទុកជាសេចក្តីត្រូវការដ៏សំខាន់។ សូមផ្តែផ្តាំយ៉ាងខ្លាំងឱ្យនិស្សិតចេះភាសាដើមនៃព្រះគម្ពីរ និងភាសានៃការបញ្ជូនបន្តរបស់ព្រះសហគមន៍។
១៤- ពេលចាត់ចែងការសិក្សាវិជ្ជាពិសេសនៃព្រះសហគមន៍ ត្រូវមានគោលដៅធ្វើឱ្យទស្សនវិជ្ជា និងទេវវិទ្យាមានទំនាក់ទំនងគ្នាយ៉ាងស្រួល គឺវិជ្ជាទាំងពីរនោះសហការគ្នា ដើម្បីបើកចិត្តគំនិតនិស្សិតទេវវិទ្យាល័យឱ្យស្គាល់គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្តកាន់តែច្បាស់ឡើងៗ។ គម្រោងការដ៏អស្ចារ្យនេះពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តទាំងមូលនៃមនុស្សជាតិ និងនៅតែបន្តតទៅទៀតក្នុងព្រះសហគមន៍ជានិច្ចដែរ ហើយក៏បង្កើតផលជាពិសេស ដោយមុខងារបម្រើរបស់អស់លោកបូជាចារ្យ (ពន្លឺ ៧ និង ២៨)។
ហេតុនេះហើយ បានជាត្រូវចាប់ផ្តើមបង្រៀនវិជ្ជាពិសេសនៃព្រះសហគមន៍ ដោយបង្រៀនសេចក្ដីជាគ្រឹះអស់រយៈពេលដ៏សមគួរ ដើម្បីឱ្យនិស្សិតមានទស្សនៈជាទូទៅមុនចាប់ផ្តើមទទួលការអប់រំ។ ក្នុងការបង្រៀនសេចក្ដីជាគ្រឹះទូទៅនេះ ត្រូវរៀបរាប់អំពីគម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះ ដើម្បីឱ្យនិស្សិតយល់អំពីអត្ថន័យវិជ្ជាទាំងប៉ុន្មាននៃព្រះសហគមន៍ និងឱ្យគេយល់អំពីលំដាប់លំដោយនៃវិជា្ជទាំងនោះ ព្រមទាំងយល់អំពីគោលដៅនៃការសិក្សាវិជ្ជាទាំងនោះទៀត គឺណែនាំគ្រីស្តបរិស័ទតែម្តង។ នៅពេលជាមួយគ្នានេះ មេរៀនខាងដើមដំបូងនេះ ត្រូវជួយឱ្យគេយកជំនឿធ្វើជាគ្រឹះនៃការរស់នៅទាំងមូលរបស់ខ្លួន គឺឱ្យជំនឿជ្រួតជ្រាបចិត្តគំនិតរបស់គេ។ ដូច្នេះ គេយល់កាន់តែរឹងប៉ឹងថា ព្រះជាម្ចាស់ត្រាស់ហៅគេមែន គេក៏ស្ម័គ្រចិត្តតបឆ្លើយនឹងព្រះអង្គដោយខ្លួនគេផ្ទាល់ គឺថ្វាយខ្លួនទាំងស្រុងទៅព្រះអង្គដោយចិត្តរីករាយ។
១៥- ត្រូវបង្រៀនទស្សនវិជ្ជាក្នុងគោលបំណងចម្បងណែនាំនិស្សិតឱ្យមានចំណេះចេះដឹងយ៉ាងមាំមួនដែលពាក់ព័ន្ធគ្នាអំពីលក្ខណៈមនុស្ស និងអំពីលក្ខណៈពិភពលោក ហើយនិងអំពីព្រះជាម្ចាស់។ និស្សិតបានចំណេះចេះដឹងនោះដោយសម្អាងលើបេតិកភ័ណ្ឌនៃទស្សនវិជ្ជា ដែលមានតម្លៃដ៏ថ្លៃថ្នូររហូតតរៀងទៅ។ ប៉ុន្តែ ត្រូវគិតគូរដល់ការស្រាវជ្រាវទំនើបខាងទស្សនវិជ្ជា ជាពិសេស ដល់ការស្រាវជ្រាវដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងប្រទេសរបស់និស្សិត។ ត្រូវនឹកគិតដល់ការចម្រើនឡើងថ្មីៗនៃវិទ្យាសាស្រ្តទៀតផង។ ធ្វើដូច្នេះ ទើបនិស្សិតយល់ច្បាស់អំពីមតិមនុស្សនាសម័យបច្ចុប្បន្ន ហើយក៏រៀបចំខ្លួនដើម្បីនឹងនិយាយសន្ទនាជាមួយមនុស្សនាសម័យរបស់គេដែរ។
ត្រូវបង្រៀនប្រវត្តិសាស្រ្តនៃទស្សនវិជ្ជា ដើម្បីណែនាំឱ្យនិស្សិតស្គាល់គោលការណ៍ជាគ្រឹះនៃទស្សនវិទ្យានីមួយៗ។ ដូច្នេះ គេអាចយកអ្វីៗដែលទសន្សនវិជ្ជាបញ្ជាក់ថា ត្រឹមត្រូវពិតប្រាកដនោះ ព្រមទាំងអាចរកឃើញឫសនៃសេចក្តីមិនពិត និងអាចបដិសេធសេចក្ដីមិនពិតទាំងនោះបានផង។
វិធីបង្រៀនត្រូវលើកស្ទួយនិស្សិតឱ្យស្រឡាញ់សេចក្ដីពិតដែលត្រូវតែស្វែងរក និងត្រូវពិនិត្យពិច័យ ហើយដែលត្រូវយកភស្តុតាងមកបង្ហាញដោយគ្មានលម្អៀងថែមទៀត។ ប៉ុន្តែ ត្រូវមានចិត្តសុភាពរាបសាដោយដឹងខ្លួនថា ចំណេះចេះដឹងរបស់មនុស្សមានព្រំដែន។ សូមចាប់អារម្មណ៍យ៉ាងខ្លាំងថា ទស្សនវិជ្ជាក៏មានពាក់ព័ន្ធយ៉ាងស្អិតរមួតនឹងបញ្ហាដ៏ពិតប្រាកដនៃការរស់នៅ និងសំណួរផ្សេងៗដែលចោទឡើងក្នុងចិត្តគំនិតនិស្សិតដែរ។ ត្រូវជួយគេឱ្យឃើញថា ការរិះគិតតាមទស្សនវិជ្ជា ពិតជាទាក់ទិននឹងគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះ តែទេវវិទ្យាស្រាវជ្រាវគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះនោះដោយយកពន្លឺនៃជំនឿ ជាពន្លឺដ៏ខ្ពង់ខ្ពស់បំផុតមកបំភ្លឺចិត្តគំនិតគេ។
១៦- ត្រូវបង្រៀនទេវវិទ្យាដោយយកពន្លឺចាំងពីជំនឿមកបំភ្លឺចិត្តគំនិត ក្រោមការណែនាំនៃព្រះសហគមន៍ (ពន្លឺ ២៥)។ ដូច្នេះ និស្សិតមុខជាយោងលទ្ធិកាតូលិកចេញពីព្រះគម្ពីរ ជាសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់។ សូមឱ្យលទ្ធិនេះជ្រួតជ្រាបយ៉ាងជ្រៅក្នុងចិត្តគំនិតគេ និងយកធ្វើជាអាហារសម្រាប់ជីវិតរបស់គេតាមព្រះវិញ្ញាណ។ នៅពេលក្រោយ កាលគេបំពេញមុខងារបម្រើព្រះសហគមន៍ក្នុងឋានៈជាបូជាចារ្យ គេក៏មានលទ្ធភាពអាចប្រកាស រៀបរាប់ បកស្រាយ និងរក្សាការពារលទ្ធិនេះទៀតផង។
ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសនឹងបង្រៀនព្រះគម្ពីរឱ្យនិស្សិតបានស្គាល់ គឺត្រូវរាប់គម្ពីរនេះទុកដូចជាដួងព្រលឹងនៃទេវវិទ្យាគ្រប់យ៉ាង។ ក្រោយពីបានបង្រៀនសេចក្ដីផ្តើមយ៉ាងសមគួរ ត្រូវណែនាំនិស្សិតឱ្យស្គាល់វិធីវិភាគគម្ពីរយ៉ាងច្បាស់។ គេត្រូវរៀនគោលសំខាន់ៗនៃសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់។ ដោយអាន និងនឹកសញ្ជឹងគិតគម្ពីរជារៀងរាល់ថ្ងៃ គេក៏មានអាហារខាងព្រះវិញ្ញាណដែលលើកស្ទួយគេផងដែរ។
ត្រូវរៀបរាប់ពន្យល់គោលលទ្ធិនៃទេវវិទ្យាតាមលំដាប់លំដោយ គឺមុនដំបូងត្រូវបង្រៀនអំពីគោលសំខាន់ៗនៃព្រះគម្ពីរ។ ក្រោយមក ត្រូវបង្ហាញឱ្យនិស្សិតដឹងអំពីអ្វីៗដែលគ្រូបាធ្យាយទាំងនៅបូព៌ាប្រទេស ទាំងនៅបស្ចិមប្រទេសបានបញ្ជូនបន្ត និងរិះគិតយ៉ាងជ្រៅនិងយ៉ាងស្មោះត្រង់អំពីសេចក្ដីពិតនីមួយៗ ដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់។ ត្រូវរៀបរាប់ប្រវត្តិនៃលទ្ធិគ្រីស្តសាសនាតាមរបៀបដដែលទាំងនឹកគិតថា ប្រវត្តិសាស្រ្តនៃលទ្ធិគ្រីស្តសាសនា ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តទូទៅនៃព្រះសហគមន៍ដែរ។ បន្ទាប់មក គេត្រូវហាត់ខ្លួនឱ្យរិះគិតអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសង្គ្រោះកាន់តែជ្រៅទៅៗ និងយល់ថា ព្រឹត្តិការណ៍ទាំងនោះជាប់ទាក់ទងគ្នាយ៉ាងស្រួល ដោយយកសន្តៈថូម៉ាស នៅអាគីណូធ្វើជាគ្រូណែនាំក្នុងការរិះគិតនោះ។ ធ្វើដូច្នេះ ទើបគេអាចបង្ហាញព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសង្គ្រោះតាមតែមនុស្សអាចរិះគិតបាន។ ត្រូវបង្រៀនគេឱ្យទទួលថា ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនោះនៅស្ថិតស្ថេរ និងមានសកម្មភាពក្នុងពិធីគោរពប្រណិប៍តន៍នានា (ពិធី ៧.១៦) ព្រមទាំងក្នុងការរស់នៅនៃព្រះសហគមន៍ទាំងមូលផង។ ត្រូវបង្ហាត់និស្សិតឱ្យដោះស្រាយបញ្ហាមនុស្សលោក តាមពន្លឺនៃសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់។ គេក៏យកសេចក្ដីពិតដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចទាំងនោះ មកបំភ្លឺសភាពការណ៍របស់នមនុស្សលោកដែលតែងតែប្រែប្រួលជានិច្ច និងនាំយកសេចក្ដីពិតទាំងនោះតាមរបៀបដែលមនុស្សលោកនាសម័យឥឡូវនេះអាចទទួល និងយល់បាន។
ត្រូវកែសម្រួលមុខវិជ្ជាឯទៀតៗនៃទេវវិទ្យាឱ្យបានថ្មី ដោយនិសិ្សតមានទំនាក់ទំនងកាន់តែរស់រវើកជាមួយគម្រាងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត និងជាមួយប្រវត្តិសាស្រ្តនៃការសង្គ្រោះ។ ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសធ្វើឱ្យទេវវិទ្យាសីលធម៌កាន់តែប្រសើរឡើងៗ គឺត្រូវរៀបរាប់ទេវវិទ្យាសីលធម៌នេះតាមរបៀបវិទ្យាសាស្រ្ត ដោយសំអាងយ៉ាងច្រើនលើព្រះគម្ពីរ។ ត្រូវបង្ហាញបញ្ជាក់អំពីតម្លៃដ៏ថ្លៃថ្នូររបស់អស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យជឿ និងរួមក្នុងអង្គព្រះគ្រីស្ត ព្រមទាំងអំពីកាតព្វកិច្ចរបស់គេឱ្យបង្កបង្កើតផលដោយសេចក្ដីស្រឡាញ់ ដើម្បីឱ្យមនុស្សលោកមានជីវិត។ ស្របជាមួយគ្នានេះ នៅពេលរៀបរាប់អំពីក្បួនច្បាប់ទូទៅនៃព្រះសហគមន៍ និងអំពីប្រវត្តិសាស្រ្តព្រះសហគមន៍ត្រូវនឹកគិតដល់គម្រោងការដ៏អស្ចារ្យនៃព្រះសហគមន៍ឱ្យបានស្របនឹងធម្មនុញ្ញលទ្ធិ “ពន្លឺបំភ្លឺពិភពលោក” ដែលមហាសន្និបាតនេះបានប្រកាសផ្សាយរួចហើយ។ ត្រូវបង្រៀនអំពីពិធីគោរពប្រណិប័តន៍ស្របតាមមាត្រាទី ១៥ និង ១៦ នៃធម្មនុញ្ញពិធីគោរពប្រណិប៍តន៍ ព្រោះត្រូវចាត់ពិធីគោរពប្រណិប័តន៍ទុកជាប្រភពទីមួយដែលត្រូវការជាងគេ ដើម្បីបង្កើតចិត្តគំនិតជាគ្រីស្តបរិស័ទសុទ្ធសាធ (ពិធី ១០.១៤.១៥.១៦)។
ដោយយល់ដល់សភាពការណ៍តាមតំបន់នីមួយៗ ត្រូវណែនាំនិស្សិតទេវវិទ្យាល័យឱ្យស្គាល់យ៉ាងច្បាស់អំពីសហគមន៍ និងក្រុមជំនុំដែលបែកចេញពីអាសនៈគ្រីស្តទូតសិលា។ ដូច្នេះ គេអាចជួយសហការឱ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ តាមការបញ្ជានៃមហាសន្និបាតនេះ (បង្រួប ១.៩.១០)។
ត្រូវណែនាំនិសិ្សតឱ្យស្គាល់សាសនាឯទៀតៗ ជាពិសេស សាសនាដែលអ្នកស្រុកតែងតែគោរពក្នុងតំបន់នីមួយៗ ដូច្នេះ គេមុខជារកឃើញអ្វីៗដ៏ពិតប្រាកដ និងដ៏ល្អក្នុងសាសនាទាំងនោះតាមតែព្រះជាម្ចាស់ចាត់ចែងឱ្យមាននោះ។ គេក៏នឹងហាត់ខ្លួនឱ្យឆ្លើយបដិសេធនឹងសេចក្ដីមិនពិត ហើយគេអាចចែកចាយពន្លឺដ៏ពេញលេញនៃសេចក្ដីពិត ជូនដល់អស់អ្នកដែលមិនស្គាល់សេចក្ដីពិតនោះ។
១៧- ការបង្រៀនដ៏ពិតប្រាកដអំពីលទ្ធិគ្រីស្តសាសនា មានគោលដៅហ្វឹកហ្វឹននិស្សិតទេវវិទ្យាល័យយ៉ាងពិតប្រាកដ និងយ៉ាងជ្រៅ មិនគ្រាន់តែណែនាំគេឱ្យស្គាល់ទ្រឹស្តីប៉ុណ្ណោះទេ។ ហេតុនេះហើយ បានជាត្រូវប្រើវិធីតាមគរុកោសល្យមកចាត់ចែងមេរៀន និងចាត់ចែងការសន្ទនា ហើយចាត់ចែងកិច្ចអនុវត្តន៍ផ្សេងៗ ដើម្បីលើកស្ទួយកិច្ចការរបស់និស្សិត ដែលគេធ្វើខ្លួនឯង ឬតាមក្រុមតូចៗ។ ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងឱ្យការបង្រៀនទាំងមូលស៊ីសងគ្នា និងមាំមួនទៀត។ ត្រូវជៀសវាងកុំឱ្យមានមុខវិជ្ជា និងមេរៀនច្រើនពេក។ ហេតុនេះ ត្រូវលះបង់ប្រធានបទដែលឥតបានការ ឬប្រធានបទដែលត្រូវសិក្សានៅមហាវិទ្យាល័យ។
១៨- អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ចាត់យុវជនដែលមានសមត្ថភាព គឺមានសម្បទា និងមានព្រហ្មវិហារធម៌ ហើយមានប្រាជ្ញាឱ្យទៅរៀននៅគ្រឹះស្ថានពិសេស នៅមហាវិទ្យាល័យ និងនៅសកលវិទ្យាល័យ។ ធ្វើដូច្នះ អស់លោកគ្រោងទុកឱ្យមានគង្វាលខ្លះ ដែលបានទទួលការបង្រៀនយ៉ាងជ្រៅបែបវិទ្យាសាស្រ្ត អាចទប់ទល់នឹងសេចក្ដីត្រូវការនៃកិច្ចការជាគ្រីស្តទូត។ លោកគង្វាលទាំងនោះអាចបង្រៀនវិជ្ជាព្រះសហគមន៍ និងវិជ្ជាផ្សេងៗទៀតបាន តាមអស់លោកអភិបាលយល់ឃើញថា គួរបង្រៀននោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏មិនត្រូវអប់រំគេឱ្យរស់នៅតាមព្រះវិញ្ញាណជាចាំបាច់ និងឱ្យចេះណែនាំគ្រីស្តបរិស័ទ ជាពិសេស ប្រសិនបើនិស្សិតដែលទៅរៀនវិទ្យាខ្ពស់ទាំងនោះមិនទាន់ទទួលអគ្គសញ្ញាជាបូជាចារ្យនៅឡើយ។
៦- ការហ្វឹកហ្វឺនពិសេសខាងការណែនាំគ្រីស្តបរិស័ទ
១៩- ការហ្វឹកហ្វឹននិស្សិតទេវវិទ្យាល័យទាំងមូលមានគោលដៅតែមួយ គឺអប់រំគេឱ្យចេះណែនាំគ្រីស្តបរិស័ទ។ ហេតុនេះហើយ បានជាត្រូវបង្រៀននិស្សិតយ៉ាងហ្មត់ចត់អំពីសេចក្ដីទាំងអស់ដែលពាក់ព័ន្ធជាមួយមុខងារបម្រើព្រះសហគមន៍ គឺមានការអប់រំជំនឿ និងអត្ថាធិប្បាយគម្ពីរ មានការគោរពបម្រើព្រះជាម្ចាស់តាមពិធីគោរពប្រណិប៍តន៍ និងធ្វើអគ្គសញ្ញានានាជូនគ្រីស្តបរិស័ទ មានសកម្មភាពមនុស្សធម៌ មានភារកិច្ចទាក់ទងជាមួយអ្នកដែលវង្វេងជំនឿ ឬដែលគ្មានជំនឿជាដើម ដោយមិនបំភ្លេចបន្ទុកណែនាំឯទៀតៗផងដែរ។ ត្រូវបង្ហាត់គេយ៉ាងហ្មត់ចត់អំពីបចេ្ចកទេសណែនាំគ្រីស្តបរិស័ទតាមព្រះវិញ្ញាណ ដើម្បីឱ្យគេអាចអប់រំបុត្រធីតានៃព្រះសហគមន៍ទាំងអស់ ឱ្យរស់នៅបែបជាគ្រីស្តបរិស័ទយ៉ាងពិតប្រាកដ ទាំងដឹងខ្លួនយ៉ាងជាក់ច្បាស់ និងតាមបែបជាគ្រីស្តទូត ព្រមទាំងបំពេញភារកិច្ចផ្ទាល់ខ្លួនតាមរបៀបរស់នៅរបស់គេ។ សូមបង្ហាត់ខ្លួនឱ្យចេះជួយណែនាំបព្វជិតបព្វជិតា ដោយយកចិត្តទុកដាក់បែបដដែលនោះឱ្យរស់នៅបន្តទៅមុខតាមព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែលត្រាស់ហៅគាត់ និងឱ្យចម្រើនឡើងតាមគោលដៅនៃគ្រឹះស្ថានផ្សេងៗរបស់គាត់។
ជាទូទៅ ត្រូវបង្ហាត់និសិ្សតទេវវិទ្យាល័យឱ្យមានសមត្ថភាពដ៏សំខាន់ជាងគេក្នុងការសន្ទនាជាមួយមនុស្សលោក គឺឱ្យចេះស្តាប់អ្នកដទៃ ឱ្យយល់អំពីលក្ខណៈផ្សេងៗរបស់មនុស្សជាតិ ដោយចិត្តស្រឡាញ់។
២០- នាសម័យយើងនេះ គរុកោសល្យ និងចិត្តសាស្រ្ត ហើយសង្គមសាស្រ្តបានរកឃើញសេចក្ដីថ្មីៗហើយ។ ត្រូវបង្ហាត់និស្សិតទេវវិទ្យាល័យឱ្យចេះសេចក្ដីថ្មីៗទាំងនោះយ៉ាងត្រឹមត្រូវ និងស្របតាមសេចក្កីណែនាំរបស់លោកអភិបាល។ ធ្វើដូច្នេះ ទើបអ្នកទទួលខុសត្រូវលើទេវវិទ្យាល័យរៀបចំគេយ៉ាងហ្មត់ចត់ឱ្យលើកស្ទួយ និងគាំទ្រកិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទធម្មតា (ពន្លឺ ៣៣) ព្រមទាំងឱ្យលើកស្ទួយរបៀបផ្សេងៗ និងកាន់តែស័ក្តិសិទ្ធនៃកិច្ចការជាគ្រីស្តទូត។ មិនតែប៉ុណ្ណោះ ត្រូវឱ្យចិត្តគំនិតជាគ្រីស្តទូតយ៉ាងពិតប្រាកដជ្រួតជ្រាបចូលក្នុងខ្លួនគេ គឺចិត្តគំនិតជាគ្រីស្តទូតនោះនឹងនាំឱ្យគេធ្លាប់គិតហួសពីព្រំដែនភូមិភាគរបស់ខ្លួនហួសពីព្រំដែនជាតិ និងហួសពីរបៀបរបបនៃពិធីរបស់ខ្លួនដែរ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការនៃព្រះសហគមន៍ទាំងមូល។ ត្រូវឱ្យគេត្រៀមខ្លួនយ៉ាងស្មោះអំពីចិត្ត ចេញទៅប្រកាសដំណឹងល្អរហូតដល់ទីដាច់ស្រយាលនៃពិភពលោក (ពន្លឺ ១៧)។
២១- និស្សិតទេវវិទ្យាល័យត្រូវទទួលការហ្វឹកហ្វឺន មិនគ្រាន់តែដោយរៀនទ្រឹស្តីអំពីកិច្ចជាគ្រីស្តទូតប៉ុណ្ណោះទេ តែត្រូវបង្ហាត់គេឱ្យប្រត្តិបតិតាមដែរ។ ត្រូវឱ្យគេអាចទទួលខុសត្រូវដោយផ្ទាល់ក្នុងកិច្ចការដែលគេនឹងត្រូវបំពេញដោយសហការជាមួយអ្នកដទៃ។ ហេតុនេះ នៅពេលសិក្សា និងនៅពេលវិស្សមកាល ត្រូវអប់រំគេឱ្យបំពេញកិច្ចណែនាំគ្រីស្តបរិស័ទ បង្កើតបទពិសោធន៍តាមសេចក្តីត្រូវការ។ ត្រូវណែនាំគេឱ្យបំពេញកិច្ចការណែនាំគ្រីស្តបរិស័ទ ដោយការហ្វឹកហ្វឺនស្របតាមសភាពការណ៍។ ត្រូវហ្វឹកហ្វឺនគេតាមវិធីប្រកបដោយរបៀបរៀបរយស្របតាមអាយុរបស់និស្សិត និងស្របតាមសភាពការណ៍តំបន់នីមួយៗ ព្រមទាំងស្របតាមការយល់ឃើញដ៏ប្រុងប្រយ័ត្នរបស់អស់លោកអភិបាល។ ត្រូវមានអ្នកជំនាញការខាងវិធីណែនាំចាត់ចែងការហ្វឹកហ្វឺននោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវរម្លឹកគេជានិច្ចថា មានតែមធ្យោបាយនៃលោកខាងមុខទេដែលសំខាន់ជាងគេ។
៧- ការអប់រំអចិន្រៃ្តយ៍ក្រោយការហ្វឹកហ្វឺននៅទេវវិទ្យាល័យ
២២- សូម្បីតែក្រោយពីបូជាចារ្យបានបញ្ចប់ការសិក្សានៅទេវវិទ្យាល័យក្ដី ក៏សភាពការណ៍នៃជីវភាពនៅក្នុងសង្គមទំនើបនេះ បង្ខំយ៉ាងខ្លាំងឱ្យបូជាចារ្យបន្តការអប់រំរបស់ខ្លួនឱ្យកាន់តែពេញលក្ខណៈ។ ហេតុនេះ ក្រុមអភិបាលតាមប្រទេសនីមួយៗមានភារកិច្ចចាត់ចែងមធ្យោបាយដ៏សមរម្យជាងគេស្របតាមសភាពការណ៍ ដើម្បីអប់រំបូជាចារ្យតទៅទៀត។ ឧបមាថា ឱ្យមានគ្រឹះស្ថានណែនាំដែលសហការនឹងព្រះសហគមន៍តាមភូមិនានាដែលគេបានជ្រើសរើសយ៉ាងហ្មត់ចត់ ឱ្យមានការប្រជុំតាមពេលកំណត់ ឱ្យចាត់ចែងការហ្វឹកហ្វឺនស្របតាមសភាពការណ៍ប្រទេស។ល។ ធ្វើដូច្នេះ ក្រុមបូជាចារ្យថ្មីៗអាចចាប់ផ្តើមរស់នៅក្នុងឋានៈជាបូជាចារ្យ និងចាប់ផ្តើមបំពេញកិច្ចការជាគ្រីស្តទូតក្នុងវិស័យនៃការរស់នៅតាមព្រះវិញ្ញាណ ក្នុងវិស័យនៃចំណេះចេះដឹង និងក្នុងវិស័យនៃការណែនាំគ្រីស្តបរិស័ទផង។ បន្តិចម្តងៗ ក្រុមបូជាចារ្យថ្មីៗទាំងនោះមុខជានឹងទទួលសមត្ថភាពប្រែកិច្ចការទាំងនោះឱ្យបានជាថ្មី និងធ្វើឱ្យកិច្ចការទាំងនោះចម្រើនឡើងទៀតផង។
ពាក្យបញ្ចប់
អស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតនេះ បន្តកិច្ចការដែលមហាសន្និបាតក្រុងត្រែនតូចាប់ផ្តើមធ្វើ ហើយសូមផ្ញើទាំងទុកចិត្តឱ្យអស់លោកជាអ្នកណែនាំ និងឱ្យសាស្រ្តាចារ្យនៃទេវវិទ្យាល័យ នូវបន្ទុកហ្វឹកហ្វឺនបូជាចារ្យរបស់ព្រះគ្រីស្តសម្រាប់នៅពេលអនាគត។ សូមអស់លោកអប់រំបូជាចារ្យថ្មីទាំងនោះស្របតាមគោលគំនិតមហាសន្និបាត ដែលមានបំណងលើកស្ទួយការកែសម្រួលព្រះសហគមន៍ឱ្យបានថ្មីនោះ។ នៅពេលជាមួយគ្នានេះ សូមដាស់តឿនយ៉ាងខ្លាំងជាទីបំផុតអស់អ្នកដែលត្រៀមខ្លួនទទួលមុខងារបម្រើក្នុងឋានៈជាបូជាចារ្យឱ្យដឹងច្បាស់ថា ព្រះសហគមន៍សង្ឃឹមលើអ្នកទាំងនោះ ដើម្បីសង្រ្គោះមនុស្សលោក។ សូមទទួលសេចក្ដីបញ្ជាក្នុងក្រឹត្យក្រមនេះដោយស្មោះអស់ពីចិត្ត ហើយសូមបង្កើតផលជាច្រើននៅស្ថិតស្ថេរជានិច្ចនិរន្តរ៍។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាតពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ ព្រមទាំងគោលការណ៍នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឱ្យយើងក្នុងឋានៈជាគ្រីស្តទូតរួមជាមួយអស់លោកអភិបាល ដោយមានព្រះវិញ្ញាណរួមជាមួយផងក៏យល់ព្រម ហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឱ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តសិលា ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់លោកអភិបាល)