ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

សម័យកាលយើង
NOSTRA AETATE

ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់​ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសសេចក្ដីនេះដើម្បីឱ្យគេនឹក​ចងចាំរហូតតរៀងទៅ។

សេចក្តីប្រកាស
អំពី​ទំនាក់​ទំនង​គ្រីស្ត​សាសនា និង​សាសនា​ដទៃ

១- បុព្វកថា

នៅសម័យយើងនេះ មនុស្ស​លោក​រួម​គ្នា​កាន់​តែ​ជិតស្និទ្ធ​ឡើង​ៗជា​រៀង​រាល់​ថ្ងៃ ប្រជាជន​ទាំង​អស់ក៏មាន​​​ទំនាក់​​​​ទំនងគ្នា​កាន់តែជិតស្និទ្ធច្រើន​ឡើងៗ​ជា​លំដាប់​ដែរ។ ដូច្នេះ​ ព្រះ​សហគមន៍​​ពិចារណា​ឱ្យកាន់តែ​ជ្រៅ​​​អំពី​​​​ទំនាក់​ទំនង​​​​របស់ខ្លួន​ជាមួយ​នឹងសាសនា​ឯទៀតៗ ​ដែលប្លែកពីគ្រីស្តសាសនា​។​​​ ព្រះសហគមន៍​ទទួលបន្ទុក​​​លើក​​​ស្ទួយ​​​មនុស្ស​លោក និងជាពិសេស ប្រជាជាតិ​នានាឱ្យ​រួប​រួម​គ្នា​ជា​ធ្លុង​តែ​មួយ ព្រម​ទាំង​ឱ្យ​ស្រឡាញ់​គ្នាទៅវិញទៅ​​​មក​​​ទៀត​ផង​។ ដូច្នេះ​ មុន​ដំបូងបង្អស់ ព្រះសហគមន៍​ពិនិត្យ​ពិច័យ​អំពី​លក្ខណៈ​ដែល​មនុស្ស​គ្រប់ៗ​រូប​មាន​ដូច​គ្នា ជា​លក្ខណៈ​ជំរុញ​​​គេឱ្យ​រួម​រស់​ជា​មួយ​គ្នាតាមវាសនារបស់​គេ​ដែរ។

ប្រជា​ជនទាំង​អស់​រួបរួម​គ្នាជា​សហគមន៍​តែ​មួយមែន គេមាន​ប្រភពតែ​មួយ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​ប្រោស​ឱ្យ​មនុស្ស​​​​ជាតិ​រស់​នៅ​ពាស​ពេញ​លើ​ផែន​ដី​ទាំងមូល (កក ១៧,២៦)​។ ជីវិត​មនុស្ស​គ្រប់ៗ​រូប​មាន​ទិស​ដៅ​ចុង​​​ក្រោយ​​​បំផុត​​​តែ​មួយ​ គឺ​រួម​រស់​ជា​មួយ​ព្រះ​ជា​ម្ចាស់​។ ព្រះ​អង្គ​ណែនាំថែ​រក្សាមនុស្សទាំងអស់ ទ្រង់សម្តែង​ព្រះហឫទ័យ​មេត្តា​ករុណា​សប្បុរស​​​ចំពោះ​មនុស្ស​ទាំងអស់ ហើយក៏​គ្រោងទុកសង្គ្រោះ​មនុស្ស​ទាំង​អស់ដែរ ​(ប្រាញ ៨,១; កក ១៤,១៧; រម ២,៦-៧; ១ធម ២,៤) រហូត​ដល់​ពេលអស់អ្នកដែលព្រះអង្គបានជ្រើសរើស ​រួម​គ្នា​នៅ​ក្នុង​បុរី​ដ៏វិសុទ្ធ។ ពេល​នោះ​​​​ សិរីរុង​រឿង​របស់​ព្រះអង្គ​នឹង​បំភ្លឺ​បុរី​នោះ ហើយជាតិ​សាសន៍នានា​នឹង​ដើរ​ក្នុង​ពន្លឺ​ព្រះអង្គ (វរ ២១,២៣ត)។ មនុស្ស​នៅលើផែនដីទាំង​ប៉ុន្មាន​នៅតែទន្ទឹង​រង់​ចាំ​ចង់ឱ្យ​សាសនានីមួយៗជួយ​ដោះ​ស្រាយ​ប្រស្នា​ដ៏​អាថ៌​កំបាំង​នៃ​វាសនា​​​​​​​​​​មនុស្ស​ជាតិ។ នៅសម័យ​មុនៗក៏​ដូច​នៅសម័យ​បច្ចុប្បន្ន​នេះ​ដែរ មនុស្ស​ផង​ទាំង​ពួង​តែង​តែ​បារម្ភ​យ៉ាង​​​ខ្លាំង​​​ក្នុង​​​​ចិត្ត និងសួរ​ខ្លួន​ឯង​ថា៖ តើ​អ្វីទៅមនុស្ស? តើ​ជីវិត​មនុស្ស​យើង​មាន​អត្ថន័យ​យ៉ាង​ណា? តើ​ជីវិត​មនុស្សយើង​មាន​ទិស​​​​​​​ដៅ​​​​ទៅ​ណាដែរ? តើ​អ្វីទៅ​បុណ្យ អ្វីទៅបាប? តើ​ទុក្ខ​វេទនា​កើត​ពី​ប្រភព​ណា​មក ហើយ​មាន​ទិស​ដៅ​យ៉ាង​ណា? តើ​មាន​មាគ៌ាណា​អាច​នាំ​មនុស្ស​យើង​ឆ្ពោះ​ទៅ​កាន់​សុភមង្គល​ដ៏​ពិត​ប្រាកដបាន? តើ​អ្វី​ជា​សេចក្តី​ស្លាប់? ក្រោយពី​ស្លាប់ តើមាន​វិនិច្ឆ័យកាត់ទោស និងទទួលរង្វាន់ ឬយ៉ាងណា? តើ​អ្វីជាកា​រ​អាថ៌កំបាំងដ៏​អស្ចារ្យ​ចុងក្រោយបំផុតនៃ​ជីវិត​​​មនុស្ស​ដែលរកថ្លែងពុំបាន? កា​រ​អាថ៌កំបាំង​ដ៏​អស្ចារ្យនេះ​ជាប្រភព​នៃ​ជីវិត​យើងឬទេ? តើយើងកំពុងតម្រង់ទៅរក​​​ការអាថ៌​​​កំបាំង​​​​​​នោះ​​​ទៀតដែរឬ?។

– សាសនា​ផ្សេងៗក្រៅ​ពី​គ្រីស្ត​សាសនា

តាំង​ពី​បុរាណ​កាលរហូត​មក​ទល់​សព្វ​ថ្ងៃ មនុស្ស​គ្រប់​ជាតិ​សាសន៍តែង​តែយល់ឃើញ​ម៉្យាងថា មាន​ឥទ្ធិពល​ដ៏​អាថ៌​កំបាំង​ដែល​ណែនាំពិភពលោក និងណែនាំ​ព្រឹត្តិ​ការណ៍​ប្រចាំ​ជីវិត​មនុស្ស​យើងដែរ។ មាន​ប្រជាជន​ខ្លះទទួលស្គាល់​ថា មាន​ព្រះ​មួយ​អង្គ​ដ៏ខ្ពង់ខ្ពស់​បំផុត ឬ​មានព្រះ​បិតា​ទៀត​ផង។ កា​រ​យល់ឃើញ និងទ​​​ទួល​​​ស្គាល់ដូច្នេះជ្រួតជ្រាបក្នុងការរស់នៅរបស់គេ រហូត​ដល់​គេមានចិត្តគំនិតយល់គិតយ៉ាងជ្រៅអំពីសាសនា។ មាន​សាសនា​ខ្លះ​កើត​ឡើងដោយ​ភ្ជាប់នឹងវប្បធម៌​ដែល​ចម្រើន​ឡើង ខិត​ខំ​រក​ដំណោះ​ស្រាយ​បញ្ហា​ជីវិត​ដដែល ដោយ​ប្រើទស្សនៈ​​​ខ្ពង់ខ្ពស់ និងប្រើពាក្យ​ពេចន៍ដ៏ប្រសើរ​។ ដូច្នេះ តាមសាសនា​ឥណ្ឌា មនុស្ស​រិះគិត​ពិចារណា​អំពី​ការអាថ៌​កំបាំង​របស់​ព្រះ​​​​ជា​ម្ចាស់ ហើយ​ពន្យល់​សេចក្តី​ដែល​ពួក​គេ​បាន​រក​ឃើញ​នោះ ដោយ​បង្កើត​រឿង​និទានជា​ច្រើន​អនេក ព្រម​ទាំង​ខិតខំស្រាវជ្រាវយ៉ាងជ្រៅតាមទស្សនវិជ្ជាផង។ ពួក​គេ​រក​ផ្លូវ​រំដោះមនុស្ស​ឱ្យបាន​រួច​ផុត​ពី​ការតប់ប្រមល់ទាំង​ឡាយនៃសភាពការណ៍មនុស្ស​យើង ដោយ​បំពេញតបៈធម៌តាមរបៀបតាបស​ឥសី ដោយ​ធ្វើ​សមាធិ​យ៉ាងជ្រៅ ឬ​ដោយ​ជ្រក​កោន​ក្រោម​ម្លប់​នៃ​ព្រះ​ជា​ម្ចាស់​ដោយ​ចិត្ត​ស្រឡាញ់ និង​ដោយផ្ញើ​ជីវិត​ទាំង​ស្រុង​​​លើ​​​ព្រះអង្គ​ផង។ ពុទ្ធ​សាសនា​​​​តាម​និកាយ​ផ្សេងៗទ​​​ទួល​​​​ស្គាល់​ថា ជីវិត​សត្វលោកសុទ្ធតែទុក្ខមិន​ទៀង​ទាត់ ​ហើយ​​​តែង​​​តែ​ប្រែ​ប្រួល​ជានិច្ចគ្មាន​អ្វី​នឹង​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្ងប់​ចិត្ត​បាន​ឡើយ។ ពុទ្ធ​សាសនា​បង្ហាញ​មាគ៌ា​មួយ​ណែ​នាំ​មនុស្ស​​​​ឱ្យ​មាន​ចិត្ត​ធម៌ ឱ្យពឹងផ្អែកទាំង​ស្រុង​លើ​កុសលផលបុណ្យ​របស់ខ្លួន ដើម្បីឱ្យ​ខ្លួនអាច​រួចផុត​​ពីតណ្ហា អាច​ត្រាស់​​​​ដឹង និងអាចឈាន​ទៅដល់​បរិនិព្វានបានផង។ ពុទ្ធ​បរិស័ទ​ខ្លះ​យល់​ឃើញថា គេអាច​ត្រាស់​ដឹង​បាន​ដោយ​មាន​ជំនួយ​មក​ពី​ខាងលើ។ នៅ​ក្នុង​ពិភព​លោក​យើង​នេះក៏មានសាសនា​ឯ​ទៀតៗ​ជា​ច្រើន ខិត​ខំ​ទប់ទល់នឹងការព្រួយ​​​បារម្ភ​​​​​​ក្នុងចិត្ត​​​​មនុស្សតាមរបៀបផ្សេងៗ ទាំងបង្ហាញមាគ៌ា​​​ផ្សេងៗ គឺលទ្ធិ ក្បួនវិន័យ និង​ពិធី​បុណ្យ​ដ៏សក្ការៈផ្សេងៗ​​​​ទៀត​​​ផង។

ព្រះ​សហគមន៍​កាតូលិក​មិន​ទាត់​ចោល​អ្វី​ៗដ៏​ពិត​ប្រាកដ និង​អ្វី​ៗដ៏​វិសុទ្ធ​ដែល​មាន​កប់​ទុកក្នុង​សាសនា​ទាំង​នោះទេ។ ផ្ទុយទៅវិញ ព្រះ​សហគមន៍​គោរព​យ៉ាង​ស្មោះ​នូវ​របៀបប្រព្រឹត្ត​ និងរបៀប​រស់នៅតាមសាសនាទាំងនោះ មាន​វិន័យ និង​លទ្ធិ​ជា​ដើម។ ទោះ​បី​របៀប​ប្រព្រឹត្ត​ និងរបៀបរស់នៅ​ វិន័យ និង​លទ្ធិ​ទាំង​នោះខុស​ប្លែក​ត្រង់​ប្រការជា​ច្រើនពី​របៀប​ប្រព្រឹត្ត​ និងរបៀបរស់នៅ ពី​វិន័យ​ និងលទ្ធិដែលព្រះសហគមន៍កាន់ និងប្រៀន​ប្រដៅ​ក្ដី ក៏​អ្វីៗទាំង​នោះ​តែងតែនាំមកនូវរស្មីនៃពន្លឺ​របស់សេចក្តី​ពិត​តែមួយ ដែល​បំភ្លឺ​មនុស្ស​លោកទាំង​អស់។ ប៉ុន្តែ​ ព្រះ​សហគមន៍​ប្រកាសព្រះ​គ្រីស្ត​ ហើយមានភារកិច្ច​ប្រកាស​ព្រះគ្រីស្តដោយ​ឥត​ឈប់​ឈរ ព្រោះព្រះអង្គពិត​ជា “មាគ៌ា ជាសេចក្តី​ពិត និង​ជា​ជីវិត” (យហ ១៤,៦)។ មនុស្ស​ទាំង​អស់​មុខជានឹងរកឃើញ​​ជីវិតខាងសាសនាយ៉ាង​ពេញ​លក្ខណៈ​ក្នុងអង្គព្រះ​​​គ្រីស្ត ព្រោះ​ព្រះ​ជាម្ចាស់​បានសម្រុះ​សម្រួលសត្វលោកទាំងអស់ឱ្យជានានឹងព្រះអង្គក្នុងអង្គព្រះគ្រីស្តនេះឯង (២ករ ៥,១៨-១៩)។

ហេតុនេះហើយ បានជាព្រះ​សហគមន៍​ដាស់​តឿន​បុត្រធីតារបស់ខ្លួនឱ្យ​ទទួល​ស្គាល់ និងថែ​រក្សា​នូវ​សេចក្តី​ដ៏​ថ្លៃ​ថ្នូរ​ទាំង​ខាង​ផ្លូវវិញ្ញាណ ខាង​សីលធម៌ និង​ខាង​សង្គម និងវប្បធម៌ដែល​មាន​កប់​ទុកក្នុង​សាសនា​ទាំង​នោះ។ ព្រះសហគមន៍ក៏ត្រូវធ្វើ​ឱ្យ​សេចក្តី​ដ៏ថ្លៃថ្នូរទាំង​នោះ​ចម្រើន​ឡើង​ទៀត​ផង។ គ្រីស្ត​បរិស័ទ​ត្រូវ​សន្ទនា និងសហការជាមួយ​អ្នក​កាន់​សាសនា​ឯទៀតៗ​ដោយប្រយ័ត្ន​ និងដោយ​ចិត្តស្រឡាញ់ ទាំងផ្តល់សក្ខីភាពអំពីជំនឿ និងអំពីរបៀបរស់​នៅ​របស់ខ្លួន​តាមគ្រីស្តសាសនា។

៣- សាសនាឥស្លាម

ព្រះ​សហគមន៍​ក៏​គោរព​រាប់អានបរិស័ទឥស្លាម​ដែរ។ បរិស័ទឥស្លាមតែងតែគោរពប្រណិប័តន៍ក្រាប​ថ្វាយ​បង្គំ​ព្រះ​ជា​ម្ចាស់តែ​មួយ​ព្រះ​អង្គគត់ ជាព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ ហើយដែលស្ថិត​​​ស្ថេរ​នៅ​ដោយ​ផ្ទាល់ព្រះ​អង្គ ព្រះអង្គមាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា និង​មានតេ​ជា​នុ​ភាព​សព្វ​ប្រការ ទ្រង់​បាន​ប្រតិស្ឋានមេឃ និងដី ហើយ​ក៏​មាន​ព្រះ​បន្ទូល​មក​កាន់មនុស្ស​លោក​ដែរ។ បងប្អូនក៏​យក​ចិត្ត​ទុក​ដាក់​ចុះចូលនឹងក្រិត្យក្រមរបស់​ព្រះ​ជា​ម្ចាស់​ដោយ​ស្មោះ​អស់​ពី​ចិត្ត ទោះ​បី​ក្រិត្យក្រម​ទាំង​នោះ​នៅទីលាក់កំបាំង​ក្ដី ដូច​លោក​អប្រាហាំ​​ជា​បុព្វ​បុរស​ខាងជំនឿដែលគេ​ចូល​​​ចិត្ត​​​នឹករម្លឹកបានចុះចូលដូច្នោះដែរ។ ទោះ​បី​គេ​មិន​ទទួលស្គាល់ថា ព្រះ​យេ​ស៊ូ​ជា​ព្រះ​ជា​ម្ចាស់​ក៏​ដោយ ក៏​គេ​តែងតែគោរព​ប្រណិប័តន៍ព្រះ​អង្គ​ទុក​ជា​ព្យាការី​មួយ​រូប​ដែរ។ គេ​ក៏គោរព​នាង​ព្រហ្មចារិនីម៉ារីជា​ព្រះ​មាតា​ព្រះអង្គ ហើយ​មាន​ក្រុមខ្លះ​ក៏​អង្វរ​ព្រះ​នាង​ទាំង​គោរពប្រណិប័តន៍ដែរ។ គេ​ក៏​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ព្រះ​ជា​ម្ចាស់​វិនិច្ឆ័យ​មនុស្ស​​លោក គឺ​ពេល​ព្រះ​អង្គ​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​នឹង​មាន​ជីវិតថ្មី។ ហេតុនេះ គេរាប់រកការរស់នៅ​តាមសីលធម៌យ៉ាងខ្លាំង ហើយ​គោរព​បម្រើ​​​ព្រះ​​​ជា​​​ម្ចាស់​​​ ជា​​​​​​ពិសេស ដោយសូត្រ​ធម៌ ដោយធ្វើបុណ្យទាន និង​ដោយធ្វើពិធីតម​អាហារ​ទៀត​ផង។

អស់រយៈពេលជាយូរសតវត្ស​កន្លងមក គ្រីស្ត​បរិស័ទ និងឥស្លាមបរិស័ទខ្វែង​​គំនិត​គ្នា និងស្អប់​គ្នា​​​ជាច្រើន​​​ដងហើយ​​​​​​។ ប៉ុន្តែ មហាសន្និ​បាតដ៏វិសុទ្ធក្រើន​ដាស់​តឿន​ទាំង​គ្រីស្ត​បរិស័ទ ទាំង​បរិស័ទឥស្លាមឱ្យ​បំភ្លេច​រឿង​ពី​អតីត​កាល​​​ចោល និង​​ខិតខំយោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​​ចិត្ត​ស្មោះ​។ ដូច្នេះ គ្រីស្តបរិស័ទ និងឥស្លាម​​​បរិស័ទអាចរួម​គ្នា​ការ​​​ពារ និង​​​លើក​ស្ទួយយុត្តិធម៌ក្នុងសង្គម តម្លៃដ៏ថ្លៃថ្នូរនៃសីលធម៌ សន្តិ​ភាព និង​សេរី​ភាពជូនមនុស្សលោក​​​ទាំង​​​អស់បាន។

៤- សាសនាយូដា

មហា​សន្និបាតបាន​ពិនិត្យពិច័យគម្រោង​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់អំពីព្រះ​សហគមន៍ ហើយ​រម្លឹក​គ្រីស្តបរិស័ទ​ថា ប្រជាជន​នៃ​សម្ពន្ធ​មេត្រី​ថ្មី​ជាប់​ចំណងទាក់​ទង​ខាង​ផ្លូវ​វិញ្ញាណនឹង​ពូជពង្ស​របស់លោក​អប្រាហាំ។ ព្រះ​​​សហគមន៍របស់​ព្រះ​គ្រីស្ត​ទទួល​ស្គាល់​ថា អស់លោក​បុព្វ​បុរស លោក​ម៉ូសេ និង​អស់​លោក​ព្យាការី​ គឺនៅខាងដើម​ជំនឿ​របស់ខ្លួន ហើយក៏នៅខាងដើមនៃជម្រើសរបស់ព្រះ​ជា​ម្ចាស់ដែលជ្រើសរើស​ព្រះ​សហគមន៍​ តាម​គម្រោង​ការ​ដ៏​អស្ចារ្យ​នៃ​ការ​សង្គ្រោះ។ ព្រះ​សហគមន៍​តែងតែ​​​ប្រកាស​ថា អស់​អ្នក​ដែល​ផ្ញើជីវិតលើ​ព្រះ​គ្រីស្ត ក៏ជា​ពូជពង្សលោក​អប្រាហាំ​ខាង​ជំនឿដែរ (កាឡ ៣,៧)។ ពេលព្រះ​ជា​ម្ចាស់ត្រាស់​ហៅ​លោក​អាប្រាហាំ នោះព្រះអង្គក៏បាន​ត្រាស់​ហៅ​គ្រីស្តបរិស័ទរួមជាមួយលោកដែរ។ ពេល​ព្រះ​ជាម្ចាស់ប្រោសប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ឱ្យរួចចេញ​ពី​ស្រុក​ដែល​គេ​ធ្វើ​ជា​ទាសា​ទាសី​នោះ​ ក៏​ដូចជាព្រះអង្គប្រទាន​ប្រផ្នូល​យ៉ាង​លាក់​កំបាំងអំពីការសង្គ្រោះនៃ​ព្រះ​សហគម​​​ន៍​​​​ដែរ។ ហេតុ​នេះ​ហើយ​ បានជា​ព្រះ​សហគមន៍​ពុំ​អាច​បំភ្លេច​ថា ខ្លួនបាន​ទទួលសេចក្តី​ដែលព្រះ​ជា​ម្ចាស់​បាន​សម្តែង​​​​ឱ្យមនុស្សលោកស្គាល់តាមសម្ពន្ធ​មេត្រី​ចាស់​ តាមរយៈប្រជារាស្រ្តអ៊ីស្រាអែលនោះទេ។ ព្រះ​ជាម្ចាស់​ប្រកបដោយ​​​ព្រះហឫទ័យ​​​មេត្តា​ករុណា​ដែលរក​ថ្លែង​​​​ពុំ​បាន ព្រះអង្គប្រណី​សន្តោសចងសម្ពន្ធ​មេត្រី​ពីដើមជា​មួយ​ប្រជាជននោះ។ ព្រះ​សហគមន៍​​​​​​​​​​ចិញ្ចឹម​​​​ជីវិត​​​​របស់ខ្លួនដោយស្រូបជី​​​ជាតិ ពីឫសនៃដើមអូលីវ​ដែល​គេកាត់មែកចោល និងយកមែក​អូលីវ​ព្រៃ គឺ​​​សាសន៍ដទៃ​មកផ្សាំជំនួសវិញ (រម ១១,១៧-២៤)។ ព្រះ​សហគមន៍​ជឿ​ថា ព្រះ​គ្រីស្ត​ដែលជា​សន្តិភាព​របស់​​​យើង ព្រះអង្គបាន​សម្រុះសម្រួលជន​ជាតិ​យូដានឹងសាសន៍​ដទៃ ឱ្យ​រួម​គ្នា​​ជា​ប្រជារាស្រ្ត​តែ​មួយក្នុង​​​ព្រះ​​​អង្គផ្ទាល់​​​ដោយ​ព្រះគ្រីស្តសោយទិវង្គត​នៅ​លើ​ឈើឆ្កាង ( អភ ២,១៤-១៦)។‌

ព្រះ​សហគមន៍​នៅ​តែ​នឹក​គិតដល់​គ្រីស្ត​ទូត​ប៉ូល ដែលចែងអំពី​បង​ប្អូន​រួម​ជាតិ​របស់​លោក​ថា៖ “ព្រះ​ជា​ម្ចាស់​​​​បាន​ប្រោស​ពួក​គេ​ឱ្យ​ទៅ​ជា​បុត្រ​ធី​តា​របស់​ព្រះអង្គ ឱ្យគេ​មាន​សិរីរុង​រឿង ហើយព្រះ​អង្គ​ក៏​បាន​ចង​សម្ពន្ធ​មេត្រី​នានាជា​មួយ​ពួក​គេ និង​ប្រទាន​ធម៌​វិន័យ​ឱ្យគេចេះ​គោរព​បម្រើ​ព្រះ​អង្គ ឱ្យគេបានទទួលព្រះបន្ទូល​សន្យាផ្សេងៗ ឱ្យគេមានបុព្វបុរស ហើយ​​​ព្រះគ្រីស្តក៏​ប្រសូត​មក​ជា​មនុស្ស​ក្នុង​ពូជពង្ស​របស់​ពួកគេ​ដែរ” (រម ៩,៤-៥) ហើយព្រះអង្គក៏ជាបុត្រ របស់ព្រះនាង​​​ព្រហ្មចារិនី​​​ម៉ារីថែម​ទៀតផង។ ព្រះ​សហគមន៍​តែងរម្លឹកថា គ្រីស្ត​ទូតទាំងប៉ុន្មាន​ដែល​ជា​គ្រឹះ និង​ជា​សរសរ​នៃ​ព្រះ​សហគមន៍ក៏កើត​មក​ក្នុង​ប្រជាជន​យូដា​នេះ សាវ័ក​ដើម​ដំបូង​ជា​ច្រើន​ក៏​ជា​ជន​ជាតិ​យូដា​ដែរ គឺពួក​គេ​បាន​ប្រកាស​ដំណឹង​ល្អអំពី​ព្រះ​គ្រីស្ត​ឱ្យ​មនុស្ស​លោក​ទាំងមូលដឹងឮផង។

តាម​គម្ពីរជាសាក្សី អ្នក​ក្រុង​យេរូ​សាឡឹមមិន​បាន​ទទួល​ស្គាល់​ពេលកំណត់ដែល​ព្រះ​ជា​ម្ចាស់​យាង​មកសង្គ្រោះគេ​ឡើយ (លក ១៩,៤៤)។ ជន​ជាតិ​យូដា​ភាគ​ច្រើនក៏​មិន​ព្រម​ទទួល​ដំណឹង​ល្អ​ដែរ ហើយ​ក៏មាន​ជនជាតិយូដាជា​ច្រើន​នាំគ្នា​ប្រឆាំង​មិន​ឱ្យ​គ្រីស្តទូត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នេះ​ទៀត​ផង (រម ១១,២៨)។ ក៏ប៉ុន្តែ តាមគ្រីស្តទូត​ប៉ូល​ចែង​​​ទុក​មកថា​ ព្រះ​ជា​ម្ចាស់​នៅតែសព្វ​ព្រះ​ហឫទ័យ​នឹង​ជន​ជាតិ​យូ​ដាយ៉ាងខ្លាំង​ មកពីព្រះអង្គនឹកគិតដល់​បុព្វបុរស​​​របស់​គេ។ “កាលណាព្រះជាម្ចាស់​ប្រទានព្រះអំណោយទានរួចហើយ ព្រះអង្គមិនដក​ហូតវិញទេ ហើយ​​​កាលណា​ព្រះអង្គត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួល​ព្រះ​ហឫទ័យ​ដែរ” (រម ១១,២៨-២៩; ពន្លឺ ១៦)។ រួម​ជា​មួយ​អស់​លោក​ព្យា​ការី និងជាមួយគ្រីស្ត​ទូត​ប៉ូល​ដដែលនេះ ព្រះ​សហគមន៍​ក៏​រង់​ចាំ​ថ្ងៃ​ដែល​ប្រជាជន​ទាំង​អស់​រួម​សម្លេង​អង្វរ​ព្រះ​ជា​ម្ចាស់​ជា​មួយ​គ្នា ហើយព្រមព្រៀងគ្នាគោរពបម្រើ​ព្រះអង្គ​ទាំង​អស់​គ្នា​ផង (សផ ៣,៩; អស ៦៦,២៣; ទន ៦៥,៤; រម ១១,១១-៣២)។

គ្រីស្ត​បរិស័ទ និង​ជន​ជាតិ​យូដា​បានទទួល​បេតិកភ័ណ្ឌ​រួម​ខាងព្រះវិញ្ញាណដ៏​ល្អ​ប្រសើរបំផុត។ ហេតុ​នេះ មហា​សន្និបាតដ៏វិសុទ្ធនេះមានបំណងចង់ផ្តែផ្តាំ និងគាំទ្រឱ្យ​បរិស័ទ​សាសនាទាំងពីរយកចិត្តទុក​ដាក់ស្គាល់​គ្នា និងគោរពរាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ជាពិសេសដោយសិក្សា​គម្ពីរ​ និង​​ទេវវិទ្យា ព្រមទាំងដោយសន្ទនា​ពិភាក្សា​គ្នាដូច​បង​ប្អូន​បង្កើត​ផង។

ទោះបី​អ្នក​ដឹកនាំប្រ​ជាជន​យូដា ​និងបក្សពួកគេបាន​ញុះ​ញង់​ប្រ​ជាជន​ឱ្យ​ធ្វើ​គុត​ព្រះ​គ្រីស្ត​ក្ដី (យហ ១៩,៦) ក៏​មិនត្រូវចោទ​ជនជាតិ​យូដា​ទាំងអស់ដែល​រស់​នៅ​ក្នុង​សម័យ​នោះ ឬ​ជន​ជាតិ​យូដា​សព្វ​ថ្ងៃ​ថា គេបាន​សម្លាប់​ព្រះ​អង្គ​ទេ។ ទោះ​បី​ព្រះ​សហគមន៍​ពិត​ជា​ប្រជារាស្រ្ត​ថ្មី​របស់​ព្រះ​ជា​ម្ចាស់​ក្ដី ក៏​មិន​ត្រូវ​សំអាងលើគម្ពីរមកចាត់ជនជាតិ​​​យូដា​​​ទុក​​​ជា​​​ប្រជាជនដែលព្រះ​អង្គ​ដាក់​ទោស ឬ​ដាក់​បណ្តា​សា​ឡើយ។ ដូច្នេះ សូមគ្រីស្តបរិស័ទទាំងអស់នៅពេលអប់​រំ​ជំនឿក្ដី នៅពេលធ្វើពិធីអត្ថាធិប្បាយគម្ពីរក្ដី ក៏ត្រូវយក​ចិត្ត​ទុក​ដាក់​បង្រៀនតែ​សេចក្តី​ស្រប​តាម​សេចក្តី​ពិត ដែល​មាន​ចែង​ទុក​​​​ក្នុង​​​​គម្ពីរ​ដំណឹង​ល្អ និង​ស្រប​តាម​គោលគំនិត​របស់​ព្រះ​គ្រីស្ត​ប៉ុណ្ណោះ​។

ម្យ៉ាង​វិញទៀត ព្រះ​សហគមន៍​មិនយល់ស្របឱ្យគេបៀត​បៀនធ្វើបាប​គ្រប់​យ៉ាង​ចំពោះ​មនុស្ស​ទាំង​អស់ជា​​​ដាច់​​​​​​​​​ខាត ទោះ​ជា​ជាតិ​សាសន៍​ណា​ក៏​ដោយ។ ព្រះសហគមន៍ក៏មិនអាចបំភ្លេច​បេតិកភ័ណ្ឌរួម​ជាមួយជនជាតិយូដាដែរ។ ព្រះសហគមន៍គ្មាន​មូលហេតុខាងនយោបាយអ្វីណែនាំឡើយ មានតែសេចក្ដីស្រឡាញ់តាមសាសនា​ដែលហូរ​​​ចេញ​​​មក​​​​ពីដំណឹងល្អ​ប៉ុណ្ណោះទេ ជំរុញខ្លួនឱ្យស្តី​បន្ទោស​អស់អ្នកដែល​​​ស្អប់​ជន​ជាតិ​យូដា អស់អ្នកដែលបៀត​​​​បៀន​​​​​​​ធ្វើបាបគេ និងអ្នកដែលបង្ហាញ​​​គំនិត​​​ទាស់​ប្រឆាំងនឹង​ជន​ជាតិ​នេះ។ ទោះជានៅសម័យ​ណា និងជានរណាក៏​ដោយ​​​​​​ ក៏ព្រះ​​​សហគមន៍​​​​​​ស្តីបន្ទោសដែរ។

សព្វ​ថ្ងៃ​នេះ ក៏​ដូច​ព្រះ​សហគមន៍​ធ្លាប់ជឿកាល​ពី​ដើមដែរ ហើយនៅតែជឿ​ជានិច្ចថា ដោយព្រះ​គ្រីស្ត​មានព្រះហឫទ័យ​ស្រឡាញ់​យ៉ាងខ្លាំង​លើស​លប់ ព្រះអង្គសព្វ​ព្រះ​ហឫទ័យរងទុក្ខលំបាក និងសោយទិវង្គ​​​ត ព្រោះតែ​អំពើ​បាប​របស់មនុស្ស​លោក​ទាំង​អស់ និងដើម្បី​សង្គ្រោះ​មនុស្ស​លោកដែរ។ ដូច្នេះ ព្រះ​សហគមន៍​មាន​ភារកិច្ច​ប្រកាស ​និង​​​ជូនដំណឹងថា ឈើឆ្កាងរបស់ព្រះ​គ្រីស្តជាសញ្ញា​សម្គាល់បង្ហាញព្រះហឫទ័យ​ស្រឡាញ់​របស់ព្រះជា​ម្ចាស់ចំពោះ​​​មនុស្ស​​​​​​​លោក​ទាំង​អស់ ហើយ​ក៏ជា​ប្រភពនៃព្រះហឫទ័យ​ប្រណី​សន្តោសគ្រប់យ៉ាងទៀតផង។

៥- ត្រូវ​ស្រឡាញ់​អ្នក​ផង​ទាំង​ពួងដោយ​មិន​រើស​មុខ​នរណា​សោះ​ឡើយ

ប្រសិន​បើ​យើង​មិន​ព្រម​គោរព​មនុស្ស​មួយ​ក្រុម​ទុក​ជា​បង​ប្អូន​បង្កើត គឺមនុស្សដែល​ព្រះ​ជាម្ចាស់​​ប្រតិស្ឋានជារូបតំណាងរបស់ព្រះអង្គ​នោះ យើង​ក៏ពុំ​អាច​អង្វរ​ព្រះ​ជា​ម្ចាស់​បាន​សោះឡើយ ព្រោះ​ព្រះអង្គជា​ព្រះ​បិតា​របស់​មនុស្ស​ទាំង​អស់​។ មនុស្ស​ម្នាក់ៗ​អាច​ទាក់​ទង​ជា​មួយ​ព្រះ​បិតា​បាន លុះ​ត្រា​តែ​ខ្លួន​ទាក់​ទង​ជា​មួយ​មនុស្ស​ឯទៀតៗយ៉ាងស្រួលដែរ ដូច​មាន​ចែង​ក្នុង​គម្ពីរ​ថា “អ្នកដែលមិនចេះស្រឡាញ់ គេក៏មិន​ស្គាល់​ព្រះ​ជា​ម្ចាស់​ដែរ” (១យហ ៤,៨)។

ដូច្នេះ គម្ពីរ​រំលាយ​គ្រឹះនៃទ្រឹស្តីទាំងអស់ និងគ្រឹះនៃការ​ប្រ​ព្រឹត្ត​ទាំង​ប៉ុន្មានដែលបណ្តាល​ឱ្យ​មនុស្ស​រើស​​​អើង​​​​​​​​​គ្នា គឺឱ្យមនុស្ស​​​ប្រកាន់​មនុស្ស ប្រជាជន​មួយ​ប្រកាន់​ប្រជាជនមួយ​ទៀត សរុបសេចក្កីមក គឺប្រកាន់អំពី​កិត្តិយស​ដ៏​​​ថ្លៃថ្នូរ និងអំពី​សិទ្ធិ​ដែល​​​ហូរ​​​មក​​​ពីកិត្តិយស​ដ៏ថ្លៃថ្នូរនេះ​​​។

ហេតុនេះ ព្រះ​សហគមន៍​បដិសេធជំទាស់​យ៉ាង​ម៉ឺង​ម៉ាត់​ការរើសមុខ ប្រកាន់មើលងាយជាតិ​សាសន៍ ពណ៌​​​​​​​សម្បុរ ឋានៈ​វណ្ណៈ ឬ​សាសនា​​​ ទុកជាកិច្ចផ្ទុយស្រឡះនឹងគោលគំនិត​របស់ព្រះគ្រីស្ត។ ហេតុនេះហើយ បានជា​​​មហា​សន្និបាត​​​​ដ៏​​​វិសុទ្ធ​​​​​​ដោយយក​តម្រាប់​តាម​សន្តគ្រីស្តទូតសិលា និង​ប៉ូល សូម​អំពាវ​នាវ​ដល់គ្រីស្ត​បរិស័ទ​ទាំង​អស់​​​យ៉ាង​​​ខ្លាំងក្លាថា “ឱ្យ​កាន់​​​កិរិយា​​​​​​មារយាទ​ឱ្យ​បាន​ថ្លៃថ្នូរនៅក្នុង​ចំណោម​សាសន៍​ដទៃ” (១សល ២,១២) និង​តាមចំណែករបស់បងប្អូន នោះបងប្អូន​រស់​នៅ​ដោយ​សុខ​សាន្ត​ជា​មួយ​មនុស្ស​ទាំង​អស់ (រម ១២,១៨) ដើម្បី​ឱ្យ​បងប្អូន​ទៅជាបុត្រ​ធីតា​របស់​ព្រះ​​​បិតា​​​​ដែល​គង់​នៅ​​​ស្ថាន​​​ដ៏ខ្ពង់ខ្ពស់​បំផុតពិតមែន (មថ ៥,៤៥)។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាត ពេញចិត្ត​នឹង​សេចក្តីប្រកាសទាំងមូលនេះហើយ​​​នឹង​​​គោល​ការណ៍នីមួយៗ​​ផង។ រីឯ​យើង​វិញ ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូត រួម​ជា​មួយ​អស់​លោក​អភិបាល​ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផងក៏​យល់​ព្រមដែរ ហើយក៏​​​សម្រេចប្រកាស​​​សេចក្តី​​​នេះចេញ​​​ទុកជាក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តសិលា ថ្ងៃទី២៨ តុលាឆ្នាំ១៩៦៥
ខ្ញុំប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)

559 Views

Theme: Overlay by Kaira