ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

ព្រះគ្រីស្តជាពន្លឺបំភ្លឺពិភពលោក
LUMEN GENTIUM

ខ្ញុំប៉ូលជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលនៃមហាសន្និបាតដ៏វិសុទ្ធ សូមប្រកាសធម្មនុញ្ញគោលលទិ្ធនេះដើម្បីឱ្យគេនឹកចងចាំរហូតតរៀងទៅ។

ធម្មនុញ្ញគោលលទ្ធិ
អំពីព្រះសហគមន៍

ជំពូក១

១- អារម្ភកថា

ព្រះគ្រីស្តជាពន្លឺបំភ្លឺប្រជាជាតិនានា។ ព្រះវិញ្ញាណដ៏វិសុទ្ធបានប្រជុំមហាសន្និបាតដ៏វិសុទ្ធនេះ ដែល​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ផ្សព្វផ្សាយពន្លឺរបស់ព្រះគ្រីស្តទៅលើមនុស្សទាំងអស់ គឺជាពន្លឺដែលចែងចាំងលើមុខព្រះសហគមន៍ ដោយ​ប្រកាស​ដំណឹងល្អឱ្យសត្វលោកទាំង ឡាយ (មក ១៦,១៥)។ ព្រះសហគមន៍រួម​ក្នុងអង្គព្រះគ្រីស្ត​ហាក់​ដូច​ជា​អគ្គ​សញ្ញា​ម៉្យាង គឺជាសញ្ញាសម្គាល់បង្ហាញព្រះជាម្ចាស់ និង​ជាមធ្យោបាយ​នាំឱ្យមនុស្ស​អាច​រួម​រស់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ព្រះអង្គ​បាន។ ព្រះសហគមន៍ក៏ជាសញ្ញាសម្គាល់ និងជាមធ្យោបាយនាំឱ្យមនុស្សជាតិទាំងមូល រួមគ្នា​ជា​ធ្លុង​តែ​មួយ​ដែរ (អំណរ ៤២)។ ក្នុងធម្មនុញ្ញនេះព្រះសហគមន៍មានគោលបំណង ចង់បញ្ជាក់កាន់តែ​ជាក់​ច្បាស់​នូវ​លក្ខណៈ និង​បេសកកម្ម​របស់ខ្លួនស្របតាមការប្រៀនប្រដៅរបស់មហាសន្និបាតកាលពីមុនៗមក ដើម្បី​ឱ្យ​គ្រីស្ត​បរិស័ទ និង​មនុស្ស​ទូទៅ​យល់។ នេះជាភារកិច្ចរបស់ព្រះសហគមន៍ ប៉ុន្តែ សភាពការណ៍នៃពិភពលោក​សព្វ​ថ្ងៃ​ធ្វើ​ឱ្យ​ភារកិច្ចនេះមាន​លក្ខណៈ​ជាបន្ទាន់ ព្រោះមនុស្សទាំងអស់ភ្ជាប់ជាមួយគ្នាកាន់តែជិតស្និទ្ធ ដោយចំណង​ផ្សេងៗ​ជាច្រើន​ក្នុង​សង្គម គឺ​មាន​ចំណងបច្ចេកទេស និងចំណងវប្បធម៌ជាដើម។ ដូច្នេះ ត្រូវឱ្យមនុស្សទាំងអស់​រួប​រួម​គ្នាយ៉ាង​ពេញ​លេញ​ក្នុង​អង្គ​ព្រះ​គ្រីស្ត​ដែរ។

២- គម្រោងការរបស់ព្រះបិតាដែលសព្វព្រះហប្ញទ័យសង្រ្គោះមនុស្សទាំងអស់

ព្រះបិតាដែលមានព្រះជន្មមុនកាលសម័យទាំងអស់ ព្រះអង្គមានសេរីភាពពេញទី សម្រេចបំណង​ដ៏​អាថ៌​កំបាំង គឺ​ប្រតិស្ឋានពិភពលោកដោយព្រះប្រាជ្ញាញាណ និងដោយព្រះហប្ញទ័យសប្បុរស។ ព្រះអង្គក៏សម្រេច​ព្រះ​ហឫទ័យ​លើក​មនុស្ស​លោក ឱ្យទទួលចំណែកនៃព្រះជន្មផ្ទាល់របស់ព្រះអង្គថែមទៀតដែរ។ ក្រោយ​ពី​មនុស្ស​លោក​ប្រព្រឹត្តអំពើបាបដោយរួមជាមួយលោកអាដាំ ព្រះអង្គមិនលះបង់គេចោលទេ តែ​ព្រះអង្គ​បាន​ជួយ​សង្រ្គោះ​គេ​ដោយ​នឹក​គិតដល់ព្រះគ្រីស្តដែលរំដោះមនុស្សលោក។ “ព្រះគ្រីស្តជារូបតំណាងរបស់​ព្រះជាម្ចាស់ ដែល​យើង​មើល​ពុំ​ឃើញព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានប្រតិស្ឋានមក” (កូឡ ១,១៥)។ “អស់​អ្នក​ដែលព្រះបិតាបានជ្រើសរើសមុនកាលសម័យទាំងអស់ ព្រះអង្គក៏បានតម្រូវគេទុកជាមុនឱ្យមានលក្ខណៈ ដូច​ព្រះ​បុត្រា​ព្រះអង្គដែរ ដើម្បីឱ្យព្រះបុត្រាបានទៅជារៀមច្បងក្នុងបណ្តាបងប្អូនជាច្រើន” (រម ៨,២៩)។ ចំពោះ​អស់​អ្នក​ដែលផ្ញើជីវិតលើព្រះគ្រីស្តព្រះបិតាសព្វព្រះហឫទ័យត្រាស់ហៅគេឱ្យទៅជាព្រះសហគមន៍ដ៏វិសុទ្ធ។ ព្រះ​ជាម្ចាស់​ប្រទានដំណឹងអំពីព្រះសហគមន៍នេះតាមនិមិត្តសញ្ញាជាច្រើន តាំង​ពី​កំណើត​ពិភពលោក​រៀង​មក ​ព្រះអង្គក៏បាន​រៀបចំព្រះសហគមន៍នេះយ៉ាងអស្ចារ្យ តាមប្រវត្តិសាស្រ្តប្រជាជន​អ៊ីស្រាអែល និង​តាម​សម្ពន្ធមេត្រី​ចាស់។ ព្រះអង្គ​ក៏បានតែងតាំងព្រះសហគមន៍នៅសម័យឥឡូវ ជាជំនាន់ចុងក្រោយបំផុត។ ព្រះគ្រីស្ត​បង្ហាញ​ព្រះ​សហគមន៍ ដោយ​បង្ហូរព្រះវិញ្ញាណ ហើយព្រះសហគមន៍នឹងបានទៅជាពេញលក្ខណៈជា​ស្ថាពរ​ក្នុង​សិរី​រុងរឿង​នៅពេល​ចុង​ក្រោយ​បំផុត។ នៅពេលនោះ អស់មនុស្សសុចរិតតាំងពីជំនាន់​លោក​អាដាំមក គឺ “តាំងពី​លោក​អាបែល​ជា​មនុស្ស​សុចរិត​ រហូត​ដល់​ជន​ចុង​ក្រោយ​បង្អស់ដែល​ព្រះជាម្ចាស់​ជ្រើសរើស” ក៏​នឹង​រួបរួម​គ្នា​នៅ​ក្បែរ​ព្រះបិតា ក្នុង​ព្រះសហគមន៍សកលស្របតាមសេចក្តី ដែលអស់គ្រូបាធ្យាយដ៏វិសុទ្ធបានចែងទុកមក។

៣- បេសកកម្មរបស់ព្រះបុត្រា

ហេតុនេះហើយ បានជាព្រះបិតាចាត់ព្រះបុត្រាឱ្យយាងមក។ ព្រះបិតាបានជ្រើសរើសយើងក្នុងអង្គ​ព្រះបុត្រា​នេះ មុនទ្រង់ប្រតិស្ឋានពិភពលោកមកម្ល៉េះ ហើយតម្រូវទុកឱ្យយើងទៅជាបុត្រធីតា តាមព្រះអង្គគ្រោងទុកពោលគឺ ប្រមូលអ្វីៗទាំងអស់ឱ្យរួមគ្នាក្នុងអង្គព្រះបុត្រា (អភ ១,៤-៥.១០)។ ហេតុនេះហើយ បានជា​ព្រះគ្រីស្ត​ធ្វើ​ឱ្យ​ព្រះជាម្ចាស់​ដ៏ខ្ពង់ខ្ពស់បំផុត ចាប់ផ្តើមគ្រងរាជ្យនៅលើផែនដី ដើម្បីឱ្យព្រះហឫទ័យព្រះបិតាកើតជារូបរាង។ ព្រះគ្រីស្ត​ក៏បានសម្តែងគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលគ្រងរាជ្យនោះ។ ព្រះអង្គបានរំដោះមនុស្សជា​ស្ថាពរ​ដោយប្រព្រឹត្តតាមបញ្ជាព្រះបិតា។ ព្រះសហគមន៍​ជាព្រះរាជ្យរបស់ព្រះជាម្ចាស់នៅលោកនេះ យ៉ាង​អាថ៌​កំបាំង​រួច​ស្រាប់ហើយ គឺ​ព្រះសហគមន៍ធ្វើឱ្យមនុស្សឃើញព្រះរាជ្យនេះ ចម្រើនឡើង​ដោយ​មាន​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ជួយឧបត្ថម្ភផង។ ដើមកំណើត និងការអភិវឌ្ឍន៍​នៃ​ព្រះរាជ្យនេះ មក​ពី​ព្រះលោហិត និង​ទឹក​ដែល​ហូរ​ចេញ​ពីរបួសត្រង់ឆ្អឹងជំនីររបស់ព្រះយេស៊ូ ដែលត្រូវគេឆ្កាង (យហ ១៩,៣៤)។ ព្រះអម្ចាស់ក៏មានព្រះបន្ទូល​ប្រាប់​ឱ្យ​ដឹង​ជា​មុន អំពីដើមកំណើត និងអំពីការអភិវឌ្ឍន៍នៃព្រះរាជ្យនេះ នៅពេលព្រះអង្គមានព្រះបន្ទូល​អំពី​ព្រះអង្គ​សោយទិវង្គតនៅលើឈើឆ្កាងថា “កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំ​នឹងទាញ​មនុស្ស​ទាំងអស់​មកឯខ្ញុំ” (យហ ១២,៣២)។ គ្រប់ពេលព្រះសហគមន៍ថ្វាយអភិបូជា គឺថ្វាយសក្ការបូជារបស់ព្រះយេស៊ូ​ដែល​បូជាព្រះជន្ម​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គរំដោះយើង ព្រោះព្រះអង្គជាយញ្ញរបស់យើងក្នុងឱកាសបុណ្យចម្លង (១ករ ៥,៧)។ នៅ​ពេលនោះ ក៏​មានសម្តែង និងសម្រេចថាគ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយ ដោយអគ្គសញ្ញា​នៃ​នំប៉័ង​ដែល​គេ​យក​ទៅ​អរ​ព្រះគុណ​នោះ គឺគ្រីស្តបរិស័ទរួបរួមគ្នាជាព្រះកាយតែមួយក្នុងអង្គព្រះគ្រីស្ត (១ករ ១០,១៧)។ ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​មនុស្សទាំងអស់ឱ្យរួបរួមជាមួយព្រះគ្រីស្ត គឺព្រះគ្រីស្តដែលជាពន្លឺបំភ្លឺមនុស្សលោក។ យើង​ទាំង​អស់​គ្នា​ក៏កើតចេញមកពីព្រះគ្រីស្តមានជីវិតដោយសារព្រះគ្រីស្តនិងតម្រង់ខ្លួនទៅកាន់ព្រះគ្រីស្តផងដែរ។

៤- ព្រះវិញ្ញាណប្រោសឱ្យព្រះសហគមន៍បានវិសុទ្ធ

ក្រោយពីព្រះបុត្រាបានបង្ហើយព្រះរាជកិច្ច ដែលព្រះបិតាផ្ញើឱ្យព្រះអង្គបំពេញនៅលើផែនដីសព្វគ្រប់ហើយ (យហ ១៧,៤) ព្រះបិតាចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ នៅបុណ្យថ្ងៃទីហាសិប ដើម្បី​ប្រោស​ឱ្យ​ព្រះសហគមន៍​បាន​វិសុទ្ធ​ជានិច្ច ព្រម​ទាំង​ប្រោស​ប្រទាន​ឱ្យ​អស់​អ្នក​ផ្ញើ​ជីវិត​លើ​ព្រះគ្រីស្ត មាន​ផ្លូវ​ចូល​ទៅ​កាន់​ព្រះបិតា ដោយសារ​ព្រះគ្រីស្ត និងដោយរួមក្នុងព្រះវិញ្ញាណតែមួយ (អភ ២,១៨) គឺ​ព្រះវិញ្ញាណ​នៃ​ជីវិត​នេះ​ហើយ ជា​ប្រភព​ទឹក​ដែល​ផុស​ឡើង ហើយផ្តល់ព្រះជន្មរបស់ព្រះជាម្ចាស់ (យហ ៤,១៤; ៧,៣៨-៣៩)។ ដោយសារ​ព្រះ​វិញ្ញាណ​នេះ ព្រះបិតា​ប្រទានជីវិតឱ្យមនុស្សដែលត្រូវស្លាប់ ដោយសារអំពើបាប ទាំង​រង់ចាំ​ឱ្យ​រូបកាយ​របស់​គេ ដែល​រមែង​តែង​តែ​ស្លាប់ ទទួលជីវិតថ្មីដ៏រុងរឿងក្នុងអង្គព្រះគ្រីស្ត (រម ៨,១០-១១)។ ព្រះវិញ្ញាណ​គង់​នៅ​ក្នុង​ព្រះសហគមន៍ និង​ក្នុង​ចិត្តអ្នកផ្ញើជីវិតលើព្រះគ្រីស្ត ដូចជាគង់នៅក្នុងព្រះវិហារមួយ (១ករ ៣,១៦; ៦,១៩)។ ព្រះវិញ្ញាណ​អធិដ្ឋាន​នៅ​ក្នុង​ខ្លួន​គេ និងបញ្ជាក់ថា គេមានលក្ខណៈជាបុត្រធីតារបស់ព្រះបិតា (កាឡ ៤,៦; រម ៨,១៥-១៦.២៦)។ ព្រះវិញ្ញាណណែនាំព្រះសហគមន៍ឱ្យស្គាល់សេចក្តីពិតគ្រប់ជំពូក (យហ ១៦,១៣)។ ព្រះវិញ្ញាណ​បង្រួប​បង្រួម​ព្រះសហគមន៍ ឱ្យរួបរួមគ្នាជាធ្លុងតែមួយ និងឱ្យមានមុខងារបម្រើផ្សេងៗ។ ព្រះវិញ្ញាណណែនាំ​ហើយ​ចាត់​ចែង​ព្រះសហគមន៍ ឱ្យមានរចនាសម្ពន្ធតាមលំដាប់លំដោយ និងសម្តែងសកម្មភាព​របស់​ព្រះអង្គ​ផ្ទាល់ ដោយ​ប្រទាន​ព្រះអំណោយទានផ្សេងៗ។ ព្រះវិញ្ញាណក៏ប្រទាន​ផលផ្លែជាច្រើន ជាគ្រឿង​តុប​តែង​ព្រះសហគមន៍​ផង​ដែរ (អភ ៤,១១-១២; ១ករ ១២, ៤; កាឡ ៥,២២)។ ព្រះវិញ្ញាណប្រោសឱ្យព្រះសហគមន៍​មាន​កម្លាំង​ថ្មី មិន​ដែល​ចាស់​ឡើយ និងឱ្យប្រែខ្លួនជាថ្មីជានិច្ចដោយសារ​អានុភាពនៃដំណឹងល្អ ទាំងណែនាំព្រះសហគមន៍ឱ្យ​ទៅរួម​រស់​យ៉ាង​ពេញ​លេញ​ជាមួយព្រះគ្រីស្តជាព្រះស្វាមី។ ទាំងព្រះវិញ្ញាណទាំងព្រះសហគមន៍ជាព្រះមហេសីទូល​ទៅ​កាន់​ព្រះអម្ចាស់យេស៊ូថា “សូមយាងមក!” (វវ ២២,១៧)។

ហេតុនេះហើយ បានជាមនុស្សឃើញថាព្រះសហគមន៍ជា “ប្រជាជនមួយដែលរួបរួម​គ្នាជាធ្លុងតែមួយ មក​ពី​ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធរួបរួមគ្នាជាអង្គតែមួយ”

៥- ព្រះរាជ្យរបស់ព្រះជាម្ចាស់

ដើមកំណើត​នៃព្រះសហគមន៍ សម្តែងគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ចំពោះ​ព្រះសហគមន៍​ដ៏​វិសុទ្ធ។ ព្រះអម្ចាស់យេស៊ូបង្កើតព្រះសហគមន៍ ដោយប្រកាសដំណឹងដែលផ្តល់អំណរ​សប្បាយថា ព្រះជាម្ចាស់​យាង​មក​គ្រងរាជ្យហើយតាមព្រះបន្ទូលសន្យាជាយូរសតវត្សមក គឺព្រះអង្គប្រកាសថា៖ “ពេលកំណត់​ពេញ​សព្វ​គ្រប់​អស់​ហើយ ព្រះជាម្ចាស់គ្រងរាជ្យហើយ!” (មក ១,១៥; មថ ៤,១៧)។ ព្រះគ្រីស្តបញ្ចាំងពន្លឺ​នៃ​ព្រះរាជ្យ​នោះដោយ​មានព្រះបន្ទូល និងប្រពឹ្រត្តព្រះរាជកិច្ចផ្សេងៗព្រមទាំងគង់នៅជាមួយមនុស្សលោកផង។ ព្រះបន្ទូល​របស់​ព្រះអម្ចាស់ប្រៀបដូចជាគ្រាប់ពូជម៉្យាងព្រោះក្នុងចម្ការមួយ (មក ៤,១៤)។ អស់អ្នកស្តាប់ព្រះបន្ទូល ដោយ​ផ្ញើជីវិត​លើព្រះអង្គ ចូលរួមក្នុងក្រុមតូចរបស់ព្រះគ្រីស្ត (លក ១២,៣២) និង​ទទួលព្រះរាជ្យនោះ។ បន្ទាប់​មក​គ្រាប់​ពូជនោះ ដុះពន្លកឡើងដោយកម្លាំងខ្លួនឯង និងចម្រើនឡើងរហូតដល់ពេលចម្រូត (មក ៤,២៦-២៩)។ ព្រះយេស៊ូក៏ធ្វើការអស្ចារ្យនានាសម្តែង​សញ្ញា​សម្គាល់ថាព្រះជាម្ចាស់គ្រងរាជ្យនៅលើផែនដីនេះហើយ៖ “ប្រសិន​បើខ្ញុំដេញខ្មោចដោយប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់នោះបានសេចក្តីថា ព្រះអង្គយាងមកគ្រងរាជ្យ​លើ​អ្នក​រាល់​គ្នាហើយ។” (លក ១១,២០; មថ ១២,២៨)។ ក៏ប៉ុន្តែ ព្រះជាម្ចាស់សម្តែងថា ព្រះអង្គគ្រងរាជ្យ​យ៉ាង​ពិសេស​បំផុត​ក្នុងអង្គព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ និងជាបុត្រមនុស្សដែលយាងមក “បម្រើ​គេ​ ព្រមទាំង​បូជា​ជីវិត‌ ដើម្បីរំដោះមនុស្សទាំងអស់ផង” (មក ១០,៤៥)។

ព្រះយេស៊ូរងទុក្ខ និងសោយទិវង្គតនៅលើឈើឆ្កាងដើម្បីជាប្រយោជន៍ដល់មនុស្សលោក។ ក្រោយ​មក​ព្រះអង្គ​ទទួល​ព្រះជន្មថ្មីដ៏រុង រឿង។ ព្រឹត្តិការណ៍នេះ​សរឱ្យ​គេឃើញថា ព្រះជាម្ចាស់​បាន​តែង​តាំង​លោក​ជា​ព្រះ​អម្ចាស់ ជាព្រះគ្រីស្ត និងជាមហាបូជាចារ្យដែលស្ថិតនៅអស់កល្បជានិច្ច (កក ២,៣៦; ហប ៥,៦; ៧,១៧-២១)។ ព្រះគ្រីស្តក៏ចាក់បង្ហូរព្រះវិញ្ញាណលើក្រុមសាវ័ក តាមព្រះបន្ទូលសន្យារបស់ព្រះបិតា (កក ២,៣៣)។ ដូច្នេះ​ ព្រះសហគមន៍បានទទួលព្រះអំណោយទានផ្សេងៗពីព្រះគ្រីស្ត ដែលបានបង្កើតព្រះសហ គមន៍។ ព្រះ​សហគមន៍​ក៏យកចិត្តទុកដាក់​កាន់តាម​បទបញ្ជា​របស់​ព្រះអង្គដោយ​ចិត្ត​ស្មោះ​ ពោលគឺ​ ឱ្យ​មាន​ចិត្ត​ស្រឡាញ់ ​ឱ្យ​មាន​ចិត្ត​សុភាពរាបសា​ ឱ្យមានចិត្តលះបង់។ ព្រះសហគមន៍​ក៏ទទួល​បេសកកម្ម​ប្រកាសថា ព្រះគ្រីស្ត និង​ព្រះ​ជាម្ចាស់​គ្រងរាជ្យ និង​មានមុខងារតែងតាំងព្រះរាជ្យក្នុងប្រជាជាតិនានា។ ព្រះសហគមន៍​ជា​ពន្លក និងជាដើម​កំណើត​នៃ​ព្រះរាជ្យ​នេះនៅលើផែនដី។ ក៏ប៉ុន្តែ នៅ​ពេល​ព្រះសហគមន៍​ចម្រើន​ឡើង​បន្តិច​ម្តងៗ​ ព្រះសហគមន៍​ប្រាថ្នា​ចង់​ឱ្យ​ព្រះរាជ្យ​នេះ បានពេញលេញឱ្យបានសព្វគ្រប់ទាំង​សង្ឃឹម​អស់​ពី​សមត្ថភាព និង​ផ្ចង់ចិត្ត​យ៉ាង​ខ្លាំង​ឱ្យ​បាន​រួម​ជាមួយ​ព្រះមហាក្សត្រ​របស់​ខ្លួន​ក្នុង​សិរីរុងរឿង។

៦- និមិត្តសញ្ញាអំពីព្រះសហគមន៍

តាមគម្ពីរសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់តែងតែសម្តែងអំពីព្រះអង្គគ្រងរាជ្យតាមនិមិត្តសញ្ញាផ្សេងៗ។ សព្វ​ថ្ងៃ​ព្រះអង្គក៏សម្តែងឱ្យយើងស្គាល់អំពីលក្ខណៈពិសេសដ៏ជ្រៅបំផុតរបស់ព្រះសហគមន៍ តាម​និមិត្ត​រូប​ផ្សេងៗ​ដែរ គឺ​ជា​និមិត្តរូបដកស្រង់ពីការរស់នៅរបស់គង្វាលសត្វ ពីការរស់នៅរបស់កសិករ ពីការសាងសង់​សំណង់ ​ពីការ​រស់​នៅ​ក្នុងក្រុមគ្រួសារ និងពីអាពាហ៍ពិពាហ៍ដូចមានចែងក្នុងគម្ពីរព្យាការីជាប្រផ្នូលស្រាប់។ ព្រះសហគមន៍​ប្រៀប​ដូច​ជា​ក្រោលសត្វ រីឯព្រះគ្រីស្តវិញ ព្រះអង្គប្រៀបដូចជាទ្វារចេញចូលតែមួយដែលត្រូវការជាចាំបាច់ (យហ ១០,១-១០)។ ព្រះសហគមន៍​ជាហ្វូងសត្វដែលព្រះជាម្ចាស់​បាន​ប្រកាសជាមុនថា ព្រះអង្គ​នឹង​ទៅ​ជា​គង្វាល (អស ៤០,១១; អគ ៣៤,១១ត)។ ទោះបីមានមនុស្សជា​គង្វាល​ណែនាំ​ក្តីក៏​ព្រះគ្រីស្ត​ផ្ទាល់ណែនាំ និង​ចិញ្ចឹម​ចៀម​ទាំង​នោះ​ជានិច្ច​ដែរ ព្រះអង្គជា​គង្វាល​ដ៏សប្បុរស ជាម្ចាស់​លើគង្វាលទាំងប៉ុន្មាន (យហ ១០,១១; ១សល ៥,៤) ព្រះអង្គ​បាន​ស៊ូ​ប្តូរជីវិត ដើម្បីចៀមរបស់ខ្លួន (យហ ១៩,១១-១៥)។

ព្រះសហគមន៍ប្រៀបដូចស្រែចម្ការ គឺជាស្រែចម្ការរបស់ព្រះជាម្ចាស់ (១ករ ៣,៩)។ ក្នុង​ចម្ការ​នោះ​ មាន​ដើម​អូលីវ​មួយ​ដើម​ដុះ​ឡើង​តាំងពីដើមមក គឺដើមអូលីវដែលមានអស់លោកបុព្វបុរសជាឫសដ៏វិសុទ្ធ។ នៅ​លើ​ដើម​អូលីវ​នោះ មានផ្សាំមែកថ្មីជា​ជនជាតិយូដា និងសាសន៍ដទៃ ដែល​កំពុង​សម្រុះ​សម្រួល​គ្នា និង​គង់​តែ​នឹង​ស្រុះ​ស្រួលគ្នា​ជាស្ថាពរនៅថ្ងៃណាមួយមិនខាន (រម ១១,១៣-២៦)។ ព្រះជា ម្ចាស់ប្រៀបដូចជាម្ចាស់​ចម្ការ​នៃស្ថាន​បរមសុខ ព្រះអង្គបានដាំដើមទំពាំងបាយជូរដែលទ្រង់បានជ្រើសរើស (មថ ២១,៣៣-៤៣; អស ៥,១ក)។ ដើម​ទំពាំងបាយជូរដ៏ពិតប្រាកដ គឺព្រះគ្រីស្ត។ ព្រះអង្គ​ប្រទានឱ្យយើងទៅជាមែកដែលមានជីវិត និង​ដែល​អាច​បង្កើត​ផលផ្លែបាន។ ដោយសារព្រះសហគមន៍ យើងស្ថិតនៅក្នុងអង្គព្រះគ្រីស្ត។ បើដាច់ពីព្រះអង្គយើង​ពុំ​អាច​ធ្វើ​អ្វី​បាន​ឡើយ (យហ ១៥,១-៥)។

ក្នុងគម្ពីរមានចែងជាញឹកថា ព្រះសហគមន៍ជាសំណង់របស់ព្រះជាម្ចាស់ (១ករ ៣,៩)។ ព្រះយេស៊ូ​ជា​អម្ចាស់បានប្រៀបព្រះអង្គផ្ទាល់ ទុកដូចជាថ្មដែលជាងសំណង់បោះបង់ចោលតែត្រឡប់ទៅជាថ្មគ្រឹះដ៏​សំខាន់​បំផុត​វិញ (មថ ២១,៤២; កក ៤,១១; ១សល ២,៧; ទំន ១១៧,២២)។ ក្រុម​គ្រីស្ត​ទូត​បាន​សង់​ព្រះសហគមន៍​លើ​គ្រឹះនោះ (១ករ ៣,១១) ព្រះសហគមន៍ក៏រឹងប៉ឹង និងភ្ជាប់គ្នាយ៉ាងមាំដោយសារគ្រឹះនោះដែរ។ សំណង់​នេះ​មាន​ឈ្មោះផ្សេងៗពីគ្នា គឺជាព្រះដំណាក់របស់ព្រះជាម្ចាស់ (១ធម ៣,១៥) ដែលមាន​ក្រុម​គ្រួសារ​របស់​ព្រះអង្គ​រស់​នៅ​ក្នុងដំណាក់នោះ ជាព្រះដំណាក់របស់ព្រះជាម្ចាស់ក្នុងព្រះវិញ្ញាណ (អភ ២,១៩-២២) ជា​ព្រះពន្លា​របស់​ព្រះជាម្ចាស់​ដែលស្ថិតនៅជាមួយមនុស្សលោក (វវ ២១,៣) ជាពិសេស​ ជាព្រះវិហារដ៏វិសុទ្ធ​ដែល​មាន​កន្លែង​គោរព​បូជា សាងសង់អំពីថ្មជានិមិត្តរូប។ អស់គ្រូបាធ្យាយតែងតែលើកតម្កើងព្រះវិហារនេះ។ ពិធីគោរព​ប្រណិប័តន៍​នានា​ក៏តែងប្រៀបផ្ទឹមយ៉ាងត្រឹមត្រូវ អំពីព្រះវិហារនោះទៅនឹងក្រុងដ៏វិសុទ្ធ គឺក្រុងយេរូសាឡឹមថ្មី។ យើង​ដែល​កំពុងតែរស់នៅលើផែនដីនេះប្រៀបដូចជាថ្ម ដែលមានជីវិតផ្គុំគ្នាកសាងសំណង់ (១សល ២,៥)។ គ្រីស្ត​ទូត​យ៉ូហាននឹកសញ្ជឹងគិតអំពីទីក្រុងដ៏វិសុទ្ធ ដែលចុះពីស្ថានបរមសុខមកទុក​ជា​ភរិយាថ្មោងថ្មី ដែល​តុប​តែង​ខ្លួនទទួលស្វាមីនៅពេលព្រះជាម្ចាស់ប្រែពិភពលោកជាថ្មី (វវ ២១,១ត)។

ព្រះសហគមន៍ក៏មានឈ្មោះទៀតថា “ទីក្រុងយេរូសាឡឹមនៅស្ថានលើ” និង “មាតារបស់យើង” (កាឡ ៤,២៦; វវ ១២,១៧)។ គេរៀបរាប់អំពីព្រះសហគមន៍ទុកដូចជា ភរិយា​ដ៏និមលរបស់កូនចៀម​ដ៏និមល (វវ ១៩,៧; ២១,២ និង ៩; ២២,១៧) ជាភរិយាដែលព្រះគ្រីស្ត “បានស្រឡាញ់ និងបូជាព្រះជន្ម ដើម្បីប្រោសឱ្យបាន​ទៅ​ជា​វិសុទ្ធ” (អភ ៥,២៦) ព្រះអង្គក៏ភ្ជាប់នឹងព្រះសហគមន៍ ដោយសន្ធិសញ្ញាដែលស្រាយមិន​បាន ព្រះអង្គនៅតែ “ចិញ្ចឹម​បីបាច់ថែរក្សាព្រះសហគមន៍ឥតឈប់ឈរ” (អភ ៥,២៩)។ ព្រះអង្គលាងជម្រះព្រះសហគមន៍​ឱ្យបាន​ស្អាត​បរិសុទ្ធ ហើយទ្រង់សព្វព្រះហឫទ័យ​ឱ្យព្រះសហគមន៍ភ្ជាប់នឹង​ព្រះអង្គ ហើយគោរពចុះចូលនឹងព្រះអង្គ​ដោយ​សេចក្តីស្រឡាញ់ និងដោយចិត្តស្មោះត្រង់ភក្តី (អភ ៥,២៤)។ ព្រះអង្គប្រោសប្រទាន​ឱ្យ​ព្រះសហគមន៍​នូវ​សម្បត្តិ​លោកខាងមុខអស់កល្បជានិច្ច ដើម្បីឱ្យយើងអាចយល់នូវព្រះហឫទ័យ​ស្រឡាញ់របស់ព្រះជាម្ចាស់ និង​របស់​ព្រះគ្រីស្តចំពោះយើង ជាព្រះហឫទ័យស្រឡាញ់ដ៏ប្រសើរហួសពីការយល់ឃើញរបស់មនុស្ស (អភ ៣,១៩)។

ក្នុង​រយៈពេលព្រះសហគមន៍ធ្វើដំណើរក្នុងលោកនេះឆ្ងាយ​ពីព្រះជាម្ចាស់ (២ករ ៥,៦) ព្រះសហគមន៍ចាត់​ទុក​ខ្លួន​ជា​ជន​ដែលត្រូវគេនិរទេស។ ហេតុនេះហើយ បានជា​ព្រះសហគមន៍ស្វះស្វែង​រក​សម្បត្តិ​លោក​ខាង​មុខ​ដែល​មាន​កប់​ទុកក្នុងជម្រៅចិត្តយើង ប្រៀបដូចជាឱជារសដែលទាក់ទាញខ្លួនទៅស្ថានដែលព្រះគ្រីស្តគង់​នៅ គឺព្រះអង្គ​គង់​នៅ​ខាងស្តាំព្រះបិតា។ ជីវិតព្រះសហគមន៍កប់ទុកជាមួយ​ព្រះគ្រីស្ត ក្នុងព្រះជាម្ចាស់ទាំងរង់​ចាំពេល​ខ្លួន​នឹង​លេច​ចេញ​មក​រួមជាមួយព្រះស្វាមីប្រកបដោយសិរីរុងរឿង (កូឡ ៣,១-៤)។

៧- ព្រះសហគមន៍ជាព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត

ព្រះបុត្រា​របស់ព្រះជាម្ចាស់បានរំដោះមនុស្សលោក ដោយមានជ័យជម្នះ​លើសេចក្តីស្លាប់ និង​ដោយ​ទទួល​ព្រះជន្ម​ថ្មីដ៏រុងរឿង។ ក្នុងសភាពជាមនុស្សដែលព្រះអង្គយកមកភ្ជាប់នឹងសភាពជាព្រះជាម្ចាស់​ ព្រះអង្គ​បាន​ប្រែ​មនុស្ស​ឱ្យ​កើតជាថ្មីទាំងស្រុង (កាឡ ៦,១៥; ២ករ ៥,១៧)។ ដោយព្រះអង្គចែករំលែក​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ឱ្យ​បងប្អូន​ដែលព្រះអង្គប្រមែប្រមូលពីប្រជាតិជាតិទាំងឡាយ ព្រះអង្គប្រោសគេឱ្យទៅជា​ព្រះកាយព្រះអង្គ​តាម​របៀបមួយដ៏អាថ៌កំបាំង។

ព្រះគ្រីស្ត​បញ្ចូលព្រះជន្មរបស់ព្រះអង្គឱ្យសុសសាយក្នុងព្រះកាយនេះ គឺក្នុងអស់អ្នកដែលផ្ញើជីវិត​លើ​ព្រះអង្គ។ អគ្គសញ្ញានានាបង្រួបបង្រួមគ្រីស្តបរិស័ទជាមួយព្រះគ្រីស្ត​ដែលរងទុក្ខលំបាក និង​មាន​ព្រះជនថ្មី​ដ៏​រុងរឿង តាមរបៀបដ៏អាថ៌កំបាំងម៉្យាង ក៏ប៉ុន្តែយ៉ាងពិតប្រាកដមែន។ ដោយអគ្គសញ្ញាជ្រមុជទឹក យើង​បាន​ដូច​ព្រះ​គ្រីស្ត​ដែរ ​គឺ​ថា “យើងទាំងអស់គ្នា‌បានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណ​តែមួយ‌‌ព្រះអង្គ ដើម្បីផ្សំគ្នា​ឡើង​ជា​ព្រះ​កាយ​តែ​មួយ” (១ករ ១២,១៣)‌។ ក្នុងពិធីដ៏សក្ការៈនេះ អ្នកផ្ញើជីវិតលើព្រះគ្រីស្ត​ធ្វើ​សញ្ញាសម្គាល់​បញ្ជាក់ថា គេ​រួបរួម​ជាមួយព្រះអង្គដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង ហើយគេរួបរួមជាមួយព្រះអង្គពិត​ប្រាកដ​មែន​ហើយ។ “ដោយពិធីជ្រមុជទឹក យើងរួមស្លាប់ជាមួយ​ព្រះអង្គ យើងក៏បានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ” និង “ប្រសិន​បើយើងរួមស្លាប់ជាមួយព្រះគ្រីស្តដែលសោយទិវង្គត យើងក៏នឹងរួមជាមួយ​ព្រះអង្គដែល​មាន​ព្រះជន្មថ្មី​ដ៏​រុងរឿងដែរ” (រម ៦,៤-៥)។

ពេលយើងចូលរួមក្នុង​ពិធីកាច់នំប៉័ងដែលយើងយកទៅអរព្រះគុណ យើងក៏ចូលរួមក្នុង​ព្រះកាយរបស់​ព្រះ​អម្ចាស់យ៉ាងពិតប្រាកដដែរ គឺព្រះអង្គប្រោសយើងឱ្យរួបរួមជាមួយព្រះអង្គ និងឱ្យរួបរួមជាមួយគ្នាដែរ។ “ដោយ​មាន​នំបុ័ងតែមួយប៉ុណ្ណោះ យើងទាំងអស់គ្នាក៏រួមគ្នាជាព្រះកាយតែមួយដែរ ព្រោះយើងទាំងអស់​គ្នា​ទទួល​ចំណែក​ពី​នំបុ័ងតែមួយនោះ” (១ករ ១០,១៧)។ ដូច្នេះ យើងទៅ​ជាសរីរាង្គនៃព្រះកាយនោះ (១ករ ១២,២៧)។ “យើង​ម្នាក់ៗ​ជា​សរីរាង្គរបស់គ្នាទៅវិញទៅមក” (រម ១២,៥)។

ប៉ុន្តែ ទោះបីរូបកាយមនុស្សមានសរីរាង្គជាច្រើនយ៉ាងណាក្តី ក៏សរីរាង្គទាំងនោះផ្សំគ្នាជារូបកាយតែមួយ​ដែរ។ ចំពោះអ្នកផ្ញើជីវិតលើព្រះគ្រីស្តក៏ដូច្នោះដែរ (១ករ ១២,១២) ទោះបីមានសរីរាង្គនិងអវៈយវៈ ដែល​មាន​មុខងារ​ផ្សេងៗជាច្រើនក្តី ក៏គេផ្គុំគ្នាកសាងព្រះកាយព្រះគ្រីស្តតែមួយដែរ។ មានព្រះវិញ្ញាណតែមួយព្រះអង្គ ដែល​ចែក​អំណោយទានផ្សេងៗពីគ្នា ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍តាមព្រះហឫទ័យ​ទូលំទូលាយរបស់​ព្រះអង្គ និងតាមសេចក្តីត្រូវការនៃកិច្ចបម្រើទាំងឡាយ (១ករ ១២,១-១១)។ ក្នុងចំណោមព្រះអំណោយទាន​ទាំង​នោះ ព្រះវិញ្ញាណប្រណីសន្តោសប្រទានមុខងារជាគ្រីស្តទូតជាព្រះអំណោយទានដ៏ប្រសើរជាងគេ សូម្បី​តែ​អ្នក​ទទួលព្រះអំណោយទានផ្សេងៗក្តី ក៏ព្រះវិញ្ញាណឱ្យគេចុះចូលក្រោមអំណាចរបស់គ្រីស្តទូតដែរ (១ករ ១៤)។ ព្រះវិញ្ញាណដដែលនោះ ធ្វើឱ្យព្រះកាយរួមជាអង្គតែមួយដោយអានុភាពរបស់ព្រះអង្គ។ ព្រះអង្គ​ធ្វើ​ឱ្យ​សរីរាង្គ​មាន​ទំនាក់​ទំនង​ជាមួយគ្នាពីខាងក្នុង ព្រះអង្គក៏បង្កើត និងពង្រឹងសេចក្តីស្រឡាញ់រវាងគ្រីស្តបរិស័ទដូចគ្នា។ ដូច្នេះ ប្រសិន​បើមានសរីរាង្គណាមួយរងទុក្ខលំបាកសរីរាង្គទាំងអស់ ក៏រងទុក្ខលំបាកជាមួយដែរ‌‌ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បានទទួលកិត្តិយស សរីរាង្គទាំងអស់ក៏ទទួលកិត្តិយសជាមួយដែរ (១ករ ១២,២៦)។

ព្រះគ្រីស្តជាសិរសានៃរូបកាយនេះ។ ព្រះអង្គជារូបតំណាងនៃ​ព្រះជាម្ចាស់ដែលមនុស្សមើលពុំឃើញ ហើយ​ព្រះជាម្ចាស់ក៏បានប្រតិ ស្ឋានអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្តដែរ។ ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់‌‌‌ ហើយ​អ្វីៗ​ទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នាដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះកាយពោល គឺព្រះសហគមន៍។‌ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់‌‌‌ ​ព្រះអង្គមានព្រះជន្មថ្មីដ៏​រុងរឿង​មុន​គេ ដើម្បី​ធ្វើជាប្រមុខ‌ក្នុងគ្រប់វិស័យទាំងអស់ (កូឡ ១,១៥-១៨)។ មហិទ្ធិឫទ្ធិរបស់ព្រះគ្រីស្តផ្តល់ឱ្យព្រះអង្គ​គ្រប់​គ្រង​លើអ្វីៗដែលនៅលើមេឃ និងនៅលើផែនដី។ ដោយព្រះអង្គពេញលក្ខណៈ និងមានសកម្មភាព​ដ៏ខ្លាំង​ក្លា​ក្នុង​ឋានៈ​ជា​ព្រះអម្ចាស់ ព្រះអង្គប្រទានគ្រប់លក្ខណសម្បត្តិនៃសិរីរុងរឿងរបស់ព្រះអង្គ ដល់ព្រះកាយទាំងមូល (អភ ១,១៨- ២៣)។

សរីរាង្គទាំងអស់ត្រូវខិតខំឱ្យបានដូចព្រះគ្រីស្ត រហូតទាល់តែព្រះគ្រីស្តបានកើតជារូបរាងឡើងក្នុងគេ (កាឡ ៤,១៩)។‌ ហេតុនេះហើយ បានជាព្រះជាម្ចាស់បានប្រោសយើង​ឱ្យចូលក្នុង​គម្រោង​ការ​ដ៏អស្ចារ្យ​នៃ​ព្រះជន្ម​របស់ព្រះគ្រីស្ត គឺយើងបានដូចព្រះគ្រីស្តរួមជាមួយព្រះអង្គ ដែលសោយទិវង្គត ហើយក៏រួមជាមួយ​ព្រះអង្គ​ដែលមានព្រះជន្មថ្មីដ៏រុងរឿង ទាំងរង់ចាំឱ្យបានរួមជាមួយព្រះអង្គ ដែលសោយ រាជ្យផងដែរ (ភីល ៣,២១; ២ធម ២,១១; អភ ២,៦; កូឡ ២,១២)។ល។ យើងដែលនៅតែធ្វើបូជនីយេសក៍នៅ​លើផែនដីនេះ ក៏ត្រូវដាក់​ជើង​តាម​ស្នាម​ព្រះបាទារបស់ព្រះអង្គដែរ។ ពេលយើងត្រូវរងទុក្ខលំបាក និងត្រូវគេបៀតបៀន យើង​រួមជាមួយព្រះអង្គដែល​រងទុក្ខលំបាកដូចដងខ្លួនរួមជាមួយក្បាល គឺយើងរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ដើម្បីឱ្យបានរួមជាមួយ​ព្រះអង្គប្រកបដោយសិរីរុង រឿងដែរ (រម ៨,១៧)។

ព្រះគ្រីស្ត “ផ្គត់ផ្គង់ឱ្យព្រះកាយទាំងមូលមានអាហារ និងភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃព្រម​ទាំង​ធ្វើ​ឱ្យ​រូបកាយ​ចម្រើនឡើងក្នុងព្រះជាម្ចាស់” (កូឡ ២,១៩)។ ព្រះអង្គនៅតែចាត់ចែងព្រះអំណោយទាន​ជានិច្ចជា​មុខងារ​បម្រើព្រះកាយព្រះអង្គ គឺព្រះសហគមន៍។ តាមព្រះអំណោយទាននៃមុខងារ​បម្រើទាំងនោះ និង​តាម​អានុភាព​របស់​ព្រះអង្គផង យើងជួយបម្រើគ្នាទៅវិញទៅមកតាមសេចក្តីត្រូវការ ដើម្បីឱ្យយើងទទួលការសង្គ្រោះ។ ដោយ​យើង​មានចិត្តស្មោះ ស្រឡាញ់គ្នាទៅវិញទៅមក “យើងនឹងអាចចម្រើនឡើង​គ្រប់វិស័យ​ទាំងអស់​ឆ្ពោះ​ទៅ​កាន់​ព្រះគ្រីស្តជាសិរសា” (អភ ៤,១១-១៦)។

ព្រះគ្រីស្តប្រទានព្រះវិញ្ញាណរបស់ព្រះអង្គឱ្យយើង ដើម្បីឱ្យយើង​អាចប្រែខ្លួនឱ្យបានជាថ្មី​ឥត​ឈប់​ឈរ​ក្នុង​ព្រះអង្គ។ មានព្រះវិញ្ញាណតែមួយដដែលក្នុង​ព្រះសិរសា និងក្នុងសរីរាង្គទាំងប៉ុន្មាន ព្រះអង្គផ្តល់ជីវិត​ដល់​ព្រះ​កាយ​ទាំងមូល ទ្រង់ប្រោសឱ្យព្រះកាយភ្ជាប់គ្នានិងកម្រើកឡើងបាន។ ហេតុនេះហើយ បានជាគ្រូបាធ្យាយដ៏វិសុទ្ធ​តែងតែ​ប្រៀបធៀបសកម្មភាពរបស់ព្រះវិញ្ញាណនោះ ទៅនឹងដើមកំណើតនៃជីវិត គឺវិញ្ញាណក្នុងរូបកាយមនុស្ស។

ព្រះគ្រីស្តស្រឡាញ់ព្រះសហគមន៍ ក្នុងឋានៈជាព្រះមហេសី និងតាំងព្រះអង្គទុកជាស្វាមី​គំរូ ដែលស្រឡាញ់​ភរិយាដូចស្រឡាញ់រូបកាយរបស់ខ្លួនផ្ទាល់ (អភ ៥,២៥-២៨)។ រីឯព្រះសហគមន៍ គោរពចុះចូលនឹង​ព្រះ​គ្រីស្ត​ជាម្ចាស់របស់ខ្លួន (អភ ៥,២៣.២៤)។ “ដោយ​គ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់​ស្ថិត​នៅ​ពោរ​ពេញ​ក្នុង​រូបកាយ​ព្រះគ្រីស្ត” (កូឡ ២,៩) ព្រះអង្គបំពេញព្រះសហគមន៍​ជាព្រះកាយ​ដោយ​ព្រះអំណោយ​ទាន និង​ដោយ‌​គ្រប់​លក្ខណ​សម្បត្តិរបស់ព្រះអង្គ (អភ ១,២២-២៣) ដើម្បីឱ្យព្រះសហគមន៍បានពោរពេញ‌ដោយគ្រប់លក្ខណ​សម្បត្តិរបស់ព្រះជាម្ចាស់ (អភ ៣,១៩)។

៨- ព្រះសហគមន៍មានរូបរាង​ដែលមើលឃើញ និងមានលក្ខណៈជាវិញ្ញាណ​ដែល​មើល​មិន​ឃើញ

ព្រះគ្រីស្ត​ជាស្ពានមេត្រីតែមួយ ព្រះអង្គគត់ព្រះអង្គបង្កើត និងនៅតែទ្រទ្រង់ព្រះសហគមន៍ដ៏វិសុទ្ធ​របស់​ព្រះអង្គ នៅលើផែនដីជានិច្ច ជាក្រុមដែលមនុស្សលោកមើលឃើញបាន។ ព្រះសហគមន៍​ជា​សហគមន៍​របស់​មនុស្ស ដែល​មានជំនឿមានសេចក្តីសង្ឃឹម និងមានសេចក្តីស្រឡាញ់។ ព្រះគ្រីស្តផ្សព្វផ្សាយ​សេចក្តី​ពិត និង​ព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះអង្គ តាមរយៈព្រះសហគមន៍ ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់។ ព្រះសហគមន៍​ជាសង្គមមួយ ដែលមានរចនាសម្ពន្ធតាមលំដាប់លំដោយ និង​ជា​ព្រះកាយ​ដ៏​អាថ៌​កំបាំង​របស់​ព្រះ​គ្រីស្ត​ផង​ដែរ ជាក្រុមដែលគេអាចមើលឃើញបានផង និង​ជាសហគមន៍ខាងវិញ្ញាណ​ដែល​មើល​មិន​ឃើញ​ផង (អំណរ ៤០)។ មិនត្រូវយល់ថាព្រះសហគមន៍នៅលើផែនដីនេះ និងព្រះសហគមន៍​ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​នៅស្ថានបរមសុខជាព្រះសហគមន៍ពីរទេ ប៉ុនែ្តត្រូវយល់ថា ជាព្រះសហគមន៍តែមួយ​រួមគ្នា​ជា​អង្គ​តែ​មួយ ដែលមានផ្នែកជាច្រើន គឺមានសភាពជាមនុស្សផង និងមានសភាពជាព្រះជាម្ចាស់ផង។ ហេតុនេះហើយ បាន​ជា​យើងធ្លាប់ប្រៀបធៀបព្រះសហគមន៍ ទៅនឹងគម្រោងការដ៏អស្ចារ្យរបស់ព្រះបន្ទូល ដែលប្រសូត​ជា​មនុស្ស។ ការប្រៀប​ធៀបនេះ មានប្រយោជន៍សម្រាប់ពន្យល់​លក្ខណៈ​របស់​ព្រះសហគមន៍គឺថា ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ យកសភាពជាមនុស្សមកភ្ជាប់នឹងព្រះអង្គ ដាច់ចេញមិនបាន ហើយ​មក​បម្រើ​ព្រះអង្គ​ទុកជា​គ្រឿង​មាន​ជីវិត​សម្រាប់សង្គ្រោះមនុស្សលោក។ តាមបែបដដែលនេះ អ្វីៗដែលមានលក្ខណៈ​ជាសង្គម ក្នុង​ព្រះ​សហគមន៍ ក៏​សុទ្ធតែបម្រើព្រះវិញ្ញាណរបស់ព្រះគ្រីស្ត ដែលផ្តល់ជីវិតដល់​ព្រះសហគមន៍ ដើម្បី​ឱ្យ​ព្រះកាយ​ចម្រើន​ឡើង (អភ ៤,១៦)។

នេះជាព្រះសហគមន៍តែមួយរបស់ព្រះគ្រីស្ត។ ក្នុងធម៌ប្រកាសជំនឿយើងតែងតែ​ប្រកាសថា ព្រះសហគមន៍​មាន​តែមួយ​ដ៏វិសុទ្ធសកល និងមានជំនឿស្របតាមក្រុមគ្រីស្តទូត។ ក្រោយពីព្រះយេស៊ូជាព្រះសង្រោ្គះ មានព្រះ​ជន្ម​ថ្មី​ដ៏រុងរឿង ព្រះអង្គបានប្រគល់ព្រះសហគមន៍នេះ ឱ្យលោកសិលាឃ្វាលថែទាំ (យហ ២១,១៧)។ ព្រះអង្គ​ក៏​ផ្តាំ​ផ្ញើ​ឱ្យលោក និងឱ្យគ្រីស្តទូតឯទៀតៗផ្សព្វផ្សាយ និងគ្រប់គ្រងដែរ (មថ ២៨,១៨ត)។ ព្រះអង្គតែងតាំង​ព្រះ​សហគមន៍​នេះ​ទុក​ជា “សសរ និងជាគ្រឹះទ្រទ្រង់សេចក្តីពិត” (១ធម ៣,១៥)។ ព្រះសហ គមន៍​បែប​នេះតែង​តាំង​ទុក​ជា​សង្គមម៉្យាងក្នុងលោកនេះ ដោយមានរបៀបរៀបរយ គឺពិតជាព្រះសហគមន៍កាតូលិក ដែល​មាន​អភិ បាល​ព្រះសហគមន៍ក្រុងរ៉ូម គ្រប់គ្រងក្នុងឋានៈជាអ្នកបន្តមុខងារពីគ្រីស្តទូតសិលាមក និង​ដែល​មាន​អស់​លោក​អភិបាល​គ្រប់គ្រងរួបរួមជាមួយលោកដែរ។ ទោះបីនៅខាងក្រៅរចនាសម្ពន្ធ នៃ​ព្រះសហគមន៍មាន​កត្តា​ជាច្រើន​អាច​នាំឱ្យមនុស្សបានវិសុទ្ធ និងឱ្យស្គាល់សេចក្តី​ពិត​ក្តីក៏កត្តាទាំងនោះ ជាកម្មសិទ្ធិ​នៃព្រះសហគមន៍​របស់​ព្រះ​គ្រីស្ត តាមព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែរ។ កត្តាទាំងនោះដាស់តឿន​មនុស្សលោក ឱ្យរួបរួម​គ្នា​ជា​ធ្លុង​តែ​មួយ​ក្នុង​ព្រះសហគមន៍កាតូលិក។

ប៉ុន្តែ ព្រះគ្រីស្តបានរំដោះមនុស្សលោក ដោយព្រះអង្គរស់នៅជាអ្នកក្រីក្រ និងដោយត្រូវគេបៀតបៀន​យ៉ាងណា​ព្រះជាម្ចាស់ក៏ត្រាស់ហៅព្រះសហគមន៍ ឱ្យរស់នៅតាមផ្លូវនេះដែរ គឺរស់នៅជាអ្នកក្រីក្រ និង​ត្រូវ​គេ​បៀត​បៀន​យ៉ាងនោះដែរ ដើម្បីចែករំលែកផលនៃការសង្រោ្គះឱ្យមនុស្សលោក។ ”ព្រះគ្រីស្តយេស៊ូដែលមានសភាព​ជា​ព្រះជាម្ចាស់បានលះបង់អ្វីៗទាំងអស់ មកយកសភាពជាទាសករវិញ” (ភីល ២,៦) ”ព្រះអង្គដែល​មាន​សម្បត្តិ​ដ៏​ច្រើន ទ្រង់ដាក់ខ្លួនជាអ្នកក្រីក្រ” ព្រោះតែយើង (២ករ ៨,៩)។ ហេតុនេះហើយ ទោះបីព្រះសហគមន៍​ត្រូវ​ការ​ធនធាន​មនុស្ស ដើម្បីបំពេញបេសកកម្មរបស់ខ្លួនក្តី ក៏ព្រះសហគមន៍មិនកើតមក ដើម្បីស្វែងរកមុខមាត់​ក្នុងលោក​នេះ​ទេ តែដើម្បីបញ្ចាំងឱ្យមនុស្សលោកស្គាល់តម្លៃនៃ​ចិត្តសុភាពរាបសា និងនៃការលះបង់​ដោយ​ធ្វើ​ជា​គំរូ​ឱ្យ​គេ​ឃើញ។ ព្រះបិតាចាត់ព្រះគ្រីស្តឱ្យយាងមកនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ព្យាបាល​អស់អ្នកមានចិត្ត​ក្រៀមក្រំ (លក ៤,១៨)។ “ស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់” (លក ១៩,១០)។ ព្រះសហគមន៍ក៏​មាន​ចិត្ត​មេត្តាករុណា ចំពោះអស់អ្នកដែលរងទុក្ខដោយភាពទន់ខ្សោយរបស់ខ្លួនជាមនុស្សដែរ។ លើសពីនេះទៅទៀត ពេល​ព្រះសហគមន៍ឃើញអ្នកក្រីក្រ និងអ្នកកើតទុក្ខ ព្រះសហគមន៍ក៏ទទួលស្គាល់ព្រះភ័ក្រ្ត​របស់ព្រះយេស៊ូជា​អ្នក​ក្រីក្រ និងជាអ្នករងទុក្ខលំបាក ដែលបានបង្កើតព្រះសហគមន៍នោះដែរ។ ព្រះសហគមន៍ក៏ខិតខំ​ជួយ​សម្រាល​ទុក្ខ​គេ ព្រោះព្រះសហគមន៍ចង់បម្រើព្រះគ្រីស្តក្នុងគេ។ ព្រះគ្រីស្តជាអ្នកដ៏វិសុទ្ធឥតសៅហ្មង គ្មានទោសអ្វីឡើយ (ហប ៧,២៦) ព្រះអង្គមិនដែលប្រព្រឹត្តអំពើបាបណាសោះឡើយ (២ករ ៥,២១) ព្រះអង្គយាងមករំដោះ​ប្រជាជន​ឱ្យបានរួចពីបាប (ហប ២, ៧)។ ព្រះសហគមន៍ក៏ដូច្នេះដែរ ទោះបី​មាន​អ្នក​បាប​នៅ​ក្នុង​ផ្ទៃ​ក្តី ក៏​ព្រះសហគមន៍នៅតែវិសុទ្ធ និងត្រូវជម្រះខ្លួនជានិច្ច ហើយនៅ តែបន្តខិតខំប្រែចិត្តគំនិត និងឱ្យបាន​ជាថ្មី​ជានិច្ច​ដែរ។ “ព្រះសហគមន៍ធ្វើបូជនីយេសក៍ដោយត្រូវគេបៀតបៀនធ្វើបាបក្នុងលោកនេះ និង​ដោយ​មាន​ព្រះជាម្ចាស់​លួង​លោមផង” (សន្តៈ អូគូស្តាំង) ទាំងប្រកាសថា ព្រះអម្ចាស់សោយ​ទិវង្គត​នៅលើ​ឈើឆ្កាង គឺ​ប្រកាស​សេចក្តីនេះរហូត ដល់ពេលព្រះអង្គយាងមក (១ករ ១១,២៦)។

ឫទ្ធានុភាពរបស់ព្រះអម្ចាស់ ដែលមានព្រះជន្មថ្មីដ៏រុងរឿង ជាកម្លាំងរបស់ព្រះសហគមន៍ដើម្បីឱ្យព្រះ​សហគមន៍​មានចិត្តអត់ធ្មត់ខន្តី និងចិត្តស្រឡាញ់អាចពុះពារ​ទុក្ខលំបាក និងឧបសគ្គនានា មកពី​ខាង​ក្នុង​ផង និង​មក​ពី​ខាងក្រៅផង។ ព្រះសហគមន៍អាចសម្តែងយ៉ាងស្មោះ នៅកណ្តាលចំណោមមនុស្សលោក អំពី​គម្រោង​ការ​ដ៏​អស្ចារ្យ​របស់ព្រះអម្ចាស់ ដែលយើងមិនទាន់ស្គាល់យ៉ាងច្បាស់នៅឡើយ រហូតដល់ថ្ងៃគម្រោងការ​ដ៏អស្ចារ្យនេះ​លេច​ធ្លោ​ក្នុងពន្លឺយ៉ាងច្បាស់។‌‌

ជំពូក២
ប្រជារាស្រ្តរបស់ព្រះជាម្ចាស់

៩- សម្ពន្ធមេត្រីថ្មី និងប្រជារាស្រ្តថ្មី

នៅគ្រប់សម័យ ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយឱ្យតែគោរពកោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​ប្រព្រឹត្តអំពើសុចរិត ព្រះអង្គក៏គាប់ព្រះហឫទ័យនឹងអ្នកនោះដែរ (កក ១០,៣៥)។ ក៏ប៉ុន្តែ ព្រះជាម្ចាស់​សព្វព្រះហឫទ័យតែងតាំងឱ្យមនុស្សទៅជាប្រជារាស្រ្តមួយ ដែលនឹងស្គាល់ព្រះអង្គតាម​សេចក្តីពិត និង​បម្រើ​ព្រះអង្គ​យ៉ាងវិសុទ្ធ ព្រះអង្គមិនសព្វព្រះហឫទ័យប្រោសឱ្យមនុស្សបានវិសុទ្ធ និងសង្គ្រោះគេម្នាក់ៗដោយ​គេ​គ្មាន​ចំណង​ទាក់ទងជាមួយអ្នកដទៃទៅវិញទៅមកនោះទេ (អំណរ ៣២)។ ហេតុនេះហើយ បានជា​ព្រះអង្គ​បាន​ជ្រើស​រើស​ប្រជាជន​អ៊ីស្រាអែល និងចងសម្ពន្ធមេត្រីជាមួយគេឱ្យទៅជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ។ ព្រះអង្គបាន​បង្រៀន​គេបន្តិចម្តងៗ គឺសម្តែងឱ្យគេស្គាល់ព្រះអង្គផ្ទាល់ ស្គាល់គម្រោងការរបស់ព្រះអង្គតាមប្រវត្តិសាស្រ្តប្រជាជន​នេះ និងដោយញែកគេឱ្យបានទៅជាកម្មសិទ្ធិដ៏សក្ការៈរបស់ព្រះអង្គ។ ហេតុការណ៍ទាំងប៉ុន្មាននោះ គ្រាន់​តែ​រៀបចំផ្លូវជូនសម្ពន្ធមេត្រីថ្មី និងជាប្រផ្នូលនៃសម្ពន្ធមេត្រីថ្មីនោះ ដែលជាសម្ពន្ធមេត្រី​ដ៏​ពេញ​លក្ខណៈ​ចង​ក្នុង​អង្គព្រះគ្រីស្ត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់ ដែលប្រសូតជា​មនុស្ស​បាន​សម្តែង​ឱ្យ​មនុស្ស​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់​ជាងពីមុន។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “នៅគ្រាខាងមុខ យើងនឹង​ចង​សម្ពន្ធមេត្រីថ្មី​ជាមួយ​ប្រជា​ជន​អ៊ីស្រាអែល និងប្រជាជនយូដាយើងនឹងដាក់ធម្មវិន័យ​របស់យើង​នៅក្នុង​ជម្រៅ​ចិត្ត​របស់​គេ ហើយ​ចារវិន័យ​នោះក្នុងចិត្តគំនិតរបស់គេ។ ពេលនោះ យើងនឹងធ្វើជាព្រះរបស់គេ គេក៏នឹងធ្វើជាប្រជារាស្ត្ររបស់យើង។ តាំងពី​អ្នក​តូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា” (យរ ៣១,៣១-៣៤)។ ព្រះគ្រីស្ត​បាន​ចង​សម្ពន្ធ​មេត្រីថ្មីនេះហើយ គឺជាសម្ពន្ធមេត្រីថ្មីចងឡើងដោយព្រះលោហិតព្រះអង្គ (១ករ ១១,២៥)។ ព្រះអង្គត្រាស់ហៅមនុស្ស​ទាំងអស់ពីក្នុងចំណោមសាសន៍យូដា ផង និងពីក្នុងចំណោមសាសន៍ដទៃផងឱ្យរួមគ្នា​ជាប្រជារាស្រ្តថ្មី​របស់​ព្រះជាម្ចាស់ មិនមែនជាប្រជារាស្រ្តតាមសាច់ឈាមទេ តែជាប្រជារាស្រ្តក្នុងព្រះវិញ្ញាណវិញ។ អស់អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះគ្រីស្តបានកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ តែដោយពូជដែលមិនចេះរលួយ គឺពី​ព្រះបន្ទូល​របស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ (១សល ១,២៣)។ គេមិនកើតពីសាច់ឈាមទេ តែ​គេ​កើត​ពី​ទឹក និងពីព្រះវិញ្ញាណដ៏វិសុទ្ធវិញ (យហ ៣,៥-៦) គេនឹងទៅជា “ពូជសាសន៍ដែលព្រះជាម្ចាស់បាន​ជ្រើស​រើស​ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្រ្តដែលព្រះអង្គបានយក​មក​ធ្វើ​ជា​កម្មសិទ្ធិរបស់ព្រះអង្គ។ ពីដើមគេមិនមែនជាប្រជារាស្រ្តរបស់ព្រះអង្គទេ តែឥឡូវនេះ គេជា​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ហើយ” (១សល ២,៩-១០)។

ព្រះ​គ្រីស្តជាសិរសា គឺជាមេដឹកនាំរបស់ប្រជាជន​នៃពេលចុងក្រោយនោះ “ព្រះអង្គត្រូវគេ​បញ្ជូន​ទៅ​ធ្វើ​គុត ព្រោះ​តែ​អំពើបាបរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឱ្យ​មាន​ព្រះជន្មថ្មីដ៏រុងរឿង ដើម្បី​ឱ្យ​យើង​បាន​សុចរិត” (រម ៤,២៥)។ ព្រះអង្គមានព្រះនាមដ៏ប្រសើរ លើសនាមឯទៀតៗទាំងអស់ និង​សោយរាជ្យ​ប្រកប​ដោយ​សិរីរុងរឿង​នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ប្រជាជននោះមានលក្ខណៈពិសេស គឺមានកិត្តិយសដ៏ថៃ្លថ្នូរ និង​សេរីភាព​ក្នុង​ឋានៈ​ជាបុត្រធីតារបស់ព្រះជាម្ចាស់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅក្នុងចិត្តគេដូចជា​គង់​នៅ​ក្នុង​ព្រះវិហារមួយដែរ។ ធម្មវិន័យនៃប្រជាជននោះជាវិន័យថ្មីរបស់ព្រះយេស៊ូពោលគឺ ត្រូវស្រឡាញ់​គ្នា​ដូច​ព្រះ​គ្រីស្ត​បាន​ស្រឡាញ់យើងដែរ (យហ ១៣,៣៤)។ ប្រជាជននោះមានទិសដៅតែមួយគឺ ឱ្យព្រះជាម្ចាស់គ្រងរាជ្យ​លើ​គេ​ដូចព្រះអង្គផ្ទាល់ចាប់ផ្តើមគ្រងរាជ្យនៅលើផែនដីនេះ ព្រះរាជ្យនេះ​ត្រូវលាតសន្ធឹងឱ្យបានកាន់តែ​ឆ្ងាយ​ទៅៗ ​រហូត​ដល់​អវសានកាលនៃពិភពលោក។ នៅពេលនោះព្រះជាម្ចាស់នឹងគ្រងរាជ្យយ៉ាងពេញលក្ខណៈ គឺនៅ​ពេល​ព្រះគ្រីស្ត​ដែលជាជីវិតរបស់យើងនឹងលេចចេញមកប្រកបដោយសិរីរុងរឿង‌ (កូឡ ៣,៤) នៅ​ពេល​ព្រះអង្គ​រំដោះ​សត្វ​លោកឱ្យរួចផុតពីធ្វើជាទាសករនៃសេចក្តីរលួយ ហើយ​បែរជាមានសេរីភាព‌ដ៏រុងរឿង នៃបុត្រធីតារបស់​ព្រះ​ជាម្ចាស់ (រម ៨,២១)។ ហេតុនេះហើយ បានជា​ប្រជាជននៃ​ពេល​ចុង​ក្រោយ​នោះ ទោះបីមនុស្សទាំងអស់​មិន​ទាន់បាន​ចូលរួមក្រោមអំណាចនៃព្រះរាជ្យនេះនៅឡើយក្តី និង​មាន​សភាព​ជា​ហ្វូង​ចៀម​ដ៏​តូច​មួយ​ក្ដី ក៏​ជា​ពូជ​ដ៏​មាន​កម្លាំងខ្លាំងជាងគេអាចធ្វើឱ្យមនុស្សជាតិរួបរួមគ្នា មានសេចក្តីសង្ឃឹម និងអាចទទួលការសង្រោ្គះបានផង​ដែរ។ ព្រះ​គ្រីស្តបានតែងតាំងព្រះរាជ្យនេះ ដើម្បីឱ្យមនុស្សលោករួបរួមគ្នា​ដោយមាន​ជីវិត​ ដោយ​មាន​សេចក្តី​ស្រឡាញ់ និង​ដោយស្គាល់សេចក្តីពិត។ ព្រះគ្រីស្តក៏យកព្រះរាជ្យនេះធ្វើជាមធ្យោបាយ សម្រាប់​រំដោះ​មនុស្ស​ទាំង​អស់ ព្រោះព្រះបិតាបានចាត់ព្រះរាជ្យនេះ ទៅមនុស្សលោកទាំងអស់​ឱ្យ​ទៅជាពន្លឺបំភឺ្លពិភព លោក និង​ទៅ​ជា​អំបិល​នៃ​ផែនដី (មថ ៥,១៣-១៦)។

កាលពីមុន នៅ​ពេល​ប្រជាជន​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ក្នុង​វាលរហោស្ថាន​គេ​ទទួលនាមថា ជា «ព្រះសហគមន៍​របស់ព្រះជាម្ចាស់» (នហ ១៣,១; ជរ ២០,៤; ទក ២៣,១ត)។ ប្រជាជនអ៊ីស្រាអែលថ្មី​កំពុង​ធ្វើ​ដំណើរ​ក្នុង​លោក​នាបច្ចុប្បន្ននេះ ទាំងសង្វាតស្វែងរកបុរីនៃលោកខាងមុខគឺ បុរីដែល​ស្ថិតស្ថេរ​គង់វង្ស​រហូត (ហប ១៣,១៤) ក៏​មាន​ឈ្មោះថា «ព្រះសហគមន៍របស់ព្រះគ្រីស្ត» ដែរ (មថ ១៦,១៨)។ គឺព្រះគ្រីស្តនេះហើយដែល​បាន​រំដោះ​ព្រះសហគមន៍មកធ្វើជាកម្មសិទ្ធិ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់ (កក ២០,២៨) ព្រះអង្គបានចាក់​បង្ហូរ​ព្រះវិញ្ញាណព្រះអង្គលើព្រះសហគមន៍ឱ្យបានពេញបរិបូណ៌ និង​ប្រទានមធ្យោយបាយ​គ្រប់​គ្រាន់​ឱ្យ​ព្រះ​សហ គមន៍​អាចរួបរួមគ្នា និងជាសង្គមដែលមើលឃើញបាន (អំណរ ៤០)។ ព្រះជាម្ចាស់ត្រាស់ហៅ​ក្រុមអស់​អ្នក​ដែល​សម្លឹងមើលព្រះយេស៊ូ ទាំងផ្ញើជីវិតលើព្រះអង្គ គឺព្រះយេស៊ូដែលសង្រោ្គះមនុស្សលោក ហើយ​ប្រមែ​ប្រមូល​គេ​ឱ្យ​រួបរួមគ្នាជាធ្លុងតែមួយ និងប្រទានសេចក្តីសុខសាន្ត។ ព្រះអង្គបានតែងតាំងគេជាព្រះសហគមន៍ ដែល​ជា​អគ្គ​សញ្ញាឱ្យមនុស្សម្នាក់ៗ និងឱ្យមនុស្សទាំងអស់ឃើញថា គេអាចទទួលការ​សង្រោ្គះ​ដោយ​រួបរួម​គ្នា​ជា​ធ្លុង​តែ​មួយ​បាន។ ព្រះជាម្ចាស់បម្រុងទុកព្រះសហគមន៍ឱ្យលាតសន្ធឹងក្នុងពិភពលោកទាំងមូល។ ទោះបីព្រះសហគមន៍​មិន​ជាប់​នឹងប្រជាជនណាមួយ និងមិនជាប់នឹងសម័យណាមួយ ហើយក៏មិនជាប់នឹងទឹកដី​ណាមួយក្ដី ក៏​ព្រះ​សហគមន៍​ស្ថិតនៅជាប់ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិដែរ។ ព្រះសហគមន៍ធ្វើ​ដំណើរទាំងជួបការល្បួង ទាំង​ប្រឈម​មុខនឹងទុក្ខវេទនា តែឫទ្ធានុភាពរបស់ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស ទ្រទ្រង់ព្រះ​សហគមន៍​ជានិច្ច តាមព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់។ ព្រះអង្គទ្រទ្រង់ដូច្នេះ ក្រែងព្រះសហគមន៍ដែលមាន​ភាព​ទន់​ខ្សោយលែងមានចិត្តស្មោះត្រង់ និងឃ្លាតពីសេចក្តីពេញលក្ខណៈ។ ព្រះអង្គប្រោស​ព្រះសហគមន៍​ឱ្យ​នៅ​តែ​ជា​ព្រះមហេសីដ៏ថ្លៃថ្នូរនៃព្រះអម្ចាស់របស់ខ្លួន ហើយប្រែខ្លួនជាថ្មីឥត​ឈប់​ឈរ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ជួយ​ឧបត្ថម្ភ​រហូត​ដល់​ទៅកាន់ពន្លឺ ដែលមិនចេះរលត់ក្រោយពីបានរងទុក្ខនៅលើឈើឆ្កាង។

១០- គ្រីស្តបរិស័ទរួមគ្នាជាបូជាចារ្យ

ព្រះគ្រីស្តជាអម្ចាស់ ជាមហាបូជាចារ្យជ្រើសរើសពីចំណោមមនុស្ស (ហប ៥,១-៥) បានលើក​ប្រជារាស្រ្ត​ថ្មី​នោះឱ្យធ្វើជា «រាជាណាចក្រមួយ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់ជាព្រះបិតា​របស់ព្រះអង្គ» (វវ ១,៦; ៥,៩-១០)។ អស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹកបានកើតជាថ្មី និងទទួល​ពិធី​អភិសេកពីព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ពួក​គេញែកខ្លួនថ្វាយព្រះជាម្ចាស់ ដើម្បីទៅជាព្រះដំណាក់​ខាងព្រះវិញ្ញាណ និងទៅជាក្រុមបូជាចារ្យដ៏​វិសុទ្ធ ហើយ​ថ្វាយ​កិច្ចការទាំងប៉ុន្មានដែលគេធ្វើ​ជារៀងរាល់ថ្ងៃទៅ​ព្រះជាម្ចាស់ ទុកជាសក្ការបូជាខាងព្រះវិញ្ញាណ។ គេ​ក៏ប្រកាស​អំពី​ស្នាព្រះហស្ដ​ដ៏អស្ចារ្យ​របស់ព្រះអង្គដែល​ត្រាស់​​ហៅគេ ឱ្យចេញពីភាពងងឹតមកកាន់ពន្លឺដ៏រុង​រឿង​របស់​ព្រះអង្គ (១សល ២,៤-១០)។ ហេតុនេះ​ហើយ បាន​ជា​អស់សាវ័ករបស់ព្រះគ្រីស្ត​ព្យាយាមអធិដ្ឋាន និង​លើក​តម្កើងសិរីរុងរឿង​របស់ព្រះជាម្ចាស់ (កក ២,៤២-៤៧) គេត្រូវថ្វាយ​ខ្លួនទុកជាយញ្ញដែលមានជីវិត​ ជា​យញ្ញ​ដ៏​វិសុទ្ធដែល​គាប់ព្រះហឫទ័យព្រះ​ជាម្ចាស់ (រម ១២,១)។ គេក៏ត្រូវផ្តល់សក្ខីភាពអំពីព្រះគ្រីស្ត​នៅ​លើ​ផែនដី​ទាំង​មូល ហើយប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែលសួរអំពីសេចក្តីសង្ឃឹមរបស់ខ្លួនជានិច្ចថា គេនឹងបាន​ទទួលជីវិត​អស់​កល្ប​ជានិច្ច (១សល ៣,១៥)។

គ្រីស្តបរិស័ទទាំងអស់មានឋានៈជាបូជាចារ្យរួម។ តែមានគ្រីស្តបរិស័ទខ្លះ​មានមុខងារជាបូជាចារ្យ​បម្រើព្រះ​សហគមន៍ ឬមុខងារតាម​លំដាប់លំដោយ។ ទោះ​បីឋានៈជាបូជាចារ្យទាំងពីរនោះប្លែកពីគ្នាទាំង​ស្រុង​​ក្តី មិន​គ្រាន់​តែ​មាន​កម្រិតប្លែក​ពីគ្នាប៉ុណ្ណោះទេ ក៏ឋានៈជាបូជាចារ្យ​ទាំង​ពីរបែបនោះជាប់ទាក់ទិន​គ្នា​ដែរ គឺ​ឋានៈ​ទាំងពីរ​ទទួល​ចំណែក​ពីមុខងាររបស់ព្រះគ្រីស្ត​ ជា​មហាបូជាចារ្យ​តែមួយព្រះ​អង្គ គត់តាម​របៀប​រៀងៗ​ខ្លួន។ គ្រីស្តបរិស័ទ​ដែល​បាន​ទទួលមុខងារជាបូជាចារ្យបម្រើព្រះសហគមន៍ មានអំណាច​ដ៏​សក្ការៈ ដើម្បីអប់រំ និងណែនាំប្រជារាស្រ្តដែល​សុទ្ធ​តែ​ជាបូជាចារ្យ។ អស់លោកជាតួរបស់ព្រះគ្រីស្ត ថ្វាយសក្ការ​បូជា​អរព្រះគុណព្រះ​ជាម្ចាស់ ក្នុង​នាម​ប្រជាជន​ទាំង​មូល។ រីឯគ្រីស្តបរិស័ទ​ធម្មតាវិញ ជាបូជាចារ្យរបស់​ព្រះ​មហាក្សត្រក៏ចូលរួមក្នុង​សក្ការ​បូជា​អរព្រះគុណ​នោះ​ដែរ។ គេក៏​ប្រតិបត្តិ​តាម​ឋានៈ​របស់​ខ្លួនជាបូជាចារ្យ ដោយ​ទទួល​អគ្គ​សញ្ញានានា ដោយអធិដ្ឋាន ដោយ​អរ​ព្រះគុណ ដោយរស់​នៅ​យ៉ាងវិសុទ្ធ​ទុក​ជា​​សក្ខី​ភាពដោយលះបង់ និង​ដោយ​ប្រព្រឹត្តតាម​សេចក្តី​ស្រឡាញ់​យ៉ាង​សកម្ម​ដែរ។

១១- គ្រីស្តបរិស័ទប្រតិបត្តិតាមឋានៈរបស់ខ្លួនជាបូជាចារ្យរួមនៅពេលទទួលអគ្គសញ្ញានានា

សហគមន៍ដែលសុទ្ធតែជាបូជាចារ្យបង្ហាញលក្ខណៈដ៏សក្ការៈរបស់ខ្លួន តាមរចនាសម្ពន្ធដ៏មាន​របៀប​រៀប​រយ នៅពេលគេទទួលអគ្គសញ្ញា និងរស់នៅតាមព្រហ្មវិហារធម៌។ គ្រីស្តបរិស័ទចូលរួម​ក្នុង​ព្រះ​សហគមន៍ ដោយ​អគ្គ​សញ្ញាជ្រមុជទឹក។ នៅពេលនោះ គេទទួលលក្ខណៈជា​តំណាង​របស់ព្រះគ្រីស្ត អាច​គោរព​បម្រើ​ព្រះជាម្ចាស់​បែប​ជាគ្រីស្តបរិស័ទ។ គេកើតជាថ្មី និង​ទៅ​ជាបុត្រ​ធីតា​របស់ព្រះបិតា គេត្រូវ​តែ​ប្រកាស​នៅ​ចំពោះ​មុខ​មនុស្ស​លោក នូវ​ជំនឿ​ដែលគេ​បានទទួលពីព្រះជាម្ចាស់តាម​រយៈ​ព្រះសហគមន៍។ ដោយអគ្គសញ្ញា លាបថ្ងាស ចំណង​របស់​គេ​ជាមួយ​ព្រះសហគមន៍​កាន់តែប្រសើរឡើង គេក៏ទទួល​កម្លាំងពិសេសពី​ព្រះ​វិញ្ញាណដ៏វិសុទ្ធ និង​ទទួល​ភារកិច្ច​ផ្សព្វផ្សាយ និង​ការពារជំនឿ​កាន់តែ​ខ្លាំង​ឡើងៗដោយ​ពាក្យសម្តី និងដោយប្រតិបត្តិតាមជំនឿនេះដែរ ក្នុង​ឋានៈ​ខ្លួន​ជាសាក្សី​ដ៏ពិតប្រាកដ​របស់ព្រះ​គ្រីស្ត។

ពេលគេចូលរួមក្នុងសក្ការបូជាអរព្រះគុណដែលជាប្រភព និងជាកំពូលនៃការរស់នៅរបស់​គ្រីស្ត​បរិស័ទ គេ​លើកព្រះ​យេស៊ូជាយញ្ញថ្វាយព្រះបិតា ហើយថ្វាយខ្លួនរួមជាមួយព្រះអង្គដែរ។ ហេតុ​នេះ​ហើយ ដោយ​ថ្វាយ​យញ្ញ​ផង និងដោយរួបរួមទទួលព្រះកាយផង គ្រីស្តបរិស័ទទាំងអស់​ចូលរួម​ក្នុងពិធីនោះយ៉ាង​ប្លែកៗ​ពីគ្នា គឺ​មិន​មែន​ចូល​រួម​ដូចគ្នាទេ តែម្នាក់ៗមានរបៀបរបស់ខ្លួនផ្ទាល់តាម​ផ្នែករបស់គេ​ក្នុងពិធី។ ហេតុនេះ គ្រីស្ត​បរិស័ទ​ដែល​ទទួល​ព្រះ​កាយ​របស់​ព្រះគ្រីស្តជាអាហារក្នុងពិធីអរព្រះគុណដ៏វិសុទ្ធនេះបង្ហាញ​យ៉ាង​ជាក់ស្តែង ថា ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់រួប​រួម​គ្នាជា​ធ្លុង​តែមួយ ដូចអគ្គសញ្ញាដ៏ឧត្តុងឧត្តម​បំផុត​នេះ សម្តែង​យ៉ាងពេញលេញ​ឱ្យ​គេ​ឃើញ និង​ធ្វើឱ្យ​កើត​ជា​រូបរាង​យ៉ាង​អស្ចារ្យ​ថែម​ទៀត។

អស់អ្នកដែល​ទទួលអគ្គ​សញ្ញា​លើកលែងទោស ក៏ទទួលការលើកលែងទោស​ពី​ព្រះជាម្ចាស់​ប្រកប​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា ចំពោះអំពើដែលគេបានប្រព្រឹត្តខុសនឹងព្រះហឫទ័យព្រះអង្គ។ នៅ​ពេល​ជាមួយ​គ្នា​នោះ គេ​ក៏ស្រុះ​ស្រួលជាមួយព្រះសហគមន៍ ដែលត្រូវរបួសដោយអំពើបាប​របស់គេដែរ។ ព្រះសហគមន៍​ជួយ​ឱ្យ​គេ​ប្រែ​ចិត្ត​គំនិត ដោយស្រឡាញ់គេ ដោយធ្វើជាគំរូល្អដាក់គេ និងដោយ​អង្វរព្រះបិតាឱ្យ​គេ​ទៀតផង។

ដោយអស់លោកគង្វាលធ្វើអគ្គសញ្ញាលាបប្រេងជូនអ្នកជំងឺ និងអង្វរ​ព្រះ​ជាម្ចាស់ ព្រះ​សហគមន៍​ទាំងមូល​ផ្ញើ​អ្នក​ជំងឺទៅលើព្រះអម្ចាស់យេស៊ូដែលបានរងទុក្ខលំបាក និងដែលមាន​ព្រះជន្មថ្មី​ដ៏​រុងរឿង សូម​ព្រះអង្គ​សម្រាល​ទុក្ខ​គេ និង​សង្គ្រោះ​គេ​ផង (យក ៥,១៤-១៦)។ លើស​ពី​នេះ​ទៅ​ទៀត ព្រះសហគមន៍​ដាស់​តឿន​អ្នក​ជំងឺ​ទាំង​នោះឱ្យ​មាន​សេរីភាព​ស្ម័គ្រ​ចិត្តរួមជាមួយ​ព្រះគ្រីស្តដែលរង​ទុក្ខ​លំបាក និង​សោយទិវង្គត (រម ៨,១៧; កូឡ ១,២៤; ២ធម ២,១១-១២; ១សល ៤,១៣) ដើម្បីឱ្យអ្នកជំងឺ​ទាំងនោះ​ជួយ​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់​តាម​ចំណែក​របស់​ខ្លួន។

ក្នុងចំណោមគ្រីស្តបរិស័ទ អ្នកដែលមានកិត្តិយសទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះ​សហគមន៍ គឺគេ​ទទួល​ការ​តែងតាំងក្នុងនាមព្រះគ្រីស្ត ដើម្បីទៅជាគង្វាលរបស់ព្រះសហគមន៍ ដោយចែក​ព្រះបន្ទូល និងដោយ​ព្រះ​ជា​ម្ចាស់ប្រណីសន្តោសផង។

ដោយ​អានុភាព​នៃ​អគ្គ​សញ្ញា​អាពាហ៍ពិពាហ៍ គូ​ស្វាមី​ភរិយា​ជា​គ្រីស្ត​បរិស័ទទទួល​ភារកិច្ច​សម្តែង​អំពី​គម្រោង​ការ​ដ៏​អស្ចារ្យ​​របស់​ព្រះ​គ្រីស្ដ និងព្រះសហគមន៍ដែលរួមគ្នាជាអង្គតែមួយ និងអំពីសេចក្តី​ស្រឡាញ់​ដែល​បង្កើត​ផល (អភ ៥,៣២) ពួកគេក៏រួមចំណែកក្នុងគម្រោងការដ៏អស្ចារ្យនេះដែរ។ គូស្វាមី​ភរិយា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យទៅជាជនដ៏វិសុទ្ធ ដោយរស់នៅក្នុងឋានៈជាគូស្វាមីភរិយា គឺដោយបង្កើតកូន​ និង​អប់រំ​កូន។ គ្រីស្ត​បរិស័ទ​ជា​គូស្វាមីភរិយាទទួលព្រះអំណោយទាន​ផ្ទាល់​ក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់ (១ករ ៧,៧) តាមរបៀរស់​នៅ​របស់​ខ្លួន និងតាមឋានៈរបស់គេ។ ដោយ​គូស្វាមីភរិយារួមរស់ជាមួយគ្នា​ គេ​បង្កើត​ក្រុម​គ្រួសារ​ឡើង ហើយ​ក្នុង​ក្រុម​គ្រួសារ​នោះ ក៏កើតប្រជាពលរដ្ឋថ្មី​ក្នុង​ចំណោម​មនុស្សលោកដែរ។ ព្រះវិញ្ញាណដ៏វិសុទ្ធនឹងប្រណីសន្តោស​ឱ្យប្រជាពលរដ្ឋ​ថ្មី​ទាំងនោះ ទៅជាបុត្រធីតារបស់​ព្រះជាម្ចាស់​ដោយ​អគ្គសញ្ញា​ជ្រមុជទឹក ដើម្បីឱ្យប្រជារាស្រ្តរបស់​ព្រះ​ជាម្ចាស់​អាច​ស្ថិត​នៅ​ត​ទៅ​អនាគត។ ឪពុកម្តាយជាអ្នក​ប្រកាស​ជំនឿមុន​គេ​ដល់​កូន​របស់​ខ្លួនដោយ​ពាក្យ​សម្តី និង​ដោយ​ធ្វើជា​គំរូដល់កូនក្នុងក្រុមគ្រួសារ ​ដែល​ប្រៀប​ដូចជា​ព្រះ​សហគមន៍​ដ៏​តូច​ម៉្យាង។ ឪពុក​ម្តាយ​ជួយ​កូន​ម្នាក់ៗឱ្យ​តបឆ្លើយ​នឹង​ព្រះជាម្ចាស់​ ដែល​ត្រាស់​​ហៅ​គេ​ឱ្យ​បំពេញ​មុខងារ​របស់​ខ្លួន ជា​ពិសេស​ ឱ្យ​ទៅ​ជា​បូជាចារ្យ។

អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ទោះជាមានឋានៈណាក្តី ជាគ្រីស្តបរិស័ទធម្មតាក្តី ជាបូជាចារ្យ ឬ​ជា​បព្វជិត​បព្វជិតា​ក្តី ក៏មានម​ធ្យោបាយយ៉ាង​លើសលប់ និងដ៏ប្រសើរបំផុត​ដែលនាំការសង្គ្រោះដល់គេ។ ព្រះជាម្ចាស់​ត្រាស់​ហៅ​គេ​ម្នាក់ៗតាមមាគ៌ារបស់ខ្លួនឱ្យបាន​វិសុទ្ធយ៉ាង​ពេញលក្ខណៈ ដូចព្រះបិតាពេញល​ក្ខណៈដូច្នោះដែរ។

១២- ប្រជាជនគ្រីស្តបរិស័ទយល់ស្របគ្នាអំពីជំនឿ

ប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ រួមចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាព្យាការី គឺប្រជារាស្រ្តនេះផ្សព្វ​ផ្សាយ​សក្ខីភាពដ៏រស់រវើករបស់ខ្លួន ជាពិសេសដោយរស់នៅតាមជំនឿ និងតាមសេចក្ដី​ស្រឡាញ់។ គេ​ថ្វាយ​សក្ការ​បូជាលើកតម្កើងព្រះជាម្ចាស់ និងកោតសរសើរព្រះនាមព្រះអង្គ (ហប ១៣,១៥)។ ដោយ​ព្រះដ៏វិសុទ្ធ​បាន​ចាក់​ប្រេង​អភិសេកសហគមន៍របស់គ្រីស្តបរិស័ទទាំងមូល (១យហ ២,២០. ២៧) សហគមន៍​នោះមិន​អាច​វង្វេង​ជំនឿបាន​ឡើយ។ សហគមន៍របស់គ្រីស្តបរិស័ទ បង្ហាញបញ្ជាក់អំពីព្រះ​អំណោយទាន​ដ៏​ពិសេស​នេះ ជា​ព្រះ​អំណោយ​ទាន​របស់​ប្រជារាស្ត្រទាំងមូល ដោយ​យល់ស្របគ្រប់គ្នា​អំពីជំនឿ។ ការយល់ស្របបែបនេះ មិន​មក​ពី​មនុស្ស​លោក​នេះ តែមកពីព្រះជាម្ចាស់ប្រទានឱ្យគឺ «តាំង​ពី​អស់​លោកអភិបាលរហូតដល់គ្រីស្តបរិស័ទធម្មតា​តូច​ជាង​គេ​បំផុត» គេយល់ស្របគ្រប់គ្នាត្រង់ជំនឿនិង​ត្រង់​សីលធម៌។ ព្រះវិញ្ញាណនៃសេចក្តីពិត​ដាស់​តឿន​ជំនឿ​គ្រីស្ត​បរិស័ទ និងគាំទ្រ​ឱ្យគេយល់​ស្រប​គ្រប់គ្នា ក្រោមការ​ណែនាំរបស់ព្រះ​សហគមន៍។ អ្នក​សុខ​ចិត្ត​ស្តាប់​តាម​ការ​ណែនាំ​របស់ព្រះ​សហគមន៍នោះ​ដោយ​ចិត្ត​ស្មោះ ក៏ពុំចាត់​សេចក្តី​ដែលគេទទួល​ទុកជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទៀត​ឡើយ តែគេចាត់​ទុក​ថា ជាព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ពិតមែន (១ថស ២,១៣)។ ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ ក៏ភ្ជាប់ចិត្តនឹងលទ្ធិនៃ​ជំនឿជាចំណងដាច់មិនបាន គឺភ្ជាប់​ចិត្តនឹងជំនឿ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​ប្រជា ជន​ដ៏វិសុទ្ធ​ម្តង​ជា​ស្រេច (យដ ៣) គេក៏យល់អំពីអត្ថន័យជំនឿ​នេះកាន់តែជ្រៅ និង​បក​ស្រាយ​យ៉ាង​ត្រឹម​ត្រូវ ហើយប្រព្រឹត្តកាន់​តែប្រសើរ​ទៀតផង។

ព្រះវិញ្ញាណដ៏វិសុទ្ធដដែលនេះ មិនគ្រាន់តែប្រោសឱ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់បានវិសុទ្ធដោយ​អគ្គ​សញ្ញា និងដោយ​មុខងារ​បម្រើផ្សេងៗប៉ុណ្ណោះទេ ហើយព្រះអង្គក៏មិនគ្រាន់តែណែនាំប្រជារាស្រ្តដោយតុប​តែង​ឱ្យ​មាន​ព្រហ្មវិហារ​ធម៌ប៉ុណ្ណោះដែរ តែព្រះអង្គក៏ប្រណីសន្តោសយ៉ាងពិសេស គឺប្រទានព្រះអំណោយ​ទានឱ្យ​គ្រីស្ត​បរិស័ទ​គ្រប់ឋានៈថែមទៀតផងគឺ «ព្រះអង្គចែកប្រទានឱ្យគ្រីស្តបរិស័ទម្នាក់ៗគ្រប់ជាន់ថ្នាក់ មានព្រះអំណោយ​ទាន​ផ្សេងៗពីគ្នាតាមព្រះហឫទ័យរបស់ព្រះអង្គ» (១ករ ១២,១១)។ ព្រះអំណោយទានពិសេសទាំងនោះផ្តល់​សមត្ថភាព​ឱ្យ​ម្នាក់ៗអាចបំពេញមុខងារ និងទទួលបន្ទុកដែលមានប្រយោជន៍សម្រាប់​ឱ្យព្រះសហគមន៍​ប្រែជា​ថ្មី​ជានិច្ច និងចម្រើនឡើងទៀត​ផង​ ស្របតាមសេចក្តី​ដែល​មាន​ចែង​ថា «ព្រះ​ជាម្ចាស់​ប្រទាន​ឱ្យ​មនុស្ស​ម្នាក់ៗ​សម្ដែង​ព្រះវិញ្ញាណ ដើម្បី​ជា​ប្រយោជន៍​រួមជានិច្ច‌‌» (១ករ ១២,៧)។ ទោះបីជា​ព្រះ​អំណោយ​ទានដ៏ភ្លឺថ្លាក្ដី ទោះបីជា​ព្រះ​អំណោយ​ទាន​ទាបជាងគេក្ដី ទោះបី​ជាព្រះ​អំណោយ​ទាន​ចែកចាយយ៉ាងទូលំទូលាយកី្ត ក៏គ្រីស្តបរិស័ទ​ត្រូវ​តែ​អរ​ព្រះ​គុណចំពោះព្រះ​អំណោយ​ទានទាំង​នោះ​ដែរ។ ព្រះ​អំណោយ​ទានទាំងនោះជួយសម្រាលទុក្ខគ្រីស្តបរិស័ទ និង​ត្រូវ​តាម​សេចក្តីត្រូវ​ការ​របស់​ព្រះ​សហគមន៍ ព្រមទាំង​មានគោលដៅតបឆ្លើយនឹងតម្រូវការទាំងនោះ។ ប៉ុន្តែ​ គ្រីស្ត​បរិស័ទ​មិនត្រូវគិតតែពីចង់បានព្រះអំណោយទានដ៏អស្ចារ្យ ដោយប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះនោះទេ ហើយក៏​មិន​ត្រូវ​អួត​ខ្លួន​ដោយ​សង្ឃឹម​ថា កិច្ចការជាគ្រីស្ត​ទូតនឹងបានផល​ល្អ មកពីព្រះអំណោយទានដ៏អស្ចារ្យទាំងនោះដែរ។ អស់​លោក​ដែល​ទទួល​បន្ទុក​ណែនាំ​ព្រះសហគម​ន៍ ត្រូវរិះ​គិត​ពិចារណា​អំពី​ព្រះ​អំណោយ​ទានទាំងនោះ ដើម្បី​ឱ្យដឹង​ថា តើ​ជាព្រះអំណោយ​ទានពិតប្រាកដឬក៏អត់។ អស់លោកក៏ត្រូវរិះ​គិត​ពិចារណាអំពី​របៀប​ប្រើ​អំណោយទាន​នោះ​យ៉ាង​ត្រឹមត្រូវ​ទៀត​ផង។ ជាពិសេស អស់លោកមានភារកិច្ចពិចារណា​មើល​គ្រប់​ការ​ទាំង​អស់ ហើយ​ស្រង់​យក​ការ​ណា​ដែល​ល្អ អស់លោកមិនត្រូវរារាំង​សកម្មភាព​របស់ព្រះវិញ្ញាណ​ឡើយ (១ថស ៥,១២.១៩-២១)។

១៣- ប្រជារាស្រ្តតែមួយរបស់ព្រះជាម្ចាស់ពិតជាមានលក្ខណៈសកល ឬ “កាតូលិក”

ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យចូលរួមក្នុងប្រជារាស្រ្តថ្មីរបស់ព្រះអង្គ។ ទោះបីប្រជារាស្រ្តនេះរួម​គ្នា​ជា​ធ្លុងតែ​មួយ​ និងមានតែមួយគត់កី្ត ក៏ប្រជារាស្រ្តនេះមានគោលដៅលាតសន្ធឹង​ក្នុង​ពិភព​លោក​ទាំងមូល និង​នៅ​គ្រប់សម័យរហូតតរៀងទៅ។ ដូច្នេះ ព្រះហឫទ័យរបស់ព្រះជាម្ចាស់​ដែល​ប្រតិស្ឋាន​មនុស្ស​ជាតិ​កាល​ពី​ដើម​ដំបូង​មក នឹងកើត​ជារូបរាង គឺប្រមែប្រមូលបុត្រធីតារបស់ព្រះអង្គដែល​បែក​​ខ្ញែក​គ្នា មក​រួប​រួម​គ្នាជា​ប្រជា​ជន​តែ​មួយ (យហ ១១,​៥២)។ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកបំពេញ​ព្រះ​បំណងនេះ និងប្រគល់អ្វីៗ​ទាំង​អស់​ឱ្យ​ព្រះបុត្រា​គ្រប់គ្រង​ទុក​ជាមរតក (ហប ១,២)។ ព្រះអង្គក៏តែង​តាំង​​ព្រះបុត្រាឱ្យធ្វើជាព្រះអម្ចាស់ ជាព្រះ​មហាក្សត្រ ជាមហាបូជាចារ្យ​របស់​មនុស្ស​ទាំង​អស់ និងជាមេដឹក​នាំប្រជារាស្រ្តថ្មីនៃបុត្រធីតារបស់ព្រះជាម្ចាស់ ដែលលាតសន្ធឹងរហូតដល់ទីដាច់​ស្រយាលនៃពិភព​ទាំង​មូល។ នៅពេលចុងក្រោយបំផុត ព្រះជាម្ចាស់​ចាត់​ព្រះ​វិញ្ញាណ​នៃ​ព្រះបុត្រា​ព្រះអង្គ​ឱ្យយាង​មក គឺព្រះវិញ្ញណដែលជាព្រះអម្ចាស់ និងជាប្រភពនៃជីវិត។ ព្រះអង្គ​ប្រមូល​ព្រះ​សហគមន៍ទាំង​មូល គឺ​អ្នក​ជឿទាំង​អស់ និងអ្នក​ជឿម្នាក់ៗឱ្យរួបរួម​គ្នា​ក្នុង​លទ្ធិ​របស់​ក្រុម​គ្រីស្តទូត និង​រួបរួម​គ្នា​ជា​បងប្អូនឱ្យ​កាច់​នំប៉័ង និងអធិដ្ឋាន​ផង (កក ២,៤២)។

ដូច្នេះ ដោយមាន​ប្រជាពលរដ្ឋនៃប្រជាជាតិទាំងអស់​ចូលមក ប្រជារាស្រ្តតែមួយគត់របស់​ព្រះ​ជាម្ចាស់ ស្ថិត​នៅ​ក្នុងចំណោម​ប្រជាជាតិ​នានា​នៅ​លើ​ផែន​ដី។ គេជាប្រជារាស្រ្តនៃ​ព្រះរាជាណាចក្រ​មួយដែល​គ្មាន​លក្ខណៈ​ខាង​លោកីយ៍​ទេ តែមានលក្ខណៈជាលោកខាងមុខវិញ។ អស់អ្នកផ្ញើជីវិតលើព្រះ​គ្រីស្តដែល​ខ្ចាត់​ខ្ចាយ​ក្នុង​ពិភព​លោក​ទាំងមូល រួបរួមជាមួយគ្នាក្នុងអង្គ​ព្រះវិញ្ញាណដ៏វិសុទ្ធ បានជា “លោក​ដែល​នៅ​ក្រុងរ៉ូម​ជ្រាប​ថា អស់អ្នក​ដែល​នៅ​ប្រទេស​ឥណ្ឌាពិតជាសរីរាង្គកាយ​របស់ខ្លួន”។ ប៉ុន្តែ ដោយព្រះ​រាជា​ណា​ចក្រ​របស់​ព្រះ​គ្រីស្ត​មិនមែន​នៅ​ក្នុង​លោក​នេះ​ទេ (យហ ១៨,៣៦) ព្រះសហគមន៍ គឺប្រជារាស្រ្ត​របស់​ព្រះ​ជាម្ចាស់ ដែល​ធ្វើឱ្យ​ព្រះរាជា​ណា​ចក្រ​នេះ​មាន​រូប​រាង​មិន​ដកហូតធនធានខាង​លោកីយ៍ពីប្រជាជាតិ​ណា​មួយ​ឡើយ ផ្ទុយ​ទៅវិញ ព្រះសហគមន៍​បម្រើ​ និង​លើក​ស្ទួយ​តម្លៃ​ដ៏ថ្លៃថ្នូរគ្រប់យ៉ាង​នៃអារ្យធម៌​របស់​គេ បម្រើ និង​លើកស្ទួយធនធានមនុស្ស បម្រើ និង​លើក​ស្ទួយ​របៀប​រស់នៅដ៏ល្អ​របស់​ប្រជាជាតិ​ទាំងនោះ​ទៀត​ផង។ ដោយ​ព្រះសហគមន៍​យក​សេចក្តី​ទាំងនោះ ព្រះសហគមន៍​ជម្រះ និង​ពង្រឹង ហើយលើកសេចក្តីទាំងនោះឡើងទៀត ផង។ ព្រះសហគមន៍នឹកចងចាំថា ខ្លួនមាន​ភារកិច្ច​ប្រមែ​ប្រមូលប្រជាជាតិ​នានា​ឱ្យ​ភ្ជាប់​នឹងព្រះមហាក្សត្រ​ ដែលទទួល​ប្រជាជាតិ​ទាំង​អស់ទុកជាមរតក (ទន ២,៨) ប្រជា​ជាតិ​ទាំង​នោះក៏​យក​តង្វាយ និងអំណោយមកថ្វាយនៅក្នុង​ទីក្រុង​របស់ព្រះមហាក្សត្រ​នោះ​ផង (ទំន ៧២,១០; អស ៦០,៤-៧; វវ ២១,២៤)។ ព្រះអម្ចាស់​ផ្ទាល់​ប្រោស​ប្រទាន​ឱ្យ​ប្រជារាស្រ្ត​របស់​ព្រះអង្គ​មាន​លក្ខណៈ​សកល​នេះ។ ដោយ​មាន​លក្ខណៈសកលនេះ ព្រះសហគមន៍កាតូលិកយកចិត្តទុក​ដាក់ជានិច្ច និងយ៉ាងស័ក្តិសិទ្ធិ ប្រមែ​ប្រមូល​មនុស្ស​ជាតិ​ទាំងមូល និងធនធានទាំងអស់ដែលនៅក្នុងមនុស្សជាតិនោះឱ្យមកស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ​គ្រីស្ត​ ជាព្រះ​សិរសារួបរួមក្នុងព្រះវិញ្ញាណព្រះអង្គ។

ដោយអានុភាពនៃលក្ខណៈសកលនេះ ផ្នែកនីមួយៗនាំយកផលនៃព្រះអំណោយទាន​របស់ខ្លួន ​មកចែក​ឱ្យ​ផ្នែក​ឯទៀតៗ និងឱ្យព្រះសហគមន៍ទាំងមូលដែរ។ ហេតុនេះហើយបានជាមនុស្ស​លោក​ទាំងមូល និង​ផ្នែក​នីមួយៗ​ចម្រើនឡើង ដោយចែកផលទៅវិញទៅមក និងដោយ​ខិតខំរួបរួម​គ្នា​ជាធ្លុងតែ​មួយ​យ៉ាង​ពេញលក្ខណៈ។ ដូចេ្នះ​ហើយ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់​កើតមកមិន​គ្រាន់តែដោយ​មាន​ប្រជាជាតិ​ផ្សេងៗ​រួប​រួម​គ្នាប៉ុណ្ណោះទេ តែ​កើត​មកដោយមានមុខងារផ្សេងៗតែងតាំងប្រជារាស្រ្តនៅផ្ទៃក្នុងទៀតផង។ សមាជិកប្រជារាស្រ្ត​នេះ​ប្លែក​ពី​គ្នា​តាម​បន្ទុក គឺ​អ្នកខ្លះ​បំពេញមុខងារដ៏សក្ការៈបម្រើបងប្អូនក្នុង​ឋានៈ​​ជាអភិបាល ជាបូជាចារ្យ និងជាឧបដ្ឋាក។ គេ​ក៏​ប្លែក​ពី​គ្នាតាមឋានៈ និងតាមរបៀបរស់នៅ​របស់គេ​ថែម​ទៀត គឺ​មានគ្នាច្រើនជាបព្វជិត​បព្វ​ជិតា​ ដែលស្វែងរក​ឱ្យ​បាន​វិសុទ្ធ​តាមផ្លូវចង្អៀតជាង ធ្វើជាគំរូដាស់​តឿន​បងប្អូន​ឯទៀតៗ។ ហេតុនេះហើយ បានជា​ក្នុងព្រះ​សហគមន៍​សកល មានព្រះ​សហគមន៍​ដោយ​ឡែក ត្រឹមត្រូវតាមច្បាប់ ដែលកាន់តាម​ប្រពៃណីរបស់ខ្លួនផ្ទាល់ រួបរួមគ្នាក្នុង​ព្រះ​សហគមន៍​តែ​មួយ ទាំង​គោរព​អាសនៈរបស់​គ្រីស្ត​ទូត​សិលាដែលជា​ «ប្រធានអង្គប្រជុំរបស់អស់អ្នកដែល​មាន​ចិត្ត​ស្រឡាញ់»។ អភិបាល​ព្រះ​សហគមន៍ក្រុងរ៉ូម​ធានា​រ៉ាប់រងសេចក្តីប្លែកៗពីគ្នាដែលគួរឱ្យមាន ហើយ​នៅ​ពេល​ជាមួយ​គ្នា​នេះ លោក​ប្រយ័ត្ន​ប្រយែងកុំឱ្យសេចក្តីប្លែកៗ​ពី​គ្នា ដោយ​ឡែក​ទាំង​នោះបណ្តាល​ឱ្យ​ព្រះសហគមន៍​ពិបាក​រួបរួមគ្នា ផ្ទុយទៅវិញ លោកខិតខំឱ្យសេចក្តីបែ្លកៗពីគ្នាដោយឡែកទាំងនោះបម្រើការរួបរួម​គ្នា​វិញ។ លើស​ពី​នេះ​ទៅទៀត មានចំណង​មេត្រី​យ៉ាងស្និទ្ធស្នាលធ្វើឱ្យ​ផ្នែក​នីមួយៗនៃព្រះ​សហគមន៍​រួប​រួម​ទាក់​ទង​គ្នា ដោយចែក​រំលែក​ធនធានខាង​ព្រះវិញ្ញាណ គឺចែកអ្នកបំពេញ​មុខងារ​ជា​គ្រីស្ត​ទូត និង​ចែក​ធនធាន​សម្ភារៈ​ផងដែរ។ ព្រះ​ជាម្ចាស់​ត្រាស់ហៅ​សមាជិក​នៃប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យចែក​រំលែក​ធន​ធាន​របស់​ខ្លួន​​យ៉ាងណា ព្រះសហគមន៍​នីមួយៗ​ក៏ត្រូវប្រព្រឹត្ត​យ៉ាងនោះដែរ តាមពាក្យទូន្មានរបស់គ្រីស្តទូត​ថា “សូមបងប្អូនម្នាក់ៗបាន​ទទួល​ព្រះ​អំណោយ​ទាន​ផ្សេងៗពីគ្នា ដូច្នេះ ចូរយកព្រះ​អំណោយទានទាំងនោះទៅបម្រើអ្នកឯទៀតៗឱ្យសមនឹង​តួនាទី​របស់​បងប្អូន​ជាអ្នក​ចាត់​ចែង​ដ៏ល្អ​ ដែល​ចែក​ព្រះ​អំណោយទានគ្រប់​បែប​យ៉ាង​របស់ព្រះជាម្ចាស់” (១សល ៤,១០)។

ដូច្នេះ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យចូល​រួមក្នុង​ប្រជារាស្រ្ត​សាកលរបស់​ព្រះអង្គ។ ព្រះ​សហគមន៍​កាតូលិកនេះ គឺជាប្រផ្នូលអំពីសន្តិភាពសកល និងជួយបង្កើតសន្តិភាពសកលនេះ​ថែម​ទៀត​ផង។ ព្រះ​ជាម្ចាស់​ប្រណីសន្តោសហៅមនុស្សទាំងអស់ឱ្យទទួលការសង្គ្រោះ ទាំង​គ្រីស្តបរិស័ទកាតូលិក ទាំងអស់​អ្នក​ឯទៀតៗដែល​ផ្ញើ​ជីវិតលើព្រះគ្រីស្ត។ សរុបសេចក្តីមក ឥតមានចោលនរណាសោះ គឺព្រះអង្គត្រាស់ហៅ​មនុស្ស​ទាំង​អស់​ឱ្យភ្ជាប់នឹង​ព្រះសហគមន៍​សកលតាមបែបផ្សេងៗ ហើយតម្រង់ទៅកាន់ព្រះសហ គមន៍សាកលនោះ។

១៤- គ្រីស្តបរិស័ទកាតូលិក

មហាសន្និបាតដ៏វិសុទ្ធបែរទៅរកគ្រីស្តបរិស័ទកាតូលិកមុនគេ។ មហាសន្និបាតនេះសំអាងលើ​ព្រះគម្ពីរ និង​លើការបញ្ជូនបន្តមកបង្រៀនថា ព្រះសហគមន៍ដែលកំពុងធ្វើដំណើរនៅ​លើ​ផែន​ដីនេះ មាន​សារៈសំខាន់​ជា​ចាំ​បាច់ ដើម្បីឱ្យមនុស្ស​លោកទទួលការសង្រោ្គះ។ មានតែព្រះគ្រីស្តមួយព្រះអង្គគត់ជាស្ពានមេត្រី និង​ជាមាគ៌ា​ទៅ​កាន់​ការ​សង្រោ្គះ។ ព្រះអង្គមានវត្តមានគង់នៅជាមួយយើងក្នុងព្រះ​កាយ​ព្រះ​អង្គ គឺក្នុងព្រះសហគមន៍។ ព្រះអង្គ​ផ្ទាល់​បង្រៀន​យ៉ាងជាក់ច្បាស់ថា មនុស្សត្រូវតែផ្ញើជីវិតលើព្រះអង្គ និង​ទទួល​អគ្គសញ្ញា​ជ្រមុជទឹកជាចំាបាច់ (មក ១៦,១៦; យហ ៣,៥)។ នៅពេលជាមួយគ្នានោះព្រះអង្គ​ក៏​បញ្ជាក់​ថា ត្រូវតែមានព្រះសហគមន៍ជាចំាបាច់ដែរ។ មនុស្ស​ចូលក្នុង​ព្រះសហគមន៍ដោយអគ្គសញ្ញាជ្រមុជ​ទឹក​ដែល​ជាទ្វារ។ ហេតុនេះហើយបានជា អស់អ្នក​ដែល​ដឹង​ថា ព្រះជា ម្ចាស់​បានតែងតាំងព្រះសហគមន៍​កាតូលិក ដោយសារព្រះយេស៊ូគ្រីស្តទុកជា​មធ្យោបាយ​ដ៏​ចំា​បាច់ ដើម្បី​ទទួល​ការ​សង្គ្រោះ ប៉ុន្តែ បដិសេធមិនព្រមចូល​ព្រះសហគមន៍​កាតូលិក ឬបដិសេធមិនព្រមព្យា​យាមស្ថិត​នៅ​ជាប់​នឹង​ព្រះ​សហគមន៍​នោះពុំអាច​ទទួល​ការសង្រោ្គះបាន​ឡើយ។

អស់អ្នកដែលទទួលព្រះវិញ្ញាណរបស់ព្រះគ្រីស្ត ហើយសុខចិត្តទទួលស្គាល់ការចាត់ចែងទាំង​ស្រុង​របស់​​ព្រះ​សហគមន៍ និងសុខចិត្តទទួល​ស្គាល់​មធ្យោបាយទាំងប៉ុន្មានដែលផ្តល់ការសង្រោ្គះ ដូចមានចាត់​ចែង​ក្នុង​ព្រះ​សហគមន៍​នោះ ពិតជាចូលរួម​យ៉ាងពេញលេញក្នុងសង្គមនៃព្រះសហគមន៍មែន។ លើសពីនេះ​ទៅ​ទៀ​ត ដោយ​ប្រកាស​ជំនឿ ដោយទទួលអគ្គសញ្ញានានា ដោយការត្រួត​ត្រារបស់​អស់​លោក​អភិបាល និង​ដោយ​ការរួបរួមគ្នា គេ​ជាប់ចំណង​រួបរួមជាមួយព្រះគ្រីស្តក្នុង​ព្រះសហគមន៍​ជាអង្គប្រជុំដែល​មើល​ឃើញ។ គេរួបរួមជាមួយព្រះគ្រីស្តដែល​ណែនាំ​ព្រះសហគមន៍ ដោយសារ​អភិបាល​ព្រះសហគមន៍​ក្រុងរ៉ូម និង​ដោយអភិបាលនានា។ ក៏ប៉ុន្តែ ការ​ចូល​រួមក្នុង​ព្រះ​សហគមន៍មិនធានា​ថា នឹង​ទទួល​ការ​សង្រោ្គះ​បានទេ។ ប្រសិនបើគេមិនព្យាយាមក្នុងសេចក្តី​ស្រឡាញ់ គេនៅជា​សមា ជិក​នៃព្រះ​សហគមន៍ខាង​រូបកាយ តែមិន​មែន​ខាងផ្លូវចិត្តទេ។ អស់បុត្រ​ធីតា​នៃ​ព្រះ​សហគមន៍​ត្រូវនឹក​ចងចាំថា លក្ខណៈដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម​របស់ខ្លួនមកពីព្រះគ្រីស្តប្រោសប្រណីគេយ៉ាងពិសេស មិន​មែន​មក​ពីបុណ្យកុសលរបស់ខ្លួនគេ​ឡើយ។ ប្រសិនបើចិត្តគំនិតគេ ពាក្យសម្តីរបស់គេ និងការប្រព្រឹត្តរបស់គេមិន​ស្របតាមលក្ខណៈដ៏ខ្ពង់​ខ្ពស់​ឧត្តុង្គឧត្តម​ទេនោះ​ គេមុខជាត្រូវ​ទទួល​ទោសជាទម្ងន់ មិនទទួល​ការ​សង្រោ្គះទេ។

ចំពោះបងប្អូនដែលកំពុងស្តាប់ព្រះបន្ទូលលាន់ឮឡើង ហើយដែលបានសម្រេចចិត្តយ៉ាងច្បាស់ សូមចូល​រួម​ក្នុង​ព្រះ​សហគមន៍ ដោយ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ឧបត្ថម្ភ​ផង ដោយ​គេ​បាន​ធ្វើ​សំណូមពរ​នេះ គេ​ចូល​រួម​ក្នុង​ព្រះ​សហគមន៍​រួចហើយ។ ព្រះ​សហគមន៍​ជា​មាតាយក​ចិត្ត​ទុក​ដាក់​នឹង​គេ​ជា​បុត្រ​ធីតា ថ្នាក់​ថ្នម​ថែទាំ​គេ​ដោយ​ចិត្ត​ស្រឡាញ់។

១៥- ចំណងរបស់ព្រះសហគមន៍ជាមួយគ្រីស្តបរិស័ទដែលមិនមែនជាកាតូលិក

ចំពោះបងប្អូនដែលមានឈ្មោះដ៏ប្រសើរថា ជាគ្រីស្តបរិស័ទ តែមិនប្រកាន់ជំនឿគ្រប់ប្រការ ហើយ​មិន​រួប​រួម​ក្រោមការដឹកនាំអភិបាលព្រះសហគមន៍​ក្រុងរ៉ូម ដែលបន្តមុខងារពីគ្រីស្តទូតសិលាមក ព្រះសហគមន៍ដឹងថា ខ្លួន​មានចំណងជាច្រើនភ្ជាប់ជាមួយបងប្អូនទាំងនោះ គឺមានបងប្អូនជាច្រើន​គោរព​ព្រះ​គម្ពីរ​ទុក​ជាគ្រឹះណែនាំ​ជំនឿ​របស់​គេ និងទុកជាវិន័យឱ្យគេរស់​នៅ​តាម គេ​មាន​ចិត្តខ្នះខ្នែង​យ៉ាង​ស្មោះ​ចំពោះ​គ្រីស្តសាសនា គេផ្ញើជីវិតដោយ​អស់​ពីក្នុងចិត្តទៅលើព្រះជាម្ចាស់ ជាព្រះបិតា​ដ៏​មាន​ឫទ្ធានុភាពសព្វ​ប្រការ គេក៏ផ្ញើជីវិត​ទៅ​លើ​ព្រះ​គ្រីស្តជា​ព្រះ​បុត្រា​របស់​ព្រះជាម្ចាស់​ និងជា​ព្រះសង្គ្រោះដែរ។ ព្រះជាម្ចាស់បានដៅ​បង​ប្អូន​ទាំងនោះដោយ​អគ្គសញ្ញាជ្រមុជទឹក ដែល​ធ្វើ​ឱ្យគេរួបរួម​ជាមួយ​ព្រះ​គ្រីស្ត។ មានបងប្អូន​ខ្លះក៏​ទទួល​ស្គាល់​អគ្គសញ្ញាឯទៀត ហើយទទួល​អគ្គ​សញ្ញា​ទាំង​នោះ​ក្នុងព្រះសហ គមន៍ ឬក្រុមជំនុំរបស់គេរៀងៗខ្លួនផង។ ក្រុម​គ្រីស្ត​បរិស័ទខ្លះក៏មានក្រុម​អភិបាលណែនាំ ហើយក៏ធ្លាប់​ធ្វើ​ពិធីអរព្រះគុណ​ដ៏វិសុទ្ធ និងគោរពប្រណិប័តន៍នាងម៉ារី​ជាព្រះ​មាតា​ព្រះ​អម្ចាស់​ដែរ។ គេរួបរួម​ជាមួយ​យើងដោយ​អធិដ្ឋាន និងដោយបានទទួលព្រះ​អំណោយទានខាងព្រះ​វិញ្ញាណថែមទៀត។ លើស​ពីនេះ​ទៅ​ទៀត គេរួបរួមគ្នា​យ៉ាង​ពិត​ប្រាកដក្នុងព្រះវិញ្ញាណ ព្រោះ​ព្រះអង្គ​ប្រោសឱ្យគេបាន​វិសុទ្ធ​ដោយ​អានុភាព​នៃ​ព្រះ​ហឫទ័យប្រណី​សន្តោស​របស់​ព្រះអង្គ ព្រមទាំងប្រទាន​ព្រះ​អំណោយទានផ្សេងៗឱ្យគេដែរ។ ព្រះអង្គប្រោស​ឱ្យ​បងប្អូន​ខ្លះមាន​ចិត្តក្លាហាន រហូត​ដល់​ហ៊ាន​បូជាជីវិតព្រោះតែព្រះអង្គ។ ដូច្នេះ ព្រះវិញ្ញាណ​ជំរុញ​ឱ្យ​សាវ័ក​ទាំងអស់​របស់​ព្រះគ្រីស្តមានបំណង​ ហើយខិតខំធ្វើឱ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាដោយសេចក្តីសុខសាន្ត តាម​របៀប​ដែល​ព្រះគ្រីស្ត​សព្វព្រះហឫទ័យ គឺឱ្យរួបរួមក្នុងហ្វូងតែមួយ ក្រោមការណែនាំរបស់គង្វាលតែមួយព្រះអង្គ។ ព្រះ​សហគមន៍​ជា​មាតានៅតែអង្វរ​ព្រះបិតា នៅតែសង្ឃឹម និងនៅតែបំពេញសកម្មភាពជានិច្ច ដើម្បី​ឱ្យ​គោល​បំណង​នេះ​បាន​សម្រេច។ ព្រះសហគមន៍​ក៏នៅតែដាស់តឿនបុត្រធីតាជម្រះខ្លួនឱ្យបានបរិសុទ្ធ និងឱ្យប្រែជាថ្មី ដើម្បី​ឱ្យ​សញ្ញា​សម្គាល់​របស់ព្រះគ្រីស្ត ចាំង​នៅ​លើ​មុខ​ព្រះសហគមន៍ឱ្យកាន់តែភ្លឺស្វាងឡើងៗ។

១៦- អស់អ្នកដែលមិនមែនជាគ្រីស្តបរិស័ទ

ចំពោះអស់អ្នកដែលមិនទាន់ទទួលដំណឹងល្អ ជីវិតគេក៏មានទិសដៅតម្រង់ទៅកាន់ប្រជារាស្ត្ររបស់ព្រះ​ជាម្ចាស់តាមរបៀបផ្សេងៗដែរ។ ជាបឋម មានប្រជាជនអ៊ីស្រាអែលដែលទទួលសម្ពន្ធមេត្រី និងព្រះបន្ទូល​សន្យានានា ហើយដែលមានព្រះគ្រីស្តប្រសូត​មក​ជា​មនុស្ស​ក្នុង​ពូជពង្ស​របស់​គេ (រម ៩,៤-៥)។ «‌‌‌បើគិត​តាម​ការ​ជ្រើស​រើស ព្រះ​ជាម្ចាស់ស្រឡាញ់គេខ្លាំងណាស់ មកពីព្រះអង្គគិតដល់​បុព្វបុរស​របស់គេ។ ប្រសិនបើព្រះ​ជាម្ចាស់​ប្រទាន​ព្រះ​អំណោយទានហើយ ព្រះអង្គមិនដក​ហូតវិញទេ ប្រសិនបើព្រះអង្គ​ត្រាស់ហៅ ទ្រង់ក៏​មិន​ប្រែ​ប្រួល​ដែរ» (រម ១១,២៨-២៩)។ ប៉ុន្តែ ព្រះ​ជាម្ចាស់​មានគម្រោងការសង្គ្រោះ​អស់​មនុស្សណា​ដែលទទួល​ស្គាល់​ព្រះអង្គ ទុក​ជា​ព្រះអាទិករ​នៃអី្វៗទាំងអស់ មានបងប្អូនអ៊ីស្លាមជាដើមដែលប្រកាស​ជំនឿ​របស់​លោក​អប្រាហាំ គេក្រាបថ្វាយបង្គំព្រះជាម្ចាស់​តែមួយព្រះអង្គគត់ដូចយើង ជាព្រះប្រកប​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា ជាចៅក្រម​ដែល​នឹង​វិនិច្ឆ័យ​មនុស្ស​នៅថ្ងៃ​ចុង​ក្រោយបំផុត។

សូម្បីតែបងប្អូនឯទៀតៗដែលស្វះស្វែងរកព្រះមួយអង្គដែលគេមិនស្គាល់ គឺស្វែងរក «តាម​ស្រមោល និង​តាម​និមិត្តរូប» ព្រះជាម្ចាស់ក៏មិនស្ថិតនៅឆ្ងាយពីគេដែរ ព្រោះព្រះអង្គទេ​តើដែលបាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​អី្វៗសព្វគ្រប់ទាំងអស់មកមនុស្ស (កក ១៧,២៥-២៨)។ ព្រះអង្គជាព្រះសង្គ្រោះ ទ្រង់សព្វ​ព្រះ​ហឫទ័យ​ឱ្យមនុស្សទាំងអស់ទទួលការសង្គ្រោះ (១ធម ២,៤)។ អស់អ្នកដែលមិន​ស្គាល់ដំណឹងល្អរបស់ព្រះ​គ្រីស្ត និង​មិន​ស្គាល់ព្រះសហគមន៍របស់ព្រះអង្គ ដោយគេគ្មានកំហុសអ្វី តែស្វែងរកព្រះជាម្ចាស់​ដោយចិត្តស្មោះ និង​ខិត​ខំ​ប្រព្រឹត្តតាម​ព្រះ​ហ​ឫទ័យ​ព្រះអង្គស្របតាមមនសិការ​បង្ហាញ និងបញ្ជា​ឱ្យ​ប្រព្រឹត្តនោះ អ្នកទាំង​នោះក៏​អាច​ឈាន​ទៅ​ដល់​ការសង្គ្រោះអស់​កល្ប​ជា​និច្ច ដោយ​ព្រះ​អង្គ​ប្រណីសន្តោស​គេដែរ។ ចំពោះ​អស់​អ្នក​ដែល​មិន​ទាន់​ស្គាល់​ព្រះ​ជាម្ចាស់​យ៉ាង​ច្បាស់នៅឡើយ ដោយ​គេគ្មានកំហុស តែខិត​ខំរស់នៅតាមរបៀបសុចរិតទៀងត្រង់ ដោយ​ព្រះអង្គ​ប្រោស​ប្រណី​ផង ព្រះជា​ម្ចាស់ដែលណែនាំថែរក្សា​មនុស្ស​លោក មុខជានឹង​ប្រទាន​ជំនួយ​ដល់​អ្នក​ទាំង​នោះ​តាម​តម្រូវការ ឱ្យគេទៅកាន់ការសង្គ្រោះបាន។ ព្រះសហគមន៍យល់ឃើញថា អ្វីៗដ៏ល្អ និងដ៏ពិតប្រាកដ​នៅ​ក្នុង​ចំណោម​ពួក​គេ​សុទ្ធតែរៀប​ចំឱ្យគេទទួលដំណឹងល្អ ឬទុកជាព្រះអំណោយទានរបស់​ព្រះ​អង្គដែលបំភ្លឺ​ចិត្ត​គំនិត​មនុស្ស​គ្រប់ៗ​គ្នា ដើម្បីឱ្យ​គេ​មានជីវិត។ គួរឱ្យស្តាយណាស់ មារកំណាចបានបញ្ឆោតមនុស្សជា​ច្រើន និង​ជា​ញឹក​ញាប់​ឱ្យវង្វេង​ទៅ​តាម​ការ​រិះគិត​របស់ខ្លួន។ ​គេក៏បោះបង់សេចក្តីពិតរបស់ព្រះជាម្ចាស់​ចោ​ល បែរទៅ​រក​សេចក្តី​ភូតភរ ហើយនាំគ្នា​គោរព​បម្រើសត្វលោកជាជាង​គោរព​បម្រើ​ព្រះ​អាទិករ​‌ (រម ១,២១.២៥)។ ដោយ​គេ​រស់​នៅ និង​ស្លាប់ក្នុង​លោកនេះ​ទាំងមិនគោរព​បម្រើព្រះណាមួយសោះ គេមុខ​ជាអស់​សង្ឃឹមខ្លាំងណាស់។ ហេតុ​នេះ​ហើយ បានជាព្រះ​សហគមន៍​យកចិត្តទុកដាក់គោរពសិរីរុងរឿង​របស់ព្រះ​ជា​ម្ចាស់ និង​ចង់​ឱ្យ​មនុស្ស​ទាំង​អស់​ទទួល​ការ​សង្គ្រោះ ចេះតែ​នឹកដល់ព្រះបញ្ជារបស់ព្រះអម្ចាស់ថា “ចូរ​ចេញទៅប្រកាស​ដំណឹង​ល្អដល់​មនុស្ស​លោក​ទាំង​អស់” (មក ១៦,១៥)។ ព្រះ​សហគមន៍ក៏យកចិត្តទុក​ដាក់​ទ្រទ្រង់កិច្ចការជាសាសនទូត។

១៧- ព្រះសហគមន៍មានលក្ខណៈជាសាសនទូត

ព្រះបិតាចាត់ព្រះបុត្រាឱ្យយាងមកយ៉ាងណា ព្រះបុត្រាក៏ចាត់សាវ័ករបស់ព្រះអង្គឱ្យទៅយ៉ាងនោះដែរ (យហ ២០,២១) ដោយមានព្រះបន្ទូលថា “ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍ឱ្យ​ធ្វើជា​សាវ័ក‌ ​ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹកជូន​គេ ដើម្បីឱ្យគេរួមជាមួយព្រះ​បិតា​‌ ព្រះ​បុត្រា និង​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ។ ត្រូវ​បង្រៀន​គេ​ឱ្យ​ប្រតិ​បត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មានដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា​‌ ខ្ញុំ​នៅ​ជា មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ‌ ‌រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក” (មថ ២៨,១៨-២០)។ ព្រះសហគមន៍បានទទួល​ព្រះបញ្ជាដ៏ឱឡារិក​របស់​ព្រះ​គ្រីស្តនេះពីក្រុមគ្រីស្ត​ទូតមក ពោលគឺ ឱ្យ​ប្រកាសសេចក្តីពិតអំពីការសង្គ្រោះ បន្តរហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន​ដី (កក ១,៨)។ ហេតុនេះហើយ បានជា​ព្រះ​សហគមន៍​យល់ដូចគ្រីស្តទូតប៉ូលដែលចែងថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ​ទេ សូម​ឱ្យ​ខ្ញុំ​វេទនា​ទៅ​ចុះ!» (១ករ ៩,១៦)។ ព្រះសហគមន៍ក៏នៅតែ​ចាត់​អ្នក​ចេញ​ទៅ​ប្រកាស​ដំណឹងល្អ​តទៅ​ទៀត ដោយឥតឈប់ ឈរ រហូត​ដល់​ពេល​ព្រះសហគមន៍​ថ្មីៗ​ដែល​តែង​តាំង​សព្វ​គ្រប់​ហើយ អាចបន្ត​កិច្ច​ប្រកាស​ដំណឹង​ល្អដោយ​ខ្លួនឯង​ផ្ទាល់បាន។ ព្រះវិញ្ញាណដ៏វិសុទ្ធជំរុញ​ព្រះសហគមន៍​ឱ្យ​រួម​សហការ ដើម្បី​ឱ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​ជាម្ចាស់​បាន​កើត​ជារូបរាងជាស្ថាពរ។ តាមព្រះបំណងប្រាថ្នានោះ ព្រះជាម្ចាស់​តែងតាំង​ព្រះ​គ្រីស្តទុក​ជាដើមកំណើតនៃការ​សង្គ្រោះមនុស្សលោកទាំងអស់។

ពេលព្រះ​សហគមន៍ប្រកាសដំណឹងល្អ ព្រះសហគមន៍ណែនាំអស់អ្នកស្តាប់ឱ្យផ្ញើជីវិតលើព្រះគ្រីស្ត និង​ប្រកាស​ជំនឿរបស់គេផង។ ព្រះសហគមន៍រៀបចំចិត្តគំនិតគេឱ្យទទួលអគ្គសញ្ញាជ្រមុជទឹក រម្ដោះ​គេឱ្យ​រួច​ពី​ទាសភាព​នៃការវង្វេង ព្រមទាំងបញ្ចូលគេក្នុងព្រះកាយព្រះគ្រីស្ត ដើម្បីឱ្យគេចម្រើនឡើងក្នុងអង្គព្រះគ្រីស្ត​ដោយ​សេចក្តី​ស្រឡាញ់ រហូតដល់គេបានពេញលក្ខណៈ។ ព្រះសហគមន៍បំពេញការទាំងអស់​ដោយ​​មានគោល​ដៅ​តែ​មួយ​ គឺថា ប្រសិនបើព្រះសហគមន៍រកឃើញពូជ​ដ៏ល្អសាបព្រោះ​ក្នុងចិត្ត​គំនិត​របស់​មនុស្ស​លោក ឬក្នុងពិធីគោរព​ប្រណិប័តន៍នានារបស់គេ និងក្នុងអរិយធម៌​ប្រជាជាតិនានា ព្រះសហគមន៍​មិនគ្រាន់​តែ​រក្សាទុក​ឱ្យនៅ​គង់វង្ស មិន​ឱ្យ​វិនាសបាត់បង់​ប៉ុណ្ណោះ​ទេ តែព្រះ​សហគមន៍ក៏ព្យាបាលពូជទាំ​ងនោះឱ្យ​បាន​ជា និងនាំ​ឱ្យ​បាន​ពេញ​លក្ខណៈ​ដែរ ដើម្បី​លើក​តម្កើង​សិរីរុងរឿងរបស់ព្រះជាម្ចាស់។ កិច្ចនោះ​បណ្តាល​​ឱ្យមារ​ត្រូវ​អាម៉ាស់ ហើយក៏នាំឱ្យមនុស្ស​លោក​បាន​សុភមង្គលទៀតផង។ សាវ័ករបស់ព្រះ​គ្រីស្ត​មាន​ភារកិច្ច​ពង្រីក និងពង្រឹងជំនឿតាមចំណែក​រៀងៗ​ខ្លួន។ នរណា​ក៏ដោយ ក៏អាចធ្វើអគ្គសញ្ញា​ជ្រមុជ​ទឹក​​ជូនអ្នក​ផ្ញើជីវិត​លើ​ព្រះគ្រីស្តបាន ប៉ុន្តែ មានតែ​ក្រុម​បូជាចារ្យ​ប៉ុណ្ណោះ​ទេ ដែល​មានមុខងារសាងសង់​ព្រះ​កាយ​ដោយថ្វាយ​សក្ការ​បូជា​អរព្រះគុណ ទាំងធ្វើឱ្យ​ព្រះបន្ទូលរបស់​ព្រះ​ជាម្ចាស់​ថ្លែង​តាម​ព្យាការី បាន​កើត​ជា​រូបរាងថា «ចាប់ពីទិសខាង​កើតរហូត​ដល់​ទិសខាងលិច នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គឧត្ដម​ក្នុងចំណោម​ប្រជាជាតិ​នានា។ នៅ​គ្រប់​ទីកន្លែងគេនាំ​គ្នា​ថ្វាយ​សក្ការ​បូជា និង​យក​តង្វាយ​ដ៏​បរិសុទ្ធ​មក​ថ្វាយ​យើង» (មគ ១,១១)។ ដូច្នេះ ព្រះសហគមន៍អង្វរព្រះជាម្ចាស់ផង ​និងធើ្វ​កិច្ចការ​នៅ​ពេល​ជាមួយ​គ្នា​ផង ដើម្បីឱ្យ​មនុស្ស​លោកទាំងអស់ប្រែទៅជាប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ ទៅជាព្រះកាយរបស់​ព្រះ​អម្ចាស់ និងទៅជា​ព្រះ​វិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះសហគមន៍ក៏នឹង​លើកតម្កើងសិរី​រុងរឿង​ព្រះ​បិតាដែល​ប្រ​តិ​ស្ឋាន​ពិភព​លោកក្នុងអង្គព្រះគ្រីស្ត ជាព្រះសិរសារបស់មនុស្សទាំងអស់។

ជំពូក៣
ព្រះសហគមន៍មានរចនាសម្ពន្ធតាមលំដាប់លំដោយ
ជាពិសេស មានក្រុមអភិបាល

១៨- អារម្ភកថា

ព្រះគ្រីស្តជាអម្ចាស់តែងតាំងមុខងារបម្រើផ្សេងៗក្នុងព្រះសហគមន៍របស់ព្រះអង្គ ដើម្បីឱ្យ​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​មាន​គង្វាលណែនាំ និងមានមធ្យោបាយអាចចម្រើនឡើងបានជានិច្ច។ មុខងារទាំង​នោះ​មាន​គោល​ដៅ​តែ​មួយ គឺរក​ប្រយោជន៍ដល់រូប​កាយ​ទាំងមូល។ អស់លោកដែលទទួល​អគ្គសញ្ញា​​​តែង​តាំង​ជាអ្នក​បម្រើ មាន​អំណាច​មកពី​ព្រះ​ជាម្ចាស់​គឺ អស់លោកបម្រើបងប្អូន ដើម្បី​ណែនាំ​សមាជិក​ទាំង​អស់​នៃប្រជារាស្ត​របស់​ព្រះ​ជាម្ចាស់ ដែល​មានកិត្តិយស​ដ៏ថៃ្លថ្នូរ​យ៉ាងពិត​ប្រាកដ​ជា​គ្រីស្តបរិស័ទ អាចទៅ​កាន់​ការសង្គ្រោះ ទាំងខិតខំរួមគ្នាដោយ​ស្ម័គ្រចិត្ត និងដោយ​មាន​សណ្តាប់ធ្នាប់ទៅរក​ទិស​ដៅ​តែ​មួយ។

មហាសន្និបាតដ៏វិសុទ្ធនេះ បង្រៀនតាមមហាសន្និបាតវ៉ាទីកង់ទី​១ និងប្រកាសថា ព្រះយេស៊ូគ្រីស្ត​ជា​គង្វាលស្ថិត​នៅអស់កល្បជានិច្ច បានសាងសង់ព្រះសហគមន៍ដ៏វិសុទ្ធ ដោយចាត់ក្រុមគ្រីស្តទូត​របស់​ព្រះ​អង្គ​ឱ្យទៅ ដូច​ព្រះ​បិតា​បានចាត់ព្រះអង្គឱ្យមកដូច្នេះដែរ (យហ ២០,២១)។ ព្រះអង្គក៏សព្វ​ព្រះ​ហឫទ័យ​ឱ្យ​អស់​លោកដែល​បន្ត​មុខងារ​របស់ក្រុមគ្រីស្តទូតមក ពោល​គឺអស់លោកអភិបាលបានទៅ​ជា​គង្វាល​ក្នុង​ព្រះ​សហគមន៍របស់ព្រះ​អង្គ រហូត​ដល់​អវសានកាល​នៃ​ពិភព​លោក។ ប៉ុន្តែ ព្រះអង្គ​តែង​តាំង​លោកសិលា​ឱ្យ​នាំ​មុខគ្រីស្តទូតឯទៀតៗ ដើម្បី​ឱ្យ​ក្រុមអភិបាល​រួម​ជា​ធ្លុងតែមួយមិន​អាច​បំបែក​បាន​ឡើយ។ ព្រះអង្គផ្ទាល់ក៏តែងតាំងលោកសិលាទុកជា គោល និង​ជា​គ្រឹះស្ថិត​នៅ​ជានិច្ចនិរន្តរ៍ សម្តែងឱ្យ​មនុស្ស​ឃើញ​ច្បាស់​ថា ព្រះសហគមន៍រួបរួមគ្នា​ក្នុងជំនឿ និងរួបរួម​គ្នា​ជា​ធ្លុង​តែ​មួយ​ផង។ មហា​សន្និបាត​ដ៏វិសុទ្ធ ប្រកាសសាជាថ្មីនូវលទ្ធិស្តីអំពីអភិបាលព្រះសហគមន៍ក្រុងរ៉ូម ជា​ប្រធាន​ក្រុម​អភិបាល ហើយ​ក៏ប្រកាសទៀតថា លោក​បង្រៀនព្រះសហគមន៍ដោយមិនអាចភាន់ច្រឡំបានឡើយ ព្រះ​យេស៊ូ​ពិតជាតែង​តាំង​លោក​ឱ្យមាន​មុខងារនៅស្ថិតស្ថេរ​រហូត ជាមុខងារដែលមានអានុភាព ហើយ​ក៏ត្រូវមាន​ទស្សនៈ​ដូច្នេះ។ មហា​សន្និ​បាត​​​សូមឱ្យ​គ្រីស្ត​បរិស័ទ​ទាំងអស់ត្រូវជឿលទ្ធិនេះទុកជាសេចក្តីដ៏​ពិត​ប្រាកដ។ លើស​ពី​នេះ​ទៅទៀត មហាសន្និបាត​​បន្តកិច្ចការដែល​មហាសន្និ​បាត​ចាប់ផ្តើមរិះគិតកាលពីមុន ហើយចង់ប្រកាស និង​លាត​សន្ធឹង​នូវលទ្ធិ​ស្តី​អំពីអស់​លោក​អភិបាល​ជាអ្នកបន្ត​មុខងារ​ក្រុមគ្រីស្តទូត នៅចំពោះ​គ្រីស្តបរិស័ទ​ទាំង​អស់ គឺ​ថា អស់ លោក​មាន​បន្ទុកណែនាំ​ព្រះដំណាក់​របស់ព្រះជាម្ចាស់​ ដែល​មាន​ព្រះជន្មគង់នៅរួម​ជា​មួយ​លោក​​អភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម ដែលបន្ត​មុខ​ងារពីគ្រីស្តទូតសិលាមក ក្នុង​ឋានៈ​លោក​ជា​តំណាង​ព្រះគ្រីស្ត និង​ជា​មេ​ដឹកនាំ​ដែល​គេអាច​មើល​ឃើញ​បាន គឺជា​មេដឹកនាំរបស់ព្រះ​សហគមន៍​ទាំង​មូល។

១៩- ព្រះយេស៊ូតែងតាំងក្រុមគ្រីស្តទូត១២នាក់

ក្រោយពីព្រះអម្ចាស់យេស៊ូអង្វរព្រះបិតាយ៉ាងយូរ ព្រះអង្គត្រាស់ហៅ​អស់​អ្នក​ដែល​ទ្រង់សព្វ​ព្រះ​ហប្ញទ័យ​ជ្រើស​រើស‌ ហើយ​តែង​តាំង​ក្រុមដប់ពីរ​នាក់​នោះឱ្យនៅ​ជាមួយ​ព្រះអង្គ និង​ដើម្បីចាត់ឱ្យ​គេទៅ​ប្រកាស​ព្រះ​រាជ្យ​របស់​ព្រះជាម្ចាស់ (មក ៣,១៣-១៩; មថ ១០,១- ៤២)។ ព្រះអង្គតែងតាំងអស់​លោក​ជា​ទូត​របស់ព្រះអង្គ (លក ៦,១៣) ដូចជា​ក្រុមមួយ​ដែលនៅស្ថិតស្ថេរ។ ព្រះអង្គក៏​តែងតាំង​លោកសិលា​ដែល​ទ្រង់បានជ្រើស​រើសក្នុង​ចំណោម​អស់​លោក ឱ្យ​នាំ​មុខអស់​លោក (យហ ២១,១៥-១៧)។ ព្រះអង្គ​ចាត់អស់លោកឱ្យ​ទៅរកជនជាតិ​អ៊ីស្រាអែលមុនគេ រួចឱ្យទៅរក​មនុស្ស​គ្រប់ជាតិគ្រប់​សាសន៍ (រម ១,​១៦)។ គ្រីស្តទូតរួមចំណែក​ក្នុងអំណាច​របស់​ព្រះអង្គ ដើម្បី​ណែ​នាំ​មនុស្ស​គ្រប់​ប្រជាជាតិ​ឱ្យទៅជាសាវ័ក​របស់​ព្រះអង្គ ប្រោសឱ្យគេបានវិសុទ្ធ និង​គ្រប់​គ្រង​គេ (មថ ២៨,១៦-២០; មក ១៦,១៥; លក ២៤,៤៥-៤៨; យហ ២០,២១-២៣) ព្រមទាំង​លាតសន្ធឹងព្រះសហគមន៍ផង។ អស់​លោក​បម្រើព្រះសហគមន៍​ក្នុង​ឋានៈ​ជាគង្វាល ក្រោមការណែនាំរបស់ព្រះអម្ចាស់ ជារៀងរាល់ថ្ងៃ រហូតដល់​អវសានកាល​នៃ​ពិភពលោក (មថ ២៨,២០)។ នៅ​បុណ្យ​ថ្ងៃទីហាសិប ព្រះអង្គបញ្ជាក់យ៉ាងច្បាស់ថា អស់​លោក​ត្រូវ​បំពេញ​បេសកកម្ម​នេះ (កក ២,១-២៦) តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះអម្ចាស់ថា៖ «អ្នក​រាល់គ្នា​នឹង​ទទួល​ឫទ្ធានុភាព​មួយ គឺ​ឫទ្ធានុភាព​នៃ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់គ្នា។ អ្នក​រាល់គ្នា​នឹង​ធ្វើជា​សាក្សី​របស់​ខ្ញុំ​នៅ​ក្នុង​ក្រុង​យេរូសាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល‌ ​ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន​ដី» (កក ១,៨)។

ក្រុមគ្រីស្តទូតប្រកាស​ដំណឹង​ល្អនៅគ្រប់កន្លែង (មក ១៦,២០) មានអ្នកស្តាប់ខ្លះសុខចិត្តទទួល​ដំណឹងល្អ​នេះ ដោយព្រះវិញ្ញាណ ដ៏វិសុទ្ធប្រណីសន្តោស។ ដូច្នេះ ក្រុម​គ្រីស្តទូត​ប្រមែប្រមូលព្រះ​សហគមន៍​សកល ដែល​ព្រះ​អម្ចាស់​បានតែងតាំងដោយក្រុមគ្រីស្តទូត និងសាង​ឡើង​លើគ្រីស្តទូតសិលាជាមេដឹកនាំ​របស់អស់លោក។ ប៉ុន្តែ ព្រះ​យេស៊ូ​ផ្ទាល់ជាសរសរទ្រូងដ៏មាំវិញ (វវ ២១,១៤; មថ ១៦, ១៨; អភ ២,២០)។

២០- ក្រុមអភិបាលបន្តមុខងារពីក្រុមគ្រីស្តទូតមក

ព្រះគ្រីស្តផ្ញើបេសកកម្មឱ្យក្រុមគ្រីស្តទូត ជាបេសកកម្មមកពីព្រះជាម្ចាស់ ហើយ​ដែលនៅ​ស្ថិត​ស្ថេរ​រហូត​ដល់​អវសាន​កាលនៃ​ពិភព លោក (មថ ២៨,២០) ព្រោះអស់លោកត្រូវបញ្ជូនបន្ត​ដំណឹងល្អ ដែល​ពិតជា​គោល​នៃការ​រស់​នៅទាំង​មូលរបស់ព្រះសហគមន៍រហូតតរៀងទៅ។ ហេតុនេះហើយ បានជា​ក្រុម​គ្រីស្តទូតយក​ចិត្ត​ទុក​ដាក់​តែង​តាំង​អ្នកបន្តមុខងារ​របស់​អស់លោកក្នុងព្រះសហគមន៍ ដែលជាសង្គមមាន​រចនាសម្ពន្ធតាមលំដាប់​លំដោយ។

អស់លោកមិនគ្រាន់តែមានសហការីផ្សេងៗជួយបំពេញមុខងារបម្រើរបស់លោកប៉ុណ្ណោះទេ តែអស់​លោក​ហាក់​ដូច​ជាផ្តែផ្តាំឱ្យសហការីយ៉ាងជិតស្និទ្ធបង្ហើយ និងពង្រឹង​កិច្ចការ​ដែល​អស់លោក​បាន​ចាប់​ផ្តើមធ្វើ។ ដូច្នេះ បេសកកម្ម​ដែល​ព្រះគ្រីស្តបានផ្ញើទុកមកឱ្យអស់លោក អាចបន្តបានក្រោយពីអស់លោក​ទទួល​មរណភាពទៅ។ អស់​លោក​ផ្តែផ្តាំឱ្យ​គេថែរក្សា​ហ្វូ​ង​ចៀមទាំង​មូល ព្រោះ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធបាន​ផ្ទុកផ្ដាក់​គាត់ឱ្យ​ឃ្វាល​ព្រះ​សហគមន៍​របស់​ព្រះជា​ម្ចាស់ក្នុងហ្វូងនោះ (កក ២០,២៨)។ ហេតុនេះ អស់​លោកតែង​តាំងមនុស្សបែបនេះ និង​ផ្តាំ​ថា ក្រោយ​ពីគេទទួលមរណភាពទៅ ឱ្យតែងតាំងមនុស្សផ្សេងទៀតដែលគេបាន​ល្បង​លមើល​រួច​ហើយ ទទួល​មុខងារ​បម្រើ​ព្រះ​ស​ហគមន៍បន្តពីគេ។ តាំងពី​ដើម​ដំបូង​មក ក្នុងចំណោមមុខងារបម្រើព្រះ​សហគមន៍ មុខងារដ៏​សំខាន់​ជាង​គេ គឺមុខងារ​ជាអភិបាលតាម​ការ​បញ្ជូន​បន្ត​ធ្វើ​ជា​សាក្សីស្រាប់។ អស់លោក​ដែល​ទទួល​មុខងារជា​អភិបាល មានខ្សែ​ស្រឡាយតាំង​ពីដើម​ដំបូង​រៀងមកម៉េ្លះ។ អស់​លោក​ប្រៀប​ដូច​ជាខ្នែង​ដែល​គេផ្សាំ​សម្រាប់​បន្ត​ពូជ​ជា​គ្រីស្តទូត​រហូតមក។ តាម​សន្តអ៊ីរេ៉ណេជាសាក្សី ការបញ្ជូន​បន្តមុខ​ងារ​ជា​គ្រីស្ត​ទូត មានជាក់ច្បាស់​បន្ត​បន្ទាប់​ក្នុងពិភព​លោក​ទាំងមូល ដោយសារ​អស់​លោក​ដែល​ក្រុមគ្រីស្តទូត​បាន​តែង​តាំង​ជាអភិបាល និង​ដោយ​សារ​អស់​អ្នក​ដែល​បន្ត​មុខងាររបស់អស់​លោក​រហូត​មកដល់យើងនេះ។

ហេតុនេះហើយ បានជាក្រុមអភិបាលទទួលបន្ទុកបម្រើព្រះសហគមន៍ ដោយមានបូជាចារ្យ (អាចារ្យ) និង​ឧបដ្ឋាក​ជួយ​ជាសហការី ផង។ អស់លោកធ្វើជាអធិបតីព្រះសហគមន៍​ក្នុងនាមព្រះជាម្ចាស់។ អស់​លោក​ជា​គង្វាល គឺ​មានមុខងារបម្រី​ព្រះសហគមន៍ដោយបង្រៀន ដោយធ្វើជាបូជាចារ្យក្នុងពិធី​បុណ្យ​នានា និង​ដោយគ្រប់​គ្រង​ទៀត​ផង។ ព្រះអម្ចាស់បាន​ផ្ញើបន្ទុក​ឱ្យ​គ្រីស្តទូត​សិលាផ្ទាល់ ជា​គ្រីស្តទូត​ទី​មួយ​ក្នុង​ចំណោម​គ្រីស្ត​ទូត​ឯទៀតៗ។ បន្ទុក​នេះ​ត្រូវតែបញ្ជូន​ឱ្យអ្នកបន្តមុខងារ​របស់​លោក ពិតជា​បន្ទុក​ដែល​នៅ​ស្ថិតស្ថេររហូតយ៉ាងណា ក៏​បន្ទុក​ព្រះគ្រីស្តផ្ញើឱ្យ​ក្រុម​គ្រីស្តទូត​ជាគង្វាល​ព្រះ​សហគមន៍ ក៏ជាបន្ទុក​ដែល​ត្រូវ​ស្ថិតស្ថេរ​រហូត​យ៉ាង​នោះ​ដែរ ដោយ សារ​អគ្គសញ្ញា​តែង​តាំង​ជាអភិបាល។ ហេតុនេះហើយបាន​ជា​មហាសន្និបាត​ដ៏វិសុទ្ធ​បង្រៀនថា ព្រះជាម្ចាស់​ចាត់​ចែង​ក្រុម​អភិបាល​ឱ្យបន្ត​មុខងារក្រុម​គ្រីស្តទូត​ក្នុង​ឋានៈ​ជា​គង្វាលព្រះសហគមន៍។ អ្នកណាស្តាប់អស់លោកក៏​ដូចជាស្តាប់ព្រះ​គ្រីស្ត​ដែរ។ អ្នក​ណា​បដិសេធ​មិន​ទទួល​អស់លោក ក៏​ដូចជាបដិសេធ​មិន​ទទួល​ព្រះគ្រីស្តដែរ ហើយ​ថែមទាំងមិន​ទទួល​ព្រះបិតា​ដែល​ចាត់ព្រះគ្រីស្ត​ឱ្យ​មក​នោះទៀតផង (លក ១០,១៦)។

២១- មុខងារក្រុមអភិបាលជាអគ្គសញ្ញា

ហេតុនេះហើយ បានជាព្រះអម្ចាស់យេស៊ូគ្រីស្ត​ជាមហាបូជាចារ្យ គង់នៅក្នុងចំណោមអស់​អ្នកដែល​ផើ្ញជីវិត​លើ​ព្រះអង្គ ដោយ​សារក្រុម​អភិបាល ដែលមានបូជាចារ្យជាសហការីជួយផង។ ព្រះអង្គដែល​គង់​ខាង​ស្តាំព្រះបិតា ក៏​គង់​នៅ​ជាមួយ​ក្រុមអភិបាលជានិច្ចដែរ។ ជា បឋម ព្រះអង្គប្រកាសព្រះបន្ទូល​របស់ព្រះ​ជាម្ចាស់ឱ្យមនុស្ស​គ្រប់​ជាតិ​សាសន៍ និងប្រទានអគ្គសញ្ញា​នៃជំនឿ​ឱ្យអ្នកផ្ញើជីវិតលើព្រះអង្គ ដោយ​សារ​មុខ​ងារ​ដ៏ប្រសើររបស់អស់លោក (១ករ ៤,១៥)។ ព្រះអង្គក៏បញ្ចូលសមាជិកថ្មីក្នុងព្រះកាយព្រះអង្គ​ដោយ​ប្រោសគេឱ្យកើត ជាថ្មី ដោយមុខងារ​របស់​អស់លោក​ក្នុងឋានៈ​ជាឪពុក។ ព្រះអង្គណែនាំ និងដាក់ទិសឱ្យ​ប្រជារាស្ត្រនៃ​សម្ពន្ធមេត្រីថ្មីនៅពេលធ្វើ​បូជនី យេសក៍​ចរឆ្ពោះ​ទៅ​កាន់ស្ថាន​បរមសុខ ដោយសារប្រាជ្ញា និង​ការប្រុងប្រយ័ត្នរបស់អស់លោក។ ព្រះអម្ចាស់​បាន​ជ្រើស​រើស​គង្វាល​ទាំងនោះ ដើម្បីឃ្វាលថែរក្សា​ហ្វូង​ចៀម​របស់​ព្រះអង្គ។ អស់​លោក​ជា​អ្នក​បម្រើ​របស់​ព្រះ​គ្រីស្ត និងជាអ្នក​មើល​ខុស​ត្រូវ​លើ​គម្រោង​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់ (១ករ ៤,១)។‌ ព្រះអង្គ​បាន​ផ្ញើ​ឱ្យ​អស់​លោក​មានបន្ទុក​ផ្តល់​សក្ខីភាពអំពី​ដំណឹងល្អ ស្តីពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ (រម ១៥,១៦; កក ២០,២៤) ព្រមទាំង​ឱ្យអស់​លោក​បំពេញមុខ​ងារបម្រើព្រះវិញ្ញាណ និង​បំពេញ​មុខងារ​ដែល​ធ្វើ​ឱ្យ​មនុស្ស​បាន​សុចរិត ជាមុខងារ​ប្រកប​ដោយ​សិរីរុងរឿង (២ករ ៣,៨-៩)។

ព្រះគ្រីស្តបានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធដែលយាងមកសណ្ឋិតយ៉ាងពិសេសលើក្រុមគ្រីស្តទូត ​ដើម្បីឱ្យ​អស់​លោកអាចបំពេញបន្ទុកដ៏ខ្ពង់ខ្ពស់ទាំងនេះ (កក ១,៨; ២,៤; យហ ២០,២២-២៣)។ ក្រុម​គ្រីស្ត​ទូត​ក៏​បញ្ជូន​បន្ត​ព្រះអំណោយទានខាងព្រះវិញ្ញាណនេះឱ្យសហការីរបស់អស់លោក ដោយពិធី​ដាក់​ដៃ​​លើ​គេ (១ធម ៤,១៤; ២ធម ១,៦-៧)។ ព្រះអំណោយទាននេះត្រូវបញ្ជូនបន្តមករហូតដល់​សម័យឥឡូវ ដោយញែកអស់​លោក​ប្រសិទ្ធជា​អភិ​បាល។ មហាសន្និបាតដ៏វិសុទ្ធបង្រៀនថា ដោយព្រះ​ជាម្ចាស់​ញែក​អស់​លោក​ប្រសិទ្ធ​ជា​អភិបាល អស់លោក​ទទួល​មុខ​ងារ​ជា​បូជាចារ្យយ៉ាង​ពេញលេញ។ ប្រពៃណីខាង​ពិធី​គោរព​ប្រណិប័តន៍​របស់​ព្រះ​សហគមន៍ និងគ្រូបាធ្យាយ​ដ៏វិសុទ្ធ​តែង​តែបញ្ជាក់ថា ពេល​លោកអភិបាល​ទទួល​អគ្គសញ្ញាតែងតាំងជាអភិបាល លោក​ទទួលមុខងារជាបូជាចារ្យ​យ៉ាង​ខ្ពង់ខ្ពស់​បំផុត គឺទទួល​មុខ​ងារ​ជា​បូជាចារ្យ​​យ៉ាងពេញកម្រិត។

ពិធីញែកប្រសិទ្ធឱ្យទៅជាអភិបាលផ្តល់ឱ្យលោកមានបន្ទុកប្រោសឱ្យព្រះសហគមន៍បានវិសុទ្ធ ហើយ​ក៏ផ្ញើ​ឱ្យ​លោកមាន​បន្ទុក​បង្រៀន​ ​និងគ្រប់គ្រងព្រះសហគមន៍ដែរ។ តាមលក្ខណៈនៃបន្ទុកទាំងនោះ លោកអាចបំពេញ​បន្ទុកទាំងនោះបាន លុះ​ត្រា​តែខ្លួនរួបរួមជាមួយអភិបាលព្រះ​សហគមន៍ក្រុងរ៉ូម ជាមេ​ដឹក​នាំក្រុម​អភិបាល និងរួប​រួម​ជាមួយអភិបាលឯទៀតៗ​តាម​លំដាប់​លំដោយទៀតផង។ ការបញ្ជូនបន្តមកជាពិសេសពិធី​បុណ្យ​នានា និង​ទម្លាប់​ព្រះសហគមន៍ទាំងនៅ​បស្ចិម​ប្រទេស ទាំងនៅបូព៌ា​ប្រទេសបញ្ជាក់​យ៉ាងជាក់​ច្បាស់ថា ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ប្រទាន​ព្រះ​អំណោយទានដល់អស់លោក ដោយសារ​ពិធីដាក់ដៃ និង​ដោយ​ពាក្យ​ក្នុងពិធីញែកអស់​លោកប្រសិទ្ធ​ជា​អភិបាល ព្រមទាំង​ដៅលក្ខណៈ​ដ៏សក្ការៈ​នៅក្នុង​លោក​ទៀត​ដែរ។ ហេតុនេះហើយ បានជាអស់លោកអភិបាល​ពិត​ជា​តំណាង​របស់​ព្រះគ្រីស្ត​ផ្ទាល់​យ៉ាងប្រសើរ​ឱ្យមនុស្ស​លោកឃើញ គឺជាតំណាងរបស់ព្រះអង្គ ជាព្រះបរមគ្រូ ជា​គង្វាល និងជាមហាបូជាចារ្យ។ អស់​លោក​ក៏​បំពេញ​តួនាទីរបស់​ព្រះអង្គដែរ។ អស់លោកអភិបាលមានភារកិច្ច​បញ្ចូលអ្នកដែលត្រូវគេជ្រើសថ្មី ឱ្យចូលក្នុងក្រុមអភិបាលដោយ​ធ្វើអគ្គសញ្ញាតែងតាំងអស់លោក។

២២- ក្រុមអភិបាល និងមេដឹកនាំក្រុម

ព្រះអម្ចាស់តែងតាំងគ្រីស្តទូតសិលា និងគ្រីស្តទូតឯទៀតៗជាក្រុមគ្រីស្តទូតតែមួយយ៉ាងណា អភិបាលព្រះសហគមន៍ក្រុងរ៉ូមដែលបន្តមុខងារពីគ្រីស្តទូតសិលាមក និងអភិបាលទាំងប៉ុន្មានដែលបន្តមុខងារពីគ្រីស្តទូត​ឯទៀតៗ ក៏រួមគ្នាជាក្រុមតែមួយយ៉ាងនោះដែរ។ តាមវិន័យព្រះសហគមន៍តាំងពីបរមបុរាណមក អស់លោក​អភិបាល​​ដែលត្រូវបានតែងតាំងក្នុងពិភពលោក​ទាំងមូល តែងតែ​មានទំនាក់ទំនង​ជាមួយគ្នា និងជា​មួយ​អភិបាល​ព្រះសហគមន៍​ក្រុងរ៉ូម គឺមានចំណងរួបរួមគ្នាដោយសេចក្តី​ស្រឡាញ់ និង​ដោយសេចក្តី​សុខសាន្ត។ ពេល​អស់​លោក​ជួបជុំគ្នាជាមហាសន្និបាត អស់​លោកក៏តែងតែរួមគ្នា​សម្រេច​បញ្ហា​សំខាន់ៗ ដោយអស់លោក​ចែកចាយ​យោបល់​គ្នាទៅវិញទៅមក នាំឱ្យ​អស់លោកបញ្ចេញ​គំនិតរួម​យ៉ាង​សមរម្យ។ ការ​ណ៍ទាំងនោះ​សរឱ្យឃើញថា ក្រុម​អភិបាល​មានលក្ខណៈជាក្រុមណែនាំព្រះ​សហគមន៍​​រួមគ្នា។ តាមប្រវតិ្តសាស្ត្ររៀងមក មហា​សន្និបាត​សកល​នានា ក៏បញ្ជាក់​យ៉ាង​ច្បាស់​អំពី​លក្ខណៈរួមរបស់​ក្រុមអភិបាល។ តាមទម្លាប់តាំងពីបរមបុរាណមក គេតែងតែហៅ​អភិបាល​ជាច្រើន​ឱ្យចូលរួមក្នុងពិធីធ្វើអគ្គសញ្ញាតែង​តាំង​អភិបាលដែលត្រូវបានជ្រើស​រើសថ្មី ឱ្យ​បំពេញ​មុខងារ​បម្រើ​ជា​បូជា​ចារ្យ​តាម​កម្រិត​ដ៏ខ្ពង់ខ្ពស់។ ទម្លាប់នេះក៏ជាសញ្ញាសម្គាល់​បញ្ជាក់​អំពីលក្ខណៈ​រួម​របស់​ក្រុម​អភិបាល។ គ្រីស្តបរិស័ទ​ម្នាក់បាន​ទៅជាសមាជិកនៃក្រុមអភិបាល ដោយ​អានុភាពនៃអគ្គសញ្ញា​តែងតាំងដែល​ញែក​ប្រសិទ្ធលោក​ធ្វើជា​អភិបាល និង​ដោយសារគេរួបរួមជាមួយមេដឹកនាំនៃក្រុមអភិបាល ព្រមទាំង​រួបរួម​ជាមួយ​អភិបាល​ឯទៀតៗ​តាមលំដាប់លំដោយ​ដែរ។

ក៏ប៉ុន្តែ ក្រុមអភិបាលមានអំណាច ​លុះត្រាតែក្រុមនោះរួបរួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូម ដែល​បន្ត​មុខងារពីគ្រីស្តទូតសិលា មកក្នុងឋានៈលោកជាមេដឹកនាំ។ ត្រូវ​យល់ថា អំណាចក្រុម​អភិបាល​នោះមិន​បន្ថយ​អំណាច​របស់អភិបាលព្រះសហគមន៍​ក្រុងរ៉ូម ដែល​នៅ​តែមានអំណាចដដែល គឺជាប្រធានលើគ្រីស្តបរិស័ទ​ទាំង​អស់ ទាំង​លើអភិបាលឯទៀតៗជាគង្វាល ទាំង​លើគ្រីស្ត​បរិស័ទ​ធម្មតា​ផង​ដែរ។ អភិបាលព្រះ​សហគមន៍​ក្រុងរ៉ូម​មាន​អំណាចពេញលេញ​លើព្រះ​សហគមន៍ គឺ​អំណាច​ដ៏ខ្ពង់ខ្ពស់​បំផុត​​ និងសកល ដែលលោកមានសេរីភាពអាច​ប្រើ​បាន​ជានិច្ច ដោយអានុភាព​នៃបន្ទុក​របស់​លោក​ជា​តំណាង​​ព្រះគ្រីស្ត និងជាគង្វាល​នៃ​ព្រះសហគមន៍​ទាំង​មូល។ ក្រុមអភិ​បាល​បន្ត​មុខងារបម្រើពីក្រុម​គ្រីស្តទូតមក គឺ​មុខងារបង្រៀន និងគ្រប់គ្រងក្នុងឋានៈជាគង្វាល (បើ​និយាយ​យ៉ាង​ប្រសើរ​ជាង ក្រុមគ្រីស្តទូតបន្តជីវិតរបស់ខ្លួនដោយសារ​ក្រុម​អភិបាល)។ អស់លោក​ក៏មាន​អំណាច​ដ៏​ខ្ពង់ខ្ពស់បំផុត និង​អំណាចពេញទី​លើ​ព្រះ​សហគមន៍សកលដែរ លុះត្រាតែក្រុម​អភិបាលរួម​ជា​មួយ​អភិបាលព្រះ​សហគមន៍​ក្រុងរ៉ូម ជាមេ​ដឹកនាំក្រុមអភិបាលនោះ គឺមិនត្រូវដាច់ពីអភិបាលព្រះ​សហគមន៍​ក្រុង​រ៉ូម​ឡើយ។ ក្រុម​អភិបាល​អាចប្រើ​អំណាចនេះបាន លុះត្រាតែ​អភិបាលព្រះសហគមន៍ក្រុងរ៉ូមយល់​ស្រប។ ព្រះ​អម្ចាស់​តែង​តាំង​តែ​លោក​ស៊ីម៉ូន​ម្នាក់​ប៉ុណ្ណោះ ជាផ្ទាំងសិលាសម្រាប់សាង​សង់​ព្រះសហគមន៍របស់​ព្រះ​អង្គ ហើយ​ក៏បានប្រគល់​កូន​សោរ​នៃ​ព្រះ​សហគមន៍ឱ្យលោកស៊ីម៉ូនតែម្នាក់គត់ដែរ (មថ ១៦,១៨-១៩) ព្រះអង្គ​តែង​តាំង​លោក​ជាគង្វាល​នៃ​ហ្វូង ចៀម​ទាំង​មូល (យហ ២១,១៥ត)។ ព្រះអង្គប្រទានឱ្យលោកសិលាមាន​បន្ទុក​ចង និងស្រាយ (មថ ១៦,១៩) ប៉ុន្តែ ព្រះ​អង្គក៏បានប្រទាន​បន្ទុកនេះយ៉ាងពិតប្រាកដឱ្យក្រុម​គ្រីស្តទូត ដែលរួមជាមួយមេដឹក​នាំ​របស់​អស់​លោក​ដែរ (មថ ១៨,១៨; ២៨,១៦-២០)។

ដោយក្រុមអភិបាលនេះមានសមាជិកច្រើនប្លែកៗពីគ្នាយ៉ាងណា ក្រុមនេះបង្ហាញបញ្ជាក់ថា ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ ក៏ប្លែកៗពីគ្នាជាសកលយ៉ាងនោះដែរ។ ដោយក្រុមអភិបាលនោះ​រួមគ្នា​ក្រោម​អំណាច​មេដឹកនាំ​តែ​មួយ​យ៉ាងណា ក្រុមនេះក៏បង្ហាញបញ្ជាក់ថា ហ្វូងចៀមរបស់ព្រះគ្រីស្តរួមគ្នា​ជាធ្លុង​តែ​មួយ​យ៉ាង​នោះ​ដែរ។ ក្នុង​ក្រុម​អភិបាលនេះ អស់លោកដែលគោរពអំណាច​អភិបាលព្រះ​សហ គមន៍​​ក្រុង​រ៉ូមក្នុងឋានៈជា​ប្រធាន និង​ជា​មេដឹកនាំ​ដោយ​ចិត្ត​​ស្មោះ អស់លោក​ក៏​មាន​អំណាចផ្ទាល់ ដើម្បី​ជា​ប្រយោជន៍​ដល់​គ្រីស្តបរិស័ទ​របស់ខ្លួន និង​របស់​ព្រះ​សហគមន៍​ទាំងមូលដែរ។ ព្រះវិញ្ញាណ​ដ៏វិសុទ្ធនៅតែពង្រឹងរចនា​សម្ពន្ធរបស់ព្រះសហគមន៍​តាម​លំដាប់​លំដោយ និង​ប្រោស​ព្រះ​ស​ហគមន៍​ឱ្យចុះសម្រុងគ្នាជានិច្ចបានដោយ​ឫទ្ធានុភាព​របស់ព្រះអង្គ។ ក្រុម​អភិបាល​ប្រើ​អំណាច​ដ៏ខ្ពង់ខ្ពស់​បំផុត​លើព្រះ​សហគមន៍សកលយ៉ាង​ឱឡារិក ​នៅពេល​អស់លោក​ប្រជុំគ្នា​ជា​មហាសន្និបាត​សកល។ មហាសន្និបាត​សកលកើតឡើង លុះត្រា​តែ​អភិបាល​ដែល​បន្តមុខ​ងារ​ពី​គ្រីស្តទូតសិលាមកបញ្ជាក់ ឬ​យ៉ាង​ហោច​ណាស់ សុខចិត្ត​ទទួល​ស្គាល់​មហាសន្និបាតនោះ។ អភិបាល​ព្រះ​សហគមន៍​ក្រុងរ៉ូមមានឯកសិទ្ធិ​កោះ​ហៅ​មហា​សន្និបាត​សកល​ទាំង​នោះ និងធ្វើជាអធិបតីមហាសន្និបាត ហើយបញ្ជាក់​សេចក្តី​សម្រេច​នៃ​មហា​សន្និបាត​ទាំង​នោះ។ អស់លោក​អភិបាល​ដែល​រស់នៅ​លើផែន​ដីទាំងមូលអាចប្រើអំណាចរួមនេះ រួមជាមួយ​អភិបាល​ព្រះ​សហគមន៍​ក្រុងរ៉ូម​បាន លុះត្រាតែ​អភិបាល​ព្រះសហគមន៍ក្រុងរ៉ូមជាមេដឹកនាំក្រុមអភិបាល កោះ​ហៅ​អស់​លោក​ឱ្យបំពេញ​ការ​​ងារ​រួម ឬយ៉ាងហោច​ណាស់ លុះ​ត្រាតែ​លោក​យល់​ស្រប​ឱ្យ​អភិបាល​ ដែល​ខ្ចាត់​ខ្ចាយ​នៅ​លើ​ផែនដី​ទាំង​មូ​ល​បំពេញការងាររួ​មនេះ ឬសុខ​ចិត្តទទួលស្គាល់នូវសេចក្តីសម្រេច​នៃ​មហាសន្និបាត​នោះ ដោយ​លោក​មាន​សេរីភាពពេញទី ទើបកិច្ចការ​របស់​អស់លោកពិត​ទៅជាកិច្ចរួមនៃក្រុមអភិបាលបាន។

២៣- ទំនាក់ទំនងក្នុងក្រុមអភិបាល

អភិបាលម្នាក់ៗមានទំនាក់ទំនងជាមួយព្រះសហគមន៍ភូមិភាគនានា ហើយជាមួយ​ព្រះ​សហគមន៍​​​សកល​ដែរ។ ទំនាក់ទំនងគ្នាទៅវិញទៅមកទាំងនេះបង្ហាញឱ្យដឹងថា ក្រុមអភិបាលរួមគ្នាជាធ្លុងតែមួយ។ អភិបាល​ព្រះ​សហគមន៍​​ក្រុងរ៉ូម ក្នុងឋានៈលោកបន្តមុខងារ​ពី គ្រីស្តទូតសិលាមក លោកជាគោលអចិន្រៃ្តយ៍ដែល​មើល​​ឃើញ​បាន ហើយ​ជា​គ្រឹះ​ធ្វើជាចំណងចងអស់អភិបាលប៉ុន្មានឱ្យភ្ជាប់ជាមួយគ្នា និងឱ្យគ្រីស្តបរិស័ទទាំងអស់រួមគ្នាជា​ធ្លុង​តែ​មួយ​ដែរ។ អភិបាល​ម្នាក់ៗតាមចំណែក​រៀង​ៗខ្លួន ក៏ជាគោល និងជាគ្រឹះធ្វើឱ្យព្រះសហ គមន៍ភូមិភាគរបស់ខ្លួនរួប​រួម​ជាធ្លុងតែ​មួយ​ដែរ។ ព្រះ​សហគមន៍​​ភូមិភាគនីមួយៗក៏មានការ​ចាត់ចែង​ដូច​ព្រះ​សហគមន៍​សកលដែរ។ មាន​ព្រះ​សហគមន៍​​សកល​​តែ​មួយគត់ ដោយសារមានព្រះសហគមន៍​​ភូមិភាគនានា និងនៅក្នុង​ព្រះ​សហគមន៍​​ភូមិភាគ​នានា។ ហេតុនេះ​ហើយ បានជាអភិបាល​ម្នាក់ៗ​ជា​តំណាង​ព្រះសហគមន៍​​របស់ខ្លួន ហើយ​អភិបាល​ទាំង​អស់រួម​ជាមួយ​អភិបាល​ព្រះសហគមន៍​ក្រុង​រ៉ូម ជា​តំណាង​ព្រះសហគមន៍​សកលដោយ​ជាប់ចំណង​គ្នា ដោយ​សន្តិភាព ដោយ​សេចក្តី​ស្រឡាញ់ និង​ដោយ​រួប​រួម​គ្នា។

អស់លោកអភិបាលត្រូវបានតែងតាំងធ្វើជាប្រមុខព្រះសហគមន៍ភូមិភាគនីមួយៗ។ អស់លោក​ប្រើ​អំណាច​តាម​ចំណែករៀងៗខ្លួន ក្នុងឋានៈជាគង្វាលនៃផ្នែកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បាន​ផ្ញើ​ទុក​មក​លោក។ អស់លោកមិនអាចប្រើអំណាចនេះលើព្រះសហគមន៍ដទៃទៀត ឬលើ​ព្រះ​សហគមន៍​សកលបាន​ឡើយ។ ប៉ុន្តែ ក្នុងឋានៈអស់លោកជាសមាជិកក្រុមអភិបាល និងក្នុងឋានៈ​ជាអ្នក​បន្ត​មុខ​ងារពីក្រុមគ្រីស្តទូតយ៉ាង​ពេញ​ច្បាប់​ អភិបាល​​ម្នាក់ៗក៏ត្រូវតែយកចិត្ត​ទុកដាក់​នឹង​ព្រះ​សហគមន៍​សកល​ដែរ តាមការតែងតាំង និងតាមបញ្ជា​របស់​ព្រះ​គ្រីស្ត។ ទោះបី​អភិបាល​ព្រះសហគមន៍​ភូមិភាគមិន​ធ្វើ​កិច្ចការ​អ្វី សម្រាប់​គ្រប់គ្រង​ព្រះសហគមន៍​សកល​ក្តី ក៏ការយកចិត្ត​ទុកដាក់នេះមានប្រយោជន៍ដល់ព្រះសហគមន៍សកលយ៉ាងខ្លាំងដែរ។ អស់លោក​អភិបាល​ត្រូវ​ពង្រឹង និង​រក្សា​ការពារ​ឯកភាពនៃជំនឿ និងវិន័យរួមក្នុងព្រះសហគមន៍ទាំងឡាយ ត្រូវ​អប់រំគ្រីស្ត​បរិស័ទ​ឱ្យ​ស្រឡាញ់​ព្រះ​កាយ​ដ៏​អាថ៌កំបាំងទាំងមូលរបស់ព្រះគ្រីស្ត ជាពិសេស ឱ្យមានចិត្តស្រឡាញ់ជនក្រីក្រ ជនរងទុក្ខ​លំបាក និងអស់​អ្នក​ដែលត្រូវគេបៀត​បៀន​ធ្វើបាប​ព្រោះតែយុតិ្តធម៌ (មថ ៥,១០)។ មិនតែប៉ុណ្ណោះ អស់​លោក​ត្រូវ​ពង្រីក និង​ពង្រឹង​សកម្មភាពរួមរបស់ព្រះសហគមន៍ទាំងមូល ជាពិសេស ដោយមានបំណងចង់ឱ្យ​ជំនឿ​ចម្រើន​ឡើង ដើម្បីឱ្យពន្លឺនៃ​សេចក្តីពិតដ៏គ្រប់លក្ខណៈរះឡើងបំភឺ្លមនុស្ស​ទាំងអស់។ យើងដឹងច្បាស់ថា ដោយ​អស់​លោក​គ្រប់គ្រងព្រះសហគមន៍​​របស់ខ្លួនផ្ទាល់ ទុកជាចំណែកមួយនៃព្រះសហគមន៍សកល អស់លោក​រួម​សហការ​យ៉ាង​សកម្ម ដើម្បី​ជា​ប្រយោជន៍​របស់​ព្រះ​កាយ​ដ៏អាថ៌កំបាំង​របស់ព្រះ​គ្រីស្ត ដែលជា​ព្រះកាយ​របស់​ព្រះ​សហគមន៍​ទាំង​ឡាយដែរ។

ក្រុមអភិបាលជាគង្វាលមានភារកិច្ចប្រកាស​ដំណឹង​ល្អនៅលើផែនដីទាំងមូល។ ព្រះគ្រីស្តបានផ្តាំ បញ្ជា​ឱ្យ​អស់​លោក​អភិបាល មានភារកិច្ចរួមតាមសេចក្តីដែលលោកសេឡែស្តាំង ជាអភិបាល​ព្រះ​សហគមន៍​ក្រុងរ៉ូមរំឭក​អស់​លោក​ដែលចូល​រួមក្នុងមហាសន្និបាតក្រុងអេភេសូកាល​ពី​ដើម។

ហេតុនេះហើយ បានជាលោកអភិបាលម្នាក់ៗតាមចំណែករៀងៗខ្លួន និងតាមបន្ទុករបស់ខ្លួន​ផ្ទាល់​អនុញ្ញាត​ឱ្យត្រូវសុខចិត្តខិតខំធ្វើការរួមគ្នា និងរួម​ជាមួយ​អភិបាល​ព្រះសហគមន៍ក្រុងរ៉ូម ដែល​បាន​ទទួល​បន្ទុក​ពិសេស​យ៉ាង​ធ្ងន់ពីព្រះអម្ចាស់ គឺផ្សព្វ​ផ្សាយ​នាម​ជាគ្រីស្តបរិស័ទ។ ហេតុនេះហើយ បាន​ជា​អស់​លោក​ត្រូវខិតខំឱ្យ​អស់​ពី​សមត្ថភាព ជួយដល់ព្រះសហគមន៍​​ក្នុងប្រទេសដែលមានមនុស្សភាគ​ច្រើន​មិន​ស្គាល់​ព្រះគ្រីស្ត ឱ្យមានអ្នក​ទៅ​ច្រូត​ស្រូវ​ក្នុងស្រែរបស់ព្រះអម្ចាស់។ ត្រូវផ្តល់​ជំនួយ​ខាងព្រះវិញ្ញាណ និង​ខាង​ស​ម្ភារៈដោយខ្លួនលោកផ្ទាល់ ឬ​ដោយ​ដាស់​តឿន​គ្រីស្តបរិស័ទឱ្យខ្នះខ្នែងរួមសហការជាមួយព្រះសហគមន៍ទាំងនោះ។ អស់​លោកអភិបាល​ក៏​ត្រូវ​មាន​ចិត្ត​ទូលាយជួយផ្តល់ជំនួយដល់ព្រះសហគមន៍​​ឯទៀតៗជា​បង​ប្អូន ជាពិសេស ដល់ព្រះសហគមន៍​នៅ​ជិត​ខាង​ដែលខ្វះ​ខាត។ ត្រូវរួបរួមគ្នាជាមួយព្រះសហគមន៍​ទាំង​នោះ​ដោយ​សេចក្តី​ស្រឡាញ់ តាម​​គំរូដ៏​ប្រសើរ​របស់​ព្រះ​សហគមន៍​ពី​ដើម។

ក្រុមគ្រីស្តទូត និង​អស់លោកដែល​បន្ត​មុខងារពីក្រុមគ្រីស្តទូតមក បានតែងតាំងព្រះសហគមន៍​នៅ​កន្លែង​ផ្សេងៗ។ តាមប្រវត្តិសាស្ត្រព្រះ​ជាម្ចាស់ដែលថែទាំមនុស្សលោក ទ្រង់​សព្វ​ព្រះហឫទ័យ​ឱ្យ​ព្រះសហគមន៍​ទាំង​នោះ​រួបរួម​គ្នា​ជា​ក្រុម​តាមតំបន់។ ក្រុមព្រះសហ គមន៍ទាំងនោះមានរចនាសម្ពន្ធត្រឹមត្រូវ មានវិន័យ មានក្បួន​ពិធី​គោរព​ប្រណិប័តន៍របស់ខ្លួនផ្ទាល់ មានបេតិកភ័ណ្ឌខាងទេវវិទ្យា និងខាងព្រះវិញ្ញាណផ្ទាល់ដែរ។ ទោះបីមាន​ក្រុម​ព្រះ​សហគមន៍ជាច្រើនប្លែកៗពីគ្នាដូច្នេះក្កី ក៏គេមិន​ធ្វើឱ្យ​ជំនឿអន់ថយ និងមិនបែកចេញ ពី​រចនា​សម្ពន្ធ​តែ​មួយ​ដែល​ព្រះ​ជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​តែងតាំង​សម្រាប់ព្រះ​សហគមន៍​​សកលឡើយ។ មាន​ព្រះសហគមន៍​ខ្លះ​ពី​បុរាណ ជា​ពិសេស​ ព្រះសហគមន៍​នៅបូព៌ាប្រទេសដែលមានអភិបាល​ដ៏ប្រសើរ​ឧត្តម​ណែនាំ បាន​ទៅ​ជា «ស្បូន» ខាង​ជំនឿ ហើយ​​បង្កើតព្រះសហគមន៍ឯទៀតៗដែលប្រៀប​ដូច​ជា​កូន​ស្រី​របស់​គេ។ ព្រះ​សហគមន៍​ទាំងនោះជាប់​ចំណង​ដោយ​សេចក្តី​ស្រឡាញ់យ៉ាងជិតស្និទ្ធ ភ្ជាប់គ្នាដោយ​ធ្វើ​អគ្គ​សញ្ញាដូចគ្នា ហើយគោរព​សិទ្ធិ និង​ភារកិច្ច​របស់​ខ្លួន​ទៅវិញ​ទៅ​មករហូតដល់សព្វថ្ងៃ។ ដោយព្រះសហ គមន៍​តាម​តំបន់​ប្លែកៗ​ពីគ្នាច្រើនយ៉ាងនេះ តែរួម​គ្នា​ជា​ធ្លុង​តែមួយ សរឱ្យ​ឃើញ​កាន់តែច្បាស់​ថា ព្រះសហគមន៍​មាន​លក្ខណៈ​ជា «កាតូលិក» គឺសកល ដែលមិនអាច​បំបែក​បាន​ឡើយ។ យ៉ាង​ណា​មិញ សព្វថ្ងៃ ក្រុម​អភិបាល​តាមប្រទេសនីមួយៗដែលរួមសហការ​តាមរបៀប​ផ្សេងៗ​ដែលបង្កើតផល ធ្វើឱ្យ​គោលគំនិតនៃការ​ណែនាំ​រួមរបស់ក្រុមអភិបាលកើត​ជា​រូបរាងយ៉ាងជាក់ច្បាស់។

២៤- មុខងារបម្រើរបស់លោកអភិបាល

ព្រះអម្ចាស់ដែលទទួលគ្រប់អំណាចទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ព្រះអង្គប្រទានឱ្យ​អស់​លោក​អភិបាល ក្នុងឋានៈជាអ្នកបន្តមុខងារពីក្រុមគ្រីស្តទូតមក មានបេសកកម្មបង្រៀន​មនុស្ស​គ្រប់​ជាតិ​​សាសន៍ និង​ប្រកាស​​ដំណឹងល្អដល់សត្វលោកទាំងឡាយ ដើម្បីឱ្យមនុស្សលោកទាំងអស់ទទួលការ​សង្គ្រោះ​ដោយ​ផ្ញើជីវិតលើ​ព្រះគ្រីស្ត ដោយ​ទទួលអគ្គសញ្ញាជ្រមុជទឹក និងដោយប្រតិបត្តិតាមវិន័យ​ទាំង​ប៉ុន្មាន (មថ ២៨,១៨; មក ១៦,១៥-១៦; កក ២៦,១៧ត)។ ព្រះគ្រីស្តសន្យាថា​ នឹងប្រទាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធឱ្យក្រុមគ្រីស្តទូត ដើម្បី​ឱ្យអស់​លោក​អាច​បំពេញ​បេសកកម្មនោះ​បាន។ នៅបុណ្យថ្ងៃទីហាសិប ព្រះ​អង្គចាត់ព្រះវិញ្ញាណពីស្ថានបរមសុខមក ដើម្បី​ឱ្យ​ក្រុមគ្រីស្តទូត​ធ្វើជា​សាក្សីរបស់​ព្រះ​អង្គ រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន​ដី នៅចំពោះមុខប្រជាជាតិ ប្រជាជន និងស្តេចនានាដោយសារឫទ្ធានុភាព​នៃ​ព្រះ​វិញ្ញាណ​នោះ (កក ១,៨; ២,១ត; ៩,១៥)។ ព្រះអម្ចាស់​បាន​ផ្ញើ​បន្ទុក​នេះ ឱ្យ​គង្វាល​នៃប្រជារាស្រ្តរបស់​ព្រះ​អង្គ ទុកជាកិច្ចបម្រើដ៏ពិតប្រាកដ។ ក្នុង​គម្ពីរ​មាន​ចែង​យ៉ាង​ជាក់​ច្បាស់​ថា បន្ទុក​នេះពិតជា «មុខងារ​បម្រើ» (កក ១,១៧.២៥; ២១,១៩; រម ១១,១៣; ១ធម ១,១២)។

ព្រះសហគមន៍ប្រគល់បេសកកម្មជាអភិបាលតាមរបៀបផ្សេងៗពីគ្នាគឺ៖

  • តាមប្រពៃណីដ៏ត្រឹមត្រូវដែល​អភិបាលព្រះសហគមន៍ក្រុងរ៉ូមមិនបានលុបចោល ក្នុងឋានៈលោកកាន់​អំណាច​ដ៏ខ្ពង់​ខ្ពស់​និងសកលលើព្រះសហគមន៍ទាំងមូល។
  • តាមច្បាប់​អភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម​បាន​បង្កើត ឬ​ទទួល​ស្គាល់។
  • ដោយ​អភិបាល​ព្រះសហគមន៍ក្រុងរ៉ូមដែលបន្តមុខងារពីគ្រីស្តទូតសិលាមក ប្រគល់​ដោយខ្លួនលោក​ផ្ទាល់។

ប្រសិនបើអភិបាលព្រះ​សហគមន៍​ក្រុងរ៉ូមជំទាស់នឹងការតែងតាំង​អភិបាលណាម្នាក់ ឬមិនព្រម​ឱ្យអភិបាល​ណាម្នាក់រួបរួមជាមួយក្រុមគ្រីស្តទូត អភិបាលនោះមិនអាចបំពេញមុខងារជាអភិបាលបានឡើយ។

២៥- អភិបាលមានមុខងារបង្រៀនព្រះសហគមន៍

ក្នុងចំណោមបន្ទុកដ៏សំខាន់ទាំងប៉ុន្មាន លោកអភិបាលមានបន្ទុកប្រកាសដំណឹងល្អជាបន្ទុក​ចម្បង។ អភិបាល​ប្រកាសជំនឿ គឺណែនាំសាវ័កថ្មីឱ្យមករកព្រះគ្រីស្ត។ អស់លោកក៏ជាគ្រូគួរឱ្យទុកចិត្ត គឺជាគ្រូដែលទទួល​អំណាច​របស់​ព្រះ​គ្រីស្ត។ អស់លោកប្រកាសជំនឿឱ្យប្រជារាស្រ្ត ដែលព្រះជាម្ចាស់​បានផ្ញើ​ទុក​មកឱ្យអស់លោក គឺ​ជំ​នឿ​ដែល​បំភ្លឺ និង​ណែនាំចិត្តគំនិត និងកិរិយាមារយាទរបស់គេ ព្រមទាំងបញ្ចាំងរស្មី​​នៃជំនឿនេះ​ក្រោមពន្លឺនៃព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ។ លោកយកទ្រព្យថ្មី និងទ្រព្យចាស់ពី​ឃ្លាំងនៃសេចក្តីដែល​ព្រះជាម្ចាស់​បានសម្តែង​ឱ្យមនុស្ស​លោក​ស្គាល់មក​ចែកឱ្យគេ (មថ ១៣,៥២) លោកនាំឱ្យជំនឿ​បង្កើត​ផលផ្លែទាំងប្រុងប្រយ័ត្ន កុំឱ្យ​សេចក្តី​មិន​ពិត​ទាំង​ប៉ុន្មានបណ្តាលឱ្យហ្វូងចៀមរបស់ខ្លួនវង្វេងឡើយ (២ធម ៤,១-៤)។

គ្រីស្តបរិស័ទត្រូវតែគោរពអស់លោកអភិបាលដែលបង្រៀនគេ ទាំងរួបរួមជាមួយនឹងអភិបាល​ព្រះ​សហគមន៍​ក្រុងរ៉ូម គឺត្រូវគោរពអស់ លោកក្នុងឋានៈជាសាក្សីនៃសេចក្តីពិតអំពីព្រះជាម្ចាស់ និង​សេចក្តី​ពិត​កាតូលិក​ដែរ។ គ្រីស្តបរិស័ទត្រូវភ្ជាប់ចិត្តនឹងគំនិតរបស់លោកអភិបាលក្នុងវិស័យលទ្ធិនៃជំនឿ និងសីលធម៌ដែលលោក​បញ្ចេញ​ក្នុងនាមព្រះគ្រីស្ត គេត្រូវ​ភ្ជាប់ចិត្តនឹងសេចក្តីទាំងនោះដោយគោរពក្នុងនាមសាសនា។ គ្រីស្តបរិស័ទ​ក៏ត្រូវ​ភ្ជាប់​សេចក្តីប៉ងប្រាថ្នាជាមួយនឹងប្រាជ្ញាយ៉ាង​ពិសេស និង​ការ​បង្រៀន​យ៉ាងពិតប្រាកដ​របស់​អភិបាល​ព្រះ​សហគមន៍​ក្រុងរ៉ូម សូម្បីតែនៅពេលដែលលោកមិន​ប្រកាស​សេចក្តីក្នុងឋានៈ​លោក​ជាអ្នកបន្ត​មុខ​ងារ​របស់​គ្រីស្តទូត​សិលា​មក​ក៏ដោយ ក៏ត្រូវ​ភ្ជាប់ចិត្តនឹងសេចក្តីទាំងនោះដែរ។ គ្រីស្តបរិស័ទត្រូវទទួលស្គាល់​មុខងារ​​បង្រៀនដ៏​ខ្ពង់​ខ្ពស់​របស់លោក​ដោយគោរព។ គេក៏ត្រូវភ្ជាប់ចិត្តយ៉ាង​ស្មោះនូវ​សេចក្តី​ដែលលោក​ប្រកាស​ស្របតាមគំនិត និង​តាម​បំណង​ប្រាថ្នា​របស់លោក។ គ្រីស្តបរិស័ទអាចស្គាល់​គំនិត និង​តាម​បំណងប្រាថ្នាដោយ​ពិនិត្យ​ពិច័យ​លក្ខណៈ​នៃ​ឯកសារ ឬរបៀប​ដែលលោកទទូចបង្រៀនលទ្ធិមួយ និងរបៀបដែលលោកបញ្ចេញយោបល់ដែរ។

អភិបាលម្នាក់ៗអាចភាន់ច្រឡំបាន គឺគ្មានឯកសិទ្ធិជៀសវាងមិនឱ្យភាន់ច្រឡំបាន។ ក៏ប៉ុន្តែ ពេល​​អស់​លោក​ដែល​ខ្ចាត់ខ្ចាយក្នុងពិភព លោកទាំងមូលរក្សាចំណងនៃការរួបរួមគ្នាទៅវិញទៅមក និងរួបរួម​ជាមួយ​អភិបាល​ព្រះសហគមន៍ក្រុងរ៉ូម ដែលបន្តមុខងារពីគ្រីស្តទូតសិលាមក នៅពេលនោះ ប្រសិន​បើអស់​លោក​ព្រម​ព្រៀង​គ្នា​បង្រៀនសេចក្តីណាមួយក្នុងវិស័យលទិ្ធនៃជំនឿ និងវិស័យសីលធម៌យ៉ាងពិតប្រាកដ ហើយ​ប្រកាស​ទៀត​ថា សេចក្តី​នេះ​គ្រីស្តបរិស័ទត្រូវតែជឿជាដាច់ខាត គឺពេលនោះអស់លោកពិតជា​ប្រកាស​លទិ្ធ​របស់​ព្រះ គ្រីស្ត​មែន ដោយមិន​អាចភាន់ច្រឡំបានឡើយ។ ច្បាស់ជាង​នេះទៅទៀត នៅពេលអស់លោកប្រជុំ​គ្នា​ជាមហាសន្និបាត​សកល អស់​លោកពិតជាបំពេញ​មុខងារ​ជាគ្រូ​បង្រៀន និង​ជា​ចៅ​ក្រម​​សម្រាប់ព្រះសហគមន៍​ទាំង​មូលក្នុង​វិស័យ​លទិ្ធ​នៃ​ជំនឿ​ និង​សីលធម៌។ គ្រីស្តបរិស័ទ​ត្រូវ​តែភ្ជាប់​ចិត្តនឹង​សេចកី្ត​បញ្ជាក់​គោលលទ្ធិទាំង​នោះ​ដោយ​គោរព ក្នុង​នាម​ខ្លួន​ជា​អ្នក​ជឿ​លើព្រះគ្រីស្ត។

ព្រះយេស៊ូជាព្រះសង្គ្រោះ ទ្រង់សព្វព្រះហឫទ័យប្រោសឱ្យព្រះសហគមន៍មិនអាចភាន់ច្រឡំបានក្នុងវិស័យបញ្ជាក់​លទ្ធិនៃជំនឿ និងសីលធម៌។ ព្រះសហគមន៍ក៏មិនអាចភាន់ច្រឡំបានក្នុងករណី​ថែរក្សាឱ្យបានវិសុទ្ធ និង​ពន្យល់​យ៉ាង​ស្មោះនូវសេចក្តីទាំងប៉ុន្មាន ដែល​ព្រះ​ជាម្ចាស់បាន​សម្តែងឱ្យមនុស្ស​លោក​ស្គាល់ និងផ្ញើទុក​ឱ្យ​ព្រះ​សហគមន៍ដែរ។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម​មាន​ឯក​សិទ្ធិ​មិនអាច​ភាន់​ច្រឡំបាន ក្នុងឋានៈលោក​ទទួល​បន្ទុក​ជា​មេដឹក​នាំក្រុមអភិបាល និងក្នុងឋានៈជាគង្វាល និងជាគ្រូដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​គ្រីស្តបរិស័ទទាំងឡាយ។ លោក​ទទួល​ភារកិច្ចគាំទ្របងប្អូនក្នុងជំនឿ (លក ២២,៣២)។ នៅពេលលោក​ប្រកាស​អំពី​ប្រការ​មួយក្នុង​វិស័យ​លទិ្ធ​នៃ​ជំនឿ​ និងសីលធម៌ទុកជាកិច្ចសម្រេចជាស្ថាពរ លោក​មិន​អាច​ភាន់ច្រឡំបានឡើយ។ ហេតុនេះហើយ បាន​ជា​គេ​ធ្លាប់​និយាយយ៉ាងត្រឹមត្រូវថា សេចក្តីទាំង​ប៉ុន្មានដែល​លោក​ប្រកាស​បញ្ជាក់​របៀបនេះ មិនអាចប្រែប្រួលបាន ព្រោះ​សេចក្តីទាំងនោះ​មិន​មែនមក​ពីព្រះ​សហគមន៍​យល់​ស្របទេ តែ​មកពីលោក​បាន​ប្រកាសបញ្ជាក់ដោយព្រះ​វិញ្ញាណ​ដ៏វិសុទ្ធជួយឧបត្ថម្ភ តាមព្រះ​បន្ទូលសន្យា​ក្នុងឋានៈលោកបន្តមុខងារ​ពី​គ្រីស្តទូត​សិលាមក។ ហេតុនេះ​ហើយ បានជាលោក​មិន​ត្រូវ​ការអ្នកឯទៀតៗយល់ស្របទេ ហើយក៏​គ្មាន​នរ​ណា​ទៅប្តឹងឱ្យអ្នកខ្ពស់​ជាងលោក​វិនិច្ឆ័យ​បាន​ដែរ។ ឯកសិទ្ធិនេះមកពីអភិបាល​ព្រះសហគមន៍​ក្រុង​រ៉ូមមិនប្រកាស​សេចក្តី​ក្នុងឋានៈ​ជាបុគ្គលទេ តែ​លោក​បក​ស្រាយ ​និង​ការពារលទ្ធិនៃជំនឿកាតូលិកក្នុងឋានៈលោក​ជាគ្រូ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៃព្រះសហគមន៍សកល ហើយ​ក្នុងឋានៈ​លោក​​បាន​ទទួលព្រះអំណោយ​ទានយ៉ាងពិសេស​ក្នុងខ្លួនលោក​ផ្ទាល់ មិន​អាច​ភាន់​ច្រឡំ​បាន ជា​ព្រះ​អំណោយទាន​រ​បស់ព្រះសហ គមន៍​ដែល​មិន​អាច​ភាន់ច្រឡំបានឡើយ។ ក្រុមអភិបាល​ក៏​មាន​ឯកសិទ្ធិមិនអាច​ភាន់​ច្រឡំ​បាននោះ តាមព្រះបន្ទូលសន្យារបស់ព្រះ​គ្រីស្តមក​ព្រះសហគមន៍ នៅ​ពេល​​ក្រុម​អភិបាល​បំពេញមុខ​ងារ​បង្រៀន​យ៉ាងខ្ពង់ខ្ពស់ រួមជាមួយអភិបាលព្រះ​សហគមន៍​ក្រុង​រ៉ូម​ ដែល​បន្ត​មុខ​ងារ​ពីគ្រីស្តទូត​សិលា​មក។ ព្រះ​សហគមន៍​ត្រូវតែយល់ស្រប​តាមសេចក្តីប្រកាសបញ្ជាក់ទាំងនោះជានិច្ច ព្រោះ​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ថែ​រក្សា​ហ្វូង​ចៀម​ទាំងមូលរបស់ព្រះគ្រីស្ត ឱ្យរួបរួមគ្នាក្នុងជំនឿ​តែ​មួយ និងប្រោស​ឱ្យហ្វូង​ចៀមនោះចម្រើនឡើង។

ពេលអភិបាលព្រះសហគមន៍ក្រុងរ៉ូម ឬក្រុមអភិបាលទាំងអស់រួមជាមួយលោកប្រកាសសេចក្តីបញ្ជាក់​ណា​មួយ អស់លោកប្រកាសស្របតាមសេចកី្តដែលព្រះជាម្ចាស់បានសម្តែងឱ្យមនុស្សលោកស្គាល់។ គ្រីស្តបរិស័ទ​ទាំង​អស់​ក៏ត្រូវជឿ និងអនុវត្តតាមសេចកី្ត​ដែល​ព្រះជាម្ចាស់បានសម្តែង​ឱ្យមនុស្ស​លោក​ស្គាល់នោះ តាម​ព្រះ​សហគមន៍​បានបញ្ជូនបន្តមកយ៉ាងពេញលេញ ជាលាយល័ក្ខអក្សរ ឬជាពាក្យ​សម្តីនិយាយតៗគ្នាតាមរយៈក្រុម​អភិបាល​ដែលបន្តមុខងារពីក្រុមគ្រីស្តទូតមកយ៉ាងត្រឹមត្រូវតាមច្បាប់ ហើយ​ជាពិសេស តាម រយៈអភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូមផ្ទាល់ដែលយកចិត្តទុកដាក់ប្រកាសបញ្ជាក់សេចក្តីទាំងនោះ។ ព្រះសហគមន៍ថែរក្សា​សេចក្តី​ទាំង​អស់ដែល​ព្រះជា​ម្ចាស់​បាន​សម្តែង​ឱ្យ​មនុស្ស​លោក​ស្គាល់ដោយ​ឥត​ល្អៀង ហើយពន្យល់សេចក្តីទាំងនោះដោយ​មិនប្រែប្រួល តាម​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិតបំភ្លឺ។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម និង​ក្រុម​អភិបាល​ត្រូវ​យក​ចិត្ត​ទុកដាក់​ខិតខំពិនិត្យពិច័យ និង​បកស្រាយ​សេចក្តីទាំងនោះយ៉ាងសមរម្យ ទាំង​ប្រើគ្រប់​មធ្យោ​បាយ​ដែល​អស់​លោក​ត្រូវ​ការដោយ​យល់​ឃើញថា ជាភារកិច្ចជាទម្ងន់របស់ខ្លួន និងមានសារៈសំខាន់ផង។ ក៏ប៉ុនែ្ត អស់​លោក​មិន​ត្រូវ​ទទួល​សេចក្តីថ្មីជា​សាធារណៈទុកជា​សេចក្តី​ដែល​ព្រះ​ជាម្ចាស់បានផ្ញើមកព្រះសហ គមន៍នោះទេ។

២៦- លោកអភិបាលមានមុខងារណែនាំគ្រីស្តបរិស័ទឱ្យបានវិសុទ្ធ

លោកអភិបាលទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យយ៉ាងពេញលេញរួចហើយ ហេតុនេះ​ហើយ​ បាន​ជា​លោក​ទទួលខុសត្រូវ និងចែករំលែកព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ក្នុងឋានៈលោក​ជា​បូជាចារ្យ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ជាពិសេស ក្នុងអគ្គសញ្ញាអរព្រះគុណដែលលោកថ្វាយដោយខ្លួនលោកផ្ទាល់ ឬដោយ​ចាត់​ចែង​ឱ្យ​គេ​ថ្វាយ ព្រោះ​អគ្គសញ្ញាអរព្រះគុណនេះ ជាប្រភពមិនចេះរីងស្ងួតនៃជីវិត​របស់ព្រះ​សហគមន៍ និង​ធ្វើ​ឱ្យ​ព្រះ​សហគមន៍​ចម្រើន​ឡើងផង។ ព្រះសហគមន៍របស់ព្រះគ្រីស្តនេះ ពិតជាស្ថិតនៅក្នុងគ្រប់អង្គប្រជុំ​ត្រឹម​ត្រូវ​តាម​វិន័យ​របស់គ្រីស្តបរិស័ទ នៅតាមភូមិនានា បើគេរួមជាមួយគង្វាលរបស់គេ។ ក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី អង្គ​ប្រជុំ​ទាំង​នោះទទួល​ឈ្មោះថា “ព្រះសហគមន៍”

នៅកន្លែងមួយ ព្រះសហគមន៍នីមួយៗពិតជាប្រជារាស្រ្តថ្មីដែលព្រះជាម្ចាស់បានត្រាស់ហៅក្នុងព្រះវិញ្ញាណ​ដ៏វិសុទ្ធ ឱ្យមានចិត្តនឹងនយ៉ាងខ្លាំង (១ថស ១,៥)។ ការប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តប្រមែប្រមូល​គ្រីស្ត​បរិស័ទ​ក្នុងព្រះសហគមន៍ទាំងនោះ គេក៏នាំគ្នាលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃពិធីជប់លៀងរបស់ព្រះអម្ចាស់ “ដើម្បី​ឱ្យ​ក្រុម​បងប្អូនទាំងអស់​រួបរួមគ្នាកាន់តែជិតស្និទ្ធក្នុងព្រះកាយតែ មួយ ដោយសាច់ និងព្រះ​លោហិត​របស់​ព្រះ​អម្ចាស់”។ ពេលណាព្រះសហគមន៍ថ្វាយ​អភិបូជា​ក្រោមការណែនាំ​របស់​លោក​អភិបាល ដែលទទួល​អគ្គសញ្ញា​តែង​តាំង​ដ៏​សក្ការៈ ពេលនោះ និមិត្តរូបនៃសេចក្តីស្រឡាញ់លេច​ធ្លោ​ឡើងយ៉ាងច្បាស់​ ហើយ “គ្រីស្តបរិស័ទ​ក៏រួបរួម​គ្នា​ជា​ព្រះកាយ​ដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត។ ក្រៅពីការរួមក្នុងព្រះកាយ​ដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តនេះ គ្មាន​នរណា​អាចទទួលការ​សង្គ្រោះ​បាន​ឡើយ”។ ទោះបីសហគមន៍​ទាំងនេះតូច ឬក្រីក្រ​យ៉ាងណាក្តី ខ្ចាត់ខ្ចាយយ៉ាង​ណា​ក្តី ក៏ព្រះ​គ្រីស្ត​គង់នៅជាមួយដែរ។ ឫទ្ធានុភាព​របស់ព្រះអង្គតែងតាំងឱ្យព្រះសហគមន៍ឱ្យមានលក្ខណៈបួន គឺរួបរួម​ជាអង្គតែ​មួយ ជាព្រះ​សហគមន៍ដ៏វិសុទ្ធ ជាកាតូលិក សកល និងកាន់តាមជំនឿរបស់គ្រីស្តទូត។ “ពេល​យើង​ទទួល​ព្រះ​កាយ​ និង​ព្រះ​លោហិតព្រះគ្រីស្ត យើងផ្លាស់ប្រែឱ្យទៅជា​ព្រះ​កាយ​​ដែល​យើង​ទទួលនោះ”

ក៏ប៉ុន្តែ លោកអភិបាលណែនាំគ្រប់អភិបូជាត្រឹមត្រូវតាមច្បាប់ ព្រោះលោក​បាន​ទទួលបន្ទុកគោរពបម្រើព្រះ​ជាម្ចាស់ដ៏ប្រសើរឧត្តមបំផុតតាមរបៀបគ្រីស្តសាសនា និងបាន​ទទួល​ការចាត់​ចែង និង​គ្រប់​គ្រង​តាម​ព្រះ​បញ្ជា​របស់​ព្រះអម្ចាស់ផង និងតាមច្បាប់របស់ព្រះសហគមន៍ផងដែរ។ លោកបញ្ជាក់ច្បាប់ទាំងនោះ​សម្រាប់​ភូមិភាគ​របស់​លោក​តាម​លោក​រិះគិត​ពិចារណា។

ហេតុនេះហើយ បានជាអស់លោកអភិបាលដែលអធិដ្ឋាន និងធ្វើការដើម្បីជាប្រយោជន៍ដល់ប្រជា​ជនរបស់​ខ្លួន មុខជានឹងចាក់បង្ហូរគ្រប់លក្ខណៈសម្បត្តិនៃភាពដ៏វិសុទ្ធរបស់ព្រះគ្រីស្ត លើប្រជាជននោះយ៉ាង​បរិបូរណ៍តាម​របៀប​ផ្សេង​ៗ។ ពេលអស់លោកបំពេញមុខ ងារបម្រើព្រះបន្ទូល អស់​លោក​បញ្ជូន​ឫទ្ធានុភាព​របស់​ព្រះជា​ម្ចាស់​សម្រាប់​សង្គ្រោះ​អស់អ្នក​ដែល​ផ្ញើជីវិតលើព្រះអង្គ (រម ១,១៦)។ ពេលអស់​លោក​ចាត់ចែងឱ្យបូជាចារ្យធ្វើ​អគ្គ​សញ្ញា​នានា​យ៉ាង​ទៀងទាត់ និងតាមរបៀបដែលអាច​បង្កើត​ផល ក្រោម​អំណាច​របស់អស់ លោក អស់លោក​អភិបាល​ក៏ធ្វើឱ្យគ្រីស្តបរិស័ទបានវិសុទ្ធ។ អស់លោក​ចាត់​ចែង​ពិធី​ជ្រមុជ​ទឹក ជាពិធី​ប្រោសឱ្យអ្នកជឿរួមជាមួយ​ព្រះ​គ្រីស្ត​ក្នុង​ឋានៈជាបូជាចារ្យរបស់​ព្រះ​មហាក្សត្រ។ ធម្មតា​អស់​លោក​ធ្វើអគ្គសញ្ញាលាបថ្ងាសជូន​គ្រីស្តបរិស័ទ។ អស់​លោក​ក៏ធ្វើអគ្គសញ្ញា​តែង​តាំងឧបដ្ឋាក​ និង​បូជាចារ្យ ព្រមទាំងចាត់ចែងវិន័យ​នៃ​អគ្គ​សញ្ញា​លើកលែង​ទោស​ផង​ដែរ។ អស់​លោក​ដាស់តឿន​ និង​បង្រៀន​​គ្រីស្តបរិស័ទដោយយកចិត្តទុកដាក់ ដើម្បី​ឱ្យ​ប្រជាជន​របស់​អស់​លោកចូល​រួម​ក្នុង​​ពិធីគោរពប្រណិប័តន៍​យ៉ាង​សកម្ម ជាពិសេស ចូលរួមក្នុងអភិបូជាដ៏សក្ការៈដោយមានជំនឿ និង​ដោយ​សេចក្តី​គោរព។ អស់លោកត្រូវធ្វើជាគំរូ​សម្រាប់​គ្រីស្តបរិស័ទដែលនៅក្រោមអំណាចរបស់អស់លោក ត្រូវ​ជៀសវាង​អំពើ​អាក្រក់គ្រប់​យ៉ាង និងប្រែមកធ្វើអំពើល្អវិញតាមតែអស់លោកអាចធ្វើបាន ដោយ​មាន​ព្រះ​អម្ចាស់​ជួយឧបត្ថម្ភផង ដើម្បីឱ្យ​អស់លោកអាចឈាន​ទៅដល់ព្រះ​ជន្មអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ រួម​ជាមួយ​ហ្វូងចៀមដែល​ព្រះ​អង្គ​បានផ្ញើទុក​មក​អស់លោក។

២៧- លោកអភិបាលមានមុខងារណែនាំ និងគ្រប់គ្រងព្រះសហគមន៍

អស់លោកអភិបាលទទួលបន្ទុកលើព្រះសហគមន៍តាមភូមិភាគក្នុងឋានៈលោកជាតំណាង និង​ជា​ទូត​របស់​ព្រះ​គ្រីស្ត។ ដូច្នេះ អស់ លោកណែនាំព្រះសហគមន៍ភូមិភាគដោយទូន្មាន ដោយលើកទឹកចិត្ត ដោយធ្វើជាគំរូ​ឱ្យគេ ហើយ​ដោយ​ប្រើ​អំណាច និងដោយអានុ ភាពដ៏សក្ការៈ​របស់អស់លោក។ ប៉ុន្តែ អស់លោកមិនអាច​ប្រើ​អំណាច​នេះ​តាម​អំពើ​ចិត្តបានទេ គឺអស់លោក​ត្រូវ​ប្រើអំណាច​នេះ ដើម្បីកសាង​ហ្វូង​ចៀម​របស់អស់លោកក្នុងសេចក្តីពិត និង​ដើម្បី​ឱ្យគេបានវិសុទ្ធ។ អស់លោកត្រូវ​ចងចាំ​ជា​និច្ច​ថា អ្នក​ដែល​ធំជាង​គេ ត្រូវ​ធ្វើតូច​ជាងគេ ហើយ​អ្នក​ដែល​ដឹកនាំ​គេ ត្រូវ​បម្រើ​គេ​វិញ (លក ២២,២៦-២៧)។

អស់លោកអភិបាលប្រើអំណាចនេះក្នុងនាមព្រះគ្រីស្ត គឺជាអំណាចរបស់លោកផ្ទាល់ ជា​អំណាច​ធម្មតា និង​ជា​អំណាចលើគេ។ ក៏ប៉ុន្តែ នៅពេលប្រើអំណាចនេះ អស់លោកត្រូវអនុវត្ត​តាមការ​គ្រប់​គ្រង​នៃអំណាច​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់អភិបាល​ព្រះសហគមន៍ក្រុងរ៉ូម។ ​ជួន​កាលអភិបាលព្រះសហគមន៍​ក្រុង​រ៉ូមអាចដកអំណាច​ខ្លះពី​អភិបាល​​ភូមិភាគ​ចេញបាន ដោយនឹកគិតដល់ប្រយោជន៍​របស់ព្រះសហគមន៍​ និងរ​បស់​គ្រីស្តបរិស័ទ។ ដោយ​សារ​អំណាចនេះ អស់លោក​អភិបាលមានសិទ្ធិដ៏សក្ការៈ (ហើយ​មាន​ភារកិច្ច​ទៀតផង) នៅ​ចំពោះ​ព្រះភ័ក្រ្តព្រះអម្ចាស់ និង​បង្កើត​ច្បាប់​សម្រាប់​ប្រ​ជា​ជនរបស់​គេ ហើយវិនិច្ច័យ​ទោស ព្រមទាំង​ចាត់​ចែង​អ្វីៗទាំងអស់​ដែលមានពាក់ព័ន្ធ​នឹង​របៀប​រៀបរយនៃការគោរព​បម្រើ​ព្រះ​ជាម្ចាស់ និងអំពី​កិច្ចការ​ជាគ្រីស្តទូតទៀតដែរ។

អស់លោកទទួលមុខងារយ៉ាងពេញលេញ ដើម្បីឃ្វាលហ្វូងចៀមរបស់ខ្លួន គឺថែរក្សា​កូនចៅជា​ធម្មតា​រៀង​រាល់​ថ្ងៃ។ មិនត្រូវចាត់ទុកអស់លោកគ្រាន់តែជាតំណាងអភិបាល​ព្រះសហគមន៍​ក្រុងរ៉ូម​ប៉ុណ្ណោះ​ទេ ដ្បិត​អស់​លោក​ប្រើ​អំណាច​​របស់​អស់លោកផ្ទាល់ ហើយអស់លោកក៏ជាមេដឹកនាំដ៏ពិតប្រាកដរបស់​ប្រជាជនដែល​អស់​លោក​ដឹកនាំ។ ដូច្នេះ ​អំណាច​របស់​អភិបាលព្រះសហគមន៍ក្រុងរ៉ូម ដែលជាអំណាច​ដ៏ខ្ពង់ខ្ពស់បំផុត​ និង​ជា​អំណាច​សកល មិន​បំបាត់អំណាច​របស់់អស់​លោកទេ ផ្ទុយទៅវិញ អំណាចរបស់​អភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម​បញ្ជាក់ ពងឹ្រង និង​ការពារ​អំណាច​របស់អស់​លោក។ ព្រះវិញ្ញាណដ៏វិសុទ្ធ​នៅតែរក្សាការពារ​រចនាសម្ពន្ធ​ដែល​ព្រះ​គ្រីស្ត​ជា​អម្ចាស់បាន​តែងតាំង ដើម្បី​ណែនាំព្រះសហគមន៍​របស់ព្រះអង្គមិនដែលអាក់ខានឡើយ។

ព្រះបិតានៃក្រុមគ្រួសារទាំងមូល ចាត់លោកអភិបាលឱ្យគ្រប់គ្រងបុត្រធីតារបស់ព្រះអង្គ។ លោក​ត្រូវ​នឹក​គិត​ដល់​ព្រះយេស៊ូជាគង្វាលដ៏ល្អ គឺយកធើ្វជាគំរូជានិច្ច។ ព្រះអង្គជាគង្វាលដែលមកក្នុងពិភពលោក​នេះ មិន​មែន​ដើម្បី​ឱ្យ​គេ​បម្រើ​លោក​ទេ តែលោក​មក​បម្រើ​គេ​វិញ (មថ ២០,២៨; មក ១៩,៤៥) និង​ស៊ូប្តូរ​ជីវិត​ដើម្បី​ចៀម​របស់​ខ្លួន (យហ ១០,១១)។ ដោយគេ​ជ្រើសរើស​លោក​ពី​ចំណោម​មនុស្ស ហើយ​ដោយ​លោក​ផ្ទាល់​ក៏​ទន់​ខ្សោយ​ដែរ លោក​អាច​អធ្យាស្រ័យ​ដល់​មនុស្ស​ល្ងង់ និង​មនុស្ស​វង្វេង​បាន‌ (ហប ៥,១-២)។ ហេតុ​នេះ​ លោក​អភិបាល​ត្រូវយក​ចិត្ត​ទុកដាក់ស្តាប់ អ្នកដែលស្ថិតនៅក្រោមអំណាចរបស់លោក និងយកចិត្តទុក​ដា​ក់ស្រឡាញ់គេទុក​ជា​កូនដ៏ពិត​ប្រាកដ ទាំងដាស់​តឿនគេឱ្យធ្វើការរួម​ជាមួយ​លោក​ដោយ​​ចិត្តឧស្សាហ៍​ផង។ ដោយ​លោក​អភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​គេ​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​ជាម្ចាស់ (ហប ១៣,១៧) លោកត្រូវ​អធិដ្ឋាន បក​ស្រាយ​គម្ពីរ និងប្រព្រឹត្ត​គ្រប់​កិច្ចការសម្តែង​សេចក្តី​ស្រឡាញ់ គឺត្រូវយកចិត្តទុកដាក់ដល់កូនចៅរបស់លោក និង​ដល់​អស់អ្នកដែលមិន​ទាន់​ចូល​ក្នុង​ហ្វូង​ចៀម​តែមួយ។ លោក​ត្រូវរាប់​គេទុក​ជាអ្នកដែលព្រះអម្ចាស់បាន​ផ្ញើទុកមក​លោក​ដែរ។

លោកអភិបាលក៏ដូចគ្រីស្តទូតប៉ូលដែរ គឺលោក​ត្រូវ​មានបំណងនាំ​ដំណឹងល្អ​មក​ជូន​មនុស្ស​ទាំង​អស់ ព្រោះ​ជា​មុខងារដែលលោកត្រូវធ្វើសម្រាប់មនុស្សទាំងអស់ (រម ១,១៤-១៥) ទាំងជំរុញគ្រីស្តប​រិស័ទ​ទាំង​អស់​ឱ្យ​បំពេញ​​សកម្មភាពជាគ្រីស្តទូត និងជាសាសនាទូតដែរ។ រីឯគ្រីស្តបរិស័ទវិញ គេត្រូវភ្ជាប់ចិត្តស្រឡាញ់​អភិបាល​របស់​ខ្លួន ដូច​ព្រះសហគមន៍ភ្ជាប់ចិត្តស្រឡាញ់ព្រះគ្រីស្ត និងដូចព្រះគ្រីស្តភ្ជាប់ចិត្តស្រឡាញ់ព្រះបិតា ដើម្បី​ឱ្យអ្វីៗ​ទាំង​អស់​រួម​គ្នា​ជាធ្លុងតែមួយ និងបង្កើតផល ដើម្បីលើកតម្កើង​សិរីរុងរឿង​របស់ព្រះជាម្ចាស់ (២ករ ៤,១៥)។

២៨- អស់លោកគង្វាល និងទំនាក់ទនងជាមួយលោកអភិបាល

ព្រះបិតាបាន​ប្រសិទិ្ធព្រះគ្រីស្តឱ្យបាន​វិសុទ្ធ ហើយ​ចាត់ព្រះអង្គឱ្យ​យាងមក​ក្នុង​ពិភព​លោក (យហ ១០,៣៦)។ តាម​រយៈក្រុមគ្រីស្តទូត ព្រះគ្រីស្តក៏បានញែកអស់លោកអភិបាលដែលបន្តមុខងារពីក្រុមគ្រីស្តទូត​មក ប្រសិទ្ធិ​ឱ្យ​បានវិសុទ្ធរួមជាមួយព្រះអង្គ ហើយក៏ចែក រំលែកបេសកកម្មរបស់ព្រះអង្គឱ្យ​អស់​លោក​ដែរ។ រីឯក្រុម​អភិបាល​វិញ អស់​លោកបានបញ្ជូនបន្តយ៉ាងត្រឹម​ត្រូវ​នូវបន្ទុកនៃមុខងារ​បម្រើ​របស់​អស់លោក ឱ្យគ្រីស្ត​បរិស័ទ​ខ្លះ​តាម​កម្រិតផ្សេងៗក្នុងព្រះសហគមន៍។ ដូច្នេះ​ មាន​គ្រីស្តបរិស័ទ​ខ្លះ បំពេញ​មុខងារបម្រើ ដែល​ព្រះជាម្ចាស់​បាន​ចាត់​ចែងក្នុង​ព្រះ​សហគមន៍តាម​កម្រិតផ្សេងៗ ដែលគ្រីស្តបរិស័ទតាំងពីដើមរៀងមកធ្លាប់ហៅថា “អភិបាល គង្វាល និងឧបដ្ឋាក”។ ទោះបីគង្វាលមិន​ទទួលបន្ទុកពេញទីជាបូជាចារ្យ​ដ៏ខ្ពង់​ខ្ពស់បំផុតក្តី ទោះបីគង្វាលស្ថិត​នៅ​ក្រោម​ចំណុះ​អភិបាលនៅ​ពេល​ប្រើ​អំណាច​របស់ខ្លួនក្ដី ក៏លោកគង្វាលមានកិត្តិយសរួមជាមួយ​លោក​អភិបាល​ក្នុងឋានៈ​លោក​ជា​បូជា​ចារ្យ។ ដោយ​អានុភាពនៃអគ្គសញ្ញាតែងតាំងជាអ្នកបម្រើ អស់លោកបានដូច​ព្រះ​គ្រីស្ត​ជា​មហា​បូជាចារ្យ​ដ៏​ខ្ពង់ខ្ពស់បំផុត​ដែល​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច (ហប ៥,១-១០; ៧,២៤; ៩,១១-២៨) ព្រះអង្គ​បាន​ញែក​ប្រសិទ្ធិ​អស់លោក​ជា​បូជាចារ្យនៃ​សម្ពន្ធ​មេត្រី​ថ្មី​យ៉ាងពិតប្រាកដឱ្យប្រកាស​ដំណឹង​ល្អ និងឱ្យធ្វើ​ជា​គង្វាល​របស់​គ្រីស្តបរិស័ទ ហើយឱ្យធ្វើ​ពិធីគោរពប្រណិប័តន៍នានា​ គោរពបម្រើព្រះជាម្ចាស់។ អស់​លោក​រួម​ចំណែក​ក្នុង​បន្ទុករ​បស់​ព្រះ​គ្រីស្ត ដែលជាស្ពាន​មេត្រី​តែមួយគត់ (១ធម ២,៥) តាម​កម្រិត​នៃ​មុខ​ងារ​បម្រើ​របស់​ខ្លួន។ អស់ លោកគង្វាលក៏ប្រកាស​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​ឱ្យមនុស្ស​ទាំង​អស់ស្តាប់​ដែរ។

អស់លោកបំពេញបន្ទុកដ៏សក្ការៈរបស់អស់លោកយ៉ាងពិសេសក្នុងពិធីអរព្រះគុណ គឺនៅពេលនោះ អស់​លោក​ប្រព្រឹត្តកិច្ចការក្នុងនាមព្រះគ្រីស្ត និងជំនួសព្រះអង្គ ហើយប្រកាសគម្រោងការ​ដ៏អស្ចារ្យ​របស់​ព្រះ​អង្គ។ អស់​លោកប្រមូលពាក្យអង្វររបស់គ្រីស្តបរិស័ទឱ្យរួមជាមួយ​សក្ការបូជានៃម្ចាស់របស់អស់​លោក។ អស់​លោក​ធ្វើ​ឱ្យ​សក្ការ​បូជា​របស់​ព្រះ​គ្រីស្តមានវត្តមាននៅពេលអស់លោកថ្វាយអភិបូជានោះ រហូត​ដល់​ព្រះ​អម្ចាស់​យាងមក (១ករ ១១,២៦)។ សក្ការបូជា​នៃ​សម្ពន្ធមេត្រី​នេះមាន​តែ​មួយ​គត់គឺសក្ការ​បូជា​របស់​ព្រះ​គ្រីស្តដែល​បាន​បូជា​ព្រះជន្ម​ទុក​ជា​យញ្ញ​ដ៏​ឥត​សៅ​ហ្មង ថ្វាយទៅព្រះបិតា​ម្តងជាស្រេច (ហប ៩,១១-២៨)។ អស់​លោកបំពេញ​មុខងារ​បម្រើដ៏ប្រសើរ​បំផុត គឺមុខងារសម្រុះសម្រួល និងសម្រាលទុក្ខគ្រីស្តបរិស័ទ​ដែលមានជំងឺ និង​ដែល​សូម​ព្រះ​ជាម្ចាស់​លើក​លែង​ទោស។ អស់​លោក​ថ្វាយសេចក្តីត្រូវការ និងពាក្យ​អង្វរ​របស់​គ្រីស្ត​បរិស័ទ​ទៅ​ព្រះបិតា​ជា​អម្ចាស់ (ហប ៥,១-៤)។ អស់លោកបំពេញបន្ទុក​របស់​ព្រះគ្រីស្តជាគង្វាល និងជាមេដឹកនាំតាមចំណែក​នៃ​អំណាច​របស់​ខ្លួន គឺអស់​លោក​ប្រមែប្រមូល​មហា​គ្រួសារ​របស់ព្រះជាម្ចាស់ ជាក្រុម​បងប្អូនដែល​មាន​ចិត្ត​ថ្លើម​តែ​មួយ ព្រមទាំងណែនាំ​ក្រុម​គ្រួសារ​នេះទៅកាន់​ព្រះបិតា ដោយសារព្រះគ្រីស្តជាអម្ចាស់​ក្នុងព្រះវិញ្ញាណ។ អស់​លោក​ក្រាបថ្វាយបង្គំ​ព្រះ​បិតា​ជា​អម្ចាស់​តាមព្រះ​វិញ្ញាណ និ​ង​តា​ម​សេចក្តីពិត នៅកណ្តាល​ហ្វូងចៀម​របស់​អស់​លោក (យហ ៤, ២៤)។ អស់​លោក​នឿយ​ហត់​ក្នុងការប្រកាស​ព្រះបន្ទូល​និង​បង្រៀនគេ (១ធម ៥,១៧)។ អស់​លោកជឿសេចក្តីដែល​អស់​លោក​រកឃើញនៅពេលអាន និងស្មឹងស្មាធិ៍រិះគិតអំពីធម្មវិន័យរបស់ព្រះអម្ចាស់ គឺ​អស់​លោកបង្រៀន​សេចកី្ត​ដែលអស់​លោក​ជឿ និង​ប្រតិបត្តិតាម​សេចក្តីដែល​អស់​លោក​បង្រៀន​ផងដែរ។

អស់លោកជាសហការីដ៏ឈ្លាសវៃរបស់ក្រុមអភិបាល ក្នុងឋានៈជាអ្នកជួយ និងជាអ្នកដែលលោក​អភិបាល​អាច​ប្រើ​បាន។ ព្រះជាម្ចាស់បានត្រាស់ហៅអស់លោកគង្វាលឱ្យបម្រើប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ ហើយ​រួម​ជា​មួយ​អភិបាលរបស់ខ្លួន ជាក្រុមគង្វាលតែមួយដែលមានមុខងារផ្សេងៗពីគ្នា។ នៅគ្រប់​កន្លែង​ដែល​មាន​សហគមន៍​គ្រីស្តបរិស័ទ អស់លោកប្រៀបដូចជាវត្តមានរបស់លោកអភិបាល និងរួម​សហការ​ជាមួយ​លោក​អភិបាល​ដោយ​ទុក​ចិត្ត ដោយមានចិត្តទូលំទូលាយ ទាំងសុខចិត្តទទួលចំណែកនៃបន្ទុក និងកង្វល់របស់​លោក។ អស់​លោក​ក៏​អនុវត្ត​តាម​បន្ទុក និងកង្វល់នោះនៅពេលបម្រើគ្រីស្ត​បរិស័ទជារៀងរាល់ថ្ងៃ។ អស់លោក​គ្រប់គ្រង​ចំណែក​នៃ​ហ្វូងចៀមដែល​ព្រះ​អម្ចាស់បានផ្ញើ​ទុកមកអស់លោក​ឱ្យបានវិសុទ្ធ ក្រោមអំណាចរបស់​លោក​អភិបាល។ អស់​លោក​​ធ្វើឱ្យ​មនុស្ស​លោកឃើញ​ព្រះសហគមន៍​សកល នៅកន្លែងអស់លោករស់នៅ។ អស់លោក​ក៏​សហការ​ប្រកប​ដោយប្រសិទ្ធភាព​ក្នុង​ការ​កសាង​ព្រះកាយ​ទាំង​មូលរបស់ព្រះគ្រីស្ត (អភ ៤,១២)។ អស់លោក​តម្រង់​ចិត្ត​គំនិត​ស្វែង​រកប្រយោជន៍​សម្រាប់​បុត្រធីតា​របស់​ព្រះជាម្ចាស់​ជានិច្ច ហើយ​ត្រូវ​មាន​ចិត្ត​ឧស្សាហ៍សហការក្នុងកិច្ចការណែនាំ​នៃ​ភូមិភាគ​ទាំង​មូល ឬ​និយាយ​ឱ្យ​ប្រសើរ​ជាង​ទៅនេះទៀតគឺ សហការក្នុងកិច្ចការណែនាំរបស់​ព្រះ​សហគមន៍​ទាំង​មូល។ ដោយអស់​លោក​រួមចំណែក​ក្នុងមុខងារ​ជា​បូជាចារ្យ និង​រួមចំណែកក្នុង​បេសកកម្មអភិបាល​របស់ខ្លួន អស់​លោក​គង្វាលត្រូវរាប់លោកអភិបាល​ទុកជា​ឪពុកខ្លួន និងស្តាប់បង្គាប់លោកដោយគោរព។ រីឯ​លោក​អភិបាល​វិញ លោក​ត្រូវ​រាប់​អស់​លោកគង្វាលទុកជា​សហការី ទុកជា​កូន និងទុកជាមិត្តសម្លាញ់ ដូច​ព្រះ​គ្រីស្ត​ដែល​លែងចាត់ទុកក្រុម​សាវ័កជាអ្នកបម្រើទៀតដែរ តែព្រះអង្គចាត់គេទុកជាមិត្តសម្លាញ់វិញ (យហ ១៥,១៥)។ អស់​លោក​គង្វាល ទោះជាគង្វាលភូមិភាគក្ដី ជាបព្វជិតក្ដី គឺមានទំនាក់​ទំនង​ភ្ជាប់​ជា​មួយក្រុមអភិបាល ព្រោះ​អស់​លោក​ទទួលអគ្គសញ្ញា​តែងតាំង និងទទួលមុខងារបម្រើដូចគ្នា។ អស់លោកម្នាក់ៗ​ទទួល​មុខងារ​តាម​ព្រះ​អំណោយ​ទាន និងតាមតែ​ព្រះជាម្ចាស់ត្រាស់ហៅឱ្យបម្រើប្រយោជន៍ព្រះសហគមន៍ទាំងមូល។

អស់លោកគង្វាលភ្ជាប់ចំណងជាមួយគ្នាទុកជាបងប្អូនយ៉ាងស្និទ្ធស្នាល ព្រោះអស់​លោកទទួល​អគ្គសញ្ញា​តែង​តាំង និងមានបេសកកម្មតែមួយរួមគ្នា។ អស់លោកត្រូវបង្ហាញចិត្តស្រឡាញ់​គ្នា​ជា​បងប្អូន​ដោយស្មោះ​ស្ម័គ្រ និង​ដោយចិត្តរីករាយ គឺអស់លោកគង្វាលត្រូវជួយគ្នាទៅវិ​ញទៅ​មក​ខាង​សម្ភារៈ​ក្ដី ខាងវិញ្ញាណក្តី ទាំងក្នុង​ការ​ណែនាំ​កី្ត ទាំង​ក្នុងការរស់នៅផ្ទាល់ខ្លួនក្តី នៅពេលជួបជុំគ្នា ដោយ​ប្រជុំ​គ្នា ដោយរួមរស់ជាមួយគ្នា ធ្វើការ​រួម​ជាមួយ​គ្នា និង​ស្រឡាញ់គ្នា​ទៅវិញទៅមកទៀតផង។

អស់លោកគង្វាល ត្រូវចាប់អារម្មណ៍នឹងគ្រីស្តបរិស័ទដែលអស់លោក​បានបង្កើតដោយ​អគ្គសញ្ញា​ជ្រមុជ​ទឹក និង​ដោយបង្រៀនគេ (១ករ ៤,១៥; ១សល ១,២៣) ក្នុងឋានៈជាឪពុករបស់គេ ក្នុងអង្គព្រះគ្រីស្ត។ ត្រូវធ្វើគំរូ​ល្អ​ដល់ហ្វូងចៀម (១សល ៥,៣) ហើយណែនាំ និងបម្រើសហគមន៍នានាតាម​ភូមិ ដើម្បីឱ្យសហគមន៍ទាំង​នោះ​សម​នឹង​ទទួលនាមនៃប្រជារាស្រ្ត​តែមួយគត់របស់ព្រះជាម្ចាស់​ទាំងមូល​ថា “ព្រះសហគមន៍របស់ព្រះជាម្ចាស់” (១ករ ១,២; ២ករ ១,១)។ សូមអស់លោកនឹកចងចាំថា អស់​លោក​​ត្រូវបង្ហាញ​មុខងារបម្រើជា​បូជាចារ្យ​ និង​ជា​គង្វាល​ដ៏​ពិត​ប្រាកដឱ្យអ្នកផ្ញើជី​វិត​លើព្រះ​គ្រីស្ត និង​ឱ្យ​​អ្នក​​គ្មានជំនឿ​លើព្រះអង្គ ទាំងឱ្យ​គ្រីស្តប​រិស័​ទ​កាតូលិក ទាំង​ឱ្យ​គ្រីស្ត​បរិស័ទនិកាយ​ឯទៀតៗឃើញ​កិរិយា​មារយាទ​ប្រចាំថ្ងៃ​របស់​អស់​លោក និងឃើញការយកចិត្តទុក​ដាក់​របស់អស់​លោកចំពោះ​មនុស្ស​ទាំង​អស់​ទៀត​ដែរ។ ធ្វើដូច្នេះ អស់លោកមុខជានឹងផ្តល់​សក្ខីភាព​អំពី​សេចក្តី​ពិត និង​អំពី​ជីវិត។ អស់​លោក​ក៏ត្រូវប្រព្រឹត្តដូចគង្វាលដែលស្វែងរក​កូនចៀម (លក ១៥,៤-៧) គឺស្វែងរក​អស់​អ្នក​ដែល​ឈប់​ទទួល​​អគ្គសញ្ញានានា ឬក៏លះបង់ជំនឿដែរ ទោះបីគេបានទទួលអគ្គសញ្ញាជ្រមុជទឹក​រួច​ហើយ​ក៏​ដោយ។

សព្វថ្ងៃ មនុស្សជាតិរួមគ្នាជាប្រជាពលរដ្ឋតាមសេដ្ឋកិច្ច និងតាមសង្គមកាន់តែខ្លាំងឡើងៗ។ ហេតុនេះហើយ​ បាន​ជាអស់លោកបូជា ចារ្យ​មានភារៈកិច្ចជាបន្ទាន់បំផុត រួមគ្នា​ខិតខំ​គិតគូរ​អស់​ពី​សមត្ថភាព និង​ប្រើ​គ្រប់​មធ្យោបាយក្រោម​ការណែ​នាំ​របស់​ក្រុម​អភិបាល និងរបស់​អភិបាលព្រះសហគមន៍ក្រុងរ៉ូម ដើម្បី​ជៀស​វាង​កុំ​ឱ្យ​មាន​មូលហេតុណា​មួយ​បណ្តាលឱ្យមនុស្ស​លោកបែកបាក់​គ្នា​ឡើយ។ អស់ លោកក៏មានភារកិច្ច​ណែនាំ​មនុស្ស​ជាតិ​ទាំង​មូល ឱ្យរួបរួម​គ្នា​ជា​ធ្លុងតែមួយ ជាមហា​គ្រួសារ​របស់ព្រះជាម្ចាស់។

២៩- លោកឧបដ្ឋាក

ក្នុងរចនាសម្ពន្ធនៃមុខងារបម្រើព្រះសហគមន៍តាមលំដាប់លំដោយ ក្រុមឧបដ្ឋាកស្ថិតនៅកម្រិតទាប​ជាង​គេ។ លោកអភិបាល​ដាក់ដៃ​លើ​គេ “មិនមែនដើម្បីឱ្យទៅជាបូជាចារ្យទេ តែឱ្យគេមាន​មុខ​ងារបម្រើ”។ តាមអានុ​ភាព​​នៃអគ្គសញ្ញាតែងតាំងគេទទួលកម្លាំង ដើម្បីបម្រើប្រជារាស្រ្តរបស់ព្រះជាម្ចាស់​ដោយ​បម្រើ​ក្នុង​ពិធី​គោរព​ប្រណិប័តន៍ ដោយប្រកាសព្រះបន្ទូល និងដោយសម្តែង​សេចក្តីស្រឡាញ់ ទាំងរួបរួម​ជា​មួយ​លោកអភិបាល និង​ក្រុម​គង្វាលរបស់​លោកទៀតផង។ តាមអស់លោកដែលទទួលខុសត្រូវ​ និងមាន​សមត្ថកិច្ចចាត់​ចែង​ក្រុមឧបដ្ឋាក ឧបដ្ឋាក​មាន​មុខងារ​ធ្វើ​អគ្គសញ្ញាជ្រមុជទឹកយ៉ាងឱឡារិក មានមុខងាររក្សានិង​ចែក​នំប៉័ងប្រសិទ្ធិ​ក្នុង​ពិធី​អរ​ព្រះ​គុណ។ ក្នុងអគ្គសញ្ញា​អាពាហ៍ពិពាហ៍ អស់​លោក​ឧបដ្ឋាកធ្វើ​ជា​សាក្សីក្នុងនាមព្រះ​សហគមន៍ និងប្រ​ទានពរ​ដល់​គូស្វាមីភរិយា។ អស់​លោក​នាំ​នំ​ប៉័ង​ប្រសិទ្ធិ​ចែក​ឱ្យ​អ្នក​ហៀប​នឹង​ទទួល​មរណភាព ប្រកាស​ព្រះគម្ពីរ​ឱ្យ​គ្រីស្ត​បរិស័ទ​ស្តាប់ បង្រៀន និងដាស់​តឿន​ប្រជាជន ធ្វើ​ជា​អធិបតីក្នុងពេល​គ្រីស្តបរិស័ទ​ធ្វើពិធីគោរព​បម្រើ​ព្រះជាម្ចាស់​និង​អធិដ្ឋាន បម្រើ​អនុសញ្ញា ធ្វើ​​ប្រធាន​ក្នុងពិធីគោរពបុគ្គលដែលចែកឋាន និងក្នុងពិធី​បញ្ចុះ​សព។ អស់​លោក​ឧបដ្ឋាក​ប្តេជ្ញា​ចិត្ត​បម្រើ​កិច្ចការ​សម្តែង​ធម៌មេត្តាករុណា និងកិច្ចការរដ្ឋបាល​របស់​ព្រះសហគមន៍។ អស់លោក​ត្រូវ​នឹក​ពាក្យ​ទូន្មាន​របស់​សន្តៈ​ប៉ូលីក័រប៉ូស​ថា៖ «ត្រូវមានចិត្តមេត្តាករុណា ចិត្តឧស្សាហ៍ ដើរតាម​សេចក្តី​ពិត​របស់​ព្រះ​អម្ចាស់​ដែល​ព្រះអង្គ​ដាក់​ខ្លួន​បម្រើ​មនុស្សទាំងអស់»

ទោះបីមុខងារឧបដ្ឋាកមានសារៈសំខាន់ជាចំាបាច់សម្រាប់​ឱ្យព្រះសហគមន៍មានជីវិតរស់រវើកក្តី ក៏វិន័យព្រះ​សហគមន៍ដែលកាន់តាមក្បួនព្រះសហគមន៍ក្រុងរ៉ូមសព្វថ្ងៃ បណ្តាលឱ្យពិបាកតែងតាំងមុខងារនោះក្នុងតំបន់​ជា​ច្រើន​ដែរ។ ប៉ុន្តែ នៅ​ពេលអនាគត ព្រះសហ គមន៍មុខជានឹងអាចតែងតាំងមុខងារជាឧបដ្ឋាកឡើងវិញតាម​កម្រិត និង​ទុក​ជា​មុខងារ​អចិន្ត្រៃយ៍ក្នុងរចនាសម្ពន្ធតាមលំដាប់លំដោយនៃព្រះ​សហគមន៍។ ក្រុមអភិបាល​តាម​តំបន់​ដែល​មាន​សមត្ថ​កិច្ច​សម្រេច​តែងតាំង​មុខងារជាឧបដ្ឋាក តាមសេចក្តីត្រូវការ ដើម្បីជាប្រយោជន៍​ដល់​គ្រីស្ត​បរិស័ទ ដោយ​​មានការយល់ស្របពីអភិបាល​ព្រះ​សហគមន៍ក្រុងរ៉ូម។ ប្រសិនបើអភិបាល​ព្រះសហគមន៍​ក្រុង​រ៉ូមយល់​ស្រប ក្រុម​អភិបាល​តាមតំបន់​អាចតែងតាំងបុរស​ពេញវ័យជាឧបដ្ឋាក ទោះបីបុរសទាំងនោះមានគ្រួសារកី្ត។ ក្រុម​អភិបាល​ក៏អាច​តែងតាំង​យុវជន​ឱ្យទៅ​ជា​ឧបដ្ឋាក​ដែរ តែយុវជនទាំងនោះត្រូវព្រហ្មចារីយ៍ធម៌។ វិន័យ​ឱ្យគេ​កាន់​ព្រហ្មចារីយ៍​ធម៌​នោះមិនប្រែ​ប្រួល គឺត្រូវនៅស្ថិតស្ថេរ​ឱ្យរឹងប៉ឹងជានិច្ច។

ជំពូក៤
គ្រីស្តបរិស័ទធម្មតា

៣០- អារម្ភកថា

ក្រោយពីបានបញ្ជាក់បន្ទុករបស់អ្នកទទួលខុសត្រូវលើព្រះសហគមន៍តាមលំដាប់លំដោយ មហាសន្និបាត​បែរ​គំនិតទៅរិះគិតអំពីគ្រីស្តបរិស័ទធម្មតា។ អ្វីៗដែលចែងអំពី​ប្រជារាស្រ្តរបស់ព្រះ​ជាម្ចាស់ក៏មាន​អត្ថន័យ​ដូចគ្នា សម្រាប់​គ្រីស្តបរិស័ទ​ធម្មតា សម្រាប់​បព្វជិត​បព្វជិតា និងសម្រាប់អស់លោក​ដែល​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​អ្នក​បម្រើ​ព្រះសហគមន៍ដែរ។ ប៉ុន្តែ សភាពការណ៍ និងបេសកកម្មរបស់គ្រីស្តបរិស័ទ​ធម្មតា ទាំងបុរស ទាំង​ស្រី្ត នាំឱ្យ​យើង​ត្រូវ​រិះគិត​អំពីគ្រឹះ​នៃ​លក្ខណៈ​ និងអំពីបេសកកម្មរបស់បុរស និង​ស្រ្តី​ទាំងនោះ។

អស់លោកអភិបាលជាគង្វាលដឹងច្បាស់ថា ការសហការរបស់គ្រីស្តបរិស័ទធម្មតាជាមួយអស់លោកមាន​សារៈសំខាន់ណាស់ ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍ទាំងមូល។ អស់លោកដឹងច្បាស់ទៀត​ថា ព្រះ​គ្រីស្ត​មិន​បានតែងតាំង​អស់​លោក​ឱ្យបំពេញបេសកកម្មសង្គ្រោះមនុស្សលោកដោយសារតែខ្លួនអស់លោក​ប៉ុណ្ណោះទេ។ អស់​លោកមានមុខងារដ៏ប្រសើរ គឺ​យល់​អំពីបេសកកម្មរបស់អស់ លោក​ជា​គង្វាល​របស់​គ្រីស្តបរិស័ទ ព្រមទាំង​ទទួល​ស្គាល់​មុខងារ​បម្រើ និង​ព្រះអំ​ណោយ​ទាន​របស់​គ្រីស្តបរិស័ទ​ដែរ។ ធ្វើដូច្នេះ គ្រីស្តបរិស័ទទាំងអស់​នឹង​សហការ​ក្នុងកិច្ចការរួមរបស់ព្រះសហគមន៍ គឺម្នាក់ៗតាមរបៀបរៀងៗ​ខ្លួន។

«យើងទាំង​អស់គ្នាត្រូវ​ប្រព្រឹត្ត​តាម​សេចក្តី​ពិត និងដោយចិត្ត​ស្រឡាញ់​យ៉ាងស្មោះ ដើម្បីចម្រើន​ឡើងក្នុងអង្គ​ព្រះ​គ្រីស្ត​នៅគ្រប់​វិស័យ។ ព្រះគ្រីស្ត​ជា​សិរសា គឺ​ព្រះអង្គហើយដែល​ធ្វើ​ឱ្យ​ព្រះ​កាយ​ទាំងមូល​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយសារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មានដែល​បម្រើ​ព្រះ​កាយ​ តាម​កម្រិត​សមត្ថភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​ឱ្យ​ព្រះ​កាយ​នោះ​ចម្រើន និង​កសាង​ឡើង​ក្នុង​សេចក្តី​ស្រឡាញ់» (អភ ៤,១៥-១៦)។

៣១- ឈ្មោះ “គ្រីស្តបរិស័ទធម្មតា”

ឈ្មោះ “គ្រីស្តបរិស័ទធម្មតា” ជាគ្រីស្តបរិស័ទដែលមិនបានទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះសហគមន៍ ហើយក៏មិនមែនជាបព្វជិតបព្វជិតា ដែលព្រះសហគមន៍ទទួលស្គាល់ជាផ្លូវការទេ។ “គ្រីស្តបរិស័ទ​ធម្មតា” គឺ​ជា​អ្នករួមក្នុងអង្គព្រះគ្រីស្តដោយអគ្គសញ្ញាជ្រមុជ​ទឹកទៅជាគ្រីស្ត​បរិស័ទ​ ដែល​ចូល​ក្នុង​ប្រជារាស្ត្រ​របស់​ព្រះ​ជាម្ចាស់។ គេរួមចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាបូជាចារ្យ ជាព្យាការី និង​ជាព្រះ​មហាក្សត្រតាមរបៀប​របស់​គេ។ គេ​បំពេញ​បេសកកម្មរ​បស់​ប្រជាជនគ្រីស្តបរិស័ទទាំងមូលនៅក្នុងព្រះសហគមន៍ ​និងនៅក្នុងពិភពលោកតាម​ចំណែក​រៀងៗ​ខ្លួន។

“គ្រីស្តបរិស័ទធម្មតា” មានលក្ខណៈពិសេសដោយឡែកពីគេ គឺគេរស់នៅក្នុងសង្គមមនុស្ស។ ជួន​កាល​គ្រីស្ត​បរិស័ទ​ដែលទទួលអគ្គសញ្ញាតែងតាំង​ជាអ្នកបម្រើ​ព្រះសហគមន៍ ក៏ធើ្វកិច្ចការ​លោកីយ៍​ដែរ។ ប៉ុន្តែ ទោះបីអស់​លោក​ធើ្វ​កិច្ចការលោកីយ៍ក្តី ឬទោះបីអស់ លោកមានមុខរបរខាងលោកីយ៍ក្តី ក៏អស់​លោកនៅតែមាន​មុខងារ​ពិសេស គឺ​បម្រើព្រះសហគមន៍។ នេះជាអាទិភាពយ៉ាងច្បាស់របស់អស់លោក តាមព្រះជាម្ចាស់ត្រាស់ហៅ​អស់​លោក។ រីឯ​បព្វជិត​បព្វជិតាវិញ គេរស់នៅតាមសភាពរបស់គេដែល​បញ្ជាក់​យ៉ាង​ច្បាស់ និងយ៉ាងពិសេសថា មនុស្ស​លោក​មិន​អាច​ផ្លាស់​ប្រែ​បាន ហើយក៏មិនអាចយកទៅថ្វាយព្រះជាម្ចាស់បាន ក្រៅ​ពី​ការ​ប្រៀន​ប្រដៅ​របស់​ព្រះយេស៊ូ​អំពី​សុភមង្គល​ដ៏ពិត​ប្រាកដ។

រីឯគ្រីស្តបរិស័ទធម្មតាវិញ ព្រះជាម្ចាស់ត្រាស់ហៅគេឱ្យបំពេញមុខងារមួយយ៉ាងពិសេស គឺ​ស្វែង​​រកព្រះ​រាជ្យ​របស់​ព្រះ​អង្គ​​ដោយត្រួត ត្រា និងចាត់ចែងអ្វីៗទាំងអស់ក្នុងលោក​នេះ តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់។ គេ​រស់​នៅ​ក្នុងលោកនេះទាំងបំពេញ​កិច្ចការ​ និង​ការងារ​ផ្សេងៗរបស់​លោកីយ៍ ហើយ​រស់នៅ​តាម​សភាពការណ៍​ធម្មតា​ក្នុង​រង្វង់​គ្រួសារ​ និងក្នុង​សង្គមដែល​ជាប់ពាក់ព័ន្ធយ៉ាង​ជិត​ស្និទ្ធ​នឹងការ​រស់​នៅ​របស់​គេ។ ព្រះជាម្ចាស់​ត្រាស់​ហៅ​គេនៅ​កន្លែង​ទាំងនោះ ដើម្បី​ជួយឱ្យមនុស្ស​លោក​បាន​វិសុទ្ធពី​ខាងក្នុង​ចំណោម​មនុស្សដូចមេក្នុងម្សៅ។ គេបំពេញ​បន្ទុក​របស់​ខ្លួនផ្ទាល់តាមគំ និតដែលហូរចេញពីដំណឹង​ល្អ​ ដើម្បី​បង្ហាញ​​ព្រះគ្រីស្ត​ឱ្យអ្នកដទៃ ដោយ​ផ្តល់​សក្ខីភាព​អំពី​ព្រះអង្គតាម​ការរ​ស់នៅរបស់គេជាដើម។ គេ​បញ្ចាំ​ង​រស្មីនៃ​ជំនឿ នៃសេចក្តី​សង្ឃឹម និង​នៃសេចក្តីស្រឡាញ់។ គ្រីស្ត​បរិស័ទ​ធម្ម​តាទាំងនោះមាន​ភារកិច្ច​​យ៉ាង​ពិសេស គឺបំភ្លឺ និងតម្រង់អ្វីៗ​ទាំងអស់ក្នុងលោកីយ៍ ដែលភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​នឹង​ការស់​នៅ​របស់​គេ ដើម្បីឱ្យ​អ្វីៗ​ទាំង​នោះ​កើត​ឡើង និងចម្រើនតាមព្រះគ្រីស្តជានិច្ច និង​លើកតម្កើង​សិរីរុងរឿង​ព្រះអាទិករ និង​ព្រះ​សង្គ្រោះ​របស់​មនុស្ស​លោក។

៣២- កិត្តិយសដ៏ថ្លៃថ្នូររបស់គ្រីស្តបរិស័ទធម្មតា

ព្រះជាម្ចាស់តែងតាំង ចាត់ចែង ហើយណែនាំព្រះសហគមន៍ដ៏វិសុទ្ធឱ្យមានបែបបទប្លែកៗពីគ្នា​យ៉ាង​អស្ចារ្យ ដូចមានចែងថា «រូប កាយ​មនុស្សយើងមានសរីរាង្គច្រើន។ ​សរីរាង្គ​នីមួយៗ​មាន​មុខ​ងារ​​ប្លែកៗ​ពីគ្នា​យ៉ាង​ណា យើងក៏ដូច្នោះដែរ ‌​‌គឺយើងដែល​មាន​គ្នាច្រើនក៏រួម​ជាព្រះកាយតែមួយក្នុងអង្គ​ព្រះ​គ្រីស្ត ហើយម្នាក់ៗ​ជា​សរីរាង្គ​របស់​គ្នា​ទៅវិញទៅមកដែរ។» (រម​ ១២,៤-៥)។

ហេតុនេះហើយ បានជា​មាន​ប្រជារាស្ត្ររបស់ព្រះជាម្ចាស់តែមួយដែលព្រះអង្គបាន​ជ្រើសរើស «ព្រះ​អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែមួយ ពិធី​ជ្រមុជ​ទឹកមាន​តែ​មួយ» (អភ ៤,៥)។ សមាជិក​នៃ​ប្រជារាស្រ្ត​នេះ​មាន​កិត្តិយស​ដ៏ថ្លៃថ្នូររួមគ្នា ព្រោះគេសុទ្ធតែ​កើតជាថ្មីក្នុងអង្គព្រះគ្រីស្ត។ ព្រះបិតា​ប្រណី​សន្តោស​ឱ្យគេទៅជាបុត្រ​ធីតា​ដូចគ្នា ព្រះ​ជាម្ចាស់ត្រាស់ហៅគេ​ទាំង​អស់គ្នាឱ្យទៅជាគ្រីស្តបរិស័ទ​ពេញ​លក្ខណៈ​ដូចគ្នា។ មាន​ការ​សង្គ្រោះ​តែ​មួយ មាន​សេចក្តី​សង្ឃឹម​តែមួយ មាន​សេចក្តី​ស្រឡាញ់​តែមួយ​ដែល​មិន​ចេះបែកចេញពីគ្នា។ ហេតុនេះហើយ បាន​ជា​នៅ​ក្នុងអង្គ​ព្រះ​គ្រីស្ត និងក្នុង​ព្រះ​សហគមន៍ គ្រីស្តបរិស័ទ​មាន​កិត្តិយសដ៏ថ្លៃថ្នូរស្មើគ្នាទាំងអស់ គ្មាន​ប្រកាន់​ជាតិ​សាសន៍ ឋានៈ ​វណ្ណៈ ឬ​ភេទឡើយ ដ្បិត «គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ‌ គ្មាន​ទាសករ គ្មាន​អ្នក​ជា‌ ហើយ​ក៏​គ្មាន​បុរស ​​គ្មាន​ស្ត្រី​ទៀត​ដែរ គឺ​បង​ប្អូន​ទាំងអស់​រួមគ្នា​មក​ជា​អង្គ​តែមួយ​ក្នុង​ព្រះគ្រីស្ត​យេស៊ូ» (កាឡ ៣,២៨; កូឡ ៣,១១)។

ដូច្នេះ ក្នុងព្រះសហគមន៍ទោះបីគ្រីស្តបរិស័ទមានរបៀបរស់នៅប្លែកៗពីគ្នាក្ដី ក៏ព្រះជាម្ចាស់ត្រាស់​ហៅ​គេ​ទាំង​អស់ឱ្យបានវិសុទ្ធ និងបានទទួលជំនឿ៎ដូចៗគ្នា គឺជំនឿដែលនាំមនុស្សឱ្យចូលទៅក្នុង​សេចក្តី​សុចរិតរបស់​ព្រះអង្គ (២សល ១,១)។ ទោះបីព្រះគ្រីស្តសព្វព្រះហឫទ័យតែងតាំងគ្រីស្តបរិស័ទខ្លះឱ្យ​ធ្វើ​ជាអ្នកបង្រៀនកី្ត ខ្លះ​ឱ្យ​ធ្វើជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​គម្រោង​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់កី្ត និងខ្លះធ្វើ​ជា​គង្វាលដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូនឯទៀតៗក្ដី ក៏គេស្មើ​គ្នា​ទាំង​អស់​យ៉ាងពិតប្រាកដដែរ គេមាន​កិតិ្តយស​ដ៏ថ្លៃ​ថ្នូរ​ស្មើគ្នា គេ​បំពេញ​សកម្មភាព​រួម​របស់​គ្រីស្តបរិស័ទ​ទាំងអស់គ្នា ពោល​គឺ​ កសាងព្រះកាយ​ព្រះ​គ្រីស្ត។ ព្រះ​អម្ចាស់​ចាត់ចែង​ឱ្យ​អស់​លោក​ដែល​បម្រើ​ព្រះ​សហគមន៍​​បាន​ប្លែកពី​សមាជិក​ឯទៀតៗ នៃ​ប្រជារាស្រ្ត​របស់ព្រះជាម្ចាស់ តែអស់​លោក​រួបរួម​យ៉ាងជិត​ស្និទ្ធ​ជា​មួយ​សមាជិក​ទាំងនោះ ព្រោះអស់​លោក និងគ្រីស្តបរិស័ទឯទៀតៗជាប់ចំណងជាមួយគ្នា ដោយ​មានទំ​នាក់ទំនង់ជា​មួយគ្នាជាច្រើន គឺអស់​លោក​អភិបាល​ជាគង្វាល​នៃព្រះ​សហគមន៍ យក​តម្រាប់​តាម​ព្រះអម្ចាស់ បម្រើគ្នាទៅវិញ​ទៅមក ហើយក៏​បម្រើ​គ្រីស្ត​បរិស័​ទ​ឯទៀតៗដែរ។ រីឯគ្រីស្តបរិស័ទឯទៀតៗវិញ ក៏​យក​ចិត្ត​ទុកដាក់ជួយឧបត្ថម្ភ​អស់​លោក​គង្វាល ​និងអ្នក​បង្រៀន​ដែរ។ ដូច្នេះហើយ ដោយ​គ្រីស្ត​បរិស័ទ​ប្លែកៗ​ពីគ្នា​យ៉ាង​នេះ គេផ្តល់​សក្ខីភាព​ទាំង​អស់​គ្នា​ថា គេរួបរួម​គ្នាយ៉ាងអស្ចារ្យ​ក្នុងព្រះកាយ​ព្រះគ្រីស្ត។ ព្រះអំ ណោយទាន​ប្លែកៗ​ពី​គ្នា មុខងារ​បម្រើ​ប្លែកៗពីគ្នា សកម្មភាពប្លែកៗ​ពីគ្នា ជួយបុត្រធីតា​របស់​ព្រះជាម្ចាស់ឱ្យ​ជាប់​ចំណង​ជាមួយ​គ្នា​ជា​អង្គ​តែ​មួយ ដ្បិត «មានព្រះ​វិញ្ញាណ​​តែមួយព្រះអង្គដដែល ​ដែលបំពេញ​ការ​ទាំង​អស់‌​នេះ» (១ករ ១២,១១)។

ហេតុនេះហើយ បានជាតាមព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ គ្រីស្តបរិស័ទ​មានព្រះ​គ្រីស្ត​ជារៀម​ច្បង។ ទោះបីព្រះអង្គជាព្រះ​អម្ចាស់លើអ្វីៗទាំងអស់ក៏ដោយ ក៏ព្រះអង្គយាងមក​ក្នុង​ពិភព​លោក​នេះ “មិន​មែន​ដើម្បី​ឱ្យ​គេ​បម្រើ​លោក​ទេ តែលោកមក​បម្រើ​គេ​វិញ​” (មថ ២០,២៨)។ យ៉ាង​ណា​មិញ គ្រីស្តបរិស័ទ​ធម្មតា​រាប់​អស់​លោក​ដែល​ទទួលអគ្គសញ្ញាតែង​តាំង​ជាអ្នកបម្រើព្រះសហគមន៍ទុកជា​បង​ប្អូន។ អស់​លោក​បំពេញ​មុខងារ​ជា​គង្វាល​នៃ​ក្រុម​​គ្រួសារ​របស់​ព្រះជាម្ចាស់ គឺ​អស់លោកបង្រៀនគេ ធ្វើឱ្យគេបានវិសុទ្ធ គ្រប់គ្រងគេដោយ​អំណាច​របស់​ព្រះគ្រីស្ត ដើម្បីឱ្យ​គ្រីស្តបរិស័ទទាំងអស់​ប្រតិបត្តិតាម​វិន័យ​ថ្មីស្តីអំពីសេចក្តីស្រឡាញ់។ សន្តអូគូស្តាំង​មាន​ប្រសាសន៍​អំពីសេចក្តី​នេះយ៉ាងពិរោះថា «មុខងាររបស់​ខ្ញុំ​គឺ ​បម្រើបងប្អូន បណ្តាលឱ្យខ្ញុំតប់ប្រមល់ តែឋានៈរបស់​ខ្លួន​ជា​គ្រីស្តបរិស័ទរួមជា​មួយ​បងប្អូននាំឱ្យខ្ញុំធូ​រ​ចិត្ត​វិញ»។ ខ្ញុំជាអភិបាលសម្រាប់ណែនាំបងប្អូន តែ​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​រួមជាមួយ​បងប្អូន។ “អភិបាល” ជា​ពាក្យ ស្តីអំពីមុខងារដែលយើងខិតខំបំពេញ រីឯ “គ្រីស្តបរិស័ទ” ជា​នាម​ដែល​យើង​ទទួលពី​ព្រះ​ហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ មុខងារជាអភិបាលនាំឱ្យទទួលទោស រីឯ​ឈ្មោះ​ជា​គ្រីស្តបរិស័ទ​វិញ នាំឱ្យ​ទទួលការ​សង្គ្រោះ។

៣៣- គ្រីស្តបរិស័ទធម្មតាទទួលចំណែកនៃកិច្ចជាគ្រីស្តទូត

គ្រីស្តបរិស័ទធម្មតារួបរួមគ្នាក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់ និងត្រូវចាត់ចែងឱ្យមានរបៀបរៀបរយ​ក្នុង​ព្រះ​កាយ​ព្រះគ្រីស្តតែមួយគត់ ក្រោមអំណាចនៃសិរសាតែមួយ។ ទោះបីគេជានរណាក៏ដោយ ក៏ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​គេ​ក្នុង​ឋានៈជា​សមាជិកដែល​មានជីវិតរស់រវើកឱ្យសហការគ្នា ដើម្បី​ឱ្យព្រះសហគមន៍​ចម្រើន​ឡើង​ និង​កាន់​តែ​វិសុទ្ធ​ជានិច្ចដោយ​ខិតខំ​អស់ពីកម្លាំងដែលព្រះអាទិករបានប្រោសប្រទានឱ្យគេ និង​ដោយព្រះ​សង្គ្រោះ​ប្រណី​សន្តោស​ផង។

គ្រីស្ត​បរិស័ទធម្មតាទទួលបេសកកម្មជាគ្រីស្តទូត គឺទទួលចំណែក​ក្នុង​បេសកកម្មរបស់ព្រះ​សហគមន៍ ដែល​នាំ​ការ​សង្គ្រោះ​ដល់​មនុស្ស​លោក។ ព្រះអម្ចាស់ផ្ទាល់បានផ្ញើបេសកកម្មនេះឱ្យ​គ្រីស្តបរិស័ទ​ទាំង​អស់ នៅ​ពេល​គេ​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក និងអគ្គសញ្ញាលាបថ្ងាស។ អគ្គសញ្ញា​ទាំង​ប៉ុន្មាន ជាពិសេស អគ្គសញ្ញាអរព្រះគុណសុទ្ធ​តែផ្តល់ និងពង្រឹង​សេចក្តីស្រឡាញ់​របស់​គេ​ចំពោះព្រះ​ជា​ម្ចាស់​ និងចំពោះមនុស្សលោក គឺសេចក្តី​ស្រឡាញ់​នេះ​ហើយដែលជា​កម្លាំង​ជំរុញ​គេ​ឱ្យ​បំពេញបេសកកម្ម​គ្រប់​យ៉ាងជា​គ្រីស្តទូត។ ព្រះជា ម្ចាស់​ត្រាស់​ហៅ​គ្រីស្ត​បរិស័ទ​ធម្មតា ជា​ពិសេស ឱ្យគេប​ង្ហាញវត្តមាន និង​សកម្មភាពរបស់ព្រះសហគមន៍នៅកន្លែង និង​តាម​សភាព​ការណ៍​ផ្សេងៗ។ មានតែ​គ្រីស្តបរិស័ទធម្មតាទេដែល​អាច​ធ្វើ​ឱ្យ​ព្រះសហគមន៍ទៅជាអំបិលសម្រាប់​មនុស្ស​លោកនៅ​កន្លែង និងតាម​សភាពការណ៍​ទាំង​នោះ​បាន។ ដូច្នេះ គ្រីស្តបរិស័ទម្នាក់ៗជាសាក្សី​តាមព្រះ​អំណោយ​ទាន​ដែល​ខ្លួន​បាន​ទទួល។ នៅពេល​ជា​មួយគ្នានោះ គេបំពេញបេសកកម្មរបស់ព្រះសហគមន៍ផ្ទាល់ «តាម​កម្រិត​នៃព្រះ​អំណោយ​ទាន​ដែល​ព្រះ​គ្រីស្ត​ប្រទាន​មក​» (អភ ៤,៧)។

លើសពីបេសកកម្មជាគ្រីស្តទូតដែលគ្រីស្តបរិស័ទត្រូវបំពេញគ្រប់ៗគ្នានោះ ព្រះជាម្ចាស់ត្រាស់​​ហៅ​គ្រីស្ត​បរិស័ទ​ធម្មតាខ្លះ ឱ្យរួមសហការជាមួយអស់លោកអភិបាលតាមរបៀបផ្សេងៗក្នុង​បេសកកម្ម​របស់​អស់​លោក​ជា​គ្រីស្ត​ទូត ដូចកាលពីដើមមានទាំងបុរស ទាំងស្រ្តី ជាសហការីរបស់គ្រីស្តទូតប៉ូលក្នុងការប្រកាស​ដំណឹងល្អ ហើយ​នឹង​ធ្វើ​ការ​ជាទម្ងន់​ក្នុងព្រះអម្ចាស់ទៀតផង (ភីល ៤,៣; រម ១៦,៣)។ ម្យ៉ាងទៀត គ្រីស្តបរិស័ទ​ធម្មតា​មាន​សមត្ថភាព បណ្តោយឱ្យ​លោក​អភិបាល​ជ្រើសរើសគេ ដើម្បី​បំពេញមុខងារ​ខ្លះខាង​វិញ្ញាណ​ក្នុងព្រះសហគមន៍។

ហេតុនេះហើយ បានជាគ្រីស្តបរិស័ទធម្មតាទាំងអស់មានភារកិច្ចដ៏ប្រសើរ គឺខិតខំធ្វើឱ្យគម្រោងការ​របស់​ព្រះ​ជាម្ចាស់​ ដែលសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោកឈានទៅដល់មនុស្សទាំងអស់នៅគ្រប់​ពេល​វេលា និង​នៅ​លើ​ផែនដីទាំងមូល។ ដូច្នេះ ត្រូវតែបើកផ្លូវនៅគ្រប់កន្លែង​ឱ្យគ្រីស្តបរិស័ទធម្មតា​អាចរួមចំណែក​យ៉ា​ងសកម្ម ក្នុង​កិច្ច​សង្គ្រោះ​របស់ព្រះសហគមន៍ តាមកម្លាំងរៀងៗខ្លួន និងតាមសេចក្តីត្រូវការ​នៅ​ជំនាន់​នីមួយៗផង។

៣៤- គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្ត​ជាមហាបូជាចារ្យ

ព្រះគ្រីស្តយេស៊ូជាមហាបូជាចារ្យដ៏ខ្ពង់ខ្ពស់បំផុតស្ថិតនៅអស់កល្បជានិច្ច ព្រះអង្គសព្វព្រះហឫទ័យ​បន្ត​សក្ខីភាព​ និងកិច្ចបម្រើរបស់​ព្រះអង្គដោយសារគ្រីស្តបរិស័ទធម្មតា។ ព្រះអង្គក៏ប្រទានជីវិតឱ្យ​គេដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ និងនៅតែជំរុញគេ​ឥត​ឈប់ឈរ ឱ្យសម្រេចការល្អគ្រប់យ៉ាង និង​ឱ្យ​ខ្លួន​គេបាន​ពេញ​លក្ខណៈ​ដែរ។ ព្រះគ្រីស្ត​ក៏ចែកបន្ទុកជាបូជាចារ្យរបស់ព្រះអង្គមួយចំណែក ដល់អស់អ្នក​ដែល​ព្រះអង្គ​ភ្ជាប់​ឱ្យ​រួម​ជាមួយ​ព្រះអង្គយ៉ាង​ស្អិតល្មួត​ក្នុង​ជីវិត និងក្នុង​បេសកកម្មរបស់ព្រះអង្គ។ ដូច្នេះ ពួក​គេ​អាច​លើកតម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ដោយ​គោរព​បម្រើ​ព្រះអង្គតាមវិញ្ញាណ និង​សង្គ្រោះ​មនុស្ស​លោកទៀតផង។ ដោយ​គ្រីស្ត​បរិស័ទ​ធម្មតា​ថ្វាយខ្លួនទៅ​ព្រះ​គ្រីស្ត និង​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចាក់​​ប្រេងអភិសេកគេ ព្រះ​ជា​ម្ចាស់ត្រាស់ហៅ​គ្រីស្ត​បរិស័ទធម្មតា​ឱ្យមាន​បេសក កម្ម​ដ៏ល្អប្រសើរ និង​មាន​គ្រប់​មធ្យោយបាយ បណ្តោយឱ្យ​ព្រះវិញ្ញាណបង្កើត​ផល​កាន់តែច្រើនឡើងៗ​នៅក្នុង​ខ្លួន​គេជានិច្ច។ កិច្ចការដែល​គេ​ប្រព្រឹត្ត​ប្រចាំថ្ងៃ ការអធិដ្ឋាន សកម្មភាព​របស់​គេ​ក្នុង​ឋានៈ​ជា​គ្រីស្តទូត ការរស់នៅ​ក្នុង​ឋានៈ​ជាគូស្វាមី​ភរិយា ការ​រស់​នៅក្នុងក្រុមគ្រួសារ ការនឿយ​ហត់​សម្រាប់​ចិញ្ចឹម​ជីវិត ការសម្រាក​ទាំង​រូបកាយក្ដី ទាំងចិត្ត​គំនិត​ក្ដី (លុះត្រាតែ​គេ​ប្រព្រឹត្តិការណ៍ទាំង​នោះរួមក្នុងព្រះ​វិញ្ញាណ) សូម្បីតែទុក្ខលំបាក​ប្រចាំ​ជីវិត (លុះត្រាតែគេ​ស៊ូទ្រាំដោយអត់ធ្មត់ខន្តី) គឺសុទ្ធ​តែត្រឡប់ទៅ​ជា «យញ្ញ​បូជា​តាម​ព្រះវិញ្ញាណជាទី​គាប់​ព្រះ​ហឫទ័យ​ព្រះ​ជាម្ចាស់ ដោយសារព្រះយេស៊ូ​គ្រីស្ត» (១សល ២,៥)។ ពេលគេ​ថ្វាយ​អភិបូជា គេថ្វា​យតង្វាយ​ទាំងនោះ​ទៅព្រះបិតា រួម​ជាមួយព្រះកាយព្រះអម្ចាស់ ដោយ​គោរព​ប្រណិប័តន៍។ ធ្វើ​ដូច្នោះ គ្រីស្តបរិស័ទ​ធម្មតាដែល​រស់នៅបែបវិសុទ្ធ ប្រសិទិ្ធ​ពិភពលោកទាំងមូលឱ្យបានវិសុទ្ធ​ថ្វាយទៅព្រះបិតា និង​គោរព​ក្រាប​ថ្វាយ​​បង្គំ​ព្រះបិតា​នៅ​គ្រប់​​ទីកន្លែង។

៣៥- គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាព្យាការី

ព្រះគ្រីស្តជាព្យាការីដ៏ប្រសើរឧត្តម ព្រះអង្គបានប្រកាសព្រះរាជ្យរបស់ព្រះបិតា ដោយយក​ការរស់​នៅរបស់​ព្រះអង្គ​ធើ្វជា​សក្ខីភាព និងមានព្រះបន្ទូលប្រកបដោយអំណាច។ ព្រះអង្គ​បំពេញបន្ទុកជាព្យាការី​រហូត​ដល់​ពេល​ព្រះអង្គសម្តែងសិរីរុងរឿងរបស់ព្រះអង្គយ៉ាងពេញលេញនៅគ្រាចុង​ក្រោយបំផុត។ ព្រះអង្គ​បន្តបំពេញបន្ទុក​នោះមិន​គ្រាន់តែតាមរយៈអស់លោកអភិបាល​ដែល​បង្រៀន​ក្នុងព្រះនាមព្រះអង្គ និងដែល​ប្រកប​ដោយអំណាច​របស់​ព្រះអង្គ​ប៉ុណ្ណោះទេ តែព្រះអង្គក៏បន្តបំពេញការងារ​នេះ​តាមរយៈគ្រីស្តបរិស័ទ​ធម្មតាដែរ គឺព្រះអង្គតែងតាំងឱ្យ​គ្រីស្ត​បរិស័ទទាំងនោះ​ទៅជាសាក្សីរបស់​ព្រះអង្គ។ ព្រះអង្គប្រោសឱ្យគេ​មាន​ជំនឿ​ស្របគ្នាយ៉ាងជ្រៅក្នុងចិត្ត និង​អាច​ថ្លែងព្រះបន្ទូល​បាន​ផង (កក ២,១៧-១៨; វវ ១៩,១០) ដើម្បី​ឱ្យ​អានុភាពនៃដំណឹងល្អភ្លឺ​នៅក្នុងការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស និងក្នុងការរស់នៅ​ជាក្រុម​គ្រួសារ និង​ក្នុង​សង្គមទៀតផង។ គ្រីស្ត​បរិស័ទធម្មតា​បង្ហាញ​ខ្លួន​ទុក​ជាបុត្រធីតាដែលកើតតាមព្រះ​បន្ទូលសន្យា ដោយ​មានជំនឿ​ និងសេចក្តីសង្ឃឹមរឹងប៉ឹង គេចេះប្រើ​ប្រាស់​ពេល​វេលា​នៅសម័យឥឡូវ (អភ ៥,១៦; កូឡ ៤,៥) ហើយ​ព្យាយាមខន្តី​ទន្ទឹង​រង់ចាំសិរីរុងរឿង​ដែល​ត្រូវលេច​មកនៅ​ពេល​ខាងមុខ (រម ៨,២៥)។ ពួកគេមិនត្រូវ​លាក់​ទុកសេចក្តីសង្ឃឹមនេះ​កប់នៅក្នុងជំរៅចិត្តគេទេ តែត្រូវ​សម្តែង​ចេញ​តាម​រចនាសម្ពន្ធនៃ​ការរស់នៅ​ក្នុង​លោកនេះ ដោយខិតខំប្រែចិត្តគំនិតជានិច្ច «ទាំង‍‌ប្រឆាំង​ប្រយុទ្ធ​ទល់​នឹង​មេ​ត្រួតត្រាក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​ប្រយុទ្ធ​ទល់​នឹង​ឥទ្ធិពល​អរូបិយ​ដ៏​អាក្រក់​ទាំង​ឡាយ​​ផង​ដែរ» (អភ ៦,១២)។

អគ្គសញ្ញាទាំងប៉ុន្មាននៃសម្ពន្ធមេត្រីថ្មីដែលប្រៀបដូចជាជាអាហារចិញ្ចឹមជីវិត និងពង្រឹងមុខងារជា​គ្រីស្តទូត​របស់​គ្រីស្ត​បរិស័ទ​​ធម្មតា ពិតជាប្រផ្នូល​អំពីមេឃ និងផែនដីថ្មីយ៉ាងណា (វវ ២១,១) គ្រីស្ត​បរិស័ទ​ធម្មតា​ក៏​ទៅ​ជា​អ្នក​ប្រកា​ស​ដ៏ពូកែអំពីជំនឿលើ​អ្វីៗ​ដែល​យើងសង្ឃឹមថា នឹងបានយ៉ាងនោះដែរ (ហប ១១,១) គឺគេ​ឥត​រួញរា​ប្រកាស​ជំនឿ​នេះ ទាំងខិតខំរស់នៅត្រឹមត្រូវស្របតាមជំនឿនេះថែមទៀត។ គ្រីស្តបរិស័ទ​​ធម្មតា​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​គ្រីស្ត ដោយ​ផ្តល់សក្ខីភាពតាមការរស់នៅ និង​ដោយ​ពោល​​ពាក្យសម្តី​អំពី​ព្រះ​គ្រីស្ត​ទៀតផង។ ការ​ប្រកាស​ដំណឹង​ល្អ​នេះមាន​លក្ខណៈ​ពិសេស និងប្រកបដោយប្រសិទ្ធភាព​យ៉ាង​ខ្លាំង ព្រោះគេប្រកាស​ដំណឹង​ល្អ​ក្នុង​សភាពការណ៍​ធម្មតា​របស់​មនុស្ស​លោក។

ក្នុងចំណោមបន្ទុកទាំងប៉ុន្មានរបស់គ្រីស្តបរិស័ទធម្មតា របៀបរស់នៅជាគូស្វាមីភរិយាមានតម្លៃ​ដ៏​ថ្លៃ​ថ្នូរ​យ៉ាង​ខ្លាំង។ មានអគ្គសញ្ញា​ពិសេស​មួយ គឺអគ្គសញ្ញាអាពាហ៍ពិពាហ៍ ធ្វើឱ្យការរស់នៅ​ជាគូ​ស្វាមី​ភរិយា និង​ការ​រស់​នៅ​ជាក្រុមគ្រួសារបាន​វិសុទ្ធ។ ក្រុមគ្រួសារ​ពិត​ជាក​ន្លែងដែលគ្រីស្តបរិស័ទធម្មតាប្រព្រឹត្តិកិច្ចការ​ជា​គ្រីស្តទូត​របស់​ខ្លួន និង​ជា​សាលារៀនពិសេសអប់រំអំពី​កិច្ចការជាគ្រីស្តទូតនេះ គឺ គ្រីស្ត​សាសនាជ្រាបចូល​ក្នុងការ​ចាត់ចែង​នៃ​របៀប​រស់​នៅ និងផ្លាស់ប្រែ​របៀប​រស់នៅនោះ​ជារៀងរាល់ថ្ងៃឱ្យកាន់តែប្រសើរឡើងៗ។ ព្រះ​ជាម្ចាស់​ត្រាស់ហៅ​គូស្វាមី​ភរិយា​ឱ្យ​មាន​បេសកកម្មពិសេស​ក្នុង​ក្រុមគ្រួសារ គឺម្នាក់ៗធ្វើជាសាក្សី​ចំពោះ​គ្នាទៅវិញទៅមក​ និង​ចំពោះ​កូនអំពី​ជំនឿ និង​​អំ​ពី​ព្រះ​ហឫទ័យ​ស្រឡាញ់របស់ព្រះគ្រីស្ត។ ក្រុម​គ្រួសារ​គ្រីស្តបរិស័ទ​ប្រកាស​យ៉ាង​ច្បាស់​នូវ​របៀប​រស់នៅក្នុង​ព្រះរាជ្យរ​បស់ព្រះជាម្ចាស់សព្វថ្ងៃផង និងសេចក្តី​សង្ឃឹមនឹង​បាន​បរមសុខនៅលោក​ខាង​មុខ​ទៀត​ផង​ដែរ។ ដូច្នេះ ដោយធ្វើជាគំរូ និងដោយផ្តល់សក្ខីភាព ក្រុម​គ្រួសារ​គ្រីស្ត​បរិស័ទ​ស្តី​បន្ទោស​មនុស្ស​លោកដែល​ជាប់​នឹងបាប ហើយ​ធ្វើជាពន្លឺ​សម្រាប់អស់អ្នក​ដែល​ស្វែង​រកសេចក្តី​ពិត​ទៀត​ផង។

ហេតុនេះហើយ ដោយគ្រីស្តបរិស័ទធម្មតាធើ្វកិច្ចការប្រចាំថ្ងៃ និងដោយមានកង្វល់អំពីជីវិតក្នុង​លោកីយ៍ គេ​អាច​បំពេញ (និងត្រូវបំពេញ) កិច្ចការមួយដ៏សំខាន់ក្នុងការនាំដំណឹងល្អដល់មនុស្ស​លោក។ គ្រីស្តបរិស័ទ​ធម្មតា​ខ្លះជួយណែនាំពិធី​តាមសមត្ថភាពរបស់ខ្លួន នៅពេលខ្វះលោកគង្វាល ឬនៅ​ពេល​អស់លោកគង្វាលមិនអាច​ធ្វើ​ជា​ប្រធាន​ក្នុង​ពិធី​ទាំងនោះបាន ព្រោះត្រូវគេបៀត​បៀនធ្វើបាប។ គ្រីស្តបរិស័ទ​ធម្មតា​ជាច្រើនទៀតចំណាយ​កម្លាំង​របស់ខ្លួនអស់ ក្នុង​កិច្ចការជាគ្រីស្តទូត។ ប៉ុន្តែ​ គ្រីស្តបរិស័ទ​​ធម្មតា​ទាំងអស់មានភារកិច្ចសហការ​លាត​សន្ធឹង​ព្រះរាជ្យ​ព្រះ​គ្រីស្តឱ្យចម្រើន​ឡើងក្នុង​ពិភព​លោក​ទាំ​ងមូល។ ហេតុនេះហើយបានជាគ្រីស្តបរិស័ទធម្មតាត្រូវ​ខិតខំ​ស្វែងរក​ឱ្យ​ស្គាល់កាន់​តែច្បាស់ នូវសេចក្តី​ពិត​ដែល​ព្រះ​ជាម្ចាស់​បាន​សម្តែងមក និងទទូចអង្វរព្រះជាម្ចាស់ សូម​ព្រះអង្គ​ទ្រង់ព្រះ​មេត្តា​ប្រទាន​ប្រាជ្ញាញាណដល់​ខ្លួនគេផង។

៣៦- គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាព្រះមហាក្សត្រ

ព្រះគ្រីស្តធ្វើ​តាម​ព្រះ​បញ្ជា​រហូត​ដល់​សោយ​ទិវង្គត ហេតុនេះ​ហើយ​ បានជា​ព្រះបិតាលើក​តម្កើង​ព្រះ​អង្គ​ឡើង​យ៉ាង​ខ្ពង់ខ្ពស់​បំផុត (ភីល ២,៨-៩) ហើយទ្រង់ចូលក្នុងសិរីរុងរឿងនៃព្រះរាជ្យព្រះអង្គ។ ព្រះ​ជាម្ចាស់​បាន​បញ្ចុះ​បញ្ចូល​​អ្វីៗ​ទាំងអស់​ក្រោម​អំណាច​របស់​ព្រះគ្រីស្ត ទម្រាំព្រះ​បុត្រា​ផ្ទាល់​នឹង​ចុះ​ចូល​ក្រោម​អំណាច​ព្រះ​បិតា រួម​ជា​មួយ​សត្វ​លោកទាំងឡាយ ដើម្បី​ឱ្យ​ព្រះជាម្ចាស់​បំពេញ​អ្វីៗ​ទាំងអស់​ក្នុង​មនុស្ស​ទាំង​អស់ (១ករ ១៥,២៧-២៨)។ ព្រះ​គ្រីស្ត​បានប្រគល់អំណាចនេះឱ្យក្រុមសាវ័ក ​ហើយតែងតាំងគេឱ្យមាន​សេរីភាពក្នុងឋានៈគេជាព្រះ​មហាក្សត្រ ដើម្បី​ឱ្យគេរម្ដោះខ្លួនរួចពីអំណាចនៃបាបដែលសោយរាជ្យ​លើ​ខ្លួនគេ​ផ្ទាល់ ដោយ​គេមានចិត្តលះបង់ និង​រស់​នៅយ៉ាង​វិសុទ្ធ (រម ៦,១២)។ លើសពីនេះទៅទៀត ដោយបម្រើព្រះគ្រីស្ត​ក្នុងការបម្រើអ្នកដទៃ គេ​អាច​ណែនាំ​បងប្អូនរបស់ខ្លួន ទាំង​មានចិត្ត​សុភាព​រាប​សា និង​ចិត្ត​អត់ធ្មត់​ខន្តីទៅគាល់ព្រះមហាក្សត្រ។ អ្នក​បម្រើ​ព្រះ​មហាក្សត្រនេះ ក៏ជាព្រះ​មហាក្សត្រដែរ។

ព្រះអម្ចាស់សព្វព្រះហឫទ័យលាតសន្ធឹងព្រះរាជ្យរបស់ព្រះអង្គ តាមរយៈគ្រីស្តបរិស័ទធម្មតាគឺ ក្រោម​ព្រះ​រាជ្យនេះ សេចក្តីពិតនិងជីវិត ភាពវិសុទ្ធ និងព្រះហឫទ័យប្រណីសន្តោស យុត្តិធម៌ សេចក្តី​ស្រឡាញ់ និងសន្តិភាព គ្រង​រាជ្យហើយ។ ក្រោមរាជ្យនោះ សត្វ​លោក​បានរួចពីការធ្វើជាទាសករ​នៃ​ការ​វិនាស​អន្តរាយ‌ ហើយ​មាន​សេរីភាព​ប្រកបដោយសិរី​រុងរឿង ក្នុងឋានៈ​ជា​បុត្រធីតារបស់ព្រះជាម្ចាស់ (រម ៨,២១)។ ព្រះបន្ទូលសន្យាពិត​ជា​ប្រសើរណាស់ វិន័យដែលព្រះយេស៊ូ​ប្រទាន​ឱ្យ​ក្រុមសាវ័កក៏ពិតជាប្រសើរ​ឧត្តុង្គឧត្តមដែរ គឺថា៖‌ “អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​បម្រើ​បងប្អូន​ទាំង​អស់ រីឯ​បងប្អូន​វិញ បង​ប្អូន​បម្រើ​ព្រះ​គ្រីស្ត ហើយ​ព្រះគ្រីស្ត​បម្រើ​ព្រះជាម្ចាស់​” (១ករ ៣,២៣)។

ហេតុនេះហើយ បានជាគ្រីស្តបរិស័ទត្រូវទទួលស្គាល់លក្ខណៈដ៏ជ្រៅបំផុតនៃសត្វលោកទាំងអស់។ តម្លៃ​ដ៏​ថ្លៃ​ថ្នូរ និង​ទិសដៅ​នៃ​សត្វលោកទាំងនោះ គឺលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គ្រីស្តបរិស័ទ​ក៏​ត្រូវ​ជួយ​គ្នា​ទៅ​វិញទៅមក​តាម​កិច្ចការ​នៃលោកនេះ ដើម្បីឱ្យបានរស់នៅតាមរបៀបកាន់តែវិសុទ្ធឡើងៗ។ ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្តនឹង​ជ្រាប​ចូលក្នុង​ពិភពលោក ហើយពិភពលោក ឈាន​ទៅ​កាន់​ទិស​ដៅ​រ​បស់​ខ្លួនយ៉ាងជោគជ័យដោយ​មាន​យុត្តិ​ធម៌ សេចក្តីស្រឡាញ់ និង​សន្តិភាព។ ក្នុងចំណោមគ្រីស្តបរិស័ទ​ទាំង​អស់ គ្រីស្តបរិស័ទធម្មតា​មានតួនាទី​ពិសេស​ជាង​គេ គឺ​ធើ្វឱ្យ​សត្វលោកទាំង​អស់​ទៅ​ដល់ទិសដៅ​របស់​ខ្លួន។ ដោយគ្រីស្តបរិស័ទធម្មតាមាន​សមត្ថភាព​ក្នុង​គ្រប់​វិស័យ​ខាងលោកីយ៍ និងមានសកម្មភាព​ផ្សេងៗដែលមានព្រះគ្រីស្តណែនាំ គេត្រូវខិតខំឱ្យអស់​ពី​សមត្ថភាព ធ្វើឱ្យ​មនុស្ស​លោក​ថែទាំ​ធនធាន​ធម្មជាតិ​ដែល​ព្រះ​អង្គ​បាន​ប្រតិស្ឋានមក ដើម្បីជា​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់ដោយមិនចោល​នរណា​ម្នាក់​សោះ​ឡើយ។ ដោយសារកិច្ចការ​របស់​មនុស្សដោយសារ​បច្ចេកទេស និង​វប្បធម៌​លោកីយ៍ គ្រីស្ត​បរិស័ទ​​ធម្មតា​ត្រូវខិតខំចែករំលែកធន​ធាន​ទាំង​នោះដល់​មនុស្ស​ទាំងអស់​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ស្រប​តាម​គោល​បំណងនៃព្រះអាទិករ ​និងតាម​ព្រះបន្ទូលរបស់​ព្រះអង្គបំភ្លឺ។ ត្រូវ​ធ្វើ​ឱ្យ​ធនធានទាំង​នោះ ជួយ​ការ​អភិ​វឌ្ឍន៍​ជាសកល ឱ្យមនុស្សមានសេរីភាព​តាមលក្ខណៈជាមនុស្ស និងជា​គ្រីស្ត​បរិស័ទ។ ដូច្នេះ តាម​រយៈសមាជិកនៃព្រះសហគមន៍ ព្រះគ្រីស្តមុខជានឹងបំភ្លឺ​សង្គម​មនុស្ស​ទាំងមូល​ឱ្យ​កាន់​តែ​ភ្លឺ​ឡើងៗ តាមពន្លឺ​របស់​ព្រះអង្គដែល​សង្រ្គោះមនុស្សលោក ។

លើសពីនេះទៅទៀត ប្រសិនបើស្ថាប័ននានា និង​សភាពការណ៍នៃការរស់នៅក្នុងពិភពលោក​បណ្តាល​ឱ្យ​ប្រព្រឹត្ត​អំពើ​បាប សូមឱ្យ​គ្រីស្តបរិស័ទធម្មតារួមកម្លាំងគ្នាជួយប្រែ ​និងព្យាបាលសភាពការណ៍ និងស្ថាប័នទាំងនោះ​ឱ្យ​បាន​​សមរម្យ។ ដូច្នេះ ស្ថា​ប័ន​ និងសភាពការណ៍ទាំងនោះបានស្របតាមក្បួននៃយុត្តិធម៌ ហើយជួយមនុស្សឱ្យ​ប្រព្រឹត្ត​តាម​ព្រហ្មវិហារ​ធម៌ លែងរារាំងយុត្តិធម៌​ និង​ព្រហ្មវិហារធម៌​ទៀត​ហើយ។ ប្រសិន​បើគេប្រព្រឹត្តដូច្នេះ គ្រីស្ត​បរិស័ទ​នឹងនាំតម្លៃ​ដ៏ថ្លៃថ្នូរ​នៃ​សីលធម៌​ឱ្យជ្រាបចូល​ក្នុងវប្បធម៌​ និងក្នុង​គ្រប់​កិច្ចការរបស់មនុស្ស។ ដូច្នេះ ​គ្រីស្ត​បរិស័ទ​រៀប​ចំ​មនុស្ស​លោក ដែល​ប្រៀប​ដូច​ជា​ដីចម្ការ​មួយ​ឱ្យ​បាន​ល្អ ដើម្បីទទួលពូជនៃព្រះបន្ទូលរបស់​ព្រះ​ជាម្ចាស់។ ទ្វារនៃព្រះសហគមន៍ក៏នឹង​បើក​ចំហ បណ្តោយឱ្យ​ដំណឹង​អំពី​សេចក្តីសុខសាន្តអាចចូលក្នុង​ពិភព​លោក​បាន។

តាមព្រះជាម្ចាស់ចាត់ចែងការសង្គ្រោះ គ្រីស្តបរិស័ទត្រូវបង្ហាត់ខ្លួនឱ្យចេះវែកញែកយ៉ាង​ច្បាស់​អំ​ពី​សិទ្ធិ និង​ជា​ភារកិច្ចរបស់ខ្លួនក្នុងឋានៈជាសមាជិកនៃព្រះសហគមន៍ និង​ក្នុងឋានៈជា​សមាជិក​នៃសង្គម​មនុស្ស។ សូមយក​ចិត្ត​ទុក​ដាក់ខិតខំធ្វើឱ្យសិទ្ធិ និង​ភារកិច្ច​ទាំង​ពីរយ៉ាងនេះស៊ីចង្វាក់ទៅវិញ​ទៅ​មក​យ៉ាង​ស្រួល។ ត្រូវនឹកជានិច្ចថា មនសិការរបស់គ្រីស្តបរិស័ទ​ត្រូវណែ​នាំ​គេក្នុងគ្រប់វិស័យខាងលោកីយ៍ ដ្បិត​គ្មាន​​កិច្ចការ​ណា​មួយរបស់​មនុស្ស សូម្បី​តែ​កិច្ចការខាង​លោកីយ៍ក្ដី អាចជៀសផុតពីអំណាចរបស់​ព្រះ​ជា​ម្ចាស់​​បានសោះឡើយ។ នាសម័យបច្ចុប្បន្ន តាម​​របៀបគ្រីស្តបរិស័ទធ្វើការ គេត្រូវ​ញែក​សិទ្ធិ​ និង​ភារកិច្ច​ទាំង​ពីរ​​យ៉ាងនោះ​ឱ្យ​បានច្បាស់ ហើយក៏ត្រូវឱ្យ​សិទ្ធិ និង​ភារកិច្ច​ទាំងនោះ​ស៊ីចង្វាក់គ្នាយ៉ាងស្រួលដែរ។ នេះ​ជា​ការ​ណ៍ដ៏សំខាន់ ដើម្បីឱ្យ​ព្រះសហគមន៍អាច​តបឆ្លើយយ៉ាង​ពេញ​​លេញនឹង​សភាពការណ៍​ពិសេសនៃ​ពិភព​លោក​យើងនាបច្ចុប្បន្ននេះ តាម​បេសកកម្មរបស់ខ្លួន។ យើង​ក៏​ត្រូវ​ទទួល​ស្គាល់ថា អ្នកកាន់អំណាច​ខាង​នយោបាយមាន​សិទ្ធិពេញទីក្នុង​ការណែ​នាំ​ខាងលោកីយ៍ គេ​ក៏មាន​គោល​ការណ៍​ណែនាំផ្ទាល់របស់គេដែរ។ ក៏​ប៉ុន្តែ នៅពេលជាមួយ​គ្នានោះ គ្រីស្តបរិស័ទត្រូវបដិសេធលទ្ធិ​ដ៏អាក្រក់​ដែល​អះអាង​ថា គេអាចសាងសង់​សង្គម​មនុស្ស​ដោយមិនអើពើនឹងសាសនាទាល់តែសោះ មិន​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ខាង​​សាសនា ព្រមទាំងបំបាត់សេរីភាពនោះផង។

៣៧- ទំនាក់ទំនងជាមួយក្រុមអភិបាល

គ្រីស្តបរិស័ទ​ធម្មតា ក៏ដូចគ្រីស្តបរិស័ទ​ឯទៀតៗទាំងអស់ដែរ មានសិទិ្ធទទួលធនធានយ៉ាង​បរិបូរណ៍​ខាង​ព្រះ​វិញ្ញាណដែលហូរមកពីទ្រព្យដ៏មានតម្លៃរបស់ព្រះសហគមន៍ ជាពិសេស​ គេមានសិទ្ធិទទួល​ជំនួយ​មកពី​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ និងពីអគ្គ​សញ្ញានានាដែលអភិបាល និងបូជាចារ្យចែកឱ្យ។ សូម​ឱ្យគេ​មាន​សេរីភាព​ជម្រាប​គង្វាល​​ទាំងនោះឱ្យ​ជ្រាបអំ​ពីសេចក្តីត្រូវការ និងអ្វីៗដែលគេចង់បាន ទាំង​ទុក​ចិត្ត​អស់​លោក​ក្នុងឋានៈអស់​លោក​ជា​បុត្រ​ធីតា​របស់ព្រះជាម្ចាស់ និងជាបងប្អូនក្នុងអង្គព្រះគ្រីស្ត។ គេ​ក៏មាន​លទ្ធភាព (ហើយជួនកាល​មាន​ភារកិច្ច) បញ្ចេញ​យោបល់អំពីអ្វីៗ​ដែលជាប្រយោជន៍​ដល់​ព្រះ​សហគមន៍ តាម​ចំណេះចេះដឹង តាម​សមត្ថភាព និង​តាមឋានៈរបស់ខ្លួន​ទៀត​ផងដែរ។ ប្រសិនបើគេ​ចង់​ផ្តល់​យោបល់ ត្រូវផ្តល់តាម​រចនា​សម្ពន្ធ​ដែល​ព្រះ​សហគមន៍​បានចាត់ចែង​ឱ្យដោយ​ចិ​ត្តស្មោះ ដោយចិត្តកា្ល​ហាន និងដោយប្រុង​ប្រយ័ត្នជានិច្ច ទាំង​មាន​សេចក្តី​គោរព និង​សេចក្តីស្រឡាញ់​ដែល​ត្រូវបង្ហាញ​ចំពោះ​អស់​លោកដែលជា​តំណាង​ព្រះគ្រីស្ត ព្រោះអស់​លោក​បាន​ទទួល​អគ្គ​សញ្ញាតែងតាំង។

គ្រីស្តបរិស័ទ​ធម្មតា ក៏ដូចគ្រីស្តបរិស័ទ​ឯទៀតៗទាំងអស់ដែរ គេត្រូវតែសុខចិត្តទទួល​សេចក្តីដែល​អស់​លោក​​អភិបាល​ជា​គង្វាល បានសម្រេចក្នុងឋានៈជាតំណាងព្រះគ្រីស្ត ក្នុងនាមអស់លោក​ជាក្រុម​ណែ​នាំ និងតាម​អំណាច​របស់អស់​លោក​ក្នុង​ព្រះ​សហគមន៍។ ត្រូវតែសុខចិត្តទទួលភ្លាតាមរបៀប​គ្រីស្តបរិស័ទ​ធ្លាប់​ស្តាប់​បង្គាប់។ ធ្វើដូច្នេះ គេយក​តម្រាប់​តាម​ព្រះ​គ្រីស្តជាបរមគ្រូរបស់គេ​ ដែលបានស្តាប់​តាម​បញ្ជា​រហូតដល់​សោយ​ទិវង្គត និងដែល​បាន​បើក​មាគ៌ា​ដ៏សែនសុខសាន្ត​ឆ្ពោះទៅកាន់សេរីភាព​នៃបុត្រ​ធីតា​របស់​ព្រះជា​ម្ចាស់។ សូម​ឱ្យ​គ្រីស្ត​បរិស័ទ​ធម្មតា​អង្វរ​ព្រះ​ជាម្ចាស់ សូមព្រះអង្គប្រទានពរដល់​អស់មេ​ដឹក​នាំដែល​ព្រះអង្គតែងតាំងឱ្យថែរក្សា​ជីវិត​ខាងវិញ្ញាណរបស់​យើង ព្រោះ​អស់​​លោក​នឹងត្រូវទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ​ជាម្ចាស់ សូម​ឱ្យ​អស់​លោក​បំពេញមុខងារនេះ​ដោយ​អំណរ មិនមែន​ដោយ​ថ្ងូរ​ទេ (ហប ១៣,១៧)។

ចំពោះអស់លោកជាគង្វាលវិញ ត្រូវទទួលស្គាល់ និង​លើកស្ទួយ​កិត្តិ​យស​​ដ៏ថ្លៃថ្នូរ​របស់​គ្រីស្តបរិស័ទ​​ធម្មតា​ ដែល​អាច​ទទួលខុសត្រូវក្នុងព្រះសហគមន៍។ សូម​ឱ្យ​អស់លោក​សួរយោ​បល់​ដ៏វាង​វៃរបស់គេ ផ្ញើមុខងារបម្រើ​ព្រះសហគមន៍ឱ្យគេទាំងទុកចិត្ត ទុកសេរីភាព​ឱ្យគេប្រព្រឹត្តកិច្ចការរបស់គេ ដាស់​តឿន​គេឱ្យមាន​ចិត្ត​ក្លាហាន​ចាប់​ផ្តើម​ធ្វើ​ការ​ផ្សេងៗ​ដោយគំនិតគេ​ផ្ទាល់។ សូមអស់​លោក​មាន​ចិត្ត​ស្រឡាញ់​គ្រីស្តបរិស័ទធម្មតា ដូច​ឪពុក​ស្រឡាញ់កូន សូម​រាប់អានគេក្នុងអ​ង្គ​ព្រះគ្រីស្ត និង​ចាប់អារម្មណ៍​នូវអ្វីៗ​ដែល​គេ​សាក​ល្បង​ចង់ធ្វើតាម​បំណ​ង​ប្រាថ្នា​​របស់គេ។ សូម​ទទួល​ស្គាល់​ និងគោរពសិទិ្ធសេរីភាព​ដ៏ត្រឹម​ត្រូវរបស់គ្រីស្តបរិស័ទធម្មតា ជា​សេរីភាពរបស់​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នេះ។

ទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរវាងគ្រីស្តបរិស័ទធម្មតា និងអស់លោក​ជាគង្វាល ​មុខជា​នឹង​ផ្តល់ផល​គ្រប់​យ៉ាង​សម្រាប់​ព្រះសហគមន៍ គឺគ្រីស្តបរិស័ទ​ធម្មតានឹងពង្រឹងគំនិតទទួលការខុ​សត្រូវរបស់​ខ្លួនផ្ទាល់ ពង្រឹងចិត្ត​ឧស្សាហ៍​​របស់​គេ ពង្រឹង​កម្លាំង​ឱ្យគេចូលរួមសហការក្នុងកិច្ចការរបស់អស់​លោក​គង្វាល​យ៉ាង​ស្រួល។ រីឯ​អស់​លោក​​គង្វាល​វិញ ដោយ​មាន​បទពិសោធន៍របស់​គ្រីស្តបរិស័ទ​ធម្មតា​ជួ​យ អស់​លោក​អាច​វិនិច្ឆ័យបានច្បាស់ និងត្រឹម​ត្រូវ មិន​ត្រឹម​តែ​ក្នុងរឿងសាសនា​ប៉ុណ្ណោះ​ទេ តែក្នុងរឿងលោកីយ៍ថែមទៀត​ផង។ ដូច្នេះ ដោយ​មាន​សមាជិក​ទាំង​អស់​ជួយ​ពង្រឹងផង ព្រះ​សហគមន៍​ទាំងមូល​អាច​បំពេញ​បេសកកម្ម​របស់​ខ្លួន​ដោយប្រសិទ្ធភាពបាន គឺជួយមនុស្ស​​លោក​ឱ្យ​បាន​ជីវិត។

៣៨- ពាក្យបញ្ចប់

គ្រីស្តបរិស័ទធម្មតាម្នាក់ៗត្រូវធ្វើជាសាក្សីនៅចំពោះមុខមនុស្សលោកអំពីព្រះអម្ចាស់យេស៊ូ​ ដែល​មាន​ព្រះ​ជន្ម​ថ្មី​ដ៏រុងរឿងរស់នៅក្នុងលោកនេះ និងទៅជាសញ្ញាសម្គាល់អំ​ពីព្រះ​ជា​ម្ចាស់ដែលមានព្រះជន្មគង់​នៅ​ដែរ។ គ្រីស្ត​បរិស័ទ​ទាំងអស់​គ្នា និងគ្រីស្តបរិស័ទម្នាក់ៗ​តាមចំណែក​រៀងៗ​ខ្លួន ត្រូវចិញ្ចឹម​មនុស្ស​លោក​ដោយ​ផល​ផ្លែ​ដែល​កើត​ពី​ព្រះ​វិញ្ញាណ (កាឡ ៥,២២)។ គេ​ចាក់​បង្ហូរព្រះវិញ្ញាណនេះ​ដែល​មាន​សកម្មភាព​ក្នុង​ជន​ក្រីក្រ ក្នុង​ជន​ស្លូត​បូត និងក្នុងអ្នកកសាងសន្តិភាពដែលសុទ្ធតែអាច​ទទួល​សុភមង្គលបាន ដូចព្រះ​អម្ចាស់​មានព្រះបន្ទូលមក (មថ ៥,៣-៩)។ សរុបសេចក្តីមក «វិញ្ញាណផ្តល់ជីវិត​ឱ្យរូបកាយ​យ៉ាង​ណា គ្រីស្តបរិស័ទផ្តល់ជីវិតឱ្យ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ» (លិខិតផ្ញើជូនលោកឌីយ៉ូងែត)។

ជំពូក៥
ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យបានវិសុទ្ធ

៣៩- អារម្ភកថា

មហាសន្និបាតដ៏វិសុទ្ធបង្ហាញគម្រោងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់អំពីព្រះសហគមន៍ គឺតាមជំនឿ​យើង ​ព្រះ​សហគមន៍​ពិតជាវិសុទ្ធ ហើយក៏មិនអាច​លែងទៅជាវិសុទ្ធបានដែរ។ ក្នុងធម៌ “សូម​លើក​តម្កើង​សិរី​រុង​រឿង” យើង​ធ្លាប់​ប្រកាសថា ព្រះគ្រីស្តជាព្រះបុត្រា ពិតជា “ព្រះដ៏វិសុទ្ធតែមួយ​ព្រះ​អង្គ” រួមជា​មួយព្រះ​បិតា​ និង​ព្រះវិញ្ញាណ។ ព្រះអង្គបាន​ស្រឡាញ់​ព្រះ​សហគ​មន៍​ទុកជាព្រះមហេសី និងបាន​បូជា​ព្រះជន្ម​សម្រាប់​ព្រះ​សហគមន៍​‌​ ដើម្បី​ប្រោស​ឱ្យ​ព្រះ​សហគមន៍​បាន​ទៅជា​វិសុទ្ធ (អភ ៥,២៥-២៦) ទ្រង់​បាន​ប្រោសឱ្យព្រះ​សហ គមន៍​ភ្ជាប់ជាមួយ​ព្រះអង្គទុក​ជា​ព្រះ​កាយ​ព្រះអង្គ និងបានប្រទានព្រះ​អំណោយ​ទាន​នៃព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យ៉ាងបរិបូរណ៍ ដើម្បីលើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះជាម្ចាស់។ ហេតុនេះហើយ បានជាព្រះជាម្ចាស់​ត្រាស់ហៅ​គ្រីស្តបរិស័ទទាំងអស់ក្នុងព្រះ​សហគមន៍ ទាំង​ក្រុម​អ្នកកាន់អំណាចតាម​លំដាប់​លំដោយ ទាំង​គ្រីស្តបរិស័ទដែលត្រូវគេគ្រប់គ្រងឱ្យបានវិសុទ្ធ​គ្រប់​គ្នា ស្រប​តាម​គ្រីស្តទូត​ចែងថា «ពិតមែន​ហើយ! ព្រះ​ជា​ម្ចាស់​សព្វ​ព្រះហឫទ័យ​ឱ្យ​បងប្អូន​បាន​វិសុទ្ធមែន» (១ថស ៤,៣; អភ ១,៤)។ ព្រះសហគមន៍​សម្តែងជានិច្ច (និងត្រូវសម្តែង) ថា ខ្លួនបានវិសុទ្ធដោយ​បង្ហាញ​ផល​ផ្លែនៃ​ព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះវិញ្ញាណនៅ​ក្នុង​គ្រីស្តបរិស័ទ។ លក្ខណៈដ៏វិសុទ្ធនេះ​លេចមក​តាម​របៀប​ផ្សេងៗ​ក្នុង​គ្រីស្តបរិស័ទ​ម្នាក់ៗ ដែលតម្រង់ខ្លួនទៅរក​សេចក្តី​ស្រឡាញ់ដ៏ពេញលក្ខណៈតាមរបៀបរស់​នៅ​របស់​គេផ្ទាល់ ទាំង​ជួយ​កសាង​អ្នក​ដទៃ​ឱ្យទៅជាបុត្រធីតារបស់ព្រះបិតា​ផង។ លក្ខណៈដ៏វិសុទ្ធនេះ​លេចមក​យ៉ាង​ច្បាស់ ដោយ​មាន​គ្រីស្តបរិស័ទ​ខ្លះ​យក​ចិត្តទុកដាក់ប្រតិបត្តិតាមដំបូន្មាន​ដែលយើងធ្លាប់ហៅថា “ដំបូន្មាន​ចែង​ក្នុង​គម្ពីរ​ដំណឹង​ល្អ”

មានគ្រីស្តបរិស័ទមួយចំនួនធំសុខចិត្តប្រតិបត្តិតាមដំបូន្មានទាំងនោះ ដោយមានព្រះវិញ្ញាណ​ដ៏​វិសុទ្ធជំរុញតាម​របៀបជាបុគ្គលម្នាក់ៗ ឬតាមស្ថានភាពរស់នៅ ឬតាមរបៀបរស់​នៅជា​បព្វជិត​បព្វជិតា ដែល​ព្រះសហគមន៍​ទទួល​ស្គាល់​ជាផ្លូវការ។ ការប្រតិបត្តិតាមដំបូន្មានទាំងនោះ​ផ្តល់ (និង​ត្រូវផ្តល់​) សក្ខីភាព​ដ៏ភ្លឺ​ចិញ្ចែង​ចិញ្ចាច និង​ជា​ឧទាហរណ៍​មួយអំពីលក្ខណៈដ៏វិសុទ្ធរបស់ព្រះសហគមន៍។

៤០- ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យបានវិសុទ្ធ

ព្រះអម្ចាស់យេស៊ូជាព្រះបរមគ្រូ និងជាគំរូអំពីសេចក្តីពេញលក្ខណៈគ្រប់យ៉ាង ព្រះអង្គបាន​បង្រៀន​ក្រុម​សាវ័ក​ទាំងមូល និងសាវ័កម្នាក់ៗ ទោះជាគេមានឋានៈ វណ្ណៈណាក្តីឱ្យរស់នៅតាមរបៀបដ៏វិសុទ្ធ ដូច​ព្រះអង្គ​បង្កើត​របៀប​រស់នៅ​ដែរ។ ព្រះអង្គក៏អាចប្រោសឱ្យរបៀបរស់នៅបែបនោះបានគ្រប់​លក្ខណៈ ដូចព្រះអង្គមាន​ព្រះ​បន្ទូល​ថា «ព្រះបិតា​របស់​អ្នក​រាល់គ្នាដ៏ខ្ពង់ខ្ពស់បំផុត​គ្រប់​លក្ខណ៍​យ៉ាង​ណា‌ សូមឱ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ» (មថ ៥,៤៨)។ ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ​មក​សណ្ឋិត​លើ​សាវ័ក​ទាំងអស់ ដើម្បី​ជំរុញ​គេ​ពី​ខាង​ក្នុងឱ្យ​ស្រឡាញ់​ព្រះ​ជាម្ចាស់​ឱ្យ​អស់​ពី​ចិត្ត​គំនិត អស់ពីស្មារតី​‌ អស់​ពី​ប្រាជ្ញា‌ និង​អស់ពី​កម្លាំង (មក ១២, ៣០) ព្រមទាំង​ឱ្យ​ស្រឡាញ់គ្នា​ទៅវិញ​ទៅមក​ដូចព្រះគ្រីស្តបាន​ស្រឡាញ់​គេដូច្នោះដែរ (យហ ១៣,៣៤; ១៥,១២)។ ព្រះជាម្ចាស់​ត្រាស់​ហៅ​សាវ័ក​របស់ព្រះគ្រីស្ត មិន​មែនព្រោះគេមានកុសលផលបុណ្យនោះទេ តែ​ព្រោះ​ព្រះអង្គ​បាន​គ្រោង​ទុក​ជា​មុនតាមព្រះហឫ ទ័យ​ប្រណី​សន្តោស។ ព្រះអង្គប្រោសគេឱ្យបានសុចរិត ដោយគេរួម​ក្នុង​អង្គ​ព្រះយេស៊ូជាអម្ចាស់។ គេបានទៅជាបុត្រ​ធីតា​របស់ព្រះជា ម្ចាស់យ៉ាងពិតប្រាកដ ដោយសារ​អគ្គសញ្ញា​ជ្រមុជ​ទឹកដែល​បញ្ជាក់ជំនឿរបស់គេ គេក៏​ទទួល​ចំណែកនៃសភាពរបស់​ព្រះជាម្ចាស់ផ្ទាល់ ហេតុនេះហើយ បាន​ជា​គេ​ជាវិសុទ្ធប្រាកដមែន។ គ្រីស្តបរិស័ទ​​ត្រូវ​រក្សាទុកលក្ខណៈ​ដ៏វិសុទ្ធ​ដែលគេ​បានទទួលនេះឱ្យនៅគង់វង្ស និង​ធ្វើ​ឱ្យ​លក្ខណៈ​ដ៏​វិសុទ្ធ​​នេះ​​បាន​​ពេញ​លេញ តាមការរស់នៅរបស់គេ ដោយ​ព្រះជាម្ចាស់​ប្រណីសន្តោសផង។ គ្រីស្ត​ទូត​ប៉ូល​ទូន្មាន​គេ​ឱ្យរស់​នៅក្នុង​ឋានៈ​​ជា​ជន​ដ៏​វិសុទ្ធ (អភ ៥,៣) «ដោយ​ព្រះជាម្ចាស់​បាន​ជ្រើសរើសបងប្អូនធ្វើ​ជា​ជន​ដ៏​វិសុទ្ធ និង​ជាទី​ស្រឡាញ់​របស់​ព្រះ​អង្គ បងប្អូន​ត្រូវតែ​កាន់​ចិត្ត​អាណិត​មេត្តា‌ ចិត្ត​ល្អ សប្បុរស‌ ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត‌ និង​ចិត្ត​ខន្តី​អត់​ធ្មត់» (កូឡ ៣,១២)។ គ្រីស្តទូតប៉ូលក៏ដាស់​តឿន​គេឱ្យ​បង្កើត​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ ដើម្បីឱ្យគេបានវិសុទ្ធ (កាឡ ៥,២២; រម ៦,២២)។ ក៏ប៉ុន្តែ ដោយ​យើង​ទាំង​អស់​គ្នា​តែង​តែធ្វើ​ខុស​ព្រះ​ហឫទ័យព្រះជាម្ចាស់ជាច្រើន (យក ៣,២) យើង​ត្រូវការព្រះអង្គអាណិតមេត្តាជានិច្ច។ នៅពេលអធិដ្ឋាន​ជា​រៀង​រាល់​ថ្ងៃ យើងតែងតែទូលអង្វរថា «សូមព្រះ​អង្គ​លើកលែង​ទោសឱ្យយើងខ្ញុំផង» (មថ ៦,១២)។

គ្រីស្តបរិស័ទទាំងអស់ត្រូវដឹងច្បាស់ថា អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ទោះជា​គេ​រស់នៅតាម​របៀប​ណា​ក្តី ឬមានឋានៈណាក្តី ក៏ព្រះជាម្ចាស់ត្រាស់ហៅគេឱ្យរស់យ៉ាងពេញលក្ខណៈជាគ្រីស្តបរិស័ទ និងឱ្យ​មាន​សេចក្តី​ស្រឡាញ់​យ៉ាងពេញលក្ខណៈដែរ។ សូម្បីតែក្នុងសង្គមមនុស្សនៅលើផែនដីនេះ ក៏លក្ខណៈ​វិសុទ្ធ​របស់​គ្រីស្ត​បរិស័ទ​នេះ ពិត​ជាជួយឱ្យ​សភាពការណ៍​មនុស្សរស់នៅកាន់តែប្រសើរឡើងៗ។ គ្រីស្តបរិស័ទ​ត្រូវយក​កម្លាំង​ដែល​ខ្លួន​បាន​ទទួល​តាម​កម្រិត​នៃ​ព្រះអំណោយទាន​របស់​ព្រះគ្រីស្តមកប្រើ ​ដើម្បី​ឱ្យបាន​វិសុទ្ធ​គ្រប់​លក្ខណៈ។ គេត្រូវ​ដើរ​តាម​ព្រះអង្គជាគំរូ និងបាន​ដូច​ព្រះអង្គ ដោយបំពេញព្រះ​ហឫទ័យ​ព្រះ​បិតា​ក្នុង​គ្រប់ប្រការ ហើយបូជា​កម្លាំង​ចិត្ត​កម្លាំងកាយលើកតម្កើង​សិរីរុងរឿង​របស់​ព្រះបិតា និង​បម្រើអ្ន​កដទៃផង។ ធ្វើ​ដូ​ច្នេះ ទើបលក្ខណៈវិសុទ្ធ​នៃ​ប្រជារាស្រ្ត​របស់ព្រះជា ម្ចាស់​នឹងបង្កើតផលផ្លែ​ជា​ច្រើន ដូច​របៀបរស់នៅ​របស់​សន្តបុគ្គលជាច្រើនអនេកជា​សាក្សី​ស្រាប់ ក្នុងប្រវត្តិសាស្រ្ត​ព្រះ​សហគមន៍។

៤១- គ្រីស្តបរិស័ទបានវិសុទ្ធដោយរស់នៅតាមរបៀបជាច្រើន

អស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ ស្តាប់តាមព្រះ​សូរសៀងរបស់​ព្រះ​បិតា និង​គោរព​ប្រណិប័តន៍​ថ្វាយ​បង្គំព្រះជាម្ចាស់ជាបិតាដោយវិញ្ញាណ និងតាមសេចក្តីពិត។ អ្នកទាំងនោះ ក៏យក​ចិត្ត​ទុក​ដាក់​ចង់​បាន​លក្ខណៈវិសុទ្ធតែមួយ​នេះ តាម​របៀប​រស់នៅរបស់គេ និងដោយបំពេញមុខងារផ្សេងៗ​ដែរ។ គេយកតម្រាប់​តាម​​ព្រះគ្រីស្តដែលដាក់​ខ្លួនជាអ្នក​ក្រីក្រ មានចិត្តសុភាព​រាបសា និង​លី​ឈើ​ឆ្កាង។ ធ្វើដូច្នេះ ទើប​គេនឹង​អាច​ទទួល​ចំណែក​​នៃសិរីរុងរឿងរបស់​ព្រះអង្គបាន។ ម្នាក់ៗត្រូវ​ប្តេជ្ញា​ចិត្ត​ដើរ​ទៅមុខ​តាម​ព្រះអំណោយទាន និងតាម​ទេពកោសល្យ​របស់ខ្លួន ដោយមាន​ជំនឿរស់រវើកដាស់​តឿន​គេ​ឱ្យ​មាន​សេចក្តីសង្ឃឹម និងឱ្យប្រព្រឹត្តកិច្ចការទាំង​អស់​ដោយ​សេចក្តីស្រឡាញ់។

អស់លោកអភិបាលដែលទទួលបន្ទុកជាគង្វាលហ្វូងរចៀមរបស់ព្រះគ្រីស្ត ត្រូវខ្នះខ្នែង​បំពេញ​មុខងារ​បម្រើ​របស់​ខ្លួន​តាមបែប​វិសុទ្ធ ទាំងមានចិត្តសុភាពរាបសា និងមានកម្លាំងក្លាហានផង។ អស់លោក​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ​មុន​គ្រីស្ត​បរិស័ទ​ឯទៀតៗទាំងអស់ តាមព្រះគ្រីស្តជា​មហា​បូជាចារ្យដែលស្ថិតនៅអស់​កល្បជា​និច្ច ជាគង្វាល​ដ៏ប្រសើរ និង​ជាអភិបាលនៃ​ជីវិតខាងព្រះវិញ្ញាណ​របស់​យើង។ ប្រសិនបើ​អស់​លោក​​បំពេញ​មុខ​ងា​រ​របស់ខ្លួនតាមបែបនេះ មុខងារ​នោះត្រឡប់ទៅជាមធ្យោ​បាយ​​ដ៏ប្រសើរដែលអាច​នាំឱ្យ​អស់​លោក​បានវិសុទ្ធ។ ចំពោះអស់លោក​ដែលព្រះ​ជាម្ចាស់​បានជ្រើសរើសឱ្យធ្វើជាអភិបាល គឺទទួល​មុខងារ​ជា​បូជាចារ្យ​​យ៉ាងពេញ​លេញ ព្រះ​អង្គប្រណីសន្តោស​ប្រទាន​ព្រះ​អំណោយទាន តាមអគ្គសញ្ញាតែងតាំងនេះ ឱ្យ​អស់​លោកអាច​បំពេញ​យ៉ាងពេញ​លក្ខណៈនូវបន្ទុកនៃ​សេចក្តី​ស្រឡាញ់​ក្នុងឋានៈជាគង្វាល។ អស់​លោក​អធិដ្ឋាន ​ថ្វាយ​សក្ការៈ​បូជា ធ្វើ​ពិធីអត្ថាធិប្បាយ​គម្ពីរ យក​ចិត្ត​ទុ​ក​ដាក់ថែរក្សា និងបម្រើគ្រប់យ៉ាង​ក្នុង​ឋានៈ​ជា​អភិបាល សុខ​ចិត្ត​បូជា​ជីវិត​ដោយ​ឥតរួញរា ដើម្បី​ជាប្រយោជន៍​ដល់​ហ្វូង​ចៀមរបស់ខ្លួន និងធើ្វ​ជា​គំរូដល់់​ហ្វូងចៀម​ទាំង​មូល (១សល ៥,៣)។ អស់លោក​ក៏ជួយព្រះសហគមន៍​ឱ្យកាន់​តែ​វិសុទ្ធជារៀង​រាល់ថ្ងៃ ដោយអស់​លោក​ធើ្វជាគំរូ​ដល់គេថែមទៀតផង។

អស់លោកគង្វាលក៏ដូចក្រុមអភិបាលដែរ គឺអស់លោក​ប្រៀបដូចជាភួង​ជ័យ​ខាងព្រះ​វិញ្ញាណ​របស់ក្រុម​អភិបាល។ អស់លោករួមចំណែកក្នុងព្រះអំណោយទានរបស់អស់លោកអភិបាល ដោយ​សារព្រះគ្រីស្តជា​ស្ពាន​មេត្រី​តែ​មួយ​គត់ស្ថិតនៅអស់កល្បជានិច្ច។ អស់លោកគង្វាលត្រូវ​ស្រឡាញ់​ព្រះជាម្ចាស់ និង​ស្រឡាញ់​មនុស្ស​ឯទៀតៗ​កាន់​តែខ្លាំង​ឡើងៗ ដោយបំពេញកិច្ចការរបស់ខ្លួន​ប្រចាំថ្ងៃ។ អស់លោកត្រូវរក្សាចំណង​នៃការ​រួបរួម​គ្នា​ជា​បូជាចារ្យ ហើយត្រូវមានសម្បត្តិ​ខាងព្រះវិញ្ញាណ​ទាំង​អស់ឱ្យបានបរិបូណ៌។ អស់ លោកត្រូវរស់នៅ​តាម​របៀប​ដែល​ផ្តល់​សក្ខី​ភាព​ដ៏រស់​រវើកអំពីព្រះ​ជាម្ចាស់ នៅចំពោះមុខមនុស្សទាំងអស់ ដូចបូជាចារ្យទាំងប៉ុន្មាន ដែល​បាន​បង្ហាញ​លក្ខណៈ​វិសុទ្ធដ៏ត្រចះ​ត្រចង់​របស់ខ្លួនតាំងពីដើម​រៀងមក ហើយដែលបាន​បម្រើ​ព្រះសហគមន៍​តាម​របៀប​សុភាព​រាប​សា​ដោយ​គ្មាននរ​ណា​ចាប់​អារម្មណ៍។ ព្រះសហគមន៍របស់ព្រះ​ជាម្ចាស់​តែង​តែលើកតម្កើងគង្វាល​ទាំង​នោះ។

អស់លោកគង្វាលតាមបន្ទុករបស់ខ្លួនតែងតែថ្វាយពាក្យអង្វរ និង​សក្ការបូជាសម្រាប់ប្រជាជនរបស់ខ្លួន និង​សម្រាប់ប្រជារាស្រ្តរបស់​ព្រះ​ជា​ម្ចាស់​ទាំងមូល។ អស់លោកត្រូវដឹងខ្លួន​អំពី​កិច្ចការ​ដ៏អស្ចារ្យដែល​អស់​លោក​ប្រព្រឹត្ត និងខិតខំ​រស់​នៅ​ឱ្យបានស្របតាមកិច្ចការទាំងនោះទៀតផង។ មិនត្រូវឱ្យ​កង្វល់​ក្នុងកិច្ចការជាគ្រីស្តទូត គ្រោះ​កាច​នានា និងទុក្ខលំបាកមករារាំង​អស់​លោក​នោះទេ។ ផ្ទុយទៅ វិញ ការណ៍​ទាំង​នោះអាចជួយ​អស់លោក​ឱ្យ​កាន់​តែ​វិសុទ្ធ ដោយអស់លោក​យកកម្លាំងពី​ការ​ស្មឹងស្មាធិ៍​ជាច្រើន មកជួយ​ទ្រទ្រង់សកម្ម ភាពរបស់ខ្លួន។ ធ្វើដូច្នេះ អស់លោក​ក៏លើកទឹកចិត្តព្រះសហគមន៍របស់​ព្រះជា​ម្ចាស់​ទាំងមូល​ថែមទៀតផង។ សូម​ឱ្យអស់លោក​គង្វាល ជាពិសេស បូជាចារ្យ​ (អាចារ្យ) ​ភូមិភាគ នឹក​ជា​និច្ចថា អស់លោក​អាចទៅជាវិសុទ្ធកាន់​តែ​ប្រសើរ​ឡើង​បាន ដោយ​រួម​ចិត្ត​គំនិត​យ៉ាង​ស្មោះ​ជា​​មួយ​អភិបាល​របស់​ខ្លួន និង​ដោយសហការយ៉ាង​ទូលំទូលាយជាមួយ​លោក​ផង។

អស់លោកឧបដ្ឋាកជាអ្នកបម្រើកម្រិតក្រោម ក៏រួមចំណែកយ៉ាងពិសេសក្នុងបេសកកម្ម និងក្នុង​ព្រះ​អំណោយ​ទាន​របស់​ព្រះគ្រីស្ត ជាមហាបូជាចារ្យដ៏ខ្ពង់ខ្ពស់បំផុត។ ជាបឋម អស់​លោក​ឧបដ្ឋាក​ដែល​បម្រើ​គម្រោងការ​ដ៏​អស្ចារ្យ​របស់ព្រះគ្រីស្ត និងរបស់ព្រះសហគមន៍ ត្រូវជៀសវាងកុំប្រព្រឹត្តអំពើអាក្រក់ ត្រូវខិត​ខំ​ធ្វើឱ្យខ្លួនគាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់ និងបង្ហាញ​ឱ្យមនុស្ស​លោកដឹងថា ព្រះអង្គអាចប្រើអស់លោកឱ្យ​នាំ​មនុស្ស​ធ្វើ​អ្វីៗ​ដ៏ល្អ​គ្រប់​យ៉ាង​ដែល​គេអាចធ្វើបាន (១ធម ៣,៨-១០.១២-១៣)។ អស់អ្នក​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ និង​ញែក​ដោយ​ឡែក​ឱ្យ​ទៅ​ជា​ចំណែករបស់ព្រះ​អង្គផ្ទាល់ ត្រៀមខ្លួន​បំពេញ​មុខងារបម្រើព្រះសហគមន៍ ក្រោមការ​ពិនិត្យ​ពិច័យ​របស់អស់​លោកអភិបាលជា​គង្វាល។ អស់លោកត្រូវយកចិត្តទុកដាក់ឱ្យមានចិត្ត​គំនិតស្រប​នឹង​មុខងារ​ដ៏​ប្រសើរ​របស់ខ្លួន តាម​ព្រះជាម្ចាស់​ត្រាស់​ហៅ​ឱ្យគេ​បំពេញនោះ គឺត្រូវព្យាយាមអធិដ្ឋាន ត្រូវមានចិត្ត​ស្រឡាញ់​យ៉ាង​ឧស្សាហ៍ ត្រូវ​នឹក​គិត​តែអំពី​សេចក្តីដែលត្រឹមត្រូវសុចរិតគួរគោរព និងប្រព្រឹត្តអ្វីៗទាំងអស់ ដើម្បី​លើក​តម្កើងសិរីរុង​រឿង​ និង​កិត្តិ​នាម​របស់​ព្រះជាម្ចាស់។

យើងត្រូវនឹកដល់គ្រីស្តបរិស័ទធម្មតាឯទៀតៗដែលព្រះជាម្ចាស់បានជ្រើសរើស និងដែល​លោក​អភិបាល​ត្រាស់​ហៅ​ឱ្យបូជាកម្លាំងកាយកម្លាំងចិត្តបំពេញកិច្ចការជាគ្រីស្តទូត។ គេធ្វើការក្នុងស្រែចម្ការរបស់​ព្រះ​អម្ចាស់ និង​បង្កើត​ផលផ្លែជាច្រើន។

ចំពោះគ្រីស្តបរិស័ទជាគូស្វាមីភរិយា និងជាឪពុកម្តាយត្រូវជួយគាំទ្រគ្នាទៅវិញទៅមក​តាម​មាគ៌ា​ផ្ទាល់​ខ្លួន ​គឺ​ស្រឡាញ់​គ្នា​យ៉ាងស្មោះស្ម័គ្រអស់មួយជីវិត ដោយព្រះជាម្ចាស់ជួយប្រណីសន្តោស។ គេត្រូវ​អប់រំកូនៗ​ដែល​ខ្លួន​សុខ​ចិត្ត​ទទួលពីព្រះជាម្ចាស់ដោយសេចក្តីស្រឡាញ់ ឱ្យស្គាល់លទ្ធិនៃគ្រីស្តសាសនា និង​ឱ្យកាន់តាម​ព្រហ្មវិហារ​ធម៌​ស្រប​តាម​ដំណឹងល្អ។ បើគេប្រព្រឹត្តដូច្នេះ គេធ្វើជាគំរូឱ្យមនុស្សអំពីសេចក្តី​ស្រឡាញ់​ដ៏ទូលំ​ទូលាយ ដោយ​មិន​ចេះ​ណាយចិត្តឡើយ។ គេ​ជួយ​សាងសង់សេចក្តី​ស្រឡាញ់​ជាបងប្អូន ហើយ​ផ្តល់​សក្ខីភាព និងរួម​សហការធើ្វ​ឱ្យ​ព្រះ​សហគមន៍​ជាព្រះមាតារបស់​យើងអាច​បង្កើតផលបាន។ ដូច្នេះ​ គូស្វាមី​​ភរិយាធ្វើជាសញ្ញា​សម្គាល់​អំពី​សេចក្តី​ស្រឡាញ់​របស់ព្រះគ្រីស្ត គេក៏រួម​ចំណែក​ក្នុងព្រះ​ហឫទ័យ​ស្រឡាញ់​នោះដែរ ជាព្រះ​ហប្ញទ័យ​ស្រឡាញ់​ចំពោះ​ព្រះ​សហគមន៍ជាព្រះមហេសី គឺព្រះអង្គ​បូជា​ព្រះជន្ម ដើម្បី​ជាប្រយោជន៍ដល់​ព្រះ​មហេសី​នោះ។

ស្រី្តៗម៉េមាយ និងអ្នកនៅលីវបង្ហាញ​លក្ខណៈដ៏វិសុទ្ធ​របស់​ព្រះ​សហគមន៍​តាម​របៀបផ្សេងទៀត និង​ជួយ​បំពេញ​សកម្មភាពជាច្រើនក្នុងព្រះ​សហគមន៍ដែរ។

ចំពោះ​អ្នក​ដែល​ធ្វើការនឿយ​ហត់ សូមឱ្យកិច្ចការទាំងនោះផ្តល់ឱ្យខ្លួនបានទៅជាមនុស្ស​ពេញ​លក្ខណៈ និង​​ជួយ​ប្រជា​ពល​រដ្ឋ​ដូចគ្នា ព្រមទាំងជួយ​លើកស្ទួយ​កម្រិតជី​វភាពនៃសង្គមទាំងមូល និង​ថែ​រក្សា​បរិស្ថាន​ផង។ គេ​ត្រូវ​មាន​ចិត្ត​ស្រឡាញ់​អ្នកដទៃយ៉ាងសកម្ម ដោយ​យកតម្រាប់តាមព្រះគ្រីស្ត ដែលទ្រង់​សព្វ​​ព្រះ​ហឫទ័យ​ធ្វើការ​ដោយ​ព្រះហស្តព្រះអង្គ​ផ្ទាល់។ ព្រះអង្គក៏រួមជាមួយព្រះបិតា នៅតែធ្វើកិច្ចការ​ដើម្បី​សង្គ្រោះ​មនុស្ស​ទាំងអស់។ សូម​ឱ្យ​អ្នកទាំង​នេះ​ពោរពេញទៅដោយសេចក្តីសង្ឃឹម ហើយជួយ​រំលែក​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅមក។ សូម​ឱ្យ​គេ​បាន​វិសុទ្ធ​កាន់តែខ្លាំងឡើងៗតាមរយៈកិច្ចការដែលគេធ្វើជារៀងរាល់ថ្ងៃ គឺជាលក្ខណៈវិសុទ្ធ​របស់​គ្រីស្តទូត។

សូមឱ្យអ្នកក្រីក្រ ជនពិការ អ្នកជំងឺ អ្នករងទុក្ខគ្រប់យ៉ាង អ្នកដែលត្រូវគេបៀត​បៀនព្រោះ​តែទាម​ទារ​យុត្តិធម៌ដឹង​ច្បាស់ថា គេក៏ចូលរួមយ៉ាងពិសេសជាមួយព្រះគ្រីស្តដែរ គឺរួមជាមួយព្រះគ្រីស្តដែល​រង​ទុក្ខ​លំបាក ដើម្បី​សង្គ្រោះ​មនុស្ស​លោក។ ក្នុង​គម្ពីរ​ដំណឹងល្អព្រះអម្ចាស់ប្រកាសថា អ្នកទាំងនោះ​មាន​សុភមង្គ​ល​ហើយ! «បន្ទាប់​ពី​បាន​រង​ទុក្ខ​លំបាក​មួយ​រយៈ​ពេលដ៏​ខ្លី​នេះ​រួច​ហើយ ព្រះជាម្ចាស់​ប្រកប​ដោយ​ព្រះ​ហឫទ័យ​ប្រណី​សន្ដោស​គ្រប់​យ៉ាង គឺព្រះអង្គ​ដែល​ត្រាស់​ហៅ​គេឱ្យ​ទទួល​សិរី​រុង​រឿង​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច រួម​ជាមួយ​ព្រះគ្រីស្ត ព្រះអង្គ​មុខ​ជា​នឹង​លើក​គេឱ្យ​មាន​ជំហរ​ឡើង​វិញ ហើយប្រទាន​ឱ្យ​គេ​បាន​រឹងប៉ឹង​‌ និងមានកម្លាំង​មាំមួន ឥត​រង្គើ​ឡើយ» (១សល ៥,១០)។

ដូច្នេះហើយ អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្តនឹងកាន់តែវិសុទ្ធឡើងៗ ស្របតាមសភាពការណ៍​នៃ​ការ​រស់​នៅ​របស់គេ តាមការងាររបស់គេ តាមកាលៈទេសៈនៃជីវិតរបស់គេ ហើយគេបានវិសុទ្ធតាមរយៈ​ការណ៍​ទាំង​នោះ​ថែម​ទៀតផង។ ប៉ុន្តែ គេ​ត្រូវ​ទទួល​អ្វីៗ​ទាំងអស់ដោយផ្ញើជីវិតលើព្រះបិតា​ដ៏ខ្ពង់ខ្ពស់​បំផុត ហើយក៏ត្រូវ​រួម​សហការ​ជា​មួយព្រះបិតា​ សូមធ្វើឱ្យ​ព្រះហឫទ័យរបស់ព្រះអង្គកើតជារូបរាង ពោល​គឺ ដោយ​គេបម្រើ​ពិភពលោក​នេះ គេសម្តែង​ឱ្យមនុស្សទាំងអស់អាច​មើល​ឃើញ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ចំពោះពិភពលោក។

៤២- មាគ៌ា និងមធ្យោបាយនាំឱ្យខ្លួនបានវិសុទ្ធ

«ព្រះ​ជា​ម្ចាស់​ជា​សេចក្តី​ស្រឡាញ់​‌ អ្នកណា​ស្ថិតនៅ​ជាប់​នឹង​សេចក្តី​ស្រឡាញ់​‌‌ អ្នកនោះ​ស្ថិតនៅ​ជាប់​នឹង​ព្រះ​ជាម្ចាស់​‌ ហើយ​ព្រះជាម្ចាស់​ក៏​ស្ថិតនៅ​ជាប់​នឹង​អ្នកនោះ​ដែរ» (១យហ ៤,១៦)។ «ព្រះជាម្ចាស់បាន​ចាក់​បង្ហូរ​ព្រះ​ហឫទ័យ​​ស្រឡាញ់​របស់​ព្រះអង្គ​មក​ក្នុង​ចិត្ត​យើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង» (រម ៥,៥)។ គឺ​ព្រះ​ហឫទ័យ​ស្រឡាញ់​នេះហើយដែលជំរុញយើងឱ្យស្រឡាញ់ព្រះជាម្ចាស់​លើស​អ្វីៗ​ទាំង​អស់ និង​ឱ្យ​ស្រឡាញ់​អ្នក​ដទៃដោយនឹកដល់ព្រះ​អង្គ។ ដូច្នេះ ព្រះ​ហឫទ័យ​ស្រឡាញ់​នេះ ពិត​ជា​ព្រះ​អំណោយទានដំ​បូង និងដ៏ចំាបាច់​ជាង​គេ។ ប៉ុន្តែ ព្រះ​ហឫទ័យ​ស្រឡាញ់​នេះអាចដុះឡើង និងបង្កើត​ផល​ក្នុង​ចិត្តមនុស្សបានដូចពូជមួយដ៏ល្អ លុះ​ត្រា​តែ​គ្រីស្តបរិស័ទម្នាក់ៗ​ស្ម័គ្រ​ចិត្តទទួលព្រះបន្ទូលរ​បស់​ព្រះ​ជាម្ចាស់ និងប្រតិបត្តិតាមព្រះហឫទ័យព្រះអង្គ ដោយ​ព្រះ​អង្គជួយប្រណី​សន្តោសទៀតផង។ គេក៏ត្រូវ​ទទួល​អគ្គសញ្ញា​ជាញឹកញាប់ ជាពិសេស រួមក្នុង​អគ្គ​សញ្ញា​អរ​ព្រះ​គុណ និ​ងពិធីគោរពប្រណិប័តន៍នានាដើម្បី​គោរព​បម្រើ​ព្រះ​អង្គ គេត្រូវយកចិត្ត​ទុកដា​ក់ និងព្យាយាម​អធិដ្ឋាន សុខ​ចិត្ត​លះ​បង់ខ្លួនឯងបម្រើបងប្អូនយ៉ាងសកម្ម ព្រម​ទាំង​ប្រព្រឹត្តតាម​ព្រហ្មវិហារធម៌​ទាំង​ប៉ុន្មានផង។ សេចក្តី​ស្រឡាញ់ធ្វើ​ឱ្យមនុស្ស​បានពេញ​លក្ខណៈ និងនាំ​ឱ្យ​ប្រតិបត្តិតាម​ធម្មវិន័យ​បានគ្រប់លក្ខណៈ​ដែរ (កូឡ ៣,១៤; រម ១៣,១០)។ សេចក្តីស្រឡាញ់តម្រង់​គ្រប់​មធ្យោបាយដែល​នាំឱ្យបានវិសុទ្ធ និងផ្តល់​ឱ្យមធ្យោបាយ​ទាំង​នេះ​បានស័ក្តិសិទ្ធិ​ និងនាំ​ទៅ​ដល់​ទិស​ដៅ។ ហេតុនេះ​ហើយ​ បាន​ជាសេចក្តី​ស្រឡាញ់​ចំពោះ​ព្រះជាម្ចាស់ និង​ចំពោះ​អ្នកដទៃ ជាលក្ខណៈ​របស់​​សាវ័ក​ដ៏ពិត​ប្រាកដ​របស់ព្រះគ្រីស្ត។

ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ បានសម្តែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គដោយ​បូជា​ព្រះ​ជន្ម​សម្រាប់​យើង។ គ្មាននរណា‌មានសេចក្តី​ស្រឡាញ់ខ្លាំងជាងអ្នកដែលបូជាជីវិត​ថ្វាយព្រះ​ជា​ម្ចាស់ និង​ស៊ូប្តូរ​ជីវិតដើម្បី​បង​ប្អូននោះ​ឡើយ។ (១យហ ៣,១៦; យហ ១៥,១៣)។ តាំងពីដើម​ដំបូង​នៃ​ព្រះ​សហគមន៍រៀងមក ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​គ្រីស្តបរិស័ទខ្លះ ឱ្យផ្តល់សក្ខីភាពយ៉ាងខ្ពង់ខ្ពស់​អំពី​សេចក្តី​​ស្រឡាញ់​បែបនេះនៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់ ហើយជា​ពិសេស នៅចំពោះមុខ​អ្នកដែលបៀត​បៀន​ធ្វើ​បាប​គេ។ ព្រះអង្គក៏នឹងត្រាស់ហៅ​គ្រីស្ត​បរិស័ទ​ខ្លះត​ទៅ​ទៀត​នៅពេល​អនាគត ឱ្យបូជា​ជីវិត​បែប​នេះ​ពុំខាន។ មរណសាក្សីបាន​ដូច​ព្រះបរម​គ្រូ​របស់​ខ្លួន គឺសុខ​ចិត្ត​ស្លាប់​ដោយ​គ្មាន​នរណាបង្ខំ ដើម្បី​សង្គ្រោះ​​មនុស្ស​លោក។ អ្នកនោះបានដូចព្រះអង្គដោយសុខ​ចិត្ត​ឱ្យ​គេ​បង្ហូរ​ឈាម​របស់ខ្លួន។ ហេតុនេះ​ហើយ​ បាន​ជា​ព្រះ​សហគមន៍យល់ឃីញ​ថា ព្រះជាម្ចាស់ប្រទានព្រះ​អំណោយ​ទាន​ដ៏​ខ្ពង់​ខ្ពស់​នេះដល់​មរណ​សាក្សី និងទុក​មរណ​សាក្សី​ជាអ្នកដែលបាន​ផ្តល់​ភ័ស្តុតាង​យ៉ាង​ជាក់​ច្បាស់​ជាង​គេអំពីសេចក្តី​ស្រឡាញ់។ ព្រះអង្គបានប្រណី​សន្តោស​ឱ្យមនុស្ស​មួយចំនួនតូចប៉ុណ្ណោះ​ទៅជា​មរណសាក្សី ក៏​ប៉ុន្តែ គ្រីស្តបរិស័ទ​ទាំង​អស់​ត្រូវប្រុងខ្លួន​នឹងប្រកាស​ជំនឿ​លើព្រះគ្រីស្តនៅ​ចំពោះ​មុខ​មនុស្ស​លោក។ នៅពេល​មាន​គេ​បៀត​បៀន​ធ្វើ​បាប​ព្រះសហគមន៍ គ្រីស្តបរិស័ទត្រូវសុខចិត្តដើរ​តាម​ព្រះអង្គរ​ហូ​ត​ដល់​ឈើឆ្កាង ព្រោះព្រះ​សហគមន៍​នៅតែជួបការ​បៀតបៀន​រហូត​​ពុំខាន​​ឡើយ។

តាមគម្ពីរដំណឹងល្អ ព្រះអម្ចាស់ប្រទានដំបូន្មានច្រើនឱ្យក្រុមសាវ័កកាន់តាម។ ព្រះ​សហគមន៍​បាន​វិសុទ្ធ​យ៉ាង​ពិសេស ដោយគ្រីស្តបរិស័ទកាន់តាម​ដំបូន្មានទាំងនោះ។ តាមដំបូន្មានទាំងនោះ ព្រះបិតា​បាន​​ប្រោស​ប្រទាន​ព្រះ​អំណោយទានដ៏ថ្លៃថ្លាប្រសើរជាងគេឱ្យ គ្រីស្តបរិស័ទ​ខ្លះថ្វាយខ្លួនទាំង​ស្រុងទៅ​ព្រះ​ជា​ម្ចាស់​តែមួយព្រះអង្គ​ដោយ​គ្មាន​ចិត្តងាករេ គឺឱ្យរស់នៅជាព្រហ្មចារី និងមិនរៀបការ (មថ ១៩,១១; ១ករ ៧,៧.៣២-៣៤)។ ដូច្នេះ គេ​អាច​បម្រើ​ព្រះអង្គយ៉ាងស្រួលជាងអ្នកមានគ្រួសារ។ តាំង​ពី​ដើម​រៀង​ម​ក ព្រះសហគមន៍តែងតែគោរពយ៉ាង​ពិសេស​ចំពោះ​ព្រហ្មចារីធម៌អស់មួយជីវិត ដោយ​​នឹក​ដល់​ព្រះ​រាជ្យ​នៃ​ព្រះ​ជាម្ចាស់ ទុកជាសញ្ញាសម្គាល់​ដាស់​តឿន​សេចក្តី​ស្រឡាញ់ និងទុកជាប្រភព​ពិសេស​ដែលបង្កើត​ផលខាងព្រះវិញ្ញាណក្នុងពិភពលោក។

ព្រះសហគមន៍នៅតែនឹករម្លឹកពាក្យប្រៀនប្រដៅរបស់គ្រីស្តទូតប៉ូល ដែលដាស់តឿនគ្រីស្តបរិស័ទ​ឱ្យ​មាន​ចិត្ត​ស្រឡាញ់ គឺគ្រីស្តទូត​សូមឱ្យគេមានបទពិសោធន៍ដូចព្រះគ្រីស្តយេស៊ូ ដែលព្រះអង្គ​បាន «លះ​បង់​អ្វីៗ​ទាំង​អស់មក​យ​ក​ឋានៈ​ជា​ទាសករវិញ ធ្វើ​តាម​ព្រះ​បញ្ជា​រហូត​ដល់​សោយ​ទិវង្គត‌​លើ​ឈើឆ្កាង​ថែម​ទៀត​ផង» (ភីល ២,៧-៨)។ ព្រះ​អង្គ​ដែល​មាន​សម្បត្តិ​សួគ៌​ជាច្រើន ទ្រង់​ដាក់ខ្លួន​ជា​អ្នក​ក្រព្រោះតែ​យើង (២ករ ៨,៩)។ តាម​ពិត​ សាវ័ក​របស់​ព្រះគ្រី​ស្ត​​ត្រូវ​តែ​យកតម្រាប់​តាមព្រះអង្គជានិច្ច ហើយត្រូវផ្តល់សក្ខីភាព​អំពីព្រះអង្គដែល​មាន​ព្រះ​ហឫទ័យ​ស្រឡាញ់ និង​ដាក់​ខ្លួន​ទៀត​ផង។ ហេតុនេះ​ហើយ​ បានជាព្រះ​សហគមន៍​ជា​ព្រះមាតារបស់យើងមាន​អំណរ​ដោយ​គ្រីស្តបរិស័ទ​មួយ​ចំនួនធំ ទាំងបុរស​ ទាំងស្រ្តី ស្ម័គ្រចិត្តតាម​ព្រះអង្គ​កាន់​តែជិតស្និទ្ធ និង​បង្ហាញ​ឱ្យ​កាន់​តែ​ច្បាស់​ថា ព្រះសង្គ្រោះ​បាន​លះបង់អ្វីៗ​ទាំងអស់។ អ្នកទាំង​នោះ​មាន​សេរីភាពជាបុត្រធីតារបស់ព្រះជាម្ចាស់ សុខ​ចិត្ត​រស់​នៅតាម​របៀប​ជាអ្នកក្រីក្រ និង​សុខ​ចិត្ត​ស្តាប់​បង្គាប់​របស់​អ្នកណែនាំជាជាងធ្វើតាមបំណងរបស់ខ្លួន។ ក្នុង​ករណី​ទៅជា​គ្រីស្តបរិស័ទ​ពេញលក្ខណៈ អ្នក​ទាំង​នោះ​សុខ​ចិត្តចុះចូលក្រោមអំណាចមនុស្សដូចគ្នា ដោយ​នឹក​ដល់​ព្រះ​ជាម្ចាស់ គេ​ប្រតិបត្តិ​លើសពីកម្រិត​នៃ​វិន័យទៅទៀត ដើម្បី​ឱ្យ​បាន​កាន់​តែដូចព្រះគ្រីស្តដែលស្តាប់តាម​បញ្ជា​ព្រះ​បិតា។

អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ត្រូវតែខិតខំឱ្យបានវិសុទ្ធ និងបានទៅជាគ្រីស្តបរិស័ទ​ពេញ​លក្ខណៈ​តាម​របៀប​រស់នៅ​របស់​ខ្លួន​ម្នាក់ៗ។ សូមឱ្យគេយកចិត្តទុកដាក់ធើ្វជាម្ចាស់នៃតណ្ហារបស់ខ្លួន កុំឱ្យ​ការ​ប្រើប្រាស់​សម្បត្តិ​លោកកីយ៍ និងចិត្តលោភ​លន់ផ្ទុយពី​ចិត្តគំនិតរបស់អ្នកដែលដាក់ខ្លួនជាអ្នកក្រីក្រតាម​គម្ពីរដំណឹង​ល្អ បណ្តាល​ឱ្យគេបែកចេញលែងស្វែងរកសេចក្តី​ស្រឡាញ់​ដ៏ពេញលក្ខណៈ។ គ្រីស្តទូតប៉ូល​ប្រៀន​ប្រដៅដូចតទៅ៖ «អស់​អ្នក​ដែល​ប្រើ​ប្រាស់​សម្បត្តិ​លោកីយ៍ ក៏​ត្រូវ​កាន់​​ចិត្ត​ដូចជា​មិន​បានប្រើ​ប្រាស់​សម្បត្តិ​​លោកីយ៍​នោះ​ដែរ‌ ដ្បិត​ពិភព​លោក​នេះនឹងត្រូវ​ប្រែប្រួល​ជាមិនខាន» (១ករ ៧,៣១)។

ជំពូក៦
បព្វជិតបព្វជិតា

៤៣- ការអនុវត្តន៍តាមដំបូន្មានដែលចែងក្នុងគម្ពីរដំណឹងល្អ

ព្រះបន្ទូល និងការរស់នៅរបស់ព្រះអម្ចាស់យេស៊ូពិតជាគំរូ និងជាគ្រឹះនៃដំបូន្មានដែលមាន​ចែង​ក្នុង​គម្ពីរ​ដំណឹង​ល្អ គឺឱ្យរស់នៅជាព្រហ្មចារីថ្វាយ​ព្រះ​ជាម្ចាស់ ឱ្យរស់នៅរបៀបអ្នកក្រីក្រ និងឱ្យស្តាប់តាម​បង្គាប់​អ្នក​ដឹក​នាំ។ ក្រុម​គ្រីស្តទូត ទាំងគ្រូបាធ្យាយ ទាំងបណ្ឌិត និងទាំងគង្វាល​ព្រះសហគមន៍ក៏តែង​តែ​ផ្តាំ​ឱ្យ​រស់នៅ​តាម​បែប​នេះ​ដែរ។ ដំបូន្មាន​ដែលចែងក្នុងគម្ពីរដំណឹងល្អពិត​ជា​ព្រះ​អំណោយ​ទាន ដែល​ព្រះ​សហគមន៍​បាន​ទទួលពី​ព្រះ​អម្ចាស់​របស់​ខ្លួន។ ព្រះសហគម​ន៍​ក៏នៅតែថែរក្សាដំបូន្មានទាំងនោះយ៉ាង​សោ្មះ​ដោយ​ព្រះអង្គប្រណីសន្តោស។ ដោយ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ណែនាំ ក្រុម​អ្នក​មាន​អំណាចក្នុងព្រះ​សហគមន៍​ចាប់​អារម្មណ៍​បញ្ជាក់លទ្ធិ និងចាត់​ចែង​អំពី​របៀប​អនុវត្ត​តាមដំបូន្មានទាំងនោះ ហើយ​តែងតាំង​របៀប​រស់នៅយ៉ាងស្ថិតស្ថេរ ដោយ​យក​ដំបូន្មាន​ទាំង​នោះ​ជា​គ្រឹះ។ មាន​របៀប​រស់នៅតាមដំបូន្មានដែល​ចែង​​ក្នុងគម្ពីរដំណឹង​ល្អប្លែកៗពីគ្នា កើតឡើងកាន់តែច្រើន ប្រៀប​ដូច​គ្រាប់ពូជ​ដែល​ព្រះជាម្ចាស់​សាប​ព្រោះ កើតជា​ដើម​ឈើ​មួយបែក​មែក​សាខា​ជាច្រើនយ៉ាងអស្ចារ្យក្នុងចម្ការ​របស់​ព្រះ​អម្ចាស់ គឺមានអ្នកខ្លះជា​ឥ​សីរស់នៅម្នាក់​ឯង អ្នក​ខ្លះ​នាំគ្នា​រស់នៅរួមជាមួយគ្នា អ្នកខ្លះ​បង្កើតក្រុមគ្រួសារ​ផ្សេងៗ​ប្រកបដោយធ​ន​ធាន​ខាង​ព្រះ​វិញ្ញាណយ៉ាងស្តុកស្តម្ភ ដែលមានប្រយោជន៍ដល់សមាជិក​ក្រុម​គ្រួសារ​ទាំង​នោះ​ផង និងដល់​ព្រះ​កាយ​ព្រះ​គ្រី​ស្តទាំងមូលផងដែរ។ ក្រុមគ្រួសារទាំងនោះជួយសមាជិករបស់ខ្លួនឱ្យ​មាន​របៀប​រស់​នៅ​ស្ថិត​ស្ថេរ​ជាងនៅ​ម្នាក់ឯង ឱ្យមានលទ្ធិដែលគេសាកល្បងល​មើលរួចហើយ ដើម្បីទៅកាន់សេចក្តីដ៏​ពេញ​ល​ក្ខណៈ ឱ្យរួម​រស់​ជាបងប្អូនក្នុងកងទ័ពរបស់ព្រះគ្រីស្ត និងឱ្យមាន​សេរីភាព​ដ៏ពេញលេញដោយ​ស្តាប់​តាម​បង្គាប់។ ដូច្នេះ បព្វជិត​បព្វជិតា​អាច​បំពេញពាក្យសច្ចារបស់ខ្លួនដោយចិត្តនឹងន និងចិត្តស្មោះ ឈាន​ទៅ​មុខ​តាម​ផ្លូវ​នៃ​សេចក្តី​ស្រឡាញ់ទាំង​មានអំណរសប្បាយមកពីព្រះវិញ្ញាណផង។

បើគិតអំពីព្រះជាម្ចាស់តែងតាំងព្រះសហគមន៍ឱ្យមានរចនាសម្ពន្ធតាមលំដាប់លំដោយ បព្វជិតបព្វជិតា​រស់​នៅ​តាមរបៀប​ម្យ៉ាង គាត់មិនមែនបំពេញមុខងារបម្រើព្រះសហគមន៍ទេ ហើយក៏មិន​មាន​ឋានៈ​លើសពី​គ្រីស្ត​បរិស័ទ​ធម្មតាដែរ។ ព្រះ​ជាម្ចាស់ត្រាស់ហៅអស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ទាំងអ្នក​ទទួល​អគ្គសញ្ញាតែង​តាំង​ជា​អ្នកបម្រើ ទាំងគ្រីស្តបរិស័ទធម្មតាឱ្យ​ទទួលព្រះអំណោយទាន​ពិសេស​ ធ្វើ​ជា​បព្វជិត​បព្វជិតាក្នុង​ព្រះ​សហគមន៍ ព្រម​ទាំង​ឱ្យបម្រើ​បេសកកម្ម​របស់​ព្រះ​សហគមន៍ គឺ​នាំការ​សង្គ្រោះ​ដល់​មនុស្ស​លោកតាមរបៀប​រៀងៗខ្លួន។

៤៤- លក្ខណៈ និងសារៈសំខាន់នៃការរស់នៅជាបព្វជិតបព្វជិតាក្នុងព្រះសហគមន៍

គ្រីស្តបរិស័ទណាដែលផ្ញើជីវិតលើព្រះគ្រីស្ត ហើយដែលធ្វើពិធីសច្ចាប្រណិធាន ឬដែលធ្វើ​ពាក្យ​សន្យា​ឯទៀតៗ​តាមបែប​រៀងៗ​ខ្លួន ដែលប្រហាក់ប្រហែលនឹងពាក្យសច្ចាប្រណិធាន គឺគ្រីស្តបរិស័ទ​​នោះ​បង្ខំចិត្តឱ្យ​ប្រតិបត្តិ​តាមដំបូន្មានទាំងបីដែលមានចែងក្នុងគម្ពីរដំណឹងល្អ ដូច​មាន​រៀបរាប់​នៅ​ខាង​លើ។ អ្នកនោះ​ថ្វាយ​ខ្លួន​ទាំង​ស្រុងទៅ​ព្រះជាម្ចាស់​ដែល​ខ្លួន​ស្រឡាញ់លើសអ្វីៗទាំងអស់ ដើម្បីតម្រង់​ខ្លួន​ទៅបម្រើ​ព្រះ​អម្ចាស់ និង​លើក​តម្កើង​សិរីរុងរឿងរបស់ព្រះអង្គក្នុងឋានៈពិសេសថ្មីម៉្យាង។ ដោយទទួល​អគ្គសញ្ញា​ជ្រមុជទឹក អ្នក​នោះ​លែង​ជំពាក់​បាប​ដូចមនុស្សស្លាប់ គេថ្វាយ​ខ្លួនទៅព្រះ​ជាម្ចាស់​រួចហើយ។ ប៉ុន្តែ ​ដោយ​ប្រកាស​ពាក្យសច្ចាប្រណិធាន​ក្នុងព្រះ​សហគមន៍​ឱ្យកាន់​តាម​ដំបូន្មានដែលចែងក្នុងគម្ពីរដំណឹងល្អ គេចង់​រួច​ផុតពីអ្វីៗដែលសង្កត់ខ្លួន និងរារាំងខ្លួន​តាម​ផ្លូវ​ទៅរក​សេចក្តី​ស្រឡាញ់​ដ៏ខ្លាំងក្លា ក្នុងការគោរព​បម្រើ​ព្រះ​ជាម្ចាស់​យ៉ាងពេញលក្ខណៈ។ គេញែកខ្លួន​ថ្វាយ​ព្រះ​ជាម្ចាស់ដើម្បី​បម្រើព្រះអង្គយ៉ាង​ស្និទ្ធស្នាល។ គេសង្ឃឹម​ថា គេនឹងទទួលផលយ៉ាងបរិបូរណ៍ដែលហូរ​មក​ពី​អគ្គ​សញ្ញា​ជ្រមុជទឹក តាម​ព្រះ​ហឫទ័យ​ប្រណី​សន្តោសរបស់ព្រះជាម្ចាស់។ គេញែកខ្លួន​ថ្វាយ​ព្រះអង្គ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើងៗ ដោយ​ជាប់ចំណង​ជាមួយ​ព្រះគ្រីស្តកាន់​តែរឹងប៉ឹង និងស្ថិតស្ថេរ និងកាន់តែដូចព្រះគ្រីស្តដែលភ្ជាប់នឹង​ព្រះ​សហគមន៍​ជាព្រះមហេសី ដោ​យ​ចំណង​ដែល​មិនអាចផ្តាច់បានឡើយ។

ដំបូន្មានដែល​ចែងក្នុងគម្ពីរដំណឹងល្អណែនាំឱ្យគ្រីស្តបរិស័ទមានចិត្តស្រឡាញ់ និងនាំឱ្យអស់​អ្នក​ដែល​កាន់​តាមបាន​រួបរួមយ៉ាងពិសេសជាមួយព្រះសហគមន៍ និងជាមួយគម្រោងការដ៏អស្ចារ្យរបស់ព្រះ​សហគមន៍។ ហេតុ​នេះ​ហើយ ការរស់នៅតាមព្រះវិញ្ញាណរបស់គេ ត្រូវតម្រង់ទៅរកប្រយោជន៍ដល់ព្រះ​សហគមន៍ទាំងមូល។ ដូច្នេះ ម្នាក់ៗ​មាន​ភារកិច្ច​ខិតខំចាក់​គ្រឹះ និងពង្រឹងព្រះរាជ្យរបស់ព្រះគ្រីស្តក្នុងចិត្ត​មនុស្សដោយអស់ពីកម្លាំង តាម​សមត្ថភាព​រៀងៗខ្លួន និងស្របតាម​ព្រះជាម្ចាស់​ត្រាស់ហៅ ដោយ​អធិដ្ឋាន និងបំពេញសកម្មភាពផ្សេងៗ។ គេ​ក៏មាន​ភារកិច្ច​លាតសន្ធឹងព្រះរាជ្យ​នោះក្នុងពិភព​លោក​​ទាំង​មូលដែរ។ ហេតុនេះហើយ បាន​ជា​ព្រះ​សហគមន៍​ការពារ​ និង​គាំទ្រ​លក្ខណៈពិសេសនៃគ្រឹះស្ថាន​បព្វជិត​បព្វជិ​តា​នានា។

ដោយហេតុនេះហើយ អ្នកធ្វើពិធីប្រកាសពាក្យសច្ចាប្រណិធាន​កាន់តាមដំបូន្មាន​ដែល​ចែង​ក្នុង​គម្ពីរ​ដំណឹង​ល្អ ដូច​ជា​សញ្ញា​សម្គាល់មួយដែលអាច (និង​ដែលត្រូវ) មានឥទ្ធិពលយ៉ាងស័ក្តិសិទ្ធិ​ទាក់ទាញ​ចិត្ត​សមាជិក​ទាំង​អស់​នៃ​ព្រះសហគមន៍ ឱ្យខិតខំ​បំពេញ​ភារកិច្ចរបស់ខ្លួនដោយចិត្តក្លាហាន តាមឋានៈ​ជាអ្នក​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ​ឱ្យ​ទៅជា​គ្រីស្ត​បរិស័ទ។ ប្រជារាស្ត្ររបស់ព្រះជាម្ចាស់គ្មានមាតុភូមិនៅ​ស្ថិត​ស្ថេរ​ក្នុងលោកនេះទេ តែ​ស្វែង​រក​មាតុ​ភូមិ​នៅ​លោក​ខាង​មុខវិញ។ ​យ៉ាងណាមិញ របៀបរស់នៅជាបព្វជិត​ប​ព្វជិតា ផ្តល់ឱ្យគេ​មាន​សេរីភាព​ខ្លាំង​ជាង​គ្រីស្តបរិស័ទ​ឯទៀតៗចំពោះ​ការងារ​​ក្នុងលោកនេះ។ របៀប​រស់​នៅ​ជាបព្វជិត​បព្វជិតាបង្ហាញ​បញ្ជាក់​យ៉ាងច្បាស់ ឱ្យគ្រីស្ត​បរិស័ទទាំងអស់ស្គាល់អំពីសម្បត្តិសួគ៌ដែល​ស្ថិតនៅក្នុង​លោកនេះហើយ។ អ្នក​ទាំង​នោះ​ក៏​ធ្វើ​ជា​សា​ក្សី​បញ្ជាក់​ថា មានជីវិតថ្មីម្យ៉ាង​ស្ថិតនៅ​អស់​កល្ប​ជានិច្ចដែលព្រះ​គ្រីស្ត​បានបង្កើត​ ដោយ​ព្រះអង្គ​បូជា​ព្រះជន្ម។ គេក៏​ជូន​ដំណឹង​អំពី​ជីវិតថ្មីដែល​មនុស្ស​នឹង​ទទួល​នៅលោក​ខាងមុខ និង​អំពីសិរីរុងរឿង​នៃ​ព្រះរាជ្យ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់បំផុត។ លើសពីនេះ​ទៅទៀត របៀប​រស់​នៅជាបព្វជិត​បព្វ​ជិតាយកតម្រាប់យ៉ាងជិតដិត​តាម​របៀប​ដែល​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​បានរ​ស់នៅ ហើយក៏ជាសញ្ញាសម្គាល់ដែលមានឥតឈប់ឈរក្នុង​ព្រះ​សហគមន៍ អំពីរបៀបរស់​នៅរបស់ព្រះ​បុត្រាដែលយាងមកក្នុងលោកនេះ ដើម្បី​ធ្វើតាម​ព្រះហឫទ័យព្រះបិតា។ ព្រះអង្គ​ក៏​ទូន្មាន​ឱ្យសាវ័ក​ដែល​ដើរតាម​ព្រះអង្គឱ្យរស់នៅតាម​របៀបនេះ​ដែរ។ មិន​តែ​ប៉ុណ្ណោះ របៀប​រស់​នៅ​ជា​បព្វជិត​បព្វជិតាបង្ហាញ​យ៉ាង​ពិសេសថា ព្រះរាជ្យរបស់ព្រះ​ជាម្ចាស់ ខ្ពស់លើសអ្វីៗទាំងអស់ដែលនៅក្នុង​លោកនេះ និង​ខ្ពស់​លើស​សេចក្តី​ត្រូវ​ការដ៏​ចំាបាច់ជាង​គេ​របស់មនុស្ស​លោក​ថែមទៀតផង។ របៀបរស់នៅបែបនោះ​បង្ហាញ​ឱ្យ​មនុស្ស​ទាំងអស់​ឃើញ​មហិទ្ធិឫទ្ធិដ៏ប្រសើរ​បំផុត​របស់​ព្រះគ្រីស្តជាព្រះមហាក្សត្រ និងឃើញអំពីមហិទ្ធិឫទ្ធិ​ហួស​ពី​ការ​ស្មានរបស់ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ ដែល​មាន​សកម្មភាពក្នុងព្រះសហគមន៍យ៉ាងអស្ចារ្យគួរស្ងើច​សរសើរ។

ទោះបីរបៀបរស់នៅជាបព្វជិតបព្វជិតា ដែលធ្វើពិធីប្រកាសពាក្យសច្ចាប្រណិធានកាន់តាមដំបូន្មាន​ដែល​មាន​ចែង​ក្នុងគម្ពីរដំណឹងល្អ មិនស្ថិតនៅក្នុងរចនាសម្ពន្ធ​តាមលំដាប់លំដោយរបស់ព្រះសហគមន៍ក្តី ក៏​របៀប​រស់​នៅ​បែប​នេះជាប់នឹង​ជីវិត ហើយនឹងលក្ខណៈដ៏វិសុទ្ធរបស់ព្រះសហគមន៍​ដាច់មិន​បាន​ដែរ។

៤៥- អំណាចរបស់ព្រះសហគមន៍លើបព្វជិតបព្វជិតា

ក្រុមណែនាំព្រះសហគមន៍តាមលំដាប់លំដោយ មានតួនាទីជាគង្វាលរបស់ប្រជារាស្រ្តព្រះ​ជាម្ចាស់ ដែល​ដឹកនាំ​ចៀមទៅកាន់កន្លែងសម្បូ​ណ៍ស្មៅខៀវខ្ចី (អគ ៣៤,១៤)។ ក្រុមណែនាំនោះមានតួនាទីតែង​តាំង​ច្បាប់ ចាត់​ចែងដោយប្រាជ្ញានូវ​របៀបអនុវត្តតាមដំបូន្មានដែលចែងក្នុងគម្ពីរដំណឹងល្អ។ ដំបូន្មាន​ទាំង​នោះ​ជា​មធ្យោ​បាយ​ពិសេស ដើម្បីជួយបម្រើ​សេចក្តី​ស្រឡាញ់ដ៏ពេញលក្ខណៈចំពោះព្រះជាម្ចាស់ ​និង​ចំពោះ​អ្នក​ដទៃ។ ក្រុម​ណែនាំ​សុខចិត្តធ្វើតាមការជំរុញពីព្រះ​វិញ្ញាណដ៏​វិសុទ្ធ ហើយទទួលក្បួន​វិន័យ​ដែល​គ្រីស្តបរិស័ទ​បុរស និង​ស្ត្រី​ដ៏​ប្រសើរ​បាន​តែង​តាំង​រួចហើយ។ ក្រោយពីបាន​កែ​ឆ្នៃឱ្យកាន់តែល្អឡើង ក្រុម​ណែ​នាំយល់​ស្រប​ឱ្យ​អនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់។ តាមអំណាចរបស់អស់លោក ក្រុម​ណែនាំប្រុងប្រយ័ត្ន​ថែទាំ និងការពារ​គ្រឹះស្ថាន​ដែល​កើត​នៅ​ច្រើន​កន្លែង ដើម្បី​សាង​សង់ព្រះកាយព្រះគ្រីស្ត។ អស់លោកមាន​បំណង​ចង់​ឱ្យ​គ្រឹះស្ថាន​ទាំង​នោះ​កើត​កាន់​តែ​ច្រើន​ឡើងៗ និង​ចម្រើនឡើងទៀតផង ទាំងកាន់​តាម​គោល​គំនិត​អ្នកបង្កើតគ្រឹះស្ថានទាំងនោះ​ដោយចិត្តស្មោះ។

ម៉្យាងទៀត អភិបាលព្រះសហគមន៍ក្រុងរ៉ូម ក្នុងឋានៈលោកជាប្រធានព្រះសហគមន៍ទាំងមូល និងដោយ​គិត​គូរ​ដល់ប្រយោជន៍របស់ព្រះសហគមន៍ទាំងមូល អាចដកយកគ្រឹះស្ថានបព្វជិតបព្វជិតា​ដែល​ស្វែង​រក​សេចក្តី​ពេញ​លក្ខណៈ និងសមាជិកទាំងអស់នៃគ្រឹះស្ថាននោះឱ្យរួច​ចេញ​ផុតពីអំណាច​អភិបាល​ភូមិភាគ មកដាក់​ក្រោម​អំណាច​របស់លោកផ្ទាល់តែម្តង។ លោកធ្វើដូច្នេះ ដើម្បីឱ្យគ្រឹះស្ថានទាំង​នោះ​មាន​​សមត្ថភាពច្រើនជាង អាច​តប​ឆ្លើយ​នឹង​សេចក្តីត្រូវការនៃហ្វូងចៀមទាំងមូលរបស់ព្រះ​អម្ចាស់។ យ៉ាង​ណា​មិញ លោក​អាចទុក ឬផ្ញើទុក​គ្រឹះស្ថាន​ទាំង​នោះឱ្យស្ថិតនៅក្រោម​អំណាចរបស់​អភិបាលដ៏ប្រសើរ​ឧត្តម​នៅ​មជិ្ឈមបូព៌ាប្រទេសគ្រប់គ្រងបាន។

សមាជិក​នៃ​គ្រឹះស្ថាន​ទាំងនោះ ពេលគេ​បំពេញ​ភារកិច្ចរបស់ខ្លួន​ចំពោះ​ព្រះសហគមន៍ តាមរបៀប​រស់នៅ​រៀងៗ​ខ្លួនត្រូវគោរព​និង​ស្តាប់​បង្គាប់អភិបាល​តាម​ក្បួនច្បាប់​ព្រះ​សហគមន៍ ក្នុងឋានៈអស់លោក​អភិបាល​មាន​អំណាច​ជា​គង្វាល​ណែនាំព្រះសហគមន៍​ក្នុងភូមិភាគ និង​ដោយ​នឹក​គិត​ដល់​ការរួប​រួមគ្នាជា​ធ្លុង​តែ​មួយ ហើយនឹក​ដល់​ការ​ចុះសម្រុង​គ្នា​ក្នុងកិច្ចការជា​គ្រីស្តទូត។

ព្រះសហគមន៍មិនគ្រាន់តែទទួលស្គាល់ក្រុមបព្វជិតបព្វជិតា ជាផ្លូវការប៉ុណ្ណោះទេ គឺជាកិច្ចផ្តល់​ឱ្យ​គេ​មាន​កិត្តិយស​​ដ៏ថ្លៃ​ថ្នូរ ដោយគេមានរបៀបរស់នៅតាមក្បួនវិន័យមួយ។ លើសពីនេះទៅទៀត ក្នុងពិធី​បុណ្យ​​ទាំងអស់ ព្រះ​សហគមន៍​តែងតែបង្ហាញ​បញ្ជាក់ថា ការរស់នៅជាបព្វជិតបព្វជិតា​ពិតជារបៀបរស់​នៅ​មួយ​របស់​គ្រីស្តបរិស័ទ​ដែល​ញែកខ្លួនថ្វាយទាំងស្រុងទៅព្រះជាម្ចាស់ថែមទៀតផង។ តាមអំណាចដែល​ព្រះ​ជា​ម្ចាស់​បានផ្ញើទុកមក ព្រះ​សហគមន៍​ផ្ទាល់​ក៏​ទទួលពាក្យសច្ចាប្រណិធានរបស់អស់អ្នកដែលថ្វាយខ្លួន។ ពេល​ព្រះ​សហគមន៍អង្វរ​ព្រះជា​ម្ចាស់​ជា​សាធារណៈ ព្រះសហគមន៍ក៏អង្វរព្រះអង្គសូមជួយ​ប្រណី​សន្តោសអ្នកទាំងនោះ ព្រះសហគមន៍ក៏​ផ្ញើ​អ្នក​ទាំង​នោះ​ទៅព្រះអង្គ សូមព្រះអង្គប្រទាន​ពរ​តាមព្រះវិញ្ញាណ ដោយ​លើក​ការ​ថ្វាយ​ខ្លួននេះ​ទុកជាតង្វាយរួម​ជាមួយ​ព្រះ​គ្រីស្តក្នុងសក្ការៈបូជាអរព្រះគុណ។

៤៦- តម្លៃដ៏ឧត្តុង្គឧត្តមនៃការញែកខ្លួនថ្វាយព្រះអម្ចាស់

បព្វជិតបព្វជិតាត្រូវខិតខំអស់ពីសមត្ថភាព ធ្វើឱ្យព្រះសហគមន៍បង្ហាញព្រះគ្រីស្តដល់​គ្រីស្តបរិស័​ទ និង​​ដល់​អ្នក​កាន់សាសនាដទៃ​ស្គាល់ព្រះអង្គកាន់តែច្បាស់ និងកាន់តែពិតប្រាកដតាមរបៀបរស់នៅ​របស់​ខ្លួន។ ពេល​ព្រះ​គ្រីស្ត​ស្មឹង​ស្មាធិ៍នៅ​លើ​ភ្នំ ពេលព្រះអង្គប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់​ឱ្យបណ្តាជន ពេល​ព្រះអង្គប្រោស​អ្នក​ជំងឺ​ និង​ជនពិការឱ្យជាសះ​ស្បើយ ពេលព្រះអង្គ​នាំឱ្យអ្នកបាបប្រែ​ចិត្ត​គំនិត​ទៅ​រក​ព្រះ​បិតាឱ្យមានជីវិតដែល​បង្កើត​ផល​ល្អ ពេលព្រះអង្គប្រទានពរដល់​កូនក្មេង និងប្រោស​មនុស្ស​ទាំងអស់ នៅពេលព្រះអង្គប្រព្រឹត្តការ​ទាំង​នោះ គឺព្រះអង្គធ្វើ​តាមបង្គាប់ព្រះបិតា​ដែលចាត់ព្រះ​អង្គ​ឱ្យ​យាង​មក។

សូមឱ្យបព្វជិតបព្វជិតាទាំងអស់យល់ឃើញថា ការប្រកាសពាក្យសច្ចាប្រណិធានកាន់តាមដំបូន្មាន​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ដំណឹងល្អ ទោះបីខ្លួនលះបង់សម្បត្តិទ្រព្យលោកីយ៍ក្តី ក៏ការលះបង់នេះមិនរារាំងខ្លួន​ឱ្យ​ចម្រើន​ឡើង​ជាមនុស្ស​ពេញ​លក្ខណៈ​នោះទេ។ ផ្ទុយទៅ វិញ លក្ខណៈនៃការលះបង់នេះជួយគេឱ្យ​ទទួល​​ផល​​ប្រយោជន៍​ជាច្រើន។ បើ​បព្វជិត​បព្វ​ជិតា​ស្ម័គ្រចិត្តដោយស្មោះកាន់​តាមដំបូន្មាន​ទាំងនោះ តាម​តែ​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​ម្នាក់ៗ ការរស់​នៅ​បែប​នោះ​ជួយគេយ៉ាងខ្លាំងឱ្យជម្រះចិត្តគំនិត និងឱ្យមាន​សេរីភាព​​ខាង​វិញ្ញាណ​ផង​ដែរ។ ការរស់នៅបែប​នេះក៏​ដាស់​តឿន​គេជានិច្ចឱ្យមានចិត្តស្រឡាញ់​យ៉ាង​កក់ក្តៅ ជាពិសេស​ គេ​អាច​នាំ​គ្រីស្ត​បរិស័ទ​ឱ្យ​រស់​នៅដូច​ព្រះ​គ្រីស្ត​ជា​អម្ចាស់កាន់តែជិតស្និទ្ធ គឺព្រះអង្គដែល​សព្វ​ព្រះ​ហឫទ័យរស់នៅ​ជា​ព្រហ្មចារី និង​ជា​អ្នក​ក្រីក្រ។ នាង​ព្រហ្មចារិនី​ម៉ារី ជា​ព្រះ​មាតាក៏សុខចិត្តរស់​នៅ​ដូច្នេះ​ដែរ។ សន្តបុគ្គល​ជាច្រើនដែល​បាន​បង្កើត​ក្រុម​គ្រួសារ​បព្វជិត​បព្វជិតាបង្ហាញ​​សេចក្តីនេះ​យ៉ាង​ច្បាស់។

សូមកុំឱ្យមាននរណាម្នាក់នឹកគិតថា បព្វជិតបព្វជិតាដែលញែកខ្លួន​ថ្វាយព្រះ​ជាម្ចាស់ ត្រឡប់ទៅ​ជា​ជន​លែង​ជាប់ពាក់ព័ន្ធ​នឹងមនុស្សលោក និងគ្មានប្រយោជន៍ក្នុងសង្គមឱ្យសោះ។ ទោះបីគេមិនរស់នៅរួម​ជាមួយ​មនុស្ស​ក្នុងសង្គមដោយរូបកាយជានិច្ចក្តី គេក៏រស់នៅជាមួយមនុស្សលោកយ៉ាងជិតស្និទ្ធ។ ដោយ​មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា​របស់ព្រះគ្រីស្តក្នុងខ្លួន គេរួមសហការជាមួយមនុស្ស​តាម​វិញ្ញាណ សាង​សង់​បុរី​នៅ​លើ​ផែនដី​នេះដោយ​យក​​ព្រះអម្ចាស់​ធ្វើជាគ្រឹះ ហើយក៏តម្រង់បុរីនោះទៅ​រក​ព្រះអង្គដែរ។ បព្វជិត​បព្វជិតា​រំឭក​មនុស្ស​លោក​ថា ប្រសិន​​​បើគេ​មិន​យក​ព្រះអម្ចាស់ធ្វើជាគ្រឹះ និងទិសដៅ​មកសាង​សង់​បុរី​នៅលើផែនដីនោះទេ អ្នក​សាង​សង់​នឹង​នឿយ​​ហត់​ដោយ​ឥតបានការ។

ហេតុនេះហើយ បានជា​មហាសន្និបាតដ៏វិសុទ្ធយគាំទ្រ និងសរសើរតម្កើងអស់បុរស និង​ស្រ្តីជា​បង​​ប្អូន​ដែល​រស់​នៅ​ក្នុងអារាម បង្រៀនក្នុងសាលារៀន ធ្វើការក្នុងមន្ទីរពេទ្យ និងនៅព្រះ​សហគមន៍​​ក្នុងប្រទេស​ដែល​មាន​មនុស្ស​ភាគច្រើនមិនជឿលើព្រះគ្រីស្ត។ ​បព្វជិតបព្វជិតាទាំងនោះយក​ចិត្ត​ស្មោះត្រង់ ចិត្ត​សុភាពរាបសា ចិត្តភក្តីតាម​ពាក្យ​សច្ចារបស់​ខ្លួន ព្រមទាំងបម្រើមនុស្សទាំងអស់​ដោយចិត្ត​ទូលំ​ទូលាយ និង​តាមរបៀប​ប្លែកៗ​ពីគ្នា ប្រៀប​ដូច​ជាគ្រឿង​អលង្ការដែលគេយកមកជូនព្រះមហេសី​របស់ព្រះគ្រីស្ត។

៤៧- ពាក្យបញ្ចប់

ចំពោះអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យប្រកាសពាក្យសច្ចាប្រណិធាន កាន់​តាម​ដំបូន្មាន​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ដំណឹង​ល្អ គឺម្នាក់ៗត្រូវយកចិត្ត​ទុកដាក់យ៉ាង​ខ្លាំងព្យាយាមរស់នៅឱ្យកាន់តែប្រសើរឡើងៗ តាម​បែប​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ។ អស់លោកអ្នកពិតជានាំឱ្យព្រះ​សហគមន៍កាន់តែវិសុទ្ធ ដើម្បី​លើក​​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ត្រៃ​ឯក ដែល​មិនអាចបំបែកបាន ដែលអាចប្រោសឱ្យមនុស្សបានវិសុទ្ធ​គ្រប់​យ៉ាង​​ក្នុងអង្គព្រះគ្រីស្ត និង​ដោយ​សារ​ព្រះគ្រីស្ត។

ជំពូក៧
ព្រះសហគមន៍មានលក្ខណៈ​ជាប្រផ្នូលអំពីលោកខាងមុខ
ព្រះសហគមន៍ធ្វើដំណើរ និងរួមជាមួយព្រះសហគមន៍នៃស្ថានបរមសុខ

៤៨- ព្រះជាម្ចាស់ត្រាស់ហៅយើងទាំងអស់គ្នា

ក្នុងអង្គព្រះគ្រីស្តឱ្យចូលព្រះសហគមន៍ យើងក៏បានវិសុទ្ធ​ក្នុង​​ព្រះ​សហគមន៍​ដែរ ដោយព្រះជាម្ចាស់ប្រណី​សន្តោស។ ប៉ុន្តែ ព្រះសហ គមន៍នេះ​នឹងបានពេញលក្ខណៈជា​ស្ថាពរ នៅក្នុង​សិរីរុងរឿងនៃលោកខាងមុខ គឺនៅ​ពេល​ព្រះជា​ម្ចាស់​រៀបចំ​អ្វី​ៗ​ជាថី្មទាំង​អស់ (កក ៣,២១)។ នៅពេល​នោះ ពិភព​លោកទាំងមូល និងមនុស្ស​ជាតិដែល​ភ្ជាប់​ជា​មួយគ្នាយ៉ាងស្អិតរមួតនឹងទៅ​ដល់​ទិស​ដៅ​របស់ខ្លួន។ ដោយ​សារ​មនុស្ស​ជាតិ ពិភពលោក​ទាំងមូល​ក៏​នឹង​បាន​ពេញលក្ខណៈជាស្ថាពរ​ក្នុង​អង្គ​ព្រះ​គ្រីស្តដែរ​ (អភ ១,១០; កូឡ ១,២០; ២សល ៣,១០-១៣)។

ព្រះគ្រីស្តដែលត្រូវគេលើកឡើងពីដី ព្រះអង្គបានទាញមនុស្សទាំងអស់ទៅឯព្រះអង្គ​ ហើយ (យហ ១២,៣២) ព្រះអង្គក្រោកឡើងពីចំណោមមនុស្សស្លាប់ (រម ៦,៩) ទ្រង់​ចាក់​បង្ហូរ​ព្រះវិញ្ញាណរបស់​ព្រះ​អង្គ​លើ​ក្រុម​គ្រីស្ត​ទូត គឺ​ព្រះ​វិញ្ញាណ​ដែលផ្តល់ជីវិត។ ដោយ​ព្រះ​វិញ្ញាណ​នោះ ព្រះអង្គតែងតាំងព្រះកាយព្រះ​អង្គ គឺ​ព្រះសហគមន៍ទុកជា​អគ្គ​សញ្ញា​នៃការសង្គ្រោះរបស់មនុស្សទាំងអស់។ ព្រះគ្រីស្តគង់ខា​ង​ស្តាំព្រះ​បិតា ហើយ​មាន​សកម្មភាព​ក្នុងពិភព​លោកជានិច្ច ដើម្បី​ណែ​នាំ​មនុស្សលោកទៅកាន់​ព្រះសហគមន៍។ ដោយ​​សារព្រះ​សហគមន៍ ព្រះ​គ្រីស្ត​បង្រួប​បង្រួមមនុស្សលោក​ជាមួយ​ព្រះអង្គយ៉ាងជិតស្និទ្ធ និងចែក​រំលែក​ព្រះជន្ម​ដ៏រុង​រឿង​ផ្ទាល់​របស់​ព្រះ​អង្គ​ឱ្យ​គេ ដោយ​ប្រទាន​ព្រះកាយ និងព្រះលោ​ហិ​ត​ទុកជាអាហារ។ ព្រះអង្គសន្យា​ថា នឹងប្រទានលក្ខណៈ​សម្បតិ្តថ្មី​ឱ្យ​មនុស្ស តាម​សេចកី្តសង្ឃឹម​របស់យើង។ លក្ខណៈ​សម្បត្តិថ្មី​នោះចាប់ផ្តើម​ស្ថិត​នៅក្នុងព្រះគ្រីស្តហើយ។ ព្រះ​វិញ្ញាណ​ដែល​ព្រះ​គ្រីស្តចាត់ឱ្យមកនោះ ធ្វើឱ្យលក្ខ​ណៈ​សម្បត្តិថ្មីនោះ​មាន​កម្លាំងស្ទុះឡើង ហើយនៅ​តែ​មាន​បន្ត​ក្នុង​ព្រះសហគមន៍ដែរ ដោយសារព្រះវិញ្ញាណ។ ជំនឿ​បង្រៀន​យើងអំពីអត្ថន័យ​នៃការរស់នៅ​លើផែនដីនេះ លុះ​ត្រា​តែ​យើងបំពេញការងារ​ដែលព្រះបិតាផ្ញើមក​ឱ្យ​យើង​ប្រព្រឹត្តក្នុងលោកនេះទាំង​មានសង្ឃឹម ថា នឹងបាន​សម្បត្តិ​នៃ​លោក​ខាងមុខ។ ដោយ​ប្រព្រឹត្ត​ដូច្នេះ យើង​អាច​ឈាន​ទៅ​កាន់​ការ​សង្គ្រោះ​បាន (ភីល ២,១២)។

ដូច្នេះ ជំនាន់ចុងក្រោយបំផុតមកដល់យើងហើយ (១ករ ១០,១១)។ ពិភពលោក​ប្រែជា​ថ្មីរួច​ជា​ស្រេច​ដោយសារ​ព្រះគ្រីស្ត។ តាំងពីពេលឥឡូវនេះ ការប្រែជាថ្មីនោះកើតជារូបរាង​ជាមុន​យ៉ាងពិត​ប្រាកដ​តាម​របៀប​ម្យ៉ាង​ គឺថា ទោះបីព្រះសហគមន៍​មិន​ទាន់វិសុទ្ធពេញ​លក្ខណៈ​នៅឡើយក្តី ក៏ព្រះ​សហគមន៍​នៅ​លើ​ផែនដីនេះតែង​ខ្លួន​ដោយ​ភាពវិសុទ្ធដ៏​ពិត​ប្រាកដដែរ។ ប៉ុន្តែ ព្រះសហគមន៍​កំពុង​ធ្វើបូជនីយេសក៍ ទម្រាំ​ដល់​ពេល​ព្រះជាម្ចាស់​នឹង​ប្រតិស្ឋានមេឃថ្មី និងផែនដីថ្មីប្រកបដោយសេចក្តីសុចរិត (២សល ៣,១៣)។ ហេតុនេះ ទាំងអគ្គសញ្ញា​របស់​ព្រះ​សហគមន៍​ក្តី ទាំង​រចនាសម្ពន្ធរបស់ខ្លួនក្តីក៏មានលក្ខណៈមិន​ទៀង​ទាត់​របស់​លោកីយ៍ ដែលចេះតែ​កន្លង​ផុតទៅ​ដែ​រ។ ព្រះសហគមន៍​រស់នៅក្នុងចំណោមសត្វលោក‌​ដែល​កំពុង​តែស្រែកថ្ងូរ​ និង​ឈឺចុកចាប់ដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាលកូន ទាំង​ទន្ទឹងរង់ចាំសិរីរុងរឿង​នៃបុត្រ​ធីតា​របស់ព្រះជាម្ចាស់ (រម ៨,១៩-២២)។

ដូច្នេះ យើងរួមជាមួយព្រះគ្រីស្តក្នុងព្រះសហគមន៍ ព្រះវិញ្ញាណក៏បានដៅចំណាំយើងដែរ គឺព្រះវិញ្ញាណ​បញ្ចាំ​ចិត្ត​យើង​ឱ្យ​ជឿថា យើងមុខ​ជានឹង​ទទួល​មរតក (អភ ១,១៤)។ ព្រះបិតាហៅយើងថា​ ជាបុត្រ​ធីតា​របស់​ព្រះ​អង្គ យើងក៏ពិត​ជា​បុត្រធីតា​របស់ព្រះ​អង្គមែន (១យហ ៣,១)។ ប៉ុន្តែ មិនទាន់ដល់ពេលយើង​នឹង​លេច​មក​រួម​ជាមួយ​ព្រះ​គ្រីស្ត‌​ប្រកប​ដោយ​សិរីរុងរឿង​នៅឡើយទេ (កូឡ ៣,៤) គឺនៅពេលនោះ យើងនឹង​បាន​ដូច​ព្រះ​ជាម្ចាស់ ដ្បិតព្រះ​អង្គមាន​ភាព​យ៉ាងណា យើង​ក៏​នឹងឃើញព្រះអង្គយ៉ាងនោះដែរ (១យហ ៣, ២)។ ហេតុនេះ​ហើយ បានជា «ដរាបណា​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់» (២ករ ៥,៦)។ សូម្បីតែ​យើង​ដែល​បានទទួល​ព្រះអំ​ណោយ​ទាន​ដំបូង​របស់​ព្រះវិញ្ញាណក្តី ក៏យើងនៅតែថ្ងូរ​ក្នុងចិត្ត​ដែរ (រម ៨,២៣) ព្រោះ​យើង​ប៉ងប្រាថ្នា​ចង់​ទៅ​នៅ​ជា​មួយ​ព្រះគ្រីស្ត (ភីល ១,២៣)។ ព្រះ​ហឫទ័យ​ស្រឡាញ់​របស់​ព្រះ​គ្រីស្ត​ជំរុញ​យើងឱ្យប៉ងប្រាថ្នាចង់រស់នៅសម្រាប់​ព្រះអង្គ​កាន់តែជិត​ស្និទ្ធ​ឡើង​ៗ គឺថ្វាយខ្លួនចំពោះ​ព្រះគ្រីស្តដែល​សោយ​ទិវង្គត និង​មានព្រះជន្ម​ថ្មី​ដ៏រុងរឿង​សម្រាប់​យើង (២ករ ៥,១៥)។ ហេតុ​នេះ យើងខិតខំ​ឱ្យបាន​គាប់​ព្រះហឫទ័យ​ព្រះអង្គក្នុងគ្រប់កិច្ចការទាំងអស់ (២ករ ៥,៩)។ យើង​​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សាស្ត្រាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ​ជាម្ចាស់ ដើម្បី​អាច​តតាំង​នឹង​កល​ល្បិច​របស់​មារ‌ និង​អាច​តទល់​នឹងមារនៅ​ថ្ងៃ​អពមង្គល​បាន (អភ ៦,១១-១៣)។ យើងមិនដឹងថ្ងៃ និងពេលកំណត់ទេ ហេតុ​នេះ យើង​ត្រូវ​ប្រុង​ស្មារតី​ជានិច្ចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បី​ឱ្យ​យើងអាចចូលរួមក្នុងពិធី​មង្គល​ការ​រួមជាមួយ​ព្រះអង្គ និង​ត្រូវ​រាប់បញ្ចូលក្នុងចំណោមអស់​អ្នក​ដែល​ទទួល​ព្រះពរ (មថ ២៥,៣១-៤៦) នៅ​ពេល​ដំណើរជីវិតតែមួយ​របស់​យើង​នឹង​ចប់ទៅ (ហប ៩,២៧)។ ពេលនោះ​យើង​មិន​ត្រូវ​ថយ​ចេញ ដូចអ្នក​បម្រើខ្ជិល​ច្រអូសតាម​ព្រះ​បញ្ជា​របស់ព្រះជាម្ចាស់ (មថ ២៥,២៦) ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជានិច្ច (មថ ២៥,៤១) គឺត្រូវគេចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ‌ ជា​កន្លែង​យំសោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទេ (មថ ២២,១៣.២៥,៣០)។

មុនពេលយើងនឹងគ្រងរាជ្យជាមួយព្រះគ្រីស្តប្រកប​ដោយ​សិរីរុងរឿង យើងត្រូវ​ទៅ «ឈរ​នៅ​មុខ​ទី​កាត់​ក្ដី​របស់​ព្រះអង្គ ដើម្បី​ឱ្យ​ម្នាក់ៗ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ទោះបី​ជា​អំពើ​នោះ​ល្អ ឬ​អាក្រក់​ក្ដី កាល​ពី​នៅ​រស់​ក្នុង​រូបកាយ​នេះ​នៅឡើយ» (២ករ ៥, ១០)។ នៅអវសាន​នៃពិភពលោក «មនុស្ស​នឹង​ចេញ​ពី​ផ្នូរ​មក។ អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អនឹង​រស់ជាថ្មី ដើម្បីទទួល​ជីវិត រីឯ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​វិញ នឹង​រស់​ជាថ្មី​ដើម្បី​ទទួល​ទោស» (យហ ៥,២៩; មថ ២៥,៤៦)។ ហេតុនេះហើយ បានជាយើង​យល់ឃើញថា «ទុក្ខ​លំបាក​នាបច្ចុប្បន្ន​កាល‌​ពុំអាច​ប្រៀប​ផ្ទឹមនឹងសិរីរុងរឿង ដែលព្រះជាម្ចាស់​សម្ដែង​ក្នុង​យើង​នៅ​អនាគតកាលនោះ​បាន​ឡើយ» (រម ៨,១៨; ២ធម ២,១១-១២)។ យើងមាន​ជំនឿរឹង​ប៉ឹង​មាំមួន ហើយ «ទន្ទឹង​រង់ចាំ​សុភមង្គល​តាម​សេចក្តី​សង្ឃឹម​របស់​យើង។ យើង​ក៏​រង់ចាំ​ព្រះយេស៊ូ​គ្រីស្តជា​ព្រះជាម្ចាស់​ដ៏​ឧត្ដម​បំផុត​ និង​ជា​ព្រះ​សង្គ្រោះ​នៃ​យើងយាង​មក​ប្រកប​ដោយ​សិរី​រុងរឿង» (ទត ២,១៣)។ «ព្រះអង្គ​នឹង​ផ្លាស់​ប្រែ​រូបកាយ​ដ៏​ថោក​ទាប​របស់​យើងឱ្យ​បាន​ដូច​ព្រះ​កាយ​ប្រកប​ដោយ​សិរី​រុងរឿង​របស់​ព្រះ​អង្គ​» (ភីល ៣, ២១) គឺ​ព្រះអង្គ​នឹងយាង​មក ហើយ «ទទួល​សិរី​រុង​រឿង​ព្រោះតែជន​ដ៏​វិសុទ្ធរបស់​ព្រះ​អង្គ​‌។ គេ​ក៏នឹងស្ងើចសរសើរ​ព្រះអង្គ ព្រោះ​តែអស់​អ្នក​ដែល​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ដែរ» (២ថស ១,១០)‌។

៤៩- ព្រះសហគមន៍នៅលោកខាងមុខរួបរួមជាមួយព្រះសហគមន៍នៅលើផែនដី

ដូច្នេះ ទម្រាំព្រះអម្ចាស់យាង​មកប្រកប​ដោយ​សិរី​រុង​រឿង រួមជាមួយ​ពួក​ទេវទូតរបស់ព្រះអង្គ (មថ ២៥,៣១) និង​ទម្រាំសេចក្តី​ស្លាប់​ត្រូវ​រំលាយ​ចោល ព្រមទាំង​ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់ (១ករ ១៥,២៦-២៧) សាវ័ក​របស់​ព្រះ​គ្រីស្តមួយ​ចំនួននៅតែបន្តបូជនីយេសក៍នៅលើផែនដីនេះតទៅទៀត។ មាន​សាវ័ក​មួយ​ចំនួន​ដែល​ផុតជីវិត នៅ​តែជម្រះ​ខ្លួន​មុននឹង​ជួបព្រះជាម្ចាស់។ មួយចំនួន​ទៀតស្ថិតនៅក្នុង​សិរី​រុង​រឿង​របស់ព្រះជាម្ចាស់ «នៅ​ក្នុងពន្លឺដ៏​ត្រចះ​​ត្រចង់យ៉ាងពេញលេញ ឃើញ​ព្រះ​ជាម្ចាស់​តែមួយព្រះអ​ង្គ​ជាព្រះត្រៃឯក»។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​យើង​ទាំងអស់រួបរួមគ្នាក្នុងសេចក្តីស្រឡាញ់តែមួយ​ចំពោះព្រះ​ជាម្ចាស់​ និងចំពោះអ្នកដទៃតាម​កម្រិត និងតាម​របៀប​ផ្សេងៗ នាំគ្នាច្រៀងលើកតម្កើងសិរីរុង​រឿង​ថ្វាយព្រះជាម្ចាស់។ អស់អ្នកដែលរួបរួម​ជាមួយ​ព្រះគ្រីស្ត និងដែល​បាន​ទទួលព្រះ​វិញ្ញាណ​របស់ព្រះ​អង្គ ហើយក៏រួមគ្នាជាព្រះសហគមន៍តែមួយ និងភ្ជាប់​គ្នា​ទៅវិញទៅមកជាអង្គភាពតែមួយក្នុង​អង្គ​ព្រះគ្រីស្តដែរ (អភ ៤,១៦)។ ដូច្នេះ អស់អ្នកដែលកំពុងធ្វើ​ដំណើរ​ក្នុង​លោកនេះនៅឡើយ និងបងប្អូនដែល​ចែកឋានសម្រាន្ត​លក់​ក្នុងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្តទៅហើយ ក៏​រួមគ្នា​មិនដាច់ពីគ្នាទេ។ ផ្ទុយទៅវិញ តាមជំនឿ​​របស់​ព្រះសហគមន៍តាំង​ពីដើមរៀងមក ក្រុមទាំងពីររឹតតែរួមគ្នា ដោយ​ចែក​រំលែកសម្បត្តិខាង​ព្រះ​វិញ្ញាណ​ទៅ​វិញ​ទៅមក។ អ្នកដែលនៅលោក​ខាងមុខ ភ្ជាប់ជាមួយ​ព្រះ​គ្រីស្ត​យ៉ាង​ជិតស្និទ្ធ ច្រើងជាង និង​ជួយ​ព្រះសហគមន៍​ទាំងមូល​ឱ្យកាន់តែវិសុទ្ធ ព្រមទាំងរួមជាមួយ​ព្រះសហគមន៍​ ដែល​ធ្វើពិធីគោរ​ព​បម្រើ​ព្រះ​ជាម្ចាស់​នៅលើផែនដីឱ្យកាន់​តែឧត្តុង្គ​ឧត្តម​ឡើង ហើយក៏ជួយព្រះសហគមន៍​តាម​របៀប​ជា​ច្រើនឱ្យ​កសាង​ខ្លួនកាន់តែធំឡើងៗដែរ (១ករ ១២,១២-២៧)។ ព្រះ​អម្ចាស់បានទទួលបងប្អូនទាំងនោះ​ក្នុង​មាតុភូមិ​នៅក្បែរព្រះអង្គ (២ករ ៥,៨)។ ដោយសារព្រះ​គ្រីស្ត រួមជាមួយព្រះគ្រីស្ត និងក្នុងអង្គ​ព្រះគ្រីស្ត បង​ប្អូន​ទាំង​នោះ​នៅតែជួយអង្វរព្រះបិតាឱ្យយើង ហើយថ្វាយ​អំពើ​ល្អដែល​គេបាន​ធ្វើនៅ​លើ​ផែន​ដី តាមរយៈ​ព្រះ​គ្រីស្ត​យេស៊ូ​ជាស្ពានមេត្រីតែមួយគត់​រវាង​ព្រះជាម្ចាស់ និងមនុស្សលោក (១ធម ២,៥)។ បងប្អូន​ទាំង​នោះ​បាន​បម្រើ​ព្រះ​អម្ចាស់ក្នុង​គ្រប់​កិច្ចការទាំងអស់ និងបានជួយ​បំពេញ​ទុក្ខ​លំបាក​របស់​ព្រះគ្រីស្ត‌‌​សម្រាប់​ព្រះ​កាយ​របស់​ព្រះ​អង្គ​ជា​ព្រះ​សហគមន៍ (កូឡ ១,២៤)។ ដោយបងប្អូនទាំងនោះ​យកចិត្តទុកដាក់​ស្រឡាញ់​យើង​ដូចបងប្អូន ពួក​គាត់​ជួយ​យើងជា​មនុស្ស​ទន់ខ្សោយយ៉ាងខ្លំាង។

៥០- ព្រះសហគមន៍នៅលោកខាងមុខមានទំនាក់ទំនងជាមួយព្រះសហគមន៍នៅលើផែនដី

ព្រះសហគមន៍ទទួលស្គាល់ថា សមាជិកនៃព្រះកាយដ៏អាថ៌កំបាំងទាំងមូលរបស់ព្រះយេស៊ូ​គ្រីស្ត​រួប​រួម​គ្នារួច​ហើយ។ តាំង​ពីដើមដំបូង​នៃគ្រីស្តសាសនា សមាជិកនៃព្រះសហគមន៍ដែល​កំពុងធ្វើដំណើរ​នៅ​នា​​លោ​កនេះ តែង​តែ​នឹករឭក​ដល់​អស់​អ្នក​ដែលចែកឋានទៅហើយ ដោយគោរពប្រណិ​ប័តន៍​យ៉ាងខ្លាំង។ គេ​ធ្លាប់​អង្វរ​ព្រះជាម្ចាស់​ឱ្យអស់​អ្នក​ដែលចែកឋាន ដ្បិត «គំនិត​អង្វរព្រះ​ជាម្ចាស់ សូមព្រះអង្គលើកលែង​ទោស​ឱ្យ​មនុស្ស​ស្លាប់​បាន​រួច​ពី​បាប ពិត​ជា​គំនិត​ដ៏​វិសុទ្ធ​របស់​អស់អ្នកគោរព​ប្រណិ​ប័តន៍​ព្រះ​អង្គ​មែន» (២មបា ១២,៤៥)។ ចំពោះ​គ្រីស្តទូត និង​មរណ​សាក្សី​របស់​ព្រះគ្រីស្តដែលបានផ្តល់​សក្ខីភាព​ដ៏ខ្ពង់ខ្ពស់បំផុតអំ​ពី​ជំនឿ និងអំពី​សេចក្តី​ស្រឡាញ់រហូតដល់​បូជា​ជីវិត​ថ្វាយ​ព្រះអង្គនោះ ព្រះសហគមន៍តែង​តែជឿ​ជា​និច្ចថា ពួកគាត់នៅជាប់​កាន់​តែជិត​ស្និទ្ធ​ជាមួយយើងក្នុង​អង្គ​ព្រះ​គ្រីស្ត។ ព្រះ​សហគមន៍ក៏ធ្លាប់គោរព​គ្រីស្តទូត និង​មរណសាក្សីដោយ​សេចក្តីស្រឡាញ់ ជាពិសេស ​រួម​ជាមួយ​ព្រះ​នាង​ព្រហ្មចា រិនីម៉ារី និងសន្តទេវទូត ហើយ​សូម​ពួក​គាត់​ជួយ​អង្វរ​ព្រះ​​ជាម្ចាស់​ផង​ដែរ។ ក្រោយមក ព្រះ​សហគមន៍​ក៏បន្ថែម​អ្នកខ្លះ​ទៀតដែល​សុខ​ចិត្ត​យក​តម្រាប់តាមព្រះគ្រីស្តយ៉ាង​ជិត​ស្និទ្ធ ដោយរស់នៅក្នុងឋានៈ​ជា​ព្រហ្មចារី និង​ជាអ្នក​ក្រីក្រ។ មានអ្នក​ខ្លះ​ទៀត​កាន់តាម​ព្រហ្មវិហារ​ធម៌​នៃ​គ្រីស្តសាសនា​យ៉ាង​អស្ចារ្យ​ និងបាន​ទទួល​ព្រះ​អំណោយទាន​ដ៏​ប្រសើរ​របស់​ព្រះជាម្ចាស់ នាំឱ្យ​ព្រះ​សហគមន៍ទូន្មានឱ្យ គ្រីស្ត​បរិស័ទ​គោរព​ប្រណិប័តន៍ និង​យក​តម្រាប់តាម។

ប្រសិនបើយើងសញ្ជឹងគិតដល់ការរស់នៅរបស់សន្តបុគ្គលទាំងប៉ុន្មាន ដែលបានយកតម្រាប់តាម​ព្រះ​​គ្រីស្ត​ដោយ​ចិត្ត​ស្មោះនោះ ពិតជា​ពួកគាត់ដាស់តឿនយើង​ឱ្យ​ស្វែងរកបុរីនៃលោកខាងមុខ (ហប ១៣,១៤.១១,១០)។ នៅ​ពេល​ជាមួយគ្នានេះ យើងបង្រៀន​ខ្លួនឯង​ឱ្យស្គាល់ផ្លូវដ៏ត្រឹមត្រូវ នៅ​ពេល​យើង​កំពុង​ឆ្លង​កាត់​លោក​ដ៏​មិន​ទៀង​ទាត់នេះតាមរបៀបរស់នៅ និងតាមសភាពការណ៍រៀងៗខ្លួន ដើម្បី​ឱ្យ​យើង​អាច​ឈាន​ទៅរួប​រួម​យ៉ាង​ពេញ​លក្ខណៈ​ជា​មួយព្រះគ្រីស្ត ពោលគឺ ឱ្យបានវិសុទ្ធ។ ព្រះជាម្ចាស់​សម្តែង​វត្តមាន​ និងព្រះ​ភ័ក្ត្រ​របស់​ព្រះ​អង្គ​យ៉ាង​ជាក់​ច្បាស់​ឱ្យមនុស្សលោក តាមរយៈការរស់នៅ​របស់​សន្តបុគ្គល​ជាមនុស្ស​ដូចយើង ដែល​ផ្លាស់​ប្រែ​ឱ្យ​បាន​ដូច​ព្រះ​គ្រីស្ត​យ៉ាង​ពេញ​លក្ខណៈ (២ករ ៣,១៨)។ ព្រះ​ជាម្ចាស់​មាន​ព្រះបន្ទូល​មកយើង​តាមរយៈសន្តបុគ្គល គឺ​ព្រះ​អង្គ​ប្រទាន​សញ្ញាសម្គាល់អំពីព្រះរាជ្យ​របស់​ព្រះ​អង្គ ហើយ​ក៏ទាក់ទាញចិត្តយើងយ៉ាងខ្លាំងដែរ ដោយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា​ធ្វើ​ជា​សាក្សីនៅ​ជុំវិញ​យើង (ហប ១២,១) និងដោយពួកគាត់បានបញ្ជាក់អំពីសេចក្តីពិត​នៃ​ដំណឹង​ល្អផង។

ក៏ប៉ុន្តែ យើងនឹករឭកដល់សន្តបុគ្គលដោយគោរព មិនគ្រាន់តែព្រោះពួកគាត់ដាក់គំរូល្អឱ្យយើងធ្វើ​តាម​ប៉ុណ្ណោះ​ទេ តែយើងក៏ចង់ពង្រឹងការរួបរួមរបស់ព្រះសហគមន៍ទាំងមូលក្នុងព្រះវិញ្ញាណថែមទៀត ដោយ​ប្រតិបត្តិ​តាម​សេចក្តី​ស្រឡាញ់គ្នា​ទុកជា​បងប្អូន (អភ ៤,១- ៦)។ បើយើងជាគ្រីស្តបរិស័ទ​ដែលកំពុង​ធ្វើដំណើរ​នៅលើ​ផែនដី​នេះ រួបរួម​គ្នា​ឈានទៅកាន់​ព្រះគ្រីស្ត​កាន់តែជិតស្និទ្ធឡើងៗយ៉ាងណា ការរួម​សហភាព​ជាមួយសន្តបុគ្គល ក៏​បង្រួប​បង្រួម​​យើងជា​មួយ​ព្រះ​គ្រីស្ត​​កាន់តែ​ខ្លាំងឡើងយ៉ាងនោះដែរ ព្រោះ​ព្រះ​ហឫទ័យ​ប្រណី​សន្តោស​គ្រប់​យ៉ាង​របស់​ព្រះ​ជា​ម្ចាស់ និងជីវិតរបស់​ប្រជា​រាស្រ្ត​ព្រះអង្គហូរពីព្រះគ្រីស្ត​មក ដូច​ជាហូរពីប្រភព និងពី​ព្រះសិរសារបស់​ប្រជារាស្រ្ត​នោះ។ ហេតុនេះ យើងគួរតែស្រឡាញ់​មិត្ត​ភ័ក្តិទាំង​នោះ ជា​អ្នកដែលទទួលមត៌ករួមជាមួយព្រះ​យេស៊ូ​គ្រីស្តជាបងប្អូន​យើង ជាអ្នកដ៏​ប្រសើរ​ដែលជួយ​យើង​បាន។ យើងគួរតែអរព្រះគុណព្រះជាម្ចាស់​ ព្រោះ​ព្រះអង្គ​ប្រណី​សន្តោសបង​ប្អូន​ទាំងនោះ។ «យើង​គួរ​តែ​​ទទូចអង្វរ​សន្តបុគ្គលយ៉ាងក្លៀវក្លា សូម​ឱ្យ​ពួកគាត់​ជួយអង្វរ​ព្រះ​ជាម្ចាស់ ដោយ​រួមជាមួយ​ព្រះយេស៊ូ​គ្រីស្តជា​ព្រះ​បុត្រា​ព្រះអង្គ​ និងជាព្រះអម្ចាស់​នៃ​យើង ជា​ព្រះសង្គ្រោះ​តែ​មួយ​ព្រះអង្គ​ដែលរំដោះយើង។ សូម​ជ្រកកោនក្រោមម្លប់​របស់​សន្តបុគ្គល សូមពួកគាត់អង្វរព្រះជាម្ចាស់ សូម​ព្រះ​អង្គ​ប្រោស​ប្រទានអ្វីៗ​ដែល​យើង​ត្រូវ​ការ»។ ប្រសិន​បើយើង​បង្ហាញសេចក្តីស្រឡាញ់​យ៉ាង​ពិត​ប្រាកដ​ចំពោះ​សន្ត​បុគ្គល យើងក៏​នឹង​បង្ហាញសេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​គ្រីស្ត ជាទិសដៅនៃ​សេចក្តីស្រឡាញ់នោះដែរ ព្រោះ​ព្រះអង្គ​ជា «ភួង​ជ័យនៃ​សន្តបុគ្គល​ទាំង​ឡាយ»។ ដោយ​សារព្រះគ្រីស្ត យើងក៏​សម្តែង​សេចក្តីស្រឡាញ់ ចំពោះ​ព្រះ​ជា​ម្ចាស់ដែលគួរឱ្យស្ងើច​សរសើរក្នុង​សន្តបុគ្គល​ទាំងឡាយ និងដែលសម្តែង​សិរីរុងរឿង​ក្នុង​សន្តបុគ្គល​ទាំងនោះ។

ពិធីគោរពប្រណិប័តន៍នានាដ៏សក្ការៈធ្វើឱ្យយើងរួបរួមយ៉ាងខ្ពង់ខ្ពស់បំផុត ជាមួយព្រះសហគមន៍នៅ​លោក​​ខាង​មុខ គឺក្នុងពិធីគោរពប្រណិប័តន៍ទាំងនោះ អានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធប្រោសយើងដោយ​អគ្គសញ្ញា​នានា។ ក្នុង​ពិធី​នានា យើងរួម​សប្បាយ​រីករាយលើកតម្កើងសិរីរុងរឿងរបស់ព្រះដ៏ឧត្តុង្គ​ឧត្តម​បំផុត។ យើងទាំង​អស់​គ្នា​មក​ពីគ្រប់​ពូជ​អម្បូរ គ្រប់​ភាសា‌‌ គ្រប់​ប្រជាជន និងគ្រប់​ជាតិ​សាសន៍ (វវ ៥,៩) ដែល​ព្រះគ្រីស្តបាន​រំដោះ​ដោយ​បូជាព្រះជន្ម ជួបជុំគ្នាក្នុងព្រះ​សហគមន៍​តែមួយគត់ សូមច្រៀងលើក​តម្កើង​ព្រះជាម្ចាស់តែមួយព្រះ​អង្គជាព្រះ​ត្រៃឯក ដោយសូរ​ស័ព្ទតែមួយដែរ។ ពេលយើងថ្វាយសក្ការបូជា​អរ​ព្រះគុណ យើងរួមយ៉ាង​ប្រសើរ​ជាង​គេ​បំផុតជាមួយព្រះ​សហគមន៍​នៃ​ស្ថានបរមសុខដែល​គោរព​បម្រើ​ព្រះ​ជាម្ចាស់។ នៅពេលនោះ​យើង​ក៏រួបរួម​ជាមួយ​គ្នា ជាបឋម គោរព​ព្រះ​នាង​ម៉ារី​ប្រកប​ដោយ​សិរីរុងរឿង ជាព្រហ្មចារិនីជាដរាប គោរព​សន្តៈ​យ៉ូសែប គោរព​សន្ត​គ្រីស្ត​ទូត និង​មរណសាក្សី ព្រម​ទាំង​សន្ត​បុគ្គល​ទាំងឡាយដែរ។

៥១- ពាក្យណែនាំ

មហាសន្និបាតដ៏វិសុទ្ធសូមគោរពប្រណិប័តន៍យ៉ាងខ្លាំងនូវជំនឿរបស់គ្រូបាធ្យាយ គឺជឿថា យើង​រួប​រួម​ជា​មួយ​បងប្អូនដោយ​មានជី​វិត​​តែ​មួយ រួមជាមួយបងប្អូនដែលទទួលសិរីរុងរឿងនៃស្ថានបរមសុខ​រួច​ហើយ និង​រួម​ជាមួយ​បង​ប្អូនដែលចែកស្ថានទៅហើយនោះ ហើយកំពុង​ជម្រះ​ខ្លួន។ មហាសន្និបាត​សូម​ប្រកាស​សា​ជា​ថ្មីទាំង​គោរព​ប្រណិប័តន៍នូវ​ក្រឹត្យ​នៃមហា​សន្និ​បាត​​ដ៏វិសុទ្ធពីជំនាន់មុនៗ គឺមហា សន្និបាត​ទី​ពីរ​នៅ​ក្រុង​នីសេ មហា​សន្និបាត​ក្រុងហ្លូរង្ស និង​មហា​សន្និ​បាត​ក្រុងត្រែនតូ។ នៅពេលជាមួយគ្នានេះ ប្រសិន​បើ​មាន​គេ​ប្រព្រឹត្តបំពាន ឬ​ប្រព្រឹត្ត​ហួស ឬប្រសិន​មាន​ការ​ខ្វះ​ត្រង់​កន្លែង​ណាមួយ មហាសន្និបាត​សូម​ដាស់តឿន​អស់​អ្នក​ទទួលខុសត្រូវក្នុង​ព្រះ​សហគមន៍ឱ្យ​ឧស្សាហ៍​កែ​សម្រួ​ល ទាំង​ដក ឬកែសម្រួល​សេចក្តី​អាក្រក់​ផង។ សូមតែង​តាំងអ្វីៗជាថ្មី ដើម្បី​លើក​តម្កើងព្រះគ្រីស្ត​ និងព្រះ​ជាម្ចាស់​ឱ្យកាន់​តែ​ល្អ​ប្រសើរ​ឡើង។ សូម​បង្រៀន​​គ្រីស្តបរិស័ទឱ្យដឹងថា អ្នក​ដែល​ចង់​គោរពសន្តបុគ្គល​យ៉ាងពិ​តប្រាកដ មិនបាច់ធ្វើពិធី ឬកិច្ចការ​ជា​ច្រើន​ខាង​ក្រៅ​ខ្លួន​ទេ តែ​ត្រូវ​ប្រតិបត្តិ​តាម​សេចក្តី​ស្រឡាញ់យ៉ាងខ្លាំង និង​សកម្ម​ទៀត​ផង។ ត្រូវ​ព្យាយាមស្គាល់​ការ​រស់​នៅ​របស់សន្តបុគ្គល ដើម្បី​ជា​ប្រយោជន៍​យ៉ាង​ខ្លាំងបំផុតសម្រាប់​យើង​ និងសម្រាប់​ព្រះ​សហគមន៍ «ត្រូវយក​តម្រាប់តាម និងរួមជាមួយ​ពួកគាត់ ដើម្បី​រួម​ចំណែក​ក្នុងសុភមង្គលនៅ​ស្ថាន​បរម​សុខ ព្រម​ទាំងសូម​ជួយអង្វរ​ព្រះជាម្ចាស់​ឱ្យ​យើងផង»។ ម្យ៉ាង​ទៀត ​សូម​បង្រៀន​គ្រីស្តបរិស័ទឱ្យ​ដឹង​ច្បាស់ថា ប្រសិនបើគេយល់អំពី​ទំនាក់ទំនងជាមួយ​សន្តបុគ្គល​តាម​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​នៃជំនឿ​ដ៏ពិតប្រាកដ ទំនាក់​ទំនងនេះមិន​នាំឱ្យ​ការ​គោរពនមស្ការថ្វាយបង្គំព្រះ​ជាម្ចាស់​ជា​ព្រះបិតា ដោយ​សារ​ព្រះគ្រីស្តក្នុង​ព្រះ​វិញ្ញាណអន់ថយនោះទេ ផ្ទុយទៅវិញ ធ្វើឱ្យការ​គោរពថ្វាយ​បង្គំនេះ​កាន់តែ​ទូលំ​ទូលាយ​ឡើង​ទៀត​ផង។

យើង និងសន្តបុគ្គលទាំងអស់សុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់ រួម​ជាក្រុមគ្រួសារតែមួយ​ក្នុង​អង្គ​​ព្រះ​គ្រីស្ត (ហប ៣,៦)។ ពេល ណាយើង និងសន្តបុគ្គលស្រឡាញ់គ្នាទៅវិញទៅមក ហើយ​រួបរួម​គ្នា​លើក​តម្កើង​ព្រះ​ត្រៃឯក​ដ៏វិសុទ្ធ​បំផុត ពេល​នោះ​យើងមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ស្រប​តាម​លក្ខណៈ​ពិសេស​បំផុត​នៃ​ព្រះសហគមន៍។ យើង​ជាគ្រីស្តបរិស័ទ​ក្នុងលោកនេះ ក្រេបជញ្ជក់នឹង​ពិធី​​គោរព​​សិរីរុង​រឿងដ៏ពេញ​លក្ខណៈ​នៃ​ស្ថាន​បរមសុខ​ទុកជាមុន។ នៅ​ពេល​ដែលព្រះគ្រីស្តសម្តែងព្រះអង្គ​មក គឺ​នៅ​ពេលម​នុស្សស្លាប់​ទទួលជីវិត​ថី្មដ៏រុង​រឿង ពន្លឺរបស់ព្រះជាម្ចាស់​នឹងបំភ្លឺ​បុរី​នៃលោកខាងមុខ ហើយ​កូន​ចៀម​​នឹង​ទៅជាចង្កៀងនៃបុរីនោះ (វវ ២១, ២៤)។ នៅពេល​នោះ ព្រះសហគមន៍​នៃជន​ដ៏វិសុទ្ធ​ទាំង​អស់​ប្រកប​ដោ​យអំណរសប្បាយដ៏លើសលប់ ជាអំណរ​មក​ពី​សេចក្តី​ស្រឡាញ់ ក្រាបថ្វាយបង្គំព្រះជាម្ចាស់ និង “កូន​ចៀម​ដែលត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ​” (វវ ៥,១២) ទាំងប្រកាសដោយ​សូរស័ព្ទ​តែ​មួយថា “សូម​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​ និង​កូន​ចៀមទទួល​ពាក្យ​​សរសើរ​តម្កើងព្រះ​កិត្តិនាម សិរី​រុងរឿង‌ និង‌​ព្រះ​ចេស្ដា‌អស់​កល្ប​ជា​អង្វែង​តរៀងទៅ” (វវ ៥,១៣-១៤)។

ជំពូក៨
ព្រះនាងព្រហ្មចារិនីម៉ារី​ជាព្រះមាតារបស់ព្រះអម្ចាស់
តាមគម្រោងការដ៏អស្ចារ្យអំពីព្រះគ្រីស្ត និងព្រះសហគមន៍

ក. អារម្ភកថា

៥២- ព្រះនាងព្រហ្មចារិនីតាមគម្រោងការដ៏អស្ចារ្យអំពីព្រះគ្រីស្ត​

ព្រះជាម្ចាស់សម្រេចសង្គ្រោះមនុស្សលោកតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ និង​តាមព្រះ​ប្រាជ្ញា​ញាណ​របស់ព្រះអង្គ។ «លុះ​ដល់​ពេល​កំណត់​ហើយ ​ព្រះអង្គក៏​ចាត់​ព្រះបុត្រា​ឱ្យ​មក​ប្រសូតពី​ស្ត្រី​ម្នាក់ ដើម្បី​ឱ្យ​យើង​ទទួល​ឋានៈ​​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ» (កាឡ ៤,៤-៥)។ ដូច្នេះ «ព្រះបុត្រាព្រះអង្គយាង​ចុះ​ពី​ស្ថាន​បរម​សុខព្រោះ​តែ​យើង និងដើម្បីសង្គ្រោះយើង ព្រះអង្គប្រសូតជាមនុស្សពីនាង ព្រ​ហ្មចារិនីម៉ារី ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ»។ ព្រះ​ជាម្ចាស់បានសម្តែងគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះនេះ​ឱ្យយើង​ស្គាល់។ គម្រោងការនេះ​ក៏​នៅ​តែ​មាន​បន្ត​ក្នុង​ព្រះសហគមន៍ ដែលព្រះអម្ចាស់បានតែងតាំងទុកជាព្រះ​កាយរបស់ព្រះអង្គ។ ក្នុង​ព្រះ​សហគមន៍​នេះ អស់អ្នក​ដែល​ផ្ញើជីវិតលើ​ព្រះគ្រីស្តភ្ជាប់ជាមួយព្រះអង្គជាព្រះ​សិរសា ហើយ​រួបរួម​ជាមួយ​សន្ត​បុគ្គល​ទាំងឡាយ។ “ជាបឋម ត្រូវតែគោរព​ព្រះនាង​ម៉ារីប្រកប​ដោយ​សិរីរុង​រឿង ជាព្រហ្មចារិនីជាដរាប ជា​ព្រះមាតា​របស់​ព្រះយេស៊ូគ្រីស្តជាព្រះជាម្ចាស់ និងជាព្រះ​អម្ចាស់​នៃ​យើង”

៥៣- ព្រះនាងម៉ារី និងព្រះសហគមន៍

ពេលទេវទូតនាំដំណឹងមក នាងព្រហ្មចារិនីម៉ារីទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងក្នុងចិត្តផង ទាំង​ក្នុង​រូប​កាយផង ហើយ​នាងបង្ហាញជីវិតដល់មនុស្សលោក។ គេទទួលស្គាល់ និងគោរពនាង​ទុកជា​ព្រះមាតា​ដ៏ពិត​ប្រាកដ​របស់​ព្រះ​អម្ចាស់ ជាព្រះសង្គ្រោះផង។ ព្រះជាម្ចាស់បានរំដោះនាងយ៉ាងអ​ស្ចារ្យ​បំផុត​ដោយឈ្វេងយល់​ដល់ កុស​ល​ផលបុណ្យ​របស់​ព្រះបុត្រាព្រះអង្គ។ នាងក៏ភ្ជាប់នឹង​ព្រះបុត្រាយ៉ាង​ជិត​ស្និទ្ធបំផុត មិនអាច​ផ្តាច់​ពី​ព្រះ​អង្គ​បាន​ឡើយ។ នាង​ទទួលបន្ទុកដ៏ធំមហិមា និងទទួលកិត្តិយសដ៏ថ្លៃថ្នូរ គឺ​ធ្វើជា​ព្រះមាតា​នៃ​ព្រះបុត្រា​របស់​ព្រះជាម្ចាស់។ ហេតុ​នេះហើយ​ បានជានាងជាបុត្រី​ដ៏ជាទីគាប់ព្រះ​ហឫទ័យ​របស់ព្រះបិតា ជាព្រះវិហារ​ដ៏​សក្ការៈ​នៃ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ។ សេចក្តីនេះជាព្រះ​អំណោយទាន​យ៉ាងពិសេសនៃ​ព្រះ​ហឫទ័យប្រណីសន្តោសរបស់​ព្រះ​ជាម្ចាស់ ដែល​តម្កល់​នាង​យ៉ាង​ខ្ពស់​លើសត្វ​លោក​ទាំង​ឡាយ ទាំងនៅលើស្ថានបរមសុខ ទាំងនៅ​លើ​ផែនដី​ដែរ។ ក៏​ប៉ុន្តែ ក្នុង​ឋានៈនាង​ជាពូជ​ពង្ស​របស់​លោក​អាដាំ នាង​ក៏រួបរួមជាមួយ​មនុស្ស​ជាតិ​ទាំងមូលដែល​ត្រូវ​ការ​ព្រះ​សង្គ្រោះ​ដែរ។ លើសពីនេះទៅទៀតនាង​ពិតជា “មាតា​នៃ​សរីរាង្គរបស់ព្រះគ្រីស្ត ព្រោះនាង​រួមសហការដោយ​ចិត្ត​ស្រឡាញ់ បង្កើត​ព្រះ​សហគមន៍​របស់​គ្រីស្ត​បរិស័ទ​ដែលជា​សរីរាង្គនៃព្រះអម្ចាស់ ជាមេដឹកនាំនោះ”។ ហេតុនេះ​ហើយ បាន​ជា​ព្រះ​សហគមន៍​ធ្លាប់​សរសើរ​នាង​ទុក​ជាសមាជិក​ដ៏ប្រសើរ​ជាង​គេ​បំផុត​តែមួយគត់​របស់​ព្រះ​សហគមន៍ ជា​គំរូគួរ​ឱ្យ​ព្រះ​សហគមន៍​សរសើរ និង​ប្រព្រឹត្ត​តាម គឺឱ្យផ្ញើ​ជីវិត​លើព្រះជាម្ចាស់ និងមានចិត្តស្រឡាញ់​ដូច​នាង។ ព្រះ​សហគមន៍កាតូលិក​ដែល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បានបំភ្លឺ​ឱ្យ​ដឹង តែងតែ​គោរពប្រណិប័តន៍នាងដោយ​មាន​ចិត្ត​ស្រឡាញ់ ដូចជាកូនៗដែលត្រូវគោរពប្រណិប័តន៍​ម្តាយដែល​ស្រឡាញ់​គេ​យ៉ាងខ្លាំងដែរ។

៥៤- គោលបំណងរបស់មហាសន្និបាត

មហាសន្និបាតដ៏វិសុទ្ធបានរៀបរាប់អំពីលទ្ធិនៃជំនឿរបស់ព្រះសហគមន៍ ស្តីអំពីរបៀប​ព្រះគ្រីស្ត​សង្គ្រោះ​​យើង។ ឥឡូវនេះ មហា សន្និបាតសូមពន្យល់យ៉ាងពិស្តារអំ​ពី​តួនា​ទីរបស់ព្រះនាងព្រហ្មចារិនី​ម៉ារី​ក្នុង​​គម្រោងការ​ដ៏​អស្ចារ្យ​នៃព្រះបន្ទូលប្រសូត​ជាមនុស្សផង និងក្នុងគម្រោងការ​ដ៏អស្ចារ្យនៃ​ព្រះកាយ​ដ៏​លាក់​កំបាំងរបស់ព្រះ​គ្រីស្ត​ផង។ មហា​សន្និបាតក៏​សូមបង្ហាញអំពីរបៀប​មនុស្សដែល​ព្រះគ្រីស្ត​បាន​សង្គ្រោះ ត្រូវគោរព​ព្រះ​មាតារ​បស់​ព្រះ​អម្ចាស់ ជាព្រះមាតារ​បស់​ព្រះគ្រីស្ត និងជា​មាតា​របស់​មនុស្ស​លោក គឺជាមាតា​អ្នក​ជឿ​ជាដើម។ ក៏ប៉ុន្តែ មហា​សន្និបាត​គ្មាន​បំណងចង់រៀបរាប់លទ្ធិទាំងស្រុងនៃជំនឿ​អំពីនា​ងម៉ារី ហើយ​ក៏គ្មានបំណង​អារកាត់​សេចក្តីដែល​អស់​លោក​ទេវវិទូ​កំពុង​រិះគិត តែមិនទាន់​បញ្ជាក់​យ៉ាងច្បា​ស់​នៅឡើយ​ទេ។ ហេតុនេះហើយបានជាគ្រីស្តបរិស័ទ​មាន​សិទ្ធិ​សេរីភាព​​បញ្ចេញយោបល់​ប្លែកៗ​ពីគ្នា អំពី​សេចក្តី​ទាំងប៉ុន្មាន​ដែល​ព្រះសហគមន៍មិន​ទាន់​បញ្ជាក់​​យ៉ាង​ច្បា​ស់​នៅឡើយអំពី​នាង​ម៉ារី។ ទោះបី​​នាងជា​មនុស្ស​ដូច​យើង ហើយ​នៅ​ក្បែរយើងកី្ត ក៏ព្រះ​សហគមន៍​​​កាតូលិក​ដ៏​វិសុទ្ធតែងតែ​គោរព​នាងយ៉ាងខ្ពង់​ខ្ពស់​បន្ទាប់​ពីព្រះគ្រីស្ត។

ខ. តួនាទីរបស់ព្រះនាងម៉ារីក្នុងការចាត់ចែងការសង្គ្រោះ

៥៥- ព្រះមាតារបស់ព្រះគ្រីស្តតាមគម្ពីរសម្ពន្ធមេត្រីចាស់

គម្ពីរសម្ពន្ធមេត្រីចាស់ និងគម្ពីរសម្ពន្ធមេត្រីថ្មី ព្រមទាំងការបញ្ជូនបន្តដ៏គួរឱ្យគោរពរបស់ព្រះ​សហគមន៍ តាំង​ពី​ដើម​រៀងមក ពន្យល់កាន់តែច្បាស់ឡើងៗអំពីតួនាទីដ៏ប្រសើរនៃ​ព្រះមាតារបស់ព្រះ​សង្គ្រោះ ក្នុងការ​ចាត់​ចែង​ការ​សង្គ្រោះ ហើយសូមជូនសេចក្តីនេះឱ្យយើងសញ្ជឹងគិត។ កណ្ឌទាំងប៉ុន្មាននៃ​គម្ពីរ​សម្ពន្ធមេត្រីចាស់ ពណ៌នា​អំពី​ប្រវត្តិ​សាស្រ្ត​នៃការសង្គ្រោះ និងអំពីការរៀបចំផ្លូវថ្វាយព្រះគ្រីស្តយាងមក​ក្នុងលោកយើងនេះដែរ។ ព្រះ​សហគមន៍​តែង​អាន​ឯកសារដើមដំបូងទាំងនោះ និង​យល់អត្ថន័យតាមពន្លឺ​នៃ​សេចក្តី ដែល​ព្រះ​ជាម្ចាស់​បាន​សម្ដែង​យ៉ាង​ពេញ​លេញ​នៅ​ពេលក្រោយ។ ឯកសារទាំងនោះបង្ហាញ​កាន់​តែ​ច្បាស់ឡើងៗអំពី​ស្រ្តី​ជា​ព្រះមាតា​របស់​ព្រះគ្រីស្ត។ តាមពន្លឺ​នេះ យើ​ង​ត្រូវយល់អត្ថន័យ​នៃព្រះ​បន្ទូល​សន្យា​មកលោក​អាដាំ និង​នាង​អេវ៉ា​ដែលបាន​ប្រព្រឹត្ត​អំពើបាបថា នឹង​បាន​ជ័យ​ជម្នះ​លើ​សត្វពស់ ដូច​ជា​សេចក្តី​ព្រាងទុកតាមរបៀបព្យាការី (កណ ៣,១៥)។ តាម​របៀប​ដដែលនេះ នាងម៉ារីជា​យុវ​នារី​ដែល​មាន​ផ្ទៃ​​ពោះ ហើយនឹងប្រសូត​បុត្រមួយដែលគេថ្វាយព្រះនាមថា “ព្រះ​អេម៉ានូអែល” (អស ៧,១៤; មីកា ៥,២-៣; មថ ១,២២- ២៣)។ នាងម៉ារីជាជនប្រសើរជាងគេក្នុង​ចំណោម​អ្នកតូចតាច និងអ្នក​សុភាព​រាប​សា​របស់​ព្រះអម្ចាស់ដែលមាន​ចិត្ត​សង្ឃឹមថា នឹង​ទទួល​ការ​សង្គ្រោះ​ដោយ​ផ្ញើ​ជីវិត​លើព្រះអង្គ។ លើស​ពី​នេះ​ទៅ​ទៀត នាងជា​បុត្រី​ក្រុង​ស៊ីយ៉ូន​ដ៏​ប្រ​សើរ​ជាងគេ។ ក្រោយពី​ប្រជា​រាស្រ្តទន្ទឹង​រង់ចាំយ៉ា​ង​យូរអង្វែង ព្រះ​បន្ទូលសន្យា​បាន​កើតជា​រូបរាង​នៅពេលកំណត់ គឺព្រះ​ជាម្ចាស់​ចាត់ចែង​ការ​សង្គ្រោះ​តាម​របៀប​ថ្មី នៅ ពេលព្រះបុត្រា​របស់​ព្រះជាម្ចាស់​យក​សភាពជាមនុស្ស​ដោយ​សារ​នាង ដើម្បីរំដោះ​មនុស្ស​លោក​ឱ្យបានរួចពីបាប ដោយ​ព្រះអង្គប្រព្រឹត្ត​កិច្ចការ​ទាំង​ប៉ុន្មាន​ក្នុងឋានៈជាមនុស្ស។

៥៦- នាងម៉ារីទទួលដំណឹងពីទេវទូត

ព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា​យ៉ាងក្រៃលែង ទ្រង់សព្វព្រះហឫទ័យ​ឱ្យមាតា​ដែល​ព្រះអង្គ​តម្រូវ​ជាមុន សុខចិត្តធ្វើតាមព្រះបន្ទូលព្រះអង្គ មុនព្រះបុត្រាប្រសូតជាមនុស្ស។ ស្រ្តី​ម្នាក់​រួម​សហកា​រ​ក្នុង​កិច្ច​បណ្តាល​ឱ្យមនុស្សលោក​ស្លាប់​យ៉ាងណា ស្រ្តីម្នាក់ទៀតក៏រួមសហការធ្វើឱ្យមនុស្សលោក​មានជីវិត​យ៉ាង​នោះ​ដែរ។ សេចក្តី​នេះពិតតាមរបៀបដ៏អស្ចារ្យ ​ស្តីអំពី​ព្រះមាតា ដែល​ប្រទាន​​ព្រះ យេសូ៊ជា​ជីវិត គឺព្រះអង្គ​ដែលប្រែអ្វីៗ​ទាំង​អស់​ឱ្យបានជាថ្មី។ ព្រះជាម្ចាស់​បាន​​ផ្គត់ផ្គង់​នាង​ដោយព្រះ​អំណោយទាន ត្រូវតាមករណី​កិច្ចដ៏​ប្រសើ​រ​ដែល​នាង​ត្រូវ​បំពេញនោះ។ ហេតុ​នេះ មិនគួរ​ឱ្យ​ឆ្ងល់ដោយគ្រូបាធ្យាយ​ដ៏​វិសុទ្ធ​នៃ​ព្រះ​សហគមន៍​តែងតែ​ហៅ​ព្រះមាតា​របស់​ព្រះ​អម្ចាស់​ថា ជាស្រ្តីដ៏វិសុទ្ធ​បំផុត ជាស្រ្តី​និមល​មិន​ដែល​ជាប់​ជំពាក់បាប ជាស្ត្រី​ដែលសូនដោយព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ និង​ជាស្រ្តី​ដែល​ព្រះអង្គ​ប្រតិស្ឋានជា​ថ្មី។ តាំង​ពីនាងទើបតែនៅក្នុងផ្ទៃម្តាយ ព្រះជាម្ចាស់បាន​ប្រោសឱ្យ​នាង​បានវិសុទ្ធ​យ៉ាង​ភ្លឺស្វាង​អស្ចារ្យតែម្នាក់គត់។ ដូច្នេះ ពេល​ទេវទូតជម្រាបសួរនាង​ព្រហ្មចារីនៅ​ភូមិណាសារ៉ែត លោក​មាន​ប្រសាសន៍​តាម​ព្រះបញ្ជារបស់ព្រះជាម្ចាស់ថា «ព្រះ​អម្ចាស់​គាប់​ព្រះ​ហប្ញ​ទ័យ​នឹង​នាង​» (លក ១,២៨)។ នាង​ក៏តប​ឆ្លើយទៅទេវទូតថា៖ «នាងខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់ សូម​ឱ្យបាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!» (លក ១,៣៨)។ ដូច្នេះ នាងដែលជាពូជពង្សរបស់លោកអាដាំ យល់ស្របនឹងព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ហើយ​ត្រឡប់​ទៅ​ជាព្រះមាតារបស់ព្រះយេស៊ូ។ នាងក៏សុខចិត្តយ៉ាងស្មោះបំផុតធ្វើតាមព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់ ដែល​ចង់​សង្គ្រោះ​មនុស្សលោក ដោយ​គ្មាន​អំពើបាបណា​មក​រារាំងនាងឡើយ។ នាងក៏ប្រគល់​ខ្លួនក្នុងឋានៈជា​អ្នកបម្រើ​របស់ព្រះអម្ចាស់ សុខចិត្តថ្វាយខ្លួនទាំងស្រុងចំពោះព្រះ​រាជកិច្ចនៃ​ព្រះ​បុត្រា​របស់នាង ដើម្បី​បម្រើ​គម្រោង​ការ​ដ៏អស្ចារ្យ​នៃ​ការ​សង្គ្រោះ រួមជាមួយព្រះបុត្រា និងក្រោម​អំណាច​របស់​ព្រះបុត្រា ដោយ​ព្រះ​ជាម្ចាស់​ដ៏មានឫទ្ធានុភាព​សព្វប្រការ​ប្រណី​សន្តោសផងដែរ។ ហេតុនេះហើយ បានជាអស់​គ្រូបាធ្យាយ​ដ៏​វិសុទ្ធយល់​ឃើញយ៉ាង​ត្រឹម​ត្រូវ​ថា នាងម៉ារីមិនគ្រាន់តែមានរូបកាយដែល​ព្រះ​ជាម្ចាស់ផ្ទុកផ្តាក់ប៉ុណ្ណោះ​នោះ​ទេ តែ​នាង​ម៉ារីរួម​សហការ​ក្នុងការនាំការ​សង្គ្រោះដល់​មនុស្ស​​លោក ដោយ​សារនាងមានសេរីភាព គឺផ្ញើជីវិតលើ​ព្រះជាម្ចាស់ និង​សុខចិត្ត​ធ្វើតាម​ព្រះ​បញ្ជា​របស់​ព្រះអង្គ។ សន្តៈ​អ៊ីរេ៉ណេមាន​ប្រសាសន៍ថា ​«ដោយ​នាង​ម៉ារី​សុខចិត្ត​ធ្វើ​តាម​ព្រះ​បញ្ជា​របស់ព្រះជាម្ចាស់ នាង​ត្រឡប់​ទៅ​ជាអ្នកនាំ​ការ​សង្គ្រោះ​មកដល់នាង​ផ្ទាល់ និង​មក​ដល់មនុស្ស​លោក​ទាំង​មូល​ផងដែរ»។ ហេតុនេះហើយ ​បាន​ជា​គ្រូ​បាធ្យាយជាច្រើនពី​បុរាណ នៅពេល​បក​ស្រាយគម្ពីរចូល​ចិត្ត​និយាយថា “ដោយ​នាងម៉ារីសុខចិត្តធ្វើ​តាម​ព្រះ​បញ្ជា​រ​បស់ព្រះជាម្ចាស់ នាងស្រាយ​ចំណងដែលនាង​អេវ៉ា​ចង​ដោយ​មិន​ព្រម​ធ្វើ​តាម​ព្រះ​បញ្ជារបស់​ព្រះ​អង្គ​កាលពីមុននោះ​”។ អស់លោកក៏តែងប្រៀបប្រដូចនាងម៉ារី និងនាងអេវ៉ា ហើយ​ធ្លាប់​ហៅ​នាង​ម៉ារីថា “មាតា​របស់​មនុស្ស​ដែល​មាន​ជីវិត” និងប្រកាសជាញឹកញាប់ថា “​ដោយសារនាងអេវ៉ា សេចក្តី​ស្លាប់​ចូល​មកក្នុង​ពិភព​លោក ដោយ​សារនាងម៉ារី ជីវិតចូលមកក្នុងពិភពលោកវិញ”

៥៧- នាងម៉ារីនៅពេលព្រះយេស៊ូមានវ័យជាកុមារ

ព្រះមាតា និងព្រះបុត្រារួមគ្នាក្នុងកិច្ចសង្គ្រោះ​យ៉ាងជាក់ស្តែង តាំងពីពេលព្រះគ្រីស្តចាប់ផ្ទៃ​ក្នុងនាង​ព្រហ្មចារិនី​មក រហូតដល់ពេលព្រះអង្គសោយទិវង្គត។ មុនដំបូង ‌នាង​ម៉ារី​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​នាង​អេលី​សាបិត។ ពេលទារក​នៅ​ក្នុង​ផ្ទៃ​នាង​អេលី​សាបិតបម្រះ​ឡើង នាងជម្រាបសួរ​នាង​ម៉ារីថា ជាអ្នក​មាន​សុភ​មង្គល ​ព្រោះ​នាង​បាន​ជឿ​ថា ព្រះជាម្ចាស់នឹងសង្គ្រោះមនុស្សលោកតាម​ព្រះ​បន្ទូល​សន្យា (លក ១,៤១-៤៥)។ បន្ទាប់​មក ពេល​ព្រះយេស៊ូប្រសូត ព្រះ​មាតារបស់​ព្រះអម្ចាស់មាន​អំណរ​ដោយ​បង្ហាញ​កូនច្បង​របស់​នាង​ឱ្យ​ពួក​គង្វាល​សត្វ និង​ពួក​ហោរាចារ្យ​ឃើញ។ កំណើតបុត្រ​នោះ មិ​ន​បណ្តាលឱ្យនាងលែងជាព្រហ្មចារិនីទេ តែផ្ទុយទៅ​វិញ​បញ្ជាក់ថា នាងនៅព្រហ្មចារិនីជាដរាប។ ពេល​នាង​យក​បុត្រមកថ្វាយក្នុងព្រះវិហារ ក្រោយពីបាន​ថ្វាយ​តង្វាយ​របស់​អ្នកក្រី​ក្ររួចហើយ នាងបាន​ឮលោក​ស៊ីម៉ូន​មាន​ប្រសាសន៍ក្នុងឋានៈលោកជាព្យាការីថា បុត្រ​នេះ​នឹងទៅជាទី​សម្គាល់​មួយ នាំ​ឱ្យ​មនុស្ស​ជំទាស់​ប្រឆាំង​គ្នា ហើយនាងឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត​របស់​នាង។ ដូច្នេះ គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជាច្រើន នឹងលេច​ធ្លោឱ្យបាន​ច្បាស់​ឡើង (លក ២,៣៤-៣៥)។ ពេល​នាង​ម៉ារី​ និងលោក​យ៉ូសែបបាត់​ព្រះកុមារយេស៊ូ ​គាត់​នាំគ្នា​ដើរ​រក​ទាំងព្រួយបារម្ភ។ មាតា​បិតា​រក​ឃើញ​ព្រះ​យេស៊ូ​ក្នុង​ព្រះ​វិហារ កំពុងតែជាប់នឹង​ព្រះរាជកិច្ចនៃ​ព្រះបិតារបស់ព្រះអង្គ។ មាតាបិតា​ពុំបាន​យល់​អត្ថន័យ​នៃ​ព្រះ​បន្ទូល​របស់​បុត្រ​ឡើយ។ ប៉ុន្តែ មាតា​របស់​ព្រះ​កុមារ​ចង​ចាំ​ហេតុ​ការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ត ទាំង​នឹក​សញ្ឆឹង​គិតទៀតផង (លក ២,៤១-៥១)។

៥៨- នាងម៉ារីនៅពេលព្រះយេស៊ូបំពេញព្រះរាជកិច្ច

យើងឃើញព្រះមាតាព្រះយេស៊ូយ៉ាងច្បាស់ពេលព្រះអង្គចាប់ផ្តើមបំពេញព្រះរាជកិច្ចជា​សាធារណៈ គឺ​ក្នុងពិ​ធី​មង្គល​ការ​នៅ​ភូមិ​កាណា​នៅស្រុក​កាលីឡេ។ នាងម៉ារីអាណិតគេ ហើយអង្វរព្រះ​យេស៊ូ សូមព្រះ​គ្រីស្ត​​ចាប់ផ្តើម​សម្តែងការ​អស្ចារ្យ (យហ ២,១-១១)។ ពេលព្រះយេស៊ូសម្តែងធម្មទេសនា នាងសុខចិត្ត​ទទួល​ព្រះបន្ទូល​ប្រកាស​ថា អស់អ្នក​ដែល​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះជា​ម្ចាស់​‌ ហើយ​អនុវត្ត​តាម‌‌‌‌ពិតជា​មាន​សុភ​មង្គល​មែន (មក ៣,៣៥; លក ១១,២៧-២៨) គឺព្រះបុត្រារបស់ព្រះបិតាមិនយល់ដល់សាច់ឈាមទេ តែព្រះអង្គតម្កល់​ព្រះរាជ្យ​នោះ​លើស​អ្វីៗ​ទាំង​អស់ ដូចនាងធ្លាប់ធ្វើ​ដោយចិត្តស្មោះរួច​មក​ហើយដែរ (លក ២,១៩.៥១)។ ដូច្នេះ ពេល​ព្រះ​នាង​ព្រហ្មចារិនី​ធ្វើ​បូជនីយេសក៍​តាម​ជំនឿតទៅមុខទៀត នាងរួប​រួម​ជាមួយ​ព្រះ​បុត្រាដោយចិត្តស្មោះរហូត​ដល់​ឈើឆ្កាង គឺនាង​ឈរនៅ​ក្បែរឈើឆ្កាង។ ការណ៍នេះពិតជាកើត​ឡើង​តាម​ព្រះជាម្ចាស់គ្រោងទុកជាមុន (យហ ១៩,២៥)។ នាងឈឺ​ចុក​ចាប់​យ៉ាង​សែន​ខ្លោច​ផ្សា​រួម​ជាមួយព្រះ​បុត្រាតែ​មួ​យ​របស់នាង។ នាងក៏សុខ​ចិត្ត​រួម​ក្នុង​សក្ការ​បូជា​របស់​ព្រះ​អង្គ តាមចិត្តគំនិតជា​ម្តាយ។ ដោយ​សេចក្តី​ស្រឡាញ់ នាងសុខចិត្ត​ឱ្យគេយក​បុត្រ​ដែល​កើត​ពីសាច់ឈាម​របស់នាងធ្វើជាយញ្ញ។ ព្រះ​គ្រីស្ត​យេស៊ូកំពុងសោយទិវង្គត​នៅលើឈើឆ្កាង ព្រះអង្គ​ប្រគល់​នាង​ឱ្យ​សាវ័ក​ម្នាក់ទុក​ជាម្តាយ ដោយមាន​ព្រះ​បន្ទូល​ថា «អ្នក​អើយ! នេះហើយកូន​របស់អ្នក» ‌(យហ ១៩,២៦-២៧)។

៥៩- នាងម៉ារីក្រោយពេលព្រះជាម្ចាស់លើកព្រះយេស៊ូឡើង

ព្រះជាម្ចាស់សព្វព្រះហឫទ័យសម្តែងគម្រោងការនៃការសង្គ្រោះមនុស្សលោកយ៉ាងជាក់ច្បាស់ នៅ​ពេល​ព្រះអង្គ​ចាក់​បង្ហូរព្រះវិញ្ញាណ តាមព្រះបន្ទូលសន្យារបស់ព្រះគ្រីស្ត។ មុនបុណ្យថ្ងៃទីហាសិប យើង​ឃើញក្រុម​គ្រីស្ត​ទូត «រួម​ចិត្ត​គំនិត​គ្នា ព្យាយាម​អធិដ្ឋានដោយ​មាន​ស្ត្រី​ខ្លះ មាន​នាង​ម៉ារី​ជា​មាតា​របស់​ព្រះ​យេស៊ូ និង​មាន​បង​ប្អូន​របស់​ព្រះអង្គមក​ចូល​រួម​ជាមួយ​ផង​ដែរ» (កក ១,១៤)។ យើងក៏ឃើញនា​ង​ម៉ារីអង្វរព្រះជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ព្រះវិញ្ញាណដល់ក្រុមគាត់ ជាព្រះវិញ្ញាណដែល​មក​សណ្ឋិត​លើ​នាង នៅពេលទេវទូតនាំដំណឹង​មក​នាង​រួចហើយ។ នាង​ដ៏និមលដែល​ព្រះ​ជាម្ចាស់​បានការពារ​មិន​ឱ្យ​ជំពាក់បាបខាងដើម ក្រោយ​ពី​បាន​បញ្ចប់​ជីវិត​នៅ​ក្នុង​លោក​នេះ ព្រះ​ជាម្ចាស់បានលើក​នាងឡើង​ទាំង​រូបកាយ ទាំងវិញ្ញាណឱ្យចូលក្នុង​សិរីរុងរឿង​នៃ​លោក​ខាង​មុខ។ ព្រះអម្ចាស់បាន​លើក​តម្កើង​នាងទៅជា​ព្រះ​មហាក្សត្រីយានីនៃពិភពលោក ដើម្បី​ឱ្យនាង​បាន​ដូច​ព្រះបុត្រា​យ៉ាង​ពេញលេញ គឺដូច​ព្រះបុត្រា​ដែល​ជា «ព្រះ​អម្ចាស់​លើ​អម្ចាស់​នានា» (វវ ១៩,១៦) ដែលមាន​ជ័យជម្នះ​លើ​បាប និងលើ​សេចក្តី​ស្លាប់។

គ. ព្រះនាងព្រហ្មចារិនីម៉ារី និងព្រះសហគមន៍

៦០- នាងម៉ារីជាអ្នកបម្រើរបស់ព្រះអម្ចាស់

យើងមានស្ពានមេត្រីតែមួយគត់តាមពាក្យរបស់គ្រីស្តទូតប៉ូលថា «មាន​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ មាន​ស្ពាន​មេត្រី​តែមួយ​រវាង​ព្រះជាម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះគ្រីស្ត​យេស៊ូជា​មនុស្ស​ម្នាក់ដែលបាន​បូជា​ព្រះ​ជន្ម ដើម្បី​រំដោះមនុស្ស​ទាំងអស់‌​» (១ធម ២,៥-៦)។ ប៉ុន្តែ តួនាទីរបស់នាងម៉ារីដែល​ជាមាតា​របស់មនុស្ស​ទាំង​អស់មិន​ជំទាស់​ និង​មិនបណ្តាលឱ្យតួនាទីរបស់ព្រះគ្រីស្តដែលជាស្ពានមេត្រីតែមួយគត់​នោះ​អន់​ខ្សោយ​ទេ។ ផ្ទុយ​ទៅ​វិញ តួនាទី​នាង​ម៉ារីបង្ហាញអំពីឫទ្ធិនៃ​តួ​នាទីរបស់ព្រះគ្រីស្តនោះវិញ។

ឥទ្ធិពលរបស់ព្រះនាងព្រហ្មចារិនីម៉ារីសម្រាប់សង្គ្រោះមនុស្សលោក ហូរចេញមកពីព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចាត់ចែងដូច្នេះ គឺមិន​ហូរមកពីសេចក្តីត្រូវការណាមួយក្នុងការចាត់ចែងនោះទេ តែហូរមក​ពីព្រះគ្រីស្ត មាន​អំពើល្អ​ជាច្រើនលើសលប់រាប់មិនអស់។ ឥទ្ធិពលរបស់ព្រះ​នាង​សំ​អាងលើព្រះ​គ្រីស្ត​ដែល​ជា​ស្ពានមេត្រី គឺ​នាង​ទទួល​អ្វីៗទាំងអស់​ពី​ព្រះគ្រីស្ត និងទទួល​អានុភាព​ទាំងអស់ពី​ព្រះ​អង្គ។ ឥទ្ធិពល​របស់​ព្រះ​នាងមិនរារាំង​គ្រីស្ត​បរិស័ទ​មិន​ឱ្យ​រួប​រួម​ដោយផ្ទាល់​ជាមួយ​ព្រះគ្រីស្តត្រង់​ណា​សោះឡើយ ផ្ទុយទៅវិញ នាង​ម៉ារីជួយ​គ្រីស្ត​បរិស័ទ​ឱ្យ​រួបរួម​ដោយ​ផ្ទាល់​ជាមួយព្រះគ្រីស្តទៀតផង។

៦១- ព្រះជាម្ចាស់បានតម្រូវព្រះនាងព្រហ្មចារិនីម៉ារីមុនកាលសម័យទាំងអស់

តាមគម្រោងការ​របស់ព្រះ​អង្គដែល​ចាត់​ព្រះ​បន្ទូល​​ឱ្យប្រសូតជា​មនុស្ស ដើម្បីឱ្យនាង​ទៅ​ជាព្រះមាតា​របស់​ព្រះអម្ចាស់។ តាមព្រះ​ជាម្ចាស់​ដែល​ថែរក្សា​អ្វីៗ​ទាំង​អស់បាន​គ្រោងទុកជាមុន ព្រះអង្គចាត់ចែង​ឱ្យ​នាង​ម៉ារី​ទៅជា​ព្រះមាតា​គួរឱ្យ​គោរព​របស់​ព្រះ​សង្គ្រោះ​​នៅ​លើផែនដីនេះ។ គ្មាននណាអាចប្រៀបផ្ទឹមនឹងនាងបានទេ គឺនាងរួម​សហការ​យ៉ាង​ពិសេស ក្នុង​ព្រះ​រាជកិច្ច​របស់​ព្រះ​បុត្រាដោយ​ចិត្តទូលំទូលាយ ក្នុង​ឋានៈ​ជា​អ្នកបម្រើ​ដ៏​សុភាព​រាបសារ​របស់ព្រះ​អម្ចាស់។ ដោយ​នាង​មានផ្ទៃ ដោយ​នាងសម្រាលព្រះគ្រីស្ត ដោយ​នាងចិញ្ចឹមព្រះអង្គ ដោយ​នាង​​នាំ​ព្រះអង្គទៅ​ថ្វាយ​ព្រះបិតា​របស់ព្រះ​អង្គ​ក្នុងព្រះវិហារ ដោយនាងរងទុក្ខរួមជាមួយ​ព្រះបុត្រា​កំពុង​សោយ​ទិវង្គត​នៅលើ​ឈើឆ្កាង នាងសហការ​ក្នុង​ព្រះ​រាជកិច្ចនៃព្រះសង្គ្រោះយ៉ាងពិសេស ដែលគ្មាន​នរណាអាច​ប្រៀប​ផ្ទឹម​នឹង​នាងបាន។ ដោយនាង​ស្តាប់​បង្គាប់ ដោយ​នាងផ្ញើជីវិតលើព្រះជាម្ចាស់ ដោយនាងមាន​សេចក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង នាងសហការឱ្យមនុស្ស​លោក​​ទទួល​ព្រះ​ជន្ម​ផ្ទាល់របស់ព្រះ​ជាម្ចាស់វិញ។ ហេតុ​នេះ​ហើយ​ បាន​ជាប្រសិន​បើ​គិត​ដល់​ព្រះជាម្ចាស់ប្រណី​សន្តោស​មនុស្ស​លោក នាងម៉ារីពិតជាមាតា​របស់​យើងមែន។

៦២- តាំងពីពេលនាងយល់ព្រមធ្វើតាមដំណឹងដែលទេវទូតជម្រាបមក

ទាំងផ្ញើជីវិតលើព្រះជាម្ចាស់ នាង​ក៏នៅតែយល់​ស្របតទៅទៀតដោយចិត្តរឹងប៉ឹងនៅពេលនាង​ឈរនៅ​ក្បែរ​ឈើឆ្កាង គឺនាងម៉ារី​មាន​តួនា​ទីជា​មាតាក្នុង​ការ​ចាត់ចែងព្រះ​ហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ហើយ​នៅ​តែ​បន្ត​តួនាទី​នេះ​ត​ទៅទៀត​ដោយគ្មាន​ឈប់​ឈរ រហូតដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស​ទទួល​ការ​ស​ង្គ្រោះ​ជា​ស្ថាពរ។ ក្រោយពីព្រះអង្គលើក​នាង​ទៅ​ស្ថាន​បរមសុខរួចហើយ តួនាទីរបស់នាងក្នុងការ​សង្គ្រោះ​មិន​អាក់​ខាន​ឡើយ គឺនាងនៅតែជួយអង្វរព្រះជាម្ចាស់​ជា​រឿយៗ ធ្វើឱ្យយើងទទួលព្រះ​អំណោយទាន​ពីព្រះ​អង្គត​ទៅ​ទៀត ជា​ព្រះអំណោយទានដែលយើង​ត្រូវការសម្រាប់​ទទួលការសង្គ្រោះ​អស់កល្បជា​និច្ច។ ដោយ​នាង​មាន​ចិត្ត​ស្រឡាញ់​ទុកជាម្តាយ នាងចាប់អារម្មណ៍នឹង​បងប្អូន​នៃ​ព្រះ​បុត្រា​របស់នាង ដែល​មិន​ទាន់​បង្ហើយ​បូជនីយេសក៍​នៅ​លើ​ផែនដីនេះនៅឡើយ ហើយដែលប្រឈមមុខ​នឹង​គ្រោះ​កាច និង​ទុក្ខ​លំបាក​ផ្សេងៗជាច្រើន ទម្រាំទៅ​ដល់​មាតុភូមិ​ដ៏សែនសុខសាន្ត។ ហេតុនេះហើយ បានជា​ព្រះ​សហគមន៍​​តែងតែអង្វរនាងព្រហ្មចារិនី ដោយ​យកនាម​ផ្សេងៗ​មកហៅដូចតទៅ “មេធាវី” “អ្នកជួយអង្វរ” “អ្នក​​ប្រោស​ប្រណី” “ស្ពានមេត្រី”។ ប៉ុន្តែ មានព្រះគ្រីស្តតែមួយ​ព្រះអង្គ​គត់ ជាស្ពានមេត្រីដ៏ថ្លៃថ្នូរ និង​ដ៏​មាន​ប្រសិទ្ធភាព។ សូម​ប្រយ័ត្ន​​មិនត្រូវឱ្យ​ពាក្យ​ទាំងនោះស្តីអំពីនាងបន្ថែម ឬ​ដកអ្វីពីមុខងាររបស់​ព្រះ​គ្រីស្ត​ឡើយ។

យើងមិនអាចលើកតម្កើងសត្វលោកណាមួយដែលព្រះជាម្ចាស់ប្រតិស្ឋានមក ឱ្យបានស្មើនឹង​ព្រះ​បន្ទូល​​ដែល​បានប្រសូត​ជាមនុស្ស និងជាព្រះសង្គ្រោះសោះឡើយ។ ក៏ប៉ុន្តែ ប្រជាជន​គ្រីស្តបរិស័ទ​ទាំង​មូល​ទទួល​​ចំណែក​ក្នុងមុខងារ​របស់​ព្រះគ្រីស្ត​ជា​មហាបូជាចារ្យតែមួយ គឺមានអ្នកទទួលអគ្គសញ្ញាតែងតាំង​ជា​អ្នក​បម្រើ​ព្រះ​សហគមន៍ និងគ្រីស្ត​បរិស័ទ​ឯទៀតៗទទួលចំណែកតាម​របៀប​ផ្សេងៗ។ គេទទួល​ចំណែក​ក្នុងមុខ​ងារទាំងអស់គ្នា​យ៉ាង​ណា ក៏តួនាទីជាស្ពានមេត្រី​របស់​ព្រះគ្រីស្តមិនរារាំងឱ្យ​សត្វលោក ​ឱ្យរួម​សហការ​​​ជាមួយ​ព្រះអង្គ​ក្នុង​ការ​សង្គ្រោះ​យ៉ាងនោះដែរ។ ព្រះជាម្ចាស់ផ្សព្វផ្សាយព្រះហឫទ័យមេត្តា​ករុណា​តែមួយដល់​សត្វ​លោក​ទាំង​អស់​យ៉ាង​ពិត​ប្រាកដ តាម​របៀប​ផ្សេងៗ​យ៉ាងណា ក៏ព្រះអង្គចែក​ចំណែក​ក្នុង​តួ​នា​ទីជាស្ពានមេត្រីតែមួយ ឱ្យ​សត្វ​លោក​យ៉ាង​នោះ​ដែរ។ ការរួមចំណែកនេះ ដាស់តឿន​សត្វ​លោក​ដែល​ព្រះជាម្ចាស់​ប្រតិស្ឋានមក ឱ្យ​រួមសហការ​តាម​របៀប​ផ្សេងៗ​ក្នុងការសង្គ្រោះដែលមកពី​ព្រះ​គ្រីស្តតែ​មួយ​ព្រះអង្គគត់។

ព្រះសហគមន៍ប្រកាសតួនាទីជាបន្ទាប់បន្សំរបស់នាងម៉ារីដោយឥតរួញរាទាល់តែសោះ។ ព្រះសហគមន៍​នៅ​តែមានបទពិសោធន៍អំពីតួនាទីនោះស្រាប់។ ព្រះសហគមន៍ក៏ទូន្មានឱ្យគ្រីស្តបរិស័ទពឹងផ្អែក​លើ​នាងម៉ារី សូម​នាង​ម៉ារីជួយគេដូចម្តាយតែងជួយកូន គឺសូមជួយ ឱ្យគេភ្ជាប់ចិត្តជាមួយ​ព្រះគ្រីស្តជា​ស្ពាន​មេត្រី និងជាព្រះសង្គ្រោះ​ឱ្យ​កាន់​តែ​ជិតស្និទ្ធឡើងៗ។

៦៣- នាងម៉ារីជាគំរូសម្រាប់ព្រះសហគមន៍

ដោយព្រះជាម្ចាស់ប្រទានអំណោយទាន និងបន្ទុកឱ្យព្រះនាងម៉ារីប្រសូតព្រះបុត្រា នាងភ្ជាប់​ជា​មួយ​​បុត្រជា​ព្រះ​សង្គ្រោះយ៉ាងអស្ចារ្យ។ ដោយព្រះជាម្ចាស់ប្រណីសន្តោស​នាង និងផ្ញើបន្ទុក​ពិសេសទាំ​ង​នោះ​មកនាង នាង​ក៏​ភ្ជាប់​យ៉ាងជិតស្និទ្ធជាមួយ​ព្រះ​សហគមន៍ដែរ។ សន្តៈ អំប្រាស៍តែងបង្រៀនថា ព្រះមាតា​របស់​ព្រះអម្ចាស់​ពិតជា​គំរូ​របស់​ព្រះសហគមន៍ត្រង់ជំនឿ ត្រង់​សេចក្តី​ស្រឡាញ់ និងត្រង់ការរួបរួមយ៉ាង​ពេញ​លក្ខណៈជាមួយព្រះគ្រីស្ត។ ព្រះសហគមន៍ក៏ទទួលឈ្មោះយ៉ាងត្រឹមត្រូវថា ជាមាតា និងជា​ព្រហ្មចារិនីដែរ។ តាមគម្រោងការដ៏អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់​អំពីព្រះសហគមន៍ នាងម៉ារីជា​គ្រីស្តបរិស័ទ​ពិសេសដ៏​ប្រសើរជាងគេបំផុត គឺនាងជាស្រីព្រហ្ម ចារិនី​ និង​ជាម្តាយ​គំរូ។ នាងបាន​បង្កើតព្រះ​បុត្រា​របស់​ព្រះ​បិតា​នៅលើផែនដី ដោយនាងផ្ញើជីវិតលើព្រះជាម្ចាស់ និង​ដោយ​នាងស្តាប់តាម​បង្គាប់​ព្រះអង្គ គឺនាង​មិន​បាន​ប្រសូត​ដោយរួមបវេណីជាមួយបុរសណាម្នាក់ឡើយ តែដោយ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​យាងមកសណ្ឋិត​លើ​នាង​វិ​ញ។ ក្នុង​ឋានៈនាងម៉ារីជានាង​អេវ៉ាថ្មី នាងជឿ​ទេវទូត​របស់​ព្រះ​ជាម្ចាស់ មិនជឿសត្វពស់ពីបុរាណទេ គឺនាង​មាន​ជំនឿ​ដោយគ្មានមន្ទិល​សង្ស័យអ្វី​ឡើយ។ នាង​ប្រសូត​បុត្រ​ ហើយព្រះ​ជាម្ចាស់តែងតាំង​បុត្រ​នោះ​ឱ្យ​ទៅ​ជា​រៀមច្បង​ក្នុងបណ្តាបងប្អូនជាច្រើន (រម ៨,២៩) ពោលគឺ ក្នុង​ចំណោម​គ្រីស្តបរិស័​ទ​ទាំង​ប៉ុន្មាន។ ដូច្នេះ នាង​រួម​សហការធ្វើឱ្យគ្រីស្តបរិស័ទទាំងនោះកើតឡើង និង​ជួយ​អប់រំ​គេដោយ​ស្រឡាញ់គេ​ក្នុង​ឋានៈជាម្តាយ។

៦៤- ពេលព្រះសហគមន៍នឹកសញ្ជឹងស្មឹងស្មាធិ៍

អំពីព្រះនាងព្រហ្មចារិនីម៉ារីដ៏វិសុទ្ធយ៉ាងអស្ចារ្យ ពេលព្រះ​សហគមន៍​យកតម្រាប់តាមសេចក្តី​ស្រឡាញ់​របស់​នាង ព្រមទាំងយកចិត្តទុកដាក់ធ្វើតាមព្រះ​ហឫទ័យ​របស់​ព្រះ​បិតាដោយចិត្តស្មោះ ពេលនោះ ព្រះសហគមន៍ក៏​ត្រឡប់​ទៅជាមាតាដែរ ព្រោះព្រះសហគមន៍​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ ទាំងផ្ញើជីវិតលើព្រះអង្គ។ ពេល​ព្រះសហគមន៍ប្រកាសដំណឹងល្អ និងធ្វើ​អគ្គសញ្ញា​ជ្រមុជ​ទឹកជូនគេ ព្រះសហគមន៍​ក៏បង្កើត​កូន​ដែល​ចាប់​ផ្ទៃ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយដែល​កើត​ពីព្រះ​ជាម្ចាស់ ដើម្បីឱ្យមាន​ជីវិត​ថ្មី​ជា​ជីវិតអមតៈ។ ដូច្នេះ ព្រះ​សហគមន៍​ក៏ជាព្រហ្មចារិនីដែរ ដោយ​ព្រះ​​សហគមន៍​ផ្ញើជីវិតលើ​ព្រះ​គ្រីស្តជាព្រះស្វាមី ហើយក៏​កាន់ជំនឿ​នេះដោយ​ចិត្ត​ស្មោះ​ត្រង់បរិសុទ្ធ​ដែរ។ ព្រះ​សហគមន៍​យក​តម្រាប់​ធ្វើតាមព្រះ​មាតាព្រះអម្ចាស់​របស់ខ្លួន​ហើយ​រក្សា​ទុក​ជំនឿពិតប្រាកដ រក្សា​ទុក​សេចក្តីសង្ឃឹមយ៉ាងមាំមួន និងសេចក្តីស្រឡាញ់​យ៉ាងស្មោះ តាម​របៀបបរិសុទ្ធដូច​ស្រ្តី​ព្រហ្មចារិនីម្នាក់ ដោយ​អានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធជួយឧបត្ថម្ភផង។

៦៥- ព្រហ្មវិហារធម៌របស់នាងម៉ារីជាគំរូឱ្យព្រះសហគមន៍ប្រតិបត្តិតាម

ព្រះសហគមន៍បានពេញលក្ខណៈរួចហើយ គឺឥត​ស្លាកស្នាមឥត​ជ្រីវ​ជ្រួញ​ឡើយ (អភ ៥,២៧) ក្នុង​រូប​ព្រះ​នាង​ព្រហ្មចារិនីម៉ារីជាតំណាងបានពេញលក្ខណៈ ក៏​ប៉ុន្តែ គ្រីស្តបរិស័ទ​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​កាន់​តែ​វិសុទ្ធ​ឡើងៗ ដោយ​ឈ្នះ​អំពើ​បាប។ ហេតុនេះ ហើយ បានជាគ្រីស្តបរិស័ទតែង​សម្លឹង​មើល​នាង​ម៉ារី​ជាគំរូ ព្រោះ​នាង​កាន់​ព្រហ្មវិហារធម៌ដែលចាំង​លើ​សហគមន៍​របស់អស់​អ្នកដែល​ព្រះ​ជាម្ចាស់បាន​ជ្រើស​រើស។ ព្រះសហគមន៍​នឹក​គោរព​នាងម៉ារី ទាំងស្មឹង​ស្មាធិ៍​អំពីព្រះបន្ទូលដែលប្រសូត​ជាមនុស្ស ទើប​ព្រះសហគមន៍​យល់កាន់​តែ​ច្បាស់​ឡើងៗ​នូវ​គម្រោងការ​ដ៏​អស្ចារ្យ​បំផុតរបស់ព្រះជាម្ចាស់ដែលប្រសូត​ជា​មនុស្ស។ ព្រះសហគមន៍ក៏​កាន់​តែ​ដូច​ព្រះ​ស្វាមី​ដែរ។ ដោយ​នាង​ម៉ារីនៅ​ជាប់​យ៉ាងជិ​តដិតនឹង​ប្រវត្តិសាស្រ្ត​នៃ​ការសង្គ្រោះ នាងប្រមូល និងចាំងក្នុងរូបនាងនូវ​កិច្ចការ​ដ៏​ប្រសើរបំផុត ដែល​មនុស្សត្រូវ​ប្រព្រឹ​ត្តដោយ​អនុវត្ត​តាមជំនឿ។ ពេល​ព្រះសហគមន៍​ពន្យល់​អំពី​ព្រះ​នាង​ម៉ារី និង​គោរព​នាង នាងអញ្ជើញ​គ្រីស្តបរិស័ទ​ឱ្យ​មានចិត្តស្មោះ​នឹង​ព្រះ​បុត្រាដែល​បូជា​ព្រះ​ជន្ម ព្រម​​ទាំង​ឱ្យ​មាន​ចិត្ត​ស្រឡាញ់​ព្រះបិតាដែរ។ រីឯព្រះ​សហគមន៍វិញ ព្រះសហ គមន៍ស្វែងរក​សិរីរុង​រឿង​របស់ព្រះគ្រីស្ត និងខិត​ខំ​ប្រតិបត្តិ​តាម​ព្រះហឫទ័យព្រះ​ជាម្ចាស់​ក្នុងគ្រប់កិច្ចការទាំងអស់ ក៏កាន់​តែដូច​ព្រះ​យេស៊ូជាគំរូដ៏​ប្រសើរ​របស់ខ្លួន គឺ​មា​ន​ជំនឿ មាន​សេចក្តី​សង្ឃឹម និងមានសេចក្តីស្រឡាញ់​កាន់តែរឹង​ប៉ឹង​ឡើងដែរ។ ហេតុនេះហើយ បាន​ជានៅ​ពេល​ព្រះ​សហគមន៍​បំពេ​ញកិច្ចការជាគ្រីស្តទូត ព្រះសហគមន៍​សម្លឹង​មើល​យ៉ាង​ត្រឹម​ត្រូវ​ទៅកាន់នាង​ម៉ារីដែល​បាន​ប្រសូត​ព្រះ​គ្រីស្ត គឺ​ព្រះអង្គដែលចាប់កក្នុងផ្ទៃព្រះនាង​ដោយ​សារ​ព្រះ​វិញ្ញាណដ៏​វិសុទ្ធ និងដែល​បាន​ប្រសូត​ពី​នាង​ព្រហ្មចារិនី។ ព្រះអង្គក៏ប្រសូត​ និង​ចម្រើន​ឡើងក្នុងចិត្ត​គ្រីស្តបរិស័ទដោយសារព្រះសហគមន៍ដែរ។ អស់​អ្នក​ដែល​រួម​សហការ​ក្នុងបេសកកម្មជាគ្រី​ស្តទូត​ រប​ស់ព្រះសហគមន៍ខិតខំធ្វើឱ្យមនុស្ស​លោក​កើត​ជាថ្មី។ ពេល​ព្រះ​នាង​ព្រហ្មចារិនី​ម៉ារី​រស់​នៅ នាងធ្វើ​ជា​គំរូអំពី​សេចក្តី​ស្រឡាញ់ចំពោះកូនយ៉ាងណា អ្នកទាំង​នោះ​ក៏​ត្រូវ​យក​នាងធ្វើ​ជា​គំរូ គឺត្រូវ​មាន​ចិត្ត​ស្រឡាញ់​ដូច​ម្តាយ​ចំពោះកូនយ៉ាងនោះ​ដែរ។

ឃ. ការគោព​ប្រណិប័តន៍ព្រះនាងព្រហ្មចារិនីម៉ារីក្នុងព្រះសហគមន៍

៦៦- លក្ខណៈ និងគ្រឹះនៃការគោរពប្រណិប័តន៍ព្រះនាងព្រហ្មចារិនីម៉ារី

ព្រះជាម្ចាស់ប្រណីសន្តោសលើកនាងម៉ារី ឱ្យទាបជាងព្រះបុត្រាព្រះអង្គ តែឱ្យបានខ្ពស់ជាងអស់​ទេវទូត​ និង​មនុស្ស​ទាំងឡាយ ព្រោះនាងជាព្រះមាតាដ៏វិសុទ្ធបំផុតនៃព្រះអម្ចាស់ និងស្ថិតនៅ​ជាមួយព្រះ​គ្រីស្ត​នៅពេល​ព្រះ​អង្គ​ប្រព្រឹត្តព្រះរាជកិច្ចដ៏អស្ចារ្យ។ ដូច្នេះ ព្រះសហគមន៍គោរព​ប្រណិប័តន៍​ព្រះនាង​ម៉ារី​យ៉ាង​ពិសេស​ពិតជា​ត្រឹម​ត្រូវ​ហើយ។ ហេតុនេះហើយ បានជាតាំងពីយូរសតវ​ត្ស​រ៍មក គ្រីស្តបរិស័ទ​តែងតែ​គោរព​ព្រះ​នាង​ព្រហ្មចារិនីម៉ារី​ដោយ​ថ្វាយព្រះនាមថា “​ព្រះមាតារបស់​ព្រះអម្ចាស់”។ គ្រីស្តបរិស័ទក៏​តែង​ជ្រក​កោន​ក្រោម​ម្លប់ព្រះនាង សូម​នាង​ជួយ​ការពារ អង្វរនាងក្នុងគ្រោះ​កាចនា​នា និង​តាម​សេចក្តីត្រូវការ​របស់គេ ជា​ពិសេស តាំងពី​មហា​សន្និបាត​អេភេសូមក ប្រជារាស្រ្ត​របស់ព្រះជាម្ចាស់នាំគ្នាគោរព​បម្រើនាង​ម៉ារី​យ៉ាង​អស្ចារ្យ​កាន់តែខ្លាំងឡើងៗ ទាំងគោរព ទាំង​ស្រឡាញ់ដោយអង្វរ និង​យកតម្រាប់​ធ្វើតាម​នាង។ គ្រីស្តបរិស័ទ​ធ្វើ​ឱ្យប្រសាសន៍របស់នាង​ដែលបានថ្លែងជា​មុនកើត​ជា​រូបរាងហើយ គឺថា «មនុស្សគ្រប់​ជំនាន់​នឹងពោលថា ​ខ្ញុំជាអ្នកមានសុភមង្គលមែន ដ្បិតព្រះ​ដ៏មាន​ឫទ្ធានុភាព​បាន​សម្តែង​ការ​ប្រសើរអស្ចារ្យ​ចំពោះខ្ញុំ» (លក ១,​៤៨)។ ព្រះសហគមន៍តែងគោរពបម្រើ​នាង​ម៉ារី​តាំង​ពី​ដើមរៀងមក តែការគោរពបម្រើ​នេះ​មាន​លក្ខណៈ​ពិសេសអស្ចារ្យម្យ៉ាង គឺមាន​លក្ខណៈ​ប្លែក​ទាំង​ស្រុង​ពី​ការ​នមស្ការ​ក្រាប​ប្រណិប័តន៍​ព្រះ​បន្ទូល​ដែល​ប្រសូត​ជាមនុស្ស និងពីការ​នមស្ការថ្វាយ​បង្គំ​ក្រាប​ប្រណិប័តន៍ព្រះបិតា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ផង។ ការគោរពនាងម៉ារីជួយគាំទ្រ​ការនមស្ការថ្វាយ​បង្គំ​ព្រះ​បិតា ព្រះបុត្រា ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យ៉ាង​ខ្លាំង​បំផុត។ ព្រះ​សហគមន៍យល់ស្របទទួលស្គាល់ពិធី និង​របៀបគោរព​ប្រណិប័តន៍​ផ្សេងៗចំពោះ​ព្រះ​មាតា​របស់ព្រះ​អម្ចាស់ស្រប​តាមកន្លែង និងតាមសម័យ ស្រប​តាម​លក្ខណៈ​សម្បត្តិ ​និងទេពកោសល្យរបស់​ក្រុម​គ្រីស្តបរិស័ទ​ផ្សេងៗ។ ប៉ុនែ្ត​ ព្រះសហគមន៍យល់ស្រប​ឱ្យ​គេគោរព​ព្រះមាតានេះ តាមកម្រិត​មិនឱ្យខុស​ពីលទ្ធិនៃ​ជំនឿ​ដ៏​ពិត​ប្រាកដដោយ​យល់​ឃើញថា ការ​គោ​រព​ព្រះ​មាតានាំឱ្យគ្រីស្ត​បរិស័ទ​ស្គាល់ព្រះ​បុត្រា​ដូច​គេត្រូវស្គាល់ ស្រឡាញ់​ព្រះបុត្រា និង​លើក​តម្កើង​សិរី​រុង​រឿង​របស់ព្រះបុត្រា ហើយក៏ស្តាប់តាម​ព្រះ​បញ្ជា​របស់ព្រះអង្គផង។ ព្រះបិតា​ដែលមាន​ព្រះជន្ម​គង់​នៅអស់​កល្ប​ជានិច្ច បាន​ប្រតិ​ស្ឋាន​អ្វីៗ​សព្វ​សារពើ​សម្រាប់​ព្រះបុត្រា (កូឡ ១,១៥-១៦) ហើយ​ទ្រង់សព្វ​ព្រះ​ហឫទ័យ​ឱ្យ​គ្រប់​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ ស្ថិតនៅ​ក្នុង​ព្រះបុត្រានោះដែរ (កូឡ ១,១៩)។

៦៧- ដំបូន្មានសម្រាប់ពិធីអត្ថាធិប្បាយព្រះគម្ពីរ និងអំពីការគោរពបម្រើព្រះនាងព្រហ្មចារិនីម៉ារី

មហាសន្និបាតដ៏វិសុទ្ធបង្រៀនលទ្ធិកាតូលិកនេះឱ្យគ្រីស្តបរិស័ទជឿជាក់ច្បាស់។ នៅពេលជាមួយ​គ្នានេះ មហា​សន្និបាតក៏ដាស់តឿន​គ្រីស្តបរិស័ទទាំងអស់ ឱ្យចូលរួមក្នុងការគោរពព្រះនាង​ម៉ារីដោយ​ចិត្ត​ទូលាយ ជាពិសេស ​ឱ្យចូលរួមក្នុងពិធីនានា ឱ្យយកចិត្តទុកដាក់​ជាខ្លាំងនឹងពិធីជាប្រជាប្រិយ និង​របៀប​គោរព​ព្រះនាង តាម​ការ​បង្រៀន​ព្រះសហគមន៍បានគាំទ្រឱ្យធ្វើជា​យូរអង្វែង​មក។ ម​ហាសន្និ បាត​ក៏​ទូន្មាន​ផ្តាំគ្រីស្តបរិស័ទ​ឱ្យ​កាន់​វិន័យ​ទាំងប៉ុន្មាន ដែល​ព្រះសហគមន៍បានបញ្ចេញកាលពីសម័យមុនៗ ស្តីអំពី​ការគោរពរូបព្រះគ្រីស្ត រូបនាងម៉ារី និង​រូប​សន្តបុគ្គល។ មហាសន្និបាតដាស់តឿនទេវវិទូ និងអស់អ្នក​ប្រកាស​ព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងខ្លាំងថា នៅ​ពេល​និយាយ​អំពី​កិត្តិយស​ដ៏ថ្លៃថ្នូរ​តែមួយគត់ ​និងប្លែកពីគេ​នៃព្រះមាតារបស់ព្រះ​អម្ចាស់ សូម​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន​គឺ សូម​ជៀស​វាង​ម៉្យាងកុំឱ្យ​និយាយ​​បំផ្លើស និងម៉្យាងទៀតកុំឱ្យមាន​គំនិតចង្អៀតចង្អល់ហួសពេក។ សូម​សិក្សា​ព្រះ​គម្ពីរ សិក្សា​សេចក្តី​បង្រៀន​​របស់គ្រូបាធ្យាយដ៏វិសុទ្ធ និងបណ្ឌិត​នៃព្រះសហគមន៍ ព្រមទាំង​សិក្សា​ក្បួន​ពិធី​នា​នា ក្រោមការណែនាំនៃក្រុម​បង្រៀន​របស់​ព្រះសហគមន៍។ ការសិក្សានេះមុខជានឹងបង្ហាញឱ្យយល់យ៉ាង​ត្រឹម​ត្រូវ​ និងយ៉ាងច្បាស់នូវតួនាទី និងឯកសិទ្ធិ​របស់​ព្រះនាងព្រហ្មចា រិនីម៉ារី គឺតួនាទី និងឯកសិទ្ធិ​ទាំងនោះ​តម្រង់​អ្នក​ជឿ​ទៅ​កាន់ព្រះគ្រីស្តជានិច្ច គឺព្រះ​អង្គ​ជា​ប្រ​ភព​នៃ​សេចក្តី​ពិតដ៏ពេញ​លេញ ហើយក៏ជាប្រភពផ្តល់​ឱ្យ​គ្រីស្ត​បរិស័ទ​បាន​វិសុទ្ធ និងចេះនមស្ការថ្វាយបង្គំក្រាបប្រណិប័តន៍ព្រះ​បិតា។ សូម​អស់​លោក​ប្រុង​ប្រយ័ត្ន​ជា​ខ្លាំងកុំ​មាន​ប្រសាសន៍ ឬធ្វើ​កាយ​វិការណាមួយដែលអាច​នាំឱ្យបងប្អូន​ដែលបែកចេញពី​ព្រះ​សហគមន៍​កាតូលិក​យើង ឬ​នរណា​ក៏ដោយ​យល់​ច្រឡំ និងវង្វេងអំពី​លទ្ធិនៃជំនឿ​ដ៏ពិត​ប្រាកដ​របស់​ព្រះ​សហគមន៍។ សូម​គ្រីស្តបរិស័ទ​នឹក​ចង​ចាំ​ថា ការគោរព​ប្រណិប័តន៍​នាងម៉ារីយ៉ាងពិតប្រាកដ មិន​អាស្រ័យ​លើ​ការ​រំភើប​ចិត្ត​ដ៏ឥតបានផល ​និងមិន​ទៀង​ទាត់​នោះ​ទេ ហើយក៏​មិន​អាស្រ័យលើការឆាប់ជឿ​គេផ្តេស​ផ្តាសដែរ។ ការ​គោរព​ប្រណិប័តន៍​នាង​ម៉ារី​យ៉ាង​ពិត​ប្រាកដ គឺហូរមក​ពី​ជំនឿ​ដ៏​ពិត​ប្រាកដ និងនាំ​ឱ្យ​ស្គាល់កិត្តិយស​ដ៏​ថ្លៃ​ថ្នូរ​អស្ចារ្យ​នៃ​ព្រះ​មាតា​របស់ព្រះអម្ចាស់។ ការ​គោរព​ប្រណិប័តន៍​យ៉ាង​ពិតប្រាកដក៏​ជំរុញ​ឱ្យស្រឡាញ់​ព្រះ​មាតានេះ ដូចកូនចៅស្រឡាញ់​ម្តាយ និង ឱ្យយក​តម្រាប់​តាម​ព្រហ្មវិហារធម៌​របស់​ព្រះ​នាង​ទៅទៀតផង។

ង. នាងម៉ារីជាសញ្ញាសម្គាល់អំពីសេចក្តីសង្ឃឹមយ៉ាងនឹងន និងជាសញ្ញាលួងលោមប្រជារាស្ត្ររបស់ព្រះជាម្ចាស់

៦៨- ព្រះមាតារបស់ព្រះយេស៊ូ

ទទួលសិរីរុងរឿងទាំងរូបកាយ ទាំងវិញ្ញាណនៅស្ថានបរមសុខ​រួច​ហើយ​យ៉ាងណា ព្រះនាងក៏ជាតំណាង​របស់​ព្រះសហគមន៍​នៅ​លើ ផែដីនេះ និងធ្វើឱ្យព្រះ​សហគមន៍នៃ​លោក​ខាង​មុខចាប់ផ្តើម​កើត​ជា​រូប​រាង​ហើយ​យ៉ាង​នោះ​ដែរ។ ទម្រាំដល់ថ្ងៃព្រះអម្ចាស់យាង​មក (២សល ៣,១០) ទុកនាង​បញ្ចាំងសញ្ញាសម្គាល់​អំពី​សេចក្តី​សង្ឃឹម​យ៉ាង​នឹងនរ និងជាសញ្ញាលួងលោមនៅមុខ​ប្រជារាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់កំពុង​ធ្វើបូជនីយេសក៍​នៅលើ​ផែន​ដី។

៦៩- មហាសន្និបាតដ៏វិសុទ្ធមានអំណរសប្បាយជាខ្លាំង និងធូរចិត្ត

ដោយយល់ឃើញថា សូម្បីក្នុង​ចំណោម​បងប្អូន​គ្រីស្ត​បរិស័ទដែល​បែកចេញពីព្រះសហគមន៍​កាតូលិក​យើង​ក្តី ក៏មានបងប្អូនមួយចំនួន​តែងតែ​គោរព​ព្រះ​មាតា​នៃ​ព្រះ​អម្ចា​ស់​ជាព្រះ​សង្គ្រោះ ជា​ពិសេស​ បងប្អូន​ខាង​បូព៌ា​ប្រទេសស្ទុះឡើងដោយ​ចិត្ត​ស្រឡាញ់ និង​ដោយ​ចិត្ត​ស្មោះ​រួម​គ្នា​ទៅ​គោរព​បម្រើ​ព្រះមាតានៃព្រះ​អម្ចាស់ ជាព្រហ្មចារិនី​ជា​ដរាប។ សូម​គ្រីស្តបរិស័ទ​ទាំង​អស់​ទទូចអង្វរ​ព្រះមាតា​របស់ព្រះ​អម្ចាស់ និងមាតា​របស់​មនុស្ស​លោក។ ដូច​កាល​ពី​ដើម​ព្រះ​នាងរួមជា​មួយ​ព្រះ​សហគមន៍​ដែលទើបកើតមក និងជួយអង្វរ​ព្រះ​ជាម្ចាស់​យ៉ាងណា ឥឡូវ​នេះ ដោយ​​ព្រះជាម្ចាស់បាន​លើក​តម្កើងព្រះនាងលើសសន្តបុគ្គល និង​លើស​ទេវទូត​ទាំង​ឡាយ ​ហើយព្រះ​នាង​ក៏នៅ តែជួយអង្វរ​ព្រះបុត្រា​ត​ទៅ​ទៀត ទាំងរួប​រួម​នឹង​សន្តបុគ្គលទាំងឡាយ​យ៉ាង​នោះដែរ។ ព្រះនាង​ជួយ​អង្វរ​រហូត​ដល់ពេល​គ្រួសារ​នៃប្រជា​ជាតិ​នានា ទោះបីគេមាន​ឈ្មោះដ៏ល្អ​ប្រសើរជា​គ្រីស្តបរិស័ទក្តី ឬមិន​ទាន់​ស្គាល់​ព្រះ​សង្គ្រោះរ​បស់​គេក្តី បានរួបរួមគ្នា​យ៉ាង​សប្បាយរីក រាយដោយ​សន្តិភាព និងដោយ​សេចក្តី​សុខ​សាន្ត​ជាស្ថាពរក្នុង​ប្រជារាស្រ្ត​តែមួយ​របស់​ព្រះជាម្ចាស់ ដើម្បី​លើក​តម្កើងសិរីរុងរឿងនៃ​ព្រះ ត្រៃឯក​ដ៏វិសុទ្ធ​បំផុត ដែលមិនអាច​បំបែក​បាន​ឡើយ។

អស់​លោក​អភិបាល​ដែល​ចូល​រួម​ក្នុង​មហា​សន្និបាត ពេញ​ចិត្ត​នឹង​ធម្មនុញ្ញគោលលទ្ធិ​ទាំង​មូលខាងលើ​នេះ​ ព្រម​​ទាំង​​គោល​ការណ៍នីមួយៗ​នៃធម្មនុញ្ញគោលលទ្ធិនេះ​ផងដែរ។ រីឯ​យើង​វិញ គឺ​ស្រប​តាម​អំណាចជា​គ្រីស្ត​ទូត​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យរួម​ជា​មួយ​អស់​លោក​អភិបាល ដោយ​មាន​ព្រះ​វិញ្ញាណ​ចូល​រួម​ជា​មួយ​ផង​នោះ យើង​ក៏​យល់​ព្រម​សម្រេច​ថា នឹង​ចេញ​ជា​ក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្ត​សិលា ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ១៩៦៤
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូលិក។
(ហត្ថ​លេខា​របស់​លោក​អភិបាល)

389 Views

Theme: Overlay by Kaira