ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

ក្នុងចំណោមការអស្ចារ្យ
INTER MIRIFICA

ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់​លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះដើម្បីឱ្យគេនឹក​ចងចាំ​រហូតតរៀងទៅ។

ក្រឹត្យក្រម
អំពី​សារទូរគមនាគមន៍ក្នុងសង្គម

១- អត្ថន័យពាក្យ​​​

មនុស្សប្រកបដោយប្រាជ្ញាដ៏ប៉ិនប្រសប់ បានរកឃើញ​បចេ្ចកទេសដ៏អស្ចារ្យវិសេសវិសាល ដោយពិនិត្យមើល​​​ពី​ពិភពលោកដែលព្រះជាម្ចាស់ប្រតិស្ឋានមក ជាពិសេស នៅសម័យ​យើង​នេះ ដោយព្រះអង្គ​ជួយ​ឧបត្ថម្ភផង។ ក្នុងចំណោមការអស្ចារ្យទាំងប៉ុន្មានដែលមនុស្សបានរកឃើញនោះ ព្រះសហគមន៍ទទួលស្គាល់ និងតាមមើល​យ៉ាង​​​ពិសេស​​​នូវការណ៍ទាំងឡាយដែល​​​​ពាក់ព័ន្ធនឹងគុណសម្បត្តិ​​​ខាងវិញ្ញាណរបស់​មនុស្ស។ ការដែលគេរកឃើញ​ទាំង​នោះ​ផ្តល់​ឱ្យមនុស្ស​​​មាន​សមត្ថភាព​កាន់តែ​​​ទូលំទូលាយ អាចផ្សព្វផ្សាយដំណឹងគ្រប់យ៉ាង ផ្សព្វផ្សាយគំនិត និង​​​យោបល់​​​ផ្សេងៗ ព្រម​ទាំង​សេចក្តីណែនាំកាន់តែ​​​ស្រួល​​​​​​ឡើងៗ ព្រះសហគមន៍យក​ចិត្តទុក​ដាក់​ជាទីបំផុតនឹង​ការ​អស្ចារ្យដែល​​​មនុស្សរក​ឃើញ​ទាំង​​​នោះ ដូចម្តាយយកចិត្តទុកដាក់នឹងកូនដូច្នោះដែរ។ ក្នុងចំណោម​បចេ្ចកទេស​ដែល​​មនុស្សរក​ឃើញ​​​​ទាំងនោះ យើងត្រូវកត់សម្គាល់យ៉ាងពិសេសនូវមធ្យោបាយ​ ដែលមាន​លក្ខណៈជួយឱ្យមានទំនាក់ទំនង​​​ជាមួយ​មនុស្ស​​​​ទាំងអស់​​​។ បចេ្ចកទេស​ទាំងនោះមានឥទ្ធិពលមិនត្រឹម​តែលើបុគ្គលម្នាក់ៗ​ប៉ុណ្ណោះ​ទេ តែ​មានឥទ្ធិពលលើ​​​មនុស្ស​​​ទាំងក្រុមៗ​ រហូតមានឥទ្ធិពលដល់​មនុស្ស​ជាតិទាំងមូលថែមទៀត​ផង។ ក្នុងចំណោមបចេ្ចកទេសទាំងនោះ ​​​មានការសែត​ផ្សព្វ​ផ្សាយពត៌មាន មានខ្សែភាពយន្ត វិទ្យុ ទូរទស្សន៍ និង​បចេ្ចកទេស​ដទៃទៀតដែលមានលក្ខណៈ​ដូច​គ្នា។ ហេតុនេះហើយ បានជាយើងអាចហៅ​បចេ្ចកទេស​ទាំងនោះយ៉ាងត្រឹមត្រូវថា «មធ្យោបាយសារទូរគមនាគមន៍​​​ក្នុង​​​សង្គម»

២- ហេតុអ្វីមហាសន្និបាតយកចិត្តទុកដាក់អំពីបញ្ហានេះ?

ព្រះសហគមន៍ជាមាតារបស់យើងដឹងច្បាស់ថា ប្រសិនបើមនុស្សប្រើឧបករណ៍ទាំងនោះយ៉ាងត្រឹមត្រូវ​​​ គ្រឿង​​​​​​​​​ឧបករណ៍ទាំងនោះអាច​ជួយ​បម្រើ​មនុស្ស​ជាតិយ៉ាងខ្លាំងក្លា គឺជួយឱ្យ​​​មនុស្សលំហែកាយ ហើយ​​​ជួយឱ្យ​​​វប្បធម៌​​​ និងប្រាជ្ញាញាណរបស់ខ្លួនចម្រើនឡើង ព្រម​ទាំងលាតសន្ធឹងអំណាចរបស់ព្រះ​ជាម្ចាស់ ​ដែល​​​​​​គ្រង​​​​​​រាជ្យ​​​លើ​​​មនុស្ស​​​លោកឱ្យកាន់តែរឹង​ប៉ឹងឡើងៗ​។ ប៉ុន្តែ ព្រះសហគមន៍ក៏ដឹង​ទៀត​​ថា មនុស្សអាចប្រើឧបករណ៍​ទាំងនោះប្រឆាំង​​​នឹង​​​​គម្រោងការរបស់ព្រះអាទិករបានដែរ ហើយ​នាំមនុស្សលោកទៅរកអន្តរាយ​ទៀតផង។ ព្រះ​​​សហគមន៍​ក្នុង​ឋានៈ​​​ជា​​​មាតាព្រួយបារម្ភ​ដោយ​ឃើញថា មធ្យោបាយសារទូរគមនាគមន៍ក្នុងសង្គមបណ្តាល​​​ឱ្យ​​​មនុស្ស​​​​ជាតិ​បង់ខាត​​​ប្រយោជន៍របស់ខ្លួនជាញឹករួចហើយ មកពីគេប្រើប្រាស់ឧបករណ៍​ទាំងនោះបែបមិន​ត្រឹមត្រូវ។

ហេតុនេះហើយ បានជាមហាសន្និបាតសកលរួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូមតៗមក និង​ជា​មួយ​អភិបាលនានាដែលខ្វល់ ខ្វាយ​ និងគិតគូ​រអំពីបញ្ហាដ៏ធ្ងន់ធ្ងរ​នេះយល់ឃើញថា ខ្លួនមាន​​​ភារកិច្ច​​​រិះគិតអំពីបញ្ហា​​​សំខាន់ៗ​​​ជាងគេ​​​ ដែលចោទឡើងអំពី​មធ្យោបាយ​​​សារទូរគមនាគមន៍ក្នុងសង្គម។ មហាសន្និបាត​​​ក៏សង្ឃឹមទៀតថា លទ្ធិ​ និង​​​ក្បួន​​​វិន័យដែល​ខ្លួន​ផ្តល់ជូននេះមុខជានឹងមានប្រយោជន៍ មិនគ្រាន់តែសម្រាប់សង្រ្គោះ​គ្រីស្តបរិស័ទ​ប៉ុណ្ណោះទេ តែ​​​មាន​​​​ប្រយោជន៍សម្រាប់ឱ្យមនុស្សជាតិទាំងមូលចម្រើន​ឡើងទៀតដែរ។

ជំពូក ១
លទ្ធិនៃព្រះសហគមន៍

៣- បន្ទុករបស់ព្រះសហគមន៍

ព្រះគ្រីស្តជាព្រះអម្ចាស់នៃយើងបានតែងតាំងព្រះសហគមន៍ ដើម្បីនាំការ​សង្រ្គោះដល់មនុស្សទាំង​អស់។ ហេតុ​​​នេះហើយ បានជាព្រះសហគមន៍យល់ឃើញ​ថា ខ្លួនមានភារកិច្ចប្រកាសដំណឹងល្អ។ ព្រះសហគមន៍កាតូលិក​ក៏យល់ឃើញទៀតថា ខ្លួនមានភារកិច្ចប្រើឧបករណ៍នាំសារក្នុងសង្គម ដើម្បី​​ប្រកាស​សារអំពីការសង្គ្រោះ​​​ដែរ។ ម៉្យាងទៀត ព្រះសហគមន៍ក៏មានភារកិច្ចបង្រៀនមនុស្សឱ្យ​ចេះប្រើប្រាស់​ឧបករណ៍​ទាំងនោះ​​​យ៉ាង​​​ល្អ​​​ត្រឹម​​​ត្រូវ​​​ដែរ​​​។

ហេតុនេះ តាំងពីកំណើតមក ព្រះសហគមន៍មានសិទ្ធិកាន់កាប់ ហើយប្រើប្រាស់មធ្យោបាយ​ទាំង​នោះដោយមិន​​​ចោល​​​មធ្យោបាយណាមួយឡើយតាមតែខ្លួនត្រូវការ ឬតាមតែមធ្យោបាយ​ទាំង​នោះ​​​មាន​ប្រយោជន៍​សម្រាប់​​​អប់រំ​​​គ្រីស្តបរិស័ទ និង​​​សម្រាប់​​​កិច្ចការណែនាំឯទៀតៗផង។ អស់លោកអភិបាល​មាន​ភារកិច្ច​​បង្រៀន និងណែនាំ​​​គ្រីស្តបរិស័ទ​​​ឱ្យប្រើមធ្យោបាយ​​​សារទូរគមនាគមន៍ទាំងនោះសម្រាប់សង្គ្រោះខ្លួនគេ ​និងសង្គ្រោះមនុស្សជាតិទាំងមូល ហើយឱ្យគេ និងមនុស្សជាតិបានពេញលក្ខណៈទៀតដែរ។

លើសពីនេះទៅទៀត គ្រីស្តបរិស័ទធម្មតាទាំងឡាយមានភារកិច្ចប្រើមធ្យោបាយ​​​ទាំងនោះស្របតាម​​​តម្លៃ​​​ដ៏​​​ថ្លៃថ្លូររបស់គ្រីស្តសាសនា និងស្របតាមលក្ខណៈរបស់មនុស្ស។ ដូច្នេះ មធ្យោបាយទាំង​​​នោះ​​​អាចតប​​​ឆ្លើយ​​​នឹង​​​សេចក្តី​​​ប៉ងប្រាថ្នាដ៏ខ្លាំងក្លារបស់មនុស្សជាតិ និងស្របតាមគម្រោងការរបស់ព្រះជាម្ចាស់ដែរ។

៤- វិន័យ និងសីលធម៌

អស់អ្នកដែលប្រើប្រាស់មធ្យោបាយសារទូរគមនាគមន៍ក្នុងសង្គមត្រូវតែស្គាល់គោលការណ៍នៃសីលធម៌ និងអនុវត្តតាមយ៉ាងស្មោះត្រង់ជាចាំបាច់ ដើម្បីឱ្យគេអាចប្រើប្រាស់​មធ្យោបាយ​ទាំងនោះ​យ៉ាង​ត្រឹម​ត្រូវ។ មុនដំបូង គេ​​​​​​​​​ពិតជាត្រូវយកចិត្តទុកដាក់នឹង​កម្មវត្ថុ គឺពី សេចក្តីដែលគេផ្សព្វផ្សាយនោះ ស្រប​តាមលក្ខណៈ​ផ្ទាល់​​​នៃ​​​ឧបករណ៍​​​នីមួយៗ។ គេក៏ត្រូវយកចិត្តទុកដាក់នឹងបរិបទនៃការ​ផ្សព្វ​ផ្សាយ​ទៀតដែរ ឧបមា​​​ ត្រូវគិតអំពីគោលដៅ ​​​អំពីអ្នក​​​ដែលទទួល ឬស្តាប់ពត៌មាន អំពីទីកន្លែង អំពីពេលវេលា។ល។ បរិបទនោះ​អាច បណ្តោយឱ្យផ្លាស់ប្តូរ ឬឱ្យ​​​ប្រែ​​​សីលធម៌ទាំងស្រុង។ ​យើងត្រូវ​​​កត់សម្គាល់អំពីរបៀបមធ្យោបាយ​នីមួយៗ មានសកម្មភាព គឺថា អំពីកម្លាំងដ៏ខ្លាំងក្លា​​​នៃមធ្យោបាយសារទូរគមនាគមន៍ក្នុងសង្គម ដែលប៉ះលើចិត្តគំនិត​​​អ្នក​​​ស្តាប់។ អ្នកស្តាប់ ជាពិសេស អ្នកដែល​មិន​​សូវ​បាន​ទទួលការអប់រំយ៉ាងសមរម្យជាមុន មិនអាច​ដឹងអំពីឥទ្ធិពលនៃទូរគមនាគមន៍នោះប៉ះទង្គិច ​​គេក៏មិន​​​អាច​ធ្វើ​​​ជា​​​ម្ចាស់​​​លើឥទ្ធិពលនោះបានដែរ ហើយប្រសិនបើត្រូវលះបង់ចោលឥទ្ធិពលនោះ​​​ គេមិនអាចលះ​​​បង់​​​​ចោលបាន​​​ឡើយ។

៥- អស់អ្នកដែលចាប់អារម្មណ៍នឹងមធ្យោបាយសារទូរគមនាគមន៍ក្នុងសង្គមត្រូវតែអប់រំជាចាំបាច់បំផុត​​​ ឱ្យមនសិការ​​​របស់ខ្លួន​​​បានទៀង​​​ត្រង់​ចំពោះការប្រើប្រាស់ឧបករណ៍ទាំងនោះ ជាពិសេស​ ចំពោះបញ្ហាជាច្រើនដែលអ្នក​​​ឯកទេស​​​កំពុងជជែកវែកញែក​​​យ៉ាងខ្លាំង​​​នៅសម័យឥឡូវ។

សិទ្ធិទទួលព័ត៌មាន

បញ្ហាទីមួយ គឺអំពីព័ត៌មាន។ ព័ត៌មានមានន័យថា ការប្រមូល និងផ្សព្វផ្សាយ​ដំណឹងផ្សេងៗ។ សង្គម​ទំនើប​តែង​​​​តែ​ចម្រើនឡើង​ជាលំដាប់ ហើយសមាជិកក្នុងសង្គមក៏មានចំណងទាក់ទង​គ្នា​ទៅវិញ​ទៅមក​​​កាន់តែជិតស្និទ្ធ​​​ឡើងៗ​​​​​ដែរ។​​​ ហេតុនេះ​ ពត៌មានមានប្រយោជន៍យ៉ាងខ្លំាង ហើយយ៉ាងចាំបាច់បំផុត​ទៀត​ផង។ សេចក្តី​​​នេះ​​​​ជាក់​​​ច្បាស់​​​ហើយ។ ​ដោយ​មានគេផ្សព្វផ្សាយដំណឹងជាសាធា រណៈតាមពេលមនុស្ស​ត្រូវការ ពីអំពើដែល​​​មនុស្សបានធ្វើ និង​​​អំពី​​​ព្រឹត្តិការណ៍ដែលកើតឡើង គេផ្តល់ឱ្យមនុស្សម្នាក់ៗស្គាល់អំពើ និងព្រឹត្តិការណ៍​ទាំង​នោះយ៉ាងពេញ​​​លេញ​​​សព្វគ្រប់​​​ជាអចិន្ត្រៃយ៍។​ ដោយស្គាល់ព័ត៌មានបែបនេះ មនុស្សម្នាក់ៗតាមចំណែករៀងៗខ្លួនអាចសហការយ៉ាង​​​ស័ក្ដិ​​​សិទ្ធិ និងកាន់តែស្រួល ធ្វើឱ្យសង្គមទាំង​មូលលូតលាស់ និងចម្រើន​ឡើងបានផង។ ហេតុនេះ ត្រូវ​​​យល់​​ថា សង្គមមនុស្ស​​​មាន​​​សិទ្ធិទទួល​ពត៌មានអំពីប្រធានបទដែលពាក់ព័ន្ធនឹងមនុស្សទាំងអស់ ទោះជាបុគ្គលម្នាក់ៗក្តី ​ ទោះជាសមាជិក​ក្នុង​​​​​​សង្គមមួយក្តី តាមសភាពការណ៍រៀងៗខ្លួន។ ប៉ុន្តែ គេអាចប្រើសិទ្ធិនេះបាន ​លុះត្រាតែ​​​មាន​​​ផ្សព្វ​​​ផ្សាយតែ​​​ព័ត៌មាន​​​ពិត​​​ប្រាកដជានិច្ច និងព័ត៌មានដ៏ពេញលេញសព្វគ្រប់ ទាំងគោរព​យុត្តិធម៌ និង​សេចក្តី​ស្រឡាញ់ទៀតផង។ សូមរក​​​ និង​​​ផ្សព្វផ្សាយព័ត៌មានតាមរបៀបសមរម្យ និងប្រកបដោយ​គុណ​​ធម៌ គឺថា ​ត្រូវគោរពតាមវិន័យ​នៃសីលធម៌​​​យ៉ាង​​​ហ្មត់​​​ចត់​​​ជាចាំបាច់ ហើយក៏ត្រូវគោរពសិទ្ធិនិងកិត្តិយសរបស់បុគ្គលម្នាក់ៗ ​ដ្បិត «ចំណេះ​ចេះដឹង​គ្រប់យ៉ាងមិនមាន​​​ប្រយោជន៍​​​ទាំងអស់ទេ រីឯ​សេចក្ដី​ស្រឡាញ់​រមែង​តែង​តែ​ជួយ​កសាង​វិញ» (១ករ ៨,១)។

៦- សិល្បៈ និងសីលធម៌

បញ្ហាទីពីរ គឺរបៀបសិល្បៈ (គឺការផ្សព្វផ្សាយព័ត៌មានតាមពាក្យ​ដែល​គេនិយមនិយាយទូទៅ)​​​ និង​​​​​​សីល​​​ធម៌​​​ពាក់ព័ន្ធគ្នាទៅវិញទៅមក។ សព្វថ្ងៃ គេតែង​តែជជែកវែកញែកកាន់តែច្រើនឡើងអំពីបញ្ហានេះ មកពី​​​គេកាន់​​​លទ្ធិ​​​​​​ភាន់ច្រឡំ​អំ​​ពី​សីលធម៌​ និងអំពី​សិល្បៈ។ ហេតុនេះហើយ បានជាមហាសន្និបាតប្រកាសថា មនុស្សទាំងអស់​​​ត្រូវ​​​តែ​​​​​​​អនុវត្ត​​​តាមសីលធម៌ដ៏ពិត​ប្រាកដមកពីកំណើត។ ​មានតែ​សីលធម៌បែបនេះទេ ដែលហួសពី​សកម្មភាព​​​គ្រប់យ៉ាង​​​របស់​​​មនុស្ស ហើយដែលធ្វើឲ្យ្រគប់​​​សកម្មភាពទាំង​​​នោះស៊ីចង្វាក់គ្នា ទោះបី​​​សកម្មភាព​​​ទាំងនោះល្អ​​​ប្រសើរ​​​យ៉ាង​​​ណាក៏​​​ដោយ។ ក្នុងចំណោម​សកម្មភាពទាំង​​​នោះ មានសិល្បៈ​ជាដើម។ សីលធម៌បែបនេះក៏​គ្រប់គ្រងមនុស្ស​ទាំង ស្រុងក្នុងឋានៈជាអ្នកទទួលប្រាជ្ញាពីព្រះជាម្ចាស់ ​ដែល​ព្រះអង្គត្រាស់ហៅឱ្យគេមានទិសដៅ​​​ហួសពី​លោកីយ៍​នេះ​​​ទៀត​​​ផង។ ម៉្យាងទៀត ​មនុស្សបានពេញលក្ខណៈ និងបានសុភមង្គល ដោយគោរពតាម​សីលធម៌ទាំងស្រុងនេះ​ដោយចិត្តស្មោះ។​​​

៧- អំពីសេចក្តីអាក្រក់

បញ្ហាទី​បី គឺបញ្ហានិទានរឿង ឬការរៀបរាប់ ឬការសម្តែងសេចក្តីអាក្រក់របស់មនុស្ស​​​ តាម​​​រយៈ​​​សារ​​​ទូរគម​​​នាគមន៍ក្នុងសង្គម ពិតជាអាចជួយណែនាំឱ្យមនុស្សស្គាល់ និង​ចេះវិភាគ​រិះគិតយ៉ាងជ្រៅ​អំពីលក្ខណៈមនុស្ស​​​យើង​​​បាន។​​​ ប្រសិនបើគេចេះប្រើរបៀបសិល្បៈ​យ៉ាងស្វាហាប់ គេបណ្តោយឱ្យរំភើប​ចិត្ត ទើបការរៀបរាប់សេចក្តី​​​អាក្រក់​​​នោះអាចបង្ហាញ​​​ និង​​​លើកតម្កើង​សេក្តីពិត និងអ្វីដ៏ល្អ​ប្រសើរ​​​ឱ្យភ្លឺឡើង​​​យ៉ាង​​​ជាក់​ច្បាស់បាន។ ក៏ប៉ុន្តែ ការ​បង្ហាញសេចក្តីអាក្រក់នោះក៏​អាចបង្ខូចសតិមនុស្សបានដែរ។ ប្រសិនបើយើងចង់ឱ្យសិល្បៈ​មាន​ប្រយោជន៍ដល់​​មនុស្សវិញ ត្រូវ​តែ​អនុវត្តតាមសីលធម៌យ៉ាង​ហ្មត់ចត់ ជាពិសេស ចំពោះប្រធានបទដែលងាយស្រួលបង្ក​បង្កើត​បំណង​អាក្រក់​​​ តាមតណ្ហាដែលយើងមានក្នុងខ្លួន។

៨- មតិសាធារណៈ

មតិសាធារណៈសព្វថ្ងៃមានឥទ្ធិពលយ៉ាងខ្លាំងសម្បើម ទៅលើការរស់នៅរបស់​មនុស្ស​​ម្នាក់ៗ និងទៅលើ​​​ការ​​​រស់នៅជាសាធារណៈរបស់​​ប្រជាពលរដ្ឋទូទៅ ​ទោះបីគេមាន​ឋានៈវណ្ណៈណាក៏ដោយ។ ហេតុនេះហើយ បាន​​​ជាត្រូវឱ្យសមាជិកទាំង​អស់ក្នុងសង្គមបំពេញ​ភារកិច្ចរបស់ខ្លួនអំពី​យុត្តិធម៌ និងអំពី​សេចក្តីពិត​ក្នុង​​​ករណីនេះ​ដែរ។ គេត្រូវប្រើសារ​​​ទូរគម​​​នាគមន៍ក្នុងសង្គម ដើម្បី​សហការបង្កើត មតិសាធារណៈ​​​យ៉ាងល្អត្រឹមត្រូវ​​​ និងផ្សព្វផ្សាយ​​មតិ​​​ទាំង​​​នោះ។

៩- ភារកិច្ចរបស់អ្នកប្រើប្រាស់សារ​​​ទូរគមនាគមន៍ក្នុងសង្គម

អស់អ្នកប្រើប្រាស់សារ​​​ទូរគមនាគមន៍ក្នុងសង្គម គឺអ្នកអានកាសែត អ្នកទស្សនាទូរទស្សន៍ និងអ្នកស្តាប់វិទ្យុទទួលព័ត៌មានទាំងនោះ​តាមជម្រើស​របស់ខ្លួនដោយសេរី ក្នុងចំណោមដំណឹងទាំង​ប៉ុន្មាន​ដែលមាន​​​ផ្សព្វ​​​ផ្សាយ​​​តាម​រយៈ​​​មធ្យោបាយ​​ទាំងនោះ។ ហេតុនេះ អ្នកអានកាសែត អ្នកទស្សនាទូរទស្សន៍ និងអ្នកស្តាប់វិទ្យុ ​​​មាន​​​ភារកិច្ច​​​ពិសេស គឺជម្រើសរបស់គេច្បាស់ជាគាំទ្រ​​​នូវអ្វីៗដែលមានតម្លៃដ៏ពិតប្រាកដតាម​សីលធម៌ តាម​វប្បធម៌ និង​តាម​​​​សិល្បៈ។ គេត្រូវ​​​ជៀសវាងអ្វីៗដែលជាឱកាស ឬជាមូលហេតុ​បណ្តាលឱ្យខ្លួនខូច​ខាតខាងវិញ្ញាណ។ គេជៀស​​​វាង​​​អ្វីៗ​​​ដែល​​​បណ្តាល​​​ឱ្យអ្នក​​​ដទៃវង្វេងពីជំនឿ​ ដោយគេធ្វើគំរូអាក្រក់ដាក់ឱ្យអ្នកទាំងនោះ។ គេក៏​​​មិនត្រូវបង្កើត​​​ឧបសគ្គ​​​ដល់​​​ទូរគម​​​នាគមន៍ល្អ ​និងបែរជា​គាំទ្រទូរគម​​​នាគមន៍អាក្រក់​ទៅ​វិញ។​​​ រឿងនេះតែងកើតឡើងនៅពេលយើង​​​យក​​​ប្រាក់​​​​​​​មក​​​​គាំ​ទ្រអ្នកដែល​ប្រើសារ​​​ទូគម​​​នាគមន៍ក្នុងសង្គម ដោយគិតតែពីចង់បានកម្រៃប៉ុណ្ណោះ​។

អ្នកប្រើប្រាស់សារ​​​ទូគម​​​នាគមន៍ក្នុងសង្គមមិនត្រូវធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្លួនឡើយ គឺត្រូវស្វែង​​​រក​​​​ឱ្យ​​​បានដឹងទាន់ពេលអំពី គោលជំហរនៃអំណាចដែលមានសមត្ថកិច្ច​ក្នុងព្រះ​សហគមន៍អំពីរឿងទាំងនោះ និងអនុវត្ត​​​តាម​​​មនសិការទៀងត្រង់របស់ខ្លួនណែនាំទៀតផង ដើម្បី​ឱ្យ​កិរិយារបស់ខ្លួនបានស្របតាមសីលធម៌។ លើសពីនេះ​​​ទៅ​​​ទៀត គេត្រូវយកចិត្តទុកដាក់អប់រំ​​​មនសិការ​របស់ខ្លួនឱ្យបានភ្លឺថ្លា និងទៀង​ត្រង់ ដោយប្រើជំនួយសម​រម្យតា​​​ម​​​តម្រូវការ ដើម្បី​ងាយស្រួលទប់ទល់នឹងឥទ្ធិពលដែលមិនល្អ ​និងតាមឥទ្ធិពលដ៏ល្អវិញ ​​​​។

១០- ភារកិច្ចរបស់យុវជនយុវនារី និងភារកិច្ចរបស់ឪពុកម្តាយ

អ្នកប្រើប្រាស់សារ​​​ទូគម​​​នាគមន៍ក្នុងសង្គម ជាពិសេស យុវជនយុវនារីត្រូវហ្វឹកហ្វឺន​ហាត់ខ្លួន​ឱ្យចេះប្រមាណ និងប្រើប្រាស់​មធ្យោបាយ​ទាំងនោះដោយអនុវត្តតាមវិន័យ។ ​គេក៏ត្រូវស្វែង​រក​ឱ្យ​យល់អ្វីៗដែលគេឃើញ ស្តាប់ឮ និងអានឱ្យ​កាន់តែ​ច្បាស់ឡើងៗ។ គេត្រូវជជែក វែកញែកជា​មួយ​អ្នកអប់រំរបស់គេ ឬជាមួយអ្នក​ជំនាញ​ការអំពីរឿង​​​ដែល​​​គេបានឃើញ ស្តាប់ឮ និងបានអាននោះ។ ធ្វើដូច្នេះ ​ទើបគេហាត់ខ្លួន​ឱ្យ​ចេះវិនិច្ឆ័យយ៉ាងត្រឹមត្រូវ។ រីឯ​​​ឪពុក​​​ម្តាយ​​​វិញត្រូវនឹកចាំថា គាត់​មានភារកិច្ចប្រយ័ត្ន​ប្រយែង​យ៉ាងហ្មត់ចត់កំុឱ្យអ្វីអាក្រក់ដែលមានផ្សាយតាមខ្សែភាព​​​យន្ត​​​ និង​​​តាម​​​ទូរទស្សន៍ ឬតាម​កាសែត ហើយដែលផ្ទុយ​នឹងជំនឿ ឬនឹងសីលធម៌ចូលក្នុងផ្ទះឱ្យសោះ។ គាត់​​​ក៏ត្រូវការពារកូនៗ​មិនឱ្យ​​ទស្សនា និង​អាន​សេចក្តីអាក្រក់ទាំងនោះនៅកន្លែងផ្សេងទៀតដែរ។

១១- ភារកិច្ចរបស់អ្នកផលិត

អ្នកកាសែត អ្នកនិពន្ធសៀវភៅ តួលោ្ខន ​អ្នកចាត់ចែងខ្សែភាពយន្ត អ្នកផលិត ​អ្នកធ្វើកម្មវិធីខ្សែភាពយន្ត អ្នកផ្សព្វផ្សាយខ្សែភាពយន្ត អ្នកសរសេរសេចក្តីវាយតម្លៃ សរុបសេចក្តីមក ​អស់អ្នកដែលចូលរួមក្នុង​​​ការផលិត​​​និង​​​ការផ្សព្វផ្សាយសេចក្តីតាមរយៈសារ​​​ទូរគម​​​នាគមន៍ក្នុងសង្គម មានភារកិច្ចពិសេសក្នុងការប្រើប្រាស់មធ្យោបាយទាំង​​​នោះ។ ​ក្នុងពិភពលោកយើង​នេះ អ្នកទាំងនោះពិតជាទទួលខុសត្រូវជាទម្ងន់ ព្រោះថា ដោយគេផ្សព្វផ្សាយពត៌មាន និងដោយគេសង្កត់លើមតិ​សាធារណៈ គេអាចណែនាំមនុស្សជាតិ​តាម​ផ្លូវ​ល្អក៏បាន ឬតាម​ផ្លូវអាក្រក់ក៏បានដែរ។

ហេតុនេះ គេ​​​មិនត្រូវគិតតែអំពីផលប្រយោជន៍សេដ្ឋកិច្ច ឬអំពីផលប្រយោជន៍​នយោបាយ ឬអំពី​សិល្បៈ​ប៉ុណ្ណោះទេ ហើយក៏កុំឱ្យសេដ្ឋកិច្ច នយោបាយ និងសិល្បៈទាស់ទែងប្រឆាំងនឹងប្រយោជន៍រួម​ជា​ដាច់​​ខាត។ គួរឱ្យ​ពួក​​​គេ​​​រួម​​​ជា​​​សមាគមអាជីវក​​​ម្មដែល​​​មាន​​​សមត្ថភាពអាចបង្ខំ​សមាជិក​របស់​ខ្លួនឱ្យគោរព​សីលធម៌​​​​ក្នុងពេលដោះស្រាយបញ្ហា និង​​​បំពេញ​​​សកម្មភាពអាជីវ​​​កម្មរបស់គេនោះ។ ធ្វើដូច្នេះ គេមុខ​ជានឹងបាន​លទ្ធផលល្អយ៉ាងស្រួលជាងនៅម្នាក់ឯង​​​ជាពំុ​​​ខាន។ ប្រសិនបើត្រូវការសមាគមរបស់គេ អាចសុំឱ្យសមាជិក​សន្យាយ៉ាងជាក់លាក់ថា គេស្ម័គ្រចិត្តគោរព​​​តាម​​​ក្បួន​​​​សីលធម៌​​​ថែមទៀត​​​ផង។

អ្នកទាំងនោះត្រូវនឹកចងចាំជានិច្ចថា អ្នកអាន និងអ្នកទស្សនាភាគច្រើនជាយុវជនយុវនារីដែលត្រូវការ​​​កាសែត និងខ្សែភាពយន្តដើម្បីលំហែកាយ និងលំហែចិត្តយ៉ាងសមរម្យ ហើយ​ដែល​លើកចិត្តគំនិតគេឱ្យទៅរក​​​ឧត្តមគតិ​​​យ៉ាងខ្ពស់។ អ្នកទាំងនោះក៏ត្រូវ​យក​ចិត្តទុកដាក់ផ្ញើឱ្យសហការីដែលមានសមត្ថភាព​​​ប្រាកដប្រជា ចាត់​​​ចែង​​​ប្រធានបទអំពីសាសនា ដើម្បី​រៀបរាប់​ដោយក្តីគោរព និងសមគួរនឹងរឿងសាសនា។

១២- ភារកិច្ចរបស់រដ្ឋអំណាច

រដ្ឋអំណាចមានភារកិច្ចពិសេសដោយឡែកក្នុងវិស័យនោះ ដោយនឹកគិតដល់​ប្រយោជន៍រួម ព្រោះ​​​សារ​​​ទូរគមនាគមន៍ក្នុងសង្គមមានទិសដៅបម្រើប្រយោជន៍រួម​នោះតែម្តង។ រដ្ឋអំណាច​មាន​បន្ទុកថែរក្សា និងការពារ​​​សេរីភាព​​​ដ៏ពិត​​​ប្រាកដ ​​​​​និងដ៏ត្រឹម​ត្រូវ ជាពិសេស ក្នុងការ​ចែក​​​ចាយ​​​​ព័ត៌មាន ជាសេរីភាពដែលសង្គម​សម័យទំនើប​ត្រូវ​​​ការ​​​ជា​​​ចាំបាច់​​​បំផុត​​​ដើម្បីចម្រើនឡើង។ រដ្ឋអំណាចក៏មាន​​​ភារកិច្ចជួយ​​​លើកស្ទួយអ្វីៗ​ដ៏ថ្លៃថ្នូរតាម​សាសនា តាម​​​វប្បធម៌ និងតាម​​​សិល្បៈដែរ។ រដ្ឋអំណាចមានភារកិច្ចធានាឱ្យអ្នកប្រើប្រាស់សារ​​​ទូរគមនា គមន៍ក្នុងសង្គមអាច​​​ប្រើ​​​សិទ្ធិ​​​​​​សេរីភាព​​​ដ៏​​​ត្រឹម​​​​​​​​​ត្រូវ​​​របស់ខ្លួនបាន។ រដ្ឋអំណាចក៏មានភារកិច្ចគាំទ្រកិច្ចការ​ណាដែល​មនុស្ស​ចាប់ផ្តើម​​ធ្វើជាកិច្ច ដែល​​​មាន​​​ប្រយោជន៍​​​យ៉ាងខ្លាំងសម្រាប់យុវជនយុវនារី តែបើរដ្ឋ​អំណាច​មិន​ជួយគាំទ្រគេទេ គេគ្មាន​​​សមត្ថភាព​​​អាច​​​សម្រេច​​​​​​បាន​​​ឡើយ​​​។

មិនតែប៉ុណ្ណោះ រដ្ឋអំណាចដែលតែងតែរកសេចក្តីសុខសាន្តជូនប្រជាពលដ្ឋក៏មានភារកិច្ចធានា​​​ថា កុំឱ្យ​​​ការ​​​ប្រើប្រាស់សារ​​​ទូរគមនា គមន៍ក្នុងសង្គមដោយមិនត្រឹម​ត្រូវ​ បណ្តាលឱ្យកើត​ឧបសគ្គយ៉ាងធ្ងន់ធ្ងរចំពោះសីលធម៌ សាធារណៈ និងរារាំងសង្គមមិនឱ្យ​ចម្រើន​​ឡើងបាន។ រដ្ឋអំណាច​អាច​ធានាដូច្នេះតាមប្រាជ្ញាមោះមុត ​និងតាមយុត្តិធម៌ដោយបង្កើត​ច្បាប់ និងដោយណែនាំប្រជាពលរដ្ឋយ៉ាង​ស័ក្ដិសិទ្ធិ ឱ្យ​អនុវត្តតាមច្បាប់ទាំងនោះទៀតផង។ ដោយ​​​ប្រព្រឹត្ត​​​ដូច្នេះ រដ្ឋអំណាចមិនប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់​​បុគ្គល​ម្នាក់ៗ និងរបស់ក្រុមនានា​នោះទេ ជាពិសេស​​​ ក្នុង​​​​​​ករណីដែ​​​លមានអាជីវកម្មប្រើ​មធ្យោបាយទំនាក់ទំនង​ទាំងនោះ គ្មានមនសិការ មធ័្យតប្រាកដប្រជាទេ។

ត្រវចាត់វិធានការពិសេស ដើម្បីជួយការពារកូនជំទង់ៗកុំឱ្យអានកាសែត និងទស្សនា​ខ្សែភាព​យន្ត​ដែលបណ្តាល​​​​​​ឱ្យ​​​គេ​​​របួស​ចិត្តគំនិត ក្នុងវ័យទន់ខ្សោយរបស់គេនោះ។

ជំពូក​ ២
ការណែនាំរបស់ព្រះសហគមន៍

១៣- សកម្មភាពរបស់អស់លោកអភិបាល និងគ្រីស្តបរិស័ទធម្មតា

សមាជិកទាំងអស់របស់ព្រះសហគមន៍ត្រូវរួមគ្នាខិតខំដោយរីករាយ ​ដើម្បីប្រើសារ​​​ទូរគមនាគមន៍​​​ក្នុង​​​សង្គមទាំងនោះ ឱ្យបម្រើកិច្ចការជាគ្រីស្តទូតតាមរបៀបផ្សេងៗ​របស់ព្រះ​សហគមន៍យ៉ាង​ស័ក្តិសិទ្ធិ ដោយ​​​មិនបង្អង់ឡើយ និង​​​ដោយយកចិត្តទុកដាក់យ៉ាង​ខ្លាំងទៀតផង។ តែត្រូវគិត​ដល់កាលៈទេសៈ និង​​​ដល់​​​ទី​​​កន្លែង។​​​ គេក៏ត្រូវយកចិត្ត​ទុក​ដាក់​​​​​ជាមុនឱ្យបំបាត់កិច្ចការដ៏អាក្រក់ គេត្រូវធ្វើអន្តរាគ​​​មន៍ជាបន្ទាន់ ជា​​​ពិសេស​​​ ក្នុង​​​​​​ករណី​​​សីលធម៌​​​​​​ និង​​​​សាសនាមានការប្រែប្រួល​​​ដូច្នេះ។

ហេតុនេះហើយ បានជាអស់លោកអភិបាលជាគង្វាលត្រូវតែយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនក្នុង​​​វិស័យនេះ​​ ដែល​ជាប់នឹងបន្ទុករបស់អស់លោកជាអ្នកប្រកាសដំណឹងល្អ។

គ្រីស្តបរិស័ទធម្មតាដែលប្រកបអាជីវកម្មផលិតអ្វីៗតាមមធ្យោបាយទំនាក់ទំនងទាំងនោះ ត្រូវ​ខិតខំផ្តល់សក្ខីភាព ថ្វាយព្រះយេស៊ូ គ្រីស្ត។ មុនដំបូង ត្រូវផ្តល់សក្ខីភាពដោយ​បំពេញ​អាជីវកម្ម​របស់ខ្លួនដោយមានសមត្ថភាព​​​គ្រប់​​​គ្រាន់​​​ និងដោយមានចិត្តគំនិតជាគ្រីស្តទូត។ បន្ទាប់​មក គេត្រូវផ្តល់​សក្ខីភាព ដោយរួមសហការចំ​​​ៗជា​​​មួយ​​​សកម្មភាព​​​ណែនាំរបស់ព្រះ​សហគមន៍ ដោយជូនវិភាគទាន​ជា​បច្ចេកទេស ជាប្រាក់ចំណាយ ជាវប្បធម៌ និងជាសិល្បៈតាម​​​សមត្ថភាព​​​រៀងៗខ្លួន។

១៤- សកម្មភាពគ្រីស្តបរិស័ទកាតូលិកអាចផ្តើមប្រព្រឹត្តបាន

មុនដំបូង គ្រីស្តបរិស័ទកាតូលិកត្រូវជួយគាំទ្រកាសែតល្អៗនានា។ ប្រសិនបើយើងមានបំណង​ចង់​ឱ្យ​​​​​​គោល​​​​គំនិត​របស់ព្រះគ្រីស្តជ្រួតជ្រាបចិត្តអ្នកអាន ត្រូវលើកស្ទួយ និងពង្រីកកាសែតនានាតាមគ្រីស្តសាសនា​​​សុទ្ធ​​​សាធ​​​​ គឺកាសែតដែលមានគោលបំណងជាក់ច្បាស់ អប់រំ ពង្រឹង និងលើកស្ទួយ​មតិ​សាធារណៈស្របតាម​​​សិទ្ធិ​​​មនុស្ស ហើយស្របតាមលទ្ធិ និងក្បួនវិន័យកាតូលិក ​ព្រមទាំងផ្សព្វផ្សាយនិង​​​បកស្រាយដំណឹងអំពី​​​ការរស់នៅ​​​របស់​​​​​​ព្រះ​​​សហគមន៍។ អភិបាល ឬគ្រីស្តបរិស័ទធម្មតាអាចធ្វើជាអ្នកចាប់ផ្តើម និងធ្វើជាប្រធានកិច្ចការនេះបាន។ ​ត្រូវ​​​ទូន្មានគ្រីស្តបរិស័ទឱ្យអាន និងឱ្យផ្សព្វផ្សាយ​កាសែត​កាតូលិក​ជាចាំបាច់ ដើម្បីឱ្យគេចេះ​ថ្លឹងថ្លែងអត្ថន័យ​​​ព្រឹត្តិការណ៍​​​ទាំង​​​អស់ដែលកើត​​​ឡើងបាន។

ត្រូវជួយគាំទ្រ និងពងឹ្រងយ៉ាងស័ក្ដិសិទ្ធិ​​​ ហើយត្រូវប្រើគ្រប់មធ្យោបាយនូវការផលិត និងការផ្សព្វផ្សាយ​ខ្សែ​ភាព​​​យន្តសម្រាប់លំហែកាយយ៉ាងសមរម្យដែលជួយ​ពង្រីកវប្បធម៌ និងជួយសិល្បៈ ជាពិសេស ​ខ្សែភាពយន្ត​សម្រាប់​យុវវ័យ។ ​ជាចម្បង ត្រូវជួយគាំទ្រ និងសម្រួលការផលិតភាព​​​យន្តឱ្យសហការគ្នា ហើយជួយ​​​គាំ​​​ទ្រ​​​អ្នក​​​ផ្សព្វ​​​ផ្សាយ​​​​ខ្សែ​ភាពយន្ត​ដែលប្រកបដោយ​គុណធម៌។ ​ត្រូវជួយគាំទ្រផ្សព្វផ្សាយខ្សែភាពយន្តមាន​​​គុណភាព​​​ល្អ ដោយ​សរសេរសេចក្តីរាយការណ៍​ថ្លឹងថ្លែងយ៉ាងល្អ និងដោយចែករង្វាន់ដែរ។ ត្រូវណែនាំគ្រីស្តបរិស័ទ​​​ប្រកប​​​ដោយ​​​​គុណធម៌ ដែលជាម្ចាស់រង្គសាលបញ្ចាំងខ្សែភាពយន្តឱ្យសហការជាមួយគ្នា។

ត្រូវជួយគាំទ្រយ៉ាងស័ក្ដិសិទ្ធិនូវការផ្សព្វផ្សាយតាមវិទ្យុ និងតាមទូរទស្សន៍ដែលស្របតាម​សីលធម៌ល្អ ជា​​​ពិសេស ការផ្សព្វផ្សាយសម្រាប់ក្រុមគ្រួសារ។ ត្រូវជួយជំរុញយ៉ាងខ្លាំងឱ្យមានការផ្សព្វផ្សាយវិទ្យុកាតូលិក ​ដ្បិត​​​ការ​​​ផ្សព្វផ្សាយទាំងនោះដាស់​តឿនអ្នកស្តាប់ និងទស្សនិកជនឱ្យចូលរួមយ៉ាងសកម្មក្នុងការរស់នៅរបស់​​ព្រះ​សហគមន៍ ហើយ​​​ក៏ជួយឱ្យគេបានស្គាល់​​​លទ្ធិគ្រីស្តសាសនា។ ត្រូវបង្កើតស្ថានីយ៍កាតូលិកនៅកន្លែង​ណា​ដែល​គួរ​​​ឱ្យ​​​បង្កើត។ ​ក៏ប៉ុន្តែ ត្រូវធានាឱ្យការផ្សព្វផ្សាយតាមវិទ្យុទាំងនោះមានគុណភាពល្អ និងស័ក្ដិសិទ្ធិទៀតផង។

លើសពីនេះទៅទៀត ត្រូវគិតគូរអំពីលោ្ខនជាសិល្បៈដ៏ប្រសើរ និងបុរាណ​ដែលគេផ្សព្វផ្សាយ​​​សព្វថ្ងៃ ជា​​​ទូទៅ​​​​​​ដោយសារ​​​ទូរគមនាគមន៍​​​ក្នុង​​​សង្គម ហើយដែលជួយអប់រំទស្សនិកជនក្នុងលក្ខណៈ​​ខ្លួនជាមនុស្ស និង​ស្រប​​​តាម​​​សីលធម៌ផង។

១៥- ការហ្វឹកហ្វឺនរបស់អ្នកផលិត

ត្រូវហ្វឹកហ្វឺនបូជាចារ្យ (អាចារ្យ) បព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតាដោយមិនបង្អង់ឡើយ ​ដើម្បី​​​តប​​​ឆ្លើយ​​​នឹងសេចក្តីត្រូវការទាំងប៉ុន្មានដែលមានរៀបរាប់ខាងលើនេះ។ ​ត្រូវឱ្យអ្នកទាំងនោះមានសមត្ថភាពយ៉ាងពិត​​​ប្រាកដ​​​ ដើម្បីឱ្យចេះប្រើគ្រឿងឧបករណ៍ទាំងនោះ ក្នុង​គោល​បំណងជាគ្រីស្តទូត។

ត្រូវហ្វឹកហ្វឺនគ្រីស្តបរិស័ទ​​​ធម្មតាឱ្យបំពេញអាជីវកម្មនេះ គឺអប់រំគេឱ្យចេះបចេ្ចកទេស ឱ្យស្គាល់​លទ្ធិ​គ្រីស្ត​​​សាសនា និងស្គាល់សីលធម៌​ស្របតាមអាជីវកម្មនេះដែរ។ ការហ្វឹកហ្វឺនដូច្នេះពិតជាកាតព្វកិច្ចមួយដ៏សំខាន់​មែន។ ហេតុនេះ​ហើយ បានជាត្រូវបង្កើតសាលារៀន មហាវិទ្យាល័យ គ្រឹះស្ថាន ជាកន្លែងអ្នក​កាសែត អ្នកផលិតខ្សែភាព​​​យន្ត និងអ្នកផ្សព្វផ្សាយតាមវិទ្យុ ​និងតាមទូរទស្សន៍ និងអ្នកឯទៀតៗ​ដែល​ទាក់ទិននឹងមធ្យោបាយទាំងនោះអាច​ទទួល​​​ការអប់រំសព្វគ្រប់ និងមានចិត្ត​គំនិតជ្រួតជ្រាបដោយគោលៗតាមគ្រីស្តសាសនា ជាពិសេស​ ដោយលទ្ធិខាង​​​សង្គម​​​នៃ​​​ព្រះសហគមន៍។ ត្រូវអប់រំ និងជួយគាំទ្រអ្នកល្ខោន ​ដើម្បីឱ្យគេ​បម្រើ​សង្គមដោយសិល្បៈរបស់គេ និងតាម​​​របៀប​​​របស់​​​គេ។ ​លើសពីនេះទៅទៀត ត្រូវបង្រៀនយ៉ាងហ្មត់ចត់​អ្នកវាយតម្លៃសៀវភៅ និងការផ្សព្វផ្សាយតាមវិទ្យុ តាម​​​ទូរទស្សន៍។ល។ គេត្រូវទទួល​សមត្ថភាព​យ៉ាងពិតប្រាកដក្នុងករណីយកិច្ចរបស់គេ។ ត្រូវហ្វឹកហ្វឺនគេ និង​​​លើក​​​ទឹកចិត្តគេឱ្យចេះថ្លឹងថ្លែង វាយតម្លៃដោយនឹកដល់សីលធម៌តាមសមគួរ។

១៦- ការអប់រំអ្នកប្រើប្រាស់សារ​​​ទូរគមនាគមន៍​​​ក្នុង​​​សង្គម

អ្នកប្រើប្រាស់សារ​​​ទូរគម​​​នាគមន៍​​​ក្នុង​​​សង្គមត្រូវទទួលការអប់រំឱ្យចេះប្រើ​មធ្យោបាយ​ទាំងនោះយ៉ាងត្រឹមត្រូវ ស្របតាម​​​អាយុ និងតាមកម្រិតវប្បធម៌របស់គេ​។ ត្រូវបង្រៀន​គេ​អំពីទ្រឹស្តី និងដោយមាន​ការអនុវត្តន៍ស្របតាម​​​សភាពការណ៍របស់អ្នក​​​ប្រើប្រាស់ និងស្របតាមគ្រឿង​ឧបករណ៍នៃទំនាក់ទំនងនោះ។ ហេតុ​នេះ ត្រូវ​​​ជំរុញឱ្យមាន​​​សមិទ្ធិផល​​​ដែលមានគោលដៅអប់រំឱ្យ​កាន់តែ​ច្រើនឡើងៗ ជាពិសេស ​សមិទ្ធិផល​សម្រាប់អប់រំយុវជនយុវនារីក្នុង​​​សាលា​​​រៀនកាតូលិកគ្រប់ថ្នាក់ ក្នុងទេវវិទ្យាល័យ និងក្នុងគ្រប់​ក្រុម​គ្រីស្តបរិស័ទធម្មតាដែលបំពេញកិច្ចការជា​​​គ្រីស្តទូត។ ត្រូវណែនាំការ​អប់រំ​នោះឱ្យស្របតាមគោលការណ៍នៃសីលធម៌​គ្រីស្តសាសនា​។ ពេលអប់រំជំនឿត្រូវរៀប​រាប់​​​​ និងពន្យល់លទ្ធិ និងក្បួនវិន័យរបស់ព្រះសហគមន៍អំពី​ករណីនេះ។

១៧- មធ្យោបាយខាងបចេ្ចកទេស និងខាងសេដ្ឋកិច្ច

ប្រសិនបើគ្រីស្តបរិស័ទខ្ជិលច្រអូសសុខចិត្តឱ្យព្រះបន្ទូល​របស់ព្រះជាម្ចាស់​ជាប់​ចំណង ឬត្រូវ​បរាជ័យ​ដោយជួបឧបសគ្គខាងបច្ចេក ទេស ឬដោយខ្វះធនធានដែលត្រូវចាយវាយយ៉ាងសម្បើម ​សម្រាប់តែងតាំងសារ​​​ទូរគមនាគមន៍​​​ក្នុង​​​សង្គមនោះ គេពិតជាបង្អាប់កិត្តិយសរបស់ខ្លួនជាគ្រីស្តបរិស័ទមែន។ ហេតុនេះហើយ ​បានជា​​​មហាសន្និបាតរំឭកគ្រីស្តបរិស័ទទាំងអស់ថា ខ្លួនមានភារកិច្ចជួយគាំទ្រកាសែត ព្រឹត្តិប័ត្រ ខ្សែភាពយន្ត ស្ថានីយ៍​​​ និង​​​ការផ្សព្វផ្សាយ​វិទ្យុ និង​ទូរទស្សន៍ ព្រោះមធ្យោបាយទាំងនោះមានគោលសំខាន់ជាងគេ គឺផ្សព្វផ្សាយ និងការពារ​សេចក្តីពិត ហើយណែនាំសង្គមឱ្យមានជីវិតរស់រវើក​តាមគ្រីស្តសាសនា។ នៅពេលជាមួយគ្នានេះ មហាសន្និបាត​​​ទទូច​​​អញ្ជើញក្រុមផ្សេងៗ និងមនុស្សទាំងឡាយ​ដែលមាន​មុខងារសំខាន់ៗតាមសេដ្ឋកិច្ច និងតាមបចេ្ចកទេសឱ្យសុខ​​​ចិត្ត​​​យក​​​ធន​​​ធានរបស់ខ្លួន​ដោយ​សទ្ធាជ្រះថ្លា មក​ជួយគាំទ្រសារ​​​ទូរគមនាគមន៍​​​ក្នុង​​​សង្គម និងផ្តល់ដំបូន្មានឱ្យគេ ព្រោះ​​​មធ្យោបាយ​ទាំងនោះបម្រើវប្បធម៌ និងកិច្ចការជាគ្រីស្តទូតដ៏ពិតប្រាកដ។

១៨- ទិវាប្រចាំឆ្នាំ

រៀងរាល់ឆ្នាំត្រូវចាត់ចែងទិវាមួយក្នុងភូមិភាគនីមួយៗតាមតែអស់លោក​អភិបាល​យល់ឃើញថា ត្រូវចាត់ចែង​​​នោះ។ ក្នុងទិវានោះត្រូវបង្រៀនគ្រីស្តបរិស័ទ​អំពី​ភារកិច្ចរបស់ខ្លួនក្នុងករណីនេះ និង​អញ្ចើញ​គេឱ្យចូលបដិភាគ និង​​​អង្វរព្រះជាម្ចាស់ថែម​ទៀត​​ផង។ ត្រូវយកអំណោយទាំងនោះ​យ៉ាង​ទៀង​ទាត់សម្រាប់ទ្រទ្រង់ និងពង្រីកកិច្ចការ​​​ដែល​​​​ព្រះសហគមន៍បានបង្កើតនោះ ទាំងនឹកដល់សេចក្តីត្រូវ​ការ​​របស់ព្រះសហគមន៍ទាំង​មូលទៀត​ផង។ ធ្វើដូច្នេះ ទើបព្រះសហគមន៍បំពេញកិច្ចការជាគ្រីស្តទូតដែលមាន​ច្រើន​មុខ ក្នុងវិស័យសារ​​​ទូរគមនាគមន៍​​​ក្នុង​​​សង្គម។​​​

១៩- គណៈកម្មាធិការនៃសន្តៈអាសនៈ

អភិបាលព្រះសហគមន៍ក្រុងរ៉ូមអាចប្រើគណៈកម្មាធិការពិសេសនៃសន្តៈអាសនៈ ដើម្បីជួយបំពេញ​មុខ​ងារ​​ណែ​​​នាំ​​​​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់លោក ក្នុងវិស័យសារ​​​ទូរគមនាគមន៍​​​ក្នុង​​​សង្គម។

២០- មុខងារអស់លោកអភិបាល

អស់លោកអភិបាលមានភារកិច្ចយកចិត្តទុកដាក់យ៉ាងពិសេសនឹងអ្វីៗដែលគ្រីស្តបរិស័ទចង់​ផ្តើមធ្វើក្នុងវិស័យសារ​​​ទូរគមនាគមន៍​​​ក្នុង​​​សង្គម។ អស់លោកត្រូវលើកស្ទួយកិច្ចការទាំងនោះក្នុងភូមិភាគ​រៀងៗខ្លួន តាមតែកិច្ចការទាំងនោះ​​​មានពាក់ព័ន្ធនឹងកិច្ចការជាគ្រីស្ត ទូតយ៉ាងសាធារណៈ។ ​អស់លោកមានភារកិច្ចណែនាំអ្នកផ្តើមកិច្ចការទាំងនោះឱ្យរួម​​​សហការគ្នា ​សូម្បីតែកិច្ចការទាំងនោះនៅក្នុងក្រុមគ្រួសារបព្វជិតដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់លោកអភិបាល ក៏ត្រូវ​​​រួម​​​​​​សហការក្នុងកិច្ចការទាំងនេះដែរ។

២១- គណៈកម្មការជាតិ

តាមប្រទេសនីមួយៗ កិច្ចការជា​​​គ្រីស្តទូតបានប្រសិទ្ធភាព លុះត្រាតែ​​​មានគោលដៅរួម​​​សម្រាប់ជាតិ​​​ទាំង​​​មូល​​​ និងឱ្យគេខិតខំរួមគ្នាដែរ។ ​ហេតុនេះហើយ បានជាមហាសន្និបាតសម្រេច និងបញ្ជាក់ថា សូម​​​បង្កើត​​​គណៈ​​​កម្ម​​​ការ​​​ជាតិនៅគ្រប់ទីកន្លែងសម្រាប់កាសែត ​ខ្សែភាពយន្ត ​វិទ្យុ និងទូរទស្សន៍។ សូមចាត់ចែងឱ្យ​​​គ្រីស្តបរិស័ទ​​​ជួយ​​​គណៈកម្មការជាតិទាំងនោះយ៉ាងស័ក្ដិសិទ្ធិ។ គណៈកម្មការទាំងនោះមានមុខ​ងារ​​យ៉ាង​ពិសេស​ អប់រំមនសិការ​​របស់​​​គ្រីស្តបរិស័ទយ៉ាងល្អក្នុងការប្រើប្រាស់​សារ​​​ទូរគមនាគមន៍​​​ក្នុង​​​សង្គម។ គណៈកម្មការទាំងនោះ​​​ក៏ត្រូវលើក​ទឹក​​​​​​ចិត្ត​​​​គ្រីស្តបរិស័ទដែលចាប់ផ្តើមធ្វើកិច្ចការ​​​មួយក្នុង​វិស័យ​នោះ ព្រមទាំងសម្រួលកិច្ចការទាំង​​​ប៉ុន្មានឱ្យសហកា​​​រគ្នា​​​ផង​​​។

ក្នុងប្រទេសនីមួយៗត្រូវផ្ញើឱ្យគណៈកម្មាធិការរបស់អស់លោកអភិបាល ឬអភិបាល​ម្នាក់​ដែល​ជាតំណាងអភិបាលឯទៀតៗណែនាំគណៈកម្មការជាតិនោះ។ ត្រូវឱ្យមានគ្រីស្តបរិស័ទដែលមានសមត្ថភាពខាងលទ្ធិ​គ្រីស្តសាសនា និង​​​ខាងបចេ្ចកទេសចូលរួមក្នុងគណៈកម្មការទាំងនោះ។

២២- អង្គការអន្តរជាតិ

លើសពីនេះទៅទៀត សារ​​​ទូរគមនាគមន៍​​​ក្នុង​​​សង្គមមានឥទ្ធិពលហួសពីពំ្រប្រទល់ប្រទេសនីមួយៗ ហើយ​​​បណ្តោយឱ្យមនុស្សម្នាក់ៗ ត្រឡប់ទៅជាប្រជាពលរដ្ឋនៃពិភពលោកទាំងមូលរួចហើយ។ ហេតុនេះ​ហើយ បានជាត្រូវ​​​ឱ្យកិច្ចការក្នុងជាតិនីមួយៗរួមសហការក្នុងកម្រិតអន្តរជាតិ។ គណៈកម្មការជាតិនីមួយៗ​ត្រូវសហការយ៉ាង​​​ស័ក្ដិសិទ្ធិ ជាមួយអង្គការអន្តរជាតិកាតូលិកតាមមាត្រាលេខ២០។ មានតែសន្តៈអាសនៈមួយគត់ទេ យល់ស្របទទួលស្គាល់​អង្គការអន្តជាតិ​​​កាតូលិក​​​ឱ្យបានត្រឹមត្រូវ​​​តាមច្បាប់ ​ហើយសន្តៈអាសនៈក៏គ្រប់គ្រង​​​អង្គការ​អន្តរជាតិ​កាតូលិក​​​ដែរ។

ពាក្យបញ្ចប់

២៣- ពាក្យណែនាំ

គណៈកម្មាធិការពិសេសនៃសន្តៈអាសនៈដែលមានចែងនៅលេខ១៩ និងបោះពុម្ពផ្សាយពាក្យ​ណែនាំ​​ពិសេស​​​​​​អំពីសេចក្តីផ្តែផ្តាំនៃមហាសន្និបាត ដើម្បីឱ្យគេអនុវត្តតាមគោលការណ៍ និងតាមក្បួនវិន័យទាំងអស់​​​ស្តីអំពី​​​សារ​​​ទូរគម​​​នាគមន៍​​​ក្នុង​​​សង្គម។ ត្រូវមានអ្នកជំនាញការពីគ្រប់ប្រទេសជួយ​គណៈកម្មាធិការពិសេសនៃសន្តៈ​​​អាសនៈនោះ​​​ផង។

២៤- ពាក្យដាស់តឿនចុងក្រោយ

មហាសន្និបាតជឿទាំងទុកចិត្តថា បុត្រធីតានៃព្រះសហគមន៍មុខជានឹងទទួលគោលការណ៍ និងក្បួនវិន័យចែង​​​ក្នុងក្រឹត្យក្រមនេះដោយចិត្តរីករាយ និងប្រតិបត្តិតាមដោយចិត្តស្មោះទៀតផង។ ​ហេតុនេះហើយ កាល​​​គ្រីស្តបរិស័ទ​​​ប្រើ​មធ្យោបាយទាំងនោះ គេមិនត្រូវខូចខាតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ​គេមុខជានឹង​​​ទៅជាដូច​​​អំបិល​​​ និងពន្លឺ ​គឺគេផ្តល់ឱជារសដល់ជីវិតមនុស្សលោក និងបំភ្លឺចិត្តគំនិតគេទៀតផង។ មហាសន្និបាតក៏បែរទៅរក​​​អស់​​​មនុស្សដែលមានឆន្ទៈល្អ ជាពិសេស បែរទៅរកអស់អ្នកដែល​កាន់កាប់សារ​​​ទូរគម​​​នាគមន៍​​​ក្នុង​​​សង្គម ​សូម​​​អញ្ជើញ​​​អស់លោកអ្នកឱ្យប្រើមធ្យោយោបាយទាំងនោះ ដើម្បីរកតែ​ប្រយោជន៍មនុស្ស​ជាតិ​ប៉ុណ្ណោះ ព្រោះវាសនាមនុស្ស​​​ជាតិ​​​ពឹងផ្អែកលើការប្រើប្រាស់​មធ្យោយោបាយ​ទាំងនោះកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ​។ ដូច្នេះ សូមលើកតម្កើង​​​ព្រះនា​​​មព្រះអម្ចាស់ ដោយ​សារ​ការអស្ចារ្យដែលមនុស្សលោករកឃើញនៅសម័យទំនើបនេះ ក៏ដូចមនុស្សតែងតែ​លើកតម្កើងព្រះអង្គដោយ​ស្នាដៃ​ខាងសិល្បៈកាលពីដើមដូច្នោះដែរ តាមពាក្យរបស់គ្រីស្តទូតដែលចែងថា «ព្រះ​​​យេស៊ូ​​​​គ្រីស្ត​មិន​ប្រែប្រួល​ឡើយ ពីដើម‌​ សព្វថ្ងៃ‌ និង​រហូត​ដល់​អស់​កល្ប​ជានិច្ច ព្រះអង្គ​នៅ​តែ​ដដែល» (ហប ១៣,​​​៨)​​​។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាត ពេញ​ចិត្ត​នឹង​ក្រឹត្យក្រមទាំង​​មូលនេះ និងគោល​ការណ៍នីមួយៗ​​ផង។ រីឯ​យើង​វិញ ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យយើងក្នុងឋានៈជា​គ្រីស្ត​ទូត​រួម​ជា​មួយ​អស់​លោក​អភិបាល ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផង ក៏​យល់​ព្រម ហើយសម្រេចថា ចេញជាក្រឹត្យ​ក្រម​ដែរ។ យើង​បង្គាប់​ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវ​ផ្សព្វ​ផ្សាយ​ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ​​​។​​​

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តសិលា ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៦៣
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)

550 Views

Theme: Overlay by Kaira