ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

អំណរ និងសេចក្តីសង្ឃឹម
GAUDIUM ET SPES

ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលនៃមហាសន្និបាតដ៏វិសុទ្ធ សូមប្រកាសធម្មនុញ្ញណែនាំនេះ ដើម្បីឱ្យគេនឹកចងចាំរហូតតរៀងទៅ។

ធម្មនុញ្ញគោលលទ្ធិ
អំពីព្រះសហគមន៍ក្នុងពិភពលោកនាបច្ចុប្បន្នកាល

បុព្វកថា

១- ព្រះសហគមន៍រួមយ៉ាងជិតស្និទ្ធជាមួយមហាគ្រួសាររបស់មនុស្សជាតិ

អំណរ​សប្បាយ និងសេចក្តី​សង្ឃឹម ទុក្ខ​ព្រួយ​ និងកង្វល់របស់មនុស្ស​លោក​នា​សម័យ​ឥឡូវ ជា​ពិសេស របស់​ជន​ក្រីក្រ និងអ្នក​រង​ទុក្ខ​វេទនាជាដើមក៏ជា​អំណរ​សប្បាយ​ ជាសេចក្តី​សង្ឃឹម ជា​ទុក្ខ​ព្រួយ និង​ជាកង្វល់របស់​សាវ័ក​ព្រះ​គ្រីស្ត​ដែរ។ អ្វីៗដែលពាក់ព័ន្ធនឹងលក្ខណៈដ៏ពិតប្រាកដរបស់មនុស្សក៏ពាក់ព័ន្ធនឹងសាវ័ករបស់ព្រះអង្គដែរ។ សហគមន៍​របស់​គ្រីស្ត​បរិស័ទសាងសង់ឡើងដោយសារ​មនុស្សរួម​គ្នា​ក្នុង​អង្គ​ព្រះ​គ្រីស្ត ហើយ​មាន​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ណែ​នាំ​ពេល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ព្រះ​រាជ្យ​របស់​ព្រះ​បិតា។ គ្រីស្តបរិស័ទទទួលសារមួយស្តី​អំពី “ការ​សង្រ្គោះ” ដែល​ត្រូវ​ជម្រាប​ជូនដល់មនុស្ស​ទាំង​អស់។ សហគមន៍​របស់​គ្រីស្ត​បរិស័ទ​ទទួល​ស្គាល់​ថា ខ្លួន​រួម​សាមគ្គី​យ៉ាង​ជិត​ស្និទ្ធ​ និង​យ៉ាង​ពិត​ប្រាកដជា​មួយ​មនុស្សជាតិ​ទាំង​មូល និងតាម​ប្រវត្តិ​សាស្ត្រ​របស់​មនុស្ស​ជាតិ។

២- មហាសន្និបាតជម្រាបមកដល់មនុស្សទាំងអស់

ក. ក្រោយពីបានខិតខំរិះគិតអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះ​សហគមន៍​យ៉ាងពិស្តាររួច​មក មហា​សន្និបាតវ៉ាទី​កង់​ទី​ ២ មិនគ្រាន់តែជម្រាបមក​បុត្រធីតា​របស់ព្រះ​សហគមន៍​ និងអស់​អ្នក​ដែល​ផ្ញើជីវិត​លើ​ព្រះ​គ្រីស្ត​ប៉ុណ្ណោះ​ទេ តែ​មហាសន្និបាត​ក៏មិនស្ទាក់ស្ទើក្នុងការជម្រាបមកមនុស្ស​ទាំង​អស់ដែរ។ មហាសន្និបាត​មាន​បំណង​រៀបរាប់យោបល់​របស់ខ្លួន​អំពី​វត្តមាន ​និងសកម្មភាពរបស់ព្រះ​សហគមន៍​ក្នុង​ពិភពលោកនា​បច្ចុប្បន្ន​កាល។

ខ. មហាសន្និបាត​នឹកគិតដល់មនុស្សទាំងអស់ ពោលគឺ ដល់មហាគ្រួសារ​របស់​មនុស្សជាតិទាំងមូល និង​ដល់​ពិភពលោក​ជាទីលំនៅ​របស់គេ។ ពិភពលោកនេះប្រៀបដូចជារោងល្ខោន​មួយដែលមនុស្ស​ជាតិ​ទាំងមូល​សម្តែង​ប្រវត្តិសាស្រ្ត និងជា​កន្លែង​ដែលមានសា្លកស្នាមរបស់មនុស្ស គឺស្នាមនៃការ​ខិតខំឆ្នៃប្រឌិត មានទាំង​បរាជ័យ និងជ័យជម្នះ។ គ្រីស្ត​បរិស័ទ​ជឿថា ព្រះអាទិករ​បានប្រតិស្ឋាន និង​នៅតែ​ថែរក្សាពិភលោកនេះ​ដោយ​ព្រះហឫទ័យអាណិតមេត្តា។ គេក៏​ជឿ​ថា ពិភលោក​ក៏ធ្លាក់ក្រោមអំណាចនៃអំពើបាបដែរ ក៏ប៉ុន្តែ ព្រះគ្រីស្ត​បាន​កម្ទេច​អំណាច​របស់មារកំណាច​រួចហើយ ដោយព្រះអង្គបូជាព្រះជន្មនៅលើឈើឆ្កាង និងមានព្រះជន្ម​ថ្មី​ដ៏​រុងរឿង។ ព្រះអង្គក៏​បានរំដោះពិភពលោក ដើម្បីឱ្យប្រែ​ទ្រង់ទ្រាយ​តាម​ព្រះជាម្ចាស់គ្រោង​ទុក និង​ដើម្បី​ឱ្យ​បាន​ពេញ​លក្ខណៈផង។

៣- ព្រះសហគមន៍បម្រើមនុស្ស

ក. សព្វថ្ងៃ មនុស្សជាតិរំភើបចិត្តស្ញើចសរសើរអំពីអ្វីៗដែលខ្លួនបានរកឃើញ និងបង្កើតឡើង ព្រមទាំងស្ញើច​សរសើរ​អំពី​អំណាច​របស់ខ្លួនទៀតផង។ ក៏ប៉ុន្តែ មនុស្ស​លោកចេះតែតប់​ប្រមល់​នឹង​ការវិវឌ្ឍន៍នៃ​ពិភពលោក​នា​សម័យ​ឥឡូវ ហើយ​ចេះតែ​ចោទសួរខ្លួនឯងជាញឹកញាប់អំ​ពីឋានៈ និងតួនាទីរបស់មនុស្សក្នុងពិភពលោក អំពី​អត្ថន័យ​នៃ​ការ​ខិត​ខំប្រឹងប្រែង​របស់​មនុស្ស​ម្នាក់ៗ និងការប្រឹងប្រែងរួម។ លើសពីនេះទៅទៀត គេតែងតែ​ចោទ​សួរ​ខ្លួន​ឯងអំពីទីដៅចុងក្រោយ​បំផុត​នៃអ្វីទាំង​អស់​ក្នុង​លោកនេះ និងទីដៅចុងក្រោយ​បំផុត​នៃ​មនុស្ស​ជាតិ​ផងដែរ។

ហេតុនេះហើយ បានជា​មហាសន្និបាត ក្នុងឋានៈជា​សាក្សីអំពីជំនឿនៃគ្រីស្តសាសនា និង​ជាអ្នកណែនាំជំនឿ​នៃ​ប្រជារាស្រ្ត​ទាំង​មូល​របស់ព្រះ​ជាម្ចាស់ ដែលព្រះ​គ្រីស្តបាន​ប្រមែប្រមូលហើយនោះ សូម​និយាយសន្ទនា​អំពី​បញ្ហា​ទាំង​នេះ​ជាមួយ​មហា​គ្រួសារ​របស់​មនុស្ស​ជាតិទាំងមូល។ ប្រជារាស្រ្ត​របស់ព្រះ​ជាម្ចាស់ជាផ្នែក​មួយ​ក្នុង​មហា​គ្រួសារ​នោះ។ ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែ​នាំ មហាសន្និបាតសូមជួយផ្តល់យោបល់តាម​ពន្លឺ​នៃ​ដំណឹង​ល្អ និងសូម​ចែក​ឫទ្ធានុភាព​ដែល​អាចសង្គ្រោះ​មនុស្ស​លោកបាន ហើយដែលព្រះ​សហគមន៍​បាន​ទទួលពី​ព្រះ​គ្រីស្ត​មក។ ព្រះគ្រីស្ត​បាន​បង្កើតព្រះសហគមន៍នោះ។ ធ្វើដូច្នេះ មហាសន្និបាត​ផ្តល់ភស្តុតាងយ៉ាង​ជាក់​ច្បាស់​ថា ខ្លួនរួមសាមគ្គី​ជា​មួយ​មហាគ្រួសារ​របស់មនុស្ស​ជាតិ​ទាំងមូលដោយ​គោរព​ និងដោយ​សេចក្តី​ស្រឡាញ់។ យើង​ទាំង​អស់គ្នាត្រូវតែ​សង្គ្រោះ​មនុស្ស​ និងប្រែសង្គមមនុស្សឱ្យបានជាថ្មីផង គឺត្រូវសង្គ្រោះ​មនុស្ស​ទាំងស្រុង ទាំង​រូបកាយ ទាំង​វិញ្ញាណ ទាំងចិត្ត​គំនិត ទាំងមនសិការ ទាំងការរិះគិត និងការសម្រេច​ចិត្ត។ គោល​គំនិត​នេះ​ហើយដែលនឹងទៅជា​គោល​ចម្បងនៃការរៀប​រាប់ខាង​ក្រោម​នេះ។

ខ. ហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធសូមប្រកាសថា ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឱ្យមាន​ជីវិតដ៏​ថ្លៃ​ថ្នូរ​បំផុត ​និងបញ្ជាក់​ថា ព្រះអង្គដាក់ព្រះជន្មរបស់ព្រះអង្គផ្ទាល់ ដូចជាគ្រាប់ពូជនៅក្នុងខ្លួនមនុស្ស។ មហា​សន្និបាត​សូមឱ្យ​ព្រះ​សហគមន៍​រួមសហការ​យ៉ាងស្មោះ​ជាមួយមនុស្សលោក ដើម្បីនាំមនុស្ស​ទាំងអស់ឱ្យរួបរួម​គ្នា​ជា​បងប្អូនស្របតាម​ការ​ត្រាស់ហៅ​របស់​ព្រះ​ជាម្ចាស់។ ព្រះសហគមន៍គ្មានបំណង​លោភលន់តាម​លោកីយ៍​ទេ តែមានទិសដៅតែមួយ គឺបន្ត​ព្រះរាជកិច្ចរបស់ព្រះគ្រីស្តដោយ​មាន​ព្រះវិញ្ញាណដែលជួយ​ការពារ និង​ជំរុញ​ផង។ ព្រះគ្រីស្ត​យាងមក​ក្នុង​លោក​ដើម្បី​ផ្តល់សក្ខីភាពអំពីសេចក្តីពិត និងដើម្បីសង្គ្រោះមនុស្សលោក មិនមែន​យាង​មកដាក់ទោសទេ។ ព្រះអង្គយាង​មក​បម្រើ​គេ មិន​មែន​ដើម្បីឱ្យគេបម្រើព្រះអង្គ​ឡើយ (យហ ៣,១៧; ១៨,៣៧; មថ ២០,២៨; មក ១០,៤៥)។

សេចក្តីរៀបរាប់ខាងដើម
សភាពការណ៍មនុស្សក្នុងពិភពលោកនាបច្ចុប្បន្នកាល

៤- សេចក្តីសង្ឃឹម និងការតប់ប្រមល់របស់មនុស្ស

ក. ព្រះសហគមន៍មានភារកិច្ចពិនិត្យមើលសញ្ញាសម្គាល់នៃពេលវេលាជានិច្ច និងបកស្រាយអត្ថន័យ​នៃសញ្ញា​សម្គាល់​ទាំង​នោះតាម​ពន្លឺ​នៃដំណឹងល្អ​របស់ព្រះគ្រីស្ត ដើម្បីអាចបំពេញមុខងារនេះបាន។ ធ្វើដូច្នេះ ព្រះ​សហគមន៍​អាច​តបឆ្លើយ​នឹង​សំណួរ​ដែលមនុស្ស​ចេះតែចោទជានិច្ចជាកាលឱ្យបានស្របនឹងជំនាន់នីមួយៗ គឺ​ថា តើជីវិតមនុស្សនាបច្ចុប្បន្ន​កាល និង​ជីវិត​នៅ​លោក​ខាង​មុខ​មានអត្ថន័យយ៉ាងណា? តើជីវិតទាំងពីរ​បែប​នេះ​មានទំនាក់ទំនងយ៉ាងដូចម្តេច? ព្រះ​សហគមន៍ត្រូវតែស្គាល់​ និង​យល់​ពិភពលោកនេះ ជាពិភព​ដែល​យើង​រស់​នៅ ត្រូវស្គាល់ និងយល់អំពីសេចក្តី​ដែល​មនុស្ស​លោក​កំពុងរង់ចាំសេចក្តីប៉ង​ប្រាថ្នារបស់គេ និង​សភាពការណ៍​នាបច្ចុប្បន្ន ដែលអាចនាំឱ្យពិភព​លោក​វិនាស​អន្តរាយ​បាន។ នេះ​ជា​លក្ខណៈដ៏សំខាន់ៗខ្លះ​នៃ​ពិភពលោក​នាបច្ចុប្បន្នកាល តាមយើងអាចយល់ឃើញបាន។

ខ. សព្វថ្ងៃ មានយុគសម័យថ្មីកើតឡើងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គឺមានការ​ផ្លាស់ប្តូរ​យ៉ាង​ជ្រៅ និងយ៉ាង​លឿន​បំផុត​សាយបន្តិចម្តងៗក្នុងពិភពទាំងមូល។ ការផ្លាស់ប្តូរ​ទាំងនេះកើត​មក​ពី​ប្រាជ្ញា និង​ពីសកម្មភាព​របស់​មនុស្សដែលចេះតែ​បង្កើតអ្វីៗ​ផ្សេងៗ។ ការផ្លាស់ប្តូរទាំងនោះក៏មានឥទិ្ធពលលើមនុស្សផ្ទាល់លើ​ការ​រិះគិត​ពិចារណា លើសេចក្តីប៉ងប្រាថ្នារបស់គេ ទាំង​លើបុគ្គលម្នាក់ៗ ទាំងលើសង្គមទាំងមូល។ ការផ្លាស់ប្តូរ​ទាំង​នោះមានឥទិ្ធពលលើ​របៀប​រិះគិត​ និងលើ​របៀប​ប្រព្រឹត្ត​ចំពោះអ្វីៗទាំងអស់ និង​ចំពោះ​មនុស្សដូចគ្នា។ យើង​ពិត​ជា​អាច​និយាយថា សង្គម និងវប្បធម៌​កំពុងតែ​ប្រែ​ប្រួលប្រាកដមែន។ ការប្រែ​ប្រួលនេះ​មាន​ឥទ្ធិពល​រហូត​ដល់​របៀប​អនុវត្តតាមសាសនាទៀតផង។

គ. ការផ្លាស់ប្រែនៃពិភពលោកបែបនេះ ប្រៀបដូចជាវិបត្តិនានានៅពេលខ្លួនចម្រើនធំធាត់ដែរ គឺបណ្តាល​ឱ្យកើត​ការ​ពិបាក​ដ៏ធ្ងន់ធ្ងរជា​ច្រើន។ មនុស្សចេះតែលាតសន្ធឹងអំណាចរបស់ខ្លួនឱ្យកាន់តែឆ្ងាយទៅៗ ក៏ប៉ុន្តែ ខ្លួនមិន​ទាន់​មាន​សមត្ថភាព​ធ្វើ​ជា​ម្ចាស់​នៃអំណាចនេះគ្រប់ពេលវេលានៅឡើយទេ។ ទោះបី​មនុស្សចេះ​ស្ទង់​ថាមពល​កប់​យ៉ាង​ជ្រៅបំផុត​ក្នុងចិត្ត​គេក្តី ក៏មនុស្សជា​ច្រើន​នៅតែ​មាន​ចិត្តសង្ស័យលើខ្លួនឯង។ បន្តិចម្តងៗ​មនុស្ស​ទទួល​ស្គាល់បទដ្ឋាននៃ​ការរស់នៅ​ក្នុង​សង្គម​ឱ្យ​កាន់តែ​ច្បាស់​ឡើង​ៗ ក៏ប៉ុន្តែ​ គេនៅតែស្ទាក់ស្ទើរអំពីទិសដៅដែល​ត្រូវកំណត់ដាក់​ឱ្យសង្គម​នោះ។

ឃ. មនុស្សលោកនាបច្ចុប្បន្នមានធនធានហូរហៀរ មានសមត្ថភាព និងមានកម្លាំងសេដ្ឋកិច្ច ដែលតាម​ប្រវត្តិ​សាស្រ្ត​កាល​ពី​ដើមរៀងមកមិនដែលមានទេ ក៏ប៉ុន្តែ មានមនុស្សមួយចំនួនធំនៅតែខ្វះស្បៀងអាហារ រស់នៅ​ជា​ជន​កម្សត់​ទុរគត និង​មាន​មនុស្សជា​ច្រើន​រាប់​មិនអស់មិនចេះអក្សរ។ មនុស្ស​នា​បច្ចុប្បន្ន​កាល​មាន​បំណង​ប្រាថ្នា​ចង់​បានសេរីភាព ដែល​មិន​ដែល​មានដូច​កាល​ពីពេលមុន ក៏ប៉ុន្តែ នៅពេលជាមួយគ្នានេះក៏កើតមាន​របៀប​រស់នៅបែបថ្មី គឺបណ្តាលឱ្យមនុស្ស​ទៅជា​ទាសករ​ខាង​សង្គម​ និង​ខាង​ចិត្តគំនិតទៅវិញ។ មនុស្ស​លោក​ភ្ញាក់​ស្មារតី​យ៉ាងខ្លាំងថា គេត្រូវរួមគ្នាជាធ្លុង​តែមួយ​ត្រូវការពឹង​ពាក់គ្នាទៅវិញទៅមក និងត្រូវការសាមគ្គី​ជា​ចំា​បាច់។ ប៉ុន្តែ នៅពេលដដែលនេះ មនុស្សលោកនៅតែ​មានការប្រទាញប្រទង់គ្នា ប្រឆាំងជំទាស់​ដណ្តើម​អំណាច​ដោយមានថាមពលផ្សេងៗ ហើយគេ​ក៏នៅតែមានការ​បាក់​បែក​យ៉ាង​ខ្លាំង​ខាង​នយោបាយ ខាង​សង្គម ខាង​សេដ្ឋកិច្ច ខាងជាតិ​សាសន៍ និងខាងមនោគមវិជ្ជានៅឡើយ។ គេខ្លាចកើត​សង្គ្រាមដែល​អាចបំផ្លាញ​ពិភពលោក​ទាំងមូលឱ្យវិនាសថែមទៀតផង។ មនុស្សផ្លាស់ប្តូរយោបល់គ្នា​ទៅវិញទៅ​មក​កាន់​តែ​ច្រើនឡើងៗ ក៏​ប៉ុន្តែ ពាក្យ​សម្រាប់​បញ្ចេញគំនិត​យោបល់ដ៏សំខាន់ៗមាន​អត្ថន័យប្លែកៗពីគ្នា​តាម​មនោគមវិជ្ជាប្លែក​ពី​គ្នា​ដែរ។ មិនតែប៉ុណ្ណោះ មនុស្សយកចិត្តទុកដាក់ខិតខំចាត់​ចែងរចនាសម្ពន្ធ​ឱ្យកាន់តែប្រសើរឡើងៗ ក៏ប៉ុន្តែ ការ​ខិត​ខំ​ចាត់​ចែង​រចនាសម្ពន្ធនេះ គ្មាន​ការ​ចម្រើនខាងផ្លូវវិញ្ញាណទេ។

ង. ដូច្នេះ មនុស្សជាច្រើននៅសម័យឥឡូវ​ភ្ញាក់ផ្អើលដោយសារសភាពការណ៍ដ៏ស្មុគស្មាញនេះ គេពិបាក​ពិចារណា​ថា អ្វីៗជា​តម្លៃថ្លៃថ្នូរដ៏អចិន្រៃ្តយ៍អាចទៅជាគោលណែនាំជីវិតមនុស្សលោក។ ទន្ទឹមនឹងនេះ គេមិន​ដឹង​ធ្វើ​យ៉ាងណាដើម្បី​ឱ្យ​តម្លៃ​ដ៏​ថ្លៃ​ថ្នូរ​ទាំងនេះបាន​សមស្របនឹងអ្វីៗដែលគេនឹងបង្កើតថ្មីៗទេ។ គេ​ព្រួយ​បារម្ភ​ទាំង​មាន​ចិត្តសង្ឃឹម ទាំងតប់​ប្រមល់មិនដឹងថា ត្រូវយល់យ៉ាង​ណា​អំពីការ​វិវឌ្ឍន៍នៃពិភពលោក​សព្វថ្ងៃ។ ការ​វិវឌ្ឍន៍​នៃ​ពិភពលោក​សព្វ​ថ្ងៃ ដូចជា​ប្រកួត​ប្រជែងជាមួយតម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស ឬបើ​និយាយ​តាម​របៀប​ផ្សេង​ទៀត ការវិវឌ្ឍ​ន៍​នោះ គឺបង្ខំមនុស្ស​ឱ្យ​រក​ចម្លើយដោះស្រាយបញ្ហានៃការវិវឌ្ឍ​ន៍វិញ។

៥- ការផ្លាស់ប្តូរយ៉ាងខ្លាំង

ក. សព្វថ្ងៃ មនុស្សមានចិត្តគំនិតរំជើបរំជួលនឹងសភាពការណ៍ជីវភាព ភ្ជាប់នឹងការផ្លាស់ប្តូរជាទូទៅក្នុងសង្គម​ដែរ។ តាម​ការ​ផ្លាស់​ប្តូររួម​នេះ វិទ្យាសាស្ត្រ គណិតវិទ្យា ជីវវិទ្យា និងមនុស្ស​សាស្រ្ត មានប្រៀប​លើ​វិជ្ជា​ឯទៀតៗ​ទាំង​អស់ ក្នុងការអប់រំ​ចិត្ត​គំនិត​យុវជន។ បច្ចេកទេស​ដែលកើតចេញពីវiជ្ជាទាំងប៉ុន្មាននោះ ក៏មាន​ប្រៀប​លើ​ការ​រស់​នៅ​ដែរ។ ចិត្តគំនិត​អប់រំ​តាម​វិទ្យាសាស្រ្តបែបនេះ បានធ្វើឱ្យវប្បធម៌និងរបៀបរិះគិត​ប្លែកពីវប្បធម៌ និង​របៀប​រិះគិត​កាល​ពីមុន។ ការ​អភិវឌ្ឍន៍​នៃ​បច្ចេកទេសបានប្រែទ្រង់ទ្រាយនៃផែនដីរួចទៅហើយ រហូតដល់​មនុស្ស​ចង់​ទៅដណ្តើមយក​អាកាសវេហាស៍ទៀតផង ហើយគេ​ក៏ទៅ​ដល់ស្ថានព្រះច័ន្ទ​រួចហើយដែរ។

ខ. មនុស្សហាក់ដូចជាលាតអំណាចនៃប្រាជ្ញារបស់ខ្លួន រហូតដល់ធ្វើជាម្ចាស់លើពេលវេលា គឺមនុស្សបច្ចុប្បន្ន​មាន​ចំណេះ​ស្គាល់​ព្រឹត្តការណ៍ដែល​កើត​ពី​អតីតកាលដោយសារប្រវត្តិសាស្រ្តគេក៏មានគម្រោងការ និង​សេចក្តី​ព្រាង​សម្រាប់​ពេល​អនាគត​ដែរ។ ការអភិវឌ្ឍន៍ជីវវិទ្យា ចិត្តវិទ្យា និងសង្គមវិទ្យា មិន​គ្រាន់តែ​ផ្តល់​ឱកាស​ឱ្យ​មនុស្ស​ស្គាល់ខ្លួន​កាន់តែ​ច្បាស់​ឡើងៗប៉ុណ្ណោះទេ តែផ្តល់​មធ្យោបាយ​ឱ្យមនុស្ស​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​មនុស្ស​ក្នុងសង្គម​នានា​ថែម​ទៀត ដោយ​យក​បចេ្ចកទេសស្របតាមសង្គមនោះមកប្រើ។ នៅពេល​ជាមួយ​គ្នា​នេះ មនុស្សជាតិខិត​ខំ​គ្រោងទុក​អំពីចំនួន​មនុស្ស​ក្នុង​ប្រទេស​នីមួយៗ ព្រមទាំងត្រួតត្រាចំនួនទាំងនោះ​ផង​ដែរ។

គ. ចលនានៃប្រវត្តិសាស្រ្តកាន់តែលឿនទៅៗបណ្តាលឱ្យម្នាក់ៗពិបាកនឹងតាមទាន់។ វាសនាសហគមន៍មនុស្ស​ទាំង​មូល​ត្រឡប់ទៅជា​វាសនា​រួម​តែមួយ មិនបែកពីគ្នាដូចសម័យមុនៗ ពោលគឺ មិនដូចកាលដែលប្រទេស​នីមួយៗ​មាន​ប្រវត្តិសាស្រ្ត​ដាច់ៗ​ពី​គ្នា។ សរុបសេចក្តី​មក ពិភពលោក​ឆ្លងពី​សភាពការណ៍នឹងន ទៅជា​សភាព​ការណ៍​ដែលមាន​ចលនា​នឹង​វិវឌ្ឍន៍​ឡើង។ ហេតុនេះហើយ បាន​ជាកើតរបៀបរិះគិតថ្មីអំ​ពីបញ្ហាដ៏ធំទូលំ​ទូលាយ​បណ្តោយ​ឱ្យអ្នកប្រាជ្ញ​ត្រូវ​ធ្វើវិភាគ​ និង​សំយោគ​ថ្មី។

៦- ការប្រែប្រួលខាងសង្គម

ក. ដោយសភាពការណ៍មនុស្សលោកប្រែប្រួលដូច្នេះ សហគមន៍នានាដែលកាន់តាមប្រពៃណីពីបុរាណ គឺបក្ខ​ស័ម្ពន្ធ កុលសម្ព័ន្ធដែលមានចាស់​ព្រឹទ្ធាចារ្យត្រួតត្រា សហគមន៍ភូមិ និងក្រុមឯទៀតៗ ព្រមទាំងទំនាក់​ទំនង​ក្នុង​សង្គម ក៏​ប្រែ​ប្រួល​កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃដែរ។

ខ. សង្គមបែបឧស្សាហកម្មក៏លាតសន្ធឹងក្នុងពិភពលោកបន្តិចម្តងៗ បណ្តាលឱ្យ​ប្រទេសខ្លះ​មានសេដ្ឋកិច្ច​ជឿន​លឿន​ មាន​ធន​ធាន​ច្រើនហូរហៀរ ប្រែទស្សនៈ និងរបៀបរស់នៅក្នុងសង្គមទាំងស្រុងឱ្យបានប្លែកពីទស្សនៈ​ និង​របៀបរ​ស់នៅ​ដែល​គេ​មាន​តាំងពីយូរសតវត្សរ៍មក។ តាមរបៀប​ដដែលនេះ វប្បធម៌នៃការរស់នៅក្នុងទីក្រុងកាន់​តែ​មាន​ឥទ្ធិពលទាក់​ទាញ​ចិត្តអ្នកស្រែចម្ការ គឺបណ្តាលឱ្យកើតមានទីក្រុង​ថ្មីៗជាច្រើនដែល​មាន​មនុស្ស​កាន់​តែ​ច្រើនរស់នៅ ព្រមទាំង​បណ្តាល​ឱ្យរបៀប​រស់​នៅបែបអ្នកក្រុង ភាយចូលទៅ​ក្នុងស្រុក​ស្រែ​ចម្ការ​ទៀត​ផង។

គ. មានមធ្យោយបាយទូរគមនាគមន៍ថ្មីៗក្នុងសង្គមកាន់តែល្អប្រសើរឡើង ជួយឱ្យប្រជាជននៅគ្រប់​កន្លែង​ដឹង​យ៉ាង​ឆាប់​រហ័សបំផុតនូវ​ព្រឹត្តិការណ៍ដែលកើត​ឡើងក្នុងពិភពលោកទាំងមូល។ មធ្យោយបាយទាំងនោះ​ក៏ជួយ​ផ្សព្វផ្សាយ​គំនិត និង​មនោសញ្ចេតនាផ្សេងៗ ​បណ្តាល​ឱ្យកើត​ប្រតិកម្មតៗ​គ្នា​ជា​ច្រើន។

ឃ. ត្រូវចាប់អារម្មណ៍ទៀតថា ដោយមូលហេតុផ្សេងៗ មានមនុស្សជាច្រើនត្រូវចាក​ចេញពីភូមិ​ស្រុក​របស់​ខ្លួន​ទៅ​រស់​នៅជាអន្តោប្រវេសន៍ក្នុង​ប្រទេស​ផ្សេងទៀត ហើយក៏ផ្លាស់ប្តូររបៀប​រស់នៅដែរ។

ង. និយាយរួមទៅ មនុស្សមានទំនាក់ទំនងជាមួយនឹងមនុស្សដូចគ្នាកាន់តែច្រើនឡើងៗ រីឯចលនា​នាំឱ្យមនុស្ស​រស់​នៅ​ជា​មួយគ្នាកាន់តែច្រើនឡើង (ហៅថា “សង្គមនីយកម្ម”) បង្កើតចំណងទំនាក់ទំនងថ្មីៗ​ជាច្រើន ប៉ុន្តែ ជួន​កាល​មិន​ជួយ​អភិវឌ្ឍន៍​បុគ្គលិ​កលក្ខណៈរបស់មនុស្ស​ម្នាក់ៗឱ្យបានពេញលេញឡើយ គឺមិនជួយ​បង្កើត​ទំនាក់​ទំនងដែល​ពិតជា​ទំនាក់​ទំនង​រវាងនុស្ស​ និងមនុស្ស ពោល​គឺ​ ឱ្យមាន “បុគ្គលិកូបនីយកម្ម” (កិច្ចនាំឱ្យ​មនុស្ស​ម្នាក់ៗ​ទៅជាបុគ្គល​ដ៏ពេញ​លក្ខណៈ​ដោយមានទំនាក់ទំនងជាមួយអ្នកដទៃ)។

ច. តាមពិត ការវិវឌ្ឍ​ន៍សង្គមបែប​នេះកើតឡើង ជាពិសេស​ ក្នុងប្រជាជាតិដែលបានទទួលផលពីការជឿនលឿន​ខាង​សេដ្ឋកិច្ច និងខាង​បច្ចេក​ទេស​រួច​ហើយ។ ប៉ុន្តែ ការការវិវឌ្ឍ​ន៍សង្គមបែប​នេះ​ក៏ចាប់ផ្តើមកើតឡើងក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែរ គឺប្រជាជនប្រទេសទាំងនោះចង់ទទួលចំណែក​ផលនៃ​ឧស្សាហូបនីយកម្ម (ការ​ផ្លាស់​កសិកម្មទៅជា ឧស្សាហកម្ម​) និងនៃនគរូបនីយកម្ម (អ្នកជនបទផ្លាស់ទីមករស់​នៅទីក្រុង)។ ប៉ុន្តែ ប្រជាជន​ទាំងនោះ ជាពិសេស​ ទោះជាប្រជាជន​ដែល​ផ្ចង់ចិត្តនឹង​ប្រពៃណីបូរាណជាងគេ ក៏មានបំណង​ចង់ប្រើ​សេរីភាព​របស់គេតាមបែបមនុស្ស​ពេញវ័យ និង​តាម​របៀប​ជាបុគ្គល​ផ្ទាល់ខ្លួន។

៧- ការផ្លាស់ប្តូរខាងចិត្តសាស្រ្ត ខាងសីលធម៌ និងខាងសាសនា

ក. ការផ្លាស់ប្តូរចិត្តគំនិត​ និងការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងសង្គម បណ្តាលឱ្យមនុស្ស ជាពិសេស យុវជនរិះគន់​ និង​មាន​ចិត្ត​សង្ស័យ​អំពីតម្លៃនៃប្រពៃណីដែល​គេបាន​ទទួលពីដូនតាមក ហើយ​មិន​សុខចិត្តរស់​នៅតាម​សភាព​ការណ៍​ពី​មុន​ទៀត​ឡើយ។ លើស​ពីនេះទៅទៀត ដោយគេ​ព្រួយបារម្ភ គេនាំគ្នាបះបោរប្រឆាំងនឹងសង្គម។ នៅ​ពេល​ជាមួយគ្នា​នេះ គេ​យល់​ច្បាស់​អំពីសារៈសំខាន់របស់ខ្លួនក្នុងសង្គម ហើយចង់ធ្វើម្ចាស់ការលើសង្គមនោះ ដោយ​មិនបង្អង់ឡើយ។ ហេតុនេះ​ហើយ​ បានជា​ទាំង​ឪពុកម្តាយ ទាំងអ្នកអប់រំតែងតែ​ជួប​ប្រទះ​ការ​ពិបាក​កាន់​តែ​ខ្លាំងឡើងៗក្នុងការបំពេញ​មុខងារ​អប់រំគេ។

ខ. ជួនកាល ក្របខ័ណ្ឌនៃការរស់នៅច្បាប់ របៀបរិះគិតពិចារណា និងរបៀបយល់ឃើញ ដែល​ហូរ​មក​ពី​អតីត​កាល ដូចជាមិន​សូវ​ស្របនឹងសភាពការណ៍នាបច្ចុប្បន្នកាល។ ហេតុនេះ មនុស្សជ្រួលច្របល់ក្នុង​ចិត្តមិនដឹង​ថា ខ្លួនត្រូវ​មាន​កិរិយាមារ​យាទយ៉ាងណានោះទេ សូម្បីតែអំពីសីលធម៌​ និងវិន័យណែនាំ។

គ. របៀបរស់នៅបែបថ្មីៗទាំងនោះក៏មានឥទ្ធិពលលើរបៀបអនុវត្តតាមសាសនាដែរ។ ម្យ៉ាង ដោយមនុស្ស​ជាប់​ក្នុង​ការ​រិះគិត​ពិចារណាកាន់តែជ្រៅទៅៗ គេលែងគិតគូរអំ​ពីពិភពលោក​តាមរបៀបមន្តអាគម និងតាមអបិយ​ជំនឿ​ទៀត​ដែរ តែ​គេត្រូវភ្ជាប់​ចិត្ត​នឹង​លទ្ធិនៃ​ជំនឿដោយខ្លួនឯងផ្ទាល់យ៉ាងសកម្ម។ ដូច្នេះ មាន​មនុស្ស​កាន់តែ​ច្រើន​មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយព្រះ​ជា​ម្ចាស់​ទុកជាព្រះ​ដែល​មានព្រះជន្មគង់នៅ។ ម្យ៉ាងទៀត មាន​មនុស្ស​កាន់​តែ​ច្រើនឡើងៗ​លែងចូល​រួម​ពិធី​គោរពប្រណិប័តន៍​តាមសាសនា។ កាល​ពី​មុន មានតែ​មនុស្ស​មួយ​ចំនួន​តូច ដែល​បដិសេធ​មិនព្រម​ទទួល​ព្រះ​ជា​ម្ចាស់បោះ​បង់​ចោល​សាសនា ឬមិនរវីរវល់​នឹងសាសនា។ ប៉ុន្តែ អ្នក​ទាំង​នោះ​ត្រូវចោទថា ប្លែកពីគេ។ ផ្ទុយទៅ​វិញ​ សព្វថ្ងៃមនុស្ស​ទូទៅចូលចិត្តនិយាយថា អ្នកប្រព្រឹត្តដូច្នេះ ពិត​ជា​ប្រព្រឹត្ត​ស្រប​តាមការ​អភិវឌ្ឍន៍នែវិទ្យាសាស្រ្ត ឬតាម​លទ្ធិ​មនុស្ស​និយមរបៀប​ថ្មី។ កាល​ពី​មុន​មាន​តែ​ទស្សន​វិទូ​ប៉ុណ្ណោះទេដែលមិនរវីរវល់​នឹងសាសនា។ តែសព្វថ្ងៃ ក្នុង​តំបន់​ជាច្រើនអ្នក​និពន្ធអក្សរសាស្រ្ត អ្នកសិល្បៈ អ្នក​បកស្រាយតាមមនុស្សសាស្រ្ត និង​អ្នក​បកស្រាយ​ប្រវត្តិសាស្រ្ត សូម្បីតែ​អ្នក​កាន់ច្បាប់រដ្ឋក៏មិន​អើពើ ហើយ​បដិសេធ​ព្រះជាម្ចាស់ដែរ។ ហេតុនេះ​ហើយ ​បានជាមនុស្សជា​ច្រើន​វិលវល់​ក្នុង​ចិត្ត​ និងជ្រួល​ច្របល់ជាខ្លាំង។

៨- ការបង្ខូចតុល្យភាព និងសតិមនុស្សក្នុងពិភពលោកទំនើប

ក. ការវិវឌ្ឍន៍យ៉ាងលឿនបែបនេះ ជួនកាលកើតឡើងដោយ​គ្មានរបៀបរៀបរយ ជាពិសេស​ការភ្ញាក់​ស្មារតី​កាន់តែ​ច្បាស់​ថា មនុស្ស​លោក​បែកខ្ញែកគ្នាបណ្តាលឱ្យកើតទំនាស់ និងបង្ខូចតុល្យភាពក្នុង​សង្គម​ ព្រមទាំង​បង្ខូច​សតិមនុស្សកាន់​តែ​ធ្ងន់​ទៅៗ។

ខ. ចំពោះបុគ្គលម្នាក់ៗ ជួនកាល ខូចសតិដោយសារប្រាជ្ញាខាងបចេ្ចកទេសទំនើបរបស់ខ្លួន មិនស៊ីចង្វាក់​ និង​ទស្សនៈ​អរូបិយ៍​អំពីជំនឿដែលគេបាន​ទទួលពីមុនមក ហើយគេគ្មានសមត្ថភាពធ្វើសំយោគ​នូវចំណេះដឹង​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ឱ្យ​បាន​សមរម្យ។ គេក៏ខូចសតិ ដោយមតិទំនើបៗដែលខ្វល់​ខ្វាយចង់​តែធ្វើការឱ្យ​សម្រេច​បាន​ជា​លទ្ធផល ​តែមិន​រវី​រវល់​នឹង​មនសិការដែលបញ្ជាឱ្យប្រព្រឹត្ត​តាមសីលធម៌។ សភាពការណ៍​ក្នុង​ការ​រស់​នៅ​រួមមិនស៊ី​ចង្វាក់​នឹងការ​រិះ​គិត​ដោ​យ​ម្នាក់​ឯង នេះក៏​បណ្តាល​ឱ្យ​ខូចសតិដែរ។ មនុស្សធ្វើការ​តែមួយមុខ​តាម​ឯកទេស​របស់​ខ្លួន តែគ្មាន​ទស្សនៈ​រួម​ទូទៅ នេះក៏​បណ្តាល​ឱ្យ​ខូចសតិដែរ។

គ. ក្នុងរង្វង់គ្រួសារ​មានទាស់ទែងគ្នា មិនចុះសម្រុងគ្នា បណ្តាលមកពីមានមនុស្សច្រើនពេក ពី​សភាព​ការណ៍​សេដ្ឋកិច្ច ពីសភាពការណ៍ក្នុងសង្គម ពីទំនាស់តណនិងតណ ឬមកពីទំនាក់ទំនងថ្មីក្នុង​សង្គមរវាងបុរស និង​ស្រ្តី។

ឃ. ដោយជាតិសាសន៍បែកខ្ញែកទាស់ទែងគ្នា វណ្ណៈ ឋានៈ ប្រទេសមានធនធានស្តុកស្តម្ភ និង​ប្រទេស​មាន​ធនធាន​តិច​ជាងទាស់ទែងគ្នា បណ្តាលឱ្យខូចដល់តុល្យភាពក្នុងសង្គម និងក្នុងពិភពលោក។ ស្ថាប័នអន្តរជាតិកើត​ឡើង​ដោយ​ប្រជាជាតិ​នានាក្នុងគោល​បំណង​ចង់​ស្វែងរក​សន្តិភាព ប៉ុន្តែ ដោយមានការ​ឃោសនាមនោគម​វិជ្ជា​ផ្សេងៗ មាន​ប្រជាជាតិ​ និង​ក្រុមឯទៀតៗ​ដែលគិតតែពី​ប្រយោជន៍របស់ខ្លួន គឺបណ្តាលឱ្យទាស់ទែងគ្នា។

ង. ដោយមនុស្សមិនទុកចិត្តគ្នា និងស្អប់គ្នាទៅវិញទៅមក បណ្ដាលឱ្យកើតជម្លោះ និងមហន្តរាយ គឺមនុស្សផ្ទាល់​ជាមូលហេតុ​នៃការបង្កើតជម្លោះ និងមហន្តរាយទាំងនោះ ហើយក៏ជាអ្នករងគ្រោះដែរ។

៩- មនុស្សជាតិមានសេចក្តីប៉ងប្រាថ្នាកាន់តែសកល

ក. ក្នុងពេលជាមួយគ្នានេះ មានមនុស្សកាន់តែច្រើនយល់ឃើញថា មនុស្សជាតិអាច (នឹងត្រូវ) ពង្រឹងម្ចាស់ការ​លើ​បរិស្ថាន​ និង​លើ​សត្វ​លោកទាំងឡាយ។ មនុស្សក៏អាច (ហើយត្រូវ) ចាត់ចែងរបៀបរៀបរយក្នុងកិច្ច​ការ​នយោបាយ​ក្នុង​សង្គម និងក្នុង​សេដ្ឋកិច្ចឱ្យមានសណ្តាប់ធ្នាប់ដែរ ក្នុងបុព្វហេតុ​បម្រើ​មនុស្ស​កាន់តែ​ខ្លាំង​ឡើងៗ និង​ផ្តល់ឱ្យ​មនុស្ស​ម្នាក់ៗ និងឱ្យ​ក្រុម​នីមួយៗអាចប្រកាសបញ្ជាក់ និងពង្រឹងតម្លៃដ៏ថ្លៃថ្នូររបស់ខ្លួន។

ខ. ដោយមូលហេតុនេះ មនុស្សជាច្រើនភ្ញាក់ស្មារតីកាន់​តែច្បាស់ថា មានអយុត្តិធម៌ក្នុងពិភពលោក គ្មាន​ចែក​ធនធានរួម​ឱ្យ​បានស្មើ ហើយយល់ឃើញថា គេរងអយុត្តិធម៌ នាំគ្នាតវ៉ាទាមទារ​តម្លៃដ៏ថ្លៃថ្នូរ​របស់ខ្លួន​យ៉ាង​ឃោរឃៅ។ ប្រជាជន​ក្នុង​ប្រទេសកំពុង​អភិវឌ្ឃន៍ មានប្រទេសដែលទើបបានទទួលឯករាជ្យជាដើម ចង់ទទួល​ចំណែក​ផល​នៃអរិយធម៌​ទំនើប​ក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ ព្រមទាំង​ចង់​មាន​តួនាទី​ក្នុង​ឆាក​អន្តរជាតិ​ផង។ ក៏ប៉ុន្តែ ប្រជាជាតិទាំង​នោះ និង​ប្រជាជាតិដែលមាន​ធនធានស្តុកស្តម្ភ ហើយអភិវឌ្ឍន៍លឿនជាងកាន់តែ​មាន​គម្លាត​ឆ្ងាយពីគ្នា។ នៅពេលជា​មួយ​គ្នា​នេះ ជាញឹកញយណាស់ប្រជាជាតិទាំងនោះស្ថិតនៅ​ក្រោម​ចំណុះ​ប្រជាជាតិ​ដែលស្តុកស្តម្ភកាន់តែខ្លាំងឡើង សូម្បីតែ​ក្នុង​វិស័យសេដ្ឋកិច្ច។ ប្រជាជន​ដែល​ស្រេក​ឃ្លាន​តែង​ចោទ​ប្រកាន់​ប្រជាជាតិដែលមានសម្បូរណ៌ហូរហៀរ។ នៅ​ប្រទេសណាដែលស្រ្តីមិនទាន់មានសិទ្ធិស្មើនឹងបុរស ស្រ្តី​ក៏​នាំ​គ្នា​ទាមទារ​សិទ្ធិនោះ និងសូមឱ្យរដ្ឋអនុវត្តតាមទៀតផង។ ប្រជាពលករ គឺកម្មករ និងកសិករមិនគ្រាន់តែ​ចង់​បាន​ប្រាក់បៀវត្សរ៍សម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះទេ តែមានបំណងចង់​ពង្រឹង​កិត្តិយស​នៃ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន ដោយសារកិច្ចការរបស់គេ។ ប្រសើរជាងនេះទៅទៀត គេក៏ចង់ចូលរួមក្នុងការ​ចាត់​ចែង​ជីវិត​សេដ្ឋកិច្ច ជីវិតក្នុងសង្គម ជីវិតនយោបាយ និង​វប្បធម៌ផងដែរ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែល​មនុស្ស​ជាតិទាំងមូលហ៊ានគិតថា ប្រជាជាតិទាំងអស់អាច (នឹងត្រូវ) ទទួលផលផ្លែពីអរិយធម៌​យ៉ាងពិត​ប្រាកដ។

គ. ប៉ុន្តែ មនុស្សមានសេចក្តីប៉ងប្រាថ្នាជ្រៅជាង និងសកលជាងសេចក្តីប៉ងប្រាថ្នាទាំងនោះទៅទៀត គឺមនុស្ស និង​ក្រុម​នានា​ស្រេកឃ្លានចង់បានជីវិតយ៉ាងពេញលេញប្រកបដោយសេរីភាព ចង់រស់​នៅយ៉ាង​ថ្លៃថ្នូរ​សម​នឹង​ឋានៈ​ខ្លួនជា​មនុស្ស អាចប្រើ​ប្រាស់លទ្ធភាពដ៏ទូលំទូលាយទាំងប៉ុន្មាននៃពិភពលោក​នាបច្ចុប្បន្នមក​បម្រើ​ខ្លួន​ដែរ។ ចំពោះប្រជាជាតិនានា គេ​នៅ​តែ​ខិត​ខំដោយក្លាហាន ដើម្បីឱ្យរួបរួមគ្នាជាសហគមន៍​សកលម្យ៉ាង។

ឃ. ដូច្នេះ យើងអាចសង្កេតឃើញថា ពិភពលោកទំនើបមានអំណាចខ្លាំងផង និងទន់ខ្សោយផង អាចប្រព្រឹត្ត​អ្វីដ៏​ល្អ​ប្រសើរ​ជាងគេបំផុតផង និងអ្វីដ៏អាក្រក់ជាងគេបំផុតផង ហាក់ដូចជាមានផ្លូវពីរនៅពីមុខ គឺផ្លូវ​ទៅ​កាន់​សេរីភាព​ផង និងផ្លូវទៅ​កាន់ភាពជាទាសករផង អាចអភិវឌ្ឍន៍បាន ឬថយក្រោយវិញបានដែរ ទៅកាន់​ភាតរភាព ឬទៅកាន់​ការស្អប់គ្នា។ ម្យ៉ាងទៀត មនុស្សបានធ្វើឱ្យថាមពលចាប់ផ្តើមមានចលនាផ្សេងៗ។ តែ​មនុស្ស​ភ្ញាក់ស្មារតីថា​ ឥឡូវ​ខ្លួន​អាច​តម្រង់​ថាមពល​ទាំងនោះទៅទិសល្អស្រេចតែចិត្ត គឺបណ្តោយ​ឱ្យថាមពល​ទាំង​នោះ​កម្ទេចខ្លួន ឬបម្រើខ្លួនក៏បាន​ដែរ។ ហេតុនេះហើយ បានជាមនុស្សចោទសួរខ្លួនឯង។

១០- មនុស្សជាតិចោទសួរយ៉ាងជ្រៅ

ក. តាមពិត ការបង្ខូចតុល្យភាពក្នុងពិភពលោកសព្វថ្ងៃ ជាប់នឹងការបង្ខូចតុល្យភាពជាគ្រឹះដែលមានប្ញសក្នុងចិត្ត​មនុស្ស​តែម្តង។ ក្នុងចិត្តមនុស្សមានកត្តាជាច្រើនប្រទាញប្រទង់គ្នា។ ណាមួយក្នុងឋានៈខ្លួនជាសត្វលោក មនុស្ស​មាន​ព្រំដែន​ជាច្រើន។ ណាមួយទៀត ខ្លួន​ប៉ង​ប្រាថ្នា​ចង់បាន​ជីវិតដ៏​ប្រសើរ​បំផុតដែល​ពិតជា​ទិសដៅ​របស់​ខ្លួន។ មាន​បំណងជា​ច្រើន​ទាក់ទាញចិត្ត ហើយខ្លួនត្រូវជ្រើសរើសជានិច្ចថា ធ្វើតាម​បំណង​ទាំងនេះ​ក៏​បាន ឬលះបង់ក៏បានដែរ។ អាក្រក់​ជាង​នេះ​ទៅទៀត ដោយខ្លួនទន់ខ្សោយ និងជាអ្នកបាប ជាញឹកញាប់​មនុស្ស​ចេះ​តែ​ប្រព្រឹត្តអំពើអាក្រក់ដែលខ្លួនមិនចង់ធ្វើ តែ​មិន​ប្រព្រឹត្ត​អំពើល្អ​ដែលខ្លូនចង់​ធ្វើនោះទេ (រម ៧,១៤.២១)។ សរុបសេចក្តីមក មនុស្សបាក់បែកគ្នាឯងពីខាងក្នុងចិត្ត ជា​មូលហេតុបង្កបង្កើត​ទំនាស់​ទាស់ទែង​គ្នា​ជាច្រើន និងយ៉ាងធ្ងន់ធ្ងរ។ តាម​ពិត មានមនុស្សជាច្រើនបែរចិត្តឆ្ងាយ មិន​យល់ឃើញ​សភាពការណ៍​ដ៏សែន​ពិបាក​នេះ​យ៉ាងជាក់ច្បាស់ទេ ព្រោះគេរស់​នៅតាម​លទ្ធិ​សម្ភារៈនិយម ដែលជ្រួតជ្រាប​ក្នុង​ការរស់នៅ​របស់​គេ​ស្រាប់។ មានមនុស្សមួយចំនួនទៀតរងគ្រោះដោយភាពក្រីក្រតោកយ៉ាក មិនអាចចាប់អារម្មណ៍​នឹង​សេចក្តី​នេះ​បាន។ មានចំនួន​មនុស្សរឹតតែច្រើនទៅទៀតស្មានថា បានសេចក្តីសុខសាន្តដោយទទួលសេចក្តី​អត្ថាធិប្បាយ​ផ្សេងៗអំពីពិភពលោកតាម​តែសង្គមផ្តល់ឱ្យ។ មានក្រុមខ្លះសង្ឃឹមថា មនុស្សជាតិអាចមាន​សេរីភាព​ដ៏​ពិតប្រាកដ និងយ៉ាងពេញលេញដោយសារ​តែ​ខ្លួនខិតខំប្រឹងប្រែងប៉ុណ្ណោះ។ គេបញ្ចុះបញ្ចូល​ខ្លួន​ឯង​ថា រាជ្យ​របស់​មនុស្ស​នៅលើផែដីនឹងអាចបំពេញសេចក្តីប៉ងប្រាថ្នា​ទាំងប៉ុន្មានដែលខ្លួនចង់បាននោះ។ មាន​ក្រុម​អ្នកខ្លះ​ទៀតអស់​សង្ឃឹមដោយយល់ឃើញថា ជីវិតគ្មានន័យសោះ។ គេនាំ​គ្នា​លើកតម្កើងអ្នក​ក្លាហាន​មោះមុតដែលផ្តល់​អត្ថន័យទាំង​ស្រុងដល់ជីវិត តាមខ្លួនយល់​ឃើញវិញ។ ទោះជាយ៉ាងណាក៏ដោយ ក៏មាន​មនុស្ស​កាន់តែច្រើនឡើងៗ ​នៅពេលឃើញ​ការ​វិវឌ្ឍន៍នៃពិភពលោកសព្វថ្ងៃ នាំគ្នាចោទសួរ​សំណួរជាគ្រឹះ ឬ​នឹក​គិត​អំពីសំណួរទាំងនោះ​តាមរបៀប​មោះ​មុតជាថ្មីថា តើអ្វីទៅមនុស្ស? តើទុក្ខវេទនា សេចក្តីអាក្រក់ មរណភាពមានអត្ថន័យ​យ៉ាងណា? ទោះបីមានការ​អភិវឌ្ឃន៍ច្រើន​យ៉ាងណាក្តី ក៏ទុក្ខវេទនា សេចក្តី​អាក្រក់ មរណភាពស្ថិតនៅរហូតដែរ។ តើជ័យជម្នះទាំងប៉ុន្មានក្នុង​វិស័យជាច្រើន​បាន​ប្រយោជន៍អ្វី បើត្រូវប​ង់ខាត​ថ្លៃ​ច្រើន​យ៉ាង​នេះ? តើមនុស្សអាចយកអ្វី​មកជួយសង្គមបាន? តើមនុស្ស​អាចរង់ចាំ​ទទួល​អ្វីពីសង្គម? ផុតពី​ជីវិត​នេះ តើនឹងទៅជាយ៉ាងណាដែរ?

ខ. ចំពោះព្រះសហគមន៍វិញ ព្រះសហគមន៍ជឿថា ព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿងដើម្បី​ជា​ប្រយោជន៍​ដល់មនុស្សទាំងអស់ (២ករ ៥,១៥) ព្រះអង្គប្រទានពន្លឺ និងកម្លាំងឱ្យមនុស្សដោយសារព្រះ​វិញ្ញាណ​ព្រះអង្គ ដើម្បីឱ្យ​មនុស្សអាចតបឆ្លើយស្របតាមទិសដៅដ៏ខ្ពង់ខ្ពស់របស់ខ្លួន គឺតាម​ព្រះជាម្ចាស់​ត្រាស់​ហៅ។ ព្រះ​សហគមន៍​ជឿ​ថា នៅ​ក្រោម​មេឃ​នេះក្រៅពីព្រះគ្រីស្តយេស៊ូ ព្រះជា​ម្ចាស់​ពុំបាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ (កក ៤,១២)។ ព្រះសហគមន៍ក៏ជឿថា អត្ថន័យ​ដ៏​សំខាន់ និងទិសដៅ​នៃ​ប្រវត្តិសាស្រ្ត​ទាំងមូលរបស់មនុស្សស្ថិតនៅ​ក្នុងអង្គព្រះអម្ចាស់ និង​ព្រះបរម​គ្រូ​របស់​ខ្លួន។ ព្រះសហគមន៍បញ្ជាក់​ទៀត​ថា ទោះបី​មានការផ្លាស់ប្តូរជាច្រើន​យ៉ាងណាក្តី ក៏មានសេចក្តីខ្លះ​នៅ​ស្ថិតស្ថេរ​នៅឡើយ គឺអ្វីៗដែលមានគ្រឹះ​នៅក្នុងអង្គព្រះគ្រីស្ត គឺព្រះអង្គមិន​ប្រែប្រួល​ឡើយ​‌ ពីដើម នៅ‌​ពេល​សព្វ​ថ្ងៃ‌ និង​នៅរហូត​ដល់​អស់​កល្ប​ជានិច្ច ព្រះអង្គ​នៅ​តែ​ដដែល (ហប ១៣,៨)។ ហេតុនេះហើយ បានជា​មហា​សន្និបាត ក្រោមពន្លឺរបស់​ព្រះ​គ្រីស្តជា​រូបតំណាង​‌​របស់​ព្រះ​ជាម្ចាស់ ​ដែល​យើង​មើល​ពុំ​ឃើញ ជា​រៀម​ច្បង​នៃ​សត្វលោកទាំង​អស់ ​ដែល​ព្រះជាម្ចាស់​បាន​ប្រតិស្ឋាន​មក (កូឡ​ ១,១៥) មានបំណង​និយាយ​សន្ទនា​ជាមួយមនុស្ស​ទាំងអស់ ដើម្បី​បំភ្លឺការអាថ៌កំបាំងរបស់មនុស្ស និងជួយមនុស្សជាតិ​ឱ្យរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដ៏​សំខាន់ៗ​នាបច្ចុប្បន្ននេះ។

ភាគទីមួយ
ព្រះសហគមន៍ និងគោលដៅនៃជីវិតរបស់មនុស្ស​តាមព្រះជាម្ចាស់កំណត់ទុក

១១- ព្រះសហគមន៍ត្រូវតបឆ្លើយនឹងព្រះវិញ្ញាណដែលត្រាស់ហៅ

ក. ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ខិតខំពិនិត្យមើលព្រឹត្តិការណ៍ ដើម្បីរកឃើញនូវអ្វីៗដែលមនុស្ស​សម័យឥឡូវ​ទាមទារ និង​ចង់​បាន​ជាចំបាច់ ព្រមទាំងរកឃើញអ្វីៗដែលជាសញ្ញាសម្គាល់ដ៏ពិត​ប្រាកដ​អំពីវត្តមាន​របស់​ព្រះជាម្ចាស់ និងអំពី​គម្រោងការព្រះអង្គផង។ ព្រះសហគមន៍រួមរស់ជាមួយមនុស្សឯទៀតៗនៅសម័យឥឡូវ ដោយផ្ញើជីវិតលើព្រះគ្រីស្ត ទាំង​ដឹងថា ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដែលគង់នៅពាសពេញផែនដីទាំងមូលណែនាំផង។ ជំនឿពិតជាផ្តល់​ឱ្យ​មនុស្សយល់អំពីអ្វីៗ​ទាំង​អស់​តាមអត្ថន័យថ្មី និង​សម្តែងឱ្យយើង​ស្គាល់​ព្រះហឫទ័យរបស់ព្រះជាម្ចាស់អំពីគោលដៅនៃ​ជីវិត​ទាំង​ស្រុងរបស់មនុស្ស តាម​ព្រះអង្គ​ត្រាស់ហៅ។ ជំនឿក៏​តម្រង់វិញ្ញាណមនុស្សឱ្យរកដំណោះស្រាយ​បញ្ហា​របស់​មនុស្ស ឱ្យ​បានស្របនឹងលក្ខណៈជា​មនុស្ស ។

ខ. មុនដំបូង មហាសន្និបាតមានបំណងចង់យកជំនឿនេះមករិះគិតពិចារណា អំពីអ្វីៗដែលមនុស្ស​សម័យ​ឥឡូវ​យល់​ឃើញថា មានតម្លៃថ្លៃ​ជាង​គេ និងភ្ជាប់អ្វីៗដែលមានតម្លៃជាងគេទាំងនោះទៅនឹងព្រះជាម្ចាស់ជា​ប្រភព។ ដោយអ្វីៗដែល​មនុស្ស​សម័យ​ឥឡូវយល់ឃើញ​ថាមានតម្លៃហូរចេញពីប្រាជ្ញាញ្ញាណរបស់មនុស្ស គឺ​អ្វីៗ​ទាំងនោះពិតជាល្អណាស់ ព្រោះ​ជា​ព្រះអំណោយទាន​របស់ព្រះ​ជាម្ចាស់។ ក៏ប៉ុន្តែ ដោយសារកិលេស​តណ្ហា មនុស្សបង្វែរអ្វីៗដ៏ល្អដែល​មាន​តម្លៃទាំង​នោះ ឆ្ងាយ​ពី​របៀប​រៀប​រយ​ដែលព្រះជាម្ចាស់រៀបចំទុក។ ហេតុនេះ​ហើយ ត្រូវជម្រះអ្វីៗទាំងនោះជា​ចំា​បាច់។

គ. តើព្រះសហគមន៍មានទស្សនៈយ៉ាងណាអំពីមនុស្ស? តើព្រះសហគមន៍ត្រូវជូនគោលការណ៍ណាខ្លះ ដើម្បី​ជួយ​សាង​សង់​សង្គម​សម័យ​ឥឡូវ? តើសកម្មភាពរបស់មនុស្សក្នុងពិភពលោកមានអត្ថន័យយ៉ាង​ណា​នៅ​ទីបំផុត? មហាសន្និបាត​ត្រូវ​តែតប​ឆ្លើយនឹង​សំណួរទាំងនោះដោយខានពំុបាន។ មនុស្សជាតិ និងប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ ដែល​ជាចំណែក​មួយ​ចូលរួមក្នុង​ចំណោម​មនុស្ស​ជាតិ ត្រូវតែជួយបម្រើគ្នា​ទៅវិញទៅមក​ឱ្យ​កាន់​តែ​ច្បាស់ឡើងៗ។ ដោយ​ធ្វើដូច្នេះ ព្រះ​សហគមន៍​មុខជានឹងសម្តែង​លក្ខណៈតាមបេសកកម្មរបស់ខ្លួន គឺ​សម្តែងលក្ខណៈជាសាសនាផង ហើយលក្ខណៈ​ជា​មនុស្សសុទ្ធ​សាធ​ផង។

ជំពូក ១
មនុស្សជាបុគ្គលមានតម្លៃដ៏ថ្លៃថ្នូរ

១២- មនុស្សជារូបតំណាងរបស់ព្រះជាម្ចាស់

ក. អ្នកផ្ញើជីវិតលើព្រះជាម្ចាស់ និងអ្នកដែលមិនផ្ញើជីវិតលើព្រះអ​ង្គជាច្រើន មានយោបល់ស្របគ្នាអំពីចំណុចនេះ​ថា អ្វីៗ​ទាំង​អស់នៅ​លើផែនដីទាំងមូលមានទិសដៅ និងអត្ថន័យដោយសារមនុស្សដែលជាស្នូល​ និង​ជា​កំពូល​នៃពិភព​លោក។

ខ. ក៏ប៉ុន្តែ អ្វីទៅមនុស្ស? មនុស្សយើងបានផ្តល់យោបល់ផ្សេងៗជាច្រើនអំពីខ្លួនផ្ទាល់ ជួនកាលជាចម្លើយផ្ទុយគ្នា គឺថា ជួនកាល​មនុស្សលើកតម្កើងខ្លួនឯងទុកជាក្បួនវិន័យដាច់ខាតលើអ្វីៗទាំងអស់ ជួនកាលមនុស្សបន្ទាប​ខ្លួន​រហូត​ដល់​អស់សង្ឃឹម។ ហេតុនេះហើយបានជាមនុស្សនៅតែមានចិត្តសង្ស័យ និងតប់ប្រមល់។ ព្រះ​សហគមន៍​ក៏​ចាប់​អារម្មណ៍​យ៉ាង ខ្លាំងនឹងការពិបាកទាំងនោះ។ ព្រះសហគមន៍មាន​សមត្ថភាពអាចតបចម្លើយ​បាន​ទៅសំណួរទាំងនោះ ព្រោះព្រះជា​ម្ចាស់បានបង្រៀនព្រះសហគមន៍ដោយ​សម្តែងសេចក្តីពិត​អំពីព្រះអង្គ​ឱ្យ​ស្គាល់តាមព្រះ​គម្ពីរ។ តាមព្រះ​គម្ពីរមានចែង​អំពីលក្ខណៈដ៏ពិតប្រាកដរបស់មនុស្ស គឺមាន​បញ្ជាក់យ៉ាង​ច្បាស់​ថា មនុស្សទន់ខ្សោយមែន​ហើយ តែនៅ​ពេលជាមួយគ្នានេះ ត្រូវទទួលស្គាល់យ៉ាង​ត្រឹមត្រូវនូវ​តម្លៃ​ដ៏​ថ្លៃថ្នូរ និងគោលដៅនៃជីវិតរបស់គេតាមព្រះ​ជាម្ចាស់កំណត់ទុក។

គ. ក្នុងព្រះគម្ពីរមានចែងថា ព្រះជាម្ចាស់ប្រតិស្ឋានមនុស្ស “ឱ្យមានលក្ខណៈដូចព្រះអង្គ” អាចស្គាល់ និង​ស្រឡាញ់​ព្រះអាទិករ​របស់ខ្លួន ព្រះអង្គតែងតាំងមនុស្សទុកជាម្ចាស់នៃសត្វលោកទាំងអស់នៅលើផែនដី (កណ ១,២៦ ប្រាញ ២,២៣) ដើម្បី​ឱ្យមានអំណាចលើសត្វលោកទាំងនោះ និងប្រើប្រាស់សត្វលោក ទាំង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះ​អង្គ (បសរ ១៧,៣.១០)។ “តើមនុស្សមានឋានៈអ្វី​បានជា​ព្រះអង្គ​នឹកគិត​ដល់​គេ​ដូច្នេះ? តើបុត្រមនុស្ស​ជាអ្វីបានជាព្រះអង្គ​យក​ព្រះហប្ញទ័យទុកដាក់នឹងគេយ៉ាងនេះ? ព្រះអង្គបាន​ប្រោស​ឱ្យគេមានឋានៈទាប​ជាង​ទេវតា​តែបន្តិចប៉ុណ្ណោះ ព្រះអង្គប្រទាន​សិរីរុងរឿង​  និង​កិត្តិយស​ដល់គេ​ទុកជា​មកុដ​រាជ្យ ព្រះអង្គប្រទាន​ឱ្យ​គេគ្រប់គ្រង​លើអ្វីៗទាំងអស់ដែល​ព្រះ​អង្គ​បាន​ប្រតិស្ឋានមក ព្រះអង្គបាន​បង្ក្រាប​អ្វីៗ​ទាំងអស់ឱ្យនៅក្រោម​ជើង​របស់​គេ” (ទំន ៨,៥-៧)។

ឃ. ប៉ុន្តែ ព្រះជាម្ចាស់មិនបានប្រតិស្ឋានមនុស្សឱ្យនៅតែម្នាក់ឯងទេ តែតាំងពីដើមរៀងមក “ព្រះអង្គ​ប្រតិស្ឋាន​មនុស្ស​ជា​បុរស​ ជាស្រ្តី” (កណ ១,២៧)។ សង្គមដែលមានបុរស និងស្ត្រីនេះ ជារបៀប​ដើមដំបូង ដើម្បី​បញ្ជាក់​ថា បុគ្គលទាំងអស់​ត្រូវ​តែរួប​រួមគ្នា។ តាមលក្ខណៈ​ដ៏ជ្រៅបំផុតរបស់ខ្លួន មនុស្សជាបុគ្គលមួយដែល​រស់នៅ​ក្នុង​សង្គម។ ប្រសិនបើមនុស្ស​គ្មាន​ទំនាក់ទំនងជាមួយអ្នកដទៃ គេមិនអាចរស់នៅបានទេ ហើយគេ​ក៏មិនអាច​ធ្វើ​ឱ្យ​ទេពកោសល្យ​របស់ខ្លួនចម្រើន​ឡើង​បានដែរ។

ង. ហេតុនេះហើយ ក្នុងព្រះគម្ពីរមានចែងទៀតថា “ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់​ដែល​ព្រះអង្គប្រតិស្ឋាន​មក​នោះ ទ្រង់ឈ្វេងយល់ថា​ ល្អ​ប្រសើរបំផុតហើយ”។ (កណ ១,៣១)។

១៣- អំពើបាប

ក. ព្រះជាម្ចាស់តែងតាំងមនុស្សមានសភាពសុចរិត។ ប៉ុន្តែ មារដ៏មានកលល្បិច​ជាងគេ​បញ្ឆោតមនុស្ស​បណ្តាល​ឱ្យគាត់ប្រើសេរីភាពរបស់ខ្លួនហួសហេតុ លើកខ្លួនប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងមានបំណង​ចង់បាន​សេចក្តីសុខ​ដោយ​មិនត្រូវការព្រះអង្គសោះ។ ទោះបីមនុស្សលោកស្គាល់ព្រះជាម្ចាស់ក្តី ក៏ “គេពុំបាន​លើក​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ​ឱ្យសម​នឹង​ឋានៈរបស់ព្រះជាម្ចាស់ទេ (…) ផ្ទុយទៅវិញ‌ ​ចិត្ត​ល្ងី​ល្ងើរបស់គេ​ក៏​បែរ​ទៅជាងងឹតសូន្យសុងដែរ។ គេនាំគ្នា​ថ្វាយបង្គំ​ និង​គោរពបម្រើអ្វីៗដែលព្រះជាម្ចាស់​ប្រតិស្ឋាន​មកជំនួស​ការ​គោរព​បម្រើ​ព្រះ​ដែល​បាន​ប្រតិស្ឋានសត្វលោក​ទាំង​នោះ​វិញ” (រម ១,២១-២៥)។ ព្រះជា​ម្ចាស់​សម្តែង​ឱ្យ​យើង​ដឹង​សេចក្តីនេះ យើងក៏មានបទពិសោធន៍ដូច្នេះដែរ។ ប្រសិន​បើ​មនុស្ស​យើងពិនិត្យ​មើលចិត្តគំនិត​របស់​ខ្លួន យើងមុខជានឹងយល់ឃើញថា ខ្លួនមានលម្អៀងទៅប្រព្រឹត្ត​អំពើ​បាប មាន​តណ្ហា​ជាច្រើន​ចង់​ពន្លិច​ស្មារតី​របស់​យើង។ តណ្ហាទាំងប៉ុន្មាននេះ​មិនមែនបណ្តាលមកពីព្រះ​អាទិកររបស់យើង​ដែល​មាន​ព្រះហឫទ័យ​សប្បុរស​ទេ។ មនុស្សលោកមិនព្រមទទួលស្គាល់ព្រះ​ជាម្ចាស់​ទុកជាដើមកំណើត​របស់​ខ្លួនឡើយ។ ធ្វើ​ដូច្នេះ ​គេ​បាក់បែក​សណ្តាប់ធ្នាប់ដែលតម្រង់ខ្លួនទៅរក​ទីដៅ​ចុងក្រោយបំផុត​នៃជីវិតរបស់គេ។ នៅពេល​ជាមួយគ្នា​នេះ មនុស្សកើតតណ្ហាប្រទាញប្រទង់នឹងខ្លួនឯង ដែលបណ្តាលឱ្យបំបែក​ទំនាក់ទំនងជា​មួយ​មនុស្សឯទៀតៗ ​និង​ជាមួយ​សត្វ​លោក​ទាំង​ឡាយយ៉ាងស្រួល។

ខ. ហេតុនេះយើងយល់ឃើញថា មនុស្សបាក់បែកពីប្រភពខាងក្នុង។ ការរស់នៅរបស់មនុស្សយើង ទោះជា​ការ​រស់​នៅ​របស់​បុគ្គលម្នាក់ៗក្តី ឬជាការរស់នៅរួមក្តី ច្បាស់ជាការតយុទ្ធដ៏ឃោរឃៅ គឺសេចក្តីល្អតយុទ្ធ​នឹង​សេចក្តី​អាក្រក់ ពន្លឺ​តយុទ្ធ​នឹង​ភាពងងឹត។ លើសពីនេះទៅទៀត មនុស្សយើងឃើញថា គឺយើងម្នាក់ៗ​ដឹងខ្លួនថា ដូចជា​ជាប់ច្រវាក់ដ៏ធ្ងន់។ ប៉ុន្តែ ព្រះអម្ចាស់​ផ្ទាល់​យាងមកប្រោសឱ្យមនុស្សយើង​មានសេរីភាព​ និងមាន​កម្លាំង​ឡើង​វិញ ព្រះអង្គប្រែយើងពីខាង​ក្នុង​ឱ្យបាន​ថ្មី ដោយ​បណ្តេញចៅហ្វាយរបស់មនុស្សលោក​ចេញ​ទៅខាងក្រៅ (យហ ១២,៣១) គឺចៅហ្វាយដែល​បណ្តាល​ឱ្យ​មនុស្ស​ធ្វើជាខ្ញុំបម្រើរបស់បាប (យហ ៨,៣៤)។ បាបក៏​បណ្តាល​ឱ្យមនុស្សអន់ថយ ហើយ​ឃាត់មិន​ឱ្យ​ទៅ​ជា​មនុស្ស​ពេញល​ក្ខណៈ។

គ. យើងទាំងអស់គ្នាមានបទពិសោធន៍អំពីតម្លៃដ៏ខ្ពង់ខ្ពស់បំផុតនៃជីវិតរបស់មនុស្ស តាមព្រះហឫទ័យ​ព្រះ​ជាម្ចាស់​កំណត់​ទុក ហើយក៏មានបទពិសោធន៍អំពីទុក្ខដ៏ធ្ងន់ធ្ងររបស់មនុស្សផងដែរ។ ព្រះគម្ពីរសម្តែងអត្ថន័យ​ដ៏ជ្រៅ​ចុងក្រោយ​បំផុត​នៃ​តម្លៃដ៏ខ្ពង់​ខ្ពស់ ​និងនៃទុក្ខ​ទាំងនោះ។

១៤- សភាពរបស់មនុស្ស

ក. ទោះបីមនុស្សមានរូបកាយ និងវិញ្ញាណ តែក៏ជាអង្គតែមួយដែរ។ ក្នុងឋានៈខ្លួនមានរូបកាយ មនុស្ស​យើង​សរុប​ធាតុ និងអ្វីៗ​ទាំងអស់ដែល​មានក្នុងពិភពលោក ដូច្នេះ អ្វីៗទាំងនោះអាចលើកតម្កើងសិរីរុងរឿង​ព្រះអាទិករ​របស់​ខ្លួន​ដោយសេរី តាម​រយៈ​មនុស្ស ជាកំពូលនៃពិភពលោក (ដន ៣,៥៧-៩០)។ ហេតុនេះ ត្រូវហាម​ផ្តាច់​មនុស្ស​យើងកំុឱ្យមាក់ងាយជីវិត​រូបកាយជាដាច់ខាត ផ្ទុយទៅវិញ មនុស្សយើង​ត្រូវតែលើកតម្លៃនៃរូបកាយ និង​គោរព​រូបកាយដែល​ព្រះជា​ម្ចាស់​ប្រតិស្ឋាន​មក ហើយដែលត្រូវទទួលជីវិត​ថ្មីដ៏រុងរឿង​នៅពេលចុង​ក្រោយ​បំផុត។ ប៉ុន្តែ ដោយមនុស្សយើងត្រូវ​របួស​ដោយ​សារ​អំពើបាបយើងដឹង​ខ្លួន​ថា រូបកាយបះបោរ​ប្រឆាំងនឹង​វិញ្ញាណ។ ហេតុនេះ កិត្តិយសរបស់មនុស្សយើង ទាម​ទារ​ឱ្យ​យើង​ប្រើរូប​កាយមក​លើកតម្កើងសិរីរុងរឿង​របស់​ព្រះជាម្ចាស់ (១ករ ៦,១៣-២០) មិនបណ្តាយឱ្យរូបកាយ​ធ្លាក់​ទៅ​ធ្វើជា​ទាសករ​នៃតណ្ហា ជាលម្អៀង​ទៅរក​សេចក្តី​អាក្រក់ដែលកប់ទុកក្នុងចិត្ត។

ខ. តាមពិត យើងមិនយល់ច្រឡំដោយទទួលស្គាល់ថា មនុស្សយើងប្រសើរជាងជាតិទាំងឡាយ​ដែល​ស្ថិត​ក្នុង​ខ្លួន និងរាប់​ទៀត​ថា មនុស្សយើងមិនគ្រាន់តែជាចំណែកដ៏តូចនៃធម្មជាតិ ឬជាគ្រឿង​អនាមិក​នៃសង្គម​ប៉ុណ្ណោះ​ទេ គឺមនុស្សយើង​មានអ្វីលើសកត្តាទាំងនោះ មនុស្សយើងហួស​ពីវត្ថុទាំងឡាយ ព្រោះខ្លួន​មាន​វិចារណញ្ញាណនៅខាងក្នុង។ នៅពេល​យើង​នឹក​ស្មឹងស្មាធិ៍រិះគិតអំពីខ្លួនឯង យើងទៅដល់ទី​ជម្រៅនៃ​វិចារណញ្ញាណ​ដែលនៅខាងក្នុងនោះ ជាកន្លែងព្រះ​ជា​ម្ចាស់​រង់​ចាំ​ជួប​យើង គឺព្រះជាម្ចាស់ដែលស្ទង់ចិត្ត​គំនិត (១ពង្ស ១៦,៧; យរ ១៧,១០)។ មនុស្សយើងក៏សម្រេច​អំពី​វាសនា​របស់ខ្លួន​ដោយ​ផ្ទាល់ខ្លួននៅទី​ជម្រៅ​នៃ​ចិត្ត​គំនិត​នោះ ដោយព្រះជាម្ចាស់ប្រោសប្រណីផង។ ដូច្នេះ ពេលណា​យើង​ទ​ទួលស្គាល់ថា ខ្លួនមាន​វិញ្ញាណ​ដ៏អមតៈ ពេលនោះ​ យើងយល់ដល់ទីជម្រៅនៃសេចក្តីដ៏ពិតប្រាកដអំពី​ខ្លួន គឺ​យើង​លែង​គិតថា ​យើងជាគ្រឿងដែល​កើតមក​តែពី​ធម្មជាតិ ឬដោយ​សង្គម ដូចគេស្រមៃ​ឃើញ​ទៀតហើយ។

១៥- ប្រាជ្ញាមានតម្លៃដ៏ថ្លៃថ្នូរ

ក. មនុស្សយើងទទួលប្រាជ្ញាជាចំណែកនៃពន្លឺរបស់ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ​ បាន​ជា​យើង​យល់​ដឹងយ៉ាងត្រឹមត្រូវថា ខ្លួនប្រសើរជាងអ្វីៗទាំងអស់ក្នុងពិភពលោក ព្រោះយើងមាន​ប្រាជ្ញា។ ពី​សតវត្សរ៍មួយ ទៅសតវត្សរ៍មួយ មនុស្សព្យាយាមខិតខំប្រើប្រាជ្ញារបស់ខ្លួនធ្វើឱ្យវិទ្យាសាស្រ្តនៃបទ​ពិសោធន៍ បច្ចេកទេស និងវិចិត្រសិល្បៈចម្រើនឡើង​ជាលំដាប់។ នៅសម័យឥឡូវ មនុស្សយើងបានជ័យ​ជម្នះ​យ៉ាង​អស្ចារ្យ ដោយបានរកឃើញអ្វីៗខាងសម្ភារៈ និងបាន​បង្រ្កាបពិភពសម្ភារៈនោះយកមកប្រីប្រាស់។ ប៉ុន្តែជានិច្ច​ជាកាល មនុស្សបានស្វះស្វែងរកសេចក្តីពិតដ៏ជ្រៅជាង ហើយ​បានរកឃើញផង ដ្បិតប្រាជ្ញា​មនុស្ស​មិន​គ្រាន់តែ​ចេះពិនិត្យមើលអ្វីៗដែលអាចមើលឃើញបានប៉ុណ្ណោះ​ទេ តែអាចរិះគិត និងយល់​យ៉ាងជាក់ច្បាស់​នូវ​អ្វី​ដ៏​ពិតប្រាកដ​ដែលមានកប់នៅខាងក្នុងអ្វីទាំងនោះតាមតែអាច​យល់​បាន ទោះបីអំពើបាបបានបន្សល់ទុក​ភាព​ងងឹត​ និងភាព​ទន់ខ្សោយក្នុងប្រាជ្ញាមនុស្សយើងក៏ដោយ។

ខ. ក្នុងឋានៈខ្លួនមានប្រាជ្ញា បុគ្គលម្នាក់ៗសែ្វងរក (ហើយត្រូវតែស្វែងរក) ធ្វើឱ្យខ្លួនបានពេញលក្ខណៈ​ដោយ​សារ​គតិបណ្ឌិត។ គតិបណ្ឌិតតែងតែទាក់ទាញវិញ្ញាណរបស់មនុស្សយ៉ាងខ្លាំង និងយ៉ាងថ្នាក់ថ្នមឱ្យ​ស្វះស្វែង​រក និង​ស្រឡាញ់សេចក្តីពិត​ និងអ្វីដ៏ល្អប្រសើរ។ មនុស្សណាដែលមានគតិបណ្ឌិតជ្រួតជ្រាប ពិត​ជា​ឆ្លងពី​ពិភពដែលមើលឃើញ ទៅ​ពិភព​ដែល​មើល​មិនឃើញពុំខាន។

គ. មនុស្សសម័យឥឡូវត្រូវការគតិបណ្ឌិត​នេះជាចំាបាច់ ច្រើនជាងមនុស្សសម័យឯទៀតៗទាំងអស់ ដើម្បីធ្វើ​ឱ្យ​អ្វីៗដែល​មនុស្ស​បានរកឃើញ​​​​​​​​​​​​ និងបង្កើត ពិតជាមានលក្ខណៈជាមនុស្សអាចបម្រើមនុស្យបាន។ ប្រសិន​បើ​គ្មាន​មនុស្ស​ប្រកប​ដោយគតិបណ្ឌិតទេ ពិភពលោកពិតជាគ្មានអនាគត។ គួរឱ្យបន្ថែមសេចក្តី​កំណត់នេះថា គឺ​មាន​ប្រទេស​ជាច្រើន​ក្រីក្រ​ខាង​ធនធានសម្ភារៈ តែបែរទៅជាមានខាងគតិបណ្ឌិត គេអាច​ជួយ​ប្រទេស​ឯទៀតៗ​យ៉ាង​ខ្លាំងឱ្យ​បាន​គតិបណ្ឌិត​នោះ។

ឃ. ដោយព្រះអំណោយទាននៃព្រះវិញ្ញាណជួយបំភ្លឺចិត្តគំនិត មនុស្សអាចយល់ ស្មឹងសា្មធិ៍ និងក្រេបជញ្ជក់​ឱជារស​នៃ​គម្រោងការ​ដ៏​អស្ចារ្យនៃព្រះហប្ញទ័យព្រះជាម្ចាស់ដោយសារជំនឿ (បសរ ១៧,៧-៨)។

១៦- មនសិការខាងសីលធម៌មានតម្លៃដ៏ថ្លៃថ្នូរ

នៅពេលមនុស្សយើងរិះគិត យើងមុខជានឹងរកឃើញក្បួនវិន័យដែលខ្លួនមិនបានកំណត់ខ្លួន​ឯងកប់​នៅខាង​ជម្រៅ​នៃ​មនសិការរបស់ខ្លួន គឺក្បួនវិន័យដែលយើងត្រូវតែអនុវត្តតាម។ សម្លេងនេះនៅតែ​ជំរុញ​យើងឱ្យមានចិត្ត​ស្រឡាញ់ ឱ្យ​ប្រព្រឹត្ត​អំពើល្អ និងជៀសវាងមិនឱ្យប្រព្រឹត្តអំពើអាក្រក់ដែលលាន់ឮក្នុង​ជម្រៅចិត្តតាម​កាលៈ​ទេសៈ​ថា “ចូរប្រព្រឹត្ត​អំពើ​នេះ កុំប្រព្រឹត្ត​អំពើនោះ”។ ព្រះជាម្ចាស់ចារក្បួន​វិន័យ​នោះក្នុងចិត្តមនុស្ស។ មនុស្សមានកិត្តិយស​ដោយ​អនុវត្ត​តាម ហើយ​ក្បួន​វិន័យនោះ​ក៏នឹងវិនិច្ឆ័យមនុស្សដែរ (រម ២,១៤.១៦)។ ក្នុងមនុស្ស មនសិកាជា​មណ្ឌល​ដ៏ស្ងាត់កំបាំងជាងគេ ជាទីកន្លែង​ដ៏សក្ការៈដែល​មនុស្សនៅ​តែម្នាក់ឯងជាមួយព្រះ​ជាម្ចាស់ ជាកន្លែងព្រះសូរសៀង​របស់​ព្រះ​អង្គ​លាន់់ឮឡើង (មថ ២២,៣៧-៤០; កាឡ ៥,១៤)។ មនសិការរកឃើញយ៉ាងអស្ចារ្យ​នូវវិន័យ​ស្តីអំ​ពី​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះជាម្ចាស់ និង​ចំពោះបងប្អូនដែលជាវិន័យកំពូល (មថ ២២,៣៧-៤០; កាឡ ៥,១៤)។

ដោយគ្រីស្តបរិស័ទស្មោះត្រង់នឹងមនសិការរួមជាមួយមនុស្សឯទៀតៗ​ទាំងអស់ គេត្រូវរួមគ្នាស្វែងរក​សេចក្តី​ពិត និង​ដោះស្រាយយ៉ាងត្រឹមត្រូវនូវបញ្ហាខាងសីលធម៌ ដែលការ​រស់​នៅរបស់បុគ្គលម្នាក់ៗ និងការ​រស់នៅក្នុងសង្គម​ចេះតែ​ចោទ​ឡើង។ មនសិការទៀងត្រង់កាន់តែ​ខ្លាំងយ៉ាង​ណា បុគ្គល ឬក្រុមមនុស្សអាចសម្រេច​សេចក្តីឱ្យកាន់តែច្បាស់ និង​ឱ្យ​បាន​ស្របនឹងច្បាប់សីលធម៌​ដែល​មិនអាចប្រកែកបានយ៉ាងនោះដែរ។ ក៏ប៉ុន្តែ ទោះបី​មនសិការ​វង្វេងជាញឹកញាប់​ដោយ​មនុស្ស​មិន​អាច​ឈ្នះអវិជ្ជាក្តី ក៏មនសិការនៅតែរក្សាទុកតម្លៃដ៏ថ្លៃថ្នូរ​ដដែល។ ផ្ទុយទៅវិញ បើ​មនុស្ស​មិនរវីរវល់​ស្វែងរក​សេចក្តី​ពិត និងអ្វីដ៏ល្អ​ប្រសើរ ហើយ​មានទម្លាប់​ប្រព្រឹត្តអំពើបាប យូរៗទៅមនសិការរបស់គេ​ហាក់​ដូចជាខា្វក់។

១៧- សេរីភាពមានតម្លៃដ៏ឧត្តុង្គឧត្តម

មនុស្សបែរទៅរកអ្វីដ៏ល្អ ដោយប្រើសេរីភាពរបស់ខ្លួនជានិច្ច។ មនុស្សសម័យឥឡូវចូលចិត្តនឹង​សេរីភាព​នេះ​យ៉ាង​ខ្លាំង ហើយក៏ខិតខំចង់បានយ៉ាងក្លៀវក្លាផង។ គេស្វែងរកដូច្នេះ​ត្រឹមត្រូវហើយ។ ក៏ប៉ុន្តែ ជាញឹកញាប់គេស្រឡាញ់​សេរីភាព​តាមរបៀប​មិនទៀងត្រង់ទេ ហាក់ដូចជាគេយល់ថា មានសិទ្ធិធ្វើអ្វីក៏បាន សូម្បីតែអំពើអាក្រក់ក៏ធ្វើបានដែរ ឱ្យតែ​ខ្លួន​ចូល​ចិត្ត​ និង​សប្បាយ​ប៉ុណ្ណោះ។ រីឯសេរីភាពដ៏ពិតប្រាកដវិញ ជាសញ្ញាសម្គាល់ពិសេសបញ្ជាក់ថា មនុស្សមាន​លក្ខណៈ​ដូចព្រះជាម្ចាស់។ ព្រះ​ជាម្ចាស់​សព្វព្រះហឫទ័យទុក​ឱ្យមនុស្សអាចស្វែងរក​ព្រះអាទិករ​របស់ខ្លួន ដោយ​សម្រេច​ខ្លួន​ឯង​បាន (បសរ ១៥,១៤) ហើយ​ប្រសិនបើគេ​ផ្ញើ​ជីវិត​លើព្រះអង្គដោយប្រើសេរីភាពនោះ គេក៏អាច​បាន​ពេញ​លក្ខណៈ​យ៉ាងសែ​នសុខសាន្តបានដែរ។ ហេតុនេះ កិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្សទាម​ទារឱ្យមនុស្សប្រព្រឹត្តកិច្ចការអ្វីៗ ដែល​ខ្លួន​បាន​ជ្រើសរើស​ដោយ​ដឹង​ខ្លួនដោយ​សេរីភាព គឺ​សម្រេចដោយ​ជឿជាក់​ដោយខ្លួនឯងផ្ទាល់យ៉ាងជ្រៅក្នុងចិត្ត មិន​មែន​ដោយ​មាន​តណ្ហាពុះកញ្រ្ជាល ឬដោយ​គេបង្ខំឡើយ។ ប្រសិនបើមនុស្សរំដោះខ្លួនឱ្យរួចផុតពីធ្វើជាទាសករនៃ​តណ្ហា​ទាំង​អស់ គេមុខជាបានកិត្តិយសនេះ ដោយ​ខ្លួន​ជ្រើសរើស​ដោយសេរីនឹងប្រព្រឹត្តអំពើល្អ។ ពេលនោះ គេ​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​កាន់ទីដៅនៃជីវិតរបស់ខ្លួន និងប្រើ​ប្រាជ្ញាដ៏វាងវៃដើម្បី​ខិតខំយ៉ាងពិតប្រាកដ និង​រកមធ្យោបាយ​ទៅ​កាន់​ទីដៅ​នោះ។ ក៏​ប៉ុន្តែ សេរីភាពរបស់​មនុស្សអាចតម្រង់​ខ្លួនទាំង​ស្រុង​ និងយ៉ាងសកម្មទៅកាន់​ព្រះជាម្ចាស់បាន​យ៉ាង​ពិត​ប្រាកដ ដោយ​សារ​តែព្រះអង្គជួយប្រោស​ប្រណី ព្រោះអំពើបាបបានធ្វើឱ្យសេរីភាពនោះត្រូវរបួស។ យើងម្នាក់ៗ​នឹង​ត្រូវ​ទៅ​ឈរ​នៅ​មុខ​ទី​កាត់​ក្ដី​របស់​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​ម្នាក់ៗទទួលផល​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាលពី​នៅរស់​ក្នុង​រូបកាយ ទោះបី​ជា​អំពើ​នោះ​ល្អ ឬ​អាក្រក់​ក្ដី (២ករ ៥,១០)។

១៨- ការអាថ៌កំបាំងនៃមរណភាព

ក. លក្ខណៈដ៏អាថ៌កំបាំងនៃជីវិតមនុស្សទៅដល់កំពូល នៅពេលមនុស្សប្រឈមមុខនឹងមរណភាព។ មនុស្ស​មិន​គ្រាន់​តែ​ជ្រួលច្របល់ដោយខ្លួនខ្លាច​រងទុក្ខឈឺចុកចាប់ និងដោយរូបកាយត្រូវអន់ថយទៅៗប៉ុណ្ណោះទេ តែ​លើស​ពី​នេះ​ទៅ​ទៀ​ត មនុស្ស​រឹត​តែ​ភ័យខ្លាចនឹងការវិនាសអន្តរាយរហូតជាស្ថាពរ។ បំណង​ប្រាថ្នា​ដ៏​ជ្រៅ​បំផុត​នៃ​ចិត្ត​គំនិត​បំភ្លឺ​យើង​យ៉ាង​ត្រឹមត្រូវថា យើងមិន​ព្រម​អន្តរាយ​ទាំងស្រុងដូចេ្នះជាដាច់ខាត ហើយក្នុងឋានៈជា​បុគ្គល​ម្នាក់ យើង​ក៏​មិន​សុខ​ចិត្ត​ទទួល​បរាជ័យដ៏ធ្ងន់ធ្ងរនេះ​ឡើយ។ មនុស្សយើងមានពូជនៃ​ជីវិត​អស់កល្ប​ជានិច្ច​កប់ក្នុងខ្លួន ពូជនៃ​ជីវិតនេះ​មិន​មែនកើតតាមធម្មជាតិទេ។ ដោយយើងមាន​ពូជនៃ​ជីវិតនេះ យើងតែងតែ​ជំទាស់​យ៉ាងខ្លាំងនឹង​មរណភាព។ មនុស្សយើងខិតខំតាមបច្ចេកទេសទាំងប៉ុន្មានយ៉ាងណា ទោះបី​បច្ចេកទេស​ទាំង​នោះ​មានប្រយោជន៍​យ៉ាង​ណាក៏ដោយ ក៏មិនអាចបន្ធូរការតប់ប្រមល់របស់ខ្លួន​ឱ្យបាន​ធូរស្រាលឡើយ។ ជីវវិទ្យា​អាចបន្ត​អាយុជីវិត​មនុស្ស​បាន តែ​មិន​អាចបំពេញបំណងរបស់មនុស្សដែលចង់បានជីវិតរហូត ដែល​នៅ​តែជាប់​ក្នុងជម្រៅ​ចិត្តគេ​ជា​និច្ច។

ខ. ប៉ុន្តែ ទោះបីមនុស្សយើងស្រមៃឃើញអំពីមរណភាពយ៉ាងណាក្តី ក៏មិនអាចដោះស្រាយបញ្ហានេះបានដែរ។ ព្រះសហគមន៍​ដែលទទួលសេចក្តីបង្រៀនពីព្រះជាម្ចាស់បានសម្តែងឱ្យដឹង ក៏ប្រកាសបញ្ជាក់ថា ព្រះអង្គ​ប្រតិស្ឋាន​មនុស្ស​ដើម្បីឱ្យមានទីដៅ​ដ៏សុខក្សេមក្សាន្តរួចផុតពីទុក្ខវេទនានៃលោកនេះ។ តាមជំនឿ​របស់​គ្រីស្ត​បរិស័ទ មនុស្ស​រមែងតែង​តែ​ស្លាប់​ព្រោះ​តែ​អំពើ​បាប ប៉ុន្តែ គង់តែថ្ងៃណាមួយ មរណភាព​ខាងរូបកាយ​មនុស្ស​ត្រូវ​ចាញ់​ជា​ពុំខាន គឺនៅពេល​ព្រះ​សង្គ្រោះ​ដ៏មាន​ឫទ្ធានុភាព​សព្វ​ប្រការ និងប្រកប​ដោយ​ព្រះហឫទ័យ​មេត្តា​កុណា​នឹងសង្គ្រោះ​មនុស្សលោក។ មនុស្ស​បាត់​បង់​ការសង្គ្រោះនេះ ព្រោះតែ​អំពើបាបរបស់ខ្លួន។ ព្រះជាម្ចាស់​បាន​ត្រាស់​ហៅមនុស្ស ហើយនៅតែត្រាស់ហៅ​គេ​ឱ្យ​ផ្ញើ​ជីវិតទាំងស្រុងលើព្រះអង្គ ដើម្បី​ឱ្យរួបរួម​ជាមួយ​ព្រះ​អង្គ​ក្នុងជីវិតអស់កល្បជានិច្ច ដែលមិនចេះប្រែប្រួល​ឡើយ។ ព្រះ​គ្រីស្តបានជ័យជម្នះនេះដោយ​មាន​ព្រះជន្មថ្មី​ដ៏រុងរឿង ព្រះអង្គក៏រំដោះមនុស្ស​ឱ្យបានរួចពីស្លាប់ដោយទ្រង់​សោយ​ទិវង្គត។ ព្រះសហគមន៍ផ្តល់ឱ្យ​មនុស្ស​គ្រប់ៗ​គ្នាអាចពិនិត្យ​ពិច័យជំនឿ​ដ៏រឹងប៉ឹងរបស់ខ្លួន គឺជំនឿនេះអាច​តបឆ្លើយ​នឹង​សំណួរ​ ដែល​មនុស្ស​ចោទ​សួរ​អំពី​អនាគត​របស់ខ្លួនទាំងតប់ប្រមល់។ នៅពេលជាមួយគ្នានេះ ជំនឿក៏ផ្តល់​ឱ្យមនុស្ស​មានលទ្ធភាពអាច​រួប​រួម​ជាមួយ​បងប្អូន​ដ៏ជាទីស្រឡាញ់​ ដែលចែកឋានទៅហើយក្នុង​អង្គ​ព្រះ​គ្រីស្ត។ ជំនឿក៏ផ្តល់ឱ្យ​យើង​មាន​សេចក្តី​សង្ឃឹម​ថា បងប្អូនទាំង​នោះបានទទួលជីវិត​ដ៏ពេញលេញ​នៅក្បែរព្រះអង្គដែរ។

១៩- មូលហេតុបណ្តាលឱ្យមនុស្សមិនព្រមជឿថា មានព្រះជាម្ចាស់

ក. មនុស្សយើងមានកិត្តិយសដ៏ថ្លៃថ្នូរបំផុត មកពីព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យរួបរួមជាមួយព្រះអង្គ។ តាំង​ពីពេល​មាន​មនុស្ស​នៅលើផែនដី ព្រះអង្គអញ្ជើញ​មនុស្សយើងឱ្យនិយាយសន្ទនាជាមួយព្រះអង្គ។ មនុស្ស​យើង​កើតមកនៅ​លើផែនដី មកពី​ព្រះ​ជាម្ចាស់ប្រតិស្ឋានដោយព្រះហឫទ័យស្រឡាញ់ ហើយ​ព្រះអង្គ​ក៏នៅតែ​ប្រទាន​ឱ្យមនុស្ស​យើង​មានជីវិត​តទៅ​ទៀត។ មនុស្សរស់យ៉ាងពេញលក្ខណៈតាមសេចក្តីពិត លុះត្រាតែ​ខ្លួន​ទទួល​ព្រះហឫទ័យស្រឡាញ់​របស់​ព្រះអង្គ​ដោយ​សេរីភាព និងផ្ញើជីវិត​ទាំងស្រុងទៅលើព្រះអាទិកររបស់ខ្លួន។ ក៏​ប៉ុន្តែ មនុស្សសម័យឥឡូវមិន​យល់​អំពីចំណង​ដ៏ស្និទ្ធស្នាលយ៉ាងជ្រៅជាមួយព្រះជាម្ចាស់ ជា​ចំណងផ្តល់​ជីវិត​ឱ្យគេ​នេះ​ទេ។ មានមនុស្សខ្លះលះបង់​ចំណង​នេះ​យ៉ាងជាក់​ស្តែង​ថែមទៀតផង បានជាការបដិសេធថា គ្មាន​ព្រះជាម្ចាស់ទាល់តែសោះ ជាបញ្ហានៅក្នុងចំណោម​បញ្ហាដ៏ធ្ងន់ធ្ងរជាងគេ​នៅ​សម័យឥឡូវនេះ។ យើងត្រូវ​យក​ចិត្ត​ទុកដាក់ពិនិត្យពិច័យបញ្ហានេះយ៉ាងល្អិតល្អន់។

ខ. ទ្រឹស្តីហៅថា “លទ្ធិបដិសេធថា គ្មានព្រះជាម្ចាស់” មានប្រភេទផ្សេងពីគ្នាជាច្រើន។ មានអ្នកខ្លះប្រកាស​យ៉ាង​ច្បាស់​ថា គ្មានព្រះជាម្ចាស់។ មានអ្នកខ្លះទៀតយល់ឃើញថា មនុស្ស​មិនអាច​និយាយអ្វី​អំពីព្រះអង្គ​ទាល់តែ​សោះ មានអ្នកខ្លះទៀត​រិះគិតអំពីព្រះ​ជាម្ចាស់​ ហាក់ដូចជាបញ្ហាដែលគ្មានអត្ថន័យ។ មានមនុស្សជាច្រើន​រិះគិត​ដោយ​ប្រើវិទ្យាសាស្រ្ត​ខាងសម្ភារៈ​ហួស​ព្រំដែនមិន​ត្រឹមត្រូវទេ ឬអះអាងថា ប្រាជ្ញាមនុស្ស​អាច​ពន្យល់​អ្វីៗ​ទាំងអស់​តាម​វិទ្យាសាស្រ្តបាន ឬផ្ទុយទៅវិញ មិនព្រម​ទទួលសេចក្តីពិតណាទុកជា​សេចក្តីពិតទាល់់​តែ​សោះ។ មានអ្នកខ្លះលើកតម្តើងមនុស្សហួសហេតុ ជាហេតុនាំឱ្យជំនឿទៅលើព្រះ​ជាម្ចាស់​មិនសូវមានអត្ថន័យ គេ​មិន​បដិសេធ​ថា គ្មានព្រះជាម្ចាស់ចំៗទេ តែគេរវីរវល់​ប្រកាស​ពីកិត្តិយស​របស់មនុស្ស​ប៉ុណ្ណោះ។ មានអ្នកខ្លះ​ស្រមៃ​ឃើញ​ព្រះជាម្ចាស់ តាមរបៀបដែលគួរឱ្យបដិសេធ ​ព្រោះ​ព្រះ​នោះ​ជាព្រះក្លែងក្លាយមែន មិនមែន​ជា​​ព្រះជាម្ចាស់​ដែលមានចែងក្នុងគម្ពីរ​ដំណឹងល្អទេ។ មានអ្នកខ្លះ​មិន​ដែល​រិះគិតអំពីព្រះជាម្ចាស់ទេ គេដូចជា​គ្មាន​រវីរវល់​អំពីសាសនាសោះ ហើយ​គិតថាមិនបាច់រវីរវល់នឹង​សាសនា​ណា​ឡើយ។ ជាញឹកញាប់ លទ្ធិ​បដិសេធ​ថា គ្មានព្រះជាម្ចាស់​កើតមក​ដោយ​មនុស្ស​បះបោរទាស់នឹងសេចក្តីអាក្រក់​ដែល​ស្ថិត​នៅ​ក្នុងពិភព​លោក ឬដោយក្រុមមនុស្សខ្លះលើកយក​ឧត្តមគគិ​ខ្លះ​អំពី​មនុស្ស ទុក​ជា​ឧត្តមគតិខ្ពង់ខ្ពស់បំផុត ដូចជា​ព្រះ​មួយអង្គ។ វប្បធម៌ទំនើបយកចិត្តទុកដាក់នឹងអ្វីៗនៅ​លើ​ផែនដីនេះ​ខ្លាំង​ពេក បណ្តាល​ឱ្យពិបាកនឹក​គិតអំពី​ព្រះ​ជាម្ចាស់។ តែការណ៍នេះ​មិនមែនមកពីសភាពនៃវប្បធម៌ទំនើបផ្ទាល់​ទេ។

គ. អស់អ្នកដែលខិតខំបំបាត់ព្រះជាម្ចាស់ចេញពីចិត្តគំនិតរបស់គេ គឺចោលបញ្ហាសាសនាឱ្យដាច់ពីខ្លួន មិន​ប្រព្រឹត្ត​តាម​បញ្ជា​នៃមនសិការរបស់ខ្លួនទេ គេពិតជាមានកំហុស។ អ្នកផ្ញើជីវិតលើ​ព្រះជាម្ចាស់ក៏មាន​កំហុស​ខ្លះ​ក្នុងការ​បដិសេធ​នោះដែរ។ ប្រសិនបើយើងគិតអំពីលទ្ធិបដិសេធថា គ្មានព្រះជាម្ចាស់ទុកជាបញ្ហារួម គ្មាន​ដើម​កំណើតពីខ្លួនឯងទេ គឺមាន​មូលហេតុ​ផ្សេងៗ។ ជួនកាល អ្នកកាន់លទ្ធិបដិសេធនោះមាន​ប្រតិកម្ម​រិះគន់​ទាស់​នឹងសាសានានានា នៅ​តំបន់​ខ្លះមាន​ប្រតិកម្ម​ទាស់នឹងគ្រីស្តសាសនាក៏មានដែរ។ ហេតុនេះហើយ អ្នក​ផ្ញើ​ជីវិតលើព្រះជាម្ចាស់​ត្រូវទទួលកំហុស​ក្នុងកំណើត​លទ្ធិទាំង​នោះ។ ជួនកាល​ អ្នកផ្ញើជីវិតលើព្រះជាម្ចាស់​ធ្វេស​ប្រហែស​នឹងការអប់រំជំនឿរបស់ខ្លួន ឬគេពន្យល់​ជំនឿ​របស់​ខ្លួន​តាម​របៀបមិនត្រឹមត្រូវនាំឱ្យវង្វេង ឬគេកាន់​សាសនា​មិនត្រឹមត្រូវ កាន់តាមសីលធម៌មិនបានល្អ ឬខុសសីលធម៌ក្នុងសង្គម។ យើងអាចនិយាយថា គេលាក់​ព្រះភ័ក្ត្រដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់ និងលាក់អត្ថន័យ​សាសនាជាជាងគេធ្វើឱ្យមនុស្ស​លោកស្គាល់។

២០- ទ្រឹស្តីបដិសេធថា គ្មានព្រះជាម្ចាស់

ក. ជាញឹកញយទ្រឹស្តីទំនើបដែលបដិសេធថា គ្មានព្រះជាម្ចាស់ ជំរុញ​មនុស្សឱ្យពឹងលើខ្លួនឯង រហូតដល់​បំណង​នេះ​ទៅជា​ឧបសគ្គរារាំងមនុស្សមិន​ឱ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ មានមូលហេតុ​ផ្សេងៗទៀតដែល​យើងមិនយក​មក​រិះគិតទេ។ អស់​អ្នក​ដែលប្រកាន់​ទ្រឹស្តីបែបនេះតែងអះអាងថា មនុស្សមាន​សេរីភាព​ បានសេចក្តីថា មនុស្ស​ជា​ទិស​ដៅ​របស់ខ្លួន​ផ្ទាល់ មានតែមនុស្សប៉ុណ្ណោះទេដែលបង្កើត និង​ណែនាំ​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន។ គេអួតអះ​អាង​ថា ទស្សនៈ​អំពី​មនុស្ស​បែប​នេះមិនអាចទទួលស្គាល់ថា មានព្រះអម្ចាស់​មួយ​ព្រះអង្គ​ជាដើម​កំណើត​ និងជា​ចុង​បំផុត​នៃអ្វីៗ​ទាំង​អស់បានទេ ឬយ៉ាងហោចណាស់ ជំនឿបែបនេះ​ដូចជា​ឥត​បាន​ការ។ ការអភិវឌ្ឍន៍​ខាង​បច្ចេកទេសនាបច្ចុប្បន្នកាលនេះ នាំឱ្យមនុស្សយល់ឃើញថា ខ្លួនមាន​អំណាច​ខ្លាំង​ក្លា​លើអ្វីទាំងអស់។ ទស្សនៈ​នេះ​ក៏ដូច​ជា​ជួយ​ពង្រឹងទ្រឹស្តី​បដិសេធ​ថាគ្មានព្រះជាម្ចាស់នោះដែរ។

ខ. លទ្ធិបដិសេធថា គ្មានព្រះជាម្ចាស់នាបច្ចុប្បន្នកាលមានច្រើនបែប។ យើងមិនត្រូវបំភ្លេចលទ្ធិដែលរង់ចាំការ​រំដោះ​របស់​មនុស្ស ជាពិសេស រំដោះខ្លួនក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។ តាមអ្នកប្រកាន់លទ្ធិបែបនោះ សាសនា​ជំទាស់​នឹងការ​រំដោះ​មនុស្សដោយ​លក្ខណៈសាសនាផ្ទាល់ ព្រោះសាសនាអះអាងលើសេចក្តីសង្ឃឹម​ដែល​បញ្ឆោតមនុស្សថា គេនឹង​បានជីវិតនៅ​លោកខាងមុខ បណ្តាលឱ្យមនុស្សមិនរវីរវល់នឹងសាងសង់​ពិភព​លោក​នៅ​លើផែនដីនេះ។ ហេតុនេះហើយ​ បាន​ជានៅ​ពេល​អ្នកប្រកាន់លទ្ធិបែបនេះកាន់អំណាចត្រួតត្រាប្រ​ទេស គេវាយប្រហារសាសនាយ៉ាងឃោរឃៅ។ ពួកគេ​ប្រើគ្រប់​មធ្យោបាយនៃរដ្ឋអំណាច ដើម្បីផ្សព្វផ្សាយ​លទ្ធិបដិសេធថា គ្មានព្រះជាម្ចាស់នោះ ជាពិសេស ក្នុងការ​អប់រំ​យុវជន។

២១- ឥរិយាបថរបស់ព្រះសហគមន៍ចំពោះលទ្ធិបដិសេធថា គ្មានព្រះជាម្ចាស់

ក. ព្រះសហគមន៍ស្មោះត្រង់ចំពោះព្រះជាម្ចាស់ផង និងស្មោះត្រង់ចំពោះមនុស្សផង តែក៏នៅតែដាក់ទោស​លទ្ធិ និង​របៀប​ប្រព្រឹត្ត​ទាំងនោះយ៉ាងម៉ឺងម៉ាត់ជាខ្លាំងទាំងព្រួយផង ដូច​ព្រះសហគមន៍​បានដាក់​ទោស​នៅ​សម័យ​មុនៗ​ដែរ ព្រោះ​លទ្ធិ​ និង​របៀបប្រព្រឹត្តដ៏អាក្រក់ទាំងនោះផ្ទុយនឹងប្រាជ្ញា និងបទពិសោធន៍របស់មនុស្សទូទៅ ហើយ​បណ្តាល​ឱ្យមនុស្ស​ធ្លាក់ពី​ឋានៈដ៏ថ្លៃថ្នូរ ដែលខ្លួនមានតាំងពីកំណើតមក។

ខ. ក៏ប៉ុន្តែ ព្រះសហគមន៍ខិតខំយល់អំពី​មូលហេតុដ៏លាក់កំបាំង ក្នុងចិត្តគំនិតអ្នកបដិសេធថា គ្មានព្រះជាម្ចាស់។ ទោះបី​ព្រះ​សហគមន៍ដឹងច្បាស់ថា លទ្ធិនោះបណ្តាលឱ្យកើតបញ្ហាធ្ងន់ធ្ង​រក្តី ក៏ព្រះសហគមន៍យល់ឃើញថា ត្រូវ​រិះគិត​យ៉ាង​ពិស្តារ និងយ៉ាងជ្រៅអំពីមូលហេតុទាំងនោះ ដោយមានសេចក្តី​ស្រឡាញ់​ចំពោះមនុស្ស​គ្រប់ៗ​គ្នា។

គ. ព្រះសហគមន៍ប្រកាន់ជំនឿថា ការទទួលស្គាល់ព្រះជាម្ចាស់មិនជំទាស់នឹងតម្លៃដ៏ថ្លៃថ្នូរ​របស់​មនុស្ស​ត្រង់ណា​សោះ​ឡើយ ព្រោះ​តម្លៃដ៏ថ្លៃថ្នូរនេះមកពីព្រះជាម្ចាស់ផ្ទាល់ គឺព្រះ​អង្គ​ហើយជាគ្រឹះនៃតម្លៃដ៏ថ្លៃថ្នូរនេះ និង​ធ្វើឱ្យ​តម្លៃ​ដ៏ថ្លៃថ្នូរនេះ​បាន​ពេញលក្ខណៈ។ ព្រះជាម្ចាស់ជាព្រះអាទិកររបស់មនុស្ស បានតែងតាំង​មនុស្ស​ឱ្យ​មាន​ប្រាជ្ញា និងមានសេរីភាព ហើយឱ្យ​រស់នៅក្នុងសង្គម។ ជាពិសេស ព្រះអង្គត្រាស់ហៅមនុស្ស​ឱ្យរួបរួមយ៉ាង​ស្និទ្ធ​ស្នាលជាមួយព្រះអង្គក្នុងឋានៈជាបុត្រធីតា និងចែករំលែកសុភមង្គលផ្ទាល់របស់ព្រះអង្គឱ្យមនុស្ស​ផង​ដែរ។ ព្រះសហគមន៍បង្រៀនទៀតថា សេចក្តីសង្ឃឹមនឹង​បាន​សេចក្តី​សុខសាន្តនៅលោកខាងមុខ មិនបណ្តាលឱ្យ​កិច្ចការ​នៅក្នុងលោកនេះលែងមានសារៈសំខាន់ទេ ផ្ទុយ​ទៅវិញ សេចក្តីសង្ឃឹមនេះផ្តល់ឱ្យមនុស្ស​បំពេញ​កិច្ចការ​ក្នុង​លោកនេះឱ្យបានសម្រេច ដោយមានមូលហេតុថ្មីៗ​ថែម​ទៀត។ ពេល​មនុស្ស​មិនត្រូវ​ការ​ព្រះ​ជាម្ចាស់​គាំទ្រ ហើយ​ពេល​មនុស្សគ្មាន​សេចក្តី​សង្ឃឹមនឹងបានជីវិតអស់កល្បជានិច្ច តម្លៃដ៏ថ្លៃថ្នូរ​របស់​មនុស្ស​ដូចជាត្រូវរបួសយ៉ាងធ្ងន់ ដូច​យើង​អាចសង្កេតឃើញក្នុង​លោក​បច្ចុប្បន្ននេះស្រាប់ហើយ គ្មាន​អ្វីអាចដោះ​ស្រាយ​ការអាថ៌កំបាំងនៃជីវិត និងសេចក្តី​ស្លាប់ ការអាថ៌កំបាំងនៃអំពើបាប និងទុក្ខវេទនា​បានសោះ។ ដូច្នេះ ​ជា​ញឹកញាប់​មនុស្សធ្លាក់ទឹកចិត្តអស់សង្ឃឹម។

ឃ. នៅពេលជាមួយគ្នានេះ មនុស្សម្នាក់ៗនៅតែមិនសួរអំពីអត្ថន័យជីវិតរបស់ខ្លួន ជា​សំណួរ ដែលគេយល់​ឃើញ​យ៉ាង​ស្រពិចស្រពិល។ នៅពេលខ្លះ ជាពិសេស ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការរស់នៅ គ្មាននរណាអាច​ជៀស​ផុត​ពីសំណួរ​បែបនេះទេ។ មានតែព្រះជាម្ចាស់មួយព្រះអង្គទេ ដែលអាចតបឆ្លើយនឹងសំណួរ​នេះ​បាន​យ៉ាង​ពេញលេញ​ ហើយប្រកែក​មិនបាន គឺ​ព្រះអង្គអញ្ជើញមនុស្សយើងឱ្យរិះគិតយ៉ាងជ្រៅជាង និងឱ្យ​ស្វះ​ស្វែង​រក​ដោយចិត្តសុភាពរាបសាជាងដែរ។

ង. យើងត្រូវព្យាបាលលទ្ធិបដិសេធថា គ្មានព្រះជាម្ចាស់ ដោយរៀបរាប់ពន្យល់លទ្ធិនៃគ្រីស្តសាសនាតាម​សេចក្តី​ត្រូវ​ការ​របស់​គេ ហើយ​ដោយ​ព្រះសហគមន៍ និងសមាជិកនៃព្រះសហគមន៍រស់នៅបែបបរិសុទ្ធ។ ព្រះ​សហគមន៍​ទទួល​ភារកិច្ច​ធ្វើ​ឱ្យ​មនុស្សលោកមើលឃើញវត្តមានរបស់ព្រះបិតាជាអម្ចាស់ និងព្រះបុត្រា​ប្រសូត​ជា​មនុស្សគង់នៅ​ក្នុង​លោក​នេះ ដោយ​ព្រះសហគមន៍ប្រែជាថ្មី និងជម្រះខ្លួនជានិច្ច ក្រោមការ​ណែនាំ​នៃ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ (ពន្លឺ ៨)។ ជា​ពិសេស គ្រីស្តបរិស័ទ​ត្រូវ​ផ្តល់សក្ខីភាពអំពីជំនឿរស់រវើកក្នុងឋានៈជា​មនុស្ស​ពេញវ័យ គឺជាជំនឿដែល​ទទួល​ការ​អប់រំ​ឱ្យ​សុខ​ចិត្ត​ទទួលស្គាល់​ឧបសគ្គនានា​យ៉ាងជាក់​ច្បាស់ និង​អាច​ពុះពារឈ្នះឧបសគ្គទាំងនោះបានផង។ មរណសាក្សី​ជា​ច្រើនឥត​គណនា​បានផ្តល់​សក្ខីភាពអំពីជំនឿនេះ ហើយ​នៅតែមានមរណសាក្សីបន្ត​ផ្តល់សក្ខីភាពយ៉ាងត្រចះត្រចង់សព្វថ្ងៃ​នៅ​ឡើយ។ ព្រះ​សហគមន៍​បង្ហាញ​ផល​ផ្លែរបស់ខ្លួន ដោយចូលជ្រួតជ្រាបក្នុងការរស់នៅ​ទាំងមូល​របស់អ្នកផ្ញើជីវិតលើព្រះ​ជាម្ចាស់ សូម្បី​តែ​ក្នុង​ការ​រស់​នៅ​ជាធម្មតារបស់មនុស្សលោក។ ព្រះសហគមន៍នាំគេ​ឱ្យរកយុត្តិធម៌​ និងសេចក្តីស្រឡាញ់ ជាពិសេស ចំពោះ​អ្នក​ខ្វះខាតជាងគេ។ នៅទីបញ្ចប់ បើគ្រីស្តបរិស័ទដែលធ្វើការដោយមានចិត្តថ្លើមតែមួយ​ ព្រោះ​តែ​ជំនឿ​តាម​ដំណឹង​ល្អ និង​ស្រឡាញ់គ្នាទុកជាបងប្អូន និងបង្ហាញខ្លួនទុកជាសញ្ញានៃការរួបរួមគ្នាជាធ្លុងតែមួយ ពិតជា​ជួយ​សម្តែង​អំពីវត្តមាន​របស់ព្រះជាម្ចាស់ដែល​គង់នៅ​ក្នុងលោកនេះ។

ច. ទោះបីព្រះសហគមន៍ជំទាស់មិនព្រមទទួលលទ្ធិបដិសេធថា គ្មានព្រះជាម្ចាស់ជាដាច់ខាតក្តី ក៏ព្រះសហគមន៍​នៅ​តែ​ប្រកាស​ដោយគ្មានគំនិតលាក់លៀមថា មនុស្សទាំងអស់ទោះជាអ្នកជឿលើព្រះជាម្ចាស់ក្តី អ្នកមិន​ជឿ​លើ​ព្រះអង្គក្តី ត្រូវតែយក​ចិត្តទុកដាក់និងសាងសង់ពិភពលោកយ៉ាងត្រឹមត្រូវតាមយុត្តិធម៌ ជាកន្លែង​គេរស់នៅ​រួមជាមួយគ្នា។ គេអាច​សាងសង់ពិភព​លោកបាន លុះត្រាតែគេនិយាយសន្ទនាទៅវិញ​ទៅមក​ដោយ​ចិត្ត​ស្មោះ និងដោយប្រុងប្រយ័ត្ន។ ហេតុនេះ ព្រះសហគមន៍​នឹកស្តាយ ដោយមានរដ្ឋអំណាចខ្លះ​ប្រព្រឹត្តចំពោះ​អ្នកជឿលើ​ព្រះជាម្ចាស់ តាមរបៀបផ្សេងពីរបៀប​ប្រព្រឹត្ត​ចំពាះអ្នកមិន​ជឿលើព្រះអង្គ ទាំងរំលោភសិទ្ធិមនុស្ស។ ព្រះ​សហគមន៍​ទាមទារឱ្យអ្នកជឿមានសេរីភាព​កាន់​សាសនា​របស់ខ្លួន​យ៉ាងពិតប្រាកដ និងមានសិទ្ធិសេរីភាពយក​ពិភព​លោកនេះធ្វើ​ជាព្រះវិហារថ្វាយព្រះជាម្ចាស់ផង។ ចំពោះអ្នក​ដែលបដិសេធថា គ្មាន​ព្រះជាម្ចាស់វិញ ព្រះ​សហគមន៍​អញ្ជើញគេដោយមនុស្សធម៌ ឱ្យពិនិត្យមើលដំណឹងល្អ​របស់​ព្រះគ្រីស្ត ​កំុឱ្យគេមានគំនិតប្រកាន់។

ឆ. ពេលព្រះសហគមន៍​ទាមទារ និងការពារតម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស ព្រះសហគមន៍​ដឹងច្បាស់ថា សាររបស់ខ្លួន​ត្រូវ​នឹង​ជម្រៅ​ចិត្តដ៏អាថ៌កំបាំងរបស់មនុស្ស។ ធ្វើដូច្នេះ ព្រះសហគមន៍​ផ្តល់សេចក្តីសង្ឃឹមវិញ ដល់​អស់​អ្នក​ដែល​មិន​ហ៊ាន​ជឿ​ថា គេមានវាសនាដ៏ប្រសើរឧត្តម។ សាររបស់ព្រះសហគមន៍​នេះ មិន​បណ្តាល​ឱ្យកិតិ្តយស​របស់​មនុស្សអន់ថយទេ តែជួយ​ឱ្យមនុស្សចម្រើនឡើងទៅវិញ ដោយផ្សព្វផ្សាយពន្លឺជីវិត និងសេរីភាព។ ក្រៅ​ពី​ព្រះជាម្ចាស់ គ្មានអ្វីអាចធ្វើឱ្យ​មនុស្សស្កប់ស្កល់ចិត្តបានទេ “បពិត្រព្រះអម្ចាស់ ព្រះអង្គ​បាន​ប្រតិស្ឋាន​យើង​សម្រាប់​ព្រះអង្គ។ ចិត្តយើង​ស្កប់ស្កល់ លុះត្រាតែ​បានសម្រាកនៅក្នុងព្រះអង្គ” (សន្តអូគូស្តាំង)។

២២- ព្រះគ្រីស្តជាមនុស្សថ្មី

ក. តាមពិត ប្រសិនបើយើងចង់យល់ខ្លះៗអំពីការអាថ៌កំបាំងរបស់មនុស្ស យើងត្រូវតែរិះគិតក្នុងពន្លឺនៃ​គម្រោង​ការ​ដ៏​អស្ចារ្យ​របស់ព្រះ​បន្ទូលដែលប្រសូតជាមនុស្ស គ្មានផ្លូវផ្សេងទៀតទេ។ លោកអាដំាជាមនុស្សមុនគេ​ ជា​ប្រផ្នូល​របស់​មនុស្ស​ម្នាក់ដែលត្រូវមកខាងក្រោយ ពោលគឺ ជាប្រផ្នូលរបស់ព្រះគ្រីស្តជាព្រះអម្ចាស់ (រម ៥,១៤) ព្រះអង្គពិតជា​លោក​អាដាំ​ថ្មី។ ពេលព្រះគ្រីស្តសម្តែងការអាថ៌កំបាំង​ដ៏អស្ចារ្យរបស់ព្រះបិតា និង​ការ​អាថ៌​កំបាំង​នៃព្រះហឫទ័យ​ស្រឡាញ់របស់ព្រះអង្គ​ ទ្រង់​ក៏សម្តែងឋានៈរបស់មនុស្សយ៉ាងពេញលេញ និងនាំឱ្យគេ​ស្គាល់តម្លៃដ៏ថ្លៃថ្នូររបស់ខ្លួន តាមព្រះជាម្ចាស់​បានកំណត់​ទុក។ យើងមិនត្រូវឆ្ងល់ដោយ​សេចក្តីពិត​ទាំង​ប៉ុន្មាន​នៅ​ខាងលើមានប្រភពចេញពី​ព្រះគ្រីស្ត និងទៅដល់កំពូល​ដោយសារ​ព្រះគ្រីស្តផងដែរ។

ខ. ព្រះគ្រីស្ត​ជា​តំណាង​របស់​ព្រះជាម្ចាស់​ដែល​យើង​មើល​ពុំ​ឃើញ (កូឡ ១,១៥; ២ករ ៤,៤)។ កាលពីដើម​ ដោយលោក​អាដាំ​ប្រព្រឹត្តអំពើបាប លោកបង្ខូច​មនុស្សឱ្យលែងបាន​ដូចព្រះជាម្ចាស់។ តែព្រះគ្រីស្តដែល​ជា​មនុស្សដ៏ពេញ​លក្ខណៈ​បាន​ប្រោស​ឱ្យពូជពង្សរបស់លោកអាដាំបានដូចព្រះ​ជាម្ចាស់​វិញ។ ព្រះគ្រីស្ត​យក​សភាព​ជាមនុស្សយ៉ាង​ពិត​ប្រាកដ មិន​មែន​ជា​ព្រះ​ជា​ម្ចាស់​ប្រែក្រឡាជាមនុស្សទេ គឺព្រះអង្គលើកសភាព​មនុស្ស​យើង ដើម្បីឱ្យសភាពមនុស្ស​យើង​ទទួល​តម្លៃ​ដ៏ថ្លៃថ្នូរយក​អ្វីមក​ប្រៀប​ផ្ទឹម​ពំុបាន។ ដោយព្រះបុត្រា​របស់​ព្រះជាម្ចាស់ប្រសូតជាមនុស្ស ទ្រង់ដូច​ជា​ភ្ជាប់​ព្រះ​អង្គ​ជា​មួយ​មនុស្ស​គ្រប់ៗរូប។ ព្រះអង្គបាន​ធ្វើការ​ចិញ្ចឹម​ជីវិតដោយផ្ទាល់ដៃជាមនុស្ស ព្រះអង្គបាន​រិះគិតដោយ​មាន​ប្រាជ្ញា​ជា​មនុស្ស ព្រះ​អង្គ​បានប្រព្រឹត្តកិច្ចការ​ទាំងអស់​ដោយសម្រេចសេចក្តីតាមរបៀបមនុស្ស ព្រះអង្គ​បាន​ស្រឡាញ់​ដោយ​មាន​ចិត្តជា​មនុស្ស។ ព្រះអង្គ​ប្រសូត​ដោយសារព្រះនាងព្រហ្មចារីនីម៉ារី ហើយបានទៅជា​មនុស្ស​ដូច​យើង​បិះបិទ​ក្នុង​គ្រប់ប្រការទាំងអស់ តែ​ព្រះអង្គ​មិន​បានប្រព្រឹត្តអំពើបាបសោះឡើយ (ហប ៤,១៥)។

គ. ព្រះគ្រីស្តជាកូនចៀមដែលគ្មានទោស តែបានជីវិតជូនមកយើង ដោយព្រះអង្គសព្វព្រះហឫទ័យបូជាព្រះជន្ម​ដោយ​គ្មាននរ​ណាបង្ខំឡើយ។ ព្រះជាម្ចាស់បានសម្រុះសម្រួលយើងក្នុងអង្គព្រះគ្រីស្ត ឱ្យជានានឹងព្រះអង្គ​ព្រម​ទាំង​ឱ្យជានា​គ្នានឹងគ្នាផង (២ករ ៥,១៨-១៩; កូឡ ១,២០-២២)។ ព្រះគ្រីស្ត​បានដក​យើង​ឱ្យ​រួច​ពី​ធ្វើ​ទាសករ​របស់មារ​ និងរបស់​បាប។ដូច្នេះ យើងម្នាក់ៗអាចនិយាយរួមជាមួយគ្រីស្តទូតប៉ូលថា៖ “ព្រះបុត្រា​របស់​ព្រះ​ជាម្ចាស់​បាន​ស្រឡាញ់ខ្ញុំ និងបាន​បូជា​ព្រះ​ជន្ម​សម្រាប់ខ្ញុំ” (កាឡ ២,២០)។ ដោយព្រះអង្គរងទុក្ខសម្រាប់យើង ព្រះអង្គមិនគ្រាន់​តែធ្វើជាគំរូឱ្យយើង​ដើរ​តាមលំអានព្រះអង្គប៉ុណ្ណោះទេ (១សល ២,២១; មថ ១៦,២៤; លក ១៤,២៧) តែព្រះអង្គ​បាន​បើកមាគ៌ាមួយ។ ប្រសិនបើ​យើងដើរតាម​មាគ៌ានោះ ជីវិត និងសេចក្តីស្លាប់របស់​មនុស្ស​យើង​បានវិសុទ្ធ និងទទួល​អត្ថន័យថ្មីផង។

ឃ. គ្រីស្តបរិស័ទយើងបានត្រឡប់ឱ្យទៅដូចជាព្រះបុត្រា​ជារៀមច្បង​ក្នុងបណ្តាបងប្អូនជា​ច្រើន។‌ (រម ៨,២៩; កូឡ ១,១៨) និង “បានទទួល​ព្រះអំណោយទានដំបូង​របស់ព្រះ​វិញ្ញាណ” (រម ៨,២៣) ដែល​ប្រោសឱ្យយើង​មាន​សមត្ថភាព​អាច​ប្រព្រឹត្តតាមធម្មវិន័យថ្មី គឺតាមសេចក្តី​ស្រឡាញ់ (រម ៨,១-១១; ២ករ ៤,១៤)។ មនុស្ស​ប្រែ​ជាថ្មី​ទាំងស្រុងពីខាងក្នុង ដោយសារព្រះវិញ្ញាណនេះដដែល “​បញ្ចាំ​ចិត្ត​យើង“ (អភ ១,១៤) ទាំងរង់ចាំ​ព្រះ​ជាម្ចាស់​លោះ​រូបកាយយើង (រម ៨,២៣) គឺថា៖ “ប្រសិន​បើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ​យេស៊ូ​ឱ្យមានព្រះជន្មថ្មីដ៏រុងរឿងទ្រង់សណ្ឋិត​នៅក្នុង​បងប្អូនមែននោះ​ ព្រះអង្គដែលបាន​ប្រោស​ព្រះគ្រីស្ត​ឱ្យ​មាន​ព្រះជន្ម​ថ្មីដ៏រុងរឿង ទ្រង់ក៏នឹងប្រោសឱ្យរូបកាយរបស់បងប្អូន​ដែល​រមែង​តែង​តែ​ស្លាប់​នោះ​មាន​ជីវិត​ដោយ​សារ​ព្រះ​វិញ្ញាណ​ដែលសណ្ឋិតនៅក្នុងបងប្អូន​នោះដែរ” (រម ៨,១១) ក៏ប៉ុន្តែ គ្រីស្តបរិស័ទ​មានកាតព្វកិច្ច​ត្រូវ​ប្រឆាំង​នឹង​សេចក្តីអាក្រក់ជាចាំបាច់មែន ទោះបីខ្លួនត្រូវ​ប្រឈមមុខនឹងទុក្ខ​ជា​ច្រើន និង​សេចក្តីស្លាប់ក៏ដោយ។ ដោយយើងរួមជាមួយព្រះយេស៊ូដែលសោយ​ទិវង្គត និងមានព្រះជន្ម​ថ្មីដ៏​រុងរឿងនៅពេលយើង​ស្លាប់ យើង​នឹង​បាន​ដូច​ព្រះគ្រីស្ត ហើយមានសេចក្តីសង្ឃឹមពង្រឹងចិត្តយើង។ ដូច្នេះ យើងក៏ធ្វើដំណើរទៅ ទ​ទួលជីវិត​ថ្មី​ដ៏រុងរឿង​ដែរ (ភីល ៣,១០; រម ៨,១៧)។

ង. សេចក្តីនេះមិនគ្រាន់តែសំដៅទៅដល់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្តប៉ុណ្ណោះទេ តែសំដៅទៅដល់មនុស្ស​ទាំង​អស់​ដែល​មាន​ឆន្ទៈល្អ ដោយមានព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់បំពេញសកម្មភាពក្នុងគេ​ដោយ​មើល​មិនឃើញ (ពន្លឺ ១៦)។ ដោយព្រះគ្រីស្តសោយទិវង្គតដើម្បីមនុស្សទាំងអស់ (រម ៨,៣២) និងដោយ​ព្រះជាម្ចាស់កំណត់ទី​ដៅតែមួ​យឱ្យជីវិតមនុស្ស​យ៉ាងពិតមែននោះ ពោលគឺឱ្យរួមរស់ជាមួយព្រះអង្គ យើង​ត្រូវ​តែ​យល់ថា ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ប្រោស​ឱ្យមនុស្ស ទាំងអស់​អាចរួមជាមួយព្រះគ្រីស្តដែលសោយ​ទិវង្គត និង​មាន​ព្រះជន្មថ្មីដ៏​រុងរឿង តាមរបៀបដែល​ព្រះ​ជាម្ចាស់​ស្គាល់។

ច. ការអាថ៌កំបាំងនៃជីវិតមនុស្សពិតជាមានតម្លៃដ៏អស្ចារ្យយ៉ាងនេះមែន។ ព្រះគ្រីស្តសម្តែងតម្លៃដ៏អស្ចារ្យនៃ​ការ​អាថ៌កំបាំង​របស់​ជីវិត​មនុស្សបែបនេះ ឱ្យអ្នកផ្ញើជីវិតលើព្រះអង្គស្គាល់។ ហេតុនេះហើយបានជា ដោយសារ​ព្រះគ្រីស្ត និងដោយ​រួម​ក្នុង​អង្គ​ព្រះគ្រីស្ត យើងអាច​យ​ល់​អំពីបញ្ហាដ៏​អាថ៌​កំបាំង​នៃ​ទុក្ខ​និងនៃសេចក្តីស្លាប់ ដែល​សង្កត់​ពីលើមនុស្សយើង។ ក្រៅពី​ដំណឹង​ល្អរបស់ព្រះគ្រីស្ត គ្មាននរណាអាចយល់អំពីអាថ៌​កំបាំង​ទាំងនោះបាន​ឡើយ។ ព្រះគ្រីស្តមាន​ព្រះ​ជន្ម​ថ្មីដ៏​រុង​រឿង។ ដោយព្រះអង្គសោយទិវង្គត ព្រះអង្គបានឈ្នះសេចក្តីស្លាប់ និង​ប្រទាន​ជីវិតឱ្យយើងយ៉ាងបរិបូណ៌ ដើម្បី​ឱ្យ​យើង​ទៅជាបុត្រធីតារួមក្នុងអង្គព្រះបុត្រា និងបន្លឺ​សម្លេង​ដោយ​រួម​ក្នុង​អង្គព្រះវិញ្ញាណថា “អប្បា! ឪ! ព្រះបិតា!” (រម ៨,​១៥;​ កាឡ ៤,៦; យហ ១,១២; ១យហ ៣,២១)។

ជំពូក២
សហគមន៍របស់មនុស្ស

២៣- គោលបំណងនៃមហាសន្និបាត

ក. ក្នុងចំណោមលក្ខណៈដ៏សំខាន់ៗនៃពិភពលោកនាបច្ចុប្បន្ននេះ យើងត្រូវចាប់អារម្មណ៍នឹងទំនាក់ទំនង​កាន់​តែ​ច្រើន​ឡើងៗ​រវាង​មនុស្ស​នឹង​មនុស្ស។ ការអភិវឌ្ឍន៍បច្ចេកទេសសព្វថ្ងៃ​ក៏ជួយពង្រីក​ទំនាក់ទំនង​ទាំងនោះ​យ៉ាង​ខ្លាំង​ដែរ។ ប៉ុន្តែ​ ការសន្ទនាគ្នាទៅវិញទៅមកទុកជាបងប្អូន មិនបានពេញលក្ខណៈ​តាមទំនាក់ទំនង​បែប​នេះទេ តែការ​សន្ទនា​នេះ​បាន​ជ្រៅ​ជាងដោយមនុស្សរួមជាសហគមន៍របស់​បុគ្គលដែលមាន​ទំនាក់ទំនង​ជាមួយ​គ្នា។ បើមនុស្ស​ចង់រួម​ជា​សហគមន៍ គេត្រូវគោរពគ្នាទៅវិញ​ទៅ​មក គឺគោរពតម្លៃ​ដ៏ថ្លៃថ្នូរយ៉ាងពេញ​លេញ​របស់ខ្លួនខាងវិញ្ញាណ។ សេចក្តី​ដែល​ព្រះគ្រីស្ត​បាន​សម្តែងមកជួយ​យ៉ាងខ្លាំងឱ្យ​បុគ្គលទាំងប៉ុន្មាន​រួបរួម​គ្នា​បែបនោះ ព្រមទាំងណែនាំឱ្យ​យើង​យល់​យ៉ាងជ្រៅ​អំពីបទដ្ឋានសង្គម គឺ​ព្រះអាទិករបាន​ចាររបៀប​រស់នៅ​ក្នុង​សង្គមបែបនោះ​កប់ទុកក្នុ​ងសភាព​មនុស្សខាងវិញ្ញាណ​ និង​ខាង​សីលធម៌។

ខ. ប៉ុន្តែ ឯកសារថ្មីៗនៃការណែនាំព្រះសហគមន៍ បានពន្យល់លទ្ធិនៃគ្រីស្តសាសនា​យ៉ាងក្បោះក្បាយ​អំពី​សង្គម​មនុស្ស។ មហា​ន្និបាតគ្រាន់តែរំម្លឹកសេចក្តីដ៏ពិតសំខាន់ខ្លះ និងរៀបរាប់គ្រឹះនៃលទ្ធិនោះ ដោយបានរិះគិត​ក្រោម​ពន្លឺនៃសេចក្តីដែល​ព្រះ​ជាម្ចាស់​បាន​សម្តែងម​ក។ បន្ទាប់មក មហា​ន្និបាតនឹងរៀបរាប់អំពីលទ្ធផលដែល​មាន​សារៈសំខាន់ពិសេស​នា​បច្ចុប្បន្ន​កាល​នេះ។

២៤- ព្រះជាម្ចាស់បានត្រាស់ហៅមនុស្សឱ្យមានលក្ខណៈជាសង្គម

ក. ព្រះជាម្ចាស់ជាព្រះបិតាថែរក្សាការពារមនុស្សទាំងអស់ជាបុត្រធីតារបស់ព្រះអង្គ។ ព្រះ​អង្គ​សព្វ​ព្រះហឫទ័យ​ឱ្យ​មនុស្ស​ទាំង​អស់ចូលរួមជាមហាគ្រួសារតែមួយ និងរាប់គ្នាទុកជាបងប្អូនទៅវិញ​ទៅមក។ ព្រះអង្គ​បាន​ប្រតិស្ឋាន​មនុស្ស​ទាំង​អស់​ឱ្យមានលក្ខណៈដូចព្រះអង្គ “ព្រះអង្គ​ប្រទាន​ឱ្យ​ប្រជាជាតិ​នានា​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់‌ ហើយ​ឱ្យគេ​រស់​នៅ​ពាស​ពេញ​លើ​ផែនដី​ទាំងមូល” (កក ១៧,២៦)។ ព្រះជាម្ចាស់​ត្រាស់​ហៅ​ឱ្យ​មនុស្សទាំងអស់មានទិសដៅតែមួយ​គត់ គឺព្រះអង្គតែម្តង។

ខ. ហេតុនេះហើយ បានជាសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងចំពោះអ្នកដទៃ ជាវិន័យទីមួយ​ដ៏សំខាន់​ជាង​គេ។ ក្នុង​ព្រះ​គម្ពីរមានចែងថា ការស្រឡាញ់ព្រះជាម្ចាស់មិនអាចបែកចេញពីការស្រឡាញ់អ្នកដទៃទេ។ វិន័យ​ឯទៀត​ៗ​‌‌​សង្ខេប​មក​ជាវិន័យតែមួយនេះ​ថា៖ “ចូរស្រឡាញ់អ្នកឯទៀតៗ​ឱ្យបានដូច​ស្រឡាញ់ខ្លួនឯងដែរ…”។ “សេចក្ដី​ស្រឡាញ់​នាំឱ្យ​ប្រតិបត្តិ​តាមវិន័យបានពេញលក្ខណៈ” (រម ១៣,១០; ១យហ ៤,២០)។ សេចក្តីនេះ​មាន​សារៈសំខាន់​ជា​ទី​បំផុត និងជាក់ស្តែង​សម្រាប់មនុស្សលោកដែលកាន់តែពឹងផ្អែកគ្នាទៅវិញទៅមកក្នុង​ពិភពលោក ដែលកាន់តែរួម​គ្នា​ជា​ធ្លុង​តែ​មួយ។

គ. សូមរិះគិតឱ្យបានជ្រៅជាងទៅទៀត។ ពេលព្រះអម្ចាស់យេស៊ូអង្វរព្រះបិតា ព្រះអង្គ “សូមឱ្យ​មនុស្ស​ទាំងអស់​រួម​ជា​អង្គ​តែ​មួយ ដូច​យើងជាអង្គតែមួយដែរ​” (យហ ១៧,២១-២២)។ ព្រះយេស៊ូប្រទាន​ទស្សនៈ​មួយដែល​ប្រាជ្ញា​មនុស្ស​លោក​គិត​មិនដល់ គឺ​ព្រះអង្គដូចជាផ្តល់គំនិតថា ពេលបុត្រធីតារបស់ព្រះជាម្ចាស់រួបរួមគ្នា​ក្នុង​សេចក្តី​ពិត និងក្នុង​សេចក្តី​ស្រឡាញ់ គឺគេរួបរួមគ្នាម្យ៉ាង​ដូចព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណរួបរួមគ្នាដែរ។ ដោយ​មនុស្ស​បានដូចព្រះ​ត្រៃឯក ដូច្នេះ មនុស្សមានសមត្ថភាព​នឹងស្គាល់លក្ខណៈរបស់​ខ្លួន​បាន​យ៉ាងពេញ​លេញ ហើយលុះត្រាតែគេ​ប្រគល់​ខ្លួនឱ្យ​អ្នក​ដទៃដោយ​មិនរក​ប្រយោជន៍ផ្ទាល់​ខ្លួនសោះ (លក ១៧,៣៣) ព្រោះ​ព្រះជាម្ចាស់សព្វព្រះ​ហឫទ័យ​ប្រតិស្ឋានមនុស្ស ដើម្បីជាប្រយោជន៍សម្រាប់តែខ្លួនឯងប៉ុណ្ណោះ ខុសប្លែក​ពី​សត្វលោកឯទៀតៗទាំងអស់។

២៥- បុគ្គលម្នាក់​ៗ និងសង្គមមនុស្សជំពាក់ជំពិនជាមួយគ្នា

ក. មនុស្សមានលក្ខណៈជាសង្គម។ លក្ខណៈនោះបង្ហាញយ៉ាងជាក់ច្បាស់ថា ការអភិវឌ្ឍន៍បុគ្គលម្នាក់ៗ និង​ការ​អភិវឌ្ឍន៍​សង្គមជំពាក់ជំពិនគ្នាទៅវិញទៅមក។ បុគ្គលម្នាក់ៗតាមសភាពរបស់ខ្លួនជាមនុស្សត្រូវរស់នៅ​ក្នុង​សង្គមជាតម្រូវការដ៏​ចាំ​បាច់។ ប៉ុន្តែ មនុស្សជា (និងត្រូវជា) ដើមកំណើត ជាប្រធាន និងជា​ទិសដៅ​របស់​ស្ថាប័ន​ទាំងអស់។ ការ​រស់នៅ​ក្នុង​សង្គមមិន​មែនបន្ថែមអ្វីលើលក្ខណៈមនុស្សទេ។ មនុស្ស​ចម្រើន​ឡើង​គ្រប់​វិស័យ នឹងអាចទៅដល់​ទិសដៅ​កំណត់​រ​បស់​ខ្លួន​បាន លុះត្រាតែខ្លួនមាន​ទំនាក់ទំនងជាមួយអ្នកដទៃ ជួយ​បម្រើ​គ្នា​ទៅវិញទៅមក និង​និយាយ​សន្ទនា​ជាមួយមនុស្ស​ជា​បង​ប្អូន។

ខ. មនុស្សត្រូវការចំណងខាងសង្គមជាចំាបាច់ ដើម្បីបុគ្គលិកលក្ខណៈរបស់ខ្លួនចម្រើនឡើង។ ក្នុង​ចំណោម​ចំណង​ទាំង​នោះ​ក្រុមគ្រួសារ និងសហគមន៍រស់នៅក្នុងភូមិស្រុកទាក់ទិន​ចំៗ​នឹង​លក្ខណៈ​ដ៏ជ្រៅ​របស់​មនុស្ស។ មា​នចំណង​ខ្លះមក​ពី​សេរីភាពនៃសេចក្តីប៉ងប្រាថ្នារបស់ខ្លួន។ សព្វថ្ងៃ​មាន​កត្តាផ្សេងៗ​បណោ្តយឱ្យ​ទំនាក់​ទំនង​រវាង​មនុស្ស​ និងមនុស្ស និងការជំពាក់ជំពិនទៅវិញទៅមកមានកាន់តែច្រើនឡើងឥតឈប់ឈរ។ ហេតុនេះហើយ បានជា​កើត​សមាគមន៍ និង​ស្ថាប័ន​ផ្សេងៗតាមសិទ្ធិឯកជន ឬសិទ្ធិសាធារណៈ។ យើង​តែង​តែ​ហៅ​ការនេះថា “សង្គមនិយកម្ម”។ គង់តែ “សង្គមនិយកម្ម”​ នេះ​បណ្តាលឱ្យកើតវិបត្តិ​ខ្លះ ក៏ប៉ុន្តែ ​នាំ​ប្រយោជន៍​ជា​ច្រើនដែលផ្តល់​លទ្ធភាពឱ្យមនុស្សពង្រឹង​បុគ្គលិក​លក្ខណៈរបស់ខ្លួន និងបណ្តាល​ឱ្យ​គុណសម្បត្តិរបស់​គេ​ចម្រើន​ឡើង ហើយធានាសិទ្ធិថែមទៀត។

គ. បុគ្គលម្នាក់ៗទទួលផលប្រយោជន៍ជាច្រើនពីការរស់នៅក្នុងសង្គម ដើម្បីឱ្យខ្លួនសម្រេចតាមគោលដៅនៃជីវិត​ដែល​ព្រះ​ជាម្ចាស់បាន​កំណត់ទុក សូម្បីតែគោលដៅខាងសាសនាក្តីក៏ការរស់នៅក្នុងសង្គមជួយដែរ។ ក៏ប៉ុន្តែ ​យើង​ត្រូវទទួល​ស្គាល់​ថា មនុស្សជាច្រើនបែរចេញពីការប្រព្រឹត្ត​អំពើល្អ ទៅប្រព្រឹត្តអំពើអាក្រក់វិញ ដោយសារ​ការ​ទាក់ទាញពីបរិស្ថាន​ក្នុងសង្គម ជាកន្លែងគេធ្លាប់រស់នៅតាំងពីកើតមក។ យើង​ឃើញ​ជា​ញឹកញាប់ថា គេ​ប្រព្រឹត្ត​ខុស​គន្លងក្នុង​ការ​រស់​នៅក្នុង​សង្គម មកពីមានការតឹងតែងក្នុងរចនាសម្ពន្ធសេដ្ឋកិច្ច នយោបាយ និង​សង្គម។ ប៉ុន្តែ បើយើងរក​មូលហេតុ​យ៉ាងជ្រៅជាង គឺគេប្រព្រឹត្តខុសគន្លងមកពីមនុស្សមានអំណួត និងគេ​គិត​តែ​ពី​ខ្លួន​ឯង បណ្តាលឱ្យខូច​ដល់​បរិយាកាស​ក្នុង​សង្គម។ តាំងពីកើតមក មនុស្ស​មាន​ទំនោរដែល​នាំ​ឱ្យ​ប្រព្រឹត្ត​អំពើ​បាបរួចហើយ ប៉ុន្តែ​ បើអំពើបាប​បាន​បង្ខូចរបៀប​រៀប​រយរបស់​ពិភព​លោក​ថែមទៀត គេមានមូល​ហេតុ​ថ្មីៗ ទាក់ទាញឱ្យគេប្រព្រឹត្តអំពើ​បាប។ ប្រសិន​បើ​គេមិនខិតខំយ៉ាង​ខ្លាំង ហើយបើគ្មាន​ព្រះជាម្ចាស់ជួយ​ប្រោស​ប្រណី គេមិនអាចឈ្នះទំនោរអាក្រក់ទាំងនោះ​បាន​ឡើយ។

២៦- ត្រូវគិតគូររកប្រយោជន៍រួម

ក. ចំណងមនុស្ស និងមនុស្សរឹតតែខ្លាំងឡើងបន្តិចម្តងៗ ហើយលាតសន្ធឹងទៅលើពិភពលោកទាំងមូល។ ហេតុ​នេះ​ហើយ​ បានជាប្រយោជន៍រួមក៏លាតត្រដាងទៅលើពិភពលោកទាំងមូលកាន់តែសកល ហើយ​ពាក់ព័ន្ធ​នឹង​សិទ្ធ​ និងភារកិច្ច​របស់មនុស្សជាតិទាំងមូល។ ពាក្យ “ប្រយោជន៍រួម” មានន័យថា លក្ខណៈ​ទាំងប៉ុន្មាន​ក្នុង​សង្គមដែលហុចឱ្យទាំង​ក្រុម​ផ្សេងៗ ទាំងសមាជិកនីមួយៗនៃក្រុមទាំងនោះ អាច​បានពេញលក្ខណៈកាន់តែ​ពេញលេញ​ និង​កាន់​តែស្រួល​ឡើង។ ក្រុម​នីមួយៗត្រូវយល់ដល់សេចក្តីត្រូវការ និងដល់​សេចក្តីប៉ង​ប្រាថ្នា​ដ៏​ត្រឹម​ត្រូវ​នៃក្រុមឯទៀតៗ ហើយក៏ត្រូវយល់​ដល់ប្រយោជន៍​រួមនៃ​ក្រុម​គ្រួសារ​មនុស្សទាំងអស់។

ខ. នៅពេលជាមួយគ្នានេះ មនុស្សយល់កាន់តែច្បាស់អំពីកិត្តិយសដ៏ថ្លៃថ្នូរបំផុតរបស់បុគ្គលម្នាក់ៗ ដែលមានតម្លៃ​លើស​អ្វីៗ​ទាំងអស់ ហើយដែលមានសិទ្ធិ និងភារកិច្ចនៅគ្រប់កន្លែងក្នុងពិភពលោក គ្មាននរណា​មានសិទ្ធិ​រំលោភ​បាន។ ហេតុនេះ​ហើយ ត្រូវរកមធ្យោបាយធ្វើយ៉ាងណាឱ្យមនុស្សអាច​ឈាន​ទៅដល់អ្វីៗដែល​ខ្លួន​ត្រូវ​ការ ដើម្បីរស់នៅ​តាម​របៀប​សម​នឹងឋានៈខ្លួនជាមនុស្សដ៏ពិតប្រាកដ។ ឧបមាថា ឱ្យគេមានចំណីអាហារ សម្លៀក​បំពាក់ ផ្ទះ និងសិទ្ធិជ្រើសរើស​របៀប​រស់នៅ​ដោយសេរី បង្កើតក្រុមគ្រួសារ សិទ្ធិរៀនសូត្រ មាន​ការងារ​ធ្វើ មានកេរ្តិ៍ឈ្មោះ សិទ្ធិឱ្យគេគោរព ឱ្យ​មាន​ព័ត៌មានដ៏សមរម្យ ឱ្យមានសិទ្ធិប្រព្រឹត្តតាម​មនសិការ​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួន ឱ្យមាន​សិទ្ធការពារការរស់នៅផ្ទាល់ខ្លួន និងឱ្យមានសេរីភាព​ត្រឹម​ត្រូវ មានសេរីភាព​ខាងសាសនា​ជាដើម។

គ. ហេតុនេះ របៀបរៀបរយក្នុងសង្គម និងការអភិវឌ្ឍន៍សង្គមត្រូវបែរទៅរកប្រយោជន៍របស់បុគ្គលជានិច្ច ព្រោះវត្ថុ​ត្រូវ​ស្ថិត​នៅក្រោម​ចំណុះរបស់បុគ្គល បុគ្គលមិនត្រូវស្ថិតនៅ​ក្រោមចំណុះរបស់វត្ថុទេ។ ព្រះអម្ចាស់ប្រទាន​យោបល់​ដោយ​មាន​ព្រះបន្ទូលថា “ព្រះ​ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស ព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស​ដើម្បី​ឱ្យ​បម្រើ​ថ្ងៃ​សប្ប័ទ​ឡើយ” (មក ២,២៧)។ ត្រូវ​យកព្រះបញ្ជា​នេះមក​អនុវត្ត​ក្នុង​វិស័យ​ផ្សេងៗ គឺត្រូវយកសេចក្តីពិតធ្វើ​ជាគ្រឹះក្នុងការកសាងសង្គម​តាមយុត្តិធម៌។ ព្រះបញ្ជានេះ ត្រូវ​មាន​ជីវិត​រស់រវើក​ដោយសេចក្តីស្រឡាញ់ ហើយ​ឱ្យ​កាន់​តែស្រប​តាមលក្ខណៈ​ជាមនុស្ស​ដែល​ប្រកបដោយសេរីភាព។ យើង​ត្រូវខិតខំប្រែចិត្តគំនិតមនុស្ស ហើយ​ផ្លាស់ប្តូរ​សង្គម​ស្ទើរតែទាំងស្រុង។

ឃ. ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំពេលវេលា និងប្រែទ្រង់ទ្រាយនៃផែនដីតាមព្រះហឫទ័យមេត្តាករុណា​ថែរក្សា​ពិភព​លោកជា​និច្ច។ ព្រះវិញ្ញាណស្ថិតនៅការវិវឌ្ឍន៍នោះ។ ដំណឹងល្អដែលប្រៀបដូចជាមេក្នុងម្សៅ គឺ​បាន​បង្កើត និងនៅ​តែបង្កើតឱ្យមនុស្សមានបំណងទាមទារកិត្តិយសដ៏ថ្លៃថ្នូរ​ឃាត់មិនបាន។

២៧- ការគោរពជាបុគ្គលម្នាក់ៗ

ក. មហាសន្និបាតនឹកដល់ផលនៃគំនិតទាំងនោះជាគោលដែលត្រូវអនុវត្តតាម និងដែលមានលក្ខណៈបន្ទាន់​យ៉ាង​ពិសេស គឺ​មហាសន្និបាតគូសសង្កត់លើការគោរពបុគ្គ​លម្នាក់ៗ។ សូមឱ្យម្នាក់ៗរាប់អ្នកដទៃទុក​ជា “រូប​ខ្លួន​ឯង” ដោយគ្មា​នរើស​អើង​នរណាមួ​យ​ឡើយ គឺសូមនឹកគិតដល់ការរស់នៅរបស់គេ នឹកគិតដល់អ្វីៗ​ដែល​គេ​ត្រូវ​ការដើម្បីមាន​ជីវភាព​យ៉ាងថ្លៃថ្នូរ (យក ២,១៥-១៦)។ កុំយកតម្រាប់តាមអ្នកមានក្នុងគម្ពីរ ដែល​មិន​រវីរវល់​នឹង​អ្នកក្រីក្រ​ឈ្មោះ​ឡាសារនោះ (លក ១៦,១៩.៣១)។

ខ. ជាពិសេស សព្វថ្ងៃ យើងមានភារកិច្ចដ៏សំខាន់បំផុត គឺក្លាយខ្លួនទៅជាបងប្អូនរបស់អ្នកដទៃទោះជានរណាក៏​ដោយ។ ប្រសិនបើគេមកជួបយើង យើងក៏ត្រូវបម្រើគេយ៉ាងសកម្ម។ ប្រហែលអ្នកដទៃនោះ ជាមនុស្ស​ចាស់​ជរាដែល​គ្មាន​នរ​ណា​ថែរក្សា ឬក៏ជាកម្មករបរទេស​ដែលត្រូវគេមើលងាយដោយគ្មានមូលហេតុ ឬក៏ជាអ្នកដែល​ត្រូវគេនិរទេស ឬក៏ជា​កូនឥតខាន់ស្លាដែលទទួល​ផលអាក្រក់ពីកំហុសដែលខ្លួនមិនបានប្រព្រឹត្ត ឬក៏ជា​អ្នក​ស្រេក​ឃ្លានដែលដាស់តឿន​មនសិការ​យើង​ដោយ​រំឭកព្រះបន្ទូលរបស់​ព្រះអម្ចាស់ថា “គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​បានប្រព្រឹត្ត​អំពើ​អ្វីចំពោះ​អ្នក​តូច​តាច​ជាង​គេ​បំផុត​ម្នាក់​ ដែល​ជា​បងប្អូន​របស់​យើង​ នោះ‌ក៏​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ” (មថ ២៥,​៤០)។

គ. លើសពីនេះទៅទៀត ត្រូវរាប់អ្វីៗទាំងអស់ដែលប្រឆាំងនឹងជីវិតមនុស្សទុកជាការអាក្រក់បំផុត ដូចជា អំពើ​ឃាតកម្ម​គ្រប់​យ៉ាង មានការប្រល័យពូជសាសន៍ ការពន្លូតកូន ការជួយមនុស្សឱ្យចែកឋានយ៉ាងស្រួល និង​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង។ មានអ្វីៗ​ទាំងអស់ដែលប៉ះពាល់នឹងរូបបុគ្គលម្នាក់ៗ គឺមានការកាត់អវៈយវៈខ្លះ ការធ្វើ​ទារុណកម្ម​ទាំងលើ​រូបកាយ​ ទាំង​ខាងវិញ្ញាណ​មានការបង្ខិតបង្ខំខាងចិត្តគំនិតជាដើម។ មានអ្វីៗដែល​បណ្តាល​ឱ្យ​កិត្តិយស​ដ៏ថ្លៃថ្នូររបស់​មនុស្ស​ត្រូវ​របួស គឺមាន​ជីវភាពរស់នៅមិនសមនឹងឋានៈ​ជា​មនុស្ស មានការដាក់​ពន្ធនាគារ​ដោយគ្មានមូលហេតុ មានការ​ជម្លៀស​ប្រជាជន ការចាប់​ជំរិតធ្វើជាទាសករ ការធ្វើ​ពេស្យាចារ ជំនួញ​មនុស្ស​ស្រី និងកុមារ។ មានអំពើ​រំលោភ​បំពានលើកម្លាំងពលកម្ម បណ្តាលឱ្យមនុស្សធ្លាក់ជាគ្រឿងឧបករណ៍​សម្រាប់​ពួកមូលធន​តែប៉ុណ្ណោះ ដោយ​មិនគិត​ដល់បុគ្គលិកលក្ខណៈ​របស់គេ ជាមនុស្សប្រកបដោយ​សេរីភាព និង​អាច​ទទួលការខុសត្រូវបាន។ អំពើ​ទាំង​នេះ និង​អំពើប្រហែល​នឹងការទាំងនេះ សុទ្ធតែជាការអាក្រក់គួរឱ្យ​ខ្ពើមរអើម។ អំពើទាំង​នោះបង្ខូច​អរិយធម៌​ផង និងបង្អាប់​បង្អោន​កិត្តិយសដ៏ថ្លៃថ្នូររបស់អ្នក​ប្រព្រឹត្ត​ផង ខ្លាំង​ជាង​បង្អាប់​បង្អោនកិត្តិយសអ្នកដែលរង​គ្រោះ។ អ្នក​ប្រព្រឹត្តអំពើទាំង​នោះ​ក៏ប្រមាថមើលងាយសេរីរុងរឿងរបស់​ព្រះ​អាទិករ​ដែរ។

២៨- ការគោរព និងការស្រឡាញ់ខ្មាំងសត្រូវ

ក. យើងត្រូវគោរព និងស្រឡាញ់អស់អ្នកដែលគិត និងប្រព្រឹត្តតាមរបៀបប្លែកពីយើងក្នុងសង្គម ក្នុងវិស័យ​នយោបាយ ឬខាងសាសនាជាដើម។ ប្រសិនបើយើងខិតខំយល់ចិត្តគំនិតរបស់គេ គឺខិតខំ​យល់​ទស្សនៈ​របស់​គេ​ពី​ខាងក្នុង​កាន់តែជ្រៅ​ទៅៗ ដោយចិត្តមេត្តា និងដោយសេចក្តី​ស្រឡាញ់ យើងមុខជានឹងសន្ទនាជាមួយគេកាន់​តែ​ស្រួល​ដែរ។

ខ. តាមពិត មិនត្រូវឱ្យសេចក្តីស្រឡាញ់ និងចិត្តមេត្តាចំពោះគេ ជំរុញឱ្យយើងមិនរវិរវល់នឹងប្រកាសសេចក្តីពិត​ និង​ទូន្មាន​ឱ្យគេធ្វើអំពើ​ល្អ​នោះទេ។ ផ្ទុយទៅវិញ សេចក្តីស្រឡាញ់នេះជំរុញសាវ័ករបស់ព្រះគ្រីស្ត​ឱ្យប្រកាស​សេចក្តី​ពិត​ដែល​សង្គ្រោះមនុស្ស​ទាំងអស់។ យើងត្រូវលះបង់ចោលកំហុសជានិច្ច ក៏ប៉ុន្តែ ត្រូវវែក​ញែក​ឱ្យដាច់​រវាង​កំហុស និងបុគ្គល។ ទោះ​បី​គេភាន់ច្រឡំក្តី សូម្បីតែគេយល់ខុស ឬយល់មិនគ្រប់គ្រាន់អំពី​សាសនា​ក្តី​ ក៏​គេ​នៅ​តែ​មានកិត្តិយស​ដ៏ថ្លៃ​ថ្នូរ​របស់ខ្លួន​ជាបុគ្គលម្នាក់ជានិច្ច។ មាន​តែព្រះជាម្ចាស់មួយព្រះអង្គទេដែល​វិនិច្ឆ័យ និង​ស្ទង់​ចិត្តគំនិត​មនុស្ស។ ហេតុនេះ ព្រះ​អង្គ​ហាមយើង​មិនឱ្យវិនិច្ឆ័យ​ដាក់ទោសលើចិត្ត​គំនិត​របស់​នរណា​ម្នាក់​ឡើយ (លក ៦,៣៧-៣៨; មថ ៧,១-២; រម ២,១-១១.១៤,១០-១២)។

គ. ព្រះគ្រីស្តប្រៀនប្រដៅរហូតដល់សូមឱ្យយើងអង្វរព្រះជាម្ចាស់លើកលែងទោសឱ្យអ្នកដែលធ្វើបាបយើង (មថ ៥,៤​៣-​៤៧) និង​លាត​ត្រដាង​វិន័យ​អំពីសេចក្តីស្រឡាញ់ ជាវិន័យនៃសម្ពន្ធមេត្រីថ្មីរហូតដល់​ស្រឡាញ់​ខ្មាំង​សត្រូវទាំង​អស់ទៅទៀត គឺថា អ្នក​រាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា​៖ “ចូរ​ស្រឡាញ់​បង​ប្អូន​ឯទៀត​ៗ​ ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក។‌‌ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នាព្រម​ទាំង​ទូល​អង្វរ​ព្រះ​ជា​ម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ឱ្យ​អស់​អ្នក ដែល​បៀតបៀន​អ្នក​រាល់គ្នា​ផង” (មថ ៥,៤៣-៤៤)។

២៩- មនុស្សស្មើគ្នាទាំងអស់

ក. មនុស្សទាំងអស់សុទ្ធតែមានវិចារណញ្ញាណ។ ព្រះជាម្ចាស់ប្រតិស្ឋានមនុស្សឱ្យមានលក្ខណៈដូចព្រះអង្គ។ គេ​មានសភាព​តែ​មួយ និងដើមកំណើតតែមួយដែរ។ ព្រះគ្រីស្តបានរំដោះគេទាំងអស់គ្នា។ ព្រះជាម្ចាស់ក៏កំណត់​ឱ្យ​ជីវិត​មនុស្ស​មានទិសដៅតែមួយ និងមានវាសនាតែមួយដែរ។ ហេតុនេះហើយ បានជាយើងត្រូវទទួលស្គាល់ ហើយ​ក៏ត្រូវទទួល​ស្គាល់ ឱ្យកាន់​តែច្បាស់ឡើងថា មនុស្សស្មើគ្នាទាំងអស់។

ខ. តាមពិត ប្រសិនបើយើងមើលសមត្ថភាពខាងរូបកាយដែល​ប្លែកពីគ្នា កម្លាំងប្រាជ្ញា និងកម្លាំងសីលធម៌​ដែល​ប្លែក​ពីគ្នាយើងមុខ​ជាដឹងថា មនុស្សទាំងអស់មិនស្មើគ្នាទេ។ ក៏ប៉ុន្តែ ចំពោះសិទ្ធិ​មនុស្ស​ដ៏សំខាន់ៗមិនត្រូវ​ប្រកាន់​គ្នា គឺ​មិន​ត្រូវ​ប្រកាន់វណ្ណៈឋានៈ កម្រិតវប្បធម៌ ភេទ ជាតិសាសន៍ ពណ៌សម្បុរ ជីវភាព ភាសា ​ឬ​សាសនា​សោះឡើយ។ ត្រូវ​ពុះ​ពារ​ និងបំបាត់ការប្រកាន់​ទាំង​នោះដែល​ផ្ទុយ​នឹង​គម្រោង​ការរបស់ព្រះជាម្ចាស់។ គួរឱ្យស្តាយណាស់​ដោយឃើញថា សិទ្ធិមនុស្សមិនទាន់មានការធានានៅគ្រប់កន្លែងនៅឡើយ។ ឧបមាថា បើ​ស្ត្រី​គ្មានសិទ្ធិជ្រើសរើស​គូ​ស្រករ​របស់ខ្លួន​ដោយ​សេរី គ្មានសិទ្ធិ​ជ្រើស​រើសរបៀបរស់នៅ ទទួលការសិក្សា និង​មាន​វប្បធម៌ស្មើនឹងបុរស ពេលនោះការ​រំលោភ​សិទ្ធិលេច​ចេញមកហើយ។

គ. លើសពីនេះទៅទៀត ទោះបីមនុស្សប្លែកពីគ្នាយ៉ាងណាក្តី ក៏មនុស្សមានកិត្តិយសដ៏ថ្លៃថ្នូរស្មើគ្នា ហេតុនេះ ត្រូវ​ទាមទារ​ឱ្យមនុស្សមានជីវភាពត្រឹមត្រូវតាមយុត្តិធម៌ និងតាមលក្ខណៈរបស់ខ្លួនជាមនុស្សកាន់តែខ្លាំងឡើងៗ។ សភាពការណ៍​សេដ្ឋកិច្ច ឬសភាពការណ៍ក្នុង​សង្គមមានគម្លាតគ្នាហួសហេតុពេកក្នុង​ចំណោម​សមាជិក​នៃ​ប្រជាជាតិ​មួយ ឬ​ក្នុង​ចំណោម​ប្រជាជាតិនានាដែលចូលរួមក្នុងមហាគ្រួសារតែមួយរបស់មនុស្សជាតិ ពិតជា​បណ្តាល​ឱ្យទាស់ចិត្តគំនិត និង​រា​រាំង​យុត្តិធម៌ក្នុងសង្គម រារាំង​សម្មភាព ប្រឆំាងនឹង​កិត្តិយស​ដ៏​ថ្លៃថ្នូរ​របស់​មនុស្ស ប្រឆាំងនឹងសន្តិភាព​ក្នុងសង្គម​ជាតិ និង​អន្តរជាតិ។

ឃ. សូមឱ្យស្ថាប័នទាំងឯកជន ទាំងសាធារណៈ ខិតខំបម្រើកិត្តិយសដ៏ថ្លៃថ្នូរ និង​បម្រើទិសដៅនៃជីវិត​មនុស្សដែល​ព្រះជាម្ចាស់​បាន​កំណត់ទុក​មក។ នៅពេល​ជាមួយគ្នានេះ សូមឱ្យស្ថាប័នទាំងអស់​ប្រយុទ្ធ​យ៉ាង​សកម្ម​ប្រឆាំង​នឹងភាពជា​ទាសករ​គ្រប់យ៉ាង ទាំងក្នុងសង្គម ទាំង​ខាង​នយោបាយ។ សូម​ធានារ៉ាប់រងសិទ្ធិមនុស្សនៅ​គ្រប់​របប​នយោបាយ។ ទោះ​បីត្រូវចំណាយពេលវេលា​យ៉ាងយូរក្តី ដើម្បីឈានទៅ​ដល់ទីដៅដែល​យើង​ចង់​បាន​នោះ ស្ថាប័នទាំងប៉ុន្មាន​របស់​មនុស្សត្រូវតែតបឆ្លើយ​បន្តិច​ម្តងៗ នឹងសេចក្តីខាងវិញ្ញាណ​ដែល​ប្រសើរជាង​គេ​ទាំង​អស់។

៣០- ត្រូវកាន់សីលធម៌រួម

ក. ពិភពលោកផ្លាស់ប្រែយ៉ាងខ្លាំង និងយ៉ាងលឿន។ ការផ្លាស់ប្តូរនេះទាមទារយ៉ាងខ្លាំងសូមកុំឱ្យនរណាម្នាក់​ស្កប់​ចិត្ត​នឹង​សីលធម៌​សម្រាប់តែបុគ្គ​លម្នាក់ៗឡើយ តែសូមឱ្យម្នាក់ៗយកចិត្តទុក​ដាក់នឹង​ការប្រែប្រួល​ក្នុង​ពិភព​លោក​វិញ។ មនុស្ស​ម្នាក់ៗ​ជួយដល់ប្រយោជន៍រួមតាមសមត្ថភាពរៀងៗខ្លួន ដោយ​គិត​គូរ​ដល់​សេចក្តី​ត្រូវ​ការ​របស់អ្នកដទៃ។ បើគេយក​ចិត្ត​ទុក​ដាក់យ៉ាងពិតប្រាកដឱ្យស្ថាប័នសាធារណៈ ឬស្ថាប័នឯកជនចម្រើនឡើង ជាពិសេស​ ស្ថាប័នដែលមាន​គោល​ដៅ​ធ្វើឱ្យ​ជីវភាព​មនុស្សកាន់តែប្រសើរឡើង ពេលនោះ គេពិតជា​បំពេញ​ភារកិច្ច​របស់ខ្លួន​ក្នុងការរកយុត្តិធម៌ និង​សម្តែង​សេចក្តី​ស្រឡាញ់មែន។ ផ្ទុយទៅវិញ​ មានមនុស្សមួយចំនួនប្រកាស​ថា ខ្លួនមានគំនិតទូលំ​ទូលាយ​ និង​សប្បុរស តែគេ​បែរជាមិនរវីរវល់នឹងសាមគ្គីភាពក្នុង​សង្គមសោះ។ លើស​ពីនេះ​ទៅទៀត ក្នុងប្រទេ​សខ្លះ មនុស្សជា​ច្រើន​មិនរវីរវល់​អនុវត្ត​តាមច្បាប់ និងបញ្ញត្តិជារបស់សង្គមទេ។ មនុស្ស​ជា​ច្រើនមិនញញើតក្នុងការបន្លំ ឬរកឧបាយកលផ្សេងៗ​ដើម្បីឱ្យ​រួច​ផុត​ពីការបង់​ពន្ធដារ ឬឱ្យបាន​រួចពី​បំណុល​រួមរបស់រដ្ឋ។ មានអ្នកខ្លះទៀត​ធ្វេសប្រ​ហែស​មិនព្រម​គោរ​ពតាមច្បាប់​ណែ​នាំ​ការរស់នៅក្នុងសង្គម មាន​ច្បាប់អំពីការរក្សាសុខុមាលភាពនៃរចនាសម្ព័ន្ធសុខាភិបាល ច្បាប់​ចរាចរណ៍។ល។ ដោយ​ធ្វេស​ប្រហែល​មិន​គិតគូរ​ដូច្នេះ គេបណ្តាលឱ្យទាំងជីវិតគេ ទាំងជីវិតអ្នក​ដទៃ អាចជួបប្រទះនឹង​គ្រោះ​ថ្នាក់​បាន។

ខ. សូមឱ្យមនុស្សគ្រប់ៗគ្នាយកចិត្តទុកដាក់ជាខ្លាំង និងរាប់ការសាមគ្គីផ្សេងៗក្នុងសង្គម ទុកជាភារកិច្ច​ចម្បង​ដ៏​សំខាន់​របស់​ខ្លួននា​បច្ចុប្បន្នកាល ព្រមទាំងគោរពតាមការសាមគ្គីទាំងនោះផង។ ពិភពលោកកាន់តែរួម​គ្នា​ឡើងៗ​យ៉ាងណា ភារកិច្ច​របស់​មនុស្សជាក់ច្បាស់​លាតត្រដាងហួសពីក្រុមតូចៗ គឺត្រូវលាត​សន្ធឹងបន្តិចម្តងៗ​ទៅ​ពិភពលោក​ទាំង​មូល​យ៉ាងនោះ​ដែរ។ ពិភពលោកអាចរួម​ជាធ្លុងតែមួយ​បាន លុះត្រាតែបុគ្គល និងក្រុម​នីមួយៗ​គិតគូរដល់សីលធម៌ និងដល់សង្គម ព្រម​ទាំង​ផ្សព្វផ្សាយ​គំនិតទាំងនោះនៅជុំវិញ​ខ្លួន។ នៅពេលនោះ ដោយ​មាន​ព្រះជាម្ចាស់ប្រោសប្រណីជួយឧបត្ថម្ភផង មានមនុស្សថ្មី​យ៉ាងពិតប្រាកដមុខជានឹងកើតឡើង គឺជា​អ្នក​កសាង​មនុស្ស​លោកថ្មី។

៣១- ការទទួលខុសត្រូវ

ក. ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍វប្បធម៌ ដោយប្រើមធ្យោបាយដ៏ធំៗជាច្រើនដែលមនុស្ស​លោកមានសព្វថ្ងៃ ដើម្បី​ឱ្យ​ម្នាក់ៗអាចទទួលខុសត្រូវចំពោះខ្លួនឯង និងចំពោះក្រុមផ្សេងៗដែលខ្លួនជា​សមាជិក​នោះ។ ជាបឋម​ ត្រូវ​ចាត់​ចែងការ​អប់រំ​យុវជន ទោះជាមានឋានៈ វណ្ណៈណាក្តីក្នុងសង្គម ដើម្បីឱ្យ​អាច​បង្កើត​ធនធាន​មនុស្ស​ទាំង​បុរស​ ទាំងស្រ្តី មិន​គ្រាន់​តែ​ឱ្យគេមាន​ចំណេះច្រើនប៉ុណ្ណោះទេ តែឱ្យគេមានបុគ្គលិកលក្ខណៈ​រឹងប៉ឹង ដ្បិត​សម័យ​ឥឡូវ​ត្រូវ​ការ​មនុស្ស​បែប​នេះ​យ៉ាង​ខ្លាំង​ជាងគេ។

ខ. ប៉ុន្តែ មនុស្សពិបាកនឹងមានគំនិតទទួលខុសត្រូវខ្ពស់បែបនេះណាស់។ គេត្រូវមានជីវភាពល្មម​ដែលសមនឹងឱ្យ​គេ​ដឹង​អំ​ពី​តម្លៃ​ដ៏​ថ្លៃ​ថ្នូររបស់ខ្លួន និងឱ្យគេអាចតបឆ្លើយនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយ​បម្រើ​ព្រះអង្គ និង​បម្រើ​មនុស្ស​ដូច​គ្នាអស់ពីសមត្ថភាព។ ជាញឹកញាប់ ពេលណាមនុស្សធ្លាក់ខ្លួន​ជាអ្នក​ក្រីក្រ​ទុរគត​ខ្លាំង​ពេក សេរីភាព​របស់​គេ​ក៏​ចុះ​អន់​ថយ។ ពេលមនុស្សបណ្តោយខ្លួនទៅតាមសម្រួលពេក សេរីភាព​របស់​គេ​ក៏​ចុះ​អន់ថយដែរ គឺគេ​គិតតែពីខ្លួនឯង​មិន​រវី​រវល់​នឹង​អ្នកដទៃសោះ។ ផ្ទុយទៅវិញ ពេល​មនុស្ស​រស់នៅ​ដោយ​សុខចិត្ត​ទទួលការបង្ខិតបង្ខំពីសង្គម ព្រោះ​ជៀស​វាងមិនបាន និងសុខចិត្ត​ទទួល​កាតព្វកិច្ច​ជាច្រើន ដោយ​រួម​សាមគ្គី​ជាមួយមនុស្សឯទៀត ហើយប្តេជ្ញាបម្រើ​សហគមន៍​មនុស្ស នៅ​ពេល​នោះ សេរីភាព​របស់គេក៏​កាន់​តែ​រឹងប៉ឹង​ឡើងៗ​ទៅវិញ។

គ. ហេតុនេះ ត្រូវដាស់តឿនមនុស្សទាំងអស់ឱ្យមានបំណងចង់រួមចំណែកក្នុងកិច្ចការរួម។ ត្រូវសរសើរ​ប្រជាជាតិ​ខ្លះដែល​នាំប្រជាពលរដ្ឋជាច្រើនឱ្យរួមចំណែកក្នុងកិច្ចការរដ្ឋ ដោយមានសេរីភាពយ៉ាងពិតប្រាកដ។ ក៏ប៉ុន្តែ ត្រូវ​នឹក​ដល់​សភាពការណ៍​ប្រជាជននីមួយៗ និងនឹកគិតថា រដ្ឋអំណាចក៏ត្រូវកាន់អំណាចយ៉ាងរឹងមាំដែរ។ ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​យល់​ថា ក្រុមទាំងប៉ុន្មានក្នុងសង្គម​កាន់តាមឧត្តមគតិដែលទាក់ទាញចិត្តគេ គឺឱ្យ​បម្រើ​ប្រជាពលរដ្ឋ​ដូចគ្នា ទើប​ប្រជាពលរដ្ឋ​ទាំងអស់មានបំណង​ចង់រួមចំណែក​ក្នុងការ​រស់នៅ​របស់​ក្រុម​ទាំង​នេះ។ គួរឱ្យនឹក​យ៉ាង​ត្រឹមត្រូវថា អនាគតអាស្រ័យលើអស់អ្នកដែលផ្តល់​ឱ្យមនុស្សតំណក្រោយៗ​ឱ្យគេមាន​មូល​ហេតុ​ចង់រស់តទៅទៀត និងមានសេចក្តីសង្ឃឹម។

៣២- ព្រះបន្ទូលប្រសូតជាមនុស្ស និងសាមគ្គីជាមួយមនុស្ស

ក. ព្រះជាម្ចាស់ប្រតិស្ឋានមនុស្សឱ្យរស់នៅរួមគ្នាក្នុងសង្គម មិនឱ្យរស់នៅម្នាក់ឯងទេ។ យ៉ាងណាមិញ “ព្រះអង្គ​ក៏​មិនសព្វ​ព្រះ​ហឫទ័យឱ្យមនុស្សបានវិសុទ្ធ និងសង្គ្រោះគេម្នាក់ៗ ដោយ​គ្មានចំណងទាក់ទង​ជាមួយ​អ្នក​ដទៃ​ទៅ​វិញ​ទៅ​មក​នោះទេ តែព្រះអង្គសព្វព្រះហឫទ័យតែងតាំង​ឱ្យមនុស្យ​ទៅជា​ប្រជាជនមួយដែល​នឹង​ស្គាល់​ព្រះអង្គ​តាម​សេចក្ដីពិត និងបម្រើ​ព្រះអង្គយ៉ាងវិសុទ្ធ” (ពន្លឺ ៩)។ ហេតុនេះ តាំងពីដើម​ប្រវត្តិសាស្រ្តនៃ​ការ​សង្រ្គោះ ព្រះ​អង្គ​បាន​ជ្រើស​រើសមនុស្ស មិនមែនជាបុគ្គលដោយឡែកពីគេទេ តែទុកជាសមាជិកនៃ​សហគមន៍​មួយ។ ព្រះជាម្ចាស់​ក៏​បាន​សម្តែង​គម្រោងការ​របស់ព្រះអង្គឱ្យក្រុមអ្នកដែលទ្រង់ជ្រើសរើសបានស្គាល់ និង​ហៅ​គេ​ថា៖ “ប្រជា​រាស្រ្តរបស់​ព្រះ​អង្គ” (​សរ ៣,៧-១២)។ ព្រះអង្គក៏ចងសម្ពន្ធមេត្រីជាមួយប្រជាជននោះ​នៅ​លើភ្នំ​ស៊ីណៃទៀត​ផង (សរ ២៤,១-៨)។

ខ. ព្រះយេស៊ូគ្រីស្តប្រព្រឹត្តស្នាព្រះហស្តដែលបង្រ្គប់លក្ខណៈរបស់មនុស្សជាសង្គមយ៉ាងពេញលេញ។ ព្រះបន្ទូល​ប្រសូត​ជា​មនុស្ស​ផ្ទាល់ ទ្រង់​សព្វព្រះហឫទ័យចូលរួមសាមគ្គីក្នុងសង្គមនោះ។ ព្រះអង្គ​ចូលរួម​ក្នុង​ពីធី​មង្គលការ​នៅភូមិកាណា ព្រះអង្គសូមទៅទទួលទាននៅផ្ទះលោកសាខេ ទ្រង់រួម​តុជាមួយ​ក្រុម​អ្នក​ទារពន្ធ និង​អ្នក​បាប។ ព្រះអង្គបានសម្តែង​ព្រះហឫទ័យស្រឡាញ់របស់ព្រះបិតា និងភាព​ដ៏ប្រសើរ​បំផុតនៃ​ជីវិត​របស់​មនុស្ស​តាម​ព្រះជាម្ចាស់បានកំណត់ទុក ដោយ​លើកយកកិច្ចការសាមញ្ញធម្មតានៃការរស់នៅក្នុងសង្គម ព្រម​ទាំង​លើក​យកនិមិត្តរូបពីការ​រស់នៅ​ប្រចាំថ្ងៃ​របស់គេមកនិយាយ។ ព្រះអង្គ​បានប្រោស​ឱ្យចំណងនានា​របស់​មនុស្ស​បាន​វិសុទ្ធ ជាពិសេស ​ចំណង​នានា​ក្នុងក្រុម​គ្រួសារ​ជាប្រភពនៃការរស់នៅក្នុងសង្គម។ ព្រះអង្គក៏សព្វ​ព្រះហឫទ័យ​អនុវត្តតាមច្បាប់មាតុភូមិរបស់​ព្រះ​អង្គ។ ព្រះអង្គ​ក៏​សព្វព្រះហឫទ័យប្រកបអាជីវកម្មជាជាង តាម​របៀប​មនុស្សនៅសម័យ និងនៅតំបន់ព្រះអង្គរស់នៅ។

គ. ពេលព្រះយេស៊ូសម្តែងធម្មទេសនា ព្រះអង្គបានប្រកាសយ៉ាងច្បាស់ថា បុត្រធីតារបស់ព្រះជាម្ចាស់​ត្រូវតែ​រស់​នៅ​ជាមួយគ្នា​ដូចបងប្អូនបង្កើត។ ពេលព្រះអង្គអធិដ្ឋាន ទ្រង់សូមឱ្យសាវ័កទាំងអស់រួបរួមគ្នាជាអង្គតែមួយ។ លើស​ពីនេះ​ទៅ​ទៀតព្រះអង្គបានបូជាព្រះជន្មដើម្បីរំដោះមនុស្សទាំងអស់។ ព្រះអង្គមាន​ព្រះបន្ទូលថា៖ “គ្មាន​នរណាមាន​សេចក្តី​ស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្តូរជីវិត ​ដើម្បីមិត្ត​សម្លាញ់របស់ខ្លួននោះ​ឡើយ˝ (យហ ១៥,១៣)។ ព្រះអង្គក៏បញ្ជាឱ្យ​ក្រុមគ្រីស្តទូត​ទៅប្រកាសដំណឹងល្អដល់មនុស្សគ្រប់ជាតិ​សាសន៍ ដើម្បីឱ្យមនុស្ស​ជាតិ​ទាំង​មូលត្រឡប់​ទៅ​ជា​មហា​គ្រួសារ​របស់ព្រះជាម្ចាស់។ ក្នុងមហាគ្រួសារនោះ សេចក្តី​ស្រឡាញ់​នឹង​ទៅ​ជា​ធម្មវិន័យ​យ៉ាងពេញលក្ខណៈ។

ឃ. ព្រះយេស៊ូ​ជារៀមច្បង​ក្នុងបណ្តាបងប្អូនជាច្រើន។ ក្រោយពីព្រះអង្គសោយទិវង្គតនិងមានព្រះជន្មថ្មីដ៏រុងរឿង​ ព្រះ​អង្គ​បានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ។ នៅពេលនោះ ព្រះអង្គតែងតាំង​ឱ្យ​អស់​អ្នកដែល​ទទួល​ព្រះអង្គ​ដោយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ និងដោយមានចិត្តស្រឡាញ់ រួបរួមគ្នាទុកជាបងប្អូនតាមរបៀបថ្មី គឺរួបរួម​គ្នា​ជា​ព្រះកាយផ្ទាល់របស់​ព្រះអង្គជា​ព្រះសហគមន៍។ ក្នុងព្រះកាយនោះ យើងទាំងអស់គ្នា​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក យើងក៏ត្រូវជួយគ្នាទៅវិញ​ទៅមក​តាមព្រះអំណោយទានផ្សេងៗដែលយើងបានទទួលដែរ។

ង. សាមគ្គីភាពនេះត្រូវតែចម្រើនឡើងជាលំដាប់ជានិច្ច រហូតដល់បានពេញលេញនៅថ្ងៃដែលព្រះជាម្ចាស់​ប្រណី​សន្តោស​សង្គ្រោះមនុស្សទាំងអស់ ហើយពេលនោះ មនុស្សទាំងអស់ទៅជាមហាគ្រួសារដ៏ជាទីស្រឡាញ់របស់​ព្រះអង្គ​ និង​របស់ព្រះគ្រីស្តជារៀមច្បង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតាយ៉ាងពេញលក្ខណៈ។

ជំពូក ៣
សកម្មភាពរបស់មនុស្សក្នុងពិភពលោក

៣៣- អារម្ភកថា

ក. តាំងពីដើមរៀងមកមនុស្សចេះតែខិតខំធ្វើការ​ និងប្រើប្រាជ្ញារបស់ខ្លួនដើម្បីឱ្យជីវិតកាន់តែចម្រើនឡើង។ ប៉ុន្តែ ​សព្វថ្ងៃដោយវិទ្យាសាស្រ្ត និងបច្ចេកទេសជួយផង មនុស្សលោកក្លាយទៅជាម្ចាស់លើធម្មជាតិស្ទើរតែ​ទាំង​ស្រុង ហើយនៅ​តែ​បន្ត​ពង្រីក​អំណាច​របស់ខ្លួនជានិច្ច។ ដោយប្រជាជាតិទាំងឡាយ​នៅលើ​ពិភពលោក​មាន​មធ្យោបាយ​កាន់​តែច្រើន​ឡើង ចែករំលែកអ្វីៗ​គ្រប់​យ៉ាងឱ្យគ្នា​ទៅវិញទៅមក មហាគ្រួសាររបស់មនុស្ស​ទទួល​ស្គាល់​ថា ខ្លួនជាសហគមន៍តែមួយ​ដែល​តែង​តាំងឡើងក្នុងលោកនេះ។ ហេតុនេះ សព្វថ្ងៃមនុស្ស​ចេះតែ​បង្កើត​ទ្រព្យសម្បត្តិជាច្រើន ជា​សម្បត្តិដែលកាលពីមុនមនុស្សរង់ចាំ​ដោយបន់ស្រន់​សូមពីថាមពលនៃទេវលោក។

ខ. ក្នុងចំណោមមនុស្សជាតិ ដោយឃើញកិច្ចកាដ៏អស្ចារ្យនោះលាតន្ធឹងក្នុងពិភពលោកទាំងមូល រួចហើយ​មាន​មនុស្ស​ជា​ច្រើន​នាំគ្នាសួរសំណួរផ្សេងៗ ឧបមាថា តើសកម្មភាពដ៏ឧហ្សាហ៍បែបនេះ​មានអត្ថន័យ និងតម្លៃអ្វី? តើ​ត្រូវ​យកទ្រព្យ​សម្បត្តិដ៏ច្រើនសន្ធឹកទាំងនេះធ្វើអ្វី? តើមនុស្សម្នាក់ៗ ឬមនុស្សរួមគ្នាខិតខំប្រឹងប្រែងដើម្បី​ធ្វើ​អ្វី? ព្រះសហគមន៍បាន​ទទួលបញ្ញើនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយោងគោលការណ៍ខាងសាសនា និង​ខាងសីលធម៌ពី​ព្រះបន្ទូល​នេះ​មក​ស្វែងរកចម្លើយនៃសំណួរទាំងនោះ។ តែព្រះសហគមន៍គ្មាន​ចម្លើយ​តប​ឆ្លើយ​ភ្លាមៗ​នឹងសំណួរនីមួយៗ​នោះទេ ក៏​ប៉ុន្តែ ព្រះសហគមន៍មានបំណងចង់​នាំពន្លឺនៃសេចក្តីដែល​ព្រះជាម្ចាស់​បាន​សម្តែងមក ឱ្យចូលរួមជាមួយ​បទ​ពិសោធន៍​របស់​មនុស្សលោកទាំងមូល ដើម្បី​បំភ្លឺ​មនុស្ស​ជាតិ​ដែល​ទើប​ចាប់ផ្តើមឈាងចូលតាមផ្លូវនេះ។

៣៤- តម្លៃដ៏ថ្លៃថ្នូរនៃសកម្មភាពរបស់មនុស្ស

ក. គ្រីស្តបរិស័ទដឹងជាក់ច្បាស់ថា សកម្មភាពរបស់មនុស្សលោក ទាំងសកម្មភាពបុគ្គលក្តី ទាំងសកម្មភាពរួម​ក្តី គឺការខិតខំប្រឹងប្រែងដ៏សម្បើមអស្ចារ្យតាំងពីយូរសតវត្សតៗមក បណ្តោយឱ្យជីវភាពមនុស្ស​កាន់តែប្រសើរ​ឡើងៗ។ ការណ៍នេះពិតជាស្របតាម​គម្រោងការ​របស់ព្រះជាម្ចាស់មែន។ ព្រះជាម្ចាស់បាន​ប្រតិស្ឋាន​មនុស្ស​ឱ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ។ ព្រះអង្គក៏ប្រទាន​បេសកកម្ម​ឱ្យ​មនុស្សគ្របគ្រង​ផែនដី និង​អ្វីៗ​ដែល​នៅ​លើ​ផែនដី ព្រមទាំងឱ្យ “ត្រួតត្រា​ពិភព​លោកដោយភាពវិសុទ្ធ និងសុចរិតតាម​យុត្តិធម៌” (កណ ១,២៦-២៧; ៩,២-៣; ប្រាញ ៩,២-៣)។ ដោយ​ទទួល​ស្គាល់ព្រះជាម្ចាស់ទុកជាព្រះអាទិករនៃអ្វីៗទាំងអស់ មនុស្ស​អាចចាត់​ទុក​ព្រះអង្គ​ជា​ប្រភពនៃជីវិតរបស់ខ្លួន និង​ជាដើម​កំណើត​នៃ​ពិភពលោក​ទាំងមូល។ ធ្វើដូច្នេះ ដោយ​អ្វីៗទាំងអស់​ចុះ​ចូល​ក្រោម​អំណាចរបស់មនុស្ស “ព្រះនាម​ព្រះអង្គ​ថ្កុំ​ថ្កើង​រុង​រឿង​ពាស​ពេញលើផែនដីទាំងមូល” (ទំន ៨,៧.១០)។

ខ. សេចក្តីប្រៀនប្រដៅនេះក៏មានសារៈសំខាន់ចំពោះសកម្មភាពផ្សេងរបស់មនុស្សជារៀងរាល់ថ្ងៃដែរ។ ពេល​បុរស និង​ស្រី្ត​ធ្វើ​ការចិញ្ចឹមជីវិតរបស់ខ្លួន និងក្រុមគ្រួសារ ទាំងបំពេញកិច្ចការតាមរបៀបបម្រើសង្គម អ្នក​ទាំង​នោះអាច​យល់ឃើញថា ការងាររបស់គេបន្តស្នាព្រះហស្តរបស់ព្រះអាទិករ គេបម្រើបងប្អូន និងខ្លួន​គេ​ផ្ទាល់​ជួយ​ឱ្យគម្រោងការ​របស់​ព្រះ​ជា​ម្ចាស់​បាន​សម្រេច គឺគម្រោងការរបស់ព្រះអង្គដែល​ថែរក្សា​ការពារ​មនុស្ស​លោក​តាម​ប្រវតិ្ត​សាស្រ្ត។

គ. គ្រីស្តបរិស័ទ​យល់ឃើញថា មនុស្សប្រកបដោយប្រាជ្ញា និងដោយសេចក្តីក្លាហានមានជ័យជម្នះលើ​ធម្ម​ជាតិ មិន​ជំទាស់​នឹងឫទ្ធានុភាពរបស់ព្រះ​ជា​ម្ចាស់​ទេ គេក៏មិនចាត់ទុកថា មនុស្សជាសត្វលោកប្រកប​ដោយ​ប្រាជ្ញា ហាក់​ដូច​ជា​ប្រកួត​ប្រជែងនឹងព្រះអាទិករដែរ។ ផ្ទុយទៅ​វិញ គ្រីស្តបរិស័ទជឿជាក់​ថា ជ័យជម្នះ​របស់មនុស្សជាតិពិត​ជា​សញ្ញា​សម្គាល់​បង្ហាញអំពីព្រះដ៏ឧត្តុង្គឧត្តម និង​ជា​លទ្ធផលតាមគម្រោងការ​របស់​ព្រះអង្គ​ដែល​រកថ្លែង​ពុំ​បាន។ ប៉ុន្តែ អំណាច​របស់មនុស្សចម្រើនខ្លាំងឡើងយ៉ាងណា បុគ្គល ឬក្រុមក៏ទទួល​ការ​ខុសត្រូវកាន់តែទូលំ​ទូលាយ​យ៉ាង​នោះដែរ។ សេចក្តី​នេះសរ​ឱ្យយល់ឃើញថា ដំណឹងល្អដែលគ្រីស្តបរិស័ទ​ប្រកាសនោះ​មិនមែន​បង្វែរ​គេ​មិនឱ្យក​សាង​ពិភពលោក​ទេ ហើយក៏មិនមែនមិនឱ្យ​អើពើនឹងវាសនារបស់​មនុស្សដូចគ្នាដែរ តែផ្ទុយ​ទៅ​វិញ​ ដំណឹងល្អនោះជំរុញគ្រីស្តបរិស័ទឱ្យ​កសាង​ពិភពលោក និងចាប់អារម្មណ៍នឹងវាសនា​មនុស្សដូចគ្នា ទុក​ជា​កាតព្វកិច្ចជាបន្ទាន់ជាងគេ។

៣៥- សេចក្តីណែនាំសម្រាប់សកម្មភាពរបស់មនុស្ស

ក. សកម្មភាពរបស់មនុស្សហូរចេញមកពីមនុស្សយ៉ាងណា ក៏សកម្មភាពនោះស្ថិតនៅ​ក្រោម​អំណាច​របស់​មនុស្ស​យ៉ាង​នោះ​ដែរ។ ពេលមនុស្សបំពេញសកម្មភាព គេមិនគ្រាន់តែប្រែវត្ថុ និងសង្គមប៉ុណ្ណោះទេ តែគេក៏​ធ្វើ​ឱ្យ​ខ្លួនកាន់តែពេញ​លក្ខណៈ​ដែរ។ គេរៀន​សេចក្តីជាច្រើន គេពង្រឹងទេពកោសល្យរបស់ខ្លួន មិនគិតតែ​ពី​ខ្លួន​ឯង ហើយ​បែរទៅគិតដល់​សេចក្តីដែល​ហួស​ពីខ្លួនថែមទៀតផង។ បើ​គេចេះ​ណែនាំសម្ទុះនេះយ៉ាងត្រឹមត្រូវល្អ សម្ទុះនេះ​មានតម្លៃប្រសើរជាង​ទ្រព្យ​សម្បត្តិទាំង​ប៉ុន្មាននៅក្រៅខ្លួនដែលគេសន្សំបាន។ តម្លៃដ៏ថ្លៃថ្នូរ​របស់​មនុស្ស​អាស្រ័យ​លើបុគ្គលិកលក្ខណៈ​របស់​ខ្លួន ជាជាងអាស្រ័យលើទ្រព្យសម្បត្តិដែលខ្លួនមាននោះ។ យ៉ាង​ណា​មិញ អ្វីៗដែលមនុស្សប្រព្រឹត្តដើម្បី​ឱ្យមាន​យុត្តិធម៌​កាន់​តែច្រើនឡើងៗ ឱ្យមនុស្សរួបរួមគ្នា​ជាបងប្អូន​កាន់​តែ​ខ្លាំងឡើងៗ និងឱ្យបង្កើតទំនាក់ទំនងកាន់តែប្រកបដោយ​លក្ខណៈ​ជាមនុស្ស​ក្នុងសង្គមកាន់តែល្អឡើងៗ គឺ​ការ​ទាំង​នោះសុទ្ធតែមានតម្លៃដ៏ថ្លៃថ្នូរលើសពីការ​រីកចម្រើនខាង​បចេ្ចក​ទេស​ទៅទៀត។ ការចម្រើន​ខាង​បច្ចេក​ទេស​ទាំងប៉ុន្មាន អាចជួយឱ្យមនុស្សមានមូលដ្ឋានជាសម្ភារៈសម្រាប់អភិវឌ្ឍន៍​ធនធានមនុស្ស ប៉ុន្តែ បើ​មាន​តែ​ការ​ចម្រើនខាងបច្ចេកទេសប៉ុណ្ណោះ នេាះធនធានមនុស្សមិនអាចចម្រើនបានឡើយ។

ខ. ហេតុនេះ សេចក្តីណែនាំសកម្មភាពរបស់មនុស្សមានដូចតទៅ គឺសកម្មភាពនោះត្រូវរកផល​ប្រយោជន៍​ដ៏​ពិត​ប្រាកដ​ជូន​មនុស្ស​ជាតិស្របតាមគម្រោងការ និងតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សកម្មភាពនោះត្រូវ​បណ្តោយ​ឱ្យមនុស្ស ទោះក្នុងឋានៈជាបុគ្គលផ្ទាល់ ឬក្នុងឋានៈជាសមាជិកនៃសង្គមក្តី រីកចម្រើនឡើង​យ៉ាង​ពេញ​លក្ខណៈ​តាមព្រះ​ជាម្ចាស់​ត្រាស់ហៅគេម្នាក់ៗ។

៣៦- អ្វីៗនៅលើផែនដីស្វយ័តយ៉ាងត្រឹមត្រូវ

ក. សព្វថ្ងៃមានមនុស្សជាច្រើននាំគ្នានឹកខ្លាចថា មិនត្រូវឱ្យសកម្មភាពរបស់មនុស្ស និង​សាសនាមាន​ចំណងពេក ក្រែង​ចំណងដ៏ស្អិតល្មួតនេះបណ្តាលឱ្យទាំងមនុស្ស ទាំងសង្គម ទាំងវិទ្យាសាស្រ្តបាត់បង់ស្វ័យភាព​របស់​ខ្លួន។

ខ. ប្រសិនបើគេយល់ថា អ្វីៗនៅលើផែនដីនេះប្រកបដោយស្វ័យភាពមានន័យថា សត្វលោកទាំងប៉ុន្មាន​ដែល​ព្រះ​ជាម្ចាស់​ប្រតិស្ឋាន​មក ថែមទាំងសង្គមនានាផងដែរ មានក្បួនច្បាប់ផ្ទាល់ មានតម្លៃដ៏ថ្លៃថ្នូរផ្ទាល់ ហើយ​មនុស្ស​ត្រូវ​តែ​រៀន​ឱ្យ​ស្គាល់បន្តិច​ម្តងៗ​នូវក្បួនច្បាប់ និងតម្លៃដ៏ថ្លៃថ្នូរ​ទាំងនោះ ហើយក៏ត្រូវរៀនឱ្យចេះប្រើប្រាស់ និង​ឱ្យ​ចេះ​ចាត់ចែង​ទៀត​ផង។ ដូច្នេះ អ្នកស្វះ​ស្វែង​ចង់​បានស្វ័យភាពបែបនោះពិតជាត្រឹមត្រូវហើយ។ មិនគ្រាន់​តែ​មនុស្ស​សម័យ​ឥឡូវ​ទាម​ទារស្វ័យភាព​នោះ​ប៉ុណ្ណោះទេ តែស្វ័យភាព​នោះស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះ​អាទិករ​ថែមទៀត​ផង។ ដោយ​ព្រះ​ជាម្ចាស់ប្រតិស្ឋាន​អ្វីៗ​ទាំងអស់ ព្រះអង្គក៏តែងតាំងអ្វីៗ​ឱ្យនៅ​ជាប់​ស្ថិត​ស្ថេរ​តាម​សេចក្តី​ពិត ​និង​តាមតម្លៃដ៏​ថ្លៃ​ថ្នូរ​របស់​អ្វីៗទាំង​នោះផ្ទាល់។ អ្វីៗទាំងអស់​ក៏ត្រូវ​បាន​ចាត់ចែង​ឱ្យ​មាន​របៀប​រៀបរយ និងតាមក្បួនច្បាប់​ពិសេស​របស់​អ្វីទាំងនោះ។ មនុស្សត្រូវតែគោរព​អ្វីៗទាំងនោះ ព្រមទាំងទទួល​ស្គាល់​វិធី​ផ្ទាល់របស់វិទ្យាសាស្រ្តនីមួយៗ និង​បច្ចេកទេស​នី​មួយៗដែរ។ ហេតុ​នេះហើយ បានជាការ​ស្វែង​រក​តាម​ក្បួន​វិធីក្នុងគ្រប់វិស័យនៃចំណេះដឹង មិន​ដែលជំទាស់​នឹង​ជំនឿទេ លុះត្រាតែគេស្វែងរកតាម​របៀប​ជា​វិទ្យាសាស្រ្ត​យ៉ាងពិតប្រាកដ និងត្រូវតាមវិន័យនៃសីលធ៌។ អ្វីៗ​ដែលស្ថិត​នៅ​ក្នុង​លោកនេះ និង​ជំនឿហូរ​ចេញ​មក​ពី​ព្រះជាម្ចាស់តែមួយ ព្រះអង្គជាប្រភពតែមួយ។ លើសពីនេះទៅទៀត អ្នកខិត​ខំ​ស្វែងរកការ​អាថ៌​កំបាំង​នៃ​វត្ថុ​ទាំងអស់ដោយចិត្តព្យាយាមខន្តី និងដោយចិត្តសុភាពរាបសា ទោះបីអ្នកនោះ​មិន​ដឹង​ខ្លួនក្តី ក៏ព្រះជា​ម្ចាស់​ណែនាំ​គេដែរ គឺព្រះអង្គដែល​ទ្រទ្រង់សត្វលោកទាំងអស់ និងប្រោសឱ្យសត្វលោក​ទាំងអស់​មាន​លក្ខណៈ​ផ្ទាល់​របស់ខ្លួន។ អំពីរឿងនេះយើងនឹកស្តាយ​ថា ជួនកាល​មានគ្រីស្តបរិស័ទខ្លះកាលពីមុន មិន​យល់​អំពី​ស្វ័យ​ភាព​ដ៏​ត្រឹម​ត្រូវ​នៃវិទ្យាសាស្រ្តនោះ។ ឥរិយាបថគ្រីស្តបរិស័ទទាំងនោះបណ្តាលឱ្យមនុស្ស​ជជែក​ឈ្លោះ​ប្រកែក​គ្នា រហូតដល់​នាំ​ឱ្យ​អ្នកខ្លះ​យល់ឃើញថា វិទ្យាសាស្រ្ត និងជំនឿទាស់ទែងគ្នាទៀតផង។

គ. ក៏ប៉ុន្តែ ប្រសិនបើគេយល់ថា អ្វីៗនៅលើផែនដីនេះប្រកបដោយស្វ័យភាព មានន័យថាសត្វលោក​ទាំងប៉ុន្មាន​មិននៅ​ជា​ចំណុះ​របស់ព្រះ​ជាម្ចាស់ទេ ហើយស្មានថា មនុស្សអាច​ប្រើប្រាស់​សត្វលោក​ទាំង​នោះ​តាម​តែ​អំពើ​ចិត្ត ដោយមិនគិតដល់​ព្រះអាទិកររបស់វា ប៉ុន្តែអស់អ្នកដែលទទួលស្គាល់ព្រះជាម្ចាស់មុខជានឹងដឹងភ្លាមថា ពាក្យ​ទាំង​នេះមិនត្រឹមត្រូវសោះ។ ប្រសិនបើគ្មានព្រះ​អាទិករប្រតិស្ឋានមក ក៏គ្មានសត្វលោកទៀតដែរ។ ម៉្យាង​ទៀត អស់អ្នកកាន់សាសនា ទោះបី​សាសនា​ណាក៏ដោយ ក៏តែងតែ​ឮព្រះសូរ​សៀង​របស់​ព្រះជាម្ចាស់ដែល​សម្តែង​ព្រះអង្គតាមរយៈសត្វលោកទាំង​ឡាយ។ អ្នកបំភ្លេចព្រះជាម្ចាស់​ក៏ពិបាកយល់​អំពីតម្លៃ​សត្វ​លោក​ឱ្យ​បាន​ច្បាស់ដែរ។

៣៧- អំពើបាបបានបង្ខូចសកម្មភាពរបស់មនុស្ស

ក. ស្របតាម​បទពិសោធន៍របស់មនុស្សជាច្រើនសតវត្សរ៍កន្លងមក ​ព្រះគម្ពីរប្រៀនប្រដៅ​មហាគ្រួសាររបស់​មនុស្ស​ថា ការអភិវឌ្ឍន៍បាននាំអ្វីៗដ៏ល្អយ៉ាងខ្លាំងសម្រាប់មនុស្ស ប៉ុន្តែក៏បាននាំការល្បួងយ៉ាងធ្ងន់ជាប់ជាមួយដែរ។ ពេល​មនុស្សមិន​យល់​ច្បាស់​ថា អី្វជាបុណ្យ អ្វីជាបាប អ្វីថ្លៃថ្នូរជាងគេ ហើយអ្វីថោកទាបជាងគេនៅពេលបុណ្យ និង​បាប​លាយចូលគ្នា ពេលនោះទាំង​បុគ្គល ទាំងក្រុមមនុស្សតែងតែគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនគិត​ដល់​ប្រយោជន៍​អ្នកដទៃទៀតទេ។ ហេតុនេះ ពិភព​លោក​លែងជា​កន្លែងមនុស្សអាច​រស់នៅ​ដូច​បងប្អូន​យ៉ាង​ពិត​ប្រាកដ​ទៀតហើយ។ នៅពេលជាមួយ​គ្នា​នោះ មនុស្សមានន​អំណាច​កាន់តែ​ខ្លាំង​ឡើងៗដែលអាច​បំផ្លាញ​មនុស្ស​លោកគ្នាឯងទៀតផង។

ខ. ប្រវត្តិសាស្រ្តមនុស្សលោកតាំងពីដើមរៀងមក សុទ្ធតែជាការ​ប្រយុទ្ធដ៏សាហាវប្រឆាំង​នឹងអំណាច​នានានៃ​សេចក្តី​ងងឹត។ ព្រះអម្ចាស់មានព្រះបន្ទូលមកយើងរួចហើយថា ការប្រយុទ្ធនេះចាប់ផ្តើម​តាំងពីដើម​កំណើត​ពិភពលោក​រៀងមក នឹង​នៅ​តែ​បន្ត​រហូតដល់ថ្ងៃចុងក្រោយបំផុត (មថ ២៤,១៣; ១៣,២៤-៣០.៣៦-៤៣)។ មនុស្សចូលក្នុងចម្បាំងនេះ ត្រូវ​តែប្រយុទ្ធដើម្បីភ្ជាប់ចិត្តនឹងសេចក្តីល្អ។ មនុស្សអាចស្ងប់ក្នុងចិត្តបាន ក្រោយ​ពីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និង​ដោយព្រះជាម្ចាស់ប្រោសប្រណីទៀតផង។

គ. ហេតុនេះហើយ បានជាព្រះសហគមន៍របស់ព្រះគ្រីស្តទទួលស្គាល់ថា ការអភិវឌ្ឍន៍ធនធានមនុស្សអាចបម្រើ​សុភមង្គល​ដ៏ពិត​ប្រាកដរបស់មនុស្សមែន ព្រះសហគមន៍ក៏ទុកចិត្តលើគម្រោងការរបស់ព្រះអាទិករដែរ។ ក៏​ប៉ុន្តែ ព្រះ​សហគមន៍មិនអាច​បំភ្លេចពាក្យប្រៀនប្រដៅរបស់គ្រីស្តទូតប៉ូលថា៖ “មិនត្រូវយក​តម្រាប់តាម​លោកីយ៍​នេះ​ឡើយ˝ (រម ១២,២) គឺថា កុំយកតម្រាប់តាមអំណួតដ៏ឥតបានការ និងសេចក្តីអាក្រក់ដែល​ប្រែ​សកម្មភាព​របស់​មនុស្ស។ សកម្មភានោះតម្រង់ទៅបម្រើព្រះជាម្ចាស់ និងបម្រើមនុស្ស តែសេចក្តីអាក្រក់ប្រែ​សកម្មភាព​នោះនាំឱ្យប្រព្រឹត្ត​អំពើ​បាបវិញ។

ឃ. មានគេសួរថា តើនរណាអាចឈ្នះទុក្ខបែបនេះបាន? គ្រីស្តបរិស័ទឆ្លើយថា អំណួត និងសេចក្តីស្រឡាញ់​ហួស​ហេតុ​របស់​មនុស្សចំពោះខ្លួនឯង រៀងរាល់ថ្ងៃបណ្តាលឱ្យសកម្មភាពទាំងនោះមិនដល់ទិសដៅមែន ប៉ុន្តែ ត្រូវ​ការ​ព្រះ​គ្រីស្ត​ដែល​សោយទិវង្គត និងមាន​ព្រះជន្ម​ថ្មីដ៏រុងរឿង ជម្រះ និងនាំ​ឱ្យសកម្មភាព​ទាំងនោះ​បាន​ពេញ​លក្ខណៈ។ មនុស្សអាច (និងត្រូវ) ស្រឡាញ់អ្វីៗ​ទាំងនោះដែលព្រះជាម្ចាស់ប្រតិស្ឋានមក ព្រោះព្រះគ្រីស្ត​បាន​រំដោះ​គេ ហើយគេបាន​ទៅជា​សត្រូវលោក​ថ្មីដោយ​រួមជាមួយព្រះ​វិញ្ញាណដ៏វិសុទ្ធ។ មនុស្សទទួល​អ្វីៗទាំង​នោះ​ពី​ព្រះជាម្ចាស់ ហើយ​យល់​ឃើញ​អ្វីៗ​ទាំងនោះដូចជាផុះចេញពីព្រះហស្តរបស់​ព្រះអង្គ និងគោរព​អ្វី​ទាំង​នោះ​ទៀតផង។ គាត់អរព្រះគុណព្រះ​ជាម្ចាស់​ដែល​ប្រតិស្ឋាន​អ្វីៗទាំងអស់​ដោយព្រះហឫទ័យ​សប្បុរស គាត់​ប្រើប្រាស់ និងបានអំណរដោយសារអ្វីទាំងនោះ​ទាំងមាន​ចិត្ត​គំនិត​ជាអ្នកក្រ និងដោយសេរីភាព។ នៅពេល​នោះ​គាត់ចូល​ទៅកាន់កាប់ពិភពលោកដ៏ពិតប្រាកដក្នុង​ឋានៈ​ជាអ្នក​ដែលគ្មានអ្វីសោះ​ តែតាមពិត បាន​អ្វីទាំង​អស់​ទុក​ជាកម្មសិទ្ធិរបស់ខ្លួន (២​ករ ៦,១០) “អ្វីៗទាំង​អស់​សុទ្ធ​តែ​សម្រាប់​បម្រើ​បង​ប្អូន​។‌ រីឯ​បងប្អូន​វិញ​ បងប្អូន​បម្រើ​ព្រះ​គ្រីស្ត ហើយព្រះគ្រីស្ត​ក៏បម្រើ​ព្រះជាម្ចាស់” (១ករ ៣,២២-២៣)។

៣៨- ព្រះគ្រីស្តដែលសោយទិវង្កត និងមានព្រះជនថ្មីដ៏រុងរឿង ធ្វើឱ្យសកម្មភាពរបស់មនុស្សបានពេញលក្ខណៈ

ក. ព្រះបន្ទូលរបស់ព្រះជាម្ចាស់​បានបង្កើតអ្វីៗ​សព្វ​សារពើ។ ព្រះបន្ទូលបានប្រសូតជាមនុស្ស និងយាង​មករស់​នៅ​លើ​ផែន​ដី​របស់ម​នុស្ស (យហ ១,៣.១៤)។ ព្រះអង្គជាមនុស្សដ៏ពេញលក្ខណៈយាង​ចូលក្នុង​ប្រវត្តិសាស្រ្ត​មនុស្ស​លោក ហើយ​លើកប្រវត្តិសាស្រ្តនេះ និងប្រមូលអ្វីៗទាំងអស់ឱ្យរួបរួមក្នុងអង្គព្រះគ្រីស្តជាសិរសា (អភ ១,១០)។ ព្រះអង្គសម្តែង​ឱ្យ​យើង​ដឹងថា៖ “ព្រះជាម្ចាស់ជាសេចក្តី​ស្រឡាញ់” (១យហ ៤,៨) ហើយ​នៅ​ពេល​ជាមួយគ្នានោះ ព្រះអង្គបង្រៀនយើងថា វិន័យ​ថ្មីអំពីសេចក្តីស្រឡាញ់ពិតជាគ្រឹះនាំ​ឱ្យ​មនុស្ស​បាន​ពេញ​លក្ខណៈ និងនាំឱ្យផ្លាស់ប្រែពិភពលោកទៀត​ផង។ ដូច្នេះ​ ព្រះអ​ង្គ​នាំ​ឱ្យ​អស់​អ្នកដែលផ្ញើជីវិតលើព្រះ​ជាម្ចាស់​ដែល​ស្រឡាញ់មនុស្សលោកជឿជាក់ថា មនុស្សទាំង​អស់​អាច​ដើរតាមមាគ៌ានៃសេចក្តី​ស្រឡាញ់​នោះបាន ហើយ​ការខិតខំប្រឹងប្រែងធ្វើឱ្យមនុស្សទូទាំងសកលលោក​ទៅជាបង​ប្អូន​គ្នា មិនមែនឥត​បាន​ការ​ឡើយ។ ព្រះអង្គ​ប្រៀនប្រដៅយើងទៀត​ថា សេចក្តីស្រឡាញ់នេះមិនអាស្រ័យតែ​លើការ​អស្ចារ្យ​ប៉ុណ្ណោះទេ តែសម្តែង​ចេញ​ក្នុង​កិច្ចការធម្មតាក្នុងការរស់នៅ​ប្រចាំថ្ងៃ។ ដោយព្រះអង្គសព្វព្រះ​ហឫទ័យ​សោយ​ទិវង្គត​សម្រាប់យើង​ទាំង​អស់​គ្នាជាអ្នកបាប (យហ ៣,១៦; រម ៥,៨-១០) ព្រះអង្គធ្វើជាគំរូ បង្រៀន​ឱ្យ​យើងដឹងថា អស់​អ្នក​ដែល​ខិតខំរក​យុត្តិធម៌​ និង​សន្តិភាព ត្រូវ​ផ្ទុកទុក្ខលំបាកមកពីភាពទន់​ខ្សោយរបស់ខ្លួន​ និងមកពីពិភពលោក​ដូច​ជា​យក​ឈើ​ឆ្កាង​មកដាក់លើស្មារដូច្នេះដែរ។ ព្រះបិតាបានតែងតាំងព្រះគ្រីស្តធ្វើជាព្រះអម្ចាស់ ដោយប្រោស​ព្រះអង្គ​ឱ្យ​មាន​ព្រះជន្ម​ថ្មី​ដ៏រុងរឿង ព្រះបិតាក៏​បានប្រទានឱ្យព្រះគ្រីស្តមានគ្រប់អំណាចនៅ​លើផែនដី និងនៅ​ស្ថានបរមសុខ (កក ២,៣៦; មថ ២៨,១៨)។ ឥឡូវនេះ ​ព្រះគ្រីស្តជាអម្ចាស់មានសកម្មភាពក្នុងចិត្តគំនិត​មនុស្ស​លោក​ដោយសារ​ឫទ្ធានុភា​ព​នៃព្រះវិញ្ញាណព្រះអង្គ។ ព្រះអង្គ​មិនគ្រាន់តែ​ដាស់តឿន​មនុស្ស​ឱ្យ​មាន​បំណង​ចង់​ចូលនៅ​លោក​ខាងមុខ​ប៉ុណ្ណោះ​ទេ តែព្រះ​អង្គក៏ប្រោស​ឱ្យគេមានបំណង​ប្រាថ្នាដ៏​សប្បុរស ដែល​ជំរុញ​មហាគ្រួសារ​រប​ស់​មនុស្សលោកឱ្យខិត​ខំ​ធ្វើ​ឱ្យជីវភាពរបស់គេកាន់តែសមនឹង​លក្ខណៈ​ជាមនុស្ស និងឱ្យ​គេ​ត្រួតត្រាផែន​ដីទាំង​មូលក្នុង​គោល​ដៅនេះផង។ ព្រះ​វិញ្ញាណ​ក៏ជម្រះ ហើយ​ពង្រឹង​បំណង​ដ៏​សប្បុរស​ទាំង​នោះ​ថែម​ទៀត។ តាមពិត​ ព្រះវិញ្ញាណ​ប្រទានព្រះ​អំណោយ​ទាន​ផ្សេងៗ​ពីគ្នា គឺព្រះអង្គត្រាស់​ហៅ​មនុស្សខ្លះ​ឱ្យ​ប្រកាស​យ៉ាង​ច្បាស់អំពីបំណងរបស់ខ្លួនចង់​ចូល​ដំណាក់​នៃ​ស្ថាន​បរម​សុខ និងឱ្យគេផ្តល់សក្ខីភាព​នេះ​យ៉ាង​រស់​រវើក​ក្នុងមហាគ្រួសារ​មនុស្ស​លោក។ ព្រះអង្គក៏ត្រាស់ហៅ​មនុស្ស​ឯទៀតៗឱ្យ​ប្តេជ្ញា​ចិត្តបម្រើមនុស្សលោក​នៅ​លើ​ផែនដីនេះ គឺរៀបចំរបៀប​រស់នៅ​ក្រោមអំណាចរបស់ព្រះជាម្ចាស់​ ដែលគ្រងរាជ្យដោយសារ​មុខងារ​បម្រើ​នេះ។ ប៉ុន្តែ ព្រះអង្គប្រោស​ឱ្យមនុស្ស​ទាំងអស់ទៅជាមនុស្សប្រក​បដោយ​សេរីភាព សុខចិត្ត​លះបង់​អស្មិ​មានះចោល ប្រមូល​ថាមពលទាំង​ប៉ុន្មាននៅ​លើផែន​ដីមកបម្រើជីវិតមនុស្ស។ គេស្ទុះទៅរកអនាគត គឺទៅ​កាន់​ពេល​ដែលមនុស្ស​ជាតិ​នឹងក្លាយទៅជា​តង្វាយ​ដ៏គាប់​ព្រះហឫទ័យព្រះជាម្ចាស់ (រម ១៥,១៦)។

ខ. ព្រះអម្ចាស់ទុកព្រះអំណោយទានដំបូងនៃសេចក្តីសង្ឃឹមនេះ និងផ្តល់អាហារសម្រាប់ធ្វើដំណើរ គឺអគ្គសញ្ញា​អរព្រះ​គុណ ជាអគ្គសញ្ញាបញ្ជាក់ជំនឿ។ ក្នុងអគ្គសញ្ញានោះ ធាតុនៃធម្មជាតិដែលមនុស្សបានដាំ និងថែទាំក្លាយ​ទៅជាព្រះកាយ​ និង​ព្រះ​លោហិត​ប្រកបដោយសិរីរុងរឿង។ ពីធីជប់លៀងរបស់បងប្អូនដែលរួបរួមគ្នា ជា​ប្រផ្នូល​នៃពិធីជប់លៀង​នៅស្ថាន​បរមសុខ។

៣៩- ផែនដីថ្មី និងផ្ទៃមេឃថ្មី

ក. យើងមិនដឹងអំពីផែនដី និងមនុស្សជាតិបានពេញលក្ខណៈចប់សព្វគ្រប់ទាំងអស់នៅពេលណាទេ (កក ១,៧) យើងក៏មិនស្គាល់របៀបពិភពលោកត្រូវផ្លាស់ប្រែដែរ។ សភាពការណ៍​ពិភព​លោក​នេះដែល​ត្រូវបាន​បង្ខូច​ដោយ​សារ​អំពើ​បាបនៅតែ​ប្រែប្រួល (១ករ ៧,៣១)។ ក៏ប៉ុន្តែ យើងបានរៀនថា ព្រះជាម្ចាស់​រៀបចំ​ដំណាក់​ថ្មី និង​ផែនដី​ថ្មី​សម្រាប់​យើង ជាផែន​ដីដែលមានយុត្តិធម៌គ្រងរាជ្យ (២ករ ៥,២; ២សល ៣,១៣)។ បរមសុខ​នៅ​លើ​ផែនដី​ថ្មីនោះ និងបំពេញ​យ៉ាង​ហួស​ប្រមាណ​នូវ​បំណងទាំង​ប៉ុន្មាន​របស់មនុស្ស ដែល​ចង់បាន​សេចក្តី​សុខសាន្ត (១ករ ២,៩; វវ ២១,៤-៥)។ នៅ​ពេល​នោះ​សេចក្តីស្លាប់ចាញ់រួចហើយ បុត្រធីតា​របស់ព្រះជាម្ចាស់​នឹង​មាន​ជីវិតថ្មីដ៏រុងរឿងរួមក្នុងអង្គព្រះគ្រីស្ត អ្វីៗ​ដ៏ទន់​ខ្សោយ​ដែល​រមែង​តែង​តែ​រលួយដែល​ព្រះជា​ម្ចាស់​បាន​សាបព្រោះនោះ នឹង​ទទួល​ជីវិត​ថ្មី​ដែលមិន​ចេះ​រលួយ (១ករ ១៥,​៤២.​៥៣)។ សេចក្តីស្រឡាញ់ និងកិច្ចការ​ដែល​មនុស្ស​បានប្រព្រឹត្តដោយសេចក្តីស្រឡាញ់នឹងស្ថិតនៅ (១ករ ១៣,៨; ៣,១៤) ហើយ​‌អ្វីៗទាំងអស់ ដែល​ព្រះអង្គ​ប្រតិស្ឋានមកដើម្បីជាប្រយោជន៍ដល់មនុស្ស នឹងត្រូវព្រះអង្គ​រំដោះ​ឱ្យរួចផុត​ពី​សេចក្តីវិនាស​អន្តរាយ (រម ៨,១៩-២១)។

ខ. យើងដឹងច្បាស់ថា បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើជា​សម្បត្តិ​របស់​ខ្លួន តែត្រូវ​ស្លាប់​បាត់​បង់​ជីវិត​នោះតើមាន​ប្រយោជន៍​អ្វី? (លក ៩,២៥)។ ប៉ុន្តែ ការរង់ចាំផែនដីថ្មី មិនបណ្តាលឱ្យយើងមិន​យកចិត្តទុកដាក់​នឹង​ថែទាំផែនដីនេះ​ទេ ផ្ទុយទៅវិញ ដាស់យើងឱ្យភ្ញាក់ឡើង ព្រោះព្រះកាយនៃគ្រួសារថ្មីរបស់​មនុស្ស​នោះចម្រើន​ធំ​ឡើង​នៅ​លើផែន​ដី​នេះ ហើយបង្ហាញការព្រាងអំពីលោកខា​ងមុខទៀតផង។ ហេតុនេះហើយ ត្រូវ​ញែក​ឱ្យបានច្បាស់រវាងការ​អភិវឌ្ឍន៍​ខាង​ផែន​ដី និងការចម្រើនខាងព្រះរាជ្យរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ ការ​អភិវឌ្ឍន៍ខាងផែនដី​មានសារៈសំខាន់​ជាខ្លាំង​សម្រាប់​ព្រះ​រាជ្យ​របស់ជាម្ចាស់ គឺការអភិវឌ្ឍន៍នោះអាច​ជួយ​ចាត់​ចែង​រចនាសម្ពន្ធសង្គម ឱ្យមានលក្ខណៈជាមនុស្ស​កាន់តែ​ប្រសើរ​ឡើងៗ។

គ. តម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស ការួបរួមគ្នាជាបងប្អូន និងសេរីភាពដែលសុទ្ធតែជាផលដ៏ល្អបំផុតមកពីសភាព​មនុស្ស​យើង និង​មកពីការ​ខិត​ខំរបស់យើង។ យើងបានផ្សព្វផ្សាយសេចក្តីទាំងនេះនៅលើផែនដីតាម​ព្រះ​បញ្ជា​របស់​ព្រះ​អម្ចាស់ និង​ដោយរួមក្នុង​ព្រះវិញ្ញាណព្រះអង្គ។ យើងនឹងបានសេចក្តីទាំងនេះវិញនៅពេលខាងមុខ ក្រោយ​ពីព្រះ​គ្រីស្ត​បាន​ប្រោស​ឱ្យសេចក្តី​ទាំងនេះ​បាន​បរិសុទ្ធផុតពីសៅហ្មង​នានា ទាំងភ្លឺត្រចះត្រចង់ និង​ផ្លាស់​ទ្រង់ទ្រាយ គឺនៅ​ពេល​ព្រះ​គ្រីស្ត​នឹងប្រគល់ “ព្រះ​រាជ្យ​ដែលនៅ​ស្ថិត​ស្ថេរអស់កល្បជានិច្ចនិងសកលថ្វាយ​ព្រះបិតា​របស់ព្រះអង្គ គឺជាព្រះរាជ្យដែល​មាន​សេចក្តីពិត និងជីវិត ភាព​ដ៏វិសុទ្ធ ​និង​ព្រះ​ហឫទ័យ​ប្រោស​ប្រណី យុត្តិធម៌ សេចក្តីស្រឡាញ់ និងសន្តិភាព​គ្រងរាជ្យ”។ ឥឡូវនេះ ព្រះ​ជា​ម្ចាស់​គ្រងរាជ្យ​នៅ​លើ​ផែនដី​នេះ​យ៉ាង​អាថ៌កំបាំងរួចហើយ។ នៅពេលព្រះអម្ចាស់នឹង​យាង​មកវិញ ព្រះជាម្ចាស់​នឹង​គ្រងរាជ្យយ៉ាង​ពេញ​លក្ខណៈ។

ជំពូក​ ៤
តួនាទីរបស់ព្រះសហគមន៍ក្នុងចំណោមមនុស្សលោកនាបច្ចុប្បន្នកាល

៤០- ព្រះសហគមន៍ និងមនុស្សលោកមានទំនាក់ទំនងទៅវិញទៅមក

ក. យើងបានចែងអំពីតម្លៃដ៏ថ្លៃថ្នូរនៃបុគ្គលម្នាក់ៗ អំពីសហគមន៍របស់មនុស្សលោកអំពីអត្ថន័យ​ដ៏ជ្រៅ​នៃ​សកម្ម​ភាព​របស់​មនុស្ស​រួចហើយ។ សេចក្តីទាំងនោះជាគ្រឹះនៃទំនាក់ទំនងរបស់ព្រះសហគមន៍ និងមនុស្សលោក ហើយក៏ជា​មូលដ្ឋាន​ណែនាំឱ្យ​មនុស្សលោកនិងព្រះសហគមន៍អាចនិយាយសន្ទនាទៅវិញទៅមក។ យើង​សន្មត​ថា មិត្តអ្នកអានចង​ចាំសេចក្តី​ប្រៀន​ប្រដៅបញ្ជាក់នៃមហាសន្និបាតអំពីគម្រោងការ​ដ៏អស្ចារ្យ​របស់​ព្រះសហគមន៍។ ក្នុងជំពូកនេះ យើង​មាន​បំណងចង់​បរិយាយអំពីព្រះ​សហគមន៍​ដដែលនោះ គឺព្រះសហគមន៍ដែល​ស្ថិតនៅក្នុងចំណោមមនុស្ស​លោក រស់នៅក្នុងមនុស្សលោក និង​មាន​សកម្មភាព​រួមជាមួយ​មនុស្ស​លោក។

ខ. ព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច បានបង្កើតព្រះសហគមន៍ដោយព្រះហឫទ័យស្រឡាញ់ (ទក ៣,៤) ព្រះ​គ្រីស្ត​ជាព្រះសង្គ្រោះតែងតាំងព្រះសហគមន៍តាមប្រវត្តិសាស្រ្ត។ ព្រះវិញ្ញាណ​ប្រមែប្រមូល​ព្រះសហគមន៍ (អភ ១,៣.៥-៦.១៣-១៤.២៣)។ ព្រះសហគមន៍នៅ​តែបន្ត​គោលដៅរបស់ខ្លួន គឺ​សង្គ្រោះ​មនុស្ស​លោក។ ប៉ុន្តែ​ ការ​សង្គ្រោះ​នេះនឹងបានសព្វគ្រប់ជាស្ថាពរនៅពេលចុងក្រោយបំផុត ពោលគឺ ​នៅ​លោក​ខាង​មុខ។ សព្វថ្ងៃ ព្រះ​សហគមន៍​ស្ថិត​នៅ​លើផែនដីនេះ ហើយមានសមាជិករស់នៅលើផែនដីនេះចូលរួម។ ព្រះជាម្ចាស់​ត្រាស់​ហៅគេឱ្យបង្កើត​មហា​គ្រួសារ​នៃ​បុត្រ​ធីតារបស់ព្រះអង្គតាមប្រវត្តិសាស្រ្តមនុស្ស​លោក។ មហា​គ្រួសារនេះត្រូវតែរីកចម្រើនឡើងជាលំដាប់ រហូត​ដល់​ពេល​ព្រះអម្ចាស់​យាងមក។ មហាគ្រួសារនេះ​រួមគ្នា​ដើម្បី​បាន​សម្បត្តិ​សួគ៌ តែមានសម្បត្តិទាំងនេះរួចហើយ។ ព្រះគ្រីស្តតែង​តាំង​មហាគ្រួសារនេះ​ទុកជា​សង្គម​ម៉្យាងក្នុងលោកនេះ និងចាត់ចែងដោយមានរបៀបរៀបរយ។ ព្រះ​អង្គ​ក៏ “បានប្រទាន​មធ្យោបាយ​គ្រប់​គ្រាន់​ឱ្យ​ព្រះសហគមន៍​អាចរួប​រួមគ្នា​ជាសង្គម​ដែល​មើលឃើញបាន” (ពន្លឺ ៩)។ ព្រះ​សហគមន៍​ជា “ក្រុមដែល​គេអាច​មើល​ឃើញ​បានផង និងជាសហគមន៍​ខាង​វិញ្ញាណដែលគេមើលមិន​ឃើញ​ផង” (ពន្លឺ ៨)។ ដូច្នេះ ព្រះ​សហគមន៍​រួមដំណើរជាមួយ​មនុស្សជាតិទាំងមូល និង​ចែក​រំលែក​ជោគ​វាសនារបស់មនុស្ស​លោក​នៅ​លើ​ផែនដី។ ព្រះសហគមន៍ក៏ដូចជា​មេក្នុង​ម្សៅ និងដូចជា​វិញ្ញាណនៃ​សង្គម​មនុស្សដែលព្រះជាម្ចាស់ត្រាស់​ហៅ ឱ្យ​ប្រែ​ថ្មីជានិច្ចក្នុងអង្គព្រះគ្រីស្ត និងឱ្យក្លាយទៅជា​ក្រុម​គ្រួសារ​របស់ព្រះ​ជា​ម្ចាស់។

គ. តាមពិត ព្រះសហគន៍ជាបុរីនៃលោកខាងមុខ និងសង្គមមនុស្សជាបុរីនៃផែនដីនេះ​ជាប់​ជំពាក់​គ្នា​ទៅវិញ​ទៅ​មក។ មានតែអ្នកផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់ទេ ដែលអាចចាប់អារម្មណ៍នឹងសេចក្តីនេះបាន។ លើសពីនេះ​ទៅ​ទៀត ​ព្រះ​សហគមន៍​នៅតែ​ជាគម្រោងការ​ដ៏អស្ចារ្យ​នៃប្រវត្តិសាស្រ្តមនុស្សលោក ដែល​ត្រូវ​វឹកវរ​ដោយសារអំពើ​បាប រហូតដល់សិរីរុងរឿង​នៃ​បុត្រ​ធីតា​រ​បស់ព្រះ​ជាម្ចាស់​នឹងលេច​ចេញមកយ៉ាងពេញលេញ។ ប៉ុន្តែ ព្រះសហគមន៍​នៅ​តែ​បន្តគោលដៅរបស់ខ្លួនផ្ទាល់ គឺសង្ក្រោះមនុស្សលោកមានន័យថា ព្រះសហគមន៍មិន​គ្រាន់​តែចែករំលែកព្រះជន្មរបស់ព្រះជាម្ចាស់ឱ្យមនុស្ស​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ផ្សព្វផ្សាយពន្លឺដែលសាយ​ភាយ​ចេញ​ពីព្រះជន្មរបស់ព្រះជាម្ចាស់មកលើពីភពលោកទាំងមូល។ ព្រះ​សហគមន៍ចាំង​ពន្លឺ​នោះ ជាពិសេស ដោយ​ព្យាបាល និង​លើកតម្កើងកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស ដោយពង្រឹង​សង្គម​ឱ្យ​ជាប់ស្ថិត​ស្ថេរ​រួមគ្នា ដោយ​ផ្តល់​ឱ្យសកម្មភាពប្រចាំថ្ងៃរបស់មនុស្សទទួលអត្ថន័យថ្មីដ៏ខ្ពង់ខ្ពស់។ ដូច្នេះ​ ព្រះសហគមន៍​ជឿជាក់ថា ដោយសារ​សមាជិកនីមួយៗរបស់ខ្លួន និងដោយសារខ្លួនជាសហគមន៍ទាំងមូល ព្រះសហគមន៍អាចជួយ​យ៉ាង​ទូលំ​ទូលាយឱ្យ​គ្រួសារ​មនុស្ស​ និងប្រវត្តិសាស្រ្តរបស់គេមានលក្ខណៈជាមនុស្សកាន់តែខ្លាំងឡើងៗ។

ឃ. ព្រះសហគមន៍កាតូលិក​យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ​ជំនួយរបស់​ព្រះសហគមន៍ និង​ក្រុមជំនុំគ្រីស្ត​បរិស័ទ​ឯទៀតៗដែលបានផ្តល់ (និងនៅតែផ្តល់) ដើម្បីឱ្យសម្រេចគោលដៅតែមួយនេះបាន។ ព្រះសហគមន៍​មាន​អំណរ​សប្បាយ​នឹង​ជំនួយទាំងនោះ។ នៅពេលជាមួយគ្នានេះ ព្រះសហគមន៍ជឿជាក់ថា មនុស្សលោកអាច​ជួយ​ព្រះសហគមន៍យ៉ាង​សកម្ម​តាម​របៀបផ្សេងៗដោយទេពកោសល្យ និងដោយសកម្មភាពរបស់បុគ្គល ​និង​របស់​សមាគម​ផ្សេងៗនៃមនុស្ស​លោក​ឱ្យរៀប​ចំ​ផ្លូវជូន​ដំណឹងល្អ។

សូមជូនគោលការណ៍ខ្លះៗជាទូទៅអំពីការចម្រើននៃទំនាក់ទំនង និងការផ្លាស់ប្តូរ​របស់ព្រះសហគមន៍ និង​មនុស្ស​លោកអំពីជំនួយ​ទៅវិញទៅមកក្នុងវិស័យរួមគ្នា។

៤១- ជំនួយព្រះសហគមន៍ចង់ផ្តល់ដល់មនុស្សគ្រប់ៗរូប

ក. មនុស្សសម័យទំនើបកំពុងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍នៃបុគ្គលិកលក្ខណៈរបស់ខ្លួនទាំងស្រុង។ គេស្វះ​ស្វែងរក​ចង់​ដឹងអំពីសិទ្ធិរបស់ខ្លួន និងទាមទារសិទ្ធិទាំងនោះកាន់តែខ្លាំងឡើងៗផង។ ចំណែក​ឯព្រះ​សហគមន៍​ទទួល​បេសកកម្ម​បង្ហាញគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ គឺព្រះជាម្ចាស់ដែល​ជា​ទិសដៅ​ចុង​ក្រោយ​បំផុតរបស់មនុស្ស។ ព្រះសហគមន៍​ក៏សម្តែងឱ្យមនុស្សស្គាល់អត្ថន័យនៃការរស់នៅរបស់ខ្លួន គឺសេចក្តី​ពិត​ដ៏​សំខាន់​ជាងគេប្រចាំជីវិត។ ព្រះសហគមន៍​ដែលបម្រើព្រះជាម្ចាស់ដឹងជាក់ច្បាស់ថា មានតែ​ព្រះជាម្ចាស់​មួយ​ព្រះអង្គទេ ដែល​អាចតបបំពេញបំណងដ៏ជ្រៅបំផុតដែលកប់ទុកក្នុងចិត្តមនុស្ស ព្រោះអ្វីៗក្នុងលោកនេះ​ពុំ​បាន​ធ្វើឱ្យមនុស្សអាច​ឆ្អែត​ស្កប់ស្កល់បានឡើយ។ ព្រះ​សហគមន៍​ក៏ដឹងថា មនុស្សគង់តែចាប់​អារម្មណ៍​នឹង​សាសនា យ៉ាងហោចណាស់ក៏មានបន្តិចដែរ ព្រោះព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់ទាក់ទាញចិត្តគេជានិច្ច ដូច​មាន​បទពិសោធន៍តាមសតវត្សរ៍មុនៗ និងមានសក្ខីភាពជាច្រើន​នា​សម័យ​ឥឡូវ​ជាភស្តុតាងស្រាប់។ មនុស្ស​នៅ​តែ​ចង់ស្គាល់នូវអត្ថន័យជីវិតរបស់ខ្លួន អត្ថន័យកិច្ចការរបស់ខ្លួន និង អត្ថន័យ​នៃសេចក្តីស្លាប់ ទោះបីជា​យ៉ាង​ស្រពិចស្រពិលក៏ដោយ។ វត្តមានរបស់ព្រះសហគមន៍រំឭកបញ្ហាទាំងនេះឱ្យគេ។ មាន​តែ​ព្រះ​ជាម្ចាស់​មួយ​ព្រះអង្គគត់ ដែលអាចតបឆ្លើយនឹងសំណួរទាំងនោះយ៉ាងពេញលេញបាន ព្រោះព្រះអង្គប្រតិស្ឋាន​មនុស្ស​ឱ្យ​មាន​លក្ខណៈដូចព្រះអង្គ ព្រះអង្គក៏បានរំដោះគេឱ្យបានរួចពីបាបផង។ ព្រះអង្គតបឆ្លើយដោយសម្តែង​សេចក្តី​ពិតតាម​រយៈព្រះ​បុត្រា​ដែល​ប្រសូត​ជាមនុស្ស។ អស់អ្នកដើរតាមព្រះគ្រីស្តជាមនុស្សដ៏ពេញលក្ខណៈ​ ក៏​ត្រឡប់​ទៅជាមានលក្ខណៈជា​មនុស្ស​កាន់តែប្រសើរឡើងៗ។

ខ. ដោយព្រះសហគមន៍មានជំនឿនេះ ព្រះសហគមន៍អាចជួយមនុស្សលោកមិនឱ្យគិតអំពីតម្លៃដ៏ថ្លៃថ្នូររបស់​សភាព​នៃមនុស្ស​ជាតិប្រែប្រួលតាមមតិផ្សេងៗដែលចេះតែផ្លាស់ប្តូរជានិច្ច ឧបមាថា ​មតិខ្លះបន្ទាបរូប​កាយ​មនុស្ស​ហួសហេតុ ផ្ទុយទៅវិញ មានមតិខ្លះលើកតម្កើងរូបកាយហួសកម្រិត។ គ្មាន​ច្បាប់ណា​របស់​មនុស្ស​លោក​អាច​ធានាតម្លៃដ៏ថ្លៃថ្នូរ និង​សេរី​ភាពរបស់​មនុស្សដូចដំណឹងល្អរបស់ព្រះគ្រីស្តទេ គឺដំណឹងល្អដែល​ព្រះអង្គ​ផ្ញើ​ទុកមកព្រះសហគមន៍។ ដំណឹង​ល្អ​នេះជូន​ដំណឹង​ និង​ប្រកាសអំពី​សេរីភាព​នៃ​បុត្រ​ធីតា​របស់​ព្រះ​ជាម្ចាស់ និង​បោះ​បង់​ភាព​ជា​ទាសករ​គ្រប់​យ៉ាង​ដែល​មកពី​អំពើ​បាប (រម ៨,១៤-១៧)។ ដំណឹង​ល្អ​នេះ​គោរព​តម្លៃ​ដ៏​ថ្លៃ​ថ្នូរ​នៃ​មនសិការ​របស់​មនុស្សដោយ​ឥត​ល្អៀង​ គឺ​មនសិការ​ដែលអាច​ជ្រើស​រើស​អ្វីៗ​ដោយ​សេរី។ ដំណឹង​ល្អ​នេះ​បង្រៀន​ឥត​ឈប់​ឈរ​ឱ្យ​ប្រើ​ទេព​កោសល្យ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ឱ្យ​បង្តើត​ផល​សម្រាប់​បម្រើ​ព្រះ​ជាម្ចាស់ និង​ដើម្បី​ជា​ប្រយោន៍​ដល់​មនុស្ស​លោក។ មិនតែប៉ុណ្ណោះសោត ដំណឹង​ល្អ​ផ្ញើមនុស្ស​ម្នាក់ៗឱ្យ​គេ​ស្រឡាញ់​គ្រប់ៗ​គ្នា (មថ ២២,៣៩)។ សេចក្តីទាំងនេះស្របតាមបទដ្ឋាន​ដែល​ជា​គ្រឹះ​នៃ​ការ​ចាត់ចែង ​ការ​សង្គ្រោះ​របស់​ព្រះគ្រីស្ត។ ប្រសិនបើព្រះ​ជា​ម្ចាស់​តែ​មួយព្រះអង្គ​ពិតជា​ព្រះ​អា​ទិករ និងជាព្រះ​សង្គ្រោះ ហើយជា​ព្រះអម្ចាស់នៃ​ប្រវត្តិសាស្រ្តមនុស្សលោក​ និងនៃ​ប្រវត្តិសាស្រ្តនៃ​ការ​សង្គ្រោះ​មែ​ននោះ ការចាត់ចែង​របស់​ព្រះ​ជាម្ចាស់នេះ​មិនបំបាត់​ស្វ័យភាពដ៏ត្រឹម​ត្រូវរបស់​សត្វ​លោក​ទេ ជាពិសេស ​ស្វ័យភាព​របស់មនុស្ស។ ផ្ទុយ​ទៅ​វិញ ​ការចាត់ចែងរបស់ព្រះជាម្ចាស់​នេះតែងតាំងស្វ័យភាពនេះ​ឡើងវិញ និងបញ្ជាក់​ឱ្យមាន​កិត្តិយស​យ៉ាង​ថ្លៃថ្នូរ។

គ. ហេតុនេះហើយ បានជាតាមដំណឹងល្អដែលព្រះគ្រីស្តបានផ្ញើទុកនោះ ព្រះសហគមន៍ប្រកាសសិទ្ធិមនុស្ស​ទទួល​ស្គាល់ និងរាប់រកយ៉ាងខ្លាំងនូវសកម្មភាពដ៏​ស្វាហាប់របស់មនុស្សលោកនៅសម័យឥឡូវ ជាសកម្មភាព​បណ្តោយ​ឱ្យ​សិទ្ធិ​មនុស្ស​នេះស្ទុះឡើងជាថ្មីនៅគ្រប់ទីកន្លែង។ ក៏ប៉ុន្តែ ត្រូវ​យកគំនិតនៃដំណឹងល្អ​មក​បញ្រ្ជាប​ក្នុង​ចលនា​នេះ ហើយត្រូវ​ជៀស​វាង​កុំគិតយកស្វ័យភាពនេះធ្វើជាលេសផ្តេសផ្តាស់គ្រប់យ៉ាង។ យើង​ទាំង​អស់​គ្នា​តែងតែជួបការល្បួងដោយ​ស្មាន​ថា ពេលណាយើងរួចផុតពីវិន័យនៃធម៌របស់ព្រះជាម្ចាស់ ពេល​នោះ​យើង​រក្សា​សិទ្ធិរបស់ខ្លួនផ្ទាល់​យ៉ាងពេញ​លេញ។ ប្រសិន​បើមនុស្ស​ឈាន​ចូលតាមផ្លូវនោះ តម្លៃដ៏ថ្លៃ​ថ្នូររបស់​គេ​មុខជាជួបនឹងវាសនាសូន្យជាពុំខានមិន​អាច​រួច​ខ្លួន​បានទេ។

៤២- ព្រះសហគមន៍អាចជួយសង្គមមនុស្សបាន

ក. មហាគ្រួសាររបស់មនុស្សលោកទទួលកម្លាំងយ៉ាងខ្លាំង​ និងបាន​ពេញ​លក្ខណៈជាស្ថាពរ ដោយក្រុមគ្រួសារ​នៃ​បុត្រ​ធីតារបស់ព្រះជាម្ចាស់រួបរួមគ្នាជាធ្លុងតែមួយ (ពន្លឺ ៩) យកព្រះគ្រីស្តធ្វើជាគ្រឹះ។

ខ. ព្រះគ្រីស្តបានផ្ញើបេសកកម្មមកព្រះសហគមន៍ ពុំមែនជាបេសកកម្មខាងនយោបាយ ឬខាងសេដ្ឋកិច្ច ឬខាង​សង្គមទេ តែព្រះអង្គប្រទានបេសកកម្មដែលមានគោលដៅខាងសាសនា។ ដោយព្រះសហគមន៍ទទួល​បេសកកម្មខាង​សាសនា​ នោះព្រះសហគមន៍ទទួលមុខងារមួយ និងទទួលពន្លឺ ហើយ​ក៏ទទួល​កម្លាំងដែល​អាច​ជួយ​តែងតាំង និងពង្រឹង សហគមន៍​របស់​មនុស្សតាម​ធម្មវិន័យរបស់​ព្រះជាម្ចាស់។ យ៉ាងណាមិញ ព្រះសហគមន៍​ក៏អាច ​(និងត្រូវ) ដាស់តឿនឱ្យមនុស្ស​លោក​ធ្វើកិច្ចការ​ផ្សេងៗ ដើម្បីបម្រើមនុស្សទាំងអស់ ជា​ពិសេស​ អ្នកខ្វះខាត។ ព្រះសហគមន៍ត្រូវមាន​កិច្ចការ​តាម​បែបមនុស្សធម៌ និងកិច្ចការផ្សេងៗដូចគ្នាតាម​សេចក្តី​ត្រូវការ និងតាមកាលៈទេសៈ តាមពេលវេលា​ និងតាម​កន្លែង។

គ. ព្រះសហគមន៍ក៏ទទួលស្គាល់អ្វីៗដ៏ល្អក្នុងសកម្មភាពដ៏ស្វាហាប់នៃសង្គមសព្វថ្ងៃ ជាពិសេស ចលនាស្វែងរក​ឯកភាព​សង្គមរូបនិយកម្មដ៏ត្រឹមត្រូវ និងសាមគ្គីរបស់ប្រជាពលរដ្ឋ និងខាងសេដ្ឋកិច្ច។ បេសកកម្មដ៏​ជ្រៅនៃ​ព្រះសហគមន៍ក៏​រួមយ៉ាង​សមគួរនឹងការខិតខំពង្រឹងឯកភាពដែរ ព្រោះ “ព្រះ​សហគមន៍​រួមក្នុងអង្គ​ព្រះ​គ្រីស្ត ហាក់​ដូចជាអគ្គសញ្ញាម៉្យាង គឺ​ជាសញ្ញាសម្គាល់​បង្ហាញព្រះជាម្ចាស់ផង និង​ជាមធ្យោបាយនាំឱ្យ​មនុស្ស​អាច​រួម​រស់​យ៉ាងជិត​ស្និទ្ធ​ជាមួយ​ព្រះ​អង្គបាន​ផង ហើយក៏​ជាសញ្ញាសម្គាល់ និងជាមធ្យាយោបាយនាំឱ្យ​មនុស្ស​ជាតិ​ទាំង​មូល​រួមគ្នា​ជា​ធ្លុងតែ​មួយដែរ​” (ពន្លឺ ១)។ ព្រះ​សហគមន៍បង្ហាញឱ្យមនុស្សលោកដឹងថា ការ​រួបរួម​យ៉ាង​ពិត​ប្រាកដ​ជា​សង្គម​ដែលអាច​មើលឃើញបាន ហូរមក​ពី​ចិត្ត​គំនិតរួបរួមគ្នា គឺមកពីជំនឿ និងសេចក្តីស្រឡាញ់នោះដែល​ជាគ្រឹះនៃ​ឯកភាពរបស់ខ្លួន សាងសង់ក្នុងអង្គព្រះ​វិញ្ញាណ​រលាយមិនបាន។ ព្រះសហគមន៍អាចបញ្ចូល​ថាមពល​ក្នុងសង្គមទំនើប​បាន មកពីគ្រីស្តបរិស័ទរស់នៅយ៉ាងពិតប្រាកដ​តាម​ជំនឿ និងសេចក្តីស្រឡាញ់នោះ មិន​មែន​មកពីព្រះសហគមន៍ចង់​គ្រងរាជ្យលើមនុស្សលោកពីខាងក្រៅ ដោយប្រើ​តែ​មធ្យោបាយ​ជា​មនុស្ស​សុទ្ធសាធ​ទេ។

ឃ. ម្យ៉ាងទៀត តាមបេសកកម្ម និងតាមលក្ខណៈរបស់ខ្លួន ព្រះសហគមន៍មិនជាប់នឹងវប្បធម៌ពិសេសណាមួយ ក៏​មិន​ជាប់នឹងរបបនយោបាយ ឬរបបសេដ្ឋកិច្ច ឬរបបសង្គមណាមួយទេ។ ហេតុនេះហើយ ដោយមានលក្ខណៈ​សកល​បែបនេះ ព្រះសហគមន៍អាចទៅជាចំណងយ៉ាងជិតស្និទ្ធជាខ្លាំងរវាងសហគមន៍មនុស្សនានា និង​ប្រជាជាតិ​នានា ប៉ុន្តែ​លុះ​ត្រា​តែ​ប្រជាជាតិ​ទាំងនោះទុកចិត្តលើព្រះសហគមន៍ និងទទួលស្គាល់ថា ព្រះ​សហគមន៍​មាន​សេរីភាព​យ៉ាងពិតប្រាកដ​ក្នុង​ការ​បំពេញ​បេសកកម្ម​របស់ខ្លួន។ ហេតុនេះហើយ បានជា​ព្រះ​សហគមន៍ទូន្មានកូនចៅ​របស់ខ្លួន និងមនុស្ស​ទាំង​អស់​ថា ត្រូវ​បំបាត់ការបាក់បែកគ្នាគ្រប់យ៉ាង គឺ​ប្រជាជាតិ​កុំ​បាក់​បែកនឹងប្រជាជាតិឯទៀត ជាតិសាសន៍ក៏កុំបាក់បែក​នឹងជាតិសាសន៍ឯទៀត ហើយ​ត្រូវ​ពង្រឹង​សហគមន៍​មនុស្សដ៏ត្រឹមត្រូវពីខាងក្នុង គឺឱ្យមានចិត្តគំនិត​ជា​ក្រុមគ្រួសារ​នៃ​បុត្រធីតារបស់ព្រះជាម្ចាស់។

ង. មនុស្សលោកតែងបានបង្កើត (ហើយនៅតែបង្កីត) ស្ថាប័នផ្សេងៗជាច្រើន។មហាសន្និបាត​រាប់រក​ដោយ​សេចក្តី​គោរព​ជា​ខ្លាំង​នូវអ្វីៗដ៏ពិតប្រាកដ ដ៏ល្អ​ប្រសើរ ដ៏សុចរិតយុត្តិធម៌​ក្នុងស្ថាប័នទាំងនោះ។ មហាសន្និបាត​ក៏​ប្រកាស​ថា ព្រះ​សហគមន៍មានបំណងចង់ជួយស្ថាប័នទាំងនោះដោយជួយឱ្យកើត និងចម្រើនទៀតផង ស្រេច​តែ​ព្រះសហគមន៍​អាច​ធ្វើបាន​ និង​ស្របតាមបេសកកម្មរបស់ខ្លួន។ ព្រះសហគមន៍មានបំណងចង់ខ្លាំងជាងគេ គឺ​មាន​សមត្ថភាពអាច​ចម្រើន​ឡើងបាន​ដោយសេរី ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់រស់​នៅ​ក្នុង​គ្រប់​របប​នយាបាយ ដែល​ទទួលស្គាល់​សិទ្ធិមនុស្សជាគ្រឹះ​នៃបុគ្គលម្នាក់នៃក្រុមគ្រួសារ និងទទួល​ស្គាល់​សេចក្តី​ត្រូវ​ការ​រួមដ៏ចំាបាច់របស់គេ។

៤៣- ព្រះសហគមន៍មានបំណងចង់ជួយសកម្មភាពរបស់មនុស្សដោយសារគ្រីស្តបរិស័ទ

ក. មហា​សន្និបាតសូមក្រើនរម្លឹក​គ្រីស្ត​បរិស័ទ​ជា​ប្រជាពល​រដ្ឋ​នៃបុរី​មួយ​នៅ​ក្នុង​លោក​នេះ​ផង និង​នៃបុរី​មួយ​ទៀត​នៅ​លោកខាងមុខផងឱ្យ​បំពេញ​កិច្ចការទាំងប៉ុន្មាន​របស់​ខ្លួន​នៅលើផែនដីនេះដោយ​ចិត្ត​ឧហ្សាហ៍ និង​ដោយ​ចិត្ត​ស្មោះ​ស្ម័គ្រទាំង​បណ្តោយ​ខ្លួនតាមគំនិតនៃដំណឹងល្អ​ណែ​នាំ​ផង។ មានអ្នកខ្លះស្មាន​ថា ខ្លួន​មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ច​ការ​របស់​មនុស្សក្នុង​លោក​នេះ​ទេ ព្រោះគេដឹងថា៖ “ក្នុង​លោក​នេះយើង​គ្មាន​បុរី​ដែល​នៅស្ថិត​ស្ថេរ​គង់​វង្ស​រហូត​ឡើយ គឺ​យើង​កំពុង​តែធ្វើដំណើរ​ឆ្ពោះទៅកាន់បុរីលោក​ខាង​មុខ” (ហប ១៣,១៤)។ អ្នក​ទាំង​នោះ​ឃ្លាត​ចាកពី​សេចក្តី​ពិត ព្រោះ​គេ​មិន​ដឹងខ្លួនថា​ ជំនឿផ្ទាល់​ជំរុញ​គេឱ្យ​បំពេញ​កិច្ចការទាំងនោះកាន់​តែ​ចំា​បាច់ តាម​តែ​ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​គេម្នាក់ៗឱ្យ​បំពេញ​នោះ (២ថស ៣,៦-១៣; អភ ៤,២៨)។ ផ្ទុយទៅវិញ មាន​អ្នក​ខ្លះ​ស្មាន​ថា ខ្លួន​ត្រូវ​តែបូជាជីវិតប្រើកម្លាំង​ទាំង​អស់របស់ខ្លួនធ្វើ​សកម្មភាពផ្សេងៗនៅលើផែនដី​នេះ ហាក់ដូចជាកិច្ច​ការ​ទាំងនោះ​គ្មាន​ជំពាក់​ជំពិន​នឹង​ការរស់នៅតាមសាសនា​របស់ខ្លួន​ទាល់​តែ​សោះ។ អ្នក​ទាំង​នោះ​ក៏​យល់​ច្រឡំ​ដែរ។ គេយល់ឃើញថា អ្នកកាន់​សាសនា​គ្រាន់​តែ​ត្រូវធ្វើ​ពិធី​គោរពប្រណិប័តន៍ផ្សេងៗ និង​ប្រតិបត្តិតាម​វិន័យ​ខ្លះបញ្ជាក់យ៉ាងជាក់ច្បាស់​ប៉ុណ្ណោះ។មនុស្សជា​ច្រើន​ញែក​ជំនឿ​របស់​ខ្លួន​ឱ្យដាច់ពី​កិរិយា​មាយាទ​ក្នុងការ​រស់​នៅ​ប្រចាំ់​ថ្ងៃ​របស់​គេ។ ការញែកបែបនេះ ពិតជាបណ្តាល​ឱ្យ​មនុស្សសម័យឥឡូវ​ភាន់​ច្រឡំ និង​វង្វេង​យ៉ាង​ខ្លាំង។ កាល​ពី​ដើម តាមគម្ពីរសម្ពន្ធ​មេត្រី​ចាស់អស់​លោក​ព្យាការី​តែង​តែ​ស្តី​បន្ទោស​យ៉ាង​ខ្លាំងអស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​របៀប​នេះ (អស ៥៨,១-១២)។ ក្នុង​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី ព្រះ​យេស៊ូ​គ្រីស្ត​ផ្ទាល់ ​ព្រះអង្គមាន​ព្រះ​បន្ទូល​ស្តី​បន្ទោសអ្នក​ប្រព្រឹត្ត​ដូច្នេះ​រឹត​តែ​ខ្លាំង​ទៅ​ទៀតទាំង​គំរាម​កំហែងថា គេមុខជានឹង​ទទួល​ទណ្ឌ​កម្ម​យ៉ាង​ធ្ងន់​ធ្ងរពំុខាន (មថ ២៣,៣-៣៣; មក ៧,១០-១៣)។ សូម​កុំ​បង្កើតទំនាស់ដោយ​គ្មាន​មូលហេតុ ដោយញែកសកម្មភាព​របស់ខ្លួនខាង​វិជ្ជា​ជីវៈ​ក្តី ឬ​ខាង​សង្គម​ក្តីឱ្យ​ទាស់​នឹងការរស់នៅខាង​សាសនា​ជា​ដាច់​ខាត។ គ្រីស្ត​បរិស័ទ​ដែល​មិន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​នៅនាផែនដី​នេះ​ក៏​មិន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​អ្នក​ដទៃ ហើយជា​ពិសេស​ ចំពោះ​ព្រះ​ជា​ម្ចាស់​ថែម​ទៀតផង។ គេក៏​មិន​ងាយ​ទទួល​ការ​សង្រ្គោះ​ដែរ។ សូម​គ្រីស្ត​បរិស័ទ​ទាំងឡាយយក​តម្រាប់​តាម​ព្រះ​គ្រីស្ត​ដែល​បានប្រកប​អាជីវ​កម្ម​ជា​ជាង។ សូម​ឱ្យ​គេ​រីក​រាយ​វិញ ដោយ​ខ្លួន​អាច​បំពេញកិច្ច​ការទាំង​អស់​នៅ​លើ​ផែនដីនេះឱ្យរួប​រួម​ជា​សំយោគដែលមានជីវិតរស់រវើក គឺ​លើក​យក​ការ​ខិត​ខំ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​លោក​ក្នុង​ក្រុមគ្រួសារក្តី ទាំងខាង​វិជ្ជា​ជីវៈ ទាំងខាង​វិទ្យា​សាស្រ្ត និង​ខាង​បច្ចេក​ទេសឱ្យរួមនឹងសេចក្តី​ប្រៀន​ប្រដៅ​ដ៏មាន​តម្លៃ​ថ្លៃ​ថ្នូរ​នៃសាសនា ក្រោម​ការ​ចាត់​ចែង​របស់​ព្រះ​ជា​ម្ចាស់​ដ៏ឧត្តុងឧត្តមបំផុត គឺអ្វីទាំង​អស់រួមសហការលើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះជាម្ចាស់។

ខ. គ្រីស្ត​បរិស័ទ​ធម្មតាមាន​ភារកិច្ច​ផ្ទាល់បំពេញ​ការងារ​ផ្សេងៗក្នុង​លោក​នេះ​តាម​វិជ្ជា​ជីវៈរបស់ខ្លួន។ ប៉ុន្តែ ជួន​កាល​មាន បព្វជិតបព្វជិតាខ្លះក៏ប្រកបវិជ្ជា​ជីវៈ និងការងារ​ទាំងនោះ​ដែរ។ ពេលគ្រីស្ត​បរិស័ទ​ធម្មតា​ប្រព្រឹត្ត​ការ​ទាំង​នេះ​ក្នុង​ឋានៈ​ជា​ប្រជា​ពល​រដ្ឋ​នៃ​ពិភព​លោក​នេះ ​ម្នាក់ៗ​ក្តី ឬរួម​ជា​មួយ​អ្នក​ឯ​ទៀតៗ​ក្តី គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់នឹងមាន​សមត្ថភាពដ៏ពិត​ប្រាកដតាមវិជ្ជា​ជីវៈ​រៀងៗខ្លួន មិន​គ្រាន់​តែ​ខិត​ខំ​ឱ្យ​គោរព​តាម​វិន័យផ្ទាល់​នៃវិជ្ជា​ជីវៈ​នីមួយៗប៉ុណ្ណោះ​ទេ។ គេ​ត្រូវ​ចូលចិត្ត​រួម​សហ​ការ​ជា​មួយ​អស់​អ្នក​ដែល​មាន​គោល​ដៅ​ស្រដៀងនឹងខ្លួន​ទៀត​ផង។ ដោយ​ដឹងខ្លួនអំ​ពី​សេចក្តី​ដែល​ជំនឿ​បញ្ជា​ឱ្យ​ប្រព្រឹត្ត និង​ដោយ​ទទួល​កម្លាំង​ពី​ជំនឿ​នេះ​ទៀតផង សូម​កុំ​ខ្លាច​នឹង​បញ្ចេញ​គំនិត​ថ្មី និង​ចាប់​ផ្តើម​ប្រព្រឹត្ត​តាម​រហូត​ដល់​បាន​សម្រេច​តាម​តែ​ឱកាស​ហុច​ឱ្យ។ គ្រីស្ត​បរិស័ទ​ដែល​ទទួលការអប់រំជាមុន មានមនសិការដឹងខ្លួនថា ​គេមាន​ភារ​កិច្ច​នឹង​ចារិកធម្ម​វិន័យ​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​បុរីនៅនាផែនដីនេះ។ សូម​ទទួល​ពន្លឺ​ និង​កម្លាំង​ខាង​ព្រះវិញ្ញាណ​ពី​អស់​លោក​បូជា​ចារ្យ។ ប៉ុន្តែ សូម​កុំ​នឹក​គិត​ថា​ អស់​លោក​គង្វាលមាន​សមត្ថភាពអាច​ដោះ​ស្រាយ​យ៉ាងជាក់ច្បាស់ឱ្យបាន​ភ្លាមៗ​នូវបញ្ហា​ទាំង​អស់​ ទាំង​ធំ​ ទាំងតូចដែល​ខ្លួនជួបប្រទះនោះ។ កុំ​ស្មាន​ថា អស់​លោក​មាន​មុខងារ​នេះ​ឱ្យ​សោះ។ សូម​គ្រីស្ត​បរិស័ទ​ធម្មតា​ដោះស្រាយ​បញ្ហា​ទាំង​នោះដោយ​ទទួល​ការ​ខុស​ត្រូវ​ខ្លួន​ឯង​ផ្ទាល់ ដោយ​ព្រះ​ប្រាជ្ញា​ញាណ​នៃ​ព្រះ​គ្រីស្ត​បំភ្លឺ​ចិត្តគំនិត និងដោយយកចិត្ត​ទុកដាក់​ស្តាប់ក្រុមណែនាំព្រះសហគមន៍​យ៉ាង​ស្មោះ។

គ. តាមធម្មតា និងជាញឹកញាប់ ទស្សនៈ​តាមជំនឿរបស់​គ្រីស្ត​បរិស័ទ​អំពី​ពិភព​លោក នាំ​ឱ្យ​គេ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​តាម​របៀប​នេះ ឬ​តាម​របៀប​នោះស្របតាម​កាលៈ​ទេសៈ។ ប្រហែល​គ្រីស្ត​បរិស័ទ​ឯទៀតៗនឹង​ដោះ​ស្រាយ​បញ្ហា​ដដែល​តាម​របៀប​ផ្សេង​ទៀតដោយ​មាន​ចិត្ត​ស្មោះ​នឹង​គ្រីស្ត​សាសនា​ដូច​គ្នា។ ការនេះ​កើតជា​ញឹក​ញាប់ ហើយ​ត្រឹម​ត្រូវ​ថែម​ទៀត​ផង។ ជួនកាលគ្រីស្ត​បរិស័ទ​ជា​ច្រើន​យល់​ឃើញ​យ៉ាង​ស្រួល​ថា ការដំណោះ​ស្រាយ​តាមគំនិតរបស់ក្រុមនេះ ឬរបស់ក្រុមនោះស្រប​តាម​ដំណឹង​ល្អ (​ទោះ​បី​គេយល់ជំទាស់នឹងបំណងរបស់​អ្នក​ដែល​បាន​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះក្តី)។ ក្នុងករណីនេះ ត្រូវ​នឹកគិត​ជា​និច្ច​ថា គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​អះអាង​ថា អំណាច​របស់​ព្រះ​សហគមន៍គាំ​ទ្រតែ​យោបល់របស់គេប៉ុណ្ណោះទេ។ សូម​ឱ្យ​គ្រីស្ត​បរិស័ទនិយាយ​ពិគ្រោះ​គ្នា​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​មាន​បំណង​ចង់​បំភ្លឺ​គ្នា​ទៅ​វិញ​ទៅ​មកជានិច្ច។ សូមថែរក្សាទុកសេចក្តី​ស្រឡាញ់​គ្នា ហើយ​ជាពិសេស សូមនឹក​ពី​ការស្វែង​រក​ប្រយោជន៍​រួមទៀតផង។

ឃ. គ្រីស្ត​បរិស័ទធម្មតា​ត្រូវ​ទទួលចំណែកយ៉ាង​សកម្ម​ក្នុង​ការរស់នៅជាទូទៅ​របស់​ព្រះ​សហគមន៍។ ប៉ុន្តែ​ ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​គេ​ឱ្យ​ធ្វើ​ជា​សាក្សី​អំពីព្រះ​គ្រីស្តនៅ​កណ្តាល​ចំណោម​សហគមន៍មនុស្ស​ជាតិក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់​ មិន​គ្រាន់តែ​នាំ​ឥទ្ធិពល​របស់ព្រះ​គ្រីស្តឱ្យ​ជ្រួត​ជ្រាប​ក្នុង​ពិភព​លោក​ប៉ុណ្ណោះ​ទេ។

ង. ចំពោះ​អស់​លោក​អភិបាលដែល​ទទួល​បន្ទុក​ណែ​នាំ​ព្រះ​សហគមន៍​របស់​ព្រះ​ជា​ម្ចាស់ សូម​អស់​លោក​រួម​ជា​មួយ​អស់​លោកគង្វាលរបស់អស់លោកប្រកាសសាររបស់​ព្រះ​គ្រីស្ត តាម​របៀប​ដែលជួយណែ​នាំ​ឱ្យគ្រីស្ត​បរិស័ទ​អាចបំពេញ​សកម្មភាពទាំង​ប៉ុន្មាន​របស់​គេ​នៅលើផែនដី​នេះ គឺឱ្យបានជ្រួតជ្រាបដោយពន្លឺ​នៃ​ដំណឹង​ល្អ។ សូម​អស់​គង្វាលនឹកចងចាំថា អស់​លោក​បង្ហាញ​មុខព្រះ​សហគមន៍​ឱ្យ​មនុស្ស​លោក​ឃើញ ដោយសារ​កិរិយា​មាយាទប្រចាំថ្ងៃ​របស់​អស់​លោក និង​ដោយ​អស់លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​លោក (ពន្លឺ ២៨)។ មនុស្ស​នឹង​យល់​ថា សាររបស់​ព្រះ​គ្រីស្ត​មាន​ប្រសិទ្ធ​ភាព និងពិតប្រាកដដោយ​បាន​ឃើញ​មុខនៃ​ព្រះសហគមន៍​នោះ។ តាមកិរិយា ​និងតាម​ពាក្យ​សម្តីរបស់​អស់​លោក​រួម​ជាមួយ​បព្វជិតបព្វជិតា និង​ជា​មួយ​គ្រីស្ត​បរិស័ទ​របស់អស់លោក សូម​អស់​លោកធ្វើ​ជា​ភស្តុតាង​បញ្ជាក់​ថា ព្រះ​សហគមន៍​ដែល​គ្រាន់​តែ​មាន​វត្តមាន​ជា​មួយ​គេ ដោយមានព្រះអំណោយទាន​ទាំង​ប៉ុន្មាន​ដែលខ្លួននាំមក​ ពិត​ជា​ប្រភព​មិន​ចេះ​រីង​ស្ងួត​នៃ​ថាមពល​ដែលមនុស្សលោក​នា​បច្ចុប្បន្ន​នេះ​ត្រូវ​ការ​ជា​ចាំ​បាច់។ សូម​អស់​លោក​យកចិត្ត​ទុក​ដាក់​ព្យាយាម​រៀន​ ដើម្បី​ឱ្យ​មាន​សមត្ថភាព​អាច​ទទួលខុសត្រូវក្នុងកិច្ចសន្ទនា​ជាមួយ​ពិភពលោក និង​ជា​មួយ​មនុស្ស​លោក​ដែល​មាន​មតិ​ប្លែកៗ​ពី​គ្នា​ផង។ ជា​ពិសេស​ទៅ​ទៀតសូម​ឱ្យ​អស់​លោក​នឹក​ចងចាំក្នុងចិត្តជានិច្ចនូវ​សេចក្តី​ប្រកាស​នៃ​មហា​សន្និ​បាត​ថា៖ “សព្វ​ថ្ងៃមនុស្ស​ជាតិ​រួមគ្នាជាប្រជាពលរដ្ឋតាមសេដ្ឋកិច្ច និង​តាមសង្គមកាន់តែ​ខ្លាំង​ឡើងៗ។ ហេតុ​នេះ​ហើយ​ បានជាអស់​លោក​បូជាចារ្យ​មានភារៈកិច្ចជាបន្ទាន់បំផុតរួម​គ្នាខិតខំគិតគូរអស់ពី​សមត្ថភាព និង​ប្រើគ្រប់​មធ្យោបាយក្រោម​ការណែ​នាំ​របស់​ក្រុម​អភិបាល និងរបស់​អភិបាល​ព្រះសហគមន៍​ក្រុង​រ៉ូម ដើម្បី​ជៀស​វាង​កំុឱ្យមាន​មូលហេតុ​ណា​មួយ​បណ្តាល​ឱ្យ​មនុស្ស​លោកបែកបាក់​គ្នា​ឡើយ។ អស់​លោក​ក៏​មាន​ភារកិច្ច​ណែនាំ​មនុស្ស​ជាតិ​ទាំង​មូល ឱ្យរួបរួម​គ្នា​ជា​ធ្លុងតែមួយ ជា​មហា​គ្រួសារ​របស់ព្រះជាម្ចាស់” (ពន្លឺ ២៨)។

ច. ទោះ​បី​ព្រះ​សហគមន៍នៅ​តែជា​ព្រះ​មហេសី​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អម្ចាស់ ដោយ​អនុភាព​នៃ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ក្តី ទោះបី​ព្រះ​សហគមន៍​មិន​ដែលលែងធ្វើជាសញ្ញាសម្គាល់​បង្ហាញ​ការ​សង្រ្គោះ​ក្នុងចំណោមមនុស្សលោកក្តី ក៏​ព្រះ​សហគមន៍​ជ្រាប​ច្បាស់​ថា តាមប្រវត្តិ​ដ៏​យូរ​អង្វែង​របស់​ខ្លួន​មានទាំងលោកដែលទទួល​អគ្គសញ្ញា​តែង​តាំង​ជា​អ្នក​បម្រើ ទាំង​គ្រីស្ត​បរិស័ទ​មួយ​ចំនួនធំ​មិន​បាន​កាន់យ៉ាង​ស្មោះ​នឹង​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​ទេ។ នា​បច្ចុប្បន្នកាល​នេះក៏ដូច្នោះដែរ​ គឺព្រះ​សហគមន៍​ជ្រាបថា សារដ៏ថ្លែថ្នូរដែលខ្លួនសម្តែង​នោះប្លែកដាច់យ៉ាង​ឆ្ងាយ​ពី​ភាព​ទន់​ខ្សោយ​ក្នុងឋានៈជា​មនុស្ស​របស់​អស់​អ្នកដែលបាន​ទទួល​ដំណឹង​ល្អ​នេះទុក​ជា​បញ្ញើ​ដែរ។ ទោះបី​ប្រវត្តិ​សាស្រ្តវិនិច្ឆ័យការភ្លាំងភ្លាត់ដ៏អាក្រក់​ទាំងនោះ​យ៉ាង​ណា​ក្តីក៏​យើង​ត្រូវ​ដឹង​ខ្លួន​ និង​ប្រឆាំង​នឹងអំពើ​ទាំង​នេះ​យ៉ាង​ដាច់អហង្ការ កុំ​ឱ្យ​អំពើ​ទាំង​នោះ​រារាំង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ឡើយ។ ព្រះ​សហគមន៍​ជ្រាប​ច្បាស់​ទៀត​ថា ខ្លួនត្រូវ​រៀន​ជានិច្ចពី​បទ​ពិសោធន៍​តាម​សតវត្ស​រ៍មុនៗ​មក ដើម្បី​ពង្រីក​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​មនុស្ស​លោក។ ដោយ​មាន​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ណែ​នាំព្រះ​សហគមន៍ជា​មាតា​របស់​យើង “នៅតែដាស់​តឿន​កូន​ចៅ​ឥត​ឈប់​ឈរ​ថា ត្រូវ​ជម្រះ​ខ្លួន​ឱ្យ​បាន​បរិសុទ្ធ និង​ប្រែ​ឱ្យបានជាថ្មី ដើម្បី​ឱ្យ​សញ្ញា​សម្គាល់​របស់​ព្រះ​គ្រីស្ត​ចាំង​នៅ​លើ​មុខព្រះ​សហគមន៍​ឱ្យ​កាន់​តែ​ភ្លឺ​ស្វាង​ឡើងៗ” (ពន្លឺ ១៥)។

៤៤- ព្រះសហគមន៍ទទួលជំនួយពីមនុស្សលោកនាបច្ចុប្បន្នកាល

ក. មនុស្សលោកត្រូវតែទទួលស្គាល់ព្រះសហគមន៍ទុកជាដំណើរការដ៏ពិតប្រាកដតាមសង្គម ក្នុងប្រវត្តិសាស្រ្ត​របស់​ខ្លួន ​និង​ទុកជាមេម្សៅរបស់ខ្លួនជាចាំបាច់។ យ៉ាងណាមិញ ព្រះសហគមន៍​ក៏ជ្រាប​នូវ​អ្វីៗ​ទាំង​អស់ដែល​ខ្លួន​បាន​ទទួលពី​ប្រវត្តិសាស្រ្ត និងពីការអភិវឌ្ឍន៍របស់មនុស្សជាតិផងដែរ។

ខ. បទពិសោធន៍តាំងពីប៉ុន្មានសតវត្សរ៍កន្លងមក ការអភិវឌ្ឍន៍នៃវិទ្យាសាស្រ្តទាំងប៉ុន្មាន ទ្រព្យសម្បត្តិ​ដ៏ថ្លៃថ្នូរនៃ​វប្បធម៌​ទាំង​ឡាយ សុទ្ធតែជួយមនុស្សឱ្យស្គាល់ខ្លួនឯងកាន់តែច្បាស់ និងបើកមាគ៌ាថ្មីជូនដល់សេចក្តី​ពិត។ ការ​ទាំង​នោះ ក៏មាន​ប្រយោជន៍សម្រាប់​ព្រះ​សហគមន៍ដែរ។ តាំងតែពីដើមប្រវត្តិសាស្រ្តរបស់ខ្លួនមក ព្រះ​សហគមន៍​បាន​បង្ហាត់ខ្លួន​ឱ្យ​ថ្លែង​សាររបស់ព្រះគ្រីស្ត ដោយ​យកគំនិត និងភាសារបស់ប្រជាជននានាមកប្រើ ហើយ​បាន​ខិតខំបកស្រាយសារនោះ​យ៉ាង​ថ្លៃថ្នូរដោយយកប្រាជ្ញារបស់ទស្សនវិទូ​ថែម​ទៀតផង។ ព្រះ​សហគមន៍​ប្រព្រឹត្តដូច្នេះក្នុងគោលបំណងសម្រប​ដំណឹងល្អ​តាមរបៀបមនុស្សទាំងអស់អាចស្តាប់បាន និងតាម​អ្នក​ប្រាជ្ញ​ទាមទារផង។ ប៉ុន្តែ ព្រះសហគមន៍បានសម្រប​ដំណឹង​ល្អ​នេះ​តាមព្រំដែនដែលអាចធ្វើបាន។ តាមពិត​ របៀប​ប្រកាស​ព្រះ​បន្ទូលដែលព្រះជាម្ចាស់បានសម្តែងមក ស្របតាមប្រជា​ជនទាំងនោះ ពិតត្រូវ​ជាក្បួន​សម្រាប់​ការ​ប្រកាស​ដំណឹង​ល្អគ្រប់ពេល។ ដោយប្រព្រឹត្តដូច្នេះ ព្រះ​សហគមន៍អាចផ្តល់​ឱ្យ​ប្រជាជាតិនានា​មាន​សមត្ថភាពអាចថ្លែងសារនៃគ្រីស្តសាសនាតាមរបៀបដែលគេត្រូវការ។ នៅពេលជាមួយគ្នានោះ ការ​នេះ​បណ្តោយ​ឱ្យព្រះសហគមន៍ និងអរិយធម៌នានាអាចជួយសន្ទនាគ្នាយ៉ាងរស់រវើកទៀត​ផង (ពន្លឺ១៣)។ ជា​ពិសេស​ នា​បច្ចុប្បន្នកាលជាសម័យនៃអ្វីៗទាំងអស់ ដំណើរការយ៉ាងលឿនបំផុត និងមាន​របៀបរិះ​គិតជា​ច្រើន​អនេក ព្រះ​សហគមន៍​ត្រូវការអស់អ្នកដែលរស់នៅក្នុងពិភពលោក ទោះជាគ្រីស្តបរិស័ទក្តី មិនមែន​គ្រីស្ត​បរិស័ទ​ក្តី ដែល​ស្គាល់​ស្ថាប័ន​នានា​មានចំណេះវិទ្យាផ្សេងៗ និងយល់រចនាសម្ពន្ធរិះគិតដើម្បី​ឱ្យការ​ផ្លាស់ប្តូរ​រវាង​ព្រះ​សហគមន៍ និងអរិយធម៌​ទាំង​ឡាយ​ចម្រើនឡើង។ ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់​ទាំង​មូល​ជាពិសេស ​អស់​លោក​គង្វាល​ និងទេវវិទូ​ដោយព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ជួយឧបត្ថម្ភផង មាន​ភារកិច្ចស្ទង់មើល រិះគិតពិចារណា និង​បកស្រាយភាសា​នានា​នៅសម័យឥឡូវ និង​វិនិច្ឆ័យ​តាម​ពន្លឺនៃព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​មនុស្ស​លោក​អាចទទួលសេចក្តីពិត​ដែល​ព្រះជាម្ចាស់បាន​សម្តែង​មក​ឱ្យ​កាន់តែច្បាស់ឡើង ឱ្យគេអាច​យល់​កាន់​តែ​ស្រួលបាន និង​ជូន​ឱ្យគេស្រប​តាមអរិយធម៌​របស់គេផង។

គ. ព្រះសហគមន៍មានរចនាសម្ពន្ធជាសង្គមដែលអាចមើលឃើញបាន ជាសញ្ញាសម្គាល់​បង្ហាញ​ថា ខ្លួន​រួបរួម​ក្នុង​អង្គ​ព្រះគ្រីស្ត។ ដូច្នេះ ព្រះសហគមន៍អាចទទួលផល និងតាមពិត​ទទួលផលរួចហើយ ពីដំណើរការ​នៃ​ជីវិត​ក្នុង​សង្គម។ សេចក្តីនេះ​មិនមែនហាក់ដូចជា ព្រះសហគមន៍ខ្វះអ្វីមួយ​ក្នុងការតែងតាំង​ដែល​ព្រះគ្រីស្ត​ប្រទាន​ឱ្យ​នោះ​ទេ តែ​សម្រាប់​ឱ្យការ​តែងតាំងនោះកាន់តែជ្រៅទៅៗ និងសម្រាប់ថ្លែងអំពីការតែងតាំងនោះឱ្យ​កាន់​តែ​ច្បាស់ និងឱ្យបាន​ស្រប​យ៉ាងស្រួល​សម្រាប់សម័យ​ឥឡូវ។ ព្រះសហគមន៍សម្គាល់ឃើញទាំងអរគុណថា ខ្លួន​ទទួល​ជំនួយ​ផ្សេងៗពីមនុស្សគ្រប់​ឋានៈ វណ្ណៈ ជាជំនួយ ជាប្រយោជន៍ដល់​សហគមន៍របស់ខ្លួនទាំងមូលផង និង​ដល់​បុត្រធីតា​ម្នាក់ៗផង។ អស់អ្នក​ដែល​ជួយសហការ​អភិវឌ្ឍន៍សហគមន៍មនុស្សជាតិ តាមវិស័យ​ក្រុម​គ្រួសារ វិស័យវប្បធម៌ វិស័យសេដ្ឋកិច្ច និងសង្គម ​វិស័យនយោបាយ​ទាំង​ជាតិ និងអន្តរជាតិ នោះផ្តល់ជំនួយ​យ៉ាង​សំខាន់​ដល់ព្រះសហគមន៍ស្របតាម​គម្រោងការ​របស់​ព្រះជាម្ចាស់ ព្រោះព្រះ​សហគមន៍អាច​ចម្រើន​ឡើង​បាន​ដោយសារពិភពលោកខាងក្រៅ។ លើសពីនេះទៅទៀត ព្រះ​សហគមន៍​ទទួល​ស្គាល់ថា ទោះអ្នក​ប្រឆាំង​នឹង​អ្នកបៀតបៀនក៏បានផ្តល់​ផល​ប្រយោជន៍​យ៉ាង​ខ្លាំងដល់ព្រះ​សហគមន៍ ហើយនៅ​តែបន្តផ្តល់​ទៀត​ផង​ដែរ។

៤៥- ព្រះ​គ្រីស្ត​ជា​ដើម​ដំបូង និង​ជា​ចុង​ក្រោយ​បំផុត

ក. ទោះ​បី​ព្រះ​សហគមន៍​ជួយ​មនុស្សលោក​ក្តី ឬ​ទទួល​ជំនួយ​ពី​មនុស្ស​លោក​ក្តី ក៏​ព្រះ​សហគមន៍​តម្រង់ខ្លួន​ទៅរក​គោល​ដៅ​តែ​មួយដែរ គឺ​សូម​ព្រះ​ជា​ម្ចាស់​យាងមកគ្រងរាជ្យ​ និង​ឱ្យ​មនុស្ស​ជាតិ​ទទួល​ការ​សង្គ្រោះ។ តាម​ពិត​ នៅ​ពេល​ប្រជារាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់កំពុង​ធ្វើ​ដំណើរ​នៅនា​លោក​នេះប្រជារាស្ត្រនេះអាច​នាំ​ផល​ល្អ​ទាំង​ប៉ុន្មាន​មក​ដល់​មហា​គ្រួសារ​នៃ​មនុស្ស​ជាតិ​បាន ក៏​ហូរ​ចេញ​មក​ពី​លក្ខណៈរបស់ព្រះ​សហគមន៍​ដែល​ពិត​ជា “អគ្គសញ្ញា​នៃ​ការ​សង្រ្គោះរបស់មនុស្ស​ទាំង​អស់ (ពន្លឺ ៤៨) គឺ​ព្រះ​សហគមន៍​បង្ហាញ​ឱ្យ​មនុស្សលោកស្គាល់​គម្រោង​ការ​ដ៏​អស្ចារ្យ​នៃព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ចំពោះមនុស្ស និងធ្វើឱ្យគម្រោង​ការ​ដ៏​អស្ចារ្យ​កើតជារូបរាង។

ខ. ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ដែល​ប្រតិស្ឋានអ្វីៗ​ទាំង​អស់បាន​ប្រសូតជា​មនុស្ស ​ដើម្បី​ឱ្យ​ព្រះ​អង្គ​ទៅ​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ សង្រ្គោះ​មនុស្ស​ទាំង​អស់ និង​ប្រមែ​ប្រ​មូល​អ្វីៗ​ទាំង​អស់​ដាក់​ក្នុង​ព្រះ​អង្គ​ផ្ទាល់។ ព្រះ​អម្ចាស់​ពិត​ជា​ទីបញ្ចប់​នៃ​ប្រវត្តិ​សាស្រ្ត​របស់​មនុស្ស​ជាតិ។ បំណងនៃមនុស្សជាតិតាមប្រវត្តិ​សាស្រ្ត និង​តាមអរិយធម៌​ជាតិ​នានាសុទ្ធ​តែ​តម្រង់​ទៅរក​ព្រះ​គ្រីស្ត​ទុក​ជា​ទិស​ដៅ​តែ​មួយ។ ព្រះ​គ្រីស្ត​ពិត​ជា​កំពូល និងជាស្នូល​នៃ​មនុស្ស​ជាតិ​ទាំង​មូល ជា​អំណរ​សប្បាយ​របស់​មនុស្ស​ទាំង​អស់ និង​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ទាំង​ប៉ុន្មាន​របស់​មនុស្ស​យ៉ាង​ពេញ​លេញ។ ព្រះ​បិតា​បាន​ប្រោស​ព្រះ​គ្រីស្ត​ឱ្យ​ក្រោកឈរឡើងពីចំណោមមនុស្សស្លាប់ ព្រះអង្គលើក​ព្រះគ្រីស្តឡើង និងប្រោសឱ្យគង់​ខាង​ស្តាំ​ព្រះ​អង្គព្រម​ទាំង​តែង​តាំង​ព្រះ​គ្រីស្ត​ជា​ចៅ​ក្រម​ដែល​នឹង​វិនិច្ឆ័យ​មនុស្ស​ទាំង​រស់​ទាំង​ស្លាប់។ យើង​បាន​ទទួល​ជីវិតហើយ​មូល​ផ្តុំ​គ្នា​ក្នុង​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ យើង​ក៏​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​នៃ​ប្រវត្តិ​សាស្រ្ត​មនុស្ស​លោក ដែល​ស្រប​តាម​គម្រោង​ការ​នៃ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះ​អង្គ គឺ​ប្រមូល​អ្វីៗ​ទាំងអស់ដែល​នៅឯ​មេឃ និង​នៅ​លើ​ផែនដីឱ្យ​រួមគ្នា​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត​ជា​ម្ចាស់​តែមួយ (អភ ១,១០)។

គ. ព្រះ​អម្ចាស់​ផ្ទាល់មាន​ព្រះ​បន្ទូល​ថា “យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗទាំង​យក​រង្វាន់​មក​ចែក​ឱ្យ​ម្នាក់ៗតាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ យើង​ជា​អាល់ផា​ និង​ជា​អូមេកានៅ​មុន​គេ និង‌​នៅ​ក្រោយ​គេ​បំផុត‌‌ជាដើម​ដំបូង និង​ជា​ចុង​បង្អស់ (វវ ២២,១២-១៣)។។

ភាគទី ២
អំពីបញ្ហាខ្លះបន្ទាន់ជាងគេ

៤៦- អារម្ភកថា

ក. មហាសន្និបាតបានបរិយាយអំពីតម្លៃដ៏ថ្លៃថ្នូរនៃជីវិតមនុស្ស និងអំពីតួនាទីរបស់ខ្លួនក្នុងពិភពលោក ក្នុងឋានៈជា​បុគ្គល​ម្នាក់ និងក្នុងឋានៈខ្លួនរួមក្នុងសង្គមតាមព្រះជាម្ចាស់កំណត់ទុកមក។ ឥឡូវនេះ មហា​សន្និបាត​មាន​បំណង​ណែ​នាំ​មនុស្ស​ទាំងអស់ឱ្យចាប់អារម្មណ៍នឹងបញ្ហាខ្លះ ជាបញ្ហាបន្ទាន់យ៉ាងពិសេសនាសម័យបច្ចុប្បន្ន ជា​បញ្ហា​ទាក់ទិននឹង​មនុស្ស​ជាតិ​យ៉ាងខ្លាំងបំផុត។ មហាសន្និបាត និងបរិយាយ​តាម​ពន្លឺនៃ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ត​ផង និង តាមបទ​ពិសោធន៍​របស់​មនុស្ស​លោកផង។

ខ. មនុស្សទូទៅសម័យឥឡូវចាប់អារម្មណ៍នឹងប្រធានបទជាច្រើន។ ក្នុងចំណោមប្រធានបទទាំងនោះ​ត្រូវកំណត់​ប្រធាន​បទ​ដូចតទៅ គឺ​អាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ វប្បធម៌ ជីវភាពសេដ្ឋកិច្ចក្នុងសង្គម នយោបាយ សាមគ្គី​ភាព​របស់​ប្រជា​ជាតិនានា និងសន្តិភាព។ គួរឱ្យយើងចាំងពន្លឺនៃគោលការណ៍មកពីព្រះគ្រីស្តទៅ​លើ​បញ្ហា​នីមួយៗ​នោះ។ ដូច្នេះ យើង​នឹងណែនាំ​គ្រីស្តបរិស័ទ ហើយក៏បំភ្លឺមនុស្សទាំងអស់​ក្នុងការស្វែងរកដំណោះ​ស្រាយ​បញ្ហាដ៏ច្រើន​អនេក និងស្មុគ្រ​ស្មាញ​ទៀតផង។

ជំពូក ១
អាពាហ៍ពិពាហ៍ និងការរស់នៅជាក្រុមគ្រួសារមានតម្លៃដ៏ថ្លៃប្រសើរ

៤៧- អាពាហ៍ពិពាហ៍ និងក្រុមគ្រួសារក្នុងពិភពលោកសព្វថ្ងៃ

ក. សន្តិភាពរបស់បុគ្គលម្នាក់ៗ និងសន្តិភាពរបស់សង្គម ទាំងសង្គមមនុស្ស ទាំងសង្គមគ្រីស្តបរិស័ទភ្ជាប់​យ៉ាង​ជិត​ស្និទ្ធនឹងការចម្រើននៃសហគមន៍គូស្វាមីភរិយា និងការចម្រើននៃសហគមន៍ក្រុមគ្រួសារ។ ហេតុនេះ​ហើយ បាន​ជា​គ្រីស្តបរិស័ទរួមជាមួយអស់អ្នកដែលរាប់រកសហគមន៍ស្វាមីភរិយា និងសហគមន៍ក្រុម​គ្រួសារ​យ៉ាង​ខ្លំាង មាន​អំណរ​សប្បាយយ៉ាងស្មោះចំពោះអស់អ្នកដែលគាំទ្រគូស្វាមីភរិយា និងក្រុម​គ្រួសារតាម​របៀប​ផ្សេងៗ។ អ្នកទាំងនេះ ជួយ​ណែ​នាំ​មនុស្សលោកនាបច្ចុប្បន្នកាល ឱ្យចូលចិត្តរាប់រកកាន់តែ​ខ្លាំងឡើងៗចំពោះ​សហគមន៍​នេះ ជាសហគមន៍​ប្រកប​ដោយ​សេចក្តី​ស្រឡាញ់ និងជួយណែនាំ​មនុស្សលោក​ឱ្យ​គោរព​ជីវិត​ទៀត​ផង។ គេក៏ជួយគូស្វាមីភរិយា និង​ឪពុក​ម្តាយ​ឱ្យ​បំពេញ​បេសកកម្ម​ដ៏ប្រសើររបស់ខ្លួនដែរ។ អ្នកទាំងនោះរង់ចាំ​ទទួល​លទ្ធផលកាន់តែល្អឡើងពី​ការគោរពគូស្វា​មី​ភរិយា ​និងជីវិតនោះ ព្រមទាំងយកចិត្តទុកដាក់​ឱ្យ​មនុស្ស​ឯទៀតៗ​ធ្វើតាមទៀតផង។

ខ. មនុស្សនៅគ្រប់ទីកន្លែង​មិនចាប់អារម្មណ៍ចំពោះកិត្តិយសដ៏ថ្លៃថ្នូរនៃអាពាហ៍ពិពាហ៍ និងនៃក្រុមគ្រួសារដូចគ្នា​ទេ។ ជួន​កាលបុរសមានភរិយាច្រើន ឬស្រ្តីមានស្វាមីច្រើន មានការលែងលះគ្នាដែលប្រៀបដូចជាជំងឺ​រាត​ត្បាត​ម៉្យាង មាន​ស្នេហាដោយសេរី និងស្នេហាក្លែងក្លាយឯទៀតៗ។ល។ ការទាំងប៉ុន្មាននោះបង្អាប់បង្អោន​កិត្តិយស​ដ៏ថ្លៃថ្នូរ​នៃការ​រស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារ។ ម៉្យាងទៀត អត្តទត្ថបុគ្គលនិយម គឺ​មនុស្ស​ដែលគិតតែពី​ខ្លួនឯង អ្នកដែល​គិតតែពីការភ្លើតភ្លើនសប្បាយតាមផ្លូវភេទ និង​អស់​អ្នក​ប្រព្រឹត្ត​តាម​របៀប​ផ្សេងៗ​ខុសវិន័យ​រារាំង​មិន​ឱ្យកើតកូន សុទ្ធ​តែបង្អាប់បង្អោនសេចក្តី​ស្រឡាញ់​នៃគូស្វាមី​ភរិយា​នេះ​ទៀត​ផង។ សភាពការណ៍​សេដ្ឋកិច្ច សភាពការណ៍​ក្នុងសង្គម ​សភាពការណ៍ចិត្តសាស្រ្ត និងសភាពការណ៍​ប្រជាពលរដ្ឋ​ក្នុង​ប្រទេសនាបច្ចុប្បន្ន ក៏នាំវឹកវរ​យ៉ាងធ្ងន់ធ្ងរចូលក្នុងរង្វង់​ក្រុម​គ្រួសារដែរ។ មិនតែប៉ុណ្ណោះ យើង​ក៏​ព្រួយបារម្ភដោយ​សង្កេតឃើញថា នៅតំបន់ខ្លះក្នុង​ពិភព​លោក ការ​បង្កើន​ចំនួន​ប្រជាជន​បណ្តាល​ឱ្យ​កើត​បញ្ហា​ផ្សេងៗ​ដែរ។ ការទាំងប៉ុន្មាននោះបណ្តាលឱ្យមនសិការមនុស្ស​តប់ប្រមល់។ ក៏​ប៉ុន្តែ ទោះបីជាយ៉ាង​ណាក៏​ដោយ ទោះបីការផ្លាស់ប្តូរប្រែប្រួលយ៉ាងជ្រៅនៃសង្គមសម័យឥឡូវ​បណ្តាល​ឱ្យកើត​ការ​ពិបាក​ជា​ច្រើនក្តី ក៏ការ​ផ្លាស់​ប្តូរ​ទាំង​នោះសម្តែងជាញឹកណាស់ និងតាមរបៀបផ្សេងអំពីលក្ខណៈដ៏ពិត​ប្រាកដ​នៃ​គូស្វាមីភរិយា និង​ក្រុម​គ្រួសារដែរ។ អាពាហ៍ពិពាហ៍ និងក្រុមគ្រួសារនៅតែមាំ​មួន និងមានកម្លាំង​យ៉ាងរឹង​ប៉ឹង​ទៀត​ផង។

គ. ហេតុនេះហើយ បានជាមហាសន្និបាតសូមបរិយាយយ៉ាង​ច្បាស់នូវចំណុចខ្លះៗនៃលទ្ធិរបស់​ព្រះសហគមន៍ ដោយ​មាន​បំណងចង់បំភ្លឺចិត្តគំនិតគ្រីស្តបរិស័ទ និងលើកទឹកចិត្តគេផង ព្រមទាំង​បំភ្លឺចិត្ត​គំនិត និងលើក​ទឹក​ចិត្តអស់​អ្នកដែល​ខិតខំ​ថែរក្សាទុក និងពង្រឹងកិត្តិយសនៃការរស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារឱ្យ​បាន​ដូច​កាល​ពីដើម។ អ្នកទាំង​នោះក៏នឹងលើកតម្កើងតម្លៃដ៏ថ្លៃថ្នូរ ពិសេស និងដ៏សក្ការៈនៃ​ការរស់នៅជាគូស្វាមី​ភរិយា​ទៀតផង។

៤៨- ការរស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារមានលក្ខណៈដ៏វិសុទ្ធ

ក. គូស្វាមីភរិយាពិតជាសហគមន៍ដ៏ជ្រៅម៉្យាង ដោយអ្នកទាំងពីររួមរស់ជាមួយគ្នា និងស្រឡាញ់គ្នា។ ព្រះអាទិករ​តែង​តាំង​សហគមន៍នេះ និងប្រទានឱ្យសហគមន៍នេះមានវិន័យផ្ទាល់។ សហគមន៍នេះ​សង់ឡើង​លើ​សម្ពន្ធ​មេត្រី​រវាង​គូស្វាមី​ភរិយា គឺអ្នក​ទាំងពីរសន្យាថា ម្នាក់ៗយល់ព្រមរស់នៅជាគូស្វាមីភរិយា។ ពាក្យ​សន្យា​នេះ​ពុំ​អាច​ដាច់ និងលុបបំបាត់​បាន​ឡើយ។ ពេលគូស្វាមីភរិយាប្រគល់ខ្លួនទៅវិញទៅមក និង​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក អ្នកទាំងពីរពិតជាប្រព្រឹត្តកិច្ច​មួយ​ដែលមាន​លក្ខណៈ​ជាមនុស្ស​សុទ្ធសាធមែន។ ដូច្នេះ កើត​ស្ថាប័ន​ម៉្យាង គឺ​អាពាហ៍ពិពាហ៍​ដែលធម្មវិន័យ​របស់​ព្រះ​ជាម្ចាស់​ក៏បញ្ជាក់ ហើយសូម្បីតែ​សង្គម​មនុស្សក៏​ទទួល​ស្គាល់ដែរ។ ចំណង​ដ៏សក្ការៈនៃអាពាហ៍ពិពាហ៍នេះនៅ​ស្ថិត​ស្ថេរមិនប្រែប្រួលតាមទំនើងចិត្តមនុស្សទេ ដើម្បី​ជា​ប្រយោជន៍​ដល់​គូស្វាមីភរិយា និងជាប្រយោន៍ដល់កូន​ៗ​ និងជា​ប្រយោជន៍​ដល់សង្គមទៀតផង។ ព្រះ​ជាម្ចាស់​ផ្ទាល់​ព្រះអង្គបានបង្កើតការរស់នៅជាគូស្វាមីភរិយាដែលមាន​សេចក្តីថ្លៃថ្នូរផ្ទាល់​ និងមាន​ទីដៅ​ផ្សេងៗ។ សេចក្តី​ទាំង​នោះ​មានសារៈសំខាន់ជាទីបំផុត ដើម្បីបន្តពូជមនុស្ស​ជាតិ​ត​ទៅទៀត ដើម្បីឱ្យ​សមាជិក​ម្នាក់ៗ​ក្នុង​ក្រុម​គ្រួសារ​អាចអភិវឌ្ឍន៍ចម្រើនឡើង និងអាចទទួលជីវិតអស់កល្បជានិច្ច ហើយ​ដើម្បី​ឱ្យក្រុម​គ្រួសារ និង​សហ​គមន៍​មនុស្សទាំងមូលបានសេចក្តីថ្លៃថ្នូរ នៅស្ថិតស្ថេរ រស់នៅដោយ​សុខសាន្ត និង​ចម្រើនឡើង។ លក្ខណៈ​នៃ​អាពាហ៍ពិពាហ៍ និងលក្ខណៈនៃសេចក្តីស្រឡាញ់របស់គូស្វាមីភរិយា តម្រង់តទៅការ​បន្តពូជ និង​ទៅ​ការ​អប់រំ​កូន ហាក់ដូចជាកំពូល​នៃអាពាហ៍ពិពាហ៍ និងនៃសេចក្តីស្រឡាញ់នោះ។ ដោយសម្ពន្ធ​មេត្រី​ជាគូ​ស្វាមី​ភរិយា បុរស និង​ស្រ្តី មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺជា​រូប​កាយ​តែ​មួយ​វិញ” (មថ ១៩,៦) គេ​ជួយ​គ្នា​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមកដោយ​រួម​បវេណីផង និងដោយមានសកម្មភាពរួមផង។ ដូច្នេះគេ​ដឹងខ្លួនថា គេរួបរួម​គ្នា​ជា​ចិត្ត​ថ្លើម​តែ​មួយ និងរួបរួម​គ្នាកាន់​តែ​ជិត​ស្និទ្ធ​ឡើងៗផង។ អ្នកទាំងពីរប្រគល់ខ្លួនទៅវិញ​ទៅមកដោយរួម​បវេណី ទាម​ទារ​ឱ្យ​គូស្វាមី ភរិយាមាន​ចិត្ត​ស្មោះ​ភក្តី​ទាំង​ស្រុង និងរួមគ្នាមិនអាចបំបែក​បានឡើយ។

ខ. ព្រះគ្រីស្តជាអម្ចាស់បានប្រទានពរយ៉ាងបរិបូរណ៍លើសេចក្តីស្រឡាញ់នោះតាមទីដៅផ្សេងៗ។ សេចក្តី​ស្រឡាញ់​នោះ​ហូរ​ចេញមកពីព្រះជាម្ចាស់ ជាប្រភពនៃសេចក្តីស្រឡាញ់ និងតែងតាំងតាមនិមិត្តសញ្ញា​អំពី​ព្រះ​គ្រីស្ត​រួមជា​មួយ​ព្រះសហគមន៍។ កាលពីដើម ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីប្រកបដោយព្រះហឫទ័យស្រឡាញ់​ និង​ភក្តីស្មោះ​ជាមួយ​ប្រជារាស្រ្តព្រះអង្គយ៉ាងណា (ហស ២; យរ ៣,៦-១៣; អគ ១៦.២៣; អស ៥៤) សព្វ​ថ្ងៃ ព្រះសង្គ្រោះ​របស់​មនុស្សលោកជាព្រះស្វាមីនៃព្រះសហគមន៍ (មថ ៩,១៥; មក ២,១៩-២០; លក ៥,៣៤-៣៥​; យហ ៣,២៩; ២ករ ១១,២; អភ ៥,២៧; វវ ១៩,៧-៨; ២១,២.៩) ក៏យាងម​កជួប​គូ​ស្វាមី​ភរិយា​ជាគ្រីស្តបរិស័ទដោយ​សារ​អគ្គ​សញ្ញា​អាពាហ៍ពិពាហ៍យ៉ាងនោះដែរ។ ព្រះអង្គនៅតែ​សណ្ឋិត​នៅ​ជា​មួយ​គូស្វាមី​ភរិយាដែល​ប្រគល់រូបកាយគ្នា​ទៅ​វិញទៅមក ដើម្បីឱ្យគេអាចស្រឡាញ់​គ្នា​ដោយ​ចិត្តភក្តី​ស្មោះស្ម័គ្រ​ជានិច្ច​រហូត ដូចព្រះអង្គបានស្រឡាញ់ព្រះសហគមន៍ និង​បាន​បូជាព្រះជន្មសម្រាប់​ព្រះសហគមន៍​ដែរ (អភ ៥,២៥)។ ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់បានលើកយក​សេចក្តីស្រឡាញ់ដ៏ពិត​ប្រាកដ​របស់​គូស្វាមី​ភរិយា​ឱ្យ​ចូលរួមជាមួយ។ ឫទ្ធានុភាពរបស់ព្រះគ្រីស្តដែលរំដោះ​មនុស្ស​លោក និង​ព្រះ​សហគមន៍ដែល​មាន​សកម្មភាព​សង្គ្រោះមនុស្សលោកក៏ណែនាំសេចក្តីស្រឡាញ់នោះ និង​ប្រទានឱ្យ​មាន​តម្លៃ​ថ្មី​ទៅទៀត។ ដូច្នេះ សេចក្តី​ស្រឡាញ់នោះអាចណែនាំ​គូស្វាមីភរិយាទៅកាន់ព្រះជាម្ចាស់យ៉ាងស័ក្តិសិទ្ធិ អាច​ជួយ​គេ និងអាច​ជួយ​ពង្រឹង​គេ​ក្នុងបេសកកម្មដ៏ប្រសើរបំផុតជាឪពុក និងជាម្តាយ (ពន្លឺ ១១,៣៥,៤១)។ ហេតុ​នេះហើយ បាន​ជា​មាន​អគ្គសញ្ញា​មួយ​ដ៏​ពិសេស​ផ្តល់កម្លាំងដល់គូស្វាមីភរិយាជាគ្រីស្តបរិស័ទ ហាក់ដូចជាប្រសិទ្ធ​គេ ដើម្បីឱ្យ​គេ​អាច​បំពេញ​ភារកិច្ចរបស់​ខ្លួន​យ៉ាងសមរម្យ។ អានុភាពនៃអគ្គសញ្ញានេះជួយគេឱ្យ​បំពេញ​បេសកកម្ម​របស់ខ្លួន​ជា​គូស្វាមីភរិយា និងជាអ្នកណែនាំ​ក្រុម​គ្រួសារ។ ព្រះវិញ្ញាណ​របស់​ព្រះគ្រីស្ត​ក៏​ជ្រួត​ជ្រាប​ក្នុង​ការ​រស់នៅ​ទាំង​អស់​របស់​គេឱ្យគេមានជំនឿ មានសេចក្តីសង្ឃឹម និង​មានសេចក្តីស្រឡាញ់។ ដូច្នេះ គូ​ស្វាមី​ភរិយា​អាច​ឈាន​ទៅជាបុគ្គលកាន់តែ​ពេញ​លក្ខណៈ​ឡើងៗ និងអាចជួយគ្នា​ទៅវិញ​ទៅ​មក​ឱ្យ​បាន​វិសុទ្ធ​ទៀត​ផង។ គេក៏រួម​ចំណែក​លើក​តម្កើង​សិរីរុរឿង​របស់​ព្រះជាម្ចាស់។

គ. ដោយឪពុកម្តាយធ្វើជាគំរូ និងដោយគាត់រួមគ្នាអង្វរព្រះជាម្ចាស់ទុកជាមុនឱ្យកូនៗ ហើយសូម្បីតែអស់អ្នក​ដែល​រស់​នៅ​ក្នុងរង្វង់ក្រុមគ្រួសារ ក៏នឹងមានចិត្តប្រកបដោយមនុស្សធម៌យ៉ាងស្រួល ហើយ​រកផ្លូវទៅ​កាន់​ការ​សង្គ្រោះ និង​ឱ្យបានវិសុទ្ធ​យ៉ាងស្រួលដែរ។ រីឯគូស្វាមីភរិយាវិញ គេចម្រើនឡើងដោយមានកិត្តិយស​ដ៏ថ្លៃថ្នូរ​បំពេញ​តួនាទី​របស់ខ្លួន​ជា​ឪពុក​និង​ជាម្តាយ។ គាត់ក៏ខិតខំបំពេញភារកិច្ចអប់រំរបស់ខ្លួនដោយយកចិត្តទុកដាក់ គឺ​ជា​ភារកិច្ច​របស់​គាត់ផ្ទាល់ ជា​ពិសេស អប់រំកូនៗ​ខាងផ្លូវសាសនា។

ឃ. កូនៗ​ជាសមាជិកដ៏រស់រវើកនៃក្រុមគ្រួសារ។ គេជួយឪពុកម្តាយឱ្យបានវិសុទ្ធតាមរបៀបរបស់គេ។ គេ​អរគុណ​ឪពុក​ម្តាយ គេគោរពកោតខ្លាចគាត់ និងទុកចិត្តលើគាត់ទៀតផង។ ធ្វើដូច្នេះ គេពិតជាតបឆ្លើយនឹងគុណ​បុណ្យ​ឪពុក​ម្តាយ។ ក្នុងឋានៈជាបុត្រធីតាដ៏ល្អ គេជួយឪពុកម្តាយនៅគ្រាពិបាកប្រចាំជីវិត ជាពិសេស គេជួយ​ថែរក្សា​នៅពេល​គាត់ចាស់​ជរានៅឯកោ។ មនុស្សទាំងអស់ត្រូវតែគោរព បុរសពោះមាយ និងស្រ្តីមេមា៉យដែល​មាន​ចិត្តក្លាហាន​រស់នៅ​តាម​របៀប​ព្រះ​ជាម្ចាស់ត្រាស់ហៅឱ្យគេជា​គូស្វាមី​ភរិយាកាលពីមុននោះ (១ធម ៥,៣)។ ក្រុមគ្រួសារត្រូវចែក​រំលែកធនធានខាង​វិញ្ញាណ​ទៅវិញទៅមក ដោយចិត្តទូលាយ។ ក្រុមគ្រួសារ​គ្រីស្ត​បរិស័ទកើតដោយសារអាពាហ៍ពិពាហ៍ ជានិមិត្តសញ្ញា និង​ទទួល​ចំណែក​ក្នុងសម្ពន្ធមេត្រីប្រកបដោយ​សេចក្តី​ស្រឡាញ់​រវាងព្រះគ្រីស្តនិងព្រះសហគមន៍ (អភ ៥,៣២) ហេតុនេះ ក្រុមគ្រួសារ​គ្រីស្តបរិស័ទត្រូវ​បង្ហាញ​ឱ្យមនុស្សលោកឃើញវត្តមានដ៏រស់រវើករបស់ព្រះសង្គ្រោះក្នុងលោកនេះ និងលក្ខណៈដ៏ពិត​ប្រាកដ​របស់​ព្រះសហគមន៍។ គេបង្ហាញវត្តមាននេះដោយ​សេចក្តីស្រឡាញ់​ជាគូស្វាមីភរិយា ដោយបង្កើតកូនដោយ​ចិត្ត​ទូលាយ ដោយគេមានចិត្តស្មោះ​ភក្តីចំពោះគ្នានឹងគ្នា និងដោយសមាជិកទាំង​អស់ក្នុងក្រុមគ្រួសារ​នោះចេះ​សហការ​គ្នាផង។

៤៩- សេចក្តីស្រឡាញ់ជាគូស្វាមីភរិយា

ក. ព្រះបន្ទូលរបស់ព្រះជាម្ចាស់អញ្ជើញអ្នកភ្ជាប់ពាក្យឱ្យកាន់តាមសេចក្តីសន្យារបស់គេ និង​ស្រឡាញ់​គ្នាទៅ​វិញ​ទៅ​មក​យ៉ាងបរិសុទ្ធ។ ព្រះបន្ទូលក៏អញ្ជើញគូស្វាមីភរិយាឱ្យស្រឡាញ់គ្នាដោយឥតរសាយចិត្តឡើយ (កណ ២,២២-២៤; សុភ ៥,១៨-២០; ៣១,១០-៣១; តប ៨,៤-៨; បច ១,១-៣; ២,១៦; ៧,៨-១១; ១ករ ៧,៣-៦; អភ ៥,២៥-៣៣)។ មនុស្សជាច្រើននៅ​សម័យឥឡូវ ក៏លើក​តម្កើងសេចក្តីស្រឡាញ់ដ៏ពិត​ប្រាកដ​របស់​គូ​ស្វាមី​ភរិយា​ដែរ ដែលគេ​សម្តែង​តាមរបៀបផ្សេងៗស្របតាម​ប្រពៃណីដ៏ត្រឹម​ត្រូវ​របស់ប្រជាជននានា និង​ស្រប​តាម​អាយុរបស់គេផង។ សេចក្តីស្រឡាញ់នោះពិតជាមានលក្ខណៈជាមនុស្ស​យ៉ាងវិសេស ព្រោះ​សេចក្តី​ស្រឡាញ់​នោះហូរចេញមកពីបុគ្គលម្នាក់ ទៅ​កាន់​បុគ្គល​ម្នាក់ទៀត ដោយគេសម្រេចចិត្ត​ថា នឹង​មាន​សញ្ចេតនា​ស្រឡាញ់នោះ។ សេចក្តីស្រឡាញ់នោះផ្តល់​សេចក្តី​សុខដល់បុគ្គលទាំងស្រុង។ ហេតុនេះ សេចក្តី​ស្រឡាញ់​នោះអាចផ្តល់តម្លៃពិសេសដល់​កាយវិការ​ទាំង​ប៉ុន្មានដែលគូស្វាមីភរិយាប្រព្រឹត្តតាមរូបកាយ និង​ដល់​ជីវិត​នៃចិត្តគំនិតដែលបង្ហាញសេចក្តីស្រឡាញ់នោះផង។ សេចក្តី​ស្រឡាញ់​នោះបណ្តាល​ឱ្យ​កាយ​វិការ និង​របៀប​បញ្ចេញ​មនោសញ្ចេតនាទាំងនោះទទួលតម្លៃទុកជាកត្តា​ និងជា​សញ្ញា​សម្គាល់នៃការ​រាប់អាន​ផ្ទាល់​ក្នុង​លក្ខណៈ​ជាគូស្វាមីភរិយា។ ព្រះអម្ចាស់​បានប្រោសព្យាបាល​សេចក្តីស្រឡាញ់​នោះ និង​លើកតម្កើង​ឱ្យ​បាន​ពេញ​លក្ខណៈ ដោយព្រះអង្គប្រោសប្រណីយ៉ាង​ពិសេស​តាមព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះ​អង្គ។​ សេចក្តី​ស្រឡាញ់នោះបង្រួមបង្រួបលក្ខណៈ​ជាមនុស្សផង និង​លក្ខណៈជាព្រះជាម្ចាស់ផង និងណែនាំគូស្វាមី​ភរិយា​ឱ្យប្រគល់ខ្លួនឱ្យគ្នាទៅវិញទៅមកដោយសេរី។ អ្នកទាំងពីរបង្ហាញការប្រគល់ខ្លួននោះដោយបញ្ចេញមនោ​សញ្ចេតនា និង​ដោយធ្វើកាយវិការ​ថ្នាក់ថ្នមគ្នា។ សេចក្តី​ស្រឡាញ់នោះក៏ជ្រួតជ្រាប​ដល់ការ​រស់​នៅ​ទាំង​ស្រុង​របស់គេ​ទៀត​ផង។ លើស​ពីនេះទៅទៀត ​សេចក្តីស្រឡាញ់នោះកាន់តែពេញលក្ខណៈ និងចម្រើនឡើង ដោយ​គូស្វាមី​ភរិយាស្នេហាគ្នាជាញឹក​ដោយ​ចិត្ត​ទូលាយដែរ។ ដូច្នេះ សេចក្តីស្រឡាញ់នេះ ហួសពីតណ្ហាដែល​លម្អៀង​ទៅរកការភ្លើតភ្លើនតាមតណ្ហាឆ្ងាយណាស់។ ប្រសិន​បើគូស្វាមីភរិយាស្រឡាញ់គ្នាដោយ​សំអាង​តែ​លើ​លម្អៀងនៃតណ្ហាភ្លើត​ភ្លើនធម្មតានោះ សេចក្តីស្រឡាញ់​របស់គេមុខជាសាបសូន្យ​បាត់​ទៅ​យ៉ាង​ឆាប់ៗ និង​យ៉ាងសែនអណោចអធមជាពុំខានឡើយ។

ខ. សេចក្តីស្រឡាញ់នោះសម្តែងចេញតាមរបៀបពិសេសរបស់វា និងសម្រេចដោយគូស្វាមីភរិយាស្នេហាគ្នា ជា​កិច្ចផ្ទាល់​នៃការរស់នៅជាគូស្វាមីភរិយា។ ហេតុនេះហើយ បានជា​កាយវិការទាំងប៉ុន្មានដែលគូស្វាមីភរិយា​ប្រព្រឹត្ត​នៅពេល​ស្នេហា​ដ៏បរិសុទ្ធនោះ ពិតជាកិច្ចដ៏ល្អប្រកបដោយគុណធម៌ និង​សមរម្យ​ថ្លៃថ្នូរទៀតផង។ ប្រសិន​បើគូស្វាមីភរិយា​ស្នេហា​គ្នាតាមលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ កាយវិការទាំងនោះទៅជាសញ្ញា​សម្គាល់​បង្ហាញ​អំពីការប្រគល់ខ្លួន​ទៅ​វិញ​ទៅមក និងជួយសម្រួលការប្រគល់ខ្លួននោះទៀតផង។ ការប្រគល់​ខ្លួន​ទៅវិញទៅមកនោះក៏ផ្តល់ផល​ប្រយោន៍​ដ៏មាន​តម្លៃ​ដល់​គូស្វាមីភរិយា ទាំងមានអំណរសប្បាយ និង​អរគុណ​គ្នា​ផង។ គូស្វាមីភរិយា​ធ្វើពិធីទទួល​ស្គាល់​ការ​ប្តេជ្ញាចិត្តរបស់ខ្លួននឹងស្រឡាញ់គ្នាទៅ​វិញ​ទៅ​មក ជា​ពិសេស​ ព្រះគ្រីស្តប្រោសប្រសិទ្ធិឱ្យសេចក្តីស្រឡាញ់នោះ​បាន​វិសុទ្ធថែមទៀតផង ដោយ​អគ្គ​សញ្ញា​អាពាហ៍​ពិពាហ៍។ សេចក្តីស្រឡាញ់នោះនៅស្មោះភក្តីរលាយមិនបាន គឺភក្តីទាំង​រូបកាយ ទាំងគំនិត ទាំងនៅគ្រា​ស្រណុក និងនៅគ្រាវេទនា។ ហេតុនេះ សេចក្តីស្រឡាញ់់​បែប​នេះទាម​ទារ​មិន​ឱ្យ​លែង​លះគ្នា និង​មិន​ឱ្យក្បត់​ចិត្ត​គ្នា​បានឡើយ។ យើងត្រូវទទួលស្គាល់ថា ពេលគូស្វាមីភរិយាស្នេហាគ្នា​យ៉ាង​ពេញ​លក្ខណៈ នោះ បុរស​ និង​ស្រ្តី​មាន​កិត្តិយស​ដ៏ថ្លៃថ្នូរស្មើគ្នាក្នុងឋានៈជាបុគ្គល​ម្នាក់។ ភាពស្មើគ្នានោះបង្ហាញ​យ៉ាង​ច្បាស់ថា ត្រូវមាន​គូ​ស្រករ​តែ​មួយគត់​ដូចព្រះអម្ចាស់បានបញ្ជាក់ស្រាប់ហើយ។ គូស្វាមីភរិយាជាគ្រីស្តបរិស័ទត្រូវ​មាន​ព្រហ្មវិហារ​ធម៌​យ៉ាងខ្លាំង ទើបអាចកាន់តាមកាតព្វកិច្ច​របស់ខ្លួនដោយចិត្តព្យាយាមតាមតែព្រះជាម្ចាស់​ត្រាស់​ហៅគេ។ ហេតុ​នេះ បាន​ជា​ព្រះជាម្ចាស់ប្រោសប្រណីឱ្យគូស្វាមីភរិយាមានសមត្ថភាពអាចរស់នៅ​បែប​វិសុទ្ធ​នោះ​បាន។ អ្នក​ទាំងពីរត្រូវតែថែរក្សា​សេចក្តីស្រឡាញ់ឱ្យកាន់តែខ្លាំងឡើង​ ចេះអត់ទោសឱ្យគ្នាដោយចិត្តទូ​លាយ​ ប្រុង​ខ្លួន​បូជា​ជីវិតសម្រាប់គូរបស់ខ្លួន គឺ​លះបង់ប្រយោន៍របស់ខ្លួនជានិច្ច។ អ្នកទាំងពីរត្រូវតែអង្វរព្រះជាម្ចាស់ សូម​ព្រះអង្គ​ប្រោសឱ្យគេមានសេចក្តីស្រឡាញ់​បែបនោះផង។

គ. ត្រូវគោរពស្នេហាដ៏ពិតប្រាកដរបស់គូស្វាមីភរិយាយ៉ាងខ្ពង់ខ្ពស់បំផុត។ ប្រសិនបើគូស្វាមីភរិយា​ជាគ្រីស្ត​បរិស័ទ​ផ្តល់​សក្ខីភាព​យ៉ាងប្រសើរអំពីចិត្តស្មោះភក្តី អំពីការរស់នៅយ៉ាងសុខដុមរមនា ប្រសិនបើគេ​ស៊ូប្តូរ​ជីវិត​អប់រំ​កូនៗ ប្រសិន​បើគេ​ទទួល​ខុសត្រូវឱ្យរបៀបរស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារ​ប្រែជាថ្មី​តាម​សេចក្តី​ត្រូវការ​ក្នុងវិស័យវប្បធម៌ ចិត្តសាស្រ្ត និងសង្គម គេពិតជាជួយបង្កើតមតិសាធារណៈដ៏ត្រឹមត្រូវអំពី​សេចក្តី​ស្នេហា​នោះ។ ត្រូវបង្ហាត់យុវជន​ឱ្យទាន់​ពេលវេលា និងតាមសេចក្តីត្រូវការអំពីកិត្តិយស​ដ៏ថ្លៃថ្នូរ​នៃ​សេចក្តី​ស្នេហា​ជា​គូស្វាមីភរិយា អំពីគោលដៅ និងអំពី​របៀបប្រព្រឹត្តផងដែរ។ បើអប់រំយុវជនក្នុង​រង្វង់ក្រុម​គ្រួសារ ទើបប្រសើរជាងទទួលការបង្ហាត់នៅកន្លែងផ្សេង។ ដូច្នេះយុវជនដែលទទួលការ​អប់រំ​អំពី​ព្រហ្ម​ចរិយ​ធម៌ដល់ពេលកំណត់ គេអាច​រៀបអាពាហ៍ពិពាហ៍ រស់នៅជាគូស្វាមីភរិយា ក្រោយពីបាន​រស់នៅ​យ៉ាង​ថ្លៃថ្នូរ​តាំង​ពី​ពេលភ្ជាប់ពាក្យមក។

៥០- គូស្វាមីភរិយាបន្តពូជ

ក. លក្ខណៈផ្ទាល់នៃអាពាហ៍ពិពាហ៍ និងស្នេហាជាគូស្វាមីភរិយាមានគោលដៅតម្រង់ទៅបន្តពូជ និងអប់រំកូន។ កូនៗជាអំណោយទានដ៏​ប្រសើរ​បំផុតនៃការរស់ជាគូស្វាមីភរិយា ហើយ​ក៏ជួយផ្តល់សេចក្តីសុខ​ដល់​ឪពុក​ម្តាយ​យ៉ាងខ្លាំង​ដែរ។ ព្រះជាម្ចាស់មានព្រះបន្ទូល​ដោយផ្ទាល់ព្រះអង្គថា៖ “បើ​មនុស្សនៅតែឯង​មិនស្រួលទេ” (កណ ២,១៨)។ តាំងពីដើម​រៀង​មក ព្រះ​អង្គ​ប្រតិស្ឋានមនុស្សជាបុរស និងជាស្រ្តី (មថ ១៩,៤) ព្រះអង្គក៏​សព្វព្រះហឫទ័យ​ឱ្យមនុស្សទទួល​ចំណែក​ពិសេស​ក្នុងកិច្ច​ប្រតិស្ឋានរបស់ព្រះអង្គ ហេតុនេះហើយ បានជា​ព្រះអង្គ​ប្រទានពរឱ្យបុរស និង​ស្រ្តី​ថា៖ “ចូរបង្កើតកូនចៅ​ឱ្យបាន​កើន​ច្រើន​ឡើង” (កណ ១,២៨)។ ដូច្នេះ ស្នេហា​ដ៏​ពិតប្រាកដតាមការយល់​ឃើញ​យ៉ាង​ត្រឹមត្រូវ ដូច​រចនាសម្ពន្ធនៃ​ក្រុមគ្រួសារដែលហូរ​មក​ពី​ស្នេហា​នោះ ក៏​តម្រង់ទៅជួយឱ្យគូស្វាមីភរិយា​មាន​ចិត្ត​ទូលាយ​ សហការជា​មួយ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអាទិករ និងរបស់ព្រះសង្រ្គោះ គឺព្រះអង្គមាន​បំណង​ចង់ពង្រីក​មហាគ្រួសារ​របស់​ព្រះអង្គ និងឱ្យមហា​គ្រួសារ​នោះ​កាន់តែប្រសើរឡើងៗដោយសារគេ។ ទោះជាយ៉ាង​ណា​ក៏ដោយ ក៏​មិន​ត្រូវភ្លេច គោលដៅ​ឯទៀតៗ​នៃ​ការរស់នៅជាគូស្វាមីភរិយា​ដែរ។

ខ. គូស្វាមីភរិយា​មានភារកិច្ចផ្ទាល់នឹងបន្តជីវិត ហើយអប់រំកូន។ ត្រូវចាត់ទុកថា ភារកិច្ចនេះជាបេសកកម្ម​របស់អ្នក​ទាំងពីរផ្ទាល់។ គូស្វាមីភរិយា​ដឹងខ្លួនថា គេជាសហការីនៃព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់​ជា​ព្រះ​អាទិករ ហាក់​ដូច​ជា​បកស្រាយព្រះហឫទ័យស្រឡាញ់នោះឱ្យអ្នកដទៃស្គាល់។ ហេតុនេះហើយ បានជាគេត្រូវ​បំពេញបន្ទុកបន្តពូជទាំង​ទទួលការខុស​ត្រូវក្នុងឋានៈជាមនុស្សផង និងជាគ្រីស្តបរិស័ទផង។ ពេល​សម្រេច​ចិត្ត​បន្តពូជ​អ្នកទាំងពីរ​ត្រូវតែ​យល់​ព្រមនឹងគ្នា រួមគ្នា​ខិត​ខំរិះគិត សម្រេចចិត្ត​យ៉ាងទៀងត្រង់ ទាំងសុខចិត្ត​ស្តាប់​តាម​ព្រះបញ្ជារបស់ព្រះជាម្ចាស់​ដោយ​គោរព។ អ្នកទាំងពីរត្រូវរិះ​គិត​ថ្លឹងថ្លែងសេចក្តីសុខរបស់​ខ្លួន​ផ្ទាល់ សេចក្តី​សុខ​របស់កូនៗដែលកើតរួចហើយ ហើយ​សេចក្តីសុខកូនដែលនឹងកើត​នៅពេលអនាគត។ គេពិនិត្យ​ពិចារណា​អំពីសភាពការណ៍ខាងសម្ភារៈ និង​ខាង​វិញ្ញាណ​នា​សម័យ​គេរស់នៅ និងអំពី​សភាពការណ៍​របស់​ខ្លួន​គេ​ផ្ទាល់។ គេ​គិតគូរអំពីសេចក្តីសុខក្នុង​សហគមន៍ គ្រួសារ អំពីសេចក្តី​ត្រូវការ​របស់​សង្គមនៅនាលោកនេះ និង​អំពី​សេចក្តីត្រូវការ​របស់ព្រះសហគមន៍​ថែមទៀត​ផង។ គូស្វាមីភរិយាជា​គ្រីស្តបរិស័ទ​ត្រូវ​សម្រេចចិត្ត​បន្ត​ពូជដោយខ្លួនគេផ្តាល់តែម្តង នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ សូម​ឱ្យ​គូ​ស្វាមី​ភរិយា​ជាគ្រីស្តបរិស័ទ​ដឹង​ច្បាស់​ថា គេមិនអាចរស់នៅ និងប្រព្រឹត្តតាមអំពើចិត្តបានទេ តែគេ​មានកាតព្វកិច្ច​ប្រព្រឹត្ត​តាម​មនសិការ​របស់​ខ្លួន​ជានិច្ច គឺមនសិការដែលត្រូវស្របតាមធម្មវិន័យរបស់ព្រះជាម្ចាស់។ សូមឱ្យគូស្វាមី​ភរិយា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ការ​ណែនាំព្រះសហគមន៍ ដែលមានអំណាចអាចបកស្រាយធម្មវិន័យនោះ តាម​ពន្លឺនៃ​ដំណឹង​ល្អ។ ធម្ម​វិន័យ​របស់ព្រះជាម្ចាស់នេះសម្តែងយ៉ាងច្បាស់អំពីអត្ថន័យស្នេហារបស់គូស្វាមីភរិយាការពារ​សេចក្តីស្រឡាញ់ និងណែនាំសេចក្តីស្រឡាញ់នោះឱ្យមានលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ។ គូស្វាមីភរិយា​ត្រូវ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់ដែលថែរក្សាពិភពលោក និងត្រូវអប់រំខ្លួនឱ្យមានចិត្តលះបង់បូជាជីវិត (១ករ ៧,៥)។ ហេតុ​នេះ​ហើយ បាន​ជាពេលគូស្វាមីភរិយា​គ្រីស្តបរិស័ទ​ទទួល​ការ​ខុស​ត្រូវ​បំពេញ​មុខងារ​របស់​ខ្លួន​ជា​អ្នក​បន្តពូជ គេ​ទទួលការខុស​ត្រូវដោយ​ចិត្តទូលាយក្នុងឋានៈជាមនុស្សផង និងជាគ្រីស្តបរិស័ទផង។ ពេលនោះ គេ​លើកតម្កើងសិរីរុងរឿង​របស់​ព្រះ​ជា​ម្ចាស់ ហើយ​តម្រង់ខ្លួនទៅជាមនុស្សពេញលក្ខណៈក្នុងអង្គព្រះគ្រីស្ត។ ក្នុង​ចំណោមអស់អ្នកដែលបំពេញកិច្ចបន្តពូជ​ដែលព្រះ​ជាម្ចាស់បានផ្ញើទុកឱ្យបំពេញនោះ ត្រូវចាប់​អារម្មណ៍​យ៉ាង​ពិសេស​ចំពោះអ្នកដែលព្រមពៀងគ្នា ក្រោយពីបានពិគ្រោះ​ជា​មួយគ្នា សុខ​ចិត្តបង្កើតកូនឱ្យបានច្រើន និង​អប់រំ​ឱ្យបានថ្លៃថ្នូរដោយចិត្តទូលាយ។

គ. ប៉ុន្តែ ព្រះជាម្ចាស់តែងតាំងការរស់នៅជាគូស្វាមីភរិយា​មិនគ្រាន់តែសម្រាប់បន្តពូជប៉ុណ្ណោះទេ។ លក្ខណៈ​ផ្ទាល់​របស់​សម្ពន្ធមេត្រីចងបុរស និងស្រ្តីដែលស្រាយមិនបាន ហើយសេចក្តីសុខរបស់កូនៗទាមទារឱ្យ​សេចក្តី​ស្រឡាញ់​របស់​គូស្វាមីភរិយា​បានទៀងត្រង់ និងរីកចម្រើនឡើងៗជាលំដាប់។ ហេតុនេះហើយ ត្រូវចាត់ការ​រស់​នៅ​របស់គូ​ស្វាមី​ភរិយា​ដែលគ្មានកូន ផ្ទុយ​នឹង​បំណងប្រាថ្នាយ៉ាងខ្លាំងរបស់គេទុក​ជាសហគមន៍​មួយ និង​ជា​ការ​រួបរួមទាំងស្រុង​ប្រចាំជីវិតដែល​នៅតែមានតម្លៃយ៉ាងថ្លៃថ្នូរ និងមិនអាចស្រាយបានដែរ។

៥១- ស្នេហារបស់គូស្វាមីភរិយា ​និងការគោរពជីវិត

ក. មហាសន្និបាតដឹងច្បាស់ថា សព្វថ្ងៃគូស្វាមីភរិយាដែលមានបំណង​ចង់ណែនាំ​ការរស់​នៅ​របស់​ខ្លួន​យ៉ាង​សមរម្យ ត្រូវតែប្រឈមមុខជាញឹកញាប់នឹងសភាពការណ៍ជីវភាពខ្លះៗមិនស្រួល គ្មានលទ្ធភាព​អាច​បង្កើន​ចំនួន​កូន​របស់ខ្លួន​បាន​ឡើយ ​យ៉ាងហោចណាស់ក្នុងរយៈពេលមួយប៉ុណ្ណោះ។ ហេតុនេះ គេពិបាកប្រព្រឹត្ត​តាម​សេចក្តីស្នេហា​ដ៏ស្មោះភក្តី​របស់​គេ និងរួមរស់​យ៉ាង​ពេញលេញ​តាម​ឋានៈជាគូស្វាមីភរិយាដែរ។ ប្រសិនបើគូ​ស្វាមី​ភរិយា​ដាច់រួមបវេណី គេ​ប្រហែល​ពិបាក​ស្រឡាញ់​គ្នាយ៉ាងស្មោះភក្តី ហើយក៏អាច​បណ្តាល​ឱ្យ​សេចក្តី​សុខ​របស់​កូនៗពិបាកដែរ។ នៅក្នុង​ករណី​នោះ ការអប់រំ​កូនៗក៏​សែន​ពិបាក ហើយគូស្វាមីភរិយា​ប្រហែល​នឹង​ខ្វះ​សេចក្តីក្លាហានទទួលកូននៅពេល​ក្រោយត​ទៅ​ទៀត។

ខ. មានគូស្វាមីភរិយាខ្លះហ៊ានដោះស្រាយបញ្ហាទាំងនេះតាមរបៀបទុច្ចរិតខុសវិន័យ រហូតដល់ហ៊ាន​សម្លាប់កូន​ទៅ​ទៀត។ ព្រះសហគមន៍សូមរម្លឹកថា វិន័យទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ណែនាំអំពីការបន្តជីវិត និងវិន័យ​ដែល​ជួយឱ្យ​សេចក្តីស្រឡាញ់​ដ៏ពិតប្រាកដរបស់គូស្វាមីភរិយាចម្រើនឡើងមិនទាស់ទែងគ្នាឡើយ។

គ. ព្រះជាម្ចាស់​ជាប្រភពនៃជីវិត ព្រះអង្គបានផ្ញើមុខងារបន្តជីវិ​តឱ្យមនុស្សលោក ជាមុខងារដ៏ប្រសើរថ្លៃថ្នូរ។ មនុស្ស​ត្រូវតែបំពេញមុខងារនេះតាមរបៀបគាប់ព្រះហឫទ័យព្រះអង្គ។ ហេតុនេះហើយ បានជា​ត្រូវរក្សា​ទុក​ជីវិត​តាំងតែពីពេល​ទារកចាប់ផ្ទៃមក ដោយ​យកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។ ការពន្លូតកូន ឬការធ្វើឃាតកូនពិត​ជាបទឧក្រិដ្ឋដ៏​អប្រិយ​គួរឱ្យស្អប់ខ្ពើមណាស់។ គុណ​សម្បត្តិរបស់​មនុស្សដែលមាន​ភេទ និង​ដែល​មាន​អំណាច​អាច​បង្កើតកូន​ប្រសើរ​អស្ចារ្យ ច្រើនជាងគុណសម្បត្តិ​សត្វ​ឯទៀតៗដែលមានជីវិតកម្រិតទាប។ ហេតុ​នេះ​ហើយ បានជាគូស្វាមីភរិយា​ត្រូវ​គោរពកាយវិការពិសេស​ដែលខ្លួនប្រព្រឹត្តសម្រាប់បន្ត​ជីវិតយ៉ាង​ខ្លាំង​ ឱ្យ​បាន​ស្របតាមតម្លៃថ្លៃថ្នូរដ៏ពិតប្រាកដ​របស់​មនុស្ស។ ពេល​គូស្វាមីភរិយាត្រូវសម្រួលស្នេហា នឹងការបន្ត​ជីវិត​ក្នុង​ឋានៈជាអ្នកទទួលខុសត្រូវ​នោះត្រូវនឹកគិតថា​ ចរិយាសីលធម៌ក្នុងការ​ប្រព្រឹត្ត​មិន​អាស្រ័យ​តែ​លើ​ចិត្ត​គំនិតដ៏ស្មោះត្រង់របស់គេ ឬមិនអាស្រ័យដោយគេថ្លឹងថ្លែង​មូលហេតុ​ផ្សេងៗប៉ុណ្ណោះទេ តែត្រូវ​សម្រេច​ចរិយា​សីលធម៌តាមកត្តាខ្លះដែលប្រកែកមិនបាន ដែលហូរមកពី​លក្ខណៈ​របស់បុគ្គល និងសភាពនៃកិច្ចការ​ដែល​គេ​ប្រព្រឹត្ត​នោះ​វិញ។ លក្ខណៈសម្រាប់ថ្លឹងថ្លែងវិនិច្ឆ័យទាំងនោះ ក៏គោរព​អត្ថន័យ​របស់គូស្វាមីភរិយាដែល​ប្រគល់​ខ្លួន​ឱ្យគ្នាទៅវិញទៅមក និងអត្ថន័យនៃកិច្ចបន្តជីវិត ស្របតាមលក្ខណៈ​ខ្លួនគេ​ជាមនុស្ស ក្នុង​បរិយាកាសនៃសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដ។ប្រសិនបើ​គូស្វាមីភរិយា​មិន​ប្រព្រឹត្ត​តាម​ព្រហ្មចារីធម៌​ដោយ​ចិត្តស្មោះទេ គេមិន​អាចសម្រេចដូច្នេះបានឡើយ។ អំពីការពន្យា​រកំណើត​កូន បុត្រធីតា​នៃ​ព្រះ​សហ​គមន៍ដែល​អនុវត្ត​តាមគោល​ការណ៍​ព្រះសហគមន៍ គ្មានសិទ្ធិប្រព្រឹត្តតាមមាគ៌ាដែល​ការ​ណែនាំ​ព្រះ​សហគមន៍​មិន​យល់ព្រមនោះទេ ព្រោះ​ការ​ណែ​នាំ​នេះមាន​តូនាទីបកស្រាយធម្មវិន័យរបស់ព្រះជាម្ចាស់។

ឃ. សូមឱ្យមនុស្សទាំងអស់ជ្រាបយ៉ាងច្បាស់ថា មិនត្រូវនឹកគិតអំពីជីវិតមនុស្ស និងអំពី​បន្ទុក​បន្តពូជ​នោះ ដោយ​នឹក​ត្រឹមតែពីលោកនេះប៉ុណ្ណោះទេ ហើយក៏គ្មានអត្ថន័យយ៉ាងពេញលេញត្រឹមតែក្នុង​លោកនេះដែរ។ ត្រូវ​រិះគិត​អំពី​ជីវិតមនុស្ស​ និង​បន្ទុក​នៃការបន្តពូជ ដោយនឹកជានិច្ចដល់វាសនារបស់មនុស្ស ជាវាសនាដែល​នៅ​ស្ថិតស្ថេរ​អស់កល្បជា​និច្ចវិញ។

៥២- មនុស្សទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងតម្លៃនៃការរស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារ

ក. ក្រុមគ្រួសារហាក់ដូចជាសាលាអប់រំមនុស្សឱ្យចម្រើនឡើង។ ក៏ប៉ន្តែ ក្រុមគ្រួសារនេះ ទាមទារ​ឱ្យ​សមាជិក​ទាំង​អស់​រួបរួម​គ្នាដោយចិត្តថ្លើមតែមួយ ឱ្យគូស្វាមីភរិយាចែករំលែកគំនិតយោបល់របស់ខ្លួន ហើយក៏ទាមទារ​ឱ្យ​ឪពុក​ម្តាយ​យកចិត្ត​ទុក​ដាក់​រួម​សហការ​ក្នុងកិច្ចអប់រំកូនៗដែរ ទើបក្រុមគ្រួសារនេះអាចទៅដល់ជីវិត​របស់​ខ្លួន​យ៉ាង​ពេញលេញ និងអាច​បំពេញ​បេសកកម្ម​របស់​ខ្លួនឱ្យបានពេញលក្ខណៈ។ ឪពុកត្រូវ​មានវត្តមាន​យ៉ាង​សកម្មទើបគាត់អាចជួយជាខ្លាំង​ក្នុង​ការ​អប់រំកូនបាន។ ក៏​ប៉ុន្តែកូនៗ ជាពិសេស កូនៗតូចជាងគេត្រូវការ​ម្តាយ​ជា​ចំាបាច់។ ហេតុនេះហើយ ​បានជា​ត្រូវ​បណ្តោយឱ្យម្តាយមានលទ្ធភាពអាច​ថែ​ទាំក្រុម​គ្រួសារ​របស់ខ្លួន​បាន។ តែមិនត្រូវបំភ្លេចថា សិទ្ធិស្រ្តីកំពុងចម្រើនឡើងក្នុងសង្គម​ដែរ។ សូមអប់រំកូនៗយ៉ាងណាដើម្បីឱ្យនៅ​ពេល​វា​ពេញវ័យ វា​ចេះទទួលខុសត្រូវ អាចតបឆ្លើយនឹងព្រះជាម្ចាស់​ត្រាស់​ហៅ​គេ។ ប្រសិនបើព្រះអង្គ​ត្រាស់​ហៅ​ឱ្យគេកាន់សាសនា គេនឹងអាច​ជ្រើស​រើសរបៀបរស់នៅរបស់ខ្លួន។ ប្រសិន​បើ​គេ​រៀបអា​ពាហ៍ពិពាហ៍ ឱ្យ​គេ​អាច​បង្កើតក្រុមគ្រួសាររបស់ខ្លួនផ្ទាល់បាន ដោយ​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់តាម​សីល​ធម៌ តាម​សង្គម និង​តាមសេដ្ឋកិច្ចទៀតផង។ ឪពុកម្តាយ ឬអាណាព្យាបាលមានភារកិច្ចណែនាំកូនៗដោយ​ទូន្មាន​គេ​ដោយ​ប្រាជ្ញាក្នុងការរៀបអាពាហ៍ពិពាហ៍។ ទោះបី​យុវជនចូលចិត្តស្តាប់​គាត់ក្តីក៏គាត់ត្រូវប្រយ័ត្ន កុំបង្ខំចិត្តគេ​ដោយ​ត្រង់ៗ ឬដោយប្រយោល ជំរុញគេឱ្យរៀបអាពាហ៍ពិពាហ៍ ឬឱ្យជ្រើសរើសគូ​ស្រករ។

ខ. ក្រុមគ្រួសារពិតជាកន្លែងដែលមនុស្សច្រើនតំណអាចជួបគ្នាបាន និងអាច​ជួយគ្នាទៅវិញទៅមក ឱ្យ​ទទួល​ប្រាជ្ញា​កាន់តែ​ទូលំ​ទូលាយ​ឡើងដែរ។ ក្រុមគ្រួសារក៏ពិតជាកន្លែងសម្រួលសិទ្ធិបុគ្គលម្នាក់ៗ ជាមួយសិទ្ធិបុគ្គល​ដទៃ​ទៀត​ក្នុងសង្គម​ផង។ ហេតុ​នេះ​ហើយ បានជាក្រុមគ្រួសារពិតជាគ្រឹះនៃសង្គមមែន។ អស់លោក​អ្នក​ដែល​មាន​ឥទ្ធិពល​លើសហគមន៍​នា​នា និងនៅលើ​ក្រុម​ផ្សេងៗក្នុងសង្គមត្រូវ​យក​ចិត្ត​ទុកដាក់ពង្រឹងការ​រស់នៅ​ជា​គូស្វាមី​ភរិយា និងក្រុមគ្រួសារយ៉ាង​សកម្ម។ សូមឱ្យ​រដ្ឋអំណាចទទួល​ស្គាល់លក្ខណៈ​ដ៏ពិតប្រាកដ​នៃការរស់​នៅ​ជា​គូស្វាមីភរិយា និងជាក្រុមគ្រួសារថែ​រក្សា​ការពារ និង​ធ្វើ​ឱ្យការរស់នៅជាគូស្វា​មីភរិយា និង​ជាក្រុមគ្រួសារ​ចម្រើន​ឡើង ការពារសីលធម៌សាធារណៈ និង​ជួយ​ជីវភាព​ក្រុម​គ្រួសារ​ទៀតផង។ សូមឱ្យ​រដ្ឋអំណាច​ចាត់​ទុក​ថា ការទាំងនោះជាកាតព្វកិច្ចដ៏សក្ការៈរបស់ខ្លួន។ ត្រូវ​ធានា​សិទ្ធិ​ឪពុក​ម្តាយ​ឱ្យបង្កើតកូន និងសិទ្ធិឱ្យអប់រំ​កូនៗ​ក្នុង​រង្វង់ក្រុមគ្រួសារដែរ។ ត្រូវបង្កើតក្បួនច្បាប់ និងឱ្យមានក្រុម​ផ្សេង​ៗដើម្បីការពារ និងផ្តល់ជំនួយ​តាម​សេចក្តី​ត្រូវការដល់អស់អ្នកដែលបាត់បង់ក្រុម​គ្រួសារដែលគួរឱ្យ​អាណិត។

គ. គ្រីស្តបរិស័ទចេះ​ប្រើ​ប្រាស់​ពេល​វេលា (អភ ៥,១៦ កូឡ ៤,៥) ត្រូវ​វែកញែកអ្វីៗដែលនៅស្ថិតស្ថេរអស់កល្ប​ជានិច្ច និង​អ្វីៗដែលតែងតែប្រែប្រួល ហើយត្រូវពង្រឹងតម្លៃនៃការរស់នៅជាគូស្វាមីភរិយា និងជាក្រុម​គ្រួសារ​យ៉ាង​សកម្ម។ គេនឹង​ផ្តល់​សក្ខីភាពអំពីការរស់នៅរបស់ខ្លួនគេផ្ទាល់ផង និងដោយ​រួមសហការជាមួយ​អស់​មនុស្សដែលមានឆន្ទៈល្អផង។ ធ្វើ​ដូច្នេះ ​គេដកសេចក្តីពិបាកចេញពីក្រុមគ្រួសារ ផ្គត់ផ្គង់សេចក្តីត្រូវការ​របស់​ក្រុម​គ្រួសារ និងធានាឱ្យក្រុមគ្រួសារទាំងនោះ​ទទួល​អត្ថប្រយាជន៍នៃ​សម័យទំនើបដូចគេដែរ។ គំនិតទូទៅ​របស់​គ្រីស្ត​បរិស័ទ មនសិការដ៏ទៀងត្រង់របស់មនុស្ស​លោក​ខាង​សីលធម៌ ប្រាជ្ញា និងសមត្ថភាព​របស់​អស់​អ្នក​ដែល​រៀនខាងវិជ្ជាសាសនា មុខជានឹងជួយយ៉ាងខ្លាំងឱ្យគោល​ការណ៍​ទាំងនោះបានសម្រេច។

ឃ. អ្នកបច្ចេកទេសខាងវិទ្យាសាស្រ្ត ជាពិសេស​ អ្នកបច្ចេកទេសខាងជីវវិទ្យា វិជ្ជាពេទ្យ សង្គមវិទ្យា ចិត្តវិទ្យាសុទ្ធតែ​អាច​ជួយពង្រឹងការរស់នៅជាគូស្វាមីភរិយា និងក្រុមគ្រួសារ និងជួយធ្វើឱ្យមនសិការបានស្ងប់ស្ងៀម។ អ្នក​បច្ចេកទេស​ទាំងនោះអាច​ធ្វើការសិក្សាសំដៅទៅទិសដៅតែមួយ និងយកចិត្តទុក​ដាក់​បញ្ជាក់​កាន់តែ​ច្បាស់​អំពី​សភាពការណ៍ ដែលជួយ​មនុស្សក្នុងកិច្ច​ពន្យារ​កំណើតកូនផង។

ង. អស់លោកបូជាចារ្យដែលទទួលការអប់រំអំពីក្រុមគ្រួសារ មានភារកិច្ចជួយគាំទ្រគូស្វាមីភរិយាឱ្យរស់នៅតាម​ឋានៈ​របស់​ខ្លួនជារបៀបរស់នៅដែលព្រះជាម្ចាស់ត្រាស់ហៅគេ។ ត្រូវ​ជួយគេតាមមធ្យាបាយ​ផ្សេងៗ​នៃ​ការ​ណែនាំ ដោយ​ធ្វើពិធី​អត្ថាធិប្បាយព្រះបន្ទូលព្រះជាម្ចាស់ជូនគេ ដោយធ្វើពិធីគោរពប្រណិប័តន៍ផ្សេងៗ និង​ដោយ​ផ្តល់​ជំនួយឯទៀតៗ​ខាង​ព្រះវិញ្ញាណ​ផង។ ត្រូវមានចិត្តមេត្តា និងអត់​ធ្មត់ខន្តី ជួយ​ពង្រឹង​គេឱ្យ​ឆ្លង​កាត់​ការ​ពិបាក​នានារបស់គេ។ ត្រូវលើក​ទឹកចិត្ត​គេ​ដោយ​ចិត្ត​ស្រឡាញ់ ដើម្បីឱ្យគេទៅជា​ក្រុម​គ្រួសារបញ្ចេញ​រស្មីដ៏​ត្រចះ​ត្រចង់អំពីសុខដុមរមនាយ៉ាងពិតប្រាកដ។

ច. មានអង្គការផ្សេងៗ ដូចជាសមាគមក្រុមគ្រួសារយកចិត្តទុកដាក់បង្រៀនលទ្ធិនៃគ្រីស្តសាសនា និងមាន​សកម្មភាព បង្រៀនយុវជន និងគូស្វាមីភរិយា ជាពិសេស គូស្វាមីភរិយាថ្មីៗឱ្យរស់នៅជាក្រុមគ្រួសារ ក្នុងសង្គម និង​ឱ្យ​ទៅជាគ្រីស្តទូតថែមទៀតផង។

ឆ. នៅទីបញ្ចប់ សូមឱ្យគូស្វាមីភរិយាដែលព្រះជាម្ចាស់ប្រតិស្ឋានឱ្យមានលក្ខណៈដូចព្រះអង្គ ដែលមាន​ព្រះ​ជន្ម​គង់​នៅ គឺគូស្វាមីភរិយាដែលរស់នៅតាមរបៀបរៀបរយដ៏ពិតប្រាកដ សូមរួមគ្នាដោយចិត្តថ្លើមតែមួយ មាន​គំនិត​តែមួយ ជួយគ្នា​ឱ្យបានវិសុទ្ធទៅវិញទៅមក។ សូមដើរតាមព្រះគ្រីស្តជាដើម​កំណើត​នៃជីវិត (រម ៥,១៥.​១៨; ៦,៥-១១; កាឡ ២,២០) ទាំងឆ្លងកាត់អំណរសប្បាយ ទាំងបូជាជីវិត​តាមតែព្រះជាម្ចាស់​ត្រាស់ហៅ​ឱ្យ​រស់​នៅ​ជា​គូស្វាមី​ភរិយា​នោះ។ ដោយសេចក្តីស្រឡាញ់ដ៏ស្មោះភក្តីថែមទៀត សូមឱ្យគូស្វាមីភរិយាទាំងនោះ​ទៅជាសាក្សីអំពី​គម្រោងការ​ដ៏អស្ចារ្យ​នៃ​ព្រះហឫទ័យស្រឡាញ់ ដែលព្រះអម្ចាស់បាន​សម្តែង​ឱ្យមនុស្ស​លោក​ស្គាល់ ដោយព្រះអង្គ​សោយ​ទិវង្គត​ និងមាន​ព្រះ​ជន្មថ្មីដ៏រុងរឿង។ (ភាគទី២)

ជំពូក ២
អំពីការចម្រើននៃវប្បធម៌

៥៣- អារម្ភកថា

ក. មនុស្សបានពេញលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដដោយសារអរិយធម៌។ មានតែមនុស្សប៉ុណ្ណោះទេ​ដែល​មាន​ដូច្នេះគឺថា មនុស្សចេះថែទាំសម្បត្តិធម្មជាតិ និង​អ្វីដែលមានតម្លៃក្នុងធម្មជាតិនោះ។ ធម្មជាតិ និង​វប្បធម៌​ជាប់​ជាមួយគ្នា​យ៉ាង​ជិត​ស្និទ្ធបំផុតនៅគ្រប់ពេលដែលយើងនិយាយអំពីជីវិតមនុស្ស។

ខ. តាមអត្ថន័យទូលំទូលាយ ពាក្យ “វប្បធម៌” សំដៅទៅលើអ្វីៗដែលមនុស្សប្រើប្រាស់ដើម្បីសំលៀងចិត្តគំនិត​ឱ្យ​កាន់​តែស្រួច និងដើម្បីពង្រឹង​សមត្ថភាពផ្សេងៗនៃវិញ្ញាណ និងរូបកាយរបស់ខ្លួនផង។ មនុស្ស​ខិតខំ​រៀន​ឱ្យ​មាន​ចំណេះចេះដឹង និង​ធ្វើការ​ដើម្បីត្រួតត្រាពិភពលោក ធ្វើឱ្យការរស់នៅរបស់ខ្លួនក្នុងសង្គម ទាំងការ​រស់នៅ​ជា​ក្រុមគ្រួសារក្តី ទាំងការរស់​នៅ​ជាប្រជាពលរដ្ឋក្តីមានលក្ខណៈជាមនុស្ស ដោយ​អភិវឌ្ឍន៍​កិរិយាមារយាទ​ឱ្យ​កាន់​តែ​ប្រសើរឡើង និងធ្វើឱ្យស្ថាប័ន​នានាចម្រើនឡើង។ មនុស្ស​តែងតែ​ចែក​រំលែក​បទ​ពិសោធន៍​ដ៏ប្រសើរ​ខាង​វិញ្ញាណ និងសេចក្តីប៉ងប្រាថ្នា​ដ៏សំខាន់ៗ​របស់​មនុស្ស​ជាតិ បញ្ជូនឱ្យអ្នកដទៃស្គាល់ ដោយ​បញ្ចេញ​បទពិសោធន៍​នោះរក្សាទុកតាមស្នាដៃរបស់ខ្លួន ដើម្បីជួយ​អភិវឌ្ឍន៍​មនុស្សជាច្រើន និង​មនុស្សលោក​ទាំង​មូល​ទៀតផង។

គ. ហេតុនោះហើយ បានជាវប្បធម៌របស់មនុស្សពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ត និងសង្គមជៀស​ផុត​មិន​បាន។ បើ​ដូច្នេះ​មែន តាមធម្មតា​ពាក្យ “វប្បធម៌” ទទួលអត្ថន័យសំដៅទៅលើការរស់នៅក្នុងសង្គម និងសំដៅ​ទៅ​លើ​របៀបរស់​នៅ​តាម​ជាតិ​សាសន៍​នានាដែរ។ បើយល់តាមរបៀបនេះយើងអាច​និយាយថា មានវប្បធម៌ជាច្រើន​អនេក។ មនុស្ស​រស់​នៅ​តាមរបៀបប្លែកៗពីគ្នា គេតែងតែរាប់អ្វីៗដែលថ្លៃជាងគេ​ និងអ្វីៗ​ថោកទាបជាងគេតាម​របៀប​ប្លែកៗពីគ្នា នេះមកពី​របៀប​មនុស្សធ្លាប់ប្រើប្រាស់វត្ថុមកពីរបៀបគេធ្លាប់ធ្វើការ មកពីរបៀបគេធ្លាប់និយាយ ឬ​បញ្ចេញ​យោបល់ មកពីរ​បៀប​គេ​កាន់​សាសនា មកពីរបៀបគេកាន់កិរិយាមាយាទ មកពីគេ​បង្កើត​ច្បាប់​ប្លែក​ពី​គ្នា មកពីគេតែងតាំង​ស្ថាប័នកាត់​ក្តី​ប្លែក​ពី​គ្នា មកពីរបៀបគេពង្រឹងវិទ្យាសាស្រ្ត និងសិល្បៈប្លែកពីគ្នា និង​ជួយ​ថែ​រក្សាអ្វីៗ​ដ៏ល្អប្រណិតដែរ។ ហេតុនេះ តាមទំនៀម​ទម្លាប់​ជាកេរអាករពីដូនតាមកក្នុង​សហគមន៍​មនុស្ស​នីមួយៗកើត​បេតិកភ័ណ្ឌ​ផ្ទាល់របស់គេ។ យ៉ាងណាមិញ មាន​កើត​បរិស្ថាន​វប្បធម៌ម្យ៉ាងខាងប្រវត្តិសាស្រ្ត ហើយ​មនុស្ស​ម្នាក់ៗទោះជា​ជាតិណា ឬរ​ស់នៅសតវត្សរ៍ណាក្តីក៏ចូលរស់នៅ​ក្នុង​បរិស្ថាន​នោះ។ មនុស្សក៏​យោង​នូវ​អ្វីៗដែលខ្លួនរាប់ថា មានតម្លៃ​ដ៏ថ្លៃ​ថ្នូរ​ជាងគេពីបេតិកភ័ណ្ឌ​នោះ​យកមកអភិវឌ្ឍន៍​អរិយធម៌។

វគ្គទី ១
សភាពការណ៍នៃវប្បធម៌ក្នុងពិភពលោកនាបច្ចុប្បន្នកាល

៥៤- របៀបរស់នៅថ្មី

សភាពការណ៍មនុស្សទំនើប ទាំងតាមផ្លូវសង្គមក្តី ទាំងតាមផ្លូវប្បធម៌ក្តីបានប្រែប្រួលជាច្រើន ហេតុដូច្នេះហើយ បាន​ជា​យើងអាចនិយាយអំពី​យុគសម័យ​ថ្មីដែលកើតក្នុងប្រវត្តិសាស្រ្តមនុស្សលោក។ ហេតុនេះ មានមាគ៌ាថ្មីៗជាច្រើនអាច​ជួយ​ពង្រឹងវប្បធម៌ឱ្យកាន់តែប្រសើរឡើង និងអាចជួ​យពង្រីកវប្បធម៌លើគ្រប់វិស័យ។ វិទ្យាសាស្រ្តធម្មជាតិ វិទ្យាសាស្រ្ត​មនុស្ស​ជាតិ និងវិទ្យាសាស្រ្តសង្គម​អភិវឌ្ឍន៍យ៉ាងច្រើនសន្ធឹក បច្ចេកទេស និងមធ្យោបាយទូរគមនាគមន៍ក៏​អភិវឌ្ឍន៍ឡើង និងចាត់ចែងកាន់តែប្រសើរឡើង បានជួយបើកមាគ៌ាថ្មីៗនោះ​យ៉ាង​សកម្ម។ យើងអាចសនិ្នដ្ឋានថា វប្បធម៌​ទំនើប​មាន​លក្ខណៈដូចតទៅ៖

* វិទ្យាសាស្រ្តដែលសំអាងលើគណិតសាស្រ្ត បណ្តោយឱ្យមនុស្សចេះរិះគន់ថ្លឹងថ្លែងយ៉ាងខ្លាំងជាអតិបរមា។
* ការស្រាវជ្រាវរកអំពីចិត្តសាស្រ្តទំនើបៗ ពន្យល់សកម្មភាពរបស់មនុស្សដោយពិនិត្យមើលជម្រៅចិត្តរបស់គេ។
* ប្រវត្តិវិទ្យាជំរុញមនុស្សឱ្យយល់ឃើញថា អ្វីៗទាំងអស់ចេះតែប្រែប្រួល និងវិវឌ្ឍន៍ជានិច្ច។
* ទំនៀមទម្លាប់ និងរបៀបរស់នៅរបស់មនុស្សទូទៅតម្រង់ទៅរស់នៅ​តាមរបៀប​ដូចគ្នា​ដដែលៗ​កាន់តែ​ខ្លាំង​ឡើងៗ។
* ឧស្សាហូបនីយកម្ម (ការរស់នៅតាមប្រទេសមានរោងចក្រជាច្រើន) នគរូបនីយកម្ម (ប្រជាជននៅជនបទ​មក​រស់​នៅទីក្រុង) និងមូលហេតុផ្សេងៗទៀត ដែលជួយដល់ការរស់នៅរួមជាមួយគ្នាឱ្យបង្កើតទៅជា​វប្បធម៌​ប្លែក​ពី​មុន គឺវប្បធម៌ “មនុស្ស​រួម”។ ពីវប្បធម៌មនុស្សរួមនោះ កើតរបៀបគិតគូរថ្មី របៀបប្រព្រឹត្តថ្មី និង​របៀបប្រើ​ប្រាស់​ពេល​លំហែកាយថ្មី។ នៅពេល​ជាមួយគ្នានេះ ជាតិនានា និងក្រុមសង្គមផ្សេងៗចេះតែ​ប្តូរ​អ្វីៗ​ដែល​គេ​មាន ជាមួយ​ជាតិ និងក្រុម​ឯទៀតៗ​កាន់​តែ​ច្រើនឡើងៗដែរ ដែលនាំឱ្យជាតិនានា និងក្រុមផ្សេងៗគ្នាក្នុងសង្គមម្នាក់ៗ និងមនុស្សទាំងអស់​នាំគ្នាស្គាល់តម្លៃ​ដ៏​ថ្លៃ​ថ្នូ​រនៃ​វប្បធម៌​ផ្សេងៗ។បន្តិចម្តងៗមានកើតវប្បធម៌​កាន់តែ​សកល​ម៉្យាងដែលជំរុញឱ្យមនុស្សរួបរួមគ្នាជាធ្លុងតែមួយ។ វប្បធម៌សកលបែបនោះសម្តែង​បញ្ជាក់​ពីការ​រួបរួម​គ្នា​នោះ លុះត្រា​តែការ​រួបរួម​គ្នានោះគោរពវប្បធម៌នីមួយៗ​ដែលមាន​តម្លៃប្លែកៗពីគ្នានោះ។

៥៥- មនុស្សធ្វើឱ្យវប្បធម៌ចម្រើនឡើង

បុរស និងស្រ្តី ទោះជាជាតិសាសន៍ ឬជាក្រុមណាក្តីមាន​ចំនួនកាន់​តែ​កើនឡើងជាលំដាប់ដែលដឹងខ្លួនថា គេ​បង្កើត​ និង​ពង្រឹងវប្បធម៌សហគមន៍​របស់​គេ។ បំណងអំពីស្វ័យភាព និងបំណងចង់​ទទួលខុសត្រូវក៏នៅតែ​ចម្រើនឡើង​ក្នុង​ពិភពលោក​ទាំងមូលដែរ។ បំណងទាំងពីរនោះមានសារៈសំខាន់សម្រាប់ឱ្យមនុស្សជាតិបានពេញវ័យ​តាម​វិញ្ញាណផង​ និង​តាម​សីលធម៌ផង។ យើង​ជាគ្រីស្តបរិស័ទ​មានភារកិច្ចប្រមែប្រមូលមនុស្សលោកឱ្យរួបរួមគ្នាជាធ្លុងតែមួយ និង​មាន​បេសកកម្ម​សាងសង់ពិភពលោកឱ្យកាន់តែល្អប្រសើរឡើងៗតាមសេចក្តីពិត និងយុត្តិធម៌ ​យើង​មុខ​ជាឃើញ​សេចក្តីនេះ​កាន់​តែ​ច្បាស់។ ហេតុនេះ យើងជាសាក្សីឃើញថា មានលទ្ធិមនុស្សនិយម​ថ្មីកើត​ឡើង គឺរបៀបរស់នៅថ្មីក្នុងឋានៈ​ជា​មនុស្ស។ តាមលទ្ធិមនុស្សនិយមថ្មីនោះ គឺគេរាប់រកតម្លៃមនុស្សដោយខ្លួនគេចេះទទួល​ខុសត្រូវលើ មនុស្ស​ឯទៀតៗ​ជាបងប្អូន និងនៅចំពោះមុខ​ប្រវត្តិសាស្រ្តទៀតផង។

៥៦- ការពិបាក និង​ភារកិច្ច

ក. ក្នុងសភាពការណ៍បែបនេះមិនគួរឱ្យឆ្ងល់ថា មនុស្សដែលដឹងខ្លួនថា គេជាអ្នកទទួល​ខុសត្រូវ​លើការ​អភិវឌ្ឍន៍​វប្បធម៌ ម៉្យាង​មាន​សេចក្តីសង្ឃឹមយ៉ាងខ្លាំងណាស់ ម៉្យាងព្រួយបារម្មណ៍ដោយខ្លួនត្រូវដោះស្រាយ​បញ្ហាខ្លះដែល​ជំទាស់គ្នា។

ខ. មនុស្សប្តូរអ្វីៗតាមផ្លូវវប្បធម៌កាន់តែច្រើនឡើង។ ការប្តូរទាំងនោះអាចបណ្តោយ​ឱ្យក្រុម និងជាតិ​ផ្សេងៗ​អាច​សន្ទនា​ជាមួយ​គ្នាបានយ៉ាងពិតប្រាកដ និងអាចបង្កើតផលផ្លែល្អបានដែរ។ តើត្រូវធ្វើយ៉ាងណាកុំឱ្យការប្តូរ​ទាំងនោះបណ្តាល​ឱ្យ​ការរស់​របស់​សហគមន៍នានាជ្រួលច្របល់ គឺនាំឱ្យប្រាជ្ញាញាណពីបរមបុរាណ​មក​បរាជ័យ​វិនាសបាត់បង់? ឬក៏នាំឱ្យ​ទេពកោសល្យរបស់​ប្រជាជន​នីមួយ​ៗវិនាសបាត់បង់?

គ. បើយើងជួយវប្បធម៌ថ្មីនោះឱ្យមានកម្លាំង និងមានជីវិតរស់រវើក ព្រមទាំងជួយឱ្យវប្បធម៌ថ្មីនោះ​លាតត្រដាង​កាន់តែ​ឆ្ងាយ​ទៅៗ តើត្រូវធ្វើយ៉ាងណា​ឱ្យមនុស្សកាន់តាមបេតិកភ័ណ្ឌនៃប្រពៃណីរបស់ខ្លួនបានដោយ​មិន​វិនាស​បាត់បង់? បញ្ហា​នេះ​ចោទឡើងយ៉ាងធ្ងន់ធ្ងរ ជាពិសេស ​នៅ​ពេលត្រូវសម្រួលវប្បធម៌ដែលជាលទ្ធផល​ដ៏​សន្ធឹក​របស់វិទ្យាសាស្រ្ត​ និង​របស់​បច្ចេកទេសឱ្យបានស្របតាមវប្បធម៌​ដែល​កើតឡើង​ពី​ការ​សិក្សា​ធម្មតា​ខាង​អក្សរសិល្ប៍​ពីបុរាណមក ត្រូវតាម​ប្រពៃណី​ប្រជាជន​នីមួយៗ​នោះ។

ឃ. ការសិក្សាឯកទេសបែ្លកៗពីគ្នាយ៉ាងឆាប់រហ័ស និងកាន់ខ្លាំងលឿនទៅៗ។ តើ​ត្រូវធ្វើយ៉ាងណា​ឱ្យ​ការសិក្សា​បែប​នោះអាចសម្រួលគ្នានឹងធ្វើសំយោគ​ជាចាំ​បាច់​បាន? តើសភាពការណ៍នេះអាច​សម្រួល​ជាមួយ​ភារកិច្ច​រក្សា​ទុកឱ្យ​មនុស្ស​លោកមានសមត្ថភាព​អាចតាំងអារម្មណ៍​ធ្វើសមាធិ និង​ស្ងើចសរសើរព្រះជាម្ចាស់​ជាកិច្ច​អាច​ណែនាំ​មនុស្ស​ទៅកាន់​ប្រាជ្ញាញាណ​បាន?

ង. តើត្រូវធ្វើយ៉ាងណាឱ្យមនុស្សទាំងអស់អាចទទួលចំណែកនៃវប្បធម៌បាន បើវប្បធម៌របស់អភិជនចេះតែខ្ពស់​ឡើងៗ ហើយកាន់តែស្មុគស្មាញទៀតផង?

ច. វប្បធម៌ទាមទារស្វ័យភាពដ៏ត្រឹមត្រូវ។ តើត្រូវធ្វីយ៉ាងណាដើម្បីកុំឱ្យវប្បធម៌ទៅជាទ្រឹស្តីមនុស្សនិយម ​ដែល​កើត​ពី​លោកីយ៍សុទ្ធសាធ បណ្តាលឱ្យជំទាស់នឹងសាសនា?

ឆ. សព្វថ្ងៃវប្បធម៌ត្រូវតែចម្រើនឡើងដោយឆ្លងកាត់បញ្ហាទាំងប៉ុន្មាននោះដែលទាស់ទែងគ្នា។ វប្បធម៌ត្រូវជួយឱ្យ​បុគ្គលម្នាក់ៗ​រីកចម្រើនឡើងទាំងស្រុងតាមសម្រួល។ វប្បធម៌ក៏ត្រូវជួយមនុស្សលោកឱ្យបំពេញ​បន្ទុក​របស់​ខ្លួនដែរ តាមតែព្រះ​ជា​ម្ចាស់​បានត្រាស់ហៅ ជាពិសេស វប្បធម៌ក៏ត្រូវជួយគ្រីស្តបរិស័ទដែលរួមគ្នាជាបងប្អូនក្នុង​រង្វង់នៃ​មហាគ្រួសារ​តែ​មួយ​របស់មនុស្ស​លោក។

វគ្គទី ២
គោលការណ៍ខ្លះៗអំពីការចម្រើនវប្បធម៌

៥៧- ជំនឿ និងវប្បធម៌

ក. គ្រីស្តបរិស័ទកំពុងតែធ្វើដំណើរទៅកាន់បុរីនៃលោកខាងមុខ។ គេត្រូវស្វែង​រក ​និងភ្លក់ឱជារសនៃអ្វី​ៗ​នៅ​ស្ថាន​លើ (កូឡ ៣,១-២)។ សេចក្តីនេះបន្ថៃមកាតព្វកិច្ចយ៉ាងធ្ងន់របស់គេឱ្យរួមសហការជាមួយមនុស្សទាំងអស់ សាង​សង់ពិភព​លោក​ដែលមានលក្ខណៈជាមនុស្សដ៏ពិតប្រាកដ។ ការស្វែងរក​អ្វីនៅស្ថានលើ មិន​បន្ថយ​កាតព្វកិច្ច​នេះ​សោះ។ តាមពិត​ជំនឿ​របស់គ្រីស្តបរិស័ទចំពោះ​ព្រះយេស៊ូដែលសោយទិវង្គត និងមាន​ព្រះជន្ម​ថ្មី​ដ៏​រុងរឿង ជំរុញ និង​គាំទ្រ​គេ​យ៉ាងខ្លាំង គឺនាំ​ឱ្យសម្ទុះនៃការបេ្តជ្ញាចិត្ត​បំពេញបន្ទុកនេះ ហើយជាពិសេស ធ្វើឱ្យ​គេ​អាច​ទទួលស្គាល់អត្ថន័យពេញលេញ​នៃ​សមកម្មភាព​ទាំង​ប៉ុន្មាន ដែលអាចផ្តល់ឱ្យវប្បធម៌មានមុខងារ​ដ៏​សំខាន់ តាមទីដៅដែលព្រះជាម្ចាស់បានកំណត់​ទុកឱ្យមនុស្សលោក។

ខ. ពេលកសិករភ្ជួររាស់ស្រែចម្ការរបស់ខ្លួនដោយផ្ទាល់ដៃ ឬដោយប្រើម៉ាស៊ីនតាមបច្ចេកទេសទំនើប គេ​ចង់​ឱ្យ​ស្រែ​នេះ​ផ្តល់​ភោគផល និងទៅជាដំណាក់ដ៏គួរសម សម្រាប់មហាគ្រួសារទាំងមូលរបស់មនុស្ស។ យ៉ាង​ណា​មិញ ពេលមនុស្ស​ទទួល​ចំណែកក្នុងការ​រស់នៅរបស់ក្រុមផ្សេងៗក្នុងសង្គម គេធ្វើ​ឱ្យគម្រោងការ​របស់​ព្រះ​ជាម្ចាស់​បាន​សម្រេច។ តាំង​ពីដើម​ដំបូង​មកម៉្លេះ ព្រះអង្គបានសម្តែងគម្រោងការនេះ គឺឱ្យមនុស្ស​ត្រួតត្រា​ផែនដី (កណ ១,២៨)។ គេបង្ហើយព្រះ​រាជ​កិច្ចរបស់ព្រះអង្គដែល​ប្រតិស្ឋានសត្វលោក ហើយគេក៏ថែទាំខ្លួន​ឯង​ផង។ នៅពេលជាមួយគ្នានោះ មនុស្សធ្វើតាម​ព្រះបញ្ជាដ៏ប្រសើរបំផុតរបស់ព្រះគ្រីស្ត ដែលព្រះអង្គសូម​ឱ្យ​ប្តេជ្ញាចិត្តបម្រើមនុស្សដូចគ្នាទុកជាបងប្អូន។

គ. លើសពីនេះទៅទៀត ពេលមនុស្សយកចិត្តទុកដាក់រៀនវិទ្យាផ្សេងៗ គឺទស្សនវិទ្យា ប្រវត្តិវិទ្យា គណិតវិទ្យា​ វិទ្យាសាស្រ្តធម្មជាតិ។ល។ ពេលមនុស្សយកចិត្តទុកដាក់នឹងសិល្បៈ គេអាចជួយណែនាំមហាគ្រួសារ​របស់​មនុស្ស​លោកឱ្យយកចិត្តទុកដាក់ និងអ្វីៗដែលមានតម្លៃដ៏ថ្លៃថ្នូរ គឺអ្វីៗដែលពិត អ្វីៗដែលល្អ អ្វីដែលសប្បុរស ព្រម​ទាំង​ឱ្យយល់​ដល់​អ្វី​ដែល​មានតម្លៃសកល។ គាត់ទទួលរស្មីថ្មីពីព្រះ​ប្រាជ្ញាញាណដ៏គួរស្ងើចសរសើរដែល​គង់​នៅ​ក្បែរព្រះអង្គតាំងពីដើមរៀងមក ធ្វើជា​មេជាងចាត់ចែងអ្វីៗទាំងអស់រួមជាមួយព្រះអង្គ លេងកំសាន្ត​នៅ​លើ​ផែនដី ហើយមានអំណរ​នៅ​ក្នុង​ចំណោម​មនុស្សលោក (សុភ ៨,៣០-៣១)។

ឃ. ដោយមនុស្សធ្វើដូច្នេះ ចិត្តគំនិតរបស់គេលែងទៅជាទាសកររបស់វត្ថុទាំងឡាយទៀតហើយ គេស្រួលលើក​ខ្លួន​ឱ្យ​ស្ងប់ស្ងាត់ធ្វើសមាធិ និងសញ្ជឹងគិតដល់ព្រះអាទិករ។ លើសពីនេះទៅទៀត ដោយព្រះជាម្ចាស់ប្រោស​ប្រណី​ គេរៀប​ខ្លួនដើម្បីទទួល​ស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មុនពេលព្រះបន្ទូលនោះប្រសូតជាមនុស្ស ដើម្បី​សង្រ្កោះមនុស្សលោក​និង​ប្រមូល​អ្វីៗ​ទាំងអស់ក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ ព្រះបន្ទូល​គង់នៅក្នុង​ពិភពលោក​រួចហើយក្នុងឋានៈ​ជាពន្លឺ​បំភ្លឺ​មនុស្ស​គ្រប់ៗ​រូប (យហ ១,៩-១០)។

ង. ការអភិវឌ្ឍន៍ទំនើបនៃវិទ្យាសា្រស្ត និងបច្ចេកទេសផ្សេងៗតាមវិធីផ្ទាល់របស់ខ្លួន គ្មានសមត្ថភាពស្ទង់មើល​អត្ថន័យ​ដ៏​ជ្រៅ​នៃវត្ថុទាំងឡាយទេ។ ប្រសិនបើមនុស្សប្រើវិធីស្រាវជ្រាវតាមវិទ្យាសា្រស្ត និងបច្ចេកទេសទាំង​នោះទុកជាក្បួន​តម្រា​ដ៏ខ្ពង់ខ្ពស់​បំផុតក្នុង​ការ​ស្វែងរកសេចក្តីពិត គេមុខជា​នឹង​ស្គាល់តែអភូតហេតុ​ខាងក្រៅ​ប៉ុណ្ណោះ ហើយមិន​អាចស្គាល់ព្រះណាបានឡើយ។ នៅពេលជា​មួយគ្នានេះយើងក្រែងខ្លាចថា មនុស្ស​ទុកចិត្ត​ខ្លាំង​ពេក​លើអ្វីៗដែលគេ​បាន​រក​ឃើញតាមវិទ្យាសា្រស្ត​ទំនើប​ផ្សេងៗទាំងនោះ ហើយនាំគ្នាស្មានថា ជីវិត​អាស្រ័យ​តែលើខ្លួនផ្ទាល់ មិនត្រូវការ​ស្វែង​រក​អ្វីដ៏មានតម្លៃប្រសើ​រជាងនេះ​ទៀតទេ។

ច. ទោះជាវប្បធម៌ទំនើបបណ្តាលឱ្យកើតផលអវិជ្ជមាន គឺផលអាក្រក់ក្តី ក៏យើង​មិនត្រូវចាញ់ការ​ល្បួង​ដោយ​ស្មាន​ថា ផលអាក្រក់​ទាំង​ប៉ុន្មាន​នោះហូរចេញមកពីលក្ខណៈនៃវប្បធម៌ទំនើបនោះដែរ។ ផ្ទុយទៅវិញ យើង​ត្រូវយក​ចិត្ត​ទុកដាក់​ទទួល​តម្លៃដ៏ខ្ពង់ខ្ពស់នៃវប្បធម៌នោះ ដែល​អាច​ជួយមនុស្សលោកបាន។ ក្នុងចំណោម​ផលវិជ្ជមាន​ទាំង​នោះ យើងត្រូវ​កត់​សម្គាល់​សេចក្តីដូចតទៅគឺ៖

  • មនុស្សចូលចិត្តនឹងវិទ្យាសា្រស្ត ហើយមានចិត្តស្មោះភក្តីដែលមិនចេះរសាយទៅលើសេចក្តីពិត ក្នុងការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសា្រស្ត
  • មនុស្សត្រូវការធ្វើការរួមគ្នាជាពួកៗ ក្នុងក្រុមដែលមានឯកទេស
  • មនុស្សមានគំនិតសាមគ្គីអន្តរជាតិកាន់តែខ្លំាងឡើងៗ
  • អ្នកប្រាជ្ញមានមនសិការទទួលខុសត្រូវកាន់តែច្បាស់ថា ខ្លួនមានបន្ទុកជួយ និងការពារមនុស្សលោក
  • គេមានបំណងចង់ឱ្យមនុស្សទាំងអស់មានជីវភាពគួរសម ជាពិសេស អស់អ្នកដែល​មិនអាច​ទទួល​ខុស​ត្រូវបាន ឬ​ដែល​ខ្វះ​ខាតខាង​វប្បធម៌។
  • តម្លៃទាំងនោះហាក់ដូចជារៀបចំចិត្តគំនិតមនុស្សលោកឱ្យ​ទទួលសារនៃ​ដំណឹង​ល្អ និងទទួលព្រះហឫទ័យ​ស្រឡាញ់​របស់ព្រះគ្រីស្ដ ដែលយាងមកសង្គ្រោះមនុស្សលោក និងធ្វើ​ឱ្យមនុស្សទទួលស្គាល់ព្រះអង្គយ៉ាង​ពិត​ប្រាកដ។

៥៨- ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្តមានទំនាក់​ទំនងជាច្រើន​ជាមួយ​វប្បធម៌

ក. ដំណឹង​ល្អ​អំពី​ការ​សង្រ្គោះរបស់ព្រះគ្រីស្ត​មាន​ចំណងពាក់ព័ន្ធជា​ច្រើនផ្នែកជា​មួយ​វប្បធម៌។ ព្រះ​ជាម្ចាស់​បាន​សម្តែងព្រះ​អង្គ​ឱ្យ​ប្រជារាស្រ្តព្រះអង្គ​ស្គាល់តាម​វប្បធម៌​ច្រើនបែប​នៃប្រជារាស្រ្តនេះ ស្របតាមសម័យ​នីមួយៗ​រហូត​ដល់​ពេលសម្តែង​ព្រះអង្គយ៉ាងពេញលេញសព្វ​គ្រប់​ ឱ្យ​មនុស្ស​លោក​ស្គាល់ដោយព្រះ​បុត្រា​ដែល​ប្រសូត​ជា​មនុស្ស។

ខ. យ៉ាង​ណា​មិញ តាំង​ពី​ដើម​រៀង​មក ព្រះសហគមន៍បាន​រស់​នៅ​តាម​របៀប​ផ្សេង​ៗ​ពីគ្នាដែរ។ ព្រះសហគមន៍​ក៏​បាន​ប្រើធនធាននៃអរិយធម៌​ផ្សេងៗតាមប្រជាជាតិនា​នា និង​តាម​សម័យនីមួយៗដើម្បីផ្សព្វផ្សាយ និង​បក​ស្រាយ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ត​នេះឱ្យ​ជន​ជាតិ​ទាំង​ឡាយ និងដើម្បីយល់អត្ថន័យដំណឹងល្អនេះ​កាន់​តែ​ច្បាស់ និង​កាន់តែជ្រៅទៅៗថែម​ទៀត។ ព្រះសហគមន៍ក៏បាន​ប្រើ​ធនធាន​នៃ​អរិយធម៌​ផ្សេងៗទាំងនោះ ដើម្បី​ប្រកាស​ដំណឹង​ល្អឱ្យកាន់តែប្រសើរឡើង តាម​ពិធី​គោរពប្រណិប័តន៍នានាៗ និងតាមរបៀប​រស់​នៅប្លែកៗ​ពី​គ្នា​នៃ​សហគមន៍​គ្រីស្ត​បរិស័ទ​ទៀត​ដែរ។

គ. ព្រះជា​ម្ចាស់ចាត់​ព្រះ​សហគមន៍​ឱ្យ​ទៅ​ប្រកាស​ដំណឹង​ល្អជូនមនុស្ស​គ្រប់​ជាតិ​សាសន៍និងនៅ​គ្រប់​សម័យ និង​ទៅ​គ្រប់​ទីកន្លែង។ ដូច្នេះ ព្រះ​សហគមន៍​មិន​ជាប់ចំណង​ដែលស្រាយមិនបាន​ជាមួយ​សាសន៍​ណា ឬ​ជាតិ​ណា​មួយ​សោះ។ ព្រះ​សហគមន៍​ក៏​មិន​ជាប់​ចំណង​នឹង​របៀប​រស់​នៅ​នៃប្រទេស​ណា​មួយ ឬ​ជាប់​ចំណង​នឹង​ទំនៀម​ទម្លាប់​ចាស់ ឬថ្មី​ដែរ។ ទោះ​បី​ព្រះ​សហគមន៍​ស្មោះនឹងការបញ្ជូនបន្ត​របស់​ខ្លួន​ផ្ទាល់​ក្តី ក៏ព្រះសហគមន៍ដឹង​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​បានផ្ញើ​បេសកកម្ម​សម្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍​ក្នុង​ពិភព​លោកទាំងមូល​ដែរ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​សហគមន៍​អាច​ទាក់​ទង​ និង​ចូល​រួបរួមជាមួយ​អរិយធម៌​នានា​បាន។ ធ្វើ​ដូច្នេះ ព្រះ​សហ​គមន៍​មុខ​ជា​ទទួល​ផល​ដ៏ប្រសើរសម្រាប់​ខ្លួន​ផ្ទាល់ និង​បង្កើត​ផល​ដ៏ប្រសើរសម្រាប់​វប្បធម៌​នានាផង​ដែរ។

ឃ. ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្តប្រែការរស់នៅ និង​វប្បធម៌​របស់​មនុស្ស​បាប​ឱ្យបាន​ថ្មីជា​និច្ច។ ដំណឹង​ល្អ​នេះ​ត​ទល់​ប្រឆាំង​នឹង​គំនិតវង្វេង ព្រមទាំងប្រឆាំងនឹង​ការអាក្រក់​គ្រប់​យ៉ាង​ដែល​បណ្តាល​មក​ពី​កិលេស​តណ្ហា​បញ្ឆោត​មនុស្ស​ឥត​ឈប់ឈរឱ្យ​ប្រព្រឹត្ត​អំពើ​បាប។ ដំណឹង​ល្អ​នេះ​ក៏នៅ​តែ​ជម្រះ ​និងលើកសីលធម៌​ប្រ​ជា​ជន​នានាឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង។ ដោយ​ព្រះ​សហគមន៍​ទទួល​សម្បត្តិសួគ៌​ពី​ព្រះ​ជា​ម្ចាស់​មក ព្រះ​សហគមន៍​ហាក់​ដូចជា​អាចប្រោសអរិយធម៌ពីខាង​ក្នុងធ្វើឱ្យគុណសម្បត្តិ​ខាងវិញ្ញាណ និងទេពកោសល្យផ្ទាល់របស់​ប្រជាជន​នីមួយៗ និងរស់នៅក្នុង​សម័យនីមួយៗអាច​បង្កើតផលបាន។ ព្រះ​សហគមន៍​ពង្រឹងគុណសម្បត្តិ និង​ទេពកោសល្យ​ទាំងនោះឱ្យបាន​រឹង​ប៉ឹង និងប្រោសឱ្យ​បាន​ពេញ​លក្ខណៈ ព្រម​ទាំង​ឱ្យមានកម្លាំង​ថ្មី​ដោយ​រួម​ក្នុង​អង្គ​ព្រះ​គ្រីស្ត (អភ ១,១០)។ ដូច្នេះ​ ពេល​ព្រះ​សហគមន៍​បំពេញ​បេសកកម្ម​របស់​ខ្លួន ព្រះ​សហគមន៍​ក៏​រួម​សហ​ការ​ជា​មួយ​អ្នក​ដទៃ​ រួចហើយធ្វើឱ្យ​អរិយធម៌របស់​គេ​រីក​ចម្រើន​ឡើង និង​ជំរុញ​គេធ្វើ​ឱ្យ​អរិយធម៌​ជាតិ​ខ្លួន​ចម្រើន​ឡើង​ដែរ។ សកម្មភាព​របស់​ព្រះ​សហគមន៍ សូម្បីបើតែ​សកម្មភាព​ខាង​ពិធី​គោរពប្រណិប័តន៍ក៏​ជួយ​អប់រំ​សេរីភាព​ក្នុង​ចិត្ត​របស់​មនុស្ស។

៥៩- ត្រូវសម្រួលវប្បធម៌

ក. តាមសេចក្តីដែលយើងបានចែងខាងលើ ព្រះសហគមន៍រំម្លឹកមនុស្សទាំងអស់ថា វប្បធម៌ត្រូវមានគោលដៅ​អភិវឌ្ឍន៍​បុគ្គលម្នាក់ៗទាំងស្រុង ព្រមទាំងនាំផលប្រយោជន៍ដល់សហគមន៍ និងដល់មនុស្សជាតិទាំង​មូល។ ហេតុ​នេះ ត្រូវ​យកចិត្តទុកដាក់អប់រំចិត្តគំនិតមនុស្ស ដើម្បីពង្រីកសមត្ថភាពរបស់គេ​ឱ្យចេះស្ងើច​សរសើរ ឱ្យ​ចេះ​នឹកសញ្ជឹងគិត និង​ឱ្យ​ចេះវិនិច្ឆ័យដោយផ្ទាល់ខ្លួនបាន ព្រមទាំងនាំគេឱ្យ​ចេះគិត​ដល់សាសនា ដល់សីល​ធម៌ និង​ដល់​សង្គមផង។

ខ. ដោយវប្បធម៌ហូរចេញមកពីលក្ខណៈមនុស្សដែលចេះរិះគិត និងរស់នៅក្នុងសង្គមវប្បធម៌ត្រូវការ​សេរីភាព​យ៉ាង​ត្រឹម​ត្រូវ​ជានិច្ច ទើបវប្បធម៌អាចរីកចម្រើនឡើងបាន។ វប្បធម៌ក៏ត្រូវការស្វ័យភាពដ៏គួរសម ទើបអាច​ប្រព្រឹត្ត​កិច្ចការ​ស្រប​តាម​គោល​ការណ៍​របស់ខ្លួន។ ហេតុនេះ ប្រសិនបើវប្បធម៌រក្សាសិទ្ធិ​បុគ្គល​ម្នាក់ៗ និងរក្សា​សិទ្ធិ​សង្គមដោយយក​ប្រយោជន៍​រួមជាព្រំ​ដែន វប្បធម៌មានសិទ្ធិឱ្យគេគោរព ហើយ​ក៏មិន​ត្រូវ​ឱ្យ​គេ​រំលោភ​សិទ្ធិ​សេរីភាពរបស់ខ្លួនដែរ។

គ. មហាសន្និបាតដ៏វិសុទ្ធនេះយកសេចក្តីប្រៀនប្រដៅនៃមហាសន្និបាតវ៉ាទីកង់ទី១ ​ទុកជាការប្រៀនប្រដៅ​របស់​ខ្លួន​ផ្ទាល់ សូមប្រកាសថា៖ “មានកម្រិតចំណេះចេះដឹ​ងពីរយ៉ាងប្លែកពីគ្នា” គឺមួយជា​ចំណេះចេះដឹងតាមជំនឿ ហើយ​មួយ​ទៀត​ជាចំណេះចេះដឹងតាមប្រាជ្ញា។ ព្រះសហគមន៍មិនជំទាស់នឹងសិល្បៈ​ និង​ចំណេះ​វិទ្យា​របស់​មនុស្ស​លោកដែល​យក​គោលការណ៍ និងវិធីផ្ទាល់មកប្រើតាមវិស័យរៀងៗខ្លួនឡើយ។ ហេតុនេះ ព្រះសហ​គមន៍ “ទទួលស្គាល់​សេរីភាព​ដ៏ត្រឹមត្រូវនេះ” ហើយសូមប្រកាសថា វប្បធម៌ ជាពិសេស វិទ្យាសាស្រ្តនានាមាន​ស្វ័យ​ភាពពិតមែន។

ឃ. ការទាំងនេះទាមទារឱ្យមនុស្សមានសេរីភាពអាចស្វែងរកសេចក្តីពិត មានសិទ្ធិធ្វើឱ្យគេស្គាល់យោបល់​របស់​ខ្លួន និងមាន​សិទ្ធិសេរីភាពផ្សព្វផ្សាយ​យោបល់របស់ខ្លួន ព្រមទាំងធ្វើតាមទំនោរ​ចិត្តខាង​សិល្បៈ​តាម​ខ្លួន​ជ្រើស​រើស។ មនុស្សមាន​សេរីភាព​បែបនេះ លុះត្រាតែគេនៅតែរក្សារបៀបរៀបរយខាងសីលធម៌ និងមិន​បំផ្លាញ​ប្រយោជន៍​រួម។ ត្រូវឱ្យគេ​ទទួល​ស្គាល់ព្រឹត្តិការណ៍នៃជីវិតសាធារណៈថែមទៀតផង។

ង. ចំពោះរដ្ឋអំណាចវិញ រដ្ឋអំណាចមានភារកិច្ចតែងតាំងសភាពការណ៍​ និងចាត់ចែងវិធានការណ៍​ ដើម្បីជួយ​ជីវិត​វប្បធម៌ឱ្យមានប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់ ដោយមិនបំភ្លេចជនភាគតិច។ រដ្ឋអំណាចគ្មានភារកិច្ច​បញ្ជាក់​អំពី​លក្ខណៈ​ពិសេស​នៃអរិយធម៌ទេ។ ហេតុនេះហើយ បានជាត្រូវជៀសវាងមិនឱ្យគេយកវប្បធម៌មក​ប្រើ​ខុស​ពីគោលដៅ​របស់​ខ្លួន និងមិនឱ្យស្ថិតនៅក្រោមអំណាចអ្នកនយោបាយ ឬអំណាចអ្នក​សេដ្ឋកិច្ច​ជា​ដាច់​ខាត។

វគ្គទី ៣
អំពីភារកិច្ចជាបន្ទាន់ខ្លះរបស់គ្រីស្តបរិស័ទចំពោះវប្បធម៌

៦០- មនុស្សទាំងអស់មានសិទ្ធិស្គាល់វប្បធម៌ ​និងប្រព្រឹត្តកិច្ចការផ្សេងៗតាមវប្បធម៌ដែរ

ក. សព្វថ្ងៃ យើងមានលទ្ធភាពរំដោះមនុស្សភាគច្រើនឱ្យរួចពីវិបត្តិនៃភាពអវិជ្ជា។ ហេតុនេះ មនុស្សសម័យ​ឥឡូវ ជាពិសេស គ្រីស្តបរិស័ទមានភារកិច្ចដ៏សំខាន់មួយ គឺខិតខំធ្វើយ៉ាងណាឱ្យគេសម្រេចវិធានការជាគ្រឹះ ទាំង​នៅវិស័យសេដ្ឋកិច្ចក្តី នៅវិស័យនយោបាយក្តី ទោះនៅក្នុងប្រទេសរបស់ខ្លួនក្តី នៅអន្តរជាតិក្តី ដើម្បីឱ្យគេ​ទទួល​ស្គាល់ថា មនុស្ស​ទាំងអស់នៅគ្រប់កន្លែង ដោយឥតប្រកាន់ជាតិសាសន៍ ប្រកាន់ភេទ សាសនា ជាតិ ឋានៈ វណ្ណៈ មាន​សិទ្ទិស្គាល់​វប្បធម៌ និងយកមកអនុវត្តតាមដែរ។ សិទ្ធិនេះ​ពិតជា​ស្រប​តាម​តម្លៃ​ដ៏ថ្លៃថ្នូរ​របស់​មនុស្ស​មែន។ ហេតុនេះ ត្រូវផ្តល់សម្បត្តិគ្រប់គ្រាន់​ខាង​វប្បធម៌ ជាពិសេស សម្បត្តិ​វប្បធម៌​ជាគ្រឹះ​ជូន​មនុស្ស​ម្នាក់ៗ ដើម្បីឱ្យមនុស្សទាំងអស់អាចរួមសហការរក​ប្រយោជន៍រួម តាមលក្ខណៈជាមនុស្សសុទ្ធសាធ។ សព្វថ្ងៃ​ នៅ​តែមានមនុស្សមួយ​ចំនួនធំណាស់មិនអាច​រួមសហការ​ក្នុងការរកប្រយោជន៍រួមនេះ ព្រោះគេមិនចេះអក្សរ ហើយ​គ្មានគំនិតផ្តើមកិច្ចការអ្វីមួយឡើយ។ ត្រូវតែជួយ​អ្នក​ទាំងនោះកំុឱ្យភាពអវិជ្ជារារំាងផ្លូវគេឡើយ។

ខ. ហេតុនេះ ត្រូវខិតខំជួយអស់អ្នកដែលមានសមត្ថភាពឱ្យរៀនខាងឧត្តមសិក្សា។ ពេលគេមានការងារ ប្រសិន​បើ​គេ​អាច​ធ្វើបាន គេនឹងជួយបម្រើអ្នកដទៃក្នុងសង្គមស្របតាមទេពកោល្យរបស់គេ និងតាម​សមត្ថភាពដែល​គេ​បាន​ទទួល​នោះ។ ដូច្នេះ មនុស្ស​គ្រប់ៗ​រូប និងក្រុមទាំងប៉ុន្មានក្នុងសង្គមនៃប្រជាជននានាអាចទៅ​ជា​មនុស្ស​ពេញ​លក្ខណៈ​ខាងផ្លូវវប្បធម៌ស្រប​តាមទេពកោសល្យ និងតាមប្រពៃណីរបស់គេ។

គ. ត្រូវប្រើគ្រប់មធ្យោបាយដើម្បីឱ្យមនុស្សម្នាក់ៗភ្ញាក់ស្មារតី និងដឹងថា ខ្លួនមានសិទ្ធ និងមានភារកិច្ចអប់រំខ្លួនឯង​ខាង​វប្បធម៌ ដូចខ្លួនមានភារកិច្ចជួយអ្នកដទៃឱ្យអប់រំខ្លួនគេខាងវប្បធម៌ដែរ។ នៅតំបន់ខ្លះ ជីវភាព និង​សភាព​ការណ៍​ការងារ​ធ្លាប់​រារាំង​ការខិតខំ​របស់​មនុស្សមិនឱ្យឆ្លងទៅរកវប្បធម៌បាន ព្រមទាំង​បំបាត់​បំណងដែល​ចង់​ទទួល​វប្បធម៌ទៀតផង។ សេចក្តីនេះ​ចោទ​យ៉ាងពិសេសដល់ពួក​កសិករ និងកម្មករ។ ត្រូវធ្វើយ៉ាង​ណា​ឱ្យប្រែ​សភាព​ការណ៍ការងារ កំុឱ្យរារាំង​គេ​ក្នុងការទទួល​វប្បធម៌ តែត្រូវជំរុញគេវិញ។ សព្វថ្ងៃ​ស្រ្តី​មាន​ការងារ​ស្ទើរតែ​នៅ​គ្រប់​ផ្នែកក្នុងសកម្មភាពនានា។ ត្រូវផ្តល់ឱ្យ​ស្រី្ត​ៗទាំងនោះ មានលទ្ធភាពអាចបំពេញតួនាទីក្នុងសង្គមតាម​ទេពកោសល្យ​រៀងៗខ្លួន។ មនុស្សទាំងអស់មាន​ភារកិច្ច​ទទួល​ស្គាល់ថា ​ស្រ្តីៗ​រួមសហការយ៉ាងពិសេស និង​ចាំបាច់​ក្នុងជីវិតវប្បធម៌ ដូច្នេះត្រូវជួយស្រី្តឱ្យពង្រីកចំណែក​រួម​សហការ​នោះ។

៦១- ការអប់រំឱ្យទទួលវប្បធម៌រួម

ក. សព្វថ្ងៃ ពិបាកធ្វើសំយោគវិទ្យា និងផ្នែកទាំងប៉ុន្មាននៃចំណេះចេះដឹង។ ពិតជាពិបាកជាងពីសម័យមុនៗមែន។ មាន​កត្តាខាងវប្បធម៌​កាន់តែច្រើនឡើងៗ និងប្លែកៗពីគ្នា តែនៅពេលជាមួយគ្នានេះ មនុស្សម្នាក់ៗ​មាន​សមត្ថភាព​កាន់​តែតិចឡើងៗ មិនអាចចាប់​អារម្មណ៍នឹងកត្តាទាំងនោះ និងមិនអាចសម្រួល​កត្តាទាំងនោះឱ្យ​បាន​ភ្ជាប់​ជាមួយគ្នាបាន។ ហេតុនេះ និមិត្តសញ្ញារបស់មនុស្សសកល ជាគោលដៅនៃវប្បធម៌ក៏កាន់​តែ​រលាយ​បាត់ទៅៗ។ ប៉ុន្តែ មនុស្សម្នាក់ៗក៏នៅតែមានភារកិច្ចរក្សាបុគ្គលិកលក្ខណៈរបស់ខ្លួនទាំងស្រុង គឺក្នុង​បុគ្គលិក​លក្ខណៈ​នេះ មនុសុ្សត្រូវរក្សាប្រាជ្ញា ចេតនា មនសិការ បំណងចង់រស់នៅជាមួយអ្នកដទៃទុកជាបងប្អូន។ សេចក្តី​ទាំងនោះសុទ្ធតែ​មានតម្លៃ​ដែលចាក់ឫសក្នុងព្រះ​ជាម្ចាស់ជាព្រះអាទិកររបស់មនុស្សលោក។ ព្រះគ្រីស្ត​ក៏បានព្យាបាលសេចក្តីទាំងនេះ​ឱ្យបានជា និងលើកតម្កើងយ៉ាង​អស្ចារ្យក្នុងព្រះអង្តផ្ទាល់។

ខ. ជា​បឋម ក្រុមគ្រួសារផ្តល់ការអប់រំបែបនេះ ហាក់ដូចជា​ម្តាយដែលចិញ្ចឹមកូនដូច្នោះដែរ។ ក្នុងក្រុមគ្រួសារឪពុក​ម្តាយស្រឡាញ់កូនៗជាខ្លាំង កូនក៏ទទួលស្គាល់តម្លៃផ្សេងៗតាមលំដាប់លំដោយដែរ។ កត្តានៃវប្បធម៌ដែល​ដូនតា​បាន​ល្បងលមើលរួចហើយ ចាក់ក្នុងមនសិការកូនជំទង់ដោយគេមិនដឹងខ្លួន នៅពេល​គេ​កាន់​តែ​ធំ​ធាត់​ឡើងៗ។

គ. សង្គមនាបច្ចុប្បន្នកាល មានធនធានខាងវប្បធម៌ជាច្រើនដែលអាចជួយអប់រំ​តាម​វប្បធម៌បែប​សកល​នេះ​បាន។ ជាពិសេស មានបោះពុម្ភផ្សាយសៀវភៅកាន់តែច្រើនឡើង និងមានមធ្យោបាយទូរគមនាគមន៍ថ្មីៗខាង​វប្បធម៌ និង​ខាង​សង្គមផង ជាធនធានដែលអាចជួយបានតាមសេចក្តីត្រូវការ។ សព្វថ្ងៃ មនុស្ស​ស្ទើរតែ​ទាំង​អស់ធ្វើការមាន​ចំនួនម៉ោង កាន់​តែតិចទៅៗ។ ដូច្នេះ មនុស្សភាគច្រើនមានឱកាសអប់រំខ្លួនខាងវប្បធម៌​កាន់​តែ​ច្រើន​ឡើងៗដែរ។ សូម​ប្រើពេលលំហែកាយតាមរបៀបឆ្លាតវាងវៃ គឺយក​ពេលនោះទៅ​សម្រាក​ពង្រឹង​សុខភាព​ខាងវិញ្ញាណ និងខាងរូបកាយ។ ​គេប្រព្រឹត្ត​សកម្មភាពដោយសេរី សិក្សាដោយ​គ្មាន​រក​ប្រយោជន៍​ភ្លាមៗទេ។ ក្នុងឱកាសធ្វើដំណើរទ​ស្សនាប្រទេសផ្សេងៗ​ គឺធ្វើ​ទេស​ចរណ៍ ត្រូវឆ្លៀតឱកាសសម្រួចចិត្ត​គំនិត​ឱ្យ​មោះមុត ទទួលផលប្រយោជន៍តាមការស្គាល់ប្រជាជនប្លែកៗគ្នា។ ការហាត់ប្រាណ ឬកីឡាជួយ​ឱ្យមាន​សុខភាព​ល្អខាងវិញ្ញាណរបស់បុគ្គលម្នាក់ៗ និងរបស់សង្គម ហើយក៏​បណ្តាល​ឱ្យកើតទំនាក់ទំនងដូចបងប្អូន ជាមួយ​មនុស្សឋានៈ វណ្ណៈគ្រប់ស្រទាប់ និងគ្រប់ជាតិសាសន៍ទៀតផង។ សូម​គ្រីស្តបរិស័ទ​ចូល​រួមក្នុង​ការ​សម្តែង​វប្បធម៌​រួមស្របតាមសម័យ ហើយសូមជួយឱ្យការសម្តែងទាំងនោះបាន​ប្រកបដោយ​លក្ខណៈ​ជា​មនុស្សសុទ្ធសាធ និងជ្រួតជ្រាបដោយគំនិតជាគ្រីស្តបរិស័ទទៀតដែរ។

ឃ. ប៉ុន្តែ អត្ថប្រយោជន៍ទាំងនោះអាចអប់រំមនុស្សទាំងស្រុងខាងវប្បធម៌បាន លុះត្រាតែនៅពេលជាមួយ​គ្នានោះ​គេ​យកចិត្តទុកដាក់សួរសំណួរដ៏សំខាន់ គឺស្វែងរកអត្ថន័យ​ដ៏ជ្រៅនៃ​វប្បធម៌ និងនៃ​វិទ្យាសាស្រ្ត​ចំពោះ​មនុស្ស​យើង។

៦២- វប្បធម៌ និងគ្រីស្តសាសនា

ក. ទោះបីកាលពីដើម ព្រះសហគមន៍បានជួយពង្រីកវប្បធម៌យ៉ាងណាក្តី ក៏បទពិសោធន៍បង្ហាញឱ្យដឹងថា វប្បធម៌ និងគ្រីស្តសាសនាមិនងាយស្រុះស្រួលគ្នាបានទេ ដោយមានមូលហេតុផ្សេងៗកើតឡើងតាមសម័យនីមួយៗ។

ខ. ការពិបាកទាស់ទែងទាំងនោះ មិនបណ្តាលឱ្យជីវិតរស់រវើកនៃជំនឿអន់ថយទេ ជួនកាល ការពិបាកទាំងនោះ​អាច​ជួយគ្រីស្តបរិស័ទឱ្យ​យល់អំពីជំនឿកាន់តែត្រឹមត្រូវ និងកាន់តែជ្រៅផង។ ឧបមាថា សេចក្តី​ដែលវិទ្យា​សាស្រ្ត​បានស្រាវជ្រាវ​រកឃើញថ្មីៗ និង​សេចក្តីដែលប្រវត្តិសាស្រ្ត និងទស្សនវិទ្យា​បាន​ស្វែងរក និង​រក​ឃើញ​ថ្មី​នោះ​ដែរ ចោទសំណួរថ្មីៗ​ដែល​មាន​ផល​សម្រាប់​ជីវិតមនុស្សយើងផ្ទាល់ និងទាមទារ​ឱ្យទេវវិទូ​យកចិត្តទុក​ដាក់​សិក្សា និង​ស្វែងរកតទៅទៀតដែរ។ អស់លោកគោរពវិធី និងក្បួនតម្រាផ្ទាល់របស់វិទ្យាសាស្រ្ត​នៃទេវវិទ្យា តែ​អស់​លោក​ត្រូវយកចិត្តទុកដាក់ខិតខំពន្យល់ និងចែករំលែក​លទ្ធិនៃគ្រីស្តសាសនា ឱ្យមនុស្សនាសម័យ​របស់​អស់​លោក​យល់កាន់តែស្រួលតាមសម័យគេរស់នៅ។ មាន​បញ្ញើដ៏ថ្លៃថ្នូរនៃជំនឿ និង​សេចក្តី​ពិត​របស់​ជំនឿ​មែន។ ក៏ប៉ុន្តែ របៀបរៀបរាប់ពន្យល់ និងប្រកាសសេចក្តី​ទាំងនោះ​ប្លែក​ពី​របៀបកត់ត្រាទុកក្នុង​បញ្ញើនៃជំនឿដែល​ទេវវិទូត្រូវតែរក្សាទុកអត្ថន័យ និងទិសដៅតែប៉ុណ្ណោះ។ សូមអស់លោក​ដែល​ទទួល​បន្ទុកណែនាំ​គ្រីស្ត​បរិស័ទ​ត្រូវមានចំណេះចេះដឹងគ្រប់គ្រាន់អំពីសេចក្តីដែលវិទ្យាសាស្រ្តបានរកឃើញតាមផ្លូវ​លោក ជា​ពិសេស ​អំពី​ចិត្តសាស្រ្ត និងសង្គមវិទ្យាដោយមិនគ្រាន់តែស្គាល់​គោលការណ៍នៃទេវវិទ្យាប៉ុណ្ណោះទេ។ សូម​ប្រើ​វិទ្យា​ទាំង​ប៉ុ​ន្មាននោះទៀតផង។ ដូច្នេះ គ្រីស្តបរិស័ទ​ក៏នឹង​មានជំនឿកាន់តែបរិសុទ្ ធ​និងកាន់តែ​ទៅជាមនុស្ស​ពេញ​វ័យ​តាម​ជំនឿ​ទៀតផង។

គ. អក្សរសាស្រ្ត និងសិល្បៈមានសារៈសំខាន់ក្នុង​ការរស់នៅរបស់​ព្រះសហគមន៍ តាម​វិស័យ​រៀងៗ​ខ្លួន។ អក្សរ​សាស្រ្ត និង​សិល្បៈខិតខំបង្ហាញអំពីលក្ខណៈផ្ទាល់របស់មនុស្ស សម្តែងអំពីបញ្ហារបស់គេ អំពីការប៉ុនប៉ង​ឱ្យ​ស្គាល់​ខ្លួន​ឯង​កាន់​តែច្បាស់ និងអំពីការប៉ុនប៉ងធ្វើឱ្យខ្លួន និងមនុស្សលោកចម្រើនឡើងផង។ អក្សរសាស្រ្ត និង​សិល្បៈ​យក​ចិត្តទុកដាក់​រក​កន្លែង និងតួនាទីរបស់មនុស្សក្នុងប្រវត្តិសាស្រ្ត​ និងក្នុង​ពិភពលោក និងសម្តែង​ទាំង​ភាព​កម្សត់របស់មនុស្សផង​ និងអំណរសប្បាយរបស់គេផង។ អក្សរសាស្រ្ត និងសិល្បៈបង្ហាញសេចក្តីត្រូវការ និង​កម្លាំង​ចិត្តររបស់មនុស្សលោក និងសម្តែង​ការ​ព្រាងទុកនៃវាសនាមនុស្សដ៏សប្បាយជាងសម័យឥឡូវ។ ដូច្នេះ អក្សរសាស្រ្ត និងសិល្បៈអាចលើកស្ទួយជីវិតមនុស្ស ដោយចែងតាមរបៀបផ្សេងៗស្រប​តាមសម័យ និង​តាមកន្លែងផ្សេងៗក្នុងពិភពលោកផង។

ឃ. ហេតុនេះ ត្រូវឱ្យអស់អ្នកជំនាញខាងអក្សរសាស្រ្ត និងសិល្បៈយល់ឃើញថា ព្រះសហគមន៍រាប់រកគេ ​ហើយ​ពេញ​ចិត្ត​នឹងស្នាដៃរបស់គេ។ សូមឱ្យគេមានសិទ្ធិសេរីភាពជាធម្មតា និងមានទំនាក់ទំនងយ៉ាងស្រួលជាមួយ​សហគមន៍នៃ​គ្រីស្តបរិស័ទ។ សូមព្រះសហគមន៍ទទួលស្គាល់សិល្បៈថ្មីតាមទំនើងចិត្ត​របស់​មនុស្ស​សម័យ​ឥឡូវ ស្រប​តាម​ទេពកោសល្យប្រជាជននានា ហើយក៏ស្របតាមតំបន់ដែរ។ ពេល​សិល្បៈទាំងនោះស្រប​តាម​អរិយធម៌របស់គេ និងត្រូវតាមក្បួន​វិន័យពីធីគោរពប្រណិប័តន៍ សឹមព្រះសហគមន៍​ទទួល​សិល្បៈ​ទាំងនោះ​ក្នុង​ព្រះវិហារ (ពិធី ១២៣)។

ង. ធ្វើដូច្នោះ មុខជាសិរីរុងរឿងរបស់ព្រះជាម្ចាស់លេចចេញធ្លោកាន់តែត្រចះត្រចង់ឡើង មនុស្សយល់ការ​ប្រកាស​ដំណឹងល្អកាន់តែច្បាស់ ហាក់ដូចជារបៀបធម្មតានៃការរស់នៅរបស់គេ។

ច. សូមឱ្យគ្រីស្តបរិស័ទរស់នៅរួមយ៉ាងជិតស្និទ្ធជាមួយមនុស្សឯទៀតៗនៅសម័យរបស់គេ។ សូមឱ្យ​គ្រីស្តបរិស័ទ​យក​ចិត្ត​ទុកដាក់​ខិតខំយល់ឱ្យមែនទែន អំពីរបៀបរិះគិតទាំងស្រុងរបស់គេ និងអំពីរបៀបយល់ឃើញ​ក្នុង​ការ​រស់​នៅ​របស់គេ ​តាម​វ​ប្បធម៌​ដែល​សម្តែងចេញមក។ សូម​ឱ្យគ្រីស្តបរិស័ទទទួលចំណេះ​ចេះដឹងនៃ​វិទ្សាសាស្រ្ត និង​នៃ​ទ្រឹស្តីថ្មីៗ ព្រមទាំង​យក​សេចក្តីដែលអ្នកប្រាជ្ញរកឃើញថ្មីៗនោះដែរ ​មកបញ្ចូល​រួមជាមួយកិរិយាមារយាទ និង​លទ្ធិនៃគ្រីស្តសាសនាផង។ ធ្វើ​ដូច្នេះគេអាចយល់ថា គំនិតអំពីសាសនា​និង​សីលធម៌ដ៏ទៀងត្រង់អាចរួម​ជាមួយ​ចំណេះចេះដឹងខាងវិទ្យាសាស្រ្ត និងជា​មួយ​ការចម្រើនដ៏ឥតឈប់ឈរនៃបច្ចេកទេសផង។ ហេតុនេះ គ្រីស្ត​បរិស័ទ​អាចចូលចិត្តរាប់រកនិងបកស្រាយ​អត្ថន័យ​អ្វីៗ​ទាំងអស់ ដោយមានចិត្តគំនិតជាគ្រីស្តបរិស័ទ​យ៉ាង​ពិត​ប្រាកដមែន។

ឆ. សូមអស់គ្រីស្តបរិស័ទកំពុងតែរៀនវិទ្យាសាស្រ្តនៃទេវវិទ្យា ក្នុងទេវវិទ្យាល័យនិងសកលវិទ្យាល័យយកចិត្តទុក​ដាក់ រួមសហការជាមួយមនុស្សស្ទាត់ជំនាញខាងវិទ្យាសាស្រ្តផ្សេងៗ យកកម្លាំង និងទស្សនៈរបស់ខ្លួនមក​ដាក់​រួម​គ្នា។ ការ​ស្រាវជ្រាវ​ខាងទេវវិទ្យា រិះគិតឱ្យកាន់តែជ្រៅអំពីសេចក្តីពិតដែលព្រះជាម្ចាស់បាន​សម្តែង​ឱ្យ​មនុស្ស​លោកស្គាល់។ តែ​ការ​ស្រាវជ្រាវនោះក៏ត្រូវមានទំនាក់ទំនងជាមួយមនុស្សលោកនាសម័យរបស់ខ្លួនដែរ ដើម្បីជួយមនុស្សឱ្យមានវប្បធម៌​ខ្ពស់​តាម​សាខានៃ​ចំណេះចេះដឹងរបស់ខ្លួន អាចយល់លទ្ធិនៃជំនឿ​ឱ្យកាន់តែ​ច្បាស់​ឡើងៗ​ផង។ ការយល់ចិត្តគំនិតគ្នា​ដូច្នេះ ពិត​ជានឹងជួយបម្រើក្នុងការអប់រំអ្នក​បំពេញមុខងារ​បម្រើ​ព្រះ​សហគមន៍ជាពុំខាន។ អ្នកបំពេញមុខងារ​បម្រើទាំង​នោះនឹងមាន​សមត្ថភាព​អាច​សម្តែង​លទ្ធិរបស់ព្រះ​សហ​គមន៍​អំពីព្រះជាម្ចាស់ អំពីមនុស្ស អំពីពិភពលោកស្រប​តាម​របៀប​មនុស្សលោកនា​សម័យ​យើងបាន។ អ្នក​ដទៃ​មុខជា​នឹងកាន់តែសុខចិត្តទទួលពាក្យសម្តីរបស់អស់លោកជា​ពុំ​ខាន ​(ហ្វឹកហ្វឺន)។ លើស​ពីនេះ​ទៅទៀត យើង​ត្រូវ​សំណូមពរឱ្យមាន​គ្រីស្តបរិស័ទធម្មតាជាច្រើនទទួលការអប់រំគ្រប់គ្រាន់ខាង​វិទ្យានៃ​គ្រីស្ត​សាសនា​យើង ព្រមទាំងឱ្យ​មានគ្នាច្រើន​យកចិត្តទុកដាក់រៀនវិទ្យាទាំងនោះតាមរយៈ​សាស្ត្រាចារ្យ​ និង​រៀនឱ្យកាន់តែ​ជ្រៅ​ទៅៗ​ទៀតផង។ ប៉ុន្តែ សូមព្រះ​សហគមន៍ទទួល​ស្គាល់សិទ្ធិសេរីភាពដ៏ត្រឹមត្រូវរបស់គ្រីស្តបរិស័ទ ទាំង​អ្នក​ដែលទទួលអគ្គសញ្ញាតែងតាំងទាំងគ្រីស្តបរិស័ទធម្មតាក្នុងការស្រាវជ្រាវ​ និងក្នុង​ការរិះ​គិត។ សូមឱ្យអ្នក​ទាំង​នោះ​មានសិទ្ធិ​សេរីភាព​ដ៏ត្រឹមត្រូវ និងសម្តែងទស្សនៈរបស់គេក្នុងវិស័យនៃសមត្ថភាពរបស់ខ្លួន ដោយ​ចិត្ត​សុភាព​រាប​សា ​និង​ដោយចិត្តក្លាហានដែរ (ពន្លឺ ៣៧)។

ជំពូក ៣
ការរស់នៅក្នុងសង្គម និងសេដ្ឋកិច្ច

៦៣- លក្ខណៈខ្លះនៃសេដ្ឋកិច្ចនាបច្ចុប្បន្នកាល

ក- ក្នុងការរស់នៅក្នុងសង្គម និងតាមសេដ្ឋកិច្ចយើងត្រូវតែគោរព និងពង្រីកតម្លៃដ៏ថ្លៃថ្នូររបស់មនុស្សតាមព្រះ​ជាម្ចាស់បានកំណត់ទុក និងត្រាស់ហៅ ហើយក៏ត្រូវគិតដល់ផលប្រយោជន៍របស់សង្គម​ទាំងមូលដែរ។ មនុស្ស​ជា​អ្នក​បង្កើតការរស់នៅក្នុងសង្គម និងជាអ្នកបង្គើតសេដ្ឋកិច្ច។ សង្គម និងសេដ្ឋកិច្ចមាន​ទិសដៅបម្រើ​មនុស្ស។

ខ- សេដ្ឋកិច្ចទំនើបក៏ដូចវិស័យឯទៀតៗទាំងអស់នៃការរស់នៅក្នុងសង្គមដែរ គឺបង្ហាញបញ្ជាក់​អំពីអំណាច​របស់​មនុស្ស​កាន់​តែ​ខ្លាំង​ឡើង​ទៅលើ​ធម្មជាតិ បង្ហាញអំពីទំនាក់​ទំនងរវាងបុគ្គល និងបុគ្គល ក្រុម​ និងប្រជាជននានា​កាន់​តែច្រើន និងកាន់​តែ​ខ្លាំង​ឡើងៗ។ បុគ្គល ក្រុម និងប្រជាជននានាត្រូវការគ្នា​ទៅវិញ​ទៅមកកាន់តែ​ខ្លាំង​ដែរ។ ម៉្យាង​ទៀត រដ្ឋអំណាច​ធ្លាប់​ធ្វើ​អន្តរាគមន៍កាន់តែញឹក​ញាប់ក្នុងការរស់នៅក្នុងសង្គម និងក្នុងសេដ្ឋកិច្ច។នៅ​ពេលជាមួយគ្នានេះ មធ្យោបាយ​ក្នុង​ការ​បង្កើត​ផលិត​ផល​ចម្រើន​ឡើង ហើយការចាត់ចែងការលក់ដូរ​ទំនិញ និងសេវាកម្មក៏ចម្រើន​ឡើង​ដែរ បណ្តាលឱ្យ​សេដ្ឋកិច្ច​ទៅជា​គ្រឿងអាចបំពេញតម្រេូវការនៃមហាគ្រួសារ​មនុស្ស​លោក ហើយតម្រូវការនេះមាន​កាន់តែច្រើនៗ។

គ- ប៉ុន្តែ មានមូលហេតុជាច្រើនបណ្តាលឱ្យព្រួយបារម្មណ៍ដូចតទៅ៖ មានមនុស្សជាច្រើន ជាពិសេស ក្នុងប្រទេស​សេដ្ឋកិច្ច​ជឿនលឿន ហាក់ដូចជានៅក្រោមការត្រួតត្រារបស់សេដ្ឋកិច្ចតែម្តង។ ស្ទើរតែគ្រប់ពេល គេរស់​នៅ​ដោយ​តម្រង់​យក​សេដ្ឋកិច្ច​ធ្វើជាគោល​ណែនាំការរស់របស់គេ ទាំងក្នុងឋានៈគេ​ជា​បុគ្គល ទាំងក្នុង​ឋានៈគេ​ជា​ប្រជាពលដ្ឋ​រួមរស់ក្នុង​សង្គម។ សូម្បី​តែ​នៅ​ប្រទេសកាន់សេដ្ឋកិច្ចសង្គមនិយមក្តី ឬកាន់របប​សេដ្ឋកិច្ច​ផ្សេង​ក្តី ក៏​មាន​សភាពការណ៍​បែបនេះ​ដែរ។ ប្រសិនបើមនុស្សចេះតម្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ច​ឱ្យមានរបៀបរៀបរយ និង​តាម​ប្រាជ្ញា​ក្នុង​លក្ខណៈ​ខ្លួន​ជា​មនុស្សមុខ​ជា​ការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ អាច​ជួយបំបាត់ភាពមិនស្មើគ្នាខ្លះក្នុង​សង្គម។ តែតាម​ពិត ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នោះជាញឹកញាប់បណ្តាលឱ្យមនុស្សមានឋានៈ វណ្ណៈ កាន់តែ​មិន​ស្មើគ្នា​វិញ។ ជួនកាលសភាពការណ៍​សង្គម​របស់​អ្នកទន់​ខ្សោយ​កាន់តែធ្ងន់ធ្ងរ ហើយអ្នកក្រីក្រត្រូវគេមើល​ងាយ​ទៀតផង។ ពេលមហាជនដ៏ច្រើនអនេកខ្វះខាតអ្វី​ដែល​គេ​ត្រូវ​ការ​ជាចាំបាច់ ក៏មានអ្នកខ្លះ រស់នៅ​ដោយ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្តម្ភ ចេះតែ​ចាយ​វាយ​ខ្ចះ​ខ្ចាយ​ទៀតផងដែរ។ សូម្បី​តែ​ក្នុងតំបន់សេដ្ឋកិច្ច​អន់​ក៏​មាន​ដូច្នេះ​ដែរ។ អ្នកមានបរិបូរណ៍ហូរហៀររស់នៅក្បែរអ្នកក្រីក្រតោក​យ៉ាក។ ក្រុមមនុស្ស​មួយ​ចំនួន​តូច​កាន់​អំណាច​យ៉ាងទូលំទូលាយអាចសម្រេចអ្វីទាំងអស់ក៏បាន តែមនុស្សមួយចំនួនធំ​ស្ទើរតែគ្មានលទ្ធភាព​ចាប់​ផ្តើម​ធ្វើអ្វីកើតដោយខ្លួនផ្ទាល់ ហើយក៏មិនអាចទទួលខុស​ត្រូវលើអ្វីបានសោះ។ ជាទូទៅ អ្នកទាំង​នោះរស់​នៅ​ និង​ធ្វើ​ការមិន​សម​តាមឋានៈខ្លួនជាមនុស្ស​ក៏មានដែរ។

ឃ- សភាពការណ៍គ្មានរបៀបតាមសេដ្ឋកិច្ច និងតាមសង្គមទាំងនោះកើតឡើងក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​ ចំណែកជីវភាពរបស់ប្រជាជនតាមតំបន់ផ្សេងៗក្នុងប្រទេសតែមួយក៏មិនស្មើគ្នាដែរ។ ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន និងប្រទេសឯទៀតៗ ទាស់ទែងគ្នាកាន់តែខ្លាំងឡើងៗ។ សភាពការណ៍​នេះអាច​បណ្តាល​ឱ្យបំផ្លាញ​សន្តិភាពក្នុង​ពិភព​លោក។

ង- មនុស្សនាសម័យឥឡូវដឹងខ្លួនកាន់តែច្បាស់អំពីភាពមិនស្មើគ្នានោះ។ គេជឿជាក់ថា បច្ចេកទេសថ្មី និងធនធាន​សេដ្ឋកិច្ច​ដែលមនុស្សលោកមានកាន់តែច្រើនឡើងៗ អាចនឹងត្រូវកែសម្រួលសភាពការណ៍​ដ៏​អាក្រក់​នេះ​បាន។ ប៉ុន្តែ​ ត្រូវ​កែទម្រង់សេចក្តីជាច្រើនក្នុងការរស់នៅខាងសេដ្ឋកិច្ច និងក្នុងសង្គម​ជាចាំ​បាច់។ ត្រូវ​ឱ្យ​មនុស្ស​ទាំង​អស់​ប្រែចិត្ត​គំ​និត​ និងកែ​ឥរិយាបថ។ តាមដំណើរសតវត្សរ៍ទាំងប៉ុន្មានកន្លងមក ព្រះសហគមន៍​បាន​យក​ពន្លឺ​នៃ​ដំណឹងល្អមកបញ្ចេញ​បញ្ជាក់គោល​ការណ៍ផ្សេងៗ សម្រាប់ណែនាំ​មនុស្ស​ក្នុងវិស័យយុត្តិធម៌ និងសមភាព ស្រប​តាម​ប្រាជ្ញាដ៏ទៀងត្រង់របស់​មនុស្ស។ គោលការណ៍​ទាំងនោះ​អាចណែនាំការរស់​នៅរបស់​បុគ្គលម្នាក់ណែនាំ​សង្គម ព្រមទាំងណែនាំការរស់​នៅ​អន្តរជាតិ​ផងដែរ។ ព្រះសហគមន៍បានប្រកាសគោលការណ៍​ទាំង​នោះ ជាពិសេស នៅប៉ុន្មានឆ្នាំកន្លងមកនេះ។ ដោយ​ចាប់អារម្មណ៍នឹងសភាពការណ៍នាបច្ចុប្បន្នកាលនេះ មហា​សន្និបាត​មានបំណងចង់បញ្ជាក់​គោលការណ៍ទាំង​នោះ និង​បង្ហាញការណែនាំខ្លះទៀត ជាពិសសេ ដោយ​យល់​ដល់​សេចក្តី​ទាមទារនៃការ​អភិវឌ្ឍន៍សេដ្ឋកិច្ច។

វគ្គទី ១
ការអភិវឌ្ឍន៍សេដ្ឋកិច្ច

៦៤- ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ត្រូវបម្រើ​មនុស្ស

នៅសម័យ​ឥឡូវជាង​នៅសម័យ​មុនៗ​ទៅទៀត មនុស្ស​ខិត​ខំពង្រីក​ផលិត​ផល​ទាំង​ខាងកសិកម្ម ទាំងខាង​ឧស្សាហកម្ម ទាំងខាង​សេវាកម្មផ្សេងៗ​ជូន​ប្រជា​ជន​ដែរ។ គេ​ខិតខំនេះល្អត្រឹម​ត្រូវដូច្នេះ ដើម្បី​ទប់​ទល់​នឹង​សេចក្តី​ត្រូវការ​របស់​មនុស្ស ​ដែល​មានចំនួន​កើន​ឡើងជាលំដាប់ និង​ដើម្បី​តបឆ្លើយនឹង​សេចក្តី​ប៉ង​ប្រាថ្នា​កាន់​តែ​ទូលំ​ទូលាយ​របស់​មនុស្ស​ជាតិ​ទៀត​ផង។ ហេតុ​នេះ​ហើយ ត្រូវ​តែ​ជួយ​គាំ​ទ្រ​បច្ចេក​ទេស​ដែលជឿន​លឿនជាលំដាប់ ជួយគាំទ្រ​អ្នកមាន​គំនិត​ចង់​កែ​ប្រែអ្វីៗ​ឱ្យ​បាន​ទំនើបជួយគាំ​ទ្រអ្នកបង្កើត​ និង​ពង្រីក​សហ​គ្រាសជួយគាំទ្រអ្នកខិតខំធ្វើ​ឱ្យ​មធ្យោបាយ​បង្កើត​ផលិត​ផល​នានាបានស្រប​តាមសម័យ ព្រមទាំងជួយ​គាំ​ទ្រ​អស់​អ្នក​ដែល​ខិតខំរួម​បង្ក​បង្កើត​ផលិតផល។ សរុប​សេចក្តី​មក​ ត្រូវ​ជួយ​គាំ​ទ្រ​អ្វីៗ​ទាំង​អស់​ដែល​អាច​ជួយ​ឱ្យសេដ្ឋកិច្ចលូត​លាស់​ឡើង។ ប៉ុន្តែត្រូវនឹកចាំថា ការ​បង្ក​បង្កើន​ផលិត​ផល​នោះ ពុំ​គ្រាន់​តែ​មានគោលដៅ​ឱ្យប្រជាជន​បាន​ទ្រព្យ​សម្បត្តិ​ជាច្រើន ពុំ​មែន​ឱ្យ​គេប្រមូល​ធនធាន​បាន ឬ​ឱ្យ​មាន​អំណាច​ខ្លាំង​ក្លា​ប៉ុណ្ណោះ​ទេ។ ការបង្កើន​ផលិតផលមានគោល​ដៅ​កំពូល​តែ​មួយ គឺ​បម្រើ​មនុស្ស​ទាំងស្រុងតាមសេចក្តី​ត្រូវ​ការ​របស់​ខ្លួន ដែល​មាន​តម្លៃតាម​លំដាប់លំដោយ មាន​សេចក្តីត្រូវការខាងសម្ភារៈ​ប្រើ​ប្រាស់ សេចក្តីត្រូវ​ការ​ជីវិតខាង​ប្រាជ្ញា សេចក្តី​ត្រូវ​ការ​ខាងសីលធម៌ សេចក្តីត្រូវការខាង​វិញ្ញាណ និង​ខាង​សាសនា។ ការ​បង្កើន​ផលិតផលក៏មានគោលដៅបម្រើ​មនុស្ស​គ្រប់ៗ​រូប​ គ្រប់​ក្រុម​ដោយ​មិន​រើស​ជាតិ​សាសន៍ ឬ​ទ្វីប​ណា​ឡើយ។ ហេតុ​នេះ​ហើយ​ បាន​ជា​សកម្មភាព​ខាង​សេដ្ឋកិច្ច ដែល​តែង​តែ​អនុវត្ត​តាម​មធ្យោបាយ និងតាមក្បួនច្បាប់​របស់​ខ្លួន​ក៏​ត្រូវ​តែ​អនុវត្ត​តាម​របៀបរៀប​រយ​នៃ​សីលធម៌បានកំណត់ដែរ ​ដើម្បី​បំពេញ​គម្រោង​ការ​របស់​ព្រះ​ជាម្ចាស់​អំពី​មនុស្ស (មថ ១៦,២៦; លក ១៦,១-៣១; កូឡ ៣,១៧)។

៦៥- មនុស្ស​ត្រូវ​ត្រួត​ត្រា​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច

ក- មនុស្ស​ត្រូវ​តែ​ត្រួត​ត្រាការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច។ កុំ​ទុកការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឱ្យស្ថិត​នៅក្នុងកណ្តាប់ដៃ​មនុស្ស​តែ​មួយ​ចំនួន​តូច ដែលអាច​សម្រេចអ្វីៗទាំងអស់​តាម​ទំនើង​ចិត្ត​របស់គេ។ កុំ​ទុកការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នោះឱ្យ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​ក្រុម​តូច​មួយ​ចំនួន ដែលមាន​អំណាច​ខាង​សេដ្ឋកិច្ច​ខ្លាំង​ពេក ក៏កុំ​ទុក​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឱ្យ​ស្ថិតនៅក្នុងកណ្តាប់ដៃ​សហគមន៍​របស់អ្នក​នយោបាយ ឬ​របស់មហា​អំណាច​មួយ​ចំនួន​ត្រួត​ឡើយ។ ផ្ទុយ​ទៅ​វិញ ត្រូវ​ឱ្យ​មាន​ចំនួន​មនុស្ស​ច្រើនពី​គ្រប់​កម្រិតតាម​តែ​អាច​រក​បាន និងពី​គ្រប់​ប្រជាជាតិ​តាមអន្តរជាតិ រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​តម្រង់ទីដៅ​នៃ​ការអភិវឌ្ឍន៍នោះ។ ត្រូវ​ឱ្យ​បុគ្គល​ដែលមានគំនិត​ចង់​ចាប់​ផ្តើមធ្វើការ​អ្វី​មួយ​ដោយ​ខ្លួន​ឯង និង​សមាគម​សេរី​របស់​គេ​រួម​សហការជាមួយ​រដ្ឋ​អំណាច ហើយ​មាន​ទំនាក់​ទំនង​ជាមួយ​គ្នាតាមសម្រួលទៀតផង។

ខ- មិន​ត្រូវ​បណ្តោយ​ឱ្យ​បុគ្គលនានាត្រួត​ត្រាការ​អភិវឌ្ឍន៍ដោយសកម្មភាព​ខាង​សេដ្ឋកិច្ចរបស់គេ ហាក់​ដូចជា​តាម​ការ​ស្វ័យប្រវត្តិ ក៏មិន​ត្រូវ​បណ្តោយ​ឱ្យ​រដ្ឋ​អំណាច​ត្រួត​ត្រាការ​អភិវឌ្ឍន៍​ដោយឯកឯងឡើយ។ ហេតុ​នេះ ត្រូវ​បដិសេធ​យោបល់​ខុស​ទំនង និង​លទ្ធិ​ខ្លះ​ដែល​ជំទាស់​នឹង​ការ​កែ​ទម្រង់សេដ្ឋកិច្ច ព្រោះគេ​យល់​ច្រឡំ​អំពី​សេរីភាព។ តាមពិត​សេដ្ឋកិច្ច​ត្រូវតែកែទម្រង់ជាចំាបាច់។ លទ្ធិ​ទាំងនោះ​មិន​រវីរវល់​នឹង​សិទ្ធិបុគ្គល​ និង​សិទ្ធិរបស់​ក្រុម​ តែ​បែរជាមាន​បំណង​ចង់​ចាត់​ចែងការ​បង្កើន​ផលិតផលជា​សមូហភាពវិញ។

គ- ម៉្យាងទៀត ប្រជាពល​រដ្ឋ​ត្រូវ​នឹក​ចងចាំជានិច្ចថា ខ្លួន​មាន​សិទិ្ធ និង​មានភារ​កិច្ច​រួម​សហការតាមលទ្ធភាពរបស់​ខ្លួន នាំឱ្យ​សហគមន៍​របស់ខ្លួន​អភិវឌ្ឍន៍ឡើង​យ៉ាង​ពិត​ប្រាកដ។ រដ្ឋ​អំណាច​ក៏​ត្រូវ​ទទួល​ស្គាល់​សិទ្ធិ និង​ភារកិច្ច​ទាំង​នោះ​ដែរ។ ជា​ពិសេស នៅ​ប្រទេស​កំពុង​តែ​អភិវឌ្ឍន៍ឡើង ត្រូវ​ប្រើ​អ្វីៗ​ទាំង​អស់​ដែលអាចប្រើបានជា​បន្ទាន់ ដើម្បីឱ្យ​ប្រទេស​នោះ​អាច​លូត​លាស់​ឡើង​បាន​ជា​ចាំ​បាច់។ អស់អ្នក​ដែល​ទុក​ធន​ធាន​របស់​ខ្លួន​មិន​ឱ្យ​គេ​ប្រីប្រាស់ អ្នកទាំងនោះបំផ្លាញ​ប្រយោជន៍​រួម​ជា​ខ្លាំង។ អស់​អ្នក​ដែល​ដកហូត​ទ្រព្យខាងសម្ភារៈក្តី​ ខាង​វិញ្ញាណ​ក្តីពីសហគមន៍​របស់​ខ្លួន ដែល​ត្រូវ​ការ​ធនធាន​ទាំងនោះជា​ចាំ​បាច់ក៏​បំផ្លាញ​ប្រយោជន៍​រួម​ដែរ។ ប៉ុន្តែ ត្រូវ​រក្សាទុកសិទ្ធិ​សេរីភាព​របស់បុគ្គលម្នាក់ៗឱ្យ​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ផ្សេង​បាន។

៦៦- ត្រូវខិតខំធ្វើឱ្យមនុស្សបានស្មើគ្នាខាងសេដ្ឋកិច្ច និងក្នុងសង្គម

ក- ត្រូវខិតខំយ៉ាងខ្លាំងបំផុត បំបាត់ឱ្យបានឆាប់រហ័សនូវភាពមិនស្មើដ៏ធំទំលំទូលាយខាងសេដ្ឋកិច្ច ដែល​បណ្តាល​ឱ្យ​រើស​អើង​បុគ្គល​ និងសង្គម។ ធ្វើដូច្នេះ ទើបយើងអាចតបឆ្លើយនិង​យុត្តិធម៌ និងភាពស្មើគ្នាបាន។ ប៉ុន្តែ ត្រូវគោរព​សិទ្ធិ​បុគ្គល​ម្នាក់ៗ​ និងគោរពទេពកោសល្យរបស់ប្រជាជាតិនីមួយៗដែរ។ នាបច្ចុប្បន្នកាល​សេដ្ឋកិច្ច​នៅតែមានភាពមិន​ស្មើ​គ្នា ហើយភាព​មិន​ស្មើនោះកាន់តែធ្ងន់ធ្ង​រទៀតផង។ នៅតំបន់ជាច្រើនពិបាក​បង្កើតផលិតផលកសិកម្ម ​និង​លក់​ផលិត​ផល​ទាំងនោះដោយ​មូលហេតុផ្សេងៗ។ ក្នុងតំបន់​ទាំងនោះត្រូវ​ជួយ​កសិករ​ឱ្យ​ពង្រីកការបង្កបង្កើតផលិតផល និង​ជួយ​ឱ្យគេ​អាច​លក់​ផលិតផលបាន ឱ្យប្រែរបៀប​បង្កបង្កើត​ផល និង​ឱ្យរកមធ្យោបាយថ្មីតាមសេចក្តីត្រូវការ ព្រមទាំងឱ្យគេមានកម្រៃ​គួរ​សម​ផង។ បើពុំនោះទេ កសិករ​ទាំង​នោះ​នឹង​នៅតែជាប្រជាពលរដ្ឋកម្រិតទាបទៀត ដូចមាននៅតំបន់​ជា​ច្រើន។ រីឯ​កសិករ​វិញ ជាពិសេស យុវជនត្រូវ​យក​ចិត្តទុកដាក់យ៉ាងខ្លាំង ពង្រីកសមត្ថភាព​របស់ខ្លួន​ខាងចំណេះ​កសិកម្ម។ បើ​កសិករ​គ្មាន​សមត្ថភាព​ខាង​អាជីវកម្មរបស់ខ្លួនទេ កសិកម្មមិនអាចចម្រើន​លូតលាស់បានឡើយ។

ខ- កម្មករត្រូវតែផ្លាស់ប្តូរកន្លែង និងអាជីវកម្មតាមតម្រូវការនៃសេដ្ឋកិច្ច​ដែលកំពុងតែ​ចម្រើន​ឡើង។ ប៉ុន្តែ ត្រូវ​ចាត់ចែង​ការផ្លាស់ប្តូរនេះដើម្បី​ឱ្យបុគ្គល​នានា​ និងក្រុមគ្រួសាមានសភាពការណ៍ជីវភាពនឹងន ហើយស្ថិតស្ថេរ។ ពលករ​មកពី​បរទេស ឬមកពីតំបន់ដទៃជួយ​សេដ្ឋកិច្ច​ប្រជាជនប្រទេស ឬតំបន់ដែលគេទៅរស់នៅ។ ត្រូវប្រុង​ប្រយ័ត្ន កុំរើស​អើង​គេ​គ្រប់​យ៉ាង គឺរើសអើង​ខាង​បៀវត្ស កំុឱ្យមានប្រាក់ឈ្នួលតិចជាងអ្នកកើតក្នុងស្រុក រើស​អើង​ខាងសភាពការណ៍ការ​ងារ កំុឱ្យ​ធ្វើ​ការតាមរបៀប​ពិបាក​ជាងអ្នកកើតក្នុងស្រុក។ល។ ម្យ៉ាងទៀត សមាជិក​ទាំង​អស់ក្នុងសង្គម ជាពិសេស​ រដ្ឋ​អំណាចត្រូវរាប់រកគេ​ទុក​ជាមនុស្ស ពុំរាប់គេទុកជា​គ្រឿង​ឧបករណ៍​បង្ក​បង្កើត​ផលិតផលនោះទេ។ ត្រូវសម្រួល​ឱ្យ​ក្រុម​គ្រួសារ​របស់​គេអាចមក​រស់​នៅ​ជាមួយ ជួយរកផ្ទះ​ឱ្យគេ​នៅ​យ៉ាង​គួរសម និងជួយគេឱ្យចូលរួមក្នុង​សង្គមប្រទេស ​ឬតំបន់​ដែល​គេមករស់នៅថ្មីនោះ។ ក៏ប៉ុន្តែ ប្រសិន​បើ​អាច​ធ្វើ​បានត្រូវជួយបង្គើតការងារក្នុង​ប្រទេស និងតំបន់​កំណើតរបស់​គេ។

គ- ក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងតែផ្លាស់ប្តូរ ក៏ដូចរបៀបរស់នៅថ្មីតាមសង្គមខាងសេដ្ឋកិច្ចដែរ (ឧបមា ​សេដ្ឋកិច្ចដែល​មានគ្រឿងម៉ាស៊ីនធ្វើការស្វយ័តជំនួសមនុស្សកាន់តែច្រើនឡើង) ត្រូវចាប់អារម្មណ៍​ផ្តល់​ការងារ​គ្រប់​គ្រាន់ និងត្រូវ​តាម​សមត្ថភាពកម្មករ។ ត្រូវផ្តល់ឱ្យកម្មករមានលទ្ធភាពទទួល​ការអប់រំ​ខាង​បច្ចេកទេស និងខាង​អាជីវកម្ម។ ត្រូវ​ធានា​ជីវភាព​របស់អស់អ្នកដែលរស់នៅយ៉ាងពិបាកជាងគេ ជាពិសេស​ អ្នក​មានជំងឺ មនុស្ស​ចាស់ជរាឱ្យរស់សមនឹងឋានៈ​របស់ខ្លួន​ជាមនុស្ស។

វគ្គទី ២
គោលការណ៍ណែនាំជាទូទៅក្នុងការរស់នៅតាមសេដ្ឋកិច្ច និងសង្គម

៦៧- ការងារ សភាពការណ៍ការងារ និងការលំហែកាយ

ក- ការងាររបស់មនុស្សលោក គឺការងារដែលផលិត​ទ្រព្យសម្បត្តិផ្សេងៗ និងប្តូរទ្រព្យសម្បត្តិទាំងនោះ​ទៅវិញ​ទៅ​មក ឬជូន​សេវាកម្មខាង​សេដ្ឋកិច្ច ពិតជាផ្នែកសំខាន់ជាងគេលើសផ្នែកឯទៀតៗនៃជីវិតសេដ្ឋកិច្ច ដែលគ្រាន់​តែ​ជា​គ្រឿងជួយ​ការ​ងារ​មនុស្សប៉ុណ្ណោះ។

ខ- ទោះជាមនុស្សប្រព្រឹត្តការងារនេះដោយខ្លួនឯងជាម្ចាស់ក្តី ឬដោយមានពាក្យសន្យាជាមួយថៅកែក្តី ក៏ការងារ​ហូរ​ចេញ​មកពីបុគ្គលតែម្តង។ បុគ្គលហាក់ដូចជាចាក់ស្នាមរបស់ខ្លួនលើធម្មជាតិ និងបង្រ្កាប​ធម្មជាតិ​តាម​បំណង​របស់ខ្លួន​ដែរ។ ជាធម្មតា មនុស្សចិញ្ចឹមជីវិតរបស់ខ្លួននិងក្រុមគ្រួសារដោយសារការងាររបស់គាត់។ ដោយ​សារការងារគាត់​ក៏រួម​ជា​មួយ​មនុស្សឯទៀតៗជាបងប្អូន​ជួយគេ ហើយ​មាន​សមត្ថភាព​អាច​សម្តែង​សេចក្តី​ស្រឡាញ់​ដ៏ពិតប្រាកដ ចំពោះគេ គាត់​ក៏រួមសហការជាមួយ​ព្រះជាម្ចាស់​ក្នុងកិច្ច​ប្រតិស្ឋាន​ពិភព​លោក​ដែរ។ លើសពីនេះទៅទៀត មនុស្ស​គោរព​ព្រះ​ជាម្ចាស់​ដោយ​សារការងាររបស់គាត់នេះឯង។ យើង​ក៏​ជឿ​ទៀត​ថា ដោយសារការងារ ​ព្រះជាម្ចាស់បង្រួម​មនុស្សឱ្យរួមសហការ​ជាមួយព្រះ​យេស៊ូគ្រីស្តដែល​រំដោះ​មនុស្ស​លោក គឺថា ដោយព្រះយេស៊ូប្រព្រឹត្តការងារ​ផ្ទាល់ព្រះ​ហស្ត​នៅភូមិ​ណាសារ៉ែត ព្រះ​អង្គបានប្រទាន​ឱ្យ​ការងារ​មាន​កិតិ្តយសដ៏ថ្លៃថ្នូរបំផុត។ ហេតុនេះហើយ បានជាមនុស្សម្នាក់ៗមាន​ភារកិច្ច​ធ្វើការ​ដោយ​ចិត្ត​ស្មោះ និងមាន​សិទ្ធិ​ធ្វើការបានដែរ។ តាមកាលៈទេសៈ សង្គមត្រូវជួយប្រជាពលរដ្ឋឱ្យមាន​ការងារ​ធ្វើ​គ្រប់​គ្រាន់។ មិនតែ​ប៉ុណ្ណោះ ប្រាក់ឈ្នួលការងារនោះត្រូវធានាឱ្យមនុស្សមានធនធានល្មម ទាំងខ្លួន ទំាងក្រុម​គ្រួសារ​អាច​រស់​នៅ​យ៉ាង​សមគួរ ក្នុងវិស័យ​សង្គម ក្នុងវិស័យវប្បធម៌ និងក្នុងវិស័យខាងវិញ្ញាណ ស្រេចតែមុខងាររបស់ម្នាក់ៗ តាម​សមត្ថភាព​របស់ម្នាក់ៗ ទាំងគិតគូរដល់សភាពការណ៍សហគ្រាស និងដល់ប្រយោជ​ន៍រួមផង។

គ- តាមធម្មតា មនុស្សរួមគ្នាធ្វើសហការក្នុងសកម្មភាពសេដ្ឋកិច្ច។ ហេតុនះ បើការចាត់ចែងសេដ្ឋកិច្ចនេះ​បណ្តាល​ឱ្យ​ខូច​ប្រយោជន៍ដល់កម្មករ សូម្បីតែម្នាក់ពិតជាអយុត្តិធម៌ និងខុសលក្ខណៈជាមនុស្ស។ តាមពិតជា​ញឹកញាប់ សូម្បីតែ​សព្វ​ថ្ងៃអស់អ្នកដែលធ្វើការ គិតតែពីផលិផលទុកជាការសំខាន់បំផុត។ គេយល់​ខុស​អំពីបទដ្ឋានគ្រឹះ​នៃសេដ្ឋកិច្ច ដែលនាំឱ្យសភាពការណ៍​ដ៏អាក្រក់បែបនេះកើតឡើង។ ហេតុនេះ ត្រូវ​សម្រប​សម្រួល​ដំណើរនៃ​ការ​ងារ​បង្កើតផល តាម​សេចក្តីត្រូវ​ការ​របស់បុគ្គល និងស្របតាមរបៀបការរស់នៅរបស់គេ ជាពិសេស​ តាមរបៀបរស់​នៅ​ក្នុងក្រុមគ្រួសារដោយ​យល់​គិតដល់ភេទ និងដល់អាយុជានិច្ចផង។ ត្រូវ​ចាប់​អារម្មណ៍​យ៉ាងពិសេសចំពោះ​ស្រ្តីៗ​ដែល​មានកូន។ ពលករ​ត្រូវមាន​សមត្ថភាពពង្រីកទេពកោសល្យ​ និង​បុគ្គលិក​លក្ខណៈរបស់ខ្លួនឱ្យចម្រើនឡើងដោយ​ប្រព្រឹត្ត​កិច្ចការ​របស់​ខ្លួនដែរ។ ពលករត្រូវយក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​តាម​ពេលវេលា និងតាមកម្លាំងរបស់ខ្លួន។ ប៉ុន្តែ សូមឱ្យពលករ​ទាំង​អស់មានពេល​សម្រាក និង​ពេល​លំហែ​កាយ​គ្រប់គ្រាន់ ដោយបណ្តាលឱ្យគេមានជីវិតរស់នៅ​តាម​ក្រុម​គ្រួសារ តាមវប្បធម៌ តាមសង្គម និងតាម​សាសនា​ទៀត​ដែរ។ លើសពីនេះទៅទៀត គេត្រូវមានសមត្ថភាព​លាតត្រដាងទេពកោសល្យ និង​លក្ខណៈ​សម្បត្តិ​របស់​ខ្លួនដែលគ្មានឱកាស​ប្រើនៅពេលបំពេញអាជីវកម្មរបស់ខ្លួន។

៦៨- ពលករទទួលចំណែកក្នុងការចាត់ចែងសហគ្រាស

ក- ក្នុងសហគ្រាសសេដ្ឋកិច្ចមនុស្សរួមគ្នាធ្វើការ គឺជាបុគ្គលមានសេរីភាព និងស្វយ័តដែលព្រះជាម្ចាស់បាន​ប្រតិស្ឋាន​ឱ្យមានលក្ខណៈដូចព្រះអង្គ។ ហេតុនេះ ត្រូវជួយណែនាំឱ្យបុគ្គលិកទាំងអស់ក្នុងសហគ្រាសទទួល​ចំណែក​យ៉ាង​សកម្ម​ក្នុងការគ្រប់គ្រងសហគ្រាស តាមបែបបទដែលត្រូវបានបញ្ជាក់ជាមួយគ្នា។ ក្នុងករណីនេះ​ត្រូវ​គិត​គូរដល់​មុខងារ​របស់​បុគ្គលិកម្នាក់ៗ គឺម្ចាស់សហគ្រាស ថៅកែជួលកម្មករ​អ្នកក្នុងក្របខ័ណ្ឌ និង​កម្មករ។ ត្រូវថែរក្សា​ឱ្យ​មានឯកភាព​ក្នុង​ការ​ណែ​នាំផង។ ប៉ុន្តែ ជារឿយៗផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គមមិន​សម្រេច​នៅ​លើកម្រិត​សហគ្រាសទេ តែសម្រេច​នៅ​កម្រិត​ខាងលើទៅទៀត។ រីឯអនាគតក្រុមពលករ និងអនាគតកូនគេ​វិញក៏អាស្រ័យនៅលើ​សេចក្តី​សម្រេច​ទាំងនោះ​ដែរ។ ហេតុនេះហើយ បាន​ជាពលករ​ត្រូវ​ទទួល​ចំណែក​ក្នុងកិច្ចសម្រេចទាំងនោះដោយខ្លួនគេផ្ទាល់ ឬដោយ​តំណាង​ដែលគេបានជ្រើសរើស​ដោយ​សេរី។

ខ- ក្នុងចំណោមសិទ្ធិមនុស្សជាគ្រឹះ ពលករមានសិទ្ធិបង្កើតសមាគមដោយសេរី គឺសមាគមន៍ ដែល​អាច​ទៅ​ជា​តំណាង​របស់​គេ​យ៉ាងត្រឹមត្រូវ និងដែលអាចសហការក្នុងការចាត់ចែងជីវិតសេដ្ឋកិច្ចឱ្យបានល្អ។ គេហៅ​សមាគម​ន៍ទាំង​នោះថា “សហជីព”។ ពលករក៏មានសិទ្ធិ​ចូលរួមក្នុង​សកម្មភាពសមាគមន៍ទាំងនោះដោយសេរីដោយ​មិន​ខ្លាច​នរណាបៀតបៀន។ ដោយ​ពលក​ររួមចំណែក​ក្នុង​ការចាក់ចែង​សហគ្រាស​នេះ និង​ដោយ​គេ​ទទួល​ការ​អប់រំខាងសេដ្ខកិច្ច និងខាងសង្គម បុគ្គលិក​ទាំង​អស់ក្នុង​សហគ្រាស​នឹងមានគំនិត​ទទួលខុស​ត្រូវ​កាន់​តែ​ខ្លាំង​ឡើងៗ។ គេមុខជានឹងយល់ឃើញថា គេចូលរួមក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម ព្រម​ទាំង​បង្កើត​ប្រយោជន៍​រួមសកលតាមសមត្ថភាព និងតាមទេពកោស​ល្យ​របស់​គេផង។

គ- នៅពេលកើតជម្លោះទាស់ទែងគ្នាខាងសង្គម ត្រូវយកចិត្តទុកដាក់រកដំណោះស្រាយដោយសន្តិវិធី។ បដិបក្ស​ទាំង​ពីរ ត្រូវ​ចចារជាមួយគ្នាជានិច្ចដោយចិត្តស្មោះ។ ប៉ុន្តែ ជូនកាលក្នុងសភាពកាណ៍ខ្លះនា​បច្ចុប្បន្ន​កាល ប្រសិន​បើបាន​ប្រើគ្រប់មធ្យោបាយឯទៀតៗនៅតែដោះស្រាយមិនបានត្រូវធ្វើកូដកម្ម ដើម្បី​ការពារ​សិទ្ធិ​របស់​ពលករ និង​ជួយ​ឱ្យ​សេចក្តីប៉ង​ប្រាថ្នា​ដ៏ត្រឹមត្រូវរបស់គេ​បានសម្រេច។ ប៉ុន្តែ សូមចចារ​ឡើង​វិញ​នៅពេល​ឆាប់ៗប្រសិនបើអាច​ធ្វើ​បាន ដើម្បីធ្វើការព្រមព្រៀងគ្នា។

៦៩- មនុស្ស​ទាំង​អស់​មានសិទ្ធិប្រើ​ប្រាស់ទ្រព្យ​សម្បត្តិ​ទាំងអស់ក្នុង​លោក​នេះ

ក- ព្រះ​ជា​ម្ចាស់​បាន​តម្រង់​ផែន​ដី និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​លើ​ផែន​ដី​ឱ្យ​មនុស្ស​ទាំង​អស់និងឱ្យ​ប្រជាជន​ទាំង​អស់​ប្រើ​ប្រាស់។ ដូច្នេះ ភោគ​ទ្រព្យ​ទាំងអស់ដែល​មាន​ក្នុង​ពិភព​លោក​នេះត្រូវហូរមកដល់មនុស្ស​ទាំង​អស់​តាម​សេចក្តីត្រូវការ​របស់​គេ និង​ត្រូវ​តាម​ក្បួនយុតិ្តធម៌ដែល​បំបែក​ពី​សេចក្តី​ស្រឡាញ់​មិន​បាន។ ទោះ​បី​កម្ម​សិទ្ធិ​មាន​របៀបផ្សេងៗ​ស្រប​តាម​ការចាត់ចែងដ៏ត្រឹមត្រូវរបស់​ប្រជាជាតិ​នីមួយៗ និង​តាម​កាលៈ​ទេសៈផ្សេងៗដែល​តែង​តែ​ប្រែ​ប្រួល​ក្តី ក៏​ត្រូវ​នឹក​ចង​ចាំ​ជា​និច្ច​ថា​ ទ្រព្យ​សម្បត្តិទាំង​ប៉ុន្មាន​ដែលខ្លួនមានតម្រូវឱ្យ​មនុស្ស​ទាំង​អស់​ប្រើ​ប្រាស់។ ហេតុ​នេះ​ហើយ​ បានជាពេល​មនុស្ស​ម្នាក់​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិគេមិន​ត្រូវ​ចាត់ទុកថា ទ្រព្យ​សម្បត្តិដែលខ្លួន​មាន​ត្រឹម​ត្រូវ​តាម​ច្បាប់នោះជា​កម្មសិទ្ធ​ផ្ទាល់ខ្លួនទេ តែ​ត្រូវចាត់ទុកថា ជាកម្មសិទ្ធរួមវិញ។ ហេតុនេះ មិនគ្រាន់តែខ្លួនគេទេអាចប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​បាន តែមនុស្ស​ឯ​ទៀតៗក៏​អាច​ប្រើ​ប្រាស់​បាន​ដែរ។ ម្យ៉ាង​ទៀត មនុស្ស​ទាំង​អស់​មាន​សិទ្ធិ​នឹង​បាន​ទ្រព្យ​សម្បត្តិ​គ្រប់​គ្រាន់​ល្មម​សម្រាប់​ខ្លួន​គេ និង​សម្រាប់​ក្រុម​គ្រួសារ​របស់​គេ​ដែរ។ អស់​គ្រូបាធ្យាយ និងបណ្ឌិត​ដែល​បាន​បង្រៀន​កាលពីដើមតែងមាន​គំនិត​ដូច្នោះ​ដែរ គឺ​អស់​លោក​តែង​ប្រៀន​ប្រដៅថា​ គ្រីស្ត​បរិស័ទ​ត្រូវជួយអ្នកក្រីក្រមិន​គ្រាន់​តែ​ដោយយក​អ្វី​ដែល​គេ​សេស​សល់​ប៉ុណ្ណោះ​ឡើយ តែ​ដោយយក​អ្វី​ដែល​ជា​ចាំ​បាច់​សម្រាប់​ចិញ្ចឹម​ជីវិត​របស់​ខ្លួនយក​ទៅ​ចែក​ដល់​អ្នក​ក្រីក្រវិញ។ រីឯ​អ្នក​ដែល​ខ្វះ​ខាត​ទ័ល​ក្រវិញ គេក៏​មាន​សិទ្ធិ​យក​ទ្រព្យ​សម្បត្តិ​ដ៏សម្បូរណ៍របស់​គេ មកទប់​ទល់​នឹង​សេចក្តី​ត្រូវ​ការ​ដ៏ចាំ​បាច់​របស់​ខ្លួន។ ដោយ​មហា​សន្និបាត​ឃើញ​ថា​ មនុស្ស​ខ្វះអាហារ​បរិភោគ​ច្រើន​ក្រៃ​លែង​ក្នុង​ពិភពលោក មហា​សន្និបាត​សូមអំពាវ​នាវ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​អ្នក​កាន់​អំណាច សូម​នឹក​ដល់​ពាក្យ​របស់​គ្រូបាធ្យាយ​ដែល​ចែង​ថា៖ “ចូល​ចែក​អាហារ​ដល់​អ្នក​ដែល​ស្រេក​ឃ្លានជិត​ដាច់​ពោះ​ទៅ​! ប្រសិន​បើ​អ្នក​មិន​ចែក​អាហារឱ្យគេបរិភោគ​ទេ អ្នក​ដូច​ជា​ប្រហារ​ជីវិត​គេ​ហើយ”។ សូមឱ្យមនុស្ស​គ្រប់​ៗរូប​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​យ៉ាងពិត​ប្រាកដ និង​ចែកឱ្យ​អ្នក​ក្រី​ក្រតាម​សមត្ថភាព​រៀងៗ​ខ្លួន​ដោយ​ប្រគល់​ឱ្យ​ទាំង​បុគ្គល ទាំង​ប្រជាជន​នានាមាន​មធ្យោ​បាយ​អាចទប់​ទល់​សេចក្តី​ខ្វះ​ខាត​របស់​គេ​ដោយ​ខ្លួន​ឯង និង​អាច​អភិវឌ្ឍន៍ខ្លួន​ថែម​ទៀត​ផង។

ខ- ក្នុងប្រទេសក្រីក្រដែលមានសេដ្ឋកិច្ចតិចជាងគេ ប្រពៃណី និងទំនៀមទម្លាប់នាំឱ្យប្រជាជនចែក​ទ្រព្យ​សម្បត្តិ​ប្រើ​រួម គឺ​ធានា​ឱ្យសមាជិកម្នាក់ៗមានទ្រព្យសម្បត្តិ​ដែលខ្លួនត្រូវការជាចាំបាច់ច្រើនជាងគេ។ ប្រសិន​បើ​ប្រពៃណី និងទំនៀម​ទម្លាប់​ទាំងនោះមិនតបឆ្លើយនឹងសេចក្តីទាមទាររបស់មនុស្ស​បច្ចុប្បន្នកាលនេះ ត្រូវ​ប្រយ័ត្ន​កុំ​យល់​ថា ប្រពៃណី​ និង​ទំនៀម​ទម្លាប់ខ្លះមិនអាចប្រែប្រួលបាន។ ផ្ទុយទៅវិញ កុំប៉ះ​ពាល់​ទំនៀម​ទម្លាប់​ដ៏​ទៀង​ត្រង់ដែលអាច​ជួយ​ប្រជាជន​យ៉ាង​ខ្លាំង​តទៅទៀត លើកលែងតែគេប្រែប្រួលទំនៀម​ទម្លាប់​ឱ្យ​បាន​ទំនើប​យ៉ាង​ត្រឹមត្រូវ។ យ៉ាងណាមិញ ក្នុងប្រទេស​ជឿន​លឿន​ខ្លាំងមានបណ្តាញ​ស្ថាប័ន​ខាងសង្គម ខាងធានា​រ៉ាប់រង និងខាងសុវត្តិភាពក្នុងសង្គមអាចជួយ​ចែក​ទ្រព្យ​សម្បត្តិខ្លះឱ្យគេប្រើប្រាស់គ្រប់គ្នា។ ត្រូវការ​បន្ត​អភិវឌ្ឍន៍​សេវាកម្មសម្រាប់ក្រុមគ្រួសារ និ​ងសង្គម ជាពិសេស​ សេវាកម្ម​ដែល​ជួយ​ខាងវប្បធម៌ និងការអប់រំ។ ក៏​ប៉ុន្តែ ក្នុងកិច្ចសម្រួលស្ថាប័នទាំងនោះត្រូវប្រយ័ត្នកុំបណ្តោយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ឥរិយាបថ​ចង់​តែ​ទទួល​អំណោយ ដោយមិនធ្វើអ្វីសងវិញ មិនព្រមទទួលខុសត្រូវ ហើយមិនព្រម​បម្រើ​អ្នកដទៃ។

៧០- វិនិយោគ និងបញ្ហារូបិយវត្ថុ

ចំណែកឯវិនិយោគវិញ ត្រូវធានាឱ្យប្រជាជនមានការងារធ្វើ និងជូនកម្រៃគ្រប់គ្រាន់ដល់គេ​នាបច្ចុប្បន្នកាល និង​អនាគត​កាល។ អស់អ្នកសម្រេចធ្វើវិនិយោគ ដូចអស់អ្នក​ដែល​មានតួនាទីសម្រេច​ និងចាត់ចែង​ជីវិត​សេដ្ឋកិច្ច ពោលគឺ បុគ្គល ក្រុម និងរដ្ឋអំណាច ត្រូវយកចិត្តទុកដាក់នឹង​គោល​ដៅទាំងនេះ និងដឹងខ្លួនអំពី​ភារកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួន។ ម្យ៉ាង អស់​លោក​ត្រូវចាត់វិធានការដើម្បី​ទប់​ទល់នឹងសេចក្តីត្រូវការជូនប្រជាជនទាំងបុគ្គល ទាំងសហគមន៍ទាំងមូលឱ្យមាន​ជីវភាព​សមរម្យ។ ម្យ៉ាង​ទៀត ត្រូវ​គ្រោងទុកអនាគត​ និងធានាតុល្យភាពដ៏ត្រឹមត្រូវរវាង​សេចក្តីត្រូវការ​របស់​បុគ្គល​ម្នាក់ៗ ​និង​សហគមន៍នាបច្ចុប្បន្ន ហើយនឹ​ងវិនិយោគសម្រាប់អនាគត គឺបុគ្គលម្នាក់ៗ និង​សហគមន៍នា​បច្ចុប្បន្នចង់​បាន​ទ្រព្យ​សម្បត្តិ​ប្រើប្រាស់ភ្លាម ប៉ុន្តែ ត្រូវគិតដល់​វិនិយោគតាម​សេចក្តីត្រូវការសម្រាប់​កូនចៅនៅ​ពេល​អនាគតទៀត​ផង។ ត្រូវនឹក​គិត​ជា​និច្ចអំពី​សេចក្តី​ត្រូវ​ការជាចាំបាច់របស់​ប្រជា​ជាតិនានា និងតំបន់ដែល​មានសេដ្ឋកិច្ច​អន់ជាង​គេ។ រីឯ​ខាង​រូបិយវត្ថុ​វិញ​ត្រូវប្រយ័ត្នកំុបង្ខូចផលប្រយោជន៍​ប្រទេស​របស់ខ្លួន​ និងផលប្រយោជន៍​ប្រជាជាតិដទៃទៀត​ផង។ ត្រូវ​ប្រយ័ត្ន មិន​ត្រូវ​បណ្តាល​ឱ្យអស់អ្នកក្រជាងគេ ត្រូវ​បង់ខាតយ៉ាងអយុត្តិធម៌​ដោយផ្លាស់​ប្តូរតម្លៃនៃរូបិយវត្ថុ។

៧១- ផ្លូវចូលទៅកាន់កម្មសិទ្ធ និងកាន់សម្បត្តិទ្រព្យឯកជន

ក- កម្មសិទ្ធ និងការកាន់សម្បត្តិទ្រព្យឯកជនតាមរបៀបឯទៀតៗ ជួយឱ្យមនុស្សអាចបញ្ចេញលក្ខណៈ​សម្បត្តិ​របស់​ខ្លួន ព្រម​ទាំង​ហុចឱកាសឱ្យគេទទួលខុសត្រូវក្នុងសង្គម និងក្នុងសេដ្ឋកិច្ច។ ហេតុនេះហើយត្រូវជួយ​បុគ្គល និងក្រុម​ផ្សេងៗ​ឱ្យ​មាន​ផ្លូវចូលទៅកាន់អំណាចខ្លះលើសម្បត្តិទ្រព្យ។ ការនេះមានសារៈសំខាន់​ខ្លាំង​ណាស់។

ខ- កម្មសិទ្ធឯកជន និងអំណាចខ្លះលើសម្បត្តិទ្រព្យធានាឱ្យមនុស្សម្នាក់ៗ និងក្រុមគ្រួសារបានស្វ័យភាពដែលខ្លួន​ត្រូវ​ការ​ជា​ចាំ​បាច់។ ត្រូវចាត់កម្មសិទ្ធឯកជនទុកជាគ្រឿង​បន្ត​សេរីភាពរបស់មនុស្ស។ ​មិនតែប៉ុណ្ណោះ កម្មសិទ្ធ​ឯកជន​ជួយឱ្យ​មនុស្ស​ចេះ​ទទួល​ខុសត្រូវកាន់តែខ្លាំងឡើងៗ។ កម្មសិទ្ធឯកជន​ពិតជាលក្ខ័ណ្ឌមួយជួយ​ឱ្យ​មាន​សេរីភាព​ក្នុងសង្គម។

គ- របៀបកាន់អំណាចលើសម្បត្តិទ្រព្យ​ និងកម្មសិទ្ធឯកជនមានរបៀបផ្សេងៗពីគ្នានាសម័យបច្ចុប្បន្ន ហើយ​ត្រូវ​តែ​មាន​របៀបផ្សេងៗកាន់តែច្រើននៅពេលអនាគតទៀតជាមិនខាន។ ប៉ុន្តែ របៀបកាន់កាប់ទ្រព្យ​ និង​កម្មសិទ្ធ​ឯកជន​ទាំងនោះនៅតែជាប្រភពនៃ​សុវត្ថិភាពក្នុងសង្គមដ៏មានតម្លៃ។ ត្រូវរាប់​បញ្ចូល​មូលនិធិ​ផ្សេងៗ​ក្នុង​សង្គម សិទ្ធិ និង​សេវាកម្ម​ដែល​សង្គម​ធានា​រ៉ាប់រងទៀតដែរ។ សេចក្តីនេះ​មិនត្រឹម​ត្រូវ​ចំពោះ​តែ​កម្មសិទ្ធិ​ខាង​សម្ភារៈ​ប៉ុណ្ណោះទេ តែត្រឹម​ត្រូវចំពោះ​សម្បត្តិ​ទ្រព្យ​អរូបី ដែលមានសមត្ថភាពខាងអាជីវកម្មជាដើមដែរ។

ឃ- ការកាន់កាប់កម្មសិទ្ធឯកជនជាការត្រឹមត្រូវ ដែលមិនទាស់នឹងរបៀបផ្សេងៗសម្រាប់កាន់កាប់​កម្មសិទ្ធ​សាធារណៈ​ទេ។ ប៉ុន្តែ រដ្ឋអំណាចអាចផ្ទេរកម្មសិទ្ធិឯកជនទៅជា​កម្មសិទ្ធ​សាធារណៈបាន លុះត្រាតែ​មាន​ប្រយោជន៍​រួម និង​តាម​ព្រំដែននៃប្រយោជន៍រួមនោះ។ រដ្ឋអំណាចត្រូវបង់​ប្រាក់ជាថ្នូរឱ្យបានសមរម្យ។ រដ្ឋ​អំណាច​មាន​សមត្ថកិច្ច​ជៀស​វាង​មិន​ឱ្យ​គេ​ប្រើកម្មសិទ្ធឯកជនហួសព្រំដែន គឺផ្ទុយនឹងប្រយោជន៍រួមដែរ។

ង- ដោយលក្ខណៈផ្ទាល់របស់កម្មសិទ្ធឯកជន កម្មសិទ្ធឯកជននោះក៏មានលក្ខណៈជាសង្គមដែរ ដោយ​សំអាង​លើ​ច្បាប់​វិន័យ​តម្រូវឱ្យមនុស្សទាំងអស់អាចប្រើប្រាស់ទ្រព្យសម្បត្តិនោះបាន។ មនុស្សមានចិត្តលោភលន់ មិន​គោរព​លក្ខណៈ​សង្គម​នៃ​កម្មសិទ្ធិឯកជន ហើយកើតអសន្តិសុខ​ជាទម្ងន់។ សភាពការណ៍នេះ ជាមូលហេតុនាំ​ឱ្យ​អស់​អ្នក​ដែលជំទាស់​នឹង​សិទ្ធិកាន់កាប់កម្មសិទ្ធអាចតវ៉ាបាន។

ច- ក្នុងតំបន់ជាច្រើនដែលមានសេដ្ឋកិច្ចមិនជឿនលឿន មានអ្នកខ្លះកាន់​កាប់ស្រែ​ចម្ការដ៏ធំទូលំទូលាយ​សម្បើម​ទុក​ជា​កម្មសិទ្ធ​ឯកជន។ តែម្ចាស់កម្មសិទ្ធទាំងនោះមិនសូវអភិវឌ្ឍន៍ដីនោះ​ទេ ឬទុកសម្រាប់កេង​កម្រៃ​នៅ​ពេល​ក្រោយវិញ។ នៅ​ពេលជាមួយគ្នានោះ ប្រជាជនភាគច្រើនគ្មានដី​ធ្វើស្រែចម្ការ ឬមានដីទំហំតួចពេក។ ម៉្យាង​ទៀត​ មនុស្សលោក​ត្រូវ​ការ​ភោគផល​កសិកម្មជាបន្ទាន់​យ៉ាងជាក់ច្បាស់។ ធម្មតា កូន​ឈ្នួល​របស់​ម្ចាស់​ដី​ស្រែ​ដ៏​ធំ​ល្វឹងល្វើយ​ទាំងនោះ ជួល​តែ​ក្បាលដីតូច ឬទទួលកម្រៃ​ និងបៀវត្ស៍មិនសមនឹងឋានៈជាមនុស្សគ្មាន​កន្លែង​រស់​នៅ​សមរម្យ និងត្រូវអ្នក​កណ្តាល​ជិះ​ជាន់​កេងបន្លំទៀតផង។ គេគ្មានការងារជាប់លាប់ រស់នៅជា​ចំណុះ​ម្ចាស់​គេ មិនអាចទទួល​ខុសត្រូវ ឬចាប់ផ្តើម​គំនិត មិន​អាច​ចម្រើនខាងវប្បធម៌ មិនអាច​ចូលរួម​សហការ​ក្នុង​សង្គម និងនយោបាយជាដើម។ ហេតុនេះ ត្រូវតែកែទម្រង់​សភាពការណ៍ដ៏អាក្រក់នេះ ដើម្បីឱ្យកសិករ​មាន​កម្រៃច្រើនជាងឱ្យមានរបៀបធ្វើការស្រួលជាង ឱ្យ​មាន​ការងារជាប់​រហូតជួយឱ្យគេមានគំនិតផ្ទាល់។ ត្រូវ​យក​ដីដែលគេមិនទាន់អភិវឌ្ឍ យកទៅចែកដល់​មនុស្ស​ដែលអាចភ្ជួរ​រាស់ដី​ទាំង​នោះ​ឱ្យបានភោគផល។ ក្នុង​ករណី​នេះ ត្រូវផ្តល់ឱ្យគេមាន​ធនធាន មាន​ប្រដាប់ប្រដាដែលគេត្រូវការជាចាំបាច់ ជា​ពិសេស ត្រូវ​ផ្តល់​ឱ្យ​គេ​មាន​មធ្យោបាយអប់រំខ្លួន និងសមត្ថភាព​ចាត់ចែងតាមរបៀប​ជាសហករណ៍។ គ្រប់ពេល​ប្រយោជន៍​រួមទាមទារ​ឱ្យ​ដក​ហូតក្បាលដីពីឯកជនម្នាក់ៗត្រូវមានសំណង​តាម​យុត្តិធម៌ ដោយរិះគិតពីគ្រប់​សភាពការណ៍ផង។

៧២- សកម្មភាពសេដ្ឋកិច្ច និងសង្គមទាក់ទិននឹងព្រះរាជ្យរបស់ព្រះជាម្ចាស់

ក- គ្រីស្តបរិស័ទដែលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមយ៉ាងសកម្ម និងដែលតយុទ្ធដើម្បីយុត្តិធម៌និង​សេចក្តី​ស្រឡាញ់ ត្រូវ​ជឿ​ជាក់ថា ដោយប្រព្រឹត្តដូច្នេះ គេអាចជួយយ៉ាងខ្លាំងឱ្យមនុស្សជាតិចម្រើនឡើង និងមានសន្តិភាព​ក្នុង​ពិភព​លោក។ ពួកគេ​ទោះជាបុគ្គលម្នាក់ៗក្តី ឬរួមគ្នាក្តី ក៏ចាំងពន្លឺដោយធ្វើគំរូ​ដល់​អ្នកដទៃក្នុង​សកម្មភាព​ទាំង​នោះ។ ពួកគេត្រូវមាន​សមត្ថភាព​ និងបទពិសោធន៍ជាចាំបាច់បំផុត។ ក្នុង​ចំណោមកិច្ចការក្នុងលោកនេះ សូម​ឱ្យ​គេ​កាន់តាមអ្វីៗដ៏មានតម្លៃ​ច្រើន​ជាងគេ គឺសូមឱ្យគេមាន​ចិត្ត​ស្មោះ​នឹងព្រះគ្រីស្ត និងដំណឹងល្អរបស់ព្រះអង្គ ដើម្បី​ឱ្យ​ការរស់នៅទាំងមូល​របស់គេ​ម្នាក់ៗ ឬរួមគ្នាជ្រួតជ្រាប​ដោយគំនិតរបស់ព្រះយេស៊ូដែល​ប្រកាស​អំពី​សុភមង្គល​ដ៏​ពិតប្រាកដ ជាពិសេស ឱ្យគេ​ដាក់​ខ្លួន​ជាមនុស្សក្រីក្រ។

ខ- អស់អ្នកដើរតាមព្រះគ្រីស្តត្រូវស្វះស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ជាមុនសិន។ គេរកឃើញសេចក្តី​ស្រឡាញ់​យ៉ាងខ្លាំង​ និង​បរិសុទ្ធ ដើម្បីជួយមនុស្សទាំងអស់ជាបងប្អូន និងជួយ​តែងតាំងយុត្តិធម៌ដោយសេចក្តី​ស្រឡាញ់​ជំរុញ​គេ​ផង។ (សូមអាន លក ៣,១១; ១០,៣០ត; ១១,៤១; ១សល ៥,៣; មក ៨,៣៦; ១២,២៩-៣១; យក ៥,១-៦; ១ធម ៦,៨; អភ ៤,២៨; ២ករ ៨,១៣ត; ១យហ ៣,១៧១-៨)។

ជំពូក ៤
ការរស់នៅនៃសហគមន៍នយោបាយ

៧៣- ការរស់នៅសាធារណៈនាបច្ចុប្បន្នកាល

ក. សព្វថ្ងៃ យើងអាចសង្កេតឃើញថា រចនាសម្ពន្ធ និងស្ថាប័នប្រជាជនជាច្រើនប្រែប្រួលយ៉ាងខ្លំាង។ ការ​ប្រែ​ប្រួល​ទាំង​នោះក៏ស្របតាមការវិវឌ្ឍន៍ វប្បធម៌ សេដ្ឋកិច្ច និងសង្គមប្រជាជនទាំងនោះដែរ។ ការប្រែប្រួល​ទាំង​នោះ​មាន​ឥទ្ធិពល​ជាខ្លាំងលើការរស់​នៅរបស់សហគមន៍នយោបាយ ជាពិសេស ​ក្នុងវិស័យសិទ្ធិ និង​ភារកិច្ច​របស់​មនុស្ស​ម្នាក់ៗដែលប្រើ​សិទ្ធិសេរីភាពក្នុងឋានៈជា​ប្រជា​ពលរដ្ឋ និងដែលចង់ស្វែងរកប្រយោជន៍រួម។ ការ​ប្រែប្រួល​ទាំងនោះ​ក៏មាន​ឥទ្ធិពល​លើ​ការ​ចាត់ចែងទំនាក់ទំនងរបស់​ប្រជាពលរដ្ឋទៅវិញទៅមក និង​ក្នុង​ការ​ចាត់​ចែងទំនាក់ទំនងរបស់​គេជាមួយ​រដ្ឋ​អំណាច​ផង​ដែរ។

ខ. មនុស្សនាបច្ចុប្បន្នដឹងខ្លួនកាន់តែច្បាស់អំពីកិត្តិយសរបស់ខ្លួនជាមនុស្ស។ ហេតុនេះ តាមតំបន់ផ្សេងៗក្នុង​ពិភព​លោក មនុស្សខិតខំតែងតាំងរបៀបរៀបរយនយោបាយ និងច្បាប់ដែល​អាចការពារ​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗក្នុងការរស់នៅ​ជា​សាធារណៈ។ ឧបមាថា សិទ្ធិជួបជុំគ្នា និងបង្កើតសមាគមន៍ សិទ្ធិ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន និង​ប្រកាសសាសនា​របស់​ខ្លួនទាំងនៅទីឯកជន និងនៅទីសាធារណៈ។ល។ ការធានារា៉ប់រងសិទ្ធិបុគ្គលពិតជា​លក្ខខណ្ឌ​ដ៏ចាំបាច់មិនអាច​ខានបាន ដើម្បីឱ្យ​ប្រជាពលរដ្ឋទាំងបុគ្គលម្នាក់ៗ ទាំង​ក្រុមអាច​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការរស់​នៅ​ជាសាធារណៈ និងក្នុងការ​គ្រប់គ្រងកិច្ចការសាធារណៈផងដែរ។

គ. មនុស្សមួយចំនួនធំបញ្ជាក់បំណងរបស់ខ្លួនចង់ទទួលចំណែកក្នុងការចាត់ចែងនៃសហគមន៍នយោបាយ។ បំណង​នេះក៏​ភ្ជាប់​យ៉ាងស្អិតល្មួតជាមួយការចម្រើនខាងវប្បធម៌ ខាងសេដ្ឋកិច្ច និងខាងសង្គម។ មនុស្ស​ជាច្រើន​មាន​មនសិកា​រកាន់​តែ​ខ្លាំង​ឡើងៗ ចង់រក្សាទុកសិទ្ធិជនជាតិភាគតិចក្នុងប្រទេសនីមួយៗ ទាំង​យក​ចិត្ត​ទុក​ដាក់នឹង​ភារកិច្ច​របស់​ខ្លួន​ចំពោះ​សហគមន៍​នយោបាយ។ ម៉្យាងទៀត មនុស្សកាន់តែ​ខ្លាំង​ឡើងៗ មិន​ជំទាស់​នឹង​អ្នកដែលមានយោបល់ ​ឬដែល​កាន់​សាសនា​ប្លែកពីគេ។ កាលពីមុន​មាន​មនុស្ស​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ មានឯកសិទ្ធិ​អាច​ប្រើ​សិទ្ធិបុគ្គល​បាន។ ឥឡូវ ​មាន​មនុស្សជាច្រើនរួមសហការគ្នា​កាន់តែខ្លាំង​ឡើងៗ អាច​ជួយឱ្យប្រជាពលរដ្ឋ​ទាំង​អស់ប្រើ​សិទ្ធិរបស់ខ្លួន។

ឃ. ផ្ទុយទៅវិញ​ មនុស្សនាបច្ចុប្បន្នតែងបោះបង់ចោលរបបនយោបាយដែលរារាំងសិទ្ធិសេរីភាពក្នុងសង្គម ឬរា​រាំង​សិទិ្ធ​សេរីភាព​ខាង​សាសនាដូចមានតាមតំបន់ផ្សេងៗក្នុងពិភពលោក។ របបនយោបាយទាំងនោះ​បណ្តាល​ឱ្យ​មានជន​រង​គ្រោះជាច្រើនដោយអំពើហិង្សា ឬដោយ​អំពើ​ឧក្រិដ្ឋខាងនយោបាយ។ របប​ទាំងនោះ​ក៏​ប្រែ​សកម្មភាព​នៃរដ្ឋ​អំណាច ដើម្បីជាប្រយោជន៍ដល់គណៈតូចមួយ ឬដល់អ្នក​កាន់​អំណាចមិនយក​សកម្មភាព​នោះ​មកបម្រើ​ប្រយោជន៍​រួម។

ង. គ្មានអ្វីសំខាន់ជាងការអភិវឌ្ឍន៍ចិត្តគំនិតមនុស្សឱ្យស្រឡាញ់យុត្តិធម៌ ឱ្យមានចិត្តសប្បុរស ឱ្យយក​ចិត្តទុក​ដាក់​នឹង​ប្រយោជន៍​រួម។ ត្រូវពង្រឹងគំនិតជាគ្រឹះអំពីលក្ខណៈដ៏ពិតប្រាកដនៃសហគមន៍នយោបាយ និង​អំពី​គោល​ដៅ​សហគមន៍​នេះ ហើយ​អំពី​របៀប​រដ្ឋប្រើ​ប្រាស់​អំណាចរបស់ខ្លួនដែលមាន​កំណត់ព្រំដែន។ ប្រសិនបើ​មាន​គេ​អប់រំដូច្នេះ មុខជា​ការ​រស់​នៅ​ខាង​នយោបាយមានលក្ខណៈជាមនុស្សយ៉ាង​ពិតប្រាកដមែន។

៧៤- លក្ខណៈ និងគោលដៅនៃសហគមន៍នយោបាយ

ក. បុគ្គលម្នាក់ៗ ក្រុមគ្រួសារ ក្រុមផ្សេងៗ និងអស់អ្នកដែលរួមគ្នាជាសហគមន៍ប្រជាពលដ្ឋក៏ដឹងខ្លួនថា គេ​មិន​អាច​រស់​នៅ​តែ​ម្នាក់ឯងដោយមិនពេញលក្ខណៈជាមនុស្សបានទេ។ គេយល់ឃើញថា គេ​ត្រូវ​ការ​សហគមន៍​ធំ​ជាង គឺ​មនុស្ស​ទាំង​អស់​នឹងរួមកម្លាំងគ្នាជារៀងរាល់ថ្ងៃ បង្កើតប្រយោជន៍រួម​ឱ្យកាន់​តែ​ប្រសើរឡើងៗ ក្នុង​សហគមន៍​នេះ។ ហេតុនេះ​ហើយ​ បានជាគេតែង​តាំងស​ហគមន៍នយោបាយតាមរចនាសម្ពន្ធផ្សេងៗពីគ្នា។ សហគមន៍នយោបាយនេះ​កើតឡើង​ដើម្បីជាប្រយោជន៍រួម ត្រូវកើតឡើងត្រឹមត្រូវ និងមានអត្ថន័យ​ដោយសារ​តែ​ប្រយោជន៍រួមនេះប៉ុណ្ណោះ។ សហគមន៍​នយោបាយនេះបង្កើតច្បាប់ទាំង​ប៉ុន្មាន​ដោយ​យកប្រយោជន៍​រួម​នេះ​ជាប្រភព។ រីឯប្រយោជន៍រួមវិញមាន​ន័យថា គ្រប់​នៃ​ការរស់នៅក្នុងសង្គមដែលបណ្តាលឱ្យមនុស្ស ឱ្យ​ក្រុម​គ្រួសារ ឱ្យក្រុមផ្សេងៗបាន​ពេញលក្ខណៈកាន់​តែ​ពេញ​លេញ និងស្រួលផង។

ខ. ប៉ុន្តែ មនុស្សរួមក្នុងសហគមន៍នយោបាយមានច្រើន ហើយប្លែកពីគ្នា និងមានយោបល់ប្លែកៗគ្នាថែមទៀតផង តាម​សិទ្ធិដ៏​ត្រឹមត្រូវ​របស់​គេ។ បើម្នាក់ៗប្រព្រឹត្តតាមយោបល់រៀងៗខ្លួន មុខជាសហគមន៍​នយោបាយ​បាក់បែក​គ្នា​ពុំខាន។ ដូច្នេះ ត្រូវមាន​អំណាចមួយត្រួតត្រាពីលើ ដែលអាចតម្រង់ថាមពលរបស់មនុស្សទាំង​អស់បាន។ អំណាច​នោះ មិន​ត្រូវ​តម្រង់​ថាមពលទាំងនោះដូច​ជាគ្រឿងម៉ាស៊ីន ឬដោយត្រួតត្រាបែបផ្តាច់ការបានទេ តែ​អំណាច​នោះបំពេញ​មុខងារ​របស់​ខ្លួន​ហាក់ដូចជាកម្លាំងខាងវិញ្ញាណ ដែលសំអាង​លើសេរីភាព​ និង​លើ​គំនិត​របស់​មនុស្សទទួលខុសត្រូវ។

គ. សហគមន៍នយោបាយ និងរដ្ខអំណាចមានគ្រឹះយ៉ាងជាក់ច្បាស់ ក្នុងលក្ខណៈរបស់មនុស្ស។ បើដូច្នេះមែន សហគមន៍​នយោបាយ និងរដ្ខអំណាចក៏ហូរមក​ពីរបៀប​រៀប​រយដែលព្រះជាម្ចាស់បានកំណត់ហើយនោះដែរ។ ប៉ុន្តែ ចំពោះការ​បញ្ជាក់របបនយោបាយ និងការជ្រើស​រើស​អ្នកដឹកនាំប្រទេសវិញ ស្រេចតែប្រជាពលរដ្ខ​ជ្រើស​រើស​ដោយ​សេរី តាម​បំណងប្រាជ្ញារបស់ខ្លួន (រម ១៣,​១-៥)។

ឃ. យោងតាមសេចក្តីនេះ រដ្ឋអំណាច ទោះបីគេប្រើអំណាចក្នុងរង្វង់សហគមន៍នយោបាយក្តី ឬតាមស្ថាប័ន​ជា​តំណាង​របស់រដ្ឋក្តី ត្រូវតែប្រើតាមព្រំដែននៃរបៀបរៀបរយនៃសីលធម៌ជានិច្ច។ រដ្ឋក៏ត្រូវប្រើអំណាចដើម្បីជា​ប្រយោជន៍​រួម ស្រប​តាម​ក្បួន​ច្បាប់ដែលប្រជាពលរដ្ឋបានតែងតាំងរួចហើយ ឬត្រូវតែងតាំងនៅពេលអនាគត (ត្រូវ​គិតគូរអំពី​ប្រយោជន៍​រួមដូច​ជាកម្លាំង​មួយ)។ បើពិតជាដូច្នេះមែន ទើបប្រជាពលរដ្ឋត្រូវ​តែស្តាប់​តាម​បញ្ជា​របស់​រដ្ឋ​អំណាច តាម​មនសិការ​របស់​ខ្លួន (រម ១៣,៥)។ ហេតុនេះហើយ បានជាប្រជាពល​រដ្ឋ​ត្រូវ​ទទួល​ស្គាល់​ថា អ្នកកាន់អំណាចជាអ្នកទទួល​ខុស​ត្រូវមាន​កិត្តិយស​យ៉ាង​ថ្លៃថ្នូរ និង​មាន​មុខងារ​ដ៏សំខាន់​មែន។

ង. ប្រសិនបើរដ្ឋអំណាចប្រព្រឹត្តហួសពីសមត្ថកិច្ចរបស់ខ្លួន បែរទៅជិះជាន់ប្រជាជន ពេលនោះ​ប្រជាពលរដ្ឋមិន​ត្រូវ​រួញរា​ធ្វើកិច្ចការ​ដែលមាន​ប្រយោជន៍​រួម​យ៉ាងជាក់ច្បាស់នោះទេ។ ប៉ុន្តែ ប្រជាជនត្រូវមានច្បាប់​អនុញ្ញាត​ដែល​អាចឱ្យគេ​ការ​ពារ​សិទ្ធិរបស់ខ្លួន និងសិទិ្ធប្រជាពលរដ្ឋ​ឯទៀតៗ​ដែល​ត្រូវ​រង​គ្រោះ​ដោយ​រដ្ឋ​អំណាច​ជិះជាន់​នោះ។ ប្រជាជន​ត្រូវ​តែ​គោរពព្រំដែននៃច្បាប់ដែលមកពីធម្មជាតិ និងធម្មវិន័យមកពីដំណឹង​ល្អ​ផង​ដែរ។

ច. រីឯសហគមន៍នយោបាយតែងតាំងរចនាសម្ព័ន្ធរបស់ខ្លួន និងចាត់ចែងតុល្យភាពយ៉ាងស្រួល​នៃ​រដ្ឋ​អំណាច មាន​របៀប​ជាច្រើន​ប្លែកៗពីគ្នាស្រប​តាមទេពកោសល្យប្រជាជននីមួយៗ និង​ស្របតាម​ដំណើរ​នៃ​ប្រវត្តិ​សាស្រ្ត។ ក៏ប៉ុន្តែ រចនា​សម្ពន្ធទាំងនោះត្រូវបម្រើការអប់រំមនុស្សជានិច្ច គឺអប់រំគេឱ្យមានវប្បធម៌ ឱ្យ​ស្រឡាញ់​សន្តិភាព ឱ្យមានចិត្តមេត្តា​ករុណា​ចំពោះមនុស្ស​គ្រប់ៗរូប ដើម្បីជា​ប្រយោជន៍ដល់​មហា​គ្រួសារ​នៃ​មនុស្ស​ជាតិ​ទាំងមូល។

៧៥- ប្រជាពលរដ្ឋទាំងអស់រួមសហការក្នុងការរស់នៅជាសាធារណៈ

ក. រចនាសម្ព័ន្ធនយោបាយ និងក្បួនច្បាប់ដែលផ្តល់​ឱ្យ​ប្រជាពលរដ្ឋទាំងអស់មានលទ្ធភាព ដោយ​សេរី និងយ៉ាង​សកម្ម​កាន់តែទូលំទូលាយឡើង ទាំងមិនរើសមុខនរណាសោះឡើយ ពិត​ជា​ត្រឹម​ត្រូវ​តាម​លក្ខណៈ​របស់​មនុស្ស​មែន​ គឺ​ប្រជាពលរដ្ឋត្រូវមានលទ្ធភាពទទួលចំណែក​ក្នុងការតែងតាំង​គ្រឹះ​នៃ​ក្បួន​ច្បាប់​របស់​សហគមន៍​នយោបាយ និងក្នុង​ការ​ត្រួតត្រា​លើកិច្ចសាធារណៈ។ ប្រជាពលរដ្ឋក៏ត្រូវមានលទ្ធភាពទទួលចំណែកក្នុង​ការ​កំណត់​សកម្មភាព​និងគោល​ដៅនៃ​ស្ថាប័ន​នានា និងក្នុងការ​បោះ​ឆ្នោត​រើសអ្នកដឹកនាំដែរ។ សូម​ប្រជាពល​រដ្ឋ​ទាំង​អស់នឹកចងចាំថា គេមានសិទ្ធិ និង​ភារកិច្ច​ប្រើ​សន្លឹកឆ្នោត​ដោយសេរី​ដើម្បី​ជាប្រយោជន៍រួម។ព្រះសហ​គមន៍​រាប់រកយ៉ាងខ្លាំង និងសរសើរ​សកម្មភាព​របស់អស់​អ្នក​ដែលប្តេជ្ញាចិត្តបម្រើ​កិច្ចការ​សាធារណៈ និងដែល​ទទួល​បន្ទុក​បម្រើមនុស្សទាំងអស់។

ខ. ត្រូវការមានលក្ខន្តិកៈច្បាប់ជាចាំបាច់ចាត់ចែង និងចែកមុខនាទី និងស្ថានប័ននានានៃរដ្ឋ​អំណាច​យ៉ាង​សមរម្យ។ ត្រូវ​មានអង្គភាព​ឯករាជ្យមួយ ការពារសិទ្ធិ​យ៉ាងសកម្មដែលមិននៅជាចំណុះនរណាឡើយដែរ។ ដូច្នេះ​ ប្រជាពលរដ្ឋ​ដែល​ទទួល​ការខុស​ត្រូវអាចរួមសហការគ្នា និងអាចបង្កើតផល​ល្អ​ដ៏​ប្រសើរ​ក្នុង​ការ​រស់​នៅ​តាម​នយោបាយ​ប្រចាំថ្ងៃ។ សូម​ឱ្យរដ្ឋអំណាចទទួលស្គាល់សិទ្ធិ​របស់បុគ្គលទាំងអស់ សិទ្ធិរបស់ក្រុមគ្រួសារ និង​សិទ្ធិ​របស់ក្រុមនានា ហើយសូម​ឱ្យ​រដ្ឋអំណាចអនុញ្ញាតឱ្យគេអាចប្រព្រឹត្តតាមសិទ្ធិទាំងនោះបាន។ សូមឱ្យ​រដ្ឋអំណាច​គោរព និងលើក​តម្លៃនៃសិទ្ធិទាំង​នោះ។ សូមឱ្យរដ្ឋអំណាចទទួលស្គាល់ភារកិច្ចដែល​ប្រជាពលរដ្ឋ​ទាំង​អស់ត្រូវ​អនុវត្តតាម។ ត្រូវរម្លឹកប្រជាពលរដ្ឋ​ថា ក្នុង​ចំណោម​ភារកិច្ច​ទាំងនោះ មាន​ភារកិច្ចបម្រើរដ្ឋ​ដោយ​បង់​ពន្ធដារ ឬដោយកម្លាំងពលកម្មតាមតែប្រយោជន៍​រួមទាម​ទារ។ អ្នក​ដឹកនាំ​មិន​ត្រូវ​បង្កើត​ឧបសគ្គ​ដល់​សមាគមនានា គឺដល់សមាគមក្រុមគ្រួសារ ដល់សមាគមក្នុងសង្គម ដល់​សមាគម​វប្បធម៌​ ដល់​អង្គភាព​ និង​ដល់​ស្ថាប័ន​កណ្តាល ហើយក៏មិនត្រវឃាត់ឃាំងសកម្មភាព​ដ៏ត្រឹមត្រូវ​តាមច្បាប់​នៃសហគមន៍ និងក្រុម​ទាំងនោះ​ជា​ដាច់​ខាត។ ផ្ទុយទៅវិញ សូមឱ្យរដ្ឋអំណាចយកចិត្តទុកដាក់ជួយសមាគមន៍ និងក្រុមទាំង​នោះ​ឱ្យមាន​របៀប​រៀប​រយ។ រីឯប្រជាពលរដ្ឋ​វិញ ម្នាក់ៗក្តី រួមជាក្រុមក្តីសូមជៀសវាងកុំប្រគល់អំណាច​ខ្លាំងពេកដល់​រដ្ឋ​អំណាច។ សូម​កុំអង្វរ​រដ្ឋអំណាចខុស​ពេលដើម្បីទាមទារជំនួយ និងអត្ថប្រយោជន៍ហួសហេតុដែលអាចបណ្តាល​ឱ្យ​បុគ្គល​ ឱ្យគ្រួសារ និង​ឱ្យ​ក្រុមនានាក្នុងសង្គមទទួលខុសត្រូវតិចជាងពីមុន។

គ. នៅសម័យយើងនេះ សភាពការណ៍កាន់តែស្មុគស្មាញឡើងៗ បង្ខំឱ្យរដ្ឋអំណាចធ្វើអន្តរាគមន៍កាន់តែមមាញឹកក្នុង​វិស័យសង្គម វិស័យសេដ្ឋកិច្ច និងវិស័យវប្បធម៌ ដើម្បីរៀបចំលក្ខ័ណ្ឌងាយស្រួល​ នាំឱ្យប្រជាពលរដ្ឋ និង​ក្រុម​នានា​អាច​រកប្រយោជន៍ទាំងស្រុងរបស់មនុស្ស ក្នុងសេរីភាពកាន់តែសកម្មឡើង។ តាមពិត​ ត្រូវយល់អំពី​ទំនាក់​ទំនងរវាង​សង្គមហូបនីយកម្ម និង​ស្វ័យភាព ឬការអភិវឌ្ឍន៍បុគ្គលម្នាក់ៗតាមរបៀបផ្សេងៗពីគ្នាស្របតាម​តំបន់ និងស្រប​តាម​ការ​វិវឌ្ឍន៍​នៃប្រជាជាតិនានា។ ប៉ុន្តែ ប្រសិន​បើរដ្ឋអំណាចបន្ថយសិទ្ធិមនុស្សមួយ​រយៈ​ពេល​ដោយគិត​ដល់​ប្រយោជន៍រួម ត្រូវដាក់ចូលសិទ្ធិទាំងនោះឡើងវិញ នៅពេល​សភាពការណ៍ប្រែជាធម្មតា។ រដ្ឋា​ភិបាល​ដែល​ប្រើអំណាច​លទ្ធិ​ផ្តាច់ការ ពិត​ជាអមនុស្សធម៌មែន គឺខុសលក្ខណៈជាមនុស្ស ព្រោះ​រដ្ឋាភិបាល​នោះបំបាត់សិទ្ធិមនុស្ស និងសិទ្ធិក្រុម​នានា​ក្នុង​សង្គមជាទម្ងន់។

ឃ. សូមឱ្យប្រជាពលរដ្ឋពង្រឹងមនោសញ្ចេតនាស្នេហាជាតិដោយចិត្តទូលាយ និងដោយចិត្តស្មោះ ក៏ប៉ុន្តែ កុំ​ចង្អៀត​ចិត្តឱ្យ​សោះ គឺថា នៅពេលជាមួយគ្នានោះ ឱ្យគេនឹកគិតដល់ប្រយោជន៍មហាគ្រួសារទាំងមូល​នៃ​មនុស្ស​លោកជានិច្ច ជា​មហា​គ្រួសារ​ដែលប្រមូលមនុស្សគ្រប់ជាតិសាសន៍ គ្រប់ប្រជាជន គ្រប់ប្រជាជាតិ ដែលភ្ជាប់​គ្នា​ដោយចំណង​ជា​ច្រើន​យ៉ាង។

ង. គ្រីស្តបរិស័ទទាំងអស់ត្រូវដឹងខ្លួនថា គេមានតួនាទីពិសេសផ្ទាល់ក្នុងសហគមន៍នយោបាយ គឺគេត្រូវធ្វើជា​គំរូ​ល្អដោយ​មានគំនិតសុខចិត្តទទួលខុសត្រូវ និងស្ម័គ្រចិត្តរកប្រយោជន៍រួមកាន់តែខ្លាំងឡើងៗ។ គ្រីស្តបរិស័ទត្រូវ​ប្រព្រឹត្ត​កិច្ចការ​ដែលបង្ហាញ​ឱ្យដឹងថា ​រដ្ឋអំណាច ​និងសេរីភាពអាចចុះសម្រុងគ្នាបាន គំនិតផ្តើមដោយខ្លួន​ឯង និងសាមគ្គី ហើយអ្វីៗ​ដែល​សង្គម​ទាមទារ​អាចចុះសម្រុងគ្នា អត្ថប្រយោជន៍នៃការរួបរួមគ្នាជាធ្លុងតែមួយ និង​គំនិត​ផ្សេងៗដែល​បង្កើត​ផល​ក៏អាចចុះសម្រុងគ្នាដែរ។ ចំពោះការចាត់ចែងអ្វីៗនៅលើផែនដីនេះ សូមឱ្យ​គ្រីស្ត​បរិស័ទ​ចាត់ទុកថា​ អ្នកដែលមាន​ទស្សនៈ​ផ្សេងៗ​ទាស់​ទែង​គ្នា​មានសិទ្ធិកាន់ទស្សននោះ ហើយត្រូវ​គោរព​ក្រុមប្រជាពលរដ្ឋដែលការពារ​យោ​បល់​របស់​ខ្លួន​ដោយចិត្តស្មោះ។ រីឯ​បក្ស​នយោបាយ​វិញ គេមាន​ភារកិច្ច​លើក​ស្ទួយអ្វីៗដែលគេយល់ឃើញថា ប្រយោជន៍​រួមទាមទារ។ប៉ុន្តែ​ គេមិនដែល​មាន​សិទិ្ធរកប្រយោជន៍​ផ្ទាល់​ខ្លួនជំនួសប្រយោជន៍រួមទេ។

ច. យើងត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងពង្រីកការអប់រំខាងសង្គម និងខាងនយោបាយ ដើម្បីឱ្យប្រជាពលរដ្ឋ​ទាំង​អស់​អាចបំពេញតួនាទីរបស់ខ្លួនក្នុងការរស់នៅក្នុងសហគមន៍នយោបាយ។ សព្វថ្ងៃ ការអប់រំ​នេះ​មាន​សារៈ​សំខាន់​ ជា​ពិសេស​ សម្រាប់ប្រជាជនទូទៅ មានយុវជនជាដើម។ អស់អ្នកដែលមានសមត្ថភាព ឬអាច​មាន​សមត្ថភាព​បំពេញ​មុខងារខាង​នយោបាយត្រូវដឹងថា មុខងារនេះពិបាកបំផុត តែប្រសើរបំផុតដែរ ត្រូវតែ​រៀបចំ​ខ្លួនដើម្បីបំពេញ​មុខងារ​នេះបាន។ សូម​ឱ្យ​អស់លោកខ្នះខ្នែងបំពេញមុខងារនេះ ដោយមិន​គិគូរ​ដល់​ប្រយោជន៍​ផ្ទាល់ខ្លួន ឬរកអត្ថប្រយោជន៍​ខាង​សម្ភារៈ​នោះទេ។ អស់លោក​ត្រូវ​ប្រយុទ្ធ​ដោយ​ចិត្ត​សុចរិត និង​ប្រុង​ប្រយ័ត្នប្រឆាំងនឹងអយុត្តិធម៌​ និង​ការជិះជាន់ ព្រមទាំង​ប្រឆាំងនឹងអំណាចផ្តាច់ការមិនចេះអត់ឱន ទោះជា​អំណាច​ផ្តាច់​ការរបស់បុគ្គលម្នាក់ ឬជាអំណាចរបស់​បក្ស​មួយ​ណាក្តី។ អស់​លោក​នឹងត្រូវស៊ូប្តូរ​ជីវិត ដើម្បី​ជា​ប្រយោជន៍​របស់មនុស្សទាំងអស់ដោយចិត្តស្មោះ និងទៀងត្រង់។ លើស​ពីនេះទៅទៀត អស់លោក​ត្រូវ​ប្តេជ្ញា​ចិត្ត​បម្រើប្រជាជនដោយសេចក្តីស្រឡាញ់ និងសេចក្តីក្លាហានតាមការរស់​នៅខាង​នយោបាយ​នោះ។

៧៦- សហគមន៍នយោបាយ និងព្រះសហគមន៍

ក- នៅប្រទេសមានជាតិសាសន៍ច្រើនលាយគ្នាត្រូវមានទស្សនៈត្រឹមត្រូវអំពីទំនាក់ទំនង​សហគមន៍​នយោបាយ និង​ព្រះ​សហគមន៍។ គ្រីស្តបរិស័ទ ទោះជាបុគ្គលក្តី ឬជាក្រុមក្តី តែងតែ​ប្រព្រឹត្ត​កិច្ចការខ្លះ​ក្នុង​ឋានៈខ្លួន​ជា​ប្រជាពល​រដ្ឋ​តាម​មនសិកា​រជាគ្រីស្តបរិស័ទ។ គេក៏តែងប្រព្រឹត្ត​កិច្ចការខ្លះផ្សេងទៀតក្នុង​នាម​ព្រះសហ​គមន៍ ទាំងរួមជា​មួយ​អស់​លោក​គង្វាល។ ត្រូវវែកញែកឱ្យបានច្បាស់អំពីកិច្ចការទាំងពីរប្រភេទដែលគ្រីស្ត​បរិស័ទ​តែងប្រព្រឹត្តនោះ ក្នុង​ឋានៈ​ជា​ប្រជាពលរដ្ឋ និងក្នុងឋានៈជាសមាជិកនៃព្រះសហគមន៍។

ខ- ព្រះសហគមន៍ទទួលបន្ទុកពីព្រះគ្រីស្ត និងមានសមត្ថភាពផ្ទាល់។ ដូច្នេះព្រះសហគមន៍មិនលាយឡំនឹង​សហ​គមន៍​នយោបាយទាល់តែសោះ ហើយក៏មិនភ្ជាប់ជាមួយរបបនយោបាយណាមួយឡើយ។ ព្រះសហគមន៍​ជា​សញ្ញា​សម្គាល់​អំពីលក្ខណៈដ៏ខ្ពង់ខ្ពស់ហួសពីលោកនេះរបស់បុគ្គលម្នាក់ៗ ហើយ​ក៏​ថែរក្សា​ការពារ​លក្ខណៈដ៏​ប្រសើរ​នោះផង។

គ- សហគមន៍នយោបាយ និងព្រះសហគមន៍នៅដោយឡែកពីគ្នា ​និងស្វយ័តតាមវិស័យរៀងៗខ្លួន។ ប៉ុន្តែ សហ​គមន៍​នយោបាយ និងព្រះសហគមន៍ ទោះបីមានមុខនាទីប្លែកពីគ្នាក្តី ក៏បម្រើ​ទិសដៅ​កំណត់​តាម​ព្រះជាម្ចាស់​ត្រាស់​ហៅរបស់​មនុស្សតែមួយដដែល ទាំងក្នុងឋានៈជាបុគ្គល ទាំងក្នុងឋានៈជាសង្គម។ សហគមន៍​ទាំងពីរ​នឹង​បំពេញ​មុខនា​ទីនេះ ដើម្បី​ជាប្រយោជន៍របស់មនុស្ស SOLDE de TOUT COMPTE ទាំងអស់កាន់តែ​សកម្ម ដោយខិតខំរួមសហការយ៉ាងត្រឹមត្រូវជាមួយគ្នា ទាំងគិតគូរ​ដល់សភាពការណ៍​នៃ​ប្រវត្តិសាស្រ្ត និង​នៃ​ប្រទេស។ អនាគតមនុស្សមិនគ្រាន់តែមានព្រំដែននៅលើផែនដីនេះ​ប៉ុណ្ណោះ​ទេ ទោះ​បីមនុស្សរស់នៅ​តាម​ប្រវត្តិ​សាស្រ្ត​របស់មនុស្សជាតិក្តី ក៏មនុស្សនៅតែរក្សាទិសដៅកំណត់របស់ខ្លួន ពោលគឺ ជីវិត​រួមជា​មួយ​ព្រះជាម្ចាស់​ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ រីឯព្រះសហគមន៍វិញ ព្រះគ្រីស្តជាព្រះ​សង្រ្គោះតែង​តាំង​ដោយ​ព្រះហឫទ័យស្រឡាញ់ ព្រះសហគមន៍នៅតែជួយនាំយុត្តិធម៌ និងសេចក្តីស្រឡាញ់​ឱ្យគ្រងរាជ្យកាន់​តែ​ខ្លាំង​ឡើងៗ​ក្នុងផ្ទៃជាតិ​នីមួយៗ និងរវាងប្រជាជាតិនានា។ ព្រះសហគមន៍ប្រកាសសេចក្តីពិតនៃដំណឹងល្អ ហើយ​ក៏​យក​លទ្ធិ​របស់​ខ្លួន និងសក្ខីភាពរបស់គ្រីស្តបរិស័ទ​មកបំភ្លឺសកម្មភាពរបស់មនុស្សក្នុងគ្រប់វិស័យ។ ដោយ​ធ្វើដូច្នេះ ព្រះ​សហគមន៍​គោរព និងលើកស្ទួយសេរីភាពខាងនយោបាយឡើង និងជួយ​ឱ្យប្រជាពលរដ្ឋ​ទទួល​ខុសត្រូវ​បានផង។

ឃ- ព្រះគ្រីស្តជាព្រះសង្រ្គោះរបស់មនុស្សលោកបានចាត់ក្រុមគ្រីស្តទូត និងអស់អ្នកដែលបន្តមុខងារពីគ្រីស្តទូត ព្រម​ទាំង​សហការីរបស់អស់លោកឱ្យប្រកាសដំណឹងល្អរបស់ព្រះអង្គ។ កិច្ចការបស់អស់លោកជាគ្រីស្តទូត​សំអាង​លើ​ឫទ្ធានុភាព​របស់​ព្រះ​ជាម្ចាស់ ដែល​សម្តែង​កម្លាំង​នៃដំណឹងល្អ ដោយសារសក្ខីភាព​របស់​មនុស្ស​ទន់​ខ្សោយ។ ត្រូវឱ្យអស់អ្នកដែល​ប្តេជ្ញា​ចិត្តបម្រើ​ព្រះ​បន្ទូល ប្រើមាគ៌ាផ្ទាល់នៃ​ដំណឹងល្អដែលប្លែក​ពីមាគ៌ា​នៃ​បុរី​នៅ​លើផែនដីនេះ​ត្រង់ប្រការជាច្រើន។

ង- តាមពិត​ អ្វីៗដែលស្ថិតនៅក្នុងលោកនេះ នឹងអ្វីៗក្នុងលក្ខណៈមនុស្សដែលហួសពីលោកនេះ ក៏ភ្ជាប់ជាមួយ​គ្នា​យ៉ាង​ស្អិត​ល្មួត។ ព្រះសហគមន៍ក៏ប្រើគ្រឿងឧបករណ៍នៃលោកនេះ តាម​តែសេចក្តីត្រូវការនៃបេសកកម្ម​របស់​ខ្លួន​ទាម​ទារ។ ប៉ុន្តែ​​ ព្រះសហគមន៍មិនយកឯកសិទ្ធិដែលរដ្ឋអំណាចផ្ដល់ឱ្យ មកធ្វើជាគ្រឹះនៃសេចក្តីសង្ឃឹម​របស់​ខ្លួន​ឡើយ។ លើសពី​នេះ​ទៅទៀត ប្រសិនបើការប្រើប្រាស់​ឯកសិទ្ធិខ្លះបណ្តាលឱ្យគេមាន​មន្ទិល​សង្ស័យ​ថា សក្ខីភាពរបស់ព្រះ​សហគមន៍​មិន​បរិសុទ្ធទេ ឬប្រសិន​បើសភាពការណ៍ថ្មីទាមទារការតែងតាំងផ្សេងទៀត ព្រះសហគមន៍​ត្រូវតែលះបង់​ឯកសិទ្ធិខ្លះ​ចោល ទោះបី​ព្រះសហគមន៍បានទទួល​ឯក​សិទ្ធិ​ទាំងនោះ​ត្រឹម​ត្រូវ​តាម​ច្បាប់​ក្ដី។ ព្រះសហគមន៍​ត្រូវមានសិ​ទ្ធិអាច​ប្រកាស​ជំនឿ​របស់​ខ្លួននៅគ្រប់​ទីកន្លែង និងជានិច្ចដោយមាន​សេរីភាព​យ៉ាងពិតប្រាកដ ត្រូវមានសិទ្ធិ​បង្រៀន​លទ្ធិរបស់​ខ្លួន​អំពីស​ង្គម មាន​សិទ្ធិ​បំពេញបេសកកម្មរបស់ខ្លួន​ក្នុង​ចំណោមមនុស្សលោក​ដោយគ្មានឧបសគ្គរារាំង។ នៅ​ពេលណាសិទ្ធិមនុស្ស ឬការសង្រ្គោះ​ខាង​ផ្លូវធម៌​ទាម​ទារ​នោះ ព្រះសហគមន៍មានសិទ្ធិអាច​វិនិច្ឆ័យ​តាមសីលធម៌​បាន សូម្បី​តែក្នុងវិស័យពាក់ព័ន្ធនឹង​នយោបាយ​ដែរ។ ព្រះសហគមន៍ត្រូវប្រើគ្រប់មធ្យោបាយស្របតាមដំណឹងល្អ និងដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំងអស់ ស្រប​តាម​សភាពការណ៍​ និងកាលៈទេសៈដែលប្លែកៗពីគ្នា។

ច- ព្រះសហគមន៍​ផ្ចង់ចិត្ត ហើយស្មោះត្រង់នឹងដំណឹងល្អ។ ពេលព្រះសហគមន៍​បំពេញបេសកកម្មក្នុងលោក​នេះ ព្រះ​សហគមន៍​ជួយ និងពង្រឹងអ្វីៗដ៏​ទៀងត្រង់ដ៏ពិតប្រាកដ ដ៏ល្អ​ក្នុងសហគមន៍មនុស្សលោក (ពន្លឺ ១៣) ហើយ​ក៏ពង្រឹង​សន្តិភាព​ក្នុងចំណោមមនុស្ស ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ (លក ២,១៤)។

ជំពូក ៥
ការរក្សាការពារសន្តិភាព និងការសាងសង់សហគមន៍ប្រជាជាតិ

៧៧- អារម្ភកថា

ក. ប៉ុន្មានឆ្នាំកន្លងមកសង្រ្គាមបានបំផ្លាញអ្វីៗទាំងអស់បណ្តាលឱ្យមានទុក្ខវេទនាជាទម្ងន់។ សព្វថ្ងៃ បញ្ហានេះនៅ​តែ​សង្កត់​សង្កិន​យ៉ាងធ្ងន់ធ្ងរលើ​យើង​នៅឡើយ មនុស្សចេះតែតប់ប្រមល់ជាខ្លាំងថា សង្រ្គាមអាចនឹងផ្ទុះឡើង​បាន។ មហា​គ្រួសារ​របស់មនុស្សជាតិទាំងមូលរស់នៅក្នុងសម័យដ៏សំខាន់បំផុត ក្នុងការវិវឌ្ឍន៍​របស់​ខ្លួន និង​សម្រាប់​អនាគត​ផង។ មហាគ្រួសារ​របស់មនុស្សជាតិប្រមូលផ្តុំគ្នាបន្តិចម្តងៗ ហើយ​នៅ​គ្រប់​ទីកន្លែង​ដឹង​កាន់​តែ​ច្បាស់​ថា គេកំពុងរួម​គ្នា​ជា​ធ្លុងតែមួយ។ ឥឡូវនេះ មហាគ្រួសារ​នេះត្រូវ​សម្រេច​កិច្ចមួយ​ដ៏អស្ចារ្យ​ឱ្យ​បាន​ជា​ស្រេច គឺកសាងពិភពលោក​ដែល​មាន​លក្ខណៈជា​មនុស្សកាន់​តែប្រសើរឡើងៗជូនមនុស្សទាំងអស់ និងនៅ​គ្រប់​ទី​កន្លែង។ មនុស្សអាចសម្រេច​កិច្ច​ការ​នេះបាន លុះ​ត្រា​តែគេប្រែចិត្ត​គំនិតជាថ្មីទាំងអស់គ្នាបែរទៅកសាង​សន្តិភាព​ដ៏ពិតប្រាកដ។ ពេលនោះ ទើបសារនៃ​ដំណឹង​ល្អ​នឹងចាំងពន្លឺថ្មីដ៏​ត្រចះត្រចង់នៅសម័យយើង គឺ​ដំណឹង​ល្អដែលប្រកាសថា អ្នកកសាងសន្តិភាព​ពិតជា​មាន​សុភមង្គល​ហើយ «ដ្បិត​ពួកគេ​នឹង​ទៅជា​បុត្រធីតា​របស់​ព្រះ​ជា​ម្ចាស់» (មថ ៥,៩)។ សារនៃ​ដំណឹងល្អ​នេះក៏ស្រប​តាម​សេចក្តីប៉ងប្រាថ្នា ​និងឧត្តមគតិដ៏ខ្ពស់​ជាង​គេ​របស់មនុស្សជាតិដែរ។

ខ. ហេតុនេះហើយ បានជាមហាសន្និបាតសូមពន្យល់យ៉ាងពិស្តារអំពីទស្សនៈដ៏ពិតប្រាកដ និងដ៏ឧត្តុង្គឧត្តមបំផុត​នៃ​សន្តិភាព ព្រមទាំងដាក់​ទោសសង្រ្គាមដ៏ព្រៃផ្សៃ។ មហាសន្និបាតក៏សូមអំពាវនាវយ៉ាងក្លៀវក្លាឱ្យ​គ្រីស្ត​បរិស័ទ​រួម​សហការ​ជាមួយ​មនុស្ស​ទាំង​អស់ ដើម្បីជួយពង្រឹងសន្តិភាពរវាងគ្នា និងគ្នា តាមយុត្តិធម៌ និង​សេចក្តី​ស្រឡាញ់​ផង។ សូម​គ្រីស្ត​បរិស័ទ​រៀបចំ​មធ្យោបាយ​កសាងសន្តិភាព ដោយមានព្រះគ្រីស្តដែល​បង្កើត​សន្តិភាពជួយឧបត្ថមផងដែរ។

៧៨- លក្ខណៈនៃសន្តិភាព

ក. សន្តិភាពមិនគ្រាន់តែមានន័យថា គ្មានសង្រ្គាមទេ ក៏មិនគ្រាន់តែឱ្យកម្លាំងអាវុធរបស់គូបដិបក្ខស្មើគ្នាទេ។ សន្តិភាព​ក៏មិនមកពីមានប្រទេសមួយត្រួតត្រាផ្តាច់ការលើប្រទេសឯទៀតៗដែរ។ តែសន្តិភាពមានន័យយ៉ាង​ពិត​ប្រាកដថា ជា​ផល​នៃសេចក្តីសុចរិត (អស ៣២,១៧)។ សន្តិភាព​ពិត​ជាផលនៃរបៀបរៀបរយ​ដែលព្រះ​អាទិករ​បាន​ចាក់​ក្នុងសង្គម​មនុស្ស។ មនុស្សទាំងអស់នៅតែ​សង្វាតស្វះ​ស្វែងរកចង់បានសន្តិភាពកាន់តែ​ប្រសើរ​ឡើងៗ ហើយក៏ត្រូវ​កសាង​សន្តិភាពនោះដែរ។ ធម្មវិន័យ​របស់​ព្រះជាម្ចាស់​ពិត​ជា​គ្រឹះណែនាំ​ប្រយោជន៍​រួម​របស់មនុស្ស​លោក។ ប៉ុន្តែ តាមសេចក្តីត្រូវ​ការ​ជាក់​ច្បាស់ប្រចាំថ្ងៃ ប្រយោជន៍រួមនោះ ត្រូវជួប​ការ​ប្រែប្រួលឥត​ឈប់​ឈរតាមដំណើរនៃ​ពេល​វេលា​ដែរ។មនុស្សមិនដែលបានសន្តិភាពម្តងជាស្រេចទេ តែ​ត្រូវ​សាងសង់​សន្តិភាពរហូតជានិច្ច។ បំណង​ប្រាថ្នា​របស់​មនុស្ស​ទ​ន់ខ្សោយ ហើយត្រូវរបួសដោយសារ​អំពើ​បាប។ ហេតុនេះ​ហើយ បានជាសន្តិភាព​ទាមទារឱ្យមនុស្ស​ម្នាក់ៗ​រម្ងាប់​តណ្ហារបស់ខ្លួន និងត្រូវឱ្យរដ្ឋអំណាចដ៏​ត្រឹម​ត្រូវ​ខំ​ព្យាយាមកសាងយុត្តិធម៌​ផងដែរ។

ខ. ប៉ុន្តែ សេចក្តីទាំងនោះមិនទាន់គ្រប់គ្រាន់ទេ។ សន្តិភាពដែលយើងនិយាយនេះអាចកើតឡើងនៅ​លើ​ផែន​ដី​បាន លុះ​ត្រា​តែរដ្ឋអំណាចរក្សាទុកសេចក្តីសុខសាន្តរបស់មនុស្សម្នាក់ៗ។ មនុស្ស​ក៏ត្រូវចែក​ចាយ​ដោយ​សេរី និង​ដោយ​ទុក​ចិត្ត​គ្នា​ទៅវិញទៅមក នូវយោបល់​ដ៏ថ្លៃ​ថ្នូរដែលផុស​ចេញ​ពីវិញ្ញាណរបស់ខ្លួន និងអ្វីៗ​ដែល​គេ​បង្កើត​តាម​ទេព​កោសល្យ​របស់​ខ្លួន។ ត្រូវឱ្យមនុស្ស​មានបំណងរឹងប៉ឹងចង់​គោរព​អ្នក​ដទៃ​ និងប្រជាជាតិដទៃ ព្រម​ទាំង​គោរព​កិត្តិយស​ដ៏ថ្លៃថ្នូរ​របស់​គេ។ មនុស្សម្នាក់ៗ​ត្រូវព្យាយាមរាប់​រកអ្នកដទៃទុកជាបងប្អូន។ កិច្ចការ​ទាំង​នោះ សុទ្ធតែជាកិច្ចការ​ដ៏ចំាបាច់​បំផុត​ក្នុង​ការ​កសាង​សន្តិភាព។ ហេតុនេះហើយ​ បាន​ជា​សន្តិភាព​ក៏ជាផល​នៃ​សេចក្តី​ស្រឡាញ់ គឺហួសពីអ្វីៗដែលយុត្តិធម៌​អាច​នាំ​មកបាន។

គ. សន្តិភាពនៅលើផែនដីកើតមកពីការស្រឡាញ់អ្នកដទៃ។ សន្តិភាពនេះជានិមិត្តសញ្ញានិងជាផលនៃ​សន្តិ​ភាព​ដែល​ព្រះ​គ្រីស្ត​ប្រទានឱ្យ ហើយក៏ជាសន្តិភាពដែលហូរពីព្រះបិតាមកដែរ។ ព្រះបុត្រាផ្ទាល់​ប្រសូត​ជាមនុស្ស ព្រះអង្គ​ជា​អ​ម្ចាស់​នៃ​សន្តិភាព គឺព្រះអង្គបានសម្រុះ​សម្រួល​មនុស្សទាំងអស់ឱ្យ​បាន​ជានាជាមួយ​នឹង​ព្រះ​ជាម្ចាស់ ដោយ​ទ្រង់សោយ​ទិវង្គតនៅលើឈើឆ្កាង ព្រះអង្គប្រមែប្រមូល​មនុស្ស​ទាំងអស់​ឱ្យរួមគ្នា​ជា​ប្រជាជន​តែ​មួយ និងជារូបកាយតែមួយដែរ។ ព្រះអង្គ​បានសម្លាប់ការស្អប់គា្ន​ក្នុងព្រះកាយផ្ទាល់របស់ព្រះ​អង្គ (អភ ២,១៦; កូឡ ១,២០-២២)។ ក្រោយពីព្រះ​អង្គ​មាន​ជ័យ​ជម្នះ គឺក្រោយពីពេល​ព្រះ​អង្គ​មានព្រះជន្មថ្មីដ៏រុងរឿង​នោះ ទ្រង់ចាក់បង្ហូរព្រះ​វិញ្ញាណ​នៃសេចក្តី​ស្រឡាញ់​ក្នុង​ដួង​ចិត្តមនុស្ស​លោក។

ឃ. ហេតុនេះហើយ បានជាគ្រីស្តបរិស័ទទាំងអស់ដែលតែងតែប្រព្រឹត្ត​តាម​សេចក្ដី​ពិតដោយ​ចិត្ត​ស្រឡាញ់ (អភ ​៤,១៥) ព្រះ​ជា​ម្ចាស់​ត្រាស់ហៅគេឱ្យរួមសហការជាមួយមនុស្សដែលពិតជាស្នេហាសន្តិភាព​មែន អង្វរ​ព្រះ​ជាម្ចាស់​សូម​ព្រះអង្គ​តែង​តាំងសន្តិភាពបែបនោះផង។

ង. យើងក៏មានចិត្តគំនិតចង់កសាងសន្តិភាពដូច្នេះដែរ។ យើងក៏ត្រូវនាំគា្នសរសើរអស់អ្នកដែលតយុទ្ធថែរក្សា​ការពារ​សិទ្ធិ​នានាដោយ​មិន​ប្រើអំពើហិង្សា។ សូម្បីតែអ្នកទន់ខ្សោយក៏មានលទ្ធភាពអាចប្រើ​មធ្យោបាយ​អហិង្សា​នោះ​ដែរ។ ក៏​ប៉ុន្តែ​ ការ​តយុទ្ធ​របស់​គេនោះមិនត្រូវបង្ខូចសិទ្ធិ និងភារកិច្ចមនុស្ស​ឯទៀតៗ ឬ​សិទ្ធិរបស់​សហគមន៍​នោះទេ។

ច. ដោយយើងដឹងថា មនុស្សយើងជាអ្នកបាប យើងត្រូវភ័យខ្លាចថា សង្រ្គាមអាចផ្ទុះឡើងជានិច្ច គឺត្រូវខ្លាច​ដូច្នេះ​រហូត​ដល់​ពេល​ព្រះ​គ្រីស្ត​យាងមកវិញ។ ក៏ប៉ុន្តែ បើមនុស្សរួបរួមគ្នាដោយសេចក្តី​ស្រឡាញ់ ហើយ​ឈ្នះ​អំពើ​បាប​ទៀត គេ​ក៏​អាច​ឈ្នះ​ហិង្សាបានដែរ រហូតដល់ពេលព្រះបន្ទូលព្រះជាម្ចាស់​កើតជារូបរាងហើយ គឺថា៖ «ពួកគេ​នឹង​យកដាវ​របស់​ខ្លួន​មក​រំលាយ​ធ្វើជាផាលនង្គ័ល ហើយយកលំពែង​មករំលាយធ្វើជាកណ្តៀវ។ ប្រជា​ជាតិ​មួយ​ឈប់​ច្បាំងនឹងប្រជាជាតិ​មួយទៀត ហើយគេក៏លែងហាត់រៀន​ធ្វើ​សង្រ្គាមទៀតដែរ» (អស ២,៤)។

វគ្គទី ១
ត្រូវជៀសវាងកុំឱ្យកើតសង្គ្រាមជាដាច់ខាត

៧៩- សូមឈប់ធ្វើសង្រ្គាមដ៏ព្រៃផ្សៃ

ក. សង្រ្គាមសកលទាំងពីរលើកបានបណ្តាលឱ្យមនុស្សលោកកើតទុក្ខយ៉ាងសាហាវបំផុត ទាំងផ្នែកសម្ភារៈ ទាំង​ក្នុង​វិស័យ​សីលធម៌។ ប៉ុន្តែ នាបច្ចុប្បន្នកាល សង្គ្រាម​នៅ​តែ​បន្ត​បំផ្លាញ​តំបន់ខ្លះ​ក្នុង​ពិភពលោក​ជារៀង​រាល់​ថ្ងៃ​ដែរ។ លើស​ពីនេះ​ទៅទៀត មនុស្សយកសាស្ត្រាវុធទំនើបគ្រប់យ៉ាងតាមវិទ្យាសាស្រ្តមកប្រើ ដើម្បីច្បាំងគ្នា ហេតុ​នេះហើយ​ បានជា​សង្គ្រាម​កាន់តែសាហាវឃោរឃៅទៅៗ បណ្តាលឱ្យកងទ័ពប្រព្រឹត្តអំពើអមនុស្សធម៌​អាក្រក់​ជាង​សម័យ​មុនៗ​ដែរ។ ម៉្យាង​ទៀត សភាពការណ៍ស្មុគ្រស្មាញនាបច្ចុប្បន្ន ហើយទំនាក់ទំនងអន្តរជាតិ​ក៏​ប្រទាក់​ឆ្វាក់គ្នា​ដែរ បានជាកើតវិធីថ្មី​ដែល​មាន​កល​ល្បិច​ និងវិទ្ធង្សនាបណ្តាលឱ្យ​កើតសង្រ្គាមមិនចេញមុខ និង​បណ្តាលឱ្យ​ការរកសន្តិភាព​មាន​ភាព​យឺត​យ៉ាវ។ ក្នុងករណីជាច្រើន គេប្រើភេរវកម្មទុកជារបៀប​ថ្មីក្នុងការ​ធ្វើ​សង្រ្គាម។

ខ. ដោយឃើញសភាពការណ៍ដ៏សែនអាណោចអាធ័មរបស់មនុសលោកនេះ ជាបឋម មហាសន្និបាតសូមរម្លឹក​នូវ​តម្លៃ​ដ៏​ថ្លៃថ្នូរ​នៃ​សិទ្ធិ​មនុស្ស​ដែល​នៅស្ថិតស្ថេរជានិច្ច និងរម្លឹកគោលការណ៍សកលនៃសិទ្ធិទាំងនោះ។ មន​សិការ​របស់​មនុស្ស​ជាតិ​តែង​តែប្រកាស​គោល​ការណ៍ទាំងនោះឱ្យកាន់តែម៉ឺងម៉ាត់ និងយ៉ាង​ខ្លាំង​ក្លា​ឡើងៗ។ កិច្ចការ​ផ្ទុយនឹង​គោលកាណ៍​ទាំង​នោះដែលមនុស្សប្រព្រឹត្ត​ទាំងដឹងខ្លួន​ និងដោយសេរី ពិតជា​អំពើ​ឧក្រិដ្ឋ​មែន។ អ្នក​បញ្ជាឱ្យប្រព្រឹត្តកិច្ចទាំងនោះក៏ជា​ជនឧក្រិដ្ឋដែរ។ អ្នកស្តាប់បង្គាប់ដោយ​មិនរិះគិត មិនអាច​ដោះសារ​ខ្លួន​បាន​សោះ។ ក្នុងចំណោមអំពើឧក្រិដ្ឋទាំងនោះ ជាបឋម ត្រូវរាប់បញ្ចូលការប្រល័យពូជសាសន៍​មួយទាំងមូល ប្រល័យ​ជាតិមួយ ឬប្រល័យជនជាតិភាគតិច ទោះជា​មាន​មូលហេតុ ឬប្រើវិធី​យ៉ាងណា​ក៏ដោយ។ ត្រូវ​ដាក់​ទោស​ចំពោះអំពើឧក្រិដ្ឋទាំងនោះដោយដាច់អហង្ការ និងចាត់​ទុក​ជា​អំពើ​ឧក្រិដ្ឋ​គួរឱ្យស្អប់ខ្ពើមណាស់។ យើង​សូម​សរសើរ​មិនដាច់ពីមាត់ នូវអស់អ្នកដែលមានចិត្តក្លាហានហ៊ានចេញមុខ​ប្រឆាំង​នឹង​មនុស្សដែល​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ទាំង​នោះ។

គ. មានការព្រមព្រៀងអន្តរជាតិផ្សេងៗជាច្រើនស្តីអំពីសង្រ្គាម ដើម្បីឱ្យកាត់បន្ថយភាពអមនុស្សធម៌នៃសង្គ្រាម ​និង​កាត់​បន្ថយ​លទ្ធផល​ដ៏អាក្រក់នៃចម្បាំងទាំងនោះ។ ប្រទេសមួយចំនួនធំ​បាន​អនុវត្ត​តាម​ការ​ព្រម​ព្រៀង​ទាំង​នោះ គឺមាន​ការ​ព្រមព្រៀងស្តីអំពីទាហានដែលត្រូវរបួស អំពី​ទាហានដែលត្រូវគេចាប់ជាឈ្លើយសង្គ្រាម និង​ការ​ព្រមព្រៀង​ផ្សេងៗ​ទៀត។ ត្រូវតែអនុវត្តតាមការព្រមព្រៀងទាំងនោះ។ លើសពីនេះ​ទៅទៀត ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​រដ្ឋអំណាច​ និងឥស្សរជនដែលមានសមត្ថកិច្ចត្រូវខិតខំកែសម្រួលការព្រម​ព្រៀង​ទាំងនោះ​ឱ្យកាន់តែ​ប្រសើរឡើងៗប្រសិន​បើគេ​អាច​ធ្វើបាន។ ដូច្នេះ ការ​ព្រម​ព្រៀង​ទាំងនោះអាចកាត់​បន្ថយ​ភាព​អមនុស្សធម៌​នៃ​សង្គ្រាមយ៉ាង​សកម្ម។ លើសពីនេះ​ទៅ​ទៀត យើងយល់ឃើងថា គួរឱ្យរដ្ឋ​អំណាច​ត្រូវ​មាន​មនុស្សធម៌បង្កើតច្បាប់ គិតគូរចំពោះ​អស់អ្នក​ដែល​មិន​ព្រម​កាន់​អាវុធដោយករណីមនសិការ។ ប៉ុន្តែ អ្នក​ទាំងនោះ​ត្រូវសុខចិត្តបម្រើ​សហគមន៍មនុស្ស​តាមរបៀបផ្សេងវិញ។

ឃ. ពិតមែនហើយ សង្ក្រាមមិនទាន់បាត់ពីគំនិតមនុស្សលោកទេ។ ដរាបណាគ្មានអំណាចអន្តរជាតិដែលមាន​សមត្ថកិច្ច និង​មាន​កងទ័ពគ្រប់គ្រាន់បង្ការកំុឱ្យមានសង្រ្គាមផ្ទុះឡើង។ ប៉ុន្តែ រដ្ឋាភិបាលនានាមានសិទ្ធិ​ដ៏ត្រឹម​ត្រូវ​នឹងការពារ​ប្រទេស​របស់​ខ្លួនដោយប្រើអាវុធបាន លុះត្រាតែគេបាន​ប្រើ​គ្រប់​មធ្យោបាយ​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ដោយសន្តិវិធីជាមុនសិន។ ហេតុ​នេះ អស់ប្រមុខ​រដ្ឋ​ និង​អស់លោកអ្នកដែល​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ចការសាធារណៈ មានភារកិច្ចការពារប្រជាជន​របស់​គេ គឺត្រូវយកចិត្តទុក​ដាក់​យ៉ាងខ្លំាងគិតអំពី​សេចក្តី​ដ៏​សំខាន់​បំផុតទាំងនោះ។ ប៉ុន្តែ ត្រូវយល់ថា ការបង្កើត​សង្គ្រាម​ដើម្បី​ការ​ពារ​ប្រជាជន​របស់ខ្លួន​យ៉ាងត្រឹម​ត្រូវ​តាម​ច្បាប់ និងបំណងចង់ត្រួតត្រាប្រជាជាតិផ្សេង​ដោយ​ប្រើអាវុធ គឺពិតជាករណី​ផ្សេង​ពីគ្នា​ទាំងស្រុង។ កម្លាំង​អាវុធ​គ្មាន​ន័យថា យើងមានសិទ្ធិប្រើអាវុធទាំងនោះបានតាមគោលដៅនយោបាយ ឬ​តាម​គោលដៅយោធា​ទេ។ ប្រសិនបើសង្គ្រាមត្រូវនឹងផ្ទុះឡើង កុំនឹកស្មានថា ពេល​នោះ​គូបដិបក្ខអាចប្រព្រឹត្តអ្វីៗ​បានតាមអំ​ពើ​ចិត្ត។

ង. ចំពោះអស់លោកអ្នកដែលប្តេជ្ញាចិត្តបម្រើមាតុភូមិក្នុងឋានៈជាទាហាន សូមចាត់ខ្លួនទុកជាអ្នកបម្រើសន្តិសុខ និង​បម្រើ​សេរីភាព​របស់ប្រជាជននានា។ ប្រសិនបើគេបំពេញកិច្ចការនេះយ៉ាងត្រឹមត្រូវ គេពិតជាជួយថែរក្សា​សន្តិភាព​មែន។

៨០- សង្រ្គាមបរមាណូ

ក. សាស្រ្តាវុធវិទ្យាសាស្រ្តតែងតែចម្រើនឡើងជាលំដាប់ បណ្តាលឱ្យសង្គ្រាមកាន់តែអាក្រក់ហួសប្រមាណ និង​កំណាច​គួរ​ឱ្យ​ស្អប់​ខ្ពើមជាអតិបរមា។ ពេលប្រទេសមួយប្រើអាវុធវិទ្យាសាស្រ្តបែបគ្រឿងបរមាណូ ហើយ​ប្រសិន​បើ​គេមិនបានរិះ​គិត​ឱ្យបានច្បាស់អំពីគោលដៅដែលគេចង់បាញ់នោះទេ គេមុខ​ជា​នឹង​បង្កើត​វិនាសកម្ម​យ៉ាង​សម្បើមហួស​ពី​បំណង​ដ៏ត្រឹមត្រូវក្នុងការការពារ​ប្រទេស​ខ្លួន។ លើសពីនេះទៅទៀត ប្រសិនបើមនុស្ស​យើង​ប្រើគ្រឿងបរមាណូដែល​មហា​អំណាច​ប្រមូលទុកក្នុង​ឃ្លាំងរបស់គេហើយ មនុស្ស​ជាតិមុខជា​នឹង​ត្រូវ​វិនាស​អន្តរាយ​ស្លាប់ស្ទើរតែទាំងអស់ គូរបដិបក្ខ​នឹងត្រូវបំផ្លាញគ្នាទៅវិញទៅមកឱ្យវិនាសអស់គ្មានសល់់ ហើយ​ពិភព​លោក​ក៏​ត្រូវ​ខូចខាតជាទម្ងន់ដែរ។

ខ. សេចក្តីទាំងនេះបង្ខំយើងឱ្យរិះគិតតាមរបៀបថ្មីទាំងស្រុងអំពីសង្គ្រាម។ សូមឱ្យមនុស្សនាបច្ចុប្បន្នកាលដឹងថា ខ្លួន​ត្រូវ​ទទួលទោសដោយបានបង្កើតសង្គ្រាមបែបនោះ។ អនាគតពិភពលោក​អាស្រ័យលើសេចក្តីដែល​គេ​សម្រេច​សព្វថ្ងៃ។

គ. ក្នុងសភាពការណ៍នោះ មហាសន្និបាតយល់ស្របតាមពាក្យរបស់អភិបាលនានានៃព្រះសហគមន៍ក្រុង​រ៉ូម កាល​ពី​មុនៗ​នេះដែលដាក់ទោសសង្គ្រាមសកលដូចតទៅថា៖

ឃ. ចម្បាំងតម្រង់ទៅបំផ្លាញក្រុងទាំងមូល និងតំបន់ដ៏ធំធេង ព្រមទាំងបំផ្លាញមនុស្សដែលរស់នៅ​ក្នុងកន្លែង​ទាំង​នោះដោយ​មិន​យោគ​យល់ ចម្បាំងនេះពិតជាអំពើឧក្រិដ្ឋទាស់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់​ និងប្រឆាំង​មនុស្ស​ជាតិ​ដែរ។ ត្រូវតែ​ដាក់​ទោស​អំពើទាំងនោះ​យ៉ាងម៉ឺង​ម៉ាត់ដោយ​មិនរួញ​រាឡើយ។

ង. សង្គ្រាមទំនើបអាចបង្កើតគ្រោះកាចដ៏សាហាវបំផុត ព្រោះសង្គ្រាមបែបនោះហុចឱកាសឱ្យអស់អ្នក​ដែលមាន​អាវុធ​វិទ្យាសាស្រ្ត​ទំនើបជាងគេ ប្រព្រឹត្តអំពើឧក្រិដ្ឋទាំងនោះបាន។ សង្គ្រាមនេះក៏អាចបណ្តាលឱ្យគូបដិបក្ខ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋតៗគ្នាជៀស​មិនផុត នឹងជំរុញឱ្យមនុស្សសម្រេចធ្វើអំពើអាក្រក់បំផុត​ហួសពីការស្មាន។ អភិបាល​ព្រះ​សហគមន៍​ក្នុងពិភពលោកទាំង​មូលដែល​ប្រជុំគ្នាជាធ្លុងតែមួយ សូមអង្វរមនុស្ស​ទាំងអស់​ជាពិសេស​ ទទូច​អង្វរប្រមុខរដ្ឋ​ និងអ្នក​កាន់​អំណាចលើកងទ័ព សូមថ្លឹងថ្លែង​ការ​ខុស និងត្រូវ​ជានិច្ចនៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះជាម្ចាស់ និង​ចំពោះ​មនុស្ស​ជាតិ​ទាំង​មូល កុំឱ្យមហន្តរាយកើតឡើង​ជា​ដាច់ខាត។

៨១- ការប្រណំាងចង់បានអាវុធកាន់តែច្រើនឡើងៗ

ក. តាមពិត មេដឹកនាំប្រទេសមិនបានប្រមូលទុកអាវុធវិទ្យាសាស្រ្តក្នុងគោលបំណង ប្រើប្រាស់នៅពេលកើត​សង្គ្រាម​ប៉ុណ្ណោះទេ តែអស់លោកយល់ថា កម្លាំងការពារប្រទេសរបស់គេអាស្រ័យលើការសង​សឹក​យ៉ាង​ឆាប់​រហ័ស​បំផុត។ ហេតុនេះ គេប្រមូលទុកអាវុធទាំងនោះកាន់តែច្រើនឡើងៗ​ជារៀង​រាល់ឆ្នាំ​មកបំភ័យ​សត្រូវ ​ហើយ​ឃាត់​សត្រូវមិន​ឱ្យបង្កើតសង្រ្គាម។ មានមនុស្សជាច្រើនយល់ឃើញថា ការប្រមូលទុក​អាវុធ​បែប​នោះពិត​ជា​មធ្យោបាយ​ដ៏មានប្រសិទ្ធភាព​ ធានា​សន្តិភាពម៉្យាងនៅលើពិភពលោក។

ខ. មានប្រទេសជាច្រើនប្រណាំងប្រជែងចង់បានអាវុធកាន់តែច្រើនឡើងៗជាលំដាប់។ទោះជាយើងគិតអំពី​វិធី​ឃាត់​សង្គ្រាម​តាមបែបនេះយ៉ាងណាក្តី ក៏ត្រូវដឹងយ៉ាងជាក់ច្បាស់ថា ការប្រណាំងប្រជែង​នោះ​បង្កើត «តុល្យ​ភាពនៃការ​ភ័យ» ដែល​មិនមែន​ជា​មាគ៌ា​កសាងសន្តិភាពយ៉ាងស្ថិតស្ថេរ និងយ៉ាងពិតប្រាកដទេ។ ការ​ប្រណាំង​ប្រជែង​នោះមិន​បំបាត់​មូលហេតុបណ្តាលឱ្យកើតសង្គ្រាមទេ ផ្ទុយទៅវិញ វាអាច​បណ្តាល​ឱ្យមូល​ហេតុ​ទាំង​នោះ​កាន់តែធ្ងន់ធ្ងរទៅៗ។ ប្រទេស​ចាយវាយ​ធនធាន​របស់ខ្លួនយ៉ាងសម្បើមមក​បង្កើត​អាវុធថ្មីៗ ប៉ុន្តែ គេមិន​អាច​ជួយ​អ្នករងទុក្ខ​ក្នុងពិភព​លោក​ទាំង​មូលឱ្យបានរស់នៅសមរម្យទេ។ សភាពការណ៍នេះមិន​នាំ​ឱ្យ​ប្រទេស​ និង​ប្រទេសលែង​ទាស់​ទែង​គ្នាសូម្បីតែ​បន្តិច​សោះ ព្រោះការប្រណាំងប្រជែងចង់បានអាវុធ​កាន់​តែ​ច្រើន​ឡើង មិន​ព្យាបាល​ឬសនៃ​ការ​ទាស់​ទែងនោះទេ។ ផ្ទុយទៅ​វិញ សភាពការណ៍នេះបណ្តាល​ឱ្យការទាស់​ទែង​រាល​ដាល​ដល់​តំបន់ផ្សេងៗ​ទៀត​ក្នុង​ពិភព​លោក។ ហេតុនេះ ត្រូវ​ជ្រើស​រើស​មាគ៌ាថ្មី គឺត្រូវចាប់ផ្តើមពីការកែទម្រង់​ចិត្ត​គំនិត​មនុស្ស ដើម្បីបញ្ឈប់ការណ៍ដ៏អាក្រក់នេះ ហើយ​រំដោះមនុស្ស​លោកឱ្យ​បាន​រួច​ពីការ​តប់​ប្រមល់ដែល​សង្កត់​សង្កិនគេ។ ធ្វើដូច្នេះ ទើបសន្តិភាពដ៏ពិតប្រាកដកើតមកក្នុង​ពិភព​លោក​ទាំងមូលបាន។

គ. ហេតុនេះហើយ បានជាយើងសូមប្រកាសម្តងទៀតថា ការប្រណាំងប្រជែងចង់បានអាវុធ​កាន់តែ​ច្រើន​ឡើង​ ពិត​ជា​មុខរបួសយ៉ាងធ្ងន់ធ្ងរបំផុតរបស់មនុស្សជាតិ និងបណ្តាលឱ្យមានអយុត្តិធម៌ហួសហេតុដល់អ្នក​ក្រីក្រទ្រាំ​មិន​បាន។ ប្រសិន​បើនៅតែមានការប្រណាំងប្រជែងចង់បានអាវុធ​តទៅមុខទៀត ការណ៍នោះ​មុខជានឹង​បណ្តាល​ឱ្យ​កើត​មហា​វិនាសកម្មជាពំុខាន។

ឃ. យើងស្គាល់អន្តរាយដែលមនុស្សជាតិបានបង្កើតហើយនោះ។ ដូច្នេះ យើងដឹងខ្លួនកាន់តែច្បាស់អំពីការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួនម្នាក់ៗផ្ទាល់ ហើយនាំគ្នាប្រើរយៈពេលដែលព្រះជាម្ចាស់​ប្រោសប្រទានឱ្យនេះ ដើម្បីស្វែងរក​វិធី​ផ្សេងៗដែល​ជួយ​យើង​ឱ្យដោះស្រាយទំនាស់តាមរបៀបសមរម្យស្របតាមលក្ខណៈរបស់ខ្លួនជាមនុស្ស។ ព្រះ​ជាម្ចាស់ដែលថែរក្សា​ការ​ពារ​មនុស្សលោក ទាមទារយ៉ាងខ្លាំងឱ្យ​យើងរំដោះខ្លួន​ឱ្យ​រួច​ពី​ធ្វើជា​ទាសករ​នៃ​សង្រ្គាម ដែល​មាន​តាំង​ពីដើម​រៀង​មក។ ប្រសិន​បើយើង​មិន​ព្រម​ខិត​ខំបែបនេះទេ យើងមិនដឹងថា មាគ៌ា​ដ៏​អាក្រក់​ដែល​យើងដើរសព្វថ្ងៃ នាំយើងឱ្យ​វិនាស​ដល់​ណា​ទេ។

៨២- ត្រូវហាមកុំឱ្យកើតសង្គ្រាមជាដាច់ខាត់

ក. យើងដឹងច្បាស់ថា យើងត្រូវខិតខំអស់ពីសមត្ថភាពប្រមូលកម្លាំងទាំងអស់ ដើម្បីរៀបចំពេលដែល​ប្រជាជាតិ​ទាំង​អស់​ព្រមព្រៀងគ្នា ហាមមិនឱ្យកើតសង្គ្រាមទៀតទេ។ ដើម្បីបំបាត់សង្គ្រាមនោះ ត្រូវបង្កើតអំណាច​សាធារណៈ​សកលមួយដែលមនុស្សទាំង​អស់​ទទួល​ស្គាល់។ អំណាចនោះ​ត្រូវ​មាន​កង​កម្លាំង​ប្រកប​ដោយ​ប្រសិទ្ធភាព អាចធានាសន្តិសុខ​ដល់​មនុស្ស​ទាំង​អស់អាចគោរព​យុត្តិធម៌ និងធានារ៉ាប់រងសិទ្ធិមនុស្ស។ ក៏ប៉ុន្តែ មុន​អំណាចដែលយើងប្រាថ្នាឱ្យកើតនោះ ត្រូវឱ្យស្ថាប័នអន្តជាតិ​ដ៏ខ្ពង់ខ្ពស់បំផុតដែលមានសព្វថ្ងៃ យកចិត្ត​ទុក​ដាក់​ដោយពេញ​ទំហឹងសិក្សារកមធ្យោបាយ​ដែល​អាច​ផ្តល់​សន្តិ​សុខ​រួម។ សន្តិភាព​ត្រូវតែ​កើត​ដោយ​ប្រជា​ជាតិ​ទុកចិត្តគ្នា​ទៅវិញ​ទៅមក តែមិនមកដោយមាន​ប្រទេសមួយ​បង្ក្រាបជាតិឯទៀតៗដោយប្រើអាវុធទេ។ ហេតុ​នេះ ប្រទេសទាំងអស់ត្រូវ​រួមសហការគ្នា​បញ្ឈប់ការ​ប្រណាំង​ប្រជែង​ចង់​បាន​អាវុធ។ មិនត្រូវឱ្យ​មាន​ប្រទេស​តែ​មួយបន្ថយចំនួន​អាវុធទេ​ តែ​ត្រូវគ្រប់គ្នាបន្ថយចំនួន​អាវុធ​នៅ​ពេល​ជាមួយគ្នា តាម​ល្បឿន​ដូច​គ្នា តាម​ការ​ព្រមព្រៀង និងដោយមាន​ការធានា​រ៉ាប់រងយ៉ាងពិតប្រាក​ដ​ និង​ប្រកបដោយប្រសិទ្ធភាព ទើប​ប្រទេស​ទាំង​អស់អាច​ចាប់ផ្តើមបន្ថយចំនួនអាវុធបាន។

ខ. នៅពេលនេះ​យើងត្រូវសរសើរមនុស្សដែលបានខិតខំ​បំបាត់​សង្គ្រាម ហើយ​នៅតែកំពុងខិតខំបំបាត់​សង្គ្រាមត​ទៅ​ទៀត​ដែរ។ ត្រូវគាំទ្រឆន្ទៈល្អរបស់អ្នកដឹកនាំ​ប្រទេស​ជាច្រើន​ដែល​ទទួលខុសត្រូវ​ជាទម្ងន់​បំផុត និង​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំងតាមបន្ទុកដ៏ខ្ពង់ខ្ពស់​របស់​ខ្លួន ដើម្បីបំបាត់សង្គ្រាម​ដែល​អស់​លោកអ្នក​ស្អប់​ខ្ពើម ទាំងមិន​បំភ្លេច​ថា សភាពការ​ណ៍​នា​សម័យ​បច្ចុប្បន្ន​ស្មុគ្រស្មាញណាស់។ ម៉្យាងទៀតយើងជាគ្រីស្តបរិស័ទ ត្រូវទទូច​អង្វរ​ព្រះជាម្ចាស់ សូមព្រះអង្គ​ប្រទាន​ឱ្យអស់​លោកអ្នកមានកម្លាំងចិត្ត​ចាប់ផ្តើម​និងបន្តកសាង​សន្តិភាព​ដោយ​ចិត្តព្យាយាម។ កិច្ចដ៏សំខាន់នេះ ពិតជា​ហូរមក​ពីសេចក្តី​ស្រឡាញ់​យ៉ាងទូលំទូលាយ​ចំពោះ​មនុស្សលោក។ សព្វ​ថ្ងៃ អស់លោកអ្នកត្រូវតែ​បើកប្រាជ្ញា និងចិត្ត ទៅ​គិត​គូរ​ដល់​ប្រទេស​ដទៃក្រៅពីប្រទេស​របស់អស់លោក​អ្នក សូមអស់លោកអ្នកលះបង់អត្តទត្ថបុគ្គលនិយម​នៃជាតិរបស់ខ្លួន និង​លះបង់​បំណង​ប្រាថ្នាចង់ត្រួតត្រា​ប្រជាជាតិ​ឯទៀតៗ។ សូមអស់​លោកអ្នកគោរពយ៉ាងខ្លាំង​បំផុតចំពោះ​មនុស្សជាតិ​ទាំង​មូល​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ឈានទៅឱ្យបានរួបរួមគ្នាកាន់តែជិត​ស្និទ្ធ​ឡើងៗ។

គ. ក្នុងកិច្ចកសាងសន្តិភាព និងការដាក់អាវុធត្រូវនឹកគិតគូរដល់ការសិក្សាយ៉ាងជ្រៅ​ដែលអ្នកស្រាវជ្រាវបាន​ប្រព្រឹត្ត​រួច​ហើយ ដោយឥតឈប់​ឈរ និង​ដោយ​ចិត្តក្លាហាន។ ត្រូវគិតគូរដល់ការប្រជំុអន្តរជាតិនានាដែល​បាន​រិះគិត​អំពី​បញ្ហា​ទាំង​នោះ។ ត្រូវចាត់ទុកថាការសិក្សាទាំងនោះជា​ជំហាន​ដើម​ដំបូង​ក្នុង​ការ​រក​ដំណោះ​ស្រាយ​បញ្ហា​ដ៏ធ្ងន់ធ្ងរ​ទាំង​នោះ។ ត្រូវតែ​បន្ត​ការសិក្សានេះយ៉ាងខ្លាំងជាងមុនទៅទៀត ទើប​បាន​លទ្ធផល​គួរឱ្យ​ប្រតិបត្តិ​តាម។ ក៏ប៉ុន្តែ ត្រូវប្រយ័ត្នកុំផ្ញើ​ជីវិត​លើមនុស្សតែមួយ​ចំនួនតូចដែលខិតខំនោះ តែម្នាក់ៗ​ត្រូវ​ចាប់​អារម្មណ៍​នឹង​សន្តិភាពដោយខ្លួន​ឯងផ្ទាល់។ ប្រមុខ​រដ្ឋ​តែង​តែ​ទទួល​ខុសត្រូវលើ​ប្រយោជន៍រួម​នៃ​ប្រជាជាតិ​របស់​ខ្លួន ហើយនៅពេលជាមួយគ្នានោះ គេក៏លើក​ស្ទួយ​ប្រយោជន៍រួម​សកល​ដែរ។ តែប្រមុខរដ្ឋ​ទាំងនោះតែង​តែ​ប្រព្រឹត្តតាមមតិ និងតាមមនោសញ្ចេតនារបស់ប្រជា​ពលរដ្ឋ​របស់​គេ។ ហេតុនេះ ប្រសិនបើប្រជាពលរដ្ឋ​នៅ​តែ​បាក់​បែកគ្នា និងទាស់ទែងដោយសារមនោគមវិជ្ជាផ្សេងៗ បើគេ​មិនទុកចិត្តគ្នា ហើយ​នៅតែប្រកាន់ពូជ​សាសន៍ និងចាត់ទុកគេជាសត្រូវនៅឡើយ អស់​លោកអ្នកមិនអាចកសាង​សន្តិភាពបានទេ។ ហេតុនេះ ត្រូវ​ប្រែ​របៀបអប់រំចិត្តគំនិតប្រជាជនឱ្យបានជាថ្មី និងប្រែមតិសាធារណៈ​ជាចំាបាច់​បំផុត។ សូមឱ្យ​អស់​អ្នក​ដែល​រួម​សហការក្នុងកិច្ច​អប់រំ​ណា​មួយ ជាពិសេស អ្នកអប់រំយុវជន ឬអ្នកបង្កើត​មតិ​សាធារណៈសូម​រាប់ថា គេ​មាន​មុខងារ​សំខាន់​ជាងគេ គឺនាំមនោសញ្ចេតនាថ្មីដែលអាចបង្កើត​សន្តិភាពចូលក្នុង​ចិត្ត​គំនិត​មនុស្ស​ទាំង​អស់។ តាម​ពិត យើងទាំងអស់គ្នាត្រូវប្រែចិត្តគំនិត និងចាប់អារម្មណ៍នឹងពិភពលោក។ យើងក៏​ត្រូវខិតខំធ្វើកិច្ចការ​ដែល​យើង​អាចប្រព្រឹត្តរួមគ្នាបាន ដើម្បីឱ្យមនុស្សជាតិចម្រើនឡើង។

ឃ. តែយើងមិនត្រូវបញ្ឆោតខ្លួនឯងដោយមានសេចក្តីសង្ឃឹមផ្តេសផ្តាសឡើយ។ ទោះបីយើងបំបាត់គំនុំគុំកួន ​និង​ការ​ស្អប់​គ្នា​ក្តី ទោះបីមនុស្សមានចំណេះយ៉ាងអស្ចារ្យគួរ​ឱ្យសសរសើរក្តី ប្រសិន​បើយើង​មិន​ចុះហត្ថលេខា​លើការ​ព្រម​ព្រៀង​យ៉ាងរឹង​ប៉ឹង ​និងប្រកបដោយយុត្តិធម៌ដែលធានាសន្តិភាព​សកលនោះទេ មនុស្ស​ជាតិដែលកំពុង​ប្រឈម​មុខនឹង​គ្រោះ​កាច​យ៉ាង​ធ្ងន់​ធ្ងរ មុខជាមិនស្គាល់សន្តិភាព​ណាផ្សេង​ពីសន្តិភាព​ដ៏អាក្រក់​បំផុត​បណ្តាល​មក​ពី​សេចក្តី​ស្លាប់។ ប៉ុន្តែ នៅពេលព្រះ​សហគមន៍របស់ព្រះគ្រីស្តចែករំលែកសេចក្តីតប់​ប្រមល់​របស់មនុស្ស​ជាតិ​នាបច្ចុប្បន្នកាល និងប្រកាសសេចក្តី​ទាំង​នេះ ក៏ព្រះសហគមន៍​នៅតែមានសេចក្តីសង្ឃឹម​យ៉ាង​មាំ​មួន​ដែរ។ ព្រះសហគមន៍មានគោលបំណងចង់ប្រកាស ទោះ​ត្រូវពេល​វេលាក្តី ខុសពេលវេលាក្តី នូវសារ​ដែល​ខ្លួន​បាន​ទទួលបន្តពីក្រុមគ្រីស្តទូតឱ្យមនុស្សនាសម័យនេះដឹង គឺថា៖ “គ្រា​ដែល​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ គឺ​ឥឡូវ​នេះ​ហើយ!” ជាគ្រាមនុស្សប្រែចិត្តគំនិត។ “ឥឡូវនេះ​ហើយ ជា​ថ្ងៃ​ដែល​ព្រះជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក!” (២ករ ៦,២)។

វគ្គទី ២
ការកសាងសហគមន៍អន្តរជាតិ

៨៣- មូលហេតុបណ្តាលឱ្យមនុស្សបាក់បែកគ្នា និងការព្យាបាល

បើយើងចង់កសាងសន្តិភាព ត្រូវបំបាត់មូលហេតុទាំងប៉ុន្មានបណ្តាលឱ្យមនុស្សទាស់ទែងគ្នា មាន​អយុត្តិធម៌​ជា​ដើមដែលនាំឱ្យកើតសង្គ្រាម។ នេះជាលក្ខ័ណ្ឌសំខាន់ជាងគេ។ អយុត្តិធម៌ជាច្រើនបណ្តាលមកពី​សភាព​ការណ៍​សេដ្ឋកិច្ច​មិនស្មើគ្នា​ហួសហេតុ និង​មកពីការយឺតយ៉ាវពេកក្នុងការកែប្រែសភាពការណ៍មិន​ស្មើគ្នា​ទាំង​នោះ។ មាន​មូល​ហេតុ​ផ្សេងៗទៀត គឺមកពីមនុស្ស​មាន​ចិត្តទោសៈចង់ត្រួតត្រាគេ និងមកពី​គេមើល​ងាយអ្នកដទៃ។ ប្រសិនបើយើង​រិះគិត​ដល់មូលហេតុឱ្យបានជ្រៅជាងទៅទៀត យើងមុខជា​នឹង​ឃើញថា មានចិត្ត​ច្រណែន​ឈ្នានីស ការមិនទុកចិត្តគ្នា ចិត្ត​ក្រអឺត​ក្រទម និងតណ្ហាឯទៀតៗនាំឱ្យមនុស្ស​គិត​តែពីខ្លួនឯង។ ដោយ​មនុស្ស​មិន​អាចស៊ូទ្រាំ​នឹង​អយុត្តិធម៌​ច្រើន​យ៉ាង​នេះ ទោះបើមិនកើតសង្រ្គាម​ដ៏ឃោរ​ឃៅក្តី ក៏​មនុស្សលោក​នៅ​តែ​ជ្រួល​ច្របល់ជានិច្ច ដោយ​មាន​គេប្រកួត​ប្រជែង​គ្នា និងប្រព្រឹត្តអំពើហិង្សាទៀតផង។ លើសពីនេះ​ទៅទៀត សេចក្តីអាក្រក់​ទាំង​នេះនៅតែមានក្នុងទំនាក់ទំនង​ជាតិ និង​ជាតិ​ដែរ។ ហេតុនេះហើយ ស្ថាប័នអន្តរជាតិត្រូវ​ពង្រីក​ និងពង្រឹង​ការសហការ​គ្នាឱ្យកាន់តែខ្លាំងឡើង។ ការនេះពិតជា​ចាំ​បាច់​បំផុត។ ធ្វើដូច្នេះ ស្ថាប័នអន្តរជាតិ​មុខ​ជា​នឹង​បំបាត់​សេចក្តីអាក្រក់​ទាំងនោះ ឬជៀសវាងមិនឱ្យកើតឡើង ព្រម​ទាំង​ទប់ទល់​ហិង្សាទៀតផង។ ហេតុនេះ សូម​ព្យាយាម​ដាស់តឿនឱ្យគេបង្កើត​ស្ថាប័នសម្រាប់លើកស្ទួយសន្តិភាពដោយមិន​ណាយ​ចិត្តឡើយ។

៨៤- សហគមន៍អន្តរជាតិ និងស្ថាប័នអន្តរជាតិ

ក. នៅសម័យឥឡូវ ប្រជាពលរដ្ឋ និងប្រជាជនទាំងអស់នៅលើផែនដីមានចំណងទាក់ទងគ្នា គឺត្រូវការគ្នា​ទៅ​វិញ​ទៅ​មក​កាន់តែខ្លាំងឡើងៗ។ គេក៏ស្វែងរកប្រយោជន៍រួមយ៉ាងត្រឹមត្រូវ និងបង្កើតប្រយោជន៍រួមយ៉ាងសកម្ម​ផង​ដែរ។ ហេតុការណ៍ទាំងនោះទាមទារឱ្យសហគមន៍ប្រជាជាតិនានា ចាត់ចែងគ្នាតាំងពីពេលឥឡូវនេះ តាម​របៀប​រៀប​រយ​ស្របតាមបន្ទុកនាបច្ចុប្បន្ន។ យើងគិតជាពិសេសអំពីតំបន់ជាច្រើនដែលរងគ្រោះដោយខ្វះខាត​គ្មាន​ស្បៀងអាហារ​បរិភោគ ជាគ្រោះកាចដែលទ្រាំមិនបាន។

ខ. ស្ថាប័នសហគមន៍អន្តរជាតិត្រូវផ្គត់ផ្គង់តាមចំណែករៀងៗខ្លួន នូវសេចក្តីត្រូវការនានារបស់មនុស្សក្នុងវិស័យ​សង្គម​ ពោលគឺ ផ្គត់ផ្គង់ស្បៀងអាហារ សុខាភិបាល ការអប់រំ ការងារ។ល។ ស្ថាប័នសហគមន៍អន្តរជាតិ​ក៏ត្រូវ​មាន​សមត្ថភាព​អាច​ប្រឈម​មុខ​នឹង​ហេតុការណ៍ផ្សេងៗដែលកើតក្នុងតំបន់ខ្លះ ឧបមាថា ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឱ្យចម្រើន​ឡើង ជួយ​សម្រាល​ទុក្ខជនភៀសខ្លួនដែលខ្ចាត់ខ្ចាយក្នុងពិភពលោក​ទាំងមូល ឬផ្តល់​ជំនួយ​ដល់​ជនអន្តោ​ប្រវេសន៍ ​និងក្រុមគ្រួសារ​គេផង។

គ. ស្ថាប័នអន្តរជាតិដែលសព្វថ្ងៃមានរួចហើយ ទាំងស្ថាប័នអន្តរជាតិ សា្ថប័នតាមតំបន់ មានគុណជាច្រើន​ដល់​មនុស្ស​ជាតិមែន។ ស្ថាប័នទាំងនោះហាក់ដូចជាការព្រាងទុកដើមដំបូង​អំពីគ្រឹះអន្តរជាតិ សម្រាប់សាងសង់​សហគមន៍​មនុស្សជាតិទាំងមូល ដើម្បីដោះស្រាយបញ្ហាសំខាន់ៗនាសម័យឥឡូវ ពោលគឺ លើកស្ទួយការ​ចម្រើន​ឡើងនៅគ្រប់តំបន់​នៃ​ផែន​ដី និងជៀសវាងមិនឱ្យកើតសង្រ្គាមគ្រប់យ៉ាង។ ព្រះសហគមន៍មាន​អំណរ​សប្បាយ​ដោយឃើញថា ក្នុងគ្រប់​វិស័យ គ្រីស្តបរិស័ទ និងអ្នកដែលមិនកាន់គ្រីស្តសាសនាមាន​ចិត្ត​គំនិត​ចាត់​អ្នក​ដទៃទុកជាបងប្អូនយ៉ាងពិតប្រាកដ​កាន់តែខ្លាំងឡើងៗ។ គេក៏នៅតែខិត​ខំ​សម្រាល​ទុក្ខ​ដ៏​ធំ​ធេង​របស់​មនុស្ស​លោក​កាន់តែខ្លាំងឡើងៗទៀតដែរ។

៨៥- សហគមន៍អន្តរជាតិរួមសហការក្នុងវិស័យសេដ្ឋកិច្ច

ក. មនុស្សជាតិនាបច្ចុប្បន្នរួមសាមគ្គីគ្នា។ ហេតុនេះ គ្រប់ប្រទេសត្រូវរួមសហការគ្នាក្នុងវិស័យសេដ្ឋកិច្ចឱ្យកាន់តែ​ជិត​ស្និទ្ធ​ឡើងៗ។ ទោះបីប្រជាជនស្ទើរតែទាំងអស់បានឯករាជ្យខាងនយោបាយក្តី ក៏ប្រជាជនទាំងនោះមិន​ទាន់​បានរួច​ផុត​ពីភាពមិនស្មើគ្នានៅឡើយទេ ហើយក៏នៅតែជាចំណុះប្រទេសដទៃហួសហេតុគ្រប់យ៉ាងដែរ។ គេ​ក៏មិន​ទាន់​រួចពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ​នៅផ្ទៃក្នុងរបស់គេនៅឡើយដែរ។

ខ. ប្រទេសមួយអាចចម្រើនឡើងបានអាស្រ័យតែលើធនធានមនុស្ស និងហិរញ្ញវត្ថុរបស់ខ្លួនដែរ។ ការអប់រំ ​និង​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​ត្រូវតែរៀបចំប្រជាពលរដ្ឋនៃប្រជាជាតិនីមួយៗ​ឱ្យមានសមត្ថភាពអាច​បំពេញ​គ្រប់បន្ទុក​ខាង​សេដ្ឋកិច្ច និងខាងសង្គមបាន។ ហេតុនេះ ត្រូវការអ្នកជំនាញការអន្តរជាតិមកជួយ។ ប៉ុន្តែ អស់​អ្នក​ជំនាញ​ការ​ដែល​មកជួយនោះមិនត្រូវមានឥរិយាបទធ្វើ​ដូចជាម្ចាស់​ត្រួតត្រាគេទេ តែទុកជាអ្នកជំនួយ និង​ជា​សហការី​វិញ។ ចំពោះ​ជំនួយជាសម្ភារៈដល់ប្រជាជាតិកំពុងអភិវឌ្ឍន៍វិញ ជំនួយទាំងនោះមុខជានឹង​បណ្តាល​ឱ្យ​ទម្លាប់ខាង​ពាណិជ្ជ​កម្ម​នា​សម័យឥឡូវប្រែប្រួលយ៉ាងខ្លាំង។ ប្រជាជាតិដែល​មាន​សេដ្ឋកិច្ចជឿនលឿន​ត្រូវ​ជួយគេតាមរបៀប​ផ្សេងទៀត ដូច​ជា​ផ្តល់​អំណោយ កម្ចី ឬផ្តល់វិនិយោគជាប្រាក់។ ប្រជាជាតិទាំង​នោះ​ត្រូវ​ជួយ​បម្រើដោយចិត្ត​ទូលំទូលាយ និងដោយចិត្តទៀង​ត្រង់ រីឯប្រទេសដែលទទួលជំនួយវិញ​មិនត្រូវមានចិត្ត​លោភ​លន់ឡើយ។

គ. ប្រសិនបើសហគមន៍អន្តរជាតិចង់កសាងរបៀបរៀបរយដ៏ពិតប្រាកដ​ខាងសេដ្ឋកិច្ចក្នុង​ពិភពលោក ត្រូវបញ្ឈប់​ចិត្ត​លោភលន់​ចង់បានកម្រៃហួសហេតុ ត្រូវបញ្ឈប់ចិត្តទោសៈចង់ត្រួតត្រាប្រទេសដទៃខាងនយោបាយ ត្រូវ​បញ្ឈប់​យុទ្ធសាស្រ្តយោធា ព្រមទាំងត្រូវបញ្ឈប់កលល្បិចដែលមានគោលដៅផ្សព្វផ្សាយមនោគមវិជ្ជាមួយ ឬ​បង្ខំ​ឱ្យ​គេយក​មនោគមវិជ្ជានោះ។ ទោះបីមានប្រព័ន្ធសេដ្ឋកិច្ច និងសង្គមជាច្រើនប្លែកៗពីគ្នាក្តី ក៏ត្រូវ​ឱ្យ​មនុស្ស​មាន​សមត្ថភាព អាចរក​គ្រឹះរួមសម្រាប់បង្កើតពាណិជ្ជកម្មសកលដែរ។ ប្រសិនបើម្នាក់ៗ​លះ​បង់​គំនិត​ដែល​គេ​បាន​គិត​ទុកជាមុន ហើយសុខចិត្ត​សន្ទនាដោយចិត្តស្មោះដោយមិនយឺតយ៉ាវ ទើបគេអាចរក​ឃើញ​គ្រឹះនេះ​បាន។

៨៦- គោលការណ៍ខ្លះដែលអាចជួយណែនាំបាន

ក. យើងយល់ឃើញ គួរអនុវត្តតាមគោលការណ៍ដើម្បីសហការគ្នាដូចតទៅ៖

ខ. ប្រជាជាតិកំពុងអភិវឌ្ឍន៍​ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងថា គោលដៅនៃការអភិវឌ្ឍន៍មានតែមួយគត់ គឺនាំឱ្យ​ប្រជា​ពលរដ្ឋរីក​ចម្រើនយ៉ាង​ពេញលេញក្នុង​ឋានៈគេជា​មនុស្ស។ ប្រជាជាតិទាំងនោះត្រូវតែបញ្ជាក់គោល​ដៅ​នេះ​យ៉ាង​ច្បាស់ដោយមិនអាច​ភាន់ច្រឡំបានឡើយ។ ប្រជាជាតិទាំងនោះត្រូវនឹកចងចាំថា មានតែកិច្ចការ​ដែល​ប្រជាជ​នធ្វើ និងការប៉ិនប្រសប់របស់គេទេ ដែលបណ្តោយឱ្យប្រជាជាតិរបស់ខ្លួនអាចចម្រើនឡើង​បាន​ និង​ឱ្យការ​ចម្រើននេះ​មានកម្លាំងរស់រវើក។ ការអភិវឌ្ឍន៍នោះមិនសំអាងតែលើជំនួយបរទេស​តែ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ប្រើប្រាស់ធនធាន​របស់ប្រទេសយ៉ាងពេញលេញវិញ ត្រូវសំអាងលើវប្បធម៌ និងលើប្រពៃណីរបស់ខ្លួនផ្ទាល់ ទើប​ចម្រើនឡើងតាម​សម្រួល​បាន។ ក្នុងករណីនេះ អស់អ្នកដែល​មានឥទ្ធិពលខ្លាំងជាងគេ​លើអ្នក​ដទៃ​ត្រូវ​ធ្វើ​ជាគំរូឱ្យគេ។

គ. ប្រជាជាតិដែលមានសេដ្ឋកិច្ចជឿនលឿន មានភារកិច្ចយ៉ាងធំបំផុត គឺជួយប្រជាជាតិកំពុងអភិវឌ្ឍន៍ឱ្យបំពេញ​បន្ទុក​ទាំងនោះយ៉ាងស្រួល។ សូមឱ្យប្រជាជាតិដែលមានសេដ្ឋកិច្ចជឿនលឿនរិះគិត និង​ប្រែចិត្តគំនិត​របស់គេ គឺ​ប្រែ​ទាំងខាងវិញ្ញាណ ទាំងខាងសម្ភារៈ ដើម្បីឱ្យគេអាចសហការជាសកលបាន។

ឃ. ហេតុនេះហើយ បានជានៅពេលប្រជាជាតិដែលមានសេដ្ឋកិច្ចជឿនលឿនចចារជាមួយប្រជាជាតិដែលមាន​សេដ្ឋកិច្ច​ទន់​ខ្សោយ និងប្រជាជាតិក្រជាងគេត្រូវយល់ដល់ផលប្រយោជន៍របស់គេនោះផង ដ្បិតពេលប្រជា​ជាតិ​ក្រីក្រលក់​ផលិតផលរបស់ខ្លួន​គេទទួលផលដែលគេត្រូវការជាចំាបាច់សម្រាប់ចិញ្ចឹមជីវិតរបស់ខ្លួន។

ង. សហគមន៍អន្តរជាតិមានតួនាទីសម្របសម្រួល និងលើកស្ទួយការអភិវឌ្ឍន៍ដោយយកចិត្តទុកដាក់ចែកចាយ​ធនធាន ដែលគេគ្រោងទុកដោយប្រសិទ្ធភាព និងយ៉ាងត្រឹមត្រូវជាអតិបរមា។ ប៉ុន្តែ ត្រូវគិតដល់គោល​ការណ៍ “ទុក​អំណាច​បន្ទាប់​បន្សំ” គឺទុកឱ្យប្រជាជាតិកំពុងតែអភិវឌ្ឍន៍ទាំងនោះទទួលខុសត្រូវខ្លួនឯង គឺ​សហគមន៍​អន្តរជាតិ​មាន​តួនាទីចាត់ចែងទំនាក់ទំនងខាងសេដ្ឋកិច្ចក្នុងពិភលោកទាំងមូលឱ្យមាន​របៀបរៀប​រយ ដើម្បី​ចែក​ចាយ​ជំនួយតាមក្បួន​យុត្តិធម៌។

ច. សូមតែងតាំងស្ថាប័នដែលមានសមត្ថភាពលើកស្ទួយ និងណែនាំពាណិជ្ជកម្មអន្តរជាតិ ជាពិសេស ពាណិជ្ជកម្ម​ជា​មួយ​ប្រជាជាតិដែលមានសេដ្ឋកិច្ចទន់ខ្សោយជាងគេ។ ស្ថាប័នទាំងនោះអាចកែសម្រួលផលអាក្រក់ដែល​បណ្តាល​មកពីភាពមិន​ស្មើគ្នាហួសហេតុនៃប្រជាជាតិនានា។ ការកែសម្រួលនេះ និងជំនួយខាងបច្ចេកទេស ជំនួយ​ខាងវប្បធម៌ និង​ជំនួយ​ខាងហិរញ្ញវត្ថុ មុខជានឹងផ្តល់​ឱ្យ​ប្រជាជាតិកំពុងអភិវឌ្ឍន៍ទាំងនោះមាន​មធ្យោបាយ ដើម្បី​បន្ត​ការខិតខំរបស់ខ្លួន និងនាំឱ្យសេដ្ឋកិច្ចរបស់គេចម្រើន​ឡើងតាមសម្រួល។

ឆ. ក្នុងករណីជាច្រើនត្រូវប្រែរចនាសម័្ពន្ធសេដ្ឋកិច្ច និងសង្គមទាំងស្រុងជាបន្ទាន់។ ប៉ុន្តែ ត្រូវប្រយ័ត្នកុំយក​ដំណោះ​ស្រាយមិនទាន់ស្ទាត់ជំនាញខាងបច្ចេកទេស ជាពិសេសកុំយកដំណោះស្រាយដែលផ្តល់​អត្ថ​ប្រយោជន៍​តែខាង​សម្ភារៈប៉ុណ្ណោះទេ។ ការអភិវឌ្ឍន៍មិនត្រូវទាស់នឹងលក្ខណៈរបស់មនុស្ស​ខាងផ្លូវវិញ្ញាណ ហើយ​ក៏មិនត្រូវទាស់នឹង​ការ​ចម្រើន​ដ៏​ពេញលេញ​របស់​ខ្លួន ​ដ្បិត “មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​អាហារ​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ព្រះ​បន្ទូល​ដែល​ចេញមក​ពី​ព្រះ​ឱស្ឋ​របស់​ព្រះ​ជា​ម្ចាស់​ដែរ” (មថ ៤,៤)។ មនុស្ស​ម្នាក់ៗមានចំណែកមួយនៃទ្រព្យសម្បត្តិ​ដ៏ថ្លៃថ្នូរកប់ទុកក្នុងខ្លួន និងក្នុងប្រពៃណី​ដ៏ប្រសើរ​របស់គេ ដែល​ព្រះជាម្ចាស់បានផ្ញើទុកដល់មនុស្សជាតិ ទោះបីមានគ្នាច្រើន​មិនស្គាល់​ប្រភពនៃកំណប់ដ៏ថ្លៃថ្នូរ​នេះក្តី។

៨៧- ការសហការអន្តរជាតិ ​និងកំណើននៃចំនួនមនុស្ស

ក. មានប្រជាជាតិមួយចំនួនត្រូវការរួមសហការអន្តរជាតិជាចាំបាច់បំផុតអាក់ខានមិនបាន ក្នុងចំណោមបញ្ហា​ជា​ច្រើន។ ប្រជាជាតិទាំងនោះត្រូវ​ប្រឈម​មុខនឹងបញ្ហាសំខាន់ជាងគេ គឺចំនួន​ប្រជាជន​កើន​ឡើងយ៉ាងឆាប់​រហ័ស។ ហេតុនេះ​ ត្រូវ​ស្វែង​រកមធ្យោបាយជួយរៀបចំអ្វីៗដែលគេត្រូវការ ដើម្បីឱ្យមនុស្សទាំងអស់​មាន​ស្បៀង​អាហារ​បរិភោគ​គ្រប់គ្រាន់ ឱ្យគេមានការសិក្សាសមរម្យ ដើម្បីជាប្រយោជន៍ដល់​សហគមន៍​មនុស្ស​លោក​ទាំង​មូល។ មនុស្សទាំង​អស់ ជាពិសេស ប្រជាជាតិដែលសម្បូរណ៍ដោយទ្រព្យ​សម្បត្តិត្រូវរួមសហការ​យ៉ាង​ពេញ​លេញ និងយ៉ាង​ព្យាយាម​ជួយ​ឧបត្ថមគេ។ ប្រសិនបើប្រជាជាតិមួយ​ចំនួន​ធំទទួល​ការ​បង្រៀនយ៉ាងសមរម្យ គេ​អាច​ធ្វើឱ្យ​ជីវភាព​ប្រជាជន​របស់​ខ្លួនចម្រើនឡើងបានយ៉ាង​ខ្លាំង គឺគេមុ​ខ​ជា​នឹង​ឆ្លងកាត់ពីកសិកម្មបុរាណ មក​ប្រើ​បច្ចេកទេសទំនើប ដោយ​ប្រុង​ប្រយ័ត្នតាមតម្រូវការ និងស្របតាមសភាពការណ៍របស់គេ។ គេក៏​ត្រូវ​ចែក​រំលែក​ដីធ្លីឱ្យប្រជាជនប្រើប្រាស់តាម​យុត្តិធម៌ ទើបកើតរបៀបរៀបរយល្អក្នុងសង្គម។

ខ. ចំពោះបញ្ហាចំនួនប្រជាជ​នក្នុងប្រជាជាតិនីមួយៗ រដ្ឋាភិបាលនានាពិតជាមាន​សិទ្ធិ ​និងភារកិច្ចតាមព្រំដែននៃ​សមត្ថកិច្ច​របស់​ខ្លួន ឧបមាថា រដ្ឋាភិបាលមាន​សិទ្ធិ​ និងភារកិច្ចតែងច្បាប់អំពីសង្គម និងអំពីក្រុមគ្រួសារ អំពី​ប្រជាជន​ស្រុក​ស្រែ​ចម្ការ​ដែល​មក​រស់នៅក្នុងទីក្រុង អំពី​ពត៌មានស្តីអំពីសភាពការណ៍ និងអំពីតម្រូវ​ការ​នៃ​ប្រទេស។ សព្វថ្ងៃ មាន​មនុស្ស​ជាច្រើន​យកចិត្តទុកដាក់យ៉ាងខ្លាំងអំពីបញ្ហានេះ។ ហេតុនេះ មហាសន្និបាត​ប្រាថ្នា​ចង់​ឱ្យមានគ្រីស្តបរិស័ទ​កាតូលិកដែល​មានសមត្ថភាពក្នុងវិស័យទាំងនោះ ជាពិសេសក្នុងសកល​វិទ្យា​ល័យបន្តការស្រាវជ្រាវដែល​មនុស្ស​ផ្សេងៗ​ចាប់​ផ្តើមសិក្សា​ឱ្យកាន់តែទូលំទូលាយឡើង។

គ. មានមនុស្សជាច្រើនតែងតែប្រកាសថា ត្រូវបន្ថយកំណើននៃចំនួនមនុស្សនៅលើផែនដីជាដាច់ខាត យ៉ាង​ហោច​ណាស់​សូមបន្ថយចំនួនកំណើតកូនក្នុងប្រទេសមួយចំនួន ដោយប្រើគ្រប់មធ្យោបាយ ហើយ​រដ្ឋ​អំណាច​ត្រូវ​បញ្ចេញ​ក្រឹត្យ​ក្រម​គ្រប់យ៉ាង ដើម្បីបន្ថយចំនួនមនុស្ស។ មហាសន្និបាតសូមក្រើនរម្លឹក​ដាស់​តឿន​មនុស្ស​ទាំង​អស់​ថា កុំប្រើវិធីផ្ទុយ​នឹង​វិន័យ​នៃសីលធម៌ ទោះបីគេទូន្មានឱ្យ​ប្រើវិធីទាំងនោះជា​សាធា​រណៈ​ក្តី ឬជា​ឯកជន​ក្តី ឬទោះជាគេបង្ខំ​ឱ្យប្រើ​ក៏ដោយ។ មនុស្សមាន​សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងបន្ត​ពូជ ជា​សិទ្ធិ​ដែល​គ្មាន​នរណា​អាចដកហូតបានជាដាច់ខាត។ ហេតុនេះ ​មានតែគូស្វាមី​ភរិយាទេ ដែលអាច​សម្រេច​អំពី​ចំនួន​កូន​របស់​ខ្លួនបាន ក្រោយពីបានរិះគិត​ថ្លឹងថ្លែង​យ៉ាង​ត្រឹម​ត្រូវ។ រដ្ឋអំណាចគ្មាន​សិទ្ធិសម្រេច​ជំនួស​គេ​បាន​សោះ។ ឪពុក​ម្តាយត្រូវសម្រេចដោយមានមនសិការអប់រំយ៉ាង​ល្អ។ ហេតុនេះ ត្រូវជួយមនុស្ស​ទាំងអស់​ឱ្យ​មាន​សមត្ថភាព​អាចទទួលខុសត្រូវស្រប​តាម​សីលធម៌ និង​ស្របតាម​លក្ខណៈ​របស់ខ្លួនជាមនុស្ស ដោយ​គិត​គូរ​ដល់​ធម្មវិន័យរបស់ព្រះជាម្ចាស់ និងដោយមិនបំភ្លេចដល់​សភាពការណ៍​ទាំង​ប៉ុន្មាន​នៃ​ការរស់នៅ​ដែរ។ ដូច្នេះ ត្រូវ​ប្រើ​គរុកោសល្យ​អប់រំឱ្យកាន់តែ​ប្រសើរឡើង និងធ្វើឱ្យ​សភាពការណ៍​ក្នុង​សង្គម​ចម្រើន​ឡើង​ផងដែរ។ ជា​បឋម ត្រូវផ្តល់ឱកាសឱ្យប្រជាជនអាច​ទទួល​ការអប់រំខាងសាសនា ឬយ៉ាង​ហោច​ណាស់​ឱ្យ​ទទួល​ការ​អប់រំ​ខាង​សីលធម៌ដែលមានគុណភាពល្អ។ ម៉្យាង​ទៀត ត្រូវផ្តល់ពត៌មានសមរម្យដល់​ប្រជាជនឱ្យ​បាន​ដឹង​អំ​ពី​ការ​ចម្រើន​នៃ​វិទ្យាសាស្រ្ត ក្នុងការស្វែងរកវិធីដែលអាច​ជួយ​គូស្វាមី​ភរិយា​ក្នុងការពន្យារ​កំណើត​កូន។ គេ​អាច​ប្រើវិធី​ទាំងនោះបាន លុះត្រា​តែ​វិធីទាំងនោះមានតម្លៃយ៉ាងច្បាស់ និងពិតជាស្រប​តាម​សីលធម៌។

៨៨- តួនាទីរបស់គ្រីស្តបរិស័ទក្នុងជំនួយអន្តរជាតិ

ក. គ្រីស្តបរិស័ទត្រូវសុខចិត្តរួមសហការដោយ​ចិត្ត​ស្មោះ និង​ដោយចិត្តទូលាយក្នុងការកសាង​របៀបរៀបរយ​អន្តរជាតិ។ ត្រូវ​កសាង​របៀបរៀប​រយនេះដោយគោរពយ៉ាងស្មោះ ចំពោះសេរីភាពដ៏ត្រឹមត្រូវ និង​ដោយ​ស្រឡាញ់​មនុស្សទាំង​អស់​ទុក​ជា​បង​ប្អូន។ គ្រីស្តបរិស័ទរឹតតែស្ម័គ្រចិត្តជួយកសាង​របៀបរៀបរយនេះដោយ​ដឹង​ថា មនុស្សភាគ​ច្រើននៅក្នុងលោក​នេះស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ​តោក​យ៉ាក ហើយតាមរយៈអ្នកក្រីក្រ​ទាំង​នោះ ព្រះគ្រីស្តទាមទារយ៉ាងខ្លាំង​ឱ្យ​ក្រុម​សាវ័ក​ព្រះ​អង្គ​មាន​ចិ​ត្ត​មេត្តា​ករុណា។ សូមបំបាត់សភាពការដែល​ទាស់​ភ្នែកនេះដែលមានដូចតទៅ គឺថា មានប្រជាជាតិ​ខ្លះ​ដែល​ប្រជាពលរដ្ឋភាគច្រើនជា​គ្រីស្តបរិស័ទ មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​ តែនៅពេល​ជាមួយគ្នានោះ មានប្រជាជាតិ​ខ្លះ​ខ្វះ​ខាត គ្មានអ្វីៗ​ដែល​គេ​ត្រូវ​ការ​សម្រាប់​ទប់​ទល់​ជីវភាព គេរងគ្រោះដោយទុរ្ភិក្ស គ្មានអាហារបរិភោគ មានជំងឺរាត​ត្បាត និងកើត​ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង។ គំនិត​របស់អ្នកដែលចង់ដាក់ខ្លួនជាអ្នកក្រីក្រ និងមានសេចក្តីស្រឡាញ់ ពិត​ជា​សិរីរុង​រឿងនិងជា​សញ្ញា​សម្គាល់​នៃ​ព្រះសហគមន៍​របស់ព្រះគ្រីស្ត។

ខ. ហេតុនេះ ត្រូវលើកតម្កើង និងលើកទឹកចិត្តគ្រីស្តបរិស័ទទាំងប៉ុន្មាន ជាពិសេស យុវជនដែល​ស្ម័គ្រ​ចិត្ត​ថ្វាយ​ខ្លួន​ជួយ​បម្រើ​មនុស្សឯទៀតៗ និងប្រជាជនផ្សេងៗ។ លើសពីនេះទៅទៀត ប្រជារាស្រ្ត​របស់ព្រះជាម្ចាស់​ទាំង​មូល​មាន​តួនាទី​សម្រាល​ទុក្ខមនុស្សសម័យឥឡូវ តាមសមត្ថភាពរៀងៗខ្លួនដោយមានអភិបាលព្រះ​សហ​គមន៍​លើកទឹក​ចិត្តគេទាំង​មានប្រសាសន៍​ និងធ្វើគំរូផងដែរ។ គេមិនគ្រាន់តែយកអ្វីដែលនៅសេសសល់​មក​ចែក​ដល់អ្នកក្រីក្រប៉ុណ្ណោះទេ តែគេ​យក​អ្វីៗ​ដែលខ្លួនត្រូវការជាចំាបាច់សម្រាប់ចិញ្ចឹមជីវិតមកចែកឱ្យគេ​វិញ ដូច​ព្រះសហគមន៍​ពីដើមធ្លាប់ធ្វើ។

គ. ត្រូវ​ចាត់ចែងការប្រមូលធនធានឱ្យមានរបៀបរៀបរយតាម​ភូមិភាគ តាមប្រជាជាតិនានា និងនៅ​តាម​សកល​លោក​ទាំង​មូល ​ទោះ​បីរបៀបប្រមូលប្រាក់ និងចែកជំនួយមិនដូចគ្នានៅគ្រប់កន្លែងក្តី។ សូមគ្រីស្តប​រិស័ទ​កាតូលិក​រួម​សហការ​ជាមួយ​បង​ប្អូន​គ្រីស្តបរិស័ទ​និកាយឯទៀតៗ នៅកន្លែងណាដែល​គេ​ឃើញ​ថា គួរ​ឱ្យ​ធ្វើ​ការ​រួមគ្នា។ សេចក្តី​ស្រឡាញ់​ទាមទារឱ្យ​អ្នក​ប្រព្រឹត្ត​កិច្ចការតាមសង្គម និងកិច្ចជួយដល់អ្នកដទៃ គិតគូរដល់​អនាគត និង​ធ្វើការ​ដោយ​មាន​របៀប​រៀ​បរយ។ ហេតុ​នេះ​ អស់អ្នក​ដែលចង់បម្រើប្រជាជាតិ​ដែល​កំពុង​អភិវឌ្ឍន៍ ត្រូវ​ទទួល​ការអប់រំតាម​របៀប​សមរម្យ​ក្នុង​គ្រឹះស្ថានឯកទេស មុនចេញ​ទៅ​បម្រើ​អ្នកដទៃ។

៨៩- វត្តមានរបស់ព្រះសហគមន៍ក្នុងសហគមន៍អន្តរជាតិ

ក. ព្រះសហគមន៍ប្រកាសដំណឹងល្អឱ្យមនុស្សទាំងអស់ តាមបេសកកម្មដែលខ្លួនបានទទួល​ពីព្រះ​ជាម្ចាស់មក។ ពេល​នោះ ​ព្រះសហគមន៍ចែករំលែកព្រះហឫទ័យប្រោសប្រណីដ៏ថ្លៃថ្នូររបស់ព្រះអង្គឱ្យគេ និង​ជួយពង្រឹង​សន្តិភាព ហើយ​តែង​តាំង​គ្រឹះដ៏មាំមួនជូនសហគមន៍មនុស្សលោកជាបងប្អូន គឺនាំឱ្យគេស្គាល់​ធម្មវិន័យ​របស់​ព្រះជាម្ចាស់ និង​ស្គាល់​ធម្មវិន័យ​របស់ធម្មជាតិ​ដែរ។ ហេតុនេះ ព្រះសហគមន៍ត្រូវតែមានវត្តមានក្នុង​សហគមន៍​ប្រជាជាតិជាចាំបាច់ ដើម្បីលើក​ទឹក​ចិត្ត និងដាស់​តឿន​មនុស្សទាំងអស់ឱ្យរួមសហការគ្នា។ ព្រះ​សហគមន៍​ត្រូវមាន​វត្តមានតាមស្ថាប័នជាផ្លូវការ និង​ដោយ​គ្រីស្តបរិស័ទ​ទាំង​អស់រួមសហការដោយចិត្តស្មោះ។ គ្រីស្ត​បរិស័ទរួមសហការដូច្នេះដោយមាន​បំណងតែ​មួយ គឺជួយ​ដល់​ប្រយោជន៍​មនុស្ស​ទាំង​អស់។

ខ. ប្រសិនបើគ្រីស្តបរិស័ទដឹងអំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងឋានៈ​ជាមនុស្សផង និងក្នុងឋានៈ​ជាគ្រីស្ត​បរិស័ទ​ផង គេ​មុខ​ជានឹងនាំគ្នាដាស់តឿនមនុស្សនៅកន្លែងគេរស់នៅ ឱ្យមានបំណង​រួមសហការជាមួយ​សហ​គមន៍​អន្តជាតិដោយចិត្ត​ទូលាយ។ ដូច្នេះ គេមុខជានឹងបានលទ្ធផលនោះពុំខាន។ ក្នុង​ករណីនេះ ត្រូវចាប់​អារម្មណ៍​យ៉ាងពិសេស​នឹងការ​អប់រំ​យុវជន ទាំងខាងសង្គម ទាំងខាងសាសនា។

៩០- តួនាទីគ្រីស្តបរិស័ទក្នុងស្ថានប័នអន្តរជាតិ

ក. គ្រីស្តបរិស័ទ ទាំងបុគ្គលម្នាក់ៗក្តី ទាំងជាក្រុមក្តីត្រូវជួយស្ថាប័នដែលមានគោលដៅ​ពង្រីកការ​សហការ​អន្តរជាតិ ទោះ​បី​ស្ថាប័ន​ទាំងនោះកើតរួចហើយក្តី ឬក៏ត្រូវបង្កើតនៅពេលអនាគតក្តី។ ការនេះពិតជា​សកម្មភាព​មួយដ៏ល្អប្រពៃរបស់​គេ។ សមាគមកាតូលិក​អន្តរជាតិនានា​អាចជួយបម្រើជាច្រើន​យ៉ាងក្នុងកិច្ច​កសាង​សហគមន៍សកលប្របកដោយ​សន្តិភាព ​និង​ដែលមានមនុស្សរាប់អានគ្នាទុកជាបងប្អូន​ថែម​ទៀត។ ត្រូវ​តែពង្រឹងសមាគមទាំងនោះដោយផ្តល់បុគ្គលិក​ច្រើន​ជាងពីមុនមកធ្វើការជាមួយ គឺបុគ្គលិកដែលទទួល​ការ​អប់រំ​យ៉ាងល្អ​ជាមុន។ ត្រូវតែ​ពង្រឹងសមាគមទាំងនោះ​ដោយ​បន្ថែម​សម្ភារៈដែលគេត្រូវការ និងដោយ​សម្រួល​កម្លាំង​របស់​គេឱ្យរួមសហការគ្នា។ សព្វថ្ងៃ ត្រូវ​តែ​ធ្វើកិច្ចការរួម ទើប​សកម្មភាពនោះមានប្រសិទ្ធភាព និងត្រូវ​តាម​សេចក្តីដ៏ចាំបាច់​នៃការ​សន្ទនាគ្នាដែរ។ ម្យ៉ាងទៀត សមាគមទាំង​នោះ​ជួយ​ព​ង្រីកគំនិតមនុស្ស ឱ្យនាំ​គ្នា​គិត​ដល់​ប្រយោជន៍​សកល ជាគំនិតដែលគ្រីស្តបរិស័ទកាតូលិកពេញចិត្ត។ សមាគម​ទាំង​នោះ​ក៏​ជួយ​បង្កើត​មនសិការ​សាមគ្គី និងឱ្យគេទទួល​ខុសត្រូវជាសកលដ៏ពិតប្រាកដ។

ខ. នៅទីបញ្ចប់ យើងប្រាថ្នាចង់ឱ្យគ្រីស្តបរិស័ទកាតូលិកខិតខំរួមសហការយ៉ាងសកម្ម និងដែលមានប្រយោជន៍ជាមួយ​បងប្អូនគ្រីស្តបរិស័ទនីកាយឯទៀតៗ​ ដែលប្រកាសអំពីសេចក្តីស្រឡាញ់ស្របតាមដំណឹងល្អ។ គ្រីស្ត​បរិស័ទ​កាតូលិក​ក៏​ត្រូវរួមសហការជាមួយអស់អ្នកដែល​ស្វែងរក​សន្តិភាព​ដ៏ពិតប្រាកដ។

គ. មហាសន្និបាតយល់ឃើញថា សព្វថ្ងៃ មនុស្សជាតិភាគច្រើនកំពុងរងទុក្ខលំបាកសែនវេទនា។ មហាសន្និបាត​មាន​បំណង​ជួយ​ឱ្យយុត្តិធម៌កើតឡើង និងមានបំណងចង់ឱ្យមនុស្សទាំងអស់មានសេចក្តី​ស្រឡាញ់​របស់ព្រះ​គ្រីស្ត​ចំពោះ​អ្នក​ក្រី​ក្រ​នៅគ្រប់កន្លែង។ ហេតុនេះ មហាសន្និបាតយល់ឃើញថា គួរបង្កើត​ស្ថាប័ន​របស់ព្រះ​សហគមន៍សកល ដែលមាន​គោល​ដៅដាស់តឿនសហគមន៍កាតូលិកឱ្យលើកស្ទួយ​ការ​អភិវឌ្ឍន៍តំបន់ក្រីក្រ និង​ពង្រីក​យុត្តិធម៌ក្នុងសង្គម​នៃ​ប្រជា​ជាតិ​នានា។

ពាក្យបញ្ចប់

៩១- តួនាទីរបស់គ្រីស្តបរិស័ទម្នាក់ៗ និងរបស់ព្រះសហគមន៍តាមភូមិភាគ

ក. មហាសន្និបាតដ៏វិសុទ្ធបានផ្តល់យោបល់ទាំងអស់ខាងលើនេះ យោងពីទ្រព្យសម្បត្តិដ៏​ថ្លែថ្នូរនៃ​លទ្ធិ​ព្រះសហ​គមន៍ ដើម្បី​ជួយ​មនុស្ស​នាសម័យឥឡូវ ទោះជាគេផ្ញើជីវិតលើព្រះជាម្ចាស់ក្តី ឬមិនទទួលស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់​ក្តី ឱ្យ​គេ​យល់ឃើញ​កាន់តែច្បាស់នូវអត្ថន័យយ៉ាងពេញលេញនៃជីវិតរបស់ខ្លួន តាមព្រះជាម្ចាស់បាន​កំណត់​ទុក។ មហាសន្និបាត​ក៏មានបំណងជួយឱ្យមនុស្សលោកនេះកាន់តែមានល​ក្ខណៈដ៏ថ្លៃថ្នូរ​ប្រសើរ​បំផុត​ជា​មនុស្ស និងឱ្យ​យក​ចិត្ត​ទុក​ដាក់​កសាង​សង្គមសកលជាបងប្អូនដែលមានគ្រឹះយ៉ាងមាំមួន និងជ្រៅ។ មហា​សន្និបាត​ក៏មានបំណង​ជួយ​ឱ្យ​មនុស្សលោកនេះ​ខិតខំ​រួមគ្នាតបឆ្លើយ​យ៉ាងទូលាយនឹងការស្រែកហៅ​យ៉ាងខ្លាំង​ជាង​គេ របស់​មនុស្ស​នៅនាសម័យ​យើង​នេះក្រោមការណែនាំនៃ​សេចក្តី​ស្រឡាញ់។

ខ. តាមពិត មានសភាពការណ៍ និងអរិយធម៌ប្លែកៗពីគ្នាជាច្រើន។ ដូច្នេះ សេចក្តីដែលយើងបានសរសេរនោះមាន​លក្ខណៈ​ជាទូទៅត្រង់ចំណុចជាច្រើនមែន។ ហេតុនេះ យើងមិនព្រមបញ្ជាក់សេចក្តីដោយចេតនា។ ម៉្យាង​ទៀត បញ្ហា​ទាំង​នោះនៅតែប្រែប្រួលជានិច្ចឥតឈប់ឈរ។ ហេតុនេះ នៅពេលអនាគត​ត្រូវតែបន្ត​ និង​ពង្រីក​សេចក្តី​បង្រៀន​នេះ​ត​ទៅ​ទៀត។ តាមពិត សេចក្តីបង្រៀននេះ ជាសេចក្តីដែលគ្រីស្តបរិស័ទបាន​ទទួលក្នុងព្រះ​សហគមន៍​រួច​ហើយ។ ប៉ុន្តែ​ យើង​សង្ឃឹមថា សេចក្តីជាច្រើនដែលយើងបានសរសេរខាងលើនេះ ដោយសំអាង​លើ​ព្រះ​បន្ទូលរបស់​ព្រះ​ជាម្ចាស់​ និង​សំអាងលើ​គោលគំនិតនៃដំណឹងល្អ អាចជួយមនុស្សទាំងអស់​បាន​យ៉ាង​សកម្ម ជាពិសេស មានប្រយោជន៍ អាចជួយ​គ្រីស្តបរិស័ទនៅពេលគេ​ខិតខំសម្របសេចក្តីទាំងនេះ ឱ្យបាន​ស្រប​តាម​ប្រជាជាតិនីមួយៗដែលមានអរិយធម៌ប្លែកៗពីគ្នា ក្រោមការណែនាំរបស់គង្វាលរបស់ខ្លួន។

៩២- ការសន្ទនារវាងមនុស្សទាំងអស់

ក. ព្រះសហគមន៍មានបេសកកម្មយកពន្លឺនៃដំណឹងល្អមកបំភ្លឺពិភពលោកលោកទាំងមូល ព្រមទាំងប្រមែប្រមូល​មនុស្សគ្រប់ជាតិសាសន៍ គ្រប់វប្បធម៌ឱ្យរួបរួមគ្នា​ក្នុងព្រះវិញ្ញាណតែមួយដែរ។ ដូច្នេះ​ ព្រះសហគមន៍លេច​មក​ហាក់​ដូចជាសញ្ញាសម្គាល់អំពីការស្រឡាញ់គ្នាជាបងប្អូន​ ដែលបណ្តោយឱ្យមនុស្សទាំងអស់អាចនិយា​យ​សន្ទនា​គ្នាដោយ​ចិត្ត​ស្មោះ និង​ពង្រឹងការ​សន្ទនានោះទៀតផង។

ខ. ហេតុនេះហើយ ជាបឋម ក្នុងផ្ទៃព្រះសហគមន៍យើងត្រូវរាប់អានគ្នា គោរពគ្នា ស្រុះស្រួលគ្នាទាំង​ទទួល​ស្គាល់​ថា យើង​ប្លែកៗពីគ្នាជាច្រើនបែប ដើម្បីឱ្យអស់អ្នកដែលចូលរួមជាប្រជារាស្រ្តតែមួយ​របស់​ព្រះជាម្ចាស់ ជា​គង្វាល​ក្តី ជា​គ្រីស្តបរិស័ទ​ឯ​ទៀតៗក្តី អាចសន្ទនាជាមួយគ្នាបាន។ ការសន្ទនានោះមុខជានឹង​បង្កើតលទ្ធផល​កាន់​តែ​ប្រសើរឡើងៗ។ អ្វីៗដែលបង្រួបបង្រួមគ្រីស្តបរិស័ទឱ្យភ្ជាប់គ្នា មានកម្លាំងខ្លាំងជាងអ្វីៗ​ដែល​បណ្តាល​ឱ្យ​បាក់បែកគ្នា គឺគ្រីស្តបរិស័ទត្រូវ​រួមគ្នាក្នុងសេចក្តីដែល​សំខាន់ជាចំាបាច់ មានសេរីភាពក្នុង​សេចក្តីដែល​កំពុង​តែ​ជជែកគ្នា ប៉ុន្តែ ក្នុង​គ្រប់ករណីទាំងអស់ត្រូវមានចិត្តស្រឡាញ់ជានិច្ច (សន្តអូគូស្តាំង)។

គ. នៅពេលជាមួយគ្នានេះ យើងនឹកគិតដល់បងប្អូនទាំងអស់ដែលមិនទាន់រួបរួមជាមួយយើង​យ៉ាងពេញ​លេញ​នៅ​ឡើយ យើងក៏នឹកគិតដល់សហគមន៍របស់គេដែរ។ យើងទាំងអស់រួមគ្នាដោយប្រកាស​ជំនឿ​ផ្ញើជីវិត​លើ​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ ព្រមទាំងដោយចំណងនៃសេចក្តីស្រឡាញ់។ យើង​ក៏​ចង​ចាំថា សូម្បី​តែ​មនុស្ស​មួយចំនួនធំ​ដែល​មិន​ផ្ញើជីវិតលើព្រះគ្រីស្តក៏ទន្ទឹងរង់ចាំ និងមានបំណងចង់ឱ្យ​គ្រីស្ត​បរិស័ទ​រួបរួម​គ្នាជាធ្លុង​តែ​មួយ​ដែរ។ គ្រីស្តបរិស័ទ​គ្រប់​និកាយ​រួបរួមគ្នាក្នុងសេចក្គីពិត និងក្នុងសេចក្តីស្រឡាញ់​កាន់តែ​ខ្លំាង​ឡើងៗយ៉ាងណា ព្រះ​សហគមន៍​នឹងទៅ​ជា​ប្រផ្នូល​អំពីពិភពលោកទាំងមូលរួបរួមគ្នាប្រកបដោយសន្តិភាពកាន់​តែ​ខ្លាំងយ៉ាងនោះដែរ ដោយ​ឫទ្ធានុភាពដ៏ខ្លាំងក្លា​នៃព្រះ​វិញ្ញាណ​ដ៏វិសុទ្ធជួយឧបត្ថម្ភផង។ ហេតុនេះហើយ យើង​នាំ​គ្នារួមកម្លាំងចិត្តកម្លាំងកាយ តាម​របៀបកាន់តែស្រប​នឹង​គោល​បំណង​ដែល​យើងស្វែរក​សព្វថ្ងៃ​យ៉ាង​សកម្ម។ យើងត្រូវមានចិត្តស្មោះនឹងដំណឹងល្អកាន់តែខ្លាំងឡើងៗ។ យើង​ត្រូវ​យកចិត្តទុកដាក់​រួម​សហការ​បម្រើ​មហា​គ្រួសារ​នៃមនុស្សជាតិដូចបងប្អូន ដែលព្រះ​ជាម្ចាស់បានត្រាស់ហៅឱ្យ​ទៅជា​មហា​គ្រួសាររបស់​ព្រះអង្គដោយរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ។

ឃ. យើងនឹកគិតដល់បងប្អូនទាំងអស់ដែលទទួលស្គាល់ព្រះជាម្ចាស់ ហើយដែលមានសេចក្តីដ៏ថ្លៃថ្នូរជាច្រើនខាង​សាសនា និង​ខាងមនុស្សជាតិកប់ទុកក្នុងប្រពៃណីរបស់គេ។ យើងអង្វរព្រះអង្គ សូមប្រោសឱ្យ​យើង​ទាំង​អស់​អាច​សន្ទនា​ជា​មួយគ្នាបានដោយទុកចិត្តគ្នា សុខចិត្តទទួលការត្រាស់ហៅនៃព្រះវិញ្ញាណដោយចិត្តទៀងត្រង់ និង​ប្រព្រឹត្ត​តាម​ដោយ​ចិត្ត​ក្លៀវក្លាទៀតផង។

ង. ចំពោះយើងវិញ យើងមានបំណងចង់សន្ទនាបែបនេះដោយមានតែការស្រឡាញ់សេចក្តីពិតណែនាំទាំង​ប្រុង​ប្រយ័ត្ន​ផង។ យើងមិនរើសអើងនរណាសោះឡើយ គឺមិនបោះបង់ចោលអស់អ្នកដែលគោរព​តម្លៃ​ដ៏ថ្លៃថ្នូរ​របស់​មនុស្ស ទោះ​បី​គេ​មិន​ទាន់​ស្គាល់ព្រះជាម្ចាស់ដែលជាប្រភពនៃតម្លៃដ៏ថ្លៃថ្នូរទាំងនោះក៏ដោយ។ យើងក៏​មិន​បោះបង់ចោល​អស់អ្នកដែល​ប្រឆាំង​ជំទាស់​នឹងព្រះសហគមន៍ ហើយបៀតបៀនព្រះសហគមន៍​តាម​របៀប​ផ្សេងៗទៀតដែរ។ ដោយព្រះជាម្ចាស់​ពិត​ជាព្រះ​បិតា ជា​ដើមកំណើត និងជាចុងបំផុត​នៃជីវិត​របស់​មនុស្ស​ទាំងអស់ ព្រះអង្គត្រាស់ហៅយើង​ទាំង​អស់គ្នា​ឱ្យ​ទៅ​ជាបងប្អូន។ ប្រសិន​បើ​ព្រះ​អង្គកំណត់ទុក​ឱ្យ​មនុស្យ​មានទិសដៅតែមួយដដែលដូច្នេះនោះ យើងក៏​អាច (ហើយ​ត្រូវ) រួមសហការគ្នា​កសាង​ពិភព​លោក​ប្រកប​ដោយសន្តិភាពដ៏ពិតប្រោកដ ដោយគ្មានហិង្សា និង​ដោយគ្មាន​ប្រើ​កលល្បិច​ឡើយ។

៩៣- យើងត្រូវកសាងពិភពលោក ​និងនាំពិភពលោកឱ្យបានដល់ទិសដៅរបស់ខ្លួន

ក. យើងនឹកចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ “បើអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក‌‌ មនុស្សទាំងអស់​មុខជា​នឹង​ដឹង​ថា អ្នករាល់គ្នាពិតជា​សាវ័ករបស់ខ្ញុំមែន” (យហ ១៣,៣៥)។ ហេតុនេះ គ្រីស្តបរិស័ទ​មាន​សេចក្តី​ប៉ង​ប្រាថ្នា​តែមួយ​យ៉ាង​ខ្លាំង គឺចង់ជួយបម្រើមនុស្សនៅសម័យរបស់ខ្លួន ដោយមានចិត្តទូលំទូលាយ​កាន់តែ​ខ្លាំង​ឡើងៗ និងកាន់តែ​សកម្ម​ទៀត។ គេសុខចិត្តធ្វើតាមដំណឹងល្អ និងទទួលកម្លាំងពីដំណឹងល្អនេះ ព្រម​ទាំង​រួម​ជា​មួយ​អស់អ្នកដែល​ស្រឡាញ់​ និងប្រព្រឹត្តតាមយុត្តិធម៌។ គ្រីស្តបរិស័ទក៏មានភារកិច្ច​បំពេញ​បន្ទុក​មួយ​ដ៏ធំ​សម្បើម​ក្នុង​ពិភពលោក។ នៅថ្ងៃ​ចុង​ក្រោយបំផុត គេត្រូវធ្វើសេចក្តីរាយការណ៍នៅចំពោះព្រះគ្រីស្ត​ដែល​នឹង​វិនិច្ឆ័យ​មនុស្សទាំងអស់។ “អ្នក​ដែល​ចូលទៅ​ក្នុង​ព្រះ​រាជ្យ​នៃ​ស្ថាន​បរម​សុខ មិន​មែន​ជាអ្នក​ដែល​គ្រាន់តែ​ហៅ​ខ្ញុំ​ថា៖ «ព្រះ​អម្ចាស់! ព្រះអម្ចាស់!» ប៉ុណ្ណោះ​ទេ  គឺ​ជាអ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​បិតាដែល​គង់​នៅ​ស្ថាន​បរម​សុខ​នោះ​វិញ” (មថ ៧,២១) គឺអស់អ្នកដែល​ប្រព្រឹត្តកិច្ចការដោយចិត្តក្លាហាន។ ព្រះបិតាសព្វ​ព្រះ​ហឫទ័យ​ឱ្យ​យើងទទួលស្គាល់ព្រះគ្រីស្តជារៀមច្បងក្នុងមនុស្ស​គ្រប់ៗរូប ព្រមទាំងឱ្យយើងស្រឡាញ់​មនុស្ស​ម្នាក់ៗ​យ៉ាង​ពិត​ប្រាកដ​ដោយពាក្យសម្តី និង​ដោយប្រព្រឹត្តកិច្ចការផង។ ដូច្នេះ យើងពិតជាផ្តល់​សក្ខីភាព​ដល់​សេចក្តី​ពិត​មែន។ ព្រះអង្គក៏សព្វព្រះ​ហឫទ័យឱ្យយើងចែករំលែក​គម្រោងការ​ដ៏​អស្ចារ្យ​នៃព្រះហឫទ័យ​ស្រឡាញ់​របស់ព្រះអង្គឱ្យមនុស្សលោកដែរ។ ប្រសិនបើ​យើងជាគ្រីស្តបរិស័ទរស់នៅ​តាម​បែប​នោះ យើង​មុខ​ជា​នឹងនាំ​ឱ្យ​មនុស្សទាំងអស់ដែល​រស់នៅពាសពេញ​នៅលើផែនដីទាំងមូល មានសេចក្តីសងឹ្ឃម​យ៉ាង​មាំ​មួន​ថា គេ​មុខ​ជា​នឹងត្រូវរាប់បញ្ជូលក្នុងសេចក្តីសុខសាន្ត និងក្នុងបរមសុខនៅមាតុភូមិដែលចែងចាំងដោយ​សិរី​រុងរឿង​របស់​ព្រះ​អម្ចាស់។ សេចក្តីសង្ឃឹមនេះក៏ជាព្រះអំណោយទានរបស់ព្រះវិញ្ញាណ។

ខ. “ព្រះជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំងអស់​ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិតដោយ​សារ​ឫទ្ធានុ​ភាព​​របស់​ព្រះអង្គដែល​បំពេញ​សកម្មភាព​នៅ​ក្នុង​យើង‌។ សូម​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះអង្គ​ក្នុង​ព្រះ​សហគមន៍ និង​ក្នុង​ព្រះ​គ្រីស្ត​យេស៊ូ‌​នៅ​គ្រប់​ជំនាន់អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ”។ អាម៉ែន។ (អភ ​៣,២០-២១)។

អស់​លោក​អភិបាល​ដែល​រួម​ក្នុង​មហា​សន្និបាតពេញ​ចិត្ត​នឹង​ធម្មនុញ្ញទាំងមូលនេះ ព្រម​ទាំង​គោល​ការណ៍​នីមួយៗ​ផង។ រីឯ​យើង​វិញ ​ស្រប​តាម​អំណាច​ដែល​ព្រះ​គ្រីស្ត​បាន​ប្រគល់​ឱ្យក្នុងឋានៈជា​គ្រីស្ត​ទូតរួម​ជា​មួយ​អស់​លោក​អភិបាល​ដោយ​មាន​ព្រះ​វិញ្ញាណ​រួម​ជា​មួយ​ផង យើង​ក៏​យល់​ព្រម​សម្រេច​នឹង​ចេញ​ជា​ក្រឹត្យ​ដែរ។ យើង​បង្គាប់​ឱ្យ​សេចក្តី​ដែល​មហា​សន្និ​បាតបាន​ចាត់​ចែង​នេះត្រូវ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច​និរន្តរ៍ត​រៀង​ទៅ។

ធ្វើ​នៅ​ក្រុង​រ៉ូម នៅ​ព្រះ​វិហារ​សន្តសិលា ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាល​នៃ​ព្រះ​សហគមន៍​កាតូ​លិក
(ហត្ថ​លេខា​របស់​លោក​អភិបាល)

700 Views

Theme: Overlay by Kaira