ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

សារនៃមហាសន្និបាតផ្ញើជូនមនុស្សទាំងអស់

នៅពេលបើកមហាសន្និបាត

ថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៦២

យើងជាអភិបាលព្រះសហគមន៍កាតូលិកទាំងប៉ុន្មាន សូមគោរពជូនមកប្រជាជាតិនានា។ យើង​សូម​សម្ដែង​សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះមនុស្សទាំងអស់ សូមឱ្យមនុស្សទាំងអស់បានប្រកប​ដោយ​សេចក្ដីសុខសាន្ត ដែលព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់​ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ​នាំមក​ក្នុងពិភពលោកយើង និងបានផ្ញើឱ្យព្រះសហគមន៍របស់ព្រះអង្គ។

យើងជួបជុំគ្នាតាមសេចក្ដីអញ្ជើញរបស់លោកអភិបាលព្រះសហគមន៍ក្រុងរ៉ូម យ៉ូហានទី២៣ និង​យើង​ព្យាយាម​អធិដ្ឋានរួមគ្នា ដោយមាននាងម៉ារីជាមាតាព្រះយេស៊ូរួមជាមួយផងដែរ។ យើងនៅទីនេះក្នុងឋានៈ​ជា​អ្នក​បន្ត​មុខងារពីក្រុមគ្រីស្តទូតមក ដោយ​មានអភិបាលព្រះសហគមន៍ក្រុងរ៉ូម ដែល​បន្ត​មុខងារ​ពីគ្រីស្តទូត​សិលា​ជា​ប្រធាន។

សូមពន្លឺនៃព្រះភ័ក្ត្រព្រះគ្រីស្តចាំងឡើង

ពេលយើងប្រជុំគ្នានៅទីនេះ យើងរិះគិតក្រោមការណែនាំនៃព្រះវិញ្ញាណដ៏វិសុទ្ធ រករបៀបកែ​សម្រួល​ខ្លួន​យើង​ផ្ទាល់ឱ្យបានជាថ្មី “ឱ្យកាន់តែស្មោះភក្ដីតាមដំណឹងល្អរបស់ព្រះគ្រីស្ត”។ យើង​នឹង​ខិតខំ​យក​ចិត្ត​ទុក​ដាក់​រៀប​រាប់​សេចក្ដីពិតទាំងស្រុងរបស់ព្រះជាម្ចាស់យ៉ាងសុទ្ធសាធ ដោយ​មិនលាក់លៀម​អ្វីឡើយ ជូន​មនុស្ស​នាបច្ចុប្បន្ន​កាល ដើម្បីឱ្យគេអាចយល់យ៉ាង​ច្បាស់ និងភ្ជាប់ចិត្តនឹង​សេចក្ដី​ពិត​នេះ​ដោយ​ចិត្តស្មោះ។

ក្នុងឋានៈយើងជាគង្វាល យើងមានបំណងប្រាថ្នាចង់តបឆ្លើយនឹងតម្រូវការ​របស់អស់អ្នកដែល​ស្វែងរក​ព្រះ​ជាម្ចាស់ “ដោយសង្ឃឹមថា នឹងរកឃើញទាំងស្ទាបស្ទង់។ តាម​ពិតព្រះអង្គមិនគង់នៅ​ឆ្ងាយ​ពី​យើងម្នាក់ៗទេ”

ហេតុនេះហើយ បានជាយើងសុខចិត្តប្រតិបត្តិតាមព្រះហឫទ័យ​របស់ព្រះគ្រីស្តដែលបាន​បូជា​ព្រះជន្ម ដើម្បី​នាំព្រះសហគមន៍មួយដ៏ឥតស្លាកស្នាម ឥតជ្រីវជ្រួញ ឥតសៅហ្មងថ្វាយ​ព្រះអង្គ​ផ្ទាល់ “គឺ​យើង​ខិតខំ​អស់​ពី​សមត្ថភាពកែសម្រួលព្រះសហគមន៍នេះ ឱ្យបានជាថ្មីខាងព្រះវិញ្ញាណទាំងអ្នកដឹកនាំ​ទាំងសមាជិក ដើម្បី​ឱ្យ​ព្រះ​សហគមន៍បង្ហាញមុខរបស់ព្រះគ្រីស្ត​ដែលអាចទាក់ទាញចិត្តមនុស្សលោក​បាន គឺ​បង្ហាញព្រះភ័ក្ត្ររបស់ព្រះគ្រីស្តដែល​ភ្លឺក្នុងចិត្តយើង ដើម្បីឱ្យចំណេះ​អំពីសិរីរុងរឿង​នៃ​ព្រះ​ជាម្ចាស់​ចាំងពន្លឺឡើង”

ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកយ៉ាងក្រៃលែង

យើងជឿថា ព្រះបិតាស្រឡាញ់មនុស្សលោកយ៉ាងក្រៃលែង ទើបព្រះអង្គចាត់ព្រះបុត្រារបស់​ព្រះអង្គ​មក​សង្គ្រោះមនុស្សលោក គឺរំដោះយើងឱ្យបានរួចពីបាបកម្ម និងរួចពីធ្វើទាសករនៃបាបកម្ម​នោះ​ទៀត​ផង។ ព្រះបុត្រា​បាន “សម្រុះសម្រួលមនុស្សយើងឱ្យបានជានាជាមួយព្រះបិតា និងតែងតាំង​សេចក្ដី​សុខសាន្តដោយបាន​បូជា​ព្រះជន្ម”។ ហេតុនេះហើយ បាន​ជា​យើង​ពិត​ជាបុត្រធីតារបស់​ព្រះជា ម្ចាស់​មែន គឺមិនគ្រាន់តែមានឈ្មោះថា ជា​បុត្រធីតា​ប៉ុណ្ណោះទេ តែយើងពិតជាបុត្រធីតា​របស់​ព្រះអង្គ​ប្រាកដមែន។ ព្រះគ្រីស្តបាន​ចាត់​ព្រះវិញ្ញាណ​ក្នុង​នាម​ព្រះបិតាឱ្យយាងមក ដើម្បីឱ្យយើងអាច​រស់នៅបានដោយមានព្រះជន្មផ្ទាល់របស់ព្រះអង្គ ទាំងស្រឡាញ់​ព្រះ​ជាម្ចាស់ និងស្រឡាញ់បងប្អូន ហើយ​រួបរួមទាំងអស់គ្នាក្នុងអង្គព្រះគ្រីស្ត។

ទោះបីយើងផ្ញើជីវិតលើព្រះគ្រីស្តក្ដី ក៏យើងយកចិត្តទុកដាក់នឹងបន្ទុក​របស់ខ្លួននៅលើផែនដីនេះដែរ គឺជំនឿ ​សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ជំរុញយើងឱ្យបម្រើបងប្អូនទាំងស្រុង ដោយយកតម្រាប់​តាម​ព្រះបរម​គ្រូ​ដ៏​ជាទីសក្ការៈរបស់យើង ដែលព្រះអង្គយាងមក “មិនមែនដើម្បីឱ្យគេបម្រើព្រះអង្គទេ តែ​ដើម្បី​បម្រើ​គេ​វិញ”។ ហេតុ​នេះ​ហើយ បានជា​ព្រះអង្គតែងតាំងសហគមន៍ មិនមែនដើម្បីធ្វើជាម្ចាស់​មនុស្ស​លោក​ទេ​ តែដើម្បីបម្រើគេវិញ។ “ព្រះ​គ្រីស្តបានបូជាព្រះជន្មសម្រាប់យើង ហេតុនេះហើយ យើងក៏​ត្រូវ​បូជា​ជីវិតសម្រាប់ បងប្អូនយើងដែរ”

យើងមានសេចក្ដីសង្ឃឹមថា ការរិះគិតរបស់មហាសន្និបាតនេះមុខជានឹងជួយឱ្យជំនឿចាំងពន្លឺ​កាន់​តែ​ភ្លឺត្រចះ​ត្រចង់​ឡើង និងជួយកែសម្រួលជីវិតខាងព្រះវិញ្ញាណឱ្យបានជាថ្មីដែរ។ ដូច្នេះ​ ការរិះគិតរបស់​មហា​សន្និបាត​យើង​នេះមុខ​ជា​នឹងធ្វើឱ្យសេចក្តីដែលវិទ្យាសាស្រ្តបានរកឃើញថ្មីៗ និងការចម្រើនឡើង​នៃបច្ចេកទេស ហើយការ​ផ្សព្វ​ផ្សាយ​វប្បធម៌​ស្ទុះឡើង និងបង្កើតផលដ៏ល្អប្រសើរ​ ព្រោះការទាំងបីនោះ​សុទ្ធតែ​ជាទ្រព្យ​ដែល​មាន​តម្លៃ​ដ៏​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ។

ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង

យើងមកប្រជុំគ្នានៅទីនេះ ទាំងនាំយកបញ្ហាមនុស្សលោកមករិះគិត គឺទុក្ខវេទនាទាំង​ខាងជីវភាព​ទាំងខាង​វិញ្ញាណទុក្ខលំបាក និងសេចក្ដីប៉ងប្រាថ្នានៃប្រជាជាតិនានា ពីគ្រប់មជ្ឈដ្ឋាននៃ​ផែនដី​ដែល​ព្រះ​ជាម្ចាស់​បាន​ផ្ញើទុក​មក​យើង។ យើងក៏យកចិត្តទុកដាក់នឹងបញ្ហាដ៏ធ្ងន់ធ្ងររបស់មនុស្សលោកទៀតផង យើង​សូមសម្តែង​សេចក្ដី​ស្រឡាញ់ និងសេចក្ដីទុកចិត្តចំពោះមនុស្សទាបជាងគេ ចំពោះអ្នក​ក្រីក្រ​ជាងគេ និង​ចំពោះអ្នកទន់ខ្សោយជាងគេ។ ពេល​ព្រះគ្រីស្តទតឃើញបណ្តាជនទាំងឡាយឃ្លានអាហារ មានជំងឺគ្រប់យ៉ាង វង្វេងមិនស្គាល់ផ្លូវ ព្រះអង្គរំជួល​ព្រះ​ហឫទ័យ​អាណិត​មេត្តាគេយ៉ាងណា​ យើងក៏រំជួល​ចិត្ត​អាណិតមេត្តាមនុស្សលោកនាបច្ចុប្បន្នយ៉ាងនោះដែរ។ យើង​រួម​សាមគ្គីជាមួយអស់អ្នក​ដែលមិន​អាច​ទៅ​ដល់ការអភិវឌ្ឍន៍ ដែលមានលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ ព្រោះ​គ្មាន​នរណា​បាន​ជួយ​យ៉ាង​គ្រប់​គ្រាន់ដល់គេនៅឡើយទេ។

ហេតុនេះហើយ បានជានៅក្នុងមហាសន្និបាតនេះ យើងនឹងលើកបញ្ហាលោកីយ៍ទាំងនោះ​មក​រិះគិត​យ៉ាងយូរ គឺ​ជាបញ្ហាទាក់ទិននឹងតម្លៃដ៏ថ្លៃថ្នូររបស់មនុស្ស និងទាក់ទិននឹង​សហគមន៍ដ៏ពិត​ប្រាកដ​នៃ​ប្រជាជាតិនានា។ “ព្រះហឫទ័យ​ស្រឡាញ់​របស់ព្រះគ្រីស្តជំរុញយើង” “ប្រសិនបើនរណា​ម្នាក់​ឃើញ​បងប្អូន​ខ្វះខាតតែមិន​អើពើ​នឹង​គេ​ទេ តើសេចក្ដីស្រឡាញ់របស់​ព្រះជាម្ចាស់​ស្ថិតនៅក្នុងអ្នកនោះ​ដូចម្តេច​កើត?”

គម្រោងការពីរដ៏សំខាន់

ក្នុងសារផ្សព្វផ្សាយតាមវិទ្យុនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦២ លោកយ៉ូហានទី២៣ ជាអភិបាល​ព្រះ​សហគមន៍​ក្រុង​រ៉ូម បានគូសសង្កត់លើបញ្ហាពីរដែលមានដូចតទៅ៖

  • មុនដំបូង លោកសូមលើកបញ្ហាសន្តិភាពរវាងប្រជាជននានាមករិះគិត។ តើនរណា​មិន​ស្អប់​សង្គ្រាម? តើ​នរណា​មិនចង់បានសន្តិភាព? ព្រះសហគមន៍​ចង់បាន​សន្តិភាព​ច្រើន​ជាង​អ្នក​ឯទៀតៗ​ទាំងអស់ ព្រោះ​ព្រះសហគមន៍ជាមាតារបស់មនុស្សទាំងអស់។ តាម​ប្រសាសន៍​ជា​ញឹកញាប់​របស់លោក​អភិបាល​ព្រះ​សហគមន៍ក្រុងរ៉ូមនោះ ព្រះសហគមន៍​នៅតែ​ប្រកាស​ថា ខ្លួន​ស្រឡាញ់សន្តិភាព ប៉ងចង់បានសន្តិភាព ចង់​រួមសហការ​យ៉ាង​ស្មោះជាមួយ​អស់​លោក​អ្នក​ដែល​ខិតខំកសាងសន្តិភាពដោយចិត្តទៀងត្រង់។ ព្រះ​សហគមន៍​ខិតខំ​អស់ពីសមត្ថភាព​ធ្វើ​ឱ្យប្រជាជាតិនានាទាក់ទងគ្នាទៅវិញទៅមក ឱ្យយល់​ចិត្ត​គ្នា​ឱ្យ​រាប់រកគ្នាទៀតដែរ។ មហា​សនិ្នបាតយើងនេះក៏ផ្តល់សក្ខីភាពដ៏រស់រវើក ដែលអាចមើល​ឃើញ​បាន​ថា ខ្លួនជាសញ្ញា​សម្គាល់អំពីមនុស្សដែលមានជាតិសាសន៍ប្លែកពីគ្នា​ ប្រជាជាតិ និងភាសាប្លែកពីគ្នា ពិត​ជា​សហគមន៍​ដែលស្រឡាញ់គ្នា​ដូចបងប្អូនបង្កើតមែន។ យើងសូមប្រកាសថា មនុស្សគ្រប់ៗគ្នា​អាច​រួបរួមគ្នាដូចជាបងប្អូនបង្កើតបានដោយគ្មានព្រំដែន និងគ្មានអរិយធម៌ណា​មក​បំបែក​គេ​បាន​ឡើយ។
  • បន្ទាប់មក លោកយ៉ូហានទី២៣ ជាអភិបាលព្រះសហគមន៍​ក្រុងរ៉ូមរំឭកយើងអំពីបញ្ហា​យុត្តិធម៌​ក្នុង​សង្គម។ សារលិខិតរបស់លោកក្រោមចំណងជើងថា៖ “ព្រះសហគមន៍​ជាមាតា និង​ជាគ្រូ” បញ្ជាក់​យ៉ាង​ជាក់​ច្បាស់ថា មនុស្សលោកទំនើបត្រូវការ​ព្រះសហគមន៍ជាង​សម័យ​មុនៗ​ទៅទៀត ដើម្បី​បង្ហាញ​បញ្ជាក់អំពីភាពអយុត្តិធម៌ និងភាពមិនស្មើគ្នាដែលមនុស្ស​ទ្រាំមិន​បាន។ ព្រះសហគមន៍​អាច​ជួយ​មនុស្ស​លោកឱ្យដឹងថា មានសេចក្តីខ្លះដែលជាតម្លៃដ៏ថ្លៃថ្នូរ​តាមលំដាប់លំដោយយ៉ាងពិត​ប្រាកដ ដែលអាចណែនាំការរស់នៅរបស់គេ។ ព្រះសហគមន៍​អាចជួយ​មនុស្ស​ឱ្យ​រស់​នៅ​តាម​លក្ខណៈ​របស់​ខ្លួន ជាមនុស្សកាន់តែប្រសើរឡើងៗ និង​ស្រប​តាម​គោលការណ៍នៃដំណឹងល្អបាន។
ឫទ្ធានុភាពនៃព្រះវិញ្ញាណ

តាមពិត យើងគ្មានមធ្យោបាយខាងសេដ្ឋកិច្ចទេ ហើយយើងក៏គា្មនអំណាចខាង​លោកីយ៍ដែរ តែ​យើង​ជឿ​សង្ឃឹម​លើ​ឫទ្ធានុភាពនៃព្រះវិញ្ញាណ ដែលព្រះអម្ចាស់យេស៊ូបានសន្យាប្រទានឱ្យព្រះសហគមន៍​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ បានជាយើងសូមអង្វរបងប្អូនដោយ​ចិត្តសុភាពរាបសា អង្វរបងប្អូនដែលយើង​បម្រើ​ក្នុង​ឋានៈ​ជា​គង្វាល និងអង្វរបងប្អូនឯទៀតៗដែលផ្ញើជីវិតលើព្រះគ្រីស្ត ព្រមទាំងអង្វរមនុស្ស​ទាំង​អស់ដែល​មានឆន្ទៈល្អ “ដែល​ព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះ និងនាំឱ្យស្គាល់សេចក្តីពិត” សូម​បងប្អូនសុខចិត្តរួមជាមួយយើង ជួយ​កសាងពិភពលោកប្រកបដោយយុត្តិធម៌ សូមឱ្យមនុស្សស្រឡាញ់​គ្នា​ទៅវិញទៅមកដូចជា​បងប្អូន​ឱ្យ​កាន់​តែ​ខ្លាំង​ឡើងៗផង។ គម្រោងការរបស់ព្រះជាម្ចាស់​ពិតជា​មាន​ដូច្នោះមែន គឺដោយសារ​មនុស្ស​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​ម​កនោះ គឺព្រះអង្គគ្រងរាជ្យលើពិភពលោក​យើង និងដូចជាប្រផ្នូលយ៉ាងឆ្ងាយអំពីលោកខាងមុខដែរ។

យើងរស់នៅក្នុងពិភពលោកដែលមិនទាន់មានសន្តិភាពដ៏ពិតប្រាកដ តាមសេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង​នៅ​ឡើយ។ មនុស្សក៏ចេះតែតប់ប្រមល់ដោយយល់ឃើញថា មានបច្ចេកទេស​ចម្រើន​យ៉ាង​ល្អ​ប្រសើរមែន តែបើ​គ្មាន​ធម្មវិន័យ​ដ៏ខ្ពង់ខ្ពស់ណាមួយណែនាំទេ ការចម្រើននៃ​បច្ចេកទេស​នោះ អាច​បណ្តាល​ឱ្យមាន​គ្រោះ​កាច​ដ៏​ធ្ងន់ធ្ងរ​បំផុត។ សូមពន្លឺនៃសេចក្ដីសង្ឃឹមដ៏ខ្លាំងក្លា​ចំពោះ​ព្រះយេស៊ូគ្រីស្ត ជា​ព្រះសង្គ្រោះតែមួយព្រះអង្គគត់ ភ្លឺឡើង​ក្នុង​ពិភពលោកយើងនេះកុំខានឡើយ។


សារនៃមហាសន្និបាតនៅថ្ងៃបញ្ចប់

ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៦៥

ពាក្យផ្តើម

អស់លោកអភិបាលជាបងប្អូនដ៏ជាទីគោរពសក្ការៈ ដល់ពេលអស់លោកត្រូវចាកចេញ និងបែកខ្ញែកទៅក្នុង​​​ពិភព​​​លោក​​​ទាំ​​​ងមូល។ បន្តិចទៀត អស់លោកចេញពីអង្គមហាសន្និបាតទៅជួបមនុស្សជាតិ និងប្រកាសដំណឹង​​​ល្អ​​​របស់​​​ព្រះគ្រីស្ត។ យើង​​​រួមគ្នាអស់បួនឆ្នាំមកហើយ យើងខិតខំរិះគិតកែសម្រួលព្រះសហគមន៍ឱ្យបានជាថ្មី។ អស់​​​លោក​​​ក៏នឹង​​​យកដំណឹងល្អអំពីព្រះសហគមន៍របស់ព្រះគ្រីស្តដែលកែសម្រួលជាថ្មីនោះទៅជូនដល់គេ។

ពេលនេះ ពិតជាពេលនៃប្រវត្តិសាស្រ្តដ៏មានអត្ថន័យខ្ពង់ខ្ពស់រកអ្វីមកប្រៀបផ្ទឹមមិនបាន។ អង្គប្រជុំសកលនេះពិតជាពេល និងជាកន្លែងដ៏អស្ចារ្យមែន គឺអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលបានជួបជុំគ្នា។ យើងនឹកអំពី​​​អតីតកាល ព្រោះព្រះសហគមន៍របស់ព្រះគ្រីស្តរួបរួមគ្នានៅទីនេះ ដោយមានប្រពៃណីរបស់ខ្លួន មានប្រវត្តិសាស្រ្ត មាន​​​​​​មហាសន្និបាត​​​​នានាពី​សម័យ​មុនៗមក មានគ្រូបាធ្យាយ មានសន្តបុគ្គល។ល។ រួមគ្នានៅទី​​​នេះ​​​។ យើងនឹក​​​គិតអំ​​​ពី​​​បច្ចុប្បន្នកាល ព្រោះយើងបែក​ចេញពី​គ្នាទៅកាន់មនុស្ស​លោក​យើងសព្វថ្ងៃ ដែលជួបការលំបាក ដែលកើត​ទុក្ខ​​​វេទនា ដែលជាប់នឹងអំពើបាប។ល។ តែមនុស្សលោក​នេះក៏ចម្រើនឡើងយ៉ាង​អស្ចារ្យ និង​​​កាន់​​​តាម​​​គោល​​​​​​ការណ៍​​​របស់​​​ខ្លួន​​​ដែលមានតម្លៃដ៏​​​ថ្លៃថ្នូរ ហើយក៏មានគុណធម៌របស់ខ្លួនដែរ។ល។ យើងនឹកដល់អនាគត​​​កាល​​​ ​ព្រោះ​​​​​​ប្រជាជននានា​​​បន្លឺសំឡេងយ៉ាងខ្លាំង ទាមទារយុត្តិធម៌ ចង់បានសន្តិភាព ទោះបីគេដឹងខ្លួនក្ដី ឬមិនដឹងខ្លួនក្ដី ​ក៏គេ​​​​​​នៅ​​​​​​តែស្រេកឃ្លានចង់បានជីវិតដ៏ប្រសើរជាងពីមុន គឺគេច្បាស់ជាស្រេកឃ្លានចង់បានជីវិតដែល​​​ព្រះសហគមន៍​​​របស់​​​​​​ព្រះ​​​គ្រីស្តអាច និងមានបំណងចង់ផ្តល់ឱ្យគេនោះ។

យើងហាក់ដូចជាឮសម្រែកយ៉ាងខ្លាំងនេះពីគ្រប់កន្លែងក្នុងពិភពលោកទាំងមូល តែជាសម្រែក​​​​​​​​​មិន​​​ច្បាស់ គឺអស់អ្នកដែលសម្លឹងមើល មកមហាសន្និបាត សួរយើងទាំងខ្វល់ខ្វាយក្នុងចិត្តថា តើអស់លោកមាន​​​សេចក្តីមួយ​​​ណាមកប្រាប់​​​​​​យើងឬក៏អត់? តើអស់លោកមាន​​​សេចក្តីមួយ​​​ណាមកប្រាប់​​​​​​យើងជាអ្នកណែនាំប្រទេសឬក៏អត់? តើ​​​អស់​​​​​​លោក​​​មានសេចក្តីមួយ​​​ណាមកប្រាប់​​​​​​យើងជាបញ្ញវន្ត ជាពលករ ជាសិល្បករ។ល។ ឬក៏អត់? តើអស់លោកមាន​​​សេចក្តី​​​មួយ​​​ណាមកប្រាប់​​​​​​យើងជាស្ត្រី ឬក៏អត់? តើអស់លោកមាន​​​សេចក្តី​​​មួយ​​​ណាមកប្រាប់​​​​​​យើងជាយុវជនយុវនារី ជាអ្នក​​​មាន​​​​​​ជំងឺ ជាអ្នកក្រីក្រឬក៏អត់?

យើងមានបំណងចង់តបឆ្លើយនឹងពាក្យអង្វរទាំងនោះ ហេតុដូច្នេះហើយ មហាសន្និបាតខិតខំរិះគិតអស់រយៈពេលបួនឆ្នាំមកហើយ​ ដើម្បីជា​ប្រយោជន៍ដល់ក្រុមទាំងនោះ។ មហាសន្និបាតបានតែង “ធម្មនុញ្ញអំពីព្រះសហគមន៍ក្នុងពិភពលោក​នា​​​បច្ចុប្បន្ន”​​​ ជាឯកសារដែលយើងបានប្រកាសផ្សព្វផ្សាយពីមិ្សលមិញ ដោយអង្គប្រជុំទះដៃ​អបអរសាទរ​​​ទាំងរំភើប​​​ចិត្ត​​​ផង។

យើងបាននឹកស្មឹងស្មាធិ៍អំពីព្រះគ្រីស្ត និងអំពីព្រះសហគមន៍របស់ព្រះអង្គយ៉ាងយូរ។ ពីការស្មឹងស្មាធិ៍នោះ មានចេញសារដើមដំបូងនៅពេលនេះ។ សារនេះនាំដំណឹងអំពីសន្តិភាព និងអំពីការសង្រ្គោះសម្រាប់មនុស្ស​ច្រើនឥត​គណនា​ដែលកំពុងតែរង់ចាំ។ មុន​បែកចេញពីគ្នា មហាសន្និបាតចង់បំពេញមុខងាររបស់ខ្លួនជាព្យាការី ដោយប្រកាស​សារ​ខ្លីៗតាមភាសាសាមញ្ញដែលមនុស្ស​ទាំងអស់​ស្រួលស្តាប់ អំពីដំណឹងល្អដែល​មហាសន្និបាតសូមជូនដល់មនុស្ស​លោក។ មានតំណាងដ៏ប្រសើរនៃមហាសន្និបាតនឹងប្រកាសក្នុងនាម​យើង​ចំពោះមនុស្សជាតិទាំងមូល។

សារគោរពជូនចំពោះអស់លោកអ្នកណែនាំប្រទេស

នៅក្នុងពេលដ៏មហាឱឡារិកនេះ យើងសូមគោរពជូនទាំងមានសេចក្ដីសង្ឃឹមមកអស់លោកអ្នក ដែល​​​កាន់​​​វាសនា​របស់​មនុស្ស​លោកនៅលើផែនដីនេះ គឺអស់លោកអ្នកដែលកាន់អំណាចលោកីយ៍។ យើងជាអភិបាល​​​ដែលជួបជុំ​​​គ្នា​​​​​​​​​ក្នុង​​​មហាសន្និបាតសកលលើកទី២១ នៃព្រះ​សហ​​​គមន៍កាតូលិក នៅពេលហៀបនឹងបែកខ្ញែងគ្នា ក្រោយពីបានខិត​​​ខំរិះ​​​គិត​​​អស់បួនឆ្នាំមកហើយ។ យើងសូមគោរពជូនសារនេះ ដោយដឹងខ្លួនយ៉ាង​​​ច្បាស់​អំពីបេសកកម្មរបស់យើង​​​ចំពោះ​​​មនុស្ស​​​ជាតិ។

យើងសូមប្រកាសយ៉ាងជាក់ច្បាស់ថា យើងគោរពអំណាច និងភាពជាម្ចាស់ការរបស់អស់លោកអ្នក។ យើង​​​ក៏​​​​​​គោរព​​​​មុខ​ងារដ៏​ប្រសើររបស់អស់លោកអ្នកដែរ យើងទទួលស្គាល់ច្បាប់ដ៏ត្រឹមត្រូវរបស់អស់លោកអ្នក។

យើង​​​​​​រាប់​​​​​​អស់​​​​​​លោ​​​កអ្នកដែលបង្កើត​ច្បាប់ និង​អស់លោកអ្នកដែលអនុវត្តតាមច្បាប់ទាំងនោះទុកថា មានតម្លៃផងដែរ។ ក៏ប៉ុន្តែ យើងសូមជ​​​ម្រាប​​​ជូនអស់លោកអ្នកនូវ​​​សេចក្តីមួយ​​​​​​ដ៏សក្ការៈបំផុត​ដែលមានដូចតទៅ៖ មានព្រះជាម្ចាស់តែមួយ​​​ព្រះអង្គ​​​គត់ដ៏​​​ប្រសើរឧត្តម។ មានព្រះជាម្ចាស់​តែមួយ​ព្រះអង្គ​គត់ជាដើម និងជាទិសដៅ​ចុងបំផុត​នៃជីវិតមនុស្សលោ​​​ក​​​។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ជាប្រភព​​នៃ​អំណាចរបស់​អស់​លោកអ្នក និងជាមូលដ្ឋានគ្រឹះនៃ​​​ច្បាប់របស់​​​អស់លោកអ្នកដែរ។

អស់លោកអ្នកមានភារកិច្ចលើកស្ទួយឱ្យមានរបៀបរៀបរយ ​និងសន្តិភាពក្នុងចំណោមមនុស្សនៅលើផែនដី។ ប៉ុន្តែ សូមកុំភ្លេចថា មានតែព្រះជាម្ចាស់មួយព្រះអង្គទេជាព្រះបិតារបស់មនុស្សទាំងអស់ ​ព្រះអង្គមានព្រះជន្មគង់​​​នៅ និងជាព្រះដ៏ពិតប្រាកដ។ មានតែព្រះគ្រីស្តមួយព្រះអង្គទេយាងមកប្រាប់ និងបង្រៀនយើងឱ្យដឹងថា យើងទាំង​​​អស់​​​​គ្នាសុទ្ធ​តែជាបងប្អូនគ្នា។ ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់តាំងពីអស់កល្បជានិច្ច គឺព្រះគ្រីស្តនេះហើយ​​​ដែល​​​​​​​​​អាច​បង្កើតរបៀបរៀបរយ និងកសាងសន្តិភាព​នៅលើ​ផែនដីបាន ដ្បិតព្រះអង្គណែនាំប្រវត្តិសាស្រ្ត​​​របស់​​​មនុស្ស​​​​​​​​​លោក។ មានតែព្រះគ្រីស្តមួយព្រះអង្គទេ​​​ដែលអាចទាក់ទាញចិត្តមនុស្សឱ្យលះបង់កិលេសតណ្ហា គឺចិត្តលោភ​​​​​​លន់​​​ កំហឹង និងអវិជ្ជា​ដែលបណ្តាលឱ្យកើតសង្គ្រាម និងកើតទុក្ខ។ ព្រះអង្គយកនំប៉័ងរបស់​មនុស្ស​​ជាតិមក​ប្រសិទ្ធិពរ គឺព្រះអង្គប្រោសឱ្យការងារ និងទុក្ខលំបាករបស់មនុស្សលោកបានវិសុទ្ធ ព្រះអង្គក៏ប្រទាន​អំណរឱ្យ​​​មនុស្សលោក ជាអំណរដែលអស់លោកអ្នកមិនអាចផ្តល់ឱ្យគេបានទេ។ នៅពេល​គេ​កើត​ទុក្ខ ព្រះអង្គលើក​​​ទឹកចិត្ត​​​គេ​តាម​​​របៀបអស់លោកអ្នក​មិនអាចសម្រាលទុក្ខគេបានឡើយ។

ក្នុងប្រទេសរបស់អស់លោកអ្នកដែលស្ថិតនៅក្នុងលោកនេះដែលតែង​​​តែ​​​កន្លង​​​​​​ទៅ ព្រះគ្រីស្តកំពុងសាងសង់​​​ព្រះ​សហគមន៍​​​​​​​​​តាម​​​​របៀបដ៏អាថ៌កំបាំង គឺព្រះសហគមន៍ជាបុរីខាងព្រះ​​​វិញ្ញាណ​​​ដែល​​​នៅស្ថិតស្ថេរអស់កល្បជានិច្ច។ អស់​​​​​​រយៈ​​​ពេល​​​ជិតពីរពាន់ឆ្នាំ​មក​ហើយ ព្រះ សហគមន៍មានបទពិសោធន៍ផ្សេងៗជាច្រើន ក្នុងការទាក់ទងជាមួយ​​​អស់​​​លោក​​​អ្នកជាអ្នក​កាន់​អំណាចនៅលើផែនដី។ សព្វថ្ងៃ តើព្រះ សហគមន៍សូមអ្វីពីសំណាក់អស់លោកអ្នក? ក្នុង​​​ឯកសារ​​​មួយ​​​ដ៏សំខាន់នៃមហាសន្និបាតនេះ ​ព្រះ​សហគមន៍សូមសេរីភាពពីសំណាក់អស់លោកអ្នក គឺសេរីភាព​​​ខាង​​​ជំនឿ ជា​​​សេរីភាព​​​ប្រកាសជំនឿរបស់ខ្លួន សេរីភាពស្រឡាញ់ និងបម្រើព្រះរបស់ខ្លួន សេរីភាពក្នុងការរស់នៅ និង​​​សេរីភាពប្រកាស​​​សាររបស់ខ្លួនដែលផ្តល់ជីវិតដល់មនុស្សលោក។ សូមកុំខ្លាចព្រះសហគមន៍ឱ្យសោះ ព្រះសហគមន៍​​​ក៏​​​ដូច​​​​​​ព្រះ​​​បរមគ្រូ​​​របស់ខ្លួនដែរ គឺព្រះអង្គមានសកម្មភាពដ៏អាថ៌កំបាំងម៉្យាង ព្រះអង្គមិនប៉ះពាល់​​​លុក​​​លុយ​​​លើ​​​បុព្វសិទ្ធិ​​​របស់​​​​​​អស់​លោក​​​អ្នក​ទេ តែព្រះអង្គព្យាបាលមនុស្សទាំងស្រុង​ឱ្យបានរួចពីអ្វីៗដែលមិនទៀងទាត់ ព្រះអង្គប្រែទ្រង់ទ្រាយមនុស្ស ហើយផ្តល់​​​សេចក្ដី​​​សង្ឃឹម សេចក្ដីពិត និងសោភ័ណភាពយ៉ាងពេញបរិបូណ៌ឱ្យមនុស្សលោកផងដែរ។

ចូរបណ្តោយឱ្យព្រះគ្រីស្តបំពេញសកម្មភាពដែលជម្រះសង្គម កុំបដិសេធព្រះអង្គ​​​។​​​ ប្រសិនបើ​​​អស់លោកអ្នកមិនព្រមទទួលព្រះអង្គ អស់លោកអ្នកដូចជាឆ្កាងព្រះអង្គម្តងទៀត។ ប្រសិនបើ​អស់​​​​លោក​អ្នក​​​ឆ្កាង​​​ព្រះអង្គម្តងទៀតនោះ អស់លោកអ្នកមុខជាប្រមាថព្រះជាម្ចាស់ពុំខាន ដ្បិតព្រះអង្គពិតជាព្រះបុត្រារបស់​ព្រះបិតា​​​មែន​​​។ ប្រសិនបើ​អស់​លោក​អ្នកឆ្កាងព្រះអង្គម្តងទៀតនោះ ក៏ដូចជាអស់លោកអ្នកធ្វើអត្ត​​​ឃាតកម្មដែរ ព្រោះ​​​ព្រះ​​​អង្គ​​​ពិត​​​ជាបុត្រមនុស្ស។ ចូរបណ្តោយ​ឱ្យ​យើងជាអ្នក​​បម្រើដ៏​សុភាពរាបសារបស់ព្រះអង្គ អាចផ្សព្វផ្សាយនូវ​​​ដំណឹង​​​ល្អ​​​ស្តី​​​អំពី​​​ស​​​ន្តិភាពដោយគ្មានអ្វីរារាំងឡើយ ដូចយើងបាន​រិះគិតក្នុងមហា​​​សន្និបាត​​​នេះ។ ប្រជាជន​របស់អស់លោកអ្នកមុខ​​​ជានឹង​​​ទទួលផល​ប្រយោជន៍​មុនគេពុំខានពីព្រះសហគមន៍ ដ្បិតព្រះ​​​ស​​​ហគមន៍តែងតែអប់រំ​​​ប្រជាពលរដ្ឋជូនអស់​​​លោក​​​អ្នក គឺឱ្យគេមានចិត្តស្មោះត្រង់នឹងរដ្ឋអំណាចឱ្យស្រឡាញ់​​​សន្តិភាព​​​​ក្នុង​សង្គម និងឱ្យ​​​ស្រឡាញ់​​​ការ​​​ចម្រើន​​​ឡើងនៃប្រទេស។

នៅថ្ងៃបង្ហើយមហាសន្និបាតសកលទី២១ ជាថ្ងៃដ៏មហាឱឡារិកនេះ ​ព្រះសហគមន៍សូមយកសេចក្ដីស្រឡាញ់ ការបម្រើកម្លាំងខាងវិញ្ញាណ និងខាងសីលធម៌មកជូនអស់លោកអ្នកតាមរយៈយើង។ ព្រះ​​​សហគមន៍សូ​​​ម​​​គោរពជូនសារនៃការសង្គ្រោះ និងសូមគោរពជូន​​​ពរដល់​​​អស់លោកអ្នក។ ព្រះសហគមន៍ជូនពរដោយ​​​មានចិត្តរីក​​​រាយ​​​ និងចិត្តស្មោះត្រង់យ៉ាងណា សូមអស់លោកអ្នកទទួលពរដោយចិត្ត​​​រីករាយ និងដោយចិត្តស្មោះ​​​យ៉ាងនោះ​​​ដែរ​​​។​​​ សូមយកសារ និងពរទាំងនោះទៅចែកចាយដល់​ប្រជា​ជន​របស់អស់លោកអ្នកឱ្យយើងផង។

សារគោរពជូនចំពោះបញ្ញវន្ត និងអ្នកវិទ្យាសាស្រ្ត

ព្រះសហគមន៍សូមគោរពជម្រាបយ៉ាងពិសេសដល់អស់លោកអ្នកដែលស្វែងរកសេចក្ដីពិត គឺអស់លោកអ្នក​ជា​​​បញ្ញវន្ត​​​​ ជាអ្នករិះគិតយ៉ាងជ្រាលជ្រៅ​​​ និងជាអ្នកវិទ្យាសាស្រ្ត ជាអ្នកស្វែងរក និងសិក្សាអំពីមនុស្ស រុករកឱ្យស្គាល់​​​កន្លែង​​​ថ្មីក្នុងពិភពលោកជាអ្នកស្វែងរកខាងប្រវត្តិសាស្រ្ត។ល។ អស់លោកអ្នកពិតជាអ្នកធ្វើបូជនីយយេសចរ​​​​​​​​​​​​ទៅ​​​រកពន្លឺ។ ព្រះសហគមន៍ក៏សូមគោរពអស់​​​លោកអ្នក​​​ដែល ឈប់តាមផ្លូវ លែងស្វែងរកពន្លឺ ព្រោះ​​​អស់លោក​​​អ្នក​​​អស់​​​​​​កម្លាំងពេក ឬ​ខកចិត្ត​ព្រោះបានស្វែងរក​​ដោយ​ឥតបានផលតាមបំណងប្រាថ្នា។ ហេតុអី្វព្រះសហគមន៍សូមគោរពជម្រាបមកអស់លោកអ្នកយ៉ាងពិសេសដូច្នេះ? ព្រះសហគមន៍ជម្រាបមកយ៉ាងពិសេសដូច្នេះ ដ្បិត​​​យើង​​​ទាំងអស់គ្នាជាអភិបាល ដែល​ជួបជុំគ្នា​ក្នុងមហាសន្និបាតនេះក៏ខិតខំស្តាប់សេចក្ដីពិត​​​ដែរ​​​។ ​អស់រយៈបួនឆ្នាំហើ​​​យ យើង​​​​​​​បាន​​​ខិត​ខំស្វែង​រក​អត្ថន័យឱ្យបានកាន់តែជ្រៅទៅដោយប្រុងប្រយ័ត្ន ជាសារនៃសេចក្តីពិតដែលព្រះគ្រីស្តបានផ្ញើទុកមកព្រះសហគមន៍​​។ យើងក៏ខិតខំស្តាប់តាមព្រះវិញ្ញាណនៃសេចក្ដីពិតបំភ្លឺយើងដោយចិត្ត​ស្មោះ​​​ឡើងៗទៀតដែរ។

ហេតុ​​​នេះ​​​ហើយ បានជាយើងត្រូវតែនិយាយជាមួយបងប្អូនដោយមិនអាក់ខានឡើយ។ ផ្លូវរបស់បងប្អូន ក៏ជាផ្លូវរបស់​​​យើង​​​​​​ដែរ ផ្លូវរបស់បងប្អូនមិនដែលប្លែកពីផ្លូវរបស់យើងទេ។ យើងក៏ជាមិត្តសម្លាញ់របស់បងប្អូន​ដែលស្វែងរក​​​តាមឧបនិស្ស័យរបស់បងប្អូនរៀងៗខ្លួន យើងក៏រួមសាមគ្គីជាមួយបងប្អូនដែលតែងនឿយហត់ យើងក៏ស្ងើចសរសើរ​បងប្អូន នៅពេលបងប្អូនមានជ័យជម្នះដោយរកឃើញអ្វីមួយថ្មី។ ពេលបងប្អូនធ្លាក់ទឹកចិត្ត ឬបរាជ័យ យើងក៏លើកទឹកចិត្ត​​​បងប្អូន ​​​និង​​​សម្រាល​​​ទុក្ខ​​​​​​បងប្អូនដែរ។

យើងមានសារគោរពជូនបងប្អូនដូចតទៅ៖ ចូរស្វែងរកបន្តទៅទៀតទៅ កុំអស់សង្ឃឹម​​​ពេលអ្នករក​​​មិន​​​ឃើញ​​​​​​​​​សេចក្ដី​​​ពិតភ្លាមៗតាមបំណង! ចូរចងចាំប្រសាសន៍របស់សន្តៈអូហ្គូស្តាំង ជាមិត្តសម្លាញ់ដ៏ប្រសើររបស់​​​បង​​​ប្អូនថា៖ “យើងនាំគ្នាខិតខំស្វែងរកដោយមានបំណងចង់រកឱ្យឃើញ។ បើយើងរកឃើញ​ហើយ យើងនាំគ្នាស្វែង​​​រកត​​​ទៅ​​​ទៀត”។ អស់អ្នក​ដែល​បាន​រក​ឃើញសេចក្ដីពិតហើយ តែងតែស្វែងរកសេចក្ដីពិតនេះតទៅទៀត ពិតជាមាន​​​សុភមង្គល​​​​​​ហើ​​​យ។ គេខិតខំយល់សេចក្តីពិតនេះឱ្យកាន់តែជ្រៅទៅៗ និងរកពន្យល់តាមរបៀបថ្មីមកចែកចាយ​​​ដល់​​​​​​​​​អ្នក​​​ដ​​​ទៃទៀត។ អស់អ្នកដែលស្វែង​រកសេចក្តីពិត​​​ តែមិនទាន់ឃើញ ប៉ុន្តែ នៅតែដើររក​ដោយចិត្តស្មោះ ពិតជា​​​មាន​​​​​​សុភមង្គលហើយ! សូមស្វែងរក​​​ពន្លឺសម្រាប់​បំភ្លឺថ្ងៃស្អែក ដោយយកពន្លឺថ្ងៃនេះមកបំភ្លឺ រហូត​​​តទៅដល់​​​​ពន្លឺ​​​​ដ៏​​​​​​​ពេញ​​​លក្ខណៈលេចឡើង។

ប៉ុន្តែសូមកុំភ្លេចថា បញ្ញវន្តជាអ្នករិះគិត ពិតជាបំពេញកិច្ចការមួយដ៏ប្រសើរបំផុត ហើយក៏ត្រូវដឹងច្បាស់ថា ការ​​​រិះ​​​​គិត គឺ​ជា​ភារកិច្ច​មួយដ៏សំខាន់ជាងគេដែរ។ អ្នកបិទភ្នែកដោយមិនព្រមឃើញពន្លឺ ពិតជាជនអព្វមង្គលមែន។ អ្នករិះ​​​គិត​​​ពិតជាទទួលខុស​ត្រូវយ៉ាងទម្ងន់ ម៉្យាងដែរ អស់អ្នកប្រើឧបាយកលផ្សេងៗជាច្រើន​​​បណ្តាល​​​​​​ឱ្យ​​​អ្នក​​​ដទៃ​​​ធ្លាក់​​​ទឹកចិត្ត ពិត​​​ជា​​​​​​នាំឱ្យ​​​គេអួត​​​បំប៉ោង បញ្ឆោតគេ ហើយក៏បង្ខូចចិត្តគំនិតគេទៀត។ អស់អ្នកស្វែង​​​រក​​​ខាង​​​វិទ្យា​​​សាស្រ្តត្រូវកាន់​​​តាម​​​គោលការណ៍តែមួយថា គឺត្រូវខិតខំរិះគិតឱ្យបានត្រឹមត្រូវជានិច្ច។ ហេតុនេះហើយ បានជាយើងគ្មានបំណងចង់ឱ្យបងប្អូនវិលវល់ក្នុងចិត្តទេ យើងក៏​មិនចង់ឱ្យបងប្អូន​ស្រវាំងភ្នែក​ដោយសារពន្លឺរបស់យើងចាំងទៅលើនោះឡើយ។ យើងគ្រាន់តែសូមជូនពន្លឺនៃចង្កៀងដ៏អា​​​ថ៌កំបាំងរបស់យើងមកបងប្អូន គឺជូនពន្លឺ​នៃ​ជំនឿ​​​របស់យើងតែប៉ុណ្ណោះ។ យើងជាសាវ័កដ៏​សុភាពរាបសារបស់ព្រះបរមគ្រូជាអម្ចាស់ដ៏ខ្ពង់ខ្ពស់នៃការរិះគិត ព្រះ​​​អង្គ​​​បាន​​​ផ្ញើ​​​ពន្លឺនេះមកយើង។ ព្រះអង្គជាមនុស្សតែម្នាក់គត់ដែលមានប្រសាសន៍ថា៖ “ខ្ញុំជាពន្លឺបំភ្លឺមនុស្សលោក ខ្ញុំជា​​​មាគ៌ា​​​ ខ្ញុំជាសេចក្ដីពិត និងជាជីវិត”

ប្រសាសន៍នេះពិតជាមានប្រយោជន៍សម្រាប់បងប្អូន។ តាំងពីដើមរៀងមក មនុស្សមិនដែលមាន​​​លទ្ធភាព​​​ធ្វើឱ្យវិទ្យាសាស្រ្តដ៏ពិតប្រាកដ និងជំនឿដ៏ពិតប្រាកដ អាចទាក់ទងគ្នាដូច​​​សព្វថ្ងៃនេះបាន។ ​វិទ្យាសាស្រ្ត និង​​​ជំនឿ​​​បម្រើ​​​សេចក្ដី​ពិត​តែ​មួយគត់។ កុំឃាត់ឃាំងមិនឱ្យវិទ្យាសាស្រ្ត និងជំនឿជួបជុំគ្នាឡើយ! ចូរទុកចិត្តលើជំនឿជាមិត្ត​​​សម្លាញ់​​​​​​យ៉ាងជិត​​​ស្និទ្ធិ​​​នៃ​ប្រាជ្ញារបស់មនុស្ស! ចូរយកជំនឿធ្វើជាពន្លឺរបស់ខ្លួន ដើម្បីឱ្យបានយល់សេចក្ដីពិត​​​ទាំង​​​មូល។ យើងជា​អភិបាល​នៃពិភពលោកទាំងមូលដែលមកជួបជុំគ្នាជាមហាសន្និបាតនៅក្រុងរ៉ូមនេះមុននឹងបែក​ខ្ញែង​ពីគ្នា យើងសូមជូនពរដល់​បង​​​ប្អូន​​​​ សូមលើកទឹកចិត្តបងប្អូន សូមឱ្យបងប្អូនមានសេចក្ដីសង្ឃឹមជានិច្ចផង។

សារគោរពជូនចំពោះសិល្បករ

សូមគោរពជូនមកបងប្អូនទាំងអស់ជាសិល្បករ។ បងប្អូនចូលចិត្តសោភ័ណភាពជាខ្លាំង ហើយតែងតែ​​​បម្រើ​​​សោភ័ណភាពនោះផង។ បងប្អូន​ជាកវី ជាអ្នកនិពន្ធ ជាវិចិត្រករ ជាស្ថាបត្យករ ជាដូរ្យតន្ត្រីករ ជាអ្នកលេងល្ខោន ជា​​​អ្នក​​​​ផលិត​ខ្សែ​ភាព​យន្ត​។ល។ មហាសន្និបាតនៃព្រះសហគមន៍ក៏ជម្រាបជូនមកបងប្អូនតាមរយៈយើងថា ប្រសិន​​​បើ​​​បង​​​ប្អូន​ស្រឡាញ់​​សិល្បៈ​ដ៏​ពិត​ប្រាកដ នោះបងប្អូនពិតជាមិត្តសម្លាញ់របស់យើងមែន។

តាំងពីយូរយារណាស់មកហើយ ព្រះសហគមន៍ចងសម្ពន្ធមេត្រីជាមួយបងប្អូន។ បងប្អូនបានស្ថាបនា ​​​និងតែងលម្អវិហាររបស់យើង។ បងប្អូនបានលើកតម្កើងសេចក្ដីបញ្ជាក់នៃលទ្ធិជំនឿរបស់យើង ធ្វើឱ្យពិធីគោរព​​​ប្រណិប័តន៍​​​របស់​​​យើងកាន់តែប្រសើរឡើងៗ។ បងប្អូនបានជួយព្រះសហគមន៍ឱ្យបកស្រាយអត្ថន័យ​​​ព្រះបន្ទូលដែល​​​មកពីព្រះ​​​ជាម្ចាស់តាមរូបគំនូរ និង​តាម​​​រូបភាព បងប្អូនក៏នាំឱ្យមនុស្សលោក​អាច​ស្គាល់​ពិភពដែលភ្នែក​មនុស្ស​​​មើល​​​​​​មិន​​​ឃើញទៀតដែរ។

សព្វថ្ងៃ ក៏ដូចកាលពីមុនដែរ ព្រះសហគមន៍ត្រូវការបងប្អូន ហើយក៏បែរមុខមករកបងប្អូន។ ព្រះសហគមន៍ជម្រាបជូនមកបងប្អូនតាមរយៈយើងថា កុំបណ្តោយឱ្យសម្ព័ន្ធមេត្រីរបស់យើងដាច់ឡើយ ព្រោះសម័្ពន្ធមេត្រីនេះបាន​​​បង្កើតលទ្ធផលដ៏ប្រសើរលើសអ្វីៗទាំងអស់រួចមកហើយ។ កុំបដិសេធយកទេពកោសល្យរបស់ខ្លួនមកបម្រើសេចក្ដីពិតរបស់ព្រះជាម្ចាស់ឡើយ។ កុំបិទចិត្តគំនិតមិនឱ្យខ្យល់នៃព្រះវិញ្ញាណដ៏វិសុទ្ធចូលឡើយ។

ពិភពលោកយើងនេះត្រូវការសោភ័ណភាពកុំឱ្យខ្លួនធ្លាក់ទឹកចិត្តអស់សង្ឃឹម។ សោភ័ណភាពក៏ដូច​​​សេចក្ដី​​​ពិត​​​ដែរ ​គឺផ្តល់ឱ្យមនុស្សមានចិត្តសប្បាយរីករាយ។ សោភ័ណភាពពិតជាផលដ៏ប្រសើរដែលមិនចេះចាស់ជរា និងបណ្តោយឱ្យ​​​មនុស្សគ្រប់ជំនាន់អាចទាក់ទងគ្នាបាន និងអាចរួបរួមគ្នាស្ងើចសរសើរទៀតផង។ កិច្ចការទាំងនោះពិតជា​​​ស្នា​​​ដៃរបស់ប​​​ងប្អូនមែន។

សូមបងប្អូនបង្កើតស្នាដៃស្អាតបរិសុទ្ធជានិច្ច កុំចង់រកតែផលប្រយោជន៍សម្រាប់ខ្លួនឯងឡើយ។ សូមបង​​​ប្អូននឹ​​​កចងចាំជានិច្ចថា បង​ប្អូន​ពិតជារក្សាសោភ័ណភាពក្នុងពិភពលោកនេះ។ សូមឱ្យគំនិតនេះ​​​ជួយ​​​រំដោះ​​​​​​បង​​​ប្អូន​​​ឱ្យមានសេរីភាពយ៉ាងពេញលេញ កុំផ្ចង់ចិត្តនឹងចំណូល​ចិត្ត​ដែល​តែងតែប្រែ​ប្រួល និងគ្មានតម្លៃដ៏ពិតប្រាកដឡើយ។ សូម​បងប្អូនរំដោះខ្លួនឱ្យរួចពីបំណងប្រាថ្នា​​​លោកីយ៍ដែលសម្តែង សេចក្តីយ៉ាងចម្លែកអស្ចារ្យពេក និងមិន​​​សមរម្យ​​​។

សូមបងប្អូនបាន​​​សមតាមឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់បងប្អូនជានិច្ច និងនៅគ្រប់ទីកន្លែង។ ធ្វើដូ​​​ច្នេះ បង​​​ប្អូនក៏​​​សមរម្យ​​​ទៅជា​​​​​​បុត្រធីតារបស់ព្រះសហគមន៍ ដែលគោរពជូនសាររបស់ខ្លួន ជាសារសម្តែងសេចក្ដីស្រឡាញ់ដ៏​​​ជ្រាល​​​​​​ជ្រៅ សម្តែងការសង្គ្រោះ និងព្រះហឫទ័យប្រណីសន្តាសរបស់ព្រះជាម្ចាស់មកបងប្អូន។ នៅថ្ងៃនេះ ​ព្រះ​​​សហគមន៍​​​ក៏ប្រទានពរមកបងប្អូនតាមរយៈយើងដែរ។

សារគោរពជូនចំពោះស្រ្តីទាំងឡាយ

ឥឡូវនេះ យើងសូមជម្រាបមកស្រ្តីទាំងឡាយ គឺស្រ្តីគ្រប់ឋានៈ វណ្ណៈ ស្ត្រីនៅលីវ ឬស្ត្រីមានគ្រួសារ ស្រ្តី​មានកូន និងស្រ្តីមេម៉ាយ។ សូមជម្រាបមកស្ត្រីព្រហ្មចារីដែលថ្វាយខ្លួនចំពោះព្រះជាម្ចាស់ និងស្រ្តីដែលរស់នៅម្នាក់​ឯងដែរ។ ចំនួននាង គឺពាក់​កណ្តាល​នៃមហាគ្រួសាររបស់មនុស្សជាតិហើយ!

នារីទាំងឡាយ​​​ដឹងច្បាស់ថា ព្រះសហគមន៍មាន​​​កិត្តិយសដោយបានលើកតម្កើង និងរំដោះនារីហើយ។ តាម​​​ប្រវត្តិ​សាស្រ្ត​ដ៏យូរអង្វែង មក ព្រះសហគមន៍តែងតែប្រកាសថា ទោះបីបុរស និងស្រ្តីមានចរិតលក្ខណៈ និង​​​ទេព​​​កោសល្យ​​​ប្លែក​ពីគ្នាក៏ដោយ ក៏ស្រ្តីមានតម្លៃស្មើនឹងបុរសយ៉ាងពិតប្រាកដ។ ប៉ុន្តែ ដល់ពេល គឺឥឡូវនេះ​​​ហើយ ដែល​​​​​​ឧបនិស្ស័យរបស់ស្រ្តីកើតជារូបរាងយ៉ាងពេញ​លក្ខណៈ។ ស្រ្តីមានឥទ្ធិពល​​​​​យ៉ាង​​​ខ្លាំងក្នុងសង្គមស្រ្តីៗ មាន​​​កិត្តិយសដូចពន្លឺសាយភាយឡើង និងមានអំណាចដែលមិន​ធ្លាប់​មាន​កាល​ពីសម័យ​មុនៗ​នៅឡើយ។

សព្វថ្ងៃ មនុស្សជាតិប្រែប្រួលយ៉ាងខ្លាំង។ ហេតុនេះហើយ បានជាស្ត្រីដែលមានគោល​គំនិតនៃ​ដំណឹងល្អជ្រួតជ្រាបក្នុងចិត្តគំនិត បានជួយមនុស្សជាតិយ៉ាងសម្បើមកុំឱ្យមនុស្សជាតិធ្លាក់ដុនដាប។ បងប្អូនជាស្រ្តីៗអើយ! អ្នក​​​នៅ​​​តែ​​​មានភារកិច្ចរក្សាក្រុមគ្រួសារជានិច្ច គឺអ្នកស្រឡាញ់ប្រភពនៃជីវិត ​និងតែងតែស្រឡាញ់ទារក។ អ្នក​​​មានវត្តមាននៅពេល​​​ជីវិត​​​ចាប់​​​ផ្តើមឡើងយ៉ាងអស្ចារ្យ។ ពេលមនុស្សទទួល​មរណភាព ​​​ក៏​​​អ្នក​​​ចេះ​​​លួង​​​លោមគេ​​​ដែរ​​​។ ប្រសិន​​​បើយើងមិនប្រយ័ត្ន បចេ្ចកទេសរបស់យើងអាចបណ្តាលឱ្យជីវិតមនុស្ស​​​​​​បាត់​​​លក្ខណៈ​​​​​​ជាមនុស្ស។ ចូរអ្នក​​​រំឭក​​​មនុស្សលោកឱ្យគោរពតម្លៃនៃជីវិត ជាពិសេស យើងអង្វរបងប្អូន សូម​​​​​​រក្សា​​​​​​​​​ការពារ​​​រអនាគ​​​តនៃពូជមនុស្ស​​​យើង​​​​​​​​​ឱ្យ​​​​នៅ​គង់វង្ស។ សូមឃាត់ដៃរបស់អស់អ្នកដែលចង់បំផ្លាញ​​​អរិយធម៌​​​របស់​​​មនុស្សជាតិ​​នៅគ្រា​​​​​​ដែលគេ​​​បាត់​​​ស្មារតី​។

ស្រ្តីៗដែលមានគ្រួសារ និងមានកូន អ្នកជាអ្នកអប់រំមនុស្ស​​​ជាតិមុន​​​គេ​​​បង្អស់​​​​​​ ក្នុងទីលាក់កំ​​​បាំង​​​នៃ​​​ក្រុម​​​គ្រួសារ។ ​ចូរបញ្ជូនបន្តប្រពៃណីដូនតាឱ្យកូនប្រុស កូនស្រីយល់ដឹង។ នៅពេលជាមួយគ្នានោះ អ្នកនឹងអប់រំកូនៗ គឺរៀប​​​ចំ​​​កូនៗ​​​ឱ្យប្រឈម​​មុខនឹង​អនាគតដែលគ្មាននរណាដឹងជាមុន។ ចូរនឹកចងចាំជានិច្ចថា ម្តាយតែងភ្ជាប់នឹងអនាគត​របស់កូនដែលនាងប្រហែល​​​នឹង​​​មើលមិន​​​ឃើញឡើយ។

ចំពោះស្រ្តីៗនៅលីវចូរដឹងថា អ្នកអាចបំពេញ​​​ឧបនិស្ស័យរបស់ខ្លួនបាន គឺបម្រើអ្នកដទៃដោយ​​​ចិត្តទូ​​​លាយ​​​។ សង្គមហៅរកអ្នកពីគ្រប់មជ្ឈដ្ឋាន ប្រសិនបើគ្មានស្រ្តីណានៅលីវមកជួយទេ មានក្រុមគ្រួសារខ្លះមិនអាច​រស់នៅបាន​ឡើយ។

ជាពិសេស ស្ត្រីៗព្រហ្មចារីដែលញែកខ្លួនថ្វាយព្រះជាម្ចាស់ សូមអ្នករក្សាភាពបរិសុទ្ធ ជាអ្នកមិនរកប្រយោជន៍ផ្ទាល់ខ្លួន និងជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ក្នុងពិភពយើងនេះ ដែលមានមនុស្សជាច្រើនរាប់ទុកការត្រេកត្រអាល ភ្លើតភ្លើនតាមកាមគុណថោកទាបទុកជាផ្លូវធម្មតារបស់មនុស្សលោក ព្រះយេស៊ូបានប្រោសប្រទានឱ្យសេចក្តីស្រឡាញ់របស់គូស្វាមីភរិយាមានតម្លៃពេញលក្ខណៈ ព្រះអង្គក៏បានលើកតម្កើងការលះបង់ស្នេហាតាមលោកីយ៍ដែរ លុះត្រាអ្នកលះបង់សេចក្ដីស្នេហានោះតម្រង់ខ្លួនទៅរកសេចក្ដីស្រឡាញ់ដ៏អនន្ត និងនាំឱ្យបម្រើអ្នកដទៃទាំងអស់។

ចំពោះស្រ្តីៗកំពុងរងទុក្ខលំបាក សូមអ្នកក្រោកឈរត្រង់ឡើ​​​ងនៅក្បែរឈើឆ្កាង ដូចនាងម៉ារីដែរ។ តាម​​​ប្រវត្តិសាស្រ្ត ពួកនាងជាច្រើនបានប្រគល់ឱ្យបុរសៗមានកម្លាំងអាចតស៊ូវាយតយុទ្ធរហូតដល់ទីបំផុត គឺរហូតដល់​បូជា​ជីវិតក៏មាន។ ចូរជួយ​បុរសៗ​ម្តងទៀតឱ្យមានចិត្តក្លាហាន ហ៊ានធ្វើការយ៉ាងអស្ចារ្យ ព្រមទាំងឱ្យគេមានចិត្តអត់ធ្ម​ត់​​​ខន្តី​​​ដោយ​​​ដឹងជានិច្ចថា អ្នកចង់ធ្វើកិច្ចការ​ដ៏ធំអស្ចារ្យ ត្រូវចាប់ផ្តើមដោយធ្វើការតូចៗយ៉ាងសុភាពរាបសាឡើងទៅ។ បងប្អូនជាស្រ្តីៗអើយ! បងប្អូនចេះធ្វើឱ្យសេចក្ដីពិត​​​បានស្រួលស្តាប់ ថ្នាក់ថ្នម លួងលោមចិត្តគេ។ សូម​​​អ្នកជាប់ចិត្តនឹងចង់ធ្វើឱ្យគោលគំនិតនៃ​មហា​សន្និបាត​​ជ្រួតជ្រាបក្នុងស្ថាប័ន ក្នុងសាលារៀន ក្នុងក្រុមគ្រួសារ ក្នុងការរស់នៅរបស់​​​មនុស្សជារៀងរាល់ថ្ងៃ។

បងប្អូនជា​ស្ត្រីៗនៃភិភពលោកទំាងមូលអើយ! ទាំងគ្រីស្តបរិស័ទក្ដី មិនមែនគ្រីស្តបរិស័ទក្តី ព្រះជាម្ចាស់​​​បាន​​​​​​ផ្ញើ​​​ជីវិត​​​ទុកឱ្យនាងហើយ។ ក្នុងគ្រាដ៏សែនធ្ងន់ធ្ងរនៃប្រវត្តិសាស្រ្តយើងនេះ ​​​នាងមានភារកិច្ចសង្រ្គោះ​​​សន្តិភាពនៃ​​​ពិភពលោកហើយ!។

សារគោរពជូនចំពោះពលករទាំងឡាយ

យើងជាអភិបាលនៃព្រះសហគមន៍កាតូលិកពីទ្វីបទាំងប្រាំ បានរិះគិតរួមជាមួយគ្នាក្នុងមហាសន្និបាតនេះ។ ក្នុង​ចំណោម​ប្រធានបទទាំងប៉ុន្មាន យើងបានរិះគិតអំពីបញ្ហាដ៏ធ្ងន់ធ្ងរដែលចោទឡើងលើមនសិការមនុស្សជាតិ គឺ​​​បាន​​​រិះគិត​​​អំពីបញ្ហា​សភាពការណ៍សេដ្ឋកិច្ច និងសង្គមក្នុងពិភពលោកសព្វថ្ងៃ អំពីបញ្ហាប្រជាជាតិត្រូវរស់នៅ​​​ជា​​​មួយ​​​គ្នាដោយសុខសន្តិភាព ព្រមទាំងអំពីបញ្ហាសាស្រ្តាវុធ បញ្ហា​សង្គ្រាម និងសន្តិភាព។ យើងដឹងច្បាស់ថា ​ដំណោះ​​​ស្រាយ​​​បញ្ហាទាំងនោះមុខជានឹងមានឥទ្ធិពលយ៉ាងខ្លាំង លើការរស់នៅ​ធម្មតារបស់ពលករ ពលការិនីក្នុងពិភព​​​លោក​​​ទាំង​​​មូលពុំខាន។ ហេតុនេះហើយ បានជានៅពេលបញ្ចប់ការពិគ្រោះគ្នានេះ យើង​សូមផ្ញើសារ​នេះ សម្តែងសេចក្តី​​​ទុក​​​ចិត្ត និង​​​សេចក្ដី​​​ស្រឡាញ់របស់យើងមកបងប្អូនជា​ពលករទាំងឡាយ។ សូមបងប្អូនពលករបានប្រកប​​​ដោយសុខ​​​សន្តិភាព។

កូនដ៏ជាទីស្រឡាញ់! មុនដំបូង សូមបងប្អូនដឹងឱ្យបានច្បាស់ថា ព្រះសហគមន៍ស្គាល់ទុក្ខវេទនា ការតយុទ្ធ និងសេចក្ដីសង្ឃឹមរបស់ប្អូនៗ។ ព្រះសហគមន៍ក៏ចូលចិត្តយ៉ាងខ្លាំង​នូវគុណធម៌ ដែលផ្តល់ឱ្យជីវិត​​​បងប្អូនមាន​​​តម្លៃ​​​ដ៏ថ្លៃ​ថ្នូរ គឺបងប្អូនមានសេចក្ដីក្លាហាន ចិត្តលះបង់សម្រាប់អ្នកដទៃ មនសិការក្នុងអាជីវកម្ម ចិត្តស្រឡាញ់យុត្តិធម៌។ ព្រះ​​​សហគមន៍ក៏​ទទួល​ស្គាល់យ៉ាងច្បាស់នូវជំនួយដ៏ធំមហិ មារបស់ប្អូនចំពោះសង្គមទាំងមូល គឺប្អូនម្នាក់ៗតាមកន្លែង​​​រៀងៗខ្លួន ​ទោះបី​មនុស្សទូទៅមិនសូវស្គាល់ការងាររបស់បងប្អូនក្តី ជាការងារថោកទាបដែលគេតែង​មើលងាយ​​​ទៀត​​​​​​ផង ក៏បងប្អូនតែងតែបម្រើសង្គមទាំងមូលយ៉ាងល្អប្រសើរដែរ។ ព្រះសហគមន៍ដឹងគុណ ហើយសូមអរគុណ​​​បងប្អូន​​​តាម​​​រយៈយើង។

ប៉ុន្មានឆ្នាំកន្លងមក ព្រះសហគមន៍នៅតែគិតគូរអំពីបញ្ហាទាំងអស់របស់ពលករ ពលការិនីក្នុងពិភពលោកទាំងមូល ជា​​​បញ្ហា​​​កាន់តែស្មុគ្រ​ស្មាញឡើងៗ។ ក្នុងចំណោមបងប្អូន ​​​មានអ្នកខ្លះបានចាប់អារម្មណ៍នឹងសារលិខិតនៃ​​​អភិបាល​​​ព្រះ​​​សហគមន៍​​​ក្រុងរ៉ូម។ បងប្អូនទាំងនោះបញ្ជាក់ថា ចិត្ត​គំនិតរបស់ពលករ ពលការិនី​​​ត្រូវនឹងចិត្តគំនិតអ្នកដឹកនាំដ៏ខ្ពង់​​​ខ្ពស់​​​​​​ខាងវិញ្ញាណរបស់មនុស្សលោក។ ​លោកយ៉ូហានទី២៣ បានសរសេរសារលិខិតដែលមានតម្លៃរកអ្វីមក​​​ប្រៀប​​​​ធៀប​​​​ពុំបាន​ មកបន្ថែម​ក្នុង​បេតិកភ័ណ្ឌនៃព្រះសហគមន៍។ លោកបានរកផ្លូវឱ្យបងប្អូនចាប់អារម្មណ៍។ លោក​​​សម្តែងយ៉ាងត្រចះត្រចង់នូវ​សេចក្ដី​ស្រឡាញ់របស់​ព្រះសហគមន៍ទាំងមូល ចំពោះបងប្អូនជាពលករ ពលការិនី​​​។ លោក​​​ក៏បានសម្តែងសេចក្តីស្រឡាញ់របស់ព្រះសហគមន៍ចំពោះសេចក្ដីពិត យុត្តិធម៌ សេរីភាព សេចក្ដី​ស្រឡាញ់ ជា​​​គ្រឹះ​​​​សម្រាប់សាងសង់សន្តិភាពក្នុងពិភពលោក។ យើងក៏ចង់ទៅជាសាក្សីនៃសេចក្ដីស្រឡាញ់របស់ព្រះសហគមន៍ចំពោះ បងប្អូនជាពលករ ពលការិនីដែរ ហើយ​​​សូម​ប្រកាស​ដោយ​ស្មោះ​អស់ពីចិត្តថា ព្រះសហគមន៍ជាមិត្តសម្លាញ់របស់បងប្អូន។ ចូរជឿទុកចិត្តលើព្រះសហគមន៍​​​ចុះ! នៅ​សម័យ​បុរាណគួរឱ្យស្តាយណាស់ យើងពលករពលការិនី និងព្រះសហគមន៍ស្តាប់គ្នាមិនបាន បណ្តាល ឱ្យមិនទុកចិត្តគ្នាទៅវិញទៅមកទេ។ វណ្ណៈកម្មករ និងព្រះសហគមន៍បានរងទុក្ខ​​​ទាំងសងខា​​​ង។ ឥឡូវ​​​ដល់ពេល​​​សម្រុះ​​​សម្រួលគ្នាវិញ ហើយ​ព្រះសហគមន៍នៃមហាសន្និបាត​​​អញ្ជើញបងប្អូនឱ្យលើកតម្កើងការ​​​សម្រុះ​​​សម្រួល​​​នេះ ដោយគ្មានគំនិតវៀច​វេរឡើយ។

ព្រះសហគមន៍ខិតខំស្គាល់បងប្អូនឱ្យកាន់តែច្បាស់ឡើងៗ។ ប៉ុន្តែ បងប្អូនក៏ត្រូវខិតខំយល់អំពីមុខងារព្រះ​សហគមន៍សម្រាប់បងប្អូនជាប្រជាពលករដែរ។ បងប្អូនពិតជាអ្នកដ៏សំខាន់ជាងគេ ក្នុងកិច្ចបង្កើតការប្រែប្រួល​​ដ៏អស្ចារ្យ​នៃ​​​​ពិភព​លោក​​នា​បច្ចុប្បន្នកាលយើងនេះ។ បងប្អូនជ្រាបច្បាស់ថា ប្រសិនបើគ្មានខ្យល់ដ៏ខ្លាំងពូកែនៃព្រះវិញ្ញាណ​ផ្តល់​ជីវិតរស់រវើកទេនោះ ការប្រែប្រួល និងសមិ​​​ទ្ធផលទាំងនោះ មុខជានឹងបណ្តាលឱ្យអន្តរាយដល់មនុស្សជាតិជាពុំខាន មិននាំសុភមង្គលឡើយ។ ការស្អប់គ្នាមិនអាចសង្គ្រោះមនុល្សលោកបានទេ! អាហារខាងលោកីយ៍តែមួយមុខ ក៏មិនអាចធ្វើឱ្យមនុស្សស្កប់ចិត្តបាន​ឡើយ។

ហេតុនេះ សូមបងប្អូនទទួលសាររបស់ព្រះសហគមន៍ដោយអនុគ្រោះ។ ចូរទទួលជំនឿដែលព្រះ​​​សហគមន៍​​​សូម​​​ជូនមកបងប្អូនទុក​ជាពន្លឺសម្រាប់បំភ្លឺផ្លូវជីវិតរបស់បងប្អូន។ ជំនឿនេះពិតជាជំនឿរបស់អ្នកបន្តមុខងារពីគ្រីស្តទូត​​​សិលា​​​មក ជា​ជំនឿរបស់អភិបាល​ពីរពាន់នាក់ដែលប្រជុំគ្នាជាមហាសន្និបាត និងជាជំនឿរបស់ប្រជាជនគ្រីស្តបរិស័ទ​​​ទាំង​​​មូ​​​ល សូមឱ្យ​ជំនឿនេះបំភ្លឺ​ចិត្តគំនិតបងប្អូន សូមឱ្យជំនឿនេះណែនាំបងប្អូន។ សូមឱ្យជំនឿនេះណែនាំ​​​បង​​​ប្អូន​​​ឱ្យស្គាល់ព្រះ​យេស៊ូ​គ្រីស្ត ជាមិត្តសំឡាញ់រួមការងាររបស់​បងប្អូន ជាព្រះបរមគ្រូ និងជាព្រះសង្គ្រោះមនុស្សជាតិ​​​ទាំង​​​មូល។

សារគោរពជូនចំពោះជនក្រីក្រ អ្នកជំងឺ និងអស់អ្នកដែលកើតទុក្ខលំបាក

មហាសន្និបាតសូមគោរពជូនសារយ៉ាងពិសេស មកអស់បងប្អូនដែលកើតទុក្ខ និងឈឺចុកចាប់​​​គ្រប់យ៉ាង។ មហាសន្និបាតឃើញបងប្អូនសម្លឹងមកយើង ទាំងអង្វរ ទាំងភ្នែកស្រវាំងដោយគ្រុនក្ដៅ ឬដោយ​​​អស់​​​កម្លាំង ហើយសួរថា ហេតុអ្វីមនុស្សកើតទុក្ខដូច្នេះ? បងប្អូនតប់ប្រមល់ក្នុងចិត្ត ហើយសួរទៀតថា តើនរណា នៅពេលណា​​​មានគេមក​​​សម្រាលទុក្ខ​​​នេះពីយើងបាន? តែគ្មានឮចម្លើយសោះ។ បងប្អូនដ៏ជាទីស្រឡាញ់ ក្នុងឋានៈ​​យើង​​​ជា​​​ឪពុក ​​​និងជាគង្វាល យើងព្រួយបារម្ភជាខ្លាំងដោយឮ​ស្នូរ​​សម្រែក ​និងស្នូរត្អូញត្អែរបស់បងប្អូន។ យើងរឹតតែ​​​ព្រួយចិត្តដោយនឹកឃើញថា យើងគ្មានសមត្ថភាពអាចផ្តល់សុខភាព​ដល់រូបកាយបងប្អូន ឬធ្វើឱ្យបងប្អូនបានធូរ​​​ស្រាល។ មានតែគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាកយីកា និងអស់អ្នក​ដែល​ខិតខំជួយព្យាបាលជំងឺទេ ដែល​​​អាច​​​សម្រាល​​​ទុក្ខក្នុងរូបកាយបងប្អូនបាន។

ប៉ុន្តែ យើងមានថ្នាំដ៏ប្រសើរជាង និងដែលមានតម្លៃថ្លៃជាងផ្តល់​​​មកបងប្អូន គឺជំនឿដែលជាសេចក្ដីពិតតែ​​​មួយ​​​​​​​​​​អាច​តប​ឆ្លើយ​នឹង​ការអាថ៌កំបាំងនៃទុក្ខលំបាក។ ជំនឿនេះ ក៏អាចសម្រាលទុក្ខបងប្អូនដោយមិនភាន់ច្រឡំ​​​ឡើយ​​​។ ​​ចូរ​ផ្ញើជីវិតលើព្រះ​គ្រីស្ត ជាមនុស្សដែលរងទុក្ខលំបាក ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលត្រូវគេឆ្កាង ព្រោះតែ​​​អំពើ​​​បាបរបស់យើង និងដើម្បីសង្គ្រោះ​យើង។

ព្រះគ្រីស្តមិនបានលប់បំបាត់ទុក្ខទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យបក​​​ស្រាយអត្ថន័យយ៉ាងពិស្តានៃទុក្ខ​ដែរ តែព្រះអង្គបានផ្ទុកទុក្ខលំបាករបស់មនុស្សលោកលើព្រះអង្គ។ ​ដូច្នេះគ្រប់គ្រាន់ហើយ ដើម្បីឱ្យយើងយល់អំពី​តម្លៃដ៏ថ្លៃថ្នូរ​នៃ​​​ទុក្ខលំបាក។

បងប្អូនកំពុងរងទុក្ខអើយ! បងប្អូនដូចជាលីឈើឆ្កាងដ៏ធ្ងន់ធ្ងរដែរ។ បងប្អូនជាអ្នកក្រីក្រ ​និងជាអ្នកដែលគ្មាននរណា​​​រាប់រកបងប្អូនដែលកំពុងយំសោក បងប្អូនដែល​ត្រូវគេបៀតបៀនធ្វើបាបព្រោះតែសេចក្តីសុចរិត បងប្អូនដែល​គ្មាននរណា​និយាយ​រក បងប្អូនដែល​កំពុង​រងទុក្ខតែគ្មាននរណាដឹងឮ ចូរមានចិត្តក្លាហានឡើង! ព្រះជាម្ចាស់ស្រឡាញ់បង​ប្អូន​​លើសគេ​ទាំងអស់ ព្រះអង្គ​ប្រទានសេចក្ដីសង្ឃឹម សុភមង្គល និងជីវិតព្រះអង្គឱ្យ​​​គ្រង​​​រាជ្យ​​​លើ​​​បង​​​ប្អូនហើយ! បង​ប្អូន​ពិតជាបងប្អូនរបស់ព្រះ​គ្រីស្ត​ដែលកំពុងតែរងទុក្ខមែន! ប្រសិនបើបងប្អូនសុខចិត្ត បងប្អូន​​​ក៏​​​អាចសង្គ្រោះមនុស្សលោកបានរួមជាមួយព្រះអង្គដែរ។

នេះជាចំណេះរបស់គ្រីស្តបរិស័ទអំពីទុក្ខ ជាចំណេះតែមួយដែលអាចផ្តល់សេចក្ដីសុខសាន្តមកបងប្អូន។ ចូរដឹង​​​ជាក់​​​ច្បាស់ថា បងប្អូនមិននៅម្នាក់ឯងទេ ​បងប្អូនក៏មិនរស់នៅដាច់ឡែកពីគេដែរ គេមិនលះបង់បងប្អូនចោលទេ កុំនិយាយថា បងប្អូនគ្មានប្រយាជន៍ឡើយ! ផ្ទុយទៅវិញ ព្រះគ្រីស្តហៅបងប្អូន បងប្អូនពិតជារូបតំណាង​​​ដែល​​​មាន​​​ជីវិត​​​រស់រវើក​របស់​ព្រះ​អង្គ ហើយបណ្តោយឱ្យគេឃើញព្រះអង្គបានទៀតផង។ ​ក្នុងនាមព្រះគ្រីស្ត មហាសន្និបាតសូម​​​គោរពជម្រាបដល់​បងប្អូន​ដោយសេចក្ដី​ស្រឡាញ់។ មហាសន្និបាតក៏អរគុណ បងប្អូន និងបញ្ជាក់ថា ពិតជា​​​ស្រឡាញ់បងប្អូនមែន! ព្រះសហគមន៍ជួយគាំទ្របងប្អូន និងជូនពរដល់បងប្អូនទៀតផង។

សារគោរពជូនយុវជនយុវនារីទាំងឡាយ

នៅទីបញ្ចប់ មហាសន្និបាតសូមគោរពជូនសារចុងក្រោយនេះមកប្អូនៗ ក្មួយៗជាយុវជន យុវនារីក្នុងពិភព​​​លោក​​​​​​​ទាំង​មូល។​ គឺប្អូនៗក្មួយៗនេះហើយនឹងទទួលចង្កៀងពន្លឺពីបងៗ ហើយនឹងរស់នៅក្នុងពិភពលោកនាសម័យ​​​ដែល​​​​​​ប្រែប្រួល​​​យ៉ាង​​​សម្បើមអស្ចារ្យយើងនេះ​​ តាមប្រវត្តិសាស្រ្តមិនដែលមានប្រែប្រួលបែបនេះទេ។ ប្អូន​​​ៗ​​​ ក្មួយៗមុខជានឹងទទួល​យកគំរូ​ដ៏ល្អជាងគេពីសេចក្តីបង្រៀន​​​របស់​​​ឪពុក​​​​​​ម្តាយ និងរបស់គ្រូបាធ្យាយមកបង្កើត​​សង្គមនៅថ្ងៃអនាគតកាល។ ប្អូនៗ ក្មួយៗមុខជានឹង​រួមសង្គ្រោះខ្លួនឯងក៏បាន ឬក៏រួមអន្តរាយជាមួយ​​​សង្គម​​​នោះ​​​ក៏​​​បាន​​​ដែរ។

អស់បួនឆ្នាំមកហើយ ព្រះសហគមន៍ខិតខំរិះគិត ដើម្បីកែទ្រង់ទ្រាយរបស់ខ្លួនឱ្យបានជាថ្មី ក្នុងគោលបំណង​បានស្របតាមគម្រោងការរបស់ព្រះគ្រីស្តឱ្យកាន់តែ​ច្បាស់​ឡើងៗ គឺព្រះគ្រីស្តដែលបានតែងតាំងព្រះសហគមន៍។​​​ ព្រះអង្គមានព្រះជន្មគង់នៅយ៉ាងអស្ចារ្យ និងនៅក្នុង​យុវវ័យ​ជា​និច្ចនិរន្តរ៍។ ពេលបញ្ចប់ការរិះគិតអំពីការរ​​​ស់​​​នៅ​​​របស់ខ្លួន ព្រះសហគមន៍បែរមករកប្អូនៗ ក្មួយៗជាយុវជន យុវនារី ដោយ​​​សារ​​​មហាសន្និបាតនេះ ព្រះសហគមន៍​​​ទើប​​​នឹងបានអុជចង្កៀងមួយ ជាពិសេស អុជចង្កៀងសម្រាប់​ប្អូនៗ ក្មួយៗ គឺជាចង្កៀងផ្តល់ពន្លឺបំភ្លឺអនាគត ជាអនាគត​​​របស់​​​ប្អូនៗ ក្មួយៗនេះហើយ!។

ព្រះសហគមន៍ប្រាថ្នាចង់ឱ្យសង្គមដែលប្អូនៗ ក្មួយៗនឹងសាងសង់នៅពេលអនាគតនោះគោរព​​​តម្លៃដ៏ថ្លៃថ្នូរ សេរីភាព និងសិទ្ធិរបស់បុគ្គលគ្រប់ៗរូប។ បុគ្គលទាំងនោះ គឺប្អូនៗ ក្មួយៗនេះឯង!។

ព្រះសហគមន៍ប្រាថ្នាចង់ឱ្យសង្គមនាអនាគតកាលនោះ បណ្តោយឱ្យជំនឿអាចលេចចាំងពន្លឺឡើង គឺជំនឿ​ដែល​​​មានតម្លៃដ៏ថ្លៃថ្នូរជានិច្ច ទាំងនៅអតីតកាល ទាំងនៅអនាគតកាល។​​​ សូមឱ្យជំនឿបំភ្លឺចិត្តគំនិត​ប្អូនៗ ក្មួយៗ​ដោយ​​​​​​សេរី និងផ្តល់សេចក្តីសុខសាន្តឱ្យប្អូនៗ ក្មួយៗផង។ ព្រះសហគមន៍សង្ឃឹមថា ប្អូនៗ ក្មួយៗមុខជានឹង​ទទួល​​​កម្លាំង​​​យ៉ាង​​​​​​​ខ្លាំង និងបានអំណរសប្បាយយ៉ាងក្រៃលែងបានដែរ។ បើដូច្នេះ ប្អូនៗ ក្មួយៗមិនចាញ់ការល្បួង​ដូច​បងៗខ្លះ គឺ​​​ប្អូនៗ​​​ ក្មួយៗមិន​បណ្តោយខ្លួនតាមទស្សនវិជ្ជាដែលទាក់ទាញចិត្ត គឺទស្សនវិជ្ជានាំឱ្យគិតតែពីខ្លួនឯង ឱ្យគិតតែពីការ​​​ភ្លើត​​​​​​ភ្លើន​សប្បាយតាមកាមគុណថោកទាប ឬទស្សនវិជ្ជាបណ្តាលឱ្យអស់សង្ឃឹម និងនាំឱ្យវាសនាខ្លួនសាបសូន្យ។ មាន​​​លទ្ធិមួយប្រកាសថា គ្មានព្រះទាល់តែសោះ។ លទ្ធិនេះជាអភូតហេតុ​កើតពីមនុស្សដែលណាយចិត្តនឹងជីវិត និងជាអភូតហេតុរបស់ពួកចាស់ជរា​។ ព្រះសហគមន៍សង្ឃឹមថា នៅចំពោះលទ្ធិនោះ ប្អូនៗ ក្មួយៗមុខជានឹង​​​ចេះ​​​ប្រកាស​​​បញ្ជាក់​ជំនឿរបស់ខ្លួនទៅលើជីវិត និងទៅលើអ្វីៗដែលផ្តល់ឱ្យជីវិតមានអត្ថន័យដ៏ថ្លៃថ្នូរ គឺជំនឿយ៉ាង​​​ជាក់​​​ច្បាស់ថា មានព្រះបិតាប្រកបដោយព្រះហឫទ័យ​​ស្រឡាញ់ និងសុចរិត ព្រះអង្គមានព្រះជន្មគង់នៅពិតប្រាកដមែន។

យើងសូមដាស់តឿន​ប្អូនៗ ក្មួយៗក្នុងនាមព្រះបិតានេះ និងក្នុងនាមព្រះយេស៊ូជាព្រះបុត្រាព្រះអង្គដែរ សូម​លាត​​​​ត្រដាងចិត្តគំនិត​​ប្អូនៗ ក្មួយៗតាមទំហំពិភពលោកទាំងមូល ចូរស្តាប់​ពាក្យស្រែកហៅរបស់បងប្អូន។ សូមប្អូនៗ ​​​ក្មួយ​​​​​​​ៗសម្រេច​​ចិត្ត​យក​ថាមពល​ថ្មីរបស់​ប្អូនៗ ក្មួយៗមកបម្រើគេដោយចិត្តក្លាហាន។ សូមប្រឆាំងនឹងអត្ថទត្ថបុគ្គលនិយ​​​មគ្រប់​យ៉ាង។ កុំបណ្តោយខ្លួនតាម​ទោសៈ និងការស្អប់គ្នាដែលបណ្តាលឱ្យកើតសង្គ្រាម និងទុក្ខវេទនាគ្រប់យ៉ាង។ ចូរមានចិត្ត​ទូលំទូលាយ បរិសុទ្ធ ចេះគោរពអ្នកដទៃ និងស្មោះត្រង់ជានិច្ច។ ចូរយកចិត្តទុកដាក់​សាងសង់ពិភពលោកដ៏ល្អ​ប្រសើរ​ជាង​ពិភព​របស់​បងៗ។

ព្រះសហគមន៍មើល​ប្អូនៗ ក្មួយៗទាំងទុកចិត្ត និងដោយសេចក្ដីស្រឡាញ់។ ព្រះហគមន៍​​​មានអតីត​កាល​ដ៏យូរអង្វែងដែលមានតម្លៃដ៏ថ្លៃថ្នូរ ហើយនៅតែរក្សាតម្លៃដ៏ថ្លៃថ្នូរនៃអតីតកាលនេះក្នុងខ្លួន។ ព្រះសហគមន៍​​​ធ្វើ​​​ដំណើរ​​​តាម​​​កាលៈទេសៈ​ ទាំងនាំមនុស្សលោកឱ្យបានពេញលក្ខណៈជាមនុស្ស និងនាំគេទៅកាន់ទិស​​​ដៅ​​​ចុង​​​បំផុតនៃ​​​ប្រវត្តិសាស្រ្ត និងនៃជីវិត។ ព្រះសហគមន៍ពិតជាយុវវ័យនៃពិភពលោកមែន។ ព្រះសហគមន៍មាន​​​អ្វីៗដែលផ្តល់​​​កម្លាំង និងធ្វើ​​​ឱ្យមនុស្សពេញ​ចិត្តស្រឡាញ់យុវជន យុវនារី គឺព្រះសហគមន៍មានសមត្ថភាពអរសប្បាយ​​​ដោយឃើញអ្វីៗ​​​ដែល​​​​​​​​​​​​កើត​​​ឡើង មានសមត្ថភាពចែកចាយអ្វីៗដោយមិនទាមទារសុគុណពីគេ មានសមត្ថភាពកែខ្លួនឱ្យបានជាថ្មីជានិច្ច និង​​​បន្តដំណើរទៅមុខ ដើម្បីឱ្យបានជ័យជម្នះជាថ្មីតទៅ​ទៀត។ ចូរសម្លឹងមើលព្រះសហគមន៍មើល៍! ប្អូនៗក្មួយៗ​​​មុខ​​​​​​ជា​​​នឹងឃើញព្រះភ័ក្ត្រព្រះគ្រីស្តក្នុងព្រះសហគមន៍​ពុំខាន។ ព្រះ​គ្រីស្ត​ជាវិរបុរសដ៏ពិតប្រាកដមែន ព្រះអង្គប្រកប​​​ដោយ​​​​​​ចិត្តសុភាពរាបសា មានប្រាជ្ញាដ៏វាងវៃ ជាព្យាការីប្រកាសសេចក្ដី​ពិត​​ និងសេចក្ដីស្រឡាញ់ ជាអ្នកធ្វើ​​​ដំណើរ​​​ជាមួយយុវជន យុវនារី និងជាមិត្តសម្លាញ់របស់ប្អូនៗ ក្មួយៗ។ ក្នុងនាមព្រះ​គ្រីស្ត​នេះហើយ យើងសូម​ជម្រាប​មក​ប្អូនៗ ក្មួយៗ សូមដាស់តឿនប្អូនៗ ក្មួយៗ និងប្រទានពរឱ្យប្អូនៗ ក្មួយៗផងដែរ។

287 Views

Theme: Overlay by Kaira