- បេសកកម្មសាសនទូត
Ad Gentes - ក្រុមលោកគង្វាល
Presbyterorum Ordinis - បេសកកម្មគ្រីស្តបរិស័ទធម្មតា
Apostolicam Actuositatem - ការប្រែប្រួលរបស់ព្រះសហគមន៍
Optatam Totius Ecclesiae - សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ
Perfectae Caritatis - ព្រះគ្រីស្តជាអម្ចាស់
Christus Dominus - គ្រីស្តបរិស័ទត្រូវរួបរួមគ្នាជាធ្លុងតែមួយ
Unitatis Redintegratio - ព្រះសហគមន៍នៅបូព៌ាប្រទេស
Orientalium Ecclesiarum - ក្នុងចំណាមការអស្ចារ្យ
Inter Mirifica
ព្រះគ្រីស្តជាអម្ចាស់
CHRISTUS DOMINUS
ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឱ្យគេនឹកចងចាំរហូតតរៀងទៅ។
ក្រឹត្យក្រម
ស្តីអំពីមុខងាររបស់អស់លោកអភិបាលជាគង្វាលក្នុងព្រះសហគមន៍
១- បុព្វកថា
១- ព្រះគ្រីស្តជាព្រះអម្ចាស់ ជាព្រះបុត្រារបស់ព្រះដ៏មានព្រះជន្មគង់នៅ ព្រះអង្គយាងមកសង្ត្រោះប្រជារាស្រ្តរបស់ព្រះអង្គឱ្យរួចពីបាប (មថ ១,២១) និងប្រោសឱ្យមនុស្សទាំងអស់បានវិសុទ្ធ។ ព្រះបិតាចាត់ព្រះបុត្រាឱ្យយាងមកយ៉ាងណា ព្រះអង្គក៏ចាត់ក្រុមគ្រីស្តទូតរបស់ព្រះអង្គឱ្យទៅយ៉ាងនោះដែរ (យហ ២០,២១)។ ព្រះអង្គក៏ប្រោសគ្រីស្តទូតទាំងនោះឱ្យបានវិសុទ្ធដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យអស់លោកដែរ។ ដូច្នេះ ក្រុមគ្រីស្តទូតអាចលើកតម្កើងព្រះបិតានៅលើផែនដី និងនាំការសង្គ្រោះដល់មនុស្សលោក “ដើម្បីកសាងព្រះកាយរបស់ព្រះគ្រីស្តឡើង” (អភ ៤,១២)។
២- ព្រះគ្រីស្តផ្ញើបេសកកម្មឃ្វាលហ្វូងចៀម និងកូនច្រៀមរបស់ព្រះអង្គឱ្យគ្រីស្តទូតសិលា។ ហេតុនេះហើយ បានជាអភិបាលព្រះសហគមន៍ក្រុងរ៉ូម ក្នុងឋានៈលោកបន្តមុខងារពីគ្រីស្តទូតសិលាមក មានអំណាចដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះសហគមន៍របស់ព្រះគ្រីស្ត តាមការចាត់ចែងរបស់ព្រះជាម្ចាស់។ អភិបាលព្រះសហគមន៍ក្រុងរ៉ូមមានអំណាចពេញលេញ អំណាចចំៗលើគ្រីស្តបរិស័ទ និងអំណាចសកល ដើម្បីថែទាំវិញ្ញាណមនុស្សលោក។ ហេតុនេះហើយ បានជាក្នុងឋានៈលោកជាគង្វាលណែនាំគ្រីស្តបរិស័ទទាំងអស់ និងដោយព្រះជាម្ចាស់ចាត់លោកឱ្យរកប្រយោជន៍រួមរបស់ព្រះសហគមន៍សកល និងរកប្រយោជន៍របស់ព្រះសហគមន៍នីមួយៗ លោកជាប្រធានដែលមានអំណាចជាធម្មតាលើព្រះសហគមន៍ទាំងឡាយ។
ព្រះវិញ្ញាណដ៏វិសុទ្ធក៏បានតែងតាំងអស់លោកអភិបាលដែរ។ អស់លោកបន្តមុខងារពីក្រុមគ្រីស្តទូតមកក្នុងឋានៈជាគង្វាលនៃវិញ្ញាណរបស់មនុស្សលោក។ ព្រះគ្រីស្តចាត់អស់លោកឱ្យបន្តព្រះរាជកិច្ចរបស់ព្រះគ្រីស្ត ជាគង្វាលដែលស្ថិតនៅអស់កល្បជានិច្ច ដើម្បីឱ្យព្រះរាជកិច្ចរបស់ព្រះអង្គនោះស្ថិតស្ថេរនៅរហូតតរៀងទៅ។ អស់លោកបំពេញកិច្ចការនេះរួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូម និងក្រោមអំណាចរបស់លោក។ ព្រះគ្រីស្តប្រទានអំណាច និងបញ្ជាឱ្យក្រុមគ្រីស្តទូត និងឱ្យអស់លោកដែលបន្តមុខងារពីក្រុមគ្រីស្តទូតទាំងនោះបង្រៀនមនុស្សគ្រប់ជាតិសាសន៍ និងប្រោសមនុស្សឱ្យបានវិសុទ្ធក្នុងសេចក្តីពិត ព្រមទាំងណែនាំហ្វូងចៀមរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាព្រះគ្រីស្តប្រទានព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាឱ្យអស់លោកអភិបាល ដើម្បីតែងតាំងអស់លោកឱ្យធ្វើជាគ្រូបង្រៀនលទ្ធិនៃជំនឿយ៉ាងពិតប្រាកដ និងយ៉ាងត្រឹមត្រូវ និងឱ្យធ្វើជាមហាបូជាចារ្យ និងជាគង្វាលផងដែរ (ពន្លឺ ២១.២៤.២៥)។
៣- ដោយសារអគ្គសញ្ញាតែងតាំង អស់លោកទទួលបន្ទុកជាអភិបាល ហើយរួមគ្នាយកចិត្តទុកដាក់ថែទាំព្រះសហគមន៍ទាំងឡាយ (ពន្លឺ ២១)។ អស់លោកក៏បំពេញបន្ទុករបស់ខ្លួនចំពោះព្រះសហគមន៍សកលរបស់ព្រះជាម្ចាស់ គឺបង្រៀន និងគ្រប់គ្រងព្រះសហគមន៍សកលនេះដោយរួបរួមទាំងអស់គ្នាជាក្រុមអភិបាល ដូចជារូបកាយមួយ និងរួបរួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូម និងក្រោមអំណាចរបស់លោក។
លោកអភិបាលម្នាក់ៗបំពេញបន្ទុករបស់ខ្លួនចំពោះចំណែកនៃហ្វូងចៀមរបស់ព្រះអម្ចាស់ដែលព្រះអង្គបានផ្ញើទុកឱ្យលោកថែរក្សា គឺលោកម្នាក់ៗទទួលបន្ទុកលើព្រះសហគមន៍ដោយឡែកដែលព្រះអង្គបានផ្ញើទុកមកនោះ ឬលើព្រះសហគមនជាច្រើន។ អស់លោកក៏រួមគ្នាផ្គត់ផ្គង់ដល់តម្រូវការរួមរបស់ព្រះសហគមន៍ឯទៀតដែរ។ ហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធមានបំណងចង់បញ្ជាក់ឱ្យបានច្បាស់នូវបន្ទុកជាគង្វាលរបស់អស់លោកអភិបាល ដោយគិតគូរជាពិសេសដល់សភាពការណ៍នានានៃសហគមន៍មនុស្សនាបច្ចុប្បន្នកាល ដែលតែងតែវិវឌ្ឍន៍ឡើងៗបានសម្រេចសេចក្តីដូចតទៅ ៖
ជំពូក១
ទំនាក់ទំនងរបស់អស់លាកអភិបាល និងព្រះសហគមន៍សកល
១- តួនាទីរបស់អស់លោកអភិបាលចំពោះព្រះសហគមន៍សកល
៤- របៀបក្រុមអភិបាលប្រើអំណាចរួម
អស់លោកអាភិបាលជាសមាជិកនៃក្រុមអភិបាលដោយអានុភាពនៃអគ្គសញ្ញាតែងតាំង និងដោយការរួបរួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូមជាមេដឹកនាំ ហើយដោយរួបរួមជាមួយសមាជិកនៃក្រុមអភិបាលឯទៀតៗតាមលំដាប់លំដោយ (ពន្លឺ ២២)។ “ក្រុមអភិបាលដែលបន្តមុខងារបម្រើពីក្រុមគ្រីស្តទូតមក គឺមុខងារបង្រៀន និងគ្រប់គ្រងក្នុងឋានៈជាគង្វាល (បើនិយាយយ៉ាងប្រសើរជាងក្រុមគ្រីស្តទូតបន្តជីវិតរបស់ខ្លួនដោយសារក្រុមអភិបាល)។ អស់លោកក៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត និងអំណាចពេញលេញលើព្រះសហគមន៍សកលដែរ លុះត្រាតែក្រុមអភិបាលរួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូមជាមេដឹកនាំក្រុមអភិបាលនោះ គឺមិនត្រូវដាច់ពីអភិបាលព្រះសហគមន៍ក្រុងរ៉ូមឡើយ។ ក្រុមអភិបាលអាចប្រើអំណាចនេះបាន លុះត្រាតែអភិបាលព្រះសហគមន៍ក្រុងរ៉ូមយល់ស្រប”។
“ក្រុមអភិបាលប្រើអំណាចនេះយ៉ាងឱឡារិកនៅពេលអស់លោកប្រជុំគ្នាជាមហាសន្និបាតសកល” (ពន្លឺ ២២)។ ហេតុនេះហើយ បានជាមហាសន្និបាតសម្រេចថា អភិបាលទាំងប៉ុន្មានក្នុងឋានៈអស់លោកជាសមាជិកនៃក្រុមអភិបាល មានសិទ្ធិចូលរួមក្នុងមហាសន្និបាតសកលទាំងអស់គ្នាបាន។
“អស់លោកអភិបាលដែលរស់នៅលើផែនដីទាំងមូលអាចប្រើអំណាចរួមនេះ រួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូមបាន លុះត្រាតែអភិបាលព្រះសហគមន៍ក្រុងរ៉ូម ជាមេដឹកនាំក្រុមអភិបាល កោះហៅអស់លោកឱ្យបំពេញការងាររួម ឬយ៉ាងហោចណាស់ លុះត្រាតែលោកយល់ស្របឱ្យអភិបាលដែលខ្ចាត់ខ្ចាយនៅលើផែនដីទាំងមូលបំពេញការងាររួមនេះ ឬសុខចិត្តទទួលស្គាល់នូវសេចក្តីសម្រេចនៃមហាសន្និបាតនោះ ដោយលោកមានសេរីភាពពេញទី ទើបកិច្ចការរបស់អស់លោកពិតទៅជាកិច្ចរួមនៃក្រុមអភិបាលបាន” (ពន្លឺ ២២)។
៥- ក្រុមប្រឹក្សា ឬសន្និបាតអភិបាល
ត្រូវជ្រើសរើសអភិបាលតាមតំបន់ផ្សេងៗក្នុងពិភពលោកតាមរបៀប និងតាមសេចក្តីណែនាំដែលអភិបាលព្រះសហគមន៍ក្រុងរ៉ូមបានចាត់ចែងរួចហើយ ឬតាមរបៀប និងតាមសេចក្តីណែនាំដែលលោកនឹងចាត់ចែងនៅពេលខាងមុខ។ អស់លោកជួយអភិបាលព្រះសហគមន៍ក្រុងរ៉ូមដែលជាគង្វាលដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះសហគមន៍យ៉ាងស័ក្តិសិទ្ធិ ដោយរួមក្នុងក្រុមប្រឹក្សាដែលទទួលឈ្មោះថា “សន្និបាតអភិបាល”។ ដោយសន្និបាតអភិបាលនោះបំពេញការងារក្នុងនាមក្រុមអភិបាលកាតូលិកទាំងមូល សន្និបាតអភិបាលនោះពិតជាសញ្ញាសម្គាល់បញ្ជាក់ថា អស់លោកអភិបាលពិតជារួបរួមគ្នាតាមលំដាប់លំដោយ យកចិត្តទុកដាក់ថែទាំព្រះសហគមន៍សកលមែន (ពន្លឺ ២៣)។
៦- អភិបាលទាំងអស់រួមគ្នាយកចិត្តទុកដាក់ថែរក្សាព្រះសហគមន៍ទាំងឡាយ
អស់លោកអភិបាលបន្តមុខងារពីក្រុមគ្រីស្តទូតយ៉ាងត្រឹមត្រូវ និងជាសមាជិកនៃក្រុមអភិបាល។ ហេតុនេះហើយ បានជា អស់លោកត្រូវដឹងថា អស់លោករួបរួមគ្នាជានិច្ច និងត្រូវយកចិត្តទុកដាក់នឹងព្រះសហគមន៍ទាំងឡាយ។ អភិបាលម្នាក់ៗទទួលខុសត្រូវលើព្រះសហគមន៍សកលរួមជាមួយអភិបាលឯទៀតៗ ព្រោះព្រះជាម្ចាស់ចាត់ចែងដូច្នេះហើយ និងតាមភារកិច្ចនៃបន្ទុករបស់ខ្លួនជាគ្រីស្តទូតដែរ។ ជាពិសេស សូមអស់លោកយកចិត្តទុកដាក់នឹងតំបន់ក្នុងពិភពលោក ដែលមិនទាន់ទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅឡើយ ឬតំបន់ដែលមានចំនួនគង្វាលតិចពេក បណ្តាលឱ្យគ្រីស្តបរិស័ទឃ្លាតឆ្ងាយពីវិន័យណែនាំការរស់នៅរបស់ខ្លួនជាគ្រីស្តបរិស័ទ និងបាត់បង់ជំនឿទៀតផង។
ហេតុនេះ អស់លោកត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ណែនាំឱ្យគ្រីស្តបរិស័ទទាំងអស់គាំទ្រ និងពង្រីកយ៉ាងក្លៀវក្លានូវកិច្ចការប្រកាសដំណឹងល្អ និងកិច្ចការជាគ្រីស្តទូត។ លើសពីនេះទៅទៀត អស់លោកអភិបាលត្រូវគិតគូរអប់រំគង្វាលដែលមានសមត្ថភាព ហើយសហការី ទាំងបព្វជិត បព្វជិតា និងគ្រីស្តបរិស័ទធម្មតាឱ្យត្រៀមខ្លួន ទៅបម្រើព្រះសហគមន៍ ឬទៅរស់នៅក្នុងប្រទេសដែលខ្វះគង្វាល។ អស់លោកអភិបាលក៏ត្រូវយកចិត្តទុកដាក់ចាត់លោកគង្វាលខ្លះនៃភូមិភាគរបស់ខ្លួនទៅបម្រើព្រះសហគមន៍ និងភូមិភាគទាំងនោះ ដើម្បីបំពេញមុខងារដ៏សក្ការៈជាបណ្តោះអសន្ន ឬជាអចិន្រៃ្តយ៍ក៏បានដែរ។ ម៉្យាងទៀត ចំពោះការប្រើប្រាស់ធនធានរបស់ព្រះសហគមន៍ អស់លោកអភិបាលមិនត្រូវគិតតែអំពីតម្រូវការនៃភូមិភាគរបស់ខ្លួនប៉ុណ្ណោះទេ តែត្រូវគិតដល់តម្រូវការនៃព្រះសហគមន៍ឯទៀតៗដែរ ព្រោះព្រះសហគមន៍ទាំងនោះក៏ជាចំណែកនៃព្រះសហគមន៍តែមួយគត់របស់ព្រះគ្រីស្ត។ មិនតែប៉ុណ្ណោះ សូមឱ្យអស់លោកអភិបាលចាប់អារម្មណ៍សម្រាលទុក្ខគ្រីស្តបរិស័ទតាមសមត្ថភាពរៀងៗខ្លួនក្នុងភូមិភាគឯទៀតៗ ឬក្នុងតំបន់ខ្លះដែលជួបគ្រោះកាច។
៧- សេចក្តីស្រឡាញ់យ៉ាងសកម្មចំពោះអភិបាលឯទៀតៗដែលត្រូវគេបៀតបៀនធ្វើបាប
លើសពីនេះទៅទៀត សូមឱ្យអស់លោកអភិបាលមានចិត្តស្រឡាញ់អភិបាលដែលត្រូវគេមួលបង្កាច់ ត្រូវគេបៀតបៀនធ្វើបាប ព្រោះតែព្រះគ្រីស្ត គឺអភិបាលដែលត្រូវជាប់ឃុំឃាំង ឬត្រូវគេរារាំងមិនឱ្យបំពេញមុខងារបម្រើរបស់ខ្លួនបាន។ សូមស៊ូប្តូរស្លាប់រស់យ៉ាងពិតប្រាកដ និងយ៉ាងសកម្មចំពោះអស់លោក ដើម្បីជួយសម្រាលទុក្ខលំបាករបស់អស់លោក ដោយអធិដ្ឋាន និងដោយធ្វើការរួមជាមួយអភិបាលឯទៀតៗផង។
២- ទំនាក់ទំនងរវាងអស់លោកអភិបាលនឹងអាសនៈគ្រីស្តទូតសិលា
៨- អំណាចរបស់អស់លោកអភិបាលក្នុងភូមិភាគរបស់ខ្លួន
ក- ដោយអស់លោកអភិបាលបន្តមុខងារពីក្រុមគ្រីស្តទូតមក អស់លោកមានអំណាចធម្មតាយ៉ាងពេញលេញ ជាអំណាចផ្ទាល់ និងចំៗលើគ្រីស្តបរិស័ទ គឺមានអំណាចដែលអស់លោកត្រូវការសម្រាប់បំពេញបន្ទុករបស់អស់លោកជាគង្វាលក្នុងភូមិភាគរបស់ខ្លួន។ មានករណីខ្លះ អភិបាលព្រះសហគមន៍ក្រុងរ៉ូមទុកឱ្យលោកសម្រេចដោយខ្លួនលោកផ្ទាល់ ឬដោយអ្នកផ្សេងទៀត។ អភិបាលព្រះសហគមន៍ក្រុងរ៉ូមមានអំណាចធ្វើដូច្នេះជានិច្ចបានក្នុងឋានៈលោកមានបន្ទុកជាគង្វាលសកល។
ខ- អភិបាលភូមិភាគនីមួយៗមានសិទ្ធិអនុគ្រោះគ្រីស្តបរិស័ទដែលស្ថិតនៅក្រោមអំណាចដ៏ត្រឹមត្រូវរបស់លោក ឱ្យលែងជាចំណុះនៃច្បាប់ទូទៅរបស់ព្រះសហគមន៍បានក្នុងករណីពិសេសមួយ គ្រប់ពេលណាដែលលោកយល់ឃើញថា ការអនុគ្រោះនោះនឹងផ្តល់ផលប្រយោជន៍ខាងវិញ្ញាណដល់គេ លើកលែងក្នុងករណីណាអភិបាលព្រះសហគមន៍ក្រុងរ៉ូមដែលកាន់អំណាចដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះសហគមន៍ទុកយ៉ាងពិសេសឱ្យលោកសម្រេចដោយខ្លួនលោកផ្ទាល់។
៩- ក្រសួងក្នុងរដ្ឋបាលអភិបាលព្រះសហគមន៍ក្រុងរ៉ូម
អភិបាលព្រះសហគមន៍ក្រុងរូ៉មតែងប្រើក្រសួងនានានៃរដ្ឋបាល ដើម្បីជួយលោកក្នុងកិច្ចប្រើអំណាចរបស់លោកផ្ទាល់លើព្រះសហមន៍សកល ជាអំណាចដ៏ខ្ពង់ខ្ពស់បំផុត ជាអំណាចដ៏ពេញលេញ និងដ៏ចំៗលើគ្រីស្តបរិស័ទ។ ក្រសួងទាំងនោះបំពេញបន្ទុករបស់ខ្លួនក្នុងនាមលោក និងដោយមានអំណាចរបស់លោក ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍នានា និងដើម្បីជួយបម្រើអភិបាលនានាទៀតផង។
ជាយូរឆ្នាំកន្លងមក ក្រសួងទាំងនោះតែងតែជួយអភិបាលព្រះសហគមន៍ក្រុងរ៉ូមយ៉ាងល្អប្រសើរ និងបានជួយអភិបាលនៃព្រះសហគមន៍នានា។ ប៉ុន្តែ អស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតប្រាថ្នាចង់ចាត់ចែងក្រសួងទាំងនោះតាមរបៀបថ្មី ស្របតាមតម្រូវការរបស់សម័យឥឡូវនេះ គឺស្របតាមតម្រូវការរបស់ប្រទេសនានា និងតាមតម្រូវការនៃរបៀបរបបផ្សេងៗទៀត។ ជាពិសេស ត្រូវចាត់ចែងក្រសួងទាំងនោះតាមរបៀបថ្មី ចំពោះចំនួនក្រសួង ចំពោះឈ្មោះ ចំពោះសមត្ថភាព ចំពោះវិធីបំពេញការងារ និងចំពោះការរួមសហការជាមួយគ្នាក្នុងកិច្ចការរបស់ខ្លួន។ អស់លោកក៏ប្រាថ្នាថា សូមបញ្ជាក់យ៉ាងច្បាស់ជាងពីមុនអំពីតួនាទីរបស់ទូតនៃអភិបាលព្រះសហគមន៍ក្រុងរូម៉ ដោយគិតគូរដល់មុខងារផ្ទាល់របស់អស់លោកអភិបាលជាគង្វាលផងដែរ។
១០- អំពីសមាជិក និងភ្នាក់ងារក្នុងក្រសួងនានា
លើសពីនេះទៅទៀត នៅសម័យបុរាណ គេតែងតាំងក្រសួងទាំងនោះដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍សកល។ ហេតុនេះហើយ បានជាអស់លោកអភិបាលប្រាថ្នាចង់សូមជ្រើសរើសសមាជិក បុគ្គលិក និងទីប្រឹក្សានៃក្រសួងក្រសួងទាំងនោះពីតំបន់ផ្សេងៗជាកន្លែងព្រះសហគមន៍ស្ថិតនៅ ប្រសិនបើអាចធ្វើបាន។ សូម្បីតែទូតអភិបាលព្រះសហគមន៍ក្រុងរ៉ូមក៏ត្រូវជ្រើសរើសពីតំបន់នានាដែរ។ ធ្វើដូច្នេះ ទើបក្រុមគ្រប់គ្រង និងអង្គការមជ្ឈិមនៃព្រះសហគមន៍កាតូលិកយើងមុខជានឹងមានលក្ខណៈសកលប្រាកដមែន។ អស់លោកក៏ប្រាថ្នាចង់សូមឱ្យមានអភិបាល ជាពិសេស អភិបាលភូមិភាគធ្វើជាសមាជិកក្នុងក្រសួងទាំងនោះ។ អភិបាលភូមិភាគទាំងនោះអាចនាំមតិ គំនិត បំណងប្រាថ្នា និងតម្រូវការនៃព្រះសហគមន៍ទាំងឡាយជូនលោកអភិបាលព្រះសហគមន៍ក្រុងរ៉ូមឱ្យបានសព្វគ្រប់ជាងពីមុន។
លើសពីនេះទៅទៀត អស់លោកអភិបាលដែលជួបជុំគ្នាក្នុងមហាសន្និបាតយល់ឃើញថា ក្រសួងទាំងនោះត្រូវស្តាប់គ្រីស្តបរិស័ទធម្មតាឱ្យបានច្រើន គឺគ្រីស្តបរិស័ទដែលល្បីឈ្មោះដោយគុណសម្បត្តិ ដោយចំណេះវិទ្យា និងដោយបទពិសោធន៍របស់គេ ដើម្បីឱ្យគ្រីស្តបរិស័ទធម្មតាអាចបំពេញតួនាទីរបស់ខ្លួនក្នុងព្រះសហគមន៍។ ធ្វើដូច្នោះ ពិតជាមានប្រយោជន៍យ៉ាងខ្លាំងមែន។
ជំពូក២
អស់លោកអភិបាល និងព្រះសហគមន៍ដោយឡែក ឬព្រះសហគមន៍ភូមិភាគ
១- អភិបាលភូមិភាគ
១១- ពាក្យ ”ភូមិភាគ” និងតួនាទីរបស់អភិបាលក្នុងភូមិភាគរបស់ខ្លួន
ភូមិភាគជាចំណែកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដែលព្រះអង្គផ្ញើទុកឱ្យអភិបាលម្នាក់ធ្វើជាគង្វាល ដោយមានក្រុមគង្វាល ជួយឧបត្ថមផង។ ដូច្នេះ ភូមិភាគជាប់ជាមួយនឹងអភិបាលរបស់ខ្លួនជាគង្វាល។ លោកប្រមែប្រមូលគ្រីស្តបរិស័ទភូមិភាគក្នុងព្រះវិញ្ញាណដ៏វិសុទ្ធដោយសារដំណឹងល្អ និងដោយសារអគ្គសញ្ញាអរព្រះគុណ។ ភូមិភាគជាព្រះសហគមន៍មួយដោយឡែក ដែលមានវត្តមានយ៉ាងពិតប្រាកដ និងមានសកម្មភាពរបស់ព្រះសហគមន៍របស់ព្រះគ្រីស្តតែមួយគត់ គឺព្រះសហគមន៍ដ៏វិសុទ្ធ កាតូលិក និងដែលកាន់ជំនឿតាមក្រុមគ្រីស្តទូតជាគ្រឹះទៀតផង។
ព្រះជាម្ចាស់ផ្ញើឱ្យអភិបាលម្នាក់ៗថែទាំព្រះសហគមន៍មួយដោយឡែក។ លោកថែរក្សាហ្វូងចៀមរបស់ខ្លួនក្នុងនាមព្រះអម្ចាស់ ក្រោមអំណាចរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូម។ លោកមានមុខងារជាគង្វាលដោយផ្ទាល់ ជាអំណាចធម្មតា ជាអំណាចចំៗលើគ្រីស្តបរិស័ទ គឺលោកបំពេញបន្ទុកបង្រៀនគេ ប្រោសឱ្យគេបានវិសុទ្ធ និងគ្រប់គ្រងទៀតផង។ ក៏ប៉ុន្តែ លោកត្រូវទទួលស្គាល់សិទ្ធិដ៏ត្រឹមត្រូវរបស់អភិបាលដ៏ប្រសើរឧត្តមនៃព្រះសហគមន៍បូព៌ាប្រទេស ឬអំណាចឯទៀតក្នុងព្រះសហគមន៍ តាមលំដាប់លំដោយ (បូព៌ា ៧-១១)។
សូមឱ្យលោកអភិបាលយកចិត្តទុកដាក់បំពេញបន្ទុករបស់ខ្លួនជាគ្រីស្តទូតក្នុងឋានៈលោកជាសាក្សីរបស់ព្រះគ្រីស្ត នៅចំពោះមុខមនុស្សទាំងអស់។ លោកមិនគ្រាន់តែយកចិត្តទុកដាក់នឹងអស់អ្នកដែលតាមព្រះអង្គម្ចាស់នៃគង្វាលទាំងឡាយប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ដោយស្មោះអំពីចិត្តនឹងអស់អ្នកដែលងាកចេញពីមាគ៌ានៃសេចក្តីពិត ឬដែលមិនស្គាល់ដំណឹងល្អ ឬមិនស្គាល់ព្រះហឫទ័យមេត្តាករុណារបស់ព្រះគ្រីស្តដែលសង្គ្រោះមនុស្សលោកទៀតដែរ។ ហេតុនេះហើយ បានជាអស់លោកនឹងបំពេញការងាររហូតដល់ពេលមនុស្សទាំងអស់នឹងដើរ “តាមសេចក្ដីសប្បុរស សេចក្ដីសុចរិត និងតាមសេចក្ដីពិតគ្រប់បែបយ៉ាង” ជាស្ថាពរ (អភ ៥,៩)។
១២- បន្ទុកបង្រៀន
ក្នុងពេលបំពេញបន្ទុកបង្រៀន សូមឱ្យអភិបាលទាំងឡាយប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តឱ្យមនុស្សលោក។ បន្ទុកនេះសំខាន់ជាងបន្ទុកឯទៀតៗទាំងអស់។ ដោយមានឫទ្ធានុភាពនៃព្រះវិញ្ញាណជួយឧបត្ថមផង សូមអស់លោកហៅមនុស្សឱ្យផ្ញើជីវិតលើព្រះគ្រីស្ត និងសូមគាំទ្រជំនឿដ៏រស់រវើករបស់គេដែរ។ សូមរៀបរាប់គម្រោងការដ៏អស្ចារ្យទាំងមូលរបស់ព្រះគ្រីស្ត គឺសេចក្តីពិតទាំងប៉ុន្មានដែលគេត្រូវតែស្គាល់។ ប្រសិនបើមនុស្សមិនស្គាល់សេចក្តីពិតទាំងនោះ គេមិនអាចស្គាល់ព្រះគ្រីស្តបានទេ។ អស់លោកត្រូវបង្ហាញមាគ៌ាដែលព្រះជាម្ចាស់បានសម្តែងមក ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងទទួលការសង្គ្រោះដោយបំពេញការនេះ (ពន្លឺ ២៥)។
អស់លោកអភិបាលត្រូវបង្ហាញឱ្យមនុស្សលោកដឹងថា កិច្ចការនៅលើផែនដី និងស្ថាប័នលោកីយ៍សុទ្ធតែបែរតម្រង់ទៅរកការសង្គ្រោះរបស់មនុស្សលោក តាមគម្រោងការរបស់ព្រះជាម្ចាស់ដែលប្រតិស្ឋានអ្វីៗទាំងអស់។ ដូច្នេះ កិច្ចការ និងស្ថាប័នទាំងនោះអាចជួយជាខ្លាំងឱ្យកសាងព្រះកាយព្រះគ្រីស្តបាន។
ហេតុនេះ អស់លោកត្រូវបង្រៀនតាមលទ្ធិនៃព្រះសហគមន៍ថា ត្រូវរាប់តម្លៃរបស់បុគ្គលម្នាក់ៗ ត្រូវរាប់តម្លៃនៃសេរីភាពរបស់គេ សូម្បីតែការរស់នៅតាមរូបកាយក៏ត្រូវរាប់ទុកថា មានតម្លៃដែរ។ ត្រូវបង្រៀនក្រុមគ្រួសារឱ្យចេះរួមគ្នាជាធ្លុងតែមួយឱ្យនៅស្ថិតស្ថេរ ឱ្យបន្តពូជ និងអប់រំកូន។ ត្រូវបង្រៀនអំពីសង្គម និងរដ្ឋអំណាចដែលមានច្បាប់ និងអំពីមុខងារផ្ទាល់ផ្សេងៗ អំពីការនឿយហត់ និងអំពីការលំហែកាយ អំពីសិល្បៈ និងបចេ្ចកទេស អំពីភាពក្រីក្រ និងភាពសម្បូរហូរហៀរទៀត។ អស់លោកត្រូវរៀបរាប់អំពីរបៀបដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរបំផុត គឺអំពីការកាន់កាប់ទ្រព្យសម្បត្តិ អំពីរបៀបទ្រព្យសម្បត្តិទាំងនោះចម្រើនឡើង និងអំពីការចែករំលែកទ្រព្យសម្បត្តិតាមយុត្តិធម៌។ ត្រូវរៀបរាប់អំពីសន្តិភាព និងសង្រ្គាម អំពីប្រជាជាតិទាំងឡាយរួបរួមគ្នាជាសហគមន៍តែមួយដែលសុទ្ធតែជាបងប្អូន។
១៣- របៀបរៀបរាប់លទ្ធិនៃគ្រីស្តសាសនាជូនគេ
អស់លោកអភិបាលត្រូវរៀបរាប់លទ្ធិនៃគ្រីស្តសាសនាជូនមនុស្សលោកតាមរបៀបស្របនឹងតម្រូវការនៃពេលវេលា គឺដោយមានបំណងចង់តបឆ្លើយនឹងការពិបាក និងបញ្ហាដែលបណ្តាលឱ្យមនុស្សតប់ប្រមល់យ៉ាងខ្លាំង។ អស់លោកត្រូវយកចិត្តទុកដាក់រក្សាការពារលទ្ធិនោះ ទាំងបង្ហាត់ឱ្យគ្រីស្តបរិស័ទចេះការពារ និងផ្សព្វផ្សាយលទ្ធិនោះទៀតផង។ នៅពេលបញ្ចូនបន្តលទ្ធិនោះ ត្រូវសម្តែងសេចក្តីស្រឡាញ់របស់ព្រះសហគមន៍ជាមាតាមកមនុស្សទាំងអស់ ទោះជាគ្រីស្តបរិស័ទ មិនគ្រីស្តបរិស័ទក្តី។ សូមចាប់អារម្មណ៍យ៉ាងពិសេសចំពោះអ្នកក្រីក្រ និងអ្នកតូចតាច ព្រោះព្រះអម្ចាស់ចាត់អស់លោកឱ្យទៅប្រកាសដំណឹងល្អដល់អ្នកទាំងនោះ។
ព្រះសហគមន៍មានភារកិច្ចនិយាយសន្ទនាជាមួយសង្គមមនុស្ស ជាកន្លែងព្រះសហគមន៍រស់នៅ។ ហេតុនេះ អស់លោកអភិបាលមានបន្ទុកជាចម្បងទៅរកមនុស្ស ហើយសូមសន្ទនាជាមួយ ហើយលើកស្ទួយការសន្ទនានោះទៀតផង។ ប្រសិនបើអស់លោកចង់ឱ្យសេចក្តីពិត និងសេចក្តីស្រឡាញ់ ប្រាជ្ញា និងការរាប់អានជាប់ជាមួយគ្នាជានិច្ចក្នុងការសន្ទនាដែលសង្គ្រោះគេនោះ អស់លោកត្រូវនិយាយតាមរបៀបប្លែកពីការសន្ទនាធម្មតា គឺត្រូវនិយាយយ៉ាងច្បាស់ ទាំងមានចិត្តសុភាពរាបសា និងចិត្តមេត្តាការុណា ហើយប្រុងប្រយ័ត្នយ៉ាងសមគួរ ទាំងទុកចិត្តគេផង។ ការទុកចិត្តនេះជួយនាំការរាប់អានគ្នា និងតាមធម្មតា បណ្តោយឱ្យមនុស្សរួបរួមដោយមានចិត្តគំនិតតែមួយផង។
លោកអភិបាលត្រូវប្រើមធ្យោបាយផ្សេងៗដែលព្រះសហគមន៍អាចប្រើប្រាស់សព្វថ្ងៃបាន ដើម្បីប្រកាសលទ្ធិនៃគ្រីស្តសាសនា។ មុនអ្វីៗទាំងអស់ត្រូវធ្វើពិធីអត្ថាធិប្បាយព្រះគម្ពីរ និងត្រូវអប់រំជំនឿ ជាកិច្ចការដែលសំខាន់ជាងគេ។ ត្រូវរៀបរាប់ពន្យល់លទ្ធិនៃគ្រីស្តសាសនានៅក្នុងសាលា និងក្នុងមហាវិទ្យាល័យដោយធ្វើសន្និសិទ្ធិ និងប្រជុំគ្រប់យ៉ាង។ មិនតែប៉ុណ្ណោះ ក្នុងឱកាសខ្លះ គឺពេលកើតព្រឹត្តិការណ៍សំខាន់ៗ ត្រូវផ្សព្វផ្សាយសេចក្តីប្រកាសជាសាធារណៈទៀតដែរ។ ត្រូវប្រើកាសែត និងមធ្យោបាយផ្សេងៗនៃទូរគមនាគមន៍ក្នុងសង្គម ដើម្បីប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តឱ្យបានទូលំទូលាយ (ទរ)។
១៤- ការអប់រំជំនឿ
អស់លោកអភិបាលត្រូវយកចិត្តទុកដាក់អប់រំជំនឿរបស់ក្មេងៗ កូនជំទង់ យុវជនយុវនារី សូម្បីតែមនុស្សពេញវ័យក៏ត្រូវអប់រំជំនឿរបស់គេដែរ ក្នុងគោលបំណងឱ្យមនុស្សមានជំនឿរស់រវើក មានជំនឿជាក់ច្បាស់ និងជំនឿដែលបង្កើតផល។ ត្រូវយកលទ្ធិនៃគ្រីស្តសាសនាមកបំភ្លឺជំនឿនេះទៀតផង។ ត្រូវបង្រៀនតាមលំដាប់លំដោយ និងដោយប្រើវិធីដែលមិនគ្រាន់តែស្របតាមប្រធានបទប៉ុណ្ណោះទេ តែស្របតាមបុគ្គលិកលក្ខណៈតាមទេពកោសល្យ តាមអាយុ និងតាមសភាពការណ៍ជីវភាពរបស់អ្នកស្តាប់ថែមទៀតដែរ។ ត្រូវបង្រៀនគេដោយយកគម្ពីរ យកសេចក្តីបញ្ជូនបន្ត ក្បួន ការបង្រៀននៃការណែនាំព្រះសហគមន៍ និងការរស់នៅរបស់ព្រះសហគមន៍ជាមូលដ្ឋាន។ លើសពីនេះទៅទៀត អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ឱ្យអ្នកអប់រំជំនឿ ទទួលការអប់រំយ៉ាងល្អត្រឹមត្រូវ និងមានសមត្ថភាពអាចបំពេញបន្ទុករបស់ខ្លួនបាន។ ត្រូវឱ្យអ្នកអប់រំជំនឿទាំងនោះស្គាល់លទ្ធិនៃព្រះសហគមន៍យ៉ាងច្បាស់ ហើយរៀនចិត្តសាស្ត្រ និងរៀនទ្រឹស្តីនៃក្បួនគរុកោសល្យ ហើយធ្វើការអនុវត្តន៍តាមថែមទៀត។
អស់លោកអភិបាលក៏ត្រូវខិតខំតែងតាំងការអប់រំជំនឿមនុស្សពេញវ័យតាមដំណាក់កាលឡើងវិញ ហើយក៏ត្រូវសម្រួលការអប់រំនេះតាមតម្រូវការដែរ។
១៥- អស់លោកអភិបាលទទួលបន្ទុកប្រោសឱ្យមនុស្សបានវិសុទ្ធ
អស់លោកអភិបាលទទួលបន្ទុកប្រោសឱ្យមនុស្សបានវិសុទ្ធ។ ពេលបំពេញបន្ទុកនោះ អស់លោកត្រូវនឹកចងចាំថា ព្រះជាម្ចាស់បាន “ជ្រើសរើសអស់លោកពីក្នុងចំណោមមនុស្ស ហើយតែងតាំងអស់លោកសម្រាប់ទាក់ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះគេឱ្យរួចពីបាប” (ហប ៥,១)។ អស់លោកអភិបាលទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យយ៉ាងពេញលេញ។ អស់លោកគង្វាល និងឧបដ្ឋាកអាចប្រើអំណាចរបស់ខ្លួនបាន លុះត្រាតែអស់លោកភ្ជាប់ជាមួយអស់លោកអភិបាលប៉ុណ្ណោះ។ អស់លោកគង្វាលត្រូវបានប្រសិទ្ធិជាគង្វាលដ៏ពិតប្រាកដនៃសម្ពន្ធមេត្រីថ្មី ដើម្បីឱ្យទៅជាសហការីដ៏ឈ្លាសវៃនៃក្រុមអភិបាល។ រីឯអស់លោកឧបដ្ឋាកវិញ ត្រូវបានតែងតាំងដើម្បីបម្រើព្រះសហគមន៍ គឺបម្រើប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ទាំងរួបរួមជាមួយលោកអភិបាល និងជាមួយក្រុមគង្វាល។ ហេតុនេះហើយ បានជាអស់លោកអភិបាលពិតជាអ្នកដ៏សំខាន់ជាងគេក្នុងការចែកចាយគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ហាក់ដូចជាអ្នកចាត់ចែង ជាអ្នកលើកស្ទួយ ជាអ្នកថែរក្សាទុកពីធីបុណ្យទាំងមូលឱ្យមានជីវិតរស់រវើកក្នុងព្រះសហគមន៍ដែលព្រះជាម្ចាស់បានផ្ញើទុកមកលោក (ពីធី)។
ហេតុនេះ អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ណែនាំគ្រីស្តបរិស័ទឱ្យស្គាល់គម្រោងការដ៏អស្ចារ្យអំពីព្រះគ្រីស្តសោយទិវង្គត និងមានព្រះជនថ្មីដ៏រុងរឿង និងទទួលជីវិតពីគម្រោងការនោះដោយសារអគ្គសញ្ញាអរព្រះគុណ ដើម្បីឱ្យគេត្រឡប់ទៅជាព្រះកាយតែមួយគត់ ភ្ជាប់រួមជាមួយគ្នាយ៉ាងជិតស្និទ្ធដោយព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជាចំណង។ អស់លោកអភិបាលដែលព្យាយាម “គិតតែពីអធិដ្ឋាន និងបម្រើព្រះបន្ទូល” (កក ៦,៤) លោកត្រូវខិតខំធ្វើឱ្យអស់អ្នកដែលនៅក្នុងបន្ទុកមានចិត្តគំនិតព្យាយាមអធិដ្ឋានដែរ (កក ១,១៤.២,៤៦)។ ដោយគ្រីស្តបរិស័ទទាំងនោះទទួលអគ្គសញ្ញានានា ព្រះជាម្ចាស់ប្រោសប្រណីដល់គេកាន់តែច្រើនឡើង ហើយគេអាចទៅជាសាក្សីដ៏ស្មោះត្រង់ថ្វាយព្រះអម្ចាស់។
អស់លោកអភិបាលជាគ្រូណែនាំគ្រីស្តបរិស័ទឱ្យបានពេញលក្ខណៈ។ ហេតុនេះ អស់លោកត្រូវខិតខំឱ្យក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង អស់បព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតាកាន់តែវិសុទ្ធឡើងៗ គឺម្នាក់ៗតាមបែបបទដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យគេរស់នៅ (ពន្លឺ ៤៤-៤៥)។ តែអស់លោកត្រូវនឹកចងចាំថា អស់លោកមានភារកិច្ចធ្វើជាគំរូអំពីភាពដ៏វិសុទ្ធនេះ ដោយមានចិត្តស្រឡាញ់ និងរស់នៅយ៉ាងសុភាពរាបសា។ សូមអស់លោកប្រោសឱ្យព្រះសហគមន៍ដែលព្រះជាម្ចាស់បានផ្ញើទុកមកលោកបានវិសុទ្ធ ដើម្បីឱ្យមនោសញ្ចេតនានៃព្រះសហគមន៍សកលរបស់ព្រះគ្រីស្តលេចចេញមកយ៉ាងច្បាស់ក្នុងព្រះសហគមន៍ដែលនៅក្នុងបន្ទុករបស់លោក។ ដោយមានចិត្តគំនិតបែបនេះ សូមអស់លោកជួយលើកស្ទួយអស់អ្នកដែលឱ្យព្រះជាម្ចាស់ត្រាស់ហៅឱ្យធ្វើជាគង្វាល និងទៅជាបព្វជិតបព្វជិតា ជាពិសេស ឱ្យទៅជាសាសនទូតទៀតផង។
១៦- អស់លោកអភិបាលមានបន្ទុកគ្រប់គ្រង និងឃ្វាលណែនាំ
អស់លោកអភិបាលមានបន្ទុកធ្វើជាឪពុក និងជាគង្វាល។ ពេលបំពេញបន្ទុកនេះ សូមឱ្យអស់លោករស់នៅកណ្តាលប្រជាជនរបស់ខ្លួនទុកជាអ្នកបម្រើ (លក ២២,២៦-២៧) ទុកជាគង្វាលដ៏ល្អដែលស្គាល់ចៀមរបស់ខ្លួន ហើយដែលចៀមស្គាល់ដែរ។ សូមឱ្យអស់លោកទៅជាឪពុកដ៏ពិតប្រាកដដែលមនុស្សគោរព ដោយអស់លោកមានចិត្តស្រឡាញ់ និងមានចិត្តទូលំទូលាយចំពោះមនុស្សទាំងអស់។ សូមឱ្យមនុស្សទាំងអស់ទទួលស្គាល់អំណាចរបស់អស់លោកទុកជាអំណាចមកពីព្រះជាម្ចាស់ ទាំងអរព្រះគុណផង។ អស់លោកអភិបាលត្រូវប្រមែប្រមូលមហាគ្រួសារនៃហ្វូងចៀមទាំងមូលរបស់ខ្លួន និងផ្តល់ឱ្យមហាគ្រួសារនោះមានជីវិតរស់រវើក។ ដូច្នេះ គ្រីស្តបរិស័ទទាំងអស់មុខជានឹងភ្ញាក់សា្មរតីដឹងអំពីភារកិច្ចរបស់ខ្លួន និងរស់នៅ ហើយប្រព្រឹត្តកិច្ចការនានា ទាំងរួបរួមគ្នាដោយសេចក្តីស្រឡាញ់។
អស់លោកអភិបាលដែល “ប្រុងខ្លួនសម្រាប់ធ្វើអំពើល្អគ្រប់យ៉ាង” (២ធម ២,២១) និង “សុខចិត្តស៊ូទ្រាំគ្រប់បែបយ៉ាងដោយយល់ដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស” (២ធម ២,១០) ត្រូវរស់នៅឱ្យបានស្របតាមតម្រូវការនៃសម័យរបស់ខ្លួន ទើបអស់លោកមានសមត្ថភាពយ៉ាងពិតប្រាកដអាចបំពេញបន្ទុកនេះបាន។ សូមឱ្យអស់លោកអភិបាលស្រឡាញ់គង្វាលយ៉ាងពិសេស ព្រោះគង្វាលបំពេញបន្ទុករបស់អស់លោកមួយចំណែក និងរួមកង្វល់របស់អស់លោក ហើយបូជាកម្លាំងកាយកម្លាំងចិត្តបំពេញកិច្ចការនេះជារៀងរាល់ថ្ងៃ។ ត្រូវរាប់អស់លោកគង្វាលទុកជាកូន និងទុកជាមិត្តសម្លាញ់ (យហ ១៥,១៥) ត្រូវប្រុងស្តាប់គេជានិច្ច មានទំនាក់ទំនងជាមួយគេទាំងទុកចិត្ត។ ធ្វើដូច្នេះ អស់លោកមុខជានឹងលើកស្ទួយកិច្ចការជាគង្វាលរួម និងណែនាំភូមិភាគទាំងមូល។
អស់លោកអភិបាលត្រូវយកចិត្តទុកដាក់នឹងសភាពការណ៍របស់អស់លោកគង្វាលរបស់ខ្លួនខាងផ្លូវវិញ្ញាណ ខាងចំណេះចេះដឹង និងខាងសេដ្ឋកិច្ច ដើម្បីឱ្យលោកគង្វាលមានលទ្ធភាពអាចរស់នៅតាមរបៀបដ៏វិសុទ្ធ និងដោយគោរពប្រណិប័តន៍ព្រះជាម្ចាស់ ព្រមទាំងអាចបំពេញមុខងារបម្រើរបស់ខ្លួនដោយចិត្តស្មោះ និងទាំងបង្កើតផលផង។ ហេតុនេះហើយ បានជាអស់លោកអភិបាលត្រូវជួយស្ថាប័ន និងចាត់ចែងប្រជុំពិសេស ដើម្បីផ្តល់ឱកាសឱ្យអស់លោកគង្វាលរួបរួមគ្នាយូរៗម្តង។ ត្រូវចាត់ចែងសំណាក់ធម៌យ៉ាងវែងបន្តិច ដែលអាចផ្លាស់ប្រែការរស់នៅរបស់អស់លោកឱ្យបានជាថ្មី។ ត្រូវចាត់ចែងឱ្យគង្វាលរៀនវិទ្យាព្រះសហគមន៍ឱ្យកាន់តែស៊ីជម្រៅទៅៗ ជាពិសេស រៀនព្រះគម្ពីរ និងទេវវិទ្យា សិក្សាបញ្ហាសំខាន់ៗក្នុងសង្គម និងវិធីថ្មីក្នុងមុខងារជាគង្វាលទៀតផង។ អស់លោកអភិបាលត្រូវមានចិត្តមេត្តាយ៉ាងសកម្មចំពោះលោកគង្វាលណាដែលជួបប្រទះគ្រោះកាច ទោះជាគ្រោះកាចណាក៏ដោយ ឬលោកគង្វាលដែលភ្លាត់ត្រង់ចំណុចណាមួយក៏ដោយដែរ។
អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ស្គាល់តម្រូវការរបស់គ្រីស្តបរិស័ទតាមសភាពការណ៍សង្គមដែលគេរស់នៅ ដើម្បីជួយផ្គត់ផ្គង់គេម្នាក់ៗស្របតាមសភាពការណ៍រៀងៗខ្លួន។ ត្រូវប្រើវិធីយ៉ាងសមគួរដើម្បីសិក្សាអំពីតម្រូវការទាំងនោះ ជាពិសេស ត្រូវធ្វើអង្កេតស៊ើបសួររកព័ត៌មានក្នុងសង្គម។ អស់លោកត្រូវចាប់អារម្មណ៍នឹងមនុស្សទាំងអស់ ទោះបីគេស្ថិតនៅក្នុងវ័យណាក្តី សភាពការណ៍ក្នុងសង្គមណាក្តី ប្រទេសណាក្តី ជាអ្នកកើតក្នុងស្រុក ឬជាជនបរទេសក្តី ឬជាអ្នកធ្វើដំណើរក្តី។ ពេលអស់លោកសម្ដែងសេចក្តីស្រឡា្ញញ់ក្នុងការណែនាំនោះ សូមអស់លោកចាត់ចែងឱ្យគ្រីស្តបរិស័ទមានចំណែករបស់គេក្នុងកិច្ចការរបស់ព្រះសហគមន៍។ សូមអស់លោកទទួលស្គាល់ថា គេមានភារកិច្ច និងសិទ្ធិធ្វើការយ៉ាងសកម្មក្នុងការសាងសង់ព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត។
អស់លោកអភិបាលត្រូវគិតគូរយ៉ាងពិសេសដល់បងប្អូនដែលបែកចេញពីព្រះសហគមន៍កាតូលិកយើង ទាំងទូន្មានឱ្យគ្រីស្តបរិស័ទកាតូលិករាប់រកគេដោយមនុស្សធម៌ និងដោយសេចក្តីស្រឡាញ់យ៉ាងខ្លាំង។ សូមលើកទឹកចិត្តគ្រីស្តបរិស័ទកាតូលិកឱ្យចូលក្នុងចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយតាមគោលគំនិតនៃព្រះសហគមន៍ (បង្រួប)។ អស់លោកក៏ត្រូវស្រឡាញ់អ្នកដែលមិនបានទទួលអគ្គសញ្ញាជ្រមុជទឹកយ៉ាងខ្លាំងដែរ ដើម្បីឱ្យពន្លឺនៃព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តយេស៊ូចាំងលើគេ ព្រោះអស់លោកអភិបាលជាសាក្សីថ្វាយព្រះអង្គនៅចំពោះមុខមនុស្សទាំងអស់។
១៧- របៀបបំពេញកិច្ចជាគ្រីស្តទូត
ត្រូវជួយលើកទឹកចិត្តគ្រីស្តបរិស័ទដែលបំពេញកិច្ចការជាគ្រីស្តទូតតាមរបៀបផ្សេងៗ។ ក្នុងភូមិភាគទាំងប៉ុន្មាន និងក្នុងតំបន់ពិសេសនានា ត្រូវជួយឱ្យគ្រីស្តបរិស័ទទាំងអស់ដែលបំពេញកិច្ចការជាគ្រីស្តទូតរួមសហការគ្នាកាន់តែជិតស្និទ និងកាន់តែខ្លាំងឡើងៗក្រោមការណែនាំរបស់លោកអភិបាល។ ដូច្នេះ កិច្ចការអ្វីៗដែលគេចាប់ផ្តើមធ្វើ និងស្ថាប័ននានា គឺការអប់រំជំនឿ ការប្រកាសដំណឹងល្អ កិច្ចការខាងមនុស្សធម៌ សង្គមកិច្ច ការបង្រៀនសិស្ស និងកិច្ចការជាគង្វាលណែនាំគ្រីស្តបរិស័ទតាមបែបផ្សេងៗឯទៀតមុខជានឹងរួមសហការគ្នាពុំខាន។ ដូច្នេះ ភូមិភាគសម្តែងឱ្យកាន់តែច្បាស់ថា ខ្លួនរួបរួមជាធ្លុងតែមួយមែន។
ត្រូវគូសសង្កត់ជាខ្លាំងថា គ្រីស្តបរិសទមានភារកិ្ចបំពេញកិច្ចការជាគ្រីស្តទូត គឺម្នាក់ៗតាមសភាពការណ៍ និងតាមទេពកោសល្យរៀងៗខ្លួន។ ហេតុនេះ ត្រូវទូន្មានគេឱ្យចូលរួម និងជួយសកម្មភាពផ្សេងៗក្នុងកិច្ចការរបស់គ្រីស្តបរិស័ទធម្មតាក្នុងឋានៈជាគ្រីស្តទូត ជាពិសេស ចូលរួម និងជួយសកម្មភាពកាតូលិក។ អស់លោកអភិបាលក៏ត្រូវលើកស្ទួយ និងជួយគាំទ្រសមាគមដែលមានទិសដៅទៅលោកខាងមុខ ទោះបីគេបញ្ជាក់គោលដៅនេះយ៉ាងចំៗក្តី ឬមិនចំៗក្តី។ សមាគមទាំងនោះតែងតែខិតខំរស់នៅកាន់តែពេញលក្ខណៈ ឬប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តដល់មនុស្សទាំងអស់ ឬផ្សព្វផ្សាយលទ្ធិនៃគ្រីស្តសាសនា ឬធ្វើឱ្យពីធីបុណ្យចម្រើនឡើងជាសាធារណៈ ឬមានគោលដៅខាងសង្គម ឬបំពញកិច្ចគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងកិច្ចការមនុស្សធម៌។ល។ និង។ល។
កិច្ចការជាគ្រីស្តទូតទាំងប៉ុន្មានត្រូវសមស្របយ៉ាងច្បាស់តាមតម្រូវការនាបច្ចុប្បន្នកាល មិនត្រឹមតែដោយគិតគូរដល់សភាពការណ៍ខាងវិញ្ញាណ និងខាងសីលធម៌ប៉ុណ្ណោះទេ តែត្រូវគិតគូរដល់សភាពការណ៍ក្នុងសង្គម និងដល់សភាពការណ៍នៃប្រជាសាស្រ្ត ហើយនឹងសភាពការណ៍សេដ្ឋកិច្ចទៀតផង។ ត្រូវប្រើសេចក្តីរាយការណ៍របស់អ្នកជំនាញការខាងសង្គមវិទ្យាណែនាំ និងខាងសង្គមសាស្រ្តសាសនាដែលអាចជួយយ៉ាងសកម្មឱ្យស្គាល់តម្រូវការតាមរបៀបដែលមានប្រយោជន៍។ ហេតុនេះ មហាសន្និបាតទូន្មានយ៉ាងខ្លាំងឱ្យធ្វើអង្កេតទាំងនោះ។
១៨- អស់លោកអភិបាលត្រូវយកចិត្តទុកដាក់ស្រឡាញ់ក្រុមពិសេសខ្លះ
អស់លោកអភិបាលត្រូវយកចិត្តទុកដាក់យ៉ាងពិសេសចំពោះក្រុមគ្រីស្តបរិស័ទខ្លះដែលរស់នៅតាមសភាពការណ៍មួយ ដែលបណ្តាលឱ្យលោកគង្វាលទទួលខុសត្រូវលើសហគមន៍នានាមិនអាចបម្រើគេជាធម្មតាទូទៅឱ្យបានគ្រប់គ្រាន់បាន ឬមិនអាចបម្រើគេទាល់តែសោះ គឺមានអន្តោប្រវេសន៍ថ្មីៗ ជនដែលត្រូវគេនិរទេស ជនភៀសខ្លួន ពួកនាវិក និងអ្នកបើកយន្តហោះ ពនេចរ និងក្រុមមនុស្សប្រភេទដូចគ្នា។ អភិបាលត្រូវជួយពង្រីកវិធីឃ្វាលណែនាំគ្រីស្តបរិស័ទយ៉ាងសមស្របតាមសភាពការណ៍ ដើម្បីជួយគាំទ្រជីវិតខាងវិញ្ញាណរបស់អស់អ្នកដែលទៅកាន់ប្រទេសដទៃមួយរយៈពេល ដើម្បីលំហែកាយ។
ក្រុមអភិបាល ជាពិសេស ក្រុមអភិបាលតាមប្រទេសនីមួយៗត្រូវសិក្សាយ៉ាងហ្មត់ចត់នូវបញ្ហាជាបន្ទាន់ជាងគេ ដែលពាក់ព័ន្ធនឹងក្រុមគ្រីស្តបរិស័ទទាំងនោះ។ ត្រូវផ្គត់ផ្គង់ថែទាំគ្រីស្តបរិស័ទទាំងនោះតាមផ្លូវវិញ្ញាណ ស្របតាមអស់លោកអាចធ្វើបាន ដោយប្រើវិធី និងស្ថាប័នស្របតាមតម្រូវការរបស់គេ និងដោយគ្រីស្តបរិស័ទខិតខំប្រឹងប្រែងទាំងអស់គ្នា។ ក្នុងករណីនេះ ត្រូវនឹកគិតដល់សេចក្តីណែនាំ និងវិន័យដែលអាសនៈនៃគ្រីស្តទូតសិលាបានចាត់ចែងរួចហើយ ឬដែលអាសនៈនៃគ្រីស្តទូតសិលាត្រូវចាត់ចែងនៅពេលខាងមុខទៀតផង។ ប៉ុន្តែ ត្រូវសម្រួលសេចក្តីណែនាំ និងវិន័យទាំងនោះស្របតាមសភាពការណ៍នៃកាលៈទេសៈនៃទីកន្លែង និងរបស់មនុស្សទៀតដែរ។
១៩- អស់លោកអភិបាលមានសេរីភាព និងទំនាក់ទំនងរបស់អស់លោកជាមួយរដ្ឋអំណាច
អស់លោកអភិបាលមានសេរីភាពពេញទី និងពេញលក្ខណៈ មិនចំណុះនឹងរដ្ឋអំណាចណាមួយឡើយ ដើម្បីឱ្យអស់លោកអាចបំពេញមុខងារបម្រើរបស់ខ្លួនជាគ្រីស្តទូតបាន ដែលមានទិសដៅសង្គ្រោះវិញ្ញាណមនុស្ស។ ហេតុនេះ គ្មាននរណាមានសិទ្ធិឃាត់អស់លោកដោយចំៗក្តី ឬដោយបញ្ឆិតបញ្ឆៀងក្តី មិនឱ្យបំពេញមុខងាររបស់ខ្លួនក្នុងព្រះសហគមន៍ ឬហាមអស់លោកមិនឱ្យទាក់ទងជាមួយអាសនៈរបស់គ្រីស្តទូតសិលាដោយសេរី ឬជាមួយអំណាចឯទៀតៗក្នុងព្រះសហគមន៍ ឬជាមួយអ្នកដែលនៅក្រោមបញ្ជារបស់អស់លោកទៀតផង។
តាមពិត ដោយអស់លោកយកចិត្តទុកដាក់ថែរក្សាហ្វូងចៀមរបស់ខ្លួនតាមវិញ្ញាណ អស់លោកក៏ជួយឱ្យសង្គមចម្រើនឡើង និងឱ្យមនុស្សបានសុភមង្គលដែរ គឺអស់លោកប្រើអំណាចផ្ទាល់តាមបន្ទុករបស់ខ្លួន និងសមនឹងឋានៈរបស់ខ្លួនជាអភិបាល ក៏រួមសហការជាមួយរដ្ឋអំណាចក្នុងគោលបំណងឱ្យសង្គមចម្រើនឡើង គឺអស់លោកទូន្មានឱ្យគ្រីស្តបរិស័ទប្រតិបត្តិតាមច្បាប់ដ៏ត្រឹមត្រូវ និងគោរពរដ្ឋអំណាចតែងតាំងស្របតាមច្បាប់។
២០- សេរីភាពក្នុងការតែងតាំងអភិបាល
ព្រះគ្រីស្តជាអម្ចាស់តែងតាំងអស់លោកអភិបាលឱ្យមានបន្ទុកជាគ្រីស្តទូត អស់លោកក៏មានគោលដៅខាងវិញ្ញាណ ជាទិសដៅនៅលោកខាងមុខ។ ហេតុនេះ មហាសន្និបាតសកលដ៏វិសុទ្ធនេះប្រកាសថា មានតែអំណាចដែលមានសមត្ថកិច្ចក្នុងព្រះសហគមន៍ប៉ុណ្ណោះទេ មានសិទ្ធិតែងតាំងអភិបាលបាន។ សិទ្ធិនោះជាសិទ្ធិផ្ទាល់របស់អំណាចដែលមានសមត្ថកិច្ចក្នុងព្រះសហគមន៍ គ្មាននរណាមានសិទ្ធិនោះទាល់តែសោះ។
ហេតុនេះហើយ បានជាមហាសន្និបាតមានបំណងប្រាថ្នាថា នៅពេលអនាគត កុំបណ្តោយឱ្យរដ្ឋអំណាចមានសិទ្ធិ ឬឯកសិទ្ធិជ្រើសរើស ឬតែងតាំង ឬបង្ហាញឈ្មោះ ឬដាក់ឈ្មោះនរណាឱ្យទទួលបន្ទុកជាអភិបាលឡើយ។ ធ្វើដូច្នេះ មហាសន្និបាតការពារសិទ្ធិសេរីភាពរបស់ព្រះសហគមន៍យ៉ាងត្រឹមត្រូវ និងជួយជាប្រយោជន៍ដល់គ្រីស្តបរិស័ទស្របតាមជំនឿ និងងាយស្រួលប្រតិបត្តិ។ មហាសន្និបាតទទួលស្គាល់វិធានការរបស់រដ្ឋអំណាចខ្លះចំពោះព្រះសហគមន៍ និងរាប់រកវិធានការទាំងនោះទុកជាមានតម្លៃ ទាំងអរគុណផង។ ប៉ុន្តែ មហាសន្និបាតសូមជម្រាបរដ្ឋអំណាចដោយគោរពជាទីបំផុតថា សូមឱ្យរដ្ឋអំណាចទាំងនោះ លែងទាមទារសិទ្ធិ និងឯកសទ្ធិដែលខ្លួនមានតាមកិច្ចព្រមព្រៀង ឬតាមប្រពៃណីស្រុកទេស សូមលះបង់សិទ្ធិ និងឯកសិទ្ធិទាំងនោះដោយខ្លួនឯងក៏បាន ឬដោយធ្វើកិច្ចព្រមព្រៀងជាមួយសន្តៈអាសនៈក៏បានដែរ។
២១- ការលាលែងបន្ទុកជាអភិបាល
បន្ទុករបស់អភិបាលជាគង្វាលមានសារៈសំខាន់យ៉ាងខ្លាំងណាស់ និងធ្ងន់ធ្ងរជាទីបំផុត។ ហេតុនេះ ប្រសិនបើអស់លោកអភិបាលភូមិភាគ និងអភិបាលឯទៀតៗដែលនៅក្រោមសេចក្តីចាត់ចែងនៃក្បួនច្បាប់ដដែលនោះមិនសូវមានលទ្ធភាពបំពេញបន្ទុករបស់ខ្លួនតទៅទៀតបាន ព្រោះអស់លោកមានវ័យចាស់ជរា ឬដោយមូលហេតុផ្សេងៗដ៏ធ្ងន់ធ្ងរ មហាសន្និបាតសុំឱ្យលោកលាលែងការងាររបស់ខ្លួនដោយខ្លួនឯង ឬដោយអំណាចដែលមានសមត្ថកិច្ចអញ្ជើញលោកឱ្យលាលែង។ ប្រសិនបើអំណាចដែលមានសមត្ថកិច្ចសុខចិត្តទទួលការលាលែងការងារ អំណាចនោះក៏ត្រូវយកចិត្តទុកដាក់ធានាឱ្យអស់លោកដែលលាលែងការងារបានជីវភាពយ៉ាងសមគួរ និងទទួលស្គាល់សិទ្ធិពិសេសរបស់អស់លោកទៀតផង។
២- ការកំណត់ព្រំដែនភូមិភាគ
២២- ត្រូវកែសម្រួលព្រំដែនភូមិភាគ
ភូមិភាគអាចបំពេញគោលដៅរបស់ខ្លួនបាន ទីមួយ លុះត្រាតែគេឃើញយ៉ាងច្បាស់ថា ភូមិភាគនោះមានលក្ខណៈជាព្រះសហគមន៍ គឺជាចំណែកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ ទីពីរ លុះត្រាតែអភិបាលទាំងប៉ុន្មានអាចបំពេញបន្ទុកនានារបស់ខ្លួនជាគង្វាលយ៉ាងសកម្មបាន។ ទីបី លុះត្រាតែលោកអភិបាលអាចជួយប្រជារាស្រ្តរបស់ព្រះជាម្ចាស់ឱ្យទៅកាន់ការសង្រ្គោះបានតាមរបៀបកាន់តែល្អប្រសើរឡើងៗ។
ហេតុនេះហើយ បានជាត្រូវកំណត់ព្រំដែនភូមិភាគយ៉ាងសមគួរ ហើយក៏ត្រូវគិតគូរអំពីការចែកចាយអស់ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង និងធនធាននានាយ៉ាងសមរម្យស្របតាមតម្រូវការនៃកិច្ចការជាគ្រីស្តទូត។ ការណ៍ទាំងនោះ មិនគ្រាន់តែបម្រើប្រយោជន៍របស់អស់ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង និងគ្រីស្តបរិស័ទឯទៀតៗប៉ុណ្ណោះទេ តែបម្រើប្រយោជន៍របស់ព្រះសហគមន៍កាតូលិកទាំងមូលទៀតផង។
ហេតុនេះ មហាសន្និបាតសម្រេចថា ត្រូវកែសម្រួលព្រំដែនភូមិភាគឱ្យបានត្រឹមត្រូវដោយប្រុងប្រយ័ត្ន និងនៅពេលឆាប់ៗខាងមុខនេះ តាមតែប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទទាមទារឱ្យកែសម្រួល។ ជួនកាលត្រូវចែកភូមិភាគ ជួនកាលត្រូវបំបែកភូមិភាគ ជួនកាលត្រូវបង្រួបបង្រួមភូមិភាគខ្លះឱ្យទៅជាភូមិភាគតែមួយ ជួនកាលត្រូវកែសម្រួលព្រំដែន ឬត្រូវតែងតាំងអាសនៈរបស់លោកអភិបាលនៅកន្លែងស្រួល។ ក្នុងភូមិភាគខ្លះដែលមានក្រុងធំៗត្រូវចាត់ចែងផ្ទៃក្នុងតាមរបៀបថ្មី។
២៣- សេចក្តីណែនាំក្នុងករណីកំណត់ព្រំដែនភូមិភាគ
ពេលកែសម្រួលព្រំដែនភូមិភាគត្រូវធានាឱ្យបុគ្គលទាំងអស់ ការិយាល័យ និងស្ថាប័នទាំងប៉ុន្មានអាចរួបរួមផ្ទៃក្នុងដូចជារូបកាយដែលមានជីវិតរស់រវើក។ នេះជាការសំខាន់ជាងគេ។ ក្នុងករណីនីមួយៗត្រូវពិនិត្យមើលសភាពការណ៍ទាំងអស់យ៉ាងហ្មត់ចត់សិន ទើបសូមគិតដល់សេចក្តីទូទៅដូចតទៅ៖
ក- ក្នុងការកំណត់ព្រំដែនភូមិភាគ ប្រសិនបើអាចធ្វើបាន ត្រូវគិតគូរដល់ក្រុមផ្សេងៗនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ ការគិតគូរដល់ក្រុមទាំងនោះអាចជួយលោកអភិបាលយ៉ាងខ្លាំងឱ្យបំពេញបន្ទុកជាគង្វាលយ៉ាងល្អប្រសើរ។ នៅពេលជាមួយគ្នានេះ ប្រសិនបើអាចធ្វើបាន ត្រូវយកចិត្តទុកដាក់រកទុកប្រជុំជននៃប្រជារាស្រ្តនេះនៅរួបរួមជាមួយការិយាល័យរដ្ឋការ និងស្ថាប័នក្នុងសង្គមដែលសុទ្ធតែជារចនាសម្ព័ន្ធផ្ទៃក្នុងនៃប្រជុំជនទាំងនោះ។ ហេតុនេះ ដែនដីនៃភូមិភាគនីមួយៗត្រូវជាប់ជាមួយគ្នា មិនត្រូវមានតំបន់ផ្សេងៗដាច់ពីគ្នាឡើយ។
ជួនកាលត្រូវយកចិត្តទុកដាក់នឹងព្រំដែនតំបន់រដ្ឋការ និងគិតគូរដល់សភាពការណ៍ពិសេសរបស់បុគ្គលនានា ឬរបស់តំបន់់នីមួយៗ គឺត្រូវគិតគូរដល់ចិត្តសាស្រ្ត ដល់សេដ្ឋកិច្ច ដល់ភូមិសាស្រ្ត និងដល់ប្រវត្តិសាស្រ្ត។
ខ- តាមធម្មតា ទំហំភូមិភាគ ឬចំនួនមនុស្សរស់នៅក្នុងភូមិភាគត្រូវស្របតាមសេចក្តីសំខាន់ពីរខាងក្រោមនេះ ទីមួយ ទោះបីមានគង្វាលជួយលោកអភិបាលក៏ដោយ លោកអភិបាលត្រូវមានសមត្ថភាពធ្វើពិធីដោយខ្លួនលោកផ្ទាល់ក្នុងឋានៈជាអភិបាល និងធ្វើទស្សនកិច្ចយ៉ាងស្រួលក្នុងឋានៈជាគង្វាល ហើយណែនាំ និងចាត់ចែងកិច្ចការជាគ្រីស្តទូតទាំងប៉ុន្មានក្នុងភូមិភាគយ៉ាងត្រឹមត្រូវ ជាពិសេស លោកត្រូវស្គាល់អស់លោកគង្វាល បព្វជិត បព្វជិតា និងគ្រីស្តបរិស័ទធម្មតាដែលទទួលចំណែករួមក្នុងកិច្ចការនានានៃភូមិភាគ។ ទីពីរ ភូមិភាគត្រូវធំទូលាយល្មម និងគួរសម ដើម្បីឱ្យលោកអភិបាល និងក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង អាចប្រើកម្លាំងកាយកម្លាំងចិត្តបំពេញមុខងារបម្រើរបស់ខ្លួនយ៉ាងល្អ ទាំងមិនដែលបំភ្លេចតម្រូវការនៃព្រះសហគមន៍សកលទាំងមូលផង។
គ- មិនតែប៉ុណ្ណោះ លោកអភិបាលត្រូវមានសមត្ថភាពអាចបំពេញមុខងារបម្រើការសង្គ្រោះក្នុងភូមិភាគតាមរបៀបស្របនឹងសភាពការណ៍។ ហេតុនេះ ត្រូវកាន់តាមគោលការណ៍ទាំងប៉ុន្មានខាងក្រោមនេះ៖
- ក្នុងភូមិភាគនីមួយៗត្រូវមានចំនួនអ្នកទទួលអគ្គសញ្ញាតែងតាំងឱ្យបានគ្រប់គ្រាន់ និងត្រូវឱ្យលោកទាំងនោះមានគុណសម្បត្តិល្អដែរ ដើម្បីឃ្វាលប្រជារាស្រ្តរបស់ព្រះជាម្ចាស់តាមរបៀបដែលត្រូវឃ្វាល។
- ត្រូវមានការិយាល័យបម្រើស្ថាប័ន និងអង្គការផ្ទាល់របស់ព្រះសហគមន៍ដោយឡែក គឺការិយាល័យ ស្ថាប័ន និងអង្គការដែលមានសារៈសំខាន់ជាចាំបាច់ ដើម្បីគ្រប់គ្រងភូមិភាគយ៉ាងល្អ និងសម្រាប់បំពេញកិច្ចការជាគ្រីស្តទូត។
- ភូមិភាគត្រូវមានធនធានដែលត្រូវការដើម្បីផ្គត់ផ្គង់បុគ្គលិក និងស្ថាប័នទាំងប៉ុន្មានរបស់ខ្លួន គឺយ៉ាងហោចណាស់ត្រូវប្រុងប្រយ័ត្នចាត់ចែងអ្វីៗកំុឱ្យភូមិភាគខ្វះធនធានទាំងនោះនៅពេលអនាគត។
នៅតំបន់ណាដែលមានគ្រីស្តបរិស័ទកាន់តាមរបៀបរបបពិធីប្លែកៗពីគ្នា អភិបាលភូមិភាគត្រូវបំពេញតម្រូវការខាងវិញ្ញាណរបស់គេ។ ត្រូវប្រីវិធីផ្សេងៗដូចតទៅ៖
- ត្រូវចាត់ចែងឱ្យមានគង្វាល ឬចាត់ចែងឱ្យមានសហគមន៍ដែលកាន់តាមរបៀបរបបពិធីតែមួយដូចគ្នានោះ។
- ឬត្រូវតែងតាំងតំណាងអភិបាលម្នាក់ប្រកបដោយអំណាចគ្រប់គ្រាន់។ ប្រសិនបើត្រូវការ តំណាងនេះអាចទទួលអគ្គសញ្ញាតែងតាំងជាអភិបាលបាន។
- ឬលោកអភិបាលផ្ទាល់បំពេញមុខងារជាអភិបាលលើក្រុមទាំងនោះដែលកាន់តាមរបៀបរបបពិធីប្លែកៗពីគ្នាក៏បានដែរ។
- ប្រសិនបើមានមូលហេតុពិសេសបណ្តាលឱ្យកិច្ចការទាំងអស់ខាងលើនេះមិនអាចធ្វើទៅបានទេ តាមការវិនិច្ឆ័យរបស់សន្តអាសនៈ ត្រូវតែងតាំងអភិបាលម្នាក់សម្រាប់ណែនាំក្រុមគ្រីស្តបរិស័ទដែលកាន់តាមរបៀបរបបពិធីនីមួយៗ (បូព៌ា ៤)។
ក្នុងសភាពការណ៍ស្រដៀងនឹងសភាពការណ៍ខាងលើនោះ ត្រូវផ្គត់ផ្គង់តម្រូវការខាងវិញ្ញាណរបស់គ្រីស្តបរិស័ទដែលនិយាយភាសាផ្សេងដោយប្រើវិធីដូចតទៅ៖ ត្រូវចាត់ចែងឱ្យមានគង្វាល ឬចាត់ចែងឱ្យមានសហគមន៍ដែលនិយាយភាសានោះ ឬត្រូវចាត់ចែងឱ្យមានតំណាងអភិបាលម្នាក់ដែលចេះនិយាយភាសានោះយ៉ាងជ្រៅ ឬតំណាងអភិបាលនេះត្រូវទទួលអគ្គសញ្ញាតែងតាំងជាអភិបាល ឬម៉្យាងទៀត ត្រូវប្រើវិធីផ្សេងទៀតស្របតាមសភាពការណ៍នោះឱ្យបានស្រួល។
២៤- ត្រូវសូមឱ្យក្រុមអភិបាលបោះឆ្នោត
ព្រះសហគមន៍ខាងបូព៌ាប្រទេសកាន់ក្បួនវិន័យដោយខ្លួន។ ក្នុងករណីកែសម្រួលព្រំដែនភូមិភាគ ឬបង្កើតអ្វីជាថ្មីតាមលេខ ២២-២៣ ខាងលើនេះ ក្រុមអភិបាលដែលមានសមត្ថកិច្ចត្រូវពិនិត្យមើលរឿងទាំងនោះតាមតំបន់រៀងៗខ្លួន។ ប្រសិនបើក្រុមអភិបាលយល់ឃើញថា ការកែសម្រួលព្រំដែនភូមិភាគមានប្រយោជន៍មែន ត្រូវបង្កើតគណៈកម្មាធិការពិសេសរបស់ក្រុមអភិបាល។ ប៉ុន្តែ ក្នុងករណីនេះត្រូវស្តាប់យោបល់ជាអាទិ៍របស់អភិបាលនៃតំបន់ ឬនៃដែនដីដែលពាក់ព័ន្ធនឹងរឿងនោះ។ ក្រោយមក ក្រុមអភិបាលត្រូវផ្តល់យោបល់ និងសេចក្តីប៉ងប្រាថ្នារបស់ខ្លួន គោរពជម្រាបជូនដល់អាសនៈរបស់គ្រីស្តទូតសិលា។
៣- សហការីរបស់អភិបាលភូមិភាគ ក្នុងកិច្ចបំពេញបន្ទុកជាគង្វាល
ក- អភិបាលរង និងអភិបាលជាឧបការី
២៥- សេចក្តីណែនាំដើម្បីតែងតាំងអភិបាលរង និងអភិបាលឧបការី
ក្នុងកិច្ចគ្រប់គ្រងភូមិភាគ ត្រូវផ្ញើបន្ទុកជាគង្វាលរបស់លោកអភិបាលដោយគិតគូរដល់ប្រយោជន៍ហ្វូងរបស់ព្រះអម្ចាស់ជានិច្ច។ នេះគឺជាគោលសំខាន់ដ៏ខ្ពង់ខ្ពស់ជាងគេបំផុត។ ប្រសិនបើអភិបាលភូមិភាគគ្មានសមត្ថភាពបំពេញមុខងារទាំងប៉ុន្មានរបស់ខ្លួនដោយផ្ទាល់បាន ព្រោះភូមិភាគមានទំហំធំពេក ឬព្រោះប្រជាជនមានចំនួនច្រើនពេក ឬព្រោះសភាពការណ៍ពិសេសនៃកិច្ចការជាគ្រីស្តទូត ឬព្រោះមូលហេតុផ្សេងៗទៀត ត្រូវតែងតាំងអភិបាលរងម្នាក់។ ធ្វើដូច្នេះ ទើបលោកអភិបាលអាចផ្គត់ផ្គង់ដល់ប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទក្នុងភូមិភាគតាមតម្រូវការរបស់គេបាន។ លើសពីនេះទៅទៀត ប្រសិនបើមានតម្រូវការពិសេស ត្រូវតែងតាំងអភិបាលឧបការីម្នាក់ដើម្បីជួយអភិបាលក្នុងភូមិភាគ។ ត្រូវផ្តល់ឱ្យអភិបាលរង និងអភិបាលឧបការីមានអំណាចគ្រប់គ្រាន់ ដើម្បីឱ្យអស់លោកអាចបំពេញកិច្ចការរបស់ខ្លួនបានដោយប្រសិទ្ធភាព និងរក្សាកិត្តិយសនៃឋានៈរបស់់លោកជាអភិបាលទៀតផង។ ប៉ុន្តែ ត្រូវនៅតែគ្រប់គ្រងភូមិភាគរួបរួមគ្នា និងត្រូវគោរពអំណាចអភិបាលភូមិភាគជានិច្ច។
លើសពីនេះទៅទៀត ព្រះសហគមន៍ត្រាស់ហៅអភិបាលរង និងអភិបាលឧបការីឱ្យចែករំលែកកិច្ចការរបស់អភិបាលភូមិភាគ។ ហេតុនេះ អភិបាលរង និងអភិបាលឧបការីត្រូវបំពេញបន្ទុករបស់ខ្លួនដោយសម្រេចកិច្ចការទាំងអស់រួបរួមជាមួយអភិបាលភូមិភាគដោយមានចិត្តថ្លើមតែមួយ។ អភិបាលរង និងអភិបាលឧបការីត្រូវសុខចិត្តស្ថិតនៅក្រោមអំណាចអភិបាលភូមិភាគ និងគោរពលោកជានិច្ច។ រីឯអភិបាលភូមិភាគវិញ លោកត្រូវស្រឡាញ់អភិបាលរង និងអភិបាលឧបការីទុកជាបងប្អូន និងត្រូវរាប់អស់លោកទាំងនោះទុកជាអ្នកមានតម្លៃទៀតផង។
២៦- អំណាចអភិបាលរង និងអភិបាលឧបការី
ប្រសិនបើប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទទាមទារ អភិបាលភូមិភាគមិនត្រូវរួញរាសុំឱ្យអំណាចដែលមានសមត្ថកិច្ចតែងតាំងអភិបាលរងម្នាក់ ឬច្រើននាក់។ អភិបាលរង គឺជាអភិបាលតែងតាំងសម្រាប់ជួយភូមិភាគមួយ ប៉ុន្តែ នៅពេលអភិបាលភូមិភាគលែងបំពេញមុខងារបស់ខ្លួន អភិបាលរងគ្មានសិទ្ធិបន្តមុខងារធ្វើជាអភិបាលនៃភូមិភាគនោះបានឡើយ។ ប្រសិនបើលិខិតតែងតាំងអភិបាលរងមិនបញ្ជាក់សេចក្តីនេះទេ អភិបាលភូមិភាគត្រូវតែងតាំងអភិបាលរងម្នាក់ ឬច្រើននាក់ជាតំណាងពេញសិទ្ធិរបស់ខ្លួន ឬយ៉ាងហោចណាស់ តែងតាំងលោក ឬអស់លោកជាតំណាងអភិបាលដែលចុះចូលក្រោមអំណាចរបស់លោកអភិបាលតែម្នាក់គត់។ សូមឱ្យលោកអភិបាលសួរយោបល់អភិបាលរងទាំងនោះក្នុងករណីដ៏សំខាន់ៗ ជាពិសេស ក្នុងករណីដែលមានលក្ខណៈឃ្វាលណែនាំគ្រីស្តបរិស័ទ។ អំណាច និងឯកសិទ្ធិរបស់អភិបាលរងតាមក្បួនច្បាប់រួមនៃព្រះសហគមន៍ មិនផុតនៅពេលអភិបាលភូមិភាគឈប់បំពេញបន្ទុករបស់ខ្លួនទេ លើកលែងតែអំណាចដែលមានសមត្ថកិច្ចបានសម្រេចតាមរបៀបផ្សេង។ ប្រសិនបើគ្មានអភិបាលណែនាំភូមិភាគទេ គួរផ្ញើបន្ទុកគ្រប់គ្រងភូមិភាគឱ្យអភិបាលរង ឬប្រសិនបើមានអភិបាលរងច្រើន ឱ្យអភិបាលរងម្នាក់គ្រប់គ្រង លើកលែងតែមានមូលហេតុដ៏សំខាន់ៗបណ្តាលឱ្យប្រព្រឹត្តតាមរបៀបផ្សេង។
អភិបាលឧបការី គឺជាអភិបាលតែងតាំងដោយមានសិទ្ធិបន្តមុខងារអភិបាលភូមិភាគ។ អភិបាលភូមិភាគត្រូវតែងតាំងអភិបាលឧបការីទុកជាតំណាងពេញសិទ្ធិរបស់ខ្លួនជានិច្ច។ ក្នុងករណីពិសេស អំណាចដែលមានសមត្ថកិច្ចអាចផ្តល់សិទ្ធិទូលំទូលាយជាងទៅទៀតបានផង។
អភិបាលដែលមានឧបការី និងអភិបាលឧបការីផ្ទាល់ត្រូវតែពិគ្រោះគ្នាទៅវិញទៅមកអំពីបញ្ហាដ៏សំខាន់ៗ ដើម្បីជាប្រយោជន៍នាពេលបច្ចុប្បន្ន និងនៅពេលអនាគតនៃភូមិភាគដែរ។
ខ- រដ្ឋបាល និងក្រុមប្រឹក្សាភូមិភាគ
២៧- ការចាត់ចែងរដ្ឋបាល និងការបង្កើតក្រុមប្រឹក្សាគង្វាលណែនាំ
ក្នុងរដ្ឋបាលភូមិភាគ គឺតំណាងពេញសិទ្ធិមានមុខងារសំខាន់ជាងគេ។ ប៉ុន្តែ ពេលណាការគ្រប់គ្រងរបស់ភូមិភាគទាមទារនោះ លោកអភិបាលមានសិទ្ធិអាចតែងតាំងតំណាងអភិបាលម្នាក់ ឬច្រើននាក់។ តំណាងអភិបាលទាំងនោះមានអំណាចទាំងប៉ុន្មានរបស់តំណាងពេញសិទ្ធិតាមក្បួនច្បាប់រួមនៃព្រះសហគមន៍លើផ្នែកមួយនៃភូមិភាគ ឬលើករណីពិសេសខ្លះ ឬលើគ្រីស្តបរិស័ទនៃរបៀបរបបពីធីដោយឡែកមួយក្រុម។
ក្នុងចំណោមសហការីរបស់លោកអភិបាលក្នុងកិច្ចគ្រប់គ្រងភូមិភាគ មានអស់លោកគង្វាលដែលចូលក្នុងក្រុមប្រឹក្សា ដែលជាព្រឹទ្ធសភារបស់លោកអភិបាល មានក្រុមព្រះវិហារវិសាល មានក្រុមជំនាញការ និងក្រុមផ្សេងៗស្រេចតែសភាពការណ៍ និងកន្លែងផ្សេងៗ។ ត្រូវចាត់ចែងស្ថាប័នទាំងនោះ ជាពិសេស ក្រុមព្រះវិហារវិសាលតាមរបៀបថ្មីស្របតាមតម្រូវការនាបច្ចុប្បន្នកាល។
អស់លោកគង្វាល និងគ្រីស្តបរិស័ទធម្មតាដែលជាសមាជិកនៃរដ្ឋបាលភូមិភាគត្រូវដឹងច្បាស់ថា អស់លោកអ្នកបំពេញមុខងារបម្រើរួមជាមួយលោកអភិបាលជាគង្វាលណែនាំ។ ត្រូវចាត់ចែងរដ្ឋបាលភូមិភាគដើម្បីឱ្យបានទៅជាឧបករណ៍មួយ មិនគ្រាន់តែសម្រាប់ជួយគ្រប់គ្រងភូមិភាគប៉ុណ្ណោះទេ តែសម្រាប់បំពេញកិច្ចការនានាជាគ្រីស្តទូតថែមទៀតផង។
ក្នុងភូមិភាគនីមួយៗគួរតែតែងតាំងក្រុមប្រឹក្សាគង្វាលណែនាំពិសេស ដោយមានលោកអភិបាលភូមិភាគផ្ទាល់ជាប្រធាន។ មានក្រុមលោកគង្វាល បព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតាដែលអភិបាលបានជ្រើសរើសយ៉ាងពិសេស ចូលក្នុងក្រុមប្រឹក្សាណែនាំនោះ។ ក្រុមប្រឹក្សាណែនាំមានភារកិច្ចស្វែងរកអ្វីៗដែលពាក់ព័ន្ធនឹងការងារឃ្វាលណែនាំគ្រីស្តបរិស័ទ ពិនិត្យមើលអ្វីៗទាំងនោះ និងចែងសេចក្តីសម្រេចសម្រាប់ឱ្យគេអនុវត្តតាម។
គ- ក្រុមអស់លោកគង្វាលភូមិភាគ
២៨- ក្រុមអស់លោកគង្វាលភូមិភាគ
លោកគង្វាលទាំងអស់ ទោះជាគង្វាលភូមិភាគក្តី គង្វាលបព្វជិតក្តី ទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាមហាបូជាចារ្យតែមួយរួមជាមួយលោកអភិបាល ហើយអស់លោកក៏បំពេញមុខងារជាបូជាចារ្យនេះរួមជាមួយលោកដែរ។ ហេតុនេះហើយ បានជាអស់លោកជាសហការីដ៏ឈ្លាសវៃនៃក្រុមអភិបាល។ អស់លោកគង្វាលភូមិភាគមានមុខងារសំខាន់ជាងគេក្នុងកិច្ចថែរក្សាវិញ្ញាណមនុស្ស ព្រោះអស់លោកភ្ជាប់ក្នុងបញ្ជីក្រុមបូជាចារ្យភូមិភាគមួយ ឬជាប់នឹងព្រះសហគមន៍ដោយឡែកមួយ។ អស់លោកសុខចិត្តបូជាកម្លាំងកាយកម្លាំងចិត្តបម្រើព្រះសហគមន៍ដោយឡែកនោះ ដើម្បីឃ្វាលថែរក្សាចំណែកនៃហ្វូងរបស់ព្រះអម្ចាស់តែមួយទាំងអស់គ្នា។ ហេតុនេះហើយ បានជាអស់លោករួមគ្នាជាក្រុមលោកគង្វាលតែមួយ ជាក្រុមគ្រួសារតែមួយដែលមានលោកអភិបាលជាឪពុក។ លោកអភិបាលត្រូវមានសេរីភាពតាមតម្រូវការក្នុងការប្រមូលពន្ធដារ និងកម្រៃ ដើម្បីចែកចាយមុខងារផ្សេងៗឱ្យអស់លោកគង្វាលរបស់លោកយ៉ាងសមគួរ និងតាមយុត្តិធម៌។ ហេតុនេះហើយ ត្រូវលុបបំបាត់សិទ្ធិ និងឯកសិទ្ធិទាំងប៉ុន្មានទោះជាតាមរបៀបណាក៏ដោយដែលរារាំងសេរីភាពនោះ។
លោកអភិបាល និងអស់លោកគង្វាលត្រូវមានចំណងទំនាក់ទំនងគ្នាដោយសេចក្តីស្រឡាញ់មកពីព្រះវិញ្ញាណ។ ដូច្នេះ បំណងប្រាថ្នារបស់អស់គង្វាលបានឯកភាពជាមួយបំណងប្រាថ្នារបស់លោកអភិបាល បណ្តាលឱ្យកិច្ចការណែនាំគ្រីស្តបរិស័ទបានផលផ្លែកាន់តែច្រើនឡើងៗ។ សូមឱ្យលោកអភិបាលយកចិត្តទុកដាក់លើកស្ទួយកិច្ចបម្រើវិញ្ញាណរបស់មនុស្សឱ្យកាន់តែច្រើនឡើងៗ និងអញ្ជើញគង្វាលឱ្យនិយាយសន្ទនាជាមួយលោក ព្រមទាំងនិយាយសន្ទនារួមជាមួយលោកគង្វាលឯទៀតៗផង។ កិច្ចសន្ទនានោះ ត្រូវស្តីអំពីការណែនាំគ្រីស្តបរិស័ទជាដើម។ មិនត្រូវនិយាយសន្ទនាដូច្នេះតែក្នុងពេលមានឱកាសដោយចៃដន្យប៉ុណ្ណោះទេ តែត្រូវនិយាយសន្ទនាតាមពេលកំណត់ថែមទៀតផង ប្រសិនបើអាចធ្វើបាន។
លើសពីនេះទៅទៀត សូមឱ្យគង្វាលទាំងអស់រួបរួមគ្នាជាចិត្តថ្លើមតែមួយ និងយកចិត្តទុកដាក់នឹងផលប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទក្នុងភូមិភាគទាំងមូល។ អស់លោកគង្វាលត្រូវនឹកចាំថា ទ្រព្យសម្បត្តិដែលអស់លោកប្រមូលបានដោយបំពេញការងារក្នុងព្រះសហគមន៍សុទ្ធតែភ្ជាប់នឹងបន្ទុកដ៏សក្ការៈនោះ។ ហេតុនេះ អស់លោកត្រូវផ្គត់ផ្គង់តម្រូវការជាសម្ភារៈរបស់ភូមិភាគដោយចិត្តទូលំទូលាយតាមធនធានរបស់ខ្លួន ស្របតាមសេចក្តីចាត់ចែងរបស់លោកអភិបាល។
២៩- អស់លោកគង្វាលភ្ជាប់នឹងកិច្ចការអន្តរភូមិភាគ
ក្នុងចំណោមសហការីដ៏ជិតស្និទ្ធជាងគេរបស់លោកអភិបាល លោកផ្ញើបន្ទុកណែនាំ ឬកិច្ចការជាគ្រីស្តទូតដែលមានលក្ខណៈអន្តរសហគមន៍ឱ្យលោកគង្វាលខ្លះៗ។ អស់លោកប្រព្រឹត្តកិច្ចការជាគ្រីស្តទូតទាំងនោះនៅតំបន់មួយក្នុងភូមិភាគ ឬក្នុងចំណោមក្រុមពិសេសខ្លះរបស់គ្រីស្តបរិស័ទ ឬបំពេញកិច្ចការពិសេសម៉្យាងផ្សេងទៀត។
លោកអភិបាលក៏ផ្ញើបន្ទុកជាកិច្ចការគ្រីស្តទូតឱ្យគង្វាលខ្លះ គឺក្នុងសាលារៀន ក្នុងស្ថាប័នឯទៀតៗ និងក្នុងសមាគមនានា។ លោកទាំងនោះតែងតែជួយយ៉ាងល្អប្រសើរ។ គួរឱ្យអភិបាលភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេសចំពោះអស់លោកគង្វាល ដែលបំពេញបន្ទុកអន្តរភូមិភាគ ហើយដែលរស់នៅក្នុងភូមិភាគរបស់លោក ព្រោះគង្វាលទាំងនោះបំពេញកិច្ចការជាគ្រីស្តទូតដែលមានសារៈសំខាន់ខ្លាំងណាស់។
៣០- លោកគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ
អស់លោកគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ ជាសហការីពិសេសរបស់លោកអភិបាល។ លោកអភិបាលបានផ្ញើឱ្យគង្វាលទាំងនោះថែទាំវិញ្ញាណរបស់គ្រីស្តបរិស័ទក្នុងមួយចំណែកនៃភូមិភាគរបស់លោក ក្នុងឋានៈជាគង្វាល និងក្រោមអំណាចរបស់លោក។
ក- គង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ រួមជាមួយសហការីបំពេញបេសកកម្មរបស់ខ្លួន គឺមានបន្ទុកបង្រៀន នាំមនុស្សឱ្យបានវិសុទ្ធ ហើយគ្រប់គ្រងគេ។ អស់លោកត្រូវណែនាំគ្រីស្តបរិស័ទ និងព្រះសហគមន៍ឱ្យដឹងខ្លួនថា គេពិតជាសមាជិករបស់ភូមិភាគ និងរបស់ព្រះសហគមន៍សកលទាំងមូល។ ហេតុនេះហើយ បានជាគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយត្រូវរួមសហការជាមួយគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍ឯទៀតៗ ត្រូវរួមសហការជាមួយគង្វាលដែលបំពេញបន្ទុកជាគង្វាលនៅលើតំបន់នោះ មានតំណាងអភិបាល និងប្រធានក្រុមគង្វាលជាដើម។ ត្រូវរួមសហការជាមួយគង្វាលដែលបំពេញកិច្ចការប្រកបដោយលក្ខណៈហួសពីព្រំដែនព្រះសហគមន៍មួយ ដើម្បីឱ្យការណែនាំគ្រីស្តបរិស័ទភូមិភាគទាំងមូលបានឯកភាព និងបានប្រសិទ្ធិភាពទៀតផង។
អស់លោកគង្វាលត្រូវថែទាំវិញ្ញាណគ្រីស្តបរិស័ទដោយមានគោលគំនិតជាសាសនទូតជ្រួតជ្រាបក្នុងខ្លួនជានិច្ច គឺចង់ថែទាំអស់អ្នកដែលរស់នៅក្នុងព្រះសហគមន៍នោះ តាមរបៀបស្របនឹងសភាពការណ៍របស់គេ។ ប្រសិនបើគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយនោះមិនអាចឈានទៅដល់ក្រុមមនុស្សខ្លះ ត្រូវតែសូមអ្នកឯទៀតៗជួយ សូម្បីតែគ្រីស្តបរិស័ទធម្មតាក៏អាចជួយក្នុងកិច្ចការជាគ្រីស្តទូតរបស់អស់លោកដែរ។
មហាសន្និបាតទូន្មានយ៉ាងខ្លាំងថា សូមអស់លោកគង្វាល ជាពិសេស អស់លោកដែលរួមទទួលខុសត្រូវលើព្រះសហគមន៍មួយ ត្រូវរួមរស់ជាមួយគ្នា ទើបការថែទាំវិញ្ញាណគ្រីស្តបរិស័ទដោយប្រសិទ្ធិភាពយ៉ាងពេញលេញបាន។ ការរួមរស់ជាមួយគ្នានោះជួយអស់លោកក្នុងកិច្ចការជាគ្រីស្តទូត ហើយក៏បង្ហាញគំរូអំពីសេចក្តីស្រឡាញ់ និងអំពីការរួបរួមគ្នាជាធ្លុងតែមួយ ឱ្យគ្រីស្តបរិស័ទឃើញថែមទៀតដែរ។
ខ- អស់លោកគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយត្រូវបំពេញបន្ទុកបង្រៀនរបស់ខ្លួន ដោយធ្វើពិធីអត្ថាធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យគ្រីស្តបរិស័ទទាំងអស់ស្តាប់ ដើម្បីឱ្យគេចម្រើនឡើងក្នុងអង្គព្រះគ្រីស្ត និងចាក់ឫសក្នុងជំនឿ ក្នុងសេចក្តីសង្ឃឹម និងក្នុងសេចក្តីស្រឡាញ់។ ធ្វើដូច្នេះ ទើបសហគមន៍គ្រីស្តបរិស័ទអាចផ្តល់សក្ខីភាពដ៏ល្អប្រសើរអំពីសេចក្តីស្រឡាញ់បាន តាមព្រះបញ្ជារបស់ព្រះអម្ចាស់ (យហ ១៣,៣៥)។ អស់លោកក៏ត្រូវអប់រំជំនឿ គឺណែនាំគ្រីស្តបរិស័ទឱ្យស្គាល់គម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះយ៉ាងច្បាស់ស្របតាមអាយុរបស់គេ។ អស់លោកត្រូវសូមឱ្យគ្រីស្តបរិស័ទធម្មតារួមសហការក្នុងការអប់រំជំនឿ មិនគ្រាន់តែសូមឱ្យបព្វជិតបព្វជិតារួមសហការប៉ុណ្ណោះទេ។ ត្រូវបង្កើតសមាគមអ្នកបង្រៀនលទ្ធិនៃគ្រីស្តសាសនាថែមទៀតផង។
អស់លោកគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយ ក៏បំពេញបន្ទុកនាំគ្រីស្តបរិស័ទឱ្យបានវិសុទ្ធដែរ។ អស់លោកត្រូវយកចិត្តទុកដាក់ធ្វើឱ្យអភិបូជាទៅជាស្នូល និងទៅជាកំពូលនៃការរស់នៅទាំងមូលរបស់សហគមន៍គ្រីស្តបរិស័ទនោះ។ អស់លោកត្រូវខិតខំចែកចាយអាហារខាងវិញ្ញាណដល់គ្រីស្តបរិស័ទរបស់ខ្លួន ដោយណែនាំគេឱ្យទទួលអគ្គសញ្ញាជាញឹកញាប់ទាំងមានចិត្តគោរពប្រណិប័តន៍ ហើយដោយណែនាំគេឱ្យទទួលចំណែកយ៉ាងសកម្មក្នុងពិធីគោរពបម្រើព្រះជាម្ចាស់ទាំងដឹងខ្លួនទៀតផង។ អស់លោកគង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយត្រូវនឹកចងចាំថា អ្នកទទួលអគ្គសញ្ញាលើកលែងទោសពិតជានឹងបានផលប្រយោជន៍យ៉ាងទូលំទូលាយខាងវិញ្ញាណ គឺគេរស់នៅតាមឋានៈជាគ្រីស្តបរិស័ទកាន់តែប្រសើរឡើងៗ។ ហេតុនេះហើយ បានជាអស់លោកត្រូវសុខចិត្តស្តាប់គ្រីស្តបរិស័ទមកលន់តួ។ ប្រសិនបើមានតម្រូវការ ត្រូវហៅលោកគង្វាលឯទៀតៗដែលនិយាយភាសាផ្សេងៗថែមទៀតផង។
អស់គង្វាលដែលទទួលខុសត្រូវថែទាំព្រះសហគមន៍មួយត្រូវបំពេញភារកិច្ចជាគង្វាល ដោយយកចិត្តទុកដាក់ស្គាល់ហ្វូងចៀមរបស់ខ្លួន។ អស់លោកជាអ្នកបម្រើរបស់ចៀមទាំងអស់។ ហេតុនេះហើយ បានជាអស់លោកត្រូវខិតខំណែនាំឱ្យគេរស់នៅតាមបែបជាគ្រីស្តបរិស័ទកាន់តែប្រសើរឡើងៗ គឺទាំងគ្រីស្តបរិស័ទម្នាក់ៗ ទាំងក្រុមគ្រួសារ សមាគមនានា ជាពិសេស សមាគមនៃកិច្ចការជាគ្រីស្តទូត និងព្រះសហគមន៍ទាំងមូលរបស់ខ្លួនទៀតផង។ ហេតុនេះ អស់លោកត្រូវទៅសួរសុខទុក្ខគ្រីស្តបរិស័ទនៅផ្ទះគេ ត្រូវទៅសាលារៀនតាមបន្ទុករបស់ខ្លួនជាគង្វាលទាមទារឱ្យអស់លោកធ្វើជាចាំបាច់។ អស់លោកត្រូវឧស្សាហ៍យកចិត្តទុកដាក់នឹងកូនជំទង់ ហើយយុវជនយុវនារី។ ត្រូវស្រឡាញ់អ្នកក្រីក្រ និងអ្នកជំងឺ ដូចឪពុកស្រឡាញ់កូនរបស់ខ្លួនដូច្នោះដែរ។ លើសពីនេះទៅទៀត ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសនឹងក្រុមពលករ ព្រមទាំងដាស់តឿនគ្រីស្តបរិស័ទឱ្យចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការជាគ្រីស្តទូត។
គ- លោកគង្វាលដែលជាតំណាងជំនួយ គឺសហការីរបស់លោកគង្វាលដែលទទួលខុសត្រូវថែទាំសហគមន៍មួយ។ អស់លោកជួយយ៉ាងខ្លាំង និងយ៉ាងសកម្មជារៀងរាល់ថ្ងៃក្នុងកិច្ចបម្រើព្រះសហគមន៍ ក្រោមអំណាចរបស់គង្វាលដែលទទួលខុសត្រូវថែទាំសហគមន៍នោះ។ ហេតុនេះហើយ បានជាគង្វាលដែលទទួលខុសត្រូវថែទាំសហគមន៍ និងតំណាងជំនួយរបស់លោក ត្រូវស្រឡាញ់គ្នាដូចបងប្អូន ត្រូវរាប់អានគ្នា ត្រូវគោរពគ្នាទៅវិញទៅមកជានិច្ច ត្រូវជួយគ្នាទៅវិញទៅមកដោយផ្តល់ដំបូន្មាន រួមសហការគ្នា និងធ្វើជាគំរូឱ្យគ្នាផង។ ធ្វើដូច្នោះ ទើបអស់លោកមុខជានឹងបម្រើសហគមន៍នោះដោយមានចិត្តថ្លើមតែមួយ មានបំណងប្រាថ្នាតែមួយ និងមានចិត្តឧស្សាហ៍តែមួយថែមទៀតផង។
៣១- ការតែងតាំងគង្វាលដែលទទួលខុសត្រូវថែទាំសហគមន៍មួយ
លោកអភិបាលត្រូវរិះគិតពិចារណាអំពីសមត្ថភាពរបស់គង្វាលឱ្យមានលទ្ធភាពអាចគ្រប់គ្រងណែនាំសហគមន៍មួយបាន ដោយគិតគូរមិនគ្រាន់តែដល់លទ្ធិនៃជំនឿរបស់លោកប៉ុណ្ណោះទេ តែត្រូវគិតគូរដល់ការគោរពប្រណិប័តន៍ព្រះជាម្ចាស់របស់លោក ដល់ចិត្តឧហ្សាហ៍ធ្វើកិច្ចការជាគ្រីស្តទូត និងគិតគូរដល់ព្រះអំណោយទានឯទៀតៗ និងគុណសម្បត្តិផ្សេងៗដែលលោកត្រូវតែមាន ដើម្បីថែទាំគ្រីស្តបរិស័ទយ៉ាងល្អ។
គោលដៅនៃបន្ទុកជាគង្វាលណែនាំគ្រីស្តបរិស័ទ គឺរកផលប្រយោជន៍របស់គេខាងវិញ្ញាណ។ ហេតុនេះហើយ បានជាលោកអភិបាលត្រូវផ្គត់ផ្គង់សហគមន៍នានាឱ្យមានគង្វាលតាមរបៀបស្រួល និងស្របតាមសភាពការណ៍។ ហេតុនេះ សូមបំបាត់ឯកសិទ្ធិទាំងប៉ុន្មានពីបុរាណ គឺសិទ្ធិបង្ហាញបេក្ខជន និងឱ្យតែងតាំងគេ សិទ្ធិទុកកន្លែងមួយសម្រាប់បេក្ខជនរបស់ខ្លួន។ សូមបំបាត់ការប្រកួតប្រជែងជាទូទៅ ឬដោយឡែកឱ្យទៅជាគង្វាលទទួលខុសត្រូវថែទាំសហគមន៍មួយ ដូចទម្លាប់មានកន្លែងខ្លះ។ ប៉ុន្តែ ត្រូវគោរពសិទ្ធិរបស់បព្វជិត។
ក្នុងសហគមន៍នីមួយៗ លោកគង្វាលដែលទទួលខុសត្រូវថែទាំ ត្រូវកាន់មុខងាររបស់ខ្លួនយ៉ាងស្ថិតស្ថេរ ដើម្បីជាប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទ។ ហេតុនេះ មហាសន្និបាតសូមលុបបំបាត់ឋានៈគង្វាលទទួលខុសត្រូវថែទាំ ដែលអភិបាលគ្មានសិទ្ធិផ្លាស់ប្តូរបាន។ ត្រូវកែសម្រួលរបៀបផ្លាស់ប្តូរគង្វាលដែលទទួលខុសត្រូវថែទាំ ដើម្បីឱ្យលោកអភិបាលអាចគោរពតាមយុត្តិធម៌ (តាមអត្ថន័យធម្មតាផង និងតាមអត្ថន័យក្បួនច្បាប់ក្នុងព្រះសហគមន៍ផង) ព្រមទាំងអាចផ្គត់ផ្គង់សហគមន៍នានាយ៉ាងស្រួលឱ្យមានគង្វាលតាមតែប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទទាមទារនោះ។
មហាសន្និបាតសូមអង្វរយ៉ាងខ្លាំងអស់លោកគង្វាលដែលទទួលខុសត្រូវថែទាំសហគមន៍មួយ តែមិនអាចបំពេញមុខងាររបស់ខ្លួនយ៉ាងសមរម្យបាន ឬមិនអាចបង្កើតផលបាន ព្រោះលោកចាស់ជរាហើយ ឬព្រោះមានមូលហេតុជាទម្ងន់ផ្សេងទៀត ឱ្យលាលែងមុខតំណែងរបស់ខ្លួនដោយខ្លួនឯងក៏បាន ឬដោយលោកអភិបាលអញ្ជើញឱ្យលាលែងក៏បានដែរ។ លោកអភិបាលត្រូវតែធានាឱ្យលោកដែលលាលែងមុខតំណែងនោះ មានមធ្យោបាយទប់ទល់ជីវភាពគ្រប់គ្រាន់បាន។
៣២- ការបង្កើតសហគមន៍ និងបង្កើតអ្វីៗជាថ្មី
ក្នុងគោលបំណងជួយសង្គ្រោះមនុស្សដដែលនោះត្រូវបញ្ជាក់ ឬកែសម្រួលការតែងតាំងសហគមន៍ ឬលប់បំបាត់សហគមន៍ខ្លះ ឬកែសម្រួលអ្វីៗផ្សេងទៀត។ ក្នុងករណីទាំងនោះ លោកអភិបាលអាចសម្រេចដោយអំណាចរបស់លោកផ្ទាល់។
៤- ក្រុមបព្វជិត
៣៣- ក្រុមបព្វជិត និងកិច្ចការជាគ្រីស្តទូត
សេចក្តីចាត់ចែងខាងក្រោមនេះបានការសម្រាប់ក្រុមបព្វជិតទាំងអស់ ព្រមទាំងសមាជិកគ្រឹះស្ថានឯទៀតៗដែលធ្វើពិធីសច្ចាប្រណិធានកាន់តាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ ដែលភ្ជាប់ជាមួយបព្វជិតនោះ គឺមា្នក់ៗតាមរបៀបព្រះជាម្ចាស់ត្រាស់ហៅឱ្យរស់នៅ។ អស់បព្វជិតមានភារកិច្ចជួយសាងសង់ព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តទាំងមូល និងធ្វើឱ្យព្រះកាយនេះចម្រើន ដើម្បីជាប្រយោជន៍ខាងវិញ្ញាណរបស់ព្រះសហគមន៍នីមួយៗ។ អស់លោកត្រូវបូជាអស់កម្លាំងកាយកម្លាំងចិត្ត និងមានចិត្តឧស្សាហ៍។ អស់បព្វជិតត្រូវតែខិតខំតម្រង់ខ្លួនតាមទិសដៅទាំងនោះដោយអធិដ្ឋានជាដើម ដោយបំពេញទុក្ករកិរិយា និងដោយរស់នៅធ្វើជាគំរូដល់គេ។ មហាសន្និបាតដាស់តឿនបព្វជិតទាំងអស់យ៉ាងខ្លាំងឱ្យស្រឡាញ់ និងពង្រីកកិច្ចការទាំងនោះដោយឥតឈប់ឈរឡើយ។ ក៏ប៉ុន្តែ សូមឱ្យបព្វជិតយកចិត្តទុកដាក់បំពេញកិច្ចការជាគ្រីស្តទូតក្រៅគ្រឹះស្ថានរបស់ខ្លួនតាមតែលក្ខណៈសម្បត្តិផ្ទាល់នៃគ្រឹះស្ថាននីមួយៗអនុញ្ញាតឱ្យ។
៣៤- បព្វជិតជាសហការីរបស់លោកអភិបាលក្នុងកិច្ចការជាគ្រីស្តទូត
បព្វជិតជាគង្វាលទទួលអគ្គសញ្ញាតែងតាំងជាគង្វាល ដើម្បីឱ្យធ្វើជាសហការីដ៏ឈ្លាសវៃនៃក្រុមអភិបាល ដូចគង្វាលភូមិភាគដែរ។ សព្វថ្ងៃ បព្វជិតទាំងនោះអាចជួយលោកអភិបាលយ៉ាងច្រើនជាងពីមុនទៅទៀត ព្រោះមានតម្រូវការខាងវិញ្ញាណរបស់គ្រីស្តបរិស័ទកាន់តែច្រើនឡើងៗ។ ហេតុនេះ យើងត្រូវប្រាប់យ៉ាងត្រឹមត្រូវម៉្យាងថា បព្វជិតពិតជាសមាជិកនៃក្រុមគង្វាលភូមិភាគដែរ ព្រោះអស់លោកបំពេញការងារជាប្រយោជន៍ខាងវិញ្ញាណរបស់គ្រីស្តបរិស័ទ ហើយក៏ជួយក្នុងកិច្ចការជាគ្រីស្តទូត ក្រោមអំណាចរបស់អស់លោកអភិបាលដែរ។
សមាជិកឯទៀតៗនៃគ្រឹះស្ថាន ទាំងបុរសក្តី ទំាងស្រ្តីក្តី ដែលជាសមាជិកនៃមហាគ្រួសារភូមិភាគតាមរបៀបមួយ ក៏ជួយអស់លោកអភិបាលយ៉ាងល្អប្រសើរដែរ។ គេអាច (និងត្រូវ) ជួយកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ ព្រោះតម្រូវការនៃកិច្ចការជាគ្រីស្តទូតកាន់តែមានចំនួនចម្រើនឡើងជាលំដាប់ដែរ។
៣៥- គោលការណ៍សម្រាប់កិច្ចការជាគ្រីស្តទូតរបស់បព្វជិតក្នុងភូមិភាគ
មហាសន្និបាតតែងតាំងគោលការណ៍ដូចខាងក្រោមនេះ ដើម្បីឱ្យអស់អ្នកបំពេញកិច្ចការជាគ្រីស្តទូតរួបរួមគ្នាដោយរួមចិត្តថ្លើមតែមួយជានិច្ចក្នុងភូមិភាគនីមួយៗ ទាំងរក្សាទុកវិន័យតែមួយក្នុងភូមិភាគទៀតផង។ សេចក្តីសម្រេចមានដូចតទៅ៖
ក- សូមឱ្យបព្វជិតទាំងអស់សុខចិត្តស្ថិតនៅក្រោមអំណាចរបស់អស់លោកអភិបាលជានិច្ច ដោយគោរពលោកក្នុងនាមសាសនា ហើយក្នុងឋានៈអស់លោកបន្តមុខងារពីក្រុមគ្រីស្តទូតមក។ ពេលណាអភិបាលហៅបព្វជិតយ៉ាងត្រឹមត្រូវឱ្យបំពេញការងារជាគ្រីស្តទូត បព្វជិតក៏ត្រូវបំពេញបន្ទុករបស់ខ្លួននោះក្នុងឋានៈជាសហការីដែលព្យាយាម សុខចិត្តធ្វើការក្រោមអំណាចរបស់អស់លោកអភិបាលដែរ។ លើសពីនេះទៅទៀត បព្វជិតត្រូវសុខចិត្តភ្លាម និងដោយចិត្តស្មោះ ធ្វើតាមសេចក្តីសុំ និងតាមបំណងប្រាថ្នារបស់អស់លោកអភិបាល ដែលសូមឱ្យគេយកចំណែកកាន់តែទូលំទូលាយក្នុងកិច្ចបម្រើការសង្គ្រោះរបស់មនុស្សលោក។ ក៏ប៉ុន្តែ បុព្វជិតត្រូវបំពេញការបម្រើនោះដោយគោរពតាមលក្ខណៈសម្បត្តិ និងស្របតាមធម្មនុញ្ញនៃគ្រឹះស្ថានរបស់ខ្លួន។ ប្រសិនបើមានតម្រូវការ ត្រូវកែសម្រួលធម្មនុញ្ញរបស់គ្រឹះស្ថានទាំងនោះតាមគោលការណ៍នៃក្រឹត្យក្រមរបស់មហាសន្និបាតនោះ។ ដោយមនុស្សមានតម្រូវការខាងវិញ្ញាណជាបន្ទាន់ និងដោយខ្វះបូជាចារ្យភូមិភាគ អស់លោកអភិបាលអាចហៅគ្រឹះស្ថានបព្វជិតដែលគ្មានគោលដៅតែស្មឹងស្មាធិ៍ ឱ្យជួយបំពេញមុខងារបម្រើផ្សេងៗក្នុងព្រះសហគមន៍ដែរ។ ប៉ុន្តែ ត្រូវគិតគូរដល់លក្ខណៈសម្បត្តិនៃគ្រឹះស្ថាននីមួយៗផង។ មេដឹកនាំគ្រឹះស្ថានត្រូវជួយដោយលើកស្ទួយឱ្យបព្វជិតទទួលបន្ទុកលើព្រះសហគមន៍នានា សូម្បីតែសម្រាប់មួយរយៈពេលប៉ុណ្ណោះ តាមតែគេអាចធ្វើបាន។
ខ- សូមឱ្យបព្វជិតដែលមេដឹកនាំចាត់ឱ្យបំពេញមុខងារជាគ្រីស្តទូតនៅខាងក្រៅគ្រឹះស្ថាន រក្សាទុកគោលគំនិតរបស់គ្រឹះស្ថានរបស់ខ្លួនជ្រួតជ្រាបក្នុងចិត្ត និងកាន់តាមវិន័យគ្រឹះស្ថានជារៀងរាល់ថ្ងៃតទៅទៀត ព្រមទាំងសុខចិត្តស្ថិតនៅក្រោមអំណាចមេដឹកនាំគ្រឹះស្ថានរបស់ខ្លួន។ អស់លោកអភិបាលត្រូវរម្លឹកបព្វជិតអំពីកាតព្វកិច្ចនេះ។
គ- ឯកសិទ្ធិភ្ជាប់បព្វជិតនឹងអភិបាលព្រះសហគមន៍ក្រុងរ៉ូម ឬភ្ជាប់នឹងអំណាចមួយផ្សេងទៀតក្នុងព្រះសហគមន៍ ធ្វើឱ្យបព្វជិតមិនស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់លោកអភិបាល។ ឯកសិទ្ធិនោះពាក់ព័ន្ធយ៉ាងពិសេសនឹងរចនាសម្ព័ន្ធផ្ទៃក្នុងរបស់គ្រឹះស្ថានទាំងនោះ។ ឯកសិទ្ធិទាំងនោះមានគោលដៅតែមួយ គឺជួយចាត់ចែងការរស់នៅរបស់បព្វជិត ព្រមទាំងជួយឱ្យការរស់នៅរួមជាបព្វជិតចម្រើនឡើង ហើយនាំឱ្យគេបានពេញលក្ខណៈ។ ឯកសិទ្ធិ្ធរបស់បព្វជិតដែលមិនស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់អភិបាល ក៏បណ្តោយឱ្យអភិបាលព្រះសហគមន៍ក្រុងរ៉ូមអាចចាត់ចែងបព្វជិតទាំងនោះតាមប្រយោជន៍របស់ព្រះសហគមន៍សកល ឬឱ្យអំណាចមួយផ្សេងទៀតដែលមានសមត្ថកិច្ចក្នុងព្រះសហគមន៍អាចប្រើបាន ដើម្បីជាប្រយោជន៍របស់ព្រះសហគមន៍នានាដែលស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់ខ្លួន។
ក៏ប៉ុន្តែ ឯកសិទ្ធិ្ធនេះមិនឃាត់ឱ្យបព្វជិតទាំងនោះចុះចូលក្រោមអំណាចគ្រប់គ្រងរបស់អភិបាលក្នុងភូមិភាគនីមួយៗទេ តាមតែបន្ទុករបស់បព្វជិតជាគង្វាល និងការចាត់ចែងការបម្រើវិញ្ញាណមនុស្យទាមទារ។
ឃ- បព្វជិតទាំងអស់ ទាំងបព្វជិតដែលមិនស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់អភិបាល ទាំងបព្វជិតដែលស្ថិតនៅក្រោមអំណាចរបស់លោក ក៏ត្រូវសុខចិត្តធ្វើការក្រោមអំណាចធម្មតារបស់លោកអភិបាលភូមិភាគ នៅពេលធ្វើពិធីបម្រើព្រះជាម្ចាស់ជាសាធារណៈ (ប៉ុន្តែ ត្រូវទុកឱ្យអស់លោកអនុវត្តតាមរបៀបរបបពិធីរបស់ខ្លួន) នៅពេលថែទាំវិញ្ញាណមនុស្ស នៅពេលធ្វើពិធីអត្ថាធិប្បាយព្រះគម្ពីរសម្រាប់ប្រជាជនក្នុងការង្រៀនលទ្ធិនៃគ្រីស្តសាសនា និងអប់រំសីលធម៌ ជាពិសេស ក្នុងការអប់រំជំនឿកូនក្មេង ក្នុងការអប់រំខាងពិធីគោរពបម្រើព្រះជាម្ចាស់ និងអំពីក្រុមបូជាចារ្យ (អាចារ្យ) កាន់វិន័យយ៉ាងត្រឹមត្រូវទៀតផង។ ក្នុងកិច្ចការផ្សេងៗជាគ្រីស្តទូត បព្វជិតក៏ត្រូវនៅក្រោមអំណាចរបស់អភិបាលភូមិភាគដូច្នោះដែរ។ បព្វជិតដែលណែនាំសាលារៀន ក៏ត្រូវនៅក្រោមអំណាចរបស់អភិបាលភូមិភាគត្រង់ការចាត់ចែងជាទូទៅ និងត្រង់ការត្រួតពិនិត្យ ប៉ុន្តែ ត្រូវរក្សាទុកឱ្យបព្វជិតមានសិទ្ធិគ្រប់គ្រងសាលារៀនទាំងនោះ។ យ៉ាងណាមិញ បព្វជិតត្រូវអនុវត្តតាមបទបញ្ជាទាំងប៉ុន្មានដែលមហាសន្និបាតនានា និងក្រុមអភិបាលទាំងប៉ុន្មានបានបង្គាប់យ៉ាងត្រឹមត្រូវតាមច្បាប់ឱ្យគ្រីស្តបរិស័ទទាំងអស់អនុវត្តតាម។
ង- អស់លោកអភិបាលត្រូវជួយលើកស្ទួយឱ្យមានរចនាសម្ព័ន្ធសម្រាប់ឱ្យគ្រឹះស្ថានបព្វជិតផ្សេងៗរួមសហការគ្នា និងរួមសហការជាមួយក្រុមគង្វាលក្នុងភូមិភាគដែរ។ លើសពីនេះទៅទៀត ត្រូវឱ្យកិច្ចការ និងសកម្មភាពជាគ្រីស្តទូតទាំងប៉ុន្មានរួមសហការគ្នាជាចាំបាច់។ ការរួមសហការនេះអាស្រ័យលើការតម្រង់ចិត្តគំនិតទៅរកព្រះជាម្ចាស់ ហើយចាក់ឫសលើសេចក្តីស្រឡាញ់ជាគ្រឹះ។ អាសនៈរបស់គ្រីស្តទូតសិលាមានភារកិច្ចណែនាំឱ្យកិច្ចការ និងសកម្មភាពជាគ្រីស្តទូតទាំងប៉ុន្មានក្នុងព្រះសហគមន៍សកលរួមសហការគ្នា។ អភិបាលក៏មានភារកិច្ចបង្កើតការរួមសហការនេះក្នុងភូមិភាគរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ សន្និបាតអភិបាលដ៏ប្រសើរឧត្តម និងក្រុមអភិបាលក្នុងប្រទេសនានាក៏មានភារកិច្ចបង្កើតការរួមសហការនោះក្នុងតំបន់រៀងៗខ្លួនដែរ។
អភិបាល និងក្រុមអភិបាលក្នុងប្រទេសមា្ខង មេដឹកនាំគ្រឹះស្ថានបព្វជិត និងក្រុមមេដឹកនាំដ៏ឧត្តមម្ខាងត្រូវចែកចាយគម្រោងការនានារបស់ខ្លួន អំពីកិច្ចការជាគ្រីស្តទូតដែលបព្វជិតបំពេញនោះ។
ច- អភិបាល និងក្រុមមេដឹកនាំក្រុមគ្រួសារបព្វជិតត្រូវជួបជុំគ្នាតាមពេលកំណត់ និងនៅពេលដែលអស់លោកយល់ឃើញថា ត្រូវជួបជុំគ្នាដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងកិច្ចការទាំងមូលជាគ្រីស្តទូតក្នុងតំបន់របស់អស់លោក។
ជំពូក៣
អស់លោកអភិបាលសហការគ្នា ដើម្បីជាប្រយោជន៍រួមរបស់ព្រះសហគមន៍ជាច្រើន
១- សន្និបាត មហាសន្និបាត ជាពិសេស ក្រុមអភិបាល
៣៦- សន្និបាត និងមហាសន្និបាតដោយឡែក
តាំងពីសតវត្សរ៍ដើមដំបូងនៃព្រះសហគមន៍ អស់លោកអភិបាលដែលណែនាំព្រះសហគមន៍ដោយឡែកតែងតែយកចិត្តទុកដាក់បង្រួមកម្លាំង និងប៉ងប្រាថ្នារបស់ខ្លួនលើកស្ទួយប្រយោជន៍រួមរបស់ព្រះសហគមន៍ទាំងប៉ុន្មាន និងរបស់ព្រះសហគមន៍នីមួយៗ។ អស់លោកធ្វើដូច្នេះ ដោយមានបំណងរួបរួមគ្នាដោយស្រឡាញ់គ្នាដូចបងប្អូន និងដោយគិតគូរដល់បេសកកម្មសកលដែលព្រះគ្រីស្តបានផ្ញើទុកឱ្យក្រុមគ្រីស្តទូតមក។ ហេតុនេះហើយ បានជាអស់លោកតែងតែចាត់ចែងសន្និបាត និងមហាសន្និបាតតាមតំបន់ ហើយមហាសន្និបាតសកលទៀតផង។ ក្នុងអង្គប្រជុំទាំងនោះ អស់លោកអភិបាលសម្រេចអំពីវិន័យដែលព្រះសហគមន៍នានាត្រូវអនុវត្តតាមដូចគ្នា ដើម្បីបង្រៀនសេចក្តីពិតអំពីលទ្ធិនៃជំនឿ និងចាត់ចែងវិន័យក្រុមបូជាចារ្យ។
មហាសន្និបាតដ៏វិសុទ្ធនេះប៉ងប្រាថ្នាយ៉ាងខ្លំាងឱ្យចាត់ចែងសន្និបាត និងឱ្យមានមហាសន្និបាតតាមទម្លាប់ពីបុរាណដ៏គួរគោរព ដើម្បីជួយពង្រីក និងពង្រឹងជំនឿយ៉ាងសកម្មតាមរបៀបសមស្របនឹងសភាពការណ៍ ព្រមទាំងដើម្បីរក្សាវិន័យក្នុងព្រះសហគមន៍ផ្សេងៗទៀតផង។
៣៧- សារៈសំខាន់នៃក្រុមអភិបាល
នៅបច្ចុប្បន្នកាលយើងនេះ ប្រសិនបើអស់លោកអភិបាលមិនរួមជាមួយអភិបាលឯទៀតៗកាន់តែជិតស្និទ្ធជារៀងរាល់ថ្ងៃ ហើយរួមសហការក្នុងសកម្មភាពរបស់ខ្លួនកាន់តែខ្លាំងឡើងៗ អស់លោកមុខជាមិនអាចបំពេញបន្ទុករបស់ខ្លួនបានយ៉ាងសមរម្យ និងតាមរបៀបដែលបង្កើតផលបាន។ មានតែងតាំងក្រុមអភិបាលក្នុងប្រទេសជាច្រើនរួចហើយ ក្រុមទាំងនោះក៏បានផ្តល់ភស្តុតាងយ៉ាងអស្ចារ្យបញ្ជាក់ថា បានបង្កើតផលខាងកិច្ចការជាគ្រីស្តទូតដែរ។ ហេតុនេះហើយ បានជាមហាសន្និបាតយល់ឃើញថា អស់លោកអភិបាលក្នុងប្រជាជាតិតែមួយ ក្នុងតំបន់តែមួយ នៅគ្រប់កន្លែងត្រូវតែងតាំងក្រុមអភិបាលតែមួយ ហើយប្រជុំគ្នាតាមពេលកំណត់ ដើម្បីចែកចាយពន្លឺនៃបទពិសោធន៍ដ៏ឈ្លាសវៃរបស់ខ្លួន។ បើធ្វើដូច្នេះ ទើបអស់លោកនឹងអាចចែករំលែកគំនិតគ្នាទៅវិញទៅមក និងអាចរួមកម្លាំងឱ្យមានរបៀបរៀបរយ ដើម្បីជាប្រយោជន៍រួមនៃព្រះសហគមន៍ទាំងឡាយ។
ហេតុនេះហើយ បានជាមហាសន្និបាតសម្រេចសេចក្តីអំពីក្រុមអភិបាលដូចតទៅ៖
៣៨- រចនាសម្ព័ន្ធ សមត្ថភាព និងការរួមសហការរបស់ក្រុមអភិបាលនានា
ក- ក្រុមអភិបាលហាក់ដូចជាអង្គប្រជុំមួយសម្រាប់ឱ្យអស់អភិបាលក្នុងប្រទេសមួយ ឬក្នុងតំបន់មួយបំពេញបន្ទុកជាគង្វាលរួមជាមួយគ្នា ដើម្បីលើកស្ទួយប្រយោជន៍របស់ព្រះសហគមន៍កាន់តែខ្លាំងឡើងៗ ជាសម្បត្តិសួគ៌ដែលព្រះសហគមន៍ជូនដល់មនុស្សលោក ជាពិសេស តាមរបៀប និងតាមវិធីបំពេញបន្ទុករបស់ខ្លួនជាគ្រីស្តទូតស្របតាមសភាពការណ៍នាច្ចុប្បន្នកាល។
ខ- អភិបាលភូមិភាគទាំងប៉ុន្មាន (លើកលែងតែតំណាងពេញសិទ្ធិ) ទោះកាន់តាមរបៀបរបបពិធីណាក៏ដោយ អភិបាលឧបការី អភិបាលរង និងអភិបាលឯទៀតៗដែលមានឈ្មោះតាមអាសនៈព្រះសហគមន៍ពីដើម ហើយដែលទទួលបន្ទុកពិសេសពីអាសនៈគ្រីស្តទូតសិលាម ឬពីក្រុមអភិបាលសុទ្ធតែជាសមាជិកនៃក្រុមអភិបាលនោះ។ រីឯអភិបាលឯទៀតៗដែលមានឈ្មោះតាមអាសនៈព្រះសហគមន៍ពីដើមគ្មានសិទ្ធិជាសមាជិកក្រុមអភិបាលទេ។ ទូតរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូមក៏មិនមែនជាសមាជិកក្រុមអភិបាលដែរ ដោយយល់ដល់បេសកកម្មពិសេសរបស់លោកក្នុងតំបន់នោះ។
អភិបាលភូមិភាគ និងអភិបាលឧបការីទាំងប៉ុន្មានមានសំឡេងបោះឆ្នោតបាន។ ចំពោះអភិបាលរង និងអភិបាលឯទៀតៗដែលមានសិទ្ធិចូលរួមក្នុងក្រុមអភិបាលត្រូវមានលក្ខនិ្តកៈក្រុមអភិបាល ផ្តល់សំឡេងបោះឆ្នោតក៏បាន ឬផ្តល់តែសំឡេងប្រឹក្សាពិគ្រោះប៉ុណ្ណោះក៏បានដែរ។
គ- ក្រុមអភិបាលនីមួយៗត្រូវសរសេរលក្ខនិ្តកៈរបស់ខ្លួន។ អាសនៈគ្រីស្តទូតសិលាត្រូវទទួលស្គាល់លក្ខនិ្តកៈទាំងនោះ។ ក្នុងលក្ខន្តិកៈទាំងនោះត្រូវចាត់ចែងឱ្យមានស្ថាប័នសម្រាប់ជួយឱ្យក្រុមអភិបាលអាចបំពេញគោលដៅរបស់ខ្លួនយ៉ាងសកម្មបាន ពោលគឺត្រូវមានក្រុមប្រឹក្សាអចិន្រៃ្តយ៍ មានគណៈកម្មាធិការនានា មានលេខាធិការដ្ឋានទូទៅជាដើម។ល។ និង ។ល។
ឃ- ក្រុមអភិបាលសម្រេចសេចក្តីត្រឹមត្រូវតាមច្បាប់ លុះត្រាតែមានចំនួនសំឡេងយ៉ាងហោចណាស់ពីរភាគបីនៃចំនួនអភិបាលដែលមានសំឡេងបោះឆ្នោតក្នុងក្រុមអភិបាល ហើយលុះត្រាតែអាសនៈគ្រីស្តទូតសិលាបានទទួលស្គាល់ក្រុមអភិបាលនោះ។ គ្រីស្តបរិស័ទត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមអភិបាលតែក្នុងករណីណាក្បួនច្បាប់ទូទៅបញ្ជាឱ្យអនុវត្តប៉ុណ្ណោះទេ ឬក្នុងករណីណាមានបទបញ្ជាពិសេសរបស់អាសនៈគ្រីស្តទូតសិលាដោយខ្លួនឯង ឬដោយក្រុមអភិបាលបានសុំអាសនៈគ្រីស្តទូតសិលាបញ្ជានោះ។
ង- ក្នុងករណីណាមានសភាពការណ៍ពិសេសទាមទារ អភិបាលប្រជាជាតិជាច្រើនអាចចូលរួមជាក្រុមអភិបាលតែមួយ ដោយមានអាសនៈគ្រីស្តទូតសិលាយល់ស្រប។ លើសពីនេះទៅទៀត ត្រូវលើកទឹកចិត្តអភិបាល ឱ្យក្រុមអភិបាលប្រជាជាតិផ្សេងៗមានទំនាក់ទំនងជាមួយគ្នា ដើម្បីលើកស្ទួយប្រយោជន៍នៃព្រះសហគមន៍កាន់តែច្រើនឡើងៗ។
ច- អភិបាលនៃព្រះសហគមន៍នៅបូព៌ាប្រទេសតែងតែរួបរួមគ្នាជាសន្និបាត ដើម្បីលើកស្ទួយវិន័យក្នុងព្រះសហគមន៍របស់ខ្លួន និងដើម្បីលើកទឹកចិត្តគ្រីស្តបរិស័ទយ៉ាងសកម្មឱ្យគេបំពេញកិច្ចការសម្រាប់ជាប្រយោជន៍សាសនា។ មហាសន្និបាតសូមទូន្មានយ៉ាងខ្លាំងឱ្យអភិបាលទាំងនោះគិតគូរដល់ប្រយោជន៍រួមនៃតំបន់ទាំងមូល នៅកន្លែងមានសហគមន៍ជាច្រើនដែលកាន់តាមរបៀបរបបពិធីប្លែកៗពីគ្នា។ អស់លោកអភិបាលត្រូវបង្កើតការចែកចាយយោបល់គ្នាទៅវិញទៅមក ក្នុងប្រជុំអន្តររបៀបរបបពិធី តាមវិន័យដែលអំណាចមានសមត្ថកិច្ចនឹងតែងតាំងនៅពេលខាងមុខ។
២- ព្រំដែនតំបន់ព្រះសហគមន៍ ហើយការតែងតាំងតំបន់ព្រះសហគមន៍
៣៩- គោលការណ៍អំពីការកែសម្រួលព្រំដែនភូមិភាគ
ភូមិភាគត្រូវមានព្រំដែនស្របតាមសភាពការណ៍ ដើម្បីជាប្រយោជន៍ខាងវិញ្ញាណសម្រាប់គ្រីស្តបរិស័ទ។ មិនតែប៉ុណ្ណោះ ភូមិភាគផ្សេងៗក៏ត្រូវរួមគ្នាជាតំបន់ដែលមានព្រំដែនស្របតាមសភាពការណ៍ដែរ។ លើសពីនេះទៅទៀត ត្រូវតែងតាំងតំបន់ថ្មីដែលអាចជួយផ្គត់ផ្គង់តម្រូវការនៃកិច្ចការជាគ្រីស្តទូតបាន ស្របតាមសភាពការណ៍ក្នុងសង្គម និងសភាពការណ៍តាមតំបន់។ ដូច្នេះ អភិបាលទាំងប៉ុន្មានអាចទាក់ទងជាមួយគ្នាយ៉ាងស្រួល ហើយទំនាក់ទំនងទាំងនោះនឹងមានប្រយោជន៍ច្រើនជាពំុខាន។ អស់លោកអភិបាលក៏នឹងមានទំនាក់ទំនងជាមួយអភិបាលនៃទីក្រុងធំៗ និងជាមួយអភិបាលឯទៀតៗក្នុងប្រទេសនោះ។ ទំនាក់ទំនងរបស់អស់លោកអភិបាលជាមួយរដ្ឋអំណាចក៏ស្រួលថែមទៀតផង។
៤០- វិន័យដែលត្រូវអនុវត្តតាម
ហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធសម្រេចឱ្យតែងតាំងវិន័យដូចតទៅ ដើម្បីឱ្យបានលទ្ធផលតាមបំណងគឺ៖
ក- ត្រូវកែសម្រួលទំហំតំបន់ព្រះសហគមន៍តាមសេចក្តីសមគួរ ហើយត្រូវបញ្ជាក់សិទ្ធិ និងឯកសិទ្ធិអភិបាលព្រះសហគមន៍ក្នុងក្រុងធំៗតាមសេចក្តីណែនាំថ្មី និងស្របតាមសភាពការណ៍។
ខ- ភូមិភាគទាំងអស់ និងដែនដីឯទៀតៗទាំងអស់ដែលមានការចាត់ចែងដូចគ្នាតាមក្បួនច្បាប់រួមរបស់ព្រះសហគមន៍ ត្រូវភ្ជាប់ជាមួយតំបន់ព្រះសហគមន៍តែមួយ។ ហេតុនេះហើយ បានជាភូមិភាគទាំងអស់ដែលសព្វថ្ងៃស្ថិតនៅក្រោមអំណាចអាសនៈគ្រីស្តទូតសិលា ហើយដែលមិនជាប់នឹងភូមិភាគណាមួយ ត្រួវរួបរួមក្នុងតំបន់ព្រះសហគមន៍ថ្មីនោះប្រសិនបើអាចធ្វើបាន ឬត្រូវភ្ជាប់ជាមួយនឹងតំបន់ព្រះសហគមន៍ដែលនៅជិតជាង ឬដែលស្រួលជាងគេ។ ដូច្នេះ ភូមិភាគទាំងនោះត្រូវស្ថិតនៅក្រោមអំណាចរបស់អគ្គអភិបាលនៃក្រុមធំៗ តាមវិន័យនៃក្បួនច្បាប់រួមទូទៅ។
គ- នៅកន្លែងណាប្រយោជន៍ទាមទារ ត្រូវបង្រួមតំបន់ព្រះសហគមន៍ ជាតំបន់ព្រះសហគមន៍ធំ។ ត្រូវបញ្ជាក់ការចាត់ចែងតំបន់ទាំងនោះតាមក្បួនច្បាប់នៅពេលខាងមុខ។
៤១- ត្រូវសូមឱ្យក្រុមអភិបាលបោះឆ្នោត
គួរឱ្យក្រុមអភិបាលដែលមានសមត្ថកិច្ចពិនិត្យមើលបញ្ហាកំណត់ព្រំដែនតំបន់ព្រះសហគមន៍ទាំងនោះ ឬបញ្ហាតែងតាំងភូមិភាគ តាមច្បាប់ដែលចាត់ចែងរួចហើយសម្រាប់កំណត់ព្រំដែនភូមិភាគ (លក ២៣ និង ២៤) រួចសុំឱ្យក្រុមអភិបាលផ្តល់យោបល់ និងសេចក្តីប៉ងប្រាថ្នារបស់ខ្លួនជូនទៅអាសនៈគ្រីស្តទូតសិលា។
៣- អភិបាលដែលបំពេញការងារអន្តរភូមិភាគ
៤២- ការតែងតាំងការិយាល័យពិសេស និងសហការជាមួយអស់លោកអភិបាល
តម្រូវការណែនាំគ្រីស្តបរិស័ទទាមទារឱ្យអស់លោកអភិបាលលរួមគ្នាបំពេញ និងពង្រីកកិច្ចការណែនាំខ្លះដោយចិត្តថ្លើមតែមួយ។ ហេតុនេះហើយ បានជាត្រូវតែងតាំងការិយាល័យមួយចំនួនសម្រាប់បម្រើភូមិភាគទាំងអស់ ឬបម្រើភូមិភាគទាំងប៉ុន្មានក្នុងតំបន់មួយ ឬក្នុងប្រទេសមួយ។ គេអាចផ្ញើឱ្យអភិបាលម្នាក់ទទួលខុសត្រូវលើការិយាល័យមួយចំនួននោះបាន។
មហាសន្និបាតទូន្មានឱ្យអភិបាលដែលបំពេញបន្ទុកទាំងនោះ អភិបាលភូមិភាគ និងក្រុមអភិបាលរួបរួមគ្នាដូចបងប្អូនជានិច្ច រួមគោលបំណងប្រាថ្នាក្នុងកិច្ចការជាគង្វាលណែនាំតាមលក្ខណៈដែលក្បួនច្បាប់ទូទៅត្រូវបញ្ជាក់នៅពេលខាងមុខ។
៤៣- អភិបាលសម្រាប់កងទ័ព
ត្រូវយកចិត្តទុកដាក់យ៉ាងពិសេសនឹងថែទាំទាហានខាងវិញ្ញាណ ព្រោះគេមានរបៀបរស់នៅប្លែកពីគេ។ ហេតុនេះ ត្រូវតែងតាំងអភិបាលសម្រាប់កងទ័ពតាមសមត្ថភាពក្រុមអភិបាលនីមួយៗ។ អភិបាលកងទ័ព និងបូជាចារ្យ (អាចារ្យ) ត្រូវបូជាកម្លាំងកាយកម្លាំងចិត្តដោយឥតសំចៃ បំពេញមុខងារដ៏ពិបាកនោះ ទាំងរួមសហការយ៉ាងពេញលេញជាមួយនឹងអភិបាលភូមិភាគនានា។
ហេតុនេះ អភិបាលភូមិភាគនានាត្រូវជូនបូជាចារ្យមួយចំនួនល្មមទៅដល់អភិបាលកងទ័ព គឺគង្វាលដែលមានសមត្ថភាពអាចបំពេញបន្ទុកដ៏ធ្ងន់ធ្ងរនេះ។ នៅពេលជាមួយគ្នានោះ អស់លោកក៏ត្រូវលើកស្ទួយកិច្ចការផ្សេងៗដើម្បីជាប្រយោជន៍ខាងព្រះវិញ្ញាណរបស់ទាហានថែមទៀតផង។
បទបញ្ជាទូទៅ
៤៤- មហាសន្និបាតសម្រេចថា ពេលកែសម្រួលក្បួនច្បាប់ព្រះសហគមន៍ ត្រូវបង្កើតច្បាប់តាមតម្រូវការ និងស្របតាមគោលការណ៍បញ្ជាក់ក្នុងក្រឹត្យក្រមនេះ ដោយនឹកគិតដល់សេចក្តីសង្កេតឃើញនៃគណៈកម្មាធិការរបស់មហាសន្និបាត និងរបស់អភិបាលដែលចូលរួមក្នុងមហាសន្និបាតនេះផង។
មហាសន្និបាតសម្រេចទៀតថា ត្រូវចែងសេចក្តីណែនាំទូទៅសម្រាប់ថែទាំវិញ្ញាណ ដើម្បីជួយអស់លោកអភិបាល និងគង្វាល ដែលទទួលខុសត្រូវថែទាំគ្រីស្តបរិស័ទក្នុងព្រះសហគមន៍មួយ។ សេចក្តីណែនាំដ៏មាំមួនទាំងនោះមុខជានឹងជួយអស់លោកឱ្យបំពេញបន្ទុករបស់ខ្លួនជាគង្វាលយ៉ាងស្រួល និងកាន់តែពេញលក្ខណៈ។
សូមចែងសេចក្តីណែនាំពិសេសសម្រាប់ជួយអភិបាល និងគង្វាលដែលណែនាំក្រុមគ្រីស្តបរិស័ទប្លែកពីគេ តាមសភាពការណ៍ផ្សេងៗរបស់ជាតិនានា ឬស្របតាមសភាពការណ៍តំបន់ផ្សេងទៀតដែរ។ ត្រូវចែងសេចក្តីណែនាំអំពីការអប់រំជំនឿប្រជាជនគ្រីស្តបរិស័ទ។ សេចក្តីណែនាំត្រូវចែងអំពីគោលជាគ្រឹះមូលដ្ឋាន និងអំពីការចាត់ចែងនៃការបង្រៀននោះ។ ត្រូវនិពន្ធសៀវភៅអំពីសេចក្តីទាំងនោះ។ ពេលនិពន្ធសៀវភៅណែនាំទាំងនោះ ត្រូវនឹកគិតដល់សេចក្តីសង្កេតឃើញនៃគណៈកម្មាធិការមហាសន្និបាត និងរបស់អភិបាលដែលចូលរួមក្នុងមហាសន្និបាតនេះផង។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាតពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ ព្រមទាំងគោលការណ៍នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឱ្យយើងក្នុងឋានៈជាគ្រីស្តទូតរួមជាមួយអស់លោកអភិបាល ដោយមានព្រះវិញ្ញាណរួមជាមួយផងក៏យល់ព្រម ហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឱ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តសិលា ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់លោកអភិបាល)