- បេសកកម្មសាសនទូត
Ad Gentes - ក្រុមលោកគង្វាល
Presbyterorum Ordinis - បេសកកម្មគ្រីស្តបរិស័ទធម្មតា
Apostolicam Actuositatem - ការប្រែប្រួលរបស់ព្រះសហគមន៍
Optatam Totius Ecclesiae - សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ
Perfectae Caritatis - ព្រះគ្រីស្តជាអម្ចាស់
Christus Dominus - គ្រីស្តបរិស័ទត្រូវរួបរួមគ្នាជាធ្លុងតែមួយ
Unitatis Redintegratio - ព្រះសហគមន៍នៅបូព៌ាប្រទេស
Orientalium Ecclesiarum - ក្នុងចំណាមការអស្ចារ្យ
Inter Mirifica
សកម្មភាពរបស់គ្រីស្តបរិស័ទធម្មតាជាគ្រីស្តទូត
APOSTOLICAM ACTUOSITATEM
ខ្ញុំប៉ូល ជាអភិបាល ជាអ្នកបម្រើនៃអ្នកបម្រើរបស់ព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលនៃមហាសន្និបាតដ៏វិសុទ្ធនេះ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឱ្យគេចងចាំរហូតតរៀងទៅ។
ក្រឹត្យក្រមស្តីអំពី
សកម្មភាពរបស់គ្រីស្តបរិស័ទធម្មតាជាគ្រីស្តទូត
១- បុព្វកថា
មហាសន្និបាតដ៏វិសុទ្ធមានបំណងចង់ឱ្យប្រជារាស្ត្ររបស់ព្រះជាម្ចាស់បំពេញសកម្មភាពជាគ្រីស្តទូតកាន់តែខ្លាំងឡើងៗ។ ដូច្នេះ មហាសន្និបាតបែរមករកគ្រីស្តបរិស័ទធម្មតា ដោយយកចិត្តទុកដាក់ជាទីបំផុត។ ក្នុងឯកសារផ្សេងៗ មហាសន្និបាតបានរម្លឹកគ្រីស្តបរិស័ទអំពីតួនាទីផ្ទាល់ដ៏ចាំបាច់បំផុតរបស់ខ្លួនក្នុងបេសកកម្មរបស់ព្រះសហគមន៍រួចហើយ (ពន្លឺ ៣៧ត; ពិធី ២៦-៤០; បង្រួប; អភិបាល ១៦.១៧.១៨; ហ្វឹកហ្វឺន ៣.៥.៧)។ ព្រះសហគមន៍មិនអាចខ្វះគ្រីស្តបរិស័ទធម្មតាដើម្បីបំពេញកិច្ចការជាគ្រីស្តទូតទេ ព្រោះកិច្ចការនេះពិតជាលទ្ធផលនៃការត្រាស់ហៅរបស់គេឱ្យទៅជាគ្រីស្តបរិស័ទ។ ព្រះគម្ពីរបង្ហាញយ៉ាងជាក់ច្បាស់ថា នៅខាងដើមដំបូងនៃព្រះសហគមន៍ សកម្មភាពរបស់គ្រីស្តបរិស័ទធម្មតាលេចឡើងដោយឯកឯង និងបានបង្កើតផលជាច្រើនអនេក។ (កក ១១,១៩-២១; ១៨,២៦; រម ១៦,១-១៦; ភីល ៤,៣)។
នៅសម័យឥឡូវ គ្រីស្តបរិស័ទធម្មតាក៏ត្រូវយកចិត្តទុកដាក់ខ្នះខ្នែងបំពេញកិច្ចការជាគ្រីស្តទូតនេះដែរ។ សភាពការណ៍នាបច្ចុប្បន្នកាលទាមទារឱ្យគ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតកាន់តែខ្លាំងឡើងៗ និងកាន់តែទូលំទូលាយដែរ ព្រោះចំនួនមនុស្សកាន់តែកើនឡើង វិទ្យាសាស្រ្ត និងបច្ចេកទេសកាន់តែចម្រើនឡើង ហើយមនុស្សក៏រួមសាមគ្គីកាន់តែជិតស្និទ្ធឡើងៗដែរ បណ្តាលឱ្យគ្រីស្តបរិស័ទធម្មតាមានសកម្មភាពក្នុងវិស័យនានាកាន់តែទូលាយ។ មានតែគ្រីស្តបរិស័ទធម្មតាទេ ដែលអាចបំពេញកិច្ចការទាំងនោះបាន។ សភាពការណ៍ថ្មីនោះបណ្តាលឱ្យមានបញ្ហាថ្មីៗជាច្រើនកើតឡើង និងទាមទារឱ្យគេប្រុងប្រយ័ត្ន និងស្រាវជ្រាវយ៉ាងពិសេសអំពីបញ្ហាទាំងនោះ។ ដោយមនុស្សស្វយ័តយ៉ាងត្រឹមត្រូវក្នងវិស័យជាច្រើននៃការរស់នៅរបស់ខ្លួន ក៏ប៉ុន្តែ ស្វ័យភាពនេះបណ្តាលឱ្យអ្នកខ្លះលះបង់សីលធម៌ និងសាសនាចោល ព្រមទាំងបណ្តាលឱ្យការរស់នៅក្នុងឋានៈជាគ្រីស្តបរិស័ទអន់ថយជាខ្លាំង។ ហេតុនេះហើយ បានជាគ្រីស្តបរិស័ទធម្មតាត្រូវតែបំពេញកិច្ចការជាគ្រីស្តទូតជាចាំបាច់។ ក្នុងតំបន់ជាច្រើន បូជាចារ្យមានចំនួនតិចណាស់ ឬគ្មានសេរីភាពបំពេញមុខងាររបស់ខ្លួនថែមទៀត។ ហេតុនេះហើយ បានជាបើគ្មានសកម្មភាពរបស់គ្រីស្តបរិស័ទធម្មតាទេ ព្រះសហគមន៍គ្មានវត្តមាននៅតំបន់ទាំងនោះ ហើយក៏មិនអាចបំពេញការងាររបស់ខ្លួនទៀតបានឡើយ។
សព្វថ្ងៃ ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឱ្យគ្រីស្តបរិស័ទធម្មតាភ្ញាក់ស្មារតីរកាន់តែខ្លាំងឡើងៗ ឱ្យទទួលខុសត្រូវលើខ្លួនផ្ទាល់ ព្រះអង្គក៏ដាស់តឿនគេនៅគ្រប់ទីកន្លែងឱ្យបម្រើព្រះគ្រីស្ត និងព្រះសហគមន៍។ ព្រះសហគមន៍ត្រូវការគ្រីស្តបរិស័ទធម្មតាក្នុងវិស័យជាច្រើនជាចាំបាច់បំផុតដូច្នេះ ពិតជាសញ្ញាសម្គាល់យ៉ាងជាក់ស្តែងអំពីសកម្មភាពនៃព្រះវិញ្ញាណដ៏ វិសុទ្ធនោះ។
ក្នុងក្រឹត្យក្រមនេះ មហាសន្និបាតមានបំណងចង់រៀបរាប់ពន្យល់អំពីលក្ខណៈនៃកិច្ចការរបស់គ្រីស្តបរិស័ទធម្មតាជាគ្រីស្តទូត ព្រមទាំងចង់ពន្យល់អំពីសភាព និងអំពីកិច្ចការផ្សេងៗរបស់គ្រីស្តបរិស័ទទាំងនោះ។ មហាសន្និបាតក៏មានបំណងផ្តល់គោលការណ៍សំខាន់ៗជាគ្រឹះ ព្រមទាំងបញ្ចេញសេចក្តីណែនាំ ដើម្បីឱ្យគ្រីស្តបរិស័ទធម្មតាអាចបំពេញកិច្ចការនេះតាមរបៀបកាន់តែសកម្មឡើងៗ។ ត្រូវកែសម្រួលក្បួនច្បាប់នៃព្រះសហគមន៍អំពីគ្រីស្តបរិស័ទធម្មតា ដោយយកសេចក្ដីណែនាំក្នុងក្រឹត្យក្រមនេះធ្វើជាគោល។
ជំពូក ១
ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទធម្មតាឱ្យបំពេញកិច្ចការជាគ្រីស្តទូត
២- គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងបេសកកម្មរបស់ព្រះសហគមន៍
ព្រះគ្រីស្តបង្កើតព្រះសហគមន៍ដើម្បីលាតសន្ធឹងព្រះរាជ្យព្រះអង្គនៅលើផែនដីទាំងមូល សម្រាប់លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជាព្រះបិតា។ ដូច្នេះ ព្រះសហគមន៍នាំមនុស្សទាំងអស់ឱ្យរួមចំណែកក្នុងការសង្គ្រោះរបស់ព្រះយេស៊ូគ្រីស្តដែលរំដោះមនុស្សលោក។ ដោយសារគ្រីស្តបរិស័ទ ព្រះសហគមន៍តម្រង់ពិភពលោកទាំងមូលទៅរកព្រះគ្រីស្ត។ យើងហៅគ្រប់សកម្មភាពនៃព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តដែលមានគោលដៅនោះថា «កិច្ចការជាគ្រីស្តទូត»។ ព្រះសហគមន៍បំពេញកិច្ចការនេះដោយសារសមាជិកទាំងអស់របស់ខ្លួនតាមរបៀបផ្សេងៗពីគ្នា។ ព្រះជាម្ចាស់ដែលត្រាស់ហៅមនុស្សឱ្យទៅជាគ្រីស្តបរិស័ទក៏ត្រាស់ហៅគេឱ្យបំពេញកិច្ចការជាគ្រីស្តទូតដែរ ស្របតាមលក្ខណៈរបស់ខ្លួនជាគ្រីស្តបរិស័ទ។ សរីរាង្គនីមួយៗក្នុងរូបកាយមនុស្សម្នាក់ដែលមានជីវិត មិនគ្រាន់តែរស់នៅយ៉ាងអសកម្មប៉ុណ្ណោះទេ តែសរីរាង្គនីមួយៗរួមចំណែកក្នុងជីវិត និងក្នុងសកម្មភាពទូទៅនៃរូបកាយអ្នកនោះដែរ។ ក្នុងព្រះសហគមន៍ដែលជាព្រះកាយព្រះគ្រីស្តក៏ដូច្នេះដែរ គឺ «ព្រះកាយនោះចម្រើន និងកសាងឡើងដោយសារសមត្ថភាពរបស់សរីរាង្គនីមួយៗ» (អភ ៤,១៦)។ លើសពីនេះទៅទៀត សរីរាង្គនៃព្រះកាយព្រះគ្រីស្តរួបរួមគ្នា និងសាមគ្គីគ្នាយ៉ាងជិតស្និទ្ធបំផុត ហេតុនេះហើយ បានជាត្រូវរាប់សរីរាង្គណាដែលមិនជួយតាមសមត្ថភាពរបស់ខ្លួនឱ្យរូបកាយទាំងមូលចម្រើនឡើង ទុកជាសរីរាង្គដែលគ្មានប្រយោជន៍សម្រាប់ព្រះសហគមន៍ និងសម្រាប់ខ្លួនឯងដែរ។
ក្នុងព្រះសហគមន៍មានមុខងារបម្រើផ្សេងៗពីគ្នា ប៉ុន្តែ មានបេសកកម្មតែមួយ។ ព្រះគ្រីស្តបានផ្ញើឱ្យក្រុមគ្រីស្តទូត និងឱ្យក្រុមអ្នកបន្តមុខងារពីអស់លោកនូវបន្ទុកបង្រៀន បន្ទុកនាំឱ្យអ្នកជឿបានវិសុទ្ធ និងបន្ទុកគ្រប់គ្រងព្រះសហគមន៍ក្នុងនាមព្រះអង្គ និងដោយមានអំណាចរបស់ព្រះអង្គផង។ ប៉ុន្តែ ដោយគ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងបន្ទុករបស់ព្រះគ្រីស្តជាមហាបូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ គេក៏បំពេញចំណែករបស់ខ្លួនក្នុងបេសកកម្មរបស់ប្រជារាស្រ្តព្រះជាម្ចាស់ទាំងមូលក្នុងព្រះសហគមន៍ និងក្នុងពិភពលោកទាំងមូល (ពន្លឺ ៣១)។ គេបំពេញកិច្ចការរបស់ខ្លួនជាគ្រីស្តទូតដោយប្តេជ្ញាចិត្តប្រកាសដំណឹងល្អ និងនាំមនុស្សឱ្យបានវិសុទ្ធ។ នៅពេលគេខិតខំនាំគោលគំនិតមកពីដំណឹងល្អឱ្យជ្រួតជ្រាបអ្វីៗក្នុងលោកីយ៍ ហើយនៅពេលគេយកចិត្តទុកដាក់ធ្វើឱ្យអ្វីៗខាងលោកីយ៍ចម្រើនឡើង គេក៏បំពេញមុខងាររបស់ខ្លួនជាគ្រីស្តទូតដែរ។ ក្នុងវិស័យទាំងនោះ ពួកគេត្រូវធ្វើកិច្ចការរបស់គេក្នុងលោកីយ៍នោះ តាមរបៀបដែលផ្តល់សក្ខីភាពយ៉ាងជាក់ស្តែងអំពីព្រះគ្រីស្ត និងដែលជួយសង្រ្គោះមនុស្សលោក។ គ្រីស្តបរិស័ទធម្មតាមានលក្ខណៈពិសេស គឺរស់នៅក្នុងចំណោមមនុស្សលោក និងក្នុងរឿងលោកីយ៍។ ដូច្នេះហើយ ព្រះជាម្ចាស់ត្រាស់ហៅគេឱ្យបំពេញមុខងារជាគ្រីស្តទូតក្នុងលោកីយ៍ តាមរបៀបខ្លួនជាមេក្នុងម្សៅ ដោយមានថាមពលនៃវិញ្ញាណរបស់ខ្លួនជាគ្រីស្តបរិស័ទ។
៣- គ្រឹះនៃមុខងាររបស់គ្រីស្តបរិស័ទធម្មតាជាគ្រីស្តទូត
គ្រីស្តបរិស័ទធម្មតាទទួលភារកិច្ច និងសិទ្ធិជាគ្រីស្តទូតដោយគេរួបរួមជាមួយព្រះគ្រីស្តជាព្រះសិរសា។ គេចូលរួមក្នុងរូបកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តដោយអគ្គសញ្ញាជ្រមុជទឹក។ គេទទួលកម្លាំងពីឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធដោយអគ្គសញ្ញាលាបថ្ងាស គឺព្រះអម្ចាស់ផ្ទាល់ព្រះអង្គចាត់គេឱ្យទៅជាគ្រីស្តទូត។ ព្រះអង្គប្រសិទ្ធិគេឱ្យទៅជាបូជាចារ្យរបស់ព្រះមហាក្សត្រ និងទៅជាជាតិដ៏វិសុទ្ធ (១សល ២,២-១០) ដើម្បីលើកកិច្ចការទាំងប៉ុន្មានរបស់គេថ្វាយព្រះជាម្ចាស់ទុកជាតង្វាយខាងវិញ្ញាណ និងដើម្បីផ្តល់សក្ខីភាពចំពោះព្រះគ្រីស្តនៅលើផែនដីទាំងមូល។ “អគ្គសញ្ញាទាំងប៉ុន្មាន ជាពិសេស អគ្គសញ្ញាអរព្រះគុណដ៏វិសុទ្ធសុទ្ធតែផ្តល់ និងពង្រឹងសេចក្ដីស្រឡាញ់របស់គេ គឺសេចក្ដីស្រឡាញ់នេះជាកម្លាំងជំរុញគេឱ្យបំពេញបេសកកម្មគ្រប់យ៉ាងជាគ្រីស្តទូត” (ពន្លឺ ៣៣.១០)។
ព្រះវិញ្ញាណដ៏វិសុទ្ធចាក់បង្ហូរជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ក្នុងចិត្តគ្រីស្តបរិស័ទទាំងអស់ក្នុងព្រះសហគមន៍។ គ្រីស្តបរិស័ទបំពេញមុខងារជាគ្រីស្តទូត ដោយផ្ញើជីវិតលើព្រះគ្រីស្ត ដោយមានសេចក្ដីសង្ឃឹម និងដោយមានសេចក្ដីស្រឡាញ់នោះ។ លើសពីនេះទៅទៀត វិន័យស្តីអំពីសេចក្ដីស្រឡាញ់ ជាវិន័យដ៏ប្រសើរជាងគេរបស់ព្រះអម្ចាស់ ជំរុញគ្រីស្តបរិស័ទទាំងអស់ឱ្យខិតខំធ្វើកិច្ចការដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គយាងមកគ្រងរាជ្យ និងប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យមនុស្សទាំងអស់ គឺថា “សូមឱ្យគេស្គាល់ព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឱ្យគេស្គាល់ព្រះយេស៊ូគ្រីស្តដែលព្រះអង្គចាត់ឱ្យមកដែរ” (យហ ១៧,៣)។
ហេតុនេះហើយ បានជាគ្រីស្តបរិស័ទទាំងអស់ទទួលបន្ទុកដ៏ល្អប្រសើរបំផុត គឺខិតខំដោយឥតឈប់ឈរ ដើម្បីនាំឱ្យមនុស្សលោកនៅលើផែនដីទាំងមូលបានស្គាល់ និងទទួលព្រះរាជសារស្តីអំពីការសង្គ្រោះ។
ព្រះវិញ្ញាណដ៏វិសុទ្ធដែលប្រោសឱ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់បានវិសុទ្ធដោយសារអគ្គសញ្ញានានា និងដោយសារមុខងារបម្រើផ្សេងៗ ព្រះអង្គក៏ប្រទានព្រះអំណោយទានពិសេសដល់គ្រីស្តបរិស័ទ (១ករ ១២,៧) «ប៉ុន្តែ ព្រះវិញ្ញាណចែកព្រះអំណោយទានទាំងនោះឱ្យម្នាក់ៗតាមព្រះហឫទ័យរបស់ព្រះអង្គ» (១ករ ១២,១១) ដើម្បីឱ្យក្រុមគ្រីស្តបរិស័ទទាំងអស់ និងគ្រីស្តបរិស័ទម្នាក់ៗបម្រើអ្នកឯទៀតៗស្របតាមព្រះអំណោយទានដែលខ្លួនបានទទួល ហើយទៅជាអ្នកចាត់ចែងដ៏ល្អដែលចែកចាយព្រះអំណោយទានគ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់ (១សល ៤,១០) ដើម្បីកសាងព្រះកាយទាំងមូលក្នុងសេចក្ដីស្រឡាញ់ (អភ ៤,១៦)។ ដោយគ្រីស្តបរិស័ទម្នាក់ៗទទួលព្រះអំណោយទានទាំងនោះ សូម្បីតែព្រះអំណោយដ៏ទាបជាងគេក្ដី ក៏ម្នាក់ៗដែលផ្ញើជីវិតលើព្រះគ្រីស្តមានសិទ្ធិ និងភារកិច្ចប្រើព្រះអំណោយទាំងនេះក្នុងព្រះសហគមន៍ និងក្នុងពិភពលោកដើម្បីជាប្រយោជន៍ដល់មនុស្សលោក និងដើម្បីកសាងព្រះសហគមន៍។ គេមានសេរីភាពមកពីព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះអង្គផ្លុំទៅទិសណាក៏បានតាមព្រះហឫទ័យព្រះអង្គ (យហ ៣,៨)។ គេក៏រួបរួមជាមួយបងប្អូនក្នុងអង្គព្រះគ្រីស្ត ហើយជាពិសេស ដោយរួមជាមួយអស់គង្វាលរបស់ខ្លួន គឺគង្វាលទាំងនោះហើយដែលមានភារកិច្ចរិះគិតពិចារណាអំពីព្រះអំណោយទានទាំងនោះដើម្បីឱ្យដឹងថា តើជាព្រះអំណោយទានពិតប្រាកដឬក៏អត់។ អស់លោកក៏ត្រូវរិះគិតពិចារណាអំពីរបៀបប្រើអំណោយទាននោះយ៉ាងត្រឹមត្រូវទៀតផង។ អស់លោកមានភារកិច្ចពិចារណាមើលគ្រប់ការទាំងអស់ ហើយស្រង់យកការណាដែលល្អ មិនត្រូវរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ (១ថស ៥,១២.១៩.២១; ពន្លឺ១២)។
៤- អំពីការរស់នៅតាមព្រះវិញ្ញាណក្នុងកិច្ចការជាគ្រីស្តទូត
ព្រះបិតាចាត់ព្រះបុត្រាឱ្យយាងមក។ ព្រះបុត្រាជាប្រភព និងជាដើមកំណើតនៃកិច្ចការជាគ្រីស្តទូតគ្រប់យ៉ាងក្នុងព្រះសហគមន៍។ ហេតុនេះសរឱ្យដឹងជាក់ច្បាស់ថា កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទធម្មតាបានផលផ្លែ លុះត្រាតែ គេរួបរួមជាមួយព្រះគ្រីស្តជាប្រភពនៃជីវិតតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា «អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំស្ថិតនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ» (យហ ១៥,៥)។ គ្រីស្តបរិស័ទរួមរស់យ៉ាងជិតស្និទ្ធជាមួយព្រះគ្រីស្ត ក្នុងព្រះសហគមន៍ ដោយទទួលទានអាហារផ្សេងៗខាងព្រះវិញ្ញាណ ជាអាហាររួមរបស់គ្រីស្តបរិស័ទទាំងអស់ ជាពិសេស ដោយរួមចំណែកយ៉ាងសកម្មក្នុងពិធីគោរពប្រណិប័តន៍ (ពិធី ១១)។ ពេលគ្រីស្តបរិស័ទធម្មតាបំពេញការងារលោកីយ៍យ៉ាងត្រឹមត្រូវ តាមសភាពការណ៍នៃការរស់នៅរបស់គេ គេត្រូវប្រើអាហារទាំងនោះដើម្បីជៀសវាងមិនឱ្យបំបែកការរួបរួមជាមួយព្រះគ្រីស្តនោះ ពីការរស់នៅធម្មតារបស់គេឡើយ។ ផ្ទុយទៅវិញ គេត្រូវរួបរួមជាមួយព្រះអង្គកាន់តែជិតស្និទ្ធឡើងៗ ដោយប្រព្រឹត្តកិច្ចការរបស់ខ្លួនតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ធ្វើដូច្នេះ ទើបគ្រីស្តបរិស័ទធម្មតាកាន់តែវិសុទ្ធឡើងៗ ដោយចិត្តក្លៀវក្លា និងដោយមានអំណរសប្បាយ ទាំងខិតខំពុះពារការលំបាកប្រចាំថ្ងៃក្នុងជីវភាពរស់នៅ ជាការលំបាកដែលជៀសផុតមិនបាន ដោយប្រុងប្រយ័ត្ន និងដោយចិត្តព្យាយាមខន្តី (ពន្លឺ ៣២ និង ៤០-៤១)។ ទាំងកង្វល់ប្រចាំក្រុមគ្រួសារ ទាំងកិច្ចការខាងលោកីយ៍ ត្រវភ្ជាប់នឹងជីវិតខាងព្រះវិញ្ញាណរបស់គេ ស្របតាមគ្រីស្តទូតប៉ូលដែលចែងថា៖ «បងប្អូនធ្វើការអ្វីក៏ដោយ ទោះជាពាក្យសម្តី ឬកិច្ចការក្ដី ត្រូវធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ត ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា ដោយសារព្រះអង្គផង» (កូឡ ៣,១៧)។
អ្នកចង់រស់នៅតាមបែបនេះ ត្រូវតែផ្ញើជីវិតលើព្រះគ្រីស្តជានិច្ច ត្រូវមានចិត្តសង្ឃឹម និងមានចិត្តស្រឡាញ់ជាដរាប។ មានតែពន្លឺនៃជំនឿ និងការនឹកសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ដែលអាចនាំឱ្យមនុស្សទទួលស្គាល់ព្រះជាម្ចាស់ជានិច្ច និងនៅគ្រប់ទីកន្លែង «ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្សដោយសារព្រះអង្គ» (កក ១៧,២៨)។ ដូច្នេះ យើងអាចស្វែងរកព្រះហឫទ័យរបស់ព្រះអង្គក្នុងគ្រប់កិច្ចការ ហើយក៏អាចរកឃើញព្រះគ្រីស្តក្នុងមនុស្សទាំងអស់ ទាំងនៅក្នុងអ្នកជិត ទាំងនៅក្នុងអ្នកឆ្ងាយដែរ។ យើងអាចវិនិច្ឆ័យពិចារណាយ៉ាងត្រឹមត្រូវអំពីអត្ថន័យដ៏ពិតប្រាកដ និងអំពីតម្លៃនៃកិច្ចការលោកីយ៍ ទាំងយល់គិតដល់ទិសដៅនៃជីវិតមនុស្សទៀតផង។
អស់អ្នកដែលមានជំនឿបែបនេះពិតជារស់នៅដោយមានចិត្តសង្ឃឹមថា នឹងបានឃើញព្រះជាម្ចាស់សម្តែងសិរីរុងរឿងនៃបុត្រធីតារបស់ព្រះអង្គ ទាំងនឹកដល់ព្រះអម្ចាស់យេស៊ូសោយទិវង្គតនៅលើឈើឆ្កាង និងមានព្រះជន្មថ្មីដ៏រុងរឿង។
គ្រីស្តបរិស័ទរស់នៅក្នុងលោកនេះប្រៀបដូចជាធ្វើបូជនីយេសក៍ម្យ៉ាង។ គ្រីស្តបរិស័ទធម្មតារួមជាមួយព្រះគ្រីស្តលាក់ទុកក្នុងព្រះជាម្ចាស់ គេរួចពីការធ្វើទាសករនៃចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ តែខិតខំស្វះស្វែងរកសម្បត្តិសួគ៌ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ដូច្នេះ គ្រីស្តបរិស័ទធម្មតាមានចិត្តទូលំទូលាយ ខំប្រឹងប្រែងអស់ពីសមត្ថភាព លាតសន្ធឹងព្រះរាជ្យរបស់ព្រះជាម្ចាស់ គឺគេណែនាំកិច្ចការលោកីយ៍ និងធ្វើឱ្យកិច្ចការទាំងនោះបានពេញលក្ខណៈតាមគោលគំនិតគ្រីស្តសាសនា។ ពេលគេប្រឈមមុខនឹងការលំបាកក្នុងការរស់នៅ គេយកសេចក្តីក្លាហានពីសេចក្ដីសង្ឃឹមដោយយល់ឃើញថា៖ «ទុក្ខលំបាកនាបច្ចុប្បន្នកាលពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿង ដែលព្រះជាម្ចាស់នឹងសម្ដែងឱ្យយើងឃើញនៅអនាគតកាលនោះបានឡើយ» (រម ៨,១៨)។
គ្រីស្តបរិស័ទធម្មតាប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ ដោយមានសេចក្ដីស្រឡាញ់មកពីព្រះជាម្ចាស់ជំរុញ (កាឡ ៦,១០) គេ «លះបង់ការអាក្រក់គ្រប់យ៉ាងចេញ លះបង់ល្បិចកិច្ចកលទាំងប៉ុន្មាន ការលាក់ពុត ចិត្តច្រណែនឈ្នានីស និងការនិយាយដើមគេគ្រប់យ៉ាងនោះចោល» (១សល ២,១)។ ធ្វើដូច្នេះ គេមុខជាទាញមនុស្សទាំងអស់មករកព្រះគ្រីស្ត។ ប៉ុន្តែ «ព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង» (រម ៥,៥)។ ព្រះហឫទ័យស្រឡាញ់នោះប្រោសឱ្យគ្រីស្តបរិស័ទធម្មតាអាចសម្តែងគំនិតស្របតាមព្រះបន្ទូលស្តីអំពីសុភមង្គលដ៏ពិតប្រាកដក្នុងការរស់នៅរបស់គេ។ នៅពេលគេខ្វះខាត គេមិនធ្លាក់ទឹកចិត្តទេ ព្រោះគេដើរតាមព្រះយេស៊ូដែលដាក់ខ្លួនជាអ្នកក្រីក្រ។ ពេលគេមានបរិបូរណ៍ហូរហៀរ គេមិនអួតខ្លួនទេ។ ដោយគេយកតម្រាប់តាមព្រះគ្រីស្តជាមនុស្សសុភាពរាបសា គេមិនអួតបំប៉ោងយ៉ាងឥតបានការ (កាឡ ៥,២៦)។ ផ្ទុយទៅវិញ គេខិតខំឱ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ជាជាងគាប់ចិត្តមនុស្សលោក គេប្រុងប្រៀបខ្លួនជានិច្ចនឹងលះបង់អ្វីៗទាំងអស់ព្រោះតែព្រះគ្រីស្ត (លក ១៤,២៦) និងសុខចិត្តទទួលការប្រៀតបៀនព្រោះតែសេចក្ដីសុចរិត (មថ ៥,១០) ទាំងនឹកចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់ថា «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ» (មថ ១៦,២៤)។ គេមានចិត្តស្រឡាញ់រាប់អានគ្នាបែបគ្រីស្តបរិស័ទ គឺជួយគ្នាទៅវិញទៅមកតាមតម្រូវការនៅគ្រប់ពេលវេលា។
របៀបគ្រីស្តបរិស័ទធម្មតារស់នៅតាមព្រះវិញ្ញាណនេះ ត្រូវមានលក្ខណៈពិសេសតាមសភាពការណ៍នៃការរស់នៅរបស់គេម្នាក់ៗ គឺអ្នកខ្លះរស់នៅក្នុងឋានៈជាគូស្វាមីភរិយា និងមានក្រុមគ្រួសារ អ្នកខ្លះនៅលីវជាស្រីមេម៉ាយ ឬជាពោះម៉ាយ ជាអ្នកមានជំងឺ។ល។ របៀបគ្រីស្តបរិស័ទធម្មតារស់នៅតាមព្រះវិញ្ញាណក៏មានលក្ខណៈពិសេសតាមអាជីវកម្មរបស់គេម្នាក់ៗ និងតាមសកម្មភាពរបស់គេក្នុងសង្គមដែរ។ ម្នាក់ៗត្រូវតែធ្វើឱ្យទេពកោសល្យ និងព្រះអំណោយទានដែលខ្លួនបានទទួលចម្រើនឡើងជាលំដាប់ ជាពិសេស ត្រូវពង្រឹងទេពកោសល្យ និងអំណោយទានដែលសម្របតាមសភាពការណ៍នៃការរស់នៅរបស់ខ្លួន ហើយក៏ត្រូវប្រើអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធរបស់ខ្លួនផ្ទាល់ទៀតផង។
មិនតែប៉ុណ្ណោះ មានគ្រីស្តបរិស័ទធម្មតាខ្លះតបឆ្លើយនឹងព្រះជាម្ចាស់ត្រាស់ហៅគេយ៉ាងពិសេស ហើយចូលរួមក្នុងសមាគម ឬក្នុងគ្រឹះស្ថានដែលព្រះសហគមន៍ទទួលស្គាល់ជាផ្លូវការ។ គ្រីស្តបរិស័ទទាំងនោះត្រូវតែខិតខំប្រតិបត្តិតាមលក្ខណៈពិសេសនៃការរស់នៅ ស្របតាមការរស់នៅតាមព្រះវិញ្ញាណរបស់សមាគម ឬគ្រឹះស្ថានរបស់ខ្លួន។
សូមគ្រីស្តបរិស័ទធម្មតាចូលចិត្តជាខ្លាំងនូវសមត្ថភាពខាងអាជីវកម្ម គំនិតស្រឡាញ់ក្រុមគ្រួសារ និងសង្គម ព្រមទាំងស្រឡាញ់ព្រហ្មវិហាធម៌ដែលពាក់ព័ន្ធនឹងការរស់នៅក្នុងសង្គម គឺមិនគៃបន្លំ មានបំណងចង់រកយុត្តិធម៌ មានចិត្តទៀងត្រង់ យោគយល់ដល់អ្នកដទៃមានចិត្តក្លាហាននឹងន។ ប្រសិនបើគ្មានព្រហ្មវិហារធម៌ទាំងនោះទេ គ្មាននរណាអាចរស់នៅក្នុងឋានៈជាគ្រីស្តបរិស័ទយ៉ាងពិតប្រាកដបានឡើយ។
ព្រះនាងព្រហ្មចារិនីម៉ារី ជាព្រះមហាក្សត្រីយានីនៃក្រុមគ្រីស្តទូត ធ្វើជាគំរូដ៏ពេញលក្ខណៈអំពីការរស់នៅតាមព្រះវិញ្ញាណបែបនេះ និងពិតជាគំរូអំពីការរស់នៅជាគ្រីស្តទូតផងដែរ។ នៅពេលព្រះនាងរស់នៅលើផែនដីនេះ នាងរស់នៅតាមរបៀបរស់នៅរបស់មនុស្សទាំងអស់ គឺមានធ្វើការនៅផ្ទះ ធ្វើការនឿយហត់ក្នុងក្រុមគ្រួសារ តែនាងម៉ារីនៅតែរួបរួមយ៉ាងជិតស្និទ្ធជាមួយព្រះបុត្រាជានិច្ច។ នាងក៏រួមសហការក្នុងកិច្ចការរបស់ព្រះសង្រ្គោះ តាមរបៀបប្លែកពីគេទាំងអស់។ ឥឡូវ ព្រះនាងនៅស្ថានបរមសុខ។ «ដោយនាងមានចិត្តស្រឡាញ់ទុកជាម្តាយ នាងចាប់អារម្មណ៍នឹងបងប្អូននៃព្រះបុត្រារបស់នាងដែលមិនទាន់ធ្វើដំណើរផុតពីផែនដីនេះនៅឡើយ ហើយដែលនៅតែប្រឈមមុខគ្រោះកាច និងទុក្ខលំបាកផ្សេងៗជាច្រើនទម្រាំទៅដល់មាតុភូមិដ៏សែនសុខសាន្ត» (ពន្លឺ ៦២.៦៥)។ គ្រីស្តបរិស័ទទាំងអស់ត្រូវគោរពនាងម៉ារីយ៉ាងពិតប្រាកដ និងផ្ញើទាំងជីវិតគេ ទាំងមុខងាររបស់គេជាគ្រីស្តទូត ឱ្យនាងម៉ារីដែលស្រឡាញ់គេក្នុងឋានៈជាមាតា។
ជំពូក ២
គោលដៅនៃអ្នកបំពេញកិច្ចការជាគ្រីស្តទូត
៥- អារម្ភកថា
ព្រះគ្រីស្តសង្គ្រោះមនុស្សលោក។ ប៉ុន្តែ កិច្ចសង្គ្រោះនេះក៏សំដៅលើអ្វីៗទាំងអស់ដែលនៅក្នុងលោកឱ្យបានប្រែជាថ្មីដែរ។ ហេតុនេះហើយ បានជាព្រះសហគមន៍មិនគ្រាន់តែទទួលបេសកកម្មនាំសាររបស់ព្រះគ្រីស្ត និងនាំព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គប៉ុណ្ណោះទេ តែព្រះសហគមន៍ទទួលបេសកកម្មនាំគំនិតស្របតាមដំណឹងល្អឱ្យជ្រាបចូលក្នុងអ្វីៗទាំងអស់ដែលនៅក្នុងពិភពលោក និងធ្វើឱ្យអ្វីៗទាំងនោះបានពេញលក្ខណៈដែរ។ គ្រីស្តបរិស័ទធម្មតាបំពេញបេសកកម្មនៃព្រះសហគមន៍នេះ គឺពិតជាគ្រីស្តទូតនៅក្នុងព្រះសហគមន៍ផង និងនៅក្នុងពិភពលោកផង ទាំងខាងផ្លូវវិញ្ញាណផង ទាំងខាងផ្លូវលោកីយ៍ផងដែរ។ ទោះបីផ្លូវខាងវិញ្ញាណ និងផ្លូវលោកីយ៍ប្លែកពីគ្នាក្តី ក៏ផ្លូវទាំងពីរនោះ ភ្ជាប់ជាមួយគ្នាតាមគម្រោងការតែមួយគត់របស់ព្រះជាម្ចាស់ដែរ គឺព្រះអង្គសព្វព្រះហឫទ័យលើកយកពិភពលោកទាំងមូលសាជាថ្មីក្នុងអង្គព្រះគ្រីស្ត ដើម្បីឱ្យពិភពលោកនេះកើតជាថ្មី ចាប់តាំងពីពេលនៅលើផែនដីនេះទៅ ទម្រាំបានពេញលក្ខណៈនៅថ្ងៃចុងក្រោយបំផុត។ គ្រីស្តបរិស័ទធម្មតាជាសមាជិកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ផង និងជាសមាជិកនៃសង្គមមនុស្សផង តែមានមនសិការតែមួយ ជាមនសិការតាមជំនឿគ្រីស្តសាសនា។ មនសិការនេះត្រូវតែណែនាំគេក្នុងវិស័យទាំងពីរនេះជានិច្ច។
៦- មុខងារជាគ្រីស្តទូតមានគោលដៅនាំដំណឹងល្អ និងប្រោសមនុស្សឱ្យបានវិសុទ្ធ
ព្រះសហគមន៍ទទួលបេសកកម្មសង្គ្រោះមនុស្សលោក។ មនុស្សទទួលការសង្គ្រោះនេះដោយផ្ញើជីវិតលើព្រះគ្រីស្ត និងដោយព្រះអង្គប្រណីសន្តោសដល់គេ។ ហេតុនេះ ព្រះសហគមន៍ និងគ្រីស្តបរិស័ទទាំងអស់បំពេញមុខងារជាគ្រីស្តទូត មុនដំបូង ត្រូវប្រកាសសាររបស់ព្រះគ្រីស្តឱ្យមនុស្សទាំងអស់ស្តាប់ឮ។ គេត្រូវប្រកាសសារនេះដោយពាក្យសម្តី និងដោយប្រព្រឹត្តកិច្ចការ គេក៏ត្រូវចែកប្រទានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គឱ្យអ្នកដទៃទៀតផង។ គេបំពេញកិច្ចការនេះជាពិសេសដោយមុខងារបម្រើព្រះបន្ទូល និងដោយធ្វើអគ្គសញ្ញាជូនគេ។ ព្រះសហគមន៍បានផ្ញើមុខងារនេះយ៉ាងពិសេសទៅក្រុមគ្រីស្តបរិស័ទដែលទទួលអគ្គសញ្ញាតែងតាំង ក៏ប៉ុន្តែ គ្រីស្តបរិស័ទធម្មតាក៏មានតួនាទីផ្ទាល់ដែលមានសារៈសំខាន់ជាទីបំផុត គឺតួនាទីនោះផ្តល់ឱ្យគេទៅជា «សហការីនៃសេចក្តីពិត» (៣យហ ៨)។ តួនាទីរបស់អស់លោកដែលទទួលមុខងារឃ្វាលណែនាំព្រះសហគមន៍ និងតួនាទីរបស់គ្រីស្តបរិស័ទធម្មតាបង្គ្រប់គ្នាទៅវិញទៅមកយ៉ាងពិសេសក្នុងករណីនេះ។
គ្រីស្តបរិស័ទធម្មតាមានឱកាសជាច្រើនឥតគណនា អាចបំពេញកិច្ចការជាគ្រីស្តទូតដោយនាំដំណឹងល្អ និងប្រោសឱ្យមនុស្សបានវិសុទ្ធ។ គ្រីស្តបរិស័ទផ្តល់សក្ខីភាពតាមការរស់នៅបែបជាគ្រីស្តបរិស័ទ ហើយដោយកិច្ចការដែលគេប្រព្រឹត្ត ទាំងមានចិត្តគំនិតអំពីលោកខាងលើ។ សក្ខីភាពទាំងពីរនោះពិតជាមានកម្លាំងយ៉ាងខ្លាំងអាចទាក់ទាញចិត្តមនុស្សមកកាន់ជំនឿ និងមករកព្រះជាម្ចាស់ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយ។ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ» (មថ ៥,១៦)។
គ្រីស្តបរិស័ទបំពេញកិច្ចការជាគ្រីស្តទូតមិនគ្រាន់តែដោយផ្តល់សក្ខីភាពប៉ុណ្ណោះទេ តែគ្រីស្តទូតដ៏ពិតប្រាកដឆ្លៀតយកគ្រប់ឱកាសសម្រាប់ប្រកាសអំពីព្រះគ្រីស្ត ដោយមានប្រសាសន៍ គឺមានប្រសាន៍ទៅកាន់អ្នកគ្មានជំនឿ ដើម្បីជួយគេឱ្យធ្វើដំណើរទៅកាន់ជំនឿ ព្រមទាំងមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទ ដើម្បីបង្រៀនគេ ពង្រឹងជំនឿរបស់គេ ដាស់តឿនគេឱ្យស្រឡាញ់ព្រះគ្រីស្តកាន់តែខ្លាំងឡើងៗផងដែរ «ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង» (២ករ ៥,១៤)។ គ្រីស្តទូតប៉ូលមានប្រសាសន៍ថា៖ «ប្រសិនបើខ្ញុំមិនប្រកាសដំណឹងល្អទេ សូមឱ្យខ្ញុំវេទនាទៅចុះ!» (១ករ ៩,១៦)។ សេចក្តីនេះត្រូវលាន់ឮក្នុងចិត្តគំនិតរបស់គ្រីស្តបរិស័ទទាំងអស់។
នាសម័យបច្ចុប្បន្នមានសំណួរថ្មីជាច្រើនចោទឡើង ហើយក៏មានការផ្សព្វផ្សាយសេចក្តីខុសជាទម្ងន់ដែលមានទិសដៅចង់កម្ចេចបំផ្លាញសាសនាដល់ឫស ចង់បំផ្លាញរបៀបរៀបរយខាងសីលធម៌ ព្រមទាំងចង់បំផ្លាញសង្គមមនុស្សផងដែរ។ ហេតុនេះហើយ បានជាមហាសន្និបាតសូមដាស់តឿនគ្រីស្តបរិស័ទធម្មតាយ៉ាងខ្លាំង សូមឱ្យម្នាក់ៗរួមចំណែកកាន់តែសកម្មក្នុងការរិះគិតយ៉ាងជ្រៅអំពីគោលការណ៍នៃគ្រីស្តសាសនា ឱ្យបានស្របតាមគោលគំនិតនៃព្រះសហគមន៍ គឺម្នាក់ៗត្រូវធ្វើតាមទេពកោសល្យ និងតាមការអប់រំរបស់ខ្លួនខាងលទ្ធិនៃគ្រីស្តសាសនា។ សូមឱ្យគេរួមការពារគោលការណ៍ទាំងនោះ ព្រមទាំងអនុវត្តតាមឱ្យបានសមស្របតាមបញ្ហានាសម័យឥឡូវ។
៧- ត្រូវប្រែមនុស្សលោកីយ៍ឱ្យបានថ្មីតាមគោលគំនិតគ្រីស្តបរិស័ទ
ព្រះជាម្ចាស់មានគម្រោងការអំពីពិភពលោកដូចតទៅ គឺព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សលោកសុខចិត្តរួម គ្នាកសាងពិភពលោក និងនាំឱ្យពិភពលោកកាន់តែប្រសើរឡើងៗ។ អ្វីៗដែលហៅថា «ពិភពលោក» មានដូចតទៅ គឺសម្បត្តិដែលពាក់ព័ន្ធនឹងជីវិតនិងក្រុមគ្រួសារ វប្បធម៌ កិច្ចការខាងសេដ្ឋកិច្ច អាជីវកម្ម និងមុខងារគ្រឹះស្ថាននៃសមាគមនយោបាយ ទំនាក់ទំនងអន្តរជាតិ និងកិច្ចការផ្សេងៗទៀតស្រដៀងគ្នា ការអភិវឌ្ឍន៍ និងការចម្រើនឡើងនៃអ្វីៗទាំងនោះ។ អ្វីៗទាំងនោះមានតម្លៃដោយខ្លួនឯងផ្ទាល់ ព្រោះព្រះជាម្ចាស់បានដាក់តម្លៃនេះនៅក្នុងខ្លួនអ្វីៗទាំងនោះផ្ទាល់មិនគ្រាន់តែមានតម្លៃទុកជាមធ្យោបាយ ដែលពាក់ព័ន្ធនឹងទិសដៅបំផុតរបស់មនុស្សប៉ុណ្ណោះទេ។ ទោះបីយើងរាប់អ្វីៗនីមួយៗផ្ទាល់ក្តី ឬរាប់អ្វីៗទាំងនោះទុកជាចំណែកក្នុងពិភពលោកទាំងមូលក្តី ក៏ «ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ដែលព្រះអង្គបានប្រតិស្ឋានមក ទ្រង់ឈ្វេងយល់ថា ល្អប្រសើរបំផុតហើយ» (កណ ១,៣១)។ អ្វីទាំងនោះកើតមកល្អស្រាប់ហើយ តែអ្វីទាំងនោះទទួលតម្លៃដ៏ថ្លៃថ្នូរយ៉ាងពិសេស ដោយមានទំនាក់ទំនងជាមួយមនុស្ស គឺព្រះអង្គប្រតិស្ឋានអ្វីទាំងនោះដើម្បីបម្រើមនុស្ស។ ព្រះអង្គក៏សព្វព្រះហឫទ័យប្រមែប្រមូលអ្វីៗទាំងអស់ ទោះនៅក្នុងពិភពលោកក្តី ទាំងអ្វីៗហួសពីពិភពលោកនេះក្តី ឱ្យរួបរួមជាអង្គភាពតែមួយក្នុងអង្គព្រះគ្រីស្ត «ដើម្បីឱ្យព្រះអង្គធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់» (កូឡ ១,១៨)។
ដោយព្រះជាម្ចាស់កំណត់ទិសដៅនេះ ព្រះអង្គមិនបណ្តោយឱ្យអ្វីៗទាំងអស់ក្នុងពិភពលោកបាត់បង់ស្វ័យភាពទេ ឬបាត់បង់ទិសដៅ និងបទដ្ឋានរបស់ខ្លួន ឬបាត់បង់មធ្យោបាយ និងសារៈសំខាន់របស់ខ្លួនដើម្បីជាប្រយោជន៍ដល់មនុស្សលោកទេ តែផ្ទុយទៅវិញ ព្រះអង្គប្រោសឱ្យអ្វីៗទាំងនោះមានកម្លាំង និងមានតម្លៃផ្ទាល់កាន់តែខ្លំាង និងកាន់តែពេញលក្ខណៈឡើងៗ។ នៅពេលជាមួយគ្នានេះ ព្រះអង្គលើកអ្វីៗទាំងនោះឱ្យមានកម្រិតខ្ពស់ស្មើនឹងទិសដៅកំណត់ទាំងស្រុងរបស់មនុស្សនៅលើផែនដីនេះ។
តាមប្រវត្តិសាស្ត្រ របៀបមនុស្សប្រើប្រាស់អ្វីៗក្នុងលោកនេះបណ្តាលឱ្យគេវង្វេងធ្វើផ្តេសផ្តាសជាទម្ងន់។ ដោយសារអំពើបាបខាងដើមដំបូង មនុស្សពិតជាវង្វេងលែងស្គាល់ព្រះជាម្ចាស់ដ៏ពិតប្រាកដ ជាញឹកញាប់គេក៏វង្វេងអំពីសភាពរបស់ខ្លួនជាមនុស្ស និងអំពីគោលការណ៍នៃសីលធម៌ជាច្រើនដង។ ហេតុនេះហើយ បានជាកិរិយាមារយាទ និងអ្វីៗដែលមនុស្សតែងតាំងត្រូវបាត់គុណភាព ហើយគេមើលងាយ មើលបុគ្គលម្នាក់ៗទៀតដែរ។ នាសម័យឥឡូវក៏មានមនុស្សខ្លះសំអាងហួសហេតុលើការចម្រើននៃវិទ្យាសាស្រ្ត និងលើការចម្រើននៃបច្ចេកទេស ក៏ដូចជាបណ្តោយខ្លួនទៅក្រាបថ្វាយបង្គំអ្វីៗក្នុងលោកនេះទុកជាព្រះរបស់ខ្លួន។ គេត្រឡប់ទៅជាទាសករនៃអ្វីៗក្នុងលោកនោះ គឺគេលែងធ្វើជាម្ចាស់លើអ្វីៗទាំងនោះទៀតហើយ។
ព្រះសហគមន៍ទាំងមូលមានភារកិច្ចជួយមនុស្សលោកឱ្យមានសមត្ថភាពអាចកសាងពិភពលោក ដើម្បីឱ្យពិភពលោកនេះមានរបៀបរៀបរយយ៉ាងល្អ តម្រង់ទៅរកព្រះជាម្ចាស់ដោយសារព្រះគ្រីស្ត។ អស់លោកគង្វាលមានភារកិច្ចពន្យល់យ៉ាងច្បាស់នូវគោលការណ៍ស្តីអំពីទិសនៃសត្វលោកទាំងអស់ និងអំពីការប្រើប្រាស់អ្វីៗក្នុងលោកនេះ។ អស់លោកក៏នាំជំនួយខាងវិញ្ញាណ និងខាងសីលធម៌ ដើម្បីឱ្យព្រះគ្រីស្តប្រែអ្វីៗទាំងអស់ក្នុងពិភពលោកនេះឱ្យបានជាថ្មី។
គ្រីស្តបរិស័ទធម្មតាត្រូវចាត់ទុកថា ភារកិច្ចប្រែពិភពលោកឱ្យបានជាថ្មី ជាភារកិច្ចរបស់ខ្លួនគេផ្ទាល់។ ពួកគេត្រូវសម្រេចចិត្តយ៉ាងជាក់ច្បាស់បំពេញភារកិច្ចនោះ ដោយមានពន្លឺនៃដំណឹងល្អបំភ្លឺចិត្តគំនិត និងដោយមានគោលគំនិតនៃព្រះសហគមន៍ណែនាំ ព្រមទាំងដោយមានសេចក្តីស្រឡាញ់ជំរុញទៀតដែរ។ គ្រីស្តបរិស័ទធម្មតាក្នុងនាម ខ្លួនជាប្រជាពលរដ្ឋនៃលោកនេះ ត្រូវរួមសហការជាមួយប្រជាពលរដ្ឋឯទៀតៗ តាមសមត្ថភាពពិសេសរបស់ខ្លួនផ្ទាល់។ គេទទួលខុសត្រូវខ្លួនឯង និងស្វែងរកសេចក្តីសុចរិតនៃព្រះរាជ្យរបស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការ និងនៅគ្រប់ទីកន្លែង។ ត្រូវប្រែរបៀបរៀបរយនៃពិភពលោកឱ្យបានជាថ្មី ដើម្បីឱ្យពិភពលោកនេះកាន់តែស្របតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតនៃការរស់នៅជាគ្រីស្តបរិស័ទ និងឱ្យបានសម្របតាមការរស់នៅប្លែកៗពីគ្នាតាមស្រុកនីមួយៗ តាមកាលៈទេសៈ និងតាមប្រជាជាតិនានាផង។ ប៉ុន្តែ ត្រូវប្រែរបៀបរៀបរយនៃពិភពលោកដោយគោរពបទដ្ឋាន និងស្របតាមបទដ្ឋាននៃពិភពលោកនេះ។ ក្នុងចំណោមកិច្ចការជាគ្រីស្តទូតទាំងនោះ កិច្ចការខាងសង្គមកិច្ចតាមគ្រីស្តសាសនាសំខាន់ជាងគេ។ មហាសន្និបាតមានបំណងចង់ឱ្យគ្រីស្តបរិស័ទធម្មតាលាតសន្ធឹងកិច្ចការខាងសង្គមកិច្ចនេះក្នុងគ្រប់វិស័យនៃពិភពលោក ដោយមិនបំភ្លេចវិស័យវប្បធម៌ទៀតផង។
៨- កិច្ចការមនុស្សធម៌ គឺជាកិច្ចការរបស់គ្រីស្តបរិស័ទជាគ្រីស្តទូត
សេចក្តីស្រឡាញ់ពិតជាប្រភព និងជាកម្លាំងរបស់កិច្ចការជាគ្រីស្តទូតគ្រប់យ៉ាង។ ព្រះគ្រីស្តទ្រង់សព្វព្រះហឫទ័យឱ្យកិច្ចការខ្លះទៅជាសញ្ញាសម្គាល់បញ្ជាក់អំពីបេសកកម្មរបស់ព្រះអង្គក្នុងឋានៈជាព្រះគ្រីស្ត (មថ ១១,៤-៥) ព្រោះកិច្ចការខ្លះបញ្ជាក់យ៉ាងជាក់ច្បាស់អំពីសេចក្តីស្រឡាញ់នោះ។
ក្នុងធម្មវិន័យទាំងមូល វិន័យដ៏សំខាន់ជាងគេមានចែងដូចតទៅ គឺត្រូវស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្តគំនិត និងស្រឡាញ់អ្នកដទៃឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ (មថ ២២,៣៧-៤០)។ ព្រះគ្រីស្តបានលើកវិន័យស្តីអំពីសេចក្តីស្រឡាញ់ចំពោះអ្នកដទៃនោះ ទុកជាវិន័យផ្ទាល់របស់ព្រះអង្គ។ ព្រះអង្គក៏បានប្រទានឱ្យវិន័យនោះមានអត្ថន័យថ្មី ដោយព្រះអង្គជាមនុស្សពិតប្រាកដ ដូចមនុស្សឯទៀតជាបងប្អូនទាំងមានព្រះបន្ទូលថា៖ «គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើអ្វីចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ» (មថ ២៥,៤០)។ ដោយព្រះគ្រីស្តប្រសូតជាមនុស្ស ព្រះអង្គក៏រួបរួមជាមួយមនុស្សលោកទាំងមូល ទាំងរួមសាមគ្គីជាមួយគេយ៉ាងអស្ចារ្យហួសពីសាមគី្គធម្មតារវាងមនុស្ស និងមនុស្ស និងបង្រួបបង្រួមគេឱ្យទៅជាមហាគ្រួសារតែមួយ។ ព្រះអង្គក៏មានព្រះបន្ទូលលើកសេចក្តីស្រឡាញ់ទុកជាលក្ខណៈផ្ទាល់របស់សាវ័កថា៖ «បើអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជានឹងដឹងថា អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន» (យហ ១៣,៣៥)។
នៅខាងដើមដំបូង ព្រះសហគមន៍បានភ្ជាប់ «ពិធីជប់លៀងដោយសេចក្តីស្រឡាញ់» ជាមួយនឹងពិធីអរព្រះគុណ។ ដោយភ្ជាប់ពិធីទាំងពីរដូច្នេះ ព្រះសហគមន៍មានបំណងបញ្ជាក់ថា ព្រះសហគមន៍ទាំងមូលរួបរួមគ្នានៅជុំវិញព្រះគ្រីស្តដោយមានសេចក្តីស្រឡាញ់ជាចំណង។ យ៉ាងណាមិញនៅគ្រប់សម័យ ព្រះសហគមន៍ក៏បង្ហាញខ្លួនឱ្យមនុស្សលោកស្គាល់ ដោសារអគ្គសញ្ញាអរព្រះគុណនោះ ជាសញ្ញានៃសេចក្តីស្រឡាញ់។ ទោះបីព្រះសហគមន៍មានអំណរដោយទទួលស្គាល់ថា អ្នកដទៃក៏ធ្វើអំពើល្អប្រកបដោយសេចក្តីស្រឡាញ់ដែរ ក៏ព្រះសហគមន៍រាប់ថា អំពើតាមមនុស្សធម៌ទុកជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួនផ្ទាល់ និងចាត់ទុកការប្រព្រឹត្តអំពើតាមមនុស្សធម៌នោះជាសិទ្ធិរបស់ខ្លួន ដែលបំបាត់មិនបាន។ ហេតុនេះហើយ បានជាព្រះសហគមន៍តែងតែគោរពលើកតម្កើងយ៉ាងពិសេសបំផុតនូវកិច្ចការប្រកបដោយមេត្តាករុណាចំពោះជនក្រីក្រ និងជនទន់ខ្សោយនូវគ្រប់កិច្ចការដែលហៅថា៖ “កិច្ចការប្រកបដោយសេចក្តីស្រឡាញ់” និងការជួយគ្នាទៅវិញទៅមក ដើម្បីសម្រាលទុក្ខគ្រប់យ៉ាងរបស់មនុស្សលោកផង។
សព្វថ្ងៃ សកម្មភាព និងកិច្ចការប្រកបដោយមនុស្សធម៌ទាំងនោះ ក៏កាន់តែមានសារៈសំខាន់។ យើងក៏ត្រូវចាប់អាម្មណ៍ដល់ពិភពលោកទាំងមូល ដ្បិតមធ្យោបាយទូរគមនាគមន៍កាន់តែស្រួល និងកាន់តែលឿនធ្វើឱ្យមនុស្សទាំងអស់ហាក់ដូចជាជិតគ្នា មនុស្សដែលរស់នៅក្នុងពិភពលោកទាំងមូល ក៏ដូចជាត្រឡប់ទៅជាក្រុមគ្រួសារតែមួយរួចហើយ។ កិច្ចការនៃសេចក្តីស្រឡាញ់អាច (នឹងត្រូវ) ទៅកាន់មនុស្សទាំងអស់ និងដល់អស់ជនរងគ្រោះ។ គ្រីស្តបរិស័ទដែលមានចិត្តស្រឡាញ់ត្រូវស្វែងរក (និងរកឱ្យឃើញ) មនុស្សនៅគ្រប់ទីកន្លែងដែលរងទុក្ខដោយខ្វះស្បៀងអាហារ ខ្វះទឹកពិសា ខ្វះសម្លៀកបំពាក់ ខ្វះថ្នាំសង្កូវ ខ្វះការរៀនសូត្រ ខ្វះមធ្យោបាយរស់នៅឱ្យបានសមនឹងឋានៈរបស់ខ្លួនជាមនុស្ស។ គ្រីស្តបរិស័ទត្រូវស្វែងរក (និងរកឃើញ) អស់អ្នកដែលត្រូវគ្រោះកាចផ្សេងៗ អស់អ្នកដែលមានជំងឺ អស់អ្នកដែលត្រូវគេនិរទេស ឬត្រូវគេចាប់ឃុំឃាំង។ល។ ត្រូវយកចិត្តទុកដាក់លើកទឹកចិត្តគេ និងជួយសម្រាលទុក្ខគេដោយផ្តល់ជំនួយស្របតាមទុក្ខរបស់គេ។ ជាដំបូង ភារកិច្ចនេះជាភាកិច្ចរបស់មនុស្ស និងប្រជាជនដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។
ត្រូវរាប់អ្នកដទៃទុកជារូបតំណាងរបស់ព្រះជាម្ចាស់ គឺព្រះអង្គបានប្រតិស្ឋានគេឱ្យបានដូចព្រះអង្គ ហើយត្រូវយល់ឃើញថា អ្នកដទៃនោះពិតជាព្រះគ្រីស្តជាអម្ចាស់នៃយើង។ តាមពិត អ្វីៗទាំងអស់ដែលយើងជូនទៅអ្នកក្រីក្រ គឺយើងថ្វាយចំពោះព្រះគ្រីស្តជាអម្ចាស់នៃយើងដែរ។ ត្រូវគោរពសេរីភាព និងតម្លៃដ៏ថ្លៃថ្នូររបស់អ្នកដែលខ្លួនជួយនោះដោយចិត្តប្រុងប្រយ័ត្ន និងដោយរិះគិតពិចារណា។ ត្រូវមានចិត្តទៀងត្រង់ មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ឬមិនមានបំណងចង់ធ្វើជាម្ចាស់លើគេ។ ត្រូវបំពេញសេចក្តីត្រូវការតាមយុត្តិធម៌ជាមុនសិន ក្រែងលោយើងជូនអ្វីៗទុកជាអំណោយមកពីសេចក្តីស្រឡាញ់ តែតាមពិតជាអ្វីដែលគេត្រូវការឱ្យគេតាមយុត្តិធម៌។ សូមបំបាត់មូលហេតុដែលបណ្តាលឱ្យមានទុក្ខលំបាក កុំបំបាត់តែលទ្ធផលនៃមូលហេតុទាំងនោះប៉ុណ្ណោះ។ សូមចាត់ចែងជំនួយឱ្យមានរបៀបរៀបរយ ដើម្បីឱ្យអ្នកទទួលជំនួយទាំងនោះបានរួចផុតពីចំណងចំពោះអ្នកដទៃ និងមានលទ្ធភាពអាចទប់ទល់ដោយខ្លួនឯងបាន។ ធ្វើដូច្នេះ ទើបគ្មាននរណាអាចរិះគន់កិច្ចប្រព្រឹត្តតាមសេចក្តីស្រឡាញ់នោះទាល់តែសោះ និងគេយល់គ្រប់គ្នាថា កិច្ចការទាំងនោះពិតជាកើតមកពីសេចក្តីស្រឡាញ់។
ហេតុនេះហើយ បានជាគ្រីស្តបរិស័ទធម្មតាត្រូវរាប់រកកិច្ចការប្រកបដោយសេចក្តីស្រឡាញ់ទុកជាមានតម្លៃយ៉ាងខ្លាំង និងត្រូវជួយធ្វើកិច្ចការទាំងនោះតាមសមត្ថភាពរបស់ខ្លួន។ ត្រូវយកចិត្តទុកដាក់ជាខ្លាំងចំពោះកិច្ចការដែលគេចាប់ផ្តើមធ្វើសម្រាប់ជួយក្នុងសង្គម ទោះជាកិច្ចការរបស់បុគ្គលក្តី ឬជាកិច្ចការសាធារណៈក្តី ដោយមិនបំភ្លេចកិច្ចការអន្តរជាតិទេ។ ដោយជំនួយអន្តរជាតិទាំងនោះគ្រីស្តបរិស័ទអាចជួយមនុស្ស និងប្រជាជនទាំងអស់ដែលកំពុងតែរងទុក្ខលំបាកយ៉ាងសកម្ម។ ក្នុងកិច្ចការទាំងនេះ សូមឱ្យគ្រីស្តបរិស័ទរួមសហការជាមួយអស់មនុស្សដែលមានឆន្ទៈល្អ។
ជំពូក ៣
វិស័យនានាសម្រាប់បំពេញកិច្ចការជាគ្រីស្តទូត
៩- អារម្ភកថា
គ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតរបស់ខ្លួនតាមបែបជាច្រើនទាំងនៅក្នុងព្រះសហគមន៍ ទាំងនៅក្នុងពិភពលោក។ ក្នុងវិស័យទាំងពីរនោះ គេអាចបំពេញកិច្ចការជាគ្រីស្តទូតតាមរបៀបផ្សេងៗពីគ្នា។ ឥឡូវ យើងសូមរម្លឹកគ្រីស្តបរិស័ទអំពីវិស័យសំខាន់ៗដែលមានដូចតទៅ៖ សហគមន៍គ្រីស្តបរិស័ទ ក្រុមគ្រួសារ យុវជនយុវនារី ក្រុមតាមវណ្ណៈក្នុងសង្គម វិស័យជាតិ និងអន្តរជាតិ។ សព្វថ្ងៃ ស្រ្តីៗមានសកម្មភាពកាន់តែខ្លាំងឡើងក្នុងគ្រប់វិស័យនៃការរស់នៅក្នុងសង្គម។ ហេតុនេះ ត្រូវឱ្យស្រ្តីៗទទួលចំណែកកាន់តែខ្លាំងឡើងៗក្នុងវិស័យទាំងអស់នៃកិច្ចការជាគ្រីស្តទូតរបស់ព្រះសហគមន៍។ ការរួមចំណែកនេះមានសារៈសំខាន់ខ្លាំងណាស់។
១០- វិស័យសហគមន៍របស់គ្រីស្តបរិស័ទ
គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងមុខងាររបស់ព្រះគ្រីស្តជាបូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ។ ហេតុនេះ គេបំពេញចំណែកមុខងារយ៉ាងសកម្មក្នុងការរស់នៅ និងក្នុងសកម្មភាពនៃព្រះសហគមន៍។ គេមានសកម្មភាពជាចំាបាច់ក្នុងសហគមន៍គ្រីស្តបរិស័ទ។ ប្រសិនបើគ្រីស្តបរិស័ទធម្មតាគ្មានសកម្មភាពទេ អស់លោកគង្វាលធ្វើកិច្ចការរបស់ខ្លួនក្នុងឋានៈជាគ្រីស្តទូតដោយពំុបានលទ្ធផលយ៉ាងពេញលេញឡើយ។ កាលពីដើម មានបុរស និងស្រ្តីតែងតែជួយគ្រីស្តទូតប៉ូលក្នុងកិច្ចប្រកាសដំណឹងល្អ (កក ១៨,១៨-២៦; រម ១៦,៣)។ យ៉ាងណាមិញ គ្រីស្តបរិស័ទធម្មតាដែលមានឆន្ទៈជាគ្រីស្តទូតយ៉ាងពិតប្រាកដក៏ជួយបងប្អូន លើកទឹកចិត្តអស់លោកគង្វាល ទាំងសមាជិកឯទៀតៗនៃប្រជារាស្រ្តដែលផ្ញើជីវិតលើព្រះជាម្ចាស់ (១ករ ១៦,១៧-១៨)។ គ្រីស្តបរិស័ទធម្មតាចិញ្ចឹមជីវិតរបស់ខ្លួនតាមព្រះវិញ្ញាណ ដោយរួមយ៉ាងសកម្មក្នុងពិធីគោរពប្រណិប័តន៍នៃសហគមន៍របស់ខ្លួន។ គេយកចិត្តទុកដាក់នឹងកិច្ចការជាគ្រីស្តទូតរបស់សហគមន៍នោះ។ គេក៏នាំផ្លូវមនុស្សដែលប្រហែលស្ថិតនៅឆ្ងាយពីព្រះសហគមន៍ឱ្យមករកព្រះសហគមន៍វិញ។ គេយកចិត្តទុកដាក់រួមសហការយ៉ាងខ្លាំងក្នុងការប្រកាសផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាពិសេស ដោយអប់រំជំនឿក្មេងៗ។ គេយកសមត្ថភាពរបស់ខ្លួនមកធ្វើឱ្យមុខងារបម្រើព្រះសហគមន៍ និងការចាត់ចែងទ្រព្យសម្បត្តិរបស់ព្រះសហគមន៍កាន់តែមានប្រសិទ្ធភាពឡើងៗផង។
ភូមិគ្រីស្តបរិស័ទពិតជាឧទាហរណ៍មួយយ៉ាងអស្ចារ្យអំពីកិច្ចការជាគ្រីស្តទូតរួម ដ្បិតក្នុងភូមិគ្រីស្តបរិស័ទនោះ មនុស្សប្លែកៗពីគ្នារួបរួមគ្នាជាធ្លុងតែមួយ និងចូលរួមក្នុងព្រះសហគមន៍សកល។ សូមឱ្យគ្រីស្តបរិស័ទធម្មតាមានទម្លាប់រួមសហការយ៉ាងជិតស្និទ្ធជាមួយអស់លោកគង្វាលរបស់ខ្លួន លើកយកបញ្ហារបស់ខ្លួនផ្ទាល់ និងបញ្ហារបស់មនុស្សលោក ព្រមទាំងសំណួរអំពីការសង្គ្រោះមនុស្សលោកនាំមកឱ្យព្រះសហគមន៍ពិនិត្យមើល និងរកដំណោះស្រាយ ទាំងគិតគូរដល់យោបល់របស់គ្រីស្តបរិស័ទទាំងអស់។ គេរួមសហការតាមលទ្ធភាពរបស់គេក្នុងគ្រប់កិច្ចការជាគ្រីស្តទូត និងគ្រប់កិច្ចប្រកាសដំណឹងល្អរបស់ព្រះសហគមន៍ជាក្រុមគ្រួសាររបស់គេ។
គ្រីស្តបរិស័ទធម្មតាត្រូវពង្រឹងចិត្តគំនិតស្រឡាញ់ភូមិភាគរបស់ខ្លួនឱ្យកាន់តែខ្លាំងឡើងៗ ព្រោះថា ព្រះសហគមន៍តាមភូមិនានាដូចជាកោសិការនៃភូមិភាគ។ គេប្រុងខ្លួនតបឆ្លើយនឹងអភិបាលរបស់ខ្លួនឱ្យរួមសហការនឹងកិច្ចការដែលភូមិភាគចាត់ចែង។ ម៉្យាងទៀត គេត្រូវខិតខំតបឆ្លើយនឹងសេចក្ដីត្រូវការរបស់ប្រជាជនដែលរស់នៅក្នុងទីក្រុង និងនៅតាមជបទ ដោយមិនគ្រាន់តែរួមសហការត្រឹមតែភូមិ ឬភូមិភាគប៉ុណ្ណោះទេ តែខិតខំពង្រីកការរួមសហការរបស់គេទៅសហការអន្តរភូមិ អន្តរភូមិភាគ ហើយរហូតទៅដល់កម្រិតជាតិ និងអន្តរជាតិ។ សព្វថ្ងៃ ដោយប្រជាជនកាន់តែផ្លាស់ប្តូរទីលំនៅជានិច្ច មានចំណងនានាទៅវិញទៅមកកើតកាន់តែច្រើនឡើង ទូរគមនាគមន៍កាន់តែស្រួលទៅៗ មិនបណ្តោយឱ្យក្រុមមួយក្នុងសង្គមអាចរស់នៅដោយឯកឯង មិនគិតដល់ក្រុមឯទៀតៗបានទេ។ គ្រីស្តបរិស័ទធម្មតាត្រូវយកចិត្តទុកដាក់នឹងសេចក្ដីទាមទាររបស់ប្រជារាស្រ្តព្រះជាម្ចាស់ដែលខ្ចាត់ខ្ចាយនៅលើផែនដីទាំងមូល ជាពិសេស គេយកចិត្តទុកដាក់នឹងកិច្ចជួយព្រះសហគមន៍នៅប្រទេសដែលមនុស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត គឺជួយជាសម្ភារៈ ឬជាបុគ្គល។ គ្រីស្តបរិស័ទមានភារកិច្ច និងកិត្តិយសសងព្រះជាមា្ចស់នូវទ្រព្យសម្បត្តិមួយចំណែកដែលគេបានទទួលពីព្រះអង្គ។
១១- ក្រុមគ្រួសារ
ព្រះអាទិករបានលើកសហគមន៍នៃគូស្វាមីភរិយាធ្វើជាប្រភព និងជាគ្រឹះនៃសង្គមមនុស្ស។ ព្រះអង្គក៏ប្រោសប្រណីឱ្យគូស្វាមីភរិយាសម្តែងគម្រោងការដ៏អស្ចារ្យ ដែលមានអត្ថន័យជ្រៅបំផុតអំពីព្រះគ្រីស្ត និងអំពីព្រះសហគមន៍ (អភ ៥,២២)។ ហេតុនេះ កិច្ចការជាគ្រីស្តទូតរបស់គូស្វាមីភរិយា និងរបស់ក្រុមគ្រួសារមានសារៈសំខាន់យ៉ាងពិសេសសម្រាប់ព្រះសហគមន៍ និងសម្រាប់សង្គមទូទៅ។
គូស្វាមីភរិយាពិតជាសហការីរបស់ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស និងជាសាក្សីអំពីជំនឿចំពោះគូរបស់ខ្លួន ចំពោះកូន និងចំពោះសមាជិកឯទៀតៗក្នុងក្រុមគ្រួសាររបស់គេដែរ។ គេបញ្ជូនបន្តជំនឿដល់កូនរបស់ខ្លួនមុនគេ និងអប់រំជំនឿនេះឱ្យកូនមុនគេដែរ។ គេអប់រំកូនៗដោយបង្រៀន និងដោយធ្វើជាគំរូតាមការរស់នៅបែបជាគ្រីស្តបរិស័ទ និងជាគ្រីស្តទូតដែរ។ ពេលកូនៗជ្រើសរើសរបៀបរស់នៅតាមព្រះជាម្ចាស់ត្រាស់ហៅ គេជួយទូន្មានកូនៗដោយប្រាជ្ញា។ ប្រសិនបើគេយល់ឃើញថា ព្រះជាម្ចាស់ត្រាស់ហៅឱ្យកូនទៅជាបូជាចារ្យ គេជួយកូនឱ្យថ្វាយខ្លួនជាបូជាចារ្យ ឬជាបព្វជិត។
តាំងពីដើមរៀងមក ហើយជាពិសេសសព្វថ្ងៃ គូស្វាមីភរិយាមានភារកិច្ចធ្វើជាគ្រីស្តទូតយ៉ាងសំខាន់ជាងគេ គឺបង្ហាញបញ្ជាក់ដោយការរស់នៅទាំងស្រុងរបស់គេថា គូស្វាមីភរិយាមិនអាចបំបាក់បំបែកគ្នាបានឡើយ ហើយចំណងនៃអាពាហ៍ពិពាហ៍រវាងគូស្វាមីភរិយាពិតជាចំណងដ៏វិសុទ្ធផង។ គេមានភារកិច្ចប្រកាសយ៉ាងខ្លាំងដាច់អហង្ការថា ឪពុកម្តាយ និងអាណាព្យាបាលមានសិទ្ធិ និងភារកិច្ចអប់រំកូនៗតាមបែបជាគ្រីស្តបរិស័ទ។ គេមានភារកិច្ចការពារតម្លៃដ៏ថ្លៃថ្នូរ និងស្វ័យភាពដ៏ត្រឹមត្រូវនៃក្រុមគ្រួសារ។ ហេតុនេះហើយ បានជាគូស្វាមីភរិយា និងគ្រីស្តបរិស័ទទាំងអស់ត្រូវតែរួមសហការជាមួយមនុស្សដែលមានឆន្ទៈល្អ ដើម្បីឱ្យច្បាប់សង្គមការពារសិទិ្ធទាំងនោះយ៉ាងពេញលេញ។ សូមរដ្ឋអំណាចដែលគ្រប់គ្រងប្រទេសនីមួយៗទទួលស្គាល់សេចក្តីទាមទាររបស់ក្រុមគ្រួសារអំពីសិទ្ធិ ឱ្យគេមានផ្ទះសម្បែង សិទ្ធិក្នុងការអប់រំកូន សិទ្ធិទាមទារសភាពការណ៍ការងារដ៏ល្អ សិទ្ធិទាមទារសុវត្ថិភាពក្នុងសង្គម និងសិទ្ធិពិនិត្យមើលការកំណត់ពន្ធដារតាមយុត្តិធម៌។ នៅពេលប្រជាជនផ្លាស់ប្តូរទីលំនៅ រដ្ឋអំណាចត្រូវគោរពយ៉ាងពេញលេញនូវសិទ្ធឱ្យក្រុមគ្រួសាររួមរស់ជាមួយគ្នា។
ព្រះជាម្ចាស់បានប្រទានឱ្យក្រុមគ្រួសារមានបេសកកម្មឱ្យទៅជាកោសិកាដែលផ្តល់ជីវិតដើមដំបូងដល់សង្គម។ ក្រុមគ្រួសារអាចបំពេញបេសកកម្មនេះបាន លុះត្រាតែសមាជិកក្រុមគ្រួសារគោរព និងស្រឡាញ់ព្រះជាម្ចាស់ រួមគ្នាអធិដ្ឋាន និងបង្ហាញខ្លួនទុកជាព្រះវិហាររបស់ព្រះសហគមន៍នៅក្នុងផ្ទះ។ ក្រុមគ្រួសារអាចបំពេញបេសកកម្មនេះបាន លុះត្រាតែសមាជិកក្រុមគ្រួសារទាំងអស់ចូលរួមក្នុងពិធីគោរពប្រណិប័តន៍នៃព្រះសហគមន៍។ នៅទីបញ្ចប់ ក្រុមគ្រួសារអាចបំពេញបេសកកម្មនេះបាន លុះត្រាតែក្រុមគ្រួសារទទួលភ្ញៀវយ៉ាងសកម្ម ហើយខិតខំរកយុត្តិធម៌ក្នុងសង្គម និងបម្រើបងប្អូនទាំងអស់ដែលខ្វះខាត។ ក្នុងចំណោមកិច្ចការជាគ្រីស្តទូតទាំងប៉ុន្មានរបស់ក្រុមគ្រួសារ ត្រូវកំណត់កិច្ចការពិសេសផ្សេងៗដូចតទៅ៖ ការទទួលកូនដែលត្រូវគេបោះបង់ចោល ការទទួលជនបរទេសដោយរាក់ទាក់ ការជួយធ្វើឱ្យសាលារៀនមានដំណើរការយ៉ាងស្រួល ការទូន្មាន និងជួយកូនជំទង់ ការជួយគូរដណឹ្តងឱ្យរៀបចំខ្លួនទទួលអគ្គសញ្ញាអាពាហ៍ពិពាហ៍ ការអប់រំជំនឿក្មេងៗ ការលើកទឹកចិត្តគូស្វាមីភរិយា និងក្រុមគ្រួសារដែលជួបឧបសគ្គខាងសម្ភារៈ ឬខាងផ្លូវសីលធម៌ និងការជួយចាស់ជរាឱ្យទទួលផលដ៏ត្រឹមត្រូវនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច គឺមនុស្សចាស់ជរាមិនគ្រាន់តែត្រូវមានអ្វីៗដែលខានមិនបានប៉ុណ្ណោះទេ តែគាត់ត្រូវទទួលផលដ៏ត្រឹមត្រូវនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចថែមទៀតផង។
ក្រុមគ្រួសារគ្រីស្តបរិស័ទត្រូវផ្តល់សក្ខីភាពយ៉ាងថ្លៃថ្នូរបំផុតអំពីព្រះគ្រីស្តនៅចំពោះមុខមនុស្សលោក ដោយភ្ជាប់ចិត្តនឹងព្រះសហគមន៍ក្នុងការរស់នៅទាំងស្រុងរបស់គេ និងដោយបង្ហាញក្រុមគ្រួសារគ្រីស្តបរិស័ទទុកជាគំរូ។ គេត្រូវផ្តល់សក្ខីភាពបែបនោះជានិច្ច និងនៅគ្រប់កន្លែង ជាពិសេស នៅតំបន់គេចាប់ផ្តើមផ្សព្វផ្សាយពូជដើមដំបូងនៃដំណឹងល្អ និងនៅតំបន់ព្រះសហគមន៍ចាប់ផ្តើមកើតឡើង ព្រមទាំងនៅតំបន់ព្រះសហគមន៍ជួបប្រទះឧបសគ្គដ៏ធ្ងន់ធ្ងរ។
ប្រហែលក្រុមគ្រួសារជាច្រើនត្រូវរួបរួមគ្នាបង្កើតជាសមាគម ដើម្បីជួយគ្នាឱ្យទៅដល់គោលដៅនៃកិច្ចការគ្រីស្តទូតរបស់ខ្លួន។
១២- យុវជនយុវនារី
យុវជនយុវនារីពិតជាកម្លាំងដ៏មានសារៈសំខាន់ក្នុងសង្គមទំនើបយើងនេះ។ សភាពការណ៍រស់នៅរបស់គេ ទំនៀមទម្លាប់រិះគិតរបស់គេ ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ខ្លួន សុទ្ធតែប្រែប្រួលទាំងស្រុងរួចហើយ។ ជាញឹកញាប់ ពួកគេបានទទួលមុខងារថ្មីក្នុងសង្គម និងខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ទោះបីពួកគេមានសារៈសំខាន់កាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃក្នុងសង្គម និងខាងនយោបាយក្តី ក៏ពួកគេមិនសូវបានទទួលការអប់រំឱ្យផ្ទុកបន្ទុកថ្មីទាំងនោះយ៉ាងសមរម្យដែរ។
ដោយយុវជនយុវនារីមានសារៈសំខាន់កាន់តែខ្លាំងឡើងៗក្នុងសង្គមដូច្នេះ យុវជនយុវនារីក៏ត្រូវមានសកម្មភាពជាគ្រីស្តទូតកាន់តែខ្លាំងឡើងៗដែរ។ ធម្មជាតិក៏ជំរុញយុវជនឱ្យធ្វើដូច្នេះដែរ។ នៅពេលគេដឹងខ្លួនអំពីបុគ្គលិកលក្ខណៈរបស់ខ្លួនផ្ទាល់ កម្លាំងនៃធម្មជាតិជំរុញគេឱ្យមានសកម្មភាពខ្លាំងហូរហៀរ ពេលនោះ គេទទួលខុសត្រូវផ្ទាល់ ហើយចង់ទទួលចំណែកក្នុងជីវិតខាងសង្គម និងខាងវប្បធម៌។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះគ្រីស្តជ្រួតជ្រាបក្នុងកម្លាំងពុះកញ្រោ្ជលរបស់គេនោះ ហើយប្រសិនបើគេមានចិត្តចង់ស្តាប់បង្គាប់ព្រះសហគមន៍ និងស្រឡាញ់ព្រះសហគមន៍ផង គេមុខជានឹងអាចបង្កើតផលជាច្រើនដែលមានតម្លៃដ៏ថ្លៃថ្នូរ។ យុវជនយុវនារីត្រូវត្រឡប់ទៅជាគ្រីស្តទូត សម្រាប់យុវជនយុវនារីឯទៀតៗមុនគេ ព្រោះគេមានទំនាក់ទំនងជាមួយយុវជនទាំងនោះ គេបំពេញកិច្ចការជាគ្រីស្តទូតដោយខ្លួនគេ និងទៅវិញទៅមកស្របតាមវណ្ណៈក្នុងសង្គមដែលគេរស់នៅ។
មនុស្សពេញវ័យត្រូវយកចិត្តទុកដាក់និយាយសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយយុវជនយុវនារី។ ទោះបីមនុស្សពេញវ័យ និងយុវជនយុវនារីមានអាយុខុសប្លែកគ្នាក៏ដោយ ក៏ការសន្ទនាទាំងនោះនាំឱ្យគេស្គាល់គ្នាទៅវិញទៅមក និងចែកចាយសម្បត្តិដ៏ថ្លៃថ្នូរខាងវិញ្ញាណរបស់ខ្លួនទៅវិញទៅមកដែរ។ មនុស្សពេញវ័យអាចជំរុញដាស់តឿនយុវជនយុវនារីឱ្យទៅជាគ្រីស្តទូតបាន ជាពិសេស ដោយធ្វើជាគំរូឱ្យគេ។ ជួនកាលមនុស្សពេញវ័យនឹងផ្តល់យោបល់ប្រកបដោយប្រាជ្ញា និងផ្តល់ជំនួយប្រកបដោយប្រសិទ្ធភាព។ ចំពោះយុវជនយុវនារីវិញត្រូវតែគោរពមនុស្សពេញវ័យ ត្រូវទុកចិត្តលើគាត់។ ទោះបីតាមធម្មជាតិយុវជនយុវនារីមានបំណងចង់ប្រែអ្វីៗទាំងអស់ឱ្យបានជាថ្មីក្ដី ក៏យុវជនយុវនារីត្រូវចេះគោរពប្រពៃណីឱ្យបានសមរម្យតាមការគួរដែរ។
ក្មេងៗត្រូវបំពេញសកម្មភាពជាគ្រីស្តទូតផ្ទាល់ដែរ។ គេជាសាក្សីដែលមានជីវិតរស់រវើកអំពីព្រះគ្រីស្តនៅក្នុងចំណោមមិត្តសម្លាញ់ តាមសមត្ថភាពរបស់គេរៀងៗខ្លួន។
១៣- វណ្ណៈនៅក្នុងសង្គម
អ្នកបំពេញកិច្ចការជាគ្រីស្តទូតក្នុងវណ្ណៈនៅក្នុងសង្គម តែងយកចិត្តទុកដាក់នាំគំនិតជាគ្រីស្តបរិស័ទឱ្យជ្រាបចូលក្នុងចិត្តគំនិត ក្នុងរបៀបរស់នៅ ក្នុងច្បាប់ និងក្នុងរចនាសម្ព័ន្ធសហគមន៍ដែលម្នាក់ៗរស់នៅ។ គ្មាននរណាអាចបំពេញកិច្ចការនេះឱ្យបានត្រឹមត្រូវជំនួសគ្រីស្តបរិស័ទធម្មតាទេ ព្រោះជាកិច្ចការរបស់គេផ្ទាល់តែម្តង។ គ្រីស្តបរិស័ទធម្មតាអាចបំពេញកិច្ចការនេះបាននៅកន្លែងគេរស់នៅ គឺម្នាក់ៗទៅជាគ្រីស្តទូតសម្រាប់ម្នាក់ៗទៀត។ គេបន្ថែមសក្ខីភាពនៃពាក្យសម្តីលើសក្ខីភាពនៃការរស់នៅ។ គេមានសមត្ថភាពអាចជួយបងប្អូនច្រើនជាងគេនៅកន្លែងធ្វើការ នៅកន្លែងគេប្រកបអាជីវកម្ម នៅកន្លែងសិក្សា នៅកន្លែងគេមានទីលំនៅ នៅកន្លែងលេងលំហែកាយ ហើយនៅសហគមន៍ក្នុងភូមិទៀតផង។
គ្រីស្តបរិស័ទធម្មតាបំពេញបេសកកម្មនៃព្រះសហគមន៍ក្នុងលោកនេះ ជាពិសេស សម្តែងឱ្យមនុស្សលោកឃើញថា គេរស់នៅស្របនឹងជំនឿ គឺជំនឿលើព្រះគ្រីស្តនេះដែលផ្តល់ឱ្យគេទៅជាពន្លឺបំភ្លឺមនុស្សលោក។ ដោយគេរស់នៅតាមយុត្តិធម៌ក្នុងគ្រប់សកម្មភាព គេអាចដាស់មនុស្សម្នាក់ៗឱ្យមានចិត្តស្រឡាញ់ចំពោះអ្វីៗដ៏ពិតប្រាកដ និងអ្វីៗដ៏ល្អ។ ដូច្នេះ គេក៏អាចជំរុញចិត្តមនុស្សឱ្យទៅកាន់ព្រះគ្រីស្ត និងឱ្យទៅកាន់ព្រះសហគមន៍នៅថ្ងៃណាមួយពុំខាន។ គេរស់នៅទាំងស្រឡាញ់អ្នកដទៃទុកជាបងប្អូន ជាហេតុបណា្តលឱ្យគេចែករំលែកសភាពការណ៍រស់នៅ និងសភាពការណ៍ការងារ ចែករំលែកទុក្ខវេទនា និងសេចក្ដីប៉ងប្រាថ្នារបស់បងប្អូនទាំងនោះ។ ធ្វើដូច្នេះ គេចាត់ចែងចិត្តគំនិតមនុស្សបន្តិចម្តងៗ ឱ្យទទួលព្រះជាម្ចាស់ដែលប្រោសប្រណីសង្គ្រោះគេ។ នៅទីបញ្ចប់ ដោយគេដឹងខ្លួនយ៉ាងជាក់ច្បាស់ អំពីការខុសត្រូវរបស់ខ្លួនផ្ទាល់ក្នុងការរស់ក្នុងសង្គម គេខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងក្រុមគ្រួសារ ក្នុងសង្គម និងតាមអាជីវកម្មដោយចិត្តទូលំទូលាយបែបជាគ្រីស្តបរិស័ទ។ របៀបប្រព្រឹត្តនេះមុខជានឹងជ្រួតជ្រាបទៅដល់វណ្ណៈសង្គមគេរស់នៅ និងកន្លែងគេធ្វើការផង។
កិច្ចការជាគ្រីស្តទូតបែបនេះ សំដៅទៅលើមនុស្សទាំងអស់ ទោះជាមានចំនួនធំយ៉ាងណាក្ដី។ គ្មាននរណាមានសិទ្ធិឃាត់មិនឱ្យមនុស្សណាទទួលសម្បត្តិខាងវិញ្ញាណ ឬខាងសម្ភារៈដែលគ្រីស្តទូតប្រគល់ឱ្យគេនោះឡើយ។ ប៉ុន្តែ អស់គ្រីស្តទូតដ៏ពិតប្រាកដមិនស្កប់ចិត្តដោយគ្រាន់តែបំពេញកិច្ចការនេះប៉ុណ្ណោះទេ គេត្រូវយកចិត្តទុកដាក់ប្រកាសព្រះគ្រីស្តដោយនិយាយអំពីព្រះអង្គចំពោះអស់អ្នកដែលរស់នៅជុំវិញគេ។ មនុស្សជាច្រើនអាចទទួលដំណឹងល្អ និងអាចទទួលស្គាល់ព្រះគ្រីស្តដោយសារតែគ្រីស្តបរិស័ទធម្មតាដែលរស់នៅជាមួយគ្នាប៉ុណ្ណោះ។
១៤- វិស័យជាតិ និងអន្តរជាតិ
កិច្ចការជាគ្រីស្តទូតតាមវិស័យជាតិ និងអន្តរជាតិធំទូលំទូលាយណាស់ ជាកន្លែងគ្រីស្តបរិស័ទធម្មតាចាត់ចែងប្រាជ្ញានៃគ្រីស្តសាសនាយ៉ាងពិសេស។ គ្រីស្តបរិស័ទកាតូលិកត្រូវដឹងខ្លួនថា គេមានភារកិច្ចពង្រឹង និងពង្រីកប្រយោជន៍រួមដ៏ពិតប្រាកដដោយសុខចិត្តបម្រើជាតិ និងដោយបំពេញភារកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ។ ដូច្នេះ គេអាចនាំរដ្ឋអំណាចឱ្យទទួលស្គាល់យោបល់របស់គេ និងប្រើអំណាចតាមយុត្តិធម៌ ហើយបង្កើតច្បាប់ស្របតាមសីលធម៌ទាមទារនោះ និងតាមប្រយោជន៍រួមដែរ។ គ្រីស្តបរិស័ទកាតូលិកដែលមានសមត្ថភាពអំពីនយោបាយ ហើយដែលមានជំនឿមាំមួន និងស្គាល់លទ្ធិនៃគ្រីស្តសាសនាយ៉ាងសមរម្យ កុំបដិសេធគ្រប់គ្រងកិច្ចការសាធារណៈឡើយ។ ដោយគ្រប់គ្រងកិច្ចការសាធារណៈយ៉ាងល្អ គេអាចរួមសហការក្នុងកិច្ចរកប្រយោជន៍រួម និងរៀបចំផ្លូវជូនដំណឹងល្អទៀតផង។
គ្រីស្តបរិស័ទកាតូលិកត្រូវយកចិត្តទុកដាក់រួមសហការជាមួយមនុស្សទាំងអស់ដែលមានឆន្ទៈល្អ ដើម្បីលើកស្ទួយអ្វីៗដ៏ពិតប្រាកដ សុចរិត វិសុទ្ធ និងគួរឱ្យស្រឡាញ់ (ភីល ៤,៨)។ ត្រូវរួមសន្ទនាជាមួយអ្នកទាំងនោះទៅរកគេដោយប្រាជ្ញា និងដោយចិត្តធន់ទន់សុភាពរាបសា រកផ្លូវជួយកែច្នៃស្ថាប័នខាងសង្គម និងស្ថាប័នសាធារណៈឱ្យកាន់តែប្រសើរឡើងតាមគោលគំនិតនៃដំណឹងល្អ។
ក្នុងចំណោមសញ្ញាសម្គាល់នៃសម័យឥឡូវ ត្រូវកំណត់សម្គាល់យ៉ាងពិសេសថា ប្រជាជននានាមានគំនិតចង់រួមសាមគ្គីគ្នា ជាគំនិតកាន់តែខ្លំាងឡើងៗដែលជៀសមិនបាន។ គ្រីស្តបរិស័ទធម្មតាដែលបំពេញកិច្ចការជាគ្រីស្តទូត ត្រូវពង្រឹងគោលគំនិតនេះ និងជួយកែប្រែឱ្យទៅជាបំណងយ៉ាងស្មោះ និងយ៉ាងសកម្មទៅបង្កើតសង្គមដែលមនុស្សរាប់អានគ្នាជាបងប្អូនវិញ។ នៅទីបញ្ចប់ គ្រីស្តបរិស័ទធម្មតាត្រូវដឹងខ្លួនអំពីវិស័យអន្តរជាតិ អំពីសំណួរ និងដំណោះស្រាយខាងលទ្ធិនៃសាសនានានាដែលលេចឡើងថ្មីៗ ជាពិសេស ត្រូវចាប់អារម្មណ៍ចំពោះប្រជាជននានាដែលខិតខំឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ឡើង។
អស់អ្នកដែលធ្វើការនៅក្នុងចំណោមប្រជាជាតិបរទេស ឬដែលនាំជំនួយដល់ប្រជាជាតិទាំងនោះ ត្រូវនឹកចងចាំថា ទំនាក់ទំនងរវាងប្រជាជននានា ដូចជាការដោះដូរដ៏ពិតប្រាកដ ត្រូវរាប់គា្នទុកជាបងប្អូន គឺភាគីទាំងពីរផ្តល់អ្វីមួយ និងទទួលអ្វីមួយទៅវិញទៅមកផង។ អស់អ្នកដែលធ្វើដំណើរទៅបរទេស ទោះជាក្នុងមូលហេតុការងារក្ដី ឬក្នុងមូលហេតុជាទេសចរក្ដី ក៏ត្រូវនឹកចងចាំថា នៅគ្រប់កន្លែងគេកំពុងធ្វើដំណើរទៅ គេក៏ជាទូតរបស់ព្រះគ្រីស្តដែរ និងត្រូវមានកិរិយាមារយាទតាមឋានៈជាទូតរបស់ព្រះអង្គនេះ។
ជំពូក ៤
របៀបផ្សេងៗធ្វើជាគ្រីស្តទូត
១៥- អារម្ភកថា
គ្រីស្តបរិស័ទធម្មតាអាចបំពេញកិច្ចការរបស់ខ្លួនជាគ្រីស្តទូតម្នាក់ៗក៏បាន ឬរួមក្នុងសហគមន៍ និងសមាគមផ្សេងៗក៏បានដែរ។
១៦- កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗមានសារៈសំខាន់ ហើយមានច្រើនបែប
គ្រីស្តបរិស័ទម្នាក់ៗត្រូវបំពេញកិច្ចការជាគ្រីស្តទូតដោយផ្ទាល់ខ្លួន គឺកិច្ចការនេះសុទ្ធតែហូរមកពីការរស់នៅជាគ្រីស្តបរិស័ទយ៉ាងពិតប្រាកដ (យហ ៤,១៤)។ នេះជាដើមកំណើត និងជាលក្ខណៈនៃគ្រប់កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗ ឬនៃកិច្ចការរួមជាគ្រីស្តទូតរបស់ក្រុមគ្រីស្តបរិស័ទ។ គ្មានអ្វីអាចជំនួសគោលការណ៍នេះបានឡើយ។
កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗបានផលជានិច្ច ហើយនៅគ្រប់ទីកន្លែង។ ជួនកាលក្នុងសភាពការណ៍ខ្លះ មានតែគ្រីស្តបរិស័ទម្នាក់ៗទេដែលអាចបំពេញកិច្ចការជាគ្រីស្តទូតនេះបាន។ ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទធម្មតាទាំងអស់ ទោះគេរស់នៅតាមរបៀបណាក្តី ទោះបីគេគ្មានលទ្ធភាពចូលរួមសហការក្នុងចលនាផ្សេងៗក្តី ក៏គេមានភារកិច្ចបំពេញកិច្ចការជាគ្រីស្តទូតនេះដែរ។
គ្រីស្តបរិស័ទធម្មតាអាចរួមចំណែកជាច្រើនបែបច្រើនយ៉ាងក្នុងកិច្ចសាងសង់ព្រះសហគមន៍ និងនាំឱ្យមនុស្សលោកបានវិសុទ្ធ ព្រមទាំងធ្វើឱ្យមនុស្សលោកមានជីវិតរស់រវើកក្នុងអង្គព្រះគ្រីស្ត។
គ្រីស្តបរិស័ទធម្មតាម្នាក់ៗបំពេញកិច្ចការជាគ្រីស្តទូតយ៉ាងពិសេស ដោយផ្តល់សក្ខីភាពតាមការរស់នៅរបស់ខ្លួននៅគ្រប់ពេលវេលាដោយមានជំនឿ មានសេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ណែនាំ។ សក្ខីភាពនេះពិតជាសញ្ញាសម្គាល់ស្របតាមសម័យយើងនេះ ហើយក៏សម្តែងព្រះគ្រីស្តដែលរស់នៅក្នុងអស់អ្នកផ្ញើជីវិតលើព្រះអង្គ។ ក្នុងសភាពការណ៍ខ្លះ គ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតដោយប្រកាសអំពីព្រះគ្រីស្ត ការនេះពិតជាចំាបាច់បំផុត។ ម្នាក់ៗពន្យល់ និងផ្សព្វផ្សាយលទ្ធិរបស់ព្រះអង្គតាមសភាពការណ៍រស់នៅ និងតាមសមត្ថភាពរៀងៗខ្លួន ហើយប្រកាសលទ្ធិនេះដោយចិត្តស្មោះ។
លើសពីនេះទៅទៀត គ្រីស្តបរិស័ទធម្មតាក្នុងឋានៈខ្លួនជាពលរដ្ឋនៃពិភពលោកនេះ ក៏រួមសហការជាមួយអ្នកដទៃក្នុងករណីទាំងប៉ុន្មានដែលពាក់ព័ន្ធនឹងការសាងសង់ និងការគ្រប់គ្រងពិភពលោក។ ដូច្នេះ ពួកគេត្រូវរិះគិតឱ្យកាន់តែជ្រៅអំពីមូលហេតុណែនាំឱ្យគេប្រព្រឹត្ត ក្នុងការរស់នៅជាក្រុមគ្រួសារ ក្នុងរបៀបប្រកបអាជីវកម្ម ក្នុងការរស់នៅតាមវប្បធម៌ និងក្នុងរបៀបរស់នៅក្នុងសង្គម តាមពន្លឺនៃជំនឿ។ ប្រសិនបើគេមានឱកាស គេក៏ត្រូវបង្ហាញឱ្យអ្នកឯទៀតៗដឹងអំពីមូលហេតុនៃការប្រព្រឹត្តរបស់ខ្លួន។ ដោយរិះគិតដូច្នេះ គេមុខជានឹងដឹងខ្លួនថា គេជាសហការីរបស់ព្រះជាម្ចាស់ដែលប្រតិស្ឋានអ្វីៗទាំងអស់ ដែលព្រះអង្គរំដោះមនុស្សលោក និងដែលប្រោសឱ្យមនុស្សលោកបានវិសុទ្ធ។ គេក៏នឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែរ។
នៅទីបញ្ចប់ គ្រីស្តបរិស័ទធម្មតានឹងរស់នៅដោយមានសេចក្ដីស្រឡាញ់ណែនាំ ហើយបញ្ជាក់សេចក្ដីស្រឡាញ់នេះដោយប្រព្រឹត្តកិច្ចការឱ្យបានច្បាស់តាមសមត្ថភាពរៀងៗខ្លួន។
គ្រីស្តបរិស័ទធម្មតាត្រូវនឹកចងចាំថា គេអាចមានទំនាក់ទំនងជាមួយមនុស្សទាំងអស់ និងរួមសហការក្នុងកិច្ចសង្គ្រោះមនុស្សលោកទាំងមូលដោយចូលរួមក្នុងពិធីគោរពប្រណិប័តន៍ជាសាធារណៈ ដោយអធិដ្ឋានម្នាក់ឯង ដោយធ្វើតបធម៌ និងដោយសុខចិត្តទទួលកិច្ចការ និងទទួលទុក្ខលំបាកប្រចាំជីវិតដែលធ្វើឱ្យគេបានដូចព្រះគ្រីស្តដែលរងទុក្ខលំបាក (២ករ ៤,១០; កូឡ ១,២៤)។
១៧- កិច្ចការជាគ្រីស្តទូត គ្រីស្តបរិស័ទម្នាក់ៗក្នុងសភាពការណ៍ខ្លះ
កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗពិតជាការជាចំាបាច់ជាទីបំផុត និងមានលក្ខណៈជាបន្ទាន់នៅតំបន់ណាដែលព្រះសហគមន៍គ្មានសេរីភាព។ ក្នុងសភាពការណ៍ដ៏សែនលំបាកទាំងនោះ គ្រីស្តបរិស័ទធម្មតាធ្វើការជំនួសលោកគង្វាលតាមតែគេអាចធ្វើបាន។ ជួនកាលគេប្រថុយឱ្យគេចាប់ខ្លួន ឬប្រថុយជីវិតក៏មានដែរ ដោយបង្ហាត់បង្រៀនលទ្ធិនៃគ្រីស្តសាសនាឱ្យអ្នករស់នៅជុំវិញ អប់រំគេឱ្យកាន់គ្រីស្តសាសនា និងឱ្យមានចិត្តគំនិតកាតូលិក។ គេដាស់តឿនអ្នកដទៃឱ្យទទួលអគ្គសញ្ញាជាញឹកញាប់ ឱ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ដោយចិត្តស្រឡាញ់ ជាពិសេស ឱ្យទទួលអគ្គសញ្ញាអរព្រះគុណ។ មហាសន្និបាតអរព្រះគុណព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត ដែលព្រះអង្គនៅតែគាំទ្រគ្រីស្តបរិស័ទធម្មតាខ្លះដែលមានសេចក្ដីក្លាហានទុកជាវីរបុរសនៅពេលគេបៀតបៀនធ្វើបាប។ មហាសន្និបាត សម្តែងនូវសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះគេដូចឪពុកស្រឡាញ់កូនដូច្នេះដែរ និងអរគុណគេថែមទៀតផង។
កិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទម្នាក់ៗ មានសារៈសំខាន់ជាខ្លាំងនៅកន្លែងណាមានគ្រីស្តបរិស័ទចំនួនតិច និងរស់នៅដាច់ពីគ្នា។ ក្នុងសភាពការណ៍នោះ គ្រីស្តបរិស័ទធម្មតាអាចបំពេញកិច្ចការជាគ្រីស្តទូតតែម្នាក់ៗ ដោយមានមូលហេតុដូចខាងលើ ឬដោយមូលហេតុពិសេសមកពីអាជីវកម្មរបស់គេដែរ។ គេក៏អាចជួបជុំគ្នាជាក្រុមតូចៗដោយគ្មានស្ថាប័ន ឬការចាត់ចែងរឹងប៉ឹងទេ ប៉ុន្តែ ក្រុមតូចៗទាំងនោះត្រូវជាសញ្ញាសម្គាល់សម្តែងអំពីព្រះសហគមន៍ដែលរួមគ្នា និងត្រូវសម្តែងឱ្យអ្នកដទៃឃើញជានិច្ចថា គេជាសក្ខីភាពអំពីសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដដែរ។
គ្រីស្តបរិស័ទធម្មតាជួយគ្នាទៅវិញទៅមកតាមផ្លូវវិញ្ញាណ ដោយស្រឡាញ់គ្នា និងដោយចែករំលែកបទពិសោធន៍របស់ខ្លួន។ ធ្វើដូច្នេះទើបគេរៀបចំខ្លួនឱ្យមានសមត្ថភាពអាចពុះពារឧបសគ្គនានាបណ្តាលមកគេរស់នៅដាច់ឡែកពីគ្នា។ គេក៏រៀបចំខ្លួនឱ្យបង្កើតផលកាន់តែច្រើនតាមផ្លូវជាគ្រីស្តទូត។
១៨- សារៈសំខាន់នៃការចាត់ចែងកិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទឱ្យមានរបៀបរៀបរយ
ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទឱ្យបំពេញកិច្ចការជាគ្រីស្តទូតដោយផ្ទាល់ខ្លួន ស្របតាមសភាពការណ៍ផ្សេងៗនៃការរស់នៅរបស់គេ។ ប៉ុន្តែ មិនត្រូវបំភ្លេចថា មនុស្សមានលក្ខណៈជាអ្នករស់នៅក្នុងសង្គម ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យប្រមែប្រមូលអស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ឱ្យទៅជាប្រជារាស្រ្តរបស់ព្រះអង្គ (១សល ២,៥-១០) និងបង្រួបបង្រួមគេឱ្យទៅជាព្រះកាយតែមួយ (១ករ ១២,១២)។ ហេតុនេះ ការចាត់ចែងកិច្ចការជាគ្រីស្តទូតឱ្យមានរបៀបរៀបរយ ពិតជាស្របតាមលក្ខណៈរបស់មនុស្ស និងតាមលក្ខណៈរបស់គ្រីស្តបរិស័ទទៀតផង។ ការចាត់ចែងកិច្ចការជាគ្រីស្តទូតឱ្យមានរបៀបរៀបរយនេះ ក៏បង្ហាញសញ្ញាសម្គាល់បញ្ជាក់ថា ព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយក្នុងអង្គព្រះគ្រីស្តដែលមានព្រះបន្ទូលថា «នៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ» (មថ ១៨,២០)។
ហេតុនេះហើយ បានជាគ្រីស្តបរិស័ទត្រូវបំពេញកិច្ចការរបស់ខ្លួនជាគ្រីស្តទូត ដោយព្រមគ្នារកទិសដៅតែមួយ។ សូមឱ្យគេបំពេញកិច្ចការរបស់ខ្លួនជាគ្រីស្តទូតនៅក្រុមគ្រួសារ នៅក្នុងព្រះសហគមន៍ក្នុងភូមិ និងក្នុងភូមិភាគដែលជាកន្លែងបង្ហាញលក្ខណៈរួមនៃកិច្ចការជាគ្រីស្តទូត។ សូមឱ្យគេបំពេញកិច្ចការជាគ្រីស្តទូតក្នុងក្រុមដែលគេបានជ្រើសរើសរួមគ្នាដោយសេរី។
កិច្ចការជាគ្រីស្តទូតចាត់ចែងឱ្យមានរបៀបរៀបរយ មានសារៈសំខាន់ណាស់ ព្រោះថា ក្នុងក្រុមនៃព្រះសហគមន៍ ឬក្នុងក្រុមតាមវណ្ណៈផ្សេងៗក្នុងសង្គម អ្នកបំពេញកិច្ចការជាគ្រីស្ត្រទូតត្រូវតែធ្វើការរួម។ ក្រុមដែលកើតមកដើម្បីបំពេញកិច្ចការជាគ្រីស្តទូតរួម ក៏តែងគាំទ្រសមាជិករបស់គេ អប់រំគេឱ្យបំពេញកិច្ចការរួមនេះបាន ហើយចាត់ចែង និងណែនាំកិច្ចការរបស់គេថែមទៀតផង។ ហេតុនេះ ដោយគេធ្វើកិច្ចការរួមជាមួយគ្នា យើងសង្ឃឹមថា គេនឹងបានលទ្ធផលច្រើនជាងម្នាក់ៗដែលបំពេញកិច្ចការដោយដាច់ឡែកពីគ្នា។
ក្នុងសភាពការណ៍នាបច្ចុប្បន្នកាល នៅកន្លែងណាគ្រីស្តបរិស័ទធម្មតាបំពេញសកម្មភាព ត្រូវចាត់ចែងកិច្ចការជាគ្រីស្តទូតរួម និងឱ្យមានរបៀបរៀបរយជាចាំបាច់។ បើគេខិតខំប្រឹងប្រែងរួបរួមគ្នាយ៉ាងស្អិតរមួត ទើបគេអាចបានផលតាមទិសដៅទាំងប៉ុន្មាននៃកិច្ចការជាគ្រីស្តទូត។ បើគេប្រឹងប្រែងរួមគ្នា ទើបគេអាចការពារផលទាំងនោះយ៉ាងសកម្មបាន។ បើយល់ឃើញដូច្នេះ នោះកិច្ចការជាគ្រីស្តទូតមុខជាជ្រួតជ្រាបក្នុងចិត្តគំនិតរួមនៃក្រុមណាមួយ និងនាំឱ្យប្រែសភាពការណ៍នៃការរស់នៅរបស់ក្រុមនោះ ដែលគ្រីស្តទូតមានបំណងទាក់ទងជាមួយ។ បើមិនធ្វើដូច្នេះទេ អ្នកទាំងនោះគ្មានលទ្ធភាពអាចតស៊ូប្រឆាំងនឹងមតិសាធារណៈ ឬស្ថាប័នដែលតែងតែគាបសង្កត់គេនោះឡើយ។
១៩- កិច្ចការជាគ្រីស្តទូតចាត់ចែងឱ្យមានរបៀបរៀបរយ
សមាគមបំពេញកិច្ចការជាគ្រីស្តទូតមានច្រើនបែបណាស់។ មានសមាគមខ្លះមានបំណងចង់ទៅកាន់ទិសដៅនៃកិច្ចការជាគ្រីស្តទូតទូទៅនៃព្រះសហគមន៍។ មានសមាគមខ្លះមានគោលបំណងចង់ប្រកាសដំណឹងល្អ និងចង់ណែនាំមនុស្សលោកឱ្យបានវិសុទ្ធ តាមទស្សនៈពិសេសម៉្យាងរបស់គេ។ មានសមាគមខ្លះមានគោលបំណងចង់ឱ្យអ្វីៗក្នុងពិភពលោកនេះមានជីវិតរស់រវើកតាមគំនិតនៃគ្រីស្តសាសនា។ មានសមាគមខ្លះទៀត មានគោលបំណងចង់ផ្តល់សក្ខីភាពអំពីព្រះគ្រីស្ត ជាពិសេស ដោយធ្វើកិច្ចការបង្ហាញធម៌មេត្តាករុណា និងសេចក្ដីស្រឡាញ់។
ក្នុងចំណោមក្រុមទាំងនោះ ត្រូវចាប់អារម្មណ៍មុនគេនឹងសមាគមដែលជួយសមាជិកក្រុមនោះឱ្យរស់នៅកាន់តែស្របនឹងជំនឿរបស់គេ។ សមាគមទាំងនោះក៏លើកតម្កើងការរស់នៅជាធម្មតារបស់គេឱ្យបានស្របតាមជំនឿ។ ក្រុមទាំងប៉ុន្មានមានគោលដៅបម្រើបេសកកម្មរបស់ព្រះសហគមន៍ចំពោះមនុស្សលោក មិនមែនមានគោលដៅឱ្យក្រុមរបស់ខ្លួនចម្រើនឡើងទេ។ ក្រុមមួយមានតម្លៃចំពោះកិច្ចការជាគ្រីស្តទូត លុះត្រាតែក្រុមនោះប្រព្រឹត្តកិច្ចការស្របតាមគោលដៅនៃព្រះសហគមន៍ លុះត្រាតែក្រុមនោះផ្តល់សក្ខីភាពដែលមានលក្ខណៈគ្រីស្តបរិស័ទសុទ្ធសាធ និងលុះត្រាតែសមាជិកម្នាក់ៗ និងសមាគមទាំងមូលរស់នៅតាមគោលគំនិតនៃដំណឹងល្អ។
ដោយយល់ឃើញថា សង្គមនាបច្ចុប្បន្នកាលវិវឌ្ឍន៍ឡើង និងចាត់ចែងរចនាសម្ព័ន្ធជាលំដាប់លំដោយ បេសកកម្មសកលរបស់ព្រះសហគមន៍ទាមទារឱ្យសមាគមជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទកាតូលិកកាន់តែចម្រើនឡើង នៅតាមវិស័យអន្តរជាតិ។ ប្រសិនបើក្រុម និងសមាជិកដែលចូលរួមក្នុងអង្គការអន្តរជាតិកាតូលិកទាំងនោះ រួមគ្នាកាន់តែជិតស្និទ្ធឡើងៗ អង្គការទាំងនោះមុខជាបានលទ្ធផលតាមទិសដៅរបស់ខ្លួនឱ្យកាន់តែស្រួល។
គ្រីស្តបរិស័ទធម្មតាមានសិទ្ធិបង្កើតសមាគម មានសិទ្ធិណែនាំសមាគម និងមានសិទ្ធិចូលរូមក្នុងសមាគមដែលកើតរួចហើយ ប៉ុន្តែ ត្រូវតែរក្សាចំណងទំនាក់ទំនងជាមួយអំណាចនៃព្រះសហគមន៍ជានិច្ច។ ក៏ប៉ុន្តែ ត្រូវប្រយ័ត្នកំុឱ្យបែកខ្ញែកកម្លាំងឡើយ។ ប្រសិនបើមានបង្កើតសមាគមថ្មីៗ និងកិច្ចការផ្សេងៗដោយគ្មានមូលហេតុគ្រប់គ្រាន់ទេនោះ ឬប្រសិនបើមានរក្សាទុកសមាគមទាំងប៉ុន្មានដែលលែងមានប្រយោជន៍ហើយ ឬមួយទៀត ប្រសិនបើមានប្រព្រឹត្តតាមវិធីហួសសម័យ មុខជាកម្លាំងបែកខ្ញែកគ្នាពុំខាន។ នៅទីបញ្ចប់ ប្រហែលមិនគួរយករបៀបមុខងារជាគ្រីស្តទូតពីប្រទេសមួយ មកអនុវត្តក្នុងប្រទេសមួយទៀត ដោយមិនបានរិះគិតពិចារណាជាមុនទេ។
២០- កិច្ចការកាតូលិក
តាំងពីប៉ុន្មានឆ្នាំកន្លងមក ក្នុងប្រទេសជាច្រើនមានចំនួនគ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតកាន់តែច្រើនឡើងៗ ហើយរួមគ្នាជាក្រុមៗតាមរបៀបផ្សេងៗនៃកិច្ចការរបស់គេ និងតាមសមាគមប្លែកៗពីគ្នាផង។ ក្រុម និងសមាគមទាំងនោះបានបំពេញ (និងនៅតែបំពេញ) កិច្ចការដែលច្បាស់ជាកិច្ចរបស់គ្រីស្តទូតមែន ដោយរួមយ៉ាងជិតស្និទ្ធជាមួយអស់លោកអភិបាល។ ក្នុងចំណោមក្រុម និងសមាគមទាំងនោះ និងក្រុមស្រដៀងគ្នា និងបុរាណជាងគេត្រូវកំណត់សម្គាល់មុនគេ ក្រុមទាំងប៉ុន្មានដែលបង្កើតផលជាច្រើនថ្វាយព្រះគ្រីស្តយាងមកគ្រងរាជ្យដោយប្រើវិធីផ្សេងៗ។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម និងអភិបាលឯទៀតៗជាច្រើននាំគ្នាជួយ និងសរសើរក្រុមយ៉ាងត្រឹមត្រូវ ហើយដាក់ឈ្មោះក្រុមនិងសមាគមទាំងនោះថា៖ «កិច្ចការកាតូលិក»។ ធម្មតាគេរាប់ក្រុមទាំងនោះទុកជាគ្រីស្តបរិស័ទធម្មតាដែលរួមសហការជាមួយអស់លោកអភិបាលក្នុងឋានៈអស់លោកបំពេញកិច្ចការជាគ្រីស្តទូត។
របៀបបំពេញកិច្ចការជាគ្រីស្តទូតបែបនេះ ទោះជាមានឈ្មោះថា៖ «កិច្ចការកាតូលិក» ក្ដី ឬគ្មានឈ្មោះនេះក្ដី ក៏បំពេញកិច្ចការជាគ្រីស្តទូតដែលមានតម្លៃយ៉ាងប្រសើរ។
ក្រុមទាំងនោះតែងតាំងឡើងដោយមានលក្ខណៈដូចតទៅ៖
ក) ក្រុមទាំងនោះមានគោលដៅផ្ទាល់ គឺទិសដៅរបស់ព្រះសហគមន៍ដែលបំពេញកិច្ចការជាគ្រីស្តទូត ពោលគឺ ចង់ប្រកាសដំណឹងល្អ នាំមនុស្សលោកឱ្យបានវិសុទ្ធ ហើយអប់រំមនសិការរបស់គេតាមមាគ៌ានៃគ្រីស្តសាសនា ដើម្បីឱ្យគេមានសមត្ថភាពអាចនាំគោលគំនិតនៃដំណឹងល្អឱ្យជ្រួតជ្រាបក្នុងសហគមន៍ និងក្នុងវណ្ណៈផ្សេងៗក្នុងសង្គម។
ខ) គ្រីស្តបរិស័ទធម្មតារួមសហការជាមួយក្រុមអភិបាលតាមរបៀបផ្ទាល់របស់គេ នាំបទពិសោធន៍របស់គេ ព្រមទាំងទទួលខុសត្រូវក្នុងការណែនាំក្រុមទាំងនោះ និងក្នុងការស្វែងរករបៀបអនុវត្តតាមការណែនាំរបស់ព្រះសហគមន៍ ហើយក៏ទទួលខុសត្រូវក្នុងការបង្កើតកម្មវិធីអនុវត្ត និងក្នុងការពិនិត្យការអនុវត្តន៍នោះតទៅទៀតផង។
គ) គ្រីស្តបរិស័ទធម្មតាទាំងនោះប្រព្រឹត្តកិច្ចការរួមគ្នាដូចជារូបកាយដែលមានរបៀបរៀបរយ។ ការរួមនេះសម្តែងយ៉ាងច្បាស់អំពីព្រះសហគមន៍ដែលរួមគ្នា និងធ្វើឱ្យកិច្ចការជាគ្រីស្តទូតបានលទ្ធផលច្រើនជាង។
ឃ) ទោះជាគ្រីស្តបរិស័ទធម្មតាទាំងនោះចាប់ផ្តើមបំពេញកិច្ចការជាគ្រីស្តទូតដោយខ្លួនឯងក្ដី ឬតបឆ្លើយនឹងលោកអភិបាលដែលអញ្ជើញឱ្យគេធ្វើការ និងរួមសហការជាមួយអស់លោកអភិបាលក្នុងកិច្ចការជាគ្រីស្តទូតក្ដី ក៏គេធ្វើការក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់អស់លោកអភិបាលដែលអាចបញ្ជាក់ពីការរួមសហការនោះ ដោយចាត់គេឱ្យធ្វើយ៉ាងច្បាស់។
ក្រុមដែលមានលក្ខណៈទាំងនោះ តាមការយល់ឃើញរបស់អស់លោកអភិបាល ត្រូវចាត់ទុកជា «កិច្ចការកាតូលិក» ទោះបីគេមានរចនាសម្ព័ន្ធ និងឈ្មោះផ្សេងៗតាមទីកន្លែង និងតាមប្រជាជាតិទាមទារក្ដី។
មហាសន្និបាតដ៏វិសុទ្ធសូមធានាដល់ក្រុមទាំងនោះយ៉ាងខ្លាំង ដែលច្បាស់ជាតបឆ្លើយនឹងសេចក្ដីត្រូវការនៃកិច្ចការជាគ្រីស្តទូតរបស់ព្រះសហគមន៍ក្នុងប្រទេសជាច្រើន។ មហាសន្និបាតក៏អញ្ជើញអស់លោកគង្វាល និងគ្រីស្តបរិស័ទធម្មតាដែលធ្វើការក្នុងក្រុមទាំងនោះឱ្យណែនាំក្រុមទាំងនោះយ៉ាងត្រឹមត្រូវតាមលក្ខណៈចែងខាងលើកាន់តែល្អឡើងៗ និងឱ្យរួមសហរការក្នុងព្រះសហគមន៍ដូចបងប្អូន ជាមួយអស់អ្នកដែលបំពេញកិច្ចការជាគ្រីស្តទូតតាមរបៀបផ្សេងៗទៀត។
២១- ត្រូវយកចិត្តទុកដាក់ចំពោះក្រុមដែលបំពេញកិច្ចជាគ្រីស្តទូត
ត្រូវគោរពក្រុមទាំងប៉ុន្មានដែលបំពេញកិច្ចការជាគ្រីស្តទូតតាមសមគួរ ក៏ប៉ុន្តែ អស់លោកអភិបាលសរសើរ គាំទ្រ និងបង្កើតក្រុមខ្លះទុកជាមានលក្ខណៈបន្ទាន់ជាងគេ តាមតម្រូវការនៃពេលវេលា និងនៃទីកន្លែង។ អស់លោកគង្វាល បព្វជិត បព្វជិតា និងគ្រីស្តបរិស័ទធម្មតា ត្រូវចាត់ទុកក្រុមទាំងនោះទុកជាសំខាន់ជាងគេ ហើយម្នាក់ៗត្រូវពង្រីកក្រុមទាំងនោះតាមបេសកកម្មរៀងៗខ្លួន។ ក្នុងចំណោមក្រុមទាំងនោះ ត្រូវកត់សម្គាល់យ៉ាងពិសេស សមាគម ឬក្រុមអន្តរជាតិរបស់គ្រីស្តបរិស័ទកាតូលិក។
២២- គ្រីស្តបរិស័ទធម្មតា ដែលបម្រើព្រះសហគមន៍យ៉ាងពិសេស
ក្នុងព្រះសហគមន៍ត្រូវគោរព និងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះគ្រីស្តបរិស័ទធម្មតានៅលីវក្ដី មានគ្រួសារក្ដី ដែលសុខចិត្តប្តេជ្ញាចិត្តយកកម្លាំងកាយកម្លាំងចិត្ត យកសមត្ថភាពនៃអាជីវកម្មរបស់គេមកបម្រើស្ថាប័ន និងសកម្មភាពនានានៃព្រះសហគមន៍អស់មួយរយៈពេលក្ដី ឬរហូតអស់មួយជីវិតក្ដី។ យើងមានអំណរសប្បាយជាខ្លាំងដោយឃើញថា មានចំនួនគ្រីស្តបរិស័ទធម្មតាកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ស្ម័គ្រចិត្តបម្រើសមាគមនានា និងកិច្ចការជាគ្រីស្តទូតទាំងនៅក្នុងប្រទេសរបស់ខ្លួន ទាំងក្នុងវិស័យអន្តរជាតិ ជាពិសេស ក្នុងព្រះសហគន៍កាតូលិកនៅប្រទេសដែលមានមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត និងក្នុងព្រះសហគមន៍កំពុងកើតឡើង។
អស់លោកគង្វាលត្រូវទទួលគ្រីស្តបរិស័ទធម្មតាទាំងនោះដោយអំណរសប្បាយទាំងអរព្រះគុណព្រះជាម្ចាស់ផង។ អស់លោកត្រូវយកចិត្តទុកដាក់ឱ្យគេរស់នៅតាមសភាពការណ៍ត្រឹមត្រូវតាមយុត្តិធម៌ តាមសមធម៌ និងតាមសេចក្ដីស្រឡាញ់ តាមអស់លោកអាចធ្វើបាន។ ជាពិសេស ត្រូវផ្គត់ផ្គង់ជីវភាពគេ និងក្រុមគ្រួសាររបស់គេឱ្យបានគ្រប់គ្រាន់។ អស់លោកត្រូវចាត់ចែងឱ្យគេមានមធ្យោបាយគ្រប់គ្រាន់សម្រាប់អប់រំគេ គាំទ្រគេ និងជួយដាស់តឿនគេតាមព្រះវិញ្ញាណផង។
ជំពូក ៥
សេចក្ដីចាត់ចែងដែលត្រូវអនុវត្តតាម
២៣- អារម្ភកថា
អ្នកបំពេញកិច្ចការជាគ្រីស្តទូតម្នាក់ឯងក្ដី ឬក្នុងក្រុមក្ដី ក៏ត្រូវចូលរួមក្នុងកិច្ចការជាគ្រីស្តទូតរបស់ព្រះសហគមន៍ តាមមុខតំណែងដ៏ពិតប្រាកដរបស់ខ្លួន។ លើសពីនេះទៅទៀត អ្នកទាំងនោះត្រូវរក្សាចំណងទាក់ទងជាមួយអស់លោកអភិបាលដែលព្រះវិញ្ញាណបានតែងតាំងឱ្យឃ្វាលព្រះសហគមន៍របស់ព្រះជាម្ចាស់ (កក ២០,២៨)។ ការណ៍នេះសំខាន់ក្នុងកិច្ចការរបស់ខ្លួនជាគ្រីស្តទូតតាមបែបគ្រីស្តបរិស័ទ។ អស់អ្នកដែលផ្តើមកិច្ចការផ្សេងៗក្នុងឋានៈជាគ្រីស្តទូត ក៏ត្រូវរួមសហការគ្នាជាចំាបាច់ដែរ។ អស់លោកអភិបាលមានភារកិច្ចចាត់ចែងឱ្យអ្នកទាំងនោះរួមសហការគ្នាយ៉ាងស្រួល។
អស់អ្នកដែលបំពេញកិច្ចការជាគ្រីស្តទូតតាមបែបប្លែកៗពីគ្នាៗក្នុងព្រះសហគមន៍ ត្រូវគោរពគ្នាទៅវិញទៅមក និងរួមសហការគ្នា ទោះបីត្រូវគោរពលក្ខណៈផ្ទាល់នៃបែបនីមួយៗទាំងនោះក្ដី។ ការណ៍នេះពិតជាចំាបាច់បំផុត ដើម្បីលើកស្ទួយគំនិតឱ្យរួមគ្នាជាធ្លុងតែមួយ បណា្តលឱ្យសេចក្ដីស្រឡាញ់លេចធ្លោឡើងក្នុងគ្រប់កិច្ចការជាគ្រីស្តទូតនៃព្រះសហគមន៍។ បើអ្នកទាំងនោះរួមសហការជាមួយគ្នាមែន ពិតជាគេបានលទ្ធផលតាមគោលដៅរួម និងគេជៀសវាងមិនឱ្យមានការប្រជែងប្រឆាំងគ្នា បណ្តាលឱ្យខូចប្រយោជន៍ព្រះសហគមន៍ឡើង។
ការរួមគ្នានេះចាំបាច់ ជាពិសេស នៅពេលមានកិច្ចការមួយក្នុងព្រះសហគមន៍ទាមទារឱ្យលោកគង្វាលក្នុងភូមិភាគ និងគង្វាលជាបព្វជិត ព្រមទាំងក្រុមបព្វជិតបព្វជិតា និងគ្រីស្តបរិស័ទធម្មតាត្រូវរួមសហការគ្នាឱ្យមានរបៀបរៀបរយយ៉ាងស្រួល។
២៤- ចំណងទំនាក់ទំនងជាមួយអស់លោកអភិបាល
អស់លោកអភិបាលមានភារកិច្ចជួយគ្រីស្តបរិស័ទធម្មតាឱ្យបំពេញកិច្ចការជាគ្រីស្តទូត ព្រមទាំងផ្តល់គោលការណ៍ឱ្យគេ និងជួយគាំទ្រគេខាងផ្លូវវិញ្ញាណ។ អស់លោកចាត់ចែងកិច្ចការនោះដើម្បីជាប្រយោជន៍រួមនៃព្រះសហគមន៍ ហើយយកចិត្តទុកដាក់ឱ្យគេកាន់តាមលទ្ធិនៃគ្រីស្តសាសនា និងគោរពតាមសេចក្ដីចាត់ចែងជាគ្រឹះ។
អស់អ្នកដែលបំពេញកិច្ចការជាគ្រីស្តទូតមានចំណងទាក់ទងជាមួយអស់លោកអភិបាលតាមបែបផ្សេងៗស្របតាមរបៀប និងតាមគោលដៅប្លែកៗពីគ្នានៃកិច្ចការជាគ្រីស្តទូតនោះ។
ក្នុងព្រះសហគមន៍មានគ្រីស្តបរិស័ទធម្មតាផ្តើមកិច្ចការជាគ្រីស្តទូតមួយចំនួន ពួកគេបានសម្រេចចិត្តធ្វើកិច្ចការទាំងនោះ ដែលគេជ្រើសរើសដោយសេរី។ ពួកគេមានសិទ្ធិគ្រប់គ្រងកិច្ចការទាំងនោះតាមការវិនិច័្ឆយដ៏ឈ្លាសវៃរបស់ខ្លួន។ ក្នុងសភាពការណ៍ខ្លះ កិច្ចការទាំងនោះជួយឱ្យព្រះសហគន៍អាចបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងល្អ។ ហេតុនេះហើយ បានជាអស់លោកអភិបាលតែងតែសរសើរ និងធានាកិច្ចការទាំងអស់នោះជាញឹកញ់ាប។ ក៏ប៉ុន្តែ អ្នកណាអួតថា កិច្ចការរបស់ខ្លួនមានឈ្មោះថា «កាតូលិក» លុះត្រាអស់លោកអភិបាលដែលត្រូវបានតែងតាំងយ៉ាងត្រឹមត្រូវយល់ស្របនឹងកិច្ចការនោះ។
អស់លោកអភិបាលទទួលស្គាល់យ៉ាងច្បាស់ថា របៀបធ្វើកិច្ចការជាគ្រីស្តទូតខ្លះពិតជារបៀបព្រះសហគមន៍។
លើសពីនេះទៅទៀត តាមតម្រូវការនៃប្រយោជន៍រួមរបស់ព្រះសហគមន៍ អស់លោកអភិបាលអាចជ្រើសរើស និងជួយលើកស្ទួយយ៉ាងពិសេស សមាគម និងស្ថាប័នដែលបំពេញកិច្ចការជាគ្រីស្តទូតខ្លះ គឺសមាគម និងស្ថាប័នដែលមានគោលដៅចំខាងវិញ្ញាណ។ អស់លោកក៏ត្រូវទទួលខុសត្រូវយ៉ាងពិសេសចំពោះសមាគម និងស្ថាប័នទាំងនោះ។ ដោយអស់លោកអភិបាលចាត់ចែងកិច្ចការជាគ្រីស្តទូតដូច្នេះតាមរបៀបផ្សេងៗនោះ ស្របតាមកាលៈទេសៈដូច្នេះ អស់លោកភ្ជាប់កិច្ចការជាគ្រីស្តទូតតាមបែបណាមួយ ទៅនឹងបន្ទុកផ្ទាល់របស់អស់លោកជាគ្រីស្តទូត។ ទោះបីអស់លោកធ្វើដូច្នេះក្តី ក៏អស់លោកមិនប្រែលក្ខណៈជាគ្រីស្តទូតរបស់អស់លោក ហើយក៏មិនលាយឡំបន្ទុករបស់អស់លោក និងកិច្ចការរបស់គ្រីស្តបរិស័ទទេ។ ហេតុនេះ អស់លោកមិនដកសមត្ថភាពដែលគ្រីស្តបរិស័ទធម្មតា ត្រូវការជាចាំបាច់ក្នុងការចាប់ផ្តើមកិច្ចការដោយខ្លួនផ្ទាល់បានឡើយ។ ក្នុងឯកសារផ្សេងៗនៃព្រះសហគមន៍ មានហៅកិច្ចរបស់លោកអភិបាលបែបនេះថា «ការផ្ញើទុក»។
នៅទីបញ្ចប់ ជួនកាលអស់លោកអភិបាលផ្ញើបន្ទុកខ្លះឱ្យគ្រីស្តបរិស័ទធម្មតាបំពេញ ជាបន្ទុកដែលពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងភារកិច្ចរបស់អស់លោកក្នុងឋានៈជាគង្វាល ឧបមាថា អស់លោកផ្ញើបន្ទុកខ្លះក្នុងការបង្រៀនលទ្ធិនៃគ្រីស្តសាសនា ក្នុងការធ្វើពិធីគោរពប្រណិប៍តន៍ខ្លះ ក្នុងការណែនាំគ្រីស្តបរិស័ទ។ តាមបេសកកម្មនោះ គ្រីស្តបរិស័ទធម្មតាបំពេញបន្ទុកទាំងនេះ ដោយស្តាប់តាមបង្គាប់ទាំងស្រុងរបស់អ្នកទទួលខុសត្រូវក្នុងនាមលោកអភិបាល។
ចំពោះកិច្ចការ និងស្ថាប័នខាងលោកីយ៍ អស់លោកអភិបាលមានតួនាទីបង្រៀន និងបកស្រាយយ៉ាងពិតប្រាកដ នូវគោលការណ៍ខាងសីលធម៌ដែលត្រូវអនុវត្តក្នុងវិស័យទាំងនោះ។ ក្រោយពីបានរិះគិតពិចារណាយ៉ាងយូរ និងដោយបានប្រមូលយោបល់អ្នកដែលមានសមត្ថភាពអស់លោកក៏អាចវិនិច្ឆ័យថា កិច្ចការ ឬស្ថាប័នទាំងនោះស្របតាមគោលការណ៍នៃសីលធម៌ ឬក៏អត់ និងប្រកាសអំពីអ្វីៗដែលត្រូវធ្វើជាចំាបាច់អំពីកិច្ចការទាំងនោះ ដើម្បីថែរក្សាការពារ និងលើកស្ទួយសម្បត្តិខាងវិញ្ញាណ ដែលហួសពីសម្បត្តិក្នុងលោកីយ៍នេះ។
២៥- ក្រុមលោកគង្វាលជួយគ្រីស្តបរិស័ទធម្មតាឱ្យបំពេញកិច្ចការជាគ្រីស្តទូត
អស់លោកអភិបាល អស់លោកគង្វាលទទួលបន្ទុកថែរក្សាគ្រីស្តបរិស័ទក្នុងភូមិ ក្រុមគង្វាលនៃភូមិភាគ និងក្រុមគង្វាលជាបព្វជិតត្រូវនឹកថា អស់អ្នកផ្ញើជីវិតលើព្រះគ្រីស្តទាំងប៉ុន្មាន ទោះជាគ្រីស្តបរិស័ទទទួលអគ្គសញ្ញាតែងតាំងក្ដី ទោះជាគ្រីស្តបរិស័ទធម្មតាក្ដីក៏សុទ្ធតែមានសិទ្ធិ និងភារកិច្ចរួមបំពេញកិច្ចការជាគ្រីស្តទូត។ គ្រីស្តបរិស័ទធម្មតាក៏មានភារកិច្ចផ្ទាល់ពិសេសម៉្យាងក្នុងការសាងសង់ព្រះសហគមន៍ដែរ។ ហេតុនេះហើយ បានជាអស់លោកគង្វាលត្រូវធ្វើការរួមជាមួយគ្រីស្តបរិស័ទធម្មតាក្នុងឋានៈជាបងប្អូនក្នុងព្រះសហគមន៍ និងដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍។ អស់លោកក៏នឹងយកចិត្តទុកដាក់គាំទ្រគ្រីស្តបរិស័ទធម្មតាក្នុងកិច្ចការជាគ្រីស្តទូតរបស់គេ (ពន្លឺ ៣៧)។
អស់លោកអភិបាលត្រូវជ្រើសរើសលោកគង្វាលដោយដោយប្រុងប្រយ័ត្ន ជាគង្វាលដែលមានសមត្ថភាព និងដែលដឹងសេចក្ដីពាក់ព័ន្ធនឹងគ្រីស្តបរិស័ទធម្មតា ដើម្បីជួយណែនាំក្រុមគ្រីស្តបរិស័ទឱ្យបំពេញកិច្ចជាការគ្រីស្តទូត តាមរបៀបពិសេសប្លែកៗពីគ្នា។ ដោយអស់លោកគង្វាលទទួលបេសកកម្មពីលោកអភិបាល អស់លោកបំពេញមុខងារបម្រើគ្រីស្តបរិស័ទបែបនេះ ទុកជាតំណាងរបស់លោកអភិបាល។ អស់លោកគង្វាលត្រូវភ្ជាប់ចិត្តយ៉ាងស្មោះនឹងគោលគំនិត និងលទ្ធិនៃព្រះសហគមន៍ ហើយត្រូវជួយឱ្យគ្រីស្តបរិស័ទធម្មតា និងលោកអភិបាលមានទំនាក់ទំនងជាមួយគ្នាតាមសមរម្យ។ អស់លោកត្រូវយកចិត្តទុកដាក់ខិតខំចិញ្ចឹមជីវិតខាងវិញ្ញាណរបស់គ្រីស្តបរិស័ទឱ្យមានគំនិតជាគ្រីស្តទូត ក្នុងសមាគមកាតូលិកដែលលោកអភិបាលផ្ញើទុកមកនោះ។ អស់លោកត្រូវរួមធ្វើកិច្ចការជាគ្រីស្តទូតជាមួយគ្រីស្តបរិស័ទធម្មតា ដោយផ្តល់យោបល់ប្រកបដោយប្រាជ្ញា និងដោយជួយឱ្យគេបំពេញគម្រោងការរបស់គេ។ ដោយនិយាយសន្ទនាជានិច្ចជាមួយគ្រីស្តបរិស័ទធម្មតា អស់លោកស្វែងរកដោយពិនិត្យពិច័្ឆយនូវរបៀបដែលអាចផ្តល់ឱ្យកិច្ចការជាគ្រីស្តទូតរបស់គេបានលទ្ធផលកាន់តែច្រើនឡើងៗ។ អស់លោកត្រូវជួយសមាជិកឱ្យមានគំនិតរួបរួមគ្នាក្នុងសមាគម និងឱ្យសមាគមរួបរួមជាមួយសមាគមឯទៀតៗដែរ (បព្វជិត ៨)។
នៅទីបញ្ចប់ បព្វជិតបព្វជិតាត្រូវរាប់ទុកថា គ្រីស្តបរិស័ទធម្មតាបំពេញកិច្ចការជាគ្រីស្តទូតគួរឱ្យសរសើរ។ គេត្រូវស្ម័គ្រចិត្តពង្រឹងកិច្ចការនេះឱ្យបានទូលំទូលាយ ស្របតាមគោលដៅនៃក្បួនវិន័យគ្រឹះស្ថានរបស់ខ្លួន។ គេត្រូវខិតខំគាំទ្រ និងជួយ ហើយបង្គ្រប់កិច្ចការរបស់អស់លោកគង្វាលទៀត។
២៦- មធ្យោបាយដែលអាចជួយឱ្យរួមសហការគ្នា
ប្រសិនបើអាចធ្វើបាន ត្រូវមានក្រុមប្រឹក្សាផ្សេងៗតាមភូមិភាគដែលគាំទ្រកិច្ចការជាគ្រីស្តទូតរបស់ព្រះសហគមន៍ ក្នុងវិស័យប្រកាសដំណឹងល្អផង ក្នុងវិស័យនាំឱ្យគ្រីស្តបរិស័ទបានវិសុទ្ធ ក្នុងវិស័យសប្បុរសធម៌ ក្នុងវិស័យសង្គមកិច្ច និងក្នុងវិស័យឯទៀតៗដែរ។ ក្រុមអ្នកទទួលអគ្គសញ្ញាតែងតាំង និងក្រុមបព្វជិតបព្វជិតា ត្រូវរួមសហការជាមួយគ្រីស្តបរិស័ទធម្មតាក្នុងក្រុមប្រឹក្សាទាំងនោះតាមតម្រូវការ និងយ៉ាងសមរម្យ។ ក្រុមប្រឹក្សាទាំងនោះអាចជួយឱ្យសមាគម និងគ្រីស្តបរិស័ទធម្មតាដែលចាប់ផ្តើមកិច្ចការផ្សេងៗឱ្យរួមសហការគ្នាទៅវិញទៅមក ទាំងគោរពលក្ខណៈផ្ទាល់របស់ខ្លួន ហើយស្វ័យភាពនៃសមាគម និងក្រុមទាំងនោះ។
ប្រសិនបើអាចធ្វើបានត្រូវមានក្រុមប្រឹក្សាផ្សេងៗបែបដដែលនោះនៅតាមសហគមន៍ក្នុងភូមិ តាមកម្រិតអន្តរភូមិ អន្តរភូមិភាគ ហើយប្រហែលតាមកម្រិតជាតិ និងអន្តរជាតិ។
នៅក្បែរសន្តអាសនៈត្រូវតែងតាំងការិយាល័យពិសេសមួយសម្រាប់បម្រើ និងលើកស្ទួយកិច្ចការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទធម្មតា។ ការិយាល័យនោះហាក់ដូចជាមណ្ឌលមួយប្រកបដោយមធ្យោបាយតាមសមរម្យ ដើម្បីផ្តល់ពត៌មានអំពីកិច្ចការផ្សេងៗដែលគ្រីស្តបរិស័ទធម្មតាផ្តើមធ្វើ។ ការិយាល័យនោះនឹងខិតខំស្រាវជ្រាវ និងសិក្សាអំពីបញ្ហាទាំងប៉ុន្មានដែលចោទឡើងសព្វថ្ងៃក្នុងវិស័យទាំងនេះ និងជួយទាំងក្រុមអភិបាល ទាំងគ្រីស្តបរិស័ទធម្មតាក្នុងកិច្ចការជាគ្រីស្តទូត។ ក្រុមចលនាផ្សេងៗ និងអង្គការជាគ្រីស្តទូតរបស់គ្រីស្តបរិស័ទធម្មតាក្នុងពិភពលោកទាំងមូល ក៏ត្រូវចូលរួមយ៉ាងសកម្មក្នុងការិយាល័យនោះជាកន្លែងក្រុម និងអង្គការទាំងនោះអាចជួបជុំគ្នាបាន ដើម្បីរួមសហការជាមួយគ្រីស្តបរិស័ទធម្មតា ជាមួយក្រុមអ្នកខ្លះដែលទទួលអគ្គសញ្ញាតែងតាំង និងជាមួយក្រុមបព្វជិតបព្វជិតាខ្លះដែរ។
២៧- ការរួមសហការជាមួយគ្រីស្តបរិស័ទឯទៀតៗ និងជាមួយអ្នកដែលមិនកាន់គ្រីស្តសាសនា
បេតិកភ័ណ្ឌរួមនៃដំណឹងល្អ និងភារកិច្ចរួមហូរមកពីបេតិកភ័ណ្ឌនោះដាស់តឿន និងទាមទារឱ្យគ្រីស្តរបរិស័ទកាតូលិក និងគ្រីស្តបរិស័ទឯទៀតៗរួមសហការគ្នា។ បុគ្គល ឬក្រុមព្រះសហគមន៍អាចរួមសហការគ្នាក្នុងសកម្មភាពផ្សេងៗក៏បាន ឬរួមសហការគ្នាក្នុងសមាគមរួមក៏បាននៅតាមកម្រិតជាតិ ឬអន្តរជាតិក៏បាន (បង្រួប ១២)។
គ្រីស្តបរិស័ទទាំងអស់កាន់តាមតម្លៃដ៏ថ្លៃថ្នូររួម។ ហេតុនេះ អស់គ្រីស្តបរិស័ទដែលមានគោលបំណងបំពេញកិច្ចការជាគ្រីស្តទូត ត្រូវរួមសហការបែបនេះជាមួយអស់អ្នកដែលមិនកាន់គ្រីស្តសាសនា តែទទួលស្គាល់តម្លៃដ៏ថ្លៃថ្នូរនៃគ្រីស្តសាសនាទាំងនោះ។ ប្រសិនបើគ្រីស្តបរិស័ទធម្មតារួមសហការយ៉ាងសកម្ម និងដោយប្រុងប្រយ័ត្នបែបនេះ (បង្រួប ១២; ពន្លឺ ៣៧) ជាពិសេស ក្នុងសកម្មភាពលោកីយ៍ គេមុខជាផ្តល់សក្ខីភាពអំពីព្រះគ្រីស្តជាព្រះសង្គ្រោះរបស់មនុស្សលោក និងអំពីក្រុមគ្រួសាររបស់មនុស្សលោកដែលរួបរួមគ្នាជាធ្លុងតែមួយផង។
ជំពូក ៦
ការអប់រំឱ្យបំពេញកិច្ចការជាគ្រីស្តទូត
២៨- គ្រីស្តបរិស័ទត្រូវទទួលការអប់រំឱ្យបំពេញកិច្ចការជាគ្រីស្តទូត
ជីវិតតាមព្រះវិញ្ញាណរបស់គ្រីស្តបរិស័ទធម្មតាត្រូវតែចម្រើនឡើង ហើយគេក៏ត្រូវស្គាល់លទ្ធិនៃគ្រីស្តសាសនាកាន់តែច្បាស់ដែរ។ គេត្រូវតែសម្របខ្លួនតាមសភាពការណ៍ថ្មីៗ តាមព្រឹត្តិការណ៍ តាមបុគ្គលម្នាក់ៗ និងតាមកាតព្វកិច្ចផ្សេងៗដែរ។ ហេតុនេះហើយ បានជាគ្រីស្តបរិស័ទដែលបំពេញកិច្ចការជាគ្រីស្តទូតត្រូវទទួលការអប់រំយ៉ាងពេញលេញ និងប្លែកៗពីគេ ទើបគេអាចបំពេញកិច្ចការនេះយ៉ាងស័ក្តិសិទ្ធ និងប្រសើរបាន។ គេត្រូវទទួលការអប់រំជាអចិន្រៃ្តយ៍ជាចាំបាច់។ មហាសន្និបាតបានផ្តល់យោបល់ និងប្រកាសសេចក្ដីផ្សេងៗទុកជាគ្រឹះនៃការអប់រំក្នុងកិច្ចការជាគ្រីស្តទូតនេះរួចទៅហើយ (ពន្លឺជំពូក ២.៤.៥; បង្រួប ៤.៦.៧.១២)។ មានកិច្ចជាគ្រីស្តទូតបែបខ្លះ ទាមទារឱ្យគេទទួលការអប់រំពិសេសដោយឡែកពីគេ លើសពីការអប់រំរបស់គ្រីស្តបរិស័ទទូទៅទៀត ព្រោះមនុស្សតែងតែប្លែកៗពីគ្នា ហើយក៏រស់នៅតាមសភាពការណ៍ប្លែកៗពីគ្នាដែរ។
២៩- គោលការណ៍សម្រាប់អប់រំគ្រីស្តបរិស័ទធម្មតាឱ្យបំពេញកិច្ចការជាគ្រីស្តទូត
គ្រីស្តបរិស័ទធម្មតារួមចំណែកក្នុងបេសកកម្មរបស់ព្រះសហគមន៍តាមរបៀបផ្ទាល់របស់គេ។ ហេតុនេះ ការអប់រំគេឱ្យបំពេញកិច្ចការជាគ្រីស្តទូត ត្រូវស្របតាមលក្ខណៈពិសេសរបស់គ្រីស្តបរិស័ទធម្មតាជាអ្នករស់នៅក្នុងសង្គម និងស្របតាមជីវិតខាងវិញ្ញាណសមនឹងការរស់នៅរបស់គេដែរ។
មុននឹងគ្រីស្តបរិស័ទធម្មតាទទួលការអប់រំឱ្យបំពេញកិច្ចការជាគ្រីស្តទូត គេត្រូវទទួលការអប់រំក្នុងឋានៈជាមនុស្សជាមុនសិន គឺស្របតាមបុគ្គលិកលក្ខណៈ និងតាមសភាពការណ៍រស់នៅរបស់គេម្នាក់ៗ។ គ្រីស្តបរិស័ទធម្មតា ត្រូវស្គាល់សភាពការណ៍នៃពិភពលោកនាបច្ចុប្បន្នកាលយ៉ាងច្បាស់ និងត្រូវចូលរួមយ៉ាងស្រួលក្នុងក្រុមរបស់ខ្លួនក្នុងសង្គម និងក្នុងអរិយធម៌របស់ខ្លួនដែរ។
ជាបឋម គ្រីស្តបរិស័ទធម្មតាត្រូវទទួលការអប់រំឱ្យបំពេញបេសកកម្មរបស់ព្រះគ្រីស្ត និងរបស់ព្រះសហគមន៍ដោយខ្លួនមានជំនឿ គឺរស់នៅស្របតាមគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលប្រតិស្ឋាន និងសង្គ្រោះមនុស្សលោក ក្រោមការណែនាំនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសឱ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់មានជីវិតរស់រវើក។ ព្រះវិញ្ញាណដាស់តឿនមនុស្សទាំងអស់ឱ្យស្រឡាញ់ព្រះជាម្ចាស់ទុកជាព្រះបិតា និងឱ្យស្រឡាញ់ពិភពលោក និងមនុស្សលោករួមជាមួយព្រះអង្គដែរ។ ត្រូវចាត់ការអប់រំនេះទុកជាគ្រឹះ និងទុកជាលក្ខ័ណ្ឌដែលខានមិនបាន នាំឱ្យគ្រីស្តបរិស័ទធម្មតាអាចបំពេញកិច្ចការជាគ្រីស្តទូតគ្រប់យ៉ាង និងបង្កើតផលបាន។
លើសពីការអប់រំខាងវិញ្ញាណ គេក៏ត្រូវមានចំណេះយ៉ាងជ្រាលជ្រៅអំពីទេវវិទ្យា អំពីសីលធម៌ និងអំពីទស្សនវិទ្យាដែរ។ ចំណេះបែបនេះក៏ត្រូវសមស្របតាមអាយុ ស្របនឹងសភាពការណ៍រស់នៅ និងស្របតាមទេពកោសល្យរបស់គេម្នាក់ៗ។ លើសពីនេះទៅទៀត សូមកុំភ្លេចថា គេត្រូវស្គាល់វប្បធម៌ទូទៅយ៉ាងសមរម្យ ភ្ជាប់នឹងការអប់រំឱ្យចេះប្រើប្រាស់ចំណេះរបស់ខ្លួន និងឱ្យទទួលការអប់រំខាងបច្ចេកទេសទៀតផង។
ក្នុងការអប់រំគ្រីស្តបរិស័ទធម្មតាត្រូវជួយលើកស្ទួយអ្វីជាតម្លៃដ៏ពិតប្រាកដក្នុងឋានៈជាមនុស្ស ជាពិសេស ឱ្យគេចេះរស់នៅរួមគ្នាទុកជាបងប្អូនបង្កើត ចេះរួមសហការគ្នា និងចេះសន្ទនាជាមួយអ្នកដទៃទៀតផង។ ដូច្នេះ ការអប់រំនេះជួយឱ្យគេមានទំនាក់ទំនងជាមួយមនុស្សដទៃទៀតឱ្យកាន់តែស្រួលឡើង។
ការអប់រំឱ្យបំពេញកិច្ចការជាគ្រីស្តទូតមិនគ្រាន់តែស្រេចលើការរៀនសូត្រទ្រឹស្តីប៉ុណ្ណោះទេ តែតាំងពីដើមរៀងមកត្រូវបង្ហាត់គេបន្តិចម្តងៗ និងដោយប្រុងប្រយ័ត្នឱ្យយល់ឃើញអំពីអ្វីៗទាំងអស់តាមពន្លឺនៃជំនឿ ឱ្យចេះរិះគិតពិចារណាថ្លឹងថ្លែងអ្វីៗនោះ និងឱ្យប្រព្រឹត្តការទាំងអស់តាមពន្លឺនៃជំនឿដែរ។ ត្រូវបង្ហាត់គេឱ្យយកការប្រត្តិបត្តិរបស់ខ្លួន ទុកជាមធ្យោបាយសម្រាប់អប់រំខ្លួនឯង និងចម្រើនឡើងរួមជាមួយអ្នកដទៃ។ ដូច្នេះ គេចូលបម្រើព្រះសហគមន៍យ៉ាងសកម្ម។ ត្រូវអប់រំបែបនេះតទៅឱ្យកាន់តែប្រសើរឡើងជានិច្ច ព្រោះបុគ្គលិកលក្ខណៈមនុស្សម្នាក់ៗចេះតែចម្រើនឡើងជាលំដាប់ ហើយបញ្ហានានាក៏តែងតែប្រែប្រួលជានិច្ចដែរ។ ត្រូវមានចំណេះកាន់តែជ្រៅទៅៗ និងធ្វើកិច្ចការសម្របតាមសភាពការណ៍ និងបញ្ហាដែលតែងតែប្រែប្រួលទាំងនោះដែរ។ ត្រូវយកចិត្តទុកដាក់គោរពបុគ្គលិកលក្ខណៈទាំងមូលរបស់គេម្នាក់ៗទាំងខិតខំតបឆ្លើយ និងសេចក្ដីទាមទារជាច្រើនរបស់គេ។ ការអប់រំបែបនេះមុខជានឹងរក្សាការពារបុគ្គលិកលក្ខណៈរបស់គេឱ្យនៅគង់វង្ស និងឱ្យគេបានសុខដុមរមនាកាន់តែខ្លាំងឡើងៗ។
ធ្វើដូច្នេះ គ្រីស្តបរិស័ទធម្មតាអាចចូលខាងលោកីយ៍ឱ្យកាន់តែជ្រៅ និងកាន់តែសកម្មបាន គឺគេអាចរួមចំណែកក្នុងដំណើរនៃព្រឹត្តិការណ៍ដែលតែងតែកន្លងផុតទៅ។ នៅពេលជាមួយគ្នានេះ ក្នុងឋានៈខ្លួនជាសមាជិកដែលមានជីវិត និងជាសាក្សីអំពីព្រះសហគមន៍ គេធ្វើឱ្យព្រះសហគមន៍មានវត្តមាន និងមានសកម្មភាពនៅក្នុងលោកីយ៍ (ពន្លឺ ៣៣)។
៣០- អ្នកអប់រំគ្រីស្តបរិស័ទឱ្យបំពេញកិច្ចការជាគ្រីស្តទូត
ត្រូវចាប់ផ្តើមអប់រំកូនក្មេងតាំងពីតូចមកឱ្យធ្វើជាគ្រីស្តទូត ជាពិសេស ត្រូវអប់រំកូនជំទង់ និងយុវជនយុវនារីឱ្យចាប់ផ្តើមបំពេញកិច្ចការជាគ្រីស្តទូត និងឱ្យមានគំនិតជាគ្រីស្តទូត។ ត្រូវអប់រំគ្រីស្តបរិស័ទអស់មួយជីវិ ស្របតាមការងារថ្មីៗរបស់ខ្លួនទាមទារ។ អស់អ្នកដែលទទួលបន្ទុកអប់រំតាមគ្រីស្តសាសនា ច្បាស់ជាត្រូវយកចិត្តទុកដាក់នឹងអប់រំគ្រីស្តបរិស័ទឱ្យបំពេញកិច្ចការជាគ្រីស្តទូតនេះ។
ឪពុកម្តាយមានភារកិច្ចក្នុងរង្វង់គ្រួសារ គឺគាត់រៀបចំចិត្តគំនិតកូនៗតាំងពីវ័យតូចមកឱ្យទទួលស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សទាំងអស់។ គាត់ត្រូវអប់រំកូនៗបន្តិចម្តងៗ ជាពិសេស ដោយធ្វើគំរូឱ្យកូនយកចិត្តទុកដាក់នឹងសេចក្ដីត្រូវការរបស់អ្នកដទៃ ទាំងខាងសម្ភារៈ ទាំងខាងវិញ្ញាណ។ ក្រុមគ្រួសារទាំងមូលដែលជាសហគមន៍រស់នៅជាមួយគ្នា ត្រូវអប់រំសមាជិកឱ្យបំពេញកិច្ចការគ្រីស្តទូតដើមដំបូង។
ប៉ុន្តែ ត្រូវអប់រំកូនក្មេងជាចាំបាច់ឱ្យចេះគិតគូរដល់មនុស្សនៅខាងក្រៅក្រុមគ្រួសាររបស់ខ្លួន និងឱ្យបែរទៅស្គាល់ការរស់នៅរបស់សហគមន៍នានា ទាំងក្រុមក្នុងព្រះសហគមន៍ ទាំងក្រុមក្នុងលោកដែរ។ ត្រូវណែនាំក្មេងៗឱ្យចូលរួមក្នុងព្រះសហគមន៍ក្នុងភូមិ តាមបែបឱ្យគេភ្ញាក់ស្មារតីថា គេជាសមាជិកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដែលមានជីវិតរស់រវើក និងមានសកម្មភាពទៀតផង។ ហេតុនេះ អស់លោកគង្វាលត្រូវយកចិត្តទុកដាក់ជានិច្ចនឹងអប់រំគេឱ្យបំពេញកិច្ចការជាគ្រីស្តទូតនេះ ទោះជាក្នុងពេលអប់រំជំនឿក្ដី ក្នុងពេលធ្វើពិធីអត្ថាធិប្បាយព្រះគម្ពីរក្តី ក្នុងការណែនាំខាងវិញ្ញាណក្ដី និងក្នុងកិច្ចការផ្សេងឯទៀតៗនៃមុខងារបម្រើរបស់អស់លោកក្ដី។
សាលារៀន វិទ្យាល័យ និងស្ថាប័នទាំងប៉ុន្មានដែលមានគោលដៅអប់រំក៏ត្រូវជួយលើកស្ទួយគំនិតជាគ្រីស្តបរិស័ទកាតូលិក និងកិច្ចការជាគ្រីស្តទូត ក្នុងចិត្តគំនិតយុវជនយុវនារីដែរ។ ប្រសិនបើគ្មានសាលា គ្មានវិទ្យាល័យ និងគ្មានស្ថាប័នទាំងនោះ ឬប្រសិនបើយុវជនយុវនារីមិនរៀននៅសាលាទាំងនោះ ឬប្រសិនបើមានមូលហេតុផ្សេងៗទៀត សូមឱ្យឪពុកម្តាយ និងអស់លោកគង្វាល ព្រមទាំងក្រុមចលនាដែលបំពេញកិច្ចការជាគ្រីស្តទូតយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗឱ្យអប់រំគេជំនួស។ រីឯគ្រូ និងអ្នកអប់រំដែលបំពេញកិច្ចការជាគ្រីស្តទូតយ៉ាងល្អប្រសើរដោយព្រះជាម្ចាស់ត្រាស់ហៅគាត់ ឬដោយគាត់ទទួលភារកិច្ចនេះឱ្យបំពេញ ក៏សូមឱ្យលទ្ធិនៃជំនឿ និងគរុកោសល្យជ្រួតជ្រាបក្នុងចិត្តគេ ដើម្បីបញ្ចូនបន្តការអប់រំនេះឱ្យបានប្រសិទ្ធភាព។
ក្រុម និងសមាគមផ្សេងៗរបស់គ្រីស្តបរិស័ទធម្មតាដែលបំពេញកិច្ចការជាគ្រីស្តទូត ឬដែលមានគោលដៅមួយផ្សេងទៀតខាងវិញ្ញាណ ក៏ត្រូវយកចិត្តទុកដាក់ជួយអប់រំគេឱ្យបំពេញកិច្ចការជាគ្រីស្តទូតនេះស្របតាមគោលដៅ និងតាមរបៀបរបស់ខ្លួន។ ជាញឹកញាប់ ក្រុម និងសមាគមទាំងនោះជាផ្លូវធម្មតាសម្រាប់អប់រំគ្រីស្តបរិស័ទឱ្យបំពេញកិច្ចការជាគ្រីស្តទូត។ ក្នុងក្រុម និងសមាគមទាំងនោះមានការអប់រំខាងលទ្ធិនៃគ្រីស្តសាសនា មានអប់រំខាងវិញ្ញាណ និងមានអប់រំឱ្យប្រតិបត្តិតាម។ សមាជិកក្រុម និងសមាគមទាំងនោះតែងតែជួបជុំគ្នាជាក្រុមតូចៗជាមួយអ្នករស់នៅជាមួយ និងជាមួយមិត្តសម្លាញ់មកពិនិត្យវិធី និងលទ្ធផលនៃកិច្ចការជាគ្រីស្តទូតរបស់គេ ហើយក៏រួមគ្នាវាយតម្លៃការរស់នៅរបស់ខ្លួនជារៀងរាល់ថ្ងៃតាមដំណឹងល្អ។
ត្រូវបន្តការអប់រំនេះដោយនឹកគិតដល់កិច្ចការជាគ្រីស្តទូតទាំងមូល ដែលជាភារកិច្ចរបស់គ្រីស្តបរិស័ទធម្មតាទាំងអស់ ដ្បិតគេត្រូវប្រព្រឹត្តកិច្ចការនេះក្នុងគ្រប់សភាពការណ៍ប្រចាំការរស់នៅរបស់គេ ជាពិសេស នៅពេលបំពេញអាជីវកម្ម និងក្នុងការរស់នៅក្នុងសង្គម មិនគ្រាន់តែនៅខាងក្នុងក្រុម និងសមាគមរបស់ខ្លួនប៉ុណ្ណោះទេ។ លើសពីនេះទៅទៀត គ្រីស្តបរិស័ទធម្មតាម្នាក់ៗ ជាពិសេស គ្រីស្តបរិស័ទពេញវ័យត្រូវត្រៀមខ្លួនយ៉ាងសកម្មឱ្យបំពេញកិច្ចការជាគ្រីស្តទូតដែរ។ ពេលមនុស្សចម្រើនវ័យឡើង ប្រាជ្ញារបស់គេក៏កាន់តែទូលាយដែរ។ ដូច្នេះ ម្នាក់ៗកាន់តែអាចទទួលស្គាល់ទេពកោសល្យដែលព្រះជាម្ចាស់បានប្រទានឱ្យ គេក៏អាចប្រព្រឹត្តតាមព្រះអំណោយទានដែលព្រះវិញ្ញាណប្រទានឱ្យដែរ ដើម្បីជាប្រយោជន៍ដល់បងប្អូនទាំងអស់។
៣១- ការអប់រំត្រូវស្របតាមបែបផ្សេងៗនៃកិច្ចការជាគ្រីស្តទូត
គ្រីស្តបរិស័ទប្រព្រឹត្តកិច្ចការជាគ្រីស្តទូតតាមបែបផ្សេងៗ ត្រូវតែទទួលការអប់រំស្របតាមបែបនោះ។
ក) ចំពោះកិច្ចការប្រកាសដំណឹងល្អ និងនាំឱ្យមនុស្សបានវិសុទ្ធ៖ គ្រីស្តបរិស័ទធម្មតាត្រូវរៀបចំខ្លួនយ៉ាងពិសេស ឱ្យចេះចាប់ផ្តើមសន្ទនាជាមួយអ្នកដទៃ ទោះជាអ្នកផ្ញើជីវិតលើព្រះគ្រីស្តក្ដី មិនផ្ញើជីវិតលើព្រះគ្រីស្តក្ដី ដើម្បីសម្តែងសាររបស់ព្រះគ្រីស្តឱ្យមនុស្សទាំងអស់។
ប៉ុន្តែ ក្នុងសម័យយើងនេះ លទ្ធិសម្ភារៈនិយមផ្សព្វផ្សាយស្ទើរតែគ្រប់កន្លែង សូម្បីតែក្នុងចំណោមគ្រីស្តបរិស័ទកាតូលិកដែរ។ ហេតុនេះហើយ បានជាគ្រីស្តបរិស័ទធម្មតាមិនគ្រាន់តែត្រូវសិក្សាលទ្ធិនៃគ្រីស្តសាសនា ដោយយកចិត្តទុកដាក់ជាពិសេសត្រង់ប្រការដែលគេចោទប្រកាន់ប៉ុណ្ណោះទេ គេក៏ត្រូវផ្តល់សក្ខីភាពដោយការរស់នៅស្របតាមដំណឹងល្អនៅចំពោះមនុស្សកាន់តាមលទ្ធិសម្ភារៈនិយមគ្រប់ប្រភេទថែមទៀត។
ខ) ចំពោះកិច្ចប្រែអ្វីៗក្នុងលោកនេះតាមរបៀបគ្រីស្តសាសនា៖ គ្រីស្តបរិស័ទធម្មតាត្រូវទទួលការអប់រំអំពីអត្ថន័យដ៏ពិតប្រាកដ និងអំពីតម្លៃនៃសម្បត្តិទាំងប៉ុន្មានក្នុងលោកនេះ ព្រមទាំងអំពីទំនាក់ទំនងទ្រព្យសម្បត្តិទាំងនោះ និងទិសដៅកំណត់ទាំងអស់របស់មនុស្ស។ តែត្រូវហាត់ខ្លួនឱ្យចេះប្រើប្រាស់អ្វីៗទាំងអស់ និងទទួលបទពិសោធន៍អំពីការចាត់ចែងស្ថាប័ន ទាំងយកចិត្តទុកដាក់នឹងប្រយោជន៍រួម តាមគោលកាណ៍នៃលទ្ធិរបស់ព្រះសហគមន៍អំពីសីលធម៌ និងអំពីសង្គមផង។ គ្រីស្តបរិស័ទធម្មតាត្រូវយល់ឱ្យបានច្បាស់ ជាពិសេសអំពីគោលកាណ៍ និងសេចក្ដីបញ្ជាក់នៃលទ្ធិខាងសង្គមនេះ ដើម្បីឱ្យគេមានសមត្ថភាពអាចជួយឱ្យលទ្ធិនេះចម្រើនឡើងតាមចំណែករបស់ខ្លួន និងឱ្យគេអនុវត្តន៍តាមករណីនីមួយៗយ៉ាងត្រឹមត្រូវផងដែរ។
គ) កិច្ចបង្ហាញសេចក្ដីស្រឡាញ់ និងកិច្ចការមនុស្សធម៌ពិតជាផ្តល់សក្ខីភាពដ៏ប្រសើរបំផុត អំពីការរស់នៅបែបគ្រីស្តបរិស័ទ។ ហេតុនេះហើយ បានជាក្នុងការអប់រំឱ្យបំពេញកិច្ចការជាគ្រីស្តទូត ត្រូវណែនាំគេឱ្យចេះបំពេញកិច្ចបង្ហាញសេចក្ដីស្រឡាញ់ និងធ្វើកិច្ចការមនុស្សធម៌ទាំងនោះ។ ដូច្នេះ តាំងពីវ័យកុមារមក សាវ័ករបស់ព្រះគ្រីស្តត្រូវហាត់ខ្លួនឱ្យចេះចែក រំលែកទុក្ខលំបាករបស់បងប្អូន និងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់បងប្អូនទាំងនោះដោយចិត្តទូលំទូលាយ។
៣២- មធ្យោយដែលត្រូវអនុវត្តតាម
គ្រីស្តបរិស័ទធម្មតាដែលបំពេញកិច្ចការជាគ្រីស្តទូតមានមធ្យោយបាយជាច្រើន ដើម្បីទទួលការអប់រំនោះ គឺមានសិក្ខាសាលា សន្និបាត សំណាក់ធម៌ ការប្រជុំជាញឹកញាប់ សៀវភៅ និងសេចក្ដីអត្ថាធិប្បាយណែនាំឱ្យគេស្គាល់ព្រះគម្ពីរកាន់តែជ្រៅទៅៗ និងឱ្យចម្រើនឡើងតាមផ្លូវវិញ្ញាណ។ មធ្យោយទាំងនោះក៏នាំឱ្យស្គាល់ជីវភាព និងសភាពការណ៍លោកនេះឱ្យរកឃើញ និងប្រើវិធីកាន់តែសមស្របតាមកិច្ចការជាគ្រីស្តទូតដែរ។
មធ្យោយសម្រាប់អប់រំទាំងនោះស្របតាមរបៀបបំពេញកិច្ចការជាគ្រីស្តទូតនីមួយៗ តាមតែវណ្ណៈក្នុងសង្គមជាកន្លែងដែលគេមានបំណងបំពេញកិច្ចការជាគ្រីស្តទូត។
មានបង្កើតមណ្ឌលសិក្សា និងគ្រឹះស្ថានដ៏ខ្ពង់ខ្ពស់ផ្សេងៗ ដើម្បីអប់រំតាមបែបនេះ។ មណ្ឌល និងគ្រឹះស្ថានទាំងនោះបានផ្តល់លទ្ធផលដ៏ប្រសើររួចទៅហើយ។ មហាសន្និបាត មានអំណរសប្បាយដោយគ្រីស្តបរិស័ទផ្តើមកិច្ចការទាំងនោះ ហើយដោយមានផ្សព្វផ្សាយឥទ្ធិពលនៃការដែលគេផ្តើមនោះឱ្យរីកសាយក្នុងប្រទេសខ្លះ ទាំងផ្តល់លទ្ធផលជាច្រើនរួចទៅហើយ។ មហាសន្និបាតក៏សូមឱ្យបង្កើតកិច្ចការទាំងនោះនៅកន្លែងផ្សេងៗទៀតតាមសេចក្ដីត្រូវការ។
លើសពីនោះទៅទៀត មហាសន្និបាតទូន្មានឱ្យបង្កើតមណ្ឌលឯកសារ និងមណ្ឌលសិក្សា មិនគ្រាន់តែក្នុងវិស័យទេវវិទ្យាប៉ុណ្ណោះទេ តែក្នុងវិស័យមនុស្សវិទ្យា ចិត្តសាស្រ្ត សង្គមវិទ្យា វិធីសាស្រ្ត ដើម្បីពង្រឹងសមត្ថភាពរបស់គ្រីស្តបរិស័ទធម្មតា ទាំងបុរស ទាំងស្រ្តី ទាំងយុវជនទាំងមនុស្សពេញវ័យនៅក្នុងគ្រប់វិស័យនៃកិច្ចការជាគ្រីស្តទូតផង។
៣៣- ពាក្យដាស់តឿន
មហាសន្និបាតដ៏វិសុទ្ធសូមទទូចអង្វរគ្រីស្តបរិស័ទធម្មតាទាំងអស់ក្នុងនាមព្រះអម្ចាស់ សូមតបឆ្លើយដោយចិត្តទូលំទូលាយនឹងព្រះគ្រីស្តដែលត្រាស់ហៅបងប្អូននៅពេលនេះ ដោយមានព្រះវិញ្ញាណដែលជំរុញផង។ សូមយុវជនយុវនារីយល់យ៉ាងច្បាស់ថា ព្រះគ្រីស្តត្រាស់ហៅគេយ៉ាងពិសេស សូមទទួលសេចក្ដីអញ្ជើញនេះដោយរីករាយ និងដោយចិត្តស្មោះ។ គឺព្រះអម្ចាស់ផ្ទាល់ព្រះអង្គតឿនគ្រីស្តបរិស័ទធម្មតា ជាថ្មីម្តងទៀត ដោយសារមហាសន្និបាត សូមឱ្យគ្រីស្តបរិស័ទធម្មតារួបរួមជាមួយព្រះអង្គឱ្យកាន់តែជិតស្និទ្ធឡើងៗ ជារៀងរាល់ថ្ងៃ ឱ្យយកចិត្តទុកដាក់ និងគិតដល់ប្រយោជន៍ព្រះអង្គ ហាក់ដូចជាគិតដល់ប្រយោជន៍ផ្ទាល់ខ្លួនដែរ (ភីល ២,៤)។ សូមរួមចំណែកក្នុងបេសកកម្មរបស់ព្រះអង្គ។ ព្រះអម្ចាស់ចាត់បងប្អូនម្តងទៀតឱ្យទៅតាមភូមិ តាមស្រុកនានាដែលព្រះអង្គបម្រុងនឹងយាងទៅ (លក ១០,១)។ ដូច្នេះ គ្រីស្តបរិស័ទធម្មតាពិតជាត្រូវបង្ហាញខ្លួនថា ខ្លួនជាសហការីរបស់ព្រះអង្គតាមរបៀបប្លែកៗពីគ្នា និងដោយប្រើមធ្យោបាយផ្សេងៗបំពេញកិច្ចការជាគ្រីស្តទូតតែមួយដដែលរបស់ព្រះសហគមន៍។ បងប្អូនក៏ស្គាល់សេចក្ដីទាមទារនៅសម័យឥឡូវ ខិតខំប្រឹងប្រែងបម្រើព្រះអម្ចាស់ទាំងដឹងថា កិច្ចការដែលខ្លួនធ្វើទាំងនឿយហត់ ដោយរួមជាមួយព្រះអង្គនោះមិនមែនអសារឥតការឡើយ (១ករ ១៥,៥៨)។
អស់លោកអភិបាលដែលរួមក្នុងមហាសន្និបាតពេញចិត្តនឹងក្រឹត្យក្រមទាំងមូលនេះ និងគោលការណ៍នីមួយៗផង។ រីឯយើងវិញ ស្របតាមអំណាចដែលព្រះគ្រីស្តបានប្រគល់ឱ្យយើងក្នុងឋានៈជាគ្រីស្តទូតរួមជាមួយអស់លោកអភិបាល ដោយមានព្រះវិញ្ញាណរួមជាមួយផងក៏យល់ព្រម ហើយសម្រេចចេញជាក្រឹត្យក្រមដែរ។ យើងបង្គាប់ឱ្យសេចក្តីដែលមហាសន្និបាតបានចាត់ចែងនេះត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។
ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តសិលា ថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក
(ហត្ថលេខារបស់លោកអភិបាល)