ការបកប្រែ | Translation
សារមហាសន្និបាត | Message of Council
ធម្មនុញ្ញគោលលទ្ធិ៤ | Constitutions 4
សេចក្តីប្រកាស៣ | Declarations 3
ក្រឹត្យក្រម៩ | Decrees 9

ព្រះអម្ចាស់ចាត់គ្រីស្តទូត
ឱ្យទៅកាន់ជាតិសាសន៍ដទៃ
AD GENTES

ខ្ញុំប៉ូល ជាអភិបាល និងជាអ្នកបម្រើអស់អ្នកដែលបម្រើព្រះជាម្ចាស់ រួមជាមួយអស់លោកអភិបាលដែលប្រជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធ សូមប្រកាសក្រឹត្យក្រមនេះ ដើម្បីឱ្យគេនឹកចងចាំជានិច្ច ។

ក្រឹត្យក្រម
អំពីសកម្មភាពរបស់ព្រះសហគមន៍​
ដែលទទួលបេសកកម្មជាសាសនទូត

បុព្វកថា

១- ព្រះជាម្ចាស់ចាត់ព្រះសហគមន៍ឱ្យទៅកាន់សាសន៍ដទៃ ដើម្បីទៅជា “អគ្គសញ្ញានៃការសង្គ្រោះរបស់​​​មនុស្ស​​​ទាំង​​​អស់“ (ពន្លឺ ៤៨)។ ហេតុនេះហើយ បានជាព្រះសហគមន៍ខិតខំអស់ពីសមត្ថភាពប្រកាសដំណឹងល្អឱ្យមនុស្សទាំង​​​អស់​​​ស្រប​​​តាម​​​ការទាមទារនៃលក្ខណៈ​​​របស់ខ្លួនផ្ទាល់​ ជាព្រះសហគមន៍សកល ​និងតាមព្រះបញ្ជារបស់ព្រះយេស៊ូ​​​ដែល​​​​​​បា​​​ន​​​បង្កើតព្រះ​​​សហគមន៍​​​នោះដែរ (មក ១៦,១៦)។ ក្រុមគ្រីស្តទូតដែលជាគ្រឹះនៃព្រះសហគមន៍ បានយក​​​តម្រាប់​​​​​​តាម​​​​​​ព្រះគ្រីស្ត គឺអស់លោក “បានប្រកាស​ព្រះ​បន្ទូល​នៃសេចក្តីពិត និងបង្កើតព្រះ​សហគមន៍​នា​នា“ (សន្ត​អូគូស្តាំង)។ អស់លោកដែល​បន្ត​មុខ​ងារពីក្រុមគ្រីស្តទូត ក៏មាន​ភារកិច្ច​បន្តកិច្ចការនេះដែរ ដើម្បីឱ្យ “ព្រះបន្ទូល​របស់​​​​​​​ព្រះ​​​អម្ចាស់​បានផ្សព្វ​ផ្សាយ និងបានរុងរឿង“ (២ថស ៣,១)។ អស់លោកក៏មានភារកិច្ចប្រកាសដំណឹង​​​ល្អ​​​អំ​​​ពី​​​ព្រះ​​​​​​ជាម្ចាស់​​​គ្រង​​​រាជ្យ ​​​និងតែងតាំងព្រះរាជ្យនោះ​លើពិភព​លោក​ទាំងមូលផងដែរ។

ប៉ុន្តែ តាមសភាពការណ៍រប​​​ស់មនុស្សលោកនាបច្ចុប្បន្នកាល ព្រះជាម្ចាស់​ត្រាស់​ហៅព្រះ​សហ​គម​ន៍​ដែល​​​ជា​​​អំបិល​​​សម្រាប់​​​ផែនដី និងជាពន្លឺបំភ្លឺពិភពលោក (មថ ៥,១៣-១៤) ជាបន្ទាន់ឱ្យសង្គ្រោះ និង​កែទម្រង់​សត្វ​​​​លោក​​​ទាំង​​​អស់​​​ឱ្យបានជាថ្មី ដើម្បីឱ្យអ្វីៗកើតជាថ្មីក្នុងអង្គព្រះគ្រីស្ត ហើយដើម្បីតែងតាំងមនុស្ស​គ្រប់​ជាតិ​សាសន៍​ឱ្យធ្វើជា​មហាគ្រួសារ​​​តែមួយក្នុងអង្គព្រះគ្រីស្ត និងឱ្យធ្វើជា​​​ប្រជារាស្ត្រតែមួយរបស់ព្រះជាម្ចាស់ទៀតផង។

ហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធអរព្រះគុណ​​​ព្រះជាម្ចាស់ចំពោះ​កិច្ចការដ៏ប្រសើរ​អស្ចារ្យ ដែល​ព្រះ​​​​សហ​គមន៍​ទាំងមូលបានខ្នះខ្នែងសម្រេចដោយចិត្តទូលំទូលាយ។ មហាសន្និបាតក៏​ប្រាថ្នា​ចង់​គូសបញ្ជាក់​គោល​ការណ៍​​​​ដ៏សំខាន់ៗនៃសកម្មភាពរបស់ព្រះ សហគមន៍ ដែលបំពេញបេសកកម្ម​ជាសាសនទូត​ដែរ។ មហាសន្និ​បាត​ក៏​មាន​​​​បំណងប្រមែប្រមូលកម្លាំងគ្រីស្តបរិស័ទទាំងអស់ ដើម្បី ឱ្យប្រជារាស្ត្ររបស់ព្រះជាម្ចាស់ដើរទៅមុខ តាមទ្វារ​​​ចង្អៀត​​​​​​នៃឈើឆ្កាង និងលាតសន្ធឹងព្រះរាជ្យរបស់ព្រះគ្រីស្តជាអម្ចាស់ ដែលទត មើលសតវត្សរ៍ទាំងប៉ុន្មាននៅពេល​​​តែ​​​មួយ (បស ៣៦,១៩) ព្រមទាំងរៀបចំមាគ៌ាថ្វាយព្រះអង្គយាងមកយ៉ាងរុងរឿង។

ជំពូក១
គោលការណ៍តាមលទ្ធិនៃគ្រីស្តសាសនា

២- គម្រោងការរបស់ព្រះបិតា

នៅពេលព្រះសហគមន៍ធ្វើដំណើរក្នុងលោកនេះ ព្រះសហគមន៍មានលក្ខណៈជាសាសនទូត ព្រោះព្រះ​​​សហសគមន៍កើតមកដោយព្រះជាម្ចាស់ជាព្រះបិតាចាត់​​​ព្រះ​​​​​​បុត្រា និងព្រះ​​​វិញ្ញាណ​​​ដ៏វិសុទ្ធឱ្យយាងមកតាមព្រះអង្គគ្រោងទុក (ពន្លឺ១)។

គម្រោងការនេះហូរចេញមកពីព្រះហឫទ័យរបស់​​​ព្រះបិ​​​តា ជា​​​ប្រភព​​​នៃ​​​សេចក្តីស្រឡាញ់ គឺ​​​ព្រះ​​​បិតា​​​ជា​​​ដើម​​​កំណើត​​​នៃអ្វីៗទាំងអស់ ព្រះអង្គប្រទានព្រះជន្មឱ្យព្រះ​បុត្រា ហើយព្រះវិញ្ញាណ​ក៏​​​ហូរ​​​​ចេញ​​​មកពីព្រះបិតាដោយ​​​សារ​​​ព្រះបុត្រា។ ព្រះបិតា​​​បានប្រតិស្ឋាន​មនុស្ស​យើង ដោយ​ព្រះអង្គ​​​មាន​សេរីភាពពេញលេញ មកពីព្រះអង្គមានព្រះ​​​ហឫទ័យសប្បុរស និងមេត្តាករុណាយ៉ាងក្រៃលែងហួសពីការស្មាន។ ព្រះអង្គក៏ត្រាស់ហៅមនុស្យយើង​ឱ្យ​​​ទទួល​​​ចំណែក​​​ក្នុងព្រះ​ជន្ម និង​​​សិរីរុង​​​រឿង​​​ផ្ទាល់​​​របស់ព្រះ​អង្គ​ថែមទៀត​។ ព្រះអង្គ​បាន​ចាក់បង្ហូរ​ព្រះ​ហឫ​ទ័យមេត្តា​ករុណា​​​របស់​ព្រះអង្គ​លើយើងដោយឥតសំចៃ ហើយទ្រង់នៅតែចាក់​បង្ហូរ​ព្រះ​ហឫ​ទ័យមេត្តាករុណា​នេះតទៅ​ឥតឈប់​​​ឈរ​​​​​​ដែរ។ ហេតុនេះហើយ បានជា​​​ព្រះ​​​អង្គ​​​ពិតជាព្រះអាទិករនៃ​​​សត្វ​​​លោក​​​ទាំងឡាយ ដើម្បីឱ្យព្រះអង្គ “គ្រងរាជ្យ​លើ​អ្វី​​​ទាំង​អស់​ក្នុងគ្រប់ប្រការ​ទាំងអស់” (១ករ ១៥,២៨) ដើម្បីលើកតម្កើង​សិរីរុងរឿងរបស់ព្រះអង្គផង និង​ប្រទាន​សុភមង្គលឱ្យមនុស្សយើងផងដែរ។ ​ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅមនុស្សលោកឱ្យ​ទទួលចំណែកក្នុងព្រះ​ជន្ម​ផ្ទាល់រ​​​បស់ព្រះអង្គ មិនគ្រាន់តែចែកឱ្យ​បុគ្គល​​​ម្នាក់ៗដែល​គ្មាន​ចំណង​ជាប់​ទាក់​ទង​ជាមួយ​អ្នក​ដ​ទៃ​​ប៉ុណ្ណោះទេ តែព្រះ​​​អង្គ​​​សព្វព្រះ​ហឫទ័យ​តែងតាំង​ប្រជារាស្ត្រមួយ​​​ឱ្យ​​​​ប្រមែប្រមូលបុត្រធីតារបស់ព្រះ​អង្គ​ដែលខ្ចាត់​ខ្ចាយ​ទៅ ឱ្យចូល​​​រួប​​​រួម​​​គ្នាជាធ្លុងតែមួយថែមទៀតផង (យហ ១១,៥២)។

៣- បេសកកម្មរបស់ព្រះបុត្រា

ព្រះជាម្ចាស់សម្រេចគម្រោងការសង្គ្រោះមនុស្សជាតិទាំងមូល តែព្រះអង្គមិនសង្គ្រោះគេដោយស្ងាត់ៗ​ក្នុង​ចិត្ត​​​​គំនិត​គេប៉ុណ្ណោះទេ ព្រះអង្គក៏មិនសង្គ្រោះគេតាមរយៈអ្នកខ្លះដែលខិតខំស្វែងរកព្រះអង្គ​​​តាមរបៀប​​​ផ្សេងៗ​​​​​​​​​ជា​​​ច្រើន​​​ដែរ សូម្បី​តែ​តាមរយៈ​សាសនា​​​​​​​​​​ផ្សេងៗក៏ដោយ។ អ្នកខ្លះខ្នះខ្នែងស្វែងរកព្រះអង្គទាំងមានបំណង​​​ទៅ​​​កាន់​​​ព្រះ​​​អង្គ ប្រសិន​បើពួកគេអាចធ្វើ​​​ដូច្នេះបាននោះ​​​ គេក៏មានបំណង​​​ចង់ឃើញ​​​ព្រះអង្គថែម​​​​​​ទៀត។ តាមពិត ព្រះ​​​អង្គ​​​គង់​​​មិន​នៅ​ឆ្ងាយពីយើង​ម្នាក់ៗទេ (កក ​​​​​​​​​១៧,២៧)។ ជួនកាលយើងអាចចាត់ទុកថា ការខិតខំទាំងនោះមកពីមនុស្ស​តម្រង់​ខ្លួន​ទៅ​រក​ព្រះ​ដ៏ពិត​ប្រាកដ ឬ​​​ជាការ​រៀប​ចំខ្លួន​ឱ្យ​ទទួល​​​ដំណឹងល្អ (ពន្លឺ១៦) តាម​គម្រោងការដ៏​សប្បុរស​របស់​​​ព្រះ​ជាម្ចាស់ដែល​ថែរក្សាមនុស្ស​​​លោ​​​កដែរ។ ក៏ប៉ុន្តែ ​ត្រូវ​តែបំភ្លឺ និង​តម្រង់​ការ​ខិតខំ​ទាំងនោះដែរ។ ព្រះជាម្ចាស់​​​សម្រេច​​​ព្រះហឫទ័យយាងចូលក្នុង​ប្រវត្តិសាស្រ្តមនុស្ស​​​​​​លោកតាម​របៀបថ្មីជាស្ថាពរ ​គឺព្រះអង្គចាត់ព្រះបុត្រាឱ្យ​​​ប្រសូត​​​​​​​​​ជាមនុស្សដូច​​​យើ​​​ង ដើម្បីដក​​​មនុស្ស​​​​លោក​ឱ្យ​រួច​ពី​អំ​ណាចនៃភាពងងឹត និងពីមារសាតាំង (កូឡ ១,១៣; កក ១០,៣៨) និងសម្រុះសម្រួល​មនុស្ស​​​​​​លោក​​​ជាមួយ​ព្រះអង្គក្នុង​ព្រះ​បុត្រា​នោះដែរ (២ករ ៥,១៩)។ ដោយ​​​ប្រព្រឹត្តដូច្នេះ ព្រះអង្គពង្រឹង​សេចក្តី​​​សុខ​​​​​​សាន្ត គឺធ្វើ​ឱ្យ​មនុស្ស​លោក​​​ដែលសុទ្ធតែជាអ្នកបាបរួប​រួម​ជាមួយព្រះអង្គ និង​​​រួម​​​រស់​ជា​​​មួយ​​​​គ្នា​ទុកជាបងប្អូន។ ព្រះអង្គ​ប្រតិស្ឋាន​អ្វីៗ​ទាំងអស់ដោយសារ​ព្រះបុត្រា​ (ហប ១,២; យហ ១,៣.១០; ១ករ ​​​៨,៦; កូឡ ១,១៦) និងតែង​តាំង​ព្រះ​បុត្រា​នេះ​​​​ឱ្យទ​​​ទួល​អ្វីៗ​ទាំង​អស់​ទុក​ជា​មរតក និងប្រមូលអ្វីៗ​​​ទាំងអស់ក្នុង​​​អង្គ​​​ព្រះ​​​បុត្រា (អភ ១,១០ )។

​​​ព្រះជាម្ចាស់ចាត់ព្រះ​​​គ្រីស្ត​​​យេស៊ូ​​​ឱ្យយាងមកក្នុងពិភពលោក ធ្វើជាស្ពានមេត្រីដ៏ពិតប្រាកដ​រវាង​ព្រះ​អង្គ និង​​​មនុស្ស​​​លោក។ ដោយព្រះបុត្រាពិតជាព្រះជាម្ចាស់មែន “គ្រប់លក្ខណៈសម្បត្តិរបស់ព្រះ​ជាម្ចាស់ ស្ថិត​នៅ​យ៉ាង​​​​ពេញ​​​លេញ​​​ក្នុងរូបកាយរបស់ព្រះគ្រីស្ត” (កូឡ ២,៩)។ ព្រះបុត្រាជាលោកអាដាំថ្មី ព្រោះព្រះអង្គ​ពិត​ជា​មនុស្ស​​​។ ព្រះ​​​បិតា​​​តែងតាំងព្រះអង្គធ្វើជាមេដឹកនាំមនុស្សលោកដែលកើតជាថ្មី ព្រះអង្គពោរពេញដោយ “ព្រះហឫទ័យប្រ​ណី​​​សន្តោស និងដោយសេចក្តីពិត” (យហ ១,១៤)។ ហេតុនេះហើយ បាន​ជាព្រះបុត្រា​របស់ព្រះ​ជាម្ចាស់ដែលប្រសូតជាមនុស្ស​​​យ៉ាងពិតប្រាកដ ព្រះអង្គយាងមក​ចែករំលែកព្រះជន្ម​ផ្ទាល់​របស់​ព្រះ​ជាម្ចាស់​ឱ្យមនុស្ស​លោក។ «ព្រះអង្គដែល​​​មាន​​​សម្បត្តិ​​​ដ៏ច្រើន បានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឱ្យយើងទៅជាអ្នកមាន​ដោយភាពក្រីក្ររបស់ព្រះអង្គ» (២ករ ៨,​​​៩)។ «បុត្រមនុស្សយាងមកក្នុងលោកនេះ មិនមែនដើម្បី​ឱ្យ​គេបម្រើលោកទេ គឺដើម្បីបម្រើមនុស្សលោក និង​​​បូជា​​​ជីវិត​​​សម្រាប់រំដោះមនុស្សទាំងអស់វិញ» (មក ១០,៤៥)។ អស់គ្រូបាធ្យាយដ៏វិសុទ្ធនៃព្រះសហគមន៍​​​តែងតែប្រកាស​​​ថា​​​ ព្រះគ្រីស្តលើកយកអ្វីណាមួយក្នុងរូប​កាយព្រះអង្គ​ ព្រះអង្គក៏ប្រោសអ្វីមួយនោះឱ្យបានជាសះ​ស្បើយ​​​។ ​​​ប៉ុន្តែ​​​ ព្រះ​​​​​​បុត្រា​បាន​លើក​យកសភាពជាមនុស្ស​គ្រប់យ៉ាង ដូចយើងទាំងអស់គ្នាជាអ្នកកើតទុក្ខ និងជា​​​អ្នកក្រីក្រ តែព្រះអង្គ​មិន​​​​ដែល​ប្រ​ព្រឹត្ត​អំពើបាបណាមួយសោះឡើយ (ហប ៤,១៥; ៩,២៨)។ ព្រះបិតាបានញែក​ព្រះគ្រីស្ត​ប្រសិទ្ធិឱ្យបាន​វិសុទ្ធ និង​ចាត់ព្រះអង្គឱ្យយាងមកក្នុងពិភពលោក (យហ ១០,៣៦)។ ព្រះគ្រីស្តមាន​​​ព្រះ​​​បន្ទូលអំពីព្រះអង្គផ្ទាល់ថា៖ “ព្រះ​​​វិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើខ្ញុំ ព្រះអង្គចាក់ប្រេងអភិសេកខ្ញុំឱ្យនាំដំណឹង​​​ល្អ​​​ទៅ​​​ប្រាប់ជនក្រីក្រ។ ព្រះអង្គចាត់ខ្ញុំឱ្យមកប្រាប់មនុស្សជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់​​​មនុស្ស​​​​​​​​​ខ្វាក់ថា ​​​​គេមើល​ឃើញ​វិញ” (លក ៤,១៨)។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ “បុត្រមនុស្សបានមកដើម្បីស្វែងរក និងសង្គ្រោះមនុស្ស​​​ដែល​​​វិនាស​​​បាត់បង់” (លក ១៩,១០)។

ត្រូវប្រកាសសេចក្តីដែលព្រះអម្ចាស់បានថ្លែងកាលពីមុន និងអ្វីៗដែលព្រះជាម្ចាស់​បាន​ប្រព្រឹត្ត​ក្នុង​អង្គ​ព្រះ​​គ្រីស្ត ដើម្បី​សង្គ្រោះមនុស្សលោក គឺត្រូវប្រកាស និងផ្សព្វផ្សាយរហូតដល់ទីដាច់​​​ស្រយាល​​​នៃផែន​​​ដី (កក ១,៨) ចាប់​​​តាំង​​​​ពីក្រុង​យេរូសា​ឡឹម​តទៅ (លក ២៤, ៤៧) ដើម្បីឱ្យអ្វីដែលព្រះជាម្ចាស់​បានសម្រេច​ម្តង​ជា​​​ស្រេចនោះ​​​ ក្នុងគោល​​​បំណងសង្គ្រោះ​មនុស្ស​ទាំងអស់ បានលទ្ធផលក្នុងមនុស្សទាំងអស់ នៅគ្រប់ជំនាន់​​​តរៀងទៅ។

៤- បេសកកម្មនៃព្រះវិញ្ញាណដ៏វិសុទ្ធ

ព្រះគ្រីស្តចាត់ព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាមក ដើម្បីបំពេញគម្រោង​ការរបស់​ព្រះអង្គយ៉ាង​ពេញ​លេញ គឺព្រះវិញ្ញាណប្រោសឱ្យព្រះរាជ​កិច្ចរបស់​ព្រះគ្រីស្ត ដែលសង្គ្រោះ​មនុស្ស​លោកបានសម្រេច​ក្នុង​ចិត្តគំនិតរបស់មនុស្សលោក។ ព្រះវិញ្ញាណក៏ជំរុញព្រះសហគមន៍ ឱ្យលាតត្រដាងនៅគ្រប់កន្លែងដែរ។​ ច្បាស់ជាព្រះវិញ្ញា​ណមានសកម្មភាពមុនព្រះគ្រីស្តទទួលសិរីរុងរឿងពិតមែនហើយ ត្រង់នេះ​មិនត្រូវសង្ស័យ​ឡើយ​។ ក៏​ប៉ុន្តែ នៅបុណ្យថ្ងៃទីហាសិប ព្រះ វិញ្ញាណយាងមកសណ្ឋិតនៅលើក្រុមសាវ័ក ដើម្បីស្ថិត​នៅជាមួយ​គេរហូត​ជានិ្ចចនិរន្តរ៍តរៀងទៅ (យហ ១៤,១៦)។ ពេលនោះ ព្រះសហគមន៍បង្ហាញ​ខ្លួននៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ជាសាធារណៈ ហើយក្រុមសាវ័កចាប់ផ្តើមប្រកាសដំណឹងល្អទៀតផង។ នៅពេលដដែល​នោះ ព្រះ​សហគមន៍នៃសម្ពន្ធមេត្រីថ្មីដែលនិយាយគ្រប់ភាសាយល់ និងស្រឡាញ់គ្រប់​ភាសាដូចគ្នា ក៏ផ្តល់​សញ្ញា​សម្គាល់​ទុក​ជា​មុនអំពីប្រជាជនទាំងអស់រួបរួមគ្នាក្នុងជំនឿសកលតែមួយដែរ។ ព្រះសហ គមន៍ក៏ប្រមែ​ប្រមូល​មនុស្ស​ដែល​ខ្ចាត់ខ្ចាយដែរ (តាមអត្ថបទស្តីពីប្រាសាទនៅបាបិល​ ក​ណ ១១,១-៩)។ នៅថ្ងៃបុណ្យ​ទីហាសិប “កិច្ចការរបស់គ្រីស្តទូត” ចាប់ផ្តើមហើយ​ ដូច​នៅ​ពេលព្រះវិញ្ញាណយាងមកលើព្រះនាងព្រហ្មចារិនី​ម៉ារី​នៅពេលព្រះគ្រីស្តចាប់ផ្ទៃ ឬដូចនៅ ពេល​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធដដែលនោះយាងមកលើព្រះគ្រីស្ត ​ពេលព្រះ​អង្គអធិដ្ឋានដូច្នោះដែរ ហើយជំរុញព្រះ​គ្រីស្ត​ឱ្យចាប់​ផ្តើមព្រះរាជកិច្ចបម្រើមនុស្សលោក (លក ៣,២២; ៤,១; កក ១០,៣៨)។ មុន​ពេល​ព្រះគ្រីស្ត​យេស៊ូបូជា​ព្រះជន្មសម្រាប់​មនុស្សលោកដោយគ្មាននរណាបង្ខំ ព្រះអង្គចាត់ចែង​មុខងារបម្រើរបស់ក្រុមគ្រីស្តទូត ហើយ​មានព្រះបន្ទូលសន្យាថា និងចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យ​យាង​មកដែរ។ ហេតុ នេះ​ហើយ ​បានជាមុខងារបម្រើ និងបេសកម្មក្រុមគ្រីស្តទូតនោះជាប់​ជាមួយគ្នា ដើម្បី​បំពេញ​ព្រះ​រាជកិច្ចនៃ​ការ​សង្គ្រោះ​នៅគ្រប់កន្លែង ហើយ​រហូតតរៀងទៅ។ នៅគ្រប់សម័យ ព្រះវិញ្ញា​ណ «បង្រួបបង្រួមព្រះសហគមន៍ទាំង​មូល​ឱ្យរួប​​​រួម​​​គ្នា​​​ជា​​​ធ្លុង​​​តែ​​​​​​មួយ និងឱ្យមានមុខងារបម្រើផ្សេងៗ។ ព្រះអង្គ​ក៏ប្រទានព្រះ​​​អំណោយ​​​ទាន​​​ផ្សេងៗ ដែលចាត់​​​ចែង​​​ព្រះសហគមន៍ឱ្យមាន​​​រចនា​​​សម្ពន្ធ​​​តាម​​​លំ​ដាប់​​​លំដោយ និងឱ្យសម្តែងសកម្មភាព​​​របស់ព្រះអង្គផ្ទាល់ដែរ​​​» (ពន្លឺ​​​ ៤)​​​។ ព្រះវិញ្ញាណ​ផ្តល់​ឱ្យ​រ​ចនាសម្ពន្ធ​នៃព្រះសហគមន៍មាន​ជីវិត រស់រវើក និងប្រោសឱ្យ​គ្រីស្តបរិស័ទ​មានចិត្ត​ជា​​​សាសនទូត ដូចព្រះអង្គជំរុញព្រះគ្រីស្តកាលពីដើមដូច្នោះដែរ។ ជួនកាលព្រះវិញ្ញាណបំពេញ​សកម្មភាព​យ៉ាង​ច្បាស់ មុន​​​ពេលគ្រីស្តទូតមកបំពេញការងាររបស់ខ្លួន (កក ១០,៤៤-៤៧; ១១,១៥; ១៥,៨) ព្រះអង្គ​ក៏នៅ​តែ​ណែ​នាំ ​និងគាំទ្រ​សកម្មភាព​ក្រុមគ្រីស្តទូតទាំងនោះដោយគ្រប់បែបយ៉ាងតទៅទៀតដែរ (កក ៤,៨; ៥,៣២; ៨,​​​២៦.​​​២៩.​​​៣៩; ​​​៩,៣១; ១០; ១១,២៤.២៨; ១៣,២.៤.៩; ១៦,៦-៧; ២០,២២-២៣; ២១,១១)។

៥- បេសកកម្មរបស់ព្រះសហគមន៍

នៅពេលព្រះអម្ចាស់យេស៊ូចាប់ផ្តើមព្រះរាជកិច្ចព្រះអង្គ “ត្រាស់​ហៅ​អស់អ្នកដែលទ្រង់​សព្វ​ព្រះហឫទ័យជ្រើសរើស និងតែងតាំងសាវ័កដប់ពីរនាក់ឱ្យនៅជាមួយព្រះអង្គ ដើម្បីចាត់គេឱ្យទៅប្រកាស​ដំណឹង​ល្អ” (មក ៣,១៣; មថ ១០,១-៤២)។ ដូច្នេះ ក្រុមគ្រីស្ត​ទូតទៅជា​ពន្លកដើមដំបូងនៃ​ប្រជាជន​អ៊ីស្រាអែលថ្មី និងជាដើមកំណើតនៃ​​​ក្រុម​​​អភិបាល។ បន្ទាប់មក កាលព្រះអម្ចាស់បង្ហើយគម្រោងការ​ដ៏អស្ចារ្យ​អំពី​ការ​សង្គ្រោះ និងអំពីការកែ​​​ទម្រង់ពិ​​​ភព​​​លោក​​​ឱ្យបានជាថ្មីនោះ។ ដោយព្រះអង្គសោយទិវង្គត និងមាន​ព្រះជន្មរស់​ថ្មីដ៏រុង រឿង ព្រះអង្គទទួល​​​គ្រប់អំណាច​​​នៅ​​​លើ​​​មេឃ​​​ និងនៅលើផែនដី (មថ ២៨,១៨) ទ្រង់តែងតាំង​ព្រះសហគមន៍​ទុកជាអគ្គសញ្ញានៃការសង្គ្រោះ មុន​​​ពេល​​​ព្រះជាម្ចាស់លើកព្រះអង្គទៅ​លើ (កក ១,១១)។ ព្រះបិតាចាត់ព្រះបុត្រាឱ្យយាងមកយ៉ាងណា (យហ ២០,២១) ព្រះអម្ចាស់យេស៊ូក៏ចាត់​ក្រុម​គ្រីស្តទូត​ឱ្យ​ទៅក្នុងពិភពលោកទាំងមូលយ៉ាងនោះដែរ ​ទាំងបញ្ជាថា “ចូរចេញទៅ​​​នាំ​​​មនុស្ស​​​គ្រប់​​​ជាតិសាសន៍ឱ្យធ្វើជាសាវ័ក ហើយធ្វើពិ​ធីជ្រមុជទឹក​ឱ្យ​គេ​ក្នុង​ព្រះ​នាម​ព្រះបិតា ព្រះបុត្រា និងព្រះ​​​វិញ្ញាណ​​​ដ៏​​​វិសុទ្ធ​​​។ ត្រូវបង្រៀនគេឱ្យប្រតិបត្តិតាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលខ្ញុំ​បានបង្រៀនដល់អ្នករាល់គ្នា” (មថ ២៨,១៩ត)។ ”ចូរនាំគ្នា​​​ទៅគ្រប់ទីកន្លែងក្នុង​ពិភពលោក ហើយប្រ​កាស​ដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿ និងទទួល​ពិធី​​​​ជ្រមុជ​ទឹក ព្រះជាម្ចាស់​នឹងសង្គ្រោះអ្នកនោះ រីឯអ្នកមិនព្រមជឿវិញនឹងត្រូវទទួលទោស“ (មក ១៦,​១៥ត)។ តាម​​​ព្រះបន្ទូល​ទាំង​នោះ ព្រះសហគមន៍មានភារកិច្ចផ្សព្វផ្សាយជំនឿ និងការសង្គ្រោះ​ដែល​ព្រះ​គ្រីស្ត​នាំ​មក។ ម៉្យាងទៀត ក្រុម​​​អភិបាល​ព្រះសហគមន៍ទទួលភារកិច្ចនេះទុកជាកេរមរតកបន្តពីក្រុមគ្រីស្ត​ទូតដែរ ដោយ​មាន​ក្រុមលោកគង្វាលជួយផង ទាំងរួបរួមជាមួយ​អភិបាលក្រុងរ៉ូមដែល​បន្តមុខងារ​ពី​គ្រីស្តទូត​សិលា​មក ជាគង្វាលដ៏ខ្ពង់ខ្ពស់បំផុត​​​នៃ​​​ព្រះ​​​សហគមន៍។ ម្យ៉ាងទៀត ព្រះគ្រីស្តក៏ប្រទាន​ឱ្យគ្រីស្ត​បរិស័ទ​គ្រប់ៗ​រូបក្នុងព្រះសហគមន៍ទទួលជីវិតពីព្រះ​​​អង្គ​​​ដែរ ​គឺ “ព្រះអង្គហើយដែល​ធ្វើឱ្យព្រះកាយ​ទាំង​មូល​រូបរួម​ផ្គុំគ្នា និងភ្ជាប់ឡើងយ៉ាងមាំដោយសារសន្លាក់​​​ឆ្អឹងទាំង​​​ប៉ុន្មាន​ដែលបម្រើព្រះ​កាយ តាមកម្រិត​សមត្ថភាពរបស់សរីរាង្គនីមួយៗ ​ដើម្បីឱ្យព្រះកាយនោះចម្រើន និង​​​កសាងឡើង​​​ក្នុង​​​សេចក្តីស្រឡាញ់។” (អភ ៤,១៦)។ ព្រះសហគមន៍បំពេញបេសកកម្មរ​បស់ខ្លួនដោយប្រព្រឹត្ត​តាមព្រះ​បញ្ជា​របស់​ព្រះ​​​គ្រីស្ត និង​ដោយ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធប្រោស​ប្រទានឱ្យព្រះសហគមន៍មានចលនារស់រវើកនឹងសេចក្តីស្រឡាញ់​។ ដូច្នេះ​​​ ព្រះ​​​សហគមន៍មានវត្តមាន​យ៉ាង​ពិតប្រាកដនៅក្បែរមនុស្សលោកគ្រប់ៗរូប និងនៅក្បែរប្រជាជន​ទាំង​អស់​។ ព្រះ​​​សហគម​ន៍ក៏នាំគេ​ឱ្យផ្ញើជីវិតលើព្រះអង្គ ឱ្យគេមានសេរីភាព និងឱ្យគេបានសេចក្កីសុខសាន្តរបស់ព្រះគ្រីស្ត។ ដោយ​​​គ្រីស្តបរិ​ស័ទ​រស់​​នៅ​បែប​ជាគំរូ​ដល់​គេ ដោយប្រកាសដំណឹងល្អ ដោយចែងអគ្គសញ្ញានានា ​និងដោយ​​​ប្រើ​​​មធ្យោ​បាយផ្សេងៗ ព្រះសហគមន៍នាំ​ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់មកគេទៀតផងដែរ។ ធ្វើដូច្នេះ ព្រះ​​​សហគមន៍ក៏បើកផ្លូវយ៉ាងពិតប្រាកដឱ្យគេអាចចូលរួមយ៉ាងពេញលេញ​ក្នុងគម្រោងការដ៏អស្ចារ្យ​របស់ព្រះគ្រីស្ត។ បេសកកម្ម​​​របស់ព្រះសហគមន៍នេះបន្ត និងពង្រឹងបេសកកម្មរបស់ព្រះគ្រីស្តផ្ទាល់តាមដំណើរនៃប្រវត្តិសាស្ត្រ គឺ​​​បេសកកម្មរបស់ព្រះគ្រីស្តដែលព្រះបិតាចាត់ឱ្យយាង មកប្រកាសដំណឹងល្អដល់ជនក្រីក្រ។ ​ព្រះវិញ្ញាណរបស់​ព្រះ​​​គ្រីស្ត​​​​ក៏ជំរុញព្រះសហគមន៍ឱ្យទៅតាមផ្លូវរបស់ព្រះគ្រីស្តនោះ គឺព្រះសហ គមន៍​ក៏ត្រូវរស់នៅ​​ក្នុង​ឋានៈ​ជាជន​ក្រីក្រធ្វើ​​​តាម​​​បញ្ជា សុខចិត្តបម្រើគេ និងសុខចិត្តបូជាជីវិតរហូតដល់​បាត់បង់​ជីវិត​ផង។ ប៉ុន្តែ ព្រះ គ្រីស្ត​មាន​ជ័យជម្នះ​​​លើសេចក្តី​ស្លាប់​នេះ ដោយទ្រង់ទទួលព្រះជន្មថ្មីដ៏រុងរឿង។ ក្រុមគ្រីស្តទូត​ទាំងអស់បានដើរតាមផ្លូវដដែលនោះ​ទាំង​​​មាន​ចិត្ត​សង្ឃឹម អស់លោកក៏រងទុក្ខវេទនា និងឈឺចុកចាប់ជាច្រើនយ៉ាង គឺអស់លោក ​”ជួយបំពេញទុក្ខ​​​លំបាក​​​របស់​​​ព្រះគ្រីស្តសម្រាប់ព្រះកាយព្រះអង្គ​ជាព្រះសហគមន៍” (កូឡ ១,២៤)។ គ្រីស្តបរិស័ទបាន​បង្ហូរឈាម​របស់​ខ្លួន​ជា​​​រឿយៗ​​​ ទុកជាពូជបង្កើត​គ្រីស្តបរិស័ទ​ឯទៀតៗ​ដែរ (លោកទែរទូស៊ីយាំង)។

៦- សកម្មភាពជាសាសនទូត

ក្រុមអភិបាល ដែលមានអភិបាលក្រុងរ៉ូមជាអ្នកបន្តមុខតំណែងរបស់គ្រីស្តទូតសិលាមក​​ធ្វើជា​ប្រធាន មានភារកិច្ចបំពេញបេសកកម្មនោះដោយមានព្រះសហគមន៍ទាំងមូលជួយអធិដ្ឋាន និងសហការផងដែរ។ ​ទោះបីអស់លោក​​​អភិបាលបំពេញបេសកកម្មនេះតាមរបៀបផ្សេងៗពីគ្នា ត្រូវតាមសភាពការណ៍​ផ្សេងៗ​ក្តី ក៏បេស​កកម្មនោះមានតែមួយគត់ និងដដែលនៅគ្រប់ទីកន្លែងក្នុងគ្រប់កាលៈ ទេសៈ។ ហេតុនេះហើយ បាន​ជា​ត្រូវ​ទទួល​ស្គាល់ថា សកម្មភាពផ្សេងៗរបស់ព្រះសហគមន៍មិនមែនមកពីលក្ខណៈផ្ទាល់របស់បេសក កម្មទេ តែហូរមកពីសភាពការណ៍ផ្សេងៗរបស់គ្រីស្តរិស័ទដែលបំពេញបេសកកម្មនោះ។

ជួនកាលសភាពការណ៍ប្លែកៗមក​​​ពី​​​ព្រះសហ​​​គមន៍ ជួនកាលមកពីប្រជាជននានា ជួនកាល​មកពី​ក្រុម​មនុស្ស​​​ដែលប្លែកពីគ្នា ឬជួន កាលមកពីមនុស្ស​​​ដែល​​​ព្រះ​​​ស​​​ហគមន៍ទាក់ទងជាមួយនៅពេល​បំពេញ​បេសកកម្ម​នោះ​​​តែ​​​​​​ម្តង។​​​ ទោះបី​ព្រះ​សហគមន៍​មានមធ្យោបាយ​​​សព្វគ្រប់ដើម្បីនាំការសង្គ្រោះក្តី ​ក៏ព្រះ​សហគមន៍មិន​ប្រព្រឹត្ត​​​ ហើយ​​​​​​​​​ក៏មិន​​​អាច​​​ប្រព្រឹត្តភ្លាមៗ និង​ចំៗតាមគ្រប់មធ្យោបាយរបស់ខ្លួនជានិច្ចបានទេ។ ជួនកាលព្រះសហគមន៍ចាប់ផ្តើម​​​​​​​​​​​​​​​​បំពេញសកម្មភាព​តាមកម្រិត ដើម្បីខិតខំធ្វើគម្រោងការរបស់ព្រះជាម្ចាស់ឱ្យបានសម្រេច។ ជួនកាល​​​ព្រះ​​​សហគមន៍​ចាប់ផ្តើម​បំពេញ​សកម្មភាព​យ៉ាងស្រួល តែក្រោយមក ត្រូវអន់ថយទៅវិញ ​ឬស្ថិតនៅ​ដដែលដូចជាឃាំង​​​​​​ស្ទាក់​​​មិន​​​អាច​​​ទៅមុខទៀតបាន។ ចំពោះមនុស្សវិញ ព្រះសហគមន៍ទាក់ទងជាមួយក្រុមមនុស្សខ្លះ ​និង​​​ប្រជាជនខ្លះតែ​​​​​​បន្តិច​​​​ម្តងៗប៉ុណ្ណោះទេ ហើយក៏ជ្រួតជ្រាបក្នុងចិត្តគំនិតគេតែ​​​បន្តិច​​​​ម្តងៗដែរ។ យូរៗទៅ​ព្រះ​សហគមន៍ក៏​​​លើក​​​យ​​​ក​​​អ្នកទាំងនោះ​​​ឱ្យ​​​ចូលក្នុងសេចក្តីដ៏ពេញលក្ខណៈ​របស់ព្រះ​សហគមន៍សកលដែរ។ តែត្រូវឱ្យ​សកម្មភាព​​របស់ព្រះ​​​ស​​​ហគមន៍ និងមធ្យោបាយផ្សេងៗដែលព្រះសហគមន៍ប្រើនោះ បាន​​ស្រប​តាម​សភាពការណ៍នីមួយៗ និងតាម​​​របៀប​​​​​​រស់​​​នៅ​​​របស់​​​គេ។

តាមធម្មតា​​​គេ​​​ហៅ “បេសកកម្ម” គឺកិច្ចការផ្សេងៗ​របស់អ្នកដែល​ព្រះសហគមន៍​ចាត់​ឱ្យទៅ​ក្នុង​ពិភព​លោក​​​ទាំង​​​​​​មូល ដើម្បីប្រកាសដំណឹងល្អ និងតែងតាំងព្រះសហគមន៍ក្នុងប្រជាជនមួយ និងក្នុងក្រុម​មនុស្ស​​ដែលមិន​​​ទាន់​​​ជឿ​​​លើ​​​​​​​​​ព្រះ​​​គ្រីស្តនៅឡើយ។ ​ធម្មតា “បេសកជន”«សាសនទូត» ទាំងនោះ​បំពេញ​សកម្ម​ភាព​ផ្សេងៗក្នុង​តំបន់​ដែល​​​សន្តអាសនៈបានកំណត់ទុក និងទទួលស្គាល់ហើយ។ សកម្មភាពរបស់​សាសនទូតទាំងនោះមាន​គោល​ដៅ​​​តែ​​​មួយ គឺ​នាំដំណឹងល្អដល់ប្រជាជន និងតែងតាំង​ព្រះសហគមន៍​នៅក្នុង​ប្រ​ជាជន ឬនៅក្នុង​ក្រុម​មនុស្ស​ដែលព្រះ​​​សហគមន៍​​​​​មិ​​​នទាន់ចាក់ឫសនៅឡើយ។ ត្រូវឱ្យព្រះសហគមន៍​ថ្មីៗ​ដោយឡែក កើត​ឡើង​ដោយសារ​​​ព្រះ​​​បន្ទូល​​​របស់​​​ព្រះ​​​ជាម្ចាស់ និងចម្រើនឡើងនៅគ្រប់កន្លែងក្នុងពិភពលោកទាំងមូល។ ត្រូវតែងតាំងព្រះសហគមន៍ទាំង​​​នោះ​​​​​​ឱ្យមាន​​​សមត្ថភាព​​​អាច​​​​រស់នៅដោយខ្លួនឯងបាន និងមាន​កម្លាំង​មាំមួនគ្រប់គ្រាន់ ហើយមានធនធាន​ផ្ទាល់ គឺ​​​មាន​​​កម្លាំង​​​ដូច​​​ជាមាន​​​​អាយុ​​ពេញ​វ័យ។ ត្រូវឱ្យព្រះសហគមន៍ថ្មីៗមាន​ក្រុមអភិបាលដែលកើតមកពីប្រជាជននោះ រួមជាមួយ​ប្រជាជនគ្រីស្តប​រិស័ទ និងមានមធ្យោបាយគ្រប់គ្រាន់ដែលគេត្រូវការសមស្របតាមទេពកោសល្យ​​​ និងអរិយធម៌​របស់គេ។ ធ្វើដូច្នេះ ទើបព្រះសហគមន៍ថ្មីៗទាំងនោះអាចរស់នៅក្នុងឋានៈជាគ្រីស្តបរិស័ទយ៉ាងពិត​​​ប្រាកដ ហើយអាច​​​ជួយ​​​​ជាប្រយោ​ជន៍​ដល់ព្រះសហគមន៍ទាំងមូលផងដែរ។ មានតែការប្រកាសដំណឹងល្អរបស់​​​ព្រះ​​​យេស៊ូគ្រីស្ត​ប៉ុណ្ណោះ​​​ទេ ដែលជាមធ្យោ​បាយចម្បងសម្រាប់តែងតាំងព្រះសហគមន៍បែបនោះ។ ព្រះអម្ចាស់ចាត់​ក្រុម​​​សាវ័ក​​​​ក្នុងពិភព​លោក​ទាំង​​​មូល ដើម្បីឱ្យគេប្រកាសដំណឹងល្អ និងដើម្បីឱ្យមនុស្សដែលកើតជាថ្មីដោយ​សារ​ព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់​​​នោះ (១សល ១,២៣) អាចចូលរួមក្នុងព្រះសហគមន៍​ដោយអគ្គ​សញ្ញា​ជ្រមុជ​ទឹក​ទៀតផង។ ព្រះ​សហគមន៍ជាព្រះ​​​កាយ​​​​របស់ព្រះគ្រីស្ត ដែលជាព្រះ​បន្ទូល​ប្រសូតជាមនុស្ស។ ព្រះសហគមន៍ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ទុកជា​​​អាហារដែលផ្តល់ជីវិត និងទទួលនំបុ័ងនៃអគ្គសញ្ញា​អរព្រះគុណ​ទៀត​ដែរ (កក ២,៤២ )។

នៅពេលព្រះសហគមន៍បំពេញបេសកកម្មជាសាសនទូតនេះ ព្រះសហគមន៍ជួប​ប្រទះ​សភាពការណ៍​ប្លែក​ៗ​​​ពីគ្នា។ ជួនកាលសភាពការណ៍ទាំងនោះលាយឡំគ្នា គឺមុនដំបូងព្រះសហគមន៍​ចាប់​ផ្តើម​ចាក់​ឫស រួច​​​ចម្រើន​​​ឡើង​​​ដូច​​​ជា​​​នៅថ្មីខ្ចី ក្រោយ​មកគេដូចជានៅ យុវវ័យ។ កាលណាព្រះ​សហមន៍ឆ្លង​ដំណាក់​កាលទាំងនោះ ព្រះ​​​សហគមន៍​​​​នៅតែ​ប្រកាស​ដំណឹង​ល្អតទៅទៀត គឺព្រះសហគមន៍​តែងតាំងថ្មីទាំងនោះនៅតែ​មានភារកិច្ចបន្ត​​​បេសកកម្ម​​​​​​នេះ​​​តទៅទៀត​ គឺប្រកាសដំណឹងល្អដល់អស់អ្នកដែល​នៅ​ខាង​ក្រៅ​នៅ​ឡើយ។ លើសពីនេះទៅទៀត ជួនកាលព្រះ​​​សហគមន៍​​ស្ថិត​​​នៅ​​​​​​ក្នុងក្រុមមនុស្សខ្លះរួចហើយ តែក្រុមទាំង​នោះត្រូវប្រែ​ប្រួល​ទាំង​​ស្រុង​ដោយមានមូល​ហេតុ​ផ្សេងៗ បណ្តាល​​​ឱ្យ​​​សភាពការណ៍ថ្មីៗកើតឡើង។ ពេលនោះ ​ព្រះ​សហគមន៍​ត្រូវ​ពិនិត្យ​ពិចារ​ណា​ថា តើត្រូវ​​​បង្កើត​​​សកម្ម ភាព​​​ប្រកាស​​​ដំណឹងល្អសារជាថ្មី ព្រោះសភាព​ការណ៍​ទាំង​នោះ​ឬយ៉ាង​ណា?។ ម្យ៉ាងទៀត ក្នុងសភាពការណ៍​​​ខ្លះ ព្រះ​​​សហគមន៍​គ្មានលទ្ធភាពអាចប្រកាសដំណឹង​ល្អចំៗភ្លាមបានទេ យ៉ាងហោចណាស់ក្នុង​​​រយៈពេល​​​មួ​​​យ។ ពេលនោះ សាសនទូត​​​​​​​​​អាច នឹងត្រូវផ្តល់សក្ខីភាពអំពីព្រះហឫទ័យស្រឡាញ់ និងមេត្តាករុណារបស់ព្រះគ្រីស្តដោយ​​​​​​ចិត្ត​​​អត់​​​ធ្មត់​​​​​​ខន្តី និងប្រុង​ប្រយ័ត្ន ទាំងផ្ញើជីវិត​ទាំង​ស្រុងទៅលើព្រះជាម្ចាស់។ ធ្វើដូច្នេះ សាសនទូត​​​រៀប​​​ចំ​​​មាគ៌ា​​​ថ្វាយ​​​ព្រះ​​​​អម្ចាស់ និងធ្វើឱ្យព្រះ​អង្គ​មានវត្តមានម្យ៉ាងនៅក្នុងប្រជាជននោះ។ ហេតុនេះ​​ហើយ​​​ បាន​​​ជា​​​សកម្មភាព​​​ជា​​​សាសនទូត​​​ច្បាស់ជាហូរចេញមកយ៉ាងជ្រៅពីលក្ខណៈផ្ទាល់របស់​ព្រះ​​សហគមន៍​មែន។ សកម្មភាព​​​ជា​​​សាសនទូត​​​នេះ​​​​​​ផ្សព្វផ្សាយ​​​ជំនឿដែលសង្គ្រោះមនុស្សលោក និង​លាតសន្ធឹងព្រះ​សហគមន៍។ សកម្មភាព​​​នេះក៏​​​ធ្វើឱ្យ​​​លក្ខណៈ​​​សកល​​​របស់​​​ព្រះ​​​សហគម៍កើតជារូបរាងដែរ។ លក្ខណៈ​របស់ព្រះសហគមន៍ដែល​មាន​​​ក្រុម​​​គ្រីស្តទូតជាគ្រឹះ ក៏ពង្រឹង​​​សកម្មភាព​​​ជា​​​សាសនទូត​​​ឱ្យមានកម្លាំងឡើង ​និងនាំឱ្យក្រុមអភិបាល​​​មាន​​​អារម្មណ៍ទទួល​​​ខុស​​​ត្រូវរួមជា​​​មួយ​​​គ្នា។ សកម្មភាព​​​ជា​​​សាសនទូត​​​នោះក៏បញ្ជាក់ និងផ្សព្វផ្សាយ ព្រមទាំង​​​ណែ​​​នាំ​​​មនុស្ស​​​ឱ្យ​​​បានវិសុទ្ធ​​​ថែម​​​ទៀត​​​ផង។ ហេតុនេះហើយ​​​ បាន​​​ជា​​​សកម្មភាពជាសាសនទូតក្នុងចំណោមសាសន៍ដទៃ ប្លែកពី​សកម្មភាព​របស់​ព្រះសហសគមន៍​ដែល​ឃ្វាល​ណែនាំ​​​គ្រីស្តបរិស័ទ ហើយប្លែកពីកិច្ចការផ្សេងៗដែលត្រូវចាប់​​​ផ្តើម​​​ធ្វើ​​​ ដើម្បី​បង្រួប​បង្រួម​គ្រីស្តបរិស័ទ​ទាំង​អស់​ឱ្យរួមគ្នា​ជា​ធ្លុង​តែមួយដែរ។ ប៉ុន្តែ សកម្មភាពទាំង​ពីរនោះ ក៏ភា្ជប់យ៉ាង​​​ជិត​​​ស្និទ្ធ​​​នឹងសកម្មភាព​​​ជា​​​សាសនទូត​របស់ព្រះសហគមន៍ដែរ ព្រោះថា គ្រីស្តបរិស័ទបាក់បែកគ្នា​ដូច្នេះ បណ្តាល​​​ឱ្យកើតមានឧបសគ្គ​​​រារាំង​​​ការ​​​ប្រកាស​ដំណឹងល្អ​ដល់​សត្វ​លោកទាំង​​​ឡាយ​​​​ដែល​​​ជា​​​កិច្ចការ​​​ដ៏វិសុទ្ធជាងគេបំផុត (បង្រួប ១) ហើយ​​​ក៏បិទផ្លូវមិនឱ្យ​មនុស្ស​​ជា​​​ច្រើន​មានជំនឿទៀតដែរ។ ហេតុ​​​នេះ​​​ហើយ​ បានជា​ព្រះ​ជាម្ចាស់​ត្រាស់ហៅអស់អ្នកដែលទទួល​អគ្គសញ្ញា​​​ជ្រមុជ​​​ទឹក​​​​ឱ្យរួបរួមគ្នាជាមហាគ្រួសារ​តែ​​​មួយ​​​។ ដូច្នេះ គេ​​​អាច​​​ព្រមគ្នាផ្តល់​សក្ខីភាព​តែមួយអំពី​ព្រះ​​​​គ្រីស្ត​ជាព្រះអម្ចាស់​របស់​​​គេ នៅចំពោះមុខជាតិសាសន៍​ទាំង​​​ឡាយ។​​​ នេះ​​​ពិត​​​ជាភារកិច្ចដ៏ចាំបាច់នៃបេសកកម្មជា​​​សាសនទូតមែន។ ប្រសិន​​​បើគ្រីស្តបរិស័ទ​​​មិន​​​ទាន់មាន​​​សមត្ថភាព​​​អាចផ្តល់​​​សក្ខីភាពអំពីជំនឿតែមួយនៅឡើយ ​ក៏យ៉ាង​​​ហោចណាស់គេ​​​ត្រូវ​​​ស្រឡាញ់គ្នា និងរាប់អាន​​​គ្នាទៅ​​​វិញ​​​ទៅមកដែរ។

៧- មូលហេតុ និងសេចក្តីត្រូវការនៃសកម្មភាពជាសាសនទូត

“ព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះមនុស្សទាំងអស់ និងឱ្យបានស្គាល់សេចក្តីពិត ​ដ្បិតមាន​​​ព្រះជាម្ចាស់​​​តែ​​​​មួយ​​​ព្រះអង្គជាស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក គឺព្រះយេស៊ូគ្រីស្ត​ជាមនុស្ស​ម្នាក់ដែលបាន​​​បូជាព្រះជន្មដើម្បីរំដោះមនុស្សទាំងអស់” (១ធម ២,៤-៥)។ “គ្មាននរណាផ្សេងទៀតអាចសង្គ្រោះមនុស្សលោកបា​​​ន​​​ឡើយ” (កក ៤,១២)។ ព្រះសហគមន៍​បំពេញ​សកម្មភាពជាសាសនទូតនេះ មកពីព្រះជាម្ចាស់សព្វព្រះហឫទ័យដូច្នេះ​​​។ ហេតុនេះហើយ បានជាត្រូវឱ្យមនុស្ស​ទាំង​អស់​ប្រែចិត្តទៅរកព្រះ​គ្រីស្ត ដែលគេបានស្គាល់ដោយព្រះ​​​សហគមន៍​​​ប្រកាស​​​ដំណឹងល្អ។ គេក៏ត្រូវចូលរួមក្នុងអង្គព្រះគ្រីស្ត និងក្នុងព្រះសហគមន៍ដែលជាព្រះកាយព្រះអង្គដោយសារ​អគ្គសញ្ញា​​​​ជ្រមុជទឹក។ “ព្រះគ្រីស្តផ្ទាល់បង្រៀនយ៉ាង​ជាក់ច្បាស់​ថា មនុស្សត្រូវតែ​​ផ្ញើ​​​ជីវិតលើព្រះអង្គ និង​​​​​​​​​ទទួល​​​អគ្គសញ្ញា​​​​​​ជ្រមុជទឹកជាចំាបាច់ (មក ១៦,១៦; យហ ៣,៥)។ នៅពេលជាមួយគ្នានោះ ព្រះ​អង្គក៏​​​​បញ្ជាក់​ថា​​​​​​​​​ត្រូវ​​​តែ​​​មាន​​​ព្រះសហគមន៍ជាចំបាច់ដែរ។ មនុស្សចូល​​​​​​​​​ក្នុង​​​ព្រះសហគម​ន៍​​​​​​​ដោយ​​​​​​អគ្គសញ្ញាជ្រមុជ​ទឹក​ដែល​​​​​​ជា​​​ទ្វារ​​​។​​​ ហេតុនេះ​​​ហើយ ​​​បានជាអស់អ្នក​​​ដែល​​​​​​​​​ដឹងថា ព្រះជាម្ចាស់បានតែងតាំងព្រះសហគមន៍កាតូលិក ដោយសារ​​​ព្រះ​​​យេស៊ូ​​​គ្រីស្ត​​​ទុកជាមធ្យោបាយដ៏ចាំបាច់ដើម្បីទទួលការសង្គ្រោះ ប៉ុន្តែ​​​ បដិសេធ​​​​​​មិន​​​ព្រម​​​ចូល​​​​​​ព្រះសហគមន៍​កាតូលិក ឬ​បដិសេធ​​​​​​​មិនព្រមព្យា​​​យាមស្ថិត​​​នៅ​​​​​​ជាប់​នឹង​ព្រះ​​​សហគមន៍​​​​​​នោះ ពុំអាច​​​ទទួល​​​ការសង្រោ្គះបាន​​​ឡើយ” (ពន្លឺ ១៤)​​​។ ប៉ុន្តែ ព្រះជាម្ចាស់អាចណែនាំមនុស្សដែលមិនស្គាល់ដំណឹងល្អ (ដោយគ្មានកំហុស​ផ្ទាល់​ខ្លួន​ទេ) ឱ្យផ្ញើ​​​​​​​​​ជីវិត​​​​​​លើ​​​​​​ព្រះ​​​​​​អង្គ​តាម​​​មាគ៌ា​ផ្សេងៗបាន ជាមាគ៌ាដែលមានតែព្រះអង្គទេដែលស្គាល់​។ មានតែការផ្ញើជីវិតលើព្រះអង្គ ប៉ុណ្ណោះ​​​ទេ ដែលអាចធ្វើ​ឱ្យមនុស្សបាន​​​គាប់ព្រះ​ហឫទ័យ​ព្រះ​ជាម្ចាស់បាន (ហប ១១,៦)។ ទោះជាយ៉ាង​​​ណា​​​ក៏​​​ដោយ ​ក៏ព្រះសហគមន៍មាន​​កាតព្វកិច្ចប្រកាស​ដំណឹងល្អ (១ករ ៩,១៦) ហើយក៏មានសិទ្ធិដ៏សក្ការៈប្រកាស​ដំណឹងល្អនេះ​ថែម​ទៀតផង។ ហេតុនេះហើយ បាន​ជាព្រះសហគមន៍​ត្រូវតែមានសកម្មភាពជាសាសនទូត​​​យ៉ាងខ្លាំង​​​ និង​​​ជា​​​ចាំបាច់​​​យ៉ាង​​​ពេញ​​​លេញ​​​នៅសម័យបច្ចុប្បន្ន ក៏ដូចនៅ​គ្រប់សម័យដែរ។

ដោយ​​​​ការប្រកាស​ដំណឹងល្អនេះ ព្រះ​​​កាយ​​​ដ៏​​​អាថ៌​​​កំបាំងរបស់ព្រះគ្រីស្តប្រមែប្រមូល និងចាត់ចែង​កម្លាំង​របស់​​​ខ្លួន​​​​​​ឥតឈប់ឈរ ដើម្បីចម្រើនឡើង (អភ ៤,១១-១៦)។ សេចក្តីស្រឡាញ់​របស់​សមាជិកនៃព្រះ​​​សហគមន៍​​​ចំពោះ​​​ព្រះជាម្ចាស់ជំរុញឱ្យគេ​បំពេញេ​​​សកម្មភាពជាសាសនទូតនេះ ហើយក៏ជំរុញឱ្យគេ​មាន​បំណង​ចង់ចែក​រំលែក​សម្បត្តិ​​​​ខាងព្រះ​វិញ្ញាណ​នៃ​ជីវិតនៅលោក​ខាងមុខ ឱ្យម​​​នុស្សទាំងអស់ ដូចគេចែករំលែក​សម្បត្តិនៅនាលោក​​​នេះ​​​ឱ្យ​​​គេ​​​​​​ដែរ។

ដោយព្រះ​​​សហគមន៍​​​មានសកម្មភាពជាសាសនទូតដូច្នេះ ​មនុស្សលើកតម្កើងសិរីរុងរឿងរបស់ព្រះ​ជាម្ចាស់​​​​យ៉ាង​​​​​​​ពេញ​លេញទៀត ព្រោះ​គេទទួលស្គាល់ទាំងដឹងខ្លួន និងយ៉ាងពេញលេញនូវព្រះរាជកិច្ចដែល​​ព្រះអង្គ​​​បាន​​​សម្រេច​​​​​​ក្នុងអង្គ​​​ព្រះ​​​គ្រីស្ត ដើម្បីសង្គ្រោះគេ។ ​ដោយព្រះ​សហគមន៍​ប្រកាស​​​ដំណឹងល្អដូច្នេះ ព្រះជាម្ចាស់​ក៏​​​សម្រេច​​​គម្រោងការរបស់ព្រះអង្គ ជាគម្រោងការ​ដែល​ព្រះគ្រីស្តបានបម្រើដោយ​ទ្រង់​បានស្តាប់តាម​ព្រះ​បញ្ជា និង​​​ដោយ​​​​​​ព្រះហឫទ័យស្រឡាញ់ ដើម្បី​លើក​តម្កើងសិរីរុងរឿងរបស់ព្រះបិតាដែលចាត់​ព្រះ​អង្គ​ឱ្យយាងមក (យហ ៧,១៨; ៨,៣០.៤៤.៥០; ១៧,១)។ គម្រោងការនេះមានដូចតទៅ គឺនាំឱ្យមនុស្ស​លោក​ទាំង​មូលរួបរួម​​​គ្នាជា​​​ប្រជារាស្ត្រ​​​តែមួយរបស់ព្រះ​ជា​ម្ចាស់ និងជួបជុំគ្នាក្នុងព្រះកាយតែមួយរបស់ព្រះគ្រីស្ត ហើយកសាងឡើង​ជា​ព្រះវិហា​រតែ​មួយរបស់ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ទៀត​ផង។ គម្រោងការរបស់ព្រះជាម្ចាស់នោះមានគោលដៅបង្រួបបង្រួម​​​មនុស្ស ​​​ឱ្យរួបរួមគ្នា​ក្នុង​សេចក្តី​​សុខ​សាន្ត​ទុកជាបង​ប្អូន ក៏ស្របតាមបំណងប្រាថ្នាកប់​ជ្រៅក្នុងចិត្ត​របស់​មនុស្ស​ទាំង​អស់ដែរ​។ មនុស្សទាំងអស់មានសភាពជាមនុស្សតែមួយដូចគ្នា ពេល​​​ណាគេទទួលជីវិតថ្មីក្នុងអង្គព្រះគ្រីស្តដោយសារព្រះ​​​វិញ្ញាណ​​​​ដ៏វិសុទ្ធទាំងអស់គ្នា និងរួមគ្នា​បញ្ចាំង​សិរីរុង​រឿង​របស់​​​ព្រះជាម្ចាស់ (២ ករ ៣,១៨) ដោយរួមគ្នាប្រកាសថា “ឱ! ព្រះបិតាយើងខ្ញុំ” នៅពេលនោះ ព្រះអាទិករនឹងសម្រេចគម្រោងការរបស់ព្រះអង្គយ៉ាងពេញ លេញជាស្ថាពរ គឺព្រះអង្គ​ដែល​បានប្រតិស្ឋានមនុស្ស​ឱ្យ​ជា​​​រូប​តំណាងរបស់ព្រះអង្គ និងឱ្យមានលក្ខណៈដូចព្រះអង្គ។

៨- សកម្មភាពជាសាសនទូតក្នុងប្រវត្តិសាស្ត្រមនុស្សលោក

សកម្មភាពជាសាសនទូតភ្ជាប់យ៉ាងជិតស្និទ្ធ​ជាមួយ​សភាពនឹងសេចក្តីប៉ង​ប្រាថ្នា​របស់មនុស្សជាតិ។ ពេល​​​ព្រះសហគមន៍​សម្តែង​ព្រះ​គ្រីស្ត​ឱ្យ​មនុស្សលោក​ស្គាល់ ព្រះសហគមន៍ក៏សម្តែងសេចក្តីពិតប្រាកដអំពីតម្លៃនៃ​​​ជីវិត​​​មនុស្ស និងអំពី​ឧបនិស័្សយ​ទាំងមូល​​​របស់គេតាមព្រះជាម្ចាស់​ត្រាស់ហៅគេ ​ព្រោះព្រះគ្រីស្តជាប្រភព និងជាគំរូរបស់​​​មនុស្ស​​​​លោក​ដែលកើត​​ជាថ្មី ពោរពេញដោយសេចក្តីស្រឡាញ់ទុកជាបងប្អូន ពោរពេញ​ដោយ​សេចក្តីស្មោះ​ត្រង់ និង​ពោរពេញ​ដោយ​ចិត្ត​គំនិតចង់បានសន្តិភាព សមស្របតាមបំណងប្រាថ្នាមនុស្សលោក​ចង់បាននោះ។ ​ព្រះ​​​សហគមន៍ផ្ត​​​ល់សក្ខីភាពថ្វាយព្រះគ្រីស្តដោយប្រកាសដំណឹងល្អ។ ព្រះគ្រីស្ត និងព្រះ​សហគមន៍មិនភ្ជាប់នឹង​​​គំនិត​​​ជាតិនិយមទេ ហើយក៏​មិន​ប្រកាន់ពណ៌សម្បុរដែរ។ ហេតុនេះ នៅ​កន្លែងណាក៏​ដោយ ហើយនរណាក៏ដោយ ក៏​​​មនុស្ស​​​​មិនអាចចាត់ព្រះគ្រីស្ត និងព្រះសហគមន៍​ទុកជា​ជនបរទេសគ្មានទំនាក់ទំនងជាមួយខ្លួនបាន​ឡើយ។ ព្រះ​គ្រីស្ត​ផ្ទាល់ជាសេចក្តីពិត និងជាមាគ៌ាដែលព្រះសហគមន៍សម្តែងឱ្យមនុស្សទាំងអស់ស្គាល់ ដោយប្រកាស​ដំណឹងល្អ គឺនាំព្រះបន្ទូល​របស់​ព្រះគ្រីស្តនោះថា “ចូរប្រែចិត្តគំនិត និងជឿដំណឹងល្អចុះ” (មក ១,១៥)។ អ្នក​មិន​​​ព្រម​​​ផ្ញើជីវិតលើព្រះអង្គក៏ទទួលទោស​រួច​ហើយ (យហ ៣,១៨)។ ហេតុនេះ​ហើយ បានជាព្រះបន្ទូលរបស់ព្រះគ្រីស្ត​សម្តែង​ព្រះហឫទ័យ​ប្រណី​​សន្តោស​ផង ហើយក៏សម្តែងការវិនិច្ឆ័យ​ដាក់ទោសផង ជាព្រះ​បន្ទូល​ដែលផ្តល់​ជីវិត​​​ផង ហើយក៏នាំ​សេចក្តីស្លាប់ផងដែរ។​ យើងត្រូវតែសម្លាប់​អ្វីៗក្នុងខ្លួនដែល​ចាស់​ទៅ​ហើយនោះ​ ទើបយើង​អាចទៅ​​​ដល់​​​ជីវិត​​​​ថ្មី​​​បាន។ សេចក្តីនេះមានអត្ថន័យមុនដំបូងសម្រាប់មនុស្ស តែសេចក្តីនេះ​ក៏​មាន​អត្ថន័យ​សម្រាប់សម្បត្តិ​ផ្សេងៗ​​​នៅ​​​ក្នុង​​​លោកនេះដែរ គឺអ្វីៗទាំងអស់ភ្ជាប់នឹងបាប​របស់​មនុស្សផង ហើយ​ក៏ភ្ជាប់​នឹង​ព្រះពររបស់​​ព្រះជាម្ចាស់ផងដែរ ដ្បិតមនុស្ស “គ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយ​បាត់​បង់​សិរីរុង​រឿងរបស់​ព្រះជាម្ចាស់” (រម ៣,២៣)។ គ្មាន​​​នរ​​​ណារួចពីបាបដោយខ្លួនឯងបានទេ ឬដោយការ​ខិត​ខំ​របស់​ខ្លួនឡើយ គ្មាននរណាម្នាក់រួចផុតទាំងស្រុង​​​ពីភាព​​​ទន់​​​ខ្សោយ​​​របស់ខ្លួន និងពីភាពឯកោ​របស់​ខ្លួន ហើយពីឋានៈ​ជាទាសករ​បានទេ គឺមនុស្សគ្រប់ៗគ្នាត្រូវការ​​​ព្រះគ្រីស្ត​​​ជា​​​គំ​​​រូ ជាព្រះបរមគ្រូ ជាអ្នករំដោះ ជាព្រះសង្គ្រោះ និងជាអ្នកផ្តល់ជីវិត។ ពិតមែនហើយ តាមប្រវត្តិសាស្ត្ររបស់​​​មនុស្ស​​​លោក ​សូម្បីតែតាមផ្លូវលោកីយ៍ក៏ដោយ ក៏ដំណឹងល្អ​របស់ព្រះ​គ្រីស្តបាននាំសេរីភាព និងនាំឱ្យសង្គម​ជឿន​លឿន​ដូច​​​​​​ជាមេដែលធ្វើឱ្យម្សៅដោរឡើងដូច្នោះដែរ។​ សព្វថ្ងៃក៏ដូចពីមុនដែរ ដំណឹងល្អ​ក៏បង្ហាញខ្លួនជានិច្ចទុកជាមេ​​​ក្នុង​​​ម្សៅ គឺនាំឱ្យ​មនុស្ស​ស្រឡាញ់គ្នាទៅវិញទៅមកទុកជា​បង​ប្អូន និងនាំឱ្យមនុស្ស​រួបរួម​គ្នា​​ជាធ្លុងតែមួយ ហើយក៏​នាំ​សន្តិភាព​ថែមទៀតដែរ។ ហេតុនេះហើយ បានជា​គ្រីស្តបរិស័ទ​នំាគ្នាគោរពព្រះគ្រីស្ត​​យ៉ាង​ត្រឹមត្រូវទុកជា “ព្រះដែល​​​ប្រជា​​​ជាតិ​នានារង់ចាំ និងជាព្រះ​សង្គ្រោះរបស់គេផង” (សន្តៈ អ៊ីរ៉េណេ)។

៩- សកម្មភាពជាសាសនទូតបង្ហាញអំពីគ្រាចុងក្រោយបំផុត

ព្រះសហគមន៍បំពេញសកម្មភាពជាសាសនទូតនៅក្នុងចន្លោះពេលព្រះអម្ចាស់​យាង​មក​លើក​ដំបូង និងពេល​​​ព្រះ​​​អង្គ​​​នឹងយាងមកលើកទីពីរ។ នៅពេលចុងក្រោយនោះ ព្រះអង្គនឹង​ប្រមែ​ប្រមូល​ព្រះសហគមន៍ពីគ្រប់ទិសទី ដូច​​​អ្នក​​​ស្រែ​​​ប្រមូលស្រូវដែលគេច្រូតឱ្យចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ (មថ ២៤,៣១)។ ប៉ុន្តែ មុនព្រះអម្ចាស់​​​យាង​​​មក​​​នោះ “ត្រូវប្រកាសដំណឹងល្អឱ្យមនុស្សគ្រប់ជាតិសាសន៍” (មក ១៣,១០)។

សកម្មភាពជាសាសនទូត ពិតជាសម្តែងអំពីគម្រោង​ការរបស់ព្រះ​ជា​ម្ចាស់ដែលកើតជារូបរាង គឺសកម្មភាព​​​ជាសាសនទូតនេះពិតជាគ្មានអត្ថន័យប្លែកពីការសម្តែងគម្រោងការនេះទេ។ ​ព្រះជាម្ចាស់សម្តែង និងបំពេញ​​​គម្រោង​​​ការ​​​​​​​​​នោះក្នុងពិភពលោក ​និងតាមប្រវត្តិសាស្រ្ត​របស់មនុស្សលោក គឺ​ព្រះ​អង្គ​ច្បាស់ជាណែនាំ​ប្រវត្តិសាស្រ្តនៃ​ការ​​​សង្គ្រោះ​​​ទៅកាន់ទិសដៅរបស់ខ្លួន។ ដោយព្រះសហគមន៍​ប្រកាសព្រះបន្ទូល និងធ្វើអគ្គសញ្ញា​នានា​ដែល​មាន​អគ្គ​សញ្ញាអរព្រះគុណជាស្នូល និងជាកំពូល ព្រះ​សហគមន៍ធ្វើ​ឱ្យ​ព្រះគ្រីស្តមានវត្តមាន​​​ក្នុង​​​ពិភព​​​លោក​​​នេះហើយ គឺព្រះ​​​គ្រីស្ត​​​ដែល​សម្រេច​ការ​សង្គ្រោះ​។ ព្រះ​ជាម្ចាស់​បានសាបព្រោះអ្វីៗដ៏ពិត​ប្រាកដ និងអ្វីៗ​ដែល​​​សម្តែង​​​ព្រះហឫទ័យ​​​ប្រណី​​​​សន្តោស​របស់​ព្រះ​​អង្គ កប់​ទុក​ក្នុងចំណោមសាសន៍ដទៃ ​ហាក់ដូច​​​ជាវត្តមានម៉្យាង​​​ដ៏​​​ស្ងាត់​​​កំបាំង​​​របស់​​​ព្រះអង្គ​​​ក្នុង​​​សាសន៍ទាំង​នោះ។ បើព្រះសហគមន៍រកឃើញ ព្រះសហគមន៍​រំដោះអ្វីទាំងនោះ​​​ឱ្យ​​​រួច​​​​ពី​ចំណង​អាក្រក់ និងលើក​​​ទៅថ្វាយ​​​សងព្រះ​គ្រីស្ត​​​ដែលបានបង្កើតអ្វីៗទាំងនោះវិញ។ ព្រះគ្រីស្ត​​​បំផ្លាញ​​​អំណាចរបស់មារ ​និង​កម្ទេច​​​សេចក្តី​​​អា​ក្រក់​ដ៏​មាន​មុខជាច្រើនអនេកនៃអំពើបាបផង។ “ប្រសិនបើព្រះសហគមន៍រកឃើញពូជ​ដ៏ល្អ​​​សាប​​​ព្រោះ​​​ក្នុង​​​ចិត្តគំនិតរបស់​​​មនុស្សលោក ឬក្នុងពិធីបុណ្យ​​​រ​​​បស់គេ និង​ក្នុង​អរិយធម៌​ប្រជាជាតិនានា ព្រះ​​​សហគមន៍មិនគ្រាន់តែ​រក្សាទុក​ឱ្យនៅ​គង់វង្សមិនឱ្យវិនាស​​​បាត់​​​បង់​​​​ប៉ុណ្ណោះ​ទេ តែព្រះ​សហគមន៍ព្យាបាលពូជ​​​ទាំង​​​នោះ​​​ឱ្យបានជា និងនាំ​ឱ្យ​​​បាន​​​ពេញ​លក្ខណៈ ដើម្បីលើក​តម្កើង​សិរី​​​រុងរឿ​​​ងរបស់ព្រះជាម្ចាស់។ កិច្ចការនោះ​​​បណ្តាល​​​ឱ្យមារ​ត្រូវ​​អាម៉ាស់ ហើយ​​​ក៏​​​នាំឱ្យមនុស្ស​លោក​បានសុភមង្គល​​​ទៀត​​​ផង” (ពន្លឺ ១៧)។ ដូច្នេះ​​​ហើយ សកម្មភាព​​​ជាសាសនទូត តម្រង់ឱ្យ​មនុស្ស​​​​លោកបានពេញលក្ខណៈនៅពេលចុងក្រោយបំផុត។ ដោយសកម្មភាព​​​ជា​​​សាសនទូត​​​នេះ ​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់រីកចម្រើនឡើងរហូត​ដល់​បានពេញ​កម្រិត និងរហូត​ដល់​ពេល​វេលាដែល​​​ព្រះ​​​បិតា​​​បាន​កំណត់​ទុកដោយ​​​អំណាច​​​របស់ព្រះអង្គ (កក ១,៧)។ ព្យាការី​អេសាយ​បានថ្លែងអំពីព្រឹត្តការ​​​ណ៍នេះទុកជាមុនថា “ចូរពង្រីកជំរំរបស់​អ្នក​ឱ្យ​​​​បាន​ទូលាយ​ឡើង ចូរលាតដំបូល​ក្រណាត់​នៃលំនៅរបស់អ្នកឱ្យវែងកុំសំចៃឡើយ” (អស ៥៤,២)។ ​សកម្មភាពជា​​​សាសនទូតធ្វើឱ្យព្រះកាយ​ដ៏​អាថ៌​កំបាំងរបស់ព្រះគ្រីស្តរីកចម្រើនឡើងរហូត​ដល់ “ទៅជាមនុស្សពេញវ័យឡើង​ដល់​​​​កំពូល​របស់ព្រះគ្រីស្ត​​ដែល​បំពេញអ្វីៗទាំងអស់” (អភ ៤,១៣) គឺរហូតដល់ព្រះវិហារខាងព្រះវិញ្ញាណ ជា​​​កន្លែងថ្វាយបង្គំព្រះជាម្ចាស់​តាម​ព្រះ​វិញ្ញាណ និងតាម​សេចក្តីពិត​​​​​​​​​​​​ (យហ ៤,២៣) ចម្រើន ហើយសាងសង់​​​ឡើង​​​លើក្រុម​គ្រីស្តទូត និងព្យាការីនានាជាគ្រឹះ ដោយមាន​ព្រះគ្រីស្តផ្ទាល់​ជាសរសរទ្រូងដ៏​សំខាន់ (​អភ ២,២០)។

ជំពូក២
សកម្មភាពជាសាសនទូត

១០- សេចក្តីផ្តើម

ព្រះគ្រីស្តចាត់ព្រះសហគមន៍ដើម្បីសម្តែង និងចែករំលែកព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ឱ្យមនុស្សទាំងអស់ និងឱ្យគ្រប់ជាតិសាសន៍បានស្គាល់។ ព្រះសហគមន៍យល់ឃើញថា បេសកកម្មជាសាសនទូតដែលខ្លួន​ត្រូវ​បំពេញនោះនៅតែធំសម្បើមណាស់នៅ ឡើយ។ មានមនុស្សចំនួនរាប់កោដិនាក់​មិនទាន់​បាន​ឮ​ដំណឹងល្អ ឬបានឮ មិន​​​ច្បាស់។ ចំនួននេះនៅតែកើនឡើងជាលំដាប់។ មនុស្សទាំងនោះ​ជួបជុំ​គ្នាជាក្រុមធំៗ កំណត់ដោយទំនាក់ទំនង​​​ជា​​​មួយគ្នាយ៉ាងស្ថិតស្ថេរតាមវប្បធម៌ ឬដោយប្រពៃណី​សាសនា​ពីបុរាណ ឬដោយ​ចំណង​ដ៏​មាំ​មួននានាក្នុងសង្គម។ មនុស្សខ្លះកាន់សាស​នាមួយដ៏សំខាន់ មនុស្ស​ខ្លះ​មិនស្គាល់​ព្រះ​ជាម្ចាស់​ទាល់តែសោះ មនុស្សខ្លះទៀតបដិសេធថា គ្មានព្រះជាម្ចាស់ទេ ឬជួនកាលជំទាស់​ប្រឆាំងនឹងព្រះអង្គ​ក៏​មាន​ដែរ។ ព្រះសហគមន៍ត្រូវចូលរួមក្នុងគ្រប់ក្រុមមនុស្សទាំងនោះ ដូចព្រះគ្រីស្តផ្ទាល់​ដែលកើតជាមនុស្សយាង​​ចូល​រួមក្នុងសភាពការណ៍សង្គមមួយ ក្នុង​​​សភាពការណ៍​​​វប្បធម៌ប្រជាជនមួយ។ នៅសម័យព្រះអង្គរស់នៅ​ក្នុង​លោកនេះ ព្រះអង្គរស់​នៅ​ក្នុង​ក្រុមមនុស្ស​​​ដែល​​​មាន​​​អរិយធម៌​​​ផ្ទាល់​​​ខ្លួន។ បើ​​​ធ្វើដូច្នេះ ទើប​ព្រះសហគមន៍អាច​បង្ហាញគម្រោង​កា​រ​ដ៏​អស្ចារ្យ​នៃការសង្គ្រោះ​ឱ្យមនុស្សទាំងអស់​​​បាន​​​ស្គាល់ និង​​​អាច​​​ជូន​​​ជីវិតដែលព្រះជាម្ចាស់​ប្រទាន​ឱ្យទៀតផង។

១- សក្ខីភាពរបស់គ្រីស្តបរិស័ទ

 ១១- គ្រីស្តបរិស័ទផ្តល់សក្ខីភាពតាមការរស់នៅរបស់ខ្លួន និងសន្ទនាជាមួយអ្នកដទៃ

ព្រះសហគមន៍ត្រូវមានវត្តមាននៅក្នុងគ្រប់ក្រុមមនុស្ស ដោយមានគ្រីស្តបរិស័ទរស់​នៅក្នុង​ក្រុម​ទាំង​នោះស្រាប់ ឬដោយព្រះសហគមន៍ចាត់គ្រីស្តបរិស័ទខ្លះឱ្យទៅរស់នៅក្នុងក្រុមទាំងនោះដែរ។ កន្លែងណាគ្រីស្តបរិស័ទរស់នៅ ​គេ​​​មានភារកិច្ចបង្ហាញ​បញ្ជាក់ថា គេបានកើតជាថ្មីដោយរួបរួមជាមួយព្រះគ្រីស្ត ​នៅពេលគេទទួលអគ្គ​សញ្ញាជ្រមុជទឹក។​​​ គេក៏បានទទួលកម្លាំងរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ នៅ ពេលគេបាន​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាសដែរ។ គេផ្តល់សក្ខីភាពនេះដោយរស់នៅតាមរបៀបល្អធ្វើជាគំរូឱ្យអ្នកដទៃ និងដោយ​និយាយ​ជាមួយដែរ។ ដូច្នេះ អ្នកដទៃមុខជា​​​នឹងឃើញ​​​អំពើល្អដែលគ្រីស្តបរិស័ទប្រព្រឹត្ត ហើយនាំគ្នាលើក​តម្កើង​សិរី​​រុង​រឿងព្រះបិតា (មថ ៥, ១៦) ព្រម​ទាំង​យល់អត្ថន័យជីវិតមនុស្ស​​​ឱ្យកាន់តែច្បាស់ និងកាន់តែ​ពិត​ប្រាកដឡើង ព្រមទាំងយល់ឃើញកាន់តែច្បាស់ថា មនុស្សទូទាំងសកលលោក​​​រួបរួមគ្នាជា​ធ្លុងតែមួយ​ផង​ដែរ។

គ្រីស្តបរិស័ទអាចធ្វើជាសាក្សីអំពីព្រះគ្រីស្តបែបនេះ និងបានផលលុះត្រាតែ​​​​​​គេរួមរស់ជាមួយ​អ្នក​​ដទៃ ហើយ​​​​​​រាប់អានគេ និង​ស្រឡាញ់​គេដោយចិត្តស្មោះ។ គ្រីស្តបរិស័ទត្រូវចាត់ខ្លួនទុកជាសមាជិក​នៃ​ក្រុមដែល​ខ្លួនរស់​​​នៅ គឺត្រូវរួមចំណែកក្នុងសកម្មភាពនានាខាងវប្បធម៌ និងក្នុងសង្គមដោយចែកចាយអ្វីៗក្នុងកិច្ចការ​​​ផ្សេងៗ​​​ប្រចាំ​​​ជីវិតម​​​នុស្សថែមទៀតផង។ គ្រីស្តបរិស័ទ​ក៏ត្រូវ​ស្គាល់ប្រពៃណីជាតិ និងប្រពៃណី​សាសនា​របស់គេទាំង​​​ទទួល​​​ស្គាល់​​​ និងគោរពដោយរីក​​​រាយនូវ “ពូជ​នៃ​ព្រះបន្ទូល” កប់ទុកក្នុង​ប្រពៃណី និងក្នុង​​សាសនា​ទាំងនោះស្រាប់។ ​នៅ​​​ពេលជាមួយគ្នានោះ គ្រីស្តបរិស័ទ​ត្រូវយកចិត្តទុកដាក់នឹង​ការផ្លាស់​ប្រែ​យ៉ាង​ជ្រៅ​ដែល​កើត​ឡើង​ក្នុងប្រជាជាតិ​​​ទាំង​​​នោះ។ មនុស្សសម័យទំនើប តែងតែចាប់អារម្មណ៍យ៉ាងហួសទៅលើ​វិទ្យា​សាស្ត្រ និង​ទៅ​លើបច្ចេកទេស។ គ្រីស្ត បរិស័ទ​​​ត្រូវតែខិតខំណែនាំគេកុំឱ្យងាកបែរចេញពី​អ្វីៗដែលពាក់ព័ន្ធនឹង​ព្រះ​ជាម្ចាស់ឡើយ ត្រូវដាស់​តឿនពួកគេឱ្យ​​​មានបំណងប្រាថ្នាចង់រកសេចក្តីពិតឱ្យកាន់តែខ្លាំងឡើងៗ និងចង់បានសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់បាន​​​សម្តែងឱ្យមនុស្សលោកស្គាល់។ កាលពីដើម​​​ ព្រះគ្រីស្តផ្ទាល់​បានស្ទង់ចិត្ត​មនុស្ស​លោក ហើយ​បានណែ​នាំគេ​ទៅ​​​កាន់​​​​​​ពន្លឺ​​​របស់​​​ព្រះជាម្ចាស់ ដោយ​និយាយសន្ទនាជាមួយគេ​តាមរបៀបមនុស្សធម្មតា។ ក្រុមសាវ័ករបស់​​​ព្រះ​​​អង្គដែលមាន​ព្រះវិញ្ញាណរបស់ព្រះគ្រីស្តជ្រួតជ្រាប​ពេញ​ខ្លួន ក៏ត្រូវស្គាល់មនុស្សដែលរស់​នៅ​ជាមួយ ត្រូវអត់ធ្មត់​​​ព្យាយាម​​​​​​និយាយសន្ទ​នា​ជា​មួយគេដោយចិត្តស្មោះ ដើម្បី​ឱ្យខ្លួន​ស្គាល់អ្វីៗដ៏ថ្លៃថ្នូរ​បំផុត ដែលជាព្រះ​អំណោយ​ទាន​​​ដែល​​​​​​​​​ព្រះជាម្ចាស់​បានប្រោសប្រទានឱ្យជនជាតិទាំង​ឡាយ​​​ តាមព្រះហឫទ័យ​ទូលាយ​ដ៏អស្ចារ្យរបស់ព្រះអង្គ។ នៅ​​​ពេល​​​​​​ជាមួយគ្នានោះ គ្រីស្តបរិស័ទក៏ត្រូវយកចិត្តទុក​ដាក់​នាំពន្លឺនៃដំណឹងល្អមកបំភ្លឺអ្វីៗដ៏ថ្លៃថ្នូរបំផុតទាំងនោះ និង​​​រំដោះ​​​អ្វីទាំងនោះ ហើយណែនាំឱ្យស្ថិតនៅក្រោម​ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះទៀតផង។

១២- អំពីមេត្តាករុណារបស់គ្រីស្តបរិស័ទ

គ្រីស្តបរិស័ទដែលរស់នៅក្នុងក្រុមនានារបស់មនុស្សត្រូវមានចិត្តស្រឡាញ់ក្នុងខ្លួន ដូចព្រះជា​ម្ចាស់​បាន​ស្រឡាញ់​យើងដូច្នោះដែរ គឺព្រះអង្គសព្វព្រះហឫទ័យឱ្យយើងស្រឡាញ់គ្នាទៅវិញទៅមក​ដោយ​ព្រះ​ហឫទ័យស្រឡាញ់​​​​នោះឯង (១យហ ៤,១១)។ គ្រីស្តបរិស័ទស្រឡាញ់មនុស្សគ្រប់ប្រភេទយ៉ាងពិតប្រាកដដោយមិនប្រកាន់​​​​​​ឋានៈ វណ្ណៈ ជាតិ ឬសាសនាណាឡើយ។ គ្រីស្តបរិស័ទស្រឡាញ់អ្នកដទៃដោយ​មិន​ចង់​បាន​ផលប្រយោជន៍​ផ្ទាល់​​​ខ្លួន ឬឱ្យគេតបស្នងសងគុណនោះទេ។ ព្រះជាម្ចាស់ស្រឡាញ់យើងដោយ​មិន​ចង់បានប្រយោជន៍​ពីយើងទេ។ យ៉ាងណាមិញ គ្រីស្តបរិស័ទដែលស្រឡាញ់គេ ត្រូវយកចិត្តទុកដាក់នឹងបុគ្គលម្នាក់ៗ​ក្នុងឋានៈគេជាមនុស្ស គឺត្រូវ​​​ស្រឡាញ់គេតាមរបៀបដែលព្រះជាម្ចាស់យាងមករកយើងដូច្នេះដែរ។ កាលពីដើម ព្រះគ្រីស្តយាង​​​ចុះ​​​យាងឡើង​​​គ្រប់​​​​​​​​​ក្រុង​​​គ្រប់​​​ភូមិ​​​ ​ទាំងព្យា​បាល​មនុស្សដែលមាន​ជំងឺ​រោគា​ព្យាធិ​គ្រប់ប្រភេទ ទុកជាសញ្ញា​សម្គាល់​បញ្ជាក់​ថា ព្រះ​​​រាជ្យ​​​របស់​​​ព្រះ​​​ជាម្ចាស់​​​មក​​​​​​ជិ​​​តបង្កើយហើយ (មថ ៩,៣៥ត; កក ១០-៣៨)។ យ៉ាងណាមិញ ដោយ​​​សារ​​​គ្រីស្តបរិស័ទ​​​ជាបុត្រធីតា ព្រះសហគមន៍​​​ក៏មាន​​​​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​​​​​​​មនុស្សទាំងអស់ ទោះជាមានឋានៈ វណ្ណៈ​​​យ៉ាង​​​ណា​​​​​​​​​ក៏​​​ដោយ គឺព្រះ​​​សហគមន៍​​​មានទំនាក់ទំនងយ៉ាងពិសេសជាមួយអ្នកក្រីក្រ និងអ្នកកើតទុក្ខលំបាក ហើយ​​​ក៏​​​ស្ម័គ្រ​​​ចិត្ត «ចំណាយខ្លួនដើម្បី​​​ជាប្រយោជន៍ដល់គេ»​ ថែម​ទៀត​ (២ករ ១២,១៥)។ ព្រះ​​​សហគមន៍​​​តែង​​​រំលែក​​​​អំណរ​​​សប្បាយ និងទុក​ព្រួយ​​​របស់​​​គេ​​​ ស្គាល់បំណងប្រាថ្នា និង​បញ្ហា​ជីវិតរបស់គេ ព្រមទាំងតែងរំលែកទុក្ខព្រួយ​ និងតប់​​​ប្រមល់​​​​នៅ​​​ពេល​​​គេស្លាប់។ ចំពោះអស់អ្នកដែល​ស្វែង​រកសន្តិភាព ព្រះសហគមន៍ប៉ងប្រាថ្នាចង់សន្ទនាជាមួយ​​​គេ ដូច​​​សន្ទនា​​​​​​ជាមួយ​​​បង​​​​​​ប្អូនដែរ ​ទាំងនាំសន្តិភាព និង​ពន្លឺដែលហូរមកពីដំណឹងល្អជូនគេផង។

ហេតុនេះហើយ បានជាគ្រីស្តបរិស័ទត្រូវរួមសហការជាមួយមនុស្សឯទៀតៗទាំងអស់ ដើម្បីចាត់ចែង​សេដ្ឋ​កិច្ច និង​​សង្គមឱ្យបានទៀងត្រង់ល្អត្រឹមត្រូវ។ គ្រីស្តបរិស័ទត្រូវយកចិត្តទុកដាក់ប្រើកម្លាំងកាយកម្លាំងចិត្ត​យ៉ាង​ពិសេស​​​​​​​​​​ក្នុងការអប់រំក្មេងៗ និង​កូនជំទង់ ដោយចាត់ចែងឱ្យមានសាលារៀនគ្រប់មុខ។ ត្រូវចាត់សាលារៀន​ទាំង​​​នោះ​​​ទុក​​​​​​​​​​ជាម​ធ្យោបាយ​ពិសេស មិនគ្រាន់តែសម្រាប់អប់រំ និងលើកស្ទួយយុវជន​គ្រីស្ត​បរិស័ទប៉ុណ្ណោះទេ តែ​​​នៅ​​​ពេលជា​​​មួយគ្នានោះ សម្រាប់​បម្រើ​មនុស្ស​ទាំងអស់តាមរបៀបដ៏មានតម្លៃថ្លៃថ្នូរបំផុត។ ជាពិសេស​ នៅក្នុងប្រទេស​​​ដែល​​​កំពុង​​​អ​​​ភិវឌ្ឍន៍ឡើង សាលារៀនទាំងនោះក៏លើក​ស្ទួយ​តម្លៃ​ដ៏ថ្លៃ​ថ្នូររបស់​បុគ្គលម្នាក់ៗ និងរៀបចំឱ្យមនុស្សអាច​​​រស់នៅ​​​ស្រប​​​តាម​​​​​​លក្ខណៈជា​​​មនុស្សកាន់​តែ​ប្រសើរ​ឡើងៗ។ ម្យ៉ាងទៀត គ្រីស្តបរិស័ទក៏ត្រូវរួមជាមួយជនរួមជាតិទាំងអស់ដែល​​​ខិត​​​​​​ខំ​​​ខ្នះ​​​ខ្នែងបំបាត់ការអត់ឃ្លាន បំបាត់​ភាព​ល្ងង់ខ្លៅ និងបំបាត់ជំងឺ។ ​ធ្វើដូច្នេះ ទើបគេយកចិត្តទុកដាក់​ឱ្យជីវភាព​ប្រជាជន​ចម្រើន​ឡើង ព្រមទាំង​ពង្រឹង​សន្តិភាពក្នុងពិភពលោកទាំងមូល។ ក្នុងសកម្មភាពនេះ គ្រីស្តបរិស័ទ​ក៏​ត្រូវ​មាន​​​បំណង​​​​​​ប្រាថ្នា​​​​យ៉ាងខ្លាំង ទាំងប្រុងប្រយ័ត្នចង់រួមសហការជាមួយអង្គការនានា ​ជាអង្គ​ការ​ឯក​ជនក្តី សាធារណៈក្តី ​ជា​​​មួយ​​​​រដ្ឋាភិបាលនានា ជាមួយអង្គការអន្តរ ជាតិ ជាមួយក្រុមគ្រីស្តបរិស័ទផ្សេងៗ និងជាមួយ​​​ក្រុម​​​បរិស័ទ​​​​សាសនា​​​ឯទៀតៗ​​​ដែរ។

ប៉ុន្តែ ព្រះសហគមន៍គ្មានបំណងចង់ចូលឈ្លានពានក្នុងការដឹកនាំប្រទេសក្នុងលោកនេះជាដាច់ខាត។ ព្រះ​​​សហគមន៍ទាមទារសេចក្តីតែមួយ គឺបម្រើមនុស្សលោកយ៉ាងស្មោះ ទាំងបង្ហាញសេចក្តីស្រឡាញ់ដល់គេ ដោយ​​​ព្រះ​​​ជាម្ចាស់ជួយឧបត្ថម្ភផង (មថ ២០,២៦; ២៣,១១)។

សាវ័ករបស់ព្រះគ្រីស្តរួមយ៉ាង​​​ជិត​​​ស្និទ្ធ​​​ជា​​​មួយ​​​មនុស្ស​​​ឯទៀតៗដោយ​រស់​នៅ និងប្រព្រឹត្តកិច្ច​ការនា​នា។ ទោះ​​​បី​​​នៅកន្លែងណា​ដែល​គេ​គ្មានលទ្ធភាព​ប្រកាស​អំពីព្រះ​​គ្រីស្តយ៉ាងច្បាស់ក្តី​ក៏គេ​សង្ឃឹមថា នឹងបង្ហាញសក្ខីភាព​​​ដ៏​ពិត​​​ប្រាក​ដ​​​​អំពី​ព្រះ​គ្រីស្ត​ឱ្យមនុស្សលោកឃើញ និងខិតខំជួយ​មនុស្សលោក​ឱ្យ​​ទទួលការសង្គ្រោះថែមទៀត។ គ្រីស្តបរិស័ទ​​​​​​​​​​​​មិន​​​ស្វែងរកឱ្យ​មនុស្ស​ចម្រើនឡើង និងជឿនលឿន​តែ​ផ្នែក​ខាងសម្ភារៈប៉ុណ្ណោះទេ តែមានបំណងច​ង់​​​ពង្រីក​កិត្តិយស​ដ៏ថ្លៃថ្នូររបស់គេ ព្រមទាំងចង់​ឱ្យមនុស្ស​រួប​រួមគ្នា​ជាធ្លុងតែមួយក្នុង​ឋានៈ​ជា បងប្អូន ដោយ​បង្រៀន​សេចក្តី​​ពិត​​​ខាងសាសនា និងខាងសីលធម៌ តាមព្រះ​គ្រីស្ត​បំភ្លឺឱ្យយល់នោះ។ ធ្វើដូច្នេះ គ្រីស្តបរិស័ទ​​​ត្រួស​​​ត្រាយ​​​ផ្លូវ​​​កាន់​​​តែប្រសើរឡើងៗ​​​នាំមនុស្សឆ្ពោះទៅកាន់ព្រះជាម្ចាស់បន្តិច​​​ម្តងៗ។ គ្រីស្ត​បរិស័ទ​ជួយ​មនុស្សឱ្យ​​​ទទួលកា​​​រសង្គ្រោះដោយស្រឡាញ់ព្រះជាម្ចាស់ និង​ស្រឡាញ់អ្នកដទៃ។ ធ្វើ​ដូច្នេះ “​គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត” ចាប់ផ្តើម​​​លេច​​​ធ្លោ​​​ឡើង គឺមនុស្សថ្មីកើត​មកស្រប​តាម​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់ លេចមកក្នុងអង្គព្រះគ្រីស្ត (អភ ៤,២៤) ហើយ​​​ព្រះ​​​ជាម្ចាស់​​​ក៏សម្តែង​ព្រះហឫទ័យ​ស្រឡាញ់របស់ព្រះអង្គក្នុងអង្គព្រះគ្រីស្តនោះដែរ។

២- ការប្រកាសដំណឹងល្អ និងការប្រមូលប្រជារាស្ត្ររបស់ព្រះជាម្ចាស់

 ១៣- ការប្រកាសដំណឹងល្អ និងការប្រែចិត្តគំនិត

ត្រូវប្រកាសគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត (១ករ ៩, ១៦; រម ១០,១៤) ឱ្យមនុស្ស​ទាំង​អស់​ (មក ១៦,១៥) ដោយចិត្តអង់អាច និងដោយចិត្តព្យាយាមខន្តី (កក ៤,១៣.២៩.៣១; ៩,២៧-២៨; ១៣,៤៦; ១៤,៣; ១៩,​​​៨; ២៦,២៦; ២៨,៣១; ១ថស ២,២; ២ករ ៣,១២; ៧,៤; ភល ១,២០; អភ ៣,១២; ៦,១៩-២០) នៅ​​​គ្រប់​​​ទីកន្លែងដែលព្រះជាម្ចាស់ “បើកទ្វារចំហ” (កូឡ ៤,៣) គឺត្រូវ​ប្រកាស​អំពីព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ និង​​​អំ​​​ពី​​​​ព្រះយេ​ស៊ូ​គ្រីស្ត​ដែល​ព្រះជាម្ចាស់ចាត់ឱ្យយាងមក​សង្គ្រោះមនុស្ស​លោកទាំងអស់ (១ថស ១,៩-១០; ១ករ ១,​១៨-២១; កាឡ ៣,១៣-១៤; កក ១៤,១៥-១៧; ១៧,២២-៣១) ដើម្បីឱ្យព្រះវិញ្ញាណដ៏វិសុទ្ធបើកចិត្ត​គំនិត​​​អ្នក​​​ដែល​​​មិន​​​កាន់​​​គ្រីស្តសាសនា (កក ១៦-១៤) ឱ្យគេប្រែ​ចិត្ត​គំនិតដោយសេរីទៅរកព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះអង្គផង។ គេ​​​ក៏​​​ផ្ចង់ចិត្ត​នឹងព្រះអង្គ​​យ៉ាង​ស្មោះ គឺ​លើ​ព្រះ​អង្គដែល “ជាមាគ៌ា ជាសេចក្តីពិត និងជាជីវិត” (យហ ១៤,៦)។​​​ ព្រះអង្គ​​​​បំពេញ​សេចក្តីដែល​មនុស្ស​លោក​ទន្ទឹង​រង់ចាំប៉ងប្រាថ្នាចង់បានខាងផ្លូវវិញ្ញាណ។ ព្រះអង្គក៏នឹងប្រទានហួសពី​សេចក្តីប៉ងប្រាថ្នា​ទាំងនោះទៅទៀត។

តាមពិត ត្រូវយល់ឃើញថា មនុស្សប្រែចិត្តគំនិតដូច្នេះ គឺគ្រាន់តែ​​​ប្រែចិត្តគំនិតខាងដើមដំបូង​ប៉ុណ្ណោះ​។ ដោយគេប្រែចិត្តគំនិតដើមដំបូងដូច្នេះ ទើបធ្វើឱ្យគេដឹងខ្លួនថា គេងាកចេញពីអំពើបាប ហើយ​ចូល​ក្នុង​គម្រោង​ការ​​​ដ៏​​​អស្ចារ្យ​​​​​​នៃ​​​​ព្រះហឫ​ទ័យ​ស្រឡាញ់របស់ព្រះជាម្ចាស់ គឺព្រះអង្គសព្វព្រះហឫទ័យ​ត្រាស់​ហៅ​គេឱ្យប្រាស្រ័យ​ទាក់ទង​ជា​​​មួយ​​​​ព្រះអង្គក្នុងអង្គព្រះគ្រីស្ត។ អ្នកប្រែចិត្តគំនិតថ្មីនោះ ចាប់ផ្តើមធ្វើ​ដំណើរ​តាមព្រះវិញ្ញាណ ដោយ​​​ព្រះ​​​ជា​​​ម្ចាស់​​​ប្រោស​​​​​​ប្រណីជួយគេផង។ ពេលធ្វើដំណើរនេះ ដោយសារ​ជំនឿ គេរួបរួមក្នុង​គម្រោងការ​​ដ៏អស្ចារ្យ​របស់​ព្រះ​គ្រីស្ត​ដែល​​​សោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង។ គេ​លះបង់​របៀបរស់នៅ​បែបចាស់ចោល ឆ្លងទៅ​​​រស់​​​នៅ​​​តាម​​​របៀប​​​ថ្មី គឺទៅជាមនុស្សថ្មីដ៏​ពេញ​លក្ខណៈ​ក្នុងអង្គព្រះគ្រីស្ត (កូឡ ៣,៥-១០; អភ ៤,២០-២៤)។ ដំណើរឆ្លងដូច្នេះនាំឱ្យគេប្រែចិត្តគំនិត និងប្រែរបៀបរស់នៅ​បន្តិច​​ម្តងៗ​តាមលំដាប់លំដោយ។ ការប្រែចិត្តគំនិតនេះក៏ត្រូវ​​​​លេចធ្លោឡើង​​​តាមរបៀបរស់នៅក្នុងសង្គមមនុស្សបន្តិច​ម្តងៗកាន់តែជ្រៅទៅៗ អស់រយៈពេលដែលគេទទួលការ​អប់រំ​​ជំនឿ។ គេ​​​ផ្ញើជីវិតលើព្រះអម្ចាស់ គឺលើព្រះអង្គដែលជាសញ្ញាសម្គាល់នាំឱ្យមនុស្សខ្វែងគំនិត និងញែក​​​ចេញ​​​ពី​​​គ្នា​​​​​​យ៉ាង​​​ណា (លក ២,​៣៤; មថ ១០,៣៤-៣៩) អ្នកប្រែចិត្តគំនិតថ្មីក៏ធ្លាប់មានបទពិសោធន៍ថា ខ្លួន​ត្រូវ​ញែក​ចេញ​​​ពី​​​​​​​​​ក្រុម​​​គ្រួសារ បាក់បែក​ពីគេ​យ៉ាង​នោះ​ដែរ។ ប៉ុន្តែ គេក៏បានអំណរសប្បាយដោយព្រះជាម្ចាស់​ប្រោស​ប្រទាន​ព្រះ​អំណោយ​​​ទាន​​​​ដល់​គេហួស​កម្រិតដែរ (១ថស ១,៦)។

ព្រះសហគមន៍ហាមផ្តាច់មិនឱ្យបង្ខំនរណាម្នាក់ចូលគ្រីស្តសាសនាជាដាច់ខាត ​និងមិនឱ្យណែនាំ​គេ ឬទាក់​ទាញ​​​​ចិត្តគេដោយប្រើ​ឧបាយ​កលមិនគួរគប្បីឡើយ ក៏ដូចព្រះ​សហគមន៍ទាមទា​រ​ដាច់​អហង្ការ​នូវ​សិទ្ធិ​​​សេរីភាព​​​របស់​​​ខ្លួន កុំឱ្យ​​​គេ​​​​​​បង្ខំនរណាម្នាក់ឱ្យលះបង់ជំនឿរបស់ខ្លួន ​ដោយធ្វើទុក្ខបុកម្នេញដល់គេយ៉ាង​ថោក​​​ទាប​​​ដូច្នោះ​​​ដែរ (សេរីភាព ២.៤.​​​១០; អំណរ ២១)។ តាមប្រពៃណីពីបុរាណដ៏យូរអង្វែង​​របស់ព្រះសហគមន៍មក ត្រូវពិនិត្យ​​​ពិច័យ​​​យ៉ាង​​​​​​​​​ម៉ត់ចត់​​​នូវមូល​ហេតុ​ដែល​នាំ​ឱ្យ​មនុស្សម្នាក់ប្រែចិត្តគំនិត។ ប្រសិនបើជាត្រូវការ ​ត្រូវជម្រះមូលហេតុទាំង​​​នោះ​​​ឱ្យ​​​បាន​​​​ទៀង​ត្រង់​ផង។

១៤- ក្រុមអ្នកស្តាប់ព្រះសូរសៀងព្រះជាម្ចាស់លាន់ឮឡើង

អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ទុកជាអំណោយទានរបស់ព្រះជាម្ចាស់តាមរយៈព្រះសហគមន៍ (ពន្លឺ​​​ ១៧)​​​ ត្រូវចូលក្នុងក្រុមអ្នកទទួលការអប់រំជំនឿដោយសារពិធីផ្សេងៗ។ ការ​អប់រំជំ​នឿនោះ​មិនគ្រាន់តែ​​​អាស្រ័យ​​​ទៅ​​​លើការរៀប​​​រាប់អំពីគោលលទ្ធិដ៏សំខាន់ៗនៃជំនឿ និងនៃធម៌វិន័យប៉ុណ្ណោះទេ ​តែជាការ​ហ្វឹក​ហ្វឺន​ឱ្យ​​គេរស់​នៅ​បែប​​​ជា​​​គ្រីស្តបរិស័ទក្នុងគ្រប់វិស័យប្រចាំជីវិត ព្រ​មទាំង​បង្ហាត់គេយ៉ាងសមរម្យ។ សាវ័ក​របស់ព្រះគ្រីស្តរួបរួមជាមួយព្រះបរមគ្រូរបស់​​​គេ​​​ ដោយទទួលការអប់រំ និង​ហ្វឹកហ្វឺន​ផង។ ហេតុនេះហើយ​ បាន​ជាត្រូវណែនាំអ្នកទទួលការអប់រំជំនឿទាំង​​​នោះ ឱ្យចូលក្នុងគម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះយ៉ាងសមរម្យ និងត្រូវបង្ហាត់គេឱ្យរស់ នៅស្របតាមបែបដំណឹង​​​ល្អ​​​​ទៀត។ ត្រូវណែនាំគេដោយពិធីផ្សេងៗ​តាម​ពេល​វេលា​ជាលំដាប់លំដោយ (ពិធី ៦៤-៦៥) ឱ្យចូលរួមក្នុង​​​របៀប​​​រស់​​​នៅតាមជំនឿ ឱ្យចូលរួមក្នុងពិធី​នានានៃព្រះ​សហគមន៍ ព្រមទាំង​ឱ្យ​គេមាន​ចិត្តស្រឡាញ់ស្របតាម​​​ប្រជារាស្ត្រ​​​របស់​​​ព្រះជាម្ចាស់។

បន្ទាប់មក អ្នកស្តាប់ព្រះសូរសៀងព្រះជាម្ចាស់លាន់ឮឡើងបាន “រួចផុតពីអំណាចនៃភាពងងឹត” (កូឡ ១,១៣) រួចហើយ ដោយ​អគ្គសញ្ញាទាំងបីដែលបញ្ចូលគេក្នុងព្រះសហគមន៍ គេរួមស្លាប់ជាមួយ​ព្រះគ្រីស្ត បានចុះ​​​ក្នុងផ្នូររួមជា​មួយ​ព្រះអង្គ ហើយក៏បានទទួលជីវិតថ្មីដ៏រុងរឿងរួមជាមួយព្រះអង្គដែរ (រម ៦,​៤-១១; កូឡ ២,១២-១៣; ១សល ៣,២១-២២; មក ១៦,១៦)។ គេ​ទទួល​ព្រះវិញ្ញាណ​ដែល​ប្រោស​ឱ្យគេទៅ​ជាបុត្រ​ធីតា​របស់ព្រះបិតា (១ថស​​​ ៣,៥-៧; កក ៨,១៤-១៧) ហើយនាំគ្នាធ្វើពិធីនឹករម្លឹកព្រះ​​អម្ចាស់សោយ ទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង​រួម​​​ជាមួយប្រជារាស្រ្តទាំងមូលរបស់​ព្រះ​ជាម្ចាស់​។

មហាសន្និបាតប្រាថ្នាចង់ប្រែសម្រួលពិធីបុណ្យនានាក្នុងរដូវអប់រំពិសេស និងក្នុងរដូវបុណ្យចម្លង ដើម្បី​​​រៀប​​​ចំ​​​ចិត្ត​​​​គំនិតអ្នកស្តាប់​ព្រះសូរសៀងព្រះជាម្ចាស់លាន់ឮឡើង ឱ្យលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង ព្រោះ​​​ក្នុង​ពិធី​បុណ្យ​​ចម្លងដ៏ឱឡារិក​នោះ​ គេកើតជាថ្មីក្នុងអង្គព្រះគ្រីស្ត ដោយទទួលអគ្គសញ្ញាជ្រមុជទឹក។

មិនគ្រាន់តែអស់អ្នកណែនាំ ឬ​អស់​លោក​បូជាចារ្យ (អាចារ្យ) ប៉ុណ្ណោះទេ មានភារកិច្ចហ្វឹកហ្វឺនអ្នកអប់រំជំនឿឱ្យទៅជាគ្រីស្តបរិស័ទ តែសហគមន៍​​​គ្រីស្តបរិស័ទទាំ​​​ងមូលឯណោះវិញទទួលភារកិច្ចហ្វឹកហ្វឺននោះ ជាពិសេស ​​​សហគមន៍ឪពុកម្តាយធម៌ ឬបង​ធម៌​​​។ ធ្វើដូច្នោះ ទើបអ្នកទទួលការអប់រំជំនឿដឹងខ្លួន​​តាំង​ពីដើមដំបូងមកថា គេមាន​​​ទំនាក់​​​ទំនងជាមួយ​​​ប្រជារាស្ត្ររ​បស់​ព្រះជាម្ចាស់ហើយ។ ដោយព្រះសហគមន៍មានលក្ខណៈ​ជាគ្រីស្តទូត អ្នក​កំពុង​ទទួល​ការអប់រំជំនឿក៏ត្រូវ​ហាត់ខ្លួនឱ្យរួមយ៉ាង​សកម្មក្នុងកិច្ចប្រកាស​ដំណឹង​ល្អ​ និង​ក្នុងកិច្ចសាងសង់ព្រះសហគមន៍ ដោយ​​​ផ្តល់​សក្ខីភាព​អំពីការរស់នៅតាមបែបថ្មី និងដោយប្រកាស​ជំនឿរបស់ខ្លួន។ ត្រូវបញ្ជាក់​​​លក្ខន្តិកៈរ​​​បស់​​​អ្នក​​​ទ​​​ទួល​​​ការ​​​អប់រំជំនឿទាំងនេះឱ្យបានច្បាស់ ក្នុងក្បួនច្បាប់ថ្មីជាទូទៅរបស់​ព្រះ​សហគមន៍ ព្រោះគេរួប​​​រួមជាមួយ​​​ព្រះ​​​សហគមន៍​​​រួចហើយ (ពន្លឺ ១៤) គេក៏នៅក្នុងព្រះដំណាក់ព្រះ​គ្រីស្តរួចហើយ ដែរ។ តាមធម្មតា គេរស់នៅដោយ​​​មាន​​​ជំនឿ​​​ មានចិត្តសង្ឃឹម និងមានចិត្តស្រឡាញ់ផង។

៣- ការអប់រំសហគមន៍គ្រីស្តបរិស័ទ

១៥- ការអប់រំសហគមន៍គ្រីស្តបរិស័ទ

ព្រះវិញ្ញាណត្រាស់ហៅមនុស្សទាំងអស់ឱ្យមករកព្រះ​គ្រីស្ត ដោយព្រះអង្គសាបព្រោះពូជនៃព្រះបន្ទូលក្នុងចិត្តមនុស្សគ្រប់ៗរូប និងដោយព្រះអង្គចាត់ឱ្យគ្រីស្តបរិស័ទប្រកាសដំណឹងល្អផង។ ​ព្រះវិញ្ញាណ​នាំ​មនុស្សឱ្យសុខចិត្ត​​​គោរព​​​តាម​​​បង្គាប់នៃជំនឿ ហើយក៏ប្រោស ឱ្យអស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្តមានជីវិត​​​ថ្មី​​​ដោយ​​​អគ្គសញ្ញាជ្រមុជទឹក​​​ដែរ។ ព្រះអង្គប្រមូលគេឱ្យចូលរួម​ក្នុង​ប្រជា​រាស្រ្ត​របស់ព្រះ ជាម្ចាស់តែមួយ “ជាពូជ​​​សាសន៍​​​​​​ដែល​​​​​​ព្រះអង្គបាន​​​ជ្រើស​​​រើ​​​ស ជាក្រុម​បូជាចារ្យ​របស់ព្រះមហាក្សត្រ ជាប្រជាជាតិដ៏វិសុទ្ធ ​ជាប្រជារាស្ត្រ​​​ដែល​​​ព្រះ​​​ជា​​​ម្ចាស់​​​បាន​​​យកមក​​​ធ្វើជា​​​កម្មសិទ្ធ​​​​ផ្ទាល់របស់ព្រះអង្គ” (១សល ២,៩; ពន្លឺ ៩)។

ហេតុនេះហើយ បានជាសាសនទូតទាំងអស់ដែលជាសហការីរបស់ព្រះជាម្ចាស់ (១ករ ៣,៩) ត្រូវបង្កើត​​​សហគមន៍របស់អ្នកជឿ។ សហគមន៍ទាំងនោះត្រូវរស់នៅយ៉ាងសមរម្យ ​ស្របតាមព្រះជាម្ចាស់​ដែល​ត្រាស់​ហៅគេ (អភ ៤,១) ហើយត្រូវមានសមត្ថភាពអាចបំពេញបន្ទុកដែលព្រះអង្គបានផ្ញើទុកឱ្យគេ គឺបំពេញ​បន្ទុកជាបូជា​ចារ្យ ជា​​​ព្យាការី និងជាព្រះមហាក្សត្រ។ ដូច្នេះ ​សហគមន៍គ្រីស្តបរិស័ទ​​​ក្លាយទៅជាសញ្ញាសម្គាល់អំពីវត្តមាន​​​របស់ព្រះ​​​ជា​​​ម្ចាស់​​​ក្នុងពិ​​​ភពលោក លុះត្រាតែសហគមន៍បំពេញបន្ទុកទាំងបីនោះ។ ដោយថ្វាយអភិបូជា ​សហគមន៍នេះរួមជា​​​មួយ​​​ព្រះគ្រីស្តឆ្លងទៅកាន់ព្រះបិតាដោយឥតឈប់ឈរ (ពន្លឺ ១០.១១.៣៤)។ ដោយផ្ចិតផ្ចង់​​​ទទួលព្រះបន្ទូលទុក​ជា​​​អាហារ (បន្ទូល ២១) សហគមន៍​នេះបង្ហាញ​សក្ខីភាពអំពីព្រះគ្រីស្ត (ពន្លឺ ១២.៣៥)។ សហគមន៍នេះក៏មាន​ចិត្ត​មេត្តា​​​​ករុណា ហើយមានចិត្តឧស្សាហ៍​បំពេញកិច្ច​ការជាគ្រីស្តទូតថែមទៀត (ពន្លឺ ២៣.២៦)។

តាំងពីដើមដំបូងរៀងមក ត្រូវ​​​ចាត់ចែងសហគមន៍គ្រីស្តបរិស័ទឱ្យមាន​​​សមត្ថភាពអាចផ្គ​​​​​​​​​ត់ផ្គង់តម្រូវការ​​​របស់​​​​​​ខ្លួនដោយខ្លួនឯង ប្រសិន បើអាចធ្វើបាន។

ព្រះជាម្ចាស់បានប្រទានឱ្យគ្រីស្តបរិស័ទដែលប្រជុំគ្នានោះ មានអរិយធម៌ជាទ្រព្យដ៏ថ្លៃថ្នូរនៃ​​​ជាតិរបស់ខ្លួន។ ​​​ហេតុនេះហើយ សហគមន៍នោះ​​​ត្រូវចាក់ឫសយ៉ាងជ្រៅក្នុងប្រជាជនរបស់ខ្លួនដែរ។ ក្រុមគ្រួសារគ្រីស្តបរិស័ទ​ត្រូវ​មាន​លទ្ធភាព​នឹងចម្រើនឡើងបាន ដោយមាន គោលគំនិតស្របតាមដំណឹងល្អ ជ្រួតជ្រាបចិត្តគំនិតគេ (ពន្លឺ ១១.​​​៣៥.​​​៤១)។​​​ គេត្រូវមានសាលារៀនយ៉ាងសមរម្យសម្រាប់ជួយអប់រំក្មេងៗ។ ត្រូវចាត់ចែងឱ្យ​មាន​សមាគម និងក្រុមផ្សេងៗ​ក្នុង​​​​​​​សហគមន៍​ទាំង​នោះ ដើម្បីឱ្យគ្រីស្តបរិស័ទអាចបំពេញកិច្ចការជាគ្រីស្តទូត គឺនាំ​គំនិត​ស្របតាមដំណឹងល្អឱ្យចូល​ជ្រួត​​​​​​​ជ្រាប​​​​ក្នុង​សង្គម​ទាំងមូល។ គ្រីស្តបរិស័ទកាតូលិក​ដែលតែងកាន់​តាម​របៀបរបបពិធីប្លែកៗពីគ្នា ក៏​ត្រូវ​សម្តែង​​​​ចិត្តស្រឡាញ់គ្នាឱ្យអ្នកដទៃឃើញយ៉ាងច្បាស់ដែរ (បូព៌ា ៣០)។

ត្រូវអប់រំពន្លកថ្មីឱ្យមានចិត្តចង់បង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួមគ្នាជាធ្លុងតែមួយ ​គឺគេត្រូវ​យល់ឱ្យបាន​ច្បាស់​​ថា បងប្អូន​​​ទាំងអស់ដែលផ្ញើជីវិតលើព្រះគ្រីស្ត ក៏ជាសាវ័ករបស់ព្រះគ្រីស្តដូចខ្លួនដែរ ​គេបាន​ទទួល​ជីវិតថ្មី​ដោយ​អគ្គសញ្ញា​​​​​​ជ្រមុជទឹក ហើយក៏ទទួលចំណែកនៃព្រះអំណោយ​ទានជាច្រើន​របស់ប្រជារាស្ត្ររបស់ព្រះ​ជាម្ចាស់​ដូចខ្លួន​​​ដែរ។ ប្រសិនបើអាចធ្វើបានស្រប​តាមសភាពការណ៍​ខាង​សាសនា គ្រីស្តបរិស័ទកាតូលិកត្រូវរួម​សហការ​ជា​មួយបង​​​ប្អូននិ​​​កាយឯទៀតៗ គឺរួមគ្នាប្រកាសជំនឿតែមួយទៅ​លើព្រះ​ជាម្ចាស់ និងទៅ​លើ​ព្រះយេស៊ូគ្រីស្ត​នៅ​ចំ​ពោះ​មុខ​​​ប្រជាជាតិ​​​ទាំង​​​ឡាយ ស្របតាមក្រឹត្យក្រមស្តីអំពីការ​​បង្រួប​បង្រួម​គ្រីស្តបរិស័ទ​ឱ្យ​រួមគ្នា​ជាធ្លុងតែមួយ។ ក៏ប៉ុន្តែ ត្រូវ​​​ប្រយ័ត្ន​​​កុំ​​​នឹក​​​ស្មានថា គ្រប់និកាយ​ដូច​គ្នា​ទាំងអស់ ឬនិកាយណាក៏ដូច​និកាយណាដែរនោះ។ ទោះបីត្រូវប្រយ័ត្នមិន​​​ឱ្យលាយ​​​ឡំជំនឿក្តី ប៉ុន្តែ មិនត្រូវ​ប្រកួតប្រជែង​គ្នាជាដាច់ខាត។ ប្រសិន​​​​បើ​អាច​ធ្វើ​បាន សូមឱ្យគ្រីស្តបរិស័ទ​​​កាតូលិក​​​រួម​​​​​សហការជាមួយ​គ្រីស្តបរិស័ទនិកាយផ្សេងៗ ដោះស្រាយបញ្ហាសង្គមកិច្ច បច្ចេកទេស វប្បធម៌ និងសាសនាផង។ សូមរួមសហការគ្នា ជាពិសេស ​ដោយយល់​​​ដល់​​​ព្រះ​​​គ្រីស្ត​​​​​​ដែលជាព្រះអម្ចាស់តែមួយព្រះអង្គ គឺជាព្រះអម្ចាស់​របស់​គេ​ និងជាព្រះអម្ចាស់របស់យើងដែរ។ សូមព្រះ​​​នាម​​​ព្រះ​​​អង្គ​​​បង្រួបបង្រួមគ្រីស្ត​បរិស័ទ​គ្រប់​និកាយឱ្យរួមគ្នា​ជាធ្លុងតែ​​​មួយ​​​ផង​​។ ត្រូវរួមសហការគ្នាមិនត្រឹមតែ​​​ក្នុង​​​ឋានៈ​​​ជា​​​​​​បុគ្គល​​​​​​ម្នាក់ៗ​​​​​​ប៉ុណ្ណោះទេ តែក្នុងឋានៈជាសហគមន៍ ជាក្រុមជំនុំ និងតាមកិច្ចការដែល​គេធ្វើ​​​​​​រួម​​​ជាមួយ​​​​គ្នា ​តាម​ការយល់ឃើញរបស់អភិបាល​ភូមិភាគ។

គ្រីស្តបរិស័ទដែលមកពីគ្រប់ប្រជាជាតិ ហើយដែលរួមប្រជុំគ្នាក្នុងព្រះសហគមន៍ ”មិនប្លែក​ពី​មនុស្ស​ឯទៀតៗ​​​​​​ទេ គេគ្មានប្រទេសប្លែកពីគេទេ គេមិនប្រើភាសាប្លែកពីគេដែរ។ ក្នុង​សង្គម គេក៏មិនរស់នៅតាមរបៀប​ប្លែក​​​ពីគេដែរ” (លិខិតទៅលោកឌីយ៉ូង៉ែត ៥; ពន្លឺ ៣៨)។ ហេតុនេះហើយ​ បាន​ជា​គ្រីស្ត​បរិស័ទ​ត្រូវតែរស់នៅទាំងថ្វាយ​ខ្លួន​ចំពោះ​ព្រះ​​​ជាម្ចាស់ និងចំពោះព្រះគ្រីស្តតាមប្រពៃណី និងតាមទំនៀម​ទម្លាប់​ស្រុករបស់ខ្លួន គឺត្រូវ​មាន​ចិត្តស្រឡាញ់​​​មាតុភូមិ​​​យ៉ាងពិតប្រាកដ និងយ៉ាងសកម្ម​ក្នុងឋានៈជាប្រជាពលរដ្ឋដ៏ល្អត្រឹមត្រូវ។ ប៉ុន្តែ ត្រូវ​ជៀស​វាងកុំឱ្យ​​​ប្រកាន់ពូជ​​​សាសន៍ជាដាច់ខាត កុំកាន់លទ្ធិជាតិ​និយម​ជ្រុល​ហួស ត្រូវខិតខំណែនាំ​គេ​ឱ្យ​ចេះ​ស្រឡាញ់​​​មនុស្សលោកទូទៅ។ គ្រីស្តបរិស័ទ​​​ធម្មតា ជាអ្នកដែល​ចូលរួមក្នុងព្រះកាយព្រះគ្រីស្ត ដោយអគ្គសញ្ញា​​​ជ្រមុជទឹក ហើយ​រស់​នៅក្នុង​លោ​ក​នេះមានសារៈសំខាន់ណាស់ ដើម្បីឱ្យព្រះសហគមន៍បានលទ្ធផលទាំងនោះបាន គួរឱ្យគោរព​គេ​យ៉ាង​ពិសេស។ គ្រីស្តបរិស័ទ​​​ធម្មតាមានតួនាទីពិសេសដោយឡែកមួយ គឺដោយព្រះ​វិញ្ញាណ​របស់ព្រះ​​គ្រីស្ត​ជ្រួត​ជ្រាប​​​ចិត្ត​​​គំនិត គេផ្តល់ជីវិតរស់រវើកដល់អ្វីៗក្នុងលោកីយ៍នេះ គេដូចជាមេ​ក្នុងម្សៅ គឺចាត់ចែង​​​អ្វីៗទាំងនោះពីខាងក្នុងឱ្យ​​​បាន​​​​​​ស្រប​​​តាម​​​ព្រះ​​​គ្រីស្តជានិច្ច (ពន្លឺ ៣២)។

ប៉ុន្តែ ប្រសិនបើគ្រីស្តបរិស័ទរស់នៅ ហើយចាត់ចែងគ្នាជាព្រះសហគមន៍ក្នុងប្រទេសណាមួយក៏មិន​​​ទាន់​​​គ្រប់​​​​​​​​​គ្រាន់ទេ។ ប្រសិនបើគ្រីស្តបរិស័ទ​​​បំពេញ​​​កិច្ចការជាគ្រីស្តទូត ដោយគ្រាន់​តែធ្វើ​ជាគំរូឱ្យអ្នកដទៃ​ ក៏មិន​ទាន់​គ្រប់​គ្រាន់​​​​​ដែរ។ ព្រះជាម្ចាស់តែងតាំងប្រជារាស្ត្ររបស់ព្រះអង្គឱ្យរស់នៅក្នុងប្រទេសនីមួយៗ ដើម្បីឱ្យគេ​​​ប្រកាស​​​ដំណឹង​​​អំ​​​ពី​​​ព្រះគ្រីស្តដល់ជនរួមជាតិក្នុងប្រទេសនោះ ដោយនិយាយអំពីព្រះអង្គផង និងដោយធ្វើកិច្ចការផង គឺ​ជួយ​ជនរួម​​​ជាតិ​​​​​​នោះ​​​ឱ្យទទួល​ព្រះគ្រីស្ត​យ៉ាង​ពេញលេញ។

មិនតែប៉ុណ្ណោះសោត ត្រូវតែងតាំងមុខងារបម្រើ​ផ្សេងៗក្នុង​ព្រះ​សហគមន៍​ជា​ចាំ​បាច់ ដើម្បីឱ្យព្រះ​​​សហគមន៍​​​ចាក់ឫ​​​សយ៉ាងមាំ និងចម្រើនឡើងបាន។ ព្រះជាម្ចាស់ត្រាស់ហៅអ្នកខ្លះ​ពី​​​ក្នុង​​ផ្ទៃ​អង្គប្រជុំនៃ​គ្រីស្តបរិស័ទ​នោះឱ្យ​​​បំពេញ​​​មុខងារបម្រើទាំងនោះ។ គ្រីស្តបរិស័ទទំាងអស់ក៏ត្រូវគោរពអ្នកទាំងនោះ និងគាំទ្រលើក​ទឹកចិត្តគេ​យ៉ាង​​ខ្លាំង។ ក្នុង​ចំណោម​​​មុខ​ងារ​បម្រើទាំងនោះ មានមុខងារជាបូជាចារ្យ ​ជាឧបដ្ឋាក ​ជាអ្នកអប់រំជំនឿ ជាអ្នកបំពេញ​​​សកម្មភាព​​​កាតូលិក​​​ក្នុងសង្គមជាដើម។ ម្យ៉ាងទៀត បព្វជិតបព្វជិតា ក៏បំពេញភារកិច្ចមួយដ៏ចាំបាច់ខានពុំបាន គឺ​​​ជួយ​​​​​​ធ្វើឱ្យ​ព្រះ​​​​​​រាជ្យរបស់ព្រះជាម្ចាស់ចាក់ឫសក្នុងចិត្តមនុស្ស ព្រមទាំងពង្រឹង និងលាតសន្ធឹងព្រះរាជ្យនោះយ៉ាងឆ្ងាយ ដោយ​​​​​​អង្វរព្រះជាម្ចាស់ ឬដោយ​ប្រព្រឹត្តកិច្ចការផ្សេងៗយ៉ាងសកម្មទៀតដែរ។

១៦- ការតែងតាំងក្រុមបូជាចារ្យដែលកើតក្នុងស្រុក

ព្រះសហមន៍មានអំណរសប្បាយជាខ្លាំង ហើយសូមអរព្រះគុណព្រះជាម្ចាស់​ដែល​ទ្រង់ត្រាស់​ហៅយុវជ​នជាច្រើនក្នុងចំណោមប្រជា ជនទាំងប៉ុន្មាន ដែលទើបនឹងប្រែចិត្តមករកព្រះគ្រីស្តឱ្យទៅជាបូជាចារ្យ។ ការនេះពិតជាព្រះ​អំណោយ​ទានដ៏ថ្លៃថ្លារកថ្លែងពុំបានមកពីព្រះជាម្ចាស់។ ពេលព្រះសហគមន៍ស្ថិតនៅក្នុងក្រុម​មនុស្ស​​ណាមួយ មាន​​​អ្នក​​​​​​បម្រើ​​​មុខងារនៃការសង្គ្រោះកើតចេញមក​ពី​ខ្លួនផ្ទាល់ គឺមានក្រុមអភិបាល ក្រុមលោកគង្វាល និងក្រុម​​​ឧបដ្ឋាក ពេល​​​នោះ ព្រះសហគមន៍ពិតជាចាក់ឫសយ៉ាងមាំក្នុងក្រុមមនុស្សនោះ។ អស់លោកបម្រើបងប្អូនរួមជាតិ ​ហើយ​​​បន្តិច​​​ម្តងៗព្រះសហគមន៍គ្រីស្តបរិស័ទថ្មីនោះក៏មានរចនាសម្ព័ន្ធជាភូមិ​ភាគ​ ដោយ​មានក្រុម​អ្នកទទួលអគ្គសញ្ញាតែង​​​តាំង​​​ផ្ទាល់​​​ដែរ។

ចាប់តាំងពីពេលព្រះសហគមន៍ណាមួយចាប់ផ្តើមចាក់ឫសមក ហើយនៅក្នុងព្រះសហគមន៍ថ្មីៗ ត្រូវ​​​អនុវត្ត​តាម​​​​​​​​​គោល​​​ការណ៍ដ៏សំខាន់ៗស្តីអំពីការអប់រំគ្រីស្តបរិស័ទដែលព្រះជាម្ចាស់​ត្រាស់​​​ហៅ​​​ឱ្យ​​​ទៅជាបូជាចារ្យ តាម​​​មហា​​​សន្និ​​​បាត​​​បា​​​នសម្រេចនោះ។ ត្រូវចាប់អារម្មណ៍ជាទីបំផុតអំពី​ការ​អប់រំគេឱ្យរស់នៅតាមព្រះវិញ្ញាណ។ ការអប់រំនេះ​​​ត្រូវ​​​ភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការបង្រៀនអំពីលទ្ធិនៃគ្រីស្តសាស​នា និងការ​ហ្វឹកហ្វឺនឱ្យ​ចេះឃ្វាលណែនាំ​​​គ្រីស្ត​​​បរិស័ទ។ ត្រូវបង្ហាត់គេអំពីរបៀប​​​រស់នៅស្របតាមបែបដំណឹងល្អ ដោយមិនគិត​គូរដល់​ប្រយោជន៍ផ្ទាល់ខ្លួន និង​​​ដល់​​​ប្រយោជន៍របស់បងប្អូន ញាតិ​​​​សន្តានឡើយ។ ត្រូវអប់រំគេយ៉ាងជ្រៅ​អំពី​គម្រោងការដ៏អស្ចារ្យ​របស់ព្រះ​​​សហគមន៍​​​ ដែល​​​គេត្រូវយកចិត្តទុកដាក់ពង្រីកនោះ។ ដូច្នេះ និស្សិតទេវវិទ្យាល័យ​​​ទាំងនោះនឹងទទួលការអប់រំ​យ៉ាង​អស្ចារ្យឱ្យ​បូជា​​​កម្លាំងកាយកម្លាំងចិត្ត បម្រើ​ព្រះកាយ​ព្រះគ្រីស្ត និង​​​បម្រើដំណឹងល្អ។ គេក៏ភ្ជាប់ចិត្តភ្ជាប់​គំនិត​​​នឹង​​​អភិបាល​​​​របស់​ខ្លួន ក្នុងឋានៈ​​​ជា​​​សហការី​​​ដ៏​​​ទៀង​​​ត្រង់ ព្រមទាំង​ជួយ​​​បូជាចារ្យ​ឯទៀតៗជាបងប្អូនដោយ​ចិត្ត​​​ស្មោះ​​​សរ​​​ផង​​​ដែរ (ហ្វិក ៤.​​​៨.៩)។ ត្រូវ​​​អប់រំ​​​និសិ្សត​​​​​​ទាំងនោះ​​​ឱ្យបានស្របតាមពន្លឺនៃគម្រោងការ​​​ដ៏​​​អស្ចារ្យ​​​នៃ​​​ការ​​​​សង្គ្រោះ ដូច​មាន​ចែងទុកក្នុងគម្ពីរស្រាប់។ ត្រូវ​​​​​​ឱ្យគេ​​​ស្គាល់គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត និង​គម្រោងការ​ដ៏​​​អស្ចារ្យ​​​នៃ​​​ការ​​​សង្គ្រោះរបស់មនុស្សលោក ដែល​​​មាន​​​លាត​​​ត្រដាងនៅតាមពិធីគោរពបម្រើព្រះជាម្ចាស់ (ពិធី ១៧) ហើយ​​​​គេ​ក៏ត្រូវ​រស់នៅតាមគម្រោងការនោះទៀតផង​​​។

ចំពោះគោលកាណ៍ដែលត្រូវតែកាន់ជាទូទៅក្នុងការអប់រំនិស្សិតទេវវិទ្យាល័យ ​សូម្បីតែ​ក្នុង​​​ការ​​​ហ្វឹកហ្វឺន​​​ឱ្យ​​​ចេះ​​​​​​ឃ្វាល​ណែ​នាំគ្រីស្ត​បរិស័ទ និងការអនុវត្ត ត្រូវប្រតិបត្តិតាមសេចក្តីចាត់ចែងនៃ​​​មហា​​​សន្និបាត​​​ដែរ (ហ្វឹក ១)។ ក៏ប៉ុន្តែ ត្រូវភ្ជាប់ការ​​​ហ្វឹកហ្វឺននេះនិងការអប់រំឱ្យមានចិត្តព្យាយាមខ្នះខ្នែង​ចង់ស្គាល់របៀបរិះ​គិត និង​របៀប​ប្រព្រឹត្ត​​​នៃ​​​ជាតិ​​​របស់​​​​​​​​​ខ្លួន​​​ផ្ទាល់​​​ថែមទៀតផង។ ត្រូវបើក​ចិត្ត​គំនិតនិសិត្ស​ទាំង​នោះ​ឱ្យចេះ​ពិចារណា​យ៉ាង​ជ្រៅ ដើម្បីឱ្យគេ​​​ស្គាល់​​អរិយធម៌ជាតិរបស់ខ្លួនយ៉ាងច្បាស់ និងចេះវិនិច្ឆ័យ​ថ្លឹងថ្លែងអំ​ពី​អ្វីៗ​ដ៏ល្អ និងអ្វីៗដ៏អាក្រក់បង្កប់ទុកនៅក្នុង​អរិយធម៌​​​​​​ជាតិនោះ។ ពេលបង្រៀនទស្សនវិទ្យា និងទេវវិទ្យា ត្រូវ​អប់​រំ​គេឱ្យយល់ច្បាស់​អំពីបុព្វហេតុ​បណ្តាល​ឱ្យប្រពៃណី និង​​​សាសនាជាតិ មិនស្រប​នឹងគ្រីស្ត​សាស​នា។ យ៉ាងណាមិញ ពេ​​​លហ្វឹកហ្វឺននិសិ្សតឱ្យទៅជា​បូជាចារ្យ ត្រូវនឹក​​​គិត​​​ដល់​​​តម្រូវការ​​​ក្នុងកិច្ចឃ្វាលណែនាំ​គ្រីស្តបរិស័ទ​នៅ​តាមតំបន់នោះ។ ជាពិសស និសិត្ស​ត្រូវរៀន​​​ឱ្យស្គាល់ប្រវត្តិសាស្រ្ត ស្គាល់គោលដៅ​ និងរប្រៀប​អស់សាសនទូត​នៅសម័យមុនៗបានប្រកាស​ដំណឹងល្អ​ក្នុង​ស្រុក​នោះ។ មិន​​​​តែ​ប៉ុណ្ណោះ ​ត្រូវអប់រំគេឱ្យស្គាល់សភាពការណ៍ពិសេសនៃសង្គម សភាពការណ៍ពិសេសនៃសេដ្ឋកិច្ច និង​​​សភាពការណ៍​​​​ពិសេសនៃវប្បធម៌​របស់ប្រជាជន​របស់ខ្លួនគេផ្ទាល់។ គេក៏ត្រូវ​​​ទទួលការអប់រំឱ្យចង់បង្រួបបង្រួម​គ្រីស្តបរិស័ទគ្រប់និកាយឱ្យរួប​​​រួម​​​គ្នាជាធ្លុងតែមួយ (បង្រួប ៤) និង​ហាត់ខ្លួនឱ្យ​ចេះ​និយាយសន្ទនា​យ៉ាង​ស្និទ្ធស្នាល​​​ជា​​​មួយ​​​អ្នកកាន់សាសនាដទៃ ​ដូចជាសន្ទនាជាមួយបងប្អូនដែរ។ យោងតាមមូលហេតុទាំងនេះ ប្រសិនបើ​​​អាច​​​ធ្វើបាន ​ត្រូវបង្រៀននិសិ្សតដែល​​​នឹង​​​ទៅ​​​ជា​បូជាចារ្យឱ្យជាប់ទាក់ទងជានិច្ចនឹងស្រុកកំណើតរបស់ខ្លួន ហើកក៏រស់នៅស្រប​តាម​​​​របៀប​​​រស់​​​នៅ​​​នៃ​​​ប្រជាជន​​​ក្នុង​​​​ស្រុករបស់ខ្លួន​​​ដែរ។ ត្រូវអប់រំគេខាងរដ្ឋបាលព្រះសហគមន៍ គឺឱ្យចេះបំពេញ​​​ក្រដាស​​​ស្នាមយ៉ាងត្រឹមត្រូវ​តាម​ការ​ចាត់ចែងនៃព្រះសហគមន៍ និងអប់រំគេឱ្យចេះត្រួតត្រាធនធានព្រះសហគមន៍ថែម​​​ទៀតផ​​​ង។

ក្នុងចំណោមបូជាចារ្យដែលធ្លាប់ឃ្វាលណែនាំគ្រីស្តបរិស័ទតាមសហគមន៍ជាយូរឆ្នាំល្មម​​​ហើយ​​​នោះ​​​​​​ ត្រូវ​​​ជ្រើស​​​​​​​​​រើស​បូជាចារ្យខ្លះ​​ដែល​មាន​សមត្ថភាព​អាចបន្តឧត្តមសិក្សាកម្រិតខ្ពស់ដោយជោគ​​​ជ័យ​​​​​​បាន​​​នៅ​​​សកល​​​វិទ្យាល័យ​​​​ក្នុង​​​ប្រទេស ​ឬនៅសកលវិទ្យាល័យខាងក្រៅប្រទេស ជាពិសេស នៅក្រុងរ៉ូម ឬនៅក្នុង​​​គ្រឹះ​​​ស្ថាន​​​​​​​វិទ្យាសាស្ត្រ​​​​ផ្សេងទៀត​ផង​​​។ ធ្វើដូច្នេះ ទើបព្រះសហគមន៍ថ្មីៗមានលោកខ្លះពីក្រុមបូជាចារ្យដែលកើតក្នុងស្រុកនោះប្រកប​ដោយ​ចំណេះវិជ្ជា និង​​​ដោយបទពិសោធន៍សមរម្យ អាចបំពេញ​មុខ​ងារ​ដ៏​ពិ​បាកជាងគេក្នុងព្រះសហគមន៍នោះបាន។

​ប្រសិនបើក្រុម​​​អភិបាល​​​ក្នុង​​​ប្រទេសមួយយល់ឃើញថា ល្អគួរត្រូវតែងតាំងក្រុមឧបដ្ឋាកដូចកាលពីដើម ទុក​ជា​​​​ក្រុម​មួយដែល​មានរបៀបរ​​​ស់នៅជាអចិន្ត្រៃយ៍ ​​ស្របតាមធម្មនុញ្ញគោលលទ្ធិអំពី​ព្រះ​សហ​គ​ម​ន៍ (ពន្លឺ ២៩)។ ត្រូវមានបុរសបំពេញមុខងារបម្រើជាឧបដ្ឋាកយ៉ាងពិតប្រាកដ គឺប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ ឬគ្រប់​​​គ្រង​​​សហគមន៍​​​គ្រីស្តបរិស័ទដែលនៅឆ្ងាយ ក្នុងនាមបូជាចារ្យទទួលខុស​ត្រូវសហគមន៍នោះ ឬក្នុងនាម​​​លោក​​​អភិបាល​​​។ អស់លោកឧបដ្ឋាកក៏សម្តែងមេត្តា​ករុណាធម៌តាមសង្គមកិច្ច ឬតាម​អង្គការ​មនុស្សធម៌​ផ្សេងៗ​។ ត្រូវ​​​ពង្រឹង​​​​​​កម្លាំង​​​បុរស​​​ទាំង​​​នោះដោយធ្វើពិធីទ្រាបដៃលើគេ ជាពិធី​ដែលក្រុម​គ្រីស្តទូត​បានបញ្ចូន​បន្ត​មក។ អស់​លោក​ក៏​ត្រូវ​​​រួបរួម​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​នឹង​​​តុ​​​សក្ការៈ ពោលគឺ ចូលរួមក្នុងអភិបូជា ដើម្បី​ឱ្យ​អស់​លោក​អាចបំពេញមុខងារ​បម្រើ​របស់​​​ខ្លួនយ៉ាងសកម្មបាន តាម​​​ព្រះ​​​ជាម្ចាស់​​​​​​ប្រណីសន្តោសដោយ​សារអគ្គសញ្ញា​តែងតាំង​ជាឧបដ្ឋាក។

១៧- ការបង្ហាត់បង្រៀនអ្នកអប់រំជំនឿ

គួរឱ្យសរសើរកងទ័ពដ៏ប្រសើររបស់អ្នកអប់រំជំនឿ ដែលមានគុណយ៉ាងខ្លាំងក្នុងកិច្ច​​បំពេញបេសកកម្ម​​​ជា​​​សាសនទូត​​​​​​ទៅកាន់សាសនាដទៃ។ អ្នកអប់រំជំនឿទាំងបុរស ទាំងស្ត្រីនោះពិតជាមានចិត្ត​គំនិត​ជា​គ្រីស្តទូត​មែន។ គេ​​​ធ្វើ​​​ការយ៉ាង​​​ខ្លាំងអស្ចារ្យ គឺជួយព្រះសហគមន៍យ៉ាងពិសេស ជាជំនួយដ៏ចាំ​បាច់​ជាទីបំផុតក្នុង​កិច្ច​​​​ផ្សព្វ​ផ្សាយជំនឿ និងពង្រីកព្រះសហគមន៍។ សព្វថ្ងៃ ដោយចំនួនបូជាចារ្យមានតិចពេក ដើម្បីនាំ​​​ដំណឹង​​​​​​ល្អដ​​​ល់មនុស្សច្រើនអនេកផង និងដើម្បីឃ្វាលណែ​នាំគ្រីស្តបរិស័ទផង តួនាទីរបស់អ្នកអប់រំជំនឿ​​​មាន​​​សារៈ​​​សំខាន់​​​ខ្លាំងណាស់។ ត្រូវ​អប់រំ​ពួក​គេយ៉ាងសមរម្យស្របតាមការចម្រើននៃវប្បធម៌ស្រុកគេ ដើម្បីឱ្យគេអាច​​​ធ្វើ​​​ជា​​​សហការី​​​សកម្ម​របស់ក្រុម​បូជាចារ្យ។ សព្វថ្ងៃ ពួកគេទទួលបន្ទុកកាន់តែថ្មី និងកាន់តែធ្ងន់ និងទូលំទូលាយទៀតផង។

ហេតុនេះហើយ បានជាត្រូវបង្កើនចំនួនសាលាតាមភូមិភាគ និងតាមតំបន់ដើម្បីហ្វឹកហ្វឺនអ្នក​អប់រំ​ជំនឿ​។ ក្នុង​សាលា​ទាំងនោះត្រូវ យកចិត្តទុកដាក់បង្ហាត់បង្រៀនអ្នកដែលនឹងអប់រំជំនឿនៅពេលអនាគត ឱ្យស្គាល់​គោល​លទ្ធិ​កាតូលិក​ ជាពិសេស​ បង្រៀនគម្ពីរ និង​ពិធី​គោរពប្រណិប័តន៍ព្រះជាម្ចាស់ ព្រមទាំងឱ្យគេស្គាល់គរុកោសល្យអប់រំជំនឿ និង​​​កិច្ចឃ្វាលណែនាំគ្រីស្តបរិស័ទ។ ក្នុងសាលា​ទាំង​នោះ ​គេត្រូវហ្វឹកហ្វឺនឱ្យកាន់តាមសីលធម៌គ្រីស្តបរិស័ទ ទាំង​​​យក​​​​​​ចិត្ត​ទុកដាក់គោរពប្រណិប័តន៍ព្រះជាម្ចាស់ និង​រស់​នៅ​យ៉ាង​វិសុទ្ធ​ជានិច្ច។ លើសពីនេះ​ទៅទៀត ត្រូវចាត់ចែ​​​ង​​​សិក្ខាសាលា ឬត្រូវបង្រៀនគេតាមពេលកំណត់ ដើម្បីផ្តល់​ឱកាសឱ្យអ្នកអប់រំជំនឿ​ទទួលចំណេះវិទ្យាទំនើបខាង​​​វិស័យ​​​សិក្សា និងខាងបច្ចេកទេសដែល​មាន​ប្រយោជន៍សម្រាប់បំពេញមុខងារ​របស់ខ្លួន ព្រមទាំង​សម្រាប់​ចិញ្ចឹម និង​​​ពង្រឹង​​​ជីវិតរបស់គេតាមព្រះវិញ្ញាណ។ មិនតែប៉ុណ្ណេះសោត ព្រះសហគមន៍ត្រូវផ្តល់ប្រាក់​​​​​​បៀវត្សរ៍គ្រប់គ្រាន់​​​តាម​​​យុត្តិធម៌​​​ឱ្យអស់អ្នកដែលបូជាកម្លាំងចិត្តទាំងស្រុងបំពេញបន្ទុកនេះ។ ព្រះសហគមន៍ក៏ត្រូវធានាឱ្យគេអាចរស់នៅ​​​បែប​​​សមរម្យ និងផ្តល់ប្រាក់សម្រាប់​សុខភាព​​ដែរ។ មហាសន្និបាតសំណូមពរឱ្យក្រសួង​ប្រកាសដំណឹង​ល្អ​ក្នុង​ចំ​ណោម​​​ប្រជាជាតិនានា បង្កើតមូលនិធិពិសេសមួយដើម្បីជួយអប់រំ និងផ្គត់ផ្គង់អ្នកអប់រំជំនឿយ៉ាងសមរម្យ។ ប្រសិនបើអស់​​​លោ​​​កអភិបាលយល់ឃើញថា មានប្រយោជន៍ និងត្រូវការ សូម​បង្កើត​ក្រុម​ប្រមូលប្រាក់សម្រាប់អ្នកអប់រំជំនឿ​​​។ ម្យ៉ាងទៀត ព្រះសហគមន៍នានាត្រូវទទួលស្គាល់កិច្ចការរបស់អ្នកជួយអប់រំជំនឿទៀត ពួកគេបានប្រព្រឹត្ត​​​កិច្ចការ​​​ទាំង​​​នោះ​​​ដោយចិត្ត​ទូលាយ ត្រូវគោរ និងអរគុណគេដែរ។ ព្រះសហគមន៍​ត្រូវ​កាអ្នកជំនួយទាំង​នោះជាចាំបាច់។ អ្នកជំនួយទាំងនោះធ្វើ​ជា​អធិបតីក្នុងពេលសហគមន៍របស់ខ្លួន​អធិដ្ឋាន ហើយ​បង្រៀន​លទ្ធិ​នៃគ្រីស្តសាសនា​។ ហេតុនេះ​​​ហើយ​​​ បានជាត្រូវយក​ចិត្ត​ទុក​ដាក់អប់រំគេឱ្យស្គាល់លទ្ធិនៃគ្រីស្តសាសនា ទាំងអប់រំគេខាងផ្លូវជីវិតតាមព្រះវិញ្ញាណ។ មិន​​​តែប៉ុណ្ណោះ ប្រសិន​បើ​លោក​អភិបាល​យល់ឃើញថាសមគួរ ​ត្រូវផ្ញើបេសកកម្មជាផ្លូវការតាមក្បួនច្បាប់ឱ្យអ្នកអប់រំ​​​ជំនឿ​​​ដែលទទួល​ការ​អប់រំ​គ្រប់​គ្រាន់ ដោយធ្វើពិធីមួយជាសាធារណៈ ដើម្បីឱ្យគេអាចបម្រើជំនឿប្រជាជនប្រកប​​​ដោយ​អំណាច​។

១៨- ត្រូវលើកស្ទួយឱ្យមានបព្វជិតបព្វជិតា

ចាប់តាំងពីពេលតែងតាំងព្រះសហគមន៍មួយមក ត្រូវយកចិត្តទុកដាក់លើកស្ទួយ​ឱ្យមានបព្វជិត​បព្វជិតា។ បព្វជិតបព្វជិតាមិនគ្រាន់ តែជួយយ៉ាងសកម្ម និងយ៉ាងចាំបាច់បំផុតក្នុងការប្រកាសដំណឹង​ល្អ​ប៉ុណ្ណោះទេ ​តែដោយ​​​បព្វជិត​​​​​​បព្វជិតា​​​ញែកខ្លួនថ្វាយព្រះជាម្ចាស់យ៉ាងស្និទ្ធស្នាលក្នុងព្រះសហគមន៍ដូច្នេះ (ពន្លឺ ៣១.៤៤) អស់លោកអ្នក​​​ក៏​​​​​​បង្ហាញ​​​បញ្ជាក់យ៉ាងច្បាស់ឱ្យគ្រីស្តបរិស័ទ​យល់អត្ថន័យនៃការត្រាស់​ហៅរបស់ព្រះជា​ម្ចាស់​ឱ្យទៅជាគ្រីស្តបរិស័ទថែម​​​ទៀត។

បព្វជិតបព្វជិតានៃគ្រឹះស្ថានដែលជួយតែងតាំងព្រះសហគមន៍ ត្រូវរួម​រស់យ៉ាង​​​ស្និទ្ធ​​​ស្នាល​​​ជា​​​​​​​​​មួយព្រះគ្រីស្ត​​​ជ្រួតជ្រាបក្នុងចិត្តយ៉ាងជ្រៅ។​​​ ការរស់នៅបែបនេះពិតជាទ្រព្យសម្បត្តិដ៏ថ្លៃថ្នូរ និងជាសិរីរុងរឿងនៃ​​​ប្រពៃណីសាសនា​​​របស់ព្រះ​​​សហគមន៍​​​​។ គេត្រូវខិតខំបង្ហាញ និងបញ្ជូនបន្តប្រពៃណីដ៏ថ្លៃថ្នូរនេះស្របតាមទេពកោសល្យ និងតាម​​​លក្ខណៈ​​​ប្រ​​​ជាជាតិនីមួយៗ។ ជួនកាលប្រជាជន​​​ទាំងនោះមានប្រពៃណីបួសធ្វើតបធម៌ និងប្រពៃណីស្មឹង​ស្មាធិ៍ធ្វើ​សមាធិមុនពេលព្រះគ្រីស្ត​ប្រកាស​ដំណឹងល្អ​ទៅទៀត តាមព្រះជាម្ចាស់សព្វព្រះហឫទ័យផ្សព្វផ្សាយពូជទាំងនោះ​​​ក្នុងអរិយធម៌​​​បុរាណ​​​។ គ្រឹះស្ថាន​បព្វជិតបព្វជិតា​​ត្រូវរិះគិតពិចារណាអំពីរបៀប​លើក​​​យក​ប្រពៃណីតបធម៌ និង​​​ប្រពៃណី​​​​​​​​​ស្មឹង​ស្មាធិ៍ទាំងនោះ ឱ្យចូលក្នុង​ការ​​​រស់​​​​​​នៅជាបព្វជិតបព្វជិតានៃគ្រីស្តសាសនាផង។

ក្នុងព្រះសហគមន៍ថ្មីៗត្រូវយកចិត្តទុកដាក់លើកស្ទួយរបៀបរស់នៅផ្សេងៗជាបព្វជិតបព្វជិតា ​ដើម្បី​​​បង្ហាញ​​​មុខផ្សេង​​​ៗនៃបេសកកម្មរបស់ព្រះគ្រីស្ត និងនៃការរស់​នៅ​របស់​ព្រះសហគមន៍។ ក្រុមបព្វជិតបព្វជិតាទាំងនោះ​ត្រូវបូជា​​​កម្លាំងកាយកម្លាំងចិត្តបំពេញ​សកម្ម ភាព​ផ្សេងៗក្នុងការឃ្វាលណែ​នាំគ្រីស្តបរិស័ទ​ និងអប់រំសមាជិករបស់ខ្លួន​​​យ៉ាង​​​សមរម្យ​ឱ្យ​អាចបំពេញសកម្មភាពទាំងនោះបាន។ ប៉ុន្តែ ក្រុមអភិបាល​ក្នុងប្រទេស​នីមួយៗត្រូវប្រយ័ត្នប្រយែង​កុំឱ្យមាន​ក្រុម​​​គ្រួសារ​​​ដែលមានគោលដៅជាគ្រីស្តទូតប្រ​ហែលគ្នាចម្រើនចំនួនឡើង ក្រែងបណ្តាលឱ្យមានផល​​​វិបាក​​​​កើត​​​ដល់​ការរស់​​​នៅ​​​ជាបព្វជិតបព្វជិតាផង និងដល់កិច្ចការជាគ្រីស្តទូតរបស់ព្រះសហគមន៍ទៀតផង។

គួរឱ្យកត់សម្គាល់យ៉ាងពិសេសថា ​បព្វជិតបព្វជិតាខ្លះខិតខំចាប់ផ្តើមធ្វើឱ្យរបៀបរស់នៅ​ដោយ​ស្មឹង​ស្មាធិ៍​ធ្វើ​​​សមាធិ ចាក់ឫសនៅក្នុងព្រះសហគមន៍ថ្មីៗ។ គ្រឹះស្ថានខ្លះរក្សាទុកតែកត្តាខ្លះដ៏សំខាន់ៗ​នៃ​ការរ​ស់​នៅ​បែបលោក​​​សង្ឃ​​​ ហើយខិតខំតែងតាំងប្រពៃណីដ៏ប្រសើរបំផុតនៃក្រុមគ្រួសាររបស់ខ្លួន។ គ្រឹះស្ថានខ្លះទៀតត្រឡប់មក​​​កាន់​​​តាម​​​​​​​​​របៀបរស់នៅរបស់លោកសង្ឃគ្រីស្តបរិស័ទពីជំនាន់ដើម។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏អស់លោក​អ្នកទាំង​នោះត្រូវ​ស្វែង​រក​ឱ្យការរស់នៅ​របស់​អស់​​​លោក​អ្នក បានសមស្របតាមសភាព​ការណ៍​ស្រុកនោះ​​​យ៉ាងពិត​​​ប្រាកដ​​​។ ត្រូវ​​​តែងតាំងក្រុមបព្វជិតបព្វជិតាស្មឹង​ស្មាធិ៍​ធ្វើ​សមាធិ នៅគ្រប់កន្លែងក្នុងគ្រប់ព្រះសហគមន៍ថ្មីៗ ព្រោះ​ការរស់​​​នៅ​​​បែប​​​នេះ ពិតជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះសហគមន៍​ចម្រើនឡើងយ៉ាងពេញលក្ខណៈ​​​ប្រាកដ​​​មែន។

ជំពូក៣
ព្រះសហគមន៍ដោយឡែក

១៩- ព្រះសហគមន៍ថ្មីៗចម្រើនឡើង

កាលក្រុមគ្រីស្តបរិស័ទចាក់ឫសក្នុងការរស់នៅនៃសង្គមមួយរួចហើយ និងរស់នៅសមស្របតាមអរិយ​ធម៌​​​ស្រុក​​​នោះខ្លះៗ ព្រមទាំងស្ថិតស្ថេរនៅយ៉ាងមាំមួនផងនោះ កិច្ចតែងតាំងព្រះសហគមន៍​ក្នុងក្រុម​មនុស្សនោះបាន​​​ដល់​​​ទិសដៅម៉្យាងហើយ។ ពេលនោះ ព្រះ សហគមន៍ត្រូវមានធនធានមនុស្សផ្ទាល់ ទោះបីមិន​គ្រប់​គ្រាន់ក្តី គឺមាន​ក្រុម​​​​​​បូជាចារ្យ​​​​​​ដែលកើតក្នុងស្រុក មានបព្វជិតបព្វជិតាជាតិនោះ មានគ្រីស្តបរិស័ទធម្មតា ហើយក៏មានមុខងារបម្រើ ​និង​​​​ស្ថាប័ន​​​​​​ផ្សេងៗដែលព្រះសហគមន៍ត្រូវការ​សម្រាប់ណែនាំការរស់នៅនៃប្រជារាស្ត្ររបស់ព្រះ​ជាម្ចាស់​​​ឱ្យ​​​ចម្រើន​​​ឡើង ក្រោម​​​​ការណែនាំរបស់លោកអភិបាល។

ប៉ន្តែ ត្រូវឱ្យការរស់នៅរបស់ប្រជារាស្ត្រព្រះជាម្ចាស់ក្នុងព្រះ​សហគមន៍ថ្មីទាំងនោះ​​​ មានលក្ខណៈ​ពេញ​​​វ័យ​​​​​​​ក្នុង​គ្រប់​​​វិ​ស័យ​​​​នៃ​ការ​រស់នៅជាគ្រីស្តបរិស័ទ។ ត្រូវសម្រួលរបៀបរស់នៅជាគ្រីស្តបរិស័ទនោះ តាមសេចក្តី​​​ចាត់​​​ចែងរ​​​បស់មហាស​​​ន្និបាត។ ត្រូវឱ្យអង្គប្រជំុរបស់គ្រីស្តបរិស័ទដឹងខ្លួន​បន្តិចម្តងៗ ពីមួយថ្ងៃទៅមួយ​ថ្ងៃថា ​គេពិត​​​ជា​​​សហគមន៍​​​​​​រួមជំនឿ ជាសហគមន៍ធ្វើពិធីគោពប្រណិប័តន៍រួមគ្នាជាសហ គមន៍ដែលមានសេចក្តីស្រឡាញ់​រួមដែរ។ គ្រីស្តបរិស័ទ​​​ធម្មតាដែលមានសកម្មភាពក្នុងសង្គម និងមានសកម្មភាពជាគ្រីស្តទូត ក៏ខិតខំបង្កើត​សង្គមប្រក​ប​ដោយ​សេចក្តី​​​ស្រឡាញ់ និងដោយយុត្តិធម៌។ ត្រូវប្រើមធ្យោបាយទូរគមនាគមន៍នានាក្នុងសង្គម​តាម​តម្រូវការ និងដោយ​​​ប្រុង​​​​​​ប្រយ័ត្ន។ ដោយក្រុមគ្រួសារគ្រីស្តបរិស័ទនីមួយៗរស់នៅតាមបែបជាគ្រីស្តបរិស័ទ​យ៉ាងពិត​ប្រាកដ ក្រុមគ្រួសារ​ទាំង​​​​នោះ​​​​ក្លាយទៅជាកន្លែងអប់រំយុវជនឱ្យយកចិត្តទុកដាក់នឹងកិច្ចការជាគ្រីស្តទូត ហើយក៏ជាកន្លែង​ព្រះជាម្ចាស់​​​ត្រាស់​​​​​​​​​ហៅគេ​​​ឱ្យធ្វើជាបូជាចារ្យ ​និង​ធ្វើជាបព្វជិតបព្វជិតាផង។ ព្រះសហគមន៍នេះអប់រំជំនឿតាមរបៀប​សមរម្យ ហើយ​​​​​​ក៏លើក​​​​​​តម្តើង​​​ជំនឿ​​​នេះ​​​តាមពិធីគោព​​​ប្រណិ ប័តន៍​​​ស្របតាមទេពកោសល្យនៃប្រ​ជាជននោះ។ ជំនឿនេះក៏​​​​​​ជ្រាប​​​ចូល​​​​​​​​​ក្នុង​​​ស្ថាប័នគួរ​​​គោរព និងក្នុងទំនៀមទម្លាប់ស្រុកនោះតាមរយៈច្បាប់​ដ៏សមរម្យរបស់ព្រះ​សហគមន៍ទៀតផង។

អភិបាលម្នាក់ៗ រួមជាមួយ​​​ក្រុម​​​លោកគង្វាលរបស់ខ្លួន ត្រូវរួមចិត្តគំនិ​​​តកាន់តែស្និទ្ធស្នាល​​​ជាមួយ​​​ព្រះ​​​​​​គ្រីស្ត និងជាមួយព្រះស​​​ហគមន៍ គឺគិតគូរ និងរស់នៅរួបរួមជាមួយព្រះសហគមន៍​​សកល គឺព្រះ​​​សហគមន៍​​​​​​ថ្មីៗ​​​ទាំ​​​ង​​​​​​​​​ប៉ុន្មាន​​​ត្រូវរួបរួមជាមួយព្រះស​​​ហគមន៍ទាំងមូល។ ព្រះសហគមន៍ថ្មីៗ​ទាំងនោះត្រូវយក​​​​​​សេចក្តីខ្លះ​​​ពីប្រពៃណី​​​នៃអរិយធម៌​​​ប្រ​​​ទេសរបស់ខ្លួន មកផ្សំជាមួយប្រពៃណីព្រះសហគមន៍សកល ដើម្បី​ពង្រីក​ព្រះ​​​ជន្ម​​​នៃ​​​ព្រះកាយ​​​ដ៏​​​អាថ៌​​​កំបាំង​​​របស់​​​ព្រះ​​​គ្រីស្ត ដោយជួយ​ចែក​​​ចាយសេចក្តី​​​ខ្លះ​​​ពីប្រពៃណី​​​នៃអរិយធម៌របស់ខ្លួនឱ្យគ្នា​ទៅវិញ​​​ទៅមក។ ហេតុនេះ​ហើយ បាន​ជាត្រូវ​យក​ចិត្តទុកដាក់លើកស្ទួយសេចក្តីខ្លះតាម​​​ទេវវិទ្យា តាម​​​ចិត្ត​​​សាស្រ្ត និងតាម​​​មនុស្សវិជ្ជា ​ដែល​អាច​ជួយឱ្យ​ព្រះសហគមន៍​ថ្មីទាំងនោះយល់ឃើញថា គេរួបរួម​​​ជា​​​មួយ​​​​​​ព្រះ​​​សហគមន៍​​​​​​សកល​​​កាន់តែ​ខ្លាំង​​​​ឡើងៗ។

ព្រះសហគមន៍ថ្មីៗជាច្រើនស្ថិតនៅតំបន់ក្រជាងគេក្នុងពិភពលោក។ តាមធម្មតា​ព្រះសហគមន៍​ទាំង​​​នោះ​​​នៅតែខ្វះបូជាចារ្យយ៉ាងខ្លាំង។ គេក៏ខ្វះធនធានសម្ភារៈដែរ។ ហេតុនេះ​ហើយ បាន​ជាព្រះ​សហគមន៍​ទាំង​​​​​​នោះ​​​ត្រូវ​​​ការឱ្យព្រះសហគមន៍ទាំងមូលបន្តបេសកកម្ម​ជា​សាសនទូត និងបន្ត​ការជួយ​ផ្គត់ផ្គង់ជំនួយតទៅទៀត។ ត្រូវ​​​ប្រើ​​​ជំនួយ​​​ទាំងនោះ​ជាអាទិ៍ ឱ្យព្រះសហគមន៍​ទាំង​នោះ​ចម្រើនឡើង និងឱ្យគ្រីស្តបរិស័ទរស់នៅក្នុងឋានៈ​ជា​​​គ្រីស្ត​បរិស័ទ​ពេញវ័យ។ ព្រះសហគមន៍​សាកល​ក៏ត្រូវជួយបន្តបេសកកម្ម​ជាសាសនទូត ឱ្យព្រះសហគមន៍​​​ដែល​​​តែង​​​តាំង​​​​​​ជាយូរមកហើយដែរ ​តែកំពុងអន់ថយ និងទន់ខ្សោយ។

ប៉ុន្តែ ព្រះសហគមន៍ថ្មីៗទាំងនោះត្រូវយកចិត្តទុកដាក់ខ្នះខ្នែងណែនាំគ្រីស្តបរិស័ទជាទូទៅ ​និងចាត់ចែង​សកម្មភាពស្របតាមសភាពការណ៍ ដើ​​​ម្បីឱ្យអ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យធ្វើជាបូជាចារ្យក្នុងភូមិភាគ និង​​​​​​គ្រឹះស្ថានបព្វជិតបព្វជិតាចម្រើនចំនួនឡើងៗ។ ប៉ុន្តែ ត្រូវពិនិត្យ​ពិច័យ និងលើកស្ទួយអ្នកដែលព្រះជាម្ចាស់ត្រាស់​​​ហៅ ​​​​​​និង​​​គ្រឹះស្ថាន​​​ទាំងនោះឱ្យកាន់តែច្បាស់ និង​​​កាន់តែសកម្ម (បូជាចារ្យ ១១;​​​​​​ ហ្វឹកហ្វឹន ២)។ ធ្វើ​​​ដូច្នេះ​​​ ទើប​​​ព្រះសហគមន៍ថ្មីៗទាំងនោះអាចផ្គត់ផ្គង់តម្រូវការ​​​របស់​​​ខ្លួន​​​បន្តិចម្តងៗ ព្រមទាំងអាចជួយព្រះ​​​សហគមន៍​​​ដទៃទៀតផង។

២០- សកម្មភាពជាសាសនទូតរបស់ព្រះសហគមន៍តាមភូមិភាគ

ព្រះសហគមន៍ភូមិភាគមានភារកិច្ចធ្វើជាតំណាងព្រះសហគមន៍សកលឱ្យកាន់តែ​ប្រសើរ​ឡើង​ៗ​។ ហេតុនេះ ព្រះសហគមន៍​ភូមិភាគត្រូវ​ដឹង​ច្បាស់​ថា ព្រះជាម្ចាស់ចាត់ខ្លួន​ឱ្យទៅកាន់​អស់អ្នកដែល​រស់នៅ​ក្នុង​តំបន់​ជាមួយគ្នា តែ​​​មិន​​​​​​ជឿលើព្រះគ្រីស្ត។ ព្រះសហគមន៍ត្រូវធ្វើជាសញ្ញាសម្គាល់បង្ហាញព្រះគ្រីស្តឱ្យពួកគេស្គាល់ ដោយគ្រីស្តបរិស័ទ​​​ម្នាក់ៗ ​និងព្រះសហគមន៍​ទាំង​មូលផ្តល់សក្ខីភាពដោយសារការរស់នៅរបស់គេ។

ម្យ៉ាងទៀត ត្រូវមានអ្នក​​​មាន​​​មុខ​​​ងារប​​​ម្រើព្រះបន្ទូលជាចាំបាច់ ដើម្បីឱ្យដំណឹងល្អទៅដល់មនុស្សទាំងអស់។ ហេតុនេះហើយ​​​ ជាអាទិ៍លោក​​​អភិបាល​​​ត្រូវប្រកាសជំនឿ នាំឱ្យមានសាវ័កថ្មី​មករក​ព្រះគ្រីស្ត (ពន្លឺ ២៥)។ លោកអភិបាលត្រូវស្គាល់សភា​​​ព​​​ការណ៍នៃហ្វូ​​​ង ចៀមរបស់ខ្លួនឱ្យបានច្បាស់ ហើយក៏ត្រូវ​ស្គាល់​គំនិត​ដ៏ជ្រៅ​កប់​​​ក្នុង​​​ចិត្ត​​​របស់ជនរួមជាតិនោះអំពី​​​ព្រះ​​​ជា​​​ម្ចាស់ ទាំងនឹកគិតយ៉ាងហ្មត់ ចត់អំពីការ​ប្រែប្រួលដែលបណ្តា​ល​មកពី​មនុស្ស​​​ទៅ​​​រស់​​​នៅក្នុងទីក្រុង មនុស្សផ្លាស់​​​ប្តូរ​​​កន្លែង​​​ទៅ​​​រកការងារធ្វើ និងមនុស្ស​មិន​យក​ចិត្តទុកដាក់នឹងសាសនា​ណា​​​សោះ​​​ទៀតផង។ បើលោកស្គាល់ដូច្នេះ ទើប​​​លោក​​​​​​អាចបំពេញបន្ទុកដ៏ប្រ​សើរ​នេះបាន។

ក្នុងព្រះសហគមន៍ថ្មីៗ លោកគង្វាលដែលកើតក្នុងស្រុកត្រូវខ្នះខ្នែងប្រកាស​ដំណឹងល្អ ដោយ​ចាត់​ចែង​​​សកម្មភាពរួមជាមួយសាសន ទូតមកពីបរទេស។ ទាំងអស់លោកគង្វាលកើតក្នុងស្រុក ទាំងលោកគង្វាលមក​​​ពី​​​បរទេស ក៏ត្រូវ​រួបរួមយ៉ាង​ជិត​ស្និទ្ធជាក្រុមគង្វាលតែមួយ ក្រោមអំណាចរបស់លោកអភិបាល។ អស់លោកមិនគ្រាន់​​​តែ​​​ឃ្វាលថែរក្សាគ្រីស្តបរិស័ទ និងធ្វើពិ​ធី​គោរព​បម្រើព្រះជាម្ចាស់ប៉ុណ្ណោះទេ តែអស់លោក​​​ត្រូវ​​​ប្រកាស​​​ដំណឹង​​​ល្អ​​​ដល់​​​មនុស្ស​​​នៅខាងក្រៅព្រះ​សហគម៍​​ទៀតផង។ ប្រសិនបើមានឱកាសផ្តល់ឱ្យ ត្រូវ​ប្រុង​ខ្លួន​ដោយ​ចិត្តមុះមុត ជូនខ្លួន​​​ទៅលោក​​​អភិបាល​ឱ្យលោកចាត់ ទៅចាប់ផ្តើមកិច្ចការជាសាសនទូតនៅស្រុកដាច់ស្រយាល ឬនៅ​​​តំបន់ណា​​​ដែល​​​គ្មាន​​​នរណាអើពើក្នុងភូមិភាគរបស់ខ្លួនក្តី ឬក្នុងភូមិភាគឯទៀតៗដែរ។

បព្វជិត​​​បព្វជិតា និងគ្រីស្តបរិស័ទធម្មតាក៏ត្រូវខ្នះខ្នែងចំពោះ​ជនរួមជាតិដូច្នេះដែរ ជាពិសេស ចំពោះ​អ្នកក្រីក្រជាងគេ។

ក្រុម​​​អភិបាល​​​ត្រូវ​​​​​​យកចិត្តទុកដាក់ចាក់ចែងសិក្ខាសាលាតាមពេលកំណត់ ដើម្បីបង្រៀនគម្ពីរ ​បង្រៀនទេវវិជ្ជា បង្ហាត់ជីវិត​​​តាម​​​ព្រះ​​​វិញ្ញាណ និងបង្ហាត់អំពីការណែនាំគ្រីស្តបរិស័ទតាមរបៀបទំនើបទាន់សម័យ។ ​ត្រូវចាត់ចែងដូច្នេះ ដោយមានបំណង​​​ឱ្យអស់លោកគង្វាលបានចំណេះអំពីទេវវិទ្យា និងអំពីវិធីណែនាំ​គ្រីស្តបរិស័ទ​​​​​កាន់​តែ​ច្បាស់ នៅ​​​ពេល​​​ពិភពលោក​​​ដ៏មិន​​​ទៀងទាត់នេះប្រែប្រួលគ្រប់យ៉ាង។

សូមអនុវត្តតាមសេចក្តីទាំង​​​ប៉ុន្មាន​​​ដែល​​​មហាសន្និបាតបានសម្រេច ដោយ​​​មានចិត្តគំនិតចង់គោរពសាសនា ជាពិសេស ក្នុងក្រឹត្យក្រមស្តីអំពីមុខងារ និងការរស់នៅរបស់អស់លោកគង្វាល។ ត្រូវឱ្យព្រះសហគមន៍ភូមិភាគ​​​តែង​​​តាំងអ្នកមានមុខងារបម្រើ ដែលមានសមត្ថ ភាពគ្រប់គ្រាន់ ដើម្បី​​​ឱ្យ​​​ព្រះ​​​សហគមន៍​​​នេះអាច​​បំពេញ​សកម្មភាព​ជា​​​សាសនទូត​​​របស់ខ្លួនដោយជោគជ័យបាន។ ហេតុនេះហើយ ​បាន ជាត្រូវអប់រំអ្នក​​​ទទួល​​​មុខ​ងារ​បម្រើទាំងនោះ​​ឱ្យទាន់​ពេល​វេលា ស្របតាមសភាពការណ៍​ព្រះសហគមន៍​នីមួយៗ។ ដោយមនុស្សនា​បច្ចុប្បន្នចូល​ចិត្តរួមគ្នា​ជាក្រុម​កាន់​តែ​ច្រើន​​​​ឡើងៗ ត្រូវឱ្យក្រុមអភិបាល​ក្នុង​ប្រទេសចែកចាយ​យោបល់​គ្នា​ទៅ​វិញទៅមក អំពីរបៀប​សន្ទនា​ទាក់ទងជា​មួយ​ក្រុម​​​ទាំងនោះ។ នៅតំបន់ខ្លះ មានក្រុមមនុស្សខ្លះមិនអាច​ទទួល​ជំនឿ​​​របស់​ព្រះសហគមន៍​កា​តូលិ​ក​បានទេ ព្រោះ​​​គេ​​​មិន​​​​​​អាចសម្របខ្លួន​តាម​បែបបទរបស់ព្រះសហគមន៍នៅស្រុកដែលគេរស់នៅនោះ។ ក្នុងករណីនេះ គួរឱ្យ​​​រក​​​ដំណោះ​​​​ស្រាយតាម​របៀប​ពិសេស រហូត​ដល់​ពេល​​​គ្រីស្តបរិស័ទ​​​ទាំង​​​អស់អាចជួបជុំគ្នាក្នុងសហគមន៍តែ​មួយបានផង (គង្វាល ១០)។ អភិបាលម្នាក់ៗត្រូវត្រាស់ហៅសាសនទូត ឬសុខចិត្តទទួលសាសនទូតឱ្យមករស់នៅក្នុង​ភូមិភាគ​របស់​​​​ខ្លួន គឺ​សាសនទូត​ដែលសន្តៈ​អាសនៈបានចាត់ ចែងឱ្យទៅក្នុងគោលបំណង​​​នេះ។ លោកអភិបាលក៏ត្រូវជួយ​លើកស្ទួយសាសនទូតទាំងនោះ​យ៉ាងសកម្ម ក្នុងកិច្ចដែលអស់លោកមានបំណងចង់ធ្វើទៀតដែរ។

គួរ​​​ណាស់​​​ឱ្យ​​​ព្រះ​​​សហគមន៍​​​ថ្មីៗចូលរួមយ៉ាងសកម្មក្នុងបេសកកម្មសកលរបស់ព្រះសហគមន៍​ដែរ។ ទោះ​​​បី​​​ខ្លួនខ្វះគង្វាលក្ដី ព្រះសហ គមន៍ថ្មីៗទាំងនោះ គួរណាស់ចាត់​សាសនា​ទូត​ដែល​អាចទៅ​​​ប្រកាស​​​​​​​​​ដំណឹងល្អនៅលើ​​​ផែន​​​​ដីទាំងមូលដែរ។ ធ្វើដូច្នេះ ទើបក្រុមគង្វាលជាបងប្អូនរួម​ជាតិចាប់​ផ្តើមមានចិត្ត​​​​​​ខ្នះ​​​ខ្នែង​​​ធ្វើសាសនទូតចំ​​​ពោះអ្នក​​​ដទៃ​​​។ ពេលណាព្រះសហគមន៍​ថ្មីៗរួមយ៉ាង​សកម្ម​ក្នុងកិច្ចប្រកាសដំណឹងល្អ​ចំពោះ​​​សាសន៍ដទៃឯទៀត​​​ គឺពេល​​​នោះ​​​ ព្រះសហគមន៍​ថ្មីៗ​ទាំង​នោះពិតជា​រួបរួមជាមួយព្រះសហគមន៍សកលជាពំុខាន​​​ឡើយ។

២១- ត្រូវលើកស្ទួយគ្រីស្តបរិស័ទធម្មតាឱ្យទៅជាគ្រីស្តទូត

ព្រះសហគមន៍ចាក់គ្រឹះបានមាំមួន និងមានជីវិតរស់រវើកយ៉ាងពេញលេញ ព្រមទាំងធ្វើជាសញ្ញា​សម្គាល់ដ៏ពេញលក្ខណៈអំពីព្រះគ្រីស្តក្នុងចំណោមមនុស្សលោក ​លុះត្រាតែមាន​ក្រុមគ្រីស្តបរិស័ទ​ធម្មតាដ៏ពិតប្រាកដ ធ្វើការរួមជាមួយ​ក្រុមអភិបាល។ ដំណឹងល្អអាចជ្រួតជ្រាបយ៉ាង​ជ្រៅក្នុងចិត្តគំនិត ក្នុងការ​រស់នៅ និងក្នុងកិច្ចការរបស់ប្រជា​ជនណាមួយបាន លុះត្រាតែមានគ្រីស្តបរិស័ទធម្មតាបញ្ចេញសកម្មភាព។ ​ហេតុនេះហើយ បានជាតាំងពីពេលចាក់គ្រឹះ​​​ព្រះសហគមន៍ណា​មួយមក ត្រូវ​យ​កចិត្តទុកដាក់យ៉ាងខ្លាំងបំផុតតែង​តាំងក្រុមគ្រីស្តបរិស័ទធម្មតា​​​ដែលប្រៀប​​​បាន​​​​​​​​​ទៅនឹងមនុស្សពេញវ័យ។

គ្រីស្តបរិស័ទធម្មតាជាសមាជិកនៃប្រជារាស្ត្រព្រះជាម្ចាស់យ៉ាងពេញលេញ ​ហើយក៏ជាសមាជិក​នៃសង្គម​​​មនុស្ស​​​​​​យ៉ាងពេញលេញផង ដែរ។ ពួកគេក៏​ជា​សមា​ជិកនៃ​ជាតិរបស់គេដែរ គេកើតក្នុងស្រុកនោះ ពេល​គេរៀនសូត្រ គេ​​​ចាប់​​​ផ្តើម​​​ស្គាល់ទ្រព្យសម្បត្តិដ៏មានតម្លៃនៃវប្បធម៌ជាតិរបស់គេ។ គេភ្ជាប់នឹងការរស់នៅតាម​​​លក្ខណៈ​​​​​​ជាតិនោះ ​ដោយ​​​​មានចំណងពាក់​​​ព័ន្ធ​​​បែបជាច្រើនក្នុងសង្គម គេរិះគិត និងយល់ឃើញអំពីបញ្ហារួមរបស់ជាតិ ហាក់ដូច​​​ជា​​​បញ្ហារ​​​បស់​​​ខ្លួន​​​ផ្ទាល់​​​ ហើយ​​​គេក៏ខិត​​​ខំ​​​រក​​​ដំណោះ​​​ស្រាយបញ្ហាទាំងនោះទៀតផងដែរ។ គ្រីស្តបរិស័ទ​ធម្មតាក៏ជា​​​កម្មសិទ្ធ​​​របស់​​​ព្រះ​​​គ្រីស្ត ព្រោះគេបាន​​​កើត​​​ជាថ្មីក្នុងព្រះសហគមន៍ដោយសារជំនឿ និងដោយអគ្គសញ្ញាជ្រមុជទឹក ​គេរួម​​​ជាប់​​​ជា​​​មួយ​​​ព្រះ​​​គ្រីស្ត (១ករ ១៥,២៣) ដោយរស់នៅតាមរបៀបថ្មី និងដោយ​ប្រព្រឹត្ត​​​កិច្ច​ការ​តាម​របៀប​ថ្មីដែរ ដើម្បីឱ្យអ្វីៗទាំង​​​អស់ចុះចូលក្រោមអំណាច​របស់​ព្រះជាម្ចាស់ ដោយរួមក្នុង​​​អង្គ​​​ព្រះ​​​គ្រីស្ត និង​ដើម្បីឱ្យព្រះ​​​ជាម្ចាស់បំពេញ​​​អ្វីៗ​​​ទាំង​​​អស់ក្នុងមនុស្សទាំងអស់ (១ករ ១៥,​២៨)​។

គ្រីស្តបរិស័ទធម្មតា ទាំងបុរស ទាំងស្ត្រីមានភារកិច្ចដ៏សំខាន់​​​ជាង​​​គេ​​​ គឺធ្វើជាសាក្សីអំពីព្រះ​គ្រីស្ត​ដោយ​​របៀប​​​​រស់​នៅ​របស់ខ្លួន និងដោយពាក្យសម្តីដែលគេនិយាយអពីព្រះអង្គ ក្នុងរង្វង់គ្រួសារ ក្នុងសង្គម ​និងនៅ​កន្លែង​ប្រកប​ការ​ងារ។ ហេតុនេះ “និស្ស័យម​នុស្សថ្មី​ដែល​ព្រះជាម្ចាស់​បានបង្កើត​មកតាម​សេចក្តីសុចរិត ដើម្បីឱ្យបានវិសុទ្ធ​​​យ៉ាង​​​ពិតប្រាកដ” (អភ ៤,២៤) ត្រូវលេចធ្លោឡើងក្នុងរូបគេ។ គេក៏ត្រូវ​បង្ហាញ​បញ្ចេញ​ជីវិតតាមរបៀប​ថ្មីនៅ​ក្នុង​​​សង្គមមនុស្ស នៅក្នុងអរិយធម៌ជាតិ និងតាមប្រពៃណីជាតិដែរ។ គ្រីស្តបរិស័ទធម្មតា​ត្រូវស្គាល់​អរិយ​ធម៌​ជាតិ ព្យាបាលអរិយធម៌នេះ ថែរក្សា និងពង្រីកអរិយធម៌​នេះតាមសភាពការណ៍ថ្មីៗ ហើយ​នាំឱ្យអរិយធម៌នេះបានពេញលក្ខណៈក្នុងអង្គព្រះគ្រីស្ត។ ធ្វើដូច្នេះ ជំនឿលើព្រះគ្រីស្ត និងការ​រស់​នៅរបស់​ព្រះសហគមន៍លែងមានលក្ខណៈ ក្រៅពីសង្គមជាកន្លែងដែលគេរស់នៅទៀតហើយ។ គេក៏ចាប់ផ្តើមធ្វើឱ្យ​ជំនឿ​ជ្រួត​ជ្រាបក្នុង​សង្គម​នោះ ព្រមទាំង ចាប់ផ្តើម​​​ប្រែទម្រង់សង្គមនោះទៀត ផង។ គ្រីស្តបរិស័ទធម្មតា​ត្រូវ​សហការ​ជាមួយជន​រួមជាតិ​របស់​ខ្លួន​ដោយចិត្តស្មោះ ដើម្បីបង្ហាញតាមរបៀបរស់នៅរបស់គេថា មានចំណងទាក់ទងថ្មី បង្រួបបង្រួមមនុស្ស​ និងមានចំណងសាមគ្គីសាកលថ្មី ដែលហូរចេញមកពី​គម្រោងការ​ដ៏​អស្ចារ្យរបស់ព្រះគ្រីស្ត។ គេក៏ត្រូវផ្សព្វផ្សាយជំនឿលើព្រះគ្រីស្ត ​ក្នុងចំណោមអស់​​​​អ្នកដែលរស់​នៅ​​ជា​មួយ និង​ធ្វើការជាមួយដែរ។ គេមាន​កាតព្វកិច្ចផ្សព្វផ្សាយជំនឿដូច្នេះជាចាំបាច់ ព្រោះមនុស្សភាគច្រើនអាច​ស្តាប់​​ឮដំណឹងល្អ និងស្គាល់​ព្រះគ្រីស្ត​បាន ដោយសារតែគ្រីស្តបរិស័ទធម្មតារស់នៅក្បែរគេប៉ុណ្ណោះ។ លើស​​​​ពី​នេះ​ទៅទៀត នៅកន្លែង​ដែល​អាចធ្វើបាន គ្រីស្តបរិស័ទធម្មតាក៏ត្រូវប្រុងខ្លួនបំពេញបេសកកម្ម​ពិសេសមួយ ដើម្បីប្រកាសដំណឹងល្អ និងបង្រៀនលទ្ធិនៃគ្រីស្តសាសនា ទាំងរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រុមអភិបាល។ ​ដូច្នេះ ​គេផ្តល់ឱ្យព្រះ​សហគមន៍ទើបកើតនោះមានកម្លាំងមាំមួន។ អស់លោកដែលមានមុខងារបម្រើព្រះសហគមន៍ ត្រូវទទួលស្គាល់តម្លៃនៃ​កិច្ចការដ៏សែនពិបាក​របស់​គ្រីស្ត​បរិស័ទធម្មតាក្នុង​ឋានៈជាគ្រីស្តទូត។ អស់លោកត្រូវអប់រំ​​​គ្រីស្តបរិស័ទធម្មតាទាំងនោះឱ្យដឹងខ្លួនថា ដោយគេជាសរីរាង្គ​នៃ​ព្រះ​កាយព្រះគ្រីស្ត គេក៏ទទួល​​​ខុសត្រូវ​​​លើ​​​មនុស្ស​​​ឯទៀត​​​ទាំងអស់​​​ដែរ។ អស់លោក​ត្រូវ​បង្រៀន​គេឱ្យជ្រាបយ៉ាងជ្រៅអំពីគម្រោងការដ៏អស្ចារ្យ​របស់ព្រះ​​​គ្រីស្ត និង​​​បង្ហាត់​​​គេឱ្យចេះប្រើវិជ្ជាថ្មីៗទៀត​ផង។ អស់លោកត្រូវនៅជាមួយគេ នៅគ្រាលំបាកស្របតាម​គំនិតនៃ​​​ធម្មនុញ្ញ​​​គោលលទ្ធិ “ព្រះគ្រីស្តជាពន្លឺ​បំភ្លឺ​ប្រជាជាតិនានា” និងក្រឹត្យក្រម “សកម្មភាពជាគ្រីស្តទូត”។ ធ្វើដូច្នេះ ​ព្រះ​​​សហគមន៍​ថ្មីទាំង​មូល​​ត្រូវ​ផ្តល់សក្ខីភាពតែមួយយ៉ាងរស់រវើក និងមាំមួនអំពីព្រះគ្រីស្ត ដើម្បី​ឱ្យ​ព្រះសហគមន៍​ទៅ​ជាសញ្ញា​សម្គាល់​យ៉ាង​ច្បាស់​អំពីការសង្គ្រោះដែលមកដល់យើង​ដោយសារ​ព្រះ​គ្រីស្ត។ ប៉ុន្តែ គ្រីស្តបរិស័ទធម្មតា​ត្រូវ​គោរព​មុខងារ និង​ភា​រកិច្ចផ្ទាល់របស់អស់លោកជាគង្វាល​ព្រះ​សហគមន៍។

២២- គ្រីស្តបរិស័ទរស់នៅតាមរបៀបប្លែកៗពីគ្នាក្នុងព្រះសហគមន៍តែមួយ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រៀបបាននឹងពូជ។ កាលពូជនោះចាក់ឫសក្នុងដីដែលមានជីជាតិល្អ ​ហើយ​មាន​ទឹកសន្សើមរបស់ព្រះជា ម្ចាស់ស្រោចស្រពទៀតផងនោះ វាស្រូបជីជាតិពីដី ​និងយកជីជាតិ​នោះ​មកប្រែធ្វើជាកម្លាំង និងជាជីវិតផ្ទាល់ខ្លួន ដើម្បីឱ្យ​បានផ្លែយ៉ាងបរិបូណ៌​​​​​​។ យ៉ាងណាមិញ ព្រះសហ​គមន៍​ថ្មីៗដែលចាក់​ឫស​ក្នុង​អង្គព្រះ​​​គ្រីស្តនិងសាងសង់លើគ្រីស្តទូតជាគ្រឹះ ក៏ទទួលយកអរិយធម៌ដ៏​ថ្លៃថ្នូរនៃប្រជាជាតិ​នានាមកស្រូបយកជីជាតិធ្វើ​​​ជាកម្លាំង និងជាជីវិតរបស់​ខ្លួន​ផ្ទាល់យ៉ាង​នោះដែរ។ ព្រះគ្រីស្តបាន​ទទួល​ប្រជាជាតិទាំងអស់ទុកជាមរតក (ទំន ២,​​​​​​៨)។ ព្រះសហគមន៍​ថ្មីៗ និងប្រជាជាតិទាំងនោះចែកចាយ​អ្វី​ដ៏មានតម្លៃ​របស់​ខ្លួនជូនទៅ​វិញទៅមកយ៉ាងអស្ចារ្យ។ ព្រះជាម្ចាស់​ចាត់ចែងអំពីព្រះបុត្រា​ប្រសូត​ជាមនុស្ស​ដូច្នោះ​ដែរ។ ព្រះសហគមន៍ថ្មីៗទាំង​​​នោះ លើកយក​​​ទំនៀម​​​​ទម្លាប់ និង​ប្រ​ពៃ​ណី លើកយក​ប្រាជ្ញាញាណរបស់គេ ហើយក៏លើកយកចំណេះវិជ្ជា សិល្បៈ និងវិន័យរបស់​ប្រជាជាតិទាំងនោះ គឺលើក​យក​អ្វីៗទាំងអស់មក​ជួយ​ប្រកាស​សិរីរុងរឿងរបស់ព្រះអាទិករ។ ព្រះសហគមន៍​​​លើក​​​យក​​​អ្វីៗ​ទាំងអស់មកជួយធ្វើឱ្យព្រះហឫទ័យ​ប្រណី​សន្តោស​​របស់​ព្រះ​សង្គ្រោះ​​លេច​ធ្លោឡើង ព្រម​​​​ទាំងជួយ​​​ចាត់​​​ចែង​​​​​​របៀប​​​​រស់នៅរបស់គ្រីស្តបរិស័ទ​ឱ្យបាន​ត្រឹមត្រូវ​ល្អទៀតផង (ពន្លឺ ១៣)។

ក្នុងតំបន់ធំៗដែលមានបណ្តាប្រទេសមានអារ្យធម៌ស្រដៀងគ្នា ត្រូវដាស់តឿន​ឱ្យ​គេរិះគិត​​រួមគ្នាតាមផ្លូវ​​​ទេវវិទ្យាអំពី​​​សេចក្តី​​​ទាំង​​​នោះ ដើម្បី​ឱ្យ​ព្រះសហគមន៍ទទួលលទ្ធផល​ខាង​លើនេះ។ ត្រូវតែ​ពិនិត្យ​ពិច័យព្រះរាជកិច្ច និង​​​​ព្រះ​​​​បន្ទូល​ដែលព្រះជាម្ចាស់​បានសម្តែងដែលមាន​ចែង​កត់​ទុក​ក្នុង​គម្ពីរ តាមអស់បុព្វបុរស​នៃព្រះ​សហ​គ​ម​ន៍ និង​​​​​​​​​​​​ក្រុម​​​​​​ណែនាំព្រះសហគមន៍បានពន្យល់ហើយស្រាប់។ ត្រូវរិះគិតពិនិត្យពិច័យសាជាថ្មី ក្រោម​ពន្លឺរបស់ព្រះស​ហគមន៍​សកលដែល​​​បញ្ជូនបន្តជំនឿតៗ​រៀង​មកដែរ។ ដោយរិះគិតដូច្នេះ គ្រីស្តបរិស័ទ​មុខ​ជា​នឹងយល់កាន់តែ​​​ច្បាស់​​​អំពី​​​របៀប​​​ដែល​​​ប្រាជ្ញា​​​មនុស្សអាចពន្យល់លទ្ធិជំនៃនឿបាន ​ស្របតាម​ទស្សនវិទ្យា និងតាមប្រាជ្ញាញាណ​​​របស់​ប្រជាជាតិ​នា​នា។ គេ​​​ក៏​​​អាច​យល់កាន់តែច្បាស់​ថា ​ប្រពៃណី អត្ថន័យ​នៃជីវិត របៀបចាត់ចែង​សង្គមនៃជនជាតិ​​​របស់ខ្លួន ​អាច​​​ស្រប​តាម​របៀប​​​រស់នៅ​ដែលព្រះជាម្ចាស់​បាន​សម្តែងឱ្យមនុស្សលោកស្គាល់។ ដោយរិះគិតដូច្នេះ គេមុខ​​​ជា​​​នឹង​រក​​​ឃើញ​​​​មាគ៌ា​​​ឱ្យខ្លួន​​​រស់នៅ​សមស្រប​យ៉ាងជ្រៅតាម​​អរិយធម៌​ប្រជាជាតិនានាក្នុងគ្រប់វិស័​យនៃការ​រស់​នៅ​​​​ជា​​​គ្រីស្តបរិស័ទ​​​។​​​ គេក៏​​​ចៀស​​​​វាងមិន​យកសាសនា​ផ្សេងៗ​មកលាយឡំនឹងសាសនារបស់ខ្លួន ហើយក៏លះបង់ការ​​​ប្រកាន់​​​​​​​​​សាសនាថា​​​​​​ គ្រីស្តសាសនា​តាមបែបរបស់ខ្លួនថា ល្អដាច់គេ។ ការរស់នៅ​ជា​គ្រីស្ត​បរិស័ទមុខជា​​នឹងបាន​​​សម​​​ស្រប​​​តាម​​​ទេពកោសល្យ និងតាម​លក្ខណៈ​នៃអរិយធម៌ប្រទេសនោះ។ ព្រះ សហគមន៍​ត្រូវលើកយកប្រពៃណី​​​ដែល​​​មាន​​​​​​គុណ​​​សម្បត្តិ​​​នៃ​​​គ្រប់​​​​ប្រជាជាតិ មកថ្លឹងថ្លែងតាម​ពន្លឺនៃដំណឹងល្អបំភ្លឺផងនោះ ឱ្យរួបរួមជាធ្លុងតែមួយ​ក្នុង​ព្រះ​សហគមន៍សកល​​​។ ព្រះសហគមន៍​ថ្មីៗ​តាម​តំបន់​ទាំងនោះ ដែលលើកយកប្រពៃណីដ៏ថ្លៃថ្នូរ​ប្រទេសរបស់ខ្លួនធ្វើជា​​​សម្បត្តិ​​​ផ្ទាល់ខ្លួននោះ ក៏ចូលរួបរួមក្នុង​ព្រះ​សហគមន៍​សកលទាំងគោរពអាសនៈ គ្រីស្តទូត​សិលាដែលជា “អធិបតីនាំមុខគ្រប់សហ គមន៍ប្រកបដោយមេត្តា​ករុណា​ធម៌” (ពន្លឺ ១៣)។

ហេតុនេះហើយ បានជាមហាសន្និបាតមានសំណូមពរលើសពីនេះទៅទៀត (តាមពិតត្រូវតែធ្វើតាម) សូម​​​ឱ្យ​​​ក្រុម​​​អភិបាលព្រះ​​​សហ គមន៍​​​ក្នុងប្រទេសនានា តាមតំបន់ធំៗដែលមានអរិយធម៌ស្រដៀងគ្នា រួមគ្នាចែក​រំលែក​យោបល់​​​គ្នា ព្រម​ព្រៀង​គ្នា​យ៉ាងពិតប្រាកដ បន្តកិច្ចសម្រួលព្រះសហគមន៍​ឱ្យ​​បានសម​​ស្រប​តាម​អរិយ​ធម៌នោះ។

ជំពូក៤
ក្រុមសាសនទូត

២៣- ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទឱ្យធ្វើជាសាសនទូត

សាវ័ករបស់ព្រះគ្រីស្តគ្រប់ៗគ្នាមានភារកិច្ចផ្សព្វផ្សាយជំនឿតាមចំណែករៀងៗខ្លួន (ពន្លឺ ១៧)។ ប៉ុន្តែ​​​ ក្នុង​​​​ចំណោមសាវ័កទាំងប៉ុន្មាន ព្រះគ្រីស្ត​ជា​អម្ចាស់​នៅតែ​ត្រាស់​ហៅ​អស់អ្នក​ដែលព្រះអង្គសព្វព្រះ​ហឫទ័យ ដើម្បី​​​ឱ្យ​​​គេនៅជាមួយព្រះអង្គ និងចាត់គេឱ្យទៅ​ប្រកាស​ដំណឹង​ល្អដល់សាសន៍ដទៃ (មក ៣,​១៣ត)។ ហេតុនេះ​ហើយ​ បាន​ជាព្រះអង្គប្រទានឱ្យគ្រីស្ត​បរិស័ទ​ខ្លះ​មានចិត្តគំនិតចង់ធ្វើជាសាសនទូត ដោយ​សារ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធដែ​ល​ចែក​​​រំលែកព្រះអំ​ណោយទានតាម​ព្រះ​ហឫទ័យ​ព្រះអង្គ (១ករ ១២,១១) ដើម្បីជាប្រយោជន៍​ដល់ព្រះសហគមន៍។ ព្រះគ្រីស្ត​ជាអម្ចាស់ក៏ធ្វើឱ្យកើតគ្រឹះស្ថាន​ដែលទទួល​បេសកកម្ម​ប្រកាសដំណឹង​ល្អ​ទុកជាភា​រកិច្ច​ផ្ទាល់ ទោះជា​​​ភារកិច្ច​​​របស់​​​​​​ព្រះសហគមន៍ទាំង​មូល។

ព្រះជាម្ចាស់ត្រាស់ហៅ​គ្រីស្តបរិស័ទ​ខ្លះយ៉ាងពិសេស ឱ្យសុខចិត្តទទួល​ភារកិច្ច​ជាសាសនទូត​។ អ្នកទាំង​​​នោះ​​​ជា​​​ជនបរទេស ឬជាអ្នកកើតក្នុងស្រុក ​ជាបូជាចារ្យ (អាចារ្យ) ឬជាបព្វជិតបព្វ​ជិតា ឬជាគ្រីស្តបរិស័ទធម្មតា មាន​​​ទេពកោសល្យ មានគុណសម្បត្តិ និងមាន​ប្រាជ្ញាល្មមឱ្យអាចបំពេញ​បេសកកម្មពិសេស​ជាសាសនទូតនេះ។ អ្នកកាន់អំណាចដ៏ត្រឹមត្រូវក្នុងព្រះសហគមន៍ចាត់គេឱ្យ​ទៅ​កាន់អ្នកដែលនៅឆ្ងាយពី​ព្រះគ្រីស្ត។ គេក៏ទៅដោយ​មាន​ជំ​នឿ និងស្តាប់បង្គាប់ទៀតផង។ ព្រះគ្រីស្តជ្រើសរើសញែកគេដើម្បីឱ្យបំពេញកិច្ច​ដែល​ព្រះ​អង្គ​ដាក់​ឱ្យគេបំពេញនោះ (កក ១៣,២) ក្នុងឋានៈជាអ្នកមានមុខងារបម្រើដំណឹងល្អ “ដើម្បីនាំសាសន៍ដទៃមកថ្វាយ​ខ្លួន​ជាតង្វាយដែលគាប់​​​ព្រះហឫទ័យ​​​ព្រះ​​​ជាម្ចាស់ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោស​ឱ្យបានវិសុទ្ធ” (រម ១៥,១៦)។

២៤- ចិត្តគំនិតតាមព្រះវិញ្ញាណជាសាសនទូត

មនុស្សត្រូវតបឆ្លើយនឹងព្រះជាម្ចាស់ដ៏ពិតប្រាកដដែលត្រាស់ហៅគេធ្វើជាសានាទូត​ដោយ “មិន​សួរ​យោបល់ពី​មនុស្សណាម្នាក់ឡើយ” (កាឡ ១,១៦) គេក៏ភ្ជាប់ចិត្តទាំងស្រុង​នឹងកិច្ច​ប្រកាស​ដំណឹង​ល្អ​ដែរ។ ប៉ុន្តែ អ្នកនោះអាចឆ្លើយបែបនេះបាន លុះត្រាតែព្រះវិញ្ញាណអញ្ជើញគេ និងប្រទានឫទ្ធានុភាព​របស់​ព្រះអង្គឱ្យគេ ដ្បិតអ្នកដែលព្រះគ្រីស្តចាត់ឱ្យទៅរួមរស់ និងរួមបំពេញបេស​កកម្ម​របស់​ព្រះអង្គ​ដែល “លះបង់អ្វី​ទាំង​អស់​មក​យកឋានៈជាទាសករ” (ភីល ២,៧)។ គេត្រូវប្រុងខ្លួន​បន្តបេសកកម្មនេះ​អស់មួយជីវិត គឺសុខ​ចិត្ត​លះ​បង់​ខ្លួន​ និងលះបង់អ្វីៗ​​​ទាំង​​​អស់​​​​ដែលគេមាន​រហូតដល់ពេលនោះ ព្រមទាំង​ធ្វើឱ្យខ្លួន “បានដូចមនុស្ស​ទាំង​អស់​” (១ករ ៩,២២)។

ពេលសាសនទូតប្រកាសដំណឹងល្អក្នុងចំណោមសាសន៍ដទៃ គាត់នាំ​គេ​ឱ្យ​ស្គាល់គម្រោងការ​ដ៏​អស្ចារ្យរបស់ព្រះគ្រីស្ត។ គាត់ត្រូវមានចិត្តសង្ឃឹម ព្រោះគាត់ជាទូតរបស់ព្រះអង្គ។​​​ ដោយរួមក្នុងអង្គព្រះគ្រីស្ត ​គាត់​​​ហ៊ាន​​​និយាយពាក្យត្រឹមត្រូវ​​​តាមដែលគាត់ត្រូវនិយាយ (អភ ៦,១៩ត; កក ៤,៣១)។ គាត់មិនត្រូវខ្មាស​នឹង​និយាយ​អំពី​ឈើ​​​​ឆ្កាងដែល “រារាំងមនុស្សមិនឱ្យជឿ” ទេ (១ករ ១,២៣)។ សាសនទូត​ដើរតាម​ដាន​ព្រះបរមគ្រូដែល “ស្លូតនិង​មាន​​​​ចិត្តសុភាព” ហើយត្រូវបង្ហាញថា នឹមរបស់ព្រះអង្គស្រួល ហើយបន្ទុក​ដែល​ព្រះ​អង្គ​ដាក់លើ​គេ​ក៏ស្រាលដែរ (មថ ១១,២៩ត)។ គាត់ត្រូវផ្តល់សក្ខីភាពអំពីព្រះអម្ចាស់របស់ខ្លួនដោយរស់នៅ​ត្រឹមត្រូវតាម​ដំណឹងល្អ ដោយ​មានចិត្ត​​​ស៊ូ​​​ទ្រាំ មានចិត្តអត់ធ្មត់យ៉ាងខ្លាំង មានចិត្តស្លូតបូត និងមានចិត្ត​ស្រឡាញ់​ឥតពុតត្បុត (២ករ ៦,៤ត)។ ប្រសិនបើ​​​ត្រូវការ គាត់ក៏ត្រូវផ្តល់សក្ខីភាពថ្វាយព្រះអម្ចាស់របស់ខ្លួនរហូតដល់បូជាជីវិត​ទៀត​ផង។ គាត់ត្រូវអង្វរព្រះអង្គ​​​ប្រទាន​​​ឱ្យគាត់មានចិត្តក្លាហាន និងមានកម្លាំងដើម្បីទទួល​ស្គាល់​ថា ទោះបី​គាត់ជួបប្រទះទុក្ខលំបាកជាច្រើន និងរស់​​​នៅ​​​ក្នុងឋានៈជាអ្នកក្រតោក​យ៉ាកបំផុតយ៉ាងណាក្តី ក៏គាត់មានអំណរ​ខ្លាំងក្រៃលែងដែរ (២ករ ៨,២)។ គាត់ត្រូវ​​​ជឿ​​​ជា​​​ក់ថា អ្នកបម្រើព្រះគ្រីស្ត​ត្រូវស្តាប់តាម​បង្គាប់ ព្រោះការស្តាប់តាមបង្គាប់នេះជាគុណធម៌ពិសេសនៃអ្នកបម្រើ​​​របស់​​​ព្រះ​​​​​​​​​គ្រីស្ត ​ដែលព្រះអង្គបាន​រំដោះមនុស្ស​លោកដោយស្តាប់​តាម​ព្រះបញ្ជារបស់ព្រះបិតាដែរ។

អស់អ្នកប្រកាស​​​ដំណឹងល្អត្រូវចៀសវាងកុំធ្វេសប្រហែសនឹង​ព្រះអំណោយទាន​ដែលស្ថិត​នៅក្នុងខ្លួនឡើយ ហើយក៏ត្រូវប្រែចិត្ត​គំនិត​ឱ្យ​​​​បាន​ជាថ្មី​ជារៀង​រាល់​ថ្ងៃ​ដែរ (១ធម ៤,១៤; អភ ៤,២៣; ២ករ ៤,១៦)។ អស់លោក​​​អភិបាល និង​អស់​មេ​ដឹក​នាំ​ក្រុម​​​គ្រួសារនានា ត្រូវប្រជុំសាសនទូត​ទាំងអស់ឱ្យជួប​ជុំគ្នាតាម​ពេល​​កំណត់ ដើម្បី​ពង្រឹង​​​សេចក្តី​​​សង្ឃឹមរបស់គេ​លើ​​​ព្រះ​​​ជាម្ចាស់ដែលត្រាស់ហៅគេ និងដើម្បីឱ្យគេ​មានចិត្តគំនិត​ថ្មី ក្នុង​មុខងាររបស់​​​ខ្លួន​​​ជា​​​គ្រីស្តទូត។ ត្រូវចាត់ចែង​​​ឱ្យ​​​មាន​​​គេហដ្ឋាន​សម្រាប់ប្រជុំទាំងនោះ។

២៥- ការបង្ហាត់សាសនទូតឱ្យរស់តាមព្រះវិញ្ញាណ និងតាមសីលធម៌

អ្នកដែលត្រូវជាសាសនទូតនៅពេលអនាគត ត្រូវរៀបចំចិត្តគំនិតយ៉ាងពិសេសឱ្យបំពេញមុខងារដ៏ប្រសើរនេះ ដោយបង្ហាត់ខ្លួនឱ្យរស់តាមព្រះវិញ្ញាណ និងតាមសីលធម៌។ ​សាសនទូតត្រូវប្រុងខ្លួនចាប់ផ្តើមកិច្ចការ​​​ផ្សេងៗ​​​ដោយ​​​​គំនិត​ផ្ទាល់ ត្រូវមានចិត្តនឹងតស៊ូដើម្បីសម្រេចកិច្ចដែលគាត់បានចាប់ផ្តើមនោះ នៅ​​​ពេល​​​ជួបប្រទះការ​លំបាកនានាគាត់​ត្រូវមានចិត្ត​ព្យាយាម។​​​ សាសន​ទូត​ត្រូវស៊ូទ្រាំរស់នៅម្នាក់ឯង ស៊ូទ្រាំអស់កម្លាំង​កាយ​កម្លាំងចិត្ត ស៊ូទ្រាំធ្វើការដោយគ្មានលទ្ធផល ទាំងមានចិត្តក្លាហាន និងចិត្តអត់ធ្មត់ខន្តី។ គាត់ត្រូវទៅ ជួប​មនុស្ស​ទាំង​​​ឡាយ​​​ដោយ​​​ចិត្ត​​​គំនិតទូលំ​​​ទូលាយ និងចិត្តបើកចំហទៀតផង។ សាសនទូតត្រូវបំពេញ​កិច្ចការ​ដែល​ព្រះ​​​សហគមន៍​​​ផ្ញើឱ្យ​​​គាត់​​​ធ្វើ​​​ដោយ​​​ចិត្តទូលាយ។ គាត់ត្រូវសុខចិត្តសម្របខ្លួនតាមរបៀបរស់នៅរបស់​ជនជាតិដទៃ និងសម្របខ្លួនតាម​សភាពការណ៍​​​ដែល​​​​​​​​តែង​តែប្រែប្រួលទៀតផង។ គាត់ត្រូវជួយសាសនទូតឯទៀតៗជាបងប្អូន និង​អស់អ្នកដែល​យក​​​កម្លាំង​​​កា​​​យ​​​កម្លាំង​​​ចិត្តរួមធ្វើកិច្ចការតែមួយដូចគ្នា ដោយធ្វើការរួមចិត្តគំនិតជាមួយគេ និងដោយ​ចិត្តស្រ​ឡាញ់​គ្នាទៅ​​​វិញ​​​ទៅ​​​មកផង។ ដូច្នេះ អ្នកទាំងនោះមានចិត្ត​ថ្លើមតែមួយ ដោយយកសហគ​​​មន៍​នៅជំនាន់​គ្រីស្ត​ទូតជាគំរូ (កក ២,៤២; ៤,​​​៣២)។

ពេលសាសនទូតទទួលការអប់រំ ត្រូវបង្ហាត់គេឱ្យរៀបចំចិត្តគំនិតតាមរបៀបនេះ ត្រូវឱ្យជីវិតខាង​​​ព្រះ​វិញ្ញាណថែ​​​ទាំ លើក​ឡើង និងគាំទ្រចិត្តគំនិតបែបនេះឱ្យកាន់តែមាំមួនឡើង។ សាសនទូតត្រូវមានជំនឿមោះមុត និង​​​មាន​​​​​​សេចក្តី​​​សង្ឃឹម​​​​ដែលមិនចេះរង្គោះរង្គើឡើយ ហើយក៏ត្រូវជាមនុស្សចូលចិត្ត​អធិដ្ឋាន។ គាត់ត្រូវ​មានចិត្តអង់អាច មាន​​​ចិត្ត​ស្រឡាញ់ និងចិត្តធ្ងន់ (២ធម ១,៧)។ គាត់ “ត្រូវរៀនឱ្យចេះស្កប់ចិត្ត​ក្នុងគ្រប់​កាលៈទេសៈ” (ភីល ៤,១១)។ ដោយគាត់សុខចិត្តបូជាជីវិត គាត់ត្រូវផ្ទុកក្នុងរូបកាយរបស់គាត់​នូវ​សេចក្តីឈឺចុកចាប់របស់ព្រះយេស៊ូជានិច្ច ដើម្បី​​​ឱ្យព្រះជន្មរបស់ព្រះអង្គមានឥទ្ធិពលយ៉ាងសកម្ម នៅក្នុងរូបកាយ​របស់​អស់​អ្នកដែលគេចាត់គាត់​ទៅជួប (២ករ ៤,១០ត)។ ដោយគាត់មានចិត្តខ្នះខ្នែងចង់នាំការសង្គ្រោះដល់អ្នកដទៃ គាត់ត្រូវសុខ​ចិត្តចំណាយ​អ្វីៗទាំងអស់​ដែល​គាត់មាន​​​ ហើយក៏ចំណាយខ្លួនឯងថែមទៀត ដើម្បីជា​ប្រយោជន៍​ដល់គេដែរ (២ករ ១២,​១៥ត) រហូតដល់ “ស្រឡាញ់​​​ព្រះជា ម្ចាស់ និងស្រឡាញ់មនុស្សឯទៀតៗ​កាន់តែខ្លាំងឡើង ដោយបំពេញកិច្ចការរបស់​ខ្លួន​ជារៀង​​​រាល់​​​ថ្ងៃ” (ពន្លឺ ៤១)។ ដូច្នេះ ដោយគាត់រួមជាមួយ​ព្រះគ្រីស្ត​ដែលធ្វើ​តាមព្រះ​ហឫ​ទ័យ​ព្រះបិតា គាត់នឹងបន្តបេសកកម្ម​​​របស់​​​ព្រះ​គ្រីស្ត​ ក្រោមអំណាចរបស់​លោក​អភិបាល និងរួមសហការ​ក្នុង​គម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់​​​ដែល​​​សង្គ្រោះមនុស្សលោក។

២៦- ការអប់រំខាងលទ្ធិនៃគ្រីស្តសាសនា និងខាងកិច្ចការជាគ្រីស្តទូត

អស់អ្នកដែលព្រះសហគមន៍ចាត់ឱ្យទៅកាន់សាសន៍ដទៃៗទាំងនោះ ត្រូវទទួល “ការអប់​រំអំពី​ជំនឿ និង​អំពី​គោលលទ្ធិដ៏ត្រឹមត្រូវ” (១ធម ៤,៦) ដើម្បី​ឱ្យគេ​ទៅជា​អ្នកបម្រើ​ព្រះគ្រីស្ត​យ៉ាង​ល្អ​ប្រសើរ។ គេត្រូវ​រៀនអំពីគោលលទ្ធិ​​​ដ៏ត្រឹមត្រូវនេះ ជាពិសេស ដោយយោង សេចក្តីពីព្រះគម្ពីរ ហើយ​ត្រូវរិះ​គិតយ៉ាងជ្រៅ​អំពីគម្រោង​ការដ៏អស្ចារ្យ​របស់ព្រះគ្រីស្តដែលគេនឹងត្រូវប្រកាស និងធ្វើជាសាក្សីនោះ។

ហេតុនេះហើយ បានជាត្រូវរៀបចំ និងអប់រំសាសនទូតទាំងអស់ គឺទាំងបូជាចារ្យ ទាំង​​​បព្វជិត​​​បព្វជិតា ​ទាំង​​​គ្រីស្ត​បរិស័ទធម្មតា តាមសភាពការណ៍ររៀងៗខ្លួនកុំឱ្យគេអន់ក្នុងភារ​កិច្ចរបស់​ខ្លួន​នៅ​ពេល​អនា​គត។ តាំងពីដើម​​​ដំបូង​​​​នៃការអប់រំនោះ ត្រូវចាត់ចែងការបង្រៀនអំពីលទ្ធិនៃគ្រីស្តសាសនា ដោយ​នឹកគិតដល់​លក្ខណៈ​សកល​​​របស់​ព្រះ​​​​សហគមន៍ និង​នឹកគិតដល់លក្ខណៈប្លែកៗនៃប្រជាជាតិនានា។ ត្រូវបង្រៀនមុខ​វិទ្យា​ទាំង​​​ប៉ុន្មាន​​​ឯទៀតៗ ដោយ​​​មានគោលគំនិតបែបនេះដែរ គឺវិជ្ជាទាំងប៉ុន្មានដែលគេរៀននោះ មុខជានឹងជួយអប់រំឱ្យ​គេអាចបំ​ពេញ​​​​​​​មុខងារ​បម្រើរបស់ខ្លួន។ ត្រូវឱ្យគេរៀនអំពីចំណេះដែលមានប្រយោជន៍ គឺចំណេះទូទៅអំពីប្រជាជននានា អំពី​អរិយធម៌ និង​​​អំពី​​​សាស​នា​នានាផង។ ត្រូវរៀនដូច្នេះ ដោយមិនគ្រាន់តែ​បែរទៅកាន់អតីតកាល​ប៉ុណ្ណោះទេ តែ​​​ត្រូវបែរ​​​ខ្លួន​​​ទៅរកបច្ចុប្បន្នកាល​ទៀតផង។ អ្នកដែលត្រូវជួបជាមួយប្រជាជនណាមួយប្លែក​ពី​ប្រជាជនរបស់ខ្លួន ត្រូវយក​​​ចិត្ត​​​ទុក​​​ដាក់​យ៉ាង​ខ្លាំង​នឹង​បេតិកភ័ណ្ឌ ភាសា និងរបៀបរស់នៅរបស់ប្រជាជននោះ។ ហេតុនេះហើយ បានជាសាសនទូត​​​ត្រូវរៀន​អំពីមុខវិជ្ជា​សាសន​ទូតជាចាំបាច់បំផុត ពោលគឺ រៀនឱ្យស្គាល់លទ្ធិ និងសេចក្តីណែនាំរបស់ព្រះ​​​សហគមន៍​​​អំពីកិច្ច​ប្រកាស​ដំណឹងល្អ និងស្គាល់​របៀបអ្នក​នាំ​ដំណឹង​ល្អបានប្រព្រឹត្តតាម​សតវត្សរ៍មុនៗដែរ។ ​គេក៏​​​ត្រូវ​​​ស្គាល់​​​សភាពការណ៍បច្ចុប្បន្ននៃព្រះសហគមន៍ក្នុងប្រទេសដែល​មនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត។​​​ នៅពេលជា​​​មួយ​​​គ្នានេះ គេត្រូវស្គាល់​​​វិធី​​​ដែលស័ក្តិសិទ្ធិ​ជាងគេសព្វថ្ងៃ តាមការយល់ឃើញរបស់​​​សាសនទូត។

ទោះបីក្នុងការអប់រំដែលមានលក្ខណៈសព្វគ្រប់បែបនេះ សាសនទូតត្រូវយកកចិត្តទុកដាក់នឹងការ​​​ណែនាំ​​​គ្រីស្តបរិស័ទ​ក្តី ក៏​គាត់​​​ត្រូវ​​​​​​ទទួលកា​រ​​​​អប់​រំ​យ៉ាងពិសេស និងចាត់ចែងយ៉ាងត្រឹមត្រូវ អំពីកិច្ចការជាគ្រីស្តទូតដោយ​មានគេ​បង្រៀន​ផង និង​​​ដោយ​​​គាត់​ធ្វើការ​អនុវត្តន៍ផងដែរ (ហ្វឹកហ្វឺន ១៩-២១)។

ត្រូវឱ្យបព្វជិតបព្វជិតាមួយចំនួនធំ តាមលទ្ធភាពអាចធ្វើបានទទួលការអប់រំយ៉ាងសមរម្យអំពីវិធីអប់រំ​​​ជំនឿ ​ដើម្បីឱ្យគេអាចរួមសហការកាន់​តែខ្លាំងឡើងៗក្នុងកិច្ចការជាគ្រីស្តទូត។ សូម្បីតែអស់អ្នកដែល​បំពេញតួនាទីមួយផ្នែក​ក្នុងសកម្មភាពជាសាសនទូតតែមួយរយៈពេលប៉ុណ្ណោះ ក៏ត្រូវ​ទទួល​​​​ការអប់រំស្របតាមសភាពការណ៍​​​របស់ខ្លួនដែរ។

លើសពីការអប់រំគ្រប់យ៉ាងនោះ កាលសាសនទូត​​រស់នៅក្នុងប្រទេសដែលព្រះសហគមន៍ចាត់ឱ្យទៅនោះ​ក៏ត្រូវទទួលការអប់រំបន្ថែម ពោល​​​​គឺ ត្រូវឱ្យសាសនទូតស្គាល់ប្រវត្តិសាស្ត្រកាន់តែច្បាស់ ស្គាល់រចនាសម្ពន្ធ​​​ក្នុង​​​សង្គម ​និងប្រពៃណីប្រ​ជាជនទាំងនោះ។ ត្រូវឱ្យសាសនទូតយល់សីលធម៌ និងវិន័យខាងសាសនារបស់ប្រជាជន​​​នោះ ព្រមទាំងស្គាល់គោល​គំនិត​កប់​​ក្នុង​ចិត្តតាមប្រពៃណីដ៏សក្ការៈរបស់គេ អំពីព្រះជាម្ចាស់ អំពីពិភពលោក និង​អំពី​មនុស្ស​ដែរ។ ត្រូវឱ្យ​​​សាសនទូត​​​​រៀនភាសា​ប្រជាជន​នោះរហូតដល់អាចនិយាយយ៉ាងស្រួល និងត្រឹមត្រូវ ដើម្បី​​​ឱ្យ​​​គេមានផ្លូវចាប់​ចិត្ត​នឹងគំនិត​របស់គេ។ លើសពីនេះទៅទៀត ត្រូវណែនាំឱ្យសាសនទូតស្គាល់តម្រូវការ​​​ពិសេស​​​ក្នុង​​​​​​កិច្ចណែនាំ​​​គ្រីស្តបរិស័ទ​ក្នុង​ប្រទេស​នោះ​។

ត្រូវអប់រំសាសនទូតខ្លះឱ្យបានជ្រៅ នៅគ្រឹះស្ថានសម្រាប់បង្រៀនមុខវិជ្ជាជាសាសនទូត ​ឬនៅ​​​មហាវិទ្យាល័យ ឬនៅ​​​សកលវិទ្យាល័យផ្សេងៗ ដើម្បីឱ្យគេអាចបំពេញមុខងារពិសេសយ៉ាងសកម្ម។ ដោយគេមាន​ចំណេះ​​​វិជ្ជា​​​ខ្ពស់​​​ដូច្នេះ​​​​​​​​ គេមានសមត្ថភាពអាចជួយសាសន ទូតឯទៀតៗក្នុងសកម្មភាពជាសាសនទូតរបស់អស់​​​លោកដែលកាន់តែ​​​ចំាបាច់ ប៉ុន្តែ កាន់តែពិបាកក្នុង​ពិភពលោកនា​​​បច្ចុប្បន្ន។ ម្យ៉ាង​ទៀត គួរឱ្យក្រុមអភិបាល​តាម​តំបន់មានអ្នកជំនាញ​​​ការ​​​បែ​​​បនេះកាន់តែច្រើនឡើង ដើម្បី​យក​ចំណេះ​វិជ្ជា និង​បទ​ពិ​សោធ​ន៍​របស់គេមកប្រើ ដើម្បីរកដំណោះ​​​ស្រាយ​​​បញ្ហា​​​ដ៏​​​ពិបាក​​​ ដែលអស់លោកជួបប្រទះក្នុងការបំពេញបន្ទុករបស់​អស់​លោក​។ ត្រូវ​មាន​មនុស្សដែល​​​ចេះប្រើ​​​គ្រឿង​​​បច្ចេកទេស ​និងមធ្យោបាយទូរគមនាគមន៍ក្នុងសង្គមដែលអស់​លោក​ត្រូវយល់ថា មាន​​​សារៈសំខាន់យ៉ាងខ្លាំង​​​ក្នុង​​​កិច្ចបំពេញ​​​បេសកកម្មរបស់អស់លោក។

២៧- គ្រឹះស្ថានដែលបំពេញសកម្មភាពក្នុងប្រទេសមានមនុស្សភាគច្រើនដែលមិនស្គាល់ព្រះគ្រីស្ត

ទោះបី​អ្នកដែលត្រូវគេចាត់ឱ្យទៅប្រកាសដំណឹងល្អដល់​សាសន៍ដទៃ ត្រូវការការអប់រំ​​​ទាំងប៉ុន្មានខាង​​​លើនេះ​​​ជា​​​ចាំបាច់បំផុតក្តី ក៏បុគ្គលម្នាក់ៗដូចជាពិបាកសម្រេច​ដោយខ្លួន​ឯង​ឱ្យមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ។ តាម​បទ​ពិសោធន៍ ក៏គ្មាននរ​​​ណាម្នាក់អាច​បំពេញកិច្ចការជាសាសនទូតដោយម្នាក់ឯង​ដាច់ពីគេ​បានដែរ។ ហេតុ​នេះហើយ​​​ បាន​​​ជាព្រះជាម្ចាស់ត្រាស់ហៅមនុស្សខ្លះឱ្យចូលរួម​ក្នុងគ្រឹះស្ថាន​ផ្សេងៗ។ ដោយអ្នកទាំង​នោះរួមកម្លាំងគ្នា គេអាចទទួលការអប់រំត្រឹមត្រូវ​​​ស្របតាមតម្រូវការ ហើយក៏អាចបំពេញបេសកកម្មនេះក្នុងនាម​ព្រះសហគមន៍​បាន និងតាមបំណងប្រាថ្នាក្រុម​​​អភិបាល​​​​​​ផងដែរ។ តាំងពីយូរសតវត្សរ៍មក សមាជិកគ្រឹះស្ថានទាំងនោះនឿយ​ហត់ហាលថ្ងៃហាលក្តៅ បូជាកម្លាំង​​​កាយ​​​កម្លាំងចិត្ត​​​ទាំងស្រុង បម្រើកិច្ចប្រកាសដំណឹងល្អ ឬក៏បម្រើកិច្ចការនេះតែ​មួយផ្នែក​ដែរ។ ជួនកាលសន្តៈ​​​អាសនៈ​​​ផ្ញើតំបន់ដ៏ធំសម្បើមឱ្យគ្រឹះស្ថានទាំងនោះ​ប្រកាសដំណឹងល្អ។ សមាជិកគ្រឹះស្ថានទាំងនោះបានប្រមូល​​​ប្រជារាស្រ្ត​​​ថ្មីថ្វាយព្រះជាម្ចាស់ ​ពោលគឺ ព្រះសហគមន៍តាមតំបន់នោះដែល​សព្វថ្ងៃភ្ជាប់ចិត្តនឹង​គង្វាល​ទាំង​​​ប៉ុន្មានរបស់ខ្លួន​។ ​គេតែងតាំងព្រះសហគមន៍ផ្សេងៗដោយបែកញើស​ហូរ​ញើស ហើយលើសពីនេះទៅទៀត ដោយ​​​​​​បាន​បូជាជីវិតដែរ។ សព្វថ្ងៃ គេយក បទពិសោធន៍របស់​គេមក​បម្រើ​ព្រះ​សហគមន៍ទាំងនោះ ទាំងខ្នះខ្នែងរួម​​​សហការ​​​ជាមួយព្រះសហគមន៍តាមតំបន់ដូចបងប្អូន ឬទទួលខុសត្រូវណែនាំ​គ្រីស្តបរិស័ទ​ ឬបំពេញបន្ទុក​​​ពិសេស​​​ដើម្បីជាប្រយោជន៍រួម។

ជួនកាលសមាជិកគ្រឹះស្ថានទាំងនោះទទួលខុសត្រូវបំពេញកិច្ចការខ្លះដ៏បន្ទាន់បំផុតសម្រាប់តំបន់មួយ​​​ទាំង​​​មូល​​​ ឧបមាថា ការប្រកាសដំណឹងល្អដល់ក្រុមមនុស្សពិសេសមួយ ឬដល់ប្រជាជនមួយ​ដែលមិន​ទាន់​ទទួលដំណឹង​​​ល្អ ដោយ​មូលហេតុផ្សេងៗ ឬដែលជំទាស់នឹងដំណឹងល្អនេះតាំងពី​ដើមរៀងមក (គង្វាល ១០)។

​ប្រសិនមានតម្រូវ​​​ការ សមាជិកគ្រឹះស្ថានទាំងនោះ​ត្រូវប្រុងខ្លួន​សុខចិត្ត​ជួយអប់រំអស់អ្នកដែល​ស្ម័គ្រចិត្ត​បំពេញ​​​សកម្មភាពជា​​​សាសន ទូត​​​តែមួយរ​​​យៈពេល ដោយចែករំលែកបទពិសោធន៍របស់​ខ្លួនឱ្យគេ។

ដោយមូលហេតុទាំង​​​អស់ខា​​​ងលើនេះ និងដោយមានប្រជាជនជាច្រើនទៀតដែលត្រូវនាំ​មករកព្រះ​គ្រីស្ត ព្រះសហគមន៍នៅតែត្រូវការគ្រឹះស្ថានទាំងនោះ​​​ជា​​​ចាំបាច់បំផុត។

ជំពូក៥
ការចាត់ចែងសកម្មភាពជាសាសនទូត

សេចក្តីផ្តើម

២៨- គ្រីស្តបរិស័ទទទួលព្រះអំណោយទានផ្សេងៗពីគ្នា (រម ១២,៦)។ ហេតុនេះហើយ បានជាគេត្រូវ​រួមសហការ​​​គ្នាក្នុងកិច្ចប្រកាសដំណឹងល្អ គឺម្នាក់ៗតាមលទ្ធភាព តាមធនធាន តាមព្រះអំណោយទាន ​និងតាមមុខងារ​​​បម្រើ​​​រៀងៗ​​​ខ្លួន (១ករ ៣,១០)។ គ្រីស្តបរិស័ទទាំងអស់ គឺទាំងអ្នកសាបព្រោះ ទាំង​អ្នក​ច្រូតកាត់ (យហ ៤,៣៧) ទាំង​​​អ្នក​​​ដាំ​​​ ទាំងអ្នកស្រោចទឹកត្រូវរួបរួមគ្នាជាធ្លុងតែមួយ (១ករ ៣, ៨) ដើម្បី “ខិតខំរួមគ្នាដោយស្ម័គ្រចិត្ត និងដោយ​មាន​សណ្តាប់ធ្នាប់ទៅរក​​​ទិស​​​​​​ដៅ​​​តែ​​​មួយ” (ពន្លឺ ១៨)។ គេក៏ត្រូវមានចិត្តថ្លើមតែមួយ ចំណាយកម្លាំងរបស់​​​ខ្លួន​​​កសាង​​​​​​​​​ព្រះសហគមន៍ដែរ។

ហេតុនេះហើយ បានជាត្រូវតម្រែតម្រង់កិច្ចការរបស់អ្នកប្រកាសដំណឹងល្អ និងជំនួយគ្រីស្តបរិស័ទឯទៀតៗឱ្យភ្ជាប់រួមជាមួយគ្នា ដើម្បីឱ្យ “គេធ្វើការទាំងអស់នោះដោយមានសណ្តាប់ធ្នាប់” (១ករ ១៤,៤០) និងឱ្យរួម​​​សហការ​​​គ្នាក្នុងគ្រប់វិស័យនៃសកម្មភាពជាសាសនទូតផង។

២៩- ការចាត់ចែងជាទូទៅ

ក្រុមអភិបាលទាំងមូលទទួលភារកិច្ចប្រកាសដំណឹងល្អនៅលើផែនដីទាំងមូល (ពន្លឺ ២៣)។ ហេតុ​នេះហើយ បានជាសន្និបាតរបស់​អស់លោកអភិបាល ឬ “ក្រុមប្រឹក្សាអចិន្ត្រៃយ៍របស់អភិបាលនៃព្រះសហគមន៍សកល” ក្នុងចំណោម​​​កិច្ចទូ​​​ទៅរបស់អស់លោក ត្រូវយកចិត្តទុកដាក់​យ៉ាង​ពិសេសនឹងសកម្មភាព​​​ជាសាសនទូត​​​ ទុកជា​​​ភារកិច្ច​​​មួយ​​​​​​ដ៏សំខាន់​​​បំផុត និងជា​​​ភារកិច្ចដ៏សក្ការៈបំផុតរបស់ព្រះសហគមន៍។

ត្រូវឱ្យមានក្រសួងតែមួយដែលមានសមត្ថកិច្ចសម្រាប់​​​គ្រប់គ្រងតំបន់ទាំងប៉ុន្មាន ដែល​​​មានមនុស្សភាគច្រើន​​​មិន​​​ជឿលើព្រះ​​​គ្រីស្ត និងសម្រាប់​ណែនាំ​សកម្មភាពជាសាសនទូតគ្រប់យ៉ាង គឺ “ក្រសួងផ្សព្វផ្សាយ​​​ជំនឿ”។ ក្រសួង​​​នោះត្រូវណែនាំ​​​ និង​​​​​​ចាត់​​​ចែង​​​កិច្ច​​​ និងសកម្ម ភាពជាសាសនទូត​​​ទាំងនោះនៅលើផែនដីទាំង​​​មូលឱ្យ​​​​រួមសហការ​​​គ្នា។ ក៏​​​ប៉ុន្តែ​​​​​​ ត្រូវ​​​គោរព​​​​​​​​​សិទ្ធិព្រះសហគម​​​ន៍នៅមជ្ឈិមបូព៌ាទុកដោយ ឡែក។

ព្រះវិញ្ញាណដាស់តឿនគ្រីស្តបរិស័ទតាមរបៀបផ្សេងៗពីគ្នាក្នុងព្រះសហគមន៍របស់ព្រះជាម្ចាស់ ឱ្យគេមាន​​​គំនិតជា​​​សាសនទូត។ ជារឿយៗ ព្រះវិញ្ញាណតែងតែមានសកម្មភាព មុនអស់លោកដែល​មាន​មុខងារណែនាំ​​​ការ​​​រស់​​​នៅ​​​​​​របស់ព្រះសហគមន៍ទៅទៀត។ ក៏ប៉ុន្តែ តាមតែខ្លួនអាចធ្វើបាន ក្រសួងនោះត្រូវ​ខិតខំ​ជួយ​​ឱ្យមាន​គ្រីស្តបរិស័ទ​ខ្លះ​​​តប​​​​​​ឆ្លើយ​​​នឹងព្រះជាម្ចាស់​ដែលត្រាស់​ហៅគេ​ឱ្យទៅជាសាសនទូត និងផ្សព្វ​ផ្សាយ​ចិត្តគំនិតជាសាសនទូតផងដែរ។ ក្រសួង​​​នោះត្រូវ​ខិត​ខំនាំឱ្យគ្រីស្តបរិស័ទមានចិត្ត​ខ្នះខ្នែង ​​​និងអង្វរ​ព្រះ​​​ជាម្ចាស់​​​សូមព្រះអង្គ​​​ប្រទានពរ​​​ដល់ព្រះ​​​សហគមន៍នៅតំបន់ដែលមានមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត។ ត្រូវបោះ​ពុម្ព​ផ្សាយ​ដំណឹងផ្សេងៗដ៏ពិតប្រាកដ ហើយ​​​​ដែល​មានសារៈសំខាន់អំពីព្រះ​សហគមន៍ទាំងនោះទៀតដែរ។ ក្រសួងនោះត្រូវដាស់តឿនឱ្យមានសាសន​​​ទូត​​​ច្រើន ព្រមទាំងចែកសាសនទូត​ទាំងនោះតាមតម្រូវការដ៏​សំខាន់​ជាងគេនៃតំបន់នានា។ ក្រសួងនេះត្រូវចាត់​​​ចែង​​​ផែន​​​​​​ការណ៍ប្រកបដោយប្រាជ្ញា ដើម្បីឱ្យសាសនទូត​ប្រព្រឹត្តសកម្មភាព។ ក្រសួងនោះត្រូវ​បញ្ចេញ​សេចក្តីណែនាំ និង​​​គោ​​​លការណ៍សម្រាប់ការប្រកាស​ដំណឹង​ល្អឱ្យបានសមស្របតាមសភាពការណ៍ ព្រមទាំងត្រូវជំរុញ​​​គ្រីស្តបរិស័ទ​​​ក្នុង​​​កិច្ច​​​​ប្រកាស​ដំណឹងល្អនោះ។ ក្រសួងនោះត្រូវចាត់ចែងការរៃប្រាក់យ៉ាង​សកម្ម និងដោយរួមសហការគ្នា ព្រម​​​ទាំង​​​ចែក​​​​​​រំលែកធនធាន​​​ទាំងនោះតាមសេចក្តីត្រូវការ តាមប្រយោជន៍ និងតាម​ទំហំតំបន់ទាំងនោះស្របតាម​ចំនួន​​​គ្រីស្តបរិស័ទ និងចំនួនអ្នកកាន់​សាសនាដទៃ តាមកិច្ចការផ្សេងៗ តាមគ្រឹះស្ថាន តាមចំនួនអ្នកបម្រើព្រះសហគមន៍ និង​​​តាម​​​ចំនួន​​​សាស​​​នទូតដែរ។

ក្រសួងផ្សព្វផ្សាយជំនឿនេះ ​ត្រូវរួមសហការជាមួយក្រសួងបង្រួបបង្រួម​​​គ្រី​​​ស្តបរិស័ទឱ្យ​​​រួប​​​រួម​​​គ្នា​​​ជា​​​ធ្លុង​​​​​​តែ​​​មួយ ដើម្បីជួយរកផ្លូវ ​និងមធ្យោបាយចាត់ចែងការសហការជាមួយគ្រីស្តបរិស័ទនិកាយផ្សេងៗទុក​ជាបង​ប្អូន​។ ត្រូវរួប​​​រួម​​​​ជាមួយក្រុមជំនុំគ្រីស្តបរិស័ទផ្សេងៗ ដែលបង្កើតសកម្មភាពជាសាសនទូត មិនត្រូវទាស់​ទែង​គ្នាក្នុង​​​គោល​​​បំណង​​​ផ្សះផ្សាគ្នា ប្រសិនបើអាចធ្វើបាន ព្រោះការបែបបាក់គ្នា​នេះ​ជាមូលហេតុ​រារាំងមិន​ឱ្យ​មនុស្ស​ជឿ​​​លើ​​​ព្រះ​​​គ្រីស្តបាន។

ហេតុនេះហើយ បានជាក្រសួងនោះត្រូវជាអង្គភាពរដ្ឋបាលផង និងត្រូវជាអង្គ​​​ភាព​​​ចាត់ចែ​​​ង​​​ដែល​​​មាន​​​ជីវិត​​​រស់​​​រវើក​​​​​​ផង។ ត្រូវប្រើវិធីបែបវិទ្យាសាស្ត្រ និងប្រើមធ្យោបាយស្របតាមសភាពការណ៍នាបច្ចុប្បន្នកាលយើងនេះ ​គឺ​​​ថា ត្រូវ​​​គិតគូរដល់អ្នកសិក្សាស្វែងរកតាមទេវវិទ្យា តាមវិជ្ជាចាត់ចែងវិធី និងតាមវិជ្ជាណែនាំ​គ្រីស្តបរិស័ទឱ្យ​​​ទៅ​​​ជា​​​សាសនទូតផង​​​ដែរ។

អស់លោកដែលរួមសហការក្នុងកិច្ចការជាសាសនទូត ត្រូវជ្រើសរើសតំណាងឱ្យ​​​ចូលក្នុង​​​អង្គ​​​ភាព​​​ណែនាំ​ក្រសួង​​​​​​​នោះ គឺអភិបាល​ជាតំណាង​មកពី​សកល​លោកទាំងមូល ដើម្បីឱ្យក្រសួងស្តាប់យោបល់​​​ក្រុម​​​អភិបាល​​​​​​​តាម​​​ប្រទេស​​​នានា។ ត្រូវមានមេដឹកនាំខ្លះនៃគ្រឹះ ស្ថាននានា ព្រម​ទាំង​មេដឹកនាំ​នៃក្រុម «កិច្ចការសាសនទូតរបស់​អភិបាល​​​​​ក្រុម​​​រ៉ូម»។ តំណាង​​​ទាំង​​​នោះត្រូវរួមចំណែកក្នុងការណែនាំក្រសួងយ៉ាងសកម្ម ដោយមាន​សម្លេង​អាច​សម្រេច​សេចក្តី​​​បាន​​​ផង។ ត្រូវជ្រើសរើសតំណាងទាំងនោះតាមរបៀប និងតាមវិធីអភិបាលព្រះសហគមន៍ក្រុងរ៉ូម​នឹងចាត់​ចែងនៅ​​​ពេល​​​ខាងមុខ។ ​ត្រូវកោះហៅតំណាងទាំងនោះឱ្យជួបជុំគ្នាតាមពេលកំណត់។ តំណាងទាំងនោះត្រូវ​ចាត់​ចែងខាង​​​លើ​​​បំផុត​​​​នូវកិច្ចជាសាសនទូតទាំងមូល ក្រោមអំណាចអភិបាលព្រះសហគមន៍​ក្រុងរ៉ូម។

ក្រសួងនេះត្រូវតែមានក្រុមអចិន្រៃ្តយ៍របស់អ្នកជំនាញការផ្តល់យោបល់ ជាអ្នកមានចំណេះជ្រៅជ្រះ ​និងមានបទ​​​ពិសោធន៍ជាខ្លាំង។ ក្នុងចំណោមកិច្ចការឯទៀតៗ ក្រុមនោះមានតួនាទីប្រមូលពត៌មានសមរម្យអំពីសភាពការណ៍តាម​​​​​​តំបន់នីមួយៗ និងតាមមតិរបស់ក្រុមមនុស្សផ្សេងៗអំពីវិធីប្រកាសដំណឹងល្អដែលត្រូវប្រើទៀតដែរ។ ក្រុមនោះ​​​ត្រូវ​​​ផ្តល់​​​សេ​​​ចក្តីសន្និដ្ឋាន​​​​​​បែបវិទ្យាសាស្រ្ត សម្រាប់ធ្វើកិច្ចការជាសាសនទូត និងឱ្យមានការ​រួមសហការគ្នា​​​ក្នុង​​​កិច្ច​​​កា​​​រ​​​​​​នោះ​​​។​ ត្រូវ​​​មានតំណាង​​​គ្រឹះស្ថាន​​​បព្វជិតា តំណាងក្រុមនានាតាមតំបន់ដែលជួយព្រះសហគមន៍នៅ​ប្រទេស​ដែល​​​មាន​​​មនុស្ស​​​ភាគ​​​ច្រើនមិនស្គាល់ព្រះគ្រីស្ត និងតំណាងអង្គការគ្រីស្ត​បរិស័ទ​ធម្មតា ជាពិសេស តំណាងអង្គ​​​ការអន្តរជាតិ​​​ចូលរួមក្នុង​​​​​​ក្រសួង​​​នេះ​​​តាមការគួរ។​​​

៣០- ការចាត់ចែងតាមតំបន់មនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត

អស់អ្នកដែលចូលរួមក្នុងកិច្ចបំពេញសកម្មភាពជាសាសនទូតត្រូវមាន “ចិត្តថ្លើមតែមួយ” (កក ៤,៣២) ដើម្បី​​​ឱ្យកិច្ចប្រកាស​ដំណឹងល្អនោះបានលទ្ធផលតាមគោលដៅ។ អភិបាលជាមេដឹកនាំ និងជាអ្នកធ្វើឱ្យកិច្ចការ​​​ជា​​​គ្រីស្តទូតទាំងអស់ក្នុងភូមិភាគរួមសហការគ្នា។ លោកមាន​ភារកិច្ច​ជំរុញសកម្មភាពជាសាសនទូត និងណែនាំ​​​សកម្មភាព​​​​​​នោះ​​​ ហើយចាត់ចែងឱ្យមានការរួមសហការគ្នា។ ក៏ប៉ុន្តែ លោក​ត្រូវរក្សាទុក និងលើកទឹកចិត្តរបស់អ្នក​​​ដែល​​​​​​មាន​​​​​​គំនិតផុសឡើងថ្មីដោយខ្លួនឯងក្នុងកិច្ចការនេះដែរ។ អស់សាសនទូត សូម្បី តែបព្វជិត​បព្វជិតាដែល​​​មិន​​​ស្ថិត​​​​​​​​​នៅក្រោមអំណាចរបស់អភិបាល ក៏ត្រូវសុខចិត្តធ្វើតាមបង្គាប់របស់លោក ក្នុង​កិច្ចការ​​​ទាំងប៉ុន្មាន​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹងមុខងារដ៏សក្ការៈជាគ្រីស្តទូតដែរ (អភិបាល ៣៥.៤)។ លោកអភិបាលត្រូវចាត់ចែងឱ្យមានក្រុ​​​មប្រឹក្សាណែនាំ​​​មួយ ដើម្បីពង្រឹងការរួមសហការនោះ ​ដោយមាន​តំណាងរបស់ក្រុមគង្វាល តំណាងរបស់បព្វជិតបព្វជិតា និង​​​តំណាងរបស់គ្រីស្តបរិស័ទ​​​ធម្មតា​​​ចូល​​​រួមផង ដើម្បីឱ្យការរួមសហការកាន់តែល្អឡើងៗ។ លោកអភិបាលត្រូវ​​​យក​​​ចិត្ត​​​ទុក​​​​​​ដាក់ចាត់ចែងកិច្ចប្រ​​​កាសដំណឹងល្អ មិនគ្រាន់ តែសំដៅចំពោះអ្នកដែលប្រែចិត្តគំនិតជឿលើព្រះគ្រីស្ត​​​ប៉ុណ្ណោះទេ តែ​​​ត្រូវ​​​​​​ចែក​​​រំលែកចំនួនអ្នកប្រកាសដំណឹងល្អ ​និងចែករំលែកចំនួនធនធានស្មើភាគគ្នា សម្រាប់បំពេញកិច្ចប្រកាស​ដំណឹង​ល្អ​ដល់​អ្នកមិនកាន់​​​គ្រីស្តសាសនា​​​ដែរ។

៣១- ការរួមសហការតាមតំបន់

ក្រុមអភិបាលក្នុងប្រទេសនានាត្រូវតែសម្រេចបញ្ហាដ៏ធ្ងន់ធ្ងរ និងបញ្ហាបន្ទាន់ជាងគេដោយរិះគិត​​​រួមគ្នា​​​ និង​​​ព្រមព្រៀងគ្នា ក៏ប៉ុន្តែ មិនត្រូវបំភ្លេចថា ភូមិភាគមានសភាពការណ៍ប្លែកៗពីគ្នាដែរ (អភិបាល ៣៦-៣៨)។ មហា​​​សន្និបាត​​​​ទូន្មាន​ឱ្យក្រុមអភិបាលរួម​កម្លាំង បង្កើតកិច្ចការផ្សេងៗ​ ដើម្បីជាប្រយោជន៍រួម​ ពោលគឺ ​ត្រូវមាន​ទេវវិទ្យាល័យ ​សាលា​រៀនកម្រិតឧត្តម និង​សាលាបច្ចេកទេស មជ្ឈមណ្ឌលណែនាំគ្រីស្តបរិស័ទ មជ្ឈមណ្ឌល​​​បង្រៀន​​​អ្នកអប់រំជំនឿ ​មជ្ឈមណ្ឌលអប់រំអំពីពិធីគោរពប្រណិប័តន៍ ព្រមទាំងមជ្ឈមណ្ឌលមធ្យោ​បាយទូរគម​នាគម​ន៍​ក្នុង​​​សង្គម។ ធ្វើដូច្នេះ អស់​​​លោកជៀស​វាង​ការប្រើ​ធនធាន​មនុស្ស និងធនធានសម្ភារៈដែលមាន​មិនគ្រប់គ្រាន់​ផង ដោយខ្ជះខ្ជាយ ហើយ​​​ក៏​​​ជៀស​​​វាង​ការបង្កើតអ្វីៗដែលមិនសូវត្រូវការប៉ុន្មាន។

ត្រូវចាត់ចែងការសហការបែបនេះ​​​យ៉ាង​​​សម​​​គួរ​​​តាមសេចកី្តត្រូវការ ​សូម្បីតែក្រុមអភិបាលព្រះសហគមន៍ក្នុង​​​ប្រទេស​​​នានា ក៏ត្រូវរួមសហការរបៀបនេះដែរ។

៣២- ការចាត់ចែង និងសកម្មភាពគ្រឹះស្ថានរបស់សាសនទូត

ត្រូវចាត់ចែងសកម្មភាពដែលគ្រឹះស្ថាន និងសមាគមនានាខាងព្រះសហគមន៍បំពេញនោះឱ្យរួម​​​សហការ​​​គ្នា។ ការសហការដូច្នេះពិត ជាមានប្រយោជន៍មែន។ ទោះជាគ្រឹះស្ថាន និងសមាគមទាំងនោះជាគ្រឹះស្ថាន និង​​​ជា​​​សមាគម​​​​​​បែបណាក៏ដោយ ក៏ត្រូវធ្វើតាមបង្គាប់​អភិបាល​​ភូមិភាគគ្រប់ៗគ្នា ក្នុងគ្រប់​ករណី​ដែលពាក់ព័ន្ធ​នឹងកិច្ច​​​ប្រកាស​​​ដំ​​​ណឹងល្អ។ ហេតុនេះ អភិបាល និងមេដឹកនាំគ្រឹះស្ថាននីមួយៗ ត្រូវចាត់ចែង​ការព្រម​ព្រៀងដោយឡែក សម្រាប់​ណែនាំ​​​​ទំនាក់ទំនងជាមួយគ្នា។

ប្រសិន​បើ​សន្តៈអាសនៈផ្ញើតំបន់មួយឱ្យគ្រឹះស្ថានណាមួយ មេដឹកនាំព្រះសហគ​​​មន៍​​​ក្នុង​​​តំបន់​​​នោះ​​​ និងគ្រឹះស្ថាននោះត្រូវយកចិត្តទុក ដាក់ចាត់ចែងអ្វីៗទាំងអស់ ឱ្យតម្រែតម្រង់ទៅរកគោលដៅតែមួយ​ គឺ​​​ជួយ​​​ឱ្យសហគមន៍​​​គ្រីស្តបរិស័ទ​ថ្មីនោះ​ចម្រើន​ឡើង និងក្លាយទៅ ជា​ព្រះសហគមន៍តាមតំបន់នៅពេលក្រោយ​ ដែល​​​មាន​​​អភិបាល​​​​​​កើតពីប្រជាជននោះណែ​នាំ តាមរការសមរម្យ ដោយមានក្រុមគង្វាលរបស់លោក​ជា​សហការីផង។

ពេលគ្រឹះ​​​ស្ថាន​​​​​​ណាផុតអាណត្តិប្រកាសដំណឹងល្អនៅតំបន់មួយ សភាពការណ៍ថ្មីមួយកើតឡើង ពេលនោះ​​​ក្រុម​​​អភិបាល និងគ្រឹះស្ថាននានាត្រូវពិគ្រោះគ្នា និងចាត់ចែងសេចក្តីណែនាំក្នុងទំនាក់ទំនងរវាងអភិបាលភូមិភាគ និងគ្រឹះ​​​ស្ថាន​​​​ទាំង​នោះ (អភិបាល ៣៥,៥-៦)។ សន្តៈអាសនៈត្រូវ​គ្រោងទុកគោលការណ៍ទូទៅ​សម្រាប់ឱ្យក្រុម​​​អភិបាល ​​​និងគ្រឹះស្ថាននានាធ្វើការ​ព្រម​ព្រៀង​គ្នាតាមតំបន់ ឬការព្រមព្រៀងដោយឡែកផង។

ទោះបីគ្រឹះស្ថាននា​​​នាប្រុងខ្លួនបន្តកិច្ចការដែលគេចាប់ផ្តើមធ្វើនោះ ដោយរួមសហការ​​​ក្នុងកិច្ចបំពេញមុខ​​​ងារ​​​ប​​​ម្រើ​​​គ្រីស្តបរិស័ទជាធម្មតាក្តី ក៏នៅពេលក្រុមគង្វាល​​​ដែល​​​កើតក្នុងប្​​​រទេស​​​នោះ​​​បាន​​​ចម្រើន​​​ចំនួន​​​ឡើង ហើយគ្រឹះស្ថាន​​​នានាត្រូវតែ​សិ្ថតនៅ​ក្នុង​ភូមិ​ភាគ​​​នោះ​​​ដដែល​​​ដោយចិត្តទូលាយ ទាំង​បំពេញកិច្ចពិសេស ឬណែនាំ​​​តំបន់​​​ខ្លះៗ ប្រសិនបើ​គេ​អាចធ្វើបាន​​​ស្របតាមគោល​ដៅ​​​​របស់​គ្រឹះស្ថានទាំងនោះ។

៣៣- គ្រឹះស្ថាននានាត្រូវរួមសហការគ្នា

គ្រឹះស្ថាននានាដែលបំពេញសកម្មភាពជាសាសនទូតក្នុងតំបន់តែមួយ ​ត្រូវរកមធ្យោបាយនិងវិធី​ឱ្យគេ​​​បំពេញ​​​សកម្មភាព​​​ដោយរួមសហការគ្នា។ ហេតុនេះហើយ បានជាក្រុមបព្វជិត និងសហព័ន្ធបព្វជិតាដែលមានគ្រឹះស្ថាន​​​ទាំង​អស់​ក្នុងប្រទេសមួយ ឬក្នុង​តំបន់​មួយចូលរួម​មាន​ប្រយោជន៍ខ្លាំងណាស់។ ក្រុមទាំងនោះត្រូវស្វែង​រកកិច្ចដែល​គេ​​​អាច​​​​ធ្វើបាន ដោយ​រួមកម្លាំង​គ្នា ហើយ​ក៏ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមអភិបាលប្រទេស​នោះ​ផងដែរ។ ដោយមូលហេតុដូចខាងលើ ត្រូវចាត់ចែងឱ្យគ្រឹះស្ថានរបស់សាសន ទូត រួមសហការគ្នាក្នុង​ស្រុក​កំណើត​របស់​​​គេ​​​តាមបែបដដែលនេះ។ ដូច្នេះ គេអាចដោះស្រាយបញ្ហា និងកិច្ចកា​រ​ដែល​គេ​ផ្តើម​គំនិតធ្វើរួមគ្នាឱ្យបានងាយ​​​ស្រួល​​​ និងដោយសន្សំកម្លាំង ​ពោលគឺ ការអប់រំ​សាសន​ទូត​ខាង​គោល​លិទ្ធិនៃគ្រីស្តសាសនា ការចាត់ចែងសិក្ខាសាលា​សម្រាប់សាសនទូត និងសេចក្តីរាយការណ៍ដែលត្រូវផ្ញើដល់​រដ្ឋ​អំណាច ឬដល់អង្គការអន្តរជាតិជាដើម។

៣៤- គ្រឹះស្ថានវិទ្យាសាស្ត្រត្រូវរួមសហការគ្នា

ត្រូវតែ​​​អប់រំ​សាសនទូតតាម​បែប​វិទ្យាសាស្ត្រ ដើម្បីឱ្យគេអាចបំពេញបេសកកម្មរបស់ខ្លួនបានតាមរបៀបជាធម្មតា និងមានសណ្តាប់ ធ្នាប់។ ជាពិសេស ត្រូវហ្វឹកហ្វឺនសាសនទូតឱ្យគេចេះរិះគិត​​​អំ​​​ពី​​​ទំនាក់ទំនង​​​គ្រីស្ត​​​សាសនា​​​​​​​​​ និង​​​សាសនាដទៃ ហើយជាមួយអរិយធម៌ឯទៀតៗ ហើយក៏ត្រូវជួយគេយ៉ាងសកម្មក្នុងពេល​​​គេទាក់ទង​​​ជាមួយសាសនា និងអរិយធម៌ទាំងនោះដែរ។ ​មហាសន្និបាតសំណូមពរ ឱ្យគ្រឹះស្ថាន​​​នានាដែល​សិក្សាវិជ្ជាជា​​​សាសនទូត និងមុខ​វិជ្ជា​ផ្សេង​ទៀត ឬ​បច្ចេកទេសដែលមាន​ប្រយោជន៍សម្រាប់ប្រទេសដែលមានមនុស្សភាគ​​​ច្រើន​​​មិន​​​ស្គាល់ព្រះគ្រីស្ត រួមសហការក្នុងការហ្វឹកហ្វឺនអំពីការសិក្សាខាងជាតិសាសន៍ ភាសាវិទ្យា ប្រវត្តិវិទ្យា ​សង្គមវិទ្យា វិជ្ជា​​​ណែ​​​នាំ​គ្រីស្តបរិស័ទ និងវិទ្យាផ្សេងៗ​​​ទៀតដែលស្រដៀងគ្នា។ ដោយគ្រឹះស្ថានទាំងនោះ​​​រួមសហការ​​​គ្នា​​​ដូច្នេះ ទើបគេអាច​​​ជួយ​​​សាសនទូតឱ្យបំពេញបេសកកម្ម​របស់​ខ្លួន និងជួយព្រះសហគមន៍ក្នុងតំបន់ដែល​​​មាន​​​មនុស្ស​​​​​​ភាគ​​​ច្រើនមិនជឿលើព្រះ​​​គ្រីស្តដែរ។

ជំពូក៦
សហប្រតិបតិ្តការ

៣៥- សេចក្តីផ្តើម

ព្រះសហគមន៍ទាំងមូលមានលក្ខណៈជាសាសនទូត។ ប្រជារាស្ត្ររបស់ព្រះជាម្ចាស់​ក៏មាន​ភារ​កិច្ច​ចម្បង គឺ​​​ប្រ​កាស​ដំណឹងល្អដែរ។ ហេតុនេះហើយ បានជាមហាសន្និបាតដ៏វិសុទ្ធ អញ្ជើញគ្រីស្តបរិស័ទ​ទាំងអស់ឱ្យប្រែចិត្ត​​​គំនិត​​​ទាំង​ស្រុង សូមភ្ញាក់ស្មារតីឡើងដឹងខ្លួន ឱ្យច្បាស់ថា ​ខ្លួនត្រូវទទួលខុសត្រូវក្នុងកិច្ច​ផ្សព្វផ្សាយដំណឹង​ល្អ​។ ខ្លួនក៏​​​ត្រូវ​​​​បំពេញមុខងារមួយផ្នែករបស់​ខ្លួនផ្ទាល់ក្នុងកិច្ច​ការជាសាសនទូត នៅចំពោះអ្នកដែលមិនកាន់គ្រីស្តសាសនា​​​ដែរ។

៣៦- ប្រជារាស្ត្រព្រះជាម្ចាស់ទាំងមូលមានភារកិច្ចជាសាសនទូត

គ្រីស្ត​បរិស័ទក្នុងឋានៈជាសិរីរាង្គរបស់ព្រះគ្រីស្តដែលមានព្រះជន្មគង់នៅ ​បានចូលរួមក្នុងព្រះកាយព្រះគ្រីស្ត​នោះ និងបានដូចព្រះអង្គដោយ​ទទួលអគ្គ​សញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស ​និងអគ្គសញ្ញា​អរ​ព្រះ​គុណ​។ ហេតុ​​​នេះ​​​ហើយ បានជាគ្រីស្ត​បរិស័ទទាំងអស់មានភារកិច្ចរួមសហការលាតសន្ធឹងព្រះកាយ​ព្រះ​គ្រីស្តឱ្យចម្រើន​ឡើង ដើម្បីធ្វើឱ្យព្រះកាយនោះបានបំពេញអ្វីៗទាំងអស់នៅពេលឆាប់ៗ (អភ ៤,​១៣)​។

ហេតុនេះហើយ បានជាគ្រីស្តបរិស័ទទាំងអស់ត្រូវភ្ញាក់ស្មារតីឡើងដឹងខ្លួនយ៉ាងច្បាស់ថា គេត្រូវទទួល​​​ខុស​​​ត្រូវ​​​ចំពោះមនុស្សលោក។ ​គេត្រូវពង្រឹងចិត្តគំនិតជាកាតូលិក គឺចិត្ត “សកល” ​​​យ៉ាងពិតប្រាកដ យកចិត្ត​​​ទុក​​​ដាក់​​​នឹង​​​មនុស្ស​​​​​​ទាំងអស់ក្នុងសកលលោក​​​​​​ និង​ចំណាយ​កម្លាំង​របស់​ខ្លួន​​​​ក្នុង​កិច្ចប្រកាស​ដំណឹង​ល្អ។ ប៉ុន្តែ គេត្រូវដឹងទាំង​​​អស់​​​​​​​​​គ្នាថា ភារកិច្ចចម្បងដ៏សំខាន់​ជាងគេ​​បំផុត​ក្នុង​កិច្ចផ្សព្វ​​​ផ្សាយ​​​ជំនឿ គឺ​ឱ្យ​គេ​រស់​នៅបែបល្អប្រសើរ​​​ជា​​​គ្រីស្តបរិស័ទ​​​។​​​ ប្រសិនបើគេ​យក​ចិត្ត​ទុកដាក់បម្រើ​ព្រះ​ជាម្ចាស់​យ៉ាងខ្លាំង និង​​​​​​មានចិត្តស្រឡាញ់អ្នកដទៃ គេមុខជានឹងនាំកម្លាំង​ខាង​​​ព្រះ​វិញ្ញាណមកព្រះ​សហគមន៍​ទាំងមូលពុំខាន។ ពេលនោះ ​​​ព្រះ​​​​​​សហគមន៍ក៏នឹងលេចធ្លោឡើង ទុកជា​ទង់ ជា​​​សញ្ញា​​​​សម្គាល់​​​​​មួយក្នុងចំណោមប្រជាជាតិ​ទាំងឡាយ (អស ១១,១២) និងជា “ពន្លឺសម្រាប់បំភ្លឺមនុស្សលោក” (មថ ៥,១៤) ហើយ ”ជាអំបិលស​ម្រាប់​មនុស្ស​លោក” (មថ ៥,១៣)។ ប្រសិនបើគ្រីស្តបរិស័ទផ្តល់​សក្ខីភាព​​​ដោយរស់​​​នៅបែបនោះ រួមជាមួយក្រុមគ្រីស្តបរិស័​​​ទនិកាយផ្សេងៗ ស្របតាម​​​ក្រឹត្យ​​​ក្រមស្តីអំពីការ​​​បង្រួប​​​បង្រួម​​​គ្រីស្តបរិស័ទ​​​ឱ្យ​​​រួម​​​​​​គ្នាជា​​​ធ្លុងតែមួយ (បង្រួប ១២)។ សក្ខីភាពរបស់គ្រីស្តបរិស័ទ​​​ដែល​​​រស់បែបនោះ ក៏រឹតតែបានលទ្ធ​ផល​ល្អទៅ​ទៀតផង។

គ្រីស្តបរិស័ទដែលប្រែចិត្តគំនិតជាថ្មីបែបនោះ មុខជានឹងពោលពាក្យអង្វរព្រះជាម្ចាស់ ​ដែលផុស​ឡើង​ឯក​ឯង​ពីក្នុងចិត្ត និងនាំឱ្យគេធ្វើកិច្ចតបធម៌ផ្សេងៗថ្វាយព្រះអង្គ សូមទ្រង់ប្រណីសន្តោសឱ្យកិច្ចការរបស់​សាសនទូត​បាន​​​​ផលជាច្រើន។ ចិត្ត​គំនិត​ថ្មីនោះក៏មុខជានឹងបណ្តាលឱ្យព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទ​ឱ្យធ្វើជា​​​សាសន​​​ទូត និងឱ្យព្រះសហគមន៍ដែលនៅប្រទេសដែលមានមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត បានធនធានសាសនទូត​​​តាមតម្រូវការ​​​។

ត្រូវប្រើមធ្យោបាយទំនើបខាងទូរគមនាគមន៍ក្នុងសង្គម ដើម្បី​​​ផ្សព្វ​​​ផ្សាយ​​​ពត៌មានអំពីកិច្ចការជាសាសនទូត ដើម្បីឱ្យគ្រីស្តបរិស័ទម្នាក់ៗ និងគ្រីស្តបរិស័ទទាំងអស់ស្គាល់​សភាពការណ៍​​​ប​​​ច្ចុប្បន្ននៃព្រះសហគមន៍​​​ក្នុង​​​ពិភពលោក​​​ទាំង​​​មូលយ៉ាងច្បាស់។ ពេលនោះ​ គេមុខជានឹងបានឮសម្លេងរបស់មនុស្សច្រើន​​​អនេក​​​ស្រែកឡើងថា ”សូមមកជួយ​​​យើងផង!” (កក ១៦,៩) ហើយ​ភ្ញាក់​ស្មារតីថា សកម្ម ភាពជាសាសនទូត​​​ក៏​​​ពិតជា​​​សកម្មភាព​​​របស់ខ្លួនផ្ទាល់។ នៅ​​​ពេល​​​នោះ ​​​គេមុខជានឹងមាន​ចិត្ត​ទូលាយ សុខចិត្តជួយតាមតម្រូវការដ៏សម្បើមរប​​​ស់មនុស្ស​​​លោក ហើយ​​​នាំគ្នាជួយ​​​គេ​​​ផង​​​ដែរ។

ត្រូវរូមសហការគ្នាក្នុងការប្រមូលព័ត៌មាន និងឱ្យអង្គការជាតិ និង​​​អន្តរជាតិរួមសហការគ្នាទៀតផង។

៣៧- សហគមន៍គ្រីស្តបរិស័ទមានភារកិច្ចទៅជាសាសនទូត

ប្រជារាស្រ្តរបស់ព្រះជាម្ចាស់រស់នៅជាព្រះសហគមន៍ៗ ជាពិសេស គឺមានព្រះសហកមន៍ភូមិភាគ និងព្រះ​​​សហគមន៍​ភូមិ។ មនុស្សលោកឃើញប្រជារាស្រ្តនេះនៅតាមសហគមន៍ទាំងនោះ។ ហេតុនេះហើយ បានជាសហគមន៍ទាំង​​​នោះ​​​​​​មានភារកិច្ចផ្តល់សក្ខីភាពអំពីព្រះគ្រីស្តនៅចំពោះមុខសាសន៍ដទៃ។ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះ​​​ជាម្ចាស់ដែល​​​ប្រោសឱ្យសហគមន៍ទាំងនោះប្រែជាថ្មីកាន់តែខ្លាំងឡើងៗ ​​​អាចចម្រើនឡើងបានក្នុងសហគមន៍​​​ទាំង​​​​​​នោះ លុះត្រាតែ​​​សហគមន៍​​​នីមួយៗលាតសន្ធឹង​​​​​​សេចក្តីស្រឡាញ់របស់ខ្លួន​​​ រហូតដល់ទីដាច់ស្រយាលនៃផែនដី។ សហគមន៍ទាំងនោះក៏ត្រូវយកចិត្តទុកដាក់នឹ​​​ងអ្នកដែលនៅឆ្ងាយ ដូចគេ​​​យក​​​ចិត្ត​​​ទុកដាក់នឹង​សមាជិក​របស់​ខ្លួន​ផ្ទាល់​​​ដូច្នោះ​​​ដែរ។

ធ្វើដូច្នេះ សហគមន៍ទាំងមូល​​​អធិ​​​ដ្ឋានរួមសហការជាមួយគេ ​មានសកម្មភាពក្នុងចំណោមប្រជាជន​របស់​​​អ្នកដែលមិនកាន់គ្រីស្តសាសនា ​តាមរយៈបុត្រធីតាដែលព្រះជាម្ចាស់បានជ្រើសរើស ឱ្យបំពេញ​បន្ទុក​​ជា​សាសនទូត ជាបន្ទុកដ៏ប្រសើរអស្ចារ្យ។

សមាគមត្រូវនៅតែមានទំនាក់ទំនងជាមួយសាសនទូតទាំងប៉ុន្មានដែលចេញពីសហគមន៍នោះ ឬឱ្យ​មាន​ទំនាក់​​ទំនងជាមួយ សហគមន៍មួយថ្មី និងជាមួយភូមិភាគក្នុងប្រទេសដែលមានមនុស្សភាគច្រើន​មិនជឿលើ​ព្រះ​គ្រីស្ត ដើម្បី​​​​​​បង្ហាញបញ្ជាក់ថា សហគមន៍នោះទៅជាចំណងដែលគេមើលឃើញបានអំពី​ព្រះសហគមន៍​នានារួប​រួមគ្នា និង​​​ដើម្បី​​​ក​សាង​​​គ្នាទៅ​វិញ​ទៅ​មក​ផង។ តែត្រូវប្រយ័ត្នកុំឱ្យសហការបែបនោះ​នាំឱ្យ​ធ្វេសប្រហែសនឹងកិច្ចការជា​សាសនទូត​​​​​​​សកលឡើយ។

៣៨- ភារកិច្ចរបស់អភិបាលក្នុងកិច្ចការជាសាសនទូត

អស់លោកអភិបាល ក្នុងឋានៈអស់លោកជាសមាជិកនៃក្រុមអភិបាលដែលបន្តពីក្រុមគ្រីស្តទូតមក ​ក៏ទទួលអគ្គសញ្ញាតែងតាំងជាអភិបាល មិនគ្រាន់តែដើម្បីណែនាំភូមិភាគមួយប៉ុណ្ណោះទេ ​តែដើម្បីជួយសង្គ្រោះមនុស្ស​​លោក​ទាំងមូលផង។ ព្រះគ្រីស្តមានព្រះបញ្ជា ឱ្យគ្រីស្តទូតប្រកាសដំណឹងល្អ​ដល់​មនុស្ស​ទាំង​អស់ (មក ១៦,១៥)។ ព្រះ​​​បញ្ជានោះ​សំដៅមកចំៗលើ​អស់​លោក​ផ្ទាល់មុនគេ រួមជាមួយគ្រីស្តទូត​សិលា ហើយក៏ក្រោមការណែនាំរបស់​​​គ្រីស្តទូតសិលាដែរ។ ហេតុនេះ​ហើយ បាន​ជាព្រះ​សហគមន៍ទាំង​ប៉ុន្មាន​​​រួបរួម​គ្នា និងសហការគ្នាជាចាំបាច់បំផុត​នា​បច្ចុប្បន្នកាលនេះ ដើម្បីបន្តកិច្ច​ប្រកាស​ដំណឹងល្អ។ ដោយព្រះសហគមន៍រួបរួមគ្នាដូច្នេះ ព្រះសហ គមន៍នី​មួយៗ​យក​​​​ចិត្ត​ទុក​ដាក់នឹង​ព្រះសហគមន៍ឯទៀតៗទាំងអស់។ ព្រះសហគមន៍​នីមួយៗជម្រាប​សេចក្តីត្រូវការរបស់ខ្លួនឱ្យគ្នា​ទៅ​វិញទៅមក និង​ចែករំលែកធនធានគ្នា ដ្បិត​ក្រុម​អភិបាល​ទាំងមូល​មាន​ភារកិច្ច​ធ្វើ​ឱ្យ​ព្រះកាយ​ព្រះគ្រីស្ត​ចម្រើន​ឡើង (ពន្លឺ ២៣-២៤)។

អភិបាលម្នាក់ៗរួមជាអង្គតែមួយនឹងភូមិភាគរបស់ខ្លួន។ ពេលណាលោកធ្វើឱ្យកិច្ចការជាសាសនទូត​ក្នុងភូមិភាគរបស់លោកមានជីវិត​រស់​រវើក ពេលលោកជំរុញកិច្ចការនោះ​ទៅមុខ ឬណែនាំកិច្ចការជាគ្រីស្តទូត ពេល​​​នោះ​​​ លោកហាក់ដូចជាបង្ហាញចិត្តគំនិតខ្នះខ្នែងរបស់ប្រជារាស្រ្តព្រះជាម្ចាស់ ដែលបំពេញ​កិច្ច​ការជាសាសនទូតឱ្យ​​​គេ​​​ឃើញ។ ធ្វើដូច្នេះ លោកណែនាំឱ្យគ្រីស្តបរិស័ទទាំងអស់ក្នុង​ភូមិភាគទាំងមូល​ទៅ​ជាសាសនទូតដែរ។

លោកអភិបាលត្រូវយកចិត្តទុកដាក់ធ្វើឱ្យមានគ្រីស្តបរិស័ទក្នុងប្រជាជនរបស់លោក ​ជាពិសេស ក្នុងចំណោមជន​ពិការ និង​ជន​ដែល​កើត​ទុក្ខ អង្វរព្រះជាម្ចាស់ និងថ្វាយតបធម៌​ទៅព្រះអង្គអស់ពីដួងចិត្ត ដើម្បី​ឱ្យ​មនុស្សលោកទទួល​​​ដំណឹងល្អ​។ លោកត្រូវលើកទឹកចិត្តយុវជន និងគង្វាលឱ្យចូល​គ្រឹះស្ថាន​សាសនទូត ឱ្យសុខចិត្តទាំង​​​អរព្រះ​​​គុណ​​​ព្រះជាម្ចាស់ ដោយព្រះអង្គជ្រើស​រើសអ្នក​ខ្លះឱ្យ​ចូល​ក្នុង​សកម្មភាព​ជា​សាសនទូតរបស់​ព្រះ​​​សហគមន៍សកល។ លោកត្រូវដាស់តឿន និងជួយក្រុមគ្រួសារបព្វជិតបព្វជិតាក្នុងភូមិ​ភាគ ឱ្យ​បំពេញ​ផ្នែក​របស់​ខ្លួន​​​ក្នុង​​​កិច្ចការជា​​​សាសនទូត​​​។​​​ លោកត្រូវណែនាំឱ្យគ្រីស្តបរិស័ទជួយកិច្ចការ​របស់​គ្រឹះស្ថាន​​សាសនទូត ជាពិសេស «កិច្ចការសាសនទូត​​​របស់​អភិបាលព្រះសហគមន៍ក្រុងរ៉ូម»។ គួរលើកតម្កើងកិច្ចការ​ទាំង​នោះយ៉ាងខ្លាំង ព្រោះកិច្ចការ​​​ទាំ​​​ង​​​នោះជា​​​មធ្យោបាយ​​​ធ្វើឱ្យគ្រីស្តបរិស័ទ​មានចិត្តគំ​និត​សកល និងជា​សាសនទូត​ទៀតផងតាំងពីក្មេងមក។ «កិច្ច​​​ការ​​​ជាសាសនទូតរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូម» គឺជា​មធ្យោបាយ​ប្រកបដោយប្រសិទ្ធិភាព​​​សម្រាប់ប្រមែ​ប្រមូល​​​ធនធាន ដើម្បីជា​​​ប្រយោជន៍​​​ដ​​​ល់ព្រះសហគមន៍នៅតំបន់ទាំងប៉ុន្មានដែលមានមនុស្សភាគច្រើន​មិនជឿលើ​ព្រះគ្រីស្ត តាម​សេចក្តី​​​ត្រូវ​​​ការ​​​​ព្រះសហគមន៍នីមួយៗនោះ។

ត្រូវការចំនួនកម្មករធ្វើ​​​ការក្នុងចម្ការរបស់ព្រះអម្ចាស់ ឱ្យកាន់តែច្រើនឡើងៗ​ជារៀងរាល់ថ្ងៃ។ ម៉្យាង​ទៀត ក្នុង​ភូមិ​ភាគ​នីមួយៗក៏មានបូជាចារ្យភូមិភាដែលមានបំណងប្រាថ្នាចង់បំពេញមុខងារក្នុងកិច្ចប្រកាស​​​ដំណឹង​​​​​​​​​ល្អ​​​​​​ក្នុង​​​​​​ពិភព​​​​​​​​​លោក​​​​​​​​​ទាំងមូលកាន់តែខ្លាំងឡើងៗដែរ។ ហេតុនេះហើយ បានជាមហាសន្និបាតដាស់តឿន​អស់​លោក​​​​​​​អភិបាល​​​ឱ្យរិះគិតថា ការខ្វះចំនួនបូជាចារ្យខ្លាំងពេក ជាហេតុរារាំងកិច្ចប្រកាស​ដំណឹង​ល្អ​ក្នុង​​​តំបន់​​​ជា​​​ច្រើន។ សូមអស់​លោក​សុខចិត្តចាត់បូជាចារ្យដ៏ល្អប្រសើរជាងគេពីភូមិភាគរបស់ខ្លួន ​ដែលសូម​ទៅ​បំពេញ​​​កិច្ចការ​​​ជាសាសនទូតនោះ ឱ្យទៅក្នុងភូមិភាគដែលខ្វះគង្វាល។ ​ប៉ុន្តែ បូជាចារ្យទាំង​នោះត្រូវ​ទទួល​​​​ការ​អប់រំតាមសេចក្តីត្រូវ​ការជាមុនសិន​។ បូជាចារ្យទាំងនោះនឹងត្រូវបំពេញមុខងារបម្រើ​ជាសាសនទូត​ក្នុង​តំបន់ ​​​ដែល​​​មានមនុស្សភាគច្រើនមិនស្គាល់ព្រះគ្រីស្ត ​យ៉ាងហោចណាស់បាន​​​មួយរយៈពេល។

ក្រុមអភិបាលក្នុងប្រទេសនីមួយៗ ត្រូវចាត់ចែងការរួមសហការឱ្យមាន​របៀបរៀបរយក្នុងតំបន់​របស់​អស់​​​លោក ដើម្បីឱ្យអស់លោកអាចបំពេញសកម្មភាពជាកិច្ច ជាសាសនទូតយ៉ាងសកម្ម ដើម្បីជាប្រយោជន៍ដល់​​​ព្រះ​​​សហគមន៍​​​​ទាំងមូល។

ពេលអស់លោកអភិបាលប្រជុំគ្នាជាក្រុមអភិបាល សូមចាត់ចែងអំពីបូជាចារ្យពីក្រុមគង្វាលក្នុង​ភូមិភាគ​ដែល​ត្រូវចាត់ឱ្យទៅបម្រើកិច្ចប្រកាសដំណឹងល្អដល់ប្រជាជាតិទាំងឡាយ។ សូមឱ្យលោក​សម្រេច​ចំនួន​ប្រាក់​ដែល​ភូមិភាគ​នីមួយៗត្រូវតែប្រគល់​ជារៀង​រាល់​ឆ្នាំ ​សម្រាប់​កិច្ចការជាសាសនទូតនោះ គឺស្រប​តាម​ប្រាក់​​​ចំណូលនៃភូមិភាគ​​​របស់ខ្លួន (អភិបាល ៦)។ សូមសម្រេចអំពីគោលដៅ អំពីរបៀបចាត់ចែងធនធានសម្រាប់​​​ជួយ​​​ព្រះ​​​សហគមន៍ក្នុង​​​ប្រទេស ​​​ដែលមានមនុ​​​ស្សភាគច្រើនមិនជឿលើព្រះគ្រីស្ត។ សូមសម្រេចអំពីជំនួយ​សម្រាប់​គ្រឹះស្ថាន​សាសនទូត និងសម្រាប់​​​ទេវវិទ្យាល័យ​​​ភូមិភាគនៃព្រះសហគមន៍ក្នុងប្រទេសមនុស្សភាគច្រើន​មិនជឿ​លើ​​​ព្រះ​​​​គ្រីស្ត ហើយប្រសិន​បើ​ត្រូវការ ត្រូវ​​​សម្រេចបង្កើតទេវវិទ្យាល័យក្នុងតំបន់នោះទៀតផង។ សូមសម្រេចពង្រីក និងពង្រឹងចំណងទាក់ទងរវាង​គ្រឹះស្ថាន​​​​សាសនទូត​​ជាមួយភូមិភាគនានាឱ្យកាន់តែ​ជិត​ស្និទ្ធ​ឡើងៗ។

ក្រុមអភិបាលក៏មានភារកិច្ចតែងតាំង និងពង្រឹង​កិច្ចការផ្សេងៗ​សម្រាប់ទទួល​អស់ជនដែលចាកចេញ​ពីតំបន់​ ដែលមានមនុស្សភាគច្រើនមិនជឿលើ​​​ព្រះគ្រីស្ត មករស់នៅក្នុងភូមិភាគ​របស់​អស់​លោក។ អ្នកទាំងនោះចេញ​​​ពី​​​ប្រទេសរបស់ខ្លួនដោយ​​​មានមូលហេតុ​​​ផ្សេងៗ ឧទាហរណ៍ មករកការងារ​​​ធ្វើ ឬមកសិក្សានៅឯបរទេសជាដើម។ ត្រូវ​​​​​​ទទួល​​​​អ្នកទាំង​នោះ​យ៉ាងរាក់ទាក់​​ទុក​ជា​បងប្អូន ហើយយកចិត្តទុកដាក់នឹងណែនាំគេយ៉ាងសមរម្យខាង​​​សាសនា​​​។​​​ ដោយ​​​ជន​​​ទាំង​​​នោះ​ចូល​មករស់នៅក្នុងប្រទេសរបស់អស់លោក ប្រជាជនទាំង​ឡាយដែលនៅឆ្ងាយ ក៏ដូច​​​ជាមក​​​រស់​​​​នៅក្បែរ​អស់​​​​លោកហើយ។ ម្យ៉ាងទៀត ជនបរទេសចូលមករស់នៅក្នុងស្រុកអស់​លោក ក៏ផ្តល់ឱកាស​ឱ្យ​​​ព្រះសហគមន៍ដែល​​​​មានគ្រីស្តបរិស័ទជាយូរមកហើយ អាចចាប់ផ្តើមមានទំនាក់ទំនង​ជាមួយប្រជាជាតិដែល​មិនទាន់​បានឮ​ដំណឹង​ល្អ​​​ដែរ។ សហគមន៍គ្រីស្តបរិស័ទទាំងនោះ​ក៏អាចបង្ហាញឱ្យគេឃើញព្រះភ័ក្ត្រដ៏ពិតប្រាកដរបស់​ព្រះ​គ្រីស្ត ដោយ​​​គ្រីស្តបរិស័ទ​បម្រើ​គេទាំងមានចិត្តស្រឡាញ់ និងជួយគេផង។

៣៩- ក្រុមគង្វាលមានភារកិច្ចធ្វើជាសាសនទូត

លោកគង្វាលជារូបតំណាងរបស់ព្រះគ្រីស្ត និងជាសហការីរបស់ក្រុមអភិបាល​ក្នុងមុខងា​រ​ដ៏សក្ការៈ​ទាំង​បី​​​ ដែល​​​មាន​​​លក្ខណៈភ្ជាប់នឹងបេសកកម្មរបស់ព្រះសហគមន៍ (ពន្លឺ ២៨)។ ហេតុនេះហើយ ​បាន​ជាលោកគង្វាលត្រូវយល់​យ៉ាងជាក់ច្បាស់​ថា អស់លោក​ញែកខ្លួនថ្វាយ​ព្រះជាម្ចាស់ ដើម្បីបម្រើកិច្ចការជាសាសនទូតដែរ។ អស់​​​លោក​​​​មាន​មុខងារ​បម្រើផ្ទាល់មួយដ៏ពិសេស គឺថ្វាយ​អភិបូជា​ជាដើម ដែលធ្វើឱ្យព្រះ​សហគមន៍បាន​​​ពេញ​​​លក្ខណៈ​​​។ អស់លោករួបរួមជាមួយព្រះ​គ្រីស្ត​ជា​ព្រះសិរសា ហើយ​នាំ​អ្នកដទៃ​ឱ្យរួបរួម​ជាមួយ​ព្រះ​​​​អង្គ​ដែរ​​​។ ដូច្នេះអស់​​​លោក​​​​​​គង់តែដឹងខ្លួនថា ​ព្រះកាយ​ព្រះគ្រីស្តនៅតែខ្វះ​សមាជិក​ជា​ច្រើន គឺព្រះកាយ​​​មិនទាន់​​​ពេញ​​​​​​​លេញ​​​នៅ​​​ឡើយ។ អស់​​​លោកក៏គង់តែដឹងថា ខ្លួនត្រូវខិតខំធ្វើ​អ្វី​ដើម្បីឱ្យ​ព្រះកាយនោះចម្រើន​​​ឡើង​​​ជា​​​រៀងរាល់​​​ថ្ងៃ។ ហេតុនេះ​​​ហើយ​​​ បានជាអស់លោកមុខជានឹងចាត់​ចែង​កិច្ច​ណែ​នាំគ្រីស្តបរិស័ទ ដើម្បីឱ្យមានប្រយោជន៍ដល់​​​​កិច្ចកា​​​រផ្សព្វផ្សាយ​​​ដំណឹងល្អក្នុង​ចំណោម​សាសន៍​ដទៃ​។

ពេលអស់លោកង្វាលបំពេញមុខងារណែនាំគ្រីស្តបរិស័ទ អស់លោកត្រូវដាស់​តឿនគេ​ឱ្យ​​​មាន​​​ចិត្ត​​​​ខ្នះខ្នែងក្នុង​កិច្ចប្រកាសដំណឹងល្អក្នុងពិភពលោកទាំងមូល។ ដោយអប់រំជំនឿរបស់គេ និងធ្វើពិធីអត្ថាធិប្បាយ​​​គម្ពីរ អស់លោកបង្រៀនអំពីព្រះ​​​សហគមន៍មានបេសកកម្មប្រកាសព្រះគ្រីស្តដល់សាសន៍ដទៃ។ អស់លោក​ត្រូវ​​​បង្រៀន​​​ក្រុម​​​​​​​គ្រួសារ​គ្រីស្តបរិស័ទឱ្យដឹងអំពីការចាំបាច់ និងកិត្តិយសដោយមានកូនទៅជាសាសនទូត ប្រសិនព្រះជា​​​ម្ចាស់​​​​​​​ត្រាស់​​​​​​​​​​​ហៅ​កូនប្រុសកូនស្រី​របស់ខ្លួនឱ្យ​ទៅជាសាសនទូត ត្រូវជួយកូនៗឱ្យតបឆ្លើយនឹងព្រះអង្គ។ អស់​លោក​ត្រូវ​​​​​​​​​លើក​​​​​​ទឹកចិត្ត​យុវជនយុវនារី​តាមសាលារៀន ឬតាមសមាគមគ្រីស្តបរិស័ទ ឱ្យមានចិត្តខ្នះខ្នែងនឹង​កិច្ច​ការ​​​ជា​​​សាសនទូត។ ធ្វើដូច្នេះ មុខជានឹងមានអ្នកចេញមកពីចំណោមរបស់គេទៅប្រកាសដំណឹង​ល្អពុំខាន។ អស់លោកគង្វាល​ត្រូវបង្ហាត់គ្រីស្តបរិស័ទឱ្យអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរដល់ព្រះសហគមន៍​ក្នុងប្រទេសដែល​មាន​មនុស្ស​ភាគ​​​ច្រើន​​​មិនជឿលើព្រះគ្រីស្ត។ កុំខ្មាស់នឹងសំុទានសម្រាប់ជួយព្រះសហគមន៍ទាំងនោះឡើយ ​ព្រោះ​​​អស់​​​លោក​​​​​​ក្លាយ​​​ទៅ​​​ជាអ្នកសុំទានសម្រាប់ព្រះគ្រីស្ត និងដើម្បីសង្គ្រោះមនុស្សលោក។

សាស្ត្រាចារ្យនៃទេវវិទ្យាល័យ ​និងសកលវិទ្យាល័យត្រូវបង្រៀនយុវជនឱ្យស្គាល់សភាព​ការណ៍​ដ៏ពិត​ប្រាកដ​​​នៃ​ពិភពលោកផង និងសភាពការណ៍របស់ព្រះសហគមន៍ផង។ ធ្វើដូច្នេះ យុវជនទាំង​នោះមុខជានឹង​យល់​​​កាន់​​​តែច្បាស់អំពីការចាំបាច់នៃកិច្ច​ប្រកាសដំណឹងល្អដល់សាសន៍ដទៃ ហើយយុវជនទាំង​នោះមុខជានឹងមាន​​​ចិត្ត​​​ខ្នះខ្នែងជួយព្រះសហគមន៍ទាំងនោះជាពំុខាន។ ពេលសាស្រ្តាចារ្យបង្រៀនគោលលទ្ធិនៃគ្រីស្តសាសនា ឬបង្រៀន​​​គម្ពីរ ឬបង្រៀន​សីលធម៌ និងប្រវត្តិសាស្រ្តអស់លោកត្រូវបង្ហាញ​ឱ្យបានច្បាស់អំពីសេចក្តីដែល​ពាក់ព័ន្ធនឹង​កិច្ច​​​​ការ​​​ជា​​​​សាសនទូតដែលកប់ទុកក្នុងមុខវិជ្ជាទាំងនោះ ដើម្បីឱ្យយុវជនដែលទទួលការអប់រំឱ្យ​ទៅជាបូជាចារ្យ (អាចារ្យ) នៅ​​​ពេលអនាគតភ្ញាក់​ស្មារតីជាសាសនទូត។

៤០- គ្រឹះស្ថានបព្វជិតបព្វជិតាដែលមានទិសដៅឱ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈមានភារកិច្ចជាសាសនទូត

​តាំងពីដើមរៀងមក ហើយក៏ដូចនៅសព្វថ្ងៃដែរ គ្រឹះស្ថានបព្វជិតបព្វជិតា ទាំងគ្រឹះស្ថានបព្វជិតព្វជិតា​​​ដែល​​​មាន​​​គោ​​​លដៅស្មឹងស្មាធិ៍ធ្វើសមាធិ ទាំងគ្រឹះស្ថាន​បព្វជិត​បព្វជិតា​ដែលតែងតែមានសកម្មភាពក្នុងសង្គម ទទួល​​​ចំណែក​​​ដ៏​សំខាន់​​​យ៉ាងខ្លាំងក្នុងកិច្ចប្រកាសដំណឹងល្អដល់មនុស្សលោក។ មហាសន្និបាតពេញចិត្តទទួល​ស្គាល់​គុណសម្បត្តិរបស់បព្វជិតបព្វជិតាទាំងនោះ និងសូមអរ ព្រះគុណព្រះជាម្ចាស់ ចំពោះអស់លោកដែលបាន​បូជាកម្លាំងកាយ​​​កម្លាំង​​​ចិត្ត ដើម្បីលើកតម្កើង​សិរីរុងរឿងរបស់ព្រះជាម្ចាស់ និងបម្រើមនុស្សលោក។ មហាសន្និបាត​​​ក៏​​​ដាស់​​​តឿន​បព្វជិត​​​បព្វជិតា​​​នៃគ្រឹះស្ថាន​ទាំងនោះឱ្យព្យាយាមបន្តកិច្ចការដែលអស់លោកអ្នក​បាន​ចាប់ផ្តើមធ្វើដោយ​​​មិន​​​​​​​អាក់ខាន​ឡើយ។​​​ អស់លោកអ្នកដឹងច្បាស់ថា ត្រូវតែប្រតិបត្តិតាមសេចក្តី​ស្រឡាញ់ ជាគុណធម៌​ដែល​​​អស់​​​លោក​​​​អ្នក​​​ចង់​​​កាន់​​​តាម​​​​​​របៀប​កាន់តែពេញ​លក្ខណៈ ស្របតាមព្រះជាម្ចាស់​​​ត្រាស់​​​​​​​​ហៅអស់លោកអ្នក។ សេចក្តី​​​ស្រឡាញ់​​​​​​នោះ​​​ជំរុញ ​​​និង​​​​​​​បង្ខំអស់លោកអ្នកឱ្យមាន​ចិត្ត​គំនិតចង់បំពេញកិច្ចការ​​​ដែលពិតជាមានលក្ខណៈកាតូលិកមែន (ពន្លឺ ៤៤)។

បព្វជិតបព្វជិតាដែលស្មឹងស្មាធិ៍ធ្វើសមាធិ ​ក៏មានសារៈសំខាន់ជាខ្លាំងក្នុងកិច្ចណែនាំ​ឱ្យ​មនុស្ស​ប្រែ​​​ចិត្ត​​​​គំនិត​​​មក​​​រកព្រះគ្រីស្ត ព្រោះថា ដោយអស់លោកអ្នកអធិដ្ឋាន ធ្វើតបធម៌ និងឆ្លង​កាត់​ការ​លំ​បាកផ្សេងៗ ទើបព្រះ​​​ជា​​​ម្ចាស់​​​​​​​​​ចាត់​អ្នកច្រូតទៅក្នុងស្រែរបស់ព្រះអង្គ (មថ ៩,៣៨) តាមពាក្យអង្វររបស់​យើង ព្រះអង្គបើកចិត្តគំនិត​​​អ្នកមិន​​​កាន់គ្រីស្តសាសនាឱ្យ​ស្តាប់​ដំ​ណឹង​​ល្អបាន (កក ១៦,១៤) ព្រះអង្គក៏ប្រោស​ឱ្យព្រះបន្ទូលស្តីអំពី​ការសង្គ្រោះ​ដុះ​ឡើងដែរ (១ករ ៣,៧)។ លើសពីនេះទៅទៀត មហាសន្និបាតអញ្ជើញគ្រឹះស្ថានទាំង​នោះ​ឱ្យបង្កើត​ក្រុម​ថ្មីក្នុង​តំបន់​មាន​​​មនុស្ស​​​ភាគច្រើនមិនជឿលើព្រះគ្រីស្ត ដូចមាន​​​គ្រឹះស្ថានខ្លះបានបង្កើតរួចមកហើយដែរ។ ដោយអស់​លោក​អ្នក​​​រស់​​​នៅ​​​ក្នុង​​​​ឋានៈជាបព្វជិតបព្វជិតា ស្រប​តាមប្រពៃណីដ៏ពិតប្រាកដនៃសាសនាប្រជាជនទាំងនោះ អស់លោក​​​អ្នក​​​ផ្តល់​​​សក្ខីភាព​​​​ដ៏ល្អប្រសើរក្នុងចំណោមសាសន៍ដទៃ អំពីព្រះជាម្ចាស់ដ៏ឧត្តុងឧត្តមដែល​មាន​ព្រះ​​​ហឫទ័យ​​​ស្រឡាញ់​​​ចំពោះប្រជាជននោះ ព្រមទាំងផ្តល់សក្ខីភាពថា មនុស្សលោករួបរួមគ្នាក្នុងអង្គព្រះគ្រីស្តទៀតផង។

គ្រឹះស្ថានបព្វជិតបព្វជិតាដែលបំពេញសកម្មភាពផ្សេងៗ ​ទោះបីមានគោលដៅ​ប្រ​កាស​ដំណឹងល្អ​យ៉ាង​ច្បាស់​​​ជា​​​គោលដៅតែមួយរបស់គេក្តី ឬគ្មានគោលដៅនេះយ៉ាងច្បាស់ក្តី ក៏ត្រូវសួរខ្លួនឯងដោយចិត្តស្មោះ​នៅចំពោះ​​​ព្រះ​​​ជា​​​ម្ចាស់​​​ថា ​តើគ្រឹះស្ថានរបស់ខ្លួនអាចលាតសន្ធឹងសកម្មភាពក្នុងចំណោមសាសន៍ដទៃ ដើម្បី​លាត​ត្រដាងព្រះ​រាជ្យ​របស់​​​ព្រះ​​​ជាម្ចាស់បានឬយ៉ាងណា?។ តើគេអាចផ្ញើមុខងារបម្រើរបស់ខ្លួនខ្លះទុកឱ្យអ្នកដទៃ​បំពេញ​ ដើម្បីចំណាយ​​​កម្លាំង​​​របស់ខ្លួនទៅប្រកាស​ដំណឹងល្អបានឬយ៉ាងណា? តើគេអាច​ចាប់ផ្តើមសកម្ម ភាព​របស់ខ្លួនក្នុងតំបន់ដែលមាន​​​មនុស្សភា​​​​​​គច្រើនមិនជឿលើព្រះគ្រីស្ត ដោយកែសម្រួល​ធម្មនុញ្ញរបស់គ្រឹះស្ថានរបស់ខ្លួន ប្រ​សិនបើត្រូវការកែ​​​សម្រួលឱ្យបានសមស្របតាមសកម្មភាពថ្មីនោះបាន​ឬយ៉ាងណា? (ប៉ុន្តែ ត្រូវកែសម្រួលធម្មនុញ្ញរបស់គេឱ្យបាន​​​ស្រប​​​តាម​គោលគំនិត​អ្នក​បង្កើត​គ្រឹះស្ថាននោះ)។ តើបព្វជិតបព្វជិតានៃ​គ្រឹះស្ថានទាំងនោះទទួលចំណែកក្នុងកិច្ចការ​​​ជា​​​សាសនទូត តាម​កម្លាំង​របស់ខ្លួន ឬយ៉ាងណា? តើរបៀបអស់លោក​អ្នក​រស់នៅពិតជាផ្តល់សក្ខីភាពអំពីដំណឹងល្អ ហើយ​​​​ពិត​ជា​ស្របតាម​ទេពកោសល្យ និងស្របតាមសភាពការណ៍ប្រជាជនឬយ៉ាងណា?

ក្នុងព្រះ​​​សហគមន៍មាន​​​គ្រឹះស្ថាន​​​គ្រីស្តបរិស័ទរស់នៅក្នុងសង្គម ទាំងថ្វាយខ្លួនទៅព្រះជាម្ចាស់កាន់តែ​ច្រើន​​​ឡើង​​​ៗជា​រៀង​រាល់ថ្ងៃ​ជាលំដាប់ ដោយព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺផង។ គ្រឹះស្ថានទាំងនោះ​អាចជួយ​ព្រះ​​​សហគមន៍​​​​​​ក្នុង​​​​​​តំបន់ មានមនុស្សភាគច្រើនដែលមិន ជឿលើព្រះគ្រីស្តតាមរបៀបផ្សេងៗ ក្រោម​អំណាច​របស់​​​លោក​​​​​​អភិបាល។ ត្រូវរាប់គ្រឹះស្ថានទាំងនោះទុកជាសញ្ញាសម្គាល់បញ្ជាក់ ថា គេថ្វាយខ្លួនទាំងស្រុងចំពោះ​ព្រះ​ជាម្ចាស់ ដើម្បី​​​ប្រកាស​​​​​​ដំណឹង​​​ល្អដល់មនុស្សលោកទាំងមូល។

៤១- ភារកិច្ចរបស់គ្រីស្តបរិស័ទធម្មតាក្នុងកិច្ចការជាសាសនទូត

គ្រីស្តបរិស័ទធម្មតារួមសហការក្នុងកិច្ចប្រកាសដំណឹងល្អរបស់ព្រះសហគមន៍ ក្នុងឋានៈជាសាក្សី ​ហើយក៏​រួមយ៉ាងសកម្ម​ក្នុង​បេសក កម្មរបស់ព្រះសហគមន៍ ពោលគឺ នាំការសង្គ្រោះដល់មនុស្សលោក (ពន្លឺ ៣៣.៣៥) ជាពិសេស ប្រសិនបើព្រះជាម្ចាស់​​​ត្រាស់​​​ហៅគេ ហើយ​​​ក្រុមអភិបាល​បញ្ជាឱ្យគេបំ​ពេញ​ការងារនេះ។

ក្នុងដែនដីដែលមានគ្រីស្តបរិស័ទជាច្រើន ហើយគ្រីស្តបរិស័ទធម្មតារួមសហការក្នុង​កិច្ចប្រកាស​ដំណឹងល្អដោយ​​​​ធ្វើឱ្យ​ទាំងខ្លួនគេ ទាំងអ្នកដទៃស្គាល់ និង​ស្រឡាញ់ព្រះសហគមន៍​ក្នុងតំបន់​​​ដែលមាន​មនុស្សភាគ​ច្រើន​​​មិន​​​ជឿលើព្រះគ្រីស្ត។ គេក៏រួមសហការ​ដោយ​នាំឱ្យមានអ្នកខ្លះក្នុងក្រុមគ្រួសាររបស់ខ្លួន ក្នុងគ្រឹះស្ថាន និង​ក្នុង​សមាគម​កាតូលិកនានា និងក្នុងសាលារៀនសុខចិត្តតបឆ្លើយ​នឹងព្រះជា ម្ចាស់ ដែលត្រាស់ហៅអ្នកខ្លះឱ្យ​ធ្វើ​ជា​សាសនទូត។ គេ​ក៏រួម​​​សហការដោយប្រមូលធនធានគ្រប់យ៉ាង ​ដើម្បីឱ្យអ្នក​ដទៃអាចទទួលព្រះអំណោយទាននៃជំនឿ​ ដែលខ្លួនបាន​​​ទទួល​​​ដោ​​​យឥតបង់ថ្លៃដែរ។

ក្នុងតំបន់ដែលមាន​មនុស្សភាគ​ច្រើនមិនជឿលើព្រះគ្រីស្ត គ្រីស្តបរិស័ទធម្មតា​​​ជាជន​​​ជាតិ​​​បរទេសក្តី ​ជា​ជន​ជាតិ​កើត​នៅស្រុក​នោះក្តី ក៏ត្រូវបង្រៀនតាមសាលារៀន ឬត្រួតត្រាសម្ភារៈលោកីយ៍ ឬរួម​សហការក្នុង​សកម្មភាព​​​​នៃ​ព្រះ​​​​​​សហគមន៍ភូមិ និងព្រះសហគមន៍នៃភូមិ ភាគ។ គេត្រូវតែងតាំង និងពង្រីក​កិច្ចការរបស់​​គ្រីស្តបរិស័ទធម្មតាជា​គ្រីស្តទូត​​​​គ្រប់យ៉ាង ដើម្បី​ឱ្យ​គ្រីស្ត​បរិស័ទរបស់​ព្រះសហគមន៍ថ្មីៗទាំងនោះ អាចទទួលខុសត្រូវលើការ​រស់នៅ​របស់​​​ព្រះ​​​សហគមន៍​របស់គេ​ផ្ទាល់នៅ​ពេល​ឆាប់​ៗ។

​គ្រីស្តបរិស័ទធម្មតាត្រូវសហការដោយចិត្តទូលាយខាង​​​សេដ្ឋកិច្ច​​​ និ​​​ងខាងសង្គមជាមួយប្រ​ជាជនទាំង​ឡាយ​ដែលកំពុង​តែចម្រើនឡើង។ គួរឱ្យសរសើរកិច្ចរួមសហការនោះ ព្រោះ​​​មានគោលដៅតែងតាំង​ស្ថាប័ន ដែលអាច​​​ប្រែ​​​រចនាសម្ព័ន្ធសង្គម ​ឬដែលមានគោល ដៅអប់រំអ្នកដែលទទួលខុសត្រូវលើកិច្ចការ​ណែ​នាំ​ប្រទេសទៀត​ដែរ។

គួរសរសើរយ៉ាងពិសេសអស់លោកអ្នកដែលជួយឱ្យមនុស្សលោកស្គាល់អរិយធម៌ប្រជាជននានា និង​ស្គាល់​​​សាសនា​​​នានាផងដែរ ដោយ​ស្វែងរកតាមប្រវត្តិសាស្ត្រ ឬតាមសង្គមវិទ្យា ​ឬតាម​សាសនាវិទ្យាក្នុង​សកលវិទ្យាល័យ ឬ​តាម​​​គ្រឹះ​ស្ថានវិទ្យាសាស្ត្រផ្សេងៗ។ ធ្វើដូច្នេះ អស់លោកជួយអ្នកប្រកាសដំណឹងល្អ និងរៀបចំផ្លូវ​សម្រាប់​ទាក់​​​ទង​​​សន្ទនា​​​​ជាមួយអ្នកកាន់សាសនាដទៃ។

គ្រីស្តបរិស័ទធម្មតាត្រូវរួមសហការជាមួយគ្រីស្តបរិស័ទនិកាយឯទៀតៗ និងរួមជាមួយអ្នកកាន់​សាសនា​ដទៃ ហើយជាពិ​សេស ជាមួយ​សមាជិកនៃអង្គការអន្តរជាតិដែរ។ ត្រូវរួមសហការជាមួយគេដូច​បងប្អូន​ដោយនឹក​គិត​ជានិច្ច​​​ថា “ត្រូវសាងសង់បុរីនៅលើផែនដី ដោយ យកព្រះអម្ចាស់ធ្វើជាគ្រឹះ ហើយក៏តម្រង់​បុរីនេះទៅ​រក​ព្រះអង្គដែរ” (ពន្លឺ​ ៤៦)។

គ្រីស្តបរិស័ទធម្មតាត្រូវទទួលការអប់រំខាងបច្ចេកទេស និងខាងជីវិតខាងព្រះវិញ្ញាណជាចាំបាច់ខានមិនបាន ដើម្បីឱ្យគេអាចបំពេញបន្ទុកទាំងនោះ។ គ្រឹះស្ថានដែលមានបច្ចេកទេសពិសេស ត្រូវជួយអប់រំគេដើម្បី​ឱ្យការរស់​នៅ​របស់​គេទៅជាសក្ខីភាពអំពី​ព្រះគ្រីស្ត ក្នុងចំណោមសាសន៍ដទៃ តាមពាក្យរបស់គ្រីស្តទូត​ប៉ូលថា៖ “សូម​បង​ប្អូន​​​កុំ​​​ធ្វើ​​​ឱ្យសាសន៍យូដា សាសន៍ក្រិក ឬព្រះសហគមន៍របស់ព្រះ ជាម្ចាស់ជំពប់ចិត្តឡើយ។ រីឯខ្ញុំវិញ ខ្ញុំខំ​ប្រឹង​​​ផ្គាប់​​​ចិត្តមនុស្ស​​​ទាំ​​​ងអស់ក្នុងគ្រប់កិច្ចការ ខ្ញុំមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរក​ប្រយោជន៍​សម្រាប់មនុស្សទាំងអស់ ដើម្បី​​​ឱ្យ​​​គេទទួលការសង្គ្រោះ” (១ករ ១០,៣២-៣៣)។

ពាក្យបញ្ចប់

អស់លោកអភិបាលដែលប្រជុំគ្នាក្នុងមហាសន្និបាត រួមជាមួយអភិបាលព្រះសហគមន៍ក្រុងរ៉ូម ​យល់ឃើញ​យ៉ាងជ្រៅបំផុតអំពី​ភារកិច្ចលាតសន្ធឹងព្រះរាជ្យរបស់ព្រះជាម្ចាស់នៅគ្រប់ទីកន្លែង សូមសរសើរ​ដោយ​ចិត្ត​ស្រ​ឡាញ់ អស់លោកអ្នកដែល​ប្រកាសដំណឹងល្អ ជាពិសេស អស់លោកអ្នកដែលត្រូវគេបៀត​បៀនព្រោះ​តែ​ព្រះគ្រីស្ត ហើយក៏សូម​​​រំលែកទុក្ខគេ​ផង។

អស់លោកអភិបាលក៏មានចិត្តស្រឡាញ់គេយ៉ាងខ្លាំងដែរ ​ដូចព្រះគ្រីស្ត​មានព្រះហឫទ័យស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​​​មនុស្សលោកដូច្នោះដែរ។ អស់លោកអភិបាលដឹងច្បាស់ថា មានតែព្រះជាម្ចាស់មួយព្រះ​អង្គ​ទេ ដែល​ប្រោស​ឱ្យ​​​​ព្រះរាជ្យព្រះ​អង្គមកដល់នៅលើផែនដីបាន។ ហេតុនេះ អស់លោក​រួមជាមួយ​គ្រីស្ត​បរិស័ទ​ទាំងអស់ ក៏សូមអង្វរ​​​ព្រះ​​​ជាម្ចាស់ និងដោយមាន​ព្រះនាង​ព្រហ្មចារីម៉ារីជាព្រះមហាក្សត្រីយានីរបស់​គ្រីស្តទូត​ទាំងឡាយជួយអង្វរផង សូម​​​ឱ្យប្រជាជាតិនានាស្គាល់​សេចក្តីពិតនៅពេលឆាប់ៗ (១ធម ២,៤)។ សូមឱ្យសិរីរុងរឿង​របស់​ព្រះ​ជាម្ចាស់ដែល​​​ចាំង​​​លើ​​​ព្រះ​​​ភ័ក្រ្តរបស់ព្រះគ្រីស្ត ចាប់ផ្តើមបំភ្លឺមនុស្សទាំងអស់​ដោយ​សារ​ព្រះវិញ្ញាណដ៏វិសុទ្ធផង (២ករ ៤,៦)។

អស់លោកអភិបាលដែលចូលរួមក្នុងមហាសន្និបាត ពេញចិត្តនឹងឯកសារទាំងមូលនេះ ហើយនឹងគោល​ការណ៍នីមួយៗ​​ផង។ រីឯយើងវិញ ស្រប​តាមអំណាចជាគ្រីស្តទូតដែលព្រះគ្រីស្តបានប្រគល់ឱ្យ រួមជាមួយ​​​អស់​​​លោក​​​អភិបាល ​យើងក៏យល់ព្រមសម្រេចនឹងប្រ​កាសចេញជាក្រឹតក្រមដែរ ដោយមានព្រះវិញ្ញាណ​​​ចូលរួម​​​ជាមួយ​​​ផង​​​។ ​យើងបង្គាប់ឱ្យសេចក្តីដែលមហាសន្និបាតបាន​ចាត់ចែងនេះត្រូវផ្សព្វផ្សាយ ដើម្បីលើកតម្កើងសិរីរុង​រឿងរបស់​​​ព្រះ​​​ជាម្ចាស់ជានិច្ចនិរន្តរ៍តរៀងទៅ។

ធ្វើនៅក្រុងរ៉ូម នៅព្រះវិហារសន្តសិលា ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ១៩៦៥
ខ្ញុំ ប៉ូល អភិបាលនៃព្រះសហគមន៍កាតូលិក។
(ហេត្ថលេខារបស់អស់លោកអភិបាល)

469 Views

Theme: Overlay by Kaira