គណៈកម្មាធិការទេវវិជ្ជាអន្តរជាតិ
សំណួរខ្លះៗអំពីព្រះគ្រីស្តវិជ្ជា
(១៩៧៩)

សព្វថ្ងៃនេះ គេបានលើកឡើងសំណួរអំពីព្រះយេស៊ូគ្រីស្ត ដោយមានការស្រាវជ្រាវថ្មី ទាំងខាងសាសនា និងខាងទេវវិជ្ជា។ គេបាននាំមកចំណុចថ្មីៗជាច្រើន ដោយការសិក្សាព្រះគម្ពីរដ៏វិសុទ្ធ និងការស្រាវជ្រាវខាងប្រវត្តិសាស្ត្រអំពីមហាសន្និ​បាតដ៏សំខាន់ទាក់ទងនឹងព្រះគ្រីស្តវិជ្ជា។ សព្វថ្ងៃនេះ មនុស្សប្រុស និងមនុស្សស្រី កំពុងសួរសំណួរ ដូចកាលពីមុនថា៖ «តើបុរសនេះជាអ្នកណា?…» (លូកា ៧:៤៩)។ «តើអំណោយទាំងនេះរបស់គាត់មកពីណា? តើប្រាជ្ញារបស់គាត់មកពី​ណា? តើអព្ភូតហេតុដែលគាត់ធ្វើមានន័យដូចម្តេច?» (ម៉ាកុស ៦:២)។ ជាការពិតណាស់ ចម្លើយចំពោះសំណួរទាំងអស់នោះ មិនស្ថិតនៅកម្រិតនៃការសិក្សាទូទៅនៃវិទ្យាសាស្ត្រខាងសាសនាទេ។

ក្នុងអំឡុងពេលការងារថ្មីៗទាំងនេះ ការរកឃើញដ៏គួរឱ្យចាប់អារម្មណ៍បានលេចឡើង។ ប៉ុន្តែភាពតានតឹងក៏បានលេចឡើងផងដែរ មិនត្រឹមតែរវាងអ្នកឯកទេសខាងទេវវិជ្ជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានរវាងពួកគេនោះមួយចំនួន និងក្រុមមេដឹកនាំរបស់ព្រះសហគមន៍ផងដែរ។

ស្ថានភាពនេះបានជំរុញឱ្យគណៈកម្មាធិការទេវវិជ្ជាអន្តរជាតិ ចូលរួមចំណែកក្នុងការផ្លាស់ប្តូរគំនិតដ៏ទូលំទូលាយនេះ។ គណៈកម្មធិការសង្ឃឹមថា នឹងអាចនាំមកនូវការបំភ្លឺមួយចំនួន។ ដូចយើងនឹងឃើញ គណៈកម្មាធិការទេវវិជ្ជាអន្តរជាតិមិនបានបង្កើតគម្រោង ដើម្បីណែនាំព្រះគ្រីស្តវិជ្ជាណាមួយឱ្យបានពេញលេញនោះទេ។ គណៈកម្មធិការបានយកចិត្តទុកដាក់អំពីចំណុចមួយចំនួន ដែលមានសារៈសំខាន់ពិសេស ដែលការពិភាក្សាបច្ចុប្បន្នបានលើកឡើងថា ចំណុចទាំងប៉ុន្មាននោះពិបាកដោះស្រាយ។

១. ព្រះយេស៊ូគ្រីស្ត ដែលជាកម្មវត្ថុនៃជំនឿរបស់ព្រះសហគមន៍ មិនមែនជារឿងព្រេង ឬគំនិតអរូបីណាមួយឡើយ។ ព្រះអង្គជាបុរសម្នាក់ដែលបានរស់នៅក្នុងបរិបទជាក់ស្តែង ដែលបានស្លាប់ បន្ទាប់ពីបានរស់នៅក្នុងការវិវត្តន៍នៃប្រវត្តិ​សាស្ត្រ។ ដូច្នេះ ការស្រាវជ្រាវខាងប្រវត្តិសាស្ត្រអំពីព្រះអង្គ គឺជាការស្នើសុំនៃជំនឿរបស់គ្រីស្តសាសនាផ្ទាល់។ ការស៊ើបអង្កេតនេះមិនខ្វះការលំបាកទេ ដូចប្រវត្តិសាស្រ្តកាលពីមុនបានបង្ហាញហើយ។

១.១. សម្ពន្ធមេត្រីថ្មីមិនមានគោលបំណងបង្ហាញព័ត៌មានប្រវត្តិសាស្ត្រសុទ្ធសាធអំពីព្រះយេស៊ូទេ។ សម្ពន្ធមេត្រីថ្មីចង់បញ្ជូនសក្ខីភាពនៃជំនឿរបស់ព្រះសហគមន៍អំពីព្រះយេស៊ូ ហើយបង្ហាញអត្ថន័យពេញលេញអំពីព្រះអង្គជា «ព្រះគ្រីស្ត» (ព្រះមេស្សី) និង «ព្រះអម្ចាស់» (Kyrios ព្រះ)។ សក្ខីភាពនេះ បង្ហាញពីជំនឿ និងមានគោលដៅជំរុញអ្នកអានឱ្យជឿ។ ដូច្នេះ យើងមិនអាចបង្កើត «ជីវប្រវត្តិ» របស់ព្រះយេស៊ូ ក្នុងន័យសម័យទំនើបនៃពាក្យនេះ (ពោលគឺរឿងលម្អិត និងជាក់លាក់)។ ប៉ុន្តែ សម្រាប់បុគ្គលជាច្រើននៃសម័យបុរាណ និងមជ្ឈិមសម័យ ក៏មានដូច្នេះដែរ។ ក៏ប៉ុន្តែ យើងមិនគួរទាញការសន្និដ្ឋានទុទិដ្ឋិនិយមហួសហេតុអំពីលទ្ធភាព ក្នុងការស្គាល់ជីវិតប្រវត្តិសាស្ត្ររបស់ព្រះយេស៊ូនោះទេ។ ការបកស្រាយគម្ពីរសព្វថ្ងៃនេះបង្ហាញយ៉ាងច្បាស់ថា យើងអាចធ្វើបាន។

១.២. ក្នុងប៉ុន្មានសតវត្សចុងក្រោយនេះ ជាច្រើនលើកច្រើនសា គេបានដឹកនាំការស្រាវជ្រាវខាងប្រវត្តិសាស្ត្រអំពីព្រះយេស៊ូ ដោយប្រឆាំងនឹងគោលលទ្ធិព្រះគ្រីស្តវិជ្ជា។ ទោះជាយ៉ាងណាក៏ដោយ អាកប្បកិរិយាប្រឆាំងនឹងគោលលទ្ធិនេះមិនមែនជាតម្រូវការចាំបាច់ ក្នុងការប្រើប្រាស់តាមរបៀបត្រឹមត្រូវ នូវវិធីសាស្រ្តខាងប្រវត្តិសាស្ត្រ-រិះគន់ នោះទេ។ នៅក្នុងដែនកំណត់នៃការស្រាវជ្រាវបកស្រាយគម្ពីរ គួរកសាងបុគ្គលភាពខាងប្រវត្តិសាស្ត្រសុទ្ធសាធរបស់ព្រះយេស៊ូ ឬ – ដើម្បីនិយាយតាមរបៀបជាក់ស្តែងជាងនេះ – ដើម្បីពិនិត្យកិច្ចការពិតៗដែលទាក់ទងនឹងការរស់នៅខាងប្រវត្តិសាស្ត្ររបស់ព្រះយេស៊ូ។

ផ្ទុយទៅវិញ អ្នកខ្លះចង់បង្ហាញបុគ្គលភាពរបស់ព្រះយេស៊ូ ដោយមិនអើពើនឹងសក្ខីភាពនៃសហគមន៍ដំបូង ដែលមានដំណឹងល្អជាប្រភព។ ធ្វើដូច្នេះ ពួកគេជឿថា ពួកគេប្រកាន់ខ្ជាប់នូវទស្សនៈខាងប្រវត្តិសាស្ត្រពេញលេញ និងតឹងរ៉ឹង។ ប៉ុន្តែដោយដឹងខ្លួនឱ្យបានច្បាស់ ឬទេ អ្នកស្រាវជ្រាវទាំងនេះ ផ្អែកលើការវិនិច្ឆ័យទុកជាមុនរបស់ទស្សនវិជ្ជាខ្លះ អំពីអ្វីដែលសម័យទំនើបរំពឹងពីមនុស្សដ៏ពេញលក្ខណៈ។ ការសង្ស័យខាងផ្លូវចិត្តអំពីមនសិការរបស់ព្រះយេស៊ូដឹកនាំអ្នកផ្សេងទៀត។

១.៣. ដើម្បីមានលក្ខណៈត្រឹមត្រូវ ព្រះគ្រីស្តវិជ្ជាផ្សេងៗនៃសម័យបច្ចុប្បន្ន ត្រូវតែជៀសវាងធ្លាក់ទៅក្នុងកំហុសទាំងនេះ។ ជាពិសេសសម្រាប់ “ព្រះគ្រីស្តវិជ្ជាពីខាងក្រោម” ដរាបណាព្រះគ្រីស្តវិជ្ជានោះ ចង់ពឹងផ្អែកលើការស្រាវជ្រាវខាងប្រវត្តិសាស្ត្រសុទ្ធសាធ។ ជាការពិតណាស់ ត្រូវយកចិត្តទុកដាក់អំពីការស្រាវជ្រាវថ្មីៗអំពីព្រះគម្ពីរ ប៉ុន្តែចាំបាច់ត្រូវប្រុងប្រយ័ត្ន កុំឱ្យធ្លាក់ទៅក្នុងការវិនិច្ឆ័យទុកជាមុន ដែលយើងបាននិយាយខាងលើ។

២. ការស្រាវជ្រាវបែបវិទ្យាសាស្ត្រអំពីព្រះយេស៊ូក្នុងប្រវត្តិសាស្ត្រពិតជាមានតម្លៃយ៉ាងខ្លាំង ជាពិសេសសម្រាប់ទេវវិជ្ជាមូលដ្ឋាន និងសម្រាប់ការជួបជាមួយអស់អ្នកដែលមិនជឿ។ ប៉ុន្តែចំណេះដឹងពិតប្រាកដខាងគ្រីស្តសាសនាអំពីព្រះយេស៊ូមិនអាចនៅតែមានទស្សនៈកំណត់ទាំងនេះបានទេ។ យើងស្គាល់បុគ្គលភាព និងកិច្ចការរបស់ព្រះយេស៊ូគ្រីស្តឱ្យបានពេញលេញ លុះត្រាតែយើងជៀសវាងបំបែក «ព្រះយេស៊ូក្នុងប្រវត្តិសាស្ត្រ» និង «ព្រះគ្រីស្តដែលគេបានប្រកាស»។ ចំណេះដឹងពេញលេញអំពីព្រះយេស៊ូគ្រីស្តមិនអាចទទួលបានទេ ដោយមិនគិតពីជំនឿរស់រវើករបស់សហគមន៍គ្រីស្តបរិស័ទ ដែលគាំទ្រទស្សនៈនេះ។ នេះជាការពិតទាំងសម្រាប់ចំណេះដឹងខាងប្រវត្តិសាស្ត្រអំពីព្រះយេស៊ូ និងសម្រាប់ប្រភពដើមនៃសម្ពន្ធមេត្រីថ្មី ដូចជាសម្រាប់ការពិចារណាខាងព្រះគ្រីស្តវិជ្ជានាពេលបច្ចុប្បន្ននេះដែរ។

២.១. អត្ថបទនៃសម្ពន្ធមេត្រីថ្មីផ្ទាល់មានគោលបំណង ឱ្យគេស្គាល់ព្រះយេស៊ូកាន់តែជ្រៅ និងឱ្យគេសុខចិត្តជឿលើព្រះអង្គ។ ដូច្នេះ ពួកគេមិនបានគិតដល់ព្រះយេស៊ូគ្រីស្តក្នុងទស្សនៈនៃប្រភេទអក្សរសាស្ត្រនៃប្រវត្តិសាស្ត្រសុទ្ធ ឬជីវប្រវត្តិក្នុងលក្ខណៈទៅរកអតីតកាលនោះទេ។ អត្ថន័យសកល និងខាងគ្រាចុងក្រោយនៃសារ និងបុគ្គលភាពរបស់ព្រះយេស៊ូគ្រីស្ត ទាមទារឱ្យយើងស្វែងរកលើសពីការរំលឹកប្រវត្តិសាស្ត្រសុទ្ធសាធ។ គំនិតសម័យទំនើបនៃប្រវត្តិសាស្ត្រ ដែលអ្នកខ្លះលើកឡើង ដោយប្រឆាំងនឹងជំនឿ ហើយដែលគេចាត់ទុកថា ជាការបង្ហាញពិតប្រាកដនៃអ្វីដែលបានកើតឡើងកន្លងផុតទៅនោះ ខុសពីប្រវត្តិសាស្ត្រតាមបុព្វបរុសបានយល់នោះដែរ។

២.២. អត្តសញ្ញាណដ៏សំខាន់ និងពិតប្រាកដរបស់ព្រះយេស៊ូក្នុងជីវិតនៃផែនដីរបស់ព្រះអង្គ ជាមួយព្រះគ្រីស្តដ៏រុងរឿង ជាកម្មសិទ្ធិនៃខ្លឹមសារផ្ទាល់របស់សារនៃដំណឹងល្អ។ ការស្រាវជ្រាវខាងព្រះគ្រីស្តវិជ្ជា ដែលកំណត់ខ្លួនឯងចំពោះព្រះយេស៊ូនៃ «ប្រវត្តិសាស្ត្រ» តែមួយគត់ នឹងមិនស៊ីគ្នានឹងខ្លឹមសារ និងរចនាសម្ព័ន្ធនៃសម្ពន្ធមេត្រីថ្មីទេ មុនពេលដែលក្រុមមេដឹកនាំព្រះសហគមន៍នឹងមិនទទួលទៅទៀត។

២.៣. ទេវវិជ្ជាអាចយល់តែអត្ថន័យ និងវិសាលភាពនៃការរស់ឡើងវិញរបស់ព្រះយេស៊ូ ក្នុងពន្លឺនៃព្រឹត្តិការណ៍នៃការសុគតរបស់ព្រះអង្គប៉ុណ្ណោះ។ ដូចគ្នានេះដែរ ទេវវិជ្ជាមិនអាចយល់ពីអត្ថន័យនៃការសុគតនេះបានទេ លើកលែងតែក្នុងពន្លឺនៃជីវិតរបស់ព្រះយេស៊ូ សកម្មភាពរបស់ព្រះអង្គ និងសាររបស់ព្រះអង្គ។ ភាពពេញលេញ និងឯកភាពនៃព្រឹត្តិការណ៍នៃការសង្គ្រោះ ដែលជាព្រះយេស៊ូគ្រីស្តផ្ទាល់ ពាក់ព័ន្ធនឹងជីវិត ការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ។

២.៤. នៅក្នុង «រូបមន្តនៃធម៌ប្រកាសជំនឿ» និងការសិក្សារផ្សេងៗ ដែលរៀបរាប់ ក្នុងពេលតែមួយ និងដោយសង្កត់ធ្ងន់យ៉ាងពិសេសអំពីការសុគត និងការរស់ឡើងវិញ យើងអាចរកឃើញការសំយោគដើម និងបឋមនៃព្រះយេស៊ូលើផែនដី និងព្រះគ្រីស្តដែលរស់ឡើងវិញ ។ មានដូចជា រ៉ូម ១:៣ និងក្នុងចំណោមអត្ថបទផ្សេងទៀត មាន ១ កូរិនថូស ១៥:៣-៤៖ «ជាដំបូងខ្ញុំបានបញ្ជូនទៅអ្នករាល់គ្នានូវអ្វីដែលខ្លួនខ្ញុំផ្ទាល់បានទទួល គឺថា ព្រះគ្រីស្តបានសោយទិវង្គត សម្រាប់អំពើបាបរបស់យើង ស្របតាមព្រះគម្ពីរ ព្រះអង្គត្រូវបានគេដាក់ក្នុងផ្នូរ ព្រះអង្គបានរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមព្រះគម្ពីរ»។ អត្ថបទទាំងនេះ បង្កើតបានការតភ្ជាប់ពិតប្រាកដរវាងប្រវត្តិសាស្ត្រផ្ទាល់ និងអត្ថន័យរបស់ព្រះយេស៊ូគ្រីស្ត ដែលនឹងនៅតែមានជានិច្ច។ អត្ថបទនោះ បង្ហាញពី «ប្រវត្តិសាស្ត្រនៃខ្លឹមសារ» របស់ព្រះយេស៊ូគ្រីស្ត នៅក្នុងចំណងតែមួយ។ ការសំយោគនេះនៅតែជាឧទាហរណ៍ និងជាគំរូសម្រាប់ព្រះគ្រីស្តវិជ្ជាពិតប្រាកដទាំងអស់។

២.៥. ការសំយោគបែបព្រះគ្រីស្តវិជ្ជានេះមិនត្រឹមតែសន្មតថា ការប្រកាសជំនឿរបស់សហគមន៍គ្រីស្តបរិស័ទជាចំណុចមួយនៃប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបង្ហាញថា ព្រះសហគមន៍ ដែលមានវត្តមាននៅក្នុងសម័យផ្សេងៗពីគ្នា នៅតែជាកន្លែងនៃចំណេះដឹងពិតប្រាកដអំពីបុគ្គលភាព និងកិច្ចការរបស់ព្រះយេស៊ូគ្រីស្ត។ បើគ្មានជំនួយនៃជំនឿរបស់ព្រះសហគមន៍ទេ ចំណេះដឹងអំពីព្រះគ្រីស្តមិនអាចទៅរួច នៅថ្ងៃនេះដូចនៅសម័យសម្ពន្ធមេត្រីថ្មីដែរ។ មិនមានដងថ្លឹងរបស់លោកអារគីម៉ែដ ក្រៅបរិបទព្រះសហគមន៍ទេ ទោះបីជាគិតពីអត្ថិភាព ព្រះអម្ចាស់របស់យើងសំខាន់ជាងព្រះសហគមន៍ក៏ដោយ។

២.៦ នៅក្នុងលក្ខណៈទូលំទូលាយនេះ បើយើងត្រលប់ទៅឯព្រះយេស៊ូនៅលើផែនដី យើងក៏អាចទទួលផលផ្លែ ជាចាំបាច់នៅថ្ងៃនេះ ក្នុងវិស័យនៃទេវវិជ្ជាខាងគោលលទ្ធិ។ សំខាន់ណាស់ ត្រូវបង្ហាញឱ្យកាន់តែច្បាស់អំពីទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់នៃមនុស្សជាតិរបស់ព្រះយេស៊ូគ្រីស្ត ដែលព្រះគ្រីស្តវិជ្ជានៃអតីតកាលមិនបានធ្វើ។ ព្រះយេស៊ូគ្រីស្តបង្ហាញ និងបំភ្លឺលក្ខណៈខ្ពស់បំផុត និងខ្លឹមសារជាក់ស្តែងរបស់មនុស្ស ដូចសម្តេចប៉ាបយ៉ូហានប៉ូលទី ២ បានថ្លែងនៅក្នុងសារលិខិតរបស់ព្រះអង្គ “ព្រះសង្រ្គោះរបស់មនុស្សលោក” (Redemptor hominis) ៨, ១០។ នៅក្នុងទស្សនៈនេះ បងប្អូនភាព និងសាមគ្គីភាពរបស់ព្រះយេស៊ូជាមួយយើង មិនកាត់បន្ថយសភាពជាព្រះរបស់ព្រះអង្គឡើយ។ ដូចយើងនឹងឃើញខាងក្រោមនេះ គោលលទ្ធិព្រះគ្រីស្តវិជ្ជា (បើយល់ឱ្យបានត្រឹមត្រូវ) ហាមឃាត់រាល់ការប្រឆាំងមិនពិតរវាងមនុស្សជាតិ និងសភាពជាព្រះរបស់ព្រះយេស៊ូ។

២.៧ ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានសម្តែងព្រះយេស៊ូជាព្រះគ្រីស្ត ប្រទានជីវិតនៃព្រះត្រីឯកផ្ទាល់ទៅកាន់អ្នកជឿ។ ព្រះអង្គជំរុញឱ្យជឿ និងពង្រឹងជំនឿនេះ លើព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលទទួលសិរីរុងរឿង និងមានវត្តមាននៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

នេះជាជំនឿកាតូលិក។ នេះក៏ជាជំនឿរបស់គ្រីស្តបរិស័ទទាំងអស់ផងដែរ ដរាបណាពួកគេរក្សាគោលលទ្ធិព្រះគ្រីស្តវិជ្ជា (ដោយមិនរាប់ពីសម្ពន្ធមេត្រីថ្មី) របស់បិតាព្រះសហគមន៍ដោយស្មោះត្រង់ ដរាបណាពួកគេផ្សព្វផ្សាយ បង្រៀន និងផ្តល់សក្ខីភាពអំពីគោលលទ្ធិនោះ ដោយរបៀបរស់នៅពិតប្រាកដរបស់ពួកគេ។

១. ទេវវិទូ ដែលសព្វថ្ងៃនេះ សង្ស័យអំពីសភាពជាព្រះរបស់ព្រះគ្រីស្ត តែងតែប្រើអំណោះអំណាងនេះ៖ គោលលទ្ធិបែបនេះមិនអាចមកពីអ្វីដែលព្រះគម្ពីរសម្ដែងពិតប្រាកដទេ។ ពួកគេអះអាងថា ប្រភពដើមនៃគោលលទ្ធិនេះ ស្ថិតនៅក្នុងទស្សនវិជ្ជាក្រិក។ ផ្ទុយទៅវិញ ការស៊ើបអង្កេតខាងប្រវត្តិសាស្ត្រឱ្យបានស៊ីជម្រៅជាងនេះបង្ហាញថា របៀបគិតរបស់ជនជាតិក្រិក​ ពិតជាខុសពីគោលលទ្ធិនេះ ព្រមទាំងបដិសេធគោលលទ្ធិនេះជាខ្លាំង។

ទស្សនវិជ្ជាក្រិកបានជំទាស់ប្រឆាំងនឹងជំនឿរបស់គ្រីស្តបរិស័ទ ដែលប្រកាសពីសភាពជាព្រះរបស់ព្រះគ្រីស្ត ដោយអះអាងថា ឧត្តមភាពដ៏ខ្ពង់ស្ពស់របស់ព្រះ មិនអាចស៊ីគ្នានឹងជីវិតដ៏ទន់ខ្សោយរបស់លោកយេស៊ូនៃភូមិណាសារ៉ែត ក្នុងប្រវត្តិសាស្ត្រមនុស្សលោក។ ចំពោះទស្សនវិទូក្រិក គំនិតថា ព្រះបានចាប់កំណើតជាមនុស្ស ពិតជាពិបាកទទួល។ ពួកផ្លាតូបានចាត់ទុកថា ជំនឿនេះ មិនអាចនឹកស្មានដល់ ដោយសារគោលលទ្ធិរបស់ពួកគេអំពីសភាពរបស់ព្រះ។ ចំណែកឯពួកស្តូអ៊ិកវិញ ពួកគេមិនអាចធ្វើឱ្យគំនិតនេះ ស៊ីគ្នានឹងអ្វីដែលពួកគេបង្រៀនអំពីសកលលោកបានទេ។

២. ដើម្បីឆ្លើយតបនឹងការលំបាកទាំងនេះ ទេវវិទូខាងគ្រីស្តសាសនាជាច្រើនបានខ្ចីគំនិតពីទស្សនវិជ្ជាក្រិក ដោយបើកចំហរ ឬតិចជាងនេះ នូវគំនិតនៃ «ព្រះបន្ទាប់បន្ត» (deuteros theos) ឬព្រះកណ្តាល។ ជាក់ស្តែង គិតបែបនេះ ពួកគេបានបើកទ្វារឱ្យលទ្ធិក្រោមនិយម។ លទ្ធិនេះ មានលាក់ខ្លួនក្នុងចំណោមទេវវិទូមួយចំនួន ជាពិសេសលោកអូរីហ្សេន។ លោកអារីយូសបានធ្វើឱ្យគំនិតនេះបានក្លាយទៅជាលទ្ធិខុសឆ្គង។ គាត់បានបង្រៀនថា ព្រះបុត្រាស្ថិតនៅកណ្តាលព្រះបិតា និងសត្វលោក។ លទ្ធិខុសឆ្គងរបស់លោកអារីយូសបង្ហាញយ៉ាងច្បាស់ថា ប្រសិនបើគិតតាមទស្សនវិជ្ជាក្រិក (មិនមែនតាមអ្វីដែលព្រះជាម្ចាស់បានសម្ដែងក្នុងព្រះគម្ពីរ) គោលលទ្ធិអំពីសភាពជាព្រះរបស់ព្រះគ្រីស្ត នឹងទៅជាយ៉ាងណា។

នៅក្នុងមហាសន្និបាតនៃទីក្រុងនីសេ នៅឆ្នាំ​ ៣២៥ ព្រះសហគមន៍បានកំណត់ថា ព្រះបុត្រាមានសភាពរួម (homoousios) នឹងព្រះបិតា។ ដូច្នេះ ព្រះសហគមន៍បានបដិសេធការសម្រុះសម្រួល​របស់លោកអារីយូសជាមួយនឹងទស្សនវិជ្ជាក្រិក ក្នុងពេលដែលព្រះសហគមន៍បានកែប្រែអស្តេរូបវិជ្ជាក្រិកយ៉ាងស៊ីជម្រៅ ជាពិសេសអស្តេរូបវិជ្ជារបស់ពួកផ្លាតូ និងពួកនិយមផ្លាតូ។ ជាការពិត ព្រះសហគមន៍បានបន្សុទ្ធ (catharsis) គ្រីស្តសាសនាពីទស្សនវិជ្ជាក្រិក ដោយទទួលស្គាល់តែរបៀបពីរនៃសភាពរបស់ព្រះយេស៊ូគ្រីស្ត៖ សភាពជាព្រះ ដែលមិនត្រូវបានបង្កើត (មិនបានធ្វើ) និងសភាពជាមនុស្ស ដែលព្រះជាម្ចាស់បានបង្កើត ដ្បិតគ្រីស្តសាសនាបានបណ្តេញគំនិតនៃសត្វលោក (ព្រះ ឬមនុស្ស) កណ្តាល។

ជាការពិត ពាក្យ «homoousios» ដែលមហាសន្និបាតនៃទីក្រុងនីសេ បានប្រើ ជាពាក្យនៃទស្សនវិជ្ជា មិនមែនមកពីព្រះគម្ពីរទេ។ ទោះជាយ៉ាងណាក៏ដោយ មហាសន្និបាតបង្ហាញយ៉ាងច្បាស់ថា បិតានៃមហាសន្និបាតពិតជាមានគោលបំណងថា គ្រាន់តែបង្ហាញពីអត្ថន័យពិតប្រាកដនៃការអះអាងរបស់សម្ពន្ធមេត្រីថ្មីអំពីព្រះគ្រីស្ត តាមរបៀបច្បាស់លាស់។

ដោយកំណត់សភាពជាព្រះរបស់ព្រះគ្រីស្តបែបនេះ ព្រះសហគមន៍ក៏បានពឹងផ្អែកលើបទពិសោធន៍នៃការសង្រ្គោះ ដែលធ្វើឱ្យមនុស្សក្លាយជាព្រះ នៅក្នុងអង្គព្រះគ្រីស្ត។ ម្យ៉ាងវិញទៀត និយមន័យគោលលទ្ធិ ដែលព្រះសហគមន៍បានកំណត់ បានប៉ះពាល់បទពិសោធន៍នៃការសង្រ្គោះវិញ។ ដូច្នេះ យើងអាចទទួលស្គាល់ថា មានទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងបទពិសោធន៍ខាងជីវិត និងដំណើរការនៃការបំភ្លឺខាងទេវវិជ្ជា។

៣. ការពិចារណាខាងទេវវិជ្ជារបស់បិតាព្រះសហគមន៍ មិននៅក្រៅបញ្ហាពិសេស អំពីព្រះជន្មមុនរបស់ព្រះគ្រីស្ត ក្នុងឋានៈជាព្រះជាម្ចាស់ទេ។ ជាពិសេស យើងនឹងគិតអំពីលោកហ៊ីប៉ូលីតនៃទីក្រុងរ៉ូម លោកម៉ាសែលនៃអានស៊ីរ៉ា និងលោកហ្វូទីន។ ការសសេររបស់ពួកគេមានគោលបំណងបង្ហាញពីព្រះជន្មមុនរបស់ព្រះគ្រីស្ត មិនមែននៅក្នុងកម្រិតពិតប្រាកដទេ ប៉ុន្តែនៅក្នុងកម្រិតនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ៖ ព្រះគ្រីស្តមានព្រះជន្មមុន តាមតែក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទុកជាមុន (kata prognosin)។

ព្រះសហគមន៍កាតូលិកបានចាត់ទុកគំនិតទាំងប៉ុន្មាននោះ (អំពីព្រះជន្មមុនរបស់ព្រះគ្រីស្ត) ថា ជាគំនិតមិនគ្រប់គ្រាន់ ហើយបានថ្កោលទោសគំនិតទាំងនោះ។ ដូច្នេះ ព្រះសហគមន៍បានបង្ហាញពីជំនឿផ្ទាល់ខ្លួនលើព្រះជន្មមុនរបស់ព្រះគ្រីស្ត។ ព្រះសហគមន៍បានផ្អែកលើការហូរចេញនៃព្រះបន្ទូលអស់កល្បជានិច្ចពីព្រះបិតា។ ព្រះសហគមន៍ក៏បានយោងទៅលើអ្វីដែលសម្ពន្ធមេត្រីថ្មីអះអាងយ៉ាងច្បាស់ អំពីតួនាទីសកម្មនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងកិច្ចបង្កើតពិភពលោកផងដែរ។ ច្បាស់ណាស់ អ្នកដែលមិនទាន់មានជីវិត ឬអ្នកដែលមានជីវិតតែក្នុងព្រះហឫទ័យ (របស់ព្រះជាម្ចាស់) មិនអាចធ្វើសកម្មភាពពិតប្រាកដបានទេ។

៤. ទេវវិជ្ជានៃព្រះគ្រីស្តវិជ្ជារបស់បិតាព្រះសហគមន៍ផ្តោតលើអត្តសញ្ញាណខាងអស្តេរូបវិជ្ជា និងតួនាទីក្នុងការសង្រ្គោះរបស់ព្រះគ្រីស្ត។ ពួកគាត់មានបំណងឆ្លើយនឹងសំណួរទាំងនេះ៖ តើព្រះយេស៊ូជាអ្វី? តើព្រះយេស៊ូជានរណា? តើព្រះអង្គសង្គ្រោះយើងដោយរបៀបណា? យើងក៏អាចចាត់ទុកថា ជាការយល់ដឹងជាបន្តបន្ទាប់ និងការបង្កើតទេវវិជ្ជាយ៉ាងសកម្មនៃអាថ៌កំបាំងនៃសភាពជាព្រះជាម្ចាស់ ដែលហួសពីអ្វីៗទាំងអស់នៃ (ឧត្តមភាព – transcendance) ទ្រង់ដែលយាងមកក្នុងលោកនេះ (អន្តរភាព – immanence) នៅក្នុងព្រះគ្រីស្ត។ ការរួមបញ្ចូលគ្នានៃទិន្នន័យពីរនោះ ពិតជាត្រូវកំណត់ការស្វែងរកអត្ថន័យនេះ៖ ម្ខាង ជំនឿនៃសម្ពន្ធមេត្រីចាស់ប្រកាសថា ព្រះជាម្ចាស់ហួសពីអ្វីៗទាំងអស់។ ម្ខាងទៀត មាន “ព្រឹត្តិការណ៍ព្រះយេស៊ូគ្រីស្ត”៖ ព្រះជាម្ចាស់ផ្ទាល់យាងមកក្នុងលោកនេះ។

ការយាងមករបស់ព្រះជាម្ចាស់ក្នុងលោកនេះ ពិតជាខុសប្លែកទាំងស្រុងពីការសណ្ឋិតនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងពួកព្យាការី។ យើងមិនអាចសម្របសម្រួលអំពីឧត្តមភាពរបស់ព្រះជាម្ចាស់បានទេ បើយើងអះអាងអំពីសភាពជាព្រះដ៏ពេញលេញ និងពិតប្រាកដរបស់ព្រះគ្រីស្ត។ ឧត្តមភាពរបស់ព្រះជាម្ចាស់ចាំបាច់ ដើម្បីជំនះព្រះគ្រីស្តវិជ្ជា ដែលគេហៅថា “ព្រះគ្រីស្តវិជ្ជាដែលកាត់បន្ថយសភាពជាព្រះរបស់ព្រះគ្រីស្ត”៖ ពោលគឺលទ្ធិទាំងប៉ុន្មានដែលជឿថា ព្រះយេស៊ូគ្រីស្តជាបុត្រចិញ្ជឹម និងលទ្ធិរបស់លោកអារីយូស។ ឧត្តមភាពរបស់ព្រះជាម្ចាស់អនុញ្ញាតឱ្យយើងបដិសេធនិក្ខេបបទដែលបំផុសគំនិតថា សភាពជាព្រះ និងសភាពជាមនុស្សបានលាយបញ្ចូលគ្នា ( monophysisme) នៅក្នុងព្រះយេស៊ូ ដែលនាំឱ្យមានការលុបបំបាត់ភាពមិនផ្លាស់ប្តូរ និងភាពមិនអាចរងទុក្ខរបស់ព្រះជាម្ចាស់។ ម្យ៉ាងវិញទៀត គំនិតនៃអន្តរគមន៍របស់ព្រះជាម្ចាស់ ដែលទាក់ទងនឹងជំនឿលើការចាប់កំណើតនៃព្រះបន្ទូល អនុញ្ញាតឱ្យយើងអះអាងពីមនុស្សជាតិពិតប្រាកដ និងត្រឹមត្រូវរបស់ព្រះគ្រីស្ត ប្រឆាំងនឹងការបង្រៀនរបស់អស់អ្នក ដែលជឿថា ព្រះជាម្ចាស់គ្រាន់តែធ្វើហាក់ដូចជាប្រសូតជាមនុស្សប៉ុណ្ណោះ (ការលេចឡើង / កាឡា docetism របស់ពួកណូស្ទីក – Gnocism)។

៥. ក្នុងអំឡុងពេលនៃការជជែកដេញដោលគ្នារវាងសាលាអាន់ទីយ៉ូក និងសាលាអាឡិចសាន់ឌ្រី យើងមិនបានឃើញពីរបៀបផ្សះផ្សានៃឧត្តមភាពរបស់ព្រះជាម្ចាស់ហួសពីអ្វីៗទាំងអស់ (ពោលគឺការបែងចែកសភាពទាំងពីររបស់ព្រះគ្រីស្ត) ជាមួយនឹងអន្តរគមន៍របស់ព្រះជាម្ចាស់ក្នុងលោកនេះ (ពោលគឺការរួបរួមគ្នានៃសភាពទាំងពីរនោះ៖ hypostatic union) នោះទេ។ មហាសន្និបាតនៃទីក្រុងកាល់ស៊ីដូន ក្នុងឆ្នាំ ៤៥១ ចង់បង្ហាញពីរបៀប ដែលការសំយោគនៃទស្សនៈទាំងពីរអាចធ្វើទៅបាន ដោយប្រើការបញ្ចេញមតិពីរ ក្នុងពេលតែមួយ៖ “ដោយគ្មានការភាន់ច្រឡំ” (asugkytôs) និង “ដោយគ្មានការបែងចែក” (adiairetôs)៖ យើងអាចមើលឃើញថា ជារូបមន្ត ដែលអះអាងថា “សភាពពីរ និងអង្គតែមួយ” របស់ព្រះគ្រីស្ត តាមរបៀបដែលមិនអាចថ្លៃងបាន (apophatic)។

ដោយគ្មានការភាន់ច្រឡំ សម្ដៅលើសភាពពីរ និងអះអាងពីមនុស្សជាតិពិតប្រាកដរបស់ព្រះគ្រីស្ត។ ទន្ទឹមនឹងនេះ រូបមន្តនេះ បញ្ជាក់ពីឧត្តមភាព (លក្ខណៈហួសពីអ្វីៗទាំងអស់) របស់ព្រះជាម្ចាស់ យោងតាមបំណងប្រាថ្នារបស់អ្នកប្រឆាំងលោកអារីយូស ដោយសារព្រះជាម្ចាស់នៅតែជាព្រះ ខណៈពេលដែលមនុស្សនៅតែជាមនុស្ស។ រូបមន្តនេះ មិនរាប់បញ្ចូលស្ថានភាពកណ្តាលណាមួយរវាងសភាពជាព្រះ និងមនុស្សជាតិទេ។ ដោយគ្មានការបែងចែក ប្រកាសពីការរួបរួមដ៏ជ្រាលជ្រៅ និងមិនអាចត្រឡប់វិញបាន រវាងព្រះជាម្ចាស់ និងឋានៈនៃមនុស្សរបស់ព្រះយេស៊ូ នៅក្នុងអង្គព្រះបន្ទូល។ គេក៏អះអាងអន្តរគមន៍ (ការយាងមករបស់ព្រះជាម្ចាស់ក្នុងលោក) ដ៏ពេញលេញផងដែរ៖ អន្តរគមន៍នេះ ជាគ្រឹះនៃការសង្រ្គោះរបស់គ្រីស្តសាសនា និងការធ្វើឱ្យមនុស្សក្លាយជាព្រះ។

ដោយការអះអាងទាំងនេះ ពួកបិតានៃទីក្រុងកាល់ស៊ីដូនបានឈានដល់កម្រិតថ្មីមួយ ក្នុងការយល់ឃើញអំពីឧត្តមភាព(លក្ខណៈហួសពីអ្វីៗទាំងអស់) របស់ព្រះជាម្ចាស់។ លក្ខណៈនេះ មិនត្រឹមតែ “ខាងទេវវិជ្ជា” ប៉ុណ្ណោះទេ តែទាក់ទងនឹង “ព្រះគ្រីស្តវិជ្ជា”។ យើងលែងគ្រាន់តែអះអាងពីលក្ខណៈហួសពីអ្វីៗទាំងអស់របស់ព្រះជាម្ចាស់ទាក់ទងនឹងមនុស្សនោះទេ។ នៅពេលនេះ គឺជាលក្ខណៈហួសពីអ្វីៗទាំងអស់របស់ព្រះគ្រីស្ត ជាព្រះជាម្ចាស់ និងជាមនុស្ស ទាក់ទងនឹងភាពជាសកលនៃមនុស្ស និងប្រវត្តិសាស្ត្រ។ យោងតាមពួកបិតានៃមហាសន្និបាត លក្ខណៈដាច់ខាត និងសកលនៃជំនឿរបស់គ្រីស្តបរិស័ទស្ថិតនៅក្នុងទិដ្ឋភាពទីពីរនៃលក្ខណៈហួសពីអ្វីៗទាំងអស់នេះ។

៦. តើមហាសន្និបាតកាល់ស៊ីដូនមានប្រយោធន៍អ្វីនៅក្នុងប្រវត្តិសាស្ត្រនៃគ្រីស្តសាសនា? និយមន័យគោលលទ្ធិនៃកាល់ស៊ីដូនមិនអះអាងថា ផ្តល់ចម្លើយពេញលេញចំពោះសំណួរនេះទេ៖ តើព្រះជាម្ចាស់ និងមនុស្សអាចរួមរស់ជាមួយគ្នាក្នុងអង្គព្រះគ្រីស្តដោយរបៀបណា? នេះគឺជាអាថ៌កំបាំងនៃការចាប់កំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ និយមន័យណាមួយមិនអាចកំណត់ឱ្យបានពេញលេញដោយរូបមន្តវិជ្ជមានណាមួយបានទេ។ ផ្ទុយទៅវិញ មហាសន្និបាតបានកំណត់ “មួយ” និង “ផ្សេងទៀត” ដែលហាក់ដូចជាដកចេញពីគ្នាទៅវិញទៅមក៖ ឧត្តមភាព និងអន្តរភាព ហើយ ព្រះជាម្ចាស់ និងមនុស្ស។ ត្រូវតែបញ្ជាក់ទិដ្ឋភាពទាំងពីរ ដោយគ្មានការរឹតបន្តឹង ប៉ុន្តែដោយបោះចោលអ្វីៗទាំងអស់ ដែលជាការដាក់បញ្ចូលលើគ្នា ឬការលាយឡំគ្នា។ ដូច្នេះ នៅក្នុងព្រះគ្រីស្ត ឧត្តមភាព និងអន្តរភាព រួបរួមគ្នាយ៉ាងល្អឥតខ្ចោះ។

ប្រសិនបើយើងពិចារណាលើគំនិត និងវិធីសាស្ត្រដែលគេបានប្រើ យើងអាចគិតពី “ការប្រែជំនឿនៃសម្ពន្ធមេត្រីថ្មីតាមលក្ខណៈនៃទស្សនវិជ្ជាក្រិក”។ ប៉ុន្តែ ម្យ៉ាងវិញទៀត នៅក្នុងទិដ្ឋភាពផ្សេងទៀត និយមន័យនៃកាល់ស៊ីដូនហួសពីការគិតរបស់ទស្សនវិជ្ជាក្រិកយ៉ាងខ្លាំង។ ជាការពិត កាល់ស៊ីដូនធ្វើឱ្យទស្សនៈពីរ (ដែលទស្សនវិជ្ជាក្រិកតែងតែចាត់ទុកថា មិនស៊ីសង្វាក់គ្នា) អាចរួមរស់ជាមួយគ្នាបាន៖ ឧត្តមភាពរបស់ព្រះជាម្ចាស់ ដែលជាព្រលឹងនៃប្រព័ន្ធផ្លាតូ និងអន្តរគមន៍របស់ព្រះជាម្ចាស់ក្នុងលោកនេះ ដែលជាស្មារតីនៃទេវវិជ្ជាស្តូអ៊ីក។

៧. ដើម្បីបង្កើតគោលលទ្ធិគ្រីស្តសាសនាត្រឹមត្រូវ មិនត្រឹមតែចាំបាច់ត្រូវគិតគូរពីការវិវត្តន៍នៃគំនិត ដែលបាននាំទៅដល់មហាសន្និបាតកាល់ស៊ីដូនប៉ុណ្ណោះទេ។ ចាំបាច់ក៏ត្រូវយកចិត្តទុកដាក់ចំពោះមហាសន្និបាតខាងព្រះគ្រីស្តវិជ្ជាចុងក្រោយ និងជាពិសេសមហាសន្និបាត Constantinople ទីបី (៦៨១)។

តាមរយៈនិយមន័យនៃមហាសន្និបាតនេះ ព្រះសហគមន៍បានបង្ហាញថា ព្រះសហគមន៍អាចបំភ្លឺបញ្ហាខាងព្រះគ្រីស្តវិជ្ជាបានកាន់តែប្រសើរជាងអ្វីដែលបិតាព្រះសហគមន៍បានធ្វើរួចហើយ នៅមហាសន្និបាតកាល់ស៊ីដូន។ ដូច្នេះ ព្រះសហគមន៍បានត្រៀមខ្លួនពិនិត្យមើលបញ្ហាខាងព្រះគ្រីស្តវិជ្ជាឡើងវិញ ដោយសារតែការលំបាកថ្មីៗបានលេចឡើង។ ព្រះសហគមន៍ចង់ស្វែងយល់កាន់តែស៊ីជម្រៅអំពីចំណេះដឹង ដែលខ្លួនបានទទួលតាមរយៈអ្វីដែលព្រះគម្ពីរដ៏វិសុទ្ធបានថ្លែងអំពីព្រះយេស៊ូគ្រីស្ត។

មហាសន្និបាត Lateran នៅឆ្នាំ ៦៤៩ បានថ្កោលទោសលទ្ធិខុសឆ្គង ដែលអះអាងថា ព្រះគ្រីស្តមានតែព្រះហឫទ័យក្នុងឋានៈជាព្រះ (ព្រះអង្គក៏មិនមានឆន្ទះក្នុងឋានៈជាមនុស្ស៖ monotheletism)។ ដូច្នេះ ព្រះសហគមន៍បានរៀបចំមហាសន្និបាតសម្រាប់ព្រះសហគមន៍ទាំងមូល នៅ Constantinople ទីបី ។ តាមការពិត នៅឆ្នាំ ៦៤៩ ដោយសារសន្ត Maximus ជាអ្នកប្រកាស ព្រះសហគមន៍បានបង្ហាញពីតួនាទីដ៏សំខាន់ ដែលសេរីភាពក្នុងឋានៈជាមនុស្សរបស់ព្រះគ្រីស្តមាននៅក្នុងការសង្រ្គោះរបស់យើង។ ដូច្នេះ ព្រះសហគមន៍ក៏បានសង្កត់ធ្ងន់នូវទំនាក់ទំនងដែលបានកើតឡើង រវាងឆន្ទៈសេរីរបស់មនុស្សនេះ និងបុគ្គលភាព (hypostasis) នៃព្រះបន្ទូល។ នៅក្នុងមហាសន្និបាតនេះ ព្រះសហគមន៍ប្រកាសថា ព្រះមួយអង្គសព្វព្រះហឫទ័យសង្រ្គោះយើងតាមរយៈឆន្ទៈរបស់មនុស្សម្នាក់។ ដូច្នេះ ដោយបកស្រាយក្រោមពន្លឺនៃមហាសន្និបាត Lateran និយមន័យនៃ Constantinople ទីបី ចាក់ឫសគល់ជ្រៅនៅក្នុងគោលលទ្ធិនៃបិតាព្រះសហគមន៍ និងនៅក្នុងមហាសន្និបាតកាល់ស៊ីដូន។ ប៉ុន្តែ ម្យ៉ាងវិញទៀត និយមន័យនេះក៏ជួយយើងតាមរបៀបពិសេស ក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃសម័យកាលរបស់យើងទាក់ទងនឹងបញ្ហាខាងព្រះគ្រីស្តវិជ្ជា។

តម្រូវការទាំងនេះពិតជាបង្ហាញកាន់តែច្បាស់ពីទីសារៈសំខាននៃមនុស្សជាតិរបស់ព្រះគ្រីស្ត និង «ព្រឹត្តិការណ៍ដ៏អស្ចារ្យ» ផ្សេងៗនៃជីវិតនៅលើផែនដីរបស់ព្រះអង្គ ដូចជាពិធីជ្រមុជទឹក ការល្បួង «ការឈឺចាប់» នៃ Gethsemane។

១. ក្នុងន័យជាក់លាក់មួយ ព្រះគ្រីស្តវិជ្ជាត្រូវតែទទួលយក និងបញ្ចូលទស្សនៈ ដែលមនុស្សសម័យនេះ ទទួលបានអំពីខ្លួនឯង និងប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងការយល់ឡើងវិញទស្សនៈនេះ ដែលព្រះសហគមន៍ផ្តល់ដល់អ្នកជឿ។ តាមវិធីនេះ យើងអាចកែកំហុស ដែលកើតចេញពីការប្រើប្រាស់តឹងរ៉ឹងពេកនូវអ្វីដែលគេហៅថា “ធម្មជាតិ” ក្នុងព្រះគ្រីស្តវិជ្ជា។ យើងក៏អាចភ្ជាប់ទៅនឹងព្រះគ្រីស្ត ដែលជាអ្នកសរុប (អេភេសូរ ១:១០) នូវអ្វីដែលការយល់សម័យនេះ នាំមកឱ្យយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពមនុស្ស។

២. ការប្រឈមមុខរវាងព្រះគ្រីស្តវិជ្ជាជាមួយនឹងវប្បធម៌បច្ចុប្បន្ននេះ ជួយផ្តល់ចំណេះដឹងថ្មី និងស៊ីជម្រៅជាងមុន ដែលមនុស្សទទួលបានអំពីខ្លួនឯងនាពេលបច្ចុប្បន្ន។ ប៉ុន្តែម្យ៉ាងវិញទៀត គាត់ផ្ទៀងផ្ទាត់ សាកល្បង និងដាក់ចំណេះដឹងនេះ នៅក្រោមលក្ខណៈវិនិច្ឆ័យរបស់ខ្លួននៅពេលចាំបាច់ (ឧទាហរណ៍៖ ក្នុងវិស័យនយោបាយ និងសាសនា)។ ពិតណាស់ គេបដិសេធ និងបោះបង់សាសនាចោល ដោយលទ្ធិគ្មានព្រះ ឬគេបកស្រាយថា សាសនាជាមធ្យោបាយ ដើម្បីទៅដល់ជម្រៅនៃអត្ថន័យនៃអ្វីៗទាំងអស់ ដោយបដិសេធព្រះដែលមានឧត្តមភាព និងបុគ្គលភាព។ ដូច្នេះ សាសនាអាចលេចចេញជា “ការជាប់គុក” សុទ្ធសាធនៃមនុស្សជាតិ ខណៈដែលព្រះគ្រីស្តបាត់បង់អត្តសញ្ញាណ និងភាពតែមួយគត់របស់ព្រះអង្គ។ ក្នុងករណីទាំងពីរនេះ យើងឈានដល់លទ្ធផលទាំងនេះ៖ សេចក្ដីថ្លៃថ្នូររបស់មនុស្សរលាយបាត់ ហើយព្រះគ្រីស្តបាត់បង់លក្ខណៈដ៏ប្រសើរឧត្តមរបស់ព្រះអង្គ។ ដំណោះស្រាយចំពោះស្ថានភាពបែបនេះ អាចមកពីការស្តានរវិជ្ជាឡើងវិញ ក្រោមពន្លឺនៃអាថ៌កំបាំងរបស់ព្រះគ្រីស្តប៉ុណ្ណោះ។

៣. គោលលទ្ធិរបស់សន្តប៉ូលីនអំពីលោកអដាំពីរនាក់ (១កូរិនថូស ១៥:២១ និងបន្តបន្ទាប់; រ៉ូម ៥:១២-១៩) នឹងក្លាយជាគោលការណ៍ខាងព្រះគ្រីស្តវិជ្ជា ដែលនឹងដឹកនាំ និងបំភ្លឺការប្រឈមមុខជាមួយវប្បធម៌មនុស្ស ក៏ដូចជាលក្ខណៈវិនិច្ឆ័យលើការស្រាវជ្រាវបច្ចុប្បន្នក្នុងវិស័យនរវិជ្ជា។ ដោយសារភាពស្របគ្នានេះ យើងមិនអាចយល់ព្រះគ្រីស្តដែលជាអដាំទីពីរ និងចុងក្រោយ ដោយមិនគិតពីអដាំទីមួយ ពោលគឺស្ថានភាពមនុស្សរបស់យើង។ ម្យ៉ាងវិញទៀត យើងអាចយល់ឃើញអដាំទីមួយតែក្នុងភាពជាមនុស្សពិតប្រាកដ និងពេញលេញរបស់គាត់ប៉ុណ្ណោះ លុះត្រាតែគាត់បើកចំហចំពោះព្រះគ្រីស្តដែលសង្គ្រោះយើង និងធ្វើឱ្យយើងក្លាយជាព្រះតាមរយៈជីវិត ការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ។

៤. មនុស្សជាច្រើននៃសម័យរបស់យើងជួបការលំបាក នៅពេលដែលយើងណែនាំគោលលទ្ធិនៃមហាសន្និបាតកាល់ស៊ីដូនដល់ពួកគេ។ ពាក្យ “ធម្មជាតិ” និង “បុគ្គល” ដែលបិតាមហាសន្និបាតបានប្រើ ពិតជាមានអត្ថន័យដូចគ្នាក្នុងភាសាធម្មតា ប៉ុន្តែ គំនិត ដែលពាក្យនេះសម្ដៅយ៉ាងពិតប្រាកដ ខុសគ្នាខ្លាំង នៅក្នុងវាក្យសព្ទទស្សនវិជ្ជាផ្សេងៗ។ សម្រាប់មនុស្សជាច្រើន ពាក្យសម្ដី “ធម្មជាតិមនុស្ស” លែងមានន័យថា ជាសភាពរួមដែលមិនប្រែប្រួល ទៀតហើយ។ ពាក្យនេះសម្ដៅតែលើគម្រោងការណ៍ ដែលសង្ខេបនៃបាតុភូត ដែលយើងរកឃើញក្នុងចំណោមមនុស្ស ក្នុងករណីភាគច្រើនប៉ុណ្ណោះ។ ជាញឹកញាប់ គេកំណត់គំនិតអំពីបុគ្គល តាមន័យខាងផ្លូវចិត្ត៖ គេលែងចាប់អារម្មណ៍អំពីទិដ្ឋភាពខាងអស្តេរូបវិជ្ជានៃពាក្យនេះទៀតទេ។

មនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ លើកការលំបាកកាន់តែខ្លាំង នៅពេលដែលគិតដល់ទិដ្ឋភាពដែលទាក់ទងនឹងការសង្រ្គោះនៃគោលលទ្ធិខាងព្រះគ្រីស្តវិជ្ជា។ ពួកគេបដិសេធគំនិតណាមួយអំពីការសង្គ្រោះ ខុសប្លែកពីគម្រោងការនៃជីវិត។ ពួកគេរិះគន់អ្វីដែលពួកគេជឿថា ជាលក្ខណៈបុគ្គលសុទ្ធសាធនៃការសង្គ្រោះតាមគ្រីស្តសាសនា។ ព្រះបន្ទូលសន្យាអំពីសុភមង្គលនាពេលអនាគតហាក់ដូចជាក្តីស្រមៃ ដែលបង្វែរមនុស្សចេញពីកាតព្វកិច្ចពិតរបស់ពួកគេ ដែល (តាមទស្សនៈរបស់ពួកគេ) គ្រាន់តែនៅលើផែនដីប៉ុណ្ណោះ។ ពួកគេសួរថា តើមនុស្សត្រូវលោះចេញពីអ្វី? តើអ្នកណាដែលចាំបាច់ត្រូវបង់ថ្លៃនៃការសង្គ្រោះ? ពួកគេខឹងសម្បារចំពោះគំនិតដែលថា ព្រះជាម្ចាស់អាចទាមទារឈាមនៃមនុស្សគ្មានទោស។ ពួកគេសង្ស័យថា ព្រះជាម្ចាស់កាច់សាហាវ។ ពួកគេប្រកែកប្រឆាំងនឹងអ្វីដែលគេហៅថា “ការលោះបាប ដោយអ្នកជំនួស” (ពោលគឺតាមរយៈអ្នកសម្របសម្រួល) ដោយនិយាយថា មិនអាចទៅរួចខាងសីលធម៌។ មនសិការនីមួយៗមានឯករាជ្យ ដូច្នេះពួកគេប្រកែកថា មនុស្សម្នាក់មិនអាចរំដោះមនសិការរបស់មនុស្សម្នាក់ផ្សេងបានទេ។

ជាចុងក្រោយ មនុស្សសម័យឥឡូវខ្លះត្អូញត្អែរថា ពួកគេមិនបានរកឃើញក្នុងការរស់នៅនៃព្រះសហគមន៍ និងអ្នកជឿនូវបៀបរស់នៅស្របតាមអាថ៌កំបាំងនៃការរំដោះ ដែលអ្នកជឿប្រកាសនោះទេ។

៥. ទោះបីជាមានការលំបាកទាំងអស់នេះក៏ដោយ ការបង្រៀនខាងព្រះគ្រីស្តវិជ្ជារបស់ព្រះសហគមន៍ និងជាពិសេសគោលលទ្ធិដែលមហាសន្និបាតកាល់ស៊ីដូនបានកំណត់ រក្សាបាននូវតម្លៃជានិច្ច។ ពិតណាស់ យើងមានសិទ្ធិ ឬប្រហែលជាយើងគួរស្វែងរកឱ្យកំណត់គោលលទ្ធិនេះឱ្យបានកាន់តែស៊ីជម្រៅ ប៉ុន្តែយើងមិនអាចបដិសេធគោលលទ្ធិនេះបានទេ។ ទាក់ទងនឹងប្រវត្តិសាស្ត្រ យើងមិនអាចនិយាយថា បិតានៃមហាសន្និបាតកាល់ស៊ីដូន បានបង្វែរគោលលទ្ធិនៃគ្រិស្តសាសនាទៅក្នុងទិសដៅនៃគំនិតក្រិកនោះទេ។ ម្យ៉ាងវិញទៀត ការលំបាកបច្ចុប្បន្ន ដែលយើងបានរំលឹក បង្ហាញថា មនុស្សសម័យឥឡូវមួយចំនួន ស្ថិតនៅក្នុងភាពល្ងង់ខ្លៅយ៉ាងខ្លាំង ទាក់ទងនឹងអត្ថន័យពិតប្រាកដនៃគោលលទ្ធិខាងព្រះគ្រីស្តវិជ្ជា។ ជូនកាល ពួកគេក៏មិនមានទស្សនៈត្រឹមត្រូវអំពីសេចក្តីពិតនៃព្រះជាម្ចាស់ ដែលជាអ្នកបង្កើតពិភពលោកដែលអាចមើលឃើញ និងពិភពលោកដែលមើលមិនឃើញផងដែរ។

ដើម្បីឈានទៅដល់ជំនឿលើព្រះគ្រីស្ត និងការសង្រ្គោះដែលព្រះអង្គនាំមក យើងត្រូវតែទទួលយកនូវសេចក្តីពិតមួយចំនួនដែលពន្យល់ជំនឿ និងការសង្រ្គោះនេះ។ ព្រះដ៏មានព្រះជន្មរស់ជាសេចក្តីស្រឡាញ់ (១ យ៉ូហាន ៤:៨)។ ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ដោយសារសេចក្ដីស្រឡាញ់។ ព្រះដ៏មានព្រះជន្មរស់នេះ – ព្រះបិតា ព្រះបន្ទូល ព្រះវិញ្ញាណដែលប្រោសឱ្យបានវិសុទ្ធ – បានបង្កើតមនុស្សជាតំណាងរបស់ព្រះអង្គ តាំងពីដើមដំបូងនៃពេលវេលា។ ព្រះអង្គបានប្រទានឱ្យគាត់នូវសេចក្ដីថ្លៃថ្នូរជាបុគ្គល ដែលមានប្រាជ្ញាជាកំពូលនៃសកលលោក។ នៅពេលដែលពេលវេលាបានមកដល់ ព្រះត្រីឯកបានបំពេញស្នាព្រះហស្តរបស់ព្រះអង្គនៅក្នុងព្រះគ្រីស្តយេស៊ូ។ ព្រះអង្គបានតែងតាំងព្រះអង្គជាអ្នកសម្រុះសម្រួលនៃសន្តិភាព និងសម្ព័ន្ធមេត្រី ដែលព្រះអង្គបានប្រទានដល់ពិភពលោកទាំងមូល សម្រាប់មនុស្សទាំងអស់ និងសម្រាប់គ្រប់សម័យកាលទាំងអស់។ ព្រះយេស៊ូគ្រីស្តជាមនុស្សល្អឥតខ្ចោះ។ ជាការពិត ព្រះអង្គរស់នៅទាំងស្រុងពីព្រះបិតា និងសម្រាប់ព្រះបិតា។ ក្នុងពេលជាមួយគ្នានេះ ព្រះអង្គរស់នៅទាំងស្រុងជាមួយមនុស្ស និងដើម្បីសង្រ្គោះពួកគេ ពោលឱ្យពួកគេទៅជាមនុស្សដ៏ពេញលក្ខណៈ។ ដូច្នេះ ព្រះអង្គជាគំរូ និងជាអគ្គសញ្ញានៃមនុស្សជាតិថ្មី។

ជីវិតរបស់ព្រះគ្រីស្តផ្តល់ឱ្យយើងនូវការយល់ដឹងថ្មីអំពីព្រះជាម្ចាស់ និងអំពីមនុស្សផងដែរ។ ព្រះនៃគ្រីស្តបរិស័ទ ថ្មី និងមានលក្ខណៈពិសេសយ៉ាងណា មនុស្សនៃគ្រីស្តបរិស័ទ ថ្មី និងមានលក្ខណៈពិសេសទាក់ទងនឹងគំនិតផ្សេងទៀតទាំងអស់អំពីមនុស្ស។ ការបន្ទាបខ្លួនរបស់ព្រះជាម្ចាស់ (ទីតុស ៣:៤) និងប្រសិនបើអ្នកអាចប្រើពាក្យនេះ “ភាពរាបទាប” របស់ព្រះអង្គ ធ្វើឱ្យព្រះអង្គរួមសាមគ្គីជាមួយមនុស្សផ្ទាល់ ដោយទ្រង់ចាប់កំណើតជាមនុស្ស ជាស្នាព្រះហស្តនៃសេចក្តីស្រឡាញ់។ ព្រះអង្គក៏ធ្វើឱ្យមនុស្សថ្មី ដែលអាចរកឃើញសិរីរុងរឿងរបស់គាត់ ដោយបម្រើគេ មិនមែនដោយគាបសង្កត់គេនោះទេ។

ព្រះគ្រីស្តរស់នៅសម្រាប់មនុស្ស (pro-existentia) ។ ព្រះអង្គយកទម្រង់ជាអ្នកបំរើសម្រាប់ពួកគេ (ភីលីព ២:៧)។ ព្រះអង្គបានសុគត ហើយរស់ឡើងវិញពីមនុស្សស្លាប់ទៅកាន់ជីវិតពិតប្រាកដសម្រាប់ពួកគេ (រ៉ូម ៤:២៤)។ ជីវិតរបស់ព្រះគ្រីស្តដែលតម្រង់ទៅរកអ្នកដទៃនេះ ធ្វើឱ្យយើងមើលឃើញថា​ ឯករាជ្យពិតប្រាកដរបស់មនុស្សមិនមាននៅក្នុងការចង់ធ្វើជាមេគេ ឬក្នុងការប្រឆាំងអ្នកដទៃនោះទេ។ ម្ខាង (supra-existentia) មនុស្សព្យាយាមដាក់ខ្លួនឯងនៅខាងមុខ និងចង់គ្រប់គ្រងអ្នកដទៃ។ ម្ខាងទៀត (contra-existentia) គាត់ប្រព្រឹត្តជាមួយអ្នកដទៃដោយអយុត្តិធម៌ និងព្យាយាមបោកបញ្ចោតពួកគេ។

នៅពេលដំបូង គំនិតនៃជីវិតមនុស្សដែលកាត់ចេញពីជីវិតរបស់ព្រះគ្រីស្តអាចធ្វើឱ្យយើងជំទាស់។ ហេតុនេះហើយ បានជាមនុស្សទាំងមូលត្រូវកែប្រែចិត្តគំនិត មិនត្រឹមតែនៅពេលចាប់ផ្តើមប៉ុណ្ណោះទេ ប៉ុន្តែដោយតស៊ូរហូតដល់ទីបញ្ចប់ផងដែរ ។ យើងអាចប្រែចិត្តបែបនេះ លុះត្រាតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានសូនសេរីភាពរបស់យើងឡើងវិញប៉ុណ្ណោះ។

៦. ក្នុងអំឡុងពេលនៃប្រវត្តិសាស្ត្រ និងក្នុងចំណោមវប្បធម៌ចម្រុះ ត្រូវតែសម្របការបង្រៀនរបស់មហាសន្និបាតកាល់ស៊ីដូន និង Constantinople ទីបី ជានិច្ច នៅក្នុងស្មារតី និងការផ្សព្វផ្សាយរបស់ព្រះសហគមន៍ ក្រោមការដឹកនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ទាំងពួកទេវវិទូ ពួកគង្វាល និងអ្នកជឿត្រូវតែមានកង្វល់យកចិត្តទុកដាក់ សម្របការបង្រៀននេះ ជាដាច់ខាត។

៦.១. ពួកទេវវិទូមានកិច្ចការដំបូងបង្អស់ កសាងសំយោគមួយ ដែលសង្កត់លើគ្រប់ទិដ្ឋភាព និងតម្លៃនៃអាថ៌កំបាំងរបស់ព្រះគ្រីស្ត។ ពួកគេត្រូវតែទទួលយកលទ្ធផលពិតប្រាកដនៃការបកស្រាយព្រះគម្ពីរ និងការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រនៃការសង្គ្រោះ។ ពួកគេក៏នឹងគិតគូរពីរបៀបដែលសាសនានៃប្រជាជនផ្សេងៗបង្ហាញពីការព្រួយបារម្ភនៃការសង្គ្រោះ និងរបៀបដែលមនុស្សទូទៅខិតខំដើម្បីទទួលបានការរំដោះពិតប្រាកដ។ យ៉ាងណាមិញ ពួកគេនឹងយកចិត្តទុកដាក់ចំពោះការបង្រៀនរបស់ជនដ៏វិសុទ្ធ និងបណ្ឌិតនៃព្រះសហគមន៍។

ការសំយោគបែបនេះអាចបង្កើនរូបមន្តកាល់ស៊ីដូន តាមរយៈទស្សនៈទាក់ទងនឹងការសង្រ្គោះកាន់តែច្រើន ដោយផ្តល់អត្ថន័យពេញលេញដល់រូបមន្តនេះ៖ ព្រះគ្រីស្តបានសុគតសម្រាប់យើង។

ពួកទេវវិទូក៏នឹងយកចិត្តទុកដាក់ជាខ្លាំងចំពោះសំណួរដែលតែងតែពិបាកផងដែរ។ ចូរលើកឡើងពីសំណួរដូចតទៅ៖មនសិការ និងចំណេះដឹងរបស់ព្រះគ្រីស្ត របៀបយល់ឃើញពីតម្លៃដាច់ខាត និងសកលនៃការប្រោសលោះដែលព្រះគ្រីស្តបានសម្រេច សម្រាប់មនុស្សទាំងអស់ និងម្តងជាស្ថាពរ។

៦.២. ចូរយើងរិះគិតអំពីព្រះសហគមន៍ទាំងមូលដែលជាប្រជាជនរបស់ព្រះជាម្ចាស់។ ព្រះសហគមន៍នេះមានភារកិច្ចឱ្យ មនុស្សទាំងអស់ និងប្រជាជនទាំងអស់ ចូលរួមនៅក្នុងអាថ៌កំបាំងរបស់ព្រះគ្រីស្ត។ អាថ៌កំបាំងរបស់ព្រះគ្រីស្តនេះពិតជាដូចគ្នាសម្រាប់ទាំងអស់គ្នា។ ទោះជាយ៉ាងណាក៏ដោយ ត្រូវតែបង្ហាញអាថ៌កំបាំងនេះ តាមរបៀបដែលមនុស្សគ្រប់រូបអាចទទួលយក និងប្រារព្ធ នៅក្នុងជីវិត និងវប្បធម៌ផ្ទាល់ខ្លួន។ នេះពិតជាចាំបាច់ សព្វថ្ងៃនេះ ព្រះសហគមន៍ កាន់តែដឹងពីលក្ខណៈពិសេស និងតម្លៃនៃវប្បធម៌ផ្សេងៗ។ តាមពិត នៅក្នុងវប្បធម៌ទាំងនេះហើយដែលប្រជាជនបង្ហាញពីអត្ថន័យនៃជីវិតចំពោះពួកគេផ្ទាល់ រួមជាមួយនឹងនិមិត្តរូប កាយវិការ គំនិត និងភាសាពិសេស។ នេះនាំឱ្យមានលទ្ធផលមួយចំនួន។ ព្រះជាម្ចាស់បានសម្ដែងអាថ៌កំបាំង ដល់មនុស្សដ៏វិសុទ្ធ ដែលព្រះអង្គបានជ្រើសរើស គ្រីស្តបរិស័ទបានជឿ ប្រកាស និងប្រារព្ធអាថ៌កំបាំងនេះ។ ការនេះ មិនអាចកើតឡើងវិញក្នុងប្រវត្តិសាស្ត្របាន។ ប៉ុន្តែ ត្រូវបញ្ចេញគំនិតថ្មីៗដើម្បីលាតត្រាដាងអាថ៌កំបាំងនេះ។ ដូច្នេះ ក្នុងចំណោមប្រជាជននីមួយៗ និងក្នុងសម័យកាលនីមួយៗ សាវ័កខ្លះៗនឹងផ្ញើជីវិតទាំងស្រុងរបស់ពួកគេចំពោះព្រះគ្រីស្តជាព្រះអម្ចាស់ ហើយព្រះជាម្ចាស់ក៏នឹងបញ្ចូលពួកគេទៅក្នុងព្រះអង្គ។

ព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត មានសរីរាង្គ (សមាជិក) ជាច្រើន។ ព្រះអង្គប្រទានឱ្យពួកគេនូវសន្តិភាពដូចគ្នាក្នុងឯកភាព ដោយមិនមើលងាយលក្ខណៈពិសេសរបស់ពួកគេឡើយ។ ព្រះវិញ្ញាណ «រក្សាអ្វីៗទាំងអស់ក្នុងឯកភាព ហើយព្រះអង្គស្គាល់គ្រប់ភាសាទាំងអស់» (ពាក្យផ្តើម (Introït) នៃពិធីបុរាណអំពីបុណ្យព្រះវិញ្ញាណយាងមក នៃទីក្រុងរ៉ូម យោងតាម ប្រាជ្ញាញ្ញាណ ១)។ ប្រជាជនទាំងអស់ និងមនុស្សទាំងអស់បានទទួលទ្រព្យសម្បត្តិ និងព្រះអំណោយទានផ្ទាល់ខ្លួនរបស់ពួកគេ ពីព្រះវិញ្ញាណនេះ។ ទ្រព្យសម្បត្តិ និងព្រះអំណោយទានទាំងអស់នោះ បានពង្រីកក្រុមគ្រួសាររបស់មនុស្សទាំងអស់របស់ព្រះជាម្ចាស់ ពីព្រោះដោយសម្លេងតែមួយ និងចិត្តគំនិតតែមួយ ហើយដោយមានភាសាផ្សេងៗគ្នាផងដែរ កូនចៅរបស់ព្រះជាម្ចាស់ទូលអង្វរព្រះបិតា ដែលគង់នៅស្ថានបរមសុខ របស់ពួកគេ តាមរយៈព្រះគ្រីស្តយេស៊ូ។

១. ព្រះបិតា «មិនបានទុកព្រះបុត្រផ្ទាល់ព្រះអង្គទេ តែព្រះអង្គបានបញ្ជូនព្រះអង្គសម្រាប់យើងទាំងអស់គ្នា» (រ៉ូម ៨:៣២)។ ព្រះអម្ចាស់របស់យើងបានក្លាយជាមនុស្ស «សម្រាប់យើង និងដើម្បីសង្រ្គោះយើង»។ ព្រះជាម្ចាស់បានស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាព្រះអង្គបានប្រទានព្រះបុត្រតែមួយរបស់ព្រះអង្គ «ដើម្បីឱ្យអស់អ្នកណាដែលជឿដល់ព្រះអង្គ មិនត្រូវវិនាសឡើយ តែមានជីវិតអស់កល្បជានិច្ច» (យ៉ូហាន ៣:១៦)។ ដូច្នេះ យើងមិនអាចបំបែកបុគ្គលភាពនៃព្រះយេស៊ូគ្រីស្តចេញពីកិច្ចសង្រ្គោះបានឡើយ។ យើងមិនអាចបំបែកព្រះពរនៃការសង្រ្គោះចេញពីសភាពជាព្រះនៃព្រះយេស៊ូគ្រីស្តបានទេ។ មានតែព្រះបុត្ររបស់ព្រះជាម្ចាស់ទេ ដែលអាចសម្រេចការប្រោសលោះពិតប្រាកដពីអំពើបាបនៃពិភពលោក ពីសេចក្តីស្លាប់អស់កល្បជានិច្ច និងពីទាសភាពនៃធម៌វិន័យ តាមព្រះហឫទ័យរបស់ព្រះបិតា ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធរួមសហការ។

ការរិះគិតខាងទេវវិជ្ជាមួយចំនួនមិនបានរក្សាទំនាក់ទំនងស្និទ្ធស្នាលរវាងព្រះគ្រីស្តវិជ្ជា និងសង្រ្គោះវិជ្ជា ឱ្យបានគ្រប់គ្រាន់ទេ។ សព្វថ្ងៃនេះ ចាំបាច់ត្រូវតែស្វែងរកវិធីបង្ហាញឱ្យកាន់តែច្បាស់អំពីទំនាក់ទំនងទៅវិញទៅមកដែលភ្ជាប់ទិដ្ឋភាពទាំងពីរនៃព្រឹត្តិការណ៍នៃការសង្រ្គោះ ដែលមានលក្ខណៈប្លែកពីគ្នាផងដែរ។

នៅក្នុងការសិក្សានេះ យើងចង់ពិចារណាលើបញ្ហាពីរតែប៉ុណ្ណោះ។

ការស្រាវជ្រាវដំបូងទាក់ទងនឹងប្រវត្តិសាស្ត្រ និងស្ថិតនៅពេលព្រះយេស៊ូនៅរស់នៅលើផែនដី។ ការស្រាវជ្រាវនេះសួរសំណួរថា៖ តើព្រះយេស៊ូបានគិតយ៉ាងណាអំពីសេចក្ដីស្លាប់របស់ព្រះអង្គ? ដោយសារតែតម្លៃដែលយើងចង់ផ្តល់ឱ្យចម្លើយ ត្រូវតែត្រូវពិចារណាអំពីបញ្ហានេះ តាមអ្វីដែលការស្រាវជ្រាវខាងប្រវត្តិសាស្ត្រទាមទារ (លេខ ២)។ ទស្សនៈនៃបុណ្យចម្លងអំពីការប្រោសលោះក៏ត្រូវតែបំពេញចម្លើយខាងលើនេះ (លេខ ៣)។ ជាថ្មីម្តងទៀត ត្រូវតែនិយាយម្តងទៀតថា គណៈកម្មាធិការទេវវិជ្ជាអន្តរជាតិមិនមានបំណងបង្ហាញ ឬពន្យល់អំពីព្រះគ្រីស្តវិជ្ជាពេញលេញនោះទេ។ ជាពិសេស គណៈកម្មាធិការទុកចោលបញ្ហានៃមនសិការរបស់ព្រះយេស៊ូគ្រីស្តក្នុងឋានៈជាមនុស្ស។ នៅទីនេះ គណៈកម្មធិការរគ្រាន់តែស្វែងរកបង្ហាញនូវគ្រឹះនៃអាថ៌កំបាំងរបស់ព្រះគ្រីស្ត យោងទៅតាមជីវិតនៅលើផែនដីរបស់ព្រះយេស៊ូ និងយោងទៅតាមការរស់ឡើងវិញរបស់ព្រះអង្គ។

ការស្រាវជ្រាវទីពីរនឹងស្ថិតនៅកម្រិតផ្សេងទៀត (លេខ ៤)។ ការស្រាវជ្រាវនេះ នឹងបង្ហាញពីរបៀបដែលពាក្យផ្សេងៗពីគ្នាជាច្រើនក្នុងសម្ពន្ធមេត្រីថ្មីអំពីកិច្ចសង្រ្គោះ សម្បូរទៅដោយការបង្រៀនអំពីសង្រ្គោះវិជ្ជា។ យើងនឹងស្វែងរកធ្វើឱ្យការបង្រៀននេះទៅជាប្រព័ន្ធ ដើម្បីឱ្យយល់ពីអត្ថន័យខាងទេវវិជ្ជាឱ្យបានពេញលេញ។ យើងនឹងប្រឈមមុខការស្រាវជ្រាវនេះជាមួយនឹងអត្ថបទនៃព្រះគម្ពីរដ៏វិសុទ្ធផ្ទាល់ផងដែរ។

២.១. ព្រះយេស៊ូ​ជ្រាប​យ៉ាង​ច្បាស់ថា ក្នុង​ព្រះបន្ទូល និង​ទង្វើ​របស់​ព្រះអង្គ ក្នុង​ជីវិត និង​បុគ្គល​របស់​ព្រះអង្គ ព្រះរាជ្យរបស់​ព្រះជាម្ចាស់បាន​សម្រេច​ហើយ ទោះជានៅតែត្រូវរង់ចាំឱ្យព្រះរាជ្យនេះនឹងមកដល់ (លូកា ១០:២៣ និង​បន្ត; ១១:២០)។ ដូច្នេះ ព្រះអង្គ​បានណែនាំ​ខ្លួន​ជា​ព្រះ​សង្គ្រោះ​នៃ​គ្រា​ចុង​ក្រោយ ហើយ​បាន​ពន្យល់​អំពី​បេសកកម្ម​របស់​ព្រះអង្គ​ឱ្យបានច្បាស់លាស់ ទោះ​បី​ជា​ភាគច្រើនទ្រង់​បង្កប់​ន័យ​ក៏​ដោយ។ ព្រះអង្គ​បាន​នាំ​មក​នូវ​ការ​សង្គ្រោះ​នៅ​គ្រា​ចុង​ក្រោយ ដោយ​សារ​ព្រះអង្គ​បាន​យាង​មក​បន្ទាប់​ពី​ព្យាការី​ចុង​ក្រោយ គឺលោក​យ៉ូហាន​បាទីស្ត។ ព្រះអង្គ​បាន​ធ្វើ​ឱ្យ​ព្រះរាជ្យរបស់ព្រះជាម្ចាស់​មាន​វត្តមាន។ ព្រះអង្គ​បាន​បំពេញព្រះបន្ទូលសន្យាតាមពេលកំណត់ (លូកា ១៦:១៦; មើល ម៉ាកុស ១:១៥ក)។

២.២. ប្រសិន​បើដោយរងទុក្ខវេទនា ព្រះយេស៊ូ​បានបរាជ័យ​ ប្រសិន​បើ​ព្រះអង្គលែង​សង្ឃឹម​នៅក្នុងអង្គ​ព្រះជាម្ចាស់ និងចំពោះ​បេសកកម្ម​របស់​ព្រះអង្គ នោះ​យើងមិនអាចយល់សេចក្ដីស្លាប់​របស់​ព្រះអង្គថា ​ជា​ទង្វើ​ចុង​ក្រោយ​នៃការចាត់ចែង​នៃ​ការ​សង្គ្រោះ​បាន​ទេ ទាំង​នៅ​ពេល​នោះ ឬ​ឥឡូវ​នេះ​ក៏​ដោយ។ បើព្រះយេស៊ូគ្រាន់តែបាន​រងសេចក្ដីស្លាប់ នោះសេចក្ដីស្លាប់របស់ព្រះអង្គមិន​អាច​ជា​ព្រឹត្តិការណ៍​នៃ​ការ​សង្គ្រោះ​ «ខាងព្រះគ្រីស្តវិជ្ជា»​ បាន​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គបានសោយទិវង្គត ព្រោះតែព្រះអង្គបាន​ស្តាប់​បង្គាប់ និងបាន​ស្រឡាញ់ ដោយ​ថ្វាយ​ព្រះអង្គទៅព្រះជាម្ចាស់។ ​ត្រូវតែ​ទទួល​យកសេចក្ដីស្លាប់នេះ ​ក្នុង​ទង្វើ​ស្មុគស្មាញ​សកម្ម និង​អសកម្មផង (កាឡាទី ១:៤; ២:២០)។ ឧត្តមគតិ​នៃ​ជីវិត​ខាង​សីលធម៌ និង​របៀប​នៃ​ការ​ប្រព្រឹត្តកិច្ចការ​របស់​ព្រះយេស៊ូ ​បង្ហាញ​ថា ព្រះអង្គ​បាន​ផ្តោត​ទៅ​លើ​ការ​សុគត​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​មាន​ព្រះហឫទ័យ​នឹង​ទទួល​រងសេចក្ដីស្លាប់នេះ។ ធ្វើដូច្នេះ ព្រះអង្គ​បាន​អនុវត្ត​តាម​ការទាមទារ ​ដែល​ព្រះអង្គ​ផ្ទាល់​បាន​ស្នើ​ដល់សាវ័ក​របស់​ព្រះអង្គ (លូកា ១៤:២៧; ម៉ាកុស ៨:៣៤.៣៥; ម៉ាថាយ ១០:២៩.៣១)។

២.៣. ព្រះយេស៊ូ​ដែល​សុគត​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​ព្រះអង្គ ​បម្រើគេ និង​ប្រទាន​ជីវិត​របស់​ព្រះអង្គ (ម៉ាកុស ១០:៤៥): នេះ​ជា​ផលផ្លែ និង​ហេតុបន្ត​នៃជីវិត​ទាំង​មូល​របស់​ព្រះអង្គ (លូកា ២២:២៧) ព្រោះតែព្រះអង្គមាន​អាកប្បកិរិយា​​ចង់​រស់​នៅ និង​សុគត ​សម្រាប់​ព្រះជាម្ចាស់ និង​មនុស្ស​លោក។ នេះ​ជា​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​ហៅ​ថា «ជីវិត​សម្រាប់​អ្នក​ដទៃ» ជាជីវិតដើម្បីគេ ។ ហេតុ​នេះ ព្រះយេស៊ូមាន «សភាព» ​ធ្វើ​ជា​ព្រះ​សង្គ្រោះ​នៅ​គ្រា​ចុង​ក្រោយ​ ដែល​ផ្តល់ ​«ការ​សង្គ្រោះ» សម្រាប់ «យើង» (កូរិនថូសទី១ ១៥:៣; លូកា ២២:១៩.២០ខ) ជាព្រះ​សង្គ្រោះ​របស់ «អ៊ីស្រាអែល» (យ៉ូហាន ១១:៣០) ដូច​ជាព្រះ​សង្គ្រោះ​នៃ​សាសន៍​ដទៃ​ផង​ដែរ (យ៉ូហាន ១១:៥១ និង​បន្ត)។ ការ​សង្គ្រោះ​នេះ​មាន​គោល​បំណង​សម្រាប់​មនុស្ស​ច្រើន (ម៉ាកុស ១៤:២៤; ១០:៤៥) មនុស្ស​ទាំង​អស់ (កូរិនថូសទី២ ៥:១៤ និង​បន្ត; ធីម៉ូថេទី១ ២:៦) និង «ពិភពលោក» (យ៉ូហាន ៦:៥១គ)។

២.៤. តើ​ត្រូវធ្វើដូចម្ដេច ដើម្បីយល់ជីវិតរបស់ព្រះយេស៊ូ ដែលរស់នៅ​សម្រាប់​អ្នក​ដទៃ ពោល​គឺព្រះអង្គ​ថ្វាយ​ខ្លួន​ទាំង​ស្រុង រហូត​ដល់សោយទិវង្គត? ដោយដឹងខ្លួនឱ្យបានច្បាស់ ព្រះអង្គពិតជាធ្វើតាម​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់។ ទោះជាព្រះអង្គបានជួបប្រទះ​ព្រឹត្តិការណ៍ផ្សេងៗក្នុងជីវិតរបស់ព្រះអង្គ ក៏ព្រះអង្គនៅតែមានលក្ខណៈថ្វាយខ្លួនទាំងស្រុងនេះ។ ហេតុនេះ ដោយ​សង្ឃឹម និង​ទុក​ចិត្ត ព្រះយេស៊ូ ​ក្នុង​នាម​ជា​អ្នក​សម្រុះ​សម្រួល​នៃ​ការ​សង្គ្រោះ​ នៅ​គ្រា​ចុង​ក្រោយ ទ្រង់ដែលព្រះជាម្ចាស់បានចាត់យាងមក ព្រះអង្គរង់ចាំព្រះរាជ្យជាស្ថាពររបស់ព្រះអង្គ (ម៉ាកុស ១៤:២៥ និង​បន្ត)។

ទោះ​បី​ជា​ព្រះយេស៊ូមានបំណងចង់ធ្វើតាម​ព្រះ​ហឫទ័យ​របស់​ព្រះ​បិតា​ក៏​ដោយ ព្រះអង្គ​អាចមាន​សំណួរខ្លះៗដូចជា៖ តើ​ព្រះ​បិតា​នឹង​ផ្តល់​ជោគជ័យ​ពេញ​លេញ​ដល់​ការ​ប្រកាស​អំពី​ព្រះរាជ្យ​ឬ? តើ​ប្រជាជន​អ៊ីស្រាអែល​នឹងអាចទទួល​ការ​សង្គ្រោះ​នៅ​គ្រា​ចុង​ក្រោយ​ឬ? តើ​ព្រះអង្គ​ត្រូវ​ទទួល​ពិធី​ជ្រមុជក្នុងសេចក្ដីស្លាប់ (ម៉ាកុស ១០:៣៨ និង​បន្ត; លូកា ១២:៥០) និង​ផឹក​ពែង​នៃទុក្ខលំបាក (ម៉ាកុស ១៤:៣៦) ឬ? តើ​ព្រះ​បិតា​នឹងតែងតាំងព្រះរាជ្យ​របស់​ព្រះអង្គ ​ប្រសិន​បើ​ព្រះយេស៊ូ​​បរាជ័យ សោយទិវង្គត និង (​លើស​ពី​នេះ​ទៅ​ទៀត) សោយទិវង្គតយ៉ាង​សាហាវ​ឬ? តើ​ព្រះ​បិតា​នឹង​ធ្វើ​ឱ្យ​ទុក្ខវេទនារបស់ព្រះយេស៊ូ ដែល ​«សុគត​សម្រាប់​អ្នក​ដទៃ» ​មាន​ប្រសិទ្ធភាពនៅគ្រា​ចុង​ក្រោយ​ឬ?

ព្រះយេស៊ូ​បាន​ទាញ​ចម្លើយ​វិជ្ជមាន​ពី​ការ​យល់​ដឹងរបស់​ព្រះអង្គ​ថា ទ្រង់​ជា​អ្នក​សម្រុះ​សម្រួល​នៃ​ការ​សង្គ្រោះ​នៅ​គ្រា​ចុង​ក្រោយ និង​ជា​វត្តមាន​នៃ​ព្រះរាជ្យរបស់ព្រះជាម្ចាស់។ ដូច្នេះ ព្រះអង្គ​អាច​រង់ចាំ​ដោយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ចំពោះ​ដំណោះស្រាយ​នៃ​បញ្ហា​ដែល​បាន​ចោទ​ឡើង។ យើងអាច​អះអាង និង​យល់​ពីការ​ទុក​ចិត្ត​របស់​ព្រះយេស៊ូ​នេះ​ ព្រោះព្រះបន្ទូល និងកិច្ចការ ដែលព្រះអង្គបាន​ធ្វើ ​នៅជប់លៀង​ចុង​ក្រោយ (លូកា ២២:១៩ និង​បន្ត)។ ព្រះអង្គត្រៀមខ្លួនសោយទិវង្គត ហើយ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអង្គ​រង់ចាំ និង​ប្រកាស​អំពី​ការ​រស់​ឡើង​វិញ និង​ការ​លើក​តម្កើង​របស់​ព្រះអង្គ (ម៉ាកុស ១៤:២៥) ព្រះអង្គ​បញ្ជាក់​ជា​ថ្មី​នូវ​សេចក្តី​សន្យា និង​វត្តមាន​នៃ​ការ​សង្គ្រោះ​នៅ​គ្រា​ចុង​ក្រោយ។

២.៥. តើព្រះយេស៊ូយល់ និងបង្ហាញពីអាកប្បកិរិយារបស់ព្រះអង្គ ដែលរស់នៅសម្រាប់អ្នកដទៃ ដោយមានព្រះហឫទ័យ បម្រើគេ រហូតដល់សោយទិវង្គត យ៉ាងដូចម្ដេច? ប្រហែលជាព្រះអង្គបាននឹកគិតដល់អំពីប្រពៃណីរបស់ជនជាតិអ៊ីស្រាអែល ដែលធ្លាប់ធ្វើយញ្ញបូជា។ ក្នុងករណីនោះ ព្រះអង្គបានយល់ថា ព្រះអង្គដូចជា “មរណសាក្សី ដែលស្លាប់ ដើម្បីលោះបាបរបស់អ្នកដទៃ” ឬតាមរបៀបពិសេស ព្រះអង្គដូចជា “អ្នកបំរើរបស់ព្រះជាម្ចាស់” ដែលរងទុក្ខវេទនា (អេសាយ ៥៣)។

ជាការពិត ព្រះយេស៊ូបានយល់ និងបានអនុវត្ត (សូមមើល ៣.៤ នៅទីនេះ) គំនិតទាំងនេះ ដោយផ្តល់នូវអត្ថន័យជ្រាលជ្រៅ ដោយផ្លាស់ប្តូរគំនិតនោះ។ ដូច្នេះ ប្រហែលជានៅក្នុងព្រលឹងរបស់ព្រះអង្គ ព្រះអង្គនឹងបានត្រៀមខ្លួនដើម្បីរស់នៅសម្រាប់អ្នកដទៃ។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូពិតជាមានលក្ខណៈរស់នៅ ដើម្បីសង្រ្គោះមនុស្សលោក។ របៀបរស់នៅរបស់ព្រះអង្គនេះ មិនមានន័យទេ ប្រសិនបើព្រះអង្គមិនមានចំណេះដឹង ស្មារតីផ្ទាល់ខ្លួន និងមិនបានត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ ដើម្បីផ្តល់ខ្លួនឯង (សូមមើល ៣.៣ នៅទីនេះ)។

៣.១. ព្រះជាម្ចាស់បានប្រោសឱ្យព្រះយេស៊ូរស់ឡើងវិញ ហើយលើកតម្កើងព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបានបញ្ជាក់ថា ព្រះយេស៊ូជាព្រះសង្គ្រោះរបស់អស់អ្នកជឿ ម្តងនិងជាស្ថាពរ។ ដូច្នេះ ព្រះអង្គបានបញ្ជាក់ថា ព្រះអង្គជា «ព្រះអម្ចាស់ និងព្រះគ្រីស្ត» (កិច្ចការ ២:៣៦) ជាបុត្រមនុស្សដែលយាងមក ជាចៅក្រមនៃពិភពលោក (ម៉ាកុស ១៤:៦២)។ ព្រះអង្គបានបង្ហាញព្រះយេស៊ូជា «ព្រះបុត្រារបស់ព្រះជាម្ចាស់ដែលព្រះអង្គបានតែងតាំងឡើងដោយមានព្រះចេស្ដាដ៏ពេញលេញ» (រ៉ូម ១:៤)។ ពួកអ្នកជឿបានរកឃើញពន្លឺថ្មីនៅក្នុងការរស់ឡើងវិញ និងការលើកតម្កើងព្រះយេស៊ូ៖ ការណ៍ទាំងនេះបានបង្ហាញថា ការសុគតនៅលើឈើឆ្កាងបានសម្រេចការសង្រ្គោះ។ មុនបុណ្យចម្លង យើងមិនទាន់អាចបញ្ចេញសេចក្តីពិតទាំងនេះ ដោយពាក្យពេចន៍ច្បាស់លាស់នៅឡើយទេ។

៣.២. ក្នុងចំណោមអ្វីដែលបាននិយាយមក មានចំណុចពីរដែលគួរឱ្យយកចិត្តទុកដាក់យ៉ាងពិសេស។

ក) ព្រះយេស៊ូបានដឹងថា ព្រះអង្គជាព្រះសង្គ្រោះជាស្ថាពរ នៅសម័យចុងក្រោយ (សូមមើល ២.១) ព្រះអង្គប្រកាសព្រះរាជ្យ និងធ្វើឱ្យព្រះរាជ្យនេះ មានវត្តមាន (សូមមើល ២.២; ២.៣)។

ខ) ការរស់ឡើងវិញ និងការលើកតម្កើងព្រះយេស៊ូ (៣.១) បានបង្ហាញថា ការសុគតរបស់ព្រះអង្គជាចំណុចផ្សំនៃការសង្រ្គោះដែលព្រះរាជ្យ និងអំណាចរបស់ព្រះជាម្ចាស់នាំមក (លូកា ២២:២០ និងបន្ត)។ នៅក្នុងកូរិនថូសទី១ ១១:២៤ សន្តប៉ូលបង្ហាញថា ការសុគតរបស់ព្រះយេស៊ូ ជាចំណុចផ្សំនៃសម្ពន្ធមេត្រីថ្មី ដែលនឹងសម្រេច ជាស្ថាពរ និងក្នុងគ្រាចុងក្រោយ។

ការទាំងពីរនេះអនុញ្ញាតឱ្យសន្និដ្ឋានថា៖ ការសុគតរបស់ព្រះយេស៊ូមានប្រសិទ្ធភាព ដើម្បីសង្រ្គោះមនុស្សលោក។

៣.៣. មិនងាយស្រួលទេ ក្នុងការហៅសកម្មភាពរបស់ព្រះជាម្ចាស់នេះថា ព្រះអង្គដូចជាតង្វាយ ដែលស្លាប់ជំនួសអ្នកដទៃ ដែលនាំមកនូវការសង្រ្គោះ តាមរយៈជីវិត និងសេចក្ដីស្លាប់របស់ព្រះសង្គ្រោះនៃគ្រាចុងក្រោយ ដូចជាការរស់ឡើងវិញដែលតែងតាំងព្រះអង្គជាព្រះសង្គ្រោះ ជាស្ថាពរ និងជារៀងរហូត។

ប៉ុន្តែ យើងអាចនិយាយបែបនេះ ប្រសិនបើយើងយល់ថា ព្រះយេស៊ូបានប្រព្រឹត្តកិច្ចការ និងបានសុគត ដោយដឹងខ្លួន (សូមមើលខាងលើក្នុង ២.៥) និងដោយមានព្រះហឫទ័យ ទទួលយកទោស (កាឡាទី ៣:១៣) និងអំពើបាបនៃមនុស្សលោក (យ៉ូហាន ១:២៩; កូរិនថូសទី២ ៥:២១) ដោយការប្រគល់ឱ្យ។

៣.៤. ប្រសិនបើព្រះយេស៊ូបានសម្រេចនូវការសង្រ្គោះ ដោយធ្វើជាតង្វាយជំនួសអ្នកដទៃ គឺមកពីព្រះអង្គបានយល់ព្រម «ឱ្យព្រះបិតាប្រគល់ព្រះអង្គ» ហើយដោយសារព្រះអង្គបានប្រគល់ព្រះអង្គផ្ទាល់ដល់ព្រះបិតា ដែលបានទទួលព្រះអង្គដោយរស់ឡើងវិញព្រះអង្គ។ នេះគឺជាការមានជីវិតសម្រាប់អ្នកដទៃ ដែលការសុគតរបស់ព្រះបុត្រាដែលមានព្រះជន្មមុនសម្ដែងឱ្យយើង (កាឡាទី ១:៤; ២:២០)។

ហេតុនេះ នៅពេលដែលយើងពិចារណាអំពីអាថ៌កំបាំងនៃការសង្រ្គោះតាមរបៀបនេះ ហើយនិយាយអំពី «តង្វាយជំនួស» យើងត្រូវតែចងចាំការប្រៀបធៀបពីរយ៉ាង។

ការថ្វាយ ដោយស្ម័គ្រចិត្តនៃមរណសាក្សី ជាពិសេសអ្នកបម្រើរបស់ព្រះជាម្ចាស់ (អេសាយ ៥៣) ខុសគ្នាទាំងស្រុងពីការបូជាសត្វជា «រូបភាព និងស្រមោល» (ហេព្រើរ ១០:១)។

ម្យ៉ាងទៀត ត្រូវតែសង្កត់ធ្ងន់លើការថ្វាយរបស់ព្រះបុត្រាអស់កល្បជានិច្ច ហើយសង្កត់ធ្ងន់បន្ថែមទៀតលើការប្រៀបធៀបនៃស្ថានភាព។ ដោយ «យាងចូលមកក្នុងពិភពលោក» ព្រះបុត្រាអស់កល្បជានិច្ច មកធ្វើតាម «ព្រះហឫទ័យរបស់ព្រះជាម្ចាស់» (ហេព្រើរ ១០:៥.៧ខ)។ គឺ «តាមរយៈព្រះវិញ្ញាណអស់កល្បជានិច្ច ដែលព្រះអង្គបានថ្វាយព្រះអង្គផ្ទាល់ដល់ព្រះជាម្ចាស់ជាយញ្ញបូជាដែលគ្មានស្នាម» (ហេព្រើរ ៩:១៤)។ (គេហៅត្រឹមត្រូវការថ្វាយនេះថា យញ្ញបូជា ឧទាហរណ៍នៅមហាសន្និបាតត្រេន (DS ១៧៥៣) ប៉ុន្តែពេលនោះ ត្រូវតែផ្តល់ន័យដើមដល់ពាក្យនេះវិញ)។

៣.៥. ការសុគតរបស់ព្រះយេស៊ូជាតង្វាយជំនួស ដែលមានប្រសិទ្ធភាពជាស្ថាពរ ដ្បិតព្រះគ្រីស្តយកតម្រាប់តាម (យ៉ាងល្អ និងពិតប្រាកដ) ទង្វើរបស់ព្រះបិតាដែលប្រគល់ និងប្រទានព្រះបុត្រារបស់ព្រះអង្គ (រ៉ូម ៤:២៥; ៨:៣២; សូមមើល យ៉ូហាន ៣:១៦; យ៉ូហានទី១ ៤:៩)។ ព្រះគ្រីស្តប្រទានព្រះអង្គផ្ទាល់ ដោយសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះ ក្នុងការប្រគល់ និងលះបង់ព្រះអង្គ (សូមមើល អេភេសូរ ៥:២.២៥; សូមមើល ធីម៉ូថេទី១ ២:៦; ទីតុស ២:១៤)។

ត្រូវតែយល់អ្វីដែលគេហៅតាមប្រពៃណីថា តង្វាយជំនួស យើងក៏ត្រូវយល់ ផ្លាស់ប្តូរ និងលើកតម្កើងថា ជាព្រឹត្តិការណ៍នៃព្រះត្រីឯក។

៤. ប្រភពដើម និងចំណុចស្នូលនៃសង្រ្គោះវិជ្ជាទាំងអស់ មានរួចហើយ នៅក្នុងព្រះសហគមន៍ដំបូង មុនសន្តប៉ូល។ សង្រ្គោះវិជ្ជានេះ មានមូលដ្ឋានលើព្រះបន្ទូល និងមនសិការរបស់ព្រះយេស៊ូផ្ទាល់។ ព្រះអង្គជ្រាបថា ព្រះអង្គសុគតសម្រាប់យើង សម្រាប់អំពើបាបរបស់យើង។ ព្រះអង្គរស់នៅពេញមួយជីវិតនៅលើផែនដី ព្រះអង្គរងទុក្ខ និងព្រះអង្គរស់ឡើងវិញ ក្នុងទស្សនៈនេះហើយ។

យើងអាចផ្តល់ចំណុចសំខាន់ៗចំនួនប្រាំបាន៖

 ១* ព្រះគ្រីស្តប្រទានព្រះអង្គផ្ទាល់។

 ២* ព្រះអង្គជំនួសយើងក្នុងអាថ៌កំបាំងនៃការសង្រ្គោះ។

 ៣* ព្រះអង្គរំដោះយើងពី «កំហឹងដែលនឹងមកដល់» និងពីអំណាចអាក្រក់ទាំងអស់។

 ៤* ព្រះអង្គបំពេញព្រះហឫទ័យសង្រ្គោះរបស់ព្រះបិតា។

 ៥* ព្រះអង្គចង់នាំយើងឱ្យចូលទៅក្នុងជីវិតនៃព្រះត្រៃឯក ដោយចូលរួមក្នុងព្រះហឫទ័យប្រណីសន្តោសនៃព្រះវិញ្ញាណដ៏វិសុទ្ធ។

ទេវវិជ្ជាក្រោយមានតួនាទីបង្ហាញពីរបៀបដែលទិដ្ឋភាពទាំងនេះសម្របសម្រួលគ្នា។

ឯសន្តថូម៉ាសវិញ លោកសង្កត់ធ្ងន់លើវិធីចំនួនប្រាំនៃកិច្ចសង្រ្គោះ៖ បុណ្យគុណ ការគាប់ព្រះហឫទ័យ (satisfaction) ការប្រោសលោះ ការបូជាយញ្ញ ហេតុដ៏មានប្រសិទ្ធភាព។ យើងក៏អាចបន្ថែមចំណុចផ្សេងទៀត។

នៅក្នុងការសសេរនៃសម្ពន្ធមេត្រីថ្មី ដូចជានៅក្នុងសម័យកាលផ្សេងៗគ្នានៃប្រវត្តិសាស្រ្តរបស់ទេវវិជ្ជា គេបានសង្កត់ធ្ងន់ទិដ្ឋភាពខ្លះនៃសង្រ្គោះវិជ្ជាជាងទិដ្ឋភាពផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ទិដ្ឋភាពទាំងអស់ត្រូវតែត្រូវបានចាត់ទុកថា ជាការចូលទៅជិតអាថ៌កំបាំងនៃបុណ្យចម្លង ហើយតាមដែលអាចធ្វើទៅបាន នាំទៅរកទស្សនៈសំយោគ។

៥. ក្នុងសម័យកាលនៃបិតាព្រះសហគមន៍ ទាំងនៅបូព៌ា និងនៅបស្ចិមប្រទេស ការផ្លាស់ប្តូរ ជាទិដ្ឋភាពសំខាន់ជាងគេនៃសង្រ្គោះវិជ្ជា។ ដោយចាប់កំណើត និងរងទុក្ខេវេទនា មានការផ្លាស់ប្តូររវាងសភាពជាព្រះ និងសភាពជាមនុស្ស។ និយាយឱ្យចំជាងនេះទៅទៀត មនុស្សផ្លាស់ប្តូរពីស្ថានភាពរបស់អ្នកបាបទៅដល់ស្ថានភាពនៃបុត្រធីតារបស់ព្រះជាម្ចាស់។

ទោះជាយ៉ាងណាក៏ដោយ បិតាព្រះសហគមន៍បានកែសម្រួល និងកំណត់គំនិតនៃការផ្លាស់ប្តូរ ដោយគិតគូរពីសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់របស់ព្រះគ្រីស្ត។ ព្រះគ្រីស្តបានទទួលយកលក្ខណៈ (pathé) នៃធម្មជាតិមានបាបតាមរបៀបខាងក្រៅ (schetikôs) ប៉ុណ្ណោះ។ ព្រះអង្គមិនបានក្លាយជា «អំពើបាប» (២កូរិនថូស ៥:២១) ទេ លើកលែងតែក្នុងន័យថា ព្រះអង្គបានក្លាយជា «តង្វាយបូជាសម្រាប់អំពើបាប»។

៦. សន្តអានសេលម៍បានស្នើទេវវិជ្ជាផ្សេងទៀត សំខាន់ជាងគេរហូតដល់សម័យកាលថ្មីៗនេះ។ ព្រះប្រោសលោះមិនជំនួសមនុស្សបាបក្នុងន័យតឹងរ៉ឹងទេ ប៉ុន្តែព្រះអង្គប្រព្រឹត្តសកម្មភាពតែមួយគត់ ដែល (នៅក្នុងព្រះនេត្រារបស់ព្រះជាម្ចាស់) ទូទាត់បំណុលនៃកំហុសរបស់មនុស្សលោក។ ព្រះអង្គទទួលយកសេចក្តីស្លាប់ ទោះបីជាព្រះអង្គមិនស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ទេ។ កាយវិការរបស់ព្រះអង្គមានតម្លៃ ដែលគ្មានកំណត់ដោយសារតែសភាពរបស់ព្រះ និងសភាពរបស់មនុស្សរួបរួមជាមួយគ្នាក្នុងអង្គព្រះអង្គ។

សកម្មភាពរបស់ព្រះបុត្រានេះ សម្រេចបាននូវគម្រោងការនៃការសង្គ្រោះរបស់ព្រះត្រៃឯកដ៏វិសុទ្ធទាំងមូល។ នៅក្នុងប្រព័ន្ធនៃការគាប់ព្រះហឫទ័យ (satisfaction) នេះ រូបមន្ត៖ សោយទិវង្គតសម្រាប់យើង មានន័យពិសេសថា ព្រះគ្រីស្តទទួលយកសេចក្តីស្លាប់ ដើម្បីជាប្រយោជន៍ដល់យើង និងមិនមែនជំនួសយើងទេ។

សន្តថូម៉ាសបានរក្សាការបកស្រាយអាថ៌កំបាំងនៃការសង្រ្គោះនេះ ហើយបានលាយបញ្ចូលចំណុចខ្លះៗ ដែលចេញមកពីទេវវិជ្ជារបស់បិតាព្រះសហគមន៍។ លោកសង្កត់ធ្ងន់ថា ព្រះគ្រីស្តជាព្រះសរិសានៃព្រះសហគមន៍ ហេតុនេះក្នុងឋានៈជាព្រះសិរសានេះ ព្រះអង្គបញ្ជូនព្រះហឫទ័យប្រណីសន្តោសទៅសរីរាង្គ (សមាជិក) ទាំងអស់នៃព្រះសហគមន៍ដោយសារតែការភ្ជាប់សរីរាង្គនៃព្រះកាយព្រះអង្គ។

៧. អ្នកនិពន្ធថ្មីៗខ្លះកំពុងព្យាយាមស្ដារគំនិតនៃ «ការផ្លាស់ប្តូរ» (commercium) ដែលទេវវិជ្ជារបស់សន្តអានសេលម៍មិនបានសង្កត់ធ្ងន់។ ពួកគេបានបើកផ្លូវស្រាវជ្រាវពីរ។

ក) អ្នកខ្លះលើកឡើងពីគំនិតនៃសាមគ្គីភាព។ យើងអាចយល់គំនិតនេះតាមវិធីជាច្រើន។ នៅក្នុងទស្សនៈតឹងរ៉ឹង គំនិតនេះលើកឡើងពីរបៀបដែលព្រះគ្រីស្ត ដែលរងទុក្ខ ទទួលយកបទពិសោធន៍របស់អ្នកបាបដែលឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ នៅក្នុងទស្សនៈមិនសូវតឹងរ៉ឹង ពួកទេវវិទូទាំងនេះ នឹងនិយាយតែពីព្រះហឫទ័យរបស់ព្រះបុត្រា ដែលបង្ហាញអំពីការលើកលែងទោសដែលគ្មានលក្ខខណ្ឌរបស់ព្រះបិតា ទាំងក្នុងជីវិត និងក្នុងការសុគតរបស់ព្រះអង្គ។

ខ) ដោយគំនិតនៃការជំនួស យើងសង្កត់ធ្ងន់ថា ព្រះគ្រីស្តពិតជាទទួលយកសភាពរបស់អ្នកបាប។ យើងមិនត្រូវគិតថាព្រះជាម្ចាស់បានដាក់ទណ្ឌកម្ម ឬថ្កោលទោសព្រះគ្រីស្តជំនួសយើងនោះទេ។ នេះគឺជាទេវវិជ្ជាខុសឆ្គងរបស់អ្នកនិពន្ធមួយចំនួន ជាពិសេសនៅក្នុងទេវវិជ្ជាកែទម្រង់ (reformed christianity)។ ពួកទេវវិទូផ្សេងទៀតជៀសវាងទស្សនៈទាំងនេះ។ ពួកគេគ្រាន់តែសង្កត់ធ្ងន់ថា ព្រះគ្រីស្តបានរងនូវ «បណ្ដាសានៃធម៌វិន័យ» (កាឡាទី ៣:១៣) ពោលគឺការស្អប់ខ្ពើមដែលព្រះជាម្ចាស់មានចំពោះអំពើបាប។ ព្រះគ្រីស្តបានទទួលបន្ទុកនៃអំពើបាបរបស់មនុស្សជាតិដែលជាកម្មវត្ថុនៃព្រះពិរោធរបស់ព្រះជាម្ចាស់។ ការនេះក៏ជាផ្នែកមួយនៃសេចក្ដីស្រឡាញ់ និង «ការច្រណែន» ដែលព្រះជាម្ចាស់មានចំពោះប្រជាជនដែលព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយ នៅពេលដែលពួកគេងាកចេញពីព្រះអង្គ។

៨. យើងអាចដោះសារការពន្យល់អំពីការប្រោសលោះដោយការជំនួស តាមព្រះគម្ពីរ និងគោលលទ្ធិ។ ផ្ទុយពីអ្វីដែលអ្នកខ្លះបានអះអាង គំនិតនេះ ក៏មានហេតុផលត្រឹមត្រូវដែរ។

សេរីភាពនៃសត្វលោកដែលព្រះជាម្ចាស់បានបង្កើតមិនមានឯករាជ្យទាំងស្រុងទេ។ សត្វលោកតែងតែត្រូវការជំនួយពីព្រះជាម្ចាស់។ នៅពេលដែលសត្វលោកបានងាកចេញពីព្រះជាម្ចាស់ សត្វលោកនេះមិនអាចត្រឡប់ទៅរកព្រះអង្គដោយកម្លាំងផ្ទាល់ខ្លួនបានទេ។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់បានបង្កើតមនុស្ស ដើម្បីរួមបញ្ចូលគាត់នៅក្នុងព្រះគ្រីស្ត ហើយដោយហេតុនេះនៅក្នុងជីវិតនៃព្រះត្រីឯកដ៏វិសុទ្ធ។ ទោះជាមនុស្សបាបឃ្លាតឆ្ងាយពីព្រះជាម្ចាស់យ៉ាងណានោះទេ ព្រះបុត្រាឃ្លាតឆ្ងាយជាងពីព្រះបិតាទៅទៀត នៅពេលព្រះអង្គយាងមករស់នៅក្នុងលោកនេះ (ភីលីព ២, ៧) និងពេលព្រះអង្គដកពិសោធន៍ថា ព្រះបិតាបាន “បោះបង់ព្រះអង្គចោល” (ម៉ាថាយ ២៧, ៤៦)។ នេះជាទិដ្ឋភាពដែលជាលក្ខណៈពិសេសនៃកិច្ចសង្រ្គោះ សម្ដៅទៅលើលក្ខណៈខុសគ្នានៃអង្គនីមួយៗនៃព្រះត្រីឯកដ៏វិសុទ្ធ ទោះជាព្រះអង្គទាំងបីអង្គរួបរួមគ្នាយ៉ាងល្អឥតខ្ចោះ នៅក្នុងសភាពតែមួយដូចគ្នា និងនៅក្នុងសេចក្តីស្រឡាញ់ដ៏គ្មានទីបញ្ចប់។

៩. យើងត្រូវតែចាត់ទុកថា ព្រះជាម្ចាស់បានប្រព្រឹត្តស្នាព្រះហស្តពីរក្នុងកិច្ចសង្គ្រោះ ដែលមិនអាចបំបែកពីគ្នាឡើយ៖ មនុស្សរួចផុតពីអំពើបាប និងចូលរួមក្នុងព្រះជន្មរបស់ព្រះអង្គ ដោយព្រះហឫទ័យប្រណីសន្តោស។ ជាការពិតណាស់ មនុស្សត្រូវតែទទួលយកការសង្រ្គោះនេះ ដោយមានសេរីភាពពេញលេញ (គឺជាសេរីភាពដែលព្រះជាម្ចាស់បានរំដោះ)។ ការបញ្ជូនបន្តទាំងមូលរបស់ព្រះសហគមន៍ ដែលចាក់ឬសលើព្រះគម្ពីរដ៏វិសុទ្ធ បង្រៀនថា៖ ដើម្បីឱ្យស្នាព្រះហស្តនៃការសង្គ្រោះបានសម្រេច និងដើម្បីពន្យល់កិច្ចសង្រ្គោះនេះ យើងត្រូវតែភ្ជាប់កិច្ចសង្រ្គោះនេះទៅនឹងអាថ៌កំបាំងពីរ។ ម្ខាង ព្រះយេស៊ូពិតជាព្រះជាម្ចាស់។ ម្ខាងវិញទៀត ព្រះអង្គរួមសាមគ្គីឱ្យបានពេញលេញជាមួយយើង ដ្បិតព្រះអង្គបានទទួលយកធម្មជាតិរបស់មនុស្សឱ្យបានពេញលេញដែរ។

១០. នៅក្នុងកិច្ចរំដោះទាំងមូល យើងមិនអាចលុបចោលកិច្ចសហប្រតិបត្តិការពិសេស របស់ព្រហ្មចារីយ៍ម៉ារី ក្នុងការបូជារបស់ព្រះគ្រីស្តបានទេ។ ការយល់ព្រមរបស់នាងនៅតែបន្តចាប់តាំងពីការយល់ព្រមដំបូងរបស់នាងចំពោះការចាប់កំណើត។ ការយល់ព្រមនេះ តំណាងឱ្យភាពល្អឥតខ្ចោះដ៏ខ្ពង់ខ្ពស់នៃជំនឿនៅក្នុងសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច ដូច “ព្រះគ្រីស្តជាពន្លឺបំភ្លឺពិភពលោក” (Lumen gentium) លេខ ៦១ បង្ហាញយ៉ាងច្បាស់។

យើងក៏មិនត្រូវភ្លេចទំនាក់ទំនងស្និទ្ធស្នាលរវាងឈើឆ្កាង និងពិធីបុណ្យអរព្រះគុណដែរ។ ការទាំងពីរនេះ ជាទិដ្ឋភាពដែលបំពេញគ្នារបស់ព្រឹត្តិការណ៍នៃកិច្ចសង្គ្រោះ។ ម្ខាង ព្រះគ្រីស្តទទួលយកអំពើបាបរបស់មនុស្សនៅក្នុងសាច់ឈាមរបស់ព្រះអង្គ។ ម្ខាងវិញទៀត ព្រះអង្គប្រទានសាច់ឈាមរបស់ព្រះអង្គដល់មនុស្ស។ ការប្រារព្ធពិធីបុណ្យអរព្រះគុណ ចាំបាច់ភ្ជាប់ការបូជារបស់ព្រះគ្រីស្ត និងការបូជាដែលព្រះសហគមន៍ផ្ទាល់ធ្វើដែរ។ ដូច្នេះ ព្រះសហគមន៍រួមជាមួយនឹងការបូជាអស់កល្បជានិច្ច ដែលព្រះបុត្រាធ្វើចំពោះព្រះបិតា ហើយដែលព្រះវិញ្ញាណដ៏វិសុទ្ធនាំឱ្យបានល្អឥតខ្ចោះ។

១. ព្រះគ្រីស្តវិជ្ជាបែបព្រះគម្ពីរ និងបុរាណមានទស្សនៈដ៏សំខាន់បំផុត ដែលសព្វថ្ងៃនេះ ដោយមានហេតុផលផ្សេងៗ មិនទទួលបានការយកចិត្តទុកដាក់ ដែលសមនឹងទទួលបានទេ។ នៅទីនេះ គណៈកម្មាធិការទេវវិជ្ជាអន្តរជាតិចង់គូសបញ្ជាក់ពីសារៈសំខាន់នៃទិដ្ឋភាពទាំងពីរនេះ។ មួយទាក់ទងនឹងតួនាទីរបស់ព្រះវិញ្ញាណដ៏វិសុទ្ធក្នុងព្រះគ្រីស្តវជ្ជា ទីពីរទាក់ទងនឹងលក្ខណៈសកលរបស់ព្រះគ្រីស្តវិជ្ជា។ យើងនឹងគ្រាន់តែសង្ខេបការសិក្សាធ្វើជាសេចក្ដីសន្និដ្ឋាននៃឯកសាររបស់យើង។

ទាក់ទងនឹងព្រះវិញ្ញាណដ៏វិសុត្ធ យើងនឹងគ្រាន់តែសិក្សាព្រះគម្ពីរ៖ ច្បាស់ណាស់ ការសិក្សានេះ បើកផ្លូវសម្រាប់ការស្រាវជ្រាវជាបន្តបន្ទាប់ ហើយបង្ហាញពីទ្រព្យសម្បត្តិដ៏អស្ចារ្យនៃប្រធានបទរួចហើយ។

ឥទ្ធិពលរបស់ព្រះគ្រីស្តក្នុងសកលលោកបង្ហាញពីលក្ខណៈចុងក្រោយបំផុតនៃព្រះគ្រីស្តវិជ្ជា។ មិនត្រឹមតែជាសកម្មភាពរបស់ព្រះគ្រីស្តលើសត្វលោកទាំងអស់ “នៅស្ថានលើ លើផែនដី និងនៅក្រោមផែនដី” (ភីលីព ២, ១០) ប៉ុណ្ណោះទេ ប៉ុន្តែជាការគ្រប់គ្រងរបស់ព្រះអង្គលើលំហទាំងមូល និងលើប្រវត្តិសាស្ត្រសកលផងដែរ។

២. ព្រះវិញ្ញាណដ៏វិសុទ្ធបានសហការឥតឈប់ឈរនៅក្នុងកិច្ចសង្រ្គោះរបស់ព្រះគ្រីស្ត។ «ព្រះអង្គបានគ្របបាំងព្រហ្មចារីយ៍ម៉ារី។ ហេតុដូច្នេះហើយ បានជាអ្នកដែលកើតពីនាង ដ៏វិសុទ្ធ ហើយគេនឹងហៅព្រះអង្គថា ជាព្រះបុត្រារបស់ព្រះជាម្ចាស់» (លូកា ១:៣៥)។ ព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹកនៅក្នុងទន្លេយ័រដាន់ (លូកា ៣:២២) បានទទួលការចាក់ប្រេងអភិសេកដើម្បីបំពេញបេសកកម្មជាព្រះមេស៊ីរបស់ព្រះអង្គ (កិច្ចការ ១០:៣៨; លូកា ៤:១៨) ខណៈដែលព្រះសូរសៀងពីស្ថានលើបានប្រកាសថា ព្រះអង្គជាព្រះបុត្រាដែលគាប់ព្រះហឫទ័យព្រះបិតា (ម៉ាកុស ១:១០ និងបន្ត)។ ចាប់ពីពេលនោះមក «ព្រះវិញ្ញាណដ៏វិសុទ្ធបានដឹកនាំ» ព្រះគ្រីស្ត (លូកា ៤:១) ដើម្បីចាប់ផ្តើម និងបញ្ចប់កិច្ចបម្រើរបស់ព្រះអង្គជា «អ្នកបំរើ»៖ ព្រះអង្គបានបណ្តេញអារក្សដោយព្រះអង្គុលីរបស់ព្រះជាម្ចាស់ (លូកា ១១:២០) ព្រះអង្គបានប្រកាសថា «ព្រះរាជ្យរបស់ព្រះជាម្ចាស់បានចូលមកជិតហើយ» (ម៉ាកុស ១:១០) ហើយត្រូវតែសម្រេចដោយព្រះវិញ្ញាណដ៏វិសុទ្ធ (សៀវភៅអភិបូជារ៉ូម៉ាំង; យោង ហេព្រើរ ២:១៤)។ ជាចុងក្រោយ ព្រះបិតាបានប្រោសព្រះយេស៊ូឱ្យរស់ឡើងវិញ ហើយបានបំពេញមនុស្សជាតិរបស់ព្រះអង្គដោយព្រះវិញ្ញាណរបស់ព្រះអង្គ។

ដូច្នេះ មនុស្សជាតិរបស់ព្រះអង្គបានពាក់ទម្រង់នៃមនុស្សជាតិរបស់ព្រះបុត្រានៃព្រះដ៏រុងរឿង (រ៉ូម ១:៣-៤; កិច្ចការ ១៣:៣២-៣៣) បន្ទាប់ពីបានពាក់ទម្រង់របស់អ្នកបំរើ។ មនុស្សជាតិក៏បានទទួលអំណាច ដើម្បីផ្តល់ព្រះវិញ្ញាណដ៏វិសុទ្ធដល់មនុស្សទាំងអស់ (កិច្ចការ ២:២២ និងបន្តបន្ទាប់)។ ដូច្នេះ យើងអាចហៅលោកអដាំថ្មី និងចុងក្រោយ ថា «សត្វលោកខាងវិញ្ញាណដែលផ្តល់ជីវិត» (១កូរិនថូស ១៥:៤៥; យោង ២កូរិនថូស ៣:១៧)។ ដូច្នេះ ព្រះវិញ្ញាណរបស់ព្រះគ្រីស្តណែនាំព្រះកាយខាងវិញ្ញាណរបស់ព្រះគ្រីស្ត ជារៀងរហូត។

៣.១. តាមសន្តប៉ូល គេហៅជាញឹកញាប់ព្រះគ្រីស្តដែលរស់ឡើងវិញថា ជាអ្នកដែល «នៅក្រោមជើងរបស់ព្រះអង្គ [ព្រះបិតា] បានដាក់អ្វីៗទាំងអស់»។ តាមរបៀបផ្សេងៗគ្នា ការហៅនេះ មាននៅក្នុង ១ កូរិនថូស ១៥:២៧; អេភេសូរ ១:២២; ហេព្រើរ ២:៨។ នៅក្នុងពាក្យដែលមានន័យប្រហាក់ប្រហែលគ្នា មាននៅក្នុងអេភេសូរ ៣:១០; កូល៉ុស ១:១៨; ភីលីព ៣:២១។

៣.២. មិនថាប្រភពដើមនៃការហៅនេះមកពីណា (ប្រហែលជាកំណើតពិភពលោក ១:២៦ តាមរយៈទំនុកតម្កើង ៨:៧) ការហៅនេះ សម្ដៅជាបឋមទៅលើមនុស្សជាតិរបស់ព្រះគ្រីស្តដែលព្រះជាម្ចាស់បានលើកតម្កើង មិនមែនសភាពជាព្រះរបស់ព្រះអង្គតែមួយមុខនោះទេ។ ពិតណាស់ ព្រះបុត្រាប្រសូតជាមនុស្សមានកាតព្វកិច្ច ដើម្បី «មានអ្វីៗទាំងអស់នៅក្រោមព្រះបាទារបស់ព្រះអង្គ» ពីព្រោះមានតែព្រះអង្គទេដែលបានបំផ្លាញអំណាចដែលអំពើបាប និងសេចក្តីស្លាប់មានដើម្បីឱ្យមនុស្សស្ថិតនៅក្រោមទាសភាព។ ដោយរស់ឡើងវិញ ព្រះអង្គបានគ្របដណ្តប់លើការខូចខាតដែលមាននៅក្នុងអដាំទីមួយ ព្រះគ្រីស្តបានក្លាយជានៅក្នុងសាច់ឈាមរបស់ព្រះអង្គ «ព្រះកាយខាងវិញ្ញាណ» ដ៏ល្អឥតខ្ចោះ ទ្រង់បើកនគរនៃភាពមិនរលួយ។ ហេតុនេះហើយ បានជាព្រះអង្គជា «អដាំទីពីរ និងចុងក្រោយ» (1 កូរិនថូស ១៥:៤៦-៤៩) ដែល «អ្វីៗទាំងអស់ត្រូវដាក់ឱ្យចុះចូល» (១ កូរិនថូស ១៥:២៧) ហើយជាអ្នកដែលអាចធ្វើឱ្យអ្វីៗទាំងអស់ចុះចូល (ភីលីព ៣:២១)។

៣.៣. ការលុបបំបាត់អំណាចនៃសេចក្តីស្លាប់ដោយព្រះគ្រីស្តនេះ នាំឱ្យបង្កើតអ្វីៗទាំងអស់ឡើងវិញ ក្នុងពេលតែមួយ ដែលនៅគ្រាចុងក្រោយនៃសម័យកាល នឹងបង្កើតផលផ្លែជាក់ស្តែង មិនត្រឹមតែសម្រាប់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកផងដែរ។ លោកម៉ាថាយហៅការកែសាជាថ្មីឡើងវិញនេះថា «ការបង្កើតថ្មី» [palingenesis] (១៩:២៨); លោកប៉ូលយល់ឃើញនៅក្នុងការបង្កើតនេះថា ជាការរង់ចាំនៃសត្វលោកទាំងអស់ (រ៉ូម ៨:១៩) ហើយវិវរណៈ (២១:១) ដោយប្រើវាក្យសព្ទនៃសម្ពន្ធមេត្រីចាស់ (អេសាយ ៦៥:១៧; ៦៦:២២) មិនខ្លាចនិយាយអំពី «មេឃថ្មី» និង «ផែនដីថ្មី» នោះទេ។

៣.៤. នរវិជ្ជាតូចចង្អៀតពេក ដែលមើលងាយ ឬយ៉ាងហោចណាស់ក៏មិនសូវចាប់អារម្មណ៍អំពីទំនាក់ទំនងរបស់មនុស្សជាមួយពិភពលោក អាចបណ្តាលឱ្យយើងមិនឱ្យតម្លៃត្រឹមត្រូវចំពោះការអះអាងនៃសម្ពន្ធមេត្រីថ្មីអំពីការគ្រប់គ្រងរបស់ព្រះគ្រីស្តលើសកលលោក។ ទោះជាយ៉ាងណាក៏ដោយ ការអះអាងប្រភេទនេះមានទម្ងន់យ៉ាងខ្លាំងសម្រាប់សម័យកាលរបស់យើង។ ពិតណាស់ ដោយសារតែការរីកចម្រើននៃវិទ្យាសាស្ត្រធម្មជាតិ សារៈសំខាន់នៃពិភពលោក និងផលប៉ះពាល់ទៅលើអត្ថិភាពរបស់មនុស្ស និងសំណួរដែលពិភពលោកនេះលើកឡើង ហាក់ដូចជាគេមិនដែលយល់យ៉ាងច្បាស់ជាងពីមុនមកនេះទេ។

៣.៥. ជាធម្មតា ការជំទាស់ដ៏ធំបំផុតដែលគេលើកឡើងទាក់ទងនឹងការគ្រប់គ្រងសកលលោករបស់ព្រះគ្រីស្ត ដែលរស់ឡើងវិញ ហើយនឹងយាងមកវិញ មកពីការយល់ដឹងម្យ៉ាងអំពីព្រះគ្រីស្តវិជ្ជា។ ប្រសិនបើយើងមិនដែលអាចច្រឡំមនុស្សជាតិរបស់ព្រះគ្រីស្តជាមួយនឹងសភាពជាព្រះរបស់ព្រះអង្គ យើងក៏មិនគួរបំបែកមនុស្សជាតិ និងសភាពជាព្រះនេះចេញពីគ្នាដែរ។ តាមការពិត កំហុសទាំងពីរនេះ ទទួលបានលទ្ធផលតែមួយ។ ក្នុងករណីទាំងពីរ យើងអាចលែងទទួលស្គាល់ថា មនុសស្ជាតិរបស់បុត្រារបស់ព្រះជាម្ចាស់ទទួលបានការគ្រប់គ្រងរបស់ព្រះអង្គលើសកលលោក។ ក្នុងករណីណាក៏ដោយ យើងផ្តល់ឱ្យសភាពជាព្រះនៃព្រះបន្ទូលតែមួយគត់ អ្វីដែលជាកម្មសិទ្ធិរបស់មនុស្សជាតិរបស់ព្រះអង្គ ក្នុងឋានៈជាមនុស្សជាតិរបស់ព្រះយេស៊ូគ្រីស្ត (អត្ថបទនៃសម្ពន្ធមេត្រីថ្មីខាងលើបង្ហាញអំពីការនេះឱ្យបានជាក់ស្ដែង) ដែលព្រះជាម្ចាស់បានតែងតាំងឱ្យទៅជាព្រះអម្ចាស់ និងបានទទួលងារថា “ព្រះនាមលើព្រះនាមទាំងអស់” (ភីលីព ២:៩)។

៣.៦. លើសពីនេះទៅទៀត ដោយសារព្រះគ្រីស្ត ដែលជា «បងច្បងក្នុងចំណោមបងប្អូនជាច្រើន» (រ៉ូម ៨:២៩) ជាអ្នកគ្រប់គ្រងសកលោក ការគ្រប់គ្រងនេះត្រូវតែទៅក្លាយជាកម្មសិទ្ធិរបស់យើង នៅក្នុងអង្គព្រះអង្គផងដែរ។ ជាការពិតណាស់ មានអ្វីមួយរួចទៅហើយនៃ «អត្តសញ្ញាណ» ខាងវិញ្ញាណដែលព្រះគ្រីស្តប្រទានឱ្យយើង (១ កូរិនថូស ៣:២១-២៣) ទោះបីជាព្រះជាម្ចាស់នឹងសម្ដែងអ្វីមួយនេះឱ្យបានពេញលេញ នៅពេលព្រះអង្គនឹងយាងមកវិញក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងនេះ ផ្តល់ឱ្យយើងនូវអំណាច ដើម្បីមានសេរីភាពពីអំណាចទាំងអស់នៃពិភពលោកនេះ (កូល៉ុស ២:១៥) ដូច្នេះយើងអាចស្រឡាញ់ព្រះគ្រីស្តតាមរយៈការផ្លាស់ប្តូរនៃពិភពលោក រួមទាំងការស្លាប់របស់យើងផងដែរ (រ៉ូម ៨:៣៨-៣៩; ១ យ៉ូហាន ៣:២; រ៉ូម ១៤:៨-៩)។

៣.៧. ទោះជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងនៃសកលលោករបស់ព្រះគ្រីស្តមិនត្រូវលាក់បាំងពីភ្នែករបស់យើងនូវការគ្រប់គ្រងប្រភេទផ្សេងទៀត ដែលព្រះអង្គអនុវត្ត និងត្រូវតែអនុវត្តនៅក្នុងប្រវត្តិសាស្ត្រ និងនៅក្នុងសង្គមមនុស្ស ជាពិសេសតាមរយៈយុត្តិធម៌ ដែលសញ្ញាសម្គាល់ហាក់ដូចជាចាំបាច់ជាក់ស្តែង ដើម្បីប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ ប៉ុន្តែការគ្រប់គ្រងរបស់ព្រះគ្រីស្តផ្ទាល់លើប្រវត្តិសាស្ត្រមនុស្ស អាចឈានដល់ចំណុចកំពូលបាន លុះត្រាតែការគ្រប់គ្រងនេះស្ថិតនៅក្នុងការគ្រប់គ្រង ដែលព្រះអង្គអនុវត្តលើសកលលោកទាំងមូល។ ជាការពិតណាស់ ប្រវត្តិសាស្ត្រនៅតែជាប់ឃុំឃាំងក្រោមនឹមនៃពិភពលោក និងសេចក្តីស្លាប់ ដរាបណាការគ្រប់គ្រងដ៏អស្ចារ្យរបស់ព្រះគ្រីស្ត មិនទាន់អាចអនុវត្តដោយគ្មានដែនកំណត់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោកទាំងមូល មុនពេលព្រះអង្គយាងមកនៅគ្រាចុងក្រោយ។

116 Views

Theme: Overlay by Kaira