សារលិខិតទូន្មាន | Apostolic Exhortations
សារលិខិតរដូវសែសិបថ្ងៃ | Messages of Lent

សារលិខិតសម្ដេចប៉ាប ឡេអូ ទី១៤
សម្រាប់រដូវសែសិបថ្ងៃ ឆ្នាំ២០២៦

ការស្តាប់ និងការតមអាហារ
រដូវសែសិបថ្ងៃជាពេលវេលាដើម្បីកែប្រែចិត្តគំនិត

បងប្អូនជាទីស្រឡាញ់!

រដូវសែសិបថ្ងៃជាពេលវេលា ដែលព្រះសហគមន៍យកចិត្តទុកដាក់ដូចជាមាតា អញ្ជើញយើងឱ្យ​ដាក់​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់នៅកណ្ដាលជីវិតរបស់យើង ដើម្បីឱ្យជំនឿ​របស់​យើងមានកម្លាំងស្ទុះ​ឡើង​វិញ និងដើម្បីកុំឱ្យចិត្តរបស់យើងរាយមាយ ដោយការព្រួយបារម្ភ និងការខ្វល់ខ្វាយប្រចាំថ្ងៃ។

រាល់ដំណើរនៃការកែប្រែចិត្តគំនិត ចាប់ផ្តើមនៅពេលដែលយើងបណ្តោយឱ្យព្រះបន្ទូល​មកដល់​យើង ហើយ​​យើងទទួលព្រះបន្ទូលនោះដោយមានចិត្តទូលាយ។ ដូច្នេះ មានទំនាក់ទំនងរវាង​អំណោយ​ទាន​នៃ​ព្រះ​បន្ទូលរបស់ព្រះជាម្ចាស់ ការបើកចិត្តទទួលយកព្រះបន្ទូល និងការផ្លាស់ប្តូរដែលព្រះបន្ទូល​នោះ​សម្តែង​ឡើង។ ហេតុដូច្នេះហើយ ដំណើរនៃរដូវសែសិបថ្ងៃជាឱកាសដ៏ល្អ ដើម្បីផ្ទៀងត្រចៀក​ស្តាប់​ព្រះ​សូរសៀងរបស់ព្រះអម្ចាស់ និងសម្រេចចិត្តដើរតាមព្រះគ្រីស្តឡើងវិញ ដោយធ្វើដំណើរជាមួយ​ព្រះអង្គ​ឆ្ពោះ​ទៅកាន់ក្រុងយេរូសាឡឹម ជាកន្លែងដែលព្រះអង្គសម្រេច​គម្រោងការដ៏លាក់កំបាំង​របស់​ព្រះ​ជាម្ចាស់ ដោយរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។

ការស្តាប់

នៅឆ្នាំនេះ ជាដំបូងបង្អស់ ខ្ញុំចង់ទាក់ទាញចំណាប់អារម្មណ៍លើចំណុចដ៏សំខាន់មួយ ពោលគឺ ទុក​ឱកាស​ឱ្យព្រះបន្ទូល ដោយស្តាប់ ដ្បិតពេលយើងត្រៀមខ្លួនស្តាប់ គឺជាសញ្ញាដំបូងដែលបង្ហាញ​ពីបំណង​ប្រាថ្នា​របស់យើងចង់មានទំនាក់ទំនងជាមួយអ្នកដទៃ។

ព្រះជាម្ចាស់ផ្ទាល់ ដែលទ្រង់បានសម្ដែងព្រះអង្គឱ្យលោកម៉ូសេឃើញពីគុម្ពបន្លាដែលកំពុងឆេះ បង្ហាញថា ការស្ដាប់ជាលក្ខណៈសម្គាល់របស់ព្រះអង្គ៖ «យើងបានឃើញទុក្ខវេទនា​របស់ប្រជារាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប ហើយយើងក៏បានឮសម្រែករបស់គេដែរ» (សរ ៣, ៧)។ ពេលព្រះអង្គស្តាប់សម្រែក​របស់​អ្នក​ដែល​​​​ត្រូវគេជិះជាន់ ពេលនោះព្រះអង្គចាប់ផ្តើមប្រវត្តិសាស្ត្រនៃការរម្ដោះ ហើយព្រះអង្គក៏ត្រាស់​ហៅ​លោក​​​ម៉ូសេ ដោយចាត់លោកឱ្យទៅបើកផ្លូវនៃការសង្គ្រោះសម្រាប់បុត្រធីតារបស់ព្រះអង្គ ដែលធ្លាក់​ខ្លួន​ជា​ទាសករ។

ព្រះជាម្ចាស់ ដែលតែងតែធ្វើអន្តរាគមន៍ ក៏យាងមកជួបយើងនៅថ្ងៃនេះ ដោយមានព្រះហឫ​ទ័យ​ញាប់​ញ័រដែរ។ ហេតុដូច្នេះហើយ ពេលយើងស្តាប់ព្រះបន្ទូលក្នុងពិធីបុណ្យ នោះយើងរៀន​ស្តាប់ឱ្យកាន់​តែ​ច្បាស់​លាស់៖ ក្នុងចំណោមសម្លេងជាច្រើនដែលឆ្លងកាត់ជីវិតផ្ទាល់ខ្លួន និងសង្គមរបស់យើង ព្រះគម្ពីរ​ដ៏វិសុទ្ធធ្វើឱ្យយើងមានសមត្ថភាពអាចសម្គាល់ឃើញសម្លេងដែលកើតចេញពីទុក្ខ និងអយុត្តិធម៌ ដើម្បីកុំ​ឱ្យសម្លេងនោះបន្លឺឡើងដោយគ្មានចម្លើយសោះឡើយ។ ពេលយើងសុខចិត្តទទួលយកសម្លេងនេះដក់​ក្នុងចិត្តយើង ពេលនោះយើងបណ្តោយឱ្យព្រះជាម្ចាស់បង្រៀនយើងនៅថ្ងៃនេះឱ្យចេះស្តាប់ដូច ព្រះអង្គ រហូតដល់ទទួលស្គាល់ថា «ស្ថានភាពរបស់អ្នកក្រីក្រជាសម្រែកមួយ ដែលនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ តែងតែដាស់តឿនដល់ជីវិត សង្គម ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងជាពិសេស​ព្រះសហគមន៍​របស់​យើង»[1]

ការតមអាហារ

រដូវសែសិបថ្ងៃជាពេលវេលាដើម្បីស្តាប់ ប៉ុន្តែពេលយើងតមអាហារ យើងក៏អនុវត្តជាក់ស្តែង ដើម្បីរៀប​ចំ​ចិត្តគំនិតឱ្យទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការតមអាហារពិតជាការហ្វឹកហាត់​ខាងវិញ្ញាណ​ដ៏​បុរាណ និងមិនអាចជំនួសបាន ក្នុងដំណើរនៃការកែប្រែចិត្តគំនិត។ ដោយសារការតមពាក់ព័ន្ធនឹងរូបកាយ យើងឃើញកាន់តែច្បាស់នូវអ្វីដែលយើង «ឃ្លាន» និងអ្វីដែលយើងចាត់ទុកថា ជាចាំបាច់សម្រាប់​ការ​រស់​រាន​មានជីវិត។ ដូច្នេះ ការតមអាហារមានប្រយោជន៍សម្រាប់ពិចារណា និងរៀបចំ «ចំណង់» ឱ្យមាន​សណ្តាប់​ធ្នាប់ ប្រុងស្មារតីដើម្បីស្រេកឃ្លានយុត្តិធម៌ កុំឱ្យយើងអស់សង្ឃឹម និងដោយបង្ហាត់យើង​ឱ្យ​អធិដ្ឋាន និងទទួលខុសត្រូវចំពោះអ្នកដទៃ។

ដោយយល់ដឹងយ៉ាងស៊ីជម្រៅខាងវិញ្ញាណ សន្តអូហ្គូស្ទីនបានបង្ហាញឱ្យឃើញថា ពេលយើងបុ្រងស្មារតី មានភាពតានតឹងរវាងពេលវេលាបច្ចុប្បន្ន និងការសម្រេចនាពេលអនាគត។ លោកសង្កេតឃើញថា៖ «ក្នុងអំឡុងពេលនៃជីវិតនៅលើផែនដីនេះ មនុស្សលោកមានតួនាទីស្រេកឃ្លានយុត្តិធម៌ ប៉ុន្តែយើងនឹង​ឆ្អែត​ស្កប់ស្កល់នៅជីវិតខាងមុខ។ ពួកទេវទូតបានឆ្អែតស្កប់ស្កល់ដោយសារនំបុ័ង និងអាហារនេះ។ រីឯមនុស្សលោកវិញ ពួកគេឃ្លាននំប៉័ងនេះ ហើយពួកគេទាំងអស់គ្នាខិតខំតម្រង់​បំណងប្រាថ្នា​ចង់​បាន​អាហារ​នេះ។ ភាពតានតឹងនៃបំណងប្រាថ្នានេះធ្វើឱ្យព្រលឹងរីកធំ និងបង្កើនសមត្ថភាពរបស់ព្រលឹង»[2]។ ក្នុងន័យនេះ ការតមអាហារមិនត្រឹមតែឱ្យយើងគ្រប់គ្រង បន្សុទ្ធ និងធ្វើឱ្យបំណងប្រាថ្នា​កាន់តែ​មាន​សេរី​ភាព​​​ប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកបំណងប្រាថ្នានេះ ដើម្បីឱ្យយើងបែរទៅរកព្រះជាម្ចាស់ និង​តម្រង់​ទៅ​រកការធ្វើអំពើល្អផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យយើងតមអាហារស្របតាមដំណឹងល្អ និងកុំឱ្យចាញ់ការល្បួង ដែល​បណ្តាលឱ្យមានចិត្តអួតអាង យើងតែងតែត្រូវតមអាហារដោយមានជំនឿ និងដោយបន្ទាបខ្លួន។ ធ្វើ​បែប​នេះ​​ទាមទារឱ្យយើងចាក់ឫសយ៉ាងជ្រៅក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ ពីព្រោះ «គ្មាននរណា​ម្នាក់​តម​អាហារពិតប្រាកដឡើយ ប្រសិនបើគេមិនចេះចិញ្ចឹមជីវិតដោយសារ​ព្រះបន្ទូលរបស់​ព្រះជា​ម្ចាស់​»[3]។ សញ្ញា​សម្គាល់ឆ្លុះបញ្ចាំងឱ្យឃើញការប្តេជ្ញាចិត្តខាងក្នុងរបស់យើង ដែលខិតខំដកខ្លួនចេញពីអំពើបាប និង​​​អំពើអាក្រក់ ដោយមានជំនួយពីព្រះហឫទ័យប្រណីសន្តោស គឺយើងត្រូវតមអាហាររួមជាមួយ​នឹង​ការ​លះ​​បង់​​ផ្សេងទៀត ដែលមានគោលដៅឱ្យយើងមានរបៀបរស់នៅដ៏សាមញ្ញបំផុត ដ្បិត «មានតែ​ការ​រស់​​នៅ​​ដោយសន្សំសំចៃ និងតឹងរ៉ឹងប៉ុណ្ណោះ ដែលធ្វើឱ្យជីវិតគ្រីស្តបរិស័ទរបស់យើងត្រឹមត្រូវ និងមាំមួន​»[4]

ហេតុដូច្នេះហើយ ខ្ញុំសូមអញ្ជើញបងប្អូនឱ្យតមតាមរបៀបពិសេសមួយ ដែលជារឿយៗគេមិន​សូវ​និយម នោះគឺឱ្យយើងតមពាក្យសម្តីដែលប៉ះពាល់ និងធ្វើឱ្យអ្នកដទៃឈឺចាប់។ ចូរយើងចាប់ផ្តើមដោយ​រំសាយ​អាវុធនៃភាសា ដោយលះបង់ពាក្យសម្តីមុតស្រួច ការវិនិច្ឆ័យដោយប្រញាប់ប្រញាល់ ការនិយាយ​ដើម​អ្នក​អវត្តមានដែលមិនអាចការពារខ្លួនបាន និងការមួលបង្កាច់បង្ខូច។ ផ្ទុយទៅវិញ ចូរយើងខិត​ខំរៀន​ចេះ​វាស់វែងពាក្យសម្តី និងបណ្តុះឱ្យមានចិត្តសប្បុរស៖ នៅក្នុងគ្រួសារ ក្នុងចំណោមមិត្តភក្តិ ក្នុងកន្លែង​ធ្វើការ លើបណ្តាញសង្គម ក្នុងកិច្ចពិភាក្សានយោបាយ ក្នុងប្រព័ន្ធផ្សព្វផ្សាយ និងក្នុងសហគមន៍​គ្រីស្ត​បរិស័ទ។ នៅពេលនោះ ពាក្យសម្តីស្អប់ខ្ពើមជាច្រើននឹងទុកឱ្យមានពាក្យសម្តីនៃសេចក្តីសង្ឃឹម និងសន្តិ​ភាព​វិញ។

រួមជាមួយគ្នា

ជាចុងក្រោយ រដូវសែសិបថ្ងៃរំលេចឱ្យឃើញថា ពេលដែលយើងស្តាប់ព្រះបន្ទូល និងតមអាហារ ក៏មានសហគមន៍ផងដែរ។ ព្រះគម្ពីរក៏បញ្ជាក់ពីទិដ្ឋភាពនេះ តាមរបៀបជាច្រើនផងដែរ។ ឧទាហរណ៍ ដូចពេលកណ្ឌគម្ពីរនេហេមីរៀបរាប់ថា ប្រជារាស្ត្របានប្រមូលផ្តុំគ្នា ដើម្បីស្តាប់ធម្មវិន័យជាសាធារណៈ ហើយ​ដោយតមអាហារ ពួកគេបានត្រៀមខ្លួន ប្រកាសជំនឿ និងថ្វាយបង្គំ ដើម្បីរម្លឹកឡើងវិញ​នូវ​សម្ពន្ធ​មេត្រី​​ជាមួយព្រះជាម្ចាស់ (នេហេមី ៩, ១-៣)។

យ៉ាងណាមិញ ព្រះជាម្ចាស់ត្រាស់ហៅព្រះសហគមន៍តាមភូមិរបស់យើង ក្រុមគ្រួសារ ក្រុមគ្រីស្ត​បរិស័ទ និងសហគមន៍បព្វជិតនានា ឱ្យដើរលើផ្លូវរួមជាមួយគ្នាក្នុងអំឡុងរដូវសែសិបថ្ងៃ ដែលពេលនោះ ការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចការស្តាប់សម្រែករបស់អ្នកក្រីក្រ និងផែនដី បានទៅជារបៀប​រស់នៅរួមជាមួយគ្នា ហើយការតមអាហារគាំទ្រឱ្យយើងកែប្រែចិត្តគំនិតយ៉ាងពិតប្រាកដ។ ក្នុងទស្សន​វិស័យនេះ ការកែប្រែចិត្តគំនិតមិនត្រឹមតែពាក់ព័ន្ធនឹងមនសិការរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ ថែមទាំង​ពាក់​ព័ន្ធ​នឹងរបៀបទំនាក់ទំនង គុណភាពនៃកិច្ចសន្ទនា សមត្ថភាពក្នុងការបណ្តោយ​ឱ្យតថភាព​សួរ​សំណួរ​​​មកកាន់យើង និងការទទួលស្គាល់នូវអ្វីដែលតម្រង់ទិសដៅនៃបំណងប្រាថ្នាពិតប្រាកដ ទាំងនៅ​ក្នុង​​ព្រះ​សហគមន៍ និងក្នុងចំណោមមនុស្សជាតិ ដែលកំពុងស្រេកឃ្លានយុត្តិធម៌ និងការផ្សះផ្សា។

បងប្អូនជាទីស្រឡាញ់! ក្នុងរដូវសែសិបថ្ងៃនេះ ចូរយើងទូលអង្វរព្រះជាម្ចាស់ប្រោសឱ្យ​ត្រចៀក​របស់​​​យើង​កាន់តែផ្ទៀងស្តាប់ព្រះអង្គ និងអ្នកដែលខ្វះខាតបំផុត។ ចូរយើងទូលសូមកម្លាំង ដើម្បី​តម​អាហារ និងតមអណ្តាត ដើម្បីកាត់បន្ថយពាក្យសម្តីដែលបង្ករបួស និងទុកឱ្យសម្លេងរបស់អ្នក​ដទៃ​រីក​ចម្រើន។ ចូរយើងធ្វើឱ្យសហគមន៍របស់យើងទៅជាកន្លែងដែលយើងទទួលអស់អ្នកដែលរងទុក្ខលំបាក និងស្តាប់គេ ដើម្បីបើកផ្លូវនៃការរម្ដោះ ហើយធ្វើឱ្យយើងកាន់តែរហ័សរហួន និងយកចិត្តទុកដាក់ក្នុងការ​ចូល​រួមកសាងសង្គមនៃសេចក្តីស្រឡាញ់។

ខ្ញុំសូមប្រទានពរអស់ពីដួងចិត្តដល់បងប្អូន និងដល់ដំណើរនៃរដូវអប់រំពិ​សេសរបស់បងប្អូន​ផងដែរ។

ពីបុរីវ៉ាទីកង់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦
បុណ្យរម្លឹកសន្តីអាហ្កាថ (Agathe) ជាព្រហ្មចារី និងជាមរណសាក្សី


[1] Apostolic Exhortation Dilexi Te (4 October 2025), 9.
[2] Augustine The Usefulness of Fasting, 1, 1
[3] Benedict XVI, Catechesis (9 March 2011)
[4] Paul VI, Catechesis (8 February 1978)

66 Views

Theme: Overlay by Kaira