ទស្សនវិជ្ជា

និពន្ធដោយលោកបូជាចារ្យ
អេមេល្សដាល ហ្វ្រង់ស័រ

សទ្ទានុក្រម

សទ្ធានុក្រម[1]

Absurdism៖ គ្មានហេតុផលនិយម៖ ជាទស្សនៈថា អ្វីៗទាំងអស់ (ព្រះ ពិភពលោក មនុស្ស តថភាព[1]ជីវិត ល។ល) អាចមានអត្ថន័យ តែបើយើងស្វែងរកអត្ថន័យនេះ យើងនឹងជួបប្រទេះភាពវឹកវរប៉ុណ្ណោះ។ ទស្សនៈនេះ អាចក្លាយទៅជាភាពអស់សង្ឃឹមនិយម (Nihilism)។

Atheism៖ អទេវនិយម៖ ជាជំនឿថា ១. គ្មានព្រះ (ឬអាទិទេព ឬព្រះជាម្ចាស់) ២. ព្រលឹងវិញ្ញាណមនុស្សគ្មានជីវិតអមតៈ ៣. គ្មានស្ថានក្រោយពីបានទទួលមរណភាព។ ទ្រឹស្តីនេះ ស្រដៀងនឹងរូបធាតុនិយម (Materialism)។

Empiricism៖ ពិសោធន៍និយម៖ ចំណេះដឹងទាំងអស់របស់មនុស្ស មកពីវិញ្ញាណទាំងប្រាំ ដែលអាចពិនិត្យពិច័យ ដោយដកពិសោធន៍បាន។ ពិសោធន៍និយមផ្ទុយពីវិចារណនិយម (Rationalism)។

Existentialism៖ អត្តិភាពនិយម៖ ទ្រឹស្តីប្រឆាំងនឹងទស្សនៈទាំងប៉ុន្មាន ដែលមិនប៉ះពាល់នឹងរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ ម្នាក់ៗត្រូវតែស្វែងរកអត្ថន័យនៃជីវិត សម្រាប់ខ្លួនគេផ្ទាល់ និងរស់នៅស្របតាមទស្សនៈនេះ។

Idealism៖ មនោនិយម (គំនិតនិយម)៖ អ្វីដែលសំខាន់ គឺជាគំនិត។ ពិភពពិតប្រាកដ គឺជាពិភពនៃគំនិត៖ ឧ. សត្វសេះកំពុងស៊ីស្មៅ ដែលខ្ញុំកំពុងតែឃើញ មិនមែនជាសត្វសេះពិតប្រាកដឡើយ។ គំនិតអំពីសត្វសេះ ជាសត្វសេះពិតប្រាកដ។ ទ្រឹស្តីនេះ ប្រឆាំងនឹងរូបធាតុនិយម (Materialism)។

Materialism៖ រូបធាតុនិយម៖ អ្វីៗទាំងអស់ (ពិភពលោក មនុស្ស តថភាពជីវិត​ ល។ល) ចេញមកពីរូបធាតុ។ គ្មានវិញ្ញាណសោះ។ សូម្បីតែព្រលឹងវិញ្ញាណរបស់មនុស្សក៏ជាការផ្សំផ្គុំនឹងគ្រឿងរូបធាតុ។

Nihilism៖ អស់សង្ឃឹមនិយម៖ ជាទ្រឹស្តីអះអាងថា គ្មានអ្វី ដែលមានតម្លៃ ឬគោលបំណងអ្វីឡើយ។ ទស្សនៈនេះ ជ្រៅជាងនឹងការគ្មានន័យនិយម (Absurdism)។

Pantheism៖ សព្វទេពនិយម៖ ជាជំនឿជឿថា ព្រះជាម្ចាស់ និងចក្រវាល គឺតែមួយ។

Phenomenology៖ បាតុភូតនិយម៖ យើងមិនអាចស្គាល់តថភាពពិតប្រាកដ យើងអាចស្គាល់តែអ្វី ដែលកើតឡើងចំពោះយើងផ្ទាល់ប៉ុណ្ណោះ។

Rationalism៖ វិចារណនិយម (ប្រាជ្ញានិយម)៖ ជាទស្សនៈថា មានតែប្រាជ្ញា ដែលជាប្រភពនៃចំណេះដឹង។ ទ្រឹស្តីនេះ ផ្ទុយពីពិសោធមន៍និយម (Empiricism)។

Solipsism៖ ឯកត្តនិយម៖ ជាជំនឿថា មានតែខ្លួនឯង និងបទពិសោធន៍ខ្លួនឯងតែប៉ុណ្ណោះ ដែលមានអត្តិភាព។

[1] តថភាពមានន័យថា ភាពប្រាកដប្រជា ឬភាពពិតជាក់ស្ដែងនៃអ្វីៗទាំងអស់។


[1] សូមមេត្តាអាន “វចនានុក្រមទស្សនវិជ្ជាអក្សហ្វ័ដ” (The Oxford Dictionary of Philosophy) និពន្ធដោយលោក សៃមឹង ប្លេកបឺន (Simon Blackburn) បកប្រែដោយលោកបណ្ដិត កាង អ៊ីងហ្គឺន (In-gun Kang, S.J.)។
[2] តថភាពមានន័យថា ភាពប្រាកដប្រជា ឬភាពពិតជាក់ស្ដែងនៃអ្វីៗទាំងអស់។

សេចក្ដីផ្តើម

សេចក្ដីផ្តើម
អ្វីទៅជាទស្សនវិជ្ជា?

​   ជាភាសាក្រិក ពាក្យ “ទស្សនវិជ្ជា” (Philosophia) មានន័យថា ការស្រលាញ់​ (Philo) ចំណេះដឹង ឬគតិបណ្ឌិត (Sophia)។

មនុស្សគ្រប់ៗរូបធ្លាប់សួរសំណួរសំខាន់ៗដូចជា៖ តើយើងមកពីណា? នៅពេលស្លាប់ តើមានអ្វីកើតឡើង? តើមានព្រះ ឬទេ? អ្វីទៅជាសេចក្ដីពិត? តើរូបកាយ និងព្រលឹងវិញ្ញាណអាចបែងចែកបាន ឬទេ? ហេតុអ្វី បានជាអ្វីៗទាំងអស់ប្លែកពីគ្នា? តើមានអ្វីមួយជាលក្ខណៈរួមនៃអ្វីៗទាំងអស់នោះ ឬទេ? ល។ល។ បើមិត្តអ្នកអានធ្លាប់សួរសំណួរបែបនេះឯង មិត្តអ្នកអានធ្លាប់ធ្វើទស្សនវិជ្ជាដែរ។

ក្នុងចំណោមសំណួរទាំងអស់នោះ មានសំណួរពិសេសមួយ៖ ហេតុអ្វី បានជាមានអ្វីមួយ និងមិនមែនគ្មានអ្វីសោះ? សំណួរនេះលើកគ្រឹះមូលដ្ឋាននៃអ្វីទាំងអស់ ឬកត្តារួមនៃអ្វីៗទាំងអស់៖ យើងអាចមើលឃើញថា អ្វីៗទាំងអស់ប្លែកពីគ្នា មានលក្ខណសម្បត្តិផ្សេងៗពីគ្នា ប៉ុន្តែ អ្វីៗទាំងអស់មានជាក់ស្ដែង អ្វីៗទាំងអស់មានពិត (ជាភាសាខាងទស្សនវិជ្ជា យើងប្រើពាក្យ “អត្តិភាព” (Existence))។ មនុស្ស សត្វ រុក្ខជាតិ ថ្ម... មានអត្តិភាព។ ពេលយើងសិក្សាអំពីអត្តិភាព យើងធ្វើទស្សនវិជ្ជាពិសេស ដែលគេហៅថា “ភាវវិជ្ជា” (Ontology)។ ពាក្យនេះ មកពី “ភាវៈ” (Beings) សម្ដៅទៅលើមនុស្ស សត្វ រុក្ខជាតិ ថ្ម (លើកលែងតែអ្វីដែលស្ថិតក្នុងគំនិតមនុស្សតែប៉ុណ្ណោះ ដូចជាការស្រមើស្រមៃ ឬការយល់សប្តិ)។

ម្យ៉ាងទៀត យើងអាចសួរសំណួរមួយទៀត៖ តើភាវៈនីមួយៗមានអត្តិភាពមកពីណា? តើមានអ្វីមួយជាប្រភាពនៃអត្តិភាព ឬទេ? ពេលនោះ យើងធ្វើទស្សនវិជ្ជាពិសេសមួយ ដែលគេហៅថា “អស្តិរូបវិជ្ជា” (Metaphysic)។ អស្តិរូបវិជ្ជាសិក្សាអំពីភាវៈដំបូង ដែលជាប្រភពនៃភាវៈឯទៀតៗ ជាភាវៈហួសពី (Meta) ធម្មជាតិ (Physic) ពោលគឺហួសពីអ្វីដែលអាចមើលឃើញ។

ទស្សនវិទូម្នាក់ខិតខំព្យាយាមឆ្លើយនឹងសំណួរទាំងប៉ុន្មាននោះ ដោយយកសមហេតុសមផលត្រឹមត្រូវតាមប្រាជ្ញា មកជួយរិះគិត។ បានសេចក្ដីថា ទស្សនវិទូមិនព្រមយកជំនឿផ្សេងៗ ដែលផ្ទុយ ឬប្រឆាំង ឬហួសពីប្រាជ្ញាមកជួយពិចារណាឡើយ។ ដោយប្រាជ្ញាជាលក្ខណៈរួមរបស់មនុស្សលោក យើងក៏អាចមានចម្លើយសកល ដែលមនុស្សគ្រប់សម័យ និងគ្រប់ទីកន្លែង អាចទទួលយកបាន។ ឯជំនឿវិញ មានលក្ខណៈឯកជនម្យ៉ាង អាស្រ័យទៅលើម្នាក់ៗ ​ជាពិសេសយើងមិនអាចបង្ហាញភស្តុតាងតាមវិទ្យាសាស្រ្តអំពីសេចក្ដីនៃជំនឿបានឡើយ។

ម្យ៉ាងទៀត ទស្សនវិទូពិតប្រាកដផ្លាស់ប្តូររបៀបរស់នៅរបស់គាត់ស្របតាមអ្វីដែលខ្លួនបង្រៀន។ សម្រាប់គាត់ ទស្សនវិជ្ជាមិនគ្រាន់ជាទ្រឹស្តីប៉ុណ្ណោះទេ ពោលគឺគាត់អនុវត្តអ្វីដែលគាត់បានរកឃើញ។ កាលណាយើងចាប់ផ្តើមយល់អំពីអត្ថន័យនៃជីវិត យើងក៏ចាប់ផ្តើមមានរបៀបរស់នៅស្របតាមចំណេះដឹង និងគំនិតនោះ។

ក្នុងមេរៀនរបស់យើងនេះ យើងនឹងព្យាយាមឆ្លើយនឹងសំណួរទាំងអស់នោះ ដោយរិះគិតអំពីប្រវត្តិសាស្រ្តនៃទស្សនវិជ្ជា តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្នកាល។ យើងនឹងសង្កេតឃើញថា ក្នុងប្រវត្តិសាស្រ្ត ទោះជាទស្សនវិទូហាក់ដូចជាមានគំនិតស្ទើរតែប្លែកពីគ្នារហូត ក៏ប៉ុន្តែមានគំនិតទូទៅខ្លះៗដែលស្រដៀងគ្នាដែរ។ គេហៅគំនិតទូទៅស្រដៀងគ្នានោះថា “ចលនាសំខាន់ៗនៃទស្សនវិជ្ជា”។

១. ទស្សនវិជ្ជាសម័យក្រិក

១. ទស្សនវិជ្ជាសម័យក្រិក

១. ទេវកថា (Mythology)

មនុស្សជាច្រើន ជាពិសេសនៅសម័យដើម ធ្លាប់ឆ្លើយនឹងសំណួរទាំងប៉ុន្មាននៃទស្សនវិជ្ជា ដោយស្រមៃថា មានព្រះផ្សេងៗជាច្រើន ដែលគ្រប់គ្រងជីវិតមនុស្ស។ មានព្រះនៃភ្លៀង ព្រះនៃការបង្កើតកូន ព្រះនៃសង្រ្គាម ល។ល។ តាមការពិត នៅសម័យនោះ ពុំទាន់មានឧបករខាងវិទ្យាសាស្រ្ត ដើម្បីពន្យល់បាតុភូតខាងធម្មជាតិនៅឡើយ៖ ឧ. គេធ្លាប់ពន្យល់ថា ការរញ្ជួយផែនដីមកពីព្រះឈ្លោះប្រកែកគ្នា ឬពេលមនុស្សម្នាក់ធ្លាក់ខ្លួនឈឺ មកពីព្រះខឹងនឹងគេ។ ព្រះទាំងអស់នោះ ស្ថិតនៅឆ្ងាយពីមនុស្ស មិនសូវរវីរវល់នឹងមនុស្ស ហើយព្រះទាំងអស់នោះ ដូចជាកូនក្មេង ដែលតែងតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ សរុបសេចក្ដី ព្រះនោះដូចមនុស្សយើងដែរ!

ជាទូទៅ ព្រះទាំងអស់នោះ អាចធ្វើបាបមនុស្សតាមចិត្ត ឬបានបង្កើតមនុស្ស ដើម្បីលែងសប្បាយ កែអប្សុក ឬប្រើគេធ្វើជាទាសករ។ ហេតុនេះ ដើម្បីកុំឳ្យព្រះទាំងប៉ុន្មាននោះ​ខឹង ឬដើម្បីឳ្យបានសេចក្ដីសុខសាន្ត មនុស្សធ្លាប់ធ្វើបូជាយញ្ញចំពោះព្រះនោះ។ ពោលគឺមនុស្សសែនព្រេន ដូចជាសត្វ ឬរបស់មានតម្លៃ សូម្បីតែមនុស្សក៏មានដែរ។ ប៉ុន្តែ ពួកទេវវិទូដំបូងនៅសម័យបុរាណ នឹងចាប់ផ្តើមរិះគន់ការគិតបែបនេះ ដោយយកប្រាជ្ញា និងហេតុផលត្រឹមត្រូវមកព្យាយាមពន្យល់អត្ថន័យនៃជីវិត។ ពេលនោះ ទស្សនវិជ្ជាពិតប្រាកដនឹងចាប់ផ្តើម។

២. ទស្សនាវិទូមុនលោកសូក្រាថេស (Pre-Socratic)

គេធ្លាប់និយាយថា​ មនុស្សដើម ដែលជាបព្វបុរសរបស់យើង រស់នៅសម័យងងឹត ទោះជាពួកគេបានវិវត្តបន្តិចម្តងៗ។ ប៉ុន្តែ សតវត្សទាំងពីរ ដែលចាប់ផ្តើមពីសម័យលោក ថាលេស (Thales) រហូតដល់លោក សូក្រាថេស (Socrates) ដូចជាពន្លឺថ្មីមួយ ដែលរះបំភ្លឺប្រាជ្ញា និងការចេះដឹងរបស់មនុស្សលោក។ ពេលនោះ មានមនុស្សជាច្រើន ទស្សនាវិទូក្តី អ្នកតែងកំណាព្យ អ្នកប្រាជ្ញក្តី ឬអ្នកដឹកនាំនិកាយផ្សេងៗខាងសាសនាក្តី ដែលចាប់ផ្តើមរិះគិតពិចារណាយ៉ាងជ្រាលជ្រៅអំពីអត្ថន័យនៃជីកវិត។ ជាពិសេស នៅប្រទេសក្រិក (Greece) អ្នកទាំងអស់នោះ បានសួរខ្លួនឯងអំពីសភាព[1]នៃអ្វីៗទាំងអស់។ គេហៅទស្សនាវិទូជនជាតិក្រិកនោះ ទស្សនាវិទូមុនលោកសូក្រាថេស។ ពួកលោករស់នៅទិសខាងកើតសមុទ្រ មេឌីតេរ៉ាណេ (Mediterranea) ពីសតវត្សទី៦ ដល់សតវត្សទី៥ មុន គ.ស.។ ក៏ប៉ុន្តែ គួរឱ្យស្តាយ ដ្បិតនៅសល់តែការសសេរតិចតួចប៉ុណ្ណោះ ពីសៀវភៅទាំងប៉ុន្មានរបស់ពួកលោក៖ ឧ. ពីលោក អាណាកស៊ីម៉ានឌ័រ (Anaximander) សល់តែកថាខ័ណ្ឌបីបួនឃ្លាប៉ុណ្ណោះ។ តាមការពិត ​សៀវភៅរបស់អស់លោកបានភ្លើងឆេះអស់រលីងក្នុងបណ្ណល័យនៃទីក្រុង អាលេក្សាឌ្រីយ៉ា (Alexandria) ជាកន្លែង ដែលគេដាក់សៀវភៅអ្នកប្រាជ្ញទាំងអស់នៅសម័យនោះ។ យើងស្គាល់ពួកលោកទស្សនាវិទូ ដែលបានកើតមកមុនលោកសូក្រាថេស (Socrates) ព្រោះតែអ្នកបន្តបានស្រង់ពាក្យសម្តីខ្លះៗរបស់អស់លោក។​

សម្រាប់មនុស្សទូទៅនៅសម័យនោះ ទស្សនាវិទូទាំងប៉ុន្មាន ដូចជាទេវតា ឬសត្វលោកដ៏អស្ចារ្យហួសពីធម្មជាតិ ដែលថ្លែងព្រះបន្ទូលរបស់ព្រះ​ និងពូកែធ្វើមន្តអាគមថែមទៀតផង។ ក៏ប៉ុន្តែ លោក អារីស្តូថេល្លេស (Aristotle) នឹងប្រាប់ថា ពួកលោកទាំងអស់នោះ និយាយដូចជាមនុស្សស្រវឹង។ គេធ្លាប់ហៅលោក ហេរ៉ាក្លេថូស (Heraclitus) ថា ជាអ្នកងងឹត ដ្បិតគ្មាននរណាម្នាក់យល់ការសសេររបស់លោក។

អ្នកទាំងអស់នោះ ជាទស្សនាវិទូផង អ្នកតែងកំណាព្យ អ្នកប្រាជ្ញ​ និងអ្នកខាងសាសនាផងដែរ។ សម័យឥឡូវ យើងមិនដែលតែងពាក្យកំណាព្យ ដើម្បីផ្សព្វផ្សាយគមនាគមណ៍ បង្កើតនិកាយថ្មីខាងសាសនា ឬធ្វើគណិតវិជ្ជាឡើយ។ ស្របតាមវប្បធម៌របស់យើង យើងក៏បែងចែកចំណេះដឹងទូទៅ ពីចំណេះដឹងឯកទេសផ្សេងៗ។ ការតែងពាក្យកំណាព្យមិនដូចការរិះគិតអំពីសាសនា ឬទស្សនវិជ្ជា ឬវិទ្យាសាស្រ្តឡើយ។ នៅសម័យនោះ អស់លោកលាយឡំអ្វីៗទាំងអស់ គឺមុខវិជ្ជាទាំងប៉ុន្មានមិនបែងចែកពីគ្នាទេ។

[1] សភាព (ឬសារធាតុ)៖ លក្ខណៈមូលដ្ឋាន ឬសំខាន់ជាងគេនៃភាវៈមួយ។

ភាវៈ មានន័យថា អ្វីមួយ (សត្វលោក ឬវត្ថុ) ដែលមានអតិ្តភាព

អត្តិភាព នៅ មាន ស្ថិតនៅ (មានជីវិត ឬទេ​៖ ឧ. ថ្មគ្មានជីវិត តែមានអត្តិភាព) មានពិតជាក់ស្ដែង (មិនគ្រាន់តែស្ថិតក្នុងគំនិតរបស់មនុស្សឡើយ)។

ក. ទឹកជាគ្រឹះមូលដ្ឋាននៃអ្វីៗទាំងអស់៖ លោក ថាលេស (Thales)

លោក ថាលេស នៅ មីឡេថូស (Thales of Miletus) (ប្រមាណឆ្នាំ ៦២៥-៦៤៧ មុន គ.ស.) ជាមនុស្សម្នាក់ល្បីក្នុងចំណោមសិស្សសាលា ដែលរៀនគណិតវិជ្ជា ហើយជាទស្សនាវិទូបុរាណជាងគេ ដែលយើងស្គាល់។ រួមជាមួយលោក អាណាកស៊ីម៉ានឌ័រ (Anaximander) និងលោក អាណាកស៊ីមេណេស (Anaximenes) លោកជាអ្នកសមាជិកក្រុម អ៊ីអូន (Ionians) ជាក្រុមមនុស្ស ដែលបានរិះគិតពិចារណាអំពីអត្តិភាពមុនគេបង្អស់។ ពួកលោកសួរខ្លួនឯងថា តើអ្វីៗទាំងអស់ ដែលយើងមើលឃើញពីខាងក្រៅមានសភាពពិតប្រាកដអ្វីខ្លះ? អ្វីទៅជាលក្ខណៈមូលដ្ឋាននៃអ្វីៗទាំងអស់? តើមានរូបធាតុដើមដំបូង ដែលជាប្រភពនៃអ្វីៗទាំងអស់ ឬទេ? ដោយ​មានសំណួរបែបនេះ អស់លោកចាប់ផ្តើមបង្កើតទស្សនវិជ្ជា ជាមុខវិជ្ជាដោយឡែកពីមុខវិជ្ជាឯទៀតៗ។ ពួកលោកមានបំណងរកចម្លើយស្របតាមប្រាជ្ញាអំពីអត្ថន័យនៃអ្វីៗទាំងអស់។ ពួកលោកមិនព្រមធ្វើតាមប្រពៃណីដើម ដែលធ្លាប់បង្កើតរឿងប្រឌិតខាងទេវកថា ដើម្បីពន្យល់អំពីដំណើរការនៃពិភពលោក។ ហេតុនេះហើយ បានជានៅពេលលោក ថាលេស (Thales) អះអាងថា “ទឹក” ជាប្រភព និងសភាពនៃអ្វីៗទាំងអស់ ទោះជាលោកខុសខាងវិទ្យាសាស្រ្តទំនើប លោកក៏នាំមនុស្សនៅសម័យនោះ ឱ្យរិះគិតតាមរបៀបថ្មី ដ្បិតលោកស្វែងរកហេតុផលស្របតាមប្រាជ្ញា មិនមែនខាងជំនឿទេ។​

លោក ផ្លាថូន (Plato) ធ្លាប់រៀបរាប់ថា ថ្ងៃមួយ ពេលកំពុងដើរ ដោយលោក ថាលេស (Thales) ងើបមុខសញ្ជឹងគិតពីលើមេឃ ពេលនោះ លោកក៏ធ្លាក់ក្នុងអណ្តូងមួយ ដែលមាននៅខាងមុខ។ ឃើញដូច្នេះ ស្រ្តីអ្នកបម្រើម្នាក់ អស់សំណើច និងស្រែកឡើងថា៖ “ទស្សនាវិទូអះអាងថា ស្គាល់ផ្តាយទាំងប៉ុន្មាននៅលើមេឃ តែមិនចេះដើរថ្មើជើង!”។

ខ. លេខជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់៖ លោក ភីថាហ្កូរ៉ាស (Pythagoras)

លោក ភីថាហ្កូរ៉ាស (Pythagoras) (ប្រមាណឆ្នាំ ៥៨០-៥៩៥ មុន គ.ស.) ជាគណិតវិទូ (សិស្សសាលាទាំងអស់ស្គាល់រូបមន្តរបស់លោកអំពីត្រីកោណ) រូបវិទូ អ្នកលេងភ្លេង និងទស្សនាវិទូផង។ លោកបានបង្កើតពាក្យ “ទស្សនវិជ្ជា” (ជាភាសាក្រិក Philo​sophia៖ Philo មានន័យថា ស្រលាញ់ ឯ Sophia មានន័យថា ប្រាជ្ញាញ្ញាណ ឬគតិបណ្ឌិត ពោលគឺ Philosophia មានន័យថា ការស្រលាញ់ប្រាជ្ញាញ្ញាណ)។ លោក ភីថាហ្កូរ៉ាស (Pythagoras) ជាអ្នកដ៏ល្បីល្បាញ តែគួរឱ្យចម្លែកដែរ៖ ឧ. ពេលលោកបានបង្កើតនិកាយខាងសាសនា លោកបញ្ជាអ្នកថ្មី កុំឱ្យនិយាយអស់បីខែ ហើយលោកផ្ទាល់ក៏និយាយទៅគេ ដោយបិទកន្សែងលើមាត់របស់លោក

ចំពោះលោក គណិតវិជ្ជាជាអ្នកគ្រប់គ្រង់ និងណែនាំសកលលោក។ លេខជាសភាពនៃអ្វីៗទាំងអស់។ លោកជឿជាក់ថា លេខខ្លះ និងរូបមន្តខាងគណិតវិជ្ជា មានអំណាចខាងមនគម្ត ដូចជាលេខ៤ដំបូង ដែលសរុបស្មើនឹង១០ (១+២+៣+៤=១០) ដែលគេហៅថា តេត្រាគីស (Tetrakys)។ លោកជឿថា ពិភពលោកមានសណ្ឋាប់ធ្នាប់ច្បាស់លាស់ និងសោភណភាព ដែលមកពីគណិតវិជ្ជា។ លោកប្រើពាក្យ លោកធាតុ (Kosmos) សម្ដៅទៅលើពិភពមួយ ពោរពេញដោយសណ្ឋាប់ធ្នាប់ និងសោភណភាព ដូចហ្វូងទាហាន ដែលត្រៀមខ្លួនច្បាំងនៅលើសមរភូមិ។ ម្យ៉ាងទៀត លោករកឃើញថា ភ្លេងធ្វើតាមច្បាប់ខាងគណិតវិជ្ជាផងដែរ។ ហេតុនេះ សកលលោកដូចជាបទចម្រៀងដ៏ពិរោះ ដែលមកពីលេខទាំងប៉ុន្មាននៃគណិតវិជ្ជា។

លោក ភីថាហ្កូរ៉ាស (Pythagoras) ចូលចិត្តឱ្យអ្នកដទៃចាត់ទុកលោក ដូចជាព្រះមួយអង្គ ដែលចុះពីលើមេឃ។ អ្នកខ្លះ ស្មានថា លោកមានភ្លៅធ្វើជាមាស!

គ. អ្វីៗទាំងអស់ប្រែប្រួលជានិច្ច៖ លោក ហេរ៉ាក្លេថូស (Heraclitus)

លោក ហេរ៉ាក្លេថូស (Heraclitus) ជាសមាជិកក្រុម អ៊ីអូន (Ionians)។ លោកកើតមកនៅឆ្នាំ៥៧៦ និងទទួលមរណភាពនៅឆ្នាំ៤៨០ មុន គ.ស.។ លោកជាទស្សនាវិទូ ដែលសួរខ្លួនឯងថា៖ ហេតុអ្វី បានជាអ្វីៗទាំងអស់ប្រែប្រួលជានិច្ច? លោកចូលចិត្តនិយាយផ្ទុយផងដែរ។ លោកធ្លាប់បង្រៀនថា៖ “យើងមិនដែលមុជទឹកពីរដងក្នុងទន្លេតែមួយដដែលឡើយ” បានសេចក្ដីថា ជារៀងរហូត ក្នុងទន្លេ ទឹកថ្មីជំនួសទឹកដើម។

ហេតុនេះហើយ បានជាលោកសួរថែមទៀតថា៖ ដើម្បីមានអត្តិភាព តើភាវៈមួយត្រូវនៅដដែល ឬទេ? បើដូច្នេះ ធ្វើយ៉ាងដូចម្ដេច ដើម្បីយល់ថា អ្វីៗទាំងអស់ផ្លាស់ប្តូរ និងក្លាយទៅជាអ្វីមួយផ្សេងទៀត? លោកគិតថា អ្វីៗទាំងអស់ប្រែប្រួលជានិច្ច បានជាអត្តសញ្ញាណនៃអ្វីមួយ ស្ថិតក្នុងការក្លាយទៅជាអ្វីមួយផ្សេងទៀត។ យ៉ាងណាមិញ ព្រះអាទិត្យថ្មីរះឡើងរាល់ព្រឹក។ ព្រះអាទិត្យនៃថ្ងៃនេះ​ មិនមែនជាព្រះអាទិត្យនៃម្សិលមិញ។ តាមការពិត វិទ្យាសាស្រ្តសម័យទំនើបបញ្ជាក់គំនិតនេះ៖ ជារៀងរហូត ព្រះអាទិត្យបញ្ចេញរូបធាតុរាប់មិនអស់ជាកម្ដៅ និងជាពន្លឺ។ បើព្រះអាទិត្យនេះ ឬទន្លេនេះ មិនប្រែប្រួលទេ អ្វីៗទាំងអស់ក៏នឹងគ្មានកម្រើក។ ផ្ទុយទៅវិញ បើអ្វីៗទាំងអស់ប្រែប្រួល អ្វីៗទាំងអស់ចូលរួមចំណែកក្នុងចលនាអស់កល្បជានិច្ច ដោយមានការផ្ទុយពីគ្នា (ដូចពេលខ្សែភ្លើងវិជ្ជមាន និងអវិជ្ជមាន បង្កើតអគ្គិសនី)។ ចំពោះលោក អ្វីៗទាំងអស់មានការផ្ទុយពីគ្នា៖ ការកើត និងការស្លាប់ ការស្រលាញ់ និងការស្អប់ ការចុះ និងការឡើង ល។ល។ ដោយមានភ្លើង ដែលជាព្រភព និងសភាពនៃអ្វីៗទាំងអស់ ជាអ្នកណែនាំឱ្យមានការផ្ទុយពីគ្នា សកលលោកក៏ប្រែប្រួលជានិច្ច។

ឃ. គ្មានអ្វីប្រែប្រួលសោះ៖ លោក ផារមេនីដេស (Parmenides)

លោក ផារមេនីដេស (Parmenides) (ប្រមាណឆ្នាំ ៥៤៤-៤៥០ មុន គ.ស.) មានគំនិតផ្ទុយស្រឡះពីលោក ហេរ៉ាក្លេថូស(Heraclitus)។ លោក ផារមេនីដេស (Parmenides) បានបង្កើតសាលារៀន ដែលមានឈ្មោះថា អេលេ្លអាត (Eleate)។ ក្នុងពាក្យកំណាព្យ “អំពីធម្មជាតិ” លោកអះអាងថា មានភាវៈមួយ ដែលជាប្រពភនៃអ្វីៗទាំងអស់។ ភាវៈនេះ តែមួយ មិនប្រែប្រួល និងមានឬទ្ធានុភាពសព្វប្រការ។ ក្រៅពីភាវៈនេះ គ្មានអ្វីណាមួយ ដែលមានអត្តិភាពសោះ។ ភាវៈដំបូងនេះ មានអត្តិភាព និងជាប្រភពនៃភាវៈឯទៀតៗផង។

លោកចង់និយាយថា ពិភពលោក និងសត្វលោក ហាក់ដូចជាប្រែប្រួល តែតាមការពិត អ្វីៗទាំងអស់នៅស្ថិតស្ថិរ អ្វីៗទាំងអស់នៅដដែលជានិច្ច។ ចំពោះលោក សកលលោកអស់កល្បជានិច្ច គ្មានការផ្លាស់ប្តូរ គ្មានពេលវេលាទេ។ ចំពោះលោក អ្វីដែលមានលក្ខណៈអវិជ្ជមាន ដូចជាការស្លាប់ ពេលវេលា ដែលធ្វើឱ្យអ្វីៗទាំងអស់មានកំណត់ មិនស្ថិតនៅចំពោះព្រះភ័ក្ត្រនៃភាវៈដើមដ៏ល្អឥតខ្ចោះ។ លោកប្រៀបធៀបភាវៈនេះដូចជាដុំចរណៃសុទ្ធ។ ដុំចរណៃនេះ ភ្លឺថ្លា មានកំណត់ព្រំដែន បានជាដុំនេះ ឥតខ្ចោះ[1]។ ក្នុងដុំនេះ អ្វីៗទាំងអស់បំពេញគ្នាទៅវិញទៅមក ដោយគ្មានការផ្ទុយពីគ្នា ការប្រយុទ្ធប្រឆាំង ឬសោកនាដកម្មណាមួយទេ។

លោកធ្លាប់បង្រៀនទៀតថា ការគិត និងអត្តិភាព មានលក្ខណៈដូចគ្នាទាំងស្រុង។ គួរឱ្យកត់សម្គាល់ថា យូរសតវត្សក្រោយមក នៅប្រទេសបារាំង លោក ដេស៍ខារថ៍ (Descartes) នឹងមានប្រាសាសន៍ថា៖ “ខ្ញុំគិត ដូច្នេះខ្ញុំមានអត្តិភាព”។ ប៉ុន្តែ យើងត្រូវប្រយ័ត្នកុំច្រឡំគំនិតរបស់លោកទាំងពីរ៖ សម្រាប់ជនជាតិក្រិកនៅសម័យលោក ផារមេនីដេស (Parmenides) ការគិតមិនចេញមកពីវិញ្ញាណរបស់មនុស្សម្នាក់ៗទេ។ ការគិតមកពីខាងក្រៅវិញ្ញាណមនុស្ស ជាគំនិតទូទៅ ដែលជ្រាបចូលក្នុងមនុស្សលោកទាំងអស់។ នៅសម័យនោះ មនុស្សមិនទាន់ដឹងខ្លួនអំពីខ្លួនឯងក្នុងឋានៈជាបុគ្គលឯកឯងនៅឡើយ។

[1] នៅសម័យនោះ ជនជាតិក្រិកធ្លាប់ចាត់ទុកថា ភាវៈ ដែលគ្មានកំណត់ព្រំដែន មិនអាចទៅជាឥតខ្ចោះបានឡើយ។

ង. ការអះអាងរបស់លោក ហេ្សណូន (Zeno)

លោក ហេ្សណូន នៅ អេលេ្លអា (Zeno of Elea) (ប្រមាណឆ្នាំ ៤៩០-៤៣០ មុន គ.ស.) ជាសាវ័ករបស់លោក ផារមេនីដេស (Parmenides)។ លោកបញ្ចេញការអះអាងជាច្រើន ដើម្បីបញ្ជាក់អំពីគំនិតនៃគ្រូរបស់លោក ពោលគឺការប្រែប្រួលមិនមែនជាសភាពពិតប្រាកដនៃអ្វីៗទាំងអស់។

លោកលើកឧទាហរណ៍មួយ៖ សូមនឹកគិតដល់អំពីលោក អាឃីល្លេស (Achilles) និងសត្វអណ្តើកមួយ។ នៅសម័យនោះ ជនជាតិក្រិកទាំងអស់ស្គាល់លោក អាឃីល្លេស (Achilles)។ លោកជាតួរឯកនៃរឿងប្រឌិតដ៏ល្បីល្បាញ ដែលមានចំណងជើងថា អ៊ីលីយ៉ាឌ (Iliad)។ លោកជាអ្នករត់លឿនជាងគេបំផុត។ លោក ហេ្សណូន (Zeno)  ធ្លាប់បង្រៀនថា៖ សត្វអណ្តើកដើរខាងមុខលោក អាឃីល្លេស (Achilles) ដែលរត់ ដើម្បីបានចាប់វា។ បើយើងនឹកគិតដល់ចន្លោះទាំងប៉ុន្មាន ដែលតួរឯកយើងត្រូវឆ្លងកាត់ យើងត្រូវយល់ថា លោក អាឃីល្លេស (Achilles) មិនដែលអាចទៅដល់សត្វអណ្តើកនេះបានឡើយ។ ហេតុអ្វីដូច្នោះ? លោក ហេ្សណូន (Zeno) ពន្យល់ថា ដើម្បីឱ្យលោកអាឃីល្លេស (Achilles) ដល់សត្វអណ្តើក លោកក៏ត្រូវដល់កន្លែង ដែលសត្វអណ្តើកនៅ។ ប៉ុន្តែ ពេលនោះ សត្វអណ្តើកនឹងបានទៅមុនបន្តិច បានជាលោក អាឃីល្លេស (Achilles) មិនដែលទៅដល់សត្វអណ្តើក។ ច្បាស់ហើយ ចម្ងាយរវាងលោក និងសត្វ នឹងក្លាយទៅជាតិចទៅៗ តែមិនអាចទៅដល់សូន្យបានឡើយ នៅតែមានចន្លោះជានិច្ច ទោះជាចន្លោះនេះតូចជាទីបំផុត។

ដំបូង យើងអាចស្មានថា លោក ហេ្សណូន (Zeno) ពិបាកយល់ ឬវង្វេងស្មរតីតែម្តង។ ប្រហែលជាមិត្តអ្នកអានមិនចង់អានសៀវភៅនេះ ឬរៀនអំពីទស្សនវិជ្ជាទៀតទេ។ ប៉ុន្តែ លោក​ ហេ្សណូន (Zeno) មានបំណងចង់ឱ្យយើងយល់អំពីគំនិតរបស់លោក។ លោកដឹងច្បាស់ថា តាមការពិត លោក អាឃីល្លេស (Achilles) នឹងទៅដល់សត្វអណ្តើក តែលោកចង់និយាយថា​ ក្នុងលោកនេះ មានចលនា បំលាសទី និងការប្រែប្រួលមែន តែវិញ្ញាណយើងមិនអាចយល់ទាំងស្រុងអំពីគំនិតនេះបានឡើយ។

ច. លោក ដេម៉ូគ្រីថូស (Democritus) និងធាតុអាតូម (Atom)

លោក ដេម៉ូគ្រីថូស (Democritus) កើតមកនៅស្រុកត្រាស (Thrace) ប្រហែលជាឆ្នាំ៤៦០ ដល់៣៧០ មុន គ.ស។ លោកជាអ្នកប្រាជ្ញដ៏អស្ចារ្យ ដ្បិតលោកប្រៀបដូចជាសទ្ធានុក្រម ពោលគឺលោកចេះទាំងអស់ ស្គាល់ទាំងអស់ តែម្តង។ ក្នុងប្រវត្តិសាស្រ្តនៃទស្សនាវិទជ្ជា មានតែបីនាក់ ដែលមានចំណេះដឹងបែបនេះ៖ លោក​ អារីស្តូថេល្លេស (Aristotle) លោក ឡែបនីហ្ស (Leibniz) និងលោក ហេហ្គេល (Hegel)។​

ចំពោះលោក ធម្មជាតិ (ដែលលោកហៅថា “ឯក”) ធ្លាក់ជាធូលីដី។ ជាតិអាតូម (ជាភាសាក្រិក៖ អ្វីដែលមិនអាចបែងចែកបាន) ជាគ្រាប់ដ៏តូចជាងគេ ដែលមានក្នុងអ្វីៗទាំងអស់។ គ្រាប់នេះ តូចបំផុត បានជាយើងមិនអាចមើលឃើញ ឬប៉ះវាបានឡើយ។ ហេតុនេះហើយ បានជាលោកសួរខ្លួនថា ធ្វើយ៉ាងដូចម្ដេច បានជាភាវៈ ដែលយើងឃើញ និងប៉ះបាន ត្រូវជាផ្សំផ្តុំដោយធាតុ ដែលយើងមើលមិនឃើញ និងប៉ះមិនបាន ដូច្នេះ? ម្យ៉ាងទៀត គ្មានអ្វីសោះរវាងគ្រាប់អាតូមនីមួយៗ។ គំនិតរបស់លោកដូចជាបដិវត្តន៍ក្នុងប្រវត្តិសាស្រ្ត។ កាលពីមុន លោក ផារមេនីដេស (Parmenides) ស្មានថា អ្វី ដែលគ្មានអត្តិភាពដូចជាសាបសូន្យ។ គំនិតថ្មីរបស់លោក ដេម៉ូគ្រីថូស (Democritus) បង្ហាញថា អ្វីដែលគ្មានអត្តិភាព ដូចជាមានអត្តិភាពវិញ៖ សុញភាព (ចន្លោះទទេ ដែលមានរវាងគ្រាប់អាតូមនីមួយៗ) មិនមែនសាបសូន្យឡើយ។ តាមការពិត សម័យឥឡូវ អ្នកវិទ្យាសាស្រ្តបានរកឃើញថា ចន្លោះនោះ មានថាមពលដ៏ខ្លាំងណាស់។ លោកយល់ថា គ្រាប់អាតូមនីមួយៗប្រមូលផ្តុំគ្នា ដើម្បីបង្កើតភាវៈផ្សេងៗពីគ្នា។ ធម្មជាតិ គឺជាការប្រមូលផ្តុំធាតុតូចៗប្លែកពីគ្នា និងការបែងចែកធាតុទាំងអស់នោះ ពីមួយថ្ងៃទៅមួយថ្ងៃ។

ហេតុដូច្នេះហើយ បានជាលោកសណ្និដ្ឋានថា គ្មានព្រះ គ្មានវិញ្ញាណណាមួយឡើយ។

តាមពាក្យបុរាណ គេធ្លាប់និយាយថា លោក ដេម៉ូគ្រីថូស (Democritus) មិនស្វែងរកទ្រព្យសម្បត្តិ ឬអំណាចទេ។ លោកចាប់អារម្មណ៍អំពីរឿងតែមួយ៖ ចំណេះដឹង។ ថ្ងៃមួយ លោកធ្លាក់ខ្លួនឈឺ បានទៅជួបលោកគ្រូភេទ្យដ៏ល្បីឈ្មោះ អ៊ីពូក្រាតថេស (Hippocrates)។ លោកគ្រូព្យល់ថា លោក ដេម៉ូគ្រីថូស​ (Democritus) ឈឺមកពីលោកមានចំណេះដឹងច្រើនពេក!

ឆ. លោក អេមភេដូក្លេស (Empedocles) និងធាតុទាំងបួន

លោក អឹមពេឌុក្លេស (Empedocles) កើតមកនៅសតវត្សទី៥ មុន គ.ស. នៅប្រទេសអ៊ីតាលីយ៉ា (Italia)។ លោកចាត់ទុកថា អ្វីៗទាំងអស់ ដែលមានក្នុងធម្មជាតិ មិនចេញមកពីសភាពតែមួយ តែកើតមកដោយធាតុដើមទាំងបួន (ដី ​ទឹក ខ្យល់ និងភ្លើង) ឡាយឡំនឹងគ្នា។ ម្យ៉ាងទៀត គាត់មិនព្រមទទួលថា អ្វីៗទាំងអស់ប្រមូលផ្តុំគ្នាដោយមានគ្រឿងតូចៗជាច្រើនរាប់មិនអស់ ដូចជាអាតូម។ ហេតុនេះហើយ បានជាទ្រឹស្តីរបស់លោកដូចជាបង្ហាញផ្លូវកណ្តាល។​

ក្រោយមក លោកមានឥទ្ធិពលទូទាំងពិភពលោក ជាច្រើនសតវត្ស រហូតដល់សម័យវិទ្យាសាស្រ្តទំនើប ដែលបានរកឃើញជាតិគីមី។ ទស្សនាវិទូស្ទើរតែទាំងអស់បានយកទ្រឹស្តីរបស់លោក អឹមពេឌុក្លេស (Empedocles) ឡើងវិញ ក្នុងការសសេររបស់ពួកលោក។

លោក អឹមពេឌុក្លេស (Empedocles) ប្រមូលធាតុទាំងបួន ជាពីរគូៗ គឺមានធាតុស្ងួត (ខ្យល់ និងភ្លើង) និងធាតុសើម (ដី និងទឹក)។ លោក អារីស្តូថេល្លេស (Aristotle) នឹងរៀបចំធាតុទាំងបួននោះ ជាលំដាប់លំដោយពីខាងលើដល់ខាងក្រោម៖ ដី ទឹក (នៅលើដី) ខ្យល់ និងភ្លើង ស្របតាមរចនាសម្ពន្ធនៃសកលលោក។

ជ. ពួកសូហ្វ៊ីស្ថ (Sophists)

ជាភាសាក្រិក សូហ្វ៊ីស្ថ (Sophists) មកពីពាក្យ សុភូស (Sophos) ដែលមានន័យថា ប្រាជ្ញាញ្ញាណ។ ពួកសូហ្វ៊ីស្ថជាអ្នកពោរពេញដោយប្រាជ្ញាញ្ញាណ។ ប៉ុន្តែ សព្វថ្ងៃ គេធ្លាប់ហៅ “សូហ្វ៊ីស្ថ” មនុស្សម្នាក់ ដែលពូកែបោកបញ្ឆោតគេ ដើម្បីជាប្រយោជន៍ផ្ទាល់។ ពាក្យ សូហ្វ៊ីស្ម (Sophism) មានន័យថា ការរិះគិតពិចារណាក្លែងក្លាយ មិនត្រឹមត្រូវ ធ្វើដោយគ្មានចិត្តស្មោះត្រង់។ ហេតុអ្វី បានជាពាក្យ សូហ្វ៊ីស្ថ បានទទួលអត្ថន័យអវិជ្ជមានដូច្នេះ?

ក្នុងសៀវភៅរបស់គាត់ លោកផ្លាថូន (Plato) រិះគន់ពួកសូហ្វ៊ីស្ថ ដែលប្រើចំណេះដឹង និងសមត្ថភាពរបស់ពួកលោក ដើម្បីជាប្រយោជន៍ដល់ខ្លួនគេផ្ទាល់ ទោះជាការធ្វើបែបនេះ ប្រឆាំងនឹងយុត្តិធម៌ ឬសេចក្ដីពិត។ ក្នុងសាលាក្តី ពួកសូហ្វ៊ីស្ថធ្លាប់ប្រើអំណះអំណាងមិនត្រឹមត្រូវ មិនស្របតាមប្រាជ្ញា ឱ្យតែពួកលោកឈ្នះគេ។ ម្យ៉ាងទៀត ក្នុងប្រវត្តិសាស្រ្តនៃទស្សនវិជ្ជា ពួកសូហ្វ៊ីស្ថបានទៅជាគ្រូបង្រៀនមុនគេបង្អស់។ មនុស្សជាច្រើនធ្លាប់មកពីឆ្ងាយ ដើម្បីស្តាប់គេបង្រៀន។ ចំពោះលោក ផ្លាថូន (Plato) វិញ លោកមានឧត្តមគតិដ៏ខ្ពង់ខ្ពស់អំពីទស្សនវិជ្ជា។ លោកចាត់ទុកថា ទស្សនាវិទូទាំងអស់ត្រូវចែករំលែកការរិះគិតពិចារណារបស់ពួកលោក ចំពោះអ្នកដទៃ ដោយឥតគិតថ្លៃ។ ចំពោះលោក ទស្សនាវិទូម្នាក់ ដូចជាទេវតាម្យ៉ាង ដែលមានមុខងារដ៏សក្ការៈ។ ក៏ប៉ុន្តែ ដោយបង្រៀនអ្នកដទៃ ពួកសូហ្វ៊ីស្ថខ្លះមានទ្រព្យសម្បត្តិឥតឧបមា។ ទីបញ្ចប់ ចំពោះពួកសូហ្វ៊ីស្ថ អ្នកណាក៏បាន ឱ្យតែគាត់មានសមត្ថភាព អាចឡើងកាន់អំណាចខាងនយោបាយ។ ប៉ុន្តែ ចំពោះលោក ផ្លាថូន (Plato) វិញ មានតែពួកទស្សនាវិទូទេ ដែលអាចគ្រប់គ្រងប្រទេសជាតិ ដ្បិតមានតែពួកលោក ដែលមានចំណេះដឹង និងប្រាជ្ញាញ្ញាណ។

៣. លោក សូក្រាថេស (Socrates) ជាបិតាទស្សនាវិជ្ជា

លោក សូក្រាថេស (Socrates) កើតមកនៅសតវត្សទី៥ មុន គ.ស.។ លោកមានលក្ខណៈពិសេសមួយ គឺលោកជាទស្សនាវិទូល្បីល្បាញជាងគេ តែលោកមិនដែលបានសសេរសេចក្ដីណាមួយសោះ។ លោក ផ្លាថូន (Plato) ជាអ្នកណែនាំឱ្យស្គាល់លោកសូក្រាថេស (Socrates) ជាម្ចាស់ និងបិតានៃទស្សនវិជ្ជាក្រិក។ លោក សូក្រាថេស (Socrates) ជាអ្នកមុនគេឱ្យរិះគិតពិចារណាអំពីមនុស្ស និងអំពីមនុស្សតែប៉ុណ្ណោះ។ លោកមិនចាប់អារម្មណ៍អំពីព្រះផ្សេងៗ ពិភពលោក និងសត្វលោកឯទៀតឡើយ។ លោកគិតថា ការរិះគិតអំពីព្រះ គ្មានប្រយោជន៍ ដ្បិតព្រលឹងវិញ្ញាណមនុស្សមិនអាចទៅដល់ព្រះបានឡើយ។

លោក សូក្រាថេស (Socrates) ស្វែងរកអំពីសភាពសកលនៃអ្វីៗទាំងអស់៖ អ្វីទៅជាសោភណភាព? អ្វីទៅជាយុត្តិធម៌? ឧ. បើយើងអាចនិយាយថា​ ទូមួយ និងរូបរាងកាយមួយ ស្អាត បានសេចក្ដីថា ទូ និងរូបកាយនោះ មានលក្ខណៈរួមមួយ គឺសោភណភាព។ គេហៅលក្ខណៈរួមនេះ គំនិតសកល ឬគំនិតទូទៅ (Transcendental Idea)។ គំនិតសកលនោះមាន ៥ លក្ខណៈ៖ អ្វីៗទាំងអស់មានអត្តិភាព មានភាពល្អសប្បុរស ឆ្លុះរស្មីនៃសេចក្ដីពិត មានឯករាជ្យ និងមានសោភណភាព។

លោក សូក្រាថេស (Socrates) បង្រៀនតាមរបៀបដ៏គួរឱ្យចាប់អារម្មណ៍ គឺលោកមានគរុកោសល្យចង់ជួយអ្នកស្តាប់លោកឱ្យស្វែងយល់ដោយខ្លួនឯង៖ លោកអះអាងថា លោកផ្ទាល់មិនដឹងអ្វីសោះ។ លោកដើរនៅទីក្រុង អាថែន (Athens) ដើម្បីស្វែងរកសេចក្ដីពិត ដោយសួរសំណួរដល់អ្នកឯកទេសផ្សេងៗ ដូចជាលោកឧត្តមសេនីយ៍ម្នាក់អំពីសង្រ្គាម និងភាពក្លាហាន អ្នកតែងកំណាព្យម្នាក់អំពីពាក្យកំណាព្យ ឬរដ្ឋមន្រ្តីម្នាក់អំពីរឿងនយោបាយ ល។ល។ លោកសួរសំណួរផ្សេងៗ ឆ្លើយតប ជំទាស់ ប្រកែក និយាយផ្ទុយ ដើម្បីណែនាំគេឱ្យយល់ថា ទោះជាគេជាអ្នកឯកទេសក៏ដោយ ក៏គេមិនដឹងមិនស្គាល់អ្វីសោះ! គេហៅរបៀបបង្រៀនរបស់លោកសូក្រាថេស (Socrates) ថា ការជួយឱ្យឆ្លងទន្លេ (Maïeutic)។ លោកប្រៀបធៀបដូចជាស្រ្តីម្នាក់ ដែលជួយស្រ្តីម្នាក់ផ្សេងទៀតឱ្យឆ្លងទន្លេ។ លោកធ្លាប់និយាយថា លោកមិនជួយឱ្យសម្រាលកូនទេ តែសម្រាលវិញ្ញាណរបស់មនុស្ស។ តាមការពិត លោកនិយាយឌឺ ដ្បិតលោកធ្លាប់ប្រៀនប្រដៅថា អ្នកដែលអួតខ្លួនថា ខ្លួនដឹង តាមការពិតទៅ អ្នកនោះមិនដឹងទាល់តែសោះ ឯអ្នកដែលអះអាងថា ខ្លួនមិនដឹង តាមការពិត អ្នកនោះដឹងថា គេមិនដឹង!

ដោយសារលោកនិយាយការពិត ដែលប៉ះពាល់រឿងនយោបាយ លោកត្រូវគេកាត់ទោសប្រហារជីវិត។ គេចោទប្រកាន់លោកថា លោកមិនគោរពព្រះទាំងប៉ុន្មាននៃប្រទេសជាតិ លោកមានបំណងចង់ផ្លាស់ប្តូរព្រះទាំងអស់នោះ ហើយលោកបង្អូចយុវវ័យ។ ទោះជាលោក សូក្រាថេស (Socrates) ដឹងច្បាស់ថា សត្រូវរបស់លោកបានយកលេសក្លែងក្លាយ ដើម្បីសម្លាប់លោក លោកក៏មិនធ្វើអ្វី ដើម្បីរួចពីការស្លាប់។ ទោះជាលោកមានឳកាសលួចរត់ពីគេក៏ដោយ ក៏លោកសុខចិត្តផឹកថ្នាំពលពីគេ (Cigüe) និងទទួលមរណភាព។

៤. លោក ផ្លាថូន (Plato)

លោក ផ្លាថូន (Plato) កើតមកនៅទីក្រុង អាថែន (Athens) នៅឆ្នាំ៤២៨ និងទទួលមរណភាព នៅឆ្នាំ៣៤៨ មុន គ.ស.។ ក្នុងការសេសេររបស់លោក លោកក៏មានលក្ខណៈពិសេស គឺលោកមិនដែលនិយាយក្នុងនាមលោកផ្ទាល់សោះ។ ជាធម្មតា នៅពេលដែលមនុស្សម្នាក់សេសេរសៀវភៅមួយ យើងដឹងថា អ្នកនិពន្ធសេសេរក្នុងនាមគេផ្ទាល់ និងសម្ដែងគំនិតផ្សេងៗរបស់គេ។ ចំពោះលោក ផ្លាថូន (Plato) វិញ លោកដូចជាលាក់ខ្លួនខាងក្រោយតួរផ្សេងៗ ជាពិសេសលោក សូក្រាថេស (Socrates)។

តាមការពិត ពេលយុវជន ផ្លាថូន (Plato) ជួបលោក សូក្រាថេស (Socrates) គាត់សម្រេចចិត្តភ្លាមលះបង់ការសិក្សាររបស់គាត់ ដើម្បីដើរតាមលោក។ លោក ផ្លាថូន (Plato) ធ្លាប់រៀនអក្សរសិល្ឃ៍ បានជាការសេសេររបស់លោកពិតជាមានគុណភាពខ្ពស់។ ក្នុងរឿងរបស់លោក លោកធ្វើហាក់ដូចជាតួរផ្សេងៗរបស់លោកនិយាយសន្ទនាជាមួយគ្នាអំពីបញ្ហាខាងទស្សនវិជ្ជាមួយ។ តួរល្បីល្បាញរបស់លោកមានលោក សូក្រាថេស (Socrates) តំណាងឱ្យមនុស្សឆ្លាត លោក ហ៊ីបភីអាស (Hippias) ជាតួរដ៏គួរឱ្យសើចចំអក និងតួរផ្សេងៗតំណាងឱ្យមនុស្សល្បីល្បាញក្នុងសង្គមនៅសម័យលោក ជាពិសេសមានលោកសូហ្វ៊ីស្ថ ឈ្មោះ កាលីក្លេស (Callicles) ជាម្នាក់ ដែលលោក ផ្លាថូន (Plato) បានបង្កើតតែម្តង។

ក៏ប៉ុន្តែ លោក ផ្លាថូន (Plato) ខុសពីលោក សូក្រាថេស (Socrates) ត្រង់ចំណុចមួយ៖ លោក សូក្រាថេស (Socrates) មិនដែលចាប់អារម្មណ៍អំពីដំណើរការនៃពិភពលោក ឬអំពីព្រះផ្សេងៗ។ តែលោក ផ្លាថូន (Plato) យល់ថា មានព្រះមួយអង្គ ដែលជាម្ចាស់នៃអ្វីៗទាំងអស់ និងជាប្រភពនៃសត្វលោក។ លោក សូក្រាថេស (Socrates) ធ្លាប់ធ្វើទស្សនវិជ្ជា ដើម្បីជាប្រយោជន៍សម្រាប់មនុស្សក្នុងជីវិតប្រចាំថ្ងៃ ឯលោក ផ្លាថូន (Plato) រិះគិតអំពីការមានព្រះ ឬទេ អំពីដំណើរការនៃសកលលោក ថែមទៀតផង។

១. ពិភពនៃគំនិតសកល (Idealism)

ចំពោះលោក ផ្លាថូន (Plato) សេចក្ដីពិតស្ថិតនៅក្នុងគំនិតសកល ទម្រង់ គំរូទូទៅ (Ideas) មិនមែននៅក្នុងអ្វីដែលយើងមើលឃើញ ស្ដាប់ឮ ឬប៉ះពាល់ ក្នុងជីវិតប្រចាំថ្ងៃ។ ពិភពលោក និងសត្វលោកក្នុងលោកនេះ គ្រាន់តែជាស្រោមខាងក្រៅ តែមិនមែនជាការពិត៖ ឧ. សត្វសេះពិតប្រាកដមិនមែនជាសត្វសេះ ដែលខ្ញុំឃើញក្នុងចំការរបស់ខ្ញុំ ហើយដែលកំពុងតែស៊ីស្មៅ។ សត្វសេះពិតប្រាកដជាគំរូទូទៅអំពីសត្វសេះ ជាទម្រង់នៃសត្វសេះទាំងប៉ុន្មាន ដែលមាននៅលើផែនដី។ យ៉ាងណាមិញ រង្វង់មូលពិតប្រាកដមិនមែនជារង្វង់មូល ដែលខ្ញុំធ្វើនៅពេលដែលខ្ញុំទម្លាក់ថ្មនៅក្នុងទឹក។ រង្វង់មូលពិតប្រាកដជាគំនិតទូទៅ ឬគំនិតសកលអំពីរង្វង់មូលទាំងប៉ុន្មាន ដែលខ្ញុំជួបនៅក្នុងលោកនេះ។ ឧ. គំនិតអំពីសត្វមាន់ មានតាំងពីដើមរៀងមក មានអស់កល្បជានិច្ច មុននឹងសត្វមាន់កើតឡើងនៅលើផែនដីទៀត។ លោក ផ្លាថូន (Plato) បែងចែកពិភពលោកជាពីរ៖ ម្ខាងមានពិភពមួយ ដែលយើងអាចដឹងខ្លួនតាមរយៈវិញ្ញាណទាំងប្រាំរបស់យើង។ ពិភពនេះ ចេះតែប្រែប្រួល កើតនិងស្លាប់ ហើយគ្មានអនាគត ព្រោះត្រូវវិនាស។ ម្ខាងទៀត មានពិភពមួយទៀត ជាពិភពពិតប្រាកដ ជាពិភពប្រសើរជាងបំផុត ដែលយើងមិនអាចមើលឃើញ ឬស្ដាប់ឮ ឬប៉ះពាល់ បានឡើយ។ ពិភពនេះ ហួសពីពេលវេលា និងវិញ្ញាណទាំងប្រាំរបស់មនុស្ស។ ពិពភនេះ ជាពិភពនៃទម្រង់ គំរូទូទៅ និងគំនិតសកល។

ធ្វើដូច្នេះ លោកបែងចែកព្រលឹងវិញ្ញាណចេញពីរូបកាយរបស់មនុស្ស (Dualism)៖ ចំពោះលោក មនុស្សជាវិញ្ញាណ ដែលធ្លាក់ក្នុងរូបកាយ ឯរូបកាយនេះដូចជាគុក។ ពេលស្លាប់ វិញ្ញាណទៅឯពិភពនៃគំនិតសកល ជាពិភពពិតប្រាកដ។ ប្រាជ្ញារបស់មនុស្ស ដែលជាសកម្មភាពខាងវិញ្ញាណអាចស្គាល់ពិភពនៃគំនិតសកល។ ។ ហេតុនេះ សម្រាប់លោក ផ្លាថូន (Plato) ព្រលឹងវិញ្ញាណរបស់មនុស្សមិនអាចស្លាប់បានទេ តែរូបកាយរបស់យើង ព្រមទាំងវិញ្ញាណទាំងប្រាំ ត្រូវតែស្លាប់រួមជាមួយពិភពនៃផែនដីនេះ។ លោកជឿថា វិញ្ញាណរបស់មនុស្សនៅក្នុងពិភពនៃគំនិតសកលមុននឹងទទួលយករូបកាយ។ ក្រោយពីបានចូលក្នុងរូបកាយមួយ ព្រលឹងវិញ្ញាណមានបំណងចង់ត្រឡប់ទៅឯស្ថាននៃគំនិតសកលវិញ។ ព្រលឹងវិញ្ញាណចង់បានសេរីភាពចេញពីរូបកាយ ដែលអាចប្រៀបធៀបនឹងគុក។ ចំពោះលោក រូបកាយមនុស្សមិនសូវមានតម្លៃប៉ុន្មានទេ!

២. ទេវកថាគុហា

ក្នុងជំពូរទី៧នៃសៀវភៅ “សាធារណរដ្ឋ” (The Republic) លោក ផ្លាថូន (Plato) នាទានរឿងមួយ ដើម្បីពន្យល់គំនិតរបស់លោក។ មានជនជាប់ជាឈ្លើយ នៅក្នុងគុហា តាំងពីកំណើតមក។ ខាងក្រោយគេ មានភ្លើងឆេះ។ ខាងក្រោយភ្លើងនេះ និងខាងក្រៅគុហា មានមនុស្ស និងសត្វផ្សេងៗ ដែលដើរចុះឡើង ធ្វើឱ្យមានស្រមោលចេញមក នៅក្នុងគុហា។ ជនជាប់ជាឈ្លើយមើលមិនឃើញមនុស្ស និងសត្វនោះទេ ពួកគេ​គ្រាន់តែមើលឃើញស្រមោលលើចិញ្ចាំងគុហាប៉ុណ្ណោះ។ ហេតុនេះ ពួកគេដាក់ឈ្មោះ “សត្វសេះ” លើស្រមោលនៃសត្វសេះ ដែលកំពុងដើរខាងក្រៅ។ ដោយជនជាប់ជាឈ្លើយរស់នៅក្នុងគុហា តាំងពីកំណើតមកម្ល៉េះ ពួកគេស្មានថា ស្រមោល ដែលពួកគេឃើញជាភាពពិតប្រាកដនៃអ្វីៗទាំងអស់។ ថ្ងៃមួយ មានម្នាក់រត់ចេញទៅខាងក្រៅ។ គាត់ក្រោកឈរឡើង បែរមុខមើលឃើញភ្លើង និងចេញពីគុហាដោយដើរតាមផ្លូវមួយ។ ពេលដល់ហើយ គាត់ឃើញអ្វីៗទាំងអស់ជាក់ស្ដែងពិតប្រាកដមែន។ គាត់យល់ថា សត្វសេះមិនគ្រាន់តែជាស្រមោលទេ។ ក្រោយមក គាត់ងើបមុខឡើង ឃើញពន្លឺនៃព្រះអាទិត្យ ល។ល។ គាត់ចូលក្នុងគុហាវិញ ដើម្បីប្រកាសអំពីអ្វី ដែលគាត់បានឃើញដល់មិត្តភ័ក្តិ៖ ពិភពពិតប្រាកដមិនមែននៅក្នុងគុហាទេ តែស្ថិតនៅខាងក្រៅ។ មានពន្លឺ មានពណ៌ មានខ្យល់... ប៉ុន្តែ មិត្តភ័ក្តិទ្រាំមិនបាន ហើយសម្លាប់គាត់ចោល។

  • គុហាជានិមត្តិរូបនៃពិភព ដែលយើងអាចមើលឃើញ និងអាចយល់បាន។
  • ជនជាប់ជាឈ្លើយជានិមត្តិរូបនៃមនុស្សទាំងប៉ុន្មាន ដែលគិតដូចគេ ឬគិតតាមសម្បូរខាងក្រៅ។
  • ជនដែលរត់ចេញពីគុហាជានិមត្តិរូបអំពីទស្សនាវិទូ (ជាពិសេសលោកសូក្រាថេស (Socrates)) ដែលត្រូវគេសម្លាប់ ព្រោះតែគាត់បានប្រកាសសេចក្ដីពិត។
  • ការចេញពីគុហាដូចជាព្រលឹងវិញ្ញាណរបស់អស់អ្នក ដែលចាកចេញពីលោកនេះ ដើម្បីស្វែងរកសេចក្ដីពិត។
  • ស្រមោលជាភាពខាងក្រៅនៃពិភពលោកនេះ ដែលយើងអាចមើលឃើញ។
  • មនុស្ស និងសត្វផ្សេងៗ ដែលនៅខាងក្រៅគុហាជានិមត្តិរូបនៃគំនិតទូទៅ (ឬសកល)។
  • ព្រះអាទិត្យជានិមត្តិរូបនៃគំនិតទូទៅសំខាន់ជាងគេ ជាគំនិតទីមួយ ពោលគឺគំនិតអំពីភាពល្អសប្បុរស។

៥. លោកអារីស្តូថេល្លេស (Aristotle)

លោក អារីស្តូថេល្លេស (Aristotle) (៣៨៤-៣២២ មុន គ.ស.) កើតមកនៅទីក្រុង ស្តាគីរ (Stagire) នៅប្រទេស ម៉ាសេដូននីយ៉ា (Macedonia)។ លោកមករស់នៅទីក្រុងអាថែន (Athens) ដើម្បីធ្វើជាសាវ័កលោកផ្លាថូន (Plato)។ ក្រោយមក លោកអារីស្តូថេល្លេស (Aristotle) បង្កើតសាលារៀនទស្សនវិជ្ជារបស់លោកផ្ទាល់ ដែលគេហៅថា លីសេ (Lycée)។

លោកចាប់អារម្មណ៍អំពីចំណេះដឹងគ្រប់វិស័យ។ គេធ្លាប់និយាយថា លោកបានសសេរជាងសៀវភៅ៤០០ក្បាល ដែលទាក់ទងនឹងមុខវិជ្ជាស្ទើរតែទាំងអស់។ លោកជាអ្នកមុនគេបង្អស់ឱ្យបង្កើតបណ្ណល័យឯកជន។ លោកជាបញ្ញវន្តដ៏អស្ចារ្យម្នាក់ ដែលចូលចិត្តបង្រៀនស្របតាមវប្បធម៌ក្រិកនៅសម័យនោះ គឺលោកដើរបណ្តើរ បង្រៀនសិស្សបណ្តើរ។ គេហៅរបៀបបង្រៀននេះថា Peripatetikos (អ្នក ដែលចូលចិត្តពិភាក្សា ដោយដើរថ្មើជើង)។

លោកអារីស្តូថេល្លេស (Aristotle) មានគំនិតប្លែកពីលោកផ្លាថូន (Plato) ត្រង់ច្រើនចំណុច។

១. គំនិតសកល ឬរូបធាតុ? ព្រលឹងវិញ្ញាណ ឬរូបកាយ?

អ្វីទៅជាភាវៈ? តើភាវៈជាវិញ្ញាណ ឬជារូបកាយ? ក្នុងភាវៈនីមួយៗ​ តើវិញ្ញាណរួមជាមួយនឹងរូបកាយយ៉ាងដូចម្ដេច?

ដើម្បីឆ្លើយតបនឹងសំណួរនោះ ទស្សនវិទូបុរាណ ផ្លាថូន (Plato) បានប្រើពាក្យ “ទម្រង់” (គំនិត)។ លោកយល់ថា ទម្រង់ស្ថិតនៅ ដោយឡែក ពីអ្វីៗទាំងអស់ ដែលមានជុំវិញយើងក្នុងធម្មជាតិ៖ ឧ. សត្វសេះឆ្លុះបញ្ចាំងភាពជាសេះ ដែលស្ថិតនៅស្ថានលើ។ ចំពោះលោក មានតែភាពជាសេះ ដែលប្រាកដប្រជា ឯសេះ ដែលយើងមើលឃើញ គ្រាន់តែជារូបបង្ហាញអំពីភាពជាសេះប៉ុណ្ណោះ។ ការគិតបែបនេះ ជាដើមគំណើតនៃចលនា “គំនិតនិយម” (Idealism)។

ចំពោះលោកអារីស្តូតថ្លេស (Aristotle) វិញ លោកយល់ថា ទម្រង់ស្ថិតនៅក្នុង អ្វីៗទាំងអស់ ដែលមានជុំវិញយើងក្នុងធម្មជាតិ។ លោកចង់និយាយថា អ្វីៗទាំងអស់មានទម្រង់ ដែលធ្វើឱ្យអ្វីៗទាំងអស់នោះ មានលក្ខណៈរៀងៗខ្លួន។ គេហៅទស្សនវិជ្ជារបស់លោកថា ទស្សនវិជ្ជាខាងតថភាព (Realistic philosophy)៖ ឧ. ទម្រង់នៃសត្វឆ្កែធ្វើឱ្យវាទៅជាសត្វឆ្កែនេះឯង។ ពេលស្លាប់ ទម្រង់របស់សត្វឆ្កែលែងមាន បានជាឆ្កែងាប់លែងទៅជាឆ្កែ។ អ្វីៗទាំងអស់ក្នុងធម្មជាតិមានទម្រង់ ដែលធ្វើឱ្យអ្វីៗទាំងអស់មានលក្ខណៈផ្សេងៗពីគ្នា។ លោកអារីស្តូតថ្លេស (Aristotle) បានយល់ថា វត្ថុ និងសត្វលោក មានរូបធាតុ (ដូចជារូបកាយសម្រាប់សត្វ និងមនុស្ស)។ សម្រាប់លោក រូបធាតុមិនគ្រាន់តែជាការប្រមូលផ្តុំនៃគ្រឿងតូចៗរួមជាមួយគ្នា (ដូចជាអាតូម) ដូចយើងធ្លាប់ស្មានសព្វថ្ងៃ។ សម្រាប់លោក បើគ្មានទម្រង់ មិនអាចមានរូបធាតុបានដែរ។ ទម្រង់ធ្វើឱ្យរូបធាតុទៅជាភាវៈនេះ ឬភាវៈនោះ។ អ្វីៗទាំងអស់ក្នុងធម្មជាតិមានរូបធាតុ និងទម្រង់ (ដែលគេហៅថា ទម្រង់រូបធាតុនិយម Hylomorphism)។ នេះជារចនាសម្ពន្ធនៃធម្មជាតិ។

រូបធាតុ និងទម្រង់ ទាក់ទងនឹងការប្រែប្រួលដែរ។ ទម្រង់នៃភាវៈនីមួយៗធ្វើឱ្យវាស្ថិតនៅពេញលេញ (សុក្រឹតភាព) ឯរូបធាតុជាសក្តានុភាព (កម្លាំង) របស់វា។ អ្វីៗទាំងអស់ស្ថិតនៅ និងក្លាយទៅជាអ្វីមួយផ្សេងទៀតយ៉ាងណា អ្វីៗទាំងអស់ជាការផ្សំរវាងរូបធាតុ និងទម្រង់យ៉ាងនោះដែរ។ នេះជាលក្ខណៈនៃអ្វីៗទាំងអស់ សូម្បីតែវត្ថុធាតុដើម (ដូចជាទឹក ដី ភ្លើង ខ្យល់)។ ដោយសារទម្រង់នៃភាវៈមួយ យើងអាចយល់ដឹងថា វាជាអ្វី។ សម្រាប់មនុស្ស ព្រលឹងវិញ្ញាណជាទម្រង់នៃរូបកាយ ហើយព្រលឹងវិញ្ញាណ និងរូបកាយមិនអាចបែងចែកពីគ្នាបានឡើយ (រហូតដល់ពេលស្លាប់)។

ហេតុនេះហើយ បានជាសម្រាប់លោក គ្មានគំនិតសកលអស់កល្បជានិច្ច ដែលស្ថិតនៅដោយឡែកពីពិភពលោលនេះទេ។ យើងចាប់ផ្តើមមានគំនិតទូទៅ ក្រោយពីបានមើលឃើញ និងស្តាប់ឮអ្វីៗទាំងអស់ បានជារូបកាយ និងវិញ្ញាណបំពេញគ្នាទៅវិញទៅមក។ វិញ្ញាណទាំងប្រាំរបស់យើងប្រាប់យើងអំពីតថភាព បន្ទាប់មក ប្រាជ្ញារបស់យើងអាចបង្កើតគំនិតទូទៅអំពីអ្វីៗទាំងអស់ ។

២. ហេតុអ្វី បានជាអ្វីៗទាំងអស់ប្រែប្រួលជានិច្ច?

លោកអារីស្តូតថ្លេស (Aristotle) ប្រើពាក្យ “សុក្រឹតភាព” (Act) និង “សក្តានុភាព” (Potency) ដើម្បីឆ្លើយនឹងសំណួរនេះ៖

សុក្រឹតភាពជាអ្វី ដែលមានលក្ខណៈល្អឥតខ្ចោះ សព្វគ្រប់អស់ហើយ ទើបមិនប្រែប្រួលឡើយ។ ឯសក្តានុភាពជាអ្វី ដែលអាចមានលក្ខណៈពេញលេញ ដែលកំពុងតែទៅដល់គោលដៅ (ឆ្ពោះទៅភាពល្អឥតខ្ចោះ) របស់ខ្លួន៖ ឧ. កូនក្មេងមានសក្តានុភាពទៅជាមនុស្សពេញវ័យ ឬគ្រាប់ពូជមានសក្តានុភាពឳ្យបានទៅជាដើមឈើ។ ឧ. កំសៀវទឹក ដែលនៅលើតុ ត្រជាក់ ប៉ុន្តែទឹកអាចទៅជាក្តៅ។ នៅលើភ្លើងមួយរយៈ ទឹកក្តៅហើយ ប៉ុន្តែ ទឹកនេះអាចត្រជាក់វិញ។ ដោយសារសក្តានុភាព ភាវៈអាចប្រែប្រួលបាន។

ហេតុនេះ លោកសណ្និដ្ឋានថា អ្វីៗទាំងអស់ប្រែប្រួលជានិច្ច ដ្បិតភាវៈនីមួយៗមានសក្តានុភាព។ សក្តានុភាពនាំភាវៈឱ្យទៅជាភាវៈដ៏ពេញលេញ។ ភាវៈនីមួយៗដើរឆ្ពោះទៅលក្ខណៈឥតខ្ចោះរបស់ខ្លួន ជាគោលដៅចុងក្រោយនៃអ្វីៗទាំងអស់។ សក្តានុភាពធ្វើឱ្យភាវៈនីមួយៗអាចប្រែប្រួល និងអាចទៅមុខបាន។ ការប្រែប្រួល មានន័យថា ការឆ្លងពីភាពមិនគ្រប់ដល់ភាពឥតខ្ចោះ។ ភាវៈនីមួយៗប្រែប្រួលទាំងស្រុង (កើត និងស្លាប់) ឬតាមលក្ខណៈខ្លះៗតែប៉ុណ្ណោះ (ឧ. ផ្លាស់ប្តូរពណ៌ ឬផ្លាស់ប្តូរអារម្មណ៍...)។

អ្វីៗទាំងអស់ ដែលស្ថិតក្នុងពិភពលោកយើង មានលក្ខណៈអាចប្រែប្រួល ដោយសារសក្តានុភាព។

៣. ហេតុទាំងបួន

បើគិតដូច្នេះ​មានសំណួរមួយទៀត ដែលកើតឡើង៖ ហេតុអ្វី បានជាសក្តានុភាពផ្លាស់ប្តូរអ្វីៗទាំងអស់? តើការប្រែប្រួលមកពីអ្វី? តាមការពិត អ្វីៗទាំងអស់មិនអាចប្រែប្រួលដោយខ្លួនឯងបានទេ។ លោកអារីស្តូថេល្លេស (Aristotle) យល់ថា ត្រូវតែមានអ្វីមួយ ដែលធ្វើឱ្យអ្វីៗទាំងអស់ប្រែប្រួល។ ប្រភពនៃការប្រែប្រួលនេះ មិនប្រែប្រួល (ស្ថិតនៅជានិច្ច)។ ប្រភពនៃការប្រែប្រួលនេះ ជាអ្នកបង្កើតការប្រែប្រួលនៃអ្វីៗទាំងអស់។

លោកគិតដូច្នេះ ដ្បិតសម្រាប់លោក ក្នុងពិភពលោកនេះ រមែងតែងតែមានហេតុ និងផលជានិច្ច៖

សូមមើលតុញ៉ាំបាយមួយ៖ ហេតុអ្វី បានជាគេធ្វើតុបែបនេះឯង?

១. យើងអាចឆ្លើយថា មកពីជាងឈើធ្វើតុនេះ។ ជាងឈើជា “ហេតុស័ក្តិសិទ្ធិ” (Efficient Cause)។ ធម្មតា ហេតុស័ក្តិសិទ្ធិជាអ្វី ដែលធ្វើឱ្យមានកើតឡើង។ នេះជាន័យធម្មតានៃពាក្យ “ហេតុ”។ តាមពិត ពាក្យ “ស័ក្តិសិទ្ធិ” មកពីភាសាឡាតាំងបកប្រែថា “ធ្វើ”។ ហេតុស័ក្តិសិទ្ធិជាអ្វី ដែលធ្វើឱ្យសត្វលោក ឬវត្ថុមួយកើតឡើង ឬជាអ្វីដែលបង្កើតផល។

២. យើងអាចឆ្លើយថា គេធ្វើតុបែបនេះឯងពីឈើ។ មានដើមឈើជាច្រើនប្រភេទ ដែលមានគុណសម្បត្តិផ្សេងៗពីគ្នា។ ក្នុងករណីនេះ ឈើជា “ហេតុខាងរូបធាតុ” (Material Cause)។

៣. មូលហេតុទីបីធ្វើឱ្យតុបែបនេះឯងមកពីទម្រង់ ឬរចនាសម្ពន្ធ ឬគំនូររបស់វា។ នេះជា “ហេតុខាងទម្រង់” (Formal Cause)។ សម្រាប់លោកអារីស្តូថេល្លេសទម្រង់មិនគ្រាន់តែជារូបរាង ឬទ្រង់ទ្រាយប៉ុណ្ណោះទេ។ ទម្រង់សំដៅលើសភាព ឬធម្មជាតិនៃវត្ថុមួយ គឺអ្វីដែលធ្វើឱ្យវត្ថុនេះទៅជាវត្ថុបែបនេះឯង។ ជាងឈើចាប់ផ្តើមធ្វើតុនេះនៅក្នុងខួរក្បាលគេ ដ្បិតគេមានគំនិតអំពីតុនេះ មុននឹងធ្វើវាទៅទៀត។ គំនិតជាប្លង់ ដែលជួយណែនាំសកម្មភាពរបស់គេ។ គេមិនធ្វើការដោយចៃដន្យ ឬតាមសំណាង ប៉ុន្តែ គេធ្វើតាមគំនិតរបស់គេ ដែលស្ថិតក្នុងខួរក្បាល។ គំនិតជាច្បាប់នៃអស្តិរូបវិទ្យាម្យ៉ាង ដែលអះអាងថា ហេតុខាងទម្រង់ណែនាំហេតុស័ក្តិសិទ្ធិទាំងអស់។ គំនិតជួយឱ្យជាងឈើធ្វើតុឱ្យបានត្រឹមត្រូវ។ ប៉ុន្តែ ទោះបីគេមានគំនិតត្រឹមត្រូវក៏ដោយ ក៏ជាងឈើថ្មីអាចធ្វើតុមិនត្រូវ ព្រោះគេមិនចេះធ្វើ (ហេតុស័ក្តិសិទ្ធិ) ឬមកពីឈើមិនល្អ (ហេតុខាងរូបធាតុ)។

៤. មានមូលហេតុមួយទៀត ដែលពន្យល់ថា ហេតុអ្វីគេធ្វើតុបែបនេះឯង។ គេហៅហេតុនេះថា “ហេតុចុង” (Final Cause) ជាហេតុដ៏សំខាន់បំផុត។ តើតុមានប្រយោជន៍អ្វីខ្លះ? ក្នុងករណីនេះ គេធ្វើតុ ដើម្បីញ៉ាំបាយ។ យើងមិនអាចយល់អំពីអ្វីមួយឱ្យបានពេញលេញ បើយើងមិនដឹងអំពីគោលដៅរបស់វា។ ជាងឈើអាចមានមូលហេតុផ្សេងទៀត ដើម្បីធ្វើតុ ដូចជាឱ្យបានលុយ។ មូលហេតុនេះ ជាមូលហេតុបន្ថែម ដែលមិនមែនជាគោលដៅពិតប្រាកដក្នុងការធ្វើតុមួយទេ។

លោកយល់ថា យើងអាចពន្យល់អំពីអ្វីៗទាំងអស់ ដែលមានក្នុងពិភពលោក ដោយសារហេតុទាំងបួននោះ។

ហេតុនេះហើយ បានជាលោកសណ្និដ្ឋានថា ត្រូវតែមានព្រះមួយអង្គ ដែលជាដើមហេតុនៃអ្វីៗទាំងអស់ ទ្រង់មិនប្រែប្រួល ដូចជាម៉ូទ័រម្យ៉ាង គ្មានចលនា ហើយផ្តល់ឱ្យអ្វីៗទាំងអស់មានចលនា និងប្រែប្រួល។ ព្រះអង្គនេះ ជាប្រភពនៃប្រាជ្ញា និងមានលក្ខណៈដ៏ល្អឥតខ្ចោះ ដ្បិតសភាពរបស់ព្រះអង្គ គឺអត្តិភាពតែម្តង។ ក៏ប៉ុន្តែ ព្រះអង្គមិនមែនដូចព្រះនៃជនជាតិយូដា។ ព្រះរបស់លោកអារីស្តូថេល្លេស (Aristotle) គ្មានព្រះជន្មដ៏រស់រវើក មិនស្គាល់អ្វីដ៏ល្អ ឬអ្វីដ៏អាក្រក់ ហើយក៏មិនមែនជាអ្នកបង្កើតអ្វីៗទាំងអស់។

លោកហៅ ទស្សនវិជ្ចាដំបូង (First philosophy) ការសិក្សាអំពីព្រះនេះ។

៤. អ្វីទៅជាសារជាតិ និងលក្ខណៈបន្ថែមរបស់អ្វីៗទាំងអស់?

លោកអារីស្តូថេល្លេស (Aristotle) ជួយយើងឱ្យយល់អំពីឯកភាពនៃតថភាព។ ដើម្បីយល់អំពីឯកភាពនៃតថភាពនេះ ឱ្យបានកាន់តែច្បាស់ យើងត្រូវរៀនអំពីពាក្យ “សារជាតិ” (Substance) និង “ចៃដន្យ” (Accidents) (លក្ខណៈបន្ថែម)។

សូមរិះគិតអំពីអត្ថន័យនៃពាក្យទាំងពីរនោះ ដើម្បីយល់អំពីទស្សនវិជ្ជារបស់លោក។ តាមភាសាធម្មតា “សារជាតិ” មានន័យថា ធាតុនៃវត្ថុផ្សេងៗ ដែលយើងអាចដឹង ពេលធ្វើពិសោធន៍ខាងគីមី។ តាមភាសាធម្មតា “ចៃដន្យ” មានន័យថា អ្វីដែលកើតឡើងដោយគ្មានចេតនា ដោយភ័ព្វសំណាង ដូចជាពេលយើងធ្លាក់ជណ្តើរ។ ប៉ុន្តេ ពាក្យទាំងពីរនោះ មានអត្ថន័យផ្សេងតាមទស្សនវិជ្ជាបុរាណ ជាពិសេសតាមទស្សនវិជ្ជារបស់លោកអារីស្តូថេល្លេស (Aristotle)។

សម្រាប់លោក សារជាតិសម្ដៅទៅលើលក្ខណៈពិសេសនៃភាវៈមួយ ឬលើទម្រង់នៃភាវៈពិសេសមួយ។

ឆ្កែនេះ ដែលឈ្មោះ គីគី ជាសារជាតិមួយ ប៉ុន្តែ ទម្រង់ ឬសភាពនៃ គីគី ជាសារជាតិរបស់វាដែរ។ យើងអាចយល់ពាក្យ “សារជាតិ” ពេលយើងសិក្សាអំពីពាក្យ “ចៃដន្យ”៖ ចៃដន្យជាលក្ខណៈបន្ថែម (ដូចជាទម្ងន់ ឬពណ៌) នៃសារជាតិរបស់ភាវៈមួយ។ ​ឧ. គីគីថ្លឹង១០គ. និងមានពណ៌ស។ នេះជាលក្ខណៈបន្ថែម (ចៃដន្យ) របស់គីគី។

លោកអារីស្តូថេល្លេស (Aristotle) យល់ថា យើងអាចបែងចែកពិភពលោក ស្របតាមសារជាតិ និងចៃដន្យ៖ ភាវៈនីមួយៗជាសារជាតិ ឬជាចៃដន្យ។ លោករកឃើញចៃដន្យប្រាំបួនប្រភេទក្នុងភាវៈ៖ គុណសម្បត្តិ បរិមាណ ទំនាក់ទំនង ពេលវេលា កន្លែង សកម្មភាព តណ្ហា ទិស និងទម្លាប់។ គេហៅចៃដន្យទាំងប្រាំបួននោះ រួមជាមួយសារជាតិ ថា “ប្រភេទ” (Categories) ទាំង១០។ ភាវៈទាំងអស់ចូលក្នុងប្រភេទមួយក្នុងចំណោមប្រភេទទាំង១០នោះ។

៥. ធ្វើយ៉ាងដូចម្ដេច ដើម្បីបានសុភមង្គល?

លោកអារីស្តូថេល្លេស (Aristotle) យល់ថា មនុស្សគ្រប់ៗរូបស្វែងរកសុភមង្គល តែម្នាក់ៗមានផ្លូវរៀងៗខ្លួន ដើម្បីបានសុភមង្គលនេះ។ អ្នកខ្លះ ចង់បានសុភមង្គល ដោយធ្វើនយោបាយ អ្នកខ្លះដោយរស់នៅតែម្នាក់ឯង អ្នកខ្លះផ្សេងទៀតចង់បានសប្បាយៗ ឯអ្នកផ្សេងយល់ថា ការសប្បាយមិនសូវល្អប៉ុន្មានទេ ល។ល។ លោកអារីស្តូថេល្លេស (Aristotle) បង្រៀនមនុស្សឱ្យរកឃើញសុភមង្គលតាមផ្លូវកណ្តាល៖ ឧ. មនុស្សម្នាក់ ដែលមានចិត្តក្លាហាន គឺជាមនុស្សម្នាក់​​ ដែលមិនធ្វេសប្រហែសផង មិនកំសាកផង។ អ្នកនោះមានចិត្តលំនឹង អាចមានសុភមង្គលបាន។​ លោកហៅគុណធម៌ផ្លូវកណ្តាលនេះ គឺជាអ្វី ដែលជួយយើងឱ្យបានសុភមង្គល។

ចំពោះលោក មានគុណធម៌បួនប្រភេទ។ គុណធម៌ទីមួយ ជាការប្រុងប្រយ័ត្ន។ លោកធ្លាប់ប្រៀបធៀបការប្រុងប្រយ័ត្ននេះ ដូចជាអ្នកជិះរទេះ ដែលមានសេះបីក្បាលពីខាងមុខ។ សេះបីក្បាលនោះ ជាគុណធម៌ទាំងបីផ្សេងទៀត។ ការប្រុងប្រយ័ត្នត្រូវគ្រប់គ្រងគុណធម៌ទាំងបីឯទៀត ដូចអ្នកជិះត្រូវតែគ្រប់គ្រងសេះទាំងបី កុំឳ្យមានគ្រោះថ្នាក់កើតឡើង។ គុណធម៌ទាំងបីឯទៀតនោះ មានការបេះប្រមាន សេចក្ដីក្លាហាន និងយុត្តិធម៌ (ឬសេចក្ដីសច្ចរិត)។

៦. ពួកឃីនីខូស (Cynics)

នៅសម័យក្រិកបុរាណ លោក ឌីអូហ្គេណេស (Diogenes) (៤១៣-៣២៧ មុន គ.ស) ជាទស្សនវិទូម្នាក់ ដែលរស់នៅក្នុងធុងឈើ ដូចជាផ្ទះឆ្កែម្យ៉ាង ដើម្បីបង្ហាញថា គាត់មិនបាច់អ្នកដទៃ គាត់អាចរស់នៅតែម្នាក់ឯង ជាពិសេសគាត់មិនចង់ពឹងលើអ្នកមាន និងអ្នកធំ។ លោករិះគន់អ្នកទាំងអស់នោះ ព្រោះលោកអះអាងថា ពួកគេជាអ្នកលាក់ពុត ពួកគេបង្កើតច្បាប់ ដើម្បីជិះជាន់អ្នកក្រីក្រ និងពង្រឹងអំណាចរបស់ពួកគេតែប៉ុណ្ណោះ។ លោកចោទពួកគេថា ពួកគេចេះតែប្រព្រឹត្តអំពើពុករលួយ និងធ្វើតាមសីលធម៌តាមសម្បូរខាងក្រៅតែប៉ុណ្ណោះ។ លោកបង្កើតចលនាទស្សនវិជ្ជា ដែលគេហៅថា “ឃីនីខូស”។ ពាក្យ “ឃីនីខូស” នេះ មានន័យថា៖ “អ្នកឌឺគេ” ឬ “អ្នកប្រមាទគេ”។ សម្រាប់លោក សុភមង្គលមិនស្ថិតក្នុងទ្រព្យសម្បត្តិ អំណាច ឬកិត្តិយសទេ។ ហេតុនេះហើយ បានជាមនុស្សម្នាក់ៗអាចមានសុភមង្គលបាន។ ទោះជាលោករស់នៅក្នុងធុងឈើក៏ដោយ ក៏លោកមានអ្វីៗទាំងអស់ដែរ។ លើសពីនេះទៅទៀត ពួកឈីនីខូស មិនរវីរវល់អំពីទុក្ខលំបាក ឬសេចក្ដីស្លាប់ដែរ។

មានគេធ្លាប់និយាយថា ថ្ងៃមួយ ស្ដេច អាឡិកសានឌ័រដ៏ប្រសើរ (Alexander the Great) យាងមកជួបលោក ឌីអូហ្គេណេស (Diogenes) ដោយមានព្រះបន្ទូលស្នើរសុំប្រោសប្រទានអ្វីៗទាំងអស់តាមបំណងចិត្តលោក។ ពេលនោះ លោក ឌីអូហ្គេណេស (Diogenes) បានឆ្លើយតបមកព្រះអង្គថា៖ “ចេញពីខាងមុខខ្ញុំ ដ្បិតខ្ញុំមើលព្រះអាទិត្យមិនឃើញ”! ក្រោយមក ដោយយល់ឃើញថា លោក ឌីអូហ្គេណេស (Diogenes) ជាម្នាក់ ដែលមិនចេះខ្លាច ទាំងមានសេរីភាព ស្តេចបានប្រាប់គេថា៖ “បើយើងមិនមែនជាស្ដេច យើងចង់ទៅជាដូចលោក ឌីអូហ្គេណេស (Diogenes)”។

៧. ពួកសង្ស័យនិយម (skepticism)

លោក ភីរ៉ូ (Pyrrho) (៣៦៥-២៧៥ មុន គ.ស) ជាអ្នកបង្កើតចលនា “សង្ស័យនិយម”។ លោកអះអាងថា អ្នកប្រាជ្ញ គឺជាមនុស្សម្នាក់ ដែលមិនរវីរវល់នឹងចំណេះដឹង ឬសីលធម៌ត្រឹមត្រូវ ដ្បិតយើងមិនអាចស្គាល់សេចក្ដីពិតបានឡើយ។ ក្នុងគ្រប់កាលៈទេសៈ យើងមិនអាចវិនិច្ឆ័យសេចក្ដីមួយ ពោលគឺយើងត្រូវផ្អាកការរិះគិតពិចារណា។ ជាភាសាក្រិក គេហៅការផ្អាកនេះថា “អេផូឃេ”(Epokhe)។

តាមលោក ភីរ៉ូ (Pyrrho) យើងមិនអាចស្គាល់ការពិត ដ្បិតគ្មាននរណាម្នាក់អាចមានយោបល់ត្រឹមត្រូវឥតខ្ចោះ ដ្បិតរមែងតែងតែមានម្នាក់ផ្សេងទៀត អាចមានយោបល់ផ្ទុយ តែល្អដូចគ្នា។ គំនិតទាំងប៉ុន្មានស្ទើរតែមានតម្លៃស្មើរគ្នា ត្រឹមត្រូវទាំងអស់។ ដូច្នេះហើយ បានជាយើងមិនអាចបង្ហាញពស្តុតាងអំពីសេចក្ដីណាមួយបានឡើយ។

យូរឆ្នាំក្រោយមក នៅសម័យពន្លឺ (១៧១១-១៧៧៦) លោកហ្យូម (Hume) នឹងបន្តគិតបែបនេះ ដោយអះអាងថា យើងមិនអាចទទួលចំណេះដឹងទាំងប៉ុន្មាន ដែលមកពីពិសោធន៍ ដ្បិតលទ្ធផលនៃពិសោធន៍នោះ អាចផ្លាស់ប្តូរពីពិសោធន៍មួយទៅពិសោធន៍មួយទៀត។ ដោយមូលដ្ឋានគ្រឹះនៃចំណេះដឹងមិនច្បាស់លាស់ លោកនឹងសណ្និដ្ឋានថា ត្រូវតែសង្ស័យលើអ្វីៗទាំងអស់។

ប៉ុន្តែ ការគិតបែបនេះ ដូចជាគ្មានហេតុផលត្រឹមត្រូវ ដ្បិតពេលណាយើងអះអាងថា គ្មានសេចក្ដីពិត នៅពេលជាមួយគ្នានេះ ការអះអាងនេះ (“គ្មានសេចក្ដីពិត”) ជាសេចក្ដីពិត... បានជាមានសេចក្ដីពិតថា គ្មានសេចក្ដីពិត! គោលការណ៍នេះ (“គ្មានសេចក្ដីពិត”) ប្រឆាំងនឹងប្រាជ្ញា មិនអាចទទួលយកបានឡើយ។

៨. ពួកសប្បាយនិយម៖ លោក អេភីឃូរ៉ូស (Epicurus)

លោក អេភីឃូរ៉ូស (Epicurus) (៣៤២-២៧០ មុន គ.ស) ស្វែងរកសុភមង្គលក្នុងការសប្បាយ (Eudonism - Hedonism)។ សម្រាប់លោក ជីវិតមានគោលដៅ និងអត្ថន័យតែមួយ គឺសុភមង្គល ដោយគេចផុតពីទុក្ខ។ លោកមិនស្វែងរកសេចក្ដីល្អ ឬសីលធម៌ត្រឹមត្រូវ លោកចង់សប្បាយតែប៉ុណ្ណោះ។ គេហៅលទ្ធិទស្សនវិជ្ជារបស់លោកថា ជាសិលធម៌ក្នុងការសប្បាយ ខាងផ្លូវចិត្តផង ខាងផ្លូវកាយផងដែរ។ សម្រាប់លោក យើងមិនគួរខ្លាចព្រះផ្សេងៗ ឬសេចក្ដីស្លាប់ឡើយ បានជាយើងអាចរកការសប្បាយ។ ម្យ៉ាងទៀត យើងអាចសប្បាយឳ្យបានស្រួល និងបានលឿន។ ទីបំផុត យើងងាយទ្រាំទុក្ខលំបាក ដោយមានចិត្តក្លាហាន និងចិត្តអត់ធ្មត់។

ប៉ុន្តែ លោកធ្លាប់និយាយថា មានការសប្បាយបីប្រភេទ៖

ក. ការសប្បាយខាងធម្មជាតិ និងចំបាច់ (ឧ. ផឹកទឹកពេលយើងស្រេក)៖ អ្នកប្រាជ្ញត្រូវតែបំពេញការសប្បាយនោះ ដ្បិតការសប្បាយនោះ ល្អជាងគេ។

ខ. ការសប្បាយខាងធម្មជាតិ មិនចំបាច់ (ឧ. ញ៉ាំបង្អែមឆ្ងាញ់ៗពេលយើងមិនឃ្លាន)៖ ការសប្បាយនោះមិនអាក្រក់ តែអ្នកប្រាជ្ញត្រូវចេះប្រមាណក្នុងការបំពេញការសប្បាយនោះ។

គ. ការសប្បាយផ្ទុយពីធម្មជាតិ និងមិនចំបាច់ (ឧ. ការស្រលាញ់ទ្រព្យសម្បត្តិ ឬកិត្តិយស)៖ អ្នកប្រាជ្ញមិនត្រូវបំពេញការសប្បាយនោះ ដែលនាំឳ្យមានបញ្ហាជាមិនខាន។

ដើម្បីសង្ខេបលទ្ធិរបស់លោក អេភីឃូរ៉ូស (Epicurus) អ្នកនិពន្ធពាក្យកំណាព្យជាភាសាឡាតាំង ឈ្មោះ អូរ៉ាស (Horace) បានបង្កើតពាក្យ Carpe diem៖ រស់នៅពីមួយថ្ងៃទៅមួយថ្ងៃចុះ។

៩. ពួកស្តូអ៊ីក (Stoicism)៖ ព្រហ្មលិខិតនិយម

ជាភាសាក្រិក ពាក្យ ស្តូអ៊ីកនិយម មានន័យថា “សាលារៀននៃខ្លោងទ្វារ” ដ្បិតលោក ហេ្សណូន (Zeno) ដែលជាអ្នកបង្កើតចលនាទស្សនវិជ្ជានេះ ធ្លាប់បង្រៀនខាងក្រោមខ្លោងទ្វារមួយ។ លទ្ធិរបស់ពួកស្តូអ៊ីកនិយមមានពីសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៤ មុន គ.ស។

សម្រាប់ពួកស្តូអ៊ីក (Stoïcists) អ្វីៗទាំងអស់ក្នុងសកលលោក មកពីព្រហ្មលិខិត។ ព្រហ្មលិខិត មិងមែនជាចៃដន្យ ឬឧបការគុណរបស់ព្រះដ៏សប្បុរសណាមួយឡើយ។ ព្រហ្មលិខិតដូចជាគ្រឿងម៉ាស៊ីនម្យ៉ាង ដែលគ្មានឆន្ទះ គ្មានបុគ្គលភាព និងណែនាំអ្វីៗទាំងអស់តាមគម្រោងការណ៍ ដែលយើងមិនអាចស្គាល់បានឡើយ។

លោក ហេ្សណូន (Zeno) អះអាងថា យើងមិនអាចគ្រប់គ្រង ឬណែនាំជីវិតរបស់យើងឳ្យបានពេញលក្ខណៈបានឡើយ។ ពេលខ្លះ មានកាលៈទេសៈ ឬអ្នកផ្សេងបង្ខិតបង្ខំយើងឳ្យធ្វើការនេះ ឬធ្វើការនោះ។ ប៉ុន្តែ យើងអាចគ្រប់គ្រងចិត្តគំនិតរបស់យើងបាន៖ ឧ. យើងមិនអាចគេចផុតពីសេចក្តីស្លាប់បានឡើយ តែយើងអាចគ្រប់គ្រងអាកប្បកិរិយារបស់យើង នៅពេលថ្ងៃស្លាប់បាន។ លោក អេភីកថេថូស (Epictetus)​ បន្ថែមទៀតថា កិច្ចការរបស់យើងមិនសូវសំខាន់ទេ ឳ្យតែយើងធ្វើកិច្ចការនោះ ដោយមានចិត្តត្រឹមត្រូវ បានហើយ។


២. ទស្សនវិជ្ជានៅអាស៊ី

២. ទស្សនវិជ្ជានៅអាស៊ី

១. លទ្ធិព្រាហ្មណ៍ (Brahmanism)

      ព្រហ្មញ្ញសាសនាជាសាសនាសំខាន់ជាងគេ នៅប្រទេសឥញ្ឌា ពីសតវត្សទី៦ មុន គ.ស. រហូតដល់ដើមសតវត្សទំនើប។ ពេលនោះ អ្នកប្រាជ្ញឥញ្ឌាបានសេសេរពាក្យកំណាព្យ រាមាយណៈ 
(Ramayana៖ រាមកេរ្តិ៍) និង មហាបារាតា (Mahabharata៖ រឿងមហាភារតយុទ្ធ) ។ លទ្ធិព្រហ្មណ៍កែលទ្ធិ វេទ (Vedism) មុននឹងសាសនា​ហិណ្ឌូ (Hinduism) កើតឡើង 
និងបានទៅជាសាសនាសំខាន់ជាងគេ នៅប្រទេសឥញ្ឌា។

ព្រហ្មសាសនាចេញមកពីព្រះព្រហ្ម (Brahma) ដែលជាព្រះដ៏សំខាន់ជាងគេ ក្នុងចំណោមព្រះជាច្រើនឯទៀតៗ។ ចំពោះជនជាតិឥញ្ឌា ព្រះទាំងប៉ុន្មាននោះ ដូចជាចេញមកពី និងសម្តែងព្រះព្រហ្មជាព្រះតែមួយ។ ព្រះទាំងបីអង្គសំខាន់ជាងគេ មាន៖ ព្រះវិស្ណុ (Vishnu) ព្រះស៊ីវ៉ា (Shiva) និង ព្រះព្រហ្ម (Brahma)។ ព្រះព្រហ្មជាអ្នកបង្កើត ព្រះស៊ីវ៉ាជាអ្នកបំផ្លាញ និងព្រះវិស្ណុជាអ្នកថែរក្សា។ តាមការពិត គេជឿថា ពិភពលោក និងអ្វីៗទាំងអស់កើតមកដោយឯកឯង និងនៅតាំងពីដើមរៀងមក និងជាដរាបតរៀងទៅ។

អ្នកកាន់ព្រហ្មសាសនាបានទទួលយក និងបានប្រមូលផ្តុំ ទាំងព្រះ ទាំងលទ្ធិ ពីសាសនាឯទៀតៗ ឱ្យលាយឡំនឹងគ្នា៖ ឧ. ពួកគេចាត់ទុកព្រះយេស៊ូ ជាព្រះវិស្ណុ ដែលបានកាឡាខ្លួនជាមនុស្ស។ ហេតុនេះ ជាធម្មតា អ្នកកាន់ព្រហ្មសាសនាមានចិត្តទូលាយចំពោះសាសនា និងជំនឿរបស់អ្នកដទៃ។ ម្យ៉ាងទៀត លោកបូជាចារ្យខាងព្រហ្មសាសនាដូចជាអ្នកកណ្តាលរវាងព្រះ និងមនុស្សលោក។ ពួកគេធ្វើពិធីផ្សេងៗ ដូចជាយញ្ញបូជា ដើម្បីគាប់ព្រះហឬទ័យព្រះព្រហ្ម និងព្រះដទៃដែរ។ អ្នកកាន់សាសនាឥញ្ឌាពូកែធ្វើសមាធិ ដើម្បីឱ្យព្រលឹងវិញ្ញាណរួមរស់ជាមួយព្រះ។ នៅពេលទទួលមរណភាព ព្រឡឹងវិញ្ញាណនេះរំលាយនៅក្នុងជាតិព្រះ ដូចទឹកមួយតំណក់រំលាយក្នុងសមុទ្រដែរ។

នៅប្រទេសឥញ្ឌា អ្នកប្រាជ្ញ និងអ្នកបង្កើតនិកាយផ្សេងៗខាងសាសនា តែងតែមានគោលបំណងជួយមនុស្សលោកឱ្យរួចពីលោកនេះ។ ពួកគេហៅការចេញពីលោកនេះថា ការរំដោះ។ ចំពោះពួកគេ មនុស្សលោកដូចជាជាប់គុកក្នុងលោកនេះ គឺមនុស្សយើងត្រូវខិតខំចេញពីវាលវដ្តសង្សា កុំឱ្យកើត រងទុក្ខ និងស្លាប់ជានិច្ចឡើយ។

អ្នកប្រាជ្ញទាំងអស់នោះ យល់ថា មនុស្សម្នាក់ៗជាប់កម្ម ពោលគឺកិច្ចការនីមួយៗ ដែលយើងប្រព្រឹត្តបង្កើតហេតុ​ និងផល ក្នុងលោកនេះ ឬក្នុងជីវិតនៅខាងមុខ។ បើកិច្ចការល្អ ផលក៏ល្អដែរ បើកិច្ចការអាក្រក់ ផលក៏អាក្រក់ផងដែរ។ ហេតុនេះ យើងកើតមកក្នុងជីវិតនេះ ក្នុងឋានៈជាអ្នកមាន ឬអ្នកក្រ ជាសត្វនេះ ឬសត្វនោះ តាមអំពើ ដែលយើងបានប្រព្រឹត្តក្នុងជីវិតមុនៗ។ អ្នកធ្វើបាប បានបាប អ្នកធ្វើបុណ្យ បានបុណ្យ។

តាមទស្សនាវិទូឥញ្ឌា ជិវិតមនុស្សមានគោលដៅបួន៖

១. កាមា (Kama)៖ ការសប្បាយ។ កាមា ជាព្រះនាមព្រះនៃស្នេហា។ សៀវភៅ ដែលមានចំណាងជើងថា “កាមា ស៊ូត្រា” (Kama Sutra) ជាសៀវភៅដ៏ល្បី ដែលរៀបរាប់អំពីរបៀបផ្សេងៗក្នុងការរួមរ័ក ដោយមានគំនូជាច្រើន។

២. អារថា (Artha)៖ ទ្រព្យសម្បត្តិ ឬអំណាច។ ជនជាតិឥញ្ឌាបានតែងក្បូននយោបាយ ដែលពន្យល់អំពីរបៀបដ៏ប្រសើរជាងគេ ដើម្បីដណ្តើមអំណាច និងធ្វើសង្រ្គាម។

៣. ដារម៉ា (Dharma)៖ ធម៌ ដែលយើងត្រូវធ្វើ ដើម្បីបានរួចពីវាលវដ្តសង្សា។ មានធម៌តែមួយសម្រាប់មនុស្សលោកទាំងមូល តែមនុស្សម្នាក់ៗត្រូវតែអនុវត្តតាមវណ្ណៈរៀងៗខ្លួន។

៤. មុកសា (Moksha)៖ ការរំដោះ ជាគោលដៅចុងក្រោយ ឱ្យមនុស្សលោករួចពីការកើត និងការស្លាប់ជានិច្ច។

២. ព្រះពុទ្ធសាសនា (Buddhism)

ព្រះពុទ្ធសាសនាមកពីព្រះអម្ចាស់ ស៊ីតធរថា ហ្គោតាម៉ា (Siddhartha Gautama៖ សិទ្ធត្ថ គោតម) ដែលបានប្រសូត នៅសតវត្សទី ៦ មុន គ.ស.។ ព្រះអង្គចម្រើនឡើង នៅក្នុងព្រះរាជវាំង។ ពេលមានព្រះជន្មវស្សា ២៩ ព្រះអង្គសម្រេចិត្តចេញពីព្រះរាជវាំង ដើម្បីស្គាល់ពិភពលោក។ ពេលនោះ ព្រះអង្គយល់ថា មនុស្សលោករងទុក្ខលំបាក។ ក្រោយមក ព្រះអង្គលះបង់អ្វីៗទាំងអស់ ដើម្បីស្វែងរកអត្ថន័យនៃជីវិត ជាពិសេសធ្វើយ៉ាងដូចម្ដេច ដើម្បីរួចផុតពីទុក្ខ?

ជាច្រើនឆ្នាំក្រោយមក ពេលព្រះអង្គធ្វើសមាធិ ស្រាប់តែព្រះអង្គត្រាស់ដឹង (បូឌី ជាភាសាសំស្រ្កឹត)។ ពេលនោះ ព្រះអម្ចាស់ ហ្គោតាម៉ា បានក្លាយទៅជាព្រះពុទ្ធ ពោលគឺព្រះអង្គបានរកឃើញសច្ចៈទាំងបួនយ៉ាង ដែលសង្ខេបទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនាតែម្តង។

១. មនុស្សលោកគ្រប់ៗរូបរងទុក្ខ ពេលកើតមក ពេលមានជីវិត និងពេលស្លាប់ផង។ មានជាតិ មានទុក្ខ។

២. ទុក្ខលំបាកទាំងអស់ មកពីតណ្ហា ចិត្តលោកលន់របស់មនុស្ស ការមិនចេះ មិនស្គាល់ (មោហៈ លោភៈ ទោសៈ)។

៣. ត្រូវតែរម្ងាប់កិលេសតណ្ហា ដើម្បីផុតពីទុក្ខទាំងឡាយ។

៤. ត្រូវតែដើរតាមមាគ៌ាទាំង ៨ ដើម្បីអនុវត្តតាមលទ្ធិរបស់ព្រះពុទ្ធ។

ព្រះពុទ្ធមិនដែលបង្រៀនអំពីព្រះជាម្ចាស់។ ព្រះអង្គមិនមែនជាព្យាការី តែជាអ្នកប្រាជ្ញាញ្ញាណ។ តាមការពិត យើងអាចនិយាយថា ព្រះពុទ្ធបង្រៀនទស្សនវិជ្ជាសុទ្ធសាធ។ ប៉ុន្តែ យូរឆ្នាំក្រោយមក ពួកសាវ័ករបស់ព្រះពុទ្ធបានបង្កើតព្រះពុទ្ធសាសនា ដោយមានពិធីជាច្រើនផ្សេងៗពីគ្នាដែរ។

៣. លទ្ធិតាវ (Taoism)

នៅប្រទេសចិន តាវ សំខាន់ដូច ប្រាជ្ញា នៅប្រទេសក្រិក ឬដូច ធម៌ នៅប្រទេសឥញ្ឌា ពោលគឺអត្ថន័យនៃអ្វីៗទាំងអស់ ទាំងវត្ថុ សត្វលោក និងព្រឹត្តិការណ៍ផ្សេងៗដែលកើតមានឡើង ក្នុងពិភពលោក។ ម្យ៉ាងទៀត តាវជាផ្លូវខាងសីលធម៌ ដែលមនុស្សលោកត្រូវតែធ្វើតាម ដើម្បីបានសុភមង្គល។

នៅសតវត្សទី ៥ មុន គ.ស. លោក ឡាវស៊ូ ជាអ្នកបង្កើតទស្សនវិជ្ជានេះ ជាទស្សនវិជ្ជានៃផ្លូវកណ្តាល។ ដើម្បីបានសណ្ធាប់ធ្នាប់ ត្រូវមានភាពលំនឹងរវាងគោលទាំងពីរ៖ យិន (Yin) និង យ៉ាង (Yang) ដែលគេធ្លាប់គូ ជាពណ៍ខ្មៅ និងស ក្នុងរង្វង់មូល។​ គ្រោះធម្មជាតិ ទុក្ខលំបាក ឬជម្ងឺផ្សេងៗមកពីគ្មានភាពលំនឹងរវាងគោលទាំងពីរនោះ។ យិនសម្ដៅទៅលើភាពរងារ និងភាពជាស្រ្តី ឯយ៉ាងសម្ដៅទៅលើកម្ដៅ និងភាពជាបុរស។ យើងមិនត្រូវច្រឡំថា យិនជានិមត្តិរូបនៃសេចក្ដីល្អ និងយ៉ាងជានិមត្តរូបនៃសេចក្ដីអាក្រក់ឡើយ។ ចំពោះអ្នកដើរតាមលទ្ធិតាវ មានយិនខ្លះៗនៅក្នុងគោលយ៉ាង ហើយមានយ៉ាងខ្លះៗនៅក្នុងគោលយិន។

៤. លទ្ធិខុងឌឺ (Confucianism)

លោកខុងជឺ (ប្រមាណឆ្នាំ ៥៥១-៤៧៩ មុន គ.ស.) ជាទស្សនាវិទូខាងទ្វីបអាស៊ី ដ៏ល្បីល្បាញ់ជាងគេ នៅបស្ចិមប្រទេស។ លោកបានបង្កើតលទ្ធិសង្គម និងនយោបាយ ដែលស្ថិតលើសណ្តាប់ធ្នាប់។ តាមការពិត លោកប្រយុទ្ធប្រឆាំងនឹងស្ថានភាព ក្នុងសង្គម នៅសម័យនោះ ដែលគ្មានរបៀបរៀបរយទាល់តែសោះ មានតែភាពអនាធិបតេយ្យ។

លោកខុងជឺមានបំណងចង់ជួយមនុស្សលោកឱ្យគោរពវិន័យខ្លះៗកុំឱ្យវិនាសអន្តរាយឡើយ។ លោកគិតថា ត្រូវតែគោរពជីដូនជីតា ទាំងរស់ ទាំងស្លាប់ ដើម្បីបានជោគជ័យ។ តាមការពិត លោកចង់និយាយថា​ យើងជំពាក់ជីវិត និងការរស់នៅរបស់យើងពីអ្នកដទៃ។ លោកមិនគ្រាន់តែចាប់អារម្មណ៍អំពីជីវិតក្នុងក្រុមគ្រួសារទេ ជំពោះលោក ការរស់នៅជាមួយគ្នា នៅក្នុងសង្គមសំខាន់ណាស់។ លោកប្រើពាក្យ រែន (Ren) សម្ដៅទៅលើជាតិជាមនុស្ស។ យើងទៅជាមនុស្សពិតប្រាកដ ពេលដែលយើងមានចិត្តទូលាយចំពោះអ្នកដទៃ។ យើងត្រូវចាត់ទុកប្រទេសរបស់គេដូចជាប្រទេសរបស់យើង ក្រុមគ្រួសាររបស់គេដូចគ្រួសាររបស់យើង រូបកាយរបស់គេដូចរូបកាយរបស់យើងដែរ។

ម្យ៉ាងទៀត លោកដឹងច្បាស់ថា យើងអាចយកចិត្តគេ ដោយប្រើពាក្យសម្ដី។ ហេតុនេះ លោកក៏ណែនាំយើងឱ្យប្រុងប្រយ័ត្នចេះប្រើប្រាសពាក្យ និងសម្ដីល្អត្រឹមត្រូវ នៅក្នុងសង្គម។

៥. គំនិត និងសាសនារបស់ជនជាតិយូដា

ជាទូទៅ ជនជាតិយូដា មិនសូវសួរថា តើជាអ្វី? ដូចជនជាតិក្រិក​ តែពួកគេសួរថា “តើមានន័យអ្វីខ្លះ?”។ ពួកគេមិនសូវចង់យល់អត្ថន័យនៃគំនិតអរូបី តែអត្ថន័យនៃភាវៈមួយ កិច្ចការមួយ ឬហេតុការណ៍មួយ។ ជនជាតិក្រិកស្វែងរកសេចក្ដីពិត ឯជនជាតិយូដាចង់ផ្តល់អត្ថន័យលើអ្វីៗទាំងអស់។ ហេតុនេះហើយ បានជាយើងអាចនិយាយថា​ ជនជាតិយូដាធ្វើទស្សនវិជ្ជា ពួកគេមិនគ្រាន់តែធ្វើតាមធម៌វិន័យ ដែលមកពីលោកម៉ូសេ និងបព្វបុរសរបស់ពួកគេប៉ុណ្ណោះ។

ក្នុងប្រវត្តិសាស្រ្ត ជនជាតិយូដាមានប្រទេសជិតខាងជាច្រើន ដែលធ្លាប់មានឥទ្ធិពលយ៉ាងខ្លាំង។ ក្នុងចំណោមប្រទេសទាំងអស់នោះ មានមហាអំណាច ដែលបានព្យាយាមបង្ខំជនជាតិយូដាឱ្យគោរពព្រះផ្សេងៗរបស់គេ។ ប៉ុន្តែ ចំពោះជនជាតិយូដា មានព្រះតែមួយគត់ ដែលជាព្រះបង្កើតមេឃ ដី និងអ្វីៗទាំងអស់សព្វសារពើ។ គ្រីស្តសាសនា និងអ៊ីស្លាមសាសនា ចេញមកពីសាសនារបស់ជនជាតិយូដាដែរ។ ដោយព្រះនេះមានតែមួយអង្គគត់ ជនជាតិយូដាសន្និដ្ឋានថា ព្រះនេះមានឬទ្ធិនុភាពសព្វប្រការ ដឹង និងស្គាល់នូវអ្វីៗទាំងអស់ គ្មានកំណត់ព្រំដែន ហួសពីអ្វីៗទាំងអស់ ដែលព្រះនេះបានបង្កើតមក។ ព្រះនេះជាព្រះជាម្ចាស់។

ព្រះជាម្ចាស់មិនមែនជាកម្លាំងអនាមិក ព្រះអង្គមិនគ្រាន់តែមានអត្តិភាព ដូចព្រះរបស់ជនជាតិក្រិក តែជាព្រះដែលមានព្រះជន្មដ៏រស់រវើក។ ព្រះអង្គជាប្រភពនៃជីវិតរបស់សត្វលោកទាំងអស់។ ម្យ៉ាងទៀត ព្រះអង្គមិនគ្រាន់តែបានបង្កើតអ្វីៗទាំងអស់​​ តែជាព្រះដ៏មានសីលធម៌ គឺព្រះអង្គណែនាំឱ្យស្គាល់អ្វីដ៏ល្អ និងអ្វីដ៏អាក្រក់ អ្វីដែលត្រូវតែធ្វើ អ្វីដែលគួរជៀសវាងប្រព្រឹត្ត។ ព្រះអង្គការពារ និងដាក់ទោស ព្រះអង្គគម្រាម និងណែនាំ។ ទោះជាព្រះជាម្ចាស់មិនដូចមនុស្សយើងយ៉ាងណាក៏ដោយ ក៏ព្រះអង្គយកចិត្តទុកដាក់ និងចាប់អារម្មណ៍អំពីសុភមង្គលរបស់យើង។

៣. ទស្សនវិជ្ជានៃគ្រីស្តសាសនា

៣. ទស្សនវិជ្ជានៃគ្រីស្តសាសនា (Christianism)

ទស្សនវិជ្ជាតាមគ្រីស្តបរិស័ទចេញមកពីសាសនារបស់ជនជាតិយូដា ប្លែកពីទស្សនវិជ្ជាក្រិកអំពីបីចំណុច់សំខាន់ៗដូចជា៖

ក. គ្រីស្តបរិស័ទជឿថា មានព្រះមួយអង្គជាម្ចាស់លើអ្វីៗទាំងអស់។ ព្រះមួយអង្គនេះ គ្មានកំណត់ព្រំដែន មានឬទ្ធិនុភាពសព្វប្រការ ល្អឥតខ្ចោះ ជាប្រភពនៃអ្វីៗទាំងអស់សព្វសារពើ។ ព្រះមួយអង្គនេះ ដែលគេហៅថា ព្រះជាម្ចាស់ (God) មានលក្ខណៈពិសេសប្លែកពីអ្វីៗទាំងអស់ ពោលគឺសភាពរបស់ព្រះអង្គជាអត្តិភាពរបស់ព្រះអង្គតែម្តង បានជាព្រះជាម្ចាស់ល្អឥតខ្ចោះ មិនប្រែប្រួល គ្មានកំណត់ប្រំដែន ចេះដឹងអ្វីៗទាំងអស់ គ្រប់គ្រង និងណែនាំអ្វីៗទាំងអស់ ព្រះអង្គហួសពីធម្មជាតិ ពេលវេលា និងអាកាស​ ល។ល។

ខ. មិនតែប៉ុណ្ណោះ គ្រីស្តបរិស័ទអះអាងថា ព្រះជាម្ចាស់ជាសេចក្ដីស្រលាញ់ (Love) បានជាព្រះអង្គយាងមករកមនុស្ស ដើម្បីឳ្យមានទំនាក់ទំនងជាមួយគេ។ ព្រះជាម្ចាស់រវីរវល់នឹងមនុស្ស រហូតដល់ចាត់ព្រះបុត្រារបស់ព្រះអង្គនៅលើផែនដី។ ព្រះបុត្រាសម្ដែងព្រះជាម្ចាស់ឳ្យមនុស្សលោកស្គាល់ និងស្រលាញ់។ ព្រះបុត្រាសម្ដែងថា ព្រះជាម្ចាស់ជាសេចក្ដីស្រលាញ់ ដោយបូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បីរំដោះបាបមនុស្សលោក ទ្រង់ក៏មានព្រះជន្មរស់ឡ់ងវិញ បានឈ្នះសេចក្ដីស្លាប់ ។ ម្យ៉ាងទៀត ព្រះជាម្ចាស់ជាសេចក្ដីស្រលាញ់នៅក្នុងព្រះអង្គផ្ទាល់ ដ្បិតព្រះជាម្ចាស់ជាព្រះត្រៃឯក គឺព្រះជាម្ចាស់ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គមិនគង់នៅតែឯងទេ។ ហេតុនេះ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឳ្យស្រលាញ់ព្រះអង្គ ដោយស្រលាញ់គ្នាទៅវិញទៅមក ដើម្បីរួមរស់ជាមួយព្រះអង្គ។

គ. ព្រលឹងវិញ្ញាណ (Soul) របស់មនុស្សមានឋានៈដ៏ថ្លៃថ្នូរ ព្រោះព្រះជាម្ចាស់ជាអ្នកបង្កើតតែម្តង។ នៅពេលស្លាប់ ព្រលឹងវិញ្ញាណចាកចេញពីរូបកាយ ដើម្បីជួបព្រះជាម្ចាស់ រហូតដល់ថ្ងៃរូបកាយមនុស្សនឹងរស់ឡើងវិញ។ ព្រលឹងវិញ្ញាណរបស់មនុស្សមានជីវិតអមាតៈ។ ពេលនោះ ព្រលឹងវិញ្ញាណនឹងទទួលរូបកាយថ្មី ពោរពេញដោយសិរីរុងរឿង។ ហេតុនេះ ជីវិតមនុស្សទាំងខាងផ្លូវចិត្តផ្លូវកាយមានតម្លៃ។

១. សន្ត អាអ៊ូហ្គូស្ធីនូស (Saint Augustinus)

លោកអាអ៊ូហ្គូស្ធីនូស (Augustinus) កើតនៅឆ្នាំ៣៥៤ នៅប្រទេសអាហ្វ្រីកខាងជើង (North Africa)។ ក្រោយពីបានសិក្សារអំពីលទ្ធិ និងសាសនាផ្សេងៗ ដូចជាលទ្ធិរបស់លោកម៉ានី (Mani) និងរបស់លោកព្លូទីនូស (Plotinus) លោកកែប្រែចិត្តគំនិតចូលក្នុងគ្រីស្តសាសនា នៅឆ្នាំ៣៨៦ នៅទីក្រុងមីឡាណូ (Milano) ប្រទេសអ៊ីតាលីយ៉ា (Italia)។ លោកបានទៅជាលោកអភិបាលនៃព្រះសហគមន៍ នៅទីក្រុង អ៊ីពូន (Hippone) ប្រទេសអាលគេរីយ៉ា (Algeria) បច្ចុប្បន្នកាល។ លោកបាននិពន្ធសៀវភៅជាច្រើនដូចជា “ការសារភាព” (The Confessions) “ទីក្រុងរបស់ព្រះជាម្ចាស់” (The City of God) និង “ព្រះត្រៃឯក” (Trinity)។ ក្នុងសៀវភៅទាំងអស់នោះ លោកការពារលទ្ធិគ្រីស្តសាសនាប្រឆាំងនឹងលទ្ធិក្លែងក្លាយ និងរិះគិតឳ្យបានជ្រៅអំពីអត្ថន័យនៃជីវិតតាមទស្សនវិជ្ជា និងទេវវិជ្ជា។

ក្នុងសៀវភៅ “ការសារភាព” លោកនិយាយដោយខ្លួនលោកផ្ទាល់ គឺលោកប្រើពាក្យ “ខ្ញុំ” ជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្តនៃទស្សនវិជ្ជា ដែលយើងចាប់ផ្តើមដឹងខ្លួនអំពីខ្លួនឯងក្នុងឋានៈជាមនុស្សម្នាក់ ឬជាបុគ្គលម្នាក់ ដែលមានអត្ថសញ្ញាណផ្ទាល់ខ្លួន​ ប្លែកពីសង្គម និងអ្នកដទៃ។ ជាមួយលោក យើងចាប់ផ្តើមយល់ថា មនុស្សម្នាក់ៗមានបុគ្គលភាពប្លែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេង ជាពិសេសដែលមានទំនាក់ទំនងជាមួយនឹងព្រះ ជាព្រះដ៏ល្អឥតខ្ចោះ ហួសពីអ្វីៗទាំងអស់។ ជាមួយលោកអាអ៊ូហ្គូស្ធីនូស(Augustinus) មនុស្សចាប់ផ្តើមដឹងខ្លួនអំពីខ្លួនឯងជាអាឋ៌កំបាំង និងមានជីវិតខាងក្នុង ដែលជាប់ឳ្យបានជ្រៅក្នុងដួងចិត្ត និងមនសិការ។

សន្តអាអ៊ូហ្គូស្ធីនូស (Augustinus) យល់ឃើញថា ពីកុមារភាព មនុស្សជាប់ជំពាក់នឹងអំពើបាប។ អំពើបាបនេះ ធ្វើឳ្យធម្មជាតិមនុស្សត្រូវរបួស៖ ឧ. កាលណាលោកនៅតែជាកូនក្មេង លោកចងចាំថា គាត់បានលួចរបស់គេ ដោយគ្មានមូលហេតុ។ ក្រោយមក ពេលវ័យជំទង់ លោកដកពិសោធន៍អំពីកិលេសតណ្ហា។ លោកយល់ថា លោកមានបំណងចង់ប្រព្រឹត្តល្អ តែធ្វើអាក្រក់វិញ។ លោកចង់គេចផុតពីការធ្វើអំពើអាក្រក់ តែមិនអាចធ្វើបានឡើយ។ លោកជាអ្នកផ្តើមគំនិតអំពីបាបដើមដំបូង (Original sin) ដែលលោកអាដាំ និងនាងអេវ៉ា ជាបុព្វបរុសរបស់មនុស្សទាំងឡាយ បានប្រព្រឹត្ត នៅពេលព្រះជាម្ចាស់បានបង្កើតពិភពលោក។ មនុស្សយើងបានទទួលកេរមរតកនេះ ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាំងពីកំណើត ដោយជៀសមិនបានរួចឡើយ។

២. សន្ត ថូម៉ាស អាឃ្វីណាស (Thomas Aquinas)

សន្តថូម៉ាស អាឃ្វីណាស (Thomas Aquinas) កើតនៅឆ្នាំ១២២៥ នៅប្រទេសអ៊ីតាលី និងទទួលមរណភាណនៅឆ្នាំ១២៧៤ ក្រោយពីបានបង្រៀនទស្សនវិជ្ជាតាមបែបគ្រីស្តសាសនា ទូទាំងទ្វីបអឹរ៉ូប។ លោកជាអ្នកបួសក្នុងក្រុមគ្រួសារបុព្វជិត ដូមីនីកូ (Dominico)។ លោកជាគំរូណែនាំផ្លូវឳ្យអស់អ្នក ដែលមានចិត្តទូលាយយល់អំពីដំណើរជីវិត ស្របតាមអ្វីដែលព្រះយេស៊ូគ្រីស្តបានសម្ដែងឳ្យស្គាល់។

នៅសម័យរបស់លោក គេរកឃើញឯកសារទាំងប៉ុន្មានរបស់លោកអារីស្តូថេល្លេស (Aristotle) ឡើងវីញ។ ក្រោយពីបានបកប្រែឯកសារនោះជាភាសាឡាតាំង លោកថូម៉ាស (Thomas) យល់ឃើញថា ទស្សនវិជ្ជារបស់លោកអារីស្តូថេល្លេស (Aristotle) ជាទស្សនវិជ្ជាល្អបំផុត ដើម្បីយល់អំពីអ្វីៗទាំងអស់។ ហេតុនេះ លោកយកទស្សនវិជ្ជារបស់លោកអារីស្តូថេល្លេស (Aristotle) ដើម្បីជួយពន្យល់សេចក្ដីនៃជំនឿរបស់គ្រីស្តសាសនា។

លោកថូម៉ាស (Thomas) យល់ថា មនុស្សមិនអាចស្គាល់សេចក្ដីពិតដោយខ្លួនឯងបានឡើយ បានជានៅក្នុងអង្គព្រះយេស៊ូគ្រីស្ត ព្រះជាម្ចាស់យាងមករកមនុស្ស ដើម្បីសម្ដែងឳ្យគេស្គាល់អត្ថន័យនៃជីវិត។ លោកថូម៉ាសយល់ថា គ្រីស្តសាសនាជាសេចក្ដីពិតពេញលេញ ប៉ុន្តែ មនុស្សត្រូវតែមានចិត្តទូលាយ និងបន្ទាបខ្លួន ដើម្បីទទួលស្គាល់សេចក្ដីនេះ។

លោកថូម៉ាស (Thomas) បង្រៀនថា៖

១. ជំនឿ និងប្រាជ្ញា

១. ជំនឿ និងប្រាជ្ញាមិនអាចប្រឆាំងនឹងគ្នាបានឡើយ ដ្បិតជំនឿ និងប្រាជ្ញាចេញពីប្រភពតែមួយ។ ព្រះជាម្ចាស់ជាប្រភពនៃអ្វីៗទាំងអស់ ព្រះអង្គជាប្រភពនៃប្រាជ្ញាផង និងជាពន្លឺនៃជំនឿផង។ ដូច្នេះ ប្រាជ្ញា និងជំនឿមកពីព្រះជាម្ចាស់តែមួយ ហើយសេចក្ដីពិតមានតែមួយដែរ បានជាយើងអាចដឹងច្បាស់ថា ប្រាជ្ញា និងជំនឿមិនអាចប្រឆាំងនឹងគ្នា។ សេចក្ដីពិតមិនអាចប្រឆាំងនឹងសេចក្ដីពិតបានឡើយ។ បើសេចក្ដីណាមួយខាងជំនឿប្រឆាំងនឹងប្រាជ្ញា បានសេចក្ដីថា យើងបានរិះគិតមិនត្រូវ ឬយើងមិនបានយល់អំពីសេចក្ដីនៃជំនឿនេះឯង។ ហេតុនេះ ការរិះគិតត្រឹមត្រូវតាមប្រាជ្ជារបស់មនុស្ស ដូចជាទស្សនវិជ្ជាអាចទៅជាមធ្យោបាយ ដើម្បីយល់អំពីហេតុផលនៃជំនឿ។

២. ជំនឿរបស់គ្រីស្តបរិស័ទមានហេតុផលច្បាស់លាស់។ តាមការពិត ជារៀងរាល់ថ្ងៃ យើងជឿសេចក្ដីផ្សេងៗដែលអ្នកផ្សេងប្រាប់មកយើង ហើយយើងជឿទុកចិត្តគេ (ឧ. កូនក្មេងម្នាក់ជឿទុកចិត្តលើឪពុកម្តាយរបស់វា ឬនិសិត្យតម្នាក់ជឿទុកចិត្តលើគ្រូបង្រៀន)។ អំពីជំនឿ យើងជឿទុកចិត្តព្រះជាម្ចាស់ ដែលជាសេចក្ដីពិតផ្ទាល់។ ព្រះជាម្ចាស់ប្រោសប្រទានទីសម្គាល់ ដើម្បីជួយបញ្ជាក់ និងពង្រឹងជំនឿបាន៖ ឧ. របៀបរស់នៅរបស់គ្រីស្តបរិស័ទ...

៣. ប៉ុន្តែ ទោះបីយើងអាចយល់ហេតុផលនៃជំនឿក៏ដោយ ក៏ប្រាជ្ញារបស់យើងស្ថិតក្រោមសេចក្ដី ដែលព្រះជាម្ចាស់បានសម្ដែងឱ្យមនុស្សស្គាល់... ដូចជា៖ សភាពរបស់ព្រះយេស៊ូ ក្នុងឋានៈជាព្រះជាម្ចាស់ផង និងជាមនុស្សផង ឬព្រះជាម្ចាស់ជាព្រះត្រៃឯក... ឬនំប៉័ង ដែលប្រែជាព្រះកាយព្រះគ្រីស្តពេលអភិបូជា... ជាសេចក្ដី ដែលយើងមិនអាចបង្ហាញភស្តុតាងតាមប្រាជ្ញា។ ប៉ុន្តែ ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសប្រទានឱ្យអ្នកជឿទទួលសេចក្ដីទាំងអស់នោះ។ យើងអាចយល់ហេតុផលខ្លះៗតែប៉ុណ្ណោះនៃសេចក្ដី​នៃជំនឿ ដែលព្រះជាម្ចាស់បានសម្ដែង។ យើងមិនអាចយល់សេចក្ដីនៃជំនឿនោះទាំងស្រុងបានឡើយ ដ្បិតសេចក្ដីនៃជំនឿហួសពីប្រាជ្ញាទៅទៀត។ ជំនឿសំខាន់ជាងប្រាជ្ញា ដ្បិតជំនឿជាសេចក្ដីហួសពីធម្មជាតិ ដែលមកពីព្រះជាម្ចាស់។

២. តើមានព្រះជាម្ចាស់ ឬទេ?

ក្បួនទេវវិទ្យារបស់សន្តថូម៉ាមាន៣ភាគ។ ភាគទី១និយាយអំពីព្រះជាម្ចាស់ និងវត្តមានរបស់ព្រះអង្គក្នុងពិភពលោក និងសត្វលោក។ ភាគទី២និយាយអំពីវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងព្រលឹងវិញ្ញាណរបស់មនុស្សសុចរិត។ ភាគទី៣និយាយអំពីវត្តមានរបស់ព្រះជាម្ចាស់ ក្នុងព្រះគ្រីស្ត និងក្នុងព្រះកាយព្រះគ្រីស្ត គឺព្រះសហគមន៍។ សន្តថូម៉ាសរិះគិតអំពីវត្តមានរបស់ព្រះជាម្ចាស់ក្នុងអ្វីៗទាំងអស់។ ប៉ុន្តែ យើងអាចសួរខ្លួនឯងថា តើមានព្រះជាម្ចាស់ ឬទេ? សន្តថូម៉ាសពន្យល់ថា មាន៥ផ្លូវ ដែលបង្ហាញថា មានព្រះជាម្ចាស់មែន។

ប៉ុន្តែ សូមសួរសិន៖ តើមនុស្សលោកអាចយល់អំពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?

១. ដោយជឿព្រះគម្ពីរតែម្តង។ ប៉ុន្តែ សន្តថូម៉ាសប្រាប់យើងថា ព្រះគម្ពីរផ្ទាល់ប្រាប់យើងថា មានផ្លូវមួយផ្សេងទៀត ដើម្បីស្គាល់ព្រះជាម្ចាស់។

២. ក្នុងព្រះគម្ពីរ រ៉ូម ១,២០ សន្តប៉ូលប្រាប់យើងថា មនុស្សទាំងអស់អាចដឹងថា មានព្រះជាម្ចាស់ តាមរយៈសោភ័ណភាព និងភាពល្អសប្បុរសនៃពិភពលោក។ សន្តប៉ូលគ្រាន់តែរំឭកកណ្ឌព្រះគម្ពីរព្រះប្រាជ្ញាញ្ញាណ (១៣,១-៩) ដែលអះអាងថា ទោះបីយើងមិនស្គាល់ព្រះគម្ពីរ មនុស្សអាចដឹងថា មានព្រះជាម្ចាស់ ព្រោះតែបទពិសោធន៍ និងការរិះគិត អំពីពិភពលោក ជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ក្រោយមក សន្តថូម៉ាសយល់ថា មានទស្សនវិទូបុរាណជាច្រើន ដែលអះអាងថា មានព្រះជាម្ចាស់ពិតប្រាកដមែន។ ទោះបីគេមិនដែលអានព្រះគម្ពីរក៏ដោយ ក៏មនុស្សអាចដឹងថា មានព្រះជាម្ចាស់។ សន្តថូម៉ាសបង្រៀនថា ដោយសារប្រាជ្ញា មនុស្សអាចដឹងថា មានព្រះជាម្ចាស់។​ ធម្មជាតិមនុស្សធ្វើឱ្យយើងអាចដឹងថា មានព្រះមួយអង្គជាប្រភពនៃអ្វីៗទាំងអស់។

ក៏ប៉ុន្តែ សន្តថូម៉ាសប្រាប់យើងថា យើងមិនអាចស្គាល់ព្រះជាម្ចាស់ឱ្យបានច្បាស់ និងឱ្យបានពេញលក្ខណៈ​ បានឡើយ។ មនុស្សទាំងអស់យល់បន្តិចបន្តួចថា មានព្រះជាម្ចាស់។ យើងអាចមានការសង្ស័យអំពីវត្តមានរបស់ព្រះជាម្ចាស់ផងដែរ។ ម្យ៉ាងទៀត មានតែមនុស្ស ដែលមានពេលវេលា និងដែលមានចិត្តចង់ដឹង ដែលអាចរីកចម្រើនក្នុងការស្គាល់ព្រះជាម្ចាស់។ សន្តថូម៉ាសយល់ថា ការស្គាល់ព្រះជាម្ចាស់ដោយខ្លួនឯងពិតជាពិបាក ហើយមិនអាចនាំយើងឱ្យស្គាល់ព្រះអង្គឱ្យបានពេញលេញ។ ក៏ប៉ុន្តែ គាត់អះអាងថា ក្រោយពីបានចំណាយពេលវេលាច្រើន អ្នកខ្លះ អាចយល់ថា មានព្រះជាម្ចាស់ ដ្បិតមានផ្លូវផ្សេងៗតាមទស្សនវិជ្ជា និងតាមប្រាជ្ញា ដែលបង្ហាញថា ពិតជាមានព្រះជាម្ចាស់មែន។

ដូច្នេះ តើយើងដឹងថា មានព្រះជាម្ចាស់ យ៉ាងដូចម្ដេច? សន្តថូម៉ាសយល់ថា យើងអាចស្គាល់ព្រះជាម្ចាស់ដោយសារបទពិសោធន៍របស់យើងក្នុងពិភពលោកនេះ។ ពិភពលោកជាទីសម្គាល់ជួយយើងឱ្យស្វែងរកព្រះជាម្ចាស់។

យើងដឹងអំពីហេតុមួយ ដោយសារផលនៃហេតុនោះ៖

ឧ. បើខ្ញុំបើកឡាន ហើយខ្ញុំឃើញផ្សែងខាងមុខខ្ញុំ ខ្ញុំអាចយល់ថា មានភ្លើងនៅខាងមុខនោះ ទោះជាខ្ញុំមើលភ្លើងនោះមិនឃើញ។ ខ្ញុំមិនអាចឃើញភ្លើង ប៉ុន្តែ ដោយសារផ្សែង ខ្ញុំអាចយល់ថា មានភ្លើងមែន។

ខ្ញុំមើលហេតុមិនឃើញ តែខ្ញុំឃើញផលរបស់ហេតុនេះ។

យើងអាចធ្វើតាមរបៀបនេះជាមួយព្រះជាម្ចាស់ដែរ។ យើងមើលព្រះជាម្ចាស់មិនឃើញ ប៉ុន្តែ យើងអាចឃើញពិភពលោកនៅជុំវិញយើង។ ដោយសារពិសោធន៍អំពីពិភពលោក យើងអាចយល់ថា មានព្រះជាម្ចាស់ ដែលគង់នៅ ហាក់ដូចជាព្រះអង្គលាក់លៀមខាងក្រោយ។ ត្រូវតែមានព្រះមួយអង្គ ដែលជាប្រភពនៃភាពល្អប្រសើរ សោភ័ណភាព ភាពល្អសប្បុរស សណ្ដាប់ធ្នាប់នៃពិភពលោក។ សន្តថូម៉ាសយល់ថា មនុស្សទាំងអស់អាចមានបទពិសោធន៍នេះ។ ប៉ុន្តែ គាត់យល់ថា ពិសោធន៍នេះ ដូចជាគ្រាប់ពូជដែរ។ បើយើងខិតខំស្វែងរកឱ្យអស់ពីកម្លាំងកាយចិត្ត គ្រាប់ពូជនេះអាចរីកចម្រើនបាន។ ប៉ុន្តែ បើយើងជាប់នឹងបាប មិនព្រមបើកចិត្តឱ្យទូលាយ ឬមិនរវីរវល់ យើងអាចបំផ្លាញគ្រាប់ពូជនេះដែរ។ អ្នកខ្លះអាចសង្ស័យ ឬមិនព្រមជឿថា មានព្រះជាម្ចាស់។ ប៉ុន្តែ យើងនៅតែអាចដឹងថា មានព្រះជាម្ចាស់ ដោយរិះគិតអំពីបទពិសោធន៍របស់យើងអំពីពិភពលោក។ សន្តថូម៉ាសជាគំរូសម្រាប់យើង ព្រោះគាត់បានធ្វើឱ្យបទពិសោធន៍ខាងធម្មជាតិនេះជួយឱ្យគាត់ស្គាល់ព្រះជាម្ចាស់ឱ្យបានច្បាស់។ គាត់មើលឃើញធម្មជាតិ ដើម្បីឡើងទៅដល់ព្រះជាម្ចាស់។ ពិភពលោកឆ្លុះបញ្ចាំងព្រះជាម្ចាស់ម្យ៉ាង។

ឥឡូវនេះ សូមរិះគិតអំពីផ្លូវទាំង៥របស់សន្តថូម៉ាស៖

១. ក្នុងពិភពលោក អ្វីៗទាំងអស់ប្រែប្រួលជានិច្ច។ សម្រាប់ថូម៉ាស ចលនាទាំងអស់នោះមកពីដើមហេតុដំបូង ដែលគ្មានចលនា និងធ្វើឱ្យអ្វីៗទាំងអស់មានចលនា។ យើងហៅព្រះជាម្ចាស់ដើមហេតុទីមួយនេះ ហើយដែលប្រៀបធៀបដូចជាគ្រឿងម៉ាស៊ីន ដែលធ្វើឱ្យអ្វីៗទាំងអស់មានចលនា និងអាចប្រែប្រួលបាន។

២. អ្វីៗទាំងអស់នៅក្នុងពិភពលោកមិនមែនមកពីខ្លួនឯង មិនមែនជាដើមហេតុរបស់ខ្លួនឯង។ យើងមិនបានបង្កើតខ្លួនឯងទេ។ យើងហៅព្រះជាម្ចាស់ អ្នកដែលមានជីវិតដោយខ្លួនឯង ដោយមិនពឹងផ្អែកលើសត្វលោកផ្សេងទៀត ដែលគ្មានដើមហេតុ ហើយដែលចែករំលែកព្រះជន្មរបស់ព្រះអង្គដល់សត្វលោកឯទៀតៗ។

៣. ក្នុងពិភពលោក យើងអាចយល់ឃើញថា មានសត្វលោក “មិនចំាបាច់” គឺអាចមានជីវិត ឬទេ។ សត្វលោកទាំងអស់នោះ បានចាប់ផ្តើមមានជីវិត ហើយនឹងបាត់បង់ជីវិតនេះនៅពេលខាងមុខ។ យើងហៅព្រះជាម្ចាស់ អ្នកដែលមានជីវិតអស់កល្បជានិច្ច ហើយដែលបានបង្កើតសត្វលោក ដែលអាចកើត និងស្លាប់។

៤. សន្តថូម៉ាសយល់ថា សត្វលោកនីមួយៗមានភាពល្អឥតខ្ចោះផ្ទាល់ខ្លួន៖ សត្វលោកនីមួយៗមានជីវិត ល្អសប្បុរស មានសោភ័ណភាព...។ យើងហៅព្រះជាម្ចាស់ប្រភពនៃជីវិត ភាពល្អសប្បុរស សោភ័ណភាព... នៃសត្វលោកទាំងអស់ ដែលចូលរួមចំណែកក្នុងភាពល្អឥតខ្ចោះរបស់ព្រះអង្គ តាមលក្ខណៈរៀងៗខ្លួន។

៥. ក្នុងធម្មជាតិ អ្វីៗទាំងអស់មានគោលដៅរៀងៗខ្លួន។ ឧ. សត្វឃ្មុំមានគោលដៅផលិតទឹកឃ្មុំ ទោះបីសត្វឃ្មុំគ្មានប្រាជ្ញាដ៏ខ្ពង់ខ្ពស់។ យើងហៅព្រះជាម្ចាស់ ដើមហេតុដែលផ្តល់គោលដៅ និងអត្ថន័យឱ្យសត្វលោកទាំងអស់។

៣. ចំណេះដឹង (Epistemology)

មនុស្សទាំងអស់ដកពិសោធន៍អំពីពិភពលោក ដែលនៅជុំវិញគេ។ ដោយសារពិសោធន៍នេះ យើងមានចំណេះដឹងខ្លះអំពីពិភពលោក។ មនុស្សម្នាក់ចាប់ផ្តើមមានទំនាក់ទំនងជាមួយអ្វីៗទាំងអស់ ដោយសារវិញ្ញាណទាំង៥។ វិញ្ញាណទាំង៥នោះ ចូលក្នុងប្រាជ្ញា ដែលធ្វើឱ្យយើងមានពិសោធន៍នៃពិភពលោក។ បទពិសោធន៍ទាំងអស់នោះ អាចជួយយើងឱ្យយល់អំពីពិភពលោក។ ប្រាជ្ញាយើងអាចយកអ្វីៗទាំងអស់នោះចេញពីយើង ដើម្បីឱ្យយល់អំពីអ្វីៗទាំងអស់។ ប្រាជ្ញាយើងធ្វើបែបនេះ តាមរយៈកិច្ចការពីរ៖

១. ការទទួលយក (Reception)៖ ​ប្រាជ្ញាយើងទទួល និងយល់អំពីអ្វី ដែលយើងឃើញ៖ ​ឧ. អ្វីទៅជាឆ្កែ? អ្វីទៅជាឆ្មា? អ្វីទៅជាមាស? បា្រក់? យើងមិនទាន់វាយតម្លៃអំពីវត្ថុផ្សេងៗនោះទេ គឺយើងគ្រាន់តែទទួលយកនៅក្នុងវិញ្ញាណប៉ុណ្ណោះ។ ពេលនោះ ​​​​យើងទទួលតថភាព៖ ឧ. កូនក្មេងម្នាក់ ដែលមិនដែលបានឃើញសត្វមាន់ ចាប់ផ្តើមទទួលយកលក្ខណៈផ្សេងៗ និងលក្ខណៈពិសេសនៃសត្វមាន់នេះ និងសត្វមាន់នោះ។​

២. ការបញ្ចេញសកម្មភាព (Abstraction)៖ ប្រាជ្ញារបស់យើងចាប់ផ្តើមមានសកម្មភាព ពោលគឺយើងវាយតម្លៃអី្វ ដែលយើងបានទទួល៖ ឧ. យើងយល់អំពីអ្វីទៅជាសត្វមាន់ (គឺជាអ្វីមួយ ដែលមានស្លាប និងជើងពីរ ហើយដែលមានចំពុះ និងស៊ីគ្រាប់ស្រូវ ល។ល។)។ មិនបាច់មើលឃើញសត្វមាន់ទាំងអស់ក្នុងពិភពលោកទាំងមូល ដើម្បីយល់អំពីអត្តសញ្ញាណរបស់សត្វមាន់! ប្រាជ្ញារបស់មនុស្សមានអនុភាពអាចវាយតម្លៃនូវអ្វីៗទាំងអស់ និងបង្កើតគំនិតទូទៅ (សកល)។

ដំណាក់កាលទាំងពីរនោះ ជួយយើងឱ្យយល់អំពីអ្វីៗទាំងអស់បន្តិចម្តងៗ ហើយការយល់ដឹងនេះទៅជាពេញលក្ខណៈ។ ដូច្នេះ យើងចាប់ផ្តើមមានបទពិសោធន៍របស់យើងអំពីពិភពលោក។ ក្រោយមក ប្រាជ្ញារបស់យើងយល់អំពីអ្វី ដែលយើងបានទទួល ហើយយើងចូលក្នុងអត្ថន័យ និងសេចក្ដីពិតនៃតថភាពផ្ទាល់ឱ្យបានកាន់តែជ្រៅ។ ពេលនោះ រូបកាយ និងវិញ្ញាណបំពេញគ្នា ក្នុងការដឹងតថភាព។

៤. ទស្សនវិជ្ជាទំនើប

៤. ទស្សនវិជ្ជាទំនើប

នៅទ្វីបអឹរ៉ូប វិទ្យាសាស្រ្តបានរីកចម្រើនជាច្រើន។ អ្នកប្រាជ្ញម្នាក់ ឈ្មោះ កូពែរនីគូស (Copernicus) បានយល់ឃើញថា ព្រះអាទិត្យមិនវិលជុំវិញផែនដីទេ។ ផ្ទុយទៅវិញ ព្រះអាទិត្យជាស្នូលនៃអ្វីៗទាំងអស់។ រកឃើញនេះ ដែលគេហៅថា ការបដិវត្តន៍កូពែរនីគូស ធ្វើឳ្យមនុស្សជាច្រើនងាកចេញពីជំនឿ។ គេស្មានថា គ្មានព្រះជាម្ចាស់ទេ ដ្បិតពិភពលោកយើងលែងទៅជាស្នូលនៃអ្វីៗទាំងអស់! មនុស្សយើងរសាត់អណ្ដែតក្នុងសកលលោក... ម្យ៉ាងទៀត គ្រីស្តសាសនាបែងចែកជាពីរនិកាយ ដោយមានលោកលូធ័រ (Luther) បានរិះគន់ព្រះសហគមន៍។ សម្រាប់លោក មិនបាច់ពឹងលើអជ្ញាធរព្រះសហគមន៍ ដើម្បីទទួលការសង្រ្គោះទេ។ ម្នាក់ៗអាចទទួលការសង្រ្គោះដោយខ្លួនឯង៖ “គ្រាន់តែជឿ បានហើយ”។ ព្រះសហគមន៍កាតូលិកលែងមានឥទ្ថិពលលើមនុស្សជាច្រើន ធ្វើឳ្យសង្គមលែងមានឯកភាព។

កត្តាទាំងអស់នោះ ធ្វើឳ្យមនុស្សចាប់ផ្តើមឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងពីព្រះសហគមន៍ និងពឹងផ្អែកលើខ្លួនឯង។ សង្គមទៅជាសង្គមបុគ្គលនិយម (Individualistic Society)។ គេហៅសម័យនោះ ជាសម័យនៃ “គំណើតថ្មី” (Renaissance) និងសតវត្សនៃពន្លឺ (Age of Enlightenment) ពោលគឺយើងអាចប្រៀបធៀបមនុស្សនៅសម័យនោះ ដូចជាក្មេងវ័យជំទង់ ដែលចាកចេញពីមាតាបិតា។ ការផ្លាស់ផ្តូរបែបនេះ មានចំណុចវជ្ជមាន និងអវិជ្ជមាន...

១. ពួកគេប្រឆាំងនឹងអំណាចពីរដ្ឋផ្តាច់ការគ្រាប់យ៉ាង។

២. ពួកគេបោះបង់ជំនឿផ្សេងៗចោល ដោយជឿទុកចិត្តតែលើប្រាជ្ញារបស់មនុស្ស (ប្រាជ្ញានិយម)។

៣. ពួកគេសោកស្តាយសម័យមនុស្សដើម (ធម្មជាតិនិយម)។

៤. ពួកគេការពារសិទ្ធិមនុស្ស។

១. មនុស្សជាស្នូលនៃអ្វីៗទាំងអស់៖ លោក ដេស៍ការថ៍ (Descartes)

លោក ដេស៍ការថ៍ (Descartes) កើតនៅប្រទេសបារាំង (១៥៩៦-១៦៥០)។ លោកចាប់អារម្មណ៍អំពីគណិតវិជ្ជា ប៉ុន្តែ ស្នាដៃរបស់លោកដែលមានចំណងជើងថា “អធិប្បាយអំពីវិធីសាស្រ្ត” (Speech about the Method) និង “ការសញ្ជឹងគិតអំពីទស្សនវិជ្ជាដំបូង” (Meditations of First Philosophy) ជាការរិះគិតពិចារណាអំពីដំណើរនៃជីវិតមនុស្សលោក។

លោកស្វែងរកសេចក្ដីពិត តាមផ្លូវប្រាកដប្រជា។ លោកចង់កសាងចំណេះដឹងលើមូលដ្ឋានគ្រឹះដ៏រឹងមាំ។ លោកគិតថា យើងអាចយល់អ្វីៗទាំងអស់ ដោយប្រាជ្ញារបស់យើងតែប៉ុណ្ណោះ ដ្បិតយើងមិនអាចជឿទុកចិត្តវិញ្ញាណទាំងប្រាំ បទពិសោធន៍ សៀវភៅបុរាណ ឬព្រះណាមួយឡើយ។ លោកពិតជាទស្សនវិទូដូចទសន្សវិទូសម័យក្រិកម្យ៉ាង។ លោកចង់កសាងប្រព័ន្ធខាងទស្សនវិជ្ជា ដើម្បីឆ្លើយតបនឹងសំណួរសំខាន់ៗនៃទស្សនវិជ្ជា។ លោកចង់ប្រើវិធីសាស្រ្តនៃគណិតវិជ្ជា ដើម្បីជួយដោះស្រាយបញ្ហាទាង់ទងនឹងទស្សនវិជ្ជា ដ្បិតលោកចង់បានតែចំណេះដឹង “ច្បាស់លាស់ និងជាក់ស្ដែង” ប៉ុណ្ណោះ។

ហេតុនេះហើយ បានជាលោកចាប់ផ្តើមសង្ស័យអំពីអ្វីៗទាំងអស់ (តើមានព្រះជាម្ចាស់? តើមានពិភពលោក? តើខ្ញុំមានអត្តិភាព ឬទេ? តើខ្ញុំមានជីវិតពិតប្រាកដ ឬខ្ញុំកំពុងយល់សប្តិ? ល។ល។)។ បើប្រៀបធៀប លោកមិនចង់កសាងចំណេះដឹងនៅលើដីខ្សាច់៖ លោកចង់បំផ្លាញផ្ទះមុននឹងកសាងផ្ទះថ្មីនៅលើសសរដ៏រឹងមាំឡើងវិញ។ ​គាត់ស្រមៃថា មានអារក្សអាក្រក់បំភាន់មនុស្សអំពីការពិតនៃអ្វីៗសព្វសារពើ ហាក់ដូចជាយើងរស់នៅក្នុងពិភពក្លែងក្លាយ។ លោកធ្វើដូច្នេះ ដើម្បីដឹងថា តើមានអ្វីប្រាកដប្រជា ដែលមិនអាចសង្ស័យជាដាច់ខាត ដើម្បីកសាងចំណេះដឹងឡើងវិញ បានឬទេ?

ពេលនោះ លោកយល់ឃើញថា មានអ្វីតែមួយគត់ ដែលគួរជឿ ពោលគឺគាត់សង្ស័យ។ ពេលគាត់សង្ស័យ គាត់ក៏គិត បានជាគាត់យល់ថា៖ “ខ្ញុំគិត ដូច្នេះខ្ញុំមានអត្តិភាព” (Cogito ergo sum)។ គាត់ចង់និយាយថា ខ្ញុំអាចសង្ស័យអំពីអ្វីៗទាំងអស់ លើកលែងតែចំណុចតែមួយគត់ គឺ “ខ្ញុំគិត” បានជាខ្ញុំអាចសន្និដ្ឋានថា ខ្ញុំមានអត្តិភាព។​ សម្រាប់លោកដេស៍ការថ៍ (Descartes) យើងអាចសង្ស័យលើវិញ្ញាណទាំងប្រាំរបស់យើង យើងអាចសង្ស័យលើពិភពទាំងមូល តែយើងមិនអាចសង្ស័យថា យើងគិត។

លោកយល់ថា ចំណេះដឹង និងសេចក្ដីពិតចាក់ឬសក្នុងការគិត (គំនិត) របស់មនុស្ស។ ហេតុនេះហើយ បានជាលោកចាប់ផ្តើមបែងចែករូបកាយ (រូបធាតុ) ចេញពីព្រលឹងវិញ្ញាណ។ គេហៅចលនាទស្សនវិជ្ជានេះថា ទ្វិកនិយម (Dualism)៖ សម្រាប់លោក អ្វីដែលសំខាន់ គឺជាគំនិត។ រួមជាមួយលោកផ្លាថូន (Plato) លោកដេស៍ការថ៍ (Descartes) ជាអ្នកបង្កើតទស្សនវិជ្ជាខាងគំនិតនិយម (Idealism) (ផ្ទុយពីទស្សនវិជ្ជាខាងតថនិយមរបស់លោក អារីស្តូថេលេស (Aristotle) និងសន្ត អាឃ្វីណាស (Aquinas))។ ម្យ៉ាងទៀត ទោះជាលោកនៅតែជឿថា មានព្រះជាម្ចាស់ក៏ដោយ ក៏សម្រាប់លោក មនុស្សបានក្លាយទៅជាគ្រឹះមូលដ្ឋាននៃអ្វីៗទាំងអស់ មិនមែនព្រះជាម្ចាស់ទៀតទេ។

លោកជាបិតានៃទស្សនវិជ្ជាទំនើប។

ក្រោយមក លោកដេស៍ការថ៍ (Descartes) សួរខ្លួនឯងថា តើមានអ្វីផ្សេងទៀត ដែលយើងមិនអាចសង្ស័យបានឡើយ ឬទេ? លោកយល់ថា ក្នុងប្រាជ្ញារបស់លោក មានគំនិតមួយអំពីភាពល្អឥតខ្ចោះ។ គំនិតនេះ​ មិនមែនមកពីខ្លួនគាត់ទេ ដ្បិតគាត់មិនល្អឥតខ្ចោះ។ ហេតុដូច្នេះហើយ បានជាគំនិតនេះ ត្រូវតែមកពីភាវៈដ៏ល្អឥតខ្ចោះមួយ ដែលលោកហៅថា ព្រះជាម្ចាស់។ សម្រាប់លោក គំនិតអំពីភាពល្អឥតខ្ចោះ ណែនាំយើងឳ្យយល់ថា មានព្រះដ៏ល្អឥតខ្ចោះមែន។ សម្រាប់លោក អត្តិភាពជាលក្ខណៈមួយនៃភាពល្អឥតខ្ចោះ។

មនុស្សជាច្រើននឹងរិះគន់លោកដេស៍ការថ៍ (Descartes) អំពីចំណុចនេះ ប៉ុន្តែ សម្រាប់លោក ដោយសារមានព្រះជាម្ចាស់ពិតប្រាកដមែន ជាព្រះដ៏ល្អឥតខ្ចោះ ព្រះអង្គធានាឳ្យយើងដឹងថា ពិតជាមានពិភពលោកពិតប្រាកដមែន។ ហេតុនេះ អ្វីដែលប្រាជ្ញាយល់ឃើញអំពីតថភាពពិតជាតថភាពមែន (ទោះជាពិភពនៃគំនិតសំខាន់ជាងពិភពនៃរូបធាតុ)។

២. ឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស៖ លោក ប៉ាស្កាល (Pascal)

លោក ប៉ាស្កាល (Pascal) (១៦២៣-១៦៦២) ជាគណិតវិទូ រូបវិទូ និងទស្សនវិទូ ជនជាតិបារាំង។

ក្នុងស្នាដៃរបស់លោក “ឧត្តមគតិ” (Thoughts) លោកសសេរថា តាមយោបល់ទូទៅ មនុស្សមានបំណងប្រាថ្នា ព្រោះគេខ្វះខាតអ្វីមួយ៖ ឧ. ខ្ញុំចង់បានឡានមួយ ដ្បិតខ្ញុំគ្មានឡានទេ។ ប៉ុន្តែ ចំពោះលោក ប៉ាស្កាល (Pascal) បំណងប្រាថ្នារបស់មនុស្សមិនមែនមកពីគេខ្វះខាតអ្វីមួយទេ។ ផ្ទុយទៅវិញ លោកអះអាងថា យើងមានបំណងប្រាថ្នា ដ្បិតយើងចង់គេចផុតពីទុក្ខវេទនានៃការរស់នៅរបស់មនុស្ស។

សម្រាប់លោក មនុស្សចង់បាន ពោលគឺចង់សប្បាយៗ ដើម្បីកុំឳ្យប្រឈមមុខនឹងសេចក្ដីពិត៖ មនុស្សយើងតែងតែរងទុក្ខលំបាក និងត្រូវតែស្លាប់ជាដាច់ខាត។ មនុស្សយើងមានកំណត់ព្រំដែន មានភាពទន់ខ្សោយ (ធ្លាក់ខ្លួនឈឺ មិនចេះគ្រប់គ្រង់ខ្លួនឯង...) និងប្រព្រឹត្តអំពើបាប។

ហេតុនេះហើយ បានជាមនុស្សមានបំណងប្រាថ្នាចង់ឳ្យបានសប្បាយៗ ដោយមិនគិតពីសេចក្ដីពិត មិនគិតពីទុក្ខវេទនានៃលក្ខណៈជីវិតរបស់យើង។ យើងមិនចង់គិតអំពីសេចក្ដីស្លាប់ បានជាយើងចង់បាន។ ក៏ប៉ុន្តែ បំណងប្រាថ្នាទាំងប៉ុន្មាន (ទោះជាល្អ ឬ អាក្រក់) របស់យើងគ្មានប្រយោជន៍សោះ​ ដ្បិតបំណងទាំងអស់នោះ មិនអាចនាំឳ្យយើងមានសុភមង្គលបានឡើយ។ បំណងរបស់យើងគ្រាន់តែជាមធ្យោបាយកុំឳ្យប្រឈមមុខនឹងការពិតប៉ុណ្ណោះ។

ក៏ប៉ុន្តែ លោក ប៉ាស្កាល (Pascal) បន្ថែមថា មនុស្សគ្រាន់តែជាត្រែង តែត្រែងនេះចេះគិត។ លោកចង់និយាយថា មនុស្សទន់ខ្សោយមែន តែយើងដឹងខ្លួនអំពីភាពទន់ខ្សោយរបស់យើង បានជាលោកមានឋានៈដ៏ថ្លៃថ្នូរ។ ដោយមនុស្សដឹងខ្លួនអំពីខ្លួនឯង មនុស្សក៏ថ្លៃថ្នូរជាងអ្វីៗទាំងអស់ក្នុងពិភពលោក ដ្បិតអ្វីៗទាំងអស់នោះ មិនដឹងខ្លួន។ ឋានៈថ្លៃថ្នូររបស់ខ្លួនស្ថិតនៅក្នុងមនសិការរបស់យើង។ ហេតុនេះហើយ បានជាយើងអាចទទួលសុភមង្គល ដោយប្រឈមមុខនឹងភាពទន់ខ្សោយរបស់យើង។

៣. សព្វទេពនិយាម (Pantheism) របស់លោក ស្ពីណូហ្សា (Spinoza)

លោក ស្ពីណូហ្សា (Spinoza) (១៦៣២-១៦៧៧) ជាជនជាតិយូដា (Jew) នៅប្រទេស ហូឡង់ (Holland)។ សហគមន៍របស់ជនជាតិយូដាបានដេញលោកឳ្យចេញ ដ្បិតលោកមិនព្រមទទួលស្គាល់សេចក្ដីពិតតាមគម្ពីរវិន័យ (Torah) មិនព្រមជឿថា ព្រលឹងវិញ្ញាណមិនអាចស្លាប់បានឡើយ ហើយមិនព្រមជឿថា មានព្រះជាម្ចាស់។ នៅសម័យនោះ មេដឹកនាំសាសនានីមួយៗនៅបស្ចិមប្រទេសធ្លាប់ដាក់ទោសលើអស់អ្នក ដែលមិនព្រមទទួលសេចក្ដីនៃជំនឿរបស់គេ។

ចំពោះលោក ស្ពីណូហ្សា (Spinoza) មានព្រះមួយអង្គ តែព្រះនេះមិនមែនជាបុគ្គល មិនហួសពីធម្មជាតិ មិនបានបង្កើតមេឃនិងដី ហើយមិនណែនាំមនុស្សគ្រប់ៗរូបតាមគម្រោងការណ៍របស់ព្រះអង្គទេ។ ហេតុនេះ មនុស្សជាច្រើនបានចោទប្រកាន់ថា លោកជាអ្នកមិនជឿលើព្រះ (Atheism)។

តាមការពិត លោកយល់ឃើញថា ព្រះនិងធម្មជាតិជាអង្គតែមួយ។ គាត់អះអាងថា ព្រះគឺជាអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់គឺជាព្រះ។ គេហៅការគិតបែបនេះថា សព្វទេពនិយម (Pantheism)៖ ព្រះជាម្ចាស់គង់នៅគ្រប់ទីកន្លែង ឬព្រះជាម្ចាស់ និងចក្រវាល គឺតែមួយ។ ព្រះជាម្ចាស់មិនបានបង្កើតពិភពលោក តែព្រះជាម្ចាស់ជាពិភពលោកតែម្តង។

លោកមិនព្រមគិតដូចលោកដេស៍ការថ៍ (Descartes) ដែលធ្លាប់អះអាងថា អ្វីៗទាំងអស់បែងចែកជាពីរ (Dualism)៖ វិញ្ញាណ និងរូបធាតុ។ ចំពោះលោក ស្ពីណូហ្សា (Spinoza) មានសារធាតុតែមួយ (Monism) ដែលលោកហៅថា ព្រះជាម្ចាស់ ឬធម្មជាតិ។ អ្វីៗទាំងអស់ (ទាំងវិញ្ញាណ ទាំងរូបធាតុ) រួមគ្នាជាសារធាតុតែមួយ ហើយអ្វីៗទាំងអស់ (ផ្កា សាត្វ ថ្ម...ល។ល។) ឆ្លុះបញ្ចាំងសារធាតុតែមួយនេះ តាមលក្ខណៈប្លែកពីគ្នា។ លើសពីនេះទៅទៀត មនុស្សយើងចូលរួមចំណែកក្នុងសារធាតុតែមួយនេះ។ មនុស្សយើងគ្រាន់តែជាចំណែកដ៏តូចនៃធម្មជាតិ (ឬព្រះ)។ ពេលយើងមានគំនិតផ្សេងៗ យើងក៏បញ្ចេញគំនិតនៃធម្មជាតិ (ព្រះ) នោះតែប៉ុណ្ណោះ។ គំនិតរបស់ខ្ញុំជាគំនិតនៃធម្មជាតិ (ព្រះ)។  យើងស្មានថា យើងមានសេរីភាព តែតាមការពិត យើងតែងតែធ្វើតាមច្បាប់នៃធម្មជាតិ ដែលជាអ្នកសម្រេចចិត្តអ្វីៗទាំងអស់។ គេហៅការគិតបែបនេះថា កំណត់និយម (Determinism)។

៤. ពិសោធនិយម (Empiricism)៖ លោក ឡក (Locke) និងលោក ហ្យូម (Hume)

លោក ឡក (Locke) (១៦២៣-១៧០៤) បានសសេរសៀវភៅដ៏ល្បីល្បាញ ដែលមានចំណងជើងថា “បទនិពន្ធអំពីការយល់ដឹងរបស់មនុស្ស” (Essay Concerning Human Understanding)។ ចំពោះលោក  ពេលកើតមក វិញ្ញាណរបស់មនុស្សទទេរ ដូចក្តារខៀនស (Tabula Rasa) គ្មានគំនិតណាមួយសោះ។ ប៉ុន្តែ យើងចាប់ផ្តើមមើលឃើញ ប៉ះពាល់ ស្តាប់ឮ... អ្វីដែលជុំវិញយើង។ ក្រោយមក យើងចាប់ផ្តើមរិះគិតអំពីអ្វី ដែលយើងបានទទួល និងបង្កើតគំនិតផ្សេងៗ។ គំនិតរបស់យើងមកពីវិញ្ញាណទាំងប្រាំតែប៉ុណ្ណោះ។ បើយើងមិនបានធ្វើពិសោធន៍អំពីអ្វីមួយ យើងមិនអាចស្គាល់វាបានឡើយ។

ឯចំពោះលោក ដាវីដ ហ្យូម (David Hume) (១៧១១-១៧៧៦) លោកជាទស្សនវិទូ ដែលបានសសេរ “អភិប្រាយស្តីពីធម្មជាតិមនុស្ស” (A Treatise of Human Nature)។ លោកចង់យល់ថា តើចំណេះដឹងមនុស្សមកពីប្រាជ្ញា ឬមកពីពិសោធន៍? តើកូនក្មេងម្នាក់ដកពិសោធន៍អ្វីខ្លះអំពីពិភពលោក? លោកយល់ថា ដំបូង យើងដឹងខ្លួនអំពីពិភពលោកតាមរយៈពិសោធន៍ បន្ទាប់មក ខ្ញុំបង្កើតគំនិតផ្សេងៗអំពីពិសោធន៍នោះ (ឧ. ខ្ញុំដឹងថា ភ្លើងក្តៅ និងគ្រោះថ្នាក់ ក្រោយពីបានរលាកខ្លួនឯង)។ លោកអះអាងថា យើងគ្មានគំនិតតាំងពីគំណើតទេ។ គំនិតទាំងអស់របស់យើងមកពីបទបិសោធន៍តែប៉ុណ្ណោះ។

ហេតុនេះ យើងមិនអាចស្គាល់ព្រះជាម្ចាស់បានឡើយ ដ្បិតព្រះអង្គហួសពីវិញ្ញាណទាំងប្រាំរបស់យើង។ គេហៅទស្សនវិជ្ជារបស់លោកឡក (Locke) និងលោកហ្យូម (Hume) ថា “ពិសោធនិយម” (Empiricism) ឬ “សម្ភារនិយម” (Materialism)។

លោកឡក (Locke) បែងចែកអ្វីៗទាំងអស់ តាមលក្ខណៈពីរយ៉ាង។ ភាវៈនីមួយៗមាន “លក្ខណៈទីមួយ” (Primary qualities)៖ លំហ ទម្ងន់ ចលនា និងចំនួន ហើយមាន “លក្ខណៈទីពីរ” (Secondary qualities)៖ ពណ៌ រសជាតិ សម្លេង... លក្ខណៈទីពីរមិនច្លុះបញ្ចាំងលក្ខណៈពិតប្រាកដនៃភាវៈផ្ទាល់ តែផ្លាស់ប្តូរតាមមនុស្សម្នាក់ៗ។ ឧ. សម្រាប់ លោករ៉ាវី ផ្លែស្វាយអាចមានរសជាតិជូរ តែសម្រាប់ នាងធារី ផ្លែស្វាយដដែលនេះ អាចមានរសជាតិផ្អែម។ ហេតុនេះហើយ បានជាសេចក្ដីពិតអាស្រ័យទៅលើម្នាក់ៗ (Relativism)។ ហេតុនេះ ចំពោះលោក សេចក្ដីល្អមកពីយើងទទួលការសប្បាយ ឯសេចក្ដីអាក្រក់មកពីយើងទទួលការឈឺឆាប់។

៥. គំនិតនិយមសុទ្ធសាធ ឬអរូបធាតុនិយមសុទ្ធសាធ (Pure Idealism) របស់លោក ចូជ្ជ បឺរឃ្លី ( Georges Berkeley) និងអត្តនិយម (Solipsism)

លោកបឺរឃ្លី (Berkeley) (១៦៨៥-១៧៥៣) ជាលោកអភិបាលព្រះសហគមន៍កាតូលិក។ លោកល្បីព្រោះគំនិតអរូបធាតុនិយមរបស់លោក។ លោកអះអាងថា គ្មានពិភពលោកខាងក្រៅវិញ្ញាណរបស់មនុស្សឡើយ។ សម្រាប់គាត់ ពិភពពិតប្រាកដ មានតែនៅក្នុងវិញ្ញាណរបស់មនុស្ស។ ហេតុនេះហើយ បានជាយើងអាចស្គាល់តែអ្វីដែលយើងទទួលក្នុងវិញ្ញាណរបស់យើងប៉ុណ្ណោះ។ គេហៅចលនាទស្សនវិជ្ជានេះថា គំនិតនិយមសុទ្ធសាធ (Pure Idealism)។ សម្រាប់លោក សូម្បីតែការឈឺចាប់ជាគំនិតចេញមកពីវិញ្ញាណរបស់យើងប៉ុណ្ណោះ។

ប៉ុន្តែ មានអ្នកខ្លះប្រឆាំងនឹងគំនិតនេះ ដោយលើកឧទាហរណ៍ថា បើខ្ញុំអុជទៀនមួយក្នុងបន្ទប់ រួចហើយខ្ញុំចេញពីបន្ទប់នេះ នៅពេលខ្ញុំចូលក្នុងបន្ទប់វិញក្រោយពីរបីម៉ោង ម្ដេចក៏ទៀនបានចេះអស់រលីង? បើពិភពលោកនៅក្នុងវិញ្ញាណរបស់ខ្ញុំតែប៉ុណ្ណោះ កាលណាខ្ញុំមើលមិនឃើញទៀន ទៀននោះក៏គ្មានអត្តិភាព ទើបមិនអាចឆេះបានឡើយ។

លោកបឺរឃ្លី (Berkeley) ឆ្លើយថា៖ តាមការពិត មានវិញ្ញាណធំជាងវិញ្ញាណរបស់ខ្ញុំ ដែលធ្វើឳ្យពិភពពលោកមានអទ្តិភាព ពោលគឺព្រះជាម្ចាស់។ សម្រាប់លោក ពិភពលោកទាំងមូល សូម្បីតែវិញ្ញាណរបស់មនុស្ស ស្ថិតក្នុងវិញ្ញាណរបស់ព្រះជាម្ចាស់ បានជាពិភពលោកមានអត្តិភាព។ ប៉ុន្តែ លោកនៅតែអះអាងថា គ្មានរូបធាតុទេ។ ពិភពលោកជាវិញ្ញាណសុទ្ធ ដែលស្ថិតក្នុងវិញ្ញាណរបស់ព្រះ។ បើគ្មានវិញ្ញាណ គ្មានពិភពលោកទេ។ យើងទាំងអស់គ្នាមានអត្តិភាពក្នុងវិញ្ញាណរបស់ព្រះជាម្ចាស់។

ក្រោយពីលោកបឺរឃ្លី (Berkeley) ទស្សនវិទូខ្លះផ្សេងទៀត នឹងអះអាងថា មានតែវិញ្ញាណខ្លួនឯងទេ ដែលមានអត្តិភាព៖ ចំណេះដឹងពិតប្រាកដអំពីពិភពលោក សូម្បីតែអំពីអ្នកដទៃ ស្ថិតក្នុងវិញ្ញាណរបស់ខ្ញុំ។ គេហៅទស្សនវិជ្ជានេះថា ឯកត្តនិយម (Solipsism)។

៥. ទស្សនវិជ្ជាសព្វថ្ងៃ

៥. ទស្សនវិជ្ជាសព្វថ្ងៃ (Contemporary Philosophy)

១. គំនិតនិយម (Idealism) របស់លោក អ៊ីម៉ានូអែល ខាន្ថ (Immanuel Kant)

លោក ខាន្ថ (Kant) (១៧២៤-១៨០៤) ជាទស្សនវិទូជនជាតិអាលឹ្លម៉ង់ (Germany) ដ៏ល្បីល្បាញម្នាក់។

គាត់បានសសេរ៖

១. “ការរិះគន់នៃវិចារណញ្ញាណសុទ្ធ” (The Criticism of Pure Reason)៖ តើខ្ញុំអាចស្គាល់អ្វីខ្លះ?

២. “ការរិះគន់នៃវិចារណញ្ញាណប្រតិបត្តិ” (The Criticism of Practical Reason)៖ តើខ្ញុំត្រូវធ្វើអ្វីខ្លះ?

៣. “ការរិះគន់នៃវិនិច្ឆ័យ” (The Criticism of Judgment)៖ តើខ្ញុំអាចសង្ឃឹមអ្វីខ្លះ?។

លោក ខាន្ថ (Kant) រីះគន់អស់អ្នក ដែលអះអាងថា មានតែប្រាជ្ញា ដែលអាចស្គាល់អ្វីៗទាំងអស់ (គំនិតនិយម ឬប្រាជ្ញានិយម) ព្រមទាំងអស់អ្នក ដែលអះអាងថា មានតែវិញ្ញាណទាំងប្រាំ ដែលអាចធ្វើឳ្យយើងអាចស្គាល់អ្វីៗទាំងអស់ (ពិសោធនិយម ឬសម្ភារនិយម)។

១. ចំណេះដឹងរបស់មនុស្ស

ចំពោះលោក យើងមិនអាចស្គាល់អំពីលក្ខណៈពិតប្រាកដ (សារធាតុ) នៃអ្វីៗទាំងអស់បាន។ យើងអាចស្គាល់អំពីអ្វីដែលកើតឡើងចំពោះយើងតែប៉ុណ្ណោះ។ លោកបែងចែកអ្វីៗទាំងអស់ជាពីរផ្នែក៖ បាតុភូត (Phenomenon) ពោលគឺអ្វី ដែលយើងអាចមើលឃើញ (អ្វីដែលសម្ដែងឳ្យឃើញ) និង អង្គសារធាតុ (Noumenon) ពោលគឺអ្វីដែលមានពិតប្រាកដមែន។ លោកអះអាងថា យើងមិនអាចស្គាល់អត្តសញ្ញាណនៃភាវៈនីមួយៗ ដ្បិតយើងជាប់ក្នុង លំហអាកាស និងពេលវេលា (Space-Time) ដែលជាផលិតផលនៃវិញ្ញាណរបស់យើង។ លោកពន្យល់ថា បើគ្មានលំហអាកាស និងពេលវេលា យើងក៏អាចស្គាល់អំពីអត្ថសញ្ញាណពិតប្រាកដនៃអ្វីៗទាំងអស់បាន។ ចំពោះលោក យើងអាចប្រៀបធៀបលំហអាកាស និងពេលវេលា ដូចជាវ៉ែនតាពណ៌ក្រហម ដែលធ្វើឳ្យយើងមើលឃើញអ្វីៗទាំងអស់ដូចជាមានពណ៌ក្រហម។ យើងអាចប្រៀបធៀបគំនិតនេះ នៅពេលដែលយើងចាក់ទឹកក្នុងផើងមួយ៖ ទឹកសម្របតាមផើង។ ដូចទឹកសម្របតាមផើង អ្វីដែលយើងមើលឃើញសម្របតាមលំហអាកាស និងពេលវេលា។

លោកសណ្និដ្ឋានថា ក្រៅពីធម្មជាតិខាងលោកនេះ យើងមិនអាចស្គាល់អ្វីៗហួសពីធម្មជាតិ ហួសពីអ្វីដែលយើងអាចមើលឃើញ ហួសពីបទពិសោធន៍ខាងវិទ្យសាសាស្រ្តបានឡើយ។ លោកមិនព្រមសិក្សាអំពីអាស្តិរូបវិជ្ជា ពោលគឺលោកបដិសេធមិនព្រមសិក្សាអំពីវត្តមានរបស់ព្រះជាម្ចាស់ ​ឬទេ។ សម្រាប់លោក យើងមិនអាចដឹងថា តើមានព្រះ ឬទេ បានឡើយ។

លោកហៅការគិតបែបនេះ ជាការបដិវត្តន៍កូពែរនីគូសខាងចំណេះដឹងរបស់មនុស្ស ដ្បិតមិនគ្រាន់តែវិញ្ញាណយើង ដែលសម្របតាមពិភពលោក គឺពិភពលោកនេះ ដែលសម្របតាមវិញ្ញាណមនុស្ស។

២. ច្បាប់សីលធម៌

ទោះជាលោកមិនព្រមជឿលើព្រះណាមួយក៏ដោយ ក៏លោកខាន្ថ (Kant) អះអាងថា គួរតែជឿថា មានព្រះជាម្ចាស់ ដើម្បីឳ្យមនុស្សកាន់សីលធម៌។ យ៉ាងណាមិញ លោកអះអាងថា គួរតែជឿថា ព្រលឹងវិញ្ញាណមនុស្សមិនអាចស្លាប់បានទេ ហើយមនុស្សម្នាក់ៗមានសេរីភាព និងទទួលខុសត្រូវលើកិច្ចការរបស់ខ្លួន។ បើមិនដូច្នេះទេ លោកពន្យល់ថា មនុស្សនឹងធ្វើតាមអំពើចិត្ត ជាពិសេសកិច្ចការអាក្រក់ ដោយមិនភ័យខ្លាចព្រះណាមួយ និងការវិនិច្ឆ័យចុងក្រោយ។ ហេតុនេះ ទោះបីលោកខាន្ថ (Kant) អះអាងថា យើងមិនអាចដឹងថា មានព្រះជាម្ចាស់ក៏ដោយ ក៏លោកនៅតែអះអាងថា ត្រូវតែមានព្រះជាម្ចាស់ ដើម្បីជំរុញមនុស្សឳ្យកាន់សីលធម៌ត្រឹមត្រូវ។ គេហៅទ្រឹស្តីនេះថា ប្រយោជន៍និយម (Utilitarianism)៖ អ្វីៗទាំងអស់ល្អត្រឹមត្រូវ លុះត្រាតែមានប្រយោជន៍។

សម្រាប់លោក ខាន្ថ (Kant) ក្នុងមនសិការរៀងៗខ្លួន មនុស្សម្នាក់ៗដឹងអំពីច្បាប់សីលធម៌។ គាត់អះអាងថា ច្បាប់នេះ ជាបទបញ្ជាពិតប្រាកដ ដែលត្រូវតែគោរពជាដាច់ខាត។ គាត់ពន្យល់បន្ថែមទៀតថា ដើម្បីធ្វើតាមសីលធម៌ យើងត្រូវប្រព្រឹត្តតែកិច្ចការ ដែលអស់អ្នកនឹងធ្វើក្នុងកាលៈទេសៈដដែលនោះ ឬ យើងត្រូវគោរពអ្នកដទៃ ដោយមិនដែលគិតពីប្រយជន៍ផ្ទាល់ខ្លួនសោះ៖ ឧ. ពេលខ្ញុំកហុកគេ ខ្ញុំដឹងច្បាស់ថា បើអ្នកដទៃធ្វើដូចខ្ញុំ មនុស្សយើងមិនអាចរស់នៅជាមួយគ្នាបានឡើយ។ បានជាលោកសណ្និដ្ឋានថា យើងមិនដែលមានសិទ្ធិកហុកគេសោះ។ ក៏ប៉ុន្តែ មនុស្សជាច្រើននឹងជំទាស់នឹងគំនិតរបស់លោក ដោយអះអាងថា ក្នុងករណីខ្លះ យើងក៏ត្រូវតែកហុកគេ ដើម្បីជាប្រយោជន៍រួម (ឧ. កហុកមនុស្សអាក្រក់ម្នាក់កុំឳ្យគេសម្លាប់អ្នក ដែលខ្ញុំស្រលាញ់)។

ដោយប្រព្រឹត្តតាមច្បាប់សីលធម៌ លោក ខាន្ថ (Kant) មិនស្វែងរកសុភមង្គល តែលោកគ្រាន់តែចង់បំពេញភារកិច្ចរបស់លោកប៉ុណ្ណោះ។ លោកមិនស្វែងរកសុភមង្គល ព្រោះគ្មាននរណាម្នាក់ដឹងច្បាស់អំពីបំណងប្រាថ្នារបស់ខ្លួន៖ ឧ. ខ្ញុំចង់បានទ្រព្យសម្បតិ្ត (ឬចំណេះដឹង...) ច្រើន តែទ្រព្យ (ឬចំណេះដឹង...) អាចធ្វើឳ្យខ្ញុំវេទនា។

២. ទស្សនវិជ្ជាខាងប្រវត្តសាស្រ្ត របស់លោកហេហ្គេល (Hegel)

លោកជាជនជាតិអាលឹ្លម៉ង់ (Germany) (១៧៧០-១៨៣១)។ លោកជាសាស្រ្តាចារ្យទស្សនវិជ្ជាដ៏ល្បីល្បាញ។ លោកបានសេសេរ “បាតុភូតវិជ្ជាស្មារតី” (Phenomenology of Spirit)។ លោកយកគំនិតនៃមនោសញ្ចេតនានិយម (Romanticism) របស់លោក ខាន្ថ (Kant) និងលោក សែ្យល្លីង (Schelling) មករិះគិតពិចារណា។

តាមលោកហេហ្គេល (Hegel) ស្មារតី (Spirit) ដែលសរុបជីវិតមនុស្ស គំនិតមនុស្ស និងវប្បធម៌មនុស្ស សម្ដែងខ្លួន នៅក្នុងប្រវត្តិសាស្រ្ត។ ស្មារតីនេះ ស្ថិតនៅក្នុងអ្វីៗទាំងអស់ ដូចជាអ្វីមួយ ដែលលាក់ខ្លួននៅក្នុងអ្វីៗទាំងអស់ តែបង្ហាញឳ្យគេស្គាល់ បន្តិចម្ដងៗ តាមរយៈកិច្ចការ និងកាលៈទេសៈនៃប្រវត្តិសាស្រ្ត។ សម្រាប់លោក ខាន្ថ (Kant) យើងមិនអាចស្គាល់លក្ខណៈប្រាកដប្រជានៃអ្វីៗទាំងអស់។ យើងអាចស្គាល់អ្វី ដែលកើតឡើងចំពោះយើងប៉ុណ្ណោះ។ សម្រាប់លោក ហេហ្គេល (Hegel) វិញ លោកបដិសេធមិនព្រមទទួលថា មានសេចក្ដីពិតហួសពីប្រាជ្ញារបស់មនុស្ស ដ្បិតចំណេះដឹងទាំងអស់ ជាចំណេះដឹងរបស់មនុស្ស។ លោកបានបង្កើតប្រព័ន្ធ ដើម្បីជួយយល់អត្ថន័យនៃប្រវត្តិសាស្រ្ត។

មុនលោក ហេហ្គេល (Hegel) ទស្សនវិទូទាំងប៉ុន្មាននៃសម័យទំនើប បានព្យាយាមស្វែងរកលក្ខណៈវិនិច្ឆ័យ ដើម្បីយល់ពិភពលោក។ ទស្សនវិទូទាំងអស់នោះ បានខិតខំស្វែងរក គ្រឹះមូលដ្ឋានពិតប្រាកដ នៃចំណេះដឹងរបស់មនុស្សលោក។ ប៉ុន្តែ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់បានរិះគិតពិចារណាអំពីប្រវត្តិសាស្រ្ត (គឺពេលវេលា)។  លោក ហេហ្គេល (Hegel) យល់ឃើញថា គ្រឹះមូលដ្ឋាននៃចំណេះដឹង ផ្លាស់ប្តូរពីជំនាន់មួយទៅជំណាន់មួយទៀត។ ហេតុនេះ គ្មានសេចក្តីពិត “អស់កល្បជានិច្ច” ទេ។ មានតែប្រវត្តិសាស្រ្តទេ ដែលអាចទៅជាចំណេះដឹងពិតប្រាកដរបស់ទស្សនវិជ្ជា។

លោក ហេហ្គេល (Hegel) ប្រៀបធៀបប្រវត្តិសាស្រ្តនឹងទន្លេម្យ៉ាង៖ ដូចប្រវត្តិសាស្រ្ត ទន្លេប្រែប្រួលជានិច្ចមែន។ យើងមិនអាចដឹងថា នៅឯណាទេ ដែលទន្លេពិតប្រាកដនៅ ដ្បិតមានតែទន្លេដដែលតាមផ្លូវទាំងមូល។ ដូច្នេះ ក្នុងប្រវត្តិសាស្រ្ត យើងមិនអាចនិយាយថា គំនិតមនុស្សនេះ ត្រូវជាងនឹងគំនិតនោះ ឬគំនិតនេះ ត្រូវជានិច្ច។ ប៉ុន្តែ គំនិតទាំងអស់នោះ ត្រូវជានិច្ច អាស្រ័យទៅលើកន្លែងយើងស្នាក់នៅ។ ក៏ប៉ុន្តែ លោក ហេហ្គេល (Hegel) មិននិយាយថា គំនិតទាំងអស់ស្មើរនឹងគ្នាទេ (Relativism)។ លោកចង់និយាយថា គំនិតអាចទៅជាត្រូវ ឬខុស អាស្រ័យទៅលើកាលៈទេសៈនៃប្រវត្តិសាស្រ្ត៖

ឧ. សព្វថ្ងៃ បើខ្ញុំអះអាងថា ទាសភាពជាអ្វីមួយត្រឹមត្រូវ អ្នកដទៃប្រាកដជានឹងគិតថា ខ្ញុំជាមនុស្សឥតប្រាជ្ញា។ ប៉ុន្តែ ២៥០០ឆ្នាំមុន ទាសភាពជាគំនិតត្រឹមត្រូវ ដែលស្ទើរតែគ្មាននរណាម្នាក់បដិសេធមិនព្រមទទួលឡើយ។

ឧ. ១០០ឆ្នាំមុន គ្មាននរណាម្នាក់ប្រឆាំងនឹងការកាប់ព្រៃឈើ ដើម្បីធ្វើចំការ។ សព្វថ្ងៃ មនុស្សស្ទើរតែគ្រប់រូបយល់ថា ការកាប់ព្រៃឈើនេះ បំផ្លាញអនាគតមនុស្ស។

ហេតុនេះ លោក ហេហ្គេល (Hegel)​ យល់ថា ប្រវត្តិសាស្រ្តចម្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ សេចក្ដីពិតស្ថិតក្នុងការរីកចម្រើននេះតែម្តង ដ្បិតគ្មានលក្ខណៈវិនិច្ឆ័យផ្សេងទៀត ហួសពីការរីកចម្រើននេះ។ យើងមិនអាចផ្តាច់ទស្សនវិជ្ជាណា ឬទស្សនវិទូណា ចេញពីកាលៈទេសៈនៃប្រវត្តិសាស្រ្តបានឡើយ។ ប៉ុន្តែ យើងអាចយល់ឃើញថា ប្រាជ្ញា និងគំនិតរបស់មនុស្សចម្រើនឡើងក្នុងប្រវត្តិសាស្រ្ត។ ចំណេះដឹងមនុស្សរីកចម្រើនជានិច្ច។ បើគិតពីទន្លេ យើងអាចនិយាយថា ឥឡូវនេះ មានទឹកច្រើនជាង។

លោក ហេហ្គេល (Hegel) បន្ថែមទៀតថា ប្រវត្តិសាស្រ្តចេះតែទៅមុខ។ លោកហៅ “ស្មារតី” (Spirit) ចលនានៃប្រវត្តិសាស្រ្តនេះ ដែលកំពុងតែដឹងខ្លួនអំពីខ្លួនឯង និងសម្ដែងខ្លួនឳ្យខ្លួនឯង។ សម្រាប់លោក សព្វថ្ងៃ មនុស្សមានសេរីភាព ចំណេះដឹង និងប្រាជ្ញាច្រើនជាងមុន។ មានការរីកចម្រើនជានិច្ច។

លោកហៅ “វិចារវិទ្យា” (Dialectic) របៀប ដែលប្រវត្តិសាស្រ្តរីកចម្រើន។ សេចក្ដីពិតចេញមកពីការប្រគួតប្រឆាំងនៃគំនិតនីមួយៗ។ ដំបូង ទស្សនវិទូចេញគំនិតមួយ។ ក្រោយមក មានទស្សនវិទូចេញគំនិតផ្ទុយពីគំនិតដំបូង។ ទីបំផុត មានគំនិតទីបីមួយទៀត ដែលសរុបគំនិតទាំងពីរនោះ៖​ ឧ. មុនលោកសូក្រាថេស (Socrates) លោក ផារមេនីដេស (Parmenides) អះអាងថា គ្មានការប្រែប្រួលឡើយ។ លោក ហេហ្គេល (Hegel) ហៅគំនិតដំបូងនេះថា មតិ (Thesis)។ ប៉ុន្តែ លោក ហេរ៉ាក្លេថូស (Heraclitus) វិញ បានបញ្ចេញគំនិតផ្ទុយ ពោលគឺមានការប្រែប្រួលជានិច្ច។ លោក ហេហ្គេល (Hegel) ហៅគំនិតទីពីរ គំនិតអវជ្ជមាន (Negation)។ ទីបំផុត លោក អឹមពេឌុក្លេស (Empedocles) យល់ថា ភាគាទាំងពីរនោះ ត្រូវម្យ៉ាង និងខុសម្យ៉ាង។ លោកហេហ្គេល (Hegel) ហៅចំណុចទីបីនេះថា គំនិតសរុប (Synthesis)។ ដើម្បីយល់ឳ្យបានកាន់តែច្បាស់ យើងអាចយកគំនិតរបស់លោក ខាន្ថ (Kant) ដែលសរុបមតិដំបូងរបស់លោក ដេស៍ការថ៍ (Descartes) (ប្រាជ្ញានិយម) និងគំនិតផ្ទុយពីលោកហ្យូម (Hume) (ពិសោធនិយម) ដែរ។ លោក ហេហ្គេល (Hegel) បន្ថែមទៀតថា គំនិតរបស់លោក ខាន្ថ (Kant) នឹងជួនគំនិតផ្ទុយទៀត ល។ល។

ក៏ប៉ុន្តែ ទស្សនវិទូជាច្រើនជំទាស់នឹងគំនិតរបស់លោក ហេហ្គេល (Hegel) ដោយយល់ឃើញថា តាមការពិត ប្រវត្តិសាស្រ្តមិនសូវចម្រើនឡើងទេ... សព្វថ្ងៃ នៅតែមានសង្រ្គាម ការសម្លាប់រង្គីល ឬការប្រល័យពូជសាសន៍នៅឡើយ។

សម្រាប់លោក ហេហ្គេល (Hegel) ស្មារតីចាប់ផ្តើមដឹងខ្លួនក្នុងមនុស្សម្នាក់ៗ (Subjective spirit)។ ក្រោយមក ដោយមនុស្សម្នាក់ៗមានទំនាក់ទំនងជាមួយគ្នា ស្មារតីរីកចម្រើន និងដឹងខ្លួនកាន់តែច្បាស់ឡើង ក្នុងក្រុមគ្រួសារ សង្គម និងរដ្ឋ (Objective spirit)។ ទីបំផុត ស្មារតីចម្រើនឡើងឳ្យបានពេញលេញ (Absolute spirit) ក្នុងដំណាក់កាលទីបី ជាសិល្ឃៈ សាសនា និងទស្សនវិជ្ជា។ ទស្សនវិជ្ជាជាចំណេះដឹងដ៏ខ្ពស់ជាងគេ ដ្បិតទស្សនវិជ្ជាឆ្លុះបញ្ចាំងពិភពនៃស្មារតី។

លោក ហេហ្គេល (Hegel) ជាទស្សនវិទូចុងក្រោយ ដែលបានបង្កើតប្រព័ន្ធទស្សនវិជ្ជា។ បន្ទាប់ពីលោក ទស្សនវិទូទាំងប៉ុន្មាននឹងរិះគិតអំពីទស្សនវិជ្ជា ដើម្បីជាប្រយោជន៍ដល់ជីវិតប្រចាំថ្ងៃ។

៣. អត្តិភាពនិយម (Existentialism) របស់លោក ឃៀរឃេគ័រ (Kierkegaard)

លោក ឃៀរឃគ័រ (Kierkegaard) (១៨១៣-១៨៥៥) កើតមកនៅប្រទេស ហូល្លេដ៍ (Holland)។ លោកជាគ្រីស្តបរិស័ទនិកាយប្រូតេស្តង់ (Protestantism)។ ក្នុងស្នាដៃទាំងប៉ុន្មានរបស់គាត់ លោកប្រឆាំងនឹងគំនិតនិយម (Idealism) របស់ពួកមនោសញ្ចេតនា (Romanticism) និងប្រឆាំងនឹងទស្សនវិជ្ជារបស់លោក ហេហ្គេល (Hegel)។ លោកចាប់អារម្មណ៍អំពីទស្សនវិជ្ជា លុះត្រាតែទស្សនវិជ្ជានេះទាក់ទងនឹងរបៀបរស់នៅរបស់គាត់ផ្ទាល់

សម្រាប់លោក ទស្សនវិទូពិតប្រាកដមិនស្វែងរកអ្វីទៅជាមនុស្ស ពិភពលោក ឬព្រះជាម្ចាស់ទេ។ ទស្សនវិជ្ជាមានប្រ​យោជន៍ លុះត្រាតែខ្ញុំផ្លាស់ប្តូររបៀបរស់នៅរបស់ខ្ញុំ។ លោកមិនសូវចង់ស្គាល់សេចក្ដីពិតទូទៅ តែសេចក្ដីពិតដែលអាចបង្កើតផលផ្លែក្នុងជីវិតរបស់ខ្លួនគាត់។ លោក ឃៀរឃគ័រ (Kierkegaard) រិះគន់លោក ហេហ្គេល (Hegel) ជាអ្នកដែលបានបង្កើតប្រព័ន្ធនៃទស្សនវិជ្ជាអំពីពិភពលោក តែជាអ្នកដែលបានភ្លេចថា ខ្លួនឯងជាបុគ្គលម្នាក់ ដែលរស់នៅក្នុងពិភពលោកនេះ។ សម្រាប់លោក ឃៀរឃគ័រ (Kierkegaard) អ្នកណាដែលគិតពិចារណារាប់ម៉ោងអំពីសេចក្ដីស្លាប់ តែមិនភ័យខ្លាចនឹងសេចក្ដីស្លាប់នេះ អ្នកនោះដូចជារស់នៅខាងក្រៅជីវិតរបស់ខ្លួនគេផ្ទាល់។ មានសេចក្ដីពិតតែមួយគត់ ពោលគឺសេចក្ដីពិត ដែលមានប្រយោជន៍សម្រាប់ខ្លួនខ្ញុំផ្ទាល់ ក្នុងជីវិតប្រចាំថ្ងៃ។

ហេតុនេះ លោកសសេរថា មិនបាច់គិតច្រើនពេក ដើម្បីដឹងថា តើមានព្រះជាម្ចាស់ ឬទេ។ សំខាន់ គឺតើខ្ញុំមានទំនាក់ទំនងជាមួយព្រះជាម្ចាស់យ៉ាងដូចម្ដេច? សម្រាប់លោក យើងមិនដកពិសោធន៍អំពីជីវិត នៅពេលយើងអង្គុយសសេរសៀវភៅអំពីគំនិតផ្សេងៗ។ មានតែពេលយើងប្រព្រឹត្តកិច្ចការ និងសម្រេចចិត្តធ្វើសកម្មភាពនេះ ឬសកម្មភាពនោះ ទើបយើងមានជីវិតពិតប្រាកដ។

ពេលនោះ យើងអាចគិតអំពីរឿងមួយ ដែលបានកើតដល់ព្រះពុទ្ធ៖ ថ្ងៃមួយ មនុស្សម្នាក់បានសួរព្រះអង្គអំពីអត្ថន័យនៃជីវិត។ គេចង់ដឹងថា អ្វីទៅជាពិភពលោក? អ្វីទៅជាមនុស្ស? ព្រះពុទ្ធបានឆ្លើយតបដោយសួរគេថា៖ តើមនុស្សម្នាក់ ដែលព្រួញពុលបានធ្វើឳ្យគេរបួស ចង់ដឹងថា តើគេបានធ្វើព្រួញនេះយ៉ាងដូចម្ដេច? តើថ្នាំពុលនេះជាអ្វី? តើនរណាបានបាញ់គាត់? -ទេ! ម្នាក់នោះប្រាកដជាចង់ដឹងថា តើមានម្នាក់អាចជួយគាត់បាន ឬទេ? តើធ្វើដូចម្ដេច ដើម្បីបានជាសះស្បើយ? យ៉ាងណាមិញ លោក ឃៀរឃគ័រ (Kierkegaard) ចង់ស្គាល់សេចក្ដីពិត ដែលមានប្រយោជន៍សម្រាប់គាត់ផ្ទាល់។ សម្រាប់លោក មានតែសេចក្ដីពិតបែបនេះ ដែលជាការពិត។

លោក ឃៀរឃគ័រ (Kierkegaard) បន្ថែមទៀតថា មានតែជំនឿទេ ដែលអាចជួយឆ្លើយនឹងសំណួរសំខាន់ៗនៃជីវិត។ សេចក្ដី ដែលយើងអាចដឹង ឬស្គាល់​ តាមរយៈប្រាជ្ញា ឬចំណេះដឹង ក៏គ្មានប្រយោជន៍អ្វីសោះ៖ ឧ. តាមគិណតវិជ្ជា ៨ + ៤ = ១២ សេចក្ដីនេះ ច្បាស់លាស់។ សេចក្ដីនេះ មកពីប្រាជ្ញា ដែលមិនអាចសង្ស័យបាន។ ប៉ុន្តែ តើសេចក្ដីនេះ នឹងមានប្រយោជន៍ នៅថ្ងៃស្លាប់របស់ខ្ញុំ? តើខ្ញុំប្រើសេចក្ដីនេះ ដើម្បីអធិដ្ឋាន? មិនមែនទេ! សម្រាប់លោក ឃៀរឃគ័រ (Kierkegaard) សេចក្ដីពិតបែបនេះ មិនប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ទើបមិនសំខាន់សោះ។ មានសំណួរសំខាន់ជាង៖ ឧ. បើខ្ញុំបានធ្វើបាបគេ ខ្ញុំមិនសូវដឹងថា គេបានលើកលែងទោសឳ្យខ្ញុំ ឬទេ។ សំណួរនេះសំខាន់សម្រាប់ជីវិតរបស់ខ្ញុំ។ យ៉ាងណាមិញ ខ្ញុំមិនដឹងច្បាស់ថា តើអ្នកនេះ ឬអ្នកនោះ ស្រលាញ់ខ្ញុំពិតប្រាកដមែន ឬទេ។ ខ្ញុំគ្រាន់តែអាចជឿ ឬសង្ឃឹមថា គេស្រលាញ់ខ្ញុំពិតមែន។ សម្រាប់ខ្ញុំ សំណួរបែបនោះ សំខាន់ជាងសេចក្ដីនៃគិណតវិជ្ជា ៨ + ៤ = ១២ ឬសេចក្ដី ដែលអះអាងថា បើមានផលរមែងតែងតែមានហេតុ ឬគំនិតផ្សេងៗអំពីដំណើរការនៃពិភពលោក។

ហេតុនេះហើយ បានជាចំពោះលោក ឃៀរឃគ័រ (Kierkegaard) ជំនឿជាកត្តាដ៏សំខាន់ជាងគេបំផុត។ លោកសសេរថា៖ “បើប្រាជ្ញារបស់ខ្ញុំអាចបង្ហាញពស្តុតាងថា មានព្រះជាម្ចាស់ពិតនមែន នោះខ្ញុំមិនជឿពិតប្រាកដមែន។ ខ្ញុំជឿពិតប្រាកដមែន នៅពេលដែលខ្ញុំមិនអាចបង្ហាញពស្តុតាងថា មានព្រះជាម្ចាស់។ លោកចង់និយាយថា ត្រូវតែជឿសេចក្ដីនៃជំនឿតាមគ្រីស្តសាសនា ដ្បិតសេចក្ដីនោះហួសពីប្រាជ្ញា (Credo quia absurdum)៖ ខ្ញុំជឿ ដ្បិតជំនឿហួសពីប្រាជ្ញា។ តាមការពិត លោកចង់ការពារជំនឿសុទ្ធសាធ៖ ខ្ញុំមិនរវីរវល់ចង់ដឹងថា គ្រីស្តសាសនាពិតប្រាកដ ឬទេ ប៉ុន្តែ ខ្ញុំត្រូវតែសួរខ្លួនឯងថា តើគ្រីស្តសាសនាពិតប្រាកដ ឬទេ សម្រាប់ខ្ញុំ ។ លោកធ្លាប់រិះគន់អស់អ្នក (ដែលលោកហៅថា “ហ្វូងមនុស្ស” (The Crowd)) ដែលជឿគេ ឬដែលធ្វើតាមអ្នកដទៃ ដោយមិនសួរខ្លួនឯងថា តើអ្នកដទៃនិយាយត្រឹមត្រូវ ឬទេ...

៤. សម្ភារនិយម (ឬរូបធាតុនិយម)​ ខាងប្រវត្តិសាស្រ្ត របស់លោក ម៉ាក្យ (Marx)

លោក ម៉ាក្យ (Marx) ជាជនជាតិអាលឹ្លម៉ង់ (Germany) (១៨១៨-១៨៨៣) ដែលបានបង្កើតលទ្ធិកុម្មុយនីស្ត (Communism)។ នៅឆ្នាំ១៨៤៨ លោកបានសសេរ “បទឧទ្ទេសនៃបក្សកុម្មុយសីស្ត (The Communist Manifesto)។

ដូចលោក ហេហ្គេល (Hegel) លោក ម៉ាក្យ (Marx) យល់ឃើញថា ប្រវត្តិសាស្រ្តរីកចម្រើន ដោយមានគំនិតប្រឆាំងនឹងគ្នា។ ប៉ុន្តែ លោក ម៉ាក្យ (Marx) អះអាងថា បច្ចេកទេស សេដ្ឋកិច្ច និងទំនាក់ទំនងក្នុងសង្គម បង្កើតប្រវត្តិសាស្រ្តក្នុងលោកនេះ។  លោកប្រឆាំងនឹងចលនាគំនិតនិយម (Idealism) ​ម្យ៉ាងដែរ ដ្បិតសម្រាប់លោក មិនមែនជាគំនិតមនុស្ស ដែលធ្វើប្រវត្តិសាស្រ្តទេ។

នៅសម័យរបស់លោក ជាសម័យបដិវត្តិន៍ឧស្សាហកម្ម ពោលគឺមានការរកឃើញថ្មីៗខាងវិទ្យាសាស្រ្តជាច្រើន ធ្វើឳ្យសង្គមអភិវឌ្ឍន៍ឳ្យបានលឿន។ ក៏ប៉ុន្តែ ការលូតលាស់បែបនេះ មានតែសម្រាប់អ្នកមាន ដែលជិះជាន់អ្នកដទៃ។ គេហៅចលនាខាងសេដ្ឋកិច្ចនេះថា មូលធននិយម (Capitalism) ដែលបំបែកមនុស្សឳ្យក្លាយទៅជាពីរវណ្ណាៈ។ ម្ខាងមានកមករ ដែលជាកម្លាំងផលិតផលនៃសង្គម ម្ខាងទៀតមានមេដឹកនាំសាសនា សិល្ឃករ ទស្សនវិទូ អ្នកវិទ្យសាស្រ្ត អ្នកនយោបាយ ដែលជារចនាសម្ព័ន្ធខាងលើ (Superstructure) នៃសង្គម។ វណ្ណាៈទាំងពីរនោះចេះតែប្រគួតប្រឆាំងនឹងគ្នា ដើម្បីកាន់អំណាច និងធ្វើឳ្យប្រវត្តិសាស្រ្តចម្រើនឡើង។ នៅសម័យរបស់លោក របបមូលធននិយមបង្កើតភាពអយុត្តិធម៌ជាច្រើនចំពោះពួកកមករ ដែលជាកម្លាំងផលិតផលនៃឧស្សហកម្មទំនើប។ ពួកកមករលែងមានសេរីភាព បានទៅជាទាសករនៃការងារនៅក្នុងរោងចក្រ ឬទាសកររបស់ម្ចាស់រោងចក្រតែម្តង។

ដោយមើលឃើញរបៀបរស់នៅដ៏គួរឳ្យអាណិតរបស់ពួកកម្មករនៅសម័យនោះ  លោកចង់ផ្លាស់ប្តូរសង្គម។ លោកពន្យល់ថា អ្នកមានកាន់អំណាចដោយអះអាងថា៖ ១. ក្នុងពិភពលោកនេះ មានអ្នកមាន និងអ្នកក្រីក្រ តាំងពីយូរអង្វែង និងជាដរាបតរៀងទៅ បានជាយើងមិនអាចផ្លាស់ប្តូរស្ថានភាពបែបនេះ។ ២. ទ្រព្យសម្បត្តិពិតប្រាកដស្ថិតក្នុងចិត្តមនុស្ស។ ទោះបីជាយើងជាអ្នកក្រ (មិនសូវមានលុយ) ក៏ដោយ សំខាន់គឺឳ្យយើងមានចិត្តស្រលាញ់អ្នកដទៃ។ ៣. អ្នកក្រក្នុងលោកនេះ នឹងទទួលរង្វាន់នៅពេលក្រោយ គឺនៅឯស្ថានបរមសុខ។

លោកបន្ថែមទៀតថា មេដឹកនាំគ្រីស្តសាសនាជួយគាំទ្រអ្នកមានទាំងអស់នោះ។ ហេតុនេះហើយ បានជាលោកជំរុញឳ្យអ្នកក្រីក្រប្រឆាំងនឹងអ្នកមាន ដោយធ្វើបដិវត្តន៍ ដើម្បីឳ្យមនុស្សទាំងអស់មានសេរីភាព និងសន្តិភាព នៅពេលចុងក្រោយនៃប្រវត្តិសាស្រ្ត។ លោកទាមទារយុត្តិធម៌ក្នុងសង្គម ដោយប្រើអំពើហិង្សា បើសិនជាត្រូវការ។ ម្យ៉ាងទៀត លោកមានបំណងឳ្យកមករទាំងអស់ ក្នុងគ្រប់ប្រទេសរួបរួមគ្នាជាធ្លុងតែមួយ ដើម្បីប្រយយុទ្ធប្រឆាំងនឹងម្ចាស់រោងចក្រ ដែលមានទ្រព្យសម្បត្តិឥតឧបមា។

នៅបស្ចិមប្រទេស លទ្ធិរបស់លោក ម៉ាក្យ (Marx) បានជួយឳ្យអ្នកកាន់អំណាចកែទម្រង់សង្គមទំនើបឳ្យមានយុត្តិធម៌ឡើងវិញ។ ប៉ុន្តែ ក្នុងប្រទេសភាគច្រើន សាវ័ករបស់លោក ម៉ាក្យ (Marx) ដូចជាលោក លេនីន (Lenin) លោក ស្តាលីន (Stalin) ឬលោក ម៉ៅ (Mao) បានយកលទ្ធិរបស់លោក ម៉ាក្យ (Marx) ដើម្បីកាន់អំណាចរដ្ឋផ្តាច់ការ និងលុបបំបាត់សិទ្ធិសេរីភាពនៃប្រជាជនរបស់ពួកគេ។ ម្យ៉ាងទៀត ដោយពួកគេមិនព្រមជឿថា មានព្រះជាម្ចាស់​ ឬមានជីវិតអមតៈ     ស្របតាមលោក ម៉ាក្យ (Marx) ពួកគេលែងកាន់សីលធម៌ត្រឹមត្រូវ និងបានសម្លាប់មនុស្សរាប់មិនអស់។ សព្វថ្ងៃ នៅតែមានរដ្ឋអំណាចខ្លះ ដែលកាន់លទ្ធិរបស់កុម្មុយនីស្តដដែលនេះ។

៥. ទុទិ្ទដ្ឋិនិយម (Pessimism) របស់ លោក សូផែនហាវ័រ (Schopenhauer)

ក្នុងស្នាដៃរបស់លោក ដែលមានចំណងជើងថា “ពិភពលោកនេះ ជាឆន្ទះ និងគំនិត” (The World as Will and Idea) លោក សូផែនហាវ័រ (Schopenhauer) (១៧៨៨-១៨៦០) អះអាងថា ជីវិតយោគយោលពីទុក្ខ ដល់ក្តីធុញទ្រាន់។

គំនិតរបស់លោកចេញមកពីទស្សនៈរបស់ព្រះពុទ្ធ៖ បំណងប្រាថ្នារបស់មនុស្សជាប្រភពនៃទុក្ខលំបាករបស់គេ៖

១. មនុស្សយើងចង់បាន ព្រោះយើងខ្វះខាត។ ទាល់តែបានបំពេញការខ្វះខាតនេះ បានជាយើងលែងចង់បានទៀតទេ។ យើងក៏មានអំណរសប្បាយ៖ ឧ. ខ្ញុំកើតទុក្ខទាល់តែបានឡានមួយ។

២. ប៉ុន្តែ ទោះបីជាយើងបានបំពេញការខ្វះខាតទាំងប៉ុន្មានរបស់យើង យើងក៏យល់ឃើញថា អំណរសប្បាយមិនយូរទេ។ យើងក៏ធុញទ្រាន់ យើងអប្សុក។ បន្តិចក្រោយមកទៀត យើងចង់បានអ្វីផ្សេងទៀត។ យើងមិនដែលអស់ចិត្តឡើយ៖ ឧ. ពេលខ្ញុំបានឡានមួយ ខ្ញុំក៏ចង់បានឡានមួយផ្សេងទៀត។

៣. យើងអាចសណ្និដ្ឋានថា មានជាតិ មានទុក្ខ។ ពេលនោះ លោក សូផែនហាវ័រ (Schopenhauer) សសេរថា ដើម្បីឳ្យរួចពីទុក្ខ យើងក៏ត្រូវតែលែងរស់ទៅមុខ។ កុំឳ្យកើតទុក្ខ យើងត្រូវតែរម្ងាប់បំណងប្រាថ្នាទាំងប៉ុន្មានរបស់យើង យើងក៏ត្រូវតែស្លាប់។

ក៏ប៉ុន្តែ ចំពោះលោក សល្បៈអាចជួយសង្រ្គោះយើង។ ពេលយើងស្តាប់ភ្លេង ឬមើលឃើញផ្ទាំងគំនូរ យើងរួចពីឆន្ទះ ដែលចេះតែនាំឳ្យយើងចង់បាន និងកើតទុក្ខ។ ដោយសារសល្បៈគ្មានប្រយោជន៍នៅក្នុងខ្លួនផ្ទាល់ យើងក៏រួចពីការស្វែងរកឥតឈប់ឈរនៃឆន្ទះរបស់យើង។

៦. អស់សង្ឃឹមនិយម (Nihilism) របស់លោក នីឈេ (Nietzsche)

លោក នីឈេ (Nietzsche) (១៨៤៤-១៩០០) ជាទស្សនវិទូ ដែលបានសេសេរសៀវភៅជាច្រើន ដូចជា “ហ្សារ៉ាធូស្រ្តានិយាយដូចនេះថា” (Thus Spoke Zarathustra) “ហួសពីល្អ និងអាក្រក់” (Beyond Good and Evil) ដ៏ពិរោះស្ដាប់។

លោកធ្លាប់រិះគន់គ្រីស្តសាសនា (ដែលលោកមិនសូវបានយល់ប៉ុន្មាន)។ លោកធ្លាប់អះអាងថា “ព្រះសោយទិវង្គតហើយ” (God is Dead)។ នៅទ្វីបអឺរ៉ូប នៅសម័យរបស់លោក អ្នកស្រាវជ្រាវបានយល់ថា ផែនដីលែងទៅជាស្នូលនៃសកលលោក មនុស្សលែងទៅជាម្ចាស់លើខ្លួនឯង។ ម្យ៉ាងទៀត ដោយព្រះសហគមន៍បានបាក់បែកគ្នា ពួកលោកបូជាចារ្យលែងមានឥទ្ធិពល ព្រះគម្ពីរក៏ហាក់ដូចជាមិនថ្លែងសេចក្ដីពិត។ ហេតុនេះ មនុស្សភាគច្រើនលែងជឿលើព្រះជាម្ចាស់។ នេះជាដើមកំណើតនៃភាពអស់សង្ឃឹមនិយម។

ដោយសសេរថា ព្រះជាម្ចាស់សោយទិវង្គត លោកនីឈេ (Nietzsche) ចង់និយាយថា ព្រោះតែគេលែងជឿលើព្រះ មនុស្សក៏លែងកាន់សីលធម៌ដែរ ។ បើព្រះជាម្ចាស់សោយទិវង្គតហើយ មនុស្សអាចធ្វើតាមចិត្តក៏បានដែរ។ បើព្រះជាម្ចាស់សោយទិវង្គតហើយ ក៏គ្មានស្ថានបរមសុខដែរ។ សម្រាប់លោក នីឈេ (Nietzsche) យុត្តិធម៌ សេចក្ដីស្រលាញ់ និងធម៌មេត្តាករុណា​ ដែលមកពីគ្រីស្តសាសនា ក៏លែងមានប្រយោជន៍ដែរ។

លោក នីឈេ (Nietzsche) យល់ឃើញថា មនុស្សម្នាក់ៗមានថាមពលនៅក្នុងខ្លួន ដូចជាម៉ាស៊ីនម្យ៉ាង ដែលជំរុញគេឳ្យមានជីវិត។ លោកហៅថាមពលនេះថា “ឆន្ទះ ដើម្បីអំណាច” (The Will of Power)។ ដោយឆន្ទះនេះ មនុស្សមិនគ្រាន់តែចង់បានអំណាច ថែមទាំងចង់បានអំណាចហួសពីអំណាចនេះទៅទៀត រហូតដល់ទៅជា “មនុស្សដ៏ខ្លាំងពូកែអស្ចារ្យ” (Übermensch: The Overman)។ ចំពោះលោក នីឈេ (Nietzsche) មនុស្សត្រូវតែមានគោលដៅតែមួយ គឺចេញពីស្ថានភាពជាសត្វ ដែលជាស្ថានភាពបច្ចុប្បន្ន ដើម្បីឡើងទៅជាមនុស្សដ៏ខ្លាំងពូកែអស្ចារ្យ។ ហេតុនេះហើយ បានជាមនុស្ស ដែលមានបំណងចង់ទៅជាមនុស្សដ៏ខ្លាំងពូកែអស្ចារ្យ បានទៅជាមនុស្សពិតប្រាកដមែន។ តាមការពិត ដោយព្រះជាម្ចាស់សោយទិវង្គត មនុស្សដ៏ខ្លាំងពូកែអស្ចារ្យជំនួសបន្តព្រះអង្គ ដូចជាព្រះថ្មី។

មនុស្សបែបនេះ​ មិនសង្ឃឹមអំពីពិភពផ្សេង ក្រោយពីបានស្លាប់ទេ។ គេរស់នៅតាមគំនិតផ្ទាល់របស់ខ្លួនឯង។ គេមិនត្រូវការព្រះណាមួយ ដើម្បីជួយណែនាំគេ ក្នុងជីវិត ឬ ដើម្បីជួយឳ្យស្គាល់ល្អ ឬអាក្រក់។ សម្រាប់លោក មនុស្សដ៏ល្អត្រឹមត្រូវ គឺជាមនុស្សម្នាក់ ដែលខ្លាំងជាងគេ ដែលមានតណ្ហា ឬដែលចង់បានជីវិតដ៏ពេញលក្ខណៈ។ លោករិះគន់សីលធម៌នៃគ្រីស្តសាសនា ដែលលើកតម្កើងមនុស្សទន់ខ្សោយ និងមិនឳ្យធ្វើតាមចិត្ត ឬតាមតណ្ហា។ លោកអះអាងថា មនុស្សទន់ខ្សោយបានបង្កើតគ្រីស្តសាសនា ដើម្បីកាន់អំណាច។ តាមអ្វីដែលលោក នីឈេ (Nietzsche) យល់អំពីគ្រីស្តសាសនា មនុស្សល្អ គឺជាមនុស្សម្នាក់ ដែលបន្ទាបខ្លួន ដូចជាខ្ញុំគេ បានជាលោកមើលងាយគ្រីស្តបរិស័ទ ។

លោក នីឈេ (Nietzsche) ចង់បង្កើតមនុស្សថ្មី ប៉ុន្តែ តើមនុស្សបែបនេះ អាចរស់នៅជាមួយគ្នាយ៉ាងដូចម្ដេចបាន? ឧ. បើមនុស្សដ៏ខ្លាំងពូកែអស្ចារ្យពីរនាក់ឈ្លោះប្រកែកគ្នា ធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហា?

តាមទស្សនវិជ្ជារបស់គាត់ លោកនីឈេ (Nietzsche) រិះគន់យ៉ាងខ្លាំងក្លាទៅលើតម្លៃសីលធម៌ សាសនា និងវប្បធម៌ក្នុងសម័យកាលរបស់លោក ហើយក៏ត្រាស់ហៅមនុស្សឱ្យបោះជំហានទៅមុខដើម្បីបង្កើតតម្លៃថ្មី។  ស្នាដៃរបស់លោកដែលភាគច្រើនជាពាក្យពេចន៍ខ្លីៗ និងជាកំណាព្យ មានគោលបំណងលើកទឹកចិត្តបុគ្គលម្នាក់ៗឱ្យទទួលយកជីវិតទាំងមូល រួមទាំងការឈឺចាប់ផងដែរ ដើម្បីបញ្ជាក់ពីអត្តិភាពរបស់ខ្លួន និងឈានទៅដល់កម្រិតកំពូល។

គំនិតសំខាន់ៗ

ក. “ការស្លាប់របស់ព្រះជាម្ចាស់” (God is Dead)៖ ការប្រកាសដ៏ល្បីនេះ ដែលមាននៅក្នុងស្នាដៃ “ចំណេះដឹងរីករាយ” (The Gay Science) និងបានពង្រីកនៅក្នុង “លោកហ្សារ៉ាធូស្ត្រានិយាយបែបនេះ” (Thus Spoke Zarathoustra) មិនមែនមានន័យថា លោកបដិសេធទាំងស្រុងនូវអត្តិភាពនៃព្រះជាម្ចាស់នោះទេ ប៉ុន្តែ លោកចង់បញ្ចប់ប្រព័ន្ធតម្លៃរបស់សាសនាយូដា-គ្រីស្តសាសនា ដែលបានរៀបចំរចនាសម្ព័ន្ធអរិយធម៌លោកខាងលិច។ ចំពោះលោកនីឈេ (Nietzsche) ជំនឿលើព្រះមួយអង្គ ដែលហួសពីអ្វីៗទាំងអស់ បានធ្វើឱ្យពិភពលោកបច្ចុប្បន្នគ្មានតម្លៃ ព្រោះមនុស្សស្រមើស្រមៃលើពិភពលោកអនាគត។ ការស្លាប់របស់ព្រះជាម្ចាស់រំដោះសក្តានុពលមួយ ប៉ុន្តែ នាំឱ្យជីវិតលែងមានន័យ ឬគោលដៅអ្វីទៀតហើយ (Nihilism)។

ខ. “ឧត្ដមមនុស្ស” (The Overman - Übermensch)៖ ជារូបភាព ដែលលោកនីឈេ (Nietzsche) បានលើកឡើង ដើម្បីប្រឈមមុខនឹងភាពគ្មានន័យ (Nihilism) គឺ ឧត្ដមមនុស្ស ដែលជាឧត្តមគតិនៃមនុស្សជាតិដែលអាចយកឈ្នះលើការស្លាប់របស់ព្រះជាម្ចាស់។ ឧត្ដមមនុស្សមិនមែនជាមនុស្សដែលមានសមត្ថភាពខ្ពស់ដោយធម្មជាតិនោះទេ ប៉ុន្តែ ជាអ្នកដែលបានលើកកម្ពស់ខ្លួនឯងទាំងខាងសីលធម៌ និងប្រាជ្ញា ដោយបង្កើតតម្លៃផ្ទាល់ខ្លួន លើសពីល្អ និងអាក្រក់តាមប្រពៃណី (Beyond Good and Evil)។

គ. “ឆន្ទៈឆ្ពោះទៅរកអំណាច” (The Will to Power - Wille zur Macht)៖ ជារឿយៗគេបកស្រាយគំនិតនេះខុស គឺជាស្នូលនៃគំនិតរបស់លោកនីឈេ (Nietzsche)។ ឆន្ធះនៃអំណាចមិនមែនជាការស្រេកឃ្លានក្នុងការត្រួតត្រាលើអ្នកដទៃនោះទេ ប៉ុន្តែ ជាកម្លាំងជីវិតដ៏សំខាន់មួយ។ ឆន្ទៈនៃអំណាចជំរុញគ្រប់ភាវៈរស់ទាំងអស់ឱ្យបញ្ជាក់ លូតលាស់ និងយកឈ្នះខ្លួនឯង។ យើងអាចមើលឃើញឆន្ទះនៃអំណាចនេះ តាមរយៈភាពច្នៃប្រឌិត ចំណេះដឹង និងសមត្ថភាពក្នុងការផ្តល់អត្ថន័យដល់អត្តិភាពផ្ទាល់ខ្លួន។

ឃ. “ការវិលត្រឡប់ដ៏អស់កល្ប” (The Eternal Return)៖ លោកនីឈេ(Nietzsche) សួរថា៖ "ចុះបើនៅថ្ងៃណាមួយ ឬយប់ណាមួយ មានអារក្សមួយបានចូលមកក្នុងភាពឯកាដ៏ជ្រៅបំផុតរបស់អ្នក ហើយនិយាយទៅកាន់អ្នកថា៖ 'ជីវិតនេះ ដូចដែលអ្នកបានរស់នៅឥឡូវនេះ និងបានរស់នៅកន្លងមក អ្នកនឹងត្រូវរស់នៅម្ដងទៀត ហើយរាប់មិនអស់'..." ការវិលត្រឡប់ដ៏អស់កល្បជាគំនិតថា យើងរស់នៅជីវិតរបស់ខ្លួនម្ដងទៀត តាមរបៀបដដែល ដោយគ្មានអ្វីផ្លាស់ប្តូរ។ លោកមានគោលបំណងសួរខ្លួនឯងថា តើយើងអាចស្រឡាញ់ជីវិតរបស់យើងដល់កម្រិតដែលយើងចង់រស់នៅរៀងរហូតដែរឬទេ? គំនិតនេះ ទាក់ទងនឹងការស្រឡាញ់ជោគវាសនា(Amor fati)។

ង. “សីលធម៌របស់ម្ចាស់ និងសីលធម៌របស់ទាសករ” (Master Morality and Slave Morality)៖ នៅក្នុងស្នាដៃ “ពង្សាវតារនៃសីលធម៌” (On the Genealogy of Morality) លោកនីឈេ (Nietzsche) វិភាគពីប្រភពដើមនៃតម្លៃរបស់យើង។ លោកបែងចែកសីលធម៌ជាពីរប្រភេទ។ សីលធម៌របស់ម្ចាស់ គឺជាសីលធម៌របស់ពួកអភិជន និងមនុស្សខ្លាំង ដែលបង្កើតតម្លៃផ្ទាល់ខ្លួនរបស់ពួកគេចេញពីអំណាច និងសេចក្ដីថ្លៃថ្នូរខាងក្នុងរបស់ពួកគេ។ “ល្អ” គឺជាអ្វីដែលថ្លៃថ្នូរ និងរឹងមាំ។ ចំណែកឯសីលធម៌របស់ទាសករ កើតចេញពីភាពទន់ខ្សោយ និងការខឹងសម្បារ គឺជាលទ្ធផលនៃការបះបោររបស់មនុស្សទន់ខ្សោយប្រឆាំងនឹងមនុស្សខ្លាំង។ “ល្អ” គឺជាអ្វីដែលមានប្រយោជន៍សម្រាប់មនុស្សទន់ខ្សោយ ដូចជាចិត្តអាណិតអាសូរ ឬការបន្ទាបខ្លួន ចំណែកឯ “អាក្រក់” ទាក់ទងនឹងកម្លាំង និងចិត្តក្រអឺតក្រទម។ សម្រាប់លោកនីឈេ (Nietzsche) សីលធម៌របស់ទាសករនេះ ដែលគ្រីស្តសាសនាជារូបតំណាង បានធ្វើឱ្យសភាវគតិសំខាន់ៗនៃជីវិតបាត់បង់តម្លៃដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្សទន់ខ្សោយ។

៧. ចិត្តវិជ្ជា (Psychology) របស់លោក ហ្វ្រូយដ៍ (Freud)

លោក ហ្វ្រូយដ៍ (Freud) (១៨៥៦-១៩៣៩) ល្បីល្បាញ ព្រោះលោកបានសិក្សាអំពីដំណើរការនៃវិញ្ញាណរបស់មនុស្ស។ ជាពិសេសលោកចាប់អារម្មណ៍អំពីរោគវិកលចរិត។ លោកមានឥទ្ធិពលដ៏ខ្លាំងលើគំនិតទស្សនវិទូពេលក្រោយដែរ ជាពិសេសគំនិតស្តីអំពីសេរីភាពរបស់មនុស្ស។

លោកបានរកឃើញថា មនុស្សមិនប្រព្រឹត្តសកម្មភាព ដោយដឹងខ្លួនទាំងស្រុងទេ។ ពេលខ្លះ គំនិតលាក់លៀមក្នុងចិត្តណែ​នាំ​យើងឳ្យធ្វើកិច្ចការនេះ ឬកិច្ចការនោះ ដោយមិនដឹងខ្លួនអំពីមូលហេតុច្បាស់លាស់។ ជូនកាល កិច្ចការនោះ មិនស្របតាមប្រាជ្ញា គ្មានហេតុគ្មានផលឡើយ។​ ជាពិសេស តណ្ហាខាងផ្លូវភេទអាចជំរុញយើងឳ្យប្រព្រឹត្តសកម្មភាព ដែលយើងមិនចង់ធ្វើ ជាហេតុអាចនាំឳ្យយើងកើតជម្ងឺខាងផ្លូវចិត្តដែរ៖ ឧ. ឧក្រិដ្ឋជនម្នាក់អាចប្រព្រឹត្តអំពើបទល្មើសខាងផ្លូវភេទលើកុមារ ព្រោះតែគេត្រូវបានរំលោភ កាលគេនៅក្មេង។ ដោយមិនដឹងខ្លួនច្បាស់ ក្នុងជម្រៅចិត្តគេ គេមានគំនិតចង់សងសឹកម្យ៉ាង។ លោក ហ្វ្រូយដ៍ (Freud) ធ្លាប់ប្រាប់ថា៖ “អត្មាមិនមែនជាម្ចាស់ក្នុងផ្ទះខ្លួនឯក” មានន័យថា ក្នុងវិញ្ញាណរបស់យើង មានគំនិតលាក់លៀមខ្លះៗ ដែលជំរុញយើងឳ្យប្រព្រឹត្តកិច្ចការខ្លះ ដោយមិនដឹងខ្លួនឡើយ។

លោកយល់ឃើញអំពីរចនាសម្ព័ន្ធនៃព្រលឹងវិញ្ញាណ និងចិត្តគំនិតរបស់មនុស្ស។ លោកបានជីកឳ្យបានជ្រៅក្នុងវិញ្ញាណអ្នកជម្ងឺខាងផ្លូវចិត្ត និងបានជួយបំភ្លឺហេតុផ្សេងៗដែលនាំឳ្យអ្នកជម្ងឺនោះឈឺ។ ដោយបំភ្លឺហេតុផ្សេងៗដែលកប់ជ្រៅក្នុងចិត្ត ឬក្នុងវិញ្ញាណរបស់អ្នកជម្ងឺនោះ លោក ហ្វ្រូយដ៍ (Freud) បានជួយព្យាបាលពួកគេ។

យោងតាមលោក ហ្វ្រូយដ៍ (Freud) យើងចងចាំបទពិសោធន៍ទាំងប៉ុន្មាន (ល្អ ឬអាក្រក់) ដែលបានកើតឡើង តាំងពីកុមារភាព ក្នុងជម្រៅចិត្តយើង។ គ្រូពេទ្យខាងចិត្តវិជ្ជាអាចជួយរកឃើញបទពិសោធន៍ដ៏អាក្រក់មួយ ដែលអ្នកជម្ងឺបានព្យាយាមលាក់ កុំឳ្យចងចាំ ធ្វើឳ្យគេមានបញ្ហាខាងផ្លូវចិត្ត។ ដោយឈានចូលក្នុងវិញ្ញាណរបស់អ្នកជម្ងឺ គ្រូពេទ្យអាចជួយទាញយកពិសោធន៍ដ៏អាក្រក់​នេះ ទៅកាន់ពន្លឺ ធ្វើឳ្យអ្នកជម្ងឺអាចប្រឈមមុខនឹងអតិតកាលរបស់ខ្លួន និងបានជាសះស្បើយ។

១. នៅពេលដែលយើងកើតមកក្នុងលោកនេះ យើងបញ្ចេញតម្រូវការទាំងខាងផ្លូវកាយ ទាំងខាងផ្លូវចិត្ត ភ្លាមៗដោយមិនចេះខ្មាស់៖ ឧ. បើកូនង៉ាគ្មានទឹកដោះគោ វាស្រែកយំ ទើបម្តាយជួយបំបៅកូន។ លោក ហ្វ្រូយដ៍ (Freud) ហៅតម្រូវការដំបូងនេះ “តម្រូវការតណ្ហាសុទ្ធសាធ” ឬ “នេះគឺជា” “នេះគឺ មានហើយ” (Id) គឺជាតម្រូវការ និងបំណងប្រាថ្នាដំបូងទាំងប៉ុន្មាន ទោះជាល្អ ឬអាក្រក់។

២. តាំងពីកំណើតមក យើងត្រូវតែប្រឈមមុខនឹងការទាមទារខាងសីលធម៌ ដែលមកពីមាតាបិតា និងសង្គម។ ពេលយើងធ្វើខុស មាតាបិតាស្តីបន្តោស៖ “កុំធ្វើដូច្នេះ!” ឬ “ការធ្វើបែបនេះ អាក្រក់ណាស់កូនអើយ!”។ ពេលយើងធំឡើង ក៏ដូចគ្នាដែរ។ បន្តិចម្តងៗហាក់ដូចជាការទាមទារខាងសីលធម៌ទាំងប៉ុន្មាន បានទៅជាចំណែកនៃខ្លួនយើងដែរ។ លោក ហ្វ្រូយដ៍ (Freud) ហៅដំ​ណាក់​កាលនេះថា “មហាអត្តា” (Superego)។ មហាអត្តានេះ ជួយប្រាប់យើងអំពីលក្ខណៈល្អ ឬអាក្រក់​ នៃបំណងប្រាថ្នារបស់យើង។ ដំណាក់កាលនេះ សំខាន់ណាស់ កុំឳ្យយើងធ្វើតាមអំពើចិត្ត ឬគំនិតអាក្រក់របស់យើង។

៣. លោក ហ្វ្រូយដ៍ (Freud) ពន្យល់ថា “នេះគឺជា” ឬតម្រូវការតណ្ហាសុទ្ធសាធ និង “មហាអត្តា” ឬការបម្រាមទាំងប៉ុន្មាន ប្រយុទ្ធប្រឆាំងនឹងគ្នា ដើម្បីបង្កើតអ្វីដែលលោកហៅថា “អត្តា” (Ego)។ អត្តាដូចជាអាជ្ញាកណ្តាលរវាងបំណងប្រាថ្នារបស់យើង និងបម្រាមទាំងប៉ុន្មាននៃសង្គម។ ពេលខ្លះ ទោះបីជាយើងចង់បានអ្វីមួយខ្លាំងណាស់ក៏ដោយ ក៏យើងត្រូវលុបបំបាត់ ឬកាត់បន្ថយតម្រូវការទាំងប៉ុន្មានរបស់យើងដែរ។ ជាហេតុនាំឳ្យយើងបង្កើត “អត្តា” (Ego) ពោលគឺដោយមានទំនាក់ទំនងជាមួយអ្នកដទៃ យើងដឹងខ្លួនអំពីខ្លួនឯង។ យើងចាប់ផ្តើមមានមនសិការ។

ឧ. កាលណាម្តាយឃើញកូនប៉ះពាល់នឹងភេទរបស់វា ម្តាយអាចស្តីវាថា៖ “កូនអើយ! កុំធ្វើដូចនេះទេ!​ មិនល្អទេ!”។ ពេលនោះ កូនតូចអាចមានអារម្មណ៍ថា វាបានធ្វើខុស។ អារម្មណ៍នេះ អាចជាប់នឹងអារម្មណ៍របស់វាអស់មួយជីវិត។ ពេលធំឡើង កូននេះ ដែលបានទៅជាមនុស្សពេញវ័យ អាចមានអារម្មណ៍មិនល្អ ពេលរួមភេទជាមួយប្រពន្ធ។ ពេលនោះ បំណងប្រាថ្នាខាងផ្លួវភេទ និងអារម្មណ៍មិនល្អ ប្រគួតប្រឆាំងនឹងគ្នា។

សម្រាប់លោក ហ្វ្រូយដ៍ (Freud) មនសិការ (Conscious) ជាផ្នែកដ៏តូចមួយប៉ុណ្ណោះនៃវិញ្ញាណរបស់មនុស្ស។ លោកប្រៀបធៀបមនសិការដូចជាកំពូលស្រួចនៃភ្នំទឹកកក់ក្នុងសមុទ្រ។ ខាងក្រោមសមុទ្រនេះ (ពោលគឺ ក្នុងទីជម្រៅចិត្តមនុស្ស) មាន “មនសិការខាងក្រោម” (Unconscious)។ នៅក្នុងមនសិការខាងក្រោមនេះ មានបទពិសោធន៍ទាំងអស់របស់យើង ដែលយើងចងចាំដោយមិនដឹងខ្លួនឳ្យបានច្បាស់លាស់។ មនសិការខាងក្រោមជួយឳ្យយើងបំភ្លេចបទពិសោធន៍អាក្រក់ (ដូចរបាំងម្យ៉ាង)។ ប៉ុន្តែ មានពេលខ្លះ បទពិសោធន៍អាក្រក់ ដែលយើងព្យាយាមភ្លេច លេចឡើង និងជំរុញយើងឳ្យប្រព្រឹត្តកិច្ចការ ដោយមិនដឹងខ្លួន (ឧ. របូតមាត់...)។ ពេលខ្លះទៀត បទពិសោធន៍អាក្រក់ណាស់ បានជាយើងអាចធ្លាក់ខ្លួនឈឺ។

តាមការពិត លោក ហ្វ្រូយដ៍ (Freud) បង្រៀនយើង កុំឳ្យបង្គ្រាប់បទពិសោធន៍អាក្រក់ច្រើនពេក ដ្បិតគំនិតអាក្រក់នឹងលេចឡើងដាច់ខាត។ បើយើងព្យាយាមបំភ្លេចបទពិសោធន៍អាក្រក់ច្រើនពេក បទពិសោធន៍នេះ នឹងក្រាបក្នុងមនសិការខាងក្រោម ហើយនឹងលេចឡើងនៅពេលអនាគត។ លោក ហ្វ្រូយដ៍ (Freud) អះអាងថា គួរនិយាយអំពីបទពិសោធន៍ដ៏អាក្រក់នេះ ជាមួយមនុស្សម្នាក់ ដែលអាចទុកចិត្តបាន។ ធ្វើដូច្នេះ យើងនឹងដេញបទពិសោធន៍ឳ្យចេញពីខ្លួន។

ក្នុងស្នាដៃរបស់លោក “បកស្រាយការយល់សប្តិ” (The Interpretation of Dreams) លោកប្រាប់យើងថា ការយល់សប្តិបង្ហាញអំពីបំណងប្រាថ្នាពិតប្រាកដរបស់យើង ជាបំណងប្រាថ្នា ដែលយើងមិនហ៊ានសារភាព (ឧ. អ្នកបួសយល់សប្តិអំពីស្រីស្អាតម្នាក់)។ លោកអះអាងថា ការយល់សប្តិជាមធ្យោបាយមួយ ដែលមនសិការខាងក្រោមប្រើប្រាស់ ដើម្បីបញ្ចេញអារម្មណ៍ (កុំឱ្យម៉ាស៊ីនកម្ដៅចំហាយផ្ទុះឡើង!)។ គ្រូពេទ្យខាងផ្លូវចិត្តអាចជួយបកស្រាយការយល់សប្តិ ធ្វើឳ្យអ្នកជម្ងឺបានជា។ ពេលនោះ លោកគ្រូពេទ្យប្រៀបដូចជាឆ្មប់នៃប្រលឹងវិញ្ញាណរបស់យើង ដែលកើតសាជាថ្មី។

លោក ហ្វ្រូយដ៍ (Freud) បានជួយឳ្យយល់កាន់តែច្បាស់អំពីដំណើរការរបស់មនុស្ស។ សព្វថ្ងៃ គេចាត់ទុកលោកថា ជាបិតានៃចិត្តវិជ្ជាទំនើប។ ក៏ប៉ុន្តែ អ្នកខ្លះបានទាញយកគំនិតរបស់លោក ដើម្បីអះអាងថា មនុស្សគ្មានសេរីភាពសោះ។ ចំពោះពួកគេ មនុស្សប្រព្រឹត្តតែកិច្ចការ ដែលមនសិការខាងក្រោម បញ្ជាឳ្យធ្វើប៉ុណ្ណោះ។ គេហៅទ្រឹស្តីនេះថា “កំណត់និយម” (Determinism)។ អ្វីៗទាំងអស់ ដែលយើងប្រព្រឹត្តសុទ្ធតែមកពីគំនិតលាក់លៀមកប់ជ្រៅក្នុងវិញ្ញាណរបស់យើង បានជាយើងពុំមានសេរីភាពសោះ។

៨. បាតុភូតវិទ្យា (Phenomenology) របស់លោក ហ៊ូស្សល (Husserl)

លោក ហ៊ូស្សល (Husserl) (១៨៥៩-១៩៣៨) ជាទស្សនវិទូដ៏ល្បីល្បាញម្នាក់ ព្រោះលោកបានបង្កើតទស្សនវិជ្ជាសាជាថ្មី។ ជាភាសាក្រិក Phainómenon មានន័យថា “អ្វីដែលលេចឡើង”។ លោកចង់បង្ហាញថា មានតថភាព លុះត្រាតែតថភាពនេះលេចឡើងក្នុងមនសិការ។ លោកយល់ថា មានទំនាក់ទំនងដ៏ចាំបាច់រវាងមនសិការ និងតថភាព។ លោកចង់វិភាគបទពិសោធន៍របស់មនុស្សអំពីអ្វីដែលឡេចឡើងក្នុងមនសិការ ដើម្បីយល់អំពីតថភាព។ លោកចង់បង្កើតទំនាក់ទំនងរវាងចលនាពីរនៃទស្សនវិជ្ជា៖ គំនិតនិយម និង ពិសោធន៍និយម។ លោក ហ៊ូស្សល (Husserl) ចង់សិក្សាអំពីរបៀប ដែលមនសិការមានបទពិសោធន៍អំពីពិភពលោក និងផ្តល់អត្ថន័យដល់ពិភពលោកនេះ។ លោកមិនចាប់អារម្មណ៍អំពីរបៀប ដែលពិភពលោកកើតឡើង ឬមូលហេតុផ្សេងៗនៃកំណើតពិភពលោកឡើយ។​ លោកសួរថា តើពិភពលោកលេចឡើងក្នុងមនសិការយ៉ាងដូចម្ដេច?

សូមលើកឧទាហរណ៍មួយ៖ នៅឆ្នាំ១៦១០ លោកហ្គាលីឡេ (Galilee) បានរកឃើញភពតូចៗបួនជុំវិញផ្កាយព្រហស្បតិ៍ (Jupiter)។ មុននឹងលោករកឃើញភពទាំងបួននោះ ភពនោះមានអត្តិភាពពិតប្រាកដមែន។ ទោះជាលោកបានរកឃើញភពនោះ ឬទេ ភពទាំងនោះមានជាក់ស្ដែង។ ប៉ុន្តែ ចំពោះយើង ភពទាំងបួននោះ លេចឡើងនៅឆ្នាំ១៦១០។

ដូច្នេះ យើងអាចយល់ថា មាន៖

១. វត្ថុជាក់ស្ដែង ដែលមានអត្តិភាព ទោះជាយើងដឹងខ្លួនអំពីវត្ថុនេះ​ ឬទេ (ឧ. ភពទាំងបួននៃផ្កាយព្រហស្បតិ៍មានអត្តិភាពជាក់ស្ដែង ទោះជាយើងបានរកឃើញភពនោះ ឬទេ)។

២. វត្ថុ ដែលលេចឡើងចំពោះមនុស្សយើង ពោលគឺបាតុភូត ដែលលេចឡើងក្នុងមនសិការយើង (ភពទាំងបួននៃផ្កាយព្រហស្បតិ៍ ចាប់ពីឆ្នាំ១៦១០)។ ក្នុងករណីនេះ ខ្ញុំត្រូវតែជឿលោកហ្គាលីឡេ។​

៣. វត្ថុ ដែលលេចឡើងចំពោះខ្ញុំផ្ទាល់ ពោលគឺបាតុភូតសុទ្ធសាធ ដែលលេចឡើងចំពោះមនសិការរបស់ខ្ញុំផ្ទាល់  (ភពទាំងបួននៃផ្កាយព្រហស្បតិ៍ លុះត្រាតែខ្ញុំមានឧបករណ៍ ដើម្បីឳ្យខ្ញុំអាចមើលឃើញអាកាស)។

ដើម្បីឈានទៅដល់បាតុភូតសុទ្ធសាធ (ដំណាក់កាលទីបី) លោកហ៊ូស្សល (Husserl) ពន្យល់ថា យើងត្រូវតែ “ផ្អាក” (Reduction - Epokhe) គំនិតធម្មតារបស់យើងអំពីពិភពលោក៖ ឧ. ជាធម្មតា មួយនាទីនៅតែជាមួយនាទី (ដែលអាចវាស់ដោយនាឡិកាបាន)។ ប៉ុន្តែ តាមបាតុភូតវិទ្យា ចំពោះខ្ញុំផ្ទាល់ មួយនាទីអាចទៅជាពេលវេលាយូរ ឬខ្លី អាស្រ័យទៅលើសកម្មភាពរបស់ខ្ញុំ ឬកន្លែងដែលខ្ញុំនៅ៖ ឧ. បើខ្ញុំសប្បាយ មួយនាទីអាចទៅជាពេលវេលាដ៏ខ្លី តែបើខ្ញុំធ្វើការ មួយនាទីអាចទៅជាពេលវេលាយូរ)។

ហេតុនេះហើយ បានជាខ្ញុំអាចយល់ឃើញអំពី “អាត្មាសុទ្ធសាធ” (Transcendantal ego) ដែលមានលក្ខណៈប្លែកពីអាត្មាធម្មតា។ អាត្មាធម្មតាស្ថិតក្នុងពិភពលោក ឯអាត្មាសុទ្ធសាធមិនស្ថិតក្នុងពិភពលោក តែដឹងខ្លួនអំពីអ្វីៗទាំងអស់ ដែលលេចឡើងក្នុងមនសិការ៖ ឧ. ជាធម្មតា យើងយល់ថា ខួរក្បាលមានមុននឹងមនសិការ ដ្បិតបើយើងគ្មានខួរ យើងក៏គ្មានមនសិការទេ ប៉ុន្តែ តាមបាតុភូតវិទ្យា មនសិការមានមុននឹងខួរក្បាល ដ្បិតយើងត្រូវដឹងខ្លួនសិន មុននឹងយល់ថា យើងមានខួរក្បាល។ មនសិការរកឃើញខួរក្បាលម្យ៉ាង។

បន្ទាប់មក លោកពន្យល់អំពីរបៀបវិទ្យាសាស្រ្ត ដើម្បីយល់អំពីសភាពនៃមនសិការ៖ ឧ. តើការយល់សប្តិជាអ្វី? ឬ អ្វីទៅជាឆ្មាមួយ? លោកចង់ចាប់គំនិតអំពី “យល់សប្តិ” ឬ គំនិតអំពី “ឆ្មា” ពោលគឺលោកចង់យល់អំពីសភាពពិតប្រាកដនៃអ្វីមួយ (យល់សប្តិ ឬ ឆ្មា...)។ អ្វីទៅជាលក្ខណៈរបស់យល់សប្តិ / ឆ្មា មួយ?  ក្នុងការស្វែងរករបស់លោក លោក ហ៊ូស្សល (Husserl) យល់ថា មនសិការមិនមែនជាអ្វីមួយ តែជាដំណើរមួយ។ ចំពោះការយល់សប្តិ (ឧ.) លោក យល់ថា​ ម្ខាងមានបទពិសោធន៍អំពីការយល់សប្តិនេះឯង (ដែលលោកហៅថា Noema ពោលគឺ “ការទទួលយក” (Perception)) និងម្ខាងទៀត មានការដឹងខ្លួនអំពីការយល់សប្តិនេះឯង (ដែលលោកហៅថា Noesis ពោលគឺ “ការទទួលយកចំពោះខ្ញុំ” (Subjective aspect))។ លោកសណ្និដ្ឋានថា មនសិការតែងតែសម្ដែងអំពីទំនាក់ទំនងជាមួយអ្វីមួយ បានសេចក្ដីថា មនសិការមិនស្ថិតនៅដោយខ្លួនឯង តែមានទំនាក់ទំនងជាមួយនឹងអ្វីមួយជានិច្ច (Intentionality of the Conscience)។

លោក ហ៊ូស្សល (Husserl) ស្វែងរកអំពីដំណើរការនៃមនសិការ ដើម្បីយល់ថា តើមនសិការនេះ ផ្លាស់ប្តូរតថភាពយ៉ាងដូចម្ដេច។ គោលដៅរបស់លោក គឺយល់អំពីរចនាសម្ព័ន្ធមូលដ្ឋាននៃមនសិការ និងរបៀបដែលមនសិការផ្លាស់ប្តូរតថភាព។ លោកចង់ឈានទៅដល់តថភាពពិតប្រាកដ ដែលមិនពឹងផ្អែកលើមនសិការរបស់យើង។ លោកចង់សិក្សារអំពីសភាពនៃមនសិការ មុននឹងយល់អំពីពិភពលោក៖ គេហៅការសិក្សានេះថា បាតុភូតវិទ្យាសុទ្ធសាធ (Pure Phenomenology)។ ឯចំពោះទស្សនវិទូផ្សេងៗក្រោយពីលោក ហ៊ូស្សល (Husserl) ដូចជាលោក ហៃឌេហ្គ័រ (Heidegger) ឬ លោក សារត្រឹះ (Sartre) ពួកលោកចង់សិក្សាអំពីអត្តិភាព៖ ធ្វើយ៉ាងដូចម្ដេច ដើម្បីរស់នៅលើផែនដីនេះ ដោយមិនយល់អំពីអត្តិភាពសិន? (បាតុភូតវិទ្យាខាងអត្តិភាព) (Existential Phenomenology)។ អស់លោកនឹងរិះគន់លោក ហ៊ូស្សល (Husserl) ដោយអះអាងថា យើងមិនអាចផ្អាកបទពិសោធន៍របស់យើងអំពីពិភពលោកបានឡើយ។ មនុស្សយើងកើតមកក្នុងពិភពលោកនេះ ហើយមិនអាចគេចផុតពីតថភាពនេះបានឡើយ។ អស់​លោក​នឹ​ងសិក្សាអំពីរបៀប ដែលមនុស្សផ្តល់អត្ថន័យដល់ពិភពលោក ដោយលែងស្វែងរកអំពីពិភពលោកផ្ទាល់។

ប្រហែលជាមិត្តអ្នកអានពិបាកយល់អំពីបាតុភូតវិទ្យា ហើយសួរខ្លួនឯងថា៖ តើបាតុភូតវិទ្យាមានប្រយោជន៍អ្វី? តាមការពិត លោក ហ៊ូស្សល (Husserl) យល់ថា របៀបគិតធម្មតាមិនមែនជារបៀបគិតតែមួយគត់។ ចំពោះលោក របៀបគិតតាមបាតុភូតវិទ្យាអាចបង្កើតផលបានច្រើន។ នៅសម័យលោក មានអ្នកខ្លះអះអាងថា យើងមិនអាចទទួលគំនិតណា ដែលមិនអាចពិនិត្យពិច័យដោយវិទ្យាសាស្រ្ត និងបទពិសោជន៍ជាក់ស្ដែងបានឡើយ។ ប៉ុន្តែ យើងមិនអាចពិនិត្យពិច័យចិត្តមនុស្ស ដោយវិទ្យសាស្រ្តបានឡើយ។ យើងក៏ត្រូវតែប្រើរបៀបថ្មីមួយទៀត ពោលគឺបាតុភូតវិទ្យា ដើម្បីអាចយល់អំពីមនុស្ស។ ហេតុនេះហើយ ទោះជាសម័យបច្ចប្បន្ន មានការរីកចម្រើនខាងវិទ្យាសាស្រ្តជាច្រើន ក៏នៅតែមានសង្រ្គាម ភាពវិកវរ និងអនាធិបតេយ្យ។ លោក ហ៊ូស្សល (Husserl) អះអាងថា ត្រូវតែយល់អំពីមនសិការ បតពិសោធន៍ ចំណេះដឹង និងពិភពលោក ពោលគឺត្រូវតែយល់អំពីអ្វីទៅជាមនុស្ស មុននឹងឈានទៅមុខ។

បាតុភូតវិទ្យា និងគោលជំនឿ៖ វិស័យប្រយោជន៍ទាំងបី

ក. ការសម្តែងក្នុងនាមជា "អំណោយ" និង "ការឆ្អែតស្កប់ស្កល់"

Jean-Luc Marion៖ បាតុភូតឆ្អែតស្កប់ស្កល់ គឺជាអ្វីមួយ ដែលគ្របដណ្តប់លើយើងដោយច្បាស់លាស់ និងពោរពេញដោយអត្ថន័យ ដែលលើសពីសមត្ថភាពរបស់យើងក្នុងការយល់បានទាំងស្រុង។

* ប្រយោជន៍សម្រាប់គោលជំនឿ៖ គោលជំនឿគ្រីស្តសាសនាធំៗ (ការយាងមកចាប់កំណើតជាមនុស្ស ការរស់ឡើងវិញ ព្រះត្រៃឯក) មិនគ្រាន់តែជាការអះអាងតាមបែបតក្កវិជ្ជានោះទេ តែគឺជាការសម្តែងឆ្អែតស្កប់ស្កល់ ដែលអាចយល់បានត្រឹមតែជាអំណោយដែលសម្ដែងខ្លួនឯងប៉ុណ្ណោះ។

* កុំសួរថា "តើត្រូវបញ្ជាក់ពីព្រះត្រៃឯកដោយរបៀបណា?" បាតុភូតវិទ្យាឱ្យសួរថា៖ "តើបទពិសោធន៍នៃព្រះតែមួយ និងព្រះត្រៃឯកសម្ដែងខ្លួនឯងចំពោះមនសិការរបស់អ្នកជឿយ៉ាងដូចម្តេច?"។

* ជួយឱ្យយល់ថា ជំនឿមិនមែនជាការចុះចូលតាមបញ្ញាទេ ប៉ុន្តែជាការទទួលយកបាតុភូត (ព្រះជាម្ចាស់) ដែលប្រោសប្រទានព្រះអង្គ និងអស្ចារ្យជាងគំនិតទាំងឡាយ។

ខ. គោលជំនឿ និងបទពិសោធន៍នៃអត្តនោម័តវិទ្យា

បាតុភូតវិទ្យាផ្តល់សារៈសំខាន់លើអត្តនោម័តភាពដែលយើងជួបប្រទះ (Dasein របស់ Heidegger ឬ ឆន្ទៈមនសិការរបស់ Husserl)។

* ប្រយោជន៍សម្រាប់គោលជំនឿ៖ ភ្ជាប់សេចក្តីពិតនៃគោលជំនឿទៅនឹងជីវិតជាក់ស្តែងរបស់មនុស្ស៖

* អាចបកស្រាយគោលជំនឿអំពីបាបដើមដំបូងថា ជាបទពិសោធន៍មនុស្សលោកអំពីការមិនចេះគ្រប់គ្រងខ្លួនឯង និងការឃ្លាតឆ្ងាយពីព្រះជាម្ចាស់។

* គោលជំនឿអំពីការសង្គ្រោះ ជាចម្លងពីជីវិតពោរពេញដោយការព្រួយបារម្ភ ទៅជាជីវិតពិតប្រាកដ និងសេរី។ ផ្តល់អត្ថន័យឡើងវិញដល់ទេវវិទ្យាអរូបី។

គ. អភិបូជា និងវត្តមានរបស់ព្រះយេស៊ូដ៏ពិតប្រាកដ

វិស័យនៃពិធីបុណ្យ និងអគ្គសញ្ញា។

* ប្រយោជន៍សម្រាប់គោលជំនឿ៖ ឧទាហរណ៍ អាចត្រូវបានវិភាគតាមរយៈពាក្យ "វត្តមាន" និង "ការបង្ហាញខ្លួន"។

* មិនព្យាយាមពន្យល់ពីរបៀបដែលនំប៉័ងក្លាយជាព្រះកាយនោះទេ ប៉ុន្តែពិពណ៌នាអំពីបទពិសោធន៍នៃការជួបនឹងព្រះកាយរបស់ព្រះគ្រីស្ត។

* សិក្សាពីការផ្លាស់ប្តូរពីវត្ថុធម្មតា (នំប៉័ង) ទៅជារូបតំណាង ឬសញ្ញាដែលផ្ទុកនូវអត្ថន័យដាច់ខាត (ព្រះកាយដែលប្រទានឱ្យ) អាចត្រិះរិះពិចារណាជាថ្មីអំពីការប្រែរូបព្រះកាយ ដោយជៀសវាងការយល់ច្រឡំតាមបែបបរិមាណរូបធាតុ។

សេចក្តីសន្និដ្ឋាន៖

* ការកាត់បន្ថយភាពអរូបី៖ អាចបង្ហាញគោលជំនឿមិនមែនជាទម្រង់សម្រាប់សូត្រតាមនោះទេ ប៉ុន្តែជាការពិពណ៌នាអំពីបទពិសោធន៍របស់មនុស្សដែលព្រះជាម្ចាស់បំភ្លឺ។

* ការសន្ទនាជាមួយពិភពលោក៖ ផ្តល់ភាសាទស្សនវិជ្ជាដើម្បីសន្ទនាជាមួយមនុស្សសម័យទំនើប ដែលជារឿយៗមានភាពរសើបចំពោះបទពិសោធន៍ និងអត្ថន័យ ជាងការជែកដេញដោលតាមបែបតក្កវិជ្ជាបុរាណ។

* ជម្រៅនៃវិញ្ញាណ៖ ជួយឱ្យគ្រីស្តបរិស័ទយល់ថា សេចក្តីពិតនៃគោលជំនឿ គឺជាសេចក្តីពិតដែលផ្លាស់ប្តូរជីវិតជាមុនសិន។

៩. ភាវវិជ្ជារបស់លោក ហៃឌេហ្គ័រ (Heidegger)

លោក ហៃឌេហ្គ័រ (Heidegger) (១៨៨៩-១៩៧៦) ជាអ្នកអត្តិភាពនិយមដ៏សំខាន់ម្នាក់។ លោកបាននិពន្ធ “ភាវៈ និងកាល” (Being and Time) នៅឆ្នាំ១៩២៧ ដែលមានឥទ្ធិពលដ៏ខ្លាំងលើទស្សនវិទូជំនាន់ក្រោយ។ ក្នុងស្នាដៃរបស់លោក លោកសម្គាល់ថា តាំងពី២៥០០ឆ្នាំមកហើយ ទូស្សនវិទូទាំងអស់បានរិះគិតអំពីអត្ថន័យនៃជីវិត ដោយសួរថា ហេតុអ្វី បានជាមានអ្វីមួយ និងមិនមែនគ្មានអ្វីសោះ? ហេតុអ្វី បានជាមានភាវៈ? ហេតុអ្វី បានជាមានអត្តិភាព? ប៉ុន្តែ ក្នុងចំណោមអស់ទស្សនវិទូនោះ គ្មាននរណាម្នាក់បានសួរខ្លួនឯងថា អ្វីទៅភាវៈ? អ្វីទៅអត្តិភាព? យើងធ្វើហាក់ដូចជាយើងស្គាល់អត្ថន័យនៃពាក្យ “អត្តិភាព” តាមការពិត យើងមិនដឹងថា អត្តិភាពជាអ្វី បានជាលោកសណ្និដ្ឋានថា យើងបានកសាងទស្សនវិជ្ជានៅលើដីខ្សាច់!

លោកហៃឌេហ្គ័រ (Heidegger) សសេរថា លោក ផ្លាថូន (Plato) បានសិក្សាអំពីសភាពនៃភាវៈ លោក អារីស្តូថេល្លេស (Aristotle) បានបែងចែកភាវៈជាប្រភេទផ្សេងៗពីគ្នា ឯលោក ដេស៍ខារថ៍ (Descartes) បានគ្រាន់តែអះអាងថា “ខ្ញុំគិត បានជាខ្ញុំមានអត្តិភាព” (Cogito) តែមិនបានសិក្សាអំពីអត្ថន័យនៃអត្តិភាពរបស់មនុស្សឡើយ។ ទស្សនវិទូទាំងអស់នោះ បានសិក្សាអំពីអ្វីដែលមានអត្តិភាព (ភាវៈ) តែអស់លោកមិនបានចាប់អារម្មណ៍អំពីអត្តិភាពផ្ទាល់។ យើងក៏ត្រូវតែកំណត់និយមន័យនៃពាក្យ “អត្តិភាព” មុននឹងសិក្សាអំពីភាវៈទាំងឡាយ។ តើ “អត្តិភាព” មានអត្ថន័យអ្វីខ្លះ? លោកចាប់ផ្តើមសម្គាល់ថា អត្តិភាពមានអត្ថន័យផ្សេងៗពីគ្នារវាងវត្ថុ សត្វ និងមនុស្ស។ មនុស្សមានអត្តិភាពប្លែកពីសត្វ ឬវត្ថុ៖ ឧ. ពេលមនុស្សម្នាក់ស្លាប់ គាត់លែងមានអត្តិភាព ទោះបីជារូបកាយរបស់គេនៅឡើយ។

តាមការពិត លោក ហៃឌេហ្គ័រ (Heidegger) ជាសាវ័ករបស់លោក ហ៊ូស្សល (Husserl) ដែលបានបង្កើតបាតុភូតវិជ្ជា ដើម្បីយល់អំពីតថភាពនៃពិភពលោក និងមនុស្ស។​ ហេតុនេះ សម្រាប់លោក ហៃឌេហ្គ័រ (Heidegger) ភាវៈមានអត្តិភាពតាមបែបពីរ៖ ដោយខ្លួនឯង តាមរបៀបឯករាជ្យម្យ៉ាង ពោលគឺភាវៈក្នុងខ្លួនឯង (being in itself) ឬតាមទំនាក់ទំនងរវាងភាវៈនេះ និងមនសិការរបស់មនុស្ស ពោលគឺភាវៈសម្រាប់យើង (being in relation with)។ លោកហៃឌេហ្គ័រ (Heidegger) មានបំណងចង់យល់អ្វីៗទាំងអស់តាមបែប ដែលភាវៈលេចឡើងក្នុងមនសិការរបស់យើង៖ ឧ. ពេលខ្ញុំស្តាប់ចម្រៀងមួយបទ ចម្រៀងនេះធ្វើឱ្យយើងនឹកគិតដល់អំពីហេតុការណ៍ផ្សេងៗដែលបានកើតឡើងក្នុងជីវិតយើង ឬចម្រៀងនេះធ្វើឱ្យយើងរំភើបចិត្ត យំ ឬសើច ល។ល។ បានជាយើងមិនអាចយល់អំពីចម្រៀងនេះ តាមបែបឯករាជ្យម្យ៉ាង។ យើងត្រូវតែយល់ថា ចម្រៀងនេះ (និងភាវៈទាំងឡាយ) មានទំនាក់ទំនងជាមួយយើង។ ចម្រៀងនេះដូចជាបង្កើតភិពពពិសេសសម្រាប់យើងផ្ទាល់។ យើងមិនអាចនិយាយ ឬយល់អំពីចម្រៀងនេះ ក្រៅពីបទពិសោធន៍របស់យើងអំពីជីវិត។ យើងមិនអាចវិភាគភាវៈក្រៅពីយើងផ្ទាល់បានឡើយ។ អត្តិភាពនៃភាវៈនីមួយៗអាស្រ័យទៅលើបទពិសោធន៍របស់យើងអំពីភាវៈនេះឯង។ ភាវៈនីមួយៗដូចជាបន្ត ឬកសាងបុគ្គលភាពរបស់យើងផ្ទាល់៖ ឧ. បើយើងប្រើថ្មធំមួយ ដើម្បីអង្គុយ យើងផ្លាស់ប្តូរអត្តិភាពនៃថ្មនេះ ថ្មនេះលែងទៅជាថ្មសុទ្ធ តែទៅជាឧបការណ៍ ដើម្បីឱ្យយើងអាចអង្គុយវិញ។ អត្តិភាពនៃភាវៈនីមួយៗមិនអាស្រ័យទៅលើភាវៈផ្ទាល់ តែអាស្រ័យទៅលើទំនាក់ទំនងរវាងភាវៈនេះ និងខ្លួនយើងផ្ទាល់។

បន្ទាប់មក លោកហៃឌេហ្គ័រ (Heidegger) យល់ឃើញថា ភាវៈរបស់មនុស្សមិនដូចភាវៈឯទៀត ដ្បិតមានតែមនុស្ស ដែលសួរខ្លួនឯងអំពីអត្តិភាព។ មានតែមនុស្ស ដែលមានមនសិការ អាចដឹងខ្លួនអំពីខ្លួនឯង។ លោកប្រើពាក្យ “ដាហ្សាណ” (Dasein) សម្ដៅទៅលើមនុស្សម្នាក់ ដែលដឹងខ្លួនអំពីខ្លួនឯង ហើយដែលចាប់អារម្មណ៍អំពីជីវិតរបស់ខ្លួន។ ចំពោះលោកហៃឌេហ្គ័រ (Heidegger) យើងទៅជាមនុស្សពិតប្រាកដ នៅពេលដែលយើងមិនគ្រាន់តែរស់ដូចគេ តែនៅពេលយើងស្វែងរកអំពីអត្ថន័យ និងតម្លៃនៃជីវិត។ មនុស្សពិតប្រាកដដឹងខ្លួនថា ខ្លួននឹងស្លាប់ជាមិនខាន ខ្លួនជា “ភាវៈសម្រាប់សេចក្ដីស្លាប់” (Being for death) និងប្រឈមមុខនឹងវាសនារបស់ខ្លួន។ យើងមិនអាចយល់អត្តិភាពរបស់មនុស្ស ដោយមិនរិះគិតអំពីសេចក្ដីស្លាប់បានឡើយ។ ចំពោះលោក មនុស្សជាភាវៈតែមួយ ដែលដឹងខ្លួនថា គេនឹងស្លាប់។ ការដឹងខ្លួននេះ ធ្វើឱ្យមនុស្សមានចិត្តតានតឹង កើតទុក្ខព្រួយ និងព្រួយបារម្មណ៍ (anguish) ចំពោះវាសនារបស់ខ្លួន។ ហេតុនេះ មនុស្សភាគច្រើនចង់គេចផុតពីការគិតអំពីសេចក្ដីស្លាប់ ដោយភាគខ្លួនក្នុងជីវិតពោរពេញដោយភាពមិនប្រាកដប្រជា (Inauthenticity) ពោលគឺយើងរស់ដូចគេ យើងធ្វើការ ភាសាបាយ និយាយលេង ប៉ុន្តែ យើងបំភ្លេចសំណួរដ៏សំខាន់តែមួយអំពីអត្ថន័យពិតប្រាកដនៃជីវិត។ ផ្ទុយទៅវិញ បើយើងមានចិត្តក្លាហានហ៊ានប្រឈមមុខនឹងសេចក្ដីស្លាប់ យើងរកឃើញអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនង។

១០. អត្តិភាពនិយម (Existentialism) របស់លោក សារត្រឹះ (Sartre)

លោក សារត្រឹះ (Sartre) ជាជនជាតិបារាំងម្នាក់ ដែលកើតនៅឆ្នាំ១៩០៥ និងទទួលមរណភាពនៅឆ្នាំ១៩៨០។ ដូចលោក ឃៀរឃគ័រ (Kierkegaard) លោកជាទស្សនវិទូអត្តិភាពនិយម តែលោកមិនព្រមជឿថា មានព្រះជាម្ចាស់ទេ។ ចំពោះ លោក សារត្រឹះ (Sartre) ពាក្យសំខាន់ជាងគេ គឺជា “អត្តិភាព”។ ប៉ុន្តែ អត្តិភាពមិនមែនមានន័យថា “មានជីវិត”។ រុក្ខជាតិ និងសត្វមានជីវិត តែមិនដឹងខ្លួនអំពីអត្តិភាពរបស់ខ្លួនឡើយ។ មានតែមនុស្សទេ ដែលដឹងខ្លួនថា ខ្លួនមានជីវិត។ អត្តិភាពរបស់មនុស្សមិនដូចអត្តិភាពរបស់វត្ថុ រុក្ខជាតិ និតសត្វ។

សម្រាប់លោក អត្តិភាពសំខាន់ជាងសភាព។ លោកអះអាងថា៖ “អត្តិភាពមានមុនសភាព”។ លោកចង់និយាយថា មុនដំបូង យើងកើតមក។ យើងមានអត្តិភាព។ ក្រោយមកទៀត យើងទៅជាម្នាក់នេះ ឬម្នាក់នោះ អាស្រ័យទៅលើម្នាក់ៗ។ តាមពិតលោកប្រឆាំងនឹងទស្សនៈ ដែលអះអាងថា​ មនុស្សត្រូវរស់នៅ (មានអត្តិភាព) ស្របតាមសភាព (លក្ខណៈ) របស់គេ។ ទស្សនវិទូជាច្រើនស្មានទុកជាមុនអំពីធម្មជាតិ សភាព ឬលក្ខណៈរបស់មនុស្ស។ លោក សារត្រឹះ (Sartre) ប្រាប់យើងថា មនុស្សម្នាក់ៗត្រូវបង្កើតសភាពរបស់ខ្លួនគេ ឬមនុស្សម្នាក់ៗត្រូវបង្កើតខ្លួនឯង។ គ្មានព្រហ្មលិខិត ឬគម្រោងគារណ៍ ដែលមកពីព្រះណាមួយ ឬសភាព ដែលអាចធ្វើឳ្យយើងទៅជាអ្នកនេះ ឬអ្នកនោះ។ យើងម្នាក់ៗត្រូវសម្រេចចិត្តបង្កើតលក្ខណៈរបស់ខ្លួនយើង។

ហេតុនេះ លោកសសេរថា៖ “អត្តិភាព គឺជាមនុស្សនិយម”។ មនុស្សទទួលខុសត្រូវអំពីអត្តិភាពរបស់ខ្លួន។ លោកបន្ថែមទៀតថា នៅពេលយើងដឹងខ្លួនថា យើងត្រូវតែស្លាប់ យើងក៏ចាប់ផ្តើមភ័យខ្លាច (Angst, dread)។ លោកមានអារម្មណ៍ទៀតថា លោកដូចជាជនបរទេសក្នុងពិភពមួយ ដែលគ្មានន័យ។ យើងអាចព្រួយបារម្មណ៍ អស់សង្ឃឹម អប្សុក... (Nausea)។ ចំពោះលោក សារត្រឹះ (Sartre) មនុស្សត្រូវតែបង្កើតខ្លួនឯង បានជាគេមានសេរីភាពពេញលេញ។ គ្មានអ្វី គ្មាននរណាអាចតម្រូវគេទុកជាមុនឆ្ពោះទៅគោលដៅណាមួយ។ ប៉ុន្តែ ចំពោះលោក សេរីភាពនេះ មានអត្ថន័យអវិជ្ជមាន។ លោកសសេរថា៖ “មនុស្សត្រូវគេដាក់ទោសឳ្យមានសេរីភាព” (Man is condemned to be free)។ មនុស្សបានទទួលទោសឳ្យមានសេរីភាព ដ្បិតគេមិនបានបង្កើតខ្លួនឯងឡើយ។ ម្យ៉ាងទៀត មនុស្សទទួលខុសត្រូវលើអត្តិភាព និងជីវិតរបស់ខ្លួនឯង។

អស់មួយជីវិត មនុស្សត្រូវសម្រេចចិត្តធ្វើនេះ ឬធ្វើនោះ។ គ្មានគោលការណ៍ ឬវិន័យ ច្បាប់ បទបញ្ជាណាមួយ ដែលបង្ហាញផ្លូវឳ្យយើងទេ។ សេរីភាពបង្ខំយើងឳ្យមានជីវិតពិតប្រាកដ ដោយទទួលខុសត្រូវ ១០០%។ យើងមិនអាចយកលេសណាមួយ កុំឳ្យទទួលខុសត្រូវលើកិច្ចការរបស់យើង សូម្បីតែអំពើបាបដើម ដែលមកពីលោកអដាំ។ ចំពោះលោក សារត្រឹះ (Sartre) គ្មានមនុស្សដើម ដែលបានប្រព្រឹត្តបាបដំបូងទេ។ មានតែយើងម្នាក់ៗ ដែលត្រូវបង្កើតជីវិតរបស់យើង។

លោក សារត្រឹះ (Sartre) ធ្លាប់ធ្វើការជាមួយទស្សនវិទូស្រីម្នាក់ ឈ្មោះ ស៊ីម៉ូន ដឺ ប៊ូវ័រ (Simone de Beauvoir)។ នៅឆ្នាំ១៩៤៩ អ្នកស្រីសសេរ “ភេទទីពីរ” (The Second Sex)។ ក្នុងសៀវភៅនេះ លោកស្រីការពារសិទ្ធិនារី និងជំរុញពួកគេឳ្យមានសេរីភាព តាមអត្ថន័យរបស់លោក សារត្រឹះ (Sartre)។ លោកស្រី ស៊ីម៉ូន ដឺ ប៊ូវ័រ (Simone de Beauvoir) អនុវត្តគំនិតរបស់លោក សារត្រឹះ (Sartre) ដោយបដិសេធមិនព្រមទទួលស្គាល់់ថា មានភេទប្រុស និងភេទស្រី។ នាងអះអាងថា អ្នកណាក៏បាន ​​ឳ្យតែគេចង់ អាចទៅជាប្រុស ឬស្រី តាមចិត្ត។ លោកស្រីធ្លាប់សសេរថា យើងទៅជាបុរស ឬស្រី្ត មកពីទម្លាប់ វប្បធម៌ និងសីលធម៌នៃសង្គម៖​ ឧ. បើឪពុកម្តាយមានកូនប្រុស ជាធម្មតា ពួកគាត់ឳ្យរបស់របរទាក់ទងនឹងភេទប្រុស ដូចជាឡានជ័រ ឬបាល់ ឬកង់។ បើពួកគាត់មានកូនស្រី ពួកគាត់ឳ្យកាដូខាងភេទស្រី ដូចជាតក្កាតៈ។ លោកស្រី ស៊ីម៉ូន ដឺ ប៊ូវ័រ (Simone de Beauvoir) អះអាងថា បើយើងអប់រំកូនប្រុសដូចកូនស្រីម្នាក់ ដោយផ្តល់របស់របរខាងភេទស្រី ដូចជាតក្កាតៈ កូនប្រុស និងទៅជាស្រី (ខាងផ្លូវចិត្ត)។

១១. មុខរបស់អ្នកដទៃ៖ អេម៉ានូអែល លេវីណាស (Emmanuel Lévinas)

លោក អេម៉ានូអែល លេវីណាស (១៩០៦-១៩៩៥) ជាទស្សនវិទូជនជាតិយូដា ដែលស្គាល់ព្រះគម្ពីរច្បាស់លាស់ ហើយដែលបានរៀនបាតុភូតវិទ្យា (Phenomenology) ពីលោក ហ៊ូស្សល (Husserl) និងពីលោក ហៃឌេហ្គ័រ (Heidegger)។ នៅឆ្នាំ១៩៦២ លោក លេវីណាស (Lévinas) បោះពុម្ភផ្សាយនិក្ខេបបទរបស់លោក ដែលមានចំណងជើងថា៖ “ភាពជាសរុប និងភាពគ្មានទីបញ្ចប់” (Totality and Infinity) ហើយនៅឆ្នាំ១៩៨២ លោកនិពន្ធសៀវភៅ “សីលធម៌ និងភាពគ្មានទីបញ្ចប់” (Ethics and Infinity)។ លោកជាសាស្ត្រាចារ្យ នៅមហាវិទ្យាល័យផ្សេងៗ នៅទីក្រុងបារីស។

លោកល្បីល្បាញព្រោះគំនិតរបស់លោកអំពីមុខអ្នកដទៃ។ ចំពោះលោក លេវីណាស (Lévinas) អ្នកដទៃ គឺជា “ខ្ញុំម្នាក់ផ្សេងទៀត” (alter ego)។ តើធ្វើយ៉ាងដូចម្ដេច ដើម្បីទទួលស្គាល់ថា អ្នកដទៃជាខ្លួនខ្ញុំផ្សេងទៀត? ចំពោះលោក អ្នកដទៃមិនសម្ដៅទៅលើមនុស្សទូទៅ តែជាបុគ្គលម្នាក់ ដែលស្ថិតទប់តល់នឹងខាងមុខខ្ញុំ។ បើគេស្ថិតនៅខាងមុខខ្ញុំ មុខរបស់គេបង្ហាញអំពីខ្លូនខ្ញុំ និងឆ្លុះបញ្ចាំងព្រះភ័ក្រ្តរបស់ព្រះជាម្ចាស់ដែរ។ លោក លេវីណាស (Lévinas) ធ្លាប់អះអាងថា៖ “ខ្ញុំមិនប្រាប់ថា អ្នកដទៃជាព្រះជាម្ចាស់ទេ តែនៅក្នុងមុខរបស់គេ ខ្ញុំឮព្រះបន្ទូលរបស់ព្រះជាម្ចាស់”។ ចំពោះលោក ខ្ញុំអាចឈានទៅដល់ព្រះជាម្ចាស់ និងស្គាល់ព្រះអង្គ ដោយសារមុខរបស់អ្នកដទៃ។ មុខរបស់អ្នកដទៃឆ្លុះបញ្ចាំងព្រះភ័ក្រ្តរបស់ព្រះជាម្ចាស់តែម្តង។

ហេតុនេះហើយ បានជាលោកមិនដែលបំបែកសីលធម៌ចេញពីអស្តិរូបវិជ្ជា ពោលគឺបើយើងមិនរិះគិតពិចារណាអំពីសីលធម៌ យើងមិនអាចយល់អំពីភាវៈ និងអត្ថន័យនៃជីវិត។ អត្តិភាព និងសីលធម៌ តែងតែមានទំនាក់ទំនងរវាងគ្នានឹងគ្នា។ លោកសសេរថា៖ អ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បង្កើតពិតជាល្អប្រសើរមែន។ ប៉ុន្តែ ព្រះជាម្ចាស់ធ្វើការអស្ចារ្យបំផុត នៅពេលដែលព្រះអង្គបង្កើតសត្វលោក ដែលអាចមានសីលធម៌ ពោលគឺមនុស្ស។ មនុស្សមិនគ្រាន់តែជាសត្វលោក ដែលមានរូបកាយប៉ុណ្ណោះទេ។ មនុស្សជាសត្វលោកខាងវិញ្ញាណដែរ ពោលគឺមនុស្សអាចរិះគិតពិចារណា មានឆន្ទះ និងសេរីភាព មនុស្សក៏ជាសត្វលោក ដែលមានសីលធម៌។ ការនេះ ពិតជាអស្ចារ្យណាស់!

ហេតុនេះហើយ បានជាខ្ញុំទទួលខុសត្រូវអំពីអ្នកដទៃ ដោយមិនបាច់រងចាំឱ្យគេយកចិត្តទុកដាក់នឹងខ្ញុំ។ ខ្ញុំត្រូវស្រលាញ់គេ ដើម្បីគេ ព្រោះតែមុខរបស់គេ ដែលស្ថិតទប់តល់នឹងខ្ញុំតែម្តង។ មុខរបស់ម្នាក់ ដែលស្ថិតនៅខាងមុខខ្ញុំ នាំឱ្យខ្ញុំមានសីលធម៌ និងមើលខុសត្រូវលើគាត់។ លោកហៅសីលធម៌បែបនេះថា “សីលធម៌នៃមុខ” ពោលគឺមុខរបស់គេដូចជាបញ្ជាឱ្យខ្ញុំស្រលាញ់គេ។ មុខរបស់គេឆ្លុះបញ្ចាំងលក្ខណៈទន់ខ្សោយ និងកំណត់ព្រំដែនរបស់គេ បានជាខ្ញុំត្រូវធ្វើតាមបទបព្ជារបស់ព្រះជាម្ចាស់៖ “កុំសម្លាប់គេ”។ ចំពោះលោក សីលធម៌ជាមុខរបស់អ្នកដទៃ។

មុខរបស់គេមិនគ្រាន់តែជា “អ្វីដែលលេចឡើង” (បាតុភូតវិទ្យា) ប៉ុណ្ណោះទេ។ នៅពេលគេស្ថិតនៅខាងមុខខ្ញុំ ខ្ញុំក៏ត្រូវយល់ថា ខ្ញុំទទួលខុសត្រូវលើគេ ខ្ញុំក៏ត្រួវធ្វើតាមបទបព្ជារបស់ព្រះជាម្ចាស់ ដែលហាមខ្ញុំមិនឱ្យធ្វើបាបគេ ដោយមិនបាច់រងចាំឱ្យគេធ្វើល្អចំពោះខ្ញុំ។ ហេតុនេះហើយ បានជាខ្ញុំចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយគេ ដើម្បីគេ។

១២. គ្មានហេតុផលនិយម (Absurdism) របស់លោក កាមូស៍ (Camus)

លោក កាមូស៍ (Camus) (១៩១៣-១៩៦០) ជាជនជាតិបារាំង ដែលបាននិពន្ធរឿងប្រលោមលោកជាច្រើន ដូចជា “ជនចម្លែក” (The Stranger) ឬ “ជំងឺប៉េស្ត” (The Plague)។ ចំពោះលោក ជីវិតគ្មានគោលដៅ គ្មានន័យសោះ។ សាសនា ប្រាជ្ញា គំនិតផ្សេងៗពីទស្សនវិទូបុរាណ ឬពីអ្នកប្រាជ្ញបច្ចុប្បន្នកាល មិនអាចផ្តល់អត្ថន័យ ដើម្បីជួយណែនាំជីវិតរបស់យើងបានឡើយ។ តាមការពិត មនុស្សស្វែងរកអត្ថន័យនៃជីវិត ប៉ុន្តែ ពិភពលោកហាក់ដូចជាគ្មានសណ្ដាប់ធ្នាប់សោះ។ មានតែភាពវឹកវរប៉ុណ្ណោះ។ បើមានព្រះណាមួយ ព្រះនេះហាក់ដូចជាមិនរវីរវល់នឹងមនុស្សសោះ។

ប៉ុន្តែ លោក កាមូស៍ (Camus) មិនអស់សង្ឃឹមឡើយ។ លោកក៏មិនជំរុញឳ្យយើងសម្លាប់ខ្លួនទេ។ ផ្ទុយទៅវិញ យើងក៏ត្រូវតែទទួលយកភាពឥតន័យនៃជីវិត និងរស់នៅដោយគ្មានចិត្តចង់ស្គាល់សេចក្ដីពិត ឬអត្ថន័យនៃជីវិតនេះ នោះយើងអាចមានសុភមង្គលដែរ។

លោកពនន្យល់ទស្សនៈរបស់លោក ដោយប្រើរឿងក្រិកបុរាណ ដែលមានចំណងជើងថា “ទេវកថានៃស៊ីស៊ីហ្វូស” (The Myth of Sisyphus)។ ក្នុងរឿងនេះ ព្រោះតែលោកស៊ីស៊ីហ្វូសបានហ៊ានប្រឈមមុខនឹងព្រះផ្សេងៗ ព្រះនៃស្ថាននរក ហាដែស (Hades) បានដាក់ទោសឳ្យលោករុញផ្ទាំងថ្មដ៏ធំឳ្យឡើងទៅលើភ្នំមួយ។ ប៉ុន្តែ ដល់កំពូលភ្នំ ផ្ទាំងថ្មនេះចេះតែធ្លាក់ចុះទៅខាងក្រោម ធ្វើឳ្យលោកស៊ីស៊ីហ្វូសចាប់ផ្តើមឡើងវិញ ដោយគ្មានទីបញ្ចប់ អស់កល្បជានិច្ច។

លោក កាមូស៍ (Camus) អះអាងថា មនុស្សយើងដូចលោកស៊ីស៊ីហ្វូសដែរ ពោលគឺជីវិតយើងគ្មានអត្ថន័យ សកម្មភាពទាំងប៉ុន្មានរបស់យើងដដែលៗ។ ប៉ុន្តែ លោកសសេរថា ទោះជាយ៉ាងណាក៏ដោយ យើងក៏ត្រូវតែស្រមៃឃើញលោកស៊ីស៊ីហ្វូសដូចជាមានអារម្មណ៍សប្បាយដែរ។ ទោះជាយើងមិនអាចរកឃើញអត្ថន័យនៃជីវិត យើងអាចដកពិសោធន៍ដ៏ល្អនៃអ្វីៗទាំងអស់ ដែលមានក្នុងលោកនេះ (ព្រះអាទិត្យ ធម្មជាតិ ក្រុមគ្រួសារ សល្បៈ ជំនឿ ពិសោធន៍ផ្សេងៗ ល។ល។)។ ទោះជាជីវិតប្រចាំថ្ងៃ និងការរស់នៅរបស់យើងដដែលក៏ដោយ យើងក៏អាចមានសុភមង្គលម្យ៉ាងដែរ។ យើងអាចមានសុភមង្គល ដោយទទួលស្គាល់ថា យើងមិនអាចរកឃើញសេចក្ដីពិត យើងមិនគួររកឃើញអត្ថន័យនៃជីវិត ប៉ុន្តែ យើងអាចមានអំណរសប្បាយក្នុងកិច្ចប្រចាំថ្ងៃនៃជីវិត។

លើសពីនេះទៅទៀត លោក កាមូស៍ (Camus) បន្ថែមទៀតថា គឺដោយសារជីវិតគ្មានន័យ បានជាយើងអាចទទួលសោភណភាព និងតម្លៃនៃអ្វីៗទាំងអស់ ដែលមានក្នុងលោកនេះ។ លោកសសេរថា គ្រាន់តែខិតខំរស់នៅក្នុងលោកនេះ បានហើយ មិនបាច់ចង់បានយល់ពីអ្វីៗទាំងអស់។

១៣. ទស្សនវិជ្ជារបស់លោក យ៉ូហាន លូកា ម៉ារីយ៉ុង (Jean-Luc Marion)

ទស្សនវិជ្ជារបស់លោក យ៉ូហាន លូកា ម៉ារីយ៉ុង (Jean-Luc Marion) ដែលជាទស្សនវិទូ និងជាទ្រឹស្ដីវិទូកាតូលិកជនជាតិបារាំង គឺផ្តោតជាសំខាន់ទៅលើបាតុភូតវិទ្យានៃការបរិច្ចាក (phenomenology of givenness) (ឬ «ការដែលត្រូវ-បាន-ផ្តល់» étant-donné / given) ដែលលោកបានពង្រីកគម្រោងបាតុភូតវិទ្យារបស់លោក ហ៊ូស្សល (Husserl) និងលោក ហៃឌេហ្គ័រ (Heidegger)។

១. គំនិតសំខាន់ៗរបស់លោក៖

ក. បាតុភូតវិទ្យានៃការបរិច្ចាក (Phenomenology of Donation)

លោក ហ្សង់-លូក ម៉ារីយ៉ុង (Jean-Luc Marion) ស្នើ ការកាត់បន្ថយរ៉ាឌីកាល់ (radical reduction) នៃបាតុភូតវិទ្យា តាមរូបមន្ត៖ «ការកាត់បន្ថយប៉ុណ្ណា ការបរិច្ចាកក៏ប៉ុណ្ណឹងដែរ» (As much reduction, as much givenness)។

  • ការបរិច្ចាក (Donation / Givenness)៖ លោកអះអាងថា អ្វីដែលបង្ហាញខ្លួន (បាតុភូត) ត្រូវតែផ្តល់ឲ្យមនសិកាមុនគេបង្អស់។ ការបរិច្ចាកជាទិសផ្ដេកតែមួយគត់ និងមិនអាចកាត់បន្ថយបាននៃបាតុភូត ដែលត្រូវបានដោះលែងចេញពីដែនកំណត់នៃវិចារណញាណ (intuition)។ កាលណាយើងកាត់បន្ថយបាតុភូតដល់អ្វីដែលត្រូវបានផ្តល់ឲ្យ កាលនោះការបរិច្ចាកកាន់តែជាក់ស្តែង។
  • អ្នកដែលត្រូវបានផ្តល់ឲ្យ (L'Adonné / The given-to)៖ ផ្ទុយពីប្រធានបទអន្តរកាល (Transcendantal Subject) ដែលបង្កើតវត្ថុ អ្នកដែលត្រូវបានផ្តល់ឲ្យ គឺជា «ខ្ញុំ» ដែលទទួលអ្វីដែលត្រូវបានផ្តល់ឲ្យដោយអកម្ម (passively)។

ខ. បាតុភូតតិត្ថិភាព (The Saturated Phenomenon)

នេះគឺជាបាតុភូតដែលគ្របដណ្តប់លើវិចារណញាណរបស់អ្នកសង្កេត ដោយសារតែភាពលើសលប់ ("surcroît") របស់វា ហើយផ្ទុយពីទ្រឹស្តីរបស់លោក កន្ថ (Kant) ដែលថា បាតុភូតត្រូវតែសមស្របតាមប្រភេទ a priori នៃសតិបញ្ញា (understanding)។

  • បាតុភូតតិត្ថិភាពត្រូវបានកំណត់លក្ខណៈដោយភាពលើសលប់នៃវិចារណញាណធៀបនឹងគំនិត គឺហួសពីសមត្ថភាពរបស់សតិដឹង (មនសិកា) ក្នុងការបង្កើតគំនិត ឬកំណត់វា។
  • លោក ម៉ារីយ៉ុង (Marion) បានកំណត់ទម្រង់សំខាន់ៗចំនួនបួននៃបាតុភូតតិត្ថិភាព៖
    1. ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៖ កំណត់លក្ខណៈដោយភាពលើសលប់នៃលំហូរពេលវេលា។
    2. ផ្ទៃមុខរបស់អ្នកដទៃ៖ កំណត់លក្ខណៈដោយភាពលើសលប់នៃទំនាក់ទំនង និងភាពពឹងផ្អែក។
    3. ស្នាដៃសិល្បៈ៖ (ជាពិសេសគំនូរ)៖ កំណត់លក្ខណៈដោយភាពលើសលប់នៃគុណភាព។
    4. វិវរណៈ/រូបតំណាង (The Revelation / The icon)៖ កំណត់លក្ខណៈដោយភាពលើសលប់នៃបរិមាណ (ឧទាហរណ៍៖ ព្រះជាម្ចាស់សម្ដែងព្រះអង្គ)។

គ. ការចោទសួរអំពី ឧត្តមភាព-ទេវវិទ្យា (The Onto-Theo-Logy)

នៅក្នុងស្នាដៃដ៏សំខាន់របស់លោក ព្រះដោយគ្មានអត្តិភាព (God without Being) លោក ម៉ារីយ៉ុង (Marion) រិះគន់ប្រពៃណីអស្តិរូបវិជ្ជា (Metaphysic) ខាងលិច (ដែលលោកហៅថា ឧត្តមភាព-ទេវវិទ្យា) ដែលចាត់ទុកព្រះជាអត្តិភាព (God as Being)។

  • លោកអះអាងថា ការកាត់បន្ថយព្រះទៅជាអត្តិភាពជាឧបសគ្គអត្តិភាពវិទ្យា (Ontological Impediment) ដែលធ្វើឱ្យព្រះជាប់នៅក្នុងប្រភេទនៃអស្តិរូបវិជ្ជា (Metaphysic)។
  • លោក ម៉ារីយ៉ុង (Marion) ព្យាយាមគិតអំពីព្រះដោយគ្មានអត្តិភាព ដោយផ្អែកលើគំនិតក្នុងគម្ពីរ និងទេវវិជ្ជា ពោលគឺសេចក្តីស្រឡាញ់ ដែលជាឈ្មោះដំបូងរបស់ព្រះជាម្ចាស់ (មិនមែនអត្តិភាពទេ)។ ព្រះជាម្ចាស់បានសម្តែងព្រះអង្គជាសេចក្តីស្រឡាញ់ និងការបរិច្ចាក មិនមែនតាមរយៈភាពសំខាន់នៃអត្ថិភាពវិទ្យានោះទេ។

ឃ. គតិសម្បជញ្ញៈនៃសេចក្តីស្រឡាញ់ (Intentionality of Love)

លោក ម៉ារីយ៉ុង (Marion) សិក្សាអំពីសេចក្តីស្រឡាញ់ជាបាតុភូតកណ្តាល ជាពិសេសនៅក្នុង បាតុភូតដ៏កាមតណ្ហា (The erotical phenomenon)។ សេចក្តីស្រឡាញ់ពិតប្រាកដមិនមែនគ្រាន់តែបញ្ចាំងគំនិតរបស់យើងទៅលើអ្នកដទៃ (ការគោរពរូបព្រះក្លែងក្លាយ ឬអាត្មានិយម) នោះទេ ប៉ុន្តែ ទាមទារឱ្យទទួលយកអ្នកដទៃតាមលក្ខណៈផ្ទាល់របស់គេ (ដែលហៅថា គតិសម្បជញ្ញៈ-ទល់មុខcounter-intentionality)។ សេចក្តីស្រឡាញ់ជាប្រភេទនៃបាតុភូតតិត្ថិភាព (Saturated Phenomenon) ព្រោះត្រូវផ្តល់ឲ្យដោយគ្មានហេតុផលកំណត់ណាមួយឡើយ។

២. ស្នាដៃរបស់លោកមាន៖

ក. បាតុភូតវិទ្យា​នៃ​ការ​បរិច្ចាគ (The Phenomenology of Donation)

លោក​ស្ថិត​ក្នុង​ចលនា​បាតុភូតវិទ្យា​បារាំង (Husserl, Heidegger, Levinas) ដោយ​ស្នើ​ឱ្យ​មាន​ការ​ឈាន​ទៅ​មុខ​លើស​ពី​អស្តិរូបវិជ្ជា​នៃ​ភាវៈ (metaphysic of Being) ដើម្បី​ពិចារណា​ពីអ្វី​ដែល​ត្រូវ​បាន​ផ្តល់ (The Given) និងបាតុភូត​តិត្ថិភាព (Saturated Phenomenon)។ គោលគំនិត​គ្រឹះ៖ ការ​បរិច្ចាគ (The Donation)

  • Étant donné. Essai d'une phénoménologie de la donation (១៩៩៧)៖ ជា​សៀវភៅ​គ្រឹះ​ដែល​លោក​ម៉ារីយ៉ុង (Marion) បាន​បង្កើត​បាតុភូតវិទ្យា​ផ្ទាល់ខ្លួន។ លោក​ស្នើ​ឱ្យ​ចាប់ផ្តើម​មិនមែន​ពី​ភាវៈ (Ontology) ទៀត​ទេ ប៉ុន្តែ​ពីការ​បរិច្ចាគ (Donation)។ អ្វី​ដែល​ផ្តល់​ខ្លួនឯង​គឺ​ជា​អ្វី​ដែល​សំខាន់​ជាងគេ។ នេះ​ជា​ការ​កាត់បន្ថយ (reduction) ដែល​នាំ​ទៅ​ដល់​ការ​បរិច្ចាគ​ជា​ផ្តេក​នៃ​ការ​លេចឡើង​ទាំងអស់។

ខ. បាតុភូត​តិត្ថិភាព (The Saturated Phenomenon)

  • De surcroît. Études sur les phénomènes saturés (២០០១)៖ លោក​បាន​អភិវឌ្ឍ​គោលគំនិត​នៃបាតុភូត​តិត្ថិភាព (The Saturated Phenomenon) នៅ​ទីនេះ។ ផ្ទុយ​ពី​បាតុភូត​ធម្មតា​ដែល​គេអាច​រំពឹងទុក​ដោយ​ចេតនា (វត្ថុ​ដែល​អាច​មើលឃើញ) បាតុភូត​តិត្ថិភាព​លើស​ពី​ចេតនា​ទាំងអស់ ការ​យល់ដឹង​ទាំងអស់​ដោយសារ​ការ​យល់ដឹង​លើស​លប់។ វា​ខ្លាំង​ពេក​សម្រាប់​គំនិត។ លោក​ម៉ារីយ៉ុង (Marion) ​បែងចែក​បួន​ប្រភេទ៖ ព្រឹត្តិការណ៍ (event) រូបតំណាង (icon) សាច់ឈាម (chair) និង​បាតុភូត​តណ្ហា (erotical phenomenon)។

គ. ស្នាដៃ​ទេវវិជ្ជាសាសនា និង​ក្រមសីលធម៌

កិច្ចការ​របស់​លោក​ក្នុង​វិស័យ​នេះ​បង្កើត​ស្ពាន​រវាង​បាតុភូតវិទ្យា​នៃ​ការ​បរិច្ចាគ និង​គំនិត​គ្រីស្តសាសនា ដែល​គេ​តែងតែ​ហៅថា «ទេវវិជ្ជា-​ទស្សនវិជ្ជា» ឬ «ទេវវិជ្ជា-​បាតុភូតវិទ្យា»។

  • Dieu sans l'être (១៩៨២)៖ ជា​សៀវភៅ​ដែល​បាន​បង្ក​ឱ្យ​មាន​ភាពចម្រូងចម្រាស​ដ៏​ធំ។ លោក​ព្យាយាម​ពិចារណា​ពី​ព្រះជាម្ចាស់លើស​ពី​ប្រភេទ​អស្តិរូបវិជ្ជា​នៃ​ភាវៈ (Metaphysical category of Being) ដើម្បី​រំដោះ​ព្រះជាម្ចាស់​ពី​ក្របខ័ណ្ឌ​នៃ​Onto-Theo-Logy (ទស្សនវិជ្ជា​ដែល​កាត់បន្ថយ​ព្រះជាម្ចាស់​ទៅជា​ភាវៈ​កំពូល)។ លោក​ស្នើ​ឱ្យ​ពិចារណា​ពី​ព្រះជាម្ចាស់​ដោយ​ផ្អែកលើសេចក្តី​ស្រឡាញ់ (agapè) និងវិវរណៈ (Revelation)។
សរុបសេចក្តី

សរុបសេចក្តី៖
ទស្សនវិជ្ជាពិតប្រាកដ

ក្រោយពីបានអានសៀវភៅនេះ មិត្តអ្នកអានបានសិក្សាអំពីទស្សនវិទូជាច្រើននាក់ ដែលមានគំនិតខុសប្លែកពីគ្នាស្ទើរតែទាំងអស់។ អ្នកខ្លះមានគំនិតស្រួលយល់ ឯអ្នកខ្លះទៀតពិបាកយល់វិញ។ ទស្សនវិទូខ្លះជឿថា មានព្រះមួយអង្គជាប្រភពនៃអ្វីៗទាំងអស់ អ្នកខ្លះមិនរវីរវល់អំពីព្រះ ហើយអ្នកខ្លះផ្សេងទៀតបដិសេធមិនព្រមទទួលព្រះណាមួយ។ ប្រហែលជាមិត្តអ្នកអានសួរខ្លួនឯងថា៖ តើទស្សនវិទូណាខ្លះនិយាយត្រឹមត្រូវ? តើសេចក្ដីពិតអំពីពិភពលោក មនុស្សស្ថិតនៅឯណា? អ្វីទៅអត្ថន័យពិតប្រាកដនៃជីវិត?

ដើម្បីឆ្លើយតបនឹងសំណួរដ៏សំខាន់នេះ មិត្តអ្នកអានត្រូវតែបើកចិត្តឳ្យបានទូលាយ និងយល់ថា ទស្សនវិទូទាំងប៉ុន្មានឆ្លុះបញ្ចាំងរស្មីនៃសេចក្ដីពិត។ អស់ទស្សនវិទូនិយាយត្រូវម្យ៉ាង។ ប៉ុន្តែ ទោះជាការស្វែងរករបស់មនុស្សមានតម្លៃ ក៏មិត្តអ្នកអានត្រូវតែយល់ថា​ សេចក្ដីពិតមានតែមួយគត់ មិនអាចមានពីរ ឬបីបានឡើយ! ម្យ៉ាងទៀត មិត្តអ្នកអានត្រូវតែបន្ទាបខ្លួន ដោយទទួលស្គាល់ថា មនុស្សមិនអាចឈានទៅដល់សេចក្ដីពិត ដោយខ្លួនឯងបានឡើយ ដ្បិតសេចក្ដីពិតហួសពីបុគ្គលម្នាក់ៗ ទោះជាបុគ្គលម្នាក់នេះមានប្រាជ្ញាឆ្លាតឈ្លាសវៃយ៉ាងណាក៏ដោយ។

ចំពោះយើងជាគ្រីស្តបរិស័ទ យើងជឿថា សេចក្ដីពិតបានយាងមកជួបមនុស្ស នៅក្នុងអង្គព្រះយេស៊ូគ្រីស្ត។ យើងជឿថា ព្រះគ្រីស្តនេះហើយជាសេចក្ដីពិត (យហ ១៤,៦)  ដ្បិតព្រះគ្រីស្តពិតជាព្រះជាម្ចាស់ប្រសូតជាមនុស្ស។ ព្រះជាម្ចាស់យាងមកជួបមនុស្ស ដើម្បីឳ្យគេស្គាល់សេចក្ដីពិត និងអត្ថន័យនៃជីវិត។

យើងបានរៀនថា លោក អារីស្តូថេល្លេស (Aristotle) ​ ​ជាអ្នកស្វែងរកអត្ថន័យនៃជីវិត និងបានយល់ថា ពិតមែនហើយ មានព្រះមួយអង្គ ដែលជាប្រភព និងគោលដៅនៃអ្វីទាំងអស់។ ហេតុនេះហើយ បានជាព្រះសហគមន៍កាតូលិកអះអាងថា ដោយពឹងផ្អែកលើប្រាជ្ញារបស់យើង យើងអាចយល់ថា មានព្រះមួយអង្គ ដែលជាប្រភព និងគោលដៅនៃអ្វីៗទាំងអស់។

ក៏ប៉ុន្តែមានឧបសគ្គជាច្រើន ដែលរារាំងប្រាជ្ញានេះ ដ្បិតសេចក្ដីពិត ដែលទាក់ទងនឹងព្រះជាម្ចាស់ និងមនុស្សលោក ហួសពីធម្មជាតិរបស់មនុស្ស។ ដើម្បីបានទទួលសេចក្តីពិតទាំងនោះ ស្មារតីមនុស្សរងនូវទុក្ខលំបាក ពីវិញ្ញាណទាំងប្រាំ ភាពស្រមើស្រមៃ និងពីបំណងអាក្រក់ ដែលមកពីអំពើបាប។ ហេតុដូច្នេះហើយ បានជាមនុស្សអាចវង្វេងផ្លូវ និងយល់ខុសអំពីអត្ថន័យនៃជីវិត។

អាស្រ័យហេតុនេះហើយ បានជាព្រះជាម្ចាស់ត្រូវតែសម្ដែងព្រះអង្គ ដើម្បីបំភ្លឺមនុស្ស មិនគ្រាន់តែអំពីសេចក្ដី ដែល​​​​ហួសពី​បា្រជ្ញា​របស់គេប៉ុណ្ណោះទេ ថែមទាំងអំពី​សេចក្ដីពិតខាងសាសនា និងខាងសីលធម៌ ដែលប្រាជ្ញា​មនុស្ស​​មិនអាច​​យល់​​បានទេ ដើម្បីអោយមនុស្សទាំងអស់អាចស្គាល់សេចក្ដីទាំងអស់នោះ ដោយគ្មានការលំបាក​ យ៉ាងច្បាស់​លាស់​​ និងដោយគ្មានការ​ភ័ន្តច្រឡំ​​ឡើយ។

ទោះជាមិត្តអ្នកអានជឿ ឬមិនជឿលើព្រះគ្រីស្ត សូមមិត្តអ្នកអាននៅតែស្វែងរកអត្ថន័យនៃជីវិត និងស្វែងយល់អំពីហេតុផលត្រមត្រូវ ឬទេ តាមប្រាជ្ញានៃទស្សនវិទូទាំងប៉ុន្មាន។ ធ្វើដូច្នេះ មិត្តអ្នកអានពិតជានឹងក្លាយទៅជាទស្សនវិទូពិតប្រាកដមែន!

សេចក្តីផ្តើម៖ អ្វីទៅជាទស្សនវិជ្ជា? (២)
សេចក្តីផ្តើម៖ អ្វីទៅជាទស្សនវិជ្ជា? (២)

ទស្សនវិជ្ជាជាវិទ្យាសាស្ត្រនៃការគិត និងការសាកសួរ ដែលស្វែងយល់អំពីពិភពលោក ចំណេះដឹង អត្តិភាពរបស់មនុស្ស និងគុណតម្លៃផ្សេងៗ។ ពាក្យនេះមកពីភាសាក្រិកបុរាណ "philosophia" (φιλοσοφία) ដែលមានន័យថា "ការស្រឡាញ់ប្រាជ្ញាញ្ញាណ" (philein = ស្រឡាញ់, sophia = ប្រាជ្ញាញ្ញាណ)។

ទស្សនវិទូមានគោលបំណងចោទសួរអំពីអ្វីដែលហាក់ដូចជាមនុស្សទាំងអស់ទទួលស្គាល់ ដើម្បីវិភាគគំនិត គោលគំនិត និងជំនឿ ដើម្បីស្វែងរកមូលដ្ឋានគ្រឹះ និងផលប៉ះពាល់។ ពួកគេប្រើ ប្រាជ្ញា (Reason) តក្កវិជ្ជា (Logic) និងទឡ្ហីករណ៍ (Argumentation) ដើម្បីកសាងហេតុផលដ៏ម៉ត់ចត់។

១. ការស្វែងរកការពិត៖ ទស្សនវិទូមិនអះអាងថា មានការពិតដាច់ខាតនោះទេ ប៉ុន្តែ គាត់ព្យាយាមស្វែងរកការពិត ដោយផ្អែកលើប្រាជ្ញា។ គាត់ស្វែងយល់ពីបញ្ហាអសត្ថិរូបវិជ្ជាដ៏សំខាន់ (អត្តិភាព ប្រាជ្ញា) សីលធម៌ (សុភមង្គល សាសនា យុត្តិធម៌) នយោបាយ (អំណាច សេរីភាព រដ្ឋ) និងចំណេះដឹង (ការស្គាល់ វិទ្យាសាស្ត្រ សច្ចភាព)។

២. ការគិតត្រិះរិះពិចារណា៖ ទស្សនវិទូលើកទឹកចិត្តឱ្យមានចេះសង្ស័យ ចេះវិភាគ និងចេះចោទសួរអំពីគំនិតដែលមានស្រាប់ មតិ និងគោលលទ្ធិ។ គាត់មានគោលបំណងរំដោះខ្លួនចេញពីការបំភាន់ (Illusion) និងការវិនិច្ឆ័យទុកជាមុន (Prejudice)។

៣. របៀបរស់នៅ៖ នៅក្នុងសម័យបុរាណ ទស្សនវិទូមិនត្រឹមតែមានសកម្មភាពបញ្ញាប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានរបៀបរស់នៅផងដែរ ជាការណែនាំដើម្បីឈានទៅដល់ប្រាជ្ញាញ្ញាណ និងសុភមង្គលដូចជាពួកស្តូអ៊ីក (Stoïcists) ឬ លោក អេភីឃូរ៉ូស (Epicurus)។

៤. សាខាផ្សេងៗគ្នា៖ គេបែងចែកទស្សនវិជ្ជាជាច្រើនផ្នែកដូចជា៖

* អស្តិតរូបវិជ្ជា (Metaphysic)៖ ការសិក្សាអំពីអ្វីដែលហួសពីធម្មជាតិ និងអត្តិភាពភាវៈ។

* ចំណេះដឹង (Epistemology)៖ ការសិក្សាអំពីចំណេះដឹង (តើអ្វីទៅជាចំណេះដឹង និងរបៀបដែលយើងទទួលចំណេះដឹង)។

* សីលធម៌ (Moral)៖ ការសិក្សាអំពីគោលការណ៍សីលធម៌ និងការប្រព្រឹត្តត្រឹមត្រូវ។

* តក្កវិជ្ជា (Logic)៖ ការសិក្សាអំពីហេតុផលត្រឹមត្រូវ។

* នយោបាយ (Politic)៖ ការសិក្សាអំពីគោលគំនិតដូចជា អំណាច យុត្តិធម៌ រដ្ឋ និងសិទ្ធិ។

សរុបមក ទស្សនវិជ្ជាជាវិទ្យាសាស្ត្រដែលស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃបទពិសោធន៍ និងចំណេះដឹងរបស់មនុស្ស ដោយសួរសំណួរសំខាន់ៗ និងឆ្លើយតបទៅនឹងសំណួរទាំងនោះ ដោយគិតជាមួយនឹងហេតុផលស្របតាមប្រាជ្ញា។

ដើម្បីជំរុញមិត្តអ្នកអានឱ្យចេះគិតដោយខ្លួនឯង កុំឱ្យទៅជាឈ្លើយនៃគំនិតទូទៅ (សន្តប៉ូល) ក្នុងមេរៀនរបសើយើង យើងនឹងសិក្សាអំពីប្រធានបទសំខាន់ៗដូចជា៖

១. សុភមង្គល (Happiness)

២. សច្ចភាព (Truth)

៣. សេរីភាព (Freedom)

៤. ប្រាជ្ញា (Reason)

៥. យុត្តិធម៌ (Justice)

៦. សាសនា (Religion)

នៅចុងបញ្ចប់នៃមេរៀននីមួយៗ សូមមិត្តអ្នកអានសួរខ្លួនឯងថា៖ តើអ្វីជាគំនិតដែលមិត្តអ្នកអានចូលចិត្ត? ហេតុអ្វី? តើខ្ញុំមានគំនិតអ្វីខ្លះផ្សេងទៀត? បើខ្ញុំជាគ្រីស្តបរិស័ទ តើគំនិតណា ដែលត្រូវជាងគេជាមួយនឹងជំនឿរបស់ព្រះសហគមន៍? ហេតុអ្វី?

១ សុភមង្គល

១ សុភមង្គល

“មនុស្សគ្រប់រូបស្វែងរកសុភមង្គល សូម្បីតែមនុស្សដែលសម្លាប់ខ្លួន” (លោក ប៉ាស្កាល (Pascal))។ ប៉ុន្តែ ម្នាក់ៗស្វែងរកសុភមង្គលនេះ តាមផ្លូវផ្សេងៗពីគ្នា (អ្នកខ្លះមានសុភមង្គលក្នុងការស្វែងរកទ្រព្យសម្បត្តិ ឯអ្នកខ្លះផ្សេងទៀតបានសុភមង្គលនៅពេលដែលពួកគេរងាប់កិលេសតណ្ហា)។

តាមនិយមន័យទូទៅ សុភមង្គលជាគុណតម្លៃខ្ពស់បំផុត នឹងនរ និងជាស្ថាពរ ដែលបំពេញចិត្តគំនិតឱ្យបានពេញលេញ ហើយដែលជាគោលដៅចុងក្រោយនៃជីវិត។ ហេតុនេះ សុភមង្គលមិនមែនជាការសប្បាយ (Pleasure) ឬអំណរ (Joy) ដ្បិតការសប្បាយ និងអំណរមានតែមួយភ្លែតប៉ុណ្ណោះ (ឧ. ខ្ញុំមានអំណរ ដ្បិតខ្ញុំបានប្រឡងជាប់ តែខ្ញុំនៅតែត្រូវប្រឈាំមមុខនឹងឧបសគ្គជាច្រើនទៀតក្នុងអនាគត)។ ម្យ៉ាងទៀត សុភមង្គលមិនមែនជាការបំពេញចំណង់តណ្ហារបស់ខ្លួន ដ្បិតពេលនោះខ្ញុំក៏ទៅជាឈ្លើយនៃតណ្ហារបស់ខ្ញុំ (ឧ. បើខ្ញុំចេះតែផឹងស្រា ខ្ញុំនឹងធ្លាក់ខ្លួនឈឺ និងអាចស្លាប់បាន)។

១. ក្នុងសម័យក្រិកបុរាណ

១. លោក អារីស្តូថេល្លេស (Aristotle) ចាត់ទុកសុភមង្គល (Eudaimonia) ជាសកម្មភាពនៃព្រលឹងស្របតាមគុណធម៌ (ខាងប្រាជ្ញា និងខាងសីលធម៌)។ សុភមង្គលមិនមែនជាស្ថានភាពអសកម្មទេ ប៉ុន្តែ ជាលទ្ធផលនៃការប្រព្រឹត្តកិច្ចការ ដោយមានប្រាជ្ញាជួយណែនាំ ដើម្បីសម្រេចនូវធម្មជាតិរបស់យើងឱ្យទៅជាមនុស្សពេញលក្ខណៈ។ គ្រប់កិច្ចការប្រចាំថ្ងៃរបស់មនុស្សមានគោលដៅទៅដល់សុភមង្គលចុងក្រោយ (ឧ. បើខ្ញុំចង់ប្រឡងជាប់ ខ្ញុំក៏ត្រូវរំលឹកមេរៀន និងខ្ញុំមិនត្រូវខាតពេលវេលាក្នុងការមើលទូរស័ព្ទ)។

២. លោក អេភីឃូរ៉ូស (Epicurus) ចាត់ទុកថា យើងមានសុភមង្គលពេលព្រលឹងគ្មានការព្រួយបារម្ភ (Ataraxia) និងរូបកាយគ្មានការឈឺចាប់ (Aponia)។ ដើម្បីសម្រេចបាននូវសុភមង្គលនេះ មនុស្សត្រូវកាត់បន្ថយចំណង់តណ្ហារបស់ខ្លួនឱ្យត្រឹមត្រូវដូចតទៅ៖ (ក.) តម្រូវការធម្មជាតិ និងចាំបាច់ (Natural and Necessary desires) គឺជាតម្រូវការដែលចាំបាច់បំផុតសម្រាប់ជីវិត (ដូចជា ការញ៉ាំ ការផឹក និងការគេង)។ ការបំពេញតម្រូវការទាំងនេះនឹងនាំមកនូវភាពស្ងប់សុខទាំងកាយ និងចិត្ត។ (ខ.) តម្រូវការធម្មជាតិ តែមិនចាំបាច់ មិនមែនជាតម្រូវការដែលចាំបាច់សម្រាប់រស់រានមានជីវិតនោះទេ ប៉ុន្តែ ជាអំណរធម្មជាតិ (ដូចជាការញ៉ាំអាហារឆ្ងាញ់ៗ ជំនួសនំប៉័ងធម្មតា)។ យើងអាចបំពេញ តែមិនត្រូវពឹងផ្អែកលើតម្រូវការនោះទេ ព្រោះកង្វះខាតរបស់តម្រូវការនោះអាចបង្កឱ្យមានការថប់បារម្ភ។ (គ.) តម្រូវការឥតប្រយោជន៍ និងមិនធម្មជាតិ  ជាតម្រូវការដែលគ្មានដែនកំណត់ ហើយមិនអាចបំពេញបានពេញលេញឡើយ (ដូចជាទ្រព្យសម្បត្តិ កិត្តិយស និងអំណាច)។ គួរតែជៀសវាងតម្រូវការទាំងនេះឱ្យបានដាច់ខាត ព្រោះជាប្រភពនៃបញ្ហា និងទុក្ខវេទនា។

៣. លោក អេភីកថេថូស (Epictetus) បង្រៀនថា គន្លឹះនៃសុភមង្គលស្ថិតនៅក្នុងសមត្ថភាពរបស់យើង ក្នុងការបែងចែករវាងអ្វីដែលយើងអាចគ្រប់គ្រងបាន និងអ្វីដែលយើងមិនអាចគ្រប់គ្រងបាន។ (ក.) អ្វីដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង៖ ការវិនិច្ឆ័យ គំនិត បំណងប្រាថ្នា និងសកម្មភាពរបស់យើង។ សរុបមក គឺអ្វីៗទាំងអស់ដែលទាក់ទងនឹងឆន្ទៈរបស់យើង។ (ខ.) អ្វីដែលមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង៖ រាងកាយ ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ ព្រឹត្តិការណ៍ខាងក្រៅ និងសកម្មភាពរបស់អ្នកដទៃ។ តាមទស្សនៈរបស់លោក ប្រភពនៃទុក្ខសោករបស់យើងមកពីការព្រួយបារម្ភចំពោះរឿងរ៉ាវដែលហួសពីការគ្រប់គ្រងរបស់យើង។ នៅពេលយើងផ្តោតលើរឿងទាំងនេះ រឿងនោះនឹងធ្វើឱ្យយើងជួបនឹងភាពតានតឹង ថប់បារម្ភ និងកើតទុក្ខ។ ដើម្បីសម្រេចបាននូវសុភមង្គល យើងត្រូវតែមានអាកប្បកិរិយាព្រងើយកន្តើយចំពោះព្រឹត្តិការណ៍ខាងក្រៅ។ សេចក្ដីនេះមិនមែនមានន័យថា ត្រូវធ្វើជាមនុស្សរឹងរូសគ្មានអារម្មណ៍នោះទេ ប៉ុន្តែត្រូវរៀនទទួលយកអ្វីៗដែលកើតឡើង។ ឧ. គ្មានប្រយោជន៍អ្វីទេ ក្នុងការបារម្ភពីភ្លៀង បើសិនជាយើងគ្រោងនឹងទៅដើរលេង ដ្បិតភ្លៀងជាព្រឹត្តិការណ៍មួយដែលហួសពីការគ្រប់គ្រងរបស់យើង។ ផ្ទុយទៅវិញ យើងអាចសម្រេចចិត្តនៅផ្ទះ និងអានសៀវភៅ នោះយើងនឹងស្ងប់ចិត្តវិញ។

២. សុភមង្គលក្នុងយុគសម័យកណ្តាល

សម្រាប់សន្តថូម៉ាស អាឃ្វីណាស (Thomas Aquinas) មនុស្សមានសុភមង្គលនៅពេលគេបានសម្រេចទទួលនូវសេចក្តីល្អដ៏ខ្ពង់ខ្ពស់បំផុត (Sovereign Good)។ សុភមង្គលនេះជាគោលដៅចុងក្រោយរបស់មនុស្ស ហើយអាចទទួលបានតែក្នុងការមើលឃើញព្រះជាម្ចាស់ប៉ុណ្ណោះ (Beatific Vision)។

(ក.) សុភមង្គលមិនល្អឥតខ្ចោះ (សុភមង្គលលើលោកីយ៍)

សន្តថូម៉ាស អាឃ្វីណាស (Thomas Aquinas) ចាប់ផ្តើមពិនិត្យមើលអំពីអ្វីដែលមនុស្សតែងតែចាត់ទុកថា ជាប្រភពនៃសុភមង្គល៖ (១.) ទ្រព្យសម្បត្តិ៖ ទ្រព្យសម្បត្តិគ្រាន់តែជាមធ្យោបាយប៉ុណ្ណោះ មិនមែនជាគោលដៅទេ។ ទ្រព្យសម្បត្តិអាចជួយបំពេញតម្រូវការ ប៉ុន្តែមិនអាចបំពេញបំណងប្រាថ្នាដ៏គ្មានដែនកំណត់របស់ព្រលឹងមនុស្សបានឡើយ។ (២.) កិត្តិយស និងកេរ្តិ៍ឈ្មោះ៖ កេរ្តិ៍ឈ្មោះអាស្រ័យលើគំនិតរបស់អ្នកដទៃ ធ្វើឱ្យមនុស្សអាចបាត់បង់កេត្តិ៍ឈ្មោះនេះ។ សុភមង្គលពិតប្រាកដត្រូវតែស្ថិតស្ថេរ ហើយមិនអាស្រ័យលើកត្តាខាងក្រៅឡើយ។ (៣.) អំណាច៖ យើងអាចប្រើអំណាច ដើម្បីធ្វើអំពើល្អ ឬអាក្រក់ ដូច្នេះ អំណាចផ្ទាល់មិនមែនជាសេចក្ដីល្អតែម្តងឡើយ។ លើសពីនេះ អំណាចអាចទៅជាប្រភពនៃការថប់បារម្ភ និងការភ័យខ្លាច។ (៤.) ការសប្បាយ (Delectation) ជាលទ្ធផលនៃសុភមង្គល ប៉ុន្តែ មិនមែនជាហេតុនៃសុភមង្គលទេ។ ការសប្បាយអមជាមួយការទទួលបាននូវសេចក្តីល្អមួយ ប៉ុន្តែ មិនមែនជាសេចក្តីល្អនោះតែម្តងឡើយ។

យោងតាមសន្តថូម៉ាស អាឃ្វីណាស (Thomas Aquinas) គុណធម៌ (ការប្រុងប្រយ័ត្ន យុត្តិធម៌ ចិត្តក្លាហាន និងការចេះប្រមាណ) ចាំបាច់ដើម្បីរស់នៅឱ្យបានល្អនៅលើផែនដី ហើយអាចនាំមកនូវសុភមង្គលមិនល្អឥតខ្ចោះ ប៉ុន្តែ មិនមែនជាសុភមង្គលពិតប្រាកដនោះទេ។

(ខ.) សុភមង្គលល្អឥតខ្ចោះ (ពិតប្រាកដ)

សុភមង្គលល្អឥតខ្ចោះជាស្ថានភាពរបស់មនុស្ស ដែលបានទទួលនូវសេចក្តីល្អដ៏ខ្ពង់ខ្ពស់បំផុត។ សម្រាប់សន្តថូម៉ាស អាឃ្វីណាស (Thomas Aquinas) មានតែព្រះជាម្ចាស់ប៉ុណ្ណោះ​ដែលជាសេចក្តីល្អដ៏ខ្ពង់ខ្ពស់បំផុតនេះ ពីព្រោះមានតែព្រះអង្គទេដែលជាសេចក្តីល្អដ៏ពិតប្រាកដ គ្មានដែនកំណត់ និងល្អឥតខ្ចោះ ដែលអាចបំពេញនូវបំណងប្រាថ្នានៃធម្មជាតិរបស់មនុស្ស។ យើងអាចទៅដល់សុភមង្គលនេះដោយរួបរួមជាមួយព្រះជាម្ចាស់។ លោកហៅសុភមង្គលនេះ ការមើលឃើញដ៏វិសុទ្ធ (Beatifical Vision) នៅស្ថានបរមសុខ។ មានតែជំនឿ និងព្រះហឫទ័យប្រណីសន្តោសប៉ុណ្ណោះ ដែលអាចធ្វើឱ្យយើងរួបរួមជាមួយព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនេះ។

៣. ក្នុងសម័យត្រាស់ដឹង (Enlightment) និងសម័យទំនើប

១. តាមទស្សនៈរបស់លោក ខាន្ថ (Kant) សុភមង្គលមិនមែនជាគោលដៅចុងក្រោយនៃជីវិតទេ។ សុភមង្គលគ្រាន់តែជាឧត្តមគតិមួយដែលកើតចេញពីការស្រមើស្រមៃ ដែលមិនអាចសម្រេចបានដោយប្រាជ្ញាតែឯងឡើយ។ សម្រាប់លោក ខាន្ថ (Kant) សីលធម៌ និងកាតព្វកិច្ចមានលក្ខណៈខ្ពង់ខ្ពស់ជាងសុភមង្គល។ សុភមង្គលប្រែប្រួលតាមមនុស្សម្នាក់ៗ និងតាមកាលៈទេសៈ ចំណែកឯសីលធម៌ គឺជាច្បាប់សកល ដែលមិនផ្លាស់ប្តូរឡើយ។ ម្យ៉ាងទៀត ការស្វែងរកសុភមង្គលជាមុនអាចនាំឱ្យមានសកម្មភាពមិនប្រកបដោយសីលធម៌។

២. លោក សូផែនហាវ័រ (Schopenhauer) មានទស្សនវិជ្ជាទុទិដ្ឋិនិយមជាង ដោយលើកឡើងថា ចំណង់តណ្ហាជាមូលហេតុនៃទុក្ខលំបាក។ ចំពោះគាត់ ជីវិតវិលវល់រវាងចំណង់ដែលយើងមិនបានបំពេញ និងភាពអផ្សុកនៅពេលដែលយើងបានបំពេញចំណង់នោះ (“ជីវិតវិលវល់ដូចប៉ោលពីទុក្ខទៅជាអផ្សុក”)។ ហេតុនេះ យើងខ្វះខាត ឬយើងឈឺចាប់ តែយើងមិនដែលអស់ចិត្តឡើយ។ ប្រភពនៃទុក្ខមកពីមនុស្សមានឆន្ធះចង់បានរហូត និងចង់បានអ្វីៗទាំងអស់ មិនដែលចេះឆ្អែតបានឡើយ។ ដើម្បីកាត់បន្ថយទុក្ខ លោក​អះអាងថា (ក.) យើងគួរសម្លឹងមើលស្នាដៃសិល្បៈ (ខ.) មានចិត្តអាណិតអាសូរចំពោះអ្នកដទៃដែលរងទុក្ខលំបាកដូចគ្នា និង(គ.) រំងាប់កិលេសតណ្ហា។

៣. នៅក្នុងស្នាដៃរបស់គាត់ដែលមានចំណងជើងថា Candide លោក វ៉ុលទែរ (Voltaire) លើកឡើងថា សុភមង្គលស្ថិតនៅក្នុងសកម្មភាព ការងារ និងភាពសាមញ្ញ ដែលតំណាងឱ្យគំនិតនៃ "ការដាំដុះសួនរបស់យើង" ។ សព្វថ្ងៃ ក្នុងសង្គមទំនើបដែលជម្រុញមនុស្សឱ្យទិញ និងប្រើប្រាស់ទំនិញកាន់តែច្រើន មនុស្សភាគច្រើនលែងស្វែងរកសុភមង្គល។ ពួកគេគ្រាន់តែចង់បានសុខុមាសភាពក្នុងជីវិតប្រចាំថ្ងៃ និងអភិវឌ្ឍន៍ខ្លួនឯង ដោយស្គាល់ខ្លួនឯង។ យើងហៅសុភមង្កលនេះថា “សុភមង្គលដ៏តូច”។

២. សច្ចភាព

២. សច្ចភាព

តាម​ទស្សនៈ​របស់​ទស្សនវិទូ សច្ចភាព​ជា​គំនិត​ស្មុគស្មាញ និង​មាន​ទិដ្ឋភាព​ច្រើន ដែល​គ្មាន​និយមន័យ​តែមួយ​ដែល​គេ​ទទួល​ស្គាល់​ជា​សកល​ឡើយ។ សច្ចភាព​ទាក់ទង​ទៅ​នឹង​គំនិត​នៃ «ការ​ឆ្លើយតប» រវាង​សេចក្តី​ថ្លែងការណ៍​មួយ និង​អ្វីដែលមានពិតប្រាកដ ប៉ុន្តែ ​ទ្រឹស្តី​ទស្សនវិជ្ជា​ផ្សេង​ទៀត​បាន​ផ្តល់​និយមន័យ​ផ្សេងៗ​គ្នា។

តាមការពិត យើងធ្លាប់ឮគេនិយាយថា៖ (ក.) “គ្មានសេចក្ដីពិតទេ” - ប៉ុន្តែ នរណាអះអាងថា គ្មានសេចក្ដីពិតនេះ និយាយផ្ទុយពីការអះអាងរបស់ខ្លួនឯង! (ខ.) “សេចក្ដីពិតអាស្រ័យទៅលើម្នាក់ៗ” (Relativism) - ប៉ុន្តែ តាមអត្ថន័យផ្ទាល់ សេចក្ដីពិតមានតែមួយ! (គ.) “ខ្ញុំចេះតែសង្ស័យអំពីសេចក្ដីពិត” (Scepticism) - បើដូច្នោះមែន យើងមិនអាចទៅមុខបានឡើយ ដ្បិតគ្មានទំនុកចិត្តឡើយ។

ដើម្បីដឹងច្បាស់ថា អ្វីមួយពិត យើងត្រូវការពឹងលើអារម្មណ៍របស់ខ្លួនផ្ទាល់ វិញ្ញាណទាំងប្រាំ ប្រាជ្ញា (ដ្បិតពេលខ្លះ អារម្មណ៍ និងវិញ្ញាណអាចនាំឱ្យយើងគិតខុស... ឧ. ខ្ញុំវិនិច្ឆ័យគេទុកជាមុនថា គេមានចិត្តអាក្រក់ តែតាមការពិតគេមានចិត្តល្អ ឬភ្នែកខ្ញុំមើលឃើញមិនសូវច្បាស់ ធ្វើឱ្យខ្ញុំអានអក្សរមិនត្រូវ) និងចំណេះដឹង (កាលពីមុន យើងជឿថា ព្រះអាទិត្យវិលជុំវិញផែនដី តែឥឡូវនេះ យើងបានយល់ឃើញថា ផែនដីជាអ្នកវិលជុំវិញព្រះអាទិត្យវិញ)។

គោលការណ៍គ្រឹះនៃតក្កវិជ្ជាបុរាណមានបីគឺ៖

១. គោលការណ៍អត្តសញ្ញាណ (Principle of Identity)៖ គោលការណ៍នេះចែងថា វត្ថុមួយដូចជាវត្ថុនោះផ្ទាល់។ និយាយម្យ៉ាងទៀត វត្ថុទាំងអស់មានលក្ខណៈដូចគ្នាទៅនឹងខ្លួនឯង៖ A ស្មើនឹង A។

២. គោលការណ៍មិនផ្ទុយគ្នា (Principle of Non-Contradiction)៖ គោលការណ៍នេះបញ្ជាក់ថា សំណើមួយមិនអាចទាំងពិត ទាំងមិនពិត ក្នុងពេលតែមួយបានទេ។ ម្យ៉ាងវិញទៀត សំណើផ្ទុយគ្នាពីរមិនអាចពិតក្នុងពេលតែមួយបានទេ៖ មិនមែន (A និងមិនមែន A)។ ឧ. មិនអាចមានភ្លៀងផង និងគ្មានភ្លៀងផង ក្នុងពេលតែមួយ និងទីតាំងតែមួយ។

៣. គោលការណ៍ទីបីត្រូវបានដកចេញ (Principle of the Excluded Middle)៖ គោលការណ៍នេះចែងថា សំណើមួយអាចពិត ឬមិនពិតប៉ុណ្ណោះ ហើយគ្មានជម្រើសទីបីទេ។ គ្មានចំណុចកណ្ដាលរវាងសំណើផ្ទុយគ្នាពីរទេ៖ A ឬមិនមែន A។ ឧ. សំណើ "មេឃពណ៌ខៀវ" គឺពិត ឬមិនពិត មិន​អាច "ពិត​បន្តិចបន្តួច" ឬ "ទាំង​ពិត​ ទាំង​មិន​ពិត"។

១. ទ្រឹស្តី​នៃ​ការ​ឆ្លើយតប (Correspondence Theory)

១. លោក ផ្លាថូន (Plato) ​បែងចែក​សច្ចភាព​ដែល​លេច​ឡើង (ពិភព​ដែល​អាច​យល់​បាន) ​​ជាមួយ​នឹង «ទម្រង់» ពោលគឺ ពិភព​ដែល​អាច​យល់​បាន​ដោយ​ប្រាជ្ញា (Ideas) ជាពិភព​អស់កល្ប​ជានិច្ច ដែល​មិន​ផ្លាស់ប្តូរ។ ពិភពលោកដែលយើងមើលឃើញតែងតែផ្លាស់ប្តូរជានិច្ច ហើយអ្វីៗទាំងអស់គ្រាន់តែឆ្លុះបញ្ចាំងទម្រង់។ ដូច្នេះ យើងអាចស្គាល់សច្ចភាព នៅពេលដែលយើងស្គាល់ទម្រង់នោះ។ ដើម្បីស្គាល់ទម្រង់ យើងមិនគ្រាន់តែស្វែងរកទមរ្ង់នោះដោយប្រើប្រាជ្ញា តែយើងត្រូវចងចាំទម្រង់នោះ (ដ្បិតព្រលឹងយើងធ្លាប់មើលឃើញទម្រង់មុននឹងជាប់ក្នុងរូបកាយនៅថ្ងៃកំណើត)។

២. លោក អារីស្តូថេល្លេស (Aristotle) ​យល់​ថា ​សច្ចភាព​ស្ថិត​នៅ​ក្នុងប្រាជ្ញាដែល​វិនិច្ឆ័យឱ្យបានត្រឹមត្រូវនឹងវត្ថុ។ ​និយាយតាមរបៀបផ្សេង សេចក្តី​ថ្លែងការណ៍​មួយ​ពិត ​លុះត្រាតែសេចក្ដីនេះ​ឆ្លើយតប​ទៅ​នឹងអ្វីដែលពិតប្រាកដក្នុងពិភពលោក។ ឧ. ពាក្យ​ថា "ឆ្មា​នៅ​លើ​កន្ទេល" ​ពិត ​ប្រសិនបើ​មាន​ឆ្មា​មួយ​ក្បាល​ពិត​ជា​នៅ​លើ​កន្ទេល​មែន។ ផ្ទុយពីលោកផ្លាថូន (Plato) លោកអះអាងថា ទម្រង់មិនស្ថិតនៅក្នុងពិភពផ្សេង តែស្ថិតនៅក្នុងវត្ថុផ្ទាល់ (Hylemorphism)។ លោកបន្ថែមថា យើងអាចស្គាល់សច្ចភាពដោយសិក្សាអំពីហេតុនៃអ្វីៗទាំងអស់ដែលមានលើផែនដី។

៣. សន្តថូម៉ាស អាឃ្វីណាស (Thomas Aquinas) មានគំនិតដូចគ្នាដែរ ប៉ុន្តែចំពោះលោក ព្រះជាម្ចាស់ជាប្រភព និងជាគ្រឹះនៃសច្ចភាពទាំងអស់។ ព្រះអង្គជាសច្ចភាពដ៏ខ្ពស់បំផុត និងអស់កល្បជានិច្ច។ សច្ចភាពនៃវត្ថុ ដែលព្រះអង្គបានបង្កើតគ្រាន់តែជាការចូលរួមនៅក្នុងសច្ចភាពដ៏ទេវភាពប៉ុណ្ណោះ។ វត្ថុមានលក្ខណៈពិត ព្រោះតែវត្ថុនេះត្រូវនឹងគំនិតដែលព្រះជាម្ចាស់មានមុននឹងបង្កើតវត្ថុនេះ។ ដូច្នេះ លោកសរុបទស្សនៈរបស់លោកផ្លាថូន (Plato) និងលោក អារីស្តូថេល្លេស (Aristotle)។

ផ្ទុយពីចលនាសង្ស័យនិយម (Scepticism) លោក ថូម៉ាស អាឃ្វីណាស (Thomas Aquinas) ជឿទុកចិត្តថា​ ប្រាជ្ញាយើងមានសមត្ថភាពអាចឈានដល់សច្ចភាព។ ដោយសារតែវិញ្ញាណទាំងប្រាំ និងប្រាជ្ញារបស់យើង យើងអាចស្គាល់ការពិតអំពីវត្ថុនីមួយៗ ដូច្នេះយើងអាចស្គាល់ព្រះជាម្ចាស់ ដែលជាហេតុដំបូងនៃអ្វីៗទាំងអស់ ទ្រង់ក៏ជាសច្ចភាពតែម្តង។ សច្ចភាពជាស្ពានរវាងប្រាជ្ញារបស់យើង និងពិភពលោក ដែលមានឫសគល់នៅក្នុងព្រះជាម្ចាស់។

៤. លោក ដេស៍ការថ៍ (Descartes) ​ស្វែងរក​សច្ចភាព​ជា​មូលដ្ឋានគ្រឹះ​នៃ​ទស្សនវិជ្ជា​របស់​គាត់។ គាត់​បង្កើត​វិធីសាស្ត្រ​ពិសេសមួយ ដោយ​សង្ស័យអំពីអ្វីៗទាំងអស់ (Methodical doubt)។ គាត់ស្វែងរក​គ្រឹះ​រឹងមាំ និង​ប្រាកដ​មួយ ​សម្រាប់​ចំណេះដឹង។ គាត់​សន្និដ្ឋានថា “ខ្ញុំគិត ដូច្នេះ​ខ្ញុំ​មានអត្តិភាព” (I Think Therefore I am) បានជាការពិតចេញមកពីមនុស្សផ្ទាល់ (Subjectivism) មិនមែនពីពិភពលោក ឬព្រះជាម្ចាស់ទៀតទេ។

៥. បន្ទាប់មក លោក ខាន្ថ (Kant) ​ធ្វើ​បដិវត្តន៍​គំនិត (Copernician Revolution)៖ សម្រាប់​គាត់ សច្ចភាព​មិនមែន​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ពិភពលោក​ខាងក្រៅ​នោះ​ទេ ប៉ុន្តែ​ មកពីចិត្តយើងជាអ្នក​បង្កើត។ មុន​គាត់ មនុស្ស​គិត​ថា ​ចំណេះដឹង​របស់​យើង​ត្រូវ​តែសម្រូប​តាម​វត្ថុ។ លោក ខាន្ថ (Kant) ​បដិសេធ​គំនិត​នេះ ដោយអះអាង​ថា វត្ថុ​ត្រូវ​តែសម្រូប​តាម​របៀប​ដែល​យើង​គិត។ និយាយ​ម្យ៉ាងទៀត ចិត្ត​របស់​យើង​មិន​ត្រឹមតែ​ទទួល​ព័ត៌មាន​ពី​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចិត្តយើង​ក៏​រៀបចំ​ព័ត៌មាន​ទាំងនោះ​យ៉ាង​សកម្ម​តាម​រចនាសម្ព័ន្ធ​របស់យើង​ផង​ដែរ។

២. ទ្រឹស្តី​នៃ​ភាព​ស៊ីសង្វាក់​គ្នា (Coherence Theory)

ទស្សនវិទូនៃទ្រឹស្តី​នេះ​បដិសេធ​គំនិត​នៃ​ការ​ឆ្លើយតប​ជាមួយ​ការពិត​ខាង​ក្រៅ ហើយ​ស្នើសុំ​ថា ​សច្ចភាព​នៃ​សេចក្តី​ថ្លែងការណ៍​មួយ​ស្ថិត​នៅ​ក្នុង​ភាព​ស៊ីសង្វាក់របស់សេចក្ដីនេះ​ជាមួយ​នឹង​សំណុំ​សេចក្តី​ថ្លែងការណ៍​ផ្សេង​ទៀត ​ដែល​គេបាន​ចាត់​ទុក​ថា ​ពិត​រួច​ហើយ។ សេចក្តី​ថ្លែងការណ៍​មួយ​​ពិត ​ប្រសិនបើ​សេចក្ដីនេះ​មិន​ផ្ទុយ​ពី​សេចក្តី​ថ្លែងការណ៍​ផ្សេង​ទៀត ​ក្នុង​ប្រព័ន្ធ​មួយ (លោក ស្ពីណូហ្សា (Spinoza) ​និងលោក ហេហ្គេល (Hegel))។

៣. ទ្រឹស្តី​នៃ​ការ​ឯកភាព (Consensus Theory)

ទ្រឹស្តី​នេះ​ទាក់ទង​នឹង​ទស្សនវិទូ​ ជឺហ្គេន ហាបឺម៉ាស (Jürgen Habermas) ដែល​​អះអាងថា ​សច្ចភាព​ជា​លទ្ធផល​នៃរ​ឯកភាព ដែល​ទទួល​បាន​ដោយ​ពិភាក្សា​ និង​ជជែកជាមួយគ្នា ​ដោយប្រើ​ហេតុផល​ក្នុង​សហគមន៍​អ្នក​ស្រាវជ្រាវ​ ឬ​អ្នក​និយាយ។ សច្ចភាព​ជា​អ្វី​ដែល​អ្នក​ចូលរួម​ទាំងអស់បានទទួលយក ក្រោយពីបាន​ពិភាក្សា​ ដោយបើក​ចំហ ​និងដោយគ្មានការ​បង្ខិតបង្ខំ។

៤. ទ្រឹស្តី​នៃ​ប្រយោជន៍ (Pragmatic Theory)

​            ទស្សនវិទូ​ដូចជាលោក វីល្លៀម ជេមស៍ (William James) និងលោក ឆាលស៍ សាន់ឌឺស ភៀស (Charles Sanders Peirce) បានបង្កើតវិធីសាស្ត្រ​នេះ​ ដែល​​កំណត់​សច្ចភាព​តាម​ប្រយោជន៍ និង​ប្រសិទ្ធភាព​។ ជំនឿ​មួយ​ពិត ​ប្រសិនបើជំនឿនេះ ​មាន​ប្រយោជន៍ និង​មាន​ផល​វិជ្ជមាន ហើយ​ឱ្យ​យើង​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ពិភពលោក។ គំនិត​មួយ​ពិត ​ប្រសិនបើ​គំនិតនេះ​ជួយ​យើង​រស់​នៅ​ក្នុង​ជីវិត។

៥. សច្ចភាពបច្ចុប្បន្នកាល

១. នៅក្នុងទស្សនៈរបស់នីឈេ (Nietzsche) សច្ចភាពមិនមែនជាការឆ្លើយឆ្លងគ្នារវាងសេចក្ដីថ្លែងការណ៍ណាមួយ និងការពិតខាងក្រៅនោះទេ។ ផ្ទុយទៅវិញ សច្ចភាពមកពីជាមនុស្សមានឆន្ទៈទៅរកអំណាច ដើម្បីបង្កើតសណ្តាប់ធ្នាប់ និងអត្ថន័យនៅក្នុងពិភពលោកដ៏វឹកវរនេះ។ «ឆន្ទៈឆ្ពោះទៅរកសច្ចភាព» (The Will to Truth) សម្ដែងសភាវគតិ ដើម្បីត្រួតត្រា និងគ្រប់គ្រង។ “មនុស្សដ៏ខ្លាំងពូកែអស្ចារ្យ” (Übermensch: The Overman) ទទួលស្គាល់ថា គ្មានសេចក្ដីពិតដែលជួយណែនាំគាត់ តែគាត់មិនអស់សង្ឃឹមទេ ផ្ទុយទៅវិញ គាត់ប្រឈមមុខ និងបង្កើតផ្លូវផ្ទាល់ខ្លួន និងបញ្ជាក់ជីវិតដ៏ស្មុគស្មាញនេះ។

២.​ ជាមួយនឹងការរីកចម្រើននៃបណ្តាញសង្គម គំនិតអំពីសេចក្ដីពិតកាន់តែស្មុគស្មាញ៖ (ក.) នៅលើបណ្តាញសង្គម ការពិតលែងជាអង្គភាពតែមួយទៀតហើយ តែមានច្រើនដែលបែកខ្ញែកពីគ្នា។ ដូច្នេះហើយ ការពិតអាចក្លាយជារបស់សហគមន៍ ឬក្រុមមួយ ជាងជាគំនិតសាកល (Relativism)។ (ខ.) ល្បឿនប្រឆាំងនឹងភាពត្រឹមត្រូវ៖ ល្បឿននៃការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមធ្វើឱ្យខ្លឹមសារមួយអាចរីករាលដាលយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានម៉ោង ឬប៉ុន្មាននាទីប៉ុណ្ណោះ។ ជាអកុសល ល្បឿននេះច្រើនតែកើតឡើងដោយបាត់បង់សេចក្ដីពិត។ ព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ ព័ត៌មានចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយ (Fake News) ច្រើនតែផ្សព្វផ្សាយលឿនជាងការពិត ដើម្បីឱ្យមានការចូលរួមកាន់តែច្រើន។ ត្រូវចំណាយពេលយូរ ដើម្បីផ្ទៀងផ្ទាត់ការពិត និងបដិសេធព័ត៌មានមិនពិត។

 

៣. សេរីភាព

៣. សេរីភាព

សម្រាប់មនុស្សទូទៅ យើងមានសេរីភាពនៅពេលដែលយើងអាចធ្វើតាមចិត្ត ដោយគ្មានការបង្ខិតបង្ខំទេ។ ក៏ប៉ុន្តែ ពួកទស្សនវិទូបានបង្កើតគំនិតផ្សេងគ្នាជាច្រើនអំពីអត្ថន័យជាក់ស្តែងនៃសេរីភាព។

១. សេរីភាពជាអវត្ដមាននៃការបង្ខិតបង្ខំ

សម្រាប់ទស្សនវិទូដែលគេហៅថា អ្នកសេរីនិយម (Libertarian) សេរីភាពលើសអ្វីៗទាំងអស់ ពោលគឺ យើងមានសេរីភាពពេលយើងឯករាជ្យពីកម្លាំងខាងក្រៅ។ យើងមានសមត្ថភាពអាចធ្វើអ្វីដែលយើងចង់បាន ដោយគ្មានច្បាប់ ឬបុគ្គលដទៃទៀតមករារាំងទេ។ ទស្សនវិទូជនជាតិអង់គ្លេស ថូម៉ាស អូបស៍ (Thomas Hobbes) យល់ឃើញថា សេរីភាពជាអវត្ដមាននៃការប្រឆាំង ឬឧបសគ្គខាងផ្លូវចិត្ត ឬខាងផ្លូវកាយ។ ប៉ុន្តែ មនុស្សម្នាក់ដែលចេះតែធ្វើតាមចិត្តទៅជាឈ្លើយនៃតណ្ហារបស់ខ្លួន។ ឧ. មនុស្សម្នាក់ដែលចេះតែផឹកស្រាមិនងាចរំដោះខ្លួនពីធម្លាប់អាក្រក់នេះ និងអាចស្លាប់បានដែរ។

២. សេរីភាព និងប្រាជ្ញា

តាមទស្សនៈរបស់សន្តថូម៉ាស អាឃ្វីណាស (Thomas Aquinas) យើងមានសេរីភាពមិនគ្រាន់តែពេលគ្មានឧបសគ្គនោះទេ ប៉ុន្តែ សេរីភាពជាអំណាច ដែលមកពីប្រាជ្ញា ដើម្បីអាចជ្រើសរើស ដែលជាលក្ខណៈពិសេសរបស់មនុស្ស។ ដោយសារសេរីភាព មនុស្សមានសមត្ថភាពអាចទៅជាហេតុនៃសកម្មភាពរបស់ខ្លួនឯង ដែលជាលក្ខណៈពិសេសរបស់មនុស្សពីសត្វដែលគ្មានប្រាជ្ញា។ “ទោះជាយើងអាចធ្វើអ្វីក៏បាន ក៏អ្វីៗទាំងអស់ដែលយើងអាចធ្វើបាននោះ មិននាំឱ្យផលប្រយោជន៍ដែរ” (If everything is permitted, not everything is profitable)។

* ដោយសារប្រាជ្ញា មនុស្សយល់ដឹងពីអ្វីដែលល្អ គាត់វាយតម្លៃជម្រើសផ្សេងៗ ហើយស្នើសុំទៅកាន់ឆន្ទៈអំពីអ្វីដែលប្រាជ្ញាវិនិច្ឆ័យថា ល្អត្រឹមត្រូវ។ គាត់មិនត្រឹមតែមានជម្រើសល្អតែមួយ ប៉ុន្តែ គាត់អាចគិតអំពីជម្រើសជាច្រើន ធ្វើឱ្យការវិនិច្ឆ័យមានសេរីភាព។

* ឆន្ទៈជាចំណង់​ ដែលមានអំណាចអាចជ្រើសរើស ដើម្បីប្រកាន់ខ្ជាប់ ឬមិនប្រកាន់ខ្ជាប់នូវការវិនិច្ឆ័យរបស់ប្រាជ្ញា។ សកម្មភាពនេះសម្ដែងឆន្ទះសេរី (Free Will) របស់មនុស្ស។

ចំពោះលោកថូម៉ាស អាឃ្វីណាស (Thomas Aquinas) មនុស្សមានសេរីភាព ព្រោះការវិនិច្ឆ័យរបស់គាត់អំពីអ្វីដែលល្អ មិនបានកំណត់ដោយសភាវគតិធម្មជាតិទេ ប៉ុន្តែ ជាទង្វើដែលកើតចេញពីប្រាជ្ញា។ គាត់មិនមែនជាសត្វដែលធ្វើសកម្មភាពដោយភាពចាំបាច់នោះទេ ដូចជាថ្មដែលធ្លាក់ចុះមក ប៉ុន្តែ ជាសត្វដែលធ្វើសកម្មភាពដោយការពិចារណា និងការជ្រើសរើស។

ទោះបីជាសេរីភាពឱ្យយើងជ្រើសរើសរវាងជម្រើសផ្សេងៗ រួមទាំងអំពើអាក្រក់ក៏ដោយ ក៏គោលដៅចុងក្រោយរបស់នៃសេរីភាពគឺសំដៅទៅរកអ្វីដែលល្អបំផុត នោះគឺព្រះជាម្ចាស់។ សេរីភាពមិនមែនជាអំណាចក្នុងការធ្វើអំពើអាក្រក់នោះទេ ប៉ុន្តែ ជាអំណាចក្នុងការជ្រើសរើសអ្វីដែលល្អ។ ក៏ប៉ុន្តេ ដោយសារតែអំពើបាបដើម ឆន្ទៈរបស់មនុស្សអាចងាកចេញពីអ្វីដែលល្អពិតប្រាកដ ហើយនេះគឺជាមូលហេតុនៃអំពើអាក្រក់ខាងសីលធម៌ (បាប)។ ដោយសារអំពើបាប ឆន្ទះសេរីលែងយល់ច្បាស់អំពីអ្វីដ៏ល្អ។ ព្រះយេស៊ូយាងមករំដោះឆន្ទះសេរីរបស់មនុស្ស ដើម្បីឱ្យមានសេរីភាពពិតប្រាកដ។

សរុបមក ចំពោះលោកថូម៉ាស អាឃ្វីណាស (Thomas Aquinas) សេរីភាពជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់មនុស្ស ព្រោះសេរីភាពឱ្យគាត់ធ្វើសកម្មភាពដោយមនសិការ និងការទទួលខុសត្រូវ។ សេរីភាពជាលក្ខខណ្ឌចាំបាច់នៃសីលធម៌ ព្រោះបើគ្មានសេរីភាពទេ នឹងគ្មានទាំងបទបញ្ញត្តិ គុណសម្បត្តិ រង្វាន់ ឬការដាក់ទណ្ឌកម្មឡើយ។

៣. សេរីភាព និងការកំណត់ទុកជាមុន

បញ្ហានៃការកំណត់ទុកជាមុន (Determinism) គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់គំនិតអំពីសេរីភាព។ ការកំណត់ទុកជាមុនសន្មត់ថា ព្រឹត្តិការណ៍ទាំងអស់ រួមទាំងសកម្មភាពរបស់មនុស្ស ជាលទ្ធផលចាំបាច់នៃមូលហេតុមុនៗដោយមនុស្សដឹងខ្លួនឬទេ។ ទស្សនវិទូដូចជាលោក ស្ពីណូហ្សា (Spinoza) អះអាងថា ឆន្ទៈសេរីជាការបំភាន់ (Illusion)។ យោងតាមលោក ស្ពីណូហ្សា (Spinoza) មនុស្សស្មានថា ខ្លួនមានសេរីភាព ព្រោះគាត់ដឹងពីសកម្មភាពរបស់គាត់ ប៉ុន្តែ គាត់មិនដឹងពីមូលហេតុ(ជ្រៅ) ដែលបង្កើតសកម្មភាពទាំងនោះទេ។ សម្រាប់គាត់ សេរីភាពពិតប្រាកដមិនមែនជាការធ្វើសកម្មភាពដោយគ្មានមូលហេតុនោះទេ ប៉ុន្តែ ជាការយល់ដឹងពីភាពចាំបាច់ដែលគ្រប់គ្រងខ្លួនឯង។ ឧ. មនុស្សម្នាក់ដែលយល់អំពីមូលហេតុនៃកំហឹងរបស់គាត់ ក៏អាចចាប់ផ្តើមគ្រប់គ្រងកំហឹងនេះបាន។

៤. សេរីភាពជាសីលធម៌

គំនិតនេះ ដែលមកពីលោក ខាន្ថ (Kant) ហួសពីអវត្ដមាននៃការបង្ខិតបង្ខំធម្មតា។ លោកអះអាងថា យើងមានសេរីភាព នៅពេលដែលយើងមានសមត្ថភាពកំណត់ខ្លួនឯង និងបង្កើតច្បាប់ផ្ទាល់ខ្លួន។ មនុស្សម្នាក់មានសេរីភាពមិនមែនដោយសារតែគាត់ធ្វើអ្វីដែលគាត់ចង់បាននោះទេ ប៉ុន្តែ ដោយសារតែគាត់ធ្វើសកម្មភាពតាមប្រាជ្ញា មិនមែនតាមបំណងប្រាថ្នា ឬកម្លាំងជំរុញរបស់គាត់នោះទេ។ ដូច្នេះ សេរីភាពមិនមែនជាសិទ្ធិធ្វើអ្វីក៏បាននោះទេ ប៉ុន្តែ ជាការគោរពច្បាប់សីលធម៌ ដែលយើងបានបង្កើតឡើងសម្រាប់ខ្លួនឯង។ សម្រាប់លោក ខាន្ថ (Kant) សេរីភាពជាលក្ខខណ្ឌនៃសីលធម៌។

៥. សេរីភាពជាជម្រើស

គំនិតនេះជាចំណុចកណ្តាលនៃលទ្ធិអត្តិភាពនិយម (Existentialism) ជាពិសេសចំពោះលោក យ៉ូហាន ប៉ូល សារត្រឹះ (Jean-Paul Sartre)។ សម្រាប់លោក សារត្រឹះ (Sartre) អត្តិភាពនាំមុខសភាព (Existence precedes Essence) មានន័យថា មនុស្សមិនមានលក្ខណៈដែលបានកំណត់ទុកជាមុននោះទេ។ គាត់មានអត្តិភាពសិន បន្ទាប់មកគាត់កំណត់ខ្លួនឯងតាមរយៈជម្រើសរបស់គាត់។ មនុស្សមានអំណាចអាចកំណត់ខ្លួនតាមអ្វីដែលម្នាក់ៗចង់បាន។ ដូច្នេះ សេរីភាពជាការកាត់ទោស៖ យើងត្រូវបាន «កាត់ទោសឱ្យមានសេរីភាព» ពីព្រោះយើងទទួលខុសត្រូវទាំងស្រុងចំពោះលក្ខណៈរបស់យើង និងជម្រើសរបស់យើង។ គ្មានផ្លូវដើម្បីគេចពីការទទួលខុសត្រូវនេះទេ។ ដោយសារគាត់មានសេរីភាព មនុស្សក៏មានការព្រយយបារាម្ភ (Anguish)។

 

៦. សេរីភាព និងនយោបាយ

សេរីភាពនយោបាយជាគោលគំនិតដ៏សំខាន់មួយនៅក្នុងទស្សនវិជ្ជា និងច្បាប់ ដែលយើងកំណត់ថា ជាសមត្ថភាពរបស់បុគ្គល ឬក្រុមបុគ្គលម្នាក់ៗក្នុងការអនុវត្តសិទ្ធិរបស់ពួកគេ និងធ្វើសកម្មភាពដោយគ្មានការបង្ខិតបង្ខំលើសលប់ពីអំណាចនយោបាយ ឬរដ្ឋ។

១. ការចូលរួមក្នុងជីវភាពសាធារណៈ៖ សិទ្ធិក្នុងការចូលរួមយ៉ាងសកម្មក្នុងនយោបាយរបស់ប្រទេសជាតិ។ សេចក្ដីនេះមានន័យថា សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោតសម្រាប់មុខតំណែងសាធារណៈ លទ្ធភាពក្នុងការបង្កើត ឬចូលរួមជាមួយគណបក្សនយោបាយ ក៏ដូចជាសិទ្ធិធ្វើបាតុកម្ម និងបញ្ចេញមតិយោបល់។

២. សេរីភាពពីរដ្ឋ៖ សេរីភាពនយោបាយជាការការពារប្រឆាំងនឹងអំពើតាមអំពើចិត្តរបស់អំណាច។ ដូចលោក Montesquieu បានលើកឡើង "សេរីភាពជាសិទ្ធិក្នុងការធ្វើអ្វីៗគ្រប់យ៉ាងដែលច្បាប់អនុញ្ញាត"។ សេចក្ដីនេះមានន័យថា សេរីភាពនយោបាយមិនមែនជាការគ្មានច្បាប់នោះទេ ប៉ុន្តែ ជាការធានាថា ច្បាប់មិនគាបសង្កត់ ហើយគ្មាននរណាតាំងច្បាប់ដោយយុត្តិធម៌ និងដោយមានការរើសអើង។

៣. សេរីភាពមូលដ្ឋាន៖ សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន សេរីភាពក្នុងការប្រជុំ និងបង្កើតសមាគម សេរីភាពនៃសតិសម្បជញ្ញៈ និងសាសនា។ ចំពោះលោក Montesquieu សេរីភាពនយោបាយក៏ជា "សន្តិភាពក្នុងចិត្តដែលកើតចេញពីគំនិតដែលមនុស្សម្នាក់ៗមានសុវត្ថិភាពរបស់ខ្លួន"។ ពលរដ្ឋម្នាក់មិនអាចមានអារម្មណ៍ថា មានសេរីភាពបានទេ ប្រសិនបើពួកគេខ្លាចអំពើតាមអំពើចិត្តរបស់អំណាច ឬអំពើហិង្សាពីអ្នកដទៃ។ នីតិរដ្ឋ ការបែងចែកអំណាច និងច្បាប់ច្បាស់លាស់ និងស្របតាមយុត្តិធម៌ ជាពិសេសនៅក្នុងវិស័យព្រហ្មទណ្ឌ ត្រូវធានាសុវត្ថិភាពនេះ។ នៅក្នុងទ្រឹស្តីរបស់លោក Rousseau ប្រជាជនមានសេរីភាពនៅពេលដែលពួកគេគោរពតាមច្បាប់ដែលពួកគេបានបង្កើតដោយខ្លួនឯង តាមរយៈកិច្ចសន្យាសង្គមដែលបង្ហាញពី "ឆន្ទៈទូទៅ"។

 

៤. ប្រាជ្ញា

៤. ប្រាជ្ញា

សម្រាប់ទស្សនវិទូ ប្រាជ្ញាជាសមត្ថភាព ដែលអនុញ្ញាតឱ្យមនុស្សគិត និងយល់ដឹងពីពិភពលោក វិនិច្ឆ័យ និងធ្វើសកម្មភាពប្រកបដោយតក្កវិជ្ជា និងភាពស៊ីសង្វាក់គ្នា។ គឺជាគំនិតស្នូលមួយដែលពួកគេបានបកស្រាយតាមរបៀបផ្សេងៗគ្នាជាច្រើនក្នុងប្រវត្តិសាស្ត្រទស្សនវិជ្ជា។

១. ប្រាជ្ញាក្នុងសម័យបុរាណ

លោក ផ្លាថូន (Plato) និងលោក អារីស្តូថេល្លេស (Aristotle)៖ សម្រាប់ទស្សនវិទូក្រិកដូចជា លោក ផ្លាថូន (Plato) និង លោក អារីស្តូថេល្លេស (Aristotle) ប្រាជ្ញាជាសមត្ថភាពដ៏ខ្ពស់បំផុតរបស់ព្រលឹង។ គឹជាអ្វីដែលធ្វើឱ្យយើងខុសពីសត្វ និងឱ្យយើងទទួលចំណេះដឹងអំពីអ្វីៗទាំងអស់ជាសកល និងអស់កល្បជានិច្ច។ សម្រាប់ផ្លាថូន (Plato) ប្រាជ្ញាឱ្យយើងយល់ពិភពលោកនៃគំនិត (Ideas) ចំណែកឯសម្រាប់អារីស្តូថេល្លេស (Aristotle) ប្រាជ្ញាជួយយើងឱ្យយល់ពីធម្មជាតិនៃអ្វីៗទាំងអស់ និងឈានទៅដល់សុភមង្គល (eudaimonia) តាមរយៈគុណធម៌ និងការពិចារណា។

២. ប្រាជ្ញាក្នុងយុគសម័យកណ្តាល

សន្ត ថូម៉ាស អាឃ្វីណាស (Thomas Aquinas)៖ ក្នុងយុគសម័យកណ្តាល គេមើលឃើញថា ប្រាជ្ញាបំពេញបន្ថែមទៅលើជំនឿ។ សន្ត ថូម៉ាស អាឃ្វីណាស (Thomas Aquinas) អះអាងថា ប្រាជ្ញាអាចជួយយើងឱ្យយល់ពីអត្តិភាពរបស់ព្រះជាម្ចាស់ និងសេចក្ដីមួយចំនួននៃជំនឿ ប៉ុន្តែ ប្រាជ្ញាមិនអាចពន្យល់បានទាំងស្រុងនោះទេ។ ដូច្នេះ ប្រាជ្ញាត្រៀមផ្លូវសម្រាប់វិវរណៈដ៏ទេវភាព។ យ៉ាងណាមិញ លោកប៉ាស្កាល (Pascal) នឹងមានប្រាសាសន៍ថា “ចិត្តមានមូលហេតុធ្វើនេះ ឬធ្វើនោះ ដោយប្រាជ្ញាមិនដឹង” (The heart has its reasons that reason ignores) បានសេចក្ដីថា ប្រាជ្ញាត្រូវស្គាល់កំណត់ព្រដែនរបស់ខ្លួន។

៣. ប្រាជ្ញាក្នុងយុគសម័យទំនើប

១. លោក ដេស៍ការថ៍ (Descartes)៖ ជាមួយនឹងទស្សនវិជ្ជាទំនើប ប្រាជ្ញាបានទៅជាមូលដ្ឋានគ្រឹះនៃចំណេះដឹងទាំងអស់។ លោក ដេស៍ការថ៍ (Descartes) ចាត់ទុកថា ប្រាជ្ញាជាពន្លឺធម្មជាតិ សមត្ថភាពសកល ដែលមនុស្សមានតាំងពីកំណើតដើម្បីឱ្យយើងបែងចែករវាងការពិត និងអ្វីដែលមិនពិត។ ពាក្យដ៏ល្បីល្បាញរបស់គាត់ "ខ្ញុំគិត ដូច្នេះខ្ញុំមានអត្តិភាព" (Cogito ergo sum) ធ្វើឱ្យប្រាជ្ញាជាអ្វីដ៏ប្រាកដប្រជាតែមួយគត់ដែលមិនអាចសង្ស័យបាន។

២. លោក ខាន្ថ (Kant) បានធ្វើ "បដិវត្តន៍កូផើនិក" (Copernician Revolution) នៅក្នុងទស្សនវិជ្ជា។ សម្រាប់គាត់ ប្រាជ្ញាមិនត្រឹមតែជាសមត្ថភាពនៃចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែ ជារចនាសម្ព័ន្ធផ្ទាល់ ដែលរៀបចំបទពិសោធន៍របស់យើងអំពីពិភពលោក។ ប៉ុន្តែ ប្រាជ្ញាមិនអាចយល់អ្វីៗទាំងអស់ ជាពិសេសបញ្ហាទាំងប៉ុន្មាន ដែលទាក់ទងនឹងអស្តិរូបវិជ្ជា (ពិភពលោក ព្រលឹង និងព្រះជាម្ចាស់)។ ទោះជាយ៉ាងណា ប្រាជ្ញាអាចជួយមនុស្សឱ្យមានសីលធម៌ត្រឹមត្រូវ ដោយតាំងគោលការណ៍សកល (ក៏ប៉ុន្តែ លោក ខាន្ថ (Kant) ហាក់ដូចជាភ្លេចថា មនុស្សយើងមានអារម្មណ៍ និងតណ្ហា...)។

៤. ប្រាជ្ញាក្នុងទស្សនវិជ្ជាសហសម័យ

១. លោក នីឈេ (Nietzsche) និងទស្សនវិទូមួយចំនួនរិះគន់ប្រាជ្ញា និងតួនាទីត្រួតត្រានៃប្រាជ្ញានេះ។ គាត់បានចាត់ទុកប្រាជ្ញាជាការបំភាន់ ជាសំណង់របស់មនុស្សដែលនាំឱ្យមានការបង្ក្រាបសភាវគតិ។

២. បាតុភូតវិទ្យា (Phenomenology) និងប្រាជ្ញា៖ នៅក្នុងបាតុភូតវិទ្យារបស់លោក ហ៊ូស្សល (Husserl) លោកមើលឃើញថា ប្រាជ្ញាជាសមត្ថភាពក្នុងការបកស្រាយអត្ថន័យនៃអ្វីៗទាំងអស់ ដូចអ្វីៗទាំងអស់នោះ បង្ហាញខ្លួនដល់មនសិការរបស់យើង ដោយគ្មានការវិនិច្ឆ័យទុកជាមុន ឬទ្រឹស្តីដែលបានកំណត់ទុកជាមុនឡើយ។

៥. ប្រាជ្ញា និងនយោបាយ

១. ប្រាជ្ញាដើម្បីបម្រើអំណាច៖ លោក Machiavel កំណត់គោលការណ៍ និងមធ្យោបាយទាំងអស់ដែលរដ្ឋត្រូវប្រើ ដើម្បីការពារអត្តិភាព សន្តិសុខ និងអំណាចរបស់ខ្លួន។ រដ្ឋអាចនៅក្នុងស្ថានភាពពិសេស ធ្វើឱ្យមានភាពស្របច្បាប់ក្នុងការបំពានច្បាប់ ឬគោលការណ៍សីលធម៌ធម្មតា ដើម្បីធានាការរស់រានមានជីវិតរបស់ប្រទេសជាតិ។ ក៏ប៉ុន្តែ គំនិតនេះអាចនាំឱ្យមានការរំលោភអំណាច និងការផ្អាកសេរីភាពបុគ្គលក្នុងនាមផលប្រយោជន៍រួម។

២. ប្រាជ្ញាជាមូលដ្ឋានគ្រឹះនៃនីតិរដ្ឋ៖ ផ្ទុយពីគំនិតខាងលើនេះ ទស្សនវិទូជាច្រើនបានមើលឃើញថា ប្រាជ្ញាជាមូលដ្ឋានគ្រឹះនៃអំណាចស្របច្បាប់ និងត្រឹមត្រូវ។

(ក.) លោក Hobbes និង Rousseau បង្កើតទ្រឹស្ដីកិច្ចសន្យាសង្គម។ ចំពោះពួកគេ ប្រាជ្ញានាំមនុស្សឱ្យចេញពីស្ថានភាពធម្មជាតិ (ដែលមានតណ្ហា និងអំពើហិង្សា) ដើម្បីរួបរួមគ្នា និងបង្កើតរដ្ឋមួយ។ ពេលនោះ ប្រាជ្ញាតាំងច្បាប់ ដែលធានាសន្តិភាព និងសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។

(ខ.) លោក Montesquieu បែងចែកអំណាច (នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ)។ ការរៀបចំអំណាចប្រកបដោយប្រាជ្ញានេះមានគោលបំណងការពារការរំលោភអំណាចដោយបង្កើតប្រព័ន្ធតុល្យភាព និងការត្រួតពិនិត្យ។ ចំពោះគាត់ អំណាចត្រូវតែបញ្ឈប់អំណាច ហើយស្ថាប័នការពារសេរីភាពរបស់ប្រជាពលរដ្ឋ។

(គ.) ចំពោះលោក ខាន្ថ (Kant) រដ្ឋាភិបាលស្របច្បាប់ប្រសិនបើខ្លួនគោរពគោលការណ៍នៃប្រាជ្ញាជាក់ស្តែង បានសេចក្ដីថារដ្ឋត្រូវធ្វើសកម្មភាពតាមរបៀបដែលសកលលោកអាចទទួលស្គាល់ថាត្រឹមត្រូវ។ តាមប្រាជ្ញាជាក់ស្តែង រដ្ឋាភិបាលមិនត្រូវចាត់ទុកពលរដ្ឋម្នាក់ៗគ្រាន់តែជាមធ្យោបាយនោះទេ ប៉ុន្តែ ត្រូវចាត់ទុកពួកគេជានិច្ចថា ជាគោលដៅ។ នេះគឺជាឧត្តមគតិនៃសាធារណរដ្ឋ៖ សេរីភាព សមភាព និងឯករាជ្យភាព។

៥. យុត្តិធម៌

៥. យុត្តិធម៌

ក្នុងទស្សនវិជ្ជា យុត្តិធម៌ជាគំនិតស្នូល និងស្មុគស្មាញ។ ជាទូទៅ គេយល់ថា យុត្តិធម៌ជាគុណធម៌ ដែលបែងចែកសិទ្ធិ កាតព្វកិច្ច ទ្រព្យសម្បត្តិ និងការដាក់ទោសឱ្យបានត្រឹមត្រូវក្នុងសង្គម។ យុត្តិធម៌លើកសំណួរខ្លះៗដូចជា៖

១. សមភាព (Equality ទល់នឹង ភាពស្មើគ្នា (Equity)៖ តើគួរតែប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដូចគ្នា (សមភាព) ឬគិតគូរពីភាពខុសគ្នារវាងមនុស្សដើម្បីបានតុល្យភាព (ភាពស្មើគ្នា)?

២. គុណសម្បត្តិ (Merit) ទល់នឹង តម្រូវការ (Need): តើយើងគួរចែកចាយធនធានទៅតាមគុណសម្បត្តិរបស់បុគ្គលម្នាក់ៗ ឬតាមតម្រូវការរបស់ពួកគេ?

៣. តើច្បាប់នានាក្នុងសង្គមតែងតែស្របតាមយុត្តិធម៌ ឬទេ? បើមិនដូច្នេះ តើត្រូវធ្វើយ៉ាងដូចម្ដេច?

១. ទ្រឹស្តីសំខាន់ៗនៃយុត្តិធម៌

១. លោកផ្លាថូន (Plato)៖ នៅក្នុងស្នាដៃរបស់គាត់ សាធារណរដ្ឋ (The Republic) គាត់យល់ថា យុត្តិធម៌ជាគុណធម៌ ដែលគាត់ហៅថា សេចក្ដីសុចរិត ពោលគឺ ត្រូវតែសងគុណដល់អ្នកដទៃឱ្យបានត្រឹមត្រូវ។ មនុស្សជាមនុស្សសុចរិត នៅពេលដែលផ្នែកទាំងបីនៃព្រលឹងគាត់ (ប្រាជ្ញា ភាពក្លាហាន និងបំណងប្រាថ្នា) មានតុល្យភាព។ យ៉ាងណាមិញ ទីក្រុងមួយមានយុត្តិធម៌នៅពេលដែលវណ្ណៈសង្គមនីមួយៗ (ស្តេច ទស្សនវិទូ អ្នកចម្បាំង និងអ្នកផលិត) បំពេញតួនាទីរបស់ពួកគេឱ្យបានត្រឹមត្រូវ។

២. លោកអារីស្តូថេល្លេស (Aristotle) បែងចែកយុត្តិធម៌ជាបីផ្នែក៖ (ក.) យុត្តិធម៌បែងចែក (Distributive Justice)៖យើងបែងចែកដោយសមធម៌នូវទ្រព្យសម្បត្តិ និងកិត្តិយសទៅតាមគុណសម្បត្តិ។ (ខ.) យុត្តិធម៌ផ្លាស់ប្តូរ (Commutative Justice)៖ យើងកែតម្រូវដោយមានបំណងស្តារសមភាពរវាងបុគ្គល នៅពេលដែលមានកំហុស ឧ. ក្នុងករណីចោរកម្ម ឬវិវាទ។ (គ.) យុត្តិធម៌សំណង (Restorative Justice)៖ ប្រព័ន្ធព្រហ្មទណ្ឌគួរផ្តោតលើការដាក់ទណ្ឌកម្មអ្នកទោស។

៣. សន្តថូម៉ាស អាឃ្វីណាស (Thomas Aquinas) បែងចែកប្រភេទច្បាប់ផ្សេងៗគ្នាដែលណែនាំមនុស្សឆ្ពោះទៅរកយុត្តិធម៌៖ (ក.) ច្បាប់អមតៈ (Eternal Law)៖ គឺជាគម្រោការរបស់ព្រះជាម្ចាស់ដែលណែនាំអ្វីៗទាំងអស់។ (ខ.) ច្បាប់ធម្មជាតិ (Natural Law)៖ គឺជាការចូលរួមរបស់មនុស្សនៅក្នុងច្បាប់អមតៈ។ គឺជាសំណុំគោលការណ៍សីលធម៌ជាសកល និងពីកំណើត ដូចជាការថែរក្សាជីវិតខ្លួនឯង ការបន្តពូជ និងការស្វែងរកសេចក្ដីពិត។ ច្បាប់ធម្មជាតិជាគ្រឹះនៃយុត្តិធម៌របស់មនុស្ស។ (គ.) ច្បាប់ដែលព្រះជាម្ចាស់សម្ដែងឱ្យមនុស្សស្គាល់ (Revealed Law) ដូចជាវិន័យ ១០ ប្រការ ជាដើម។ (ឃ.) ច្បាប់មនុស្ស (Human Law)៖ គឺជាច្បាប់ដែលមនុស្សបង្កើតឡើង (ឬច្បាប់រដ្ឋប្បវេណី)។ ច្បាប់ទាំងនេះត្រូវតែអនុលោមតាមច្បាប់ធម្មជាតិដើម្បីឱ្យមានយុត្តិធម៌។ ប្រសិនបើច្បាប់របស់មនុស្សណាមួយផ្ទុយនឹងច្បាប់ធម្មជាតិ ច្បាប់នេះមិនមែនជាច្បាប់ពិតប្រាកដទេ ហើយយើងមិនគួរគោរពច្បាប់នេះឡើយ។

៤. ចំពោះលោក ចន រ៉ល (John Rawls)៖ យុត្តិធម៌ជាសមធម៌ (Justice as Equity)។ គាត់បានធ្វើពិសោធន៍មួយ ដែលគាត់ហៅថា “វាំងននអវិជ្ជា” (The Veil of Ignorance)។ គាត់ស្រមៃថា បុគ្គលដែលមិនដឹងពីឋានៈសង្គម ទ្រព្យសម្បត្តិ ឬទេពកោសល្យរបស់ពួកគេ គួរតែជ្រើសរើសគោលការណ៍យុត្តិធម៌។ ក្នុងស្ថានភាពនេះ គាត់អះអាងថា ពួកគេនឹងជ្រើសរើសគោលការណ៍ដែលផ្តល់ផលប្រយោជន៍ដល់អ្នកដែលខ្សោយជាងគេ ដោយសារតែខ្លាចទៅជាមនុស្សបែបនោះដែរ។ គោលការណ៍យុត្តិធម៌ទាំងពីររបស់គាត់ មានដូចតទៅ៖ ត្រូវធានានូវសេរីភាពមូលដ្ឋានសម្រាប់មនុស្សគ្រប់គ្នា និងទទួលយកវិសមភាពសង្គម និងសេដ្ឋកិច្ចលុះត្រាតែវិសមភាពនោះផ្តល់ផលប្រយោជន៍ដល់អ្នកខ្វះខាតបំផុត និងជាប់ទៅនឹងតំណែងដែលមនុស្សគ្រប់គ្នាអាចទទួលបាន។

៥. លោក អាម៉ាតយ៉ា សេន (Amartya Sen) រិះគន់វិធីសាស្រ្តរបស់ រ៉ល (Rawls) ជាវិធីសាស្រ្តអរូបីពេក ហើយបង្កើតទ្រឹស្តី យុត្តិធម៌ជាសមត្ថភាព (Justice as capacity)។ ចំពោះគាត់ ត្រូវតែវាយតម្លៃយុត្តិធម៌ដោយផ្អែកលើសមត្ថភាពពិតប្រាកដរបស់បុគ្គលម្នាក់ៗក្នុងការបំប្រែធនធានឱ្យទៅជាសេរីភាព និងសុខុមាលភាព។ តាមទស្សនៈនេះ អយុត្តិធម៌ជាការដកហូតនូវសេរីភាពចាំបាច់ទាំងនេះ។ ឧ. មនុស្សម្នាក់អាចមានអាហារបរិភោគ (ធនធាន) ប៉ុន្តែ ប្រសិនបើគាត់ឈឺ ឬខ្វះអាហារូបត្ថម្ភ គាត់គ្មានលទ្ធភាពពិតប្រាកដក្នុងការទទួលបានអាហារល្អ និងមានសុខភាពល្អឡើយ។ ដូច្នេះ យុត្តិធម៌ត្រូវតែផ្តោតលើការពង្រីកលទ្ធភាព ដើម្បីឱ្យមនុស្សគ្រប់រូបអាចជ្រើសរើសជីវិតដែលពួកគេចង់បាន។

២. យុត្តិធម៌ និងច្បាប់

ទោះបីជាធម្មតាយុត្តិធម៌ និងច្បាប់ជាប់គ្នាក៏ដោយ យុត្តិធម៌ និងច្បាប់មិនដូចគ្នាទេ។ ច្បាប់ជាសំណុំនៃច្បាប់ដែលសង្គមបង្កើត ចំណែកឯយុត្តិធម៌ គឺជាឧត្តមគតិសីលធម៌។ ប្រព័ន្ធច្បាប់មួយអាចស្របច្បាប់ ប៉ុន្តែ មិនស្របតាមយុត្តិធម៌ទេ។ ឧ. គេអាចអនុម័តច្បាប់មួយតាមលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ ប្រជាជនមួយចំនួនអាចចាត់ទុកថា ច្បាប់នេះមិនត្រូវនឹងយុត្តិធម៌ ដ្បិតច្បាប់នេះធ្វើឱ្យក្រុមនេះមានគុណវិបត្តិ។

ការមិនស្តាប់បង្គាប់ច្បាប់ (Civil Desobedience) មានន័យថា មនុស្សមួយចំនួនបដិសេធមិនព្រមស្តាប់បង្គាប់ចំពោះច្បាប់ បទបញ្ជា ឬគោលនយោបាយណាមួយ ដែលអ្នកតវ៉ាយល់ថា អយុត្តិធម៌ ឬអសីលធម៌។ ពួកគេមិនមានគោលដៅផ្តួលរំលំអំណាចនោះទេ ប៉ុន្តែ ពួកគេចង់បង្ខំឱ្យអំណាចនោះពិនិត្យឡើងវិញ កែប្រែ ឬលុបចោលនូវច្បាប់នោះ។ ជាធម្មតា ការមិនស្តាប់បង្គាប់ត្រូវតែគោរពគោលការណ៍ផ្សេងៗដូចជា៖ (ក.) អហឹង្សា៖ ត្រូវតែបះបោរដោយសន្តិភាព។ ការប្រើប្រាស់អំពើហិង្សាលើរូបរាងកាយ ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ មិនសម និងផ្ទុយនឹងគោលការណ៍សីលធម៌ដែលជាមូលដ្ឋាននៃការតវ៉ា។ (ខ.) ភាពសាធារណៈ៖ ត្រូវប្រព្រឹត្តសកម្មភាពនេះនៅទីសាធារណៈ និងដោយបើកចំហរ។ យើងមានគោលបំណងជជែកដេញដោលជាសាធារណៈ ដោយមិនលាក់បាំងខ្លួន ឬរត់គេចពីការទទួលខុសត្រូវឡើយ។ (គ.) ភាពស្មោះត្រង់៖ ត្រូវមានសីលធ គឺយើងមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ។ (ឃ.) ឱ្យចេះទទួលយកផលវិបាក៖ អ្នកបះបោរអហឹង្សាត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកទណ្ឌកម្មផ្លូវច្បាប់ (ដូចជាពិន័យ ការចាប់ខ្លួន ការជាប់ពន្ធនាគារ) ដែលបណ្តាលមកពីទង្វើរបស់ពួកគេ។

ឧទាហរណ៍ប្រវត្តិសាស្ត្រ៖

១. លោក ហិនរី ដេវីដ ធូរ៉ូ (Henry David Thoreau)៖ គេចាត់ទុកលោកថា ជាអ្នកទ្រឹស្តីមុនគេនៃអហឹង្សាបះបោរ។ គាត់បានបដិសេធមិនព្រមបង់ពន្ធ ដើម្បីតវ៉ាប្រឆាំងនឹងទាសភាព និងសង្គ្រាមអាមេរិក-ម៉ិកស៊ិកនៅពាក់កណ្តាលសតវត្សរ៍ទី១៩។

២. លោក មហាគន្ធី (Mahatma Gandhi)៖ គាត់បានប្រើអហឹង្សាបះបោរដើម្បីប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមអង់គ្លេសនៅប្រទេសឥណ្ឌា។ "ការដើរដង្ហែរអំបិល" នៅឆ្នាំ១៩៣០ ដែលគាត់បានបំពានច្បាប់ផ្តាច់មុខអំបិលរបស់ជនជាតិអង់គ្លេស ជាឧទាហរណ៍ដ៏ល្បីល្បាញមួយ។

៣. លោក ម៉ាទីន លូធើ ឃីង ជេអរ (Martin Luther King Jr.)៖ គាត់ជាឥស្សរជនដ៏សំខាន់នៃចលនាសិទ្ធិស៊ីវិលនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និងឆ្នាំ១៩៦០។ គាត់បានរៀបចំការតវ៉ាដោយអហឹង្សាប្រឆាំងនឹងការបែងចែកពូជសាសន៍។

៤. លោក ណិលសុន ម៉ង់ដេឡា (Nelson Mandela)៖ មុនពេលជ្រើសរើសការតស៊ូប្រដាប់អាវុធ គាត់បានអនុវត្តអហឹង្សាបះបោរនៅអាហ្វ្រិកខាងត្បូងប្រឆាំងនឹងរបបអាផាថេត (partheid)។

រូបនៅខាងក្រោមជានិមិត្តរូបនៃយុត្តិធម៌៖ គឺជាស្រ្តីម្នាក់ ដែលកាន់ជញ្ជីងក្នុងដៃស្តាំ (= ភាពស្មើគ្នា) មានកន្សែងបិទភ្នែក (= មិនកាន់ជើងនរណា) និងកាន់ដាវ (= គាត់ប្រើកម្លាំងដើម្បីបង្ខំគេឱ្យអនុវត្តច្បាប់)៖

៦. សាសនា

៦. សាសនា

១. និយមន័យទូទៅ

យើងងាចកំណត់សាសនាថាជាប្រព័ន្ធនៃជំនឿ និងការអនុវត្ត ដែលទាក់ទងនឹងអង្គភាព ឬគោលការណ៍ដ៏ពិសិដ្ឋ ឬហួសពីធម្មជាតិ។ ប្រព័ន្ធនេះមានគោលបំណងផ្តល់នូវអត្ថន័យដល់ជីវិត និងផ្តល់តួនាទីរបស់មនុស្សនៅក្នុងសកលលោក។ មនុស្សសម្ដែងសាសនាតាមរយៈពិធី សីលធម៌ រឿងរ៉ាវ (ទេវកថា) និងការរៀបចំសហគមន៍ (ព្រះវិហារ វត្តអារាម ជាដើម)។

២. ធាតុផ្សំសំខាន់ៗនៃសាសនា

១. ជំនឿ៖ សាសនាមានជំនឿទៅលើអាទិទេពមួយ ឬច្រើន (Monotheism - ជំនឿលើព្រះតែមួយ Polytheism - ជំនឿលើព្រះច្រើន) លើកម្លាំងខាងវិញ្ញាណ ឬលើគោលការណ៍ខ្ពស់បំផុត (ដូចជាកម្មផលនៅក្នុងព្រះពុទ្ធសាសនា)។ សាសនាផ្តល់នូវទស្សនៈអំពីពិភពលោក និងជីវិតក្រោយៗទៀត។

២. ការអនុវត្ត និងពិធី៖ គឺជាសកម្មភាពជាក់ស្តែងដែលបង្ហាញពីជំនឿ។ មានការអធិស្ឋាន ការធ្វើសមាធិ ការគោរពបូជា យញ្ញបូជា និងពិធីបុណ្យនានា ដែលសម្គាល់ព្រឹត្តិការណ៍សំខាន់ៗនៃជីវិត (កំណើត អាពាហ៍ពិពាហ៍ ការស្លាប់)។

៣. វិមាត្រសីលធម៌៖ សាសនាភាគច្រើនផ្តល់នូវក្រមប្រតិបត្តិ ដើម្បីណែនាំអាកប្បកិរិយាបុគ្គល និងសមូហភាព។ ក្រមនេះជារឿយៗផ្អែកលើបញ្ញត្តិដ៏ទេវភាព ឬគោលការណ៍ទស្សនវិជ្ជា ដែលកំណត់អ្វីដ៏ល្អ និងអាក្រក់។

៤. បទពិសោធន៍ខាងវិញ្ញាណ៖ គឺជាការតភ្ជាប់ផ្ទាល់ខ្លួនជាមួយនឹងភាពពិសិដ្ឋ ដែលអាចមានទម្រង់ជាវិវរណៈ ការលង់ស្មរតី ឯកភាពជាមួយព្រះ ឬសន្តិភាពខាងក្នុងដ៏ជ្រាលជ្រៅ។

៥. សហគមន៍៖ សាសនាប្រមូលផ្តុំអ្នកជឿជុំវិញការអនុវត្ត និងតម្លៃដែលពួកគេចែករំលែកជាមួយគ្នា។ សាសនាបង្កើតស្ថាប័ន និងសហគមន៍ដែលគាំទ្រដល់អ្នកជឿ និងបន្តប្រពៃណី។

៣. វិធីសាស្រ្តទស្សនវិជ្ជា និងសង្គមវិទ្យា

និយមន័យមួយចំនួនផ្តោតលើមុខងាររបស់សាសនានៅក្នុងសង្គម។ សម្រាប់សង្គមវិទូ Émile Durkheim សាសនាជាប្រព័ន្ធរួមនៃជំនឿ និងការអនុវត្តដែលទាក់ទងនឹងវត្ថុពិសិដ្ឋ ដែលបង្រួបបង្រួមនៅក្នុងសហគមន៍សីលធម៌តែមួយនូវមនុស្សទាំងអស់ដែលប្រកាន់ខ្ជាប់។

៤. ទស្សនវិជ្ជា

១. សាសនាជាការស្វែងរកអត្ថន័យនៃជីវិត៖ សម្រាប់ទស្សនវិទូជាច្រើន សាសនាជាចម្លើយចម្បងចំពោះតម្រូវអំពីអត្ថន័យនៃជីវិត។ មនុស្សជាច្រើនប្រឈមមុខនឹងជីវិតដែលហាក់ដូចជាគ្មានអត្ថន័យ ឬពួកគេប្រឈមមុខនឹងទុក្ខវេទនា និងសេចក្ដីស្លាប់។ ហេតុនេះ​ សាសនាអាចជួយពន្យល់ជីវិត។ សាសនាផ្តល់នូវទេវកថា និងរឿងរ៉ាវដែលរៀបចំពិភពលោក ផ្តល់គោលបំណងដល់អត្តិភាព។ អ្នកគិតដូចជា Mircea Eliade យល់ឃើញថា សាសនាបែងចែកអ្វីដែលពិសិដ្ឋ (ដែនដ៏ទេវភាព) និងអ្វីដែលនៅក្នុងលោក (ជីវិតប្រចាំថ្ងៃ) ដែលរៀបចំបទពិសោធន៍របស់មនុស្ស។

២. សាសនា និងសីលធម៌៖ ជាញឹកញាប់ គេចាត់ទុកសាសនាថា ជាមូលដ្ឋានគ្រឹះនៃសីលធម៌។ សាសនាផ្តល់នូវបញ្ញត្តិ និងតម្លៃ ដែលណែនាំអាកប្បកិរិយារបស់មនុស្ស។ ក៏ប៉ុន្តែ ទស្សនវិទូដូចជាលោក ខាន្ថ (Kant) លើកហេតុផលថា សីលធម៌ត្រូវតែមានលក្ខណៈស្វយ័ត ពោលគឺសីលធម៌ត្រូវតែពឹងផ្អែកលើប្រាជ្ញា មិនមែនលើការភ័យខ្លាចថាព្រះនឹងដាក់ទោស ឬសង្ឃឹមថានឹងទទួលរង្វាន់នោះទេ។ អ្នកផ្សេងទៀតដូចជាលោក នីឈេ (Nietzsche) រិះគន់សីលធម៌សាសនា ដោយហៅសាសនាថាជា "សីលធម៌របស់ទាសករ" ដែលធ្វើឱ្យឆន្ទៈនៃអំណាច និងសក្ដានុពលរបស់មនុស្ស ថយចុះខ្សោយ។

៣. សាសនាជាការបំភាន់ ឬការជាប់ជាឈ្លើយ៖ ទស្សនៈមួយចំនួនរិះគន់សាសនាកាន់តែខ្លាំង។ លោក ម៉ាក្ស (Marx) ពិពណ៌នាសាសនាជា "ថ្នាំអាភៀនរបស់ប្រជាជន"។ សម្រាប់គាត់ សាសនាជាការបំភាន់ដែលលួងលោមមហាជនពីទុក្ខលំបាកផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ពួកគេ ការពារពួកគេពីការបះបោរប្រឆាំងនឹងការជិះជាន់។ សាសនាបង្វែរចំណាប់អារម្មណ៍ពីបញ្ហាពិតដោយសន្យាថា នឹងមានជីវិតប្រសើរឡើងក្រោយពេលស្លាប់។ ចំណែកលោក ហ្រ្វូយដ៍ (Freud) វិញ លោកយល់ថា សាសនាជាជំងឺសរសៃប្រសាទ តាមចិត្តសាស្ត្រជាសកល ដែលបំភាន់មនុស្ស ដោយផ្តល់ឱ្យពួកគេនូវ "ឪពុក" ដែលជាអ្នកការពារ ដើម្បីប្រឈមមុខនឹងការថប់បារម្ភនៃជីវិត។

៤. ជំនឿ និងប្រាជ្ញា៖ ទំនាក់ទំនងរវាង ជំនឿ (ការជឿដោយគ្មានភស្តុតាង) និងប្រាជ្ញា (សមត្ថភាពក្នុងការគិតតាមរបៀបត្រឹមត្រូវ) ជាប្រធានបទស្នូលនៃទស្សនវិជ្ជាអំពីសាសនា។ ទស្សនវិទូមជ្ឈិមសម័យដូចសន្តថូម៉ាស អាឃ្វីណាស (Thomas Aquinas) ព្យាយាមសម្របសម្រួលទាំងពីរ ដោយប្រកែកថា ជំនឿ និងប្រាជ្ញាមិនផ្ទុយគ្នាទេ ប៉ុន្តែ បំពេញគ្នាទៅវិញទៅមក។ ប្រាជ្ញាអាចជួយឱ្យយល់ពីសេចក្ដីពិតនៃជំនឿ។ ផ្ទុយទៅវិញ ទស្សនវិទូនៃចលនាពន្លឺដូចជា វ៉ុលទែរ (Voltaire) តស៊ូមតិ ដើម្បីឧត្តមភាពនៃប្រាជ្ញា ដោយថ្កោលទោសការនិយមជ្រុល និងការមិនអត់ឱនខាងសាសនា។ លោក ប៉ាស្កាល (Pascal) វិញ បង្ហាញថា ប្រាជ្ញាមិនអាចបង្ហាញថា មានព្រះឬទេ ដោយស្នើឱ្យភ្នាល់៖ នៅចំពោះមុខភាពមិនប្រាកដប្រជា មានហេតុផលជាងក្នុងការភ្នាល់លើអត្តិភាពរបស់ព្រះ ជាងការភ្នាល់លើការគ្មានអត្តិភាពរបស់ព្រះ។

 

645 Views

Theme: Overlay by Kaira