ក្រសួងកិច្ចសន្ទនាអន្តរសាសនា

សារលិខិតសម្រាប់បុណ្យវិសាខបូជា ឆ្នាំ២០២២

ពុទ្ធបរិស័ទ និងគ្រីស្តបរិស័ទអត់ធន់នៅក្នុងសេចក្តីសង្ឃឹម

  • សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ !
  • សូមគោរព សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ឧបាសក ឧបាសិកា និងពុទ្ធសាសនិកជាទីមេត្រី!

១. ក្នុងឱកាសបុណ្យវិសាខបូជា ដើម្បីនឹករំឭកដល់ព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន យើងខ្ញុំព្រះករុណាជាក្រុមប្រឹក្សាភិបាលសម្តេចប៉ាប ដើម្បីកិច្ចសន្ទនាអន្តរសាសនា សូមផ្ញើសារលិខិតដើម្បីសម្តែងនូវគារវកិច្ចយ៉ាងកក់ក្តៅជូនដល់ សហគមន៍ពុទ្ធសាសនិកទូទាំងពិភពលោក

២. សារលិខិតនេះ យើងខ្ញុំព្រះករុណាថ្លែងនៅក្នុងសម័យកាលមួយ ដែលមនុស្សជាតិកំពុងតែជួបប្រទះនឹងវិបត្តិយ៉ាងច្រើន។ ក្នុងរយៈពេលបីឆ្នាំបន្តបន្ទាប់គ្នានេះ ប្រជាជនទូទាំងសាកលលោកក្លាយជាជនរងគ្រោះបណ្តាលមកពីវិបត្តិសុខភាព ដែលនៅតែបន្តកើតមានដោយសារជំងឺកូវីដ១៩។ អាត្រាគ្រោះធម្មជាតិពាក់ព័ន្ធនឹងវិបត្តិអាកាសធាតុញ៉ាំងឱ្យយើងស្គាល់នូវភាពទន់ខ្សោយរបស់យើងក្នុងនាមជាប្រជាពលរដ្ឋ ដែលរស់នៅ​​រួមគ្នានៅលើភពផែនដីតែមួយ។ សង្គ្រាមនៅតែបន្តបង្ហូរឈាមអស់អ្នកដែលគ្មានទោស និងបង្ករឱ្យសេចក្តីទុក្ខកាន់តែរីករាលដាលខ្លាំងឡើង។ គួរឱ្យសោកស្តាយដែលមានមនុស្សយកសាសនាមកប្រើប្រាស់ធ្វើជាលេសដើម្បីប្រព្រឹត្តអំពើហិង្សា។ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសង្កេតឃើញរឿងរ៉ាវទាំងនោះ ហើយមានបន្ទូលទាំងក្តីសង្វេគថា៖ «មនុស្សជាតិមានមោទនភាពចំពោះការរីកចម្រើនលើវិស័យវិទ្យាសាស្ត្រ និងការរិះគិតរបស់ខ្លួន ចំពោះស្នាដៃស្អាតៗជាច្រើនដែលខ្លួនបានបង្កើត ក៏ប៉ុន្តែវិស័យ និងការរិះគិតទាំងនេះបែរជាធ្វើឱ្យសន្តិភាពដើរថយក្រោយទៅវិញ។ … ការនេះធ្វើឱ្យយើងទាំងអស់គ្នាមានក្តីអាម៉ាស់ខ្លាំងណាស់» (សុន្ទរកថាថ្លែងទៅកាន់សមាជិកចូលរួមក្នុងកិច្ចប្រជុំពេញអង្គនៃក្រសួងសម្រាប់ព្រះសហគមន៍នៅបូព៌ា ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២)។

៣. ទោះបីយើងឃើញថា មានចលនារួមសាមគ្គីគ្នាដើម្បីដោះស្រាយគ្រោះមហន្តរាយដែលបណ្តាលមកពីវិបត្តិកំពុងតែកើតឡើងទាំងនោះក៏ដោយ ក៏ការស្វែងរកដំណោះស្រាយនៅតែជួបការលំបាក។ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិរបស់មនុស្ស និងការលះបង់គុណធម៌ខាងផ្លូវវិញ្ញាណញ៉ាំងឱ្យសីលធម៌ទូទៅនៅក្នុងសង្គមធ្លាក់ចុះអន់ថយ។ ក្នុងនាមជាពុទ្ធបរិស័ទ និងគ្រីស្តបរិស័ទ យើងមានស្មារតីទទួលខុសត្រូវខាងសាសនា និងសីលធម៌ ដែលនាំយើងឱ្យជួយគាំទ្រមនុស្សជាតិចេះយកចិត្តទុកដាក់សម្រុះសម្រួល​គ្នា និងមានចិត្តអត់ធន់។ បព្វជិតបព្វជីតាជាអ្នកប្រតិបត្តិខ្ជាប់ខ្ជួននូវសិក្ខាបទសាសនា គប្បីក្លាយខ្លួនទៅជាចង្កៀងផ្តល់នូវសេចក្តីសង្ឃឹម ទោះបីតូចតាចក្តីក៏នៅតែបំភ្លឺផ្លូវដឹកនាំមនុស្សជាតិឱ្យមានជ័យជំនះលើជីវិតដែលឥតផ្លូវវិញ្ញាណ បណ្តាលឱ្យប្រព្រឹត្តកំហុស និងស្គាល់តែសេចក្តីទុក្ខ។

៤. ព្រះសម្មាសម្ពុទ្ធ និងព្រះយេស៊ូគ្រីស្តបានប្រៀនប្រដៅក្រុមសាវ័កឱ្យស្គាល់នូវគុណធម៌អតិសេដ្ឋ ទោះបីមានរបៀបផ្សេងពីគ្នាក៏ដោយ។ អរិយសច្ចរបស់ព្រះសម្មាសម្ពុទ្ធពន្យល់ពីដើមកំណើត និងដើមហេតុនៃសេច​ក្តីទុក្ខ ហើយទ្រង់បានត្រាស់សម្តែងនូវអដ្ឋង្គិកមគ្គ(មាគ៌ាប្រកបដោយអង្គ៨) ដែលនាំទៅរកការរំលត់ទុក្ខ។ «អដ្ឋង្គិកមគ្គ គឺជាការរំលត់នូវសេចក្តីតម្រេក ពោលគឺលះបង់ បដិសេធ រំដោះខ្លួន និងលែងជាប់ជំពាក់នឹងសេចក្តីតម្រេកនេះតទៅទៀត» (ធម្មចក្កប្បវត្តនសូត្រ ៥៦,១១)។ អ្នកណាប្រតិបត្តិតាមអដ្ឋង្គិកមគ្គនេះ អ្នកនោះនឹងព្យាបាលជំងឺចិត្តលោភលន់ឥតឈប់ឈរដែលនាំទៅរកមហិច្ឆតា និងការស្រឡាញ់អំណាចឱ្យបានជាសះស្បើយ។ ព្រះបន្ទូលដំណឹងល្អពុំដែលប្រៀនប្រដៅឱ្យឆ្លើយតបដោយការប្រព្រឹត្តអំពើហិង្សាឡើយ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលអំពីសុភមង្គលដ៏ពិតប្រាកដ បង្រៀនឱ្យយើងស្គាល់អំពីរបៀបដែលមានចិត្តអត់ធន់ ដោយផ្តល់អាទិភាពទៅលើគុណធម៌នៃជីវិតខាងផ្លូវវិញ្ញាណនៅក្នុងចំណោមមនុស្សដែលកំពុងតែរត់តាមអ្វីដែលឥតន័យខ្លឹមសារ។ «អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ‌ខ្សត់​អ្នក​នោះ​មាន​សុភមង្គល​ហើយ អ្នក​ណា​មាន​ចិត្ត​ស្លូត‌បូត អ្នក​នោះ​មាន​សុភមង្គល​ហើយ  អ្នក​ណា​សោក‌សៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ អ្នក​ណា​កសាង​សន្តិ‌ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ» (មថ ៥,១-១២)។ ព្រះជាម្ចាស់ប្រទានព្រះពរដល់ពួកគេ ដ្បិតទោះបីមានទុក្ខលំបាកនាពេលបច្ចុប្បន្ននេះ ក៏គេនៅតែទុកចិត្តលើព្រះបន្ទូលសន្យាអំពីសុភមង្គល និងការសង្រ្គោះរបស់ព្រះជាម្ចាស់។

៥. យើងអាចជួយណែនាំមនុស្សជាតិឱ្យមានចិត្តអត់ធន់ ដោយគាស់កកាយយកកំណប់ដែលកប់ទុកតាមរយៈការបញ្ជូនបន្តខាងផ្លូវវិញ្ញាណរបស់យើង។ សម្រាប់ពុទ្ធសាសនា អរិយអដ្ឋង្គិកមគ្គ អាចបណ្តុះធម៌មេត្តាករុណា និងប្រាជ្ញា ដើម្បីចូលរួមដោះស្រាយទុក្ខកង្វល់នៅក្នុងសង្គម។ រីឯគ្រីស្តបរិស័ទ សេចក្តីសង្ឃឹមគឺជាកំណប់មួយនៅក្នុងចំណោមកំណប់ដ៏សំខាន់ជាងគេ។ ដូចសម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ មានបន្ទូលថា៖ «សេចក្តីសង្ឃឹមជួយឱ្យយើងចេះទទួលស្គាល់ថា យើងតែងតែមានច្រកចេញជានិច្ច យើងអាចបោះជំហានទៅតាមច្រកចេញនោះ យើងអាចធ្វើកិច្ចការដើម្បីដោះស្រាយបញ្ហារបស់យើងបានជានិច្ច» (Laudato Si’ 61)។

៦. យើងទុកចិត្តថា សេចក្តីសង្ឃឹមនឹងសង្រ្គោះយើងមិនឱ្យរវាតចិត្តឡើយ។ ហេតុនេះហើយ បានជាយើងមានចិត្តចង់ចែករំលែកប្រាជ្ញាដ៏វាងវៃរបស់ព្រះតេជគុណ ធីក ញឹត ហាញ់ (Thich Nhat Hanh) អំពីសារសំខាន់នៃសេចក្តីសង្ឃឹមថា៖ «សេចក្តីសង្ឃឹមជួយសម្រាលការស៊ូទ្រាំនឹងការលំបាកនាពេលបច្ចុប្បន្នឱ្យបានធូរស្រាល។ ប្រសិនបើយើងជឿជាក់ថា យើងនឹងបានរុងរឿងនៅថ្ងៃស្អែក នោះយើងអាចអត់ធន់នឹងការលំបាកនៅក្នុងថ្ងៃនេះបាន» (Peace is Every Step, 1991, 41-42)។ ចូរយើងធ្វើការងាររួមគ្នាដើម្បីអនាគតដ៏បវររុងរឿង!។

៧. សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ឧបាសក ឧបាសិកា និងពុទ្ធសាសនិកជាទីមេត្រី! យើងខ្ញុំព្រះករុណា សូមប្រគេន និងគោរពជូនពរដល់ការប្រារព្ធពិធីបុណ្យវិសាខ​បូជានេះ ដោយរក្សាបាននូវសេចក្តីសង្ឃឹមឱ្យមានជីវិតរស់រវើកជានិច្ច ដើម្បីទទួល និងឆ្លើយតបរាល់ឧបសគ្គទាំង​ឡាយដែលបណ្តាលមកពីវិបត្តិនានាកំពុងតែកើតមាននាពេលសព្វថ្ងៃនេះ។

បុរីវ៉ាទីកង់, ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២

ប្រធានក្រុមប្រឹក្សាភិបាល
លោកកាឌីណាល់ Miguel Ángel Ayuso Guixot, MCCJ

លេខាធិការ
លោកអភិបាល Kodithuwakku K. Indunil J


ក្រុមប្រឹក្សាភិបាលសម្តេចប៉ាបដើម្បីកិច្ចសន្ទនាអន្តរសាសនា
PONTIFICAL COUNCIL FOR INTERRELIGIOUS DIALOGUE

00120 Vatican City
Tel: +39.06.6988 4321
Fax: +39.06.6988 4494
E-mail: dialogo@interrel.va
http://www.pcinterreligious.org

1,799 Views

Theme: Overlay by Kaira