សារសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ
សម្រាប់រដូវ៤០ថ្ងៃ ឆ្នាំ២០២៤
LENT 2024
***
«ព្រះជាម្ចាស់ដឹកនាំយើងឆ្ពោះទៅកាន់សេរីភាព ដោយឆ្លងកាត់វាលរហោស្ថាន»
បងប្អូនជាទីស្រឡាញ់!
នៅពេលដែលព្រះជាម្ចាស់នៃយើងបង្ហាញព្រះអង្គ ទ្រង់មានទំនាក់ទំនងជាមួយសេរីភាព៖ «យើងព្រះអម្ចាស់ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ» (សរ ២០,២)។ នេះជារបៀបដែលព្រះជាម្ចាស់បានផ្ដល់ព្រះបន្ទូលទាំងដប់ទៅឱ្យលោកម៉ូសេនៅលើភ្នំស៊ីណៃ។ ប្រជារាស្ត្រដឹងច្បាស់អំពីសេរីភាពដែលព្រះជាម្ចាស់មានបន្ទូល៖ បទពិសោធជាទាសករដាមជាប់ជានិច្ចនៅក្នុងជីវិតរបស់ពួកគេ។ នៅវាលរហោស្ថាន ពួកគេទទួលវិន័យទាំងដប់ទុកជាមាគ៌ាឆ្ពោះទៅរកសេរីភាព។ យើងហៅថា “ក្រឹតវិន័យទាំងដប់ប្រការ” ដើម្បីបញ្ជាក់អំពីថាមពលនៃសេចក្តីស្រឡាញ់ ដែលព្រះជាម្ចាស់អប់រំប្រជារាស្ត្ររបស់ព្រះអង្គ។
តាមពិត នេះគឺជាការត្រាស់ហៅមួយដ៏សំខាន់ឱ្យទៅរកសេរីភាព។ វាមិនអាចបង្រួមមកក្នុងព្រឹត្តិការណ៍តែមួយទេ ពីព្រោះវារីកចម្រើនឡើងនៅក្នុងពេលធ្វើដំណើរ។ ដូចជនជាតិអ៊ីស្រាអែលនៅតែនឹកដល់ស្រុកអេស៊ីបយ៉ាងណា (គឺពួកគេសោកស្តាយអតីតកាល ហើយរអ៊ូរទាំប្រឆាំងនឹងព្រះជាម្ចាស់ និងលោកម៉ូសេ) សព្វថ្ងៃនេះ ប្រជារាស្ត្ររបស់ព្រះជាម្ចាស់តាមរបៀបដដែល តែងតែជាប់ជាមួយចំណងជាច្រើនដែលពួកគេត្រូវតែជ្រើសរើសលះបង់ចោល។ យើងដឹងសេចក្តីនេះនៅពេលដែលយើងខ្វះសេចក្តីសង្ឃឹម ហើយយើងដើរវង្វេងនៅក្នុងជីវិតដូចនៅលើវាលស្មៅដ៏ស្ងាត់ជ្រងំ គ្មានទឹកដីសន្យាដែលត្រូវធ្វើដំណើរឆ្ពោះទៅរួមគ្នា។ រដូវ៤០ថ្ងៃ គឺជាពេលវេលានៃការប្រណីសន្តោស ដែលវាលរហោស្ថានក្លាយទៅជា (ដូចសេចក្តីប្រកាសរបស់ព្យាការីហូសេ) កន្លែងនៃសេចក្តីស្រឡាញ់ដំបូង (ហស ២,១៦-១៧)។ ព្រះជាម្ចាស់អប់រំប្រជារាស្ត្ររបស់ព្រះអង្គដើម្បីឱ្យចាកចេញពីទាសភាព និងធ្វើពិសោធអំពីដំណើរឆ្លងពីសេចក្ដីស្លាប់ទៅកាន់ជីវិត។ ព្រះអង្គដូចជាស្វាមីដឹកនាំយើងទៅរកទ្រង់ ហើយខ្សឹបក្នុងបេះដូងយើងអំពីព្រះបន្ទូលនៃក្តីស្រឡាញ់។
ដំណើរចាកចេញពីទាសភាពឆ្ពោះទៅកាន់សេរីភាពមិនមែនជាផ្លូវអរូបីនោះទេ។ ដើម្បីឱ្យរដូវសែសិបថ្ងៃរបស់យើងមានភាពពិតប្រាកដ ជំហានដំបូងគឺត្រូវមានបំណងចង់ឃើញអ្វី ដែលបានកើតឡើងពិត។ ក្នុងគុម្ពោធព្រៃដែលឆេះ នៅពេលព្រះអម្ចាស់បានទាក់ទាញលោកម៉ូសេ និងមានព្រះបន្ទូលទៅកាន់គាត់នោះ ព្រះអង្គបង្ហាញភ្លាមៗថា ព្រះអង្គជាព្រះជាម្ចាស់ដែលទតឃើញ និងជាពិសេសដែលស្ដាប់៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។ ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេឱ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូជាហូរហៀរ (ដោយទឹកដោះ និងទឹកឃ្មុំ)» (សរ ៣,៧-៨)។ បច្ចុប្បន្នកាលក៏ដូចគ្នាដែរ សម្រែករបស់បងប្អូនប្រុសស្រីដែលរងទុក្ខលំបាកជាច្រើននាក់ បានលាន់ឮទៅដល់ព្រះជាម្ចាស់។ ចូរយើងសួរខ្លួនយើងថា៖ តើបញ្ហានេះមកដល់យើងទេ? តើវាអង្រួនយើងទេ? តើវាធ្វើឱ្យយើងផ្លាស់ប្ដូរទេ? មានកត្តាជាច្រើនធ្វើឱ្យយើងឃ្លាតឆ្ងាយពីគ្នា ដោយប្រមាថភាតរភាព ដែលជាកត្តាភ្ជាប់យើងពីម្នាក់ទៅម្នាក់កាលពីមុន។
នៅពេលដែលខ្ញុំបានធ្វើដំណើរទៅកោះឡាំប៉េដូសា ខ្ញុំបានប្រឆាំងនឹងសកលភាវូបនីយកម្មនៃការមិនចាប់អារម្មណ៍នូវសំណួរពីរដែលកាន់តែចោទឡើងនៅបច្ចុប្បន្ននេះ៖ តើ “អ្នកនៅឯណា?” (កណ ៣,៩) និង តើ “ប្អូនរបស់អ្នកនៅឯណា?” (កណ ៤,៩)។ ដំណើរការនៃរដូវសែសិបថ្ងៃនឹងទៅជាការពិត ប្រសិនបើយើងស្ដាប់ឡើងវិញនូវសេចក្តីទាំងនេះ ដោយទទួលស្គាល់ថា យើងនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ស្តេចផារ៉ាន។ គឺជាការគ្រប់គ្រងដែលធ្វើឱ្យយើងអស់កម្លាំង និងនាំឱ្យយើងគ្មានអារម្មណ៍។ គឺជាគំរូនៃភាពរីកចម្រើនដែលបំបែកបំបាក់យើង និងលួចអនាគតរបស់យើង។ ដី ខ្យល់ និងទឹកត្រូវបានបំពុល ប៉ុន្តែព្រលឹងវិញ្ញាណក៏ត្រូវឆ្លងជាតិពុលដែរ។ ជាការពិតណាស់ ទោះបីតាមរយៈអគ្គសញ្ញាជ្រមុជទឹក ព្រះជាម្ចាស់បានរំដោះយើងឱ្យមានសរីភាពក្តី ក៏យើងនៅតែមានការនឹករលឹកដល់ទាសភាពដែលមិនអាចពន្យល់បាននៅក្នុងខ្លួនយើង។ វាហាក់ដូចជាការទាក់ទាញម៉្យាងទៅរកសុវត្ថិភាព ដែលបានឃើញរហូតដល់បំផ្លាញសេរីភាព។
ក្នុងអត្ថបទគម្ពីរសេរីភាពមានសេចក្តីលម្អិតមួយ ដែលមិនមែនគ្មានសារៈសំខាន់នោះទេ៖ គឺព្រះជាម្ចាស់ផ្ទាល់ ដែលឃើញ ដែលផ្លាស់ប្ដូរ និងដែលរំដោះ មិនមែនជាជនជាតិអ៊ីស្រាអែលទេ ដែលបានទូលសុំ។ ជាការពិតណាស់ ព្រះចៅផារោនបានរារាំងសុបិន រារាំងទិដ្ឋភាពស្ថានបរមសុខ ដោយបង្ហាញឱ្យឃើញពិភពលោកមួយ ដែលសេចក្តីថ្លៃថ្នូររបស់មនុស្សត្រូវបានជាន់ឈ្លី ដែលទំនាក់ទំនងពិតប្រាកដត្រូវបានបដិសេធ មិនអាចផ្លាស់ប្តូរបានទេ។ និយាយឱ្យខ្លី ទ្រង់បានជោគជ័យក្នុងការដាក់អ្វីៗទាំងអស់ភ្ជាប់មកខ្លួនឯង។ ចូរយើងសួរខ្លួនយើងថា៖ តើខ្ញុំចង់បានពិភពលោកមួយថ្មីឬទេ? តើខ្ញុំបានត្រៀមខ្លួនរួចហើយឬនៅ ក្នុងការរំដោះខ្លួនចេញពីពិភពចាស់? សក្ខីភាពរបស់បងប្អូនអភិបាលព្រះសហគមន៍ និងអ្នកកសាងសន្តិភាព និងយុត្តិធម៌ជាច្រើននាក់ បានជំរុញខ្ញុំកាន់តែខ្លាំងឡើងឱ្យបដិសេធចំពោះការខ្វះក្តីសង្ឃឹម។ វាជាឧបសគ្គចំពោះក្តីសុបិន ជាសំឡេងមិនហើបមាត់ ដែលឡើងទៅដល់ស្ថានបរមសុខ ហើយប៉ះព្រះហឫទ័យព្រះជាម្ចាស់ និងវាហាក់ដូចជាការសោកស្តាយនៃភាពជាទាសករ ដែលធ្វើឱ្យជនជាតិអ៊ីស្រាអែលជាប់គាំងនៅវាលរហោស្ថាន ដោយរារាំងមិនឱ្យទៅមុខ។ ដំណើរឆ្ពោះទៅកាន់សេរីភាពអាចនាំទៅដល់គោលដៅ៖ បើពុំដូច្នេះទេ យើងមិនអាចពន្យល់អំពីមូលហេតុដែលនាំឱ្យមនុស្សជាតិ បានឈានទៅដល់កម្រិតនៃភាតរភាពសកល និងកម្រិតនៃការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងច្បាប់ដែលអាចធានាបាននូវតម្លៃនៃមនុស្សទាំងអស់ ដែលកំពុងតែនៅក្នុងភាពងងឹតនៃវិសមភាព និងជម្លោះ។
ព្រះជាម្ចាស់មិនធុញទ្រាន់នឹងយើងទេ។ ចូរយើងទទួលរដូវសែសិបថ្ងៃ ដូចជាពេលវេលាមួយដ៏សំខាន់ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មកកាន់យើងម្តងទៀត៖ «យើងព្រះអម្ចាស់ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ» (សរ ២០,២)។ គឺជាពេលនៃការប្រែចិត្តគំនិត ជាពេលនៃសេរីភាព។ ដូចយើងធ្លាប់រំលឹករាល់ឆ្នាំ ក្នុងថ្ងៃអាទិត្យទីមួយនៃរដូវសែសិបថ្ងៃ ព្រះវិញ្ញាណដ៏វិសុទ្ធបាននាំព្រះយេស៊ូផ្ទាល់ទៅកាន់វាលរហោស្ថាន ដើម្បីសាកល្បងនៅក្នុងសេរីភាពរបស់ព្រះអង្គ។ អស់រយៈពេលសែសិបថ្ងៃ ដែលព្រះអង្គនឹងស្ថិតនៅខាងមុខយើង និងជាមួយយើង៖ ព្រះអង្គជាព្រះបុត្រាដែលបានចាប់កំណើត។ ផ្ទុយនឹងព្រះបាទផារ៉ោន ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងរាស្ត្រទេ ប៉ុន្តែឱ្យយើងទៅជាបុត្រធីតាវិញ។ វាលរហោស្ថានជាកន្លែងដែលធ្វើឱ្យសេរីភាពរបស់យើងមានភាពចាស់ទុំ អាចជ្រើសរើសដោយខ្លួនឯងបាន មិនធ្លាក់ចូលក្នុងទាសភាពម្តងទៀត។ ក្នុងរដូវសែសិបថ្ងៃ យើងរកឃើញលក្ខណៈវិនិច្ឆ័យថ្មី និងសហគមន៍មួយដែលយើងសន្យាធ្វើដំណើរជាមួយគ្នា នៅលើផ្លូវដែលយើងមិនធ្លាប់ស្គាល់។
សេចក្តីនេះទាមទារឱ្យមានការតស៊ូ៖ ព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព និងការល្បងលរបស់ព្រះយេស៊ូក្នុងវាលរហោស្ថាន បានប្រាប់យើងយ៉ាងច្បាស់។ តាមពិត ព្រះសូរសៀងរបស់ព្រះជាម្ចាស់ថា៖ «លោកជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងលោកណាស់!» (មក ១,១១) និង «មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ» (សរ ២០,៣) ប្រឆាំងនឹងការកុហករបស់មារសត្រូវ ព្រះក្លែងក្លាយខ្លាំងជាងព្រះបាទផារ៉ោនទៅទៀត៖ យើងអាចស្គាល់រូបព្រះទាំងនោះដោយសំឡេងវានៅក្នុងខ្លួនយើង។ ហេតុអ្វីបានជាខំប្រឹងធ្វើអ្វីៗទាំងអស់ដើម្បីឱ្យគេទទួលស្គាល់ ដើម្បីមានអំណាចលើគេគ្រប់គ្នា៖ មនុស្សគ្រប់រូបទទួលអារម្មណ៍នៅក្នុងខ្លួនអំពីការល្បួងនៃការកុហកនេះ។ វាគឺជាទម្លាប់ចាស់។
ហេតុនេះ យើងអាចភ្ជាប់ខ្លួនយើងទៅនឹងប្រាក់ ទៅនឹងគម្រោងផ្សេងៗ ទៅនឹងគំនិតនានា ទៅនឹងវត្ថុបំណង ទៅនឹងស្ថានភាពរបស់យើង ទៅនឹងប្រពៃណីមួយ សូម្បីតែមនុស្សមួយចំនួន។ ជំនួសឱ្យការរីកចម្រើនទៅមុខ វានឹងធ្វើឱ្យយើងមានពិការភាព។ ជំនួសឱ្យយើងខិតចូលជិតគ្នា វានឹងធ្វើឱ្យយើងប្រឆាំងគ្នា។ ក៏ប៉ុន្តែ មានមនុស្សជាតិមួយថ្មី ជាមនុស្សតូចតាច សាមញ្ញ ដែលមិនចុះចាញ់នឹងការទាក់ទាញនៃការបោកបញ្ឆោតទាំងនោះទេ។ ខណៈពេល ដែលព្រះក្លែងក្លាយធ្វើឱ្យអ្នកបម្រើរបស់ខ្លួនទៅជា គ ខ្វាក់ ថ្លង់ ឬអចលនា (ទំនុ ១១៤(១១៥), ៤) អ្នកក្រីក្រខាងវិញ្ញាណ បើកចិត្តគំនិត និងត្រៀមខ្លួនជាស្រេច គឺជាភាពស្ងៀមស្ងាត់ដ៏ខ្លាំងក្លានៃអំពើល្អមួយដែលព្យាបាល និងជួយថែរក្សាពិភពលោក។
ដល់ពេលធ្វើសកម្មភាពហើយ ក្នុងអំឡុងពេលរដូវសែសិបថ្ងៃ ធ្វើសកម្មភាពក៏មានន័យថា ឈប់សម្រាកដែរ។ សម្រាកដោយការអធិដ្ឋាន ដើម្បីទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឈប់សម្រាកដូចជាជនជាតិសាម៉ារី ដោយមានបងប្អូនរងរបួស។ សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងចំពោះបងប្អូនគឺជាសេចក្តីស្រលាញ់តែមួយ។ មិនត្រូវគោរពបម្រើព្រះណាផ្សេងទៀតឡើយ គឺឈប់សម្រាកដោយមានវត្តមានរបស់ព្រះជាម្ចាស់នៅចំពោះមុខបងប្អូនរបស់ខ្លួន។ ហេតុនេះហើយ បានជាការអធិដ្ឋាន ការធ្វើទាន និងការតមអាហារ មិនមែនជាលំហាត់បីផ្សេងពីគ្នានោះទេ ប៉ុន្តែគឺជាចលនាតែមួយនៃការបើកចិត្តគំនិតនៃការរំដោះ៖ ចូរបញ្ចប់ព្រះក្លែងក្លាយដែលដាក់ទម្ងន់លើយើង បញ្ចប់សេចក្ដីជាប់ចិត្តដែលឃុំឃាំងយើង។ ពេលនោះហើយ ដែលបេះដូងទ្រុឌទ្រោម និងឯកោនឹងត្រូវភ្ញាក់ឡើង។ ដូច្នេះ បន្ថយល្បឿន ហើយបញ្ឈប់។ ទំហំនៃសមាធិអំពីជីវិត ដែលរដូវសែសិបថ្ងៃនាំឱ្យយើងឃើញ នឹងនាំយើងឱ្យមានចលនានៃកម្លាំងថ្មី។ ដោយសារព្រះជាម្ចាស់ យើងក្លាយទៅជាបងប្អូនប្រុសស្រី យើងយល់ពីអ្នកដទៃតាមរបៀបថ្មី៖ ជំនួសឱ្យការគំរាមកំហែង និងសត្រូវ យើងរកឃើញដៃគូ និងអ្នករួមដំណើរតាមផ្លូវ។ នេះជាសុបិនរបស់ព្រះជាម្ចាស់ គឺជាទឹកដីសន្យាដែលយើងប្រាថ្នាឆ្ពោះទៅកាន់នៅពេលដែលយើងចេញផុតពីទាសភាព។
របៀបសន្និបាតនៃព្រះសហគមន៍ ដែលយើងរកឃើញ និងកំពុងសាបព្រោះប៉ុន្មានឆ្នាំថ្មីនេះ ណែនាំថា រដូវសែសិបថ្ងៃ ត្រូវជាពេលវេលានៃការជ្រើសរើសរបស់សហគមន៍ ជម្រើសតូច និងជម្រើសធំប្រឆាំងនឹងចរន្ត ដែលអាចផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់មនុស្ស ឬសង្កាត់ណាមួយ៖ ទម្លាប់នៃការទិញ ការថែរក្សាពិភពធម្មជាតិ ការដាក់បញ្ចូល (បរិយាបន្ន) មនុស្សដែលគ្មានគេចាប់អារម្មណ៍ និងគេមើលងាយ។ ខ្ញុំសូមអញ្ជើញសហគមន៍គ្រីស្តបរិស័ទនីមួយៗអនុវត្តតាមសេចក្តីទាំងនេះ៖ ផ្តល់ពេលវេលាដល់អ្នកជឿសម្រាប់រិះគិតអំពីរបៀបរស់នៅ ផ្តល់ពេលវេលា សម្រាប់មើលឡើងវិញអំពីវត្តមានរបស់ខ្លួននៅក្នុងសង្កាត់ និងការចែករំលែកដើម្បីឱ្យមានការ ប្រសើរឡើង។ វេទនាហើយ ប្រសិនបើការតមអាហាររបស់គ្រីស្តបរិស័ទធ្វើដូចគ្នាទៅនឹងការតម ដែលធ្វើឱ្យព្រះយេស៊ូសោកសៅ។ ព្រះយេស៊ូមានព្រះបន្ទូលមកកាន់អ្នករាល់គ្នាផងដែរថា៖ «កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឱ្យអ្នកដទៃឃើញថា ខ្លួនតមអាហារ» (មថ ៦,១៦)។ ផ្ទុយទៅវិញ សូមឱ្យគេឃើញអំណរនៅលើផ្ទៃមុខ ឱ្យគេធំក្លិនទឹកអប់នៃសេរីភាព និងមានពិសោធអំពីសេចក្តីស្រឡាញ់ ដែលបង្កើតអ្វីទាំងអស់ជាថ្មី ដោយចាប់ផ្តើមពីអ្វីៗតូចជាងគេ និងអ្វីៗជិតជាងគេ។ សេចក្តីនេះអាចកើតឡើងនៅក្នុងគ្រប់សហគមន៍គ្រីស្តបរិស័ទ។
ក្នុងករណីដែលរដូវសែសិបថ្ងៃ ទៅជារដូរនៃការកែប្រែចិត្ត នោះមនុស្សជាតិដែលវង្វេងនឹងទទួលបទពិសោធន៍នៃការច្នៃប្រឌិតមួយដ៏ធំ៖ ព្រឹកព្រលឹមនៃក្តីសង្ឃឹមថ្មី។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាដូចដែលខ្ញុំបានប្រាប់ទៅយុវជនដែលខ្ញុំបានជួបនៅក្រុងលីសបួន កាលពីរដូវក្តៅឆ្នាំមុនថា៖ “ចូរស្វែងរក និងប្រថុយៗ។ នៅចំណុចរបត់នៃប្រវត្តិសាស្ត្រនេះ បញ្ហាប្រឈមគឺធំសម្បើម ការថ្ងូរដោយការឈឺចាប់ច្រើន។ យើងកំពុងតែឃើញសង្គ្រាមលោកលើកទីបីជាបំណែកៗ។ ចូរទទួលយកការប្រថុយមករិះគិតថា យើងមិនមែននៅក្នុងការឈឺចាប់នោះទេ ផ្ទុយទៅវិញ គឺនៅក្នុងពេលបង្កើតកូន។ មិនមែនជាការបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្ដើមទស្សនីយភាពដ៏ធំមួយ។ យើងត្រូវការសេចក្តីក្លាហានដើម្បីគិតសេចក្តីនេះ” (ជំនួបជាមួយនិស្សិតសកលវិទ្យាល័យ ថ្ងៃទី៣ ខែសីហា ២០២៣)។ ជាសេចក្តីក្លាហាននៃការកែប្រែចិត្តគំនិតនៃការរំដោះពីទាសភាព។ ជំនឿ និងសេចក្តីស្រឡាញ់កាន់ដៃ “ក្មេងតូចនៃសេចក្តីសង្ឃឹម”។ ពួកគេបង្រៀនកូនតូចនេះឱ្យដើរ ក្នុងពេលជាមួយគ្នា ក្មេងតូចនេះក៏ដឹកនាំពួកគេឱ្យទៅមុខ។[1]
ខ្ញុំសូមប្រទានពរដល់បងប្អូនទាំងអស់គ្នា និងដល់ការធ្វើដំណើររបស់បងប្អូនក្នុងរដូវសែសិបថ្ងៃនេះ។
ក្រុងរ៉ូម សន្តយ៉ូហាននៅឡាត្រង់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃអាទិត្យទី១ នៃរដូវអបអរព្រះគ្រីស្តយាងមក។
[1] Cf. CH. PEGUY, Le porche du mystère de la deuxième vertu, in Œuvres poétiques et dramatiques, Gallimard, Paris, 2014, p. 613.