សារធិប្បាយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ
ព្រះយេស៊ូបានស្រឡាញ់យើង
Dilexit nos
អំពីសេចក្តីស្រឡាញ់ក្នុងឋានៈជាមនុស្ស និងក្នុងឋានៈជាព្រះជាម្ចាស់
នៃព្រះបេះដូងដ៏សក្ការៈរបស់ព្រះយេស៊ូគ្រីស្ត
ប្រែសម្រួលដោយលោកបូជាចារ្យ ហ្រ្វង់ស័រ អេមេល្សដាល
***
ក្នុងឱកាសខួប៣៥០ឆ្នាំ ដែលព្រះយេស៊ូគ្រីស្តបានសម្ដែងព្រះបេះដូងដ៏សក្ការៈរបស់ព្រះអង្គចំពោះសន្តី ម៉ាហ្គើរីត ម៉ារី អាឡាកុក (Marguerite-Marie Alacoque) សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ បានសរសេរលិខិត “ព្រះយេស៊ូបានស្រឡាញ់យើង” (Dilexit nos) សម្រាប់ព្រះសហគមន៍កាតូលិកទាំងមូល ដើម្បីជួយលើកទឹកចិត្តគ្រីស្តបរិស័ទឱ្យគោរពប្រណិប័តន៍ព្រះជាម្ចាស់តាមរបៀបនេះ។ ខាងក្រោមនេះ គឺជាសេចក្តីដកស្រង់ពីលិខិតនេះស្តីអំពីសេចក្តីស្រឡាញ់ក្នុងឋានៈជាមនុស្ស និងក្នុងឋានៈជាព្រះជាម្ចាស់នៃព្រះបេះដូងដ៏សក្ការៈរបស់ព្រះយេស៊ូគ្រីស្ត។
១. ដោយនិយាយអំពីព្រះគ្រីស្ត សន្តប៉ូលមានប្រសាសន៍ថា “ព្រះអង្គបានស្រឡាញ់យើង” (រ៉ូម ៨,៣៧) ទាំងធ្វើឱ្យយើងយល់ថា “គ្មានអ្វីអាចធ្វើឱ្យយើងបែកចេញពីសេចក្ដីស្រឡាញ់របស់ព្រះអង្គ” (រ៉ូម ៨,៣៩)។ លោកអះអាងសេចក្ដីនេះទាំងជឿជាក់ ដ្បិតព្រះគ្រីស្តផ្ទាល់មានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ “ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា” (យហ ១៥,៩-១២)។ ព្រះអង្គក៏មានព្រះបន្ទូលទៀតថា៖ “ខ្ញុំហៅអ្នករាល់គ្នាជាមិត្តសម្លាញ់” (យហ ១៥,១៥)។ ព្រះហឫទ័យដ៏ទូលាយរបស់ព្រះអង្គរង់ចាំយើងទុកជាមុន ដោយគ្មានលក្ខខណ្ឌ ដោយមិនទាមទារអ្វីពីយើងទុកជាមុន ដើម្បីស្រឡាញ់យើង និងប្រោសប្រទានមិត្តភាពរបស់ព្រះអង្គមកយើង៖ “ព្រះអង្គបានស្រឡាញ់យើងទុកជាមុន” (១យហ ៤,១៩)។ ដោយសារព្រះយេស៊ូ “យើងបានទទួលស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើង ហើយយើងក៏បានជឿ” (១ យហ ៤,១៦)។
សារៈសំខាន់នៃដួងចិត្ត (បេះដូង)
៩. ក្នុងពិភពដ៏មិនទៀងទាត់នេះ យើងត្រូវតែនិយាយអំពីដួងចិត្ត (បេះដូង) សាជាថ្មី ដើម្បីបង្ហាញថា ជាទីលំនៅ ដែលសរុបមនុស្សគ្រប់រូបៗក្នុងឋានៈ ឬលក្ខណៈរៀងៗខ្លួន។ ដួងចិត្តនេះ ជាទីលំនៅ ដែលមនុស្សរកឃើញប្រភព និងឫសនៃកម្លាំង ការជឿជាក់ អារម្មណ៍ និងជម្រើសផ្សេងៗទាំងអស់របស់ខ្លួន។ ក៏ប៉ុន្តែ យើងវិវត្ដក្នុងសង្គមរបស់អ្នករកស៊ី ដែលរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ។ ចង្វាក់ និងសម្លេងនៃបច្ចេកវិទ្យាត្រួតត្រាយើង ហើយយើងក៏គ្មានភាពអត់ធ្មត់ ដែលត្រូវការជាចាំបាច់ ដើម្បីបំពេញកិច្ចការស្របតាមជីវិតខាងក្នុង។
១១. បើយើងមិនផ្តល់តម្លៃដល់ជម្រៅចិត្ត យើងក៏មិនផ្តល់តម្លៃ នៅពេលយើងនិយាយ ឬធ្វើការឱ្យអស់ពីចិត្តដែរ។ នៅពេលដែលយើងមិនចាប់អារម្មណ៍អំពីលក្ខណៈពិសេសនៃដួងចិត្ត យើងបាត់បង់ចម្លើយ ហើយបើមានតែប្រាជ្ញាប៉ុណ្ណោះ មិនអាចផ្តល់ឱ្យយើងជួបអ្នកដទៃយ៉ាងពិតប្រាកដ ព្រមទាំងនាំឱ្យយើងបាត់បង់កំណាព្យនៃជីវិត។ យើងក៏ឆ្លងកាត់ប្រវត្តិសាស្រ្តនៃជីវិតរបស់យើង ដ្បិតដំណើរផ្សងព្រេងពិតប្រាកដ ជាដំណើរ ដែលចេញមកពីជម្រៅចិត្ត។ នៅទីបញ្ចប់នៃជីវិត មានតែដំណើរនៃជម្រៅចិត្តនេះប៉ុណ្ណោះ ដែលនឹងនៅសេសសល់។
៣០. ក៏ប៉ុន្តែ អ្វីៗទាំងអស់នេះ មិនមានន័យថា យើងត្រូវពឹងលើខ្លួនឯងឡើយ។ ចូរប្រុងប្រយ័ត្ន៖ សូមឱ្យយើងដឹងខ្លួនថា ចិត្តយើងមិនអាចមានឯករាជ្យ ចិត្តយើងខ្សោយ និងត្រូវរបួសដែរ។ ចិត្តយើងមានសេចក្ដីថ្លៃថ្នូរផ្ទាល់ តែក្នុងពេលតែមួយនេះ ចិត្តយើងត្រូវស្វែងរកជីវិតដ៏ថ្លៃថ្នូរ។ ចូរយើងទៅរកព្រះបេះដូងរបស់ព្រះគ្រីស្ត ជាស្នូលនៃព្រះអង្គ ជាឡភ្លើងដ៏ក្តៅៗនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ ក្នុងឋានៈជាមនុស្ស និងក្នុងឋានៈជាព្រះជាម្ចាស់ គឺព្រះបេះដូងនេះ ដែលបំពេញមនុស្សយើងឱ្យបានពេញលក្ខណៈ។ ក្នុងព្រះបេះដូងនេះ យើងទទួលស្គាល់ខ្លួនឯង និងចេះរៀនស្រឡាញ់ខ្លួនឯង។
នេះជាព្រះបេះដូងដែលបានស្រឡាញ់យើងខ្លាំងណាស់
ការក្រាបថ្វាយបង្គំព្រះគ្រីស្ត
៥១. គ្មាននរណាអាចនឹកស្មានថា ការគោរពប្រណិប័តន៍ចំពោះព្រះបេះដូងដ៏សក្ការៈរបស់ព្រះយេស៊ូគ្រីស្តអាចធ្វើឱ្យយើងបែកចេញ ឬឃ្លាតឆ្ងាយពីព្រះអង្គ និងពីសេចក្ដីស្រឡាញ់របស់ព្រះអង្គបានឡើយ។ តាមរបៀបដែលចេញពីដួងចិត្តតែម្តង ពេលយើងស្រឡាញ់ព្រះបេះដូងដ៏សក្ការៈរបស់ព្រះគ្រីស្ត ការគោរពប្រណិប័តន៍នេះ តម្រង់យើងឆ្ពោះទៅព្រះអង្គមួយអង្គគត់ ទ្រង់ដែលត្រាស់ហៅយើងឱ្យទៅជាមិត្តសម្លាញ់ដ៏មានតម្លៃ ដោយនិយាយសន្ទនា ជឿទុកចិត្ត និងក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះគ្រីស្តនេះ ដែលគេចាក់ទម្លុះព្រះបេះដូង ជាព្រះអង្គដដែល ដែលបានប្រសូតនៅភូមិបេថ្លេហិម ដោយសេចក្តីស្រឡាញ់។ ទ្រង់ដែលបានធ្វើដំណើរនៅស្រុកកាលីឡេ ដោយជួយព្យាបាល អង្អែលថ្នាក់ថ្នម និងចាក់បង្ហូរធម៌មេត្តាករុណា គឺជាព្រះអង្គដដែល ដែលបានស្រឡាញ់យើងរហូតដល់ទីបញ្ចប់ ដោយលាតត្រដាងព្រះហស្តនៅលើឈើឆ្កាង។ ទីបញ្ចប់ គឺព្រះអង្គដដែល ដែលបានរស់ឡើងវិញ ហើយគង់នៅកណ្តាលយើងពោរពេញដោយសិរីរុងរឿង។
សេចក្ដីស្រឡាញ់ដែលអាចប៉ះបាន
៥៩. ពេលខ្លះ សេចក្តីស្រឡាញ់ និងដួងចិត្តមិនជាប់ទាក់ទិននឹងគ្នាទេ ដ្បិតការស្អប់ ការមិនអើពើ និងការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អាចគ្រងរាជ្យលើដួងចិត្តមនុស្ស។ ក៏ប៉ុន្តែ យើងមិនទៅជាមនុស្សពេញលក្ខណៈ បើយើងមិនចេញពីខ្លួនឯង ហើយក៏មិនអាចក្លាយជាខ្លួនឯង បើយើងមិនចេះស្រឡាញ់។ ស្នូលដ៏ស្និទ្ធស្នាលជាងគេរបស់យើង ដែលព្រះជាម្ចាស់បានបង្កើត សម្រេចគម្រោងការរបស់ព្រះអង្គ នៅពេលដែលយើងស្រឡាញ់ប៉ុណ្ណោះ។ ហេតុនេះហើយ បានជានិមិត្តសញ្ញានៃបេះដូងជារូបតំណាងនៃសេចក្ដីស្រឡាញ់។
ត្រូវយល់ឱ្យបានស៊ីជម្រៅដើម្បីបច្ចុប្បន្នកាល
៨៣. សេចក្ដីស្រឡាញ់ចំពោះព្រះបេះដូងរបស់ព្រះគ្រីស្តចាំបាច់ចំពោះជីវិតរបស់យើងជាគ្រីស្តបរិស័ទ ដ្បិតពេលនោះ យើងបើកចំហដួងចិត្ត ពោរពេញដោយជំនឿ និងដោយក្រាបថ្វាយបង្គំ ចំពោះអាថ៌កំបាំងនៃសេចក្ដីស្រឡាញ់ ក្នុងឋានៈជាមនុស្ស និងក្នុងឋានៈជាព្រះជាម្ចាស់របស់ព្រះអម្ចាស់ រហូតដល់យើងអាចអះអាងម្តងទៀតថា ព្រះបេះដូងដ៏សក្ការៈរបស់ព្រះគ្រីស្តសង្ខេបដំណឹងល្អ។ យើងត្រូវរម្លឹកថា អ្នកជឿមិនត្រូវតែជឿចំពោះការនិមិត្តឃើញផ្សេងៗខាងវិញ្ញាណ ដែលព្រះជាម្ចាស់បានសម្ដែងឱ្យជនដ៏វិសុទ្ធខ្លះៗបានដឹង ដូចពួកគេត្រូវតែជឿព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ក្នុងចំណោមការនិមិត្តឃើញរបស់ជនដ៏វិសុទ្ធទាំងនោះ មានការគោរពប្រណិប័តន៍ចំពោះព្រះបេះដូងដ៏សក្ការៈរបស់ព្រះគ្រីស្ត។ អ្វីៗទាំងអស់នោះ អាចជំរុញឱ្យធ្វើបានល្អត្រឹមត្រូវ ក៏ប៉ុន្តែ យើងមិនត្រូវបង្ខំនរណាម្នាក់ឱ្យធ្វើតាម បើអ្នកនេះយល់ថា ការគោរពប្រណិប័តន៍បែបនេះ មិនជួយគេឱ្យរីកចម្រើនខាងផ្លូវវិញ្ញាណឡើយ។ ទោះជាយ៉ាងណា សម្ដេចប៉ាប ពីយ៉ូស ទី១២ បានប្រកាសថា “ត្រូវតែចងចាំថា ការគោរពប្រណិប័តន៍នេះ មកពីជនដ៏វិសុទ្ធតែម្នាក់គត់”។
៨៤. ឧទាហរណ៍ ពេលគេបានស្នើសុំឱ្យទទួលព្រះកាយរាល់ថ្ងៃសុក្រដើមខែ គឺជាសារដ៏សំខាន់ នៅសម័យនោះ ដែលមនុស្សជាច្រើនលែងទទួលព្រះកាយ ដ្បិតពួកគេមិនជឿទុកចិត្តលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ហើយចាត់ទុកថា មានតែអ្នកជឿដ៏ល្អឥតខ្ចោះប៉ុណ្ណោះ ដែលអាចទទួលព្រះកាយបាន។ ក្នុងកាលៈទេសៈនេះ ការគោរពប្រណិប័តន៍ (ឱ្យទទួលព្រះកាយរាល់ថ្ងៃសុក្រដើមខែ) អាចធ្វើបានយ៉ាងល្អ ដោយជួយឱ្យទទួលស្គាល់ថា ក្នុងអគ្គសញ្ញាអរព្រះគុណ ព្រះបេះដូងរបស់ព្រះគ្រីស្តស្រឡាញ់យើងយ៉ាងស្និទ្ធស្នាល ដោយមិនចាំបាច់ឱ្យយើងល្អឥតខ្ចោះ ហើយត្រាស់ហៅយើងឱ្យរួមរស់ជាមួយព្រះអង្គ។ សព្វថ្ងៃ ការគោរពប្រណិប័តន៍នេះ កាន់តែល្អប្រសើរឡើងជាច្រើន ដើម្បីមូលហេតុផ្សេងមួយទៀតគឺ៖ នៅកណ្តាលខ្យល់កួចនៃពិភពបច្ចុប្បន្ន និងចិត្តលោភលន់របស់យើងចំពោះការដើរលេងសប្បាយៗ ការរកស៊ី ទូរស័ព្ទទំនើប និងបណ្តាញសង្គម នាំយើងឱ្យភ្លេចចិញ្ចឹមជីវិត ដោយទទួលកម្លាំងពីព្រះកាយព្រះគ្រីស្ត។
៨៥. យ៉ាងណាមិញ យើងមិនត្រូវបង្ខំនរណាម្នាក់ឱ្យធ្វើសមាធិមួយម៉ោង នៅថ្ងៃព្រហស្បតិ៍ឡើយ។ ក៏ប៉ុន្តែ គួរលើកទឹកចិត្តឱ្យធ្វើតាម! នៅពេលដែលមនុស្សម្នាក់ប្រព្រឹត្តកិច្ចការនេះ ដោយមានចិត្តឆេះឆួល រួមជាមួយអ្នកជឿជាច្រើនទៀត ហើយនៅពេលដែលគេរកឃើញសេចក្ដីស្រឡាញ់ចំពោះព្រះបេះដូងព្រះគ្រីស្ត នៅក្នុងអគ្គសញ្ញាអរព្រះគុណ រួមជាមួយព្រះសហគមន៍ គេក្រាបថ្វាយបង្គំនិមិត្តសញ្ញា (ការតាំងព្រះកាយព្រះគ្រីស្ត) និងស្នាមនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់មនុស្សជាតិ ដោយព្រះបេះដូងរបស់ព្រះបន្ទូលប្រសូតជាមនុស្ស។
៨៨. យើងចង់បន្ថែមទៀតថា នៅពេលជាមួយគ្នា ព្រះបេះដូងរបស់ព្រះគ្រីស្តរម្ដោះយើងឱ្យរួចពីសហគមន៍ និងគង្វាល ដែលប្រព្រឹត្តតែសកម្មភាពខាងក្រៅ ហើយកែទម្រង់រចនាសម្ព័ន្ធផ្សេងៗ ដែលមិនស្របតាមដំណឹងល្អ និងរវល់តែរៀបចំអ្វីៗទាំងអស់ឱ្យបានល្អជានិច្ច តាមគម្រោងការលោកីយ៍ ហើយរាល់សំណូមពរទាំងប៉ុន្មាន របស់ពួកគេចង់បង្ខំឱ្យមនុស្សទាំងអស់ធ្វើតាម។ ពេលនោះ យើងទៅជាគ្រីស្តបរិស័ទលែងជឿដោយមានចិត្តទន់ភ្លន់ លែងបម្រើដោយមានអំណរសប្បាយ លែងមានចិត្តឆេះឆួលប្រកាសដំណឹងល្អ លែងចាប់អារម្មណ៍ចំពោះសោភណភាពរបស់ព្រះគ្រីស្ត លែងចេះដឹងគុណព្រះអង្គចំពោះមិត្តភាព ដែលព្រះអង្គប្រោសប្រទាន និងអត្ថន័យដែលទ្រង់ប្រទានឱ្យជីវិត។ ពេលនោះ យើងជឿលើព្រះក្លែងក្លាយមួយអង្គ ដែលគង់នៅឆ្ងាយពីមនុស្សលោក។
៨៩. នៅពេលដែលយើងជាប់អន្ទាក់នឹងជម្ងឺនោះ យើងក៏មិនចង់បានជាសះស្បើយទេ ហេតុនេះ ជម្ងឺទាំងអស់នោះ ជំរុញយើងឱ្យស្នើសុំចំពោះព្រះសហគមន៍ទាំងមូលនូវការប្រៀនប្រដៅថ្មីអំពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត ដែលព្រះបេះដូងដ៏វិសុទ្ធរបស់ព្រះអង្គជាប្រធានបទ។ នៅទីនោះ យើងទទួលដំណឹងល្អទាំងស្រុង នៅទីនោះ មានសេចក្ដីសង្ខេបនៃសេចក្ដីពិត ដែលយើងជឿ នៅទីនោះ មានអ្វីដែលយើងក្រាបថ្វាយបង្គំ និងស្វែងរកក្នុងជំនឿ នៅទីនោះ មានអ្វីដែលយើងត្រូវការជាចាំបាច់។
សេចក្ដីស្រឡាញ់ដែលប្រទានទឹកឱ្យផឹក
ពាក្យប្រកាសថ្មីនៃសេចក្តីស្រឡាញ់
១២១. ការទទួលស្គាល់ដ៏ខ្លាំងក្លានៃសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូគ្រីស្តដែលសន្តីម៉ាហ្គើរីត ម៉ារី បានបញ្ជូនមកយើង ជំរុញយើងឱ្យរួមរស់ជាមួយព្រះអង្គយ៉ាងខ្លាំង។ ក៏ប៉ុន្តែ យើងមិនត្រូវសុខចិត្ត ឬទទួលយកអ្វីៗទាំងអស់នៃសំណូមពរខាងវិញ្ញាណនេះ ឬដូចជាកិច្ចការរបស់ព្រះជាម្ចាស់លាយឡំនឹងចំណុចរបស់មនុស្សសុទ្ធសាធ ដែលជាប់ទាក់ទិននឹងបំណងប្រាថ្នា ការរវីរវល់ និងការស្រមើស្រមៃរបស់ខ្លួននោះទេ។ យើងត្រូវរិះគិតអំពីសំណូមពរនេះឡើងវិញ ក្រោមពន្លឺនៃដំណឹងល្អ និងការបញ្ជូនបន្តដ៏អស្ចារ្យរបស់ព្រះសហគមន៍ ទាំងទទួលស្គាល់ថា សំណូមពរនេះ បានធ្វើល្អចំពោះបងប្អូនជាច្រើន។ ធ្វើដូច្នេះ យើងអាចទទួលស្គាល់ព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងបទពិសោធន៍ខាងជំនឿ និងសេចក្ដីស្រឡាញ់នេះ។ ដោយយើងមិនបាច់និយាយលម្អិត និងអាចសង្ខេបស្នូលនៃសារដែលសន្តីម៉ាហ្គើរីត ម៉ារី បានឮ និងបានបញ្ជូនមកយើង ដោយពាក្យទាំងប៉ុន្មាននោះថា៖ “នេះគឺជាព្រះបេះដូង ដែលបានស្រឡាញ់មនុស្សលោកខ្លាំងណាស់ ព្រះអង្គមិនបានរក្សាទុកព្រះបេះដូងនេះ។ ព្រះបេះដូងនេះក៏ហត់នឿយ រហូតដល់ទីបំផុត ដើម្បីផ្តល់សក្ខីភាពអំពីសេចក្ដីស្រឡាញ់របស់ព្រះអង្គ”។
សន្តឆាល ដឺ ហ្វូកូ (Charles de Foucauld) និងសន្តីថេរេសានៃព្រះកុមារយេស៊ូ
១២៩. សន្តឆាល ដឺ ហ្វូកូ និងសន្តីថេរេសានៃព្រះកុមារយេស៊ូ បានកែចំណុចខ្លះៗនៃការគោរពប្រណិប័តន៍ចំពោះព្រះបេះដូងព្រះគ្រីស្ត ដោយអចេតនា ធ្វើឱ្យការប្រណិប័តន៍នេះ យល់ស្របតាមដំណឹងល្អកាន់តែល្អប្រសើរ។ សូមគិតមើលថា តើការគោរពប្រណិប័តន៍នេះ បានសម្តែងយ៉ាងដូចម្ដេច ក្នុងជីវិតពួកគាត់? ក្នុងជំពូកក្រោយ យើងនឹងរិះគិតអំពីពួកគាត់ឡើងវិញ ដើម្បីបង្ហាញលក្ខណៈពិសេសប្លែកពីគ្នាក្នុងការប្រកាសដំណឹងល្អ។
១៣២. ថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩០៦ ថ្ងៃដែលបងប្រុសឆាល មិនអាចប្រារព្ធពិធីអភិបូជាតែម្នាក់ឯង គាត់បានសរសេរពាក្យសន្យាថា៖ “សូមទុកឱ្យព្រះបេះដូងរបស់ព្រះយេស៊ូរស់នៅក្នុងខ្ញុំ ដើម្បីកុំឱ្យខ្លួនខ្ញុំនៅរស់ តែជាព្រះបេះដូងរបស់ព្រះយេស៊ូ ដែលរស់នៅក្នុងខ្លួនខ្ញុំ ដូចកាលពីព្រះអង្គរស់នៅភូមិណាសារ៉ែតដែរ”។ មិត្តភាពរបស់គាត់ជាមួយព្រះយេស៊ូ (ពីបេះដូងគាត់រួមជាមួយព្រះបេះដូងព្រះអង្គ) មិនមែនជាការគោរពប្រណិប័តន៍តែពីរនាក់ប៉ុណ្ណោះទេ។ មិត្តភាពនេះ ជាឫសនៃជីវិតសមាញ្ញជាទីបំផុត នៅភូមិណាសារ៉ែត ដែលលោកឆាល ចង់យកតម្រាប់តាមព្រះគ្រីស្ត និងក្លាយដូចជាព្រះអង្គ។ ការគោរពប្រណិប័តន៍ដ៏ទន់ភ្លន់ចំពោះព្រះបេះដូងរបស់ព្រះគ្រីស្តបានបង្កើតផលផ្លែជាក់ស្ដែងក្នុងរបៀបរស់នៅរបស់គាត់។ លោកបានចិញ្ចឹមជីវិត នៅភូមិណាសារ៉ែត ដោយមានទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះបេះដូងរបស់ព្រះគ្រីស្ត។
១៣៧. អស់អ្នកដែលនឹកស្មានថា កាន់សីលធម៌ដ៏ខ្ពង់ខ្ពស់ ហើយដែលអួតខ្លួនថា ចង់រក្សាទុកការគ្រប់គ្រងលើធម៌មេត្តាករុណា និងការប្រណីសន្តោសនឹងអះអាងថា សន្តីថេរេសានៅលីស៊ីយឺអាចសរសេរសេចក្ដីទាំងប៉ុន្មានរបស់គាត់ ដ្បិតគាត់ជាជនដ៏វិសុទ្ធ ដែលស្រ្តីបាបម្នាក់មិនអាចធ្វើបានឡើយ។ ធ្វើដូច្នេះ ពួកគេមិនឱ្យផ្លូវខាងវិញ្ញាណរបស់សន្តីថេរេសា ឆ្លុះបញ្ចាំងស្នូលនៃដំណឹងល្អតាមរបៀបថ្មី។ គួរឱ្យស្តាយ! ក្នុងចំណោមគ្រីស្តបរិស័ទ មានអ្នកខ្លះ ដែលព្យាយាមរក្សាទុកព្រះវិញ្ញាណដ៏វិសុទ្ធ តាមរបៀបដែលពួកគេអាចគ្រប់គ្រង។ ក៏ប៉ុន្តែ បណ្ឌិតដ៏មានប្រាជ្ញាញ្ញាណនៃព្រះសហគមន៍នេះ (សន្តីថេរេសា) ធ្វើឱ្យពួកគេបិទមាត់ និងនិយាយផ្ទុយពីការបកស្រាយដ៏ចង្អៀតចង្អល់របស់ពួកគេ ដោយពាក្យច្បាស់ៗនេះថា៖ “បើខ្ញុំបានប្រព្រឹត្តបទល្មើសដ៏អាក្រក់ជាងគេទាំងអស់ ខ្ញុំក៏នឹងនៅតែជឿទុកចិត្តដដែល ខ្ញុំដឹងថា ទោសទាំងអស់នោះនឹងប្រៀបដូចជាដំណក់ទឹកក្នុងឡភ្លើងដ៏ក្តៅ”។
ផលប៉ះពាល់ក្នុងសហជីវិនព្រះយេស៊ូ
១៤៥. នៅចុងបញ្ចប់នៃការធ្វើសមាធិនៅក្បែរឈើឆ្កាង សន្តអ៊ីញ៉ាស (Ignace) អញ្ជើញអ្នកស្វែងយល់ឱ្យនិយាយសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយព្រះអម្ចាស់ ដែលត្រូវគេឆ្កាងដូច “មិត្តសម្លាញ់ម្នាក់និយាយជាមួយមិត្តសម្លាញ់ម្នាក់ ឬដូចអ្នកបម្រើនិយាយជាមួយព្រះអម្ចាស់របស់ខ្លួន” ដោយសួរថា តើព្រះអង្គអាចធ្វើអ្វីខ្លះចំពោះគាត់។ ការធ្វើដំណើរខាងវិញ្ញាណនេះមានកំពូលក្នុងការ “សម្លឹងមើលឆ្ពោះទៅរកសេចក្ដីស្រឡាញ់” ដោយអរព្រះគុណ និងថ្វាយការចងចាំ ប្រាជ្ញា និងឆន្ទៈចំពោះព្រះបេះដូង ដែលជាប្រភពនៃអ្វីៗដ៏ល្អទាំងអស់។ យើងមិនអាចស្គាល់ព្រះអម្ចាស់ពីខាងក្នុង តាមសមត្ថភាព ឬការខិតខំរបស់យើងបានទេ តែយើងត្រូវតែសូមព្រះអង្គប្រោសប្រទានឱ្យយើងស្គាល់ព្រះអង្គ ដូចជាព្រះអំណោយទាន។
ការគោរពប្រណិប័តន៍នៃការលួងលោម
១៥៤. ការគោរពប្រណិប័តន៍នេះ ហាក់ដូចជាមិនមានគ្រឹះខាងទេវវិទ្យាឱ្យបានគ្រប់គ្រាន់ទេ។ តាមការពិត ព្រះបេះដូងមានមូលហេតុផ្ទាល់ខ្លួន។ អ្នកជឿម្នាក់ៗមានសមត្ថភាពទទួលស្គាល់អ្វីដែលពិតប្រាកដក្នុងជំនឿ (Sensus fidelium) ហើយយល់ថា មានអ្វីដ៏អាថ៌កំបាំង ហួសពីហេតុផលរបស់មនុស្ស៖ ព្រះគ្រីស្តរងទុក្ខលំបាកមិនគ្រាន់តែក្នុងអតីតកាលប៉ុណ្ណោះ យើងក៏អាចរួមចំណែករួមទុក្ខជាមួយព្រះអង្គដោយសារជំនឿដែរ។ ពេលអ្នកជឿស្មិងស្មាធិ៍អំពីព្រះគ្រីស្ត ដែលថ្វាយខ្លួននៅលើឈើឆ្កាង ពួកគេមិនគ្រាន់តែចងចាំហេតុការណ៍មួយដែលបានកើតឡើងរួចហើយនោះទេ។ ការជឿជាក់នេះចាក់ឫសយ៉ាងជ្រៅក្នុងទេវវិទ្យា។ ម្យ៉ាងទៀត យើងដឹងអំពីបាបរបស់ខ្លួន ដែលព្រះអង្គបានទទួលយកនៅលើស្មារបស់ព្រះអង្គ ហើយយើងយល់ថា យើងជាមនុស្សទន់ខ្សោយគ្មានសមត្ថភាពចំពោះសេចក្ដីស្រឡាញ់ហួសពីការស្មានរបស់ព្រះអង្គ។
១៥៦. យើងមិនគ្រាន់តែស្មិងស្មាធិ៍ ឬរម្លឹកលក្ខណៈផ្សេងៗនៃដំណឹងល្អ តែយើងក៏ត្រូវរស់នៅតាមដំណឹងល្អ ដោយប្រព្រឹត្តកិច្ចការនៃសេចក្ដីស្រឡាញ់ និងដោយមានបទពិសោធន៍ពីខាងក្នុងអំពីដំណឹងល្អ។ ជាពិសេសចំពោះការសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ត។ ទោះជាវិញ្ញាណរបស់យើងបែងចែកពេលវេលា ក៏តាមបទពិសោធន៍របស់អ្នកជឿ យើងរួមទុក្ខជាមួយព្រះគ្រីស្ត ដែលរងទុក្ខលំបាក ហើយក្នុងពេលតែមួយយើងទទួលកម្លាំង ការលួងលោមចិត្ត និងមិត្តភាពជាមួយព្រះអង្គ ដែលមានព្រះជន្មរស់ឡើងវិញផង។
១៥៨. នៅពេលដែលយើងសម្លឹងមើលអ្វីដែលព្រះគ្រីស្តបានរងសម្រាប់យើង យើងក៏មានបំណងប្រាថ្នាជាចាំបាច់ចង់លួងលោមព្រះគ្រីស្ត។ បំណងនេះ មកពីយើងទទួលស្គាល់ ដោយមានចិត្តស្មោះត្រង់ថា យើងជាប់ជាទាសករ យើងមិនសូវត្រេកអរសប្បាយព្រោះជឿ យើងស្វែងរករឿងអត់ប្រយោជន៍ ហើយលើសពីអំពើបាបជាក់ស្ដែងរបស់យើង ចិត្តយើងមិនត្រូវនឹងសេចក្ដីស្រឡាញ់ និងគម្រោងការរបស់ព្រះអង្គ។ បទពិសោធន៍នេះ ជួយបន្សុទ្ធយើង ដ្បិតទឹកភ្នែកក៏បន្សុទ្ធយើង ដើម្បីស្រឡាញ់ ហើយជាទីបញ្ចប់ធ្វើឱ្យយើងស្រេកទឹកនឹងព្រះជាម្ចាស់កាន់តែខ្លាំង ដោយលែងគិតអំពីខ្លួនឯង។
១៦០. ដូច្នេះ ខ្ញុំសូមកុំឱ្យនរណាម្នាក់សើចចំអកអំពីរបៀបគោរពប្រណិប័តន៍នៃប្រជារាស្រ្តដ៏វិសុទ្ធស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់ ដែលចង់លួងលោមព្រះគ្រីស្ត។ ខ្ញុំក៏សូមអញ្ជើញម្នាក់ៗឱ្យសួរខ្លួនឯងថា តើអ្នកជឿដែលចង់លួងលោមព្រះអម្ចាស់ ដោយសម្ដែងសេចក្ដីស្រឡាញ់ តាមរបៀបគោរពប្រណិប័តន៍ មិនមានប្រាជ្ញា មិនកាន់សេចក្ដីពិត និងមិនមានប្រាជ្ញាញ្ញាណច្រើនជាងយើងទេឬ? យើងជាអ្នកដែលប្រព្រឹត្តកិច្ចការនៃសេចក្ដីស្រឡាញ់ដ៏តូចតាចជាទីបំផុត យើងជាអ្នកដែលរិះគិតពិចារណាទុកជាមុនយ៉ាងយូរ មុននឹងប្រព្រឹត្តកិច្ចការនៃសេចក្ដីស្រឡាញ់ដ៏តូចតាចនោះ កុំឱ្យខាតពេលវេលា ឬទ្រព្យសម្បត្តិពេក យើងជាអ្នកដែលស្មានថា យើងជាមនុស្សចាស់ទុំក្នុងជំនឿ។
១៦៣. អ្វីៗទាំងអស់នោះ អញ្ជើញយើងឱ្យស្វែងរកកាន់តែស៊ីជម្រៅនូវលក្ខណៈរួមក្នុងការប្រកាសដំណឹងល្អនៃការគោរពប្រណិប័តន៍ពិតប្រាកដចំពោះព្រះបេះដូងរបស់ព្រះគ្រីស្ត។ នៅពេលមួយ ព្រះបេះដូងព្រះគ្រីស្តណែនាំយើងទៅកាន់ព្រះបិតា និងចាត់យើងទៅរកបងប្អូនយើងដែរ។
សេចក្ដីស្រឡាញ់ចំពោះសេចក្ដីស្រឡាញ់
បន្តសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះបងប្អូនយើង
១៦៧. យើងត្រូវត្រឡប់ទៅរកព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីទទួលស្គាល់ និងឆ្លើយតបយ៉ាងត្រឹមត្រូវបំផុតចំពោះសេចក្ដីស្រឡាញ់នៃព្រះបេះដូងព្រះគ្រីស្ត យើងក៏ត្រូវស្រឡាញ់បងប្អូនរបស់យើងដែរ។ គ្មានកិច្ចការធំជាងនេះ ដែលយើងអាចថ្វាយ ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះយើង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រកាសយ៉ាងច្បាស់ៗ៖ “គ្រប់ពេលដែលអ្នករាល់គ្នាបានប្រព្រឹត្តអំពើល្អចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ” (មថ ២៥,៤០)។ សេចក្ដីតែមួយបំពេញធម៌វិន័យទាំងស្រុង៖ “អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ”។
១៧០. ដោយជាប់ព្រះហឫទ័យនឹងអ្នកតូចតាចជាងគេបំផុតក្នុងសង្គម (មថ ២៥,៣១-៤៦) ព្រះយេស៊ូបានជួយនាំយើងឱ្យទទួលស្គាល់ (តាមរបៀបថ្មី) សេចក្ដីថ្លៃថ្នូររបស់មនុស្សម្នាក់ៗ ជាពិសេសអស់អ្នកដែលត្រូវគេប្រមាថមើលងាយ។ គោលគំនិតថ្មីនេះ ក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ដែលអះអាងថា ត្រូវតែគោរព និងស្រឡាញ់មនុស្សគ្រប់រូប ជាពិសេសមនុស្សទន់ខ្សោយជាងគេ ក្រីក្រជាងគេ និងដែលរងទុក្ខលំបាកជាងគេ (រហូតដល់បាត់បង់អត្តសញ្ញណជាមនុស្ស) បានផ្លាស់ប្តូរពិភពលោក ដោយបង្កើតស្ថាប័ន ដែលយកចិត្តទុកដាក់លើមនុស្សក្នុងស្ថានភាពពិបាក ដូចជាទារក ដែលត្រូវគេលះបង់ចោល ក្មេងកំព្រា មនុស្សចាស់ជរា ឬឯកា អ្នកជម្ងឺផ្លូវចិត្ត អ្នកជម្ងឺដែលមិនអាចព្យាបាល អ្នកពិការគ្រប់ប្រភេទ និងជនអនាថា។
ផលផ្លែខ្លះៗក្នុងប្រវត្តិសាស្រ្តនៃជីវិតខាងវិញ្ញាណ
១៧៧. នៅពេលសន្តប៊ែរណា (Bernard) អញ្ជើញឱ្យរួមរស់ជាមួយព្រះបេះដូងរបស់ព្រះគ្រីស្ត លោកប្រើទ្រព្យសម្បត្តិនៃរបៀបគោរពប្រណិប័តន៍នេះ ដើម្បីស្នើសុំឱ្យផ្លាស់ប្តូររបៀបរស់នៅ ដោយចាក់ឫសនៃជីវិតលើសេចក្ដីស្រឡាញ់។ លោកជឿថា យើងអាចរួចពីទាសភាពនៃកិលេសតណ្ហា មិនមែនដោយស្តាប់បង្គាប់បទបញ្ជាណាមួយ តែដោយឆ្លើយតបនឹងសេចក្ដីស្រឡាង់ដ៏ទន់ភ្លន់របស់ព្រះគ្រីស្ត។ យើងអាចឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ សេចក្ដីអាក្រក់ចាញ់សេចក្ដីស្រឡាញ់ ដែលចម្រើនឡើងជានិច្ច៖ “ដូច្នេះ ចូរស្រឡាញ់ព្រះអម្ចាស់របស់អ្នក ឱ្យអស់ពីចិត្តគំនិត ចូរស្រឡាញ់ព្រះអង្គឱ្យអស់ពីប្រាជ្ញា និងដោយប្រុងស្មារតី ចូរស្រឡាញ់ព្រះអង្គឱ្យអស់ពីកម្លាំង ដោយមិនខ្លាចស្លាប់សម្រាប់ព្រះអង្គ”។
១៧៩. សន្តឆាល ដឺ ហ្វូកូ ចង់យកតម្រាប់តាមព្រះយេស៊ូគ្រីស្ត ដោយរស់នៅដូចព្រះអង្គធ្លាប់រស់នៅ ប្រព្រឹត្តកិច្ចការដូចព្រះអង្គបានប្រព្រឹត្ត និងតែងតែធ្វើអ្វីដែលព្រះយេស៊ូបានធ្វើដែរ។ ដោយលោកមានបំណងប្រាថ្នាប្រកាសដំណឹងល្អ នាំយកសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូចំពោះអ្នកក្រីក្រ និងអ្នកតូចតាចជាងគេបំផុត នៅលើផែនដី លោកជ្រើសរើសពាក្យស្លោកថា៖ “សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូ” ដោយមានឈើឆ្កាងលើព្រះបេះដូងព្រះគ្រីស្តធ្វើជានិមិត្តសញ្ញា។ បំណងប្រាថ្នានេះ ធ្វើឱ្យលោកទៅជាប្អូនរបស់មនុស្សទាំងអស់ បន្តិចម្តងៗ ក្នុងបេះដូងរបស់លោក លោកក៏ចង់អោបថើបមនុស្សជាតិទាំងមូល ដែលរងទុក្ខលំបាក ដោយទុកឱ្យព្រះបេះដូងព្រះគ្រីស្តកែប្រែលោកផ្ទាល់៖ “បេះដូងយើង ដូចបេះដូងព្រះសហគមន៍ ក៏ដូចព្រះបេះដូងព្រះគ្រីស្ត បេះដូងនេះត្រូវអោបថើបមនុស្សទាំងអស់”។ “សេចក្ដីស្រឡាញ់នៃព្រះបេះដូងរបស់ព្រះយេស៊ូចំពោះមនុស្ស សេចក្ដីស្រឡាញ់នេះ ដែលព្រះអង្គសម្ដែងពេលទ្រង់រងទុក្ខលំបាក ជាសេចក្ដីស្រឡាញ់ ដែលយើងត្រូវតែមានសម្រាប់មនុស្សទាំងអស់”។
ការព្យាបាល៖ កសាងដួងចិត្តដែលត្រូវគេបំផ្លាញឡើងវិញ
១៨២. សន្តយ៉ូហាន ប៉ូល ទី២ មានប្រសាសន៍ថា៖ “យើងអាចកសាងឡើងវិញ នូវអរិយធម៌នៃព្រះបេះដូងព្រះគ្រីស្តលើដួងចិត្ត ដែលមកពីការស្អប់ និងអំពើហិង្សាបានបំផ្លាញ” ដោយលះបង់ខ្លួនឯងក្នុងព្រះបេះដូងនេះ។ លោកចង់និយាយថា “យើងអាចស្រឡាញ់ព្រះជាម្ចាស់ ដោយស្រឡាញ់អ្នកដទៃ”។ តាមពិត “ព្រះបេះដូងរបស់ព្រះសង្រ្គោះសូមឱ្យយើងធ្វើដូច្នេះ ដើម្បីជួយកសាងឡើងវិញ”។ ដោយរួមជាមួយព្រះគ្រីស្ត ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យកសាងអរិយធម៌ថ្មីនៃសេចក្ដីស្រឡាញ់លើអ្វី ដែលអំពើបាបរបស់យើងបានបំផ្លាញ។ ព្រះបេះដូងព្រះគ្រីស្តរង់ចាំឱ្យយើងធ្វើដូច្នេះ។ ព្រះបេះដូងព្រះគ្រីស្តសព្វព្រះហឫទ័យត្រូវការឱ្យយើងរួមសហការជាមួយព្រះអង្គ ដើម្បីកសាងសេចក្ដីល្អ និងសោភណភាពឡើងវិញ លើអ្វីដែលសេចក្ដីអាក្រក់បានបំផ្លាញ។
១៨៣. តាមការពិត អំពើបាបនីមួយៗបំផ្លាញព្រះសហគមន៍ និងសង្គម ហេតុនេះ “យើងអាចចាត់ទុកថា អំពើបាបនីមួយៗមានលក្ខណៈរួម”។ សេចក្ដីនេះពិតប្រាកដ ចំពោះអំពើបាបខ្លះ មានលក្ខណៈវាយប្រហារអ្នកដទៃតែម្តង”។ សន្តយ៉ូហាន ប៉ូលទី២ ជួយពន្យល់ថា ការប្រព្រឹត្តបាបនោះដដែលៗបង្កើតបន្តិចម្តងៗនូវ “រចនាសម្ពន្ធនៃអំពើបាប” ដែលមិនឱ្យប្រជាជាតិរីកចម្រើនបានឡើយ។ ជាទូទៅ យើងចាត់ទុកថា ការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងការមិនរវីរវល់ ជាអ្វីធម្មតា ដែលអាចយោគយល់បាន។ សង្គមណា ដែលមានរចនាសម្ពន្ធក្នុងការផលិត និងក្នុងការប្រើប្រាស់របស់របរ មិនជួយសម្រួលឱ្យមនុស្សរួមសាមគ្គីជាមួយគ្នា សង្គមនោះជាប់ក្នុងទាសភាព។ ដើម្បីប្រឆាំងនឹងរចនាសម្ពន្ធនោះ យើងមិនគ្រាន់តែត្រូវបង្កើតច្បាប់សីលធម៌ តែយើងត្រូវតែកែប្រែចិត្តគំនិត។ នេះគឺជាចម្លើយរបស់យើងចំពោះព្រះបេះដូងរបស់ព្រះយេស៊ូគ្រីស្ត ដែលស្រឡាញ់យើង និងបង្រៀនយើងឱ្យចេះស្រឡាញ់។
តបស្នងព្រះគុណ ដើម្បីបន្តព្រះបេះដូងរបស់ព្រះគ្រីស្ត
២០០. បងប្អូនអើយ! ខ្ញុំស្នើសុំឱ្យយើងចាក់បង្ហូរភ្លើងនៃព្រះហឫទ័យថ្នាក់ថ្នមរបស់ព្រះអង្គ នៅលើពិភពលោក ដើម្បីតបស្នងព្រះគុណព្រះបេះដូងព្រះគ្រីស្ត។ បើយើងចង់ទូទាត់បទល្មើស ដែលយើងបានប្រព្រឹត្តប្រឆាំងនឹងសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ យើងត្រូវទុកឱ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គលាតត្រដាង ក្នុងលោកនេះ គ្រប់ទីកន្លែង និងគ្រប់ពេល ដែលគេបានបោះបង់ចោល មិនព្រមទទួលសេចក្ដីស្រឡាញ់របស់ព្រះអង្គ។ យើងអាចលួងលោមព្រះគ្រីស្ត ដោយប្រព្រឹត្តកិច្ចការពោរពេញដោយសេចក្ដីស្រឡាញ់ ចំពោះអ្នកដទៃ។ ធ្វើដូច្នេះ យើងនឹងជួយព្យាបាលព្រះសហគមន៍ និងពិភពលោកដែលត្រូវរបួស។ ហេតុនេះ យើងនឹងបង្ហាញតាមរបៀបថ្មី ឫទ្ធានុភាពនៃព្រះបេះដូងព្រះគ្រីស្តដែលជួយព្យាបាល។
២០២. ជាធម្មតា យើងរងទុក្ខលំបាក មកពីចិត្តអំនួតយើងត្រូវរបួស។ ប៉ុន្តែ ដោយបន្ទាបខ្លួន ព្រះបេះដូងរបស់ព្រះគ្រីស្តបង្ហាញផ្លូវឱ្យយើងបន្ទាបខ្លួនដែរ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យយាងមករកយើង ដោយបន្ទាបខ្លួន។ នៅពេលព្រះគ្រីស្តមានព្រះបន្ទូលថា៖ “ចូររៀនពីខ្ញុំទៅ ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព” (មថ ១១,២៩) ព្រះអង្គបង្ហាញថា “ព្រះអង្គត្រូវការឱ្យយើងបន្ទាបខ្លួន ដើម្បីសម្ដែងព្រះអង្គ”។
២០៣. តាមការពិត ពេលយើងប្រព្រឹត្តកិច្ចការ ដើម្បីស្រឡាញ់អ្នកដទៃ ដោយលះបង់ រងទុក្ខ និងបាត់បង់ជាច្រើន យើងក៏អាចទូទាត់បាបបាន លុះត្រាតែសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្តជួយចិញ្ចឹមកិច្ចការនោះ ដោយប្រោសយើងឱ្យចេះស្រឡាញ់ដូចព្រះអង្គបានស្រឡាញ់យើងដែរ។ តាមរយៈយើង ព្រះអង្គស្រឡាញ់ និងបម្រើមនុស្សលោក។ ម្ខាង ព្រះអង្គហាក់ដូចជាបន្ទាបខ្លួន ដើម្បីសម្ដែងសេចក្ដីស្រឡាញ់របស់ព្រះអង្គ តាមរយៈកាយវិការរបស់យើង ម្ខាងទៀត ព្រះអង្គសម្ដែងសិរីរុងរឿងនៃព្រះបេះដូង និងឧត្តមភាពរបស់ព្រះអង្គ ក្នុងកិច្ចការដ៏តូចតាចនៃធម៌មេត្តាករុណា។ អ្នកណា ដែលបើកចិត្តឱ្យសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត ដោយជឿទុកចិត្តទាំងស្រុងចំពោះព្រះអង្គ អ្នកនោះឱ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គរះបំភ្លឺក្នុងជីវិតរបស់គាត់ ធ្វើឱ្យគាត់អាចស្រឡាញ់អ្នកដទៃដូចព្រះអង្គ ដោយបន្ទាបខ្លួន និងទៅជាមិត្តដ៏ស្និទ្ធស្នាលរបស់មនុស្សទាំងអស់។ ព្រះគ្រីស្តចាក់បង្ហូរភ្លើងនៃព្រះបេះដូងដ៏ថ្នាក់ថ្នមរបស់ព្រះអង្គនៅក្នុងយើងបែបនេះ។
នាំមនុស្សលោកឱ្យជាប់ចិត្ត
២០៥. អ្នកដទៃអាចចាប់អារម្មណ៍គ្រីស្តសាសនា ពេលគ្រីស្តបរិស័ទរស់នៅតាមរបៀបគ្រីស្តសាសនានេះយ៉ាងពិតប្រាកដ និងទាំងស្រុង មិនមែននៅពេលពួកគេគ្រាន់តែសម្ដែងអារម្មណ៍មនោសញ្ចេតនា ឬធ្វើពិធីបុណ្យដ៏អស្ចារ្យទេ។ តើយើងថ្វាយបង្គំព្រះគ្រីស្តយ៉ាងដូចម្ដេច បើយើងគ្រាន់តែមានទំនាក់ទំនងជាមួយព្រះអង្គពីរនាក់ ដោយមិនចាប់អារម្មណ៍នឹងអ្នកដទៃ ហើយជួយសម្រាលទុក្ខគេ និងរស់នៅឱ្យបានប្រសើរជាង? តើយើងអាចគាប់ព្រះហឫទ័យព្រះបេះដូង ដែលបានស្រឡាញ់យើងយ៉ាងខ្លាំង ដោយថ្វាយបង្គំព្រះអង្គប៉ុណ្ណោះ តែមិនជួយអ្នកដទៃ យ៉ាងដូចម្ដេចបាន? ចូរឱ្យមានចិត្តស្មោះត្រង់ និងអានព្រះបន្ទូលព្រះជាម្ចាស់ទាំងស្រុង! ក៏ប៉ុន្តែ យើងមិនត្រូវជួយអភិវឌ្ឍន៍សង្គម ដោយមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ដែរ។ បើធ្វើដូច្នេះ យើងនឹងផ្តល់តម្លៃឱ្យមនុស្សតិចជាងអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសប្រទានឱ្យគេ។ ហេតុនេះ យើងត្រូវបញ្ចប់ជំពូកនេះដោយរម្លឹកថា សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះបេះដូងព្រះគ្រីស្តមានលក្ខណៈប្រកាសដំណឹងល្អចំពោះមនុស្សលោកដែរ។
២០៨. សន្តប៉ូលទី៦មានប្រសាសន៍ចំពោះបព្វជិត ដោយលើកទឹកចិត្តឱ្យគោរពប្រណិប័តន៍ព្រះបេះដូងដ៏សក្ការៈនេះថា៖ “គ្មានការសង្ស័យទេថា បើលោកបូជាចារ្យ និងគ្រីស្តបរិស័ទសម្លឹងមើលគំរូនៃសេចក្ដីស្រឡាញ់អស់កល្បជានិច្ច ដែលព្រះគ្រីស្តបានបង្ហាញឱ្យយើង និងតម្រង់ការខិតខំរបស់ពួកគេ ឱ្យមនុស្សទាំងអស់រួមចំណែកក្នុងទ្រព្យសម្បត្តិដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ពួកគេពិតជានឹងជួយបម្រើព្រះសហគមន៍ និងប្រកាសដំណឹងល្អឱ្យបានកាន់តែប្រសើរឡើង”។ ដោយព្រះបេះដូងដ៏សក្ការៈជួយបំភ្លឺ យើងប្រកាសដំណឹងល្អ ព្រោះតែយើងស្រឡាញ់មនុស្សលោក។ ក៏ប៉ុន្តែ ក្នុងការប្រកាសដំណឹងល្អនេះ មានពាក្យសម្ដី និងកិច្ចការជាច្រើន ដែលមិនអាចជួយណែនាំមនុស្សឱ្យជួបសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត ដែលអោបថើប និងសង្រ្គោះគេបាន។
២០៩. បើយើងយល់ថា ពេលយើងប្រកាសដំណឹងល្អ យើងក៏ធ្វើឱ្យសេចក្ដីស្រឡាញ់នៃព្រះបេះដូងព្រះគ្រីស្តរះបំភ្លឺមនុស្សលោក យើងក៏ត្រូវតែជាអ្នកប្រកាសដំណឹងល្អ ដែលជាប់ចិត្តនឹងព្រះអង្គ ដែលព្រះគ្រីស្តទាក់ទាញជានិច្ច ហើយដែលបញ្ជូនបន្តនូវសេចក្ដីស្រឡាញ់នេះ ដែលបានផ្លាស់ប្តូរជីវិតរបស់ពួកគេ។ ដូច្នេះ យើងមិនត្រូវធ្វើឱ្យពួកគេខាតពេលវេលា ដោយនិយាយអំពីរឿងអត់ប្រយោជន៍ ឬដោយចង់បង្ខំគេឱ្យគោរពវិន័យ ដែលគ្មានន័យ។ ពួកគេរវល់តែបញ្ជូនបទពិសោធន៍របស់ពួកគេ ជាពិសេសឱ្យមានអ្នកដទៃខ្លះ អាចទទួលយកសប្បុរសធម៌ និងសោភណភាពរបស់ព្រះអង្គដែលគួរឱ្យស្រឡាញ់ តាមរយៈការខិតខំដ៏ទន់ខ្សោយរបស់ពួកគេ។
២១៤. ហេតុនេះហើយ បានជាបើយើងប្តេជ្ញាចិត្តនឹងជួយមនុស្សម្នាក់ យើងក៏មិនបំភ្លេចព្រះយេស៊ូដែរ។ ផ្ទុយទៅវិញ យើងជួយព្រះអង្គតាមរបៀបផ្សេង។ នៅពេលដែលយើងព្យាយាមលើកឡើងវិញ និងព្យាបាលមនុស្សម្នាក់ឱ្យបានជាសះស្បើយ ព្រះយេស៊ូគង់នៅជាមួយ និងនៅក្បែរយើងដែរ។ តាមពិត គួររម្លឹកថា ដោយចាត់ក្រុមសាវ័កទៅប្រកាសដំណឹងល្អ “ព្រះអម្ចាស់ក៏ប្រព្រឹត្តកិច្ចការរួមជាមួយដែរ” (មក ១៦,២០)។ ព្រះអង្គគង់នៅ ធ្វើការ ខិតខំ និងប្រព្រឹត្តកិច្ចការល្អរួមជាមួយយើងដែរ។ តាមរបៀបដ៏អាថ៌កំបាំង ព្រះអង្គសម្ដែងសេចក្ដីស្រឡាញ់របស់ព្រះអង្គ ពេលយើងជួយបម្រើគេ ព្រះអង្គមានព្រះបន្ទូលចំពោះមនុស្សលោក តាមរយៈពាក្យសម្ដីរបស់យើងដែរ។