ថ្ងៃទី១៧-ខែវិច្ឆិកា-សន្តីអេលីសាបែត-នៅហុងគ្រីជាបព្វជិត

សន្តីអេលីសាបែត នៅហុងគ្រីជាបព្វជិត

ព្រះនាងអេលីសាបែត (១២០៧-១២៣១) រៀបអភិសេកក្នុងជន្មាយុដប់បួនឆ្នាំ។ ព្រះនាងប្រសូតបានបុត្របីអង្គ រួចធ្លាក់ជាមេម៉ាយក្នុងជន្មាយុម្ភៃព្រះវស្សា ហើយត្រូវគេមើលងាយធ្វើបាបជាទម្ងន់ថែមទៀតផង ព្រះនាងសម្តែងធម៌មេត្តាករុណាចំពោះ​ជនក្រីក្រ ដោយចិត្តស្រឡាញ់យ៉ាងខ្លាំង។ ព្រះនាងចូលទិវង្គតក្នុងជន្មាយុម្ភៃបួនព្រះវស្សា។ ដោយព្រះនាងមានឈ្មោះល្អយ៉ាងអស្ចារ្យបានជាគ្រីស្តបរិស័ទប្រកាសព្រះនាងថា ជាសន្តបុគ្គលតែ​បួនឆ្នាំក្រោយពីនាងចូលទិវង្គតប៉ុណ្ណោះ។

សូមថ្លែងព្រះគម្ពីរយូឌីត យឌ៨,២-៨

ស្វាមី​របស់​នាង​យូឌីត​ឈ្មោះ​ម៉ាណាសេ ដែល​ស្ថិត​នៅ​ក្នុង​កុល‌សម្ព័ន្ធ​តែ​មួយ ហើយ​ត្រូវ​ជា​សាច់​ញាតិ​នឹង​នាង​ផង។ លោក​ម៉ាណា‌សេ​បាន​ទទួល​មរណ‌ភាព​នៅ​រដូវ​ចម្រូត។ ពេល​លោក​ដើរ​ពិនិត្យ​មើល​ពួក​អ្នក​ចង​កណ្ដាប់​ស្រូវ ដោយ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង គាត់​ក៏​ឈឺ​ទៅ​សម្រាក​នៅ​ឯ​ផ្ទះ។ លោក​ទទួល​មរណ‌ភាព​នៅ​ក្រុង​បេតធូលី ជា​ក្រុង​ដែល​គាត់​រស់​នៅ។ គេ​បញ្ចុះ​សពលោក​រួម​ជា​មួយ​ដូន‌តា​របស់​លោក​ក្នុង​ចម្ការ ដែល​ស្ថិត​នៅ​ចន្លោះ​ក្រុង​ដូតន និង​បាឡាម៉ូន។ នាង​យូឌីត​រស់​នៅ​ជា​ស្ត្រី​មេ‌ម៉ាយអស់‌រយៈ​ពេល​បី​ឆ្នាំបួន​ខែ​កន្លង​មក​ហើយ។ នាង​តែង​តែ​ស្លៀក​បាវ​ពី​ក្រោម​សម្លៀក‌បំពាក់​របស់​ស្ត្រី​មេ‌ម៉ាយ។ នាង​តែង​តែ​នៅ​ក្នុង​បន្ទប់​មួយដែល​នាង​សង់​នៅ​លើ​ផ្ទះ​របស់​នាង។ តាំង​ពី​ប្ដី​របស់​នាង​ទទួល​មរណ‌ភាព​មក នាង​តែង​តែ​តម​អាហារ​ជា​រៀង​រាល់​ថ្ងៃ លើក​លែង​តែ​ថ្ងៃ​សប្ប័ទ ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ ថ្ងៃ​ចូល​ខែ​ថ្មី ថ្ងៃ​ដាច់​ខែ ថ្ងៃ​បុណ្យ និង​ថ្ងៃ​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​សប្បាយ​រីករាយ។ នាង​មាន​រូប​ឆោម​ស្រស់​ល្អគួរ​ឱ្យ​ចាប់​ចិត្ត។ លោក​ម៉ាណាសេ​ជា​ស្វាមីបាន​បន្សល់​ទុក​នូវ​មាស​ប្រាក់ អ្នក​បម្រើ​ស្រី​ប្រុស ហ្វូង​សត្វ ស្រែ​ចម្ការសម្រាប់​នាង​ប្រើ‌ប្រាស់​ជា​ច្រើន។ នាង​បាន​ថែ​រក្សា​ទ្រព្យ‌សម្បត្តិ​ទាំង​នោះ ដោយ​ប្រយ័ត្ន​ប្រយែង​ជា​ទី​បំផុត។ គ្មាន​នរណា​និយាយ​អាក្រក់​ពី​នាង​ទេ ព្រោះ​នាង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​យ៉ាង​ខ្លាំង។

ទំនុកតម្កើងលេខ ១៣១ (១៣០),១-៣ បទកាកគតិ

បពិត្រព្រះម្ចាស់ខ្ញុំជាមនុស្សដែលមិនអំនួត
មិនវាយឫកខ្ពស់មិនអាងមិនអួតមិនចង់ប្រកួត
អ្នកតូចអ្នកទាប
ខ្ញុំមិនលោភលន់ចង់បានទ្រព្យធនគេជារៀងរាប
មិនចង់បានអ្វីដែលធំហួសប្រៀបលើសសមត្ថភាព
របស់ខ្ញុំឡើយ
តែផ្ទុយទៅវិញចិត្តខ្ញុំពោរពេញស្ងៀមស្ងាត់ព្រងើយ
ដូចជាកូនក្មេងជាប់ទ្រូងម្តាយហើយវាធ្វើកន្តើយ
នឹងអ្វីទាំងអស់
អ៊ីស្រាអែលអើយកុំបង្អង់ឡើយទុកចិត្តលើព្រះ
តាំងពីឥឡូវតទៅឥតខ្ចោះរហូតដល់អស់
កប្បកល្បជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,២៧-៣៨

«ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេច‌ផ្តាសា​អ្នក​រាល់​គ្នា និង​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា។ ប្រសិន​បើ​មាន​គេ​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ឱ្យគេ​ទះ​ម្ខាង​ទៀត​ចុះ។ ប្រសិន​បើ​គេ​យក​អាវ​ធំ​របស់​អ្នក ចូរ​ឱ្យ​គេ​យក​អាវ​ក្នុង​ថែម​ទៀត​ទៅ។ បើ​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឱ្យ​គេ​ទៅ ហើយ​បើ​គេ​រឹប​អូស​យក​អ្វី​ដែល​ជា​របស់​អ្នក ចូរ​កុំ​ទារ​ពី​គេ​វិញ​ឡើយ។ បើ​អ្នក​រាល់​គ្នា​ចង់​ឱ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ ហើយ​បើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។ បើ​អ្នក​រាល់​គ្នា​ឱ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​សំណង​វិញ តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏ឱ្យគ្នា​គេ​ខ្ចី ដើម្បី​ទទួល​សំណង​ដូច​ដើម​វិញ​ដែរ។ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​គេ ព្រម​ទាំងឱ្យ​គេ​ខ្ចីដោយ​កុំ​នឹក​សង្ឃឹម​ចង់​បាន​អ្វី​វិញ​ឱ្យ​សោះ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​កូន​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដ្បិត​ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។ ចូរ​មាន​ចិត្ត​មេត្តា‌ករុណាដូច​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា»។ «កុំ​ថ្កោល‌​ទោស​អ្នក​ដទៃឱ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ថ្កោល‌ទោស​អ្នក​រាល់​គ្នា​ដែរ។ កុំ​ផ្ដន្ទា‌ទោស​អ្នក​ដទៃ​ឱ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ផ្ដន្ទា‌​ទោស​អ្នក​រាល់​គ្នា​ដែរ។ ត្រូវ​លើក‌លែង​ទោសឱ្យអ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោសឱ្យអ្នក​រាល់​គ្នា។ ចូរ​ធ្វើ​អំណោយ​ដល់​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​អំណោយ​ដល់​អ្នក​រាល់​គ្នា​ដែរ ព្រះ‌អង្គ​នឹង​ប្រទាន​មក​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ។ ព្រះ‌ជាម្ចាស់​នឹង​វាល់ឱ្យ​អ្នក តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​អ្នក​ដទៃ»។

283 Views