ថ្ងៃទី០៤-ខែមិនា-សន្ដកាស៊ីមៀរ
ថ្ងៃទី០២ ខែឧសភា
សន្ដកាស៊ីមៀរ
ពណ៌បៃតង
លោកកាស៊ីមៀរ (១៤៥៨-១៤៨៤) កើតក្នុងព្រះរាជវង្សស្តេចប្រទេសប៉ូឡូញ។ លោកតែងគោរពប្រណិប័តន៍ព្រះនាងម៉ារីយ៉ាងខ្លាំង ហើយខិតខំជួយជ្រោមជ្រែងជនក្រីក្រ ជនកំសត់ទុគ៌តអស់ពីសមត្ថិភាព។ លោកទទួលមរណភាពដោយជំងឺរបេង។ លោកជាឧបការីប្រទេសប៉ូឡូញ និងលីធូអានី។
អត្ថបទទី១៖ សូមថ្លែងលិខិតគ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទនៅក្រុងភីលីព ភីល ៣,៨-១៨
ខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់ព្រះគ្រីស្តយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែព្រះអង្គ ខ្ញុំសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាម ឱ្យតែខ្ញុំបានព្រះគ្រីស្ត និងឱ្យតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមវិន័យនោះឡើយ គឺបានសុចរិត ដោយជឿលើព្រះគ្រីស្ត ហើយសេចក្ដីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ បំណងរបស់ខ្ញុំ គឺចង់ស្គាល់ព្រះគ្រីស្ត និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឱ្យបានដូចព្រះអង្គដែលសោយទិវង្គត ដើម្បីឱ្យខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។ ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខ ដើម្បីចាប់ឱ្យបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ត្រូវព្រះគ្រីស្តយេស៊ូចាប់ខ្ញុំជាមុនដែរ។ បងប្អូនអើយ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ខ្ញុំមិនទាន់បានទៅដល់ទីដៅនៅឡើយទេ ខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្តឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។ ខ្ញុំរត់តម្រង់ទៅរកទីដៅ ដើម្បីឱ្យបានទទួលរង្វាន់ពីព្រះជាម្ចាស់ ដែលព្រះអង្គបានត្រាស់ហៅយើងពីស្ថានបរមសុខ ឱ្យទទួលរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ។ ដូច្នេះ យើងទាំងអស់គ្នាដែលជា «មនុស្សគ្រប់លក្ខណៈ» ត្រូវតែមានគំនិតបែបនេះឯង។ ប្រសិនបើបងប្អូនមានគំនិតផ្សេងត្រង់ចំណុចណាមួយ ព្រះជាម្ចាស់មុខជាបំភ្លឺបងប្អូនឱ្យដឹងមិនខាន។ ទោះបីយើងបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែទៅមុខ ឆ្ពោះទៅរកទិសដៅដដែល។ បងប្អូនអើយ ចូរយកតម្រាប់តាមខ្ញុំ។ ចូរសម្លឹងមើលអស់អ្នកដែលរស់នៅស្របតាមគំរូ ដែលយើងបានដាក់ឱ្យបងប្អូនឃើញនោះទៅ។ ខ្ញុំធ្លាប់បានជម្រាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជម្រាបបងប្អូនទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រីស្ត។
ទំនុកតម្កើងលេខ ៣៤ (៣៣),២-១១ បទកាកគតិ
២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា | |
ឈប់ឈរសោះឡើយ | ។ | ||
៣ | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្គ្រោះ | ខ្ញុំមិនកន្តើយ |
ចូរអ្នកទន់ទាប | ស្តាប់កុំព្រងើយ | នឹងបានធូរស្បើយ | |
អំណរខ្លាំងក្លា | ។ | ||
៤ | សូមមកប្រកាស | នឹងខ្ញុំឱ្យច្បាស់ | ដោយពោលឡើងថា |
ព្រះម្ចាស់ថ្កុំថ្កើង | រុងរឿងក្រៃណា | យើងនាំគ្នីគ្នា | |
តម្កើងព្រះអង្គ | |||
៥ | ខ្ញុំបានស្វែងរក | ព្រះម្ចាស់តបមក | ឥតមានបង្អង់ |
ទ្រង់បានរំដោះ | ខ្ញុំអស់ទុក្ខផង | តក់ស្លុតមួរហ្មង | |
ឆ្លងផុតទាំងអស់ | ។ | ||
៦ | អ្នកដែលសម្លឹង | ឆ្ពោះទៅព្រះអង្គ | បានសុខឥតមោះ |
ផុតអស់ទុក្ខសោក | វិយោគរងគ្រោះ | ពួកគេទាំងនោះ | |
មិនខកចិត្តឡើយ | ។ | ||
៧ | អស់អ្នកកម្សត់ | និងមនុស្សទុរគត | គេស្រែកដង្ហោយ |
ហៅរកព្រះម្ចាស់ | ទ្រង់សណ្តាប់ហើយ | សង្គ្រោះគេឱ្យ | |
ផុតពីគ្រោះកាច | ។ | ||
៨ | ទេវទូតរបស់ | ព្រះម្ចាស់ទាំងអស់ | ថែទាំអ្នកខ្លាច |
រក្សាការពារ | គេក្រោមអំណាច | រំដោះឱ្យរួច | |
ផុតពីទុក្ខភ័យ | ។ | ||
៩ | ចូរអ្នកផ្អែកពឹង | ពិសោធន៍ឱ្យដឹង | ថាព្រះម្ចាស់ថ្លៃ |
ទ្រង់មានមេត្តា | សប្បុរសពេកក្រៃ | អស់ជនប្រុសស្រី | |
មានជ័យមង្គល | ។ | ||
១០ | ឱប្រជារាស្រ្ត | របស់ព្រះម្ចាស់ | ចូរកោតខ្លាចដល់ |
ព្រះម្ចាស់នៃយើង | បានសុខឥតខ្វល់ | មិនជួបអំពល់ | |
ឬខ្វះខាតអ្វី | ។ | ||
១១ | អ្នកមានមុខជា | ជួបទុក្ខវេទនា | ខ្វះម្ហូបចំណី |
តែអ្នកដែលស្វែង | រកព្រះម្ចាស់ថ្លៃ | នឹងមិនខ្វះអ្វី | |
សុខសាន្តតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២២,៣៤–៤០
ពេលនោះ ពួកខាងគណៈផារីស៊ីប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើឱ្យពួកខាងគណៈសាឌូស៊ីទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ ក្នុងចំណោមពួកគេ មានម្នាក់ជាបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូ ក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «លោកគ្រូ! ក្នុងគម្ពីរវិន័យ តើមានវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា” ហ្នឹងហើយជាវិន័យទីមួយ ដែលសំខាន់ជាងគេបំផុត។ រីឯវិន័យទីពីរក៏សំខាន់ដូចគ្នាដែរ “គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ វិន័យទាំងពីរនេះជាឫសគល់របស់គម្ពីរវិន័យ និងគម្ពីរព្យាការីទាំងអស់»។