ថ្ងៃទី២៤-ខែវិច្ឆិកា-សន្តអន់ដ្រេយុងឡាក់-ជាបូជាចារ្យនិងសហជីវិន-ជាមរណសាក្សី

ថ្ងៃទី ២៤ ខែវិច្ឆិកា
បុណ្យរម្លឹក
សន្តអន់ដ្រេយុងឡាក់ ជាបូជាចារ្យ
និងសហជីវិន ជាមរណសាក្សី
ពណ៌ក្រហម

នៅសតវត្សទី១៦ មានគ្រីស្តបរិស័ទអ្នកនាំដំណឹងល្អទៅប្រជាជនវៀតណាម។ មានជនជាតិវៀតណាមមួយចំនួនធំ នាំគ្នាជឿព្រះយេស៊ូ។ នៅសតវត្សទី១៩ ព្រះចៅអធិរាជវៀតណាមបៀតបៀនធ្វើបាបគ្រីស្តបរិស័ទជាច្រើន ដោយទ្រង់យល់ថា គ្រីស្តបរិស័ទលែងចូលក្រោមអំណាចរបស់ព្រះចៅ។ នៅថ្ងៃនេះ ព្រះសហគមន៍គោរពគ្រីស្តបរិស័ទវៀតណាម និងគ្រីស្តបរិស័ទជាតិបរទេស ១១៧នាក់ដែលស៊ូស្លាប់ជាជាងលះបង់ជំនឿរបស់ខ្លួន។ ក្នុងចំណោមមរណសាក្សីទាំងនោះ មានលោកស្ទេផាន គូអេណូត៍ ដែលបំពេញមុខងារជាអភិបាលព្រះសហគមន៍នាប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ ១៨៤០ ដល់ ១៨៤៤។
លោកអន់ដ្រេយុងឡាក់ ជាបូជាចារ្យជាតិវៀតណាមម្នាក់។ លោកបូជាជិវិតថ្វាយព្រះគ្រីស្តរួមជាមួយគ្រីស្តបរិស័ទឯទៀតៗ ១១៦នាក់ នៅសតវត្សទី ១៨។ ក្នុងចំណោមគ្រីស្តបរិស័ទទាំងនោះមានសាសនទូតបារាំង ១០នាក់ សាសនទូតអេស្បាញ ១១នាក់ និងជាតិវៀតណាម ៩៦នាក់។ ក្នុងចំណោមគ្រីស្តបរិស័ទវៀតណាមទាំងនោះ មានបូជាចារ្យ ៣៧នាក់។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម យ៉ូហានប៉ូលទី២ ប្រកាសថា អ្នកទាំងនោះជាសន្តបុគ្គលនៅថ្ងៃ ១៩ មិថុនា ឆ្នាំ១៩៨៨។

សូមថ្លែងព្រះគម្ពីរពង្សាវតារក្សត្រទី១ ១ពង្ស ១៩, ១៦.១៩-២១

ត្រូវ​ចាក់​ប្រេង​អភិសេក​យេហ៊ូ ជា​កូន​របស់​នឹមស៊ីឱ្យធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល រួច​ចាក់​ប្រេង​តែង‌តាំង​អេលីសេ ជា​កូន​របស់​សាផាត នៅ​អបែល-‌មេហូឡាឱ្យធ្វើ​ជា​ព្យាការី​ជំនួស​អ្នក។ លោក​អេលី​ចាក‌ចេញ​ពី​ទី​នោះ ទៅ​ជួប​នឹង​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត កំពុង​តែ​ភ្ជួរ​ស្រែ។ មាន​អ្នក​ភ្ជួរ​ទាំង​អស់​ដប់‌ពីរ​នាក់ លោក​អេលីសេ​ភ្ជួរ​ក្រោយ​គេ​បង្អស់។ លោក​អេលី​ចូល​ទៅ​ជិត​គាត់ រួច​ដោះ​អាវ​ធំ​របស់​លោក​បោះ​ទៅ​លើ​គាត់។ លោក​អេលីសេ​ទុក​គោ​ចោល ហើយ​រត់​ទៅ​តាម​លោក​អេលី​ជម្រាប​ថា៖«សូម​អនុញ្ញាត​ឱ្យ​ខ្ញុំ​ប្របាទ​ទៅ​លា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្របាទ​សិន រួច​ខ្ញុំ​ប្របាទ​នឹង​ទៅ​តាម​លោក»។ លោក​អេលី​ឆ្លើយ​ថា៖«ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ!»។ លោក​អេលីសេ​ចាក‌ចេញ​ពី​លោក​អេលីត្រឡប់​មក​កន្លែង​ភ្ជួរ​វិញ។ គាត់​យក​គោ​ទាំង​ពីរ​ក្បាល​ទៅ​សម្លាប់​ធ្វើ​ជា​យញ្ញ‌បូជា យក​នង្គ័ល​ធ្វើ​ជា​អុស​ដុត​ចម្អិន​សាច់ ចែក​អស់​អ្នក​ដែល​នៅ​ទី​នោះ​បរិភោគ។ បន្ទាប់​មក គាត់​ក្រោក​ឡើង ដើរ​តាម​លោក​អេលី ហើយ​នៅ​បម្រើ​លោក។

ទំនុកតម្កើងលេខ ១៦ (១៥),១-២.៥.៧-៨.១១

ឱ! ព្រះជាម្ចាស់ដ៏ឧត្តមសូមការពារខ្ញុំឱ្យសុខសាន្ត
ដ្បិតទូលបង្គំសុំផ្ញើប្រាណជ្រកក្រោមទីស្ថានម្លប់បារមី
ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថាព្រះអង្គពិតជាអម្ចាស់ថ្លៃ
ក្រៅពីព្រះអង្គឥតមានអ្វីផ្តល់មង្គលជ័យគ្រាអាសន្ន
បពិត្រព្រះអ​​​​​​ម្ចាស់ឧត្តមព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
ខ្ញុំសូមតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ទោះយប់ងងឹតក៏តឿនដែរ
ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ
១១ព្រះអង្គបង្ហាញផ្លូវជីវិតឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្តាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៧,២១-២៧

 «អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខមិន‌មែន​ជា​អ្នក​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!” ប៉ុណ្ណោះ​ទេ គឺ​ជា​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌បិតា​ខ្ញុំដែល​គង់​នៅ​ស្ថាន​បរម‌សុខ​នោះ​វិញ។ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ពោល​មក​ខ្ញុំ ថា​“ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ធ្លាប់​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ យើង​ខ្ញុំ​ធ្លាប់​ដេញ​ខ្មោច​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​យើង​ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើនក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ”។ ពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​ឱ្យឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ!”»។ «អ្នក​ណា​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ម្នាក់ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ផ្ទាំង​ថ្ម។ ទោះ​បី​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់‌បោក​ប៉ះ​នឹង​ផ្ទះ​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ ព្រោះ​មាន​គ្រឹះ​នៅ​លើ​ផ្ទាំង​ថ្ម។ រីឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឆោត​ល្ងង់​ម្នាក់ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់ ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់‌បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់‌បែក​ខ្ទេច​អស់​គ្មាន​សល់»។

292 Views