ថ្ងៃទី១៧-មករា-សន្តអន់ទាន់-ជាចៅអធិការ

លោកអន់ទាន់ជាគ្រីស្តបរិស័ទជាតិអេស៊ីបម្នាក់។ កាលអាយុ២០ឆ្នាំ លោកចូលក្នុងព្រះវិហារមួយ ហើយឮគេប្រកាសព្រះបន្ទូលរបស់ព្រះយេស៊ូថា “បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកអ្វីៗទាំងអស់ដែលអ្នកមានទៅលក់ ហើយចែកឱ្យអ្នកក្រីក្រ រួចសឹមអញ្ជើញមកតាមខ្ញុំ” ( មថ ១៩,២១ )។ ពេលនោះ លោកសម្រេចចិត្តលះបង់អ្វីៗទាំងអស់ទៅរស់ជាឥសីនៅក្នុងវាលរហោរស្ថាន។ ពេលនោះមារល្បួងគាត់ច្រើនបែបច្រើនយ៉ាង។ លោករស់នៅរបៀបនេះរហូតដល់អាយុជិត១០០ឆ្នាំ។ លោកទទួលមរណភាពនៅឆ្នាំ ៣៥៦ ។ គ្រីស្តបរិស័ទជាច្រើនក៏ទៅរស់នៅក្នុងវាលរហោស្ថានដូចលោកដែរ។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៦,១០-១៣.១៨
បងប្អូនជាទីស្រឡាញ់!
ចូរទាញយកកម្លាំងដោយរួមជាមួយព្រះអម្ចាស់ និងដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។ ចូរបងប្អូនប្រដាប់ខ្លួនដោយគ្រឿងសាស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដើម្បីអាចតតាំងនឹងកលល្បិចរបស់មារ ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្សទេ គឺតយុទ្ធទល់នឹងវត្ថុស័ក្តិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបិយដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។ ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសាស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ទៅ ដើម្បីឱ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។ ចូរអធិស្ឋានគ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងពាក្យអធិស្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីទូលអង្វរព្រះជាម្ចាស់ដោយចិត្តព្យាយាមបំផុតសម្រាប់ប្រជាជនដ៏វិសុទ្ធទាំងអស់។
ទំនុកតម្កើងលេខ ១៦ (១៥),១-២.៥.៧-៨.១១ បទពាក្យ ៧
១ | ឱ! ព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំឱ្យសុខសាន្ត | |
ដ្បិតទូលបង្គំសុំផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ | |
២ | ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា | ព្រះអង្គពិតជាអម្ចាស់ថ្លៃ | |
ក្រៅពីព្រះអង្គឥតមានអ្វី | ផ្តល់មង្គលជ័យគ្រាអាសន្ន | ។ | |
៥ | បពិត្រព្រះអម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
មរតកនៃខ្ញុំឥតក្លែងក្លាយ | ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា | ។ | |
៧ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ | |
៨ | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ | |
១១ | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
ដោយព្រះអង្គគង់នៅជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ | |
ដោយព្រះអង្គគង់នៅខាងស្តាំ | ជាប់ជាប្រចាំមិនជិនណាយ | ||
ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,១៦–២១
ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុដូចម្ដេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមវិន័យទៅ»។ គាត់ទូលសួរព្រះអង្គថា៖ «វិន័យអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស ចូរគោរពមាតាបិតា ចូរស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ យុវបុរសនោះទូលព្រះអង្គថា៖ «ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកទ្រព្យសម្បត្តិរបស់អ្នកទាំងប៉ុន្មានទៅលក់ ហើយចែកឱ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកបានសម្បត្តិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។