ថ្ងៃទី២៥-មករា-សន្តប៉ូលជាគ្រីស្ដទូត

ប្រហែលនៅគ.ស ៣៦ ព្រះយេស៊ូដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បង្ហាញសិរីរុងរឿងរបស់ព្រះអង្គឱ្យលោកសូលឃើញ។ លោកសូលជាសមាជិកគណៈផារីស៊ីដែលបៀតបៀនធ្វើបាប ចាប់ចងគ្រីស្តបរិស័ទ។ ក្រោយមក លោកទទួលភារកិច្ចប្រកាសដំណឹងល្អអំពីព្រះគ្រីស្តឱ្យមនុស្សគ្រប់ជាតិសាសន៍ គឺព្រះអង្គជាព្រះសង្គ្រោះទាំងជនជាតិយូដា ទាំងជនជាតិដទៃដែរ។ ព្រះអង្គបង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យទៅជាមហាគ្រួសារតែមួយ។ គ្រីស្តទូតក៏មានមុខងារ និងភារកិច្ចបង្រួបបង្រួមមនុស្សទាំងអស់ឱ្យទៅជាធ្លុងតែមួយដែរ ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់! ព្រះអង្គប្រោសប្រទានឱ្យគ្រីស្តទូតប៉ូលប្រៀនប្រដៅមនុស្សគ្រប់ជាតិសាស្ត្រអំពីព្រះគ្រីស្តជាព្រះសង្គ្រោះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យខិតខំបម្រើព្រះអង្គដោយធ្វើជាសាក្សីបញ្ជាក់អំពីដំណឹងល្អរបស់ព្រះអង្គ ដូចសន្តប៉ូលនេះផង ។
សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្ដទូត កក ២២,៣-១៦
លោកប៉ូលមានប្រសាសន៍ដោះសារខ្លួននៅចំពោះជនជាតិយូដាថា៖ «ខ្ញុំជាជនជាតិយូដា កើតនៅក្រុងតាសុស ក្នុងស្រុកស៊ីលីស៊ី។ ប៉ុន្តែ ខ្ញុំបានមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ហើយខ្ញុំបានទទួលការអប់រំតាមវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹងពីសំណាក់លោកកាម៉ាលីអែល។ ខ្ញុំបានខ្នះខ្នែងបម្រើព្រះជាម្ចាស់ដូចបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។ ខ្ញុំធ្លាប់បៀតបៀនអស់អ្នកដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ រហូតដល់សម្លាប់គេ ហើយចាប់ចងមនុស្សប្រុសស្រីយកទៅឃុំឃាំងទៀតផង ដូចមានលោកមហាបូជាចារ្យ និងក្រុមព្រឹទ្ធាចារ្យជាសាក្សីស្រាប់។ ខ្ញុំបានទទួលលិខិតពីលោកទាំងនោះយកទៅជូនបងប្អូននៅក្រុងដាម៉ាស ដ្បិតខ្ញុំទៅទីនោះដើម្បីចាប់ចងពួកអ្នកដែលដើរតាមមាគ៌ានេះយកមកធ្វើទោសនៅក្រុងយេរូសាឡឹម។ ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺមួយដ៏ភ្លឺត្រចះត្រចង់ចាំងពីផ្ទៃមេឃមកជុំវិញខ្ញុំ។ ខ្ញុំក៏ដួល ហើយឮសំឡេងមួយពោលមកខ្ញុំថា “សាអ៊ូលអើយ សាអ៊ូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំដូច្នេះ?”។ ខ្ញុំបានសួរវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ សំឡេងនោះឆ្លើយមកខ្ញុំថា “ខ្ញុំជាយេស៊ូ អ្នកស្រុកណាសារ៉ែតដែលអ្នកកំពុងតែបៀតបៀន”។ រីឯអស់អ្នកដែលធ្វើដំណើរជាមួយខ្ញុំក៏បានឃើញពន្លឺនោះដែរ តែមិនបានឮព្រះសូរសៀងទេ។ ខ្ញុំក៏សួរថា “ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្ដេច?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅ នៅទីនោះ គេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មានដែលព្រះជាម្ចាស់បង្គាប់ឱ្យអ្នកធ្វើ”។ ដោយខ្ញុំពុំអាចមើលអ្វីឃើញព្រោះតែពន្លឺរស្មីដ៏រុងរឿងនោះ អស់អ្នកដែលនៅជាមួយខ្ញុំបានដឹកដៃនាំខ្ញុំទៅក្រុងដាម៉ាស។ នៅក្រុងនោះ មានបុរសម្នាក់ឈ្មោះអណាញ៉ាស ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ត្រឹមត្រូវតាមវិន័យ ហើយជនជាតិយូដានៅក្រុងដាម៉ាសគោរពរាប់អានគាត់គ្រប់ៗគ្នា។ គាត់មកឈរជិតខ្ញុំ ហើយពោលថា “បងសាអ៊ូលអើយ សូមឱ្យបងមើលឃើញវិញចុះ!”។ រំពេចនោះ ភ្នែកខ្ញុំក៏ភ្លឺឡើង ហើយខ្ញុំមើលឃើញគាត់។ គាត់មានប្រសាសន៍ថា “ព្រះនៃបុព្វបុរសរបស់យើងបានជ្រើសរើសបង ដើម្បីឱ្យបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គឱ្យបងបានឃើញព្រះដ៏សុចរិត និងឱ្យបងបានឮព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់តែម្ដង ដ្បិតបងនឹងធ្វើជាបន្ទាល់របស់ព្រះអង្គ នៅមុខមនុស្សទាំងអស់អំពីហេតុការណ៍ដែលបងបានឃើញ និងអំពីសេចក្ដីដែលបងបានឮ។ ដូច្នេះ តើបងនៅបង្អែបង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអង្វររកព្រះនាមព្រះអង្គទៅ ដើម្បីព្រះអង្គលាងបាបឲ្យ”។
ឬសូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្តទូត កក ៩,១-២២
នៅពេលនោះ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់សាវ័ករបស់ព្រះអម្ចាស់ជានិច្ច។ គាត់ទៅជួបលោកមហាបូជាចារ្យ សុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាសក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ទោះជាប្រុស ឬស្ត្រីក្តី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។ ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់។ គាត់ក៏ដួល ហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សាអ៊ូលអើយ សាអ៊ូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។ លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។ ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។ រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូលនាំគ្នាឈប់ គេនៅស្ងៀម រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។ លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។ ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។ នៅក្រុងដាម៉ាស មានសាវ័កមួយរូបឈ្មោះអណាញ៉ាស។ គាត់និមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់ថា៖ «អណាញ៉ាស!»។ គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ “ផ្លូវត្រង់” សួររកឈ្មោះសូល ជាអ្នកស្រុកតារសុស នៅក្នុងផ្ទះយូដាស។ គាត់កំពុងតែអធិស្ឋាន ហើយនិមិត្តឃើញបុរសម្នាក់ ឈ្មោះអណាញ៉ាសចូលមកដាក់ដៃលើគាត់ ដើម្បីឱ្យគាត់មើលឃើញឡើងវិញ»។ លោកអណាញ៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្ដ្រដ៏វិសុទ្ធរបស់ព្រះអង្គនៅក្រុងយេរូសាឡឹមខ្លាំងណាស់ ហើយគាត់បានទទួលការអនុញ្ញាតពីលោកមហាបូជាចារ្យឱ្យមកទីនេះ ដើម្បីចាប់ចងអស់អ្នកដែលអង្វររកព្រះនាមព្រះអង្គ»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឱ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រាអែលឱ្យស្គាល់ឈ្មោះខ្ញុំ។ ខ្ញុំនឹងបង្ហាញប្រាប់គាត់ឱ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែឈ្មោះរបស់ខ្ញុំ»។ លោកអណាញ៉ាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖ «បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ ព្រះអង្គបានចាត់ខ្ញុំមកដើម្បីឱ្យបងអាចមើលឃើញឡើងវិញ និងឱ្យបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ»។ រំពេចនោះ មានអ្វីមួយដូចស្រកាត្រីជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើងទទួលពិធីជ្រមុជទឹក។ បន្ទាប់មក លោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។
ទំនុកតម្កើងលេខ ១១៧ (១១៦) បទពាក្យ ៧
១ | ឱ! ប្រជាជនទាំងឡាយអើយ | ចូរសរសើរហើយលើកម្កើង | |
អស់ប្រជារាស្រ្តឆ្មៃឆ្មើង | តម្កើងសិរីនៃព្រះអង្គ | ។ | |
២ | ដ្បិតព្រះអង្គមានហឫទ័យ | ករុណាប្រណីពេកកន្លង | |
សប្បុរសស្មោះស្ម័គ្រឥតមានហ្មង | នឹងយើងរហូតតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥ ,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “ខ្ញុំបានជ្រើសរើសអ្នករាល់គ្នាពីក្នុងចំណោមមនុស្សលោកដើម្បីឱ្យអ្នករាល់គ្នាទៅ និងបង្កើតផល គឺផលដែលនៅស្ថិតស្ថេរ”។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១៦,១៥-១៨
ព្រះយេស៊ូដែលទទួលព្រះជន្មថ្មីដ៏រុងរឿងមានព្រះបន្ទូលទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញខ្មោចក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុលក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះស្បើយ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់! ក្នុងអភិបូជា យើងខ្ញុំនាំគ្នាលើកតម្កើងព្រះបុត្រាព្រះអង្គ ដែលបានបូជាព្រះជន្មសម្រាប់មនុស្សគ្រប់ជាតិគ្រប់សាសន៍។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យមានជំនឿមាំមួន ដើម្បីបង្ហាញសិរីរុងរឿងរបស់ព្រះអង្គដូចសន្តប៉ូលផង ។
ធម៌លើកតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើង និងអរព្រះគុណព្រះអង្គជានិច្ច ដោយរួមជាមួយព្រះគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ ។ ព្រះអង្គបានចាក់ឫសនៃព្រះសហគមន៍របស់ព្រះបុត្រាលើក្រុមគ្រីស្តទូតជាគ្រឹះ ដើម្បីឱ្យព្រះសហគមន៍ទៅជាសញ្ញាសម្គាល់បង្ហាញភាពដ៏វិសុទ្ធរបស់ព្រះអង្គក្នុងលោកនេះ។ ព្រះសហគមន៍ក៏មានភារកិច្ចនាំដំណឹងល្អអំពីព្រះរាជ្យព្រះអង្គដល់មនុស្សគ្រប់ជាតិសាសន៍ផង ។
អាស្រ័យហេតុនេះហើយ បានជានៅលើលោកនេះ យើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គល សូមលើកតម្កើងព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ” ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះបុត្រាឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំងជាទីបំផុត ដូចសន្តប៉ូល ដែលយកចិត្តទុកដាក់គិតគូរដល់ព្រះសហគមន៍ទាំងឡាយ។