រដូវសែសិបថ្ងៃ សប្តាហ៍ទី៥ ថ្ងៃអង្គារ
រដូវសែសិបថ្ងៃ
(សន្តស្តានីស្លាស ជាអភិបាល និងជាមរណសាក្សី)
ថ្ងៃអង្គារ អាទិត្យទី៥
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១-៨
ការសញ្ជឹងគិតពីវិន័យរបស់ព្រះជាម្ចាស់
យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមវិន័យរបស់ព្រះអង្គ (១យហ ៥,៣)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានជីវិតគង់នៅ ! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឲ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
១ | អ្នកណាមានកិរិយាមារយាទល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។ |
២ | អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ ហើយខិតខំស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ! |
៣ | អ្នកទាំងនោះមិនបានប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ព្រះអង្គ។ |
៤ | ព្រះអង្គបានចេញច្បាប់មក ដើម្បីឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។ |
៥ | សូមជួយទូលបង្គំឱ្យមានចិត្តរឹងប៉ឹង ដើម្បីប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ។ |
៦ | ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើលវិន័យទាំងប៉ុន្មានរបស់ព្រះអង្គ នោះទូលបង្គំនឹងមិនត្រូវខកចិត្តទេ។ |
៧ | ទូលបង្គំសូមលើកតម្កើងព្រះអង្គដោយចិត្តទៀងត្រង់ ដោយពិចារណាមើលសេចក្តីដ៏សុចរិត ដែលព្រះអង្គបានសម្រេចមក។ |
៨ | ទូលបង្គំចង់ប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ សូមព្រះអង្គកុំបោះបង់ចោលទូលបង្គំឡើយ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១៣
សំណោករបស់មនុស្សសុចរិត ដែលជឿទុកចិត្តលើព្រះជាម្ចាស់
សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឱ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ (រ៉ូម ១៥,១៣)។
(បទពុំនោល)
២- | បពិត្រព្រះអម្ចាស់អើយ | តើនៅកន្តើយ | ព្រងើយនឹងខ្ញុំដល់ណា? |
ម្តេចនៅតែងាកភក្ត្រា | ចេញពីកាយា | ទូលបង្គំដល់ណាទៀត? | |
៣- | តើទ្រូងខ្ញុំត្រូវចង្អៀត | កង្វល់ឥតឃ្លាត | ក្នុងចិត្តរហូតដល់ណា? |
តើចិត្តខ្ញុំត្រូវខ្លោចផ្សារ | កើតក្តីទុក្ខា | អាត្មាព្រួយដល់អង្កាល់? | |
តើខ្មាំងមានប្រៀបផ្ចាញ់ផ្ចាល | លើខ្ញុំអង្កាល់ | ទើបស្រាលនឹងបានល្ហែល្ហើយ? | |
៤- | ឱព្រះជាអម្ចាស់អើយ | សូមទតហើយឆ្លើយ | ចម្លើយមកទូលបង្គំ ។ |
សូមមេត្តាប្រោសឱ្យខ្ញុំ | ឃើញពន្លឺចំ | សូមកុំទុកខ្ញុំឱ្យស្លាប់ ។ | |
៥- | ក្រែងខ្មាំងសត្រូវបង្អាប់ | ថា “អញសម្លាប់ | អញចាប់បានឈ្នះវាហើយ” ។ |
ពួកសត្រូវឥតកន្តើយ | ត្រេកអរសប្បាយ | ព្រោះតែខ្ញុំបរាជ័យ ។ | |
៦- | ចំពោះរូបខ្ញុំឃ្មៀតខ្មី | ទុកចិត្តហឫទ័យ | ប្រណីរបស់ព្រះអង្គ ។ |
សូមឱ្យខ្ញុំត្រេកអរផង | ពីព្រោះព្រះអង្គ | បានសង្គ្រោះទូលបង្គំ ។ | |
សូមឱ្យខ្ញុំច្រៀងរងំ | សរសើរឧត្តម | ដល់ខ្ញុំព្រះអង្គប្រណី ។ | |
កោតសរសើរព្រះបិតា | ព្រះរាជ្យបុត្រា | និងព្រះវិញ្ញាណដ៏វិសុទ្ធ | |
ដែលព្រះអង្គទ្រង់គង់នៅ | តាំងតែពីដើម | ហើយជាដរាបរៀងទៅ ។ |
ទំនុកតម្កើងលេខ ១៤
ភាពល្ងង់ខ្លៅរបស់មនុស្សមានបាប!
នៅទីណាដែលមានបាបកាន់តែច្រើន នៅទីនោះព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ក៏រឹតតែមានច្រើនលើសលប់ថែមទៀត (រ៉ូម ៥,២០)។
១ | មនុស្សលេលាតែងតែនឹកគិតថា “គ្មានព្រះជាម្ចាស់ទេ” គេនាំគ្នាប្រព្រឹត្តអំពើថោកទាបគួរឱ្យស្អប់ខ្ពើម គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។ |
២ | ព្រះអម្ចាស់ទតពីស្ថានបរមសុខមកពិនិត្យមើលមនុស្សលោក ក្រែងលោឃើញនរណាម្នាក់មានប្រាជ្ញា ហើយស្វែងរកព្រះអង្គ។ |
៣ | ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា ហើយរួមគ្នាប្រព្រឹត្តអំពើទុច្ចរិត គ្មាននរណាប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ |
៤ | តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ? ពួកគេរកស៊ីចិញ្ចឹមជីវិតដោយកេងប្រវ័ញ្ចប្រជារាស្ត្ររបស់យើង ពួកគេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។ |
៥ | ពួកគេនាំគ្នាភ័យញ័រ ដ្បិតព្រះអម្ចាស់ជួយគាំទ្រមនុស្សសុចរិត។ |
៦ | អ្នករាល់គ្នាធ្វើឱ្យមនុស្សទុគ៌តបាត់បង់សេចក្តីសង្ឃឹម ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេ។ |
៧ | សូមព្រះអង្គដែលគង់នៅបុរីស៊ីយ៉ូនសង្គ្រោះប្រជាជនអ៊ីស្រាអែល។ នៅពេលដែលព្រះអម្ចាស់នាំប្រជារាស្ត្ររបស់ព្រះអង្គ ដែលជាប់ជាឈ្លើយឱ្យត្រឡប់មកស្រុកវិញ ពូជរបស់លោកយ៉ាកុបត្រេកអរយ៉ាងខ្លាំង ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរសប្បាយដ៏លើសលប់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានជីវិតគង់នៅ ! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឲ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ករ ១,១៨-១៩
អ្នកដែលត្រូវវិនាសអន្តរាយ ចាត់ទុកដំណឹងអំពីព្រះគ្រីស្តសោយទិវង្គតនៅលើឈើឆ្កាង ថាលេលា រីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដ្បិតមានចែងទុកមកថាៈ «យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាបសូន្យទៅដែរ»។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ករ ១,២២-២៤
សាសន៍យូដាសុំមើលទីសម្គាល់ដ៏អស្ចារ្យ សាសន៍ក្រិកចង់ឃើញភស្តុតាង តាមប្រាជ្ញា រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រីស្តដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឲ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។ ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក គេចាត់ទុកព្រះគ្រីស្តថាជាឫទ្ធានុភាព និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់វិញ។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ១ករ ១,២៥.២៧ក
អ្វីៗដែលមនុស្សលោកយល់ថាជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថាជាការទន់ខ្សោយរបស់ព្រះជាម្ចាស់ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលីលាមកផ្ចាញ់ពួកអ្នកប្រាជ្ញ។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់យើងខ្ញុំអើយ ! មានតែព្រះអង្គទេ ដែលអាចប្រោសឲ្យមនុស្សទៅជាបុត្រធីតារបស់ព្រះអង្គ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំមានចិត្តខ្ជាប់ខ្ជួន ប្រាថ្នាធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។ សូមប្រោសឲ្យប្រជារាស្រ្តដែលបម្រើព្រះអង្គ កាន់តែរីកចម្រើនឡើងផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!