រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃអាទិត្យ
រដូវបុណ្យចម្លង
ថ្ងៃអាទិត្យ អាទិត្យទី៣
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៨
ចម្រៀងនៃអំណរសប្បាយសម្រាប់ការសង្រ្គោះ
ព្រះអង្គនឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
(ក)
១ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
២ | សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៣ | សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៤ | សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
(ខ)
(បទពាក្យ ៧)
៥- | ពេលខ្ញុំមានទុក្ខតប់ប្រមល់ | ខ្ញុំអង្វរដល់ព្រះឥតប្រែ | |
ព្រះម្ចាស់ក៏តបមកវិញដែរ | ទ្រង់ថ្នមបំពេរខ្ញុំបានសុខ | ។ | |
៦- | បើព្រះអម្ចាស់គង់នឹងខ្ញុំ | បាត់អស់ទុក្ខធំចេញពីមុខ | |
លែងភ័យខ្លាចលែងកើតទុក្ខ | តើមនុស្សអាចធ្វើអ្វីខ្ញុំបាន | ។ | |
៧- | ព្រះអម្ចាស់គង់នៅជាមួយ | ទ្រង់ការពារជួយខ្ញុំសុខសាន្ត | |
ឃើញអ្នកប្រឆាំងខ្ញុំប៉ុន្មាន | រត់ប្រាសចាកស្ថានដូចចិត្តប៉ង | ។ | |
៨- | មានសង្ឃឹមជ្រកនិងពឹងពាក់ | មានជំនឿជាក់និងបំណង | |
លើព្រះម្ចាស់ប្រសើរកន្លង | ជាងពឹងផ្អែកនឹងមនុស្សក្បាលខ្មៅ | ។ | |
៩- | មានសង្ឃឹមជ្រកនិងពាក់ពឹង | មានជំនឿរឹងមាំទាំទៅ | |
លើព្រះអម្ចាស់ទើបត្រឹមត្រូវ | ជាងយើងពឹងទៅលើអ្នកធំ | ។ | |
១០- | ជនជាតិដទៃអ្នកប្រឆាំង | បានឡោមព័ទ្ធពាំងលើរូបខ្ញុំ | |
តែដោយព្រះម្ចាស់អំណាចធំ | ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ | ។ | |
១១- | គេបានរោមជិតរឹតឡោមព័ទ្ធ | ចង់ចូលសង្កត់ឱ្យខ្ញុំប្រែ | |
តែដោយព្រះអម្ចាស់មើលថែ | ជួយប្រយុទ្ធដែរខ្ញុំបានជ័យ | ។ | |
១២- | វាមកឡោមព័ទ្ធខ្ញុំជុំជិត | ដូចជាហ្វូងឃ្មុំច្រើនដាសដី | |
តែវាត្រូវឆេះដូចភ្លើងព្រៃ | ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ | ។ | |
១៣- | ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង | ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ | |
រកឱ្យព្រះជួយឆាប់រហ័ស | ពេលនោះព្រះម្ចាស់ទ្រង់យាងមក | ។ | |
១៤- | ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ | ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក | |
មានព្រះនាមព្រះផុតទុក្ខសោក | ព្រះអង្គចេញមកច្បាំងការពារ | ។ | |
១៥- | មនុស្សសុចរិតចិត្តអង់អាច | មិនចេះកោតខ្លាចស្រែកគ្រប់គ្នា | |
ច្រៀងថ្វាយព្រះអង្គមានឫទ្ធា | សម្តែងចេស្តាអានុភាព | ។ | |
១៦- | ព្រះអង្គសម្តែងបារមីខ្ពស់ | ប្រសើរលើសលស់មិនទន់ទាប | |
ព្រះអង្គបង្ហាញឱ្យគេជ្រាប | ឫទ្ធានុភាពអស្ចារ្យក្រៃ | ។ | |
១៧- | ខ្ញុំត្រូវនៅរស់មានជីវិត | មិនត្រូវស្លាប់ផុតចាកលោកីយ៍ | |
ដើម្បីរៀបរាប់ពីសេចក្តី | ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ | ។ | |
១៨- | ព្រះអង្គប្រដៅវាយអប់រំ | ទះតប់រូបខ្ញុំប្រាកដណាស់ | |
តែទ្រង់ស្រឡាញ់មិនឱ្យប្រាស | មិនឱ្យមានគ្រោះឬត្រូវស្លាប់ | ។ | |
១៩- | ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស | សុចរិតស្រីប្រុសមកប្រញាប់ | |
ខ្ញុំនឹងចូលទៅឱ្យបានឆាប់ | នឹងថ្លែងរៀបរាប់អរគុណទ្រង់ | ។ | |
២០- | ទ្វារនេះជាទ្វារព្រះអម្ចាស់ | សូមជនស្រីប្រុសដើរតម្រង់ | |
អ្នកសុចរិតអើយកុំបង្អង់ | ទ្វារបើកបម្រុងនៅចាំអ្នក | ។ | |
២១- | ខ្ញុំនឹងតម្កើងព្រះអម្ចាស់ | ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់ | |
តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ | ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់ | ។ | |
២២- | ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ | ប្រែជារឹងមាំបែរជាកល់ | |
ជើងសសរផ្ទះមាំឥតខ្វល់ | ល្បីល្បាញឮដល់សព្វជាតិសាសន៍ | ។ | |
២៣- | ព្រះអង្គសម្រេចការអស្ចារ្យ | ដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់ | |
អស្ចារ្យពេកក្រៃយើងឃើញច្បាស់ | គួរស្ញប់ស្ញែងណាស់គួរគោរព | ។ | |
២៤- | ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់ | កំណត់ទុកច្បាស់ឱ្យយើងឈប់ | |
នាំគ្នាសប្បាយកុំនៅជ្រប់ | គ្រប់ភូមិគ្រប់ស្រុកអរទាំងអស់ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(គ)
២៥ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ! ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ! |
២៦ | សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។ |
២៧ | មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបានប្រទានពន្លឺឱ្យយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួនរហូតដល់ជ្រុងអាសនៈ |
២៨ | ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ! |
២៩ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ករ ១៥,៣ខ-៥
ព្រះគ្រីស្តបានសោយទិវង្គត ដើម្បីរំដោះបាបយើងស្របតាមគម្ពីរ។ គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគម្ពីរ។ ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យក្រុមគ្រីស្តទូតទាំងដប់ពីររូបឃើញដែរ។
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អភ ២,៤-៦
ព្រះជាម្ចាស់ដែលតែងតែមានព្រះហឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានឲ្យយើងមានជីវិតរស់ រួមជាមួយព្រះគ្រីស្តវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោស។ ព្រះអង្គបានប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះគ្រីស្តយេស៊ូ និងឲ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។
—ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា !
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) រ៉ូម ៦,៤
ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយព្រះអង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រីស្ដមានព្រះជន្មរស់ឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។
—ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គប្រោសឱ្យព្រះយេស៊ូទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ហើយទ្រង់ក៏ប្រោសឱ្យយើងខ្ញុំ មានកិត្តិយសជាបុត្រធីតារបស់ព្រះអង្គដែរ។ សូមព្រះអង្គមេត្តាពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំឱ្យរស់នៅតាមឋានៈដ៏ថ្លៃថ្នូររបស់ខ្លួនជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!