ថ្ងៃទី៨ ធ្នូ (៩ ព្រឹក)
បុណ្យគោរពព្រះនាងព្រហ្មចារីនីម៉ារីមិនជំពាក់បាប
(បុណ្យឱឡារិក)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
(៩ ព្រឹក)
បន្ទរ៖ សូមលើកតម្កើងព្រះអម្ចាស់នៃជីវិត! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះរូបខ្ញុំ។
ទំនុកតម្កើងលេខ ១២០
ការចង់បានសន្តិភាព
ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន (រ៉ូម ១២,១២)។
| ១ | នៅពេលមានអាសន្ន ខ្ញុំស្រែកអង្វរព្រះអម្ចាស់ ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។ |
| ២ | ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចផុតពីមនុស្សដែលពោលពាក្យកុហក និងបោកបញ្ឆោត! |
| ៣ | អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើបានទទួលអ្វីខ្លះ? |
| ៤ | គឺមានតែទទួលព្រួញរបស់អ្នកចម្បាំង និងភ្លើងឆេះសន្ធោសន្ធៅតែប៉ុណ្ណោះ! |
| ៥ | ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់! |
| ៦ | ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិភាព ជាយូរឆ្នាំកន្លងមកហើយ។ |
| ៧ | ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១២១ (១២០)
ព្រះជាម្ចាស់ថែរក្សាប្រជារាស្រ្តរបស់ព្រះអង្គ
ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្ដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ (វវ ៧,១៦)។
(បទពាក្យ ៧)
| ១- | ខ្ញុំងើបមុខឡើងភ្នែកសម្លឹង | ឯនាយល្វើយល្វឹងទៅដល់ភ្នំ | |
| ថាតើនរណានឹងជួយខ្ញុំ | ឲ្យផុតទុក្ខធំគ្រប់ៗគ្រា | ||
| ២- | គឺមានតែអង្គព្រះអម្ចាស់ | ដែលប្រណីប្រោសរាល់វេលា | |
| ទ្រង់បង្កើតដីផ្ទៃមេឃា | ព្រះអង្គគឺជាព្រះសង្គ្រោះ | ||
| ៣- | សូមទ្រង់មេត្តាកុំបណ្តោយ | ឲ្យជើងអ្នកធ្លោយរងរបួស | |
| ករុណាអាសូរជួយសង្គ្រោះ | កុំឲ្យមានគ្រោះឬត្រូវដួល | ||
| ៤- | ព្រះអង្គដែលថែទាំការពារ | ស្រាអែលគ្រប់គ្នាបានសុខស្រួល | |
| ព្រះអង្គសង្គ្រោះមិនឲ្យដួល | ទ្រង់មិនប្រែប្រួលផ្ទុំលក់ឡើយ | ||
| ៥- | ព្រះអម្ចាស់តែងរក្សាថែ | ការពារឥតល្ហែមិនកន្តើយ | |
| ទ្រង់គង់នៅខាងស្តាំអ្នកហើយ | កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ | ||
| ៦- | ព្រះអាទិត្យរះក្នុងពេលថ្ងៃ | មិនធ្វើទុក្ខអ្វីភ្លឺគ្រងគ្រប់ | |
| ឯព្រះច័ន្ទចរនៅពេលយប់ | ទុក្ខសោកក៏ឈប់ដល់អ្នកដែរ | ||
| ៧- | ព្រះអម្ចាស់នឹងថែរក្សា | រារាំងបាំងការពារថ្នមថែ | |
| ហេតុការណ៍អាក្រក់ទ្រង់បង្វែរ | មិនឲ្យកើតក្បែររូបអ្នកឡើយ | ||
| ៨- | ព្រះម្ចាស់ថែអ្នកគ្មានឈរឈប់ | អ្វីៗសព្វគ្រប់មិនកន្តើយ | |
| កិច្ចការអ្នកធ្វើនឹងធូរស្បើយ | ពីពេលនេះហើយតរៀងទៅ | ||
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ |
ទំនុកតម្កើងលេខ ១២៩
ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ
| ១ | គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង- សូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថា- |
| ២ | គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង ប៉ុន្តែ គេពុំអាចយកជ័យជម្នះលើខ្ញុំបានឡើយ។ |
| ៣ | គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំគេបានធ្វើគន្លងយ៉ាងវែង។ |
| ៤ | ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិត ព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ចេញពីខ្ញុំ។ |
| ៥ | សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនត្រូវអាម៉ាស់ និងដកខ្លួនថយ! |
| ៦ | សូមឲ្យពួកគេបានដូចស្មៅដែលដុះ ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង! |
| ៧ | សូម្បីគេច្រូតស្មៅនោះ ក៏ក្តាប់មិនពេញដៃ ហើយក៏ពុំមានល្មមសម្រាប់ឲ្យចងជាកណ្ដាប់បានដែរ។ |
| ៨ | សូមកុំឲ្យអស់អ្នកដែលដើរកាត់តាមនោះ ពោលទៅពួកគេថា: «សូមព្រះអម្ចាស់ប្រទានពរអ្នករាល់គ្នា» សោះឡើយ។ យើងសូមជូនពរអ្នករាល់គ្នាក្នុងព្រះនាមព្រះអម្ចាស់! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ សូមលើកតម្កើងព្រះអម្ចាស់នៃជីវិត! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះរូបខ្ញុំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ១,៤)
ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។
បន្ទរ៖ នៅថ្ងៃនេះ យើងខ្ញុំប្រារព្ធបុណ្យព្រះនាងព្រហ្មចារិនីម៉ារីមិនជំពាក់បាប។
—ព្រះនាងបានជាន់ក្បាលសត្វពស់ ដោយជើងរបស់ព្រះនាង។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺចិត្តគំនិតនាងម៉ារីជាព្រះមាតានៃព្រះបុត្រា ព្រះអង្គឲ្យទៅសួរសុខទុក្ខនាងអេលីសាបិត។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំសុខចិត្តធ្វើតាមការបំភ្លឺរបស់ព្រះវិញ្ញាណ ដោយលើកតម្កើងព្រះអង្គគ្រប់ពេល វេលារួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!
